"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ សម្ព័ន្ធមិត្តក្លាយជាសត្រូវ សង្គ្រាមចិន-វៀតណាម

ការព្រួយបារម្ភពីការងើបឡើងវិញរបស់ហាណូយ នាឆ្នាំ ១៩៧៤ ប៉េកាំងបានសម្រេចប្រើប្រាស់ទ័ពទាហានដកវៀតណាមចេញពីកោះប៉ារ៉ាសែល (Paracel Islands) ហើយទង្វើនេះក៏បានកើតជាការប៉ះទង្គិចដែនសមុទ្ររវាងចិននិងវៀតណាម។ ដើម្បីជាការឆ្លើយតប វៀតណាមក៏បានកំណត់បណ្តេញចេញនូវជនជាតិភាគតិចចិននៅតំបន់ភូមិភាគឦសាននៃប្រទេសខ្លួន។ ដោយមើលឃើញពីបញ្ហានេះ ចិនកាន់តែព្រួយបារម្ភថាវៀតណាមនឹងងាកទៅជិតសូវៀតដែលជាការគំរាមកំហែងដល់សន្តិសុខខ្លួន នៅខែកញ្ញា ឆ្នាំ ១៩៧៥ ថ្នាក់ដឹកនាំចិនបានធ្វើជំនួបជាមួយលោក ឡេ យន់ (Le Duan) ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្ដស្តវៀតណាម ដោយធ្វើកិច្ចព្រមព្រៀងដើម្បីបន្តផ្តល់នូវជំនួយផ្នែកសេដ្ឋកិច្ចដល់វៀតណាមដែលគិតជាសាច់ប្រាក់ប្រមាណ ២០០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ ១៩៧៦ ក៏ប៉ុន្តែចិនបែរជាមិនយល់ព្រមនឹងសំណើររបស់វៀតណាមក្នុងការបង្កើនជំនួយនោះឡើយ។ ការទាត់ចោលនូវសំណើរនេះហើយ បានធ្វើឱ្យលោក ឡេ យន់ សាកល្បងងាកទៅរករដ្ឋាភិបាកក្រុងមូស្កូវិញ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺសូវៀតបានផ្តល់នូវការធានារយៈពេល ៥ ឆ្នាំសម្រាប់ជំនួយដែលគិតជាសាច់ប្រាក់ប្រមាណ ៣ ពាន់លានដុល្លាសហរដ្ឋអាមេរិក ទៅដល់វៀតណាម ដែលនេះរឹតតែបន្ថែមកំដៅទៅលើកំហឹងរបស់ចិនមកលើវៀតណាម។ នៅខែកុម្ភៈ ឆ្នាំ ១៩៧៨ ចិនបានបដិសេធមិនបន្តទំនាក់ទំនងសម្ព័ន្ធភាពចិន-សូវៀតដោយមូលហេតុខ្លាចការថយចុះនៃឥទ្ធិពលខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។ សូមរំឮកផងដែរថា បើនិយាយពីទំនាក់ទំនងរវាងចិននិងសូវៀតនាពេលនោះដែរ ចាប់តាំងពីទសវត្សន៍ទី ៥០ មកសូវៀតមានថ្នាក់ដឹកនាំថ្មីគឺលោក នីគីតា​ គ្រូឆេវ គាត់មិនសូវពេញចិត្តរបៀបដឹកនាំរបស់ លោក ស្តាលីន ឯមេដឹកនាំ​កុម្មុយនិស្ត​ចិន គឺ​ លោក ​ម៉ៅ​សេទុង ដែល​តាំងពីដើម​មក​គាំទ្រ​នយោបាយ​ និង​​របៀបដឹកនាំ​​របស់​លោក​ស្តាលីន ក៏​បាន​ចាប់ផ្តើម​មាន​ការ​ខ្នក់ចិត្ត​នឹង​លោក​នីគីតា គ្រូឆេវ ហើយ​ទំនាក់ទំនងរវាង​ចិន និង​សហភាព​សូវៀត ក៏​ចាប់ផ្តើម​មាន​ការ​រកាំរកូសច្រើនឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ លោក នីគីតា គ្រូឆេវ ក៏បានលើកឡើងថា បើទោះបីយើងជាប្រទេសដែលប្រកាន់លិទ្ធិកម្មុនីស្តក៏ដោយ ក៏យើងអាចដើរតាមគន្លងផ្សេងបានដែរ នៅពេលនោះហើយទើបម៉ៅសេទុងក៏មាននូវលិទ្ធិម៉ៅផ្ទាល់ខ្លួន។ ងាកទៅមើលវៀតណាមឯណោះវិញ ហាណូយបានអនុញ្ញាតឱ្យមូស្កូប្រើប្រាស់កំពង់ផែកងទ័ពជើងទឹក និងសាងសង់មូលដ្ឋានមីស៊ីល។ ដើម្បីរឹតចំណងមិត្តភាពនេះ សូវៀតក៏បានស្នើឱ្យវៀតណាមចូលក្នុងក្រុមប្រឹក្សាសូវៀតសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច (COMECON)និងថែមទាំងបានបញ្ជូនសព្វាវុធជាច្រើនទៅដល់វៀតណាមទៀតផង រហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ១៩៧៨ វៀតណាមនិងសូវៀតបានសម្រេចចិត្តចុះហត្ថលេខាទៅលើសន្ធិសញ្ញាទំនាក់ទំនងមិត្តភាពនិងសម្ព័ន្ធភាពសូវៀត-វៀតណាម ដែលនេះបង្ហាញថាវៀតណាមនិងសូវៀតគឺមានចក្ខុវិស័យនិងគោលដៅដូចគ្នាក្នុងការកាត់បន្ថយឥទ្ធិពលចិននៅក្នុងតំបន់។ ហើយសម្ព័ន្ធភាពស្អិតរមួតរវាងប្រទេសទាំងពីរនេះ កាន់តែបន្ថែមកំហឹងដល់ចិន ដែលធ្វើឱ្យចិនរឹតតែមិនសប្បាយចិត្ដនិងគិតថាជាយុទ្ធសាស្ត្ររបស់សហភាពសូវៀតចង់វាតទីពង្រីកឥទ្ធិពលនៅក្នុងអាស៊ីអាគ្នេយ៍ដោយប្រើវៀតណាមជាកូនសោរដើម្បីទប់ទល់ជាមួយនឹងខ្លួន។

កត្តាចម្បងមួយទៀតដែលឈានទៅរកសង្គ្រាមវៀតណាមនិងចិននោះគឺការឈ្លានពានរបស់វៀតណាមក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ១៩៧៨។ វៀតណាមតែងតែចាត់ទុកកម្ពុជាថាជារនាំងរារាំងខ្លួនពីគោលបំណងពង្រីកឥទ្ធិពលនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិច។ វៀតណាមបានផ្ដើមធ្វើការផ្តួលរលំរបបខ្មែរក្រហម ដែលអាចចាត់ទុកថាជាឱកាសល្អសម្រាប់ទប់ស្កាត់ការរីករាលដាលនៃឥទ្ធិពលចិន ព្រោះថាខ្មែរក្រហមមានចិនជាអ្នកនៅពីក្រោយ បើគម្រោងនេះទទួលបានជោគជ័យនោះចិននឹងបាត់បង់ឥទ្ធិពលនៅអាស៊ីអាគ្នេយ៍និងថែមទាំងកាត់បន្ថយអំណាចរបស់លោកតេង ស៊ាវពីងផងដែរ។ បញ្ហាទាំងអស់នេះហើយដែលបង្កើតជាផ្លូវឈានទៅរកសង្គ្រាមរវាងវៀតណាមនិងចិន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៧៩ មេដឹកនាំចិន លោក តេង ស៊ាវភីង បានបញ្ជូនទ័ព ៦០ម៉ឺននាក់ រថក្រោះ ៤០០ គ្រឿង កាំភ្លើងធំ ១៥០០ ដែលគម្រោងនោះគឺចង់វាយយកក្រុងទាំងអស់របស់វៀតណាមនៅខាងជើងលើកលែងតែក្រុងហាណូយ បន្ទាប់ពីវាយរួចហើយចិនក៏ដកទ័ពទៅវិញ។ វៀតណាមប្រើយុទ្ធសាស្ត្រសង្គ្រាមដោយលួចវាយឆ្មក់ដូចកាលសង្រ្គាមជាមួយអាមេរិកដែរ វៀតណាមអះអាងថាខ្លួនជាអ្នកឈ្នះ ឯចិនក៏និយាយថាខ្លួនជាអ្នកឈ្នះដូចគ្នា តែអ្នកវិភាគនៅតែមិនទាន់អាចសន្មត់ថានរណាជាអ្នកឈ្នះនិងចាញ់ឡើយ។ សង្គ្រាមចិន-វៀតណាម នេះគឺមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនិងប្រើពេលយូរនោះទេ ចិនគ្រាន់តែចង់បញ្ចេញកំហឹងទៅលើវៀតណាមដែលបានងាកទៅរកសូវៀតតែប៉ុណ្ណោះ។

សរុបសេចកី្តមក មួយផ្នែកធំដែលបណ្តាលឱ្យមានសង្គ្រាមចិន វៀតណាម នេះផងដែរគឺមានហេតុផលជាច្រើនដែលរួមផ្សំដូចជា ភូមិសាស្ត្រនយោបាយ ជនភៀសខ្លួន ជម្លោះព្រំដែន និងប្រវត្តិសាស្រ្តបុរាណ។ ហេតុផលទាំងនេះក៏ជាកត្តាដែរជំរុញឱ្យវៀតណាមទៅចងសម្ព័ន្ធភាពជាមួយសហភាពសូវៀតផងដែរ។ ក៏ប៉ុន្តែបើយើងងាកមកមើលបច្ចុប្បន្នចាប់ពីឆ្នាំ ១៩៩១ មកទំនាក់ទំនងចិននិងវៀតណាមហាក់មានភាពប្រសើរឡើងវិញដោយសង្កេតឃើញមានការធ្វើពាណិជ្ជកម្មជាមួយគ្នា លុះរហូតដល់ឆ្នាំ ២០១៤ ទើបចិននិងវៀតណាមមានជម្លោះជាមួយគ្នាម្តងទៀតរឿងសមុទ្រចិនខាងត្បូង។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ម៉េង លីហ័រ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ