"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ ជោគជ័យនិងបរាជ័យដំណាលគ្នារបស់កិច្ចប្រជុំ COP27

គ្រោះមហន្តរាយធម្មជាតិបណ្ដាលមកពីកត្តាបម្រែបម្រួលអាកាសធាតុ

ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ផលប៉ះពាល់បណ្ដាលមកពីបម្រែបម្រួលអាកាសធាតុកាន់តែធំធេងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។​ ជាក់ស្ដែង យោងតាមរបាយការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) បានបង្ហាញថា ក្នុងឆ្នាំ២០១៨ ប្រទេសឥណ្ឌាបានខាតបង់ប្រាក់ប្រមាណ ១៣,៨ ប៊ីលានដុល្លារអាមេរិកដោយសាររលកកំដៅ គ្រោះរាំងស្ងួត ទឹកជំនន់ និងខ្យល់ព្យុះ។ នៅឆ្នាំ២០១៩ ទឹកជំនន់ និងការបាក់ដីនៅប្រទេសចិនបានប៉ះពាល់ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចិនជាង ៦ លាននាក់ ក្នុងនោះ​ស្លាប់ ៩១ នាក់ និងខាតបង់អស់ប្រហែលជា ៣ ប៊ីលានដុល្លារអាមេរិក។ កាលពីឆ្នាំ២០១០ រុស្ស៊ីបានទទួលរងនូវរលកកំដៅកម្រិតធ្ងន់ធ្ងរ បណ្ដាលឱ្យភ្លើងឆេះព្រៃ និងមនុស្ស ៥៥.៧៣៦ នាក់បានស្លាប់​។ ថ្មីៗនេះ គ្រោះរញ្ជួយដីកម្រិត ៥,៦ រ៉ិចទ័រនៅប្រទេសឥណ្ឌូនេស៊ី បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៧២ នាក់បាត់បង់ជីវិត និងខូចខាតហេដ្ឋារចនាសម្ព័ន្ធដែលស្មើនឹងតម្លៃប្រមាណ ១២,២ ប៊ីលានដុល្លារអាមេរិក។

រីឯរបាយការណ៍របស់អង្គការអភិរក្សសត្វព្រៃពិភពលោក​ (WWF) ក៏បានបង្ហាញថា ដោយសារតែគ្រោះរាំងស្ងួត ខ្យល់ព្យុះ រលកកំដៅ ការកើនឡើងកម្រិតទឹកសមុទ្រ ការរលាយផ្ទាំងទឹកកក បានបង្កគ្រោះថ្នាក់ដល់អាយុជីវិតសត្វជាច្រើន ដោយបានបំផ្លាញកន្លែងដែលពួកវារស់នៅ និងមានផលជះអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សហគមន៍មនុស្សជាច្រើនផងដែរ។ ដោយឡែក ផ្អែកតាមរបាយការណ៍របស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុពហុជាតិរបស់អង់គ្លេស-អាមេរិក (AON) បានឱ្យដឹងថា នៅឆ្នាំ២០២១ គ្រោះមហន្តរាយធម្មជាតិមានចំនួន ៤០១ ករណី ធ្វើឱ្យពិភពលោកខាតបង់ជាសាច់ប្រាក់ចំនួន ៣៤៣ ប៊ីលានដុល្លារអាមេរិក។ បើក្រឡេកទៅមើល របាយការណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) វិញ បានរកឃើញថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិបានកើនឡើងដល់ ១,៣ ទ្រីលានដុល្លារអាមេរិក ស្មើនឹង ០,២% នៃ ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកកើនឡើងជាមធ្យមក្នុងមួយឆ្នាំ។

ការសិក្សាចងក្រង ការស្រាវជ្រាវ និងការរកឃើញនូវរាល់ទិន្នន័យខាងលើនេះ វាល្មមគ្រប់គ្រាន់ក្នុងការបញ្ជាក់ប្រាប់ពិភពលោក ជាពិសេសមេដឹកនាំបណ្ដាប្រទេសនានាថា បញ្ហាបម្រែបម្រួលអាកាសធាតុគឺមិនមែនជារឿងលេងសើច មិនមែនជារឿងប្រឌិតបោកប្រាស់ ហើយក៏មិនមែនជារឿងដែលអ្នកវិទ្យាសាស្ត្រអង្គុយតែងនិពន្ធឡើងនោះដែរ។

ទិដ្ឋភាពទូទៅនៃសន្និបាតភាគីលើកទី២៧

ព្រឹត្តិការណ៍គ្រោះធម្មជាតិដ៏កាចសាហាវដូចបានរៀបរាប់ខាងលើ បានជំរុញឱ្យអង្គការសហប្រជាជាតិបង្កើតវេទិកាជជែករកដំណោះស្រាយរវាងភាគីពាក់ព័ន្ធទាំងអស់រៀងរាល់មួយឆ្នាំម្ដង ដែលគេស្គាល់ថាជាសន្និបាតភាគី (Conference of the Parties) ចាប់តាំងពីឆ្នាំ១៩៩៥ មក។ ហើយសន្និបាតភាគីលើកទី២៧ ឬ COP27 គឺជាសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុប្រចាំឆ្នាំ២០២២ ដែលត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសអេហ្ស៊ីប ដោយមានការចូលរួមពីភាគីប្រមាណជាជិត ២០០ ប្រទេស រួមទាំងអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត។ គោលបំណងសំខាន់នៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះ គឺដើម្បីបើកកិច្ចពិភាក្សារកដំណោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុដែលពិភពលោកកំពុងប្រឈម​ រួមមានការកើនឡើងកំដៅនៃភពផែនដី គ្រោះមហន្តរាយដែលបណ្ដាលមកពីកត្តាធម្មជាតិដូចជា ខ្យល់ព្យុះ ទឹកជំនន់ រញ្ជួយដី និងគ្រោះរាំងស្ងួតជាដើម។

កិច្ចពិភាក្សាក្នុងសន្និបាតភាគីលើកទី២៧ នេះ បានផ្ដោតសំខាន់ទៅលើបញ្ហាការផ្ដួចផ្ដើមបង្កើតមូលនិធិ ឬកញ្ចប់ថវិកា សម្រាប់យកទៅចំណាយទៅលើការអនុវត្តផែនការជួយសង្គ្រោះប្រទេសក្រីក្រដែលបានរងផលប៉ះពាល់ និងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះធម្មជាតិ ជាជាងការផ្ដោតទៅលើការបង្កើតយន្តការកាត់បន្ថយឧស្ម័នកាបូនិក ដែលជាឫសគល់ចម្បងនៃបញ្ហា។ ជាក់ស្ដែង កិច្ចប្រជុំកំពូលរយៈពេលពីរសប្ដាហ៍នេះ បានគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៩ ខែវិច្ឆិកា ប៉ុន្តែត្រូវបានពន្យាដល់ថ្ងៃទី២០ ខែវិច្ឆិកា បន្ទាប់ពីការចរចាត្រូវបានជាប់គាំងជុំវិញបញ្ហាការបង្កើតមូលនិធិជួយដល់បណ្ដាប្រទេសក្រីក្រពីគ្រោះធម្មជាតិ។

ដំណើរប្រព្រឹត្តទៅនៃកិច្ចប្រជុំ

មុនថ្ងៃចាប់ផ្ដើមកិច្ចប្រជុំ បណ្ដាថ្នាក់ដឹកនាំ គណប្រតិភូ អ្នកតំណាង និងអង្គការនានាបានធ្វើដំណើរតាមជើងហោះហើររៀងៗខ្លួនឆ្ពោះទៅកាន់ទីក្រុង ហ្សាមអិលហ្សេក (Sharm el-Sheikh) ប្រទេសអេហ្ស៊ីប ជាបន្តបន្ទាប់។ កិច្ចប្រជុំបានចាប់ផ្ដើមដំណើរការទៅតាមរបៀបវារៈដែលបានរៀបចំមុនហើយស្រាប់ ជាច្រើននិងស្មុកស្មាញ គឺចាប់តាំងពីថ្ងៃទី៦ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា តែម្ដង។ ប៉ុន្តែគេអាចរៀបរាប់ជារួមបានថា កិច្ចប្រជុំសំខាន់ៗទាំងអស់រួមមាន សន្និសីទរបស់ភាគី (COP) សន្និសីទស្ដីពីពិធីសារក្យូតូ (CMP) សន្និសិទស្ដីពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស (CMA) កិច្ចប្រជុំស្ថាប័នវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (SBSTA) កិច្ចប្រជុំស្ថាប័នអនុវត្ត (SBI) និងកិច្ចប្រជុំតូចៗជាច្រើនទៀត។

អំឡុងពេលនៃកិច្ចពិភាក្សា យើងសង្កេតឃើញថាមានការចូលរួមពីសំណាក់បីភាគីសំខាន់ៗ ទីមួយគឺក្រុមប្រទេសកំពុងអភិវឌ្ឍន៍ (G77) ចំនួន ១៣៤ ប្រទេស ដឹកនាំដោយប្រទេសប៉ាគីស្ថាន ដែលជាប្រធានប្ដូរវេនប្រចាំឆ្នាំ២០២២។ ទីពីរគឺក្រុមប្រទេសលោកខាងជើង ដែលសំដៅទៅលើប្រទេសអ្នកមាន រួមមានដូចជាសហរដ្ឋអាមេរិក កាណាដា អង់គ្លេស និងបណ្ដាសមាជិកសហភាពអ៊ឺរ៉ុបជាដើម។ ចំណែកឯទីបីគឺក្រុមអង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល ជាពិសេស ចលនាមហាជនដែលស្រឡាញ់បរិស្ថាន និងខ្វាយខ្វល់អំពីបញ្ហាបម្រែបម្រួលអាកាសធាតុ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដោយអហិង្សានៅក្បែរ​តំបន់ដែលកិច្ចប្រជុំកំពូលបានប្រព្រឹត្តទៅផងដែរ។

ជោគជ័យនិងបរាជ័យ ដើរទន្ទឹមគ្នា

កន្លងផុតទៅមួយសប្ដាហ៍នៃថ្ងៃចាប់ផ្ដើមកិច្ចប្រជុំ ការសន្ទនាហាក់កាន់តែមានភាពតានតឹងខ្លាំងឡើងបន្តិចម្ដងៗ នៅពេលពួកគេនិយាយដល់ការបង្កើតកញ្ចប់មូលនិធិជួយសង្គ្រោះប្រទេសកំពុងអភិវឌ្ឍន៍ដែលរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ។ ទោះជាយ៉ាងណា ចុងបញ្ចប់នៃកិច្ចប្រជុំ សេចក្ដីថ្លែងការណ៍ចុងក្រោយមួយបានចេញផ្សាយ ដោយបានបញ្ជាក់យ៉ាងច្បាស់ៗថា មូលនិធិសម្រាប់ការខូចខាត និងបាត់បង់ដោយសារឥទ្ធិពលបម្រែបម្រួលអាកាសធាតុ ត្រូវបានបង្កើតឡើងជាស្ថាពរ។ ប៉ុន្តែ មូលនិធិនេះហាក់ដូចជាគ្រាន់តែជាក្រដាសព្រាងមួយច្បាប់ប៉ុណ្ណោះ ព្រោះខ្លឹមសារនៃសេចក្ដីថ្លែងការណ៍មិនបានកំណត់ជាក់លាក់ថាតើប្រទេស ឬតួអង្គមិនមែនរដ្ឋណាខ្លះដែលត្រូវបរិច្ចាគថវិកាចូលទៅក្នុងមូលនិធិមួយនេះ ហើយថាតើភាគីណាមួយដែលត្រូវទទួលបន្ទុកកិច្ចការចាត់ចែងថវិការបស់មូលនិធិនេះ ក៏មិនបានបញ្ជាក់ឱ្យបានដឹងដែរ ដោយទុកបញ្ហានេះយកទៅជជែកគ្នានៅសន្និបាតភាគីលើកទី២៨ ឆ្នាំក្រោយទៅវិញ។

មូលនិធិសម្រាប់ការខូចខាត​ និងបាត់បង់នេះទទួលបានការអបអរសាទរពីសំណាក់ប្រទេសក្រីក្រជាខ្លាំង ដោយពួកគេរំពឹងថានឹងទទួលបានថវិកាពីមូលនិធិនេះ យកទៅដោះស្រាយបញ្ហា​គ្រោះមហន្តរាយធម្មជាតិក្នុងប្រទេសរៀងៗខ្លួន។ ដោយឡែក សហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាមេរិកបានសម្ដែងការមិនពេញចិត្តចំពោះមូលនិធិនេះ ព្រោះប្រទេសចិន និងប្រទេសឥណ្ឌា ក៏មានឈ្មោះនៅក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានន័យថាចិន និងឥណ្ឌាក៏អាចទទួលបានប្រយោជន៍ពីមូលនិធិនេះផងដែរ។ ផ្ទុយទៅវិញ ក្រុមប្រទេសលោកខាងលិចចង់ឱ្យប្រទេសចិន និងឥណ្ឌា ដែលបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាសច្រើនដែរនោះ ទទួលខុសត្រូវតាមរយៈការចូលរួមបរិច្ចាគទៅក្នុងកញ្ចប់ថវិកានៃមូលនិធិមួយនេះដូចគ្នា។

មូលនិធិអាកាសធាតុបៃតង (Green Climate Fund)

គួររម្លឹកថា មូលនិធិ​សម្រាប់ចំណាយលើដំណោះស្រាយការប្រែប្រួលអាកាសធាតុ ធ្លាប់ត្រូវបានបង្កើតឡើងរួចម្ដងមកហើយកាលពីឆ្នាំ២០១០ ដែលត្រូវបានគេហៅថាជា មូលនិធិអាកាសធាតុបៃតង ប៉ុន្តែកាលនោះមិនទាន់បានចេញជាសកម្មភាពអ្វីជាដុំកំភួននៅឡើយទេ រហូតដល់ឆ្នាំ២០១៥ ទើបគម្រោងអាកាសធាតុផ្សេងៗត្រូវបានលេចរូបរាងឡើង។ ចាប់តាំងពីឆ្នាំ២០១៥ មូលនិធិអាកាសធាតុបៃតង ទទួលបានការបរិច្ចាគចំនួនត្រឹមតែ ៥ ប៊ីលានដុល្លារអាមេរិកប៉ុណ្ណោះ ទៅកាន់គម្រោងអាកាសធាតុផ្សេងៗគ្នាចំនួន ១០២ គម្រោងរួមមានគម្រោងថាមពលស្អាត គម្រោងការពារឆ្នេរសមុទ្រ ការគ្រប់គ្រងទឹកជំនន់ និងគាំទ្រជីវភាពរស់នៅដែលធន់នឹងអាកាសធាតុរបស់សហគមន៍ដែលងាយរងគ្រោះ។ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀង​នៃមូលនិធិនេះ បណ្ដា​ប្រទេស​អភិវឌ្ឍន៍បានប្ដេជ្ញាថានឹងបរិច្ចាគទឹកប្រាក់ដើម្បីចំណាយលើដំណោះស្រាយបម្រែបម្រួលអាកាសធាតុប្រមាណជា ១០០ ប៊ី​លាន​ដុល្លារ​ក្នុង​មួយឆ្នាំរហូតដល់​​ឆ្នាំ២០២០ ប៉ុន្តែជាក់ស្ដែង ការប្ដេជ្ញាឆ្ពោះទៅរកគោលដៅនេះត្រូវបានបរាជ័យ ដោយបណ្ដាប្រទេសទាំងអស់នោះហាក់មិនមានឆន្ទៈក្នុងការចូលរួមដោះស្រាយបញ្ហាអាកាសធាតុឡើយ។

សរុបជារួម ជោគជ័យរបស់សន្និបាតភាគីលើកទី២៧ដែលមិនអាចប្រកែកបាននោះគឺការបង្កើតមូលនិធិសម្រាប់ការខូចខាត និងបាត់បង់ដោយសារ​គ្រោះមហន្តរាយធម្មជាតិ ដែលជា​លទ្ធផល​នៃ​ការប្រែប្រួលអាកាសធាតុ។ មូលនិធិនេះត្រូវបានទាមទារដោយក្រុមប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនឆ្នាំមកហើយ ដូច្នេះវាគឺជាជោគជ័យរបស់ពួកគេក្នុងការទារសំណងពីប្រទេសអ្នកមានដែលបានបញ្ចេញឧស្ម័នកាបូនិកយ៉ាងច្រើនទៅក្នុងបរិយាកាសក្នុងប្រវត្តិសាស្ត្រ ហើយដែលប្រទេសក្រីក្រជាអ្នករងគ្រោះនាពេលបច្ចុប្បន្ន។ យ៉ាងណាក៏ដោយ​ បណ្ដាប្រទេសលោកសេរី ជាពិសេសសហរដ្ឋអាមេរិក ហាក់មានភាពស្ងប់ស្ងាត់ មិនបានបង្ហាញជំហរច្បាស់លាស់ ឬតួលេខនៃទឹកប្រាក់ដែលខ្លួននឹងបរិច្ចាគទៅក្នុងមូលនិធិនេះនោះទេ ដូច្នេះ​ហើយ មូលនិធិនេះអាចនឹងមានវាសនាដូចទៅនឹងមូលនិធិអាកាសធាតុបៃតង គឺទទួលបានត្រឹមតែការសន្យាខ្យល់ពីបណ្ដាប្រទេសអ្នកមាន ប៉ុន្តែប្រសិទ្ធភាពជាក់ស្ដែងនៅមានកម្រិតខ្លាំង។

វិចារណកថាថ្ងៃសុក្រ៖ ដំណើរឆ្ពោះទៅរកសមាជិកទី ១១ របស់អាស៊ាន

ទីបំផុតកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ត្រូវបានបញ្ចប់ជាមួយនឹងផ្លែផ្កានិងសេចក្ដីសម្រេចជាច្រើនដ៏គួរឱ្យចំណាប់អារម្មណ៏។ លទ្ធផលមួយក្នុងចំណោមនោះគឺការអនុញ្ញាតឱ្យប្រទេសទីម័រឡេស្តេចូលជាសមាជិកទី១១នៃអាស៊ាន “ជាគោលការណ៏” ហើយផ្តល់ឋានៈជាអ្នកអង្កេតការណ៏ដែលអនុញ្ញាតឱ្យទីម័រឡស្តេចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ផ្សេងៗរបស់អាស៊ានចាប់ពីពេលនេះតទៅ។ ពាក្យថា “ជាគោលការណ៏” មិនមែនមានន័យថាអនុញ្ញាតឱ្យទីម័រឡេស្តេចូលជាសមាជិកពេញលេញផ្លូវការនោះទេតែវាជាភ្លើងខៀវដែលបញ្ជាក់ប្រាប់ថាអាស៊ានប្រាកដនឹងទទួលយកទីម័រឡេស្តេនាពេលអនាគត។ ទោះបីជាមិនមែនជាសមាជិកផ្លូវការក៏ពិតមែន ប៉ុន្តែវាបានបញ្ជាក់ភាពជោគជ័យអំពីការខិតខំប្រឹងប្រែងរបស់ទីម័រក្នុងរយៈពេលជាង១០ឆ្នាំ និងប្រូបាបដែលអាស៊ានមានសមាជិកទី១១មានខ្ពស់ជាងមុន។​

ការព្យាយាមអស់រយៈពេលមួយទស្សវត្សជាងរបស់ទីម័រឡេស្តេ

កាលពីឆ្នាំ២០១១ ទីម័រឡេស្តេបានដាក់ពាក្យស្នើសុំចូលជាសមាជិករបស់អាស៊ានហើយស្ម័គ្រចិត្តគ្រប់បែបយ៉ាងក្នុងការកសាងប្រទេសរបស់ខ្លួនយ៉ាងណាឱ្យបានគ្រប់គ្រាន់ទៅតាមលក្ខណៈវិនិច្ឆ័យដែលអាស៊ានបានដាក់ជូន។ គួររំលេចបន្តិចថា ធម្មនុញ្ញអាស៊ានកំណត់លក្ខណៈវិនិច្ឆ័យចំនួនបួនសម្រាប់សមាជិកភាពដែលមានដូចជា ១. ទីតាំងភូមិសាស្ត្រ ២. ការទទួលស្គាល់ដោយរដ្ឋសមាជិកផ្សេងទៀត ៣. កិច្ចព្រមព្រៀងគោរពតាម​ធម្មនុញ្ញ​អាស៊ាន សមត្ថភាព និង ៤. ឆន្ទៈក្នុងការអនុវត្តកាតព្វកិច្ចនៃសមាជិកភាព។ ក្រៅពីកត្តាសំខាន់ទាំង ៤ ខាងលើ ការព្រមព្រៀងជាឯកច្ឆនរបស់រដ្ឋសមាជិកទាំង១០ គឺជាកងព័ន្ធចុងក្រោយគេ ហើយក៏ជាវគ្គដែលពិបាកជាងគេដែរ ដោយសារតែប្រសិនបើចង់ឱ្យរដ្ឋទាំង១០យល់ព្រមទាំងអស់គ្នាគឺមិនមែនជាកិច្ចការងាយស្រួលនោះទេដោយសារតែរដ្ឋនីមួយៗមានផលប្រយោជន៏ជាតិ របបនយោបាយ និងកម្រិតនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងការរំពឹងទុកខុសៗគ្នា។​ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននានាតាំងពីឆ្នាំ២០១១ មានរដ្ឋសមាជិកជាច្រើនបានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លាចំពោះការទទួលយកទីម័រឡេស្តេជាសមាជិកទី១១ជាផ្លូវការ​ (ឧទាហរណ៏ នៅឆ្នាំនេះក្នុងនាមជាប្រធានអាស៊ានវិលជុំ កម្ពុជាបានផ្តល់ការគាំទ្រយ៉ាងធំធេងទៅដល់ទីម័រឡេស្តេ) ប៉ុន្តែនៅតែមានរដ្ឋសមាជិកមួយចំនួនបានធ្វើការបដិសេធម្តងហើយម្តងទៀត ដោយផ្អែកលើហេតុផលជាច្រើនដូចជាការដាក់ស្ថានទូតនៅក្នុងប្រទេសអាស៊ានទាំង១០នៅមិនទាន់គ្រប់គ្រាន់ សេដ្ឋកិច្ចរបស់ទីម័រឡេស្តេនៅមានកម្រិត មិនទាន់មានធនធានគ្រប់គ្រាន់ដើម្បីចំណាយនៅក្នុងសមាជិកភាព ឬមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ក្នុងការធ្វើជាម្ចាស់ផ្ទះ។​ បើទោះបីជាសមាជិកភាពត្រូវគេពន្យារម្តងហើយម្តងទៀតក៏ទីម័រឡេស្តេនៅតែរក្សាបាននូវការអត់ធ្មត់ និងភាពសុទិដ្ឋិនិយមដើម្បីសម្រេចបាននូវសមាជិកភាពយ៉ាងពេញលេញហើយប្តេជ្ញាចិត្តកសាងសមត្ថភាពព្រមទាំងស្វាគមន៏បេសកកម្មស្វែងរកការពិត (fact-finding mission) នានាដែលកំណត់សសរស្តម្ភសហគមន៍នយោបាយ-សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន។

ផលប្រយោជន៍ដែលសមាជិកភាពរបស់ទីម័រឡេស្តេផ្តល់ឱ្យទីម័រឡេស្តេ និងអាស៊ាន

សមាជិកភាពពេញលេញរបស់ទីម័រឡេស្តេនៅក្នុងអាស៊ាននឹងរឹតតែពង្រឹងនូវសមាហរណកម្ម និងសាមគ្គីភាពក្នុងតំបន់ក៏ដូចជារួបរួមគ្នាបង្ក្រាបបញ្ហាឆ្លងដែនដែលគួរឱ្យព្រួយបារម្ភនៅក្នុងតំបន់ បញ្ហាបរិស្ថាន ពាណិជ្ជកម្ម និងបញ្ហាសន្តិសុខជាដើម។ ទន្ទឹមនេះ ឯកអគ្គរដ្ឋទូតរបស់ទីម័រឡេស្តេប្រចាំកម្ពុជាបានលើកឡើងថា សមាជិកភាពនឹងត្រួសត្រាយផ្លូវឱ្យប្រជាជនទីម័រឡេស្តេចំនួន ១.៣៧ លាននាក់ចូលទៅកាន់សហគមន៍សេដ្ឋកិច្ចអាស៊ានហើយនឹងបើកទីផ្សាររបស់ខ្លួនដល់ប្រជាជន ៦៨៣ លាននាក់នៅក្នុងអាស៊ានព្រមទាំងអនុញ្ញាតឱ្យទីម័រឡេស្តេធ្វើដំណើរ និងធ្វើការនៅទូទាំងអាស៊ីអាគ្នេយ៍ក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ និងផលិតកម្ម។ ជាមួយគ្នានេះដែរ សេដ្ឋកិច្ចរបស់ទីម័រឡេស្តេអាចមានភាពធន់ជាងមុន ហើយបន្ទាប់មកប្រទេសនេះអាចធ្វើពិពិធកម្មពីប្រេង និងឧស្ម័នទៅក្នុងវិស័យកសិកម្ម និងទេសចរណ៍ (បច្ចុប្បន្នសេដ្ឋកិច្ចរបស់ទីម័រឡេស្តេភាគច្រើនពឹងផ្អែកលើការទាញយកទុនបម្រុងប្រេងពីសមុទ្រទីម័រ ដែលមានចំនួន ៨០% នៃផលិតផលក្នុងស្រុកសរុប)។

តើទីម័រអាចចូលជាសមាជិកពេញសិទ្ធិនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបន្ទាប់ដែរឬទេ?

ចូលបាន ឬត្រូវពន្យារពេលបន្តទៀតគឺអាស្រ័យនៅលើការបន្តកសាងសមត្ថភាពរបស់ទីម័រឡេស្តេខ្លួនឯង ជាពិសេសគឺត្រូវប្រើប្រាស់ផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹតដែលនឹងត្រូវបង្កើតឡើងដោយអាស៊ានដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗនានាកំណត់ដោយរបាយការណ៏នៃបេសកកម្មស្វែងរកការពិតទាំង៣សសរស្តម្ភរបស់អាស៊ាន និងការបើកចិត្តឱ្យទូលាយរបស់រដ្ឋសមាជិកអាស៊ាន។ ទោះបីជាសព្វថ្ងៃ ទីម័រឡេស្តេនៅមានសភាពទន់ខ្សោយជាពិសេសគឺផ្នែកសេដ្ឋកិច្ច យើងត្រូវចងចាំថាប្រទេសនេះមានអាយុកាលត្រឹមតែ២០ឆ្នាំតែប៉ុណ្ណោះហើយធ្លាប់ហែលឆ្លងបញ្ហាជម្លោះជាច្រើន និងការប្រយុទ្ធដើម្បីឯករាជ្យភាព និងបូរណភាពទឹកដីទម្រាំតែមានថ្ងៃនេះ។ វិធីដែលជួយឱ្យប្រទេសនេះរីកចម្រើនឆាប់រហ័សគឺតាមរយៈការធ្វើសមាហរណកម្មជាមួយប្រទេសជិតខាង និងក្នុងតំបន់នេះឯង។ ទីម័រឡេស្តេក៏ត្រូវចេះយកចិត្តយកថ្លើមរដ្ឋសមាជិកប្រកបទៅដោយតុល្យភាពដោយមិនលំអៀងទៅខាងណាពេកនោះទេពីព្រោះបើទោះបីជារដ្ឋសមាជិកទាំង៩បានយល់ព្រមក៏សម្លេងបដិសេធតែមួយអាចធ្វើឱ្យសំណើសមាជិកភាពពេញលេញនេះបរាជ័យដែរ។ មិនត្រឹមតែពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យស្របតាមតម្រូវការរបស់អាស៊ាននោះទេ សូម្បីតែអធិបតេយ្យភាពក្នុងការសម្រេចចិត្តទៅលើបញ្ហាពិភពលោកលើឆាកអន្តរជាតិ និងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសដទៃទៀតក៏ទីម័រឡេស្តេត្រូវអនុវត្តឱ្យបានប្រុងប្រយ័ត្នបំផុតដើម្បីរក្សាបាននូវរូបភាពវិជ្ជមាននៅក្នុងក្រសែភ្នែករបស់រដ្ឋសមាជិកអាស៊ាន។

ដូច្នេះ ទីម័រឡេស្តេពិតជាត្រូវជម្នះឧបសគ្គច្រើនណាស់ដើម្បីក្លាយជាសមាជិកពេញលេញមួយរបស់អាស៊ាន។ សូម្បីតែប្រធានាធីបតីរបស់ខ្លួនក៏បានលើកឡើងដែរថាផ្លូវទៅកាន់ភាពល្អឥតខ្ចោះនៃឋានសួគ៌ក៏វាងាយស្រួលជាងផ្លូវទៅកាន់ច្រកទ្វាររបស់អាស៊ានដែរ។ ទោះជាយ៉ាងណាក៏ការតស៊ូ និងអត់ធ្មត់របស់ទីម័រឡេស្តេដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនគឺពិតជាគួរឱ្យស្ងើចសរសើរមែនទែនហើយការខិតខំប្រឹងប្រែងទាំងនេះមិនអត់ប្រយោជន៏នោះទេពោលដូចដែលយើងបានឃើញថាទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យក្លាយជារដ្ឋសមាជិកទី១១របស់អាស៊ានជាគោលការណ៏ហើយភាពវិជ្ជមាននឹងបន្តមកទៀតជាក់ជាមិនខាន។

ថង់ប្រាជ្ញា៖ ការជាប់គាំងនៃចំណូលកម្រិតមធ្យមរបស់ប្រទេសថៃ (The Middle Income Trap of Thailand)

ក្រោយពីសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ ព្រះរាជាណាចក្រថៃគឺជាប្រទេសមួយដែលមានសភាពក្រីក្រខ្លាំងនៅក្នុងតំបន់។  ប៉ុន្តែក្រោយមកសេដ្ឋកិច្ចរបស់ប្រទេសថៃបានកែប្រែមុខមាត់ដ៏គួរឱ្យចាប់អារម្មណ៍ ដោយសេដ្ឋកិច្ចប្រទេសនេះចាប់ផ្តើមវិវត្តន៍ទៅមុខយ៉ាងឆាប់រហ័ស។ តួយ៉ាង ប្រទេសថៃបានផ្លាស់ប្តូរពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបមកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេលតិចជាងមួយជំនាន់។ យ៉ាងណាមិញ សព្វថ្ងៃនេះកំណើនសេដ្ឋកិច្ចដ៏លឿននេះក៏ហាក់បានជាប់គាំង ដែលស្ថានភាពនេះត្រូវបានសេដ្ឋវិទូបានចាត់ទុកស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសថៃថាជា “ការជាប់គាំងនៃចំណូលកម្រិតមធ្យមរបស់ប្រទេសថៃ” (The Middle income trap of Thailand)។ នៅក្នុងអត្ថបទនេះយើងនឹងនិយាយអំពីហេតុផលដែលបានធ្វើឱ្យប្រទេសថៃផ្លាស់ប្តូរពីប្រទេសចំណូលមធ្យមកម្រិតទាបទៅប្រទេសចំណូលមធ្យមកម្រិតខ្ពស់និងភាពជាប់គាំងនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ការផ្លាស់ប្តូរពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់

ប្រទេសថៃបានផ្លាស់ប្តូរពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេលតិចជាងមួយជំនាន់ ដែលការផ្លាស់ប្តូរនេះត្រូវបានស្ទង់ដោយធនាគារពិភពលោកនៅឆ្នាំ ២០១១។ ការផ្លាស់ប្តូរប្រាក់ចំណូលរបស់ប្រទេសថៃបានកើតឡើងដោយសារតែ កំណើនដ៏រហ័សនៃទំនើបកម្មសេដ្ឋកិច្ចរបស់គេ ដែលកំណើននេះបានធ្វើឱ្យប្រទេសថៃផ្លាស់ប្តូរទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ព្រមទាំងការអភិវឌ្ឍន៍សង្គមដ៏រឹងមាំ។ លទ្ធផលនៃការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសថៃបានធ្វើឱ្យចំនួននៃភាពក្រីក្រនៅក្នុងប្រទេសធ្លាក់ចុះ ខណៈដែលសេវាអប់រំនិងសុខភាពបានពង្រីកកាន់ធំនិងកាន់តែប្រសើរឡើងគួរឱ្យកត់សម្គាល់។ នៅអំឡុងឆ្នាំ ១៩៦០ ដល់ ១៩៩៦ អត្រាកំណើនសេដ្ឋកិច្ចរបស់ថៃមានកម្រិតដល់ទៅ ៧.៥% ហើយសូម្បីតែនៅអំឡុងពេលវិបត្តិហិរញ្ញវត្ថុកើតឡើងក៏អត្រានៃកំណើននេះនៅតែមានអត្រាខ្ពស់នៃ ៥% ពី ១៩៩៩ ដល់ ២០០៥ ផងដែរ។ លើសពីនេះទៀតការផ្លាស់ប្តូរនេះក៏បានកើតឡើងដោយសារតែការនាំចេញផ្តាច់មុខនៃសេដ្ឋកិច្ចប្រទេសថៃផងដែរ ដែលមានដូចជាការនាំចេញនូវគ្រឿងអេឡិចត្រូនិច អាហារនិងភេសជ្ជៈ រូមទាំងគ្រឿងម៉ាស៊ីននិងឧបករណ៍ផ្សេងៗជាដើម ។ ដោយការធ្វើសេដ្ឋកិច្ចបែបនេះបានទាក់ទាញការវិនិយោគពីបរទេសច្រើន។  ស្របគ្នានេះដែរ ការទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើននោះនឹងធ្វើឱ្យមានការបង្កើននូវផលិតកម្មកាន់តែច្រើន។ បន្ថែមពីលើនេះទៀត ការវិនិយោគពីបរទេសគឺជាផលចំណេញរបស់ប្រទេសថៃដោយសារតែប្រទេសថៃមានកម្លាំងពលកម្មថោក ដែលអាចបង្កើនផលិតកម្មបានកាន់តែច្រើនទៀត។ ការនាំចេញចេញផ្តាច់មុខនិងការវិនិយោគពីបរទេសជាចំណងនៃការបង្កើននូវផលិតភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ។ មួយវិញទៀតផលិតកម្មស្រូវក៏ជាផ្នែកមួយនៃការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ថៃដែរ ដែលផលិតកម្មនេះជាចំណែកមួយនៃសេដ្ឋកិច្ចរបស់ថៃដែលធ្វើឱ្យថៃបានក្លាយជាប្រទេសមួយដែលនាំចេញស្រូវធំជាងគេនៅរយះពេល ៣០ ឆ្នាំកន្លងមក (ឆ្នាំ ២០១២)។ ដោយឡែកប្រទេសថៃគឺជាប្រទេសមួយដែលមានការមមាញឹកក្នុងការចេញចូលរបស់ភ្ញៀវទេសចរណ៍។ ដោយហេតុនេះហើយទើបប្រទេសថៃបានធ្វើឱ្យវិស័យទេសចរណ៍បានក្លាយជាចំណែកមួយនៃការផ្លាស់ប្តូរសេដ្ឋកិច្ចដ៏លឿនរបស់គេដែលវិស័យនេះបានរកចំណូលជូនជាតិសរុបស្មើនឹង ១/៥ នៃប្រាក់ចំណូលសរុប។ បន្ថែមពីនេះទៀតវិស័យទេសចរណ៍ក៏បានបង្កើតការងាររួមទាំងការធ្វើជំនួញផ្សេងទៀតទៅលើប្រាក់ចំណូលនៃវិស័យទេសចរណ៍ផងដែរ។ ជាលទ្ធផលភាពជោគជ័យនៃសេដ្ឋកិច្ចរបស់ប្រទេសថៃបាននាំមកនូវវឌ្ឍនភាពសង្គមរបស់គេដែលទទួលបានការចាប់អារម្មណ៍ជាច្រើន។

ការជាប់ឃុំនៃសេដ្ឋកិច្ចប្រទេសថៃ

មុននឹងចូលទៅកាន់ហេតុផលដែលធ្វើឱ្យប្រទេសថៃបានជាប់គាំងនៅក្នុងប្រាក់ចំណូលកម្រិតមធ្យម ជាដំបូងអ្នកទាំងអស់គ្នាគួរយល់អំពីពាក្យថា ”ការជាប់គាំងប្រាក់ចំណូលកម្រិតមធ្យម” (The Middle Income Trap) ឬ (MIT) គឺជាការជាប់គាំងស្ថានភាពសេដ្ឋកិច្ចនៃប្រទេសមួយនៅក្នុងកម្រិតប្រាក់ចំណូលកម្រិតមធ្យមហើយមិនអាចបន្តមានកំណើនទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់បាន។​ ភាពជាប់គាំងនេះគឺកើតឡើងដោយសារតែកម្រៃប្រាក់ឈ្នួលក្នុងការធ្វើការមានកម្រិតទាប និងការប្រើប្រាស់កម្លាំងពលកម្មដែលគ្មានជំនាញច្បាស់លាស់ ដែលស្ថានភាពនេះធ្វើឱ្យប្រទេសដែលជួបប្រទះមានផលលំបាកក្នុងការអភិវឌ្ឍន៍ទៅកាន់ចំណូលកម្រិតខ្ពស់មួយកម្រិតទៀត។ ងាកមកមើលថាតើហេតុផលអ្វីដែលធ្វើឱ្យថៃជាប់គាំងនៅក្នុងចំណូលកម្រិតមធ្យមរបស់ប្រទេសថៃវិញ?

បើយោងទៅតាម TDRI Quarterly ( Thailand Development Research Institute) ដែលជាស្ថាប័នដែលច្រើនសិក្សាទៅលើផ្នែកសេដ្ឋកិច្ច ការជាប់ឃុំសេដ្ឋកិច្ចរបស់ថៃគឺនៅមិនទាន់មានការសន្មតច្បាស់លាស់នៅឡើយនោះទេ។ ប៉ុន្តែបើតាមការប្រៀបធៀបក៏ដូចជាការសង្កេតមើលលទ្ធផលសេដ្ឋកិច្ចរបស់ប្រទេសថៃក្នុងរយៈពេលប្រមាណ ២០ ឆ្នាំចុងក្រោយនេះគឺបានឱ្យដឹងថាប្រទេសថៃមានការជាប់គាំងសេដ្ឋកិច្ច។ ការធ្លាក់ចុះនៃការវិនិយោគពីបរទេសគឺជាបញ្ហាមួយដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសថៃមិនមានការរីកលូតលាស់ ដែលប្រទេសថៃមានការធ្លាក់ចុះនៃការវិនិយោគពី​៤០% មក ត្រឹម ២៥%។ មួយវិញទៀតហេតុផលនយោបាយក៏ជាបញ្ហាមួយដែលធ្វើឱ្យប្រទេសថៃជាប់គាំងផងដែរពីព្រោះបើយោងតាមប្រវត្តិសាស្រ្ត មកដល់ពេលបច្ចុប្បន្ននេះប្រទេសថៃមានការធ្វើរដ្ឋប្រហាររដ្ឋាភិបាលជាច្រើនដងរួចមកហើយដែលនេះបានធ្វើឱ្យមានផលប៉ះពាល់មួយកម្រិតដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ។ មួយទៀតសោតប្រទេសថៃក៏នៅតែជាប្រទេសដែលមានបច្ចេកវិទ្យាទាបនៅឡើយ រីឯការអប់រំក៏មានការជាប់គាំងដោយមិនមានការរីកលូតលាស់បន្តទៀត។ មួយចំណែកទៀតកម្រៃនៃពលកម្មមានការកើនឡើងខ្ពស់ប៉ុន្តែផលិតភាពបែរជាមានការធ្លាក់ចុះទៅវិញ។ ប្រសិនបើប្រៀបទៅនឹងឆ្នាំ ១៩៩៨ កម្រិតនៃផលិតផលក្នុងស្រុកក៏ដូចជាអត្រាកំណើនសេដ្ឋកិច្ចមានការកើនឡើងខ្ពស់ប៉ុន្តែមកដល់ពេលបច្ចុប្បន្នកំណើននិងកម្រិតនេះនៅតែបន្តធ្លាក់ចុះ។

វិចារណកថាថ្ងៃសុក្រ៖ គោលនយោបាយ mini-budget ទាញសេដ្ឋកិច្ចអង់គ្លេសឱ្យធ្លាក់ក្នុងវិបត្ដិ

នៅក្នុងអំឡុងពេលថ្មីៗនេះ ចក្រភពអង់គ្លេសកំពុងតែពើបប្រទះជាមួយនឹងវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមួយដែលបានបណ្តាលឱ្យតម្លៃរូបិយប័ណ្ណ «ផោន» របស់អង់គ្លេសបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានប្រកាសដាក់ចេញនូវគោលនយោបាយ «ថវិការខ្នាតតូច» (mini-budget)។ គោលនយោបាយនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក ដោយសារតែវាមិនត្រឹមតែបានធ្វើឱ្យប៉ះពាល់ទៅនឹងតម្លៃប្រាក់ផោននោះទេ ប៉ុន្តែវាបានធ្វើឱ្យតម្លៃអតិផរណានៅក្នុងចក្រភពអង់គ្លេសកើនឡើងកាន់តែខ្ពស់ផងដែរ។ នៅក្នុងអត្ថបទនេះដែរយើងនឹងក្រលេកមកមើលអំពីអ្វីទៅជាគោលនយោបាយ«ថវិការខ្នាតតូច»ដែលបានដាក់ចេញ និង ផលប៉ះពាល់នៃគោលនយោបាយនេះ។

តើអ្វីទៅគោលនយោបាយ «ថវិការខ្នាតតូច» របស់រដ្ឋាភិបាលអង់គ្លេស?

គោលនយោបាយ«ថវិការខ្នាតតូច»នេះគឺជាគោលនយោបាយសារពើពន្ធដែលបានបង្កើតឡើងដោយរដ្ឋាភិបាលថ្មីថ្មោងរបស់អតីតនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសគឺលោកស្រី Liz Truzz ដែលមានលោក Kwasi Kwarteng ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និង ជាអ្នកដែលបានចូលរួមក្នុងការបង្កើតគោលនយោបាយនេះ។ គោលនយោបាយនេះដែរត្រូវបានប្រកាសនៅថ្ងៃទី២៣ ខែកញ្ញាកន្លងទៅនេះហើយមានការកាត់បន្ថយពន្ធប្រាក់បៀរវត្សរ៍ ការកាត់បន្ថយពន្ធប្រថាប់ត្រា ព្រមទាំងការកាត់បន្ថយពន្ធសារជីវកម្មផងដែរ។ បន្ទាប់ពីមានការដាក់ចេញគោលនយោបាយថ្មីនេះ ប្រាក់ផោនរបស់អង់គ្លេសបានធ្លាក់តម្លៃយ៉ាងគំហុកមកនៅក្រោមតម្លៃ ១.០៩ ប្រសិនបើធៀបទៅនឹងរូបិយប័ណ្ណដុល្លារអាមេរិក ដែលនេះគឺជាតម្លៃដែលទាបបំផុតនៅក្នុងប្រវត្តិសាស្រ្តអង់គ្លេសបើគិតចាប់ពីឆ្នាំ១៩៨៥ មក។

មូលហេតុនៃការដាក់ចេញនូវគោលនយោបាយនេះគឺដោយសារតែគោលបំណងរបស់រដ្ឋាភិបាលរបស់លោកស្រី Liz Truzz ចង់ធ្វើការផ្តោតទៅលើការជំរុញឱ្យមានកំណើនសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចរបស់អង់គ្លេសឡើងវិញបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺកូវីត១៩។ នៅមុនពេលដែលមានការដាក់ចេញនូវគោលនយោបាយ«ថវិការខ្នាតតូច»នេះ តម្លៃអតិផរណានៅក្នុងប្រទេសអង់គ្លេសគឺមានតម្លៃទៅដល់ទៅ ៩.៩% រួចទៅហើយៗបន្ទាប់ពីមានការប្រកាសគោលនយោបាយនេះ តម្លៃអតិផរណាបានកើនឡើងមួយកម្រិតទៀតដល់ទៅ ១០.១%។ ចំពោះការកាត់បន្ថយពន្ធទាំងនេះគឺត្រូវបានគេរំពឹងថាអាចនឹងធ្វើឱ្យចក្រភពអង់គ្លេសបាត់បង់ចំណូលជាតិប្រមាណជា ៤៥ ប៊ីលានផោននៅក្នុងរយៈពេលប្រាំឆ្នាំ។ ប៉ុន្តែគោលនយោបាយនេះត្រូវបានរងការរិះគន់ពីសេដ្ឋកិច្ចវិទូនិងអ្នកវិភាគជាច្រើន ដោយសារតែវាបានជះផលអាក្រក់ទៅដល់សេដ្ឋកិច្ចទាំងមូលរបស់អង់គ្លេស ដោយសារតែអង់គ្លេសនឹងត្រូវបាត់បង់ចំណូលមួយផ្នែកធំ ហើយរដ្ឋាភិបាលអង់គ្លេសក៏មិនមានដាក់ចេញនូវគោលនយោបាយណាមួយសម្រាប់ជំនួសនូវចំណូលជាតិដែលនឹងត្រូវបានបាត់បង់ដោយសារតែគោលការនេះឡើយ។

តើហេតុអ្វីបានជាគោលនយោបាយសារពើពន្ធនេះបណ្តាលឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេស?

នៅពេលដែលរដ្ឋាភិបាលអង់គ្លេសបានប្រកាសចេញនូវគោលនយោបាយនេះ ប្រាក់ផោនបានធ្លាក់តម្លៃយ៉ាងគំហុកដូចដែលបានរៀបរាប់ពីខាងលើមកអញ្ចឹង។ នេះក៏ដោយសារតែអ្នកវិនិយោគជាច្រើនបានអស់ការទុកចិត្តទៅលើសេដ្ឋកិច្ចអង់គ្លេស ដោយសាររដ្ឋាភិបាលអង់គ្លេសនឹងត្រូវបង្កើនកម្ចីជាច្រើនដើម្បីមកទ្រទ្រង់ការចំណាយផ្សេងៗ។ វាបានបណ្តាលឱ្យមានការលក់ចេញនូវទ្រព្យសកម្មជាច្រើនចេញ ដែលបណ្តាលឱ្យតម្លៃប្រាក់ផោនធ្លាក់ចុះនៅពេលដែលមានការផ្គត់ផ្គង់ទ្រព្យសកម្មទាំងនោះទៅក្នុងទីផ្សារ ហើយបង្កឱ្យមានអតុល្យភាពរវាងតម្រូវការនិងការផ្គត់ផ្គង់។

បន្ថែមពីនេះទៅទៀតការកាត់បន្ថយពន្ធប្រថាប់ត្រាកាន់តែធ្វើឱ្យមានភាពងាយស្រួលនៅក្នុងការទិញដូរអចលនទ្រព្យដោយសារតែប្រជាជនអង់គ្លេសអាចទិញផ្ទះបាននៅក្នុងតម្លៃដែលទាបជាងមុន។ ក៏ប៉ុន្តែគោលនយោបាយនេះបានបង្កទៅជាបញ្ហាទៅវិញដោយសារតែតម្រូវការអចលនទ្រព្យពេលនេះមានការកើនឡើងច្រើនជាងការផ្គត់ផ្គង់នៅក្នុងទីផ្សារ ហើយបានបណ្តាលឱ្យអចលនទ្រព្យទាំងនោះក្លាយជាមានតម្លៃកាន់តែថ្លៃទៅវិញ។ នៅក្នុងស្ថានភាពនេះប្រជាជនដែលបានទិញនិងបង់រំលោះផ្ទះគឺតម្រូវឱ្យមានការបង់ថ្លៃជាងមុនដោយសារតែកំណើននៃតម្លៃផ្ទះទាំងនោះ។

បញ្ហាទាំងនេះត្រូវបានបន្ថែមពីលើដោយការឡើងថ្លៃតម្លៃថាមពលដែលបណ្តាលមកពីសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ីផងដែលដែលធ្វើឱ្យតម្លៃម្ហូបអាហារ សម្ភារៈនិងតម្លៃទំនិញកាន់តែមានតម្លៃថ្លៃថែមទៀតផង។
យ៉ាងណាក៏ដោយក៏គោលនយោបាយ«ថវិការខ្នាតតូច» ដែលបានប្រកាសនេះត្រូវបានគេចាត់ទុកថាជាភាពបរាជ័យមួយរបស់រដ្ឋាភិបាលរបស់លោកស្រី Liz Truzz នេះ។ បន្ទាប់ពីមានការប៉ះពាល់ដល់សេដ្ឋកិច្ចបែបនេះហើយ លោកស្រីបានបញ្ឈប់ការងាររបស់លោក Kwasi Kwarteng ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហើយបានជំនួសដោយលោក Jeremy Hunt វិញ។ លោកស្រីក៏បានលុបចេញនូវគោលការកាត់បន្ថយពន្ធទាំងនោះក្នុងគោលបំណងស្រោចស្រង់សេដ្ឋកិច្ចអង់គ្លេសវិញផងដែរ។ លោកស្រីក៏បានលាលែងចេញពីតំណែងជានាយករដ្ឋមន្រី្តផងដែរបន្ទាប់ពីទើបតែបានឡើងកាន់តំណែងត្រឹមតែរយៈពេលជាង៤០ថ្ងៃតែប៉ុណ្ណោះ។ តំណែងនាយករដ្ឋមន្រ្តីអង់គ្លេសក៏ត្រូវបានជំនួសដោយលោក Rishi Sunak ដោយសង្ឃឹមថារដ្ឋាភិបាលរបស់លោកនឹងអាចស្រោចស្រង់សេដ្ឋកិច្ចអង់គ្លេសមកវិញបាន។

ហេតុអ្វីលោក ស៊ី ជីនពីង ជាបុរសដ៏មានឥទ្ធិពលនៅលើពិភពលោក?

ឈានចូលវ័យ ៦៩ ឆ្នាំ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានក្លាយជាឥស្សរជននយោបាយដ៏មានឥទ្ធិពលម្នាក់នៅក្នុងបរិបទនយោបាយផ្ទៃក្នុង និងនៅលើឆាកអន្តរជាតិ។ ជាមេដឹកនាំបង្គោលរបស់បក្សកុម្មុយនីស្ដីចិន ប្រធានាធិបតីរូបនេះ បានធ្វើបរិវត្តកម្មប្រទេសខ្លួន ប្រែក្លាយពីប្រទេសដែលមានទំហំសេដ្ឋកិច្ចតូច និងឥទ្ធិពលភូមិសាស្ត្រនយោបាយស្ដួចស្ដើង ទៅជាប្រទេសមហាអំណាចដែលរះត្រដែតឡើង ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយការបរទេស។ កាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីសមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្ដចិនត្រូវបានបញ្ចប់ទៅ លោក ស៊ី ជីនពីង បានក្លាយជាអគ្គលេខាធិការបក្សកុម្មុយនីស្ដចិនក្នុងអាណតិ្តទី៣ រយៈពេល ៥ ឆ្នាំបន្តទៀត ដែលដំណែងនេះជាដំណែងដ៏កំពូលបង្អស់នៅក្នុងប្រព័ន្ធនយោបាយចិន។ តើមេដឹកនាំរូបនេះប្រើប្រាស់យុទ្ធសាស្ត្រគ្រប់គ្រងរដ្ឋបែបណាខ្លះ ទើបអាចរក្សាដំណែងរបស់ខ្លួនបានយូរ និងក្លាយជាបុរសខ្លាំងដែលពិភពលោកទទួលស្គាល់ និងខ្លាចរអាស្ទើគ្រប់គ្នា?

ប្រវត្តិរូបសង្ខេបរបស់លោក ស៊ី ជីនពីង

លោក ស៊ី ជីនពីង កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៣។ លោកជាមនុស្សដែលមានជោគវាសនាល្អ ដោយកើតមកនៅក្នុងត្រកូលគ្រួសារមេដឹកនាំបដិវត្តន៍ម្នាក់ដែលកាន់មុខដំណែងដ៏សំខាន់នៅក្នុងគណបក្សកុម្មុយនីស្ដចិន គឺលោក ស៊ី ចុងស៊ុន (Xi Zhongxun)។ ចាប់តាំងពីឆ្នាំ១៩៨២ មក លោក ស៊ី ជីនពីង បានចូលកាន់មុខតំណែងសំខាន់ៗក្នុងជួរគណបក្សកុម្មុយនីស្ដចិន ដោយលោកធ្លាប់ធ្វើជាលេខាធិការនៃគណៈកម្មការបក្សស្រុក ចឹង ទិង (Zhengding) ខេត្ត ហឺប៉ី (Hebei) អភិបាលរងក្រុង ស៊្សាម៉ឹន (Xiamen) ខេត្ត ហ្វ៊ូជាន (Fujian) លេខាធិការនៃគណៈកម្មការបក្សក្រុង និងតឺ (Ningde) ខេត្តហ្វ៊ូជាន (Fujian) លេខាធិការនៃគណៈកម្មការបក្សក្រុងហ្វ៊ូចូវ (Fuzhou) ខេត្តហ្វ៊ូជាន (Fujian) និងជាលេខាធិការនៃគណៈកម្មការបក្សខេត្តហ៊្វូជាន (Fujian)។

រហូតដល់ឆ្នាំ២០០០ លោក ស៊ី ជីនពីង បានក្លាយជាមេដឹកនាំក្នុងជួរគណបក្សដ៏លេចធ្លោម្នាក់។ លោកត្រូវបានជ្រើសតាំងជាអភិបាលខេត្ត ហ៊្វូជាន។ នៅឆ្នាំ២០០២ លោកត្រូវបានតែងតាំងជាប្រធានបក្សប្រចាំនៅខេត្ត ចឺជាង (Zhejiang) រហូតដល់ឆ្នាំ២០០៧ លោកត្រូវបានតែងតាំងជាប្រធានបក្សប្រចាំនៅទីក្រុងសៀងហៃ ប៉ុន្តែមិនបានប៉ុន្មានខែផង លោកត្រូវបានជ្រើសរើសឱ្យក្លាយជាសមាជិកម្នាក់ក្នុងចំណោមសមាជិក ៩ រូបនៃគណៈកម្មាធិការអចិន្ត្រៃយ៍បង្គោល (Politburo Standing Committee)។ គួរដឹងដែរថា សមាជិកគណៈកម្មាធិការទាំង ៩ រូបនេះហើយជាថ្នាក់ដឹកនាំកំពូលរបស់បក្សកុម្មុយនីស្ដចិន។ រហូតដល់ឆ្នាំ២០០៨ លោកបានជាប់ឈ្មោះជាអនុប្រធានាធិបតីចិន បន្ទាប់មក នៅឆ្នាំ២០១២ លោកបានចូលកាន់ដំណែងបន្តពីលោក ហ៊ូ ជីនតាវ (Hu Jintao) ជាអគ្គលេខាធិការបក្សកុម្មុយនីស្ដចិន ដែលជាដំណែងកំពូលរបស់បក្ស។

ចរិតលក្ខណៈរបស់លោក ស៊ី ជីនពីង

យោងតាមលោក កាតូ យ៉ូស៊ិកាស៊ូ (Kato Yoshikazu) អ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចមូលបត្ររ៉ាគូតេន (Rakuten) បានរកឃើញថា លោក ស៊ី ជីនពីង ជាមនុស្សម្នាក់ដែលចូលចិត្តការស្ដាប់ច្រើនជាជាងការនិយាយ។ លោកតែងតែស្ដាប់យ៉ាងយកចិត្តទុកដាក់ ជាពិសេសមតិយោបល់ ឬដំបូន្មានរបស់ក្រុមការងារ ក៏ដូចជាអ្នកដែលនៅជុំវិញខ្លួន។ ការព្យាយាមស្ដាប់មនុស្សជុំវិញខ្លួន ពិតជាមានសារៈសំខាន់ណាស់ ព្រោះមុននឹងលោកធ្វើការសម្រេចចិត្តលើគោលនយោបាយអ្វីមួយ លោកអាចក្ដោបព័ត៌មាន និងទិន្នន័យបានគ្រប់ជ្រុងជ្រោយ ហើយជាព័ត៌មានដែលត្រឹមត្រូវ មិនភូតកុហកទៀតផង ដូច្នេះហើយទើបលោកត្រូវការមនុស្សដែលស្មោះត្រង់ និងគួរឱ្យទុកចិត្តបាន ដើម្បីធ្វើការជិតស្និតជាមួយលោក។ លោក ស៊ី ជីនពីង មិនត្រឹមតែស្ដាប់យោបល់មនុស្សជំនិតនៅជុំវិញខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏ត្រូវបានសុំយោបល់ដោយលោក ស៊ី ជិនពីង ផងដែរ គឺកាលពីឆ្នាំ២០១២ នៅពេលដែលោក ស៊ី ជីនពីង ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង វ៉ាស៊ីនតោន។ នៅពេលនោះ លោក ស៊ី ជីនពីង បានសួរលោក ចូ បៃដិន ថា «តើលោកមានដំបូន្មានអ្វីខ្លះសម្រាប់ខ្ញុំ ដើម្បីអាចក្លាយជាអ្នកនយោបាយដ៏ល្អម្នាក់»។

ក្រៅតែពីមនុស្សដែលចូលចិត្តស្ដាប់យោបល់អ្នកដទៃ លោក ស៊ី ជីនពីង ក៏ជាមេដឹកនាំដែលម៉ត់ចត់ ច្បាស់លាស់ និងពូកែសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។ ជាក់ស្ដែង ចាប់តាំងពីការឡើងកាន់ដំណែងជាអគ្គលេខាធិការបក្សនៅឆ្នាំ២០១២ មក មន្ត្រីបម្រើការក្នុងបក្សប្រមាណជាជិត ៥ លាននាក់ ត្រូវបានស្ថិតក្រោមការស៊ើបអង្កេតពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងនោះប្រមាណជាជាង ១,៥ លាននាក់ត្រូវបានផ្ដន្ទាទោសពីបទប្រព្រឹត្តអំពើពុករលួយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង Le Monde ។ ករណីដែលគួរឱ្យកត់សម្គាល់នោះគឺ សូម្បីតែលោក ចូវ យ៉ុងកាង (Zhou Yongkang) ដែលជាសមាជិកដែលមានតួនាទីកំពូលម្នាក់នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍បង្គោល ក៏ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត ពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាចរបស់ខ្លួន។ ការណ៍នេះអាចរាប់បានថាជាជោគជ័យនៃយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោក ស៊ី ជីនពីង ហើយក៏បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកកាន់តែល្បីរន្ទឺទាំងក្នុងប្រទេស និងអន្តរជាតិ។

ជោគជ័យរបស់លោក ស៊ី ជីនពីង

ប្រធានាធិបតីរូបនេះ បានទទួលជោគជ័យស្ទើគ្រប់វិស័យទាំងអស់ក្នុងការអភិវឌ្ឍប្រទេស។ ក្នុងនោះមានដូចជា ការកែទម្រង់យោធា និងយុទ្ធសាស្ត្រការពារសន្តិសុខជាតិ ដោយបានផ្ដោតលើការធ្វើទំនើបកម្មឱ្យមានភាពជឿនលឿនជាងមុន រួមមានផលិតបន្ថែមទៀតនូវគ្រឿងសព្វាវុធ រថក្រោះ នាវាចម្បាំង គ្រាប់មីស៊ីល ផ្កាយរណប និងបណ្ដុះបណ្ដាលសមត្ថភាពទាហានឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យយោធា។ ដោយឡែក សម្រាប់គោលនយោបាយសេដ្ឋកិច្ចវិញ លោក ស៊ី ជីនពីង ទទួលបានជោគជ័យយ៉ាងខ្លាំងជុំវិញគោលនយោបាយកាត់បន្ថយអត្រានៃភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្លួន។ យោងតាមរបាយការណ៍របស់រដ្ឋចិន ក្នុងរយៈពេល ៩ ឆ្នាំ មកនេះ ប្រជាជនចិនប្រមាណ ១០០ លាននាក់ត្រូវបានរួចផុតពីបន្ទាត់ភាពក្រីក្រ។ គួរដឹងដែរថា ចាប់តាំងពីប្រទេសចិនអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារក្នុងឆ្នាំ១៩៧៩ មក ប្រទេសមួយនេះបានស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោក ដោយកំណើនផលិតផលក្នុងស្រុកសរុប (GDP) គិតជាមធ្យម ៩,៥% គិតត្រឹមឆ្នាំ២០១៨ (មុនកូវីដ១៩)។

យុទ្ធសាស្ត្រសេដ្ឋកិច្ច និងចំណងការទូត

កាលណាគេនិយាយពីកំណើនសេដ្ឋកិច្ចចិន និងនយោបាយការបរទេសចិន គេមិនភ្លេចសោះឡើយនូវ យុទ្ធសាស្ត្រគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative)។ គម្រោងមួយនេះគឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកលដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលចិនកាលពីឆ្នាំ២០១៣ ដើម្បីធ្វើការវិនិយោគជាមួយបណ្ដាប្រទេសប្រមាណជា ១៥០ ប្រទេស និងជាមួយអង្គការអន្តរជាតិផ្សេងៗទៀត។ យុទ្ធសាស្រ្តនេះបានបើកឱកាសឱ្យចិនអាចរឹតចំណងទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសទាំងអស់នោះ តាមរយៈការផ្ដល់ជាប្រាក់កម្ចីឥតសំណង ឬកម្ចីដែលមានការប្រាក់ទាប និងជួយសម្រួលឱ្យក្រុមហ៊ុនចិនចូលទៅវិនិយោគ ដែលនេះជាកត្តាដ៏ចម្បងដែលអាចអនុញ្ញាតឱ្យចិនអាចពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយ ការទូត និងកើបយកផលចំណេញសេដ្ឋកិច្ចទៀតផង។ ហើយជោគជ័យទាំងអស់នេះ គឺសុទ្ធសឹងតែជាសមិទ្ធផលដ៏អស្ចារ្យក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង។

បង្កើនសម្ព័ន្ធមិត្តជាមួយប្រទេសកុម្មុយនីស្ដ

ចាប់តាំងពីទំនាក់ទំនងចិនជាមួយអាមេរិកប្រឈមនឹងភាពតានតឹងនៅដើមសតវត្សរ៍ទី២១ មក លោក ស៊ី ជីនពីង បានខិតខំបង្កើនចំណងមិត្តភាពជាមួយបណ្ដាប្រទេសកុម្មុយនីស្ដ។ ឧទាហរណ៍ នៅខែមីនា ឆ្នាំ២០១៣ លោកបានធ្វើដំណើរទស្សនកិច្ចជាលើកដំបូងក្នុងនាមជាប្រធានាធិបតីទៅកាន់ប្រទេសរុស្ស៊ី ហើយកាលនោះ ប្រធានាធិបតីរូបនេះបានលើកឡើងទៅកាន់លោក ពូ ទីន ថា «ពួកយើងគឺមានលក្ខណៈស្រដៀងគ្នា»។ ការនិយាយបែបនេះទំនងជាចង់សំដៅថា ពួកគេទាំងពីរ ប្រើយុទ្ធសាស្ត្រដឹកនាំប្រទេសមិនខុសគ្នាប៉ុន្មាននោះទេ ដូច្នេះហើយ វាមានភាពងាយស្រួលក្នុងការបង្កើតចំណងមិត្តភាព។ លើសពីនេះ កន្លងមក លោក ស៊ី ជីនពីង មិនដែលបានចេញមុខឈឺឆ្អាលប្រឆាំងនឹងរុស្ស៊ីជុំវិញបញ្ហាតំបន់គ្រីមៀ និងសូម្បីតែការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ក៏ចិនមិនបានចេញមុខថ្កោលទោសចំៗនោះដែរ។
ក្រឡេកទៅមើលទំនាក់ទំនងចិន និងវៀតណាមវិញ បើទោះបីជាភាគីទាំងពីរមានជម្លោះជាមួយគ្នាជុំវិញបញ្ហាអធិបតេយ្យភាពដែនទឹកសមុទ្រចិនខាងត្បូង ហើយវៀតណាមផ្ដើមងាកទៅកសាងទំនាក់ទំនងស្អិតរមួតជាមួយសហរដ្ឋអាមេរិកក៏ដោយ ក៏ប្រទេសជិតខាងទាំងពីរនេះនៅអាចរក្សាទំនងល្អ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងពាណិជ្ជកម្មទ្វេភាគីយ៉ាងរឹងមាំ។ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ថ្មីៗនេះ បន្ទាប់ពីសមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្ដចិនបានបញ្ចប់ទៅ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ្វ៊ូ ចុង (Nguyen Phu Trong) បានធ្វើដំណើរទស្សនកិច្ចភ្លាមៗទៅកាន់ទីក្រុងប៉េកាំង ដែលជាការឆ្លើយតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ព្រឹត្តិការណ៍នេះត្រូវបានអ្នកវិភាគក្នុងតំបន់មើលឃើញថា វាជាមធ្យោបាយមួយក្នុងការធានាឱ្យទំនាក់ទំនងប្រទេសទាំងពីររឹតតែរឹងមាំកាន់តែខ្លាំង។

បញ្ហាប្រឈមដែលមិនទាន់បានដោះស្រាយ

បើទោះបីជាលោក ស៊ី ជីនពីង ជាមេដឹកនាំដែលពោពេញទៅដោយសមត្ថភាព ប៉ុន្តែក៏នៅមានបញ្ហាប្រឈមជាច្រើនដែលមិនទាន់បានដោះស្រាយ។ ក្នុងអាណត្តិថ្មីនេះ ក្រុមមេដឹកនាំកំពូលៗ ជាពិសេសគឺលោក ស៊ី ជីនពីង នឹងត្រូវប្រឈមមុខជាមួយបញ្ហាជាច្រើន រួមមានការអនុវត្តគោលនយោបាយកូវីដសូន្យ (Zero-Covid Policy) ដែលបណ្ដាលឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ វិបត្តិថាមពល អចលនទ្រព្យ សន្តិសុខសង្គម ទំនាក់ទំនងការបរទេសជាមួយលោកខាងលិច ភូមិសាស្ត្រនយោបាយ (សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត) បញ្ហាជុំវិញកោះតៃវ៉ាន់ បញ្ហាជនជាតិអ៊ុយហ្គ័រ និងជនជាតិភាគតិចនៅតំបន់ស៊ីនជាំង និងនៅទីបេដែលរដ្ឋាភិបាលក្រុងប៉េកាំងរងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សពីសំណាក់សហគមន៍អន្តរជាតិ។ លើសពីនេះ កង្វះការងារធ្វើរបស់យុវជនក៏បានបង្កជាបញ្ហាដ៏ចម្រូងចម្រាសមួយក្នុងសង្គមចិនផងដែរ។

សរុបជារួម ការដែលលោក ស៊ី ជីនពីង មានទំនាក់ទំនងជិតស្និតជាមួយនឹងសម្ព័ន្ធមិត្តរុស្ស៊ី វៀតណាម សមាជិកអាស៊ាន បណ្ដាប្រទេសនៅមជ្ឈិមបូព៌ា និងប្រទេសជាច្រើនផ្សេងទៀតនៅទ្វីបអាហ្វ្រ៊ិក បានធ្វើឱ្យឥទ្ធិពលចិនកាន់តែរីកសាយភាយ បង្កជាការព្រួយបារម្ភទៅដល់បណ្ដាប្រទេសលោកសេរី ដែលតែងតែចោទប្រកាន់ថា ប្រទេសចិនជាតួអង្គបង្កអស្ថិរភាពក្នុងបញ្ហាសន្តិសុខតំបន់ និងមានបំណងចង់ផ្លាស់ប្ដូរសណ្ដាប់ធ្នាប់អន្តរជាតិ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីរូបនេះ ហាក់ដូចជាផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ចជាធំ និងមានគោលជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃដោយបើកចំហនោះទេ។ ដោយយោងទៅលើហេតុផលទាំងអស់នេះហើយ បានជាប្រធានាធិបតីរូបនេះ ក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលយ៉ាងខ្លាំង ទាំងក្នុងសង្វៀននយោបាយផ្ទៃក្នុង និងនៅលើឆាកអន្តរជាតិ។

សេដ្ឋកិច្ចនៃសហរដ្ឋអាមេរិកពីហានិភ័យមកកាន់សភាពល្អ

កត្តារំខានសំខាន់ៗដូចជាការស្តារឡើងវិញពីវិបត្តិជំងឺកូវីដ១៩ និងការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅលើសកលលោកធ្លាក់ទៅក្នុងភាពមិនប្រាកដប្រជា រាប់បញ្ចូលទាំងប្រទេសដែលជាមហាអំណាចសេដ្ឋកិច្ចដូចជាចិន ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបដែលបានជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ច ឬកំពុងតែឆ្ពោះទៅរកបញ្ហាសេដ្ឋកិច្ច។ យ៉ាងណាមិញ ទោះបីជាស្ថិតនៅក្នុងបរិបទដ៏យ៉ាប់យឺនដូចនេះក្តី ក៏សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅតែរក្សាបាននូវភាពរឹងមាំ ទោះបីជាការអភិវឌ្ឍមិនសម្រេចបានដូចការរំពឹងទុកមួយរយភាគរយ ក៏នៅតែមានសូចនាករសំខាន់ៗមួយចំនួនបានចង្អុលបង្ហាញពីភាពល្អប្រសើររបស់សេដ្ឋកិច្ចប្រទេសនេះ។

ភាពចម្រូងចម្រាសជុំវិញបញ្ហាវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក

សេដ្ឋវិទូកម្រនឹងដឹងថាវិបត្តិសេដ្ឋកិច្ចបានចាប់ផ្ដើមពីពេលណាមកណាស់ ព្រោះពេលខ្លះទាល់តែជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចទើបដឹងថាវាបានកើតឡើងហើយ ឬពេលខ្លះទៀតទាល់តែវិបត្តិ សេដ្ឋកិច្ចនោះបានបញ្ចប់ទៅវិញទើបដឹងថាខ្លួនបានឆ្លងកាត់វារួចហើយ។ នៅពេលដែលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះផ្ទួនៗជាប់គ្នានៅក្នុងពីរត្រីមាសដំបូង និងជួបប្រទះនឹងអត្រាអតិផរណាខ្ពស់ហួសហេតុ វាបានបង្កឱ្យមានការព្រួយបារម្ភជាច្រើនថាសហរដ្ឋអាមេរិកកំពុងតែធ្លាក់ចូលទៅក្នុងការជាប់គាំងនៃសេដ្ឋកិច្ច (Economic Recession)។ ប៉ុន្តែការកំណត់និយមន័យឱ្យការជាប់គាំងសេដ្ឋកិច្ច នេះគឺមិនមាននិយមន័យគោលមួយទេ។ ជាក់ស្តែង ការិយាល័យស្រាវជាវសេដ្ឋកិច្ចជាតិ (National Bureau of Economic Research) បានកំណត់យកសូចនាករបួនយ៉ាងក្នុងការចង្អុលបង្ហាញពីការកើតឡើងនៃវិបត្តិសេដ្ឋកិច្ច៖ ប្រាក់ចំណូលពិតប្រាកដ(ដកការផ្ទេរ) ការចំណាយពិតប្រាកដ ផលិតកម្មឧស្សាហកម្ម និងការងារ។ ក្រឡែកមើលសហរដ្ឋអាមេរិក ទោះបីជាឥទ្ធិពលនៃអតិផរណាបានបង្កប់ខ្លួននៅក្នុងប្រាក់ចំណូលពិតប្រាកដប៉ុន្តែសូចនាករដទៃទៀតនៅតែរីកចម្រើនធម្មតា។

យន្តការដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចក៏ដូចជាអតិផរណារបស់រដ្ឋាភិបាល

រដ្ឋបាលរបស់លោក ចូ បៃឌិន ក៏បានដាក់ចេញនូវយន្តការ៣យ៉ាងដើម្បីជួយទប់ទល់នឹងបញ្ហាសេដ្ឋកិច្ចក៏ដូចជាអតិផរណា។ ការដាក់ចេញនូវ Inflation Reduction Act ធ្វើការកាត់បន្ថយឱនភាពបានច្រើនគឺមានចំនួន១.៥ទ្រីដុល្លាអាមេរិកនៅឆ្នាំនេះ ហើយការបញ្ចេញប្រេងឥន្ធនៈពីទុនបម្រុងប្រេងយុទ្ធសាស្ត្រក៏កំពុងធ្វើឱ្យតម្លៃប្រេងឥន្ធនៈមានភាពធ្លាក់ចុះខ្លះដែរ។ ​ ជាពិសេស ការព្យាយាមកាត់បន្ថយថ្លៃថ្នាំតាមវេជ្ជបញ្ជា និងរក្សាកម្រិតនៃថ្លៃថែទាំសុខភាពក៏ត្រូវបានធ្វើឡើង។ ក្រៅពីនេះ លោកប្រធានាធិបតី ចូ បៃឌិន បានចុះហត្ថលេខាលើវិក័យប័ត្រហេដ្ឋារចនាសម្ព័ន្ធទ្វេភាគីជាង ១ទ្រីលានដុល្លារអាមេរិកហើយបង្កើតវាជាច្បាប់។ មូលនិធិជាង ៥៥០ ប៊ីលានដុល្លារត្រូវបានវិនិយោគទៅក្នុងការដឹកជញ្ជូន ប្រព័ន្ធអ៊ីនធឺណិត និងឧបករណ៍ប្រើប្រាស់ក្នុងគេហដ្ឋានដែលត្រូវបានគេនិយាយថានឹងជំរុញសេដ្ឋកិច្ច និងបង្កើតការងារ។ លើសពីនេះទៅទៀត ប្រធានាធិបតី ចូ បៃឌិន ក៏បានចុះហត្ថលេខាលើច្បាប់ bipartisan ដែលមានទិសដៅពង្រឹងការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិនដោយការវិនិយោគរាប់ប៊ីលានដុល្លារទៅក្នុងការផលិត semiconductor ក្នុងស្រុក និងការស្រាវជ្រាវវិទ្យាសាស្ត្រ។

អត្រានៃកំណើនផលិតផលក្នុងស្រុកស្ថិតនៅក្នុងបន្ទាត់សុវត្តិភាព និងកំណើនសេដ្ឋកិច្ច

 រង្វាស់ដ៏ធំបំផុតនៃសកម្មភាពសេដ្ឋកិច្ចគឺផលិតផលសរុបក្នុងស្រុក (GDP) ។ ប្រសិនបើសេដ្ឋកិច្ចមួយមានសុខភាពល្អ នោះ GDP នឹងស្ថិតនៅចន្លោះពី ២ ភាគរយ ទៅ ៣ ភាគរយ។ ប៉ុន្តែបើសេដ្ឋកិច្ចនោះកើនឡើងលើសពី ៣ ភាគរយ នោះវាអាចបង្កជាបញ្ហាដោយសារតែសេដ្ឋកិច្ចមានកំណើនលឿនហួសហេតុដែលបណ្តាលឱ្យលើសពីអត្រានិរន្តរភាព។ ពីរត្រីមាសដំបូងបានចង្អុលឱ្យឃើញពីការធ្លាក់ចុះនៃ GDP ប៉ុន្តែអ្វីៗក៏បានប្រសើរឡើងជាងមុននៅពេលដែល GDP បានកើនឡើងវិញនៅក្នុងត្រីមាសទី៣។ បើយោងទៅតាមអ្នកតាមដានពីធនាគារ Federal Reserve Bank of Atlanta GDP ត្រូវបានគេរំពឹងថានឹងកើនឡើងប្រហែល ២.៩%នៅចន្លោះខែកក្កដា និងខែកញ្ញា។

ទន្ទឹមនឹងនេះ អត្រានៃអ្នកឥតការងារធ្វើនៅក្នុងសហរដ្ឋអាមេរិកបានធ្លាក់ចុះសឹងតែរៀងរាល់ខែ នេះបើគិតចាប់ពីដើមឆ្នាំរហូតមកដល់ខែកញ្ញា​។ នៅខែមករាមានអត្រានៃអ្នកឥតការងារធ្វើដល់ទៅ ៤ ភាគរយតែ ទិន្នន័យចុងក្រោយបង្អស់គឺ ៣.៥%។ អត្រានៃអ្នកឥតការងារធ្វើនៅ ៣.៥ %គឺជាអត្រាដែលទាបជាងគេក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក។ ជាមធ្យម ការងារជាង ៤០០,០០០ ត្រូវបានបង្កើតឡើងក្នុងមួយខែៗ។

ការគ្រប់គ្រងអតិផរណារបស់ធនាគារកណ្តាល

 ពេលនេះអត្រាអតិផរណានៅសហរដ្ឋអាមេរិកកំពុងតែស្ថិតនៅក្នុងភាគរយមួយដែលខ្ពស់គួរឱ្យកត់សម្គាល់ពោលគឺអត្រាអតិផរណាប្រចាំឆ្នាំបានកើនឡើងពី ៣.២ ភាគរយក្នុងឆ្នាំ ២០១១ ដល់ ៨.៣ ភាគរយនៅឆ្នាំ ២០២២។ ទោះជាបែបនេះក្តីក៏ភាពសុទិដ្ឋិនិយមនៅតែមានជានិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃអតិផរណា។ ប្រព័ន្ធធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកដែលហៅថា Federal Reserve បានស្វែងរកការគ្រប់គ្រងអតិផរណាដោយកំណត់គោលការណ៏រូបិយវត្ថុបង្រួម (Contractionary Monetary Policy) ដែលមានគោលបំណងបង្កើតឱ្យមានឥទ្ធិពលលើអត្រាការប្រាក់ ឬម៉្យាងទៀតអាចហៅបានថាការបង្កើនអត្រាការប្រាក់គោល។ នៅពេលដែលអតិផរណាខ្ពស់ពេក Federal Reserve ជាធម្មតាដំឡើងអត្រាការប្រាក់ដើម្បីបន្ថយល្បឿនសេដ្ឋកិច្ច និងធ្វើឱ្យអតិផរណាធ្លាក់ចុះ។ គេប្រើមធ្យោបាយសំខាន់ៗមួយចំនួនដើម្បីអនុវត្ដគោលការណ៏នេះដែលមានដូចជា៖ ប្រតិបត្តិការទីផ្សារបើកចំហ (Open Market Operations) អត្រាមូលនិធិរបស់ Fed (Fed Funds Rate) និងការផ្លាស់ប្តូរអត្រាបញ្ចុះតម្លៃ (Discount Rate)។

សរុបមក សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រាកដណាស់មិនបានរីកចម្រើនយ៉ាងល្អឥតខ្ចោះនោះទេដោយផ្អែកទៅលើស្ថានការណ៏មិនអំណោយផលជាច្រើនដែលកំពុងតែរំខានដល់សកម្មភាពសេដ្ចកិច្ចគ្រប់ទីកន្លែង។ ទោះបីជាយ៉ាងនេះក្តីក៏ពុំទាន់មាននរណាហ៊ានអះអាងថាអាមេរិកកំពុងតែជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចនោះទេក៏ព្រោះតែសូចនាករសំខាន់ៗមួយចំនួនដែលចង្អុលបង្ហាញពីវឌ្ឍនភាពបើទោះបីជាតិច និងយឺតយ៉ាងណាក្តី។

ស្វែងយល់ពីដើមកំណើតនៃភាសា

ភាសាត្រូវបានមនុស្សប្រើប្រាស់ជាទូទៅនៅក្នុងការប្រាស្រ័យទាក់ទងគ្នាពាសពេញសកលលោក។ នៅលើពិភពលោកមានភាសាសរុបច្រើនជាង ៧.១០០ ភាសាដែលត្រូវបានគេប្រើប្រាស់ជារៀងរាល់ថ្ងៃ។ តើភាសាទាំងអស់កើតចេញមកពីប្រភពតែមួយដែរឬទេ? នៅដើមដំបូងនៃកំណើតមនុស្ស មនុស្សពុំទាន់ចេះប្រើប្រាស់ភាសានៅឡើយទេ ដោយគេមានសញ្ញានៃការទំនាក់ទំនងដូចៗគ្នានៅមុនពេលដែលមានការវាតទីទៅតាមតំបន់ផ្សេងៗ។ គេប៉ាន់ប្រមាណថាការប្រើប្រាស់ភាសាដំបូងមានតាំងពី ១៥០០០០ ឆ្នាំទៅហើយ រីឯការសរសេរវិញមានត្រឹមតែ ៦០០០ ឆ្នាំមុនប៉ុណ្ណោះ។​ ដូច្នេះហើយ​គ្មានភស្តុតាងណាមួយជាលាយលក្ខណ៍អក្សរមកបញ្ជាក់ថា ភាសាណាមួយជាភាសាដែលគេប្រើដំបូងបង្អស់នោះបានទេ។ ទោះបីជា អវត្ដមាននៃភស្តុតាងបែបនេះក៏ដោយ ជាច្រើនសតវត្សមកហើយដែលទ្រឹស្ដីជាច្រើនត្រូវបានលើកឡើង ដើម្បីឱ្យបានដឹងប្រភពនៃការកកើត និងការវិវត្តនៃភាសាដែលមានលក្ខណៈរួមគ្នាដែលកើតចេញពី ប្រូតូភាសា (Proto-Language)។

ទ្រឹស្តីនៃការសម្របខ្លួន

មនុស្សមានលក្ខណៈពិសេសខុសប្លែកពីសភាវៈផ្សេងៗទៀត ជាពិសេសមនុស្សមានរូបរាងកាយ និងអវយវៈសមស្របក្នុងការប្រើប្រាស់ភាសា ដូចជាមានបបូរមាត់ អណ្តាត ធ្មេញ បំពង់ក ដើមក ដែលសុទ្ធសឹងតែជាប្រដាប់ផលិតសំឡេង។ ផ្នែកនីមួយៗធ្វើឱ្យការបញ្ចេញសំឡេងរបស់មនុស្សប្រើបានគ្រប់សណ្ឋាន និងខុសប្លែកពីសត្វដទៃ។

ទ្រឹស្តីប្រភពហ្សែន

ទ្រឹស្តីនេះបង្ហាញពីរបៀបនៃការប្រែប្រួលរាងកាយរបស់មនុស្សក្នុងលក្ខណៈបន្ស៊ាំនៃការប្រើប្រាស់សំឡេង។ FOXP2 ត្រូវបានគេហៅថាជាហ្សែននៃភាសា (The language gene)។ លោក ណូម ឆមស្គី (Noam Chomsky) ជាអ្នកវិទ្យាសាស្ត្រផ្នែកភាសាវិទ្យា ជនជាតិអាមេរិក បាននិយាយថា មនុស្សយើងតែងតែត្រូវបានអភិវឌ្ឍន៍សមត្ថភាពតាមដំណាក់កាលនៃការវិវត្តរាងកាយ ហើយការវិវត្តនេះធ្វើឱ្យយើងមានលក្ខណៈពិសេសខុសប្លែកពីសត្វដទៃទៀតជាពិសេសលើការប្រើប្រាស់សំឡេង។ លោកឆមស្គី ថែមទាំងបានលើកឡើងថា ក្នុងខ្លួនមនុស្សមានឧបករណ៍ទទួលភាសា LAD (Language Acquisition Device) ថែមទៀតផង។ លោក ឆមស្គី ក៏បានបន្ថែមថា “ការផ្លាស់ប្តូរហ្សែនដែលអាចកើតមាននៅក្នុងបុព្វបុរសរបស់យើងមួយបានផ្តល់ឱ្យពួកគេនូវសមត្ថភាពក្នុងការនិយាយ និងយល់ភាសា ដែលត្រូវបានបញ្ជូនទៅកូនចៅរបស់ពួកគេ។ ដោយសារតែអត្ថប្រយោជន៍នៃសមត្ថភាពនៃការវិវត្តនេះហើយ ទើបបង្កបានជាលក្ខណៈពិសេសមួយរបស់មនុស្សជាតិ”។

ទ្រឹស្តីប្រភពសំឡេងធម្មជាតិ

តាមរយៈទ្រឹស្តីនេះបុព្វបុរសនៃមនុស្សកាលពីជំនាន់មុន នៅពុំទាន់មានភាសាសម្រាប់ប្រើប្រាស់នៅឡើយ។ ពួកគេបង្កើតភាសាតាមរយៈអន្តរកម្មជាមួយធម្មជាតិ និងបរិស្ថានជុំវិញខ្លួន ដូចជាសំឡេងសត្វ សំឡេងមនុស្សយំ សំឡេងខ្យល់។ ខាងក្រោមនេះជាទ្រឹស្តីមួយចំនួនដែលនិយាយពីការបង្កើតភាសាទាក់ទងនឹងធម្មជាតិ៖

១. Bow Wow Theory៖ ទ្រឹស្តីនេះកើតឡើងពីមនុស្សស្តាប់សំឡេងរបស់សត្វ ហើយធ្វើការត្រាប់តាម ហើយហៅឈ្មោះសត្វនោះទៅតាមសំឡេងរបស់ពួកវា។ ឧទាហរណ៍ បាវ វ៉ូវ (Bow wow) សំដៅដល់សត្វឆ្កែ រីឯ មាវ (Miaow) សំដៅដល់សត្វឆ្មា។

២. Pooh Pooh Theory៖ ទ្រឹស្តីនេះបង្ហាញថាមនុស្សបង្កើតភាសាពីការបញ្ចេញអារម្មណ៍របស់ពួកគេនៅពេលដែលជួបហេតុការណ៍អ្វីមួយក្នុងការរស់នៅ ដូចជាគេស្រែកថា អៅ!! នៅពេលដែលគេឈឺ ឬក៏ភ្ញាក់ផ្អើលនឹងអ្វីមួយ។ ទ្រឹស្តីនេះព្យាយាមពន្យល់ពីរបៀបនៃការដាក់ឈ្មោះនៃអារម្មណ៍របស់មនុស្ស។

៣. Ding Dong Theory៖ ទ្រឹស្តីនេះបង្ហាញថាការបង្កើតភាសារបស់មនុស្ស​ដោយការស្តាប់សំឡេងរបស់ធម្មជាតិ ដូចជាទឹកហូរ ខ្យល់បក់ ឬ សំឡេងវត្ថុធ្លាក់។

៤. Ta Ta Theory៖ ទ្រឹស្តីនេះបង្ហាញពីការបង្កើតភាសាដោយអន្តរកម្មរវាងកាយវិការ និងសំឡេង ឧទាហរណ៍នៅពេលគេ លើកដៃគ្រវីចុះឡើង ជាការលាគ្នា គេក៏បញ្ចេញសព្ទ តា តា (Ta Ta)។

៥. Social Interaction Theory៖ ទ្រឹស្តី អន្តរកម្មសង្គម បានលើកបង្ហាញថា មនុស្សត្រូវការទំនាក់ទំនងនៅពេលណាដែលគេរស់នៅជាមួយគ្នា ជាពិសេសពេលរកអាហារ និងពេលរៀបការ។ ហេតុនេះពួកគេត្រូវតែបង្កើតភាសាដើម្បីជាជំនួយដល់ការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែងាយស្រួលយល់ពីតម្រូវការគ្នាទៅវិញទៅមក។ អស់រយៈពេលជាច្រើនពាន់ឆ្នាំមកភាសាបានវិវត្តកាន់តែរីកសាយភាយ ហើយមានសណ្ឋានខុសប្លែកគ្នាទៅតាមតំបន់។

៦. Putting the Baby Down Theory៖ នៅពេលដែលមនុស្សស្រីសម្រាលកូន សក់ឬរោមរបស់ពួកគេតែងតែជ្រុះ ខុសគ្នាពីសត្វស្វា ដែលវានៅតែមានរោមពេញខ្លួនរបស់វាជានិច្ច ជាធម្មតាកូនស្វាតែងតែតោងរោមរបស់មេវាពេលធ្វើដំណើរ។ ដោយសារការជ្រុះសក់នៃមនុស្សស្រីនៅពេលសម្រាលកូនរួចម្តាយតែងតែទុកកូនរបស់គេ នៅលើដីឬកន្លែងផ្សេងៗ ហេតុនេះហើយកូនរបស់ពួកគេតែងតែយំ ហើយដើម្បីធ្វើឱ្យកូនរបស់គេបាត់យំ គេត្រូវធ្វើសំឡេងផ្សេងៗដែលជាដើមកំណើតនៃភាសារវាងម្តាយនិងកូន ហើយទម្លាប់នេះបន្តដល់កូនចៅរបស់គេជំនាន់ក្រោយជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។

ភាសាកាយវិការ និងនិមិត្តសញ្ញា

កាលពី ១,៥ លានឆ្នាំមុន Homo erectus (បុព្វបុរសដំបូង) ពុំទាន់មានការប្រើប្រាស់ភាសានិយាយក្នុងការគិត និងពណ៌នាអំពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ព្រមទាំងបញ្ជូនព័ត៌មាន និងបទពិសោធន៍ និងធ្វើការទំនាក់ទំនងគ្នា នៅឡើយទេ។ គេប្រើកាយវិការដើម្បីបញ្ជូនសញ្ញាដល់គ្នាទៅវិញទៅមក។ មកទល់បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្របានបង្ហាញថា នៅក្នុងខួរក្បាលរបស់យើងមានណឺរ៉ូនសកម្មមួយដែលគេឱ្យឈ្មោះថាណឺរ៉ូនកញ្ចក់ (Mirror Neuron) ដែលមានតាំងពីដំណាក់កាលដំបូងនៃមនុស្សជាតិមកម្លេះ។ ណឺរ៉ូននេះមានភាពសកម្មនៅក្នុងការឆ្លើយតបសកម្មភាពផ្សេងៗ មិនថាជាសកម្មភាពដែលយើងបង្កើតខ្លួនឯង ឬជាសកម្មភាពរបស់នរណាម្នាក់ដែលយើងបានឃើញនោះទេ ដែលការចាប់យករហ័សបែបនេះ អាចឱ្យគេត្រាប់តាម ឬបង្កើតសកម្មភាពកាយវិការដើម្បីជាការឆ្លើយតបទៅនឹងអ្វីមួយ។ ឧទាហរណ៍នៅពេលគេបដិសេធអ្វីមួយគេគ្រវីក្បាល​ គេងក់ក្បាលពេលគេយល់ស្រប ហើយគេយកចង្អុលដៃបិទមាត់ជាការបង្ហាញឱ្យស្ងាត់ ឬឈប់និយាយជាដើម។

វប្បធម៌ភាសានិយាយ

មនុស្សជាតិត្រូវបានគេជឿថាចេះនិយាយយ៉ាងហោចណាស់ នៅ ៤៥.០០០ ឆ្នាំមុន នៅពេល Homo sapiens (មនុស្សដំបូងដែលបែកចេញពីប្រភេទ Homo erectus ហើយឃើញលេចឡើងនៅទ្វីបអាហ្រ្វ៊ិក) មានការអភិវឌ្ឍពេញលេញក្នុងការនិយាយ ដោយយោងទៅតាមភស្តុតាងនៃកាយវិភាគសាស្ត្ររបស់ខួរក្បាលដែលរីកធំ ការប្រែប្រួល ប្រដាប់សំឡេង និងអណ្តាតរវាងមនុស្ស Homo erectus និង Homo sapiens។ មិនត្រឹមតែប៉ុណ្ណោះ ការនិយាយវាបង្កើតឱ្យមាន ការសម្រេចចិត្ត ការចរចា បង្កើតច្បាប់ និងទំនៀមទម្លាប់ផ្សេងៗ រួមទាំងការបង្កើតរឿងទេវកថាជាលើកដំបូងផងដែរ។

និមិត្តសញ្ញាខាងក្រៅ

នៅពេលមនុស្សចាប់ផ្តើមចេះប្រាស្រ័យទាក់ទងគ្នាដោយការនិយាយ ភាពដុះដាលនៃភាសាកាន់តែមានការរីកចម្រើនហើយវាធ្វើឱ្យពួកគេកាន់តែរិះរកវិធីផ្សេងៗដើម្បីជាការកត់ត្រា ឬបង្ហាញគំនិតរបស់គេ។ មនុស្សចាប់ផ្តើមចេះគូសសញ្ញាផ្សេងៗដែលបង្ហាញពីគំនិតរបស់គេ ហើយភាគច្រើនវាបង្ហាញឡើងតាមលក្ខណៈសិល្បៈដូចជាការគូរគំនូរ ឬសញ្ញានៅលើថ្ម ឬនៅលើសម្ភារៈប្រើប្រាស់ផ្សេងៗ និងការឆ្លាក់រូប​។ ការវិវត្តបែបនេះមានជាបន្តបន្ទាប់រហូតដល់មនុស្សបានបង្កើតជាភាសាអក្សរដែលមានទំនាក់ទំនងទាំងការនិយាយ និងជាគំនូសតាងសម្រាប់កត់ត្រាសម្គាល់ពីគំនិតផ្សេងៗ។

ជារួម ថ្វីត្បិតតែគេមិនអាចរកឃើញភស្តុតាងណាមួយបញ្ជាក់ពីភាសាដំបូងនៃមនុស្ស ប៉ុន្តែតាមរយៈទ្រឹស្តី និងការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ បានបង្ហាញពីប្រភពរួមមួយ គឺការវិវត្តកាយវិភាគសាស្ត្ររបស់មនុស្ស និងការត្រាប់តាមធម្មជាតិដែលធ្វើឱ្យមានការបង្កើតភាសាឡើង ទាំងភាសាកាយវិការ ភាសានិយាយ និងភាសាសំណេរ។

ហេតុអ្វីបានសហភាពអឺរ៉ុបអាចជាតំបន់មានកំណើនសេដ្ឋកិច្ចយឺតជាងគេ?

បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចដែលបង្ករដោយជំងឺកូវីដ១៩មក ប្រទេសនៅក្នុងសហភាពអឺរ៉ុបក៏បានមកពើបប្រទះជាមួយនឹងវិបត្តិថ្មីមួយគឺការកើនឡើងនៃអត្រាអតិផរណាដែលបង្ករឡើងដោយសារតែសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និង រុស្ស៊ី។ អត្រាអតិផរណានៅក្នុងតំបន់លុយអឺរ៉ូបានបន្តកើនឡើងរហូតមកដល់ ៩.៩% ប្រសិនបើគិតមកទល់ខែកញ្ញា ឆ្នាំ២០២២ ដែលអត្រានេះបានកើនឡើងជិត ១%​ បើធៀបជាមួយទិន្នន័យកាលពីខែសីហាកន្លងទៅនេះ។ នៅក្នុងអត្ថបទនេះយើងនឹងមកស្វែងយល់អំពីបញ្ហាដែល​បណ្តាលឱ្យតម្លៃអតិផរណារបស់ប្រទេសជាច្រើននៅក្នុងតំបន់ប្រាក់អឺរ៉ូកើនឡើង ការព្យាករណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិទៅលើការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបជាពិសេសគឺលើតំបន់រូបិយប័ណ្ណអឺរ៉ូ​ ជាមួយនឹងការឆ្លើយតបរបស់ធនាគារកណ្តាលអឺរ៉ុប។

ការកើនឡើងនៃអត្រាអតិផរណា

ថ្វីត្បិតតែមានការប្រើប្រាស់នូវរូបិយបណ្ណរួមគ្នាគឺប្រាក់អឺរ៉ូ ប្រទេសដែលជាសមាជិកនៅក្នុងតំបន់នេះគឺមានតម្លៃអតិផរណាខុសៗគ្នា។ ហេតុផលដែលបណ្តាលឱ្យមានអត្រាអតិផរណាខុសៗពីគ្នានេះគឺបណ្តាលមកពីតម្លៃនៃទំនិញ និង លំនាំនៃការចំណាយរបស់ប្រជាជន និង លំនាំសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងនោះខុសៗគ្នា ដូច្នេះហើយទើបផលប៉ះទង្គិចដែលបង្កដោយសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនក៏ខុសគ្នាទៅតាមនោះដែរ។​

ការកើនឡើងនូវតម្លៃប្រេង និង ថាមពលគឺជាកត្តាមួយដែលជំរុញឱ្យមានការឡើងថ្លៃនូវតម្លៃទំនិញ ដែលជាលទ្ធផលបណ្តាលឱ្យអត្រាអតិផរណាកើនឡើង។ ដូចដែលយើងបានដឹងរួចមកហើយថា​ ប្រេងនិងថាមពលគឺជាប្រភពដ៏សំខាន់មួយនៅក្នុងសង្វាក់ផលិតកម្មនិងឧស្សាហកម្មផ្សេងៗ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។​ នៅពេលដែលតម្លៃនៃធាតុផ្សំទាំង ២ នេះកើនឡើង តម្លៃនៃផលិតផលសម្រេចក៏កើនឡើងដូចគ្នាក្រោមហេតុផលពីរយ៉ាង។ ទីមួយគឺការចំណាយទៅលើផលិតកម្មច្រើនជាងមុន ហើយជាការឆ្លើយតបតម្លៃនៃផលសម្រេចក៏ត្រូវបង្កើនដោយផលិតករដើម្បីទ្រទ្រង់នូវការចំណាយរបស់ពួកគេ​ និងដើម្បីរកផលចំណេញ។ ហេតុផលទីពីរគឺអាចបណ្តាលមកពីការកាត់បន្ថយផលិតកម្ម​។ ការកាត់បន្ថយទំហំផលិតកម្ម គឺស្មើនឹងការកាត់បន្ថយការបញ្ចេញផលិតផលទៅក្នុងទីផ្សារដែរ។​ ប្រសិន​បើតម្រូវការមានទំហំច្រើនជាងការផ្គត់ផ្គង់ នោះតម្លៃនៃទំនិញក៏នឹងមានការកើនឡើងជាក់ជាមិនខាន។ គួរបញ្ជាក់ផងដែរថា បើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រផ្លូវការនៃសភាអឺរ៉ុប សព្វថ្ងៃនេះតម្លៃថាមពលនៅក្នុងតំបន់រូបិយប័ណ្ណអឺរ៉ូជាមធ្យមបានកើនឡើងដល់ទៅ ៥០​% ទៅហើយ។ នេះបានបញ្ចាក់យ៉ាងច្បាស់ថាការកើនឡើងជាចម្បងនៃអត្រាអតិផរណាគឺបណ្តាលមកពីកំណើននៃតម្លៃនៃប្រេងនិងថាមពលដែលបណ្តាលមកពីការបង្អាក់ និងការកាត់បន្ថយការផ្គត់ផ្គង់ និង ការនាំចូលប្រេងមកកាន់ប្រទេសអឺរ៉ុប។​

ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងសហភាពអឺរ៉ុប

កាលពីពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍អំពីការថមថយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅក្នុងទ្វីបអឺរ៉ុប។ ក្នុងនោះផងដែរ គេឃើញមានការរំពឹងទុកថាតំបន់ប្រាក់អឺរ៉ូនឹងត្រូវជួបប្រទះនឹងភាពអន់ថយនៃកំណើនសេដ្ឋកិច្ចពី​តម្លៃព្យាករណ៍ ០.៧% មកនៅត្រឹម ០.៥% តែប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៣​ ដែលនឹងធ្វើឱ្យតំបន់នេះក្លាយជាតំបន់ដែលមានកំណើនសេដ្ឋកិច្ចយឺតជាងគេ បើធៀបទៅនឹងតំបន់ដទៃទៀត។​ ក្នុងនោះផងដែរ​ មានប្រទេសធំៗជាច្រើនដូចជាប្រទេសអាល្លឺម៉ង់បានជួបជាមួយនឹងបញ្ហាសេដ្ឋកិច្ឋច្រើនជាងគេមួយ ដោយសារសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនព្រោះប្រទេសនេះមានការពឹងផ្អែកយ៉ាងខ្លាំងលើថាមពលនិងប្រេងពីប្រទេសរុស្ស៊ី។

បន្ថែមលើនេះ​ ប្រជាជន​នៅក្នុងសហភាពអឺរ៉ុប ក៏ដូចជានៅក្នុងតំបន់រូបិយប័ណ្ណអឺរ៉ូក៏បានជួបប្រទះជាមួយនឹងតំហយចុះនៃលទ្ធកម្មពល​ (អំណាចទិញ) ផងដែរដោយសារតែអតិផរណា និង វិបត្តិថាមពលបានទាមទារឱ្យពួកគេកាន់តែចំណាយច្រើននៅពេលដែលចំណូលរបស់ពួកគេមិនមានការកើនឡើងនោះទេ។ ដូច្នេះហើយយើងឃើញថា ការប៉ះពាល់សេដ្ឋកិច្ចនៅតំបន់អឺរ៉ុបគឺមិនត្រឹមតែនៅក្នុងម៉ាក្រូសេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែវាក៏បានប៉ះពាល់ជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអឺរ៉ុបផងដែរ។​​ នៅពេលដែលការចាយវាយប្រចាំថ្ងៃកាន់តែកើនឡើង ប្រជាជនអឺរ៉ុបក៏បានចាប់ផ្តើមកាត់បន្ថយតម្រូវការរបស់ពួកគេ ដែលធ្វើឱ្យមានអតុល្យភាពរវាងតម្រូវការនិងការផ្គត់ផ្គង់។ មិនត្រឹមតែវិបតិ្តអតិផរណាដែលបណ្តាលមកពីទីផ្សារនៃការផ្គត់ផ្គង់ដូចដែលបានរៀបរាប់នៅចំណុចខាងលើនោះទេ សេដ្ឋកិច្ចនៅក្នុងសហភាពអឺរ៉ុបក៏ត្រូវបានជួបជាមួយនឹងឧបសគ្គពីខាងផ្នែកត្រូវការផងដែរ នៅពេលដែលតម្រូវការមានការធ្លាក់ចុះ។ ការធ្លាក់ចុះនៃតម្រូវការទាំងនេះក៏បង្កឱ្យមានភាពរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មទាំងក្នុងប្រទេស និង នៅក្នុងតំបន់ផងដែរ។​

យន្តការឆ្លើយតបរបស់ធនាគារកណ្តាលអឺរ៉ុប​

ការរិះរកដំណោះស្រាយទៅលើបញ្ហាអតិផរណា និង ចំពោះវិបត្តិសេដ្ឋកិច្ចនេះគឺជាបញ្ហាចម្បងមួយដែលមិនមានការស្រុះស្រួលគ្នាថាតើការប្រើប្រាស់យុទ្ធសាស្ត្រអ្វីទើបឱ្យមានប្រសិទិ្ធភាពបំផុតនោះទេ។​ តួនាទីសំខាន់មួយនៃធនាគារកណ្តាលអឺរ៉ុបគឺធានានូវស្ថិរភាពតម្លៃ​នៅក្នុងតំបន់រូបិយបណ្ណអឺរ៉ូ។​ ដូច្នេះហើយមានន័យថា ធនាគារកណ្តាលអឺរ៉ុប​ត្រូវដើរតួរយ៉ាងសំខាន់នៅ ជាពិសេសនៅពេលដែលតម្លៃអតិផរណាកំពុងតែមានការកើនឡើងខ្លាំងបែបនេះ។​ យ៉ាងណាក៏ដោយធនាគារកណ្តាលអឺរ៉ុបមិនអាចដោះស្រាយបញ្ហាអតិផរណានេះបានភ្លាមៗដោយសារតែកត្តាមួយចំនួន។​ កត្តាទីមួយ គឺដូចដែលបានរៀបរាប់ពីខាងដើម ថាប្រទេសនីមួយៗនៅក្នុងតំបន់រូបិយបណ្ណអឺរ៉ូគឺជួបវិបត្តិអតិផរណានេះនៅក្រោមទំរង់ និង តម្លៃផ្សេងៗគ្នា។​ ការដាក់ចេញគោលនយោបាយណាមួយដែលតម្រូវឱ្យមានការប្រត្តិបត្តិតាមដោយស្មើភាពគ្នាអាចនឹងជះឥទ្ធិពលមិនស្មើគ្នាទៅតាមប្រទេសនីមួយៗ ដែលគោលការណ៍ខ្លះអាចមានប្រសិទ្ធិភាពចំពោះតែប្រទេសមួយចំនួនតែប៉ុណ្ណោះ ហើយជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសដទៃទៀតដែលនៅក្នុងតំបន់។ កត្តាមួយទៀតនោះគឺ​ ការសម្រេចប្រើប្រាស់គោលនយោបាយហិរញ្ញវត្ថុណាមួយដែលសមប្រកប។ ធនាគារកណ្តាលអឺរ៉ុបអាចចេញគោលនយោបាយហិរញ្ញវត្ថុដែលអាចកាត់បន្ថយអត្រាអតិផរណាបានតាមរយៈការបង្កើនអត្រាការប្រាក់ដើម្បីកាត់បន្ថយតម្រូវការរបស់ប្រជាជន។ ប្រសិនបើមានអត្រាការប្រាក់ខ្ពស់ នោះប្រជាជននឹងព្យាយាមសន្សំប្រាក់ជាជាងការចាយវាយ ដោយសារតែពួកគេអាចមានផលចំណេញពីការដាក់លុយនៅក្នុងធនាគារ។​ ក្នុងករណីនេះមានន័យថា តម្រូវការទំនិញនៅក្នុងទីផ្សារត្រូវបានកាត់បន្ថយ ហើយតម្លៃទំនិញនឹងមានការធ្លាក់ចុះមករហូតដល់តុល្យភាពការផ្គត់ផ្គង់និងតម្រូវការបានកើតឡើងវិញ។​ ការប្រើប្រាស់គោលនយោបាយបែបនេះគឺអាចកាត់បន្ថយតម្លៃអតិផរណាបាន ក៏ប៉ុន្តែ​ ការថមថយនូវតម្រូវការនៅក្នុងទីផ្សារនឹងធ្វើឱ្យមានការធ្លាក់ចុះដំណើរការផលិតកម្ម  និង កំណើនសេដ្ឋកិច្ចដោយសារសកម្មភាពពាណិជ្ជកម្មត្រូវបានកាត់បន្ថយ។​ ប្រសិនបើធនាគារកណ្តាលអឺរ៉ុបសំរេចចិត្តនៅក្នុងការកាត់បន្ថយអត្រាការប្រាក់វិញនោះ វានឹងជួយជំរុញដល់ការដាក់ទុនការធ្វើពាណិជ្ជកម្ម និងបង្កើនការចាយវាយ​របស់ប្រជាជន ដែលជាលទ្ធផលនឹងអាចជួយឱ្យមានកំណើនសេដ្ឋកិច្ច។​ ក៏ប៉ុន្តែគោលនយោបាយនេះនឹងមិនអាចដោះស្រាយបញ្ហាអតិផរណាបានឡើយដោយសារតែប្រជាជនក្នុងករណីនេះនឹងមានតម្រូវការកាន់តែច្រើនស្របពេលដែលទំនិញនៅតែមានការឡើងថ្លៃដោយសារតែវិបត្តិថាមពលដែលបង្កឡើងដោយសង្គ្រាម។

នៅត្រង់ចំណុចនេះវាបានសបញ្ជាក់ឱ្យឃើញអំពីភាពស្រពិចស្រពិលនៅក្នុងការបែងចែកឱ្យច្បាស់ថាតើធនាគារកណ្តាលអឺរ៉ុបគួរតែសំរេចយកគោលនយោបាយហិរញ្ញវត្ថុមួយណា? តើគេគួរតែផ្តោតសំខាន់ទៅលើការកាត់បន្ថយអត្រាអតិផរណា ហើយបោះបង់ចោលនូវកំណើនសេដ្ឋកិច្ចដែលកំពុងតែមានបញ្ហាដែរនោះ ឬ​ ក៏ធ្វើការផ្តោតសំខាន់ទៅលើការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចហើយបន្តឱ្យតម្លៃអតិផរណានៅខ្ពស់ដដែល?

កូរ៉េខាងជើងបាញ់មីស៊ីលសាកល្បងរំលងដំបូលផ្ទះជប៉ុន

ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៨០ កូរ៉េខាងជើងបានបាញ់មីស៊ីលសាកល្បងចំនួនប្រមាណជា ២៤២ ដង រួចមកហើយ ក្នុងនោះ ឆ្នាំ២០២២ មានចំនួននៃការបាញ់សាកល្បងច្រើនជាងគេ គឺរហូតដល់ទៅ ៤១ ដង គិតត្រឹមថ្ងៃទី៧ ខែតុលា។ ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយបំផុតចុងក្រោយបង្អស់ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ដែលជាការបាញ់បង្ហោះរំលងដែនអាកាសរបស់ប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះបានជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានចេញសេចក្តីប្រកាសឱ្យពលរដ្ឋជប៉ុនទាំងអស់ស្វែងរកកន្លែងជ្រកកោន និងវិធានការប្រុងប្រយ័ត្នផ្សេងៗទៀតដើម្បីការពារខ្លួន។

គ្រាប់មីស៊ីលមួយនេះត្រូវបានបាញ់​ចេញ​ពីតំបន់ ម៉ុបយ៉ុងរី (Mupyong-ri) ខេត្តចាកាង (Jagang) នៃប្រទេសកូរ៉េខាងជើង ហោះរំលងតំបន់អាម៉ូរី (Aomori) នៃប្រទេសជប៉ុន សំដៅឆ្ពោះទៅកាន់ភាគខាងកើតប្រទេសជប៉ុន និងធ្លាក់នៅលើលម្ហមហាសមុទ្រប៉ាស៊ីហ្វ៊ិកចម្ងាយប្រមាណជា ៣.២១៨ គីឡូម៉ែត្រពីប្រទេសជប៉ុន ក្រោយហោះបានចម្ងាយសរុបប្រមាណជា ៤.៥៨៦ គីឡូម៉ែត្រ។ លើសពីនេះ ពីរថ្ងៃបន្ទាប់មកទៀតគឺនៅថ្ងៃទី៦ កូរ៉េខាងជើងបានបាញ់មីស៊ីលប្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់បន្ថែមទៀត ចូលទៅក្នុងសមុទ្រជប៉ុន។

ការឆ្លើយតបពីប្រទេសជិតខាងជុំវិញបញ្ហាសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

ភ្លាមៗក្រោយការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យមកាលពីថ្ងៃទី៤ លោក ហ្វូមីអូ បានប្រកាសថ្កោល​ទោសនូវទង្វើយ៉ាងគឃ្លើនរបស់កូរ៉េខាងជើង ហើយបានហៅការបាញ់មីស៊ីលប្លោងនេះថាជាអំពើ “យង់ឃ្នងហួសហេតុ”។ ចំណែកឯមហាអំណាចចិនដែលជាសម្ព័ន្ធមិត្តកូរ៉េខាងជើងជាយូរមកហើយនោះ ក៏បានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងអ​ស្ថិរភាព​ក្នុង​តំបន់ និងបានលើកឡើងប្រឆាំង​ជា​យូរ​មក​ហើយ​នូវ​ទង្វើរបស់​ប្រទេស​ជិតខាងមួយនេះ ប៉ុន្តែក៏មិនបានចេញមុខថ្កោលទោសធ្ងន់ធ្ងរដូចទៅនឹងប្រទេសកូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្ដាប្រទេសលោកសេរីដទៃទៀតនោះទេ។

ដោយឡែក ក្រសួងការបរទេសកូរ៉េខាងជើងបានអះអាងថា ការបាញ់នេះជាការឆ្លើយតបដោយស្របច្បាប់ចំពោះសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះ យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង ហៅកាត់ថា KCNA បានទម្លាយឱ្យដឹងថា វាជាផ្នែកមួយនៃការត្រៀមខ្លួនបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ (Tactical nuclear warhead) របស់កូរ៉េខាងជើង ទៅកាន់តំបន់ណាមួយ ដែលក្នុងនោះ កូរ៉េខាងត្បូងអាចក្លាយជាគោលដៅ។

តើកូរ៉េខាងជើងនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរនៅពេលណា?

ភាពស្រពិចស្រពឹលរបស់អ្នកជំនាញវិភាគវិស័យការពារជាតិនៅតែបន្តមានជុំវិញបញ្ហាថា តើកូរ៉េខាងជើងអាចនឹងបាញ់សាកល្បងក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនជាលើកទី៧ ដែររឺទេ? នៅកន្លែងណា? និងនៅពេលណា? យ៉ាងណាក៏ដោយ វាត្រូវបានគេសន្និដ្ឋានថា​ កូរ៉េខាងជើងអាចនឹងបាញ់នៅមុនពេល អំឡុងពេល ឬក្រោយពេលសមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្តចិនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ខាងមុខ ដូចទៅនឹងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ របស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ ពោលគឺមុនសមាជជាតិលើកទី១៩ របស់បក្សកុម្មុយនីស្ដចិនចំនួនជាង ១ ខែ។

អ្វីដែលយើងគួរឈ្វេងយល់អំពីអាវុធនុយក្លេអ៊ែ

អាវុធនុយក្លេអ៊ែរគឺជាអាវុធដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងក្លា និងមានកម្លាំងផ្ទុះដ៏មហិមា។ ជាធម្មតា អាវុធប្រល័យលោកប្រភេទនេះផលិតឡើងពីសារធាតុ អ៊ុយរ៉ាញ៉ូម (Uranium) ច្រើនជាង ៩៣ ភាគរយ និង ប្លាតូនីញ៉ូម (Plutonium) ប្រមាណជាតិចជាង ៧ ភាគរយ និងសារធាតុអ៊ីសូតូបប្លាតូនីញ៉ូម (Plutonium isotope) ផ្សេងទៀត។ ដើម្បីងាយស្រួលយល់អំពីឥទ្ធិពលរបស់វាកាន់តែច្បាស់ ឧទាហរណ៍ថាប្រសិនបើគេទម្លាក់ក្បាលគ្រាប់នុយក្លេអ៊ែរមួយគ្រាប់ដែលមានទម្ងន់ប្រមាណជា ១ តោន នោះវានឹងអាចកំទេចផ្ទៃផែនដីបានរហូតដល់ទៅប្រមាណជាង ៥៧០ គីឡូម៉ែត្រការ៉េ។

នៅលើពិភពលោកយើងនេះ មានត្រឹមតែ ៩ ប្រទេសប៉ុណ្ណោះដែលមានវត្តមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ ក្នុងនោះមានដូចជា សហរដ្ឋអាមេរិក រុស្ស៊ី បារាំង ចិន ចក្រភពអង់គ្លេស ប៉ាគីស្ថាន ឥណ្ឌា អ៊ីស្រាអែល និងកូរ៉េខាងជើង។ បើយោងតាមការសន្និដ្ឋានមួយចំនួន ប្រទេសអ៊ីរ៉ង់ក៏អាចនឹងមានវត្តមានអាវុធនុយក្លេអ៊ែរផងដែរ ប៉ុន្តែទោះជាយ៉ាងណា គ្មានឯកសារ ឬភស្ដុតាងណាមួយបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ ផ្អែកតាមការចុះផ្សាយរបស់ Statista គិតត្រឹមខែមករា ឆ្នាំ២០២២ ក្បាលគ្រាប់នុយក្លេអ៊ែរសរុបទាំងអស់ទូទាំងពិភពលោក មានប្រមាណជាជាង ១២.០០០ គ្រាប់ ដូច្នេះ វាគ្រប់គ្រាន់ហើយ ក្នុងការកំទេចភពផែនដីទាំងមូលបាន។

ហេតុអ្វីប្រទេសភាគច្រើនមិនអាចផលិតអវុធនុយក្លេអ៊ែរបាន?

មានសំណួរខ្លះបានលើកឡើងថា ហេតុអ្វីប្រទេសដទៃទៀតមិនមាន ឬមិនអាចផលិតអាវុធនុយក្លេអ៊ែរបាន? ចម្លើយនោះគឺដោយសារតែមានការហាមឃាត់ដែលមានចែងនៅក្នុង​សន្ធិសញ្ញា​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ (Treaty on the Non-Proliferation of Nuclear Weapons) ដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៦៨ និងចូលជាធរមាននៅឆ្នាំ១៩៧០។ សន្ធិសញ្ញានេះបានចែងហាមឃាត់មិនឱ្យប្រទេសដែលមិនទាន់មានអាវុធនុយក្លេអ៊ែរអាចផលិតអាវុធនុយក្លេអ៊ែរបាន រីឯប្រទេសណា​ដែល​មាន​អាវុធ​​នុយក្លេអ៊ែរ​មុនការកកើតឡើងសន្ធិសញ្ញានេះស្រាប់ហើយ ដែលកាលនោះរួមមាន​ សហរដ្ឋអាមេរិក រុស្ស៊ី បារាំង ចិន និងចក្រភពអង់គ្លេស ​ត្រូវកាត់បន្ថយ​​អាវុធ​នុយក្លេអ៊ែរ​ ដើម្បី​​ឈាន​ទៅ​រំសាយ​អាវុធ​​នុយក្លេអ៊ែរ​​ឲ្យ​អស់​ជា​ស្ថាពរ​ពីភពផែនដី។ ប៉ុន្តែ ទិដ្ឋភាពជាក់ស្ដែងនៃការអនុវត្ត ហាក់មិនមានលទ្ធផលជាផ្លែផ្កាប៉ុន្មាននោះទេ។

មហិច្ឆតាចង់ក្លាយជាមហាអំណាចនុយក្លេអ៊ែររបស់កូរ៉េខាងជើង

យោងតាមការិយាល័យសម្រាប់កិច្ចការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ សន្ធិសញ្ញានេះមានសមាជិកចំនួន ១៩១ ប្រទេស ហើយមានតែ ៣ ប្រទេសប៉ុណ្ណោះដែលមិនបានចុះហត្ថលេខាផ្ដល់សច្ចាប័ន រួមមានដូចជា ឥណ្ឌា ប៉ាគីស្ថាន និងអ៊ីស្រាអែល។ ដោយឡែក សម្រាប់កូរ៉េខាងជើងវិញ បានចូលជាសមាជិកនៅឆ្នាំ១៩៨៥ ប៉ុន្តែបានដកខ្លួនចេញវិញនៅឆ្នាំ២០០៣ បន្ទាប់ពីខ្លួនបានរំលោភលើគោលការណ៍ស្នូលនៃសន្ធិសញ្ញានេះ។ យោងតាមការចុះផ្សាយរបស់ The New York Times បានប៉ាន់ប្រមាណថាកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី ៤០ ទៅ ៥០ គ្រាប់។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើងធ្លាប់បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនចំនួន ៦ លើក រួចមកហើយ គឺនៅឆ្នាំ២០០៦ ម្ដង ២០០៩ ម្ដង ២០១៣ ម្ដង ២០១៦ ពីរដង និង ២០១៧ ម្ដង។ គោលដៅមួយក្នុងចំណោមគោលដៅផ្សេងទៀតនៃការបាញ់សាកល្បង ៦ លើកមកនេះ គឺដើម្បីបង្ហាញឱ្យពិភពលោកបានឃើញ និងទទួលស្គាល់ថាខ្លួនជាមហាអំណាចនុយក្លេអ៊ែរ ប៉ុន្តែហាក់មិនទាន់បានសម្រេចបំណងរបស់ខ្លួនបានពេញលេញនៅឡើយទេ។

ព្រឹត្តិការណ៍មុនការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

ក្រឡេកទៅមើលចំនួននៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើងចន្លោះពីចុងខែវិច្ឆិកា ដល់ដើមខែតុលា នេះ បានកើនឡើងរហូតដល់ទៅ ២៥ ដងឯណោះ។ ការណ៍នេះបានបង្កឱ្យមានភាពតានតឹងក្នុងតំបន់កាន់តែយ៉ាប់យ៉ឺនខ្លាំងបំផុតមិនធ្លាប់មានតាំងពីឆ្នាំ២០១៧មក។ ទោះជាយ៉ាងណា ការដាក់បន្ទុកទៅលើតែកូរ៉េខាងជើងតែម្ខាង ហាក់ដូចជាមិនទាន់បានក្រឡេកទៅមើលឱ្យបានគ្រប់ជ្រុងនៃឫសគល់បញ្ហានៅឡើយទេ។

មុនការបាញ់មីស៊ីលសាកល្បងរបស់កូរ៉េខាងជើង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមមាន អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុន ធ្លាប់បានធ្វើសមយុទ្ធយោធាទ្វេភាគី ត្រីភាគី និងពហុភាគីរួមគ្នាជាច្រើនលើកមកហើយ ក្នុងឆ្នាំ២០២២។ ហើយការធ្វើសមយុទ្ធយោធាមួយចំនួនទៀតសោត ត្រូវបានធ្វើឡើងនៅលើផ្ទៃទឹកសមុទ្រជប៉ុន (Sea of Japan) ដែលស្ថិតនៅកៀកជាប់ទៅនឹងព្រំដែនទឹកកូរ៉េខាងជើង។

ដូច្នេះ វាហាក់បីដូចជាហេតុផលមួយសមរម្យដែលកូរ៉េខាងជើងលើកឡើងអំពីការព្រួយបារម្ភទៅលើបញ្ហាសន្តិសុខជាតិ អធិបតេយ្យភាព និងភាពអាម៉ាស់មុខ ប្រសិនបើបន្តឈរឱបដៃមើលសត្រូវធ្វើសមយុទ្ធយោធារួមគ្នានៅជិតរបងផ្ទះរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ការបាញ់សាកល្បងមីស៊ីលនេះ ក៏អាចជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងកាលពីពីរសប្តាហ៍មុនផងដែរ។

ហេតុអ្វីកូរ៉េខាងជើងគួរជាអ្នកទទួលខុសត្រូវ?

ទោះជាយ៉ាងណា កូរ៉េខាងជើងនៅតែអាចចាត់ទុកថាជាភាគីដែលមានកំហុសធ្ងន់ជាងគេជុំវិញភាពតានតឹងខ្លាំងដោយសាការបាញ់សាកល្បងមីស៊ីលជាច្រើនលើក និងការតេស្ដសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរកន្លងមក។ ទីមួយ ថ្វីត្បិតតែកូរ៉េខាងជើងបានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរកាលពីឆ្នាំ២០០៣ ក៏ពិតមែន ក៏ប៉ុន្តែប្រទេសមួយនេះនៅតែជាប់កាតព្វកិច្ចអនុវត្តដោយអនុលោមតាមច្បាប់ទំនៀមទម្លាប់អន្តរជាតិ (International Customary Law) ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ពិភពលោកឱ្យមានស្ថិរភាព និងបង្ការកុំឱ្យឈានដល់កើតមានសង្គ្រាមសម្លាប់រង្គាល ជាន់ដានប្រវត្តិសាស្ត្រ គឺសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២។ ទីពីរ ការបាញ់មីស៊ីលរំលងប្រទេសជប៉ុន គឺជាការរំលោភដែនអធិបតេយ្យភាពអាកាសរបស់ជប៉ុន ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ ហើយវាក៏បានបង្ហាញពីចរិតក្អេងក្អាងរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) ​ដែលហ៊ានបញ្ជាឱ្យបាញ់​មីស៊ីលប្លោងឆ្លងដែនអាកាសជប៉ុន ដោយមិនខ្លាចជប៉ុនប្រើកម្លាំងយោធាតបតវិញ នឹងអាចឈានទៅរកផ្លូវវិនាសដោយសង្គ្រាមនឹងផ្ទុះឡើង។

ជារួម ប្រទេសកូរ៉េខាងជើងជាប្រទេសដែលដឹកនាំដោយរបបផ្ដាច់ការ ឯកោនិយម​ នាំមុខដោយមេដឹកនាំថ្លើមធំ  ក្លាហានហ៊ានផលិតអាវុធប្រល័យលោកដែលសហគមន៍អន្តរជាតិខ្លាចរអា និងហាមឃាត់។ ប៉ុន្តែ អ្វីដែលមេដឹកនាំរូបនេះមិនបានគិតដល់ គឺសោកនាដកម្មដែលធ្លាក់ទៅលើប្រជាពលរដ្ឋធម្មតាដែលរស់នៅក្រោមបង្គាប់របស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ការប្រឹងបង្ហាញឫទ្ធិថាខ្លួនជាមហាអំណាចខាងសព្វាវុធ​ពិភពលោករបស់ប្រទេសកូរ៉េខាងជើងក្ដី មហាអំណាចចិនក្ដី មហាអំណាចអាមេរិកក្ដី និងសម្ព័ន្ធមិត្តផ្សេងៗទៀតក្ដី នឹងរុញច្រានស្ថានភាពឱ្យកាន់តែធ្លាក់ដុនដាប នឹងអាចឈានទៅរកទម្រង់សង្គ្រាមណាមួយ។ នៅពេលនោះ អ្នកដែលរងគ្រោះពិតប្រាកដគឺមិនមែនត្រឹមតែកូរ៉េខាងជើង ឬប្រទេសណាមួយនោះទេ ក៏ប៉ុន្តែគ្រប់ប្រទេសដែលពាក់ព័ន្ធទាំងអស់​ មិនថាទទួលរងនូវផលជះតិច ឬច្រើន គឺសុទ្ធសឹងតែជារឿងស្លុតចិត្តដែលមិនគួរកើតមានឡើង។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ