"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ផ្ទះ កំណត់​ហេតុ​បណ្ដាញ

ថង់ប្រាជ្ញា៖ កំណែទម្រង់សេដ្ឋកិច្ចវៀតណាម “ដូយ ម៉ឺយ”

ប្រទេសវៀតណាម ជាប្រទេសមួយនៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ ដែលនៅតែបន្តមានការលូតលាស់ខាងផ្នែកសេដ្ឋកិច្ចទាំងនៅក្នុងសម័យកូវីដ-១៩ ខណៈដែលសេដ្ឋកិច្ចប្រទេសផ្សេងៗទៀតបានជួបប្រទះនូវការធ្លាក់ចុះយ៉ាងគំហុក ។ យ៉ាងណាមិញ ​ ប្រទេសវៀតណាមក៏ធ្លាប់បានឆ្លងកាត់នូវបញ្ហាសេដ្ឋកិច្ចជាហូរហែររហូតដល់ឆ្នាំ ១៩៨៦ ហើយទើបតែចាប់ផ្តើមមានភាពរីកចម្រើននៅពេលដែលប្រទេសនេះចាប់ផ្តើមធ្វើនូវកំណែទម្រង់សេដ្ឋកិច្ចដែលមានឈ្មោះថា ដូយ ម៉ឺយ (Doi Moi)តែប៉ុណ្ណោះ។ នៅក្នុងអត្ថបទនេះយើងនឹងងាកមកស្វែងយល់អំពីកំណែរទម្រង់សេដ្ឋកិច្ច ដូយ មើយ​ ដែលបានបានផ្លាស់ប្តូរប្រទេសវៀតណាមពីប្រព័ន្ធសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ-សង្គមនិយមដែលមានភាពរីកចម្រើនមកដល់សព្វថ្ងៃនេះ។

នៅមុនឆ្នាំ ១៩៨៦

មុនពេលដែលមានកំណែទម្រង់សេដ្ឋកិច្ច “ ប្រទេសវៀតណាមបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីមានការបង្រួបបង្រួមវៀតណាមខាងត្បូងនិងខាងជើងក្នុងឆ្នាំ ១៩៧៦។ នាពេលនោះ សេដ្ឋកិច្ចរបស់វៀតណាមត្រូវជួបប្រទះនឹងវិបត្តិនៃ ការថយចុះនៃផលិតកម្ម អតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការ អប្រសិទ្ធភាពក្នុងការបែងចែកធនធាននៅសេដ្ឋកិច្ច ព្រមទាំងកំណើនអត្រាអតិផរណានិងបញ្ហាបំណុល។

ចាប់ពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ ១៩៩១ ប្រទេសវៀតណាមបានក្លាយជាសមាជិកនៃ Comecon ដែលជាក្រុមប្រឹក្សាសម្រាប់ជំនួយសេដ្ឋកិច្ចទៅវិញទៅមក ដែលបានបង្កើតឡើងនៅចន្លោះឆ្នាំ ១៩៤៩ ដល់ឆ្នាំ ១៩៩១ ស្ថិតក្រោមការដឹកនាំរបស់សហភាពសូវៀត។ ការចូលជាសមាជិកនេះបានធ្វើឱ្យ ប្រទេសវៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើទំនាក់ទំនងពាណិជ្ជកម្មប្រទេសរបស់ខ្លួនជាមួយសហភាពសូវៀត។ បន្ទាប់ពីការដួលរលំនៃ Comecon និងការបាត់បង់ដៃគូពាណិជ្ជកម្ម របស់ខ្លួន វៀតណាមត្រូវបានបង្ខំឱ្យធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ទម្លាក់តម្លៃអត្រាប្តូរប្រាក់របស់ខ្លួន ដើម្បីបង្កើនការនាំចេញ និងចាប់ផ្តើមនូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចខ្លួនឡើងវិញ។  ជាមួយគ្នានេះដែរ អតិផរណាក៏បានកើនឡើងដល់ជាង ៧០០ ភាគរយ ចំណែកឯកំណើនសេដ្ឋកិច្ចក៏បន្តធ្លាក់ចុះ ហើយប្រាក់ចំណូលពីការនាំចេញក៏មានអត្រាទាបជាងតម្លៃសរុបនៃការនាំចូលផងដែរ នេះបើយោងតាមការផ្សព្វផ្សាយរបស់ ASEAN POST។ នាពេលនោះទៀតសោត ជំនួយរបស់សូវៀតក៏បានថយចុះ ដែលបង្កើនភាពឯកោរបស់វៀតណាមរហូតដល់ប៉ះពាល់ទាំងសេដ្ឋកិច្ចរបស់វៀតណាមផងដែរ។​

កំណែទម្រង់ “ដូយ ម៉ឹយ”

បន្ទាប់ពីការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃសេដ្ឋកិច្ចវៀតណាម លេខាបក្សនៃសមាជបក្សលើកទី៦ លោក Nguyễn Văn Linh ដែលគេស្គាល់ថាជាអ្នកផ្ដើមគំនិតនៃកំណែទម្រង់ ដូយ ម៉ឺយ និងជាអតីតមេដឹកនាំរណសិរ្សរំដោះជាតិ  បានដឹកនាំកំណែទម្រង់សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ១៩៨៦ ដោយមានគោលបំណងផ្ដល់នូវសិទ្ធិសេរីភាពទៅកាន់ប្រជាជនក្នុងការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចដោយមិនផ្អែកទាំងស្រុងលើរដ្ឋាភិបាលវៀតណាមនោះឡើយ និងបើកចំហសេដ្ឋកិច្ចរបស់វៀតណាម។

កំណែទម្រង់ ដូយ ម៉ឺយ ក្នុងដំណាក់កាលដំបូង គឺផ្ដោតសំខាន់លើការបើកសេដ្ឋកិច្ចទីផ្សាររបស់ខ្លួន រួមទាំងសេរីភាវូបនីយកម្មទីផ្សារក្នុងស្រុក ការលើកទឹកចិត្តនូវវិនិយោគផ្ទាល់ពីបរទេស​ (Foreign Direct Investment) និងពីឯកជន។ ហេតុនេះហើយ កំណែទម្រង់ ដូយ ម៉ឺយ បានផ្លាស់ប្តូរប្រព័ន្ធផលិតកម្មកសិកម្មដែលស្ថិតក្រោមរដ្ឋាភិបាលទៅជាការផ្ដល់កម្មសិទ្ធិឯកជន។ កំណែទម្រង់ទាំងនេះបានចែងនៅក្នុងច្បាប់ដីធ្លី (Land Law) ឆ្នាំ ១៩៩៣ ដែលបានធានាដល់កសិករម្នាក់ៗក្នុងការទទួលបាននូវសិទ្ធិសំខាន់ៗចំនួនប្រាំលើកម្មសិទ្ធិដីរបស់ពួកគេ រួមមាន៖ ការដោះដូរ បញ្ចាំ ផ្ទេរ ជួល និងទុកជាមរតក។ កំណែទម្រង់នេះបានបង្កើនផលិតកម្ម ក៏ដូចជាផ្តល់ឱ្យគ្រួសារក្នុងវិស័យកសិកម្មមានសេរីភាពក្នុងការផលិត និងកាន់កាប់ផងដែរ។

បន្ថែមពីលើនោះទៅទៀត កំណែទម្រង់ ដូយ ម៉ឺយក៏បានកាត់បន្ថយនូវបញ្ញត្តិដ៏តឹងរ៉ឹង ដែលវៀតណាមបានដាក់មកលើផ្នែកវិនិយោគទុន និងអ្នកជំនួញអន្តរជាតិ ក្នុងគោលបំណងធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគទុន ក្នុងការធ្វើជំនួញដើម្បីទាក់ទាញអាជីវកម្មនៅក្នុងប្រទេសវៀតណាម។ បន្ថែមពីនេះទៅទៀត​ប្រទេសវៀតណាមក៏បានបង្កើតច្បាប់ថ្មីស្តីពីការវិនិយោគបរទេសដែលបានផ្តួចផ្តើមឡើងក្នុងឆ្នាំ ១៩៨៧ផងដែរ។ ច្បាប់នេះផ្ទាល់បានធ្វើឱ្យមានការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកាន់ប្រទេសវៀតណាម ដែលបន្ទាប់មកឈានដល់ការកើនឡើងនៃផលិតផលក្នុងស្រុកសរុបប្រមាណ ១០% ក្នុងឆ្នាំ ១៩៩៤ នេះបើយោងទៅតាមទិន្នន័យរបស់ ASEAN POST។

ការអនុវត្តច្បាប់ស្តីពីការវិនិយោគបរទេសរដ្ឋបានអនុវត្តនៅតំបន់ដែលកំពុងអភិវឌ្ឍន៍ក្នុងប្រទេសវៀតណាម ដើម្បីជំរុញនូវកំណើនសេដ្ឋកិច្ចដោយការលើកទឹកចិត្តដល់វិនិយោគិនបរទេស ក្នុងការបង្កើតអាជីវកម្មផ្សេងៗនៅក្នុងតំបន់ភូមិសាស្ត្រទាំងនោះ។ ហេតុនេះហើយ រដ្ឋាភិបាលវៀតណាមក៏បានបង្កើតតំបន់អភិវឌ្ឍន៍ពិសេស​ (Development Zones) ដែល​ នៅឆ្នាំ ១៩៩១ តំបន់អភិវឌ្ឍន៍ពិសេសដំបូងត្រូវបានបង្កើតឡើងនៅទីក្រុងហូជីមិញ។

គោលនយោបាយ ដូយ ម៉ឺយ ក៏ផ្ដោតលើការចងសម្ព័ន្ធនៃទំនាក់ទំនងពាណិជ្ជកម្មដោយសេរីជាមួយប្រទេសផ្សេងៗទៀតផងដែរ ដោយវៀតណាមបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសជាច្រើន ដែលរួមមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាននៅឆ្នាំ ១៩៩៥។​ វៀតណាមក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនៅឆ្នាំ ២០០០ និងនាឆ្នាំ ២០០៧ វៀតណាមបានចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ឥទ្ធិពលនៃកំណែទម្រង់ “ដូយ ម៉ឹយ”

កំណែទម្រង់ ដូយ ម៉ឺយ ត្រូវ​បាន​គេ​ដឹង​ថា​ជា​គន្លឹះដ៏សំខាន់​ដែល​នាំ​ឱ្យ​ប្រទេស​វៀតណាម​មាន​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​សម្រាប់​វៀតណាម​ទាំងមូល។

ដំណាក់កាលដំបូងនៃកំណែទម្រង់ (១៩៨៦ – ១៩៩០) បានផ្លាស់ប្តូរប្រទេសវៀតណាមពីប្រទេសដែលប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ទៅជាប្រទេសដែលបាននាំចេញអង្ករចំនួន ៤,៧ លានតោនក្នុងឆ្នាំ ១៩៨៩ ជាលើកដំបូង។ នាពេលនោះ គេសង្កេតឃើញថាមានកំណើន GDP ជាមធ្យម ៤,៤ ភាគរយក្នុងមួយឆ្នាំ។ បើគិតពីទំហំ GDP របស់វៀតណាមបានកើនឡើងជិត ៥ ដងពី ៦,៤៧២ ពាន់លានដុល្លារក្នុងឆ្នាំ ១៩៩០ ដល់ ៣១,១៧២ ពាន់លានដុល្លារក្នុងឆ្នាំ ២០០០។ ទាំងនេះបានបង្ហាញឱ្យឃើញ​ថា​ផលិតកម្ម និង​កម្រិត​ជីវភាព​របស់ប្រជាជនវៀតណាម​បានមានភាពប្រសើរឡើង។

កំណែទម្រង់នេះក៏នាំឱ្យរដ្ឋាភិបាលវៀតណាមបង្វែរចំណូលពន្ធដែលប្រមូលបាន ដើម្បីធ្វើការពង្រីកសកម្មភាពសេដ្ឋកិច្ច ក្នុងគោលបំណងដោយធានាថាតំបន់ដែលមិនទាន់មានការអភិវឌ្ឍន៍ទទួលបានការវិនិយោគគ្រប់គ្រាន់លើហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាពរបស់ប្រជាជនផងដែរ។ ជាលទ្ធផល សូម្បីតែអត្រានៃភាពក្រីក្របានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងខេត្តភាគច្រើន ខណៈដែលប្រាក់ចំណូលមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងតំបន់ទីក្រុង និងខេត្តដែលមានកម្រិតនៃការវិនិយោគខ្ពស់។ ជាមួយគ្នានេះដែរ កំណែទម្រង់ ដូយ ម៉ឺយ បានធ្វើឲ្យវៀតណាមបើក និងពង្រីកទីផ្សាររបស់ខ្លួន និងចងភ្ជាប់នូវដៃគូពាណិជ្ជកម្មសំខាន់ៗរួមមាន ជប៉ុន សិង្ហបុរី ហុងកុង តៃវ៉ាន់ កូរ៉េ និងសហភាពអឺរ៉ុប។ នៅពេលដែលវៀតណាមពង្រីកទីផ្សាររបស់ខ្លួននៅបរទេស វៀតណាមក៏បានជំរុញផ្នែកឧស្សាហកម្មដោយមានការនាំចេញ និងដាក់នូវច្បាប់លើការនាំចូលទំនិញផលិត ដើម្បីឱ្យមានតុល្យភាពនៃការនាំចេញ និងនាំចូលផងដែរ។

ជារួមមក វៀតណាមបានប្រែក្លាយខ្លួនពីទីផ្សារដែលស្ថិតក្រោមរដ្ឋាភិបាលទៅជាសេដ្ឋកិច្ចទីផ្សារសង្គមនិយម ដោយសារតែកំណែទម្រង់ ដូយ ម៉ឺយ ក្នុងឆ្នាំ ១៩៨៦។ កំណែទម្រង់នេះអនុញ្ញាតឱ្យវៀតណាមផ្លាស់ប្តូរការអនុវត្តសេដ្ឋកិច្ចរបស់ខ្លួនដោយពង្រីកទីផ្សារទៅកាន់ដៃគូផ្សេងៗទៀត ដោយមិនផ្អែកលើសហភាពសូវៀតទៀតនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ កំណែទម្រង់នេះក៏បានផ្តួចផ្តើមច្បាប់ស្តីពីការវិនិយោគបរទេស ក៏ដូចជាការបន្ធូរបន្ថយលើច្បាប់នៃពាណិជ្ជកម្មតឹងរ៉ឹង និងទីផ្សារបិទរបស់ពួកគេ។ ជាលទ្ធផលនៃកំណែទម្រង់​ ដូយ ម៉ឺយ វៀតណាមបានកាត់បន្ថយអត្រាភាពក្រីក្រ បង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការប្រែក្លាយខ្លួនពីប្រទេសដែលធ្លាប់តែខ្វះខាតអង្ករទៅជាប្រទេសដែលនាំចេញអង្ករទៅកាន់ប្រទេសផ្សេងៗទៀត រហូតមកដល់សព្វថ្ងៃនេះ ប្រទេសវៀតណាមមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។​

វិចារណកថាថ្ងៃសុក្រ៖ ប្រធានាធិបតីវ័យក្មេងរបស់ប្រទេសវៀតណាម

កាលពីដើមឆ្នាំ២០២៣កន្លងទៅនេះ មានបញ្ហានយោបាយមួយបានកើតឡើងនៅប្រទេសវៀតណាម ដោយប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc បានលាលែងពីតំណែងបន្ទាប់ពីសមាជិកបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចបានរងការរិះគន់គាត់ចំពោះ ការបំពាន និងការធ្វើខុស ដោយមន្ត្រីក្រោមការគ្រប់គ្រងរបស់គាត់ នៅក្នុងការកើនឡើងដ៏ធំនៃការរីករាលដាលនៃអំពើពុករលួយនៅក្នុងប្រទេស។​​ ប៉ុន្មានថ្ងៃក្រោយមក​ សភាជាតិរបសវៀតណាមបានតែងតាំងលោក Vo Van Thuong ជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ នៅក្នុងការរុះរើថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លាមួយ។ Thuong គឺជាសមាជិកក្មេងជាងគេនៃការិយាល័យនយោបាយរបស់គណបក្ស ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តកំពូលរបស់ប្រទេស ហើយត្រូវបានចាត់ទុកថាជាបុគ្គលដែលប្រឆាំងទៅនឹងអំពើរពុករលួយ។

អំពើរពុករលួយនៅក្នុងប្រទេសវៀតណាមក្រោមរដ្ឋបាលលោក Nguyen Xuan Phuc

កាលពីឆ្នាំមុន សមាជិកគណបក្សចំនួន ៥៣៩​នាក់ត្រូវបានកាត់ទោស ឬ “ដាក់វិន័យ” សម្រាប់អំពើពុករលួយ និង “ការប្រព្រឹត្តខុសដោយចេតនា” រួមទាំងរដ្ឋមន្ត្រី មន្ត្រីកំពូល និងអ្នកការទូតផងដែរ ខណៈដែលប៉ូលីសបានស៊ើបអង្កេតករណីពុករលួយចំនួន ៤៥៣ កើនឡើង ៥០% ពីឆ្នាំ ២០២១។ លោក Trong ធ្លាប់បានបាននិយាយថា គណបក្សគឺ “មានការប្តេជ្ញាចិត្តកាន់តែច្រើន និង “មានប្រសិទ្ធភាព នៅក្នុងវិធីសាស្រ្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើរពុករលួយ ហើយបានប្តេជ្ញាថានឹងផ្តល់លទ្ធផលល្អទៅកាន់ប្រជាជនវៀតណាម។ ដោយឡែកនៅក្នុងឆ្នាំ ២០២២នេះ វៀតណាមគឺជាប្រទេសដែលមានអំពើពុករលួយច្រើនបំផុតដែលស្ថិតក្នុងលេខរៀង ៧៧ ក្នុងចំណោមប្រទេសចំនួន ១៨០ នេះបើយោងតាមសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ ២០២២ ដែលរាយការណ៍ដោយអង្គការតម្លាភាពអន្តរជាតិ។ ក្រោយមកលោក Nguyen Xuan Phuc បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយដឹងច្បាស់អំពីទំនួលខុសត្រូវរបស់គាត់នៅចំពោះមុខគណបក្ស និងប្រជាជន គាត់បានដាក់ពាក្យសុំលាលែងពីមុខតំណែងហើយចូលនិវត្តន៍។ ការលាលែងពីតំណែងប្រធានាធិបតីរបស់លោកបានធ្វើឱ្យមានការ ព្រួយបារម្ភទៅកាន់ អ្នកវិនិយោគទុនក្រៅប្រទេស​និង ក្រុមហ៊ុនបរទេសដែលមានប្រតិបត្តិការនៅវៀតណាមផងដែរ។

ហេតុអ្វីលោក Vo Van Thuong ត្រូវបានជ្រើសតាំងជាប្រធានាធិបតីថ្មី

លោក Vo Van Thuong មិនមែនជាបុគ្គលដែលទើបតែប្រឡូកក្នុងឆាកនយោបាយរបស់វៀតណាមនោះទេ។ លោកបានក្លាយជាសមាជិកការិយាល័យនយោបាយ និងលេខាធិការដ្ឋាន បក្សកុម្មុយនីស្តវៀតណាម (Communist Party of Vietnam)  ចាប់តាំងពីឆ្នាំ ២០១៦មកម៉្លេះ និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សចាប់តាំងពីឆ្នាំ ២០០៦។ នៅក្នុងចន្លោះឆ្នាំ ២០០៦ និង ២០១១ លោក Thuong គឺជាមេដឹកនាំនិងជាលេខាទីមួយនៃសហភាពយុវជនកុម្មុយនិស្តហូជីមិញ ដែលជាប្រភពផ្តល់ការទុកចិត្តទៅកាន់ CPV។ លើសពីនេះទៅទៀត លោកត្រូវបានរដ្ឋាភិបាលទីក្រុងហាណូយ តែងតាំងតំណែងឱ្យបម្រើការរយៈពេលប្រាំមួយឆ្នាំជាលេខាគណៈកម្មាធិការបក្សខេត្ត Quang Ngai (២០១១-២០១៤) និងជាលេខារងអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ (២០១៤-២០១៦)។ ក្រៅពីនេះទៅទៀត មុនត្រូវបានតែងតាំងជាប្រធានាធិបតី លោក Thuong គឺជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាល CPV ដែលទទួលខុសត្រូវដឹកនាំកិច្ចការបក្សប្រចាំថ្ងៃ និងការអនុវត្តន៍សេចក្តីសម្រេច និងសេចក្តីណែនាំរបស់គណបក្សស្តីពីសេដ្ឋកិច្ច សង្គម ការការពារជាតិ សន្តិសុខ និងកិច្ចការទំនាក់ទំនងបរទេស។ ពហុតួនាទីរបស់លោក Thuong ដែលធ្លាប់មានទាំងបទពិសោធន៏ពាក់ព័ន្ធនឹងតួនាទីទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់កណ្តាលផងក្នុងរយៈពេល ១៧ ឆ្នាំកន្លងមកនេះ បានធ្វើឱ្យគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីកាន់មុខតំណែងជាប្រធានាធិបតី។ ជាងនេះទៅទៀត បើប្រៀបធៀបទៅនឹងសមាជិកការិយាល័យនយោបាយភាគច្រើនផ្សេងទៀត លោកជាបុគ្គលដែលក្មេងជាង មានសមត្ថភាពខ្ពស់ស្ទើរគ្រប់វិស័យ និងជាបុគ្គលដែលមិនធ្លាប់ជាប់ពាក់ព័ន្ធទៅនឹងអំពើរពុករលួយនោះទេ។

យុទ្ធនាការលុបបំបាត់អំពើពុករលួយនៅក្នុងប្រទេសវៀតណាម

ប្រធានបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានបង្កើតយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោក ដែលចាប់បានមន្ត្រីរដ្ឋាភិបាល និងនាយកប្រតិបត្តិអាជីវកម្មរាប់រយនាក់ក្នុងការប្រព្រឹត្តិអំពើរពុករលួយ ចាប់តាំងពីឆ្នាំ ២០២១។ ការបង្រ្កាបនេះត្រូវបានបង្ហាញយ៉ាងទូលំទូលាយថាជាផ្នែកមួយនៃការប៉ុនប៉ងរបស់វៀតណាមក្នុងការរក្សាកេរ្តិ៏ឈ្មោះប្រទេសនៅក្នុងភាពស្អាតស្អំដើម្បីទទួលបាននូវ ការវិនិយោគបរទេស និងធានានូវភាពស្របច្បាប់របស់គណបក្សក្នុងការប្រឈមមុខនឹងរឿងអាស្រូវទាក់ទងទៅនឹងអំពើរពុករលួយ។ គណបក្សកុម្មុយនិស្តវៀតណាមបាន​ព្រមាន​ថា​អំពើ​ពុករលួយ​អាច​ធ្វើ​ឲ្យ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​នៅ​ជាមួយ​សាធារណជន និង​ការ​កាន់​អំណាច​ស្ថិតក្នុងគ្រោះថ្នាក់ដោយបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ។ ក្នុងន័យនេះ វៀតណាមក៏ស្រដៀងនឹងចិនដែរ ដែលជារដ្ឋឯកបក្ស ដែលមានទិសដៅក្នុងការបោសសម្អាតប្រឆាំងអំពើពុករលួយដើម្បីកុំឱ្យមានបក្សផ្សេងកកើតឡើងដើម្បីប្រជែងអំណាច។ កាលពីឆ្នាំ២០២២ អាជ្ញាធរវៀតណាមបានផ្តួចផ្តើមការស៊ើបអង្កេតឧក្រិដ្ឋកម្មលើបុគ្គលយ៉ាងហោចណាស់ ៤៦៤៦នាក់ ក្នុងនោះ ២៤៧៤ ករណីត្រូវបានកចោទប្រកាន់ពីបទពុករលួយ ការរំលោភអំណាច និងការធ្វើអនុវត្តខុសគោលការណ៏ផ្នែកសេដ្ឋកិច្ច។ លើសពីនេះទៅទៀតការិយាល័យនយោបាយ និងគណបក្សបានពិន័យមន្ត្រីប្រមាណ ៧០ នាក់ រួមទាំងរដ្ឋមន្ត្រី ៥ នាក់ និងអតីតរដ្ឋមន្ត្រី ចាប់តាំងពីដើមឆ្នាំ ២០២១ មក។ ប៉ូលីសក៏បានឃាត់ខ្លួននាយកប្រតិបត្តិមួយចំនួនផងដែរ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការចោទប្រកាន់ពីការក្លែងបន្លំដែលពាក់ព័ន្ធនឹងការចេញសញ្ញាប័ណ្ណសាជីវកម្ម និងការជួញដូរភាគហ៊ុន និងការរៀបចំតម្លៃភាគហ៊ុនខុសច្បាសប់។

បន្តមកកាន់ការដឹកនាំរបស់លោក Vo Van Thuong ការលុបបំបាត់អំពើរពុកលួយនឹងនូវតែជាគោលកាណ៏ចម្បងរបស់បក្សកម្មមុយនីស្តវៀតណាម ដោយបញ្ហានេះជាបញ្ហាចោទដែលប្រធានាធិបតីវៀតណាមចាស់បានសុំលាលែងតំណែង ហើយវានឹងក្លាយជាមេរៀនទៅដល់មេដឹកនាំក្រោយៗទៀតក្នុងការរៀបក្បាលម៉ាស៊ីនដឹកនាំដែលប្រកបដោយតម្លាភាព និងគ្មានការកើតឡើងនូវអំពើរពុករលួយ។ បើយើងក្រលេកទៅមើលសុន្ទរកថាដែលបានថ្លែងដោយលោក Vo Van Thuong នៅក្នុងសភាជាតិនៅពេលដែលលោកបានតែងតាំងជាប្រធានាធិបតីយើងនឹងបានឃើញច្បាស់ពីការតាំងចិត្តរបស់លោកដែលលោកបានសច្ចាទៅកាន់ប្រជាជាតិវៀតណាម ថាលោកនឹងបន្តប្រយុទ្ធប្រឆាំងនឹងអំពើរពុករលួយគ្រប់កម្រិតថ្នាក់នៅក្នុងផ្ទៃប្រទេស។ លោកក៏មានភាពស្និទ្ធស្នាលជាមួយអគ្គលេខាធិការ CPV បច្ចុប្បន្ន លោក Nguyen Phu Trong ដែលដើរតួជាជំនួយការរបស់គាត់ក្នុងកិច្ចការបក្សប្រចាំថ្ងៃ ក្នុងតួនាទី ជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន និងក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ និងជាអនុប្រធាននៃ គណៈកម្មាធិការកណ្តាលសម្រាប់ការប្រឆាំងអំពើពុករលួយ និងទប់ស្កាត់ការអនុវត្តអវិជ្ជមាន។ ម៉្យាងវិញទៀត លោក Vo Van Thuong ត្រូវបានបោះឆ្នោតជ្រើសរើសដោយសភាជាតិវៀតណាមដែលមានសំឡេងជាង ៩៨% និងបានទទួលការទុកចិត្តខ្ពស់ពីសំណាសមាជិកសភា និងប្រជាជាតិវៀតណាមទាំងមូលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើរពុករលួយ ដែលវានឹងធ្វើឱ្យលោកកាន់តែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រឆាំងដាច់ខាតទៅនឹងបញ្ហាចោទមួយនេះ នឹងដើម្បីជៀសវាងពីការរិះគន់ដូចដែលបានកើតឡើងទៅលើរដ្ឋបាលរបស់លោក Nguyen Xuan Phuc។

ថង់ប្រាជ្ញា៖ ប្រវត្ដិនៃទិវានារីអន្តរជាតិ

ទិវានារីអន្តរជាតិ ឬហៅជាភាសាអង់គ្លេសថា International Women’s Day (IWD) ជាទិវាដែលប្រារព្ធឡើងនៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ ហើយក៏ជាពេលវេលាមួយដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពសិទ្ធិនារីកន្លងមក ដែលត្រូវបានខិតខំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងដើម្បីអបអរសាទរចំពោះភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់ស្ត្រី ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រទាំងនៅក្នុងប្រទេស និងក្នុងសហគមន៍របស់ពួកគេ។ ឆ្នាំនេះជាគម្រប់ខួបលើកទី១១២ហើយ រាប់ចាប់តាំងពីឆ្នាំ១៩១១ នៃការចាប់ផ្តើមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនេះឡើង។ ទោះបីជាពិភពលោកមានការជឿនលឿនដែលមិនធ្លាប់មានពីមុនមកកម្រិតណាក៏ដោយ ក៏គ្មានប្រទេសណាមួយសម្រេចបានសមភាពយេនឌ័រពេញលេញនៅឡើយទេ។ គម្លាតនៃសមភាពយេនឌ័រនៅតែជាការព្រួយបារម្ភ និងត្រូវបន្តស្វែងរកដំណោះស្រាយ។

ប្រវត្តិនៃសិទ្ធិនារី

នៅដើមសតវត្សទី២០ ក្នុងទ្វីបអ៊ឺរ៉ុប ការគាបសង្កត់ទៅលើស្ត្រីបានកើតមានច្រើនជាខ្លាំង ដោយមានការជិះជាន់លើកម្លាំងពលកម្មស្ត្រី និងដោយប្រើឱ្យស្ត្រីធ្វើការលើសម៉ោងកំណត់ ប៉ុន្តែផ្តល់មកវិញនូវបា្រក់ខែ​ និងអត្ថប្រយោជន៍ដ៏តិចតួចទៅវិញ។ ការគាបសង្កត់បែបនេះ បានធ្វើឱ្យកម្មការនីជាច្រើននាក់នៅក្នុងប្រទេសលោកខាងលិចមួយចំនួនមានការខឹងសម្បារ និងផ្ទុះការបាតុកម្មប្រឆាំងនឹងថៅកែរោងចក្រ ក្នុងគោលបំណងទាមទារដំឡើងប្រាក់ខែ។ នៅឆ្នាំ១៩០៨ ស្ត្រីចំនួន ១៥០០០ នាក់បានដើរកាត់ទីក្រុងញូវយ៉ក ដើម្បីទាមទារឱ្យកំណត់រយៈពេលនៃម៉ោងធ្វើការខ្លីជាងមុន ប្រាក់ខែកាន់តែប្រសើរ និងការផ្ដល់ជូនសិទ្ធិបោះឆ្នោតចំពោះស្រ្តី។

ស្ត្រីអាល្លឺម៉ង់ម្នាក់ ឈ្មោះថា ក្លារ៉ា​ហ្សេតគិន (Clara Zetkin) ដែលជាអ្នកនយោបាយមាននិន្នាការសង្គមនិយម គឺជាស្ត្រីដំបូងបំផុតដែលបានផ្តើមគំនិតបង្កើតឡើងនូវទិវានារីអន្តរជាតិ។ លោកស្រី ហ្សេតគិន បានដាក់ស្នើគំនិតនេះឡើងនៅឆ្នាំ១៩១០ ក្នុងសន្និសីទស្ដីពីស្ត្រីអន្តរជាតិ ដែលធ្វើឡើងក្នុងទីក្រុង កូប៉ិនហាក (Copenhagen) ប្រទេសដាណឺម៉ាក។ សន្និសីទនោះមានស្ត្រីជាប្រតិភូចូលរួមចំនួន ១០០ នាក់ដែលមកពី ១៧ ប្រទេសផ្សេងៗគ្នា ហើយពួកគេក៏បានយល់ស្របទៅនឹងសំណើរបស់លោកស្រីហ្សេតគិនជាឯកច្ឆន្ទផងដែរ។

បន្ទាប់ពីនោះ បណ្ដាប្រទេសផ្សេងៗដូចជា អាល្លឺម៉ង់ ស្វ៊ីស រុស្ស៊ី អូទ្រីស ដាណឺម៉ាក បានចាប់ផ្តើមប្រារព្ធទិវានារីអន្តរជាតិលើកដំបូងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩១១។ ក្រោយមក ទិវាសិទ្ធិនារីអន្តរជាតិត្រូវបានទទួលស្គាល់ពីអង្គការសហប្រជាជាតិ ក្នុងការប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៨ ខែមីនា។ បន្ថែមពីលើនេះ មហាសន្និបាតអង្គការសហប្រជាជាតិ ក៏បានបង្កើតផងដែរនូវអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងស្រ្តី ឬហៅកាត់ថា CEDAW។ គួរកត់សម្គាល់ថា ទិវានារីអន្តរជាតិត្រូវបានគេជ្រើសរើសយកពណ៌ស្វាយ មកជាតំណាងឱ្យភាពយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ ហើយទិវានេះត្រូវបានគេប្រារព្ធឡើងក្នុងរូបភាពផ្សេងៗគ្នានៅតាមបណ្ដាប្រទេសជុំវិញពិភពលោក។

គម្លាតនៃសមភាពយេនឌ័ររបស់ស្ត្រីនៅក្នុងសង្គមនាសតវត្សរ៍ទី២១

ទោះបីជាទិវានារីអន្តរជាតិត្រូវបានរៀបចំប្រារព្ធឡើងស្ទើរតែគ្រប់ទីកន្លែងនៅជុំវិញពិភពលោក ប៉ុន្តែគម្លាតសមភាពរវាងបុរសនិងស្ត្រីនៅតែជាបញ្ហាចោទ ពោលគឺស្ត្រីស្ថិតនៅក្រោមឥទ្ធិពលសង្រ្គាម អំពើហិង្សា និងការផ្លាស់ប្តូរគោលនយោបាយនៅក្នុងប្រទេសរៀងៗខ្លួន។ ជាក់ស្តែង ក្នុងប្រទេសអាហ្វហ្កានីស្ថាន ការឡើងកាន់អំណាចរបស់ពួកតាលីបង់បានរាំងស្ទះដល់ការរីកចម្រើននៃសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្ត្រី និងកុមារី ដោយហាមឃាត់ពួកគេមិនឱ្យចូលរៀននៅថ្នាក់ឧត្តមសិក្សា ហាមមិនឱ្យធ្វើការក្រៅផ្ទះ និងត្រូវបានណែនាំឱ្យបិទបាំងខ្លួនប្រាណឱ្យជិតនៅតាមទីសាធារណៈ។

នៅក្នុងប្រទេសអ៊ីរ៉ង់ ស្ត្រីម្នាក់ឈ្មោះថា ម៉ាសា អាមីនី(Mahsa Amini) ត្រូវបានបាត់បង់ជីវិតក្រោយពីការចាប់ខ្លួនដោយក្រុមប៉ូលីសសីលធម៌នៅទីក្រុងតេហេរ៉ង់ (Tehran) កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ពីបទរំលោភលើច្បាប់ដ៏តឹងរឹងរបស់ប្រទេសអ៊ីរ៉ង់ដែលតម្រូវឱ្យស្ត្រីត្រូវគ្របសក់របស់ពួកគេជាមួយនឹងក្រមាឱ្យជិត។ ចាប់តាំងពីពេលនោះមក ការប្រឆាំងតវ៉ាផ្សេងៗបានកើតមានឡើង ដោយពលរដ្ឋអ៊ីរ៉ង់ជាច្រើននាក់ទាំងស្ត្រី និងបុរស នាំគ្នាធ្វើបាតុកម្មនៅទូទាំងប្រទេស តាមរយៈការអំពាវនាវឱ្យមានការផ្ដល់សិទ្ធិកាន់តែប្រសើរឡើងសម្រាប់ស្ត្រី និងការផ្លាស់ប្តូរពីរបៀបដឹកនាំនយោបាយបច្ចុប្បន្ន។ ដោយឡែក អាជ្ញាធរអ៊ីរ៉ង់បានចាត់ទុកទង្វើពួកគេថាជា កុបកម្ម ហើយបានវាយប្រហារទៅកាន់បាតុករវិញ និងបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សប្រមាណជា ៥០០ នាក់ថែមទៀត។

ក្រៅពីនេះ បន្ទាប់ពីការឈ្លានពានអ៊ុយក្រែនដោយកងកម្លាំងរុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា គម្លាតយេនឌ័រនៅក្នុងប្រព័ន្ធសន្តិសុខសង្គមកាន់តែអាក្រក់ទៅ ក្នុងនោះរួមមានកង្វះអាហារូបត្ថម្ភ អត្រាភាពក្រីក្រ និងការកើនឡើងនៃអំពើហិង្សាផ្អែកលើយេនឌ័រ។ ទាំងនេះគឺដោយសារតែការឡើងថ្លៃទំនិញមូលដ្ឋាន និងកង្វះស្បៀងអាហារដែលបង្កឡើងដោយសង្រ្គាម។ សូម្បីតែនៅក្នុងប្រទេសដែលស្ត្រីមានសិទ្ធិសេរីភាពពេញលេញ ដូចជាសហរដ្ឋអាមេរិក បញ្ហាគម្លាតយេនឌ័រនៅតែកើតមានឡើង។ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានបដិសេធច្បាប់ដែលការពារសិទ្ធិក្នុងការរំលូតកូនរបស់ស្ត្រីជនជាតិអាមេរិក។ ការណ៍នេះបានបង្កឱ្យមានការតវ៉ាបាតុកម្មប្រឆាំងយ៉ាងខ្លាំងនៅតាមបណ្ដារដ្ឋផ្សេងៗនៅសហរដ្ឋអាមេរិក។

គេក៏ឃើញមានគម្លាតសមភាពយេនឌ័រនៅក្នុងវិស័យឌីជីថល ដែលបានរារាំងដល់សក្តានុពលរបស់ស្ត្រី មិនអាចចូលរួមពេញលេញក្នុងការងារផ្សេងៗផ្នែកបច្ចេកវិទ្យា។ យោងតាមអង្គការសហប្រជាជាតិ ស្ត្រីចំនួន ២៥៩ លាននាក់មានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតតិចជាងបុរស និងត្រូវបានរងគ្រោះដោយការបំពានពីក្រុមការងាររបស់ពួកគេ។ បើយោងតាមការស្ទង់មតិចំពោះអ្នកសារព័ត៌មានស្ត្រីចំនួន ១២៥ ប្រទេស បានបង្ហាញថា ៧៣ ភាគរយនៃស្ត្រីធ្លាប់ត្រូវបានរងគ្រោះ និងបំពាននៅលើអនឡាញ។

មួយវិញទៀត ​ស្ត្រីដែលសិក្សាលើ​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា នៅតែមាន​ចំនួន​តិច​តួចនៅឡើយ​។ ក្រៅពីនេះទៀត ចំនួនស្ត្រី និងកុមារីជាច្រើនបានជួបប្រទះជាមួយនឹងបញ្ហារំលោភផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារនៅទូទាំងពិភពលោក។ លោក អង់តូនីញ៉ូ ហ្គូទែរស៍ (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានកត់សម្គាល់ថា សិទ្ធិស្ត្រីត្រូវបានគំរាមកំហែង និងរំលោភបំពាន នៅជុំវិញពិភពលោក ហើយការទទួលបានសមភាពយេនឌ័រពេញលេញនឹងមិនអាចទទួលបាននោះទេ ក្នុងរយៈពេល ៣០០ ឆ្នាំទៅខាងមុខ បើយើងយើងមើលទៅលើនិន្នាការផ្លាស់ប្តូរបរិបទសង្គមក្នុងពេលបច្ចុប្បន្ន។

តើអ្វីគឺជា លទ្ធិម៉ាក្សនិយម លទ្ធិកុម្មុនីស្ដ និងលទ្ធិសង្គមនិយម?

ទ្រឹស្តីលទ្ធិកុម្មុយនីស្តគឺជាលទ្ធិមួយដែលហាក់មានភាពល្បីល្បាញអំឡុងសង្គ្រាមលោកលើកទី២ និងសង្គ្រាមត្រជាក់។ លទ្ធិនេះគឺមានភាពចម្រុះជាច្រើនដោយវាមានដើមកំណើតចេញពីលទ្ធិម៉ាក្សនិយម (Marxism) និងមានភាពស្រដៀងទៅនឹងលទ្ធិសង្គមនិយម (Socialism)។ តាមពិតទៅ លទ្ធិម៉ាក្សនិយម លទ្ធិកុម្មុនីស្ដ និងលទ្ធិសង្គមនិយម ត្បិតតែភាគច្រើនមានភាពស្រដៀងគ្នាច្រើន ប៉ុន្មានធាតុពិតជាស្ដែងគឺមិនដូចគ្នាទេ។ នៅក្នុងអត្ថបទនេះនឹងរៀបរាប់អំពី លទ្ធិកុម្មុយនីស្ត លទ្ធិម៉ាក្សនិយម លទ្ធិសង្គមនិយម។

 អំពីលទ្ធិកុម្មុយនីស្ត

លទ្ធិកុម្មុយនីស្តគឺជាគោលលទ្ធិមួយដែលបង្កើតឡើងដើម្បីផ្លាស់ប្តូរគោលនយោបាយនិងសេដ្ឋកិច្ច។ កុម្មុយនីស្តបានអភិវឌ្ឍដោយ លោក កាល់ ម៉ាក្ស (Karl Marx) និងមាន លោក ហ្រ្វីទ្រីកអ៊ីហ្កល់ (Fredrick Engels) ហើយលោកទាំងពីរបានចេញផ្សាយនូវសៀវភៅ “The Communist Manifesto” នៅថ្ងៃទី២១ ខែមករា ក្នុងឆ្នាំ ១៨៤៨។  គួរឱ្យដឹងថា លទ្ធិនេះធ្លាប់លើកមកនិយាយនៅក្នុងសតវត្សទី ១៥ ដោយលោក ផ្លាតូ (Plato) និង លោក អារីសថូថល (Aristotle)។ លទ្ធិកុម្មុយនីស្តមិនមានប្រភពនៅក្នុងប្រទេសរុស្សីទេ តែបានចាប់កំណើតនៅអឺរ៉ុបខាងលិចដោយសារតែមានការឡើងចុះនូវសេដ្ឋកិច្ចនិងសង្គមនៅអំឡុងពេលបដិវត្តន៍ឧស្សាហកម្ម។ ការយល់ដឹងរបស់លោក ម៉ាក្ស និង ហ្វ្រីទ្រីក បានមើលទៅលើវណ្ណៈអ្នកក្រឬវណ្ណៈអ្នកធ្វើការដែលត្រូវពឹងផ្អែកទៅលើអ្នកមានឬត្រូវបានជិះជាន់ដោយសារវណ្ណៈអ្នកមាន។ ការជិះជាន់នេះបានក្លាយជាប្រព័ន្ធមួយដែលលោកបានហៅថាជាប្រព័ន្ធមូលធននិយម។ ក្រោយមកលោកបានជឿថាប្រព័ន្ធនេះមិនមានភាពយុត្តិធម៌សម្រាប់សង្គមទាំងមូល ជាពិសេសវណ្ណៈអ្នកក្រឡើយ។ បន្ថែមពីលើនេះ លោកក៏បានលើកឡើងថាគោលបំណងរបស់បក្សកុម្មុយនីស្ត គឺការលុបបំបាត់ការកាន់កាប់ទ្រព្យសម្បត្តិដោយអ្នកមានឬដោយឯកជន និង ការរស់នៅតែមួយវណ្ណៈតែប៉ុណ្ណោះ។ លើសពីនេះទៀត លទ្ធិកុម្មុយនីស្តផ្តោតទៅលើប្រព័ន្ធសង្គមដែលឈានទៅរកសង្គមមួយដែលគ្មានវណ្ណៈនិងមានតែការរស់នៅជាមួយគ្នាជាសហគមន៍មួយ។

ការប្រើប្រាស់របស់លទ្ធិកុម្មុយនីស្ត

ដូចដែលបានលើកឡើងខាងលើ លទ្ធិកុម្មុយនីស្តធ្លាប់បានលើកឡើងនៅក្នុងសតវត្សទី ១៥ ហើយត្រូវបានប្រើប្រាស់ជាលក្ខណៈសាមញ្ញនៅក្នុងសង្គមដែលមិនមានការប្រើប្រាស់ក្រដាសប្រាក់ (abolishment of currency) និងការរស់នៅរបស់មនុស្សក្នុងសង្គមដោយការប្រើប្រាស់និងបរិភោគរបស់រួម។ លោក វ៉ាឡាឌីម៉ែ លីនីន (Vladimir Lenin) បា​នអនុវត្ដលទ្ធិនេះជាលើកដំបូងនៅប្រទេសរុស្សីដោយសារតែប្រទេសរុស្សីនៅពេលនោះមានការតវ៉ាច្រើនពីវណ្ណៈអ្នកក្រដោយសារតែការទារពន្ធខ្ពស់ពេកទៅលើអ្នកក្រ។ លោក លីនីន បានប្រើប្រាស់បដិវត្តន៍មួយដែលហៅថាលទ្ធិលីនីន (Leninsm) ហើយមានការផ្តោតទៅលើបដិវត្តន៍នយោបាយ ហើយក្រោយមកប្រែប្រទេសរុស្ស៊ី ទៅជាសហភាពសូវៀតវិញ។ គួរឱ្យដឹងថាការប្រើប្រាស់លទ្ធិលីនីនគឺជាការរួមបញ្ចូលគ្នារវាងលទ្ធិកុម្មុនីស្ដ និងលទ្ធិសង្គមនិយម (Socialism)។ ក្រោយពីលោក លីនីន បានស្លាប់ទៅនៅឆ្នាំ ១៩២៤ លោក ចប ស្តាលីន (Joseph Stalin) បានឡើងមកកាន់តំណែងនៃបក្សកុម្មុយនីស្ត។ ដោយឡែកការគ្រប់គ្រងរបស់លោក ស្តាលីន មានការបញ្ជាកណ្ដាលខ្ពស់ (highly centralize economy and politic)។

ទ្រឹស្តីកាល់ម៉ាក្សនិយម

បើយើងក្រឡេកមកមើលលទ្ធិម៉ាក្សនិយមវិញ (Marxism) លទ្ធិនេះជាទ្រឹស្តីនយោបាយនិងសេដ្ឋកិច្ចដែលបានសរសេរដោយលោក កាល់ម៉ាក្ស និង ហ្រ្វីឌ្រីក ដែរ ប៉ុន្តែលទ្ធិនេះគ្រាន់តែជាទ្រឹស្តីសម្រាប់ការសិក្សាទៅលើលទ្ធិកុម្មុយនីស្តនិងលទ្ធិសង្គមនិយម (Socialism) តែប៉ុណ្ណោះ។ មួយវិញទៀតលទ្ធិនេះបានសង្កត់ធ្ងន់ទៅលើលទ្ធិមូលធននិយមដែលនិយាយពីការជិះជាន់របស់វណ្ណៈអ្នកមានទៅលើវណ្ណៈអ្នកក្រនិងភាពមិនស្មើគ្នា។

ទ្រឹស្តីសង្គមនិយម

លទ្ធិសង្គមនិយមផ្តោតទៅលើសង្គមជារួមជាជាងបុគ្គល ដែលការប្រើប្រាស់របស់របរគឺមានលក្ខណៈរួមទាំងអស់ហើយរោងចក្រមានការកាន់កាប់ដោយរដ្ឋាភិបាល ហើយរដ្ឋាភិបាលក៏ជាអ្នកធានាឱ្យមានការចែកចាយអត្ថប្រយោជន៍ស្មើគ្នា។ បើយោងតាម Website The Week លទ្ធិនេះមានការកើតឡើងនៅសតវត្សទី ១៩ ដោយផ្តោតទៅលើការលុបចោលនូវវណ្ណៈនិងបង្កើតភាពជាសង្គមធ្វើអ្វីៗរួមគ្នា។

 ភាពស្រដៀងគ្នានៃទ្រឹស្តីកាល់ម៉ាក្សនិយម កុម្មុយនីសនិយមនិងសង្គមនិយម

 លទ្ធិកាល់ម៉ាក្សនិយម លទ្ធិកុម្មុយនីស្តនិយម និងលទ្ធិសង្គមនិយម សុទ្ធតែជាលទ្ធិដែលមានការតវ៉ាទៅនឹងលទ្ធិមូលធននិយម។ មួយវិញទៀត លទ្ធិទាំងបីក៏មានការប្រឆាំងទៅនឹងការគ្រប់គ្រងលក្ខណៈឯកជន ដែលលទ្ធិទាំងបីបានជំរុញឱ្យមានការគ្រប់គ្រងលក្ខណៈរួម។ លើសពីនេះទៀត លទ្ធិទាំងបីក៏មានការជំរុញឱ្យធ្វើការដើម្បីប្រយោជន៍រួម និងភាពស្មើគ្នាជាជាងការធ្វើការដើម្បីផលប្រយោជន៍បុគ្គល។

 ភាពខុសគ្នានៃទ្រឹស្តីកាល់ម៉ាក្សនិយម កុម្មុយនីស្តនិយមនិងសង្គមនិយម

 ក្រៅពីភាពស្រដៀងគ្នានៃលទ្ធិទាំងបី លទ្ធិនេះក៏មានភាពខុសគ្នាច្រើនដែរ។ បើនិយាយពិលទ្ធិកាល់ម៉ាក្សនិយម លទ្ធិនេះគ្រាន់តែជាទ្រឹស្តីសម្រាប់សិក្សាលទ្ធិកុម្មុយនីស្តនិយមនិងសង្គមនិយមប៉ុណ្ណោះ។ សម្រាប់លទ្ធិកុម្មុយនីស្តនិយមវិញគឺភាពតឹងតែងខ្លាំង ដោយមានការលុបចោលនូវវណ្ណៈ (classless society) ដែលផ្តោតទៅលើការប្រើប្រាស់របស់រួម (public property own by individual) ហើយបុគ្គលទាំងអស់មិនមានកម្មសិទ្ធិឯកជនឡើយ។ រីឯលទ្ធិសង្គមនិយមវិញគឺផ្តោតទៅលើភាពជាសង្គមដែលការរស់នៅរបស់ប្រជាជនមានភាពស្មើគ្នាដោយការដោយមានការបែងចែកអ្វីទាំងអស់ដោយរដ្ឋាភិបាល (Government make sure equity) ប៉ុន្តែលទ្ធិនេះអនុញ្ញាតឱ្យមានកម្មសិទ្ធិឯកជន។

វិចារណកថាថ្ងៃសុក្រ៖ ចិននិងអាមេរិកជុំវិញបញ្ហារុស្ស៊ី-អ៊ុយក្រែន

ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ គឺជាខួបគម្រប់មួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែនដោយក្រោមហេតុផលថាធ្វើប្រតិបត្តិការយោធាពិសេសមួយដើម្បីការពារជនជាតិភាគតិចរុស្ស៊ីនិងចោទថារដ្ឋាភិបាលអ៊ុយក្រែនជាពួក Neo- Nazi បានធ្វើទុកបុកមេ្នញជនជាតិរបស់ពួកគេ។ បន្ទាប់ពីមានការឈ្លានពាននេះកើតឡើង មហាសន្និបាតអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំពិសេសភ្លាមៗស្តីពីជម្លោះខាងលើនេះនិងជាលទ្ធផលបានឃើញថាមានប្រទេសចំនួន១៤១បានគាំទ្រការដកកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន ៣៥ប្រទេសអនុបវាទ និង៥ប្រឆាំងនឹងការដកកងទ័ព។ ទោះបីមានការគាំទ្រការដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន ក៏ប្រទេសនេះនៅតែបន្តធ្វើប្រតិបត្តិការរបស់ខ្លួនលើប្រទេសអ៊ុយក្រែនរហូតមកដល់ឆ្នាំ២០២៣នេះ។ កាលពីពេលថ្មីៗនេះ យើងឃើញថាទាំងលោកពូទីននិងហ្សេឡែនគីសុទ្ធតែប្តេជ្ញាយកឈ្នះរៀងខ្លួនផងដែរ តែសម្រាប់ពិភពលោកវិញ វិបត្តិអ៊ុយក្រែននេះនៅតែជាកង្វល់សម្រាប់ពិភពលោកបន្តទៀតផងដែរ ហើយក្នុងរយៈពេលថ្មីៗនេះបានឃើញថាពិភពលោកកំពុងធ្វើការងាររួមដើម្បីឱ្យវិបត្តិនេះធូរស្រាលនិងមានព្រឹត្តិការណ៏ទាក់ទងវិបត្តិនេះផងដែរ ដូចជាចិនបានចេញមុខអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពនិងមានការទស្សនកិច្ចរបស់លោកចូបៃដិនទៅប្រទេសអ៊ុយក្រែនមុនបួនថ្ងៃមុនគំរប់ខួបមួយឆ្នាំផងដែរ។ តើទស្សនកិច្ចលោក បៃដិន និងការចូលរួមរបស់ចិនក្នុងវិបត្តិនេះមានផលប្រយោជន៏សម្រាប់សន្តិភាពសម្រាប់ជម្លោះនេះដែរឬទេ?

១. ដំណើរទស្សនកិច្ចដ៏សម្ងាត់របស់លោកបៃដិនទៅអ៊ុយក្រែន

នៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៣ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានធ្វើទស្សនកិច្ចមួយទៅកាន់ប្រទេសអ៊ុយក្រែនដែលនេះជាលើកទី១ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ រាប់ចាប់ពីទស្សនកិច្ចរបស់ លោកចច​ ប៊ូស ដែលជាប្រធានាធិបតីទី៤៣ ទៅកាន់ប្រទេសនេះក្នុងឆ្នាំ២០០៨។ ប៉ុន្តែក្នុងទស្សនកិច្ចមួយនេះមានភាពខុសប្លែកជាងមុន ព្រោះទស្សនកិច្ចនេះធ្វើឡើងដោយគ្មានការប្រកាសមុនឡើយ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ចូ បៃដិន បានធ្វើការជួបសន្ទនាជាមួយនឹងលោកហ្សេឡែនគី។ ទន្ទឹមគ្នានៃការជជែកលើបញ្ហារុស្ស៊ី-អ៊ុយក្រែន លោក ហ្សេឡែនគីបានជូនលោក ចូ បៃដិនដើរទស្សនាជុំវិញវិហារមាស St. Michael’s Cathedra ក្នុងទីក្រុងគៀវផងដែរ។ បន្ទាប់ពីមានកិច្ចសន្ទនារួចហើយ លោកប្រធានាធិបតីអាមេរិករូបនេះនៅតែបញ្ជាក់ថា”សហរដ្ឋអាមេរិកឈរនៅជាមួយអ៊ុយក្រែនជានិច្ចទោះបីជាកាលៈទេសៈណាក៏ដោយ”​។ នេះសរបញ្ជាក់ថាអាមេរិកនៅគាំទ្រប្រទេសអ៊ុយក្រែនខ្លាំងក្នុងវិបត្តិនេះនិងបញ្ជាក់ពីបំណងរបស់ខ្លួនក្នុងកិច្ចការពារអ៊ុយក្រែនក្នុងការឈ្លានពានរបស់រុស្ស៊ី។ អំឡុងពេលទស្សនកិច្ចរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកនេះ លោក ចូ បៃដិន បានប្រកាសពីកញ្ចប់ជំនួយបន្ថែម ៥០០ លានដុល្លារអាមេរិកទៅកាន់អ៊ុយក្រែនបន្ថែមទៀតរួមបញ្ចូលឧបករណ៍យោធាជាច្រើនទៀតដូចជា កាំភ្លើងធំ គ្រាប់កាំភ្លើងធំ និងកាំភ្លើងយន្ត Howitzers ជាច្រើនរួមទាំងការប្រកាសដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីទៀត។ អ្វីដែលគួរចាប់អារម្មណ៍មួយទៀត ចំពោះទស្សនកិច្ចនេះក៏ប្រព្រឹត្តទៅមុនមួយថ្ងៃនៃការថ្លែងសន្ទរកថារបស់លោកពូទីនក្នុងវិមានក្រឹមឡាំងជុំវិញរឿងវិបត្តិអ៊ុយក្រែនរយៈពេលមួយឆ្នាំផងដែរ។

២.ចិនចាប់ផ្តើមចេញមុខលើវិបត្តិអ៊ុយក្រែន

ចិនគឺជាប្រទេសមួយដែលមានភាពស្ងៀមស្ងាត់ជាងគេចាប់តាំងពីវិបត្តិអ៊ុយក្រែននិងរុស្ស៊ីបានកើតឡើង។ ចិនគឺមិនដូចប្រទេសលោកខាងលិចដែលខិតខំជួយអ៊ុយក្រែនទេ ហើយក៏មិនមានការជួយទៅកាន់រុស្ស៊ីផងដែរ។ ក្នុងការបោះឆ្នោតថ្ងៃទី២ ខែមិនា ឆ្នាំ២០២២ ស្តីពីការដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន ប្រទេសចិនបានបោះឆ្នោតអនុបវាទចំពោះការសំរេចមួយនេះព្រោះប្រទេសចិននិងរុស្ស៊ីមានទំនាក់ទំនងប្រសើរនឹងគ្នាទាំងសេដ្ឋកិច្ចនិងនយោបាយ។ ប្រសិនពេលនោះចិនបោះឆ្នោតគាំទ្រការដកទ័ពរុស្ស៊ីចេញអ៊ុយក្រែននោះទំនាក់ទំនងទាំងពីរអាចល្អក់កករនឹងគ្នា។ មួយវិញទៀត ប្រសិនចិនបោះឆ្នោតប្រឆាំងវិញប្រទេសចិនប្រហែលនឹងត្រូវប្រឈមមុខនឹងពួកលោកខាងលិចវិញម្តង។ នេះហើយជាលទ្ធផលដែលចិនពេលនោះត្រូវតែបោះឆ្នោតបែបនេះទោះចង់ឬមិនចង់ក៏ដោយ។ ប៉ុន្តែកាលពីថ្មីៗនេះនៃគម្រប់១ឆ្នាំនៃការវាយលុយរបស់រុស្ស៊ីទៅកាន់អ៊ុយក្រែន ចិនហាក់ដូចផ្លាស់ប្តូរឥរិយាបថចង់ចូលខ្លួនធ្វើជាអាជ្ញាកណ្តាលម្តង។ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវ៉ាង យី ដែលជាប្រមុខការទូតចិនបានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ និងបាននិយាយពីផែនការដំណោះស្រាយសន្តិភាពលើវិបត្តិអ៊ុយក្រែនប្រាប់ទៅកាន់លោកពូទីនក្នុងវិមានក្រឹមឡាំងផងដែរ។ ក្នុងដំណោះស្រាយសន្តិភាពនោះគឺប្រទេសចិនបានប្រកាសផែនការសម្រាប់កិច្ចចរចាសន្តិភាពចំនួន១២ចំណុចជាពិសេសផ្តោតលើការអំពាវនាវឱ្យគោរពអធិបតេយ្យភាពជាតិ។ ក្នុងនោះផងដែរ យើងបានឃើញសម័្ពន្ធរុស្ស៊ីគឺបេឡារុសបានបង្ហាញការគាំទ្រដូចចិនចំពោះដំណោះស្រាយដោយសន្តិវិធីលើវិបត្តិអ៊ុយក្រែនតាមរយៈការជួបគ្នារវាងលោកប្រធានាធិបតី អេឡិចសាន់ឌឺ លុកកាសិនកូ (Alexander Lukashenko) និងលោក ស៊ី ជិនពីង ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ ផងដែរ។ មួយវិញទៀត ចិនក៏បានប្រាប់ដល់អឺរ៉ុបអំឡុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-ចិនលើកទី២៣ផងដែរថាខ្លួននឹងជួយដោះស្រាយនិងជុំរុញឱ្យមានសន្តិភាពលើវិបត្តិនេះតាមវិធីសាស្ត្ររបស់ខ្លួនហើយមានឆន្ទៈបន្តដើរតួនាទីជាមួយសហគមន៏អន្តរជាតិដើម្បីសន្តិភាពផងដែរ។​ នេះបានសរបញ្ជាក់ថាចិនកំពុងតែធ្វើខ្លួនជាអាជ្ញាកណា្តលក្នុងវិបត្តិអ៊ុយក្រែននេះដែលខ្លួនមិនបញ្ចេញប្រតិកម្មខ្លួនរយៈពេលជាងមួយឆ្នាំមកហើយ។

សរុបមក សកម្មភាពរបស់ចិននិងអាមេរិកហាក់មើលទៅមានភាពខុសគ្នាចំពោះវិបត្តិអ៊ុយក្រែនព្រោះអាមេរិកនៅតែបន្តផ្តល់ជំនួយដល់អ៊ុយក្រែនជាសញ្វវុធនិងបន្តដាក់ទណ្ឌកម្មដល់រុស្ស៊ីដែលសហរដ្ឋអាមេរិកមើលឃើញថាវិបត្តិនេះហាក់ដូចជាពិបាកក្នុងការធ្វើកិច្ចចរចារកសន្តិភាពណាស់ដោយមូលហេតុមួយថាទាំងរុស្ស៊ីនិងអ៊ុយក្រែនសុទ្ធប្រកាសពីការប្រឹងយកជ័យជំនះរៀងខ្លួនក្នុងឆ្នាំ២០២៣នេះ។ ទោះចង់ឬមិនចង់ប្រសិនសង្គ្រាមពុំបានរលត់ឬមានកិច្ចចរចាណាមួយ​ទេ​ សហរដ្ឋអាមេរិកក៏នៅតែបន្តផ្តល់ជំនួយដល់អ៊ុយក្រែនដដែលដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីព្រោះតែអ៊ុយក្រែនបានប្រទេសដែលសហរដ្ឋអាមេរិចជាចាត់ទុកជាប្រទេសរងគ្រោះនិងជាសម្ព័ន្ធមិត្តរបស់ខ្លួនរួចទៅហើយ។ ខុសពីអាមេរិក ចិនមិនបានផ្តល់ជំនួយដល់ខាងណាទេគឺប្រទេសនេះបែរជាប្រកាសក្នុងបំណងជួយដោះស្រាយនិងប្រកាសផែនការសម្រាប់កិច្ចចរចាចំនួន១២ចំនុចសម្រាប់វិបត្តិនេះវិញ។ ការប្រកាសនេះបានធ្វើឱ្យមានការគាំទ្រនិងជំរុញពីបណ្តាលប្រទេសនៅអឺរ៉ុបឱ្យចិនខិតខំជួយនិយាយជាមួយរុស្ស៊ីនិងស្វែងរកសន្តិភាពសម្រាប់តំបន់ដែលមានវិបត្តិមកវិញផងដែរ។ សកម្មភាពបែបនេះធ្វើឱ្យពិភពលោកមានសង្ឃឹមបន្តិចផងដែរព្រោះចិននិងរុស្ស៊ីមានទំនាក់ទំនងល្អនឹងគ្នា ហើយក៏ជាការល្អមួយផងដែរប្រសិនមានការជួយពីចិនក្នុងកិច្ចចរចាសន្តិភាពសម្រាប់វិបត្តិអ៊ុយក្រែន។

កម្មវិធីថង់ប្រាជ្ញា៖ កំហុសមួយដែលនាំឱ្យមានការដួលរលំជញ្ជាំងក្រុងប៊ែរឡាំងកាលពីឆ្នាំ១៩៨៩

នារាត្រីថ្ងៃទី១២ ឈានចូលថ្ងៃទី១៣​ ខែសីហា ឆ្នាំ១៩៦១ វិស្វករជាច្រើនអ្នកដែលអមដោយប៉ូលីស និងទាហានបានចាប់ផ្តើមគាស់កកាយផ្លូវ ដោយដំឡើងនូវរនាំងមួយនៅទូទាំងទីក្រុងប៊ែរឡាំង និងតំបន់ផ្សេងៗទៀតជុំវិញនោះ។ រនាំងនោះត្រូវបានគេស្គាល់ថាជា ជញ្ជាំងក្រុងប៊ែរឡាំង។ ជញ្ជាំងនេះមិនត្រឹមតែខណ្ឌចែកប្រទេសអាល្លឺម៉ង់ជាពីរនោះទេ តែវាត្រូវបានគេចាត់ទុកថាជាវាំងននដែក ខណ្ឌចែកទ្វីបអ៊ឺរ៉ុបជាពីរកំឡុងពេលសង្គ្រាមត្រជាក់។ ជញ្ជាំងក្រុងប៊ែរឡាំងត្រូវបានសាងសង់ឡើងដោយជញ្ជាំងបេតុងដែលមានកម្ពស់ជាង​ ៤ ម៉ែត្រ​ និងប្រវែងប្រហែល ១៥៥ គីឡូម៉ែត្រ ហើយត្រូវបានរុំព័ទ្ធដោយលួសបន្លា ឆ្កែល្បាត គ្រាប់មីន និងយាមល្បាតដោយអ្នកយាម និងឆ្មាំកាំភ្លើងជាច្រើនអ្នកដែលរងចាំបាញ់អ្នកណាម្នាក់ដែលមានបំណងឆ្លងកាត់ជញ្ជាំងនេះដោយខុសច្បាប់។

បន្ទាប់ពីសង្គ្រាមលោកលើកទី២ត្រូវបានបិទបញ្ចប់នៅឆ្នាំ១៩៤៥ ប្រទេសអាល្លឺម៉ង់ត្រូវបានបែកចែកជា៤ផ្នែក ទៅឱ្យចក្រភពអង់គ្លេស បារាំង សហរដ្ឋអាមេរិក និងសហភាពសូវៀត។ ក្រោយមកនៅឆ្នាំ១៩៤៩​ អាល្លឺម៉ងក៏បានបង្រួមមកជាប្រទេស២ រួមមានប្រជាធិបតេយ្យអាល្លឺម៉ង់ខាងលិច គ្រប់គ្រងដោយ អធិការបតី លោក Konrad Adenauer ក្រោយការបោះឆ្នោតដំបូងបង្អស់នៅខែ សីហា ឆ្នាំ១៩៤៩ ដែលមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (FRG) និងកុម្មុយនិស្តអាល្លឺម៉ង់ខាងកើត គ្រប់គ្រងដោយសូវៀត ដែលមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ (GDR)។ អំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ វិស័យឧស្សាហកម្មរបស់អាល្លឺម៉ង់ខាងលិចដែលជាប្រទេសសេរីបានអភិវឌ្ឍយ៉ាងខ្លាំង ផ្ទុយស្រឡះពីអាល្លឺម៉ង់ខាងកើត។ អំឡុងពេលនោះដែរ ប្រជាជនអាល្លឺម៉ង់ខាងកើតជាច្រើនបាននាំគ្នាផ្លាស់ទីលំនៅមកអាល្លឺម៉ង់ខាងលិចរួមទាំងប្រជាជនវ័យក្មេង និងប្រជាជនដែលមានចំណេះដឹងខ្ពស់។ គេមើលឃើញថាការផ្លាស់ប្តូរនេះធ្វើឡើងក្នុងហេតុផលផ្សេងៗគ្នាក្នុងនោះរួមមាន កត្តាសេដ្ឋកិច្ច កត្តានយោបាយ និងកត្តាសង្គម។ គេត្រូវបានដឹងដែលថាមកដល់ឆ្នាំ១៩៦១ មានប្រជាជនអាល្លឺម៉ង់ខាងកើតយ៉ាងហោចណាស់ ៣.៥ លាននាក់បានផ្លាស់ប្តូរមករស់នៅអាល្លឺម៉ង់ខាងលិច ដែលចំនួននេះគឺស្មើនឹង២០ភាគរយនៃប្រជាជនអាល្លឺម៉ង់ខាងកើតទាំងមូល។ ដូច្នេះហើយទើបរដ្ឋាភិបាល GDR រៀបចំសាងសងជញ្ជាំងក្រុងប៊ែរឡាំងភ្លាមៗដោយគ្មានប្រកាសប្រាប់ប្រជាជនខ្លួននោះទេ។

បន្ទាប់ពីជញ្ជាំងក្រុងប៊ែរឡាំងត្រូវបានកសាងឡើងមក ការធ្វើដំណើរចេញពីអាល្លឺម៉ង់ខាងកើតត្រូវបានរឹតបន្តឹង។ អ្នកដែលមានបំណងចង់ចាកចេញពីអាល្លឺម៉ង់ខាងកើតតម្រូវឱ្យបំពេញលក្ខខណ្ឌដ៏តឹងរឹង ដោយឡែកអ្នកដែលមិនអាចបំពេញលក្ខខណ្ឌទាំងនោះបាន ពួកគេក៏សម្រេចចិត្តចាកចេញដោយខុសច្បាប់។ ប៉ុន្តែអ្នកដែលព្យាយាមចាកចេញពីអាល្លឺម៉ង់ខាងកើតដោយខុសច្បាប់មិនសុទ្ធតែទទួលបានជោគជ័យនោះទេ ដែលយ៉ាងហោចណាស់មនុស្សចំនួន ១៤០នាក់ ត្រូវបានស្លាប់បន្ទាប់ពីព្យាយាមឆ្លងកាត់ជញ្ជាំងនេះ។

យ៉ាងណាមិញ អ្វីៗក៏ចាប់ផ្តើមផ្លាស់ប្តូរនៅចុងឆ្នាំ ១៩៨៩​ នៅពេលដែលប្រធានាធិបតីសូវៀត លោក  Mikhail Gorbachev បានបញ្ចេញនូវកំណែទម្រង់សង្គមថ្មីមួយ ក្នុងគោលបំណងបន្ធូរបន្ថយការគៀបសង្កត់ និងបើកឱ្យមានការពិភាក្សាររវាងប្រជាជន និងរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាផ្សេងៗ។ ការផ្លាស់ប្តូរនេះនាំឱ្យមានការបះបោរដោយសន្តិវិធីជាច្រើនជុំវិញប្រទេសនៅតំបន់ខាងកើតរួមទាំងអាល្លឺម៉ង់ខាងកើតផងដែរ។ ដើម្បីកុំឱ្យស្ថានការកាន់តែអាក្រក់ជាងនេះ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៨៩ មន្ត្រីរបស់រដ្ឋាភិបាល GDR មួយរូបគឺលោក Gerhard Lauter បានរៀបចំសរសេរច្បាប់ថ្មីដែលនឹងត្រូវអនុវត្តដើម្បីកាត់បន្ថយភាពតឹងរឹងរបស់ច្បាប់ក្នុងការធ្វើដំណើរ ប៉ុន្តែនឹងត្រូវដាក់ឱ្យអនុវត្តនៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ច្បាប់ថ្មីនេះត្រូវបានគេត្រួតពិនិត្យត្រឹមរយៈពេលតិចជាងមួយថ្ងៃមុនពេលគេប្រគល់ឱ្យលោក Günter Schabowski ដែលជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលដើម្បីអានទៅកាន់អ្នកការសែតជាច្រើនរូប។ គួរបញ្ជាក់ផងដែលថា លោក Günter Schabowski ពុំមានពេលគ្រប់គ្រាន់ដើម្បីអានច្បាប់ថ្មីនោះទេ។ នាវេលាម៉ោង ៦:៥៣នាទី ល្ងាច នៅលើកញ្ចក់ទូរទស្សន៏ជាតិរបស់ GDR លោក Günter Schabowski អានច្បាប់នោះជាលើកដំបូង។ ក្នុងច្បាប់នោះមានអត្ថន័យដោយសង្ខេបថា “ការធ្វើដំណើរឯកជនទៅបរទេសឥឡូវនេះ អាចធ្វើឡើងដោយគ្មានលក្ខខណ្ឌឡើយ”។ ក្រោយការរាយការណ៏ចប់មានអ្នកការសែតម្នាក់បានសួរទៅកាន់លោកថា “តើច្បាប់នេះនឹងចូលជាធរមាននៅពេលណា?”។ លោក Günter Schabowski ពេលនោះបង្ហាញទឹកមុខភ្ញាក់ផ្អើល ដោយបង្វែរក្រដាសសំណេរដែលលោកបានអាននោះទៅវិញទៅមក ហើយឆ្លើយដោយស្ទាក់ស្ទើរថា “ចាប់ពីពេលនេះតទៅ” (Ab Sofort)។ ប៉ុន្តែអ្វីដែលគេនឹកស្មានមិនដល់នោះគឺច្បាប់នេះនឹងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ពោលគឺមួយថ្ងៃបន្ទាប់ពីការរាយការណ៏នេះ។ ការធ្វើបែបនេះគឺគេមានបំណងរងចាំការបើកទ្វាររបស់ការិយាល័យលិខិតឆ្លងដែនដែលតម្រូវឱ្យអ្នកឆ្លងកាត់ ធ្វើការស្នើរសុំទិដ្ឋាការជាមុនសិន។ ប៉ុន្តែភ្លាមៗបន្ទាប់ពីការរាយការណ៏របស់លោក Günter Schabowski សារព័ត៌មានជាច្រើនបានចែកចាយពីតំណឹងនេះទៅគ្រប់ទិសទី។ បន្ទាប់ពីបានឮពីការបើកច្រកឆ្លងកាត់របស់អាល្លឺម៉ង់ខាងកើត ប្រជាជនទាំងសងខាងបានមកជួបជុំនៅពាសពេញជញ្ជាំងក្រុងប៊ែរឡាំង។ យើងឃើញថាត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប្រជាជនអាល្លឺម៉ង់ខាងកើតជាច្រើននាក់បានបន្តមានវត្តមាននៅច្រកជញ្ជាំងក្រុងប៊ែរឡាំង ហើយទាមទារឱ្យមន្រ្តីដែលយាមនៅទីនោះគោរពការសន្យារបស់រដ្ឋាភិបាល ហើយយល់ព្រមបើកទ្វារព្រំដែន។ ដោយហេតុថា មន្ត្រីសន្តិសុខនៅទីនោះមិនទទួលបានបញ្ជាណាមួយពីថ្នាក់លើរបស់ពួកគេ ព្រមទាំងទទួលរងសម្ពាធពីហ្វូង​មនុស្សដែលទាមទារឱ្យមានការបើកទ្វាជាដាច់ខាតផងនោះ មន្ត្រីសន្តិសុខក៏បានបើកទ្វាព្រំដែន ហើយពុំអាចធ្វើអ្វីបានទៀតទេក្រៅពីឈរមើលប្រជាជនអាល្លឺម៉ង់ខាងកើតឆ្លងកាត់ជញ្ជាំងនោះទៅខាងលិច។ នៅយប់នោះ ប្រជាជនប៊ែរឡាំងខាងលិចបានមកស្វាគមន៍ប្រជាជនខាងកើតជាមួយនឹងតន្រ្តី និងស្រាបៀរ ហើយនាំគ្នាឡើងលើជញ្ជាំងនោះរាំផងច្រៀងផង យ៉ាងកុះករ។ ក្រៅពីនេះ ប្រជាជនទាំងសងខាងបានចាប់ផ្តើមវាយបំបែកជញ្ជាំងនោះជាមួយនឹងឧបករណ៏ផ្សេងៗដែលគេអាចរកបាន ដូចជាញញួរ និងពូថៅជាដើម។ បន្ទាប់ពីការដួលរលំជញ្ជាំងក្រុងប៊ែរឡាំង ឬវាំងននដែកប្រមាណជា១ឆ្នាំ អាល្លឺម៉ង់ខាងកើតដែលគ្រប់គ្រងដោយរដ្ឋាភិបាល GDR ក៏ត្រូវបានដួលរលំ។ ក្រោយមក ប្រទេសអាល្លឺម៉ង់ក៏ត្រូវបានបង្រួបបង្រួមឡើងវិញនៅថ្ងៃទី៣ ខែតុលា ឆ្នាំ ១៩៩០។ សព្វថ្ងៃនេះ បើទោះបីជាផ្នែកជាច្រើននៃជញ្ជាំងត្រូវបានដួលរលំ ប៉ុន្តែក៏នៅមានផ្នែកខ្លះទៀតដែលគេថែរក្សាទុក ដើម្បីរំលឹកដល់ការបែងចែកនៃអាល្លឺម៉ងទាំង២។

បើពេលនោះលោក Günter Schabowski មានពេលវេលាគ្រប់គ្រាន់ដើម្បីអានច្បាប់ថ្មីនោះឱ្យបានច្បាស់លាស់នោះលទ្ធិផលពុំអាចមានរូបរាងដូចពេលនេះទេ។ បើពេលនោះអ្នកកាសែតម្នាក់នោះពុំសួរសំណួរក៏ប្រហែលជាមិនមានលទ្ធផលបែបនេះដែរ។ យើងឃើញថាលទ្ធផលនៃផែនការដែលធ្វើឡើងគ្មានការពិនិត្យល្អិតល្អន់ បូករួមនឹងសេចក្តីថ្លែងការដែលខ្វះការយល់ដឹងនាំឱ្យមានការដួលរំលំជញ្ជាំងក្រុងប៊ែរឡាំង និងនាំឱ្យមានការរួបរួមឡើងវិញរបស់ប្រជាជនអាល្លឺម៉ង់ទាំងពីរ បន្ទាប់ពី២៨ឆ្នាំដែលវាបានពង្រាត់គ្រួសារ បងប្អូន និងប្រជាជនអាល្លឺម៉ង់ទាំងមូល។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ភាពតានតឹងរវាងចិន និង អាមេរិកក្រោយឧប្បត្តិហេតុបាឡុង

ភាពតានតឹងនៃការប្រកួតប្រជែងស្វែងរកអនុត្តរភាព(hegemony)មហាអំណាចឯកប៉ូលរវាងសាធារណរដ្ឋប្រជាមានិតចិន​​ និង​សហរដ្ឋអាមេរិកបានកើនឡើងមួយកម្រិតទៀតក្រោយមានការបាញ់ទម្លាក់បាឡុងរបស់ចិនមួយដែលបានហោះកាត់មូលដ្ឋានទ័ពអាកាសអាមេរិកនៅឯរដ្ឋ South Carolina។

តើឧប្បតិ្តហេតុនេះបានសរបញ្ជាក់ឲ្យឃើញនូវចំណុចព្រួយបារម្ភអ្វីខ្លះអំពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងចិន និង​ សហរដ្ឋអាមេរិកនេះ?

ដើម្បីជាវិភាគទាននៃគំនិតរួមចំណែកក្នុងការធ្វើសេចក្តីសន្និដ្ឋានរវាងចំណងភាគីទាំងពីរ​ ជាបឋមយើងគួរស្វែងយល់ថាភាគីទាំងសងខាងបានអះអាងនិងប្រកាន់ខ្ជាប់នូវគោលជំហរត្រូវរៀងៗខ្លួន។ ជាក់ស្តែង មុននឹងការបាញ់ទម្លាក់បាឡុង លោក​ ចូ បៃដិន (Joe Biden) ដែលជាប្រធានាធិបតីនិង​ជា​អគ្គមេបញ្ជាការកងទ័ពជាតិសហរដ្ឋអាមេរិកផងនោះបានអនុញ្ញាតឲ្យបាញ់តាំងពីថ្ងៃទី១ ​ត្រូវនឹងថ្ងៃពុធកាលពីដើមខែកុម្ភ: ប៉ុន្តែការបាញ់នោះត្រូវបាននាយកដ្ឋានការពារជាតិអាមេរិកពន្យារហូតដល់បាឡុងចិនរសាត់ទៅដល់ទីតាំងសុវត្ថិភាពមួយហើយមិនមានប្រជាជនស៊ីវិលនៅក្រោម។ ក្រោយពីប្រើប្រាស់មីស៊ីលតម្លៃ ៤០០,០០០ ដុល្លារសហរដ្ឋអាមេរិកបាញ់ទម្លាក់បាឡុងនោះ​ សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ South Carolina បានពោលថា  ”ឧប្បតិ្តហេតុបាឡុងនេះអាចបង្កជាហានិភ័យយ៉ាងខ្ពស់ចំពោះការរក្សាព័ត៌មានសម្ងាត់របស់មូលដ្ឋានទ័ព Malmstrom នៃរដ្ឋ South Carolina ផ្ទាល់ក៏ដូចជាចំពោះមូលដ្ឋានយុទ្ឋសាស្រ្តកាំជ្រួចឆ្លងទ្វីប (Intercontinental Ballistic Missile) របស់អាមេរិកផ្សេងទៀតផងដែរ។​ លើសពីនេះទៅទៀត ក្រោយពីមានការបាញ់ទម្លាក់បាឡុងនោះ​ លោក Anthony Blinken ដែលជារដ្ឋមន្រ្តីការបរទេសអាមេរិក បានពន្យាពេលទស្សនកិច្ចការទូតរបស់ខ្លួនទៅប្រទេសចិនភ្លាមៗ​ ដោយលោកបានអះអាងប្រាប់សារព័ត៌មាន ABC ថាការបង្ហោះបាឡុងឃ្លាំមើលរបស់ចិនបែបនេះគឺបំពានទៅនឹងអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិកហើយវាក៏ខុសពីគោលការណ៍ច្បាប់អន្តរជាតិផងដែរ។​ ក្រោយពីមានការបាញ់ទម្លាក់នូវបាឡុងនោះភាគីចិនបានចេញមកអះអាងថា” វាពិតជារបស់ចិនមែន ប៉ុន្តែវាគ្រាន់ជាឧបករណ៍ឧតុនិយមរបស់ចិន ដាក់បង្ហោះសម្រាប់ការស្រាវជ្រាវវិទ្យាសាស្រ្តប៉ុណ្ណោះ”។ ស្ថានការណ៍បានតានតឹងយ៉ាងខ្លាំងមួយកម្រិតទៀតបន្ទាប់ពីលោក Anthony Blinken បានពន្យាពេលទស្សនកិច្ចរបស់ខ្លួន ហើយអាកប្បកិរិយារបស់ចិនបានផ្លាស់ប្តូរយ៉ាងខ្លាំង ពោលគឺលោកស្រី Mao Ning ដែលជាអ្នកនាំពាក្យប្រចាំក្រសួងការបរទេសចិនបានពោលថា”អាមេរិកបានប្រតិកម្មខ្លាំងជ្រុល ដោយគ្មានទំនួលខុសត្រូវហើយវាមិនអាចទទួលយកបានឡើយ” លោកស្រីក៏បានបន្ថែមថា ”បាឡុងអាមេរិកបានហោះកាត់ដែនអាកាសចិន១០លើកកាលពីឆ្នាំទៅ ហើយអ្វីដែលអាមេរិកគួរធ្វើគឺត្រូវឆ្លុះកញ្ចក់មើលខ្លួនឯងជាមុនសិនមុននឹងចោទប្រកាន់ចិន”។ ជាមួយគ្នានេះ លោក Wang Yi ដែលជាអ្នកការទូតដ៏ល្បីល្បាញរបស់ចិនក៏បានលើកឡើងថា ”ពួកយើងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងប្រកាន់ខ្ជាប់នូវគោលជំហរដោយមានមូលដ្ឋានប្រាកដនិយមមានភស្តុតាងច្បាស់លាស់និងប្រកបដោយភាពសុទិដ្ឋិនិយមដើម្បីពង្រឹងនូវសុខុមាលភាពនៃចំណងកិច្ចសហប្រតិបត្តិការអាមេរិក-ចិន”។

ចំណែកឯក្រសួងការពារជាតិចិនក៏បានប្រកាសដែរថា”ពួកគេសូមរក្សាសិទ្ធិប្រើមធ្យោបាយស្រដៀងអាមេរិក បើសិនជាកាលៈទេសៈប្រហាក់ប្រហែលឧប្បត្តិហេតុបាឡុងនេះកើតឡើងនាពេលខាងមុខ”។ ក្រៅពីនេះគណៈកម្មាធិការកិច្ចការបរទេសចិនក៏បានដាក់ចេញនូវការថ្កោលទោសផ្លូវការមួយចំពោះអ្នកតាក់តែងច្បាប់របស់អាមេរិកដោយ​ ​
គណៈកម្មាធិការនោះបានពោលថា”ទង្វើររបស់អាមេរិកគឺជាការបំផ្លើស និង ជាឧបាយកលនយោបាយសុទ្ធសាធ”ហើយមានតែអាមេរិកវិញទេដែលតែងជ្រៀតជ្រែកក្នុងអធិបតេយ្យភាពរដ្ឋដ៏ទៃ។

បើយោងតាមការលើកឡើងរបស់គូបដិបក្សទាំងពីរខាងលើនេះអាចឆ្លុះបញ្ចាំងឲ្យយើងឃើញនូវផលអវិជ្ជមានមួយចំនួន ដូចជា(១)ទំនាក់ទំនងការទូតរវាងចិន-អាមេរិកនេះហាក់នូវមានចន្លោះប្រហោងក្នុងការធ្វើសន្ទនារវាងគ្នានៅឡើយដោយភាគីទាំងសងងាយនឹងកាត់ផ្តាច់នូវចរន្តសន្ទនាយ៉ាងឆាប់រហ័ស ជាក់ស្ដែងគឺក្រោយឧប្បត្តិហេតុបាឡុងនេះកើតឡើងហើយបានបណ្តាលឲ្យមានភាពតានតឹងបន្តកើតមានឡើងក្នុងជំនួបរវាងលោក Anthony Blinken និង Wang Yi នៅក្នុងសន្និសីទសន្តិសុខមុយនិច (Munich Security Conference) ទៀតផង ហើយទំនាក់ទំនងប្រទេសមហាអំណាចទាំងពីរនេះពុំទាន់ឈានដល់ចំណុចមួយដែលមានស្ថិរភាពនិងចីរភាពនោះទេ ដោយសារប្រទេសទាំងពីរនេះនៅបន្តខ្វះខាតទំនុកចិត្តរវាងគ្នាទៅវិញទៅមក ដោយនយោបាយការទូតរបស់ប្រទេសទាំងពីរនៅមានភាពឯកប៉ូលនិយមនិងមិនព្យាយាមថយក្រោយម្នាក់មួយជំហាននិងសម្របសម្រួល(Compromise)នោះទេ (២)​​ បញ្ហាបាឡុងនេះក៏បានធ្វើឲ្យគោលនយោបាយដាក់បម្រាមបណ្តាញសង្គម TikTok​​ ងើបឡើងសារជាថ្មីម្តងទៀតក្នុងជួររដ្ឋាភិបាលអាមេរិក។ ប្រសិនបើការស្រាវជ្រាវបន្តឃើញថាបណ្តាញសង្គម TikTok ដែលមានក្រុមហ៊ុន​ចិន ByteDance​​​ ជាអ្នកអភិវឌ្ឍអាចផ្ទេរព័ត៌មានសំខាន់ៗរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិកទៅកាន់គណៈបក្សកុម្មុយនីស្តចិនមែន នោះអាមេរិកអាចបិទបណ្ដាញសង្គម TikTok លក្ខណៈទូទាំងប្រទេស ដែលការណ៍នេះអាចបង្កឲ្យមានភាពតានតឹងឡើងមួយកម្រិតទៀត។​ ក្នុងករណីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា” រដ្ឋាភិបាលអាមេរិកគួរគោរពគោលការទីផ្សារប្រកួតប្រជែង និង​គួរឈប់ដាក់គំនាបក្រុមហ៊ុនបរទេស​ហើយគួរតែផ្តល់នូវបរិកាសធ្វើជំនួញដោយសេរី និងមិនមានការរើសអើង។ (៣)ប្រសិនបើលទ្ធិប្រជានិយម(Populism)នៅតែបន្តរីកសាយភាយនៅក្នុងបរិបទនយោបាយអាមេរិកពោលគឺប្រសិនបើបក្សសាធារណរដ្ឋ​(Republicans) និង បក្សប្រជាធិបតេយ្យ(Democrats) ព្យាយាមបង្ហាញអំពីមហិច្ឆតាឯកប៉ូលនិយមរបស់ខ្លួនតាមរយៈការប្រកាន់ខ្ជាប់នូវគោលនយោបាយបង្អាក់ដំណើរលូតលាស់នៃសេដ្ឋកិច្ចចិនដើម្បីប្រជែងសន្លឹកឆ្នោតនាឆ្នាំ២០២៤ នោះបញ្ហាស្រដៀងគ្នាននឹងករណីបាឡុងនេះអាចនឹងកើតឡើងជាច្រើនទៀត ដែលមើលទៅស្ថានភាពនៃនយោបាយការបរទេសរវាងប្រទេសមហាអំណាចទាំង ២ ក៏ប្រហែលជាមិនអាចមានភាពស្ងប់ស្ងាត់ដែរ។

ថង់ប្រាជា្ញ៖ វិបត្តិឱនភាពសេដ្ឋកិច្ច ២០០៧-២០០៩ (The Great Recession) របស់សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកត្រូវបានគេស្គាល់ថាជាមហាអំណាចសេដ្ឋកិច្ចទីមួយ និងជាយោធាធំបំផុតនៅលើពិភពលោក។ យ៉ាងណាមិញ សហរដ្ឋអាមេរិកក៏ធ្លាប់ឆ្លងកាត់នូវវិបត្តិសេដ្ឋកិច្ច ដែលគេស្គាល់ថាជាវិបត្តិឱនភាពសេដ្ឋកិច្ចឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ (The Great Recession)។

វិបត្តិសេដ្ឋកិច្ចនេះចាប់ផ្ដើមនៅអំឡុងខែធ្នូ ឆ្នាំ២០០៧ រហូតដល់ខែមិថុនា ឆ្នាំ២០០៩ ដោយវិបត្តិនាឆ្នាំនោះក៏ត្រូវបានចាត់ទុកថាជាការធ្លាក់ចុះនៃសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បន្ចាប់ពីវិបត្តិសេដ្ឋកិច្ចដែលធ្លាប់បានកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០។ ការធ្លាក់ចុះសេដ្ឋកិច្ចនេះបានចាប់ផ្តើមនៅពេលដែលទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាមេរិក ដូចជាផ្ទះជាដើម ចាប់ផ្ដើមមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ និងជាមួយគ្នានេះដែរ សូម្បីតែតម្លៃនៃមូលបត្រកម្ចី (Mortgage-Backed Securities – MBS) និងនិស្សន្ទវត្ថុ (Derivates) ក៏បានធ្លាក់ចុះផងដែរ។

កត្តាដែលបង្កនូវវិបត្តិនៃឱនភាពសេដ្ឋកិច្ច

បើយោងទៅតាមរបាយការណ៍ឆ្នាំ២០១១ ដោយគណៈកម្មការស៊ើបអង្កេតវិបត្តិសេដ្ឋកិច្ច និងហរិញ្ញវត្ថុ (Financial Crisis Inquiry Commission) សរបញ្ជាក់ឲ្យឃើញថាមានកត្តារួមចំណែកសំខាន់ៗមួយចំនួនរួមមានការផ្ទុះឡើងនៃពពុះទីផ្សារអចលនទ្រព្យផ្ទះនៅសហរដ្ឋអាមេរិក និងការបរាជ័យនៃគោលនយោបាយរបស់រដ្ឋាភិបាលដែលបានបង្កឲ្យសេដ្ឋកិច្ចអាមេរិកប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនាឆ្នាំ២០០៧។

មុននឹងហេតុការណ៍នៃវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៧ គេសង្កេតឃើញមានហេតុការណ៍នៃការផ្ទុះឡើងនូវទីផ្សារភាគហ៊ុនផ្នែកបច្ចេកវិទ្យា ឬអ៊ីនធឺណិត (Dotcom Bubble or Internet Bubble) នាឆ្នាំ២០០១ គួបផ្សំនឹងការវាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បានបង្កឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកយ៉ាងទម្ងន់។ ហេតុនេះហើយបានរដ្ឋាភិបាលបានបង្កើតនូវគោលនយោបាយ (Federal Policy) មួយក្នុងគោលបំណងចង់លើកទឹកចិត្តឲ្យប្រជាជនអាមេរិកមានថវិកាគ្រប់គ្រាន់ក្នុងការទិញ និងកាន់កាប់នូវអចលនទ្រព្យ។ គោលនយោបាយនេះទៀតសោតក៏តម្រូវឲ្យធនាគារកណ្តាលរបស់អាមេរិក (Federal Reserve) សម្រេចចិត្តក្នុងការកាត់បន្ថយអត្រាការប្រាក់ឲ្យនៅកម្រិតទាបបំផុតក្នុងគោលបំណងជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញ ហើយក៏បានបន្តរក្សាអត្រាការប្រាក់ទាបរហូតដល់ពាក់កណ្តាលឆ្នាំ២០០៤។

ជាមួយគ្នានេះដែរ គោលនយោបាយនេះក៏បានរួមចំណែកដល់ការរីកដុះដាលនៅក្នុងទីផ្សារអចលនទ្រព្យ និងហិរញ្ញវត្ថុ ជាពិសេសការកើនឡើងគួរឲ្យកត់សម្គាល់នូវអត្រានៃបំណុលកម្ចីទិញផ្ទះ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក៏មានការកែសម្រួលក្នុងគោលបំណងចង់ឲ្យកម្ចីមានលក្ខខណ្ឌងាយស្រួលជាងមុន ពោលគឺប្រជាជនអាមេរិកនាពេលនោះមិនចាំបាច់បំពេញ ឬឆ្លងកាត់នូវលក្ខខណ្ឌស្មុគស្មាញក្នុងការទទួលបានកម្ចីនោះឡើយ។ ការធ្វើបែបនេះទៀតសោត រដ្ឋាភិបាលចង់លើកទឹកចិត្តឲ្យប្រជាជនទទួលយកនូវប្រាក់កម្ចី ដើម្បីទិញផ្ទះស្របទៅតាមគោលនយោបាយដែលបានដាក់ ដោយរដ្ឋាភិបាល ដោយរំពឹងទុកថាអត្រាការប្រាក់នឹងបន្តនៅកម្រិតទាប ហើយតម្លៃផ្ទះនឹងមានការកើនឡើងវិញ។

ក្នុងអំឡុងពេលនៃការរីកដុះដាលលំនៅដ្ឋាននៅសហរដ្ឋអាមេរិក ស្ថាប័នហិរញ្ញវត្ថុបានលក់មូលបត្រដែលគាំទ្រដោយកម្ចីទិញផ្ទះ និងនៅពេលដែលទីផ្សារអចលនទ្រព្យបានធ្លាក់ចុះក្នុងឆ្នាំ២០០៧ តម្លៃនៃមូលបត្រទាំងនេះក៏បានធ្លាក់ចុះយ៉ាងគំហុកដូចគ្នា។ ជាមួយគ្នានោះដែរ គេក៏សង្កេតឃើញនូវការដួលរលំនៃ Bear Stearns ដែលជាធនាគារវិនិយោគជាសកលដ៏ធំមួយ ក្នុងខែមីនា ឆ្នាំ២០០៨ ដោយក្រោយមកទៀត នាខែកញ្ញា ឆ្នាំ២០០៨ ធនាគារវិនិយោគធំជាងគេទីបួនរបស់សហរដ្ឋអាមេរិកគឺធនាគារ Lehman Brothers ក៏បានប្រកាសក្ស័យធនផងដែរ។

ឥទ្ធិពល និងផលប៉ះពាល់នៃវិបត្តិឱនភាពសេដ្ឋកិច្ច

ជាលទ្ធផល វិបត្តិសេដ្ឋកិច្ចនេះបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់សេដ្ឋកិច្ចរបស់ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ជាពិសេសនៅប៉ែកអឺរ៉ុប។ បើយោងតាមការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក វិបត្តិឱនភាពសេដ្ឋកិច្ចនេះបានធ្វើឲ្យសហរដ្ឋអាមេរិកបាត់បង់នូវការងារជាង ៨,៧ លានកន្លែង។ តួលេខនេះបង្ហាញថាមានការកើនឡើងទ្វេដងនៃអត្រាអ្នកគ្មានការងារធ្វើ គឺបានកើនឡើងពី ៥ ភាគរយ ក្នុងខែធ្នូ ឆ្នាំ២០០៧ ដល់ ៩,៥ ភាគរយ ក្នុងខែមិថុនា ឆ្នាំ២០០៩  ហើយក៏នៅតែបន្តកើនឡើងរហូតដល់ ១០ ភាគរយ ក្នុងខែតុលា ក្នុងឆ្នាំដដែល។

ចំណែក តម្លៃផ្ទះបានធ្លាក់ចុះជាមធ្យម ៣០ ភាគរយ នៅពាក់កណ្តាលឆ្នាំ២០០៦ ដល់ពាក់កណ្តាលឆ្នាំ២០០៩។ រីឯផលិតផលក្នុងស្រុកសរុប (Real GDP) បានធ្លាក់ចុះ ៤,៣ ភាគរយ គិតចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០០៩​។ លើសពីនេះ សូម្បីតែជីវភាពប្រជាជន និងមុខជំនួញ ឬក្រុមហ៊ុនជាច្រើនក៏ត្រូវបានខាតបង់ផងដែរ។ យោងតាមរតនាគារសហរដ្ឋអាមេរិក ប្រជាជនអាមេរិកបានបាត់បង់នូវទ្រព្យសម្បត្តិប្រហែល ១៩ ទ្រីលានដុល្លារ ខណៈដែលទីផ្សារភាគហ៊ុនកំពុងធ្លាក់ចុះដូចគ្នា។

ជារួមមក សហរដ្ឋអាមេរិកបានឆ្លងកាត់នូវវិបត្តិសេដ្ឋកិច្ចដែលគេស្គាល់ថាជាឱនភាពសេដ្ឋកិច្ចឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ បន្ទាប់ពីការផ្ទុះឡើងនៃពពុះលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក ពោលគឺមានន័យថាតម្លៃលំនៅដ្ឋានកើនឡើងខ្លាំងដោយសារតម្រូវការកើនឡើងខ្ពស់ ចំណែកការផ្គត់ផ្គង់មានកំណត់ដែលនាំឲ្យមានការគាំងស្ទះអចលនទ្រព្យ និងវិបត្តិហិរញ្ញវត្ថុពិភពលោក។ យ៉ាងណាមិញ កត្តាដែលបង្កនូវវិបត្តិឱនភាពសេដ្ឋកិច្ចនេះគឺការបរាជ័យនៃគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងកម្ចីឥណទាន និងហិរញ្ញវត្ថុ។ ជាពិសេស គោលនយោបាយដែលលើកទឹកចិត្តឲ្យមានការទិញ ក៏ដូចជាការកាន់កាប់អចលនទ្រព្យរបស់ប្រជាជនអាមេរិក រហូតឈានដល់ការខ្ចីប្រាក់ច្រើនហួសហេតុ ដោយមិនបានយល់ច្បាស់អំពីប្រព័ន្ធហិរញ្ញវត្ថុ។ ហេតុដូច្នេះ តម្លៃនៃទីផ្សារអចលនទ្រព្យក៏មានការធ្លាក់ចុះរហូតដល់វិបត្តិឱនភាពសេដ្ឋកិច្ចឆ្នាំ២០០៧ ឈានមកដល់។ សេដ្ឋកិច្ចអាមេរិកក៏បានឆ្លងផុតវិបត្តិនេះនាខែមិថុនា ឆ្នាំ២០០៩ ដោយក្រោយមក សហរដ្ឋអាមេរិកបានបន្តពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនរហូតបន្តក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីមួយនៅលើពិភពលោក។

វិចារណកថាថ្ងៃសុក្រ៖ អាល្លឺមង់ដើរដល់របត់នយោបាយថ្មីដោយសារតែរុស្ស៊ីឈ្លានពានអ៊ុយក្រែន

ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាកាលបរិច្ឆេទនៃការចាប់ផ្តើមឈ្លានពានទៅលើប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសមហាអំណាចរុស្សីត្រូវបានអធិការបតីបស់ប្រទេសអាល្លឺម៉ង់កំណត់ជាចំណុចរបត់ជាប្រវត្តិសាស្រ្តរបស់ទ្វីបអឺរ៉ុប។ រយៈពេល៣ថ្ងៃក្រោយពីការឈ្លានពាននេះ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានថ្លែងសុន្ទរកថាមួយដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់សភាអាល្លឺម៉ង់ (Bundestag) ដើម្បីប្រកាសជាផ្លូវការអំពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងគោលបំណងនយោបាយការបរទេសថ្មីរបស់អាល្លឺម៉ង់។ សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនបានអូសបន្លាយរហូតដល់រយៈមួយឆ្នាំហើយ តើគោលនយោបាយការបរទេសរបស់អាល្លឺម៉ង់មានការប្រែប្រួលដូចម្តេចខ្លះក្នុងអំឡុងពេលនេះ? ហេតុអ្វីបានជាសង្គ្រាមនេះដើរតួជាចំណុចរបត់ជាប្រវត្តិសាស្រ្តរបស់ទ្វីបអឺរ៉ុប?

អំណាចទន់តែឯងគឺមិនគ្រប់គ្រាន់ទេ! ត្រូវការអំណាចរឹងដែលអមកម្លាំងយោធាខ្លាំងក្លា

នៅក្នុងការថ្លែងសន្ទរកថា Zeitenwende លោក Olaf Scholz បានលាតត្រដាងអំពីគោលជំហរដ៏រឹងមាំទៅលើរការរក្សាទំនៀមទម្លាប់គោលនយោបាយការបរទេសអាល្លឺម៉ង់មួយចំនួនដូចជាការគាំទ្រឱ្យមានសមាហរណកម្មអឺរ៉ុប អង្គការណាតូ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ មិនមែននយោបាយអំណាច។ ប៉ុន្តែការឈ្លានពានរបស់រុស្សីបានធ្វើឱ្យអាល្លឺម៉ង់ភ្ញាក់ខ្លួនហើយព្រមធ្វើអ្វីដែលខ្លួនមិនធ្លាប់ធ្វើពីមុនតាំងពីសម័យក្រោយសង្គ្រាមលោកលើកទី២មកម៉្លេះ។ អាល្លឺម៉ង់ត្រូវបោះបង់គោលនយោបាយប្រពៃណីមួយចំនួនដើម្បីប្រកាន់យកអ្វីដែលថ្មីពោលគឺការប្រកាសបង្កើនការចំណាយលើវិស័យការពារជាតិឱ្យបានដល់២%នៃការចំណាយក្នុងស្រុកសរុប។ ដោយធ្វើការទទួលស្គាល់ថាកម្លាំង និងសមត្ថភាពយោធាមានសារៈសំខាន់សម្រាប់សន្តិសុខរបស់ប្រទេសអាល្លឺម៉ង់ និងអនាគតរបស់ទ្វីបអឺរ៉ុបទើបអាល្លឺម៉ង់ព្រមប្តេជ្ញាចិត្តក្នុងការបង្កើតមូលនិធិពិសេសចំនួន ១០០ ពាន់លានអឺរ៉ូដើម្បីវិនិយោគយ៉ាងច្រើនទៅលើវិស័យយោធា។ នេះគឺជាគោលនយោបាយដ៏លំបាកមួយសម្រាប់អធិការបតីដែលមកពីគណបក្សសង្គមប្រជាធិបត្តេយ្យព្រោះគណបក្សនេះមាននិន្នាការសន្តិភាពខ្លាំង។ ជាងនេះទៅទៀត រដ្ឋាភិបាលរបស់លោក Olaf Scolz បានយល់ព្រមបញ្ជូនអាវុធទៅកាន់អ៊ុយក្រែនដែលជាតំបន់ដែលកំពុងមានវិបត្តិ ក្លាយជាការផ្លាស់ប្តូរដ៏សំខាន់មួយផ្សេងទៀតនៅក្នុងគោលនយោបាយប្រពៃណីរបស់អាល្លឺម៉ង់ព្រោះខ្លួនតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយមិនមែនយោធា។ ដូចនេះ ជាលើកដំបូងក្នុងរយៈពេលបីទសវត្សរ៍ ដោយប្រឈមមុខនឹងការគំរាមកំហែងរបស់រុស្ស៊ី រដ្ឋាភិបាលអាល្លឺម៉ង់ទទួលស្គាល់ថា “អំណាចទន់” ដែលត្រូវបានគេលើកតម្កើងច្រើននោះគឺមិនទាន់គ្រប់គ្រាន់ទេ គប្បីណាស់ត្រូវតែអមដោយ “អំណាចរឹង”។

ការដួលរលំនៃ Ostpolitik និង Wandel durch Handel

Ostpolitik គឺជាគោលនយោបាយបែបការទូត និងបនយោបាយនៅក្នុងសម័យសង្គ្រាមត្រជាក់របស់អាល្លឺម៉ងខាងលិចដើម្បីស្វែងរកទំនាក់ទំនងជិតស្និទ្ធក្នុងផ្នែកសេដ្ឋកិច្ច និងនយោបាយជាមួយអឺរ៉ុបខាងកើត និងសហភាពសូវៀត។ រដ្ឋាភិបាល​បន្តបន្ទាប់​គ្នារាប់តាំងពីអធិការបតីនៃអាល្លឺម៉ង់ខាងលិច Willy Brandt ​បាន​ចាត់​ទុក​ទំនាក់ទំនង​សហប្រតិបត្តិការ​ល្អ​ជាមួយ​រុស្ស៊ី​ជា​ភាព​ចាំបាច់​សម្រាប់​សន្តិភាព​នៅ​អឺរ៉ុប។ ទ្រឹស្តីបែបនេះចង់គូសបញ្ជាក់ថាទំនាក់ទំនងជិតស្និទ្ធដែលមានលក្ខណៈថេរយូរទៅនឹងធ្វើឱ្យប្រទេសរុស្ស៊ីមានប្រជាធិបតេយ្យជាងមុន និងប្តេជ្ញាចិត្តរក្សាសន្តិភាពនិងស្ថិរភាពនៅលើទ្វីប។ ដើម្បីជាជំនួយអមគោលនយោបាយនេះ អាល្លឺម៉ង់ក៏បានចាប់ផ្តើមបេសកកម្មពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី។ ការផ្លាស់ប្តូរតាមរយៈពាណិជ្ជកម្ម (Wandel durch Handel) គឺផ្អែកលើការសន្មត់ថា ខណៈដែលសេដ្ឋកិច្ចរបស់រុស្ស៊ីនឹងកាន់តែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសអាល្លឺម៉ង់ និងអឺរ៉ុប រុស្សីនឹងមិនហ៊ានធ្វើអ្វីដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងទាំងនេះនោះទេ។ ប៉ុន្តែជាក់ស្តែង ការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនបានបង្ហាញយ៉ាងច្បាស់ថារុស្សីមិនខ្វល់ពីចំណុចទាំងអស់នេះដូចដែលអាល្លឺម៉ង់ខំខ្វល់ខ្វាយនោះទេទើបលាតត្រដាងពីភាពបរាជ័យនៃគោលនយោបាយទាំងពីរនេះ។

អាល្លឺម៉ង់ព្រមផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនហើយក៏ពិតមែនតែក៏នៅតែមានភាពស្ទាក់ស្ទើរ

នៅចុងខែមករាក្នុងឆ្នាំ២០២៣​នេះ បន្ទាប់ពីប្រើពេលយ៉ាងយូរក្នុងការសម្រេចចិត្តព្រមទាំងស្ថិតនៅក្រោមការដាក់សម្ពាធ និងការពិភាក្សាចរចាដ៏តានតឹងជាមួយប្រទេសសមាជិកណាតូដូចគ្នាផង ទីបំផុតអាល្លឺម៉ង់បានប្រកាសថាខ្លួននឹងផ្តល់រថក្រោះ Leopard 2 ចំនួន១៤គ្រឿងទៅដល់អ៊ុយក្រែនជាជំហានដំបូង។ គួររំលេចផងថា ចាប់តាំងពីសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនចាប់ផ្តើម អាល្លឺម៉ងបានប្តេជ្ញាចិត្តចំណាយ ១.២០ ពាន់លានអឺរ៉ូក្នុងជំនួយយោធាដល់អ៊ុយក្រែន។ ការចំណាយបែបនេះមានចំនួននាំមុខបារាំងប៉ុន្តែនៅពីក្រោយចក្រភពអង់គ្លេស ប៉ូឡូញ និងជាពិសេសសហរដ្ឋអាមេរិក។ វាក៏បង្ហាញពីភាពយឺតយ៉ាវ និងស្ទាក់ស្ទើររបស់អាល្លឺម៉ង់។ ហេតុផលពីក្រោយការពន្យារពេលនេះត្រូវបានលើកឡើងថាដោយសារតែបញ្ហាផលិតកម្ម​តែតាមពិតទៅអាល្លឺម៉ង់គិតគូយ៉ាងល្អិតល្អន់ព្រោះព្រួយបារម្ភអំពីហានិភ័យនៃការប្រឈមមុខដាក់គ្នាកាន់តែធ្ងន់ធ្ងររវាងរុស្ស៊ី និងអង្គការណាតូ។

ដូចនេះ តើសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនដើរតួជាចំណុចរបត់ថ្មីនៅក្នុងប្រវត្តិសាស្រ្តរបស់ទ្វីបអឺរ៉ុបមែនឬក៏យ៉ាងណា?

ទោះបីជាប្រទេសនៅក្នុងទ្វីបអឺរ៉ុបតែងតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីដើមមកដូចដែលយើងបានឃើញតាមរយៈសហភាពអឺរ៉ុបក្តី អង្គការណាតូក្តី សមាហរណកម្មនៃទ្វីបអឺរ៉ុប និងលោកខាងលិចនៅមានគម្លាត។ ឧទាហរណ៏ មុនពេលសង្គ្រាមរុស្សី និងអ៊ុយក្រែន គុណវិបត្តិនៃវិធីសាស្រ្ត “America First” របស់លោក Donald Trump និងអាកប្បកិរិយាមិនពេញចិត្តរបស់គាត់ចំពោះ EU និង NATO បានធ្វើឱ្យអឺរ៉ុបដកទំនុកចិត្តពីសហរដ្ឋអាមេរិក។ ទោះបីជាទំនុកចិត្តលើការដឹកនាំរបស់អាមេរិកបានប្រសើរឡើងវិញជាមួយនឹងរដ្ឋបាល Joe Biden ថ្មីក៏ដោយ ការដកខ្លួនដ៏ច្របូកច្របល់របស់អាមេរិក និងអង្គការណាតូពីអាហ្វហ្គានីស្ថានហាក់ដូចជាបញ្ជាក់ពីការធ្លាក់ចុះរបស់អាមេរិក។ ក្រៅពីនេះ ការបែងចែកផ្ទៃក្នុងសហភាពអឺរ៉ុប និងការផ្លាស់ប្តូរនយោបាយ ប្រទេស EU សំខាន់ៗមួយចំនួនជាពិសេសកឺចក្រភពអង់គ្លេសក៏បានចាកចេញពីអឺរ៉ុបខាងលិចបង្កការលំបាកក្នុងការតទល់ជាមួយរុស្ស៊ីទាំងមូល។ ប៉ុន្តែ សង្គ្រាមរបស់រុស្សីបានបង្ខំឱ្យបណ្តាប្រទេសនៅអឺរ៉ុប និងលោកខាងលិចពួតដៃគ្នាក្រោមគោលដៅតែមួយគឺធ្វើយ៉ាងណាកុំឱ្យរុស្សីឈ្នះសង្គ្រាមនេះ។ ការឆ្លើយតបរបស់ EU មានភាពរហ័សរហួន និងមិនធ្លាប់មានពីមុនមកតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្សី។ ជាពិសេស ក្រោមជំនួយ European Peace Facility សហភាពអឺរ៉ុបបានយល់ព្រមតស៊ូជាមួយនឹងអ៊ុយក្រែនការផ្តល់ជាជំនួយយោធា និងជំនួយមនុស្សធម៌គ្រប់សព្វបែបយ៉ាងទៅឱ្យអ៊ុយក្រែនក៏ដូចការរឹតបន្តឹងលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចព្រមទាំងប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី។ ក្រៅពីនេះ សហភាពអឺរ៉ុបជាពិសេសអាល្លឺម៉ង់ដាក់ចេញនូវផែនការលុបបំបាត់ការពឹងផ្អែកលើការនាំចូលឥន្ធនៈហ្វូស៊ីលពីរុស្ស៊ីដែលនាំឱ្យមានការពិភាក្សាអំពីវិធីសាស្រ្តធានាការផ្គត់ផ្គង់ថាមពលដែលមានស្ថេរភាព និងលើវិធានការដើម្បីកាត់បន្ថយប្រឆាំងនឹងផលប៉ះពាល់នៃតម្លៃថាមពលខ្ពស់។ ដូចនេះ ការគម្រាមកំហែងរបស់រុស្សីនៅក្នុងសង្គ្រាមនេះបានបង្កើតជាកាតព្វកិច្ចសំខាន់ៗដែលតម្រូវឱ្យទ្វីបអឺរ៉ុបត្រូវតែរួបរួមគ្នាបំពេញជាដាច់ខាតក៏ទោះបីជាត្រូវផ្លាស់ប្តូរគោលនយោបាយនៅក្នុងប្រទេសដូចដែលអ្វីដែលអាល្លឺម៉ង់បានធ្វើរួចមកហើយ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ