"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ តើសង្រ្គាមត្រជាក់បានបន្តកំណត់ពិភពលោកបច្ចុប្បន្នយ៉ាងដូចម្ដេចខ្លះ?

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ទ្រី សៀវអេង

បន្ទាប់ពីសង្រ្គាមលោកលើកទី២បានបញ្ចប់ សង្រ្គាមត្រជាក់បានចាប់ផ្ដើមឡើងរវាងមហាអំណាច២ គឺសហរដ្ឋអាមេរិក និងសហភាពសូវៀត។ សង្រ្គាមនេះបង្កើតឱ្យមានជាប្លុកពីរ គឺប្លុកខាងកើតដែលមានសហភាពសូវៀត និង សម្ព័ន្ធមិត្តអឺរ៉ុបខាងកើត និងប្លុកខាងលិចដែលមានសហរដ្ឋអាមេរិក សមាជិកណាតូ និងប្រទេសមួយចំនួនទៀត។ សង្រ្គាមត្រជាក់ជាសង្គ្រាមនៃការប្រកួតប្រជែងផ្នែកមនោគមន៍វិជ្ជា សេដ្ឋកិច្ច នយោបាយ សព្វាវុធរួមមានអាវុធនុយក្លេអ៊ែរ ព្រមទាំងឈានដល់ការប្រកួតប្រជែងនៅទីអវកាសថែមទៀតផង។ នៅឆ្នាំ១៩៨៩ ដល់ ១៩៩១ ជញ្ជាំងក្រុងប៊ែងឡាំងត្រូវបានដួលរលំ ស្របពេលដែលបណ្ដាប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួនចាប់ផ្ដើមធ្វើបដិវត្តន៍ផ្ដាច់ខ្លួនចេញពីសហសូវៀត គួបផ្សំនឹងអស្ថិរភាពសេដ្ឋកិច្ចរបស់សហភាពសូវៀត ដែលបានធ្វើការចំណាយច្រើនលើសលប់ទៅលើសម្ព័ន្ធមិត្ត ដែលជាបច្ច័យនាំទៅរកការដួលរលំរបស់សហភាពសូវៀត។ ជាលទ្ធផល ការបញ្ចប់ទៅនៃសង្រ្គាមត្រជាក់បានផ្ដល់ទាំងផលវិជ្ជមាន និងអវិជ្ជមានជះឥទ្ធិពលដល់ពិភពលោកទាំងមូលទាំង ដូចខាងក្រោម៖

ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ

ចាប់តាំងពីសង្គ្រាមត្រជាក់ រហូតមកដល់បច្ចុប្បន្ន ប្រទេសនីមួយៗបានខិតខំក្នុងការអភិវឌ្ឍបច្ចេកវិទ្យារៀង      ខ្លួន។ តួយ៉ាងនៅឆ្នាំ១៩៥៧ សហភាពសូវៀតបានជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនឈ្មោះថា “Sputnik” ទៅកាន់ទីអវកាស ហើយភាពជោគជ័យនេះ បានដាក់សម្ពាធឱ្យសហរដ្ឋអាមេរិកខិតខំអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួន ហើយនៅឆ្នាំ១៩៥៨ សហរដ្ឋអាមេរិកបានជោគជ័យក្នុងបង្ហោះផ្កាយរណបរបស់ខ្លួនផងដែរ។ ក្រៅពីការប្រកួតប្រជែងលើទីអវកាសនេះ តួយ៉ាងការប្រកួតប្រជែងជាច្រើនដូចជាប្រព័ន្ធកុំព្យូទ័រ ផ្កាយរណបក្នុងការស៊ើបយកការណ៍ជាដើម។  ជាលទ្ធផលនៃការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យានេះ បច្ចុប្បន្នប្រទេសមហាអំណាចដូចជាចិន សហរដ្ឋអាមេរិក ជប៉ុន និងអឺរ៉ុបជាដើមបានចំណាយថវិកាយ៉ាងច្រើនក្នុងការផលិតនូវឧបករណ៍បច្ចេកវិទ្យាដូចជាទូរស័ព្ទដៃ គ្រឿងអេឡិចត្រូនិច រថយន្តទំនើបគ្មានមនុស្សបើក សឺមីកុងឌុចទ័រ (Semiconductor) ប្រព័ន្ធអ៊ីនធឺណេត បញ្ញាសប្បនិមិ្មត្ត និងការបង្ហោះផ្កាយរណបលើអវកាសជាដើមដែលវាមានសារៈសំខាន់ណាស់ក្នុងជីវិតមនុស្សជាតិបច្ចុប្បន្ន។

ស្ថាប័នអន្តរជាតិសំខាន់ៗ

ស្ថាប័នអន្តរជាតិមួយចំនួនបានចាប់បដិសន្ធិឡើងកំឡុងពេលសង្រ្គាមត្រជាក់ ដោយឃើញស្ថានភាពបែកបាក់គ្នារបស់ប្រជាជាតិ និងការស្វែងរកសម្ព័នភាពនៃរដ្ឋសម្ព័ន្ធមិត្ត។ នៅឆ្នាំ១៩៤៩ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) ត្រូវបានបង្កើតឡើង និងចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និង១១ប្រទេសផ្សេងទៀត ក្នុងគោលបំណងទប់ស្តាត់ការពង្រីកឥទ្ធិពលរបស់សហភាពសូវៀត ការហាមឃាត់ការងើបឡើងវិញនៃរបបយោធានិយមនៃអឺរ៉ុប និងលើកទឹកចិត្តការធ្វើសមាហរណកម្មនយោបាយនៅអឺរ៉ុប។ ដូចគ្នានេះដែរ ចាប់តាំងពីសង្រ្គាមលោកលើកទី២មក តំបន់អាស៊ានក្លាយជាទីកន្លែងប្រកួតប្រជែងគ្នារវាងមហាអំណាចទាំង២រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត បន្ទាប់ពីតំបន់អឺរ៉ុប ហេតុនេះ ដើម្បីស្ថិរភាពក្នុងតំបន់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ានត្រូវបានបង្កើតឡើងមានប្រាំប្រទេសរួមមានថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីននៅឆ្នាំ១៩៦៧ ដែលបច្ចុប្បន្ន សមាគមនេះមានសមាជិក១០ប្រទេស​។

ការប្រកួតប្រជែងសព្វាវុធ

ចាប់តាំងពីសម័យសង្គ្រាមត្រជាក់រហូតមកបច្ចុប្បន្ននេះ ការផលិតសព្វាវុធ ជាពិសេសអាវុធនុយក្លេអ៊ែរបានក្លាយជាចំណុចចាប់ផ្ដើមនៃការប្រកួតប្រជែងសព្វាវុធ។ ប៉ុន្ដែការផលិតអាវុធនុយក្លេអ៊ែរនេះ បានធ្វើឱ្យមានហានិភ័យកើតឡើងក្នុងការគ្រប់គ្រង​ និងការប្រើប្រាស់មិនត្រឹមត្រូវក្នុងជម្លោះថែមទៀតផង។ នៅឆ្នាំ១៩៤៩ សហភាពសូវៀតបានជោគជ័យក្នុងការសាកល្បងអាវុធនុយក្លេអ៊ែរ ដែលធ្វើឱ្យសហរដ្ឋអាមេរិកលែងជាមហាអំណាចនុយក្លេអ៊ែរតែម្នាក់ឯងលើពិភពលោកទៀតហើយ។ ហេតុនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តខ្លួនបានជំរុញបន្ថែមទៀតលើការអភិវឌ្ឍសព្វាវុធ និងសាកល្បងអាវុធជាច្រើន ដែលនាំទៅរកការរីកចម្រើនផ្នែកសព្វាវុធយ៉ាងសម្បើម ហើយបន្សល់ទុករហូតមកដល់ពេលបច្ចុប្បន្ននេះ។ ដោយសារសង្គ្រាមត្រជាក់នេះហើយ ទើបបច្ចុប្បន្នប្រទេសមួយចំនួនចាប់ផ្ដើមផលិតសព្វាវុធដែលមានប្រសិទ្ធភាពខ្លាំង និងកាន់តែទំនើប តួយ៉ាងការអភិវឌ្ឍផ្នែកបច្ចេកវិជ្ជា និងសព្វាវុធដូចជាមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ មីស៊ីលលឿនជាងសំឡេង (hypersonic missiles) និងអាវុធទំនើបៗជាច្រើនទៀត។ សព្វថ្ងៃ សហរដ្ឋអាមេរិក ចិន និងរុស្សីបានចំណាយថវិកាជាតិរបស់ខ្លួនក្នុងវិស័យការពារជាតិរបស់ខ្លួន ដែលការចំណាយនេះរួមមានការចំណាយទៅលើកងទ័ព ការប្រតិបត្តិការសឹក សព្វាវុធ ហេដ្ឋារចនាសម្ព័ន្ធយោធាជាដើម។

សង្គ្រាមស៊ីវិល

ជម្លោះរបស់មហាអំណាចទាំង២នេះ បានធ្វើប្រទេសមួយចំនួនធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល។ ជាក់ស្ដែងសង្រ្គាមនៅឧបទ្វីបកូរ៉េ, សង្រ្គាមវៀតណាមដែលមានវៀតណាមខាងជើងដឹកនាំដោយកុម្មុយនិស្ដ និងវៀតណាមខាងត្បូងដែលដឹកនាំដោយសហរដ្ឋអាមេរិក, សង្រ្គាមនៅគុយបាយ, និងសង្រ្គាមនៅប្រទេសឈីលីជាដើម។ ជាផលវិបាក សង្រ្គាមបានធ្វើឱ្យជនស៊ីវិលរាប់លាននាក់ត្រូវបាត់បង់ជីវិត និងប្រទេសទាំងមូលត្រូវខូចខាតហេដ្ឋារចនាសម្ព័ន្ធស្ទើតែទាំងស្រុង។​ មិនតែប៉ុណ្ណោះ​ មនោគមន៍វិជ្ជានៃប្រទេសទាំងមហាអំណាចទាំង២នេះបានបណ្ដុះឱ្យប្រជាជនក្នុងប្រទេសនីមួយៗនូវមនោគមន៍វិជ្ជាចងគំនុំនិងស្អប់គ្នាទៅវិញទៅមករហូតឈានដល់ការកាប់សម្លាប់គ្នាឯង។​ ជាក់ស្ដែង ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិល ដែលធ្វើឱ្យមនុស្សស្លាប់រាប់លាននាក់។ នៅប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧០ ទម្លាក់សម្ដេចនរោត្តម សីហនុ និងបង្កើតរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់សេរីមតៈក្រោមការជួយឧបត្ថម្ភពីសហរដ្ឋអាមេរិក, សង្រ្គាមស៊ីវិលចាប់ផ្ដើមផ្ទុះឡើងដោយម្ខាងជារដ្ឋាភិបាលថ្មីនៃសាធារណៈរដ្ឋខ្មែរ និងម្ខាងទៀតជារណសិរ្យរួបរួមជាតិកម្ពុជាដែលបង្កើតឡើងដោយការអំពាវនាវរបស់សម្ដេចនរោត្តម សីហនុ។ ​ងាកទៅឧបទ្វីបកូរ៉េវិញ, បច្ចុប្បន្ន ជម្លោះរវាងកូរ៉េទាំងពីរមិនទាន់ជាសះស្បើយនៅឡើយនោះទេ ដែលជានិច្ចជាកាល កូរ៉េខាងជើងបានសាកល្បងមីស៊ីល និងអាវុធថ្មីៗរបស់ខ្លួនដើម្បីគំរាមកំហែងកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត។ ចំណែកឯប្រទេសកូរ៉េខាងត្បូងវិញ ប្រជាជនមួយចំនួនបានខិតខំឃោសនាដល់ប្រជាជនកូរ៉េខាងជើងឱ្យងើបឡើងបះបោរនឹងរដ្ឋអំណាចផ្ដាច់ការរបស់ខ្លួន។ ជារួម សង្រ្គាមត្រជាក់បានធ្វើឱ្យប្រជាជាតិទាំងមូលរងការឈឺចាប់ និងបានបន្សល់ស្លាកស្នាម ព្រមទាំងការបែកបាក់រហូតមកដល់បច្ចុប្បន្ន។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក​ ឃី​ ចន្ទក្រឹះស្នា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ