តើអ្វីទៅជា Swiftonomic?
Swiftonomics ឬ Taylornomics ត្រូវបានគេប្រៀបបានថាជា អំណាចទន់ ឬ Soft power តាមរយៈតន្ត្រី របស់តារាចម្រៀងលំដាប់ពិភពលោកសញ្ជាតិអាមេរិកវ័យ ៣៤ ឆ្នាំ Taylor Swift ដែលមិនត្រឹមតែបំបែកកំណត់ត្រា ឧស្សាហកម្មតន្ត្រីជាមួយនឹងការប្រគំតន្ត្រីទេសចរណ៍ជាសកលរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជះឥទ្ធិពល ជំរុញដល់ការកើនឡើងនៃសន្ទុះសេដ្ឋកិច្ចដល់ប្រទេសដែលជាម្ចាស់ផ្ទះសម្រាប់ការប្រគុំតន្ត្រីរបស់ Taylor Swift ហើយ The Eras Tour ត្រូវបានគេចាត់ទុកថាជា ចំណុចចាប់ផ្តើមនៃសន្ទុះសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកជាពិសេសនៅ ក្នុងសហរដ្ឋអាមេរិក។
The Eras Tour
ក្រុមហ៊ុនលក់សំបុត្រធំៗដូចជា Ticketmaster និង Seat Geek បានភ្ញាក់ផ្អើលនឹងតួលេខចំនួននៃសំបុត្រដែល បានលក់អស់គ្មានសល់ដោយប្រមូលបានប្រាក់ចំណូលចំនួន ៥៥៤ លានដុល្លារត្រឹមតែក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៣ រីឯកម្រិតពិភពលោកវិញការប្រគុំតន្រ្តីទេសចរណ៍ជាសកល នេះរកចំណូលបានពីការលក់សំបុត្រប្រមាណ ១.០៤ ពាន់លានដុល្លារ បើយោងទៅតាមទិន្នន័យរបស់គេហទំព័រ globalEDGE ។
The Eras Tour ត្រូវបានគេព្យាករណ៍ថានឹងអាចបង្កើតចំណូលបាន ៥ ពាន់លានដុល្លារនេះបើយោងតាមទិន្ន ន័យពី QuestionPro ដែលមានទស្សនៈខ្លះលើកឡើងថាតួលេខនេះគឺខ្ពស់ជាងផលិតផលក្នុងស្រុកសរុប (GDP) នៃ ៥០ ប្រទេស។ កាលបើមានប្រគំតន្ត្រីនេះនៅរដ្ឋណាមួយរបស់សហរដ្ឋអាមេរិក រដ្ឋនោះនឹងទទួលបាននូវការ ទាក់ទាញភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកចូលរួម ធ្វើឱ្យតំបន់នោះអាចរកចំណូលបានមួយកម្រិតទៀត។ ជាក់ស្តែងការប្រគំតន្រ្តីរបស់Taylor Swift នៅទីក្រុង Denver រដ្ឋ Colorado កាលពីខែកក្កដាមិនត្រឹមតែបានបង្កើនGDP របស់រដ្ឋចំនួន ១៤០ លានដុល្លារ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវការចំណាយផ្ទាល់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទៅ ២០១ លានដុល្លារ នេះបើយោងតាមវិទ្យាស្ថាន Common Sense ។ ការប្រគុំតន្ត្រីរបស់ Taylor Swift នៅទីក្រុង Pittsburgh រដ្ឋ Pennsylvania ក៏បានបន្ថែមចំណូលចំនួន ៤៦ លានដុល្លារ ដល់សេដ្ឋកិច្ចក្នុង ស្រុកកាលពីខែមិថុនាផងដែរ នេះបើយោងតាមទិន្នន័យពី QuestionPro ។
មូលហេតុនៅពីក្រោយនៃភាពល្បីល្បាញការប្រគំតន្ត្រី The Eras Tour
ក្រៅពីជំរុញដល់សេដ្ឋកិច្ច អាជីវកម្មក្នុងស្រុក និងទេសចរណ៍ ឥទ្ធិពលលើបណ្តាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វ ផ្សាយសង្គម ក៏ដូចជាទទួលបានការសរសើរពីរដ្ឋាភិបាល និងអង្គការនានា ការប្រគំតន្ត្រី “The Eras Tour” របស់ Taylor Swift គឺជាការប្រគំតន្ត្រីមួយដែលប្លែកខុសពីគេតាមរយះការទេពកោសល្យស្នាដៃនិពន្ធបទចម្រៀងដោយខ្លួនឯង ដែលពិសេសនោះគឺការសម្តែងលើឆាករហូតទៅដល់ ៤៥ បទក្នុងមួយការប្រគំតន្ត្រីនិមួយៗ ដែលគ្រប់ បទ ចម្រៀងទាំងអស់គឺសុទ្ធសឹងតែមានអត្ថន័យពិរោះ និងចាក់ដោតដល់ក្រអៅបេះដូងអ្នកគាំទ្រ។ លើសពីនេះទៅ ទៀតគឺការបង្កើតនូវវប្បធម៌ផ្លាស់ប្តូរ ខ្សែដៃមិត្តភាព (Friendship Bracelet) របស់អ្នកចូលរួម និងការតុបតែង ខ្លួនប្លែកៗពីគ្នា ដែលអាចយកបាននូវបេះដូងទឹកចិត្តអ្នកគាំទ្រគ្រប់វ័យនិងនៅបណ្តាប្រទេសផ្សេងៗលើពិភពលោក។
ឥទ្ធិពល Swiftonomic នៅបណ្តាប្រទេសផ្សេងៗ
ក្រៅពីជំរុញដល់ការកើនឡើងសន្ទស្សន៍នៃសេដ្ឋកិច្ចក្នុងស្រុក បើងាកទៅមើលប្រទេសដទៃទៀត តួយ៉ាងគឺក្នុង អាស៊ីតែម្តង នោះគឺប្រទេសជប៉ុនកាលពីខែកុម្ភះ ឆ្នាំ២០២៤ កន្លងទៅនេះ ដែលបព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ The Eras Tour បានទៅដល់ដែនដីនៃទីក្រុងតូក្យូនិងបានប្រមូលអ្នកគាំទ្រចូលរួមពេញពហុកីឡាដ្ឋាន រហូតមាន អ្នកជំនាញបានអះអាងថាការប្រគំតន្រ្តីនេះបានជះឥទ្ធិពលខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បើយោងតាម របាយការណ៍របស់ CNN។ ការប្រគុំតន្ត្រីរបស់ Taylor Swift នេះត្រូវបានគេព្យាករណ៍ថារកចំណូលបានប្រមាណ ៣៤.១ ពាន់លានយ៉េន (ស្មើនឹងប្រមាណ ២២៩.៦ លានដុល្លារអាមេរិក) នេះបើយោងតាមលោក Mitsumasa Etou អ្នកនាំពាក្យនៃវេទិកាស្រាវជ្រាវ Economic Effects NET និងជាសាស្ត្រាចារ្យក្រៅម៉ោងនៅសាកលវិទ្យាល័យ Tokyo City នេះបើយោងតាមរបាយការណ៍របស់ CNN ។
នៅពីក្រោយសន្ទុះកើនឡើងនៃសេដ្ឋកិច្ចរបស់ប្រទេស សិង្ហបុរី
“One right move and you win”
ការប្រគុំតន្ត្រីទេសចរណ៍ The Eras Tour របស់តារាចម្រៀងកំពូល Taylor Swift បានឈានជើងលើកដំបូងនៅ ក្នុងអាស៊ីអាគ្នេយ៍ ដែលប្រទេសសិង្ហបុរីជាម្ចាស់ផ្ទះដំបូងគេ និងជាទីសំចតតែមួយគត់ផងដែរនៅក្នុងតំបន់ក្រោយ ការសម្រេចបាននូវកិច្ចព្រមព្រៀងផ្តាច់មុខរវាងរដ្ឋាភិបាលសិង្ហបុរីនិងតារាចម្រៀង Taylor Swift។ ការប្រគុំតន្ត្រីនេះ ធ្វើឡើងចំនួន ៦ ថ្ងៃចាប់ពីថ្ងៃទី ២ ដល់ ៩ មិនា ២០២៤ នៅពហុកីឡាដ្ឋានជាតិសិង្ហបុរី។ ព្រឹត្តិការណ៍ប្រគំតន្ត្រី មួយនេះបានប្រមូលផ្តុំអ្នកចូលរួមពីបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់ ដែលធ្វើឱ្យសំបុត្រលក់អស់គ្មានសល់ជាង ៣ សែនសំបុត្រ សរុបជាទឹកប្រាក់ចំណូលទទួលបានប្រមាណ ៧៥.២ លានដុល្លាសិង្ហបុរី។
កាសែត CNA បានរាយការណ៍ថាបើយោងតាមការស្ទង់មតិជាមធ្យមរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ផលិត ផលក្នុងស្រុកសរុបរបស់ប្រទេសសិង្ហាបុរីត្រូវបានព្យាករណ៍ថានឹងកើនឡើង ២,៩% ក្នុងរយៈពេល បីខែ ដំបូងក្នុង ឆ្នាំ ២០២៤ នេះ ដែលជាកម្រិតមួយលឿនបំផុតក្នុងរយៈពេល ៦ ត្រីមាស។ សេដ្ឋវិទូនៃធនាគារ DBS លោក Chua Han Teng បានប្រាប់កាសែត CNA កាលពីថ្ងៃច័ន្ទថា ការប្រគុំតន្ត្រីនេះត្រូវបានប៉ាន់ប្រមាណថានឹងបន្ថែម ទឹកប្រាក់ប្រហែលពី ៣០០លានដុល្លារសិង្ហបុរី (២២៥លានដុល្លារអាមេរិក) ទៅ ៤០០លានដុល្លារសិង្ហបុរី ឬ ០,២ភាគរយនៃ ផ.ស.ស ដល់សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីក្នុងត្រីមាសទីមួយ។ យោងតាមទិន្នន័យពីគេហទំព័រ ទេសចរណ៍ Trip.com រាយការណ៍ថាការបញ្ជាកក់ទាក់ទងនឹងការធ្វើដំណើរនិងទីកន្លែងស្នាក់នៅក្នុងប្រទេស សិង្ហបុរីចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែមីនា ដែលជារយៈពេលនៃការប្រគុំតន្ត្រីគឺ ២៧៥% ខ្ពស់ជាងចំនួនសម្រាប់ ថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែមីនា ដែលជារយៈពេលស្រដៀងគ្នានៃរយៈពេលពីរសប្តាហ៍ក្រោយមក។ សម្រាប់ថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែមីនា ការកក់ជើងហោះហើរក្នុងប្រទេសសិង្ហបុរីកើនឡើង ១៨៦% ហើយការកក់សណ្ឋាគារមាន ៤៦២% ខ្ពស់ជាងសម្រាប់រយៈពេល ១៥ ដល់ ២៣ ខែមីនា។ ការប្រគុំតន្រ្តីរបស់ Taylor Swift ផ្តល់អត្ថប្រយោជន៍ ដល់វិស័យបដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈរបស់ប្រទេសសិង្ហបុរី ក៏ដូចជាវិស័យលក់រាយផងដែរ។ ព្រឹត្តិការណ៍ ប្រគំតន្ត្រីនេះបានផ្តល់អត្ថប្រយោជន៍ដល់វិស័យបដិសណ្ឋារកិច្ច អាហារនិងភេសជ្ជៈរបស់ប្រទេសសិង្ហបុរីក៏ដូចជា ជំរុញបន្ថែមមួយកម្រិតទៀតទៅដល់អាជីវកម្មខ្នាតតូចធំនៅក្នុងប្រទេស។
នៅក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ៥ ខែមិនា កន្លងទៅនេះ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) បាននិយាយថា “ការរៀបចំឱ្យ Taylor Swift ទៅសម្តែងនៅប្រទេសសិង្ហបុរីបានក្លាយទៅជាជោគជ័យដ៏ខ្លាំងមួយ។” ។ សិង្ហបុរីបានការពារយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការផ្តល់ថវិកាលើកទឹកចិត្តដើម្បីធានាទទួលបានការប្រគុំតន្ត្រីផ្តាច់មុខរបស់ Taylor Swift នៅក្នុងតំបន់អាស៊ី អាគ្នេយ៍ ដោយនិយាយថា អត្ថប្រយោជន៍សេដ្ឋកិច្ចសិង្ហបុរីនៃការធ្វើដូច្នេះលើសពីការចំណាយដែលខ្លួនផ្ដល់ឲ្យ Taylor Swift ហើយបន្ថែមថា វាគឺជាជម្រើសរបស់ Taylor Swift ដែលជ្រើសចង់សម្តែងនៅសិង្ហបុរី ។ នេះជាការ សម្រេចចិត្តនិងយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏ឈ្លាសវៃមួយរបស់ប្រទេសសិង្ហបុរីដែលប្រទេសផ្សេងៗក្នុងតំបន់គួរតែរៀនសូត្រតាម។