កាលពីថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៥ថ្មីៗកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំបានធ្វើការប្រកាសថា សហរដ្ឋអាមេរិកនឹងធ្វើការកាន់កាប់តំបន់ហ្កាហ្សា ក្រោយពេលដែលបញ្ជូនជនជាតិប៉ាឡេស្ទីនចេញពីតំបន់នោះអស់ទៅ ហើយអាមេរិកនឹងធ្វើប្រតិបត្តិការក្រោមផែនការវិសាមញ្ញមួយ ដោយលោកដូណាល់ត្រាំអះអាងថា លោកនឹងប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់ រីវើរ៉ានៃមជ្ឈិមបូពា៍ (the Rivera of the Middle East)។
1. ប្រវត្តិនៃបញ្ហានៅតំបន់ហ្កាហ្សា
ដើមឡើយ តំបន់ហ្កាហ្សាត្រូវបានគ្រប់គ្រងដោយប្រទេសអេហ្ស៊ីបអស់រយៈពេល១៩ឆ្នាំ បន្ទាប់មក នៅឆ្នាំ១៩៦៧ អ៊ីស្រាអែលបានគ្រប់គ្រងតំបន់នេះវិញក្រោយសង្គ្រាមប្រាំមួយថ្ងៃ (Six Days War) ទៅលើអេហ្ស៊ីប។ តំបន់ហ្កាហ្សា គឺជាចំណែកដីតូចមួយដែលមានទីតាំងស្ថិតនៅជាប់សមុទ្រមេឌីទែរ៉ាណេជាប់ព្រំប្រទល់ខាងត្បូងនៃប្រទេសអេហ្ស៊ីប ហើយបើយោងទៅតាមប្រភព Council on Foreign Relations តំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីនពាក់កណ្តាលស្វយ័តតាំងពីឆ្នាំ១៩៩៣ មក។ បក្សពួកនិយមក្នុងចំណោមជនជាតិប៉ាឡេស្ទីនក៏បានផ្ទុះឡើងនៅពេលដែលក្រុមហាម៉ាស (Hamas) ឈ្នះការបោះឆ្នោតសភារបស់អាជ្ញាធរប៉ាឡេស្ទីនក្នុងឆ្នាំ២០០៦ ដោយទម្លាក់គណបក្សឈរជើងចាស់ (Fatah)។ នេះបានផ្តល់ឱកាសបើកផ្លូវឱ្យក្រុមហាម៉ាស ដែលជាចលនានយោបាយ និងសកម្មប្រយុទ្ធបានបំផុសគំនិត “បងប្អូនមូស្លីមប៉ាឡេស្ទីន (Palestine Muslim Brotherhood)” ដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សា។
នៅខែតុលា ឆ្នាំ២០២៣ សង្គ្រាមផ្ទុះឡើងដំបូងរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដែលពេលនោះក្រុមហាម៉ាសបានធ្វើការបើកការវាយប្រហារដ៏សាហាវរបស់ខ្លួនទៅលើអ៊ីស្រាអែលក្នុងគោលបំណងបំផុសបំផុលជម្រុញឱ្យកងកម្លាំងការពារអ៊ីស្រាអែល (Israel Defense Forces – IDF) ធ្វើយុទ្ធនាការអាកាស និងប្រតិបត្តិការវាយប្រហារមកវិញលើទឹកដីក្នុងតំបន់ហ្កាហ្សា។ យោងទៅតាមប្រភពព័ត៌មាននៃតំបន់មជ្ឈិមបូពា៍ Al Jazeera បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥កន្លងទៅ សហរដ្ឋអាមេរិករួមជាមួយប្រទេសអេហ្ស៊ីប និងកាតាបានប្រកាសថាពួកគេបានសម្របសម្រួលបញ្ឈប់ការបាញ់បោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដើម្បីបញ្ចប់ការប្រយុទ្ធនៅតំបន់ហ្កាហ្សាអស់រយៈពេល១៨ខែកន្លងទៅនេះ។ សំណើនេះបានអនុម័តជាផ្លូវការដោយរដ្ឋាភិបាលអ៊ីស្រាអែល និងកំពុងតែរង់ចាំការធ្វើប្រតិបត្តិការបន្ថែមដើម្បីទទួលបានការបញ្ចប់សង្គ្រាមដោយជោគជ័យពេញលេញ។
2. តើការកាន់កាប់តំបន់ហ្កាហ្សាអាចនាំប្រយោជន៍អ្វីខ្លះដល់អាមេរិក?
នៅក្នុងការថ្លែងសន្ទរកថារបស់ លោក ដូណាល់ត្រាំ នៅសេតវិមានកាលពីថ្ងៃទី៤ ខែកម្ភៈ បានលើកឡើងថា នៅក្នុងផែនការអភិវឌ្ឍឡើងវិញនៅតំបន់ហ្កាហ្សានេះ អាមេរិកនឹងទៅកាន់កាប់តំបន់នេះក្នុងរយៈពេលវែង ហើយក៏បានបញ្ជាក់ដែរថាលោកទទួលបានការគាំទ្រយ៉ាងច្រើនទៅលើគំនិតមួយនេះ។ យោងទៅតាមប្រភពព័ត៌មាន BBC គម្រោងការកាន់កាប់លើតំបន់ហ្កាហ្សានេះតម្រូវឱ្យមានការគិតគូរយ៉ាងម៉ត់ចត់ ដោយហេតុថាតំបន់ហ្កាហ្សាត្រូវធ្វើការកសាងឡើងវិញ ដែលគិតតាំងពីការសាងសង់ និងជួសជុលនូវប្រព័ន្ធផ្លូវទឹក និងខ្សែភ្លើង ក៏ដូចជាការសាងសង់ឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ សាលារៀន មន្ទីពេទ្យជាដើម។ ស្របពេលគ្នានេះដែរ ក្នុងករណីអវត្តមានរបស់ជនជាតិប៉ាឡេស្ទីន និងក្រុមជនភៀសខ្លួនដែលរស់នៅក្នុងតំបន់ហ្កាហ្សា វាគឺជាឱកាសដ៏ល្អក្នុងការប្រែក្លាយតំបន់នោះឱ្យទៅជាតំបន់ រីលើរ៉ាមិជ្ឈិមបូពា៍ដ៏ល្អឥតខ្ចោះដោយតំបន់ហ្កាហ្សានេះនឹងផ្ដល់ឱកាសការងារថ្មីៗជាច្រើន ព្រមទាំងឱកាសវិនិយោគ និងកន្លែងសម្រាប់ប្រជាជនទូទាំងពិភពលោកអាចរស់នៅបាន ហើយអាមេរិកក៏អាចទទួលបានផលចំណេញច្រើនក្នុងខណៈនោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាឱកាសមួយដែលអាចឱ្យអាមេរិកពង្រីកការធ្វើជំនួញពាណិជ្ជកម្ម និងបង្កើនដៃគូសហការផ្នែកសេដ្ឋកិច្ច ហើយវាថែមទាំងជាឱកាសមួយដែលអាចឱ្យអាមេរិកពង្រីកសក្ដានុពលនៃឥទ្ធិពលផ្នែកនយោបាយភូមិសាស្ត្ររបស់ខ្លួននៅតំបន់មជ្ឈិមបូពា៍តាមរយៈការពង្រឹងទំនាក់ទំនងជាមួយប្រទេសផ្សេងៗក្នុងតំបន់។
3. តើតំបន់ហ្កាហ្សាអាចក្លាយជាផ្នែកនៃប្រទេសអ៊ីស្រាអែលដែរឬទេនៅពេលអនាគត?
យោងទៅតាមអត្ថបទលោក ភល អាដាម (Paul Adam) ដែលបានចេញផ្សាយដោយ BBC បានលើកឡើងថា លោក ដូណាល់ត្រាំ មានបំណងបញ្ជូនជនជាតិប៉ាឡេស្ទីនចេញពីទឺកដីក្នុងអំឡុងពេលធ្វើការសាងសង់ឡើងវិញនៅតំបន់ហ្កាហ្សា។ លោក ដូណាល់ត្រាំ បានធ្វើការជំរុញ និងដាក់សម្ពាធមេដឹកនាំប្រទេសក្នុងតំបន់ដូចជាប្រទេសអេហ្ស៊ីប និងហ្ស៊កដានី (Jordan) ឱ្យទទួលយកប្រជាជនប្រមាណ ២,២លាននាក់ពីតំបន់ហ្កាហ្សា ដោយធ្វើការគំរាមកំហែងថានឹងផ្ដាច់ជំនួយប្រសិនពួកគេបដិសេដ។ ស្របនឹងក្ដីស្រម៉ៃរបស់អ្នកនយោបាយអ៊ីស្រាអែលភាគច្រើនដែលចង់បានតំបន់ហ្កាហ្សាជាយូរមកហើយនោះ គំនិតផែនការនៃការសាងសង់ឡើងវិញរបស់អាមរិកមួយនេះបានបើកឱកាសឱ្យពួកគេផ្ដល់គាំទ្រយ៉ាងពេញទំហឹង។ គួរបញ្ជាក់ផងដែរថា បើយោងទៅតាមប្រភពព័ត៌មាន Al Jazeera កាលពីពេលដែលភ្លើងសង្គ្រាមចាប់ផ្ដើមលើទឹកដីហ្គាហ្សា គេឃើញមានឯកសារបែកធ្លាយពីក្រសួងស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែលដែលបានស្នើឱ្យមានការផ្លាស់ទីជនជាតិប៉ាឡេស្ទីនពីទឹកដីហ្គាហ្សាឱ្យចូលទៅរស់នៅវាលខ្សាច់ Sinai របស់អេហ្ស៊ីបវិញ។ ទោះបីជាលោក Netanyahu ដែលជានាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីស្រអែលបានព្យាយាមកាត់បន្ថយការរីករាលដាលនៃគំនិតនេះជាសាធារណៈ ដោយហេតុថាការសម្អាតជនជាតិភាគតិចគឺជាការប្រឆាំងនឹងច្បាប់អន្តរជាតិ ប៉ុន្តែអ្នកគាំទ្ររបស់គាត់ រួមទាំងរដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលនៅតែបន្តជំរុញគំនិតនេះ។ ហើយបន្ទាប់ពីការប្រកាសរបស់លោកត្រាំ ថានឹងកាន់កាប់តំបន់ហ្កាហ្សានេះ ក្រុមអ្នកនយោបាយនៅអ៊ីស្រាអែលបានបង្ហាញការស្វាគមន៍នូវគំនិតនេះជាខ្លាំង។