"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ហេតុអ្វីចិននិងតៃវ៉ាន់ឈ្លោះគ្នាមិនចេះឈប់?

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ

ចាប់តាំងពីឆ្នាំ១៩៤៩មក វត្តមាននៃចិនដីគោក និងចិនដីកោះបានបង្ហាញខ្លួនឡើងបន្ទាប់ពីកង​ទ័ព​អ្នក​ជាតិ​និយម​ចិន​ដែលកាលនោះ ​ដឹកនាំ​ដោយលោក ឈៀង កៃសេក​ Chiang Kai-Shek បាន​ច្បាំង​ចាញ់​កង​ទ័ព​កុម្មុយនិស្ត​របស់លោក ម៉ៅ សេទុង Mao Tsé-Toung បន្ទាប់មក លោក ឈៀង កៃសេក បាន​ភៀសខ្លួនមក​ប្រកាស​បង្កើត​សាធារណរដ្ឋ​ចិននៅឆ្នាំ១៩៤៩ នៅ​លើ​កោះ​តៃវ៉ាន់។ ដោយឡែក សម្រាប់លោក ម៉ៅ សេទុង វិញ ក៏បាន​ប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិនផងដែរ​ដោយធ្វើឡើងនៅក្នុង​ឆ្នាំ​១៩៤៩ដូចគ្នា។

ដើមឡើយ វត្តមានរបស់ចិនទាំងពីនេះបានធ្វើឱ្យពិភពលោកពិបាកក្នុងការសម្រេចចិត្តទទួលស្គាល់ចិនមួយណាឱ្យពិតប្រាកដណាស់។ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកបានប្រកាសទទួលស្គាល់ប្រទេសចិនដីគោកដោយផ្អែកទៅលើគោលការណ៍ប្រទេសចិនតែមួយ (One-China Principle)។ ក្រោយមកទៀត ប្រទេសសមាជិកនៃអង្គការសហប្រជាជាតិដទៃទៀតក៏ចាប់ផ្ដើមប្រកាសទទួលស្គាល់ចិនដីគោកបន្ថែមទៀត ដែលការណ៍នេះបានធ្វើឱ្យចិនតៃវ៉ាន់អាក់អន់ស្រពន់ចិត្តជាមួយនឹងសហគមន៍អន្តរជាតិផង និងចិនដីគោកផង។ មូលហេតុនោះគឺ ចិនតៃវ៉ាន់ធ្លាប់ជាស្ថាបនិកចូលរួមបង្កើតអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៤៥ មួយក្នុងចំណោម៥១ប្រទេសនៅលើពិភពលោក។

មួយវិញទៀត កិច្ចព្រមព្រៀងកាលពីឆ្នាំ១៩៩២ (1992 Consensus) ធ្វើឡើងរវាងតំណាងនៃបក្សកុម្មុយនិស្តចិន (the Chinese Communist Party) និងគណបក្សគួកមិញតាង ដែលកាលនោះគណបក្សគួកមិញតាងជាបក្សកាន់អំណាចនៅលើកោះតៃវ៉ាន់។ ក្នុងកិច្ចព្រមព្រៀងនោះបានចែងថា «ភាគីទាំងពីរនៃច្រកសមុទ្រជាកម្មសិទ្ធិរបស់ប្រទេសចិនតែមួយ (One China) ហើយនឹងធ្វើការរួមគ្នាដើម្បីស្វែងរកការបង្រួបបង្រួមជាតិឡើងវិញ»។ ពាក្យ ប្រទេសចិនតែមួយ ក្នុងន័យនេះចិនដីគោកអះអាងថា ខ្លួនជាអ្នកតំណាងឱ្យប្រទេសចិនតែមួយ ផ្ទុយទៅវិញ តៃវ៉ាន់ក៏បានអះអាងដូចគ្នាដែរថា ខ្លួនទេដែលជាអ្នកតំណាងឱ្យប្រទេសចិនតែមួយ។

ក្នុងរដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋប្រជាមានិតចិនបានចែងថា «កោះតៃវ៉ាន់គឺជាទឹកដីដ៏ពិសិដ្ឋរបស់ប្រទេសចិន» ហើយទីក្រុងប៉េកាំងតែងតែរំពឹងទុកថានឹងអាចប្រើយុទ្ធសាស្ត្រណាមួយក្នុងការបង្រួបបង្រួមដែនកោះមួយនេះមកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន។ ប្រសិនបើទីក្រុងប៉េកាំងអាចធ្វើបានមែន នោះកោះតៃវ៉ាន់នឹងក្លាយទៅជាដែនដីពិសិដ្ឋយ៉ាងពិតប្រាកដ ព្រោះគ្រាន់តែនិយាយពីភូមិសាស្ត្រនៃកោះមួយនេះ ក៏ឃើញថាវាជាប់នឹងសមុទ្រចិនខាងត្បូង ដែលអាចក្លាយទៅជាកំពង់ផែសេដ្ឋកិច្ចសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងមូលដ្ឋានយោធាដ៏មានសក្ដានុពលរបស់ប្រទេសចិនដីគោក។

គោលជំហររបស់កោះតៃវ៉ាន់

បច្ចុប្បន្ន ចិនតៃវ៉ាន់នៅតែជាកោះមួយដែលមានប្រព័ន្ធគ្រប់គ្រងដាច់ដោយឡែកពីចិនដីគោក។ សម្រាប់ជំហរគណបក្សកាន់អំណាចរបស់ចិនតៃវ៉ាន់បច្ចុប្បន្នគឺគណបក្ស​ចំរើន​ប្រជាធិបតេយ្យ (Democratic Progressive Party) ​របស់​លោកស្រី ឆៃ អ៊ិងវេន Tsai Ing-Wen ដែលធ្លាប់​បាន​ឈ្នះឆ្នោត​ភ្លូកទឹក ភ្លូកដី កាលពី​ឆ្នាំ ២០១៦ តែងតែចង់ប្រកាសឯករាជ្យជាផ្លូវការរហូតមកដល់សព្វថ្ងៃ។ ផ្ទុយទៅវិញ គណបក្សប្រឆាំងគឺ​គណបក្ស​គួកមិញតាង Kuomintang បែជា​មានជំហរ​ស្និទ្ធ​ទៅរក​ក្រុង​ប៉េកាំង​ហើយជាទូទៅ គណបក្ស​គួកមិញតាងតែងតែគ្មានបំណងប្រកាសឯករាជ្យទេ គឺពួកគេចង់បន្តរក្សាស្ថានភាពនយោបាយឱ្យស្ថិតនៅជាធម្មតា មិនប្រែប្រួល។

ប្រតិកម្មពីសំណាក់ចិនដីគោក

អ្នកជំនាញភូមិសាស្ត្រនយោបាយ លោក ហ្សង់-ហ្វ្រង់ស័រ តាន់ ធ្លាប់បានលើកឡើងថាមេដឹកនាំចិនដីគោកបានព្យាយាមអូសទាញចិន​តៃវ៉ាន់​មក​ដាក់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន ជា​រឿង​មួយដែល​ចាំបាច់​បំផុត ពីព្រោះ​ចិន​នឹង​មិន​អាច​មាន​ឈ្មោះ​ជា​មហា​អំណាច​តំបន់ ឬ​ជា​មហា​អំណាច​ពិភពលោក​ពិត​ប្រាកដ​បាន​ទេ ប្រសិន​បើ​នៅ​តែ​បន្តស្ថិតក្នុងស្ថានភាពបែបនេះ​ត​ទៅ​ទៀត គឺចិន​ដី​គោក និង​ចិន​តៃវ៉ាន់ ចិន​កុម្មុយនិស្ត និង​ចិន​ប្រជាធិបតេយ្យ នៅ​លើ​ឆាក​អន្តរជាតិ។ ក្នុងក្រសែភ្នែករបស់មេដឹកនាំចិនដីគោក តៃវ៉ាន់គ្រាន់តែជាកោះតូចមួយរបស់ប្រទេសចិនតែប៉ុណ្ណោះ។ វាបានស្ដែងបញ្ជាក់យ៉ាងច្បាស់តាមរយៈពាក្យសម្ដីរបស់រដ្ឋមន្ត្រីការបរទេសចិនដីគោក និងប្រធាធិបតីលោក ស៊ី ជីនពីង ជាដើម ដែលតែងតែអះអាងនិងបដិសេធបំណងប្រកាសឯករាជ្យរបស់តៃវ៉ាន់ជាដាច់ខាត បើមិនដូច្នោះទេ លោកនឹងអាចប្រើប្រាស់កម្លាំងទ័ពក្នុងករណីចាំបាច់។

មួយរយៈចុងក្រោយនេះ ទីក្រុងប៉េកាំងតែងតែបញ្ជូនយន្តហោះជាច្រើនគ្រឿង រួមមានប្រភេទចម្បាំងផង និងប្រភេទទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរផង ​ហោះ​ចូលរំលោភ​​ដែនអាកាសរបស់​តៃវ៉ាន់។ អ្វីដែលយើងគួរឱ្យចាប់អារម្មណ៍នោះគឺប្រតិកម្មរបស់សហរដ្ឋអាមេរិកថ្មីៗនេះបានបង្ហាញស្ដែងៗថានឹងជួយតៃវ៉ាន់ និងប្រឆាំងចិនចំៗ ខណៈនយោបាយការបរទេសរបស់អាមេរិកលើបញ្ហានេះតែងតែព្យាយាមបង្ហាញភាពស្រពេចស្រពិលថាឈរលើគោលជំហរអ្វីឱ្យប្រាកដអស់ជាច្រើនឆ្នាំ។

ជាក់ស្ដែងអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ និងគូរប្រជែងជាមួយចិនបានប្រកាសថានឹង​លើក​ទ័ពទៅជួយតៃវ៉ាន់ ប្រសិនបើចិនហ៊ានបើកការវាយប្រកាស​យោធាមកលើកោះ​តៃវ៉ាន់​។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកក៏បានបង្ហាញស្ដែងៗថាមានវត្ដមានយោធារបស់ខ្លួនក្នុងទឹកដីតៃវ៉ាន់ដើម្បីជួយបង្វឹកកងទ័ព និងអាចការពារតៃវ៉ាន់ក្នុងស្ថានភាពអាសន្នណាមួយ។ ជាក់ស្ដែង មួយឆ្នាំចុងក្រោយនេះ កងទ័ពអាមេរិកត្រូវបានដាក់ពង្រាយនៅកោះតៃវ៉ាន់ ហើយអង្គភាពប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក និងកងម៉ារីនមួយក្រុមបានកំពុងប្រតិបត្តិការសម្ងាត់នៅក្នុងកោះតៃវ៉ាន់ ដើម្បីបណ្តុះបណ្តាលកងកម្លាំងយោធានៅទីនោះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការការពារកោះមួយនេះ ខណៈដែលមានការព្រួយបារម្ភអំពីការកើនឡើងខ្លាំងនៃភាពតានតឹងរវាងតៃវ៉ាន់និងចិនដីគោក នេះបើយោងតាម The Wall Street Journal។

សម្រាប់តៃវ៉ាន់ ក៏មិនអាចឈមើល ប្រងើយកន្តើយនឹងការរំលោភដែនអធិបតេយ្យភាពពីសំណាក់ចិនដីគោកនោះទេ ដោយលោកស្រី ឆៃ អ៊ីងវេន ស្វះស្វែងរកខ្នងបង្អែកនិងពង្រឹងសមត្ថភាពរបស់ខ្លួនទាំងការទូតផងនិងយោធាផង។ ជាក់ស្ដែង លោកស្រីបាន ឆៃ អ៊ីងវេន បញ្ចាក់យ៉ាងច្បាស់ថា ប្រសិនបើកោះតៃវ៉ាន់ដួលរលំ លទ្ធផលអាចនឹងជាគ្រោះមហន្តរាយចំពោះសន្តិភាពក្នុងតំបន់ និងសម្ព័ន្ធភាពប្រជាធិបតេយ្យ ហើយវា​អាច​ជា​សញ្ញាមួយផងដែរ​ថា​ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​តម្លៃ​សកល​សព្វ​ថ្ងៃ​នេះ គឺរបប​ផ្តាច់ការ​​​មានឥទ្ធិពលលើលទ្ធិប្រជាធិបតេយ្យ។

អន្តរាគមន៍របស់សហគមន៍អន្តរជាតិ

មិនត្រឹមតែប៉ុណ្ណោះ ប្រធានគណៈ​ប្រតិ​ភូសហភាព​អឺរ៉ុប​បានធ្វើទស្សនកិច្ចផ្លូវការមួយនៅទីក្រុងតៃប៉ិ​កាលពីដើមខែវិច្ឆិកា ហើយបានលើកឡើងថាលទ្ធិប្រជាធិបតេយ្យនៃកោះតៃវ៉ាន់គឺជា កំណប់ទ្រព្យ និងបានសន្យាថាសហភាពអ៊ឺរ៉ុបនឹងគាំទ្រកោះតៃវ៉ាន់ នេះបើយោងតាមគេហទំព័រ European Parliament។ ដោយឡែកនៅក្នុងអាស៊ីវិញ ប្រទេសជប៉ុនឯណោះវិញ ក៏បានអំពាវនាវឱ្យសម្ព័ន្ធមិត្តប្រជាធិបតេយ្យទាំងអស់រួបរួមសាមគ្គីការពារកោះតៃវ៉ាន់ពីការឈ្លានពានរបស់ចិនដីគោកផងដែរ។ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសថ្មីរបស់ជប៉ុន លោក Yoshimasa Hayashi បាននិយាយតាមទូរស័ព្ទជាមួយសមភាគីចិនលោក Wang Yi ដោយលើកឡើងថា សន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ក្នុងន័យនេះ លោកមិនគាំទ្រសោះឡើយនូវទង្វើរបស់ទីក្រុងប៉េកាំងដែលធ្លាប់បានរំលោភដែនអាកាសរបស់តៃវ៉ាន់។

មិនតែប៉ុណ្ណោះ តៃវ៉ាន់នឹងក្លាយជាភាគីតែមួយគត់ដែលមិនមែនជាប្រទេសចូលរួមកិច្ចប្រជុំប្រជាធិបតេយ្យ ដែលរៀបចំឡើងដោយប្រធានាធិបតីចូ​ បៃឌិន។ យោងតាមការចេញផ្សាយរបស់​ CNN មានប្រទេសចំនួន ១១០ ដែលត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំ​​ Summit for Democracy នៅខែក្រោយ ក្រោមគោលបំណងបញ្ឈប់ការដើរថយក្រោយលទ្ធិប្រជាធិបតេយ្យ និងការរឹតត្បិតសិទ្ធិសេរីភាព។ គួរំលេចបន្តិចថា ក្នុងបញ្ជីឈ្មោះបែជាមានឈ្មោះតៃវ៉ាន់ ប៉ុន្តែគ្មានឡើយប្រទេសមហាអំណាចចិន និងរូស្សី។ ក្នុងករណីនេះ ខាងភាគីប្រទេសចិនបានចោទថាទង្វើរនេះគឺជាកំហុសមួយ ដែលចិនប្រឆាំងទំនាក់ទំនងការទូតផ្លូវការណាមួយរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់។ ទន្ទឹមនឹងនេះ ប្រធានាធិបតី ស៊ី ជីងពីង ធ្លាប់បានលើកឡើងថាតៃវ៉ាន់តែកំពុងស្វះស្វែងរកឯករាជ្យភាពនិងអ្នកគាំទ្រ កំពុងលេងជាមួយភ្លើង។

ជារួម ថ្វីត្បិតកោះតៃវ៉ាន់មិនបានប្រកាសឯករាជ្យជាឱឡារឹកពីប្រទេសចិន ប៉ុន្តែ សហគមន៍អន្តរជាតិ ជាពិសេស បណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តប្រជាធិបតេយ្យកំពុងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងបញ្ហាមួយនេះ ដោយនឹងមិនបណ្ដោយឱ្យកោះប្រជាធិបតេយ្យតូចមួយនេះ ធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃចិនបានឡើយ។ ដោយឡែក ប្រទេសចិនក៏ហាក់ដូចជាកំពុងព្យាមយាមខ្លាំងណាស់ក្នុងការប្រើយុទ្ធសាស្រ្តបង្រួបបង្រួមកោះតៃវ៉ាន់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយយើងអាចមើលឃើញតាមរយៈព្រឹត្តិការណ៍កន្លងមកគឺប្រទេសចិនប្រើយុទ្ធសាស្រ្តការទូតផង កម្លាំងយោធាគំរាមកំហែងផង និងដាក់កោះមួយនេះឱ្យឃ្លាតពីអន្តរជាតិផង។

ផ្លែផ្កាដែល កម្ពុជា ទាញបានក្នុងឧបសគ្គ កូវីដ១៩

កាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅនេះ The Economist Intelligence Unit បានចេញរបាយការណ៍ដែលមានខ្លឹមមួយថា ប្រទេសកម្ពុជាបានសម្រេចនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងអត្រាមួយយ៉ាងខ្ពស់ ដែលជោគជ័យនេះបានមកពីការជួយជ្រោមជ្រែងពីប្រទេសចិន។ អ្វីដែលគួឱ្យចាប់អារម្មណ៍នោះគឺរបាយការណ៍នេះបានបន្ថែមទៀតថាប្រទេសកម្ពុជាបានសរបញ្ជាក់ពីការបា៉ន់ស្មានមួយត្រូវ ត្រង់ប្រទេសកំពុងអភិវឌ្ឍមិនអាចផ្ដេកផ្ដួលលើយុទ្ធនាការ COVAX ទាំងស្រុងដើម្បីសម្រេចការចាក់វាក់សាំងនោះឡើយ។ ក្នុងន័យនេះ ប្រសិនបើប្រទេសកម្ពុជាពឹងផ្អែកទាំងស្រុងលើយុទ្ធនាការ COVAX ដែលជាយុទ្ធនាការសម្រាប់កាត់បន្ថយគម្លាតដោយការចែកចាយវាក់សាំងកូវីដ១៩ក្នុងសកលលោក នោះកម្ពុជាប្រហែលជាមិនអាចបើកសេដ្ឋកិច្ចវិញក្នុងខែវិច្ឆិកាឡើយ នោះគឺដោយសារតែវ៉ាក់សាំងដែលទទួលបានពីយុទ្ធនាការ COVAX មានចំនួនតិច ហើយយោងតាមការចេញផ្សាយរបស់​ UNICEF គិតត្រឹមថ្ងៃទី១៥​ ខែវិច្ឆិកា កម្ពុជាទទួលបានត្រឹមតែ​ជិត ៣ លានដូសប៉ុណ្ណោះពីយុទ្ធនាការមួយនេះ។ ជាក់ស្ដែងប្រទេសកម្ពុជាបានសម្រេចនៅការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋបានលើសពីផែនការក្នុងរយៈពេលយ៉ាងលឿន ដែលលើសពី ៨០% នៃចំនួនប្រជាជនសរុប ហើយអត្រានេះមានកម្រិតខ្ពស់ជាងគេនៅតំបន់អាស៊ានបន្ទាប់ពីប្រទេសសឹង្ហបុរី។ គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ប្រទេសកម្ពុជាបានទទួលវាក់សាំងកូវីដ១៩បានជាង ៣០ លានដូស ដែលក្នុងនោះប្រទេសចិនគឺជាប្រភពផ្គត់ផ្គង់ច្រើនលើសលុប រាប់ទាំងជំនួយផងនិងការបញ្ជារទិញផង។ ភាពជោគជ័យនៃការស្រោចវាក់សាំងដ៏រហ័សនេះបានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ហើយប្រមុខរាជរដ្ឋាភិបាលក៏បានរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញលើស ៥% នៅឆ្នាំ២០២២។ ក្នុងកាលៈទេសៈដែលក្នុងគ្រោះមានលាភនិងក្នុងឧបសគ្គតែងមានឱកាស ប្រទេសកម្ពុជាបានទទួលបានសម្ធិទ្ធផលទាំងផ្នែកការទូត និងសេដ្ឋកិច្ច។

 ផ្នែកការទូត និងនយោបាយការបរទេស

ប្រទេសកម្ពុជាគឺជាប្រទេសដំបូងនៅក្នុងតំបន់អាស៊ាន ដែលទទួលបានវ៉ាក់សាំងពីយុទ្ធនាការ COVAX មុនគេ។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាក៏ទទួលបានជំនួយវាក់សាំងដ៏ចម្រុះ ដូចជាប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអង់គ្លេស។ សម្ធិទ្ធិផលទាំងនេះបានមកពីនយោបាយការបរទេសយ៉ាងល្អរបស់ប្រទេសកម្ពុជា ដែលអាចកសាងទំនាក់ទំនងអន្តរជាតិយ៉ាងជិតស្និតរហូតអាចទទួលបានជំនួយជាបន្តបន្ទាប់។ ជំនួយវាក់សាំងទាំងនេះអាចបង្កើតបានជារូបភាពចំនួន ២ ធំៗ ទី (១) ប្រទេសកម្ពុជាមិនចំបាច់ចំណាយថវិការជាតិទៅលើវាក់សាំងមួយផ្នែក និងទី (២) បង្ហាញទៅសាធារណៈជនថាកម្ពុជាបើកចិត្ដនិងបើកទំនាក់ទំនងអន្តរជាតិដោយឥតព្រំដែនទៅលើប្រទេសណាដែលចង់ចងស្ពានចងមេត្រីជាមួយកម្ពុជា។

ប្រទេសកម្ពុជាក៏បានបង្ហាញពីស្មារតីសាមគ្គីភាព និងការចេះជួយយកអាសារជាមួយមិត្ដជាប់ភូមិផងរបងតែមួយ និងសមាជិករបស់អាស៊ានតាមរយៈការផ្ដល់ជំនួយជាដើម។ ក្នុងន័យនេះ ត្បិតតែប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍនិងមានមាឌតូចក៏ពិតមែន ប៉ុន្តែមានបេះដូងធំទូលាយក្នុងការជួយយកអាសារគ្នាក្នុងគ្រាមានអាសន្ន និងរីករាយក្នុងការអនុវត្ដវប្បធម៌ចែករំលែក។ ជាក់ស្ដែង ប្រទេសកម្ពុជាបានផ្ដល់ជំនួយជាបន្តបន្ទាប់ជាថវិការផង សម្ភារៈការពារកូវី១៩រួមមានម៉ាសនិងម៉ាស៊ីនផលិតអុកស៊ីសែនផង និងវាក់សាំងផង ជាមួយប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាមជាដើម។

បន្ថែមលើនេះ កិត្ដិស័ព្ទរបស់ប្រទេសកម្ពុជាបានក្រអូបសាយភាពនៅលើឆាកអន្តរជាតិរាប់ចាប់តាំងពីការព្រមទទួលយនាវាទេសចរណ៍របស់សហរដ្ឋអាមេរិក Westerdam ។ អំពើល្អរបស់ប្រទេសកម្ពុជាមួយនេះត្រូវបានប្រធានាធិបតីអាមេរិក និងអគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) ជាដើមបានថ្លែងអំណរគុណ និងចាត់ទុកការអនុញ្ញាតនាវាចូលចតនេះគឺមានសេចក្តីក្លាហាន និងការបង្ហាញនូវក្តីស្រលាញ់ចំពោះអ្នកដំណើរជាង ២០០០ នាក់ ដែលនៅតែលតោលលើសមុទ្រដោយសារគេមិននអនុញ្ញាតឱ្យចុះចតក្រោមហេតុផលកូវីដ១៩។ កម្ពុជាធ្លាប់តែគេច្រើននិយាយអំពីរបបប្រល័យពូជសាសន៍ ប៉ុន្តែនៅចាប់ពីពេលតទៅ ប្រទេសកម្ពុជាក៏ត្រូវបានពិភពលោកស្គាល់បន្ថែមទៀតថាជាប្រទេសដែលបានសម្រេចចាក់វ៉ាក់សាំងច្រើនជាងគេ មានសន្ដានចិត្ដនិងគុណធម៌ និងការរីកលូតលាស់សេដ្ឋកិច្ចលឿនគួរឱ្យកត់សម្គាល់។

ផ្នែកសេដ្ឋកិច្ច

ក៏ទោះបីជាសេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកលូតលាស់គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ ប៉ុន្តែក៏ដូចប្រទេសក្នុងពិភពលោក សេដ្ឋកិច្ចកម្ពុជាក៏បានដាំក្បាលចុះក្រោមដែរ។ ជាក់ស្ដែង វិស័យទេសចរណ៍ដែលជាឧស្សាហកម្មគ្មានផ្សែងត្រូវបានបង្អាក់ និងសង្វាក់ផលិតកម្មក៏ត្រូវបានរំខានដោយសារការបិទខ្ទប់និងវិធានការទប់ស្កាត់ការរីករាលដាលកូវីដ១៩។ កាលពីចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានធនាគារអភិវឌ្ឍអាស៊ីបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនអត្រា ៤% ប៉ុន្តែ ការព្យាករណ៍នេះត្រូវបានផ្លាស់ប្ដូរមកវិញត្រឹម ១,៩% នៅខែកញ្ញា ឆ្នាំ២០២១ ដោយសារតែការអូសបន្លាយនៃព្រឹត្ដិការណ៍ ២០ កុម្ភៈ រួមជាមួយការបិទខ្ទប់ ការរំខាននៃសង្វាក់ផលិតកម្ម និងការផ្អាកអាជីវកម្មដែលមានហានិភ័យខ្ពស់។ ជាការឆ្លើយតប រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនជាបន្តបន្ទាប់ដូចជាដើម្បីបន្ថយផលប៉ះពាល់នៃការរីករាលដាលកូវីដ១៩ សំដៅទៅជួយដល់អាជីវកម្មអាទិភាព និងប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ។ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណារក្សាស្ថិរភាពហិរញ្ញវត្ថុ និងរក្សាភាពធន់នៃវិស័យធនាគារ។ ជាលទ្ធផល ប្រព័ន្ធធនាគារ នៅរក្សាបាននូវភាពធន់ដែលឆ្លុះបញ្ចាំងតាមរយៈភាពរឹងមាំនៃដើមទុននិងសន្ទនីយភាព ការរក្សាបានលទ្ធភាពស្វែងរកប្រាក់ចំណេញ ក៏ដូចជាកម្រិតទាបឥណទានមិនដំណើរការ។ ជាមួយគ្នានេះ ចំនួនប្រាក់បញ្ញើនៅតាមគ្រឹះស្ថានផ្ដល់សេវាហិរញ្ញវត្ថុផ្លូវការបានកើនឡើងគួរឱ្យកត់សម្គាល់។ យោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ឆ្នាំ២០២១ ទំហំប្រាក់បញ្ញើនៅធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួន ៣៦,៦ ប៊ីលានដុល្លារអាមេរិក ដែលទទួលពីអតិថិជនចំនួន ៩,៧ លានគណនី។

តាមរយៈការរក្សាបាននូវភាពធន់របស់ប្រព័ន្ធធនាគារ ធនាគារជាតិនៃកម្ពុជា ទទួលបានពានរង្វាន់ជាបន្តបន្ទាប់។ ជាក់ស្ដែង ឯកឧត្តម ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ និងបានរួមចំណែកជំរុញកំណើន និងរក្សាស្ថិរភាពសេដ្ឋកិច្ចក្នុងស្ថានភាពដែលកម្ពុជាទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទស្សនាវដ្តីអន្តរជាតិ The Banker។ ជាមួយគ្នាដែរ ធនាគារជាតិនៃកម្ពុជា ត្រូវបានជ្រើសរើសជា និយ័តករធុរកិច្ចដែលល្អបំផុត ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកពី THE ASIAN BANKER។ ការទទួលបាននូវពានរង្វាន់ ជាបន្តបន្ទាប់នេះ សរបញ្ជាក់ពីភាពជោគជ័យលើវិញ្ញាសារដោះស្រាយវិបត្ដិកូវីដ ១៩ កាលពីឆ្នាំ២០២០។
ជាមួយគ្នានេះ កម្ពុជាក៏មានកាលានុវត្ដលើប្រព័ន្ធធនាគារដែរជាពិសេសគឺការកើនឡើងនៃការទូទាត់ដោយប្រើប្រាស់កាបូបអេឡិចត្រូនិក (E-wallet)។ ទំហំនៃការទូទាត់សាច់ប្រាក់អេឡិចត្រូនិកមានការរំពឹងថានឹងបន្តកើនឡើងក្នុងឆមាសទី២ ឆ្នាំ២០២១ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលការទូទាត់ក្នុងសេដ្ឋកិច្ច។ គួររំលេចបន្តិចថា ធនាគារជាតិនៃកម្ពុជាក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបាគង ដែលនេះបានលើកមុខមាត់របស់ប្រទេសយើងនៅលើឆាកអន្តរជាតិក្នុងវិស័យធនាគារ ដោយសារយើងកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីទូទាត់ប្រាក់អន្តរធនាគារក្នុងស្រុកនិងក្រៅប្រទេស។

ឥទ្ធិពលនៃរូបិយប័ណ្ណដុល្លាអាមេរិកទៅកាន់ពិភពលោក

រូបិយវត្ថុដុល្លារអាមេរិក គឺជារូបិយវត្ថុមួយនៅក្នុងចំណោមរូបិយប័ណ្ណអន្តរជាតិធំៗដ៏ទៃទៀត ដែលត្រូវបានគេប្រើសម្រាប់ ដោះដូរពាណិជ្ជកម្ម ចាយវាយយ៉ាងទូលំទូលាយដែលធ្វើឱ្យប្រាក់ដុល្លារអាមេរិកមានឥទ្ធិពលទៅលើគ្រប់វិស័យស្ទើរតែទូទាំងពិភពលោក។ សព្វថ្ងៃរូបិយវត្ថុមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានឡើយ នៅក្នុងការដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។ ដុល្លារអាមេរិកគឺជារូបិយវត្ថុមួយ ដែលមានសារសំខាន់ និងត្រូវបានគេជឿជាក់ក្នុងការប្រើប្រាស់ខ្លាំងបំផុតនៅលើពិភពលោក។ តើរូបិយវត្ថុនេះមានប្រវត្តិនិងលក្ខណៈពិសេសបែបណាខ្លះ ទើបបានជាធ្វើឱ្យវាមានឥទ្ធិពល គ្របដណ្ដប់នៅទូទាំងពិភពលោក និងក្លាយជារូបិយប័ណ្ណអន្តរជាតិបាន?

ប្រវត្តិនៃរូបិយវត្ថុដុល្លារអាមេរិក

នៅអំឡុងពេលដែលប្រទេសអាមេរិកកំពុងស្ថិតនៅក្រោមអាណានិគមបរទេស ប្រទេសនេះពុំមានឯកតារូបិយវត្ថុផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់ និងដោះដូរពាណិជ្ជកម្មផ្សេងៗនោះទេ។ ប្រជាជនក្នុងស្រុកបានចាយលុយប្រទេសដែលជាម្ចាស់អាណានិគមដូចជា អង់គ្លេស បារាំង និងអេស្ប៉ាញ ខណៈ ដែលការចាយលុយនោះគឺស្ថិតនៅក្រោមច្បាប់របស់អាណានិគមអង់គ្លេស។ ទោះបីជាយ៉ាងណាក៏ដោយ សភាអាមេរិកបានអនុម័តឱ្យមានការបោះពុម្ពកាក់លុយជាលើកដំបូងនៅឆ្នាំ ១៧៧៥ ដើម្បីផ្ដល់ហិរញ្ញប្បទាន សម្រាប់ទ្រទ្រង់សង្គ្រាមបដិវត្តន៍ដើម្បីទាមទារឯករាជ្យពីចក្រភពអង់គ្លេស។ លោក Paul Revere បានបង្កើតកាក់ និងក្រដាសប្រាក់ដែលមានឈ្មោះថា “Continental Currency” ដោយក្រដាសប្រាក់នេះ អាចប្ដូរយកលុយដុល្លារអេស្ប៉ាញបាននាពេលនោះ។ ក៏ប៉ុន្តែ ក្រោយមក ការធ្លាក់ចុះនៃតម្លៃរបស់រូបិយវត្ថុ “Continental Currency” នេះ បានធ្វើឱ្យមានការបង្កើតឃ្លាមួយថា “not worth a Continental” ហើយក៏លែងមានការចាយកាក់ និងក្រដាសប្រាក់ “Continental Currency” តទៅទៀតនៅត្រឹមឆ្នាំ ១៧៧៩។ មូលហេតុដែលធ្វើឱ្យរូបិយវត្ថុនេះបានបាត់បង់តម្លៃរបស់ខ្លួនលឿនដូច្នេះ ដោយសារតែវាមិនបានភ្ជាប់ទៅទៅនឹងតម្លៃមាស ឬក៏ប្រាក់ មិនតែប៉ុណ្ណោះក្រដាសប្រាក់នេះបានបោះពុម្ពច្រើនហួសកំណត់ ដែលនាំឱ្យបាត់បង់តម្លៃ។

ឆ្នាំ ១៧៩២ បន្ទាប់ពីរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកត្រូវបានផ្ដល់សច្ចាប័ន សភាអាមេរិកបានអនុម័តច្បាប់ “mint” នៅថ្ងៃទៅ ២ ខែមេសា ដោយច្បាប់នេះ បានកំណត់ថា ប្រព័ន្ធការចាយកាក់និងប្រាក់ដុល្លារ គឺជាឯកតានៃរូបិយវត្ថុរបស់អាមេរិក។ កាក់ដុល្លារដំបូងគេរបស់អាមេរិកត្រូវបានគេផលិតនិងដាក់ឱ្យចរាចរណ៍ជាផ្លូវការនៅឆ្នាំ ១៧៩៣ ក្នុងទីក្រុង Martha Washington ។ គេត្រូវរងចាំរហូតមកដល់ឆ្នាំរហូតដល់ឆ្នាំ ១៨៦១ ទើបមានការបោះពុម្ពក្រដាសប្រាក់ដុល្លារជាផ្លូវការ ហើយមានការដាក់ចរាចរណ៍ចាយវាយ និងមានការផ្លាស់ប្ដូររូបរាងជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ន ការបោះពុម្ពក្រដាសប្រាក់ត្រូវរងចាំយូរបែបនេះ ដោយសារតែរដ្ឋាភិបាលបារម្ភខ្លាចមានការបាត់បង់តម្លៃនៃក្រដាសប្រាក់លឿនដូច “Continental Currency” ម្ដងទៀត។ ដោយឡែក ក្រដាសប្រាក់ដុល្លារដែលយើងប្រើប្រាស់សព្វថ្ងៃនេះគឺត្រូវបានបង្កើតនៅ ឆ្នាំ ១៩១៤ បន្ទាប់ពីបានបង្កើតច្បាប់ (Federal Reserve Act)នៅសហរដ្ឋអាមេរិក។

មូលហេតុអ្វីបានជាក្រដាសប្រាក់ដុល្លារមានឥទ្ធិពលសាយភាយពាសពេញពិភពលោក?

សព្វថ្ងៃនេះច្រើនជាង ៦១ % នៃទុនបម្រុងក្នុងធនាគារបរទេសទូទាំងពិភពលោកគឺត្រូវបានគេប្រើប្រាស់រូបិយប័ណ្ណលុយដុល្លារអាមេរិក។ ដូច្នេះវាគ្មានអ្វីចម្លែកនោះទេ ដែលអាមេរិកគឺជាមហាអំណាចដឹកនាំពិភពលោកលើវិស័យធំៗដូចជា កម្លាំងយោធា សេដ្ឋកិច្ច និងនយោបាយ។ ទន្ទឹមនឹងនោះមានហេតុផលធំៗចំនួនពីរដែលនាំឱ្យលុយដុល្លារអាមេរិកមានឥទ្ធិពលខ្លាំងខ្លាមកលើពិភពលោករហូតមកទល់សព្វថ្ងៃនេះ ដោយហេតុផលទាំងនោះមានដូចជា៖

ស្ដង់ដាមាស

មុនសង្គ្រាមលោកលើកទី១ ប្រទេសអភិវឌ្ឍន៍ភាគច្រើន បានយកភ្ជាប់រូបិយវត្ថុរបស់ពួកគេទៅជាមាសដើម្បីជាមធ្យោយបាយមួយ រក្សាស្ថិរភាពនៃតម្លៃក្នុងការផ្លាស់ប្ដូររូបិយប័ណ្ណសកល។ ប៉ុន្តែនៅពេលដែលសង្គ្រាមលោកលើកទី១ បានផ្ទះឡើងនៅឆ្នាំ ១៩១៤ ប្រទេសជាច្រើនបានផ្អាកការប្រើប្រាស់ស្ដង់ដារមាសរបស់ពួកគេ ហើយបង់ថ្លៃការចាយវាយលើវិស័យយោធាជាក្រដាសប្រាក់សុទ្ធជំនួសវិញ ដើម្បីបញ្ចុះតម្លៃរូបិយវត្ថុរបស់គេរៀងៗខ្លួនឱ្យនៅទាប ព្រោះការឈប់ប្រើប្រាស់មាសជាគោលភ្ជាប់ទៅនឹងរូបិយវត្ថុរបស់ពួកគេងាយធ្លាក់ថ្លៃ។ ក្នុងចំណោមប្រទេសទាំងនោះ មានតែអង់គ្លេសប៉ុណ្ណោះដែលរក្សាស្ដង់ដាមាសរបស់ខ្លួន ដើម្បីរក្សាតម្លៃរូបិយវត្ថុរបស់ខ្លួនឱ្យឈានមុខគេលើពិភពលោក។ ទន្ទឹមនឹងនោះដែរ អង់គ្លេសក៏បានខ្ចីប្រាក់ពីអាមេរិកជាលើកដំបូងនៅអំឡុងពេលធ្វើសង្គ្រាមលោកលើកទី១ បានបីឆ្នាំ។

សហរដ្ឋអាមេរិកបានក្លាយជាអ្នកផ្ដល់ប្រាក់កម្ចីសម្រាប់ប្រទេសជាច្រើននៅពេលនោះ ហើយមានប្រទេសជាច្រើនចង់ទិញមូលបត្របំណុលសហរដ្ឋអាមេរិកដែលមានឯកតារូបិយវត្ថុជាប្រាក់ដុល្លារអាមេរិក។ នៅទីបំផុតអង់គ្លេសបានបះបង់ចោលស្ដង់ដាមាសរបស់ខ្លួននៅឆ្នាំ១៩៣១ ដែលធ្វើឱ្យខូចគណនីធនាគាររបស់ពាណិជ្ជករអន្តរជាតិប្រើប្រាស់ប្រាក់ផោន។ នៅពេលនោះ ប្រាក់ដុល្លារអាមេរិកបានជំនួសប្រាក់ផោនជារូបិយប័ណ្ណបម្រុងអន្តរជាតិដែលឈានមុខគេ។

ការបង្កើតឱ្យមានកិច្ចព្រមព្រៀង Bretton Woods

មុនពេលដែលអាមេរិកបានចូលរួមក្នុងសង្គ្រាមលោកលើកទី២ ប្រទេសនេះគឺជាប្រភពនៃការផ្គត់ផ្គង់ សព្វាវុធ និងទំនិញផ្សេងទៀតជាច្រើនទៅកាន់ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ ខណៈ នោះ ប្រទេសមួយភាគធំបានដោះដូរមាសជាមួយនឹងទំនិញរបស់អាមេរិក ដែលជាហេតុធ្វើឱ្យអាមេរិកក្លាយជាប្រទេសដែលមានមាសបម្រុងច្រើនជាងគេយ៉ាងមហាសាល ឯប្រទេសសម្ព័ន្ធមិត្តផ្សេងៗទៀតបានបាត់បង់មាសបម្រុងរបស់គេជាច្រើន។

នៅឆ្នាំ១៩៤៤ គណៈប្រតិភូមកពីប្រទេសចំនួន៤៤ បានមកជួបជុំគ្នានៅទីក្រុង Bretton Wood នៃរដ្ឋ New Hampshire ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងការប្ដូរប្រាក់មួយ ដែលមិននាំឱ្យប៉ះពាល់ដល់ប្រយោជន៍ប្រទេសណាមួយក្នុងពិភពលោកឡើយ។ គណៈប្រតិភូដែលមកពីប្រទេសទាំង៤៤ បានមូលមតិគ្នាថា រូបិយប័ណ្ណរបស់ពិភពលោក គឺលែងជាមាសទៀតហើយ តែត្រូវប្រើក្រដាសប្រាក់របស់អាមេរិកជំនួសវិញ ដោយសារប្រទេសនេះមានមាសបម្រុងយ៉ាងច្រើនមហាសាល។

សារៈសំខាន់នៃក្រដាសប្រាក់ដុល្លាអាមេរិក

បន្ទាប់ពីបានឆ្លងកាត់នូវព្រឹត្តិការណ៍ផ្សេងៗអស់ជាច្រើនសម័យកាល ក្រដាសប្រាក់ដុល្លារអាមេរិកក៏បានក្លាយទៅជារូបិយប័ណ្ណបម្រុង (world’s reserve currency) ដ៏ធំជាងគេនៅទូទាំងសកលលោកស្របតាមសន្និសិទ្ធ Bretton Wood ដែលសន្និសិទ្ធមួយនេះហើយបានបង្កើតឱ្យមានមូលនិធិរូបិយប័ណ្ណអន្តរជាតិ ( IMF ) និងធនាគារកណ្ដាល ( Central Bank )។ ការបង្កើតឱ្យមាននូវស្ថាប័នទាំងពីរនេះហើយដែលបានកំណត់ឱ្យមាននូវនយោបាយប្រាក់កម្ចីអន្តរជាតិដែលបច្ចុប្បន្ននេះស្ទើរតែគ្រប់បំណុលទាំងអស់ដែលកំពុងចរាចរណ៍លើទីផ្សារសកលនឹងត្រូវបានទូទាត់ទៅជាប្រាក់ដុល្លារអាមេរិកជាពិសេសគឺប្រាក់កម្ចីដែលផ្ដល់ឱ្យដោយ IMF និង Central Bank។ ជាឧទាហរណ៍ រាល់ប្រាក់កម្ចីដែលប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានពី IMF នឹងត្រូវបានផ្ដល់ឱ្យជាលុយដុល្លារអាមេរិកហើយក៏ត្រូវតែទូទាត់សងម្ចាស់បំណុលវិញជារូបិយប័ណ្ណដដែលនេះ។ លើសពីនេះរូបិយប័ណ្ណដុល្លារអាមេរិកក៏ត្រូវបានគេចាត់ទុកជារូបិយប័ណ្ណទីមួយសម្រាប់ប្រើប្រាស់នៅលើសកម្មភាពពាណិជ្ជកម្មអន្តរជាតិដោយសម្អាងលើហេតុផលបីធំៗរួមមាន៖
• អាមេរិកគឺជាប្រទេសដែលមានទំហំសេដ្ឋកិច្ចឈានមុខគេ ហើយក៏ជាជើងខ្លាំងនៅក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិដែលប្រទេសនេះអាចរ៉ាប់រងនូវរាល់ឧបសគ្គនិងការខាតបង់នានាដែលអាចកើតមានឡើងនៅថ្ងៃអនាគត
• រូបិយប័ណ្ណដុល្លាគឺជារូបបិយប័ណ្ណបម្រុងតែមួយគត់នៅក្នុងពិភពលោកដែលត្រូវបានកាន់កាប់ដោយធនាគារពាណិជ្ជកម្មនិងធនាគារកណ្ដាលដែលមានតម្លៃស្មើនឹង៦៣%នៃរូបិយប័ណ្ណបម្រុងសរុប
• ចុងក្រោយគេបង្អស់គឺការទូទាត់ទំនិញសំខាន់ៗតួរយ៉ាង តម្លៃប្រេង មាស និងស្ពាន់ក៏ត្រូវបានគិតជាលុយដុល្លារស្របតាមប្រព័ន្ធ petrodollar រាប់ចាប់តាំងតែពីឆ្នាំ១៩៧០មក។

តើរូបិយប័ណ្ណដុល្លារអាមេរិកនឹងនៅតែអាចរក្សាតំណែងជារូបិយប័ណ្ណបម្រុងធំជាងគេបានដែរឬទេនាពេលអនាគត?

នាពេលបច្ចុប្បន្ននេះរូបិយប័ណ្ណធំៗចំនួន៧មានដូចជា ដុល្លារអាមេរិក ប្រាក់អឺរ៉ូ ប្រាក់យ៉េន ប្រាក់ផោន ប្រាក់ហ្រ្វង់ ប្រាក់ដុល្លាអូស្រ្តាលី និងប្រាក់យ័នត្រូវបានចាត់ទុកជារូបិយប័ណ្ណបម្រុងនៅក្នុង IMFដោយក្នុងនោះប្រាក់ដុល្លារអាមេរិកមានចំនួនបម្រុងខ្ពស់ជាងគេដល់ទៅ៦០%គិតត្រឹមឆ្នាំ២០២០។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយើងសង្កេតឃើញថារូបិយប័ណ្ណអឺរ៉ូ យ៉េន និងយ័នហាក់មានសន្ទុះក្នុងការប្រើប្រាស់នៅលើទីផ្សារសកលដោយក្នុងនោះប្រាក់អឺរ៉ូនិងយ័នហាក់មានភាគរយខ្ពស់ក្នុងការដណ្ដើមតំណែងជារូបិយប័ណ្ណបម្រុងទីមួយក៏ប៉ុន្តែដោយយោងទៅលើឧបសគ្គក៏ដូចជាគុណវិបត្តិផ្សេងៗដែលពួកគេបានជួប្រទះ វាគឺជារឿងដែលមិនអាចទៅរួចឡើយ ឬយ៉ាងហោចណាស់ក៏មិនអាចប្រព្រឹត្តិទៅបាននាពេលឆាប់ៗខាងមុខនេះដែរ។ ក្រឡេកទៅមើលតំណែងជារូបិយប័ណ្ណបម្រុងពិភពលោករបស់អាមេរិកវិញ អ្នកជំនាញជាច្រើនមានការយល់ឃើញខុសប្លែកពីគ្នាដោយខ្លះយល់ឃើញថារូបិយប័ណ្ណមួយនេះនៅតែអាចរក្សាភាពខ្លាំងរបស់វា ក៏ប៉ុន្តែនៅក្នុងការខ្វែងគំនិតគ្នានេះក៏មានមតិស្របមួយលើកឡើងថាវាមិនមែនជាតំណែងអមតៈឡើយ។ ងាកមកមើលស្ថានភាពក្នុងពេលបច្ចុប្បន្នវិញ៤០%នៃប្រតិបត្តិការពាណិជ្ជកម្មសកលត្រូវបានប្រើប្រាស់ដោយលុយដុល្លារអាមេរិកហើយ៨០%នៃប្រតិបត្តិការឆ្លងព្រំដែនជាសកលក៏កំពុងប្រើប្រាស់រូបិយប័ណ្ណដ៍មានប្រជាប្រិយភាពនេះផងដែរ។

តើអ្វីជា Model United Nation (MUN)?

អង្គការសហប្រជាជាតិគឺជាស្ថាប័ន ដ៏ធំបំផុតរបស់ពិភពលោកដែលតែងតែជួយជ្រោមជ្រែងដោះស្រាយបញ្ហាពិភពលោកនានាតាមបែបការទូត ហើយរាល់ការព្រាងដំណោះស្រាយត្រូវបានសម្រេចឡើងតាមរយៈកិច្ចប្រជុំជាមួយប្រទេសជាសមាជិក និងតាមរយៈការបោះឆ្នោតព្រមព្រៀងដែលទាមទារឱ្យមានការជជែកវែកញែកនិងការចរចារដើម្បីសម្រេចបាន។ ដោយសារតែការមើលឃើញពីសារៈសំខាន់នៃការដំណើរការកិច្ចប្រជុំនេះទើបស្ថាប័នអប់រំជុំវិញពិភពលោករួមមានថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យបាននាំគ្នាធ្វើគំរូតាមកិច្ចប្រជុំនេះដែលគេហៅថា Model United Nation ដើម្បីឱ្យសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍និងចង់ក្លាយជាមន្រ្តីការទូតមានឱកាសសិក្សាស្វែងយល់ពីរបៀបវារៈ តួនាទីជាគណៈប្រតិភូតំណាងប្រទេសចាត់តាំង និងការដោះស្រាយបញ្ហាបែបការទូតរបស់អង្គការសហប្រជាជាតិ។

តើអ្វីជា Model United Nation?

Model United Nation ឬហៅកាត់ថាMUN គឺជាសកម្មភាពសិស្សក្នុងការធ្វើដម្រាប់តាមដំណើរការកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិដែលពួកគេដើរតួនាទីជាគណៈប្រតិភូមកពីប្រទេសផ្សេងៗគ្នា ហើយព្យាយាមដោះស្រាយបញ្ហាពិតជាក់ស្តែងណាមួយដែលពិភពលោកកំពុងជួបប្រទះ ដោយប្រើប្រាស់នូវគោលនយោបាយ និងទស្សនៈនៃប្រទេសដែលគេចាត់តាំង។ ចំពោះដើមកំណើតរបស់MUNវិញ គ្មាននរណាម្នាក់ដឹងប្រាកដថាសន្និសីទនេះត្រូវបានចាប់ផ្តើមនៅពេលណាច្បាស់លាស់ទេ ប៉ុន្តែវាត្រូវបានកត់ត្រាថាមានការរៀបចំជាលើកដំបូងនៅសាកលវិទ្យាល័យ Oxford ក្នុងឆ្នាំ ១៩២១។ យ៉ាងណាមិញដោយសារនៅពេលនោះអង្គការសហប្រជាជាតិមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ ដែលនៅឆ្នាំ ១៩៤៥ គឺគេបានយកគំរូតាមគណៈកម្មាធិការសម្ព័ន្ធប្រជាជាតិ(League of Nations) ក៏ប៉ុន្តែពិធីការ (protocol) នៃសន្និសីទនេះគឺសុទ្ធសឹងតែដូចគ្នាទៅនឹងសន្និសីទសព្វថ្ងៃនេះដោយសារតែពិធីការរបស់ គណៈកម្មាធិការសម្ព័ន្ធប្រជាជាតិ និង អង្គការសហប្រជាជាតិមិនសូវជាខុសគ្នាប៉ុន្មានឡើយ។
បើទោះបីជាសន្និសីទMUNនេះត្រូវបានគេរៀបចំអស់រយៈពេលជាយូរមកហើយក្តី ក៏គេសង្កេតឃើញថា ដំណើរការរបស់វានៅតែមិនទាន់អាចឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតនៃការសម្រេចចិត្តនិងដំណើរការដូចជាការប្រជុំរបស់អង្គការសហប្រជាជាតិបានដែរ។ នេះក៏ដោយសារតែកង្វះចំណេះដឹងអំពីនីតិវិធី និងតួនាទីសំខាន់នៃការធ្វើការរបស់អ្នកការទូតរបស់អង្គការសហប្រជាជាតិ និងបុគ្គលិករបស់អង្គការសហប្រជាជាតិ។ ជាជំហានដំបូងដើម្បីកែលម្អការធ្វើតម្រាប់តាម MUN នាយកដ្ឋានព័ត៌មានសាធារណៈរបស់អង្គការសហប្រជាជាតិ (UNDPI) បានរៀបចំសន្និសីទគំរូសកល UN (GMUN) ចំនួនបីនៅទីក្រុងហ្សឺណែវ (2009) គូឡាឡាំពួ (2010) និងអ៊ីនឈុន (2011) ដើម្បីផ្តល់នូវគំរូនៃការអនុវត្តល្អបំផុត។ ដោយបានសិក្សាពីព្រឹត្តិការណ៍ជោគជ័យទាំងនេះ នាយកដ្ឋានផ្សព្វផ្សាយរបស់ UNDPI បានទទួលស្គាល់ថាតួនាទីរបស់ខ្លួនក្នុងការគាំទ្រ Model UN ចាំបាច់ត្រូវតែមានការវិវត្ត ហើយបានសម្រេចចិត្តផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួនលើការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំនិស្សិត និងទីប្រឹក្សា MUN ដែលរៀបចំសន្និសីទ MUN ជុំវិញពិភពលោកជំនួសវិញ។

+ តើនិស្សិតដែលជាអ្នកចូលរួមMUNមានតួនាទីធ្វើអ្វីខ្លះ?

សន្និសីទMUNគឺជាវេទិកាមួយសម្រាប់ប្រទេសជាសមាជិកដែលបានចូលរួមបង្ហាញទស្សនៈរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាពិភពលោក។ ដូច្នេះនិស្សិតដែលជាអ្នកចូលរួមនឹងត្រូវបានចាត់តាំងជាក្រុមដែលអាចមានប្រទេសមួយឬច្រើន ហើយក្រុមនីមួយៗនឹងស្នើរឱ្យចាត់ចែងគណៈប្រតិភូតំណាងប្រទេសនីមួយៗដើម្បីរៀបចំដាក់ចូលទៅក្នុងអង្គភាពជាក់លាក់ណាមួយរបស់អង្គការសហប្រជាជាតិដែលរួមមានមហាសន្និបាត(General Assembly) ក្រុមប្រឹក្សាសន្តិសុខ (the Security Council) ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ច (ECOSOC) និងក្រុមប្រឹក្សាអន្តរជាតិផ្សេងៗទៀត។ នៅពេលដែលគណៈប្រតិភូនៃសមាជិករដ្ឋត្រូវបានបែងចែករួចរាល់ហើយ ពួកគេមានតួនាទីដូចជា ការសរសេរ position paper(ឯកសារដែលរៀបរាប់អំពីប្រធានបទ គោលជំហររបស់ប្រទេស និងដំណោះស្រាយដែលអាចកើតមាន) ការជជែកដេញដោលពិភាក្សា ការចរចាររកដំណោះស្រាយនិងធ្វើរឿងជាច្រើនទៀតដូចជាការអង្កេតទៅលើពិធីការ(protocol) បែបផ្លូវការទូតរបស់អង្គការសហប្រជាជាតិដែលមន្ត្រីការទូតគួរធ្វើ។
ជាធម្មតា សន្និសីទMUNតម្រូវឱ្យគណៈប្រតិភូគ្រប់រូបរៀបចំនិងដាក់ស្នើរposition paper ដែលបង្ហាញពីគំនិតឬទស្សនៈរបស់គណៈប្រតិភូទៅលើប្រធានបទដែលបានលើកយកមកពិភាក្សានិងរកដំណោះស្រាយនៅក្នុងសន្និសីទ។ ការសរសេរposition paperគឺតម្រូវឱ្យមានការសិក្សាស្រាវជ្រាវទៅលើប្រធានបទដែលបានដាក់ឡើងជាបញ្ហាប្រឈម គោលនយោបាយរបស់ប្រទេសខ្លួន គោលនយោបាយអន្តរជាតិ ដែលនឹងត្រូវលើកយកមកពិភាក្សា ក្រោមការប្រកាន់គោលជំហរនៃការយល់ស្របនិងការការពារផលប្រយោជន៍របស់ប្រទេសខ្លួន។

ការជជែកដេញដោលពិភាក្សានិងការចរចារនឹងត្រូវធ្វើឡើងនៅថ្ងៃសន្និសីទ រហូតដល់ការបោះឆ្នោត។ នៅក្នុងការចាប់ផ្តើមនៃសន្និសីទ រាល់គណៈប្រតិភូដែលជាសមាជិកត្រូវថ្លែងសន្ទរកថាជាកិច្ចចាប់ផ្តើម(opening remark) ដើម្បីបន្តចូលទៅដល់ការជជែកពិភាក្សាពីបញ្ហានិងការរកដំណោះស្រាយ។ ជាក់ស្តែងកិច្ចប្រជុំអាចធ្វើឡើងទាំងក្នុងផ្លូវការនិងក្រៅផ្លូវការ។ នៅក្នុងកិច្ចប្រជុំឬការជជែកពិភាក្សាផ្លូវការ គោលបំណងសំខាន់គឺការប្រើប្រាស់របៀបវារៈនិងការពិភាក្សាទៅលើការព្រៀងដំណោះស្រាយ(draft resolution) ដើម្បីឱ្យគណៈកម្មាការអាចសរសេរដំណោះស្រាយមួយដែលគណៈប្រតិភូអាចបោះឆ្នោតបាន។ ចំណែកឯការប្រជុំបែបក្រៅផ្លូវការវិញ គឺមានន័យថា គណៈកម្មាការអាចស្នើសុំពិភាក្សាគ្នាជាមួយគណៈប្រតិភូនៃសមាជិកដែលពេញចិត្តទៅលើដំណោះស្រាយ(meet in a caucus)។ ដើម្បីរក្សានូវលំដាប់លំដោយនៃការពិភាក្សា រាល់សមាជិកទាំងអស់ត្រូវធ្វើតាមនីតិវិធីនិងពិធីការរបស់មហាសន្និបាតចំពោះការជជែកនិងពិភាក្សា។ ចំណែកឯការបោះឆ្នោតវិញ គឺមានតែប្រទេសដែលមានឈ្មោះនៅក្នុងបញ្ជី(speaker list) ប៉ុណ្ណោះទើបមានសិទ្ធិអាចបោះឆ្នោតបាន។

គួររំលឹកផងដែរថា នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិក៏ដូចជាMUNមានសមាជិកអចិន្ត្រៃយ៍៥ប្រទេសដូចជា សហរដ្ឋអាមេរិក ចិន រុស្សី ចក្រភពអង់គ្លេស និងបារាំងដែលគេអាចសម្គាល់ថា P5។ ដោយសារតែP5គឺជាប្រទេសមហាអំណាចរបស់ពិភពលោកនិងជាអ្នកឧបត្ថម្ភធំបំផុតរបស់អង្គការសហប្រជាជាតិទើបការសម្រេចចិត្តរបស់ពួកគេគឺមានឥទ្ធិពលណាស់ក្នុងការអនុម័តដំណោះស្រាយ មានន័យថាពួកគេមានអាទិភាពជាងសមាជិករដ្ឋដទៃទៀតក្នុងការបោះឆ្នោត។

តើការព្រាងដំណោះស្រាយសម្រេចឡើងដោយរបៀបណា?

តាមពិតទៅ គោលដៅសំខាន់នៃសន្និសីទMUNគឺដើម្បីអនុម័តលទ្ធផលសម្រេចជាឯកសារដែលរដ្ឋសមាជិកទាំងមូលអាចយល់ព្រម។ ហើយការប្រឹក្សារបស់រដ្ឋសមាជិកលើសេចក្តីព្រាងដំណោះស្រាយអាចធ្វើឡើងទាំងការពិភាក្សាផ្លូវការនិងក្រៅផ្លូវការ។ នៅក្នុងសន្និសីទMUNមានប្រទេសមួយនឹងដើរតួនាទីជាអ្នកឧបត្ថម្ភធំ(main sponsor) ទៅលើដំណោះស្រាយសំខាន់ៗដែលភាគច្រើនប្រទេសនោះគឺមកពី P5 ដោយសារតែវាមានធនធានគ្រប់គ្រាន់និងជាប្រទេសអភិវឌ្ឍទៀតផង។ Main Sponsor អាចរៀបចំលំដាប់លំដោយនៃសេចក្តីព្រាងដំណោះស្រាយ ឬសេចក្តីសម្រេចដោយគ្មានការពិគ្រោះជាមួយសមាជិកដទៃជាមុន។

បន្ទាប់ពីសេចក្តីព្រាងដំណោះស្រាយរៀបចំរួចរាល់ហើយ សមាជិករដ្ឋទាំងអស់អាចធ្វើការចរចារទៅលើការធ្វើវិសោធនកម្មដែលដឹកនាំដោយMain sponsor ហើយបើសិនការចរចារត្រូវបានសម្រេចជាឯកច្ឆន្ទ នោះការផ្លាស់ប្តូរនឹងទៅជំនួសឯកសារដើម។ ផ្ទុយមកវិញ បើការចរចារមិនបានសម្រេច Main Sponsor អាចស្នើសុំឲ្យមានការបោះឆ្នោតដែលសម្រេចដោយផ្អែកលើមតិភាគច្រើន(majority)។ សេចក្តីព្រាង និងការចរចាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ពីព្រោះប្រធានបទនៃការចរចាជារឿយៗពាក់ព័ន្ធនឹងការយល់ព្រមលើពាក្យដែលប្រើដើម្បីពិពណ៌នាអំពីសកម្មភាពដែលត្រូវធ្វើក្នុងរបៀបវារៈជាក់លាក់ណាមួយ។ ចំពោះនីតិវិធីបោះឆ្នោតនៃដំណោះស្រាយគឺវាត្រូវបានសន្មត់ថារាល់សេចក្តីសម្រេច/សេចក្តីសម្រេចការព្រាងដំណោះស្រាយដែលបានដាក់ក្នុងតារាងទាំងអស់នឹងត្រូវបានអនុម័តដោយគ្មានការបោះឆ្នោត (ឧ. ដោយមតិឯកច្ឆន្ទ)។ ប្រសិនបើដំណោះស្រាយនឹងមិនត្រូវបានអនុម័តដោយឯកច្ឆន្ទទេ Chair ដែលត្រូវជាប្រធានកិច្ចប្រជុំជាធម្មតានឹងត្រូវបានជូនដំណឹងជាមុនថាការបោះឆ្នោតនឹងត្រូវបានស្នើសុំ។ ការបោះឆ្នោតអាចនឹងសម្រេចយកបានតាមរយៈមតិភាគច្រើន។

សរុបមក MUNគឺជាសកម្មភាពនិស្សិតដែលផ្តល់នូវការធ្វើតម្រាប់តាមកិច្ចប្រជុំនិងការសិក្សាអំពីនយោបាយអន្តរជាតិ និងការទូតរបស់អង្គការសហប្រជាជាតិ។ និស្សិតដែលចូលរួមជាមួយMUN នឹងមានឱកាសអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ ការស្រាវជ្រាវ ការសរសេរ ការនិយាយជាសាធារណៈ និងជំនាញដោះស្រាយបញ្ហា។ ជាងនេះទៅទៀត ដំណោះស្រាយដែលអាចទទួលយកបានដោយអ្នកតំណាងភាគច្រើន ក៏បណ្តុះជំនាញនៃការចរចា ការដោះស្រាយជម្លោះ និងកិច្ចសហប្រតិបត្តិការផងដែរ។ ដូច្នេះអ្វីដែលនិស្សិតគួរធ្វើនៅក្នុងសន្និសីទនេះ គឺការសិក្សាស្រាវជ្រាវទៅលើអង្គការសហប្រជាជាតិ គោលនយោបាយអន្តរជាតិ ជាតិនិងស្វែងយល់ពីតួនាទីជាគណៈប្រតិភូព្រមទាំងរៀបចំការនិយាយបែបផ្លូវការជាមួយនឹងពាក្យបច្ចេកទេសតាមបែបការទូត។

 

បញ្ហាប្រឈមនៅក្នុងការសម្រេចការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និង COP26

បម្រែបម្រួលអាកាសធាតុគឺជាបញ្ហាមួយដែលពិភពលោកកំពុងតែមានការព្រួយបារម្មណ៍ ដោយហេតុនេះហើយប្រទេសជាច្រើនកំពុងតែព្យាយាមប្រើប្រាស់កិច្ចសហប្រត្តិបត្តិការផ្សេងៗដដើម្បីទប់ស្កាត់វា។ នៅក្នុងអត្ថបទនេះយើងនឹងធ្វើការបកស្រាយអំពីសន្និសិទអន្តរជាតិមួយឈ្មោះថា​ COP ហើយយើងនឹងក្រលេកទៅមើលអំពីស្ថានការបច្ចុប្បន្នអំពីបញ្ហាប្រឈមដែលអាចកើតមានឡើងនៅក្នុងការសម្រេចគោលដៅរបស់ COPនេះផងដែរ។

តើអ្វីទៅគឺជា​​ Conference of Parties (COP)?

Conference of Parties (COP) ឬដែលអាចហៅជាភាសារខ្មែរបានថា​«សន្និបាតភាគី»​គឺជាសន្និបាតស្តីអំពីការប្រែប្រួលអាកាសធាតុ ដែលរៀបចំឡើងនៅក្រោមអនុសញ្ញាក្របខ័ណ្ឌស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UNFCCC)។​ សន្និបាតនេះតែងតែប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ហើយនៅក្នុងឆ្នាំ២០២១នេះផងដែរ សន្និបាតនេះនឹងត្រូវធ្វើការរៀបចំឡើងជាលើកទី២៦ (COP26) នៅក្នុងខែកញ្ញា​​ ដោយមានចក្រភពអង់គ្លេសធ្វើជាប្រធានសន្និបាត។​ សន្និបាត COP នេះត្រូវបានប្រារព្ធឡើងជាដំបូងនៅក្នុងឆ្នាំ​១៩៩៥ ហើយសមាជិកនៅក្នុងអនុសញ្ញាក្របខ័ណ្ឌស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UNFCCC)​ នេះគឺមានសរុបចំនួន​១៩៧ប្រទេសជាសមាជិក។ គោលបំណងសំខាន់នៅក្នុងសន្និបាតនេះគឺជាការប្រមូលផ្តុំប្រទេសដែលជាសមាជិកទាំង១៩៧ប្រទេសឱ្យចូលរួមនៅក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុតាមរយៈការតាមដាន និងកំណត់​អត្រានៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​។

COP26 នៅក្រោមការធ្វើជាប្រធាននៃចក្រភពអង់គ្លេស

នៅក្នុងខែកញ្ញានេះ COP26​ នឹងត្រូវប្រព្រឹត្តទៅនៅក្នុងចក្រភពអង់គ្លេស ហើយបើយោងទៅតាមគេហទំព័រ UN Climate Change Conference UK 2021 សន្និបាតនេះនឹងត្រូវធ្វើឡើងដោយមានការរំពឹងទុកថានឹងនាំមកនូវគោលដៅ៤សម្រាប់ការទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ។​ គោលដៅទាំងនោះរួមមាន៖

១. សម្រេចឱ្យបាននូវការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​ឱ្យមកនៅត្រឹមតែ ១.៥ ដឺក្រេនៅត្រឹមឆ្នាំ២០៥០​ (ការកាត់បន្ថយនេះអាចធ្វើបានតាមរយៈការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនី ការវិនិយោគទៅលើធនធានដែលកកើតឡើងវិញ​ និង​ការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម)

២. ការសម្របខ្លួនដើម្បីការពារសហគមន៍និងជម្រកធម្មជាតិ​​ (ការការពារ និង ស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី)

៣. ការប្រមូលហិរញ្ញវត្ថុ​​សម្រាប់ចំណាយទៅលើកម្មវិធីទប់ស្កាត់បម្រែបម្រួលអាកាសធាតុ (តិចបំផុតឱ្យបាន១០០ប៊ីលានដុល្លារអាមេរិក)

៤. ការធ្វើការជាមួយសមាជិកក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ

បញ្ហាដែលអាចប្រឈមនៅក្នុងការសម្រេចគោលដៅ COP26

ជាធម្មតា ការដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុតែងតែជួបជាមួយនឹងបញ្ហាប្រឈមជាច្រើន ហើយការព្យាយាមសម្រេចឱ្យបាននូវគោលដៅដែលតែងតែដាក់ចេញនៅក្នុងអនុសញ្ញាស្តីពីបម្រែបម្រួលអាកាសធាតុផ្សេងៗគឺចាំបាច់តម្រូវឱ្យមានការសហការគ្នាយ៉ាងពិតប្រាកដ រួមជាមួយនឹងការប្តេជ្ញាយ៉ាងខ្លាំងពីសមាជិកដែលពាក់ព័ន្ធ។​ ជាក់ស្តែងនៅក្នុងបញ្ហាការសម្រេចគោលដៅនៅក្នុង COP26 នេះផងដែរ យើងអាចប៉ាន់ស្មានបានថាផលប្រឈមគឺនៅតែមាន ហើយផលប្រឈមទាំងនោះគឺអាចបង្កឡើងដោយ៖

វិបត្តិកូវីដ១៩:

ការវាយលុកយ៉ាងខ្លាំងក្លានៃវិបត្តិកូវីដ១៩បានធ្វើឱ្យមានការរាំងស្ទះជាច្រើននៅក្នុងកិច្ចសហប្រត្តិបត្តិការអន្តរជាតិ។​ កិច្ចប្រជុំជាច្រើនត្រូវបានរំសាយចោលឬលើកពេលវេលា​ដែលបង្កឱ្យមានការខកខាននៅក្នុងការដោះស្រាយបញ្ហាជាច្រើនឱ្យបានទាន់ពេលវេលា។​ ប្រទេសជាច្រើនបាននឹងកំពុងតែប្រឹងប្រែងយ៉ាងសស្រាក់ស្រាំនៅក្នុងការទប់ស្កាត់ការរីករាលដាលនិងការចម្លងរបស់មេរោគកូវីដ១៩នៅក្នុងប្រទេសរបស់ខ្លួន​ ព្រមទាំងកំពុងតែព្យាយាមស្តារសេដ្ឋកិច្ចរបស់ខ្លួនពីការធ្លាក់ចុះដូចដែលបានកើតឡើងនៅក្នុងឆ្នាំ២០២០​ និងនៅដើមឆ្នាំ២០២១ផងដែរ។​ ជាក់ស្តែងសម្រាប់សន្និបាត COP25​​ ការប្រជុំទាំងអស់ត្រូវបានធ្វើឡើងតាមរយៈអនឡាញ ដែលការប្រព្រឹត្តទៅនេះក៏មិនអាចជៀសផុតពីផលវិបាកដែលអាចកើតមានឡើងទាក់ទងទៅនឹងប្រព័ន្ធអ៊ីនធឺណេត សុវត្ថិភាពនៅក្នុងការប្រាស្រ័យទាក់ទងតាមប្រព័ន្ធអនឡាញ និងភាពរអាក់រអួលនៅក្នុងការចចារគ្នាដោយសារតែមិនមានការជួបប្រាស្រ័យទាក់ទងផ្ទាល់។ ដូច្នេះហើយ​ ភាពរអាក់រអួលនេះក៏នៅតែអាចកើតមានឡើងប្រសិនបើការរាត្បាតនៅតែបន្តសម្រាប់​ COP26។ ការចំណាយនិងប្រមូលធនធានហិរញ្ញវត្ថុក៏នៅតែជាបញ្ហាសម្រាប់សន្និបាតនេះនៅក្នុងការសម្រេចឱ្យបាននូវគោលដៅដែលបានព្រៀងទុកខាងលើនេះផងដែរ។ ជាក់ស្តែង ប្រទេសជាច្រើនកំពុងតែព្យាយាមស្តារសេដ្ឋកិច្ចរបស់ខ្លួន ហើយការចំណាយទៅលើបញ្ហាសុខាភិបាលនិងរបបសន្តិសុខសង្គមក៏ជារឿងដែលចាំបាច់ផងដែរ។​ ហេតុនេះហើយការប្រមូលធនធានហិរញ្ញវត្ថុដែលសម្រាប់ធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុក៏ជាបញ្ហាប្រឈមមួយដែរ។

តម្រូវការប្រើប្រាស់ថាមពលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​ និង បញ្ហានៅក្នុងការសហការនិងចូលរួមពីសមាជិក

វាមិនមែនជារឿងមួយដែលថ្មីនោះទេដែលប្រទេសជាច្រើនតែងតែមានភាពប្រទាំងប្រទឹសគ្នានៅក្នុងបញ្ហានៃកិច្ចសហប្រតិ្តបត្តិការដែលទាក់ទងទៅនឹងបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ។​ ភាពមិនស្របគំនិតគ្នាតែងតែត្រូវបានឃើញកើតមានឡើងរវាងប្រទេសដែលកំពុងអភិវឌ្ឍនឹងប្រទេសអភិវឌ្ឍហើយនៅជុំវិញបញ្ហានៃការអភិវឌ្ឍន៍។ ប្រទេសដែលអភិវឌ្ឍនិងជឿនលឿនតែងតែព្យាយាមឱ្យប្រទេសដែលកំពុងអភិវឌ្ឍទទួលស្របតាមគោលការនៃការទប់ស្កាត់បម្រែបម្រួលបរិស្ថាន នៅពេលដែលប្រទេសដែលកំពុងអភិវឌ្ឍទទូចថានឹងត្រូវតែធ្វើការអភិវឌ្ឍប្រទេសរបស់ខ្លួនឱ្យបានគ្រប់វិស័យ ដែលជាធម្មតាការអភិវឌ្ឍន៍ទាំងអស់នេះគឺតែងតែធ្វើឱ្យមានផលប៉ះពាល់ទៅលើបរិស្ថាន ដោយសារការប្រើប្រាស់ម៉ាស៊ីន គ្រឿងចក្រ រោងចក្រធំៗ និងការប្រើប្រាស់ថាមពលផ្សេងៗផងដែរ។​

នៅពេលដែលប្រទេសកំពុងអភិវឌ្ឍជាច្រើនកំពុងតែធ្វើការស្តារសេដ្ឋកិច្ចរបស់ខ្លួន ជួនកាលវាអាចនឹងក្លាយជាបញ្ហាដែលត្រូវជ្រើសរើសរវាងការអភិវឌ្ឍន៍ជាតិ និងការការពារបរិស្ថាន។​ ជាការពិតណាស់ការអភិវឌ្ឍន៍និងការការពារបរិស្ថានគឺជាបញ្ហាដែលអាចដើរទទ្ទឹមគ្នា ក៏ប៉ុន្តែប្រទេសជាច្រើននៅតែមានភាពលំបាកនៅក្នុងការជំរុញឱ្យមានការដើរស្របគ្នានេះ។

ម្យ៉ាងវិញទៀតថ្វីត្បិតតែសហរដ្ឋអាមេរិកនិងប្រទេសចិនដែលតែងតែចូលរួមយ៉ាងសស្រាក់សស្រាំងទាំងកំលាំងចិត្ត និង ហិរញ្ញវត្ថុ ប្រទេសទាំងពីរនេះនៅតែជាប់ឈ្មោះជាប្រទេសដែលបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេបង្អស់នៅក្នុងពិភពលោក។ ដែលពេលខ្លះនេះជាបញ្ហាដែលធ្វើឱ្យមានផលវិបាកនៅក្នុងការចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុនៅពេលដែលប្រទេសធំៗទាំងពីរពុំទាន់អាចបង្ហាញឱ្យឃើញនៅការព្យាយាមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

សរុបសេចក្តីមកការសម្រេចឱ្យបាននូវគោលដៅនេះគឺនឹងមានបញ្ហាប្រឈមច្រើនដែលតម្រូវឱ្យប្រទេសជាភាគីធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត។ បញ្ហាប្រឈមនៅក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុនេះកាន់តែចោទយ៉ាងខ្លាំងនៅពេលដែលមានការរីករាលដាលនៃកូវីដ១៩ ប៉ុន្តែនេះមិនមែនបានន័យថាវាជាបញ្ហាដែលយើងមិនអាចដោះស្រាយបាននោះទេ។

តើអ្វីជាគ្រាប់រ៉ុកកែតល្បឿនលឿនជាងសម្លេង (Hypersonic Missiles)?

រាប់ចាប់ពីការសង្គ្រាមលោកទាំង ២ លើក និងសង្គ្រាមត្រជាក់មក ពិភពលោកបាននិងកំពុងបន្តស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗដើម្បីបំពេញនូវភាពងាយស្រួលរបស់មនុស្ស និងមហិឆ្ឆតារបស់ខ្លួនក្នុងការដើរបច្ចេកវិទ្យឱ្យបានលឿនជាងប្រទេសដទៃ។ ក្នុងន័យនេះ បច្ចេកវិទ្យាបានបង្កើតឡើងដើម្បីជួយជីវិតមនុស្សឱ្យកាន់តែប្រសើរឡើង និងដើម្បីពង្រឹងនិងពង្រីកវិសាលភាពនៃវិស័យយោធាផងដែរ។ ជាក់ស្ដែង នាប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ប្រទេសចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងជាគូរប្រជែងរបស់សហរដ្ឋអាមេរិកបានសាកល្បងយុទ្ធោបករណ៍ដ៏ទំនើបមួយហៅថា Hypersonic Missile។ ការសាកល្បង មីស៊ីលដ៏ទំនើបមួយនេះចំពេលដែលប្រទេសចិនកំពុងតែមានភាពតានតឹងខ្លាំងជាមួយតៃវ៉ាន់ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាមួយសហរដ្ឋអាមេរិក។

អ្វីជា Hypersonic Missile? ហើយវាខ្លាំងប៉ុណ្ណា?

Hypersonic Missile គឺជាគ្រាប់រ៉ុកកែតល្បឿនលឿនដែលអាចធ្វើដំណើរក្នុងល្បឿងលឿនជាងសម្លេងរហូតដល់ទៅ៥ដងឬច្រើនជាងនេះ ហើយវាមានសមត្ថភាពក្នុងការផ្ទុកនូវក្បាលគ្រាប់នុយក្លេអ៊ែរដូចជាគ្រាប់ម៊ីស៊ីលធម្មតាដែរ (Ballistic Missiles) តែវាខុសប្លែកនិងទំនើបជាងត្រង់ថា Ballistic Missiles ត្រូវការហោះឡើងឱ្យខ្ពស់ដល់លើអាកាសហើយទើបទម្លាក់ខ្លួនមកគោលដៅ រីឯ Hypersonic Missile អាចហោះកោងនៅលើអាកាសត្រង់រយៈកម្ពស់និងមុំកំណោងទាបដែលអាចឱ្យវាវាយប្រហារគោលដៅបានឆាប់រហ័សជាងម៊ីស៊ីលធម្មតា។ ជាមួយសមត្ថភាពនេះទៀតសោត ភ្នាក់ងារសន្តិសុខយោធាសហរដ្ឋអាមេរិកក៏លំបាកបន្តិចដែរ ព្រោះថា បច្ចេកវិទ្យានៃប្រព័ន្ធចាប់មីស៊ីលសព្វថ្ងៃនេះអាចទប់ស្កាត់បានតែ Ballistic Missiles និងគ្រាប់ផ្លោងដែលបាញ់ចេញពីកប៉ាល់តែប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ទំហំផ្ទុកក្បាលគ្រាប់របស់ម៊ីស៊ីលប្រភេទនេះមានសភាពធំជាង រហ័សនិងចំគោលដៅជាងប្រភេទគ្រាប់ដទៃជាហេតុធ្វើឱ្យរបកគំហើញនៃបច្ចេកវិទ្យា Hypersonic Missile នេះក្លាយជាបញ្ហាព្រួយបារម្ភចំពោះបញ្ហាសុវត្ថិភាពពិភពលោក ជាពិសេសគឺមហាអំណាចនុយក្លេអ៊ែ។

ព្រឹត្តិការណ៍ថ្មីៗនៃការបង្ហោះ Hypersonic Missiles

កាលពីខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ប្រទេសចិនបានបង្ហោះសាកល្បងនូវ Hypersonic Missile របស់ខ្លួនដែលគ្រាប់រ៉ុកកែតនេះមានសមត្ថភាពអាចហោះកោងក្នុងគន្លងទាបនៅក្នុងបរិយាកាសបានជាហេតុធ្វើឱ្យមានភាពពិបាកយ៉ាងខ្លាំងក្នុងការទប់ទល់នឹងសព្វារុធអវកាសមួយនេះ។ បច្ចេកវិទ្យាដែលប្រទេសចិនបំពាក់នៅលើគ្រាប់នេះអាចឱ្យវាហោះព័ទ្ធជុំវិញគន្លងរបស់ផែនដីមុននឹងបាញ់សំដៅទៅកាន់គោលដៅ ហើយជាមួយនឹងការបាញ់សាកល្បងនេះ វាបាញ់ខុសគោលដៅតែប្រមាណ៤០គ.មប៉ុណ្ណោះ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ចំពោះ Hypersonic Missile មួយនេះគឺវាអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបាន ជាហេតុធ្វើឱ្យបណ្តាប្រទេសជាគូប្រកួតមានកង្វល់ជាខ្លាំងជាពិសេសគឺសហរដ្ឋអាមេរិកផ្ទាល់តែម្តងដោយសារគ្មានវិធីសាស្ត្រដែលមានប្រសិទ្ធភាពណាមួយក្នុងការរារាំងគ្រាប់ម៊ីស៊ីលប្រភេទថ្មីមួយនេះរបស់ចិន។ តែជាការឆ្លើយតបបកស្រាយទៅកាន់ពិភពលោក ចិនបានថ្លែងថាការបាញ់សាកល្បងមួយនេះធ្វើឡើងក្នុងគោលបំណងបន្តវិវឌ្ឍនភាពនៃវិស័យអវកាស បានន័យថាវាពិតជាមានសារៈសំខាន់ព្រោះវានឹងមានភាពងាយស្រួលហើយថោកក្នុងដំណើរទៅកាន់ទីអវកាសដែលអាចបម្រើផលប្រយោជន៍ដ៏សម្បើមសម្រាប់មនុស្សជាតិនាថ្ងៃខាងមុខ ហើយចិនខ្លួនឯងក៏នឹងមិនយកបច្ចេកវិទ្យាថ្មីនេះ យកមកលូកលាន់ក្នុងការប្រកួតប្រជែងនុយក្លេអ៊ែរជាមួយនរណាឡើយ។ ដោយឡែកប្រទេសរុស្សីបានបង្ហោះHypersonic Missile របស់ខ្លួនកាលពីឆ្នាំ២០១៩ ឈ្មោះថា Zircon ចេញពី Submarine ហើយគ្រាប់ទាំងនោះក៏អាចមានសមត្ថភាពប្រហាក់ប្រហែលនឹងគ្រាប់នុយក្លេអ៊ែរផងដែរ។ យ៉ាងណាមិញ លោកអគ្គមេបញ្ជាការកងទ័ពអាមេរិក Mark Milley បានប្រៀបធៀប ការសាកល្បង អាវុុធអ៊ីពែរសូនិករបស់ចិននេះ ទៅនឹងការសាកល្បងផ្កាយរណបសិប្បនិម្មិត Spoutnik របស់រុស្ស៊ី កាលពីខែតុលាឆ្នាំ១៩៥៧ ដែលនេះអាចជាសញ្ញាណនៃការប្រកួតប្រជែងវិស័យអវកាសដូចសម័យសង្គ្រាមត្រជាក់រវាងអាមេរិក និងសូវៀត។ ដោយឈរឱបដៃមើលមិនបាន សហរដ្ឋអាមេរិកបានសិក្សាស្រាវជ្រាវនៅក្នុងវិស័យនេះ ហើយបានតេស្តសាកល្បងបច្ចេកវិទ្យាHypersonic Missile របស់ខ្លួនបានជោគជ័យកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះឯង។ ជាមួយគ្នានេះដែរ ភ្នាក់ងារសន្តិសុខជាន់ខ្ពស់ Pentagon របស់សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា អាមេរិកនឹងផ្តល់អាទិភាពចម្បងចំពោះការស្រាវជ្រាវទៅលើបច្ចេកវិទ្យាថ្មីនេះ ហើយក៏សង្ឃឹមថាអាចបង្ហោះគ្រាប់របស់ខ្លួនបានដោយជោគជ័យនៅឆ្នាំ២០២៥ខាងមុខ៕

ហេតុអ្វីបានជាកំណើនសេដ្ឋកិច្ចប្រទេសចិនដាំក្បាលចុះក្រោមនៅពេលនេះ?

ត្បិតតែឆ្នាំ២០២០ គឺជាឆ្នាំដែលប្រទេសចិនទទួលការវាយលុកពីកូវីដ១៩ដោយមិនបានត្រៀមទុកជាមុន។ យោងតាមក្រាបរបស់ National Bureau of Statistics of China កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានដាំក្បាលចុះយ៉ាងជ្រៅកាលពីត្រីមាសទី ១ ដែលធ្លាក់ដល់ -៦,៨% ហើយប្រទេសចិនបានដើរចេញពីឆ្នាំ២០២០ ដោយកំណើនសេដ្ឋកិច្ច ៦,៨% និងចាប់ផ្ដើមសេដ្ឋកិច្ចត្រីមាសទី ១ នៅឆ្នាំ២០២១ ដោយកំណើនសេដ្ឋកិច្ច ១៨,៣%។

យ៉ាងណាមិញ ភាពជោគជ័យនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះមិនបានយូរឡើយ ដែលកំណើនសេដ្ឋកិច្ចបានចាប់ផ្ដើមធ្លាក់ចុះចាប់ពីត្រីមាសទី ២ រហូតមកដល់ត្រីមាសទី ៣ និងអាចបន្តទៅកាន់ត្រីមាសទី ៤ នៅឆ្នាំ២០២១ នេះ។ យោងតាមក្រាបរបស់ National Bureau of Statistics of China កំណើនសេដ្ឋកិច្ចរបស់ប្រទេសធ្លាក់ត្រឹមអត្រា ៧,៩% នៅត្រីមាសទី ២ និង បន្តធ្លាក់ដល់ត្រឹមអត្រា ៤,៩% នៅត្រីមាសទី ៣។ អ្វីដែលនឹកស្មានមិនដល់ គឺសេដ្ឋកិច្ចប្រទេសចិនបែរជារង្គើរដោយការខ្វះចរន្ដអគ្គិសនីដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចនិងសង្វាក់ផលិតកម្មបានកកស្ទះ រួមជាមួយនឹងការប្រកាសក្ស័យធននៃក្រុមហ៊ុនយក្ស Evergrande។

១. ការដួលរលំនៃក្រុមហ៊ុន Evergrande

១.១. មូលហេតុនៃការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន Evergrande

ក្រុមហ៊ុន Evergrande គឺជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេលំដាប់លេខ ២ នៅក្នុងប្រទេសចិនដែលមានគម្រោងជាង ១.៣០០ នៅទីក្រុងចំនួន ២៨០។ តាមពិតទៅ ចំហាយនៃការដួលរលំរបស់ក្រុមហ៊ុន Evergrande បានលេចចេញតាំងពីឆ្នាំ២០២០។ យោងតាមការចេញផ្សាយរបស់ Financial Times កាលពីឆ្នាំ២០២០ ក្រុមហ៊ុន Evergrande មានបំណុលច្រើនជាងទ្រព្យសកម្មរបស់ខ្លួន ២ ដង ក្នុងទឹកប្រាក់ប្រមាណ ១២០ ប៊ីលានដុល្លារអាមេរិក ហើយក្រុមហ៊ុននេះក៏បានក្លាយជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យដែលមានបំណុលច្រើនជាងគេនៅក្នុងសកលលោក។ មូលហេតុដែលធ្វើឱ្យក្រុមហ៊ុន Evergrande ក៏ដូចជាក្រុមហ៊ុនអចលនទ្រព្យមួយចំនួននៅក្នុងប្រទេសចិនមានបំណុលច្រើនគឺដោយសារតែវិធីសាស្ត្រប្រមូលកាន់កាប់អចលនទ្រព្យតាមរយៈការពឹងផ្អែកទៅលើចំនួនបំណុល។ យោងតាមការចេញផ្សាយរបស់ Forbes វិធីសាស្ត្រនេះបានធ្វើឱ្យក្រុមហ៊ុន Evergrande មានដីធ្លីរហូតអាចសាងសង់ផ្ទះឱ្យប្រជាជនសរុបរបស់ប្រទេសព័រទុយហ្កាល់ និងប្រទេសនូវែលសេឡង់បាន។ ហេតុដូចនេះហើយ ដើម្បីស្ថិរភាពហិរញ្ញវត្ថុនិងរក្សាគ្រឹះសេដ្ឋកិច្ច រដ្ឋាភិបាលចិនបានដាក់បទប្បញ្ញត្ដិ បន្ទាត់ក្រហម ៣ (The Three Red Lines) ដើម្បីកំណត់ចំនួនកម្ចីរបស់ក្រុមហ៊ុនវិនិយោគ។ បទប្បញ្ញត្ដិបន្ទាត់ក្រហម ៣ នេះក៏ជាមូលហេតុមួយដែលក្រុមហ៊ុន Evergrande មិនអាចខ្ចីលុយដើម្បីមកដោះទាល់បញ្ហាលំហូរសាច់ប្រាក់ថែមទៀតបាន។ មួយវិញទៀត ផ្អែកតាមការចេញផ្សាយរបស់ WeForum.org ក្រុមហ៊ុន Evergrande ក៏មិនអាចលក់អាជីវកម្មខ្លះរបស់ខ្លួនបាន ដោយហេតុតែបែកធ្លាយឯកសារដែលក្រុមហ៊ុនសុំជំនួយពីរដ្ឋាភិបាលលើបញ្ហាដែលខ្លួនមានបញ្ហាលំហូរសាច់ប្រាក់។ ដោយស៊ូមិនបានទៅនឹងបញ្ហាលំហូរសាច់ប្រាក់ នៅខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន Evergrande បានប្រកាសក្ស័យធនដោយសារតែមិនអាចបង្វិលទុនទាន់ពេលវេលា ជាមួយនឹងបំណុល ៣០០ ប៊ីលានដុល្លារអាមេរិក។

១.២. ផលប៉ះពាល់បន្តគ្នា (Domino Effect) នៃការដួលរលំនៃក្រុមហ៊ុន Evergrande

ការដួលរលំនៃក្រុមហ៊ុន Evergrande នេះអាចនឹងប៉ះពាល់ដល់អតិថិជនដែលបានទិញផ្ទះមុនសាងសង់ហើយបានកក់ប្រាក់និងបង់រំលស់ទុក ក្រុមហ៊ុនដែលបានសហការក្នុងសាងសង់ និងវិស័យហិរញ្ញវត្ថុធនាគារ។ ដូចនេះ អ្វីដែលធ្វើឱ្យគេព្រួយបារម្ភនោះគឺការដួលរលំនៃ Evergrande អាចបង្កើតឱ្យមាន Domino Effect ដែលមានន័យថានឹងធ្វើឱ្យក្រុមហ៊ុននិងអាជីវកម្មមួយចំនួនដួលតាមហ្នឹងដែរ។ ត្បិតតែធនាគារកណ្ដាលចិនបានអះអាងថា វិស័យធនាគារនឹងមិនសូវប៉ះពាល់ខ្លាំងក៏ពិតមែនដោយសារបំណុលរបស់ Evergrande ចំនួន ១/៣ គឺរបស់ធនាគារ ក៏ប៉ុន្តែយើងក៏គួរយកចិត្ដទុកដាក់លើ ២/៣ នៃបំណុលរបស់ Evergrande គឺអ្នកវិនិយោគអចលនទ្រព្យ ក៏ដូចជាក្រុមហ៊ុនដែលស្ថិតនៅក្នុងសង្វាក់ផលិតកម្មរបស់ Evergrande។ គួរបញ្ជាក់បន្តិចថា យោងតាម The Economist Intelligence Unit Evergrande បានធ្វើកម្ចីជាមួយធនាគារក្នុងស្រុកប្រមាណ ១៧១ និងក្រុមហ៊ុនហិរញ្ញវត្ថុដទៃទៀតប្រមាណ ១២១។ ជាមួយគ្នានេះ យោងតាមការចេញផ្សាយរបស់ Bloomberg ក្រុមហ៊ុន Evergrande នៅជាប់គម្រោងជាង ១,៤ លានផ្ទះទៀតដែលមិនទាន់សាងសង់រួច ខណៈដែលអតិថិជនបានបង់ប្រាក់កក់និងរំលស់រួចហើយ។ មួយវិញទៀត អ្នកផ្គត់ផ្គង់ ក៏ដូចជាក្រុមហ៊ុនដែលជាដៃគូសហការរបស់ Evergrande ក៏ត្រូវបានបង្អាក់លំហូរសាច់ប្រាក់ពីក្រុមហ៊ុន Evergrande ហើយជាទូទៅ ការទូទាត់ត្រូវបានធ្វើដោយរូបិយាណត្ដិ (commercial bills) ដែលនៅពេលក្រុមហ៊ុន Evergrande មានបញ្ហា រូបិយាណត្ដិ (commercial bills) ក៏មិនអាចបើកឬបង្វិលជាសាច់ប្រាក់បានដែរ។ យោងតាមការចេញផ្សាយរបស់ Finance.sina អ្នកផ្គត់ផ្គង់របស់ Evergrande ជាច្រើនកំពុងទទួលការប្ដឹងពីឈ្មួញកណ្ដាលដោយសាររូបិយាណត្ដិ (commercial bills) មិនអាចបើកបាន ទើបធ្វើឱ្យគេបារម្ភខ្លាចករណីដួលរលំ Evergrande នេះនឹងដូចការដួលរលំនៃក្រុមហ៊ុន Lehman Brothers ដែលជាកត្តាចម្បងមួយនៃវិបត្ដិហិរញ្ញវត្ថុឆ្នាំ ២០០៨។ យ៉ាងណាមិញ ត្បិតតែភាពខុសគ្នារវាងករណីទាំង ២ គឺក្រុមហ៊ុន Lehman Brothers មានឥទ្ធិពលនៅលើឆាកអន្តរជាតិខ្លាំង ហើយក្រុមហ៊ុន Evergrande មានឥទ្ធិពលខ្លាំងត្រឹមនៅក្នុងប្រទេសចិន ក៏ប៉ុន្តែតិចច្រើនក៏អាចប៉ះពាល់សេដ្ឋកិច្ចពិភពលោកដែរដោយសារតែសង្វាក់ផលិតកម្មរបស់ Evergrande និងសេដ្ឋកិច្ចចិនគឺជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចពិភពលោកដ៏ធំមួយដែរ។

២. កង្វះថាមពលអគ្គិសនី

ប្រទេសចិនបាននិងកំពុងបន្តជួបប្រទះការធ្លាក់ចុះនូវបរិមាណផលិកម្ម និងបង្អាក់សង្វាក់ផលិតកម្មដោយសារតែកង្វះអគ្គិសនី។ មូលហេតុចម្បងដែលប្រទេសចិនជួបប្រទះកង្វះអគ្គិសនីគឺដោយសារតែកង្វះធ្យូងថ្ម ដែលជាប្រភពថាមពលសំខាន់ប្រមាណជាង ៧០%។ មូលហេតុទី ១ ដែលប្រទេសចិនទើបតែជួបប្រទះកង្វះធ្យូងថ្មនៅពេលនេះគឺដោយសារតែការគោលនយោបាយកាត់បន្ថយឧស្ម័នកាបូនិចនៅឆ្នាំ២០៣០ និងគ្មានឧស្ម័នកាបូនិចនៅឆ្នាំ២០៦០។ មូលហេតុទី ២ គឺឧបសគ្គនៃការនាំចូលនិងទិញធ្យូងថ្ម។ តម្លៃធ្យូងថ្មទាំងនៅក្នុងប្រទេសចិននិងអន្តរជាតិបានហក់ឡើងថ្លៃដោយសារតែកំណើនតម្រូវការ និងវិបត្ដិថាមពលអន្តរជាតិ។ ម្យ៉ាងវិញទៀត ប្រទេសចិនក៏ផ្អាកនាំចូលធ្យូងថ្មពីប្រទេសអូស្ត្រាលីដោយហេតុតែគោលនយោបាយការបរទេសមើលមុខគ្នាមិនត្រូវដែលផ្ទុះក្ដៅខ្លាំងនៅពេលអូស្ត្រាលីទទូចឱ្យមានការស៊ើបអង្កេតប្រភពមេរោគកូវីដ ១៩ នៅប្រទេសចិន។

Goldman Sachs បានប៉ាន់ស្មានវិស័យរោងចក្រប្រមាណ ៤៤% នឹងរងផលប៉ះពាល់។ កង្វះអគ្គិសនីបានធ្វើឱ្យរោងចក្រនៅប្រទេសចិនជាច្រើនផ្អាកដំណើរការចំពេលជិតរដូវកាល Christmas និងឆ្លងឆ្នាំថ្មី ដែលជាកង្វល់របស់អ្នកផលិតថាមិនអាចផ្ដល់ទំនិញទាន់ពេលវេលាជូនអតិថិជន ហើយអតិថិជនអាចស្វែងរកទីផ្សារផ្សេង។ យោងតាមការចេញផ្សាយរបស់ Bloomberg ខេត្ដរបស់ចិនចំនួនប្រហែលជាង ២០ ដែលបានដាច់អគ្គិសនីនោះស្មើនឹង ៦៦% នៃផលិតផលក្នុងស្រុកសរុប (GDP)។ ការខ្វះអគ្គិសនីបែបនេះនឹងធ្វើឱ្យតម្លៃអគ្គិសនីឡើងថ្លៃ ដែលជាហេតុបន្តធ្វើឱ្យទំនិញនិងសេវាកម្មឡើងថ្លៃទៅតាមតម្លៃនៃសង្វាក់ផលិតកម្មដែរ។ បើយោងតាមទិន្នន័យរបស់ National Bureau of Statistics តម្លៃផលិតកម្មរបស់ចិនបានឡើងថ្លៃ ដែលឡើងដល់ ១០,៧%។ តម្លៃផលិតកម្មនេះអាចនឹងឡើងថ្លៃបន្ថែមទៀតទៅតាមតម្លៃថាមពល ហើយការឡើងថ្លៃនៃតម្លៃផលិតកម្មបែបនេះគឺជាសញ្ញាណមិនល្អឡើយសម្រាប់ពិភពលោកដោយសារតែប្រទេសចិនសឹងតែត្រូវបានចាត់ទុកថាជារោងចក្រផលិតផលរបស់ពិភពលោក ដែលជាហេតុអាចជះឥទ្ធិពលដល់ការឡើងថ្លៃទំនិញនៅក្នុងប្រទេសនីមួយ។

តើអ្វីទៅគោលនយោបាយការបរទេស?

ក្រោយពីការចុះសន្ធិសញ្ញា វេហ្វាលៀ(Westphalia) និងការបញ្ចប់ទៅនៃសង្គ្រាមលោកលើកទី១និងទី២ ទំនាក់ទំនងរវាងរដ្ឋមួយនិងរដ្ឋមួយផ្សេងៗនៅក្នុងប្រព័ន្ធទំនាក់ទនងអន្តរជាតិ មានការកើនឡើងគួរឱ្យកត់សម្គាល់។ លើសពីនេះ ការបង្កើតនៅអង្គការសហប្រជាជាតិនិងការបញ្ចប់ទៅនៃសករាជអាណានិគមនិយមរឹតតែជាចលករដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងទៅវិញទៅមករបស់ពួកគេគឺកាន់តែមានភាពប្រសើរឡើង។ ទាំងនេះហើយដែលនាំឱ្យមានការបង្កើតនូវគោលនយោបាយការបរទេស និងនិយមការបរទេស។ បន្ថែមពីនេះ ទំនើបកម្មពិភពលោកនៃសកលភាវូបនីយកម្ម និងការកើនឡើងនូវការពឹងផ្អែកគ្នាទៅវិញទៅមកនៃពិភពលោក កាន់តែធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋកាន់តែសកម្មឡើង។ ហេតុដូច្នេះហើយ អ្នកប្រាជ្ញផ្សេងៗគ្នាបានឯកច្ឆន្ទគ្នាទៅលើភាពចាំបាច់នៃគោលនយោបាយការបរទេសសម្រាប់រដ្ឋនីមួយៗ ដោយហេតុថាគ្មានរដ្ឋណាមួយអាចដំណើរការបានដោយការនៅផ្តាច់ខ្លួនពេញលេញតែម្នាក់ឯងបាននោះទេ។ អ្នកប្រាជ្ញផ្សេងៗគ្នាដូចជាលោក ហ្វ៊ីលិក ហ្គ្រូស បានលើកឡើងថា «សូម្បីតែការសម្រេចចិត្តផ្តាច់ទំនាក់ទំនងជាមួយរដ្ឋណាមួយក៏ជាគោលនយោបាយការបរទេសដែរ។ រដ្ឋដែលមិនមានគោលនយោបាយការបរទេសគឺត្រូវបានគេប្រៀបបីដូចជានាវាគ្មានទិសដៅអុីចឹង»។ ដូច្នេះហើយ គោលនយោបាយការបរទេសនាំទៅរកការសម្រេចបានូវប្រយោជន៍ជាតិ ហើយនិងទទួលបាននូវទីកន្លែងដ៏ត្រឹមត្រូវនៅក្នុងការធ្វើអន្តរកម្មជាមួយរដ្ឋ។ នៅក្នុងអត្ថបទនេះយើងនឹងបកស្រាយក៏ដូចជាឆ្លើយនូវសំណួរដែលចោទថាតើគោលនយោបាយការបរទេសមានអត្ថន័យយ៉ាងណា?

តើអ្វីទៅគោលនយោបាយការបរទេស?

ពាក្យគោលនយោបាយការបរទេស ត្រូវបានកំណត់និងឱ្យនិយមន័យផ្សេងៗគ្នាដោយអ្នកប្រាជ្ញជាច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ ភាពច្បាស់លាស់មួយនៃនិយមន័យរបស់គោលនយោបាយការបរទេសនោះគឺផ្តោតសំខាន់ទៅលើអាកប្បកិរិយានៃរដ្ឋមួយទៅកាន់រដ្ឋមួយផ្សេងៗទៀត។ ទន្ទឹមគ្នានេះផងដែរ លោក ហើមែន(Hermann) បានឱ្យនិយមន័យនៃគោលនយោបាយការបរទេសថា ជាសកម្មភាពដែលមានគោលបំណងច្បាស់លាស់ ដែលជាលទ្ធផលបានមកពីការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំកំពូលៗនៃរដ្ឋ។ វាគឺជាលទ្ធផលនៃការសម្រេចចិត្តនៃកម្រិតនយោបាយ និងជាសកម្មភាពបានមកពីការសម្រេចចិត្ត។ នៅក្នុងន័យនេះ វាត្រូវបានគេយល់ថា លោក ហើមែន កំណត់និយមន័យនៃពាក្យគោលនយោបាយការបរទេសថាជាអាកប្បកិរិយារបស់រដ្ឋ។ លើសពីនេះ យោងទៅតាម លោក ចូស៊ីប ហ្វ្រាងខែល(Joseph Frankel) គោលនយោបាយការបរទេស រួមបញ្ចូលទាំងការសម្រេចចិត្តនិងសកម្មភាព ដែលពាក់ព័ន្ធទៅនិងទំនាក់ទំនងយ៉ាងសំខាន់មួយចំនួនរវាងរដ្ឋនិងរដ្ឋដទៃទៀត។ ក្នុងន័យនេះ គោលនយោបាយការបរទសផ្តោតជាសំខាន់ទៅលើសកម្មភាពដែលត្រូវបានធ្វើឡើងក្នុងព្រំដែននៃរដ្ឋមួយដើម្បីធ្វើទំនាក់ទំនងជាមួយរដ្ឋផ្សេងៗទៀត។ បន្ថែមពីនេះ វាបូករួមទាំងការបង្កើត និងអនុវត្ត នូវគំនិតដែលគ្រប់គ្រងសកម្មភាពនៃរដ្ឋ ខណៈដែលអន្តរកម្មជាមួយរដ្ឋដទៃដើម្បីការពារនិងបង្កើននូវផលប្រយោជន៍ជាតិ។

ជាមួយគ្នានេះផងដែរ លោក ផាដែលហ្វត(Padelford) និងលីនខុន(Lincoln) បានលើកឡើងថា គោលនយោបាយការបរទេសនៃរដ្ឋមួយគឺជាការ ដោះស្រាយបញ្ហានយោបាយជាមួយមជ្ឈដ្ឋានខាងក្រៅ។ គោលនយោបាយការបរទសគឺជាលទ្ធផលនៃដំណើរការដែលរដ្ឋបានផ្លាស់ប្តូរយ៉ាងទូលំទូលាយនៃនយោបាយក្រៅប្រទេសពីគោលបំណងនិងផលប្រយោជន៍ក្រៅប្រទេសទៅជាសកម្មភាពជាក់លាក់ណាមួយដើម្បីសម្រេចបាននូវគោលបំណងនិងរក្សានូវផលប្រយោជន៍ជាតិផងដែរ។ អុីចឹងបើយោងតាមការឱ្យនិយមន័យរបស់លោក ផាដែលហ្វតនិងលោក លីនខុន យើងអាចយល់បានថា គោលនយោបាយការបរទេសទី១គឺដើម្បីទទួលបាននូវគោលបំណង និងទី២ ដើម្បីបង្កើននូវប្រយោជន៍ជាតិ។

ពិសេសជាងនេះ គោលនយោបាយការបរទេសគឺជាការគ្រប់គ្រងនៃទំនាក់ទំនងខាងក្រៅ ហើយនិងសកម្មភាពរដ្ឋផ្សេងៗ ដែលបានញែកចេញពីគោលនយោបាយក្នុងស្រុករបស់គេ។គោលនយោបាយការបរទេស រួមបញ្ចូលទាំង គោលដៅ យុទ្ធសាស្ត្រ ការប៉ាន់ប្រមាណ វីធីសាស្ត្រ គោលការណ៍ណែនាំ ទិសដៅ ការយល់ពីគ្នា និងកិច្ចព្រមព្រៀង ដែលរដ្ឋាភិបាលរដ្ឋមួយធ្វើទំនាក់ទំនងអន្តរជាតិទៅវិញទៅមកជាមួយគ្នា និងជាមួយអង្គការអន្តរជាតិនិងតួអង្គមិនមែនរដ្ឋាភិបាលផ្សេងៗ។

ជារួមមក បើយោងទៅតាមនិយមន័យដែលបានផ្តល់ដោយអ្នកប្រាជ្ញផ្សេងៗខាងលើ យើងអាចយល់ជាន័យរួមបានថា គោលនយោបាយបរទេសចែកចេញជាបីផ្នែកសំខាន់ៗគឺ លទ្ធផល(End) វិធីសាស្ត្រ(Ways) និងមធ្យោបាយ (Means)។ លទ្ធផលមានន័យថា វារួមបញ្ចូលនូវផលប្រយោជន៍នៅក្នុងការទំនាក់ទំនងជាមួយរដ្ឋដទៃឬក៏តួអង្គផ្សេងៗទៀត។ រីឯ វិធីសាស្ត្រ វាផ្ទុកនូវយុទ្ធសាស្ត្រ និងគំនិតផ្សេងៗដូចជា តាក់ទិចការទូតនិងការដាក់គំនាប(Diplomatic tactics and coercion) ដើម្បីសម្រេចបាននូវផលប្រយោជន៍ដែលយើងចង់បាន។ ចំពោះ មធ្យោបាយ សំដៅទៅលើធនធានដែលយើងមាន ដែលអាចប្រើការបាន ដូចជា អំណាចសេដ្ឋកិច្ច និងយោធាជាដើម។ហេតុនេះ គោលនយោបាយការបរទេស គឺជាចក្ខុវិស័យនៃផលប្រយោជន៍នូវក្នុងការធ្វើអន្តរកម្មជាមួយរដ្ឋដទៃ។ យុទ្ធសាស្ត្រនិងគំនិត ត្រូវបានប្រើប្រាស់ដើម្បីសម្រេចបាននូវគោលដៅនេះ ហើយនិងធនធានដែលយើងមានត្រូវបានប្រើប្រាស់សម្រាប់នាំផ្លូវយើងនូវក្នុងការធ្វើទំនាក់ទំនងជាមួយរដ្ឋដទៃផ្សេងៗទៀត។

ហេតុអ្វីបានជាអាស៊ានជ្រើសយកជំហានមិនអញ្ញើញមីយ៉ាន់ម៉ាមកចូលរួមប្រជុំ?

បន្ទាប់ ៨ ខែនៃការផ្តួលរំលំធ្វើដោយរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ា ទីបំផុតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានធ្វើការសម្រេចចិត្តរារាំងមេដឹកនាំរបបយោធាលោក Min Aung Hlaing ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងសប្តាហ៍នេះ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន សមាជិករបស់អាស៊ានបានស្នើអញ្ចើញអ្នកតំណាងដែលមិនមែនជាអ្នកតំណាងនយោបាយ (Non-political representative) របស់មីយ៉ាន់ម៉ាដើម្បីចូលរួមកិច្ចប្រជុំកំពូលតំបន់នៅក្នុងខែតុលានេះ។ ប៉ុន្តែការអញ្ជើញនេះត្រូវបានបដិសេដដោយរដ្ឋាភិបាលយោធារបស់លោក Min Aung Hlaing ព្រោះលោកយល់ថារដ្ឋាភិបាលរបស់លោកស្របច្បាប់ ហើយអាស៊ានកំពុងដើរផ្ទុយពីគោលការណ៍មិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ប្រទេសជាសមាជិកនិងបម្រើគោលនយោបាយរបស់ប្រទេសមហាអំណាចខាងក្រៅ។ ការរារាំងមិនឱ្យមេដឹកនាំយោធាចូលរួមកិច្ចប្រជុំអាស៊ាននេះជារឿងកម្រមួយ និងបានឱ្យឃើញពីឆន្ទៈនិងឥទ្ធិពលរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ដែរ ហើយទីបញ្ចប់គឺក្នុងកិច្ចប្រជុំកំពូលដែលប្រព្រឹត្តទៅនៅប្រទេសប្រុយណេវិញគឺគ្មានវត្តមានរបស់អ្នកតំណាងណាមួយរបស់មីយ៉ាន់ម៉ានោះទេ។

មូលហេតុនៃការរារាំងមិនឱ្យមេដឹកនាំយោធាចូលរួមកិច្ចប្រជុំ

មូលហតុចម្បងក្នុងការមិនអញ្ញើញមីយ៉ាន់ម៉ាមកប្រជុំនោះគឺ មេដឹកនាំរបបសឹកមិនបានគោរពទៅតាមការសន្យាលើគោលការណ៍ ៥ ចំណុចរបស់អាស៊ាន។ ជាក់ស្ដែង កាលពីពេលថ្មីកន្លងទៅ អាស៊ានបានឱ្យអ្នកតំណាងរបស់ខ្លួនទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងគោលបំណងជួយសម្របសម្រួលស្ថានភាពនយោបាយនៅក្នុងប្រទេស។ បេសកជនរបស់អាស៊ានដែលត្រូវបញ្ជូនទៅគឺជារដ្ឋមន្ត្រីការបរទេសទីពីររបស់ប្រ៊ុយណេ គឺលោក Erywan Yusof ប៉ុន្តែមិនទាន់អាចធ្វើទស្សនកិច្ចប្រទេសនេះដើម្បីសម្របសម្រួលនោះទេ។ បេសកជនពិសេសមានសិទ្ធិចូលដំណើរការពេញលេញទៅកាន់គ្រប់ភាគីពាក់ព័ន្ធ តែដល់ពេលនេះមិនទាន់អាចធ្វើជំនួបជាមួយភាគីណាមួយនៅមីយ៉ាន់ម៉ាឡើយ ខណៈសោកនាដកម្មនៅមីយ៉ាន់ម៉ានៅតែបន្តមាន រហូតដល់ការរីករាលដាលវិបត្ដិកូវីដ១៩ផង។ ជាលទ្ធផល រដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃទី១៥ ខែតុលា បានសម្រេចមិនអញ្ជើញលោក Min Aung Hlaing ឬតំណាងនយោបាយណាមួយមកពិភាក្សាក្នុងកិច្ចប្រជុំឡើយ។

ការសម្រេចដកអ្នកតំណាងនិង ការច្រានចោលសំណើអាស៊ានរបស់មីយ៉ាន់ម៉ា

រដ្ឋមន្ត្រីអាស៊ានបានសម្រេចកាលពីថ្ងៃទី ១៥ ខែ តុលា ដើម្បីដកឧត្តមសេនីយមីយ៉ាន់ម៉ា Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូល។ នេះត្រូវបានគេចាត់ទុកថាជាការស្តីបន្ទោសដ៏ធំបំផុតរបស់អាស៊ានលើមីយ៉ាន់ម៉ាចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ នៅពេលដែលយោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលក្រោមការដឹកនាំ របស់លោកស្រី Aung San Suu Kyi និងការធ្វើទុក្ខបុក្ខម្និញលើបាតុករ ដែលទាំងនេះគឺជាសញ្ញាណនៃការប្រាសចាកនៃគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ក៏ប៉ុន្តែអាស៊ានក៏មានបានបិទផ្លូវមីយ៉ាន់ម៉ាជិតឈឹងដែរ ដោយសារបន្ទាប់ពីអាស៊ានសម្រេចមិនឱ្យមេដឹកនាំយោធាចូលរួមប្រជុំ អាស៊ានបានលើកសំណើឱ្យអ្នកតំណាងផ្សេងក្រៅពីអ្នកតំណាងនយោបាយមកចូលរួមវិញ។ ប្លុកអាស៊ានបានងាកមកអញ្ជើញលោក Chan Aye ជាលេខាធិការអចិន្ត្រៃយ៍ក្នុងក្រសួងការបរទេសរបស់របបយោធា ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនិម្មិតអាស៊ានក្នុងនាមជាតំណាង Non-political representative។ ជាការឆ្លើយតប រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃសុក្រ ថាខ្លួនបានច្រានចោលការសម្រេចចិត្តរបស់អាស៊ានក្នុងការអញ្ជើញតែឥស្សរជនដែលមិនតំណាងនយោបាយទៅកិច្ចប្រជុំកំពូលក្នុងតំបន់នាពេលខាងមុខ ដែលទង្វើរបស់អាស៊ាននេះបានមើលងាយមេដឹកនាំរបបសឹកនៃរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។

ក្រសួងការបរទេសរបស់របបយោធាបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ប្រមុខរដ្ឋ ឬរដ្ឋាភិបាលមីយ៉ាន់ម៉ាទទួលបានសិទ្ធិស្មើគ្នា និងពេញលេញក្នុងការចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិកទាំង១០។ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ Zaw Min Tun បាននិយាយថា ការមិនអញ្ជើញមីយ៉ាន់ម៉ានេះ “មិនបានឱ្យសមភាពប្រទេសមីយ៉ាន់ម៉ា” ដូចប្រទេសសមាជិកដទៃទៀតទេ។

ជំហានរបស់អាស៊ាន

សេចក្តីព្រាងសេចក្តីថ្លែងការសម្រាប់កិច្ចប្រជុំកំពូលអាស៊ានបានបង្ហាញពីការព្រួយបារម្ភ របស់មេដឹកនាំរដ្ឋសមាជិកចំពោះស្ថានភាពរបស់មីយ៉ាន់ម៉ា ដោយអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា អនុវត្តការប្តេជ្ញាចិត្តរបស់ពួកគេចំពោះមតិឯកភាពប្រាំចំណុចឬ 5 Points Consensus រួមទាំងដំណើរទស្សនកិច្ចរបស់បេសកជនពិសេសរបស់អាស៊ានទៅកាន់ប្រទេសរបស់អាស៊ាន។

ជំហានរបស់អាស៊ានដែលមិនឱ្យមេដឹកនាំយោធារបស់មីយ៉ាន់ម៉ា ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពកង្វះកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលយោធារបស់លោក Min Aung Hlaing លើការអនុវត្តការយល់ស្រប ៥ ចំណុច (5 Points Consensus) ដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសកាលពីខែមេសា។ ជារួម ផែនការ ៥ ចំណុចនោះគឺការបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា ការចាប់ផ្តើមកិច្ចសន្ទនាជាមួយ “គ្រប់ភាគី” និងការផ្តល់សិទ្ធិឱ្យបេសកជនពិសេសម្នាក់ចូលប្រទេសពេញលេញ។ ក៏ប៉ុន្តែ ជាច្រើនខែបានកន្លងផុតទៅ មេដឹកនាំរបបសឹកមិនបានអនុវត្ដនូវអ្វីដែលខ្លួនបានសន្យាឡើយ ហើយក៏បានរុញច្រានស្ថានការណ៍នៅមីយ៉ាន់ម៉ាធ្លាក់ក្នុងសភាពធ្ងន់ធ្ងរបន្ថែមទៀត។ ដូចនេះ ប្រសិនបើអាស៊ាននៅតែបើកភ្នែកម្ខាងបិទភ្នែកម្ខាងលើការក្បត់ពាក្យសន្យារបស់មេដឹកនាំរបបសឹកតទៅទៀត នោះនឹងធ្វើឱ្យគេយល់ឃើញកាន់តែច្បាស់ថាអាស៊ានមានត្រឹមតែឈ្មោះប៉ុន្តែមិនមានឥទ្ធិពលដោះស្រាយអ្វីទាល់តែសោះក្នុងការដោះស្រាយបញ្ហាក្នុងតំបន់។ ការឆ្លើយតបរបស់អាស៊ានទៅនឹងការមិនខ្វាយខ្វល់នឹងការសន្យារបស់មេដឹកនាំរបបសឹកនេះក៏ជាការមេរៀនដ៏ល្អមួយដែរសម្រាប់សមាជិកអាស៊ានទាំងអស់ ដែលបង្ហាញថា សមាជិកទាំងឡាយក៏មានកាតព្វកិច្ចគោរពគោលការណ៍និងសេចក្ដីសម្រេចរបស់អាស៊ាន ត្បិតតែប្រទេសនីមួយអាចប្រើប្រាស់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងជាខ្នងបង្អែក។

គេឃើញថាកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានេះនៅតែមានភាពស្មុគស្មាញដោយសារតែគោលការណ៍របស់អាស៊ានមួយគឺ « គោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់សមាជិកម្នាក់ៗ »។ ប៉ុន្តែកន្លងមកថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Saifuddin Abdullah បាននិយាយកាលពីសប្តាហ៍មុនថា អាស៊ានចាំបាច់មិនអាចប្រើគោលការណ៍នៃការមិនជ្រៀតជ្រែកជាខែលដើម្បីជៀសវាងបញ្ហាដែលកំពុងត្រូវបានដោះស្រាយនោះទេ។

សរុបមក ការសម្រេចចិត្តមិនអញ្ជើញលោក Min Aung Hlaing គឺជាការផ្លាស់ប្តូរ និងជាជំហានដែលមិនធ្លាប់មានពីមុនមកសម្រាប់អាស៊ានផងដែរ ព្រោះសមាជិកទាំង ១០ តែងតែមានទម្លាប់មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់សមាជិករបស់ខ្លួននោះទេ។ ការសម្រេចចិត្ដនេះមានទាំងផ្ដល់ទាំងផលចំណេញ និងខាតរបស់អាស៊ាន។ ផលចំណេញគឺ អាស៊ានអាចបង្ហាញដល់សាធារណៈជនថាខ្លួនក៏មានឥទ្ធិពលខ្លះដែរ និងបង្ហាញពីឆន្ទៈក្នុងការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ យ៉ាងណាមិញ ត្បិតតែអាស៊ានចង់ដោះស្រាយវិបត្ដិនៅមីយ៉ាន់ម៉ាប៉ុន្តែបែរជាមិនអញ្ញើញកូនសោរបញ្ហាមកពិភាក្សាទៅវិញ ហើយជំហានបន្ទាប់របស់អាស៊ានក្នុងការដោះស្រាយវិបត្ដិនៅមីយ៉ាន់ម៉ាក៏កាន់តែស្រពេចស្រពិល ត្បិតតែមានឆន្ទៈប៉ុន្តែគ្មានវិធី។

 

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ