"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ជម្លោះដែនទឹករវាងប្រទេសកេនយ៉ានិងសូម៉ាលី

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា សោម សុជាតា

ជារឿយៗជម្លោះព្រំដែននៅតែជាបញ្ហាប្រឈមនៅតាមបណ្តាប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ប្រសិនបើយោងទៅតាមកម្មវិធីព្រំដែន​ African Union Border Program (AUBP) គឺបានបង្ហាញថាមានតែប្រហែលមួយភាគបីតែប៉ុណ្ណោះនៃព្រំដែនក្នុងចំណោមប្រទេសចំនួន៥៤នៃទ្វីបអាហ្វ្រិកដែលត្រូវបានបោះបង្គោលជាផ្លូវការនៅក្នុងឆ្នាំ២០១១ ហើយប្រទេសជាច្រើននៅតែមានព្រំដែនហួសសម័យ​និងមិនជាក់លាក់ដែលពឹងផ្អែកលើទន្លេ ខ្សែដើមឈើ ឬផ្លូវជាការកំណត់ខ្សែខ័ណ្ឌដែលមានភាពមិនជាក់លាក់ហើយអាចរំកិលឬផ្លាស់ប្តូរតាមពេលវេលា។

ដោយសារតែបញ្ហាព្រំដែនគឺជាដើមចមនៃការបង្កឱ្យមានជម្លោះនៅក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេសនៅក្នុងទំនាក់ទំនងអន្តរជាតិ នេះហើយ ទើបនៅក្នុងអត្ថបទនេះយើងនឹងលើកយកបញ្ហាមួយមកបកស្រាយដែលនោះគឺជម្លោះដែនទឹករវាងប្រទេសកេនយ៉ានិងសូម៉ាលីដែលជាជម្លោះទ្វេភាគីដ៏ក្តៅគគុកមួយហើយបានឈានទៅដល់ការប្តឹងផ្តល់គ្នា តុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice)ផងដែរ។

ជម្លោះដែលបានកើតឡើងរវាងប្រទេសទាំងពីរនេះនៅលើគឺដោយសារតែការព្យាយាមថែរក្សានូវផលប្រយោជន៍សេដ្ឋកិច្ចដែលបានមកពី​​ធនធានធម្មជាតិជាច្រើនដូចជា​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ដ៏សម្បូរបែបដែលមាននៅក្នុងមហាសមុទ្រ​ឥណ្ឌា​ដែលប្រទេសទាំងពីរមានព្រំប្រទល់ទៅនឹង។​ ជម្លោះរវាងប្រទេសកេនយ៉ា និងប្រទេសសូម៉ាលី បានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ២០០០នៅពេលដែលប្រទេសកេនយ៉ាព្យាយាមទាមទារកម្មសិទ្ធិព្រំដែនសមុទ្រដែលលាតសន្ធឹងចូលនៅក្នុងដែនទឹករបស់ប្រទេសសូម៉ាលី ដែលវិវាទនេះមានភាពស្រដៀងគ្នាទៅនឹងជម្លោះព្រំដែនភាគខាងត្បូង រវាងប្រទេសកេនយ៉ានឹង ប្រទេសតង់ហ្សានីផងដែល។​ នៅជំុវិញបញ្ហានេះប្រទេសកេនយ៉ាបានទាមទារផ្ទៃទឹក ១០០០០០គីឡូម៉ែត្រការ៉េ (ជិត៤០០០០ម៉ាយការ៉េ) ដែលការទាមទារនេះត្រូវបានប្រទេសសូម៉ាលីលើកឡើងថាជាការរំលោភបំពានទៅលើអធិបតេយ្យភាពដែនទឹករបស់ខ្លួន។ ស្របពេលជាមួយគ្នានឹងការលើកឡើងរបស់ប្រទេសសូម៉ាលីថាយ៉ាងដូច្នេះ ប្រទេសកេនយ៉ាបានលើកអំណះអំណាងថា ប្រទេសរបស់ខ្លួនធ្លាប់បានមានកិច្ចព្រមព្រៀងការគូសបន្ទាត់ព្រំដែនដែលមានដូចដែលការទាមទាររបស់ខ្លួននេះជាយូរមកហើយជាមួយប្រទេសសូម៉ាលី ហេតុដូចនេះហើយទើបដែនទឹកប្រមាណជាង១០០០០០គីឡូម៉ែត្រការ៉េនេះវាជាដែនទឹកស្របច្បាប់របស់ខ្លួន។ ប្រទេសកេនយ៉ាបានលើកឡើងថា ប្រសិនបើប្រទេសសូម៉ាលីមិនយល់ព្រមតាមកិច្ចព្រមព្រៀងព្រំដែនទ្វេភាគីនេះទេ ហេតុដូចម្តេចបានជាប្រទេសសូម៉ាលីមិនដែលមានការតវ៉ានៅពេលនោះ ហើយទើបតែមានវិវាទនៅពេលនេះទៅវិញ។ ជាការឆ្លើយតប ប្រទេសសូម៉ាលីបានលើកយកបញ្ហានយោបាយផ្ទៃក្នុងមកជាមូលហេតុដែលបណ្តាលឱ្យប្រទេសសូម៉ាលី​មិនមានឱកាសក្នុងការទាមទារឬដោះស្រាយបញ្ហាដែនទឹកនេះ។ លើសពីនេះទៀត ប្រទេសសូម៉ាលី​បានលើកឡើង​ថា ព្រំដែន​សមុទ្រ​គួរតែ​ស្រប​នឹង​ការអនុវត្ត​ស្តង់ដារ​ក្នុង​ច្បាប់​អន្តរជាតិ ហើយ​ការកំណត់ព្រំដែនទឹកគឺត្រូវប្រើប្រាស់មាត្រដ្ឋានដែលវាស់វែងរយៈចម្ងាយអធិបតេយ្យភាពដែនសមុទ្ររបស់ប្រទេសមួយដែលលាតសន្ធឹងចម្ងាយ ២០០​​មីលណូលទីក ដោយគិតចាប់ពីបន្ទាត់មូលដ្ឋាន ឬហៅថាបន្ទាត់កំណត់ខាងក្រៅនៃសមុទ្រដែនដី​ (200 miles from the baseline)ដូចដែលបានចែងនៅក្នុងនីតិសមុទ្រអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា នៅក្នុង​អំឡុង​ពេល​ជាច្រើន​ឆ្នាំ​ដែលប្រទេសកេនយាបានធ្វើទុកបុកម្នេញនៅតាមព្រំដែនសមុទ្រ ប្រទេស​សូម៉ាលី​មិន​មាន​​អំណាចខ្លាំងខ្លារ​ក្នុងការប្រឆាំងជាមួយនឹងកេនយ៉ាឡើយព្រោះសូម៉ាលីបានស្ថិតក្រោមរបបផ្តាច់ការយោធារបស់ប្រធានាធិបតី Mohamed Siad Barre ក្នុងឆ្នាំ១៩៩១ដែលធ្វើឱ្យប្រទេសសូម៉ាលីក្លាយជារដ្ឋដែលបរាជ័យ( Failed State)។ រដ្ឋដែលបរាជ័យគឺជារដ្ឋដែលមាននយោបាយបែកបាក់រហូតដល់ចំណុចមួយដែលរដ្ឋាភិបាលគ្មានលក្ខខណ្ឌមូលដ្ឋាននិង គ្មានអធិបតេយ្យនិងមិនដំណើរការបានត្រឹមត្រូវទៀតទេ។ ទើបតែចាប់ពីឆ្នាំ២០១២ប៉ុណ្ណោះដែលសូម៉ាលីមានរដ្ឋាភិបាលដែលមានសមត្ថភាពនិងបានលើកយកជម្លោះនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)នៅឆ្នាំ២០១៤ ដោយបានអំពាវនាវអោយកេនយ៉ាគោរពតាមគោលការណ៍ របស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រThe United Nations Convention on the Law of the Sea (UNCLOS)។

នៅក្នុងការកាត់ក្តី តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចថា ព្រំដែនសមុទ្រដែលមានជម្លោះរវាងប្រទេសសូម៉ាលី និងកេនយ៉ា គួរតែត្រូវបានផ្តល់សិទ្ធិដល់ប្រទេសសូម៉ាលីក្នុងការចូលកាន់កាប់ដែនសមុទ្រភាគច្រើននៃតំបន់ជម្លោះជាពិសេសគឺតំបន់សេដ្ឋកិច្ចផ្តាច់មុខ Exclusive Economic Zone(EEZ)ខណ:ដែលកេនយ៉ាទទួលបានតំបន់មួយផ្នែកតូចតែប៉ុណ្ណោះ។  ប៉ុន្តែប្រទេសកេនយ៉ាបានច្រានចោលសេចក្តីសម្រេចនេះទាំងស្រុងនិងបានចោទប្រកាន់ ICJ ពីបទលម្អៀង។ សូម៉ាលីក៏បានបន្ថែមដែរថា កេនយ៉ាធ្លាប់បានរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ដោយប្រតិបត្តិការនៅក្នុងដែនទឹករបស់ខ្លួន និងទាមទារសំណងទៅលើតំបន់សេដ្ឋកិច្ចផ្តាច់មុខផងដែរ។ គួរបញ្ជាក់ផងដែរថា   Exclusive Economic Zone(EEZ)គឺជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដូចដែលបានកំណត់ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ គឺជាតំបន់នៃសមុទ្រដែលរដ្ឋអធិបតេយ្យមួយមានសិទ្ធិពិសេសទាក់ទងនឹងការរុករក និងប្រើប្រាស់ធនធានសមុទ្រ រួមទាំងការផលិតថាមពលពីទឹក និងខ្យល់។ ទន្ទឹមនឹងនេះ ក្រុមចៅក្រមចំនួន១៤នាក់ដែលអង្គុយនៅទីក្រុងឡាអេ បាននិយាយថា ប្រទេសកេនយ៉ាមិនបានបង្ហាញភស្តុតាងដែលបញ្ជាក់ថាប្រទេសសូម៉ាលីបានយល់ព្រមលើព្រំដែនដែលកេនយ៉ាបានទាមទារនោះទេ។ ផ្ទុយទៅវិញកេនយ៉ាបានគូសបន្ទាត់ថ្មីមួយដែលបានបំបែកតំបន់ជម្លោះជាពីរទៅវិញ។ លើសពីនេះទៅទៀត ចៅក្រម​បាន​ច្រានចោល​ខ្សែបន្ទាត់​ដែល​កេនយ៉ា​បាន​ស្នើ​ពង្រីក​ពី​ឆ្នេរ​របស់​ខ្លួន​ដោយ​ចៅក្រមបានលើកឡើង​ថា​វា​នឹង​មាន​ឥទ្ធិពល​កាត់​ផ្តាច់ដែនទឹក​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​សូម៉ាលី។

ទោះបីជាមានការព្រួយបារម្ភថាការប្រឈមមុខដាក់គ្នានាពេលបច្ចុប្បន្នរវាងរដ្ឋទាំងពីរមានហានិភ័យដែលអាចឈានទៅជាការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធក៏ដោយ ទាំងកេនយ៉ា និងសូម៉ាលីមិនមានលទ្ធភាពឈានទៅដល់ការផ្ទុះប្រដាប់អាវុធជាមួយគ្នានោះទេនេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយItalian Institute For International Studies។ មូលហេតុទីមួយគឺ ប្រសិនបើការកើនឡើងដោយហិង្សាររវាងប្រទេសទាំងពីរនឹងបង្កការគំរាមកំហែងយ៉ាងធំដល់គម្រោងអភិវឌ្ឍន៍ក្នុងតំបន់អាហ្រ្វិកដូចជា LAPSSET (ច្រក Lamu Port-South Sudan-Ethiopia-Transport Corridor) ដែលវានឹងធ្វើអោយខាតប្រយោជន៏ប្រទេសទាងពីរក៏ដូចជាតំបន់អាហ្រ្វិកផងដែរ។ មូលហេតុទីពីរ សេដ្ឋកិច្ចកេនយ៉ានឹងរងទុក្ខយ៉ាងធ្ងន់ធ្ងរដោយសារប្រទេសសូម៉ាលី ដោយសូម៉ាលីគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ការនាំចេញរបស់ប្រទេសកេនយ៉ា រួមទាំងតំបន់ Miraa ផងដែរ។ មូលហេតុទីបីគឺ ប្រសិនបើជម្លោះប្រដាប់អាវុធកើតឡើងមែននោះ ប្រទេសកេនយ៉ានឹងបង្ខំជនជាតិសូម៉ាលីដែលភៀសខ្លួននៅតាមព្រំដែនរបស់ខ្លួនអោយ ធ្វើមាតុភូមិនិវត្តន៍។ កេនយ៉ាក៏ធ្លាប់បានធ្វើការទាមទាររបស់ខ្លួនទៅកាន់អង្គការសហប្រជាជាតិឱ្យបិទជំរុំជនភៀសខ្លួនចំនួនពីរ (Dadaab និង Kakuma)ផងដែរ។ ចំនួនប្រជាជននៃជំរុំទាំងពីរបានកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយសព្វថ្ងៃនេះ Kakuma និង Dadaab រួមគ្នាធ្វើជាម្ចាស់ផ្ទះទទួលជនភៀសខ្លួនដែលមានជនភៀសខ្លួនជ្រកកោនជាង៤០០០០០នាក់មកពីជាងដប់ប្រទេសផ្សេងៗគ្នាដោយភាគច្រើនគឺជាប្រជាជនសូម៉ាលីព្រោះប្រទេសនេះនៅតែខ្វះសមត្ថភាពក្នុងការតាំងទីលំនៅថ្មី។ បញ្ហានេះ​ក៏​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​មនុស្សធម៌ និង​សន្តិសុខ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត​នៅ​តំបន់ Horn of Africa។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក​ ម៉ន ពិសិដ្ឋ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង