"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ វិបត្តិចំណាប់ខ្មាំងអាមេរិក ១៩៧៩

រយៈពេល ៤៤៤ ថ្ងៃដែលបុគ្គលិកស្ថានទូតអាមេរិកត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមចលនាប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់នៅក្នុងវិបត្តិចំណាប់ខ្មាំងអាមេរិក ឆ្នាំ ១៩៧៩ ដែលហេតុការណ៍នេះបានបង្កឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្លាយជាសត្រូវនឹងគ្នា និងបានផ្លាស់ប្តូរសម្ព័ន្ធភាពទំនាក់ទំនងរវាងប្រទេសទាំងពីរមកទល់ពេលនេះ ពោលគឺជិត ៤៥ ឆ្នាំទៅហើយ។

មូលហេតុនៅពីក្រោយវិបត្តិចំណាប់ខ្មាំងអាមេរិក ឆ្នាំ ១៩៧៩

នៅឆ្នាំ​ ១៩៥២ ដែលស្ថិតក្នុងអំឡុងពេលភាពតានតឹងនៃសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត បានជះឥទ្ធិពលដល់អ៊ីរ៉ង់ក្រោមរដ្ឋបាលដឹកនាំរបស់នាយករដ្ឋមន្រ្តីដែលទើបជាប់ឆ្នោតថ្មីម្នាក់ ឈ្មោះថា ម៉ូហាម៉ាដ ម៉ូសាដេក (Mohammad Mossadegh)​ ដែលជា​អ្នក​នយោបាយ​ជាតិនិយមមួយរូប។​ ក្រោមរដ្ឋបាលដឹកនាំរបស់លោក ម៉ូហាម៉ាដ ម៉ូសាដេក លោកបានដាក់ចេញនូវគោលនយោបាយជាច្រើន ដែលពិសេសនោះគឺការធ្វើជាតូបនីយកម្មលើវិស័យប្រេង ដោយដកហូតសិទ្ធិធ្វើអាជីវកម្មបូមប្រេងពីក្រុមហ៊ុនបរទេស។ ឆ្លើយតបទៅនឹងការដកហូតនេះ អង់គ្លេសដែលរកចំណូលបានច្រើនពីការធ្វើអាជីវកម្មប្រេងនេះ បានព្យាយាមរកវិធីផ្តួលរលំរបបដឹកនាំរបស់លោក ម៉ូសាដេក និងជំនួសដោយអ្នកផ្សេងវិញ ហើយពេលនោះ សហរដ្ឋអាមេរិកក៏បានចូលរួមផងដែរ។

ជម្លោះរវាងអ៊ីរ៉ង់ និងបណ្តាប្រទេសលោកខាងលិចក៏ចាប់ផ្តើមផ្ទុះឡើង ដោយត្រឹមរយៈពេលមួយឆ្នាំ លោក ម៉ូហាម៉ាដ ម៉ូសាដេក ត្រូវបានគេទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធាមួយ និងបានជំនួសវិញដោយស្តេច ម៉ូហាម៉ាដ រ៉េសា ផាឡាវី (Mohammad Reza Pahlavi) នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៥៣។ ស្តេច ម៉ូហាម៉ាដ រ៉េសា ផាឡាវី គឺជាអ្នកដឹកនាំផ្តាច់ការ រំលោភសិទ្ធិមនុស្ស ប្រព្រឹត្តអំពើពុករលួយ និងអនុវត្តគោលនយោបាយនិយមអាមេរិក នេះបើយោងទៅតាមព័ត៌មានដកស្រង់ចេញពី គេហទំព័រ Britannica។ ក្រោមការដឹកនាំរបស់ស្តេច ផាឡាវី ទ្រង់បានបើកផ្លូវឱ្យអង់គ្លេស និងបណ្តាប្រទេសផ្សេងទៀត បន្តធ្វើអាជីវកម្មប្រេង។ ចលនាប្រឆាំងពីមហាជនចំពោះស្តេច ផាឡាវី ​ក៏បានរីករាលដាលកាន់តែខ្លាំង បើទោះបីជាគេឃើញថា ក្រោមការ​ដឹកនាំរបស់ស្តេចអង្គនេះ អ៊ីរ៉ង់មានសន្ទុះកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចក៏ដោយ។

អំឡុងពេលដែលរងនូវការបះបោរពីមហាជន អាមេរិកនៅតែបន្តផ្តល់ជំនួយថវិកាទៅដល់ស្តេច ផាឡាវី ដើម្បីមេដឹកនាំរូបនេះអាចបន្តរក្សាអំណាចទៅទៀតបាន។​ ជាក់ស្តែងនៅក្នុងថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ១៩៧៧ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ជីមី ខាទ័រ (Jimmy Carter) បាននិយាយសរសើរស្តេច ផាឡាវី ក្នុងពិធីជប់លៀងឆ្នាំថ្មី ដោយលើកឡើងថា ​ស្តេច ផាឡាវី គឺជាមនុស្សដ៏គួរឱ្យគោរព និងទទួលបានកី្តស្រលាញ់ពេញ​​ចិត្តពីសំណាក់ជនជាតិអ៊ីរ៉ង់ជាច្រើន ទាំងដែលការពិត គឺផ្ទុយស្រឡះ។ ការណ៍នេះរឹតតែធ្វើឱ្យប្រជាជនអ៊ីរ៉ង់ កាន់តែខឹងសម្បារ និងបង្កើនចលនាប្រឆាំងកាន់តែខ្លាំងឡើង។​

នៅក្នុងចលនាប្រឆាំងនឹងសេ្តចស្ហា ផាឡាវី មានមេដឹកនាំម្នាក់គឺ រូហូឡា ខូម៉ីនី (Ruhollah Khomeini) ជាមេដឹកនាំចលនាមានប្រជាប្រិយភាពមួយរូប ដែលជាពិសេសនោះគឺបន្ទាប់ពីត្រូវបានចាប់ខ្លួនដោយអាជ្ញាធរនិងនិរទេសខ្លួននៅអ៊ីរ៉ាក់និងបារាំង កំណើនអ្នកគាំទ្ររូបលោកបានកើនឡើងនិងមានការគាំទ្រចលនារបស់លោកជាខ្លាំង។

ការផ្ទុះឡើងនៃចលនាបាតុកម្ម

ចលនាបាតុកម្មបានផ្ទុះឡើងនាដើមឆ្នាំ ១៩៧៨ នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយកើតចេញពីសិស្សសាលា​ដែលជាអ្នក​ស្រលាញ់គាំទ្រយ៉ាងពេញទំហឹងរបស់លោក រូហូឡា ខូម៉ីនី ។ ម៉្យាងទៀត យុវជនទាំងនោះគឺកំពុងតែជួបវិបត្តិគ្មានការងារធ្វើផងដែរ។ ចលនាប្រឆាំងនេះគឺកាន់តែរីករាលដាលធំទៅៗ ដោយមានអ្នកចូលរួមកើ​ន​ឡើងលើស ៦លាន នាក់ ហើយបាតុករមួយចំនួនបានស្លាប់ដោយសារកម្លាំងបង្ក្រាបរបស់អាជ្ញាធរក្រោម​ការបញ្ជារបស់ស្តេច ផាឡាវី ដែលបង្កឱ្យកាន់តែដុតកំហឹងរបស់ក្រុមបាតុករទាំងនោះ។ ដោយសារតែកម្លាំងបដិវត្តន៍របស់មហាជន ធ្វើឱ្យស្តេច ផាឡាវី បាននិរទេសខ្លួនទៅកាន់ប្រទេស​អេហ្ស៉ីប​​នៅថ្ងៃទី១៦ ខែ មករា ឆ្នាំ ១៩៧៩ ដោយមិនឃើញវត្តមានវិលត្រឡប់ចូលប្រទេសវិញឡើយ។ នៅពេលនោះ របបរាជានិយមនៅអ៊ីរ៉ង់ក៏ត្រូវបាន​ដួល​រលំ​​ និងជំនួសមកវិញដោយរដ្ឋាភិបាលអ៊ីស្លាម ក្រោមការដឹកនាំរបស់ លោក ខូម៉ីនី។

ការរើឡើងវិញនូវស្នាមរបួសចាស់

បន្ទាប់ពីទទួលបានជ័យជម្នះនៃបដិវត្តន៍អ៊ីរ៉ង់ ភាពជាសត្រូវជាមួយសហរដ្ឋអាមេរិករបស់អ្នកគាំទ្រ​របបចាស់ក៏បានរើ​ឡើងវិញ ហើយ​មន្ត្រីនៅស្ថានទូតអាមេរិកក៏បានរងការវាយប្រហារជាច្រើនលើកផងដែរពីសំណាក់ក្រុម​បាតុករ​គាំទ្រ​​បដិវត្តន៍។​​ បើទោះបីជាមានភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ក៏ពិតមែន តែប្រធានាធិបតីអាមេរិក លោក ជីមី ខាទ័រ បានបន្ត​ព្យាយាមរក្សាទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ថ្មី ក៏ប៉ុន្តែការដែលលោកផ្តល់សិទ្ធិជ្រកកោនដល់​ស្តេច ​ផាឡាវី ​​​ដើម្បី​ទទួលការព្យាបាលជំងឺមហារីកនៅអំឡុងខែតុលា ឆ្នាំ១៩៧៩ គឺជាការសម្រេចចិត្តដ៏ខុសមួយ។

នៅថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ១៩៧៩ ក្រុមសិស្សនិស្សិតដែលជាអ្នកស្មោះស្ម័គ្រនឹងមេដឹកនាំលោក ខូម៉ីនី ប្រមាណជា ៣ ពាន់ នាក់បាននាំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកប្រចាំទីក្រុងតេហេរ៉ង់ បន្ទាប់មកពួកគេក៏នាំគ្នា​សម្រុក​ចូលទៅក្នុង​ស្ថានទូត ហើយចាប់ខ្លួនមន្ត្រីនិងបុគ្គលិកស្ថានទូតអាមេរិកចំនួន ៦៣ នាក់ធ្វើជាចំណាប់ខ្មាំង ហើយមានតែអ្នកការទូត​អាមេរិកចំនួន​ ៦ នាក់ប៉ុណ្ណោះដែលបានរួចខ្លួនដោយបានសុំលាក់ខ្លួន​នៅគេហដ្ឋានរបស់អ្នកការទូត​កាណាដា​ លោក ចន ហ៊្សែរដោន (John Sheardown)។ នាពេលនោះផងដែរ នាយករដ្ឋមន្ត្រីកាណាដាលោក ចូ ខ្លាក (Joe Clark) បានជួយអ្នកការទូតអាមេរិកទាំង ៦​ នាក់ឱ្យបានចាកចេញពីប្រទេសអ៊ីរ៉ង់ ដោយការចេញនូវលិខិតឆ្លងដែនកាណាដាទៅឱ្យពួកគេ។ បន្ទាប់មកក្រុម​និស្សិត​​អ៊ីរ៉ង់នោះបានចាប់ខ្លួនបុគ្គលិកស្ថានទូតអាមេរិកចំនួន ៣ នាក់ទៀតមកធ្វើជាចំណាប់ខ្មាំងដែលចំនួនសរុបឡើងដល់ ៦៦ នាក់។

ដំណើរស្វែងរកដំណោះស្រាយ

ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់គឺនៅតែមិនអាចរកឃើញពន្លឺនៃដំណោះស្រាយឃើញ ដោយក្រុម​អ្នក​ចាប់ចំណាប់ខ្មាំងនៅថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ១៩៧៩ ​បានផ្ញើសារតាមការផ្សាយរបស់ស្ថានីយ៍ព័ត៌មានតេហេរ៉ង់​ដែលមានខ្លឹមសារ ហាមឃាត់ក្រុមប្រឹក្សារបស់ចលនាបដិវត្តន៍ និងមន្ត្រីផ្សេងទៀត ចូលរួមចរចាជាមួយអ្នក​តំណាង​​របស់សហរដ្ឋ​អាមេរិក និងបានចេញជាសារថា សហរដ្ឋអាមេរិកត្រូវតែប្រគល់ស្តេច ផាឡាវី មកឱ្យអ៊ីរ៉ង់វិញ និង​បញ្ឈប់​​ការធ្វើចារកម្មទៅលើចលនារបស់ពួកគេ ទើបពួកគេអាចបើកផ្លូវសម្រាប់ការចរចារបាន។ ភាពចម្រូងចម្រាស​នៃការចរចា និងការដោះស្រាយបញ្ហានេះនៅតែបន្តបើទោះបីជាសហរដ្ឋអាមេរិក ព្យាយាមស្វែងរកដំណោះស្រាយដោយសន្តិវិធីកី្ត។

ជាក់ស្តែង បន្ទាប់ពីទទួលបានសារពីប្រទេសអ៊ីរ៉ង់ហើយ នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកបានរៀបចំការប្រជុំជាបន្ទាន់នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយ​គ្មាន​វត្តមានរបស់អ៊ីរ៉ង់ និងបានអនុម័តនូវសេចកី្តសម្រេចលេខ ៤៥៧ ដោយបានអំពាវនាវដល់ក្រុមបាតុករ ឱ្យដោះលែង​ចំណាប់ខ្មាំងដែលជាបុគ្គលិកស្ថានទូតទាំងអស់ និងត្រូវការពារសុវត្ថិភាពរបស់ពួកគេ។ ក្នុងសេចកី្តសម្រេចនោះផង​ដែរ ក៏បានអំពាវនាវដល់រដ្ឋាភិបាលអាមេរិក និងអ៊ីរ៉ង់ ចូលតុចរចា និងដោះស្រាយបញ្ហាដោយសន្តិវិធី ​និង​​បានសំណូមពរដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) ដើរតួជាអ្នកសម្របសម្រួល ដើម្បី​អនុវត្ត​សេចកី្តសម្រេចនោះឱ្យបានលឿន។

ក៏ប៉ុន្តែ ក្រៅពីការស្វែងរកដំណោះស្រាយតាមនីតិវិធីរដ្ឋបាល លោក​ប្រធានាធិបតីអាមេរិក ជីមី ខាទ័រ ក៏បានប្រើប្រាស់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយបង្កកទ្រព្យសម្បត្តិរបស់​រដ្ឋាភិបាល​​អ៊ីរ៉ង់ ដែលមាននៅក្នុងសហរដ្ឋអាមេរិកចំនួនសរុបលើស ១៣ ប៊ីលានដុល្លា​អាមេរិក បញ្ឈប់ការនាំចូលប្រេងពីអ៊ីរ៉ង់ និងបញ្ឈប់ការលក់អាវុធទៅអ៊ីរ៉ង់វិញដូចគ្នា។ រីឯភាគីអ៊ីរ៉ង់វិញ ក្រុមចលនាប្រឆាំងនោះនៅតែរក្សាជំហរមិនព្រមចូលរួមកិច្ចចរចារ និង​នៅតែបន្តទាមទារស្តេច ផាឡាវី មកវិញ​ដើម្បី​កាត់ទោស និងតម្រូវឱ្យសហរដ្ឋអាមេរិក ធ្វើការសុំទោសខ្លួនដែលបានឈ្លានពាន និងជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់អ៊ីរ៉ង់ ក៏ដូច​ជា​ការដែលចូលរួមផ្តួលរម្លំរបបដឹកនាំរបស់លោក ម៉ូហាម៉ាដ ម៉ូសាដេក។

រហូតដល់ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ​១៩៨០ លោក ជីមី ខាទ័រ បានបង្គាប់ឱ្យបង្កើតក្រុមប្រតិបត្តិកា​រ​សង្គ្រោះ​ចំណាប់ខ្មាំងមួយឈ្មោះថា Operation Eagle Claw ដើម្បីអនុវត្តបេសកម្មសង្គ្រោះចំណាប់ខ្មាំងទាំងនោះ ក៏ប៉ុន្តែលទ្ធផលគឺមិនដូចការ​រំពឹងទុកនោះឡើយ ដោយបានបរាជ័យ ហើយបានបង្កគ្រោះថ្នាក់ដល់ក្រុមជួយសង្គ្រោះចំនួន ៨ នាក់ បាត់​បង់​ជីវិត​ក្រោយឧបទ្ទវហេតុធ្លាក់យន្តហោះក្នុងពេលទៅបំពេញបេសកម្មនេះ ដែលតម្រូវឱ្យមានការបញ្ឈប់ប្រតិបត្តិ​ការភ្លាមៗ​។

ភាពបរាជ័យនៃបេសកកម្មសង្គ្រោះ ​បូកផ្សំនឹងការដែលមិនអាចដោះស្រាយបញ្ហាបាន បានជះឥទ្ធិពលទៅដល់​ប្រជា​ប្រិយ​ភាព​របស់លោក​ ជីមី ខាទ័រ និងបានធ្វើឱ្យលោកបាត់បង់ឱកាសបន្តជា​ប្រធានាធិបតី​នៅអាណត្តិក្រោយ ឯបេក្ខភាពនាយករដ្ឋមន្ត្រីអាមេរិកថ្មីគឺបានទៅលើរដ្ឋាភិបាលថ្មីដឹកនាំដោយប្រធានាធិបតីអាមេរិកលោក រ៉ូណាល់ រីហ្កេន Ronal Reagan។ យ៉ាងណាមិញ ទោះបីជាលោកបានចាញ់ការបោះឆ្នោត និងបាត់បង់ឱកាសបន្តដឹកនាំ ក៏លោក ជីមី ខាទ័រ នៅតែបន្តចរចារជាមួយនឹងក្រុមចាប់ចំណាប់​ខ្មាំងនៅអ៊ីរ៉ង់ រហូតដល់ថ្ងៃធ្វើការចុង​ក្រោយរបស់លោក។

ពន្លឺនៃដំណោះស្រាយរំដោះចំណាប់ខ្មាំង

រដ្ឋាភិបាលអ៊ីរ៉ង់បានទទួលការចោទប្រកាន់ពីសហគមន៍អន្តរជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខអ.ស.ប និងតុលាការ​អន្តរជាតិក្រុងឡាអេ និងត្រូវទទួលខុសត្រូវចំពោះហេតុការណ៍នេះ ដោយសារតែជាការរំលោភលើអភ័យ​ឯកសិទ្ធិនៃ​ស្ថាន​ទូត និងមន្ត្រីទូតបរទេស ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ ជា​ពិសេសគឺ​អនុសញ្ញា​ទីក្រុង​វីយ៉ែន (១៩៦១) ស្តីពីទំនាក់ទំនងការទូត ឬ Vienna Convention on Diplomatic Relations បើទោះបី​សកម្មភាពចាប់ចំណាប់ខ្មាំងបុគ្គលិកស្ថានទូតអាមេរិកនេះមិនមែនធ្វើឡើងដោយកងកម្លាំងរដ្ឋាភិបាលក៏ដោយ ក៏រដ្ឋាភិបាលក្រុងតេហេរ៉ង់ត្រូវតែមានទំនួលខុសត្រូវ។​

នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ១៩៨១ លោក ជីមី ខាទ័រ និងរដ្ឋបាលរបស់លោក បានសម្រេចជាផ្លូវ​ការ​នូវការចរចាជាមួយនឹងមេដឹកនាំអ៊ីរ៉ង់នៅក្នុងទីក្រុងអាល់ហ្សេ ប្រទេសអាល់ហ្សេរី (ALGIERS ACCORDS) ដែលនៅក្នុងសេចក្តីប្រកាសនៃកិច្ចព្រមព្រៀងអាល់ហ្សេ របស់រដ្ឋាភិបាលអាល់ហ្សេរី មានគោលការណ៍ទូទៅចំនួន ៤ ចំណុចដូចតទៅ៖

ចំណុចទី ១ ការមិនធ្វើអន្តរាគមន៍ក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់

ចំណុចទី ២ និងទី ៣ ការប្រគល់ទ្រព្យសកម្មរបស់អ៊ីរ៉ង់ និងការទូទាត់សំណងនៃបណ្តឹងទាមទារសំណងរបស់សហរដ្ឋអាមេរិក

ចំណុចទី ៤ ការប្រគល់ទ្រព្យសម្បតិ្តរបស់គ្រួសារអតីតស្តេច ផាឡាវី ដែលអាមេរិកបានបង្កក

លក្ខខណ្ឌនៅក្នុងសេចកី្តប្រកាសនេះ គឺរដ្ឋាភិបាលតេហេរ៉ង់ផ្ទាល់ជាអ្នកដាក់ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអាមេរិក។ ​ក្រោយទទួលបានការព្រមព្រៀងពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង​នៅថ្ងៃទី ២០ ខែ មករា ឆ្នាំ ១៩៨១ ដែលមានរយៈពេលសរុប ៤៤៤ ថ្ងៃរាប់ចាប់ពីថ្ងៃដែលពួកគេបានជាប់ឃុំ។ ចាប់ពីមានវិបត្តិ​ចំណាប់​ខ្មាំ​ងនេះ ទំនាក់ទំនងការទូតរវាងអាមេរិក និងអ៊ីរ៉ង់ត្រូវបានកាត់ផ្តាច់ទាំងស្រុង រហូតមកដល់បច្ចុប្បន្ន​នេះ​ វត្តមានស្ថានទូតនៅក្នុងប្រទេសទាំងពីរនៅមិនទាន់បានបង្កើតឡើងវិញនៅឡើយទេ។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ អតិផរណានៃតម្លៃចំណីអាហារក្នុងតំបន់អាស៊ី

អតិផរណា​នៃតម្លៃចំណីអាហារសម្រាប់ប្រជាជនរស់នៅក្នុងទ្វីបអាស៊ីកាន់តែឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានបង្កជាបញ្ហាសម្រាប់អ្នកបរិភោគតាំងពីសតវត្សទី១៩ មកម្ល៉េះ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៣នេះ អង្គការចំណីអាហារ និងកសិកម្មបានចេញរបាយការណ៍ស្ដីអំពីតម្លៃផលិតផលអង្ករចរាចរណ៍នៅក្នុងតំបន់អាស៊ីនេះ ដោយបានរាយការណ៍នៅក្នុងរបាយការណ៍នោះថា តម្លៃផលិតផលអង្ករក្នុងទ្វីបអាស៊ីបានឈានដល់កម្រិតអតិផរណាជាថ្មីម្តងទៀត​ បន្ទាប់ពីតំបន់នេះធ្លាប់ធ្លាក់ក្នុងវិបត្តិនេះម្តងរួចមកហើយកាលពីអំឡុងឆ្នាំ២០១១។ របាយការណ៍របស់អង្គការចំណីអាហារ និងកសិកម្មបានបង្ហាញថា តម្លៃផលិតផលអង្ករបានឡើងថ្លៃជាង ១៩.៧%បើធៀបនឹងតម្លៃកាលពីឆ្នាំ២០២២។​​ អតិផរណា​នៃតម្លៃអង្ករនឹងបង្កជាបញ្ហាអតិផរណា​នៃតម្លៃចំណីអាហារ ព្រោះថាអង្ករជាចំណីអាហារដ៏សំខាន់បំផុតសម្រាប់ប្រជាជនអាស៊ី មិនតែប៉ុណ្ណោះក៏មានភស្តុតាងជាច្រើនដែលបង្ហាញថាផលិតផលចំណីផ្សេងៗក្រៅពីបាយក៏ស្ថិតក្នុងបញ្ហាអតិផរណាដូចគ្នា។ បាយ ឬអង្ករជាអាហារដ៏សំខាន់សម្រាប់ការបរិភោគរបស់ប្រជាជានអាស៊ី ជាឧទាហរណ៍ប្រទេសហ្វីលីពីនដែលត្រូវបានចាត់ថាជាប្រទេសដែលបាយជាអាហារដ៏សំខាន់បំផុតក្នុងការទទួលទានអាហាររបស់ប្រជាជនរស់នៅក្នុងប្រទេសនេះ។ ប្រជាជនហ្វីលីពីនជាទូទៅ ៣៤.៨%នៃការចំណាយរបស់ពួកគេបានចំណាយទៅលើការទិញចំណីអាហារ ដោយក្នុងនោះ ៨.៩%គឺចំណាយទៅលើការទិញអង្ករ។​ ដូច្នេះ​អតិផរណា​នៃតម្លៃអង្ករនេះបានជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ប្រជាជនហ្វីលីពីនផងដែរ។ បន្ថែមពីអង្ករ នៅមានផលិតផលដ៏ទៃទៀតដែលជួបបញ្ហាដូចគ្នា ឧទាហរណ៍ដូចជាតម្លៃស្ករសជាដើម​។ តាមរយៈរបាយការណ៍របស់អង្គការចំណីអាហារ និងកសិកម្មបានធ្វើការវិនិច្ឆ័យថាការផលិតស្ករស​ នឹងមានការធ្លាក់ចុះប្រហែល២% ឬស្មើនឹង៣.៥លានម៉ែត្រតោនក្នុងចន្លោះឆ្នាំ២០២៣ និង២០២៤នេះ។

មូលហេតុដែលនាំឱ្យអាស៊ីធ្លាក់ទៅក្នុងអតិផរណា​នៃតម្លៃចំណីអាហារម្តងទៀតនោះគឺ​ កត្តាអាកាសធាតុ ការធ្លាក់ចុះនៃសង្វាក់ផលិតកម្ម និងការនាំចូល និងវិធានការកម្រិតការនាំចេញ។​

១. កត្តាអាកាសធាតុ

តាមរយៈរបាយការណ៍នៃឆ្នាំ២០២២របស់អង្គការឧតុនិយមពិភពលោក​ (World Meteorological Organization “WMO”) បានឱ្យដឹងថា ទ្វីបអាស៊ីកំពុងស្ថិតក្នុងបញ្ហាកម្តៅយ៉ាងគ្រោះថ្នាក់ ដោយសន្ទុះនៃកំណើនកម្តៅនៅទ្វីបអាស៊ីមានល្បឿនលឿន ដែលសន្ទុះនៃកំណើនកម្តៅក្នុងអំឡុងឆ្នាំ ១៩៩១-២០២២ នេះលឿនជាងសន្ទុះនៃកំណើនកម្តៅក្នុងអំឡុងឆ្នាំ ១៩៦១-១៩៩០ ដល់ទៅ២ដងឯណោះ។ ជាឧទាហរណ៍ដូចជាគ្រោះរាំងស្ងួតក្នុងប្រទេសចិន។ តាមរយៈការរាយការណ៍របស់លោក​ “Petteri Taalas” ដែលលោកជាអគ្គលេខាធិការនៃអង្គការឧតុនិយមពិភពលោក​ បានឱ្យដឹងថាគ្រោះរាំងស្ងួតបានអូសបន្លាយពេលយូរជាងពេលអតីតកាល ដែលនាំឱ្យធនធានទឹក និងការផ្គត់ផ្គង់ថាមពលក្នុងវិស័យកសិកម្មរបស់ប្រទេសចិនក៏ត្រូវជួបបញ្ហា។ លោកបានបន្ថែមថា បញ្ហានេះក៏បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវខាតបង់ជាង​ ៧.៦ ពាន់លានដុល្លារអាមេរិក។​

ប៉ុន្តែទ្វីបអាស៊ីមិនត្រឹមតែជួបតែគ្រោះរាំងស្ងួត ឬកំណើនកម្តៅនោះទេ តំបន់អាស៊ីក៏ជួបនឹងគ្រោះធម្មជាតិដ៏ទៃដូចជា ទឹកជំនន់ រញ្ជួយដី ខ្យល់ព្យុះជាដើម។ ដូចជាកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅតំបន់ភាគខាងជើងនៃប្រទេសចិនដែលជាតំបន់កសិកម្មផ្នែកដាំដុះដ៏សំខាន់មួយ ត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ ដោយដំណាំជាង ៤ ទៅ ៥ លានតោនត្រូវបានបាត់បង់។ ការខាតបង់ដ៏ធំមួយនេះត្រូវបានចាត់ទុកថាជាកត្តាមួយក្នុងកត្តាដ៏ទៃទៀតដែលបង្កឱ្យមានអតិផរណាតម្លៃចំណីអាហារក្នុងប្រទេសចិន ព្រមទាំងពិភពលោកផងដែរ។​

២. ការធ្លាក់ចុះនៃសង្វាក់ផលិតកម្ម និងការនាំចូល

ការចំណាយសម្រាប់ការរស់នៅរបស់ប្រជាជននៅក្នុងពិភពលោកនេះចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលជានាំឱ្យមានការលំបាកដល់មនុស្សទូទៅជាពិសេសនោះជនក្រីក្រ មិនតែប៉ុណ្ណោះវាក៏ឧបសគ្គដ៏ធំមួយចំពោះប្រទេសមួយដើម្បីធ្វើការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចរបស់ពួកគេ។​ នៅក្នុងអតីតកាល ប្រាកដណាស់អតិផរណាតម្លៃចំណីអាហារបណ្តាលមកពីបញ្ហាអាកាសធាតុ ឬកំណើនប្រជាជនជាដើម ប៉ុន្តែក្នុងអំឡុងពេល៣ឆ្នាំចុងក្រោយនេះអតិផរណាតម្លៃចំណីអាហារកើនខ្ពស់យ៉ាងខ្លាំងក្លានៅក្នុងទ្វីបអាស៊ីនោះដោយសារមូលហេតុថ្មីបន្ថែមពីលើបញ្ហាអាកាសធាតុ​ និងកំណើនប្រជាជននោះ គឺ ជំងឺCOVID-19  និងសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដែលបានប៉ះពាល់ដល់ការនាំចូលទំនិញមួយចំនួនដូចជា ជីសម្រាប់ការដាំដុះ ការឡើងថ្លៃតម្លៃដឹកជញ្ជូន និងចំណីរបស់សត្វកសិកម្មដែលមានជា ពោត ស្រូវសាលី និងសណ្តែកសៀងជាដើម។ ការឡើងថ្លៃតម្លៃចំណីអាហារនេះក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនទូទៅ ជាពិសេសរបបអាហាររបស់ពួកគេដែលត្រូវបានកើនឡើងរហូតដល់៩.១%បើគិតត្រឹមខែមិថុនា ឆ្នាំ២០២២ ដែលជាការស្រាវជ្រាវរបស់អង្គការចំណីអាហារ និងកសិកម្ម (Food and Agriculture Organization) ​

២.១. ជំងឺCOVID-19 

COVID-19 គឺជាជំងឺរាតត្បាតពាសពេញពិភពលោកដ៏កាចសាហាវមួយ ដែលបានឆក់យកអាយុជីវិតមនុស្សអស់រាប់លាននាក់ និងធ្វើឱ្យសេដ្ឋកិច្ចប្រទេសជុំវិញពិភពលោកជួបវិបត្តិផងដែរ។ មួយវិញទៀតគេកត់សម្គាល់ឃើញថាអតិផរណាតម្លៃចំណីអាហារក្នុងឆ្នាំ២០២០នោះកើនឡើងយ៉ាងគួរឱ្យព្រួយបារម្ភ ព្រោះដំណើរសង្វាក់ផលិតរបស់រោងចក្រ សហគ្រាសស្ទើរគ្រប់ប្រទេសត្រូវបិទទ្វារជាបណ្តោះអាសន្ន។ បើតាមការស្រាវជ្រាវរបស់អង្គការចំណីអាហារ និងកសិកម្ម (Food and Agriculture Organization) អំឡុងពេលតែ២ឆ្នាំ គិតចាប់ពីចុងឆ្នាំ២០១៩ ដល់ចុងឆ្នាំ២០២១ តម្លៃចំណីអាហារបានកើនជាមធ្យមជាង ៣២.៤%។ ម៉្យាងវិញទៀត បើទោះបីក្នុងពេលបច្ចុប្បន្ននេះប្រទេសភាគច្រើនបានគ្រប់គ្រងការឆ្លងនៃជំងឺនេះ និងបានចរាចរណ៍សេដ្ឋកិច្ចឡើងវិញតាមរយៈការនាំចេញនាំចូល រោងចក្រ សហគ្រាសជាដើម  តម្លៃចំណីអាហារក្នុងទ្វីបអាស៊ីនៅតែមិនថយចុះមកវិញមានតែកើនបន្ថែម (៩.១%​)ដូចបាននិយាយពីខាងលើ។​

២.២. សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន

សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ និងបានបន្តមកដល់ពេលបច្ចុប្បន្ន។ សង្គ្រាមរវាងប្រទេសមហាអំណាចនៃផលិតផលកសិកម្មនេះបានជះឥទ្ធិពលដល់ប្រទេសជាច្រើនក្នុងអាស៊ី ដោយសារកាលពីមុនសង្គ្រាម ប្រទេសរុស្សី និងអ៊ុយក្រែនជាប្រទេសដែលនាំចេញស្រូវសាលី និងប្រេងផ្កាឈូករ័ត្នដ៏ធំមួយ មួយវិញអ៊ុយក្រែនក៏ជាប្រទេសដែលនាំចេញពោតធំមួយដែរ ដែលមានចំនួនរហូតដល់១៤%នៃតម្រូវការប្រើប្រាស់ទិន្នផលពោតក្នុងពិភពលោក ហើយទាំងពោត និងស្រូវសាលីគឺជាធាតុផ្សំដ៏សំខាន់សម្រាប់ការផលិតចំណីសត្វដែលផ្គត់ផ្គង់ក្នុងតំបន់អាស៊ីនេះ។ ប៉ុន្តែបន្ទាប់ពីសង្គ្រាមកើតឡើងការនាំចេញទំនិញខាងលើរបស់អ៊ុយក្រែនធ្លាក់ចុះ ៤៥%ក្នុងអំឡុងពេលខែមិនា ដល់ឧសភាឆ្នាំមុននេះ។ មួយទៀតនោះ គឺការនាំចូលជីសម្រាប់ដំណាំកសិកម្មក្នុងទ្វីបអាស៊ី ដែលកាលពីមុនប្រទេសរុស្សីជាអ្នកនាំចូលធំជាងគេខាង ជីកសិកម្ម ព្រមទាំងឧស្ម័នធម្មជាតិដែលក៏ជាសារធាតុសំខាន់ការផលិតជីកសិកម្មដែរ។ តែដោយសារសង្គ្រាមជាមួយអ៊ុយក្រែន ព្រមទាំងទទួលរងទណ្ឌកម្មពីសំណាក់អន្តរជាតិដែលទប់ស្កាត់ការនាំចេញរបស់ប្រទេសរុស្សី ធ្វើឱ្យការផ្គត់ផ្គង់ជីកសិកម្ម និងឧស្ម័នធម្មជាតិមិនគ្រប់គ្រង ព្រមទាំងឡើងថ្លៃជាងមុនទៀត។ តាមរយៈការធ្លាក់ចុះ និងអតិផរណានៃជីសម្រាប់ការដាំដុះ និងចំណីរបស់សត្វកសិកម្មទាំងនេះធ្វើឱ្យប៉ះពាល់ដល់ទិន្នផលកសិកម្មដែលត្រូវការជីកសិកម្ម និងសាច់កសិកម្មសម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋក្នុងទ្វីបអាស៊ី។

ជាមួយគ្នានោះដែរ ប្រទេសរុស្សី និងអ៊ុយក្រែនក៏ជាប្រទេសដែលផ្គត់ផ្គង់ប្រេងធំមួយក្នុងពិភពលោក ដូចនេះសង្គ្រាមនេះបានធ្វើឱ្យប្រទេសទាំងពីរមិនអាចនាំចេញប្រេងដូចមុនទៀតនោះទេ។ មិនតែប៉ុណ្ណោះដោយសារប្រេងជាធាតុសំខាន់បំផុតក្នុងដឹកជញ្ជូនជាពិសេសការធ្វើជំនួយលក្ខណៈអន្តរជាតិ ដែលនាំឱ្យផលិតផលដូចជាចំណីអាហារ និងវត្ថុដ៏ទែដែលត្រូវនាំចេញនាំចូលត្រូវឡើងថ្លៃតាមការដឹកជញ្ជូនដូចគ្នា។ បន្ថែមមួយទៀតនោះ ទណ្ឌកម្មរបស់សំណាក់អន្តរជាតិទៅលើរុស្សីក៏បានផ្តល់ផលអាក្រក់ដល់ការដឹកជញ្ជូនតាមកប៉ាល់ដែលធ្វើដំណើរឆ្លងកាត់សមុទ្រខ្មៅ ដោយកប៉ាល់ដឹកទំនិញទាំងនោះត្រូវប្រើប្រាស់ផ្លូវវាង នាំឱ្យការដឹកជញ្ជូនទំនិញត្រូវចំណាយកាន់តែច្រើន​ ហើយវាក៏ជាមូលហេតុមួយក្នុងមូលហេតុដទៃដែលនាំឱ្យមានអតិផរណាតម្លៃចំណីអាហារ។

៣. វិធានការកម្រិតការនាំចេញ

វិធានការកម្រិតការនាំចេញ គឺជាយន្តការដែលបង្កើត និងអនុម័តដោយថ្នាក់ដឹកនាំរបស់ប្រទេសនីមួយៗទៅលើផ្នែកនាំចេញ ក្នុងគោលបំណងការពារ និងផ្តល់អត្ថិភាពដល់អ្នកប្រើប្រាស់ក្នុងប្រទេស។ ដោយយោង​តាមបាយការណ៍របស់ ធនាគារពិភពលោក “World Bank” ក្នុងអំឡុងត្រឹម៦ខែដំបូងនៃឆ្នាំ២០២២​​មានវិធានការកម្រិតការនាំចេញរហូតដល់ ១៣៥ ដែលបានដាក់ចេញ និងធ្វើឱ្យមានផលប៉ះពាល់សំខាន់ៗចំនួន២ ដូចជាការធ្លាក់លទ្ធភាពផ្គត់ផ្គង់ផលិតផលមួយចំនួនក្នុងទីផ្សារ ជាពិសេសគឺអង្ករ ស្រូវសាលី និងសណ្តែកសៀងជាដើម ហើយនិងទី២ ការឡើងថ្លៃផលិតផលចំណីអាហារដោយសារកង្វះផលិតផលក្នុងទីផ្សារនឹងឯង។ ក្នុងចំណោមវិធានការទាំងអស់ មានវិធានការចេញពីប្រទេសមួយចំនួនដែលមានផលប៉ះពាល់ទៅលើទីផ្សារពិភពលោកជាងគេ ព្រោះដោយសារប្រទេសទាំងនោះធា្លប់តែជាប្រភទដ៏សំខាន់បំផុតក្នុងការផ្គត់ផ្គង់ទីផ្សារវត្ថុទាំងនោះ។​ ប្រទេសឥណ្ឌាដែលនាំចេញ ស្រូវទៅកាន់ទីផ្សារអន្តរជាតិសរុបប្រហែល​ ៣៣ ភាគរយ ហើយកាលពីអឡុងខែកក្កដា ឆ្នាំ២០២៣ បានចេញវិធានការហាមឃាត់ការនាំចេញស្រូវពីប្រទេសរបស់ខ្លួន។​ ប្រទេស​រុស្សីដែលនាំចេញ ស្រូវសាលីកាន់ទីផ្សារអន្តរជាតិសរុបប្រហែល​ ១៧.៥ ភាគរយ ហើយបានចេញវិធានការហាមឃាត់ការនាំចេញស្រូវសាលីជាបណ្តោះអាសន្នសម្រាប់រយៈពេល ៦ ខែ ដោយគិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ចុងខែឧសភា ឆ្នាំ២០២៤។​​ ក្រៅវិធានការដែលបានរៀបរ៉ាប់ទាំងនេះ ក៏មានវិធានការដែលបានដាក់ចេញជាបន្តបន្ទាប់ដោយប្រទេសផ្សេងៗទៀត ដែលធ្វើឱ្យជះឥទ្ធិពលដល់ទីផ្សារចំណីអាហារពិភពលោក ទាំងក្នុងវិស័យផលិតកម្ម ការនាំចេញ-នាំចូល និងតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។​

កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមសាយប័រនៅប្រទេសអ៊ុយក្រែន៖ ការផ្លាស់ប្តូរដែលឆ្ពោះទៅរកសង្គ្រាមបែបឌីជីថល

កាលពីមុន ការធ្វើសង្គ្រាមតែងតែធ្វើឡើងដោយការវាយប្រហារដោយប្រើប្រាស់កងកម្លាំងយោធា ឬអាវុធផ្សេងៗ។ ដោយឡែកនៅក្នុងបរិបទនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការធ្វើសង្រ្គាមក៏មានការវិវត្តទៅរកមធ្យោបាយបច្ចេកវិទ្យាឌីជីថល ដែលគេហៅថាសង្រ្គាមសាយប័រ (Cyberwarfare)  ឬសង្គ្រាមតាមអ៊ីនធឺណិត។ សង្គ្រាមសាយប័របានបង្កជាការភ័យខ្លាចខ្លាំងនៅឆ្នាំ ២០០៧ ដែលត្រូវបានគេដឹងថាជាការវាយប្រហារតាមសាយប័រនៅប្រទេសអេស្តូនី។ បច្ចុប្បន្នបើយើងក្រឡេកមកមើលសង្គ្រាមនៅប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន យើងឃើញថាសង្រ្គាមនេះក៏មានការប្រើប្រាស់យោធា រួមបញ្ចូលជាមួយបច្ចេកវិទ្យាឌីជីថល ឬសង្រ្គាមសាយប័រផងដែរ។ នៅក្នុងអត្ថបទនេះ យើងនឹងលើកឡើងអំពីសង្គ្រាមសាយប័រ ការវាយលុកតាមសាយប័ររបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ការឆ្លើយតបរបស់អ៊ុយក្រែនទៅកាន់រុស្ស៊ី និងផលប៉ះពាល់របស់សង្គ្រាមសាយប័រទៅលើពិភពលោក។

អំពីសង្រ្គាមសាយប័រ

យោងតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ ទៅ ២០៣៥ សង្គ្រាមសាយប័រសំដៅដល់សង្គ្រាមតាមអ៊ីនធឺណិត ដែលរដ្ឋមួយឬច្រើន ព្យាយាមវាយប្រហារនិង/ឬ បំផ្លិចបំផ្លាញកុំព្យូទ័របណ្តាញព័ត៌មាន ឬសេដ្ឋកិច្ចរបស់រដ្ឋដទៃ តាមរយៈវិធីសាស្រ្តផ្សេងៗដូចជា មេរោគកុំព្យូទ័រ ការបង្អាក់សេវាកម្ម ការលួចយកទិន្នន័យចារកម្ម ការឃោសនាបង្ខូចកេរ្តិ៍ឈ្មោះ ឬការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម។ ការវាយលុកតាមសាយប័រដំបូងបំផុតដែលធ្វើឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធខ្លាំង កើតឡើងនៅក្នុងប្រទេសអេស្តូនីនៅឆ្នាំ ២០០៧ ដែលបានបង្កជាការភ័យខ្លាចដល់ពិភពលោក ដោយគិតថាវានឹងបង្កជាសង្គ្រាមសាយប័រដ៏គ្រោះថ្នាក់នៅពេលអនាគត។ បើទោះបីជាការវាយលុកនេះមិនមែនជាការវាយលុកដំបូងនៅក្នុងសាយប័រ ប៉ុន្តែវាជាការវាយលុកដំបូងដែលប៉ះប៉ាល់ដល់សន្តិសុខប្រទេសមួយទាំងមូល។ ការវាយប្រហារនេះត្រូវបានគេនិយាយថាជាការវាយប្រហារពីប្រទេសរុស្សីទៅកាន់ប្រទេសអេស្តូនី ដោយសារតែភាគីទាំងពីរមានបញ្ហានយោបាយនឹងគ្នា ប៉ុន្តែរុស្សីបានច្រានចោលការចោទប្រកាន់នេះ។

ការវាយលុកតាមសាយប័ររបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន (Russia’s cyber offensive against Ukraine)

គោលការណ៍គ្រប់គ្រងយោធារបស់រុស្ស៊ី (Russia’s Military Doctrine of Arms Control)  បានផ្លាស់ប្តូរពីការប្រកាន់គោលជំហរការពារខ្លួនសុទ្ធសាធ (Defensive in Nature) ទៅជាការប្រើប្រាស់វិធីសាស្រ្តបត់បែន រួមមានការធ្វើសង្គ្រាមតាមសាយប័រ និងដាក់ចេញវិធានការមិនមែនយោធាផ្សេងទៀត។ ការវាយប្រហារពីឆ្នាំ ២០១៤ ទៅ ២០២២ លើអ៊ុយក្រែន បានធ្វើឡើងក្នុងការប៉ុនប៉ងបង្ខូចរដ្ឋាភិបាលអ៊ុយក្រែនដើម្បីបង្កើននូវអ្នកគាំទ្ររុស្សី (replacement of Pro-Russia)។ គោលការណ៍នេះបានផ្លាស់ប្ដូរទៅប្រើប្រាស់វិធីសាស្រ្តយោធា និងមិនមែនយោធារួមបញ្ចូលគ្នា និងការអភិវឌ្ឍសមត្ថភាពវាយលុកតាមសាយប័រជាដើម។ រុស្ស៊ីត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាលអេស្តូនីថាបានប្រើប្រាស់យុទ្ធសាស្ត្រថ្មីទាំងនេះក្នុងការវាយប្រហារដូចជាឧបទ្ទវហេតុអេស្តូនីឆ្នាំ ២០០៧។ រុស្សីក៏បានធ្វើការលុកលុយអ៊ុយក្រែននៅឆ្នាំ ២០១៤ ទៅ ២០២២ និងការវាយប្រហារដោយការដាក់ពង្រាយមេរោគផ្សេងៗនៅតាមសាយប័រ ដែលនេះបានបង្កជាការព្រួយបារម្ភ ជាពិសេសយុទ្ធសាស្ត្រវាយលុកតាមសាយប័ររបស់រុស្ស៊ីបានប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងរបស់អ៊ុយក្រែន និងប្រជាជន។

យោងតាមអត្ថបទរបស់លោក ម៉ាគូស វីឡេត (Marcus Willet) ក្រោយពីការវាយលុកនៅឆ្នាំ ២០០៧ ប្រទេសរុស្សីបានធ្វើការវាយប្រហារជាច្រើនទៀតនៅតាមសាយប័រ ដូចជាការបង្ខូចគេហទំព័រ ការលួចចូល ការបញ្ចេញព័ត៌មានរសើប ការប្រើប្រាស់នៃ trolls (ទម្រង់អនឡាញដែលគ្រប់គ្រងដោយមនុស្ស, human controlled online profile) និង bots (short of robots) ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត។ នៅក្នុងឆ្នាំ ២០១៥ ជនជាតិរុស្ស៊ីបានប្រើប្រាស់មេរោគបច្ចេកវិទ្យា ប្រភេទ Wiper Malware វាយប្រហារទៅលើក្រុមហ៊ុនអគ្គិសនីអ៊ុយក្រែន ដែលបានធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនថាមពលដល់ប្រជាជនអ៊ុយក្រែន។ ក្រោយមក ជនជាតិរុស្ស៊ីបានធ្វើប្រតិបត្តិការវាយប្រហារម្តងទៀតនៅមួយឆ្នាំបន្ទាប់ ប៉ុន្តែមិនសូវជាទទួលជោគជ័យនោះទេ។ អ៊ុយក្រែនបានជួបប្រទះនឹងផលវិបាកកាន់តែខ្លាំងឡើងនៅក្នុងខែមិថុនា ឆ្នាំ ២០១៧ នៅពេលដែលរុស្ស៊ីបានចម្លងមេរោគឆ្លងតាមបណ្តាញទំនាក់ទំនងអ៊ុយក្រែន ដោយការប្រើប្រាស់កម្មវិធីរៀបចំពន្ធដ៏ពេញនិយមរបស់អ៊ុយក្រែន។ យោងតាមមន្ត្រីសន្តិសុខសាយប័រកំពូលម្នាក់របស់អ៊ុយក្រែន បានឱ្យដឹងថា អ៊ុយក្រែនបានជួបប្រទះនឹងការខាតបង់យ៉ាងធំធេងក្នុងទំនាក់ទំនងរវាងរុស្សី និងអ៊ុយក្រែន។

ការឆ្លើយតបរបស់អ៊ុយក្រែនទៅកាន់រុស្ស៊ី

មុនឆ្នាំ ២០១៤ អ៊ុយក្រែនបានមើលរំលងការការពារសន្តិសុខជាតិតាមសាយប័រ ប៉ុន្តែការមើលរំលងនេះធ្វើឱ្យការវាយប្រហាររបស់រុស្ស៊ីនៅឆ្នាំនោះទទួលបានជោគជ័យ។ ហេតុការណ៍នេះបានបង្កឱ្យមានការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយរបស់អ៊ុយក្រែន។ អ៊ុយក្រែនបានងាកទៅមើលការការពារតាមសាយប័រវិញ ដោយបានបង្កើតយុទ្ធសាស្ត្រសន្តិសុខសាយប័រនៅឆ្នាំ ២០១៦ (Cyber Security Strategy) ដែលយុទ្ធសាស្រ្តនេះបានផ្តល់អាទិភាពដល់កិច្ចសហការអន្តរជាតិ ដោយស្របតាមការអនុវត្តរបស់សហភាពអឺរ៉ុប និងអង្គការណាតូ។ យុទ្ធសាស្ត្រសន្តិសុខសាយប័រនេះបានបង្កើនការទូតតាមសាយប័រ (cyberdiplomacy) ដោយការចូលរួមជាមួយអង្គការសហប្រជាជាតិ និងការអនុម័តគំរូទំនាក់ទំនងពហុភាគីផ្សេងៗ។ វិធីសាស្រ្តសកម្មនេះបាននាំឱ្យមានប្រព័ន្ធសន្តិសុខតាមសាយប័រល្អប្រសើរឡើង ដោយផ្តោតទៅលើការរារាំងមិនឱ្យមានការវាយលុយ និងបង្កើនកិច្ចសហការអន្តរជាតិ។ ការផ្លាស់ប្តូរពីវិធានការអកម្ម (Passive Countermeasures) ទៅជាប្រព័ន្ធការពារ (Preventive Systems) បានធ្វើឱ្យអ៊ុយក្រែនអាចពង្រឹងការការពាររបស់ខ្លួន និងបានបង្ហាញពីការបង្កើនសមត្ថភាពសាយប័ររបស់ខ្លួនគួរឱ្យកត់សម្គាល់។

ផលប៉ះពាល់របស់សង្គ្រាមសាយប័រទៅលើពិភពលោក

សង្គ្រាមសាយប័រមិនត្រឹមតែកើតឡើងរវាងរុស្សី និងអ៊ុយក្រែននោះទេ បច្ចុប្បន្នសង្រ្គាមសាយប័របានកើតឡើងជាច្រើនទម្រង់ ជាច្រើនដង និងជាច្រើនតំបន់នៅក្នុងពិភពលោក។ ដោយសារលំហសាយប័រធំ និងមិនទាន់មានច្បាប់ណាមកកំណត់ព្រំដែននៃលំហសាយប័រនេះបាន ដូច្នេះវានឹងបន្តក្លាយជាផ្នែកមួយដែលបង្កការគំរាមកំហែងទៅដល់សន្តិសុខពិភពលោក។ ដូចនេះហើយទើបប្រទេសនីមួយៗ រួមទាំងរុស្សី និងអ៊ុយក្រែនបានបង្កើតនូវយុទ្ធសាស្រ្តថ្មីៗ ក្នុងការបង្កើននូវសមត្ថភាពសាយប័ររបស់ពួកគេ។

កម្មវិធីថង់ប្រាជ្ញា៖ ប្រវត្តិសាស្ត្រនៃកូរ៉េខាងជើង

សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(Democratic People’s Republic of Korea or DPRK) ឬ ហៅម្យ៉ាងទៀតថាកូរ៉េខាងជើង(North Korea) ជារដ្ឋផ្តាច់ការមួយដែលស្ថិតនៅភាគខាងជើងនៃឧបទ្វីបកូរ៉េ ដែលបានបំបែកខ្លួនចេញពី កូរ៉េខាងត្បូង ហើយប្រកាសខ្លួនជារដ្ឋឯករាជ្យនៅឆ្នាំ១៩៤៨។ ប្រទេសនេះ មានទីក្រុងឈ្មោះ ព្យុងយ៉ាង(Pyongyang)ហើយមានមេដឹកនាំដំបូងគេ គឺលោក គីម អ៊ីលសុង ហើយបច្ចុប្បន្នគឺជា លោកគីម ជុងអ៊ុន។ នៅក្នុងអត្ថបទនេះយើងនឹងមកស្វែងយល់អំពីពីមូលហេតុនៃការបង្កើតកូរ៉េខាងជើង ព្រមទាំងស្ថានភាពក្នុងប្រទេសនេះផងដែរ។

តើកូរ៉េខាងជើងជានរណា?

តាំងពីសម័យបុរេប្រវត្តិសាស្ត្រប្រជាជនកូរ៉េត្រូវបានបង្រួបបង្រួមដំបូងដោយរាជវង្សស៊ីឡា(SILA)នៅឆ្នាំ៦៦៨នៃគ្រឹស្តករាជ ហើយបានពង្រីកមហិច្ឆតា និងទឹកដីរហូតមកឆ្នាំ១៩១០ របបរាជានិយមត្រូវបានបញ្ចប់ដោយការដាក់អាណានិគមរបស់ជប៉ុនមកលើប្រទេសកូរ៉េ។ បន្ទាប់ពីការបរាជ័យរបស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៥ សហភាពសូវៀត និងសហរដ្ឋអាមេរិកនៅតែចង់រក្សាឥទ្ធិពលរបស់ខ្លួននៅកូរ៉េ។ ហេតុដូច្នេះហើយ បាននៅថ្ងៃទី ១០ ខែសីហា ឆ្នាំ១៩៤៥ មន្ត្រីយោធាវ័យក្មេងរបស់សហរដ្ឋអាមេរិកពីរនាក់បានគូសខ្សែបន្ទាត់កំណត់តំបន់កាន់កាប់របស់សហរដ្ឋអាមេរិក និងសូវៀតនៅខ្សែស្របទី៣៨ ដោយសហរដ្ឋអាមេរិកកាន់កាប់តំបន់នៅខាងត្បូង រីឯសហភាពសូវៀតកាន់កាប់នៅផ្នែកខាងជើងនៃខ្សែស្រប។ ការបែងចែកនេះគ្រាន់តែបណ្តោះអាសន្នតែប៉ុណ្ណោះ ប៉ុន្តែដោយសារឥទ្ធិពលនៃសង្គ្រាមត្រជាក់បណ្តាលឱ្យការមូលមតិគ្នារវាងភាគីនីមួយក្នុងការជ្រើសរើសមេដឹកនាំសម្រាប់ឧបទ្វីបកូរ៉េទាំងមូលត្រូវបានបរាជ័យ ហើយសហរដ្ឋអាមេរិក និងសហភាពសូវៀតក៏បានដំឡើងមេដឹកនាំនៅតំបន់ដែលខ្លួនគ្រប់គ្រងរៀងៗខ្លួន។ សហរដ្ឋអាមេរិកបានប្រគល់ការគ្រប់គ្រងពាក់កណ្តាលភាគខាងត្បូងនៃឧបទ្វីបទៅឱ្យ លោក រី ស៊ឹងម៉ាន់ (Syngman Rhee) ខណៈ ដែលសហភាពសូវៀតបានប្រគល់អំណាចឱ្យ គីម អ៊ីលស៊ុង(Kim Il-sung )លើភាគខាងជើង។

ក្រោយពីលោក រី ស៊ឹងម៉ាន់ បានប្រកាសបង្កើតឧបទ្វីបខាងត្បូងជា សាធារណរដ្ឋកូរ៉េ (Republic of Korea) មក ក្នុងថ្ងៃទី៨ ខែកញ្ញាឆ្នាំ១៩៤៨ លោក គីម អ៊ីលស៊ុង ក៏បានប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​នៅទី​ក្រុង​ព្យុងយ៉ាងដោយទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូង សុទ្ធទាមទារលើការគ្រប់គ្រងទឹកដី និងប្រជាជនកូរ៉េទាំងអស់។

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០លោក គីម អ៊ីលស៊ុង បានព្យាយាមបង្រួបបង្រួមកូរ៉េទាំងពីរ តាមរយៈកម្លាំងយោធា ប៉ុន្តែត្រូវបានបរាជ័យដោយកូរ៉េខាងត្បូងមានជំនួយពីសហរដ្ឋអាមេរិកក្នុងការទម្លាក់គ្រាប់បែកនៅកូរ៉េខាងជើង។ ជាលទ្ធផលនៃសង្គ្រាមរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង បានធ្វើឱ្យបាត់បង់ប្រជាជនកូរ៉េខាងជើងចំនួន១០% និងបំផ្លេចបំផ្លាញទីក្រុងក្លាយទៅជាគំនរបាក់បែក។

នៅទីបំផុត ភាគីទាំងពីរបានចុះហត្ថលេខាលើបទឈប់បាញ់ក្នុងឆ្នាំ ១៩៥៣ ។ តំបន់គ្មានយោធា(Demilitarized Zone)ត្រូវបានបង្កើតឡើងជាខណ្ឌចែកនៃប្រទេសទាំងពីរ ហើយគ្រួសារប្រជាជនកូរ៉េរាប់លាននាក់ត្រូវបានបំបែកចេញពីគ្នាទៅម្ខាងៗនៃព្រំដែន។

សង្គម នយោបាយ និងសេដ្ឋកិច្ច

ចាប់ពីមានសង្គ្រាមរវាងកូរ៉េខាងជើង និងខាងត្បូង ហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាតអស់ជាច្រើន។ កូរ៉េខាងជើងបានទទួលយកគំរូសេដ្ឋកិច្ចដែលមានការពឹងផ្អែកលើខ្លួនឯងដោយផ្តោតទៅលើការអភិវឌ្ឍឧស្សាហកម្មធុនធ្ងន់ និងការវិនិយោគ ក្នុងវិស័យដែក ស៊ីម៉ងត៍ និងឧបករណ៍ម៉ាស៊ីន។ ប៉ុន្តែមកទល់ឆ្នាំ១៩៧០ សេដ្ឋកិច្ចកូរ៉េខាងជើងមានការធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការពឹងផ្អែកទាំងស្រុងទៅលើប្រទេសជាដៃគូ គឺសហភាពសូវៀត និងការបាត់បង់ដៃគូពាណិជ្ជកម្មប្រទេសនៅប្លុកបូព៌ាព្រោះតែការបែកបាក់របបកុម្មុយនីស្តនៅអ៊ឺរ៉ុប និងការដួលរលំនៃសហភាពសូវៀតនៅឆ្នាំ១៩៩១ ស្របពេលដែលមានគ្រោះធម្មជាតិដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត ធ្វើឱ្យដំណើរការផលិតកសិកម្មមានបញ្ហាជីវភាពប្រជាជននៅគាំងទ្រឹង។ នៅឆ្នាំ១៩៩៤លោក គីម អ៊ីលសុងបានទទួលមរណភាព ហើយអ្នកបន្តតំណែងគឺជាកូនប្រុសរបស់លោក គឺ គីម ជុងអ៊ីល។ លោក គីម ជុងអ៊ីល បានបង្កើតគោលនយោបាយ “យោធាដំបូង” ដែលផ្តល់អាទិភាពដល់កងទ័ពក្នុងការគ្រប់គ្រងរដ្ឋ និងបែងចែកធនធាន ប៉ុន្តែការធ្វើបែបនេះមិនបានធ្វើឱ្យសេដ្ឋកិច្ចកាន់តែប្រសើរនោះទេ​ ផ្ទុយទៅវិញបែរជាធ្វើឱ្យវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើងរហូតដល់ពាក់កណ្តាលទស្សវត្សរ៍ឆ្នាំ១៩៩០ដែលបង្កការអត់ឃ្លានដល់ប្រជាជន។ ប្រជាជនកូរ៉េនៅពេលនោះព្យាយាមលក់អ្វីដែលគេមានទៅក្នុងទីផ្សារតូចៗ និងផ្សារខុសច្បាប់ដែលរីកសាយភាយទូទាំងប្រទេស។ នៅឆ្នាំ១៩៩៨ ប្រទេសនេះមានអត្រាកំណើនប្រចាំឆ្នាំជាមធ្យម-៤.១% សេដ្ឋកិច្ចរបស់កូរ៉េខាងជើងបានឈានចូលដល់ដំណាក់កាលដ៏អាក្រក់បំផុតមួយ ។ ហេតុនេះហើយ កូរ៉េខាងជើងបានបង្វែរមកទទួលជំនួយពីមនុស្សធម៌ពីប្រទេសផ្សេងៗដូចជាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាដើមរហូតត។ ទោះបីជាធ្លាក់នៅក្នុងស្ថានភាពដុនដាបយ៉ាងណាក៏ដោយក៏ប្រទេសកូរ៉េខាងជើងនៅរក្សាភាពអំណត់របស់ខ្លួននៅក្នុងការស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ ចាប់ពីឆ្នាំ២០០២មកការរឹតបន្តឹងមួយចំនួនត្រូវបានកាត់បន្ធយ ដើម្បីអនុញ្ញាតឱ្យមានទីផ្សារពាក់កណ្តាលឯកជន និងបានចាប់ផ្តើមកំណែទម្រង់សេដ្ឋកិច្ចជាបន្តបន្ទាប់ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកូរ៉េខាងជើងត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១៦. ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់អង្គការសហប្រជាជាតិ។ បើ​និយាយ​ពី GDP សម្រាប់​មនុស្ស​ម្នាក់ កូរ៉េ​ខាង​ជើង​មាន GDP សម្រាប់​មនុស្ស​ម្នាក់ ៦៣៩ ដុល្លារ។ កសិកម្មមានចំនួន ២១.២% នៃផលិតផលក្នុងស្រុកសរុប ឧស្សាហកម្មមាន ៤៤.៧% និងសេវាកម្មមានចំនួន ៣៤.១% ។ សព្វថ្ងៃនេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កូរ៉េខាងជើង។ កូរ៉េ​ខាង​ជើង​ពឹង​ផ្អែក​លើ​ចិន​សម្រាប់​ជំនួយ​ទាំង​សេដ្ឋកិច្ច និង​ការទូត។ ការនាំចេញសំខាន់ៗរបស់ប្រទេសគឺផលិតផលលោហធាតុ អគ្គិសនី ឧបករណ៍សូត្រ និងម្សៅដំឡូង ។

ចាប់តាំងពីការប្រកាសខ្លួនជាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េលោក គីម អ៊ីលស៊ុង បានកែប្រែសង្គមកូរ៉េខាងជើងឡើងវិញ តាមរយៈមនោគមវិជ្ជាដ៏ខ្លាំងក្លាដែលត្រូវបានហៅថា ជូឆឺ(Juche)ក្នុងការលើកកម្ពស់ស្វ័យភាពរបស់ប្រទេសតាមរយៈការគ្រប់គ្រងដោយមេដឹកនាំតែមួយ ថែរក្សាយោធាដ៏រឹងមាំ និងសេដ្ឋកិច្ចរឹងមាំ។ អំណាចមេដឹកនាំត្រូវបានធ្វើឡើងតាមរយៈវង្សត្រកូល ដែលឪពុកត្រូវផ្ទេរទៅកាន់កូន នៅក្នុងប្រព័ន្ធមួយដែលគេឱ្យឈ្មោះថា ប្រព័ន្ធស៊ូរ្យុង(Suryong System or Leader System)។ រដ្ឋធ្វើការគ្រប់គ្រងលើទ្រព្យសម្បត្តិឯកជន និងអង្គការទាំងអស់ រាប់ចាប់ពីសម្លៀកបំពាក់នៅលើខ្លួនរហូតដល់អាជីវកម្ម គ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ និងរឹតបន្តឹងការធ្វើដំណើរអន្តរជាតិ។ ការកែប្រែសង្គមឱ្យក្លាយជាប្រទេសស្វ័យភាពបានបង្កើតឱ្យមានសុងប៊ុន(Songbun) ដែលជាគម្លាតវិសមភាពដ៏ធំមួយនៅក្នុងសង្គមកូរ៉េខាងជើង។​ ក្រោមប្រព័ន្ធនេះ ប្រជាជនទាំងមូលត្រូវបែងចែកឋានៈសង្គមផ្សេងៗគ្នា ទៅតាមការយល់ឃើញរបស់បុគ្គលមានអំណាច ឬ បុគ្គលដែលមានភក្ដីភាពចំពោះរបបសង្គមនិយម ។ នៅក្នុងប្រព័ន្ធសុងប៊ុន មនុស្សម្នាក់មនុស្សម្នាក់ដែលមានថា្នក់សុងប៊ុនទាបត្រូវបានគេកំណត់ឱ្យធ្វើ ឬ​​ ទទួលបានអ្វីមួយទៅតាមការចាត់តាំងរបស់មនុស្សម្នាក់ទៀត សូម្បីតែការជ្រើសរើសមុខរបរ ការជ្រើសរើសសាលារៀន ឬសូម្បីតែលំនៅស្ថានដោយមិនមានសិទ្ធិក្នុងការជ្រើសរើសដោយខ្លួនឯងដែរ។ របបនេះបានបណ្តេញប្រជាជនប្រហែលមួយភាគបួននៃប្រជាជននៃទីក្រុងព្យុងយ៉ាងឱ្យទៅកាន់ខេត្តជនបទ ដោយសារតែសុងប៊ុនរបស់ពួកគេទាប។ ម្យ៉ាងវិញទៀតរបប​នេះ​បាន​បំបិទ​មាត់​អ្នក​ណា​ដែល​ប្រឆាំង​នឹង​ប្រព័ន្ធ​ដោយការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ឬ​ ប្រហារជីវិត។ សូម្បីតែ នៅពេលដែលមនុស្សម្នាក់ត្រូវបានចាប់ខ្លួន គ្រួសាររបស់ពួកគេរហូតដល់បីជំនាន់ក៏ត្រូវបញ្ជូនទៅជំរុំពន្ធនាគារដូចគ្នាដែរ។ ដោយសារតែប្រព័ន្ធគ្រប់គ្រងបែបសុងប៊ុននេះ ធ្វើឱ្យមនុស្សជាច្រើនបានលួចភៀសខ្លួនទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូង ប៉ុន្តែភាគច្រើនត្រូវបានប្រទេសចិនបញ្ជូនត្រឡប់មកវិញ ឬត្រូវចាប់បាននិងធ្វើការដាក់ទោស។

ជារួម ការធ្វើនយោបាយការបែងចែកថ្នាក់មនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ធ្វើឱ្យប្រជាជនកូរ៉េខាងជើងភាគច្រើនទទួលរងនូវការគាបសង្កត់ ការបំបិទសិទ្ធិសេរីភាព រួមទាំងការដាក់ទណ្ឌកម្មផ្សេងៗ រួមផ្សំនិងឥទ្ធិពលសង្គ្រាម និងអស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច ដែលធ្វើឱ្យប្រទេសធ្លាក់ក្នុងស្ថានភាពលំបាក ជាពិសេសការផ្តាច់ខ្លួនរបស់ប្រទេសកូរ៉េខាងជើងក្នុងអំឡុងពេលជំងឺកូវីដ១៩ កាន់តែធ្វើឱ្យប្រជាជនកូរ៉េខាងជើងស្ថិតនៅក្នុងស្ថានភាពឯកោ។

 

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ បញ្ហាសុខភាពរដ្ឋមន្រ្តីការពារជាតិអាមេរិកប៉ះពាល់ដល់ប្រជាប្រិយភាពលោកចូបៃដិន

ជារៀងរាល់៤ឆ្នាំម្តង សហរដ្ឋអាមេរិកតែងតែរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលជាប្រមុខរដ្ឋរបស់ខ្លួន។ ក្នុងឆ្នាំ២០២៤នេះ លោក ចូ បៃដិននឹងត្រូវប្រកួតប្រជែងសាជាថ្មីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសំរាប់អាណត្តិថ្មី។ ប៉ុន្តែកាលពីពែលថ្មីៗនេះ រដ្ឋមន្រ្តីការពារជាតិក្នុងរដ្ឋការរបស់លោកគឺ លោក ឡយដ៍ អូស្ទីន ត្រូវបានមន្ទីរបពា្ចកោណប្រកាសថា លោកមានជំងឺមហារីកក្រពេញប្រូស្តាតផងដែរ។ ការធ្លាក់ខ្លួនឈឺរបស់លោករដ្ឋមន្រ្តីការពារជាតិនេះ បានធ្វើអោយមានការរិះគន់ជាខ្លាំងអំពីបក្សប្រឆាំង និងមជ្ឈដ្ឋានទូទៅផងដែរ ដោយសារតែលោកមិនបានប្រាប់ទៅប្រធានាធិបតីអោយដឹងទាន់ពេលវេលា។ តើជំងឺមហារីករបស់ប្រមុខការពារជាតិអាមេរិករូបនេះប៉ះពាល់ដល់ប្រជាប្រិយភាពលោកចូ​ បៃដិននៅពេលបោះឆ្នោតខាងមុខឬទេ?

១. បញ្ហាសុខភាពរបស់លោករដ្ឋមន្ត្រីការពារជាតិ ឡយដ៍ អូស្ទីន

លោក ឡយដ៍ អូស្ទីនគឺជាបុគ្គលដែលគួរអោយចាប់អារម្មណ៍មួយរូប បន្ទាប់ពីការឈ្នះឆ្នោតរបស់លោក ចូ បៃដិន នៅឆ្នាំ២០២០ និងចូលកាន់តំណែងក្នុងឆ្នាំ២០២១។ អ្វីដែលជាការចាប់អាម្មរណ៍ទៅលើរូបលោក ដោយសារលោកជាជនជាតិអាមេរិកស្បែកខ្មៅដំបូងដែលបានកាន់តំណែងជាប្រមុខការពារជាតិរបស់ប្រទេសមហាអំណាចពិភពលោកមួយនេះ។ បន្ទាប់ពីកាន់អំណាចរយៈពេល៣ឆ្នាំ ស្រាប់លោក អូស្ទីន ត្រូវបានមន្ទីរបញ្ចកោណបានប្រកាសថាលោកមានជំងឺមហារីកប្រូស្តាតនៅដើមខែធ្នូ ឆ្នាំ២០២៣ថ្មីៗនេះ។ ក្នុងវ័យ៧០ឆ្នាំ លោកអូស្ទីន ត្រូវបានចូលព្យាបាលជំងឺនៅថ្ងៃទី ២២ ខែធ្នូ​ ឆ្នាំ២០២៤ និងលោកបានសំរាកព្យាបាលនៅមន្ទីរពេទ្យ និងនៅផ្ទះផងដែរមកដល់ពេលនេះ។ ដោយសារបញ្ហាសុខភាពខាងលើ ត្រូវគេបានមើលឃើញថាលោកអូស្ទីន បានព្យាយាមលាក់បាំងផងដែរ ព្រោះពេលដែលពិនិត្យឃើញភា្លមៗ   សូម្បីតែលោកប្រធានាធិបតី ចូ បៃដិន ក៏ពុំបានដឹងថារដ្ឋមន្រ្តីការពារជាតិរបស់ខ្លួនបានធ្លាក់ខ្លួនឈឺនោះឡើយ។ លោកប្រធានាធិបតីទើបតែទទួលដំណឹងអំពីសុខភាពលោកអូស្ទីននេះ នៅដើមខែមករា ឆ្នាំ២០២៤ប៉ុណ្ណោះ។​ ទោះបីជាមានជំងឺមហារីកក៏ដោយ លោក ឡយដ៍ អូស្ទីនគ្មានចេតនាក្នុងការបង្ហាញពីការលាឈប់ពីតំណែងមួយនេះទេ។ នេះបើយោងតាមការធ្វើសន្និសីទព័ត៌មានតាមរយៈអ្នកនាំពាក្យមន្ទីរបញ្ចកោណ។ ក្នុងពេលកំឡុងក្នុងការព្យាបាលជំងឺរបស់លោក លោក អូស្ទីនបានផ្ទេរភារកិច្ចរបស់លោកទៅដល់អនុរដ្ឋមន្រ្តីការពារជាតិរបស់ខ្លួន។

២. តើបញ្ហាសុខភាពរបស់លោក ឡយដ៍ អូស្ទីន អាចប៉ះពាល់ដល់ប្រជាប្រិយភាពលោក បៃដិន ឬទេ?

គួរបញ្ជាក់ផងដែរថា តួនាទីរដ្ឋមន្រ្តីការពារជាតិរបស់អាមេរិកគឺជាតំណែងសំខាន់ទី២បន្ទាប់ពីតំណែងប្រធានាធិបតី ព្រោះអាមេរិកជាប្រទេសមហាអំណាចពិភពលោក ហើយមានមូលដ្ឋានទ័ពជាច្រើនក្នុងពិភពលោកផងដែរ។ ក្នុងបរិបទពិភពលោកសព្វថ្ងៃ កំពុងជួបប្រទះវិបត្តិនិងសង្គ្រាមជាច្រើនដូចជា សង្គ្រាមរុស្សី និងអ៊ុយក្រែន សង្គ្រាមអ៊ីស្រាអែល និងពួកហាម៉ាសជាដើម។ ក្នុងនាមសហរដ្ឋអាមេរិកជាប្រទេសមហាអំណាច សង្គ្រាមទាំងនេះគឺជារឿងសំខាន់ដែលអាមេរិកត្រូវគ្រប់គ្រង និងពិនិត្យអោយបានច្បាស់លាស់គ្រប់ស្ថានការ។ ប៉ុន្តែក្នុងកាលៈទេសៈនេះ ស្រាប់តែប្រមុខការពារជាតិអាមេរិចធ្លាក់ខ្លួនឈឺនឹងជំងឺមហារីក ក៏បានធ្វើឱ្យមានមតិរិះគន់ទៅលើរដ្ឋការលោកចូ បៃដិនផងដែរ។ នៅក្នុងឆ្នាំ២០២៤នេះទៀតសោត ក៏ជាឆ្នាំនៃការរៀបចំការបោះឆ្នោតជាថ្មីសំរាប់ជ្រើសរើសប្រធានាធិបតីអាមេរិក អាណត្តិថ្មីផងដែរ។ ហេតុដូច្នោះ ការធ្លាក់ខ្លួនឈឺនៃប្រមុខមន្ទីរបញ្ចកោណ គឺជារឿងមួយដែលលោកបៃឌិន ត្រូវត្រៀមខ្លួនក្នុងការរិះគន់និងវាយប្រហារពីសំណាក់បក្សសាធារណរដ្ឋ ដែលជាគូប្រជែងរបស់ខ្លួននៅពេលខាងមុខនេះ។ ភាគីខាងគូប្រជែងអាចនឹងលើកយករឿងបញ្ហានេះ នៅក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់ខ្លួននិងរិះគន់អំពីចំណុចខ្សោយរបស់លោកប្រធានាធិបតីដែលពុំបានដឹងពីជំងឺរបស់មន្រ្តីសំខាន់របស់ខ្លួនជាដើម។ ម្យ៉ាងការរិះគន់នេះមិនមែនត្រឹមតែគូប្រជែងនោះទេ សូម្បីតែក្នុងរង្វង់គណបក្សប្រជាធិបតេយ្យរបស់ខ្លួនផ្ទាល់ក៏មានការមិនពេញចិត្តផងដែរចំពោះការបិទបាំងចំពោះការធ្លាក់ខ្លួនឈឺដែលសរបញ្ជាក់ថាធ្វើមានការបាត់បង់ទំនុកចិត្តចំពោះការខ្វះតម្លាភាពរបស់លោកអូស្ទីនផងដែរ។​

ជាសរុបមក បញ្ហាសុខភាពរបស់លោក ឡយដ៍ អូស្ទីន នឹងជះឥទ្ធិពលខ្លាំងដល់ប្រជាប្រិយភាពរបស់ប្រធានាធិបតី ចូ បៃដិន នាពេលបោះឆ្នោតខាងមុខនេះ ដោយសារតែនេះអាចជាហេតុផលមួយដែលធ្វើអោយបក្សគូប្រជែងយកធ្វើការការរិះគន់ដល់លោកក្នុងការគ្រប់គ្រងរបស់រូបលោកផ្ទាល់ និងអាចទាញយកប្រជាប្រិយភាពពីលោកប្រធានាធិបតីកាន់តែច្រើនផងដែរ។ដូច្នេះ លោក បៃដិន ត្រូវតែត្រៀមខ្លួន និងពង្រឹងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនក្នុងការឆ្លើយតបការរិះគន់នានានៅពេលខាងមុខនេះ ដើម្បីអោយខ្លួនលោកបានបន្តធ្ចើជាប្រធានាធិបតីក្នុងអាណត្តិទី២របស់ខ្លួនបន្តទៀត។

កម្មវិធីថង់ប្រាជ្ញា៖ វិសមភាពរវាងអ្នកមាន និងអ្នកក្រ

រាប់ចាប់តាំងពីឆ្នាំ ២០២០ ដល់ចុងឆ្នាំ ២០២៣ បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកចំនួន​៥ រូប រកចំណូលបានទ្វេដងនៃទ្រព្យសម្បត្តិរបស់ពួកគេ ខណៈដែលមនុស្សប្រហែល ៥​​ ប៊ីលាននាក់នៅលើពិភពលោកកំពុងជួបប្រទះនឹងភាពក្រីក្រ។ ការលំបាក និងភាពអត់ឃ្លានបានកើតឡើងលើជីវិតប្រចាំថ្ងៃរបស់ពួកគេ។ តាមការប៉ាន់ស្មានរបស់សេដ្ឋវិទូ ប្រសិនបើគេចង់បញ្ចប់ទុរភាពនៃអ្នកក្រីក្រ គេត្រូវចំណាយពេលរហូតដល់ទៅ ២៣០ ឆ្នាំឯណោះ រីឯចំពោះអ្នកមានវិញ គេអាចនឹងក្លាយទៅជាមហាសេដ្ឋីដែលមានទ្រព្យសម្បតិ្តខ្ទង់ទ្រីលានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រហែល ១០ ឆ្នាំខាងមុខទៀត។ តើគម្លាតរវាងអ្នកមាន និងអ្នកក្របង្កើតឱ្យមានវិសមភាពក្នុងសង្គមដូចម្តេចខ្លះ? ក្នុងអត្ថបទនេះយើងនឹងសិក្សាពីទិដ្ឋភាពទូទៅនៃវិសមភាពសកល។

យុគសម័យថ្មីនៃអំណាចកំពូលមហាសេដ្ឋី

កាលពីឆ្នាំ ២០២០ ពិភពលោកបានជួបប្រទះនឹងវិបត្តមួយចំនួន ក្នុងនោះរួមមាន ជំងឺរាតត្បាតកូវីដ ១៩ វិបត្តិនៃតម្លៃរស់នៅប្រចាំថ្ងៃកើនឡើង និងគ្រោះធម្មជាតិជាដើម ដែលជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចរបស់ប្រជាជនជាច្រើនក្នុងពិភពលោក ដែលក្នុងខណៈពេលនោះដែរ វាក៏បានបង្កើតឱកាសដល់អ្នកមាន ឬមហាសេដ្ឋីក្នុងការបង្កើនប្រាក់ចំណូលរបស់ពួកគេ។ ក្នុងចំណោមកំពូលមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេបំផុតទាំង ៥ រូប នៅលើពិភពលោកមានដូចជា លោក អេឡុន ម៉ាសក៍ (Elon Musk) ជាម្ចាស់ក្រុមហ៊ុន Tesla និង​ SpaceX លោក បឺណាដ អាណុល (Bernard Arnault) ជាម្ចាស់ប្រេន LVMH លោក ចេហ្វ ប៉េហ្សូស (Jeff Bezos) ជាម្ចាស់ក្រុមហ៊ុន Amazon លោក ឡារី អេលីសុន (Larry Ellison) ជាម្ចាស់ក្រុមហ៊ុន Oracles និង លោក ម៉ាក ហ្សុកឃឺបឺក (Mark Zuckerberg) ជាជានាយកប្រតិបត្តិ នៃក្រុមហ៊ុនMeta។

តាមរយៈរបាយការណ៍ដែលចេញផ្សាយដោយអង្គការអុកហ្វាម (Oxfam) កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះបានបង្ហាញថា ទ្រព្យសម្បត្តិមហាសេដ្ឋីដែលមានបំផុត បានកើនឡើងទ្វេដងរាប់ពីឆ្នាំ ២០២០ ដែលមានចំនួន ៤០៥ ប៊ីលានដុល្លារ រហូតទៅដល់ ៨៦៩ ប៊ីលានដុល្លារ នៅចុងបញ្ចប់ឆ្នាំ២០២៣ ហើយបើគិតជាភាគរយគឺកើនឡើងចំនួន ១១៤%។ ម្យ៉ាងទៀត នៅក្នុងចំណោមក្រុមហ៊ុនសាជីវកម្មធំបំផុតទាំង ១០ លើពិភពលោក មាន ៧ ក្រុមហ៊ុនសាជីវកម្មដែលមានមហាសេដ្ឋីទ្រព្យសម្បត្តិខ្ទង់លានដុល្លារ និងមហាសេដ្ឋីទ្រព្យសម្បត្តិខ្ទង់ប៊ីលានដុល្លារធ្វើជានាយកប្រតិបត្តិ ឬជាម្ចាស់ភាគហ៊ុនធំ។ ជាក់ស្ដែង លោក ចេហ្វ ប៉េហ្សូស គឺជាបុរសម្នាក់ក្នុងចំណោមមហាសេដ្ឋីដែលមានបំផុត និងជាម្ចាស់ក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុប ១៦៨.៤ ប៊ីលានដុល្លារ គិតចាប់ពីឆ្នាំ ២០២០ រហូតដល់ដើមឆ្នាំ ២០២៤។

គម្លាតរវាងអ្នកមាននិងអ្នកក្របានធ្វើឱ្យមានវិសមភាពនៅលើពិភពលោក រួមទាំងការបែងចែកជាសកលរវាងលោកភាគខាងជើង និងលោកភាគខាងត្បូងឱ្យកាន់តែមានភាពមិនស្មើគ្នា។ គេបានសង្កេតឃើញថា មហាសេដ្ឋីភាគច្រើនប្រមូលផ្តុំគ្នានៅសកលលោកភាគខាងជើងដែលជាប្រទេសនៅតំបន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។ ជាក់ស្ដែង លោកភាគខាងជើង ឬ (Global North) កំពុងកាន់កាប់ ៦៩% នៃទ្រព្យសម្បត្តិសកល។ ទិន្នន័យចុងក្រោយបំផុតដែលចេញផ្សាយដោយ UBS​​​​ Global Wealth Report ២០២០ និង Forbes បានបង្ហាញថា ចំនួនមហាសេដ្ឋីនៅលើពិភពលោកមានត្រឹមតែ ១% នៃចំនួនប្រជាជនពិភពលោកប៉ុណ្ណោះ ក៏ប៉ុន្តែទ្រព្យសម្បត្តិរបស់ពួកគេមានរហូតដល់ទៅ ៧៤% ដែលស្ថិតនៅលោកភាគខាងជើង។

ពិភពលោកដែលឃោរឃៅរសម្រាប់អ្នកក្រីក្រ និងជាឋានសួគ៌សម្រាប់អ្នកមាន

មនុស្ស ៤,៨ ប៊ីលាននាក់ក្នុងពេលបច្ចុប្បន្នមានស្ថានភាពក្រីក្រជាងកាលដែលពួកគេស្ថិតនៅឆ្នាំ២០១៩។ មហាសេដ្ឋី និងអ្នកមានបំផុត ភាគច្រើនជាសាជីវករដែលមានអំណាចផ្តាច់មុខ ជាអ្នកជំនាញហិរញ្ញវត្ថុ និងជាអ្នកមានឥទ្ធិពលសាធារណៈ។ រីឯ ជនក្រីក្របំផុតវិញ ភាគច្រើនគឺជាស្ត្រី ក្រុមដែលត្រូវបានគេរើសអើង (ពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ) និងក្រុមជនពិការជាដើម។

សាជីវកម្មធំៗដែលដឹកនាំ ​និងគ្រប់គ្រងដោយមហាសេដ្ឋី បានបង្កើនវិសមភាពកាន់តែធ្ងន់ធ្ងរឡើងតាមរយៈការរំលោភសិទ្ធិកម្មករ ការគេចពន្ធ ការជ្រៀតចូលក្នុងវិស័យសាធារណៈ និងជាអ្នករួមចំណែកដល់កត្តាបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំង។ ក្នុងរយៈពេលនៃវិបត្តិសេដ្ឋកិច្ចសកល ក្រុមហ៊ុនជាច្រើនបានកាត់បន្ថយប្រាក់បៀវត្ស៍របស់បុគ្គលិក និងបង្កើនបន្ទុកការងារដល់បុគ្គលិក។ យោងតាមទិន្នន័យរបស់ World Benchmarking Alliance បានបង្ហាញថា ក្នុងក្រុមហ៊ុនធំៗ និងមានឥទ្ធិពលបំផុតនៅទូទាំងពិភពលោកចំនួន ១៦០០ មានតែ ០.៤% ប៉ុណ្ណោះដែលបានប្តេជ្ញាចិត្តជាសាធារណៈ ក្នុងការផ្តល់ប្រាក់ឈ្នួលសមរម្យដល់បុគ្គលិករបស់ខ្លួន។ យ៉ាងណាក៏ដោយ ប្រាក់ឈ្នួលប្រចាំខែរបស់កម្មករភាគច្រើនមិនអាចគ្រប់គ្រាន់នឹងការចំណាយប្រចាំថ្ងៃ ទៅលើទំនិញដែលតម្លៃកើនឡើងឥតឈប់ឈរនោះទេ។

យោងតាមស្ថិតិរបស់អង្គការពលកម្មអន្តរជាតិ (ILO) កម្មករចំនួន ៧៩១ លាននាក់បាត់បង់ប្រាក់ឈ្នួលចំនួន ១ ខែក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ បើគិតសរុបជាប្រាក់ប្រហែលជា ១,៥ ទ្រីលានដុល្លារសហរដ្ឋអាមេរិក។ លើសពីនេះ គេរកឃើញថាស្ត្រីទទួលការប្រឈមច្រើនជាងបុរស ដោយមិនទទួលបានការគាំពារនោះទេ ជាពិសេសនៅក្នុងវិស័យការងារ ស្ត្រីរកចំណូលបានត្រឹមតែ ៥១ សេនក្នុងមួយថ្ងៃប៉ុណ្ណោះ ខណៈពេលដែលបុរសអាចរកបាន ១ ដុល្លារក្នុងមួយថ្ងៃ។ ក្រៅពីនេះជនជាតិស្បែកខ្មៅក៏ទទួលបានប្រាក់ឈ្នួលពុំសមាមាត្រទៅនឹងជនជាតិស្បែកសផងដែរ។ ម្ចាស់ក្រុមហ៊ុន និងក្រុមសាជីវកម្មធំៗបានបង្កើតអំណាចកាន់កាប់ផ្តាច់មុខ គ្រប់គ្រងទីផ្សារ កំណត់លក្ខខណ្ឌនៃការប្តូរប្រាក់ គាបសង្កត់ទៅលើកម្មករដោយពុំអនុវត្តឱ្យបានពេញលេញស្របតាមច្បាប់ការងារនោះឡើយ។

ម្យ៉ាងវិញទៀត អត្រាពន្ធទៅលើសាជីវកម្មធំៗក៏មានការធ្លាក់ចុះ ឬត្រូវបង់ពន្ធទាបបំផុតជាដើម។ តាមរយៈអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ក្នុងបណ្តាប្រទេសនានា អត្រាពន្ធជាមធ្យមសម្រាប់ប្រាក់ចំណូលបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ១៩៨០ ពី ៦១% ទៅ ៤២% ហើយប្រទេសមួយចំនួនដូចជាប្រេស៊ីល មិនបានយកពន្ធចំពោះក្រុមហ៊ុនសាជីវកម្មនោះទេ។ ផ្ទុយទៅវិញ ម្ចាស់ក្រុមហ៊ុន និងរដ្ឋាភិបាលបានបង្វែរការពឹងផ្អែកកាន់តែខ្លាំងឡើង លើការតម្លើងពន្ធ​​ទំនិញ និង​សេវាកម្ម ដែលហាក់ដូចជាមិនសមាមាត្រគ្នាសោះចំពោះគ្រួសារដែលមានប្រាក់ចំណូលទាប។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន និងអំណាចសាជីវកម្មបានជ្រៀតចូលក្នុងវិស័យសេវាសាធារណៈ បង្កើតសាលារៀនឯកជនក្នុងវិស័យអប់រំ ក្រុមហ៊ុនទឹកឯកជន បង្កើតសេវាថែទាំសុខភាពឯកជនដែលមានតម្លៃពន្ធថ្លៃធ្វើឱ្យមានវិសមភាពទទួលបានសេវាកម្មចំពោះអ្នកប្រើប្រាស់។ ចំពោះអ្នកមានវិញ អាចទទួលបានសេវាកម្មស្តង់ដាល្អប្រសើរ ខណៈដែលពលរដ្ឋធម្មតាពុំបានទទួលសេវាល្អ ហើយអ្នកក្រពុំមានលទ្ធភាពក្នុងការបង់ថ្លៃសេវា។ ក្រៅពីនេះក៏មានការទទួលបានមិនស្មើគ្នាទៅតាមការរើសអើងយេនឌ័រ ពណ៌សម្បុរ និងជាតិសាសន៍ផងដែរ។

ការស្រាវជ្រាវរបស់អង្គការអុកហ្វាម បានបង្ហាញថា ក្រុមដាលីត (Dalits) ដែលចង់សំដៅទៅលើអ្នកដែលមានវណ្ណៈទាប និងក្រីក្របំផុតនៅប្រទេសឥណ្ឌា កំពុងទទួលការរើសអើងក្នុងការទទួលបានសេវាសាធារណៈ។  ការធ្វើភាវូបនីយកម្ម ការបង្កើនគុណភាព និងការធ្វើឱ្យបាត់បង់ដល់គុណភាពសេវាសាធារណៈ បានបើកឱកាសឱ្យមានអំពើពុករលួយ និងផលប្រយោជន៍ឯកជនច្រើនជាងប្រយោជន៍សាធារណៈ។

ក្រៅពីការកេងប្រវ័ញ្ចនៅក្នុងវិស័យសាធារណៈ វិសមភាពដែលសាជីវកម្មបានបង្កើត គឺជាបម្រែបម្រួលអាកាសធាតុ។ អ្នកមាន និងមហាសេដ្ឋីភាគច្រើន វិនិយោគទុនរកស៊ីទៅលើការបញ្ចេញឥន្ធនៈហ្វូស៊ីល និងឧស្ម័នផ្ទះកញ្ចក់តាមរយៈរោងចក្រ ដែលបង្កផលប៉ះពាល់ធំដល់បរិស្ថាន។ ការប្រែប្រួលអាកាសធាតុបានជះផលជាអវិជ្ជមាន ជាពិសេសអ្នកដែលងាយរងគ្រោះគឺជាប្រជាជនដែលក្រីក្របំផុតដែលពួកគេគ្មានលទ្ថភាពការពារសុខភាព ឬជម្រកសុវត្ថិភាពដូចជាអ្នកមានឡើយ។

នៅឆ្នាំ២០២៣ សេដ្ឋវិទូឈានមុខគេក្នុងពិភពលោក គឺលោក ចេយ៉ាទី ហ្គោស (Jayati Ghosh) លោក ថូម៉ាស ភីកេទី (Thomas Piketty) រួមទាំងអតីតបុគ្គលិកអង្គការសហប្រជាជាតិ និងធនាគារអន្តរជាតិបានអំពាវនាវឱ្យមានការកាត់បន្ថយវិសមភាពនេះ។ ពួកគេបានលើកឡើងថា វិធីសាស្ត្រចំនួន ៣ ដើម្បីធ្វើឱ្យមានសមភាព និងកាត់បន្ថយអំណាចសាជីវកម្មគឺ រដ្ឋាភិបាលមានតួនាទីសំខាន់ក្នុងការពង្រឹងអំណាចរដ្ឋ និងកាត់បន្ថយអំណាចផ្តាច់មុខសាជីវកម្ម ហើយពង្រាយទៅជាអាជីវកម្មខ្នាតតូចវិញ។

ជារួម អំណាចផ្តាច់មុខនៃសាជីវកម្ម បានបង្កើតឱ្យមានលំហនៃវិសមភាពដ៏ធំមួយរវាងអ្នកមាន និងអ្នកក្រ ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោក ចូហ្សេប ស្ទីកលីត (Joseph Stiglitz) សេដ្ឋវិទូនជាតិកូឡុំបៀរ បានលើកឡើងថា គ្រប់ជាតិសាសន៍ត្រូវមានគោលដៅក្នុងការកាត់បន្ថយវិសមភាព ប្រសិនបើប្រាក់ចំណូលនៃប្រជាជន ៤០% ដូចគ្នានឹង ១% នៃ មហាសេដ្ឋីកំពូលនោះ បញ្ហាវិសមភាពនឹងត្រូវបានដោះស្រាយ។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ទំនាក់ទំនងកូរ៉េខាងជើងនិងរុស្សីកាន់តែស្អិតរមួត

ក្រោយពីសង្រ្គាមរុស្សីនិងអ៊ុយក្រែនកើតឡើង យើង​ឃើញ​ថា​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​កូរ៉េ​ខាង​ជើង​កាន់តែមានភាព​ជិត​ស្និទ្ធ​ជាង​មុន ដែល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ យើង​ឃើញ​ថា​មាន​ការ​ជំនួបរវាងមេដឹកនាំ​​ជាន់ខ្ពស់ជា​ច្រើន​រវាង​ប្រទេស​ទាំង​ពីរ​នេះដែលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងថ្ងៃទី ២៥ដល់២៧ ខែកក្កដា ឆ្នាំ២០២៣និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀពូទីនបានស្វាគមន៍មេដឹកនាំកូរ៉េខាងជើង​ គីម ជុងអ៊ុនដែលទំនាក់ទំនាក់នេះបានទទួលការចំណាប់អារម្មណ៏ពីពិភពលោកនិងអាចជាបរិបទថ្មីមួយសម្រាប់នយោបាយពិភពលោក។ ដូច្នេះក្នុងអត្ថបទនេះនឹងនិយាយអំពីប្រវត្តិទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើង អត្ថប្រយោជន៍នៃទំនាក់ទំនងទាំងពីរនេះចំពោះគ្នាទៅវិញទៅមក និងថាតើទំនាក់ទំនងនេះប៉ះពាល់ដល់ប្រទេសផ្សេងទៀតយ៉ាងដូចម្តេច?

ប្រវត្តិនៃទំនាក់ទំនងទាំងពីរនេះ

ទំនាក់ទំនងរវាងកូរ៉េខាងជើងនិងរុស្ស៊ីមានភាពជិតស្និទ្ធតាំងពីយូរណាស់មកហើយពោលគឺតាំងពីសម័យសង្គ្រាមត្រជាក់ដែលសហភាពសូវៀតគឺជាដៃគូដ៏សំខាន់មួយសម្រាប់កូរ៉េខាងជើងអស់រយៈពេលជាច្រើនឆ្នាំដោយសហភាពសុវៀតតែងតែផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសន្តិសុខដ៏សំខាន់សម្រាប់កូរ៉េខាងជើងប៉ុន្តែក្រោយពីសហភាពសូវៀតដួលរលំក្នុងឆ្នាំ១៩៩១ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានចុះខ្សោយ។ ទំនាក់ទំនងប្រទេសទាំងពីរចាប់ផ្តើមល្អម្តងទៀតក្នុងក្រោយពីលោកវ្ល៉ាឌីមៀពូទីនបានក្លាយជាប្រធានាធិបតីរុស្ស៊ីក្នុងឆ្នាំ២០០០។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកូរ៉េខាងជើងនិងរុស្ស៊ីកាន់តែប្រសើរឡើងមួយកម្រិតទៀតដោយពួកគេបានពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗដូចជាការសមយុទ្ធយោធារួមគ្នា ការផ្លាស់ប្តូរមន្ត្រីយោធាគ្នាទៅវិញទៅមកនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចមួយចំនួន។ ជាពិសេសក្នុងឆ្នាំ២០១៩ ដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយប្រធានាធិបតីពូទីន ​ដែលមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិបន្ថែម។ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ជំរុញ​ទំនាក់ទំនង​រវាង​រុ​ស្ស៊ី និង​កូរ៉េ​ខាងជើង​ឱ្យ​កាន់តែជិតគ្នាជាងមុនដោយរុស្ស៊ីបានវេតូចំពោះសេចក្តីសម្រេច(resolution)របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបម្រុងនឹងដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើងជុំវិញការសាកល្បងមីស៊ីលរបស់ខ្លួន។ ចំណែកកូរ៉េខាងជើងវិញគឺជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងទៀតដែលគាំទ្រដោយបើកចំហរការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ និងកូរ៉េខាងជើងក៏បានទទួលស្គាល់ការបោះឆ្នោតប្រជាមតិរបស់រុស្សីនៅទីក្រុង Donetsk, Lugansk, Kherson និង Zaporizhzhia ​ចាត់ចូលក្នុងសហព័ន្ធរុស្សីដែលរុស្សីយកបានពីអ៊ុយក្រែនកំឡុងសង្រ្គាម។

អត្ថប្រយោជន៍នៃទំនាក់ទំនងទាំងពីរនេះចំពោះគ្នាទៅវិញទៅមក

ទំនាក់ទំនងទាំងពីរនេះផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងវិស័យការទូត សេដ្ឋកិច្ច និងសន្តិសុខ។ ទីមួយផ្នែកការទូត ដូចដែលបានរៀបរាប់ខាងលើ រដ្ឋទាំងពីរនេះជួយគ្នាទៅវិញទៅមកខាងការទូតក្នុងឆាកអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ ដែលរុស្ស៊ីបានប្រើវេតូដើម្បីជួយមិនឱ្យអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើង។ ចំណែក​កូរ៉េ​ខាង​ជើងបានជួយ​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្តីសម្រេច(Resolution)ដែលថ្កោលទោស​លើ​រុស្ស៊ី​នៅ​ក្នុង​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិហើយជាពិសេសទៅទៀតនោះ កូរ៉េ​ខាង​ជើងជាប្រទេសដំបូងនទទួលស្គាល់រដ្ឋថ្មីដែលរុស្ស៊ីយកពីអ៊ុយក្រែនចាត់ជាផ្នែកមួយនៃប្រទេសរុស្ស៊ីផងដែរ។

ផលប្រយោជន៍ផ្នែកសន្តិសុខ៖ យើងអាចនិយាយបានថាប្រទេសទាំងពីរមានមានផលប្រយោជន៍រួមផ្នែកសន្តិសុខជាងផ្នែកណាៗទាំងអស់ដែលពួកគេមានទំនោរប្រឆាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដូចជាជប៉ុន និងកូរ៉េខាងត្បូងដូចគ្នា។ កូរ៉េ​ខាង​ជើង​មើល​ឃើញ​រុស្ស៊ី​ជា​សម្ព័ន្ធមិត្ត​ដ៏​មាន​តម្លៃ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សម្ព័ន្ធមិត្ត​យោធា​ដឹកនាំ​ដោយ​អាមេរិក​នៅ​អាស៊ីបូពា័។ រុស្ស៊ី​មើល​ឃើញ​កូរ៉េ​ខាង​ជើង​ជា​រដ្ឋមួយ(buffer state)ដ៏​មាន​សំខាន់ដើម្បីរក្សាទឹកដីរបស់​ខ្លួន​មិនឱ្យជាប់ដោយផ្ទាល់នឹងកូរ៉េ​ខាង​ត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ ប្រទេសទាំងពីរនេះបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធនៅក្នុងផ្នែកសន្តិសុខ ដែលតាមការវិភាគរបស់អ្នកជំនាញ​ ថ្មីៗនេះកូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធយោធាដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ដោយគេអង្កេតមើលតាមរយ:ផ្កាយរណប គេឃើញមានការកើនឡើងនៃចរាចរណ៍ផ្លូវដែករបស់ប្រទេសទាំងពីរគួរឱ្យកត់សម្គាល់ ហើយមានជំនួបរវាងមេដឺកនាំទាំងពីរដែលគេជឿ ជាថ្នូរនឹងសព្វាវុធដែលកូរ៉េខាងជើងផ្តល់ឱ្យរុស្សី​ រុស្ស៊ីអាចផ្តល់បច្ចេកវិជ្ជាយោធាទំនើបដើម្បីជួយកូរ៉េខាងជើងអភិវឌ្ឍនិងពង្រីកសមត្ថភាពយោធារបស់ខ្លួន ជាក់ស្តែងការទទួលបានជោគជ័យក្នុងការបាញ់ផ្កាយរណបលើកទី៣របស់កូរ៉េខាងជើង ​ ត្រូវបានអ្នកវិភាគេថាកូរ៉េខាងជើងបានទទួលការជ្រួមជ្រែងពីរុស្សី។

ផលប្រយោជន៍សេដ្ឋកិច្ច៖ទោះបីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនេះមានទំហំតូចតែវាមានសារប្រយោជន៏ជាខ្លាំងសម្រាប់កូរ៉េខាងជើងដែលកូរ៉េខាងជើងបានពឹងផ្អែកខ្លាំងលើប្រទេសចិនជាខ្លាំងផ្នែកសេដ្ឋកិច្ច ដោយទំហំពាណិជ្ជកម្មរបស់កូរ៉េខាងជើងជាមួយចិនគ្របដណ្តប់ច្រើនជាង៩០ភាគរយនៃពាណិជ្ជកម្មសរុបរបស់កូរ៉េខាងជើង។ ទំនាក់ទំនងជាមួយរុស្សីបានជួយកូរ៉េខាងជើងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លូនខ្លះចេញពីចិនដោយប្រទេសរុស្ស៊ីបាននាំចេញប្រេង ធ្យូងថ្ម គ្រឿងចក្រ ជាដើម។ ចំណែកកូរ៉េខាងជើងវិញបាននាំចេញវត្ថុធាតុដើម និងកម្លាំងពលកម្មទៅរុស្សី។

តើទំនាក់ទំនងនេះប៉ះពាល់ដល់ប្រទេសផ្សេងទៀតយ៉ាងដូចម្តេច?

ទំនាក់ទំនងជិតស្និទ្ធរវាងកូរ៉េខាងជើងនិងរុស្ស៊ី ជាក្តីកង្វល់ដ៏ធំសម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនៅក្នុងតំបន់។ ពួកគេ​បារម្ភ​ថារុស្ស៊ី​អាច​ផ្តល់​ជំនួយ​យោធានិង​សេដ្ឋកិច្ច​ដល់​កូរ៉េខាងជើង​ដើម្បី​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​កម្មវិធី​អាវុធផ្សេងៗទៀត។ ទំនាក់​ទំនង​ជិតស្និទ្ធ​នេះ​អាច​នឹង​បង្កើនការ​ប្រណាំង​អាវុធ​(Arm race) កាន់តែខ្លាំងក្នុង​តំបន់​ដែល​ធ្វើ​ឱ្យ​សម្ព័ន្ធភាព​ជប៉ុន​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក ខិតជិតគ្នា​កាន់​តែ​ខ្លាំង។

ចំពោះចិនវិញ​ បើតាមការវិភាគរបស់អ្នកជំនាញ​ ​​​ទំនាក់ទំនងជិតស្និតរវាងប្រទេសទាំងពីរនេះបានផ្តល់ប្រយោជន៏និងផលវិបាកផងដែរ។ការ​ផ្តល់​អាវុធយោធារបស់កូរ៉េខាងជើង ដល់​រុស្ស៊ីជាប្រយោជន៏មួយសម្រាប់ចិនព្រោះចិនមិនចង់ឱ្យរុស្សីចាញ់សង្រ្កាមតែចិនមិនអាចផ្តល់​សម្ភារៈ​យោធា​ដល់​រុស្ស៊ីបានទេ​​ហើយម្យ៉ាងទៀតចិនអាចរួចផុតពីទំនួលខុសត្រូវក្នុងការការពារកូរ៉េខាងជើងពីទណ្ឌកម្មថ្មីៗបន្ថែមទៀតនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយរុស្សីអាចជាអ្នកទទួលម្តងព្រោះការការពារកូរ៉េខាងជើង បានប៉ះពាល់កេរ្ត៍ឈ្មោះរបស់ចិននៅលើឆាកអន្តរជាតិ។ សម្រាប់ផល់វិបាកវិញ ទំនាក់ទំនាក់ទំនងទាំងពីរនេះបានធ្វើឱ្យសម្ព័ន្ធភាពត្រីភាគីរវាងអាមេរិកជប៉ុននិងកូរ៉េខាងត្បូងកាន់តែខិតជិតគ្នា ហើយអាចនឹងធ្វើឱ្យអាមេរិកបង្កើនសកម្មភាពយោធាកាន់តែខ្លាំងនៅក្នុងតំបន់អាស៊ីខាងកើត ដែលចិនមិនចង់ឱ្យមានសកម្មភាពយោធារបស់អាមេរិកនៅក្បែររបងរបស់ខ្លូនទេ។

កម្មវិធីថង់ប្រាជ្ញា៖ គំនិតផ្តួចផ្តើមសន្តិសុខសកល (Global Security Initiative)

ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចនាពេលបច្ចុប្បន្ន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានដាក់ចេញនូវយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមថ្មីមួយ ដែលសមស្របទៅនឹងគោលនយោបាយការបរទេសថ្មីរបស់ចិនគឺគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលហៅជាភាសាអង់គ្លេសថា Global Security Initiative។

តើអ្វីទៅជាគំនិតផ្តួចផ្តើមសន្តិសុខសកល?

គំនិតផ្តួចផ្តើមសន្តិសុខសកល ឬ Global Security Initiative (GSI) គឺជាយុទ្ធសាស្ត្រថ្មីក្នុងគោលនយោបាយការបរទេសរបស់ប្រទេសចិនដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅ Boao Forum for Asia សម្រាប់សន្និសិទអាស៊ីប្រចាំឆ្នាំ ២០២២។ គំនិតផ្តួចផ្តើមនេះផងដែរគឺផ្តោតទៅលើការថែរក្សាសន្តិសុខរួម ទាំងថ្នាក់ជាតិ អន្តរជាតិ និងតំបន់ ដើម្បីរក្សាលំនឹងសន្តិសុខសកលក្នុងយុគសម័យថ្មី និងផ្តោតលើក្នុងការជំរុញ ដល់ការសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០។

២ ថ្ងៃបន្ទាប់ពីការថ្លែងសុន្ទរកថារបស់លោក ស៊ី ជីនពីង រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី ក៏បានលម្អិតអំពីផែនការ GSI ដែលត្រូវបានគាំទ្រដោយគោលការណ៍សំខាន់ៗដែលមានចំនួន ៦ ដូចជា៖ ១) ការចែករំលែកអំពីចក្ខុវិស័យសន្តិសុខ និងកិច្ចសហប្រតិបត្តិការរួមដ៏ទូលំទូលាយ និងប្រកបដោយនិរន្តរភាព ២) ការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសទាំងអស់ ៣) ការគោរពតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ៤) ការយកចិត្តទុកដាក់លើបញ្ហាសន្តិសុខស្របច្បាប់របស់ប្រទេសទាំងអស់ ៥) ការដោះស្រាយទំនាស់និងវិវាទរវាងប្រទេសនានាដោយសន្តិវិធី តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ៦) ការរក្សាសន្តិសុខទាំងក្នុងផ្នែកប្រពៃណីនិងមិនប្រពៃណី។

តើអ្វីទៅជាគោលបំណងនៃគំនិតផ្តួចផ្ដើមនេះ?

គោលបំណងនៃការដាក់ចេញនៃគំនិតផ្តួចផ្តើមនេះគឺ៖ ទី១ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សហគមន៍អន្តរជាតិ ដើម្បីរក្សាសន្តិភាពពិភពលោក ទប់ស្កាត់ជម្លោះនិងសង្គ្រាម ទី២ គឺដើម្បីបំពេញតាមសេចក្តីប្រាថ្នារួមរបស់ប្រទេសទាំងអស់ លើកកម្ពស់ពហុភាគីនិយម និងសាមគ្គីភាពអន្តរជាតិ និងទី៣ ដើម្បីបំពេញបំណងប្រាថ្នារួមរបស់ប្រជាជនទាំងអស់ ក្នុងការធ្វើការរួមគ្នាដើម្បីដោះស្រាយនិងកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីការរាតត្បាតសកលនៃជំងីកូវីដ-១៩។ ជារួមមកផែនការ GSI នេះមានគោលបំណងលុបបំបាត់នូវបុព្វហេតុចម្បងនៃជម្លោះអន្តរជាតិ លើកកម្ពស់អភិបាលកិច្ចសន្តិសុខសកល លើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អន្តរជាតិ ដើម្បីនាំមកនូវស្ថិរភាព ឆ្លើយតបទៅនឹងការផ្លាស់ប្តូរ ជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងពិភពលោក។

មិនខុសគ្នាពី គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ ឬ Belt and Road Initiative (BRI) ប៉ុន្មានទេ GSI នឹងដើរតួជាឧបករណ៍មួយដែលចិនអាចប្រើប្រាស់ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមការទូតជាច្រើនដែលពាក់ព័ន្ធនឹងសម្ព័ន្ធពហុភាគី។ គោលបំណងចម្បងគឺកសាងរចនាសម្ព័ន្ធសន្តិសុខសកលដើម្បីប្រកួតប្រជែងនឹងផែនការសន្តិសុខសកលផ្សេងៗដែលដឹកនាំដោយសហរដ្ឋអាមេរិក។ គំនិតផ្តួចផ្តើមនេះយោងទៅលើបញ្ហាសន្តិសុខជាច្រើនប្រភេទដូចជា៖ អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន សុខភាពសាធារណៈ គ្រោះមហន្តរាយធម្មជាតិ ការរីកសាយអាវុធនុយក្លេអ៊ែរ ការប្រែប្រួលអាកាសធាតុ សន្តិសុខតាមអ៊ីនធឺណិត បញ្ញាសិប្បនិម្មិត។ ចិនក៏នឹងប្រើប្រាស់គំនិតផ្តួចផ្តើម GSI នេះកំណត់ខ្លួនជាអ្នកសម្របសម្រួលឬបង្កើតសន្តិភាពនៅក្នុងជម្លោះក្នុងតំបន់ផ្សេងៗរួមទាំងសង្គ្រាមរុស្សី និងអ៊ុយក្រែនផងដែរ ។

ទស្សនវិស័យនាពេលអនាគត

ការដាក់ចេញនៃ GSI របស់ចិនគឺមិនមែនគ្រាន់តែចង់ផ្សព្វផ្សាយនូវពាក្យ សន្តិសុខ តែមួយមុខទេ។ ការភ្ជាប់គ្នានៃ GSI ទៅនឹង គំនិតផ្តួចផ្តើមអភិវឌ្ឍសកល (GDI) ដែលបានកំណត់នៅក្នុងឆ្នាំ ២០២១ បានធ្វើនការចាប់អារម្មណ៍ទាក់ទងទៅនឹងការកើនឡើងនូវភាពសកម្មនៃភ្នាក់ងារការទូតរបស់ចិន។ ចិននឹងប្រើប្រាស់គំនិតផ្តួចផ្តើមនេះអនុវត្តដើម្បីពង្រឹងតួនាទីជាអ្នកដោះស្រាយបញ្ហាសន្តិសុខសកលដែលនឹងជះឥទ្ធិពលបន្ថែមលើការដឹកនាំរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង។ GSI នឹងពង្រឹងបន្ថែមទៅលើតួនាទីរបស់ចិនក្នុងគំនិតផ្តួចផ្តើមនានាដែលមានស្រាប់ដោយឈរលើគោលការណ៍របស់អង្គការសហប្រជាជាតិ និងផ្តោតសំខាន់លើផ្នែកអភិវឌ្ឍនិងសន្តិសុខផងដែរ ក៏ដូចជាចូលរួមបន្ថែមជាមួយផែនការផ្សេងៗដូចជា គំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់(BRI) ផ្នែកសហប្រតិបត្តិការសេដ្ឋកិច្ច, ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី រួមទាំងគំនិតផ្តួចផ្តើម GDI។

កម្មវិធីថង់ប្រាជ្ញា៖ ការផ្លាស់ប្តូរមេដឹកនាំនៅសិង្ហបុរី

គណបក្សសកម្មភាពប្រជាជន (People’s Action Party) នឹងត្រូវផ្លាស់ប្តូរមេដឹកនាំថ្មីបន្ទាប់ពីមានការពន្យាពេលដោយសារវិបត្តិកូវីដ១៩។ លោកនាយករដ្ឋមន្ត្រី លី សៀនឡុង (Lee Hsien Loong) បានប្រកាសកាលពីពេលថ្មីៗនេះថា​ លោកនឹងប្រគល់ដំណែងជាប្រធានគណបក្សសកម្មភាពប្រជាជនទៅកាន់ឧបនាយករដ្ឋមន្ត្រី លោក ឡរ៉េន វង្ស (Lawrence Wong) នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤​ ខាងមុខនេះដែលត្រូវនឹងខួបទី ៧០ របស់គណបក្ស។​ ការផ្លាស់ប្តូរនេះនឹងធ្វើឡើងមួយឆ្នាំមុនការបោះឆ្នោតសកលឈានចូលមកដល់។ ក្នុងអត្ថបទនេះយើងនឹងរំលឹកមកវិញអំពីប្រវត្តិត្រួសៗរបស់នាយករដ្ឋមន្ត្រី​ លោក លី សៀនឡុង និងស្នាដៃមួយចំនួនដែលលោកបានបន្សល់ទុកក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ប្រទេសសិង្ហបុរី និងមូលហេតុពីក្រោយការផ្លាស់ប្តូរអំណាចនៅពេលនេះ។ ក្រោយមកយើងនឹងមកស្វែងយល់អំពីប្រវត្តិការសិក្សា និងប្រវត្តិការងាររបស់លោកឧបនាយករដ្ឋមន្ត្រី ឡរ៉េន វង្ស ដែលនឹងត្រូវឡើងមកធ្វើជាប្រធានគណបក្សសកម្មភាពប្រជាជន ហើយក៏អាចនឹងជានាយករដ្ឋមន្ត្រីសិង្ហបុរីថ្មីផងដែរ។

ប្រវត្តិត្រួសៗរបស់នាយករដ្ឋមន្ត្រីលោក លី សៀនឡុង និងស្នាដៃ

លោកនាយករដ្ឋមន្ត្រី លី សៀនឡុង គឺជាកូនប្រុសច្បងរបស់លោក លី ក្វាន់យូ ដែលត្រូវបានគេទទួលស្គាល់ថាជាបិតាស្ថាបនិកប្រទេសសិង្ហបុរី។ លោក លី សៀនឡុង បានចូលបម្រើការជាអគ្គលេខាធិការបក្ស និងជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ ២០០៤ ដែលជាការបន្តតំណែងពីអតីតនាយករដ្ឋមន្រ្តីលោក ហ្គោ ចុកតុង (Goh Chok Tong) ដែលបានផុតអាណត្តិទៅ។ ការផ្លាស់ប្តូរកាលនោះត្រូវបានគ្រោងទុក និងកើតឡើងដោយគ្មានការបោះឆ្នោតនោះទេ។ ចាប់តាំងពីពេលចូលកាន់តំណែងដំបូងនៅឆ្នាំ ២០០៤ លោក លី សៀនឡុង បានបន្សល់សមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។ ក្រោមការដឹកនាំរបស់លី សៀនឡុង សិង្ហបុរីបានជាប់ឈ្មោះជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតរបស់ពិភពលោក។ លោកបានអនុវត្តយុទ្ធសាស្រ្តដើម្បីទាក់ទាញការវិនិយោគពីបរទេស ជំរុញការបង្កើតថ្មី និងអភិវឌ្ឍសេដ្ឋកិច្ចចម្រុះ ដែលធ្វើឱ្យសិង្ហបុរីក្លាយជាមជ្ឈមណ្ឌលពិភពលោកសម្រាប់ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ បន្ថែមពីនេះ ការរីកចម្រើនសេដ្ឋកិច្ចសិង្ហបុរីមានស្ថិរភាពល្អ ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំជាធម្មតាប្រហែល ៥ ភាគរយ។

ហេតុផលក្រោយការផ្លាស់ប្តូរអំណាចដឹកនាំ

នាយករដ្ឋមន្ត្រី លី សៀនឡុង មាន​គម្រោងប្រគល់តំណែងរបស់លោកនៅពេលដែលលោកឈានដល់អាយុ ៧០ឆ្នាំ។ ក៏ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខានដោយសារជំងឺរាតត្បាតកូវីដ១៩ ដោយលោក លី សៀនឡុង បានសម្រេចចិត្តបន្តកាន់តំណែង ដោយខ្លាចថាអ្នកដឹកនាំថ្មីខ្វះបទពិសោធន៍ក្នុងការដឹកនាំប្រទេសក្នុងគ្រាដ៏លំបាកនេះ។ ឥឡូវនេះលោក លី សៀនឡុង មានអាយុ ៧១ឆ្នាំ ហើយលោកក៏បានប្រកាសសារជាថ្មីថា លោកនឹងផ្ទេរតំណែងរបស់លោកជាប្រធានគណបក្សសកម្មភាពប្រជាជនទៅឱ្យលោក ឡរ៉េន វង្ស។ មូលហេតុពីក្រោយការផ្លាស់ប្តូរតំណែងនេះគ្មានអ្វីស្មុគស្មាញនោះទេ។ មូលហេតុធំជាងគេនោះគឺកត្តាអាយុរបស់លោកនាយករដ្ឋមន្ត្រី លី សៀនឡុង តែម្ដង។ លោកបានមានប្រសាសន៍ថា លោកចង់ទុកឱកាសសម្រាប់អ្នកដឹកនាំជំនាន់ក្រោយដើម្បីដឹកនាំប្រទេសសិង្ហបុរីឱ្យកាន់តែរីកចម្រើនទៅមុខ​។ លោកក៏ចង់ចំណាយពេលវេលាចុងក្រោយរបស់លោកនៅជាមួយគ្រួសារឱ្យបានច្រើនជាងមុន ហើយលោកជឿជាក់ថាការផ្លាស់ប្តូរអំណាចឥឡូវនេះគឺជាពេលដ៏ល្អបំផុត។ លោក លី សៀនឡុង ក៏បាននិយាយផងដែរថា លោក​នឹង​ត្រៀមខ្លួនចាំជួយនាយករដ្ឋមន្ត្រី​នៃរដ្ឋាភិបាលថ្មី​ជានិច្ច។

ប្រវត្តិការសិក្សា និងប្រវត្តិការងាររបស់លោកឧបនាយករដ្ឋមន្ត្រី ឡរ៉េន វង្ស

លោក ឡរ៉េន វង្ស កើតនៅឆ្នាំ ១៩៧២ បច្ចុប្បន្នមានអាយុ ៥១ឆ្នាំ។ លោក វង្ស បានទទួលការអប់រំនៅអនុវិទ្យាល័យតានចុង កាតុង (Tanjong Katong) និងនៅមហាវិទ្យាល័យ វិកតូរៀ ជូនៀ (Victoria Junior College) ។ គាត់បានទទួលបរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ វីស្កនស៊ិន ម៉ាឌីសុន (Wisconsin-Madison) និងសាកលវិទ្យាល័យ មីឈីហ្កែន អាន់អាបរ (Michigan-Ann Arbor) ។ គាត់ក៏ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាលា ហាវឺដ ខេណឺឌី (Harvard Kennedy) ផងដែរ ។ មុន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ លោក ឡរ៉េន វង្ស ធ្លាប់បានចូលធ្វើជា​មន្ត្រី​រាជការ។ គាត់ធ្លាប់ជានាយកប្រតិបត្តិនៃអាជ្ញាធរទីផ្សារថាមពល និងជាលេខាឯកជនដ៏សំខាន់របស់នាយករដ្ឋមន្ត្រី លី សៀនឡុង។ ក្នុងឆ្នាំ ២០១១ គាត់ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភាជាលើកដំបូង ជារដ្ឋមន្រ្តីក្រសួងអប់រំនិងការពារជាតិ។ លោកអាចបន្តរក្សាអាសនៈបានទាំងនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៥ និង ២០២០ ខណៈដែលលោកត្រូវបានតម្លើងឋានៈជាបន្តបន្ទាប់ទៀត។ លោកក៏ធ្លាប់បានធ្វើជាសហប្រធានក្រុមការងារពហុក្រសួងស្តីពីកូវីដ១៩ កាលពីឆ្នាំ ២០២០ ដែលទទួលបន្ទុកត្រួតពិនិត្យការឆ្លើយតបរបស់រដ្ឋាភិបាលសិង្ហបុរីចំពោះជំងឺរាដត្បាតកូវីដ១៩។ លោកបានទទួលការកោតសរសើរយ៉ាងខ្លាំងចំពោះវិធានការឆ្លើយតប​ទៅនឹងជំងឺកូវីដ១៩។ ក្រោមការដឹកនាំរបស់លោក សិង្ហបុរីបានដាក់ចេញនូវវិធានការទប់ស្កាត់ជំងឺនេះដ៏មានប្រសិទ្ធភាព ដែលធ្វើឱ្យអត្រាអ្នកឆ្លង និងស្លាប់ស្ថិតនៅកម្រិតទាបបំផុត ជាពិសេសនៅដំណាក់កាលដំបូងនៃកូវីដ១៩។ នេះក៏ជាពេលដែលប្រជាប្រិយភាពរបស់​លោក ឡរ៉េន វង្ស មានភាពលេចធ្លោខ្លាំងក្នុងចំណោមសាធារណជន។ លោកបានចេញមុខក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ជាច្រើនលើក ដែលធ្វើឱ្យសាធារណជនស្គាល់លោកកាន់តែច្រើនឡើងៗ។ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ លោក ឡរ៉េន វង្ស ត្រូវបានដំឡើងឋានៈជាឧបនាយករដ្ឋមន្ត្រី ដែលកាន់តែពង្រឹងតួនាទីរបស់លោកជាអ្នកស្នងតំណែងនាយករដ្ឋមន្ត្រីលោក លី សៀនឡុង បន្ថែមទៀត។

ការរំពឹងទុកអំពីបម្លាស់ប្តូរនយោបាយក្រោយអ្នកដឹកនាំថ្មីឡើងកាន់តំណែង

លោក ឡរ៉េន វង្ស មានការយកចិត្តទុកដាក់ខ្លាំងលើបញ្ហាសង្គម ដូចជាវិសមភាព និងការប្រែប្រួលអាកាសធាតុ។ លោកក៏បាននិយាយផងដែរថា លោកចាប់អារម្មណ៍ក្នុងការស្វែងរកមធ្យោបាយដើម្បីធ្វើឱ្យជីវភាពរស់នៅក្នុងប្រទេសសិង្ហបុរីកាន់តែមានតម្លៃសមរម្យ ជាពិសេសសម្រាប់យុវជន និងក្រុមគ្រួសារ។ យ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយមួយចំនួនមិនរំពឹងថានឹងមានការផ្លាស់ប្តូរគោលនយោបាយការបរទេសធំណាមួយឡើយ ដោយបានធ្វើការកត់សម្គាល់ថា គោលនយោបាយការបរទេសរបស់សិង្ហបុរីមានអព្យាក្រឹតភាពរួចស្រាប់ទៅហើយ បន្ថែមពីនេះសិង្ហបុរីក៏តែងតែផ្តល់អាទិភាពទៅដល់ផលប្រយោជន៍ជាតិរបស់ខ្លួនផងដែរ។

ការឆ្លើយតបរបស់សាធារណៈជន

អ្នកវិភាគមួយចំនួននិយាយថាការផ្ទេរតំណែងមុនការបោះឆ្នោតសកលនេះគឺជា “សកម្មភាពដ៏ក្លាហាន” ដោយសារតែជាធម្មតា នាយករដ្ឋមន្ត្រី​ក្នុង​ប្រទេស​សិង្ហបុរី​តែងតែរង់ចាំ​រហូតដល់​ក្រោយ​ការ​បោះឆ្នោត​ដើម្បី​ធានា​បាន​នូវការ​ប្រគល់តំណែង​ដោយ​រលូន និង​រក្សា​ការ​ឯកភាព​គណបក្ស។ ដូច្នេះគេហៅការផ្លាស់ប្តូរមុនការបោះឆ្នោតនេះ ថាជាការសម្រេចចិត្តដ៏ក្លាហានមួយរបស់លោកនាយករដ្ឋមន្ត្រី លី សៀនឡុង។ ការផ្លាស់ប្តូរពេលនេះក៏បានបង្ហាញពីទំនុកចិត្តរបស់លោក លី សៀនឡុង ទៅលើលោក ឡរ៉េន វង្ស និងការចង់ផ្តល់ពេលវេលាឱ្យលោក ឡរ៉េន វង្ស ដើម្បីត្រៀមខ្លួនមុនពេលប្រឈមមុខនឹងការបោះឆ្នោត។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រគល់តំណែងមុននេះទំនងជាមិនប៉ះពាល់ដល់ស្ថិរភាពសិង្ហបុរីនោះទេ ព្រោះលោក លី សៀនឡុង ប្រហែលជានៅតែបន្តកាន់តំណែងណាមួយក្នុងគណៈរដ្ឋមន្ត្រី។

ដោយឡែក ការឆ្លើយតបរបស់ប្រជាជនទូទៅរបស់ប្រជាជនសិង្ហបុរីមានភាពវិជ្ជមានចំពោះការប្រគល់តំណែងមួយនេះ។ ការសិក្សាមួយបានរកឃើញថា ប្រជាជនសិង្ហបុរីប្រហែល ៦ នាក់ក្នុងចំណោម ១០ នាក់ជឿជាក់ថាឧបនាយករដ្ឋមន្ត្រី ឡរ៉េន វង្ស គឺជាមេដឹកនាំជំនាន់ទី ៤ ដ៏ល្អបំផុតដែលអាចដឹកនាំសិង្ហបុរីក្រោយវិបត្តិកូវីដ១៩។ គួរបញ្ចាក់ផងដែរថា លោកក៏ទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ជុំវិញស្រទាប់យុវវ័យ។ គេច្រើនឃើញលោកប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយយុវជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Instagram និង TikTok ជាដើម។ នេះ​ធ្វើ​ឱ្យ​គាត់​ហាក់​មាន​ភាព​ទាក់​ទាញ និង​មានភាពស៊ីសង្វាក់គ្នាជាមួយក្មេងជំនាន់ក្រោយជាង​អ្នក​នយោបាយ​មួយ​ចំនួន​ទៀត។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ