"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើហេតុអ្វីបានជាតម្លៃថាមពលនៅទីផ្សារអន្តរជាតិឡើងថ្លៃនៅពេលនេះ?

គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង​ ​ហ៊​ត​

ការឡើងចុះនៃតម្លៃថាមពលដូចជាប្រេងឥន្ធនៈ ឬហ្គាសជាដើម បានប៉ះពាល់មួយផ្នែកធំនៃជីវភាពរបស់ប្រជាពលរដ្ឋទូទៅក្នុងសកលលោក។ ការឡើងថ្លៃនៃតម្លៃថាមពលនឹងធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង ដែលជាហេតុធ្វើឱ្យតម្លៃទំនិញប្រើប្រាស់និងសេវាមួយចំនួនឡើងថ្លៃជាមួយគ្នាដែរ ដែលអាចធ្វើឱ្យមានអតិផរណាផងដែរ។ បើយើងប្រៀបធៀបស្ថានភាពតម្លៃថាមពលកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ នេះគឺខុសស្រឡះត្បិតតែពិភពលោកទទួលការវាយលុកនៃវិបត្ដិកូវីដ១៩ដូចគ្នា។ កាលពីឆ្នាំ ២០២០ តម្លៃប្រេងឆៅបានដាំក្បាលចុះយ៉ាងគំហុក រហូតដល់ខ្វះកន្លែងស្តុកប្រេង ដែលបណ្ដាលឱ្យតម្លៃធ្លាក់ចុះក្រោម ០ ដុល្លារអាមេរិក ខណៈឆ្នាំ២០២១ ប្រទេសសេដ្ឋកិច្ចធំៗបែរជាខ្វះថាមពលដើម្បីប្រើប្រាស់ហើយតម្លៃថាមពលបែរជាស្ទុះឡើងថ្លៃទៅវិញ។

ដូចនេះ តើហេតុអ្វីបានជាតម្លៃថាមពលនៅទីផ្សារអន្តរជាតិឡើងថ្លៃនៅពេលនេះ?

ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅ យើងគួរក្រឡេកទៅមើលស្ថានភាពថាមពលរបស់ប្រទេសធំៗនៅក្នុងពិភពលោក។

១. ការកើនឡើងតម្លៃ និងកង្វះថាមពលនៅអឺរ៉ុបនិងចក្រភពអង់គ្លេស

ប៉ុន្មានសប្ដាហ៍កន្លងទៅនេះ អឺរ៉ុបនិងចក្រភពអង់គ្លេសកំពុងតែវឹកវរជាមួយនឹងវិបត្ដិថាមពល ដែលបណ្ដាលមកពីកង្វះថាមពល និងតម្លៃថាមពលក៏កើនឡើងយ៉ាងគំហុគ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuter ទីផ្សារហ្គាសនៅអឺរ៉ុបបានកើនឡើង ២៨០% ដែលតម្លៃនៅឆ្នាំនេះហក់ខ្ពស់ជាង ៤ ដង បើធៀបនឹងឆ្នាំ២០១៩។ វិបត្ដិនេះអាចបណ្ដាលមកពីកត្តាចម្បងមួយនោះគឺតម្រូវការបានស្ទុះឡើង។ មូលហេតុដែលធ្វើឱ្យតម្រូវការស្រាប់តែស្ទុះឡើងគឺដោយសារតែ (១) អឺរ៉ុបផ្លាស់ប្ដូរទៅរកការប្រើប្រាស់ថាមពលស្អាតស្អំ (Clean Energy) និងថាមពលកកើតឡើងវិញ (Renewable Energy) (២) ការធ្លាក់ចុះនៃការនាំចូលឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី ដែលរុស្សីនាំចូលឧស្ម័នធម្មជាតិជាង ៤០% ទៅអឺរ៉ុបចន្លោះឆ្នាំ២០១៩-២០២០ (៣) ការបើកឱ្យមានសកម្មភាពសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការស្រាកស្រាន្ដនៃជំងឺកូវីដ១៩ (៤) ការធ្លាក់ចុះបរិមាណថាមពលអគ្គិសនីផលិតដោយកង្ហារយក្ស (៥) ការធ្លាក់ចុះស៊ីតុណ្ហភាពត្រជាក់នៅអឺរ៉ុបដែលគេត្រូវការសម្រាប់ប្រើប្រាស់ម៉ាស៊ីនកម្ដៅច្រើនជាងមុន។

ក្រឡេកទៅមើលស្ថានភាពវិបត្ដិប្រេងនៅចក្រភពអង់គ្លេសវិញ អង់គ្លេសបានប្រឈមនឹងវិបត្ដិខ្វះប្រេង ខណៈដែលប្រជាពលរដ្ឋអង់គ្លេសបាននាំគ្នាសម្រុកទៅទិញប្រេងមកស្តុករហូតដល់ស្ថានីយ៍ប្រេងជាច្រើនបះជើងខ្វះប្រេងលក់។ ប៉ុន្មានសប្ដាហ៍កន្លងទៅនេះ អង់គ្លេសបានជួបប្រទះភាពជ្រួលច្របល់ ដោយសារតែប្រជាជនអង់គ្លេសជាច្រើនភ័យខ្លាចមិនមានប្រេងឥន្ធនៈដើម្បីចាក់យានយន្ដប្រើប្រាស់បានទៀត។ មូលហេតុដែលអន្ទងចិត្ដឱ្យប្រជាជនអង់គ្លេសនាំគ្នាសម្រុក និងតម្រង់ជួរគ្នាទិញប្រេងមកស្តុកទុកក្នុងផ្ទះគឺដោយសារតែបែកធ្លាយរបាយការណ៍ក្រុមហ៊ុនប្រេងឥន្ធនៈមួយផ្ញើទៅរដ្ឋាភិបាលថានឹងផ្អាកសាខាមួយចំនួនរបស់ខ្លួនលក់ប្រេងឥន្ធនៈដោយសារតែខ្វះប្រេង។ ក្រៅពីនេះ បញ្ហាដែលសង្កត់លើបញ្ហាកង្វះប្រេងមួយទៀតគឺ អង់គ្លេសខ្វះអ្នកដឹកជញ្ជូនប្រេងដើម្បីចែកចាយទៅស្ថានីយប្រេង។ តាមពិតទៅ កាលពីដំបូងឡើយ អង់គ្លេសមិនមែនខ្វះប្រេងដូចបានកើតមាននោះទេ ប៉ុន្តែដោយសារតែការឆោឡោនិងភាពភ័យស្លន់ស្លោរបស់ប្រជាពលរដ្ឋជាច្រើននាំគ្នាទៅទិញប្រេងទុក ដែលជាហេតុរុញច្រានឱ្យស្ថានីយ៍ជាបន្តបន្ទាប់ខ្វះប្រេងលក់ ហើយចំពេលដែលខ្វះអ្នកដឹកជញ្ជូនប្រេងដើម្បីលក់ឱ្យបានទាន់ពេលក្នុងការរំងាប់ចិត្ដព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។

២. វិបត្ដិថាមពលនៅប្រទេសចិន

ប៉ែកអឺរ៉ុបមិនមែនឈឺក្បាលដោយសារវិបត្ដិថាមពលតែម្នាក់ឯងទេ ប៉ុន្តែចិនក៏មានវិបត្ដិថាមពលរហូតបង្អាក់សកម្មភាពសេដ្ឋកិច្ចមួយចំនួនដោយសារតែមិនមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ ប្រទេសចិនជួបបញ្ហាខ្វះអគ្គិសនីតាំងពីពាក់កណ្ដាលខែសីហា ដោយសារកង្វះធ្យូងថ្មដើម្បីផលិតអគ្គិសនី ដែលនេះបណ្ដាលមកពីរោងចក្រអគ្គិសនីរបស់ចិនភាគច្រើនគឺដើរដោយធ្យូងថ្ម។ យោងតាមទិន្នន័យរបស់ Wind Information តម្លៃធ្យូងថ្មនិងប្រេងដែលសំខាន់សម្រាប់ការផលិតអគ្គិសនីត្រូវបានកើនឡើងលើសពី ៤០% បើធៀបទៅនឹងឆ្នាំ២០២០។ បញ្ហាវិបត្ដិថាមពលខ្វះអគ្គិសនីរបស់ចិនកើតឡើងអាចបណ្ដាលមកពីការឈប់ទិញធ្យូងថ្មពីប្រទេសអូស្ត្រាលីដែលទំនាក់ទំនងរវាងប្រទេសទាំងកំពុងមើលមុខគ្នាមិនចំ និងយុទ្ធសាស្ត្រកាត់បន្ថយឧស្ម័នកាបូនិចរបស់រដ្ឋាភិបាលចិនដែលកាត់បន្ថយឧស្ម័នកាបូនិចនៅឆ្នាំ២០៣០ និងគ្មានឧស្ម័នកាបូនិចនៅឆ្នាំ២០៦០។ ដើម្បីស្ដារស្ថានភាពឡើងវិញ រដ្ឋាភិបាលចិនបានសម្រេចចិត្ដលូកដៃចូលទៅក្នុងទីផ្សារធ្យូងថ្ម ហើយកំណត់ឱ្យអ្នកផលិតធ្យូងថ្មធ្វើប្រតិបត្ដិការឱ្យអស់ពីសមត្ថភាព និងដាក់គោលដៅផលិតធ្យូងថ្មឱ្យបានយ៉ាងហោចណាស់ ១២ លានតោនក្នុងមួយថ្ងៃ។ ជាលទ្ធផល យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ALJAZEERA ក្រោយពីមានការលូកដៃពីរដ្ឋាភិបាលចិនលើបញ្ហាធ្យូងថ្ម តម្លៃប្រេងក៏បានធ្លាក់ថ្លៃដែរកាលពីថ្ងៃទី២០ ខែតុលា កន្លងទៅនេះ។

៣. ការឡើងថ្លៃប្រេងនៅសហរដ្ឋអាមេរិក

ត្បិតតែនៅសហរដ្ឋអាមេរិកមិនបានរងផលប៉ះពាល់នូវវិបត្ដិថាមពលឱ្យធ្ងន់ធ្ងរដូចនៅអឺរ៉ុបឬចិនក្ដី ក៏ប៉ុន្តែប្រេងឥន្ធនៈក៏បានស្ទុះឡើងថ្លៃដែរ រហូតដល់ប្រធានាធិបតី ចូ បៃឌិន បើកការស៊ើបអង្កេតទៅលើការឡើងថ្លៃប្រេងឥន្ធនៈនេះដោយសារលោកយល់ថាការឡើងថ្លៃនេះដូចជាមិនសូវសមហេតុផលឡើយ។ តម្លៃប្រេងឥន្ធនៈកើនឡើងឥតឈប់ឈរចាប់ពីខែមករា រហូតដល់ខែកញ្ញា បើយើងមើលក្រាបរបស់ U.S. Energy Production Administration ដែលកើនឡើងពី ២,២៥ ដុល្លារអាមេរិក នៅខែមករា រហូតមកដល់ ៣,១៧ ដុល្លារអាមេរិក នៅខែកញ្ញា។ អ្នកជំនាញបានលើកឡើងពីហេតុផលចំនួន ៣ ធំៗដែលអាចធ្វើឱ្យតម្លៃប្រេងឥន្ធនៈនៅអាមេរិកងើបក្បាលយ៉ាងខ្លាំងបែបនេះ។ ហេតុផល (១) ភាពរអាក់រអួលនៃការផ្គត់ផ្គង់ប្រេង ដែលរួមមានការវាយឡុកតាមបណ្ដាញអ៊ីនធើណែត (Hacking) និងគ្រោះធម្មជាតិ (២) ការកើនឡើងនូវតម្រូវការប្រើប្រាស់ ដែលក្នុងនោះ មនុស្សមានសកម្មភាពសេដ្ឋកិច្ចច្រើនជាងមុន ដូចជា ការកើនឡើងនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅជាដើម (៣) ផលិកម្មមានកម្រិតទាប ដោយសារតែអ្នកផលិតប្រេងនៅអាមេរិក និង ក្រុមប្រទេស OPEC នៅបន្ដការកំណត់ចំនួនផលិតប្រេងដើម្បីឆ្លើយតបទៅនឹងបញ្ហាហៀរហូរខ្វះកន្លែងដាក់ប្រេងនិងការធ្លាក់ចុះតម្លៃប្រេងឆៅកាលពីឆ្នាំ២០២០។

តើការឡើងថ្លៃថាមពលនៅក្នុងសកលលោកបែបនេះនឹងបណ្ដាលឱ្យប៉ះពាល់អ្វីខ្លះ?

ជាការពិតណាស់ ការឡើងថ្លៃនៃប្រភពថាមពលនឹងជះឥទ្ធិពលមិនល្អឡើយទៅលើសេដ្ឋកិច្ចពិភពលោក ដែលការគួរឱ្យព្រួយបារម្ភនោះគឺការកើនឡើងអតិផរណា។ ជាក់ស្ដែង បើយោងតាមការចេញផ្សាយរបស់ Reuter គ្រួសារនៅប្រទេសអាល្លឺម៉ង់ប្រមាណជាង ៣៥០.០០០ នឹងត្រូវបន្ថែមការចំណាយ ១១,៥% ទៅលើប្រេងឥន្ធនៈ។ មិនតែប៉ុណ្ណោះ ការកើនឡើងអតិផរណានឹងធ្វើឱ្យតម្លៃទំនិញប្រើប្រាស់ និងសេវាកម្មជាច្រើននឹងឡើងថ្លៃទៅតាមតម្លៃថាមពលដែរ ដោយសារតែការឡើងថ្លៃនៃសេវាកម្មដឹកជញ្ជូន និងការឡើងថ្លៃនៃការផលិតទំនិញប្រើប្រាស់ប្រចាំថ្ងៃដែលអាចប៉ះពាល់ដល់អំណាចទិញរបស់ប្រជាពលរដ្ឋទូទាំងពិភពលោក។ យោងតាមទិន្នន័យរបស់ OECD ប្រទេសសេដ្ឋកិច្ចធំដូចជា G20 និងប្លុកអឺរ៉ុប សុទ្ធតែមានការកើនឡើងអតិផរណាប៉ុន្មានខែចុងក្រោយនេះ។ ការឡើងថ្លៃនៃថាមពលចំពេលវិបត្ដិកូវីដ១៩ នឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរាប់ឆ្នាំរបស់ប្រទេសជាច្រើនក្នុងការទប់អត្រាអតិផរណាឱ្យទាបអាចក្លាយជាអាសារបង់ និងធ្វើឱ្យពិបាកងើបសេដ្ឋកិច្ចឡើងវិញនៅពេលកូវីដ១៩ធូរស្រាល។ ម្យ៉ាងវិញទៀត ការកើនឡើងនូវអតិផរណារបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងនេះនឹងជះឥទ្ធិពលមកកាន់សេដ្ឋកិច្ចពិភពលោកទាំងមូល ជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចតូចៗ។

ជារួម ការឡើងថ្លៃនៃថាមពលនៅទីផ្សារអន្តរជាតិបែបនេះនឹងជះឥទ្ធិពលដល់ប្រទេសដទៃទៀត ដោយសារកត្តាសកលភាវរូបនីយកម្ម។ ជាក់ស្ដែង នៅពេលប្រទេសធំៗនាំគ្នាសម្រុកទិញថាមពល នោះនឹងធ្វើឱ្យកំណើនតម្រូវការក្នុងពិភពលោកកើនឡើង ដែលជាហេតុធ្វើឱ្យតម្លៃថាមពលប្រទេសដទៃក៏ឡើងថ្លៃដែរ ដោយសារអ្នកលក់ថាមពលនៅមានចំនួនដដែលនៅលើទីផ្សារតែមួយ។ អ្វីដែលធ្វើឱ្យយើងគួរឱ្យព្រួយបារម្ភនោះគឺ នៅពេលដែលវិបត្ដិកូវីដ១៩ថមថយ នោះពិភពលោកនឹងស្គាល់វិបត្ដិមួយទៀត ដែលគឺជាវិបត្ដិកង្វះថាមពល និងកង្វល់នៃការកើនឡើងនៃអតិផរណា។ វិបត្ដិថាមពលនៅពេលនេះ ក៏អាចធ្វើឱ្យក្ដីសង្ឃឹមរបស់អ្នកបរិស្ថានខកចិត្ដលើគោលនយោបាយការប្រើប្រាស់ថាមពលស្អាតស្អំ (Clean Energy) ថាមពលកកើតឡើងវិញ (Renewable Engery) និងគោលនយោបាយកាត់បន្ថយឧស្ម័នការបូនិច ដោយសារតែប្រទេសធំៗដែលធ្លាប់បានសន្យាគិតគូរលើបញ្ហាបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ បែរមកគិតគូរស្ដារស្ថានភាពប្រទេសជាមុនសិន។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង