"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ ការងើបឡើងវិញនៃវិបត្តិជាប់គាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកវិះនឹងត្រូវធ្លាក់ចូលក្នុងវិបត្តិជាប់គាំងរដ្ឋាភិបាលម្តងទៀតជាលើកទី២២ ព្រោះថា​​ច្បាប់​ថវិកា​ដែល​​​ធានា​ដំណើរការ​រដ្ឋបាល​របស់រដ្ឋាភិបាល​សហព័ន្ធ​​ត្រូវ​ផុត​​ឱសានវាទ​នៅ​ថ្ងៃ​សៅរ៍​ ទី​៣០ ខែ​កញ្ញា ឆ្នាំ២០២៣ វេលា​ម៉ោង​១២​អាធ្រាត្រ ក៏ប៉ុន្តែរដ្ឋាភិបាលអាមេរិកបានបញ្ចៀសនូវវិបត្តិជាប់គាំងនេះវិញ ដោយលោក ចូ បៃដិន (Joe Biden) បានចុះហត្ថលេខាលើសេចក្ដីសម្រេចបណ្ដោះអាសន្ននៅនាទីចុងក្រោយដែលមានសុពលភាពត្រឹមរយៈពេល ៤៥ ថ្ងៃ។

តើអ្វីទៅជាវិបត្តិជាប់គាំងរដ្ឋាភិបាល?

វិបត្តិជាប់គាំងរដ្ឋាភិបាលឬ Government Shutdown កើតឡើងនៅពេលដែលអ្នកតាក់តែងគោលនយោបាយបរាជ័យក្នុងការអនុម័តច្បាប់ថវិកាសម្រាប់រដ្ឋសហព័ន្ធនៅពេលបញ្ចប់ឆ្នាំសារពើពន្ធ ឬជាកញ្ចប់ថវិកាសម្រាប់ឆ្នាំថ្មី។ សភាត្រូវតែអនុម័ត ហើយប្រធានាធិបតីត្រូវចុះហត្ថលេខាលើច្បាប់ថវិកា ដើម្បីចំណាយទៅលើវិស័យរដ្ឋបាលផ្សេងៗ។ ច្បាប់នេះចែកចេញជា ១២ ទម្រង់នៃថវិកាចំណាយសម្រាប់ផ្នែកផ្សេងៗគ្នា។ អ្នកតាក់តែងច្បាប់ក៏អាចជ្រើសរើសអនុម័តការប្រើប្រាស់កញ្ចប់ថវិកាបណ្តោះអាសន្នដើម្បីចំណាយក្នុងរយៈពេលកំណត់ណាមួយដើម្បីបញ្ចៀសវិបត្តិជាប់គាំងនេះ។

ក៏ប៉ុន្តែ ប្រសិនបើអ្នកតាក់តែងច្បាប់បរាជ័យក្នុងការអនុម័តច្បាប់ថវិកាសម្រាប់ចំណាយទាំងស្រុង ឬ ផ្នែកណាមួយ ដោយពុំមានការព្រមព្រៀងច្បាស់លាស់ឲ្យទាន់ពេលវេលានោះទេ ពេលនោះហើយដែលវិបត្តិជាប់គាំងនឹងកើតមានឡើង។ និយាយដោយខ្លី ក្នុងអំឡុងពេលជាប់គាំងរដ្ឋាភិបាលនេះ មិនថាសួនច្បារសាធារណៈ ឬ សារមន្ទីរជាតិនោះទេ ពោលគឺនឹងត្រូវផ្អាកដំណើរការដោយសារគ្មានបុគ្គលិកធ្វើការនិងរក្សាសណ្តាប់ធ្នាប់។ បុគ្គលិករដ្ឋបាលសហព័ន្ធត្រូវផ្អាកការងារ ឬ បន្តធ្វើការងារដោយគ្មានប្រាក់កម្រៃ។

ហេតុអ្វីបានជាសហរដ្ឋអាមេរិកជួបនូវវិបត្តិជាប់គាំងរដ្ឋាភិបាលបែបនេះ?

សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលបានជួបប្រទះនូវវិបត្តិជាប់គាំងមួយនេះច្រើនលើក ដែលតែងតែលងបន្លាចរដ្ឋាភិបាលអាមេរិកជារៀងរាល់ឆ្នាំ។ ថវិកាជាតិឆ្នាំថ្មី ឬ សេចក្ដីព្រាងច្បាប់ស្នើថវិការដ្ឋរបស់រដ្ឋាភិបាលដែលសភាបានអនុម័តតាមរយៈការផ្តល់នូវថវិកាទៅតាមទីភ្នាក់ងាររបស់រដ្ឋសហព័ន្ធ ទៅតាមវិស័យដូចជាវិស័យការងារ សេវាសុខភាព និងវិស័យអប់រំជាដើម ជានីតិវិធីដែលធ្វើឡើងជារៀងរាល់ឆ្នាំ ឬ រៀងរាល់ឆ្នាំសារពើពន្ធ។

ជារៀងរាល់ឆ្នាំសហរដ្ឋអាមេរិកតែងតែរៀបចំសេចកី្តព្រាងច្បាប់ស្នើថវិកានៅថ្ងៃទី ០១ ខែតុលា ដោយប្រព័ន្ធរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យវិស័យរដ្ឋាភិបាលផ្សេងៗគ្រប់គ្រងដោយសភាតំណាងមកពីគណបក្សផ្សេងៗគ្នា ដើម្បីធានាឲ្យបាននូវការចូលរួមតាមបែបលិទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះបែរជាមានភាពរកាំរកូសទៅវិញ។

ប្រវត្តិសាស្ត្រចាស់លើទំព័រឆ្នាំថ្មី

ដំបូងឡើយ នៅឆ្នាំ១៩៨០ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្រោមរដ្ឋបាលអតីតប្រធានាធិតីលោក ជីមី ខាទ័រ (Jimmy Carter) បានធ្វើកំណែទម្រង់ច្បាប់ Anti-Deficiency Act ឆ្នាំ១៨៨៤ ដែលការកែប្រែនេះហើយជាចំណុចផ្តើមនៃការកកើតនៃវិបត្តិជាប់គាំងរដ្ឋាភិបាលនៅសហរដ្ឋអាមេរិក។ នៅក្នុងច្បាប់ចំណាយថវិកាជាតិនាសតវត្សរ៍ទី១៩ បានចែងថា រដ្ឋាភិបាលត្រូវឆ្លងកាត់ការយល់ព្រមពីសភាសិនទើបអាចចុះកិច្ចសន្យាការចំណាយបាន។ ក្នុងរយៈពេលជិតមួយសតវត្សរ៍មុន រដ្ឋាភិបាលអាមេរិកបានទទួលការអនុញ្ញាតឲ្យបន្តការចំណាយ បើសិនជាចាំបាច់ បើទោះបីជាមានគម្លាតថវិកា ឬ ថវិកាមិនគ្រប់ក៏ដោយ។ ប៉ុន្តែក្រោយឆ្នាំ១៩៨០ រដ្ឋាភិបាលបានជ្រើសរើសយកការប្រកាន់នូវគោលការណ៍តឹងរឹងមួយវិញគឺ «គ្មានថវិកា គ្មានការចំណាយ»។

ខុសពីប្រទេសដទៃ ដូចជារដ្ឋាភិបាលប្រទេសប្រេស៊ីលដែលនៅតែអាចរក្សាលំនឹងការចំណាយថវិការបស់រដ្ឋាភិបាលបាន បើទោះបីជាស្ថិតក្នុងអំឡុងពេលមានវិបត្តិថវិកាក៏ដោយ។ មិនយូរប៉ុន្មាន ក្រោយឆ្នាំ១៩៨១ អាមេរិកបានជួបប្រទះវិបត្តិជាប់គាំងរដ្ឋាភិបាល ឬអាចហៅថាវិបត្តិជាប់គាំងថវិកាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅពេលដែលអតីតប្រធានាធិបតីលោក រ៉ូណល់ រីហ្កេន (Ronald Reagan) បានបោះឆ្នោតបដិសេធទៅលើកញ្ចប់ថវិកា បង្កឱ្យមានការជាប់គាំងរយៈពេល ៤ ថ្ងៃ។

ចាប់តាំងពីពេលនោះមកទល់បច្ចុប្បន្ន អាមេរិកបានជួបនូវវិបត្តិជាប់គាំងរដ្ឋាភិបាលចំនួន ២១ លើករួចមកហើយ ដោយក្នុងចំណោមនោះផងដែរ នៅចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ ២០១៩ វិបត្តិជាប់គាំងនេះបានកើតឡើងរយៈពេល ៣៤ ថ្ងៃជារយៈពេលយូរជាងគេក្នុងប្រវត្តិសាស្រ្តអាមេរិក ដោយមូលហេតុនោះគឺនៅចុងឆ្នាំ២០១៨ ក្រោមរដ្ឋបាលលោកដូណាល់ ត្រាំ (Donald Trump) មានភាពរកាំរកូសរវាងក្រុមអ្នកសាធារណរដ្ឋនិងក្រុមអ្នកប្រជាធិបតេយ្យ ដោយលោក ត្រាំ ទាមទារឲ្យបញ្ចូលនូវហិរញ្ញវត្ថុសម្រាប់សាងសង់ជញ្ជាំងជាមួយម៉ិចសិក និងចាត់វិធានការប្រឆាំងនឹងក្រុមជនអន្តោប្រវេសន៍ដែលរស់នៅអាមេរិកហៅថា Dreamers ក៏ដូចជារំលាយចោលនូវកម្មវិធីការពារក្រុមជនអន្តោប្រវេសន៍ “Daca” ចំណែកឯក្រុមប្រជាធិបតេយ្យវិញគឺបដិសេធដាច់ខាតមិនបញ្ចូលហិរញ្ញវត្តុសង់ជញ្ជាំងម៉ិចសិកនោះឡើយ ដែលភាពមិនព្រមព្រៀងគ្នានេះហើយនាំឲ្យរដ្ឋាភិបាលអាមេរិកត្រូវជាប់គាំង បុគ្គលិកសហព័ន្ធ​ប្រមាណជា ៨០ ០០០ នាក់រងការប៉ះពាល់ដោយប្រឈមជាមួយនឹងការផ្អាកការងារបណ្តោះអាសន្ន និងបង្ខំឲធ្វើការដោយគ្មានប្រាក់កម្រៃ។

ការបញ្ចៀសរដ្ឋាភិបាលពីការធ្លាក់ចូលរណ្តៅវិបត្តិជាប់គាំង

កាលពីថ្ងៃទី៣០ ខែកញ្ញាថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ចៀសពីការធ្លាក់ចូលក្នុងវិបត្តិជាប់គាំងរដ្ឋាភិបាលនៅនាទីចុងក្រោយ បន្ទាប់ពីប្រធានាធិបតីលោក ចូ​ បៃដិន បានចុះហត្ថលេខាទៅលើសេចក្ដីសម្រេចបណ្តោះអាសន្នលើកញ្ចប់ថវិកាជាតិដែលអាចប្រើប្រាស់លើការចំណាយបានរយៈពេល ៤៥ ថ្ងៃ ដោយមានសំឡេងគាំទ្រសរុបចំនួន ៣៣៥ សំឡេង ទល់នឹងសំឡេងប្រឆាំងចំនួន ៩១ នៅក្នុងរដ្ឋសភា រីឯនៅព្រឹទ្ធសភាវិញ ទទួលបានសំឡេងគាំទ្រ ៨៨ ទល់នឹងសំឡេងប្រឆាំងចំនួន ៩។

កញ្ចប់ថវិកានោះផងដែរ គឺអាចដំណើរការរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដោយគ្មានខ្ទង់ចំណាយសម្រាប់ជួយអ៊ុយក្រែននោះទេ។ គួរបញ្ជាក់ផងដែរថា កញ្ចប់ជំនួយអ៊ុយក្រែននេះហើយដែលជារនាំងរារាំងការសម្រេចលើសេចក្ដីសម្រេចកញ្ចប់ថវិកាឆ្នាំថ្មី ដោយនៅក្នុងសភា ក្រុមសាធារណរដ្ឋដែលគាំទ្រលោកដូណាល់ត្រាំបានប្រឆាំងដាច់ខាតនឹងកិច្ចព្រមព្រៀងកញ្ចប់ថវិកាថ្មីរបស់រដ្ឋសហព័ន្ធដែលមានកញ្ចប់ថវិកាជំនួយសម្រាប់អ៊ុយក្រែន។

ប្រសិនបើគ្មានសេចក្ដីសម្រេចលើកញ្ចប់ថវិកាឆ្នាំ២០២៤ កាលពីថ្ងៃទី៣០ ខែកញ្ញានោះទេ វិបត្តិជាប់គាំងរដ្ឋាភិបាលលើកទី២២ អាចនឹងកើតមានឡើងចាប់ពីម៉ោង ០០:០១ អាធ្រាត្រថ្ងៃអាទិត្យទី​០១ ខែតុលា ដែលនឹងនាំឲ្យបុគ្គលិករដ្ឋសហព័ន្ធរាប់ម៉ឺននាក់ត្រូវផ្អាកពីការងារ ឬបន្តធ្វើការដោយគ្មានប្រាក់កម្រៃ។ ចំណែកឯសេវារដ្ឋបាល និងសេវាសាធារណៈមួយចំនួននឹងត្រូវផ្អាកដំណើរការ។

យ៉ាងណាមិញ យើងនៅតែមិនទាន់ដឹងច្បាស់នោះទេថា តើបន្ទាប់ពីផុតឱសានវាទថវិកាបណ្តោះអាសន្ននៅថ្ងៃទី១៧ ខែវិច្ឆិកា សហរដ្ឋអាមេរិកនឹងអាចបញ្ចៀសវិបត្តិជាប់គាំងរដ្ឋាភិបាលបានឬក៏យ៉ាងណានោះទេ ព្រោះថាលោក បៃដិន នៅតែស្នើឲ្យមានការគាំទ្រថវិកាជំនួយដល់អ៊ុយក្រែនដែលកំពុងធ្វើសង្គ្រាមជាមួយរុស្សី៕

កម្មវិធីថង់ប្រាជ្ញា៖ ឥទ្ធិពលរបស់ប្រទេសអ៉ីស្រាអែលទៅលើសហរដ្ឋអាមេរិក

អ៊ីស្រាអែលគឺជារដ្ឋសេរីតែមួយគត់នៅមជ្ឈិមបូព៌ាដែលមានទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិកចាប់តាំងពីអំឡុងឆ្នាំ១៩៦០មក។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ត្រូវបានពិភពលោកចាត់ទុកថាគឺជាទំនាក់ទំនងទ្វេរភាគីដ៏ស្អិតរមួត។ ដោយឡែក ក្នុងរយៈពេល៧៣ឆ្នាំនៃទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរនេះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយផ្នែកយោធា ជំនួយផ្នែកមនុស្សធម៌ និងការផ្ដល់ការគាំទ្រដែលគ្មានដែនកំណត់ទៅកាន់អ៊ីស្រាអែលមិនថាស្ថិតនៅក្នុងស្ថានការណ៍ពិភពលោកបែបណាក៏ដោយ។ ដោយឡែក មូលហេតុចម្បងមួយនៅពីក្រោយ គោលនយោបាយការបរទេសដែលមានទំនោរខ្លាំងទៅរកអ៊ីស្រាអែលដែលមានការគាំទ្រនិងការផ្ដល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់នោះគឺដោយសារឥទ្ធិពលរបស់ក្រុមសាសនាដែលមានទំនោរទៅរកប្រទេសអ៊ីស្រាអែល។ ក្រុមសាសនាដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិកទាំងអស់នោះមានការគាំទ្រយ៉ាងខ្លាំងចំពោះអ៊ីស្រាអែល ព្រមទាំងស្ម័គ្រចិត្តនៅក្នុងការធ្វើគ្រប់បែបយ៉ាងដើម្បីបម្រើឱ្យផលប្រយោជន៍រួមរបស់អ៊ីស្រាអែល។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការពិភាក្សាឱ្យបានស៊ីជម្រៅអំពី ឥទ្ធិពលរបស់ក្រុមសាសនាសំខាន់ៗចំនួនពីរ ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លានៅពីក្រោយគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល នោះគឺ​ក្រុម​ អ៊ីវ៉ានជេលីខលគ្រីស្ទាន (Evangelical Christian)​ ក្រុមសាសនាជ្វីហ្វ-អាមេរិក (American Jews) និង គណៈកម្មាធិការកិច្ចការសាធារណៈរបស់អ៊ីស្រាអែល (AIPAC)។

អ៊ីវ៉ានជេលីខលគ្រីស្ទាន (Evangelical Christians)

អ៊ីវ៉ានជេលីខលគ្រីស្ទាន ត្រូវបានចាត់ទុកថាជាក្រុមសាសនាដ៏ធំបំផុតតែមួយគត់នៅក្នុងសហរដ្ឋអាមេរិកដោយសារតែការកើនឡើងចំនួនសមាជិកភាពដែលវិទ្យាស្ថាន ក្រុមនេះ មានសកម្មភាពយ៉ាងសកម្មនៅក្នុងសង្គមអាមេរិក ដោយពួកគេតែងតែមានវត្តមាន នៅក្នុងវិស័យនយោបាយ វិស័យសេដ្ឋកិច្ច និងបញ្ហាសំខាន់ៗជាច្រើន ដោយពួកគេធ្វើការចរចាជាមួយរដ្ឋបាល ឬសភាអាមេរិក ឱ្យអនុម័តគោលនយោបាយទាំងឡាយណាដែលអាចបម្រើផលប្រយោជន៍អ៊ីស្រាអែល។ ក្រុមនេះបានជះឥទ្ធិពលលើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកតាមសកម្មភាពសំខាន់ៗពីរយ៉ាង៖ តាមរយៈការការពារ និងការជំរុញសិទ្ធិមនុស្ស និងតាមរយៈការគាំទ្រដ៏រឹងមាំរបស់ពួកគេចំពោះអ៊ីស្រាអែល។​

ប្រធានាធិបតីអាមេរិកស្ទើរតែទាំងអស់មានទំនាក់ទំនងជាមួយក្រុមនេះ ហើយភស្តុតាងបង្ហាញថា​ក្រុម​នេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​នយោបាយ​ក្នុងស្រុក និង​នយោបាយ​ការបរទេសរបស់អាមេរិក។ លោកប្រធានាធិបតី ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមនេះ។ គាត់បានផ្ញើសារជាច្រើនទៅកាន់មជ្ឈឹមបូព៌ាទាក់ទងនឹងសេរីភាពសាសនា សិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលចំណុចទាំងអស់នេះគឺដូចគ្នាទៅនឹងគោលនយោបាយចម្បងរបស់អ៊ីវ៉ានជេលីខលគ្រីស្ទានលើការផ្តោតសំខាន់លើបញ្ហាសិទ្ធិមនុស្សនិងសេរីភាពសាសនា។

លើសពីនេះ ក្រុមនេះក៏បានចូលរួមនៅក្នុងបញ្ហាសិទ្ធិមនុស្សសំខាន់ៗមួយចំនួន ខណៈសិទ្ធិមនុស្សគឺជាផ្នែកមួយដ៏សំខាន់នៃគោលនយោបាយការបរទេសរបស់អាមេរិកនៅលើឆាកអន្តរជាតិ។ ទីមួយ ពួកគេបានចូលរួម ជាមួយតួអង្គអន្តរជាតិសំខាន់ៗ ឧទាហរណ៍នៅក្នុងកិច្ចចរចាបញ្ចប់សង្រ្គាមស៊ីវិលនៅស៊ូដង់ ដែលបានជះឥទ្ធិពលយ៉ាងសំខាន់ទៅលើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងបរិបទនៃជម្លោះស៊ីវិលខាងជើង-ខាងត្បូងនៅក្នុងប្រទេសស៊ូដង់។ នៅក្នុងករណីមួយទៀតនោះគឺច្បាប់សេរីភាពសាសនាអន្តរជាតិឆ្នាំ១៩៩៨។ ក្រុមនេះ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលសភាអាមេរិកឱ្យអនុម័តច្បាប់សេរីភាពខាងសាសនា និងចាត់ទុកច្បាប់នេះជា កម្មវត្ថុសំខាន់របស់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ ច្បាប់សេរីភាពសាសនាអន្តរជាតិឆ្នាំ១៩៩៨ ត្រូវបានដាក់ស្នើឡើងទៅសភាដោយ អ៊ីវ៉ានជេលីខលគ្រីស្ទាន និងមេដឹកនាំសាសនាផ្សេងទៀតដែលមានគោលបំណងលើកកម្ពស់សេរីភាពសាសនាឱ្យកាន់តែមានភាពទូលំទូលាយនៅសហរដ្ឋអាមេរិក។  ឆ្លងកាត់ការចរចារនិងបញ្ចុះបញ្ចូលរបស់ អ៊ីវ៉ានជេលីខលគ្រីស្ទាន​ និងក្រុមសាសនាផ្សេងទៀត ច្បាប់នេះត្រូវបានអនុម័តបានដោយជោគជ័យ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ១៩៩៨ ដោយប្រធានាធិបតី Bill Clinton បានចុះហត្ថលេខាអនុម័តលើច្បាប់នេះ។

ដោយឡែកទំហំនៃការគាំទ្ររបស់ពួកគេចំពោះអ៊ីស្រាអែល គឺជាកម្លាំងចលករមួយដ៏សំខាន់ ដែលបានប្ដូរទិសដៅ គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកឱ្យមានទំនោរខ្លាំងទៅរកអ៊ីស្រាអែល។ ជាការពិតណាស់ក្នុងអំឡុងពេលដឹកនាំរបស់រដ្ឋបាល Donald Trump  ក្រុមនេះ បានបញ្ចុះបញ្ចូល ប្រធានាធិបតី Donald Trump ឱ្យ​ទទួល​ស្គាល់​ទីក្រុង យេរុយសាឡឹម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ដោយទាមទារឱ្យមានការ​ផ្លាស់​ប្តូរស្ថានទូតរបស់​សហរដ្ឋ​អាមេរិក​ទៅពីទីក្រុង ទេល អាវី (Tel Aviv) ទៅទីក្រុង យេរុយសាឡឹម។ ក្រុមនេះភាគច្រើនត្រូវបានដឹកនាំដោយបក្សសាធារណរដ្ឋ (Republican) និងបក្សអភិរក្សនិយម (Conservatives) ហើយពួកគេបានអះអាងថា ការទទួលស្គាល់ទីក្រុងយេរុយសាឡឹមជាផ្លូវការបន្ទាប់ពីអាណត្តិសភាអាមេរិកឆ្នាំ១៩៩៥ គឺលែងមានសុពលភាពហើយ និងដាច់ខាតត្រូវមានការទទួលស្គាល់ទីក្រុងយេរុយសាឡឹមជាថ្មីទោះបីជាស្ថិតនៅក្នុងស្ថានការណ៍តានតឹងក៏ដោយ។ នៅក្នុងនោះផងដែរមាន ក្រុមអ៊ីវ៉ានជេលីខលគ្រីស្ទានសំខាន់ៗពីរក្រុមដែលដើរតួនាទីយ៉ាងសំខាន់ក្នុងបញ្ហានេះ។ ក្រុមទីមួយគឺ My Faith Votes ដែលដឹកនាំដោយអតីតបេក្ខជនភាពប្រធានាធិបតី ។ ពួកគេបានបង្កើតទម្រង់មួយនៅលើគេហទំព័រផ្លូវការរបស់ពួកគេ ដោយពួកគេបានធ្វើការផ្ញើទម្រង់នោះចេញតាមរយៈយុទ្ធនាការអ៊ីមែល ដើម្បីកៀរគរការគាំទ្រពីជនជាតិអាមេរិកនៅក្នុងការដាក់សម្ពាធដល់សេតវិមាន ឱ្យទទួលស្គាល់ទីក្រុងយេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។ សកម្មជន​អភិរក្សនិយម ក្នុងការផ្ញើលិខិតព្រមានទៅដល់ ​ប្រធានាធិបតី​ Donald Trump ​ ​មិនឱ្យ​ផ្លាស់​ប្តូរ​ស្ថានទូត​ទៅ​ទីក្រុង យេរូសាឡឹម។ ម្យ៉ាងវិញទៀត អ្នកបង្កើតគោលនយោបាយអាមេរិកជាច្រើនត្រូវបានគេដឹងថាមានទំនាក់ទំនងជាមួយអ្នកដឹកនាំ អ៊ីវ៉ានជេលីខលគ្រីស្ទានដែលនេះក៏ជាកត្តាមួយ ជះឥទ្ធិពលលើការសម្រេចចិត្តរបស់ប្រធានាធិបតី Donald Trump ក្នុងការទទួលស្គាល់ទីក្រុង​យេរូសាឡឹម ។ ការសម្រេចចិត្តទទួលស្គាល់ទីក្រុងយេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល ត្រូវបានរិះគន់ដោយមេដឹកនាំ​ប៉ាឡេស្ទីន និង ​សហគមន៍​អន្តរជាតិ​ ដែល​ពួកគេបារម្ភ​ថា​ការសម្រេចចិត្តនេះ អាច​បង្ករ​ឱ្យភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នៅក្នុងអាណត្តិប្រធានាធិបតីអាមេរិកមុនៗ រួមមានប្រធានាធិតី Bill Clinton, George W. Bush និង Barack Obama បានពន្យារពេលការសម្រេចចិត្តផ្លាស់ប្តូរស្ថានទូតទៅក្រុង​យេរូសាឡឹម​ដើម្បី​ព្យាយាមសម្រួលភាពតានតឹងដែលកំពុងតែកើតមានឡើងរវាង អ៊ីស្រាអែល និង ប៉ាលេស្ទីន។

ក្រុមសាសនា ជ្វីហ្វ-អាមេរិក

ក្រុមសាសនាជ្វីហ្វ-អាមេរិក ត្រូវបានគេចាត់ទុកថាជាក្រុមសាសនាដែលមានឥទ្ធិពលបន្ទាប់ពីក្រុមគ្រីស្ទានអ៊ីវ៉ានជេលីខល ។ ក្រុមសាសនានេះ មានទំនាក់ទំនងដ៏ជិតស្និតជាមួយប្រធានាធិបតីអាមេរិកមួយចំនួន។ ឧទាហរណ៍ កិច្ចសហការ និងទំនាក់ទំនងរបស់ប្រធានាធិបតីជាមួយសហគមន៍ជ្វីហ្វមានចាប់តាំងពីរដ្ឋបាលពីលោក

ចាប់តាំងពីឆ្នាំ១៩៩០មក ក្រុមសាសនានេះមានសកម្មភាពយ៉ាងសកម្មនៅក្នុង​ការប្រើប្រាស់ទំនាក់ទំនងដែលពួកគេមានជាមួយប្រធានាធិតីអាមេរិក និងបណ្ដាញខ្សែរយៈដែលពួកគេមាននៅក្នុងសភា ដើម្បីជ្រៀតជ្រែកនិងទាញគោលនយោបាយការបរទេសអាមេរិកឱ្យមានទំនោរខ្លាំងទៅរកអ៊ីស្រាអែល។​ ដូចដែលយើងអាចសង្កេតឃើញនៅក្នុងសេណារីយ៉ូរសំខាន់ៗរបស់ពិភពលោក រួមមាន គោលនយោបាយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ សកម្មភាពរបស់រដ្ឋបាល George W. Bush នៅក្នុងការឈ្លានពានរបស់សហរដ្ឋអាមេរិក និងការគាំទ្រទៅលើការចូលរួមរបស់អ៊ីស្រាអែលនៅក្នុងសង្គ្រាមលីបង់ជាដើម។ ដោយឡែក អ៊ីស្រាអែលបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ សម្រាប់ទង្វើរឈ្លានពានដ៏គគ្លើនរបស់ខ្លួន ប៉ុន្តែទន្ទឹមនឹងនោះ នៅតែមានសហរដ្ឋអាមេរិកនៅចាំគាំទ្រពីក្រោយដោយគ្មានការរិះគន់ណាមួយឡើយ។

គណៈកម្មាធិការកិច្ចការសាធារណៈរបស់អ៊ីស្រាអែល (AIPAC)

គណៈកម្មាធិការកិច្ចការសាធារណៈរបស់អ៊ីស្រាអែល  ដើរតួនាទីយ៉ាងសំខាន់នៅក្នុងគោលនយោបាយការទេសរបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល និងបញ្ហានានាដែលពាក់ព័ន្ធទៅនឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។

នៅឆ្នាំ២០២១ AIPAC បានបញ្ចុះបញ្ចូលសភាអាមេរិកដោយជោគជ័យក្នុងការផ្តល់ជំនួយចំនួន ៣ ក្នុងគោលបំណងផ្តល់ការគាំទ្រផ្នែកសន្តិសុខដល់យោធារបស់អ៊ីស្រាអែល ដែលជាការផ្តល់ជំនួយដ៏ធំមួយរបស់សហរដ្ឋអាមេរិក ដូចដែលបានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០១៦ រវាងប្រទេសទាំងពីរ ហើយការសម្រេចចិត្តនេះត្រូវបានអនុម័តដោយគ្មានលក្ខខណ្ឌ។ សេចក្តីព្រាងច្បាប់នេះ បានរួមបញ្ចូលនូវចំណុចសំខាន់ផ្សេងៗមួយចំនួនទៀត រួមមាន ជំនួយ ៥០ លានដុល្លារអាមេរិកដើម្បីកសាងភាពជាដៃគូ គាំទ្រទំនាក់ទំនងសេដ្ឋកិច្ច និងផ្សះផ្សាឱ្យទំនាក់ទំនងប្រជាជនប៉ាឡេស្ទីន និង ស្រាអែលឱ្យកាន់តែប្រសើរឡើង។ ទី​ពីរ ជំនួយ ​ ២​ លាន​ដុល្លារអាមេរិកលើការ​លើកកម្ពស់ការអភិវឌ្ឍ​អន្តរជាតិ​រវាង​សហរដ្ឋអាមេរិកនិង​អ៊ីស្រាអែល និងដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោកនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ទីបី ជំនួយ ៦ លានដុល្លារដើម្បីជួយសម្រួលការស្រាវជ្រាវរួមគ្នារវាងអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែល និងអារ៉ាប់។

ក្រៅ​ពី​នេះ AIPAC ក៏​បាន​ផ្លាស់ប្ដូរ​គោល​នយោបាយ​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​តាម​រយៈ​ការ​រៃអង្គាស​ប្រាក់ ​ ដើម្បីគាំទ្រ​សកម្មភាពនយោបាយក្នុងស្រុក។ ជាឧទាហរណ៍ តាមរយៈគម្រោង ការរួបរួមប្រជាធិបតេយ្យ (United Democracy Project) ក្រុមនេះបានចំណាយទឹកប្រាក់រាប់លានដុល្លារក្នុងឆ្នាំ២០២២ ដើម្បីបញ្ចុះបញ្ចូលសភាអាមេរិកឱ្យប្រឆាំងនឹងការចំពោះគាំទ្រប៉ាឡេស្ទីនដែលកំពុងតែកើនឡើង និងដាក់កំហិតបេក្ខភាពប្រធានាធិបតីអាមេរិកជាស្ត្រី ដែលទំនងជាប្រឆាំង ឬមានទស្សនៈរិះគន់ចំពោះអ៊ីស្រាអែល។ ជាង ២៧ លានដុល្លារអាមេរិកត្រូវបានរៃអង្គាស ដើម្បីជួយដល់បេក្ខភាពប្រជាធិបតេយ្យទាំងឡាយណាដែលមិនធ្វើការរិះគន់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងការផ្ដល់ជំនួយយោធាបរទេសដ៏ធំបំផុតដល់អ៊ីស្រាអែល។​

AIPAC ក៏មានឥទ្ធិពលទៅលើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកចំពោះកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ។ AIPAC បានប្រើប្រាស់ឥទ្ធិពល​ និងធនធានរបស់ខ្លួន ​នៅក្នុងការដាក់​សម្ពាធ​សមាជិក​សភា​អាមេរិក​មិន​ឱ្យ​គាំទ្រ​វិសោធនកម្ម​​កែប្រែ ​ច្បាប់​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដើម្បី​ការពារ​មិន​ឱ្យ​ វិសោធនកម្មនេះ​ត្រូវ​បាន​អនុម័ត។ នៅខែមេសា ឆ្នាំ២០១៥ គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានអនុម័តការបន្ធូរបន្ថយសេចក្តីព្រាងច្បាប់របស់ កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយធ្វើការដកចេញនូវបទប្បញ្ញត្តិ ប៉ុន្តែការសម្រេចចិត្តនេះត្រូវបានជំទាស់ដោយ AIPAC ព្រមទាំងបានជំរុញឱ្យសភាពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ ដោយសារតែមានខ្សែបណ្ដាញទំនាក់ទំនងជាមួយបក្សសាធារណរដ្ឋ ពួកគេ​​ប្រើ​គណបក្ស​សាធារណរដ្ឋ​ជា​ឫសគល់​ដើម្បី​ប្រឆាំង​នឹង​វិសោធនកម្ម​ និង បង្វែឥរិយាបទសមាជិកព្រឹទ្ធសភាអាមេរិកឱ្យប្រឆាំងនឹងវិសោធនកម្ម​​កែប្រែច្បាប់នុយក្លេអ៊ែរអ៊ីរ៉ង់៕

វិចារណកថាថ្ងៃសុក្រ៖ ការកើនកម្តៅទំនាក់ទំនងរវាងកាណាដានឹងឥណ្ឌាចំពោះឃាតកម្មលើមេដឹកនាំសាសនាស៊ីក្ខ

កាណាដានិងឥណ្ឌាសុទ្ធតែជាប្រទេសធំៗនៅក្នុងសាកលលោកនិងជាប្រទេសលទិ្ធប្រជាធិបតេយ្យសំខាន់ៗផងដែរ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ស្រាប់តែប្រទេសទាំងពីរបានជួបនូវវិបត្តិការទូតមួយបានកើតឡើង ព្រោះតែការស្លាប់របស់មេដឹកនាំសាសនាស៊ីក្ខដ៏សំខាន់ម្នាក់នៅក្នុងប្រទេសកាណាដាគឺលោក Hardeep Singh Nijjar​។ ការស្លាប់របស់លោកត្រូវបានអាជ្ញាធរកាណាដាបានបើកការស៊ើបអង្កេតយ៉ាងតឹងរឹង ហើយបានបញ្ជាក់មានការជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលឥណ្ឌាផងដែរ។ នេះហើយគឺជាការចាប់ផ្តើមឲ្យមានភាពតានតឹងក្នុងវិស័យការទូតរបស់ប្រទេសទាំងពីររហូតឈានដល់ការកោះហៅមន្រ្តីទូតទៅសួរនាំនិងបណ្តេញមន្ត្រីការទូតខ្លះចេញពីប្រទេសទាំងពីរធ្វើដាក់គ្នាទៅវិញទៅមកផងដែរ។តើមានមូលហេតុអ្វីទៅទើបធ្វើឲ្យកាណាដាមានការចោទប្រកាន់ឥណ្ឌាលើឃាតកម្មរហូតឈានទៅដល់ការប្រដេញមន្រ្តីទូតចេញពីប្រទេសរៀងៗខ្លួន?

១. មូលហេតុនៃការតានតឺងខាងការទូតរវាងប្រទេសទាំងពីរ

ដូចដែលយើងបានដឹងហើយថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៤៧មកម៉្លេះ។ តែឥណ្ឌានិងកាណាដាតែងតែប្រឈមមុខនឹងវិបត្តិការទូតមួយចំនួនដែលទាក់ទងទៅនឹងជនជាតិដែលចង់ផ្តាច់ខ្លួនពីប្រទេសឥណ្ឌាទៅវិញ។ ចំពោះបញ្ហានេះជារឿយ ឥណ្ឌាតែងតែចោទប្រកាន់ទៅខាងកាណាដា​ថាជាជម្រកសុវត្ថិភាពមួយសំរាប់ក្រុមជនជាតិដែលពួកគេចាត់ទុកថាជាភេរវករចង់បំបែកទឹកដីពីខ្លួន ដូចជាពួកខាលីស្តង់(Khalistan)​ជាដើម។ ពួកខាលីស្តង់​គឺជាពួកកាន់សាសនាស៊ីក(Sikhs)​និងជាចលនាចង់បំបែកខ្លួនសំរាប់ជនជាតិដើមរបស់ពួកគេដែលកាន់សាសនានេះក្នុងប្រទេសឥណ្ឌា។ មូលហេតុនេះហើយបានជាប្រទេសដែលប្រជាជនច្រើនលើលោកនេះបានចាត់ទុកពួកខាលីស្តង់នេះជាពួកភេរវករដែលបំផ្លាញសន្តិសុខរបស់ពួកគេ។ គួរឲ្យដឹងបានដែរថានៅក្នុងប្រទេសកាណាដាមានចំនួនជនជាតិភាគតិចកាន់សាសនាស៊ីកទៅដល់ ៨សែននាក់ដែលស្មើនឹង២.១ភាគរយនៃប្រជាជនកាណាដាសរុបក្នុងឆ្នាំ២០២១។ តែចំពោះការចាត់ប្រកាន់អ្នកកាន់សាសនាស៊ីកឬខាលីស្តង់នេះជាពួកភេរវករ ត្រូវបានអាជ្ញាធរកាណាដាបានច្រានចោល ព្រោះតែកាណាដាបានចាត់ទុកគេជាប្រជាពលរដ្ឋធម្មតាក្នុងការគោរពប្រតិបត្តិសាសនានិងចង់ទាមទារសិទ្ធរស់នៅរបស់ពួកគេ ហើយពួកគេក៏ជាប្រទេសប្រជាធិបតេយ្យសេរី និងបើកសិទ្ធិទូលាយក្នុងការគោរពសាសនា ហើយពួកកាន់សាសនាស៊ីកក៏សុទ្ធតែប្រជាជនរបស់ខ្លួនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ ចំណងការទូតរបស់ប្រទេសទាំងពីរចាប់ផ្តើមតានតឹងខ្លាំងក្រោយពេលមានឃាតកម្មលើលោក Hardeep Singh Nijjar​ ដែលជាមេដឹកនាំសាសនាស៊ីកដ៏ល្បីនៅក្នុងទីក្រុង Vancouver ក្នុងទឹកដីកាណាដា នៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៣។ លោក Nijjar មិនត្រឹមតែជាមេដឹកនាំសាសនាស៊ីកនោះទេ លោកក៏ជាពលរដ្ឋកាណាដាមួយរូបផងដែរ។ ក្រោយពីការស្លាប់របស់លោកហើយ អាជ្ញាធរកាណាដាក៏ចាប់ផ្តើមការស៊ើបអង្កេតឡើងពីការបាញ់សម្លាប់លោកនៅក្រៅវិហារនៃសាសនាស៊ីក។ ជាលទ្ធផល ក្រោយការស៊ើបរបស់អាជ្ញាធរបានបញ្ជាក់ថាអំពើឃាតកម្មនេះមានជាប់ពាក់ព័ន្ធពីក្រោយទៅនឹងឥណ្ខាដែលពួកគេបានចាត់ទុកលោក Nijjar ជាភេរវករសំរាប់ប្រទេសខ្លួនផងដែរ។ ប៉ុន្តែឥណ្ឌាបានច្រានចោលនៅការចាត់ប្រកាន់ទាំងស្រុងថាខ្លួនមិនបានពាក់ព័ន្ធអ្វីឡើយជាមួយអំពើឃាតកម្មមួយនេះ ហើយបានលើកឡើងថាខ្លួនជាប្រទេសដែលគោរពនូវនីតិរដ្ឋនិងអះអាងថាការចោទដោយកាណាដាគឺគ្មានមូលដ្ឋានត្រឹមត្រូវនោះទេ។

២. វិបត្តិការទូតរវាងប្រទេសទាំងពីរ

គួរឲ្យកត់សម្គាល់ផងដែរ លោកនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូរ​ បានចូលរួមការប្រជុំG-20នៅក្នុងប្រទេសឥណ្ឌានៅខែកញ្ញាឆ្នាំ២០២៣។ គេសង្កេតឃើញថាខុសពីសព្វរាល់ដង ក្នុងនាមជាប្រទេសធំមួយ កាណាដាគួរតែមានជំនួបដាច់ឡែកជាមួយម្ចាស់ផ្ទះនៃកិច្ចប្រជុំដូចជាឥណ្ឌាដើម្បីបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការទូតបន្ថែម ប៉ុន្តែលើកនេះ គឺបានត្រឹមជួបក្នុងកិច្ចប្រជុំនិងការទទួលបដិសណ្ឋាកិច្ចរបស់ឥណ្ឌាក្នុងនាមជាម្ចាស់ផ្ទះប៉ុណ្ណោះ ហើយជំនួបរវាងប្រទេសទាំងពីរដាច់ដោយឡែកមិនបានកើតឡើងឡើយព្រោះលោកនាយករដ្ឋមន្រ្តី ណារិនត្រា មូឌី មានកង្វល់ចំពោះហេតុការណ៍ដែលកើតឡើងលើមេដឹកនាំសាសនាស៊ីកដែលកើតឡើងក្នុងប្រទេសកាណាដា ត្រូវបានលោក ចាស្ទីន ទ្រូដូរលើកឡើងក្នុងការពិភាក្សាការងារប្រទេសទាំងពីរដែលអាចនាំអាចមានភាពតានតឹងនិងប៉ះពាល់លើកិច្ចពិភាក្សាពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។ នៅថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តីកាណាដាបានថ្លែងទៅកាន់សភាថា”ការចូលរួមឃុបឃិត​​ពីសំណាក់រដ្ឋាភិបាល​ប្រទេសមួយ នៅក្នុងអំពើឃាតកម្ម​សម្លាប់ជនជាតិ​កាណាដា នៅ​លើ​ទឹកដី​កាណាដា​ដោយផ្ទាល់បែបនេះ​ វាគឺជារឿង​បំពាន​​ដ៏​ធ្ងន់ធ្ងរ ដែ​ល​ប៉ះពាល់​មកលើ​អធិបតេយ្យភាពរបស់កាណាដា” ដែលចង់សំដៅលើឥណ្ឌានេះឯង។ ពេលដែលបានដឹងការលើកឡើងនេះ ហើយក្រសួងការបរទេសឥណ្ឌាបានចេញមុខបដិសេធទាំងស្រុងភ្លាមៗតែម្តង។ ភាពតានតឹងរបស់ប្រទេសទាំងពីរនេះបានឈានដល់ការបណ្តេញចេញអ្នកការទូតចេញពីប្រទេសរៀងៗខ្លួនផងដែរ។ ក្នុងនោះ កាណាដាបានបណ្តេញអ្នកការទូតជាន់ខ្ពស់ឥណ្ឌាដែលជាប្រធានប្រតិបត្តិការស៊ើបការសម្ងាត់បរទេសរបស់ប្រទេសនេះ។ចំណែកប្រទេសឥណ្ឌាបានបណ្តេញនិងកំណត់ពេលវេលាសំរាប់មន្រ្តីការទូតកាណាដាត្រឹមថ្ងៃ១០ តុលានិងព្រមទាំងព្រមានពលរដ្ឋខ្លួនដែលរស់នៅក្នុងប្រទេសកាណាដាថាគួរប្រុងប្រយ័ត្នបំផុតដោយសារតែមានការកើនឡើងនៃសកម្មភាពប្រឆាំងនឹងឥណ្ឌានិងចោទមន្រ្តីការទូតកាណាដាថាបានជ្រៀតជ្រែងក្នុងបញ្ហាផ្ទៃក្នុងនិងចូលរួមចលនាប្រឆាំងនឹងឥណ្ឌាទៀតផង។ ទោះជាមានការចោទប្រកាន់គ្នាទៅវិញទៅមកក៏ដោយ គិតត្រឹមពេលនេះខាងអាជ្ញាធរកាណាដានៅមិនទាន់រកឃើញភស្តុតាងដែលទាក់ទងនឹងឥណ្ឌាសំរាប់ឃាតកម្មនេះនៅឡើយទេ តែទោះជាយ៉ាងណាកាណាដាក៏បានស្នើឲ្យភាគីឥណ្ឌាចូលរួមក្នុងការស៊ើបអង្កេតផងដែរដើម្បីរំងាប់ភាពតានតឹងនៅនឹងមុខរវាងប្រទេសទាំងពីរ។

សរុបមក បញ្ហាការទូតរបស់ប្រទេសទាំងពីរកើតឡើងដោយសារការស្លាប់មេដឹកនាំសាសនាស៊ីកដែលមានសញ្ជាតិកាណាដាតែជាសត្រូវរបស់ឥណ្ឌាដែលចាត់ទុកជាភេរវករបំបែកទឹកដីខ្លួន។ ការស្លាប់នេះត្រូវបានកាណាដាចោទប្រកាន់ដោយផ្ទាល់ទៅនឹងឥណ្ឌាតែម្តងរហូតដល់ថ្នាក់បង្កភាពតានតឹងបណេ្តញមន្រ្តីការទូតមួយចំនួនចេញពីប្រទេសទាំងពីរ។ ការចោទប្រកាន់នេះគឺចេតនាកាណាដាចង់ការពារសិទ្ធិសេរីភាពប្រជាជនខ្លួនដែលរស់នៅក្នុងទឹកដីខ្លួន ចំណែកឯឥណ្ឌាចេញមកការពារខ្លួនថាជាប្រទេសនីតិរដ្ឋប្រកាន់ច្បាប់ជាធំមិនបានប្រព្រឹត្តិអ្វីខុសឆ្គងឡើយ។​ រឿងចោទប្រកាន់គ្នានេះក៏បានធ្វើឲ្យមានការគំរាមគំហែងខ្លាំងចំពោះពាណិជ្ជកម្មប្រទេសទាំងពីរផងដែរ ប្រសិនជាពួកគេមិនព្រមកាត់បន្ថយភាពតានតឹងមួយនេះ។

កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីការស្លាប់លោក Hardeep Singh Nijjar ប៉ះពាល់ឥណ្ឌា និង កាណាដា?

កាលពីប៉ុន្មានសប្តាហ៍មុន លោក ចាស្ទីន ទ្រូដូរ​ (Justin Trudeau) នាយករដ្ឋមន្រ្តីនៃប្រទេសកាណាដា បានចោទប្រកាន់ដោយបើកចំហទៅលើរដ្ឋាភិបាលនៃប្រទេសឥណ្ឌា ជុំវិញការស្លាប់របស់លោក​ ហាឌីប​ ស៊ីកនីចារ (Hardeep Singh Nijjar)​​ ដែលជាថ្នាក់ដឹកនាំសាសនាស៊ីកម្នាក់​ (Sikh Separatist)។​ ការចោទប្រកាន់នេះបានប៉ះពាល់ជាខ្លាំងទៅលើកិត្តិនាមរបស់រដ្ឋាភិបាល ឥណ្ឌា និង កាណាដាផ្ទាល់ ហើយវាក៏បានជះឥទ្ធិពលទៅលើទំនាក់ទំនងប្រទេសទាំងពីរផងដែរ។​

តើលោក ហាឌីប​ ស៊ីក នីចារ  គឺជានរណា ហើយមានឥទ្ធិពលយ៉ាងណានៅក្នុងសាសនាស៊ីក? តើមានហេតុការណ៍អ្វីខ្លះកើតឡើងពាក់ព័ន្ធទៅនឹងការស្លាប់របស់គាត់?

លោក​ ហាឌីប​ ស៊ីក​ នីចារ​ (Hardeep Singh Nijjar) បានកើតក្នុងរដ្ឋ Punjab ភាគខាងជើងនៃប្រទេសឥណ្ឌាក្នុងឆ្នាំ ១៩៧៧ ហើយលោកបានក៏ធ្វើចំណាកស្រុកចេញទៅប្រទេសកាណាដា ក្នុងឆ្នាំ ១៩៩៧ ដើម្បីតែជីវភាព និង​ កេរ្តិ៍ឈ្មោះរបស់សាសនាស៊ីក នៅឯរដ្ឋ British Columbia ផងដេរ។ មិនយូរប៉ុន្មាន លោកបានទទួលភាពល្បីល្បាញខាងវោហាស័ព្ទ និង ការតស៊ូរបស់លោកចំពោះសាសនាស៊ីក (Sikhism) ក្នុងការបង្កើតរដ្ឋ​ Khalistan សម្រាប់ជាស្រុកកំណើតដាច់ដោយឡែកសម្រាប់ ជនជាតិភាគតិចសាសនាស៊ីក ដែលមានចំនួន ២% នៃចំនួនប្រជាជនឥណ្ឌាសរុប។ ចលនាក្នុងការបង្កើតរដ្ឋ Khalistan នេះមានឥទ្ធិពលយ៉ាងខ្លាំង រហូតដល់រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានចាត់ទុកលោក នីចារ​ (Nijjar) ជាភេរវករ​ និងជាមេក្លាងកងកម្លាំង Khalistan Tiger (KTF) ដែលជាក្រុមសកម្មប្រយុទ្ធហាមឃាត់នៅក្នុងប្រទេសឥណ្ឌាតែម្តង។ មិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌាតែប៉ុណ្ណោះទេ លោក នីចារ  ក៏បានសាងកិត្តិនាមនៅតាមបណ្តាប្រទេសផ្សេងៗដូចជា កាណាដា អង់គ្លេស អាមេរិក និង អូស្ត្រាលីផងដែរ។ គួរបញ្ជាក់ថា ក្នុងនោះ ប្រទេសឥណ្ឌា និង ប្រទេសកាណាដា គឺជាបណ្តាប្រទេសទូទាំងសកលលោក ដែលមានចំនួនជនជាតិស៊ីក (Sikh) ច្រើនជាងគេបង្អស់បើធៀបនឹងប្រទេសមហាអំណាចដទៃ ហើយក្រុមស៊ីកនេះមានប្រហែល ១.៧% នៃចំនួនប្រជាជនស៊ីកសរុប ដែលមានដើមកំណើតនៅតំបន់ Punjab នៃប្រទេសឥណ្ឌា ព្រមទាំងមានចំនួនប្រមាណ ២.១% នៃចំនួនប្រជាជនកាណាដាគិតត្រឹមឆ្នាំ២០២១។

ចំពោះរឿងនេះផងដែរ រដ្ឋាភិបាលឥណ្ឌា បានគេចេញដីកាចាប់ខ្លួនទៅលើលោកនីចារ នៅក្រោមច្បាប់ភេរវកម្មរបស់ប្រទេសឥណ្ឌាសម្រាប់ករណីជាច្រើនដែលរដ្ឋាភិបាលឥណ្ឌាបានចោទប្រកាន់ថាជាទង្វើ របស់លោក​នីចារ រួមទាំងការទម្លាក់គ្រាប់បែកក្នុងរោងកុនឆ្នាំ ២០០៧ នៅរដ្ឋ Punjab ដែលបានសម្លាប់មនុស្ស ៦ នាក់ និងរបួស ៤០ នាក់ និងការធ្វើឃាតអ្នកនយោបាយឥណ្ឌា Sikh Rulda Singh ឆ្នាំ ២០០៩ ផងដែរ។ ចំពោះប្រទេសកាណាដាវិញ លោក​ នីចារ គឺត្រូវបានគេស្គាល់ថាជាបុគ្គលដែលធ្វើអ្វីៗដោយសន្តិវិធីសម្រាប់ឯករាជ្យភាពរបស់សាសនាស៊ីកនៅរដ្ឋ British Columbia និងជាបុរសម្នាក់ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសហគមន៍របស់គាត់ទាំងមូល។

តែជាអកុសល លោក នីចារត្រូវបាន សម្លាប់ដោយខ្មាន់កាំភ្លើងពីរនាក់ ស្លៀកសម្លៀកខ្មៅ ជាមួយនឹងក្រណាត់រុំក្បាល នៅខាងក្រៅប្រាសាទសាសនាស៊ីក នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅឯជាយក្រុង Vancouver នៃទឹកដីប្រទេសកាណាដា។

ការស្លាប់របស់លោកបានចោទជាបញ្ហាជាខ្លាំងទៅដល់ប្រទេសទាំងពីរ ក៏ដូចជាប្រទេសសមមិត្តនានាផងដែរ ព្រោះថាលោក នីចារ​ គឺជាបុគ្គលដែលមានឈ្មោះបោះសំឡេងទាំងផ្នែកសាសនា និង នយោបាយនៅតាមបណ្តាប្រទេសទាំងនេះ ហើយក៏បានក្លាយជាប្រធានបទក្នុងកិច្ចពិភាក្សានានាជាច្រើនលើកច្រើនសាររួចមកហើយ។ គេប៉ាន់ស្មានថា ការស្លាប់របស់សកម្មជនមួយរូបនេះ អាចជាការគំរាមកំហែងដល់សុវត្ថិភាពសកម្មជនសាសនាស៊ីកទាំងមូល ពិសេសនៅឥណ្ឌា និង កាណាដា។ មិនតែប៉ុណ្ណោះ លោក Anthony Blinken រដ្ឋលេខាធិការសហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសទាំងពីររួមសាមគ្គីគ្នាជាធ្នុងមួយក្នុងការស៊ើបអង្កេតអំពីបញ្ហាខាងលើនេះ។

សរុបមក បើទោះបីជាមានការស៊ើបអង្កេត និង ការចោទប្រកាន់គ្នាទៅវិញទៅមកមែនពិត តែមូលហេតុនៃការស្លាប់របស់លោក ​ហាឌីប​ ស៊ីក នីចារ នៅតែមានភាពស្រពេចស្រពិលនៅឡើយ ហើយវានៅតែជាបញ្ហាចោទសម្រាប់ប្រទេសទាំងសងខាង ជុំវិញផ្នែកសន្តិសុខ និង កិច្ចសហប្រតិបត្តិការនានា។ រដ្ឋាភិបាលឥណ្ឌា កាណាដា និង អ្នកកាន់​សាសនាស៊ីកទាំងមូល នៅតែបន្តជីករកឬសគល់ឃាដកម្មនេះ ដើម្បីកុំឱ្យមានឥទ្ធិពល និង ការប៉ះពាល់ទៅមុខទៀតសម្រាប់ទំនាក់ទាំនងរវាងភាគីទាំងអស់។

 

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាមានរដ្ឋប្រហារច្រើននៅអាហ្វ្រិកថ្វីៗនេះ?

ប៉ុន្មានខែថ្មីៗនេះយើងសង្កេតឃើញមានព្រឹត្តការណ៏ជាច្រើនកើតមាននៅទ្វីបអាហ្រ្វិកដែលមានទាំងព្រឹត្តការណ៏ល្អនិងមិនសូវល្អទៅតាមផ្នែកនីមួយៗនៅក្នុងទ្វីបអាហ្រ្វិក។ព្រឹត្តិការណ៍ល្អសម្រាប់ទ្វីបអាហ្រ្វិកមានដូចជាជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ BRICS ដែលបានទាក់ទាញការចាប់អារម្មណ៏ទូទាំងពិភពលោក ជាមួយគ្នានេះផងដែរ នាពេលថ្មីៗនេះ យើងឃើញថាទ្វីបអាហ្រ្វិកបានក្លាយជាដៃគូរបស់ G20ជាដើម។ អំឡុងពេលរឿងល្អកើតឡើង យើងក៏សង្កេតឃើញថាផ្នែកមួយផ្សេងទៀតនៃអាហ្រ្វិកត្រូវបានមានការធ្វើរដ្ឋប្រហារនៅក្នុងតំបន់ជាពិសេសនៅក្នុងតំបន់មួយដែលគេហៅថា “សាហែល(Sahel)” ដែលប្រទេសជាច្រើននៅក្នុងតំបន់នោះត្រូវបានកាន់កាប់ដោយយោធាដូចជា ប៊ូគីណាហ្វាសូ (Burkina faso), នីហ្សេ(Niger), ស៊ូដង់ខាងត្បូង(South Soudan),ម៉ាលី(Mali) ជាដើម។ នៅក្នុងអត្ថបទនេះនឹងសិក្សាអំពីតំបន់សាហែល​និងហេតុអ្វីបានជាមានរដ្ឋប្រហារច្រើននៅអាហ្វ្រិកជាពិសេសតំបន់សាហែល?

ទិដ្ឋភាពទូទៅនៃតំបន់សាហែល(Sahel)

សាហែលគឺជា​តំបន់មួយដែលស្ថិតនៅចន្លោះតំបន់សាហារានិងនៅចំកណ្តាលទ្វីបអាហ្វ្រិកដែល​លាតសន្ធឹង​ពី​សេ​ណេ​ហ្គា​ល់​ខាងកើត​ឆ្ពោះទៅ​ប្រទេស​ស៊ូ​ដង់។ តំបន់នេះត្រូវបានគ្របដណ្តប់ដោយប្រទេសចំនួន១០ដូចជាសេណេហ្គាល់(Senegal) ហ្គាំប៊ី(Gambi) ម៉ូរីតានី(Mauritania) ហ្គីណេ ម៉ាលី ប៊ូគីណាហ្វាសូ នីហ្សេរីយ៉ា(Nigeria) ឆាដ(Chad) កាមេរូន(Cameroon) និងនីហ្សេ។ សាហែលគឺជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិរួមទាំងរ៉ែ ប្រេង និងឧស្ម័ន​ជាដើម ប៉ុន្តែតំបន់នេះជាតំបន់ដ៏ក្រីក្របំផុតមួយក្នុងពិភពលោក ដែលប្រជាជនជាង៥០ភាគរយស្ថិតនៅក្រោមបន្តាត់ក្រីក្រដោយជួបបញ្ហាដូចជា អសន្តិសុខស្បៀង ការផ្លាស់ទីលំនៅរបស់ប្រជាជនជាដើម។ ឫសគល់នៃបញ្ហានេះ បណ្តាលមកពីកត្តាជាច្រើនដូចជា អសមត្ថភាពរបស់រដ្ឋាភិបាល ការប្រែប្រួលអាកាសធាតុ ​និងជម្លោះជាដើម។ ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ធំមួយចំពោះតំបន់នេះព្រោះតំបន់​នេះ​កំពុង​ជួប​ប្រទះ​នឹង​សីតុណ្ហភាព​ឡើង​កំដៅ​លើសពីធម្មតា ដែលបានបង្កើតជា​គ្រោះរាំងស្ងួត និង​ទឹកជំនន់។ កត្តាមួយទៀតគឺការកើនឡើងនៃចំនួនប្រជាជន និងការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យមនុស្សកាន់តែលំបាកក្នុងការដាំដុះស្បៀង និងចិញ្ចឹមសត្វដែលរួមចំណែកដល់អសន្តិសុខស្បៀង និងការផ្លាស់ទីលំនៅ។ ជាមួយគ្នានេះផងដែរជម្លោះគឺជាបញ្ហាប្រឈមដ៏សំខាន់មួយផ្សេងទៀតនៅក្នុងសាហែលពោលតំបន់​នេះ​ត្រូវ​ញាំញី​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ រួម​មាន​សង្គ្រាម​ស៊ីវិល ការ​បះបោរ និង​​ភេរវកម្មដែលប្រទេសក្នុងតំបន់សាហែលជាសំបុកក្រុមភេវកម្ម។

ហេតុអ្វីបានជាមានរដ្ឋប្រហារច្រើននៅអាហ្វ្រិកជាពិសេសតំបន់សាហែល?

បើយើងក្រលេកទៅមើលប្រវត្តិសាស្រ្តយើងមើល​ឃើញថា​ទ្វីប​អាហ្រ្វិកជាទ្វីបដែលមានការការ​ប៉ុនប៉ង​ធ្វើរដ្ឋប្រហារច្រើន​បំផុតដោយ​មាន​ការ​ប៉ុនប៉ង​ចំនួន ២១៤ ដង ដែល១០៦ដង​ទទួល​បាន​ជោគជ័យ ជាពិសេសប្រទេសដែលស្ថិតនៅក្នុងតំបន់សាហែលដែលធ្លាប់ឆ្លងកាត់រដ្ឋប្រហារជាច្រើន។ នៅក្នុងទ្វីប​អាហ្រ្វិកដដែលនេះ គិតចាប់តាំងពីឆ្នាំ២០២០ មកមានរដ្ឋប្រហារយោធាចំនួន ៨លើកដែលកើតឡើងនៅក្នុងប្រទេសចំនួន៦ ជាពិសេសប្រទេសដែលស្ថិតក្នុងតំបន់សាហែលដែលមានរដ្ឋប្រហារនៅក្នុងប្រទេសម៉ាលីក្នុងឆ្នាំ២០២០ និងម្តងទៀតនៅឆ្នាំ២០២១; នៅហ្គីណេនៅឆ្នាំ ២០២១; ពីរដងនៅប៊ូគីណាហ្វាសូក្នុងឆ្នាំ ២០២២; នៅដើមឆ្នាំនេះនៅស៊ូដង់ នៅប្រទេសនីហ្សេក្នុងឆ្នាំ ២០២០ និង ២០២៣; ហើយថ្មីៗនេះនៅប្រទេសហ្គាបុង។ រដ្ឋប្រហារទាំងអស់នេះសុទ្ធ សឹងតែមានឫសគល់របស់វាហើយប្រទេសនីមួយៗសុទ្ធសឹងមានលក្ខណៈប្លែកពីគ្នាដោយជាក់ស្តែងការធ្វើរដ្ឋប្រហារនៅប្រទេសហ្គាបុង រដ្ឋប្រហារនេះធ្វើឡើងដើម្បីទម្លាក់មេដឹកនាំបន្តជំនាន់ ដែលខុសប្លែកពីប្រទេសនីហ្សេដែលមេដឹកនាំយោធាធ្វើរដ្ឋប្រហារទៅលើមេដឹកនាំដែលឡើងកាន់អំណាចតាមរយ:ការបោះឆ្នោត​​​​តែយើងសង្កេតឃើញមានចំណុចស្រដៀងគ្នាដែលប្រទេសទាំងនេះមាន។ នៅក្នុងអត្តបទនេះនឹងបែងចែកជា២កត្តាធំៗពោលគឺកត្តាផ្ទៃក្នុងនិងកត្តាខាងក្រៅ។

ទី១កត្តាផ្ទៃក្នុង៖ នៅក្នុងតំបន់សាហែលបានជួបបញ្ហាជាច្រើន ចាប់តាំងពីទទួល បានឯករាជ្យរបស់ខ្លួន ដែលបញ្ហាមួយចំនួននៅតែកើតបន្តមានមកដល់ពេលនេះ ដូចជា ភាពក្រីក្រ វិសមភាព អំពើភេរវកម្មជាដើម។ ដូចដែលបានរៀបរាប់ផ្នែកខាងលើ បញ្ហាអំពើភេរវកម្ម ការប្រែប្រួលអាកាសធាតុជាបញ្ហាដែលពិបាកដោះស្រាយនិងផ្តល់ផលលំបាកជាច្រើនដល់ប្រជាជន​ ហើយជាពិសេសទៅទៀតនោះគួបផ្សំជាមួយនឹងភាពអសមត្ថភាពរបស់រដ្ឋាភិបាលបានធ្វើឱ្យប្រជាជនបាត់ទំនុកចិត្តមកលើរដ្ឋាភិបាល ដែលបើកឱកាសសម្រាប់មេដឹកនាំយោធាធ្វើរដ្ឋប្រហារ ជាក់ស្តែងយើងឃើញមានការអបសារទរពីប្រជាជនក្រោយពីការធ្វើររដ្ឋប្រហាររួច។ ការប្រែប្រួលអាកាសធាតុក្នុងទ្វីបអាហ្រ្វិក ជាពិសេសនៅតំបន់សាហែលបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូចជាការកើនឡើងកំដៅដែលកើនឡើង១.៥​ដងច្រើនជាងសីតុណ្ហភាពកើនឡើងជាមធ្យមនៅទូទាំងពិភពលោក​ ភ្លៀងធ្លាក់មិនទៀងទាត់ដែលពេលខ្លះបង្កជាភាពរាំងស្ងួតនិងពេលខ្លះទៀតបង្កជាទឺកជំនន់ជាដើម។ វាបានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនជាច្រើននៅក្នុងតំបន់ ដោយប៉ះពាល់ដល់កសិកម្មរបស់ពួកគេដែលជាង ៧០% នៃប្រជាជនពឹងផ្អែកលើកសិកម្មហើយបានបង្កជាការផ្លាស់ទីលំនៅរបស់ប្រជាជនដោយសារតែគ្រោះរាំងស្ងួត។បញ្ហាទី២គឺបញ្ហាអំពើភេរវកម្ម ដូចអ្វីដែលរៀបរាប់ខាងលើបញ្ហាភេរវកម្មជាបញ្ហារាំរៃដែលរដ្ឋាភិបាលដោះស្រាយមិនចេញដែលធ្វើឱ្យប្រទេសដែលនៅគ្នុងតំបន់ជួបភាពអសន្តិសុខនិងការបង្កើនឱ្យមានការផ្លាស់ទីលំនៅ ការស្លាប់ និងការបំផ្លិចបំផ្លាញទៅលើប្រជាជន។

កត្តាខាងក្រៅ៖ ការជ្រៀតជ្រែករបស់មហាអំណាចបរទេសដូចជា អាមេរិក រុស្ស៊ី និងបារាំងត្រូវបានគេគិតថាជាកត្តាមួយក្នុងការចូលរួមជំរុញឱ្យរដ្ឋប្រហារកើតឡើង។ អ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយ​ថា ការ​ឈ្លានពាន​របស់​អង្គការ​ណាតូ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ២០១១ មក​លើ​ប្រទេស​លីប៊ី។ ការសម្លាប់មេដឹកនាំលីប៊ី Gaddafi ក៏ជាកត្តាសំខាន់មួយដែលធ្វើឱ្យមានការហូរចូល​នៃ​អាវុធ​ចូល​ក្នុង​តំបន់សាហែល ដោយ​ហេតុ​នេះ​បាន​ជំរុញ​ជម្លោះ​ក្នុង​តំបន់និងធ្វើឱ្យតំបន់មានអសន្តិសុខជាងមុន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺចលនាប្រឆាំងនឹងបារាំង​ គួរបញ្ចាក់ដែលថាប្រទេសចំនួន៤​ដែលបានកើតមានរដ្ឋប្រហារជាអតីតប្រទេសដែលបារាំងធ្លាប់ដាក់អាណានិគមលើ​ ដែលប្រជាជននៅក្នុងប្រទេសទាំងនេះយល់ឃើញមិនល្អ ឬមិនសប្បាយចិត្តចំពោះវត្តមានរបស់បារាំង ដែលប្រជាជនគិតថាបារាំងកំពុងបន្តកេងប្រវ័ញ្ចពួកគេកាន់តែច្រើនដោយការធ្វើអាណានិគមបែបថ្មី។ អ្នកវិភាគមួយចំនួនបាននិយាយថាបារាំងបានកេងប្រវ័ញ្ចធនធានធម្មជាតិដូចជាមាស អ៊ុយរ៉ាញ៉ូម ប្រេងជាដើម។ ហើយជាពិសេសទៅទៀតនោះគឺវត្តមានរបស់កងទ័ពបាំរាំងដែលមានតួនាទីបង្រ្កាបភេរវកម្ម តែត្រូវបានប្រជាជនយល់ថាបារាំងជាអ្នកដែលធ្វើឱ្យប្រទេសរបស់ខ្លួនជួបអសន្តិសុខជាងមុន។ ដូចនេះបានប្រជាជនគាំទ្រការការធ្វើរដ្ឋប្រហាររបស់ពួកយោធា។ ជាមួយគ្នានេះផងដែរភាពសកម្មរបស់រុស្ស៊ីក្នុងទ្វីបអាហ្រ្វិកដែលគេមើលឃើញថាជាចំណែកមួយក្នុងការជំរុញឱ្យមានការកើនឡើងនូវរដ្ឋប្រហារ។ រុស្សីបានលក់អាវុធដល់ក្រុមយោធាដើម្បីប្រឆាំងភេវកម្មនិងបានដាក់ពង្រាយទាហានស៊ីឈ្នួល Wagner នៅក្នុងប្រទេសជាច្រើននៅក្នុងទ្វីបអាហ្រ្វិកដែលត្រូវបានមើលឃើញពីអ្នកវិភាគថារុស្ស៊ីគឺជាអ្នកដែលស្ថិតនៅពីក្រោយខ្នងក្នុងការធ្វើរដ្ឋប្រហាររបស់យោធានៅក្នុងប្រទេសមួយចំនួនដូចជាម៉ាលី​និងប៊ូគីណាហ្វាសូជាដើម។

កម្មវិធីថង់ប្រាជ្ញា៖ កិច្ចប្រជុំកំពូល​និងសារៈសំខាន់របស់ BRICS ចំពោះប្រទេសជាសមាជិក

BRICS គឺជាឈ្មោះជាអក្សរកាត់ឡាតាំងដែលសំដៅទៅលើប្លុកនៃបណ្ដាប្រទេសដែលមានកម្រិតសេដ្ឋកិច្ចរីកចម្រើនខ្ពស់និងប្រកបដោយសក្តានុពល ដែលក្នុងនោះរួមមានប្រទេសចំនួន៥ មានដូចជា ប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេសអាហ្វ្រិកខាងត្បូងហើយថ្មីៗនេះប្លុកនេះបានបង្កើនសមាជិកពីចំនួន៥ទៅ១១ប្រទេសនៅក្នុងកិច្ចប្រជុំកំពូលនៅអាហ្វ្រិកខាងត្បូង។ នៅក្នុងអត្ថបទនេះនឹងនិយាយនិងសិក្សាអំពី កិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង សារៈសំខាន់នៃ BRICS ចំពោះសមាជិកនិងអនាគតរបស់ BRICS។

កិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង

កិច្ចប្រជុំកំពូល BRICS លើកទី១៥ត្រូវបានធ្វើឡើងនៅទីក្រុងចូហាន់ណេសបឺគ( Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ២៣-២៤ ខែសីហា ឆ្នាំ ២០២៣ ដោយរៀបចំឡើងដោយប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa)។ កិច្ចប្រជុំនេះបានលើកយកពីបញ្ហាជាច្រើនមកពិភាក្សា ដែលមានដូចជា​ ​ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ​ ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាតកូវីត១៩​ ការអភិវឌ្ឍប្រកបដោយចីរភាពជាដើម។

កិច្ចប្រជុំកំពូលនេះមានផ្តល់ជាលទ្ធផលសំខាន់ៗដូចជាសមាជិក BRICSបានយល់ព្រមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងយល់ព្រមធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលដូចជាការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ និងវិសមភាព។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺការអំពាវនាវឱ្យមានកំណែទម្រង់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពីBRICSដើម្បីធ្វើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានតុល្យភាពនៃភាពជាសអ្នកតំណាងពោលគឺមានការទាមទារឱ្យមានការជ្រើសរើសអ្នកតំណាងបន្ថែមដែលមកពីតំបន់ផ្សេងៗគ្នាជុំវិញពិភពលោក​។

ជាពិសេសទៅទៀតនោះ ការប្រជុំនេះក៏មានការសម្រេចចិត្តពង្រីកសមាជិកភាព BRICS ដោយរួមមានបញ្ចូល ប្រទេសអាហ្សង់ទីន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមផងដែរ។ ការបន្ថែមសមាជិក BRICS នេះត្រូវបានគេមើលឃើញថាជាការអភិវឌ្ឍន៍ដ៏សំខាន់មួយ ព្រោះវានឹងបង្កើននូវ ផលិតផលក្នុងស្រុកសរុបរបស់ BRICS ទៅចំនួន ៣៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក និងចំនួនប្រជាជនទៅប្រមាណជា៤៧ ភាគរយនៃចំនួនប្រជាជនពិភពលោក​ហើយព្រមទាំងផ្តល់ឱ្យប្លុកនេះនូវសំឡេងកាន់តែធំនៅក្នុងកិច្ចការពិភពលោកផងដែរ។

សារៈសំខាន់នៃ BRICS ចំពោះសមាជិក

BRCIS មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​រដ្ឋ​ជា​សមាជិក​ទាំង​អស់​ដែល​ជា​ប្រទេសកំពុង​អភិវឌ្ឍ ​។ គោលបំណងរបស់ BRICS គឺចង់ឱ្យស្ថាប័នអន្តរជាតិមានតុល្យភាពរវាងប្រទេសដែលកំពុងអភិវឌ្ឍន៍​និងប្រទេសអភិវឌ្ឍន៍​ដោយទាមទារឱ្យប្រទេសទាំងនេះមានសម្លេងស្មើគ្នាលើឆាកអន្តរជាតិ។ ដូចដែលយើងទាំងអស់គ្នាដឹងថាស្ថាប័នអន្តរជាតិមួយចំនួនដែលបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ជាច្រើនដែលត្រូវបានគ្រប់គ្រង(dominate) ដោយលោកខាងលិច ឬប្រទេសអភិវឌ្ឍន៍ ដូចជា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាដើមដែលមានលក្ខណ:មិនស្មើភាពគ្នាដែលលោកខាងលិចមានសមាជិកចំនួន ៣ ប្រទេសពោលគឺអាមេរិក បារាំង​ អង់គ្លេសនិង ២ ទៀតជាសមាជិកនៃក្រុម BRICS។ ប្រទេសមានសេដ្ឋកិច្ច និងប្រជាជនធំៗ ដូចជាប្រទេសឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង​ មិនបានក្លាយជាសមាជិកអចិន្រ្តៃន៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ។ ក្រៅពីនេះ​ BRICS មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សមាជិកទាំងអស់ ដែលយើងអាចបែងចែកជា ២ ផ្នែកគឺ​ សារៈសំខាន់ខាងផ្នែកនយោបាយ និងសារៈសំខាន់ខាងផ្នែកសេដ្ឋកិច្ច។

ចំណុចទីមួយ សារៈសំខាន់ផ្នែកនយោបាយ៖ ទោះបីជា BRICS មិនទាន់មានឥទ្ធិពលនយោបាយខ្លាំងខ្លានៅឡើយ ប៉ុន្តែវាបានបម្រើផលប្រយោជន៍នយោបាយមួយចំនួនដល់រដ្ឋជាសមាជិករបស់ខ្លួន។ BRICSជាផ្នែកមួយដែលជួយសម្រួយដល់សមាជិករបស់ខ្លូនដូចជាឥណ្ឌា អាហ្វ្រិកខាងត្បូង ប្រេស៊ីល អារ៉ាប៊ីសាអូឌីតជាដើម ធ្វើពិពិធកម្ម(Diversify)ទំនាក់ទំនងរបស់ខ្លូនជាមួយមហាអំណាចដោយជួយឱ្យពួកគេសម្រេចបាននូវស្វ័យភាពជាយុទ្ធសាស្ត្រ(Strategic autonomy)ដោយពួកគេមិនចង់សម្របខ្លួនជាមួយមហាអំណាចណាមួយឡើយ។ ជាឧទាហរណ៍សម្រាប់ប្រទេសឥណ្ឌា យើងឃើញថាឥណ្ឌាជាតួអង្គលេចធ្លោខ្លាំងដែលព្យាយាមប្រកាន់យកគោលនយោបាយពហុសម្ព័ន្ធភាព (Multi alignment) ដោយឥណ្ឌាមានទំនាក់ទំនងល្អជាមួយប្រទេសជាច្រើនមិនថាលោកខាងលិចឬប្រទេសកំពុង​អភិវឌ្ឍនោះទេ។ ជាមួយគ្នានេះផងដែរ ចិនបានប្រើ BRICS ក្នុងការបញ្ចេញសម្លេងកាន់តែខ្លាំងចំពោះបញ្ហាពិភពលោក ដែលអាចជាវេទិកាមួយរបស់ចិនសម្រាប់បង្ហាញពីភាពជាអ្នកថ្នាក់ដឹកនាំរបស់ខ្លួនទៅកាន់ពិភពលោក។

ចំណុចទីពីរ សារ:សំខាន់សេដ្ឋកិច្ច​ ជាចំណុចស្នូលមួយរបស់ BRICSដែលគេផ្តោតទៅលើការអភិវឌ្ឍន៍ ការលុបបំបាត់ភាពក្រីក្រជាដើម។ BRICS បានបង្កើតគំនិតផ្តួចផ្តើមជាច្រើនដូចជាក្រុមប្រឹក្សាធុរកិច្ច ជាវេទិកាសម្រាប់ធុរកិច្ចមកពីបណ្តាប្រទេស BRICS ដើម្បីពិភាក្សា និងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេស។ ជាមួយគ្នានេះផងដែរក្នុងវិស័យហិរញ្ញវត្ថុ សមាជិក​BRICSមានការព្រួយបារម្ភចំពោះការគ្រប់គ្រងឥទ្ធិពលដោយលុយដុល្លារសហរដ្ឋអាមេរិក ដែលសហរដ្ឋអាមេរិកអាច​ប្រើ​ប្រាស់ជាឧបករណ៍​ក្នុងការជះឥទ្ធិពលដល់គោលនយោបាយការបរទេសនិងការរីកច្រើននៃសេដ្ឋកិច្ចរបស់ប្រទេសផ្សេង ឧទាហរណ៍​​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែនដែលលោកខាងលិចបានផ្តាច់​រុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ ដូច្នេះ​ពួកគេ​បាន​ចាប់ផ្តើមមានការព្រួយបារម្មណ៍ខ្លះៗចំពោះបញ្ហានេះដោយព្យាយាមធ្វើការដោះដូរដោយប្រើបាស់រូបិយប័ណ្ណរបស់ខ្លូនឧទាហរណ៍ការដោះដូររវាងរុស្ស៊ី និងឥណ្ឌាដោយប្រើរូបិយប័ណ្ណ ប្រាក់រូពី ជាដើម។ ជាងនេះទៅទៀតសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់បំផុតរបស់BRICSគឺការបង្កើត ធនាគារ​អភិវឌ្ឍន៍​ថ្មី(NDB) និង Contingent Reserve Arrangement(CRA)ជាជម្រើសថ្មីមួយសម្រាប់ប្រទេសដែលជាសមាជិក។ ធនាគារ​អភិវឌ្ឍន៍​ថ្មី គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីដែលផ្តល់ប្រាក់កម្ចីសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទៅដល់សមាជិកBRICS និងប្រទេសកំពុង​អភិវឌ្ឍន៍ផ្សេងទៀត។ វាត្រូវបានបង្កើតឡើងដើម្បីឱ្យមានភាពបត់បែន និងឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិករបស់ខ្លួននិងមានលក្ខខណ្ឌតិចនិងងាយស្រួលជាង ធនាគារពិភពលោក និង IMF ។ ធនាគារ​អភិវឌ្ឍន៍​ថ្មី ក៏មានរចនាសម្ព័ន្ធដែលឱ្យសមាជិកនីមួយៗមានសិទ្ធិបោះឆ្នោតស្មើគ្នា។ ចំណែក CRA គឺជាមូលនិធិបំរុងដែលផ្តល់ទុនឬក៏ជាធនធានរយៈពេលខ្លីដល់បណ្តាប្រទេស BRICS ដែលកំពុងប្រឈមនឹងបញ្ហាតុល្យភាពនៃការទូទាត់។ វាបង្កើតឡើងដើម្បីជួយសមាជិក BRICS ជៀសវាងការស្វែងរកជំនួយពី IMF ។ ជាមួយគ្នានេះBRICSបានដើរតួនាទីយ៉ាងសំខាន់ក្នុងជំរុញពាណិជ្ជកម្មរវាង​ប្រទេសដែលជាសមាជិក ពិសេសសម្រាប់រុស្សីព្រោះBRICS បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចរុស្សីក្រោយពេលដែលរុស្សីទទួលទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច។

អនាគតរបស់ BRICS

មានទស្សនៈជាច្រើនចំពោះអនាគត របស់ BRICS ដែលមានទាំងទស្សនៈសុទិដ្ឋិនិយមនិងភាពស្រពិចស្រពិលចំពោះអនាគតរបស់ក្រុមប្រទេសនេះ។អ្នកវិភាគមួយចំនួនមានភាពសុទិដ្ឋិនិយចំពោះ BRICSដែល BRICSនៅពេលអនាគតអាចសហការគ្នាកាន់តែច្រើនឡើង ដូចជាបដិដុល្លារនីយកម្ម(dedollarization) ការពង្រីកសមាជិកឱ្យកាន់តែមានចំនួនច្រើន ការបង្កើនសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ និងស្វែងរកចំណុចរួមគ្នាក្នុងការដោះស្រាយបញ្ហាពិភពលោក ជាពិសេសបញ្ហារបស់ប្រទេសកំពុងអភិវឌ្ឍន៍។​ លើសពីនោះ BRICS នឹងមានឥទ្ធិពលនយោបាយបន្ថែមទៀត ដោយសារតែការបន្ថែមសមាជិកថ្មី ជាពិសេសប្រទេសផលិតប្រេងសំខាន់ៗ ដូចជា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ ជាដើម។

ចំណែកឯអ្នកវិភាគមួយចំនួនមានភាពស្រពិចស្រពិលនិងការសង្ស័យចំពោះអនាគតរបស់​ BRICS​ ដោយសារសមាជិកBRICSទាំងអស់មានលក្ខណៈខុសគ្នាជាច្រើនដូចជាទាំងប្រព័ន្ធនយោបាយ គោលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងសមាជិកនីមួយៗមានការលំបាក។ ម៉្យាងវិញទៀតរដ្ឋសមាជិកខ្លះក៏មានជម្លោះរវាងគ្នានិងគ្នាដែលមិនទាន់បានដោះស្រាយផងដែរ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែមានភាពលំបាករវាងសមាជិក ក្នុងBRICS។ ឧទាហរណ៍ដូចជាជម្លោះព្រំដែនរវាងឥណ្ឌា និងចិន ជម្លោះរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតជាដើម។ ជាពិសេសសមាជិកនីមួយៗមានចក្ខុវិស័យខុសគ្នា តាមការវិភាគមួយចំនួនរបស់អ្នកជំនាញ ប្រទេសមួយចំនួនដូចជាអ៊ីរ៉ង់ ចិន និងរុស្ស៊ីជាដើមចង់បាន BRICS ជាជម្រើសជំនួសស្ថាប័នលោកខាងលិចដូចជា G7 ប៉ុន្តែផ្ទុយទៅវិញប្រទេសមួយចំនួនដូចជាឥណ្ឌាជាដើម ដែលមានទំនាក់ទំនងល្អជាមួយលោកខាងលិច ចង់ឱ្យBRICSដើរតួនាទីបំពេញបន្ថែមចំពោះស្ថាប័នលោកខាងលិចដូចជា IMF និង ធនាគារពិភពលោក ហើយ​ក៏​សហការ​ជាមួយ G7 ដើម្បី​ដោះស្រាយ​បញ្ហា​ពិភពលោកដូចជាបញ្ហាការបម្រែបម្រួលអាកាសធាតុជាដើម។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ វិបត្តិនៅមីយ៉ាន់ម៉ា១០០០ថ្ងៃក្រោយរដ្ឋប្រហារ

នៅចុងខែតុលាឆ្នាំ២០២៣នេះ មីយ៉ាន់ម៉ានឹងឈានចូលថ្ងៃទី១០០០របស់ខ្លួនក្រោយការធ្វើរដ្ឋប្រហាររបស់ឧត្តមសេនីយ៍យោធាមីនអ៊ុងឡាំង (Min Aung Hlaing)ប៉ុន្តែស្ថានភាពសង្គមសេដ្ឋកិច្ចនិងនយោបាយវិញ ត្រូវបានគេសង្កេតឃើញថានៅតែស្ថិតក្នុងស្ថានភាពមិនអំណោយផលនៅឡើយ ដោយរដ្ឋប្រហារនេះបាននាំឲ្យមានការខាតបង់ស្ទើរតែគ្រប់វិស័យទាំងក្នុងស្រុកនិងទាំងក្នុងកិច្ចការសហប្រតិបត្តិការអន្តរជាតិរបស់មីយ៉ាន់ម៉ា ជាឧទាហរណ៍របាយការណ៍ធនាគារអន្តរជាតិ World Bank​ ឆ្នាំ២០២២បានបង្ហាញថាលទ្ធផលក្រោយសម័យកូវីដ១៩ និង ផលវិបាកនៃរដ្ឋប្រហារបាន លុបបំបាត់ស្ទើរទាំងស្រុងនៃការកាត់បន្ថយអត្រាភាពក្រីក្រនៅមីយ៉ាន់ម៉ា ដោយក្នុងនោះមានប្រជាជនប្រមាណ៤០%រស់នៅក្រោមបន្ទាត់ក្រីក្រ។ ខណៈគ្រានេះវិញ ក្រោយពីកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំកំពូលអាស៊ានលើកទី៤៣យ៉ាងមមាញឹកដែលបានប្រព្រឹត្តឡើងនៅចាប់តាំងថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងមកនេះ  អាស៊ានបានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដោយក្នុងនោះក៏មាននូវការព្រមព្រៀងគ្នារវាងរដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ក្នុងការត្រួតពិនិត្យឡើងវិញនូវការអនុវត្តនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលជាឯកសារស្នូលរបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងវិបត្តិនៅមីយ៉ាន់ម៉ា ហើយថែមទាំងផ្អាកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានរបស់មីយ៉ាន់ក្នុងឆ្នាំ២០២៦ ដោយផ្ទេរទៅឲ្យប្រទេសហ្វីលីពីនជាអ្នករៀបចំធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៦ជំនួសវិញ។ អាស្រ័យដូចបានរៀបរាប់ខាងលើអត្ថបទនេះនឹងព្យាយាមផ្តល់នូវវិភាគទានមួយចំនួនទាក់ទងទៅនឹងស្ថានការណ៍បច្ចុប្បន្ននៅមីយ៉ាន់ម៉ា និង ពិនិត្យមើលថាតើអាស៊ានដែលជាអង្គការក្នុងតំបន់អាស៊ីអាគ្នេយ៍ អាចផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនបានយ៉ាងដូចម្តេចខ្លះនាពេលអនាគត?

វិវត្តភាពខ្លះៗនៃវិបត្តិនៅមីយ៉ាន់ម៉ា១០០០ថ្ងៃក្រោយរដ្ឋប្រហារ ១ កុម្ភៈ ២០២១

ជាក់ស្តែង ជាស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានប្រជាជនប្រមាណជាង១.៩លាននាក់បានបាត់បង់ទីលំនៅដោយសង្គ្រាមស៊ីវិលនេះ បើយោងតាមស្ថិតិពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ហើយមានប្រជាជនប្រមាន៧៥០០០០នាក់បានភៀសខ្លួនទៅជំរំជនភៀសខ្លួនបង់ក្លាដែស

ដែលបច្ចុប្បន្នជាជំរំជនភៀសខ្លួនធំជាងគេបំផុតក្នុងពិភពលោក នេះបើយោងតាមព័ត៌មានរបស់ Al Jazeera។  នេះជាបញ្ហាចោទដ៏ធំបំផុតដែលរដ្ឋាភិបាលដឹកនាំប្រទេសមីយ៉ាន់ម៉ា មិនថាជារដ្ឋាភិបាលរបបយោធា ឬ រដ្ឋាភិបាលកាន់អំណាចណាមួយឡើងកាន់អំណាចឡើយ រដ្ឋាភិបាលនោះត្រូវតែមានការគិតគូរយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះយ៉ាងខ្ពស់បំផុតដើម្បីស្វែងរកស្ថិរភាព ជូនប្រជាជន ដែលជាកកាតាលីករដ៏សំខាន់ មុននឹងមីយ៉ាន់ម៉ាអាចឈានទៅដល់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និង បរិយាបន្នបាន។ ​កត្តានយោបាយផ្ទៃក្នុងដែលធ្វើឲ្យរដ្ឋាភិបាលយោធាលោក មីន អ៊ុងឡាំង ពិបាកគ្រប់គ្រងស្ថានការណ៍នោះគឺ កត្តាភាពស្មោះត្រង់នៅក្នុងជួរដឹកនាំរបស់ខ្លួន។ ជាទឡ្ហីករណ៍ ក្រុមប្រឹក្សារដ្ឋបាលរបស់មីយ៉ាន់ម៉ាដែលមានលោកមីនអ៊ុងឡាំងជាប្រធាននេះបានបញ្ឈប់សមាជិកប្រមាណ១៥នាក់ចាប់ពីថ្ងៃរដ្ឋប្រហារមកដោយក្នុងនោះមាន៣នាក់ជាឧត្តមសេនីយ៍យោធា ក្នុង៣រូបនោះត្រូវបានគេបណ្តេញដោយមូលហេតុប្រព្រឹត្តអំពើពុករលួយ។ ម្យ៉ាងវិញទៀតការវិនិយោគទុនបរទេសនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះប្រមាណ៦០%នាឆ្នាំ២០២៣ រីឯតម្លៃថាមពលអគ្គិសនីបានកើនឡើងរហូតដល់៣ដង នេះបើយោងតាមកាសែតព័ត៌មានThe Irrawaddy។ វាជាកត្តារួមចំណែកដ៏សំខាន់មួយដែលនាំឲ្យធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍ថាសេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងកើនឡើងត្រឹមប្រមាណ២.៦%ប៉ុណ្ណោះ ពោលគឺទាបជាងគេបំផុតក្នុងតំបន់ ស្របពេលដែលអតិផរណាក្នុងឆ្នាំ២០២៣នេះត្រូវបានគេព្យាករណ៍ថាមានកម្រិត៨.៥% ពោលគឺខ្ពស់ជាងគេនៅក្នុងតំបន់។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើក្រសួងការពារជាតិនិងធនាគារពីររបស់មីយ៉ាន់ម៉ាខែមិថុនាកន្លងទៅផងដែរ ដោយសហរដ្ឋអាមេរិកបានអះអាងថារដ្ឋាភិបាលមីយ៉ាន់ម៉ាបានបញ្ជាទិញសព្វាវុធមានតម្លៃសរុបយ៉ាងតិច១ពាន់លានដុល្លារចាប់តាំងពីថ្ងៃរដ្ឋប្រហារ។

អាស៊ាននិងវិបត្តិមីយ៉ាន់ម៉ា

មកទល់ពេលនេះអាស៊ានបានផ្លាស់ប្តូរម្ចាស់ផ្ទះចំនួន៣លើកទៅហើយក្នុងនោះរួមមានការផ្លាស់ប្តូរពីប្រ៊ុយណេ ទៅ កម្ពុជា ពី​ កម្ពុជា ទៅ ឥណ្ឌូនេស៊ី និង ពីឥណ្ឌូនេស៊ី ទៅ ឡាវកាលពីខែកញ្ញាកន្លងទៅនេះ។ ប៉ុន្តែសកម្មភាពនិងវិធានការរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាវិបត្តិក្នុងមីយ៉ាន់ម៉ា ហាក់ដូចជាមិនអាចមានការបញ្ឈប់ការប្រើប្រាស់សព្វាវុធដើម្បីផលប្រយោជន៍នយោបាយនៅក្នុងមីយ៉ាន់ម៉ានោះឡើយ ដោយម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានទាំង៣កន្លងមកដែលក្នុងនោះរួមមាន ប្រ៊ុយណេ កម្ពុជា និង ឥណ្ឌូនេស៊ី បានព្យាយាមអស់ពីលទ្ធភាពរបស់ខ្លួនផងដែរ។ ជាក់ស្តែងប្រទេសទាំង៣ខាងលើ និង សមាជិកទាំង៦ទៀត បានសម្រេចសមិទ្ធផលវិជ្ជមានមួយចំនួនរួមមាន កាលពីប្រទេសប្រ៊ុយណេធ្វើជាម្ចាសផ្ទះ អាស៊ានបានសម្រេចផ្អាកសិទ្ធិរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនឲ្យចូលរួមកិច្ចប្រជុំកំពូលៗជាបណ្តោះអាសន្ន ដោយតម្រូវឲ្យជំនួសមកវិញនូវអ្នកតំណាងដែលមិនមែននយោបាយ។ រីឯកម្ពុជាវិញក៏មានសមិទ្ធផលច្រើនគួរឲ្យកត់សម្គាល់ផងដែរ ក្នុងនោះសមិទ្ធផលដែលសំខាន់ជាងគេគឺការចរចាគ្នារវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយ លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង និង អង្គការប្រដាប់អាវុធ ជនជាតិភាគតិចមីយ៉ាន់ម៉ា។ ចំណែកឯ សមិទ្ធផលសំខាន់ៗរបស់អាស៊ាននៅក្រោមម្ចាស់ផ្ទះឥណ្ឌូនេស៊ីវិញរួមមាន ការបង្កើតការិយាល័យប្រេសិតពិសេសអាស៊ានសម្រាប់បញ្ហាមីយ៉ាន់ម៉ា  ការសម្រេចចិត្តត្រួតពិនិត្យឡើងវិញនូវវិធីសាស្ត្ររបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហានយោបាយមីយ៉ាន់ម៉ា និង ការផ្អាកសិទ្ធិធ្វើជាម្ចាស់ផ្ទះរបស់មីយ៉ាន់ម៉ាក្នុងឆ្នាំ២០២៦ខាងមុខនេះបណ្តោះអាសន្នសិន។

ជាចំណុចចាប់ផ្តើមអាស៊ានគួរព្យាយាមកោះហៅ (Convene) ភាគីពាក់ព័ន្ធទាំងក្នុងតំបន់និង លើឆាកអន្តរជាតិឲ្យបន្តស្វែងរកនូវដំណោះស្រាយសមស្របមួយដែលឲ្យតម្លៃទៅលើអាយុជីវិតប្រជាជនស្លូតត្រង់ភូមា។ បន្ថែមពីនេះ អាស៊ានគួរចាប់ផ្តើមដោយការស្វែងរកចំណុចរួមគ្នាមួយក្នុងរឿងសំខាន់ៗមួយចំនួនរួមមាន  អាស៊ានគួរស្រុះស្រួលគ្នាលើ រឿងប្រេសិតពិសេសជាមុនសិន ជាក់ស្តែងប្រទេសប្រធានអាស៊ានតែងមានប្រេសិតពិសេសម្នាក់រៀងៗខ្លួន ដែលវាអូសបន្លាយពេលវេលាធ្វើការរបស់អាស៊ាន ដោយហេតុនេះអាស៊ានគួរបង្កើតជាក្រុមការងារ (High Level Task Force) មួយដែលមានតំណាងសមាជិកអាស៊ាននីមួយៗរួមគ្នាដោះស្រាយបញ្ហានេះដោយផ្ទាល់ ដោយមិនចាំបាច់មានប្រធានអាស៊ានដឹកមុខនោះទេ។ អាស៊ានគួរគិតគូផ្លាស់ប្តូរវិធីនិងឥរិយាបថខ្លួនក្នុងការសម្របសម្រួលរបស់ខ្លួនក្នុងបញ្ហានយោបាយនេះ ដោយមូលហេតុគោលការណ៍កុងសង់ស៊ីសទាំងប្រាំដែលបានដាក់ចេញដោយអាស៊ានមានលក្ខណៈច្រំដែល និង មិនមានគោលដៅឬការកំណត់ពេលវេលាណាដើម្បីសម្រេចគោលការណ៍ទាំងប្រាំនេះច្បាស់លាស់ឡើយ ផ្ទុយទៅវិញគោលការណ៍កុងសង់ស៊ីសទាំងប្រាំនេះមិនមាននូវវិធានការដាក់សម្ពាធភាគីពាក់ព័ន្ធឲ្យគោរពធ្វើតាមទាល់តែសោះ។ ជាមួយគ្នានេះដែរអាស៊ានក៏គួរពិភាក្សាស្វែងរកចំណុចរួមមួយក្នុងករណីថាតើកិច្ចប្រជុំកំពូលៗអាស៊ានគួរមានវត្តមានលោកមីន អ៊ុងឡាំង និងរដ្ឋាភិបាលលោកដែរឬទេ ស្របពេលដែលសមាជិកអាស៊ានមួយចំនួននៅតំបន់មេគង្គចង់ឲ្យមានវត្តមានលោកមីន អ៊ុងឡាំងចូលមកចរចា ពោលគឺប្រហែលមកពីមូលហេតុថា របបយោធាដឹកនាំដោយលោកមីន អ៊ុងឡាំងផ្ទាល់នេះជាផ្នែកមួយនៃអស្ថិរភាពនៅមីយ៉ាន់ម៉ា ប្រសិនបើមិនចរចរជាមួយពួកយោធា តើគួរចរចាជាមួយអ្នកណា? ម៉្យាងវិញទៀតលោកមីន អ៊ុងឡាំងគឺជាបុគ្គលដែលមានឥទ្ធិពលបំផុតនៅមីយ៉ាន់ម៉ាបចុប្បន្ននេះ ដូច្នេះវាពិតជាត្រឹមត្រូវណាស់ថា កិច្ចប្រជុំកំពូលៗអាស៊ានគួរមានវត្តមានលោក។ ចំណែកឯសមាជិកអាស៊ានផ្សេងទៀតហាក់មានជំហរផ្ទុយពីនេះ ប្រទេសដូចជាឥណ្ឌូនេស៊ី និង ម៉ាឡេស៊ីជាដើម ប្រហែលគិតថា លោកមីន អ៊ុងឡាំង ជាជនបង្កឲ្យមានអស្ថេរភាពកើតឡើង ហើយប្រសិនបើផ្តល់សិទ្ធិឲ្យលោកចូលប្រជុំនោះហាក់បីដូចជាទទួលស្គាល់របបសឹកដែលជាដើមហេតុនៃការសម្លាប់មនុស្សជាច្រើនពាន់នាក់។ ហើយប្រសិនបើអាស៊ានហ៊ានឲ្យលោកចូលចរចារក្នុងរង្វង់អាស៊ាន នោះអាស៊ាននឹងត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកផ្ទាល់តែម្តង ដែលវាអាចធ្វើឲ្យប៉ះពាល់ប្រយោជន៍ផ្ទាល់ខ្លួលរបស់សមាជិកអាស៊ាននីមួយៗទៀតផង។ ជាចុងក្រោយក៏គួរពិចារណាឡើងវិញលើការផ្អាកសមាជិកភាពអាស៊ានរបស់មីយ៉ាន់ម៉ាជាបណ្តោះអាសន្នសិន ព្រោះនាបច្ចុប្បន្នមីយ៉ាន់ម៉ាមានភាពងាយស្រួលក្នុងការលូកដៃចូលកិច្ចការផ្ទៃក្នុងដោយបរទេស (Prone to foreign intervention) មិនថារដ្ឋាភិបាលរបបយោធា ឬ រដ្ឋាភិបាលស៊ីវិលឡើងកាន់អំណាចនោះទេពោលគឺ កំពុងត្រូវការជំនួយបរទេសយ៉ាងខ្លាំងដែលវាអាចទាញប្រទេសនេះឲ្យធ្លាក់ចូលក្តារអុកប្រកួតប្រជែងអនុត្តរភាពមហាអំណាចផងដែរ។

សរុបសេចក្តីមកការលើកឡើងមួយចំនួនខាងលើនេះសុទ្ធសឹងតែជាវិធានការដែលអាស៊ាន ដែលជាអង្គការអន្តររដ្ធាភិបាលនៅក្នុងតំបន់គួរគិតគូរពិចារណាអនុវត្តប៉ុន្តែយើងក៏មិនអាចខ្វះបាននូវកត្តាសំខាន់ជាងគេមួយទៀតក្នុងការដោះបញ្ហាដ៏ស្មុគស្មាញនៅមីយ៉ាន់ម៉ានោះគឺស្ថិតនៅលើ ឆន្ទៈនយោបាយ របស់ភាគីពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ាផ្ទាល់។

កម្មវិធីថង់ប្រាជ្ញា៖ ការចូលជាសមាជិកក្នុង G20 របស់សហភាពអាហ្វ្រ៊ិក (The African Union Road to G20)

ការចូលជាសមាជិករបស់សហភាពអាហ្រ្វ៊ិក(AU) ទៅក្នុងក្រុមប្រទេសទាំងម្ភៃ (G20)  គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការទទួលស្គាល់ទ្វីបអាហ្វ្រ៊ិកជាកម្លាំងសកល (Global Power) ថ្មីមួយនៃពិភពលោក។ មុនពេលចូលជាសមាជិករបស់ G20 សហភាពអាហ្រ្វ៊ិកបានប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងទ្វីបរបស់ខ្លួន រួមមានអស្ថិរភាពនយោបាយ វិសមភាពសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុជាដើម។ ទោះជាយ៉ាងណាក៏ដោយ ការចូលជាសមាជិករបស់សហភាពអាហ្រ្វ៊ិកត្រូវបានព្យាយាមតាំងពីពេលធ្វើជាដៃគូសហការជាមួយនឹង G20 (African Union and G20 Partnership) នៅក្នុងឆ្នាំ ២០១៧ នៅពេលដែលប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះនៃវេទិកានោះ។ នៅក្នុងអត្ថបទនេះ យើងនឹងបកស្រាយបន្ថែមអំពី G20 ទំនាក់ទំនងរបស់សហភាពអាហ្រ្វ៊ិកនិង G20 និងការចូលជាសមាជិករបស់សហភាពអាហ្រ្វ៊ិកទៅក្នុង G20។

អំពី G20

G20 គឺជាវេទិកាអន្តរជាតិដែលមានប្រទេសចំនួន ១៩ បូករួមទាំងសហភាពអឺរ៉ុប (EU) មួយបន្ថែមទៀតដែលតំណាងឱ្យប្រទេសសេដ្ឋកិច្ចសំខាន់ៗរបស់ពិភពលោក។ G20 បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ ដោយមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្ថិរភាពពិភពលោក។ សមាជិក G20 រួមមានប្រទេស អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ម៉ិកស៊ិក រុស្ស៊ី អារ៉ាប៊ីសាអូឌីត អាហ្រ្វ៊ិកខាងត្បូង កូរ៉េខាងត្បូង តួកគី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។ សហភាពអឺរ៉ុបតំណាងដោយក្រុមប្រឹក្សាអឺរ៉ុប និងធនាគារកណ្តាលអឺរ៉ុបក៏ជាសមាជិកនៃ G20 ដែរ។

គោលបំណងចម្បងរបស់ G20 គឺការធ្វើកិច្ចពិភាក្សា និងសម្របសម្រួលគោលនយោបាយទាក់ទងនឹងស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ និងកំណើនសេដ្ឋកិច្ច។ G20 ដើរតួជាវេទិកាសម្រាប់ដោះស្រាយបញ្ហាប្រឈមនឹងសេដ្ឋកិច្ចសកល លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងជំរុញកិច្ចពិភាក្សា (dailogue) ក្នុងចំណោមសមាជិករបស់ខ្លួន។ ក្រុមប្រទេស ២០ ក៏តែងតែរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលមានការចូលរួមពីសំណាក់មេដឹកនាំមកពីប្រទេសជាសមាជិក ដើម្បីធ្វើកិច្ចពិភាក្សា និងធ្វើសេចក្តីសម្រេចលើគោលនយោបាយអ្វីមួយ។

លើសពីនេះទៀតការប្រជុំថ្នាក់រដ្ឋមន្ត្រី និងក្រុមមន្រ្តីបច្ចេកទេសផ្សេងៗ ក៏បានធ្វើឡើងដើម្បីដោះស្រាយបញ្ហាជាក់លាក់ណាមួយ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល។ របៀបវារៈ G20 គ្របដណ្តប់លើប្រធានបទទាក់ទងនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើន រួមទាំងការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ការងារ ថាមពល ការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចឌីជីថល បទបញ្ជាហិរញ្ញវត្ថុ និងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយ។

ទំនាក់ទំនងរបស់សហភាពអាហ្រ្វ៊ិកនិង G20

ការសហការ G20 និងសហភាពអាហ្រ្វ៊ិក (African Union-G20 Partnership) បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៧ នៅពេលប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 មកម្ល៉េះ។ កិច្ចសហការនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិក G20 និងបណ្តាប្រទេសអាហ្វ្រ៊ិក ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ និងជំរុញនូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅអាហ្វ្រ៊ិក។ ភាពជាដៃគូនេះបានផ្តោតលើវិស័យដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ ការបង្កើតការងារ ឧស្សាហូបនីយកម្ម និងការកសាងសមត្ថភាព។ ក្នុងនាមជាអង្គការប្រចាំទ្វីបតំណាងឱ្យបណ្តាប្រទេសនៅអាហ្វ្រ៊ិក សហភាពអាហ្រ្វ៊ិកនេះបានចូលរួមយ៉ាងសកម្មនៅក្នុង African Union-G20 Partnership។ អង្គការនេះបានចូលរួមក្នុងការពិភាក្សា និងការចរចាជាមួយសមាជិក G20 ប្រទេសម្ចាស់ផ្ទះ G20 និងអង្គការអន្តរជាតិពាក់ព័ន្ធ ដែលបានផ្តល់ជាទស្សនៈ ដើម្បីជួយរៀបចំរបៀបវារៈនៃភាពជាដៃគូផ្សេងៗ។

ភាពជាដៃគូរបស់ G20 ក៏មានគោលបំណងគាំទ្រប្រទេសក្នុងទ្វីបអាហ្វ្រ៊ិកក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍដោយបានបង្កើតគំនិតផ្តួចផ្តើមដូចជាការបង្រួមជាមួយអាហ្រ្វ៊ិក (Compact with Africa) ជាដើម។ CwA បានធ្វើការវិនិយោគឯកជន កំណែទម្រង់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងបណ្តាប្រទេសនៅទ្វីបអាហ្វ្រ៊ិក។ CwA ក៏បានដើរតួនាទីជាវេទិកាសម្រាប់កិច្ចសន្ទនារវាងប្រទេសនៅទ្វីបអាហ្វ្រ៊ិក និងសមាជិក G20 ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងៗជាច្រើន។

តាមរយៈភាពជាដៃគូជាមួយ G20 នេះ សហភាពអាហ្រ្វ៊ិកបានស្វែងរកដំណោះស្រាយអាទិភាពនៅអាហ្វ្រ៊ិកសំខាន់ៗនៅក្នុងក្របខណ្ឌ G20 ដែលរួមបញ្ចូលទាំងការតស៊ូមតិសម្រាប់ការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ការបង្កើតការងារ និងការអភិវឌ្ឍជំនាញ ការលើកកម្ពស់ពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សុខភាព និងសមភាពយេនឌ័រ។

ការចូលជាសមាជិករបស់សហភាពអាហ្រ្វ៊ិកទៅក្នុង G20

នៅថ្ងៃទី ៩ ខែកញ្ញា សហភាពអាហ្វ្រ៊ិកបានចូលជាសមាជិកពេញសិទ្ធិរបស់វេទិកា G20។ ការចូលជាសមាជិកនេះត្រូវបានយល់ព្រមដោយសមាជិក G20 តាមរយៈការសម្រេចចិត្តតាមគោលការណ៍កូសង់ស៊ីស ក្រោមការរៀបចំជាម្ចាស់ផ្ទះរបស់ប្រទេសឥណ្ឌានៅក្នុងកិច្ចប្រជុំនៅ កំពូលនៅទីក្រុងញូវដេលី (New Delhi Summit)។ គួរឱ្យដឹងផងដែរថា កិច្ចប្រជុំ G20 នៅក្នុងឆ្នាំ ២០២៣ មានការអវត្តមានពីមេដឹកនាំប្រទេសចិន និងប្រទេសរុស្សី។ ប៉ុន្តែការសម្រេចចិត្តក្នុងការទទួលស្គាល់ សហភាពអាហ្រ្វ៊ិក ឱ្យចូលជាសមាជិកមិនមានការខកខានឡើយ ដោយសារតែប្រទេសចិន និងប្រទេសរុស្សីក៏បានបញ្ជូនតំណាងមកចូលរួមដើម្បីបោះឆ្នោតសម្រេចជំនួសផងដែរ។ ការចូលជាសមាជិកនេះគឺជាជំហានដ៏ធំក្នុងការផ្តល់សំឡេងដល់ប្រទេសក្នុងសហភាពអាហ្រ្វ៊ិក ដោយសារតែកន្លងមកមានតែប្រទេសអាហ្វ្រ៊ិកខាងត្បូងប៉ុណ្ណោះដែលជាសមាជិកនៃ G20។

យ៉ាងណាក៏ដោយ យោងតាមសារព័ត៌មាន Voice of Africa លោក រ៉ូបឺត បេស្លុង (Robert Besseling) នាយកប្រតិបត្តិនៃក្រុមហ៊ុនស៊ើបការណ៍ពិសេស Pangea-Risk បាននិយាយថាការចូលជាសមាជិករបស់សហភាពអាហ្វ្រ៊ិកនឹងមិនមានន័យអ្វីឡើយ បើសិនជាសហភាពអាហ្វ្រ៊ិកមិនអាចគ្រប់គ្រងនូវរដ្ឋប្រហារយោធាក្នុងស្រុក និងដំណើរការបោះឆ្នោតផ្សេងៗ។ ប៉ុន្តែជាមួយនឹងសំឡេង រួមទាំងការទទួលស្គាល់ពីសំណាក់បណ្តាប្រទេសសេដ្ឋកិច្ចសំខាន់ៗ សហភាពអាហ្វ្រ៊ិកក៏អាចប្រើប្រាស់សំឡេងនេះជាប្រយោជន៍ក្នុងការសម្រេចកិច្ចការរួមជាមួយបណ្តាក្រុមប្រទេស G20។

វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាប្រទេសជប៉ុនព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនៅ ទោះបីជាមានបរិត្តផរណា?

ប្រទេសជប៉ុន ត្រូវបានទទួលស្គាល់ជាប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារសង្គមអភិវឌ្ឍន៍ និងជឿនលឿន ដែលជារឿយៗគេហៅថាជាគំរូអាស៊ីបូព៌ា (East Asian Model) និងជាប្រទេសសេដ្ឋកិច្ចធំជាងគេទីបីក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចិន។​ យ៉ាងណាមិញ ប្រទេសជប៉ុនបែរជាប្រទេសដែលមានអត្រាការប្រាក់អវិជ្ជមាន និងជួបប្រទះបរិត្តផរណា ប៉ុន្តែប្រទេសជប៉ុននៅតែជឿជាក់ថានឹងមានកំណើនសេដ្ឋកិច្ចនាឆ្នាំ ២០២៣ និង ២០២៤។​

អត្រាការប្រាក់អវិជ្ជមាន និងបរិត្តផរណានៃប្រទេសជប៉ុន

ធនាគារកណ្តាលជប៉ុន (Bank of Japan – BOJ) បានណែនាំគោលនយោបាយអត្រាការប្រាក់អវិជ្ជមានដែលជាផ្នែកមួយនៃកម្មវិធីបន្ធូរបន្ថយរូបិយវត្ថុបរិមាណ និងគុណភាព (Quantitative and Qualitative Monetary Easing – QQE) នៅក្នុងខែមករា ឆ្នាំ ២០១៦។ ក្រោមគោលនយោបាយនេះ ធនាគារកណ្តាលជប៉ុន (Bank of Japan – BOJ) គិតអត្រាការប្រាក់អវិជ្ជមាន -​០,១%។ គោល​ដៅ​នៃ​គោល​នយោបាយ​នេះ​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ធនាគារ​ឱ្យ​ផ្តល់​ប្រាក់​កម្ចី​បន្ថែម​ទៀត​ដល់​អាជីវកម្ម និង​គ្រួសារ ដោយ​ហេតុ​នេះ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​អតិផរណា។

ផ្ទុយមកវិញ អ្វីដែលរដ្ឋាភិបាលជប៉ុនរំពឹងនឹងអាចមានកំណើនសេដ្ឋកិច្ចបែរជាផ្ទុយពីផែនការ និងគោលបំណងនៃអត្រាការប្រាក់អវិជ្ជមានទៅវិញ។ បើយោងតាម ​Bloomberg ចំនួនប្រជាជនវ័យចំណាស់ និងការធ្លាក់ចុះរបស់ប្រទេសជប៉ុនគឺនៅពីបង្កនូវការធ្លាក់ចុះនៃតម្រូវការរបស់អ្នកប្រើប្រាស់ ដែលនាំឱ្យមានបរិត្តផរណា។ ម្យ៉ាងវិញទៀត ដោយសារអត្រាការប្រាក់អវិជ្ជមាន ជនជាតិជប៉ុនដែលមានវ័យចំណាស់បែរធ្វើការសន្សំច្រើន និងមានការចំណាយតិច។ ចំណែក ក្រុមហ៊ុនជប៉ុនក៏ជា “អ្នកសន្សំជាប់លាប់ (Persistent Savers)” ផងដែរ។

កត្តានៃកំណើនសេដ្ឋកិច្ចជប៉ុនឆ្នាំ ២០២៣ និង ២០២៤ ទោះជាប្រទេសមានអត្រាការប្រាក់អវិជ្ជមាន និងបរិត្តផរណា

ប្រទេសជប៉ុនបានរំពឹងនូវការលូតលាស់ផ្នែកសេដ្ឋកិច្ចប្រមាណ ១,៣% ក្នុងឆ្នាំ ២០២៣ និង​ ១,១%​ ក្នុងឆ្នាំ ២០២៤ ទោះជាប្រទេសជប៉ុនស្ថិតក្នុងសភាពនៃអត្រាការប្រាក់អវិជ្ជមាន និង​បរិត្តផរណា។ បើយោងទៅតាមរដ្ឋាភិបាលជប៉ុន និងសេដ្ឋវិទូមួយចំនួនយល់ឃើញថាកំណើននេះអាចកើតមានឡើងក៏ដោយសារគោលដៅសេដ្ឋកិច្ចរបស់រដ្ឋាភិបាលជប៉ុនទាក់ទងទៅនឹងអត្រាការប្រាក់ និងកំណើននៃតម្រូវការរបស់ប្រជាជនជប៉ុន។​​

នៅក្នុងខែមេសា សង្កេតឃើញថាអតិផរណានៅប្រទេសជប៉ុនបានកើនឡើងខ្ពស់ បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន។ បើមិនរាប់បញ្ចូលអាហារ និងថាមពល សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ទីក្រុងតូក្យូបានកើនឡើង ២,៣% នៅក្នុងខែមេសាដែលមានការកើនបន្តិចពីលើគោលដៅអតិផរណារបស់ធនាគារកណ្តាលប្រហែល ២%។ អតិផរណានៅទីក្រុងតូក្យូគឺជាសូចនាករឈានមុខគេនៃនិន្នាការទូទាំងប្រទេស។ ជាលទ្ធផល​ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (Consumer Price Index – CPI)នៅក្នុងប្រទេសជប៉ុនបានកើនឡើង ៣,៥% នៅក្នុងខែមេសា ដែលលើសពីការព្យាករណ៍។ តួលេខនេះក៏ខ្ពស់ជាងពីខែមិនាប្រមាណ ៣,២% ក្នុងខែមីនាបន្តិចដែរ។ គួរដឹងដែរថា កំណើននៃអតិផរណានៅក្នុងកម្រិតប្រមាណ ២% ឬ​ ៣% គឺជាកម្រិតមួយដែលល្អនឹងអាចបង្ហាញពីការរីកចម្រើននៃសេដ្ឋកិច្ចជប៉ុនផងដែរ។ ហេតុដូច្នេះ ការកើនឡើងនៃអតិផរណា និងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់សរបញ្ជាក់ពីការកើនឡើងនៃតម្រូវការរបស់ប្រជាជនជប៉ុន ជាពិសេសជប៉ុនអាចនឹងរួចផុតពីបរិត្តផរណា។

យ៉ាងណាមិញ ចំណែកអត្រាការប្រាក់ បើយោងតាមសេចក្តីថ្លែងការណ៍គោលនយោបាយបន្ទាប់ពីកិច្ចប្រជុំខែកញ្ញារបស់ខ្លួន ធនាគារកណ្តាលជប៉ុនបានបញ្ជាក់ថាខ្លួននឹងរក្សាអត្រាការប្រាក់រយៈពេលខ្លីនៅដក ០,១% សិនដោយសារ​តែភាពមិនច្បាស់លាស់នៃផ្នែកសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុក្នុងប្រទេស និងក្រៅប្រទេស។ ហេតុនេះ ធនាគារជប៉ុននឹងបន្តអត្រាការប្រាក់អវិជ្ជមាននេះសិន ខណៈដែលជប៉ុនក៏កំពុងនឹងឆ្លើយតបយ៉ាងរហ័សទៅនឹងការអភិវឌ្ឍន៍នៃសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសរបស់ខ្លួនផងដែរ។

អាស្រ័យហេតុនេះ ទោះជាអត្រាការប្រាក់នៅតែអវិជ្ជមានដូចសព្វដងក៏ធនាគារកណ្តាលព្យាករថាអតិផរណាសម្រាប់ទំនិញទាំងអស់ដែលមិនរាប់បញ្ចូលអាហារ និងថាមពលនឹងមានប្រហែល ២,៥% នៃសារពើពន្ធ (Fiscal) ឆ្នាំ២០២៣ និងចន្លោះពី ១,៥% ទៅ ២% សម្រាប់ឆ្នាំ ២០២៤ និង​ ២០២៥។ នេះសរបញ្ជាក់ថារដ្ឋាភិបានជប៉ុននៅតែជឿលើអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួនដែលនឹងនាំនូវការកើនឡើងនៃតម្រូវការរបស់ប្រជាជនជប៉ុន។

មិនត្រឹមតែប៉ុណ្ណោះ ធនាគារកណ្តាលជប៉ុនផ្ទាល់ជឿជាក់លើការរំពឹងនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួនក៏ដោយសារតែ ពួកគេជឿជាក់លើការធ្វើពាណិជ្ជកម្មសេរី និងទូលំទូលាយដែលនាំមកនូវភាពបត់បែន ដែលអនុញ្ញាតឱ្យទីផ្សារមូលបត្របំណុលដំណើរការកាន់តែប្រសើរឡើង។ ម្យ៉ាងវិញទៀត សេដ្ឋវិទូចំនួន ១៣ នាក់ក្នុងចំណោម ២៥ នាក់ ឬ ៥២% ប៉ាន់ប្រមាណថានៅឆ្នាំក្រោយ ធនាគារកណ្តាលជប៉ុននឹងបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួនដែលបានកំណត់អត្រាប្រាក់បញ្ញើរយៈពេលខ្លីរបស់ប្រទេសជប៉ុនដល់ដក ០,១% ក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមក។ ដូច្នេះ សេដ្ឋវិទូភាគច្រើនបានរំពឹងថាធនាគារជប៉ុនកែប្រែគោលនយោបាយអត្រាការប្រាក់អវិជ្ជមាននេះនាឆ្នាំក្រោយ។

ជារួមមក ទោះជារដ្ឋាភិបាល និងធនាគារកណ្ដាលជប៉ុនមានគោលនយោយបាយ​អត្រាការប្រាក់អវិជ្ជមានក៏ដោយ  ពួកគេនៅតែជឿជាក់ថាស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នជាពេលដ៏ប្រសើរដែលគោលនយោបាយពួកគេនឹងមានប្រសិទ្ធភាពដែលអាចជួយបង្កើនសេដ្ឋកិច្ចតាមកំណើននៃតម្រូវការរបស់ប្រជាជនជប៉ុន។ ហេតុនេះបានជាសង្កេតឃើញមានការកើនឡើងនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ និងអតិផរណានៅកម្រិតមួយដែលល្អសម្រាប់សេដ្ឋកិច្ចប៉ុន្មានខែនេះផងដែរ។ ពួកយើងអាចសន្មតថាទោះជាជប៉ុនមានអត្រាការប្រាក់អវិជ្ជមាន និងបរិត្តផរណាក៏ដោយ ពោលសង្កេតឃើញការរីកចម្រើននៃបរិត្តផរណាទៅជាអតិផរណាដែលស្ថិតនៅចន្លោះពី ២% ទៅ ៣% ជាពិសេសតម្រូវការរបស់ប្រជាជនជប៉ុនក៏មានការកើនឡើងបើធៀបទៅនឹងពេលដើមឡើយដែលជប៉ុនទើបតែដាក់គោលនយោបាយអត្រាការប្រាក់អវិជ្ជមាននេះទៀតសោត។​