"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

លទ្ធិប្រជាធិបតេយ្យេរបស់សហរដ្ឋអាមេរិកកំពុងមានការគម្រាមកំហែង

សហរដ្ឋអាមេរិកបានកិត្តិនាមថាជាបិតាប្រជាធិបតេយ្យមិនមែនដោយសារតែខ្លួនជាប្រទេសដែលបង្កើតលទ្ធិប្រជាធិបតេយ្យដំបូងគេនោះទេ ប៉ុន្តែជាប្រទេសដែលអនុវត្ដនិងនាំមុខលទ្ធិប្រជាធិបតេយ្យរហូតពង្រីកសក្ដានុពលលទ្ធិនេះឱ្យឈ្នះសង្គ្រាមត្រជាក់លើសង្វៀនប្រកួតប្រជែងមនោគមវិជ្ជា។ បើគិតពីទំហំវិញ សហរដ្ឋអាមេរិកក៏មិនមែនជាប្រទេសលទ្ធិប្រជាធិបតេយ្យធំជាងគេនៅក្នុងពិភពលោកដែរ ពីព្រោះប្រទេសឥណ្ឌាប្រកាន់របបលទ្ធិប្រជាធិបតេយ្យជាមួយប្រជាពលរដ្ឋប្រមាណជាង ១,៣ ប៊ីលាននាក់។ យ៉ាងណាមិញ ប្រវត្ដិសាស្ត្រដ៏ត្រចះត្រចង់របស់សហរដ្ឋអាមេរិករាប់ចាប់តាំងពីស្ថិតក្រោមអាណានិគមនិងក្រោយមកបានងើបចេញអាណានិគមអង់គ្លេស ហើយបន្តរហូតក្លាយជាប្រទេសមហាអំណាចទី ១ នៅក្នុងពិភពលោក សហរដ្ឋអាមេរិក បានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសគំរូ និងដៃគូសម្រាប់ប្រកួតប្រជែង។

ទោះបីជាយ៉ាងនេះក្ដី មនុស្សជាច្រើនយល់ឃើញថា សហរដ្ឋអាមេរិកមិនមែនជាឋានសួគ៌នៃលទ្ធិប្រជាធិបតេយ្យដូចដែលបានគេធ្លាប់ល្បីនិងលឺតៗគ្នានោះទេ ដែលជាក់ស្ដែងក៏មានវិបត្ដិរើសអើងពូជសាសន៍យ៉ាងធ្ងន់ធ្ងរ និងការធ្លាក់ចុះនៃការឯកភាពជាតិ។ ការរើសអើងពូជសាសន៍នេះអាចចាត់ទុកជាដំបៅមួយដែលកើតឡើងជាយូរណាស់មកហើយគ្រាន់តែមិនមានអាការៈធ្ងន់ធ្ងរក្រោយពីសង្គ្រាមស៊ីវិលអាមេរិកបានបញ្ចប់ ប៉ុន្តែនៅពេលដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចាប់ផ្ដើមធ្វើយុទ្ធនាការបោះឆ្នោត ដំបៅនៃការរើសអើងបានចេញអាការៈធ្ងន់ធ្ងរ ដែលមនុស្សកាលមុនធ្លាប់តែរើសអើសស្ងាត់ៗបែរជាចេញមុខចេញមាត់រើសអើងពូជសាសន៍ចំៗតែម្ដង។ លទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកក៏បានមានសញ្ញាណរង្គោះរង្គើម្ដងទៀតនៅពេលរកឃើញថាការបោះឆ្នោតកាលពីឆ្នាំ២០១៦ ត្រូវបានប្រទេសរុស្ស៊ីលូកដៃចូលបង្វែរអ្នកឈ្នះឆ្នោតទៅជាប្រធានាធិតីលោក ដូណាល់ ត្រាំ។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីប្រកាសលទ្ធផលបឋមនៅការបោះឆ្នោតឆ្នាំ២០១៦ មានប្រជាពលរដ្ឋនៅអាមេរិកជាច្រើន ជាពិសេសអ្នកដែលឈ្មោះនិងមុខមាត់នៅក្នុងសង្គមចេញមកបដិសេធលទ្ធផលបោះឆ្នោត។ លើសពីនេះ នៅពេលក្រោយការបោះឆ្នោតឆ្នាំ២០២០ អ្នកគាំទ្រគណបក្សសាធារណរដ្ឋ និងជាពិសេសលោក ដូណាល់ ត្រាំ បានចេញមកបដិសេធលទ្ធផលបោះឆ្នោតម្ដង ហើយចោទថាសន្លឹកឆ្នោតរបស់គណបក្សខ្លួនត្រូវបានគេលួចបន្លំ។ អ្វីដែលជាដិតដាមក្នុងប្រវត្ដិសាស្ត្រដ៏អាក្រក់របស់សហរដ្ឋអាមេរិកគឺការចូលវាយលុកវិមានកាពីតូលកាលពីឆ្នាំ២០២១។ ការវាយលុកស្ថាប័នកំពូលរបស់សហរដ្ឋអាមេរិកមួយនេះជារូបភាពនៃការបែកបាក់ និងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកហាក់ចុះទន់ខ្សោយទៅៗ។ យោងតាមការចេញផ្សាយរបស់ The Economist អ្នកបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋជាង ៧០% នៅតែជឿថាការបោះឆ្នោតរើសប្រធានាធិបតីគឺមានការលួចបន្លំ ខណៈសកម្មជននយោបាយជាង ៤០% ជឿថាក្រុមជាតិសាសន៍ (tribe) ជាមនុស្សអាក្រក់ ហើយ ៦០% ជឿថាពួកគេបានគំរាមកំហែងសហរដ្ឋអាមេរិក។

លោក ដូណាល់ ត្រាំ បានអង្រួនប្រជាធិបតេយ្យអាមេរិក

លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ ជាកាតាលីករយ៉ាងសំខាន់ក្នុងការធ្វើឱ្យលទ្ធិប្រជាធិបតេយ្យមានរូបភាពទន់ខ្សោយនិងការបែកបាក់នៅសហរដ្ឋអាមេរិក។ កាលនោះ សហរដ្ឋអាមេរិកសឹងតែបែងចែកជា ២ ក្រុម គឺក្រុមមកពីគណបក្សប្រជាធិបតេយ្យនិងក្រុមគណបក្សសាធារណរដ្ឋ។ ទន្ទឹមនឹងការប្រកាន់បក្សពួកនិងរើសអើងរវាងជនជាតិស្បែកសនិងជនជាតិស្បែកខ្មៅ សហរដ្ឋអាមេរិកក៏មានបញ្ហារើសអើងជនជាតិអាស៊ីដែរ ដែលបង្កឱ្យមានអំពើហិង្សានិងការជេរប្រទិចគ្នានៅទីកន្លែងសាធារណៈជាញឹកញយ។ លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ មិនត្រឹមតែបង្កឱ្យមានការបែងចែកបក្សពួកក្នុងប្រទេសទេ លោកក៏បានឌឺដងទៅកាន់ចិនដែលជាប្រទេសដៃគូប្រកួតប្រជែងជាច្រើនលើក ក្នុងនោះបានដាក់រហ័សនាមមេរោគកូវីដ១៩ថាជាមេរោគចិន។ អំឡុងពេលដែលលោកកំពុងធ្វើនយោបាយការបរទេសប្រឆាំងចិន លោកប្រើប្រាស់យុទ្ធសាស្ត្រស្នេហាជាតិ និងចោទប្រទេសចិនហាក់ដូចជាឱ្យគេដឹងលឺថាចិនជាតួអង្គចិត្ដអាក្រក់ដែលចេះតែកេងប្រវ័ញ្ចនិងលួចការងារធ្វើពីសហរដ្ឋអាមេរិក។ យុទ្ធសាស្ត្រទាំងអស់នេះត្បិតតែជួយឱ្យអាមេរិកធ្វើសង្គ្រាមពាណិជ្ជកម្មដើម្បីបង្កើនតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំង ២ ក៏ប៉ុន្តែវាក៏បានបង្កឱ្យជនជាតិអាមេរិកជាច្រើនខឹងស្អប់ចិននិងអាស៊ីផងដែរ។ ជាក់ស្ដែង កាលពីឆ្នាំ២០២០ មានការធ្វើទុក្ខបុកម្នេញទាំងផ្លូវកាយនិងផ្លូវចិត្ដយ៉ាងខ្លាំងមកលើជនជាតិអាស៊ីនៅសហរដ្ឋអាមេរិកក្រោម Anti-Asian ហើយកាលនោះក៏មានករណីស្លាប់ផងដែរ។ ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ ក៏បានបំផ្លាញការអនុវត្ដទីផ្សារសេរីជាច្រើនដងតាមរយៈការលូកដៃសឹងតែហួសបន្ទាត់ក្រហមនៅក្នុងទីផ្សារ។ ក្នុងនោះ លោក ដូណាល់ ត្រាំ បានរឹតត្បិតក្រុមហ៊ុន TikTok ឱ្យផ្លាស់ប្ដូរអ្នកគ្រប់គ្រង ដាក់ទីតាំងនៅសហរដ្ឋអាមេរិក និងលក់ក្រុមហ៊ុនទៅឱ្យក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកដើម្បីគ្រប់គ្រងវិញ។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកដែលធ្លាប់តែត្រូវបានស្គាល់ថាជាប្រទេសដែលមានតម្លាភាពនៃសារព័ត៌មាន ក៏បែរជាត្រូវបានគេចោទប្រកាន់ថាផ្សព្វផ្សាយព័ត៌មានមិនពិត កាន់ជើងគណបក្សនយោបាយ និងមានការប្រឈមមុខរវាងអ្នកនយោបាយជាមួយអ្នកសារព័ត៌មានជាច្រើនដង។

អនាគតប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក

បើសម្លឹងមើលទៅអនាគតវិញ លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកហាក់នៅតែស្រួចស្រាល ត្បិតលោក ចូ បៃឌិន បានព្យាយាមបង្ហាញឆន្ទៈបង្រួបបង្រួមជាតិនិងលើកកម្ពស់ប្រជាធិបតេយ្យឡើងវិញ ដូចជា ការចង់ធ្វើកំណែទម្រង់នីតិវិធីព្រឹទ្ធសភាដើម្បីជំរុញការអនុម័តច្បាប់ការពារសិទ្ធិបោះឆ្នោត របស់ពលរដ្ឋអាមេរិកស្បែកខ្មៅ ការបង្កើតជំនួបប្រទេសប្រជាធិបតេយ្យ និងការបង្ហាញឆន្ទៈនៃឯកភាពជាតិជាដើម។ រីឯថ្មីនេះ ជាមួយនឹងការត្រឡប់មកវិញ លោក ដូណាល់ ត្រាំ នៅតែប្រកាសក្ដែងៗថាលោកត្រូវបានគេលួចសន្លឹកឆ្នោត ហើយកៅអីប្រធានាធិបតីរបស់លោកត្រូវបានលោក ចូ បៃឌិន និងគណបក្សប្រជាធិបតេយ្យប្លន់។ បើយើងប្រៀបធៀបព្រឹត្តិការណ៍ក្រោយការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០២០ យើងអាចឃើញថា ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះឆ្នោត នោះគណបក្សប្រជាធិបតេយ្យអាចចោទថាបាត់សន្លឹកឆ្នោតពីក្រុមជនជាតិ (tribe) និងជាពិសេសក្រុមជនជាតិស្បែកខ្មៅ ដែលក្រុមទាំងនេះនិយមគាំទ្រគណបក្សប្រធាធិបតេយ្យ។ ប្រសិនបើគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោត នោះគណបក្សសាធារណរដ្ឋនឹងនៅតែចោទប្រកាន់ពីភាពមិនប្រក្រតីនៃការបោះឆ្នោត។

មូលហេតុអ្វីបានជាមានការបង្កើតគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​ SDG?

អង្គការសហប្រជាជាតិគឺជាស្ថាប័នមួយដ៏ធំបំផុតក្នុងពិភពលោកដែលតែងតែជួយរិះរកដំណោះស្រាយដើម្បីដោះស្រាយរាល់បញ្ហាជាច្រើនដែលពិភពលោកបានជួបប្រទះ ព្រមទាំងជួយជ្រោមជ្រែងការអភិវឌ្ឍតាមបណ្ដាប្រទេសនានាផងដែរ។ ក្នុងនោះដែរ អង្គការសហប្រជាជាតិបានដាក់ចេញនូវរបៀបវារៈមួយដែលមានឈ្មោះថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals)។ នៅក្នុងអត្ថបទនេះយើងនឹងក្រឡេកទៅមើលថាតើអ្វីទៅជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព? មូលហេតុអ្វីបានជាមានការបង្កើតឡើងនូវគោលដៅទាំងនេះ? និងតើការសម្រេចនូវគោលដៅទាំងនេះមានបញ្ហាអ្វីខ្លះ?

តើអ្វីទៅជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals)?

នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិក្នុងខែកញ្ញា ឆ្នាំ២០១៥ អង្គការសហប្រជាជាតិនិងប្រទេសដែលជាសមាជិកបានអនុម័តនូវគោលដៅមួយដែលមានឈ្មោះថា “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals)” ឆ្នាំ ២០១៥-២០៣០ ។ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) គឺជារបៀបវារៈអភិវឌ្ឍន៍មួយដែលមានលក្ខណៈទូលំទូលាយដែលបានកំណត់អាទិភាពថ្មីៗដែលទាក់ទងទៅនឹងតម្រូវការអភិវឌ្ឍនិងទិសដៅនានារបស់សកលលោក។ ដំណើរការនៃការរៀបចំSDGsនេះ គឺត្រូវបានប្រព្រឹត្តទៅដោយមានការឆ្លងកាត់ការពិគ្រោះយោបល់ជាមួយប្រទេសដែលជាសមាជិក ប្រកបដោយលក្ខណៈទូលំទូលាយទាំងនៅកម្រិតសកលផង និងកម្រិតថ្នាក់តំបន់ផង។ ស្របគ្នានេះដែរ កិច្ចពិគ្រោះគ្នានេះបានបង្កើតនូវគោលដៅសំខាន់ចំនួន១៧ គោលដៅចំនួន១៦៩ និងសូចនាករចំនួនជាង២៣០។ តួយ៉ាង គោលដៅសំខាន់ៗទាំង១៧របស់គោលដៅអភិវឌ្ឍនេះ មានដូចតទៅ៖ ១) ពុំមានភាពក្រីក្រ ២) គ្រោះអត់ឃ្លានស្មើសូន្យ ៣) សុខភាពនិងសុខមាលភាព ៤) ការអប់រំប្រកបដោយគុណភាព ៥) សមភាពយេនឌ័រ ៦) ទឹកស្អាតនិងអនាម័យ ៧) ថាមពលស្អាតដែលមានតម្លៃសមរម្យ ៨) ការងារសមរម្យនិងកំណើនសេដ្ឋកិច្ច ៩) ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ ១០) កាត់បន្ថយវិសមភាព ១១) ទីក្រុងនិងសហគមន៍ប្រកបដោយចីរភាព ១២) ការប្រើប្រាស់នូវផលិតផលប្រកបដោយការទទួលខុសត្រូវ ១៣) សកម្មភាពបរិស្ថាន ១៤) ជីវិតក្រោមទឹក ១៥) ជីវិតលើដី ១៦) សន្តិភាព យុត្តិធម៌ និងស្ថាប័នដឹកនាំ ១៧) ភាពជាដៃគូ ដើម្បីសម្រេចគោលដៅ។ ជារួមមក គោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs)មានគោលបំណងធ្វើឱ្យមានការវិវឌ្ឍមួយដែលឈានទៅដល់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងអស់នៅលើសកលលោក។ មិនត្រឹមតែប៉ុណ្ណោះ SDGs មានការផ្ដល់ជាការណែនាំជម្រើសគោលនយោបាយនិងមធ្យោបាយនៅក្នុងការពិនិត្យវឌ្ឍនភាពជាតិ ព្រមទាំងមានការទទួលស្គាល់នូវសារសំខាន់នៃសមធម៌នៅក្នុងប្រទេសនិងក្រៅប្រទេស អន្តរទំនាក់ទំនង សិទ្ធិរបស់មនុស្ស ព្រមទាំងតម្រូវការសកលនៃការប្រឈមក្នុងការអភិវឌ្ឍផងដែរ។

មូលហេតុអ្វីបានជាមានការបង្កើតឡើងនូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals)?

ឫសគល់ដែលនាំឱ្យឈានទៅដល់ការបង្កើតនូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals) នេះឡើង គឺដើម្បីជាគោលដៅបន្ត នៃគោលដៅរបស់អង្គការសហប្រជាជាតិមួយ ដែលមានឈ្មោះថា គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (Millennium Development Goals)។ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (Millennium Development Goals) ត្រូវបានអង្គការសហប្រជាជាតិ និងប្រទេសជាសមាជិករបស់ខ្លួនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នៅឯកិច្ចប្រជុំកំពូលសហស្សវត្សរ៍ឆ្នាំ២០០០ ដែលគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍នេះ មានគោលដៅចំនួន ៨ចំណុចដែលត្រូវអនុវត្ត ពីឆ្នាំ២០០០រហូតដល់ឆ្នាំ ២០១៥។ អង្គការសហប្រជាជាតិបង្កើត គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍នេះឡើងក្នុងបំណង ដើម្បីថែរក្សាសន្តិភាព ការការពារសិទ្ធិមនុស្ស ការផ្តល់ជំនួយមនុស្សធម៌ និងការលើកកម្ពស់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៅទូទាំងពិភពលោក។ ប៉ុន្តែ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទទួលបានការរិះគន់ជាច្រើនថា គោលដៅនេះមានការខ្វះខាតវឌ្ឍនភាពចំពោះការប្តេជ្ញាចិត្ត ធនធានមិនគ្រប់គ្រាន់ ស្ថាប័នពាក់ព័ន្ធដែលពាក់ព័ន្ធភាគច្រើនផ្ដោតលើការអភិវឌ្ឍលើពិភពលោកជាជាងនៅតាមតំបន់នានា ព្រមទាំងគ្មានតម្លាភាព ហើយថែមទាំងមានទំនោរលើតម្រូវការរបស់ម្ចាស់ជំនួយជាជាងដំណើរការអភិវឌ្ឍមូលដ្ឋានទៅវិញ ។ ដោយសារការបរាជ័យនៃគោលដៅទាំងនេះហើយ ទើបអង្គការសហប្រជាជាតិមានការចងក្រងនូវគោលដៅរបៀបវារៈថ្មីមួយទៀតគឺ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals) ដើម្បីជំនួសគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងដើម្បីឆ្លើយតបទៅនឹងការរិះគន់លើគោលដៅអភិវឌ្ឍន៍ចាស់ដែលសម្រាម្រេច់ត្រឹមឆ្នាំ២០១៥នោះ។

តើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) និង គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍(MDGs) ខុសគ្នាដូចម្ដេច?

យើងបានដឹងហើយថា គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍(MDGs) បានដាក់ដំណើរការដោយក្រុមអ្នកជំនាញនៃទីស្នាក់ការអង្គការសហប្រជាជាតិនៅខែកញ្ញាឆ្នាំ២០០០ ដែលបានបញ្ចប់កាលពីឆ្នាំ២០១៥។ ចំណែកឯគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)វិញ គឺជាបៀបវារៈដែលត្រូវបានដាក់ចេញដើម្បីបន្តអនុវត្តអភិវឌ្ឍពិភពលោក និងស្រាយបញ្ហាទាំងឡាយណាដែល គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍(MDGs)ធ្វើមិនបានសម្រេច។ ចំណុចខុសគ្នាមួយចំនួនរវាងSDGsនិងMDGsដែលយើងបានកត់សម្កាល់មានដូចតទៅ៖
MDGs បានផ្តោតសំខាន់តែ៨គោលដៅ ចំណុចដៅ២១ និងសូចនាករ៦៣។ គោលដៅទាំង៨របស់MDGs មានដូចជា៖១. លុបបំបាត់ភាពក្រីក្រ និងការអត់ឃ្លាន ២. ការអប់រំនៅបឋមសិក្សាជាសកល ៣. សមភាពយេនឌ័រ និងលើកកម្ពស់ស្រ្តី ៤. កាត់បន្ថយការស្លាប់របស់កុមារ ៥. សុខភាពមាតា ៦. ប្រយុទ្ធប្រឆាំងជំងឺអេដស៍ គ្រុនចាញ់ និងជំងឺផ្សេងៗ ៧. ធានានិរន្តភាពបរិស្ថាន ៨. បង្កើតភាពជាដៃគូលើសកលសម្រាប់ការអភិវឌ្ឍន៍ ។ ក្រោយមកទើបSDGsត្រូវបានរួមបញ្ចូល ដែលបានបន្ថែមគោលដៅដល់ទៅ១៧គោលដៅចំណុចដៅចំនួន១៦៩ និងសូចនាករចំនួនជាង២៣០ ។ MDGs មានគោលបំណងបំពេញតម្រូវការរបស់ប្រជាជនដែលក្រីក្រីបំផុតនៅលើពិភពលោក ដោយផ្តោតសំខាន់ទៅលើតែប្រទេសកំពុងអភិវឌ្ឍន៍តែមួយមុខគត់ ប៉ុន្តែចំពោះSDGsវិញ បានពង្រីកវិសាលភាពរបស់ខ្លួនដែលបានគ្របដណ្តប់លើគោលដៅសកល ដែលមានដូចជា កំណើនសេដ្ឋកិច្ច សង្គម និងការការពារបរិស្ថាន និងបានផ្តោតទៅលើប្រទេសទាំងអស់ដែលរួមមានទាំងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ផង។ ម្យ៉ាងវិញទៀត គោលដៅមួយចំនួននៃSDGsក៏មិនត្រូវបានលើកឡើងក្នុងMDGsផងដែរ ក្នុងនោះយើងឃើញគោលដៅនៃSDGsខ្លះទៀត ហាក់បីដូចជាមានភាពទូលំទូលាយ ដែលបានសង្កត់ធ្ងន់ទៅលើសុខមាលភាព និងការគាំពារទប់ទល់ជំងឺឆ្លងផ្សេងៗ ។ SDGsមានចក្ខុវិស័យក្នុងការកសាងភាពជាដៃគូ ដ៏រស់រវើកដើម្បីសម្រេចបាននូវជោគជ័យនូវការអភិវឌ្ឍប្រកបដោយចីរភាព ហើយSDGs បានយកចិត្តទុកដាក់ចូលរួមតួនាទីសំខាន់នៅក្នុងអង្គការសង្គមស៊ីវិល ខណៈដែល MDGs មិនសូវមានតួនាទីក្នុងអង្គការសង្គមស៊ីវិលនោះទេ។ SDGsមានចក្ខុវិស័យក្នុងការកសាងភាពជាដៃគូ ដ៏រស់រវើកដើម្បីសម្រេចបាននូវជោគជ័យនូវការអភិវឌ្ឍប្រកបដោយចីរភាព។

តើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)មានបញ្ហាប្រឈមអ្វីខ្លះដែលបង្កការរាំងស្ទះចំពោះការសម្រេចបានជោគជ័យនៅឆ្នាំ២០៣០?

តាំងពីពេលដាក់បញ្ចេញនូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) កាលពីឆ្នាំ ២០១៥មកដល់បច្ចុប្បន្ននេះមក យើងឃើញថាសន្ទុះនៃដំណើរការអភិវឌ្ឍនេះគឺនៅមានកម្រិតនៅឡើយ។ តាមរយៈរបាយការណ៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាឆ្នាំ២០២១ យើងឃើញថាគោលដៅអភិវឌ្ឍន៍នេះមិនសូវមានការអភិវឌ្ឍទៅមុខច្រើននោះទេដោយសារបញ្ហាធំៗនៅតែបន្តមាននៅឡើយ ដូចជាបញ្ហាបរិស្ថានជាដើម។ បញ្ហាទាក់ទងនឹងការបំពុលបរិយាកាស ការប្រែប្រួលអាកាសធាតុ គឺស្ថិតនៅកម្រិតខ្ពស់នៅឡើយ ជាពិសេសអត្រាឧស្ម័នផ្ទះកញ្ចក់(Greenhouse gas) និងការបំពុលពីសំណល់ផ្លាស្ទិក នៅតែជាបញ្ហាមួយដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ២០១៩មក ដំណើរការអភិវឌ្ឍន៍មានភាពអន់ថយយ៉ាងខ្លាំងដោយសារតែមានការវាយប្រហារយ៉ាងខ្លាំងពីជំងឺរាតត្បាតកូវីដ-១៩។ ក្នុងកំអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩នេះ គោលដៅអភិវឌ្ឍន៍SDGs ទទួលរងនូវការរាំងស្ទះ ជាច្រើនដែលធ្វើឱ្យគោលដៅអភិវឌ្ឍន៍នេះ រអាក់រអួលមិនមានដំណើរការទៅមុខទាល់តែសោះ ហើយក្នុងករណីខ្លះទៀត រាល់ការអភិវឌ្ឍ ដែលទទួលបានទាំងប៉ុន្មានពីមុនមកគឺ ត្រូវចុះអន់ថយលើសដើមថែមទៀតផង ។ ជំងឺរាតត្បាតនេះ បានផ្ដល់ការគំរាមកំហែងយ៉ាងខ្លាំងលើគ្រប់វិស័យទាំងអស់នៅតាមប្រទេសនានា ជាពិសេសនៅតាមបណ្ដាប្រទេសក្រីក្រមួយចំនួន។ តាមរយៈការព្យាករណ៍បានពីរបាយការណ៍ SDGsបានបង្ហាញថា ការរាតត្បាតនៃជំងឺនេះបានធ្វើឱ្យប្រជាជនរាប់រយលាននាក់ត្រូវបានធ្លាក់ក្នុងភាពក្រីក្រយ៉ាងខ្លាំង ហើយជំងឺរាតត្បាតនេះបានគំរាមកំហែងផ្នែកសុខភាពរបស់ប្រជាជន ជាពិសេសចំពោះប្រជាជនដែលងាយនឹងរងគ្រោះបំផុត ពោលគឺស្ត្រី កុមារ និងជនពិការ។
សរុបជារួមមក ទោះបីជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)នេះ ជាគោលដៅអនុវត្តន៍ដែលបន្តពីគោលដៅអភិវឌ្ឍន៍សហសវត្ស៍ ក្នុងគោលបំណងសម្រេចឱ្យបានជោគជ័យនៅឆ្នាំ២០៣០ក៏ដោយ ក៏ប៉ុន្តែគោលដៅនេះបានប្រឈមនូវបញ្ហាជាច្រើនរួមមាន បញ្ហាជំងឺឆ្លង ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិនានាដែលមិនអាចស្មានទុកជាមុនបាន។ អាស្រ័យដោយបញ្ហារាំងស្ទះទាំងនេះហើយ ទើបយើងមិនទាន់អាចសន្និដ្ឋានបានថាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)នេះ នឹងអាចទទួលបានជោគជ័យជាក់លាក់នាបំណាច់ឆ្នាំ២០៣០នោះឡើយ។

តើមានអ្វីកើតឡើង នៅពេលប្រទេសមួយប្រកាន់សេដ្ឋកិច្ចទីផ្សារសេរីនិយមជ្រុល?

Adam Smith ជឿថាការដែលផ្ដល់សេរីភាពទៅមនុស្សរាល់គ្នាក្នុងការផលិតនិងជួញដូរទំនិញទៅតាមអ្វីដែលចិត្ដចង់និងទៅតាមធម្មជាតិរបស់មនុស្សលើការទាញយកប្រយោជន៍ រួមជាមួយការបើកទីផ្សារប្រកួតប្រជែងរាប់ចាប់ពីក្នុងទីផ្សាក្នុងស្រុកនិងក្រៅប្រទេសនឹងលើកកម្ពស់នូវវិបុលភាពល្អជាងការរឹតត្បិតនៃបទប្បញ្ញត្ដិរបស់រដ្ឋ។ ក្នុងន័យនេះ វិស័យឯកជនជាតួអង្គឯកតែមួយគត់នៅលើចលកររបស់សេដ្ឋកិច្ច ដែលរបបទីផ្សារសេរីសុទ្ធសាធគឺសំដៅដល់ការប្រលែងដៃរបស់រដ្ឋាភិបាល ហើយមនុស្សជាអ្នកប្រកួតប្រជែងគ្នាទៅតាមសមត្ថភាពរបស់ខ្លួនដើម្បីឈានទៅទាញផលប្រយោជន៍និងប្រាក់ចំណេញដែលអាចធ្វើបាន។

ក្រោយពីការបញ្ចប់សង្គ្រាមត្រជាក់ និងការបរាជ័យនៃសេដ្ឋកិច្ចផែនការ សព្វថ្ងៃប្រទេសសឹងតែទាំងអស់នៅលើសកលលោកបានប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីលើកកំណើនសេដ្ឋកិច្ច ដោយសារតែវាមានលក្ខណៈពិសេសច្រើន ដែលអំណោយផលក្នុងការអភិវឌ្ឍសង្គម។ ជាក់ស្ដែង មានអ្នកវិភាគនិងសេដ្ឋវិទូជាច្រើនបានចង្អុលថាការកើនឡើងនូវសេដ្ឋកិច្ចរបស់ប្រទេសចិនពីប្រទេសយក្សក្រីក្ររហូតមកក្លាយជាសេដ្ឋកិច្ចធំជាងគេលេខ២និងជាគូប្រជែងជាមួយសហរដ្ឋអាមេរិកគឺមកពីការផ្លាស់ប្ដូប្រព័ន្ធសេដ្ឋកិច្ចផែនការមកជាប្រទេសកុម្មុយនីស្ដប៉ុន្តែសេដ្ឋកិច្ចទីផ្សារសេរី។ ត្បិតថាយើងអាចយល់ថាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីជាប្រព័ន្ធសេដ្ឋកិច្ចដែលល្អជាងគេដោយសារវាជួយឱ្យមានកំណើនសេដ្ឋកិច្ច ការបង្កើននូវការប្រកួតប្រជែង និងជាពិសេសគឺឱកាសយ៉ាងធំនៃការបង្កើតនាវានុវត្ដន៍ជាច្រើន ប៉ុន្តែវាក៏បង្កប់នូវផលអវិជ្ជមានមួយចំនួនដូចគ្នានៅពេលគេអនុវត្តទ្រឹស្តីនេះជ្រុលហួសហេតុពេក ឬការអនុវត្ដសេដ្ឋកិច្ចទីផ្សារសេរីសុទ្ធសាធ។

តើសេដ្ឋកិច្ចទីផ្សារសេរីដំណើរការដូចម្ដេច?

ទ្រឹស្ដី Laissez-faire “ទុកឱ្យគេធ្វើ” គឺជាទ្រឹស្ដីសេដ្ឋកិច្ចកើតចេញពីប្រទេសបារាំងនៅសតវត្សរ៍ទី១៨ ដែលជាទ្រឹស្តីប្រឆាំងនឹងអន្តរាគមន៍របស់រដ្ឋាភិបាលនៅក្នុងសង្វៀនជំនួញ ហើយវាក៏ជាប្រភពកំណើតនៃសេដ្ឋកិច្ចទីផ្សារសេរី និងបានបង្កប់ជាផ្នត់គំនិតរបស់មនុស្សយ៉ាងច្រើន។ ការដែលទ្រឹស្ដី Laissez-faire នេះបានបង្កប់ជាផ្នត់គំនិតរបស់មនុស្ស នោះគឺដោយសារតែវាបានផ្ដល់ជាឱកាសនិងក្ដីសង្ឃឹមរបស់មនុស្សរាល់គ្នាដែលមានគំនិតច្នៃប្រឌិត ការប្រើប្រាស់ទេពកោសល្យ និងការខិតខំប្រឹងប្រែងដើម្បីទទួលបានផល ក្នុងការងើបចេញពីភាពក្រីក្រនិងអាចទ្រព្យសម្បត្ដិធូរធារ។ ក្នុងន័យនេះ អ្នកដែលកើតក្នុងគ្រួសារក្រីក្រគឺមិនប្រាកដថានឹងស្លាប់ទៅវិញជាមួយភាពក្រីក្រនោះទេ ប្រសិនបើមានសមត្ថភាពពិត ការខិតខំប្រឹងប្រែង និងការចេះខិតខំប្រឹងប្រែង។

នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី អ្វីៗគ្រប់យ៉ាងគឺទាមទារការប្រកួតប្រជែងខ្ពស់បំផុត ផលិតផលទំនិញ និងសេវាកម្ម ចាំបាច់ត្រូវមានគុណភាព និងតម្លៃសមរម្យដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យទិញ។ ដូចគ្នានេះដែរនៅក្នុងវិស័យការងារ ក្រុមអ្នកដាក់ពាក្យធ្វើការឬអ្នកកំពុងរកការងាចាំបាច់រត្រូវប្រកួតប្រជែងសមត្ថភាពគ្នា ដើម្បីទទួលបានការងារដែលខ្លួនស្រឡាញ់ ឯនយោជិកក៏ប្រកួតប្រជែងគ្នាក្នុងការធ្វើការងារធ្វើឱ្យបានល្អបំផុតផងដែរ។ ទាំងអស់នេះហើយបានផ្ដល់ផលប្រយោជន៍យ៉ាងធំធេងទៅអ្នកប្រើប្រាស់ទំនិញនឹងសេវា និងកិច្ចការពាររបស់នយោជិកផងដែរ ដែលពួកគេនឹងមានជម្រើសច្រើននៅក្នុងការជ្រើសរើស។

មែនទែនទៅ ក្នុងការអនុវត្តជាក់ស្ដែង សេដ្ឋកិច្ចទីផ្សារសេរីមិនមែនមានន័យថា គ្មានវត្តមានរបស់រដ្ឋាភិបាលសុទ្ធសាធនោះទេ។ ប្រទេសជាច្រើននៅលើសកលលោកតែងតែបង្កើតខ្សែបន្ទាត់ក្រហមនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចនេះដែលជាទូទៅរដ្ឋាភិបាលក្នុងប្រទេសនីមួយៗអនុវត្តច្បាប់ “Rules of the road” ដែលក្នុងនោះគឺមាន តុលាការ និយ័តករ អាជ្ញាធរ និងប៉ូលីស ដើម្បីធានាឱ្យសង្គមអាចទាញយកប្រយោជន៍ពីសេដ្ឋកិច្ចទីផ្សារសេរីឱ្យបានច្រើនដែលអាចធ្វើបាន និងកាត់បន្ថយហានិភ័យនានាដែលបង្កឡើងដោយភាពអនាធិបតេយ្យនៃការប្រកួតប្រជែង និងចន្លោះប្រហោងដែលអ្នកវិនិយោគក៏ដូចជានយោជកអាចឆ្លៀតឱកាសប្រព្រឹត្ដិសកម្មភាពទុច្ចរិត និងកេងប្រវ័ញ្ញពីអ្នកប្រើប្រាស់ក៏ដូចជានយោជិក។

មានអ្វីកើតឡើងនៅពេលប្រទេសមួយអនុវត្តទ្រឹស្ដីសេដ្ឋកិច្ចទីផ្សារសេរីនិយមជ្រុល?

ការអនុវត្តទ្រឹស្ដីសេដ្ឋកិច្ចទីផ្សារសេរីនិយមជ្រុល គឺសំដៅដល់វិស័យឯកជននៃប្រទេសមួយគ្រប់គ្រងស្ទើរគ្រប់វិស័យ ឯរដ្ឋាភិបាលពុំសូវមានភាពមមាញឹកក្នុងសកម្មភាពសេដ្ឋកិច្ចឡើយ។ ក្នុងរូបភាពបែបនេះ វាក៏នាំមកនូវមានបញ្ហាជាច្រើនដែលមានដូចជា គម្លាតយ៉ាងធំរវាងអ្នកមាននិងអ្នកក្រ ការគ្រប់គ្រងទីផ្សារដោយឯកឯងឬក្រុមមួយ (Monopoly) រដ្ឋាភិបាលមិនអាចចេញឆន្ទានុសិទ្ធិនិងអំណាចដើម្បីការពារប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាពិសេសគឺធ្វើឱ្យសេដ្ឋកិច្ចក្នុងរូបភាពអាណាធិបតេយ្យ។

ជាក់ស្ដែងនៅក្នុងប្រទេសស៊ីលី ក្រោយពីរដ្ឋាភិបាលបានអនុវត្តទឹ្រស្ដីសេដ្ឋកិច្ចទីផ្សារសេរីនិយមជ្រុលប្រមាណ៣០ឆ្នាំកន្លងទៅនេះ បានធ្វើឱ្យលេចចេញនូវបញ្ហាចាក់ស្រែះក្នុងសង្គមជាច្រើន ដែលតម្រូវឱ្យរដ្ឋាភិបាលថ្មីរបស់លោក ហ្កាប្រ៊ីយែល បូរីក (Gabriel Boric)ត្រូវដោះស្រាយ ដែលបញ្ហាទាំងនោះមានដូចជា វិសមភាពសង្គម គម្លាតកាន់តែខ្លាំងឡើងរវាងអ្នកមាននិងអ្នកក្រ ភាពមិនខ្វល់ខ្វាយក្នុងការការពារបរិស្ថាន ជាពិសេសវិបត្តិអាកាសធាតុ(ការកើនឡើងកម្ដៅផែនដី) បញ្ហាសេវាកម្មសុខភាពសម្រាប់ប្រជាជន(ពិសេសជនក្រីក្រ) រួមទាំងវិស័យសំខាន់ៗជាច្រើនដូចជា វិស័យសុខាភិបាល វិស័យអប់រំ ប្រព័ន្ធជួយអ្នកចូលនិវត្តន៍ និងជនចាស់ជរា ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនឯកជនទាំងស្រុង។ គួររំលឹកបន្តិចថា វិបត្ដិវិសមភាពសង្គមនៅក្នុងប្រទេសស៊ីលីបានធ្វើឱ្យមានមហាបាតុកម្ម ដែលឈានទៅដល់ហិង្សាកាលពីឆ្នាំ២០១៩ ដោយសារតែប្រជាពលរដ្ឋស៊ីលីនៅកាលនោះចង់បញ្ចប់របបមូលធននិយមនិង neoliberalism។ Neoliberalism គឺជារបបដែលមានទំនោរទៅកាន់ពួកមូលធន ហើយកាន់បន្តយការចេញច្បាប់រឹតបន្តឹងក៏ដូចជាកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។ ត្បិតតែជារួម ប្រទេសស៊ីលីជាប្រទេសមួយដែលមានប្រាក់ចំណូលខ្ពស់ ប៉ុន្តែការចំណាយទៅលើសេវាសាធារណៈហាក់មានកម្រិតទាប ដែលនេះបានជះឥទ្ធិពលមកលើប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប។ ជាក់ស្ដែង បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg សេវាសាធារណៈដូចជានៅក្នុងវិស័យអប់រំ និងសុខាភិបាលនៅប្រទេស៊ីលីបានធ្វើឱ្យគម្លាតសង្គមដូចជា ក្មេងដែលនៅក្នុងគ្រួសារមានប្រាក់ចំណូលទាបក៏ត្រូវបង់ថ្លៃសេវានានានៅសាលា ហើយអ្នកជំងឺធូរធារនៅមន្ទីពេទ្យត្រូវបានព្យាបាលល្អជាអ្នកជំងឺមិនសូវមានប្រាក់ចំណូល។ និយាយជារួម សង្គមនៅស៊ីលីគឺល្អសម្រាប់អ្នកធូរធារ ប៉ុន្តែពិតជាតឹងតែងសម្រាប់អ្នកដែលទីទាល់ដោយសារសេវាសាធារណៈមិនអាចជាទីពឹងផ្អែកបាន។ បញ្ហាទាំងនេះតម្រូវឱ្យលោក ហ្កាប្រ៊ីយែល បូរីក ដែលជាប្រធានាធិបតីថ្មីរបស់ត្រូវតែចាត់វិធានការដោះស្រាយ និងធ្វើកំណែទម្រង់រៀបប្រទេសស៊ីលីឡើងវិញ ដើម្បីធានានូវការអភិវឌ្ឍសង្គមស៊ីលីប្រកបដោយសមភាព និងស្ថេរភាពសង្គម។

ជារួមយើងឃើញថា ថ្វីត្បិតតែសេដ្ឋកិច្ចទីផ្សារសេរី គឺជាប្រព័ន្ធសេដ្ឋកិច្ចមួយដែលប្រទេសនៅទូទាំងពិភពលោកនិយមអនុវត្តនាពេលបច្ចុប្បន្ន។ ប៉ុន្តែវាក៏មានផលអវិជ្ជមានក្នុងនោះដូចគ្នា នៅពេលដែលអ្នកអនុវត្ត ប្រើប្រាស់ទ្រឹស្តីនេះពុំមានតុល្យភាពត្រឹមត្រូវ ព្រោះវាក៏អាចជាអាវុធមុខពីរ ដែលនាំឱ្យសង្គមមានការរីកចម្រើនដល់ចំណុចកំពូល ហើយក៏អាចនាំឱ្យសង្គមមួយជួបវិបត្តិជាច្រើន ដែលនាំឱ្យអន់ថយដូចគ្នា។

ដំណើរនៃការបង្កើតសហភាពសូវៀត

សហភាពសូវៀត ដែលមានឈ្មោះពេញថាសហភាពនៃសាធារណរដ្ឋសង្គមនិយមសូវៀត ត្រូវបានបង្កើតឡើងនៅ ក្នុងឆ្នាំ ១៩២២ ដោយមានប្រទេសដំបូងចំនួន ០៤ បានចូលរួមចុះហត្ថលេខា ដែលក្នុងនោះរួមមាន ប្រទេសរុស្ស៊ី (Russia) អ៊ុយក្រែន (Ukraine) បេឡារុស្ស (Belarus) និង ហ្សកហ្ស៊ី (Georgia)។ មេដឹកនាំដំបូងរបស់សហភាពសូវៀតគឺលោក វ៉ាឌីមៀ លេនីន (Vladimir Lenin) ដែលបន្ទាប់មកបានជំនួសតំណែងដោយ ដោយលោក ជូសេព ស្ទាលីន (Joseph Stalin) វិញ។ បន្ទាប់ពីការកកើត សហភាពសូវៀតបានបន្តពង្រីកឥទ្ធិពលនិងសមាជិកភាពរបស់ខ្លួនរហូតទៅដល់ចំនួន ១៥ ប្រទេស និងបានបង្កើតជានយោបាយនិងសេដ្ឋកិច្ចរួមថែមទៀតផង។ យ៉ាងណាមិញ ទោះបីជាសហភាពសូវៀតបានពង្រីកឥទ្ធិពលខ្លួនបានធំធេងយ៉ាងណាក្តី មានកត្តាធំៗមួយចំនួនដែលនាំឱ្យសូវៀតឈានទៅរកការដួលរលំនៅចុងសតវត្សទី ២០។

មូលហេតុនៃការបង្កើតសហភាពសូវៀត

សហភាពសូវៀតត្រូវបានបង្កើតឡើងនៅក្រោមមហិច្ឆតា នៃការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ប្រទេស
រុស្ស៊ី នៅក្នុងការបង្កើនឥទ្ធិពលរបស់ខ្លួន និងដើម្បីបញ្ចុះបញ្ចូលប្រទេសសង្គមនិយមដទៃទៀតក្នុងពិភពលោកឱ្យចូលរួមក្នុងសហភាពសូវៀត ដែលស្ថិតនៅក្រោម ច្បាប់ និងការដឹកនាំរបស់រុស្ស៊ី ដើម្បីជាធ្លុងក្នុងការប្រឆាំងនឹងរបបប្រជាធិបតេយ្យរបស់លោកខាងលិច។ ការបង្កើតនេះទៀតសោត គឺជាគំនិតនៃការចង់បង្កើតសិទ្ធិសេរិភាពក្នុងការសម្រេចជោគវាសនារបស់ប្រជាជនរុស្ស៊ីខ្លួនឯង និងការចង់ប្រកាសឯករាជ្យថ្មីនៃប្រទេសរុស្ស៊ី ចេញពីរបបរាជានិយមដឹកនាំដោយស្តេច សា នីកូឡា (Tsar Nicholas II) ដែលជារបបកេងប្រវ័ញ្ចលើពួកវណ្ណៈកម្មករ។

តើសហភាពសូវៀតទទួលបានសមិទ្ធិផលអ្វីខ្លះបន្ទាប់ពីការបង្កើតសហភាពនេះ?

សមិទ្ធិផលនយោបាយ

នៅក្នុងឆ្នាំ ១៩២២ លោក លេនីន និងលោក ស្តាលីន បានសម្រេចបង្កើតគោលការណ៍ “សង្គមនិយមក្នុងប្រទេសតែមួយ” សម្រាប់ប្រើប្រាស់ជាមូលដ្ឋានសម្រាប់បដិវត្តន៍ផ្សេងៗលើពិភពលោក និងបានលុបចោលគោលនយោបាយឯកោហើយចាប់ផ្តើមទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសលោកខាងលិចវិញ បន្ទាប់ពីមានភាពចម្រូងចម្រាស់ជាមួយគ្នា ទៅលើផ្នត់គំនិត កម្មុយនីស្ត របស់សូវៀតលើការលុបបំបាត់ប្រជាធិបតេយ្យភាព ។ សហភាពសូវៀតក៍ធ្លាប់បានចូលរួមជាសមាជិកក្នុងសម្ព័ន្ធប្រជាជាតិ (League of Nation) និងធ្លាប់បានដឹកនាំចលនាតស៊ូប្រឆាំងនឹង ការឈ្លានពាននៃបណ្តាប្រទេសអីរ៉ុបផងដែរ។

សមិទ្ធិផលសង្គមកិច្ច

យោងតាម North Star Compass សហភាពសូវៀតគឺជារដ្ឋដំបូងដែលបានទទួលភាពជោគជ័យលើការលុបបំបាត់ភាពអត់ឃ្លាន ដែលជាសមិទ្ធិផលដែលកម្ររកបាន និងបានស្ថិតក្នុងជួរមុខនៃយុទ្ធការលុបបំបាត់ជំងឺអុតស្វាយ ក៏ដូចជាបានបង្កើតប្រព័ន្ធទឹក ភ្លើង កម្តៅ និងមធ្យោបាយធ្វើដំណើរដែលពុំគិតថ្លៃ។ ចំណែកឯវិស័យអប់រំវិញ សហភាពសូវៀតបានយកចិត្តទុកដាក់ជាខ្លាំងលើការអប់រំប្រជាជនរបស់ខ្លួនឱ្យមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកសិល្បៈនិងវិទ្យាសាស្រ្ត និងបានលើកកម្ពស់សិទ្ធិស្ត្រីឱ្យស្មើនឹងបុរសដែលពុំទាន់បានអនុវត្តនៅតាមប្រទេសប្រជាធិបតេយ្យនាសម័យនោះ ក៏ដូចជាបានជំរុញឱ្យកម្រិតនៃអាយុរស់នៅជាមធ្យម (Life-expectancy) របស់ប្រជាជាតិសូវៀត កើនឡើងទ្វេដង ស្របពេលដែលអត្រាមរណៈនៃទារកបានធ្លាក់ចុះនៅត្រឹម ១២%។ រីឯនៅក្នុងឆ្នាំ ១៩៥៧ វិញ សហភាពសូវៀតបានទទួលភាពជោគជ័យ ក្នុងការបាញ់បង្ហោះប្រព័ន្ធផ្កាយរណបដែលមានឈ្មោះថា Sputnik ចូលក្នុងដែនលំហអាកាសមុនគេបង្អស់។ ប្រមាណ ៤ ឆ្នាំក្រោយមក សហភាពសូវៀត ក៏បានសម្រចសមិទ្ធិផល មួយទៀតផងដែរ ដោយបានបញ្ជូនអវកាសយានិកមួយរូបឈ្មោះ Yuri Gagarin ទៅកាន់ទីអវកាស។ រីឯជោគជ័យមួយទៀតបានកើតឡើងដោយសារ អវកាសយានិកសូវៀតម្នាក់ឈ្មោះ Alexi Leonov បានដើរក្នុងលំហអាកាស ក្នុងរយៈពេល ១២ នាទីនិង ០៩ វិនាទី។

សមិទ្ធិផលសេដ្ឋកិច្ច

លោក ជូសេព ស្ទាលីន (Joseph Stalin) បានអនុវត្តគម្រោង ០៥ ឆ្នាំ (Five-years plan) ដែលជាគម្រោងដំបូងនៃការអនុវត្តសេដ្ឋកិច្ចដែលសង្កត់ធ្ងន់ទៅលើការបង្កើតរោងចក្រសហគ្រាសធន់ធ្ងន់ ក្នុងរយៈពេល ០៥ ឆ្នាំដែលគិតចាប់ពីឆ្នាំ ១៩២៨ ទៅ ១៩៣៣។ គម្រោងនេះបានផ្តល់ភាពវិជ្ជមានដល់ការលូតលាស់នៃសេដ្ឋកិច្ចសូវៀត និងបាននាំមកនូវការរីករាលដាលនៃរោងចក្រសហគ្រាសទំនើបផ្សេងៗ ក៏ដូចជាបានកែប្រែសហភាពសូវៀតពីប្រទេសកសិកម្មឱ្យទៅជាប្រទេសឧស្សាហកម្មដ៏ជឿនលឿនមួយ។ រីឯសមិទ្ធិផលមួយទៀតដែលគួរឱ្យកត់សម្គាល់នោះគឺ ការនាំចេញប្រេងឥន្ធនៈ ទៅកាន់បណ្តាប្រទេសបច្ចឹមលោក ប្រទេសអាស៊ី និងអាមេរិកឡាទីនជាដើម ដែលមានសន្ទុះយ៉ាងខ្លាំងក្នុងទសវត្សន៍ឆ្នាំ ៧០។ គួរបញ្ជាក់ផងដែរថា នៅពេលដែលតម្លៃទីផ្សារពិភពលោកមានការកើនឡើង ដោយសារមានការអភិវឌ្ឍនៅលើតំបន់ស៊ីបេរីខាងលិច (West Siberia) ដែលជាជង្រុកប្រេងយ៉ាងធំរបស់សហភាពសូវៀត ការនាំចេញប្រេងឥន្ធនៈមានការកើនឡើង ពី ៣៣.២ លានតោនទៅ ១៦០ លានតោនក្នុងរយៈពេល ២០ ឆ្នាំផងដែរ។

ប្រសិនអាមេរិកមិនលូកដៃចូលបញ្ហាពិភពលោក តើពិភពលោកនឹងមានស៊ីណារីយ៉ូអ្វីខ្លះ?

ព្រឹត្តិការណ៍ធំៗត្រូវបានកត់ត្រាទាំងនៅក្នុងទំព័រសៀវភៅប្រវត្តិសាស្ត្រ និងត្រូវបានមនុស្សជាតិចងចាំទុក ដែលជាទូទៅ វាត្រូវបានអ្នកវិភាគភូមិសាស្ត្រនយោបាយអន្តរជាតិ តែងតែលើកយកមកពិភាក្សាឥតឈប់ឈរ រួមមានព្រឹត្តិការណ៍សង្រ្គាមលោកលើកទី២ សង្គ្រាមត្រជាក់ជាងបួនទសវត្សរ៍ មហាភេរវកម្ម ១១ កញ្ញា សង្គ្រាមនៅឧបទ្វីបកូរ៉េ របកគំហើញថ្មីជាច្រើននៅក្នុងលំហរអាកាស និងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀតដែលជារបត់នយោបាយពិភពលោក។ លើសពីនេះទៀត សូម្បីតែបាតុភូតនៃជម្លោះថ្នាក់តំបន់ និងថ្នាក់អន្តរជាតិសព្វថ្ងៃ ក៏កំពុងទទួលបានការចាប់អារម្មណ៍ ក៏ដូចជាការលើកយកមកជជែកពីសំណាក់មហាជនទូទៅផងដែរ។ ការជជែកអំពីបញ្ហាទាំងនោះទៀតសោត គេមិនភ្លេចឡើយក្នុងការលើកឡើងនូវឈ្មោះរបស់ប្រទេសដែលគេហៅថាជាបិតាប្រជាធិបតេយ្យ និងជាមេសន្តិសុខពិភពលោក នោះគឺសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកនេះហើយដែលតែងតែឈានលូកដៃចូលស្ទើរគ្រប់បញ្ហានយោបាយនិងសេដ្ឋកិច្ច ដូច្នេះ យើងនឹងសាកល្បងធ្វើការសំយោគលើព្រឹត្តិការណ៍មួយចំនួនថា តើនឹងមានស៊ីណារីយ៉ូអ្វីខ្លះនឹងកើតឡើង ប្រសិនបើគ្មានវត្តមានរបស់សហរដ្ឋអាមេរិកលូកដៃចូល?

សង្គ្រាមលោកលើកទី២

យើងដឹងហើយថា មូលហេតុដែលអតីតប្រធានាធិបតីអាមេរិកលោក ហ្រ្វែងគ្លីន ដឺ រ៉ូស្វែល Franklin D. Roosevelt សម្រេចចិត្ដឈានជើងចូលក្នុងសមរភូមិសង្គ្រាមលោកលើកទី២អាចមានច្រើន ប៉ុន្តែមូលហេតុចម្បងបំផុតនោះគឺបណ្ដាលមកពីប្រទេសជប៉ុនបានលបលួចធ្វើការវាយប្រហារដោយមិនបានប្រកាសសង្គ្រាមជាមុនទៅលើមូលដ្ឋានទ័ពអាមេរិកនៅលើកោះ Pearl Harbor ដែលជាកោះមួយក្នុងចំណោមបណ្ដុំកោះហាវ៉ៃទាំង១៣៧។ ការវាយប្រហារពីប្រទេសជប៉ុនបែបនេះត្រូវបានគេចាត់ទុកថាជាសកម្មភាពដែលដូចយកឈើមកដាស់យក្សឱ្យចូលសង្គ្រាម។ ជាការពិតណាស់ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តឈរលើគោលនោបាយ ឯកោនិយម (Isolationism) មិនព្រមឈានជើងចូលសង្គ្រាមលោកទី ២ ដែលកំពុងផ្ទុះយ៉ាងសន្ធោសន្ធៅនៅទ្វីបអ៊ឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកទេ នោះនឹងមានស៊ីណារីយ៉ូចំនួនបីនឹងអាចកើតឡើង។

ទីមួយ រយៈពេលនៃសង្រ្គាមលោកលើកទី២នេះអាចនឹងមិនបញ្ចប់ក្នុងរយៈពេលត្រឹមតែ៦ឆ្នាំប៉ុណ្ណោះទេ មានន័យថាវាអាចនឹងអូសបន្លាយកាន់តែយូ ដែលជាហេតុធ្វើឱ្យអាយុជីវិតពលរដ្ឋស៊ីវិល ទាហាន ហេដ្ឋារចនាសម្ព័ន្ធ បាត់បង់ បែកបាក់កាន់តែច្រើន ហើយសោកនាថកម្មក្រោយពេលបញ្ចប់សង្គ្រាមក៏កាន់តែដុនដាប។ ទោះបីជាយ៉ាងនេះក៏ដោយ ប្រសិនបើសហរដ្ឋអាមេរិកមិនលូកដៃចូលសង្គ្រាមមួយនេះ ក៏គ្មានការទម្លាក់គ្រាប់បែកប្រល័យលោកបរិមាណូចំនួន ២ គ្រាប់ទៅលើខេត្ត ហ៊ីរ៉ូស៊ីម៉ា និងខេត្ត ណាហ្គាសាគី នៅប្រទេសជប៉ុន ហើយបណ្ដាលឱ្យមានអ្នកស្លាប់រហូតដល់ទៅជាង២សែននាក់នោះទេ។ ក្រៅពីបានបញ្ចប់សង្គ្រាមលោកលើទី២ ការទម្លាក់គ្រាប់បែកប្រល័យលោកនេះក៏ជារបត់ភូមិសាស្ត្រនយោបាយយ៉ាងសំខាន់មកដល់សព្វថ្ងៃនេះ ក៏ដូចជារបត់មួយយ៉ាងដែលជប៉ុនបានផ្លាស់ប្ដូរជារៀងរហូត។

ទីពីរ ប្រទេសអាល្លឺម៉ង់ និងប្រទេសជប៉ុន អាចនឹងក្លាយទៅជាភាគីឈ្នះសង្គ្រាមលោកលើកទីពីរ ព្រោះមួយភាគធំនៃទ្វីបអ៊ឺរ៉ុបទាំងមូលត្រូវបានអាល្លឺម៉ង់វាយដណ្ដើមឈ្លានពាន និងគ្រប់គ្រងស្ទើរទាំងស្រុង។ ជាក់ស្ដែង អាល្លឺម៉ង់បានវាយគ្រប់គ្រងប្រទេសមួយចំនួនដូចជា ប៉ូឡូញ ដាណឺម៉ាក ន័រវែស បែលហ្ស៊ិក ហូឡង់ លុចសំបួ បារាំង យូហ្គោស្លាវី និងក្រិក។ ដោយឡែក សម្រាប់ប្រទេសជប៉ុនវិញបានវាយគ្រប់គ្រងស្ទើរទូទាំងអាស៊ីប៉ាស៊ីហ្វិកទាំងមូល រួមមាន មួយភាគនៃរុស្ស៊ី និងចិន កូរ៉េ ហ្វីលីពីន ភូមា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី រហូតទៅជាប់នឹងឧបទ្វីបអូស្ត្រាលី ជាដើម។

ទីបី ពិភពលោកក៏ប្រហែលជាគ្មានប្រព័ន្ធប៉ូលពីររវាងអាមេរិក និងរស្ស៊ី គ្មានទេសង្គ្រាមត្រជាក់អស់ជាច្រើនទសវត្សរ៍ ហើយក៏អាចនឹងគ្មានដែរអង្គការសហប្រជាជាតិ។ ជាងនេះទៅទៀត សូម្បីតែអង្គការណាតូក៏ប្រហែលនឹងមិនអាចលេចរូបរាងឡើង ព្រោះពាក្យថាមនោគមន៍វិជ្ជាឯកោនិយម ដែលសហរដ្ឋអាមេរិកបានប្រកាន់ភ្ជាប់ គឺមិនឈឺឆ្អាលសោះឡើយទៅលើបញ្ហារបស់ប្រទេសដទៃ។ ថ្វីត្បិតការលើកឡើងពីស៊ីណារីយ៉ូចុងក្រោយនេះ ស្ដាប់ទៅមិនសូវទំនងក៏ពិតមែន ប៉ុន្តែ រឿងដែលនឹកស្មានមិនដល់បានកើតឡើងជាច្រើនមកហើយនៅក្នុងទំព័រប្រវត្តិសាស្រ្ត។ ក្នុងស៊ីណារ៉ីយ៉ូដែលគ្មានសង្គ្រាមត្រជាក់ នោះប្រហែលជាសូវៀតនៅតែមានវត្ដមានដល់សព្វថ្ងៃ ហើយប្រទេសតូចៗដូចជាកម្ពុជាក៏មិនក្លាយជាជនរងគ្រោះក្នុងការប្រទាញប្រទង់អំណាចគ្នារវាងសូវៀតនិងអាមេរិកដែរ រីឯប្រទេសចិនវិញក៏ប្រហែលត្រឹមជាប្អូនប្រុសរបស់សូវៀត។

មជ្ឈិមបូព៌ា និងសង្ខេបនៃដើមកំណើតភេរវករ

បន្ទាប់ពីសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ទៅនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ សង្រ្គាមត្រជាក់ក៏បានត្រដែតខ្លួនឡើង បណ្ដាលឱ្យមានជម្លោះប្រទាញប្រទង់គ្នារវាងមនោគមន៍វិជ្ជាសេរីនិយមលោកខាងលិច និងកុម្មុយនីស្តនិយមលោកខាងកើត ហើយបន្តិចម្ដងៗ ពួកប្រទេសសេរីនិយមហាក់ដូចជាមានប្រៀបជាង ទើបធ្វើឱ្យអាណានិគមនិយមត្រូវបានរលត់ផុត។ ប៉ុន្តែ ដំណើររបស់សហរដ្ឋអាមេរិកក្នុងការបបួលប្រទេសដទៃដើម្បីឱ្យកាន់លទ្ធិប្រជាធិបតេយ្យ ក៏បានបន្សល់ទុកនូវស្នាមប្រេះឆានៅតំបន់មួយចំនួន ជាក់ស្ដែងដូចជានៅមជ្ឈិមបូព៌ាជាដើម។

ការឈានជើងចូលខ្លួនរបស់សហរដ្ឋអាមេរិកទៅក្នុងបណ្ដាប្រទេសមជ្ឈិមបូព៌ាក្នុងគោលបំណងរុករកប្រេងធម្មជាតិ និងរាំងខ្ទប់ឥទ្ធិពលកុម្មុយនីស្ដសូវៀត មិនសូវត្រូវបានស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋនៅទីនោះទេ ដោយសារតែពួកគេមានប្រពៃណីមួយ គឺមិនពេញចិត្តឱ្យជនបរទេសណាដែលចូលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសរបស់ពួកគេនោះឡើយ។ នៅទីបំផុត នៅខែសីហា ឆ្នាំ១៩៩០ បន្ទាប់ពីសហរដ្ឋអាមេរិកបានជួយប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការវាយប្រហារជោគជ័យទៅលើកងទ័ពរបស់អ៊ីរ៉ាក់ដឹកនាំដោយលោក សាដាម ហ៊ូសេន ដែលកំពុងឈ្លានពានប្រទេសគុយវ៉ែត ក្រុមទាហានអ៊ីរ៉ាក់ដែលបានចាញ់សង្គ្រាមទាំងអស់បានខឹងសម្បារជាមួយសហរដ្ឋអាមេរិក ហើយបន្តកៀងគរគ្នាដើម្បីបង្កើតជាក្រុមមួយប្រឆាំងនឹងអាមេរិក។ ថ្ងៃនោះហើយដែលអាចចាត់ទុកថាជាដើមកំណើតនៃក្រុមភេរវករ។ ដូច្នេះ ប្រសិនបើសហរដ្ឋអាមេរិកមិនឈានជើងចូលក្នុងបញ្ហានៅមជ្ឈិមបូព៌ានោះទេ ទំនងជាគ្មានផងដែរនូវក្រុមភេរវករអន្តរជាតិដ៏សាហាវឃោឃៅ ដែលបានគម្រាមកំហែងសន្តិសុខពិភពលោក។

សមុទ្រចិនខាងត្បូង

បើយើងក្រឡេកមើលជម្លោះភូមិសាស្ត្រនយោបាយបច្ចុប្បន្ន រួមមាន ជម្លោះនៅសមុទ្រចិនខាងត្បូង ឯករាជ្យភាពនៃដែនដីកោះតៃវ៉ាន់ និងភាពតានតឹងនៅព្រំដែនរុស្ស៊ីនិងអ៊ុយក្រែនជាដើម សុទ្ធសឹងតែមានវត្តមានសហរដ្ឋអាមេរិកចូលរួមជាមួយដែរ។ គួររំលឹកផងដែរថា ការទាមទារដែនសមុទ្រមកធ្វើជាកម្មសិទ្ធិរៀងៗខ្លួនរបស់ភាគីចិន កោះតៃវ៉ាន់ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ គឺដោយសារតែដែនសមុទ្រមួយនេះសម្បូរទៅដោយធនធានធម្មជាតិ។ បើយោងតាមទីភ្នាក់ងារព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (the U.S. Energy Information Agency) បានប៉ាន់ប្រមាណថា សមុទ្រចិនខាងត្បូងមានឧស្ម័នធម្មជាតិប្រមាណ ១៤ទ្រីលានបារ៉ែល និងប្រេងប្រមាណពី ១៦ប៊ីលាន ទៅ ៣៣ប៊ីលានបារ៉ែល។
យើងដឹងហើយថា ការលូកដៃចូលរបស់អាមេរិកក្នុងជម្លោះមួយនេះ បណ្ដាលមកពីមូលហេតុមួយចំនួនដូចជា ទីមួយ នយោបាយរាំងខ្ទប់ឥទ្ធិពលចិន ទីពីរ ភាគីជម្លោះទាំងអស់ជាសម្ព័ន្ធមិត្តរបស់ខ្លួន ទីបី ចរិតអនុត្តរភាព និងការចង់នៅបន្តជាមហាអំណាចពិភពលោក។ ដោយឡែក ចុះបើគ្មានវត្តមានភាគីអាមេរិកនៅក្នុងជម្លោះមួយនេះវិញ តើនឹងមានស៊ីណារីយ៉ូអ្វីខ្លះកើតឡើង?
ប្រទេសចិនអាចនឹងបន្តកសាងមូលដ្ឋានទ័ពរបស់ខ្លួនបន្ថែមទៀតនៅតាមបណ្ដាប្រជុំកោះ Paracel និងប្រជុំកោះ Spratlyជាដើម បើទោះបីជាប្រទេសចិនអាចដឹងយ៉ាងច្បាស់ថា ខ្លួននឹងទទួលរងបានការរិះគន់ពីសហគមន៍អន្តរជាតិប៉ុណ្ណាក៏ដោយ។ ម៉្យាងវិញទៀត ប្រទេសចិនអាចនឹងធ្វើសមយុទ្ធយោធានៅលើសមុទ្រចិនខាងត្បូង យ៉ាងហោចណាស់ឱ្យបានម្ដងក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីមហិច្ឆិតារបស់ខ្លួនថា គ្មានប្រទេសណាមួយក្នុងចំណោមភាគីជម្លោះទាំងអស់ហ៊ានងើបប្រឆាំងតទល់ជាមួយខ្លួនឡើយ ក៏ព្រោះតែខ្លួនមានសមត្ថភាព និងកងកម្លាំងជើងទឹកខ្លាំងក្លា និងសព្វាវុធទំនើបៗ។ ស៊ីណារីយ៉ូមួយផ្សេងទៀតដែលអាចនឹងកើតមានឡើងនោះគឺ ប្រទេសដែលជាសមាជិកអាស៊ានទាំងអស់នឹងបាត់បង់ការសហប្រតិបត្តិការ និងសាមគ្គីភាពកាន់តែខ្លាំង ដោយសារតែគ្មានប្រទេសណាមួយដែលមិនពាក់ព័ន្ធនឹងជម្លោះមួយនេះហ៊ានចេញសេចក្ដីថ្លែងការណ៍រួមប្រឆាំងនឹងការទាមទាររបស់ប្រទេសចិននោះទេ។

សរុបសេចក្ដីមក ថ្វីត្បិតសហរដ្ឋអាមេរិកធ្លាប់បានបង្កកំហុសក្នុងប្រវិត្តិសាស្ត្រជាច្រើន ប៉ុន្តែសហរដ្ឋអាមេរិកបានដើរតួរយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ និងសន្តិភាពដល់ពិភពលោក ហើយការលូកដៃចូលរបស់សហរដ្ឋអាមេរិកក្នុងបញ្ហាផ្សេងៗទាំងក្នុងព្រឹត្តិការណ៍ប្រវិត្តិសាស្ត្រ និងបច្ចុប្បន្ន នៅមិនអាចសន្និដ្ឋានបានថាសុទ្ធតែផ្ដល់ផលអវិជ្ជមាន ឬវិជ្ជមានទាំងស្រុងនោះទេ៕

ហ្វីលីពីន: ២១ឆ្នាំក្រោមអំណាចប្រធានាធិបតី ហ្វឺឌីណង់ ម៉ាកូស

ប្រទេសហី្វលីពីនដែលមានឈ្មោះពេញថា ”សាធារណរដ្ឋហ្វីលីពីន” ជាប្រទេសអាស៊ីអាគ្នេយ៍ដីកោះដែលមានប្រជុំកោះច្រើន ហើយក៏ជាប្រទេសមួយដែលគ្មានព្រំដែនគោកផងដែរ។ ជាមួយគ្នានេះបើនិយាយអំពីប្រវត្តិសាស្ត្រអាណានិគមវិញ ប្រទេសហី្វលីពីនក៏ជាប្រទេសមួយដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់អេស្ប៉ាញនិងសហរដ្ឋអាមេរិចផងដែរ។ ហី្វលីពីនទទួលបានឯករាជ្យពីសហរដ្ឋអាមេរិចនៅឆ្នាំ១៩៤៦ ហើយមានប្រធានាធិបតីសរុបចំនួន១៦រូប។ អ្វីដែលគួឱ្យចាប់អាម្មរណ៍ជាងគេក្នុងចំណោមប្រធានាធិបតីទាំង ១៦ នោះគឺការដឹកនាំរបស់ប្រធានាធិបតីទី១០ លោក ហ្វីឌីណង់ ម៉ាកូស។

លោក ហ្វីឌីណង់ ម៉ាកូស មានឈ្មោះពេញថា Ferdinand Emmanuel Edralin Marcos Sr. បានកើតនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ១៩១៧ និងទទួលមរណភាពនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ១៩៨៩។ លោកត្រូវបានគេស្គាល់ថាជាទាហានមួយនាទសវត្សទី ៤០ ដែលបានតស៊ូព្យាយាមនៅក្នុងការងារនយោបាយរហូតដល់បានក្លាយជាប្រធានាធិបតីហ្វីលីពីនមួយរូប។ លោកមានស្នាដៃដែលគេសាទរផង និងមានស្នាដៃដែលប្រជាជនហ្វីលីពីនមិនពេញចិត្តផង នៅក្នុងអំឡុងពេលកាន់អំណាច ដោយសារលោកបានគ្រប់គ្រងតាមបែបផ្តាច់ការនិងធ្លាប់បានប្រើប្រាស់ច្បាប់អាជ្ញាសឹកពីឆ្នាំ ១៩៧២ រហូតដល់ឆ្នាំ ១៩៨១។ លោក ហ្វីឌីណង់ ម៉ាកូស ក៏ត្រូវបានគេចាត់ទុកថាជាមេដឹកនាំដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងសតវត្សទី ២០ ដោយសារការគ្រប់គ្រងរបស់ លោក ម៉ាកូស មានភាពល្បីល្បាញលើអំពើពុករលួយ ភាពហួសហេតុ និងភាពឃោរឃៅរបស់លោក។

ការចាប់ផ្តើមដំបូងនិងការឈ្នះក្នុងអាណត្តិទី១

លោក ហ្វីឌីណង់ ម៉ាកូស ជាមនុស្សម្នាក់ដែលតែងតែមានមហិច្ឆិតាចង់ក្លាយទៅជាប្រធានាធិបតី។ គាត់បានព្យាយាមខិតខំប្រឹងប្រែងជាខ្លាំងក្នុងការធ្វើយុទ្ធនាការបោះឆ្នោតតាំងពីឆ្នាំ១៩៤៩ និងព្យាយាមឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ ១៩៦១ ប៉ុន្តែគាត់បានចាញ់លោក Macapagal ដែលមកពីបក្សតែមួយក្នុងការតែងតាំងជាបេក្ខភាពប្រធានាធិបតី។ នៅឆ្នាំ១៩៦៥ លោក ហ្វីឌីណង់ ម៉ាកូស បានបង្វែក្រឡាអុកដើម្បីឈានទៅមហិច្ឆតារបស់គាត់ក្នុងការឈរឈ្មោះជាប្រធានាធិបតីជាលើកទីពីរ ដោយលោក បានចាកចេញពី Liberal Party ( LP ) ទៅគណបក្ស Nacionalista Party(NP) ហើយនៅទីបំផុតលោកបានក្លាយជាបេក្ខភាពប្រធានាធិបតីរបស់បក្ស NP ដោយឈ្នះលើអនុប្រធានាធិបតី Emmanuel Pelaez។ ក្នុងយុទ្ធនាការបោះឆ្នោត១៩៦៥ លោកបានធ្វើសកម្មភាពជាច្រើនដើម្បីទាញយកប្រជាប្រិយភាពក្នុងការបោះឆ្នោត ក្នុងនោះ លោកបានថតរូបខ្លួនឯងជាមួយអ្នកស្រែនៅក្នុងវាលស្រែរបស់ពួកគេ ព្រោះអ្នកស្រែគឺជាកម្លាំងចលករដ៏ធំមួយនៃសម្លេងឆ្នោត។ ជាលទ្ធផលក្នុងការបោះឆ្នោតឆ្នាំ ១៩៦៥ លោក ម៉ាកូស បានឈ្នះការបោះឆ្នោតជាលើកដំបូងជាមួយនឹង ៥១.៩៤% ហើយនៅឆ្នាំ១៩៦៩ លោក ម៉ាកូស បានបន្តឈ្នះឆ្នោតមួយអាណិត្ដទៀត។ ក្នុងអាណិត្ដទី ១ លោកក៏បានចំណាយថវិការយ៉ាងច្រើនដោយចាប់ផ្តើមពីការបង្កើតនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃ ៥០ លានដុល្លារដុល្លារអាមេរិក ដែលនេះបានជួយរក្សានិងទាក់ទាញប្រជាប្រិយភាព។ យ៉ាងណាមិញ ភាពជោគជ័យរបស់លោកមិនអាចបន្តក្នុងអាណត្តិទី២ឡើយ ដោយសារលោកបានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ក៏ដូចជាការទម្លាក់តម្លៃប្រាក់ប៉េសូហ្វីលីពីនយ៉ាងខ្លាំង។ ការទម្លាក់តម្លៃរូបិយប័ណ្ណនេះបានបង្កជាអតិផរណា ដែលបញ្ហានេះ បាននាំមកនូវភាពចលាចលក្នុងសង្គមដែលជំរុញឱ្យមានការប្រកាសច្បាប់អាជ្ញាសឹកក្នុងឆ្នាំ ១៩៧២។

ការដាក់ច្បាប់អាជ្ញាសឹក ១៩៧២

ច្បាប់អាជ្ញាសឹក គឺជាការដាក់បណ្ដោះអាសន្ននៃការគ្រប់គ្រងដោយយោធាទៅលើមុខងារស៊ីវិលធម្មតា ឬការព្យួរច្បាប់ស៊ីវិលដោយរដ្ឋាភិបាលនិងងាកមកប្រើប្រាស់អំណាចយោធា ជាពិសេសដើម្បីឆ្លើយតបទៅនឹងភាពអាសន្នដូចជាការបះបោរពីប្រជាជន ឬ នៅក្នុងពេលមានសង្គ្រាមជាដើម ។ ជាក់ស្ដែង នៅខែកញ្ញា ឆ្នាំ ១៩៧២ លោក ម៉ាកូស បានប្រកាសច្បាប់អាជ្ញាសឹក ដោយអះអាងថា វាគឺជាការការពារចុងក្រោយប្រឆាំងនឹងការកើនឡើងនៃភាពវឹកវរដែលបណ្ដាលមកពីបាតុកម្មហិង្សារបស់និស្សិតកាន់តែខ្លាំងឡើង ការគំរាមកំហែងនៃការបះបោរកុម្មុយនិស្តដោយបក្សកុម្មុយនិស្តហ្វីលីពីនថ្មី(CPP) និងចលនាផ្តាច់ខ្លួនរបស់មូស្លីមនិងរណសិរ្សរំដោះជាតិម៉ូរ៉ូ(MNLF( ។ជាមួយគ្នានេះ សកម្មភាពដំបូងរបស់លោកគឺការចាប់ខ្លួនអ្នកនយោបាយដែលប្រឆាំងនឹងលោក ហើយជាលទ្ធផលដំបូងចំពោះច្បាប់អាជ្ញាសឹកគឺភាគច្រើនអំណោយផលគួរសមដែរ លើកលែងតែតំបន់មូស្លីមនៅភាគខាងត្បូង ដែលការបះបោរផ្តាច់ខ្លួនដឹកនាំដោយ MNLF បានផ្ទុះឡើងក្នុងឆ្នាំ ១៩៧៣។ ក្រៅពីនេះ ការបះបោរកុម្មុយនិស្តបានបណ្តាលឱ្យមានការពង្រីកស្ថានការដែលមានការបង្កើតរណសិរ្សប្រជាធិបតេយ្យជាតិ(NDF) និងក្រុមកុម្មុយនិស្តផ្សេងទៀត ។ នៅក្រោមច្បាប់អាជ្ញាសឹក របបនេះអាចកាត់បន្ថយឧក្រិដ្ឋកម្មក្នុងទីក្រុងដោយហឹង្សា ប្រមូលអាវុធដែលមិនបានចុះបញ្ជី និងបង្ក្រាបការបះបោរកុម្មុយនិស្តនៅក្នុងតំបន់មួយចំនួន។ ទន្ទឹមនឹងនេះ សម្បទានថ្មីសំខាន់ៗជាច្រើនត្រូវបានផ្តល់ឱ្យអ្នកវិនិយោគបរទេស រួមទាំងការហាមឃាត់ការធ្វើកូដកម្មដោយកម្លាំងពលកម្មដែលបានរៀបចំ ហើយកម្មវិធីកំណែទម្រង់ដីធ្លីត្រូវបានចាប់ផ្តើម។ នៅខែមករា ឆ្នាំ ១៩៧៣ លោក Marcos បានប្រកាសផ្តល់សច្ចាប័នលើរដ្ឋធម្មនុញ្ញថ្មីដោយផ្អែកលើប្រព័ន្ធសភា ដោយខ្លួនគាត់ជាប្រធានាធិបតី និងជានាយករដ្ឋមន្ត្រី។ ទោះយ៉ាងណាក៏ដោយ គាត់មិនបានកោះប្រជុំសភាបណ្តោះអាសន្ន ដែលត្រូវបានទាមទារនៅក្នុងឯកសារនោះ។

ការចាកចេញពីដំណែង

លោក ម៉ាកូស បានធ្វើអ្វីគ្រប់យ៉ាងដើម្បីតែរក្សាមុខតំណែងរបស់លោក។ លោកបានធ្វើទុក្ខបុកមេ្នញនិងដាក់ទោសទៅលើអ្នកប្រឆាំងនិងប្រកាសដាក់ច្បាប់អាជ្ញាសឹក ដែលនេះហើយជាហេតុដែលធ្វើឱ្យលោកចាប់ផ្តើមធ្លាក់ប្រជាប្រិយភាពបន្តិចម្តងៗ ទោះបីលោកនៅកាន់អំណាចនិងរក្សាអំណាចក៏ដោយ។ ជាពិសេសឃាតកម្មលើលោកBenigno Aquino Jr. ដែលជាអ្នកប្រឆាំងរបស់លោកនិងជាអតីតសមាជិកព្រឹទ្ធសភា បានធ្វើឱ្យគេមានការសង្ស័យទៅលើលោកម៉ាកូស។ គួររំលឹកបន្តិចថា ឃាតកម្មលោក Benigno Aquino នៅពេលដែលគាត់បានត្រឡប់ទៅទីក្រុងម៉ានីលក្នុងខែសីហា ឆ្នាំ ១៩៨៣ ជាទូទៅត្រូវបានគេគិតថាជាស្នាដៃរបស់យោធា ដែលមានលោកម៉ាកូសនៅពីក្រោយ។ ព្រឹត្តិការណ៍នេះបានក្លាយជាចំណុចស្នូលនៃការប្រឆាំងជាថ្មីកាន់តែខ្លាំងចំពោះការគ្រប់គ្រងរបស់ លោក ម៉ាកូស។ នៅចុងឆ្នាំ ១៩៨៥ លោក ម៉ាកូស បានស្ថិតក្រោមសម្ពាធកាន់តែខ្លាំងទាំងក្នុងនិងក្រៅប្រទេសហ្វីលីពីន ។ នៅខែ កុម្ភៈ ឆ្នាំ ១៩៨៦ លោក ម៉ាកូសត្រូវឡើងប្រកួតនៅការបោះឆ្នោតម្ដងទៀត ហើយដៃគូដ៏មានសក្ដានុពលរបស់លោកគឺ លោកស្រីCorazon C. Aquino ដែលជាប្រពន្ធរបស់លោក Benigno Aquino។ ត្បិតតែលទ្ធផលគឺលោកម៉ាកូសបានប្រកាសជាអ្នកឈ្នះផ្លូវការ ប៉ុន្តែលទ្ធផលនេះបានបង្កការតវ៉ាជាសាធារណៈយ៉ាងខ្លាំងក្លាដែលបាន បានជំរុញឱ្យលោកចុះចេញពីដំណែងនៅឆ្នាំ ១៩៨៦ ហើយលោកស្រី Corazon C. Aquino បានឡើងជាប្រធានាធិបតីទី១១ របស់ហ្វីលីពីន។

សរុបមក អំណាចជាង២១ឆ្នាំរបស់លោក ហ្វីឌីណង់ ម៉ាកូស ដែលជាមនុស្សដែលមានមហិច្ឆតា និងការតស៊ូ ត្រូវបានបញ្ចប់ដោយកម្លាំងប្រជាជនដែលមិនពេញចិត្តនូវការដឹកនាំផ្តាច់ការរបស់លោក។ ហើយលោកបានបន្សល់ទុកនូវបញ្ហាមួយចំនួនដូចជាវិបត្តិសេដ្ឋកិច្ច និងការគំរាមកំហែងកាន់តែខ្លាំងឡើងពីរណសិរ្សរំដោះអ៊ីស្លាមម៉ូរូ (moro islamic liberation front) និងពួកបះបោរកុម្មុយនិស្តសម្រាប់ប្រធានាធិបតីថ្មីដើម្បីដោះស្រាយ។

មូលហេតុដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសតួកគីដាំក្បាលចុះ

បើយោងទៅតាមរបាយការរបស់ធនាគារពិភពលោក (World Bank) សេដ្ឋកិច្ចរបស់តួកគីធ្លាប់តែមានសន្ទុះយ៉ាងខ្លាំង ប៉ុន្តែនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះប្រទេសនេះបានជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចយ៉ាងច្រើនដែលក្នុងនោះរួមមានទាំង វិបត្តិអតិផរណាការកើនឡើង អត្រាគ្មានការងារធ្វើ និង ភាពងាយរងគ្រោះក្នុងវិស័យសាជីវកម្ម និងហិរញ្ញវត្ថុជាដើម។ យោងទៅតាមរបាយការណ៍ដដែលពីធនាគារពិភពលោកនេះ អត្រាគ្មានការងារធ្វើបានកើនឡើងពី ជាង១០%នៅក្នុងឆ្នាំ២០១០ទៅជិត ១៤%នៅក្នុងឆ្នាំ២០២០ រីឯកម្រិតអតិផរណាវិញបានកើនឡើងដល់ទៅ ២១ % បើគិតមកត្រឹមខែធ្នូនៃឆ្នាំ២០២១នេះ ដែលនៅក្នុងខែធ្នូឆ្នាំ២០២០តម្លៃអតិផរណាគឺមានត្រឹមតែជាង ១៤ %តែប៉ុណ្ណោះ នេះបើយោងទៅតាមទន្និន័យរបស់ធនាគារកណ្ដាលតួកគី។ តម្លៃរូបិយប័ណ្ណតួកគី លីរ៉ា (Lira) បានធ្លាក់ចុះយ៉ាងគំហុកដល់ទៅ ៣០% បើធៀបទៅនឹងរូបិយប័ណ្ណដុល្លារអាមេរិក។ ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃរូបិយប័ណ្ណ លីរ៉ា នេះបណ្តាលមកពីកត្តាសេដ្ឋកិច្ច និងគោលនយោបាយរូបិយវត្ថុរបស់តួកគី ប៉ុន្តែក៏មានការផ្សារភ្ជាប់ទៅនឹងនយោបាយការបរទេសរបស់ប្រទេសនេះផងដែរ។ តម្លៃរូបិយប័ណ្ណតួកគីចាប់ផ្តើមធ្លាក់ចុះនៅក្នុងឆ្នាំ២០១៨ នៅពេលដែលប្រទេសនេះផ្ដើមមានទំនាក់ទំនងមិនល្អជាមួយសហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើសេដ្ឋកិច្ចរបស់តួកគីដោយសារតែទំនាស់នយោបាយរវាងប្រទេសទាំង ២ ដែលកើតឡើងដោយសារតែតួកគីបានធ្វើការឃុំខ្លួនគ្រូសាសនាជនជាតិអាមេរិកលោក Andrew Brunson អស់រយៈពេល២ឆ្នាំចាប់តាំងពីរដ្ឋប្រហារនៅឆ្នាំ២០១៦។ លោកប្រធានាធិបតី Donald Trump បានទាមទារឱ្យមានការដោះលែងលោក Brunson ដែលទទួលរងការចោទប្រកាន់ពីរដ្ឋាភិបាលលោក Erdoğan ថាជាជនបង្កប់របស់ពួកភេវរករ ប៉ុន្តែសំណើរនេះមិនត្រូវបានទទួលដោយរដ្ឋាភិបាលតួកគីនោះទេ។

ក្រៅពីកត្តានយោបាយ

ប៉ុន្តែនេះគឺគ្រាន់តែជាបញ្ហានយោបាយមួយដែលធ្វើឱ្យប៉ះពាល់តម្លៃរូបិយប័ណ្ណរបស់តួកគីតែប៉ុណ្ណោះ វាក៏នៅមានបញ្ហាផ្សេងទៀតដែលធ្វើឱ្យតម្លៃលីរ៉ានៅតែបន្តធ្លាក់ចុះមកដល់បច្ចុប្បន្ននេះ។ បញ្ហាមួយនោះគឺ ការប្រកាសខ្លួនជាសត្រូវនៃអត្រាការប្រាក់របស់លោក Erdoğan។ តម្លៃលីរ៉ា មិនអាចចាកចេញពីការធ្លាក់ចុះនេះក៏ដោយសារតែលោក Erdoğan ជឿថាការបង្កើនអត្រាការប្រាក់នឹងធ្វើឱ្យមានការធ្លាក់ចុះជាជាងការស្ទូចឡើងនៃតម្លៃប្រាក់លីរ៉ា។ ប៉ុន្តែប្រសិនបើយើងគិតមើលទៅទ្រឹស្តីសេដ្ឋកិច្ច ការបង្កើនអត្រាការប្រាក់វាជាមធ្យោបាយមួយនៅក្នុងការលើកតម្លៃរូបិយប័ណ្ណរបស់ប្រទេសមួយឡើងវិញដោយសារតែកាលណាដែលការប្រាក់ខ្ពស់នោះប្រជាជននឹងជ្រើសយកការសន្សំប្រាក់ទុកជាជាងចាយវាយ ហើយការខ្ចីប្រាក់កម្ចីពីធនាគារក៏កាន់តែតិចដែលធ្វើឱ្យចរន្តលុយនៅក្នុងសេដ្ឋកិច្ចធ្លាក់ចុះដែលនេះនិងធ្វើឱ្យតម្លៃរូបិយប័ណ្ណកើនឡើង (ការផ្គត់ផ្គង់ និង តម្រូវការរូបិយប័ណ្ណ)។ ប៉ុន្តែលោក Erdoğan នៅតែបន្តគោលការណ៍កាត់បន្ថយអត្រាការប្រាក់ឱ្យនៅទាបម្ដងហើយម្ដងទៀត នេះបានបង្ករឱ្យមានការផ្គត់ផ្គង់លុយជាច្រើននៅក្នុងសេដ្ឋកិច្ចតួកគី ដែលជាហេតុនាំឱ្យតម្លៃលុយនៅតែបន្តធ្លាក់ចុះ។ គួរបញ្ជាក់ផងដែរថាមានការសិក្សាមួយចំនួនបានបង្ហាញថាមូលហេតុចម្បងដែលបណ្តាលឱ្យលោក Erdoğan នៅតែបន្តកាត់បន្ថយអត្រាការប្រាក់នេះគឺដោយសារតែលោកចង់ឱ្យមានកំណើនការវិនិយោគពីបរទេសដើម្បីកាត់បន្ថយអត្រានៃការនាំចូលទំនិញពីបរទេសតាមរយៈការវិនិយោគបន្ថែមទៅលើការផលិតទំនិញក្នុងស្រុកផងដែរ។ ប៉ុន្តែដូចដែលយើងបានឃើញតាមរយៈការរៀបរាប់ខាងលើមក វាជាការវិនិយោគមួយដែលត្រូវប្តូរផ្តោះជាមួយការធ្លាក់ចុះនៃតម្លៃរបស់លីរ៉ាផងដែរ។

ទំនាក់ទំនងការបរទេសតួកគី

ជាមួយនឹងសារៈសំខាន់នៃកត្តាភូមិសាស្រ្តនយោបាយរបស់ខ្លួន ប្រទេសតួកគីមានទំនាក់ទំនងយ៉ាងស្មុគស្មាញជាមួយបណ្តាប្រទេសធំៗនិងបណ្តាប្រទេសជិតខាងរបស់ខ្លួន។ ជាមួយសហរដ្ឋអាមេរិក តួកគីធ្លាប់មានទំនាក់ទំនងជាមួយយ៉ាងស្អិតរមួតចាប់ពីព្រឹត្តិការណ៍៩/១១មក ដោយប្រទេសនេះបានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងនៅក្នុងការថ្កោលទោសទៅលើពួកភេវរករ និងផ្តល់ការគាំទ្រដល់ការធ្វើសង្គ្រាមរបស់អាមេរិកជាមួយពួកភេវរកនៅក្នុងប្រទេសអាហ្វានីស្ថានតាមរយៈការបើកឱ្យអាមេរិកប្រើប្រាស់ដែនអាកាសរបស់ខ្លួនក្នុងដំណើរការវាយប្រហារ និងការបញ្ជូនទ័ពតួកគីជាជំនួយក្នុងការប្រឆាំងនឹងពួកភេវរកផងដែរ។ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានរង្គោះរង្គើរបន្តិចម្តងៗចាប់ពីឆ្នាំ២០០៣នៅពេលដែលរដ្ឋាភិបាលតួកគីសំរេចមិនចូលរួមក្នុងការវាយប្រហាររបស់អាមេរិកលើអីរ៉ាក់។ ជាមួយនឹងឆ្នាំបន្តបន្ទាប់មកទំនាក់ទំនងរវាងអាមេរិកនិងតួកគីតែងតែមានភាពរកាំរកូសជាមួយគ្នាដោយសារតែអាមេរិកគាំទ្រពួក ឃឺត (Kurdish) ដែលជាចលនាប្រឆាំងនឹងរដ្ឋាភិបាលតួកគី។ បន្ទាប់មក ការទិញអាវុធរបស់រដ្ឋាភិបាលតួកគីពីរុស្សី និងការដកសមាជិកភាពរបស់តួកគីចេញពីកម្មវិធី F-35 និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីរដ្ឋាភិបាលអាមេរិក កាន់តែរុញច្រានទំនាក់ទំនងរវាងប្រទេសទាំងពីឱ្យកាន់តែដុនដាបឡើងៗ។

ចំពោះទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងតួកគីវិញទំនាក់ទំនងរវាងតួអង្គទាំងពីរគឺផ្អែកទៅលើទំនាក់ទំនងយុទ្ធសាស្រ្តដោយសារតែសហភាពអឺរ៉ុបត្រូវការយ៉ាងចាំបាច់នូវតួនាទីរបស់តួកគីនៅក្នុងការទប់ស្កាត់លំហូរចូលនៃជនភៀសខ្លួនពីមជ្ឈិមប្រទេសទៅកាន់អឺរ៉ុប ជាតួអង្គសំខាន់សម្រាប់ការប្រឆាំងភេវរកម្ម និងជាដៃគូពាណិជ្ជកម្មផងដែរ។ ថ្វីត្បិតតែមានការថ្កោលទោសពីសហភាពអឺរ៉ុបទៅលើប្រទេសតួកគីចំពោះការរំលោភសិទ្ធិមនុស្ស និង ការមិនគោរពលទ្ធិប្រជាធិបតេយ្យក៏ដោយក៏អឺរ៉ុបនៅតែបន្តបញ្ជូនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ជនភៀសខ្លួនទៅតួកគីផងដែរ។

ដោយឡែកទំនាក់ទំនងរវាងតួកគីនិងរុស្ស៊ីវិញក៏បង្ហាញអំពីភាពស្អិតរមួតផងដែរតាមរយៈការទិញនិងលក់អាវុធនិងប្រព័ន្ធការពារមីស៊ីល។ មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរនេះក៏បានឈរនៅគោលជំហររួមគ្នានៃបញ្ហានៅក្នុងបញ្ហាស៊ីរី។ ទំនាក់ទំនងរវាងចិននិងតួកគីវិញគឺមានការឡើងចុះផងដែរដោយសារតែតួកគីប្រឆាំងជាមួយចិននៅក្នុងបញ្ហាអ៊ុយហ្គួរ (Uyghurs)។ យ៉ាងណាក៏ដោយ ចិននិងតួកគីនៅតែមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងច្រើនជាមួយគ្នាផងដែរ ហើយតួកគីក៏ជាផ្នែកមួយនៃខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិនផងដែរ។

តើអ្វីទៅដែលហៅថា វេទិការមជ្ឈត្តកម្ម (Arbitral Tribunal) ?

យោងតាមមាត្រា ២ (ខ) នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០០៦ នាសម័យប្រជុំរដ្ឋសភាលើកទី​៤ នីតិកាលទី ៣ និងត្រូវបាន ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញតាមសេចក្តីសម្រេចចុះថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០០៦​ (“ច្បាប់ស្តីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម)​ វេទិកាមជ្ឈត្តកម្ម​​​ គឺជាមជ្ឈត្តករម្នាក់ ឬ មួយក្រុម។​​

មជ្ឈត្តករនៃវេទិកាមជ្ឈត្តកម្មត្រូវតែងតាំងដោយភាគីវិវាទ ហើយត្រូវមានចំនួនសេស។ ក្នុងករណីភាគីវិវាទមិនបានព្រមព្រៀងនៅក្នុងកិច្ចព្រមព្រៀង​ ឬមិនអាចព្រមព្រៀងនៅពេលមានវិវាទកើតឡើង យោងតាមមាត្រា ១៨ ​នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម មជ្ឈត្តករត្រូវមានចំនូនបី (៣) រូប។​ ក្នុងការតែងតាំងមជ្ឈត្តករទាំងបី (៣)​ រូបនេះ ជាដំបូងភាគីវិវាទនីមួយៗត្រូវធ្វើការជ្រើសតាំងមជ្ឈត្តករ មួយ​​ (១) រូប ហើយមជ្ឈត្តករទាំងពីរនេះត្រូវធ្វើការតែងតាំងមជ្ឈត្តករទីបី។ ក្នុងករណីដែលភាគីណាមួយពុំបានតែងតាំងមជ្ឈត្តករក្នុងរយៈពេល សាមសិប (៣០)​ ថ្ងៃ​ក្រោយពេលទទួលសំណើរជ្រើសតាំងពីភាគីវិវាទម្ខាងទៀង ឬប្រសិនបើ   មជ្ឈត្តករទាំងពីរ (២) នាក់ ពុំបានព្រមព្រៀងលើការតែងតាំងមជ្ឈត្តករទីបី ក្នុងរយៈពេលសាមសិប (៣០)​ ថ្ងៃ ក្រោយពីត្រូវបានគេជ្រើសតាំងរួចមក តុលាការ ឬ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ត្រូវធ្វើការជ្រើសតាំងមជ្ឈត្តករទី៣។

ប្រសិនបើភាគីវិវាទបានព្រមព្រៀងគ្នាជ្រើសរើសមជ្ឈត្តករតែម្នាក់ ក្នុងករណីមិនអាចព្រមព្រៀងលើការជ្រើសតាំងមជ្ឈត្តករទេនោះ តុលាការ ឬ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មត្រូវធ្វើការជ្រើសតាំងមជ្ឈត្តករតាមសំណូមពរដែលធ្វើឡើងដោយភាគីណាមួយ។

តើវេទិការមជ្ឈត្តកម្មមានតួនាទី កាតព្វកិច្ច និង អំណាច​អ្វីខ្លះ?

តួនាទីនិងកាតព្វកិច្ចរបស់វេទិការមជ្ឈត្តកម្មត្រូវបានបង្កើតឡើងដោយការព្រមព្រៀងរបស់ភាគីតាម   រយៈកិច្ចព្រមព្រៀងផ្សះផ្សា ឬ ខចែងស្តីពីមជ្ឈត្តការចែងនៅក្នុងកិច្ចព្រមព្រៀង ឬ ក្នុងកិច្ចព្រមព្រៀងដោយឡែក។ តួនាទី កាតព្វកិច្ច និងអំណាចនេះត្រូវបានកំណត់នៅក្នុងវិធានណាមួយដែលភាគីបានព្រមព្រៀងគ្នាយកមកធ្វើជាវិធាននៃនីតិវិធី ឧទាហរណ៍៖ វិធាននៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម​។ ច្បាប់នៃនីតិវិធីដែលត្រូវបានកំណត់ដោយភាគី ឬដែលវេទិការមជ្ឈត្តកម្មផល់ថាសមស្របក្នុងករណីដែលភាគីមិនបាន/មិនអាចព្រមព្រៀង។ វេទិការមជ្ឈត្តកម្មមានអំណាចផងដែរក្នុងការកំណត់នូវសមត្ថកិច្ចរបស់ខ្លួន លំដាប់នៃនីតិវិធី ចេញនូវវិធានការបណ្តោះអាសន្ន តែងតាំងអ្នកជំនាញ ភាពទទួលយកបាននៃភស្តុតាង ធ្វើសេចក្តីសម្រេច​ និងចេញមជ្ឈត្តវិនិច្ឆ៏យ។

តើទំនាស់ផលប្រយោជន៏នៃវេទិការមជ្ឈត្តកម្មជាអ្វី?

ជាទូទៅលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌផ្សេងទៀតដែលបុគ្គលម្នាក់អាចត្រូវបានតែងតាំងធ្វើជាមជ្ឈត្តករ គឺត្រូវដាក់សេចក្តីថ្លែងមួយដែលមានចុះហត្ថលេខាបញ្ជាក់ថា (១) ខ្លួនស្ម័គ្រចិត្តនិងមានលទ្ធភាពក្នុងការទទួលតួនាទីជាមជ្ឈត្តករ និង (២) ខ្លួនមាននិងនៅតែរក្សាអព្យាក្រឹតភាព និងឯករាជភាពរបស់ខ្លួន។ ស្ថានភាពទំនាស់ផលប្រយោជន៍នៃវេទិការមជ្ឈត្តកម្មដែលអនុញ្ញាតឲ្យភាគីស្នើសុំបញ្ឈប់មជ្ឈត្តករណាមួយនោះអាចមាននៅក្នុងលក្ខន្តិកៈនៃមជ្ឈមណ្ឌលដោះស្រាយវិវាទដែលភាគីបានជ្រើសរើស ឬតាមការព្រមព្រៀងផ្សេងទៀតរបស់ភាគីវិវាទ។

Xenobot: មនុស្សយន្តមានជីវិតដំបូងបង្អស់

យុគសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្នមានការបោះជំហានទៅមុខលឿនជាងអ្វីដែលយើងអាចគិតដល់ រាប់ចាប់តាំងពីគ្មានអ្វីទាន់មានអ្វីសោះ រហូតដល់មនុស្សអាចទាញយកទ្រឹស្តីដែលបានជាប់ដាននៅក្នុងសៀវភៅរបស់អ្នកស្រាវជ្រាវផ្សេងៗយកមកសំយោគជាមួយភាពវៃឆ្លាតរហូតបង្កើតបាននូវបច្ចេកវិទ្យាប្លែកៗមិនធ្លាប់មានជាបន្តបន្ទាប់។ មនុស្សយន្តដែលយើងធ្លាប់តែឃើញក្នុងភាពយន្តប្រឌិតបែបវិទ្យាសាស្ត្របានលេចវត្តមានមកក្នុងពិភពលោកយើងរួចមកហើយនៅក្នុងយុគសម័យ AI (បញ្ញាសិប្បនិម្មិត) ហើយមនុស្សយន្តទាំងនោះត្រូវបានគេរចនាឡើងក្រោមទម្រង់ផ្សេងៗគ្នា ខ្លះមានទំហំប៉ុនមនុស្ស ខ្លះតូច ខ្លះធំអាស្រ័យទៅតាមគោលបំណង មុខងារនិងប្រភេទរបស់ពួកវា តែគ្រប់ទម្រង់នៃមនុស្សយន្តដែលយើងធ្លាប់ឃើញ និងឮសុទ្ធសឹងតែត្រូវបានបង្កើតឡើងដោយគ្រឿងយន្តនិងគ្រប់គ្រងដោយកម្មវិធីកុំព្យូទ័រ ក៏ដូចជាបញ្ញាសិប្បនិម្មិត។

Xenobot ជាអ្វី?

Xenobot ជាឈ្មោះដែលទើបនឹងលេចឡើងនៅក្នុងពិភពនៃមនុស្សយន្តដែលបានបង្កភាពកក្រើកដល់អ្នកវិទ្យាសាស្ត្រខាងមនុស្សយន្ត និងAI។ វាខុសប្លែកពីមនុស្សយន្តធម្មតាទាំងស្រុងដោយហេតុថាមនុស្សយន្តធម្មតាមានទំហំធំៗ ទោះជាមិនធំខ្លាំងក៏មិនតូចខ្លាំងដល់ Xenobot ដែល មានទំហំរហូតដល់តូចជាង១មីលីម៉ែត្រឯណោះ។

តើ Xenobot កើតឡើងយ៉ាងដូចម្តេច?

វាត្រូវបានបង្កើតឡើងមកដោយគ្មានគោលបំណងណាមួយយ៉ាងពិតប្រាកដទេ ហើយអ្នកបង្កើតវាមកទៀតសោត កំពុងតែសិក្សានិងរិះរកពីគុណប្រយោជន៍និងគោលបំណងនៃការប្រើប្រាស់មនុស្សយន្តប្រភេទនេះ។ ខុសពីមនុស្សយន្តដទៃទាំងស្រុងដែលកើតចេញមកពីគ្រឿងលោហៈ ខ្សែភ្លើង បង្គុំគ្រឿងអេឡិចត្រូនិច និងគ្រឿងយន្តផ្សេងៗ មនុស្សយន្តដ៏ចម្លែកនេះ កើតចេញពីកោសិកាលូតលាស់របស់សត្វកង្កែបម្យ៉ាងមកពីអាហ្រ្វិកដែលមានឈ្មោះថា Xenopus Laevis​ ហើយហេតុផលនេះឯងជាប្រភពកំណើតនៃការដាក់ឈ្មោះថា Xenobot។ រឿងរ៉ាវជុំវិញ Robot ដ៏ចម្លែកមួយនេះគឺថា ការបង្កកំណើតរបស់វាមិនស្ថិតនៅក្នុងបញ្ជីដែលជីវវិទូធ្លាប់បានកត់ត្រានិងចំណាំទុកពីមុនឡើយព្រោះថាមិនមានភាវៈរស់ដូចជាសត្វ រុក្ខជាតិ ឬប្រភេទមីក្រូសារពាង្គកាយណាមួយដែលប្រើប្រាស់ការបង្កកំណើតបែបនេះឡើយ។​ យោងទៅតាមគេហទំព័រព័ត៌មាន​ CNN បានឱ្យដឹងថា​ Xenobot ប្រើប្រាស់នូវវិធីសាស្ត្រម្យ៉ាងហៅថា Kinetic Replication ដែលកោសិកាទាំងនោះចាប់ផ្តើមបង្ខាំងចូលគ្នារួចហើយផ្នែកខាងក្រៅនៃបណ្តុំកោសិកាទាំងនោះចាប់ផ្តើបដុះចេញនូវសរសៃឆ្មារៗម្យ៉ាងដែលអាចឱ្យពួកវាផ្លាស់ទីបាន ហើយអ្វីដែលពិសេសនោះគឺ ពួកវារួមគ្នាបង្កើតបាននូវកម្ទេចតូចៗនៅផ្តុំគ្នា ហើយប្រសិនបើកម្ទេចកម្ទីទាំងនោះត្រូវបានផ្តាច់ចេញពីកោសិកាមេនោះ ពួកវាអាចបន្តការប្រមូលផ្តុំចូលគ្នានិងធ្វើចលនាដូចទៅនឹងយន្តការដែលកោសិកាមុនៗធ្វើដូច្នេះដែរ។

Xenobot អាចធ្វើអ្វីបានខ្លះ?

តាមលក្ខណៈទូទៅ ជាមួយ Robot ប្រភេទនេះគេអាចគ្រប់គ្រងវាដោយសរសេរនូវ Algorithm ផ្សេងៗក្នុងការបញ្ជាពួកវាឱ្យធ្វើការងារផ្សេងៗដែលគេចង់ឱ្យវាធ្វើ។ ប៉ុន្តែ បើយោងទៅតាមសភាពដែលមានស្រាប់តាំងពីវត្តមានដំបូងរបស់វា Xenobot មានសមត្ថភាពក្នុងការដើរ ហែលក្នុងទឹកដោយសរសៃឆ្មារៗរបស់ពួកវា ផ្ទុកទម្ងន់ផ្សេងៗ ប្រមូលកាកសំណល់ដែលរាយប៉ាយឱ្យនៅផ្តុំគ្នា ហើយថែមទាំងអាចរស់នៅដោយគ្មានអាហាររយៈពេលជាច្រើនសប្តាហ៍ ព្រមទាំងអាចផ្សះនិងប៉ះប៉ូវនូវរាល់កន្លែងខូចខាតនៃតួខ្លួនពួកវាទៀតផង។ អ្វីដែលអង្រួនអ្នកវិទ្យាសាស្ត្រក្នុងពិភព Robot នោះគឺថ្មីៗនេះ វាត្រូវបានគេរកឃើញថាអាចចែកខ្លួន(បន្តពូជ) ដោយខ្លួនឯងបាន។​ ជាមួយនឹងសក្តានុពលទាំងនេះ អ្នកបង្កើតវារំពឹងថាថ្ងៃខាងមុខ របកគំហើញមួយនេះនឹងអាចបម្រើដល់ប្រយោជន៍មនុស្សជាតិយ៉ាងច្រើនផ្នែកដូចជាជួយដល់បរិស្ថានដោយដើរតួជាអ្នកប្រមូលនឹងបំបែកសារធាតុប្លាស្ទិចនៅក្នុងសមុទ្រ ពោលគឺសម្អាតទឹកនិងធានានូវគុណភាពទឹកដោយការកម្ទេចចូលនូវសំណល់ប្លាស្ទិច ក៏ដូចជារួមចំណែកក្នុងវិស័យវេជ្ជសាស្ត្រដោយធ្វើជាអ្នកចែកចាយសារធាតុឱសថឱ្យត្រូវទៅតាមកន្លែងនៃសារពាង្គកាយមនុស្ស ហើយគេក៏អាចប្រើវាក្នុងការភ្ញោចកោសិកាភាពស៊ាំក្នុងការព្យាបាលជម្ងឺផងដែរ។ ជាមួយគ្នានេះ គេក៏រំពឹងថានឹងព្យាយាមបន្ថែមនូវភាពឆ្លាតវៃដល់ Xenobot រហូតដល់ដំណាក់កាលដែលវាអាចប្រតិបត្តិការដោយគ្មានអន្តរាគមន៍ និងការបញ្ជាពីមនុស្ស។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ន មិនទាន់មានគោលដៅដ៏ច្បាស់លាស់ណាមួយក្នុងការប្រើប្រាស់ Robot មួយប្រភេទនេះនៅឡើយ ដោយគ្រប់យ៉ាងកំពុងស្ថិតនៅក្នុងការរុករកនិងរំពឹងទុកតែប៉ុណ្ណោះ។

អវសានកថា

ជាមួយនឹងទំហំដែលមិនអាចមើលឃើញដោយភ្នែកទទេ បូករួមនឹងសមត្ថភាពហួសពីការស្មានមួយចំនួនដូចដែលបានរៀបរាប់ពីខាងលើ Xenobot ក៏អាចក្លាយជាបញ្ហាព្រួយបារម្ភមួយផងដែរទន្ទឹមនឹងផលប្រយោជន៍ទាំងអម្បាលមាណដែលគេរំពឹងទុក។ យ៉ាងណាមិញ​ ក្នុងការធានាពីវិស្វកររបស់ Robot នេះ ពួកគេបានធានាថាមនុស្សយន្តទាំងនោះនឹងស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នៅក្នុងប្រអប់សុវត្ថិភាពក្នុងមន្ទីរពិសោធន៍ ហើយពួកវាអាចត្រូវបានគេបំផ្លាញតាមបែបជីវសាស្ត្របានយ៉ាងងាយ(Bio-degrade)។ លើសពីនេះ​ ក្នុងការគ្រប់គ្រងនិងប្រើប្រាស់ Xenobot នឹងត្រូវបានធ្វើឡើងដោយគិតគូរទៅដល់សុវត្ថិភាព និងប្រកបក្រមសីលធម៌វិជ្ជាជីវៈជាទីបំផុត៕

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ