"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ហេតុអ្វីបានជាអាស៊ានជ្រើសយកជំហានមិនអញ្ញើញមីយ៉ាន់ម៉ាមកចូលរួមប្រជុំ?

បន្ទាប់ ៨ ខែនៃការផ្តួលរំលំធ្វើដោយរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ា ទីបំផុតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានធ្វើការសម្រេចចិត្តរារាំងមេដឹកនាំរបបយោធាលោក Min Aung Hlaing ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងសប្តាហ៍នេះ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន សមាជិករបស់អាស៊ានបានស្នើអញ្ចើញអ្នកតំណាងដែលមិនមែនជាអ្នកតំណាងនយោបាយ (Non-political representative) របស់មីយ៉ាន់ម៉ាដើម្បីចូលរួមកិច្ចប្រជុំកំពូលតំបន់នៅក្នុងខែតុលានេះ។ ប៉ុន្តែការអញ្ជើញនេះត្រូវបានបដិសេដដោយរដ្ឋាភិបាលយោធារបស់លោក Min Aung Hlaing ព្រោះលោកយល់ថារដ្ឋាភិបាលរបស់លោកស្របច្បាប់ ហើយអាស៊ានកំពុងដើរផ្ទុយពីគោលការណ៍មិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ប្រទេសជាសមាជិកនិងបម្រើគោលនយោបាយរបស់ប្រទេសមហាអំណាចខាងក្រៅ។ ការរារាំងមិនឱ្យមេដឹកនាំយោធាចូលរួមកិច្ចប្រជុំអាស៊ាននេះជារឿងកម្រមួយ និងបានឱ្យឃើញពីឆន្ទៈនិងឥទ្ធិពលរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ដែរ ហើយទីបញ្ចប់គឺក្នុងកិច្ចប្រជុំកំពូលដែលប្រព្រឹត្តទៅនៅប្រទេសប្រុយណេវិញគឺគ្មានវត្តមានរបស់អ្នកតំណាងណាមួយរបស់មីយ៉ាន់ម៉ានោះទេ។

មូលហេតុនៃការរារាំងមិនឱ្យមេដឹកនាំយោធាចូលរួមកិច្ចប្រជុំ

មូលហតុចម្បងក្នុងការមិនអញ្ញើញមីយ៉ាន់ម៉ាមកប្រជុំនោះគឺ មេដឹកនាំរបបសឹកមិនបានគោរពទៅតាមការសន្យាលើគោលការណ៍ ៥ ចំណុចរបស់អាស៊ាន។ ជាក់ស្ដែង កាលពីពេលថ្មីកន្លងទៅ អាស៊ានបានឱ្យអ្នកតំណាងរបស់ខ្លួនទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងគោលបំណងជួយសម្របសម្រួលស្ថានភាពនយោបាយនៅក្នុងប្រទេស។ បេសកជនរបស់អាស៊ានដែលត្រូវបញ្ជូនទៅគឺជារដ្ឋមន្ត្រីការបរទេសទីពីររបស់ប្រ៊ុយណេ គឺលោក Erywan Yusof ប៉ុន្តែមិនទាន់អាចធ្វើទស្សនកិច្ចប្រទេសនេះដើម្បីសម្របសម្រួលនោះទេ។ បេសកជនពិសេសមានសិទ្ធិចូលដំណើរការពេញលេញទៅកាន់គ្រប់ភាគីពាក់ព័ន្ធ តែដល់ពេលនេះមិនទាន់អាចធ្វើជំនួបជាមួយភាគីណាមួយនៅមីយ៉ាន់ម៉ាឡើយ ខណៈសោកនាដកម្មនៅមីយ៉ាន់ម៉ានៅតែបន្តមាន រហូតដល់ការរីករាលដាលវិបត្ដិកូវីដ១៩ផង។ ជាលទ្ធផល រដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃទី១៥ ខែតុលា បានសម្រេចមិនអញ្ជើញលោក Min Aung Hlaing ឬតំណាងនយោបាយណាមួយមកពិភាក្សាក្នុងកិច្ចប្រជុំឡើយ។

ការសម្រេចដកអ្នកតំណាងនិង ការច្រានចោលសំណើអាស៊ានរបស់មីយ៉ាន់ម៉ា

រដ្ឋមន្ត្រីអាស៊ានបានសម្រេចកាលពីថ្ងៃទី ១៥ ខែ តុលា ដើម្បីដកឧត្តមសេនីយមីយ៉ាន់ម៉ា Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូល។ នេះត្រូវបានគេចាត់ទុកថាជាការស្តីបន្ទោសដ៏ធំបំផុតរបស់អាស៊ានលើមីយ៉ាន់ម៉ាចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ នៅពេលដែលយោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលក្រោមការដឹកនាំ របស់លោកស្រី Aung San Suu Kyi និងការធ្វើទុក្ខបុក្ខម្និញលើបាតុករ ដែលទាំងនេះគឺជាសញ្ញាណនៃការប្រាសចាកនៃគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ក៏ប៉ុន្តែអាស៊ានក៏មានបានបិទផ្លូវមីយ៉ាន់ម៉ាជិតឈឹងដែរ ដោយសារបន្ទាប់ពីអាស៊ានសម្រេចមិនឱ្យមេដឹកនាំយោធាចូលរួមប្រជុំ អាស៊ានបានលើកសំណើឱ្យអ្នកតំណាងផ្សេងក្រៅពីអ្នកតំណាងនយោបាយមកចូលរួមវិញ។ ប្លុកអាស៊ានបានងាកមកអញ្ជើញលោក Chan Aye ជាលេខាធិការអចិន្ត្រៃយ៍ក្នុងក្រសួងការបរទេសរបស់របបយោធា ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនិម្មិតអាស៊ានក្នុងនាមជាតំណាង Non-political representative។ ជាការឆ្លើយតប រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃសុក្រ ថាខ្លួនបានច្រានចោលការសម្រេចចិត្តរបស់អាស៊ានក្នុងការអញ្ជើញតែឥស្សរជនដែលមិនតំណាងនយោបាយទៅកិច្ចប្រជុំកំពូលក្នុងតំបន់នាពេលខាងមុខ ដែលទង្វើរបស់អាស៊ាននេះបានមើលងាយមេដឹកនាំរបបសឹកនៃរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។

ក្រសួងការបរទេសរបស់របបយោធាបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ប្រមុខរដ្ឋ ឬរដ្ឋាភិបាលមីយ៉ាន់ម៉ាទទួលបានសិទ្ធិស្មើគ្នា និងពេញលេញក្នុងការចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិកទាំង១០។ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ Zaw Min Tun បាននិយាយថា ការមិនអញ្ជើញមីយ៉ាន់ម៉ានេះ “មិនបានឱ្យសមភាពប្រទេសមីយ៉ាន់ម៉ា” ដូចប្រទេសសមាជិកដទៃទៀតទេ។

ជំហានរបស់អាស៊ាន

សេចក្តីព្រាងសេចក្តីថ្លែងការសម្រាប់កិច្ចប្រជុំកំពូលអាស៊ានបានបង្ហាញពីការព្រួយបារម្ភ របស់មេដឹកនាំរដ្ឋសមាជិកចំពោះស្ថានភាពរបស់មីយ៉ាន់ម៉ា ដោយអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា អនុវត្តការប្តេជ្ញាចិត្តរបស់ពួកគេចំពោះមតិឯកភាពប្រាំចំណុចឬ 5 Points Consensus រួមទាំងដំណើរទស្សនកិច្ចរបស់បេសកជនពិសេសរបស់អាស៊ានទៅកាន់ប្រទេសរបស់អាស៊ាន។

ជំហានរបស់អាស៊ានដែលមិនឱ្យមេដឹកនាំយោធារបស់មីយ៉ាន់ម៉ា ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពកង្វះកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលយោធារបស់លោក Min Aung Hlaing លើការអនុវត្តការយល់ស្រប ៥ ចំណុច (5 Points Consensus) ដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសកាលពីខែមេសា។ ជារួម ផែនការ ៥ ចំណុចនោះគឺការបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា ការចាប់ផ្តើមកិច្ចសន្ទនាជាមួយ “គ្រប់ភាគី” និងការផ្តល់សិទ្ធិឱ្យបេសកជនពិសេសម្នាក់ចូលប្រទេសពេញលេញ។ ក៏ប៉ុន្តែ ជាច្រើនខែបានកន្លងផុតទៅ មេដឹកនាំរបបសឹកមិនបានអនុវត្ដនូវអ្វីដែលខ្លួនបានសន្យាឡើយ ហើយក៏បានរុញច្រានស្ថានការណ៍នៅមីយ៉ាន់ម៉ាធ្លាក់ក្នុងសភាពធ្ងន់ធ្ងរបន្ថែមទៀត។ ដូចនេះ ប្រសិនបើអាស៊ាននៅតែបើកភ្នែកម្ខាងបិទភ្នែកម្ខាងលើការក្បត់ពាក្យសន្យារបស់មេដឹកនាំរបបសឹកតទៅទៀត នោះនឹងធ្វើឱ្យគេយល់ឃើញកាន់តែច្បាស់ថាអាស៊ានមានត្រឹមតែឈ្មោះប៉ុន្តែមិនមានឥទ្ធិពលដោះស្រាយអ្វីទាល់តែសោះក្នុងការដោះស្រាយបញ្ហាក្នុងតំបន់។ ការឆ្លើយតបរបស់អាស៊ានទៅនឹងការមិនខ្វាយខ្វល់នឹងការសន្យារបស់មេដឹកនាំរបបសឹកនេះក៏ជាការមេរៀនដ៏ល្អមួយដែរសម្រាប់សមាជិកអាស៊ានទាំងអស់ ដែលបង្ហាញថា សមាជិកទាំងឡាយក៏មានកាតព្វកិច្ចគោរពគោលការណ៍និងសេចក្ដីសម្រេចរបស់អាស៊ាន ត្បិតតែប្រទេសនីមួយអាចប្រើប្រាស់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងជាខ្នងបង្អែក។

គេឃើញថាកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានេះនៅតែមានភាពស្មុគស្មាញដោយសារតែគោលការណ៍របស់អាស៊ានមួយគឺ « គោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់សមាជិកម្នាក់ៗ »។ ប៉ុន្តែកន្លងមកថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Saifuddin Abdullah បាននិយាយកាលពីសប្តាហ៍មុនថា អាស៊ានចាំបាច់មិនអាចប្រើគោលការណ៍នៃការមិនជ្រៀតជ្រែកជាខែលដើម្បីជៀសវាងបញ្ហាដែលកំពុងត្រូវបានដោះស្រាយនោះទេ។

សរុបមក ការសម្រេចចិត្តមិនអញ្ជើញលោក Min Aung Hlaing គឺជាការផ្លាស់ប្តូរ និងជាជំហានដែលមិនធ្លាប់មានពីមុនមកសម្រាប់អាស៊ានផងដែរ ព្រោះសមាជិកទាំង ១០ តែងតែមានទម្លាប់មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់សមាជិករបស់ខ្លួននោះទេ។ ការសម្រេចចិត្ដនេះមានទាំងផ្ដល់ទាំងផលចំណេញ និងខាតរបស់អាស៊ាន។ ផលចំណេញគឺ អាស៊ានអាចបង្ហាញដល់សាធារណៈជនថាខ្លួនក៏មានឥទ្ធិពលខ្លះដែរ និងបង្ហាញពីឆន្ទៈក្នុងការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ យ៉ាងណាមិញ ត្បិតតែអាស៊ានចង់ដោះស្រាយវិបត្ដិនៅមីយ៉ាន់ម៉ាប៉ុន្តែបែរជាមិនអញ្ញើញកូនសោរបញ្ហាមកពិភាក្សាទៅវិញ ហើយជំហានបន្ទាប់របស់អាស៊ានក្នុងការដោះស្រាយវិបត្ដិនៅមីយ៉ាន់ម៉ាក៏កាន់តែស្រពេចស្រពិល ត្បិតតែមានឆន្ទៈប៉ុន្តែគ្មានវិធី។

 

តើអ្វីជាវិបត្ដិឈីប (Chip) អន្តរជាតិ?

នៅក្នុងឧបករណ៍អេឡិចត្រូនិកទាំងអស់ សុទ្ធសឹងតែមានបំពាក់នូវបន្ទះឈីប ហើយជាទូទៅការផលិតបន្ទះឈីបតែងតែមានដំណើរការស្មុគស្មាញនិងតម្រូវឱ្យមានការយកចិត្តទុកដាក់ ជាមួយនឹងស្តង់ដារខ្ពស់។ ការចំណាយនិងភាពលំបាកនៅក្នុងការផលិតនេះបានជំរុញឱ្យក្រុមហ៊ុនអេឡិចត្រូនិចត្រូវពឹងផ្អែកកាន់តែខ្លាំងឡើងលើរោងចក្រផលិតក្នុងការផ្គត់ផ្គង់បន្ទះឈីបឱ្យខ្លួន។ជើងខ្លាំងនៅអាស៊ីចំនួនពីរគឺក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកតៃវ៉ាន់ TSMC និងក្រុមហ៊ុន Samsungគឺជាប្រភពនៃការផ្គត់ផ្គង់បន្ទះឈីបដ៏ធំ។ វិបត្តិបន្ទះឈីបបានធ្វើឱ្យឧស្សាហកម្មយ៉ាងហោចណាស់ចំនួន ១៦៩ បានរងផលប៉ះពាល់ដោយសារតែកង្វះការផ្គត់ផ្គង់បន្ទះឈីបជុំវិញពិភពលោក។ កង្វះខាតបន្ទះឈីបជាសកលបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងទៅដល់ក្រុមហ៊ុនអេឡិចត្រូនិចនៅជុំវិញពិភពលោក ដោយសារតែវាផ្តល់ផលវិបាកក្នុងការបំពេញនូវតម្រូវការទំនិញនិងគ្រឿងអេឡិចត្រូនិកដែលមានការកើនឡើងយ៉ាងគំហុគ។ នៅក្នុងអត្ថបទនេះយើងនឹងធ្វើការបង្ហាញនូវមូលហេតុដែលបណ្តាលឱ្យមានកង្វះខាតបន្ទះឈីប និង ការជះឥទ្ធិពលរបស់វាទៅលើសេដ្ឋកិច្ចពិភពលោក។

អ្វីទៅជាបន្ទះឈីប?

បន្ទះឈីបគឺជាបំណែកតូចមួយនៃសម្ភារៈ semiconducting ដែលជាទូទៅវាធ្វើឡើងពីស៊ីលីកូន(silicon)ហើយបង្កប់ជាមួយសៀគ្វីរួមបញ្ចូលគ្នា (Integrated circuit)។ ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា បន្ទះឈីបគឺជាឧបករណ៍ដ៏សំខាន់ដែលជាឆ្អឹងខ្នងនៃឧស្សាហកម្មសំខាន់ៗជាច្រើនរាប់ចាប់ពី ការថែទាំសុខភាពរហូតដល់វិស័យកសិកម្មរាប់ពាន់លាន ព្រមទាំងក្នុងវិស័យស្មាតហ្វូន កុំព្យូទ័រ ឧបករណ៍វៃឆ្លាត យានយន្ដ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍ជួយសង្គ្រោះជីវិត អេធីអឹម(ATM) និងអ្វីៗជាច្រើនផ្សេងទៀតដែលនៅជុំវិញយើង។

ផលពិបាកនៅក្នុងការផលិតបន្ទះឈីបនេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយនៃផ្នែកបច្ចេកវិទ្យាទំនើប។ ក្រុមហ៊ុនល្បីៗមួយចំនួនដែលផលិតបន្ទះឈីបអេឡិចត្រូនិកមានដូចជា Intel, Samsung, Taiwan Semiconductor Manufacturing Company (TSMC), Broadcom និង Nvidia។ យ៉ាងណាមិញ ៨៧% នៃការផលិតបន្ទះឈីបនៅជុំវិញពិភពលោកមានមូលដ្ឋាននៅតៃវ៉ាន់ កូរ៉េខាងត្បូង និងចិន ដែល​ ៥៤% ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនតៃវ៉ាន់ ដូច្នេះការផ្គត់ផ្គង់បន្ទះឈីបគឺមានកំណត់ រីឯ អតុល្យភាពនៃការចែកចាយបន្ទះឈីបទៅក្នុងទីផ្សារបានធ្វើឱ្យមានការរំខានយ៉ាងខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបនេះដោយជៀសមិនរួច។

ការផលិតបន្ទះឈីបជំនាន់ថ្មីដែលទំនើបបំផុត​​​ មានដំណើរការស្មុគស្មាញខ្លាំងណាស់ហើយវាក៏តម្រូវឱ្យមានការបោះទុនច្រើន និងការស្រាវជ្រាវអភិវឌ្ឈន៏ខ្លាំងដើម្បីផលិត។ សព្វថ្ងៃមានតែក្រុមហ៊ុន ២ ប៉ុណ្ណោះដែលមានសមត្ថភាពអាចផលិតបន្ទះឈីបដែលនៅក្រោមកម្រិត ១០ nm (៨nm) សម្រាប់ផលិតកម្ម5G នោះគឺក្រុមហ៊ុនTSMC និង Samsung ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់បន្ទះឈីបធំជាងគេបំផុតនៅលើពិភពលោក។ ទោះបីជាសហរដ្ឋអាមេរិកគឺជាអ្នកនាំមុខគេទាក់ទងនឹងសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឈន៍បន្ទះឈីប ហើយតៃវ៉ាន់គឺជាប្រទេសដែលនាំមុខគេក្នុងការជួបប្រជុំការវេចខ្ចប់និងមុខងារសាកល្បងរបស់ឧបករណ៍អេឡិចត្រូនិកក៏ដោយ តែភាគច្រើននៃបន្ទះឈីបដែលត្រូវបានប្រើប្រាស់នៅក្នុងពិភពលោកគឺត្រូវបានផលិតនៅក្នុងប្រទេសចិន។

មូលហេតុបណ្ដាលឱ្យមានកង្វះខាតនៃបន្ទះឈីបសកល

នៅក្នុងពិភពឌីជីថល បន្ទះឈីបនេះគឺជាសរសៃឈាមនៃផលិតកម្មអេឡិចត្រូនិច ដូច្នេះវាមិនមានអ្វីចម្លែកទេដែលកង្វះខាតជាសកលបានជះឥទ្ធិពលយ៉ាងសម្បើម។​

ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយខ្លះក្នុងអំឡុងសង្រ្គាមបច្ចេកវិទ្យារវាងអាមេរិកនិងចិនក៏បាននាំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនធ្វើការស្តុកទុកបន្ទះឈីបនិងឧបករណ៍ផលិតបន្ទះឈីបរបស់ខ្លួន។​ បន្ទាប់ពីរងការដាក់ទណ្ឌកម្មពីរដ្ឋាភិបាលវ៉ាស៊ីតោន និងរងការរឹងបន្ទឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅឆ្នាំ ២០១៨ ក្រុមហ៊ុន Huawei បានព្យាយាមស្តុកទុកបន្ទះឈីបតាមដែលខ្លួនអាចធ្វើបានដែលនេះបានធ្វើឱ្យតម្រូវការបន្ទះឈីបនិងសម្ភារៈសំខាន់ផ្សេងទៀតកើនឡើងក្នុងមួយរំពិចព្រោះបម្រែបម្រួលនៃស្ថានភាពនយោបាយសេដ្ឋកិច្ចនេះបានធ្វើឱ្យមានក្រុមហ៊ុនជាច្រើនព្យាយាមទិញឈីបយកមកស្តុកទុក។

ស្ថានភាពកាន់តែអាក្រក់ទៅនៅពេលដែលមេរោគកូវីត១៩ចាប់ផ្តើមវាយប្រហារពិភពលោកនៅដើមឆ្នាំ២០២០​​ ដែលធ្វើឱ្យមានការផ្លាស់ប្តូររបៀបរស់នៅពីចម្ងាយ បាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវតម្រូវការបន្ទះឈីបដើម្បីផលិតគ្រឿងអេឡិចត្រូនិច។ ក្នុងពេលជាមួយគ្នានេះដែរតម្រូវការប្រើប្រាស់ទូទៅរបស់រថយន្តក៏បានធ្លាក់ចុះដោយសារស្ថានភាពសេដ្ឋកិច្ច ដែលនេះបានបង្ខំឱ្យក្រុមហ៊ុនផលិតបន្ទះឈីបបានផ្តោតសំខាន់ទៅលើកម្មវិធីដែលមិនមែនជាយានយន្ត ដូចជា កុំព្យូទ័រ ប្រព័ន្ទទំនាក់ទំនង ផ្សេងៗដែលមើលឃើញថាមានតម្រូវការកើនឡើងខ្លាំងជាង។ អ្វីដែលនឹកស្មានមិនដល់នៅចុងឆ្នាំ ២០២០ វឌ្ឈភាពនៃឧស្សាហកម្មយានយន្តបានស្ទុះងើបឡើងវិញដែលលឿនជាងអ្វីដែល គ្រប់គ្នាបានរំពឹងទុកជាមួយនឹងការងើបឡើងវិញនៃការលក់រថយន្តនៅទូទាំងពិភពលោក។ នេះបណ្តាលឱ្យមានការរាំងស្ទះដល់ការផ្គត់ផ្គង់ឈីបទូទាំងពិភពលោកដែលបានចាប់ផ្តើមបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរនៅខែមករាដើមឆ្នាំ ២០២១ ហើយបាននឹងកំពុងកើនឡើងកាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃ។

តើវិបត្តិកង្វះបន្ទះឈីបបានជះឥទ្ធិពលអ្វីខ្លះ?

ឧស្សាហកម្មផ្សេងៗត្រូវបានរងផលប៉ះពាល់ដោយសារតម្រូវការបន្ទះឈីបអេឡិចត្រូនិកសកលបន្តកើនឡើងលើសការផ្គត់ផ្គង់។ សម្រាប់ក្រុមហ៊ុនដែលពឹងផ្អែកលើបន្ទះឈីប បានរងការខ្វះខាតបណ្តាលឱ្យមានការរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបង្ខំឧស្សាហកម្មជាច្រើនសម្រេចផ្អាកឬបញ្ឈប់ការផលិតមួយរយៈ។ នៅទូទាំងពិភពលោក ក្រុមហ៊ុនផលិតយានយន្តបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារកង្វះខាតបន្ទះឈីបដូចជាក្រុមហ៊ុនផលិតរថយន្តធំៗស្ទើរតែទាំងអស់ដែលមានរោងចក្រនៅសហរដ្ឋអាមេរិករួមមាន General Motors Co, Ford Motor Co, Volkswagen, Toyota Motor Corp, Hyundai Motor Co, Renault, Nissan និង Jaguar, Land Rover ។ ក្រុមហ៊ុនទាំងអស់នេះទំនងជាខាតបង់រាប់ពាន់លានដោយសារតែខ្វះបន្ទះឈីបដែលត្រូវបានប្រើនៅក្នុងគ្រឿងបន្លាស់រថយន្តជាច្រើនដូចជា ឌីជីថលវាស់ល្បឿន ឌីជីថលប្រព័ន្ធព័ត៌មាន ការគ្រប់គ្រងម៉ាស៊ីនដោយប្រើកុំព្យូទ័រ និងប្រព័ន្ធជំនួយអ្នកបើកបរ នេះបើយោងតាមសារព័ត៌មាន IndiaToday។

ជាក់ស្ដែង​ ក្រុមហ៊ុនផលិតរថយន្តជាច្រើន រួមទាំងក្រុមហ៊ុន Ford Motor Co. និង General Motors Co. ត្រូវបានបង្ខំឱ្យបិទរោងចក្រជាបណ្តោះអាសន្ន ដែលបណ្ដាលឱ្យប្រាក់ចំណូលធ្លាក់ចុះរហូតដល់ ២ ពាន់លានដុល្លារភ្លាមៗ។ក្រុមហ៊ុន General Motors បានបិទទ្វាររោងចក្រនៅអាមេរិកខាងជើងទាំងបីរបស់ខ្លួនជាបណ្ដោះអាសន្នដោយសារកង្វះខាត ខណៈពេលដែលក្រុមហ៊ុន Ford បានព្រមានវិនិយោគិនថាការធ្លាក់ចុះនៃការផលិតអាចប៉ះពាល់ដល់វិស័យឧស្សាហកម្មរបស់ខ្លួន។ Stellantis ដែលជាក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទីបួនរបស់ពិភពក៏ជាប់គាំងស្ទះជាមួយកង្វះបន្ទះឈីបកាន់តែអាក្រក់នៅក្នុងត្រីមាសចុងក្រោយនេះ រួមទាំងក្រុមហ៊ុន Fiat Chrysler និងក្រុមហ៊ុនផលិតរថយន្ត Peugeot PSA បានព្រមានថាការរំខាននេះអាចបន្តរហូតដល់ឆ្នាំ ២០២២ ។ លើសពីនេះទៅទៀត Nissan បានបញ្ឈប់នូវប្រព័ន្ទរុករកថ្មីដោយការ​បំពាក់​ជាមួយ​​កញ្ចក់​មើល​ក្រោយ​ស្តង់ដារឆ្លាតវៃលើរថយន្ដចំនួន ១៥០០ គ្រឿង នៅពេលដែលក្រុមហ៊ុន Renault លែងដាក់អេក្រង់ឌីជីថលដែលមានទំហំធំនៅពីក្រោយចង្កូតឡានមួយចំនួនដូចគ្នា។ រីឯក្រុមហ៊ុន​រថយន្ត​ជួល​ក៏​កំពុង​ទទួល​បាន​ផល​ប៉ះពាល់​ផង​ដែរ ដោយ​សារ​ពួកគេ​មិន​អាច​បញ្ជាទិញ​រថយន្ត​ថ្មី​ដែល​ពួកគេ​ចង់បាន​ដូចជាក្រុមហ៊ុន Hertz និង Enterprise ជាដើម។ BMW បានផ្អាកការផលិតនៅរោងចក្រខ្នាតតូចរបស់ក្រុមហ៊ុននៅ Oxford ដោយលើកឡើងពីការខ្វះខាតបន្ទះឈីបកុំព្យូទ័រផងដែរ។ ក្រុមហ៊ុនផលិតរថយន្តមួយចំនួនកំពុងបោះបង់ចោលលក្ខណៈពិសេសទំនើបដោយសារកង្វះបន្ទះឈីប។

នេះមិនមែនឧស្សាហកម្មរថយន្ដតែឯងទេសូម្បីឧបករណ៍ប្រើប្រាស់ប្រចាំថ្ងែក៏រងហានិភ័យដែរដូចជា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung របស់កូរ៉េខាងត្បូងថាខ្លួនអាចនឹងរំលងការចេញលក់ស្មាតហ្វូន Galaxy Note ស៊េរីបន្ទាប់ខណៈ Xiaomi បានរៀបរ៉ាប់ពីស្ថានភាពធ្ងន់ធ្ងរយ៉ាងខ្លាំងជាមួយនឹងកង្វះខាតដែលប៉ះពាល់ដល់ឧស្សាហកម្មទាំងមូល ដោយបានព្រមានថាក្រុមហ៊ុនអាចនឹងត្រូវតម្លើងថ្លៃដើមដល់អ្នកប្រើប្រាស់ ដោយឡែក LG ក៏ស្ថិតក្នុងហានិភ័យនៃកង្វះបន្ទះឈីបនេះដែរ។​ ក្រុមហ៊ុន Sony បានទទួលស្គាល់ថា ខ្លួនមិនអាចរក្សាបាននូវតម្រូវការសម្រាប់ Playstation5 របស់ខ្លួន ហើយបានព្រមានថាឧបសគ្គលើការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកនឹងបន្តរហូតដល់ឆ្នាំក្រោយ។ មិនតែប៉ុណ្ណោះឧបករណ៍ប្រើប្រាស់ក្នុងផ្ទះកំពុងជួបការលំបាកក្នុងការបំពេញតម្រូវការ ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាចទិញផលិតផលដែលដំណើរការដោយម៉ាស៊ីនដូចជា មីក្រូវ៉េវ ទូទឹកកក ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួត។ ជាក់ស្ដែងក្រុមហ៊ុនអេឡិចត្រូនិច Electrolux កំពុងមានភាពតឹងតែងជាពិសេសគ្រឿងបន្លាស់អេឡិចត្រូនិច ដែលមានន័យថាក្រុមហ៊ុនមិនអាចបំពេញតម្រូវការលើផលិតផលទាំងអស់។

ជាការពិតណាស់ ក្រុមហ៊ុនផលិតបន្ទះឈីបធំទាំងបី គឺក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. (TSMC), Samsung និង Intel បានប្រកាសពីផែនការចំណាយដើមទុនដ៏ធំដែលសរុបជាទឹកប្រាក់ជិត ១៥០ ពាន់លានដុល្លារ ដើម្បីបង្កើនសមត្ថភាពបន្ថែមរបស់ខ្លួន ដោយថ្មីៗនេះក្រុមហ៊ុន Intel នឹងចំណាយ ២០ ពាន់លានដុល្លារដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីបថ្មីពីរនៅអារីហ្សូណានៃសហរដ្ឋអាមេរិក។ ចំណែក TSMC ជាផ្នែកមួយរបស់ខ្លួនបានសន្យាផ្តល់ប្រាក់ចំនួន ១០០ ប៊ីលានដុល្លារអាមេរិកដើម្បីបង្កើនសមត្ថភាពជាមួយយុទ្ធសាស្ត្រនឹងគោលដៅឈានដល់ចំណែកទីផ្សារសកល ២០% ។ យ៉ាងណាមិញ ការខ្វះខាតបន្ទះឈីបអាចជាសញ្ញានៃការពង្រីកសេដ្ឋកិច្ច ជាលទ្ធផលនៃការកើនឡើងនៃតម្រូវការសម្រាប់ទំនិញធំៗដែលបង្ហាញពីការងើបឡើងវិញនៃការចំណាយរបស់អ្នកប្រើប្រាស់ នៅក្នុងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនពឹងផ្អែកលើបច្ចេកវិទ្យាបន្ទះឈីបអេឡិចត្រូនិច ទីផ្សារសកលដែលទំនងនឹងក្លាយទៅជាសូចនាករនៃសកម្មភាពសេដ្ឋកិច្ចទាំងមូល ជាមួយនឹងការកើនឡើងនៃតម្រូវការបន្ទះឈីបដែលបង្ហាញពីទិន្នផលសក្តានុពលខ្ពស់នៅក្នុងឧស្សាហកម្មដែលពាក់ព័ន្ធ។

តើមានដំណោះស្រាយបែបណាសម្រាប់ការផ្គត់ផ្គង់បន្ទះឈីបសកល?

វិបត្តិបន្ទះឈីបសកលគឺជាការដាស់តឿនប្រទេសនៅជុំវិញពិភពលោកអំពីសារៈសំខាន់នៃឧបករណ៍អេឡិចត្រូនិកសម្រាប់អនាគតមនុស្ស។ ការប្រឈមមុខនឹងកង្វះខាតបន្ទះឈីបដ៏អាក្រក់បំផុតដែលមិនធ្លាប់មានបានដាក់សម្ពាធ យ៉ាងធ្ងន់ដល់រដ្ឋាភិបាល ក្រុមហ៊ុនផលិតរថយន្ត និងអ្នកផលិតបន្ទះឈីបនានាក្នុងការរកដំណោះស្រាយ ។ ជាអកុសលការផលិតបន្ទះឈីបមិនអាចបង្កើនយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងបញ្ហារយៈពេលខ្លីឡើយ ដែលនេះមានន័យថាយើងត្រូវរង់ចាំក្នុងអំឡុងពេលមានវិបត្តិបន្ទះឈីបដោយអនុញ្ញាតឱ្យការផ្គត់ផ្គង់តាមទាន់តម្រូវការវិញ។  យ៉ាងណាមិញរដ្ឋាភិបាលជុំវិញពិភពលោកបានប្តេជ្ញាចិត្តចំពោះការចំណាយដើមទុន និងកំពុងបន្តគោលនយោបាយដើម្បីបង្កើនសមត្ថភាពផលិតបន្ទះឈីបក៏ដូចជាបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកដែលអាចជៀសផុតពីការជាប់គាំង។

កូរ៉េខាងត្បូងបានប្រកាសកម្មវិធីវិនិយោគមួយដែលមានតម្លៃ ៤៥០ ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដើម្បី ឧបត្ថម្ភលើការផលិត semiconductor និងបង្កើនសមត្ថភាពក្រុមហ៊ុនផលិតបន្ទះឈីបរបស់ខ្លួនក្នុងការប្រកួតប្រជែងលើទីផ្សារសកល ទន្ទឹមនឹងនោះរដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងផ្តល់ការបន្ធូរបន្ថយពន្ធ កាត់បន្ថយអត្រាការប្រាក់ បទប្បញ្ញត្តិ និងជួយផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផងដែរ។ ពួកគេក៏នឹងផ្តល់មូលនិធិដល់ការបណ្តុះបណ្តាលអ្នកជំនាញ ឧបករណ៍អេឡិចត្រូនិកជាង ៣៦.០០០ នាក់ដើម្បីរក្សាតំណែងរបស់ពួកគេនៅក្នុងទីផ្សារ។ ចំណែកឯប្រទេសចិនបានបង្កើតមូលនិធិជាតិរាប់ពាន់លានដុល្លារដើម្បីវិនិយោគលើក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុកខណៈដែលខ្លួនមានបំណងតាមទាន់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងតៃវ៉ាន់។

ប្រធានាធិបតីអាមេរិក លោកបៃដិន ក៏បានចុះហត្ថលេខាលើបទបញ្ជាស្តីពីការច្នៃប្រឌិតនិងការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានផ្តល់មូលនិធិចំនួន ៥២ ពាន់លានដុល្លារសម្រាប់គំនិតផ្តួចផ្តើមទាក់ទងនឹងឧបករណ៍អេឡិចត្រូនិកដែលនឹងធ្វើការជាមួយក្រុមហ៊ុន Intel និង TSMC ដើម្បីជំរុញការផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មាន Nikkei Asia។ កង្វះខាតមិនត្រឹមតែបានជំរុញឱ្យឧស្សាហកម្មបច្ចេកវិទ្យាកាន់តែរីកធំប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជំរុញឱ្យមាននិន្នាការកើនឡើងដែលនឹងជំរុញកំណើនសេដ្ឋកិច្ចអាមេរិកនៅក្នុងរយៈពេលវែង។

ទន្ទឹមនឹងនេះ​ ដោយមើលឃើញពីការប្រឈមនឹងការខ្វះខាតបន្ទះឈីបសកល និងការពឹងផ្អែកយ៉ាងខ្លាំងទៅលើបណ្តាប្រទេសដូចជាតៃវ៉ាន់និងសហរដ្ឋអាមេរិក បណ្តាប្រទេសអ៊ឺរ៉ុបកំពុងរៀបចំផែនកំណត់គោលដៅប្រកបដោយមហិច្ឆតាដើម្បីបង្កើនចំណែកការផលិតបន្ទះឈីបកុំព្យូទ័ររបស់ខ្លួននៅក្នុងទីផ្សារបន្ទះឈីបពិភពលោករហូតដល់ ២០% នៅត្រឹមឆ្នាំ ២០៣០ ដើម្បីតាមទាន់មេដឹកនាំពិភពលោកស្តីពីការរចនានិងការផលិតមីក្រូឈីប។ ត្រង់កន្លែងនេះបានបង្ហាញពីមហិច្ឆតារបស់ប្រទេសបណ្ដាអឺរ៉ុប ក្នុងការប្រកួតប្រជែងក៏ដូចជាបង្កើនអធិបតេយ្យភាពបច្ចេកវិទ្យាផងដែរ។ ជាការមិនអាចមើលរំលង ដើម្បីបញ្ចៀសការគាំងស្ទះនៃវិបត្តិនេះ ការប្ដេជ្ញាចូលរួមរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗបានឆ្លុះបញ្ចាំពីការកាត់បន្ថយសម្ពាធនៃការខ្វះខាតបន្ទះឈីបនេះយ៉ាងធំធេងដែលបង្ហាញពីការយកចិត្តទុកដាក់ក្នុងវិស័យឧស្សាហ៍កម្មបច្ចេកវិទ្យាគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់នាពេលអនាគតនៃឧស្សាហកម្មបន្ទះឈីប ដោយសារតែបន្ទះឈីបបន្តក្លាយជាធាតុចូលដ៏សំខាន់នៅក្នុងទីផ្សាអេឡិចត្រូនិចសកលនាពេលអនាគត។

តើហេតុអ្វីបានជាតម្លៃថាមពលនៅទីផ្សារអន្តរជាតិឡើងថ្លៃនៅពេលនេះ?

ការឡើងចុះនៃតម្លៃថាមពលដូចជាប្រេងឥន្ធនៈ ឬហ្គាសជាដើម បានប៉ះពាល់មួយផ្នែកធំនៃជីវភាពរបស់ប្រជាពលរដ្ឋទូទៅក្នុងសកលលោក។ ការឡើងថ្លៃនៃតម្លៃថាមពលនឹងធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង ដែលជាហេតុធ្វើឱ្យតម្លៃទំនិញប្រើប្រាស់និងសេវាមួយចំនួនឡើងថ្លៃជាមួយគ្នាដែរ ដែលអាចធ្វើឱ្យមានអតិផរណាផងដែរ។ បើយើងប្រៀបធៀបស្ថានភាពតម្លៃថាមពលកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ នេះគឺខុសស្រឡះត្បិតតែពិភពលោកទទួលការវាយលុកនៃវិបត្ដិកូវីដ១៩ដូចគ្នា។ កាលពីឆ្នាំ ២០២០ តម្លៃប្រេងឆៅបានដាំក្បាលចុះយ៉ាងគំហុក រហូតដល់ខ្វះកន្លែងស្តុកប្រេង ដែលបណ្ដាលឱ្យតម្លៃធ្លាក់ចុះក្រោម ០ ដុល្លារអាមេរិក ខណៈឆ្នាំ២០២១ ប្រទេសសេដ្ឋកិច្ចធំៗបែរជាខ្វះថាមពលដើម្បីប្រើប្រាស់ហើយតម្លៃថាមពលបែរជាស្ទុះឡើងថ្លៃទៅវិញ។

ដូចនេះ តើហេតុអ្វីបានជាតម្លៃថាមពលនៅទីផ្សារអន្តរជាតិឡើងថ្លៃនៅពេលនេះ?

ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅ យើងគួរក្រឡេកទៅមើលស្ថានភាពថាមពលរបស់ប្រទេសធំៗនៅក្នុងពិភពលោក។

១. ការកើនឡើងតម្លៃ និងកង្វះថាមពលនៅអឺរ៉ុបនិងចក្រភពអង់គ្លេស

ប៉ុន្មានសប្ដាហ៍កន្លងទៅនេះ អឺរ៉ុបនិងចក្រភពអង់គ្លេសកំពុងតែវឹកវរជាមួយនឹងវិបត្ដិថាមពល ដែលបណ្ដាលមកពីកង្វះថាមពល និងតម្លៃថាមពលក៏កើនឡើងយ៉ាងគំហុគ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuter ទីផ្សារហ្គាសនៅអឺរ៉ុបបានកើនឡើង ២៨០% ដែលតម្លៃនៅឆ្នាំនេះហក់ខ្ពស់ជាង ៤ ដង បើធៀបនឹងឆ្នាំ២០១៩។ វិបត្ដិនេះអាចបណ្ដាលមកពីកត្តាចម្បងមួយនោះគឺតម្រូវការបានស្ទុះឡើង។ មូលហេតុដែលធ្វើឱ្យតម្រូវការស្រាប់តែស្ទុះឡើងគឺដោយសារតែ (១) អឺរ៉ុបផ្លាស់ប្ដូរទៅរកការប្រើប្រាស់ថាមពលស្អាតស្អំ (Clean Energy) និងថាមពលកកើតឡើងវិញ (Renewable Energy) (២) ការធ្លាក់ចុះនៃការនាំចូលឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី ដែលរុស្សីនាំចូលឧស្ម័នធម្មជាតិជាង ៤០% ទៅអឺរ៉ុបចន្លោះឆ្នាំ២០១៩-២០២០ (៣) ការបើកឱ្យមានសកម្មភាពសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការស្រាកស្រាន្ដនៃជំងឺកូវីដ១៩ (៤) ការធ្លាក់ចុះបរិមាណថាមពលអគ្គិសនីផលិតដោយកង្ហារយក្ស (៥) ការធ្លាក់ចុះស៊ីតុណ្ហភាពត្រជាក់នៅអឺរ៉ុបដែលគេត្រូវការសម្រាប់ប្រើប្រាស់ម៉ាស៊ីនកម្ដៅច្រើនជាងមុន។

ក្រឡេកទៅមើលស្ថានភាពវិបត្ដិប្រេងនៅចក្រភពអង់គ្លេសវិញ អង់គ្លេសបានប្រឈមនឹងវិបត្ដិខ្វះប្រេង ខណៈដែលប្រជាពលរដ្ឋអង់គ្លេសបាននាំគ្នាសម្រុកទៅទិញប្រេងមកស្តុករហូតដល់ស្ថានីយ៍ប្រេងជាច្រើនបះជើងខ្វះប្រេងលក់។ ប៉ុន្មានសប្ដាហ៍កន្លងទៅនេះ អង់គ្លេសបានជួបប្រទះភាពជ្រួលច្របល់ ដោយសារតែប្រជាជនអង់គ្លេសជាច្រើនភ័យខ្លាចមិនមានប្រេងឥន្ធនៈដើម្បីចាក់យានយន្ដប្រើប្រាស់បានទៀត។ មូលហេតុដែលអន្ទងចិត្ដឱ្យប្រជាជនអង់គ្លេសនាំគ្នាសម្រុក និងតម្រង់ជួរគ្នាទិញប្រេងមកស្តុកទុកក្នុងផ្ទះគឺដោយសារតែបែកធ្លាយរបាយការណ៍ក្រុមហ៊ុនប្រេងឥន្ធនៈមួយផ្ញើទៅរដ្ឋាភិបាលថានឹងផ្អាកសាខាមួយចំនួនរបស់ខ្លួនលក់ប្រេងឥន្ធនៈដោយសារតែខ្វះប្រេង។ ក្រៅពីនេះ បញ្ហាដែលសង្កត់លើបញ្ហាកង្វះប្រេងមួយទៀតគឺ អង់គ្លេសខ្វះអ្នកដឹកជញ្ជូនប្រេងដើម្បីចែកចាយទៅស្ថានីយប្រេង។ តាមពិតទៅ កាលពីដំបូងឡើយ អង់គ្លេសមិនមែនខ្វះប្រេងដូចបានកើតមាននោះទេ ប៉ុន្តែដោយសារតែការឆោឡោនិងភាពភ័យស្លន់ស្លោរបស់ប្រជាពលរដ្ឋជាច្រើននាំគ្នាទៅទិញប្រេងទុក ដែលជាហេតុរុញច្រានឱ្យស្ថានីយ៍ជាបន្តបន្ទាប់ខ្វះប្រេងលក់ ហើយចំពេលដែលខ្វះអ្នកដឹកជញ្ជូនប្រេងដើម្បីលក់ឱ្យបានទាន់ពេលក្នុងការរំងាប់ចិត្ដព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។

២. វិបត្ដិថាមពលនៅប្រទេសចិន

ប៉ែកអឺរ៉ុបមិនមែនឈឺក្បាលដោយសារវិបត្ដិថាមពលតែម្នាក់ឯងទេ ប៉ុន្តែចិនក៏មានវិបត្ដិថាមពលរហូតបង្អាក់សកម្មភាពសេដ្ឋកិច្ចមួយចំនួនដោយសារតែមិនមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ ប្រទេសចិនជួបបញ្ហាខ្វះអគ្គិសនីតាំងពីពាក់កណ្ដាលខែសីហា ដោយសារកង្វះធ្យូងថ្មដើម្បីផលិតអគ្គិសនី ដែលនេះបណ្ដាលមកពីរោងចក្រអគ្គិសនីរបស់ចិនភាគច្រើនគឺដើរដោយធ្យូងថ្ម។ យោងតាមទិន្នន័យរបស់ Wind Information តម្លៃធ្យូងថ្មនិងប្រេងដែលសំខាន់សម្រាប់ការផលិតអគ្គិសនីត្រូវបានកើនឡើងលើសពី ៤០% បើធៀបទៅនឹងឆ្នាំ២០២០។ បញ្ហាវិបត្ដិថាមពលខ្វះអគ្គិសនីរបស់ចិនកើតឡើងអាចបណ្ដាលមកពីការឈប់ទិញធ្យូងថ្មពីប្រទេសអូស្ត្រាលីដែលទំនាក់ទំនងរវាងប្រទេសទាំងកំពុងមើលមុខគ្នាមិនចំ និងយុទ្ធសាស្ត្រកាត់បន្ថយឧស្ម័នកាបូនិចរបស់រដ្ឋាភិបាលចិនដែលកាត់បន្ថយឧស្ម័នកាបូនិចនៅឆ្នាំ២០៣០ និងគ្មានឧស្ម័នកាបូនិចនៅឆ្នាំ២០៦០។ ដើម្បីស្ដារស្ថានភាពឡើងវិញ រដ្ឋាភិបាលចិនបានសម្រេចចិត្ដលូកដៃចូលទៅក្នុងទីផ្សារធ្យូងថ្ម ហើយកំណត់ឱ្យអ្នកផលិតធ្យូងថ្មធ្វើប្រតិបត្ដិការឱ្យអស់ពីសមត្ថភាព និងដាក់គោលដៅផលិតធ្យូងថ្មឱ្យបានយ៉ាងហោចណាស់ ១២ លានតោនក្នុងមួយថ្ងៃ។ ជាលទ្ធផល យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ALJAZEERA ក្រោយពីមានការលូកដៃពីរដ្ឋាភិបាលចិនលើបញ្ហាធ្យូងថ្ម តម្លៃប្រេងក៏បានធ្លាក់ថ្លៃដែរកាលពីថ្ងៃទី២០ ខែតុលា កន្លងទៅនេះ។

៣. ការឡើងថ្លៃប្រេងនៅសហរដ្ឋអាមេរិក

ត្បិតតែនៅសហរដ្ឋអាមេរិកមិនបានរងផលប៉ះពាល់នូវវិបត្ដិថាមពលឱ្យធ្ងន់ធ្ងរដូចនៅអឺរ៉ុបឬចិនក្ដី ក៏ប៉ុន្តែប្រេងឥន្ធនៈក៏បានស្ទុះឡើងថ្លៃដែរ រហូតដល់ប្រធានាធិបតី ចូ បៃឌិន បើកការស៊ើបអង្កេតទៅលើការឡើងថ្លៃប្រេងឥន្ធនៈនេះដោយសារលោកយល់ថាការឡើងថ្លៃនេះដូចជាមិនសូវសមហេតុផលឡើយ។ តម្លៃប្រេងឥន្ធនៈកើនឡើងឥតឈប់ឈរចាប់ពីខែមករា រហូតដល់ខែកញ្ញា បើយើងមើលក្រាបរបស់ U.S. Energy Production Administration ដែលកើនឡើងពី ២,២៥ ដុល្លារអាមេរិក នៅខែមករា រហូតមកដល់ ៣,១៧ ដុល្លារអាមេរិក នៅខែកញ្ញា។ អ្នកជំនាញបានលើកឡើងពីហេតុផលចំនួន ៣ ធំៗដែលអាចធ្វើឱ្យតម្លៃប្រេងឥន្ធនៈនៅអាមេរិកងើបក្បាលយ៉ាងខ្លាំងបែបនេះ។ ហេតុផល (១) ភាពរអាក់រអួលនៃការផ្គត់ផ្គង់ប្រេង ដែលរួមមានការវាយឡុកតាមបណ្ដាញអ៊ីនធើណែត (Hacking) និងគ្រោះធម្មជាតិ (២) ការកើនឡើងនូវតម្រូវការប្រើប្រាស់ ដែលក្នុងនោះ មនុស្សមានសកម្មភាពសេដ្ឋកិច្ចច្រើនជាងមុន ដូចជា ការកើនឡើងនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅជាដើម (៣) ផលិកម្មមានកម្រិតទាប ដោយសារតែអ្នកផលិតប្រេងនៅអាមេរិក និង ក្រុមប្រទេស OPEC នៅបន្ដការកំណត់ចំនួនផលិតប្រេងដើម្បីឆ្លើយតបទៅនឹងបញ្ហាហៀរហូរខ្វះកន្លែងដាក់ប្រេងនិងការធ្លាក់ចុះតម្លៃប្រេងឆៅកាលពីឆ្នាំ២០២០។

តើការឡើងថ្លៃថាមពលនៅក្នុងសកលលោកបែបនេះនឹងបណ្ដាលឱ្យប៉ះពាល់អ្វីខ្លះ?

ជាការពិតណាស់ ការឡើងថ្លៃនៃប្រភពថាមពលនឹងជះឥទ្ធិពលមិនល្អឡើយទៅលើសេដ្ឋកិច្ចពិភពលោក ដែលការគួរឱ្យព្រួយបារម្ភនោះគឺការកើនឡើងអតិផរណា។ ជាក់ស្ដែង បើយោងតាមការចេញផ្សាយរបស់ Reuter គ្រួសារនៅប្រទេសអាល្លឺម៉ង់ប្រមាណជាង ៣៥០.០០០ នឹងត្រូវបន្ថែមការចំណាយ ១១,៥% ទៅលើប្រេងឥន្ធនៈ។ មិនតែប៉ុណ្ណោះ ការកើនឡើងអតិផរណានឹងធ្វើឱ្យតម្លៃទំនិញប្រើប្រាស់ និងសេវាកម្មជាច្រើននឹងឡើងថ្លៃទៅតាមតម្លៃថាមពលដែរ ដោយសារតែការឡើងថ្លៃនៃសេវាកម្មដឹកជញ្ជូន និងការឡើងថ្លៃនៃការផលិតទំនិញប្រើប្រាស់ប្រចាំថ្ងៃដែលអាចប៉ះពាល់ដល់អំណាចទិញរបស់ប្រជាពលរដ្ឋទូទាំងពិភពលោក។ យោងតាមទិន្នន័យរបស់ OECD ប្រទេសសេដ្ឋកិច្ចធំដូចជា G20 និងប្លុកអឺរ៉ុប សុទ្ធតែមានការកើនឡើងអតិផរណាប៉ុន្មានខែចុងក្រោយនេះ។ ការឡើងថ្លៃនៃថាមពលចំពេលវិបត្ដិកូវីដ១៩ នឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរាប់ឆ្នាំរបស់ប្រទេសជាច្រើនក្នុងការទប់អត្រាអតិផរណាឱ្យទាបអាចក្លាយជាអាសារបង់ និងធ្វើឱ្យពិបាកងើបសេដ្ឋកិច្ចឡើងវិញនៅពេលកូវីដ១៩ធូរស្រាល។ ម្យ៉ាងវិញទៀត ការកើនឡើងនូវអតិផរណារបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងនេះនឹងជះឥទ្ធិពលមកកាន់សេដ្ឋកិច្ចពិភពលោកទាំងមូល ជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចតូចៗ។

ជារួម ការឡើងថ្លៃនៃថាមពលនៅទីផ្សារអន្តរជាតិបែបនេះនឹងជះឥទ្ធិពលដល់ប្រទេសដទៃទៀត ដោយសារកត្តាសកលភាវរូបនីយកម្ម។ ជាក់ស្ដែង នៅពេលប្រទេសធំៗនាំគ្នាសម្រុកទិញថាមពល នោះនឹងធ្វើឱ្យកំណើនតម្រូវការក្នុងពិភពលោកកើនឡើង ដែលជាហេតុធ្វើឱ្យតម្លៃថាមពលប្រទេសដទៃក៏ឡើងថ្លៃដែរ ដោយសារអ្នកលក់ថាមពលនៅមានចំនួនដដែលនៅលើទីផ្សារតែមួយ។ អ្វីដែលធ្វើឱ្យយើងគួរឱ្យព្រួយបារម្ភនោះគឺ នៅពេលដែលវិបត្ដិកូវីដ១៩ថមថយ នោះពិភពលោកនឹងស្គាល់វិបត្ដិមួយទៀត ដែលគឺជាវិបត្ដិកង្វះថាមពល និងកង្វល់នៃការកើនឡើងនៃអតិផរណា។ វិបត្ដិថាមពលនៅពេលនេះ ក៏អាចធ្វើឱ្យក្ដីសង្ឃឹមរបស់អ្នកបរិស្ថានខកចិត្ដលើគោលនយោបាយការប្រើប្រាស់ថាមពលស្អាតស្អំ (Clean Energy) ថាមពលកកើតឡើងវិញ (Renewable Engery) និងគោលនយោបាយកាត់បន្ថយឧស្ម័នការបូនិច ដោយសារតែប្រទេសធំៗដែលធ្លាប់បានសន្យាគិតគូរលើបញ្ហាបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ បែរមកគិតគូរស្ដារស្ថានភាពប្រទេសជាមុនសិន។

តើអ្វីទៅគឺជាការធ្លាក់ចូលទៅក្នុងបំណុលវណ្ឌក?

តាមពិតទៅ ពាក្យថាបំណុលគឺមិនមែនជាអ្វីដែលអាក្រក់ឡើយ ដោយសារតែបំណុលអាចជួយជីវភាព ស្ដារនិងពង្រីកអាជីវកម្ម និងផ្ដល់ជាប្រយោជន៍ជាច្រើន។ ក៏ប៉ុន្តែ នៅពេលដែលបំណុលចេះតែកើនឡើង ខណៈដែលខ្លួនមិនអាចសងត្រលប់វិញនូវបំណុលទាំងនោះបាន ស្ថានភាពបែបនេះត្រូវបានចាត់ទុកថាកំពុងធ្លាក់ក្នុងហានិភ័យហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរដោយសារតែបំណុលច្រើនលើសលុប ឬបំណុលវណ្ឌក។ ក្នុងការអនុវត្ដបច្ចុប្បន្ន បំណុលអាចកើតឡើងដោយមាន ឬគ្មានការប្រាក់។ បំណុលក៏អាចកើតឡើងពីសេវាហិរញ្ញវត្ថុផ្លូវការ (ដូចជាសេវាហិរញ្ញវត្ថុផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារកណ្ដាល) និងសេវាហិរញ្ញវត្ថុក្រៅផ្លូវការ (ដូចជាអ្នកចងការប្រាក់ជាដើម)។

តើអ្វីជាកត្តាចម្បងៗដែលធ្វើឱ្យបំណុលក្លាយជាគ្រោះថ្នាក់?

ជាការពិត បំណុលប្រៀបបានជាអាវុធមុខ ២។ ប្រសិនបើយើងអាចប្រើប្រាស់បំណុលបានល្អ គឺប្រៀបបានដូចជាទទួលបានកាតាលីករយ៉ាងស័ក្ដិសិទ្ធិក្នុងការបន្ថែមទុនដើម្បីស្ដារ ពង្រីក និងអភិវឌ្ឍអាជីវកម្ម និងផ្ដល់នូវអ្វីដែលធ្វើឱ្យជីវិតរបស់យើងកាន់តែប្រសើរឡើង។ យ៉ាងណាមិញ បំណុលនឹងក្លាយជាសុបិនមួយដ៏អាក្រក់នៅពេលដែលយើងទៅខ្ចីប្រាក់ដោយគ្មានផែនការប្រើប្រាស់ប្រាក់កម្ចីច្បាស់លាស់ ខ្ចីប្រាក់ដើម្បីហ៊ឺហារមួយគ្រា សម្ភារៈនិយម ខ្ចីប្រាក់ជាមួយអ្នកចងការប្រាក់ខុសច្បាប់ ខ្ចីប្រាក់ដើម្បីលេងល្បែង ឬដើម្បីយកទៅធ្វើការវិនិយោគមួយដែលមានហានិភ័យខ្ពស់។ ប្រសិនបើយើងពិនិត្យឱ្យស៊ីជម្រៅ ចំណុចរួមមួយនៃគុណវិបត្ដិរបស់បំណុលគឺបណ្ដាលមកពីការហ៊ានហក់លោតរហូតហួសពីសមត្ថភាពរបស់ខ្លួន ឬដូចពាក្យចាស់លោកពោលថា “ឃើញដំរីជុះ ក៏ចង់ជុះដូចដំរី”

តើហេតុអ្វីបានជាយើងមិនគួរខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ?

អ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ឧទាហរណ៍ អ្នកចងការប្រាក់ មិនមានអាជ្ញាបណ្ណត្រឹមត្រូវនិងមិនស្ថិតក្រោមការត្រួតពិនិត្យដោយអាណាព្យាបាលដូចជាធនាគារកណ្ដាលឡើយ។ ក្នុងការអនុវត្ដជាក់ស្ដែង អ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការអាចមាននីតិវីធីស្នើសុំកម្ចីងាយស្រួលជាងការខ្ចីបំណុលពីអ្នកផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ។ នីតិវិធីក្នុងការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ ដូចជា ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាដើម តម្រូវឱ្យសិក្សាយ៉ាងល្អិតល្អន់អំពីលទ្ធភាពសងត្រលប់វិញរបស់អ្នកខ្ចីប្រាក់ ដែលមានដូចជាការស៊ើបសួរនិងសិក្សាអំពីប្រាក់ចំណូលឬប្រាក់ខែ ការវិភាគនិងវិនិច្ឆ័យទ្រព្យធានា និងប្រវត្ដិកម្ចីជាដើម ដែលជាហេតុចំណាយពេលយូរជាងនីតិវិធីស្នើសុំកម្ចីរបស់អ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ។ អ្វីដែលជាចំណុចសំខាន់មួយទៀតនោះគឺ នីតិវិធីអនុញ្ញាតបំណុលរបស់អ្នកផ្តល់សេវាហិរញ្ញវត្ថុផ្លូវការអាចធ្វើឱ្យមនុស្សជុំវិញដឹងថាយើងកំពុងស្នើសុំកម្ចី ខណៈអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការគ្រាន់តែតម្រូវឱ្យតម្កល់ប្លង់រឹង ឬថតរូបឬវីដេអូ ឬថតចម្លងអត្តសញ្ញាបណ្ណជាដើម។ ត្បិតតែការស្នើសុំកម្ចីងាយស្រួលក៏ពិតមែន ប៉ុន្តែអាចមានហានិភ័យខ្ពស់ជាងកម្ចីពីអ្នកផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ។ ជាក់ស្ដែង នៅពេលដែលគ្រឹះស្ថានក្នុងសេវាហិរញ្ញវត្ថុផ្លូវការរកឃើញថាអ្នកខ្ចីប្រាក់មិនអាចមានលទ្ធភាពសង ឬជាអតិថិជនដែលមានហានិភ័យខ្ពស់ នោះគ្រឹះស្ថាននឹងមិនផ្ដល់កម្ចីឱ្យឡើយ ដែលនេះខុសពីសេវាហិរញ្ញវត្ថុក្រៅផ្លូវការដោយអ្នកចងការប្រាក់នឹងឱ្យប្រាក់កម្ចីដោយសម្លឹងមើលឃើញផ្លូវមាសផ្លូវប្រាក់របស់ពួកគេ ទោះបីជាដឹងថាកម្ចីនោះអាចធ្វើឱ្យកូនបំណុលក្ស័យធនក៏ដោយ។ បន្ថែមពីលើនេះ កម្ចីពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការអាចមានការប្រាក់ខ្ពស់ជាង គ្មានការគាំពារអតិថិជនដូចអ្នកផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ មានបង្កប់ល្បិចក្នុងការគណនាប្រាក់សងត្រលប់មកវិញដើម្បីឱ្យអ្នកចងការប្រាក់ចំណេញច្រើន និងអាចមានករណីហិង្សាគំរាមកំហែងនៅពេលដែលគ្មានប្រាក់សងត្រលប់វិញ។

កូនបំណុលក៏ត្រូវទទួលបានការការពារដោយច្បាប់

ដូចនេះ បំណុលមិនមែនជាអ្វីដែលគួរឱ្យខ្លាចឡើយ ដែលបំណុលគ្រាន់តែជាវិធីសាស្ត្រមួយដើម្បីបង្វិលទុន និងជាផ្នែកមួយនៃចរន្ដសកម្មភាពសេដ្ឋកិច្ច។ ដើម្បីកាត់បន្ថយហានិភ័យបំណុលវណ្ឌក យើងត្រូវសិក្សាឱ្យច្បាស់ពីភាពចាំបាច់នៃប្រាក់កម្ចីដែលយើងគ្រោងនឹងខ្ចី វិភាគនិងបង្កើតជាផែនការនាថ្ងៃមុខក្រោយពេលទទួលបានកម្ចី សិក្សាអំពីកិច្ចសិន្យាកម្ចីឱ្យច្បាស់លាស់មុននឹងទទួលកម្ចី គួរទៅរកសេវាហិរញ្ញវត្ថុផ្លូវការដើម្បីខ្ចីប្រាក់ និងស្វែងរកជំនួយពីអ្នកជំនាញ។ យ៉ាងណាមិញ ទោះបីជាយើងជាប់បំណុលដែលមិនអាចសងរួច ក៏ម្ចាស់បំណុលឬអ្នកចងការប្រាក់មិនអាចប្រើអំពើហិង្សា សម្លុតគម្រាមកំហែង ឬបំផ្លាញសម្ភារៈរបស់យើងបានឡើយ ដែលសកម្មភាពទាំងអស់នេះត្រូវបានហាមឃាត់ដោយច្បាប់ហើយកូនបំណុលអាចស្វែងរកអាជ្ញាធរដែលនៅជិតមកជួយអន្តរាគមន៍។ ជាមួយគ្នានេះ ម្ចាស់បំណុលក៏មិនអាចទៅរឹបអូសទ្រព្យធានាឬទ្រព្យសម្បិត្ដិដទៃទៀតដោយគ្មានការយល់ព្រមពីកូនបំណុលបានឡើយ លុះត្រាតែមានសេចក្ដីសម្រេចពីតុលាការ។ ក្នុងករណីដែលកូនបំណុលមិនអាចសងត្រលប់ទៅវិញ ម្ចាស់បំណុលឬអ្នកចងការប្រាក់អាចចរចារគ្នាដើម្បីស្វែងរកដំណោះស្រាយសន្តិវិធី ឬឈានទៅដល់នីតិវិធីតុលាការ។

ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម

បដិវត្តន៍ឧស្សាហកម្មគឺជាការផ្លាស់ប្តូរដំណើរការនៃការផលិតនិងធ្វើការងារពីបែបបុរាណដែលប្រើកម្លាំងមនុស្សឬការធ្វើការងារដោយដៃ ហើយជំនួសមកវិញនូវការប្រើបា្រស់ម៉ាស៊ីននិងប្រព័ន្ធរោងចក្រ។ បដិវត្តន៍នេះបានកើតឡើងដំបូងនៅក្នុងពាក់កណ្តាលសតវត្សទី១៨នៅក្នុងប្រទេសអង់គ្លេសហើយបន្ទាប់មកបានរីករាលដាលទៅកាន់អ៊ឺរ៉ុបដីគោកនិងសហរដ្ឋអាមេរិកនៅសតវត្សទី១៩។ គួររំលឹកផងដែរថា មូលហេតុនៃការរីករាលដាលនេះគឺដោយសារតែការទទួលយករបបមូលធននិយមមកអនុវត្តន៍ក្នុងវិស័យសេដ្ឋកិច្ច ព្រោះថាមុននឹងមានការកកើតឡើងនូវបដិវត្តន៍ឧស្សាហកម្ម ការផលិតទំនិញនិងសេដ្ឋកិច្ចមានលក្ខណៈជាទ្រង់ទ្រាយតូច(ជាលក្ខណៈគ្រួសារ)នៅឡើយ ប៉ុន្តែដោយសារតែឧស្សាហូបនីយកម្មតម្រូវឱ្យមានការងារនិងការវិនិយោគសំខាន់ៗដោយមិនចាំបាច់គ្រប់គ្រងដោយរដ្ឋាភិបាលដូចពេលមុនទៀតទេនោះ សហគ្រិននិងអ្នកច្នៃប្រឌិតបានស្វែងរកវិធីដើម្បីបង្កើនផលិតកម្មរបស់ខ្លួនឱ្យបានកាន់តែច្រើន ដែលទីបំផុតនាំឱ្យមានការបង្កើតឡើងនូវប្រព័ន្ធរោងចក្រ។ មួយវិញទៀតការបង្ហាញខ្លួននៃបច្ចេកវិទ្យាដូចជារបកគំហើញនៃម៉ាស៊ីន ក៏ជាកត្តាពិសេសមួយនៃការកកើតបដិវត្តន៍ឧស្សាហកម្មនេះផងដែរ។ ដូច្នេះ តើបច្ចេកវិទ្យាបានផ្លាស់ប្តូរបដិវត្តន៍ឧស្សាហកម្មបានយ៉ាងដូចម្តេចខ្លះ? តើបដិវត្តន៍នេះបានកើតឡើងប៉ុន្មានដំណាក់កាលរួចមកហើយ?

បើយើងក្រឡេកមកមើលពីការវិវត្តន៍របស់ពិភពលោក យើងឃើញថាបន្ទាប់ពីការរីករាលដាលនៃបដិវត្តន៍ឧស្សាហកម្មមក ពិភពលោកមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ជាជាងពេលណាៗទាំងអស់ ដោយសារតែបច្ចេកវិទ្យាបានជំរុញឱ្យមានភាពងាយស្រួលនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សដូចជា នៅក្នុងការធ្វើទំនាក់ទំនង ការដឹកជញ្ជូន ការធ្វើការងារ និងការផ្តល់សេវាកម្មផ្សេងៗទៀតជាដើម។ មកទល់នឹងសព្វថ្ងៃនេះបដិវត្តន៍ឧស្សាហកម្មបានធ្វើការវិវត្តន៍ចំនួន៤ដំណាក់កាលរួចមកហើយគឺចាប់តាំងពីបដិវត្តន៍ឧស្សាហកម្ម ១.០ រហូតដល់បដិវត្តន៍ឧស្សាហកម្ម ៤.០ដែលធ្វើឱ្យការរស់នៅកាន់តែមានភាពទំនើប។

បដិវត្តន៍ឧស្សាហកម្ម ១.០៖ ការផលិតម៉ាស៊ីនដំណើរការដោយចំហាយទឹក

នៅក្នុងដំណាក់កាលឧស្សាហកម្ម១.០ ម៉ាស៊ីនដំណើរការដោយចំហាយទឹកត្រូវបានបង្កើតឡើង។   ការអភិវឌ្ឍន៍នៃម៉ាស៊ីនដើរដោយចំហាយទឹកដោយលោក James Watt បានធ្វើឱ្យលក្ខខណ្ឌការងារនាពេលនោះកាន់តែមានភាពប្រសើរឡើងដោយវាបានជំនួសទម្រង់ការងារតាមបែបប្រពៃណី។ ដើម្បីឱ្យមានដំណើរការនៃម៉ាស៊ីនដើរដោយចំហាយទឹក គេបានប្រើប្រាស់ធ្យូងថ្មមកដុតជំនួសវិញដោយមិនបាច់ប្រើប្រាស់ប្រភពថាមពលធម្មជាតិដូចជាខ្យល់ឬរហាត់ទឹកទៀតទេ។ ចាប់ពីពេលនោះមកទំនិញផ្សេងៗត្រូវបានផលិតដោយមិនគិតពីទីកន្លែងឬរដូវទៀតនោះទេ។ ទម្រង់ថ្មីនៃរបកគំហើញនេះបានជួយបង្កើនផលិតភាពយ៉ាងខ្លាំង ហើយផ្អែកលើរបកគំហើញនេះគឺគេបានបន្តរកឃើញនិងប្រើប្រាស់ប្រព័ន្ធមេកានិចដែលជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងដំណើរការនៃម៉ាស៊ីន។ ​ ជោគជ័យផ្សេងទៀតនៃបដិវត្តន៍ឧស្សាហកម្មទីមួយគឺផ្លូវដែក។ វាជាការបន្តការអភិវឌ្ឍលើការធ្វើដំណើរតាមរថភ្លើងដោយការដុតធ្យូងថ្មនិងម៉ាស៊ីនដើរដោយចំហាយទឹកធ្វើដើម្បីជាកម្លាំងចលនា។ បន្ថែមពីនោះ ការប្រើប្រាស់ចំហាយទឹកជាថាមពលក៏ជាវិធីសាស្រ្តប្រើប្រាស់សម្រាប់នាវាធ្វើដំណើរតាមផ្លូវទឹកផងដែរ។ ជាលទ្ធផលសេដ្ឋកិច្ចកាន់តែមានទំហំធំធេងដោយរោងចក្រកាន់តែច្រើនត្រូវបានសាងសង់នៅក្នុងទីក្រុងធំៗហើយបានបង្កើតការងារជាច្រើនដល់ប្រជាជន ដែលនេះជារបៀបនៃការកើតឡើងនូវនគរូបនីយកម្ម(urbanization) ហើយវិស័យធនាគារកាន់តែមានសារៈសំខាន់ឡើងដោយសារសហគ្រិនជាច្រើនត្រូវការប្រាក់កម្ចីសម្រាប់ការវិនិយោគ។

បដិវត្តន៍ឧស្សាហកម្ម ២.០៖ សង្វាក់ការងារនិងផលិតកម្មដើរដោយថាមពលអគ្គីសនី

ការរកឃើញនូវថាមពលអគ្គីសនីគឺជាសញ្ញានៃការចាប់ផ្តើមនូវឧស្សាហកម្ម២.០។ បដិវត្តន៍នេះកើតឡើងនៅចុងសតវត្សរ៍ទី ១៩ ខណៈដែលម៉ាស៊ីនចំហាយទឹកត្រូវបានជំនួសដោយម៉ាស៊ីនដែលដំណើរការដោយអគ្គិសនី។ ការរកឃើញនេះបានជួយបង្កើននូវផលិតភាពនិងសង្វាក់ការងារឱ្យកាន់តែប្រសើរឡើងដែលរោងចក្រអាចផលិតទំនិញបានច្រើនតាមពេលវេលាកំណត់។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នៅក្នុងឧស្សាហកម្ម ២.០នេះគឺការផលិតទំនិញដោយការបំបែកដំណើរការងារជាដំណាក់កាល(Assembly Line) ដែលជួយកាត់បន្ថយថ្លៃឈ្នួលកម្មករពីព្រោះតែគេត្រូវការតែកម្មករណាដែលមានជំនាញក្នុងការងារតែមួយផ្នែកប៉ុណ្ណោះ។ មួយវិញទៀតរបកគំហើញនៃអគ្គិសនីជាការចាប់ផ្តើមនៃវិស័យទូរគមនាគមន៍ដែលបានធ្វើឱ្យការទាក់ទងគ្នាកាន់តែមានភាពរហ័សនិងងាយស្រួលជាងមុន។ ទំនាក់ទំនងនៅក្នុងការិយាល័យតាមរយៈការសរសេរសំបុត្រត្រូវបានកាត់បន្ថយហើយបានប្តូរមកវិញនូវការហៅទូរស័ព្ទនិងទូរលេខដែលបានជួយពន្លឿនដំណើរការសកម្មភាពការងារជាច្រើន។ លើសពីនេះទៅទៀត ម៉ាស៊ីនអង្គុលីលេខត្រូវបានអភិវឌ្ឍឡើងហើយចាប់ពីពេលនោះមកវាក៏ត្រូវបានប្រើជាទ្រង់ទ្រាយធំផងដែរ។ រីឯវិស័យដឹកជញ្ជូនក៏មានការអភិវឌ្ឍបន្ថែមទៀតដែរ ដោយមានការប្តូរពីការប្រើប្រាស់ថាមពលកម្តៅទៅជាការប្រើប្រាស់ប្រព័ន្ធអគ្គិសនីដូចជា ការដឹកជញ្ជូនតាមផ្លូវសមុទ្រដែលធ្វើឱ្យមានការធ្វើដំណើរឆ្លងកាត់ទ្វីបនិងប្រទេសផ្សេងៗ។ ជាក់ស្តែង Assembly Lineដែលត្រូវបានណែនាំដោយលោក ហែនរី ហ្វត នៅឆ្នាំ១៩១៣បានធ្វើឱ្យមានបដិវត្តការងារនៅក្នុងរោងចក្រហើយជាលទ្ធផលរថយន្តដំបូងក៏ត្រូវបានផលិតឡើង។ គួរឱ្យដឹងផងដែរថា ឧស្សាហកម្ម២.០ នេះក៏បានធ្វើឱ្យប្រទេសអាល្លឺម៉ង់ក្លាយទៅជាមហាអំណាចឧស្សាហកម្មធំបំផុតមួយនៅលើពិភពលោក។ ជោគជ័យរបស់វាមិនត្រឹមតែមាននៅក្នុងវិស័យឧស្សាហកម្មប៉ុណ្ណោះទេប៉ុន្តែនៅការអភិវឌ្ឍបានកើតឡើងក្នុងវិស័យជាច្រើនទៀតដែលការអភិវឌ្ឍទាំងនេះគឺជាជំហានដំបូងឆ្ពោះទៅរកសកលភាវូបនីយកម្ម(globalization)ដែលជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងបរិបទពិភពលោកបច្ចុប្បន្ន។

បដិវត្តន៍ឧស្សាកម្ម ៣.០៖ ផលិតកម្មស្វ័យប្រវត្តិជាមួយនឹងការរកឃើញកុំព្យូទ័រ និងប្រព័ន្ធព័ត៌មានវិទ្យា

ឧស្សាហកម្ម៣.០បានកើតឡើងនៅអំឡុងទស្សវត្សឆ្នាំ១៩៧០ ដោយការផ្តោតទៅលើការធ្វើការងារដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាព័ត៌មាន។ លោក Charles Babbage និងលោក Ads Lovelace បានបង្កើតមូលដ្ឋានសម្រាប់កុំព្យូទ័រដែលអាចសរសេរកម្មវិធីបានដោយម៉ាស៊ីនវិភាគ(Analytical Engine)របស់គាត់ ហើយជាលទ្ធផល​ បាននាំឱ្យកើតមានឡើងនូវឧបករណ៍មុខងារកុំព្យូទ័រដំបូងរបស់ពិភពលោកនៅឆ្នាំ ១៩៤១។ ។ ក្រោយមកDesktopត្រូវបានគេបង្កើតឡើងដោយសហការជាមួយឧស្សាហកម្មដែលគេហៅថា Commodore ដែលបានគ្របដណ្តប់ទីផ្សារកុំព្យូទ័រសម្រាប់ប្រើប្រាស់នៅផ្ទះនៅទសវត្សឆ្នាំ ១៩៨០ និងដើមទសវត្សឆ្នាំ ១៩៩០។ ក្រោយមកទៀតរបស់ទាំងនេះត្រូវបានជំនួសដោយកុំព្យូទ័រផ្ទាល់ខ្លួន (Personal Computer)ដែលអាចប្រើបាននៅក្នុងការិយាល័យនិងតាមទីកន្លែងផ្សេងៗ។ ក្រុមហ៊ុនយក្សឌីជីថលដំបូងបង្អស់ដូចជា Microsoft និង Apple ក៏ត្រូវបានបង្កើតឡើងនៅពេលនោះដែរ។

 បដិវត្តន៍ឧស្សាហកម្ម ៤.០៖ បច្ចេកវិទ្យាឆ្លាតវៃតាមរយៈប្រព័ន្ធឌីជីថលនិងបណ្តាញអ៊ីនធឺណែត

បដិវត្តន៍ឧស្សាហកម្ម ៤.០ត្រូវបានគេឱ្យឈ្មោះថាជាយុគសម័យឌីជីថល ដែលវាជាសម័យកាលដែលយើងកំពុងរស់នៅសព្វថ្ងៃ។ ជាមួយនឹងការបង្ហាញខ្លួនរបស់អ៊ីនធឺណែតក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ វាបានកែប្រែជីវិតយើងឱ្យរស់នៅក្នុងពិភពថ្មីទាំងស្រុង។ ជាក់ស្តែង ការងារ ការសិក្សា និងការកម្សាន្តត្រូវបានគ្របដណ្តប់ដោយការភ្ជាប់អ៊ីនធឺណែតជាមួយនឹងកុំព្យូទ័រដែលគ្រប់យ៉ាងគឺប្រព្រឹត្តទៅដោយស្វ័យប្រវត្តិ។  “Internet of things (IoT)” ត្រូវបានបញ្ចូលទៅក្នុងក្រុមហ៊ុនជាច្រើននិងជីវិតប្រចាំថ្ងៃរបស់យើងហើយយើងមិនអាចស្រម៉ៃមើលជីវិតដោយគ្មានវាទៀតទេ ហើយបណ្តាញឌីជីថលផ្តល់នូវលទ្ធភាពរាប់មិនអស់។ រោងចក្រផ្សេងៗដែលគ្រប់គ្រងដោយកុំព្យូទ័ររួចទៅហើយអាចត្រូវបានពង្រីកតាមរយៈការតភ្ជាប់បណ្តាញបង្កើតឌីជីថលភ្លោះនៅលើអ៊ីនធឺណិត ដែលនាំឱ្យកើតមានឡើងនូវរោងចក្រឆ្លាតវៃដែលប្រព័ន្ធ។ លើសពីនេះឧស្សាហកម្មបុរាណដូចជាឧស្សាហកម្មសំណង់ក៏កំពុងត្រូវបានបង្កើតឡើងជាប្រព័ន្ធឌីជីថលដែលអាចត្រូវបានបង្ហាញជាឌីជីថលតាមគំរូ 3Dផងដែរ ។ ពាក្យបច្ចេកទេសប្លែកៗដូចជារ៉ូបូត, បញ្ញាសិប្បនិម្មិត (AI), ព័ត៌មានវិទ្យា (IT), Clouds, self-learning algorithms និងទិន្នន័យធំៗបានលេចឡើងក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ។ បើប្រៀបធៀបទៅនឹងចន្លោះពេលប្រចាំឆ្នាំនៃបដិវត្តន៍ឧស្សាហកម្មទី ១ និងទី ២ យើងឃើញថាឧស្សាហកម្ម ៤.០ ជាយុគសម័យកាលដែលមានការអភិវឌ្ឍឆាប់រហ័សជាងគេ។

សរុបសេចក្តីមកបដិវត្តន៍ឧស្សាហកម្មផ្តល់ឱ្យទាំងឱកាសនិងបញ្ហាប្រឈមព្រោះបច្ចេកវិទ្យានឹងជះឥទ្ធិពលកាន់តែខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់យើង។ បច្ចេកវិទ្យាកំពុងធ្វើឱ្យដំណើរការការងារកាន់តែមានភាពបត់បែនសម្រាប់មនុស្សជាច្រើនព្រោះពួកគេអាចធ្វើការងារបានគ្រប់ទីកន្លែង មិនថានៅផ្ទះ នៅហាងកាហ្វេឬនៅការិយាល័យទេ។ ផ្ទុយមកវិញ ការងារជាច្រើននឹងត្រូវបានគ្របដណ្តប់ដោយម៉ាស៊ីន ដូច្នេះផលវិបាកដែលជៀសមិនរួចគឺថាការងារនឹងត្រូវការកម្មករតិចជាងមុនដែលអាចធ្វើឱ្យប៉ះពាល់ដល់ឱកាសការងារ ប៉ុន្តែយ៉ាងណាមិញការងារថ្មីៗនឹងត្រូវបានបង្កើតឡើងជាមួយនឹងការបណ្តុះបណ្តាលបន្ថែមនិងការវិវត្តន៍ថ្មីស្របទៅតាមបទដ្ឋានរបស់សង្គម។

ព្រឹត្តិការណ៍នៃការបោះឆ្នោតសភារបស់ប្រទេសអាល្លឺម៉ង់

នៅក្នុងទំនាក់ទំនងនយោបាយអន្តរជាតិ របត់នយោបាយនៅក្នុងប្រទេសជាតិមួយតែងតែធ្វើឱ្យមានបម្រែបម្រួលទំនាក់ទំនងនៅក្នុងតំបន់ឬរវាងប្រទេសនឹងប្រទេស ដែលឥទ្ធិពលនៃបម្រែបម្រួលនេះអាចនឹងតិចឬច្រើនផ្អែកទៅលើភូមិសាស្ត្រនយោបាយ ប្រវត្តិសាស្រ្តនយោបាយ ​ និងឥទ្ធិពលរបស់ប្រទេសនោះនៅក្នុងពិភពលោក។ ជាក់ស្តែងកាលពីចុងឆ្នាំ២០២០កន្លងទៅនេះ​ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យមានការរង្គោះរង្គើរយ៉ាងខ្លាំងនៅជុំវិញពិភពលោក ដោយអ្នកដឹកនាំ និងអ្នកនយោបាយតាមបណ្តាប្រទេសជាច្រើនបានតាមដាន​យ៉ាងដិតដល់ជាមួយនឹងលទ្ធផលនៃការបោះឆ្នោតនេះ។​​ បន្ថែមលើសពីនេះទៅទៀតអ្នកវិភាគនយោបាយជាច្រើនក៏បានធ្វើការវិភាគនិងព្យាករណ៍ទុកផងដែរនូវគោលនយោបាយការបរទេសរបស់បេក្ខជនប្រធានាធិបតីថ្មីដែលនឹងឡើងកាន់អំណាច។​ នេះបានសរបញ្ជាក់ថាបម្រែបម្រួលនយោបាយនិងរបបគ្រប់គ្រងរបស់ប្រទេសមហាអំណាចតែងតែមានឥទ្ធិពល មិនថាតិចឬច្រើនឡើយដែលធ្វើឱ្យប្រទេសផ្សេងៗមិនអាចរំលងចំណាប់អារម្មណ៍បាន។ រីឯប្រទេសអាល្លឺម៉ង់ដែលជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងទ្វីបអឺរ៉ុបក៏ទើបតែបានបញ្ចប់ការបោះឆ្នោតសភាហើយដែរ​ ក៏ប៉ុន្តែលទ្ធផលនៃការបង្កើតរដ្ឋាភិបាលភិបាលនៅមិនទាន់បានកើតឡើងនៅឡើយទេដោយសារតែគណបក្សនយោបាយទាំងនោះកំពុងតែធ្វើការចរចារគ្នាក្នុងការបង្កើតរដ្ឋាភិបាលចម្រុះមួយ។

នៅក្នុងអត្ថបទនេះយើងនឹងក្រលេកមកមើលថាការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំនៅក្នុងប្រទេសអាល្លឺម៉ង់ប្រព្រឹត្តិទៅយ៉ាងដូចម្តេច?​ ហើយថាតើអ្វីទៅគឺជាប្រព័ន្ធរដ្ឋាភិបាលចម្រុះដែលមានប្រើប្រាស់នៅក្នុងប្រទេសអាល្លឺម៉ង់សព្វថ្ងៃនេះ?​​ បន្ទាប់មកយើងនឹងងាកមកមើលអំពីបច្ចុប្បន្នភាពនៃសម្លេងគណបក្សនយោបាយនៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។

តើការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំនៅក្នុងប្រទេសអាល្លឺម៉ង់ប្រព្រឹត្តិទៅយ៉ាងដូចម្តេច?

ប្រទេសអាល្លឺម៉ង់តែងតែរៀបចំការបោះឆ្នោតសភានៅរៀងរាល់៤ឆ្នាំម្តង ហើយនៅក្នុងការបោះឆ្នោតនេះផងដែរ អធិការបតី ឬដែលយើងស្គាល់ជាភាសារអង់គ្លេសថា Chancellor នឹងមិនត្រូវបានបោះឆ្នោតជ្រើសរើសដោយផ្តាល់ពីសំណាក់ប្រជាជនអាល្លឺម៉ង់នោះទេ។​ ប្រជាជនអាល្លឺម៉ង់ម្នាក់ទទួលបានសិទ្ធិធ្វើការបោះឆ្នោតពីរសម្លេង ហើយនៅលើសន្លឹកឆ្នោតដែលពួកគេទទួលបានគឺត្រូវបានបែងចែកជាពីរផ្នែក។ មួយផ្នែកនៃក្រដាសសន្លឹកឆ្នោតស្មើនឹងមួយសម្លេងដែលតម្រូវឱ្យពួកគេបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរាស្រ្តម្នាក់ដែលគេពេញចិត្តពីតំ​បន់ដែលពួកគេរស់នៅដើម្បីទទួលបានកៅអីនៅក្នុងសភា និង​មួយសម្លេងទៀតគឺតម្រូវឱ្យពួកគេធ្វើការបោះឆ្នោតទៅលើគណបក្សនយោបាយដែលគេពេញចិត្ត។​

សភាអាល្លឺម៉ង់មានកៅអីសរុបចំនួន៥៩៨កៅអីប៉ុន្តែចំនួនកៅអីនេះដែរអាចនឹងកើនឡើងផងដែរ។ ​៥០%នៃកៅអីសរុប(៥៩៨កោអី)ស្មើនឹង២៩៩កៅអីគឺជាសម្លេងដែលបានមកពីការបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរាស្ត្រដែលមកពី២៩៩តំបន់ ហើយ២៩៩​កៅអីទៀតនៅក្នុងសភាគឺបានមកពីលទ្ធផលសម្លេងឆ្នោតទីពីរដែលប្រជាជនអាល្លឺម៉ង់បានបោះឆ្នោតចំពោះគណបក្សដែលខ្លួនពេញចិត្ត។​

ដើម្បីទទួលបានកៅអីនៅក្នុងសភា បេក្ខជនតំណាងរាស្រ្តដែលឈរឈ្មោះជាបេក្ខជននៅក្នុងការបោះឆ្នោតសម្លេងទី១របស់ប្រជាជនអាល្លឺម៉ង់ត្រូវតែជាបេក្ខជនដែលទទួលបានសម្លេងច្រើនជាងគេនៅក្នុងមណ្ឌលបោះឆ្នោតក្នុងតំបន់របស់ខ្លួន។​ បេក្ខជនដែលទទួលបានសម្លេងច្រើនជាងគេនោះនឹងទទួលបានកៅអីមួយនៅក្នុងសភា។​ គួរបញ្ជាក់ផងដែរថាបេក្ខជនតំណាងរាស្រ្តដែលឈរឈ្មោះនៅតាមតំបន់នេះគឺអាចជាបេក្ខជនដែលមកពីគណបក្សនយោបាយណាមួយ​ ឬក៏ជាបេក្ខជនដែលឯករាជ្យមិនមានចូលបក្សសម្ព័ន្ធជាមួយគណបក្សណាមួយឡើយ​។បេក្ខជនតំណាងរាស្ត្រឯករាជ្យនេះអាចឈរឈ្មោះទៅបានលុះត្រាតែគេទទួលបានការចុះហត្ថលេខាពីអ្នកគាំទ្រយ៉ាងតិចណាស់២០០នាក់។

រីឯ៥០%ទៀតនៃកៅអីសភាដែលបក្សនីមួយៗទទួលបានគឺត្រូវបែងចែកទៅតាមចំនួនសម្លេងដែលពួកគេទទួលបានពីសម្លេងឆ្នោតទីពីរដែលប្រជាជនអាល្លឺម៉ង់បានបោះទៅលើគណបក្សដែលខ្លួនពេញចិត្ត។ ការបែងចែកចំនួនកៅអីក្នុងសភាដែលបក្សមួយអាចទទួលបានគឺត្រូវគិតជាភាគរយជាមួយសម្លេងឆ្នោតដែលបក្សនោះទទួលបាន។​ កៅអីនៅក្នុងសភានេះដែរក៏មានការគិតសមាមាត្រទៅនឹងចំនួនប្រជាជននៃរដ្ឋនោះផងដែរ។ នេះបានន័យថាប្រសិនបើរដ្ឋណាមួយមានចំនួនប្រជាជនច្រើនជាងគេ នោះរដ្ឋនោះក៏អាចមានសមាសភាពតំណាងរាស្រ្តនៅក្នុងសភាច្រើនជាងគេផងដែរ។ បន្ទាប់ពីទទួលបានចំនួនកៅអីនៅក្នុងសភារួចហើយ បក្សនយោបាយនីមួយៗនឹងជ្រើសរើសបេក្ខជនសភារបស់ខ្លួនដើម្បីចូលទៅកាន់កៅអីនៅក្នុងសភា។​ ដូច្នេះហើយវាមានន័យថាប្រជាជនអាល្លឺម៉ង់នៅក្នុងសម្លេងឆ្នោតទី២ដែលខ្លួនបានបោះនេះគឺមិនបានជ្រើសរើសបេក្ខជនណាម្នាក់នោះទេគឺគ្រាន់តែជាការរើសគណបក្សដែលខ្លួនពេញចិត្តតែប៉ុណ្ណោះ។​

តើការជ្រើសរើសអធិការបតី ឬ​ Chancellor ត្រូវធ្វើឡើងដោយរបៀបណា?

អធិការបតីដែលជាក្បាលម៉ាសីុនរបស់រដ្ឋាភិបាលអាល្លឺម៉ង់មិនត្រូវបានជ្រើសរើសដោយផ្ទាល់ពីប្រជាជនអាល្លឺម៉ង់នោះទេ។​ បន្ទាប់ពីការរាប់សម្លេងឆ្នោតហើយ រដ្ឋាភិបាលអាល្លឺម៉ង់នៅមិនទាន់អាចបង្កើតឡើងបានភ្លាមៗនោះទេ ដោយសារតែតម្រូវឱ្យមានការបង្កើតជារដ្ឋាភិបាលចម្រុះ។ ជាធម្មតាប្រសិនបើមានគណបក្សនយោបាយណាមួយទទួលបានសម្លេងឆ្នោតសរុបដែលអាចឱ្យគេគ្រប់គ្រងកៅអីសភាបាន ៥០ ភាគរយឡើងទៅ នោះរដ្ឋាភិបាលនឹងត្រូវបានបង្កើតឡើងដោយគណបក្សនោះ។ ក៏ប៉ុន្តែពុំមានគណបក្សនយោបាយណាមួយនៅក្នុងប្រទេសអាល្លឺម៉ង់ទទួលបានលទ្ធផលបែបនេះឡើយ ហេតុនេះហើយទើបគណបក្សនយោបាយដែលមានសម្លេងឆ្នោតច្រើន(ប៉ុន្តែមិនលើសពី៥០%)នឹងព្យាយាមចុះចូលគ្នាដើម្បីបង្កើតជារដ្ឋាភិបាលចម្រុះមួយ។​ នៅពេលដែលមានមានការស្រុះស្រួលគ្នារវាងគណបក្សនយោបាយដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយហើយ​​ នោះប្រធានាធិបតីអាល្លឺម៉ង់ដែលត្រូវបានតែងតាំងដោយប្រធានសភា ហើយដែលមិនមានជាប់ពាក់ព័ន្ធជាមួយគណបក្សនយោបាយណាមួយនោះ នឹងរៀបចំទទួលខុសត្រូវការបោះឆ្នោតជ្រើសរើសអធិការបតីអាល្លឺម៉ង់។

បេក្ខជនអធិការបតីដែលត្រូវបានតែងតាំងឱ្យឈរឈ្មោះជាបេក្ខជនតំណាងមកពីបក្សនយោបាយដែលបានសម្រេចចូលរួមជារដ្ឋាភិបាលចម្រុះ នឹងត្រូវបានបោះឆ្នោតសម្រេចដោយសមាជិកសភាទាំងអស់​ ហើយដើម្បីបានក្លាយទៅជាអធិការបតីអាល្លឺម៉ង់បានលុះត្រាតែបេក្ខជននោះទទួលបានសម្លេងឆ្នោតភាគច្រើននៅក្នុងសភា។ ប្រសិនបើគ្មានបេក្ខជនណាមួយទទួលបានសម្លេងភាគច្រើននៅក្នុងសភាទេនោះ ការបោះឆ្នោតជ្រើសរើសអធិការបតីនេះនឹងធ្វើឡើងម្តងទៀត​​ ហើយប្រសិនបើនៅតែមិនមានបេក្ខជនណាម្នាក់ដែលទទួលបានសម្លេងភាគច្រើននៅក្នុងសភាទាំងមូលនោះទេ នោះការបោះឆ្នោតជ្រើសរើសអធិការបតីនេះនឹងត្រូវធ្វើឡើងជាលើកទីបី ហើយបេក្ខជនដែលទទួលបានសម្លេងឆ្នោតច្រើនជាងគេធៀបនឹងបេក្ខជនដ៏ទៃទៀត (មិនចាំបាច់ទទួលបានសម្លេង៥០ភាគរយឡើង) នឹងក្លាយជាអធិការបតីថ្មីរបស់អាល្លឺម៉ង់។​

បច្ចុប្បន្នភាពនៃសម្លេងគណបក្សនយោបាយនៅក្នុងប្រទេសអាល្លឺម៉ង់

បន្ទាប់ពីការបញ្ចប់អាណត្តិជាអធិការបតីរបស់លោកស្រី អែនជែលឡា ម៉ាគែល​ (Angela Markel) ក្រោយពីលោកស្រីបានដឹកនាំក្បាលម៉ាសុីនរដ្ឋាភិបាលអាល្លឺម៉ង់អស់រយៈពេល១៦ឆ្នាំកន្លងមក ប្រជាជនអាល្លឺម៉ង់ក៏ដូចជាអន្តរជាតិ ក៏កំពុងតែតាមដានចាំមើលថាតើបេក្ខជនមួយណា ហើយមកពីគណបក្សណាដែលនឹងកា្លយទៅជាអ្នកដឹកនាំថ្មីរបស់អាល្លឺម៉ង់ផងដែរ។

ជាក់ស្តែងបើយោងទៅតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតសកលរបស់ប្រទេសអាល្លឺម៉ង់វិញគេឃើញថា មានគណបក្សនយោបាយមួយចំនួនដែលមានភាពលេចធ្លោនៅក្នុងការបោះឆ្នោតនៅអាណត្តិនេះដែលមានដូចជាគណបក្ស SPD, CDU/CSU, Grüne ជាដើម។

បើធៀបទៅនឹងការបោះឆ្នោតនៅអាណត្តិមុន គណបក្ស CDU ឬដែលគេស្គាល់ថាជាបក្សរបស់លោកស្រី អែនជេលឡា ម៉ាគែល ទទួលបានសម្លេងឆ្នោតតិចជាងអាណត្តិមុនដោយនៅក្នុងអាណត្តិនេះគណបក្ស​​ CDU ទទួលបានកៅអីនៅក្នុងសភាចំនួន១៥១​ កៅអីដែលតិចជាងអាណត្តិមុនចំនួន៤៩កៅអី។​ រីឯបក្ស​ SPD វិញទទួលបានកៅអីនៅក្នុងសភាចំនួន២០៦កៅអីដែលកើនលើសពីអាណត្តិមុនចំនួន ៥៣ កៅអី។​ ចំណែកលទ្ធផលរបស់គណបក្ស Grüne​ វិញក៏អាចឱ្យយើងឃើញពីការកើនឡើងនូវប្រជាប្រិយភាពរបស់បក្សផងដែរ ដោយនៅអាណត្តិនេះបក្សនេះទទួលបានកៅអីនៅក្នុងសភាដល់ទៅ​១១៨កៅអីដែលមានកំណើនដល់ទៅ៥១កៅអីធៀបនឹងកាលពីអាណត្តិមុន។

ក្រៅពីនេះគណបក្សផ្សេងទៀតដូចជា CSU ទទួលបានកៅអីចំនួន​ ៤៥ កៅអី (ធ្លាក់ចុះ១កៅអីធៀបនិងអាណត្តិមុន) ​បក្សFDPទទួលបាន៩២​កៅអី (កើន១២កៅអី) បក្ស Die Linke​ទទួលបាន៣៩កៅអី (ធ្លាក់ចុះ៣០កៅអី)​ នេះបើយោងទៅតាមលទ្ធផលឆ្នោតដែលចេញដោយគេហទំព័រផ្លូវការរបស់មន្រ្តីសហព័ន្ធអាល្លឺម៉ង់។​ ​

មានការវិភាគជាច្រើនដែលបានចេញផ្សាយនៅតាមបណ្តាសារព័ត៌មានអន្តរជាតិផ្សេងៗអំពីលទ្ធផលរដ្ឋាភិបាលចម្រុះដែលអាចកើតមានឡើង ហើយក្នុងនោះដែរមានការរំពឹងថានឹងអាចមានការកើតឡើងនូវរដ្ឋាភិបាល «ភ្លើងចរាចរណ៍» ដែលឈ្មោះនេះបានមកពីព័ណ៌តំណាងរបស់គណបក្សបីដែលកំពុងធ្វើការចរចាចូលគ្នាជារដ្ឋាភិបាលចម្រុះហើយមានបីព័ណ៌តំណាងបក្សដូចភ្លើងសញ្ញាចរាចរណ៍។ ​គេរំពឹងថាបក្ស SPD ដែលតំណាងដោយព័ណ៌ក្រហម បក្ស FDP តំណាងដោយព័ណ៌លឿងនិង បក្ស Grüne ដែលមានព័ណ៌បៃតងជាព័ណ៌ នឹងធ្វើការរួមគ្នាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ។ ប៉ុន្តែយ៉ាងណាក៏ដោយក៏ការសន្និដ្ឋានទាំងអស់នេះសុទ្ធតែនៅមានភាពស្រពិចស្រពិល ហើយលទ្ធផលពិតប្រាកដយ៉ាងណានោះយើងនឹងរងចាំមើលអំពីលទ្ធផលផ្លូវការនៅពេលខាងមុខទៀត។

Artificial Intelligence (AI) បញ្ញាសិប្បនិម្មិត

របកគំហើញវិទ្យាសាស្ត្រថ្មីៗជាច្រើននៅលើពិភពលោកដែលកើតចេញពីចំណេះដឹងនិងការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានកែប្រែសកលលោកទាំងមូលពីសភាពបុរាណតរហូតមកដល់យុគបច្ចេកវិទ្យានាពេលបច្ចុប្បន្នដែលវត្តមាននៃកំព្យូទ័រត្រូវបានគេសង្កេតឃើញនៅគ្រប់ទីកន្លែងពីការប្រើប្រាស់ក្នុងផ្ទះរហូតដល់ឧស្សាហកម្មវិទ្យាសាស្ត្រធំៗជាដើម។ ជាដៃគូនឹងកុំព្យូទ័រ អ្នកជំនាញបានរំកិលភាពច្នៃប្រឌិតរបស់ខ្លួនទៅមុខមួយកម្រិតទៀតដែលអាចបង្កើតបាននូវប្រព័ន្ធម្យ៉ាងហៅថា បញ្ញាសិប្បនិម្មិត (Artificial Intelligence)។

តើបញ្ញាសប្បនិម្មិតជាអ្វី (Artificial Intelligence)?

និយាយឱ្យខ្លី បញ្ញាសិប្បនិម្មិត (AI)គឺជាបញ្ញាទាំងឡាយណាដែលមនុស្សជាអ្នកបង្កើត។ យោងតាមនិយមន័យរបស់អ្នកស្រាវជ្រាវAI បញ្ញាសិប្បនិម្មិតសំដៅដល់គ្រឿងម៉ាស៊ីនទាំងឡាយណាដែលមានសមត្ថភាពអាចធ្វើការងាររបស់មនុស្សជំនួសមនុស្សបាន។ វាត្រូវបានគេរកឃើញនិងចាប់ផ្តើមយកមកប្រើប្រាស់ដំបូងនៅកំឡុងទសវត្សឆ្នាំ១៩៥០ ហើយការស្រាវជ្រាវក៏ចេះតែបន្តទៅមុខដោយយកសមត្ថភាពខួរក្បាលមនុស្សធ្វើជាមូលដ្ឋានគ្រឹះដូចជាការបញ្ចូលកម្មវិធីថ្មីៗ ការបង្រៀនឱ្យ AI​ ចេះដោះស្រាយបញ្ហាផ្សេងៗតាមរយៈកូដ Algorithm រហូតមកដល់ឆ្នាំ១៩៩៧ដែលជើងឯកលេងអុកពិភពលោកGarry Kasparovត្រូវចាញ់ក្រោមដៃ Deep Blue​ ជាបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុន IBM។

ប្រភេទនៃបញ្ញាសិប្បនិម្មិត

តាំងពីមានវត្តមាននៅក្នុងពិភពមនុស្សមកទល់សព្វថ្ងៃ AI ត្រូវបានគេបែងចែកចេញជា២ផ្នែកធំៗគឺប្រភេទទី១ ផ្អែកទៅលើសមត្ថភាព(Capability) និង ប្រភេទទី ២ ដោយផ្អែកទៅលើមុខងារ (Functionality)។

ប្រភេទទី១ ចែកចេញជា៣ប្រភេទមានដូចជា Artificial Narrow Intelligence, Artificial General Intelligence និង​ Artificial Super Intelligence
  • Artificial Narrow Intelligence: AI ប្រភេទនេះត្រូវបានគេផលិតឡើងដោយមានកំណត់ពីមុខងារនិងតួនាទីជាក់លាក់ ហើយវាផ្តោតសំខាន់តែលើមុខងារដែលគេកំណត់ឱ្យប៉ុណ្ណោះ ហើយវាមិនអាចធ្វើការហួសពីអ្វីដែលគេកំណត់បានទេ។ AI ប្រភេទនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងពិភពបញ្ញាសិប្បនិម្មិតនាពេលបច្ចុប្បន្នដែលមានជាឧទាហរណ៍ដូចជា Siri របស់ក្រុមហ៊ុនApple ប្រព័ន្ធផ្តល់យោបល់(Suggestion)តាមរយៈSearch Engine ឬបណ្តាពាណិជ្ជកម្មអេឡិចត្រូនិចផ្សេងៗដែលមានវត្តមានសព្វថ្ងៃ ហើយសម្បីតែមុខងារដោះសោរដោយប្រើសម្លេងឬស្គែនមុខ ប្រស្រីភ្នែកសុទ្ធសឹងតែជាNarrow AI ទាំងអស់។ ទន្ទឹមនឹងនេះ អ្នកជំនាញក៏កំពុងរិះរកវិធីដើម្បីឈានមួយជំហានទៀតដើម្បីផលិត Artificial General Intelligence ដែលសមស្របទៅតាមលក្ខខណ្ឌដែលសន្មតថាល្អឥតខ្ចោះ “​Perfect”។
  • Artificial General Intelligence: ​បញ្ញាសិប្បនិម្មិតទូទៅជាប្រភេទបញ្ញាម្យ៉ាងដែលស្តាប់ទៅសាមញ្ញធម្មតា ប៉ុន្តែវាត្រូវការ Artificial Narrow Intelligence រាប់ពាន់ច្របាច់បញ្ចូលគ្នាទើបអាចលេចចេញជារូបរាង ហើយសព្វថ្ងៃនេះ ការផលិត AI ប្រភេទនេះនៅតែជាប្រស្នាសម្រាប់អ្នកវិទ្យាសាស្ត្រដោយវាមានត្រឹមតែជាទ្រឹស្តីតែប៉ុណ្ណោះ។ ហេតុអ្វី? ព្រោះវាចាំបាច់ត្រូវមានសមត្ថភាពខ្លាំងពូកែ និងសក្តានុពលបញ្ញាដូចមនុស្សសុទ្ធសាធ ដើម្បីអាចឱ្យពួកគេដោះស្រាយបញ្ហាទូទៅបាន។
  • Artificial Super Intelligence: AI ប្រភេទនេះគឺជាមេវគ្គបញ្ចប់នៅក្នុងអម្បូរបញ្ញាសិប្បនិម្មិតដែលអ្នកវិទ្យាសាស្ត្រអាចគិតដល់ ហើយមុននឹងឈានដល់ចំណុចនេះ បច្ចេកវិទ្យានៃមនុស្សជាតិត្រូវតែឆ្លងកាត់ការផលិតបានដោយជោគជ័យនូវបញ្ញាសិប្បនិម្មិតប្រភេទមុនៗសិន។​ Artificial Intelligence មួយប្រភេទនេះអាចធ្វើឱ្យរាល់រូបភាពទាំងឡាយនៅក្នុងរឿងSci-fi ក្លាយជាការពិតបានប្រសិនបើមនុស្សអាចបង្កើតបានព្រោះថាវាមានសមត្ថភាពលើសសមត្ថភាពមនុស្សបានលើគ្រប់ផ្នែកទាំងក្នុងការសម្រេចចិត្ត ដោះស្រាយបញ្ហាផ្សេងៗ រុករករបកគំហើញ ស្រាវជ្រាវនិងស្វែងយល់នូវអ្វីដែលមនុស្សមិនអាចយល់បាន។ វាអាចធ្វើឱ្យពិភពលោកនេះក្លាយជាកន្លែងដែលពោរពេញដោយការរីកចម្រើន ហើយក៏អាចប្រែពិភពលោកទៅជាអវសាន្ដនៃមនុស្សដូចគ្នា អាស្រ័យលើមនុស្សជាអ្នកកំណត់។
ប្រភេទទី ២ ចែកចេញជា៤ប្រភេទធំៗដូចជា Reactive Machine, Limited Memory, Theory of Mind​ និងSelf-Awareness។
  • Reactive Machine:​ វាជាប្រភេទដែលសម្បូរជាងគេក្នុងចំណោមAIទាំងអស់បើគិតទៅលើមុខងារ។ Artificial Intelligence ប្រភេទនេះមានប្រតិកម្មឆ្លើយតបតែទៅនឹងស្ថានការឬបញ្ហាដែលដាក់ឱ្យភ្លាមៗ ហើយដោះស្រាយដោយប្រើរូបមន្តAlgorithmដែលគេចងតែប៉ុណ្ណោះដោយវាគ្មានផ្ទុកអង្គចងចាំដើម្បីផ្ទុកទិន្នន័យច្រើននោះទេ ជាឧទាហរណ៍ Deep Blue​ ដែលជាបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុន IBM និងជាអ្នកយកឈ្នះជើងឯកលេងអុកពិភពលោកGarry Kasparov នេះឯង។
  • Limited Memory:​ បេសកកម្មដ៏វែងរបស់មនុស្សនៅក្នុងវិស័យវិស្វកម្មបញ្ញាសិប្បនិម្មិតទើបតែស្ថិតនៅចំណុច Limited Memory AI នេះប៉ុណ្ណោះ។ វាជាប្រភេទដែលមានផ្ទុកអង្គចងចាំ និងអាចរក្សាទុកទិន្នន័យហើយប្រើប្រាស់ទិន្នន័យទាំងនោះទៅលើការវិភាគទាំងអតីតកាល និងអនាគត។ លើសពីនេះ វាមានសមត្ថភាពក្នុងការអភិវឌ្ឍបានតាមរយៈការរៀនសូត្រពីអ្វីដែលវាជួបប្រទះ និងការចងAlgorithmរបស់មនុស្ស។ បច្ចេកវិទ្យា AI ប្រភេទនេះត្រូវបានគេយកទៅប្រើក្នុងឡានដែលបើកបរដោយស្វ័យប្រវត្តិដោយប្រព័ន្ធដំណើរការអាចចាប់យកទិន្នន័យពីស្ថានភាពជុំវិញខ្លួនអាចឱ្យវាបញ្ជាខ្លួនឯងបានពេលមានឧបសគ្គនៅខាងមុខ ហើយឡានប្រភេទនេះក៏ជាគម្រោងមួយរបស់ក្រុមហ៊ុនTeslaផងដែរ។
  • Theory of Mind​: វាជាប្រភេទនៃAIដែលអាចមានសមត្ថភាពក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហាផ្សេងៗដូចគ្នាទៅនឹងមនុស្ស ហើយថែមទាំងអាចចងចាំនិងប្រើប្រាស់ទឹកមុខស្របទៅតាមស្ថានការណ៍បានថែមទៀតផង។ Sophia និង Han អាចជាផ្នែកមួយក្នុងពិភពនៃបញ្ញាសិប្បនិម្មិតដែលអាចឈានទៅរកចំណុចនៃ Theory of Mind ពេញលេញបានប្រសិនបើមានការសិក្សាស្រាវជ្រាវបន្ថែមទៀត។
  • Self-Awareness: មកដល់ចំណុចនេះ បញ្ញាសិប្បនិម្មិតមិនត្រឹមតែអាចស្វែងយល់ពីអារម្មណ៍របស់មនុស្សទេ ថែមទាំងអាចអភិវឌ្ឍអារម្មណ៍និងការគិតរបស់ខ្លួនដោយឯករាជ្យនិងមិនអាចវាស់ស្ទង់បាន ហើយពេលមកដល់ចំណុចនេះ វានេះហើយជាអ្នកកំណត់ថាត្រូវជួយមនុស្សឬបំផ្លាញមនុស្ស ដោយមានតែចាំមើលទាំងអស់គ្នា៕

វិបត្ដិថាមពលឡើងថ្លៃនៅអឺរ៉ុប និងការផ្លាស់ប្ដូរប្រភេទថាមពល

«វិបត្តិថាមពល» អាចនឹងក្លាយជាឃ្លាពេញនិយមប្រើទូទាំងពិភពលោកបន្ទាប់ពីពាក្យ «វិបត្តិកូវីដ១៩» ក្រោយពីជំងឺរាតត្បាតមួយនេះត្រូវអន់ថយ។ មូលហេតុចម្បងនោះគឺថា ការអភិវឌ្ឍគ្រប់វិស័យទាំងអស់សព្វថ្ងៃ ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន សេវាធារណៈ សំណង់ រោងចក្រ ទូរគមនាគមន៍ ធារាសាស្ត្រ អគ្គិសនី និងវិស័យផ្សេងៗទៀត សុទ្ធសឹងតែត្រូវការការផ្គត់ផ្គង់ពីវិស័យថាមពលដើម្បីដំណើរការ ដែលជាពិសេសបន្ទាប់ពីការផ្អាកសកម្មភាពនិងធ្វើសកម្មភាពយឺតដោយសារកូវីដ១៩។ ថាមពលនេះគឺសំដៅទៅដល់ការប្រើប្រាស់ប្រេងនិងឧស្ម័នដែលចម្រាញ់យកចេញពីធម្មជាតិតាមរយៈក្រុមហ៊ុនប្រេងនិងឧស្ម័នដើម្បីដាក់លក់នៅលើទីផ្សារ។ ជាក់ស្ដែង វិសាលភាពនៃការទាញយកធនធានប្រេងពីធម្មជាតិដើម្បីចម្រាញ់យកទៅប្រើប្រាស់នៅលើពិភពលោកមានទំហំធំធេងណាស់ ដែលក្នុងមួយថ្ងៃៗប្រមាណ ៩០លានបារ៉ែល ដោយគិតចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ នេះបើយោងតាមរបាយការណ៍ Statista។ ដូចច្នេះ ពិភពលោកទាំងមូលអាចនឹងជួបវិបត្តិកង្វះថាមពលប្រើប្រាស់នៅពេលដែលធនធានប្រេងនិងឧស្ម័នធម្មជាតិទាំងនោះត្រូវបានទាញយកអស់ពីស្រទាប់ផែនដី។ រូបភាពនៃការបំផ្លាញធនធានធម្មជាតិមួយនេះក៏អាចផ្ដល់វិនាសកម្មដល់ភពផែនដីទាំងមូល ដោយយើងអាចឃើញតាមរយៈ ចំនួនកើនឡើងនៃគ្រោះធម្មជាតិ បម្រែបម្រួលអាកាសធាតុ និងសីតុណ្ហភាពនៃរលកកំដៅកើនឡើងខ្លាំងជាដើម។ នេះជាបុព្វហេតុធ្វើឱ្យបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបចាប់ផ្ដើមងាកទៅរកការប្រើប្រាស់ថាមពលស្អាតស្អំ (Clean Energy) ដើម្បីកាត់បន្ថយហានិភ័យបង្កដោយគ្រោះធម្មជាតិ ដែលនេះជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀតនៃវិបត្តិថាមពលនៅទ្វីបអឺរ៉ុប។

ឈានជើងដើរចេញពីការបញ្ចេញឧស្ម័នកាបូនិច

បណ្ដាប្រទេសអភិវឌ្ឍន៍តែងតែរួមគ្នាដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីធ្វើអន្តរកាលឆ្លងកាត់សម័យប្រើប្រាស់ថាមពលធ្យូងថ្ម នុយក្លេអ៊ែរ ប្រេង និងឧស្ម័ន ឆ្ពោះទៅកាន់ពិភពលោកមួយដែលប្រើប្រាស់តែថាមពលមិនចេះរីងស្ងួត។ ឧទាហរណ៍ សហភាពអឺរ៉ុបបានកំណត់គោលដៅឆ្ពោះទៅរកអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៥៥% នៅឆ្នាំ ២០៣០ ធៀបទៅនឹងឆ្នាំ ២០០៥ ។ បណ្តាប្រទេសនៅទូទាំងទ្វីបអឺរ៉ុបកំពុងកាត់បន្ថយការពឹងផ្អែកទៅលើថាមពលដែលបានមកពីការដុតធ្យូងថ្ម មកកាន់ថាមពលដែលទាញយកពីប្រព័ន្ធសូឡា និងកង្ហារខ្យល់អគ្គិសនីជាដើម។ ជាឧទាហរណ៍ ក្រុមហ៊ុនយក្សផ្នែកប្រេងឥន្ធនៈអង់គ្លេសដែលមានឈ្មោះថា the British Petroleum Company Limited (BP) បានសម្រេចបោះទុនតម្លៃជាង១ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ ដើម្បីវិនិយោគលើគម្រោងសាងសង់កង្ហារយក្សទាញយកថាមពលអគ្គិសនីនៅក្នុងសមុទ្រ។ គួរបញ្ជាក់បន្តិចថា ឧស្ម័នហ្គាសគឺជាប្រភេទឥន្ធនៈផូស៊ីលស្អាតស្អំជាងគេបើធៀបទៅនឹងធ្យូងថ្ម រោងចក្រនុយក្លេអ៊ែរ និងប្រេង ហើយវាបានដើរតួយ៉ាងសំខាន់ក្នុងវិស័យថាមពលនៅអឺរ៉ុប រួមមានវិស័យថាមពលអគ្គិសនី វិស័យឧស្សាហកម្ម វិស័យពាណិជ្ជកម្ម វិស័យដឹកជញ្ជូន និងវិស័យសំណង់លំនៅដ្ឋាននិងអគារផ្សេងៗ។

ឆ្ពោះទៅរកការប្រើប្រាស់ថាមពលស្អាតស្អំ (Clean Energy) ឬ ថាមពលកកើតឡើងវិញ (Renewable Energy)

ខណៈដែលពិភពលោកកំពុងព្យាយាមកាត់បន្ថយការប្រើប្រាស់ថាមពលដែលបានមកពីធ្យូងថ្ម បា្រកដណាស់ ប្រទេសទាំងអស់ត្រូវងាកទៅរកថាមពលដែលបានមកពីឧស្ម័នហ្គាស និងថាមពលកកើតឡើងវិញដទៃទៀតជំនួសវិញ ព្រោះថាវាមានផលប៉ះពាល់តិចតួចទៅលើបរិស្ថាន។ នេះជាមូលហេតុចម្បងមួយដែលធ្វើឱ្យការផ្គត់ផ្គង់ឧស្ម័នហ្គាសមិនបានគ្រប់គ្រាន់ ហើយជាទូទៅ បើកាលណាការផ្គត់ផ្គង់ពីក្រុមហ៊ុនមានចំនួនតិចជាងតម្រូវការរបស់អ្នកប្រើប្រាស់នោះ តម្លៃរបស់វានឹងកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ ជាក់ស្ដែង ក្រុមហ៊ុនរដ្ឋចិនឈ្មោះថា the China National Petroleum Corporation (CNPC) បានដាក់ចេញនូវគោលដៅរបស់ខ្លួនថានឹងកាត់បន្ថយថាមពលបានមកពីធ្យូងថ្មមកត្រឹម ៤៤% នៅឆ្នាំ២០៣០ និង ៨% ប៉ុណ្ណោះនៅឆ្នាំ២០៦០ ហើយខ្លួននឹងងាកទៅប្រើប្រាស់ឧស្ម័នហ្គាសជំនួសវិញដើម្បីសម្រេចឱ្យបាននូវគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៦០ នេះបើយោងតាមការចេញផ្សាយរបស់ Reuters។ ការដែលប្រទេសចិនផ្ដើមងាកមកប្រើប្រាស់ឧស្ម័នហ្គាសជំនួសឱ្យធ្យូងថ្មបែបនេះហើយ បានធ្វើឱ្យតម្រូវការឧស្ម័នហ្គាសនៅលើពិភពលោកកាន់តែកើនឡើង ហើយវាក៏បានជះឥទ្ធិពលដល់តម្លៃនៃទីផ្សារនៅទ្វីបអឺរ៉ុបទាំងមូលផងដែរ គឺចាប់ពីត្រឹមតែ ២,៥ដុល្លារអាមេរិក/MBTu នៅដើមខែមេសា រហូតដល់ ៦,៣ដុល្លារអាមេរិក/MBTu គិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ (million British thermal units ជារង្វាស់របស់កំដៅនៃឥន្ធនៈឬប្រភពថាមពល) នេះបើយោងតាមទិន្នន័យរបស់ Trading Economics។

ការធ្លាក់ចុះនៃអត្រានាំចេញឧស្ម័នហ្គាសពីរុស្ស៊ីទៅកាន់ទ្វីបអឺរ៉ុប

ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ឧស្ម័នហ្គាសដ៏ធំមួយទៅដល់ទ្វីបអឺរ៉ុបទាំងមូល ដែលការផ្គត់ផ្គង់នេះភាគច្រើនធ្វើឡើងក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុនយក្សរុស្ស៊ីឈ្មោះថា Gazprom។ យោងតាមគេហទំព័រ Nord-Stream2 បច្ចុប្បន្ននេះ មួយភាគបីនៃការប្រើប្រាស់ឧស្ម័នហ្គាសនៅទ្វីបអឺរ៉ុបទាំងមូលត្រូវពឹងផ្អែកលើការនាំចូលពីប្រទេសរុស្ស៊ី។ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នហ្គាសរុស្ស៊ីមានភាពយឺតយ៉ាវនិងរអាក់រអួលក្នុងការនាំចេញឧស្ម័នហ្គាសមកកាន់ទ្វីបអឺរ៉ុប ដោយហេតុផលពីរធំៗ។ ទី១ ប្រទេសរុស្ស៊ីចង់បន្តស្តុកទុកឧស្ម័នហ្គាសដែលចម្រាញ់ពីធម្មជាតិបានឱ្យស្ថិតក្នុងកម្រិតអតិបរិមាដើម្បីត្រៀមបើកដំណើរការ និងបង្ហូរឧស្ម័នហ្គាសទាំងនោះតាមបំពង់បង្ហូរដែលទើបសាងសង់ថ្មី Nord Stream 2។ ទី២ ការធ្លាក់ចុះនៃអត្រានាំចេញឧស្ម័នហ្គាសពីរុស្ស៊ីទៅកាន់អឺរ៉ុបត្រូវបានគេសង្កេតឃើញថាបានកើតឡើងបន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានព្រមានកាលពីខែសីហាថានឹងដាក់ទណ្ឌកម្មរុស្ស៊ីប្រសិនបើរុស្ស៊ីហ៊ានប្រើប្រាស់ថាមពលឧស្ម័នជា«អាវុធ»នយោបាយការទូត។ ម៉្យាងវិញទៀត ការខកខានមិនបានផ្គត់ផ្គង់ឧស្ម័នហ្គាសគ្រប់គ្រាន់ពីរុស្ស៊ីទៅកាន់ទ្វីបអឺរ៉ុប ក៏អាចជាសេណារីយ៉ូមួយទៀតផងដែរនោះគឺ ការបង្វែអតិថិជនរបស់ប្រទេសរុស្ស៊ីពីទ្វីបអឺរ៉ុបទៅកាន់ទ្វីបអាស៊ី ជាពិសេសគឺប្រទេសចិនតែម្ដង។

កត្តាផ្សេងទៀតនៃវិបត្តិកង្វះថាមពលនៅទ្វីបអឺរ៉ុប

មិនត្រឹមតែមូលហេតុដែលបានលើកឡើងខាងលើប៉ុណ្ណោះទេ វិបត្តិកង្វះឧស្ម័នហ្គាសនៅទ្វីបអឺរ៉ុបទាំងមូលក៏មានកត្តាជាច្រើនរួមបញ្ចូលគ្នាក្នុងពេលតែមួយ។ កត្តាទី១ ប្រទេសសមាជិកសហភាពអឺរ៉ុបកំពុងផ្លាស់ប្ដូរទិសដៅពីការប្រើប្រាស់ថាមពលបានមកពីឥន្ធនៈហ្វូស៊ីល ទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញឬថាមពលមិនចេះរាំងស្ងួតដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច និងឆ្ពោះទៅសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ កត្តាទី២ ការបើកប្រទេសឱ្យមានការធ្វើដំណើរធម្មតាបន្ទាប់ពីវិបត្តិកូវីដ១៩មានស្ថានភាពធូរស្រាល ធ្វើឱ្យតម្រូវការប្រេងនិងឧស្ម័នហ្គាសឡើងខ្ពស់ ខណៈអត្រានៃការផ្គត់ផ្គង់ធ្លាក់ចុះ។ កត្តាទី៣ បើធៀបទៅនឹងឆ្នាំ២០២០ ឆ្នាំ២០២១នេះសមុទ្រខាងជើង (North Sea) មិនសូវមានកម្លាំងខ្យល់បក់ខ្លាំងដែលជាហេតុធ្វើឱ្យកង្ហារខ្យល់យក្សមិនអាចវិលដើម្បីផលិតថាមពលអគ្គិសនីបានគ្រប់គ្រាន់។ កត្តាទី៤ សហរដ្ឋអាមេរិកចាប់ផ្ដើមកាត់បន្ថយការនាំចេញឧស្ម័នហ្គាស ដោយមូលហេតុអត្រាផលិតកម្មមានការធ្លាក់ចុះ។ កត្តាទី៥ រដូវរងារនៅទ្វីបអឺរ៉ុបនឹងឈានមកដល់នៅពាក់កណ្ដាលខែធ្នូខាងមុខ ដែលជាហេតុធ្វើឱ្យពលរដ្ឋត្រូវការកម្ដៅ ដូច្នេះតម្រូវការថាមពលនឹងកាន់តែកើនឡើង។ កត្តាទី៦ ការបិទឱ្យដំណើរការរោងចក្រនុយក្លេអ៊ែនៅប្រទេសអ៊ីតាលី និងអាល្លឺម៉ង់ជាដើម ព្រមទាំងគម្រោងបិទជាបន្តបន្ទាប់ទៀតនៅតាមបណ្ដាប្រទេសក្នុងទ្វីបអឺរ៉ុប ក៏អាចជាកត្តាដែលធ្វើឱ្យវិបត្តិកង្វះថាមពលប្រើប្រាស់នៅទ្វីបអឺរ៉ុបកើតមានឡើងផងដែរ។

ឧស្ម័នហ្គាសឡើងថ្លៃ តម្លៃប្រេងឡើងខ្ពស់

ចំណែកឯតម្លៃប្រេងវិញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ការណ៍នេះបានក្លាយជាបន្ទុកយ៉ាងធ្ងន់មួយទៀតសម្រាប់ទ្វីបអឺរ៉ុប។ តម្លៃប្រេងឡើងថ្លៃនេះ គឺព្រោះតែក្រុមប្រទេសផលិតប្រេង OPEC+ មិនព្រមបង្កើនផលិតកម្មប្រេងរបស់ខ្លួននោះទេ ដោយរក្សានូវការផលិតចំនួន ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃដដែល រហូតដល់ខែមេសា ឆ្នាំ២០២២។ ការធ្វើបែបនេះក៏ព្រោះតែពួកគេត្រូវការលក់ប្រេងដែលបានស្តុកទុកនៅសល់យ៉ាងច្រើនកាលពីវិបត្តិកូវីដ១៩ផ្ទុះខ្លាំងនៅដើមឆ្នាំ២០២០ ដែលកាលនោះ តម្រូវការប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង ហើយតម្លៃប្រេងក៏បានធ្លាក់ចុះដូចគ្នា ធ្វើឱ្យប្រេងមួយចំនួនធំត្រូវបានស្តុកទុក។ ការកើនឡើងនៃតម្លៃប្រេងក្នុងពេលនេះក៏អាចជាមូលហេតុមកពីសហភាពអឺរ៉ុបអនុវត្តនយោបាយដំឡើងពន្ធលើការប្រើប្រាស់ថាមពលមិនស្អាតដូចជាប្រេងឥន្ធនៈជាដើមនេះ ហើយវាបានធ្វើឱ្យតម្លៃប្រេងរឹតតែឡើងថ្លៃ ខណៈដែលឧស្ម័នហ្គាសកំពុងតែឡើងថ្លៃស្រាប់ទៅហើយ។ ដូច្នេះ ភាពចៃដន្យនៃបញ្ហាទាំងនេះបានកើតឡើងដំណាលគ្នា នឹកស្មានមិនដល់ បានធ្វើឱ្យបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបទាំងមូលជួបនូវ«វិបត្តិថាមពល» ហើយវិបត្តិមួយនេះក៏អាចនឹងរីករាលដាលមិនចាញ់វិបត្តិកូវីដ១៩ប៉ុន្មាននោះទេ។

ជារួម វិបត្តិថាមពលនៅទ្វីបអឺរ៉ុបមួយនេះនឹងជះឥទ្ធិពលដល់តម្លៃប្រេងនិងឧស្ម័ននៅទូទាំងពិភពលោក ដូចជាប្រទេសជាច្រើនដែលការអភិវឌ្ឍរបស់ពួកគេពឹងផ្អែកខ្លាំងទៅលើវិស័យប្រេងនិងឧស្ម័ន ជាពិសេសបណ្ដាប្រទេសនៅទ្វីបអាស៊ី។ ខណៈនេះផងដែរ សហគ្រាសតូច ធំ និងក្រុមហ៊ុនទាំងអស់នៅទ្វីបអឺរ៉ុបដែលត្រូវការថាមពលប្រេងនិងឧស្ម័នក្នុងប្រតិបត្តិការប្រចាំថ្ងៃក៏កំពុងពិចារណាពីការផ្អាកសកម្មភាព ព្រោះតែតម្លៃប្រេងឡើងថ្លៃនិងឧស្ម័នខ្វះខាត។ ដោយឡែក ប្រជាពលរដ្ឋនៅអឺរ៉ុបកាន់តែមានការព្រួយបារម្ភពីកង្វះថាមពលប្រើប្រាស់គ្រប់គ្រាន់ក្នុងរដូវរងារ ហើយគ្រួសារមួយចំនួនក៏បានចាប់ផ្ដើមប្រមូលទិញប្រេងនិងឧស្ម័នហ្គាសទុកប្រើប្រាស់ឱ្យបានយូថ្ងៃទៅខាងមុខ ដែលធ្វើឱ្យស្ថានភាពខ្វះខាតថាមពលកាន់តែដុនដាបទៅ។ ទោះជាយ៉ាងណា បើក្រឡេកទៅមើលតម្លៃប្រេងនិងឧស្ម័ននៅលើទីផ្សារមូលបត្រវិញ ឃើញថាភាគរយក៏មានការកើនឡើងខ្លាំងផងដែរ ដែលនេះអាចជាឱកាសល្អសម្រាប់ក្រុមហ៊ុនប្រេងនិងឧស្ម័នផ្ទាល់ និងអ្នកវិនិយោគលើផ្សារមូលបត្រ។ ក៏ប៉ុន្តែ វិបត្តិកង្វះថាមពលមួយនេះក៏អាចនឹងក្លាយជាកត្តាជំរុញឱ្យទ្វីបអឺរ៉ុបទាំងមូលគិតសារជាថ្មីថា តើពួកគេគួរតែបន្តកាត់បន្ថយ ឬក៏ បោះបង់ថាមពលដែលបានមកពីការដុតធ្យូងថ្ម រោងចក្រនុយក្លេអ៊ែ និងប្រេងឥន្ធនៈហ្វូស៊ីលតទៅមុខទៀតឬក៏យ៉ាងណានោះទេ។

ឈ្វេងយល់អំពីគោលការណ៍កុងសង់ស៊ីសរបស់អាស៊ាន (ASEAN Consensus)

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយដំបូងឡើយ មានប្រទេសចំនួន ៥ គឺប្រទេសម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី  សិង្ហបុរី និងថៃ។ ការបង្កើតអាស៊ានពេលនោះគឺស្របពេលពិភពលោកកំពុងកើតមានសង្គ្រាមត្រជាក់ ដែលមានការបែងចែករវាងប្លុកលោកសេរី ដឹកនាំដោយសហរដ្ឋអាមេរិក និងប្លុកលោកកុម្មុយនីស្ត ដឹកនាំដោយអតីតសហភាពសូវៀត។ កម្ពុជាជាសមាជិកចុងក្រោយគេដែលបានចូលជាសមាជិកអាស៊ានដែរកាលពីថ្ងៃទី៣០ខែមេសា ឆ្នាំ១៩៩៩ ដែលត្រូវជាសមាជិកទី១០ នៃសមាគមមួយនេះ ហើយ កម្ពុជាក៏ធ្លាប់ធ្វើជាប្រធានអាស៊ាន និងដឹកនាំកិច្ចប្រជុំកំពូលៗជាច្រើនទៀតផង។

សម្រាប់ភាពជាសមាជិក ទាំងកម្ពុជានិងប្រទេសឯទៀតមានភារកិច្ចក្នុងការគោរពដល់មាគ៌ារបស់អាស៊ាន (ASEAN Way)។ មាគ៌ារបស់អាស៊ាន គឺសំដៅលើវិធីរបស់អាស៊ានក្នុងការគ្រប់គ្រង ដោះស្រាយ និងបញ្ចៀសជម្លោះផ្សេងៗ ដោយផ្អែកលើតួនាទីស្នូល និងសាមគ្គីភាព (Centrality and Unity) របស់អាស៊ាន ការសម្របសម្រួលគ្នា ការមូលមតិកុងសង់ស៊ីស(consensus) ទំនាក់ទំនងការទូតដោយស្ងៀមស្ងាត់ (Quiet Diplomacy) ដែលអនុញ្ញាតឲ្យថ្នាក់ដឹកនាំអាស៊ានអាចធ្វើការប្រាស្រ័យទាក់ទងគ្នាដោយមិនចាំបាច់យកកិច្ចពិភាក្សារកដំណោះស្រាយនេះទៅផ្សព្វផ្សាយជាសាធារណ:។

. តើគោលការណ៍កុងសង់ស៊ីស(Consensus)គឺជាអ្វី?

គោលការណ៍កុងសង់ស៊ី​​ (Consensus) គឺជាភាសាកាទូតនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។​ វាគឺជាស្មារតីមួយដែលអាចនាំឱ្យសមាជិកទាំង ១០ របស់អាស៊ានអាចដោះស្រាយបញ្ហាអ្វីមួយ ដែលកើតឡើងនៅក្នុងតំបន់ ដើម្បីស្វែងរកសណ្ដាប់ធ្នាប់និងសុខសន្តិភាពតំបន់។ កុងសង់ស៊ីស ក៏ជាវេទិកាមួយដែលប្រមូលផ្តុំមេដឹកនាំ ដែលជាអ្នកតំណាងប្រទេសនីមួយៗនៅក្នុងតំបន់ ឱ្យចូលរួមក្នុងការបញ្ចេញមតិយោបល់និងសិទ្ធិរបស់ខ្លួនក្នុងការចូលរួមសម្រេចដោះស្រាយវិវាទផ្សេងៗ ដើម្បីឈានទៅរកការសម្រេចជារួមមួយដែលប្រកបដោយតម្លាភាព និងសមភាពក្នុងនាមជាប្រទេសសមាជិកអាស៊ានទាំង១០។ នៅក្នុងគោលការណ៍កុងសង់ស៊ីសនេះ សេចក្ដីសម្រេចនៅក្នុងការងារ ឬការដោះស្រាយវិបត្តិអ្វីមួយមិនអាចកើតមាននោះទេប្រសិនបើមានការជំទាស់ណាមួយពីសំណាក់ប្រទេសដែលសមាជិករបស់អាស៊ាន ហេតុនេះដើម្បីអនុវត្តឬដោះស្រាយអ្វីមួយបានគឺចាំបាច់បំផុតត្រូវតែមានសម្លេងជារួមរបស់មេដឹកនាំអាស៊ានទាំង ១០។ ជាពិសេសនោះគឺប្រទេសអាស៊ានទាំងអស់គ្មានសិទ្ធិក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដែលជាសមាជិកណាមួយជាដាច់ខាត ដោយរដ្ឋដែលជាសមាជិកទាំងអស់មានសិទ្ធិក្នុងការរក្សាអធិបតេយ្យភាពរបស់គេរៀងៗខ្លួន។

. តើគោលការណ៍កុងសង់ស៊ីស(Consensus) មានផលប្រយោជន៍ និងគុណវិបត្តិបែបណាខ្លះ?

គោលការណ៍កុងសង់ស៊ីស(Consensus) របស់អាស៊ានបានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ ដែលត្រូវបានក្រុមបញ្ញវន្ត និងសាធារណជនទូទៅជាច្រើនលើកយកមកពិភាក្សា។ គោលការណ៍នេះ បានបង្កើតឱ្យមានទាំងការពេញចិត្តផង និងការរិះគន់ផង ហើយនៅក្នុងការវែកញែកទាំងនោះបានបង្ហាញឱ្យយើងឃើញទាំងផលប្រយោជន៍ និងគុណវិបត្តិរបស់វា។ ទោះបីជាយ៉ាងណាក្ដី បែបផែននៃគោលការណ៍កុងសង់ស៊ីនេះ ត្រូវបានមនុស្សមួយចំនួនយល់ឃើញបានបង្អាក់ប្រសិទ្ធភាពក្នុងការចូលរួមដោះស្រាយបញ្ហាក្នុងតំបន់ក្នុងនាមជាអង្គការប្រចាំតំបន់។ នេះក៏ព្រោះតែគោលការណ៍នេះ មានលក្ខណៈសាមញ្ញនិងទូលំទូលាយពេក ដោយប្រសិនបើមានសមាជិកមួយក្នុងចំណោមសមាជិកទាំង១០ធ្វើការបដិសេធចំពោះសេចក្ដីសម្រេចណាមួយនោះមានន័យថាការអនុវត្តផែនការច្បាស់ជាមិនអាចកើតមានឡើយ។

. គុណសម្បត្តិ

ទោះបើមានគុណវិបត្តិច្រើនក្ដី ក៏ប៉ុន្តែគោលការណ៍នេះ ក៏មានផលប្រយោជន៍សម្រាប់ប្រទេសដែលជាសមាជិកទាំង ១០ ផងដែរ។ ផលប្រយោជន៍នោះគឺ បែបផែននៃគោលការណ៍កុងសង់ស៊ីសនេះ បានធ្វើឱ្យប្រទេសនៅក្នុងតំបន់ដែលជាសមាជិកទាំងអស់ ចេះសហការណ៍គ្នា និងព្យាយាមពិភាក្សាគ្នារកចំណុចរួមណាមួយ ដែលជាឬសគល់នៃបញ្ហាដែលពួកគេត្រូវរកវិធីដោះស្រាយរួមគ្នា។ និយាយឱ្យចំទៅ គឺកុងសង់ស៊ីសធ្វើឱ្យយើងបានយល់អំពីតម្លៃនៃសាមគ្គីភាពក្នុងនាមជាប្រទេសនៅក្នុងតំបន់តែមួយដែលអាចមានវាសនាតែមួយ។​ លើសពីនេះគោលការណ៍នេះក៏បានធ្វើឱ្យសមាជិកអាស៊ានទាំងអស់ព្យាយាមសម្របខ្លួន ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នាផងដែរ។

. គុណវិបត្តិ

ជាក់ស្ដែង ក្រៅអំពីគុណសម្បត្តិទាំងនេះ គោលការណ៍កុងសង់ស៊ីសអាស៊ានក៏ទទួលរងនូវការរិះគន់យ៉ាងដំណំផងដែរដោយមនុស្សជាច្រើនយល់ឃើញថាវាជាគោលការណ៍ដែលគ្មានប្រសិទ្ធភាពក៏ដូចជាបន្ថយនូវសមត្ថភាពរបស់អាស៊ានទាំងមូលក្នុងការឆ្លើយតបទៅលើបញ្ហាសន្តិសុខអន្តរជាតិជាក់លាក់ណាមួយ។ គុណវិបត្តិទាំងនេះអាចកត់សម្គាល់បាននៅក្នុងជម្លោះសមុទ្រចិនខាងត្បូងដែលកើតមានរវាងប្រទេសដែលជាសមាជិកអាស៊ានចំនួន៥រួមមាន៖ ព្រុយណេ ហ្វ៊ីលីពីន វៀតណាម ឡាវ  និង ម៉ាឡេស៊ី ជាមួយចិនដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំហើយនៅតែមិនអាចស្វែងរកដំណោះស្រាយសមស្របណាមួយ។ ប្រទេសទាំង១០នៃអាស៊ានតែងប្រកាន់ខ្ជាប់នូវគោលគំនិតនិងការចង់បានផ្សេងៗពីគ្នាហើយផ្ដល់ភាពសំខាន់ទៅលើផលប្រយោជន៍ជាតិរបស់ពួកគេរៀងៗខ្លួន ជាហេតុបណ្ដាលឱ្យការមូលមតិរួមមួយមិនអាចដំណើរការឡើងបាន។ ហើយដើម្បីតតាំងជាមួយមហាអំណាចចិន ប្រទេសដែលមានជម្លោះបានងាកទៅស្វែងរកជំនួយពីភាគីទី៣ឬអាមេរិកនោះឯងដែលសកម្មភាពទាំងនេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ស្មារតីសាមគ្គីភាពនិងសន្តិភាពក្នុងសមាគមទាំងមូល។ មួយផ្នែកទៀតនៃភាពបរាជ័យទៅលើការមូលមតិគ្នាឆ្លើយតបនឹងបញ្ហានេះកើតចេញពីភាពចម្រូងចម្រាស់នៅក្នុងទំនាក់ទំនងរវាងប្រទេសដែលជាសមាជិកអាស៊ានខ្លួនឯងផ្ទាល់ តួយ៉ាងនៅក្នុងខែសីហាឆ្នាំ២០២០មានហេតុការណ៍បាញ់សម្លាប់អ្នកនេសាទជនជាតិវៀតណាមម្នាក់បន្ទាប់ពីបុរសរូបនេះបានឆ្លងចូលទៅក្នុងដែនទឹកម៉ាឡេស៊ីបង្កឱ្យមានភាពតានតឹងរវាងប្រទេសទាំងពីរមួយកម្រិតទៀត។

លើសពីនេះ គោលការណ៍កុងសង់ស៊ីសអាស៊ានក៏បានបន្តបង្ហាញនូវចន្លោះប្រហោងយ៉ាងធំធេងទៅកាន់សហគមអន្តរជាតិផងដែរ។ ឆ្លងកាត់តាមវិបត្តិរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយការឆ្លើយតបពីបណ្ដាប្រទេសជាសមាជិកហាក់មានភាពខុសប្លែកពីគ្នា និងនៅមានកម្រិតនៅឡើយ។ ស្របពេលដែលប្រជាជនមីយ៉ាន់ម៉ារាប់លាននាក់កំពុងធ្វើបាតុកម្ម និងបានទទូចស្នើសុំឱ្យមានការជួយជ្រោមជ្រែងពីសំណាក់មជ្ឈដ្ឋានខាងក្រៅជាបន្ទាន់នោះ ប្រទេសជាសមាជិកទាំងអស់បានឆ្លើយតបដោយបង្ហាញនូវគោលជំហរផ្សេងៗពីគ្នា។ ឧទាហរណ៍ ប្រទេសឥណ្ឌូនេស៊ីក្លាយជាប្រទេសទីមួយរបស់អាស៊ានដែលស្នើសុំឱ្យសមាជិកទាំងអស់រួមគ្នាពិភាក្សានិងស្វែងរកដំណោះស្រាយដើម្បីបញ្ចប់វិបត្តិនេះឱ្យបានឆាប់រហ័ស។ គោលគំនិតនេះត្រូវបានគាំទ្រដោយ សិង្ហបុរី ម៉ាឡេស៊ី និងព្រុយណេ ស្របពេលដែលកម្ពុជា ថៃ ហ្វ៊ីលីពីន និងវៀតណាមយល់ឃើញថានេះគឺជាបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។ ដោយឡែក ឡាវពុំមានប្រតិកម្មអ្វីនោះទេដោយនឹងទន្ទឹងរង់ចាំមើលតាមស្ថានការណ៍ជាក់ស្ដែង។ ផ្អែកលើគោលជំហរនិងកម្រិតនៃការបញ្ចេញមតិខុសប្លែកពីគ្នាទាំងនេះហើយ ទើបគ្រប់សមាជិកទាំងអស់ធ្វើបានត្រឹមតែអំពាវនាវឱ្យលោក មីន អុង ឡាំង ដែលជាមេដឹកនាំរដ្ឋប្រហារបញ្ឈប់រាល់អំពើហិង្សាទៅលើប្រជាជន ហើយគ្រប់ភាគីពាក់ព័ន្ធឱ្យត្រលប់មករកតុចរចាគ្នាវិញដោយសន្តិវិធី។ ជាមួយគ្នានេះ ប្រសិទ្ធភាពនៃគោលការណ៍កុងសង់ស៊ីសអាស៊ានត្រូវបានយល់ឃើញថាមានភាពទន់ខ្សោយរាប់ចាប់តាំងពីហេតុការណ៍ភេរវកម្មអាគារភ្លោះនៅអាមេរិក ការសាកល្បងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងជម្លោះដែនទឹករវាងកូរ៉េខាងត្បូងនិងខាងជើង ដែលស្ទើរតែគ្រប់ហេតុការណ៍ទាំងនេះគ្មានការឆ្លើយតបឬបង្ហាញក្ដីបារម្ភពីសំណាក់ប្រទេសដែលជាសមាជិកអាស៊ានអ្វីនោះទេ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ