ជារៀងរាល់ពេលដែលមានការចេញផ្សាយអត្ថបទថ្មីៗក្រុមការងារនឹងជម្រាបជូនមិត្ដអ្នកអានតាមរយៈអ៊ីម៉ែលនេះ
វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់?
កម្មវិធីថង់ប្រាជ្ញា៖ សង្គ្រាមត្រជាក់ថ្មីរវាងមហាអំណាច
នៅក្នុងសង្រ្គាមត្រជាក់នៃសតវត្សទី ២០, ប្រទេសមហាអំណាចមិនបានប្រយុទ្ធគ្នាក្នុងសង្គ្រាមផ្ទាល់នោះទេ ប៉ុន្តែភាពតានតឹងតែងកើតមានឡើងតាមរយៈមនោគមវិជ្ជា ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ និងការចងសម្ព័ន្ធភាពជាយុទ្ធសាស្រ្តដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន។ ប៉ុន្តែសព្វថ្ងៃនេះ សង្រ្គាមត្រជាក់ប្រភេទថ្មីមួយទៀត កំពុងលេចចេញជារូបរាង ដែលមិនស្ថិតក្នុងរូបភាពជាគ្រាប់បែក ឬបញ្ហាព្រំដែននោះទេ តែវាពាក់ព័ន្ធនឹងបច្ចេកវិទ្យា, គ្រឿងអេឡិចត្រូនិក, ការប្រកួតប្រជែងសេដ្ឋកិច្ច និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្នុងសតវត្សទី ២១ នេះ មានប្រទេសមហាអំណាចពីរគឺសហរដ្ឋអាមេរិក និងចិន ហើយការប្រជែងឥទ្ធិពលរបស់ពួកគេគឺមិនមែនសម្រាប់ទឹកដី ឬសម្ព័ន្ធមិត្តទៀតទេ តែប្រជែងទៅលើការដឹកនាំផ្នែកបច្ចេកវិទ្យា ឥទ្ធិពលសេដ្ឋកិច្ចសកល និងអំណាចទន់ (Soft powers)។
១. សង្គ្រាមបច្ចេកវិទ្យា
នាពេលបច្ចុប្បន្ន ភាពមានឥទ្ធិពលទៅលើបច្ចេកវិទ្យាគឺជាប្រភេទនៃអាវុធថ្មីមួយ ហើយទាំងសហរដ្ឋអាមេរិក និងចិនទាំងពីរសុទ្ធតែពូកែខាងបច្ចេកវិទ្យារៀងៗខ្លួន ដែលនាំឱ្យមហាអំណាចទាំងពីរនេះក្លាយទៅជាកំពូលគូប្រជែង។ ប្រទេសទាំងពីរកំពុងប្រជែងគ្នាដណ្តើមយកភាពលេចធ្លោនៅក្នុងវិស័យដូចជា AI (Artificial Intelligence), បណ្តាញ 5G, ប្រព័ន្ធឃ្លាំមើល, និងជាពិសេសឧបករណ៍អេឡិចត្រូនិក។ សហរដ្ឋអាមេរិកបានដាក់កម្រិតលើក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនដូចជា Huawei និង TikTok ដោយលើកឡើងពីការគំរាមកំហែងសន្តិសុខជាតិ។ ជាការឆ្លើយតបមកវិញ ប្រទេសចិនបានបង្កើនទ្វេដងនូវការវិនិយោគលើខ្លួនឯង ដោយបានបណ្តាក់ទុនរាប់ពាន់លានដុល្លារ ដើម្បីបង្កើនឧស្សាហកម្មបន្ទះឈីប (Semiconductor) និងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យារបស់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនមែនធ្វើឡើងដើម្បីតែទំនើបកម្មសំបកក្រៅនោះទេ តែវាជាសញ្ញាណនៃការបង្ហាញមហិច្ឆតាក្នុងការនាំមុខគេនូវច្បាប់សម្រាប់បច្ចេកវិទ្យានាពេលអនាគត និងការគ្រប់គ្រងទិន្នន័យដែលជាប្រភពធនធាន និង ឥទ្ធិពលដល់ពួកគេ។
២. សង្គ្រាមពាណិជ្ជកម្ម និងសេដ្ឋកិច្ច
ក្រៅពីបច្ចេកវិទ្យា, ការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិនបានជះឥទ្ធិពលទៅលើពាណិជ្ជកម្មពិភពលោក។ ភាពតានតឹងដែលបានចាប់ផ្តើមជាសង្គ្រាមពន្ធគយក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ត្រាំ បានក្លាយទៅជាយុទ្ធសាស្ត្ររយៈពេលវែងនៃការកាត់បន្ថយការពឹងពាក់គ្នាខាងសេដ្ឋកិច្ចរវាងប្រទេសមហាអំណាចទាំងពីរ។ ប្រទេសជុំវិញពិភពលោក ជាពិសេសនៅអាស៊ី និងអាហ្រ្វិក កំពុងមានសម្ពាធដែលត្រូវបង្ខំចិត្តធ្វើការជ្រើសរើសប្រទេសណាមួយជាដៃគូក្នុងការវិនិយោគ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងដៃគូខ្សែសង្វាក់ផ្គត់ផ្គង់។ ខណៈដែលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន (BRI) បានបង្កើនការបោះជំហានសេដ្ឋកិច្ចរបស់ខ្លួនជាសកល, សហរដ្ឋអាមេរិកបែរទៅជាអ្នកធ្វើបញ្ច្រាស និង បង្អាក់បន្ទុចមកវិញ។
៣. អំណាចទន់ (Soft Power)
សង្គ្រាមត្រជាក់ថ្មីក៏កំពុងកើតឡើងផងដែរនៅក្នុងវប្បធម៌ ការអប់រំ និងប្រព័ន្ធផ្សព្វផ្សាយ។ ប្រទេសចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈវិទ្យាស្ថានខុងជឺ បណ្តាញព័ត៌មានពិភពលោក និងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកនៅតែបន្តផ្សព្វផ្សាយវប្បធម៌របស់ខ្លួនតាមរយៈហូលីវូដ តន្ត្រី និងការផ្លាស់ប្តូរការសិក្សា។ នៅពេលដែលមហាអំណាចទាំងពីរព្យាយាមជះឥទ្ធិពលដោយព្យាយាមយកឈ្នះចិត្ត និងគំនិតមនុស្សនៅទូទាំងពិភពលោក, អំណាចទន់បានក្លាយជាឧបករណ៍ដែលមានសារៈសំខាន់ជាងកម្លាំងយោធា ឬសេដ្ឋកិច្ចទៅទៀត។
សរុបមក ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន គឺមានច្រើន មិនមែនមានតែការខ្វែងគំនិតគ្នាខាងការទូតប៉ុណ្ណោះទេ។ វាគឺជាការប្រកួតប្រជែងពិតប្រាកដប្រកបដោយភាពតានតឹងដើម្បីប្រជែងនូវឥទ្ធិពលនៅគ្រប់ជ្រុងនៃពិភពលោក។ យ៉ាងណាមិញ, សង្គ្រាមត្រជាក់បច្ចុប្បន្ននេះមិនដូចសង្គ្រាមត្រជាក់ពីអតីតកាលទេ ដោយសារការប្រយុទ្ធនាពេលបច្ចុប្បន្ននេះកើតឡើងជាច្រើនទម្រង់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និង អំណាចទន់ ដោយមិនមែនប្រើតែរថក្រោះ និងសន្ធិសញ្ញាប៉ុណ្ណោះទេ។ សម្រាប់ប្រទេសតូចៗ និង ក្រីក្រដែលត្រូវរងសម្ពាធចាំបាច់ត្រូវរក្សាឱ្យបាននូវជំហរអព្យាក្រឹត ខណៈដែលភាពតានតឹងនៅតែបន្តកើតមានឡើងរវាងប្រទេសមហាអំណាចទាំងពីរ។
កម្មវិធីថង់ប្រាជ្ញា៖ តើតុលាការយុត្តិធម៌អន្តរជាតិមានសារៈសំខាន់យ៉ាងណាសម្រាប់រដ្ឋដែលមានជម្លោះនៅលើពិភពលោក?
នៅពេលដែលមានជម្លោះរវាងរដ្ឋ និងរដ្ឋ, ភាពតានតឹងនឹងកើតមានឡើងដែលអាចឈានដល់ជម្លោះប្រដាប់អាវុធ និងបង្កផលប៉ះពាល់ខ្លាំងទៅដល់សេដ្ឋកិច្ចទាំងមូល និងទំនាក់ទំនងអន្តរជាតិ។ មានជម្លោះមួយចំនួនមិនអាចដោះស្រាយដោយការចរចាររវាងភាគីនៃជម្លោះបាននោះទេ ប៉ុន្តែត្រូវតែស្វែងរកភាគីទី៣ដែលជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយជម្លោះទាំងនោះ។ ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី២មក ធម្មនុញ្ញអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើង និងចុះហត្ថលេខាទទួលស្គាល់នៅឆ្នាំ១៩៤៥ ក្នុងគោលបំណងរក្សាសុខសន្តិភាព និងពង្រឹងកិច្ចសហការអន្តរជាតិ។ ស្របតាមគោលបំណងនេះ មាត្រា៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិបានលើកឡើងនូវវិធីសាស្រ្ដនៃការដោះស្រាយជម្លោះតាមរយៈការចរចា សម្រុះសម្រួល និងតាមយន្តការសន្តិភាព ដូចជាតាមរយៈតុលាការជាដើម។ តុលាការយុត្តធម៌អន្តរជាតិជាស្ថាប័នមួយក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយរាល់សមាជិករបស់អង្គការសហប្រជាជាតិទាំងអស់ត្រូវតែជាសមាជិករបស់តុលាការយុត្តិធម៌អន្តរជាតិផងដែរ។ នៅឆ្នាំ១៩៤៦ តុលាការនេះបង្កើតឡើងដោយប្ដូរពីតុលាការអចិន្ត្រៃយ៍យុត្តិធម៌អន្តរជាតិ (PCIJ) ដែលត្រូវបានក្នុងឆ្នាំ១៩២០។ ចាប់តាំងពីពេលបង្កើតនោះមក តុលាការនេះបានដើរតួរឈានមុខគេ និងដោះស្រាយវិវាទ ព្រមទាំងផ្ដល់ជាមតិយោបល់ផ្នែកច្បាប់ជាច្រើន។ ដូចនេះ តើតុលាការយុត្តិធម៌អន្តរជាតិនេះមានសមត្ថកិច្ចអ្វីខ្លះ? ហើយមានតួនាទីបែបណាចំពោះរដ្ឋមានជម្លោះនៅលើពិភពលោក?
១. សមាសភាពរបស់តុលាការយុត្តិធម៍អន្តរជាតិ
តុលាការយុត្តិធម៌អន្តរជាតិជា ស្ថាប័នតុលាការឯករាជ្យក្នុងចំណោមស្ថាប័នទាំង៦របស់អង្គការសហប្រជា ជាតិ។ សា្ថប័ននេះមានតួនាទីក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងរដ្ឋ និងរដ្ឋ។ នៅក្នុងនីតិវិធីនៃការជនុំជម្រះក្ដី សមាសភាពចៅក្រមឯករាជ្យជំនុំជម្រះត្រូវបានជ្រើសរើសដោយមិនគិតពីសញ្ជាតិរបស់ចៅក្រមឡើយ ពោលគឺផ្អែកទៅលើគុណវុឌ្ឍិ និងស្របតាមច្បាប់អន្តរជាតិ។ តុលាការនេះមានសមាជិកចំនួន១៥រូបដែលមានសញ្ជាតិខុសៗគ្នាសម្រាប់អណតិ្ត៩ឆ្នាំ ដោយជ្រើសតាំងដោយមហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខចេញពីបញ្ជីនៃក្រុមប្រទេសនៅក្នុងតុលាការមជ្ឈត្តការអចិន្រ្តៃយ៍។ សមាជិករបស់តុលាការមិនតំណាងឱ្យប្រទេសរបស់ខ្លួនទេ តែតំណាងឱ្យឯករាជ្យភាពនៃការជំនុំជម្រះក្ដី។ អសនៈរបស់តុលាការត្រូវបែងចែក ដោយ ៣ អាសនៈ ផ្ដល់ឱ្យចៅក្រមមកពីទ្វីបអាហ្វ្រិក, ២អាសនៈទៅចៅក្រមមកពីអាមេរិកឡាទីន និងការីប៊ីន, ៣អសនៈបានទៅចៅក្រមអាស៊ី, ៥អសនៈបានទៅចៅក្រមមកពីទ្វីបអឺរ៉ុបខាងលិច និងរដ្ឋបស្ចិមប្រទេសផ្សេងទៀត, និងអសនៈ២ទៀតបានទៅចៅក្រមមកពីអឺរ៉ុបខាងកើត។ រៀងរាល់៣ឆ្នាំម្ដង តុលាការនេះត្រូវបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន ដោយប្រធានជាអ្នកដឹកនាំ និងគ្រប់គ្រងការងាររដ្ឋបាល និងតុលាការ។ ម៉្យាងទៀត ជារៀងរាល់ឆ្នាំប្រធានតុលាការដាក់តាំងបង្ហាញរបាយការណ៌នៅកិច្ចប្រជុំមហាសន្និបាតនៅទីក្រុងញូយ៉ក។
២. យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ
មានតែរដ្ឋប៉ុណ្ណោះដែលជាភាគីអាចប្ដឹងផ្ដល់ និង ដាក់សំណុំរឿងទៅកាន់តុលាការ ដែលនេះមានន័យថា តុលាការយុត្តិធម៌អន្តរជាតិមានសមត្ថកិច្ចចំពោះតែរដ្ឋដែលជាសមាជិកនៃអង្គការសហប្រជាជាតិ និងមិនមានសមត្ថកិច្ចទៅលើនីតិបុគ្គលឯកជន ឬរូបវន្តបុគ្គលឡើយ។ ជាគោលការណ៍សំខាន់នៃយុត្តាធិការរបស់តុលាការ, គ្រប់ករណីទាំងអស់ និង បញ្ហាដែលភាគីសំអាងទៅលើ ត្រូវមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ឬអនុសញ្ញាដែលមានជាធរមាន។ តុលាការមានអំណាចយុត្ដាធិការចំនួន២គឺ ដោះស្រាយករណីជម្លោះដែលរដ្ឋដាក់ជូនតុលាការ និងផ្ដល់ជាមតិយោបល់ផ្នែកច្បាប់នៅពេលមានសំណើពីសា្ថប័នរបស់អង្គការសហប្រជាជាតិ ទីភ្នាក់ងារឯកទេស ឬក៏អង្គការណាមួយដែលប្រគល់សមត្ថកិច្ចក្នុងការស្នើសុំ។ ក្នុងករណីនេះ មាត្រា៣៦ កថាខណ្ឌទី១នៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិចែងបញ្ជាក់ពីសំណុំរឿង៣ប្រភេទដែលតុលាការនឹងមានសមត្ថកិច្ចចំពោះរឿងក្ដី។ ករណីទី១, រដ្ឋជាភាគីបានយល់ព្រមពិសេសក្នុងការបញ្ជូនករណីជម្លោះទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ។ ករណីទី២, ភាគីនៃជម្លោះចែងពីយុត្តាធិការរបស់តុលាការសម្រាប់ដោះស្រាយជម្លោះក្នុងកិច្ចព្រមព្រៀងរបស់ខ្លួននៅពេលជម្លោះដោះស្រាយទ្វេភាគីមិនសម្រេច។ ករណីទី៣, យោងតាមមាត្រា៣៦ កថាខណ្ឌទី២ តម្រូវឱ្យរដ្ឋភាគីអាចធ្វើប្រកាសទទួលស្គាល់នូវយុត្តាធិការបស់តុលាការរបស់ខ្លួនជាឯកតោភាគីបានដោយមិនមានការព្រមព្រៀងពិសេសណាមួយឡើយដែលជាប់ទាក់ទងនឹងការបកប្រែសន្ធិសញ្ញា សំណួរទាកទងនឹងច្បាប់អន្តរជាតិ ការរំលោភលើកាតព្វកិច្ចអន្តរជាតិ និងសំណងនៃការរំលោភច្បាប់អន្តរជាតិ។ តុលាការសម្រេចសេចក្ដីស្របតាមច្បាប់អន្តរជាតិដែលរដ្ឋភាគីមានជម្លោះដាក់ជូនតុលាការរួមមាន អនុសញ្ញាអន្តរជាតិដែលរដ្ឋមានជម្លោះទទួលស្គាល់ ទំនៀមទម្លាប់អន្តរជាតិដែលទទួលស្គាល់ដូចជាច្បាប់ គោលការណ៍ទូទៅនៃច្បាប់ដែលទទួលស្គាល់ដោយរដ្ឋស៊ីវិល័យ និងប្បញ្ញត្តិនៃមាត្រា៥៩សេចក្ដីសម្រេចរបស់តុលាការ។ រាល់សាលដីការបស់តុលាការមិនអាចប្ដឹងឧបាស្រ័យបានឡើយ និងមានអនុភាពអនុវត្តចំពោះរដ្ឋជាភាគីនៃបណ្ដឹង។
៣. ហេតុអ្វីបានរដ្ឋមានជម្លោះត្រូវការតុលាការយុត្តិធម៌អន្តរជាតិ?
ពិភពលោកធ្លាប់បានឆ្លងកាត់នូវសង្រ្គាមធំៗចំនួន២ និងសង្រ្គាមរវាងរដ្ឋនិងរដ្ឋ ដែលបង្កឱ្យមានវិនាសកម្មដល់ប្រជាជន សេដ្ឋកិច្ច និងផែនដីទាំងមូល។ តួយ៉ាង ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ មាត្រា២ កថាខណ្ឌទី៤ ចែងថា សមាជិករបស់ អ.ស.ប ត្រូវជៀសវាងការគំរាមគំហែងឬការប្រើប្រាស់កម្លាំងទ័ពទៅរំលោភនឹងបូរណភាពទឹកដី ឬឯករាជ្យខាងនយោបាយរបស់រដ្ឋជាសមាជិកដទៃទៀត ក្នុងទំនាក់ទំនងអន្តរជាតិ ឬក្នុងទិដ្ឋភាពដទៃទៀតណាមួយដែលមិនសមស្របជាមួយនឹងគោលដៅរបស់អង្គការសហប្រជាជាតិ។ ក្នុងន័យនេះ, ការដោះស្រាយជម្លោះទាំងឡាយរបស់រដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិត្រូវដោះស្រាយដោយសន្តិវិធី ហើយយន្តការដោះស្រាយជម្លោះរបស់អង្គការសហប្រជាជាតិដែលមានចែងក្នុងធម្មនុញគឺ តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ។ យន្តការនេះ មានសារៈសំខាន់សម្រាប់ការបញ្ជៀសនូវសង្គ្រាមប្រឈមមុខគ្នា ហើយរាល់សេចក្ដីសម្រចរបស់តុលាការយុត្តិធម៌អន្តរជាតិមានអនុភាពអនុវត្តចំពោះគូភាគីទាំងអស់នៃសំណុំរឿង។ ប្រសិនបើភាគីណាមួយមិនគោរពតាមសេចក្ដីសម្រេចនោះទេ ភាគីម្ខាងទៀតអាចទាមទារទៅកាន់ក្រុមប្រឹក្សាសន្ដិសុខ ហើយប្រសិនបើចាំបាច់ ក្រុមប្រឹក្សាសន្តិសុខអាចធ្វើការណែនាំ ឬសម្រេចចាត់វិធានការណាមួយដើម្បីឱ្យរដ្ឋគោរពតាមសេចក្ដីសម្រេចរបស់តុលាការតែម្ដង។ជាក់ស្ដែង តុលាការយុត្តិធម៌អន្តរជាតិបានចេញសេចក្ដីសម្រេចចំពោះសំណុំរឿងក្ដីប្រាសាទព្រះវិហារដែលប្រកាសសាលដីកាសម្រេចឱ្យប្រទេសកម្ពុជាឈ្នះក្ដីនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដោយទទួលស្គាល់ថាព្រះវិហារស្ថិតនៅក្នុងទឹកដី និងស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា និងបានបញ្ជាឱ្យកងទ័ពថៃ ប៉ូលិស ឬឆ្មាំផ្សេងទៀតដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទក្នុងដែនដីរបស់កម្ពុជាប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញ ព្រមទាំងប្រគល់មកវិញនូវរាល់វត្ថុបុរាណ ដូចជា រូបចម្លាក់ សិលាចារឹក គ្រឿងចានឆ្នាំងធ្វើអំពីដី ។ល។ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤មក។ លើសពីនេះទៅទៀត, ក្រោយពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភ័ណ្ឌនៅថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨ ថៃបានបញ្ជូនកងទ័ពរបស់ខ្លួនមកឈរជើងនៅក្នុងបរិវេណវត្តកែវសិក្ខាគីរីស្វារៈនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។ លុះនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការបានសម្រេចជាឯកច្ឆ័នឱ្យភាគីថៃគោរពសាលដីកាឆ្នាំ១៩៦២ ហើយត្រូវដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារដោយគ្មានលក្ខខណ្ឌ។
ជារួម ការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធមិនបានផ្ដល់ផលចំណេញអ្វីទេ គឺមានតែផ្ដល់ការខាតបង់ផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងការទូតតែប៉ុណ្ណោះ។ ហេតុដូចនេះហើយ ការប្រើប្រាស់យន្តការដោះស្រាយជម្លោះដោយតុលាការយុត្តិធម៌អន្តរជាតិពិតជាមានសារៈសំខាន់ណាស់ដើម្បីដោះស្រាយជម្លោះ និងបញ្ជៀសការប្រឈមមុខគ្នាដោយប្រដាប់អាវុធ។
វិចារណកថាថ្ងៃសុក្រ៖ វិបត្តិអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានធ្វើឱ្យមជ្ឈឹមបូព៌ានៅតែជាកង្វល់ពិភពលោក
មជ្ឈឹមបូព៌ា ជាតំបន់មួយដែលត្រូវបានគេមើលឃើញថានៅតែជាចំណោទបញ្ហាដែលពិបាកដោះស្រាយ និងជាដែលចាក់ច្រេះតាំងពីអតីតកាលមក។ កាលពីពេលថ្មីៗនេះ គេសង្កេតឃើញថា ខណៈដែលជម្លោះរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីននៅតំបន់ហ្គាសា(Gaza Strip) តំបន់មជ្ឈឹមបូព៌ាមានមិនទាន់បានបញ្ចប់ផង, អ៊ីស្រាអ៊ែលបានបន្តសង្គ្រាមមួយទៀតជាមួយប្រទេសអ៊ីរ៉ង់។ ការប្រកាសសង្គ្រាមរបស់ប្រទេសអ៊ីស្រាអ៊ែល និងការបាញ់ប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យពិភពលោកកាន់តែព្រួយបារម្ភបន្ថែមទៀតនៅក្នុងតំបន់មជ្ឈឹមបូព៌ាទៀត ដោយសារតែប្រទេសអ៊ីរ៉ង់ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលធំ និងមានកម្លាំងយោធាខ្លាំងក្លាក្នុងតំបន់នេះផងដែរ។ តើបញ្ហារវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ អាចចោទជាបញ្ហាធំៗដល់ពិភពលោកដល់កំរិតណា?
១. មូលហេតុដែលអ៊ីស្រាអ៊ែលប្រកាសវាយប្រហារលើអ៊ីរ៉ង់
វិបត្តិរវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៥ ដោយផ្តើមចេញពីការប្រកាសប្រតិបត្តិការ Rising Lion របស់អ៊ីស្រាអ៊ែលធ្វើការវាយប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់ ជាពិសេស រោងចក្រនុយក្លេអ៊ែរ ទីតាំងមីស៊ីលរបស់អ៊ីរ៉ង់ និងក្រសួងការពារជាតិរបស់ប្រទេសអ៊ីរ៉ង់ជាដើម។ មូលហេតុដែលប្រទេសអ៊ីស្រាអ៊ែលបើកការវាយប្រហារទៅលើប្រទេសនៅឈូងសមុទ្រពែក្សនេះ គឺដោយសារតែមិនចង់ឱ្យប្រទេសអ៊ីរ៉ង់អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរបស់ខ្លួនដែលអាចឈានដល់ការផលិតអាវុធនុយក្លេអ៊ែរ ហើយអាចនាំឱ្យអ៊ីរ៉ង់កាន់តែបង្កការគំរាមកំហែងខ្ពស់ក្នុងតំបន់ និងពិភពលោក និងជាពិសេស ទៅលើប្រទេសអ៊ីស្រាអ៊ែលផ្ទាល់តែម្តង។ ប្រតិបត្តិការរបស់អ៊ីស្រាអ៊ែលបានកម្ទេចប្រព័ន្ធរ៉ាដា និងជើងទម្រមីស៊ីលជាច្រើន ហើយរួមទាំងបានឆក់យកជីវិតមេទ័ពអ៊ីរ៉ង់ និងអ្នកជំនាញនុយក្លេន៊ែមួយចំនួន។ ការវាយប្រហារនេះបានធ្វើឱ្យអ៊ីរ៉ង់មានការខឹងសម្បារជាខ្លាំង ហើយក៏បានបើកការវាយបកភ្លាមៗនៅថ្ងៃបន្ទាប់ចូលទៅក្នុងទីក្រុង Tel Aviv ដើម្បីជាការសងសឹកផងដែរ។ ប៉ុន្តែរឿងមួយដែលគួរឱ្យចាប់អារម្មណ៍លើវិបត្តិនេះ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល បេនចាមីន នេតាន់យ៉ាហ៊ួ បានបង្ហាញតាមរយៈកិច្ចសម្ភាសន៍សារព័ត៌មានមួយដោយឥតលាក់បាំងថាអ៊ីស្រាអ៊ែលមានមហិច្ឆតាសម្លាប់ប្រមុខសាសនាអ៊ីរ៉ង់ផងដែរ ព្រោះប្រមុខសាសនាលោក អាលី ខាមេណី គឺជាមនុស្សដែលអ៊ីស្រាអ៊ែលគិតថាមានការគំរាមកំហែងខ្លាំងបំផុតដល់ខ្លួន។ ជាប្រតិកម្មទូទៅ, មនុស្សគ្រប់គ្នាបានគិតថា ការប្រកាសបែបនេះរបស់លោកនាយករដ្ឋមន្រ្តីរូបនេះនឹងអាចបង្កជាសង្រ្គាមក្នុងតំបន់កាន់តែធ្ងន់ធ្ងរ។ យ៉ាងណាក្ដី លោក បេនចាមីន នេតាន់យ៉ាហ៊ួ បាននិយាយថាផែនការរបស់លោកនេះអាចនឹងជួយបញ្ចប់សង្រ្គាម និងជាឱកាសដើម្បីឈានទៅការរកផ្លាស់ប្តូរថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ ដើម្បីបញ្ឈប់ការគំរាមកំហែងមកលើប្រទេសខ្លួន។ ទោះបីជាយ៉ាងក្ដី, សង្គ្រាម ឬវិបត្តិរវាងប្រទេសទាំងពីរនៅតែបន្តដោយក្តៅគគុកគិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥នេះ។
២. តើពិភពលោកត្រូវនៅរិះរកវិធីដោះស្រាយបែបណាដើម្បីសម្រួលដល់វិបត្តិអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់?
ក្រោយវិបត្តិអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់បានផ្ទុះឡើង, ពិភពលោកមានការភ្ញាក់ផ្អើល ព្រោះវិបត្តិនេះគេអាចនឹងក្លាយជាវិបត្តិដ៏ធំមួយនៅក្នុងតំបន់មជ្ឈឹមបូព៌ានេះ។ មហាអំណាចពិភពលោក ទាំងចិន និងសហរដ្ឋអាមេរិច បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្លួនដែលរស់នៅទាំងប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអ៊ែល ជម្លៀសខ្លួនចេញជាបន្ទាន់ព្រោះស្ថានការណ៍ក្នុងវិបត្តិនេះមិនអាចគ្រប់គ្រងបានទេ ដោយសារមានការបាញ់ដាក់គ្នាទៅវិញទៅមកដោយមីស៊ីលរវាងប្រទេសទាំងពីរ។ បើយើងនិយាយពីយន្តការដោះស្រាយរបស់ពិភពលោកវិញ, បន្ទាប់ពីវិបត្តិនេះបានកើតឡើង លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវដល់ប្រទេសទាំង២ ត្រូវតែអត់ធ្មត់ទៅវិញទៅមកដើម្បីកុំឱ្យមានសង្រ្គាមកាន់តែរីកធំឡើងៗ។ ចំណែកឯក្រុមប្រទេសអភិវឌ្ឍន៍ឧស្សាហកម្មទាំង៧ (G7) ដែលធ្លាប់តែជាការប្រជុំផ្តោតសំខាន់លើសេដ្ឋកិច្ច ក៏បានយកវិបត្តិសង្គ្រាមនេះជារបៀបវារៈមួយនៅក្នុងការប្រជុំនិងពិភាក្សាផងដែរ។ ក្នុងនោះ ក្រុមប្រទេសនេះបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដោយអំពាវនាវឱ្យមានដំណោះស្រាយ ធ្វើការបន្ធូរបន្ថយស្ថានការណ៍ និងព្រមព្រៀងបទឈប់បាញ់រវាងភាគីទាំងពីរ ប៉ុន្តែក៏មានការបញ្ជាក់យ៉ាងច្បាស់ផងដែរថា ”ប្រទេសអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ”។ មិនខុសពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិទេ លោកប្រធានាធិបតីបារាំងបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់រវាងភាគីជម្លោះទាំងពីរផងដែរ។ ចំណែកសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអ៊ែលវិញ តែងតែបដិសេធថាខ្លួនមិនបានពាក់ព័ន្ធលើការវាយប្រហារទៅលើអ៊ីរ៉ង់នេះទេ ប៉ុន្តែបានប្រាប់អ៊ីរ៉ង់ឱ្យចរចាជាមួយនឹងអ៊ីស្រាអ៊ែល បើមិនចង់ឱ្យមានសង្គ្រាមកាន់តែផ្ទុះថែមទៀត។
សរុបមក វិបត្តិអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានធ្វើឱ្យតំបន់មជ្ឈឹមបូព៌ាក្លាយជាកង្វល់របស់ពិភពលោកបន្ថែមទៀត ខណៈដែលជម្លោះនៅតំបន់ហ្គាហ្សាមិនទាន់ទាំងបានបព្ចាប់ផងនោះ។ ការវាយប្រហាររបស់អ៊ីស្រាអ៊ែលនេះហាក់ដូចជាការបំពានអធិបតេយ្យភាពរបស់អ៊ីរ៉ង់យ៉ាងខ្លាំង ប៉ុន្តែពួកគេបានអះអាងថាធ្វើឡើងដើម្បីការពារខ្លួន និងមិនចង់ឱ្យអ៊ីរ៉ង់មានលទ្ធភាពក្នុងការផលិតអាវុធនុយក្លេអ៊ែបាន ព្រោះថាប្រសិនបើអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែបាន នោះពិភពលោកនឹងមានហានិភ័យលើការគ្រប់គ្រងអាវុធនេះ និងប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខរបស់ខ្លួន ដោយសារមេដឹកនាំសាសនាអ៊ីរ៉ង់តែងតែប្រកាសក្តែងៗថាចង់បំផ្លាញអ៊ីស្រាអ៊ែល និងអាមេរិកជាដើម។
វិចារណកថាថ្ងៃសុក្រ៖ ការប៉ះទង្គិចរវាងឥណ្ឌា និងប៉ាគីស្ថានគឺជាកង្វល់នៃសន្តិសុខពិភពលោក
កាលពីពេលថ្មីៗនេះ ជម្លោះនៅតំបន់កាស្មៀបានកើតឡើងម្តងទៀត ដោយជម្លោះនេះជាជម្លោះដែលចាក់ស្រេះ និងបន្សល់ទុកតាំងតែសម័យក្រោយអាណានិគមមកម្ល៉េះ។ នៅក្នុងឆ្នាំ២០២៥នេះ ឥណ្ឌាបានវាយប្រហារទៅកាន់ប្រទេសប៉ាគីស្ថានដោយសារមានអំពើភេវរកម្មដែលបានកើតឡើងនៅ Pahalgam ក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា ដែលបណ្តាលឱ្យស្លាប់ភ្ញៀវទេសចរចំនួន២៦ នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ ដោយសារអំពើភេវរកម្មនេះ ឥណ្ឌាបានចោទទៅលើក្រុមប្រដាប់អាវុធដែលមានទីតាំងនៅតំបន់កាស្មៀគ្រប់គ្រងដោយប៉ាគីស្ថាន និងបានបើកប្រតិបត្តិការវាយប្រហារទៅកាន់ទីនោះតែម្តង។ ជាការឆ្លើយតប ប៉ាគីស្ថានក៏បានបាញ់តបតទៅកាន់ឥណ្ឌាវិញ ដែលធ្វើឱ្យពិភពលោកមានក៏ព្រួយបារម្ភជាខ្លាំង។ តើអ្វីទៅដែលជាកង្វល់ខ្លាំងជាងគេបំផុតរបស់ពិភពលោក នៅពេលឥណ្ឌានិងប៉ាគីស្ថានប៉ះទង្គិចគ្នា?
១. ដើមចមនៃជម្លោះដ៏រ៉ាំរ៉ៃរវាងឥណ្ឌា និងប៉ាគីស្ថាននៅតំបន់កាស្មៀ
ត្រឡប់ទៅឆ្នាំ១៩៤៧ នៅពេលអង់គ្លេសបានប្រគល់ឯករាជ្យទៅដល់ទឹកដីអាណានិគមនៅអាស៊ីខាងត្បូងប៉ុន្តែដោយនៅពេលនោះតំបន់នោះត្រូវបានបែងចែកជាពីរទៅជាប្រទេសឥណ្ឌាដែលសំបូរទៅដោយអ្នកកាន់សាសនាហិណ្ឌូ និងប្រទេសប៉ាគីស្ថានដែលសំបូរទៅដោយអ្នកកាន់សាសនាអ៊ីស្លាម។ ប៉ុន្តែការបែងចែកនោះកើតចេញពីអន្តរកម្មដ៏ស្មុគស្មាញនៃកត្តានយោបាយ សាសនា និងរដ្ឋបាលនៅតំបន់ទាំងនោះ។ ក្នុងអំឡុងពេលបែងចែកនោះផងដែរ តំបន់កាស្មៀត្រូវបានអង់គ្លេសផ្ដល់សិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯងក្នុងការចូលទៅរួមជាមួយប្រទេសឥណ្ឌា ឬប្រទេសប៉ាគីស្ថាន។ គួរឱ្យកត់សម្គាល់ផងដែរថា តំបន់កាស្មៀគឺជាតំបន់ដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមរស់នៅ ប៉ុន្តែអ្នកគ្រប់គ្រងនៅទីនោះគឺជាមហារាជ ហារី ស៊ីង (Hari Singh) ដែលជាអ្នកកាន់សាសនាហិណ្ឌូ។ ដំបូងឡើយ មហារាជ ហារី ស៊ីង ចង់ប្រែក្លាយតំបន់ដែលខ្លួនគ្រប់គ្រងទៅជារដ្ឋឯករាជ្យមួយដែលមិនចង់ទៅខាងណាទាំងអស់។ ប៉ុន្តែដោយសារប្រជាជននៅក្នុងតំបន់កាស្មៀនោះភាគច្រើនសុទ្ធសឹងជាអ្នកកាន់សាសនាអ៊ីស្លាម និងមានក្រុមប្រដាប់អាវុធ (Pakistani tribal army) ដែលចង់ទៅចូលរួមទៅខាងប៉ាគីស្ថាន និងបានវាយប្រហារនៅតំបន់កាស្មៀផងនោះ ទើបធ្វើឱ្យមហារាជ ហារី ស៊ីង សម្រេចចិត្តចុះហត្ថលេខាលើសន្ធិសញ្ញាចូលរួមជាមួយឥណ្ឌានៅឆ្នាំ១៩៤៧តែម្តង។ បន្ទាប់ពីចុះចូលជាមួយឥណ្ឌារួចមក ឥណ្ឌាបានបញ្ចូនកងទ័ពរបស់ខ្លួនចូលក្នុងតំបន់កាស្មៀដើម្បីការពារតំបន់នេះពីការវាយប្រហាររបស់ក្រុមប្រដាប់អាវុធដែលគាំទ្រពីប្រទេសប៉ាគីស្ថាន ហើយនេះគឺជាការចាប់ផ្តើមសង្រ្គាមឥណ្ឌា-ប៉ាគីស្ថានលើកទី១ និងជាបញ្ហាដ៏ស្មុគស្មាញដែលបានចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ននេះ។ ទោះបីជាបញ្ហាតំបន់កាស្មៀនេះ ធ្លាប់បានត្រូវឥណ្ឌាលើកឡើងក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះក៏នៅតែមិនទាន់មានដំណោះស្រាយដាច់ស្រេចនៅឡើយ និងមានការផ្ទុះអាវុធជារឿយៗផងដែរ។
២. ក្ដីបារម្ភរបស់ពិភពលោកទៅលើបញ្ហាអាវុធនុយក្លេអ៊ែរ
ការប៉ះទង្គិចគ្នារវាងឥណ្ឌា និងប៉ាគីស្ថាននៅលើតំបន់កាស្មៀតែងតែកើតឡើងតាំងពីឆ្នាំ១៩៤៧ រហូតមកដល់ពេលបច្ចុប្បន្នដែលមិនទាន់អាចរកផ្លូវបញ្ចប់បានទេ។ ការប៉ះទង្គិចរវាងប្រទេសពីរនេះ ត្រូវបានគេចាត់ទុកជាបញ្ហាដ៏ធំមួយនៅក្នុងពិភពលោក ពីព្រោះភាពតានតឹងនេះ អាចឈានទៅដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយសារប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន សុទ្ធសឹងតែជាប្រទេសដែលមានក្បាលគ្រាប់អាវុធនុយក្លេអ៊ែនៅក្នុងដៃ។ តាមការប៉ាន់ស្មាន ប្រទេសឥណ្ឌាមានក្បាលគ្រាប់អាវុធនុយក្លេអ៊ែរប្រហែលជាង១៧២ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ចំណែកឯប៉ាគីស្ថានវិញ ត្រូវបានគេប៉ាន់ស្មានមានក្បាលគ្រាប់អាវុធនុយក្លេអ៊ែរប្រហែល ១៧០ ដែលគិតត្រឹមខែកញ្ញា ឆ្នាំ២០២៣។ កាលពីពេលថ្មីៗនេះ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ប្រទេសឥណ្ឌាបានបើកការវាយប្រហារដោយកាំជ្រួចសំដៅទៅតំបន់កាស្មៀដែលគ្រប់គ្រងដោយប៉ាគីស្ថាន ដោយសារតំបន់នោះជាត្រូវបានឥណ្ឌាចាត់ទុកថាគឺជាជំរុំរបស់ពួកសកម្មប្រយុទ្ធដែលបានបង្កនូវអំពើភេវរកម្មនៅ Pahalgam ក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា។ ដោយមើលឃើញថាឥណ្ឌាបានវាយចូលក្នុងទឹកដីរបស់ខ្លួន ប៉ាគីសា្ថនក៏ធ្វើការវាយបកដោយផ្តោតលើមូលដ្ឋានទ័ពរបស់ឥណ្ឌាផ្ទាល់តែម្តង។ ការវាយប្រហារនេះបានធ្វើឱ្យពិភពលោកមានការព្រួយបារម្ភជាខ្លាំង ពីព្រោះតែខ្លាចប្រទេសទាំងពីរឈានទៅដល់ប្រើប្រាស់អាវុធនុយក្លេអ៊ែដែលខ្លួនមានប្រសិនជាស្ថានភាពជម្លោះមិនមានការធូរស្រាល។ ប៉ុន្តែអ្វីៗត្រូវបានធូរស្បើយមកវិញ ដោយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បទឈប់បាញ់រវាងប្រទេសទាំងពីរបានកើតមានឡើង បន្ទាប់ពីមានការខិតខំប្រឹងប្រែងដោះស្រាយទាំងខាងការទូតដែលមានការចូលរួមដោយសហរដ្ឋអាមេរិក និងការទំនាក់ទំនងជាមួយគ្នារវាងប្រទេសទាំងគ្នា។ តែទោះបីជាមានបទឈប់បាញ់យ៉ាងណាក្ដី ប្រទេសទាំងពីរនៅតែចោទប្រកាន់គ្នាក្នុងការគ្រប់គ្រងសព្វាវុធនុយក្លេអ៊ែរមិនបានល្អផងដែរ។ ឥណ្ឌាបានទាមទារឱ្យអាវុធនុយក្លេអ៊ែររបស់ប៉ាគីស្ថានត្រូវដាក់ឱ្យត្រួតពិនិត្យត្រឹមត្រូវពីសមាគមន៍អន្តរជាតិ ចំណែកឯប៉ាគីស្ថានវិញ ក៏បានចោទលើឥណ្ឌាវិញថាមានការធ្វេសប្រហែសនាពេលកន្លងមក ដោយធ្វើឱ្យមានការជួញដូរគ្រឿងផ្សំនុយក្លេអ៊ែរដ៏គ្រោះថ្នាក់។ ការចោទប្រកាន់គ្នាទៅវិញទៅមកនេះ ធ្វើឱ្យពិភពលោកក៏តែមានការព្រួយបារម្ភមួយកម្រិតទៀតលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់ប្រទេសទាំងពីរព្រោះថា ទំនាស់រវាងប្រទេសទាំងពីរនៅមិនអាចទាន់បញ្ចប់ដោយងាយៗនោះទេ ព្រោះបញ្ហាចាក់ស្រេះដែលមានតាំងពីសម័យក្រោយអាណានិគមលើតំបន់កាស្មៀនេះ គឺមិនងាយដោះស្រាយ ទោះបីជាពួកគេបានចែកតំបន់នេះជាពីរក៏ដោយ។
៣. សន្និដ្ឋាន
សរុបមក អាវុធនុយក្លេអ៊ែរ គឺជាកង្វល់ដ៏ធំបំផុតសម្រាប់ការប៉ះទង្គិចរវាងឥណ្ឌា និងប៉ាគីស្ថាន ពីព្រោះប្រទេសទាំងពីរសុទ្ធសឹងតែជាប្រទេសដែលមានការផលិត និងអភិវឌ្ឍអាវុធនុយក្លេអ៊ែររៀងខ្លួន ដែលក្នុងមួយប្រទេសមានប្រហែលជាង១៧០ ដែលនេះគឺជាគ្រោះថ្នាក់ខ្លាំងបំផុតសម្រាប់ពិភពលោកប្រសិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ។ ពិភពលោកនឹងកាន់តែមានការព្រួយបារម្ភ ប្រសិនទំនាស់រវាងឥណ្ឌា និងប៉ាគីស្ថាន មានជាបន្តបន្ទាប់ទៀត ហើយប្រសិនសង្គ្រាមកាន់តែធំ ការផ្ទុះសង្រ្គាមនុយក្លេអ៊ែរអាចនឹងកើតឡើងផងដែរ ។ ហេតុនេះហើយបានជាប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិច ចិន ប្រទេសមជ្ឈឹមបូព៌ា និងក្រុមប្រទេសG7 ព្យាយាមឱ្យប្រទេសទាំងពីរត្រូវតែអត់ធ្មត់ ឈប់វាយប្រហារ និងត្រឡប់ស្វែងរកការចរចាបញ្ហាសម្រាប់សន្តិភាពក្នុងតំបន់វិញ។
កម្មវិធីថង់ប្រាជ្ញា៖ ប្រៀបធៀបរវាង NATO និង EU
អង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) គឺជាអង្គការតំបន់ដ៏សំខាន់ដែលមូលដ្ឋាននៅដែនដីអឺរ៉ុប។ អង្គការទាំងពីរនេះមានទីស្នាក់ការកណ្តាលនៅ ទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ដែលជាទីក្រុងដ៏សំខាន់មួយនៅអឺរ៉ុបខាងលិច។ ទោះបីជាអង្គការតំបន់ទាំងពីរនេះជាអង្គការអន្តររដ្ឋាភិបាល និងមានលក្ខណៈដូចគ្នាមួយចំនួនយ៉ាងណាក្ដី ប៉ុន្តែអង្គការទាំងពីរនេះមានខុសគ្នាខ្លាំងលើតថភាពមួយចំនួនរួមមាន គោលបំណង រចនាសម្ព័ន្ធ និងសមាជិកភាព។
គោលបំណងក្នុងការបង្កើតអង្គការណាតូ និងសហភាពអឺរ៉ុប
អង្គការណាតូត្រូវបានបង្កើតឡើងជាការឆ្លើយតបទៅនឹងឥទ្ធិពលនៃសង្គ្រាមលោកលើកទីពីរ និងការចុះខ្សោយនៃទំនាក់ទំនងរវាងសហភាពសូវៀត និងសម្ព័ន្ធមិត្តលោកខាងលិច។ ប្រទេសមួយចំនួននៅអឺរ៉ុបខាងលិច និងអាម៉េរិកខាងជើងបានចុះហត្ថលេខាលើសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty) ក្នុងឆ្នាំ ១៩៤៩ ក្នុងទិសដៅប្រឆាំងនឹងការគំរាមកំហែងដល់សេរីភាព និងសន្តិភាពនៅអឺរ៉ុបខាងលិច ជាពិសេសការទប់ស្កាត់ទៅលើការរីកសាយភាយនូវលទ្ធិកុម្មុយនីស្ត។ លក្ខណៈពិសេសរបស់អង្គការនេះ គឺថាប្រសិនបើសម្ព័ន្ធមិត្តមួយត្រូវបានវាយប្រហារ នោះណាតូនឹងចាត់ទុកវាថាជាការវាយប្រហារលើសម្ព័ន្ធមិត្តទាំងអស់។ ក្រៅពីមានគោលបំណងយោធា ណាតូក៏លើកកម្ពស់តម្លៃប្រជាធិបតេយ្យ និងកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខតំបន់ផងដែរ។
សហភាពអឺរ៉ុបចាប់ផ្ដើមលេចចេញជារូបរាងដំបូងក្នុងនាមជាសមាគមសេដ្ឋកិច្ចអឺរ៉ុប (European Economic Community) តាមរយៈសន្ធិសញ្ញាទីក្រុង Rome នៅឆ្នាំ ១៩៥៧។ ក្រោយមក សហភាពអឺរ៉ុបទំនើបត្រូវបានបង្កើតឡើងតាមរយៈសន្ធិសញ្ញាទីក្រុង Maastricht នៅឆ្នាំ ១៩៩១ ដោយ រដ្ឋសមាជិកចំនួន ១២។ សន្ធិសញ្ញាបានត្រួសត្រាយផ្លូវក្នុងការបង្កើតប្រាក់អឺរ៉ូ ដែលជារូបិយប័ណ្ណរួមរបស់សហភាពអឺរ៉ុប និងសញ្ញាតិ្តអឺរ៉ុបរួមផងដែរ។ ទម្រង់បច្ចុប្បន្នរបស់សហភាពអឺរ៉ុបត្រូវបានកើតចេញពីសន្ធិសញ្ញាទីក្រុង Lisbon ឆ្នាំ ២០០៧ ។ ដូចអង្គការណាតូដែរ សហភាពអឺរ៉ុបលើកកម្ពស់សន្តិភាព ប្រជាធិបតេយ្យ និងសេរីភាព ប៉ុន្តែខុសពីណាតូ អង្គការនេះផ្តោតជាចម្បងទៅលើផ្នែកសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុតំបន់ មិនមែនវិស័យការពារជាតិទេ។
ណាតូ និងសហភាពអឺរ៉ុប៖ រចនាសម្ព័ន្ធ
ណាតូមានរចនាសម្ព័ន្ធស៊ីវិល និងយោធា ដោយមានទីស្នាក់ការកណ្តាល តំណាងអចិន្ត្រៃយ៍ (Permanent Representatives) ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង (North Atlantic Council) និងបុគ្គលិកស៊ីវិលមកពីគ្រប់ប្រទេសសមាជិកទាំងអស់។ ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង (North Atlantic Council) ដែលជាស្ថាប័នធ្វើការសម្រេចចិត្តនយោបាយដ៏សំខាន់ និងកំពូលនៃអង្គការនេះ។ អគ្គលេខាធិការរបស់ណាតូ (Secretary-General) មានតួនាទីដឹកនាំទូទៅ និងជាអ្នកនាំពាក្យរបស់អង្គការផ្ទាល់។ ចំពោះរចនាសម្ព័ន្ធយោធារបស់អង្គការនេះវិញ ត្រូវបានដឹកនាំដោយគណៈកម្មាធិការយោធា ដែលរួមមានបុគ្គលិកយោធាពីប្រទេសសមាជិក និងរចនាសម្ព័ន្ធបញ្ជាការយោធា។ អង្គការណាតូមិនមានកងទ័ពឈរជើងផ្ទាល់ខ្លួនទេ ប៉ុន្តែមានរចនាសម្ព័ន្ធបញ្ជាការយោធាជាអចិន្ត្រៃយ៍ ដែលកើតចេញការរួមបញ្ចូលគ្នាពីបុគ្គលិកយោធា និងស៊ីវិលរបស់ប្រទេសសមាជិកទាំងអស់។
សហភាពអឺរ៉ុប (EU) មានស្ថាប័នសំខាន់ៗចំនួនប្រាំពីរ ដែលមានលក្ខណៈជាអង្គនីតិប្រតិបត្តិ នីតិបញ្ញត្តិ តុលាការ និងអង្គភាពគ្រប់គ្រងហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាអឺរ៉ុប (European Council) ជាក្រុមប្រឹក្សាដែលប្រមូលផ្ដុំមេដឹកនាំនយោបាយកំពូលៗមកពីរដ្ឋសមាជិកនីមួយៗ និងមានប្រធានមួយរួបក្នុងការដឹកនាំ។ ក្រុមប្រឹក្សានេះមានតួនាទីក្នុងការកំណត់ជោគវាសនារួមអឺរ៉ុប។ គណៈកម្មការអឺរ៉ុប (European Commission) ជាស្ថាប័ននីតិប្រតិបត្តិ ដោយធ្វើការស្នើច្បាប់នានា គ្រប់គ្រងថវិកា និងអនុវត្តបទប្បញ្ញត្តិដែលដាក់ចេញ។ សភាអឺរ៉ុប (European Parliament) ជាស្ថាប័ននីតិបញ្ញត្តិ ដែលមានតំណាងកើតចេញពីការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋអឺរ៉ុប។ ស្ថាប័ននេះមានតួនាទីអនុម័តច្បាប់ និងផ្ដល់ភ្លើងខៀវដល់ច្បាប់ថវិកាអឺរ៉ុប ប៉ុន្តែមិនអាចស្នើច្បាប់បានទេ។ ក្រុមប្រឹក្សារដ្ឋមន្រ្តី (Council of Ministers) ជាស្ថាប័ននីតិបញ្ញត្តិទី២ ដែលមានសមាជិកភាពរដ្ឋមន្ត្រីមកពីប្រទេសសមាជិក និងមានតួនាទីនៅក្នុងការអនុម័តច្បាប់ទាំងអស់។ តុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប (Council of Justice of the European Union) ជាស្ថាប័នតុលាការកំពូលនៃសហភាពអឺរ៉ុប ដែលមានតួនាទីក្នុងការធានានូវការបកស្រាយ និងការអនុវត្តច្បាប់សហភាពអឺរ៉ុប។ ធនាគារកណ្តាលអឺរ៉ុប (The European Central Bank) មានមុខងារក្នុងការគ្រប់គ្រងប្រាក់អឺរ៉ូ និងគោលនយោបាយរូបិយវត្ថុ ខណៈដែលតុលាការត្រួតពិនិត្យអឺរ៉ុប (European Court of Auditors) ផ្ទៀងផ្ទាត់ការចំណាយរួមរបស់សហភាព និងធ្វើការរាយការណ៍ពីករណីមិនប្រក្រតីក្នុងការចំណាយនានារបស់អង្គការតំបន់មួយនេះ។
NATO និង EU៖ សមាជិកភាព
អង្គការ NATO មានប្រទេសជាសមាជិកចំនួន ៣០ ប្រទេស។ សមាជិកភាពនៃអង្គការនេះគឺបើកចំហចំពោះរដ្ឋអឺរ៉ុបណាមួយដែលបានប្តេជ្ញាចិត្តក្នុងការជំរុញគោលការណ៍នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty)។ ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង (North Atlantic Council) នឹងសម្រចជាឯកច្ឆន្ទ (Consensus) នៅក្នុងការជ្រើសរើសប្រទេសណាដែលមានបំណងចូលរួម។
សហភាពអឺរ៉ុប (EU) មានរដ្ឋសមាជិកចំនួន ២៧ ដែលដើម្បីចូលរួមជាសមាជិក រដ្ឋទាំងអស់ត្រូវតែបំពេញតាមលក្ខខណ្ឌដែលកំណត់ដោយ “លក្ខន្តិកៈទីក្រុងកូប៉ិនហាក” (Copenhagen Criteria) ដែលរួមមានការរក្សានូវស្ថេរភាពលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការទទួលយកច្បាប់សហភាពអឺរ៉ុបទាំងអស់ ។ បន្ទាប់មក ក្រុមប្រឹក្សាអឺរ៉ុប (European Council) នឹងស្នើឱ្យគណៈកម្មកាអឺរ៉ុប (European Commission) ធ្វើការវាយតម្លៃសមាជិកភាព។ បណ្តាប្រទេសដែលមានបំណងចូលរួមជាសមាជិករបស់សហភាពអឺរ៉ុបត្រូវតែធ្វើសមាហរណកម្មច្បាប់របស់សហភាពអឺរ៉ុបទៅក្នុងច្បាប់ជាតិប្រទេសទាំងនោះដែរ។
កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីប្រទេសស៊ូដង់ខាងត្បូងជាប្រទេសដែលក្រីក្របំផុតក្នុងពិភពលោក?
ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅលើពិភពលោកមានកំណើន និងការអភិវឌ្ឍយ៉ាងណាក្ដីក៏នៅមានប្រទេសមួយចំនួននៅតែតស៊ូជាមួយនឹងភាពក្រីក្រខ្លាំងដូចជាប្រទេសស៊ូដង់ខាងត្បូង (South Sudan) ដែលជាប្រទេសមានវ័យក្មេងជាងគេក្នុងពិភពលោកនិងឈរឈ្មោះជាប្រទេសក្រីក្របំផុត។ មានបុព្វហេតុបីធំៗដែលកត្តារួមចំណែកដល់ភាពក្រីក្ររបស់ប្រទេសស៊ូដង់ខាងត្បូង និងរារាំងប្រទេសនេះពីការកសាងអនាគតប្រកបដោយស្ថិរភាព និងភាពខ្លួនទីពឹងខ្លួន។
១. ជម្លោះផ្ទៃក្នុង
ប្រទេសស៊ូដង់ខាងត្បូងបានទទួលឯករាជ្យនៅឆ្នាំ ២០១១ បន្ទាប់ពីបានបំបែកខ្លួនចេញពីស៊ូដង់ក្រោយមានជម្លោះជាច្រើនទសវត្សរ៍កន្លងមក។ យ៉ាងណាក្ដី ប្រទេសស៊ូដង់ខាងត្បូងមិនមានសមត្ថភាពក្នុងការអភិវឌ្ឍដើម្បីសន្តិភាព ប្រសិទ្ធភាពរដ្ឋាភិបាល ឬសេដ្ឋកិច្ចនោះទេ ហើយស្ថានភាពប្រទេសនេះកាន់តែដុនដាបថែមទៀតចាប់ពីមានសង្រ្គាមស៊ីវិលផ្ទុះឡើងក្នុងឆ្នាំ ២០១៣។ ប្រធានាធិបតី Salva Kiir បានចោទប្រកាន់អនុប្រធានាធិបតីរបស់គាត់គឺលោក Riek Machar ពីការព្យាយាមដណ្តើមអំណាចរបស់គាត់ ដែលនាំឱ្យមានសង្គ្រាមស៊ីវិលកើតឡើង។ សង្គ្រាមនេះមានឥទ្ធិពលយ៉ាងខ្លាំងដោយមនុស្សរាប់ពាន់នាក់ត្រូវបានស្លាប់ និង ជាង ៤ លាននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែង។ ជាងនេះទៅទៀត ទីប្រជុំជន និងភូមិត្រូវបានបំផ្លាញ ហើយសាលារៀន មន្ទីរពេទ្យ និងផ្លូវថ្នល់ត្រូវបានទុកចោល ដោយសារមេដឹកនាំផ្តោតទៅលើសង្រ្គាមជាជាងការកសាងប្រទេស។ សូម្បីតែបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពហើយក៏ដោយ សង្គ្រាមស៊ីវិលមិនបានបញ្ឈប់ទាំងស្រុងនោះទេ។ រដ្ឋាភិបាលមានភាពទន់ខ្សោយ និងមិនមានសមត្ថភាពក្នុងការកសាងសន្តិភាព ការពារប្រជាជន និងផ្ដល់សេវាសាធារណៈនោះឡើយ។ ជារួម នេះជាហេតុផលដ៏ធំមួយដែលធ្វើឱ្យស៊ូដង់ខាងត្បូងនៅតែក្រីក្រខ្លាំងនាពេលបច្ចុប្បន្ននេះ ព្រោះថា បើគ្មានសន្តិភាព វាក៏មិនមានការអភិវឌ្ឍដែរ។
២. បញ្ហាពុករលួយ
មូលហេតុចម្បងមួយទៀតនៃភាពក្រីក្រនៅស៊ូដង់ខាងត្បូងគឺអំពើពុករលួយដែលមាននៅគ្រប់កម្រិតនៃរដ្ឋាភិបាល។ នៅក្នុងសន្ទស្សន៍នៃអំពើពុករលួយឆ្នាំ ២០២៤ បានបង្ហាញថាប្រទេសស៊ូដង់ខាងត្បូងទទួលបានពិន្ទុត្រឹមតែ ៨ ក្នុងចំណោម ១០០ និងជាប់ចំណាត់ថ្នាក់ទី ១៨០ ក្នុងចំណោម ១៨០ ប្រទេសតែម្ដង ដែលនេះបង្ហាញថាប្រទេសស៊ូដង់ខាងត្បូងមានបញ្ហាពុករលួយយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្ដែង ទ្រព្យសម្បត្តិរបស់ប្រទេសនេះមិនត្រូវបានគេប្រើសម្រាប់ជួយប្រជាជន ខ្លួននោះទេ តែផ្ទុយទៅវិញ ភាគច្រើនត្រូវបានគ្រប់គ្រងដោយភាពមិនត្រឹមត្រូវ។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ និងអង្គការតម្លាភាពអន្តរជាតិ មេដឹកនាំស៊ូដង់ខាងត្បូងបានបង្វែរប្រាក់រាប់លានដុល្លារសម្រាប់សេវាសាធារណៈទៅក្នុងហោប៉ៅរបស់ពួកគេ។ នេះមានន័យថា លុយដែលគួរប្រើសម្រាប់សាងសង់សាលារៀន មន្ទីរពេទ្យ មូលនិធិ ឬជួយដល់កសិករ ត្រូវបានបាត់បង់តាមរយៈការស៊ីសំណូក កិច្ចសន្យាក្លែងក្លាយ និងផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាឧទាហរណ៍ ជំនួយដែលមានបំណងសម្រាប់ការចែកចាយស្បៀងអាហារ ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធជារឿយៗបាត់មុនពេលទៅដល់សហគមន៍មូលដ្ឋានទៅទៀត។ អំពើពុករលួយប្រភេទនេះបង្កើតឱ្យប្រព័ន្ធសង្គមមានភាពទន់ខ្សោយ និងអយុត្តិធម៌ ដែលអ្នកមានកាន់តែមានទៅមាន ខណៈដែលប្រជាជនភាគច្រើនដែលខ្វះខាតសូម្បីតែតម្រូវការមូលដ្ឋានត្រូវបានទុកចោល។ ដរាបណាអំពើពុករលួយនៅតែបន្ត ភាពក្រីក្រនឹងនៅតែចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសស៊ូដង់ខាងត្បូង។
៣. ការពឹងផ្អែកខ្លាំងលើជំនួយបរទេស និងបរាជ័យនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច
មូលហេតុសំខាន់មួយទៀតនៃភាពក្រីក្ររបស់ស៊ូដង់ខាងត្បូងគឺដោយសារតែការពឹងផ្អែកខ្លាំងលើជំនួយបរទេស និងប្រេង។ ជាង ៩០% នៃប្រាក់ចំណូលរបស់រដ្ឋាភិបាលបានមកពីប្រេង ប៉ុន្តែវិស័យនេះមិនស្ថិតស្ថិរទេ ដោយសារតែសង្គ្រាមស៊ីវិលដែលងាយរំខានដល់សេដ្ឋកិច្ច ពោលគឺផលិតកម្មប្រេងត្រូវបានបិទជាញឹកញាប់ ដោយសារជម្លោះប្រដាប់អាវុធ ជម្លោះនយោបាយ និងបញ្ហាបំពង់បង្ហូរប្រេង។ ជាឧទាហរណ៍ ការប៉ះទង្គិចគ្នារវាងរដ្ឋាភិបាល និងកងកម្លាំងឧទ្ទាមនៅជិតតំបន់ប្រេងបានបង្ខំឱ្យផលិតកម្មត្រូវបញ្ឈប់។ លើសពីនេះទៀត ក្នុងឆ្នាំ ២០១២ រដ្ឋាភិបាលថែមទាំងបានបិទផលិតកម្មប្រេងទាំងអស់នៅក្នុងជម្លោះលើថ្លៃសេវាបំពង់បង្ហូរប្រេង ដែលបានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនេះ ប្រទេសធំៗដូចជា សហរដ្ឋអាមេរិក, ប្រទេសអង់គ្លេស, ប្រទេសអាល្លឺម៉ង់ ព្រមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិដូចជា WFP, UNICEF, WHO បានផ្តល់ជំនួយរាប់ពាន់លានក្នុងមួយឆ្នាំៗ ដើម្បីបំពេញតម្រូវការមូលដ្ឋានដូចជា ស្បៀងអាហារ ថ្នាំពេទ្យ និងការអប់រំជាដើម។ ប៉ុន្តែជំនួយនេះបានត្រឹមជាឈើច្រត់ មិនមែនជាស្ពានដ៏ស្ថិរភាពសម្រាប់ប្រទេសស៊ូដង់ខាងត្បូងនោះទេ ហើយយើងដឹងថាជំនួយបរទេសបានជួយប្រជាជនស៊ូដង់ខាងត្បូងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដែលអាចត្រឹមតែជួយបន្ធូរបន្ថយការខ្វះខាតជាបណ្តោះអាសន្នប៉ុណ្ណោះ។ ដោយសារតែអសមត្ថភាពរបស់រដ្ឋាភិបាលដែលបានបរាជ័យក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើតប្រព័ន្ធផ្ទៃក្នុងដ៏រឹងមាំ, ប្រទេសស៊ូដង់ខាងត្បូងមិនអាចការកសាងវិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកសម្រាប់ការអភិវឌ្ឍនោះឡើយ ហើយជាលទ្ធផល ប្រទេសនេះនៅតែបន្តជាប់គាំងនៅក្នុងវដ្តនៃការពឹងផ្អែកលើជំនួយ និងភាពក្រីក្រ។
សេចក្តីសន្និដ្ឋាន
ភាពក្រីក្ររបស់ប្រទេសស៊ូដង់ខាងត្បូង មិនមែនដោយសារតែបញ្ហាតែមួយទេ ប៉ុន្តែដោយសារតែការរួមបញ្ចូលគ្នានៃពីបញ្ហាស្មុគស្មាញ និងធ្ងន់ធ្ងរជាច្រើន។ អស្ថិរភាពនយោបាយ និងបញ្ហាពុករលួយបានធ្វើឱ្យប្រទេសចុះខ្សោយដែលមិនអាចសូម្បីតែបំពេញតម្រូវការជាមូលដ្ឋានរបស់ប្រជាជន ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែពឹងផ្អែកខ្លាំងទៅលើជំនួយពីខាងក្រៅ។ កត្តាទាំងនេះបានធ្វើឱ្យមានការបន្តជាប់គាំងក្នុងប្រទេសនេះ ដោយមានចន្លោះប្រហោងជាច្រើនក្នុងការអភិវឌ្ឍ។ លុះត្រាតែមូលហេតុឫសគល់ទាំងនេះត្រូវបានដោះស្រាយ ស៊ូដង់ខាងត្បូងនឹងនៅតែជាប់គាំងជាប្រទេសក្រីក្របំផុតរបស់ពិភពលោក។
កម្មវិធីថង់ប្រាជ្ញា៖ តើសង្រ្គាមត្រជាក់បានបន្តកំណត់ពិភពលោកបច្ចុប្បន្នយ៉ាងដូចម្ដេចខ្លះ?
បន្ទាប់ពីសង្រ្គាមលោកលើកទី២បានបញ្ចប់ សង្រ្គាមត្រជាក់បានចាប់ផ្ដើមឡើងរវាងមហាអំណាច២ គឺសហរដ្ឋអាមេរិក និងសហភាពសូវៀត។ សង្រ្គាមនេះបង្កើតឱ្យមានជាប្លុកពីរ គឺប្លុកខាងកើតដែលមានសហភាពសូវៀត និង សម្ព័ន្ធមិត្តអឺរ៉ុបខាងកើត និងប្លុកខាងលិចដែលមានសហរដ្ឋអាមេរិក សមាជិកណាតូ និងប្រទេសមួយចំនួនទៀត។ សង្រ្គាមត្រជាក់ជាសង្គ្រាមនៃការប្រកួតប្រជែងផ្នែកមនោគមន៍វិជ្ជា សេដ្ឋកិច្ច នយោបាយ សព្វាវុធរួមមានអាវុធនុយក្លេអ៊ែរ ព្រមទាំងឈានដល់ការប្រកួតប្រជែងនៅទីអវកាសថែមទៀតផង។ នៅឆ្នាំ១៩៨៩ ដល់ ១៩៩១ ជញ្ជាំងក្រុងប៊ែងឡាំងត្រូវបានដួលរលំ ស្របពេលដែលបណ្ដាប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួនចាប់ផ្ដើមធ្វើបដិវត្តន៍ផ្ដាច់ខ្លួនចេញពីសហសូវៀត គួបផ្សំនឹងអស្ថិរភាពសេដ្ឋកិច្ចរបស់សហភាពសូវៀត ដែលបានធ្វើការចំណាយច្រើនលើសលប់ទៅលើសម្ព័ន្ធមិត្ត ដែលជាបច្ច័យនាំទៅរកការដួលរលំរបស់សហភាពសូវៀត។ ជាលទ្ធផល ការបញ្ចប់ទៅនៃសង្រ្គាមត្រជាក់បានផ្ដល់ទាំងផលវិជ្ជមាន និងអវិជ្ជមានជះឥទ្ធិពលដល់ពិភពលោកទាំងមូលទាំង ដូចខាងក្រោម៖
ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ
ចាប់តាំងពីសង្គ្រាមត្រជាក់ រហូតមកដល់បច្ចុប្បន្ន ប្រទេសនីមួយៗបានខិតខំក្នុងការអភិវឌ្ឍបច្ចេកវិទ្យារៀង ខ្លួន។ តួយ៉ាងនៅឆ្នាំ១៩៥៧ សហភាពសូវៀតបានជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនឈ្មោះថា “Sputnik” ទៅកាន់ទីអវកាស ហើយភាពជោគជ័យនេះ បានដាក់សម្ពាធឱ្យសហរដ្ឋអាមេរិកខិតខំអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួន ហើយនៅឆ្នាំ១៩៥៨ សហរដ្ឋអាមេរិកបានជោគជ័យក្នុងបង្ហោះផ្កាយរណបរបស់ខ្លួនផងដែរ។ ក្រៅពីការប្រកួតប្រជែងលើទីអវកាសនេះ តួយ៉ាងការប្រកួតប្រជែងជាច្រើនដូចជាប្រព័ន្ធកុំព្យូទ័រ ផ្កាយរណបក្នុងការស៊ើបយកការណ៍ជាដើម។ ជាលទ្ធផលនៃការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យានេះ បច្ចុប្បន្នប្រទេសមហាអំណាចដូចជាចិន សហរដ្ឋអាមេរិក ជប៉ុន និងអឺរ៉ុបជាដើមបានចំណាយថវិកាយ៉ាងច្រើនក្នុងការផលិតនូវឧបករណ៍បច្ចេកវិទ្យាដូចជាទូរស័ព្ទដៃ គ្រឿងអេឡិចត្រូនិច រថយន្តទំនើបគ្មានមនុស្សបើក សឺមីកុងឌុចទ័រ (Semiconductor) ប្រព័ន្ធអ៊ីនធឺណេត បញ្ញាសប្បនិមិ្មត្ត និងការបង្ហោះផ្កាយរណបលើអវកាសជាដើមដែលវាមានសារៈសំខាន់ណាស់ក្នុងជីវិតមនុស្សជាតិបច្ចុប្បន្ន។
ស្ថាប័នអន្តរជាតិសំខាន់ៗ
ស្ថាប័នអន្តរជាតិមួយចំនួនបានចាប់បដិសន្ធិឡើងកំឡុងពេលសង្រ្គាមត្រជាក់ ដោយឃើញស្ថានភាពបែកបាក់គ្នារបស់ប្រជាជាតិ និងការស្វែងរកសម្ព័នភាពនៃរដ្ឋសម្ព័ន្ធមិត្ត។ នៅឆ្នាំ១៩៤៩ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) ត្រូវបានបង្កើតឡើង និងចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និង១១ប្រទេសផ្សេងទៀត ក្នុងគោលបំណងទប់ស្តាត់ការពង្រីកឥទ្ធិពលរបស់សហភាពសូវៀត ការហាមឃាត់ការងើបឡើងវិញនៃរបបយោធានិយមនៃអឺរ៉ុប និងលើកទឹកចិត្តការធ្វើសមាហរណកម្មនយោបាយនៅអឺរ៉ុប។ ដូចគ្នានេះដែរ ចាប់តាំងពីសង្រ្គាមលោកលើកទី២មក តំបន់អាស៊ានក្លាយជាទីកន្លែងប្រកួតប្រជែងគ្នារវាងមហាអំណាចទាំង២រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត បន្ទាប់ពីតំបន់អឺរ៉ុប ហេតុនេះ ដើម្បីស្ថិរភាពក្នុងតំបន់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ានត្រូវបានបង្កើតឡើងមានប្រាំប្រទេសរួមមានថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីននៅឆ្នាំ១៩៦៧ ដែលបច្ចុប្បន្ន សមាគមនេះមានសមាជិក១០ប្រទេស។
ការប្រកួតប្រជែងសព្វាវុធ
ចាប់តាំងពីសម័យសង្គ្រាមត្រជាក់រហូតមកបច្ចុប្បន្ននេះ ការផលិតសព្វាវុធ ជាពិសេសអាវុធនុយក្លេអ៊ែរបានក្លាយជាចំណុចចាប់ផ្ដើមនៃការប្រកួតប្រជែងសព្វាវុធ។ ប៉ុន្ដែការផលិតអាវុធនុយក្លេអ៊ែរនេះ បានធ្វើឱ្យមានហានិភ័យកើតឡើងក្នុងការគ្រប់គ្រង និងការប្រើប្រាស់មិនត្រឹមត្រូវក្នុងជម្លោះថែមទៀតផង។ នៅឆ្នាំ១៩៤៩ សហភាពសូវៀតបានជោគជ័យក្នុងការសាកល្បងអាវុធនុយក្លេអ៊ែរ ដែលធ្វើឱ្យសហរដ្ឋអាមេរិកលែងជាមហាអំណាចនុយក្លេអ៊ែរតែម្នាក់ឯងលើពិភពលោកទៀតហើយ។ ហេតុនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តខ្លួនបានជំរុញបន្ថែមទៀតលើការអភិវឌ្ឍសព្វាវុធ និងសាកល្បងអាវុធជាច្រើន ដែលនាំទៅរកការរីកចម្រើនផ្នែកសព្វាវុធយ៉ាងសម្បើម ហើយបន្សល់ទុករហូតមកដល់ពេលបច្ចុប្បន្ននេះ។ ដោយសារសង្គ្រាមត្រជាក់នេះហើយ ទើបបច្ចុប្បន្នប្រទេសមួយចំនួនចាប់ផ្ដើមផលិតសព្វាវុធដែលមានប្រសិទ្ធភាពខ្លាំង និងកាន់តែទំនើប តួយ៉ាងការអភិវឌ្ឍផ្នែកបច្ចេកវិជ្ជា និងសព្វាវុធដូចជាមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ មីស៊ីលលឿនជាងសំឡេង (hypersonic missiles) និងអាវុធទំនើបៗជាច្រើនទៀត។ សព្វថ្ងៃ សហរដ្ឋអាមេរិក ចិន និងរុស្សីបានចំណាយថវិកាជាតិរបស់ខ្លួនក្នុងវិស័យការពារជាតិរបស់ខ្លួន ដែលការចំណាយនេះរួមមានការចំណាយទៅលើកងទ័ព ការប្រតិបត្តិការសឹក សព្វាវុធ ហេដ្ឋារចនាសម្ព័ន្ធយោធាជាដើម។
សង្គ្រាមស៊ីវិល
ជម្លោះរបស់មហាអំណាចទាំង២នេះ បានធ្វើប្រទេសមួយចំនួនធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល។ ជាក់ស្ដែងសង្រ្គាមនៅឧបទ្វីបកូរ៉េ, សង្រ្គាមវៀតណាមដែលមានវៀតណាមខាងជើងដឹកនាំដោយកុម្មុយនិស្ដ និងវៀតណាមខាងត្បូងដែលដឹកនាំដោយសហរដ្ឋអាមេរិក, សង្រ្គាមនៅគុយបាយ, និងសង្រ្គាមនៅប្រទេសឈីលីជាដើម។ ជាផលវិបាក សង្រ្គាមបានធ្វើឱ្យជនស៊ីវិលរាប់លាននាក់ត្រូវបាត់បង់ជីវិត និងប្រទេសទាំងមូលត្រូវខូចខាតហេដ្ឋារចនាសម្ព័ន្ធស្ទើតែទាំងស្រុង។ មិនតែប៉ុណ្ណោះ មនោគមន៍វិជ្ជានៃប្រទេសទាំងមហាអំណាចទាំង២នេះបានបណ្ដុះឱ្យប្រជាជនក្នុងប្រទេសនីមួយៗនូវមនោគមន៍វិជ្ជាចងគំនុំនិងស្អប់គ្នាទៅវិញទៅមករហូតឈានដល់ការកាប់សម្លាប់គ្នាឯង។ ជាក់ស្ដែង ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិល ដែលធ្វើឱ្យមនុស្សស្លាប់រាប់លាននាក់។ នៅប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧០ ទម្លាក់សម្ដេចនរោត្តម សីហនុ និងបង្កើតរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់សេរីមតៈក្រោមការជួយឧបត្ថម្ភពីសហរដ្ឋអាមេរិក, សង្រ្គាមស៊ីវិលចាប់ផ្ដើមផ្ទុះឡើងដោយម្ខាងជារដ្ឋាភិបាលថ្មីនៃសាធារណៈរដ្ឋខ្មែរ និងម្ខាងទៀតជារណសិរ្យរួបរួមជាតិកម្ពុជាដែលបង្កើតឡើងដោយការអំពាវនាវរបស់សម្ដេចនរោត្តម សីហនុ។ ងាកទៅឧបទ្វីបកូរ៉េវិញ, បច្ចុប្បន្ន ជម្លោះរវាងកូរ៉េទាំងពីរមិនទាន់ជាសះស្បើយនៅឡើយនោះទេ ដែលជានិច្ចជាកាល កូរ៉េខាងជើងបានសាកល្បងមីស៊ីល និងអាវុធថ្មីៗរបស់ខ្លួនដើម្បីគំរាមកំហែងកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត។ ចំណែកឯប្រទេសកូរ៉េខាងត្បូងវិញ ប្រជាជនមួយចំនួនបានខិតខំឃោសនាដល់ប្រជាជនកូរ៉េខាងជើងឱ្យងើបឡើងបះបោរនឹងរដ្ឋអំណាចផ្ដាច់ការរបស់ខ្លួន។ ជារួម សង្រ្គាមត្រជាក់បានធ្វើឱ្យប្រជាជាតិទាំងមូលរងការឈឺចាប់ និងបានបន្សល់ស្លាកស្នាម ព្រមទាំងការបែកបាក់រហូតមកដល់បច្ចុប្បន្ន។
កម្មវិធីថង់ប្រាជ្ញា៖ ការដាក់ពន្ធគយទៅលើសម្ព័ន្ធមិត្តនិងដៃគូប្រកួតប្រជែងរបស់លោកត្រាំ
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ បន្ទាប់ពី លោកដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានឡើង កាន់អំណាចថ្មីៗ លោកបានប្រកាសអំពីការដាក់ពន្ធគយទៅលើប្រទេសសម្ព័ន្ធមិត្តពាណិជ្ជកម្មចំនួនពីរគឺ ប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក ព្រមទាំងដៃគូប្រកួតប្រជែងរបស់ខ្លួនគឺប្រទេសចិនផងដែរ។ នៅក្នុងនោះលោកត្រាំបានកំណត់ពន្ធនាំចូលទៅលើប្រទេសកាណាដា និងប្រទេសម៉ិកស៊ិកចំនួន២៥% លើកលែងទំនិញប្រេងឥន្ធនៈដែលមានអាត្រាពន្ធត្រឹម១០% និងបន្ថែមពន្ធនាំចូលទៅលើដៃគូប្រកួតប្រជែងចិនចំនួន ១០% ទៅលើពន្ធ ១០%ដែលមានស្រាប់។ លោកត្រាំបានលើកឡើងថា ចំពោះការតម្លើងពន្ធគយទៅលើប្រទេសកាណាដា ប្រទេសម៉ិកស៊ិក និងប្រទេសចិននេះ គឺដើម្បីកាត់បន្ថយនូវការហូរចូលនូវទំនិញខុសច្បាប់ដែលមានដូចជាសារធាតុ fetanyle សារធាតុញៀនផ្សេងៗ និងជនអន្តោប្រវេសន៍ខុសច្បាប់។
ផលប៉ះពាល់ទៅលើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក
ប្រទេសកាណាដា ប្រទេសម៉ិកស៊ិក រួមទាំងប្រទេសចិន សុទ្ធតែជាដៃគូរពាណិជ្ជកម្មធំៗរបស់សហរដ្ឋអាមេរិក ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបរបស់សហរដ្ឋអាមេរិកជាមួយប្រទេសកាណាដាមានតម្លៃប្រមាណ ៧,៦២១ ពាន់លានដុល្លារ, ជាមួយប្រទេសម៉ិកស៊ិកមានតម្លៃប្រមាណ ៨,៣៩៩ ពាន់លានដុល្លារ និងជាមួយប្រទេសចិនមានតម្លៃប្រមាណ ៥,៨២៤ ពាន់លានដុល្លារ យោងតាមការិយាល័យតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មានCNN ការតម្លើងពន្ធគយនេះអាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលគិតជាទំហំទឹកប្រាក់ប្រមាណ១.៤ទ្រីលានដុល្លាអាមេរិក ក៏ដូចជាការឡើងថ្លៃទំនិញ អតិផរណា ការរាំងស្ទះចង្វាក់ផលិតកម្ម និងការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ច។
សហរដ្ឋអាមេរិកនាំចូលប្រេងឆៅពីប្រទេសកាណាដានិងម៉ិកសិកចំនួន៧០% ដែលការតម្លើងពន្ធគយនេះនឹងអាចតម្លើងថ្លៃសាំងទៅដល់៧០សេនក្នុងមួយហ្គាឡុង។ បន្ថែមពីនេះ Tax Foundation បានធ្វើការវិភាគថាពន្ធដែលដាក់លើការនាំចូលទំនិញពីប្រទេសចិននឹងកាត់បន្ថយផលិតផលក្នុងស្រុកសរុបរយៈពេលវែង ០.១% ខណៈពេលដែលពន្ធដាក់លើទំនិញនាំចូលរបស់កាណាដានិងម៉ិកស៊ិកនឹងកាត់បន្ថយចំនួនផលិតផលក្នុងស្រុកសរុបប្រមាណ ០.៣%។ លើសពីនេះ ជនអន្តោប្រវេសន៏ពុំមានក្រដាសស្នាមស្របច្បាប់ចំនួន ៨លាន៣សែន នាក់កំពុងបម្រើកម្លាំងពលកម្មនៅក្នុងសហរដ្ឋអាមេរិក។ ដូចនេះការអនុវត្តការបណ្ដេញចេញជនអន្តោប្រវេសន៍ខុសច្បាប់នឹងផ្ដល់ផលប៉ះពាល់ដល់ម្ចាស់រោងចក្រ ឬសហគ្រាសផ្សេងៗ ដោយតម្រូវឱ្យពួកគេជ្រើសរើសបុគ្គលិកស្របច្បាប់ដែលមានប្រាក់ពលកម្មខ្ពស់ជាងមុន។ ជុំវិញការចំណាយទៅលើប្រាក់កម្រៃខ្ពស់នេះ នឹងអាចរុញច្រានឱ្យអត្រាអតិផរណារបស់សហរដ្ឋអាមេរិកនឹងកើនឡើងខ្ពស់។
ភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម
លើសពីការជះឥទ្ធិពលអវិជ្ជមានមកលើសេដ្ឋកិច្ច ការប្រកាសការដាក់ពិន័យពន្ធនេះបានបង្កើននូវភាពតានតឹងរវាងប្រទេសជាដៃគូដែលអាចឈានទៅរកសង្រ្គាមពាណិជ្ជកម្មពិភពលោកដ៏គួរឱ្យបារម្ភ។ បន្ទាប់ពីការថ្លែងសុន្ទរកថារបស់លោកត្រាំស្ដីពីការអនុវត្តន៍វិធានការនេះ ប្រទេសកាណាដា ប្រទេសម៉ិកស៊ិក និងប្រទេសចិនបានផ្ទុះការប្រតិកម្មភ្លាមៗ។ ដោយក្នុងនោះ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានធ្វើការឆ្លើយតបទៅកាន់សហរដ្ឋអាមេរិកវិញ ដោយប្រកាសអំពីវិធានការតម្លើងពន្ធចំនួន ២៥% ដូចគ្នា ទៅលើទំនិញនាំចូលពីសហរដ្ឋអាមេរិក ដែលមានដូចជាគ្រឿងស្រវឹង ភេសជ្ជៈ សាច់ ផលិតផលដែកនិងអាលុយមីញ៉ូម និងទំនិញជាច្រើនទៀត។ ទន្ទឹមនេះ លោកស្រី Claudia Sheinbaum, ប្រធានាធិបតីរបស់ប្រទេសម៉ិកស៊ិកក៏បានចាត់តាំងឱ្យមន្ត្រីសេដ្ឋកិច្ចរបស់ខ្លួនអនុវត្តនូវវិធានការអនុវត្តពន្ធនិងវិធានការផ្សេងទៀតទៅលើទំនិញរបស់សហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការតម្លើងពន្ធដ៏ចម្រូងចម្រាស់របស់លោកដូណាល់ត្រាំ។ រីឯប្រទេសចិនវិញ ក៏បានលើកឡើងថា ការតម្លើងពន្ធនេះបានរំលោភបំពានទៅលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ដូចនេះ ចិននឹងធ្វើការដាក់ពាក្យបណ្ដឹងទៅកាន់ WTO ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តអនុវត្តវិធានការនេះមកលើប្រទេសខ្លួន។ លើសពីនេះ ចិនក៏បានឆ្លើយតបទៅវិញជាមួយនឹងពន្ធ ១០%-១៥% លើទំនិញកសិកម្ម ធ្យូងថ្ម ឧស្ម័នធម្មជាតិរាវ រថយន្តភីកអាប់ និងរថយន្តស្ព័រមួយចំនួនរបស់សហរដ្ឋអាមេរិក។ ជារួម ការអនុវត្តវិធានការពន្ធទៅពាណិជ្ជកម្មរវាងគ្នានឹងគ្នាក្នុងរយៈពេលវែងនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង នឹងអាចឈានទៅរកសង្រ្គាមពាណិជ្ជកម្មពិភពលោកនាពេលអនាគត។
ហេតុផលនយោបាយរបស់លោកត្រាំ
យ៉ាងណាមិញ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នេះ លោកដូណាល់ត្រាំបានប្រកាសជាថ្មីអំពីការពន្យាពេលអនុវត្តពន្ធនេះជាលើកទី២ ដែលនឹងពន្យារហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។ ចំពោះនាយករដ្ឋមន្ត្រីកាណាដា និងប្រធានាធិបតីម៉ិកស៊ិក ក៏បានធ្វើការឆ្លើយតបវិញដោយធ្វើការពន្យាពេលអនុវត្តពន្ធគយលើសហរដ្ឋអាមេរិកដូចគ្នា។ ត្រង់ចំណុចនេះ បើយើងក្រឡេកមើលមួយជ្រុងទៀត លោកដូណាល់ត្រាំ ព្យាយាមប្រើប្រាស់វិធានការពន្ធគយនេះដើម្បីជាអាវុធដ៏មុតស្រួចក្នុងការទាញសម្ព័ន្ធមិត្តនិងដៃគូប្រកួតប្រជែងរបស់ខ្លួនចូលមកចរចារទៅលើបញ្ហាសេដ្ឋចម្បងមួយចំនួនដូចជា ឱនភាពពាណិជ្ជកម្ម អន្តោប្រវេសន៍ខុសច្បាប់ និងលំហូរនៃគ្រឿងញៀនខុសច្បាប់ជាជាងការទប់ស្កាត់ការហូរចូលនូវទំនិញខុសច្បាប់។ បើយើងគិតពីផលប្រយោជន៍របស់សហរដ្ឋអាមេរិក គឺលោកត្រាំព្យាយាមដើរតាមលទ្ធិនយោបាយ “អាមេរិកជាចម្បង” ក្នុងគោលបំណងការពារនិងលើកម្ពស់នូវផលិតផលក្នុងស្រុកក៏ដូចជាដើម្បីកាត់បន្ថយនូវឱនភាពពាណិជ្ជកម្ម។ លើសពីបញ្ហាសេដ្ឋកិច្ច លោកត្រាំបានព្យាយាមផ្សារភ្ជាប់ការតម្លើងពន្ធជាមួយការការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការរឹតបន្តឹងទៅលើជនអន្តោប្រវេសន៍ខុសច្បាប់និងការជួញដូរគ្រឿងញៀន។ យោងតាមសារព័ត៌មាន Vox លោកដូណាល់ត្រាំអះអាងថា ប្រទេសកាណាដា និងម៉ិកស៊ិកបានបរាជ័យក្នុងការទប់ស្កាត់លំហូរនៃសារធាតុ fentanyl និងជនអន្តោប្រវេសន៍ខុសច្បាប់ចូលទៅក្នុងសហរដ្ឋអាមេរិក។ លោកបានលើកឡើងទៀតថា ការអនុវត្តពន្ធគយនេះមិនមែនជាការបញ្ឆេះសង្រ្គាមពាណិជ្ជកម្មនោះទេ ផ្ទុយទៅវិញវាគឺជាការប្រយុទ្ធប្រឆាំងទៅនឹងពាណិជ្ជកម្មគ្រឿងញៀនខុសច្បាប់និងការកើនឡើងលើសលប់នូវជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមមកក្នុងទឹកដីអាមេរិក ព្រមទាំងដើម្បីពង្រឹងបន្ថែមទៅលើសន្តិសុខជាតិរបស់ប្រទេសខ្លួន។ ចំណែកឯក្នុងករណីរបស់ប្រទេសចិនវិញ អាមេរិកប្រើប្រាស់គោលនយោបាយពាណិជ្ជកម្មនេះក្រោមរូបភាពជាយុទ្ធសាស្រ្តប្រឆាំងនឹងការអនុវត្តសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិននិងដើម្បីអូសទាញប្រទេសចិនឱ្យមកចូលតុចរចារទាក់ទិននឹងបញ្ហាការអនុវត្តពាណិជ្ជកម្ម ដូចជាការលួចនូវកម្មសិទ្ធបញ្ញា និងពង្រឹងតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងវិញ។