"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ ការប្រឈមមុខរបស់ប្រទេសចិននិងលោកខាងលិចចំពោះតំបន់ស៊ីនជាំង

គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត

ចិនជាប្រទេសមួយដែលមានផ្ទៃដីដ៏ធំទូលាយមួយនៅក្នុងពិភពលោក ហើយមិនតែប៉ុណ្ណោះក៏ជាប្រទេសមួយដែលមានប្រជាជនច្រើនផងដែរ។ ទាំងនេះក៏អាចជាហេតុផលមួយដែលធ្វើអោយប្រទេសចិនមានប្រជាជនគោរពប្រតិបត្តិសាសនាចម្រុះគ្នា ហើយតំបន់មួយចំនួនមានជនជាតិចិន និងមួយចំនួនទៀត ម្ចាស់ដែនដីពីមុនរស់នៅដូចជា ទីបេ (Tibet) តំបន់ស៊ីនជាំង (Xinjiang) និងតំបន់ម៉ុងហ្គោលីខាងក្នុង (Inner Mongolia) ជាដើម។ តំបន់ដែលមាន ជនជាតិដើមរស់នៅច្រើន ត្រូវបានរដ្ឋាភិបាលចិនដាក់បញ្ចូលទៅជាតំបន់ស្វយ័តដែលបច្ចុប្បន្នមានចំនួន ៥ តំបន់សម្រាប់ការគ្រប់គ្រងដូចជាទីបេ មានប្រជាជនទីបេជាម្ចាស់ស្រុករស់នៅ។ តំ វាគឺជាតំបន់មួយដែលមានប្រជាជនដើមភាគច្រើនកាន់សាសនាអ៊ីស្លាមដែលយើងស្គាល់ថាជាជនជាតិអ៊ុយហ្គួរ (Uyghur) និងតួក (Turkic)។ ស៊ីនជាំងគឺជាតំបន់ដែលតែងតែមានរឿងដ៏ក្តៅគគុកយូរមកហើយ ចាប់តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ដោយសារតែប្រជាជននៅទីនោះមានបំណងចង់ផ្តាច់ខ្លួនចេញពីប្រទេសចិន ព្រោះតំបន់នេះសម្បូរទៅដោយជនជាតិដើមដែលកាន់សាសនាអ៊ីស្លាម។ ​ហើយនាពេលបច្ចុប្បន្ន ពិភពលោកបាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដោយសារពួកគេបានចោទប្រកាន់ចិនថាកំពុងមានការធ្វើទុក្ខបុកមេ្នញទៅលើប្រជាជននៅតំបន់នោះ ជាពិសេសពួកអ៊ុយហ្គួរដែលជាអ្នកចង់ឱ្យមាន​​​ឯករាជ្យភាពសម្រាប់ដែនដីខ្លួន។ តើជម្លោះនៃតំបន់ស៊ី​​នជាំងនេះ ទទួលរងប្រតិកម្មលោកខាងលិចដូចមេ្តចចំពោះការគ្រប់គ្រងរបស់ចិនក្នុងតំបន់នេះ?

១. តំបន់ស៊ីនជាំង និងការចាប់អារម្មណ៍របស់លោកខាងលិចលើតំបន់នេះ

ស៊ីនជាំងគឺជាតំបន់មួយដែលស្ថិតនៅភាគពាយព្យនៃប្រទេសចិន និងមានចម្ងាយប្រមាណ ៣១៣៧ ​គ.មពីរដ្ឋធានីប៉េកាំង។ វាជាតំបន់ដ៏ធំមួយដែលមានផ្ទៃដី ១ ៦៦៤ ៨៩២ គ.ម រួមទាំងមានព្រំប្រទល់ជាប់ប្រទេសជាច្រើនជាពិសេសប្រទេសតំបន់អាស៊ីកណ្តាលដែលសុទ្ធតែជាប្រទេសដែលមានប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាមដូចគ្នា។ ស៊ីនជាំងត្រូវបានរដ្ឋាភិបាលកុម្មុយនីស្តចិនដាក់ជាតំបន់ស្វយ័តសម្រាប់ការគ្របគ្រងរដ្ឋបាលតាំងពីឆ្នាំ១៩៥៥ មកម្ល៉េះ ព្រោះតំបន់នេះសម្បូរក្រុមជនជាតិភាគតិច (ម្ចាស់ស្រុក) ដែលកាន់សាសនាអ៊ីស្លាម ហើយតំបន់នេះក៏មានរដ្ឋាភិបាលក្នុងតំបន់របស់ខ្លួនផងដែរ ប៉ុន្តែត្រូវស្ថិតក្រោមច្បាប់របស់ប្រទេសចិន។​ ដោយហេតុថាជាតំបន់ដែលមានជនជាតិដើមរបស់ខ្លួន (អ៊ុយហ្គួរ) ច្រើនជាងជនជាតិចិន ​ទើបធ្វើឱ្យពលរដ្ឋដែលរស់នៅស៊ីនជាំងចង់ផ្តាច់ខ្លួន ដើម្បីទទួលបានឯករាជ្យដោយផ្ទាល់ពីចិនដែលនេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុច្រើនទៀតដែលធ្វើឱ្យមានជម្លោះ។

ទីក្រុងប៉េកាំងត្រូវបានលោកខាងលិចកំពុងមើលឃើញថា ការគ្រប់គ្រងរបស់ខ្លួនក្នុងតំបន់ស៊ីនជាំងកំពុងមានការគាបសង្កត់ខ្លាំងលើសិទ្ធិមនុស្ស ដោយសារតែជុំរុំអប់រំស៊ីនជាំងដែលគ្រប់គ្រងដោយគណៈកម្មាធិការខេត្តស៊ីនជាំងនៃគណបក្សកុម្មុយនីស្តចិនផ្ទាល់តែម្តង។ ជុំរុំនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដោយរដ្ឋបាលរបស់អគ្គលេខាធិការបក្សកុម្មុយនីស្ដចិនលោក ស៊ី ជីនពីង (Xi Jinping)។ តាមរយៈរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានបញ្ជាក់ថា មានការបង្អត់អាហារទៅដល់ជនជាតិអ៊ុយហ្គួរ និងជនជាតិមូស្លីម ដែលគេចោទជាផ្នែកនៃសង្រ្គាមប្រជាជនលើភេវរកម្មដែលបានបះបោរក្នុងតំបន់នោះតាំងពីឆ្នាំ២០១៧។ ក្នុងនោះផងដែរ តាមរបាយការណ៍ព្រះរាជអាជ្ញាជាន់ខ្ពស់តំបន់ស៊ីនជាំង (Xinjiang High People’s Procuratorate) ក្នុងខែកុម្ភៈឆ្នាំ២០២២នេះថា មានមនុស្សសរុប៥៤០​ ៨២៦ នាក់ត្រូវបានកាត់ទោសនៅក្នុងតំបន់តាំងពីឆ្នាំ២០១៧។ មួយវិញទៀតអាជ្ញាធរចិនបានបានធ្វើការបង្រ្កាបលើចលនាបះបោរជាច្រើនក្នុងតំបន់ដែលជាហេតុធ្វើឱ្យមានការដាក់ក្នុងជំរំអប់រំមួយនេះ។ ដោយឡែក សម្រាប់ប្រតិកម្មពីសហគមន៍លោកខាងលិចជុំវិញបញ្ហាជុំរុំនេះវិញ​ ពួកគេបានចោទចិនថាមានការរំលោភលើសិទ្ធិមនុស្សជាខ្លាំង ជាពិសេសជនជាតិអ៊ុយហ្គួរថា មានការធ្វើទុកបុកមេ្នញ និងទារុណកម្មលើជនជាតិនេះ។ លោកខាងលិចក៏បានប្រើពាក្យខ្លាំងៗដើម្បីដាក់សម្ពាធលើចិនទៀតផង។ ប្រទេសចំនួន៤០ ជុំវិញពិភពលោក រួមមានកាណាដា តួកគីនិងជប៉ុនជាដើម បានអំពាវនាវឱ្យប្រទេសចិនគោរពសិទ្ធិមនុស្សនៃសហគមន៍អ៊ុយហ្គួរ ប៉ុន្តែរដ្ឋាភិបាលចិននៅតែអះអាងថាខ្លួនមិនដែលធ្វើទុកបុកមេ្នញលើអ្នកទោសនៅទីនោះទេ គឺគ្រាន់តែយកមកអប់រំនិងបង្រៀនជំនាញផ្សេងៗដល់ពួកគេដើម្បីលុបបំបាត់នៅមេរោគមនោគមន៍នៃប្រជាជនមូស្លីមនៅទីនោះប៉ុណ្ណោះ។

២. ការដាក់ទណ្ឌកម្មចំពោះចិននិង​ ការឆ្លើយតបរបស់ចិនពាក់ព័ន្ធនឹងការចោទប្រកាន់លើបញ្ហាស៊ីនជាំង

ចំពោះរឿងនៅតំបន់ស៊ីនជាំងនេះ លោកខាងលិចនៅតែធ្វើការចោទប្រកាន់ចិនលើការរំលោភសិទ្ធមនុស្សនៅក្នុងតំបន់នេះ។ ប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិចនិងសហភាពអឺរ៉ុបបានធ្វើការដាក់ទណ្ឌចិនទៅកាន់ក្រុមហ៊ុនចិនមួយចំនួនដែលពាក់ព័ន្ធទៅនឹងការបង្ក្រាបលើតំបន់ស៊ីនជាំងដែលគេបានចោទក្រុមហ៊ុននោះថាបានចូលរួមគាំទ្រការរំលោភសិទ្ធមនុស្សក្នុងប្រទេសចិន។ក្រុមហ៊ុនទាំងនោះត្រូវបានខាងសហរដ្ឋអាមេរិចហាមឃាត់ធ្វើការនាំចូលទៅក្នុងប្រទេសនោះឡើយ ទោះបីមានការបកស្រាយថាខ្លួនមិនបានពាក់ព័ន្ធក៏ដោយដូចជាក្រុមហ៊ុនកាំមេរ៉ាសុវត្ថិភាព Hikvision ជាដើម។ ចំណែកខាងសហភាពអឺរ៉ុបវិញ បានធ្វើការចោទប្រកាន់ចិនពាក់ព័ន្ធការរំលោភសិទ្ធមនុស្សនិងសមាជិកសហភាពអឺរ៉ុបក៏តែងតែជំរុញអោយមានការដាក់ទណ្ឌកម្មថ្មីៗផងដែរចំពោះប្រទេសចិន។

ចំពោះបញ្ហានេះ រដ្ឋាភិបាលចិនតែងតែធ្វើការឆ្លើយតបប្រឆាំងនិងច្រានចោលនឹងការចោទប្រកាន់ទាក់ទងពីតំបន់នេះនិងហាមឃាត់អ្នកដែលចោទប្រកាន់ចូលក្នុងប្រទេសចិនផងដែរឬតាមវិធីដទៃទៀត ដូចជាករណីក្នុងឆ្នាំ២០២០កីឡាករបាល់ទាត់មួយរូបគឺលោក​ Mesut Özil បានប្រតិកម្មលើការធ្វើទារុណកម្មលើជនជាតិមូស្លីម។ហើយជាលទ្ធផលបានឃើញថាភិបាលចិនបានហាមឃាត់ដល់ការចាក់ផ្សាយក្រុមរបស់គាត់ប្រកួតក្នុងប្រទេសចិន ដែលពេលនោះគាត់លេងអោយក្រុមបាល់ទាត់ អាស៊ឺណល (Arsenal) ដែលជាក្រុមកំពូលមួយក្នុងពិភពលោក និងក្រុមហ៊ុនហ្គេមបាល់ទាត់មួយ(PES)បានដកឈ្មោះគាត់ចេញពីហេ្គមក្នុងប្រទេសចិនផងដែរ។ពេលនោះផងដែរ​​ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា Ozil ត្រូវបាន “បោកបញ្ឆោតដោយព័ត៌មានក្លែងក្លាយ” មុនពេលធ្វើអត្ថាធិប្បាយរបស់គាត់ទាក់ទងពីតំបន់មួយនេះ។ មួយវិញទៀត ដោយសារតែខ្លួនជាមហាអំណាចទី២ក្នុងពិភពលោក ប្រទេសចិនក៏បានធ្វើការឆ្លើយតបទៅកាន់ប្រទេសលោកខាងចិនក៏ហាមឃាត់ក្រុមហ៊ុនមកពីប្រទេសទាំងនោះវិញផងដែរ។ នេះជាការមើលឃើញថាប្រទេសចិនក៏មានទម្ងន់ខ្លាំងផងដែរនៅក្នុងវិស័យសេដ្ឋកិច្ចនិងបានវាយបកទៅប្រទេសលោកខាងលិចផងដែរថា ខ្លួននឹងមានវិធានការហាមឃាត់ចំពោះបុគ្គលរូបណានិងក្រុមហ៊ុនណាដែលចោទប្រកាន់មកលើប្រទេសចិនចំពោះរឿងស៊ីនជាំងនេះ។

សរុបមក ស៊ីនជាំងគឺជាតំបន់មួយដែលមានផ្ទៃដីធំ និងចំនួនប្រជាជនប្រតិបត្តិអ៊ីស្លាមច្រើនជាងគេបំផុតក្នុងប្រទេសចិន។ ចំណែកឯជម្លោះរវាងជនជាតិដើមភាគតិចអ៊ីស្លាមក៏នៅតែកើតមានរហូតដល់បច្ចុប្បន្ន ព្រោះចលនាឯករាជ្យនៃពួកអ៊ីស្លាមនៅតំបន់នេះ នៅតែចិញ្ចឹមចិត្តចង់ផ្តាច់ខ្លួនចេញពីចិន។ ប៉ុន្តែរដ្ឋាភិបាលចិន បានធ្វើការបង្ក្រាបកុំឱ្យមានការបះបោររបស់ពួកអ៊ីស្លាមដែលចង់ផ្តាច់ខ្លួនជាច្រើនដង ហើយក៏មានការបង្កើតនូវជុំរុំអប់រំនៅក្នុងតំបន់ស៊ីនជាំងនេះដើម្បីអប់រំពួកដែលត្រូវបានចាប់ខ្លួនចេញពីចលនាបះបោរចង់ផ្តាច់ខ្លួននោះ។​ ដោយសារការបង្កើតជុំរុំទើបធ្វើឱ្យប្រទេសចិនទទួលនូវការប្រតិកម្មជាច្រើនពីប្រទេសលោកខាងលិច និងប្រទេសដែលប្រតិបត្តិសាសនាអ៊ីស្លាមថា មានការរំលោភសិទ្ធិមនុស្ស និងការធ្វើទារុណកម្មជាច្រើនក្នុងតំបន់។ប៉ុន្តែរដ្ឋាភិបាលចិននូវតែប្រកាន់រក្សាជំហរខ្លួនថា គ្មានការរំលោភសិទ្ធមនុស្សអ្វីទេ គឺគ្រាន់តែជាការអប់រំទៅដល់ពួកដែលជ្រុលនិយម ដែលបានបះបោរចង់ផ្តាច់ខ្លួនតែប៉ុណ្ណោះ។ ហើយជាការឆ្លើយតបនូវការចោទប្រកាន់លើរឿងនេះ ចិនតែងតែធ្វើការហាមឃាត់ដល់បុគ្គលឬប្រទេសណាដែលចេញមុខចោទប្រទេសចិនបានប្រព្រឺត្តនូវអំពើធ្វើទុកបុកមេ្នញលើប្រជាជនតំបន់នោះ។

 

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក វ័ន្ត គីមគ័ង
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង