"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ ឥទ្ធិពលនៃកំណើនចំនួនប្រជាជនវ័យចាស់ក្នុងពិភពលោក

ពិភពលោកកំពុងតែទទួលរងនូវការផ្លាស់ប្តូរប្រជាសាស្រ្ត (demographic shift) ហើយមិនមានប្រទេសណាមួយដែលមានគោលការណ៍ច្បាស់លាស់ក្នុងការរ៉ាប់រងដោះស្រាយនៃបញ្ហាដែលនឹងរះមកដោយសារកំណើននៃចំនួនប្រជាជនវ័យចាស់នេះឡើយ (No country is immune to this)។ យោងតាមអង្គការសុខភាពពិភពលោក (WHO) ប្រជាជនទូទាំងប្រទេសកំពុងផ្លាស់ប្តូរទៅរកការរស់នៅយូរជាងមុន ដោយអាយុកាលនៃការរស់នៅនឹងកើនឡើងទៅដល់ ៦០ឆ្នាំជាមធ្យម នៅក្នុងឆ្នាំ ២០៣០ ខាងមុខ។ មួយវិញទៀត ការថយចុះនៃអត្រាកំណើតក៏មានផលប៉ះពាល់ទៅលើការផ្លាស់ប្តូរចំនួនប្រជាជន (the replacement rate) ផងដែរ។ ដោយហេតុនេះហើយ ទើបការផ្លាស់ប្តូរនៃអាយុកាលការរស់នៅរបស់មនុស្សមានផលប៉ះពាល់ជាច្រើនទៅលើសេដ្ឋកិច្ច និងសង្គម។ នៅក្នុងអត្ថបទនេះនឹងនិយាយអំពីកំណើននៃចំនួនប្រជាជនវ័យចាស់ និងផលប៉ះពាល់នៃកំណើននេះទៅលើសេដ្ឋកិច្ចនិងសង្គម។

អំពីកំណើននៃចំនួនប្រជាជនវ័យចាស់

យោងតាម WHO កំណើននៃចំនួនប្រជាជនវ័យចាស់គឺជាឱកាសមួយដែលផ្តល់ឱ្យបុគ្គលក្នុងការធ្វើអ្វីដែលថ្មី។ ហើយការកើនឡើងនៃចំនួនប្រជាជនវ័យចាស់នេះ កើតឡើងផ្សេងៗគ្នាទៅតាមការផ្លាស់ប្តូរនៃសង្គមនិងការរស់នៅរបស់បុគ្គល។ បញ្ហានេះជាហានិភ័យមួយដោយសារតែចំនួននៃអត្រាកំណើតមានការធ្លាក់ចុះ។ ហើយចំនួនប្រជាជនរវាងមនុស្សចាស់ និងក្មេង មានទំនាក់ទំនងគ្នាងក្នុងកាជាវដ្តជីវិត។ បើរៀបរាប់តាមដំណើរជីវិតមក មនុស្សវ័យក្មេងដែលកំពុងតែស្ថិតនៅក្នុងវ័យសិក្សាត្រូវជួយទំនុកបម្រុងដោយមនុស្សដែលនៅក្នុងវ័យធ្វើការ។ ដោយឡែកមនុស្សវ័យធ្វើការនឹងចូលនិវត្តន៍នៅក្នុងអាយុសមស្របមួយដែលអាចនៅចន្លោះពីអាយុ ៦០ ទៅ ៦៥ ឆ្នាំ ដោយរំពឹងថាក្រោយពីចូលនិវត្តន៍ការចាយវាយនឹងត្រូវបានរ៉ាប់រងដោយយុវជនក្នុងវ័យធ្វើការវិញ។ ដោយសារតែការកើនឡើងនៃចំនួនប្រជាជនវ័យចាស់នេះមានចំនួនកាន់តែច្រើននៅពេលបច្ចុប្បន្ន ក៏ដូចជានឹងកើនឡើងកាន់តែច្រើននៅពេលអនាគត ពិភពលោកនឹងជួបប្រទះនូវបញ្ហាសេដ្ឋកិច្ច និងសង្គម។

ហានិភ័យនៃកំណើនចំនួនប្រជាជនវ័យចាស់ទៅលើសេដ្ឋកិច្ច

ដោយហេតុថាចំនួនប្រជាជនវ័យចាស់ និងវ័យក្មេងមានទំនាក់ទំនងគ្នាជាវដ្ត ដូចនេះហើយទើបទំនាក់ទំនងនេះមានផលប៉ះពាល់ទៅលើសេដ្ឋកិច្ច។ បើយើងក្រឡេកទៅមើលប្រទេសជប៉ុននោះ ប្រទេសនេះកំពុងតែជួបប្រទះនូវបញ្ហាកំណើនចំនួនមនុស្សចាស់ និងការថយចុះនូវអត្រាកំណើតទាបបំផុត។ យោងតាមកាសែង The New York Times ចំនួនប្រជាជនជប៉ុនមានការថយចុះតាំងពីឆ្នាំ ២០០៧ មកម្ល៉េះដោយចំនួនប្រជាជនវ័យចាស់បានកើនឡើងជាង ៣០ភាគរយទៅអាយុ ពោលគឺអ្នកដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។ ការថយចុះនៃអត្រាកំណើតរបស់ប្រទេសជប៉ុននេះ មានការកើតឡើងដោយសារកត្តាជាច្រើនដូចជា ការផ្លាស់ប្តូររបៀបនៃការរស់នៅ ការពន្យារពេលនៃការរៀបការ។ល។ ការផ្លាស់ប្តូរនេះហើយទើបធ្វើឱ្យមានការផ្លាស់ប្តូរនៃសេដ្ឋកិច្ចដោយសារតែចំនួនប្រជាជនផ្លាស់ប្តូរមិនសាកសម្យនឹងកម្លាំងពលកម្មដែលអាចនឹងធ្វើឱ្យប្រទេសមួយដើរទៅមុខ។ ងាកមកមើល Website The New perspectives on Global & European Dynamics វិញ កំណើននៃចំនួនប្រជាជនវ័យចាស់នឹងធ្វើឱ្យមានការធ្លាក់ចុះនៃកម្លាំងពលកម្មរួមទាំងចំនួននៃអ្នកធ្វើការ។ ការណ៍នេះ ធ្វើឱ្យប៉ះពាល់ទៅកាន់កំណើនអតិផរណា និងការធ្លាក់ចុះនូវការនាំចេញដែលបណ្ដាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះផងដែរ។ ម្យ៉ាងទៀតបញ្ហានេះក៏បានបង្កើនចំណាយរបស់រដ្ឋាភិបាលដើម្បីជួយទៅដល់ប្រជាជនវ័យចាស់នោះដែរ។ ហេតុនេះហើយទើបកំណើនប្រជាជនវ័យចាស់កាន់តែច្រើន ការ ចំណាយក៏កាន់តែឡើង ហើយផលិតកម្មនៃសេដ្ឋកិច្ចក៏កាន់តែធ្លាក់ចុះ។

បើយើងក្រឡេកមកមើលគោលនយោបាយកូនតែមួយ (one child policy) នៅឆ្នាំ ១៩៨០ របស់ប្រទេសចិនបានបណ្តាលឱ្យមានបញ្ហាប្រជាជនវ័យចំណាស់ដ៏ធំមួយ ហើយក៏កំពុងប្រឈមមុខនឹងចំនួនប្រជាជនវ័យចំណាស់ដោយសារតែការផ្លាស់ប្តូរប្រជាសាស្រ្តដែរ។ ម៉្យាងវិញទៀត ប្រទេសចិនកំពុងព្យាយាមផ្លាស់ប្តូរគោលនយោបាយនេះ ដោយឲ្យពលរដ្ឋរបស់ខ្លួនមានកូនពីរនាក់ក្នុងគ្រួសារមួយ។ ប៉ុន្តែបញ្ហានេះបានធ្វើឱ្យអត្រាកំណើតកាន់តែតិច ដោយសារពលរដ្ឋរបស់ពួកគេមិនចង់បានកូនច្រើនព្រោះការផ្លាស់ប្តូររបៀបរស់នៅ។ យ៉ាង​ណា​ក៏​ដោយ អង្គការ​សិទ្ធិ​មនុស្ស Amnesty International បាន​និយាយ​ថា គោល​នយោបាយ​ប្រភេទ​នេះ​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ឬ​សិទ្ធិ​ផ្លូវ​ភេទ និង​សិទ្ធិ​បន្ត​ពូជ។ ដូច្នេះហើយ ប្រទេសចិនកំពុងប្រឈមមុខនឹងចំនួនប្រជាជនធ្លាក់ចុះ ខណៈដែលក៏ត្រូវការដោះស្រាយចំនួនប្រជាជនវ័យចំណាស់។ ជាងនេះទៅទៀត ដោយសារប្រទេសចិនមិនទាន់ក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ (high income country) យោងតាមធនាគារពិភពលោក ប្រទេសចិនកំពុងប្រឈមមុខនឹងបញ្ហានៃភាពចាស់មុនក្លាយជាអ្នកមាន (getting old before getting rich) ដោយសារតែគ្មានកម្លាំងពលកម្មដើម្បីអភិវឌ្ឍជាតិ។ យោងតាម Reuters ដើម្បីធ្វើជួយប្រជាជនចិនដែលមានវ័យចំណាស់ រដ្ឋាភិបាលបានវិនិយោគលើទីផ្សាររស់នៅរបស់ប្រជាជនវ័យចំណាស់ រួមមានលំនៅដ្ឋាន ការថែទាំ សេវាផ្សេងៗនិងឧបករណ៍សរុបចំនួន ២០០ ពាន់លានដុល្លារអាមេរិកកាលពីមួយទសវត្សរ៍មុន ជាមួយនឹង ១ ពាន់ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយវាបានបង្ហាញផងដែរនូវការកើនឡើងនៅពេលអនាគតដោយសារការកើនឡើងនៃប្រជាជនវ័យចំណាស់។

ហានិភ័យនៃកំណើនចំនួនប្រជាជនវ័យចាស់ទៅលើសង្គម

សង្គមប្រកបដោយបរិយាបន្ន (Social inclusion) និងការចូលរួមក្នុងសង្គមគឺជាផ្នែកមួយដែលធ្វើឱ្យសង្គមដើរទៅមុខ។ ដោយឡែក កំណើនប្រជាជនវ័យចាស់បានបង្កើតជាបញ្ហាទៅដល់សង្គម ដូចជាការកើនឡើងចំណាយទៅលើការថែទាំសុខភាព និងការធ្លាក់ចុះនៃការចូលរួមការងារសង្គម។ល។ បើយើងមកមើលសង្គមនៃប្រទេសជប៉ុនម្តងទៀត បញ្ហាប្រជាជនវ័យចំណាស់បានធ្វើឱ្យមានការផ្លាស់ប្តូរប្រពៃណីនៃការរស់នៅក្នុងប្រទេសជប៉ុន។ ដោយសង្គមនៅប្រទេសជប៉ុនតែងតែមានទំនៀមទម្លាប់មើលថែសមាជិកគ្រួសារដែលចាស់ទៅ ប៉ុន្តែការផ្លាស់ប្តូរក្នុងការរស់នៅរបស់យុវជនក៏ដូចជាកូនបងដែលតែងតែមើលថែចាស់ៗក្នុងគ្រួសារបានផ្លាស់ប្តូរទម្លាប់នេះ ដោយសារការផ្លាស់ប្តូរក្នុងការរស់នៅរបស់យុវជនបានលើការគិតឯករាជ្យនិងចង់រស់នៅឯករាជ្យ។ ដោយហេតុនេះហើយទើបធ្វើឱ្យពួកគេចាប់ផ្តើមចេញពីផ្ទះនិងរស់នៅជាឯករាជ្យ។ មួយវិញទៀតការរស់នៅឯករាជ្យនេះបានធ្វើឱ្យការគិតរបស់យុវជនផ្លាស់ប្តូរដោយពួកគេគិតថាការមើលថែប្រជាជនចាស់មិនមែនជាទំនួលខុសត្រូវរបស់ពួកគេឡើយ។ ដូចនេះហើយប្រជាជនចាស់ត្រូវបានទុកចោលដោយមិនមានការមើលថែពីសមាជិកគ្រួសារហើយបន្ទុកនេះត្រូវបានធ្លាក់ចុះទៅដល់រដ្ឋាភិបាល។ ដោយហេតុនេះហើយទើបធ្វើឱ្យសង្គមប្រទេសជប៉ុនមានការផ្លាស់ប្តូរ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងក្រឡេកទៅមើលប្រទេសចិន បញ្ហាប្រជាជនវ័យចំណាស់គឺជាបញ្ហាសង្គមដ៏ធំមួយ ដោយសារតែការផ្លាស់ប្តូររបៀបរស់នៅដ៏ខ្លាំង។ គោលនយោបាយ​កូន​មួយ​បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើសង្គមចិនពេលបច្ចុប្បន្ននិងអនាគត ព្រោះ​គោលនយោបាយនេះបានកើតឡើងជាង​បី​ទសវត្សរ៍​មក​ហើយ។ ដូច្នេះហើយ ការចំណាយលើការបង្កើតនិងមើលថែកូនមានការកើនឡើងនិងផ្លាស់ប្តូរខ្លាំង។ ហើយជាមួយនឹងការផ្លាស់ប្តូរពេលវេលាផងដែរ ការចិញ្ចឹមកូនគឺជាបញ្ហាដ៏ធំមួយសម្រាប់សុខុមាលភាពហិរញ្ញវត្ថុរបស់មនុស្ស ក៏ដូចជាការសម្រេចចិត្តរបស់ប្តីប្រពន្ធផងដែរ។ ក្នុងករណីនេះបានធ្វើឱ្យមនុស្សមិនគិតពីការបង្កើតទារកទេ ខណៈដែលពួកគេត្រូវបំពេញតម្រូវការរបស់ខ្លួនដើម្បីឱ្យមានស្តង់ដារខ្ពស់ (nowaday people have high standard in living)ក្នុងការរស់នៅ និងបរិយាកាសការងារ។

តើប្រទេសបោះឆ្នោតប្រឆាំងសេចក្ដីសម្រេចថ្កោលទោសរុស្ស៊ីរបស់ អ.ស.ប. អាចបន្តជំហរទៅមុខទៀតបានដែរឬទេ?

សង្រ្គាមឈ្លានពានទឹកដីអ៊ុយក្រែនពីសំណាក់រុស្ស៊ី បានអូសបន្លាយអស់រយៈពេលជាង ១ ឆ្នាំ ៣ ខែមកហើយ។ បើយើងតាមដានសង្កេតមើល មធ្យោបាយដែលរុស្ស៊ីប្រើប្រាស់ក្នុងការវាយលុកចូលទឹកដីអ៊ុយក្រែនភាគច្រើនថ្មីៗនេះ គឺការបាញ់គ្រាប់មីស៊ីលកម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវធ្វើដំណើរ អគារស៊ីវិល មន្ទីពេទ្រ ផ្សារទំនើប រោងចក្រផលិតថាមពល និងបន្ទាយទាហានជាដើម។ លើសពីនេះក៏មានការបញ្ជូនកងកម្លាំងទាហានទៅគ្រប់គ្រង់តំបន់ដែលវាយដណ្ដើមយកបានដោយផ្ទាល់​ការជួលក្រុមសកម្មប្រយុទ្ធ ឬហៅថាក្រុមស៊ីឈ្នួលធ្វើទាហាន និងការប្រើប្រាស់ដ្រូនគ្មានមនុស្សបើកទម្លាក់គ្រាប់បែកទៅលើគោលដៅសំខាន់ៗដែលពួកគេបានកំណត់។ ការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ភាគីរុស្ស៊ីបែបនេះ បានធ្វើឱ្យយើងនឹកឃើញដល់ពាក្យការទូតដែលរុស្ស៊ីធ្លាប់បានប្រើ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ខ្លួនតាមច្បាប់អន្តរជាតិកាលពីទើបចាប់ផ្ដើមឈ្លានពានដំបូងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយរុស្ស៊ីបានហៅសកម្មភាពរបស់ខ្លួនថាជា “ប្រតិបត្តិការយោធាពិសេស” ដែលធ្វើឡើងក្នុងគោលបំណង​ការពារពលរដ្ឋរុស្ស៊ីដែលកំពុង​ទទួលរងការ​រំលោភបំពានពី​អំពើប្រល័យពូជសាសន៍ បង្កឡើងដោយ​របបដឹកនាំ​អ៊ុយក្រែន។

សេចក្ដីសម្រេចថ្កោលទោសរុស្ស៊ី

យ៉ាងណាមិញ បន្ទាប់ពីបានឈ្លានពានអ៊ុយក្រែនបាន ៦ ថ្ងៃ ពោលគឺនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) បានដាក់ចេញនូវសេចក្ដីសម្រេចមួយឱ្យប្រទេសសមាជិក បោះឆ្នោតគាំទ្រដើម្បីថ្កោលទោស និងទាមទារឱ្យរុស្ស៊ីបញ្ឈប់នូវរាល់សកម្មភាពយោធាគ្រប់បែបយ៉ាងនៅអ៊ុយក្រែន​។ ជាលទ្ធផល សមាជិកចំនួន ១៤១ ​ប្រទេស បានបោះឆ្នោតយល់ស្របទៅនឹងសេចក្ដីសម្រេចនេះ និង ៣៥ ប្រទេស បានបោះឆ្នោតអនុបវាទ ហើយ ៥ ប្រទេសបានបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេចរបស់ អ.ស.ប. ដែលមានន័យថា ពួកគេគាំទ្រទង្វើរបស់រុស្ស៊ី។ ៥ ប្រទេសនោះរួមមានប្រទេសអេរីត្រេ កូរ៉េខាងជើង ស៊ីរី បេឡារុស និងរុស្ស៊ីផ្ទាល់ ហើយ ៣៥ ប្រទេសដែលបោះឆ្នោតអនុបវាទនោះក៏មានប្រទេសមហាអំណាចពីរក្នុងតំបន់ដែរ នោះគឺប្រទេសចិន និងប្រទេសឥណ្ឌា។

 ហេតុផលរបស់រុស្ស៊ីជុំវិញប្រតិបត្តិការយោធានៅអ៊ុយក្រែន

រុស្ស៊ីបានលើកឡើងជាទូទៅថា មុននឹងចេញមុខថ្កោលទោសរុស្ស៊ី សហគមន៍អន្តរជាតិគួរក្រឡេកទៅមើលករណីដែលសហរដ្ឋអាមេរិកធ្លាប់បានឈ្លានពានបណ្ដាប្រទេសមួយចំនួនក្នុងប្រវត្តិសាស្ត្រ ក្នុងនោះរួមមានប្រទេសកូសូវ៉ូ អ៊ីរ៉ាក់ លីប៊ី និងស៊ីរីជាដើម ដោយយកលេសអន្តរាគមន៍ផ្នែកមនុស្សធម៌ (Humanitarian Intervention) មកបាំងមុខ ដើម្បីបង្ហាញថា អ្វីដែលខ្លួនធ្វើគឺត្រូវបានច្បាប់ទំនៀមទំលាប់អន្តរជាតិ (Customary International Law) អនុញ្ញាត។ ជាក់ស្ដែង អន្តរាគមន៍ផ្នែកមនុស្សធម៌មិនត្រូវបានច្បាប់អន្តរជាតិជាក់លាក់ណាមួយ ចែងទទួលស្គាល់ជាផ្លូវការនោះទេ ប៉ុន្តែវាគឺជាគោលគំនិតដែលគេបកស្រាយចេញពីច្បាប់ទំនៀមទំលាប់អន្តរជាតិ ដូចជាគោលការណ៍ទំនួលខុសត្រូវក្នុងការការពារ (Responsibility to Protect) គោលការណ៍នេះត្រូវបានអនុម័តដោយមហាសន្និបាត អ.ស.ប. កាលពីឆ្នាំ២០០៥ ដែលមានន័យថា រដ្ឋនីមួយៗមានទំនួលខុសត្រូវក្នុងការការពារប្រជាជនក្នុងស្រុករបស់ខ្លួនពីអំពើឃោរឃៅយង់ឃ្នងដែលអាចកើតមានឡើង ប៉ុន្តែប្រសិនបើរដ្ឋនោះមិនអាចធ្វើបាន ឬមិនចង់បំពេញទំនួលខុសត្រូវនេះនោះទេ សហគមន៍អន្តរជាតិអាចមានទំនួលខុសត្រូវមួយ គឺការចូលធ្វើអន្តរាគមន៍ជួយប្រជាជនដែលកំពុងរងគ្រោះនៅក្នុងរដ្ឋនោះបាន។

 គោលការណ៍ការពារខ្លួន (Self-defense)

បើទោះបីជា ការចោទប្រកាន់របស់រុស្ស៊ីទៅលើសហរដ្ឋអាមេរិកជារឿងពិតក៏ដោយ ប៉ុន្តែវាពិតជារឿងដែលមិនសមហេតុផលទាំងការគិតវិភាគរកហេតុផលធម្មតា និងយោងតាមច្បាប់អន្តរជាតិ ពោលគឺរុស្ស៊ីមិនអាចយកព្រឹត្តិការណ៍ក្នុងប្រវត្តិសាស្ត្រទាំងអស់នោះ មកធ្វើជាទឡ្ហីករណ៍ដើម្បីបង្កើនទម្ងន់ទៅលើការបកស្រាយរបស់ខ្លួននោះទេ។ ដោយឡែក ការដែលរុស្ស៊ីហៅសកម្មភាពរបស់ខ្លួនថាជាប្រតិបត្តិការយោធាពិសេសដើម្បីការពារពលរដ្ឋរុស្ស៊ីដែលកំពុង​ទទួលរងការ​រំលោភបំពានពី​អំពើប្រល័យពូជសាសន៍ បង្កឡើងដោយ​របបដឹកនាំ​អ៊ុយក្រែន គឺជាអំណះអំណាងមួយដែលរុស្ស៊ីផ្អែកទៅលើគោលការណ៍ការពារខ្លួន (Self-defense) ដែលមានចែងនៅក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប៉ុន្តែសកម្មភាពរបស់រុស្ស៊ីដូចដែលបានលើកឡើងនៅក្នុងកថាខណ្ឌទីមួយខាងលើ មិនមែនជាការការពារខ្លួននោះទេ ប៉ុន្តែគឺជាការឈ្លានពាន (Act of Aggression) និងការរំលោភដែនដី និងអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន ព្រោះរដ្ឋមួយអាចប្រើប្រាស់មធ្យោបាយការពារខ្លួនទៅបានតែក្នុងករណីបួនប៉ុណ្ណោះ។ ទី១ រដ្ឋនោះត្រូវបង្ហាញថាសត្រូវកំពុងធ្វើការវាយប្រហារមកកាន់ខ្លួនពិតប្រាកដមែន។ ទី២ រដ្ឋនោះគ្មានជម្រើសផ្សេងក្រៅពីការប្រើប្រាស់កម្លាំងតបត និងទប់ទល់វិញ។ ទី៣ ទំហំនៃការតបត និងទប់ទល់នោះត្រូវសមមាត្រគ្នាជាមួយទំហំដែលកម្លាំងសត្រូវនោះមាន។ ទី៤ រដ្ឋនោះត្រូវប្រើប្រាស់មធ្យោបាយការពារខ្លួនក្នុងគោលបំណងតែមួយគត់គឺការពារខ្លួនពីសត្រូវ មិនត្រូវមានគោលបំណងផ្សេង ដូចជាការឈ្លានពានទៅកាន់ទឹកដីរបស់សត្រូវវិញឡើយ។

 ហាមដាច់ខាត ការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋមួយផ្សេងទៀត

បើយើងយកប្រទេសរុស្ស៊ី ទៅផ្ទៀងផ្ទាត់ជាមួយបួនចំណុចខាងលើនេះ ឃើញថា ស្ថានភាពរបស់ប្រទេសរុស្ស៊ីគ្មានចូលក្នុងចំណុចណាមួយឡើយ ព្រោះអ៊ុយក្រែនមិនបានគំរាមកំហែង ឬប៉ុនប៉ងវាយប្រហារទៅលើប្រទេសរុស្ស៊ីក្នុងទម្រង់រូបភាពណាមួយឡើយ ដូច្នេះការដែលរុស្ស៊ីអះអាងយកគោលការណ៍ការពារខ្លួនដែលមានចែងនៅក្នុងមាត្រា ៥១ នៃធម្មនុញ្ញ អ.ស.ប. មកធ្វើនីត្យានុកូលកម្មលើសកម្មភាពយោធារបស់ខ្លួននៅលើទឹកដីអ៊ុយក្រែននោះគឺពិតជាមិនត្រឹមត្រូវឡើយ។ ម៉្យាងទៀត ការបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅក្នុងទឹកដីរបស់ប្រទេសដទៃ ហើយថែមទាំងបានវាយប្រហារដោយប្រើប្រាស់គ្រឿងសព្វាវុធ កម្ទេចប្រទេសមួយ គឺខុសទាំងស្រុងទៅនឹងច្បាប់អន្តរជាតិដែលមានចែងនៅក្នុងជំពូកទី១ មាត្រា ២ ចំណុចទី៤ នៃធម្មនុញ្ញ អ.ស.ប. ដែលបានចែងក្នុងន័យថា រដ្ឋមួយដែលជាសមាជិក អ.ស.ប. ត្រូវបានហាមឃាត់ដាច់ខាតពីការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋមួយផ្សេងទៀត។

 កតិកាសញ្ញាស្ដីពីអំពើប្រល័យពូជសាសន៍ ឆ្នាំ១៩៤៩

បន្ថែមលើនេះសេចក្តីថ្លែងការណ៍របស់លោកពូទីនដែលថាអ៊ុយក្រែនកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើជនជាតិរុស្ស៊ីនៅទីក្រុងដូណែតស្ក៍ (Donetsk) និងទីក្រុងលូហាន់ស្ក៍ (Luhansk) គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងដែលគ្មានភស្តុតាងបញ្ជាក់ច្បាស់លាស់ បង្ហាញឱ្យពិភពលោកបានឃើញនោះឡើយ។ យោងតាមមាត្រា ២ នៃកតិកាសញ្ញាស្ដីពីអំពើប្រល័យពូជសាសន៍ ឆ្នាំ១៩៤៩ បានធ្វើការកំណត់និយមន័យនៃពាក្យថាអំពើប្រល័យពូជសាសន៍ថា ជាសកម្មភាពជាក់លាក់ ដែលមានបំណងបំផ្លាញទាំងស្រុង ឬមួយផ្នែកនៃក្រុមមនុស្សដែលមានសញ្ជាតិណាមួយ ជនជាតិណាមួយ ពូជសាសន៍ណាមួយ ឬក្រុមសាសនាណាមួយ។ កន្លងមក គេមិនមានភស្តុតាងណាមួយដែលអាចបញ្ជាក់ថា អ៊ុយក្រែនបានចូលរួមក្នុងសកម្មភាពជាក់លាក់ណាមួយខាងដើមនេះទេ ពោលគឺមិនមានភស្តុតាងនៃចេតនាបំផ្លាញទាំងស្រុង ឬដោយផ្នែកណាមួយនៃក្រុមណាមួយនៅតំបន់ដូណែតស្ក៍ និងតំបន់លូហាន់ស្ក៍នោះទេ។ ហើយបើទោះបីជាអ៊ុយក្រែនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក៏ដោយ ក៏គ្មានច្បាប់អន្តរជាតិណាមួយដែលអនុញ្ញាតឱ្យរុស្ស៊ីអាចបញ្ជូនកងទ័ពទៅឈ្លានពានទឹកដីអ៊ុយក្រែននោះដែរ ព្រោះអំពើប្រល័យពូជសាសន៍គឺជាឧក្រិដ្ឋកម្មអន្តរជាតិ ដូច្នេះករណីនេះត្រូវដោះស្រាយនៅក្រោមដែនសមត្ថកិច្ច និងយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)

ហេតុអ្វីប្រទេសចំនួន ៥ បានបោះឆ្នោតប្រឆាំងសេចក្ដីសម្រេចរបស់ អ.ស.ប.?

ជារួម អំណះអំណាងរបស់រុស្ស៊ីដែលបានលើកឡើងជាហូរហែដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួន គឺពិតជាគ្មានហេតុផលដែលអាចឱ្យសហគមន៍អន្តរជាតិទទួលយកបាននោះទេ។ ប៉ុន្តែ មានការលើកឡើងមួយថា ចុះបើទង្វើរបស់រុស្ស៊ីខុសទៅនឹងច្បាប់អន្តរជាតិជាក់ស្ដែងបែបនេះ ហេតុអ្វីប្រទេសចំនួន ៥ បានបោះឆ្នោតប្រឆាំងសេចក្ដីសម្រេចរបស់ អ.ស.ប. និង ៣៥ ប្រទេសបានបោះឆ្នោតអនុបវាទ? ជាការសន្និដ្ឋាន ប្រទេសទាំងអស់នេះ ទំនងជានឹងនៅតែបន្តរក្សាជំហររបស់ពួកគេជុំវិញបញ្ហានេះដូចដើម ព្រោះប្រទេសខ្លះ អាចបណ្ដាលមកពីការទទួលរងសម្ពាធពីរុស្ស៊ី ឬត្រូវពឹងផ្អែកលើរុស្ស៊ីខ្លាំងលើសលុប ជាពិសេសវិស័យសេដ្ឋកិច្ច ដូចជាពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និង​សន្តិសុខជាដើម។ រីឯប្រទេសមួយចំនួនទៀត អាចបណ្ដាលមកពីកត្តាប្រវត្តិសាស្ត្រ ឬក៏អាចមកពីក្រុមមេដឹកនាំប្រទេសនោះ ជាពិសេសមេដឹកនាំផ្ដាច់ការ មិនចុះសម្រុងគ្នាជាមួយបណ្ដាប្រទេសលោកខាងលិច ទើបស្រវាចាប់ប្រទេសរុស្ស៊ីជំនួសវិញ។

កម្មវិធីថង់ប្រាជ្ញា៖ ប្រវត្តិនៅពីក្រោយកីឡាអូឡាំពិក

កីឡាអូឡាំពិក (Olympic Games) កីឡាអត្តពលកម្មដែលឈានមុខគេរបស់ពិភពលោក ដែលមានដើមកំណើតនៅសម័យក្រិកបុរាណតាំងពី ៧៧៦ឆ្នាំមុនគ្រិស្តសករាជ និងត្រូវបានប្រារព្ធឡើងវិញនៅចុងសតវត្សទី១៩។ ទង់ជាតិកីឡាអូឡាំពិកមាន ផ្ទៃខាងក្រោយពណ៌ស និងរូបចិញ្ចៀនចំនួន៥វង់តជាប់គ្នា មានពណ៌ ខៀវ លឿង ខ្មៅ បៃតង និងក្រហម ដែលតំណាងឱ្យ “ទ្វីបទាំងប្រាំនៃពិភពលោក” គឺទ្វីប អាហ្វ្រិក អាមេរិក អាស៊ី អ៊ឺរ៉ុប និងអូសេអានី ដែលបានរួមសហការគ្នាក្នុងចលនាអូឡាំពិក។ កីឡាអូឡាំពិកមានបាវចនាជាអក្សរឡាតាំងថា “Citius, Altius, Fortius” ដែលមានន័យថា “លឿនជាង ខ្ពស់ជាង ខ្លាំងជាង”។

កីឡាអូឡាំពិកបុរាណ

កីឡាអូឡាំពិកបុរាណ ជាប្រពៃណីដ៏សំខាន់មួយរបស់ប្រទេសក្រិកដែលធ្វើឡើង ជាមូលបទនៃពិធីសាសនា។ គេប្រារព្ធកីឡានេះឡើងជារៀងរាល់បួនឆ្នាំម្តង នៅទីក្រុងអូឡាំព្យា (Olympia) ក្នុងរដ្ឋអ៊ីលីស (Elis) ដើម្បីជាការគោរពនិងផ្តល់កិត្តិយសដល់អាទិទេព ឈ្មោះថា ហ្សេអ៊ូស (Zeus) ដែលជាព្រះបិតានៃអាទិទេពនៅក្នុងប្រទេសក្រិកបុរាណ ។ កីឡាពីបុរាណមានដូចជា៖ ការរត់ប្រណាំង កីឡាចំបាប់  កីឡាលោតចម្ងាយ កីឡាចោលលំពែង កីឡាចោលថាស ប្រដាល់  ការប្រកួតនិយាយ  ការប្រកួតត្រែ  (មិនទាន់មានការប្រកួតជាក្រុម ដូចបាល់ទាត់នៅឡើយទេ) ការប្រណាំងរទេះសេះ និងការប្រណាំងសេះ។ ពីដំបូងឡើយការប្រកួត ប្រព្រឹត្តឡើងក្នុងពេលតែ ១ ថ្ងៃប៉ុណ្ណោះ ប៉ុន្តែក្រោយមកត្រូវបានបន្ថែមដល់ទៅ ៤ ថ្ងៃដើម្បីឧទ្ទិសដល់សាសនា ប្រគល់រង្វាន់ដល់កីឡាករ និងជប់លៀងសម្រាប់ម្ចាស់ជើងឯកផងដែរ។

នៅក្នុងការប្រកួត អត្តពលិកនីមួយៗតម្រូវឱ្យ អាក្រាតកាយ ដែលវាជាប្រពៃណីមួយរបស់ជនជាតិ ក្រិច ដែលគេជឿថា ការប្រកួតទាំងអាក្រាតកាយ ជាអំណាចវេទមន្តបញ្ជៀសគ្រោះថ្នាក់ ហើយពួកគេចាត់ទុកថាការ អាក្រាតកាយ ប្រៀបដូចជាភាពថ្លៃថ្នូររបស់កីឡាករផងដែរ។ អត្តពលិកគឺជាបុរសដែលមានដើមកំណើតនៅប្រទេសក្រិក ចំណែកស្ត្រីមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតនោះឡើយ ថែមទាំងមានការដាក់ទោសប្រហារជីវិតដល់ស្ត្រីណាដែលចូលរួមប្រកួតទៀតផង។ អត្តពលិកជើងឯកដំបូងគេ គឺជាចុងភៅម្នាក់នៃរដ្ឋអ៊ីលីស (Coroebus of Elis) ដែលបានឈ្នះការរត់ប្រណាំងជើងប្រវែង ១៨៣ ម៉ែត្រ កាលពីឆ្នាំ៧៧៦ មុនគ.ស.។

ក្នុងសតវត្សរ៍ទី២ មុនគ.ស. ប្រទេសក្រិកបានបាត់បង់ឯករាជ្យភាពរបស់ខ្លួនទៅឱ្យអាណាចក្ររ៉ូម។ ជនជាតិរ៉ូម៉ាំងបានមើលងាយអត្តពលិកជនជាតិក្រិច ដោយការស្រាត និងប្រកួតប្រជែងនៅទីសាធារណៈ ថាជារូបភាពពុំសមរម្យ។ សម្រាប់ជនជាតិក្រិច ពិធីបុណ្យកីឡានេះ គឺជាការប្រកួតប្រជែង ដែលផ្សារភ្ជាប់ជាមួយសាសនា និងនយោបាយ ខណៈដែលជនជាតិរ៉ូម៉ាំងចាត់ទុកថាជាល្បែង។​ ក្រោយមក កីឡាអូឡាំពិកបុរាណក៏ត្រូវបានលុបចោល នៅប្រហែល ៤០០ ឆ្នាំមុនគ.ស.ដោយព្រះចៅអធិរាជ  ឈ្មោះថា ហ្សេអូដូសៀសទីមួយ (Theodosius I) ដោយសារតែទ្រង់មិនមានជំនឿលើពិធីបុណ្យទាំងនេះ។

កីឡាអូឡាំពិកទំនើប

នៅឆ្នាំ១៨៩៤ ស្ថាបត្យករជនជាតិបារាំងដ៏ល្បីល្បាញរបស់កីឡាអូឡាំពិកទំនើប គឺលោក  ពៀរ៉េ ឃូបឺទីន (Pierre de Coubertin) បានចាប់ផ្តើមផែនការរបស់គាត់ក្នុងការធ្វើឱ្យកីឡាអូឡាំពិករស់ឡើងវិញ។ នៅឆ្នាំ ១៨៩៦ កីឡាដំបូងនៃយុគសម័យទំនើបត្រូវបានប្រារព្ធឡើងនៅទីក្រុងអាថែន។ ការគ្រប់គ្រងនិងការអភិវឌ្ឍនៃកីឡាអូឡាំពិកសម័យទំនើបត្រូវបានប្រគល់ទៅឱ្យគណកម្មាធិការអូឡាំពិកអន្តរជាតិ ហៅកាត់ថា IOC (International Olympic Committee) និងគណកម្មាធិការអូឡាំពិកជាតិ  ហៅកាត់ថា NOC។ IOC មានតួនាទីទទួលខុសលើដំណើរការប្រារព្ធទៅនៃកម្មពិធីកីឡាអូឡាំពិកនេះជាទៀងទាត់ អនុវត្តន៍ក្នុងស្មារតីបំផុសគំនិតនៃការងើបឡើងវិញរបស់កីឡាអូឡាំពិក​ និងជំរុញការអភិវឌ្ឍកីឡានៅទូទាំងពិភពលោក។

នៅឆ្នាំ១៨៩៤ IOC មានសមាជិកចំនួន ១៤នាក់។ ក្នុងកំណែទម្រង់ក្នុងឆ្នាំ១៩៩៩ បានកំណត់សមាជិកភាពអតិបរមារហូតដល់ទៅ ១១៥ រូប ដែលក្នុងនោះ ៧០ នាក់ជាបុគ្គល ១៥ នាក់ជាអត្តពលិកបច្ចុប្បន្ន ១៥ នាក់ជាប្រធានគណកម្មាធិការអូឡាំពិក និង ១៥ នាក់ទៀតជាប្រធានសហព័ន្ធកីឡាអន្តរជាតិ។ សមាជិកមានអាណត្តិ ៨ ឆ្នាំ និងត្រូវចូលនិវត្តន៍នៅអាយុ ៧០ ឆ្នាំ។ ប្រធានគណកម្មាធិការក៏មានអាណត្តិ ៨ឆ្នាំផងដែរ។ IOC ជាស្ថាប័នដែលធ្វើការជ្រើសរើសកន្លែងសម្រាប់ការប្រកួត ពោលគឺមិនមែនជាការជ្រើសរើសរបស់ប្រទេសណាមួយនោះទេ តែជាការជ្រើសរើសទីក្រុងមួយសម្រាប់ធ្វើជាទីតាំងប្រកួត។

ដោយឡែក សម្រាប់ពាក្យស្នើសុំរៀបចំការប្រកួតនេះ ត្រូវធ្វើឡើងដោយអាជ្ញាធរក្រុង ព្រមទាំងមានការគាំទ្រពីរដ្ឋាភិបាល។ ប្រទេសដែលធ្លាប់ជាប្រធានគណកម្មាធិការក្នុងការប្រកួតកីឡាអូឡាំពិកចាប់តាំងពីឆ្នាំ១៨៩៦ មានដូចជា ប្រទេសក្រិក បារាំង បែលហ្ស៊ិក ស៊ុយអែត សហរដ្ឋអាមេរិក អៀរឡង់ អេស្ប៉ាញ និងអាល្លឺម៉ង់។

កីឡាអូឡាំពិកសម័យទំនើប ត្រូវបានបែងចែកជាពីរធំៗគឺ កីឡាអូឡាំពិករដូវក្តៅ និងកីឡាអូឡាំពិករដូវរងារ ហើយធ្វើឡើងដាច់ដោយឡែកពីគ្នា។ កីឡានីមួយៗធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្តង ដោយយកគំរូតាមកីឡាអូឡាំពិកបុរាណ។ អត្តពលិកត្រូវបានបើកទទួលស្វាគមន៍មកពីគ្រប់ទីកន្លែងជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះ​ នៅឆ្នាំ១៩០០ ស្ត្រីក៏បានចូលរួមប្រកួតជាលើកដំបូងផងដែរ។

បញ្ហានៅពីក្រោយឆាករ​បស់កីឡាអូឡាំពិក

ទោះបីជាកីឡាអូឡាំពិកជាកីឡាដែលឈានមុខជាងគេនៅក្នុងពិភពលោក ប៉ុន្តែបញ្ហាមួយចំនួនក៏បានកើតមានផងដែរ ដូចជាអំពើពុករលួយ ឥទ្ធិពលនយោបាយ និងការប្រើប្រាស់សារធាតុញៀនជាដើម។ ជាក់ស្តែង នៅខែធ្នូ ឆ្នាំ១៩៩៨ មានព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយនៅក្នុងពិភពកីឡាដោយមានការចោទប្រកាន់ទៅលើសមាជិក IOC ថាបានទទួលសំណូកសូកប៉ាន់ និងការក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសទីកន្លែងធ្វើជាម្ចាស់ផ្ទះសម្រាប់កីឡាអូឡាំពិករដូវរងារដោយជោគជ័យនៅទីក្រុងសលត៍ លេក (Salt Lake City) រដ្ឋយូថាហ៍ (Utah)។ ជាការឆ្លើយតប IOC បានបណ្តេញសមាជិកគណកម្មាធិការចំនួន ៦នាក់ និងមួយចំនួនទៀត បានលាលែងពីតំណែង។

ក្រោយមកទៀត នៅខែធ្នូ​​ ឆ្នាំ១៩៩៩ IOC បានប្រកាសធ្វើកំណែទម្រង់ចំនួន៥០ចំណុច​ អំពីការជ្រើសរើស និងការប្រព្រឹត្តរបស់សមាជិក IOC ដំណើរការដេញថ្លៃ ទំហំនៃការប្រកួត និងបទបញ្ញត្តិស្តីពីគ្រឿងញៀន។ បន្ថែមពីលើនេះ គណកម្មការសីលធម៌របស់ IOC ដែលជាគណកម្មាការឯករាជ្យមួយក៏ត្រូវបានបង្កើតឡើងផងដែរ។ ម្យ៉ាងទៀត កីឡាអូឡាំពិកក៏ធ្លាប់មានការរង្គោះរង្គើដោយសារតែឥទ្ធិពលនយោបាយផងដែរ។ ការប៉ុនប៉ងធ្វើនយោបាយនៅក្នុងប្រព័ន្ធកីឡាអូឡាំពិក ក៏ធ្លាប់កើតមានផងដែរ នៅទីក្រុងអាថែន នាឆ្នាំ១៨៩៦។ នៅពេលនោះ អង់គ្លេសបានបង្ខំអត្តពលិកអូស្ត្រាលីម្នាក់ឱ្យប្រកាសខ្លួនថាជាជនជាតិអង់គ្លេស។

មានបញ្ហាជាច្រើនទៀតដែលធ្លាប់កើតមានឡើងនៅក្រោយឆាកកីឡាអូឡាំពិក។ ក្នុងនោះរួមមានដូចជា ការឃោសនារបស់ក្រុមណាស៊ី(Nazi) បានរីករាលដាល និងជះឥទ្ធិពលដល់ការប្រកួតកីឡានៅទីក្រុងប៊ែកឡាំង ក្នុងឆ្នាំ១៩៣៦។ នៅក្នុងឆ្នាំ១៩៥៦ នាទីក្រុងមែលប៊ន (Melboune) ប្រទេសអូស្ត្រាលី ការប៉ះទង្គិចរវាងសហភាពសូវៀត និងប្រទេសហុងគ្រីបានកើតឡើងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក​ បន្ទាប់ពីសហភាពសូវៀតបានបង្ក្រាបបដិវត្តន៍យ៉ាងព្រៃផ្សៃនៅក្នុងប្រទេសហុងគ្រីក្នុងឆ្នាំជាមួយគ្នានោះដែរ។ ម្យ៉ាងទៀត ភាពចម្រូងចម្រាសរវាងចិន និងតៃវ៉ាន់ ក៏បានរីករាលដាលទៅដល់ការប្រកួតកីឡានៅទីក្រុងម៉ុងរ៉េអាល់ នាឆ្នាំ១៩៧៦។ ព្រឹត្តិការណ៍ដែលអាក្រក់បំផុតទៀតនោះគឺការសម្លាប់អត្តពលិកអ៊ីស្រាអែលដោយភេរវករនៅក្នុងការប្រកួតនៅឆ្នាំ១៩៧២ នៅទីក្រុងម៉ូនិច (Munich) ប្រទេសអាល្លឺម៉ង់ខាងលិច។

លើសពីនេះ សូម្បីតែនយោបាយជាតិក៏បានជះឥទ្ធិពលដល់កីឡាផងដែរ ជាពិសេសនៅដើមឆ្នាំ១៩៦៨នៅទីក្រុងម៉ិកស៊ិក ដែលមុនពេលបើកការប្រកួត ទាហានម៉ិកស៊ិកបានបាញ់សម្លាប់ និស្សិតម៉ិកស៊ិករាប់រយនាក់ដែលកំពុងតវ៉ាប្រឆាំងទៅនឹងការចំណាយរបស់រដ្ឋាភិបាលទៅលលើការរៀបចំកីឡាអូឡាំពិក ខណៈដែលប្រទេសនេះកំពុងមានបញ្ហាសង្គម។ រីឯភាពតានតឹងផ្នែកនយោបាយនៅសហរដ្ឋអាមេរិក ក៏បានកើនឡើងដល់កំពូលនៅឯទីក្រុងម៉ិកស៊ិក នៅពេលដែលអត្តពលិក ដែលមានសញ្ជាតិអាហ្រ្វិក-អាមេរិកាំង បានធ្វើពហិកាមិនចូលរួមការប្រកួត និងធ្វើបាតុកម្មដើម្បីតវ៉ាប្រឆាំងនឹង ការរើសអើងជាតិសាសន៍។ លើសពីនេះទៅទៀត ការរកឃើញអត្តពលិកដែលបានប្រើប្រាស់សារធាតុញៀនជាច្រើនក៏ធ្លាប់កើតមានផងដែរ។

ឧទាហរណ៍  ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងរ៉ូមនៅ ឆ្នាំ១៩៦០ អ្នកជិះកង់ជនជាតិដាណឺម៉ាកម្នាក់ បានដួលស្លាប់ភ្លាមៗ បន្ទាប់ពីគ្រូបង្វឹករបស់គាត់បានឱ្យគាត់ញ៉ាំថ្នាំអំហ្វេតាមីន(amphetamine)។ ការធ្វើតេស្តថ្នាំត្រូវបានធ្វើឡើងជាចាំបាច់នៅឆ្នាំ១៩៦៨ក្នុងការប្រកួតកីឡារដូវរងានៅទីក្រុង ហ្រ្គេណូបល(Grenoble) ក្នុងប្រទេសបារាំង ហើយអត្តពលិកម្នាក់ត្រូវបានដកហូតសិទ្ធិក្នុងការចូលរួមប្រកួតដោយសាររកឃើញថាមានការប្រើប្រាស់សារធាតុហាមឃាត់ និងស្រាបៀរ នៅ ១៩៧០ សារធាតុបង្កើនកម្លាំងត្រូវបានរកឃើញក្នុងខ្លួនរបស់អត្តពលិករហូតដល់ទៅ ៨០ នាក់។ ចាប់តាំងពីទសវត្សឆ្នាំ៧០ សារធាតុញៀននៅតែជាបញ្ហាប្រឈមដ៏លំបាកក្នុងការទប់ស្កាត់បំផុតរបស់កីឡាអូឡាំពិក ដោយសារតែកីឡាករម្នាក់ៗចង់បានកិត្តិនាម និងប្រាក់ចំណូលខ្ពស់ សម្រាប់ម្ចាស់ជើងឯកអូឡាំពិកបានកើនឡើង។ ជាដំណោះស្រាយ IOC បានបង្កើតទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (World Anti-Doping Agency) ក្នុងឆ្នាំ១៩៩៩។ បើទោះបីជាមានការហាមប្រាម ការពិន័យយ៉ាងធ្ងន់ធ្ងរ និងការគំរាមកំហែងថានឹងទទួលរងការអាម៉ាស់មុខជាសាធារណៈក៏ដោយ ក៏អត្តពលិកនៅតែបន្តរកឃើញថាមានប្រើប្រាស់ធាតុហាមឃាត់ទាំងនោះដែរ។ ជាក់ស្តែង នៅឆ្នាំ២០១៦ ក្រុមកីឡាវាយកូនបាល់រុស្ស៊ីទាំងមូលត្រូវបានហាមប្រាមមិនឱ្យចូលរួម ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុង រីអូដឺចេនៀរ៉ូ (Rio de Janeiro) បន្ទាប់ពីបានរកឃើញថាប្រើប្រាស់សារធាតុញៀនដែលមានការគាំទ្រដោយរដ្ឋ។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ប្រទេសផលិតប្រេងលំដាប់ពិភពលោកដែរ ប៉ុន្តែក្រ

សាធារណរដ្ឋស៊ូដង់ខាងត្បូង ( Republic of South Sudan) ដែលស្ថិតនៅភាគឦសាននៃទ្វីបអាហ្រិ្វច គឺជាប្រទេសដែលទើបតែទទួលបានឯករាជ្យបែកចេញពីរដ្ឋស៊ូដង់ (Sudan) តាមរយៈការចូលជាសមាជិកអង្គការសហប្រជាជាតិ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១ និងមានទីក្រុងជូបា ជារដ្ឋធានី។ បន្ទាប់ពីរួចផុតពីសង្គ្រាមស៊ីវិលជាមួយប្រទេសស៊ូដង់ដែលបានអូសបន្លាយពេលយ៉ាងយូរ ស៊ូដង់ខាងត្បូងជួបប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាពិសេសប្រជាជនជួបនឹងគ្រោះអត់ឃ្លានគ្មានអាហារ។ ទោះជាយ៉ាងណានៅពេលនោះប្រជាជន និងរដ្ឋាភិបាលបានសង្ឃឹមយ៉ាងមោះមុតថា ប្រទេសរបស់ខ្លួនមិនយូរទេ នឹងអាចក្រោកឈរឡើងវិញ ព្រោះប្រទេសនេះសម្បូរទៅដោយរ៉ែប្រេងកាត ដែលជាធនធានដ៏មានតម្លៃ និងមានតម្រូវការយ៉ាងខ្លាំងពីសំណាក់អន្តរជាតិ។ បើយោងទៅតាមការសិក្សាថ្មីៗនេះ សាធារណរដ្ឋស៊ូដង់ខាងត្បូងមានរ៉ែប្រេងកាតជាង ៣.៥ពាន់លាន Barrels ដែលជាចំនួនច្រើនជាងគេបង្អស់នៅទ្វីបអាហ្វ្រិកចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីប្រទេសនីហ្សេរីយ៉ា (Nigeria) និងប្រទេសអង់ហ្គោឡា (Angola)។ ប៉ុន្តែបច្ចុប្បន្ន ប្រទេសស៊ូដង់នៅខាងត្បូងនៅតែជាប្រទេសក្រីក្រក្នុងពិភពលោក ដែលមានមធ្យមភាគប្រជាជនក្រីក្រកើនឡើងស្ទើរតែរៀងរាល់ឆ្នាំ។ បើយោងតាមការសិក្សា និងការធ្វើស្ទង់មតិរបស់ធនាគារពិភពលោក (World Bank) ក្នុងឆ្នាំ២០១៦-២០១៧ និងបានចេញផ្សាយជាសាធារណៈនៅខែមេសា ឆ្នាំ២០២១ ប្រទេសស៊ូដង់ខាងត្បូងមានអត្រាក្រីក្រដល់ទៅ ៧៦.៤% ដែលជាតួលេខដែលខ្ពស់ជាងគេលំដាប់ទី២ បន្ទាប់ពីប្រទេសហ្គីណេអេក្វាទ័រ (Equatorial Guinea)។ បើទោះបីជាចំនួនធនធានធម្មជាតិដែលជារ៉ែប្រេងកាតរបស់ប្រទេសស៊ូដង់ខាងត្បូងមានចំនួនច្រើនដល់រាប់ពាន់លាន Barrels ក្តី ក៏នៅតែមិនអាចស្ដារសេដ្ឋកិច្ចរបស់ប្រទេសនេះឱ្យប្រសើរឡើងវិញនោះទេ ផ្ទុយទៅវិញគឺវាកាន់តែអាក្រក់ទៅៗ។ មូលហេតុចម្បងដែលបណ្តាលឱ្យប្រាក់ចំណូលពីការធ្វើជំនួញប្រេងកាតចេះតែបាត់បង់ ដែលមិនអាចជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងស្តារសេដ្ឋកិច្ចប្រទេស ព្រមទាំងជីវភាពប្រជាជនឡើងវិញ គឺបណ្តាលមកពីកង្វះខាតនៃការគ្រប់គ្រងប្រាក់ចំណាយ-ចំណូល ការខ្ចីប្រាក់ពីបរទេស ហើយសងវិញជាប្រេង និងសង្គ្រាមស៊ីវិល។

១. កង្វះខាតនៃការគ្រប់គ្រងប្រាក់ចំណាយ-ចំណូល

កង្វះខាតនៃការគ្រប់គ្រងប្រាក់ចំណូលរបស់ស៊ូដង់ខាងត្បូងជាបញ្ហាចម្បង ដែលបង្កឱ្យអត្រាអំពើពុករលួយក្នុងជួររដ្ឋាភិបាលកើនឡើងយ៉ាងខ្ពស់ ដូចជាការបាត់បង់ថវិកាសម្រាប់ជាតិរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ចំណែកឯរបាយការណ៍ចំណាយ ក៏សរសេរមិនបានច្បាស់លាស់ និងមិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនោះឡើយ។ បើយោងតាមរបាយការណ៍របស់ International Crisis Group ដែលមានចំណងជើងថា “Oil or Nothing: Dealing with South Sudan’s Bleeding Finance” និងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០២១ ប្រាក់ចំណូលដែលបានពីការនាំចេញប្រេងត្រូវបានបែងចែកទៅឱ្យភាគីជាច្រើន មុននឹងដល់ចំណែកចុងក្រោយដែលជាប្រាក់ចំណូលរបស់រដ្ឋ គឺនៅសល់បន្តិចបន្តួចប៉ុណ្ណោះ។ ជាទូទៅប្រទេសស៊ូដង់ខាងត្បូងអាចនាំចេញប្រេង ប្រហែលពី ១៥០,០០០ ទៅ ១៧០,០០០ Barrels ក្នុងមួយថ្ងៃ ដែល៥៥% ទៅ ៦០% នៃចំនួននេះ ត្រូវផ្តល់ទៅក្រុមហ៊ុនបរទេសដែលបានធ្វើការរុករក និងបូមយកប្រេងទាំងនោះ ដែលភាគច្រើនជាក្រុមហ៊ុនរបស់ចិន (China) និងម៉ាឡេស៊ី (Malaysia) ។ ដូច្នេះស៊ូដង់ខាងត្បូងទទួលបានពី៤៥% ទៅ ៤០% ប៉ុណ្ណោះ តែនេះនៅមិនទាន់ជាប្រាក់ចំណូលជាតិនៅឡើយទេ ព្រោះវាត្រូវបែងចែកទៅឱ្យភាគីជាច្រើនទៀត។ ហើយភាគីបន្ទាប់ដែលទទួលបានពីការជំនួញនេះគឺ ប្រទេសស៊ូដង់ដែលនៅជាប់នឹងស៊ូដង់ខាងត្បូងនេះឯង។ បើទោះបីជាស៊ូដង់ខាងត្បូងបានផ្តាច់ខ្លួនចេញពីស៊ូដង់ និងមានសិទ្ធិពេញលេញក្នុងការធ្វើជំនួញប្រេងរវាងប្រទេសខ្លួន និងអន្តរជាតិក្តី សាធារណរដ្ឋស៊ូដង់ខាងត្បូងនៅតែត្រូវបែងចែងប្រេង ២៨,០០០ Barrels ទៅស៊ូដង់ជារៀងរាល់ថ្ងៃ ព្រោះត្រូវការប្រើប្រាស់បំពង់បង្ហូរប្រេងរបស់ស៊ូដង់ ដើម្បីដឹកជញ្ជូនប្រេងទៅអន្តរជាតិ និងសម្រាប់បង់ប្រាក់សំណង ៣ពាន់លានដុល្លារអាមេរិក ដែលជាកាតព្វកិច្ចស៊ូដង់ខាងត្បូងបន្ទាប់ពីផ្តាច់ខ្លួនចេញពីស៊ូដង់។ បន្ទាប់ពីនោះ គឺក្រុមហ៊ុនផលិតប្រេងដែលជារបស់ប្រទេសនេះផ្ទាល់ ឈ្មោះ “Nile Petroleum ឬ Nilepet” ទទួលជាង ១០ លានដុល្លារអាមេរិកជារៀងរាល់ថ្ងៃពីក្រុមហ៊ុនផលិតប្រេងទាំងនោះ និងរដ្ឋាភិបាល។ គួរបញ្ជាក់ផងដែរថា បើយោងតាមច្បាប់របស់ប្រទេស ៥%នៃប្រាក់ចំណូលដែលបានពីការបូមយក និងនាំចេញប្រេងនេះ ត្រូវតែផ្តល់ទៅសហគមន៍ដែលរស់នៅតំបន់ដែលបានធ្វើសកម្មភាពនោះ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រជាជននៅទីនោះ។ ប៉ុន្តែក្នុងការអនុវត្តន៍ជាក់ស្តែង ចំនួនប្រាក់ទាំងនោះមិនបានចាត់ចែងដូចដែលបានចែងក្នុងច្បាប់នោះ ដូច្នេះវាក៏ចេះបាត់បង់ដោយគ្មានរបាយការណ៍ច្បាស់លាស់ថាតើបានយកទៅចំណាយលើអ្វី។ បន្ថែមពីនោះ ស៊ូដង់ខាងត្បូងក៏ផ្ដល់ប្រាក់ក្នុងការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសខ្លួនដែលជាគម្រោងរបស់រាជរដ្ឋាភិបាល ហើយក្នុងនោះពួកគេក៏ត្រូវចំណាយពី ១០,០០០ ទៅ ៣០,០០០ Barrels ជារៀងរាល់ថ្ងៃ។

២. ការខ្ចីប្រាក់ពីបរទេស ហើយសងវិញជាប្រេង

បន្ថែមពីនោះទៀត ពួកគេក៏ត្រូវយកប្រេងមួយចំនួនទៀតទៅសងបំណុលដែលបានខ្ចីជាប្រាក់ពីមុន ដូចជាបានខ្ចីពីធនាគារជាតិកាតា ( Qatar National Bank) ធនាគារនាំចេញនាំចូលនៃទ្វីបអាហ្វ្រិក ( Africa Export-Import Bank ) ព្រមទាំងក្រុមហ៊ុនពាណិជ្ជករមួយចំនួនទៀត ដូចជាក្រុមហ៊ុនថាមពលសាហារ៉ា ( Sahara Energy )ជាដើម។ បើគិតចាប់ពីឆ្នាំ២០១២ (មួយឆ្នាំក្រោយកាលទទួលឯករាជ្យ) សាធារណរដ្ឋស៊ូដង់បានទទួលប្រាក់យ៉ាងតិចជាង២ពាន់លានដុល្លារអាមេរិកដែលបានចាត់ទុកជាប្រាក់កម្ចី និងសន្យាដោយការសងជាប្រេងទៅវិញ។ ប៉ុន្តែការធ្វើបែបនេះដូចជាដាក់បន្ទុកបន្ថែមទៅលើសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ខ្លួន ព្រោះតម្លៃប្រេងបានធ្លាក់ចុះបើប្រៀបធៀបទៅកាលពី១០ ឆ្នាំមុន ដូចនេះស៊ូដង់ខាងត្បូងត្រូវសងប្រេងម្ចាស់បំណុលវិញច្រើនជាងមុនដូចគ្នា។ កម្ចីជាប្រាក់ និងសងជាប្រេងនេះនៅតែបន្តជាញឹកញាប់ បើទោះបីជារដ្ឋាភិបាលបានប្រកាសនៅខែមិថុនា ឆ្នាំ២០១៩ ពីការបញ្ឈប់ការធ្វើបែបនេះ ព្រមទាំងបង្កើតឱ្យមានក្រុមស៊ើបអង្កេតពីបញ្ហានេះក៏ដោយ។ សកម្មភាពមួយនេះបានវិវត្តន៍ទៅជាទម្លាប់មួយរបស់ប្រទេសមួយនេះដែលពិបាកក្នុងការបញ្ឈប់ ព្រោះបន្ទាប់ពីមានការប្រកាសជាសាធារណៈអំពីការទប់ស្កាត់កម្ចីជាប្រាក់ និងសងជាប្រេងពីសំណាក់រដ្ឋាភិបាលហើយក្តី ក៏នៅក្នុងឆ្នាំ២០២០ក្រោយមកទៀត រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពល បានរាយការណ៍បន្ថែមថា មានក្រុមហ៊ុនប្រាំបួនទៅហើយដែលបានទិញយកប្រេងពេញមួយឆ្នាំរបស់ស៊ូដង់ខាងត្បូង ដែលនាំឱ្យប្រទេសនេះនៅត្រូវតែបន្តនាំចេញប្រេងទៅឱ្យក្រុមហ៊ុនម្ចាស់បំណុលទាំងនោះជាបន្តបន្ទាប់។

ថង់ប្រាជ្ញា៖ យុទ្ធសាស្ត្រសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិក

នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមប្រឹក្សាគណៈកម្មការ និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបបានធ្វើកិច្ចព្រមព្រៀងស្តីពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប ។ យុទ្ធសាស្ត្រសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកនេះ ត្រូវបានអនុម័តដោយរដ្ឋមន្ត្រីការបរទេសចំនួន ២៧ នៃរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប ហើយត្រូវបានបង្កើតឡើងក្នុងគោលបំណងរួមចំណែកដល់ស្ថិរភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅឥណ្ឌូប៉ាស៊ីហ្វិក ជំរុញគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ​ សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ។​​

កត្តាដែលជំរុញនូវការបង្កើតនៃយុទ្ធសាស្ត្រសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិក

តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺជាតំបន់យុទ្ធសាស្រ្តដ៏សំខាន់មួយសម្រាប់សហភាពអឺរ៉ុប។ ដោយសារតែការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច ប្រជាសាស្រ្ត និងនយោបាយដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានក្លាយជាតួអង្គសំខាន់មួយនៅក្នុងការរៀបចំសណ្តាប់ធ្នាប់អន្តរជាតិ និងក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។ សហភាពអឺរ៉ុប និងឥណ្ឌូ-ប៉ាស៊ីហ្វិក បានមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធិដោយសហភាពអឺរ៉ុបគឺជាអ្នកវិនិយោគកំពូល និងជាដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ឈានមុខគេ ជាពិសេសជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ភាពសំខាន់នៅក្នុងតំបន់នេះចំពោះសហភាពអឺរ៉ុបត្រូវបានសបញ្ជាក់ឱ្យឃើញតាមរយៈទំហំនៃពាណិជ្ជកម្មដែរក្នុងនោះដែរ តំបន់ទាំងពីរនេះកំពុងតែកាន់កាប់ជាង ៧០% នៃពាណិជ្ជកម្មពិភពលោកលើទំនិញ និងសេវាកម្ម ក៏ដូចជាជាង ៦០% នៃលំហូរវិនិយោគផ្ទាល់ពីបរទេស។ តំបន់នេះផងដែរគឺមជ្ឈមណ្ឌលសេដ្ឋកិច្ច និងយុទ្ធសាស្ត្ររបស់ពិភពលោក ក៏ដូចជាផ្ទះសម្រាប់ ៦០% នៃចំនួនប្រជាជនពិភពលោកផងដែរ។

ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានសារៈសំខាន់ណាស់ក្នុងការអនុវត្តរបៀបវារៈសកលរបស់សហគមន៍អន្តរជាតិ រួមទាំងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ប៉ុន្មានឆ្នាំមកនេះ សហភាពអឺរ៉ុបបានរួមចំណែកយ៉ាងខ្ជាប់ខ្ជួននៅក្នុងតំបន់ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងជំនួយមនុស្សធម៌ ការដោះស្រាយនូវការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ ការបំពុល និងការរួមចំណែកដល់ការលើកកម្ពស់ច្បាប់អន្តរជាតិ រួមទាំងសិទ្ធិមនុស្ស និងសេរីភាពនៃការធ្វើនាវាចរណ៍។

ដោយសារតែការរីកលូតលាស់បច្ចុប្បន្ននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដែលបានបង្កើតឱ្យមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លា ​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​សម្រេច​ពង្រឹង​នូវយុទ្ធសាស្ត្រ និង​សកម្មភាព​របស់សហភាពអឺរ៉ុបនៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ យុទ្ធសាស្រ្ត និងការចូលរួមរ​បស់សហភាពអឺរ៉ុបទៅលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនឹងក្លាយជាគោលការណ៍រយៈពេលវែង ដោយមានគោលបំណងរួមចំណែកដល់ស្ថិរភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ ដោយផ្អែកលើការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ។

វិស័យអាទិភាពក្នុងយុទ្ធសាស្ត្រសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិក

យុទ្ធសាស្ត្រសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកបានអនុញ្ញាតឱ្យសហភាពអឺរ៉ុបបានបង្កើននូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសំខាន់ៗដូចជា អភិបាលកិច្ចមហាសមុទ្រ សុខាភិបាល ការស្រាវជ្រាវ និងបច្ចេកវិទ្យា សន្តិសុខ និងការពារជាតិ និងការសហការរួមគ្នាលើការដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ។​ កត្តាចម្បងទាំងនោះរួមមាន៖

កត្តាចម្បងទី១៖ វិបុលភាពប្រកបដោយនិរន្តរភាព និងសេចក្ដីរួមបញ្ចូល (Sustainable and Inclusive Prosperity)​ ជាការសហការជាមួយដៃគូឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីពង្រឹងខ្សែសង្វាក់តម្លៃ ពង្រឹង និងទំនាក់ទំនងពាណិជ្ជកម្ម ដោយអនុវត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់។ ជាមួយគ្នានេះ គេក៏ពង្រឹងច្បាប់ដើម្បីការពារពាណិជ្ជកម្មអន្តរជាតិប្រឆាំងនឹងភាពអយុត្តិធម៌ ដូចជាការដាក់ទណ្ឌកម្មលើផ្នែកសេដ្ឋកិច្ច ការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ និងការលួចកម្មសិទ្ធិបញ្ញា។

កត្តាចម្បងទី២៖ វិវត្តន៍បៃតង (Green Transition) ជាការធ្វើការជាមួយដៃគូដើម្បីប្រយុទ្ធប្រឆាំង កាត់បន្ថយ និងសម្របខ្លួនទៅនឹងបម្រែបម្រួលនៃអាកាសធាតុ និងប្រឆាំងនឹងការបាត់បង់ជីវចម្រុះ ការបំពុល និងទម្រង់ផ្សេងទៀតៗដែលប៉ះពាល់ដល់បរិស្ថាន។

កត្តាចម្បងទី៣៖ ការគ្រប់គ្រងមហាសមុទ្រ (Ocean Governance) ជាការពង្រឹងអភិបាលកិច្ចសមុទ្រក្នុងតំបន់ដោយអនុវត្តន៍តាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS (United Nations Convention on Law of the Sea) ក៏ដូចជាបន្តគាំទ្រដៃគូក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU (Illegal, Unreported and Unregulated) និងអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូជលផលប្រកបដោយនិរន្តរភាព។

កត្តាចម្បងទី៤៖ ការគ្រប់គ្រងឌីជីថល និងភាពជាដៃគូរ​ (Digital Governance and Partnership) ជាពង្រីកបណ្តាញនៃភាពជាដៃគូផ្នែកឌីជីថលជាមួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងស្វែងរកកិច្ចព្រមព្រៀងភាពជាដៃគូឌីជីថលដែលមានសក្តានុពលថ្មី។ ផ្នែកនេះក៏ពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការច្នៃប្រឌិតជាមួយដៃគូក្នុងតំបន់ដែលមានគំនិតដូចគ្នាក្រោមកម្មវិធី “Horizon Europe” ។

កត្តាចម្បងទី៥៖ ការតភ្ជាប់ផ្នែកឌីជីថល​ (Digital Connectivity) គឺសហភាពអឺរ៉ុបនឹងពង្រឹងទំនាក់ទំនងរវាងអឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិកដើម្បីជួយប្រទេសដៃគូដោះស្រាយនូវបញ្ហាគម្លាតនៃឌីជីថល និងធ្វើសមាហរណកម្មបន្ថែមទៀតទៅក្នុងប្រព័ន្ធអេកូឌីជីថលសកល ជាពិសេសគាំទ្រដៃគូដើម្បីបង្កើតនូវបទប្បញ្ញត្តិក្នុងការសម្របសម្រួលនៃផ្តល់មូលនិធិដើម្បីកែលម្អការតភ្ជាប់រវាងអឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិក។

កត្តាចម្បងទី៦៖ សន្តិសុខ និងការការពារ (Security and Defense) ជាការលើកកម្ពស់ផ្នែកសន្តិសុខក្នុងតំបន់ដោយផ្អែកលើច្បាប់ រួមទាំងបណ្តាញទំនាក់ទំនងសមុទ្រដែលមានសុវត្ថិភាព ការកសាងសមត្ថភាព និងការពង្រឹងវត្តមានកងទ័ពជើងទឹកនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។ រិះរកវិធីដើម្បីធានាឱ្យមានការពង្រឹងការដាក់ពង្រាយកងទ័ពជើងទឹកដោយរដ្ឋសមាជិកសហភាពអឺរ៉ុបនៅក្នុងតំបន់។ គាំទ្រសមត្ថភាពរបស់ដៃគូឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីធានាសន្តិសុខដែនសមុទ្រ។ សម្របសម្រួលការកសាងសមត្ថភាពសម្រាប់ដៃគូដើម្បីដោះស្រាយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

កត្តាចម្បងទី៧៖ សន្តិសុខមនុស្ស (Human Security) ជាការគាំទ្រប្រព័ន្ធថែទាំសុខភាព និងការត្រៀមលក្ខណៈសម្រាប់ជំងឺរាតត្បាតសម្រាប់ប្រទេសដែលមានការអភិវឌ្ឍន៍នៅមានកម្រិតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពង្រឹងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយផ្សេងៗទាំងក្នុងសហភាពអឺរ៉ុប និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ជារួមមក យុទ្ធសាស្ត្រសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិកទៅលើវិស័យចម្បងមួយចំនួនរួមមានវិបុលភាពប្រកបដោយនិរន្តរភាព និងសេចក្ដីរួមបញ្ចូល, វិវត្តន៍បៃតង, ការគ្រប់គ្រងមហាសមុទ្រ, ការគ្រប់គ្រងឌីជីថល និងភាពជាដៃគូរ, ការតភ្ជាប់ផ្នែកឌីជីថល, សន្តិសុខ និងការការពារ, និងសន្តិសុខមនុស្ស។​ ជាមួយគ្នានេះដែរ សហភាពអឺរ៉ុបនឹងពង្រឹងកិច្ចសន្ទនារបស់ខ្លួនជាមួយដៃគូលើសន្តិសុខ និងការពារ រួមទាំងការប្រឆាំងភេរវកម្ម និងសន្តិសុខតាមអ៊ីនធឺណិត។ ទាំងនេះនឹងនាំឱ្យសហភាពអឺរ៉ុប និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសហការក្នុងការស្រាយបញ្ហាប្រឈមរួមគ្នា និងពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើជប៉ុនអាចក្លាយជាប្រទេសមហាអំណាចយោធាវិញដែរឬទេ?

ក្រោយសង្គ្រាមលោកលើកទី២  ប្រទេសជប៉ុនជាប្រទេសសន្តិភាពនិយម (Pacifist) ដោយចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនថាមិនមានសមត្ថភាពយោធាដែលអាចបំពានលើគេ ហើយថវិកាដែលចំណាយលើវិស័យការពារជាតិរបស់ខ្លួនត្រូវការតិចជាង ១ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ប៉ុន្តែនៅក្នុងខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលជប៉ុនក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក ហ្វ៊ូមីអូ គីស៊ីដា(Fumio Kishida) បានអនុវត្តការកែសម្រួលសំខាន់ៗចំពោះ គោលនយោបាយសន្តិសុខជាតិ។ ទីក្រុងតូក្យូបានចេញផ្សាយយុទ្ធសាស្ត្រសន្តិសុខជាតិថ្មី រួមជាមួយនឹងឯកសារយុទ្ធសាស្ត្រការពារជាតិចំនួនពីរផ្សេងទៀត។ នៅក្នុងឯកសារទាំងអស់នោះ រដ្ឋាភិបាលជប៉ុនបានបង្ហាញគម្រោងរបស់ខ្លួនជាច្រើន អ្វីដែលសំខាន់គឺការបង្កើនថវិកាការពារជាតិរបស់ជប៉ុនរហូតទៅដល់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ នៅក្នុងអត្ថបទនេះនឹងនិយាយអំពីការពង្រឹងសមត្ថភាពយោធារបស់ប្រទេសជប៉ុន និងហេតុអ្វីបានជាជប៉ុនធ្វើដូច្នេះ?

ការបង្កើនថវិកាការពារជាតិរបស់ជប៉ុន

គិតត្រឹមឆ្នាំ២០២៧ ជប៉ុនគ្រោងនឹងបង្កើនថវិកាការពារជាតិរហូតដល់ទៅ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន (GDP) ពោលគឺរវាងឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ទីក្រុងតូក្យូគ្រោងនឹងចំណាយប្រាក់សរុបចំនួន ៤៣ ទ្រីលានយ៉េន ស្មើនឹងប្រមាណ ៣០២ ប៊ីលានដុល្លារសហរដ្ឋអាមេរិកលើវិស័យការពារជាតិ ដែលការចំណាយនេះធ្វើឱ្យប្រទេសជប៉ុនក្លាយជាប្រទេសធំជាងគេទីបីដែលមានការចំណាយលើវិស័យការពារជាតិ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន។ ជាក់ស្ដែង ទីក្រុងតូក្យូនឹងទិញមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិកដែលមានសមត្ថភាពបាញ់កម្ទេចទីតាំងរបស់សត្រូវនៅរយៈចម្ងាយ ១០០០ គីឡូម៉ែត្រ។ ការផ្លាស់ប្តូរដ៏ធំបំផុតនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ប្រទេសជប៉ុន គឺការបំពាក់សព្វាវុធដែលមានសមត្ថភាពវាយបកត្រលប់ទៅវិញ (Counter strike)។ ប្រទេសជប៉ុនបានឱ្យដឹងថា ការប្រើប្រាស់សព្វាវុធដែលមានសមត្ថភាពវាយបកត្រលប់ទៅវិញ គឺស្របតាមរដ្ឋធម្មនុញ្ញ ប្រសិនបើវាជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់សត្រូវដែលខិតជិតមកដល់។ ជាមួយគ្នានេះផងដែរ​ ជប៉ុនក៏នឹងបង្កើនសមត្ថភាពប្រព័ន្ធការពារបណ្ដាញអ៊ីនធឺណិត (Cyber warfare) ផងដែរ។

មូលហេតុដែលធ្វើឱ្យជប៉ុនបង្កើនថវិកាជាតិ

នៅក្នុងសៀវភៅយុទ្ធសាស្ត្រសន្តិសុខជាតិ (NSS) បានសរសេរថា​ ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងភាពតានតឹងនៃបរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុត ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២។ ប្រទេសមួយចំនួនដូចជាចិន និងរុស្ស៊ីជាដើម តែងតែបានព្យាយាមអង្រួនសណ្តាប់ធ្នាប់ពិភពលោកឱ្យរង្គោះរង្គើ។ ប្រទេសចិនកំពុងពង្រឹងអំណាចយោធារបស់ខ្លួនយ៉ាងឆាប់រហ័ស រួមទាំងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ព្រមទាំងសមត្ថភាពកងទ័ពជើងទឹកផងដែរ។ ប្រទេសជប៉ុនមានការព្រួយបារម្ភ ជាពិសេសការឈ្លានពានរបស់ចិនជាញឹកញាប់ចូលទៅក្នុងព្រំដែនទឹកជាប់គ្នានឹងជប៉ុន និងលំហអាកាសនៃប្រជុំកោះសេនកាគូ (Senkaku) នៅក្នុងភាសាជប៉ុន ដែលចិនហៅថាប្រជុំកោះតាវយូ (Diaoyu) ដែលមានទីតាំងស្ថិតនៅសមុទ្រខាងកើត។ ជប៉ុនយល់ឃើញថា សកម្មភាពរបស់ចិននៅសមុទ្រចិនខាងកើតក៏អាចប៉ះពាល់ដល់ផលប្រយោជន៍និងសន្តិសុខរបស់ខ្លួនផងដែរ។ ជាពិសេស ភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងតៃប៉ិ ក៏បានគំរាមកំហែងដល់ផលប្រយោជន៍សន្តិសុខរបស់ប្រទេសជប៉ុនផងដែរ។ ជម្លោះយោធាណាមួយនៅក្នុងតំបន់សុទ្ធតែអាចប៉ះពាល់ដល់សេដ្ឋកិច្ចជប៉ុន ព្រោះជប៉ុនពឹងផ្អែកលើការនាំចូលថាមពល និងពាណិជ្ជកម្មអន្តរជាតិតាមរយៈផ្លូវសមុទ្រ។ នៅក្នុងសៀវភៅយុទ្ធសាស្ត្រសន្តិសុខជាតិថ្មី បានកំណត់ប្រទេសចិនថាជាបញ្ហាប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុតក្នុងការធានាសន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុន និងសន្តិភាព ក៏ដូចជាស្ថិរភាពនៃសហគមន៍អន្តរជាតិ។

អ្វីដែលជាចំណុចរបត់ដែលផ្លាស់ប្តូរការគិតរបស់ជប៉ុនទៅលើសន្តិសុខរបស់ខ្លូនតែម្តងគឺការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ទីក្រុងតូក្យូជឿជាក់ថាព្រឹត្តិការណ៍ស្រដៀងគ្នាអាចនឹងកើតឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឬ អាស៊ីបូព៌ា ខណៈ​ដែល​វា​បាន​បង្ហាញ​សាធារណជន​ជប៉ុន​នូវ​ហានិភ័យ​ជាក់ស្តែង​នៃ​ជម្លោះ​យោធា។ ការស្ទង់មតិដោយកាសែតរបស់ជប៉ុនមួយឈ្មោះថា Yomiuri Shimbun កាលពីខែធ្នូ ឆ្នាំ២០២២ បានរកឃើញថា ៥១ ភាគរយនៃអ្នកឆ្លើយតបបានយល់ស្របលើផែនការដំឡើងថវិកាជាតិលើវិស័យការពារជាតិរបស់ជប៉ុន ខណៈដែល ៤២ ភាគរយបានបដិសេធ។ បើតាមការវិភាគរបស់អ្នកជំនាញ នេះគឺជាការគាំទ្រដ៏គួរឱ្យកត់សំគាល់មួយនៅក្នុងបរិបទរបស់ជប៉ុន ។ ជាមួយគ្នានេះផងដែរ​ ជប៉ុន​និង​រុស្ស៊ីក៏​មាន​ជម្លោះ​មិន​ទាន់​ដោះស្រាយ​រួចនៅ​ឡើយ នៅជុំវិញ​ប្រជុំ​កោះ​គូរីល​ (Kuril island )។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសរុស្ស៊ី ក៏ដូចជាចិនផងដែរ បានបង្កើនសកម្មភាពយោធារបស់ខ្លួនជុំវិញប្រទេសជប៉ុន និងដែនទឹកជាប់នឹងព្រំដែន ហើយបានដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅលើកោះគូរីលទៀតផង។ ទន្ទឹមនឹងនេះ ទាក់ទងនឹងភាពជឿនលឿននៃបច្ចេកវិទ្យាសព្វាវុធរបស់កូរ៉េខាងជើង​ បានបង្កឱ្យមានការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសជប៉ុនយ៉ាងខ្លាំង ដោយប្រទេសកូរ៉េខាងជើងតែងតែបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនចូលទៅក្នុងដែនសមុទ្រជប៉ុន។

ប្រតិកម្មរបស់បណ្ដាប្រទេសជុំវិញប្រទេសជប៉ុន

ប្រទេសចិនបានបង្ហាញការព្រួយបារម្ភចំពោះការបង្កើនការចំណាយទៅលើវិស័យការពារជាតិរបស់ជប៉ុន​ ហើយបានហៅវាថាជា​​ការវិវត្តដ៏គ្រោះថ្នាក់មួយរបស់ជប៉ុន។ ​ជាពិសេសទៅទៀតនោះ ការវិវត្តនេះបានបង្កើនការសង្ស័យពីសំណាក់ប្រទេសជិតខាងរបស់ជប៉ុនដទៃទៀត ព្រោះជប៉ុនជាប្រទេសដែលមានប្រវត្តិមិនល្អជាមួយប្រទេសជិតខាង​ មុនកាលពីសម័យសង្គ្រាមលោកលើកទី២។ ចំណែកឯកូរ៉េខាងជើង និងរុស្ស៊ីក៏មិនខុសគ្នាពីចិនដែរ​ ពោលគឺពួកគេបានបង្ហាញការព្រួយបារម្ភ និងថ្កោលទោសចំពោះសកម្មភាពរបស់ជប៉ុនដែលបានបោះបង់គោលនយោបាយសន្តិភាពរបស់ខ្លួន ដែលអាចឱ្យធ្វើប៉ះពាល់ដល់សន្តិសុខនៅឧបទ្វីបកូរ៉េ និងតំបន់អាស៊ីបូព៌ាផងដែរ។

ឧបសគ្គក្នុងការសម្រេចគម្រោងនេះ

យ៉ាង​ណា​ក៏​ដោយ តាមការវិភាគរបស់អ្នកជំនាញផែនការ​របស់លោកនាយករដ្ឋមន្ត្រី គីស៊ីដា​ ត្រូវប្រឈម​មុខនឹងឧបសគ្គចំនួន ២ សំខាន់ៗ ដោយទីមួយគឺបញ្ហាហិរញ្ញវត្ថុ។​ គួរបញ្ជាក់ដែរថា​ គម្រោងនេះបានដាក់ចេញមុនពេលសភាអនុម័តថវិកាដែលត្រូវចំណាយ​។ គម្រោងនេះត្រូរចំណាយលុយរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក​ ដូច្នេះរដ្ឋាភិបាល​ជប៉ុន​ត្រូវ​ដំឡើង​ពន្ធ​បន្ថែម​ទៀត ប៉ុន្តែប្រជាជនជប៉ុនភាគច្រើនបានធ្វើការបដិសេធទៅលើការដំឡើងពន្ធ។ ចំណែកឯឧបសគ្គទី២ ​គឺបញ្ហានយោបាយ​ គូរបញ្ជាក់ដែលថាគណបក្សលោក គីស៊ីដា បានចង់សម្ព័ន្ធមិត្ដជាមួយគណបក្ស​ Komeito​ នៅក្នុងសភា ដែលគណបក្សនេះជាគណបក្សសន្តិភាពនិយម(Pacifist)និងតែងតែប្រឆាំងនឹងការតម្លើងវិស័យការពារជាតិ​។ គណបក្សនេះអាចជាឧបសគ្គ​ដល់រដ្ឋាភិបាលរបស់លោក គីស៊ីដា ព្រោះដើម្បីសម្រេចអ្វីមួយនៅថ្ងៃខាងមុខ គណបក្សរបស់លោក គីស៊ីដា ត្រូវទទួលបានសំឡេងគាំទ្រពីគណបក្សនេះ។

កម្មវិធីថង់ប្រាជ្ញា៖ ការវិវត្តន៍នៃទាសភាព

ការវិវត្តន៍នៃទាសភាពគឺមានតាំងពីចន្លោះឆ្នាំ៦០០០និងឆ្នាំ២០០០ មុនគ.ស. មកម្ល៉េះ ប៉ុន្តែទាសភាពដែលយើងរកឃើញនិងដឹងច្បាស់គឺមានចាប់ត្រឹមឆ្នាំ ១៥២៦ (Gildher Lehrman Institute of American History) ដែលបានចាប់ផ្តើមកើតឡើងនៅទ្វីបអាហ្រ្វិកនៅពេលដែលមានការដឹកទាសករពីទ្វីបអាហ្រ្វិកមកសហរដ្ឋអាមេរិក។ បើទោះបីជាទាសភាពបានកើតឡើងតាំងពីមុនពេលដែលយើងអាចកំណត់មកម្ល៉េះ ទាសភាពចំណាស់ជាងគេត្រូវបានរកឃើញនៅក្នុងក្រម Hammurabi ក្នុងឆ្នាំ ១៧៥៤ មុនគ.ស.។ បន្ទាប់ពីពេលនោះមកទាសភាពបានរីករាលដាល នៅជុំវិញពិភពលោក ហើយបានធ្វើឱ្យប៉ះពាល់ដល់បុគ្គលជាច្រើនទាំងគ្រប់ពណ៌សម្បុរ គ្រប់ភេទ និងអាយុ។ល។ ការជួញដូរទាសករ​ក៏​បាន​បន្ត​អូសបន្លាយ​ជា​យូរ​​រហូត​ដល់​ឆ្នាំ ១៨១៦ នៅពេល ​ដែល​យុទ្ធនាការ​លុបបំបាត់​ទាសភាព​បាន​កើត​ឡើង។ ទោះបីជាមានយុទ្ធនាការលុបបំបាត់ទាសភាពយ៉ាងណាក៏ដោយ បញ្ហាទាសភាពក៏នៅតែបន្តកើតមានឡើងនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក ដោយសារតែការជួញដូរទាសករនៅមានភាពស្របច្បាប់នៅក្នុងប្រទេសផ្សេងទៀត។ នៅក្នុងអត្ថបទនេះនឹងរៀបរាប់អំពីការកកើតឡើងនៃទាសភាព​ ចលនាឆ្ពោះទៅរកការលុបបំបាត់ទាសភាព និងទាសភាពសម័យទំនើប។

ការកើតមានឡើងនៃទាសភាព

ដូចដែលបានលើកឡើងរួចមក ទាសភាពគឺបានកើតមានតាំងតែពីយូរយារណាស់មកហើយ​ៗ ក៏មានមនុស្សជាច្រើនជឿថាវាជាការវិវត្តន៍ធម្មជាតិនិងជារឿងធម្មតាតាំងតែពីអតីតកាល។ បើយោងតាមរបាយការណ៍របស់គេហទំព័រជាច្រើនដូចជា The New York Times Magazine​ និង Gildher Lehrman Institute of American History  ទាសភាពដំបូងត្រូវបានអនុវត្តនៅក្នុងទ្វីបអាហ្វ្រិកដោយជនជាតិអាហ្វ្រិក។ ទាសភាពត្រូវ​បាន​គេ​ដឹង​ថា​កើត​ឡើង​ដោយ​សារ​តម្រូវ​ការ​កម្លាំង​ពលកម្ម​នៅ​អាហ្វ្រិក​មាន​កម្រិត​ខ្ពស់​ដែល​ទាមទារឱ្យមានទាសករ​ដើម្បីជា​តម្រូវ​ឱ្យ​ធ្វើ​ការងារបន្ថែម។ ដោយឡែកទាសភាពក៏មានច្រើនបែបក្នុងលក្ខណៈផ្សេងទៀតដែរដូចជា ទាសភាពដោយការបង្ខិតបង្ខំ (force labour) ទាសភាពដោយការជួញដូរផ្លូវភេទ។ល។ មនុស្ស​ដែល​ធ្វើ​ជា​ទាសករ​ត្រូវ​បាន​ដោះដូរ​សម្រាប់​វត្ថុ​ដូចជា​ស្រាបៀរ អង្កាំ និង​ក្រណាត់​ដោយ​មេដឹកនាំ​អាហ្វ្រិក​។ យ៉ាង​ណា​ក៏​ដោយការជួញដូរមនុស្សជាទាសករ​បាន​រីក​រាល​ដាល​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​នៃ​ពិភពលោក រួម​ទាំង​អឺរ៉ុប និង​អាស៊ីហើយវាត្រូវបានសាយភាយលើកដំបូងគេទៅកាន់ប្រទេសព័រទុយហ្គាល់នៅទ្វីបអឺរ៉ុប។ ដោយជនជាតិព័រទុយហ្គាល់នៅទ្វីបអឺរ៉ុបបានជួញដូរទាសករពីទ្វីបអាហ្វ្រិកដើម្បីយកមកធ្វើការនៅក្នុងអាណានិគមរបស់ខ្លួនទៅប្រទេសប្រេស៊ីល។ រីឯប្រទេសអ៉េស្បាញក៏បានជួញដូរទាសករទៅធ្វើការក្នុងអាណានិគមរបស់ខ្លួននៅអាមេរិកខាងត្បូងផងដែរ។

ចលនាឆ្ពោះទៅរកការលុបបំបាត់ទាសភាព

ចលនា និងសកម្មភាពជាច្រើនត្រូវបានធ្វើឡើង ដើម្បីសម្រេចបាននូវច្បាប់ស្តីពីការលុបបំបាត់ទាសភាព​។ ចលនាទាំងនោះបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ ១៨១៦ ហើយបាននាំមកនូវការដោះលែងជនជាតិអាមេរិក-អាហ្វ្រិកចំនួន ១២០០០ នាក់ដោយជោគជ័យ។ បន្ថែមពីនេះទៅទៀត ក៏មានចលនាលុបបំបាត់ទាសភាពផ្សេងៗនៅអាមេរិក ដោយលោក William Lloyd Garrison, Frederick Douglass​ និងបុគ្គលផ្សេងៗទៀតផងដែរ។​​ ជោគជ័យដែលគួរឱ្យមានកត់សម្គាល់នោះគឺ ការលុបបំបាត់ទាសភាពក៏ត្រូវបានចេញជាសេចក្តីសម្រេចនៅក្នុងវិសោធនកម្មលើកទី ១៣ នៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ ១៨៦៥ ប៉ុន្តែទោះបីជាទាសភាពត្រូវបានគេលុបបំបាត់នៅក្នុងសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយក៏ការជួញដូរនិងប្រើប្រាស់ទាសករក៏នៅតែមានការប្រព្រឹត្តទៅ នៅក្នុងប្រទេសដទៃទៀតដដែល។ បន្ទាប់ពីមានការបង្កើតឡើងនូវ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)មក អនុសញ្ញាស្តីពីការលុបបំបាត់ទាសភាពដែលត្រូវបានអនុម័តនៅឆ្នាំ ១៩២៦ ហើយបានបញ្ចប់ទាសភាពនៅក្នុងពិភពលោកផងដែរ។

ទាសភាពសម័យទំនើប (The Modern Slavery)

បើទោះជាយ៉ាងណាក៏ដោយ មនុស្សជាតិនៅតែជួបភាពបរាជ័យក្នុងការលុបបំបាត់ទាសភាពនៅពេលបច្ចុប្បន្ននេះ ដែលត្រូវបានគេស្គាល់ថាជាទាសភាពសម័យទំនើប។ ទាសភាពសម័យទំនើបគឺជាការជួញដូរផ្លូវភេទ ការជួញដូរពលកម្មដោយបង្ខំ ការជួញដូរពលកម្មកុមារ និងទម្រង់ផ្សេងទៀតនៃការកេងប្រវ័ញ្ចជាដើម។ ឧទាហរណ៍មួយនៃទាសភាពបច្ចុប្បន្ន គឺនៅក្នុងសង្គមយើងសង្វាក់ផលិតកម្មដែរត្រូវការប្រើប្រាស់នូវកម្លាំងធនធានមនុស្ស។ នៅក្នុងវិស័យផលិតកម្មនេះដែរមនុស្សជាច្រើនត្រូវបានទទួលរងនូវការបង្ខំឱ្យប្រើប្រាស់កម្លាំងពលកម្មរបស់ខ្លួនហួសប្រមាណដោយមិនមានការផ្តល់កម្រៃសេវាឱ្យបានសមរម្យ មានលក្ខខណ្ឌការងារមិនសមប្រកប ការរំលោភសិទ្ធិពលកម្មនិងសិទ្ធិមនុស្សនិងការប្រើប្រាសល់កម្លាំងពលកម្មកុមារជាដើម។ ដូចនេះនរណាក៏អាចក្លាយជាជនរងគ្រោះនៃទាសភាពសម័យទំនើបនេះបានដែរ ហើយមនុស្សមួយចំនួនអាចងាយរងគ្រោះដោយសារបញ្ហាហិរញ្ញវត្ថុ សង្គម ឬសុខភាព ក៏ដូចជាអាយុ ឬស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ នយោបាយការទូតឫស្សីរបស់វៀតណាម

អត្ថន័យនៅពីក្រោយយោបាយការទូតឫស្សីវៀតណាម

ដោយឃើញពីភាពរវៀសនៅក្នុងការបត់បែនចំពោះគ្រប់ស្ថានការណ៍អាកាសធាតុរបស់ដើមឫស្សី ប្រទេសវៀតណាមបានអនុវត្តគោលនយោបាយការបរទេសមួយដែលមានឈ្មោះថា គោលនយោយបាយការទូតឫស្សី (Bamboo Diplomacy) ដើម្បីជាកូនសោរនៅក្នុងការពង្រឹងគោលនយោបាយការទេសរបស់ខ្លួននៅក្នុងស្ថានការណ៍របស់ពិភពលោក។ ពាក្យថានយោបាយការទូតឫស្សីនេះត្រូវបង្កើតឡើងដំបូងដោយលោក Nguyen Phu Trong អ្នកទ្រឹស្ដីម៉ាក្សនិយម និងជាអគ្គលេខាធិការ ៣ អាណត្តិនៃបក្សកុម្មុយនិស្តវៀតណាម​។ លោកបាន​អះអាងថានយោបាយការទូតឫស្សី គឺជាគោលនយោយបាយការទូតមួយដែលប្លែកនិងពិសេសដែលបន្សល់ទុកពីសម័យគ្រប់គ្រងរបស់ លោក​ ហូ ជីមិញ។ គាត់បានប្រៀបធៀបគោលនយោបាយការទូតរបស់វៀតណាមទៅនឹងដើមឫស្សី ដែលមានឬសគល់ និងដើមរឹងមាំដែលអាចបត់បែនតាមកម្លាំងខ្យល់ និងធន់ក្នុងគ្រប់កាលៈទេសៈ ។​ តាមរយៈការបកស្រាយរបស់លោក Trong ឬសគល់របស់ឫស្សី ថែរក្សាមូលដ្ឋានគ្រឹះរបស់រដ្ឋសង្គមនិយមវៀតណាមអោយមានភាពរឹងមាំ សុខដុមរមនា និងប្រកបដោយវិបុលភាព ព្រមទាំងមានតួនាទីយ៉ាងសំខាន់នៅក្នុងការបន្តដឹកនាំគោលនយោបាយការបរទេសវៀតណាមតាមមាគ៌ាដ៏ត្រឹមត្រូវនៃឯករាជ្យភាព បូរណភាពទឹកដី និងពហុភាគីនិយម។ ចំណែកឯដើមរបស់ឫស្សី គឺតំណាងអោយភាពវៃឆ្លាតនៅក្នុងការបត់បែនចំពោះគ្រប់កាលៈទេសៈនៅក្នុងទំនាក់ទំនងការទូត។ ត្រង់ចំណុចនេះមានន័យថា មន្រ្តីការទូតវៀតណាម គួរតែមានភាពវៃឆ្លាតនៅក្នុងការចេះបត់បែនខ្លួននៅក្នុងគ្រប់កាលៈទេសៈទាំងអស់ ចេះបន្ទាបខ្លួន និងបង្កើតចំណងមិត្តភាពជាមួយគ្រប់ប្រទេសទាំងអស់មិនថានៅក្នុងស្ថានការណ៍អាក្រក់បែបណាក៏ដោយ។ ម៉្យាងវិញទៀត លោកក៏បានប្រៀបប្រដូចរបងការពារឫស្សី គឺជាអ្នកការទូតនិង ប្រព័ន្ធនយោយបាយក្នុងស្រុក ដែលការពារផលប្រយោជន៍ជាតិ ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋវៀតណាម និងប្រទេសវៀតណាមទាំងមូលឱ្យជៀសឆ្ងាយពីការគំរាមគំហែងពីពិភពខាងក្រៅ។​

ការអនុវត្តគោលយោបាយការទូតឫស្សី

វៀតណាមបានផ្លាស់ប្ដូរគោលនយោបាយការបរទេសពីគោលនយោបាយដូយម៉ូយ ដែលផ្ដោតសំខាន់លើមនោគមន៍វិជ្ជា ទៅអនុវត្តគោលនយោបាយការទូតឫស្សីដែលផ្ដោតសំខាន់ទៅលើផលប្រយោជន៍ជាតិ ឯករាជ្យភាព ការពឹងផ្អែកនៅលើខ្លួនឯង កិច្ចសហប្រតិបត្តិការពហុភាគីនិយម និងភាពចម្រុះនៅក្នុងទំនាក់ទំនងអន្តរជាតិ។ គោលបំណងចម្បងនៅក្នុងការអនុវត្តគោលនយោយបាយការទូតឫស្សីនេះ គឺដើម្បីការពារមនុស្សធម៌ យុត្តិធម៌ ភាពសុចរិត វិបុលភាព ដែលប្រមូលផ្គុំគ្នាធ្វើជាធាតុផ្សំមួយនៅក្នុងការការពារផលប្រយោជន៍ជាតិ ការរួបរួមជាតិ និងការពារសុខសុភមង្គលរបស់ប្រជាជនវៀតណាម ។ ​ តាមរយៈការអនុវត្តគោលនយោបាយការទូតឫស្សីនេះ វៀតណាមបានបង្កើតចំណងមិត្តភាពជាមួយប្រទេសជាច្រើននៅទូទាំងពិភពលោកដើម្បីស្វែងរកផលប្រយោជន៍ជាតិបន្ថែមជាអតិបរមា។ ការអនុវត្តគោលនយោបាយការទូតឫស្សីត្រូវបានលាតត្រដាងកាន់តែច្បាស់​​ នៅក្នុងស្ថានការណ៍ដ៏តានតឹងរបស់ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាចចិននិងសហរដ្ឋអាមេរិក។ ជាមួយនឹងទីតាំងយុទ្ធសាស្រ្តរបស់ខ្លួនដែលកំពុងមានភាពតានតឹងនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង គួបផ្សំនឹងកម្លាំងយោធាដ៏មានសមត្ថភាព វៀតណាមពុំបានជ្រើសរើសចូលរួមនៅនៅក្នុងប្លុក ឬជ្រើសរើសចងសម្ព័ន្ធមិត្តជាមួយប្រទេសណាមួយឡើយ ផ្ទុយទៅវិញ ដើម្បីការពារផលប្រយោជន៍ជាតិនិងរក្សានូវគោលជំហរឈរនៅចំណុចកណ្ដាលរបស់ខ្លួន វៀតណាមបានដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមក្នុងយុទ្ធសាស្រ្តដែលផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិករួមមាន Pivot to Asia, Free and Open-Indo Pacific​ យុទ្ធសាស្រ្ត ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ប្រទេសចិន, យុទ្ធសាស្រ្ត Normal Statehood  របស់ប្រទេសជប៉ុន ព្រមទាំងយុទ្ធសាស្រ្ត Look East Policy របស់ប្រទេសឥណ្ឌាផងដែរ។ បើក្រឡេកទៅមើលទំនាក់ទំនងរបស់វៀតណាមនិងចិនវិញ ទោះបីជាវៀតណាមកំពុងតែមានជម្លោះដ៏តានតឹងជាមួយចិនទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង ព្រមទាំងមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះមហិច្ឆតារបស់ចិននៅក្នុងការកាន់កាប់ដែនសមុទ្រចិនខាងត្បូងដោយផ្អែកទៅហេតុផលប្រវត្តិសាស្រ្តដែលមិនមានភាពជាក់លាក់ ក៏ដូចជាមានការព្រួយបារម្ភចំពោះការរីកដុះដាលឥទ្ធិពលរបស់ចិននៅអាស៊ីក៏ដោយ វៀតណាមមិនបានចូលរួមនៅក្នុងប្លុកណាមួយ ដើម្បីឆ្លើយតប និងកាត់បន្ថយឥទ្ធិពលរបស់ចិននោះទេ ផ្ទុយទៅវិញវៀតណាមបានប្រើប្រាស់យុទ្ធសាស្រ្ត Soft Balancing ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ដែលព្យាយាមស្វែងរកដំណោះស្រាយតាមរយៈអាស៊ាន ព្រមទាំងនៅតែទុកទ្វារបើកចំហរនៅក្នុងការដោះស្រាយជម្លោះដោយទ្វេរភាគីជាមួយទីក្រុងប៉េកាំងផងដែរ។ ដោយឡែក វៀតណាមបានរក្សាគោលជំហររបស់ខ្លួន នៅក្នុងការបដិសេធមិនចង់សម្ព័ន្ធមិត្តជាមួយប្រទេសណាមួយឡើយ ដោយវៀតណាមមិនត្រឹមតែរក្សាទំនាក់ទំនងល្អតែជាមួយប្រទេសចិន និងសហរដ្ឋអាមេរិកនោះទេ វៀតណាមក៏បានរក្សាទំនាក់ទំនងល្អជាមួយ ប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន អូស្រ្តាលី បើទោះបីជាប្រទេសទាំងអស់នេះស្ថិតនៅផ្នែកម្ខាងទៀតនៃវិសាលមនោគមន៍វិជ្ជាក៏ដោយ។​​  ម៉្យាងវិញទៀត  The Four Nos ត្រូវបានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននៅក្នុងគោលនយោបាយការបរទេស និងគោលនយោបាយការពារជាតិរបស់វៀតណាម។ The Four Nos ទាំងបួនមានដូចជា គ្មានសម្ព័ន្ធភាពយោធា គ្មានមូលដ្ឋានទ័ពបរទេសនៅក្នុងទឹកដីវៀតណាម​ គ្មានការចូលរួមបក្សសម្ព័ន្ធជាមួយប្រទេសទីពីរដើម្បីប្រឆាំងនឹងប្រទេសទីបី និងគ្មានការប្រើប្រាស់កម្លាំងយោធាឬការគំរាមគំហែងនៅក្នុងទំនាក់ទំនងអន្តរជាតិ ត្រូវបានចងក្រងនៅក្នុងសៀវភៅការពារជាតិវៀតណាមកាលពីឆ្នាំ២០១៩ ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហររបស់នៅក្នុងការមិនជ្រើសរើសចូលរួមសម្ព័ន្ធមិត្តយោធាណាមួយ ដែលអាចធ្វើអោយប៉ះពាល់ទៅដល់ផលប្រយោជន៍ជាតិរបស់ខ្លួនឡើយ។ ជំនួសពីលើការបដិសេធមិនចូលរួមបក្សសម្ព័ន្ធយោធា វៀតណាមក៏បានបញ្ជាក់អំពីគោលជំហររបស់ខ្លួននៅក្នុងការបើកចំហរការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងយោធាជាមួយប្រទេសដទៃទៀត “អាស្រ័យលើកាលៈទេសៈ និងលក្ខខណ្ឌជាក់លាក់” ដែលត្រង់ចំណុចនេះបង្ហាញពីយុទ្ធសាស្រ្តជាក់ស្តែងរបស់វៀតណាមចំពោះគោលនយោបាយការបរទេស និងសន្តិសុខជាតិ ដោយមិនមានការចង្អុលបង្ហាញពីឥទ្ធិពលនៃមនោគមវិជ្ជាណាមួយឡើយ។

សារៈសំខាន់នៃនយោបាយការទូតឫស្សីចំពោះវៀតណាម

គោលនយោបាយការទូតឫស្សីបានជួយត្រួសត្រាយផ្លូវរបស់វៀតណាមឱ្យកាន់លេចមុខលេចមាត់នៅក្នុងទំនាក់ទំនងអន្តរជាតិ និងបង្កើតចំណងមិត្តភាពជាមួយប្រទេសជាច្រើននៅទូទាំងពិភពលោក។​ វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៨៩ ក្នុងចំណោមប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន ១៩៣ តួលេខទាំងអស់នេះជាទឡ្ហីករណ៍ដ៏សំខាន់ដែលបង្ហាញពីភាពជោគជ័យមួយជ្រុងធំរបស់សមទ្ធិផលនៃនយោបាយការបរទេសរបស់វៀតណាមក្នុងរយៈពេលដែលអនុវត្តគោលនយោបាយនេះ។ ការចេះបត់បែន ការបង្កើតចំណងមិត្តភាព និងការក្លាយជាសមាជិករបស់អង្គការតំបន់ និងអន្តរជាតិដែលជាតួរអង្គមិនមែនរដ្ឋទាំងអស់នេះ បានជួយបើកចំហរផ្លូវរបស់វៀតណាមនៅក្នុងការកៀរគរធនធានទៅលើគ្រប់វិស័យ មកធ្វើជាផលប្រយោជន៍ជាតិនៅក្នុងការអភិវឌ្ឍសង្គមជាតិ និងឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាជន​ បន្ថែមពីលើគោលជំហរដ៏រឹងមាំនៅក្នុងការថែរក្សាប្រយោជន៍ជាតិ ការពារឯករាជ្យ ឯកភាពជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាព។

កម្មវិធីថង់ប្រាជ្ញា៖ ជំនាន់ទំនើបកម្មរបស់ចិនក្រោមលោក​ តេង ស៊ាវពីង

លោក ម៉ៅ សេទុង ដែលដឹកនាំប្រទេសចិនដោយយកលំនាំដឹកនាំតាមបែបកុម្មុយនីស្ដ និងការអនុវត្តនយោបាយឯកានិយម ទទួលបានការគាំទ្រតិចតួចបំផុតពីសំណាក់ប្រជាជនចិន ដោយសារតែក្នុងអំឡុងពេលដឹកនាំរបស់លោក សេដ្ឋកិច្ចរបស់ប្រទេសចិនមិនសូវមានភាពរីកចម្រើនឡើយ។​ បន្ទាប់ពីមរណភាពរបស់លោក ម៉ៅ សេទុង លោក​ តេង ស៊ាវពីង បានឡើងកាន់ដំណែងបន្តជាមួយនឹងមហិច្ឆតានៅក្នុងការផ្លាស់ប្ដូររចនាបទគ្រប់គ្រងប្រទេសទៅជាការដឹកនាំតាមបែបសង្គមនិយម ប៉ុន្តែផ្ដល់សេរីភាពលើផ្នែកសេដ្ឋកិច្ច។ ដោយចង់ផ្លាស់ប្ដូរប្រទេសចិនពីការគ្រប់គ្រងក្រោមរបបកុម្មុយនិស្ត ប៉ុន្តែប្រកាន់យករបបទីផ្សារសេរី ព្រមទាំងស្ដារប្រទេសចិនឡើងវិញបន្ទាប់ពីរទទួលរងនូវព្យុះភ្លៀងនៃបដិវត្តវប្បធម៌ លោក​ តេង​ ស៊ាវពីង បានសម្រេចធ្វើទំនើបភាវូបនីយកម្មទៅលើវិស័យចំនួន ៤ សំខាន់ៗនោះគឺ វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្មអន្តរជាតិ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និង​ការពារជាតិ។

១ វិស័យកសិកម្ម

លោក តេង ស៊ាវពីង ដែលជាអ្នកស្នងតំណែងពីម៉ៅ សេទុង ចង់ធ្វើទំនើបកម្មកសិកម្មដោយការជំរុញនិងលើកទឹកចិត្ដប្រជាជនឱ្យប្រើប្រាស់ម៉ាស៊ីនទំនើបជាជំនួយក្នុងការធ្វើកសិកម្ម។ តាមរយៈការប្រើប្រាស់ម៉ាស៊ីនទំនើបដើម្បីជំនួសកម្លាំងមនុស្ស វាធ្វើឱ្យលទ្ធភាពនៃការផលិតស្បៀងកើនឡើង ហើយធ្វើឱ្យប្រជាកសិករមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតស្បៀងអាហារដើម្បីផ្គត់ផ្គង់តម្រូវការទូទាំងប្រទេស ព្រមទាំងនាំចេញទៅទីផ្សារអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្រេចបាននូវគោលដៅនេះ កសិករគ្រប់រូបនៅក្នុងប្រទេសចិនចាំបាច់ត្រូវចូលរួមយ៉ាងស្អិតរមួតជាមួយរដ្ឋាភិបាលនៅក្នុងដំណើរការធ្វើទំនើបភាវូបនីយកម្មនេះ។ លោក តេង​​​​​​​​​​​​​​​​​ ស៊ាវពីង បានណែនាំប្រព័ន្ធទំនួលខុសត្រូវ​(responsibility system)ដែលប្រព័ន្ធនេះតម្រូវឱ្យគ្រួសារកសិ​​​​​​​ករនីមួយៗធ្វើការពង្រឹងលទ្ធភាពនៅក្នុងការបង្កើតផលិតផលកសិកម្ម តាមរយៈការប្រើប្រាស់ម៉ាស៊ីនទំនើបតាមការជ្រោមជ្រែងរបស់រដ្ឋាភិបាល ។​ ក្នុងករណីដែលប្រជាកសិករពុំមានដី ឬធនធានគ្រប់គ្រាន់ដើម្បីដាំដំណាំ រដ្ឋាភិបាលនឹងជួយសម្រួលបន្ទុករបស់ប្រជាកសិករ ដោយធ្វើការជួលដីឱ្យប្រជាកសិករនៅក្នុងការដាំដំណាំជាបណ្ដោះអាសន្ន ហើយនៅពេលដែលប្រមូលផល ប្រជាកសិករត្រូវលក់ផលដំណាំមួយចំណែកទៅរដ្ឋាភិបាលតាមរយៈតម្លៃដែលបានកំណត់ដោយរដ្ឋាភិបាលដើម្បីដោះដូរជាមួយដីដាំដំណាំដែលរដ្ឋាភិបាលបានជួលឱ្យពួកគេ។​ ដោយឡែកផលដំណាំដែលនៅសេសសស់ពីការលក់ទៅឱ្យរដ្ឋាភិបាល ប្រជាកសិករអាចយកទៅលក់នៅលក់តាមតម្លៃទូទៅនៅលើទីផ្សា។ កត្តានេះបានជំរុញឲ្យកសិករផលិតដំណាំបានច្រើន ដែលផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចប្រទេសជាតិ និងប្រជាជននៅទូទាំងប្រទេស។

២ វិស័យឧស្សាហកម្ម

ចំពោះវិស័យឧស្សាហកម្ម និងសង្វាក់ផលិតកម្ម​ លោក​ តេង ស៊ាវពីង បានផ្លាស់ប្តូរមកធ្វើការសង្កត់ធ្ងន់ទៅលើឧស្សាហកម្មធុនស្រាល ដូចជាទំនិញនិងផលិតផលប្រើប្រាស់ ដែលផ្ដោតទៅលើគុណភាពជាជាងបរិមាណនៃផលិតផល។ រដ្ឋាភិបាលចិនបានធ្វើអន្តរាគមន៍ទៅក្នុងវិស័យឧស្សាហកម្ម ដូចជាការផ្ដល់ឧបត្ថម្ភធនទៅដល់ក្រុមហ៊ុន​​​​​ និងរោងចក្រឧស្សាហកម្មដែលទើបតែកកើតថ្មី ក៏ដូចជាបង្កើតច្បាប់បទប្បញ្ញត្តិផ្សេងៗនៅក្នុងសេដ្ឋកិច្ច ដើម្បីជំរុញដំណើរការនៃសង្វាក់ផលិតកម្មឱ្យកាន់តែមានភាពរឹងមាំ។ ទោះបីជារដ្ឋាភិបាលធ្វើការអន្តរាគមន៍ទៅក្នុងវិស័យសេដ្ឋកិច្ចក៏ដោយ កម្មសិទ្ធិឯកជននៅតែត្រូវផ្ដល់ឱ្យទៅដល់ក្រុមហ៊ុនឯកជនទាំងអស់នោះ ដើម្បីឱ្យពួកគេមានសិទ្ធិសេរីភាពនៅក្នុងការផលិតទំនិញដែលពួកគេចង់ផលិតដើម្បីលក់នៅលើទីផ្សា កំណត់តម្លៃទំនិញ ព្រមទាំងទទួលខុសត្រូវចំពោះការដឹកនាំសង្វាក់ផលិតកម្មនិងគ្រប់គ្រងប្រាក់ចំណូលដោយឯករាជ្យភាព។​

៣ ពាណិជ្ជកម្មអន្តរជាតិ វិទ្យសាស្រ្តនិងបច្ចេកវិទ្យា

ក្រោមការដឹកនាំរបស់ តេង ស៊ាវពីង ដែលបានវិលមកកាន់ឆាកនយោបាយវិញ រដ្ឋាភិបាលចិនបានចាប់ផ្តើមអនុវត្តគោលនយោបាយបើកចំហរ (Open-door policy) ដែលក្នុងនោះរដ្ឋាភិបាលចិនបានប្រកាន់ជំហរដ៏ច្បាស់លាស់ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច តាមរយៈទាក់ទាញវិនិយោគគិនបរទេស និង បច្ចេកវិទ្យាថ្មីៗពីក្រៅប្រទេស។​ លោក តេង ស៊ាវពីង ចង់ឱ្យលំហូរនៃបច្ចេកវិទ្យា ពាណិជ្ជកម្ម និងវិនិយោគគិនបរទេសហូរចូលមកប្រទេសចិនសារថ្មី បន្ទាប់ពីប្រទេសចិនបានស្ថិតក្រោមការដឹកនាំរបស់គោលនយោបាយឯកានិយម ហើយដើម្បីទាក់ទាញពាណិជ្ជកម្មនិងវិនិយោគគិនបរទេសឱ្យចូលមកវិនិយោគ​ លោក តេង ស៊ាវពីងបានបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅភាគអាគ្នេយ៍នៃប្រទេសចិន ដែលវាបានបង្កើនសន្ទុះពាណិជ្ជកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត។ ដើម្បីជំរុញឱ្យការធ្វើទំនើបបកម្មវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបានជោគជ័យ​ លោកក៏បានធ្វើការយកចិត្តទុកដាក់ចំពោះវិស័យអបរំផងដែរ។​ លោក​ តេង ស៊ាវពីង បានដាក់ចេញនូវកម្មវិធីបណ្ដុះបណ្ដាលដោយឥតគិតថ្លៃចំពោះសិស្ស និស្សិត និងអ្នកស្រាវជ្រាវប្រមាណជាង​ ៨០០ ០០០ ​នាក់ដែលផ្ដោតសំខាន់ចំពោះមុខវិជ្ជាវិទ្យាសាស្រ្តដែលមានដូចជា ផលិតកម្មថាមពល រូបវិទ្យា កុំព្យូទ័រ អុបទិក បច្ចេកវិទ្យាអាវកាស  និងជាតិពន្ធុវិទ្យា។​ លើសពីនេះទៅទៀត លោក តេង ស៊ាវពីង បានលើកទឹកចិត្ត និងផ្ដល់ឱកាសឱ្យអ្នកស្រាវជ្រាវ និងសិស្សានុសិស្សនៅក្នុងវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត តាមរយៈការផ្ដល់ជាអាហារូបករណ៍​ ធ្វើដំណើរទៅប្រទេសដែលមានការអភិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យា ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីការអប់រំបច្ចេកទេស និងវិទ្យាសាស្រ្ត ដើម្បីធ្វើជាទុននៅក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារបស់ប្រទេសជាតិ។​

៤​ វិស័យការពារជាតិ

នៅពេលលោក តេង ស៊ាវពីង ឡើងកាន់អំណាច គាត់និងទីប្រឹក្សាយោធាយល់ឃើញថា ចិនខ្វះអាវុធយោធាទាន់សម័យ ដែលនេះ​ជា​សញ្ញា​ច្បាស់​មួយ​ដែល​បង្ហាញថា​កម្លាំងនិងអាវុធយោធា​របស់​ប្រទេសចិនទាមទារឱ្យមានការធ្វើទំនើបកម្ម។ ដោយមហិច្ឆតារបស់លោកនៅក្នុងការប្រែក្លាយវិស័យការពារជាតិរបស់ប្រទេសចិនឱ្យមានភាពរីកចម្រើន ផ្សារភ្ជាប់ជាមួយគោលគំនិតនៅក្នុងការប្រែក្លាយប្រទេសចិនឱ្យទៅជាមហាអំណាចវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា លោកបានចាប់ផ្តើមផ្តល់អាទិភាពលើការស្រាវជ្រាវ​ ការផលិត ទាំងអាវុធធុនធ្ងន់ និងធុនស្រាល បញ្ជាទិញនូវអាវុធធនថ្មីគ្រប់ប្រភេទ និងផ្ដល់កន្លែងហ្វឹកហ្វឺនទៅដល់ជួរកងទ័ពនៅក្នុងការហ្វឹកហាត់ដើម្បីពន្លឿនដំណើរការនៃការធ្វើទំនើបកម្ម។ ទន្ទឹមនឹងនេះផងដែរ លោកបានលើកទឹកចិត្តនិងផ្ដល់ឱ្យនូវការហ្វឹកហ្វឺនដ៏ទំនើបសម្រាប់ទាហាន ដោយបានបង្រៀនអំពីយុទ្ធសាស្ត្រថ្មីនិងទំនើបបំផុត ដើម្បីពង្រឹងបច្ចេកទេសប្រយុទ្ធឱ្យកាន់តែខ្លាំង។ ដោយឡែក​ តាមរយៈការកើនឡើងនៃចលនាជាតិនិយមនៅក្នុងប្រទេសចិនវាបានធ្វើឱ្យចំនួនទាហានដែលបានចូលរួមបម្រើនិងការពារប្រទេសរបស់ពួកគេមានការកើនឡើង ដែលវាបានក្លាយជាកម្លាំងស្នូលនៅក្នុងការជំរុញការធ្វើទំនើបកម្មរបស់វិស័យការពារជាតិឱ្យកាន់តែមានប្រសិទ្ធភាព។​

គុណសម្បត្តិ

ទំនើបភាវូបនីយកម្មទាំងបួនរបស់ តេង ស៊ាវពីង ទទួលបានជោគជ័យដោយសារតែសេដ្ឋកិច្ចចិនរីកចម្រើនគួរឱ្យកត់សម្គាល់។ តាមរយៈការធ្វើទំនើបភាវូបនីយកម្មទៅលើវិស័យកសិកម្ម ប្រទេស​ចិន​បានប្រែក្លាយជា​ប្រទេស​​ឈានមុខ​គេ​មួយ​ក្នុង​ពិភពលោក​នៅក្នុងការផលិតនិងនាំចេញផលិតផល​កសិកម្ម ព្រមទាំងមានលទ្ធភាពនៅក្នុងការផ្គត់ផ្គង់ប្រជាជនដែលកំពុងតែមានកំណើនកើនឡើងទូទាំងប្រទេស។​ ម៉្យាងវិញទៀត ចំពោះវិស័យឧស្សាហកម្ម ផលិតផលឧស្សាហកម្មបានកើនឡើង ដោយសារតែស្វ័យប្រវត្តិកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមរយៈរោងចក្រនានា ដែលជាហេតុធ្វើឱ្យផលិតផលក្នុងស្រុកសរុបមានការកើនឡើងយ៉ាងខ្លាំង។ តាមរយៈការបើកទ្វាសេដ្ឋកិច្ចឡើងវិញ ពាណិជ្ជកម្មអន្តរជាតិនិងបច្ចេកវិទ្យាទំនើបៗបានហូរចូលមកកាន់ប្រទេសចិនយ៉ាងច្រើនសន្ធឹកសន្ធាប់។ លើសពីនេះទៅទៀត ដោយសារការកើនឡើងនៃថវិកាវិស័យការពារជាតិ គួបផ្សំនឹងការធ្វើទំនើបភាវូបនីយកកម្មទៅលើវិស័យនេះ វាបានធ្វើឱ្យប្រទេសចិនមានសមត្ថភាពនៅក្នុងការបង្កើតក្រុមហ៊ុនផលិតយន្តហោះគ្រប់គ្រងដោយរដ្ឋ “សាជីវកម្មឧស្សាហកម្មអាកាសចរណ៍ (AVIC)” ដែលមានសមត្ថភាពនៅក្នុងការអភិវឌ្ឍ និងផលិតយន្តហោះចម្បាំងដែលមានបច្ចេកវិទ្យាខ្ពស់ ព្រមទាំងធ្វើឱ្យវិស័យអាកាសចរណ៍របស់របស់ចិនមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។ ក្នុងអំឡុងពេលគ្រប់គ្រងរបស់ លោក តេង ស៊ាវពីង ប្រទេសចិនបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសន្ទុះនៃការអភិវឌ្ឍលឿនបំផុតរបស់ពិភពលោក។ ដោយសារតែភាពជោគជ័យដ៏ធំធេងបែបនេះហើយ វាបានធ្វើឱ្យជីវភាពរបស់ប្រជាជនទូទាំងប្រទេសមានភាពប្រសើរឡើងជាលំដាប់ បើប្រៀបធៀបជាមួយនឹងរបបគ្រប់គ្រងរបស់លោក ម៉ៅ សេទុង។

គុណវិបត្តិ

ទន្ទឹមនឹងភាពជោគជ័យរបស់ទំនើបភាវូបនីយកម្មទាំងបួនវិស័យ បញ្ហាមួយចំនួនក៏បានកើតឡើងទន្ទឹមគ្នាផងដែរ។ បញ្ហាអតិផរណាកើតឡើងនៅក្នុងវិស័យមួយចំនួន ដោយសារតែអតុល្យភាពវាងការផ្គត់ផ្គង់និងតម្រូវការក្នុងប្រទេស។ ​បញ្ហាចម្បងមួយទៀតនោះគឺអំពើពុករលួយបន្ទាប់ពីការធ្វើកំណែទម្រង់សេដ្ឋកិច្ចក្នុងចន្លោះឆ្នាំ១៩៧៩-១៩៨០។ បន្ទាប់ពីបើកចំហរសេដ្ឋកិច្ចរបស់ចិនទៅកាន់ពិភពលោក ផលិតផលប្រើប្រាស់មួយចំនួនដូចជា ឧបករណ៍ថតសម្លេង ទូរទស្សន៍ ទូរទឹកកក និងម៉ាស៊ីនបោកគក់ មានតម្រូវការខ្ពស់យ៉ាងខ្លាំងនៅលើទីផ្សារចិន។ ថ្វីត្បិតតែរដ្ឋាភិបាលចិនផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនក្នុងស្រុកមានសិទ្ធិនៅក្នុងការសម្រេចចិត្តនិងគ្រប់គ្រងសង្វាក់ផលិតកម្មក៏ដោយ ប៉ុន្តែមានតែមន្រ្តីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលប៉ុណ្ណោះដែលមានសិទ្ធអំណាចនៅក្នុងការគ្រប់គ្រងសង្វាក់ផលិតកម្មរបស់ទំនិញដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សាទាំងអស់នោះ។​ លើសពីនេះទៅទៀត ក្រុមហ៊ុនយក្សដែលបណ្ដាក់ទុនជាមួយក្រុមហ៊ុនបរទេសត្រូវបានគ្រប់គ្រងដោយ មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន និងបង្កើនអំណាចនៅក្នុងនយោបាយ។ ដោយឡែក បុគ្គលដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលអាចទទួលបានការយល់ព្រមពីរដ្ឋាភិបាលកណ្តាល ដើម្បីលើកលែងពន្ធនាំចូល។ កូនចៅរបស់មន្ត្រីយោធាជាន់ខ្ពស់បានប្រើប្រាស់បណ្តាញឪពុកម្តាយរបស់ពួកគេ ដើម្បីទទួលបានការលើកលែងការនាំចូលខុសច្បាប់នៅក្រោមឈ្មោះនៃផលប្រយោជន៍ការពារជាតិ និងយោធា។ ទម្រង់សំខាន់នៃអំពើពុករលួយមួយទៀតនោះគឺទាក់ទងទៅនឹងប្រាក់ចំណេញរបស់រដ្ឋាភិបាល។​ ទំនិញវត្ថុធាតុដើមមួយចំនួនដូចជា ដែក ធ្យូងថ្ម ឈើ និងស៊ីម៉ង់ត៍ ត្រូវបានស្ថិតក្រោមគ្រប់គ្រងតម្លៃផ្ដាច់មុខដោយរដ្ឋាភិបាល។​ តម្លៃនៃវត្ថុធាតុដើមដែលគ្រប់គ្រងដោយរដ្ឋាភិបាល មានតម្លៃទាបជាងតម្លៃនៅលើទីផ្សាដល់ទៅបីដង។ ឧទាហរណ៍ ដែកអាចលក់បានក្នុងតម្លៃ ១៨៥០ យ័ន្ត ក្នុងមួយតោន ដែលតម្លៃនេះវាខ្ពស់ជាងតម្លៃដែលកំណត់ដោយរដ្ឋាភិបាលជាច្រើនដង។ ចំណែក​ឯធ្យូងថ្មអាចមានតម្លៃប្រហែល ៤០០យ័នក្នុងមួយតោន ឬអាចខ្ពស់ជាងនេះ ខណៈដែលតម្លៃដែលកំណត់ដោយរដ្ឋាភិបាលអាចមានតម្លៃត្រឹម ៥០ យ័នប៉ុណ្ណោះក្នុងមួយតោន។​ ដោយសារតែបញ្ហាអតិផរណា និង អំពើពុករលួយបន្ទាប់ពីការធ្វើទំនើបភាវូបនីយកម្មនេះហើយដែលជាមូលហេតុមួយក្នុងចំណោមមូលហេតុដទៃទៀតដែលធ្វើឱ្យមានបាតុកម្មមួយកើតឡើង ដែលមានឈ្មោះថា ​Tiannanmen Square Incident ដែលដឹកនាំដោយក្រុមនិសិ្សតចិននៅនិទាឃរដូវក្នុងឆ្នាំ១៩៨៩។​ ​

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ