"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីប្រទេសស៊ូដង់ខាងត្បូងជាប្រទេសដែលក្រីក្របំផុតក្នុងពិភពលោក?

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ស៊ាន ស្រីការ

ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅលើពិភពលោកមានកំណើន និងការអភិវឌ្ឍយ៉ាងណាក្ដីក៏នៅមានប្រទេសមួយចំនួននៅតែតស៊ូជាមួយនឹងភាពក្រីក្រខ្លាំងដូចជាប្រទេសស៊ូដង់ខាងត្បូង (South Sudan) ដែលជា​ប្រទេសមានវ័យ​ក្មេង​ជាង​គេ​ក្នុង​ពិភពលោកនិង​ឈរ​ឈ្មោះ​ជា​ប្រទេស​ក្រីក្រ​បំផុត។ ​មានបុព្វហេតុ​​បីធំៗដែលកត្តារួមចំណែកដល់ភាពក្រីក្ររបស់ប្រទេសស៊ូដង់ខាងត្បូង និង​​​រារាំង​ប្រទេសនេះ​ពី​ការ​កសាង​អនាគត​ប្រកប​ដោយ​ស្ថិរភាព និង​ភាព​ខ្លួន​ទីពឹង​ខ្លួន។

១. ជម្លោះផ្ទៃក្នុង

ប្រទេសស៊ូដង់ខាងត្បូងបានទទួលឯករាជ្យនៅឆ្នាំ ២០១១ បន្ទាប់ពីបានបំបែកខ្លួនចេញពីស៊ូដង់ក្រោយមានជម្លោះជាច្រើនទសវត្សរ៍កន្លងមក។ យ៉ាងណាក្ដី ប្រទេសស៊ូដង់ខាងត្បូងមិនមានសមត្ថភាពក្នុងការអភិវឌ្ឍដើម្បីសន្តិភាព ប្រសិទ្ធភាពរដ្ឋាភិបាល ឬសេដ្ឋកិច្ចនោះទេ ហើយស្ថានភាពប្រទេសនេះកាន់តែដុនដាបថែមទៀតចាប់ពីមានសង្រ្គាមស៊ីវិលផ្ទុះឡើងក្នុងឆ្នាំ ២០១៣។ ប្រធានាធិបតី Salva Kiir បានចោទប្រកាន់អនុប្រធានាធិបតីរបស់គាត់គឺលោក Riek Machar ពីការព្យាយាមដណ្តើមអំណាចរបស់គាត់ ដែលនាំឱ្យមានសង្គ្រាមស៊ីវិលកើតឡើង។ សង្គ្រាម​នេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងដោយ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ស្លាប់ និង​ ជាង ៤ លាន​នាក់​ត្រូវ​បង្ខំ​ចិត្ត​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង។ ជាងនេះទៅទៀត ទីប្រជុំជន និងភូមិត្រូវបានបំផ្លាញ ហើយសាលារៀន មន្ទីរពេទ្យ និងផ្លូវថ្នល់ត្រូវបានទុកចោល ដោយសារមេដឹកនាំផ្តោតទៅលើសង្រ្គាមជាជាងការកសាងប្រទេស។ សូម្បីតែបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពហើយក៏ដោយ សង្គ្រាមស៊ីវិលមិនបានបញ្ឈប់ទាំងស្រុងនោះទេ។ រដ្ឋាភិបាលមានភាពទន់ខ្សោយ និងមិនមានសមត្ថភាពក្នុងការកសាងសន្តិភាព ការពារប្រជាជន និងផ្ដល់សេវាសាធារណៈនោះឡើយ។ ជារួម នេះជាហេតុផលដ៏ធំមួយដែលធ្វើឱ្យស៊ូដង់ខាងត្បូងនៅតែក្រីក្រខ្លាំងនាពេលបច្ចុប្បន្ននេះ ព្រោះថា បើគ្មានសន្តិភាព វាក៏មិនមានការអភិវឌ្ឍដែរ។

២. បញ្ហាពុករលួយ

មូលហេតុចម្បងមួយទៀតនៃភាពក្រីក្រនៅស៊ូដង់ខាងត្បូងគឺអំពើពុករលួយដែលមាននៅគ្រប់កម្រិតនៃរដ្ឋាភិបាល។ នៅក្នុងសន្ទស្សន៍នៃអំពើពុករលួយឆ្នាំ ២០២៤ បានបង្ហាញថាប្រទេសស៊ូដង់ខាងត្បូងទទួលបានពិន្ទុត្រឹមតែ ៨ ក្នុងចំណោម ១០០ និងជាប់ចំណាត់ថ្នាក់ទី ១៨០ ក្នុងចំណោម ១៨០ ប្រទេសតែម្ដង ដែលនេះបង្ហាញថាប្រទេសស៊ូដង់ខាងត្បូងមានបញ្ហាពុករលួយយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្ដែង ទ្រព្យសម្បត្តិរបស់ប្រទេសនេះមិនត្រូវបានគេប្រើសម្រាប់ជួយប្រជាជន ខ្លួននោះទេ តែផ្ទុយទៅវិញ ភាគច្រើនត្រូវបានគ្រប់គ្រងដោយភាពមិនត្រឹមត្រូវ។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ និងអង្គការតម្លាភាពអន្តរជាតិ មេដឹកនាំស៊ូដង់ខាងត្បូងបានបង្វែរប្រាក់រាប់លានដុល្លារសម្រាប់សេវាសាធារណៈទៅក្នុងហោប៉ៅរបស់ពួកគេ។ នេះមានន័យថា លុយដែលគួរប្រើសម្រាប់សាងសង់សាលារៀន មន្ទីរពេទ្យ មូលនិធិ ឬជួយដល់កសិករ ត្រូវបានបាត់បង់តាមរយៈការស៊ីសំណូក កិច្ចសន្យាក្លែងក្លាយ និងផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាឧទាហរណ៍ ជំនួយដែលមានបំណងសម្រាប់ការចែកចាយស្បៀងអាហារ ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធជារឿយៗបាត់មុនពេលទៅដល់សហគមន៍មូលដ្ឋានទៅទៀត។ អំពើពុករលួយប្រភេទនេះបង្កើតឱ្យប្រព័ន្ធសង្គមមានភាពទន់ខ្សោយ និងអយុត្តិធម៌ ដែលអ្នកមានកាន់តែមានទៅមាន ខណៈដែលប្រជាជនភាគច្រើនដែលខ្វះខាតសូម្បីតែតម្រូវការមូលដ្ឋានត្រូវបានទុកចោល។ ដរាបណាអំពើពុករលួយនៅតែបន្ត ភាពក្រីក្រនឹងនៅតែចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសស៊ូដង់ខាងត្បូង។

៣. ការពឹងផ្អែកខ្លាំងលើជំនួយបរទេស និងបរាជ័យនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច

មូលហេតុសំខាន់មួយទៀតនៃភាពក្រីក្ររបស់ស៊ូដង់ខាងត្បូងគឺដោយសារតែការពឹងផ្អែកខ្លាំងលើជំនួយបរទេស និងប្រេង។ ជាង ៩០% នៃប្រាក់ចំណូលរបស់រដ្ឋាភិបាលបានមកពីប្រេង ប៉ុន្តែវិស័យនេះមិនស្ថិតស្ថិរទេ ដោយសារតែសង្គ្រាមស៊ីវិលដែលងាយរំខានដល់សេដ្ឋកិច្ច ពោលគឺផលិតកម្មប្រេងត្រូវបានបិទជាញឹកញាប់ ដោយសារជម្លោះប្រដាប់អាវុធ ជម្លោះនយោបាយ និងបញ្ហាបំពង់បង្ហូរប្រេង។ ជាឧទាហរណ៍ ការប៉ះទង្គិចគ្នារវាងរដ្ឋាភិបាល និងកងកម្លាំងឧទ្ទាមនៅជិតតំបន់ប្រេងបានបង្ខំឱ្យផលិតកម្មត្រូវបញ្ឈប់។ លើសពីនេះទៀត ក្នុងឆ្នាំ ២០១២ រដ្ឋាភិបាលថែមទាំងបានបិទផលិតកម្មប្រេងទាំងអស់នៅក្នុងជម្លោះលើថ្លៃសេវាបំពង់បង្ហូរប្រេង ដែលបានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនេះ ប្រទេសធំៗដូចជា សហរដ្ឋអាមេរិក, ប្រទេសអង់គ្លេស, ប្រទេសអាល្លឺម៉ង់ ព្រមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិដូចជា WFP, UNICEF, WHO បានផ្តល់ជំនួយរាប់ពាន់លានក្នុងមួយឆ្នាំៗ ដើម្បីបំពេញតម្រូវការមូលដ្ឋានដូចជា ស្បៀងអាហារ ថ្នាំពេទ្យ និងការអប់រំជាដើម។ ប៉ុន្តែជំនួយនេះបានត្រឹមជាឈើច្រត់ មិនមែនជាស្ពានដ៏ស្ថិរភាពសម្រាប់ប្រទេសស៊ូដង់ខាងត្បូងនោះទេ ហើយយើងដឹងថាជំនួយបរទេសបានជួយប្រជាជនស៊ូដង់ខាងត្បូងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដែលអាចត្រឹមតែជួយបន្ធូរបន្ថយការខ្វះខាតជាបណ្តោះអាសន្នប៉ុណ្ណោះ។ ដោយសារតែអសមត្ថភាពរបស់រដ្ឋាភិបាលដែលបានបរាជ័យក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើតប្រព័ន្ធផ្ទៃក្នុងដ៏រឹងមាំ, ប្រទេសស៊ូដង់ខាងត្បូងមិនអាចការកសាងវិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកសម្រាប់ការអភិវឌ្ឍនោះឡើយ ហើយជាលទ្ធផល ប្រទេសនេះនៅតែបន្តជាប់គាំងនៅក្នុងវដ្តនៃការពឹងផ្អែកលើជំនួយ និងភាពក្រីក្រ។

សេចក្តីសន្និដ្ឋាន

ភាពក្រីក្ររបស់ប្រទេសស៊ូដង់ខាងត្បូង មិនមែនដោយសារតែបញ្ហាតែមួយទេ ប៉ុន្តែដោយសារតែការរួមបញ្ចូលគ្នានៃពីបញ្ហាស្មុគស្មាញ និងធ្ងន់ធ្ងរជាច្រើន។ អស្ថិរភាពនយោបាយ និងបញ្ហាពុករលួយបានធ្វើឱ្យប្រទេសចុះខ្សោយដែលមិនអាចសូម្បីតែបំពេញតម្រូវការជាមូលដ្ឋានរបស់ប្រជាជន ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែពឹងផ្អែកខ្លាំងទៅលើជំនួយពីខាងក្រៅ។ កត្តាទាំងនេះបានធ្វើឱ្យមានការបន្តជាប់គាំងក្នុងប្រទេសនេះ ដោយមានចន្លោះប្រហោងជាច្រើនក្នុងការអភិវឌ្ឍ។ លុះត្រាតែមូលហេតុឫសគល់ទាំងនេះត្រូវបានដោះស្រាយ ស៊ូដង់ខាងត្បូងនឹងនៅតែជាប់គាំងជាប្រទេសក្រីក្របំផុតរបស់ពិភពលោក។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ស្រ៊ុន លាងលីលី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ