"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ តើសម្ព័ន្ធភាពត្រីភាគី AUKUS គឺជាអ្វី?

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

AUKUS គឺជាកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីរវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសបង្កើតឡើងនៅថ្ងៃទី១៥​ ខែកញ្ញា ឆ្នាំ២០២១ ហើយការបង្កើតសម្ព័ន្ធត្រីភាគី AUKUS នេះឡើង ក៏បានជំរុញឱ្យអូស្ត្រាលីបញ្ចប់កិច្ចព្រមព្រៀងទទួលទិញយកនាវាមុជទឹកពីបារាំងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ផងដែរ។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ កិច្ចប្រជុំត្រីភាគី AUKUS ដែលមានការចូលរួមពីសំណាក់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នាយករដ្ឋមន្ត្រីអង់គ្លេស លោក រ៉ីស៊ី ស៊ូណាក់ (Rishi Sunak) និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បានធ្វើឡើងនៅទីក្រុងសានឌីអេហ្គោ (San Diego) សហរដ្ឋអាមេរិក  ក្នុងគោលបំណងលើកឡើងអំពីគម្រោងរបស់ពួកគេផ្សេងៗ។ នៅក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីអ្វីទៅជា AUKUS? ហើយថាតើបណ្តា​ប្រទេស​នៅតំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វ៊ិក យល់ឃើញយ៉ាងដូចម្ដេចចំពោះ AUKUS?

តើ AUKUS ជាអ្វី?

ដូចដែលបានលើកឡើងខាងដើម AUKUS គឺជាកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីរវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលមានគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ គូភាគីក្នុងកិច្ចព្រមព្រៀងនេះ ក្នុងនោះ​រួមមានសហរដ្ឋអាមេរិក និងអង់គ្លេស បានយល់ព្រមលើការផ្តល់នាវាមុជទឹកដើរដោយបច្ចេកវិទ្យានុយក្លេអ៊ែរដល់ប្រទេសអូស្ត្រាលី។ ការផ្តល់ឱ្យនេះទៀតសោត ត្រូវបានបែងចែកជាបីដំណាក់កាល និងត្រូវចំណាយរយៈពេល ៣ ទសវត្សរ៍។

ដំណាក់កាលទី១ ចាប់ផ្ដើមពីឆ្នាំ២០២៣ តទៅ នាវាមុជទឹកអាមេរិក និងអង់គ្លេសនឹងបង្កើនការសុំចតនៅកំពង់ផែប្រទេសអូស្ត្រាលីច្រើនជាងមុន ខណៈដែលបុគ្គលិកដែលធ្វើការនៅក្នុងវិស័យនាវាចរណ៍អូស្ត្រាលីក៏នឹងចូលរួមហ្វឹកហាត់ និងរៀនសូត្រជាមួយនាវិករបស់អាមេរិក និងអង់គ្លេសផងដែរ ពោលគឺនឹងមានការហ្វឹកហាត់នៅសាលានាវាមុជទឹករបស់ប្រទេសទាំងពីរនេះ។ ដំណាក់កាលទី២ ចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ២០៣០ ដោយអូស្ត្រាលីនឹងទទួលបាននាវាមុជទឹកដែលដើរដោយបច្ចេកវិទ្យានុយក្លេអ៊ែរប្រភេទ​ Virginia-class ចំនួន ៣ ទៅ ៥ គ្រឿងផលិតដោយសហរដ្ឋអាមេរិក។ ចំណែកឯដំណាក់កាលទី៣ គឺចាប់ពីចុងទសវត្សរ៍ឆ្នាំ២០៣០ អូស្ត្រាលីនឹងចាប់ផ្តើមផលិតនាវាមុជទឹកដើរដោយបច្ចេកវិទ្យានុយក្លេអ៊ែរ​​​ ប្រភេទ SSN-AUKUS ចំនួន ៨ គ្រឿងដោយខ្លួនឯង ដែលការកសាងនាវានេះ នឹងផ្អែកលើការរចនាដោយចក្រភពអង់គ្លេស និងមានរួមបញ្ចូលបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកផងដែរ។ ជារួម កងទ័ពជើងទឹកអូស្ត្រាលី ឬហៅជាភាសាអង់គ្លេសថា Royal Australia Navy (RAN) នឹងមាននាវាមុជទឹកដើរដោយបច្ចេកវិទ្យានុយក្លេអ៊ែរដំបូងរបស់ខ្លួននៅដើមទសវត្សរ៍ឆ្នាំ២០៤០។

ការចំណាយសរុបនៃផែនការសកម្មភាព​ខាងលើ ត្រូវបានប៉ាន់ប្រមាណថា អូស្ត្រាលីត្រូវចំណាយប្រមាណ ២៦៨ ប៊ីលានដុល្លារអាមេរិកទៅ ៣៦៨ ប៊ីលានដុល្លារអាមេរិក ។ ក្រៅពីការផ្តល់នាវាមុជទឹកដើរដោយបច្ចេកវិទ្យានុយក្លេអ៊ែរ AUKUS ក៏ជាកតិកាសញ្ញាដែលពង្រឹងសមត្ថភាពយោធា​ផ្នែកផ្សេងទៀតដូចជា កិច្ចសហប្រតិបត្តិការលើប្រព័ន្ធការពារបណ្ដាញអ៊ីនធឺណិតកម្រិតខ្ពស់ បញ្ញាសិប្បនិម្មិត និង និងការចែករំលែកព័ត៌មានជាដើម។ ដោយឡែក យោងតាមការវិភាគរបស់អ្នកជំនាញមួយចំនួនវិញ បានមើលឃើញថា ការបង្កើត AUKUS នេះឡើង គឺមានគោលបំណង ទប់ចិនមិនឱ្យបង្កើនឥទ្ធិពលយោធារបស់ខ្លួននៅក្នុងតំបន់ ព្រោះការកើនឡើងនៃឥទ្ធិពលយោធារបស់ចិន បានធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ប្រទេសទាំងបីនេះ ដូចជានៅតំបន់សមុទ្រចិនខាងត្បូង និងនៅតៃវ៉ាន់ជាដើម។

ឧបសគ្គរបស់AUKUS

បើតាមការវិភាគរបស់អ្នកជំនាញមួយចំនួនបានឱ្យដឹងថា AUKUS អាចនឹងជួបឧបសគ្គជាច្រើន។ ឧបសគ្គទីមួយនោះគឺ ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងបីក្នុងការសម្រេចគម្រោងដែលពួកគេបានរៀបចំទុកទាំងបីដំណាក់កាលត្រូវចំណាយលុយរាប់ពាន់លានដុល្លារ និងធនធានជាច្រើន ជាពិសេសដំណាក់កាលទាំងបីនេះ មានរយៈពេលរហូតដល់ទៅ ៣ ទសវត្សរ៍ ហើយប្រាកដណាស់ថា ប្រទេសខ្លះនឹងត្រូវផ្លាស់ប្តូរមេដឹកនាំជាច្រើនរូប ហើយមេដឹកនាំដែលឡើងមកថ្មី មិនប្រាកដថាមានចក្ខុវិស័យដូចមេដឹកនាំបច្ចុប្បន្ននោះទេ។ បញ្ហាប្រឈមទីពីរនោះគឺធនធានមនុស្ស ដោយសារកិច្ចព្រមព្រៀង AUKUS ត្រូវការបុគ្គលិកជាច្រើនដើម្បីសម្រេចគម្រោងទៅបាន។ គិតត្រឹមតែប្រទេសអូស្ត្រាលីតែមួយ ត្រូវបានគេប៉ាន់ប្រមាណថា ត្រូវការមនុស្សប្រហែលជា ២ម៉ឺននាក់បន្ថែមទៀត ដើម្បីសាងសង់ និងដំណើរការនាវាមុជទឹកថ្មីមួយដែលក្នុងនោះរួមមាន អ្នកបច្ចេកទេស និងវិស្វករផងដែរ។​ លើសពីទៅទៀត បុគ្គលិកដែលធ្វើការនៅក្នុងវិស័យនារាចរណ៍ ត្រូវរស់នៅឆ្ងាយពីក្រុមគ្រួសារ និងមានរយៈពេលយូរទៀតផង ដែលបញ្ហានេះអាចធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់បុគ្គលិកមិនគ្រប់គ្រាន់តាមអ្វីដែលគេចង់បាន ឬមិនទាន់ពេលដែលបានគ្រោងទុក។  បញ្ហាទីបីនោះគឺការគ្រប់គ្រងដ៏តឹងរឹងនៃការផ្ទេរបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកមានច្បាប់ស្ដីពីការការពារកម្មសិទ្ធបញ្ញា (Intellectual property) របស់ក្រុមហ៊ុនសហរដ្ឋអាមេរិក។ បើគ្មានការធ្វើវិសោធនកម្មច្បាប់បច្ចុប្បន្ននោះទេ នោះនឹងធ្វើឱ្យការច្របាច់បញ្ចូលគ្នារវាងបច្ចេកវិទ្យារបស់ប្រទេសទាំងបី មិនបានលទ្ធផលអ្វីដែលកិច្ចព្រមព្រៀង AUKUS ចង់បាននោះទេ។

ការយល់ឃើញចំពោះ AUKUS ពីបណ្តា​ប្រទេស​នៅតំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វ៊ិក

មានការ​​ខ្វែងគំនិត​គ្នាជាច្រើន​បានកើតមានឡើងពីសំណាក់បណ្តា​ប្រទេស​នៅ​តំបន់ឥណ្ឌូ​ប៉ាស៊ីហ្វ៊ិក។ ប្រទេស​ខ្លះមានភាព​​សុទិដ្ឋិនិយមទៅលើ AUKUS ហើយ​ប្រទេសខ្លះមានគំនិតទុទិដ្ឋិនិយម។ ប្រទេសដែល​មាន​ទស្សនៈ​សុទិដ្ឋិនិយម ភាគច្រើន​​ ​ពួកគេ​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក ​ដូចជា​ប្រទេស​ជប៉ុនជាដើម​។ ជាក់ស្ដែង នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បានលើកឡើងថា “AUKUS នឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ចំពេលបរិយាកាសសន្តិសុខកាន់តែធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វ៊ិក”។ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​បានមាន​ការ​ព្រួយ​បារម្ភ​​អំពីសម្ព័ន្ធភាពត្រីភាគី AUKUS ជាពិសេសគឺ​ប្រទេស​ចិន។ ប្រទេសចិនមានទុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះ AUKUS ដោយបានអះអាងថា AUKUS បានមើលស្រាលទៅលើទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។ នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះ ចិនបានចេញផ្សាយថា “សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី កំពុងការពារផលប្រយោជន៍ភូមិសាស្រ្តនយោបាយផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិទាល់តែសោះ។ ពួកគេ​កំពុង​ដើរ​ទៅ​មុខនៅ​លើ​ផ្លូវ​ខុស និង​គ្រោះថ្នាក់មួយ”។ បើតាមអ្នកវិភាគមួយចំនួនបានយល់ឃើញថា ចិនបានចាត់ទុក AUKUS ជាអង្គការសម្ព័ន្ធភាពដែលបង្កើតឡើងដើម្បីរាំងខ្ទប់​ចិន មិន​ឲ្យ​ក្លាយជា​មហាអំណាច​ក្នុងតំបន់។

ចំណែកឯសមាជិកអាស៊ានវិញ ពួកគេមានទស្សនៈផ្សេងៗគ្នាទៅលើ AUKUS។ វៀតណាម ហ្វ៊ីលីពីន និងសិង្ហបុរីបានបង្ហាញការគាំទ្រ និងស្វាគមន៍ចំពោះ AUKUS។ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​ដូច​ជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី រួម​ទាំង​កម្ពុជា បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ AUKUS ដែល​អាច​នឹង​បង្កើន​ការ​ប្រណាំងប្រជែងគ្រឿងសព្វាវុធ​ក្នុង​តំបន់ និង​ធ្វើ​ឲ្យ​តំបន់​មាន​អស្ថិរភាព​កាន់​តែ​ខ្លាំងជាងមុន ព្រោះAUKUS ជាកត្តាមួយដែលជំរុញ​ការ​ប្រកួត​ប្រជែងផ្នែកភូមិសាស្ត្រ​នយោបាយរវាង​អាមេរិក និង​ចិន​បន្ថែម​កាន់តែខ្លាំង​។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ស្រេង ហេងសី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ