"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ឥណ្ឌូចិន៖ ជ័យជំនះរបស់លិទ្ធិកុម្មុយនីស្តក្នុងឆ្នាំ១៩៧៥

ក្នុងបរិបទសង្គ្រាមត្រជាក់(១៩៤៧-១៩៩១) ពិភពលោកបានជួបប្រទះសង្គ្រាមមួយដែលជាសង្គ្រាមមនោគមវិជ្ជារវាងលោកសេរីនិងលោកកុម្មុយនីស្តដែលមានសហរដ្ឋអាមេរិចនិងសហភាពសូវៀតជាបងធំ។ សង្គ្រាមត្រជាក់គឺជាសង្គ្រាមដែលធ្វើឱ្យប្រទេសដែលទើបទទួលឯករាជ្យនិងដែលទន់ខ្សោយ ងាយរងផលប៉ះពាល់ពីការប្រទាញប្រទង់គ្នារវាងមហាអំណាចសហភាពសូវៀត និងសហរដ្ឋអាមេរិក តួយ៉ាងដូចជាការកកើតនូវសង្រ្គាមសុីវិលនៅក្នុងឧបទ្វីបកូរ៉េ និងសង្គ្រាមស៊ីវិលនៅកម្ពុជាជាដើម។ ប្រសិនបើយើងក្រឡេកមើលក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ឥទិ្ធពលសង្គ្រាមត្រជាក់បានធ្វើឱ្យមានការកើតឡើងនូវសង្គ្រាមឥណ្ឌូចិនទី២ ដែល តំបន់ឥណ្ឌូចិនរួមមា ប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសឡាវ ជាតំបន់ប្រទេសមួយដែលទើបបានទទួលឯករាជ្យថ្មីថ្មោង ហើយក៏ក្លាយជាទីលាននៃការប្រទាញប្រទង់របស់មហាអំណាចទាំងពីរបូកនឹងប្រទេសចិនដែលចង់បញ្រ្ជាបមនោគមវិជ្ជារបស់ខ្លួនក្នុងតំបន់នេះ។ ឥទ្ធិពលនៃសង្គ្រាមត្រជាក់បានធ្វើឱ្យសង្រ្គាមស៊ីវិលកើតឡើងនៅគ្រប់ប្រទេសក្នុងតំបន់នេះហើយបានធ្វើឱ្យពួកខ្មែរក្រហម វៀតណាមខាងជើង និង ប៉ាថេតឡាវដែលសុទ្ធជាពួកប្រកាន់លិទ្ធិកុម្មុយនីស្តជាអ្នកទទួលជ័យជំនះនិងបានប្រែក្លាយប្រទេសទាំងបីនេះជាប្រទេសកុម្មុយនីស្តម្ដងមួយៗ។ តើជ័យជំនះរបស់ចលនាកុំម្មុយនីសកើតឡើងយ៉ាងដូចម្តេចនិងមានអ្វីកើតឡើងចាប់តាំងពីការប្រកាសឯករាជ្យរហូតដល់ជ័យជំនះពួកកុម្មុយនីស្តនៅឆ្នាំ១៩៧៥?

១. សង្គ្រាមត្រជាក់ធ្វើឱ្យមានសង្រ្គាមស៊ីវិលក្នុងតំបន់ឥណ្ឌូចិន

ប្រសិនបើយើងក្រឡេកមើលការទាមទារឯករាជ្យរបស់ប្រទេស កម្ពុជា វៀតណាម និង ឡាវវិញ យើងឃើញថាចលនាកុំម្មុយនីសបានមានភាពសកម្មជាងគេក្នុងការទាមទារឯករាជ្យពីបារាំង ជាពិសេសគឺនៅក្នុងប្រទេសវៀតណាម។ ចំណែកឯកម្ពុជាវិញក៏មានចលនាកុំម្មុយនីសក្នុងការទាមទារឯករាជ្យដែរ តែហាក់ពុំសូវមានភាពខ្លាំងក្លាដូចប្រទេសវៀតណាមឡើយ ក្នុងនោះក្រុមទំនោរខាងកុម្មនីស្ដដូចជាពួកខ្មែរវៀតមិញដែលបានកើតចេញពីបក្សកុម្មុយនីស្តឥណ្ឌូចិនបានព្យាយាមធ្វើសកម្មភាពផងដែរ ប៉ុន្តែកម្លាំងពួកគេមិនខ្លាំងនិងមិនសូវមានប្រជាប្រិយភាពដូចអ្នកតស៊ូដទៃ និងជាពិសេសគឺព្រះបាទនរោត្តមសីហនុឡើយដែលទ្រង់កើតចេញពីត្រកូលក្សត្រនិងបានទាមទារឯករាជ្យបានជោគជ័យ ហើយក៏បានទប់ស្កាត់ចលនាកុម្មុយនីស្តមិនឱ្យបំបែកខ្លួនជាពីរដូចប្រទេសវៀតណាមនិងឡាវឡើយ ដោយបានរក្សាខ្លួនជាអព្យាក្រឹតនិងប្រទេសជ្រកក្រោមរាជបល្ល័ង្គតែមួយដដែល។ ចំណែកឯប្រទេសឡាវវិញ ចលនាកុម្មុយនីស្តប៉ាថេតឡាវដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយវៀតណាមខាងជើងនិងមានការជ្រោមជ្រែងផងបានគ្រប់គ្រងខេត្តចំនួនពីរគឺខេត្តវៀងសៃ(Viengxay)និងហួផាន(Houaphan)នៅភាគខាងជើងប្រទេសដែលជាប់ជាមួយនឹងវៀតណាម ដែលធ្វើឱ្យរដ្ឋាភិបាលឡាវមិនអាចគ្រប់គ្រងតំបន់នោះបានឡើយ ព្រោះគឺជាតំបន់របស់ពួកកុម្មុយនីស្តឡាវខ្លះនិងមានកងទ័ពវៀតណាមខ្លះផងដែរ។ ទោះបីនៅប្រទេសឡាវមានការចូលរួមការបោះឆ្នោតឆ្នាំ១៩៥៧និងទទួលបានអាសនៈក៏ដោយ ក៏នៅតែមិនឱ្យបញ្ចៀសពីសង្គ្រាមស៊ីវិលក្នុងប្រទេសដដែលដោយសារពួកគេមើលមុខគ្នាមិនចំដោយសារខុសនិន្នាការនិងឥទ្ធិពលសង្គ្រាមវៀតណាមផងដែលធ្វើឱ្យពួកកុម្មុយនីស្តមានប្រឹងប្រែងប្រយុទ្ធជាខ្លាំងដើម្បីប្រយោជន៍របស់ពួកគេ។ បើនិយាយអំពីសង្គ្រាមស៊ីវិលក្នុងបរិបទសង្គ្រាមត្រជាក់នៅឥណ្ឌូចិនដែលកើតឡើងខ្លាំងបំផុតគឺជាសង្គ្រាមនៅក្នុងប្រទេសវៀតណាម រវាងវៀតណាមកុំម្មុយនីស(វៀតណាមខាងជើង) និងវៀតណាមសេរី(វៀតណាមខាងត្បូង) ដែលមានអាមេរិចជាខ្នងបន្ទាប់ពីបារាំងចាកចេញ។ កម្លាំងទាំងពីរនេះបានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានិងមានការទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ចាប់ពីឆ្នាំ១៩៥៥ដល់ឆ្នាំ១៩៧៥ ប៉ុន្តែត្រឹមឆ្នាំ១៩៧៣សហរដ្ឋអាមេរិចបានដកកងទ័ពរបស់ខ្លួនចេញនិងធ្វើសម្ព័ន្ធមិត្តរបស់ក្នុងឥណ្ឌូចិនបានចុះខ្សោយ។ ដោយសារតែសង្គ្រាមវៀតណាមនេះហើយបានធ្វើប្រទេសជិតខាងគឺប្រទេសកម្ពុជានិងឡាវបានរងឥទិ្ធពលកើតជាសង្គ្រាមស៊ីវិលដូចគ្នា។ ដំបូងយើងនឹងនិយាយអំពីប្រទេសកម្ពុជា ជាប្រទេសដែលប្រកាន់នូវនយោបាយអព្យាក្រឹតចាប់តាំងពីការទទួលឯករាជ្យពីបារាំង និងមានការអភិវឌ្ឍប្រទេសគួរកត់សម្គាល់និងជាប្រទេសសន្តិភាពរយៈពេលជាង ១៦ ឆ្នាំក៏ត្រូវបានជួបប្រទះសង្គ្រាមស៊ីវិល ដែលបានផ្ដើមចេញពីរដ្ឋប្រហារឆ្នាំ១៩៧០ ដោយសាររងឥទ្ធិពលសង្គ្រាមត្រជាក់និងដែលមានអាមេរិចគាំទ្ររបបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខលន់ នល់។ មួយវិញទៀត ប្រទេសឡាវជាប្រទេសរាជាណាចក្រមួយក្នុងអាស៊ីអាគ្នេយ៍និងក៏ជាប្រទេសដែលទទួលឥទ្ធិពលខ្លាំងពីសង្រ្គាមវៀតណាមនិងបានរុញច្រានប្រទេសនេះធ្លាក់ក្នុងភ្លើងសង្គ្រាមស៊ីវិលរវាងពួកកាន់អំណាចក្នុងប្រទេសរាជានិយមនឹងពួកកុំម្មុយនីសឡាវ ។ ក្នុងសង្គ្រាមវៀតណាមប្រទេសឡាវជាប្រទេសដែលទទួលរងគ្រាប់បែកច្រើនជាងគេដោយសារប្រទេសនេះជាប្រទេសដែលមានផ្លូវលំហូជីមិញឆ្លងកាត់ដ៏វែងដែលជាផ្លូវដឹកសព្វាវុធឱ្យពួកវៀតកុងសំរាប់ចូលទៅវាយវៀតណាមខាងត្បូងនិងពួកប៉ាថេតឡាវផងដែរ ដោយហេតុនេះហើយទើបសហរដ្ឋអាមេរិកសំរេចទម្លាក់គ្រាប់បែកជាច្រើនសំរាប់កំទេចផ្លូវមួយនេះដើម្បីជាយុទ្ធសាស្រ្តមួយក្នុងការកាត់ស្បៀងនិងសព្វាវុធដល់ពួកវៀតកុងក្នុងសង្រ្គាមវៀតណាម។

២.ជ័យជំនះរបស់ពួកកុម្មុយនីស្តក្នុងឥណ្ឌូចិនឆ្នាំ១៩៧៥

ចន្លោះឆ្នាំ១៩៥៥ដល់ឆ្នាំ១៩៧៥ សង្រ្គាមស៊ីវិលបានផ្ទុះឡើងមុនគេនៅប្រទេសវៀតណាមបន្ទាប់ពីសនិ្នសីទក្រុងហ្សឺណែវបានបែងចែកប្រទេសនេះជាពីរតាមខ្សែស្របទី១៧ដែលផ្នែកខាងជើងមានឈ្មោះថា “សាធារណរដ្ឋសង្គមនិយមវៀតណាម”ដែលប្រកាន់លទ្ធិកុំម្មុយនីសនិងផ្នែកខាងត្បូងមានឈ្មោះថា “សាធារណរដ្ឋវៀតណាម” ដែលប្រកាន់លទ្ធិសេរីដែលត្រូវបានគាំទ្រដោយអាមេរិច។ សង្គ្រាមនៅវៀតណាមនេះបានអូសបន្លាយជាយូរធ្វើឱ្យខូចខាតទ្រព្យសម្បតិ្តជាច្រើន រហូតដល់សហរដ្ឋអាមេរិចបានចំណាយលុយនិងកងទ័ពជាច្រើនក្នុងសង្គ្រាមដើម្បីទប់ទល់កម្លាំងកុំម្មុយនីសក្នុងតំបន់ឥណ្ឌូចិន តែចុងក្រោយត្រូវបានដកទ័ពចេញវិញក្នុងឆ្នាំ១៩៧៣ តាមសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ហើយមួយវិញទៀតប្រជាជនអាមេរិចក៏បានទាមទារការបពា្ឈប់សង្គ្រាមនៅវៀតណាមនេះផងដែរ ព្រោះឃើញថាប្រទេសខ្លួនចំណាយច្រើនពេកលើសង្គ្រាមនេះ។ បន្ទាប់ពីការដកទ័ពរបស់អាមេរិច វៀតណាមកុំម្មុយនីសចាប់ផ្តើមមានការបង្កើនការចង់រួបរួមវៀតណាមឡើងវិញនិងវាយលុកវៀតណាមខាងត្បូងយ៉ាងងាយស្រួលរហូតទទួលបានជ័យជំនះនៅថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥។ ចំណែកឯប្រទេសកម្ពុជាវិញ បន្ទាប់ពីមានរដ្ឋប្រហារឆ្នាំ ១៩៧០ កើតឡើងបានប្រែក្លាយប្រទេសនេះជាសង្គ្រាមស៊ីវិលដែលធ្វើឱ្យចលនាកុំម្មុយនីសខ្មែរក្រហមមានប្រៀបកាន់តែខ្លាំងនៅក្នុងការតស៊ូ ។ សង្គ្រាមស៊ីវិលរវាងសាធារណរដ្ឋខ្មែរនិងកងទ័ពខ្មែរក្រហម បានធ្វើឱ្យប្រទេសខូចខាតជាច្រើនហើយបន្ទាប់ពីមានសន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៧៣ ដែលធ្វើឱ្យសហរដ្ឋអាមេរិចដកទ័ពចេញពីវៀតណាមនិងឥណ្ឌូចិនទាំងមូលនោះបានធ្វើឱ្យកងទ័ពសាធារណរដ្ឋខ្មែរកាន់តែចុះខ្សោយហើយក្នុងឱកាសនោះកងទ័ពខ្មែរក្រហមបានវាយលុកចូលយ៉ាងលឿននឹងព្រមទាំងទទួលជ័យជំនះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មុនពេលដែលវៀតណាមខាងជើងបានវាយកាន់កាប់វៀតណាមខាងត្បូងទៀតផង និងទីបំផុតរបបខ្មៅងងឹតសាហាវយុងខ្នងបានចាប់ផ្ដើមនៅរដ្ឋដ៏មានសន្តិភាពអស់ជាង ១៦ ឆ្នាំ។ មួយវិញទៀត ប្រទេសឡាវបានជួបប្រទះសង្រ្គាមស៊ីវិលក្រោយទទួលបានឯករាជ្យបាន ក្នុងនោះមានការតស៊ូរបស់ក្រុមកុំម្មុយនិស្តគាំទ្រដោយសហភាពសូវៀត ប្រយុទ្ធប្រឆាំងនឹងរាជាធិបតេយ្យដែលក្រោយមកបានស្ថិតនៅក្រោមឥទ្ធិពលនៃរបបយោធាដែលគាំទ្រដោយសហរដ្ឋអាមេរិក។ បន្ទាប់ពីសង្គ្រាមវៀតណាមបានបញ្ចប់យើងឃើញថារបបរាជានិយមប្រទេសឡាវបានមានការធ្លាក់ចុះដែលក្នុងអំឡុងឆ្នាំ ១៩៧៤ និង ១៩៧៥ តុល្យភាពនៃអំណាចនៅប្រទេសឡាវបានផ្លាស់ប្តូរជាលំដាប់ក្នុងការពេញចិត្តចំពោះប៉ាថេតឡាវ នៅពេលដែលសហរដ្ឋអាមេរិកបានផ្តាច់ខ្លួនចេញពីឥណ្ឌូចិន។ បន្ទាប់ពីគាំងបេះដូងនៅពាក់កណ្តាលឆ្នាំ ១៩៧៤ លោកនាយករដ្ឋមន្ត្រី សុវណ្ណាភូមា បានចំណាយពេលប៉ុន្មានខែដើម្បីសម្រាកព្យាបាលនៅប្រទេសបារាំង បន្ទាប់មកគាត់បានប្រកាសថាគាត់នឹងចូលនិវត្តន៍ពីនយោបាយបន្ទាប់ពីការបោះឆ្នោតដែលបានគ្រោងទុកនៅដើមឆ្នាំ ១៩៧៦ ប៉ុន្តែពួកកុំម្មុយនិស្តប៉ាថេតឡាវបានឡើងកាន់អំណាច ហើយបញ្ចប់សង្រ្គាមស៊ីវិលនិងទទួលបានជ័យជំនះមុននៅថ្ងៃទី២ខែធ្នូឆ្នាំ១៩៧៥និងបានប្រកាសឈ្មោះប្រទេសថា”សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ”ចាប់ពីពេលនោះមកដល់បច្ចុប្បន្នក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តឡាវ។ ដូច្នេះហើយនៅឆ្នាំ១៩៧៥បានធ្វើឱ្យប្រទេសទាំងបីនៅឥណ្ឌូចិនបានក្លាយជាកុំម្មុយនីសទាំងអស់បន្ទាប់ពីសង្គ្រាមវៀតណាមបានបញ្ចប់ដោយការដកកងទ័ពអាមេរិច។

សរុបមក ឥទ្ធិពលសង្រ្គាមត្រជាក់បានធ្វើឱ្យតំបន់ឥណ្ឌូចិនដែលទើបទទួលបានឯករាជ្យងាយស្រួលធ្លាក់ចូលសង្គ្រាមស៊ីវិលដែលបានធ្វើឱ្យឡាវនិងវៀតណាមបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលមុន ហើយឥទ្ធិពលនេះបានទាញប្រទេសកម្ពុជាដែលខិតខំធ្វើខ្លួនអព្យាក្រឹតដើម្បីកុំឱ្យមានសង្គ្រាមនៅតែចូលមួយទៀតក្នុងឆ្នាំ១៩៧០។ ប៉ុន្តែពីសន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៧៣ដែលធ្វើឱ្យសហរដ្ឋអាមេរិចចាំផ្តើមដកកងទ័ពចេញ សម្ព័ន្ធមិត្តអាមេរិចចាប់ផ្តើមធ្លាក់ចុះរហូតទទួលបរាជ័យក្នុងឆ្នាំ១៩៧៥ ដែលពេលនោះពួកកុម្មុយនីស្តទាំងបីបានចូលកាន់កាប់ប្រទេសរៀងៗខ្លួន។ គួរបញ្ជាក់ផងដែរថានាពេលបច្ចុប្បន្ននេះ មានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះដែលវិលត្រឡប់មកជារបបរាជានិយមវិញបន្ទាប់ពីឆ្លងកាត់សង្គ្រាមស៊ីវិលរយៈពេល២០ឆ្នាំដោយសារឥទ្ធិពលសង្គ្រាមត្រជាក់ ប៉ុន្តែប្រទេសពីរទៀតនៅតែអនុវត្តតាមលិទ្ធិកុម្មុយនីស្តដដែលផងដែរ។

តើហេតុអ្វីបានជាជប៉ុនត្រូវភ្ញាក់ខ្លួនដោយសារវិបត្ដិ “រុស្ស៊ី-អ៊ុយក្រែន” ?

ជប៉ុនគឺជាប្រទេសពិសេសមួយ ដែលឡើងចុះៗ ជាប្រទេសទន់ខ្សោយ បន្ទាប់មកក្លាយជាប្រទេសខ្លាំង ក្រោយមកធ្លាក់ខ្លួន ហើយចុងក្រោយនេះគឺមហាអំណាចសេដ្ឋកិច្ចប៉ុន្តែខ្សោយយោធា។ ក្រោយពីបានអនុវត្តគោលនយោបាយបើកចំហរទៅកាន់ពិភពលោកនៅដើមសតវត្សទី២០ ចក្រភពជប៉ុនដែលជាមហាអំណាចអាស៊ី ចាប់ផ្ដើមរីកចម្រើនលើវិស័យឧស្សាហកម្ម និងយោធាយ៉ាងខ្លាំង ។ ពេលនោះឯងដែលជប៉ុនផ្ដើមមានមហិច្ឆតាវាទទីនិយម និងបានឈ្លានពានប្រទេសជិតខាងខ្លួនជាបន្តបន្ទាប់ ហើយនៅក្នុងសម័យសង្គ្រាមលោកលើកទី២ ជប៉ុនបានចងសម្ព័ន្ធត្រីភាគីជាមួយ អាល្លឺម៉ង់ និងអ៊ីតាលី ដើម្បីសម្រេចមហិច្ឆតាអាណានិគមនិយម។ តែនៅទីបំផុតក៏ត្រូវបរាជ័យទៅវិញនៅឆ្នាំ ១៩៤៥ ក្រោមស្នាដៃអាមេរិក ដោយចាប់ពីពេលនោះ កម្លាំងយោធាជប៉ុនបានចុះខ្សោយរហូតមកដល់បច្ចុប្បន្ន។

យោធាជប៉ុនចុះខ្សោយព្រោះរដ្ឋធម្មនុញ្ញ មាត្រាទី៩

ជប៉ុនគឺជាមហាសេដ្ឋកិច្ចលំដាប់ទី២នៅអាស៊ី និងលំដាប់ទី៣នៅលើពិភពលោក បន្ទាប់ពីអាមេរិក និងចិនក្នុងពេលបច្ចុប្បន្ន។ បើទោះបីជាមានឈ្មោះជាប្រទេសអ្នកមានស្ដុកស្ដម្ភយ៉ាងនេះក្ដី តែប្រទេសនេះត្រូវបានគេហៅថា ជាយក្សសេដ្ឋកិច្ចដែលកន្តឿនយោបាយ មូលហេតុដែលគេហៅជប៉ុនបែបនេះ ដោយសារតែមហាអំណាចមួយនេះគ្មានកម្លាំងយោធា និងនយោបាយខ្លាំងក្លានៅលើឆាកអន្តរជាតិដូចមហាអំណាចដទៃ។ នេះគឺជាផលវិបាកដែលមានដើមចមកើតឡើង ចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២មកម្ល៉េះ ដែលក្រោយពីជប៉ុនបានចាញ់សង្គ្រាមនឹងអាមេរិក ប្រទេសអាមេរិកដែលឈ្នះសង្គ្រាមបានតម្រូវឱ្យជប៉ុនគោរពនូវគោលការណ៍រដ្ឋធម្មនុញ្ញសន្តិនិយមមួយ ដែលកាលនោះរដ្ឋធម្មនុញ្ញថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៤៦ មាត្រាទី៩ បានចែងថា “ប្រជាជាតិជប៉ុនបានសម្រេចបោះបង់ចោលសង្គ្រាមជាស្ថាពរ ដើម្បីសម្រេចគោលដៅនេះប្រទេសជាតិគ្មានសិទ្ធិបង្កើតកងទ័ពជើងគោក ជើងទឹក និងជើងអាកាសទេ”។

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន រំឮកជប៉ុនថា ខ្លួនត្រូវរំព័ទ្ធដោយយក្សយោធា

សង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានធ្វើឱ្យមេដឹកនាំក៏ដូចជាប្រជាជនជុំវិញពិភពលោកមានភាពភ្ញាក់ផ្អើលជាខ្លាំងចំពោះការសម្រេចចិត្តប្រើធម៌ក្ដៅរបស់រុស្ស៊ី ព្រោះសង្គ្រាមនេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សម្លាប់មនុស្ស បង្អាក់សេដ្ឋកិច្ចអ៊ុយក្រែនយ៉ាងសម្បើម និងជាពិសេសគឺហាក់ដូចជារំលោភបំពានច្បាបើអន្តរជាតិ។ នេះក៏ជាសារមួយដែលព្រមានដល់សន្តិសុខប្រទេសមួយចំនួន ដែលមានព្រំដែនក្បែររុស្ស៊ី ក៏ដូចជាមេរៀនដ៏សំខាន់សម្រាប់ប្រទេសតូចៗនៅជុំវិញពិភពលោក ឱ្យគិតគូអំពីគោលនយោបាយ និងយុទ្ធសាស្ត្រដឹកនាំជាតិឱ្យបានច្បាស់លាស់។ ម្យ៉ាងវិញទៀតសង្គ្រាមនេះក៏ជាការគម្រាមកំហែងចំពោះសន្តិសុខរបស់ជប៉ុន ដែលជាប្រទេសក្បែរខាងរុស្ស៊ី និងជាសត្រូវចាស់ ដែលមានប្រវត្តិជូរចត់យ៉ាងច្រើនជាមួយគ្នាផងដែរ។

ភាពកន្តឿនយោបាយ និងយោធារបស់ជប៉ុនបានក្លាយជាហានិភ័យនៃសន្តិសុខជាតិផងដែរ នៅពេលដែលរុស្ស៊ីបានបើកការឈ្លានពានដ៏ធំទៅលើអ៊ុយក្រែនបែបនេះ ព្រោះថាអតីតកាល និងបច្ចុប្បន្នភាពរបស់ជប៉ុន និងរុស្ស៊ីគឺមិនដែលមានភាពមានភាពផ្អែមល្ហែមនោះទេ តាមដំណើរកង់ប្រវត្តិសាស្ត្រ យើងឃើញប្រទេសភូមិផងរបងជាមួយទាំងពីរនេះ ធ្លាប់មានសង្គ្រាមធំៗជាមួយគ្នាក៏ច្រើនសមរភូមិណាស់ដែរ។ រីឯចំណុចរសើបរវាងជប៉ុន និងរុស្ស៊ីដែលបន្តរហូតមកដល់សព្វថ្ងៃគឺ ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី២មក ជប៉ុនមិនដែលចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ីនោះទេ ដោយសារតែបញ្ហាប្រជុំកោះកូរីល (Kuril)។ សព្វថ្ងៃ ជប៉ុននៅតែប្រកាន់ជំហរថាកោះនេះគឺជាដែនដីរបស់ខ្លួន ហើយរុស្ស៊ីកំពុងកាន់កាប់ដែនកោះរបស់ខ្លួនដោយខុសច្បាប់។
ក្រៅពីវិវាទជាមួយរុស្ស៊ី ជប៉ុនក៏មានភាពតានតឹងភូមិសាស្ត្រនយោបាយ និងបរណភាពទឹកដីជាមួយចិនដែលជាមហាអំណាចយោធាទី៣លើលោកបន្ទាប់ពីអាមេរិក និងរុស្ស៊ីផងដែរ អំពីបញ្ហាកោះដែលជប៉ុនហៅថាប្រជុំកោះ សិនកាគុ (Senkaku) ឯចិនហៅថា ដាយយូ (Diaoyu)។ បច្ចុប្បន្នបើទោះជាប្រជុំកោះនេះត្រូវបានគ្រប់គ្រងដោយជប៉ុនក៏ដោយ ក៏នៅតែមានភាពតានតឹងរវាងជប៉ុន និងចិនដដែល ប៉ុន្តែវិបត្តិនេះត្រូវបានគ្រប់គ្រងមិនឱ្យមានជម្លោះបែបហិង្សាទៅបាន ដោយសារតែឥទ្ធិពលពាក់ព័ន្ធនឹងប្រយោជន៍អាជីវកម្ម ដែលអ្នកធុរកិច្ចប្រទេសទាំងពីរព្យាយាមសម្របសម្រួលជាខ្លាំង។ ទន្ទឹមនេះ ជប៉ុនក៏ជាប្រទេសមួយក្នុងការផ្ដួចផ្ដើមនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដែលអ្នកជំនាញជាច្រើនឃើញថាជាយុទ្ធសាស្ត្រសម្រាប់កាត់បន្ថយឥទ្ធិពលរបស់ប្រទេសចិននៅអាស៊ី។

មេរៀនដែលជប៉ុនរៀនពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ត្បិតតែប្រទេសជប៉ុនហាក់នៅសែនឆ្ងាយពី វិបត្ដិរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែជប៉ុនត្រូវបង្ហាញគោលនយោបាយប្រឆាំងដាច់ខាតក្នុងករណីចូលលុកលុយប្រទេសមួយទៀតដែលខុសច្បាប់ពីអន្តរជាតិ ដោយសារតែខ្លួនមានយោធាមួយដែលទន់ខ្សោយ មិនមែនជាសមាជិកណាតូ និងកំពុងមានជម្លោះព្រំដែនជាមួយប្រទេសមហាអំណាចដូចជារុស្ស៊ី និងចិន។ ក្នុងករណីរុស្ស៊ី-អ៊ុយក្រែននេះបានបង្ហាញឱ្យច្បាស់ពីភាពទន់ខ្សោយនៃសន្តិសុខពិភពលោក ដែលច្បាប់អន្តរជាតិហាក់គ្មានទឹកមាត់ប្រៃជាមួយប្រទេសមហាអំណាចនោះទេ ជាពិសេសប្រទេសដែលមានអាវុធនុយក្លេអ៊ែរ។ សម្ព័ន្ធមិត្ដជិតស្និតយ៉ាងណាក៏អាចបោះបង់យើងចោលបានដែរនៅពេលដែលប្រឈមមុខជាមួយប្រទេសមហាអំណាចដើម្បីបញ្ជៀសសង្គ្រាមលោកលើកទី ៣ និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

ជប៉ុនក៏អាចលើកហេតុផលនេះទៅឱ្យប្រជាជនរបស់ខ្លួនដែលលែងមានឆន្ទៈក្នុងការមានអំណាចយោធាឡើងវិញ ដែលទោះចង់មិនចង់ ជប៉ុនត្រូវការយោធាមួយដ៏ខ្លាំងក្នុងការទប់ទល់ជាមួយប្រទេសយក្សដូចជាចិន និងរុស្ស៊ី។ គួររំលឹកឡើងវិញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញជប៉ុនក្នុងការបង្កើតយោធាឡើងវិញត្រូវបានប្រជាពលរដ្ឋជប៉ុនជាច្រើនជំទាស់ ដែលអាចមកពីមូលហេតុនៃមេរៀនសង្គ្រាមលោកលើកទី ២ នៅពេលដែលប្រទេសជប៉ុនត្រូវបានគេវាយចូលដល់ផ្ទះ ស្លាប់មនុស្សរង្គាល និងជាពិសេសត្រូវបានក្លាយជាប្រទេសទី ១ នៃការរងគ្រោះគ្រាប់បែកបារ៉ាណូ។ យ៉ាងណាមិញ ដូចសុភាសិតមួយលើកឡើងថា “ទេវតាជួយយើង ល្គឹកណាយើងជួយខ្លួនឯងសិន” ដែលនេះជប៉ុនត្រូវតែកសាងយោធាឱ្យខ្លាំង និងមិនគួរសម្លឹងពឹងផ្អែកលើប្រទេសសម្ព័ន្ធមិត្ដក្នុងការជួយពេលមានអាសន្ននោះទេ ដែលអាវុធក្នុងដៃលល្អជាងហៅគេមកចូលជួយ។

ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជប៉ុនជាអ្នកគាំទ្រអ៊ុយក្រែន

ដូចប្រទេសជាច្រើននៅអឺរ៉ុបដែរ ជប៉ុនបង្ហាញជំហរគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹងក្នុងការប្រយុទ្ធជាមួយរុស្ស៊ី។ មិនត្រឹមតែគាំទ្រតាមរយៈការទូតមួយមុខទេ ជប៉ុនក៏បានបើកទទួលជនភៀសខ្លួនអ៊ុយក្រែនឱ្យមកស្នាក់នៅប្រទេសខ្លួន និងបានបញ្ជូនជំនួយជាច្រើនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញពីទឹកចិត្តក្នុងការគាំទ្រដល់អ៊ុយក្រែនដែលកំពុងតែជួបទុក្ខលំបាក។ យោងតាមសារព័ត៌មាន Kyodo News បានបង្ហាញថាជំនួយដែលជប៉ុនជួយទៅដល់អ៊ុយក្រែនរួមមាន ម៉ាស់ និងសំលៀកបំពាក់ការពារអាវុធគីមី អាវការពារគ្រាប់កាំភ្លើង មួកសុវត្ថិភាព ឯកសណ្ឋានប្រយុទ្ធក្នុងរដូវរងា ព្រមទាំងយន្តហោះគ្មានមនុស្សបើក(មិនមែនសម្រាប់ប្រយុទ្ធ)ផងដែរ។ លោក Nobou Kishi រដ្ឋមន្ត្រីការពារជាតិជប៉ុនបាននិយាយថា “យើងនឹងបន្តផ្តល់ការគាំទ្រឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដល់រដ្ឋាភិបាលអ៊ុយក្រែន” ។

ការដួលរលំនៃសមាគមនៃប្រជាជាតិ (League of Nations)

នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី១ មានសមាគមអន្តរជាតិមួយបានលេចជារូបរាងឡើងដែលមានឈ្មោះថា សមាគមនៃប្រជាជាតិ ឬដែលយើងស្គាល់ជាភាសារអង់គ្លេសថា «The League of Nations”។ សមាគមនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី១០ខែមករា ឆ្នាំ១៩២០ តាមគំនិតផ្តួចផ្តើមរបស់មហាអំណាចសម្ព័ន្ធមិត្តដែលមានប្រទេសដូចជា បារាំង ចក្រភពអង់គ្លេស រុស្ស៊ីដែលបានទទួលជ័យជម្នះនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ១ ហើយសមាគមនេះដែរក៏ត្រូវបានរំសាយជាផ្លូវការនៅថ្ងៃទី១៩ខែមេសា ឆ្នាំ ១៩៤៦ទៅវិញផងដែរ។ ការបង្កើតសមាគម គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងអន្តរជាតិ ដែលជាទូទៅសមាគមបែបនេះគឺត្រូវបានបង្កើតឡើងដើម្បីរក្សាសុខសន្តិភាពរបស់ពិភពលោកនិងដើម្បីទប់ស្កាត់សង្រ្គាម ប៉ុន្តែសង្គ្រាមលោកលើកទី២គឺជាភុស្ដុតាងដែលបង្ហាញថាសមាគមនៃប្រជាជាតិនេះទទួលបានបរាជ័យក្នុងការស្វែងរកសន្តិភាពជូនពិភពលោក ។

ទោះបីជាសមាគមនៃប្រជាជាតិមើលទៅហាក់ដើរតួនាទីយ៉ាងសំខាន់នៅក្នុងបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយដើម្បីបញ្ជៀសសង្គ្រាមដែលបំផ្លាញជីវិតមនុស្សសត្វនិងការរៀនរស់នៅជាមួយគ្នាដោយសុខដុមរមនា ប៉ុន្តែធាតុពិតគឺមានចំណុចខ្សោយច្រើនរហូតបណ្ដាលឱ្យមានសង្គ្រាមលោកលើកទី ២ ដែលទំហំនៃការបំផ្លិចបំផ្លាញគឺធំធេងច្រើនណាស់បើធៀបនឹងសង្គ្រាមលោកលើកទី ១។

ហេតុផលទីមួយដែលធ្វើឱ្យ សមាគមនេះដួលរលំគឺបណ្តាលមកពីភាពទន់ខ្សោយនៃរចនាសម្ព័ន្ធរបស់វា។ នៅក្នុងសមាគមប្រជាជាតិ មានប្រទេសមហាអំណាចមួយចំនួនដូចជាជប៉ុនជាដើមនិងរដ្ឋតូចៗមួយចំនួន ដូចជាបូលីវី កាណាដា ឈីលី កូឡុំប៊ី ដែលមានអំណាចនិងឥទ្ធិពល ប៉ុន្តែឥទ្ធិពលរបស់ពួកគេមិនត្រូវបានឆ្លុះបញ្ចាំងនៅក្នុងអង្គការនោះទេ។ ហេតុផលនេះហើយបានធ្វើឱ្យរដ្ឋតូចៗទាំងនោះអស់ទំនុកចិត្តនិងបានឃើញពីភាពមិនស្មើគ្នារវាងអំណាចនៃប្រទេសមហាអំណាចនិងរដ្ឋតូចតាចជាសមាជិក។ ម៉្យាងវិញទៀត សមាគមប្រជាជាតិបានដំណើរការលើប្រព័ន្ធនៃការយល់ព្រមជាសកលរឺជាឯកច្ឆ័ន្ទ ជាជាងមតិភាគច្រើន។ នេះមានន័យថា ដើម្បីធ្វើសេចក្តីសម្រេចឬសេចក្តីសម្រេចត្រូវបានធ្វើឡើង សមាជិកទាំងអស់ត្រូវបោះឆ្នោតជាឯកច្ឆ័ន្ទលើសេចក្តីសម្រេចនោះដែលធ្វើមានភាពពិបាកក្នុងការសម្រេចចេញនូវគោលការណ៍ណាមួយ។ បើយើងក្រលេកមកមើលអង្គការសហប្រជាជាតិសព្វថ្ងៃវិញ ការធ្វើសេចក្តីសម្រេចគឺផ្អែកទៅលើគោលការណ៍ពីរភាគបី ដែលធ្វើឱ្យរដ្ឋតូចៗមានភាពស្មើមុខស្មើមាត់ជាមួយនឹងប្រទេសមហាអំណាចមួយលំដាប់ព្រោះប្រទេសមួយអាចបោះឆ្នោតបានមួយដងដូចគ្នា។ ប៉ុន្តែប្រសិនបើក្រលេកទៅមើលនៅក្នុងការធ្វើសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខវិញ គេក៏នៅឃើញថា ការធ្វើសេចក្តីសម្រេចនៅតែផ្អែកលើមតិឯកច្ឆ័ន្ទរបស់ប្រទេសមហាអំណាចទាំងប្រាំនៅឡើយដែលរួមមាន សហរដ្ឋអាមេរិក ចិន បារាំង អង់គ្លេស និងរុស្ស៊ី។

ហេតុផលទីពីរគឺអវត្តមានរបស់សហរដ្ឋអាមេរិក។ ការបង្កើតសមាគមនៃប្រជាជាតិក៏ជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិកដែរគឺលោក វូដ្រូវិលសុន( Woodrow Wilson) ប៉ុន្តែសហរដ្ឋអាមេរិកមិនមែនជាសមាជិកនៃសមាគមអន្តរជាតិមួយនេះឡើយ។ ត្បិតថាសហរដ្ឋអាមេរិកគឺជាមហាអំណាចដែលទើបលេចមុខ ប៉ុន្តែបែរជាជ្រើសយកនយោបាយការបរទេសសំងំសុខ និងចាំតែទាញយកប្រយោជន៍ពីភាពវឹកវររបស់ពិភពលោក។ ជាក់ស្ដែង នៅពេលសង្គ្រាមលោកលើកទី ២ បានផ្ទុះឡើង សហរដ្ឋអាមេរិកមិនសម្រេចចិត្ដលូកដៃទាល់តែសោះ ប៉ុន្តែក៏ទាញយកប្រយោជន៍សេដ្ឋកិច្ចតាមរយៈឱ្យលុយទៅប្រទេសកំពុងច្បាំងខ្ជីដើម្បីយកការប្រាក់ ការលក់សព្វាវុធជាដើម ខណៈប្រទេសមហាអំណាចកាលនោះកំពុងខ្ទេចខ្ទាំដោយសារសង្រ្គាម ដែលជាហេតុធ្វើឱ្យសង្គ្រាមបង្អូសពេលយូរ ហើយសហរដ្ឋអាមេរិកគឺជាប្រទេសដែលខូចខាតតិចតួចបំផុតដែលងាយនឹងកសាងឡើងវិញ។ ទន្ទឹមនឹងនេះប្រទេស បារាំង និងអង់គ្លេស ដែលជាសម្ព័ន្ធមិត្តអាមរិកដែលស្ថិតនៅក្នុងសមាគមនេះមិនអាចដើរតួរនាទីឱ្យមានប្រសិទ្ធិភាពបានទេព្រោះ ពួកគេបានបាត់បង់សេដ្ឋកិច្ចដោយសង្រ្គាម ហើយពួកគេគ្មានឥទ្ធិពលក្នុងការពង្រឹងវិន័យ និងការទូត។ ហេតុដូច្នេះហើយបានជាគេច្រើនលើកពាក្យមួយថា ការលួចវាយឆ្មក់របស់ជប៉ុនទៅលើសហរដ្ឋអាមេរិកគឺប្រៀបបានដាស់យក្សឱ្យចូលរួមក្នុងសង្គ្រាម ហើយទៀតសោតបានរួមដៃគ្នាជាមួយប្រទេសសម្ព័ន្ធមិត្ដដើម្បីបិទទំព័រសង្គ្រាមលោកលើកទី២ដោយជោគជ័យ។

ហេតុផលទីបីគឺបណ្តាលមកពី វិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ (The Great Depression)ដែលបន្សល់ទុកដោយសង្គ្រាមនៅក្នុងឆ្នាំ១៩២៩។ វិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនេះបានធ្លាក់ចុះបាននាំឱ្យប្រទេសជាច្រើនអនុម័តគោលនយោបាយឯកោនិយមដើម្បីការពារសេដ្ឋកិច្ចផ្ទៃក្នុងរបស់ពួកគេ។ ភាពឯកោបានរួមចំណែកដល់ការមិនសហការគ្នាកាន់តែខ្លាំងឡើងនៅក្នុងសម្ព័ន្ធ និងឈានទៅដល់ការអង្រួននៃសាមគ្គីភាពរបស់សមាគម ហើយវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩២៩ បានបង្ហាញឱ្យឃើញថា គោលនយោបាយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិជារឿយៗត្រូវបានបោះបង់ចោលក្នុងគ្រាមានអាសន្ន។ ក៏គួររំលេចបន្តិចថា វិបត្ដិសេដ្ឋកិច្ច The Great Depression នេះហើយគឺជាកត្ដាចម្បងសម្រាប់មេនាំភ្លើងសង្គ្រាម Adolf Hitler មានឱកាសឡើងកាន់អំណាចនៅប្រទេសអាល្លឺម៉ង់ដោយជោគជ័យ ហើយដឹកនាំប្រទេសអាល្លឺម៉ង់យ៉ាងរុងរឿងរហូតមានសមត្ថភាពនិងថ្លើមធំក្នុងការចង់វាយគ្រប់គ្រងទ្វីបអឺរ៉ុប ដែលជាហេតុបង្កើតឱ្យមានសង្គ្រាមលោកលើកទី ២ ដែលក៏ជាកត្តាចម្បងបំផុតសម្រាប់ចង្អុលពីអសមត្ថភាពនិងបរាជ័យរបស់សមាគម។

ហេតុផលទីបួនគឺបណ្តាលមកពី ការអសមត្ថភាពរបស់សមាគមនេះនៅក្នុងការដោះស្រាយវិបត្តិអន្តរជាតិ។ ប្រទេសនានាក្នុងសមាគមប្រជាជាតិ ត្រូវបានលើកទឹកចិត្តយ៉ាងសកម្មឱ្យរំសាយអាវុធ ដោយសន្មតថាគេអាចដោះស្រាយជម្លោះគ្រប់បែបយ៉ាងដោយប្រើទំនាក់ទំនងការទូតនៅទីក្រុងហ្សឺណែវ។ ម៉្យាងវិញទៀត ប្រសិនបើកាដោះស្រាយតាមរយ:ការទូតបរាជ័យ សមាគមប្រជាជាតិគ្មានដំណោះស្រាយអ្វីផ្សេងនោះទេពោលគឺមានតែបណ្តាលឱ្យប្រទេសមហាអំណាចបន្តឈ្នះជម្លោះតែប៉ុណ្ណោះ។ ការកេងប្រវ័ញ្ចនិងឈ្លានពានធ្លាប់បានបង្ករដោយប្រទេសមួយចំនួនដូចជាជប៉ុន អាល្លឺម៉ង់ និងអ៊ីតាលី។

ជាក់ស្តែងនៅពេលដែល វិបត្តិអន្តរជាតិបានលេចឡើង ភាពទន់ខ្សោយរបស់សមាគមប្រជាជាតិត្រូវបានលាតត្រដាងយ៉ាងច្បាស់។ នៅឆ្នាំ១៩៣១ កងទ័ពជប៉ុនបានលុកលុយម៉ាន់ជូរី ហើយបន្ទាប់មកចិនបានអំពាវនាវដល់សម្ព័ន្ធដែលចាត់ទុកការឈ្លានពានថាជាអំពើឈ្លានពានដែលសាហាវ និងអសីលធម៌។ បើយើងមើលឱ្យស៊ីជម្រៅបន្តិច ជប៉ុនមានចេតនាច្បាស់ណាស់ ប៉ុន្តែសមាគមន៍ប្រជាជាតិបែរជាគ្មានចំណាត់ការជាមួយជប៉ុនឡើយ ដែលធ្វើឱ្យជប៉ុនចេះតែបានដៃទន្ទា្រនទឹកដីបន្ថែមទៀតនៅលើទ្វីបអាស៊ី។ ការឆ្លើយតបរបស់សមាគមន៏ប្រជាជាតិ គឺដើម្បីបង្កើតគណៈកម្មការស៊ើបអង្កេតដែលដឹកនាំដោយ Lord Lyttonដើម្បីធ្វើការស៊ើបថាតើជប៉ុនកំពុងធ្វើការឈ្លានពានតំបន់ម៉ាន់ជូរីពិតប្រាកដដែរឬទេ។ របាយការណ៍ចុងក្រោយត្រូវបានចំណាយពេលជាងមួយឆ្នាំមុននឹងឈានទៅដល់ការថ្កោលទោសសកម្មភាពរបស់ប្រទេសជប៉ុននិងបានស្នើឱ្យជប៉ុនចាកចេញពីម៉ាន់ជូរី ប៉ុន្តែជប៉ុនមិនព្រមទទួលយកសំណើទាំងនេះទេ ព្រមទាំងផ្គើនសមាគមន៍ដោយលាលែងពី សមាគមប្រជាជាតិក្នុងឆ្នាំ១៩៣៣ និងបន្តពង្រីកមហិច្ចតា។ ទាំងនេះបានបង្ហាញបានបង្ហាញឱ្យឃើញពីភាពទន់ខ្សោយរបស់ សមាគមន៍ប្រជាជាតិក្នុងការដោះស្រាយជម្លោះអន្តរជាតិ និងជាពិសេសគឺការពារប្រទេសជាសមាជិក។ មិនយូរប៉ុន្មាន ប្រទេសសមាជិកផ្សេងទៀតបានចាកចេញពីសមាគមនៃប្រជាជាតិជាបន្តបន្ទាប់។ ជាក់ស្តែង បន្ទាប់ពីការលុកលុយរបស់អ៊ីតាលីលើ Abyssinia អ៊ីតាលីបានដកខ្លួនចេញពីសម្ព័ន្ធ ដើម្បីពង្រឹងការវាតទីបន្ថែមរបស់ខ្លួន។ យ៉ាងណាមិញ ប្រទេសអាឡឺម៉ង់ក៏បានលាលែងពីតំណែងនៅឆ្នាំ ១៩៣៥ដូចគ្នា នៅពេលដែល ហ៊ីត្លែរចង់សម្រេចបំណងរបស់ខ្លួនក្នុងការធ្វើសញ្ជ័យទៅលើបណ្តាលប្រទេសនៅអឺរ៉ុប និងការផ្តួចផ្តើមឡើងនូវសង្រ្គាមលោកលើកទីពីរ។

 

តួនាទីបារាំងក្នុងនាមជាស្ថាបនិកសហភាពអឺរ៉ុប

កាលណានិយាយពីការរួមចំណែករបស់ប្រទេសបារាំងក្នុងសហភាពអឺរ៉ុប យើងត្រូវរំឮកពីដើមកំណើតនៃសហភាអឺរ៉ុបជាមុនសិន នោះគឺរដ្ឋបុរសដ៏អស្ចារ្យជនជាតិបារាំងពីររូបគឺលោក Jean Monnet (១៨៨៨ – ១៩៧៩) និងលោក Robert Schuman (១៩៨៦ – ១៩៦៣)។ ឥស្សរជនទាំងពីររូបនេះត្រូវបានចាត់ទុកថាជាស្ថាបត្យករនៃគម្រោងសមាហរណកម្មអឺរ៉ុប ជាអ្នកដែលផ្ដួចផ្ដើមនូវផ្នត់គំនិតសាមគ្គីភាពរវាងរដ្ឋនិងរដ្ឋ ជាជាងការកាប់សម្លាប់គ្នា បង្កឱ្យកើតជាសង្គ្រាម នេះបើផ្អែកទៅលើសេចក្តីប្រកាសរបស់លោក Robert Schuman នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៥០ នៅទីក្រុងប៉ារីស។ ក្នុងនោះលោកក៏បានបញ្ជាក់ផងដែរថា គោលដៅចម្បងរបស់បារាំងគឺជាការរក្សាការពារនូវសន្តិភាព។ ទោះជាយ៉ាងណា គេក៏មិនភ្លេចដៃគូសហស្ថាបនិកសហភាពអឺរ៉ុបដ៏សំខាន់របស់បារាំងនោះដែរ គឺប្រទេសអាល្លឺម៉ង់។

សហភាពអឺរ៉ុបបច្ចុប្បន្នដែលត្រូវបានបង្កើតឡើងដោយសន្ធិសញ្ញា Maastricht នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ បានវិវត្តចេញពីអង្គការអន្តររដ្ឋាភិបាលដំបូងឈ្មោះថា សហគមន៍សេដ្ឋកិច្ចអឺរ៉ុប (European Economic Community) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៧ ដោយសហស្ថាបនិកចំនួន៦ប្រទេស រួមមាន បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ អ៊ីតាលី លុចសំបួ និងហូឡង់។ ដោយឡែក ការលេចចេញជារូបរាងផ្លូវការរបស់សហភាពអ៊ឺរ៉ុបនៅឆ្នាំ១៩៩៣ មានសមាជិកចំនួន១២ប្រទេសដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញា Maastricht ក្នុងនោះរួមមាន ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ សាធារណរដ្ឋអៀរឡង់ អេស្ប៉ាញ ព័រទុយហ្គាល់ អ៊ីតាលី ក្រិក ដាណឺម៉ាក លុចសំបួ បែលហ្ស៊ិក និងហូឡង់។ រហូតដល់ឆ្នាំ២០១៣ សមាជិកសហភាពអឺរ៉ុបបានកើនដល់២៨ប្រទេស ប៉ុន្តែនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ ចក្រភពអង់គ្លេសបានចាកចេញពីសមាជិកភាព ធ្វើឱ្យសមាជិកសហភាពអឺរ៉ុបបច្ចុប្បន្នមានតែ២៧ប្រទេសតែប៉ុណ្ណោះ។

សហភាពអឺរ៉ុបត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើនសមាហរណកម្មនយោបាយ និងសេដ្ឋកិច្ចអឺរ៉ុប ដោយបង្កើតរូបិយប័ណ្ណតែមួយ គឺប្រាក់អឺរ៉ូ បង្រួបបង្រួមគោលនយោបាយការបរទេស និងសន្តិសុខ លើកកម្ពស់សិទ្ធិជាពលរដ្ឋទូទៅ ដោយការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអន្តោប្រវេសន៍ សិទ្ធិជ្រកកោន និងកិច្ចការតុលាការជាដើម។ សហភាពអឺរ៉ុបក៏ធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០១២ ក្នុងការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការមួយនេះ ដែលបានជួយលើកកម្ពស់សន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប។

តួនាទីបារាំងនៅក្នុងសហភាពអឺរ៉ុប

ក្រុមប្រឹក្សាសហភាពអឺរ៉ុបមិនមានប្រធានអចិន្ត្រៃយ៍នោះទេ ផ្ទុយទៅវិញ អាណត្តិជាប្រធានក្រុមប្រឹក្សានឹងត្រូវបានប្ដូរជារៀងរាល់៦ខែម្ដង ពីប្រទេសមួយទៅប្រទេសមួយទៀតជាបន្តបន្ទាប់។ ក្នុងអំឡុងពេល ៦ខែនោះផងដែរ ប្រធានក្រុមប្រឹក្សានឹងក្លាយជាប្រធានកិច្ចប្រជុំគ្រប់កម្រិតនៅក្នុងក្រុមប្រឹក្សាទាំងអស់។ គិតចាប់ពីឆ្នាំ១៩៥៧ ដល់ ២០២២ ប្រទេសបារាំងបានធ្វើជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបចំនួន១៣លើករួចមកហើយ ដែលក្នុងឆ្នាំ២០២២នេះ ដំណែងជាប្រធានក្រុមប្រឹក្សារបស់បារាំងគឺគិតចាប់ពីខែមករា ដល់ខែ មិថុនា ដែលនឹងត្រូវផុតអាណត្តិនាពេលជាងមួយខែខាងមុខនេះ។

បារាំងបានដើរតួយ៉ាងសំខាន់ក្នុងការនាំមុខសហភាពអឺរ៉ុបនៅលើឆាកអន្តរជាតិ។ ការអនុវត្តគោលនយោបាយបរទេសរួបរួមជាច្រើនក៏ត្រូវបានផ្ដួចផ្ដើមដោយបារាំង ហើយគ្រប់គោលដៅអភិវឌ្ឍន៍លើវិស័យភាគច្រើនដែលដាក់ចេញដោយសហភាពអឺរ៉ុបក៏សុទ្ធតែត្រូវបានជ្រោមជ្រែងដោយបារាំងឈានមុខគេផងដែរ។ វិស័យទាំងអស់នោះមានដូចជា សន្តិភាពនិងស្ថេរភាព ការការពារសិទ្ធិពលរដ្ឋ សិទ្ធិឌីជីថល សិទ្ធិការងារ សិទ្ធិអ្នកប្រើប្រាស់ ជំនួញ ពាណិជ្ជកម្ម អាហារនិងស្ដង់ដារបរិស្ថាន ការទូតអន្តរជាតិនិងការអភិវឌ្ឍន៍ ការទូតនិងសន្តិសុខ អប់រំនិងសុខភាព ជំនួយមនុស្សធម៌ និងវិស័យជាច្រើនទៀត។ គួរដឹងដែរថា បារាំងមានសមាជិកក្នុងសភាអឺរ៉ុបរហូតដល់ទៅ៧៤រូប ដែលពួកគេបានដើរតួយ៉ាងសកម្មក្នុងកិច្ចការជាច្រើនដូចជា ការបោះឆ្នោតជ្រើសតាំងស្ថាប័នសហភាពអឺរ៉ុបជាមួយស្ថាប័ននីតិបញ្ញត្តិ ការតាមដាននិងគ្រប់គ្រងការវិវត្តទូទៅ និងការអនុម័តច្បាប់ថវិកាជាដើម។

ហិរញ្ញប្បទាន និងការខិតខំរបស់បារាំងក្នុងការពង្រឹងសហភាពអឺរ៉ុប

បារាំងគឺជាប្រទេសដែលបានរួមចំណែកផ្ដល់ថវិកាដល់សហភាពអឺរ៉ុបច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអាល្លឺម៉ង់ដែលមានឯកទេសខាងទីផ្សារ និងទិន្នន័យអ្នកប្រើប្រាស់ឈ្មោះថា Statista ក្នុងឆ្នាំ២០២១ បារាំងបានផ្ដល់ថវិកាដល់សហភាពអឺរ៉ុបប្រមាណ ២៩ប៊ីលានអឺរ៉ូ ស្មើនឹងប្រមាណជា ៣០,៥លានដុល្លារអាមេរិក បើធៀបទៅនឹងឆ្នាំ២០២០ មានត្រឹមតែ ២៣,៧ប៊ីលានអឺរ៉ូ ស្មើនឹងប្រមាណជា ២៥លានដុល្លារអាមេរិក។

ម៉្យាងវិញទៀត យើងមិនភ្លេចឡើយនូវវិបត្តិជំងឺឆ្លងកូវីដ១៩ ដែលបានធ្វើឲ្យសេដ្ឋកិច្ចសកលលោក រួមទាំងគ្រប់បណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប ត្រូវរាំងស្ទះខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់ នៅពេលនោះ រដ្ឋាភិបាលបារាំង និងអាល្លឺម៉ង់ព្រមព្រៀងគ្នា ដាក់ស្នើគម្រោងខ្ចីថវិកាសង្គ្រោះចំនួន៥០០ប៊ីលានអឺរ៉ូ ពីស្ថាប័នហិរញ្ញវត្ថុនៅលើទីផ្សារអន្តរជាតិ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដើម្បីឲ្យសហភាពអឺរ៉ុបផ្ទាល់ ធ្វើការបែងចែក ជួយទៅប្រទេស ឬវិស័យដែលរងគ្រោះខ្លាំងបំផុតនៅក្នុងសហភាពអឺរ៉ុប។ គួរបញ្ជាក់ថា ថវិកាសង្គ្រោះដ៏ច្រើនមិនធ្លាប់មានពីមុនមកនេះ គឺជាកម្ចីរួមគ្នា ក្នុងក្របខណ្ឌសហភាពអឺរ៉ុប ដែលមានន័យថាការសងប្រាក់កម្ចីនេះវិញ ក៏ត្រូវសងរួមគ្នាដែរ។

ការបោះឆ្នោតប្រធានាធិបតីបារាំងមានអត្ថន័យដូចម្ដេចសម្រាប់អនាគតទ្វីបអឺរ៉ុប?

កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅពេលដែលលទ្ធផលបោះឆ្នោតបញ្ជាក់ថាលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទីពីរដែលមានរយៈពេល៥ឆ្នាំបន្តទៀត មេដឹកនាំបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប នាំគ្នាចេញសារអបអរសាទរទៅកាន់លោក នេះក៏ព្រោះតែលោក ម៉ាក្រុង មានគោលជំហរគាំទ្រ និងកសាងសហភាពអឺរ៉ុបឲ្យកាន់តែរឹងមាំ។ ផ្ទុយទៅវិញ គូបដិបក្ខរបស់លោក គឺលោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) មានទស្សនៈមិនសូវជាគាំទ្រសមាជិកភាពរបស់បារាំងនៅក្នុងសហភាពអឺរ៉ុបប៉ុន្មានទេ មិនត្រឹមតែប៉ុណ្ណោះ ក្នុងយុទ្ធនាការឃោសនាមុនថ្ងៃបោះឆ្នោតកាលពីឆ្នាំ២០១៧ លោកស្រីក៏បានសន្យាថានឹងដកបារាំងចេញពីសហភាពអឺរ៉ុប ប្រសិនបើគាត់ឈ្នះឆ្នោត ដែលជាហេតុធ្វើឱ្យលេចចេញនៅពាក្យកាត់ជាភាសាអង់គ្លេសមួយថា Frexit មានន័យថា បារាំងដកខ្លួនចេញពីសមាជិកភាពសហភាពអឺរ៉ុប ដែលពាក្យនេះវាស្រដៀងទៅនឹងពាក្យ Brexit ដែរ។

ដូច្នេះការជាប់ឆ្នោតរបស់លោក ម៉ាក្រុង មានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះអនាគតទ្វីបអឺរ៉ុបទាំងមូល មិនមែនត្រឹមតែអនាគតរបស់សហភាពអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែបារាំងក៏មានឥទ្ធិពល និងដើរតួយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាសមាជិកអង្គការណាតូ និងជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ព្រោះលោកជាអ្នកនយោបាយវ័យក្មេងជាងគេម្នាក់ដែលមានគោលគំនិតបង្រួបបង្រួម និងពហុភាគីនិយម។ កាលដែលលោក ម៉ាក្រុង ជាប់ឈ្មោះជាប្រធានាធិបតីរបស់បារាំងកាលពីឆ្នាំ២០១៧គឺប្រៀបបានដូចជាព្រះប្រទានជនកាត់បន្ថយការកើនឡើងនូវប្រជានិយមជន ដែលនៅឆ្នាំ២០១៧ ភូមិសាស្ត្រនយោបាយអន្តរជាតិបានផ្លាស់ប្ដូរយ៉ាងខ្លាំង ដូចជាប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីយកសហរដ្ឋអាមេរិកជាធំបានជាប់ឈ្មោះ ចក្រភពអង់គ្លេសបានបោះឆ្នោតស្នើសុំចេញពីសមាជិកភាពអឺរ៉ុប ការកើនឡើងនូវឥទ្ធិពលរបស់ប្រទេសចិន សង្គ្រាមពាណិជ្ជកម្ម ការរីកឥទ្ធិពលរុស្ស៊ីនៅអឺរ៉ុប និងការកើនឡើងនូវប្រជានិយមជននៅអឺរ៉ុប។ បារាំងបានចូលរួមយ៉ាងសកម្មនៅក្នុងនាមជាសមាជិកសហភាពអឺរ៉ុប ដូចជាការបន្ថយផលប៉ះពាល់ពីកូវីដ១៩នៅក្នុងតំបន់ និងការព្យាយាមបន្ថយស្ថានភាពវិបត្ដិរុស្ស៊ីនិងអ៊ុយក្រែន។ ជុំវិញវិបត្តិសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បារាំងក៏បានខិតខំប្រឹងប្រែងខ្លាំងណាស់ដែរ ក្នុងការបង្កើតឱកាសឱ្យភាគីទាំងពីរបានចូលតុចរចាគ្នាដោយសន្តិវិធីជាច្រើនលើករួចមកហើយ ទាំងនៅពេលរុស្ស៊ីមិនទាន់សម្រេចបើកប្រតិបត្ដិការយោធានៅលើទឹកដីអ៊ុយក្រែន និងសម្របសម្រួលឱ្យមានការចូលរួមពីសហរដ្ឋអាមេរិក បើទោះបីជាលទ្ធផលមិនទាន់ទទួលបានភាពវិជ្ជមាននៃទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ដោយ។ សរុបមក តួនាទីរបស់បារាំងនៅក្នុងសហភាពអឺរ៉ុបគឺប្រកាន់ភ្ជាប់នូវការបង្រួបបង្រួម និងពង្រឹងសាមគ្គីភាពរវាងប្រទេសសមាជិក ហើយតែងតែចេញមុខការពារផលប្រយោជន៍រួមរបស់សហភាពអឺរ៉ុប និងប្រកាន់គោលនយោបាយការបរទេសបែបត្រជាក់ ទន់ភ្លន់តែមិនទន់ជ្រាយ រឹងមាំតែមិនរឹងរុស គឺរក្សាទំនាក់ទំនងល្អជាមួយគ្រប់ភាគី មិនថាសហរដ្ឋអាមេរិក រុស្ស៊ី ឬក៏ចិននោះទេ ព្រោះលោកប្រធានាធិបតីបារាំងមិនចង់ឃើញសង្គ្រាមលោកផ្ទុះឡើងនៅលើទឹកដីនៃទ្វីបអឺរ៉ុប ដែលជាការជាន់ដានប្រវត្តិសាស្ត្រនោះទេ។

វិស័យកីឡាបាល់ទាត់ឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ី

កីឡាបាល់ទាត់គឺជាកីឡាមួយដែលពេញនិយមក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ក្នុងការប្រកួតបាល់ទាត់នីមួយៗក៏មានការផ្សាភ្ផាប់ជាមួយនឹងពាណិជ្ជកម្មនិងខ្លឹមសារន័យអប់រំជាច្រើនដូចជាបញ្ឍប់ការរើសអើងឬ ការគោរពសិទ្ធគ្នាទៅវិញទៅមកដោយសារតែកីឡានេះមានការគាំទ្រច្រើនដែលអាចធ្វើឱ្យមនុស្សជាច្រើនបានមើលឃើញអ្វីដែលការប្រកួតបានផ្សព្វផ្សាយ។ មួយរយៈពេលនេះ ក្នុងវិបត្តិសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ពិភពលោកហាក់បានក្រោកប្រឆាំងក្នុងការឈ្លានពាននេះ ដែលក្នុងនោះផងដែរយើងឃើញថាក្នុងវិស័យបាល់ទាត់ក៏មានការផ្សព្វផ្សាយប្រឆាំងនឹងសង្គ្រាមមួនេះផងដែរ ដែលមានដូចជាការប្រកួតក្របខ័ណ្ឌលីគកំពូលអង់គ្លេស(Primer league)។ ក្នុងនោះ ក្រុមខ្លះបានពាក់អាវគាំទ្រអ៊ុយក្រែនជាកម្លាំងចិត្តនិងបានលុបចោលកិច្ចសន្យាចាក់ផ្សាយរបស់ការប្រកួតក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីការលុកលុយ ហើយក៏នឹងបរិច្ចាគ ១ លានផោនដល់មូលនិធិសង្គ្រោះរបស់គណៈកម្មាធិការសង្គ្រោះគ្រោះមហន្តរាយ។ រីឯក្លឹបចំនួន២០របស់លីកបានយល់ព្រមជាឯកច្ឆ័ន្ទក្នុងការផ្អាកកិច្ចព្រមព្រៀងជាមួយដៃគូផ្សាយជាមួយរុស្ស៊ីដោយមានប្រសិទ្ធិភាពភ្លាមៗ។ ចំណែកឯការប្រកួតរបស់ក្លឹបនៃប្រទេសរុស្សី និងជម្រើសជាតិរុស្សីក៏ត្រូវបានគេដកសិទ្ធិប្រកួតក្នុងក្របខ័ណ្ខអន្តរជាតិផងដែរ។ តើសង្គ្រាមរុស្សីនិងអ៊ុយក្រែនបានធ្វើឱ្យវិស័យបាល់ទាត់ប្រែប្រួលដូចម្តេចខ្លះ?

១.ការចាប់ផ្តើមនៃទណ្ឌកម្មលើក្លឹបបាល់ទាត់ដែលពាក់ព័ន្ធនឹងរុស្ស៊ី

ចាប់ពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃដែលរុស្សីបានធ្វើការវាយប្រហារទៅលើអ៊ុយក្រែនមក វាបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គ្រប់មជ្ឈដា្ឋនបានចាប់ផ្តើមថ្កោសទោសនូវការឈ្លានពានមួយនេះមិនថាមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច និងជាពិសេសមជ្ឈដ្ឋានកីឡាក៏មានការថ្កោសទោសនិងដាក់ទណ្ឌកម្មមកលើរុស្ស៊ីផងដែរ។ មួយវិញទៀត អ្វីដែលគួរចាប់អារម្មណ៍ក្នុងវិស័យកីឡានោះគឺវិស័យបាល់ទាត់ដែលបានថ្កោសទោសយ៉ាងខ្លាំងនិងបានដាក់ទណ្ឌកម្មជាច្រើនទៅក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី និងក្រុមបាល់ទាត់ក្លឹបអាជីពនៅរុស្ស៊ីពីសហព័ន្ធបាល់ទាត់ពិភពលោក(FIFA) និងសហព័ន្ធបាល់ទាត់អឺរ៉ុប(UEFA) ។ បើយើងនិយាយអំពីទណ្ឌកម្មដំបូងមកក្លឹបអាជីពមួយនៅរុស្ស៊ីគឺ ស្ប៉ាតា ម៉ូស្គូ(spartakmoscow)ត្រូវបានដកចេញពីការប្រកួតក្របខណ្ឌទី២របស់អឺរ៉ុបនិងបានឱ្យក្រុមមួយទៀតឡើងដោយស័្វយប្រវត្តិ។ ម្យ៉ាងទៀត ក្រុមហ៊ុនរុស្ស៊ីដែលបានឧបត្ថម្ភលើក្លឹបបាល់ទាត់នៅអឺរ៉ុបត្រូវបានក្លឹបបញ្ចប់កុងត្រាមុនការកំណត់ដោយសារតែមិនគាំទ្រនិងការឈ្លានពានរបស់រុស្សីនេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងគេក្នុងវិស័យបាល់ទាត់នោះគឺក្លឹបបាល់ទាត់មួយដ៏ល្បីល្បាញនៅអង់គ្លេសគឺក្លឹបឆែលស៊ី (Chelsea) ដែលមានម្ចាស់ក្លឹបជាជនជាតិរុស្ស៊ីនិងជាមនុស្សម្នាក់ដែលស្និទ្ធនឹងលោកពូទីនផងដែរនោះ គឺលោក រូមែន អាប្រាហាមូវិច ត្រូវបានរាជរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្មជាខ្លាំងទាំងរូបលោកនិងក្លឹបបាល់ទាត់ឆែលស៊ី។ ក្នុងនោះដែរ សម្រាប់រូបលោកផ្ទាល់ក៏ត្រូវបានរាជរដ្ឋាភិបាលអង់គ្លេសបង្កកទ្រព្យសម្បត្តិនៅក្នុងប្រទេសអង់គ្លេសថែមទៀតផង។ មុននេះបន្តិច លោកក៏បានព្យាយាមលក់ភាគហ៊ុនអចលនទ្រព្យនៅទីក្រុងឡុងដ៍តម្លៃ ២០០ លានផោនក្នុងរយៈពេលប៉ុន្មានថ្ងៃដើម្បីចៀសវាងការបង្កកទ្រព្យសម្បត្តិរបស់គាត់ក្នុងករណីដែលគាត់ត្រូវបានដាក់ទណ្ឌកម្មដោយចក្រភពអង់គ្លេស តែចុងក្រោយក៏នៅតែរាជរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្មដដែល។ បើនិយាយពីក្លឹបបាល់ទាត់ឆែលស៊ីនេះវិញ ក៏ត្រូវបានរាជរដ្ឋាភិបាលប្រទេសអង់គ្លេសដាក់ទណ្ឌកម្មដោយហាមឃាត់មិនឱ្យលក់សំបុត្រសម្រាប់ការប្រកួត ដោយមានតែអ្នកកាន់សំបុត្ររដូវកាលប៉ុណ្ណោះដែលអាចចូលរួមការប្រកួតបានរហូតដល់ចប់រដូវកាល។ លើសពីនេះទៅទៀត ក្លឹបនេះក៏មិនអាចផ្តល់កិច្ចសន្យាថ្មីដល់កីឡាករ ឬចូលរួមក្នុងសកម្មភាពផ្ទេរ ក៏ដូចជាមិនអាចលក់ទំនិញដូចជាខោអាវក្លិបនិងវត្ថុអនុស្សាវរីយ៍របស់ក្លិបបានទៀតទេ ហើយក្រុមហ៊ុនមួយចំនួនបានបញ្ចប់កិច្ចសន្យាមុនកាលកំណត់ជាមួយក្លិបមួយនេះផងដែរ។

២. ការដកក្រុមជម្រើសជាតិរុស្សីចេញពីការជម្រុះបាល់ទាត់ពិភពលោក

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាការប្រកួតមួយដែលមានការចាប់អារម្មណ៍ខ្លាំងទូទាំងសកលលោកដោយសារជាព្រឹត្តិការណ៍មួយដែលប្រព្រឹត្តិក្នុងរយៈពេល ៤ ឆ្នាំម្តង។ ដូចជាធម្មតា ក្រុមជម្រើសជាតិកីឡាករបាល់ទាត់រុស្ស៊ីក៏អាចមានឱកាសចូលរួមព្រឹត្តិការណ៍នេះផងដែរក្នុងឆ្នាំ២០២២ក្នុងប្រទេសកាតា(Qatar)។ ក៏ប៉ុន្តែដោយមានការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បានធ្វើឱ្យមជ្ឈដ្ឋានបាល់ទាត់មានការភ្ញាក់ផ្អើលហើយទាំងសហព័ន្ធបាល់ទាត់ទី្វបអឺរ៉ុបនិងសហព័ន្ធបាល់ពិភពលោកបានសម្រេចចេញសេចក្តីថ្លែងការណ៍រួមមួយក្នុងការដកក្រុមជម្រើសជាតិរុស្ស៊ីចេញពីការជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០២២កាលពីចុងខែកុម្ភៈ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ សេចក្តីថ្លែងការនោះបានប្រកាសថា ក្រុមជម្រើសជាតិរុស្ស៊ី និងក្លឹបរុស្ស៊ីទាំងអស់នឹងត្រូវហាមឃាត់មិនឱ្យចូលរួមការប្រកួតអន្តរជាតិរហូតដល់មានការជូនដំណឹងបន្ថែម។ បន្ទាប់ពីការដកនេះផងដែរ លោក វ្លាឌីមៀល ពូទីន ក៏បានប្រតិកម្មផងដែរថាមិនគួរយករឿងនយោបាយមកពាក់ព័ន្ធជាមួយនឹងកីឡា ហើយសហព័ន្ធបាល់ទាត់រុស្ស៊ីក៏បានដាក់ពាក្យបណ្តឹងទៅតុលាការកីឡាផងដែរ តែចុងក្រោយក៏បានដកពាក្យបណ្ដឹងប្រឆាំងនឹងការសម្រេចចិត្តរបស់សហព័ន្ធបាល់ទាត់ពិភពលោកក្នុងការបណ្តេញក្រុមជម្រើសជាតិបុរសរបស់ខ្លួនចេញពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ វិញ។ ដូច្នេះ ក្រុមបាល់ទាត់ជម្រើសជាតិ គ្មានឱកាសលើឆាកប្រកួតអន្តរជាតិឡើយ ជាពិសេសបាល់ទាត់ពិភពលោកឆ្នាំ២០២២ និងទាំងក្រុមជម្រើសជាតិនិងក្លឹបបាល់ទាត់រុស្ស៊ីនឹងមិនបានចូលរួមព្រឹត្តិការណ៍អន្តរជាតិរហូតដល់មានការវវិត្តវិញនៃការសម្រេចចិត្តឡើងវិញរបស់សហព័ន្ធបាល់ទាត់ពិភពលោក។

សរុបមកសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនមិនត្រឹមតែធ្វើឱ្យមានប្រតិកម្មលើវិស័យនយោបាយនិងសេដ្ឋកិច្ចនោះទេ ប៉ុន្តែវិស័យកីឡាក៏មានការដាក់ទណ្ឌកម្មមិនឱ្យអត្តពលិកចូលប្រកួតពានរង្វាន់អន្តរជាតិ ដែលយើងចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺវិស័យបាល់ទាត់ដែលជាកីឡាដ៏មានប្រជាប្រិយភាពជាងគេ។ សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានធ្វើឱ្យពិភពបាល់ទាត់មិនពេញចិត្តនៅការឈ្លានពាន ហើយបានធ្វើឱ្យក្រុមជម្រើសជាតិរុស្ស៊ីមិនបានចូលរួមប្រកួតដណ្ដើមពានរង្វាន់អន្តរជាតិ និងក្រុមហ៊ុនរុស្ស៊ីដែលឧបត្តម្ថលើក្លឹបបាល់ទាត់ផ្សេងត្រូវបានលុបកិច្ចសន្យា។ ហើយមួយទៀត ក្លឹបដែលមានម្ចាស់ជាជនជាតិរុស្ស៊ីក៏ត្រូវបានហាមឃាត់មិនឱ្យលក់សម្ភារៈនិងសំបុត្រដែលនេះធ្វើឱ្យក្លឹបនោះអាចជួបវិបត្តិហិរញ្ញវត្ថុផងដែរ។ នេះហើយដែលជាឥទ្ធិពលសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលជះលើវិស័យបាល់ទាត់ ដែលធ្វើឱ្យរុស្ស៊ីទទួលទណ្ឌកម្មច្រើនមិនថានយោបាយ សេដ្ឋកិច្ចនិងកីឡា។

តើអង្គការសហប្រជាជាតិមិនអាចតាមទាន់របត់ភូមិសាស្ត្រនយោបាយមែនទេ?

នៅពេលដែលភ្លើងសង្គ្រាមលោកលើកទី ២ បានរលត់ ប្រទេសដែលឈ្នះសង្គ្រាមទាំង ៥ បានមូលមតិគ្នាដើម្បីបង្កើតរបបថ្មីមួយសម្រាប់ដឹកនាំពិភពលោក និងជាពិសេសគឺបញ្ចៀសសង្គ្រាមលោកទី ៣។ តាមពិតទៅ ត្រឡប់មើលទៅប្រវត្តិសាស្រ្ត ក្នុងពេលដែលសង្រ្គាមលោកលើកទី២កំពុងបន្ត អាល្លឺម៉ង់និងជប៉ុននៅពុំទាន់ចុះចាញ់ មេដឹកនាំនៃប្រទេសធំទាំងបីគឺ លោក Franklin D. Roosevelt នៃសហរដ្ឋអាមេរិក លោក Winston Churchill នៃចក្រភពអង់គ្លេស និង លោក Joseph Stalin នៃសហភាពសូវៀត បានបើកសនិ្នសីទនៅទីក្រុងយ៉ាល់តា នាឆ្នាំ១៩៤៥ ខែកុម្ភ: ដែលរមែងត្រូវបានគេស្គាល់ថាជា សន្និសីទយ៉ាល់តា បានផ្តួចផ្តើមគំនិតក្នុងការស្វែងរកសនិ្តភាពជូនពិភពលោក ដែលគេជឿថាសន្និសីទនេះគឺជាជំហានដំបូងក្នុងការបង្កើតអង្គការសហប្រជាជាតិ។យ៉ាងណាមិញ របបមួយនេះក៏ត្រូវបានអ្នកជំនាញជាច្រើនយល់ឃើញថាហាក់ដូចជាហួសសម័យកាលបន្តិច និងមិនអាចដោះស្រាយបញ្ហាសកលទៅតាមបរិបទរបស់ភូមិសាស្ត្រនយោបាយបច្ចុប្បន្នបាន។

សិទ្ធិវេតូគឺជាឧបសគ្គ

អ្វីដែលយើងគួរចាប់អារម្មណ៍លើកត្តាដែលជាឧបសគ្គរារាំងមិនឱ្យអង្គការសហប្រជាជាតិនោះគឺសិទ្ធិវេតូ។ សិទ្ធិវេតូនេះគឺជាអំណាចមួយសម្រាប់ប្រទេសជាសមាជិកអចិន្ត្រៃយ៍ទាំង៥ សម្រាប់រារាំងសេចក្ដីសម្រេចណាមួយដែលខ្លួនចង់ជំទាស់។ សិទ្ធវេតូនេះត្រូវបានប្រើប្រាស់ដំបូងគេដោយសហភាពសូវៀត កាលពីឆ្នាំ១៩៤៦ ក្នុងករណីដកទ័ពចេញពីប្រទេសលីបង់ និងស៊ីរី។ តាំងពីអង្គការសហប្រជាជាតិបង្កើតកាលពីឆ្នាំ ១៩៤៥ មក ក្រុមប្រទេសសមាជិកអចិន្ត្រៃយ៍បានប្រើប្រាស់សិទ្ធិវេតូអស់ ២៩៥ លើក ហើយសហភាពភាពសូវៀតនិងរុស្ស៊ីប្រើប្រាស់លើសពីពាក់កណ្ដាលនៃចំនួនវេតូសរុប ដែលតាមពីក្រោយដោយសហរដ្ឋអាមេរិក។ ការវេតូនេះទៀតសោត គឺមិនមែនសម្រាប់តែស្វែងរកសន្តិភាពជូនពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែនៅក្រោយវាំងនននៃការវេតូគឺដើម្បីការពារប្រយោជន៍របស់ប្រទេសទាំង៥នោះ និងការពារប្រទេសជាសម្ព័ន្ធមិត្ដដើម្បីបានប្រយោជន៍ភូមិសាស្ត្រនយោបាយ។ ហេតុដូច្នេះហើយទើបគោលនយោបាយការបរទេសរបស់ប្រទេសតូចៗជាមួយប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង៥គឺប្រៀបបានស្វែងរកខ្នងបង្អែកមួយសម្រាប់ការពារខ្លួន នៅពេលសកម្មភាពរបស់ខ្លួនអាចដើរហួសពីបន្ទាត់ក្រហមដែលអាចឈានចូលទៅក្នុងអង្គការសហប្រជាជាតិ។ ជាក់ស្ដែង ការវាយប្រហារក្នុងទឹកដីរបស់អ៊ុយក្រែនរបស់រុស្ស៊ីគឺគ្មានការថ្កោលទោសណាមួយពីអង្គការសហប្រជាជាតិឡើយ ហើយអង្គការសហប្រជាជាតិបានត្រឹមតែអង្វរនិងអំពាវនាវឱ្យមានការចរចារនិងបញ្ចប់សង្គ្រាម។

ការដើរផ្លូវចាស់របស់ League of Nations

អង្គការសហប្រជាតិកំពុងដើរទៅកាន់ផ្លូវចាស់ដូចដែលធ្លាប់អនុវត្តមុនសង្គ្រាមលោកលើកទី២ តាមរយ: (គោលនយោបាយលួងលោមអ្នកឈ្លានពាន) Appeasement policy ​។ បើត្រឡប់មើលទៅតថភាពនាសតវត្សន៍ទី ២០នៃបណ្តាប្រទេសនៅអឺរ៉ុបទាំងអស់វិញ បន្ទាប់ពីសង្គ្រាមលោកលើកទីមួយបានបញ្ចប់ ឥទ្ធិពលប្រទេសមហាអំណាចដូចជា ចក្រភពអង់គ្លេស និងបារាំងត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ហើយផលវិបាកដែលសង្រ្គាមបានបន្សល់ទុកឱ្យពួកគេធ្វើឱ្យប្រទេសភាគច្រើនមានបំណងប្រាថ្នានយោបាយដ៏ខ្លាំងក្លាមួយគឺ “នឹងហ៊ានលះបង់គ្រប់យ៉ាងដើម្បីសម្រេចបានសន្តិភាពសារជាថ្មី” ។ បំណងប្រាថ្នាស្វែងរកសន្តិភាព និងភាពនឿយហត់ចំពោះសង្រ្គាម គួបផ្សំនឹងវិបត្តិសេដ្ឋកិច្ចពិភពលោកនាទសវត្សរ៍ឆ្នាំ ១៩៣០ ជាលទ្ធផលជុំរុញឱ្យមានការលើកឡើងនូវ Appeasement policy ដោយអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Neville Chamberlain ដែលលោកជឿជាក់ថា សង្គ្រាមអាចបញ្ចៀសបានតាមរយៈការចរចា កិច្ចព្រមព្រៀង និងការទូត។ គោលនយោបាយរបស់គាត់គឺដើម្បីផ្គាប់ចិត្តអ៊ីត្លែរ(Hitler) ស្របពេលដែលមានន័យផងដែរថា នឹងត្រូវលះបង់អធិបតេយ្យភាពបូរណភាពទឹកដីរបស់ប្រទេសតូចៗតាមរយ: កិច្ចព្រមព្រៀងទីក្រុង Munich បានយល់ព្រមលើការកាត់ទឹកដីរបស់ប្រទេសឆេកូស្លូវ៉ាគីនៅតំបន់ Sudetenland ទៅឱ្យអ៊ីត្លែរដោយគិតថា អាចបញ្ចៀសសង្គ្រាម ។ ប៉ុន្តែ សកម្មភាពនេះបានមើលសា្រលយ៉ាងខ្លាំងចំពោះភាពលោភលន់របស់អ្នកដឹកនាំដែលមានមហិច្ចតាធំដូចជាលោក អ៊ីត្លែរ រហូតធ្វើឱ្យមានការផ្ទុះសង្គ្រាមលោកសារជាថ្មី ។ លើសពីនេះទៅទៀត វាក៏ដូចទៅនឹងសកម្មភាពដែលរុស្ស៊ីកំពុងអនុវត្តបច្ចុប្បន្នផងដែរ ទោះបីជារុស្សីបានព្រងើយកន្តើយចំពោះច្បាប់អន្តរជាតិដោយផ្គើននឹងអង្គការសហប្រជាជាតិ និងបទដ្ឋានអន្តរជាតិនៃការគោរពអធិបតេយ្យភាពជាតិក្តី ក៏អង្គការសហប្រជាជាតិមិនអាចធ្វើអ្វីបានក្រៅពីអំពាវនាវនិងអង្វរឱ្យរុស្ស៊ីបញ្ឈប់សង្គ្រាម ខណៈបណ្តាប្រទេសជាច្រើនបានអនុប្បវាទទៅលើការថ្កោលទោសចំពោះករណីរុស្សីឈ្លានពានលើអធិបតេយ្យភាព បូរណភាពទឹកដីរបស់អ៊ុយក្រែន ដោយសារតែប្រទេសទាំងនោះត្រូវការរុស្ស៊ីដើម្បីបំពេញនូវតម្រូវការសេដ្ឋកិច្ច។ ទិន្ទឹមនឹងនេះ អង្គការសហប្រជាជាតិកំពុងដើរលើគន្លងចាស់របស់សម្ព័ន្ធប្រជាជាតិ(League of Nations) ទៅហើយ ចាប់តាំងពីសង្រ្គាមនៅគ្រីមៀរ (Crimean War) នៅឆ្នាំ២០១៤ មកម្ល៉េះ ។ Appeasement policy បានលើកទឹកចិត្តឱ្យរុស្សីបន្តពង្រីកការឈ្លានពាន ហើយជ័យជម្នះនីមួយៗបានធ្វើឱ្យលោកមានទំនុកចិត្ត និងកម្លាំងក្នុងការបន្តទៅមុខជានិច្ច ដរាបណាការប្រឆាំងជាសកលលោកនៅមិនខ្លាំងក្លារហូតអាចទប់ទល់បាននឹងឥទ្ធិពលមហាអំណាចរបស់ប្រទេសកម្មុយនីស្តមួយនេះ។ មួយវិញទៀត ប្រសិនរុស្សីអាចដកខ្លួនដោយជោគជ័យ ដោយពុំមានទណ្ឌកម្មធ្ងន់ធ្ងរម្តងនេះទៀត នោះវាអាចជាគំរូដ៏អាក្រក់មួយដែលអាចឱ្យប្រទេសដទៃយកតម្រាប់តាម រំលោភអធិបតេយ្យភាពប្រទេសផ្សេងៗដោយមិនញញើត ។ ដូចនេះហើយទើបបានជាប្រទេសជាច្រើនបាននាំគ្នាបញ្ចូនជំនួយ ជាពិសេសសព្វាវុធទៅអ៊ុយក្រែនដើម្បីទប់ទល់ជាមួយរុស្ស៊ី ក៏ទោះបីជាមិនប្រឈមមុខជាមួយរុស្ស៊ីដោយផ្ទាល់ រួមជាមួយការដាក់គំនាបសេដ្ឋកិច្ច។

សរុបសេចក្តីមក នៅក្រោមកាលៈទេសៈបច្ចុប្បន្ន កំណែទម្រង់មិនត្រឹមតែជាកត្តាចាំបាច់សម្រាប់វឌ្ឍនភាពនិងនិរន្តភាពរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធនាការចាំបាច់សម្រាប់ស្ថាប័នអន្តរជាតិនេះ ក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃស្ថានភាពអន្តរជាតិថ្មី ព្រមទាំងដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរ ចំពោះបញ្ហាសកលលោកផ្សេងៗដែលកំពុងបន្តកើតមាន។ ជាក់ស្ដែងប្រសិនបើយើងមើលឱ្យមែនទែនទៅ ចំនួនសមាជិកអចិន្ត្រៃយក៏ជាបញ្ហាដែរ ដែល ៣ ក្នុងចំណោម ៥ នោះគឺមកពីទ្វីបអឺរ៉ុប ខណៈទ្វីបអាហ្វ្រិកមិនមានអ្នកដែលអាចឈរជាសម្លេងក្នុងសមាជិកអចិន្ត្រៃយ៍ទាល់តែសោះ។ ជាមួយគ្នានេះ បច្ចុប្បន្នប៉ូលមហាអំណាចមិនដូចកាលពីបង្កើតអង្គការសហប្រជាជាតិដំបូងទេ ដែលប្រទេសមហាអំណាចបានកើនឡើងជាលំដាប់ ហើយសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបតែម្ខាងមិនអាចទ្រទ្រង់សន្តិសុខពិភពលោកបានឡយ។  ម៉្យាងវិញទៀត មានតែកំណែទម្រង់ទេ ទើបយន្តការរបស់អង្គការអាចមានប្រសិទ្ធិភាពជាងមុន ដែលមិនក្លាយជាឧបករណ៍របស់ប្រទេសមហាអំណាច ហើយអាចបញ្ចៀសខ្លួនក្លាយជាសម្ព័ន្ធប្រជាជាតិ (League of Nations) ទីពីរបាន ។

ហេតុអ្វីឧស្សាហកម្មផលិតអាវុធគឺជាឧស្សាហកម្មមិនចេះជួបវិបត្ដិ?

សុខសន្តិភាពគឺជាអ្វីដែលមនុស្សជាច្រើនស្រលាញ់និងចង់បាន ប៉ុន្តែក៏មានអ្នកខ្លះប្រាថ្នាចង់ចង់ឃើញសង្គ្រាម ដោយសារតែពួកគេសម្លឹងឃើញសង្គ្រាមថាជាឱកាសដែលអាចទាញយកប្រយោជន៍បានទាំងការទូតនិងសេដ្ឋកិច្ច។ ក្នុងន័យនេះ ឧស្សាហកម្មផលិតអាវុធគឺជាឧស្សាហកម្មមួយដែលមិនអាចឈប់សម្រាក ទោះបីជាពិភពលោកមានសន្តិភាព ឬពិភពលោកមានសង្គ្រាម ឬពិភពលោកជាមួយវិបត្ដិសេដ្ឋកិច្ច ឬវិបត្ដិសង្គមណាមួយឡើយ។ ប្រទេសទន់ខ្សោយហើយទទួលការគម្រាមកំហែងត្រូវការទិញសព្វាវុធទំនើបៗដើម្បីការពារបូរណភាពទឹកដីទោះបីជាមិនទាន់មានសង្គ្រាម ខណៈប្រទេសដែលខ្លាំងមហាអំណាចប្រើប្រាស់ឧស្សាហកម្មផលិតអាវុធអភិវឌ្ឍវិស័យយោធាដើម្បីពង្រឹងអំណាច ព្រមទាំងប្រើប្រាស់ឧស្សាហកម្មនេះដើម្បីជាផ្លូវរកចំណូលសេដ្ឋកិច្ច។

ប្រទេសធំៗដែលនាំចេញអាវុធលើពិភពលោក

យោងតាម Stockholm International Peace Research Institute (SIPRI) បានឱ្យដឹងថា ៧៦% នៃសព្វាវុធ ដែលនាំចេញទៅជុំវិញពិភពលោកចាប់ពីឆ្នាំ ២០១៥ – ២០១៩ គឺមានតែប្រទេសចំនួនប្រាំប៉ុណ្ណោះ ដែលសកម្មបំផុត ដោយក្នុងនោះរួមមាន សហរដ្ឋអាមេរិក រុស្ស៊ី បារាំង អាល្លឺម៉ង់ និងចិន។ យោងតាមការស្រាវជ្រាវរបស់ Sweden-based research institute សហរដ្ឋអាមេរិកបានគ្រប់គ្រងទីផ្សារសព្វាវុធ រហូតដល់ ៣៧% ដោយបាននាំចេញទៅកាន់ប្រទេសចំនួន ៩៦ នៅទូទាំងពិភពលោក។ ប្រទេសដែលទទួលនាំចូលអាវុធភាគច្រើន គឺជាប្រទេសដែលស្ថិតនៅតំបន់មជ្ឈឹមបូព៌ា ពិសេសគឺប្រទេស អារ៉ាប់ប៊ីសេអូឌីត ដែលបាននាំចូលអាវុធរហូតដល់ ២៥% បើធៀបនឹងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។

លើសពីនេះ វាជារឿងមួយគួរឱ្យចាប់អារម្មណ៍ផងដែរ ដែលឧស្សាហកម្មផលិតអាវុធ គឺជាផ្នែកមួយនៃសសរស្តម្ភសេដ្ឋកិច្ចរបស់ទ្វីបអឺរ៉ុប ដោយប្រទេសបារាំង ចក្រភពអង់គ្លេស អេស្ប៉ាញ និងអ៊ីតាលីបានក្ដោបក្ដាប់ទីផ្សារពិភពលោករហូតដល់ ២៥% ដែលនេះគឺជាចំនួនមួយដ៏ច្រើនគួរឱ្យកត់សម្គាល់ នេះបើយោងតាមការស្រាវជ្រាវពី Stockholm International Peace Research Institute (SIPRI) ។ ទីផ្សារនាំចូលអាវុធធំបំផុតគឺប្រទេសនៅក្នុងតំបន់មជ្ឈឹមបូព៌ា ឥណ្ឌា អាស៊ី និងអូសេអានី ខណៈការនាំចូលអាវុធ ពីតំបន់មួយចំនួនដូចជា ទ្វីបអាមេរិក ទ្វីបអាហ្វ្រិក ទ្វីអាស៊ី ទ្វីបអូសេអានី និងអឺរ៉ុបក៏មានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ។

ឈ្មួញអាវុធធំៗបំផុត ២ របស់ពិភពលោកកាលពីសង្គ្រាមត្រជាក់

ចាប់តាំងពីបញ្ចប់សង្គ្រាមលោកទី២ សករាជនៃសង្គ្រាមត្រជាក់រវាងសូវៀត និងអាមេរិកក៏ចូលមកអង្គ្រួននយោបាយពិភពលោកយ៉ាងសម្បើម។ ពេលនោះឯងដែលឥទ្ធិពល និងវត្តមានរបស់សហរដ្ឋអាមេរិក និងសហភាពសូវៀតបានចាប់ផ្ដើមវាទីពិភពលោក ជាមួយនឹងការនាំយកមនោគមន៍វិជ្ជាសេរីនិយម និងកុម្មុយនីស្ត ទៅពង្រាយតាមប្រទេសជាច្រើនក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរ។ ក្នុងរូបភាពផ្សព្វផ្សាយមនោគមន៍វិជ្ជានេះ ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យជាច្រើនបានក្លាយជាសម្ព័ន្ធមិត្តរបស់អាមេរិក ឯប្រទេសកាន់លទ្ធិកុម្មុយនីស្តក៏ក្លាយជាសម្ព័ន្ធមិត្តរបស់សូវៀតដូចគ្នា ដែលនាំឱ្យពិភពលោកមានការបែងចែកប្លុកជាពីរគឺ ប្លុកសេរី និងប្លុកកុម្មុយនីស្តនៅពេលនោះ។

ការក្លាយជាសម្ព័ន្ធមិត្តរបស់អាមេរិក និងសូវៀត ក៏ជាផ្នែកមួយនៃប្រយោជន៍សម្រាប់អាមេរិកនិងសូវៀតដូចគ្នា ព្រោះប្រទេសទាំងនោះនឹងក្លាយជាម៉ូយដែលទិញអាវុធទំនើបៗពីអាមេរិក និងសូវៀត។ នេះក៏ជាផ្នែកមួយនៃផលប្រយោជន៍ក្នុងសង្គ្រាមត្រជាក់ផងដែរ យោងតាម VISUAL CAPITALIST បានឱ្យដឹងថាប្រទេសយក្សទាំងពីរនេះ បានលក់អាវុធទៅកាន់ទីផ្សារពិភពលោកពីឆ្នាំ១៩៥០ ដល់ ២០១៧ រហូតដល់ ៦២% ឯណោះ។

នៅក្នុងសម័យសង្គ្រាមត្រជាក់យើងឃើញមានប្រទេសមួយចំនួនបានក្លាយជាទីលានប្រជែងឥទ្ធិពលរវាងសូវៀត និងអាមេរិកមានជាអាទិ៍ កូរ៉េ និងវៀតណាមជាដើម ហើយប្រទេសទាំងនេះក៏ជាទីផ្សារសម្រាប់លក់អាវុធរបស់សូវៀត និងអាមេរិកដូចគ្នា។ មែនទែនទៅ ប្រទេសទាំងពីរនេះឯង ជាឈ្មួញអាវុធ ដែលជួញដូរ និងទាញប្រយោជន៍ពីវិស័យអាវុធយុទ្ធភ័ណ្ឌធំបំផុតនៅលើពិភពលោក។

ឧស្សាហកម្មផលិតអាវុធជាឧស្សាហកម្មមិនចេះជួបវិបត្តិ

នៅក្នុងពិភពលោកវិបត្តិក្នុងវិស័យផ្សេងៗតែងតែកើតឡើងជាប្រចាំ លើកលែងតែវិស័យផលិតអាវុធប៉ុណ្ណោះ ដែលមិនចេះជួបវិបត្តិ ផ្ទុយទៅវិញបែរជាមានការរីកចម្រើនរាល់ឆ្នាំ។ មូលហេតុដែលធ្វើឱ្យវិស័យនេះរីកចម្រើនគ្រប់ពេល ដោយសារតែនៅលើពិភពលោកសព្វថ្ងៃ តែងតែមានជម្លោះយោធា និងវិបត្តិភូមិសាស្ត្រនយោបាយជាប្រចាំ ហើយវិបត្តិនេះគឺកើតចេញពីការប្រជែងឥទ្ធិពលរវាងប្រទេសមហាអំណាចតែម្ដង។ វាបណ្ដាលឱ្យគ្រប់ប្រទេសទាំងអស់ បង្កើនការចំណាយថវិកាជាតិរបស់ខ្លួន ទៅលើការទិញអាវុធយុទ្ធភ័ណ្ឌទំនើបៗ កាន់តែច្រើនឡើងៗរាល់ឆ្នាំ ដើម្បីការពារដែនអធិបតេយ្យភាព និងប្រយោជន៍ជាតិសាសន៍ពួកគេរៀងខ្លួន។ ហេតុផលនេះ បានធ្វើឱ្យប្រទេសដែលជាប្រភពផ្គត់ផ្គង់អាវុធ ទាញផលប្រយោជន៍ពីការលក់អាវុធរបស់ខ្លួនបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសគឺប្រទេសអាមេរិកតែម្ដង។ គួរឱ្យដឹងផងដែរថា ក្នុងចំណោមក្រុមហ៊ុនដែលផលិតអាវុធធំៗចំនួន២០នៅលើពិភពលោក ក្រុមហ៊ុនកំពូលៗទាំងប្រាំ សុទ្ធតែជារបស់អាមេរិកទាំងអស់ ដែលក្រុមហ៊ុនទាំងនោះមានដូចជា Lockheed Martin, Boeing, General Dynamics, Raytheon និង Northrop ។ ក្នុងន័យនេះ ការទិញលក់សព្វាវុធសឹងតែប្រៀបបានជាទំនិញមូលដ្ឋានដ៏ចាំបាច់ ដែលទោះបីជាពិភពលោកកំពុងហែលឆ្លងវិបត្ដិកូវីដ១៩ ការជួញដូរសព្វាវុធនៅតែបន្ត ហើយមានសភាពកាន់តែមមាញឹកនៅពេលដែលការកើនឡើងនូវកម្ដៅភូមិសាស្ត្រនយោបាយត្រង់តំបន់ណាមួយ។

ទីណាមានសង្គ្រាម ទីនោះមានអាវុធអាមេរិក

ក្នុងចំណោមប្រទេសមហាអំណាចដែលលក់អាវុធទាំងអស់ យើងអាចនិយាយបានថា គឺអាមេរិកនេះឯង ដែលប៉ិនប្រសប់ក្នុងការឆ្លៀតឱកាស ជួញដូរអាវុធ និងពូកែទាញប្រយោជន៍ពីប្រទេសដែលមានបញ្ហាសង្គ្រាមជាងគេចាប់តាំងពីសតវត្សទី២០មកដល់បច្ចុប្បន្ននេះ។ នៅពេលមានវិបត្តិជម្លោះយោធា បញ្ហាសង្គ្រាម ឬវិបត្តិភូមិសាស្ត្រនយោបាយនៅកន្លែងណាមួយលើពិភពលោក វិបត្តិនោះប្រៀបដូចជាម៉ាស៊ីនបោះពុម្ពលុយសម្រាប់ក្រុមហ៊ុនផលិតអាវុធរបស់អាមេរិកដូចគ្នាដែរ។ ហេតុដូច្នេះហើយទើបគ្រាន់តែរុស្ស៊ីប្រកាសលើកទ័ពចូលទៅធ្វើប្រតិបត្ដិការយោធានៅក្នុងទឹកដីអ៊ុយក្រែន តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអាវុធអាមេរិកមានការឡើងជាលំដាប់។ យោងតាមការចេញផ្សាយរបស់ Forbes ទោះបីជាសហរដ្ឋអាមេរិកនិងក្រុមលោកខាងលិចផ្សេងទៀតមិនបានបញ្ចូនទ័ពដោយផ្ទាល់ទៅជួយអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែបានជួយជាជំនួយសព្វាវុធ ដែលជំនួយសព្វាវុធទាំងនោះភាគច្រើនផលិតដោយក្រុមហ៊ុនអាមេរិកដូចជាក្រុមហ៊ុន Raytheon និង ក្រុមហ៊ុន Lockheed Martin ជាដើម។ ឧស្សាហកម្មផលិតអាវុធក៏នឹងរំពឹងថាកាន់តែពេញនិយមនាឆ្នាំខាងមុខដោយសារប្រទេសធំៗដូចជាប្រទេសអាឡឺម៉ង់ ប្រទេសជប៉ុន ជាដើមគ្រោងនឹងបន្ថែមថវិការទៅលើវិស័យយោធា។

បើក្រឡេកយើងទៅអតីតកាលសូម្បីតែកម្ពុជាយើងក្នុងសម័យសាធារណរដ្ឋខ្មែរ (១៩៧០-៧៥) ក៏ធ្លាប់ជាម៉ូយអាវុធរបស់អាមេរិកដែរ ហើយថែមទាំងជំពាក់បំណុលអាមេរិកដោយសារការទិញអាវុធនេះទៀតផង។ យោងតាមការសិក្សារបស់ watson.brown.edu ត្បិតតែសហរដ្ឋអាមេរិកចំណាយទឹកប្រាក់អស់ជា ១៤ ទ្រីលានដុល្លារអាមេរិកអំឡុងសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថានរហូតមកដល់២០២១ ប៉ុន្តែលុយជាងពាក់កណ្ដាលនៃ ១៤ ទ្រីលានដុល្លារអាមេរិក នោះបានចូលទៅក្រុមហ៊ុនផលិតអាវុធនៅអាមេរិក។ បើនិយាយពីបច្ចុប្បន្នេះនេះ យោងតាមសារព័ត៌មាន Bloomberg បានបង្ហាញថា ភាពតានតឹងរវាង តៃវ៉ាន និងមហាយក្សចិន បានធ្វើឱ្យតៃវ៉ានចំណាយថវិកាទិញសព្វាវុធទំនើបពីអាមេរិកចាប់តាំងពីឆ្នាំ ២០១០ ច្រើនជាង ២៣ ពាន់លានដុល្លារទៅទៀត ដែលនេះគឺជាចំនួនដ៏ច្រើនបំផុតមួយ។ លើសពីនេះ ភាពតានតឹងភូមិសាស្ត្រនយោបាយរបស់បណ្ដាលប្រទេសនៅទ្វីបអឺរ៉ុប ពិសេសសង្គ្រាមនៅអ៊ុយក្រែន បានជំរុញឱ្យប្រទេសដែលជាសមាជិករបស់អង្គការ NATO បង្កើនសមត្ថភាពយោធារបស់ខ្លួនយ៉ាងខ្លួនផងដែរ ដែលធ្វើឱ្យអាមេរិកកើបលុយច្រើនសម្បើមពីអឺរ៉ុបដូចគ្នា ហើយមានប្រទេសជាច្រើនទៀតដែលផ្ដល់ចំណូលច្រើនលើសលប់ដល់ក្រុមហ៊ុនផលិតអាវុធ និងសេដ្ឋកិច្ចអាមេរិក។

ការបែបបាក់គ្នារវាងសហភាពសូវៀត និងប្រទេសចិន​

នៅដើមទស្សវត្សឆ្នាំ១៩៦០ សង្រ្គាមត្រជាក់ដែលបានកើតឡើងពីការប្រកួតប្រជែងរវាងប្រទេសឈរលើលទ្ធិពីរផ្ទុយគ្នាគឺប្រជាធិបតេយ្យនិងកុំម្មុយនិស្តបានផ្លាស់ប្តូរពីសង្រ្គាមត្រជាក់ដែលមានប៉ូល២(bi-polar cold war)ទៅជាសង្រ្គាមត្រជាក់ដែលមានប៉ូល៣(tri-polar cold war)។ ការផ្លាស់ប្តូរនេះជាលទ្ធផលដែលបង្កឡើងពីការបែកបាក់ទំនាក់ទំនងរវាងមហាអំណាចកុំម្មុយនិស្ត២គឺប្រទេសចិននិងសហភាពសូវៀតដែលធ្លាប់មានសម្ព័ន្ធភាពនឹងគ្នា តាមរយៈការខ្វែងគំនិតលើគោលនយោបាយខុសគ្នានិងបញ្ហារង្គោះរង្គើមួយចំនួនទៀតដែលស្ទើរតែឈានទៅដល់ការកើតសង្រ្គាមរវាងប្រទេសចិននិងសហភាពសូវៀត។

ទំនាក់ទំនងចិន-សូវៀតមុនពេលបែកបាក់

ទំនាក់ទំនងរវាងកុំម្មុយនិស្តចិន-សូវៀតបានកើតឡើងតាំងពីឆ្នាំ១៩១៩ដែលបានឈានទៅរកការបង្កើតឡើងនូវសមាគមនៃគណបក្សកុម្មុយនិស្តអន្តរជាតិដែលមានឈ្មោះថា”កូមីនទែន” (Comintern)ឬអន្តរជាតិទី៣(Third International) ហើយទីភ្នាក់ងារសមាគមនេះមានមូលដ្ឋាននៅទីក្រុងមូស្គូដែលមានគោលបំណងដើម្បីផ្សព្វផ្សាយ គាំទ្រ និងផ្តល់ការណែនាំដល់បដិវត្តសង្គមនិយមជុំវិញពិភពលោក។ ជាក់ស្តែង ការបង្កើតឡើងនូវគណបក្សកុំម្មុយនិស្តចិន(CCP)សព្វថ្ងៃគឺទទួលបានការជួយជ្រោមជ្រែងពី សមាគមកូមីនទែនក្នុងការត្រួសត្រាយផ្លូវក៏ដូចជាផ្តល់ជាជំនួយផ្នែកដំបូន្មាន ការបញ្ជ្រាបមនោគមវិជ្ជានិងយុទ្ធសាស្ត្រក្នុងការធ្វើបដិវត្តន៍។ បន្ថែមពីនោះ នៅឆ្នាំ១៩៤៩ប្រទេសចិននិងសហភាពសូវៀតបានចុះហត្ថលេខាលើសន្ធិសញ្ញាទ្វេភាគីមួយហៅថា សន្ធិសញ្ញាមិត្តភាព សម្ព័ន្ធភាព និងជំនួយទៅវិញទៅមកក្រោមជំនួបលើកដំបូងរវាងមេដឹកនាំប្រទេសទាំងពីរគឺលោកម៉ៅ សេទុងនិងលោកចូសែប ស្តារលីន។ គួរឱ្យដឹងផងដែរថា សន្ធិសញ្ញាទ្វេភាគីមួយនេះរួមបញ្ចូលទាំងសម្ព័ន្ធភាពយោធាដែលតម្រូវឱ្យភាគីសងខាងអាចសុំជំនួយពីគ្នាទៅវិញទៅមកប្រសិនបើពួកគេត្រូវបានវាយប្រហារ ព្រមទាំងសម្ព័ន្ធភាពជាជំនួយផ្នែកសេដ្ឋកិច្ចនិងធនធានមនុស្សផងដែរ។

ភាពតានតឹងរវាងចិននិងសូវៀត ក្រោយលោកJoseph Stalinបានទទួលអនិច្ចកម្ម

ក្រោយពេលដែលលោកJoseph Stalinបានទទួលអនិច្ចកម្មនៅឆ្នាំ១៩៥៣ តំណែងជាមេដឹកនាំក៏បានធ្លាក់ក្នុងកណ្តាប់ដៃលោកNikita Khrushchevដែលតែងតែមានគំនិតចង់លុបបំបាត់របបស្តាលីននិយម។ ខណៈនោះដែរលោក ម៉ៅ សេទុង ក៏កំពុងមានគំនិតចង់ក្លាយជាមេដឹកនាំកុំម្មុយនិស្តជាន់ខ្ពស់ ហេតុនេះហើយទើបលោក ម៉ៅ សេទុងយល់ថាការលុបបំបាត់របបស្តាលីនបាននឹងកំពុងគំរាមកំហែងប្រជាប្រិយភាពរបស់លោកចំពោះបក្សកុំម្មុយនិស្តចិនដោយសារតែលោកបានប្រកាសពីជំហរលើរបបស្តាលីនជាសាធារណៈ។ ការដែលលោក Nikita Khrushchev ចេះតែប្រឆាំងនិងរិះគន់លោកJoseph Stalin បានធ្វើឱ្យចិនយល់ឃើញថាលោក Nikita Khrushchev កំពុងបាត់បង់កាត្យានុភាពរបស់លទ្ធិកុម្មនីស្ដ ដោយសារតែលោក Joseph Stalin ហាក់មានអំណាចនិងមានស្នាដៃស៊ីជម្រៅទៅក្នុងលទ្ធិកុម្មុនីស្ដ។

ម្យ៉ាងវិញទៀត ការលើកឡើងនូវគោលនយោបាយថ្មីរបស់Krushchevចំពោះសហប្រតិបត្តិការរបស់សហភាពសូវៀតជាមួយបស្ចិមប្រទេសដែលហៅថា”ការរួមរស់ដោយសន្តិភាព(Peaceful coexistence)”បានធ្វើឱ្យចិនកាន់តែមិនពេញចិត្តថែមទៀត ដោយចិនបានយល់ឃើញថាសហភាពសូវៀតដែលជាបងធំ ប៉ុន្តែបែរជាបន្ទន់ជង្គង់ជាមួយលោកខាងលិច។ ប្រទេសចិនបានបដិសេធយ៉ាងច្បាស់ៗថាសាធារណរដ្ឋប្រជាមានិតចិនត្រូវការគោលនយោបាយសកម្មប្រយុទ្ធ និងឈ្លានពានបន្ថែមទៀត ដើម្បីផ្សព្វផ្សាយបដិវត្តកុម្មុយនិស្តទូទាំងពិភពលោកមិនមែនជាការរួមរស់ដោយសន្តិភាពឡើយ។

មិនត្រឹមតែប៉ុណ្ណោះ បញ្ហាជម្លោះព្រំដែនរវាងចិននិងឥណ្ឌាកាន់តែធ្វើឱ្យចិនមានការព្រួយបារម្ភដោយហេតុថា សហភាពសូវៀតមិនត្រឹមតែមិនបានជួយខ្លួនទេ ប៉ុន្តែសហភាពសូវៀតបែរជាមានទំនាក់ទំនងល្អហើយគឺជាអ្នកចាំជួយពីក្រោយខ្នងប្រទេសឥណ្ឌាទៅវិញ។ អ្វីដែលកាន់តែធ្ងន់ធ្ងរទៅទៀតនោះគឺនៅឆ្នាំ១៩៦៤ម៉ៅ សេទុង បានអះអាងថា សហភាពសូវៀតនៅតែកាន់កាប់ទឹកដីចិនដែលលួចដោយសហភាពសូវៀតមុនបដិវត្តន៍។ គាត់បានដកឯកអគ្គរដ្ឋទូតចិន ហើយកាត់ទំនាក់ទំនងការទូតជាមួយទីក្រុងម៉ូស្គូព្រមទាំងបានឃោសនាប្រឆាំងសូវៀតយ៉ាងពេញទំហឹងនៅក្នុងប្រទេសចិន។ ក្រោយមកនៅឆ្នាំ១៩៦៨ ទាំងចិន និងសូវៀតបានបង្កើនវត្តមានយោធារបស់ពួកគេនៅក្នុងតំបន់។ការប៉ះទង្គិចលើកដំបូងត្រូវបានគេរាយការណ៍នៅខែមីនា ឆ្នាំ ១៩៦៩ ដោយទាហានចិន និងសហភាពសូវៀតបានបាញ់ប្រហារគ្នាទៅវិញទៅមកលើកោះ Zhenbao រួចហើយក៏មានការប៉ះទង្គិចជាច្រើនទៀតនិងការប្រយុទ្ធជាបន្តបន្ទាប់ទៀតនៅខេត្តស៊ីនជាំងដែលជនរងគ្រោះនិងអ្នកបាត់បង់ជីវិតភាគច្រើនជាទាហានចិន។

ប្រទេសចិនងាកទៅចាប់ដៃជាមួយអាមេរិកវិញ

សហរដ្ឋអាមេរិកគឺជាគូសត្រូវដកស្វិតស្វាញជាមួយប្រទេសប្រកាន់របបកុម្មុនីស្ដ ដែលចិននិងសហរដ្ឋអារិកធ្លាប់ប្រឈមមុខបង្ហូរឈាមនឹងគ្នាជាមួយប្រទេសចិនអំឡុងសង្គ្រាមកូរ៉េ។ សង្គ្រាមកូរ៉េគឺជាសង្គ្រាមតែម្ដងគត់ ដែលប្រទេសចិននិងសហរដ្ឋអាមេរិកបានតទល់គ្នាដោយផ្ទាល់ ហើយទំនងក៏ប្រហែលជាលើកចុងក្រោយដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ នៅពេលដែលទំនាក់ទំនងរវាងសហភាពសូវៀតនិងប្រទេសចិនជួបនូវភាពល្វីងជូរចត់ ប្រទេសចិនបែរជាងាកមកចាប់ដៃសហរដ្ឋអាមេរិកវិញដើម្បីជួយភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី។ កាលនោះ សហរដ្ឋអាមេរិកក៏បានបោះបង់តៃវ៉ាន់ចោល ដោយគាំទ្រគោលការណ៍ចិនតែមួយ និងទទួលស្គាល់ប្រទេសចិនក្រោមអំណាចលោក ម៉ៅ ស៊ីទុង នៅក្នុងអង្គការសហប្រជាជាតិផងដែរ។ នៅពេលដែលចិនចាប់ដៃជាមួយសហរដ្ឋអាមេរិកនោះហើយទើបយើងឃើញកាន់តែច្បាស់ពីការប្រឆាំងគ្នាចំៗរវាងសភាពសូវៀតនិងប្រទេសចិន ហើយកូនប្រទេសដែលធ្លាប់រណបប្រទេសទាំង ២ ក៏ចាប់ផ្ដើមចែកផ្លូវគ្នាថាគួរដើរផ្លូវជាមួយកុម្មុយនីស្ដសូវៀត ឬកុម្មុយនីស្ដចិន។ នៅពេលនោះដែរ ក្រុមដែលមិនបានកាច់ចង្កូតតាមរបត់នយោបាយរវាងសហភាពសូវៀត និងសហរដ្ឋអាមេរិក បានជួបប្រទះនូវទំនាស់ផ្ទៃក្នុង ហើយខ្លះក៏ក្លាយជាកូនអុកក្នុងការឱ្យប្រទេសមហាអំណាចលេខក្នុងសមរភូមិប្រកួតប្រជែងអំណាច។ ចុងក្រោយ ទំនាក់ទំនងរវាងចិននិងសហភាពសូវៀតបានធ្វើឱ្យបែងចែកកុម្មុយនីស្ដជា ២ រហូតដល់ថ្ងៃបញ្ចប់នៃសហភាពសូវៀត។

ប្រទេសស្រីលង្ការ៖ វិបត្ដិសេដ្ឋកិច្ច-សង្គម កំពុងរុញច្រាន​​ឱ្យប្រទេសស្ថិតក្នុងគ្រាអាសន្ន

ពលរដ្ឋប្រទេសស្រីលង្កានៅក្នុងទីក្រុងកូឡុំបូនាំគ្នាបាតុកម្ម ស្រែកទាមទារឱ្យលោកប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ចុះចេញពីដំណែង ​ដោយមូលហេតុប្រទេសកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ កង្វះស្បៀងអាហារ ក្រដាសសៀវភៅ អគ្គិសនី ប្រេងឥន្ធនៈ និងតម្រូវការចាំបាច់មូលដ្ឋានផ្សេងទៀត ជាពិសេសអត្រាអតិផរណាកើនឡើងខ្ពស់ហួសហេតុ បណ្ដាលឱ្យពលរដ្ឋទាំងក្មេងទាំងចាស់មិនអាចទ្រាំរស់នៅក្នុងស្ថានភាពបែបនេះបន្តទៀតបាន។ សេដ្ឋកិច្ចដាំក្បាលចុះ បំណុលជុំទិស ពលរដ្ឋក៏ស្រេកឃ្លាន រាលរង្គើដល់ប្រព័ន្ធនយោបាយគ្រប់គ្រងប្រទេស ដែលអាចវិវត្តឈានដល់វិបត្តិនយោបាយធ្ងន់ធ្ងរមួយកម្រិតទៀត។ តើដើមចមនៃបញ្ហាវិបត្តិទាំងអស់នេះបណ្ដាលមកពីកត្តាអ្វីខ្លះ? អត្ថបទខាងក្រោមនេះនឹងលើកយកចំណុចខ្លះៗមកធ្វើអត្ថាធិប្យាយ។

បរាជ័យនៃប្រព័ន្ធដឹកនាំប្រទេសស្រីលង្កា

ជាទូទៅ ប្រព័ន្ធដឹកនាំនយោបាយដើរតួយ៉ាងសំខាន់ ប្រៀបដូចជាក្បាលម៉ាស៊ីននាំមុខសេដ្ឋកិច្ចប្រទេសមួយឱ្យឆ្ពោះទៅរកវឌ្ឍនភាពបាន ប៉ុន្តែការដឹកនាំតាមបែបប្រកាន់បក្សពួក (Nepotism) ដោយផ្ដល់ដំណែងមុខងារសាធារណៈជាន់ខ្ពស់ដល់សមាជិកគ្រួសារ បងប្អូនសាច់ញាតិរបស់ខ្លួន អាចបង្អាក់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រសិនបើមេដឹកនាំទាំងនោះគ្មានឆន្ទៈ និងគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតនិងអនុវត្តគោលនយោបាយបានត្រឹមត្រូវ។ ម៉្យាងទៀត ជម្លោះផលប្រយោជន៍នឹងកើតមានឡើង ជាពិសេសគឺអំពើពុករលួយដែលទាំងអស់នេះសុទ្ធតែជារនាំងនៃការអភិវឌ្ឍសេដ្ឋកិច្ច។ ជាក់ស្ដែងអស់រយៈពេល ២ទសវត្សរ៍មកហើយដែលគ្រួសារ រ៉ាចាប៉ាក់សា បានដឹកនាំប្រទេសស្រីលង្កា ព្រោះដំណែងមេដឹកនាំជាន់ខ្ពស់ភាគច្រើនត្រូវបានកាន់កាប់ដោយសមាជិកគ្រួសារ រ៉ាចាប៉ាក់សា ដែលជាគ្រួសារដ៏មានឥទ្ធិពលបំផុតក្នុងប្រទេស។ បច្ចុប្បន្ន លោក ហ្គោតាបាយ៉ា ជាប្រធានាធិបតី លោកម៉ាហ៊ិនដា ជានាយករដ្ឋមន្ត្រីត្រូវជាបងប្រុស លោកបាស៊ិល ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុត្រូវជាប្អូនប្រុស លោកឆាម៉ាល ជារដ្ឋមន្ត្រីធារាសាស្ត្រត្រូវជាបងប្រុស លោកណាម៉ាល់ ជារដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាត្រូវជាកូនប្រុសនាយករដ្ឋមន្ត្រី និងមានខ្សែស្រឡាយជាច្រើនទៀតដែលកាន់កាប់ដំណែងជាន់ខ្ពស់ក្នុងជួរមន្ត្រីរាជការ និងជាម្ចាស់ក្រុមហ៊ុនសហគ្រាសធំៗផងដែរ។

របបផ្ដាច់ការ បក្សពួកនិយម ជៀសមិនផុតពីអំពើពុករលួយ

អំពើពុករលួយអាចចាត់ទុកជាឬសគល់ដំបូងនៃបញ្ហាទាំងអស់។ បើយោងតាមសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយ (Corruption Perception Index) របស់អង្គការតម្លាភាពអន្តរជាតិ ប្រទេសស្រីលង្កាជាប់ចំណាត់ថ្នាក់ទី១០២ ក្នុងចំណោម១៨០ប្រទេស ហើយធ្លាក់ចុះពី៤០ពិន្ទុនៅឆ្នាំ២០១២ មកត្រឹម ៣៧ពិន្ទុនៅឆ្នាំ២០២១។ លើសពីនេះ ការបែកធ្លាយឯកសារសម្ងាត់ Pandora Papers នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ក៏បានបង្ហាញពីសមាជិកក្នុងវង្សត្រកូល រ៉ាចាប៉ាក់សា មានជាប់ពាក់ព័ន្ធនឹងបទល្មើសហិរញ្ញវត្ថុ ដូចជាបានប្រើប្រាស់ក្រុមហ៊ុនសម្ងាត់ដើម្បីលួចលាក់ទ្រព្យសម្បត្តិនៅជុំវិញពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំជាន់ខ្ពស់ និងអ្នកជំនួញធំៗមួយចំនួនក៏បានជាប់ឈ្មោះក្នុងបញ្ជីបកអាក្រាតកន្លងមករួមមាន Panama Papers, Paradise Papers និងថ្មីៗនេះ Pandora Papers។ គួរដឹងដែរថា បើយោងតាម Pandora Papers ប្រទេសស្រីលង្កាជាប្រទេស១ក្នុងចំណោមប្រទេស៩ផ្សេងទៀតដែលត្រូវចាត់វិធានការទប់ស្កាត់បទល្មើសហិរញ្ញវត្ថុជាបន្ទាន់។ អំពើពុករលួយបូករួមជាមួយនឹងអសមត្ថភាពនៃមេដឹកនាំផងនោះ បានធ្វើឱ្យប្រទេសកូនកោះដែលមានប្រជាជនប្រមាណ២២លាននាក់មួយនេះ ខ្វះកាវិនិច្ឆ័យត្រឹមត្រូវក្នុងការប្រើប្រាស់ថវិកាជាតិ និងចាយវាយបំណុលបរទេសមិនចំគោលដៅនៃគោលការណ៍អភិបាលកិច្ចល្អ។

គោលនយោបាយខុសកាលៈទេសៈរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជ្រោះវិបត្តិកាន់តែដុនដាប

ជាការពិតណាស់ កូវីដ១៩បានជះឥទ្ធិពលទៅលើសេដ្ឋកិច្ចគ្រប់បណ្ដាប្រទេសទូទាំងពិភពលោក រួមទាំងស្រីលង្កាផងដែរ។ ប៉ុន្តែ មុនពេលដែលជំងឺកូវីដ១៩រីករាលដាល គឺកាលពីចុងឆ្នាំ២០១៩ រដ្ឋាភិបាលស្រីលង្កាបានសម្រេចកាត់បន្ថយពន្ធលើតម្លៃបន្ថែមពី១៥% មកត្រឹម ៨% និងបានលុបចោលពន្ធចំនួន៧ផ្សេងទៀត រួមទាំងពន្ធលើការកសាងប្រទេសចំនួន២% ដែលត្រូវបង់ដោយក្រុមហ៊ុនសហគ្រាសផងដែរ នេះបើផ្អែកទៅលើការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន AP។ ការធ្វើបែបនេះបានធ្វើឱ្យការប្រមូលបាននូវថវិកាជាតិធ្លាក់ចុះខ្លាំង ខណៈដែលលោកប្រធានាធិបតី ហ្គោតាបាយ៉ា បានធ្វើការឆ្លើយតបថា វាជាការវិនិយោគនៅក្នុងប្រទេសបើទោះបីជាត្រូវបាត់បង់ចំណូលថវិកាជាតិ។

ការដើរខុសរបស់រដ្ឋាភិបាលក្នុងវិស័យអភិបាលកិច្ចមួយទៀតនោះគឺការហាមប្រាមមិនឱ្យកសិករប្រើប្រាស់ជីគីមី ថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់ផ្សិតជាដើម។ គោលនយោបាយនេះត្រូវបានដាក់ចេញឱ្យអនុវត្តកាលពីខែមេសា ឆ្នាំ២០២១ ហើយបានបណ្ដាលឱ្យកសិកររាប់ពាន់នាក់តវ៉ា និងទាមទារឱ្យរដ្ឋាភិបាលដកចេញនូវគោលនយោបាយនេះវិញផងដែរ។ ផលប៉ះពាល់ពីការហាមប្រាមមួយនេះក៏ធំធេងណាស់ដែរ ស្របពេលជាមួយគ្នានឹងអាកាសធាតុមិនអំណោយផលផងនោះ បានធ្វើឱ្យទិន្នផលកសិកម្មធ្លាក់ចុះ ដែលរួមចំណែកដល់អតិផរណានៃម្ហូបអាហាររហូតដល់ទៅ១១,៧% នេះបើយោតាមការចុះផ្សាយរបស់ Reuters។ ទោះជាយ៉ាងណា គោលនយោបាយនេះត្រូវបានលុបចោលកាលពីចុងឆ្នាំ២០២១វិញ។ គួរបញ្ជាក់ដែរថា គិតត្រឹមខែមីនា ឆ្នាំ២០២២ អត្រាអតិផរណានៃអាហារបានកើនឡើងរហូតដល់ទៅ ៣០.២%។

កង្វះរូបិយប័ណ្ណបរទេស និងអត្រាអតិផរណាកើនឡើងខ្ពស់

ប្រទេសស្រីលង្កាពឹងផ្អែកទាំងស្រុងលើការនាំចូលដូចជាប្រេងឥន្ធនៈ អាហារ ក្រដាស ស្ករស សណ្តែកបណ្តុះ ថ្នាំពេទ្យ និងឧបករណ៍ដឹកជញ្ជូនជាដើម។ ហើយការនាំចូលនេះទៀតសោត គឺត្រូវការរូបិយប័ណ្ណបរទេសដើម្បីទិញទំនិញទាំងអស់នោះ ប៉ុន្តែរដ្ឋាភិបាលគ្មានរូបិយប័ណ្ណបរទេសគ្រប់គ្រាន់ដើម្បីទិញចូលនោះទេ ដែលជាហេតុធ្វើឱ្យការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ខណៈដែលតម្រូវការរបស់ប្រជាពលរដ្ឋកើនឡើង ហេតុនេះបានធ្វើឱ្យអតិផរណាកើនឡើងមួយកម្រិតទៀត។ កង្វះរូបិយប័ណ្ណបរទេសនេះផងដែរ ក៏បានទទួលឥទ្ធិពលពីវិបត្តិកូវីដ១៩ ដោយសារតែការហូរចូលរូបិយប័ណ្ណបរទេសប្រមាណជា២០% គឺបានពីវិស័យទេសចរណ៍ ហើយលើសពីនេះក៏ទទួលបានពីការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ផងដែរ។ ទន្ទឹមនឹងនេះ យោងតាមធនាគារកណ្តាលស្រីលង្កា រដ្ឋាភិបាលស្រីលង្កាបានបន្តធ្វើការបោះពុម្ពក្រដាសប្រាក់ជាច្រើនប៊ីលានរូពីស្រីលង្កាដើម្បីយកមកប្រើប្រាស់ក្នុងគ្រាវិបត្តិសេដ្ឋកិច្ចនេះ ដែលជាហេតុធ្វើឱ្យតម្លៃប្រាក់រូពីស្រីលង្កាធ្លាក់ចុះខ្លាំងរហូតដល់ទៅប្រមាណ៣២% នេះរាប់បញ្ចូលទាំងការទម្លាក់តម្លៃប្រាក់រូពីចំនួន១៥%ដោយធនាគារកណ្ដាលស្រីលង្កា ដើម្បីសម្រួលដល់កិច្ចចរចារជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ក្នុងការស្នើសុំថវិកាសង្គ្រោះ នេះបើយោតាមការចេញផ្សាយរបស់ Financial Times។ រហូតមកទល់ពេលនេះ អតិផរណាសរុបជារួមមានប្រមាណ ១៧,៥% នេះបើយោងតាម India Today។

បីផ្លូវដែលរដ្ឋាភិបាលស្រីលង្កាអាចនឹងឈានជើងដើរបន្ត

ទី១ រដ្ឋាភិបាលស្រីលង្កាត្រូវព្រមទទួលយកថវិកាសង្គ្រោះពីមូលនិធិរូបិយវត្ថុអន្តរជាតិ ដោយយល់ព្រមធ្វើតាមគ្រប់លក្ខខណ្ឌទាំងអស់ដែលកំណត់ដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ។ ប៉ុន្តែមូលហេតុដែលធ្វើឱ្យស្រីលង្កាស្ទាក់ស្ទើចិត្តមិនចង់ទទួលយក ក៏ព្រោះតែជំនួយនេះបង្កប់ទៅដោយលក្ខខណ្ឌតឹងរឹងជាច្រើន ជាពិសេសគឺការដែលអនុញ្ញាតឱ្យស្ថាប័នមួយនេះអាចចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសស្រីលង្កា ដូចជាការកែប្រែគោលនយោបាយជាតិពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាផ្សេងៗដើម្បីអាចស្រោចស្រង់សេដ្ឋកិច្ចប្រទេសនេះឡើងវិញ។

ទី២ ស្រីលង្កាត្រូវរៀបចំរចនាសម្ព័ន្ធបំណុលសារឡើងវិញ ដែលមានន័យថាការចរចារសម្រាលលក្ខខណ្ឌនៃបំណុលចាស់ ហើយខ្ចីបំណុលបន្ថែមថ្មីក្នុងអត្រាការប្រាក់ទាបជាងបំណុលចាស់ដើម្បីខ្លួនអាចមានសមត្ថភាពសងបានខ្លះ ជាជាងទុកឱ្យការប្រាក់បំណុលចាស់កើនឡើងឥតឈប់ឈរ។ យុទ្ធសាស្ត្រនេះ វាពិតជាពិបាកទៅរួចខ្លាំងណាស់ ដោយសារតែប្រទេសជាម្ចាស់បំណុលភាគច្រើនមុននឹងផ្ដល់កម្ចីទៅកាន់ប្រទេសណាមួយ គឺត្រូវសិក្សាពីស្ថានភាពសេដ្ឋកិច្ចប្រទេសនោះថាតើប្រទេសនោះមានសមត្ថភាពអាចសងវិញក្នុងរយៈពេលណាមួយដែររឺទេ។

ទី៣ ស្រីលង្កាត្រូវតែធ្វើកំណែទម្រង់ប្រព័ន្ធនយោបាយរបស់ខ្លួនជាចាំបាច់។ ប្រជាធិបតេយ្យ នីតិរដ្ឋ តម្លាភាព គណនេយ្យភាព សិទ្ធិសេរីភាព ការចូលរួម ទាំងអស់នេះសុទ្ធសឹងតែជាគោលការណ៍សំខាន់ៗដើម្បីអាចបើកផ្លូវដល់មេដឹកនាំជំនាន់ក្រោយមានឱកាសកសាងប្រទេសឡើងវិញ។

សរុបសេចក្ដីមក ប្រទេសស្រីលង្កាកំពុងស្ថិតនៅក្នុងពេលវេលាអន្តរកាលនៃវិបត្តិសេដ្ឋកិច្ច និងនយោបាយ ដែលពិបាកធ្វើការសន្និដ្ឋានដឹងភ្លាមៗថាតើការវិវត្តទៅនាពេលខាងមុខនឹងទៅជាយ៉ាងណា ក៏ប៉ុន្តែប្រកដណាស់ តាមរយៈកម្លាំងសម្រែកទាមទាររបស់ប្រជាពលរដ្ឋស្រីលង្កាផ្ទាល់ ភាពវិជ្ជមានណាមួយនឹងអាចកើតមានឡើង។ ថ្វីត្បិតលទ្ធិប្រជាធិបតេយ្យមិនល្អឥតខ្ចោះ ប៉ុន្តែវាជាលទ្ធិមួយដែលផ្ដល់តម្លៃដល់មនុស្សជាតិ និងគោរពសិទ្ធិសេរីភាពបុគ្គល ហើយវាក៏ជាជម្រើសដ៏ល្អបំផុតសម្រាប់មេដឹកនាំស្រីលង្កាគួរប្រកាន់យក។ ព្រឹត្តិការណ៍នៅប្រទេសកូនកោះតូចមួយនេះផងដែរ ក៏ជាមេរៀនសម្រាប់បណ្ដាប្រទេសពិភពលោក ទុកជាបទពិសោធដ៏ល្អមួយដែលគួរជៀសវាង។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ