"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ជម្លោះរវាង ប្រទេសតួកគី និង ក្រុមឃឺដ

ការក្រោកប្រឆាំងដើម្បីទាមទារឯករាជ្យរបស់ក្រុមជាតិសាសន៍មួយដើម្បីទទួលបានឯករាជ្យ តែងតែកើតមានឡើងនៅក្នុងពិភពលោក។ ការប្រឆាំងនេះដែរក៏អាចបង្កទៅជាជម្លោះរវាងក្រុមជាតិសាសន៍នោះនឹងរដ្ឋាភិបាលនៅក្នុងប្រទេសដែលគេរស់នៅ ដែលពិបាកនឹងឈានទៅរកការដោះស្រាយដោយសន្តិវិធី ហើយក៏អាចបង្កើតទៅជាសង្រ្គាមស៊ីវិលផងដែរ។ ដូចគ្នានេះដែរ នៅក្នុងតំបន់មជ្ឃិមបូពា៍មានក្រុមជាតិសាសន៍មួយដែលមានឈ្មោះថា «ឃឺដ»(Kurds) ដែលជាជាតិសាន៍មួយដែលមានចំនួនប្រជាជនច្រើនជាងគេក្នុងតំបន់ ក៏ដូចជាធ្លាប់មានជម្លោះជាមួយបណ្តាប្រទេសនៅតំបន់នោះពិសេសគឺជាមួយនឹងប្រទេសតួកគីដោយសារពួកគេមានគោលបំណងក្នុងការបំបែកខ្លួនធ្វើជារដ្ឋឯករាជ្យមួយ។ ថ្ងៃនេះយើងនឹងមកធ្វើការសិក្សារឱ្យបាន កាន់តែស៊ីជម្រៅអំពីការរើបំរះរបស់ជនជាតិ ឃឺដ និងការតស៊ូដើម្បីបំបែកខ្លួនរបស់ពួកគេចេញពីប្រទេសតួកគី។

ដើម្បីយល់ច្បាល់អំពីបញ្ហាមួយនេះយើងត្រូវក្រលេកទៅមើលប្រវត្តិសាស្ត្ររបស់ប្រទេសតួកគីបន្តិចសិន។ បន្ទាប់សង្រ្គាមលោកលើកទី១ត្រូវបានបញ្ចប់ទៅ ក្នុងសន្ធិសញ្ញា Sevres (the Treaty of Sevres) ប្រទេសមហាអំណាចអង់គ្លេសនិងបារាំងដែលបានឈ្នះនៅក្នុងសង្គ្រាមនេះ បានលើកឡើងអំពីការបង្កើតព្រំដែនថ្មីរវាងបណ្តាលរដ្ឋនៅមជ្ឈិមបូព៌ា ហើយសន្យាថានឹងផ្តល់អធិបតេយ្យភាពនិងបង្កើតរដ្ឋដល់ជនជាតិ ឃឺត ប្រមាណជា៣០លាននាក់នេះ។ ទោះបីជា មានការសន្យាពីមហាអំណាច ធំៗទាំងពីរខាងលើក៏ដោយក៏គ្មាននរណានិយាយអំពីឯករាជ្យភាពសម្រាប់ជនជាតិឃឺដដែរ ដែលនេះជាបុព្វហេតុដែលធ្វើឱ្យក្រុមជាតិសាសន៍មួយនេះរស់នៅតាមបណ្តាលប្រទេសមួយចំនួនដូចជាតួកគី ស៊ីរី អ៊ីរ៉ាក់ និងអ៊ីរ៉ង់។

ទោះបីជាមានការបញ្ចូលជនជាតិឃឺដយ៉ាងច្រើនទៅក្នុងសង្គមតួកគីក៏ដោយ ក៏ពួកគេនៅតែមានការត្អូញត្អែរអំពីការគាបសង្កត់ការរើសអើងពីសំណាក់រដ្ឋាភិបាលតួកគីដដែល។ រដ្ឋាភិបាលរបស់តួកគីក៏មិនបានធ្វើការយកចិត្តទុកដាក់ផ្នែកសេដ្ឋកិច្ចនៃតំបន់ឃឺដនោះទេដែលធ្វើឱ្យពួកក្រុមជាតិសាសន៍មួយនេះមានការខឹងសម្បារយ៉ាងខ្លាំង។ នៅចុងទសវត្សរ៍ឆ្នាំ១៩៧០មានគណបក្សមួយបានលេចឡើងគឺគណបក្សពលករឃឺដ(PKK) ហើយបក្សនេះក៏បានប្រែក្លាយទៅជាក្រុមនយោបាយឃឺដដ៏លេចធ្លោបំផុតនៅក្នុងប្រទេសតួកគីដែលបង្កើតឡើងដោយលោក AbdullahOcalan។

ក្នុងឆ្នាំ១៩៨៤ពួកគេបានធ្វើការបះបោរប្រឆាំងនឹងអាជ្ញាធរតួកគីដើម្បីទទួលបាននូវសិទ្ធិខាងវប្បធម៌និងនយោបាយ រួមជាមួយនឹងគោលបំណងនៃការបង្កើតរដ្ឋឃឺដឯករាជ្យមួយ។ នៅឆ្នាំ១៩៨៤មានអ្នកវិភាគមួយចំនួនបានហៅក្រុមនេះថាជាក្រុមម៉ាក្សលេនីននិយមដែលបានចាប់ផ្តើមយុទ្ធនាការនៃការតស៊ូប្រដាប់អាវុធជាមួយនឹងរដ្ឋាភិបាលដោយសារតែខ្លួនបានទទួលរងនូវការគាប់សង្កត់និងការជិះជាន់ដទៃទៀត។ ជាលទ្ធផលក្នុងរយៈពេលដប់ប្រាំឆ្នាំបន្ទាប់មនុស្សជាង៤០០០០នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាដ៏សាហាវយង់ឃ្នង់មួយនេះ។

ក្រុមPKKដោយមានយុទ្ធជនប្រដាប់អាវុធ ចន្លោះពី ៥០០០ ទៅ ១០០០០ នាក់ ហើយបានដឹកនាំការវាយប្រហារប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលតួកគីដែលរស់នៅក្នុងតំបន់ឃឺដនោះ។ ជនជាតិឃឺដក៏ត្រូវបានទទួលរងនូវការចោទប្រកាន់ថាបានទទួលការគាំទ្រពីប្រទេសស៊ីរីនិងពីជនជាតិឃឺដដែលរស់នៅក្រៅប្រទេសហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភទៀតផង។ រដ្ឋាភិបាលតួកគីបានស្វែងរកការដោះស្រាយបញ្ហាដល់ជនជាតិឃឺដដោយផ្តល់សម្បទានវប្បធម៌ក្នុងឆ្នាំ១៩៩១ និងស្វ័យភាពក្នុងឆ្នាំ ១៩៩៣។ ទោះជាយ៉ាងណាក៏ដោយការបង្កើតគណបក្សនយោបាយឃឺដនៅតែត្រូវបានហាមឃាត់។ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលតួកគីជាចម្បងនៅតែជាការបង្ក្រាបការបះបោររបស់ជនជាតិឃឺដ។ មិនត្រឹមតែប៉ុណ្ណោះច្បាប់អាជ្ញាសឹកត្រូវបានដាក់ឱ្យប្រើនៅក្នុងតំបន់ឃឺដ ហើយចំនួនទាហាននិងកម្លាំងសន្តិសុខបានកើនឡើងក្នុងការទប់ស្កាត់ជាមួយនឹងជនជាតិនេះ។ នៅឆ្នាំ១៩៩៣ ចំនួនកងកម្លាំងសន្តិសុខសរុបដែលចូលរួមក្នុងការតស៊ូនៅភាគអាគ្នេយ៍នៃប្រទេសតួកគីមានប្រហែល ២០០០០០ ហើយជម្លោះបានក្លាយជាសង្រ្គាមស៊ីវិលដ៏ធំបំផុតនៅមជ្ឈិមបូព៌ា។ គេប៉ាន់ប្រមាណថាចន្លោះឆ្នាំ ១៩៨២ និង ១៩៩៥ មនុស្សប្រហែល ១៥០០០ នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាជនស៊ីវិលឃឺដ។ ភូមិរាប់សិបត្រូវបានបំផ្លាញហើយអ្នកស្រុកជាច្រើនត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេ។ កងកម្លាំងតួកគីក៏បានវាយប្រហារមូលដ្ឋាន PKK នៅក្នុងប្រទេសអ៊ីរ៉ាក់ ជាដំបូងពីលើអាកាស និងបន្ទាប់មកជាមួយនឹងកងកម្លាំងជើងគោក។ នៅក្នុងប្រតិបត្តិការមួយនៅចុងឆ្នាំ ១៩៩២ ទាហានតួកគីប្រហែល ២០០០០ នាក់បានចូលទៅក្នុងជម្រកសុវត្ថិភាពនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយនៅឆ្នាំ ១៩៩៥ ទាហានប្រហែល ៣៥០០០នាក់ត្រូវបានជួលក្នុងយុទ្ធនាការនេះផងដែរ។

ប៉ុន្មានឆ្នាំក្រោយមកទៀតនៅក្រោមរបបលោកប្រធានាធិបតី Erdogan ការមិនសប្បាយចិត្តពីសំណាក់ប្រជាជនតួកគីនិងមជ្ឈដ្ឋានខាងក្រៅបានកើតឡើងជាបន្តបន្ទាប់ ដែលវាក៏បង្ករទៅជាការតវ៉ានៅឧទ្យានGeziខែមិថុនាឆ្នាំ២០១៣និងការប៉ុនប៉ងធ្វើរដ្ឋប្រហារខែកក្កដាឆ្នាំ២០១៦ផងដែរ។ ការមិនពេញចិត្តនេះកើតឡើងដោយសារតែលោក Tayyip Erdo ត្រូវបានគេចោទប្រកាន់ពីបទផ្តល់មូលនិធិដល់ពួកសកម្មប្រយុទ្ធអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី និងក្រុមអាល់កៃដាផងដែរ។ ម្យ៉ាងវិញទៀត ប្រទេសតួគីជាប្រទេសអ្នកជាប់ឃុំឃាំងអ្នកកាសែតច្រើនជាងគេក្នុងរយ:ពេល២ឆ្នាំជាប់ៗគ្នា។

គណបក្សពលករឃឺដ (PKK) កាន់តែ ប្រឆាំងនឹងរដ្ឋាភិបាលកាន់តែខ្លាំង ដោយធ្វើការវាយប្រហារជាច្រើនដងលើអាជ្ញាធរតួកគីនៅភាគអាគ្នេយ៍។ ក្រុម PPK បានទទួលការគាំទ្រពីគណបក្សនិងក្រុមផ្សេងៗទៀតដូចជា គណបក្សប្រជាធិបតេយ្យប្រជាជន (HDP) ដែលជាគណបក្សឆ្វេងនិយមគាំទ្រឃឺដនិង អង្គភាពការពារប្រជាជន(YPG) ដែលជាស្លាបប្រដាប់អាវុធនៃគណបក្សសហភាពប្រជាធិបតេយ្យស៊ីរី(PYD)ក្នុងការប្រយុទ្ធប្រឆាំងនិងវាយប្រហារទៅលើរដ្ឋាភិបាលតួកគីផងដែរ។
កងកម្លាំងសន្តិសុខតួកគី និងក្រុមសកម្មប្រយុទ្ធនៃគណបក្សពលករឃឺដ (PKK) បានធ្វើការវាយប្រហារគ្នាទៅវិញទៅមកជាហូរហែរ ហើយម៉្យាងវិញទៀតPKKក៏ត្រូវបានទទួលស្គាល់ថាជាអង្គការភេរវករដោយរដ្ឋាភិបាលតួកគីផងដែរ។ មកដល់សព្វថ្ងៃនេះ ជម្លោះរវាងជនជាតិឃឺតនិងរដ្ឋាភិបាលប្រទេសតួកគីនៅតែបន្ត ហើយបញ្ហានេះក៏បានក្លាយទៅជាបញ្ហាដែលសហគមន៍អន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង។

ហេតុអ្វីបានជាសេដ្ឋកិច្ចចិនកំពុងជួបការលំបាក?

រយៈពេលជាង២ទស្សវត្សនេះ សេដ្ឋកិច្ចប្រទេសចិនមានការរីកលូតលាស់គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងកំណើនប្រមាណ១០%ក្នុងមួយឆ្នាំដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលេខ២នៅលើពិភពលោក។ ក៏ប៉ុន្តែ គិតត្រឹមខែមិថុនានៃឆ្នាំ២០២២នេះ សេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងស្ថិតនៅលើកំណើនយឺតបំផុត។ បើយោងតាម tradingeconomics អត្រានៃកំណើនផលិតផលក្នុងស្រុក(GDP)បានធ្លាក់ចុះរហូតដល់ទៅ២.៦% ហើយអត្រាកំណើនGDPប្រចាំឆ្នាំមានត្រឹមតែ0.៤%តែប៉ុណ្ណោះ ដែលទាំងនេះគឺបណ្តាលមកពីមូលហេតុជាច្រើនដូចជាការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនិងការបន្តអនុវត្តគោលនយោបាយកូវីដសូន្យដល់តឹងរឹងជាដើម។ ដូច្នេះ សប្តាហ៍នេះយើងនឹងមកធ្វើការសិក្សាទៅលើបញ្ហាដែលកំពុងតែធ្វើឱ្យសេដ្ឋកិច្ចចិនកាន់តែមានសភាពអាប់អួរឡើង។

ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនៅចិន

វិស័យអចលនទ្រព្យជាវិស័យមួយក្នុងចំណោមវិស័យដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចចិន។ យោងតាមរបាយការណ៍របស់ Economic Times វារួមចំណែក២៩%នៃផលិតផលក្នុងស្រុកសរុប (GDP) និង ស្ថិតនៅចន្លោះពី៣០%ទៅ៤០%នៃប្រាក់កម្ចីធនាគារសរុប។ តួយ៉ាង បើយើងក្រឡេកមកមើលអ្វីដែលកំពុងកើតឡើងនៅប្រទេសចិនពេលនេះវិញ យើងឃើញថាវិស័យអចលទ្រព្យនេះកំពុងជាប់គាំងនៅពេលដែលផ្ទះជាច្រើនមិនអាចបញ្ចប់ការសាងសង់បានដោយសារតែក្រុមហ៊ុនវិនិយោគធំៗកំពុងប្រឈមមុខនឹងវិបត្តិសាច់ប្រាក់ឬបំណុលនិងការធ្វើពហិការមិនបង់ប្រាក់របស់អ្នកទិញផ្ទះ។

វិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍអចនទ្រព្យ

តាមទ្រឹស្ដីសេដ្ឋកិច្ច និងតាមដាននៃប្រវត្ដិសាស្ត្រ បានបង្ហើយថាការកើនឡើងខ្ពស់ពេកនៃចលនទ្រព្យអាចនឹងងាយបង្កជាហានិភ័យទៅដល់សេដ្ឋកិច្ចក៏ដូចជាប្រព័ន្ធធនាគារ។ ហេតុនេះហើយដើម្បីដោះស្រាយក្តីកង្វល់នេះ នៅឆ្នាំ២០២០ រដ្ឋាភិបាលប្រទេសចិនបានចេញគោលនយោបាយមួយដែលមានឈ្មោះថា”Three Red Lines” ដែលជាគោលនយាបាយសម្រាប់ទប់ទល់នឹងការខ្ចីប្រាក់ច្រើនហួសហេតុដោយក្រុមហ៊ុនអភិវឌ្ឍសាងសង់។ ក៏ប៉ុន្តែ បើតាមរបាយការណ៍របស់ Reuters បានបង្ហាញថាក្រុមហ៊ុនជាច្រើនបានប្រើយុទ្ធសាស្ត្រផ្សេងៗក្នុងការខ្ចីបំណុល ដែលវាអាចប្រៀបបានដូចជាត្រីរួចពីសំណាញ់។ មួយវិញទៀត ក្រុមហ៊ុនវិនិយោគអចលនវត្ថុធំៗមួយចំនួនខ្ចីលុយទៅវិនិយោគលើផ្នែកផ្សេង ហើយជាធម្មតា ពួកគេប្រើប្រាស់វិធីសាស្ត្របង់រំលោះបណ្ដើរនិងសាងសង់បណ្ដ។ ជាឧទាហរណ៍ ក្រុមហ៊ុនEvergrande បានចាប់ផ្តើមវិនិយោគទៅក្នុងការផលិតដបទឹក រថយន្តអគ្គិសនី ថែមទាំងបានទិញក្រុមបាល់ទាត់ទៀតផង។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Evergrande ជាក្រុមហ៊ុនដែលជំពាក់បំណុលច្រើនជាងគេដែលមានបំណុលសរុបជាង ៣០០ ពាន់លានដុល្លារសហរដ្ឋអាមេរិច។

ហេតុនេះហើយ នៅពេលដែលភាពតានតឹងផ្នែកហិរញ្ញវត្ថុកាន់តែយ៉ាប់យឺនឡើង Evergrande និងអ្នកអភិវឌ្ឍអចលនទ្រព្យធំៗផ្សេងទៀតបានឈានទៅរកភាពមិនប្រក្រតី ហើយផលប៉ះពាល់ក៏បានរីករាលដាលពាសពេញឧស្សាហកម្ម។ តួយ៉ាងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យបានបង្ហាញហានិភ័យនៃការប៉ះពាល់ជាប្រព័ន្ធដល់វិស័យផ្សេងៗទៀតរួមមានក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ធនាគារ វិស័យសំណង់និងសង្វាក់ផលិតកម្មដែកនិងគ្រឿងចក្រជាដើម។ ក្រុមហ៊ុន Fitch បាននិយាយថា នៅក្នុងប្រទេសចិន ៥៥% នៃតម្រូវការដែកត្រូវបានប្រើប្រាស់នៅក្នុងវិស័យសំណង់។ ម្យ៉ាងការធ្លាក់ចុះនៃអចលនទ្រព្យបានអូសទាញសូចនាករសេដ្ឋកិច្ចយ៉ាងទូលំទូលាយដូចជាការវិនិយោគទ្រព្យសកម្មថេរ និងការលក់រាយនៃលក់គ្រឿងសង្ហារឹម។ វិស័យធនាគារក៏អាចនឹងជាប់គាំងផងដែរ ព្រោះបំណុលកាន់តែច្រើនហើយក្រុមហ៊ុនគ្មានលទ្ធភាពក្នុងការសង។

ការធ្វើពហិការមិនបង់ប្រាក់

ចំពេលមានភាពចលាចលនេះ អ្នកទិញផ្ទះរាប់រយពាន់នាក់បានប្រមូលផ្តុំគ្នាឬចាប់ផ្តើមធ្វើពហិការដោយបដិសេធមិនព្រមបង់ប្រាក់កម្ចីរបស់ពួកគេសម្រាប់គម្រោងលំនៅដ្ឋានដែលមិនទាន់បញ្ចប់ឬជាប់គាំង។ បើយោងតាមGitHub គម្រោងនៃការសាងសង់មិនទាន់រួចរាល់ដែលមានអ្នកធ្វើពហិការបានឈានដល់៣២៦គម្រោង ស្របពេលដែលANZ Researchបានប៉ានប្រមាណថា វាអាចប៉ះពាល់ដល់ប្រាក់កម្ចីទិញផ្ទះប្រហែល២២២ពាន់លានដុល្លារ ដែលស្ថិតនៅលើតារាងតុល្យការរបស់ធនាគារ ឬប្រហែល ៤ភាគរយនៃប្រាក់កម្ចីមិនទាន់សង។ ការធ្វើពហិការមិនព្រមបង់ប្រាក់នេះកាន់តែបន្ថែមទម្ងន់ដល់បញ្ហាដែលមិនទាន់ដោះស្រាយ ស្របពេលដែលទីផ្សារអចលនទ្រព្យកំពុងតែចុះខ្សោយទៅ។ ជាក់ស្តែង នៅពេលដែលប្រជាជនបដិសេធមិនបង់ប្រាក់ វាបានបង្កជាការបាត់បង់ជំនឿចិត្តនៅក្នុងការទិញផ្ទះបន្តទៀត ដែលនេះជាកត្តាមួយបណ្តាលឱ្យទីផ្សារអចនទ្រព្យមិនអាចងើបឡើងវិញបាន។ ម្យ៉ាងវិញទៀត វាក៏អាចធ្វើឱ្យប្រជាជនបាត់បង់ជំនឿចិត្តទៅលើរដ្ឋាភិបាលដែរ បើពួកគេមិនអាចដោះស្រាយបញ្ហានេះបានទាន់ពេលវេលា។

ការបន្តអនុវត្តគោលនយោបាយកូវីដសូន្យ

ជាការពិតណាស់ ប្រទេសចិនគឺជាប្រទេសតែមួយគត់ដែលនៅអនុវត្តគោលនយោបាយកូវីដសូន្យរហូតមកដល់បច្ចុប្បន្ន។ ប្រទេសចិនបានបិទខ្ទប់ទីក្រុងធំៗជាច្រើន ដែលបានបង្កជាបញ្ហាដល់ការធ្វើជំនួញនិងការបង្អាក់សង្វាក់ផលិតកម្ម។ ចំនួនអ្នកឆ្លងថ្មីនៅតែកើតមានច្រើន ហើយទីណាដែលមានអ្នកឆ្លងថ្មី ទីនោះនឹងត្រូវបិទទាំងស្រុងតែម្តង ដែលនេះបានបង្កឱ្យមានផលប៉ះពាល់និងការព្រួយបារម្មណ៍ដល់សហគ្រាស ក្រុមហ៊ុននិងវិស័យទេសចរ។ ជាក់ស្តែង ភាពគ្មានការងារធ្វើគឺជាបញ្ហាដ៏សំខាន់មួយដែលបណ្តាលមកពីការបិទខ្ទប់។ ទិន្នន័យថ្មីដែលបានចេញផ្សាយ ដោយការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបង្ហាញថាភាពអត់ការងារធ្វើរបស់យុវជនបានកើនឡើងដល់១៩.៣%នៅក្នុងខែមិថុនា។ វាជាកម្រិតខ្ពស់បំផុតចាប់តាំងពីទិន្នន័យត្រូវបានផ្សព្វផ្សាយជាលើកដំបូងកាលពីបួនឆ្នាំមុនដោយកាលនោះតួលេខនេះមានកម្រិតទាបដល់ទៅ ៩.៦ ភាគរយ។ ម្យ៉ាង វាបានធ្វើឱ្យមានការរំខានដល់ខ្សែសង្វាក់ផលិតកម្មនិងការធ្វើជំនួញតាំងពីខែមេសា។ ទាំងនេះសុទ្ធតែជាគុណវិបត្តិសេដ្ឋកិច្ចដែលបន្តអស់រយៈពេលជាច្រើនខែនៃគោលនយោបាយសូន្យកូវីដ។ នៅពេលដែលសេដ្ឋកិច្ចកំពុងដំណើរការយឺត រដ្ឋាភិបាលហាក់បីដូចជាមិនព្រមដោះស្រាយបញ្ហាសង្គមមុនទេ តែបែរជាទៅបង្កើនវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធទៅវិញដែលគិតថាវាអាចមានភាពវិជ្ជមានឡើងវិញ។ ប៉ុន្តែការពិត គឺថាការបិទខ្ទប់ដ៏តឹងរឹងបានធ្វើឱ្យខូចសេដ្ឋកិច្ចយ៉ាងខ្លាំងកាលពីមុនមកម្ល៉េះ ហើយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនគឺគ្រាន់តែធ្វើឱ្យមានដំណើរការឡើងវិញនូវឧស្សាហកម្ម និងសេវាកម្មដែលត្រូវបានធ្លាក់ចុះដោយការបិទខ្ទប់តែប៉ុណ្ណោះ។

តើអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ជានរណា?

តើអង្គការកិច្ចសហប្រតិបត្តិការសៀងហៃជាអ្វី?
នៅក្នុងពិភពលោកបច្ចុប្បន្ន កិច្ចសហប្រតិបត្តិរវាងប្រទេសមួយនឹងប្រទេសមួយមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍគ្រប់វិស័យដែលរួមមាន សេដ្ឋកិច្ច នយោបាយ សន្តិសុខនិងវប្បធម៌ជាដើម។ ក្នុងនោះផងដែរ កិច្ចសហប្រតិបត្តិការក្នុងតំបន់ក៏មានតួនាទីសំខាន់ផងដែរ ដោយក្រុមប្រទេសក្នុងតំបន់នីមួយៗបានបង្កើតអង្គការ និងសមាគមន៍ដូចជា សមាគមអាស៊ាន និងសហភាពអឺរ៉ុប ជាដើម។ ក្នុងនោះផងដែរ យើងកត់សម្គាល់ឃើញប្រទេសនៅក្នុងអាស៊ីកណ្តាលក៏មានអង្គការសំរាប់កិច្ចសហប្រតិបត្តិការរបស់ពួកគេមួយដែរ មានឈ្មោះថាអង្គការកិច្ចប្រតិបត្តិការសៀងហៃ។ អង្គការកិច្ចប្រតិបត្តិការសៀងហៃនេះជាអង្គការក្នុងតំបន់អ៊ុយរ៉ាស៊ី (អាស៊ីកណ្តាល) មួយដែលមានតួនាទីក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច នយោបាយសន្តិសុខនិង វិស័យដទៃទៀតរវាងប្រទេសសមាជិកទាំងអស់។ មួយវិញទៀតអង្គការនេះមានសមាជិកបច្ចុប្បន្នចំនួន៨ប្រទេសនិងមានទីស្នាក់ការនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ តើអង្គការអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបង្កើតឡើងក្នុងគោលបំណងអ្វីនិងមានសមាជិកប្រទេសណាខ្លះ?

១. អំពីអង្គការកិច្ចសហប្រតិបត្តិការណ៍សៀងហៃ

អង្គការកិច្ចសហប្រតិបត្តិការណ៍សៀងហៃបានប្រកាសនិងបង្កើតជាផ្លូវការនៅក្នុងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ ក្នុងទីក្រុងសៀងហៃនៃសាធារណរដ្ឋប្រជាមានិតចិន។ អង្គការនេះគឺជាអង្គការមួយក្នុងតំបន់អាស៊ីកណ្តាលដែលមានចំនួនសមាជិកផ្លូវការចំនួន៨ប្រទេសមានដូចជា សាធារណរដ្ឋប្រជាមានិតចិន សហព័ន្ធរុស្សី សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋកៀហ្ស៊ីស៊ី (Kyrgyz Republic) សាធារណរដ្ឋកាហ្សាក់ស្ថាន សាធារណរដ្ឋតាជីគីស្ថាន សាធារណរដ្ឋអ៊ូសបេគីស្ថាននិងសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន។ ក្នុងនោះផងដែរ អង្គការនេះនៅមានប្រទេសសង្កេតការណ៍(Observer)ដែលត្រៀមខ្លួនចូលជាសមាជិកចំនួន៤ផងដែរដូចជា អាហ្គានីស្ថាន បេឡារុស អ៊ីរ៉ង់ និងម៉ុងហ្គោលី។ មួយវិញទៀតអង្គការនេះមិនខុសពីអង្គការដទៃក្នុងតំបន់នោះទេ គឺតែងតែមានដៃគូសន្ទនាសំរាប់កិច្ចសហប្រតិបត្តិការរបស់ខ្លួនដែលមានចំនួន៦ប្រទេសដែលជាដៃគូនៃកិច្ចសន្ទនាដូចជា អាមេនី អាស៊ែបៃហ្សង់ កម្ពុជា នេប៉ាល់ ស្រីលង្កា និងតួកគីផងដែរ។ ក្នុងអង្គការនេះដែរ គេបានអនុម័តនិងដាក់ប្រើប្រាស់ភាសាចំនួនពីរជាផ្លូវការ គឺ ភាសារុស្សី និងភាសាចិនដែលសមាជិកចំនួន៥ក្នុងតំបន់នេះសុទ្ធសឹងតែជាអតីតរដ្ឋរបស់សហភាពសូវៀត (រុស្សី)។ ម៉្យាងវិញទៀត សំរាប់គោលដៅនៃការបង្កើតអង្គការនេះគឺដើម្បីពង្រឹងទំនុកចិត្តទៅវិញទៅមក និងទំនាក់ទំនងជាអ្នកជិតខាងល្អក្នុងចំណោមប្រទេសជាសមាជិកនិងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកវិទ្យា វប្បធម៌ព្រមទាំងការអប់រំ ថាមពល ការដឹកជញ្ជូន ទេសចរណ៍ ការការពារបរិស្ថាន និងវិស័យផ្សេងៗទៀត។ បន្ថែមពីនេះពួកគេមានគោលបំណងខិតខំប្រឹងប្រែងរួមគ្នាដើម្បីរក្សាធានាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់និងពិភពលោក ដើម្បីជាប្រយោជន៍សំរាប់ប្រជាជាតិទាំងមូលផងដែរ

២. តួនាទីនៃកិច្ចប្រជុំសំខាន់ៗអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ

អង្គការកិច្ចសហប្រតិបត្តិការសៀងហៃជាអង្គការមួយដែលមានកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីកណ្តាលនិងអាស៊ីខាងត្បូងលើគ្រប់វិស័យដែលអង្គការនេះបានដាក់ចេញដូចជានយោបាយ សេដ្ឋកិច្ច វប្បធម៌និងសន្តិសុខក្នុងតំបន់។ អង្គការនេះមិនខុសពីអាស៊ានឡើយ តែងតែមានកិច្ចប្រជុំជាច្រើនជារៀងរាល់ឆ្នាំគ្រប់តួនាទីពាក់ព័ន្ធហើយមានរបៀបវារៈក្នុងការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការដោះស្រាយបញ្ហាសន្តិសុខនិងសុវត្ថិភាពក្នុងតំបន់និងពិភពលោក។ មួយវិញទៀត គេសង្កេតឃើញថាអង្គការមួយនេះមានកិច្ចប្រជុំសំខាន់ៗ៣ក្នុងមួយឆ្នាំដែលមានដូចជាកិច្ចប្រជុំរបស់រដ្ឋមន្រ្តីការបរទេស(Foreign Ministers Council) កិច្ចប្រជុំរវាងប្រមុខរដ្ឋាភិបាល (The Heads of Government Council) និង កិច្ចប្រជុំរវាងប្រមុខរដ្ឋ (The Heads of State Council)។ ចំពោះកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសជាសមាជិកអង្គការនេះគឺ ការប្រជុំនេះចូលរួមដោយរដ្ឋមន្រ្តីការបរទេសទាំងអស់ហើយត្រូវគិតគូដោះស្រាយទាក់ទងនឹងសកម្មភាពប្រចាំថ្ងៃរបស់អង្គការនិងរៀបចំនិងសន្ទនារបៀបវារៈកិច្ចប្រជុំប្រមុខរដ្ឋ និងការប្រជុំពិគ្រោះយោបល់លើបញ្ហាអន្តរជាតិទាំងនយោបាយនិងសេដ្ឋកិច្ចជាដើម។ មួយវិញទៀត កិច្ចប្រជុំនេះអាចធ្វើសេចក្តីថ្លែងការណ៍ក្នុងនាមអង្គការទាំងមូលតាមដែលសមស្រប។ ចំណែកឯកិច្ចប្រជុំប្រមុខរដ្ឋាភិបាលវិញ គឺជាកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី និងទិសដៅអាទិភាពក្នុងក្របខណ្ឌរបស់អង្គការ ដើម្បីដោះស្រាយបញ្ហាកិច្ចសហប្រតិបត្តិការសំខាន់ៗ និងបញ្ហាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិស័យផ្សេងៗទៀត ក៏ដូចជាអនុម័តថវិកាប្រចាំឆ្នាំរបស់អង្គការផងដែរ។ រីឯកិច្ចប្រជុំធំបំផុតនៃអង្គការក្នុងតំបន់អាស៊ីកណ្តាលនេះគឺកិច្ចប្រជុំប្រមុខរដ្ឋដែលជាកិច្ចប្រជុំកំពូលមួយកដែលធ្វើការសម្រេចចិត្តខ្ពស់បំផុតនៅក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ។ មិនខុសពីកិច្ចប្រជុំមេដឹកនាំកំពូលអាស៊ាននោះទេ ការប្រជុំនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីធ្វើការសម្រេចចិត្តបញ្ហាជាមូលដ្ឋាននៃការរៀបចំផ្ទៃក្នុងនិងផ្តល់ការណែនាំអំពីបញ្ហាសំខាន់ៗទាំងអស់ទាក់ទងនឹងសកម្មភាពព្រមទាំងពិចារណាលើបញ្ហាអន្តរជាតិជាប្រធានបទបំផុតផងដែរ។

សរុបមកអង្គការកិច្ចសហប្រតិបត្តិការសៀងហៃនេះគឺមិនខុសពីសមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ដែលយើងបានស្គាល់ភាគច្រើននោះទេ។ អង្គការនេះគឺមានទិសដៅសកម្មភាពធ្វើកិច្ចសហប្រតិបត្តិការក្នុងតំបន់របស់ខ្លួនលើផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌និងសន្តិសុខក្នុងតំបន់និងពិភពលោកផងដែរ។ អង្គការនេះមានកិច្ចប្រជុំជាច្រើននិងមានកិច្ចប្រជុំធំៗចំនួន៣ជារៀងរាល់ឆ្នាំលើការដោះស្រាយនិងការសន្ទនាពិចារណាគ្រប់បញ្ហានិងកិច្ចសហប្រតិបត្តិការទាំងក្រៅនិងក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ អង្គការនេះក៍មានដៃគូផ្លូវការចំនួន៤ក្នុងនោះក៏មានប្រទេសកម្ពុជាដែលបានក្លាយជាដៃគូសន្ទនាជាផ្លូវការនៅក្នុងឆ្នាំ២០១៥ផងដែរ។ យើងអាចនិយាយបានថាអង្គការក្នុងតំបន់មួយនេះគឺមានឥទ្ធិពលខ្លាំងមួយផងដែរព្រោះ មានប្រទេសធំៗចំនួន៣ជាសមាជិកដូចជាចិន ឥណ្ឌា និងរុស្សីដែលសុទ្ធសឹងជាប្រទេសដែលមានអំណាចសេដ្ឋកិច្ចនិងយោធាខ្លាំងហើយប្រទេសចំនួនពីរគឺចិននិងរុស្សីក៏ជាសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ ដែលជាស្ថាប័នមួយទទួលត្រូវ រក្សាសន្តិសុខនិងធ្វើការសម្រចចិត្តសំរាប់ការពារសន្តិសុខដើម្បីសន្តិភាពពិភពលោកផងដែរ។ ។

“CSTO” អង្គការដែលមានមុខងារស្រដៀង NATO ប៉ុន្តែដឹកនាំដោយរុស្ស៊ី

តើអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព(Collective Security Treaty Organization) គឺជាអ្វី?

អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាពដែលហៅកាត់ជាភាសាអង់គ្លេសថាCSTO មានកំណើតចេញពីការបញ្ចប់នៃសន្ធិសញ្ញាសន្តិសុខសមូហភាព(Collective Security Treaty) ដែលត្រូវបានចុះហត្ថលេខានៅ Tashkent (Uzbekistan) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ១៩៩២។ ទើបនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០០២ នៅទីក្រុងមូស្គូ ក្រុមប្រឹក្សាសន្តិសុខសមូហភាពបានធ្វើការសម្រេចចិត្តផ្តល់ឋានៈជាអង្គការអន្តរជាតិក្នុងតំបន់ចំពោះសន្ធិសញ្ញាសន្តិសុខសមូហភាពហើយសព្វថ្ងៃមានសមាជិកចំនួន៦ដូចជារុស្ស៊ី អាមេនី បេឡារុស្ស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន។ យន្តការដ៏សំខាន់បំផុតនៃCSTO គឺការការពារសមូហភាពដូចជាអង្គការNATOដែរបានន័យថាប្រសិនបើរដ្ឋមួយក្នុងចំណោមរដ្ឋដែលចូលរួមនៃសន្ធិសញ្ញាត្រូវបានទទួលរងនូវការឈ្លានពានពីរដ្ឋណាមួយ ឬក្រុមរដ្ឋ នោះវានឹងត្រូវបានចាត់ទុកថាជាការឈ្លានពានប្រឆាំងនឹងរដ្ឋទាំងអស់នៃសន្ធិសញ្ញានេះ។. ថ្វីបើដើមឡើយត្រូវបានរចនាឡើងសម្រាប់ការការពារទៅវិញទៅមកសមាជិកCSTO ប្រើប្រាស់អង្គការនេះដើម្បីប្រឆាំងនឹងការគំរាមកំហែងឆ្លងដែនដូចជា ភាពងាយរងគ្រោះតាមអ៊ីនធឺណិត ការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងអំពើភេរវកម្ម ប៉ុន្តែប្រទេសជាសមាជិកសហការបន្ថែមទៀតលើការលក់ និងផលិតអាវុធ សម្ភារៈបរិក្ខារយោធា និងការបណ្តុះបណ្តាល ការប្រឹក្សាសន្តិសុខក្នុងតំបន់ និងធ្វើសមយុទ្ធយោធារួមគ្នា។

ពិភពលោកគួរតែចាប់ផ្តើមខ្វាយខ្វល់នឹងសម្ព័ន្ធយោធាមួយនេះហើយ

នៅក្នុងខែមករា ឆ្នាំ ២០២២ បន្ទាប់ពីកងទ័ពរបស់ខ្លួនចំនួន ២,៥០០ នាក់បានចូលទៅក្នុងប្រទេសកាហ្សាក់ស្ថាន ដើម្បីជួយក្នុងការស្តារសណ្តាប់ធ្នាប់ឡើងវិញក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេស អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព(CSTO) បានបង្កើតឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងជាលើកដំបូងក្នុងរយះពេលជាង២០ឆ្នាំក្រោយពេលចាប់បដិសន្ធិ។ សម្រាប់អ្នកសង្កេតការណ៍នយោបាយជាច្រើន អន្តរាគមន៍នៅកាហ្សាក់ស្ថាន គឺជាប្រតិបត្តិការគួរឱ្យកត់សម្គាល់ដំបូងរបស់ CSTO ដែលបានកើតឡើងបន្ទាប់ពីការព្យាយាមជាច្រើនឆ្នាំដោយរុស្ស៊ីក្នុងការកសាងអង្គការអន្តរជាតិដែលមានសមត្ថភាពរៀបចំឡើងវិញនូវសន្តិសុខក្នុងតំបន់ និងពិភពលោក ខណៈដែលកំពុងព្យាយាមបន្ថយអំណាចនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)។

បើនិយាយពីវិបត្តិសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន យើងសាកស្រមៃទៅថាប្រសិនបើសមាជិករបស់CSTO លើកទ័ពទៅជួយច្បាំងរុស្សីនៅអ៊ុយក្រែននោះវានឹងកើតជាគ្រោះមហន្តរាយកាន់តែខ្លាំងជាងពេលបច្ចុប្បន្ននេះទៅទៀត។ប៉ុ ន្តែបើមើលទៅតាមភាពជាក់ស្តែង គ្មានសមាជិកCSTO(លើកលែងបេឡារុស្ស) បានបង្ហាញការគាំទ្រជាផ្លូវការទៅលើ “ប្រតិបត្តិការយោធាពិសេស” របស់រុស្សីចេះតែអះអាងនោះទេ។ផ្ទុយទៅវិញ ប្រសិនជាមានការឈ្លានពានមកលើរុស្សី នោះសមាជិកនៃCSTO ក៏ប្រាកដជាមិនឱបដៃឈរស្ងៀមដែរព្រោះគេមានសិទ្ធិអំណាចដើម្បីការពារសម្ព័ន្ធភាពរបស់រដ្ឋជាសមាជិកដោយអនុលោមតាមគោលការណ៍របស់ CSTO ដើម្បីធានាការពារសមូហភាពនៃរដ្ឋដែលចូលរួម និងប្រឈមមុខនឹងការឈ្លានពានពីប្រទេសខាងក្រៅគឺបានសេចក្តីថាអនុវត្តសិទ្ធិក្នុងការការពារជាសមូហភាពក្រោមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

យ៉ាងណាមិញបើយើងសង្កេតមើលឱ្យកាន់តែមែនទែនទៅ CSTO ប្រាកដជាអាចចូលរួមជាមួយរុស្សីនៅក្នុងសង្គ្រាមរុស្សី-អ៊ុយក្រែននេះដើម្បីជួយរុស្សីបានព្រោះការតដៃរបស់អ៊ុយក្រែនមកលើរុស្សីវិញ(ទោះបីស្ថិតនៅក្នុងគោលបំណងការពារក៏ដោយ) គឺជាការវាយបកមករុស្សីវិញដូចមនុស្ស ២ នាក់កំពុងវាយគ្នានោះដែរ។ ត្រង់ចំណុចនេះ ហេតុអ្វីបានជាប្រទេសទាំងនេះមិនអនុវត្តគោលការណ៏នេះនៅក្នុងករណីនេះ? ចម្លើយមួយដែលអាចឆ្លើយតបទៅនឹងសំណួរនេះយ៉ាងសមហេតុផលគឺមកភាពក្រអឺតក្រទមរបស់រុស្សី ដែលអាចបានសេចក្តីថាក្នុងនាមជាប្រទេសមហាអំណាចមួយដែរ និងជាប្រទេសដែលមានទឹកដីធំជាងគេនៅលើពិភពលោក តើរុស្សីត្រូវការជំនួយពីប្រទេសតូចៗដទៃទៀតដើម្បីវាយប្រទេសអ៊ុយក្រែនដែលតូចជាងខ្លួនដែរទេ? រុស្សីអាចនឹងរក្សាកងកម្លាំងយោធាទាំងមូលរបស់ CSTO សម្រាប់ទុកធ្វើប្រត្តិបត្តិការផ្សេងទៀតក៏ថាបាន។

តើ CSTO អាចនាំមុខ NATO ដែរឬទេ?

នាពេលបច្ចុប្បន្ន CSTO នៅមានភាពទន់ខ្សោយនៅឡើយបើប្រៀបធៀបទៅនឹងអង្គការNATO ពីព្រោះអីនៅក្នុង CSTO មានប្រទេសជាសមាជិកត្រឹមតែ៦ប៉ុណ្ណោះដែលសុទ្ធសឹងតែជាអតីតរដ្ឋសហភាពសូវៀតហើយអ្នកដែលធ្វើវិភាគទានធំជាងពាក់កណ្តាលនោះគឺរុស្សី។ បើទោះបីជាការសម្រេចចិត្តផ្សេងៗនៃអង្គការនេះធ្វើដោយកង់សង់ស៊ីសក៏ដោយ សារៈសំខាន់ដែលរុស្សីផ្តល់ទៅឱ្យអង្គការនេះមានចំនួនច្រើនល្មមគួរសមដែរ ដែលអាចឱ្យរុស្សីមានសិទ្ធិធ្វើការវេតូចំពោះការសម្រេចចិត្តណាមួយ ដូចនេះវាធ្វើអន្តរជាតិភាគច្រើនមានមន្ទិលសង្ស័យទៅលើតម្លាភាព និងភាពត្រឹមត្រូវតាមច្បាប់នៃ CSTO ហើយរឹតតែគិតថាអង្គការនេះដឹកនាំដោយរុស្សីហើយក៏ជាអាវុធរបស់រុស្សីសម្រាប់ដំណើរឆ្ពោះទៅរកអនុត្តរភាពក្នុងតំបន់ជាពិសេសគឺនៅលើដែនដីចាស់នៃសហភាពសូវៀតតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើការធ្វើវិភាគទានទៅលើវិស័យយោធារបស់សមាជិកនីមួយៗមានលក្ខណៈប្រហាក់ប្រហែលគ្នាដូចតែនឹងអ្វីដែលអង្គការNATOកំពុងតែអនុវត្តនោះ CSTO ប្រាកដជាអាចបង្កើននូវប្រសិទ្ធិភាព កិត្តិនាម និងជំនឿជឿជាក់ពីប្រភពខាងក្រៅជាពិសេសគឺលោកខាងលិច ហើយលទ្ធភាពនេះអាចកើតឡើងបានប្រសិនបើមានភ្ជាប់ទំនាក់ទំនងជាមួយអង្គការអន្តរជាតិធំៗ និងការបន្ថែមសមាជិកផ្សេងៗទៀតក្រៅពីអតីតរដ្ឋរបស់សហភាពសូវៀត ជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនដូចជាBRICS(Brazil, Russia, China, South Africa)។ យោងតាមសក្ដានុពលយោធា និងការចំណាយរបស់រដ្ឋជាសមាជិក CSTO រុស្ស៊ីគឺជាក្បាលរថភ្លើងសំខាន់របស់អង្គការមួយនេះ ។ជាតឹកតាង ការរួមចំណែករបស់ខ្លួនចំពោះ CSTO ក្នុងឆ្នាំ ២០១៥ មានចំនួន ៥០% នៃថវិកាសរុប។ ៥ ប្រទេសផ្សេងទៀតបង់ត្រឹមតែ ១០% ប៉ុណ្ណោះ។

ម៉្យាងវិញទៀត កាលណាអង្គការNATO នៅតែបដិសេដមិនព្រមធ្វើកិច្ចសហប្រតិបត្តិការជាមួយCSTO នៅមានទិដ្ឋភាពមួយទៀតដែលអាចធ្វើឱ្យCSTO អាចប្រណាំងប្រជែងស្មើមុខស្មើមាត់ជាមួយអង្គការNATO នោះគឺកាលណាដែលរុស្សីឈ្នះសង្គ្រាមនៅអ៊ុយក្រែន។ ប្រសិនជាលទ្ធភាពមួយនេះពិតជាកើតឡើងមែន ប្រវត្តិសាស្រ្តពិភពលោកអាចនឹងដើរច្រំដែល ពីព្រោះមានសម្ព័ន្ធយោធា២ធំៗដែលមានភាពទំនាក់ទំនងល្អក់កករនឹងគ្នា។ប៉ុន្តែ នៅពេលនេះនៅក្នុងកែវភ្នែករបស់សហគមន៏អន្តរជាតិរុស្សីប្រៀបបានទៅជាតួចិត្តអាក្រក់ម្នាក់ ធ្ងន់ជាងនេះគឺជាអ្នកប្រព្រឹត្តបទល្មើសសង្គ្រាមប្រឆាំងមនុស្សជាតិហើយប្រសិនជារុស្សីចាញ់សង្គ្រាម និងបាក់ស្បាតនៅលើឆាកអន្តរជាតិសារជាថ្មីទៀតនោះ នោះCSTOក៏នឹងអាចដួលរលំដូចដែលកតិកាសញ្ញាក្រុងវ៉ាសូវីដួលបាត់ដែរក៏ព្រោះតែការចុះខ្សោយរបស់បងធំនៅក្នុងសម្ព័ន្ធហើយសមាជិកដទៃពុំមានលទ្ធភាពជួយស្រោចស្រង់បាន។

ប្រវត្ដិនៃការបង្កើតសហភាពអឺរ៉ុប (European Union)

សហភាពអឺរ៉ុបឬជាភាសាអង់គ្លេសហៅថា European Union គឺជា អង្គការអន្តរជាតិមួយដែលត្រូវបានបង្កើតឡើងនិង បានចូលជាធរមាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។ សហភាពអឺរ៉ុបត្រូវបានរចនាឡើងដើម្បីបង្កើនសមាហរណកម្មនយោបាយនិងសេដ្ឋកិច្ចរវាងប្រទេសនៅក្នុងអ៊ឺរ៉ុបហើយបានបង្កើត រូបិយប័ណ្ណរួមមួយប្រាក់អឺរ៉ូ បង្កើតគោលនយោបាយការបរទេស សន្តិសុខ ច្បាប់ និងសញ្ជាតិរួមជាដើម។ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកមកយល់ដឹងបន្ថែមអំពីប្រវត្តិនៃការកកើតឡើង និងការវិវត្តន៍នៃសហភាពអ៊ឺរ៉ុប។

ប្រវត្តិនៃការកកើតឡើងនៃសហភាពអ៊ឺរ៉ុប

កាលពីដើមឡើយ ប្រទេសនៅអ៊ឺរ៉ុបបានធ្លាប់ស្ថិតក្នុងសង្រ្គាមបង្ហូរឈាម អស់ជាច្រើនសតវត្សមកហើយ ដែលក្នុងនោះ ប្រទេសបារាំង និងអាល្លឺម៉ង់មានជម្លោះសង្រ្គាមដល់ទៅបីដងក្នុងរវាងឆ្នាំ ១៨៧០ ដល់ ១៩៤៥ ជាហេតុធ្វើឱ្យមនុស្សជាច្រើនត្រូវបាត់បង់ជីវិត និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាត។ ក្រោយមកមេដឹកនាំអ៊ឺរ៉ុបក៏បានគិតគូរដល់ការបង្កើនកិច្ចព្រមព្រៀងមួយដើម្បីរក្សាសន្តិភាព និងបង្រួបបង្រួមប្រទេសដោយបង្កើតអង្គការមួយដើម្បីយកឈ្នះជម្លោះនៅអ៊ឺរ៉ុបផង និងប្រឆាំងទប់ទល់នឹងសង្រ្គាមលោកដែលអាចកើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី២ផង។

ក្រោយសង្រ្គាមលោកលើកទី២បានបញ្ចប់ នៅឆ្នាំ ១៩៥០ លោក Robert Schuman រដ្ឋមន្រ្តីការបរទេស បារាំងបានលើកឡើងនូវគំនិតល្អមួយ គឺចង់ពាំនាំឱ្យប្រទេសប៉ែកអឺរ៉ុបនាំគ្នាផ្ដោតទៅលើផ្នែកសេដ្ឋកិច្ចអឺរ៉ុបវិញម្តងដោយលោកបានស្នើឱ្យដាក់ផលិតផល ធ្យូងថ្ម និង ដែកថែបចូលជាសមូហភាពអឺរ៉ុប។ ធ្យូងថ្ម និងដែកដែលជាវត្ថុធាតុដើមនៃសង្រ្គាមក៏ក្លាយជាឧបករណ៍រួមបញ្ចូលសន្តិភាពជាលើកដំបូងក្នុងប្រវត្ថិសាស្រ្ត។ ជាលទ្ធផល សមាជិកដំបូងទាំង៦ មានប្រទេស បែលហ្សិក សហព័ន្ធអាល្លឺម៉ង់ លុចសំបួរ បារាំង អ៊ីតាលី និងហូឡង់ បានបង្កើតសហគមន៍ធ្យូងថ្ម និងដែកអ៊ឺរ៉ុប(European Coal and Steel Community) នៅឆ្នាំ១៩៥១។ ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់កុំឱ្យប្រទេសនៅអឺរ៉ុបធ្វើសង្គ្រាមជាមួយគ្នានាពេលអនាគត តាមរយ:ការធ្វើសមាហរណកម្មកម្រិតខ្ពស់ក្នុងតំបន់ដោយមាន ECSC ជាជំហានដំបូងឆ្ពោះទៅរកសមាហរណកម្មនោះ។ តួនាទីមួយទៀតនៃ ECSC នេះគឺការបង្កើតទីផ្សាររួមមួយសម្រាប់ធ្យូងថ្ម និងដែកថែបក្នុងចំណោមរដ្ឋសមាជិករបស់ខ្លួន ដើម្បីបន្សាបការប្រកួតប្រជែងរវាងប្រទេសអឺរ៉ុបជុំវិញធនធានធម្មជាតិនិង ការពារមិនឱ្យវត្ថុធាតុទាំងពីរ ត្រូវគេយកទៅផលិតអាវុធអ្វីផ្តេសផ្តាស ដែលនាំឱ្យមាន សង្គ្រាមបានទៀតឡើយ។

រដ្ឋទាំង៦ក៏បានរួមគ្នាបង្កើត សហគមន៍សេដ្ឋកិច្ចអ៊ឺរ៉ុប(European Economic Community)ដើម្បីមានការឯកភាពទៅលើសេដ្ឋកិច្ចផ្សេងទៀតក្រៅពីធ្យូងថ្ម និងដែក ដើម្បីកំណត់គោលដៅទីផ្សាររួមមាន ទំនិញ កម្មករ និងសេវាកម្ម រហូតឈានទៅដល់ការព្យាយាមធ្វើសមាហរណកម្មនយោបាយថែមទៀតផង។  ដូច្នេះហើយ ទើបមានការបង្កើតឱ្យមានការផលិតសេដ្ឋកិច្ចរួមគ្នា និងបញ្ឈប់ភាពតានតឹងដែលកើតចេញពីប្រវត្តិសាស្រ្តសង្គ្រាមរវាងបារាំងនិងអាល្លឺម៉ង់ដែលបានកើតឡើងជាច្រើនសតវត្សផងដែរ។ បន្ទាប់មក នៅថ្ងៃទី២៥ មីនា ១៩៥៧ រដ្ឋទាំង៦បានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងរ៉ូម (Treaty of Rome) ចំនួន ២ ដែលបង្កើតបាននូវសហគមន៍បរមាណូអ៊ឺរ៉ុប(European Atomic Energy Community) ក្នុងគោលបំណងសម្របសម្រួលកម្មវិធីស្រាវជ្រាវរបស់រដ្ឋជាសមាជិក ដើម្បីធានាថាការប្រើប្រាស់ថាមពលនុយក្លេអែរមានសុវត្ថិភាពស្របតាមលក្ខខណ្ឌកម្រិតរក្សាសន្តិភាព។ ហើយក្នុងការចុះហត្ថលេខានេះក៏បានបង្កើតសហគមន៍សេដ្ឋកិច្ចអឺរ៉ុប(EEC)។ EEC បានបង្កើត ទីផ្សាររួមមួយ គោលនយោបាយកសិកម្មរួម (common agricultural policy) គោលនយោបាយពាណិជ្ជកម្មខាងក្រៅរួម ការលុបបំបាត់នូវរបាំងពន្ធ ការលុបបំបាត់នូវឧបសគ្គចំពោះចលនាទំនិញ សេវាកម្ម ដើមទុន និងកម្លាំងពលកម្ម ព្រមទាំងមានការហាមឃាត់គោលនយោបាយសាធារណៈ ឬកិច្ចព្រមព្រៀងឯកជនភាគច្រើនដែលរារាំងការប្រកួតប្រជែងក្នុងទីផ្សារ ។ ក្រោយមកទៀតនៅឆ្នាំ ១៩៦៥ សមាជិកនៃ EEC បានចុះហត្ថលេខាលើសន្ធិសញ្ញា Brussels ដែលបានបញ្ចូលគណៈកម្មការនៃ EEC និង EURATOM និងអាជ្ញាធរជាន់ខ្ពស់នៃ ECSC ទៅជាគណៈកម្មការតែមួយ ព្រមទាំងបានរួមបញ្ចូលគ្នានូវក្រុមប្រឹក្សានៃអង្គការទាំងបីទៅជាទីស្តីការគណៈរដ្ឋមន្ត្រីរួម។ ជាលទ្ធផល នៅពេលដែល​​ ECSC, EEC និង EURATOM ត្រូវបានរួមបញ្ចូលគ្នាត្រូវបានហៅជារួមថា សហគមន៍អឺរ៉ុប(European Community)ហើយវាមានមុខងារចម្បងចំនួនបី៖ បង្កើតគោលនយោបាយសហគមន៍ ត្រួតពិនិត្យការអនុលោមតាមការសម្រេចចិត្តរបស់សហគមន៍ និងត្រួតពិនិត្យការអនុវត្តច្បាប់សហគមន៍។ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ១៩៩២ ការធ្វើសមាហរណកម្មអឺរ៉ុបបានបោះជំហានមួយបន្ថែមទៀត នៅពេលដែលសន្ធិសញ្ញាសហភាពអឺរ៉ុបត្រូវបានចុះហត្ថលេខាលើសន្ធិសញ្ញា Maastricht ។ សន្ធិសញ្ញានេះបានចូលជាធរមាននៅថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ហើយបានផ្លាស់ប្តូរ EC ទៅជាសហភាពអឺរ៉ុបថ្មីគឺ EU (European Union)។ ការផ្លាស់ប្តូរនេះមានគោលបំណងជាច្រើនគឺ ដូចជាការផ្តល់អំណាចបន្ថែមទៀតទៅកាន់សភាអឺរ៉ុបគោលនយោបាយសន្តិសុខ គោលនយោបាយការបរទេសជាទូទៅ និងការចូលរួមក្នុងកិច្ចការផ្ទៃក្នុងនៃបណ្តាប្រទេសជាសមាជិក។ បច្ចុប្បន្ន សហភាពអ៊ឺរ៉ុបមានសមាជិកចំនួន ២៧ ដូចជា ប្រទេសអូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត ស៊ីប សាធារណរដ្ឋឆេក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួរ ម៉ាល់តា ហូឡង់ ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ និងស៊ុយអែត។ ប៉ុន្តែ ចក្រភពអង់គ្លេស បានចាកចេញពីសហភាពអ៊ឺរ៉ុបបាត់ទៅហើយកាលពីឆ្នាំ២០២០ កន្លងទៅនេះ។

សរុបជារួមមក សហភាពអ៊ឺរ៉ុបគឺជាសមិទ្ធផលដែលចេញពីកិច្ចខិតខំប្រឹងប្រែងនៃការធ្វើសមាហរណកម្មរវាងប្រទេសអ៊ឺរ៉ុបចាប់តាំងពីចប់សង្រ្គាមលោកលើកទី២។ នៅពេលសង្រ្គាមលោកទី២បានបញ្ចប់ អ៊ឺរ៉ុបខាងលិចបានស្វែងរកទំនាក់ទំនងរវាងប្រទេសនៅអ៊ឺរ៉ុបដោយចាប់ផ្តើមពី ការផ្សះផ្សា ប្រទេសបារាំង និងអាល្លឺម៉ង់ដែលមានសង្រ្គាមសេដ្ឋកិច្ចជាច្រើនសតវត្សមកហើយ។ ការបង្កើតឡើងសហភាពអឺរ៉ុប(EU) ត្រូវបានឆ្លងកាត់អស់រយ:ពេលជាច្រើនដំណាក់កាល ហើយការបង្កើតនេះអាចធ្វើឡើងទៅបានតាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការធ្វើសមាហរណកម្ម ស៊ីជម្រៅលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច។

តើហេតុអ្វី Balance of Payment របស់ប្រទេសចិនវៀរចាកពីទ្រឹស្តីសេដ្ឋកិច្ច?

យើងប្រាកដជាបានដឹងជារឿយៗមកហើយ អំពីការរីកលូតលាស់យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដែលបានវ៉ាដាច់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននៅក្នុងឆ្នាំ ២០១០ ហើយក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខពីរបន្ទាប់ពីប្រទេសអាមេរិក។ នៅជុំវិញបរិបទសេដ្ឋកិច្ចពិភពលោកថ្មីនេះ ការសិក្សារស្រាវជ្រាវទាក់ទងទៅនឹងដំណើរការនិងការវិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិនបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សេដ្ឋវិទូនិងអ្នកស្រាវជ្រាវផ្សេងៗ។ ក្នុងនោះដែរក៏មានការពិភាក្សាទៅលើជញ្ជីងទូទាត់របស់ប្រទេសចិនផងដែរដោយសារតែប្រទេសចិនមានអតិរេក(ផលលើស)គណនីចរន្ត គណនីមូលធន និង គណនីហិរញ្ញវត្ថុនៅក្នុងពេលតែមួយ ដែលនៅត្រង់នេះគឺខុសចាកអំពីទ្រឹស្តីសមតុល្យជញ្ជីងទូទាត់នៅក្នុងសេដ្ឋកិច្ចវិទ្យា។ នៅក្នុងអត្ថបទនេះ យើងនឹងក្រលេកមកស្វែងយល់អំពីថាតើអ្វីទៅគឺជា ជញ្ជីងទូទាត់? តើជញ្ជីងទូទាត់មានដំណើរការប្រព្រឹត្តិទៅយ៉ាងដូចម្តេចខ្លះ? តើមូលហេតុអ្វីបានជាជញ្ជីងទូទាត់របស់ប្រទេសចិនវៀរចាកពីទ្រឹស្តីនៃសមតុល្យជញ្ជីងទូទាត់?

និយមន័យ និង សមាសធាតុនៃជញ្ជីងទូទាត់

ជញ្ជីងទូទាត់ ឬជាភាសារអង់គ្លេសហៅថា «Balance of Payment» គឺជារបាយការណ៍ចំណូលចំណាយទាំងអស់របស់ប្រទេសមួយនៅក្នុងប្រតិបត្តិការអន្តរជាតិនៅក្នុងអំឡុងពេលជាក់លាក់ណាមួយ។ នេះមានន័យថា គឺការកត់ត្រាអំពីតម្លៃនៃការនាំចេញនាំចូល និង ចំណូលចំណាយផ្សេងៗទាំងអស់របស់ប្រទេសនោះ។ ជញ្ជីងទូទាត់ មានសមាសធាតុចំនួន ៣ រួមមាន គណនីចរន្ត (current account) គណនីមូលធន (capital account) និង គណនីហិរញ្ញវត្ថុ (financial account) ដែលចំពោះពេលខ្លះគណនីហិរញ្ញវត្ថុត្រូវបានគេរាប់បញ្ចូលរួមជាមួយនឹងគណនីមូលធនផងដែរ។ គណនីចរន្ត សំដៅទៅលើគណនីដែលផ្ទុកនូវទិន្នន័យតម្លៃនៃប្រតិបត្តិការពាណិជ្ជកម្មទំនិញ និង សេវាកម្មផ្សេងៗរបស់ប្រទេសមួយជាមួយនឹងទីផ្សារអន្តរជាតិ (ការនាំចេញ និង ការនាំចូល) ចំណូលសុទ្ធដែលបានមកពីការវិនិយោគនៅបរទេស រួមជាមួយនឹងប្រាក់ចំណូលដែលផ្ទេរបានដែលមានដូចជាជំនួយបរទេសជាដើម។ នៅក្នុងគណនីចរន្តនេះដែរកត្តាមួយដែលបណ្តាលឱ្យគណនីនេះមាន អរិរេកឬផលលើស (surplus) គឺនៅពេលដែលប្រទេសមួយមានការនាំចេញទំនិញនិងសេវាកម្មច្រើនជាងការនាំចូល ដែលនេះអាចមកពីតម្រូវការក្នុងស្រុកទាប ឬក៏ប្រទេសនេះមិនមានការប្រកួតប្រជែងពាណិជ្ជកម្មខ្ពស់ធៀបជាមួយនឹងប្រទេសដទៃ។ ផ្ទុយទៅវិញ ឱនភាពនៅក្នុងគណនីចរន្តនឹងកើតឡើងនៅពេលដែលប្រទេសមួយមានការនាំចូលទំនិញនិងសេវាកម្មច្រើនជាងការនាំចេញ។

រីឯគណនីមូលធនវិញ ដែលនៅក្នុងអត្ថបទនេះគិតរួមបញ្ជូលជាមួយគណនីហិរញ្ញវត្ថុ គឺជាគណនីដែលកត់ត្រាទិន្នន័យទ្រព្យសកម្មនិងបំណុលរបស់ប្រទេសមួយក្នុងអំឡុងពេលជាក់លាក់ណាមួយ ដែលទិន្នន័យទាំងនេះគឺរាប់បញ្ចូលជាមួយនឹង ចំណូលនិងចំណាយដែលបានមកពីការវិនិយោគផ្ទាល់ពីបរទេស ការវិនិយោគទៅលើទីផ្សារមូលបត្របរទេស រួមជាមួយនឹងទុនបម្រុងរបស់ប្រទេសនោះផងដែរ។ នៅពេលដែលមានលំហូរហិរញ្ញវត្ថុចូលមកក្នុងប្រទេសនោះច្រើនជាងលំហូរចេញ នោះមានន័យថាប្រទេសនោះនឹងមានឱនភាពគណនីមូលធននិងគណនីហិរញ្ញវត្ថុ ហើយផ្ទុយទៅវិញប្រសិនបើប្រទេសនោះមានលំហូរចេញនៃហិរញ្ញវត្ថុច្រើនជាងវិញ នោះប្រទេសនោះនឹងមានផលលើសនៅក្នុងគណនីទាំងពីរនោះ។

នៅក្នុងទ្រឹស្តីសមតុល្យនៃជញ្ជីងទូទាត់ ផលបូកតម្លៃទាំងអស់ពីនៃគណនីទាំងបីត្រូវតែស្មើសូន្យ។ នៅក្នុងន័យនេះ ប្រសិនបើប្រទេសមួយមានផលលើសនៅក្នុងគណនីចរន្ត នោះប្រទេសនោះត្រូវតែមានឱនភាពនៅក្នុងគណនីហិរញ្ញវត្ថុដើម្បីធ្វើឱ្យមានសមតុល្យនៅពេលដែលធ្វើការទូទាត់គ្នា។ នេះប្រៀបបីដូចជាការពន្យល់សាមញ្ញថា «ចំណូលត្រូវតែស្មើនឹងចំណាយ» បែបនោះដែរ។ នៅពេលដែលប្រទេសមួយមានការនាំចូលច្រើនជាងការនាំចេញ នោះប្រទេសនឹងមានឱនភាពគណនីចរន្ត ប៉ុន្តែប្រទេសនោះត្រូវតែមានផលលើសនៅក្នុងគណនីមូលធន និង គណនីហិរញ្ញវត្ថុដើម្បីយកទៅទូទាត់ចំណាយទៅលើការនាំចូលនោះ។

តើមូលហេតុអ្វីបានជាជញ្ជីងទូទាត់របស់ប្រទេសចិនវៀរចាកពីទ្រឹស្តីនៃសមតុល្យជញ្ជីងទូទាត់?

ដូចដែលបានរៀបរាប់ពីខាងលើរួចមក ប្រទេសនីមួយៗត្រូវតែមានសមតុល្យជញ្ជីងទូទាត់ ដែលមានផលបូកតម្លៃនៃគណនីទាំងបីស្មើសូន្យ។ ដោយឡែកចំពោះប្រទេសចិនវិញបែរជាទទួលបាននូវផលលើសនៅក្នុងគណនីទាំងបីទៅវិញ ដែលនេះបានបណ្តាលឱ្យអ្នកស្រាវជ្រាវជាច្រើនមានចម្ងល់ទៅលើមូលហេតុដែលបង្កការកកើតឡើងបែបនេះ។ ប្រសិនបើយោងទៅតាមការសិក្សាររបស់លោក Botao Zhang ទៅលើបញ្ហានេះបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យប្រទេសចិនមានអរិរេកទៅលើគណនីទាំងបីនៃជញ្ជីងទូទាត់បែបនេះគឺបណ្តាលមកពីកត្តាផ្ទៃក្នុងដែលមានដូចជាការលូកដៃចូលអន្តរាគមន៍ពីរដ្ឋាភិបាលចិនទៅក្នុងដំណើរការសេដ្ឋកិច្ចរបស់ចិន ការសន្សំប្រាក់របស់ប្រជាជនចិន រួមជាមួយនឹងកត្តាខាងក្រៅដែលមានដូចជាលំហូចូលនៃដើមទុនផងដែរ។
ចំពោះគណនីចរន្តរបស់ប្រទេសចិន ជាការពិតណាស់ផលលើសនឹងកើតឡើងដោយសារតែប្រទេសចិនជាប្រទេសឧស្សាហកម្មហើយមានការនាំចេញទំនិញនិងសេវាកម្មច្រើនជាងការនាំចូល។ ម្យ៉ាងវិញទៀតការវិនិយោគផ្ទាល់ពីបរទេសក៏ចូលរួមចំណែកជាមួយនឹងការធ្វើឱ្យមានផលលើសនេះដែរ ដោយសារតែការវិនិយោគបរទេសទាំងនោះធ្វើឱ្យមានតម្រូវការធនធានយ៉ាងច្រើនពីឧស្សាហកម្មប្រទេសចិន ហើយការវិនិយោគទាំងអស់នោះក៏បានជួយជំរុញឱ្យប្រទេសចិនកាន់តែមានការប្រកួតប្រជែងការនាំចេញខ្ពស់ទៅក្នុងទីផ្សារអន្តរជាតិផងដែរ។ នេះក៏ដោយសារតែការវិនិយោគផ្ទាល់ពីបរទេសទាំងនោះគឺផ្តោតទៅលើការនាំចេញផលិតផល។

រីឯផលលើសនៅក្នុងគណនីមូលធននិង គណនីហិរញ្ញវត្ថុវិញគឺបណ្តាលមកពីមានអត្រាការវិនិយោគផ្ទាល់ពីបរទេសខ្ពស់។ ជាធម្មតា ការវិនិយោគពីបរទេសគឺជាការផ្ទេរប្រាក់ចំណេញចេញពីប្រទេសដែលទទួលការវិនិយោគនោះទៅក្នុងប្រទេសដើមវិញដែលនេះបណ្តាលឱ្យមានលំហូរចេញនៃប្រាក់ចំណាយ។ ដូចគ្នានេះដែរ ចំពោះប្រទេសចិន ការវិនិយោគពីបរទេសច្រើនក៏មានន័យថាប្រទេសចិនមានលំហូរហិរញ្ញវត្ថុដែលបានមកពីផលចំណេញនៃការវិនិយោគទៅកាន់ប្រទេសដើមវិញច្រើនផងដែរ ដែលបណ្តាលឱ្យគណនីមូលធននិងគណនីហិរញ្ញវត្ថុរបស់ប្រទេសចិនមានផលលើសដូចគណនីចរន្តផងដែរ។

បន្ថែមពីនេះទៅទៀត កត្តានយោបាយសេដ្ឋកិច្ចរបស់ប្រទេសចិនក៏ជាមូលហេតុមួយដែលបណ្តាលឱ្យគណនីមូលធនមានផលលើសផងដែរ។ នេះក៏ដោយសារតែប្រទេសចិនមានផ្តោតយ៉ាងខ្លាំងទៅលើគោលការរក្សាស្ថិរភាពនិងតុល្យភាពនៃជញ្ជីងទូទាត់។ ប្រទេសចិនក៏មានទុនបម្រុងដ៏ច្រើនមហាសាល សម្រាប់ការចំណាយ ដែលនេះមិនចាំបាច់តម្រូវឱ្យប្រទេសចិននាំចូលនូវហិរញ្ញវត្ថុបរទេសច្រើនលើសលប់មកប្រើប្រាស់ក្នុងការទូទាត់ជញ្ជីងនោះទេ។ ម្យ៉ាងទៀតធនធានបម្រុងទាំងនោះអាចឱ្យប្រទេសចិនផ្តល់ប្រាក់កម្ចីនៅក្នុងតម្លៃការប្រាក់ទាបដែលកាន់តែជួយជំរុញការវិនិយោគក្នុងស្រុកដែលកាន់តែជំរុញខាងវិស័យផលិតកម្មទៀតផង ដែលនេះអាចបណ្តាលឱ្យមានផលលើសនៅក្នុងគណនីចរន្ត។

សរុបសេចក្តីមក ប្រទេសចិនគឺបានជួបប្រទះជាមួយនឹងផលលើសនៅក្នុងគណនីទាំងបីនៃជញ្ជីងទូទាត់ដោយសារតែកត្តាដូចដែលបានរៀបរាប់ខាងលើ។ ប៉ុន្តែយ៉ាងណាមិញក៏ការទទួលបាននូវផលលើសនៅក្នុងគណនីទាំងនោះព្រមគ្នាក៏អាចបណ្តាលឱ្យសេដ្ឋកិច្ចប្រទេសចិនជួបប្រទះនូវបច្ច័យអវិជ្ជមានមួយចំនួនដែលអ្នកស្រាវជ្រាវជាច្រើនកំពុងតែតាមដានបន្តផងដែរ។

តើប្រទេសកូរ៉េខាងជើងមានដំណើរការសេដ្ឋកិច្ចយ៉ាងដូចម្ដេច?

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ជាប្រទេសដែលកាន់របបកុម្មុយនីស្ដ និងជាប្រទេសកម្រមួយដែលនៅក្នុងសម័យនេះទៅហើយនៅបន្តសេដ្ឋកិច្ចមជ្ឈការ ដែលមានលក្ខណៈបិទជិតនិងមានការគ្រប់គ្រងតឹងតែងនិងដាច់ឆ្ងាយពីសកលភាវូបនីយកម្ម។ នៅក្នុងអត្ថបទនេះយើងនឹងបង្ហាញពីសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងនិងការដំណើរការនៃសេដ្ឋកិច្ចក្នុងការធ្វើជំនួញនិងការរកចំណូលផ្សេងៗរបស់ប្រទេសនេះ។

តើសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងមានលក្ខណៈយ៉ាងដូចម្ដេច?

មុននឹងធ្វើការឈានចូលទៅមើលដំណើរការនៃសេដ្ឋកិច្ចរបស់កូរ៉េខាងជើងនៅរយៈពេលបច្ចុប្បន្ននេះ ជាដំបូងយើងគួរក្រឡេកមើលបន្តិចទៅកាន់អតីតកាលនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ក្រោយពីសង្គ្រាមកូរ៉េត្រូវបានបញ្ចប់ កូរ៉េខាងជើងបានដំណើរការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចរបស់ពួកគេជាច្រើនដងដូចជា ការប្រើប្រាស់ផែនការបីឆ្នាំ ផែនការប្រាំឆ្នាំ ផែនការប្រាំពីរឆ្នាំដំបូង និងផែនការប្រាំឆ្នាំ។ ដោយក្រោយសង្រ្គាមកូរ៉េមកប្រទេសនេះបានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចដោយផ្តោតទៅឧស្សាហកម្មធនធ្ងន់ ដែលក្រោយមកក៏បានផ្លាស់ប្ដូរទៅផ្តោតលើកែលម្អធនធាននិងហេដ្ឋារចនាសម័ន្ធនិងក្រោយមកបានទៅផ្តោតលើកសិកម្មវិញ។ ការប្រកាន់យកគោលនយោបាយផ្តោតលើឧស្សាហកម្មធនធ្ងន់របស់កូរ៉េខាជើងទទួលបានជោគជ័យខ្ពស់ជាងកូរ៉េខាងត្បូង ប៉ុន្តែក្រោយមកកូរ៉េខាងជើងក៏បានងាកទៅរកគោលនយោបាយទំនើបកម្មខ្នាតធំដែលគោលនយោបាយនេះធ្វើឱ្យប្រទេសនេះជាប់បំណុលរហូតដល់មិនអាចងើបមុខរួច។ ដោយក្រោយមកចាប់ពីឆ្នាំ ១៩៩៤ ប្រទេសនេះលែងដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចអ្វីឡើយ។ ក្រោយពីការបញ្ចប់សង្រ្គាមមកកូរ៉េ ខាងជើងបានធ្វើពាណិជ្ជកម្មជាមួយនឹងសហភាពសូវៀតនិងប្រទេសចិនដោយមានការពឹងផ្អែកខ្លាំងទៅកាន់ប្រទេសទាំងពីរ ជាពិសេសសហភាពសូវៀត។ ក្រោយមកដោយសារតែសហភាពសូវៀតបានដួលរលំ ប្រទេសកូរ៉េខាងជើងក៏បានផ្លាស់ប្តូរការធ្វើពាណិជ្ជកម្មរបស់ខ្លួនមកពឹងផ្អែកទៅលើប្រទេសចិនស្ទើរតែទាំងស្រុងមកដល់សព្វថ្ងៃ។ ដោយឡែកសព្វថ្ងៃនេះប្រទេសកូរ៉េខាងជើងក៏បានធ្វើពាណិជ្ជកម្មដូចជា ផលិតផលកសិកម្ម សំលៀកបំពាក់ គ្រឿងចក្រ និងឥន្ធនៈរ៉ែ និងប្រេងរំអិលជាមួយប្រទេសមួយចំនួន។ ប៉ុន្តែដោយសារតែកូរ៉េខាងជើងប្រកាន់នូវគោលជំហរមួយថាជាខ្លួនទីពឹងខ្លួន (self-reliance) ការធ្វើជំនួញជាមួយប្រទេសដទៃក៏មិនមានឥទ្ធិពលខ្លាំងទៅលើសេដ្ឋកិច្ចប្រទេសនេះឡើយ។ បើទោះជាប្រទេសកូរ៉េខាងជើងមានការធ្វើជំនួញនិងមានការនាំចេញផ្សេងៗក៏ដោយ ក៏ប្រទេសនេះមានការជួបប្រទះនូវគ្រោះទុរភិក្ស ភាពអត់ឃ្លាននិងការខ្វះខាតនៃប្រជាជនផងដែរ។

តើប្រទេសកូរ៉េខាងជើងដំណើរការសេដ្ឋកិច្ចរបស់ពួកគេយ៉ាងដូចម្ដេច?

កូរ៉េខាងជើងនៅពេលបច្ចុប្បន្ននេះមានការដំណើរការសេដ្ឋកិច្ចដោយការធ្វើពាណិជ្ជកម្ម (ការនាំចេញ) បន្តិចបន្តួច ហើយបើយោងតាមព័ត៌មានមួយចំនួនដូចជា Forbes, The Heritage Foundation បានលើកឡើងថាប្រទេសនេះបានរកចំណូលចូលបានមួយផ្នែកទៀតតាមរយៈការធ្វើសកម្មភាពឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត។ យោងទៅតាមព័ត៌មានពី The Heritage Foundation ចាប់តាំងពីឆ្នាំ ២០០៧មក កូរ៉េខាងជើងបានរកចំណូលច្រើនតាមរយៈការវាយប្រហារតាមលំហអ៊ីនធឺណេត (cyber-attack) ដូចជាការ hack យកនូវទិន្នន័យចារកម្មផ្សេងៗពីបណ្តាប្រទេសមួយចំនួន ជាមួយនឹងការលេចឡើងនូវរូបិយប័ណ្ណឌីជីថលថ្មីដូចជារូបិយបណ្ណគ្រីបតូ (cryptocurrency)។ យោងតាម the U.S. Cybersecurity & Infrastructure Security Agency ការវាយប្រហារតាមលំហអ៊ីនធឺណេតរបស់កូរ៉េខាងត្បូងគឺធ្វើឡើងដោយការជំរិតយកលុយតាមរយៈ ransomware។ ហើយការវាយប្រហារនេះបានក្លាយជាប្រភពចំណូលមួយដ៏ធំរបស់ប្រទេសនេះនៅពេលបច្ចុប្បន្ន។ ដោយឡែកការរកចំណូលបន្តិចបន្តួចរបស់ប្រទេសនេះក៏មានដូចជាការនាំចេញនូវផលិតផលផ្សេងៗដូចជា ធ្យូង គ្រឿងសមុទ្រ និងវាយនភណ្ឌផ្សេងៗទៅកាន់ប្រទេសមួយចំនួនដូចជាប្រទេសចិនដែលជាដៃគូផ្ដាច់មុខ ក៏ដូចជាប្រទេសឥណ្ឌា ប្រទេសប៉ាគីស្ថាន និងប្រទេសមួយចំនួនទៀត។

តើសេដ្ឋកិច្ចរុស្ស៊ីអាចរស់ជាមួយទណ្ឌកម្មពីប្រទេសលោកខាងលិចបានយ៉ាងដូចម្ដេច?

បរិបទសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានបង្កើតឱ្យមានការភ្ញាក់ផ្អើលជាច្រើនមកដល់ពិភពលោកដែលអាចរាប់ចាប់ពីការសម្រេចចិត្ដបើកការវាយប្រហាររបស់រុស្ស៊ី ការដាក់ទណ្ឌកម្មរុស្ស៊ីរហូតដល់ក្លាយជាប្រទេសទទួលរងទណ្ឌកម្មសេដ្ឋកិច្ចច្រើនជាងគេ និងការណ៍ដែលរុស្ស៊ីអាចដកដង្ហើមសេដ្ឋកិច្ចខណៈប្រទេសដែលព្យាយាមសង្កត់សេដ្ឋកិច្ចរុស្ស៊ីកំពុងទទួលរងផលប៉ះពាល់ទៅវិញ។ ប្រទេសដែលដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដូចជាប្រទេសក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានជួបប្រទះនូវការកើនឡើងអតិផរណាជាលំដាប់ និងការធំក្លិនចំហាយឱនភាពសេដ្ឋកិច្ច។ ដូចនេះហើយទើបគេសួរថា តើប្រទេសលោកខាងលិចយកថ្មទៅបោះសង្កត់ទៅលើរុស្ស៊ី​ ឬបោះទៅចំជើងខ្លួនឯង? ជាក់ស្ដែង អតិផរណារបស់តំបន់អឺរ៉ូត្រូវបាន Eurostat រំពឹងថានឹងកើនដល់ ៨.៩% ខណៈលុយអឺរ៉ូបានធ្លាក់ចុះស្មើដុល្លារអាមេរិកជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ។ មិនខុសពីសហភាពអឺរ៉ុប អតិផរណារបស់សហរដ្ឋអាមេរិកក៏បានឡើងដល់ ៩.១% ដែលធ្វើឱ្យសេដ្ឋវិទូរបារម្ភពីឱនភាពសេដ្ឋកិច្ច។ ។ ដូចនេះ ហេតុអ្វីបានជាស្ថានភាពសេដ្ឋកិច្ចរុស្ស៊ីនៅតែល្អ ខណៈដែលគេកំពុងដាក់ទណ្ឌកម្ម?

ការរងទណ្ឌកម្មពីបណ្ដាប្រទេសលោកសេរី

ការផ្ដើមដាកទណ្ឌកម្មទៅលើរុស្ស៊ីគឺចាប់ផ្ដើមមុននឹងសង្គ្រាមបានផ្ទុះទៅទៀត ដោយក្រោយលោក វ៉្លាឌីមៀរ ពូទីន ​​ប្រកាស​ទទួល​ស្គាល់​តំបន់​ដូនែតស្ក៍ (Donetsk) ​ និង​លូហ្កានស្ក៍ (Lougansk) ជា​តំបន់​ឯករាជ្យ កាលពីថ្ងៃទី២១ កុម្ភៈ ២០២២ មុនការចូលឈ្លានពានអ៊ុយក្រែនបីថ្ងៃ សហភាពអឺរ៉ុប អាមេរិក ជប៉ុន កោះតៃវ៉ាន់ និងអូស្ត្រាលីបានពួតដៃគ្នាដាក់ទណ្ឌកម្មរួចទៅហើយ។ ទម្ងន់នៃទណ្ឌកម្មទាំងនោះបានកើនឡើងនៅពេលសង្គ្រាមបានផ្ទុះដែលសំដៅដល់ការដាក់ចូលឥស្សរៈជននយោបាយរុស្ស៊ីក្នុងបញ្ជីខ្មៅ បង្កកទ្រព្យសម្បត្តិពួកអភិជន និងធនាគាររុស្ស៊ី ហាមមិនឱ្យនាំចូលឧបករណ៍បច្ចេកវិទ្យា និងគ្រឿងសព្វាវុធ ជាពិសេសគឺគម្រោងបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី។ បន្ទាប់មក ក្រុមប្រទេសប្រជាធិបតេយ្យជាច្រើនរួមមាន សាធារណរដ្ឋកូរ៉េ អង់គ្លេស កាណាដា សិង្ហបុរី ​ស្វ៊ីស បារាំង និងអ៊ីតាលីជាដើម បានដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត។

ការរួមចំណែកនៃទណ្ឌកម្មរបស់ក្រុមហ៊ុនឯកជន

ការដាក់ទណ្ឌកម្មក្នុងករីណរុស្ស៊ីនិងអ៊ុយក្រែននេះបានលើសពីរវាងរដ្ឋនិងរដ្ឋ ដែលគួរឱ្យភ្ញាក់ផ្អើលផងដែរនៅពេល ក្រុមហ៊ុនសហគ្រាសធំៗរាប់រយបាននាំគ្នាដើរចេញពីសេដ្ឋកិច្ចរបស់រុស្ស៊ី ក្នុងនោះរួមមានដូចជា Starbucks, Nike, McDonald’s, Intel, Decathlon, Heineken, Spotify Technology, InterContinental Hotels Group (IHG), Airbnb, Booking, Nestle, Coca-Cola, Boeing, TikTok,  Netflix, Samsung, Apple, Nokia, Microsoft, FIFA, UEFA, Ikea, TotalEnergies, Toyota, Ferrari, Mercedes-Benz, Ford, BMW និងក្រុមហ៊ុនធំៗជាច្រើនទៀត។ ហើយបើគិតមកទល់បច្ចុប្បន្ននេះ រុស្ស៊ីគឺជាប្រទេសទី១ដំបូងគេបង្អស់ដែលទួលរងទណ្ឌកម្មច្រើនជាងគេបំផុតនៅលើពិភពលោក និងទាំងនៅក្នុងប្រវត្តិសាស្ត្រទៀតផង។

ហេតុអ្វីរុស្ស៊ីអាចទ្រាំទ្រនៅក្នុងស្ថានភាពដ៏លំបាកមួយនេះ?

រុស្ស៊ីកំពុងស្ថិតនៅក្នុងសង្គ្រាម ២ ប្រភេទក្នុងពេលតែមួយ ទី១ សង្គ្រាមឈ្លានពានទឹកដីអ៊ុយក្រែន ទី២ សង្គ្រាមទប់ទល់ និងតបតទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់ក្រុមប្រទេសសេរី។ ឧបករណ៍សំខាន់ដែលរុស្ស៊ីបានប្រើក្នុងសង្គ្រាមសេដ្ឋកិច្ចនេះមានបីសំខាន់ៗដូចជា ស្បៀងអាហារ ហិរញ្ញវត្ថុ និងថាមពល។ បើយោងតាម ​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ រុស្ស៊ី និងអ៊ុយក្រែនជាប្រទេសដែលនាំចេញគ្រាប់ធញ្ញជាតិទៅផ្គត់ផ្គង់ទីផ្សារអន្តរជាតិក្នុងទំហំធំខ្លាំងក្នុងពិភពលោក ដែលក្នុងនោះរួមមាន ស្រូវសាលី ២៧% ស្រូវបាឡេ ២៣% ពោត ១៦% និងគ្រាប់ធញ្ញជាតិផ្សេងៗទៀត។ ដូច្នេះ នៅពេលដែលរុស្ស៊ី និងអ៊ុយក្រែនខកខានមិនបាននាំចេញក្រោមហេតុផលជាប់រវល់ធ្វើសង្គ្រាម ភាពតានតឹងភូមិសាស្ត្រ និងការដាក់ទណ្ឌកម្មពីលោកខាងលិចផងនោះ តម្លៃទីផ្សារនៃស្បៀងអាហារពិភពលោកក៏កើនឡើងខ្លាំងដូចគ្នា ព្រោះការផ្គត់ផ្គង់មិនគ្រប់គ្រាន់ទៅតាមតម្រូវការ ហើយវិបត្តិកង្វះស្បៀងអាហារពិភពលោកក៏កាន់តែមានស្ថានភាពដុនដាប ជាពិសេសតំបន់ប្រទេសក្រីក្រនៅទ្វីបអាហ្វ្រិក។ ក្នុងករណីនេះ រុស្ស៊ីបានរួមចំណែកក្នុងការបង្កើនអតិផរណាពិភពលោក ដែលរុស្ស៊ីខ្លួនឯងសំបូរដោយការផ្គត់ផ្គង់ ខណៈប្រទេសលោកខាងលិចបានបង្កើនតម្រូវការទៅវិញ។

វិបត្តិធ្លាក់ថ្លៃរូបិយបណ្ណរូប្លិ៍ (Russia Ruble)

បន្ទាប់ពីសង្គ្រាមបានផ្ទុះដំបូង នៅចុងខែកុម្ភៈ និងដើមខែមីនា តម្លៃរូបិយបណ្ណជាតិរបស់រុស្ស៊ី (រូប្លិ៍) ធ្លាក់ដាំក្បាលចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ បើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Google Finance នៅដើមខែកុម្ភៈពេលមុនរុស្ស៊ីឈ្លានពានអ៊ុយក្រែន​ រូបិយបណ្ណជាតិរុស្ស៊ីមានតម្លៃប្រមាណជា ៧៥រូ ប្លិ៍ប៉ុណ្ណោះក្នុង ១ដុល្លារអាមេរិក ប៉ុន្តែត្រឹមតែ ២ សប្ដាហ៍ក្រោយការឈ្លានពានអ៊ុយក្រែនគឺនៅថ្ងៃទី០៧ មីនា ក្នុង ១ដុល្លារអាមេរិក ស្មើនឹងរហូតដល់ទៅ ១៣៧ រូប្លិ៍។ វិបត្តិធ្លាក់ថ្លៃរូបិយបណ្ណរូប្លិ៍បានធ្វើឱ្យក្រុមប្រទេសសេរីដែលបានដាក់ទណ្ឌកម្មមានក្ដីសង្ឃឹមថាសេដ្ឋកិច្ចរុស្ស៊ីនឹងជួបវិបត្តិធ្ងន់ធ្ងរ ដើម្បីបង្ខំឱ្យរុស្ស៊ីដកកម្លាំងទ័ពពីការឈ្លានពានអ៊ុយក្រែន។ ខុសពីការរំពឹងទុករបស់ក្រុមប្រទេសលោកខាងលិច លោកពូទីនបានព្យាយាមបញ្ចុះបញ្ចូលប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីទប់ទល់និងអតិផរណាមួយនេះ ដោយការនាំចេញថាមពលប្រេង ឧស្ម័ន និងទំនិញផ្សេងទៀត ដើម្បីទទួលបានចំណូល និងអាចបន្ធូរបន្ថយភាពតានតឹងហិរញ្ញវត្ថុក្នុងស្រុកផងដែរ។

លើសពីនេះ ជាការឆ្លើយតបទៅកាន់ក្រុមប្រទេសសេរីវិញ លោក ពូទីន បាន​ប្រកាស​ថារុស្ស៊ីបញ្ឈប់ការលក់​ឧស្ម័ន​​ឱ្យ​សហភាព​អឺរ៉ុបដោយ​គិត​ជា​​ប្រាក់​ដុល្លារ ឬ​ប្រាក់​អឺរ៉ូ​ ដោយទាមទារឱ្យគ្រប់ប្រទេសដែល​ទិញ​ឧស្ម័ន​ ឬ​ប្រេង​ពី​រុស្ស៊ី ​ត្រូវ​បង់​ជា​ប្រាក់​រូប្លិ៍។ ការណ៍នេះបានធ្វើឱ្យតម្រូវការប្រាក់រូប្លិ៍កើនឡើងមួយរំពេច បណ្ដាលឱ្យតម្លៃប្រាក់រូប្លិ៍ត្រឡប់មកស្ថានភាពដើមវិញ ឬប្រសើរជាងមុនពេលសង្គ្រាមឈ្លានពានអ៊ុយក្រែនទៅទៀត។ ជាក់ស្ដែង រហូតមកទល់ពេលនេះ ក្នុង ១ ដុល្លារអាមេរិក មានតម្លៃត្រឹមតែ ៦០ រូប្លិ៍តែប៉ុណ្ណោះ។ ដោយឡែក បើយើងធ្វើការប្រៀបធៀបការចំណាយរបស់រុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែន ក្នុងមួយថ្ងៃ រុស្ស៊ីចំណាយអស់រហូតដល់ទៅ ៨៧៦លានដុល្លារអាមេរិក ប៉ុន្តែការចំណាយដ៏ច្រើនមហិមាក្នុងមួយថ្ងៃនេះក៏នៅតែតិចជាងចំណូលរបស់រុស្ស៊ីដែលរកបានពីការលក់ប្រេង និងឧស្ម័នក្នុងមួយថ្ងៃៗ រហូតដល់ទៅ ១ ប៊ីលានដុល្លារអាមេរិក។ តាមរយៈតួលេខនេះ យើងអាចសន្និដ្ឋានបានថា សេដ្ឋកិច្ចរុស្ស៊ីមិនត្រឹមតែមិនធ្លាក់ចូលក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែថែមទាំងអាចរក្សាតម្លៃប្រាក់រូប្លិ៍របស់ខ្លួនឱ្យប្រសើរជាងមុនបានទៀតផង។

បើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (International Energy Agency) សហភាពអឺរ៉ុបទាំង២៧រដ្ឋសមាជិកពឹងផ្អែកលើការនាំចូលប្រេងពីរុស្ស៊ីរហូតដល់ទៅ ៤៥% និងឧស្ម័នចំនួនប្រមាណ ៤០%។ ទោះជាយ៉ាងណា ក្រុមមេដឹកនាំក្នុងសហភាពអឺរ៉ុបបានសន្យាថានឹងកាត់បន្ថយការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីចំនួន៩០% នៅចុងឆ្នាំ២០២២។ ប៉ុន្តែ ការសន្យានេះអាចនឹងមិនទទួលបានជោគជ័យ ព្រោះរដូវរងារនឹងឈានមកដល់ក្នុងខែធ្នូចុងឆ្នាំនេះ ដូច្នេះតម្រូវការរបស់ពលរដ្ឋអឺរ៉ុបនូវថាមពលបន្ថែមនឹងកើនឡើងបន្ថែមទៀត ដែលអាចជាឧបសគ្គក្នុងការឈានទៅរកគោលដៅ៩០%នេះ។

រហូតមកទល់ពេលនេះរុស្ស៊ីបានប្រើប្រាស់ធនធានថាមពលរបស់ខ្លួនជាអាវុធនយោបាយ (Political Weapon) តាមរយៈការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នទៅកាន់ប្រទេសសមាជិកអឺរ៉ុបចំនួន១២រួចមកហើយ បើគិតត្រឹមដើមខែកក្កដា ២០២២។ ហើយបើយោងតាម ការចេញផ្សាយរបស់ Aljazeera ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream 1 មកនៅត្រឹមតែ២០%នៃសមត្ថភាពបំពង់បង្ហូរសរុបតែប៉ុណ្ណោះ។ ក្រោយវិបត្តិកូវីដ១៩បានធូរស្រាល តម្រូវការថាមពលមានការកើនឡើង ស្របពេលដែលរុស្ស៊ីកាត់បន្ថយការបង្ហូរឧស្ម័នទៀតផងនោះ បានធ្វើឱ្យតម្លៃថាមពលប្រេង និងឧស្ម័ននៅអឺរ៉ុបកើនឡើងខ្លាំង ហើយបានជះឥទ្ធិពលទៅដល់អតិផរណានៃតម្លៃទីផ្សារទំនិញផ្សេងៗទៀតទូទាំងទ្វីបអឺរ៉ុបទាំងមូល និងសហរដ្ឋអាមេរិកផងដែរ។ គិតត្រឹមខែមិថុនា ២០២២ អត្រាអតិផរណាតំបន់ដែលប្រើប្រាស់ប្រាក់អ៊ឺរ៉ូបានកើនដល់ទៅប្រមាណ ៨.៦% នេះដោយផ្អែកទៅលើការចេញផ្សាយរបស់ Trading Economics។ ទន្ទឹមនេះ រុស្ស៊ីបានប្រើប្រាស់មធ្យោបាយកាត់បន្ថយអត្រាការប្រាក់ដើម្បីកាត់បន្ថយផលប៉ះពាល់ និងទប់ស្កាត់អតិផរណាមុនសង្គ្រាមផ្ទុះទៅទៀត។

សរុបជារួម ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច គឺជាមធ្យោយបាយដ៏ពេញនិយមរបស់មហាអំណាចសេដ្ឋកិច្ចសេរី និងត្រូវបានគេយល់ថាមានប្រសិទ្ធិភាព និងងាយស្រួលដាក់ទៅលើប្រទេសមួយចំនួនកន្លងមក។ ផ្ទុយទៅវិញ ប្រព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្មរុស្ស៊ីបានចាក់ស្រេះចូលក្នុងសរសៃឈាមសេដ្ឋកិច្ចពិភពលោកយ៉ាងជ្រៅ ដូច្នេះ ការដាក់ទណ្ឌកម្មរុស្ស៊ីពីក្រុមប្រទេសលោកខាងលិច ប្រាកដណាស់នឹងមានផលជះត្រឡប់ទៅវិញ ហើយរុស្ស៊ីទំនងជាអាចរុញច្រានសេដ្ឋកិច្ចអឺរ៉ុបទាំងមូលឱ្យធ្លាក់ចូលក្នុងវិបត្តិដូចខ្លួនដែរក៏ថាបាន។ ហើយចំណុចដែលគួរកត់សម្គាល់មួយដ៏សំខាន់នោះគឺ ទណ្ឌកម្មសេដ្ឋកិច្ចបានផ្ដល់ទុក្ខលំបាកដល់តែប្រជាពលរដ្ឋសាមញ្ញ ដែលរស់នៅក្នុងប្រទេសនោះប៉ុណ្ណោះ រីឯមេដឹកនាំគ្រាន់តែមានឈ្មោះថាជាអ្នកទទួលរងទណ្ឌកម្ម ដោយសារតែខ្លួនមានតួនាទីជាតំណាងប្រទេសជាតិនោះ។

ហេតុអ្វីការលាលែងរបស់ Boris Johnson ប៉ះពាល់ដល់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន?

នៅថ្ងៃទី៧ ខៃកក្កដា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានប្រកាសជាផ្លូវការថាលោកនឹងលាលែងពីដំណែងជាថ្នាក់ដឹកនាំរបស់គណបក្សអភិរក្សនិងដំណែងជានាយករដ្ឋមន្ត្រីផងដែរ ក្រោយពីមន្ត្រីដែលលោកបានតែងតាំង គឺលោក Christopher Pincher បានពាក់ព័ន្ធនៅក្នុងរឿងអាស្រូវផ្លូវភេទ។ ក្រោយពីដំណឹងនៃការលាលែងរបស់លោកបានចេញជាផ្លូវការ គឺមានប្រតិកម្មអន្តរជាតិមួយដែលគួរឲ្យកត់សម្គាល់ដែលនោះគឺប្រតិកម្មពីប្រធានាធិបតី Volodymyr Zelenskky ដែលជាប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន។ នៅក្នុងប្រសាសន៍ផ្លូវការរបស់លោក លោកបានថ្លែងថា “ពួកយើងបានទទួលឮដំណឹងនេះដោយក្តីសោកសៅ។ មិនត្រឹមតែខ្ញុំទេ តែសង្គមអ៊ុយក្រែនទាំងមូលពិតជាមានក្តីអាណិតអាសូរទៅដល់លោក(Boris Johnson)។ មន្ត្រីរបស់ខ្ញុំក៏ដូចជាប្រជាជនអ៊ុយក្រែនសូមថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែងរបស់លោក។” តាមរយៈប្រសាសន៍ខាងលើរបស់លោកZelenskyy បានបង្ហាញថាលោក Johnson គឺដើរតួនាទីយ៉ាងសំខាន់មួយនៅក្នុងសង្គ្រាមរវាងប្រទេសអ៊ុយក្រែននិងរុស្ស៊ី។

តើការចាកចេញរបស់លោកនឹងប៉ះពាល់ទៅដល់តួនាទីរបស់ចក្រភពអង់គ្លេសនៅក្នុងសង្គ្រាមដែរឬទេ?

ទំនាក់ទំនងលើសពីថ្នាក់ដឹកនាំ

ជាការពិតណាស់ លោកJohnson និងលោកZelenskyy ពិតជាមានទំនាក់ទំនងជាមួយគ្នាយ៉ាងស្អិតរមួត ដែលទំនាក់ទំនងនេះគឺមិនត្រឹមចេញពីមិត្តភាពរវាងអ្នកដឹកនាំនិងអ្នកដឹកនាំនោះទេ តែជាមិត្តភាពរវាងបុគ្គលនិងបុគ្គលផងដែរ។ លោកJohnson គឺជាថ្នាក់ដឹកនាំមួយក្នុងចំណោមថ្នាក់ដឹកនាំឯទៀត ដែលបានធ្វើដំណើរជួបលោកZelenskyyជាផ្លូវការមុនគេ ទៅរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន មុនដំបូងគេ ហើយក៏ជាថ្នាក់ដឹកនាំមួយដែលធ្វើដំណើរទៅប្រទេសអ៊ុយក្រែនលើសពីម្តងថែមទៀតផង។ នៅក្នុងវីដេអូរបស់លោកZelenskkyស្តីអំពីការធ្វើទស្សនកិច្ចរបស់លោកJohnson លោកZelenskky បានស្ងើចសរសើរអំពីភាពក្លាហានរបស់នាយករដ្ឋមន្រ្តីរបស់ចក្រភពអង់គ្លេសរូបនេះ ហើយក៏បានហៅឈ្មោះផ្ទាល់របស់លោក គឺBoris Johnsonថាជាមិត្តភក្តិយ៉ាងពិតប្រាកដរបស់អ៊ុយក្រែន។ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោកJohnson បានធ្វើដំណើរម្តងទៀតជាលើកទីពីរទៅប្រទេសអ៊ុយក្រែន ដោយលោកបានផ្តល់ឱកាសដើម្បីបង្កើតបេសសកម្មហ្វឹកហាត់ទៅដល់ទ័ពអ៊ុយក្រែន។ បើយោងតាមរបាយការណ៍របស់ស្ថាប័ន Kiel Institute for World Economy ចក្រភពអង់គ្លេសគឺជាស្ថាប័នទី ៣ ដែលផ្តល់ជំនួយច្រើនជាងគេដល់ប្រទេសអ៊ុយក្រែនបន្ទាប់ពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។

ប្រែប្រួលតិច ឬច្រើន?

គោលនយោបាយការបរទេសរបស់ចក្រភពអង់គ្លេស នឹងមិនប្រែប្រួលខ្លាំងក្លានោះទេ បើទោះបីជាលោកJohnson ចុះចេញពីដំណែងក៏ដោយ។ លោកJohnson បានទូរសព្ទទៅកាន់លោកZelenskyy ក្រោយពីលោកបានប្រកាសពីការលាលែងរបស់លោក ដើម្បីធានាទៅដល់លោកZelenskyy ថាការជួយជ្រោមជ្រែងរបស់ចក្រភពអង់គ្លេសទៅកាន់អ៊ុយក្រែនគឺមិនប្រែប្រួលឡើយ។ យើងក៏អាចក្រឡេកមើលបេក្ខភាពដែលអាចជំនួសលោក Johnson ដើម្បីអាចដឹងថាចក្រភពអង់គ្លេសនឹងជួយប្រទេសអ៊ុយក្រែនដូចនៅពេលលោកJohnsonជានាយករដ្ឋមន្ត្រីឬទេ។ បច្ចុប្បន្នបេក្ខភាពដែលនឹងជំនួសលោកJohnsonគឺមានពីររូបគឺ លោកស្រី Liz Truss ដែលជារដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន និងលោក Rishi Sunak ដែលជាអតីតរដ្ឋមន្ត្រីហរិញ្ញវត្ថុ ដែលលោកទើបតែលាលែងពីដំណែងនៅពេលដែលរឿងអាស្រូវក្នុងរដ្ឋាភិបាលនេះបានផ្ទុះឡើង។ លោកស្រី Truss ត្រូវបានអ្នកសារព័ត៍មានជាច្រើនបានប្រៀបប្រដូចអ្នកស្រីជាមួយស្ត្រីដែកថែប អ្នកស្រី Margaret Thatcher ដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបង្អស់របស់ចក្រភពអង់គ្លេស ដោយសារអ្នកស្រីតែងតែការពារនូវគោលនយោបាយដែលអ្នកស្រីជឿជាក់ដាច់ខាត ហើយមិនងាយនឹងផ្លាស់ប្តូរឡើយ។ ចំពោះគោលនយោបាយជាមួយនឹងប្រទេសអ៊ុយក្រែន អ្នកស្រីគឺបានបង្ហាញគោលជំហរយ៉ាងខ្លាំងក្លាក្នុងការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីហើយក៏បានគាំទ្រយ៉ាងពេញទំហឹងទៅលើការផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចនិងយោធាទៅដល់ប្រទេសអ៊ុយក្រែន។ អ្នកស្រីបានបង្ហាញគោលជំហរយ៉ាងខ្លាំងក្លាក្នុងការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលនៃប្រទេសរុស្ស៊ីនិងគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការជួយជ្រោមជ្រែងទាំងផ្នែកយោធានិងសេដ្ឋកិច្ចដល់ប្រទេសអ៊ុយក្រែន។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានរបស់បារាំង France 24 អ្នកស្រីបានប្រសាសន៍ថា “ពួកយើងនឹងពាក់ព័ន្ធយ៉ាងយូរនៅក្នុងរឿងនេះ” ដោយអ្នកស្រីបានបកស្រាយថារាជរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេសនឹងជួយអ៊ុយក្រែនរហូតឲ្យទទួលបានជ័យជំនះ។ អ្នកស្រីក៏គាំទ្រចំណាត់វិធានការផ្សេងៗដូចជាការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលមាននៅចក្រភពអង់គ្លេស ហើយបរិច្ចាកទៅឲ្យរដ្ឋាភិបាលអ៊ុយក្រែន បើយោងតាមសារព័ត៍មាន The Guardian។

ចំណែកឯលោក Sunak វិញ លោកគឺមានគំនិតខុសពីលោកJohnson នៅក្រោយពែលដែលរឿងអាស្រូវនេះបានផ្ទុះឡើង។ លោកគឺជាមន្ត្រីមួយក្នុងចំណោមមន្ត្រីដំបូងគេដែលបានលាលែងពីដំណែង ដោយលោកបានសម្តែងការមិនពេញចិត្តរបស់លោកចំពោះបុគ្គលិកលក្ខណៈនិងការដឹកនាំរបស់លោកJohnson។ ចំពោះរឿងសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន លោកមិនមានជំហរជាក់លាក់ដែលធ្វើឲ្យគេកត់សម្គាល់នោះឡើយ ទោះបីជាលោកធ្លាប់បានបង្ហាញជំហររបស់លោកក្នុងការគាំទ្រប្រទេសអ៊ុយក្រែនការពារបូរណភាពទឹកដីរបស់ខ្លួន ប៉ុន្តែលោកមិនមានជំហរគាំទ្រប្រទេសអ៊ុយក្រែនខ្លាំងក្លាដូច លោកJohnson និងអ្នកស្រីTruzz នោះទេ។ លោកក៏ធ្លាប់មានករណីចោទប្រកាន់មួយ ដែលទាក់ទងនឹងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ដោយក្រុមហ៊ុនដែលគ្រប់គ្រងដោយក្រុមគ្រួសាររបស់ប្រពន្ធលោក ឈ្មោះថាInfosys នៅតែមានវត្តមាននៅក្នុងប្រទេសរុស្ស៊ី ស្របពេលដែលក្រុមហ៊ុនឯទៀតបានចាកចេញដើម្បីជាការដាក់ទណ្ឌកម្មក៏ដោយ។ រូបលោកដែលជាអ្នកសិក្សាផ្នែកសេដ្ឋកិច្ច លោកបានបកស្រាយថាសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ីអាចបង្កឲ្យអតិផរណារបស់ចក្រភពអង់គ្លេសឡើងដល់ ៧.៤% នៅក្នុងឆ្នាំ២០២២។

សរុបមក ជំហរនិងទំនាក់ទំនងរវាងប្រទេសអ៊ុយក្រែន និងចក្រភពអង់គ្លេស នឹងមិនផ្លាស់ប្តូរខ្លាំងក្លានោះទេ។ ចក្រភពអង់គ្លេសនឹងនៅបន្តគាំទ្រប្រទេសអ៊ុយក្រែនក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន។ ប៉ុន្តែកម្រិតនៃការប្រាស្រ័យទាក់ទងអាចមានការប្រែប្រួល ដោយមិនអាចរំពឹងទុកបានដូចនៅពេលដែលលោក Johnson ជានាយករដ្ឋមន្ត្រីនោះទេ។ សព្វថ្ងៃនេះ ចក្រភពអង់គ្លេសកំពុងតែបោះឆ្នោតដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីដើម្បីនឹងជំនួសលោក Johnson ហើយជោគវាសនាទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងប្រទេសអ៊ុយក្រែន នៅក្នុងសង្គ្រាមប្រឆាំងជាមួយនឹងរុស្ស៊ី គឺស្ថិតនៅលើបេក្ខភាពដែលនឹងជ្រើសរើសដោយសមាជិកនៃគណបក្សអភិរក្សនេះឯង។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ