"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ស្វែងយល់ពីលុយអឺរ៉ូ (Euro)

នាពេលបច្ចុប្បន្ននេះ សហភាពអឺរ៉ុបគឺជាតំបន់ពាណិជ្ជកម្មដ៏ធំមួយ  ហើយក៏ជាផ្ទះសម្រាប់រូបិយប័ណ្ណចំណាត់ថ្នាក់ទីពីរដែលត្រូវបានជួញដូរច្រើនបំផុតនៅក្នុងពិភពលោក។ រូបិយបណ្ណនោះគឺត្រូវបានគេស្គាល់ថាជាប្រាក់អឺរ៉ូ(Euro) ដែលសហភាពអឺរ៉ុបបានណែនាំជាផ្លូវការថ្ងៃទី១ ខែមករា ឆ្នាំ ១៩៩៩។ នៅក្នុងអត្ថបទនេះដែរ យើងនឹងក្រលេកមកនិយាយបន្ថែមអំពីប្រាក់អឺរ៉ូ និងប្រវត្តិនៃការបង្កើតឡើងនៃប្រាក់អឺរ៉ូ។

១. តើអ្វីជាប្រាក់អឺរ៉ូ(Euro)? ហេតុអ្វីទើបមានការបង្កើតឡើងនូវប្រាក់អឺរ៉ូ(EURO)?

ប្រាក់អឺរ៉ូត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ប៉ុន្តែរហូតដល់ឆ្នាំ ថ្ងៃទី១ មករា ឆ្នាំ២០០២ ទើបក្រដាសប្រាក់អឺរ៉ូត្រូវបានដាក់ចេញចរាចរណ៍ប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេស ចំនួន ១៩ ក្នុងចំណោមប្រទេសទាំង២៧ដែលជាសមាជិកនៃសហភាពអឺរ៉ុប។  ប្រាក់អឺរ៉ូ ជារូបិយបណ្ណចំណាត់ថ្នាក់ទីពីរបន្ទាប់ពីប្រាក់ដុល្លារអាមេរិក ដែលមានការប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងការជួញដូររូបិយប័ណ្ណបរទេស (Forex)។ ដើម្បីចូលរួមជាមួយតំបន់អឺរ៉ូ រដ្ឋជាសមាជិកសហភាពអឺរ៉ុបត្រូវបានតម្រូវឱ្យបំពេញនូវអ្វីដែលគេហៅថា “លក្ខណៈវិនិច្ឆ័យនៃការបញ្ចូលគ្នា (convergence criteria)”។ លក្ខខណ្ឌនេះគឺត្រូវបានកំណត់ថាជាសំណុំនៃសូចនាករម៉ាក្រូសេដ្ឋកិច្ចដែលផ្តោតលើចំណុចចម្បងចំនួន៤ដូចជា៖

  • ស្ថិរភាពតម្លៃ​៖ ប្រទេសបេក្ខភាពមិនត្រូវមានអត្រាអតិផរណាលើសពីតម្លៃ ១.៥​​ បើធៀបជាមួយប្រទេសបីដែលមានស្ថិរភាពតម្លៃជាងគេ
  • ហិរញ្ញវត្ថុរបស់រដ្ឋាភិបាល​៖​​ ប្រទេសជាបេក្ខភាពមិនត្រូវមានបំណុលសាធារណៈលើសពី ៦០ ភាគរយបើធៀបទៅនឹងទំហំផលិតផលក្នុងស្រុកសរុប និង​​ មិនត្រូវមានឱនភាពហិរញ្ញវត្ថុដែលលើសពី៣ភាគរយនៃទំហំផលិតផលក្នុងស្រុកសរុបឡើយ
  • ស្ថិរភាពអត្រាប្តូរប្រាក់ (ដើម្បីបង្ហាញថារដ្ឋជាសមាជិកមួយអាចគ្រប់គ្រងសេដ្ឋកិច្ចរបស់ខ្លួនបានដោយមិនមានរងនូវឥទ្ធិពលនៃការប្រែប្រួលរូបិយបណ្ណ)
  • អត្រាការប្រាក់រយៈពេលវែង៖ អត្រាការប្រាក់របស់ប្រទេសបេក្ខភាពមិនត្រូវលើសពី ២ ភាគរយនៃអត្រាការប្រាក់របស់ប្រទេសដែលមានស្ថិរភាពតម្លៃជាងគេ។

ដោយសារតែគោលការណ៍ “លក្ខណៈវិនិច្ឆ័យនៃការបញ្ចូលគ្នា” ដើម្បីប្រើប្រាស់ប្រាក់អឺរ៉ូនេះហើយ ទើបសមាជិកសហភាពអឺរ៉ុបចំនួនប្រាំពីរដែលមានដូចជា ប៊ុលហ្គារី ក្រូអាត ឆែកូស្លូវ៉ាគី ហុងគ្រី ប៉ូឡូញ រូម៉ានី និងស៊ុយអែត នៅមិនទាន់បានអនុម័តប្រាក់អឺរ៉ូជាផ្លូវការបាន បើគិតត្រឹមឆ្នាំ២០២១ ដោយសារតែប្រទេសទាំងនោះមិនទាន់មានលក្ខខណ្ឌគ្រប់គ្រាន់នៅក្នុងការចូលជាសមាជិក។

មូលហេតុដែលនាំឱ្យមានការបង្កើតនូវប្រាក់អឺរ៉ូនេះមកគឺដើម្បីលើកកម្ពស់កំណើន ស្ថិរភាព និងសមាហរណកម្មសេដ្ឋកិច្ចនៅអឺរ៉ុប។  ដើមឡើយ ប្រាក់អឺរ៉ូគឺជារូបិយបណ្ណដែលប្រើសម្រាប់តែការដោះដូរតែរវាងប្រទេសនិងប្រទេសនៅក្នុងសហភាពអឺរ៉ុបតែប៉ុណ្ណោះ ហើយចំពោះប្រជាជនក្នុងប្រទេសនីមួយៗនៅតែបានបន្តប្រើប្រាស់រូបិយបណ្ណផ្ទាល់ខ្លួនទៅតាមប្រទេសរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ ក្នុងរយៈពេលបីឆ្នាំក្រោយពីពេលប្រាក់អឺរ៉ូត្រូវបានបង្កើតឡើងទើបប្រាក់អឺរ៉ូក្លាយជារូបិយប័ណ្ណប្រចាំថ្ងៃរបស់ប្រទេសនិងប្រជាជន ហើយបានជំនួសរូបិយប័ណ្ណក្នុងស្រុកនៃប្រទេសសមាជិកជាច្រើន។

២. គុណសម្បត្តិ និងគុណវិបត្តិនៃប្រាក់អឺរ៉ូ​Euro

ការបង្កើតឱ្យមានរូបិយប័ណ្ណរួមនេះមានសារ:សំខាន់ និងអត្ថប្រយោជន៍ជាច្រើនទៅដល់ប្រទេសជាសមាជិក ដែលអត្ថប្រយោជន៍ចម្បងនៃប្រាក់អឺរ៉ូ គឺទាក់ទងទៅនឹងការឱ្យមានកំណើនពាណិជ្ជកម្ម។  រូបិយប័ណ្ណតែមួយក៏អាចជួយដល់ដំណើរសម្រាប់ការធ្វើពាណិជ្ជកម្ម ឱ្យកាន់តែងាយស្រួលដោយវាបានដកចេញនូវតម្រូវការសម្រាប់ការផ្លាស់ប្តូរប្រាក់ ហើយសំខាន់ជាងនេះទៅទៀត ហានិភ័យនៃរូបិយប័ណ្ណត្រូវបានកាត់បន្ថយដោយសារតែរូបិយបណ្ឌរួមបានបំបាត់បញ្ហាដែលអាចនឹងកើតឡើងដោយសារការប្រែប្រួលនៃអត្រាប្តូរប្រាក់នៅក្នុងតំបន់អឺរ៉ុប។ ម្យ៉ាងវិញទៀតការប្រើប្រាស់រូបិយបណ្ណរួមជាការរួបរួមគ្នាផ្នែកសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកអ៊ឺរ៉ុបដោយការដកចេញនូវឧបសគ្គផ្សេងៗដែលកើតមាន​ និងធ្វើឱ្យមានមានស្ថិរភាពនិងកំណើនសេដ្ឋកិច្ចផងដែរ។ ចំពោះចលនាសេរីនៃដើមទុន ​កម្លាំងពលកម្ម និងទំនិញអាចហូរបានកាន់តែងាយស្រួលឆ្លងកាត់ព្រំដែនទៅកាន់កន្លែងដែលពួកគេត្រូវការ ដែលធ្វើឱ្យសហជីពទាំងមូលធ្វើការកាន់តែមានប្រសិទ្ធភាព។

ផ្ទុយទៅវិញ ថ្វីត្បិតតែប្រាក់អឺរ៉ូបានផ្ដល់នូវគុណសម្បត្តិជាច្រើនក៏ដោយ ក៏វាមានគុណវិបត្តិខ្លះៗគឺ រដ្ឋសមាជិកភាពដែលទទួលយកប្រាក់អឺរ៉ូ (Euro) នឹងមិនអាចប្រើប្រាស់រូបិយប័ណ្ណផ្ទាល់ខ្លួន ឬផ្លាស់ប្តូរអត្រាការប្រាក់របស់ខ្លួននៅពេលដែលមានការផ្លាស់ប្តូរសេដ្ឋកិច្ចនោះទេ ដោយសារតែគោលនយោបាយនៃរូបិយវត្ថុនៅក្នុងតំបន់នេះត្រូវបានសម្រេចដោយធនាគារកណ្តាលអ៊ឺរ៉ុប។ ហេតុដូច្នេះហើយប្រទេសជាសមាជិកដែលប្រើប្រាស់ប្រាក់អឺរ៉ូត្រូវបោះបង់ការគ្រប់គ្រងលើគោលនយោបាយរូបិយវត្ថុរបស់ខ្លួន។ បន្ថែមពីលើនេះទៀត ការប្រើគោលនយោបាយប្រាក់រួមរបស់អឺរ៉ុបមានភាពតឹងតែងខ្លាំងពេកសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចខ្សោយ ដែលធ្វើឱ្យមានវិសមភាពនៃកំណើនសេដ្ឋកិច្ចរវាងប្រទេសក្នុងតំបន់ នៅពេលណាដែលមានអត្រាការប្រាក់ខ្ពស់កើតឡើង ដែលប្រទេសមួយចំនួនមានភាពរីកចម្រើននឹងកាន់តែមានកំណើនសេដ្ឋកិច្ចខ្ពស់ ផ្ទុយពីប្រទេសមួយចំនួនទៀតដែលទទួលរងនូវសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង និងអត្រានៃភាពគ្មានការងារធ្វើខ្ពស់។

ជារួម ប្រាក់អ៊ឺរ៉ូគឺជាភស្តុតាងជាក់ស្តែងបំផុតនៃការធ្វើសមាហរណកម្មអ៊ឺរ៉ុប ដែលមនុស្សប្រហែល៣១៤លាននាក់បានប្រើវាជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យវាក្លាយជារូបិយប័ណ្ណដែលប្រើច្រើនបំផុតទីពីរនៅទូទាំងពិភពលោក។ វាក៏បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសជាសមាជិកនៅក្នុងការធ្វើពាណិជ្ជកម្ម និង នៅក្នុងដំណើរប្រតិបត្តិការឆ្លងប្រទេសផ្សេងៗផងដែរ។

សង្រ្គាមស៊ីវិលនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង

បណ្តាលប្រទេសនៅទ្វីបអាហ្រ្វ៊ិកជារឿយៗតែងតែជួបប្រទះទៅនឹងបញ្ហាជម្លោះផ្ទៃក្នុង ឬសសង្រ្គាមស៊ីវិលដែលកើតឡើងសោយសារតែជម្លោះជាតិសាសន៏ ជម្លោះសាសនា និងបញ្ហាអស្ថិរភាពនយោបាយជាដើម។ ក្នុងចំណោមបណ្តាលប្រទេសទាំងអស់ សាធារណរដ្ឋស៊ូដង់ខាងត្បូងក៏បានឆ្លងកាត់នូវសង្រ្គាមស៊ីវិលមួយផងដែរ ដែលបានបង្កផលប៉ះពាល់ទៅដល់ស្ថិរភាពសង្គម បង្អាក់សកម្មភាពសេដ្ឋកិច្ច និងសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់។

បន្ទាប់ពីធ្វើការផ្តាច់ខ្លួនដោយស្របច្បាប់ពីស៊ូដង់ សាធារណរដ្ឋស៊ូដង់ខាងត្បូងបានក្លាយជាប្រទេសទី៥៤ របស់ទ្វីបអាហ្រ្វ៊ិកនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១។ ប៉ុន្តែការក្លាយជាប្រទេសថ្មីមួយនេះ មិនបានកំណត់ជោគវាសនាសាធារណរដ្ឋស៊ូដង់ខាងត្បូងថានឹងស្ថិតក្នុងសន្តិភាពនិងសន្តិសុខនោះទេ។ នៅខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីមានការតស៊ូនយោបាយរវាងលោកប្រធានាធិបតី សាល់វ៉ា កៀរ ម៉េយ៉ាឌិត (Salva Kiir Mayardit) ឬហៅថាលោក កៀរ (Kiir) និងអនុប្រធានាធិបតីលោក រីក ម៉ាឆារ (Riek Machar) រដ្ឋាភិបាលបានឈានទៅដល់ការដកលោក ម៉ាឆារ ចេញពីតំណែងជាអនុប្រធានាធិបតី។

លោកប្រធានាធិបតី កៀរ ក៏បានប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងចលនារំដោះប្រជាជនស៊ូដង់ (Sudan People’s Liberation Movement ឬហៅកាត់ថា SPLM) ដែលជាសញ្ញាបង្ហាញឱ្យឃើញពីអស្ថិរភាពនយោបាយពេញមួយឆ្នាំ២០១៣។ មូលហេតុនេះហើយទើបស្ថានភាពបានឈានដល់ការកើតមានឧប្បត្តិហេតុមួយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ដែលលោក កៀរ បានអះអាងថាមានការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយអតីតអនុប្រធានាធិបតី និងជាគូប្រជែង SPLM របស់គាត់គឺលោក ម៉ាឆារ។ ទោះជាយ៉ាងណា លោក ម៉ាឆារ បានបដិសេធការចោទប្រកាន់នេះ ហើយបានចោទប្រកាន់លោក កៀរ ថាបានប្រើការចោទប្រកាន់ និងអំពើហិង្សាជាលេសដើម្បីវាយប្រហារសត្រូវនយោបាយរបស់គាត់។ ប៉ុន្តែមិនយូរប៉ុន្មាន លោក ម៉ាឆារ បានដឹកនាំក្រុមឧទ្ទាម ប្រយុទ្ធប្រឆាំងនឹងលោក កៀរ ដែលជាមេដឹកនាំរដ្ឋាភិបាលនិង SPLMផង។

ការប្រយុទ្ធគ្នានេះបានក្លាយទៅជា ជម្លោះដ៏តានតឹងរវាង ជនជាតិដើមភាគតិច នៅពេលដែលភាពតានតឹងបានផ្ទុះឡើងរវាងក្រុមជនជាតិដើមភាគតិចរបស់ដោយ Kiir ត្រូវបានគាំទ្រជនជាតិ ឌិងកា (Dinka) ដោយខ្លួនបានកើតនៅក្នុងក្រុមជាតិសាសន៍មួយនេះ និងក្រុមជនជាតិដើមភាគតិច នូអ័រ (Nuer) បានគាំទ្រលោក ម៉ាឆារ។ ចាប់តាំងពីសង្រ្គាមបានកើតឡើងមក ក្រុមប្រដាប់អាវុធបានកំណត់គោលដៅលើជនស៊ីវិលតាមរយៈអត្តសញ្ញាណជាតិសាសន៍ភាគតិចរបស់គេដែលបណ្តាលឪ្យមានការលេចឡើងនូវការប្រព្រឹត្តបទរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទ បំផ្លាញទ្រព្យសម្បត្តិ ចោរកម្ម និងជ្រើសរើសកុមារឱ្យចូលក្នុងជួរកងទ័ពរបស់ពួកគេ។ ខណៈនោះផងដែរ ជម្លោះនេះបានបង្កទៅជាវិបត្តិមនុស្សធម៌កាន់តែខ្លាំងឡើងនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ជាមួយនឹងការប្រយុទ្ធគ្នាជាបន្តបន្ទាប់បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ១០.០០០ នាក់ បានបាត់បង់ជីវិត និងមនុស្សជាង ១,៩ លាននាក់បានផ្លាស់ទីលំនៅក្នុងមួយឆ្នាំបន្ទាប់ពីជម្លោះបានចាប់ផ្តើម។ ការគំរាមកំហែងបានកើនឡើងកាន់តែខ្លាំងឡើងទៅលើសន្តិសុខស្បៀងសម្រាប់ប្រជាជន ដោយសារការប្រយុទ្ធគ្នាបានរំខានដល់កិច្ចខិតខំប្រឹងប្រែងធ្វើកសិកម្ម។

ជម្លោះរវាងភាគីទាំងពីរបានរីករាលដាលទៅជាសង្រ្គាមស៊ីវិលដែលបើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីសំណាក់សហគមន៍អន្តរជាតិក្នុងឆ្នាំ២០១៤ និង២០១៥ក៏ដោយ វានៅតែបានបង្ហាញសញ្ញាតិចតួចនៃការបញ្ចប់សង្រ្គាមស៊ីវិលមួយនេះ បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខារវាងលោក កៀរ និងលោក ម៉ាឆារ នៅក្នុងខែសីហា ឆ្នាំ២០១៥ ក៏ដោយ។ ក្នុងនោះផងដែរ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលក្នុងតំបន់ដែលដឹកនាំដោយអាជ្ញាធរអន្តររដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៍ (Intergovernmental Authority on Development) ក៏ដោយ ដំណើរការនេះមិនមានភាពយូរអង្វែងទេដោយរាប់ចាប់ផ្តើមពីខែមករា ឆ្នាំ២០១៤ និងបន្តរហូតដល់ឆ្នាំ២០១៥។ កិច្ចព្រមព្រៀងឈប់បាញ់ជាច្រើនត្រូវបានចុះហត្ថលេខា ប៉ុន្តែពួកគេបានរំលោភបំពានកិច្ចព្រមព្រៀមទាំងនោះក្នុងរយៈពេលដ៏ខ្លី ខណៈដែលការប្រយុទ្ធនៅតែបន្ត។ ម៉្យាងវិញទៀត ការបោះឆ្នោតប្រធានាធិបតី ត្រូវបានកំណត់ឱ្យធ្វើឡើងនៅក្នុងឆ្នាំ២០១៥ ប៉ុន្តែដោយសារតែអំពើហិង្សាដែលកំពុងបន្ត អាណត្តិរបស់លោក កៀរ ត្រូវបានបន្តរយៈពេលបីឆ្នាំ អនុលោមទៅនឹងលក្ខខណ្ឌដែលសភាបានអនុម័ត។

ក្រោមការគំរាមកំហែងនៃទណ្ឌកម្មអន្តរជាតិ កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមជាច្រើនត្រូវបានបង្កើតឡើង។ ជាជំហានដំបូងឆ្ពោះទៅរកការបញ្ចប់សង្រ្គាមស៊ីវិល លោក ម៉ាឆារ បានត្រឡប់ទៅទីក្រុង ជូបា (Juba) ក្នុងខែមេសា។ នៅក្នុងឆ្នាំ២០១៦ លោកបានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីម្តងទៀតបន្ទាប់ពីចំណាយពេលជាងពីរឆ្នាំនៅក្រៅប្រទេស។ ក្រោយពេលលោកត្រឡប់មកវិញភ្លាម អំពើហិង្សាបានផ្ទុះឡើងរវាងកងកម្លាំងរដ្ឋាភិបាល និងបក្សប្រឆាំង ដែលធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនសារជាថ្មីទៀត។ លោក ម៉ាឆារ ក៏បានភៀសខ្លួនចេញពីប្រទេស ហើយទីបំផុតត្រូវបានគេចាប់ឃុំខ្លួននៅអាហ្វ្រ៊ិកខាងត្បូង។

បន្ទាប់ពីសង្រ្គាមស៊ីវិលជិតប្រាំឆ្នាំ លោក កៀរ និងលោក ម៉ាឆារ បានចូលរួមក្នុងការចរចាដែលសម្របសម្រួលដោយអ៊ូហ្កង់ដា (Uganda) និងស៊ូដង់ (Sudan) ក្នុងខែមិថុនា ឆ្នាំ២០១៨។ ក្រោយមកក្នុងខែនោះ លោក កៀរ និងលោក ម៉ាឆារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅទីក្រុង ខាធូម (Khartoum) ដែលរួមបញ្ចូលបទឈប់បាញ់ (Cease Fire) និងការសន្យាដើម្បីចរចាអំណាច។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្តបន្ទាប់ក៏ដោយ លោក កៀរ និងលោក ម៉ាឆារ បានចុះហត្ថលេខាលើបទឈប់បាញ់ចុងក្រោយ និងកិច្ចព្រមព្រៀងចែករំលែកអំណាចនៅក្នុងខែសីហា ឆ្នាំ២០១៨។ កិច្ចព្រមព្រៀងនេះត្រូវបានបន្តដោយកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលចុះហត្ថលេខាដោយរដ្ឋាភិបាល និងគណបក្សប្រឆាំងរបស់លោក ម៉ាឆារ រួមជាមួយនឹងក្រុមឧទ្ទាមមួយចំនួនទៀត។

គួរបញ្ជាក់ផងដែរថានៅក្នុងកិច្ចព្រមព្រៀមមួយ ដែលហៅថា កិច្ចព្រមព្រៀងរស់ឡើងវិញស្តីពីដំណោះស្រាយជម្លោះនៅស៊ូដង់ខាងត្បូង រួមមានរចនាសម្ព័ន្ធចែករំលែកអំណាចថ្មី និងបានបញ្ចូលលោក ម៉ាឆារ ជាអនុប្រធានាធិបតីឡើងវិញ។ នៅចុងខែតុលា ឆ្នាំ២០១៨ លោក ម៉ាឆារ បានត្រឡប់ទៅប្រទេសស៊ូដង់ខាងត្បូងវិញ សម្រាប់ការប្រារព្ធពិធី សន្តិភាពទូទាំងប្រទេស ដើម្បីជាសញ្ញា ដល់ការបញ្ចប់សង្គ្រាមស៊ីវិល។ សង្រ្គាមស៊ីវិលបានអូសបន្លាយអស់រយៈពេលជាង ៥ ឆ្នាំនេះត្រូវបានគេប៉ានប្រមាណថា មនុស្សជិត ៤០០.០០០នាក់បានស្លាប់ និងប្រមាណជិត ៤ លាននាក់បន្ថែមទៀតត្រូវបានផ្លាស់ទីលំនៅឬភៀសខ្លួនចេញពីប្រទេស។

ទំនាក់ទំនងឥណ្ឌាជាមួយមហាអំណាច

ការប្រែប្រួលនៃបរិបទពិភពលោករួមមាន សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចនិងបច្ចេកវិទ្យាបានធ្វើឱ្យពិភពលោកមើលឃើញកាន់តែច្បាស់ពីរបត់នយោបាយការបរទេសរបស់លោកNarendra Modiទៅលើប្រទេសមហាអំណាចរួមមានរុស្ស៊ី ចិន និង សហរដ្ឋអាមេរិក។ បើទោះបីជាប្រទេសឥណ្ឌាបានដាក់យុទ្ធសាស្ត្រឯករាជ្យ ប្រកាន់គោលជំហរមិនចូលបក្សសម្ព័ន្ធ ក៏ប៉ុន្តែឥណ្ឌានាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់លោកModiបានជ្រើសយកយុទ្ធសាស្ត្រពហុបក្សសម្ព័ន្ធមកអនុវត្តមានន័យថាឥណ្ឌាអាចនឹងចងមិត្តជាមួយគ្រប់បណ្តាប្រទេសឱ្យតែកាលៈទេសៈបម្រើផលប្រយោជន៍ដល់ឥណ្ឌា។ ហេតុនេះហើយ សប្តាហ៍នេះយើងនឹងមកសិក្សាពីទំនាក់ទំនង របស់ឥណ្ឌាឆ្លើយតបទៅនឹងប្រទេសរុស្ស៊ី ចិន និង សហរដ្ឋអាមេរិក។

ការផ្លាស់ប្តូរទំនាក់ទំនងរវាងឥណ្ឌានិងរុស្ស៊ី

ជំនួបរវាងលោកប្រធានាធិបតីរុស្ស៊ីនិងឥណ្ឌានៅក្នុងកិច្ចសហប្រតិបត្តិការសៀងហៃ(SCO)កាលពីខែកញ្ញានេះ បានបង្ហាញពីភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈពេលដែលលោកNarendra Modiបានសម្តែងភាពមិនពេញចិត្តរបស់ខ្លួនជាសាធារណៈចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយលោក Modi បានលើកឡើងថា “ពេលនេះមិនមែនជាពេលធ្វើសង្រ្គាមទេ ហើយមានតែលទ្ធិប្រជាធិបតេយ្យ ការទូត និងការសន្ទនាគឺជាការដោះស្រាយបញ្ហាដ៏ល្អបំផុត”។ លោកModiក៏បានរៀបរាប់ពីផលប៉ះពាល់នៃសង្រ្គាមទៅលើវិបត្តិ ស្បៀងអាហារ ជីកសិកម្ម និងថាមពលផងដែរ។ សំខាន់ជាងនេះទៅទៀតនោះ ចិន និងរុស្ស៊ី ហាក់បីដូចជាកំពុងពង្រឹងទំនាក់ទំនង កាន់តែស៊ីជម្រៅ ដែលធ្វើឲ្យទំនាក់ទំនងរបស់ឥណ្ឌាកាន់តែអាក្រក់ជាមួយប្រទេសទាំងពីរ។ គួររំលឹកផងដែរថា សម្រាប់ឥណ្ឌា ចិនគឺជាការគំរាមកំហែងសន្តិសុខជាតិលេខមួយរបស់ខ្លួន ហេតុនេះហើយស្របពេលដែលប្រទេសរុស្ស៊ីកំពុងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសចិន វាបានបន្ថែមសម្ពាធឱ្យឥណ្ឌាក្នុងហានិភ័យនៃការគំរាមកំហែងសន្តិសុខដែលធ្វើឱ្យភាពជាដៃគូរវាងឥណ្ឌានិងរុស្ស៊ីកាន់តែមិនទុកចិត្តកាន់តែខ្លាំងឡើង។

ឥណ្ឌានៅតែត្រូវការរុស្ស៊ី គ្រាន់តែតិចឬច្រើនជាងមុន

បើទោះបីជា សម្តីរបស់លោកModiបង្ហាញពីភាពមិនពេញចិត្តទៅលើរុស្ស៊ីក្នុងការបន្តសង្គ្រាមនៅអ៊ុយក្រែន តែវាបានហួសពេលទៅហើយព្រោះអំឡុងពេលកិច្ចប្រជុំសន្តិសុខអង្គការសហប្រជាជាតិ ឥណ្ឌាមិនបានបោះឆ្នោតថ្កោលទោសរុស្ស៊ីក្នុងការចាប់ផ្តើមសង្គ្រាមនោះទេ។ ម្យ៉ាងវិញទៀត ដូចដែរយើងដឹងហើយថា រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់មួយទៅឱ្យឥណ្ឌា បើទោះបីជាបំណងនៃធ្វើពិពិធកម្មការផ្គត់ផ្គង់សព្វាវុធរបស់ឥណ្ឌា និងអភិវឌ្ឍឧស្សាហកម្មការពារជាតិរបស់ខ្លួនបានធ្វើឲ្យការនាំចូលអាវុធរបស់រុស្ស៊ីទៅឲ្យឥណ្ឌាមានការធ្លាក់ចុះក៏ដោយ។ បន្ថែមពីនោះ ឥណ្ឌានៅតែពឹងផ្អែកការនាំចូលប្រេងនិងឧស្ម័នពីរុស្ស៊ី។ បើយោងតាមទិន្នន័យពី Reuters ក្នុងខែមេសា ការនាំចូលប្រេងរបស់ឥណ្ឌាពីរុស្ស៊ីបានកើនឡើងដល់ ៣៩០,០០០បារ៉ែលក្នុងមួយថ្ងៃ ហើយក្នុងខែឧសភាវាបានឡើងដល់ ៦៥០,០០០បារ៉ែល និង៩៨០,០០០នៅក្នុងខែមិថុនា នៅពេលដែលរុស្ស៊ីបានលោតនាំមុខអារ៉ាប៊ីសាអូឌីត ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំបំផុតទីពីរដល់ប្រទេសឥណ្ឌា។ ម្យ៉ាងវិញទៀត ការនាំចូលជីកសិកម្មពីរុស្ស៊ីក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ដែរពោលគឺកើនឡើងចំនួន៨ដង។ រដ្ឋមន្ត្រីក្រសួងគីមី និងជីកសិកម្ម លោក Mansukh Mandaviya បានប្រាប់សភាកាលពីខែមុនថា ប្រទេសឥណ្ឌាបាននាំចូលជីចំនួន ៧៧៤,០០០ តោនពីប្រទេសរុស្ស៊ីក្នុងត្រីមាសទីមួយ ដែលលើសពីមួយភាគប្រាំនៃការនាំចូលជីសរុបចំនួន ៣,៦៤ លានតោន។

ទំនាក់ទំនងឥណ្ឌា-ចិន

ជាការពិតណាស់ ទំនាក់ទំនងចិន-ឥណ្ឌាស្ថិតក្នុងស្ថានភាពមិនប្រក្រតីមានន័យថា វាមិនមានភាពរីកចំរើនណាស់ណាទេ ប៉ុន្តែក៏មិនមានការខ្សោះជីវជាតិដែរ យ៉ាងហោចណាស់ក៏នៅលើផ្នែកកណ្តាលមួយ។ ទោះបីជាមានការជួបប្រជុំគ្នាញឹកញាប់រវាងភាគីទាំងពីរក៏ដោយ ក៏ឥណ្ឌា និងចិនមិនមានការរីកចំរើនច្រើនលើការប្រឈមមុខដាក់គ្នានៅតាមព្រំដែនរបស់ពួកគេដែរចាប់តាំងពីការប៉ះទង្គិចព្រំដែនឆ្នាំ ២០២០ នៅជ្រលងភ្នំ Galwanមកម្ល៉េះ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសឥណ្ឌា (MEA) បន្ទាប់ពីកិច្ចប្រជុំកោះបាលី រដ្ឋមន្ត្រីឥណ្ឌាលោកS. Jaishakarបានលើកឡើងពីបញ្ហាព្រំដែន និង “បានអំពាវនាវឱ្យមានការដោះស្រាយឱ្យបានឆាប់នូវបញ្ហាសំខាន់ចម្បងទាំងអស់នៅតាមបណ្តោយ LAC នៅភាគខាងកើត Ladakh” ។ Jaishankar បានប្រើឱកាសនេះដើម្បីបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្ទុះ និង “ការផ្តាច់ទំនាក់ទំនងទាំងស្រុង” ដើម្បី “ស្តារសន្តិភាព និងភាពស្ងប់ស្ងាត់នៅក្នុងតំបន់ព្រំដែន” ។ លោកបានអំពាវនាវឱ្យប្រទេសចិនគោរពឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង និងសារទ្វេភាគីនានាដែលបានព្រមព្រៀងគ្នាពីមុន។ ហេតុនេះហើយ វាអាចនឹងមានផលវិបាកច្រើនក្នុងការប្រើយុទ្ធសាស្រ្តផ្សះផ្សារទំនាក់ទំនងរវាងចិននិងឥណ្ឌា ដោយសារតែការខ្វះទំនុកចិត្តលើប្រទេសចិន និងការសង្ស័យដែលជាលទ្ធផលគឺទំនងជាកើនឡើងដោយសារតែអាកប្បកិរិយាជាសត្រូវរបស់ចិន។

ទំនាក់ទំនងឥណ្ឌា-សហរដ្ឋអាមេរិច

គ្មានចំណុចណាមួយដែលបដិសេធការពិតដែលថាសហរដ្ឋអាមេរិកបានក្លាយជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ឥណ្ឌា។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គេសង្កេតឃើញថាទំនាក់ទំនងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំង។ ចាប់តាំងពីឆ្នាំ 2018 មក ទីក្រុង New Delhi និង Washington បានរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខសំខាន់ៗជាច្រើន។ ផងដែរប្រទេសទាំងពីរគឺជាផ្នែកមួយនៃកិច្ចសន្ទនាសន្តិសុខ Quadrilateral (គេស្គាល់ថាជា Quad) រួមជាមួយអូស្ត្រាលី និងជប៉ុន។ នៅឯកិច្ចប្រជុំកំពូល Quad នៅទីក្រុងតូក្យូកាលពីខែមុន លោក Modi បានជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden ដោយផ្ទាល់ជាលើកទីពីរ ដោយបំពេញបន្ថែមការពិភាក្សានិម្មិតដែលកំពុងបន្តរបស់ប្រទេសទាំងពីរ។ ឥណ្ឌាក៏បានចូលរួមជាមួយក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលទើបតែបង្ហាញនាពេលថ្មីៗនេះរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់វិបុលភាព ដែលមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងតំបន់ដែលខ្វះខាតសន្ធិសញ្ញាពាណិជ្ជកម្មផ្លូវការ។ ស្ថិតក្នុងភាពជាដៃគូដែលកំពុងរីកដុះដាលរបស់ពួកគេ ឥណ្ឌា និងសហរដ្ឋអាមេរិក ដែលជាប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតទាំងពីររបស់ពិភពលោក បានសន្យាថានឹងបញ្ជូនតម្លៃរួមរបស់ពួកគេ (និងផលប្រយោជន៍ជាយុទ្ធសាស្ត្រក្នុងការទប់ជាមួយប្រទេសចិន) ក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិសេរីដែលផ្អែកលើច្បាប់។

បើទោះបីជាឥណ្ឌាព្យាយាមចាប់យកយុទ្ធសាស្រ្តពហុបក្សសម្ព័ន្ធមកប្រើប្រាស់ដើម្បីផលប្រយោជន៍ខ្លួន តែវានៅតែមិនមានភាពច្បាស់លាស់ក្រោមហេតុផលដែលថា ពិភពលោកលែងជា bipolar ឬ unipolar ទៀតហើយ ប៉ុន្តែនៅតែមានភាពមិនច្បាស់លាស់អំពីលក្ខណៈពិសេសនៃលំដាប់ពិភពលោកពហុប៉ូលដែលកំពុងលេចចេញ។ ទោះបីជារដ្ឋាភិបាលឥណ្ឌាមានជំនឿថាផលប្រយោជន៍របស់ឥណ្ឌានឹងត្រូវបានបម្រើយ៉ាងល្អបំផុតនៅក្នុងលំដាប់ពិភពលោកពហុប៉ូលក៏ដោយ ក៏ផលចំណេញរបស់វាមិនត្រូវបានកំណត់ទុកជាមុននោះទេ។ ឥណ្ឌាអាចត្រូវជាមួយសហរដ្ឋអាមេរិច តែវាកាន់តែរំកិលឆ្ងាយពីរុស្ស៊ី ព្រោះរុស្ស៊ីកំពុងតែខិតទៅរកចិន ស្របពេលដែលចិនជាសត្រូវរបស់ឥណ្ឌា។

អតីតកាលដ៏ជូរចត់របស់ប្រទេសចិនដោយសារតែសង្គ្រាមអាភៀន

រាជវង្សឈីង (The Qing Dynasty) គឺជារាជវង្សចុងក្រោយនៃប្រទេសចិនដែលមានរជ្ជកាលចាប់ពីឆ្នាំ ១៦៤៤ ទៅដល់ឆ្នាំ ១៩១២។ រជ្ជកាលនេះដែរគឺជារជ្ជកាលដ៏រុងរឿងមួយនៃប្រទេសចិនដោយសារតែប្រទេសចិននៅក្នុងរាជវង្សនោះមានអំណាចខ្លាំងដោយបានវាតទី យកទឹកដីជាច្រើនដូចជាទឹកដីដែលយើងស្គាល់សព្វថ្ងៃថាជាកោះតៃវ៉ាន់ និង ចក្រភពទីបេ។ល។ ម្យ៉ាងទៀតប្រទេសចិននៅអំឡុងរាជវង្សឈីងបានបង្កើតនូវគ្រឿងប្រើប្រាស់ជាច្រើនដែលល្បីល្បាញ និងត្រូវបានគេយកទៅប្រើប្រាស់ពេញពិភពលោក ដែលរបស់ទាំងនោះមានដូចជាកាំភ្លើងនិងអាវុធផ្សេងៗជាដើម។ មួយវិញទៀតប្រទេសចិននៅក្នុងរាជវង្សឈីងក៏បានតាំងខ្លួនថាជា “នគរកណ្តាល” (The Middle Kingdom) ដែលមានវប្បធម៌រុងរឿងនិងមានប្រទេសជិតខាង ដូចជា ប្រទេសកូរ៉េនិងជប៉ុនបានខ្ចីនិងចម្លងវប្បធម៌ខ្លួនផងដែរ។ លើសពីនេះទៀតមហាឈីងក៏មានការកើនឡើងនៃសេដ្ឋកិច្ចជាខ្លាំងដោយសារតែការធ្វើជាពាណិជ្ជកម្មជាមួយប្រទេសដទៃ។ ប៉ុន្តែនៅអំឡុងរាជវង្សឈីង ប្រជាជនរបស់មហាឈីងមានការញៀនអាភៀនខ្លាំង ហើយដោយយោងតាម UKessay នៅឆ្នាំ ១៨៣២ មានបរិមាណជក់អាភៀនចំនួន ២០០០០ ហិបរង្វាល់រង្វាល់ដាក់អាភៀន ដែលចំនួននេះបានកើនឡើងដល់ ទៅ ៤០០០០ នៅឆ្នាំ ១៨៣៨។ ដែលការកើនឡើងនៃការជក់អាភៀននេះបានធ្វើឱ្យប្រជាជនមហាឈីងមានការលំបាកក្នុងការងារដោយសារតែការមានសតិមិនល្អពីការជក់អាភៀន។ អាភៀននេះដែរគឺត្រូវបាននាំចូលពីប្រទេសឥណ្ឌាដោយចក្រភពអង់គ្លេសយកមកលក់ឱ្យមហាឈីង។ ដោយសារតែការញៀនអាភៀនខ្លាំងពេកទើបធ្វើឱ្យមហាឈីងសម្រេចជិតយកអាភៀននៅក្នុងឃ្លាំងរបស់ចក្រភពអង់គ្លេសដែលមាននៅក្នុងប្រទេសចិនយកមកកម្ទេចចោលនិងបញ្ឃប់ការទិញអាភៀនពីចក្រភពអង់គ្លេសដែលធ្វើឱ្យចក្រភពអង់គ្លេសមានភាពខឹងសម្បារនិងប្រកាសសង្រ្គាម។ ប៉ុន្តែមហាឈីងបានចាញ់សង្គ្រាមអាភៀនដល់ទៅ ២ លើកដោយសារតែប្រទេសចិនកាលសម័យនោះមានកម្លាំងយោធាខ្សោយ។ នៅក្នុងអត្ថបទនេះនឹងបង្ហាញអំពីការកើតឡើងនៃសង្រ្គាមអាភៀន មូលហេតុនៃការចាញ់សង្រ្គាម និងការផ្លាស់ប្តូររបស់ប្រទេសចិនក្រោយសង្គ្រាមអាភៀន។

សង្គ្រាមអាភៀនលើកទី១

សង្គ្រាមអាភៀនលើកទី១បានកើតឡើងនៅអំឡុងឆ្នាំ ១៨៣៩ ទៅ ១៩៤២ ដែលសង្រ្គាមនេះបានកើតឡើងរវាងប្រទេសចិននិងចក្រភពអង់គ្លេស។ ដូចដែលបានលើកឡើងមកហើយ ប្រជាជនរបស់មហាឈីងមានការញៀនអាភៀនខ្លាំងដែលធ្វើឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងការងារនៅក្នុងប្រទេសដោយសារតែការជក់អាភៀនដែលមានការចាប់ផ្តើមពីខ្សែរាជវង្សដល់រាស្រ្តធម្មតា។ ដោយសារតែអត្រានៃការញៀនអាភៀនរបស់ប្រជាជនមហាឈីងកើនឡើងខ្លាំងធ្វើឱ្យមហាឈីងមានការរឹតបន្តឹងការនាំចូលអាភៀនដោយចក្រភពអង់គ្លេសព្រមទាំងកម្ទេចអាភៀនដែលមាននៅក្នុងខ្លាំងចោល។ ដោយឡែកការធ្វើបែបនេះបានធ្វើឱ្យចក្រភពអង់គ្លេសខឹងសម្បារជាខ្លាំដោយសារតែផលចំណេញដែលប្រទេសនោះទទួលបានដោយសារតែការលក់អាភៀនដល់ប្រទេសចិន។ ដោយហេតុនោះហើយសង្រ្គាមក៏បានផ្ទុះឡើង។ មហាឈីងក៏បានចាញ់សង្រ្គាមយ៉ាងទ្រុឌទ្រោមដោយសារតែគេគ្មានអាវុធទំនើបយកមកប្រើប្រាស់ដើម្បីធ្វើសង្រ្គាម។ ក្រោយពីការចាញ់សង្រ្គាមមកប្រទេសចិនត្រូវចុះសន្ធិសញ្ញា«ណានជីង» (The Treaty of Nanjing or Nanking) ដោយក្រោមសន្ធិសញ្ញានេះប្រទេសចិនត្រូវសងលុយរហូតដល់រាប់លានដុល្លារសហរដ្ឋអាមេរិកទៅដល់ចក្រភពអង់គ្លេសជាសំណងនៃសង្គ្រាម។ មួយវិញទៀតចក្រភពអង់គ្លេសក៏បានចូលមកគ្រប់គ្រងហុងកុងនិងបានបង្ខំឱ្យប្រទេសចិនបើកផែប្រាំផ្សេងទៀតដូចជាផែនៅ គ័ងចូវ សៀងហៃ។ល។ រួចក្រោយពីចប់សង្រ្គាមនោះនៅឆ្នាំ ១៨៤៣ មក ដោយសារតែអំណាចនៃប្រទេសលោកខាងលិច ចក្រភពអង់គ្លេសក៏ឈ្លៀតឱកាសនោះយកឥទ្ធិពលរបស់ខ្លួនមកកៀបសង្កត់មហាឈីងដោយដាក់សន្ធិសញ្ញាបន្ថែមទៅលើប្រទេសចិនដូចជាសន្ធិសញ្ញា«វ៉ាងហៃ» និង «ហុងប៉ោ» (The Treaty of Wanghai or Wangpoa and Whampao or Huangpao) ដែលសន្ធិសញ្ញទាំង ២ នេះគឺមហាឈីងបានបង្ខំឱ្យចុះជាមួយសហរដ្ឋអាមេរិកនិងប្រទេសបារាំង។ សន្ធិសញ្ញា វ៉ាងហៃ ត្រូវបានចុះជាមួយនឹងសហរដ្ឋអាមេរិករីឯសន្ធិ សញ្ញា ហុងប៉ោ ត្រូវបានចុះជាមួយនឹងប្រទេសបារាំងដើម្បីឱ្យប្រទេសទាំង ២ មានសិទ្ធិស្របច្បាប់ ក្នុងការធ្វើពាណិជ្ជកម្មជាមួយមហាឈីង។ ក្រោយពីព្រឹត្តិការណ៍នេះមហាឈីងបានធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់ប្រទេសលោកខាងលិច ដោយមិនអាចតបតបានដោយសារតែការចាញ់សង្គ្រាម ការសងសំណងទៅចក្រភពអង់គ្លេសនិង ការការគៀបសង្កត់ឱ្យបើកផែបន្ថែម។ ដោយហេតុនោះហើយទើបសង្រ្គាមនេះក្លាយជាមេរៀនមួយសម្រាប់មហាឈីង គឺគេមានការចងគំនុំទៅប្រទេសលោកខាងលិចដោយមានការចិត្តប្រឆាំងជនបរទេសព្រមទាំងបណ្តុះនូវការស្រលាញ់ជាតិ។

សង្គ្រាមអាភៀនលើកទី២

សង្រ្គាមអាភៀនលើកទី២បានកើតឡើងនៅអំឡុងឆ្នាំ ១៨៥៦ ទៅ ១៨៦០ ដោយសារឧបហេតុនៃនាវា Arrow (The Arrow Incident)។ ហើយឧបហេតុនេះបានកើតឡើងដោយសារតែមហាឈីងបានឡើងទៅ លើនាវាឈ្មោះ Arrow របស់ចក្រភពអង់គ្លេសហើយក៏បានចាប់ខ្លួនមនុស្ស១២នាក់។ នៅលើនាវានោះដែរក៏មានការបង្ហូតចុះនូវទង់ជាតិរបស់ចក្រភពអង់គ្លេសដែលត្រូវបានចក្រភពអង់គ្លេសចោទថាមហាឈីងបានជាន់ឈ្លីទង់ជាតិខ្លួន។ ដោយការធ្វើបែបនេះជាល្បិចរបស់ចក្រភពអង់គ្លេសដើម្បីបន្តពង្រីកវិសាលភាពពាណិជ្ជកម្ម មហាឈីង។ ក្រោយពីការកើតឡើងនៃភាពតានតឹងនោះចក្រភពអង់គ្លេសក៏បានប្រកាសសង្រ្គាមអាភៀនលើកទី២ មកលើមហាឈីង ដែលសង្រ្គាមអាភៀនលើកទី២ ប្រទេសចិនបានចាញ់សង្រ្គាមម្តងទៀតដែលធ្វើឱ្យមានការគៀបសង្កត់ថែមទៀតពីចក្រភពអង់គ្លេស។ គួរឱ្យដឹងថាសង្រ្គាមនេះអាចមានឈ្មោះច្រើនដូចជាសង្គ្រាមអង់គ្លេស-ចិនលើកទី២ឬសង្គ្រាមចិន-បរទេសលើកទី២។ រួចក្រោយមកប្រទេសបារាំងក៏បានរួមដៃជាមួយចក្រភពអង់គ្លេសដោយលើកហេតុផលថាប្រទេសចិនបានសម្លាប់បេសកជនបារាំង។ ការចាញ់សង្រ្គាមលើកនេះប្រទេសចិនបានចុះសន្ធិសញ្ញា«ធៀនជីង» (The Treaty of Tianjing) ដែលសទ្ធិសញ្ញានេះបានអនុញ្ញាតឱ្យប្រទេសចិនបើកផែបន្ថែម អាចឱ្យជនជាតិបរទេសមានសិទ្ធិដើរចូលទៅក្នុងប្រទេសចិនដោយសេរី និងសងលុយបន្ថែមទៅចក្រភពអង់គ្លេស។ល។ ក្រោយពីបញ្ចប់សង្រ្គាមអាភៀនលើកទី២ប្រទេសចិនទទួលបានមេរៀនមួយទៀតដោយបានបង្កើនស្មារតីស្រឡាញ់ជាតិ និងមានការស្អប់ប្រទេសលោកខាងលិចយ៉ាងខ្លាំង ហើយបានព្យាយាមវិវត្តខ្លួនធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសមួយដែលខ្លាំង។

សរុបសេចក្តីមកប្រទេសចិននៅក្នុងរជ្ជកាលមហាឈីងបានចាញ់សង្រ្គាមអាភៀន ២ ដង ដោយលើកទីមួយមហាឈីងបានចាញ់សង្រ្គាមរវាងចក្រភពអង់គ្លេសប៉ុន្តែត្រូវបានពិន័យនិងគៀបសង្កត់បន្ថែមដោយសហរដ្ឋអាមេរិកនិងប្រទេសបារាំង។ ហើយនៅសង្រ្គាមអាភៀនលើកទី ២ ជាមួយចក្រភពអង់គ្លេសក៏ប្រទេសចិនបានចាញ់សង្រ្គាមនឹងចក្រភពអង់គ្លេសដែរប៉ុន្តែត្រូវបានប្រទេសបារាំងឈ្លៀតឱកាសរួមដៃដាក់ទណ្ឌកម្មជាមួយចក្រភពអង់គ្លេស។ ដោយសារតែចាញ់សង្រ្គាមនេះ ប្រទេសចិន ជាពិសេសក្នុងរាជ្ជការមហាឈីងទទួលគំនាបជាខ្លាំងពីប្រទេសលោកខាងលិច និងផ្ដើមបាត់បង់អានុភាព។

ហេតុអ្វីបានជាលុយបាតថៃហើមដល់ជាង ៣៧ ក្នុង ១ ដុល្លារអាមេរិក?

លុយហើមគឺជាក្រៀមភាសាដែលប្រជាពលរដ្ឋយើងសព្វថ្ងៃឧស្សាហ៍ប្រើប្រាស់ក្នុងការសម្គាល់រូបិយវត្ថុមួយបានធ្លាក់ថ្លៃបើធៀបជាមួយលុយដុល្លារអាមេរិក។ ជាក់ស្ដែង លុយបាតដែលជារូបិយវត្ថុរបស់ប្រទេសថៃ និងធ្លាប់ត្រូវបានអ្នកជំនាញវាយតម្លៃខ្ពស់បានដាំក្បាលចុះបន្តិចម្ដងៗរាប់ចាប់ពីវត្ដមានកូវីដ១៩បានកើតឡើង ហើយបន្តចុះដល់ ៣៧ បាតក្នុងមួយដុល្លាអាមេរិក។ គួររំលឹកបន្តិថា ជាទូទៅលុយបាតមានតម្លៃល្បាក់ពី ៣០-៣៣ ក្នុងមួយដុល្លារអាមេរិកប៉ុណ្ណោះ ហើយតម្លៃលុយបាតបច្ចុប្បន្នគឺស្ថិតក្នុងសភាពទាបបំផុតក្នុងរយៈពេលជាង ១៦ ឆ្នាំ។ ដូចនេះ តើកត្តាអ្វីដែលធ្វើឱ្យលុយបាតធ្លាក់ថ្លៃ?

ស្ថានភាពសេដ្ឋកិច្ចពិភពលោកហាក់ដូចនៅកណ្ដាលសាគរ

បើរាប់ចាប់ពីឆ្នាំ២០២០មក សេដ្ឋកិច្ចពិភពលោកបានជួបប្រទះនូវព្រឹត្ដិការណ៍ក្ងានខ្មៅ (Black Swan) ជាច្រើនលើកដែលរាប់ចាប់ពីវត្ដមាននៃកូវីដ១៩ រហូតមកដល់ការសម្រេចចិត្ដឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ក្នុងគ្រហុកអតិផរណា។ វិបត្ដិថាមពលដែលកើតឡើងចាប់ពីពាក់កណ្ដាលឆ្នាំ២០២១ និងសង្គ្រាមសេដ្ឋកិច្ចរវាងប្រទេសរុស្ស៊ីនិងលោកខាងលិចក៏បានធ្វើឱ្យប្រភពថាមពលដែលមានដូចជាប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិបានស្ទុះឡើងថ្លៃយ៉ាងសន្ធឹកមួយកម្រិតទៀត។ ការថយចុះនៃចំនួនផ្គត់ផ្គង់នៅក្នុងទីផ្សារ ប៉ុន្តែបែរជាកើនឡើងនូវត្រូវការថាមពល គួបផ្សំជាមួយការកកស្ទះសង្វាក់ផលិតកម្ម បានធ្វើឱ្យអតិផរណាកើនឡើង។ ការកើនឡើងអតិផរណាជាសកលនេះក៏បន្ថែមសម្ពាធដោយការប្រណាំងគ្នាដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលប្រទេសមហាអំណាចសេដ្ឋកិច្ចដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម។ ការដំឡើងអត្រាការប្រាក់របស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងនេះក៏ត្រូវបានធនាគារពិភពលោកបានគូសសញ្ញាណព្រមាណពីការដើរថយក្រោយរបស់សេដ្ឋកិច្ចពិភពនៅឆ្នាំ២០២៣ដែរ។ ក្នុងន័យនេះ ត្បិតតែការដំឡើងអត្រាការប្រាក់អាចជួយសម្រាលស្ថានភាពអតិផរណាក្នុងស្រុករបស់ពួកគេបន្តិចមែន ប៉ុន្តែវាបានជះឥទ្ធិពលមកលើរូបិយវត្ថុរបស់ប្រទេសដទៃ ឧទាហរណ៍ អ្នកកាន់លុយដុល្លាអាមេរិកនាំគ្នាទៅដាក់លុយនៅធនាគារដើម្បីបានអត្រាការប្រាក់ខ្ពស់ ដែលជាហេតុធ្វើឱ្យតម្រូវការដុល្លារអាមេរិកកើនឡើង ហើយវាធ្វើឱ្យដុល្លាអាមេរិកឡើងថ្លៃក្រាក់ៗ។ យុទ្ធសាស្ត្រនេះក៏ជួយឱ្យប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិកមិនសូវចាយវាយ ឬខ្ជីប្រាក់ពីធនាគារឡើយ ដែលជាហេតុធ្វើឱ្យតម្រូវការថយចុះ។ ជាក់ស្ដែង ក្រៅពីលុយបាតរបស់ថៃហើយនោះ សូម្បីតែរូបិយបណ្ណរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗដូចជាចិន ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហ្វីលីពីន ជាដើមក៏កំពុងជួបប្រទះនូវការធ្លាក់ចុះតម្លៃបើធៀបជាមួយលុយដុល្លារអាមេរិកដែរ។

សុខភាពសេដ្ឋកិច្ចរបស់ប្រទេសថៃខ្លួនឯង

កាលពីឆ្នាំ២០១៩ លុយបាតរបស់ប្រទេសថៃ និង លុយ shekel របស់អ៊ីស្រាអ៊ែលត្រូវបានអ្នកជំនាញរបស់ The Economist វាយតម្លៃថាមានសភាពល្អជាបណ្ដារូបិយវត្ថុដទៃទៀតក្នុងរយៈពេល ១៥ ឆ្នាំ។ កាលនោះ The Economist បានលើកឡើងពីអតិផរណា ដែលវាជាប់ទាក់ទងនឹងអំណាចទិញ ហើយកាលនោះប្រទេសថៃមានអតិផរណាតែល្បាក់ ២.២% តែប៉ុណ្ណោះ ខណៈបច្ចុបន្ននេះអតិផរណារបស់ប្រទេសថៃបានកើនដល់ ៧.៦% ដែលជាចំនួនមួយលើសពីកាលពីវិបត្ដិហិរញ្ញវត្ថុឆ្នាំ២០០៨ទៅទៀត នេះបើយោងតាមការសិក្សារបស់សេដ្ឋវិទូរបស់ Bloomberg។ ការកើនឡើងនូវអតិផរណានេះបណ្ដាលមកពីការឡើងថ្លៃលើរបស់របរប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ជាពិសេសគឺប្រេងឥន្ធនៈនិងចំណីអាហារជាដើម។

ទន្ទឹមនេះ តម្រូវការលុយបាតក៏ធ្លាក់ចុះទៅតាមបរិមាណភ្ញៀវទេសចរណ៍ផងដែរ។ គួររំលេចបន្តិចថា ១ ភាគ ៥ នៃសេដ្ឋកិច្ចរបស់ប្រទេសថៃក៏ត្រូវអូសដោយវិស័យទេសចរណ៍ ដែលនៅឆ្នាំ២០១៩ភ្ញៀវទេសចរណ៍មកកាន់ប្រទេសថៃប្រមាណជិត ៤០ លាននាក់ ហើយនៅឆ្នាំ២០២១ភ្ញៀវទេសចរណ៍មានត្រឹមតែជាង ៤០ ម៉ឺននាក់ប៉ុណ្ណោះ។ ដោយហេតុតែវិស័យទេសចរណ៍គឺជាចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់គួបផ្សំជាមួយនឹងភាពធូរស្រាលពីកូវីដ១៩ផងនោះ រាជរដ្ឋាភិបាលថៃបានសម្រួលភ្ញៀវទេសចរណ៍បន្តិចម្ដងៗ រហូតវិលត្រលប់ទៅការបើកទ្វារទេសចរណ៍យ៉ាងពេញលេញនៅខែមិថុនា។ យ៉ាងណាមិញ នៅឆ្នាំ២០២២នេះ គោលដៅរបស់រាជរដ្ឋាភិបាលប្រទេសថៃគឺចំនួនភ្ញៀវទេសចរណ៍ត្រឹមតែចន្លោះ ៨ ទៅ ១០ លាននាក់ប៉ុណ្ណោះដែលនេះគឺជាចំនួនទាបជាងចំនួនភ្ញៀវទេសចរណ៍កាលពីមុនកូវីដ១៩ជាង ៣ ដង ហើយការរំពឹងទុកនេះក៏អាចមានភាពរអាក់រអួលដែលមិនច្បាស់ថាអាចសម្រេចបានផងដោយសារបញ្ហាសេដ្ឋកិច្ចសកល។

ជារួម ការបញ្ហាអតិផរណា និងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលនៃប្រទេសមហាអំណាចសេដ្ឋកិច្ចបានធ្វើឱ្យប៉ះពាល់ដល់ចរន្ដរូបិយបណ្ណរបស់ផ្សេងៗក្នុងសកលលោក។ ប្រទេសជប៉ុនដែលធ្លាប់តែជួយប្រទះនូវបរិត្ដផរណាជាច្រើនឆ្នាំក៏ជួបប្រទះនូវការកើនឡើងអតិផរណាយ៉ាងខ្ពស់ជាងគេក្នុងរយៈពេលជាង ៣ ទសវត្សរ៍ ដែលចំណូលរបស់ប្រជាជនខ្លះនៅដដែល ខណៈតម្លៃទំនិញបែរជាឡើងថ្លៃ។ ដូចនេះ ការធ្លាក់ថ្លៃនូវលុយបាតក៏ជារឿងមិនអាចគេចផុតដែរ ដែលអ្នកជំនាញថៃនៅតែមានសុទិដ្ឋនិយមទៅលើករណីនេះ។ ប្រទេសថៃក៏ព្យាយាមសម្រាលស្ថានភាពដោយបានដំឡើងអត្រាការប្រាក់ ហើយបើយោងតាមទេសាភិបាលរបស់ធនាគារកណ្ដាលថៃក៏បានបន្ថែមថាការដំ ហើយក៏មិនឱ្យប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចដែរ។ ក្នុងន័យនេះ ប្រសិនបើធនាគារកណ្ដាលរបស់ថៃសម្រេចដំឡើងអត្រាការប្រាក់ខ្ពស់ពេក នោះបើទោះបីជាអាចទប់ស្កាត់អតិផរណានិងការធ្លាក់ចុះនៃតម្លៃលុយបាតក៏ពិតមែន ប៉ុន្តែសកម្មភាពសេដ្ឋកិច្ចក៏ធ្លាក់ចុះតាមនោះដែរ ដោយសារតែប្រជាពលរដ្ឋអាចសុខចិត្ដដាក់ប្រាក់បញ្ញើជាមួយធនាគារដើម្បីយកអត្រាការប្រាក់ និងការខ្ចីប្រាក់ពីធនាគារដើម្បីបើកឬអភិវឌ្ឍអាជីវកម្មក៏ធ្លាក់ចុះ ខណៈដែលប្រទេសថៃកំពុងឈានទៅដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។

អង្គការដែលបរាជ័យក្នុងការទប់ស្កាត់មនោគមវិជ្ជានៅអាស៊ី (អង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ (Southeast Asia Treaty Organization))

ក្រោយពីសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ ពិភពលោកក៏បានចាប់ផ្តើមនៅសករាជថ្មីនៃការទទួលឯករាជ្យរបស់ប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមប្រទេសធំៗ។ ហើយបន្ទាប់មក សង្គ្រាមមួយទៀតបានកើតឡើងនោះគឺសង្គ្រាមមនោគមវិជ្ជាដែលយើងបានស្គាល់ថាជាសង្រ្គាមត្រជាក់ ចាប់ផ្ដើមនៅឆ្នាំ១៩៤៧។ សង្គ្រាមនេះគឺបានកើតឡើងដោយសារការប្រកួតប្រជែងនៃមនោគមវិជ្ជារបស់ប្រទេសមហាអំណាចធំៗ និងជាប្រទេសឈ្នះសង្គ្រាមលោកលើកទី២ចំនួនពីរ ដែលរះឡើងជំនួសប្រទេសអាណានិគមចាស់ដែលមានបារាំងនិងអង់គ្លេសគឺ សហរដ្ឋអាមេរិក និងសហភាពសូវៀត។ ការប្រកួតប្រជែងនេះមិនសំដៅទៅលើការដាក់អាណានិគមគ្រប់គ្រងប្រទេសណាទៀតទេ ប៉ុន្តែគឺជាការប្រកួតប្រជែងលើមនោគមវិជ្ជារវាងលទ្ធិសេរីនិយមនិងលទ្ធិកុម្មុយនីស្ដជុំវិញពិភពលោកវិញម្តង។

សង្គ្រាមត្រជាក់បានធ្វើឱ្យពិភពលោកបែងចែកជាពីរ និងជាសង្គ្រាមដែលធ្វើឲប្រទេសមួយចំនួនធំដែលទើបទទួលបានឯករាជ្យធ្លាក់ចូលសង្រ្គាមស៊ីវិលដោយសារការប្រជែងនៃមនោគមន៍សេរីនិងកុម្មុយនីស្ត។ អង្គការសម័្ពន្ធយោធាជាច្រើនក៏ត្រូវបានបង្កើតច្រើនផងដែរនាសម័យនោះ ដូចជាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) របស់សហរដ្ឋអាមេរិចនិងអឺរ៉ុបខាងលិចដើម្បីការពារសម្ព័ន្ធមិត្ត និងរាំងខ្ទប់ការរីករាលដាលលទ្ធិកុម្មុយនីស្ដចូលតំបន់នេះ និងកិច្ចព្រមព្រៀងវ៉ាសូវី (Warsaw pact) ដែលមានសហភាពសូវៀតជាបងធំ និងបណ្ដាប្រទេសនៅប៉ែកអឺរ៉ុបខាងកើតដែលអនុវត្តលទ្ធិកុម្មុយនីស្ដ។

ក្នុងនោះដែរ យើងក៏បានឃើញថាក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏មានអង្គការសម្ព័ន្ធភាពយោធាមួយ មានឈ្មោះថាអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ ឬ សេអាតូ (SEATO) ដែលមានសហរដ្ឋអាមេរិកជាអ្នកដឹកនាំ។ អង្គការនេះមានមូលដ្ឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្ទាល់តែម្តង ព្រោះសហរដ្ឋអាមេរិកបានចាត់ទុកតំបន់នេះ ងាយរងគ្រោះនិងដើម្បីទប់ទល់ការរីកដុះដាលមនោគមវិជ្ជាកុម្មុយនីស្តចូលក្នុងតំបន់នេះដែលភាគច្រើនជាប្រទេសទើបទទួលបានឯករាជ្យ។ តើអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍នេះមានសមាជិក គោលបំណង និងតួនាទីយ៉ាងដូចម្តេច?

១. ការកកើតនៃអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍

អង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ ឬយើងស្គាល់ថា សេអាតូ គឺជាអង្គការសម្ព័ន្ធភាពយោធាមួយដែលដូចទៅនឹងអង្គការណាតូដែរ ហើយអង្គការទាំងពីរនេះបានបង្កើតឡើងក្នុងបរិបទសង្រ្គាមត្រជាក់ និងមានគោលបំណងទប់ទល់និងការពារនឹងមនោគមវិជ្ជាកុម្មុយនីស្ដដូចគ្នានាសម័យនោះ។ សេអាតូត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៥៤ និងមានសមាជិកចំនួន៨ប្រទេស តែមានពីរប្រទេសប៉ុណ្ណោះដែលជាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ នោះគឺថៃនិងហ្វ៊ីលីពីន ដែលសុទ្ធតែជាសម្ព័ន្ធមិត្តជិតស្និទ្ននឹងសហរដ្ឋអាមេរិក។ ក្រៅពីប្រទេសចំនួនពីរនេះ នៅមានប្រទេសចំនួន៦ទៀតជាសមាជិកដូចជា សហរដ្ឋអាមេរិកដែលជាបងធំខាងលោកសេរី ចក្រភពអង់គ្លេសដែលកំពុងគ្រប់គ្រងនៅទឹកដីហុងកុង កោះបរណេអូខាងជើង (North Borneo) និងសារ៉ាវ៉ាក (Sarawak) ដែលជារដ្ឋមួយរបស់ប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន សាធារណរដ្ឋបារាំងដែលធ្លាប់មានការគ្រប់គ្រងនៅតំបន់ឥណ្ឌូចិន អូស្ត្រាលី ប៉ាគីស្ថាន និងនូវែលសេឡង់ដែលមានទឹកដីនៅជិតតំបន់អាស៊ីអាគ្នេយ៍។

អង្គការនេះបានកើតឡើងតាមរយៈកិច្ចព្រមព្រៀងទីក្រុងម៉ានីល ដែលជាផ្នែកមួយនៃគោលលទ្ធិទ្រូម៉ាន់ (Truman Doctrine) របស់អាមេរិកនៃការបង្កើតសន្ធិសញ្ញាការពារទ្វេភាគី និងសមូហភាពប្រឆាំងនឹងកុម្មុយនីស្ដដែលកំពុងរីករាលដាលខ្លាំងលើប្រទេសទើបទទួលបានឯករាជ្យក្នុងតំបន់អាស៊ីអាគ្នេយ៍នេះឯង។ អង្គការនេះមានទីស្នាក់ការនៅក្នុងទីក្រុងបាងកក ប្រទេសថៃ និងមានអគ្គលេខាធិការដំបូងជាជនជាតិថៃគឺលោក ប៉ូត សារ៉ាស៊ីន (Pote Sarasin)។ ដូចដែលបានដឹងហើយថា សេអាតូគឺត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារនិងទប់ស្កាត់និងលិទ្ធិកុំម្មុយនីសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាពិសេសក្នុងតំបន់ឥណ្ឌូចិនដែលមានប្រទេសកម្ពុជា ឡាវ និងវៀតណាម (វៀតណាមខាងត្បូង) ដែលងាយនឹងប្រឈមនឹងការលុកលុយពីពួកកុម្មុយនីស្ដ ព្រោះប្រទេសទាំងបីសុទ្ធតែមានកម្លាំងកុម្មុយនីស្ដប្រឆាំងនឹងរាជ/រដ្ឋាភិបាលនៃប្រទេសទាំងបី។ មួយវិញទៀត យើងឃើញថាវៀតណាមខាងត្បូងជាសម្ព័ន្ធមិត្តរបស់អាមេរិកមួយដែរ តែមិនបានចូលជាសមាជិកសេអាតូនោះទេ ព្រោះសន្និសីទទីក្រុងហ្សឺណែវស្តីពីវៀតណាមឆ្នាំ១៩៥៤បានហាមមិនឱ្យវៀតណាមពាក់ព័ន្ធនិងការដាក់មូលដ្ឋានយោធា និងចូលជាសមាជិកអង្គការយោធាណាមួយឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសទាំងបីនៅក្នុងឥណ្ឌូចិនត្រូវបានអង្គការមួយនេះយកចិត្តទុកដាក់បំផុតនិងអនុម័តការការពារយោធាដោយពិធីសារមួយក្នុងការទប់ទល់នឹងលិទ្ធិកុម្មុយនីស្ដ។

២. បរាជ័យក្នុងការទប់ទល់កុម្មុយនីស្ដក្នុងឥណ្ឌូចិននិងការរំសាយអង្គការសេអាតូ

ក្រោយពីសនិ្នសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ ស្តីពីតំបន់ឥណ្ឌូចិន ប្រទេសកម្ពុជានិងប្រទេសឡាវនៅតែគ្រប់គ្រងដោយរាជរដ្ឋាភិបាលតែមួយរៀងៗខ្លួន បើទោះបីជានៅមានកងកម្លាំងកុម្មុយនីស្តក៏ដោយ តែប្រទេសវៀតណាមត្រូវបានបែងចែកជាពីរ ដោយផ្នែកខាងជើងត្រូវបានគ្រប់គ្រងដោយពួកកុម្មុយនីស្ត និងផ្នែកខាងត្បូងត្រូវបានគ្រប់គ្រងដោយព្រះអង្គម្ចាស់បាវដាយនិងក្រោយមកទៀតបានប្រែក្លាយជាសាធារណរដ្ឋវៀតណាមដោយលោកង៉ោ ឌិញ ឌិមជាប្រធានាធិបតីនិងមាននិន្នាការទៅខាងលោកសេរី។

បន្ទាប់ពីមានការប្រទាញប្រទង់គ្នារវាងលទ្ធិកុម្មុយនីស្ដ និងលិទ្ធសេរីនៅលើទឹកដីឥណ្ឌូចិន ដែលស្តែងចេញតាមរយៈសង្គ្រាមវៀតណាមមក សហរដ្ឋអាមេរិក និងសម័្ពន្ធមិត្តសេអាតូបានខិតខំទប់ស្កាត់កងកម្លាំងវៀតណាមខាងជើងដែលជាកងទ័ពកុម្មុយនីស្ដ ដែលចង់កាន់កាប់វៀតណាមខាងត្បូងផ្ទាល់តែម្តង។ មួយវិញទៀតសហរដ្ឋអាមេរិកក៏បានព្យាយាមទាញកម្ពុជាចូលទៅក្នុងអង្គការមួយនេះដែរ តែត្រូវបានកម្ពុជាបដិសេធ ព្រោះប្រទេសកម្ពុជានាសម័យនោះបានប្រកាន់យកនយោបាយអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធណាមួយឡើយ។
អង្គការសេអាតូចាប់ផ្តើមថមថយកម្លាំងបន្តិចម្ដងៗ ជាពិសេស នៅពេលសមាជិកនីមួយៗបានចាកចេញពីសម័្ពន្ធភាពយោធាមួយនេះ ដូចជាប្រទេសប៉ាគីស្ថានដែលបានដកខ្លួនចេញពីសេអាតូនៅឆ្នាំ១៩៧៣ ព្រោះតែបានខកចិត្តជាមួយអង្គការនេះដែលបានបរាជ័យក្នុងការផ្តល់ជំនួយដល់ខ្លួនក្នុងជម្លោះជាមួយប្រទេសឥណ្ឌា។ បើទោះបីជានៅឆ្នាំ១៩៧០ ប្រទេសកម្ពុជាដែលធ្លាប់ជាប្រទេសអព្យាក្រឹតត្រូវបានពួកស្តាំនិយមដែលជាពួកអាមេរិកនិយមបានកាន់កាប់ក៏ដោយ ក៏ត្រូវបានកងទ័ពកុម្មុយនីស្ដខ្មែរក្រហមវាយបំបែកបាននៅឆ្នាំ១៩៧៥។ នេះគឺជាការស្តែងចេញពីភាពបរាជ័យក្នុងការទប់ទល់ជាមួយកម្លាំងកុម្មុយនីស្ដក្នុងប្រទេសកម្ពុជាដែលខ្លួនសុខចិត្តផ្តល់ជំនួយដល់ពួកស្តាំនិយមដើម្យីទម្លាក់របបរាជានិយម។

អ្វីដែលជាបរាជ័យធំបំផុតរបស់អង្គការនេះ គឺការចាញ់សមរភូមិវៀតណាម (សង្រ្គាមឥណ្ឌូចិនលើកទី២) រហូតដល់ធ្វើឱ្យវៀតណាមខាងត្បូងបានធ្លាក់ចូលក្នុងកណ្តាប់ដៃពួកកុម្មុយនីស្ដនៅឆ្នាំ១៩៧៥ រួមទាំងប្រទេសឡាវមួយទៀតផងដែរ ដែលបានធ្លាក់ចូលការកាន់កាប់របស់ពួកកុម្មុយនីស្ដឡាវផងដែរ។ ការបរាជ័យនៃសង្គ្រាមវៀតណាមឬសង្រ្គាមឥណ្ឌូចិនលើកទី២នៅឆ្នាំ១៩៧៥នេះហើយ ដែលធ្វើឱ្យគោលបំណងធំក្នុងការទប់ទល់ឥទ្ធិពលកុម្មុយនីស្ដរបស់សេអាតូត្រូវបរាជ័យដូចគ្នា។ ជាលទ្ធផលអង្គការនេះត្រូវបានរំលាយជាផ្លូវការនៅឆ្នាំ១៩៧៧។

សរុបមក ក្នុងបរិបទសង្គ្រាមត្រជាក់អង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍មានតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់កម្លាំងកុម្មុយនីស្ដនៅអាស៊ីអាគ្នេយ៍ ដែលមានសហភាពសូវៀតជាបងធំ និងចិនជាយក្សកុម្មុយនីស្ដថ្មីថ្មោងនៅអាស៊ី។ អង្គការមួយនេះបានបញ្ចូនជំនួយទាំងថវិកានិងយោធាជាច្រើនក្នុងការទប់ទល់នឹងចលនាកុម្មុយនីស្ដ ជាពិសេសសង្គ្រាមវៀតណាម ដោយបានបញ្ចូនទាំងកម្លាំងទ័ពនិងអាវុធជាច្រើនក្នុងកាប្រយុទ្ធ។ ប៉ុន្តែមិនបានសមដូចបំណងខ្លួនឡើយបន្ទាប់ពីសន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៧២ ដែលធ្វើឱ្យកងទ័ពអាមេរិក និងកងទ័ពសម្ព័ន្ធសេអាតូត្រូវបានដកចេញពីប្រទេសវៀតណាមខាងត្បូង និងអស់ឥទិ្ធពលលើឥណ្ឌូចិនទាំងមូល ដែលធ្វើឱ្យកងទ័ពកុម្មុយនីស្ដនៃប្រទេសទាំងបីអាចវាយចូលគ្រប់គ្រងប្រទេសរៀងខ្លួនត្រឹមឆ្នាំ១៩៧៥ ជាលទ្ធផលអង្គការសេអាតូមិនបានសម្រេចគោលបំណងធំរបស់ខ្លួន ហើយក៏ត្រូវបានរំលាយនៅពីរឆ្នាំបន្ទាប់។

ឥទ្ធិពលការប្រែប្រួលអាកាសធាតុបានជះមកលើសេដ្ឋកិច្ចពិភពលោកយ៉ាងដូចម្ដេច?

នាពេលបច្ចុប្បន្ន ទោះបីជាវិបត្ដិកូវីដ១៩ហាក់ស្រាកស្រាន្ដ ប៉ុន្តែបញ្ហាបម្រែបម្រួលអាកាសធាតុដែលមានវត្ដមានមុនកូវីដ១៩ហើយបច្ចុប្បន្នក៏នៅតែបន្តអង្រួនពិភពលោក។ តំបន់ខ្លះកំពុងជួបប្រទះនូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ហើយតំបន់ខ្លះទៀតជួបប្រទះនូវគ្រោះរាំងស្ងួត ដែលទាំងនេះសុទ្ធសឹងតែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសដែលបានរងផលប៉ះពាល់រាប់សិបលានដុល្លារ។ គ្រោះធម្មជាតិដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុទាំងអស់នេះបានធ្វើឱ្យគ្រួសារជាច្រើន ជាពិសេសអ្នកដែលពឹងផ្អែកលើវិស័យកសិកម្មធ្លាក់ក្នុងភាពក្រីក្រ ដែលតម្រូវឱ្យរដ្ឋាភិបាលបញ្ចេញថវិការជាតិដើម្បីស្ដារស្ថានភាពឡើងវិញ ចំពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងតែមានស្ថានភាពមិនច្បាស់លាស់។

ទឹកជំនន់ផង គ្រោះទុរ្ភិក្សផង!

ជាក់ស្តែង ស្ថានភាពគ្រោះទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាននៅពេលនេះគឺជាការដាស់តឿនមួយដល់ពិភពលោកស្តីពីការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុព្រោះយ៉ាងហោចណាស់មនុស្ស ៣៣ លាននាក់បានទទួលផលប៉ះពាល់ពីគ្រោះមហន្តរាយនេះ ហើយបើគិតត្រឹមថ្ងៃទី៩ ខែកញ្ញា មនុស្សជាង ៦៦៤,០០០ នាក់កំពុងជ្រកកោននៅក្នុងជំរំជនភៀសខ្លួន ដោយខ្វះខាតទីជំរក អាហារ ទឹកស្អាត និងអនាម័យ។ បើយោងតាមរដ្ឋមន្ត្រីក្រសួងផែនការបានឱ្យដឹងថា ការខូចខាតពីទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាននឹងមានតម្លៃច្រើនជាងជាង ១០ ពាន់លានដុល្លារ បន្ទាប់ពីមនុស្សរាប់លាននាក់បានបាត់បង់ផ្ទះសម្បែង និងជីវភាពរស់នៅ ខណៈដែលផ្លូវ និងស្ពានសំខាន់ៗត្រូវបានទឹកជំនន់បោកបក់ទៅបាត់ព្រមទាំងគម្រាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារព្រោះទីតាំងដែលផលិត (ខេត្ត Sindh) កំពុងតែរងគ្រោះ។

រីឯប្រទេសថៃវិញក៏កំពុងតែក្រពុលមុខនឹងគ្រោះទឹកជំនន់ដូចគ្នាព្រោះឆ្នាំនេះការប្រែប្រួលអាកាសធាតុបានធ្វើឱ្យភ្លៀងមូសុងធ្លាក់ច្រើនជាងឆ្នាំមុនៗដែលធ្វើឱ្យកម្រិតទឹកភ្លៀងកើនឡើង។ ខេត្តចំនួន២១របស់ប្រទេសថៃបាននឹងកំពុងរងនូវផលប៉ះពាល់ហើយអាចមានលទ្ធភាពពន្យឺតសកម្មភាពទេសចរណ៏ទៀតផងដោយសារតែការលុបចោលនៃដំណើរកំសាន្តទៅកាន់ទីតាំងដែលកំពុងរងគ្រោះ។ ទន្ទឹមនេះ រាជធានីបាងកកក៏ជៀសមិនផុតពីគ្រោះមហន្តរាយនេះដែរ ដែលអភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថាមូលហេតុចម្បងនៃទឹកជំនន់គឺភ្លៀងធ្លាក់ច្រើនជាងធម្មតានៅក្នុង និងជុំវិញទីក្រុងបាងកកក្នុងឆ្នាំនេះ ដែលធ្វើឱ្យទន្លេហៀរហូរពេញទីក្រុង។ ទោះបីជាយ៉ាងណាក៏ដោយក៏អ្នកជំនាញ និងអាជ្ញាធរពាក់ព័ន្ធនៅតែមានភាពសុទិដ្ឋិនិយមក្នុងការកែប្រែស្ថានការណ៏ឱ្យល្អប្រសើរក្នុងពេលឆាប់ៗនេះដោយផ្អែកទៅលើមេរៀន និងបទពិសោធន៏គ្រោះទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងឆ្នាំ២០១១កន្លងទៅ។ គួររំលឹកបន្តិចថា ប្រទេសថៃគ្មានថ្ងៃបំភ្លេចការចងចាំមួយនេះទេព្រោះពេលនោះទឹកជំនន់បានឆក់យកជីវិតមនុស្សជាង ៨០០ នាក់ និងបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចចំនួន ១,៤២៥ ទ្រីលានបាត។

អ្វីដ៏គួរឱ្យកត់សម្គាល់មួយទៀតនោះគឺនៅរដូវក្តៅឆ្នាំ ២០២២ ប្រទេសចិនបានរងការវាយប្រហារដោយរលកកំដៅដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួនក្នុងរយៈពេល ៦ ទសវត្សរ៍ចុងក្រោយដែលធ្វើឱ្យគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរដែលប៉ះពាល់ដល់ផលិតកម្មអាហារ និងរោងចក្រ ការផ្គត់ផ្គង់ថាមពល និងការដឹកជញ្ជូននៅក្នុងតំបន់ដ៏ធំនៃប្រទេស។ ទន្ទឹមនេះ ទន្លេមួយចំនួននិងផ្នែកនៃទន្លេ Yantze ក៏កំពុងត្រូវបានរីងស្ងួតផងដែរ។ គួរបញ្ជាក់បន្តិចថាទន្លេ Yangtze ដែលលាតសន្ធឹងពីឆ្នេរសមុទ្រសៀងហៃ ដល់ខេត្តស៊ីឈួន ភាគនិរតីរបស់ប្រទេសចិន និងរាប់បញ្ចូលទាំងទន្លេវែងបំផុតរបស់អាស៊ី ហើយក៏ជាប្រភពផលិតថាមពលដ៏ធំរបស់ចិនផងដែរ។

យ៉ាងណាមិញ ស្ថានភាពនៅទ្វីបអឺរ៉ុបក៏មិនត្រូវតែមើលរំលងព្រោះនាពេលនេះរដូវក្តៅមានលក្ខណៈកាន់តែស្ងួតទៅៗ។ ជាក់ស្តែង ដងទន្លេ Rhine របស់ប្រទេសអាឡឺម៉ង់ស្រកចុះខ្លាំងធ្វើឱ្យការដឹកជញ្ជូនសារធាតុគីមី ធ្យូងថ្ម និងគ្រាប់ធញ្ញជាតិត្រូវបានរំខានដែលគំរាមកំហែងដល់ការប៉ះទង្គិចគ្នាបន្ថែមទៀតនៃសង្វាក់ផ្គត់ផ្គង់។ នៅភាគខាងជើងប្រទេសអ៊ីតាលី កសិករកំពុងជ្រួលច្របល់ដោយគ្រោះរាំងស្ងួតដ៏អាក្រក់ដែលប៉ះពាល់ដល់ការផលិតដំណាំ ហើយក៏ការដឹកជញ្ជូនក៏ត្រូវនូវការគម្រាមកំហែងផងដែរ។ បញ្ហាដែលទាក់ទងនឹងអាកាសធាតុទាំងនេះអាចជំរុញអតិផរណាកើនឡើង ខណៈដែលអឺរ៉ុបកំពុងតស៊ូទប់ទល់នឹងការកើនឡើងនៃតម្លៃម្ហូបអាហារ និងឥន្ធនៈ។

បម្លាស់ប្តូរដើម្បីឈានទៅរកសេដ្ឋកិច្ចបៃតង

បើយោងតាមកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (United Nations Environment Programme) សេដ្ឋកិច្ចបៃតងសម្តៅលើកាបូនទាប ធនធានប្រកបដោយប្រសិទ្ធផល និងបរិយាបន្នសង្គម។ ជាក់ស្តែងគ្រប់ប្រទេសទាំងអស់បានចូលរួមកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងឆ្នាំ២០១៥ស្តីពីការប្រែប្រួលអាកាសធាតុដែលអំពាវនាវឱ្យរក្សាសីតុណ្ហភាពពិភពលោកមិនឱ្យលើសពី ១.៥°C។ នេះជាមូលហេតុដែលប្រទេសមួយចំនួនដែលកំពុងកើនឡើងកំពុងធ្វើការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវ “Carbon Neutrality” ឬ “Net Zero” ដែលមានន័យថាការមិនបំភាយឧស្ម័នកាបូនិកថ្មីថែមទៅក្នុងបរិយាកាស។ ដើម្បីឈានដល់ Net Zero ត្រឹមឆ្នាំ ២០៥០ ការចំណាយត្រូវតែកើនឡើងពោលគឺបន្តែម ៣.៥ ទ្រីលានដុល្លារក្នុងមួយឆ្នាំ ។

សេដ្ឋកិច្ចបៃតងជាដំណោះស្រាយដ៏ល្អប៉ុន្តែត្រូវប្រឈមមុខនឹងឧបសគ្គច្រើនមុននឹងសម្រេចបាន

ត្បិតតែសេដ្ឋកិច្ចបៃតងនឹងផ្ដល់ប្រយោជន៍សេដ្ឋកិច្ចនិងសង្គមដ៏ធំធេង ប៉ុន្តែវាក៏ត្រូវការចំណាយលុយរាប់ទ្រីលានដុល្លារដើម្បីឈានទៅដល់សេដ្ឋកិច្ចបៃតង។ ដើម្បីឈានទៅដល់ Net Zero ពិភពលោកទាំងមូលត្រូវរំពឹងទុកថានឹងចំណាយយ៉ាងហោចណាស់ ៤.១៣ ទ្រីលានដុល្លារក្នុងមួយឆ្នាំៗឱ្យបានមុនឆ្នាំ២០៣០។ នេះជាឧបសគ្គធំមួយព្រោះពិភពលោកក៏កំពុងតែប្រើប្រាស់ថវិការដើម្បីទប់ទល់នឹងបញ្ហាផ្សេងៗទៀតដូចជាការរាលត្បាតនៃជម្ងឺកូវីដ១៩ វិបត្តិរវាងសង្គ្រាមរុស្សី និងអ៊ុយក្រែន ក៏ដូចជាដោះស្រាយនូវបញ្ហាអតិផរណា និងបញ្ហាកង្វះថាមពលផងដែរ។ តួយ៉ាងជុំវិញគ្រោះរាំងស្ងួតនៅប្រទេសចិនពេលនេះបានវាយប្រហារវារីអគ្គីសនីនៅផ្នែកនិរតីនៃខេត្តស៊ីឈ័នទាំងដែលថាមពលជាង៣០%នៃថាមពលវារីអគ្គីសនីសរុបក្នុងប្រទេសបានមកពីវាខេត្តនេះឯង។ ចំណុចនេះអាចរុញច្រានឱ្យប្រទេសចិនរឹតតែពឹងផ្អែកលើថាមពលធ្យូងថ្មដើម្បីដោះស្រាយបញ្ហាដ៏តក់ក្រហល់ទាំងដែលប្រទេសចិនបានប្តេជ្ញាចិត្តក្នុងការឈានទៅដល់ Net Zero ឱ្យបានមុនឆ្នាំ២០៦០ក៏ដោយ។

សរុបមក ការប្រែប្រួលអាកាសធាតុបានបង្កជាហានិភ័យមកលើសកម្មភាពសេដ្ឋកិច្ច សុខមាលភាពរបស់មនុស្សជាតិ បរិស្ថាន ក៏ដូចជាអាយុកាលដែលភពផែនដីអាចបន្តទៅមុខបាន។ ប្រសិនជាយើងនៅស្ងៀមមិនធ្វើអ្វីសោះ គ្រោះធម្មជាតិនឹងកើតឡើងជានិច្ចដែលវាប៉ះពាល់ដល់ការធ្វើកសិកម្ម ការផ្គត់ផ្គង់ចំណីអាហារពាណិជ្ជកម្មជាដើម។ ជាពិសេសយើងក៏តម្រូវឱ្យចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីស្រោចស្រង់នូវភាពខូចខាត ប៉ុន្តែប្រសិនបើយើងចំណាយប្រាក់យ៉ាងច្រើនទៅលើការចាត់វិធានការទៅលើបញ្ហាអាកាសធាតុ វាក៏នឹងផ្តល់មកវិញនូវគុណប្រយោជន៏ដែលមានចំនួនលើសពីការចំណាយច្រើនដងប្រៀបបានដូចជាការការពារមុនព្យាបាល។

ទោះជាប្រទេសមានបំណុលច្រើន ប៉ុន្តែសេដ្ឋកិច្ចជប៉ុននៅតែខ្លាំង

ប្រទេសជប៉ុនគឺជាប្រទេសដែលបានទទួលចំណាត់ថ្នាក់លេខ១នៅលើពិភពលោក ក្នុងងារជាប្រទេសមានបំណុលជាតិច្រើនជាងគេបង្អស់ ប្រសិនបើធៀបទៅនិងទំហំផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។ យោងទៅតាមការចេញផ្សាយរបស់គេហទំព័ររបស់ World Population Review នៅក្នុងឆ្នាំ២០២២នេះ បំណុលរបស់ប្រទេសជប៉ុនគឺមានទំហំដល់ទៅ ២៣៤% នៃទំហំផលិតផលក្នុងស្រុកសរុប ដែលតួរលេខនេះត្រូវបានតាមដោយប្រទេសវេណេស៊ុយអេឡាដែលជាប្រទេសមានបំណុលច្រើនជាងគេលំដាប់ទី២។ ប៉ុន្តែហេតុអ្វីទៅបានជាប្រទេសជប៉ុននៅតែត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសេដ្ឋកិច្ចដ៏រឹងមាំដដែល? ហើយហេតុអ្វីទៅបានជាប្រទេសនេះមិនមានបញ្ហាសេដ្ឋកិច្ចដូចប្រទេសផ្សេងទៀតដែលមានបំណុលសេដ្ឋកិច្ចកប់ពពកយ៉ាងដូច្នេះដែរ?

តើបំណុលដ៏លើសលប់របស់ប្រទេសជប៉ុនកើតឡើងដោយសារអ្វី?

បំណុលរបស់ប្រទេសជប៉ុនបានចាប់ផ្តើមកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងអំឡុងទសវត្សរ៍ ១៩៧០ មកម្ល៉េះ។ ចាប់តាំងពីឆ្នាំ ១៩៧១ មក កំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនមានការថមថយជាខ្លាំងគឺពីកំណើន ៤% ទៅកាន់ ១% នៅក្នុងចន្លោះឆ្នាំ ១៩៩២ និងឆ្នាំ២០០៤។ មិនយូរប៉ុន្មាន ប្រទេសជប៉ុនក៏បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឱ្យរដ្ឋាភិបាលជប៉ុនទម្លាក់កញ្ចប់ថវិការសេដ្ឋកិច្ចមមកប្រើប្រាស់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏សេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែមិនអាចចាកចេញពីវិបត្តិបានដែរ ស្របពេលដែលរដ្ឋាភិបាលជប៉ុនបានទម្លាក់តម្លៃពន្ធដើម្បីសម្រួលការរស់នៅរបស់ប្រជាជន។ ការបន្ថយតម្លៃពន្ធនេះបានបណ្តាលឱ្យប្រទេសជប៉ុនបាត់បង់ចំណូលថវិការជាតិមួយផ្នែកផងដែរ។

បន្ថែមពីនេះទៅទៀត ប្រទេសជប៉ុនក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសន្ទស្សន៍ប្រជាសាស្ត្រដែលមានវ័យចំណាស់ជាងគេផងដែរ ដែលនេះបានរួមផ្សំជាមួយអត្រាបង្កកំណើតទាបបានបណ្តាលឱ្យប្រទេសជប៉ុនបាត់បង់នូវធនធានមនុស្សមួយផ្នែកដែលជាកម្លាំងចលករនៅក្នុងការជំរុញសេដ្ឋកិច្ចប្រទេស។ ប្រការនេះផងដែរ ក៏ជាហេតុផលដែលតម្រូវឱ្យរដ្ឋាភិបាលជប៉ុនត្រូវគិតគូរទៅដល់ប្រជាជនចាស់ជរាទាំងនោះ ហើយចំណាយថវិការជាតិយ៉ាងច្រើនទៅលើរបបសន្តិសុខសង្គម វិស័យសុខាភិបាល រួមជាមួយនឹងប្រាក់សោធននិវត្តន៍ទៀតផង។
ហេតុផលមួយទៀតដែលបណ្តាលឱ្យប្រទេសជប៉ុនជួបប្រទះជាមួយវិបត្តិសេដ្ឋកិច្ចនេះ គឺបណ្តាលមកពីការផ្តល់កម្ចីធនាគារដោយមានការដាក់បញ្ចាំដីជាដើម។ នៅពេលដែលតម្លៃដីទាំងនោះធ្លាក់ចុះ ធនាគារកម្ចីទាំងនោះទទួលបានមកវិញនូវឥណទានដែលខូច ឬដែលគ្មានតម្លៃហើយបង្កទៅជាវិបត្តិឥណទាន។ ម្យ៉ាងវិញទៀត ការរាតត្បាតនៃជំងឺកូវីច ១៩ ក៏ជាចំណែកមួយដែលធ្វើឱ្យបំណុលនៃប្រទេសជប៉ុនកើនឡើងផងដែរ ដោយសារតែរដ្ឋាភិបាលជប៉ុនត្រូវចំណាយកាន់តែច្រើនដើម្បីធានាបាននូវសន្តិសុខសង្គម និងសុខមាលភាពប្រជាជនជប៉ុន។

ហេតុអ្វីបានជាបំណុលទាំងនេះមិនបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនដួលរលំ?

កត្តាដែលអាចជួយឱ្យសេដ្ឋកិច្ចរបស់ប្រទេសជប៉ុននៅតែមានដំណើរការធម្មតានោះមាន ៣ យ៉ាង រួមមាន៖
កត្តាទីមួយគឺបណ្តាលមកពីអត្រាសន្សំដ៏ខ្ពស់នៃប្រជាជនជប៉ុន។ បើទោះបីជាប្រទេសនេះមានបំណុលច្រើនយ៉ាងណាក៏ដោយក៏ប្រទេសនេះនៅតែអាចបន្តរចរន្តសេដ្ឋកិច្ចរបស់ខ្លួនបានដោយសារតែរដ្ឋាភិបាលជប៉ុនអាចប្រើប្រាស់ហិរញ្ញវត្ថុដែលប្រជាជនជប៉ុនបានដាក់ប្រាក់បញ្ញើនៅក្នុងគ្រឹះស្ថានធនាគារ។ នៅត្រង់នេះហើយដែលគេតែងតែនិយាយថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុនគឺជំពាក់បំណុលប្រជាជនរបស់ខ្លួន ហើយមិនមែនជាការជំពាក់ប្រទេសដទៃឡើយ។

ហេតុផលទីពីរនោះគឺ ដោយសារតែសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសនេះ រួមជាមួយនឹងវិស័យឧស្សាហកម្មដែលអាចឱ្យប្រទេសជប៉ុនផលិតនូវផលិតផលនាំចេញជាច្រើនដើម្បីប្តូរមកវិញនូវចំណូលចូលមកក្នុងប្រទេសវិញ។ នៅត្រង់ចំណុចនេះដែរ ប្រទេសជប៉ុនដែលធ្លាប់តែទទួលបានផលលើសនៅក្នុងការនាំចេញបានផ្តល់ឱ្យប្រទេសនេះមានឱកាសនៅក្នុងការទិញនូវទ្រព្យសកម្មជាច្រើននៅក្រៅប្រទេស ហើយទ្រព្យសកម្មទាំងនោះក៏បានឱ្យមកវិញនូវចំណូលចូលមកក្នុងសេដ្ឋកិច្ចប្រទេសនេះវិញផងដែរ។ រដ្ឋាភិបាលប្រទេសជប៉ុនក៏បានប្រើប្រាស់កម្រៃនេះដើម្បីបង្វិលចរន្តសេដ្ឋកិច្ច និងនៅក្នុងការចំណាយផ្សេងៗផងដែរ។

ចំពោះហេតុផលទីបីវិញនោះគឺដោយសារតែមានការវិនិយោគពីបរទេសទៅលើទីផ្សារមូលបត្រដែលរដ្ឋាភិបាលជប៉ុនបានដាក់លក់។ ការទិញទីផ្សារមូលបត្រនេះប្រៀបបីដូចជាការបន្ថែមឱកាសឱ្យមានការវិនិយោគពីបរទេសដែលបានផ្តល់ទៅជាចំណូលមួយដល់រដ្ឋាភិបាលជប៉ុននៅក្នុងការទូទាត់បញ្ជីចំណូលចំណាយផងដែរ។ មូលហេតុនេះហើយដែលអាចជួយឱ្យប្រទេសជប៉ុនអាចទប់ទល់ជាមួយនឹងបំណុលដ៏ច្រើនលើសលប់នេះដោយមិនមានការប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ខ្លួន ហើយអាចឈរជើងបានយ៉ាងនឹងថ្កល់ទៀតផង។

តើប្រទេសជប៉ុនអាចប្រឈមជាមួយនឹងបញ្ហាបំណុលនេះបានដល់ពេលណាទៀត?

ជាការពិតណាស់ បើទោះបីជាប្រទេសជប៉ុនកំពុងតែអាចទប់ស្កាត់នូវវិបត្តិបំណុលនេះបានយ៉ាងណាក៏ដោយ ក៏បញ្ហានេះនៅតែជាបញ្ហាដ៏គួរឱ្យបារម្មណ៍មួយដែលរដ្ឋាភិបាលជប៉ុនត្រូវតែដោះស្រាយ។ ប្រសិនបើយោងទៅតាមការសិក្សាររបស់ Braun និង Douglas H. បានឱ្យដឹងថាគោលនយោបាយសារពើពន្ធដែលរដ្ឋាភិបាលជប៉ុនកំពុងតែដាក់ចេញនេះគឺមិនមាននិរន្តរភាពឡើយ ហើយរដ្ឋាភិបាលជប៉ុនគួរតែរិះរកមធ្យោបាយដើម្បីបញ្ជៀសការកើនឡើងបន្តទៀតនូវបំណុលរបស់ខ្លួន។ ប្រសិនបើមិនមានការផ្លាស់ប្តូរគោលនយោបាយសារពើពន្ធនេះទេ ប្រទេសជប៉ុនប្រាកដជានឹងត្រូវជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនៅថ្ងៃមុខជាមិនខាន។​ ការសិក្សារនេះផងដែរក៏បានផ្តល់ជាដំណោះស្រាយមួយចំនួនដែលប្រទេសជប៉ុនអាចយកទៅប្រើប្រាស់បាននៅក្នុងការដោះស្រាយបញ្ហាបំណុលនេះផងដែរ។ ទី១គឺរដ្ឋាភិបាលជប៉ុនអាចបង្កើនតម្លៃពន្ធលើការប្រើប្រាស់ដែលអាចបង្កើនចំណូលជាតិ ដើម្បីយកមកផ្គត់ផ្គង់ការចំណាយរបស់រដ្ឋាភិបាល។ ចំពោះគោលនយោបាយនេះដែរ រដ្ឋាភិបាលជប៉ុនអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុបានមួយកម្រិតដោយមិនចាំបាច់មានការកាត់បន្ថយចំណាយឡើយ។ ទី២គឺរដ្ឋាភិបាលជប៉ុនអាចកាត់បន្ថយចំណាយរបស់ខ្លួន តាមរយៈការកាត់បន្ថយមួយចំណែកនូវកម្រៃសោធននិវត្តន៍ រួមទាំងកាត់បន្ថយការចំណាយផ្សេងៗរបស់រដ្ឋាភិបាលផងដែរ។ មិនតែប៉ុណ្ណោះ ប្រទេសជប៉ុនក៏ត្រូវរៀបចំគោលការណ៍ដែលអាចជួយឱ្យអត្រាកំណើតកើនឡើងផងដែរ ដោយសារតែធនធានមនុស្សគឺជាសរសៃឈាមនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ប្រទេសចិនផ្ដើមសម្រាលបន្ទុកកម្ចីជាមួយប្រទេសក្រីក្រ

ពិភពលោកចាប់ផ្ដើមទទួលស្គាល់ប្រទេសចិនបន្តិចម្ដងៗថាជាមហាអំណាចឈានមុខគេនៅតំបន់អាស៊ី និងជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រដ៏សំខាន់របស់សហរដ្ឋអាមេរិក។ អ្នកវិភាគភូមិសាស្ត្រនយោបាយមួយចំនួន ដូចជាលោក Kishore Mahbubani ក៏មានទស្សនៈសុទិដ្ឋិនិយមថាចិននឹងរះឡើងជាមហាអំណាចដែលនាំមកនូវសន្តិភាពដល់សណ្ដាប់ធ្នាប់ពិភពលោក។ ក៏ប៉ុន្តែ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក John Mearsheimer អ្នកគាំទ្រទ្រឹស្ដីប្រាកដនិយម បានបដិសេធចំពោះទស្សនៈមួយនេះ ដោយបានសង្កត់ធ្ងន់ថាចិននឹងប្រែក្លាយអំណាចសេដ្ឋកិច្ចរបស់ខ្លួនទៅជាអំណាចយោធាក្នុងតំបន់ និងពិភពលោក។ ដូច្នេះ ទើបមហាអំណាចចិនខិតខំពង្រីកវិសាលភាពសេដ្ឋកិច្ចរបស់ខ្លួនឱ្យជ្រៀតចូលក្នុងសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍ តាមរយៈជំនួយឥតសំណង និងកម្ចីហិរញ្ញវត្ថុដែលមានលក្ខខណ្ឌងាយស្រួល។

យុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)

យោងតាមការចុះផ្សាយរបស់ SILK ROAD BRIEFING ៨៤% នៃការវិនិយោគលើយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ចិន គឺស្ថិតនៅក្នុងប្រទេសដែលមានហានិភ័យមធ្យមកម្រិតខ្ពស់ រួមមានប៉ាគីស្ថាន អង់ហ្គោឡា អេត្យូពី កេនយ៉ា ស្រីលង្កា និងប្រទេសក្រីក្រនៅទ្វីបអាហ៊្រ្វិកជាច្រើនទៀត។ គួរបញ្ជាក់ផងដែរថា យុទ្ធសាស្ត្រ BRI របស់ចិន ជាយុទ្ធសាស្ត្រដែលមានគោលបំណងកសាងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការលើច្រករបៀងសេដ្ឋកិច្ចសំខាន់ៗចំនួន៦តំបន់ ដែលគ្របដណ្តប់លើប្រទេសចិន ម៉ុងហ្គោលី រុស្ស៊ី បណ្ដាប្រទេសអឺរ៉ាស៊ី (Eurasian countries) អាស៊ីកណ្តាល អាស៊ីខាងលិច ប៉ាគីស្ថាន និងប្រទេសផ្សេងទៀតនៃឧបទ្វីបឥណ្ឌា និងឥណ្ឌូចិន។

នយោបាយអន្ទាក់បំណុលការទូត (Debt-trap diplomacy)

អ្វីដែលជាបញ្ហាចម្បងរបស់បណ្ដាប្រទេសកូនបំណុលទាំងនោះ គឺការខ្ចីហួសព្រំដែនកំណត់ដែលខ្លួនអាចមានលទ្ធភាពសងវិញ។ ឧទាហរណ៍ជាក់ស្ដែង ក្នុងឆ្នាំ២០១៧ ស្រីលង្កាបានសម្រេចចុះកិច្ចព្រមព្រៀងដាក់ជួលកំពុងផែ Hambantota ដែលមានភាគហ៊ុនចំនួន ៧០% ទៅឲ្យក្រុមហ៊ុនចិនរយៈពេល ៩៩ ឆ្នាំជាថ្នូរនឹងទឹកប្រាក់ចំនួន ១,១២ ប៊ីលានដុល្លារអាមេរិក ព្រមទាំងផ្ទៃដីចំនួន ១០០ ហិកតាដែលជាប់នឹងកំពង់ផែ។ ស្រដៀងគ្នានេះដែរ ប្រទេសមួយចំនួនទៀតដែលបានជំពាក់បំណុលចិនវ័ណ្ដក គ្មានលទ្ធភាពសង រដ្ឋបាលក្រុងប៉េកាំងបានទាមទារសម្បទាន ឬអត្ថប្រយោជន៍ផ្សេងទៀតជាថ្នូរនឹងការបន្ធូរបន្ថយលក្ខខណ្ឌបំណុលផ្សេងៗ ហើយដំណើរការនេះត្រូវបានគេស្គាល់ថាជាការអនុវត្តនយោបាយអន្ទាក់បំណុលការទូត (Debt-trap diplomacy)។

មិនគួរបន្ទោសតែភាគីចិនតែម្ខាង

ទោះជាយ៉ាងណា ការផ្ដល់កម្ចីហិរញ្ញវត្ថុដែលមានលក្ខខណ្ឌងាយស្រួល ក្នុងចំនួនទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក មិនអាចដាក់បន្ទុកទៅលើតែប្រទេសចិនតែម្ខាងនោះទេ ផ្ទុយទៅវិញ ប្រសិនបើគ្មានការព្រមព្រៀងពីថ្នាក់ដឹកនាំរបស់បណ្ដាប្រទេសកូនបំណុលក្នុងការទទួលយកនូវកម្ចីដ៏ច្រើនលើសលុបនោះទេ ក៏មិនអាចកើតមានឡើងករណីកូនបំណុល និងម្ចាស់បំណុលទៅរួចនោះដែរ។ វាដូចទៅនឹងជីវិភាពរស់នៅប្រចាំថ្ងៃរបស់យើងដែរ ដែលកូនបំណុលត្រូវស្នើសុំកម្ចី ហើយនៅពេលម្ចាស់បំណុលយល់ព្រមផ្ដល់កម្ចី នោះភាគីទាំងសងខាងត្រូវយល់ច្បាស់ពីកិច្ចសន្យា និងរួមទាំងកាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យាផង។ ការណ៍នេះគឺតម្រូវឱ្យកូនបំណុលដែលជាអ្នកស្នើសុំកម្ចីនេះចេះមានផែនការច្បាស់លាស់ ដឹងពីលទ្ធភាពរបស់ខ្លួនឯង និងជាពិសេសគឺការចាត់ចែងថវិការជាតិឱ្យបានត្រឹមត្រូវ។ ជាក់ស្ដែង ប្រទេសមានទំនាក់ទំនងកម្ចីរវាងចិនដែលធ្វើបង្កើតឱ្យមានរូបភាពកម្ចីមិនល្អនោះ គឺភាគច្រើន ឧទាហរណ៍ ប្រទេសស្រីលង្ការ គឺជាប្រទេសដែលមានភាពពុករលួយ និងការចាត់ចែងប្រាក់កម្ចីមិនបានល្អ ដែលជាហេតុបានប្រែក្លាយកម្ចីពីថ្នាំប៉ូវទៅជាថ្នាំពុលទៅវិញ។

ចុះតើប្រទេសចិនគួរធ្វើបែបណាដើម្បីអាចស្ដារកេរ្តិ៍ឈ្មោះជាប្រទេសផ្ដល់បំណុល(អាក្រក់) ឱ្យក្លាយទៅជាប្រទេសផ្ដល់បំណុល(ល្អ)បាន?

ចិនត្រូវបន្តលុបចោលបំណុលចេញពីប្រទេសក្រីក្រ

ក្រោយវិបត្តិកូវីដ១៩បានធូរស្បើយមិនយូរប៉ុន្មាន ពិភពលោកក៏ត្រូវប្រឈមជាមួយវិបត្តិអតិផរណា វិបត្តិខ្វះស្បៀងអាហារ គ្រោះធម្មជាតិ សង្គ្រាមនៅអ៊ុយក្រែន វិបត្តិថាមពល និងបញ្ហាជាច្រើនទៀតដែលជាឧបសគ្គរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។ ទន្ទឹមនេះ មេដឹកនាំប្រទេសជាច្រើនដែលជាប់ពាក់ព័ន្ធ និងស្ថិតក្រោមក្របខណ្ឌយុទ្ធសាស្ត្រ BRI ត្រូវអង្គុយឈឺក្បាលគិតថាតើគួរសងបំណុលចិនដោយរបៀបណា។ ការលើកឡើងបែបនេះ មិនមែនបានន័យថារដ្ឋបាលក្រុងប៉េកាំងកំពុងចាប់ជំរិតទារសំណងពីប្រទេសជំពាក់បំណុលនោះទេ ផ្ទុយទៅវិញ នៅពាក់កណ្តាលខែសីហា ឆ្នាំ២០២២ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងការប្រកាសនៅក្នុងកិច្ចប្រជុំនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ៊្រ្វិកថា រដ្ឋាភិបាលចិននឹងលុបចោលបំណុលចេញពីប្រទេសក្រីក្របំផុតមួយចំនួន។ ដូចអ្វីដែលលោកបានមានប្រសាសន៍មែន ប្រទេសចិនបានលុបចោលបំណុលចេញពី ១៧ ប្រទេសនៅទ្វីបអាហ៊្វ្រិក បន្ថែមពីលើការស្រាវជ្រាវរបស់ Brautigam ដែលបានបង្ហាញថាចន្លោះឆ្នាំ២០០០ ដល់២០១៩ ប្រទេសចិនធ្លាប់បានលុបចោលបំណុលយ៉ាងហោចណាស់ ៣,៤ ប៊ីលានដុល្លារអាមេរិកនៅទ្វីបអាហ៊្រ្វិករួចមកហើយ នេះបើផ្អែកទៅលើការចុះផ្សាយរបស់ The Conversation។ ការធ្វើបែបនេះនឹងអាចជួយពង្រីកឥទ្ធិពលរបស់ចិនជាមួយប្រទេសដែលចិនបានជួយសម្រាលកម្ចី អំឡុងពេលដែលប្រទេសទាំងនោះកំពុងរងឥទ្ធិពលរបស់សេដ្ឋកិច្ចពិភពលោក។ ក្នុងន័យមួយទៀត ការធ្វើបែបនេះក៏ជាទុនមួយសម្រាប់ប្រកួតប្រជែងជាមួយប្រទេសលោកខាងលិចផងដែរ។

ចិនត្រូវរៀបចំរចនាសម្ព័ន្ធបំណុលសារឡើងវិញបន្ថែមទៀត (Debt restructure)

ការរៀបចំរចនាសម្ព័ន្ធបំណុលសារឡើងវិញ ជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពរបស់ចិន ដើម្បីបញ្ជ្រាបអំណាចទន់ និងក្ដោបក្ដាប់យកប្រយោជន៍ភូមិសាស្ត្រនយោបាយ ដោយសារខ្លួននឹងមានទឹកមាត់ប្រៃជាងមុននៅលើឆាកអន្តរជាតិ ក្នុងការដែលអាចកៀងគរសម្ព័ន្ធមិត្តឱ្យគាំទ្រខ្លួនបានកាន់តែច្រើន។ ការរៀបចំរចនាសម្ព័ន្ធសារឡើងវិញនៃបំណុល មានន័យថាជាការបន្ធូរបន្ថយលក្ខខណ្ឌនៃបំណុលចាស់ និងផ្ដល់កម្ចីថ្មីក្នុងអត្រាការប្រាក់ទាបជាងកម្ចីចាស់ ឬដោយគ្មានអត្រាការប្រាក់ ឬក្រោមរូបភាពជាថវិកា ឬមូលនិធិសង្គ្រោះ (Bailout) ដែលជាការផ្ដល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសដែលបរាជ័យសេដ្ឋកិច្ច ដើម្បីជួយសង្រ្គោះពីការដួលរលំ។ ជាក់ស្ដែង កន្លងមកប្រទេសចិនបានធ្វើកំណែទម្រង់រចនាសម្ព័ន្ធឡើងវិញនៃបំណុលដោយគិតជាទឹកប្រាក់ស្មើនឹងប្រមាណ ១៥ ប៊ីលានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០១៩ នេះបើផ្អែកទៅលើការចុះផ្សាយរបស់ VOA News។

ចិនត្រូវពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសម្ចាស់បំណុល (the Paris Club)

ក្លឹបប៉ារីស ឬហៅជាភាសាអង់គ្លេសថា the Paris Club ជាក្រុមប្រទេសម្ចាស់បំណុលក្រៅផ្លូវការដែលជួបប្រជុំគ្នាជារៀងរាល់ខែនៅទីក្រុងប៉ារីស ដើម្បីស្វែងរកដំណោះស្រាយនៃបញ្ហាការទូទាត់សងបំណុលដែលប្រទេសកូនបំណុលកំពុងប្រឈម។ យោងតាមការចុះផ្សាយរបស់ The Africa Report គិតត្រឹមឆ្នាំ២០១៨ កម្ចីរបស់ប្រទេសចិនមានប្រមាណ ២១% នៃបំណុលសរុបរបស់ប្រទេសនៅទ្វីបអាហ៊្រ្វិកចំនួន ៣៨ប្រទេស ដូច្នេះមហាអំណាចចិនក៏ចាត់ទុកថាជាប្រទេសម្ចាស់បំណុលដ៏ធំមួយផងដែរ។ ហើយបើទោះបីជាប្រទេសចិនមិនមែនជាសមាជិកនៃក្លឹបប៉ារីសក៏ដោយ ចិនត្រូវប្ដេជ្ញាចិត្តចូលរួមសហការស្វែងរកដំណោះស្រាយដើម្បីជាធាតុចូលដ៏សំខាន់ក្នុងការសម្រួលដល់ប្រទេសកូនបំណុល តាមរយៈការបង្កើតយុទ្ធសាស្ត្រ និងគោលនយោបាយផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០២០ រដ្ឋបាលក្រុងប៉េកាំងក៏ធ្លាប់បានបង្ហាញការគាំទ្រកិច្ចព្រមព្រៀង “ក្របខ័ណ្ឌរួម” រវាងក្រុមប្រទេស G20 និងក្លឹបប៉ារីស ដើម្បីសហការលើការដោះស្រាយបំណុលរបស់ប្រទេសក្រីក្ររួចមកហើយ។

សរុបសេចក្ដីមក ផ្នត់គំនិតមនុស្សភាគច្រើន ជាពិសេសបណ្ដាប្រទេសលោកខាងលិច អាចនឹងយល់ថាប្រទេសចិនបានប្រើប្រាស់នយោបាយអន្ទាក់បំណុលការទូតជាមួយប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែបើយើងក្រឡេកទៅមើលព្រឹត្តិការណ៍នៃការលុបចោលបំណុលចេញពីប្រទេសក្រីក្រ កំណែទម្រង់រចនាសម្ព័ន្ធបំណុលឡើងវិញ កិច្ចសហការជាមួយក្រុមប្រទេស G20 និងក្លឹបប៉ារីស ជាពិសេសការផ្ដល់ជំនួយផ្សេងៗក្នុងគ្រាអាសន្នដូចជាអំឡុងពេលវិបត្តិកូវីដ១៩ នោះចិនបានបង្ហាញពីឆន្ទៈក្នុងការចេះជួយយកអាសារគ្នានៅក្នុងឆាកល្ខោនភូមិសាស្ត្រនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកមួយនេះឡើយ។ ទង្វើរបស់ចិនបែបនេះអាចជាការឆ្លុះបញ្ចាំងឱ្យឃើញថា រដ្ឋបាលក្រុងប៉េកាំងរំពឹងទុកថានឹងទទួលបានប្រយោជន៍ពីការបង្កើនការជឿទុកចិត្តពីបណ្ដាប្រទេសកូនបំណុល ភាពជាដៃគូអន្តរទ្វីប ហើយប្រាកដណាស់ ប្រសិនបើសេដ្ឋកិច្ចចិននៅតែបន្តរឹងមាំមិនទន់ជ្រាយ នោះចិននឹងនៅតែព្យាយាមអនុវត្តនូវយុទ្ធសាស្រ្តមួយនេះបន្តទៀត។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ