"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា ៖ អ្វីទៅជាក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ(UNSC)?

គំនូរច្នៃប្រឌិតដោយ៖ លោក ផេង ធាន

អង្គការសហប្រជាជាតិជាអង្គការមួយដ៏ធំនៅក្នុងពិភពលោកហើយបច្ចុប្បន្ននេះមានសមាជិកចំនួន១៩៣​ប្រទេស។ ដូចដែលយើងបានដឹងហើយថា អង្គការសហប្រជាជាតិមានសា្ថប័នសំខាន់ៗចំនួន៦ដែលមានដូចជា មហាសន្និបាត, ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម ក្រុមប្រឹក្សាភិបាល តុលាការអន្តរជាតិនិងលេខាធិការដ្ឋាន។ នៅក្នុងនោះផងដែរយើងសង្កេតឃើញថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមានតួនាទីសំខាន់ជាងគេបន្ទាប់ពីមហាសន្និបាតដែលមានការចូលរួមពីសមាជិកទាំងអស់ ប៉ុន្តែសមាជិកក្រុមប្រឹក្សាសន្តិសុខមានសមាជិកតែ១៥ប្រទេសប៉ុណ្ណោះ។ ក្នុងនោះផងដែរ ក្រុមប្រឹក្សានេះក៏មានសមាជិកចំនួន៥ប្រទេសជាសមាជិកអចិន្ត្រៃយ៍តាំងពីការបង្កើតមកម្ល៉េះ និង១០ប្រទេសទៀតជាសមាជិកមិនអចិន្ត្រៃយ៍ដែលកើតឡើងចេញពីការបោះឆ្នោតសំរាប់អាណត្តិ២ឆ្នាំដោយមហាសន្និបាត។ បើយើងនិយាយយ៉ាងខ្លី ក្រុមប្រឹក្សានេះមាននាទីជាអ្នកគ្រប់គ្រងនិងសម្រេចដើម្បីរក្សាសន្តិសុខនិងរក្សាសន្តិភាពក្នុងតំបន់និងពិភពលោកទាំងមូលផងដែរ។ ហេតុដូច្នេះហើយ​ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកមកមើលថា តើក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិទាំងអចិន្រ្តៃយ៍និងមិនអចិន្ត្រៃយ៍មានតួនាទីនិងសិទ្ធិដូចម្តេចខ្លះសំរាប់ការដោះស្រាយសំរាប់ពិភពលោក?

១. ការកកើត​និងតួនាទីនៃក្រុមប្រឹក្សាសន្តិសុខ

បន្ទាប់ពីមហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខនេះគឺមានតួនាទីសំខាន់ជាងគេទី២ដែលក្នុងការទទូលខុសត្រូវចម្បងគឺការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ក្រុមប្រឹក្សាសន្តិសុខជាអ្នកសម្រេចចិត្តក្នុងការជួយដោះស្រាយបញ្ហានៅលើពិភពលោកដោយសន្តិវិធីនិងហៅភាគីជម្លោះមកដោះស្រាយលើតុចរចា។ ហើយក្នុងករណីខ្លះក្រុមប្រឹក្សានេះក៏ជាអ្នកសម្រេចចិត្តក្នុងការដាក់ទណ្ឌកម្មលើប្រទេស ឬភាគីណាដែលមិនគោរពទៅលើច្បាប់អន្តរជាតិផងដែរ។ បើសិនមានការឯកភាពពីសមាជិកទាំងអស់ក្នុងក្រុមប្រឹក្សានេះគឺមានសិទ្ធិក្នុងការប្រើប្រាស់កងកម្លាំងដើម្បីរក្សានិងស្តារសន្តិភាពនិងសន្តិសុខអន្តរជាតិ។ មួយវិញទៀត ក្រុមប្រឹក្សាសន្តិសុខត្រូវដាក់របាយការណ៍ប្រចាំឆ្នាំ ហើយបើចាំបាច់របាយការណ៍ពិសេសទៅមហាសន្និបាតសម្រាប់ការពិចារណារបស់ខ្លួន។ សមាជិកនៃអង្គការសហប្រជាជាតិយល់ព្រមទទួលយក និងអនុវត្តការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខស្របតាមធម្មនុញ្ញបច្ចុប្បន្នតាមមាត្រាទី២៥ជំពូកទី៥។ បើយើងនិយាយពីសាវតានៃការបង្កើតក្រុមប្រឹក្សានេះឡើង យើងអាចក្រលេកមើលនៅមុនពេលជិតដល់ការបិទបញ្ចប់សង្រ្គាមលោកលើកទី២ក្នុងឆ្នាំ១៩៤៤។​ ក្រុមសម្ព័ន្ធមិត្តដែលមានសហភាពសូវៀត ចក្រភពអង់គ្លេស សហរដ្ឋអាមេរិចនិងសាធារណរដ្ឋចិនបានជួបប្រជុំគ្នាក្នុងសន្និសីទDumbarton Oaks ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ហើយបានធ្វើការចរចាលើរចនាសម្ព័ន្ធរបស់អង្គការសហប្រជាជាតិនិងលើសមាសភាពនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។ ប្រទេសចំនួន៥ត្រូវបានជ្រើសរើសជាសមាជិកអចិន្រ្តៃយ៍ដោយថែមប្រទេសបារាំងមួយទៀតនិងសម័្ពន្ធមិត្ត៤ដែលចូលរួមសន្និសីទខាងលើនេះ។ ក្នុងនោះផងដែរក៏មានការវែកញែកជាច្រើនលើសិទ្ធិវេតូរបស់សមាជិកអចិន្រ្តៃយ៏ផងដែរ ហើយយើងបានឃើញថានៅក្នុងសន្និសិទយ៉ាលតា (Yalta) ខែកុម្ភៈ ឆ្នាំ ១៩៤៥ គណៈប្រតិភូអាមេរិក អង់គ្លេស និងរុស្ស៊ីបានសម្រេចនិងព្រមព្រៀងគ្នាថា “Big Five” នីមួយៗអាចវេតូរាល់សកម្មភាពរបស់ក្រុមប្រឹក្សា ប៉ុន្តែមិនមែនជាដំណោះស្រាយតាមនីតិវិធីទេ មានន័យថាសមាជិកអចិន្ត្រៃយ៍មិនអាចរារាំងការពិភាក្សាលើដំណោះស្រាយបានទេ។ សិទ្ធវេតូនេះហើយជាសិទ្ធមួយដែលសំខាន់សំរាប់តែសមាជិកអចិន្រ្តៃយ៍តែប៉ុណ្ណោះរហូតមកដល់ពេលបច្ចុប្បន្ន។ បន្ទាប់ពីការបង្កើតអង្គការសហប្រជាជាតិជាផ្លូវការចូលជាធរមាននៅថ្ងៃទី២៤ ខែតុលាឆ្នាំ១៩៤៥ នោះក៏ជាពេលនៃការកកើតក្រុមប្រឹក្សាសន្តិសុខផងដែរ។ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៤៦ ក្រុមប្រឹក្សាសន្តិសុខបានជួបគ្នាជាលើកដំបូងនៅឯ Church House, Westminsterដែលស្ថិតក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ចំណែកក្រៅពីសមាជិកអចិន្រ្តៃយ៏ទាំង៥នេះហើយក៏នៅមានសមាជិកមិនអចិន្រ្តៃយ៏ចំនួន៦ទៀតដែលក្នុង២ទសវត្សដំបូងនៃការបង្កើតដូចជាអូស្ត្រាលី ប្រេស៊ីល អេហ្ស៊ីប ម៉ិកស៊ិក ហូឡង់ និងប៉ូឡូញដែលសមាជិកនេះមាននាទីអាចចូលរួមក្នុងការសង្ខេបអំពីសន្តិសុខពិភពលោកនិងសម្រេចជាមួយសមាជិកអចិន្រ្តៃយ៍តែពួកគេពុំមានសិទ្ធីវេតូទេ។ រហូតដល់ឆ្នាំ១៩៦៥ ចំនួនសមាជិកមិនអចិន្ត្រៃយ៍ត្រូវបានបង្កើនដល់ចំនួន១០ប្រទេសរហូតដល់សព្វថ្ងៃនិងមានអាណត្តិពីរឆ្នាំ។

២.​ អំពីសមាជិកនៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ៖

សមាជិកអចិន្ត្រៃយ៏នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនិងសិទ្ធិវេតូ (Veto)

ក្នុងចំណោមសមាជិកទាំង ១៩៣ ប្រទេសរបស់អង្គការសហប្រជាតិមាន៥ប្រទេសដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ។ ប្រទេសទាំង៥នោះមានសហរដ្ឋអាមេរិច បារាំង រុស្សី(សូវៀត) អង់គ្លេសនិងប្រទេសចិនដែលត្រូវបានជ្រើសរើសតាំងពីការបង្កើតឡើងនៃក្រុមប្រឹក្សាសន្តិសុខនេះនៅ ក្នុងឆ្នាំ ១៩៤៥ មកម្ល៉េះដែលយើងអាចនិយាយបានថាជាក្រុមប្រទេសដែលឈ្នះសង្រ្គាមលោកលើកទី២។ គួរបញ្ជាក់ផងដែរថា សមាជិកភាពរបស់ប្រទេសចិនមុនឆ្នាំ១៩៧២គឺជាសាធារណរដ្ឋចិន(តៃវ៉ាន់)ជាអ្នកតំណាងនៅក្នុងក្រុមប្រឹក្សានេះ តែបន្ទាប់ពីឆ្នាំ១៩៧២មកសាធារណរដ្ឋប្រជាមានិតចិនបានចូលកាន់កាប់ជាតំណាងរហូតដល់បច្ចុប្បន្នវិញ។ មួយវិញទៀត ដំបូងឡើយនៅមុនឆ្នាំ ១៩៩១សមាជិកក្រុមប្រឹក្សានេះគឺមានសហភាពសូវៀតផងដែរតែដោយសារការដួលរំលំនៃសហភាពនេះទើបធ្វើអោយប្រទេសដែលស្នងពីខ្លួនគឺប្រទេសរុស្សីជាអ្នកកាន់កាប់តក្នុងកៅអីសមាជិកអចិន្ត្រៃយ៏នៃក្រុមប្រឹក្សានេះផងដែរ។ ចំពោះសិទ្ធិវេតូវិញ គឺវាប្រើប្រាស់បានតែសំរាប់តែសមាជិកអចិន្ត្រៃយ៍តែប៉ុណ្ណោះ ដែលនេះមានន័យថាបើសិនជាសមាជិកណាមួយនៃសមាជិកអចិន្ត្រៃយ៍បដិសេដ(វេតូ)​នោះដំណោះស្រាយនោះមិនអាចកើតឡើងឡើយ។ នៅក្រោមមាត្រា២៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខលើបញ្ហាសំខាន់ៗទាំងអស់ទាមទារឱ្យមានការបោះឆ្នោតបញ្ជាក់បីភាគប្រាំ (ពោលគឺសមាជិកចំនួនប្រាំបួន) នៃសមាជិក​ ដែលក្នុងនោះដែរសមាជិកអចិន្ត្រៃយ៏ទាំង៥ត្រូវតែបោះឆ្នោតយល់ព្រម។ ក្នុងនោះផងដែរ យើងបានឃើញថារុស្សីបានប្រើសិទ្ធិវេតូច្រើនជាងគេតាំងពីពួកគេនៅជាសហភាពសូវៀតមកម្ល៉េះដែលប្រើទៅដល់១២១ដងដែលច្រើនជាប្រទេស៤ទៀតមានដូចជា អាមេរិច៨២ដង អង់គ្លេស២៩ដង ចិន១៧ដងនិងបារាំង ១៦ដង។

សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ

ដូចដែលលើកឡើងខាងលើហើយថា សមាជិកមិនអចិន្ត្រៃយ៍ឡើយគឺមានចំនួន៦ប្រទេសសំរាប់ពីរទសវត្សដំបូងរហូតដល់ឆ្នាំ១៩៦៥ទើបមានការបង្កើនចំនួនរហូតដល់១០សមាជិកនិងមានអាណត្តិ២ឆ្នាំក្នុងសមាជិកភាព។សមាជិកមិនអចិន្រ្តៃយ៍គឺកើតចេញពីការបោះឆ្នោតរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលមានរដ្ឋចំនួន១៩៣ជាសមាជិក ហើយដើម្បីទទូលបានកៅអីនេះគឺប្រទេសនោះត្រូវតែទទួលបានសម្លេង២ភាគ៣នៃសមាជិកឬ១២៨សម្លេងទើបមានសិទ្ធិក្លាយជាសមាជិកបានទោះបីឈរឈ្មោះតែម្នាក់ឯងក៏ដោយ។ ក្នុងនោះផងដែរសមាជិកមិនអចិន្ត្រៃយ៍ត្រូវបានជ្រើសរើសមកពីក្រុមប្រទេសមកពីអាហ្វ្រិកចំនួន៣ប្រទេស ក្រុមអាស៊ី-ប៉ាស៊ីហ្វិកចំនួន២ប្រទេស ក្រុមអឺរ៉ុបខាងកើតចំនួន១ប្រទេស ក្រុមអាមេរិចឡាទីននិងការាបៀនចំនួន២ប្រទេសនិងក្រុមអ៊ឺរ៉ុបខាងលិចនិងផ្សេងៗចំនួន២ប្រទេស។ សមាជិកមិនអចិន្ត្រៃយ៍មួយនៃក្រុមប្រឹក្សានេះត្រូវតែមានប្រទេសដែលមកពីតំបន់អារ៉ាប់ ហើយត្រូវឆ្លាស់គ្នាមកពីក្រុមអាហ្វ្រិក ឬអាស៊ីប៉ាស៊ីហ្វិក។ ច្បាប់នេះត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធក្នុងឆ្នាំ ១៩៦៧ ហើយវាត្រូវបានអនុវត្តដោយចាប់ផ្តើមពីឆ្នាំ១៩៦៨។ មួយវិញទៀត ជារៀងរាល់ឆ្នាំមហាសន្និបាតអង្គការសហប្រជាជាតិជ្រើសរើសសមាជិកថ្មីចំនួនប្រាំប្រទេសសម្រាប់អាណត្តិពីរឆ្នាំនិងជំនួសសមាជិកចាស់៥ដែលផុតអាណត្តិរបស់ពួកគេ ដែលការបោះឆ្នោតនេះតែងតែចាប់ផ្តើមនៅខែតុលា។ចំណែកឯតួនាទីនៃសមាជិកនេះគឺចូលរួមសម្រេចចិត្តចំពោះកិច្ចការថែរក្សាសន្តិសុខនិងរាយការណ៍អំពីសន្តិសុខពិភពលោកតែពួកគេពុំមានសិទ្ធិវេតូទេ។

សរុបជារួម នៅក្នុងអង្គការសហប្រជាជាតិ​ក្រុមប្រឹក្សាសន្តិសុខគឺមាននាទីដ៏សំខាន់ក្នុងដំណើរការនៃការថែរក្សាសន្តិសុខពិភពលោកនិងសន្តិភាពសំរាប់ប្រទេសទាំងអស់ជាសមាជិក។ ការសម្រេចដាក់ឬដកទណ្ឌកម្មគឺអាស្រ័យលើការប្រជុំរបស់ក្រុមប្រឹក្សាទាំង១៥នេះឡើងក្នុងន័យការពារនិងកុំអោយមានបញ្ហាអសន្តិសុខក្នុងពិភពលោក។ លើសពីនេះក្រុមប្រឹក្សានេះក៏ជាអ្នកសម្រេចលើការបញ្ចូនកងទ័ពថែរក្សាសន្តិភាពសំរាប់ដោះស្រាយចំពោះប្រទេសដែលមានបញ្ហាអសន្តិសុខផងដែរ។និយាយជារួម ក្រុមប្រឹក្សាសន្តិសុខត្រូវតែមានទំនូលខុសត្រូវខុសខ្ពស់ក្នុងការថែរក្សាសន្តិសុខនិងសន្តិភាពសំរាប់ពិភពលោកដោយស្របតាមរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិជំពូកទី៥ដែលស្តីពីកិច្ចការរបស់ខ្លួន។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក វ័ន្ត គីមគ័ង
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ