"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

គោលការណ៍ជាមូលដ្ឋាននៃក្រមរដ្ឋប្បវេណី

ក្រមរដ្ឋប្បវេណី គឺជាច្បាប់ទូទៅនៃនីតិឯកជន ដែលបទប្បញ្ញិត្តទៅលើសកម្មភាពរស់នៅ និងការធ្វើទំនាក់ទំនងផ្សេងៗ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់បុគ្គលឯកជន លើកលែងតែមានការកំណត់ផ្សេងទៀតនៃច្បាប់ពិសេស។ តួយ៉ាងទំនាក់ទំនង និងសកម្មភាពទាំងនោះមានដូចជា ការអនុវត្តសិទ្ធិបុគ្គល កាតព្វកិច្ច និងទំនាក់ទំនងរវាងសាច់ញាតិ រួមមាន រវាងប្តីប្រពន្ធតាមរយៈអាពាហ៍ពិពាហ៍ រវាងឪពុកម្ដាយនិងកូន ការបែងចែកទ្រព្យសម្បត្តិ ឬកេរមរតក។ល។

តើមានគោលការណ៍ជាមូលដ្ឋានអ្វីខ្លះនៅពីក្រោយបទប្បញ្ញត្តិទាំងនេះ?

ក្រមរដ្ឋប្បវេណីមាន “គោលការណ៍ជាមូលដ្ឋាន” កំណត់សិទ្ធិឯកជនរបស់បុគ្គលដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបន្ថែមភាពជាក់លាក់ និងលម្អិតទៅដល់បញ្ញត្តិទាំងនោះ ព្រមទាំងបានកំណត់គោលការណ៍ជាមូលដ្ឋាននៃសិទ្ធិលើទ្រព្យសម្បត្តិទៀតផង។

សិទ្ធិឯកជនរបស់បុគ្គលដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ

សេចក្តីថ្លៃថ្នូរនិងសមភាពបុគ្គល៖ យោងទៅតាមមាត្រា២ នៃក្រមរដ្ឋប្បវេណី គោលការណ៍មូលដ្ឋានមួយរបស់ក្រមនេះ គឺធានាឱ្យបាននូវសេចក្តីថ្លៃថ្នូររបស់បុគ្គល សមភាពឬភាពស្មើគ្នារបស់បុគ្គលទាំងប្រុសស្រីនៅចំពោះមុខច្បាប់ ដោយមិនមានការរើសអើង ដែលទាំងនេះសុទ្ធសឹងត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា៣១ នៃរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា ប្រជាជនខ្មែរគ្រប់រូបមានភាពស្មើគ្នានៅចំពោះមុខច្បាប់ មានសេរីភាព និងកាតព្វកិច្ចដូចគ្នា ដោយមិនមានការរើសអើងប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា ឋានៈឬស្ថានភាពក្នុងសង្គម ធនធាន ឬបុគ្គលិកលក្ខណៈផ្សេងៗទៀតឡើយ។ មិនតែប៉ុណ្ណោះ មាត្រា៤៥ នៃរដ្ឋធម្មនុញ្ញក៏បានបន្ថែមរឹតតែច្បាស់ទៀតថា ការរើសអើងគ្រប់រូបភាពទៅលើស្ត្រី ត្រូវបានលុបបំបាត់ចោល ហើយបុរស និងស្រ្តីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យ។ នេះសបញ្ជាក់ឱ្យឃើញថា គោលការណ៍មួយនេះបានផ្តល់តម្លៃជាខ្លាំងទៅដល់សិទ្ធិឯកជនរបស់បុគ្គលគ្រប់រូបដែលជាប្រជាពលរដ្ឋរស់នៅក្នុងសង្គមនីតិរដ្ឋ ប្រកបទៅដោយភាពយុត្តិធម៌ ភាពស្មើគ្នាក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន នៅគ្រប់ស្រទាប់វណ្ណៈទាំងអស់នៃសង្គម។

ទំនាក់ទំនងសាច់ញាតិ ឬគ្រួសារ៖ ជាការពិតណាស់ យើងដឹងហើយថាមនុស្សគ្រប់រូបដែលរស់នៅក្នុងសង្គមរមែងតែងតែមានទំនាក់ទំនងទៅវិញទៅមកតាមរយៈការជាប់សាច់សាលោហិតរវាងគ្នា ជាឪពុកម្តាយ-កូន បងប្អូន និងទំនាក់ទំនងសាច់ញាតិផ្សេងៗទៀត ព្រមទាំងរវាងសហព័ទ្ធ ឬប្តីប្រពន្ធ តាមរយៈចំណងអាពាហ៍ពិពាហ៍។ល។ កត្តាទាំងនេះធ្វើឱ្យយើងគ្រប់គ្នាមានការប្រាស្រ័យទាក់ទង និងពឹងផ្អែកទៅលើគ្នាទៅវិញទៅមក ដែលបណ្តាលឱ្យកើតចេញជា សិទ្ធិ កាតព្វកិច្ច ទំនួលខុសត្រូវនានា ដែលមិនអាចចៀសផុតបាន។ ដើម្បីជាការសម្រួលលើការប្រាស្រ័យទាក់ទងនេះ ក្រមរដ្ឋប្បវេណី បានចែងយ៉ាងច្បាស់អំពី សិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវទាំងអស់នេះ ដែលពាក់ព័ន្ធទៅនឹងទំនាក់ទំនងសាច់ញាតិ ប្តីប្រពន្ធ ជាដើមនេះ។ គន្ថីទី៧ នៃក្រមរដ្ឋប្បវេណី “ញាតិ” បានរៀបរាប់អំពីទំនាក់ទំនងដូចជា ការភ្ជាប់ពាក្យ អាពាហ៍ពិពាហ៍ ប្រព័ន្ធទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ ការលែងលះគ្នាជាអាទិ៍។ លើសពីនេះទៀត ទំនាក់ទំនង ឪពុកម្តាយ និងកូន ដែលរួមមានទាំងការស្មុំកូន ក៏ត្រូវបានបញ្ជាក់យ៉ាងច្បាស់ផងដែរ។ អំណាចមេបា អាណាព្យាបាល សុទ្ធតែជាសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវសំខាន់បំផុតទៅលើ ការរស់នៅ និងជីវភាពបុគ្គលម្នាក់ៗ។ តួយ៉ាងអំណាចមេបាត្រូវបានចែងនៅក្នុងមាត្រា១០៣៤ និង១០៣៦ ដែលបញ្ជាក់ថា ជាទូទៅ ឪពុកម្តាយដែលមានចំណងអាពាហ៍ពិពាហ៍ ត្រូវមានអំណាចមេបា ដែលជាអ្នកមានសិទ្ធិ និងកាតព្វកិច្ច ចិញ្ចឹមបីបាច់ថែរក្សាកូនដែលជាអនីតិជន។ ស្រដៀងគ្នានេះដែរ ផ្អែកតាមមាត្រា៤៧ នៃរដ្ឋធម្មនុញ្ញ ឪពុកម្តាយមានកាតព្វកិច្ចក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនឱ្យក្លាយខ្លួនទៅជាពលរដ្ឋល្អក្នុងសង្គម។

គោលការណ៍ជាមូលដ្ឋាននៃសិទ្ធិលើទ្រព្យសម្បត្តិ

ក្រមរដ្ឋប្បវេណីបានបញ្ញត្តិ នូវមាត្រាមួយចំនួន ដែលមានគោលការណ៍ជាមូលដ្ឋានទាក់ទងទៅនឹងទ្រព្យសម្បត្តិបុគ្គលផងដែរ។ មាត្រា១៣៨ បានឱ្យនិយមន័យនៃកម្មសិទ្ធិថា ជាសិទ្ធិដែលកម្មសិទ្ធិករ ឬម្ចាស់កម្មសិទ្ធិអាចគ្រប់គ្រង ប្រើប្រាស់ អាស្រ័យផល និងចាត់ចែងវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួន បានដោយសេរី ប៉ុន្តែនៅក្នុងទំហំដែលច្បាប់បានអនុញ្ញាត។ ខ្លឹមសារលម្អិតនៃកម្មសិទ្ធិត្រូវបានចែងក្នុងជំពូកទី២ នៃគន្ថីទី៣ ក្នុងក្រមនេះ។ ចំណុចនេះដែរក៏បានឆ្លុះបញ្ចាំងគោលការណ៍មូលដ្ឋានទាក់ទងនឹងរដ្ឋធម្មនុញ្ញខាងលើសារជាថ្មី ពីព្រោះក្នុងរដ្ឋធម្មនុញ្ញ មាត្រា៤៤ ក៏បានចែងថាជនណាក៏ដោយ មិនថាជាបុគ្គល ឬសមូហភាពនោះទេ គឺសុទ្ធសឹងត្រូវបានផ្តល់ឱ្យនូវកម្មសិទ្ធិឯកជនស្របច្បាប់។ លើសពីនេះទៀត ទំនាក់ទំនងញាតិ ក៏មានកាតព្វកិច្ច សិទ្ធិដែលជាប់ពាក់ព័ន្ធ ការបែងចែកទ្រព្យសម្បត្តិ សន្តតិកម្ម  កេរមរតក ដែលជាផ្នែកយ៉ាងសំខាន់ក្នុងជីវភាពរស់នៅ ហើយអាចបង្កឱ្យមានការមិនពេញចិត្ត កើតជាវិវាទដែលយើងបានមើលឃើញជាក់ស្តែងកន្លងមក ច្រើនគួរសមដែរ។ ហេតុដូចនេះហើយ គោលការណ៍មួយដ៏ចាំបាច់របស់ក្រមរដ្ឋប្បវេណី គឺត្រូវជួយទៅដល់ភាគី ក្នុងការបែងចែកផលប្រយោជន៍ ព្រមទាំងចៀសវាង និងដោះស្រាយទំនាស់ទាំងអស់នេះ ដែលមាត្រាទាំងនោះបានដៅនូវមូលដ្ឋានគ្រឹះទៅដល់ច្បាប់ពិសេសផ្សេងៗទៀត។ តួយ៉ាង នៅក្នុងគន្ថីទី៨ នៃក្រមនេះមានចែងអំពីសន្តតិកម្ម ដែលរួមមានលក្ខណៈសម្បត្តិរបស់សន្តតិជន សន្តតិកម្មតាមច្បាប់ សន្តតិកម្មតាមមតកសាសន៍ ការគ្រប់គ្រងនិងបែងចែកមរតក និងចំណុចផ្សេងៗជាច្រើនទៀតដែលត្រូវចាប់អារម្មណ៍។

***Disclaimer

អត្ថបទនេះគ្រាន់តែសរសេរឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទូទៅក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ  ដែលអត្ថបទនេះក៏មិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ផ្លូវការណាមួយឡើយ។  The SEED នឹងមិនការធានា និងមិនទទួលខុសត្រូវនូវបញ្ហាផ្លូវច្បាប់ដែលបណ្តាលមកពីការប្រើប្រាស់អត្ថបទនេះឡើយ។

ការចាប់ដៃគ្នារវាងប្រទេសស្រីលង្កា និង ប្រទេសមហាអំណាចចិន

ស្រីលង្កាដែលស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌានៅភាគអាគ្នេយ៍នៃចុងនៃឧបទ្វីបឥណ្ឌា ដែលទទួលបានឯករាជ្យពេញលេញនៅឆ្នាំ ១៩៤៨ បន្ទាប់ពីស្ថិតក្រោមការគ្រប់គ្រងរបស់អង់គ្លេសជិត ១៥០ ឆ្នាំចាប់តាំងពីឆ្នាំ១៨១៥ ដល់ឆ្នាំ ១៩៤៨ និងត្រូវបានទទួលស្គាល់ដោយសាធារណរដ្ឋប្រជាមានិតចិននៅខែមករាឆ្នាំ ១៩៥០។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតពេញលេញនិងផ្លាស់ប្តូរឯកអគ្គរដ្ឋទូតនៅខែកុម្ភៈឆ្នាំ ១៩៥៧ ។ ជាមួយទំនាក់ទំនងជាប្រវត្តិសាស្រ្ដនៅឆ្នាំ ១៩៥២ ខែមេសា ប្រទេសទាំងពីរបានបង្កើតកិច្ចព្រមព្រៀងទី ១ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកវិទ្យារវាងចិននិងស្រីលង្កា និងកិច្ចព្រមព្រៀងដែនសមុទ្រនៅឆ្នាំ ១៩៦៣។ គណៈប្រតិភូសហជីពចិនបានធ្វើទស្សនកិច្ចប្រទេសស្រីលង្កាជាលើកដំបូងនៅខែកុម្ភៈឆ្នាំ ១៩៥៧ ។ ទំនាក់ទំនងចិន-ស្រីលង្កាត្រូវឈានទៅមួយកម្រិតទៀតនៅពេលប្រទេសស្រីលង្កាបោះឆ្នោតកាលពីឆ្នាំ ២០០៥ ដែលកាលនោះលោកប្រធានាធិបតី Mahinda Rajapaksa ជាអ្នកឈ្នះឆ្នោត ។ យ៉ាងណាមិញ បើទោះបីជាចំណងកាទូតមានលក្ខណៈស្អិតរមួត ព្រមទាំងការផ្តល់ជំនួយរបស់ចិន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចស្រីលង្កាឥតឈប់ឈរ ដោយឡែកហេតុអ្វីបានជាកំពង់ផែ Ha​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​mban​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​tota ត្រូវបាន ដាក់ជួលឲ្យទៅក្រុមហ៊ុនចិន៩៩ឆ្នាំ តើចិនសម្លឹងឃើញអ្វីខ្លះពីប្រទេសស្រីលង្ហា?

តើចិនសម្លឹងឃើញផលប្រយោជន៍អ្វីខ្លះពីស្រីលង្កា?

ឥទ្ធិពលចិនមកលើស្រីលង្កាដែលយើងស្គាល់សព្វថ្ងៃបានចាប់ផ្ដើមកើតមានឡើងនៅក្នុងអាណត្តិរបស់ប្រធានាធិបតីស្រីលង្កាលោក Mahinda Rajapaksa ដែលជាប់ឆ្នោតនៅក្នុងឆ្នាំ ២០០៥​ ហើយខណ:ដែលប្រទេសស្រីលង្កាកំពុងធ្លាក់នៅក្នុងសង្គ្រាមស៊ីវិល។ ចិនបានដឹងថាវាជាឱកាសមាសសម្រាប់ខ្លួនត្រូវធ្វើសកម្មភាពដើម្បីបំពេញចន្លោះប្រហោងក្នុងវិស័យសេដ្ឋកិច្ចរបស់ស្រីលង្កា ក្រោយការងើបពីសង្គ្រាមស៊ីវិលរយៈពេល២៦ឆ្នាំរបស់ស្រីលង្កាជាមួយក្រុមភេរវករបំបែកខ្លួន LTTE នៅឆ្នាំ២០០៩ ដែលបានបំផ្លាញប្រទេសស្រីលង្កាយ៉ាងខ្លាំងហើយប្រទេសនេះត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងដើម្បីកសាងសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។ បើយោង The Diplomat នៅឆ្នាំ ២០០៧ លោក Rajapaksa បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធលើកដំបូងជាមួយចិនដែលមានតម្លៃ ៣៧ លានដុល្លាអាមេរិក។ ក្នុងឆ្នាំ ២០០៨ ចិនបានផ្តល់អំណោយយន្តហោះចម្បាំងប្រភេទ F៧ ចំនួន ៦  កាំភ្លើងប្រឆាំងយន្តហោះ និងរ៉ាដា JY-១១។ នៅឆ្នាំ ២០១០ ទីក្រុងប៉េកាំងបានផ្តល់ប្រាក់កម្ចី ២០០ លានដុល្លារដល់ប្រទេសស្រីលង្កាដើម្បីសាងសង់អាកាសយានដ្ឋានអន្តរជាតិទី ២ ក្បែរទីក្រុង Hambantota ហើយនៅឆ្នាំដដែល ចំនួនទឹកប្រាក់ ៣៦១ លានដុល្លារអាមេរិកត្រូវបានខ្ចីដើម្បីសាងសង់កំពង់ផែ Hambantota ដំណាក់កាលទី ១ ដែលបាន បញ្ចប់នៅឆ្នាំ ២០១០។ ក្នុងឆ្នាំ ២០១២ ​​​​​​​​​​​​​​​​​​​​​​​​​​​បានផ្តល់ប្រាក់ចំនួន ៨១០ លានដុល្លារអាមេរិកសម្រាប់គម្រោងកំពង់ផែដំណាក់ កាលទី ២។ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៣ ក្រុមហ៊ុនចិនបានចុះកិច្ចសន្យាសាងសង់ផ្លូវដែកតម្លៃ ២៧២ លានដុល្លារអាមេរិកទៅ ប្រទេសស្រីលង្កាក្នុងការសាងសង់ផ្លូវដែកថ្មីដំបូងបង្អស់នៅក្នុងប្រទេសស្រីលង្កាក្នុងរយៈពេលមួយសតវត្សរ៍។ ប្រទេសចិនបានផ្តល់ថវិកាចំនួន ៦០០ លានយិនប៊ី Renminbi  (៩០ លានដុល្លាអាមេរិកឬ ១៦.៥ ពាន់លានរូពីស្រីលង្កា) ជាជំនួយឥតសំណងនៅក្នុងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយលោក Wang Xiaotao ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន។

ខ្សែក្រវ៉ាត់មួយផ្លូវមួយ  (One Belt One Road Initiative) និងស្រីលង្កា

ច្បាស់ណាស់ការពង្រីកឥទ្ធិពលរបស់ចិននេះមិនអាចមើលរំលងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយផ្លូវមួយ  (One Belt One Road Initiative) បាននោះទេ។ ប្រទេសចិនចាត់ទុកប្រទេសស្រីលង្កាជាប្រទេសដ៏សំខាន់នៅក្នុងគំនិតផ្តួចផ្តើម ដែលជាយុទ្ធសាស្ត្ររបស់ចិននៅមហាសមុទ្រឥណ្ឌាដែលជាផ្លូវសូត្រសមុទ្រនិងជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏ធំដែលត្រូវបានគេស្គាល់ថាជាគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ (One Belt One Road Initiative)​ ប្រកបដោយមហិច្ឆតារបស់ទីក្រុងប៉េកាំង។ នៅឆ្នាំ ២០១៣ ប្រធានាធិបតីចិនលោក Xi Jinping បានបញ្ចេញគំនិត  One Belt One Road Initiative នដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំដែលផ្ដោតលើការអភិវឌ្ឍវិស័យដឹកជញ្ជូនរវាងប្រទេសនានា។ ប្រទេសចិនមានបំណងចង់ភ្ជាប់ទ្វីបអាស៊ីទ្វីបអាស៊ីនិងទ្វីបអឺរ៉ុបតាមបណ្ដោញផ្លូវគោកនិងផ្លូវសមុទ្រដើម្បីបង្កើនចរន្ដពាណិជ្ជកម្ម ជំរុញកំណើនសេដ្ឋកិច្ចនិងសមាហរណកម្មក្នុងតំបន់។ ទន្ទឹមនឹងនេះ ផ្នែកផ្លូវសមុទ្រនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយអាចត្រូវបានគេស្គាល់ថាផ្លូវសូត្រសមុទ្រសតវត្សទី ២១។ ផ្លូវសូត្រសមុទ្រនេះភ្ជាប់ពីតំបន់ឆ្នេរសមុទ្ររបស់ចិនទៅកាន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង ភូមិភាគខាងត្បូងនៃមហា សមុទ្រប៉ាស៊ីហ្វិក មជ្ឈឹមបូព៌ា អាហ្វ្រិកខាងកើត និងរហូតដល់ទ្វីបអឺរ៉ុបដែលឆ្លងកាត់ដែនសមុទ្រសំខាន់ៗដូចជាដែនសមុទ្រចិនខាងត្បូង ច្រកម៉ាឡាកា ស្រីលង្កា ដែនសមុទ្រភាគខាងត្បូងឥណ្ឌា ព្រែកជីកស៊ុយអែស។ ល។ លើសពីនេះទៅទៀតដោយសារស្រីលង្កាស្ថិតនៅចំណុចយុទ្ធសាស្ត្រដ៏សំខាន់ ចិនបានផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់នៅក្នុងប្រទេសស្រីលង្កាយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពីការបើកទ្វារស្វាគមន៍របស់ស្រីលង្កាក្នុងនាមភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ និងគាំទ្រគំនិតផ្តួចផ្តើមគំនិតរបស់ប្រទេសចិន។

ដោយឡែក ចិនក៏ចង់បង្កើតមូលដ្ឋានរឹងមាំមួយនៅក្នុងប្រទេសស្រីលង្កាដែលជាប្រទេសជិតខាងខាងត្បូង របស់ឥណ្ឌា។ ការធ្វើដូច្នេះនឹងផ្តល់ឱ្យចិនទទួលបានប្រយោជន៍ជាច្រើន ដែលទីមួយចិននឹងក្លាយជាអ្នកប្រកួតប្រជែង ដោយផ្ទាល់នឹងកងទ័ពជើងទឹករបស់ឥណ្ឌានៅក្នុងតំបន់មហាសមុទ្រឥណ្ឌា។ទីពីរប្រទេសចិននឹងឈរជើងនៅក្នុងសមុទ្ររឹងមាំជាងមុន និងក្លាយជាពាណិជ្ជកម្មដ៏សំខាន់មួយហើយនឹងស្ថិតក្នុងទីតាំងល្អប្រសើរជាងមុន ជាពិសេសដើម្បីធានាដល់ការធ្វើពាណិជ្ជកម្មប្រេងឆៅតាមសមុទ្ររបស់ខ្លួន។ បើយោងតាមសារព័ត៌មានក្នុងស្រុករបស់ឥណ្ឌា News១៨ ប្រហែលជា ៨០% នៃប្រេងឆៅរបស់ចិនដែលត្រូវបាននាំចូលពីបណ្តាប្រទេសអារ៉ាប់ឆ្លងកាត់ច្រកម៉ាឡាកា (Malacca Strait)​ នេះ ។ ​រង្វាន់ពិតប្រាកដសម្រាប់ប្រទេសចិនគឺកំពង់ផែស្រីលង្កាដែលប្រទេសកោះស្ថិតនៅតាមបណ្តាញគមនាគមន៍សមុទ្រខាងកើត-ខាងលិចដែលភ្ជាប់ប្រទេសចិនទៅអ្នកផ្គត់ផ្គង់ថាមពលរបស់ខ្លួននៅមជ្ឈឹមបូព៌ានិងអាហ្វ្រិក។

តើស្រីលង្កាប្រើប្រាស់កម្ចីចិនយ៉ាងដូចម្ដេច?

ដោយទទួលបានទីតាំងភូមិសាស្ត្រដ៏សំខាន់របស់ខ្លួនក្នុងនាមជាប្រទេសដែនសមុទ្រមួយដែលស្ថិតនៅចំណុចប្រសព្វនៃច្រកផ្លូវពាណិជ្ជកម្មអន្តរជាតិ ស្រីលង្កាមានតួនាទីយ៉ាងសំខាន់។ ទីក្រុងនេះមិនត្រឹមតែជាទីក្រុងកំពង់ផែធម្មជាតិប៉ុណ្ណោះទេប៉ុន្តែ ថែមទាំងមានប្រភពធនធានរ៉ែប្រេងធម្មជាតិក៏ដូចជាជលផលនិងរ៉ែសមុទ្រផងដែរ។ ប្រទេសស្រីលង្កាក៏ទើបតែងើបចេញពីសង្គ្រាមជិត ៣ ទសវត្សហើយ ដូច្នេះគឺមានឱកាសដែលជាគោលដៅអភិវឌ្ឍន៍ប្រកបដោយមហិច្ឆតាក្នុងការអនុវត្តគម្រោងហេដ្ឋារចនា សម្ព័ន្ធធំៗ នៅក្នុងទីក្រុងធំៗ។ ជាមួយការរំពឹងដ៏មហិមានៃចរាចរណ៍ពាណិជ្ជកម្មដ៏រីកចម្រើន អាជ្ញាធរស្រីលង្កាបានអះអាងនិងសន្យាថាការអភិវឌ្ឍន៍គម្រោងកំពង់ផែ Hambantota ដែលមានទីតាំងស្ថិតនៅចំបេះដូងនៃផ្លូវដឹកជញ្ជូនដ៏មមាញឹកទៅជាកំពង់ផែដ៏មានសក្ដានុពលពាណិជ្ជកម្មក្នុងអាស៊ី និងផ្ដល់ឱកាសការងារដល់ប្រជាជនជាង ៥០,០០០នាក់ ជាមួយនឹងការជំរុញសេដ្ឋកិច្ចឱ្យក្លាយជាប្រទេសដែល មានប្រាក់ចំណូលមធ្យមក្នុងរយៈពេលពីរបីឆ្នាំទៀត។

យ៉ាងណាមិញតាមការសិក្សាលទ្ធភាពជាច្រើនត្រូវបានធ្វើដោយក្រុមហ៊ុនវិស្វកម្មដាណឺម៉ាក Ramboll និង SNC-Lavalin របស់កាណាដាពីមុនបានបង្ហាញថាកំពង់ផែនេះនឹងមិនមានលទ្ធភាពផ្នែកពាណិជ្ជកម្មដូចកំពង់ផែផ្សេងទៀតដូចជាកំពង់ផែ Colombo ទេ ដោយលើកហេតុផលថាដំណាក់កាលដំបូងនៃគម្រោងគួរតែអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញ ដើម្បីចាប់ផ្តើមរកប្រាក់ចំណូលមុនពេលពង្រីកកំពង់ផែដើម្បីអាចគ្រប់គ្រងចរាចរណ៍និងស្តុកកុងតឺន័រ។ ទោះយ៉ាងណារដ្ឋាភិបាលលោក Mahinda Rajapaksa ដែលមានអាណត្តិពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៥ នៅតែទទូចផ្តួចផ្តើមដើម្បីអភិវឌ្ឍកំពង់ ផែ Hambantota នេះឡើង ដោយបានសន្យាថានឹងអភិវឌ្ឍសង្កាត់ភាគខាងត្បូងរបស់ប្រទេសស្រីលង្កាជាពិសេសស្រុកកំណើតរបស់ខ្លួននិងកំពង់ផែ​ដែលស្ថិតក្នុងចំណោមតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយរលកយក្សស៊ូណាមិឆ្នាំ ២០០៤ ប្រកបដោយមហិច្ឆតាសម្រាប់ការតភ្ជាប់ផ្លូវថ្នល់និងផ្លូវដែកអាកាសយានដ្ឋានថ្មី (ធំជាងគេនៅអាស៊ីខាងត្បូង) និងក្រុមហ៊ុនអាកាសចរណ៍ថ្មី។

ប្រទេសស្រីលង្កាបានអនុវត្តយុទ្ធសាស្រ្តមួយដែលស្វាគមន៍ការវិនិយោគសេដ្ឋកិច្ចពីប្រទេសចិនក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយដើម្បីជំរុញផលប្រយោជន៍សេដ្ឋកិច្ចនិងនយោបាយក្នុងស្រុករបស់ខ្លួន។ បើយោងតាម Center for Stragey and International Studies ស្រីលង្កាបានទទួលកម្ចីពាណិជ្ជកម្មនៃគម្រោងអភិវឌ្ឍន៍កំពង់ផែ Ha​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​mban​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​tota នៅដំណាក់កាលទី១ ឆ្នាំ២០០៧ ចំនួន ៣០៧លានដុល្លារ និងដំណាក់កាលទី២ ចំនួន ៧៥៧ លានដុល្លារនៅឆ្នាំ ២០១២។ គួរបញ្ជាក់ផងថា រាល់ប្រាក់កម្ចីដែលស្រីលង្កាទទួលបានតាមរយៈមូនិធិដោយធនាគារចិន (EXIM Bank) ស្ទើរតែទាំងអស់គឺជាប្រាក់កម្ចីសម្រាប់អភិវឌ្ឈន៍គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានកំពង់ផែ Hambantota, Colombo-Katunayake Expressway និងអាកាសយានដ្ឋាន Mattala ហើយប្រាក់ដែលទទួលបានតាមរយៈប្រាក់កម្ចីគម្រោងទាំងនេះមិនត្រូវបានអនុញ្ញាតឱ្យប្រើសម្រាប់ក្នុងគោលបំណងផ្សេងទៀតឡើយ។

របបដែលមិនអាចខ្វះចិនបានមួយនេះ ជាមួយអាកប្បកិរិយាទុទិដ្ឋិនិយមរបស់លោក Rajapaksa ដែលមិនយល់ស្របតាមលទ្ធផលសិក្សា ជម្នះធ្វើតាមការប្តេជ្ញាចិត្តក្នុងការស្វែងរកគម្រោងរបស់គាត់ និងការដាក់មហិច្ឆតានយោបាយមុនតម្រូវការទីផ្សារ រួមផ្សំនិងអភិបាលកិច្ចបែបផ្តាច់ការនិងពុករលួយ ដែលផ្តោតលើក្រុមគ្រួសាររបស់ប្រធានាធិបតីជាមួយនឹងការបិទបាំងការជំទាស់ការិយាប្រជាធិបតេយ្យនិងជួយសម្រួលដល់ការខ្ចីប្រាក់ពីតារាងតុល្យការដោយក្រុមហ៊ុនរដ្ឋនិងធនាគារឯកជន។ លើសពីនេះទៅទៀត បើយោងតាម News១៨ បានលើកឡើងថា ក្រុមហ៊ុនចិនដែល​ទទួលបន្ទុកសាងសង់កំពង់ផែ Ha​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​mban​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​tota បានបញ្ចេញទឹកប្រាក់យ៉ាងតិច ៧,៦ លានដុល្លាអាមេរិកដើម្បីគាំទ្រយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឡើងវិញរបស់លោក Rajapaksa នៅឆ្នាំ ២០១៥ ។ ជាយុទ្ធសាស្រ្ដ លោកRajapaksa បានជ្រើសរើសគម្រោងធំៗក្នុងការអភិវឌ្ឍន៍គ្រាន់តែជាថ្នូរដើម្បីទាក់ទាញចំណាប់អារម្មណ៍និងការសរសើរចំពោះសមត្ថភាពនិងគណបក្សក្នុងការកាន់អាណត្តិរបស់លោកប៉ុណ្ណោះ។

តើកូវីដ១៩ធ្វើឱ្យប៉ះពាល់ផ្លូវចិត្ដរបស់មនុស្សយ៉ាងដូចម្ដេចខ្លះ?

មនុស្សម្នាក់ៗមិនបានរំពឹងទុកពីការវាយលុករបស់ជំងឺកូវីដ១៩ ដែលធ្វើឱ្យស្ថានភាពពិភពលោកផ្លាស់ប្តូរទាំងស្រុងដូចជា ការពាក់ម៉ាស ការលាងដៃ ការនៅផ្តាច់ឆ្ងាយពីអ្នកដ៏ទៃ ការសិក្សានិងបំពេញភារកិច្ចពីទីលំនៅរបស់ខ្លួន និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកជាដើម។ ដោយហេតុនេះ មនុស្សជាច្រើនបានទទួលនូវសម្ពាធជាខ្លាំងដោយសារតែការផ្លាស់ប្តូរនូវរបៀបរស់នៅដោយពុំបានមើលឃើញជាមុននេះ និងបន្តឱ្យមានការព្រួយបារម្ភជាមួយនឹងបញ្ហាសុខភាពផ្លូវចិត្តរបស់បុគ្គលនីមួយៗក្នុងពេលវេលាបច្ចុប្បន្ន។ ដូចនេះ តើការលេចឡើងនៃជំងឺកូវីដ១៩បានផ្តល់នូវផលប៉ះពាល់អ្វីខ្លះទៅដល់សុខភាពផ្លូវចិត្តរបស់មនុស្សម្នាក់ៗនៅជុំវិញពិភពលោក?

១ វ័យកុមារ

យោងតាមការចេញផ្សាយរបស់ Medline Plus កុមារអាចទទួលនូវភាពតានតឹង ឬភាពព្រួយបារម្ភបានក្រោមស្ថានភាពណាមួយដែលតម្រូវឱ្យពួកគេមានការសម្របខ្លួន ឬការផ្លាស់ប្តូរជាដើម។ ជាមួយគ្នានេះផងដែរ ការដាក់កុមារឱ្យដាច់ចេញពីសង្គមក៏ផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង ដោយបង្កើនហានិភ័យនៃបញ្ហាសតិអារម្មណ៍នៅថ្ងៃខាងមុខ នេះបើយោងតាមការចេញផ្សាយរបស់គេហរទំព័រ No Isolation។ ភ្ជាប់ជាមួយនឹងបញ្ហាការរាតត្បាតនៃជំងឺកូវីដ១៩វិញ កុមារជាច្រើនត្រូវសម្របខ្លួនទៅតាមវិធានការណ៏ ការពារនៃការជំងឺនេះដោយមានសិក្សានៅផ្ទះ និងកាត់បន្ថយឱ្យទំនាក់ទំនងជាមួយនឹងកុមារផ្សេងៗនៅខាងក្រៅយ៉ាងខ្លាំង។ ដូចនេះ វាបានបង្កើតនូវបញ្ហាមួយទៅដល់មនុស្សក្នុងវ័យកុមារដោយធ្វើឱ្យមានភាពតានតឹងពីកុមារភាព និងអាចបន្តប៉ះពាល់ទៅដល់ការគិត ការធ្វើសកម្មភាព និងអារម្មណ៍របស់កុមារទាំងនោះនៅថ្ងៃខាងមុខ។ ម៉្យាងវិញទៀត យោងតាមការសិក្សារបស់ Elsevier Public Health Emergency Collection គេបានកត់សម្គាល់ថាកុមារក្នុងអាយុចន្លោះ៣ទៅ៦ឆ្នាំបានបង្ហាញឱ្យឃើញនូវរោគសញ្ញានៃភាពភ័យខ្លាចនៃការឆ្លងជំងឺកូវីដ១៩ ជាងកុមារធំៗដែលមានអាយុចន្លោះពី៦ទៅ១៨ឆ្នាំ។

២ យុវវ័យ

បើយើងងាកមកមើលយុវវ័យវិញ យោងតាមការចេញផ្សាយរបស់គេហរទំព័រ Kids Health Organization គេចាត់ទុកយុវវ័យអាយុចន្លោះ១២ទៅ១៨ឆ្នាំ ជាវ័យដែលមានការលូតលាស់បំផុតនៅក្នុងជីវិតរបស់មនុស្ស។ ក្នុងអំឡុងពេលកូវីដ១៩នេះ បានកែប្រែរបៀបរស់នៅធម្មតា ដែលយុវវ័យអាចមានអារម្មណ៏រំខាន នៅពេលដែលពួកគេស្ថិតនៅក្នុងការដាក់ដាច់ដោយឡែកបែបនេះ ព្រោះដូចគ្នាជាមួយនឹងវ័យកុមារដែរ ការប្រាស្រ័យទាក់ទងជាមួយនឹងសង្គមខាងក្រៅមានសារៈសំខាន់ជាខ្លាំងក្នុងការបណ្តុះបណ្តាលនិងអភិវឌ្ឍន៏ការលូតលាស់របស់យុវវ័យ នេះបើយោងតាមការចេញផ្សាយរបស់គេហរទំព័រ The Australian Parenting។ ជាមួយគ្នានេះផងដែរ ការបិទខ្ទប់របស់ជំងឺកូវីដ១៩ក៏បានផ្តល់ផលប៉ះពាល់ទៅដល់មនុស្សក្នុងវ័យទាំងនេះជាខ្លាំងបើប្រៀបធៀបជាមួយនឹងមនុស្សពេញវ័យ និងអាចជាហេតុធ្វើឱ្យយុវវ័យជាច្រើនវិវត្ដទៅជាជំងឺបាក់ទឹកចិត្ដដែលអាចរំខានទៅដល់ការសិក្សា និងក្នុងករណីខ្លះអាចឈានទៅដល់ការប្រព្រឹត្តិអំពើអត្តឃាតជាដើម នេះបើយោងតាមការចេញផ្សាយរបស់គេហរទំព័រ Healthline។

៣ មនុស្សពេញវ័យ ឬវ័យកណ្តាល

ក្នុងអំឡុងពេលកូវីដ១៩នេះ មនុស្សពេញវ័យ និងមនុស្សក្នុងវ័យកណ្តាលគឺជាវ័យដែលប្រឈមទៅនឹងជំងឺផ្លូវចិត្តជាងគេ នេះបើយោងតាមសិត្ថិរបស់ Kaiser Family Foundation។ មនុស្សពេញវ័យភាគច្រើនអាចជានិសិ្សតសកលវិទ្យាល័យ អ្នកធ្វើការ ឬឪពុកម្តាយជាដើម។ ទោះបីក្នុងករណីមុនការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះក៏ដោយ អត្រាដែលមនុស្សពេញវ័យទទួលនូវជំងឺផ្លូវចិត្តនៅតែខ្ពស់ជាងអ្នកដែលស្ថិតក្នុងវ័យដ៏ទៃទៀតដោយសារតែពួកគេសិ្ថតក្នុងវ័យដែលមានកាតព្វកិច្ចខ្ពស់ ជាពិសេសមនុស្សដែលមានអាយុចន្លោះពី ១៨ឆ្នាំទៅ២៤ឆ្នាំ ដែលក្នុងវ័យជានិសិ្សត នេះបើយោងតាមសិត្ថិរបស់ HHS Public Access។ ភ្ជាប់ជាមួយគ្នានេះដែរ មានការសិក្សាមួយបានបង្ហាញថា ក្នុងអំឡុងឆ្នាំ២០២១នេះ​គេបានសង្កេតឃើញថានិសិ្សតចំនូន ៣៥.៣៣% ក្នុងចំណោមនិសិ្សតដែលបានចូលរួមពិសោធន៍ទាំងអស់បានបង្ហាញនូវរោគសញ្ញានៃភាពតានតឹង (Anxiety) និងចំនួន ៧២.៩៣% បានបង្ហាញឱ្យឃើញនូវរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត (Depression) កំរិតស្រាល។ មូលហេតុដែលធ្វើឱ្យមានការប៉ពាល់ផ្លូវចិត្ដនេះគឺដោយសារតែ អត្រានៃការប្រឈមនឹងការទទួលអាហាររូបត្ថម្ភមិនគ្រប់គ្រាន់ ឬការទទួលអាហារមិនល្អ ការមិនមើលថែរាងកាយ និងការព្រួយបារម្ភអំពីការទទួលចំណេះដឹងមិនគ្រប់គ្រាន់ដោយសារបញ្ហាការសិក្សាដែលមិនអាចឱ្យពួកគេត្រៀមខ្លួនក្នុងថ្ងៃអនាគត។ ទាំងនេះគឺជាមូលហេតុដែលនាំឱ្យមានអត្រាកើតជំងឺផ្លូវចិត្តខ្ពស់ក្នុងវ័យសិក្សា នេះបើយោងតាមការសិក្សារបស់ Biomed Central នៃគេហទំព័រ Globalization and Health។

បើងាកមកមើលនូវស្ថានភាពរបស់បុគ្គលដែលមានភាត្វកិច្ចជាឪពុកម្តាយ អ្នកមានគ្រួសារ និងអ្នកធ្វើការវិញ ពួកគេក៏មានបញ្ហាដែលអាចឱ្យពួកគេប្រឈមនឹងបញ្ហាផ្លូវចិត្តផងដែរ ជាពិសេសគ្រួសារដែលមានជីវភាពក្រីក្រ។ យោងតាមការចេញផ្សាយរបស់ BMC Public Health អំឡុងពេលកូវីដ១៩ គ្រួសារដែលមានជីវភាពក្រីក្រងាយនឹងរងនូវបញ្ហាជាច្រើនដែលអាចប៉ះពាល់បញ្ហាផ្លូវចិត្តបើប្រៀបធៀបជាមួយនឹងគ្រួសារដែលមានជីវភាពធម្មតាដូចជា បញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ ការបាត់បង់ការងារ និងការព្រួយបារម្ភពីកូនៗរបស់ខ្លួនជាដើម។ ចំណែកឯគ្រួសារដ៏ទៃទៀត ពួកគេក៏អាចជួបជាមួយនឹងបញ្ហាទាំងនេះដែរ រួមជាមួយនឹងមនុស្សពេញវ័យមួយចំនួនដែលរស់នៅម្នាក់ឯងដែលអាចទទួលនូវបញ្ហាសតិអារម្មណ៍ ជាពិសេសក្នុងអំឡុងពេលមួយនេះ បើយោងតាមការចេញផ្សាយរបស់គេហទំព័រ Advantage Mental Health Center។

៤ មនុស្សចាស់ជរា

យោងតាមមជ្ឍមណ្ឌលប្រយុទ្ធប្រឆាំង និងបង្ការជំងឺឆ្លងអន្តរជាតិ (CDC) អត្រាអាយុនៃការឆ្លងជំងឺកូវីដ១៩ដំណាក់ការធ្ងន់ខ្ពស់បំផុតនោះគឺជាមនុស្សចាស់ជរាដែលបានអាយុចាប់ពី ៥០ទៅ៨០ឆ្នាំ រួមជាមួយនឹងហានិភ័យក្នុងការស្លាប់ប្រសិនបើបុគ្គលនោះមានផ្ទុកជំងឺប្រចាំកាយស្រាប់។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សដែលមិនអាចពឹងផ្អែកលើខ្លួនឯងបាន រួមមានមនុស្សដែលពិការរាងកាយ និងមនុស្សចាស់ជរាអាចងាយក្នុងការមានភាពតានតឹងក្នុងអារម្មណ៍ ឬបាត់បង់ភាពងាយស្រួលក្នុងការរស់នៅជាដើម នេះបើយោងតាមការចេញផ្សាយរបស់ The Lancet Public Health។ ដូចនេះ ការបិទខ្ទប់ប្រទេស និងភាពព្រួយបារម្ភនៃជំងឺនេះក៏បានជះឥទ្ធិពលទៅលើទៅលើសុខភាពផ្លូវចិត្តរបស់មនុស្សចាស់ជរានៅថ្ងៃខាងមុងផងដែរ ដូចជាជំងឺបាក់ទឹកចិត្ត ការមិនចូលរួមក្នុងការធ្វើសកម្មភាពដើម្បីសុខភាព ការបញ្ចេញនូវអាកប្បកិរិយាមិនល្អនៅក្នុងសង្គម ហើយក៏មានករណីអាចបណ្តាលឱ្យបាត់បង់ជីវិតផងដែរ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Oxford Academic។

បរិបទសេដ្ឋកិច្ច និងការវិនិយោគក្នុងប្រទេសកម្ពុជា

នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានធ្វើការអភិវឌ្ឍនិងមានការផ្លាស់ប្តូរជាច្រើនវិស័យគិតចាប់តាំងពីឆ្នាំ១៩៩៣មក ដែលសុទ្ធសឹងតែបានមកពីការទទួលយកជំនួយ និងការវិនិយោគពីបណ្តាប្រទេសជាច្រើនដូចជា ប្រទេសចិន សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន។ល។ ​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសន្តិភាព គឺជាមូលហេតុដែលធ្វើឱ្យប្រទេសកម្ពុជាបានក្លាយខ្លួនជាប្រទេសមួយ ដែលមានសន្ទុះក្នុងការអភិវឌ្ឍខ្លាំង ហើយបានប្រែខ្លួនជាប្រទេសដែលគួរឱ្យទាក់ទាញនៅក្នុងវិស័យវិនិយោគផងដែរ។​

បន្តិចបន្តួចស្តីពីសេដ្ឋកិច្ចកម្ពុជាមុន «ច្បាប់ស្តីពីវិនិយោគ ១៩៩៤»៖

ប្រទេសកម្ពុជាជាប្រទេសមួយដែលបានឆ្លងកាត់នូវរបបជាច្រើនដំណាក់កាល ដែលរបបនីមួយៗសុទ្ធសឹងតែមានការវិវដ្ដខុសៗគ្នា។​ នៅក្នុងរបបសង្គមរាស្ត្រនិយម ប្រទេសកម្ពុជាបានចាប់ផ្តើមបង្កើតសេដ្ឋកិច្ចបន្តពីអាណានិគមបារាំង ហើយចាប់ផ្តើមផ្លាស់ប្តូរ និងជំរុញសេដ្ឋកិច្ចក្នុងប្រទេស។ ក្រោយទទួលបានឯករាជ្យភាពពីបារាំងក្នុងឆ្នាំ១៩៥៣ កម្ពុជាបានបង្កើតសេដ្ឋកិច្ចរួមគ្នាជាមួយនឹងប្រទេសដទៃ ដោយមូលធនឯកជន និងសហគ្រាសធ្វើការរួមគ្នាជាមួយនឹងមូលធនរដ្ឋ ហើយរោងចក្រក៏បានកើនឡើងគួរឱ្យ កត់សម្គាល់។​ ការបង្កើតចំណងនេះបានដោះស្រាយបញ្ហាអ្នកជំនួញចិនផងដែរ ដោយសារតែលំហូរចូលនៃអ្នកជំនួញចិននាពេលនោះភាគច្រើនគឺ ក្នុងគោលបំណង ប្រមូលទិញផលិតផលកសិកម្ម រួចលក់មកឱ្យប្រជាជនខ្មែរវិញក្នុងតម្លៃមួយផ្សេងទៀត។

ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ទើបកើតមានដំបូងៗ កម្ពុជាជាប្រទេសប្រកាន់ខ្ជាប់នូវគោលនយោបាយអព្យាក្រឹត ដែលធ្វើឱ្យប្រទេសមានសុខសន្តិភាព ហើយមានការអភិវឌ្ឍល្អឥតខ្ចោះលើកលែងតែវិស័យយោធា ខណៈដែលកម្ពុជាត្រូវបានហុំព័ទ្ធទៅដោយប្រទេសដែលមានសង្គ្រាមនៅក្នុងតំបន់ឥណ្ឌូឆាយណា (Indochina) ទើបធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសទាក់ទាញក្នុងតំបន់ទាំងការវិនិយោគនិងជំនួយ។

ប្រទេសកម្ពុជាទទួលបានជំនួយពីបរទេសជាច្រើនក្នុងការអភិវឌ្ឍជាតិ ដែលជំនួយនោះបានមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការសាងសង់ផ្លូវជាតិ និងផ្លូវរទេះភ្លើងជាច្រើនខ្សែ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះបានជំរុញវិស័យវិនិយោគក្នុងប្រទេសកម្ពុជាកាន់តែប្រសើរឡើង និងទទួលបានភាពទាក់ទាញនៅក្នុងវិស័យវិនិយោគបន្ថែមទៀត។

យោងតាម Working Paper ដែលមានចំណងជើងថា Economic history of industrialization in Cambodia នៅចុងឆ្នាំ១៩៦៩ កម្ពុជាបានលុបចោល​ពន្ធការពារដែលបានធ្វើឱ្យមានការប៉ះទង្គិចខ្លាំង ទៅកាន់សហគ្រាសធុនតូចជាង ៩០% ដោយសារតែមិនអាចទ្រាំទ្រទៅនឹងទីផ្សារអន្តរជាតិ និងការកើនឡើងនៃកម្រៃកម្មករបាន។  ចំណែកឯសហគ្រាសធំៗមួយចំនួនដែលអាចឈរជើងជាប់នៅលើទីផ្សារ ក៏បានទទួលរងនូវ ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។​ បន្ទាប់មក ចាប់តាំងពីសម័យសង្គ្រាមត្រជាក់បានជ្រាបចូលមកកម្ពុជា សេដ្ឋកិច្ចកម្ពុជា ក៏ចាប់ផ្តើមមានបញ្ហាពិបាកនឹងទប់ទល់។ នៅដើមឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតឡើងយ៉ាងស្ងៀមស្ងាត់​ រីឯស្ថានភាពរបស់កម្ពុជានាពេលនោះគឺធ្លាក់ចុះទៅរក ភាពអន្តរាយ ទាំងបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម និងសង្រ្គាមស៊ីវិល។​ យោងតាមសៀវភៅប្រវត្ដិវិទ្យារបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅសម័យសាធារណរដ្ឋខ្មែរគឺជនភៀសខ្លួនគ្មានការងារធ្វើនិងជួបប្រទះកង្វះស្បៀងអាហារប្រចាំថ្ងៃដោយសារតែភ្លើងសង្គ្រាម អតិផរណាប្រាក់រៀល និងការកើនឡើងនៃតម្លៃទំនិញហួសប្រមាណចេះតែបន្តកើតមាន។ សង្គ្រាមស៊ីវិលក្នុងអំឡុងឆ្នាំ១៩៦៩-១៩៧៣ ក្នុងប្រទេសនេះបានធ្វើឱ្យការវិនិយោគ ក៏ដូចជាសេដ្ឋកិច្ច កម្ពុជាត្រូវបានប៉ះទង្គិចប្រមាណជាង ៩០%  ខណៈដែលអាមេរិកបានទម្លាក់គ្រាប់បែកប្រមាណជាងពីរលានតោន។

នៅពេលសម័យសាធារណរដ្ឋខ្មែរបានបញ្ចប់ សម័យខ្មែរក្រហមបានកើតឡើងដែលលើកចោលទាំងអស់នូវកម្មសិទ្ធឯកជនមកជាកម្មសិទ្ធរួម ហើយប្រជាជនខ្មែរជាច្រើនរូបត្រូវបានបង្ខំឱ្យធ្វើស្រែចម្ការខណៈដែលផលិតផលត្រូវបែងចែកដោយអង្គការ។ ខ្មែរក្រហមបានបង្ករអសន្តិសុខពាសពេញផ្ទៃប្រទេស ដែលជាហេតុបណ្តាលឱ្យមានការខូចខាត និងបាត់បង់ប្រភពក្នុងការទ្រទ្រង់វិស័យវិនិយោគរបស់កម្ពុជាដូចជា រូបិយប័ណ្ណជាតិ ដីស្រែ ចម្ការ  រោងចក្រឧស្សាហកម្ម ចម្ការកៅស៊ូ និងហេដ្ឋារចនាសម្ព័ន្ធ។ល។

ក្រោយកម្ពុជាត្រូវបានរំដោះ និងឆ្លងផុតពីរបបកម្ពុជាប្រជាធិបតេយ្យ កម្ពុជាបានកសាងឡើងវិញហើយបានដាក់ឈ្មោះថា «របបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា»។ នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ កម្ពុជាបានចាប់ផ្តើម​សេដ្ឋកិច្ចសេរីភាវូបនីយកម្ម  និងស្តារវិស័យជាច្រើន ដូចជា វិស័យសង្គមកិច្ច វិស័យសុខាភិបាល វិស័យអប់រំ។ល។​ យោងតាមការចេញផ្សាយរបស់អង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ១៩៨៧ កម្ពុជាបានលុបចោលពាណិជ្ជកម្មបរទេសផ្តាច់មុខរបស់រដ្ឋរួចចាប់ផ្តើមទទួលយក ការវិនិយោគពីបរទេសនៅឆ្នាំ១៩៨៩ ហើយក៏បានឈានទៅ ចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ១៩៩១។

ការលេចឡើងនូវ «ច្បាប់ស្តីពីការវិនិយោគ ១៩៩៤»៖

នៅពេលដែលព្រះរាជាណាចក្រកម្ពុជាបានចាប់កំណើតឡើងវិញម្តងទៀត ក្ដីសង្ឃឹមនៃការវិនិយោគបានចាប់ផ្ដើមត្រលប់មកវិញ ហើយនៅក្នុងឆ្នាំ១៩៩៤ «ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» ត្រូវបានបង្កើតឡើង។ កម្ពុជាបានកំណត់នូវ​ពាក្យវិនិយោគថាជាគំរោងវិនិយោគទាំងឡាយណាដែលអ្នកវិនិយោគទទួលបាននូវបុព្វសិទ្ធិពី រាជរដ្ឋាភិបាលដោយស្របតាមច្បាប់វិនិយោគ និងបទដ្ឋានផ្សេងទៀតនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងច្បាប់នេះផងដែរ កម្ពុជាបានលើកទឹកចិត្តការវិនិយោគទុនទៅលើវិស័យជាច្រើន ជាពិសេសគឺវិស័យឧស្សាហកម្ម វិស័យការងារ វិស័យអប់រំ និងវិស័យពាណិជ្ជកម្ម។ល។

ពិតណាស់ បើសិនជាសំអាងតែច្បាប់ស្តីពីការវិនិយោគតែមួយមុខគឺមិនអាចទៅរួចនោះទេ ដូច្នេះហើយកម្ពុជា ក៏បានចេញនូវច្បាប់និងអនុក្រឹតផ្សេងទៀតក្នុងការរៀបចំខ្លួនទទួលយកការ​វិនិយោ​គពី​បរទេស ដែលក្នុងនោះផងដែរ មានច្បាប់ស្តីពី រៀបចំទឹកដី នគររូបនីយកម្មនិងសំណង់ ១៩៩៤ ជាដើម។ កម្ពុជាក៏ទទួលបានជំនួយពីបរទេសបន្តិចម្តងៗ ដែលជំនួយទាំងនោះបានដើរតួយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគ ក៏ដូចជាបានប្រែក្លាយជាសរសៃឈាមសម្រាប់វិស័យសេដ្ឋកិច្ច។ ក្នុងនោះ ជប៉ុនបានផ្តល់ជំនួយជាច្រើន និងបានជួសជុលផ្លូវជាតិលេខ ៦ ថែមទាំងស្តារឡើងវិញនូវអគ្គិសនី​ និងប្រព័ន្ធទឹកផងដែរ។ ផ្លូវជាតិលេខ ៤ ត្រូវបានជួយដោយ USAID ឯបារាំងបានផ្តល់ទឹកប្រាក់ប្រមាណ ជាង ១១​ លានដុល្លារអាមេរិក ក្នុងការពង្រឹង និងវិនិយោគក្នុងវិស័យទេសចរណ៍។

ការវិនិយោគមកកម្ពុជាក្រោយចូលជាសមាជិកអាស៊ាន៖

កម្ពុជាបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ និងជាសមាជិកតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ហើយបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ( WTO ) ក្នុងឆ្នាំ២០០៤។​​ ដោយមានកិច្ចព្រមព្រៀងអន្តរជាតិជាច្រើន កម្ពុជាបានធ្វើការអនុគ្រោះពន្ធសម្រាប់ប្រទេសជិត​ខាងមួយចំនួនដែលជាការទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍ជនបទ រហូតមកដល់ឆ្នាំ២០១៩ កន្លងមកនេះ ប្រទេសកម្ពុជាទទួលបាន នូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ជាពិសេសគឺវិស័យវិនិយោគទុន ដោយមានការកើនឡើងចំនួន ៤៥% បើធៀបនឹងឆ្នាំ២០១៨។ ការវិនិយោគមកកាន់កម្ពុជាភាគច្រើនគឺមកលើ វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យការងារ។ល។​ ការវិនិយោគ និងជំនួយទាំងនេះបានលេចឡើងនូវ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រោងចក្រកសិឧស្សាហកម្ម សណ្ឋាគារអន្តរជាតិ និងសំណង់ផ្សេងៗដែលទ្រទង់វិស័យហរិញ្ញវត្ថុផងដែរ។ យោងតាម UNCTAD ទិន្នាការនៃការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជានៅឆ្នាំ២០១៩ បានកើនឡើងចំនួន ៣,៧ ប៊ីលានដុល្លារអាមេរិក (កើនឡើងចំនួន ១៦% បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន ៣,២ ប៊ីលានដុល្លារអាមេរិក។ ដោយសារតែការកើនឡើងនូវការវិនិយោគពីក្នុងនិងក្រៅប្រទេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពី ការវិនិយោគ។ នៅដើមឆ្នាំ២០២១​នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមជាមួយនឹងក្រសួង និងស្ថាប័នពាក់ព័ន្ធដទៃទៀត បានកំពុងតែប្រឹងប្រែងក្នុងការកែសម្រួលខ្លឹមសាររបស់សេចក្តី ព្រាងច្បាប់ស្តីពីវិនិយោគថ្មីនេះយ៉ាងលម្អិត ដើម្បីជាការទាក់ទាញ និងពង្រឹងដល់ការវិនិយោគក្នុង និងក្រៅស្រុក និងអាចជាផ្នែកមួយដែលអាចជំរុញកម្ពុជាឱ្យសម្រេចនូវ គោលដៅក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នា ពេលប៉ុន្មានឆ្នាំខាងមុខនេះ។

***Disclaimer

អត្ថបទនេះគ្រាន់តែសរសេរឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទូទៅក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ  ដែលអត្ថបទនេះក៏មិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ផ្លូវការណាមួយឡើយ។  The SEED នឹងមិនការធានា និងមិនទទួលខុសត្រូវនូវបញ្ហាផ្លូវច្បាប់ដែលបណ្តាលមកពីការប្រើប្រាស់អត្ថបទនេះឡើយ។

គោលនយោបាយកាត់បន្ថយចំនួនប្រជាជនរបស់ចិន

បក្សកុម្មុនីស្ដិចិន បានអនុម័តសម្រេចគោលនយោបាយថ្មីមួយ ដែលអនុញ្ញាតឱ្យគូស្រកររៀបការរួច អាចមានកូនចំនួនបីនាក់(Three-Child Policy) ។ សេចក្ដីប្រកាសនេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ឧសភាកន្លងទៅ ក្រោយលទ្ធផលជំរឿនដប់ឆ្នាំម្ដង ធ្វើក្នុងឆ្នាំ២០២០ បានបង្ហាញអត្រាកំណើតថយចុះទាបបំផុតមិនធ្លាប់មាន នាជាងបីទសវត្សចុងក្រោយ ក្នុងប្រទេសដែលបច្ចុប្បន្នមានកំណើនសេដ្ឋកិច្ចនាំមុខគេលំដាប់ទី២ និងមានប្រជាជនច្រើនជាងគេបំផុតនៃពិភពលោកមួយនេះ។

ទោះបីជា ផែនការថ្មីនេះហាក់បានបង្ហាញពីការផ្លាស់ប្ដូរមួយយ៉ាងណាក្ដី ប៉ុន្ដែចិនមិនព្រមលុបចោលទាំងស្រុងនយោបាយត្រួតពិនិត្យកំណើតទេ។ ដូច្នេះហើយថាតើការកំណត់ និងការផ្លាស់ប្ដូរផែនការគ្រួសាររបស់រដ្ឋអំណាចចិន ទៅលើគ្រួសារនីមួយៗ បានហុចផលយ៉ាងណាខ្លះកន្លងមក? ហើយតើហេតុអ្វីតម្រូវឱ្យរដ្ឋាភិបាលកុម្មុយនីស្តចិនដាក់ចេញផែនការថ្មីនេះ?

ផ្ដើមចេញពីគោលនយោបាយកូនមួយ(One-Child Policy)

ជាងបីទសវត្ស ចិនបានឆ្លងកាត់គោលនយោបាយត្រួតពិនិត្យកំណើតដ៏តឹងរឹង ដោយកំណត់ឱ្យមួយគ្រួសារមានកូនតែម្នាក់ ដែលដំបូងឡើយជាគោលគំនិតមួយរបស់លោក តេង ​ស៊ាវពីង(Deng Xiaoping) ក្នុងការលើកទឹកចិត្តប្រជាពលរដ្ឋតាមតំបន់មួយចំនួន ឱ្យអនុវត្តផែនការមួយនេះ។ បន្ទាប់មក បក្សកុម្មុយនិស្ដចិនបានសម្រេចអនុម័តផែនការមួយនេះ ដាក់ជាច្បាប់គោលនយោបាយផែនការគ្រួសារទូទាំងប្រទេស ក្នុងឆ្នាំ១៩៧៩ ដើម្បីទប់ស្កាត់នឹងកំណើនប្រជាជនកើនឡើងយ៉ាងឆាប់រហ័ស ដែលរដ្ឋាភិបាលចិន កាលនោះសម្លឹងឃើញថាជាការរាំងរាដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងអាចប្រឈមនឹងបញ្ហាកង្វះស្បៀងអាហារនិងទឹកជាដើម។ ដើម្បីធានាក្នុងការអនុវត្តគោលការណ៍ អាជ្ញាធរចិនបានដាក់កំហិតចំពោះអ្នកប្រឆាំងនឹងច្បាប់ទាំងឡាយ ដោយការពិន័យជាប្រាក់ ព្រមទាំងមានករណីជាច្រើន ត្រូវបានរាយការណ៍ថាបានបង្ខំឱ្យស្ត្រីរម្លូតកូនជាដើម។ ទោះបីនៅក្នុងភាពចម្រូងចម្រាស និងប្រជាជនមានការមិនពេញចិត្តចំពោះផែនការនេះ ក៏រដ្ឋអំណាចចិន បានប្រកាសអួតថា ខ្លួនជោគជ័យក្នុងការទប់ស្កាត់ចំនួនកំណើតថ្មីប្រមាណ ៤០០លាននាក់(ក្មេង) ក្នុងរយៈពេលដែលបានអនុវត្តគោលការណ៍។ 

ផលដែលទទួលបានពីគោលនយោបាយកូនមួយ(ភាពជោគជ័យចាស់ និងវិបត្តិថ្មី)

​ជារឿងប្រកែកមិនបានមួយ គឺការដាក់ចេញគោលនយោបាយកូនទោល មានប្រសិទ្ធភាពលើការទប់ស្កាត់កំណើនប្រជាជន ជាអ្វីដែលរដ្ឋាភិបាលចិនបានប្រមើលមើលថានឹងអាចបង្កហានិភ័យ។ បើតាមស្ថិតិធនាគារពិភពលោក(World Bank) បានបង្ហាញថាអត្រាការផ្ដល់កំណើតឱ្យកូនរបស់ស្រី្តចិន បានធ្លាក់ចុះបន្តបន្ទាប់។ ក្នុងឆ្នាំ១៩៧៩ ស្រី្ដចិនម្នាក់ផ្ដល់កំណើតឱ្យកូនបានចំនួន ២,៧៥នាក់(2.75 Births per  Woman) ហើយមានចំនួន ១,៦៩នាក់(1.69 Births per  woman)  ក្នុងឆ្នាំ២០១៨។ ជាចំណាត់ការជោគជ័យក្នុងរយៈពេលមួយ ប៉ុន្ដែគោលនយោបាយនេះ ក៏នាំវិបត្តិមួយផ្សេងឱ្យកើតមានឡើង នោះគឺការប្រឈមនឹងភាពចាស់រេចរឹលនៃប្រជាសាស្ត្រ មានន័យថាខ្វះចំនួនមនុស្សពេញវ័យធ្វើការដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ និងរួមចំណែកបង់ពន្ធ សម្រាប់ជួយដល់មនុស្សចាស់ចូលនិវត្តន៍ ក៏ដូចជាទ្រទ្រង់ថែទាំសុខុមាលភាពសង្គមជាដើម។ ការដែលគ្រួសារចិនមានកូនទោលច្រើនជំនាន់ បានបង្កការប្រឈមជាបន្ទុកសង្គម និងប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចជាតិ ដែលខ្វះខាតកម្លាំងពលកម្ម ដោយចំនួនមនុស្សចាស់ចេះតែកើនឡើង និងចំនួនមនុស្សពេញកម្លាំងធ្វើការធ្លាក់ចុះ។ អ្នកជំនាញមួយចំនួនបានបន្ទោសថា ដោយសារគោលនយោបាយនេះ ទើបនាំឱ្យចំនួនមនុស្សចាស់របស់ចិន កើនរហ័សជាងប្រទេសដទៃ។

លើសពីនេះគោលនយោបាយនេះ ក៏បានបន្សល់វិបត្តិអតុល្យភាពរវាងចំនួនបុរសនិងស្រ្តីផងដែរ។ បើតាមលទ្ធផលជំរឿនចិន២០២០ មនុស្សប្រុសមានចំនួនលើសមនុស្សស្រីជាង  ៣៤លាននាក់។ នេះក៏ដោយសារតែទំនោរប្រពៃណីចិនដែលឱ្យតម្លៃលើការមានកូនប្រុស បាននាំឱ្យមានការរម្លូត ឬបោះបង់កូនស្រីចោល។ គម្លាតចំនួនមនុស្សប្រុសកាន់ច្រើនជាងចំនួនមនុស្សស្រីយ៉ាងសន្ធឹកសន្ធាប់ក៏ជាកត្តាជំរុញករណីជួញដូរស្ត្រីពីប្រទេសផ្សេងដោយខុសច្បាប់ ទៅរៀបការជាមួយបុរសចិនជាដើម។ ឆ្លើយតបនឹងវិបត្តិទាំងនេះ និងជាការផ្លាស់ប្តូររៀបចំយុទ្ធសាស្ត្រថ្មី រដ្ឋអំណាចចិន នៅក្នុងឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនពីន(Xi Jinping) បានប្រកាសបិទបញ្ចប់គោលនយោបាយកូនមួយរាប់ទសវត្សរបស់ខ្លួន ហើយជំនួសមកវិញដោយការឱ្យប្រជាជនអាចមានកូនយ៉ាងច្រើនពីរនៅឆ្នាំ២០១៦។

ហេតុអី្វចិនដាក់ចេញគោលនយោបាយថ្មី(Three-Child Policy)នៅឆ្នាំ២០២១?

រយៈពេល ៥ឆ្នាំបន្ទាប់ពីមានការបន្ធូរបន្ថយគោលនយោបាយកំណត់ចំនួនកូន ដោយគូស្រករអាចមានកូនពីរនាក់ ក៏នៅតែមានលទ្ធភាពស្ដួចស្ដើងដើម្បីបំពេញគោលដៅបក្សកុម្មុយនីស្ដចិនដែលចង់ប៉ះប៉ូវឱ្យមានតុល្យភាពប្រជាសាស្ត្រឡើងវិញ។ បើតាមស្ថិតិជំរឿន​ឆ្នាំ២០២០ បានបង្ហាញអត្រាកំណើតធ្លាក់ទាបបំផុតមិនធ្លាប់មាន ដែលគួរឱ្យព្រួយបារម្ភ។ អត្រាកំណើតជាមធ្យមប្រចាំឆ្នាំមានត្រឹម ០,៥៣% ស្របពេលចំនួនមនុស្សចាស់អាយុពី៦០ឆ្នាំឡើងបានកើនឡើង ១,៣៥% និងពលរដ្ឋសកម្ម(១៥-៥៩ឆ្នាំ) បានធ្លាក់ចុះ ៦,៧៩% ខណៈចំនួនប្រជាជនចិនដីគោកសរុបមាន ១,៤១១.៧៨លាននាក់ ដែលកើន ៥,៣៨% បើធៀបនឹងចំនួនកាលពី១០ឆ្នាំមុន ដែលនេះបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការប្រទះនឹងសម្ពាធវិបត្តិប្រជាសាស្ត្រ ដែលនឹងជះផលអាក្រក់ដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងសក្ដានុពលសេដ្ឋកិច្ចជាតិរយៈពេលវែង ដែលចិននឹងប្រឈមសម្រាប់អនាគតខាងមុខ។ ទីបំផុតទៅ ផែនការថ្មីត្រូវបានដាក់ចេញបន្តបន្ទាប់ ដោយកាលពីខែមីនា សភាចិនបានអនុម័តការបន្ថែមអាយុ ៥ឆ្នាំលើការចូលនិវត្តន៍ និងបន្ទាប់មកបើកសិទ្ធិឱ្យពលរដ្ឋអាចមានកូនម្នាក់បន្ថែម ពោលគឺអាចមានកូនចំនួនបីនាក់ ដោយមានភ្ជាប់ជាមួយវិធានការទ្រទ្រង់គ្រួសារ។

តើអាចមានកត្តាអ្វីដែលនាំឱ្យអត្រាកំណើតចិនធ្លាក់ចុះ?

យើងអាចដឹងយ៉ាងច្បាស់ថាការកំណត់ចំនួនកូនរបស់រដ្ឋអំណាច ជាកត្ដាមួយរាំងស្ទះក្នុងការសម្រេចចិត្តយកកូនឬអត់សម្រាប់គូស្រករចិន។ តាមស្ថិតិជំរឿនចិន បញ្ជាក់ថាចំនួនទារកកើតថ្មីក្នុងឆ្នាំ២០២០ មាន ១២លាននាក់ ធ្លាក់ចុះជាង ២លាននាក់បើធៀបនឹងឆ្នាំ២០១៩ ដែលមាន ១៤,៦៥លាននាក់។ អត្រានេះបានធ្លាក់ចុះបួនឆ្នាំជាប់គ្នា តាំងពីឆ្នាំ២០១៧មក។ រដ្ឋាភិបាលចិនមិនបានបញ្ជាក់លម្អិតពីកត្តានាំឱ្យមានអត្រាកំណើតធ្លាក់ចុះនោះទេ។ ប៉ុន្ដែយើងអាចមើលឃើញហេតុផលមួយចំនួនផ្សេងទៀត ដែលនាំឱ្យបញ្ហានេះកើតឡើង ដូចជាកំណើនលើចំណាយប្រចាំថ្ងៃ ការបង់ថ្លៃផ្ទះ និងការសិក្សាកូនកាន់តែថ្លៃខ្ពស់ ដែលនាំឱ្យប្ដីប្រពន្ធចិនពិចារណាមិនចង់យកកូនថែម។ ការផ្លាស់ប្ដូរផ្នត់គំនិត ដោយយុវជនចាប់ផ្ដើមសម្រេចចិត្តមិនយកគូស្រករ ឬការពន្យារពេលយកកូនរបស់ស្រី្តដើម្បីផ្ដោតលើកិច្ចការងារជាដើម។ កត្តាទាំងនេះ សុទ្ធសឹងតែបានកើតមាន និងគួរឱ្យព្រួយបារម្ភសម្រាប់ប្រទេសអភិវឌ្ឍធំៗ ដូចចិនជាដើម។ ការផ្ទុះរាតត្បាតកូវីដ-១៩ នៅចុងឆ្នាំ២០១៩ ក៏ទំនងជាកត្តាមួយ ដែលអាជ្ញាធរចិនទទួលស្គាល់ថា ជាការជំរុញភាពមិនប្រាកដប្រជាសម្រាប់ជីវភាពប្រចាំថ្ងៃ និងផែនការសម្រាប់ក្រុមគ្រួសារផងដែរ។

យ៉ាងណាក៏ដោយ ការស្ដារតុល្យភាពចំនួនប្រជាជន ដោយដាក់គោលការណ៍ថ្មី ហាក់យឺតពេលបន្តិច និងមិនផ្ដល់ចំណាប់អារម្មណ៍ ដល់គ្រួសារចិនដែលស៊ាំនឹងគោលនយោបាយកូនទោលរាប់ទសវត្សនោះទៅហើយ។ មតិពីក្រុមអ្នកជំនាញថា ការបន្ធូរបន្ថយការកំណត់សិទ្ធិយកកូនតែមួយមុខ គឺចិនមិនអាចបញ្ចៀសវិបត្តិប្រជាសស្ត្របាននោះទេ។

បើយោងតាមសម្រង់មតិមួយរបស់កាសែតរដ្ឋចិន Xinhua នៅលើបណ្ដាញសង្គម Weibo ធ្វើឡើងក្រោយមានសេចក្ដីប្រកាស បានដាក់ជាសំណួរថា «តើអ្នកត្រៀមខ្លួនសម្រាប់គោលការណ៍កូនបីហើយឬនៅ?»។ ភ្លាមៗ មានមនុស្សប្រហែល ២៩,០០០នាក់ ក្នុងចំណោម ៣១, ០០០នាក់ បានចុចលើចម្លើយថា «មិនបានគិតអំពីវាទេ»​ ក្រៅពីនោះ ខ្លះថាបានត្រៀមខ្លួនហើយ ខ្លះថាស្ថិតក្នុងគម្រោង និងខ្លះទៀតថា នៅស្ទើរស្ទាក់ ឬមិនទាន់ត្រៀមខ្លួននៅឡើយទេ។

ជាសរុបមក ទោះជាអត្រាជំរឿនបង្ហាញពីអនាគតប្រឈមនឹងវិបត្តិប្រជាសាស្ត្រ ប៉ុន្ដែចិននៅតែបង្ហាញជំហររឹតត្បិត ដាក់កំហិតផែនការគ្រួសារលើពលរដ្ឋខ្លួន  ទោះបីជាក្រុមអ្នកជំនាញនៃមូលនិធិស្រាវជ្រាវខាងផ្នែកអភិវឌ្ឍចិន(China Development Research Foundation) ធ្លាប់ស្នើសុំលុបចោលការកំណត់ចំនួនកូនទាំងស្រុង ហើយរដ្ឋាភិបាលគួរបើកសិទ្ធិសេរីភាព ផ្ដល់លទ្ធភាពអាចយកចំនួនកូនតាមការសម្រេចចិត្តរបស់ពលរដ្ឋ និងចាំបាច់ត្រូវរកដំណោះស្រាយសមស្របមួយ ដែលសម្រួលនិងលើកទឹកចិត្តដល់ពួកគេ។

វិវាទចាស់វស្សារវាងអ៊ីស្រាអែល–ប៉ាលេស្ទីន

ជម្លោះអន្តរជាតិដែលអូសបន្លាយពេលវេលាច្រើនឆ្នាំ ច្រើនជំនាន់ ច្រើនទសវត្សរ៍ ហើយដែលពិបាករកដំណោះស្រាយបាននឹងកំពុងមានវត្តមានឡើងច្រើនគួរកត់សម្គាល់រហូតមកទល់ពេលបច្ចុប្បន្ន។ បញ្ហានេះអាចនឹងរីករាលដាលក្នុងចំណោមប្រទេសដែលជាប់ពាក់ព័ន្ធបន្តិចម្ដងៗ ហើយបង្ករឱ្យកើតមានអស្ថេរភាព និងអសន្តិសុខពិភពលោកទាំងមូល។ ជាក់ស្ដែង ​ជម្លោះរយៈពេលវែងមួយចំនួនដែលមិនទាន់អាចដោះស្រាយបានដូចជា សង្រ្គាមស៊ីវិលនៅ​អាហ្វហ្កានិស្ថាន ស៊ីរី ស៊ូដង់ខាងត្បូង លីប៊ី វិវាទព្រំដែនរវាងអាមេនីនិងអាស៊ែបៃហ្សង់ អ៊ុយក្រែន តួកគី អ៊ីស្រាអែលនិងប៉ាលេស្ទីន សមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត កងជីវពលអ៊ីស្លាមនៅប៉ាគីស្ថាន​ ជម្លោះនៅអេត្យូពី​ ហិង្សាឧក្រិដ្ឋកម្មនៅប្រទេសម៉ិកស៊ិក ទំនាស់អធិបតេយ្យភាពរវាងតៃវ៉ាន់និងចិន ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ និងមានជម្លោះនៅតំបន់ជាច្រើនទៀត។ បើយើងក្រឡេកទៅមើលសង្គ្រាមរវាងអ៊ីស្រាអែល–ប៉ាលេស្ទីនដែលបានកើតមានឡើងថ្មីៗនេះក៏ជាជម្លោះមួយដែលបានកើតឡើងតាំងពីជាង៧ទសវត្សរ៍មកហើយចាប់តាំងពីឆ្នាំ១៩៤៨ ប៉ុន្តែភាគីទាំងពីរនៅមិនទាន់អាចស្វែងរកដំណោះស្រាយរួមណាមួយសមស្របដើម្បីបញ្ចប់ជម្លោះមួយនេះឡើយ។ ជាដំបូង យើងគួរទទួលស្គាល់ថាជម្លោះរវាងភាគីទាំងពីរគឺពិតជាមានភាពស្មុគស្មាញខ្លាំងក្នុងការពន្យល់បកស្រាយឱ្យបានគ្រប់ជ្រុងនិងប្រកបដោយអព្យាក្រឹតភាព ដោយសារមើលទៅភាគីទាំងពីរត្រូវរៀងៗខ្លួន។

ចំណុចចាប់ផ្ដើមនៃវិវាទ

មុនសង្គ្រាមលោកលើកទី១ ជនជាតិជ្វីហ្វដែលជាម្ចាស់ប្រទេសអ៊ីស្រាអែលបច្ចុប្បន្នត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភព អូតូម៉ង់​ (១២៩៩–១៩២២) ដែលកាលនោះតំបន់នេះមានឈ្មោះថា ប៉ាលេស្ទីន។ គួររំលឹកដែរថា ជនជាតិជ្វីហ្វមុនពេលនិងអំឡុងពេលស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអូតូម៉ង់ ត្រូវបានបង្ខំឱ្យភៀសខ្លួននិងចំណាកស្រុកទៅកាន់ប្រទេសផ្សេងៗ ជាពិសេសប្រទេសក្នុងទ្វីបអឺរ៉ុប។ ដោយទទួលរងការគាបសង្កត់ពីបណ្ដាប្រទេសទាំងអស់នោះ ពួកគេក៏ចាប់ផ្ដើមវិលត្រឡប់មកកាន់ទឹកដីកំណើតរបស់ខ្លួននៅចុងទសវត្សរ៍ទី១៩។ ការវិលត្រឡប់ចូលស្រុករបស់ជនជាតិជ្វីហ្វបានធ្វើឱ្យស្ថានភាពប៉ះទង្គិចគ្នាជាមួយនឹងពលរដ្ឋប៉ាលេស្ទីនដែលមានលំនៅទីនោះស្រាប់កាន់តែធ្ងន់ធ្ងរ។ ក្រោយការដួលរលំចក្រភពអូតូម៉ង់នៅដើមសតវត្សរ៍ទី២០ តំបន់រស់នៅរបស់ជនជាតិជ្វីហ្វនិងប៉ាលេស្ទីនទាំងមូលត្រូវបានស្ថិតក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស។ ក្រោយសង្គ្រាមលោកលើកទី២នៅឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិបានសម្រេចបែងចែកទឹកដីប៉ាលេស្ទីនជាពីរគឺ ប្រទេសអ៊ីស្រាអែលនៃជនជាតិជ្វីហ្វ និង ប្រទេសប៉ាលេស្ទីននៃពលរដ្ឋអារ៉ាប់ ពេលនោះចក្រភពអង់គ្លេសក៏បានដកអាណានិគមចេញផងដែរ។ អ៊ីស្រាអែលបានយល់ព្រមនឹងដំណោះស្រាយមួយនេះដោយធ្វើការប្រកាសឯករាជ្យនៅថ្ងៃទី១៤ ឧសភា ១៩៤៨ ប៉ុន្តែពលរដ្ឋប៉ាលេស្ទីនមិនបានយល់ព្រមនោះទេ ដោយយល់ថាវាមានភាពអយុត្តិធម៌សម្រាប់ប្រទេសខ្លួន និងបានចោទប្រកាន់ថានេះគ្រាន់តែជាទម្រង់មួយថ្មីនៃការដាក់អាណានិគមរបស់ពួកអឺរ៉ុបក្នុងការលួចយកទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ។

វិវាទដែលឈានមកដល់ការបង្ហូរឈាម

ក្រោយមក សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងអារ៉ាប់ប៉ាលេស្ទីនក៏បានចាប់ផ្ដើមផ្ទុះឡើងនៅឆ្នាំ១៩៤៨ ដោយប្រទេសសម្ព័ន្ធអារ៉ាប់ដែលសុទ្ធសឹងតែជាប្រទេសស្ថិតនៅជុំវិញអ៊ីស្រាអែលរួមមាន អេហ្ស៊ីប លីបង់ អ៊ីរ៉ាក់ ស៊ីរី និងអារ៉ាប៊ីសាអូឌីត បានរួមគ្នាប្រកាសសង្គ្រាមជាមួយនឹងប្រទេសដែលទើបនឹងប្រកាសឯករាជថ្មីថ្មោងមួយនេះ។ ទោះជាការប្រឈមនឹងសត្រូវជុំទិសយ៉ាងណា អ៊ីស្រាអែលនៅតែអាចទទួលបានជ័យជំនេះក្នុងសមរភូមិមួយនេះ ប៉ុន្តែភាពតានតឹង និងការប៉ះទង្គិចគ្នាក៏នៅតែបន្តរហូតដល់ឆ្នាំ១៩៦៧ អ៊ីស្រាអែលក៏បានទទួលជ័យជំនះលើសង្រ្គាមប្រាំមួយថ្ងៃជាមួយនឹង អេហ្ស៊ីប ហ្ស៊កដានី និងស៊ីរីបន្ថែមទៀត។ ចាប់តាំងពីឈ្នះសង្គ្រាមមក រដ្ឋាភិបាលអ៊ីស្រាអែលបានកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ អគារ សាលារៀន និងមន្ទីពេទ្យ រោងចក្រ ជាពិសេសបានអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនពង្រីកការសាងសង់លំឋានក្នុងតំបន់ West Bank​ ដែលតំបន់នេះជាផ្នែកមួយដែលធ្លាប់ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ថាជារដ្ឋប៉ាលេស្ទីនកាលពីឆ្នាំ១៩៤៧។ ការបរាជ័យច្រើនដងរបស់ប៉ាលេស្ទីនក្នុងការប្រឆាំងទាមទារនិងផ្ដួលរំលំអ៊ីស្រាអែលបានធ្វើឱ្យពលរដ្ឋរបស់ខ្លួនរស់នៅលើទឹកដីដែលត្រូវបានបែកចែកជាបួនតំបន់​រហូតមកដល់សព្វថ្ងៃដូចជា តំបន់ហ្កាហ្សា (Gaza) ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស (Hamas) តំបន់ West Bank​​ ស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល តំបន់ហ្ស៊េរុយសាឡិមខាងកើតស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល និងរស់នៅក្នុងប្រទេសអ៊ីស្រាអែលតែម្ដង។ លើសពីនេះ ពលរដ្ឋប៉ាលេស្ទីនដែលរស់នៅក្នុងតំបន់ទាំងបួនផ្សេងគ្នានេះមិនមានសិទ្ធិស្មើគ្នានឹងពលរដ្ឋអ៊ីស្រាអែលឡើយ ព្រមទាំងទទួលរងការគាបសង្កត់និងដាក់កំហិតពីអាជ្ញាធរអ៊ីស្រាអែលជាញឹកញាប់។

ការរើសអើងនិងការធ្វើទុក្ខបុកម្នេញរបស់អ៊ីស្រាអែលទៅលើពលរដ្ឋប៉ាលេស្ទីន

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន AJ+ ពលរដ្ឋប៉ាលេស្ទីនដែលកំពុងរស់នៅតំបន់ខុសគ្នាទាំងបួននេះមានសិទ្ធិសេរីភាពខុសគ្នាពីតំបន់មួយទៅតំបន់មួយ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណខុសគ្នា។ ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណខុសគ្នានេះបានកំណត់សិទ្ធិសេរីភាពរបស់ពលរដ្ឋប៉ាលេស្ទីនជាស្រេចមិនថានៅកន្លែងរស់នៅ នៅកន្លែងធ្វើការ នៅសាលា និងគ្រប់ទីកន្លែងដែលពួកគេមានវត្តមាន។ ការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀតត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹង ហើយការប្រើប្រាស់សិទ្ធិភាគច្រើនត្រូវបានកំណត់ដោយរដ្ឋាភិបាលអ៊ីស្រាអែល សូម្បីតែការជ្រើសរើសដៃគូរជីវិតក៏ដោយ។ ចំណែកឯការសាងសង់ផ្ទះសម្បែង ឬក៏អគារអ្វីមួយ ត្រូវសុំការអនុញ្ញាតពីមន្ត្រីមូលដ្ឋានអ៊ីស្រាអែលជាមុនសិន បើមិនដូច្នេះទេ ផ្ទះដែលសាងសង់ដោយគ្មានការអនុញ្ញាតនឹងត្រូវបានរុះរើ ឬត្រូវបានបំផ្លាញចោល បើទោះបីជាពលរដ្ឋប៉ាលេស្ទីនដែលរស់នៅក្នុងតំបន់ West Bank ដែលជាក់ស្ដែងវាជាទឹកដីរបស់ខ្លួនក៏ដោយ។ និយាយរួម វាប្រៀបបានទៅនឹងជនជាតិពីរផ្សេងគ្នាដែលរស់នៅក្នុងប្រទេសតែមួយតែមានសិទ្ធិរស់នៅប្រចាំថ្ងៃមិនស្មើគ្នា ហើយគ្រប់គ្រងដោយរដ្ឋាភិបាលតែមួយ។ ការធ្វើទុកបុកម្នេញទាំងអស់នេះបានបណ្ដាលឱ្យពលរដ្ឋប៉ាលេស្ទីនមានការខឹងសម្បារយ៉ាងខ្លាំងដែលបង្ករជាការប្រើប្រាស់ហិង្សាតាមរយៈរូបភាពកុបកម្មជារឿយៗ ហើយសម្រាប់អ្នកខ្លះដែលពិបាកទ្រាំនឹងស្ថានភាពបែបនេះក៏សម្រេចចិត្តភៀសខ្លួនទៅរស់នៅក្រៅប្រទេស។

តើអ៊ីស្រាអែលក៏ជានជនរងគ្រោះដែរ?

ការលើកឡើងបែបនេះហាក់បីដូចជាប្រទេសអ៊ីស្រាអែលជាភាគីឈ្លានពាន និងជាតួអង្គអាក្រក់។ ប៉ុន្តែ រដ្ឋាភិបាលអ៊ីស្រាអែលវិញតែងតែធ្វើការបដិសេដចំពោះការចោទប្រកាន់ខាងលើថាខ្លួនគ្រាន់តែធ្វើការគ្រប់គ្រងបណ្ដោះអាសន្នដើម្បីរក្សាស្ថេរភាព សន្តិសុខសណ្ដាប់ធ្នាប់ និងជៀសវាងភាពចលាចលដោយប្រើហិង្សាកើតមានឡើង។ បើយោងតាមការចេញផ្សាយរបស់គេហទំព័រ​ក្រសួងកិច្ចការបរទេសអ៊ីស្រាអែល ពលរដ្ឋអ៊ីស្រាអែលចំនួន ១,៣៧៥ នាក់ត្រូវបានសម្លាប់ដោយអំពើហិង្សានិងភេរវកម្មរបស់ពួកប៉ាឡេស្ទីនចាប់តាំងពីខែកញ្ញាឆ្នាំ ២០០០ រហូតមកដល់បច្ចុប្បន្ន។ ដូច្នេះ ពលរដ្ឋប៉ាលេស្ទីនភាគច្រើនត្រូវបានគេ ជាពិសេសជនជាតិអ៊ីស្រាអែលចាត់ទុកថាជាពួកភេរវជន ដោយមានឧទាហរណ៍ស្រាប់នោះគឺក្រុមហាម៉ាស ឬជាចលនាតស៊ូអ៊ីស្លាមដែលជាក្រុមជ្រុលនិយមនិកាយស៊ុននី និងជាអង្គការជាតិនិយមដែលកំពុងគ្រប់គ្រងតំបន់ហ្កាហ្សា។ ដំណោះស្រាយតាមរយៈការចចារដោយសន្តិវិធីជាច្រើនលើកត្រូវបានធ្វើឡើង ប៉ុន្តែភាគីប៉ាលេស្ទីនតែងតែបដិសេដមិនព្រមទទួលយក ឬក៏ពេលខ្លះភាគីទាំងពីរមិនបានអនុវត្តតាមដូចជាកិច្ចព្រមព្រៀងបទឈប់បាញ់ជាដើម។ ដំណោះស្រាយដោយសន្តិវិធីចំនួនពីរសំខាន់ៗមកហើយដែលប៉ាលេស្ទីនមិនព្រមទទួលយកនោះគឺទីមួយ នៅឆ្នាំ១៩៤៧ ការសម្រេចបែកចែកព្រំដែននៃទឹកដីប៉ាលេស្ទីនជាពីរដោយអង្គការសហប្រជាជាតិ និងលើកទី២ នៅឆ្នាំ១៩៩៣ កិច្ចព្រមព្រៀងអូស្លូ ឬជាសេចក្តីប្រកាសគោលការណ៍ស្តីពីការរៀបចំរដ្ឋាភិបាលបណ្តោះអាសន្នដោយខ្លួនឯង ដោយមានអាមេរិកក្រោមរដ្ឋការលោក Bill Clinton ជាអ្នករៀបចំឡើង។

ទោះជាយ៉ាងណា មូលហេតុនៃការផ្ទុះសង្គ្រាមឡើងសារជាថ្មីក្នុងខែ ឧសភា ឆ្នាំ២០២១ថ្មីៗនេះក៏មិនខុសពីមូលហេតុមុនៗប៉ុន្មានដែរ គឺផ្ដើមចេញពីការបណ្ដេញចេញនូវគ្រួសារប៉ាឡេស្ទីនចំនួន ៦ គ្រួសារ​នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Deutsche Welle។ រហូតដល់ថ្ងៃទី៧ ខែឧសភា ការប៉ះទង្គិចគ្នារវាងប៉ាឡេស្ទីននិងប៉ូលីសអ៊ីស្រាអែលបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនរាប់រយនាក់និងប៉ូលីសប្រហែល ២០ នាក់រងរបួសនៅវិហារ Al-Aqsa ក្នុងទីក្រុងហ្ស៊េរុយសាឡិម។ ភាពតានតឹងកាន់តែធ្ងន់ធ្ងរជាបន្តបន្ទាប់ រហូតដល់មានការបាញ់គ្រាប់រ៉ុកកែតពីតំបន់ហ្កាហ្សារបស់ក្រុមហាម៉ាសជាលើកដំបូងនៅថ្ងៃទី១០ ឧសភា ហើយបើគិតត្រឹមថ្ងៃទី២០ ឧសភាក្រុមហាម៉ាសបានបាញ់គ្រាប់រ៉ុកកែតសរុបជាង ៤០០០គ្រាប់ ទៅលើអ៊ីស្រាអែល ប៉ុន្តែ៩០%ត្រូវបានប្រព័ន្ធការពារកាំជ្រួចមីស៊ីល Iron Dome របស់អ៊ីស្រាអែលបាញ់ស្ទាក់ការពារ នេះបើយោងតាម Los Angeles Times។ ជាការឆ្លើយតប អ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សាវិញផងដែរ។ ជុំវិញការប្រយុទ្ធគ្នាលើកនេះបានបណ្ដាលឱ្យភាគីប៉ាលេស្ទីនស្លាប់ចំនួន ២៨០នាក់ របួស ៨,៧៨៤នាក់ និងអ៊ីស្រាអែលស្លាប់ ១១នាក់ របួស៥៧នាក់គិតត្រឹមថ្ងៃទី២៨ ឧសភា នេះបើយោងតាមរបាយការណ៍ ACAPS។

ចំពោះសហគមន៍អន្តរជាតិក៏បានបញ្ចេញនូវការព្រួយបារម្ភចំពោះបញ្ហាដែលកើតមានឡើង។ សហរដ្ឋអាមេរិកវិញក៏បានខិតខំសម្របសម្រួលនិងបានផ្ដល់ជាដំណោះស្រាយមួយចំនួនផងដែរ ថ្វីត្បិតជំហររបស់ខ្លួនគាំទ្រប្រទេសអ៊ីស្រាអែលក៏ដោយ។ ជាឧទាហរណ៍អតីតប្រធានាធិបតី ដូណាល់ត្រាំ បានប្រកាសចក្ខុវិស័យរបស់គាត់ចំពោះសន្តិភាពអ៊ីស្រាអែល – ប៉ាលេស្ទីនដែលផ្តល់ឱ្យអ៊ីស្រាអែលនូវឧបសម្ព័ន្ធ ៣០ ភាគរយនៃតំបន់ West Bank ហើយក្រោយមក រដ្ឋបាលរបស់លោកក៏បានធ្វើកិច្ចព្រមព្រៀងជាមួយរដ្ឋអារ៉ាប់ជាច្រើនដើម្បីធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល។ ទោះជាយ៉ាងណា ទង្វើដែលអ៊ីស្រាអែលបានធ្វើកន្លងមកក៏មិនអាចគេចផុតពីក្រសែភ្នែករបស់ក្រុមការពារសិទ្ធិមនុស្សនោះទេ។ នៅចុងខែ មេសា ឆ្នាំ២០២១ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានធ្វើការចោទប្រកាន់ទៅលើប្រទេសអ៊ីស្រាអែលពីការអនុវត្តនូវប្រព័ន្ធ Apartheid ដែលជាគោលនយោបាយបែងចែកឬការរើសអើងដោយផ្អែកលើមូលដ្ឋាននៃពលរដ្ឋដែលមានសញ្ជាតិខុសគ្នា។

សរុបសេចក្ដីមកជម្លោះរវាងអ៊ីស្រាអែលនិងប៉ាលេស្ទីនហាក់បីដូចជាមិនមែនជាជម្លោះរវាងប្រទេសនិងប្រទេសទេ ប៉ុន្តែវាជាជម្លោះរវាងជនជាតិពីររស់នៅលើទឹកដីតែមួយប៉ុន្តែទទួលបានសិទ្ធិមិនស្មើគ្នាទើបបង្ករជាអំពើហិង្សាកើតមានឡើង។ ម៉្យាងវិញទៀត ប្រវិត្តិសាស្ត្រ និងជំនឿសាសនាក៏ជាកត្តាចម្បងមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលជួយជំរុញកម្លាំងចិត្តដល់ពលរដ្ឋប៉ាលេស្ទីននិងពលរដ្ឋអ៊ីស្រាអែលក្នុងការប្រយុទ្ធតស៊ូ បាតុកម្មទាមទារទឹកដីបុព្វបុរស ការពារអត្តសញ្ញាណនិងដែនដីអធិបតេយ្យភាពរបស់ខ្លួន ជាពិសេសគឺដើម្បីពង្រីកអំណាច និងឥទ្ធិពលលើគូរបដិបក្ខ។ លើសពីនេះ កត្តាភូមិសាស្រ្តនយោបាយរវាងប្រទេសក្នុងតំបន់ និងប្រទេសមហាអំណាចក៏អាចជាមូលហេតុនៃភាពតានតឹងមួយនេះផងដែរ។

សេចក្ដីផ្ដើមទូទៅទាក់ទងនឹងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា

តើក្រមរដ្ឋប្បវេណីគឺជាអ្វី?

ពាក្យ “ក្រមរដ្ឋប្បវេណី​” ឬ “ច្បាប់រដ្ឋប្បវេណី” គឺត្រូវនឹងពាក្យរបស់បច្ចឹមប្រទេសដែលជាភាសាបារាំងហៅថា droit civil ពាក្យ civil សំដៅលើ “ជនស៊ីវិល” ដោយយោងតាមសេចក្ដីផ្ដើមនីតិរដ្ឋប្បវេណីរបស់លោកណូមូរ៉ា តូយ៉ូហីរ៉ូប។ ផ្អែកតាមសេចក្ដីកំណត់ចំពោះមាត្រានីមួយៗនៃក្រមរដ្ឋប្បវេណី​ ត្រង់មាត្រា១  ពាក្យ “ច្បាប់រដ្ឋប្បវេណី” ជំនួសដោយ “ច្បាប់ឯកជន” ដោយចំពោះក្រមរដ្ឋប្បវេណី ពាក្យ “ច្បាប់ឯកជន” និងពាក្យ “ច្បាប់រដ្ឋប្បវេណី” គឺមានន័យដូចគ្នា។​ ដូចនេះក្រមរដ្ឋប្បវេណី គឺជាច្បាប់ទូទៅនៃនីតិឯកជន ដែលកំណត់អំពីបណ្ដុំវិធាន ឬសកម្មភាពនៅត្រូវអនុវត្តនៅក្នុងទំនាក់ទំនងជាទូទៅ ឬប្រចាំថ្ងៃរបស់បុគ្គលឯកជន។ គោលបំណងនៃការបង្កើតក្រមរដ្ឋប្បវេណីគឺផ្ដោតជាសំខាន់លើទំនាក់ទំនងរវាងបុគ្គលឯកជន និងបុគ្គលឯកជនតាមរយៈការបង្ហាញឆន្ទៈលើទំនាក់ទំនងទ្រព្យសម្បត្តិ និងទំនាក់ទំនងញាតិ។​ ទំនាក់ទំនងទ្រព្យសម្បត្តិរួមមាន ការបង្កើតសិទ្ធិប្រត្យក្ស (សិទ្ធិលើទ្រព្យសម្បត្តិ) កាតព្វកិច្ចដែលត្រូវអនុវត្ត កិច្ចសន្យាសំខាន់ៗ អំពើអនីត្យានុកូល និងការធានាកាតព្វកិច្ចជាដើម។ ចំណែកទំនាក់ទំនងទំនងញាតិរួមមាន បុគ្គលភាពគតិយុត្ត ឪពុកម្ដាយ កូន កូនស្មុំ អាពាហ៍ពិពាហ៍ ការលែងលះ ញាតិពន្ធ និងមត៌កជាដើម។

ប្រវត្ដិនៃការបង្កើតក្រមរដ្ឋប្បវេណី

ប្រទេសកម្ពុជាធ្លាប់មានក្រមរដ្ឋប្បវេណីមួយនាសម័យអាណានិគមបារាំង ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះមហាក្សត្រនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩២០។ ដោយឆ្លងកាត់សង្រ្គាម និងរបបដឹកនាំផ្សេងៗជាច្រើនទសវត្សរ៍ ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ពុំមានអានុភាពឡើយបើយោងតាមច្បាប់ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណីមាត្រា៨២។ ចាប់តាំងពីឆ្នាំ១៩៩៩ សេចក្ដីព្រាងក្រមរដ្ឋប្បវេណី ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (Japan International Cooperation Agency) ហៅកាត់ថា “JICA” ក្រោមគម្រោងមួយដែលមានឈ្មោះថា “កម្មវិធីអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ និងច្បាប់កម្ពុជា”។ ក្រោយពីបានបញ្ចប់សេចក្ដីព្រាងក្រមរដ្ឋប្បវេណី និងឆ្លងកាត់ការពិនិត្យតាមនីតិវិធីធ្វើច្បាប់រួចមក នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០៧ រដ្ឋសភាបានអនុម័តលើសេចក្ដីព្រាងក្រមរដ្ឋប្បវេណីនាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៣ រួចបញ្ចូនទៅព្រឹទ្ធសភាដើម្បីពិនិត្យ និងត្រូវបានព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៧។ ក្រោយមក ក្រមរដ្ឋប្បវេណី ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើ តាមរយៈព្រះរាជក្រមលេខ​ នស/រកម/១២០៧/០៣០ នៅថ្ងៃទី០៨ ខែធ្នូឆ្នាំ២០០៧។

ទោះជាយ៉ាងណាក៏ដោយ ក្រោយពីការចូលជាធរមាន ក្រមនេះមិនទាន់អាចអនុវត្តបាននៅឡើយទេ។ ក្រមរដ្ឋប្បវេណី ត្រូវរង់ចាំច្បាប់ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណីមួយទៀត ទើបក្រមរដ្ឋប្បវេណីអាចអនុវត្តបានពេញលេញបាន។ យោងតាមមាត្រា​ ៤ និងមាត្រា៨៤ នៃច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណីបានកំណត់អំពីកាលបរិច្ឆេទនៃការអនុវត្តក្រមរដ្ឋប្បវេណី ដោយតម្រូវឲ្យអនុវត្តបន្ទាប់ពីមានការផ្សព្វផ្សាយរយៈពេល ៦ (ប្រាំមួយ) ខែក្រោយការចូលជាធរមានច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី​។ ហេតុដូច្នេះហើយ ទើបការអនុវត្តក្រមរដ្ឋប្បវេណីជាក់លាក់គឺនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដោយយោងតាមច្បាប់ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រមរដ្ឋប្បវេណីត្រូវបានបែងចែកជា ៩ គន្ថី និងមាន ១៣០៥ មាត្រា។ គន្ថីទាំងនោះរួមមាន (១) បទប្បញ្ញត្តិទូទៅ (២) បុគ្គល (៣) សិទ្ធិប្រត្យក្ស (៤) កាតព្វកិច្ច (៥) កិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល (៦) ការធានាកាតព្វកិច្ច (៧) ញាតិ (៨) សន្តតិកម្ម និង (៩) អវសានប្បញ្ញត្តិ។

បើយោងតាមមាត្រា​៧៨​ និងមាត្រា៧៩ នៃច្បាប់ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណី នៅពេលដែលកាលបរិច្ឆេទនៃការអនុវត្តក្រមរដ្ឋប្បវេណីមានអានុភាព បញ្ញត្តិមួយចំនួននៃច្បាប់(១)ច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ និង (២)ក្រឹត្យច្បាប់លេខ៣៨ក្រ.ច ស្ដីពីកិច្ចសន្យា និងការទទួលខុសត្រូវក្រៅកិច្ចសន្យា នឹងត្រូវបាននិរាករណ៍។ ការនិរាករណ៍នេះក៏បានលើកលែងបញ្ញត្តិមួយចំនួននៃច្បាប់ទាំងពីរខាងលើផងដែរ ពោលគឺមានមាត្រាមួយចំនួននៅបន្តមានអានុភាព និងអាចអនុវត្តបានធម្មតា។ ក្រៅពីច្បាប់ទាំងពីរខាងលើក៏មានច្បាប់ភូមិបាលឆ្នាំ២០០១ ដែលត្រូវច្បាប់ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណីមាត្រា៨០បានធ្វើវិសោធនកម្មលុបចោលបញ្ញត្តិនៃមាត្រាខ្លះ ព្រមទាំងកែប្រែពាក្យពេចន៍ និងចំណងជើងឱ្យសមស្របតាមក្រមរដ្ឋប្បវេណី។

អត្តបទដោយ៖ ក្រុមការងារសរសេរអត្ថបទ The SEED
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

***Disclaimer

អត្ថបទនេះគ្រាន់តែសរសេរឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទូទៅក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ  ដែលអត្ថបទនេះក៏មិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ផ្លូវការណាមួយឡើយ។  The SEED នឹងមិនការធានា និងមិនទទួលខុសត្រូវនូវបញ្ហាផ្លូវច្បាប់ដែលបណ្តាលមកពីការប្រើប្រាស់អត្ថបទនេះឡើយ។

 

តើសង្គមនិយម និង កុម្មុយនីស្ដនិយម មានអ្វីខុសគ្នាខ្លះ?

សង្គមនិយម​និងកុម្មុយនីស្ដនិយម គឺជាទស្សនៈវិជ្ជាឬក៏ទ្រឹស្តីសេដ្ឋកិច្ចនិងនយោបាយមួយយ៉ាងសំខាន់ដែលទ្រឹស្តីទាំងពីរនេះផ្តោតជាសំខាន់ទៅលើសមូហភាពនិយម​ជាជាងឯកជនភាពនិយម ជាពិសេសពាក់ព័ន្ធជាមួយមធ្យោបាយនៃផលិតកម្ម វិភាគទាននិងការដោះដូរទំនិញផ្សេងៗជាដើមនៅក្នុងសង្គម។ ​ លើសពីនេះ សង្គមនិយមនិងកុម្មុយនីស្ដនិយមទាំងពីរនេះគឺមានសារជាតិប្រឆាំងជាមួយទ្រឹស្តីនៃប្រព័ន្ធមូលធននិយម ដែលទ្រឹស្តីទាំងពីរនេះចាត់ទុកទ្រឹស្តីមូលធននិយមថា ជាទ្រឹស្តីដែលកេងប្រវ័ញ្ច ជិះជាន់​ទៅលើវណ្ណៈកម្មករ ជាពិសេសធ្វើឱ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំងឡើង។ ទោះបីជា សង្គមនិយមនិងកុម្មុយនីស្ដនិយម មានភាពស្រដៀងគ្នាខ្លះនៅក្នុងផ្នែកមួយចំនួនក៏ដោយ ក៏ប៉ុន្តែនៅក្នុងនោះទ្រឹស្តីទាំងពីរនេះក៏មានភាពផ្សេងគ្នាទៅលើចំណុចមួយចំនួនគួរឱ្យកត់សម្គាល់ផងដែរ។ នៅក្នុងអត្ថបទមួយនេះយើងនឹងធ្វើការបកស្រាយទៅលើសំណួរដែលថាតើសង្គមនិយមនិងកុម្មុយនីស្ដនិយមខុសគ្នាយ៉ាងណាដែរ?

តើអ្វីទៅគឺជាសង្គមនិយម?

សង្គមនិយមសុទ្ធសាធ(Pure Socialism)គឺជាប្រព័ន្ធសេដ្ឋកិច្ចដែលផលិតកម្មសេដ្ឋកិច្ចសំខាន់ៗមានដូចជា កម្លាំងពលិកម្ម សហគ្រិនភាព ទំនិញមូលធន(Capital goods)ហើយនិងធនធានធម្មជាតិ ត្រូវបានផ្តល់ឱ្យស្មើរៗគ្នាទៅដល់បុគ្គលម្នាក់ៗនៅក្នុងសង្គមតាមរយៈរដ្ឋាភិបាលដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ។  នៅពាក់កណ្តាលទី១នៃសតវត្សរ៍ទី ១៩ អ្នកគិតពីសង្គមនិយមដំបូងដូចជាHenri de Saint-Simon, Robert Owe និង Charles Fourier បានបង្ហាញគំរូផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ការរៀបចំសង្គមឡើងវិញតាមរយៈកិច្ចសហប្រតិបត្តិការនិងសហគមន៍ជាជាងការប្រកួតប្រជែងនៅក្នុងមូលធននិយមដែលទីផ្សារសេរីបានគ្រប់គ្រងការផ្គត់ផ្គង់និងតំរូវការទំនិញជាដើម។ ទន្ទឹមគ្នានេះ នៅក្នុងសង្គមនិយម បុគ្គលម្នាក់ៗអាចមាននូវទ្រព្យសម្បត្តិជាឯកជនភាពបាន ក៏ប៉ុន្តែសម្រាប់ឧស្សាហកម្ម និងសមត្ថភាពនៃផលិតកម្ម(Production Capacity) ផ្សេងៗដែលជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចជាតិគឺត្រូវតែជារបស់សមូហភាព ហើយត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលដែលបានជ្រើសតាំងតាមបែបប្រជាធិបតេយ្យ។  លើសពីនេះ រាល់ផលិតផល(Production) មានគោលបំណងគឺធ្វើយ៉ាងណាដើម្បីបំពេញនូវតម្រូវការរបស់មនុស្សម្នាក់ៗនិងសង្គមទាំងមូលដែលនេះអាចប្រព្រឹត្តិទៅបានដោយយោងទៅតាមសមត្ថភាពនិងការវិភាគទានរបស់បុគ្គលបុគ្គលម្នាក់ៗផងដែរ។  បន្ថែមពីនេះ យោងទៅតាមគេហទំព័រ ThoughtCo. បញ្ជាក់ថា នៅក្នុងសង្គមនិយម វណ្ណៈផ្សេងៗគ្នា(Classes)គឺអាចមានបាន ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ឬក៏ផ្សេងគ្នានោះវាត្រូវបានគេកាត់បន្ថយ(Diminished)។ ហើយជាពិសេសនោះ ​ការដែលមនុស្សមួយចំនួនរកបានច្រើនជាងមនុស្សមួយចំនួនទៀតគឺជារឿងដែលមិនអាចចៀសបានទេនៅក្នុងសង្គមនិយម។ ​​ សង្គមនិយមគឺជាទ្រឹស្តីដែលមិនតឹងខ្លាំងពេកនោះទេ ងាយបត់បែន​ដែលអាចធ្វើការសហការគ្នាជាមួយប្រព័ន្ធមូលធននិយមបាន។ ​អ្នកដែលជឿលើទ្រឹស្តីនេះស្វែងការផ្លាស់ប្តូរនិងកំណែទម្រង់ប៉ុន្តែទទូចឱ្យធ្វើការទាំងនេះតាមរយៈដំណើរការប្រធិជាធិតេយ្យនៅក្នុងរចនាសម្ព័ន្ធសង្គមនិងនយោបាយដែលមានស្រាប់មិនមែនផ្តូលរំលំរចនាសម្ព័ន្ធនោះទេ។ នៅក្នុងឆ្នាំ១៩៨០ អ្នកនិពន្ធនិងអ្នកជំនាញសង្គមវិទ្យា ជនជាតិអាមេរិក លោក ហ្គ្រេហ្គោរីប៉ូល(Gregory Paul)បានប្រារព្ធដល់ម៉ាក្សនៅក្នុងការសរសេរឃ្លាដែលត្រូវបានប្រើជាទូទៅដើម្បីពិពណ៌នាអំពីសង្គមនិយមថា«ចាប់ពីសមត្ថភាពបុគ្គលម្នាក់ បានទៅតាមតាមការចូលរួមចំណែករបស់គាត់»(From each according to his ability, to each according to his contribution)ផងដែរ។

តើកម្មុយនីស្ដនិយមខុសគ្នាពីសង្គមនិយមដោយរបៀបណា?

នៅក្នុងកុម្មុនីសនិយមសុទ្ធសាធ(Pure Communism)​ រាល់ធនធានសេដ្ឋកិច្ច(Economic Resources)ទាំងអស់គឺជាកម្មសិទ្ធិរបស់មនុស្សគ្រប់គ្នានៅក្នុងសង្គម ក៏ប៉ុន្តែវាត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ដែលជាទូទៅរដ្ឋាភិបាលនោះគឺដឹកនាំដោយគណបក្សកុម្មុនីស្ត។ ជាពិសេសនោះ បុគ្គលម្នាក់ៗមិនអាចមាននូវទ្រព្យសម្បត្តិផ្សេងៗជាឯកជនភាពបានទេ ពីព្រោះកុម្មុយនីស្តជឿយ៉ាងមុតមាំថា ការដែលបណ្តោយឱ្យមាននូវកម្មសិទ្ធិឯកជនគឺជាកាតាលីកជំរុញឱ្យមាននូវវិសមភាពសង្គម។ បើយោងទៅតាមទ្រឹស្តីដែលបង្កើតឡើងដោយទស្សនវិទូជនជាតិអាល្លឺម៉ង់ លោក កាល ម៉ាក្ស លទ្ធិកុម្មុយនីស្តសុទ្ធសាធគឺលទ្ធិមួយដែលនាំឱ្យសង្គមមានភាពស្មើរគ្នា ហើយដោយមិនចាំបាច់មានលុយឬក៏ទ្រព្យសម្បត្តិឯកជននោះទេ។ ការមិនមានកម្មសិទ្ធិឯកជននៃធនធានសេដ្ឋកិច្ច ដោយរដ្ឋាភិបាលជាអ្នកគ្រប់គ្រងគ្រប់ផ្នែកផលិតកម្មទាំងអស់។ ទិន្នផលសេដ្ឋកិច្ចត្រូវបានចែកចាយទៅតាមតំរូវការរបស់ប្រជាជន។ ការទាស់ទែងគ្នាក្នុងសង្គមរវាងកម្មករអាវស និងអាវលឿង(White and blue collar worker) រវាងវប្បធម៌ជនបទនិងទីក្រុងនឹងត្រូវបានលុបចោលដោយដោះលែងមនុស្សម្នាក់ៗឱ្យសម្រេចបាននូវសក្តានុពលមនុស្សខ្ពស់បំផុត។ លើសពីនេះ​ ផលិតកម្មផ្សេងៗគឺបម្រើតែអ្វីដែលជាតម្រូវការចាំបាច់របស់មនុស្ស(Human basic need)ប៉ុណ្ណោះ ហើយមជ្ឈិមរដ្ឋាភិបាលគឺជាអ្នកផ្តល់ឱ្យនូវតម្រូវការចាំបាច់ទាំងអស់នោះមានដូចជា ម្ហូបអាហារ ផ្ទះ ការអប់រំ និងការថែទាំសុខភាពជាដើម។ ទន្ទឹមគ្នានេះ វណ្ណៈគឺត្រូវបានវិទ្ធង្សនាចោលទាំងអស់ដោយមិនមានបន្សល់ទុកតិចតួចនោះទេ ហើយជាពិសេសនោះ ការរកបានច្រើនតិចដែលជាហេតុនាំឱ្យមានភាពផ្សេងពីគ្នាក៏មិនមានដែរ។  គួរឱ្យកត់សម្គាល់នោះ យោងទៅតាមម៉ាក្ស បដិវត្តន៍ហិង្សា ដែលវណ្ណៈកម្មករងើបឡើងបះបោរ ប្រឆាំងជាមួយវណ្ណៈមូលធននិយមគឺជារឿងចៀសមិនរួចនោះទេដើម្បីសម្រេចបាននូវរដ្ឋកុម្មុយនីសនិយមសុទ្ធសាធមួយ។ នៅឆ្នាំ១៨៧៥ ម៉ាក្សបានសរសេរនៅឃ្លាមួយដើម្បីសង្ខេបពីកុម្មុយនីសនិយមថា«ពីម្នាក់ទៅតាមសមត្ថភាពរបស់គាត់ ពីម្នាក់ទៅតាមតម្រូវការរបស់គាត់»( From each according to his ability, to each according to his need)។

បេឡារុសក្រោមរដ្ឋាភិបាលលោក Lukashenko និងរបបផ្តាច់ការចុងក្រោយរបស់អឺរ៉ុប

នៅថ្ងៃទី២៣ ខែឧសភា ជើងយន្តហោះមួយគ្រឿងដែលដឹកអ្នកដំណើរប្រមាណ១២០នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Ryan Air បានជួបនូវព្រឹត្តិការណ៏មួយ ដែលយន្តហោះមួយគ្រឿងនេះជិតឆ្លងផុតពីដែនអាកាសរបស់ប្រទេសបេឡារុស (Belarus) ហើយសំដៅទៅទីក្រុងវីលនៀស​(Vilnius) ប្រទេសលីទុយអានី(Lituania) ប៉ុន្តែស្រាប់តែយន្តហោះចម្បាំងMiG-29 បានរារាំងយន្តហោះមួយនេះមិនឱ្យចាកចេញពីដែនអាកាសរបស់ប្រទេសបេឡារុសទេ។ យន្តហោះមួយនេះត្រូវបានយន្តហោះចម្បាំងបញ្ជាឱ្យបកក្រោយហើយឆ្ពោះទៅរកប្រលានយន្តហោះរបស់រដ្ឋធានីមីនស្កឹ(Minsk) ប្រទេសបេឡារុសវិញ។ នៅពេលដែលយន្តហោះនេះបានចុះចតមកដល់ដីភ្លាម កងកម្លាំងនគរបាលបេឡារុស​​បានចូលចាប់អ្នកដំណើរម្នាក់ដែលបានធ្វើដំណើរនៅក្នុងយន្តហោះនោះ។ បុរសនោះមានឈ្មោះថា Roman Protasevich ហើយគាត់ត្រូវបានគេស្គាល់ថាជាអ្នកកាសែតនិងសកម្មជនប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Alexander Lukashenko។ ក្រោយពីមានព្រឹត្តិការណ៍នេះកើតឡើង ប្រទេសជាច្រើនបានបញ្ចេញប្រតិកម្មទៅកាន់រដ្ឋាភិបាលប្រទេសបេឡារុស ជាពិសេសសហរដ្ឋអាមេរិកនិងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប។ ប្រទេសទាំងនោះបានទាមទារឱ្យរដ្ឋាភិបាលលោកប្រធានាធិបតីបេឡារុស Lukashenko ដោះលែងសកម្មជនម្នាក់នោះ។ កន្លងប៉ុន្មានថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍នេះកើតឡើង សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មិនឱ្យជើងយន្តហោះសហភាពអឺរ៉ុបហោះឆ្លងកាត់ដែនអាកាសបេឡារុស ក៏ដូចជាមិនឱ្យជើងយន្តហោះរបស់ប្រទេសបេឡារុសចូលមកក្នុងដែនអាកាសរបស់ខ្លួនផងដែរ។

ប្រទេសបេឡារុស៖ របបផ្តាច់ការចុងក្រោយរបស់ទ្វីបអឺរ៉ុប

ប្រទេសបេឡារុសគឺដឹកនាំដោយលោក Lukashenko ដែលជាប្រធានាធិបតីអស់រយៈពេលជាង២៥ឆ្នាំមកហើយ។ លោក Lukashenko ជាប្រធានាធិបតីតែមួយគត់ដែលប្រជាជនបេឡារុសបានស្គាល់ដោយសារតែលោកបានកាន់តំណែងនេះតាំងពីពេលដែលប្រទេសបេឡារុសទទួលបានឯករាជ្យក្នុងឆ្នាំ១៩៩៤ ក្រោយពីរការដួលរលំនៃសហភាពសូវៀត។ លោក Lukashenko រក្សាទុកនូវនិមិត្តសញ្ញារបស់លទ្ធិកុម្មុយនីស្តជាច្រើនដូចជាទង់ជាតិនិងនិមិត្តសញ្ញាជាតិជាដើម។ លោកក៏បានរក្សានូវរដ្ឋតូបនីយកម្មលើវិស័យឧស្សាហកម្មសំខាន់ៗរបស់ប្រទេសបេឡារុសផងដែរ។ ការដឹកនាំរបស់លោកគឺត្រូវបានអ្នកកាសែតជាច្រើនដាក់រហស្សនាមថាជាប្រទេសដែលនៅក្នុងរបបផ្តាច់ការចុងក្រោយនៅក្នុងទ្វីបអឺរ៉ុប នេះគឺដោយសារតែការដឹកនាំរបស់លោកគឺជាការដឹកនាំបែបផ្តាច់ការដូចជា ការបោះឆ្នោតគឺត្រូវបានអ្នកតាមដានអន្តរជាតិចាត់ទុកថាមិនមានសមភាពនិងបើកចំហ សេរីភាពសារព័ត៌មានត្រូវបានរិតត្បិត ហើយគណបក្សប្រឆាំងត្រូវបានគៀបសង្កត់។

គួររំលឹកផងដែរថា លោកProtasevich ដែលត្រូវបានគេចាប់ខ្លួននោះ គឺមានទំនាក់ទំនងជាមួយនឹងក្រុមនយោបាយឯករាជ្យដែលបានឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនាឆ្នាំ២០២០កន្លងមកនេះ គឺលោកស្រី Sviatlana Tsikhanouskaya។ លោកស្រីបានឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីជំនួសស្វាមីរបស់លោកស្រីក្រោយពេលដែលស្វាមីរបស់លោកស្រីត្រូវបានគេចាប់ខ្លួនក្នុងថ្ងៃទី២៩​ ខែឧសភា ក្រោយពីលោកបានប្រកាសថាលោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី។ ក្រោយពីលោកស្រីបានឈរឈ្មោះជាបេក្ខជនរួចមក លោកស្រីបានទទួលនូវការគាំទ្រពីសំណាកមហាជនក្នុងប្រទេសបេឡារុសជាច្រើន ដែលក្នុងយុទ្ធនាការរបស់លោកស្រីមានអ្នកចូលរួមរហូត ២ម៉ឺននាក់ក្នុងទីក្រុង Brest និង ៦ម៉ឺននាក់ក្នុងរដ្ឋធានីមីនស្គី។ តែទោះជាយ៉ាងណា លទ្ធផលផ្លូវការនៃការបោះឆ្នោតបានបង្ហាញថាលោកស្រីទទួលបានតែ១០%នៃសន្លឹកឆ្នោត។ ក្រោយមក មានមនុស្សជាច្រើនបាននាំគ្នាចេញតាមដងផ្លូវនៅក្នុងទីក្រុងមីនស្គី ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលការបោះឆ្នោត។ នៅក្នុងព្រឹត្តិការណ៍ដែលមហាជនធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលការបោះឆ្នោត រដ្ឋាភិបាលលោកLukashenko ក៏បានចោទប្រកាន់បុគ្គលមួយចំនួនថានៅពីក្រោយខ្នងនៃក្រុមបាតុកម្មទាំងនោះ ហើយក៏បានចាត់ទុកថានេះជាអំពើបំផ្លាញសន្តិសុខ និងស្ថិរភាពរបស់ប្រទេសបេឡារុស ដែលនៅក្នុងនោះក៏មានលោក Protasevich ផងដែរ។ រដ្ឋាភិបាលលោកLukashenko បានចោទប្រកាន់លោកProtasevich​(ដែលកាលនោះលោកស្នាក់នៅជាជនភៀសខ្លួនក្នុងប្រទេសប៉ូឡូញ) ពីបទផ្តួចផ្តើមកុបកម្ម ដែលល្មើសនឹងមាត្រា២៩៣ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសបេឡារុស។ ចំពោះក្រុមប្រឆាំងតវ៉ានឹងលទ្ធផលការបោះឆ្នោត លោកLukashenko បានឆ្លើយតបនឹងការតវ៉ានេះដោយកណ្តាប់ដៃដែក។ លោកស្រី​ Tsikhanouskaya​ បានភៀសខ្លួនទៅប្រទេសលីទុយអានី។ មកដល់ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិទទួលបាននូវករណីចំនួនលើសពី៤៥០ ពីការដាក់ទណ្ឌកម្មលើសមាជិកក្រុមតវ៉ាដែលបានកងកម្លាំងនគរបាលឃុំឃំាងខ្លួន ដែលក្នុងនោះក៏មានដូចជាករណីរំលោភ និងបៀតបៀនផ្លូវភេទជាដើម។

នយោបាយការបរទេសរូស្ស៊ីចំពោះរប្រទេសបេឡារុស

ទន្ទឹមនឹងប្រទេសជាច្រើនក្នុងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកបានរិះគន់លើលទ្ធផលការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេសបេឡារុស ក៏មានប្រទេសជាច្រើនទៀតបានសរសេរសារអបអរសារទរទៅកាន់លោក Lukashenko។ នៅក្នុងចំណោមថ្នាក់ដឹកនាំដែលបានអបអរសាទរនោះក៏មានប្រធានាធិបតីរបស់ប្រទេសរូស្ស៊ីគឺលោក វ្លាឌីមៀ ពូទីន ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រឹមឡាំងបានបញ្ជាក់ថា លោកពូទីនសង្ឃឺមថាការដឹកនាំរបបលោក Lukashenko នឹង“ជំរុញការអភិវឌ្ឍឱ្យកាន់តែជ្រាលជ្រៅនូវទំនាក់ទំនងដែលមានប្រយោជន៍ដល់ប្រទេសបេឡារុស និងរូស្ស៊ី លើគ្រប់វិស័យ” សេចក្តីថ្លែងការណ៏នេះបានបន្តទៀតថា “ជាការពិតណាស់ នេះនឹងជួយទ្រទ្រង់ដល់ផលប្រយោជន៍ស្នូលរវាងប្រទេសបេឡារុស និងប្រទេសរូស្ស៊ីដែលជាបងប្អូន។” ជាការពិតណាស់ របបគ្រប់គ្រងរបស់លោក Lukashenko គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសរូស្ស៊ី និងលោកពូទីន។ ក្រោយពីប្រទេសជាច្រើនបានដាក់ទណ្ឌកម្មទៅលើប្រទេសបេឡារុសពីការចាប់ខ្លួនរបស់លោកProtasevich មក លោកLukashenko បានជួបជាមួយនឹងលោកពូទីននៅឯទីក្រុងកំសាន្តSuchi ក្នុងប្រទេសរូស្ស៊ី។  នៅក្នុងការជួបពិភាក្សាផ្លូវការរយៈពេលមួយថ្ងៃនោះ​ ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញានឹងពង្រឹងចំណងមិត្តភាពរបស់ប្រទេសទាំងពីរឱ្យបានរឹងមាំ។ លោកពូទីនក៏បានសន្យានឹងផ្តល់នូវប្រាក់កម្ចីបន្ថែមទៀតចំនួន៥០០​លានដុល្លារសហរដ្ឋអាមេរិកទៅឱ្យប្រទេសបេឡារុសបន្ថែមពីលើប្រាក់កម្ចីមុនដំបូងចំនួន៥០០លានដុល្លារសហរដ្ឋអាមេរិកកាលពីខែតុលាឆ្នាំ២០២០ ដែលប្រាក់កម្ចីនេះមានគោលបំណងឱ្យលោក Lukashenko ប្រើប្រាស់ដើម្បីគ្រប់គ្រងស្ថិរភាពរបបគ្រប់គ្រងរបស់លោក។

ហេតុអ្វីបានជាប្រទេសរូស្ស៊ីជួយជ្រោមជ្រែងដល់របបលោក Lukashenko?​

ប្រទេសរូស្ស៊ីនៅក្រោមការដឹកនាំរបស់លោកពូទីនគឺខុសប្លែកពីប្រធានាធិបតីមុនរបស់ប្រទេសរូស្ស៊ីគឺលោក Boris Yeltzinដែលមានទំនោរទៅរកលោកខាងលិច។ ផ្ទុយទៅវិញ លោកពូទីនមានគោលនយោបាយងាកចេញពីទំនោរទៅរកលោកខាងលិច ហើយមកពង្រឹងដែនឥទ្ធិផលរបស់រូស្ស៊ីវិញ។ ដែនឥទ្ធិពលនោះគឺសំដៅទៅលើប្រទេសដែលជាអតីតដែនដីរបស់សហភាពសូវៀត។  នេះសម្គាល់បានទៅលើគោលនយោបាយបរទេសជាច្រើនរបស់រូស្ស៊ីដូចជាការឈ្លានពានតំបន់Crimea ប្រទេសអ៊ុយក្រែនជាដើម។ ប្រទេសដែលជាអតីតសមាជិកនៃសហភាពសូវៀតដូចជាប្រទេសអ៊ុយក្រែន ប្រទេស Moldova បណ្តាប្រទេសបាល់ទិក(Baltic)ទាំងបី បានចាត់ទុកប្រទេសរូស្ស៊ីជាប្រទេសមួយដែលផ្តល់ការគំរាមកំហែងមកលើពួកគេ។ ជាលទ្ធផលប្រទេសទាំងនោះបានងាកទៅរកលោកខាងលិចវិញ ប៉ុន្តែបែរប្រទេសបេឡារុសជាប្រទេសអតីតសហភាពសូវៀតតែមួយគត់ដែលចាត់ទុកប្រទេសរូស្ស៊ីជាមិត្ត ហើយប្រទេសទាំងពីរបានរក្សានូវចំណងមិត្តភាពក្នុងកិច្ចការនយោបាយ និងសេដ្ឋកិច្ចយ៉ាងជិតសិ្នទ្ន។ សម្រាប់ប្រទេសរូស្ស៊ី ប្រទេសបេឡារុសជាខែលចុងក្រោយក្នុងទ្វីបអឺរ៉ុបដែលអាចរារាំងទៅលើការពង្រីកឥទ្ធិពលរបស់សហភាពអឺរ៉ុប។

សរុបមក ការចាប់ខ្លួនរបស់លោក Protasevich ជាព្រឹត្តការណ៍មួយដែលធ្វើឱ្យរដ្ឋាភិបាលលោកLukashenko  កាន់តែឃ្លាតឆ្ងាយពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ហើយមកពឹងពាក់កាន់តែខ្លាំងក្លាលើប្រទេសរូស្ស៊ី។ ចំណែកឯប្រទេសរូស្ស៊ីវិញគឺចាត់ទុកប្រទេសបេឡារុសជាប្រទេសមួយដែលស្ថិតនៅក្នុងដែនឥទ្ធិពលរប់សខ្លួន។ របបរបស់លោកLukashenko នឹងនៅតែទទួលបានការជ្រោមជ្រែងពីរដ្ឋាភិបាលរបស់ពូទីន ដោយសារតែរដ្ឋាភិបាលក្រឹមឡាំងមួយនេះមិនចង់ឱឲ្យប្រទេសបេឡារុសងាកទៅរកលោកខាងលិចនោះទេ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ