"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ ការរីកសាយភាពនៃឥទ្ធិពលរូបិយប័ណ្ណយ៉ន់ចិន​ (Yuan)

កាលពីសមាជជាតិលើកទី២០ បក្សកុម្មុយនីស្តចិនបានថ្លែងថា ប្រទេសចិននឹងជំរុញការធ្វើអន្តរភាវូបនីយកម្មនៃប្រាក់យ៉ន់ចិនទៅកាន់សេដ្ឋកិច្ចពិភពលោក។ ជាមួយគ្នានេះ ប្រាក់​យ៉ន់ចិន​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ និងក្លាយជារូបិយប័ណ្ណទូទាត់ធំជាងគេទីប្រាំរបស់ពិភពលោក និងធំជាងគេទីបីក្នុងការទូទាត់ពាណិជ្ជកម្ម និងជារូបិយប័ណ្ណបម្រុងធំជាងគេទីប្រាំផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រាក់យ៉ន់ចិនមានចំនួនប្រមាណ ៧ ភាគរយនៃការជួញដូររូបិយប័ណ្ណបរទេសទាំងអស់នៅទូទាំងពិភពលោក ដែលជាការពង្រីកចំណែកទីផ្សាររូបិយប័ណ្ណដ៏ធំបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។

ដូច្នេះ ដើម្បីធានាបាននូវឥទ្ធិពលនៃរូបិយប័ណ្ណយ៉ន់របស់ចិននៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបាននឹងកំពុងធ្វើការលើកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរដ្ឋផ្សេងទៀត ជាពិសេសតាមរយៈការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងៗ។​

នៅពេលដែលប្រទេសចិនអភិវឌ្ឍនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ​ (Belt and Road Initiative – BRI) យើងអាចប្រមើលមើលថា វាអាចជាការចាប់ផ្តើមឱ្យមានការដោះដូរឆ្លងព្រំដែន និងការសងបំណុលដែលកើតមានឡើងតាមប្រព័ន្ធ DCEP  ដែលជាគម្រោងរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលដ៏ធំបំផុត  និងជាផ្នែកមួយនៃផែនការរបស់ប្រទេសចិន ដើម្បីពង្រីកឥទ្ធិពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយរបស់ខ្លួនជុំវិញពិភពលោក។ ដៃគូ BRI ទាំងអស់នឹងប្រើប្រាស់រូបិយប័ណ្ណដូចគ្នា ពោលគឺប្រាក់យ៉ន់ចិនដើម្បីជៀសវាងពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។ ការពង្រីកទំនាក់ទំនងទាំងនេះ មានប្រទេសប្រហែល ១៤០ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសចិន ក្រោមក្របខ័ណ្ឌ​ BRI ។

លើសពីនេះ ការធ្វើសមាហរណកម្មបន្តិចម្តងៗ និងការប្រើប្រាស់កាន់តែច្រើននៃប្រាក់យ៉ន់ឌីជីថលនេះ ក៏មានន័យថាជាការចាប់ផ្តើមនៃការរួមបញ្ចូលឱ្យកាន់តែស៊ីជម្រៅទៅក្នុងសង្គម ជាពិសេសក្នុងប្រព័ន្ធទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (SWIFT) ក៏ដូចជាការពង្រឹងពាណិជ្ជកម្មដែលកើតឡើងតាមរយៈការទូទាត់ប្រាក់យ៉ន់ឌីជីថលនឹងជំរុញឱ្យគម្រោងផ្សេងទៀតដំណើរការផងដែរ។ គួរកត់សម្គាល់ថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ប្រព័ន្ធ SWIFT និង ធនាគារប្រជាជននៃប្រទេសចិន (The People’s Bank of China) បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ Clearing Center និងវិទ្យាស្ថានស្រាវជ្រាវរូបិយប័ណ្ណឌីជីថលរបស់ខ្លួន។ ការណ៍នេះ បានផ្ដល់​ជា​សញ្ញា​សំខាន់​នៃ​វឌ្ឍនភាព​ឆ្ពោះទៅ​រក​គោលដៅ​ភូមិសាស្ត្រ​នយោបាយដែលជាយុទ្ធសាស្រ្តរបស់ចិន។

ជាក់ស្ដែង ប្រាក់យ៉ន់ចិនទទួលបានភាពទាក់ទាញខ្លាំងបំផុតក្នុងចំណោមបណ្ដាប្រទេសជាច្រើន ដូចជាអ៊ីរ៉ង់ជាដើម ដែលមានហេតុផលភូមិសាស្ត្រនយោបាយខ្លាំង និងដែលនាំមកនូវការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។ ជាមួយនឹងការដាក់ទណ្ឌកម្មលោកខាងលិចប្រឆាំងនឹងរុស្ស៊ី ប្រទេសជាច្រើននៅអឌ្ឍគោលខាងត្បូងបានបង្ហាញពីបំណងរបស់ពួកគេក្នុងការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកផងដែរ។

ជាមួយគ្នានេះផងដែរ បើផ្ដោតទៅលើផ្នែកពាណិជ្ជកម្មវិញ ការនាំចេញគឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ច ព្រោះវាតំណាងឱ្យប្រាក់ដែលហូរចូលប្រទេស។ ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រេស៊ីលនឹងក៏បានប្រើប្រាស់ប្រាក់យ៉ន់ចិនសម្រាប់ពាណិជ្ជកម្មទ្វេភាគីជាមួយចិនផងដែរ។ សូម្បីតែនៅក្នុងក្រុមពាណិជ្ជកម្មដូចជា OPEC តាមរយៈភាពជាដៃគូរបស់ចិនជាមួយអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា និងប្រទេសផ្សេងទៀត យើងឃើញថា ការនាំចូលប្រេងចាប់ផ្តើមត្រូវបានទិញដោយប្រើប្រាក់យ៉ន់ឌីជីថល (Yuan Digital)។

ជារួម រដ្ឋាភិបាលចិនបាននឹងកំពុងធ្វើការលើការផ្សព្វផ្សាយឥទ្ធិពលនៃរូបិយប័ណ្ណយ៉ន់ទៅកាន់សេដ្ឋកិច្ចពិភពលោក តាមរយៈពាណិជ្ជកម្ម ការអភិវឌ្ឍប្រាក់យ៉ន់ឌីជីថល ក៏ដូចជាការបង្កើតនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវផងដែរ។ តាមរយៈសកម្មភាពទាំងនេះ គឺជាការធានាថាប្រទេសជាច្រើនទៀតនឹងមានទំនោរទៅរកការប្រើប្រាស់រូបិយប័ណ្ណយ៉ន់ចិនជាជាងរូបិយប័ណ្ណ​ដុល្លារអាមេរិក។ យ៉ាងណាមិញ ទោះបីជារដ្ឋាភិបាលចិនព្យាយាមលើកទឹកចិត្តប្រទេសផ្សេងទៀតឱ្យប្រើប្រាស់រូបិយប័ណ្ណយ៉ន់ចិនក៏ដោយ យើងសង្កេតឃើញជាក់ស្ដែងថា​ សេដ្ឋកិច្ចជាច្រើនលើសកលលោកនៅតែមានទំនុកចិត្ត និងទំនោរពឹងផ្អែកទៅលើប្រាក់ដុល្លារអាមេរិកនៅឡើយ។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការវិលត្រលប់របស់ លោក ថាក់ស៊ីន ចំពេលជាប់គាំងនយោបាយ

ជាទូទៅ ការបោះឆ្នោតគឺជាសង្វៀនរបស់អ្នកនយោបាយក្នុងការប្រកួតប្រជែងគ្នាក្នុងការធ្វើជាក្បាលម៉ាស៊ីនដឹកនាំប្រទេស។ ខុសតែប្រទេសថៃ បើទោះបីជាមានគណបក្សដែលមានប្រជាជនបោះឆ្នោតឱ្យយ៉ាងច្រើនក្ដី ប៉ុន្តែបើការជ្រើសយកនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសថៃគឺត្រូវពឹងផ្អែកលើការសម្រេចចិត្ដរបស់ព្រឹទ្ធសភាមួយទៀត ដែលសមាជិកព្រឹទ្ធសភានេះគឺកើតចេញពីការចាត់តាំង។ ហេតុដូចនេះហើយទើបបានជាជោគវាសនាក្លាយជានាយករដ្ឋមន្ត្រីរបស់លោក Pita Limjaroenrat ឆ្ងាយដាច់ជើងមេឃ បើទោះបីជាគណបក្សលោកទទួលបានសម្លេងគាំទ្រពីការបោះឆ្នោតក៏ដោយ។

ភាពជាប់គាំងនយោបាយនៅប្រទេសថៃ

ទីបំផុត លោក Pita Limjaroenrat មិនអាចឆ្លងផុតពីការបោះឆ្នោតសភាឱ្យក្លាយជានាយករដ្ឋមន្ត្រីថៃបានឡើយ បើទោះបីជាលោកបានព្យាយាមចំនួន ២ លើកក៏ដោយ។ ចំណែកឯការបោះឆ្នោតលើកទី ៣ វិញក៏មិនបានកំណត់ឱ្យច្បាស់លាស់ដែរ ដោយប្រធានសភាថៃបានលើកហេតុផលអំពីមន្ទិលលើភាពស្របច្បាប់ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ លោក Pita Limjaroenrat។ គួររំលេចបន្តិចថា លោក Pita Limjaroenrat ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោតចោទប្រកាន់ថាបំពានលក្ខខណ្ឌនិងល្មើសនូវច្បាប់បោះឆ្នោត ដែលតម្រូវឱ្យមានការព្យួរសមាជិកភាពរបស់ លោក Pita Limjaroenrat។ ក្នុងនោះ លោក Pita Limjaroenrat ត្រូវបានគេចោទប្រកាន់ដោយសារគេរកឃើញថាការមានកម្មសិទ្ធលើក្រុមហ៊ុនក្រុមហ៊ុនគ្រប់គ្រងទូរទស្សន៍ថៃមួយ ឈ្មោះ iTV។

មូលហេតុដែលធ្វើឱ្យស្ថានភាពក្លាយជានាយករដ្ឋមន្ត្រីរបស់លោក Pita Limjaroenrat ចេះតែពិបាកទៅៗគឺប្រហែលជាដោយសារតែ លោក Pita Limjaroenrat គឺជាអ្នកនយោបាយដែលមានមហិច្ឆតាធំក្នុងការកាច់ចង្កូតអនាគតសង្គមថៃខ្លាំងពេក។ មហិច្ឆតារបស់លោក Pita Limjaroenrat គឺនឹងអាចធ្វើឱ្យរង្គោះរង្គើរអំណាចរបស់ព្រះមហាក្សត្រថៃក៏ដូចជាអំណាចរាជវង្សានុវង្ស កំណែទម្រង់សេដ្ឋកិច្ចរហូតអាចកាត់បន្ថយអំណាចផ្ដាច់មុខនៅលើវិស័យសេដ្ឋកិច្ច ការលូកដៃរបស់ក្រុមយោធាជាដើម។ ជាការពិត ក៏ទោះបីជាមហិច្ឆតាទាំងបានជួយឱ្យលោកក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីដ៏ល្បីក្នុងរយៈពេលមួយដ៏ខ្លីក៏ពិតមែន ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់ដល់ក្រុមដែលបានចាក់ឬសស្រូបប្រយោជន៍សេដ្ឋកិច្ច ក៏ដូចជាក្រុមអភិរក្សនិយមដែលជាមន្ត្រីជាន់ខ្ពស់ក្នុងរាជការផងដែរ។

តើហេតុអ្វីបានជាលោក ថាក់ ស៊ីន អាចស្រាយចំណងបញ្ហានយោបាយបានទេ?

លោក ថាក់ ស៊ីន គឺជាអតីតនាយករដ្ឋមន្ត្រីថាកាលពីជំនាន់មុនឆ្នាំ ២០០៦ ហើយក៏ជាបុគ្គលដែលមានប្រជាប្រិយភាពខ្លាំងណាស់ដែរ។ ចំហាយប្រជាប្រិយភាពរបស់លោកក៏បានជួយឱ្យអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី  Yingluck Shinawatra មានប្រជាប្រិយភាពក្នុងការបោះឆ្នោត និងបច្ចុប្បន្នបន្តទៅកាន់កូនស្រី លោកស្រី Paetongtarn Shinawatra ដែលកំពុងជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូបដែរ។ លោក ថាក់ ស៊ីន បានភៀសខ្លួនទៅនៅក្រៅប្រទេសអស់រយៈពេលជាង ១៧ ឆ្នាំដើម្បីរត់គេចពីបទចោទប្រកាន់អំពីបទល្មើសអំពើពុករលួយ។ ហេតុដូចនេះ ទើបនៅពេលដែល លោក ថាក់ ស៊ីន ចូលមកស្រុកវិញត្រូវបានកូនស្រីសរសេររាយរាប់ថា “សប្បាយចិត្ដផង រំភើបផង និងព្រួយបារម្ភផង”។

ការវិលត្រលប់របស់លោក ថាក់ស៊ីន នេះអាចក្លាយជារបត់នយោបាយមួយក្នុងការស្រាយចំណងបញ្ហានយោបាយនៅក្នុងប្រទេសថៃ។ ក៏ទោះបី លោក ថាក់ស៊ីន គឺជាបុគ្គលម្នាក់ដែលអ្នកនយោបាយអភិរក្សនិយមហាក់មិនចូលចិត្ដ ប៉ុន្តែបើប្រៀបធៀបជាមួយ លោក Pita Limjaroenrat ប្រហែលជាក្រុមអ្នកនយោបាយអភិរក្សទាំងនោះមិនចូលចិត្ដតិចជាង និងជាបុគ្គលម្នាក់ដែលនៅមានឥទ្ធិពលខ្លះនៅក្នុងជួរមន្ត្រី ខណៈប្រទេសថៃត្រូវការអ្នកដោះស្រាយបញ្ហានយោបាយបន្ទាប់មួយ ដើម្បីបញ្ជៀសបញ្ហាសេដ្ឋកិច្ច។ ក្នុងសេណារីយ៉ូមួយនោះគឺ មាតុភូមិនិវត្ដន៍របស់ លោក ថាក់ស៊ីន អាចប្រើប្រាស់ប្រជាប្រិយភាពរបស់លោកដើម្បីពន្លត់ភ្លឿងរបស់អ្នកគាំទ្រ លោក Pita Limjaroenrat ក៏អាចទាញប្រជាប្រិយភាពខ្លះចេញពីលោក Pita Limjaroenrat បានដែរ។ មួយវិញទៀត លោក ថាក់ស៊ីន ក៏អាចដើរតួរជាអ្នកបញ្ចុះបញ្ចូលក្នុងការទទួលយកបេក្ខជននាយករដ្ឋមន្ត្រីថៃផ្សេងទៀតដើម្បីកុំឱ្យមានការអូសបន្លាយនូវភាពជាប់គាំងនយោបាយ ដែលសូម្បីតែលោក Pita Limjaroenrat ក៏ធ្លាប់និយាយគាំទ្របេក្ខជននាយករដ្ឋមន្ត្រីពីគណបក្ស Pheu Thai។ ដូចនេះហើយការវិលត្រលប់របស់លោក ថាក់ស៊ីន ប្រហែលមិនមែនជារឿងចៃដន្យនោះឡើយ ហើយបើទោះបីជាការវិភាគខាងលើហាក់មានខ្លឹមសារសុទិដ្ឋនិយមក៏ពិតមែន ប៉ុន្តែសំណួរអាចចោទសួរថា តើលោកអាចវិលចូលស្រុកដោយជោគជ័យទេ? តើបទចោទប្រកាន់ទាំងនោះនឹងត្រូវបន្តដែរទេ? ចម្លើយគឺពឹងផ្អែកលើទស្សនៈរបស់ក្រុមមន្ត្រីជាន់ខ្ពស់ដែលជាអ្នកអភិរក្សនិយមថាពួកគាត់មានបំណងដោះស្រាយវិបត្ដិជាប់គាំងកម្រិតណា និងប្រើប្រាស់យុទ្ធសាស្ត្របែបណាទើបមានតុល្យភាពរវាងកុំឱ្យប្រជាជនទាស់ចិត្ដនិងកុំឱ្យបាត់បង់អំណាចរបស់ព្រះមហាក្រត្រក៏ដូចជាទំនៀមទម្លាប់ចាស់។ ម្យ៉ាងវិញទៀត ស្ថានការណ៍របស់ប្រទេសថៃហាក់តែងតែសម្រួលស្ថានការណ៍មួយរយៈពេលសិនសឹមនឹករកវិធីប្ដូរក្បាលម៉ាស៊ីនតាមក្រោយ។ ប្រសិនបើសេណារ៉ីយ៉ូខាងលើអាចកើតឡើងវិញ នោះលោក ថាក់ស៊ីន អាចនឹងទទួលបានសិទ្ធិសេរីភាពដើរហើរនៅប្រទេសថៃឡើងវិញ ដែលជាថ្នូរក្នុងការប្រថុយមកប្រទេសវិញចំកាលៈទេសៈល្អ។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការរះឡើងនៃប្រទេស Swing State

ពិភពលោកឥឡូវនេះមិនដូចពិភពលោកប៉ុន្មានទសវត្សរ៍មុននោះទេ។ ដោយកាលពីមុន សណ្តាប់ធ្នាប់ពិភពលោក​ត្រូវ​បាន​រង​ឥទ្ធិពល ឬ​ផ្លាស់ប្តូរ​ដោយ​មហាអំណាច ២ ឬ ៣ ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​ សណ្តាប់ធ្នាប់ពិភពលោក​បានទទួល​រង​ឥទ្ធិពលឬ​ផ្លាស់ប្តូរ​​ដោយមិនត្រឹមតែមហាអំណាចធំៗនោះទេ វាបូករួមទាំងតួអង្គជាច្រើន ដូចជារដ្ឋដែលមានអំណាចមធ្យម និងតួអង្គផ្សេងទៀតជាពិសេសប្រភេទនៃរដ្ឋដែលទើបតែលេចឡើងថ្មី ដែលត្រូវបានហៅថា ប្រទេសមានគោលជំហរឯករាជ្យ (Swing State)។ ប្រទេសដែលមានគោលជំហរឯករាជ្យ មានសក្តានុពលក្នុងការបានផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិជាងពេលមុនៗ។ ជាពិសេសយើងឃើញកាន់តែច្បាស់នៅពេលសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនកើតឡើង ពោលគឺយើងឃើញពីសារៈសំខាន់នៃប្រទេសមានគោលជំហរឯករាជ្យកាន់តែច្បាស់។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីអ្វីទៅជាប្រទេសមានគោលជំហរឯករាជ្យ?ប្រទេសណាខ្លះដែលចាត់ទុកជាប្រទេសមានគោលជំហរឯករាជ្យ និង​តើ​ប្រទេសទាំងនោះអាចជះឥទ្ធិពលលើទំនាក់ទំនងអន្តរជាតិ​ដោយ​របៀប​ណា?

អ្វី​ទៅ​ជាប្រទេសមានគោលជំហរឯករាជ្យ? ​

គោលគំនិតនៃ “ប្រទេសដែលមានគោលជំហរឯករាជ្យ” ត្រូវបានបំផុសគំនិតដោយពាក្យ Swing stateនៅក្នុងវិទ្យាសាស្រ្តនយោបាយ ដែលប្រើច្រើននៅក្នុងនយោបាយរបស់សហរដ្ឋអាមេរិក ដោយផ្តោតទៅលើរដ្ឋណាដែលជាអ្នកកំណត់លទ្ធផលថាគណបក្សណាជាអ្នកឈ្នះការបោះឆ្នោត។ តែគោលគោលគំនិតនេះ ត្រូវបានយកមកប្រើប្រាស់ក្នុងទំនាក់ទំនងអន្តរជាតិដោយលោក រីឆាត​ ហ្វុនតែន (Richard Fontaine) និង លោកដានីញ៉ែល ឃ្លីមេន (Daniel Kleiman) នៅក្នុងអត្ថបទមួយដែលមានចំណងជើងថា “Global Swing States: Brazil, India, Indonesia, Turkey and the Future of International Order” កាលពីជាងដប់ឆ្នាំមុន។

ក្រោយមក គេយកគោលគំនិតរបស់លោកទាំងពីរមកប្រើប្រាស់ ដោយឱ្យនិយមន័យប្រទេសមានគោលជំហរឯករាជ្យ ថាជាប្រទេសដែលមានស្ថិរភាព និងគោលនយោបាយការបរទេសផ្ទាល់ខ្លួន ដែលឯករាជ្យពីសហរដ្ឋអាមេរិកនិងចិន និងមានសមត្ថភាពទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ឬយោធា ក្នុងការសម្រេចឱ្យបាននូវផលប្រយោជន៍ជាតិរបស់ពួកគេ។ ប៉ុន្តែនៅក្នុងបរិបទនៃភូមិសាស្ត្រនយោបាយពិភពលោក ប្រទេសមានគោលជំហរឯករាជ្យមិនទាន់មានសក្តានុពលគ្រប់គ្រាន់ក្នុងការរៀបចំរបៀបវារៈពិភពលោកនោះទេ (Global agenda )។ គួរបញ្ជាក់ផងដែរថា ជំហរឯករាជ្យក្នុងន័យនេះ មិនមែនមានន័យថាមិនចូលបក្សសម្ព័ន្ធ (Non-alignment) នោះទេ​ ប៉ុន្តែមានន័យថាមិនខិតជិតខ្លាំងទៅរកមហាអំណាចណាមួយប៉ុណ្ណោះ។

តើប្រទេសណាខ្លះដែលអាចចាត់ទុកថាជាប្រទេសមានគោលជំហរឯករាជ្យ?

បើតាមការវិភាគរបស់លោក ចារ៉េដ​ ខូហេន (Jared Cohen) ដែលបានបង្ហោះផ្សាយនៅក្នុងគេហទំព័រ Goldman Sach លោកបានចាត់ទុកប្រទេសមានគោលជំហរឯករាជ្យជា ៤ ប្រភេទ។ ប្រភេទទី១ ប្រទេសដែលមានគុណសម្បត្តិ (Competitive advantage) ក្នុងការផ្គត់ផ្គង់ខ្សែសង្វាក់ផលិតកម្ម (Supply Chain) ទៅកាន់ពិភពលោក ដែលប្រទេសនោះមានគុណសម្បត្តិអ្វីមួយ លើសពីប្រទេសដទៃ។ ឧទាហរណ៍ ប្រទេសឥណ្ឌូនេស៊ីមានសារធាតុរ៉ែសំខាន់ (Critical mineral) ដូចជា នីកែល (Nikel) ដែលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផលិតរថយន្តអគ្គិសនី។ ឥណ្ឌាក៏ជាប្រទេសដ៏សំខាន់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ ដោយឥណ្ឌាមានកម្លាំលពលកម្មច្រើន និងទីផ្សារអ្នកប្រើប្រាស់ដ៏ធំ ដែលអាចទាក់ទាញអ្នកវិនិយោគ និងជាពិសេសរដ្ឋាភិបាលឥណ្ឌាមានការលើកទឹកចិត្តទាក់ទងនឹងផលិតកម្មដែលគេហៅថា ផលិតនៅឥណ្ឌា ឬជាភាសាអង់គ្លេសថា Made In India។ ការណ៍នេះគឺចង់ធ្វើឱ្យឥណ្ឌា ក្លាយជាមជ្ឈមណ្ឌលផលិតកម្មពិភពលោកដ៏សំខាន់មួយ។

ប្រភេទទី២ ប្រទេសដែលមានភូមិសាស្រ្តពិសេស ពោលគឺប្រទេសដែលមានសក្តានុពលសម្រាប់ការវិនិយោគពីប្រទេសជិតខាង (Nearshoring country) និងប្រទេសដែលមានសក្ដានុពលសម្រាប់ការវិនិយោគពីប្រទេសមហាអំណាច (Offshoring country) ក៏ដូចជាប្រទេសដែលមានសក្ដានុពលសម្រាប់ការវិនិយោគពីប្រទេសសម្ព័ន្ធមិត្ត (Friend shoring country)។ ឧទាហរណ៍ ប្រទេសវៀតណាមគឺជាប្រភេទប្រទេស ​Offshoring ដែលទទួលបានផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដោយក្រុមហ៊ុនរបស់អាមេរិកមួយចំនួនបានផ្លាស់ប្តូរពីប្រទេសចិនទៅវៀតណាម។ ចំណែកប្រទេសដែលនៅជិត ឬសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក ដូចជាម៉ិកស៊ិក កាណាដា និងប្រទេសនៅអាមេរិកឡាទីនត្រូវបានទទួលផលចំណេញដោយសហរដ្ឋអាមេរិកចាប់ផ្តើមផ្តូរមជ្ឈមណ្ឌលផលិតកម្មរបស់ខ្លូនមកប្រទេសដែលនៅជិត ឬសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិកព្រោះដោយសារតម្លៃពលកម្ម ការដឹកជញ្ជូនទាបនិងជាពិសេសការកាត់បន្ថយហានិភ័យក្នុងវិស័យធុរកិច្ច(De risking)ពីប្រទេសចិន។

ប្រភេទទី៣ ប្រទេសដែលមានដើមទុនច្រើន និងមានឆន្ទៈក្នុងការប្រើប្រាស់ទុននោះ ដើម្បីសម្រេចគោលដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ដូចជាប្រទេសនៅមជ្ឈិមបូព៌ា និងសិង្ហបុរីជាដើម។ ដូចយើងដឹងស្រាប់ហើយថា ពេលដែលយើងនិយាយអំពីមជ្ឈិមបូព៌ា យើងនឹងនឹកឃើញមុនគេថា វាជាតំបន់សម្បូរទៅដោយធនធានធម្មជាតិ។ អាស្រ័យហេតុនេះហើយ បានជារដ្ឋាភិបាលរបស់ប្រទេសនៅមជ្ឈិមបូព៌ាខ្លះ បានចាប់ផ្តើមធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ពួកគេ ពីការពឹងផ្អែកលើធនធានធម្មជាតិ និងបានព្យាយាមបង្កើតគម្រោងផ្សេងៗ ដើម្បីពង្រីកឥទ្ធិពលទៅកាន់ពិភពលោកថា ខ្លួនមិនត្រឹមតែជាកន្លែងសម្រាប់ការទាញយកធនធានធម្មជាតិប៉ុណ្ណោះទេ តែជាដៃគូសហការទៅលើវិស័យផ្សេងៗទៀត។ ផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ពួកគេ គឺការសាងសង់គម្រោងធំៗដូចជា ទីក្រុងវ័យឆ្លាត ឬហៅកាត់ថា NEOM (New Enterprise Operating Model) នៅប្រទេសអារ៉ាប៊ីសាអូឌីត ការប្រកួតបាល់ទាត់ពិភពលោក (World Cup) នៅកាតា និងការបង្កើតមជ្ឈមណ្ឌលធុរកិច្ចនៅអារ៉ាប់រួម ដែលសកម្មភាពទាំងអស់នេះ បានអនុញ្ញាតឱ្យពួកគេផ្លាស់ប្តូរខ្លួនឯង និងទាក់ទាញការវិនិយោគ និងមនុស្សដែលមានទេពកោសល្យជាច្រើន ហើយ គម្រោងទីពីរនៃយុទ្ធសាស្ត្ររបស់ពួកគេ គឺការវិនិយោគក្រៅប្រទេស។

ប្រភេទទី៤ ប្រទេសដែលអភិវឌ្ឍន៍ និងមានអ្នកដឹកនាំដែលមានទស្សនៈវិស័យជាសកល ទោះបីជាមានឧបសគ្គខ្លះក៏ដោយ។ ជាក់ស្តែង ប្រទេសនៅអឺរ៉ុប ដូចជាអាល្លឺម៉ង់ និងបារាំងជាដើម ពួកគេចង់រក្សាស្វ័យភាពជាយុទ្ធសាស្រ្ត (Strategic autonomy) ប៉ុន្តែក៏មានឧបសគ្គខ្លះដែរ ដោយសារតែមានបញ្ហាផ្ទៃក្នុង និងការពឹងផ្អែកសន្តិសុខក្នុងតំបន់ទៅលើសហរដ្ឋអាមេរិក។ នៅអាស៊ី កូរ៉េខាងត្បូងជារដ្ឋដ៏សំខាន់ដែលប្រទេសដទៃទៀតត្រូវការជាចាំបាច់ (Pivotal state) ហើយបន្តទំនាក់ទំនងល្អ និងសហការផ្នែកសន្តិសុខជាមួយប្រទេសជប៉ុន ប៉ុន្តែក៏ជួបឧបសគ្គខ្លះពីក្នុងស្រុក ដោយសារតែបញ្ហាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ។

ប្រទេសមានគោលជំហរឯករាជ្យ ជាធម្មតាគឺជាប្រទេសដែលមានអំណាចកណ្តាល។ បើតាមការវិភាគរបស់លោក ចារ៉េដ ប្រទេសជាច្រើនអាចរាប់ជារដ្ឋប្រទេសដែលមានគោលជំហរឯករាជ្យ ប៉ុន្តែរដ្ឋចំនួន ៦ ដែលអ្នកវិភាគគិតថាមានសក្តានុពលក្នុងការជះឥទ្ធិពលទៅលើសណ្តាប់ធ្នាប់ពីភពលោក ក្នុងរួមមាន ប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា អារ៉ាប់រួម អាហ្រ្វិកខាងត្បូង តួកគី និងប្រទេសប្រេស៊ីល។

តើ​ប្រទេសមានគោលជំហរឯករាជ្យជះឥទ្ធិពលលើសណ្តាប់ធ្នាប់ពិភពលោក​ដោយ​របៀប​ណា?

ប្រទេសដែលមានគោលជំហរឯករាជ្យបានដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងអន្តរជាតិ ដោយសារតែសមត្ថភាពរបស់ពួកគេក្នុងការជះឥទ្ធិពលដល់តុល្យភាពនៃអំណាច និងកំណត់លទ្ធផលនៃបញ្ហាភូមិសាស្ត្រនយោបាយសំខាន់ៗ។ រដ្ឋទាំងនេះមានសមត្ថភាពទាំងនយោបាយ សេដ្ឋកិច្ច និងយោធា ហើយប្រទេសទាំងនេះ មានសារៈសំខាន់ណាស់ចំពោះលំនឹងសេដ្ឋកិច្ចពិភពលោក និងតុល្យភាពអំណាច (Balance of power) ជាពិសេសប្រទេសទាំង ៦ ដែលបានលើកឡើងខាងលើ។

ទីមួយនោះគឺតុល្យភាពអំណាចពិភពលោក (Balance of power) ។ ដូចដែលយើងដឹងស្រាប់ហើយថា បច្ចុប្បន្ន​ភាពតានតឹងរវាងសហរដ្ឋអាមេរិច និងចិនកាន់តែខ្លាំងឡើងៗ ដោយប្រទេសទាំងពីរនេះព្យាយាមបង្កើតសម្ព័ន្ធភាពនៅក្នុងរូបភាពថ្មីដូចជា សហរដ្ឋអាមេរិចបានចូលរួមបង្កើតកិច្ចសន្ទនាសន្តិសុខចតុភាគីឈ្មោះថា Quad កិច្ចព្រមព្រៀងសន្តិសុខត្រីភាគីហៅថា AUKUS និងចិនមានអង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ថា SCO និងគំនិតផ្តួចផ្តើមផ្នែកសន្តិសុខសកល ហៅកាត់ថា GSI ជាដើម។ ហើយប្រសិនបើ​មួយយក្នុងចំណោមប្រទេសមានគោលជំហរឯករាជ្យទាំង ៦ ចូលរួមក្នុងបក្សសម្ព័ន្ធ ឬខិតជិតខ្លាំងជាមួយមហាអំណាចណាមួយ នោះវានឹងជះឥទ្ធិពលដល់តុល្យភាពអំណាចពិភពលោកយ៉ាងខ្លាំង។ ជាក់ស្តែងប្រទេសឥណ្ឌា ឥណ្ឌាជាប្រទេសដែលប្រកាន់យកគោលនយោបាយពហុសម្ព័ន្ធភាព (Multi alignment) ដោយឥណ្ឌាជាដៃគូនៃកិច្ចសន្ទនាសន្តិសុខ Quad ផង និងជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃផង។ ឥណ្ឌាព្យាយាមរក្សាលំនឹងទំនាក់ទំនងជាមួយមហាអំណាចធំៗ ដោយមិនខិតទៅជិតពេកទៅរកមហាអំណាចណាមួយពោលគឺអាមេរិក និងរុស្សី​​ និងមិនល្អក់កករខ្លាំងជាមួយចិន ​ជាពិសេសព្យាយាមទាញយកផលប្រយោជន៍ពីប្រទេសទាំងនេះ។ ប្រសិនបើឥណ្ឌាខិតជិតខ្លាំងជាមួយមហាអំណាចណាមួយនោះ​ តុល្យភាពអំណាចពិភពលោក និងផ្អៀងទៅកាន់មហាអំណាចដែលឥណ្ឌាបានចូលរួម។

ចំណុចទីពីរនោះគឺឥទ្ធិពលសេដ្ឋកិច្ច។​ ប្រទេសដែលមានគោលជំហរឯករាជ្យមានធនធានសេដ្ឋកិច្ចសំខាន់ៗ ដូចជា ធនធានធម្មជាតិ ទីផ្សារអ្នកប្រើប្រាស់ធំ ឬផ្លូវដឹកជញ្ជូនសំខាន់ៗ។ រដ្ឋទាំងនោះក៏អាចប្រើកម្លាំងសេដ្ឋកិច្ចរបស់ពួកគេ ដើម្បីជះឥទ្ធិពលលើគោលនយោបាយការបរទេសរបស់ប្រទេសផ្សេងទៀត ឬទទួលបានឥទ្ធិពលនៅក្នុងឆាកអន្តរជាតិ។ ជាក់ស្តែង ប្រទេសភាគច្រើនក្នុងចំណោមប្រទេសទាំង ៦ បានគាំទ្រទៅលើការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប៉ុន្តែគ្មានប្រទេសណាមួយ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីនោះទេ ហើយប្រសិនបើប្រទេសទាំងនេះដាក់ទណ្ឌកម្មលើរុស្ស៊ីនោះ សង្គ្រាម​អ៊ុយក្រែន​​អាច​មានរូបរាងផ្សេងខុសពី​សព្វ​ថ្ងៃនោះទេ វាទំនងជាមានសភាពផ្អៀងទៅលោកខាលលិច។

កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីបានជាបដិវត្តន៍ឧស្សាហកម្មកើតឡើងនៅចក្រភពអង់គ្លេសមិនមែនបារាំង?

នៅដើមសតវត្សទី១៨ ប្រទេសលោកខាងលិចជាច្រើន បានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្នុងការប្រែក្លាយខ្លួនទៅជាមហាអំណាចឧស្សហកម្ម។ ក្នុងនោះផងដែរ ចក្រភពអង់គ្លេស និង បារាំងហាក់ដូចជាមានប្រៀបជាជាងប្រទេសនានា នៅសម័យនោះដោយហេតុថា ប្រទេសទាំងពីរនេះទទួលបាននូវសន្ទុះសេដ្ឋកិច្ចដ៍ល្អប្រសើរទាំងក្នុងស្រុក និងក្រៅស្រុក គួបផ្សំនឹង​ ការធ្វើទំនើបកម្មផ្សេងៗពាសពេញផ្ទៃប្រទេសផងដែរ។ តែយ៉ាងណាមិញ បដិវត្តន៍ឧស្សហកម្ម ត្រូវបានចាប់កំណើតក្នុង ចក្រភពអង់គ្លេស អំឡុងពាក់កណ្តាលសតវត្សទី១៨ គឺនៅឆ្នាំ១៧៦០។

តើអ្វីទៅជា  បដិវត្តន៍ឧស្សហកម្ម? តើមានកត្តាអ្វីខ្លះដែលជុំរុញឲ្យបដិវត្តន៍ឧស្សហកម្មកើតឡើងនៅចក្រភពអង់គ្លេសមិនមែនបារាំង?

បដិវត្តន៍ឧស្សហកម្ម (Industrial Revolution) គឺជារជ្ជកាលមួយដែល គេបានធ្វើបម្លាស់ប្តូរដំណើរការផលិតកម្ម ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្ស ទៅជំនួសដោយគ្រឿងយន្ត គ្រឿងចក្រផ្សេងៗទៅវិញ។ គួរបញ្ជាក់ផងដែរថា​ បដិវត្តន៍ឧស្សហកម្ម នេះទៀតសោត ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការកែប្រែប្រព័ន្ធសេដ្ឋកិច្ចពិភពលោក ទៅជាប្រព័ន្ធសេដ្ឋកិច្ចបែបមូលធននិយម (Capitalist Economy) ដែលមានឥទ្ធិពល​រហូតមកដល់សម័យបច្ចុប្បន្ន។ ដូច្នេះហើយទើប ថ្ងៃនេះយើងនឹងមកសិក្សាអំពី កត្តាមួយចំនួន ដែលជះឥទ្ធិពលទៅដល់ ការកកើតឡើងនៃបដិវត្តន៍ឧស្សហកម្មនៅចក្រភពអង់គ្លេស។

ទីមួយ៖ ការធ្វើបដិវត្តន៍កសិកម្មជាមុន (Agricultural Revolution)

ជាដំបូង បដិវត្តន៍ឧស្សហកម្មនេះ អាចកើតឡើងទៅបានក៏ដោយសារតែវត្តមានរបស់ បដិវត្តន៍ទំនើបកម្មកសិកម្មនាសតវត្សរ៍ទី១៧។ ការរីកចម្រើនផ្នែកកសិកម្មនាសម័យនោះ បាននាំមកនូវកំណើនផលិតកម្មម្ហូបអាហារ ភោគផល ក៏ដូចជាទំនិញផ្សេងៗ​ ដោយប្រើប្រាស់ពលកម្មក្នុងកម្រិតតូចមួយ។ ចក្រភពអង់គ្លេស បានប្រើប្រាស់បច្ចេកទេសម្យ៉ាង (Crop Rotation​ and Seed Drill) ដែលអាចឲ្យដីមានជីជាតិ អាចឲ្យដំណាំលូតលាស់បានច្រើន ចំណេញពេលវេលា ហើយអាចកម្ចាត់សត្វល្អិតចង្រៃថែមទៀតផង។ ​​ មិនត្រឹមតែប៉ុណ្ណោះ កសិករជាច្រើនបានចាប់ផ្តើម ផ្សាំសត្វរបស់ខ្លួន ឲ្យទទួលបានពូជល្អ និងអាចលក់ក្នុងតម្លៃខ្ពស់។​ គ្រួសារធូរធារមួយចំនួន បានចាប់ផ្តើមដើរទិញពូជសត្វ ពូជដំណាំ ឬ ដីធ្លីទាំងមូល ដើម្បីប្រមែប្រមូល និង បង្កបង្កើនផលកសិកម្មដោយប្រើកម្លាំងតិច។

គួរបញ្ជាក់ផងដែរថា នៅអំឡុងពេលដែលអង់គ្លេស កំពុងបានអភិវឌ្ឍវិធីសាស្រ្តទាំងនេះ ប្រទេសបារាំងនៅកំពុងជាប់គាំងរឿងបញ្ហាសង្គ្រាម បញ្ហាចលាចល និង បញ្ហាវិបត្តិសេដ្ឋកិច្ចពាសពេញផ្ទៃប្រទេសនៅឡើយ។ បារាំងនៅមិនទាន់មានបដិវត្តន៍ផលិតកម្មកសិកម្មទេ រហូតដល់សតវត្សទី១៨​ ដែលបញ្ជាក់ថា បារាំងមិនទាន់មានលក្ខណៈគ្រប់គ្រាន់ក្នុងការធ្វើរបត់ទៅការរីកចម្រើនឧស្សាហកម្ម ខុសភ្លែកពីចក្រភពអង់គ្លេស។ ចំពោះអង់គ្លេស វត្តមានបដិវត្តន៍ទំនើបកម្មកសិកម្ម បានក្លាយជាស្ពានចម្លងចក្រភពនេះទៅរក របត់នគរូបនីយកម្ម (Urbanization) ដែលប្រជាជននាំគ្នាទៅរស់នៅទីក្រុង បន្ទាប់ពីបានផលចំណេញពី ផលិតកម្មកសិកម្ម​​ និង ការលក់ដីធ្លី។ ប្រជាជនប្រមាណ ២០០​០០០ នាក់ក្នុងឆ្នាំ ១៦០០ បានកើនឡើងទៅដល់ជិត ១លាននាក់ក្នុងឆ្នាំ​ ១៧០០។ ភាពកុះករនៅទីក្រុងមួយនេះបង្កជា ការរីកសុះសាយកំណើនសេដ្ឋកិច្ច និង ឧស្សហកម្មហើយ ទីក្រុងឡុងដ៍បានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពាណិជ្ជកម្មសម្រាប់ចក្រភពអង់គ្លេស។

ទីពីរ៖ បញ្ហាស្ថានភាពនយោបាយ និង ស្ថានភាពសេដ្ឋកិច្ច​

ស្របពេលដែលអង់គ្លេសមានការរីកចម្រើនកសិកម្ម និង នគរូបនីយកម្មហើយនោះ យើងក៏គួរតែក្រឡេកទៅមើលស្ថានភាពនយោបាយ និង ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុករបស់អង់គ្លេស និង បារាំងផងដែរ។ ចក្រភពអង់គ្លេស បានប្រើប្រាស់អំណាចអាណានិគមរបស់ខ្លួនក្នុងការទិញលក់ផលិតផលក្នុងតម្លៃដែលខ្លួនត្រូវការ (Mercantilism)។ អង់គ្លេសពង្រីកកិត្យានុភាពសេដ្ឋកិច្ចរបស់ខ្លួន តាមគ្រប់វិធីទាំងអស់ ព្រមទាំងការកេងប្រវ័ញ្ចរដ្ឋអាណានិគម ការធ្វើជំនួញផ្លូវទឹក និង ផ្លូវគោកជាដើម។ ចក្រភពអង់គ្លេស បានយកប្រយោជន៍ទាំងនោះ ទៅផ្គត់ផ្គង់លើពលកម្មការងារ​និង កម្រៃដែលធ្វើឲ្យប្រទេសនេះមានប្រាក់បៀវត្សខ្ពស់ជាងគេនាសម័យនោះ។ ការធ្វើចំណាកស្រុកមកទីក្រុង បានជួយបំពេញចន្លោះខ្វះខាតជាច្រើនលើគ្រប់វិស័យ និង ស្តារជីវភាពពួកគេឲ្យល្អប្រសើរជាងមុន (Living Standards)ដែលប្រជាជនអាចទទួលទានអាហារសមប្រកប​មានផ្ទះសម្បែងនៅ និង មានរបរធ្វើការគ្រប់ៗគ្នា។

ម្យ៉ាងវិញទៀត ស្ថានភាពនយោបាយនៅចក្រភពអង់គ្លេស មានភាពល្អសមប្រកប ដោយមានការបើកទីផ្សារសេរី ធ្វើជំនួញទៅវិញទៅមកជាមួយរដ្ឋដទៃ។​ អង់គ្លេសបានដាក់គោលនយោបាយគាំពារពាណិជ្ជកម្ម និង ផលិតកម្មរបស់ខ្លួនយ៉ាងមុតមាំទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ជំហានមួយនេះ នាំឲ្យអង់គ្លេសមានការគាំទ្រ និង រីកចម្រើនពាសពេញផ្ទៃប្រទេស ប្រជាជនរស់នៅសុខស្រួល ជួយពង្រឹងជាតិសាសន៍ទៅមុខទៀត។ ខុសប្លែកអ្វី តែប្រជាជនបារាំង មិនទទួលបានភ័ព្វបែបនេះទេ ដោយប្រទេសជួបប្រទះសង្គ្រាមស៊ីវិលក្នុងស្រុក ក៏ដូចជា បាតុកម្មកំចាត់របបរាជានិយមចោល។ ចុងសតវត្សឆ្នាំ ១៧ នៅពេលដែលអង់គ្លេសរីកចម្រើន បារាំងកំពុងតែជួបទុក្ខភ័យ ចលាចល និង កង្វល់របស់ខ្លួន គឺពុំអាចកែប្រែស្ថានការមកពង្រឹងវិស័យឧស្សកម្មបានឡើយ។

គួររំលឹកផងដែរថា ចលនាលុបបំបាត់របបរាជានិយមនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រទេសបារាំង​។​ បារាំងបានរងទុក្ខសោកយ៉ាងអណេកដោយ ដំណើរការផ្លាស់ប្តូររបបភ្លាមៗធ្វើឲ្យមាន ចលាចលស្រុកទេស ការបាត់បង់អំណាចនិងស្ថិរភាព ក៏ដូចជាការចាប់កំណើតនៃចលនានយោបាយផ្សេងៗពេញផ្ទៃប្រទេស។ ប្រព័ន្ធគ្រប់គ្រងជាតិក៏មិនមានលំនឹង សេដ្ឋកិច្ចក៏ចុះខ្សោយ រដ្ឋក្រោមអំណាចក៏មានបញ្ហា ឯប្រជាជនក៏ខ្វែងគំនិតគ្នាគ្រប់ជាន់ថ្នាក់ ដែលទាំងនេះហើយបានឆ្លុះបញ្ចាំងពីកត្តាដែលបារាំងមិនអាចទទួលបានបដិវត្តន៍ឧស្សហកម្ម មុនចក្រភពអង់គ្លេស។

ទីបី៖ កត្តាធនធានមនុស្ស និង ធនធានធម្មជាតិ

មិនត្រឹមតែប៉ុណ្ណោះ កត្តាធនធានមនុស្ស និង ធនធានធម្មជាតិ ក៏ជះឥទ្ធិពលទៅដល់ការកកើតឡើងនៃបដិវត្តន៍ឧស្សហកម្មនៅចក្រភពអង់គ្លេសផងដែរ។ ថ្វីត្បិតតែ អង់គ្លេសនិងបារាំងមានធនធានប្រហាក់ប្រហែលគ្នានៅតំបន់នឹមអាណានិគមក៏ពិតមែន ប៉ុន្តែចក្រភពអង់គ្លេស មានប្រៀបជាងទៅលើវត្ថុធាតុដើមឧស្សហកម្ម។ ដែនដីភូមិសាស្ត្រប្រទេសនេះសម្បូរទៅដោយ ធ្យូងថ្ម ដែលរូបធាតុនេះជា គ្រឿងផ្សំពិសេសក្នុងការផលិតគ្រឿងចក្រសម្រាប់ឧស្សហកម្ម។ ភាពសម្បូរហូរហារនៃ ធ្យូងថ្មនេះ អាចឲ្យអង់គ្លេសប្រើវាទៅធ្វើឧស្សាហូបនីយកម្មពេញប្រទេស រួមមាន ដំណើរការយានជំនិះសម្រាប់ធ្វើដំណើរ ឬ ជំនួញ បច្ចេកវិទ្យា​ គ្រឿងចក្រ និង គ្រឿងយន្តនានាជាដើម។

ក្រៅពីនេះ អង់គ្លេសមានធនធានមនុស្សជាច្រើន មកទាញយកប្រយោជន៍ពីធនធានធម្មជាតិទាំងនោះ។ រូបវិទូ និង គណិតវិទូជាច្រើន បានបង្កើតនូវគ្រឿងចក្រនានា ដែលអាចសម្រួលដល់ផលិតកម្ម និង តម្រូវការក្នុងពិភពលោក។ យើងឃើញមាន Water Steam engines, Spinning Jenny, Sewing machine, Flour mill។ល។ បច្ចេកវិទ្យាទាំងនេះ រួមចំណែកសំខាន់ជាសមិទ្ធផលសម្រេចចុងក្រោយនាំយក ចក្រភពអង់គ្លេស ទៅរកបដិវត្តន៍ឧស្សហកម្ម។

យើងអាចសន្មតបានថា បច្ចេកវិទ្យា មួយមុខមិនអាចឲ្យមានវត្តមានបដិវត្តន៍ឧស្សហកម្មបានឡើយ តែវាត្រូវការទាំង ស្ថិរភាពនយោបាយ សេដ្ឋកិច្ច​ ធនធាន និង កត្តាផ្សេងៗទៀត។ បុរាណវិទូជាច្រើន បានបង្ហាញថាបើសិនបច្ចេកវិទ្យា មួយមុខអាចឲ្យមានវត្តមានបដិវត្តន៍ឧស្សហកម្មបាន នោះបារាំងនឹងក្លាយជាប្រទេសទីមួយ មិនមែនអង់គ្លេសឡើយ ដោយហេតុថាបារាំងជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវបច្ចេកវិទ្យានាសម័យនោះ។ ផ្ទុយទៅវិញ បារាំងមិនអាចវ៉ាដាច់អង់គ្លេស ជាប្រទេសដំបូងក្នុងការធ្វើបដិវត្តន៍ឧស្សហកម្មនោះគឺបារាំងស្ទាក់ស្ទើរចំពោះបញ្ហានយោបាយ សេដ្ឋកិច្ច និង​ ភាពយឺតយ៉ាវក្នុងការសម្របខ្លួនទៅនឹងបញ្ហាពិភពលោក។

កម្មវិធីថង់ប្រាជ្ញា៖ ជម្លោះនៅតំបន់ប្រជុំកោះគូរីល

ប្រជុំកោះគូរីល (Kuril Islands) គឺជាជម្លោះទឹកដីដែលមិនទាន់ត្រូវបានដោះស្រាយរួចនៅឡើយ រវាង​រុស្ស៊ី ​និង​ជប៉ុនចាប់តាំងពីសង្គ្រាមលោកលើកទី២មកម៉្លេះ។ ប្រជុំកោះគូរីល ឬត្រូវបានគេស្គាល់នៅក្នុងប្រទេសជប៉ុនថាជាដែនដីភាគខាងជើងគឺជាតំបន់ខណ្ឌចែកសមុទ្រអូកហូតស្ក៍ (Okhotsk) ពីមហាសមុទ្រប៉ាស៊ីហ្វ៊ិកដែលបង្កើតឡើងដោយខ្សែសង្វាក់តូចៗនៃកោះចំនួន ៥៦ ដែលលាតសន្ធឹងរវាងកោះហុកកៃដូជប៉ុន និងឧបទ្វីបកាំឆាតកា (Kamchatka) របស់រុស្ស៊ី។ តំបន់ប្រជុំកោះ​នេះមានជម្លោះទឹកដីដែលមិនទាន់ដោះស្រាយរួច​​ និង​កំពុង​បង្ក​ភាព​តានតឹង​រវាង​រុស្ស៊ី​ និង​ជប៉ុន​ចាប់​តាំង​ពី​ការ​បញ្ចប់​សង្រ្គាម​លោក​លើក​ទី​ពីរ រហូតមកដល់ពេលបច្ចុប្បន្នដែលធ្វើឱ្យទំនាក់ទំនងប្រទេសទាំពីរនេះល្អក់កករនឹងគ្នា។ ដូច្នេះអត្ថបទនេះនឹងនិយាយអំពីប្រវត្តិនៃការគ្រប់គ្រងប្រជុំកោះនេះ និងសារៈសំខាន់របស់ប្រជុំកោះនេះចំពោះប្រទេសជប៉ុន និងរុស្ស៊ី។

ប្រវត្តិនៃការគ្រប់គ្រងប្រជុំកោះនេះ

ជនជាតិដែលរស់នៅលើកោះគូរីលដំបូងគេគឺជាជនជាតិដើមភាគតិចអៃនូ (Ainu) ដែលបានរស់នៅតំបន់នេះរាប់ពាន់ឆ្នាំមកហើយ។ ដំបូងឡើយ ប្រជុំកោះគូរីល មិនដែលធ្លាប់ត្រូវបានគ្រប់គ្រងដោយរដ្ឋណាមួយឡើយ ទើបមកដល់សម័យទំនើប ពោលគឺចាប់តាំងពីទសវត្សរ៍ទី១៨ កោះទាំងនោះត្រូវបានចក្រភពរុស្ស៊ី និងចក្រភពជប៉ុនព្យាយាមដណ្ដើមគ្នាគ្រប់គ្រង ដោយសារតែនយោបាយចក្រពត្តិនិយមរបស់ពួកគេ​។ នៅសតវត្សរ៍ទី១៨ ចក្រភពរុស្ស៊ីបានចាប់ផ្តើមបង្កើតវត្តមានរបស់ខ្លួននៅប្រជុំកោះគូរីល បាន​ប្រកាស​ថា​ ប្រជុំកោះ​គូរីលជារបស់ខ្លួន។ ក្រោយមក ជប៉ុនបានអះអាងថា ប្រជុំកោះនេះ​ស្ថិតនៅជិត​ប្រទេសខ្លួន​ជាង បណ្តាលឱ្យប្រទេសទាំងពីរមានជម្លោះ និងឈានទៅដល់ការចុះសន្ធិសញ្ញាស៊ីម៉ូដា (Shimoda) ក្នុងឆ្នាំ១៨៥៥ ដោយបានបង្កើតកោះចំនួន ៤ ស្ថិតនៅភាគខាងត្បូងបំផុតនៃប្រជុំកោះគូរីល ដែលជាផ្នែកមួយនៃទឹកដីរបស់ប្រទេសជប៉ុន ខណៈដែលកោះដែលនៅសល់ភាគខាងជើងនៃកោះអ៊ីទូរូប (Iturup) ឬ អេតូរ៉ូហ្វ៊ូ (Etorofu) ជាភាសាជប៉ុន ត្រូវបានទទួលស្គាល់ថាជាទឹកដីរបស់រុស្ស៊ី។

នៅឆ្នាំ១៩៤៥ សហភាពសូវៀតបានប្រកាសសង្រ្គាមជាមួយប្រទេសជប៉ុនភ្លាមៗ បន្ទាប់ពីមានការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។ កងកម្លាំងសូវៀតបានវាយចូលកាន់កាប់ប្រជុំកោះគូរីលទាំងមូល រួមទាំងកោះភាគខាងត្បូងបំផុត ដែលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន។ ការដាក់បញ្ចូលប្រជុំកោះទៅក្នុងការគ្រប់គ្រងរបស់សហភាពសូវៀត ត្រូវបានអនុម័តជាផ្លូវការតាមរយៈសន្ធិសញ្ញាទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូក្នុងឆ្នាំ១៩៥១ ដែលប្រទេសជប៉ុនបានចុះហត្ថលេខាក្រោមសម្ពាធពីមហាអំណាចសម្ព័ន្ធមិត្ត។ សន្ធិសញ្ញាទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូបានទទួលស្គាល់ជាផ្លូវការនូវអធិបតេយ្យភាពរបស់ប្រទេសជប៉ុនលើកោះសំខាន់ៗចំនួនបួនគឺ ហុកកៃដូ ហុនស៊ូ ស៊ីកូគុ និងគីយូស៊ូ ប៉ុន្តែមិនបាននិយាយអំពីកោះគូរីលនោះទេ។ ក្រោយមកឆ្នាំ១៩៥៦​ សហភាពសូវៀតបានចរចាជាមួយជប៉ុនដោយផ្តល់ឱ្យជប៉ុននូវកោះតូចៗចំនួនពីរគឺកោះស៊ីកូតាន (Shikotan) និងក្រុម​កូន​កោះ ហាបូម៉ាយ (Habomai)ជាថ្នូរនឹងប្រទេសជប៉ុនរត្រូវបោះបង់ចោលការទាមទារចំពោះកោះធំពីរគឺ អ៊ីទូរូប និង កោះគូណាសៀ (Kunashir) និងក្រោយមកទៀតឆ្នាំ២០០៧ ​រុស្ស៊ីក៏បានស្នើសំណើដដែលទៅកាន់ជប៉ុនតែត្រូវជប៉ុនបដិសេធទាំង២លើកដោយជប៉ុនទាមទារកោះទាំង ៤ ពោល​គឺ កោះអ៊ីទូរូប កោះគូណាសៀ កោះស៊ីកូតាន និង​ក្រុម​កូន​កោះ ហាបូម៉ាយ។

ក្នុងឆ្នាំ២០១៨ ប្រធានាធិបតីរុស្ស៊ី និងនាយករដ្ឋមន្ត្រីជប៉ុនបានជួបគ្នានៅកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ហើយបានសម្រេចចិត្តបញ្ចប់ជម្លោះទឹកដី ដោយប្រទេសទាំង២យល់ព្រមចរចានឹងគ្នាតែការចរចានេះត្រូវបានបញ្ចប់ទៅវិញថ្មីៗនេះព្រោះជប៉ុនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើរុស្ស៊ី ដោយសារការការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ ជាការឆ្លើយតបទៅវិញ រុស្ស៊ីបានបញ្ឈប់កិច្ចពិភាក្សាលើប្រជុំកោះគូរីល ហើយបានធ្វើសមយុទ្ធយោធានៅជុំវិញប្រជុំកោះ។ ជាលទ្ធផល ប្រទេសជប៉ុន និង​រុស្ស៊ី​ មិនបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព ដើម្បីបញ្ចប់អរិភាពរបស់ពួកគេជាផ្លូវការនោះទេ ហើយបញ្ហានៃប្រជុំកោះគូរីលនៅតែមិនអាចដោះស្រាយបាន។

សារៈសំខាន់នៃប្រជុំកោះនេះ

ប្រជុំកោះ​នេះប្រមូលផ្តុំទៅដោយ​ធនធានធម្មជាតិ​ជា​ច្រើន​ដែលមានសារៈសំខា​ន់ជាច្រើន​ដូច​ជា ជលផល ធនធានរ៉ែ​ ប្រេង និងឧស្ម័ន។

  • ជលផល៖ ទឹកជុំវិញតំបន់កោះគូរីល សម្បូរទៅដោយសត្វសមុទ្រ ដែលធ្វើឲ្យតំបន់នេះក្លាយជាកន្លែងនេសាទដ៏មានតម្លៃ។ កោះ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​សម្បូរ​ទៅ​ដោយ​ត្រី​សាលម៉ុន ក្តាម និង​ប្រភេទ​ត្រី​ផ្សេង​ទៀតជាច្រើន។ សកម្មភាពនេសាទ រួមទាំងការនេសាទពាណិជ្ជកម្ម និងកម្សាន្ត បានរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក និងឱកាសការងារផងដែរ។
  • ធនធានរ៉ែ៖ ប្រជុំកោះគូរីលត្រូវបានគេជឿថាមានធនធានរ៉ែដែលមានសក្តានុពលដូចជាមាស ប្រាក់ ទង់ដែង និងធ្យូងថ្ម។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែជម្លោះទឹកដីដែលកំពុងបន្ត និងសកម្មភាពរុករកមានកម្រិត វិសាលភាពពេញលេញនៃទ្រព្យសម្បត្តិរ៉ែនៅក្នុងតំបន់នៅតែមិនប្រាកដប្រជា។
  • ប្រេង និងឧស្ម័ន៖ ដែនទឹកជុំវិញកោះគូរីល ស្ថិតនៅក្នុងតំបន់ជុំវិញនៃធនធានប្រេង និងឧស្ម័ននៅឈូងសមុទ្រ។ ការរុករក និងប្រើប្រាស់ធនធានទាំងនេះ អាចរក្សាសក្តានុពលសេដ្ឋកិច្ចសម្រាប់ប្រទេសដែលមានអធិបតេយ្យភាពលើតំបន់ប្រជុំកោះនេះ។

អ្វីដែលសំខាន់បំផុតគឺ ប្រជុំកោះ​នេះមានសារៈសំខាន់ណាស់ជាយុទ្ធសាស្រ្តសម្រាប់ប្រទេសទាំងពីរ ។ ការគ្រប់គ្រងប្រជុំកោះទាំងបួននេះ នឹងធ្វើឱ្យរុស្ស៊ីកាន់តែងាយស្រួលក្នុងការដាក់ពង្រាយទ័ពជើងទឹក និងនាវាមុជទឹករបស់ខ្លួននៅមហាសមុទ្រប៉ាស៊ីហ្វ៊ិក ហើយប្រសិនបើកោះទាំងនេះធ្លាក់ដល់ដៃជប៉ុន រុស្ស៊ីក៏បារម្ភថានឹងអាចមានមូលដ្ឋានទ័ពរបស់អាមេរិកនៅក្នុងកោះនោះផងដែរ ដែលធ្វើឱ្យរុស្ស៊ីកាន់តែងាយរងគ្រោះ ដោយសារមូលដ្ឋានទ័ពជើងទឹកអាមេរិកស្ថិតនៅកៀកក្បែរនឹងទឹកដីរបស់ខ្លួន។ ចំណែកជប៉ុនវិញ ការគ្រប់គ្រងលើប្រជុំកោះនឹងផ្តល់ឱ្យនូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រទាក់ទងនឹងសន្តិសុខជាតិ និងការពារជាតិរបស់ជប៉ុនដោយវពង្រីកព្រំដែនសមុទ្ររបស់ខ្លួន។

គោរពគោលការណ៍ចិនតែមួយ តែអាមេរិកចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយតៃវ៉ាន់

តៃវ៉ាន់ កូនកោះតូចដែលតែងតែចិញ្ចឹមក្ដីស្រមៃចង់បានអធិបតេយ្យភាព និងប្រកាសឯករាជ្យពីសាធារណរដ្ឋប្រជាមានិត​ចិនដោយបានរិះរកគ្រប់វិធីសាស្ដ្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខ្លួនឯង និងការពង្រឹងទំនាក់ទំនងជាមួយបរទេស។ មិនថាប្រជាជន ឬមេដឹកនាំតៃវ៉ាន់ទេ គេតែងតែចាត់ទុកខ្លួនមិនពាក់ព័ន្ធជាមួយចិនពីព្រោះគេមិនចង់ទទួលយកឥទ្ធិពលចិនព្រោះចិនជាប្រទេសកុំមុយនីស្ដដែលផ្ទុយស្រឡះពីតៃវ៉ាន់ដែលជាទឹកដីប្រជាធិបតេយ្យសុទ្ធសាធ។ ទោះជាយ៉ាងណាក៏ដោយ តៃវ៉ាន់មិនអាចតាំងខ្លួនជារដ្ឋស្វ័យគ្រប់គ្រងដោយគ្មានអ្នកជួយគាំទ្រពីក្រោយឡើយព្រោះថាបើគ្មានអ្នកគាំទ្រនោះទេ កូនកោះតូចរបស់ចិននេះនិងមិនមានសូម្បីសម្លេងឮទៅកាន់អន្ដរជាតិរាល់សកម្មភាពនានារបស់ខ្លួន។ បញ្ហាដែលជាមានលក្ខខណៈស្មុគស្មាញនិងធ្វើឲ្យមានភាពរកាំរកុះរវាងភាគីបីគឺ តៃវ៉ាន់និង​ចិន តៃវ៉ាន់និងអាមេរិក ហើយក៏រវាងចិននិងសហរដ្ឋអាមេរិកដែលចិនតែងចោទប្រកាន់ថា សហរដ្ឋអាមេរិកបំពានគោលការណ៍ចិនតែមួយ។ សំនួរសួរថា តើគោលការណ៍ចិនតែមួយជាអ្វី? និងអ្វីទៅការបំពានគោលការណ៍ចិនតែមួយនោះ? ហើយតើ​កិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មអាមេរិកជាមួយតៃវ៉ាន់ដែលហៅថា The US-Taiwan Initiative on 21st Century Trade មានន័យចំពោះចិន និងតៃវ៉ាន់ដូចម្ដេច?  តែមុននឹងចូលដល់ការវិភាគសូមអនុញ្ញាតមើលពីអង្គហេតុ ឬដើមចមជាសាវ័ន្ដសិន។

ទំនាក់ទំនងក្រៅផ្លូវការរវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក

បដិវត្តន៍ដែលដឹកនាំដោយលោកម៉ៅសេទុងបានទទួលជ័យជំនះក្នុង១៩៤៩ នាំឲ្យរដ្ឋាភិបាលបក្សប្រជាជនជាតិនិយមគួចមីងតាំង  បានភៀសខ្លួនទៅកោះតៃវ៉ាន់និងមានប្រជាជនជាង២លាននាក់ទៅជាមួយដែរ។ ទោះជាចាកចេញពីចិនដីគោកតែតៃវ៉ាន់នៅតែមានការទទួលស្គាល់ជាអន្ដរជាតិ ហើយក៏មានអាសនៈនៅក្នុងអង្គការអន្ដរជាតិដែររហូតដល់ឆ្នាំ១៩៧០ទើបត្រូវអង្គការនេះដកអាសនៈថែមទាំងប្រគល់និងទទួលស្គាល់រដ្ឋាភិបាលចិនបដិវត្តន៍ដឹកនាំដោយលោកម៉ៅសេទុងវិញ។ មានការលើកឡើងជាច្រើនថា អង្គការសហប្រជាជាតិដកអាសនៈនេះក៏ដោយសារតៃវ៉ាន់មិនបានប្រកាសឯករាជ្យពីចិនដោយយល់ថាខ្លួននៅតែជាចិននិងតំណាងចិននៅលើឆាកអន្ដរជាតិទៀត។ ទោះជាយ៉ាងណាក៏ដោយតៃវ៉ាន់នៅតែមានទំនាក់ទំនងជាមួយបណ្ដារដ្ឋឯករាជ្យ និងជាពិសេសគឺសហរដ្ឋអាមេរិកដែលតែងតែតាំងខ្លួនជាអ្នកជួយឧបត្ថម្ភទៅលើកូនកោះនេះ។ ជាក់ស្ដែងនៅឆ្នាំ​១៩៩៤ អាមេរិកនិងតៃវ៉ាន់ មាន​ “ក្របខណ្ឌ” ទំនាក់ទំនងជាមួយគ្នា លើវិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ។ តាមរយៈក្របខណ្ឌពិសេសនេះ អាមេរិកគឺជាអ្នក​ផ្គត់ផ្គង់គ្រឿងសព្វាវុធធំជាងគេបង្អស់មកឲ្យតៃវ៉ាន់​។ ទោះជាយ៉ាងណាអាមេរិកនៅតែអះអាងចំពោះចិនថា ខ្លួនមានទំនាក់ទំនងជាមួយតៃវ៉ាន់ គឺជាទំនាក់ទំនងក្រៅផ្លូវការប៉ុណ្ណោះ។ គួរបញ្ជាក់ថា ជំនួសឲ្យស្ថានទូត អាមេរិកបានសាងសង់​វិទ្យាស្ថានអាមេរិកប្រចាំនៅតៃវ៉ាន់ ហើយតៃវ៉ាន់វិញក៏បានសង់ការិយាល័យតំណាងសេដ្ឋកិច្ច និង វប្បធម៌តៃប៉ិនៅសហរដ្ឋអាមេរិកដូចគ្នា។

ភាពជាដៃគូរសេដ្ឋកិច្ចសំខាន់របស់សហរដ្ឋអាមេរិកគឺតៃវ៉ាន់

តៃវ៉ាន់គឺជាដៃគូសំខាន់របស់សហរដ្ឋអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិកក្នុងផ្នែកជាច្រើនដូចជា ការជំនួញជួញដូរនិងវិនិយោគ សុខភាព និងខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗផ្សេងទៀតដូចជា​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ និងការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលសហរដ្ឋអាមេរិកតែងតែលើកសរសើថាតៃវ៉ាន់ជាដែនដីប្រកាន់យកលទ្ធិប្រជាធិបតេយ្យនិងមានការបោះឆ្នោតជ្រើសរើសមេដឹកនាំដែលជាក់ស្ដែងតៃវ៉ាន់ពិតជាដូចការលើកឡើងនេះមែន។ ម៉្យាងវិញទៀត សេដ្ឋកិច្ចតៃវ៉ាន់ មានទំហំប្រមាណ ៧៨៦ពាន់លានដុល្លារអាមេរិកលើទំនិញ និង សេវាកម្មក្នុងឆ្នាំ ២០២១ដែលនេះជាសក្ដានុពលនេះរបស់តៃវ៉ាន់ក្នុងការបង្ហាញទៅអន្ដរជាតិរហូតដល់តៃវ៉ាន់បានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី៨របស់សហរដ្ឋអាមេរិកដែលការនាំចេញធំរបស់តៃវ៉ាន់គឺគ្រឿងអេឡិចត្រូនិក ពិសេសគឺបន្ទះឈីប។ ចំពោះសហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់តៃវ៉ាន់ដូចគ្នាបន្ទា​ប់ពីចិន។ ទំហំនាំចេញរបស់តៃវ៉ាន់ទៅសហរដ្ឋអាមេរិកចេញផ្សាយដោយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលហៅកាត់ថា (USTR) មានចំនួនរហូតដល់៦០,៤ ពាន់លានដុល្លារ ដូចគ្នាផងដែរទំហំពាណិជ្ជកម្មសហរដ្ឋអាមេរិកគិតជាទឹកប្រាក់គឺចំនួន ៣០,២ ពាន់លានដុល្លារក្នុងឆ្នាំ២០២០រហូតដល់ឆ្នាំពី២០២៣គឺនៅតែបន្ដកើនឡើងដដែល ។

​កិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មអាមេរិកជាមួយតៃវ៉ាន់ដែលហៅថា The US-Taiwan Initiative on 21st Century Trade

វាមិនមែនជារឿងចៃដន្យទេដែលសហរដ្ឋអាមេរិក និងតៃវ៉ាន់ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាព្រោះតៃវ៉ាន់ផ្ទាល់ក៏ជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពផងដែរ។ ហេតុអ្វីបានជាកោះនេះដែលជាដែនដីខេត្តមួយរបស់ចិនតែអាចក្លាយជាសមាជិកអង្គការអន្ដរជាតិដូច្នេះ? យើងគួរពិចារណាថា បើតៃវ៉ាន់ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកបានហេតុអ្វីចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកមិនបាន? យើងក្រឡេកមើលពីកិច្ចព្រមព្រៀងដែលបានចុះកាលពីថ្ងៃទី១ មិថុនា ២០២៣ហើយដែលត្រូវបានសភាតំណាងបោះឆ្នោតទទួលយល់ព្រមនៅថ្ងៃទី២២ ខែមិថុនា ហើយ​ត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​គឺជា​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​វិទ្យាសា្ថន​អាមេរិក​ប្រចាំ​ក្រុង​តៃប៉ិក និង​ការិយាល័យ​តំណាង​សេដ្ឋកិច្ច និង​វប្បធម៌​តៃវ៉ាន់​ប្រចាំ​ក្រុង​វ៉ាស៊ីនតោនគោលបំណងនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្មនេះ គឺដើម្បីអភិវឌ្ឍវិធីជាក់លាក់ធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់វាជាកិច្ចព្រមព្រៀង​ពេញលេញ និង​ទូលំទូលាយ​បំផុត​ជាមួយ​អាមេរិក​គិត​តាំង​ពី​ឆ្នាំ ១៩៧៩។ តាមរយៈកិច្ចព្រមព្រៀងនេះភាគីទាំងពីរ​អាច​បង្កើន​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា​រឹត​តែ​ខ្លាំង​បន្ថែម​ទៀតប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺកិច្ចព្រមព្រៀងនេះធ្វើសហរដ្ឋអាមេរិកនិងតៃវ៉ាន់មានទំនាក់ទំនងជាផ្លូវការជាមួយតៃវ៉ាន់ តែចំពោះការលើកលែងពន្ធទំនិញគឺមិនឃើញមាននិយាយក្នុងកិច្ចព្រមព្រៀងនេះឡើយ។ បានសេចក្ដីថាកិច្ចព្រមព្រៀងនេះហាក់ដូចជាឧបករណ៍នយោបាយមួយដែលសហរដ្ឋអាមេរិករៀបចំ ការលើកឡើងនេះសំអាងថាគោលបំណងនៃកិច្ចព្រមព្រៀងគឺនិយាយពីការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្មតែមិនមានការលើកលែងពន្ធចំពោះទំនិញសោះ។ ទោះជាយ៉ាងនេះក្ដីតៃវ៉ាន់ក៏សំដែងនៅសេចក្ដីសោមន្សរីករាយក្រៃលែងក្រោយសភាតំណាងអាមេរិកបោះឆ្នោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះដែលជាក្ដីសង្ឃឹមរបស់តៃវ៉ាន់។

ចិនបានរិះគន់ថាកិច្ចព្រមព្រៀងនេះជាការបំពានគោលការណ៍ចិនតែមួយ

ចិនមិនដែលសប្បាយចិត្តទេ​ចំពោះ​ការ​រំកិល​ជិត​គ្នា​រវាង​អាមេរិក និង​តៃវ៉ាន់ជាពិសេសនៅពេលដែលប្រធានសភាសហរដ្ឋអាមេរិកបានទៅទស្សនកិច្ចនៅតៃវ៉ាន់ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី  កាលពី២០២២។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះធ្វើឲ្យចិនខ្នាញ់តៃវ៉ាន់ជាខ្លាំង និងស្រែក​ព្រមាន​អាមេរិក​ជា​ថ្មី។ ក្នុងនោះអ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន ​លោកស្រី​ម៉ាវ នីង ​បាន​និយាយថា អាមេរិក​មិន​ត្រូវ​បញ្ជូន​សញ្ញា​ខុស​ទៅ​កាន់​កម្លាំង​អ្នកឯករាជនិយម​តៃវ៉ាន់​ដោយ​យក​ពាក្យពាណិជ្ជកម្មដាក់​ពី​មុខ​ទេ ទោះជាយ៉ាងណា​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់ចិនដដែល។ ម្យ៉ាងវិញទៀតចិនបានចោទសហរដ្ឋអាមេរិថាបានបំពានឥតញញើតទៅលើការសន្យាដែល​សច្ចាជាមួយចិន ថានឹងមានទំនាក់ទំនងជាមួយកោះតៃវ៉ាន់ត្រឹមក្រៅផ្លូវការតែប៉ុណ្ណោះ។  ក្នុងនោះចិនបានដាក់លិខិតប្រកាសថ្កោលទោសភាគី​សហរដ្ឋ​អាមេរិក ត្រូវតែដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះជាបន្ទាន់ហើយឈប់ជំរុញឬផ្តល់ក្តីសង្ឃឹមឲ្យ​តៃវ៉ាន់ថានឹងបានឯករាជ្យតទៅទៀត ព្រោះទោះជាយូរឬឆាប់តៃវ៉ាន់នឹងមានវាសនាមិនខុសពីហុងកុងឡើយ ហើយការដែលចង់បានឯករាជ្យគឺជាការស្រមើលស្រមៃប៉ុណ្ណោះ។​ គួរឱ្យកត់សម្គាល់ថា​ជាង ១០ ឆ្នាំ​កន្លង​មកនេះក្រោមការដឹងនាំរបស់លោកស៊ី ជីនពីង ទំនាក់ទំនង​រវាង​ចិន និង​តៃវ៉ាន់​បាន​ធ្លាក់​ទាប​ខ្លាំង​ព្រមទាំងមានភាព​យ៉ាប់យឺន​ថែម​ទៀត​។

កម្មវិធីថង់ប្រាជ្ញា៖ ការលិចទូកនេសាទរបស់ជនចំណាកស្រុកនៅក្នុងដែនសមុទ្ររបស់ប្រទេសក្រិក

កាលពីថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ទូកនេសាទមួយដែលផ្ទុកមនុស្សចំនួន​ ៧៥០ នាក់ បានលិចនៅក្នុងដែនសមុទ្រនៃប្រទេសក្រិក ខណៈពេលដែលវាកំពុងធ្វើដំណើរចេញពីប្រទេសលីប៊ី ទៅកាន់ប្រទេសអ៊ីតាលីតាមរយៈសមុទ្រមេឌីទែរ៉ាណេ។ អ្នកដំណើរដែលជាជនចំណាកស្រុក និងជនភៀសខ្លួន ភាគច្រើនជាជនជាតិ ស៊ីរី ប៉ាគីស្ថាន អេហ្ស៊ីប អាហ្វហ្កានីស្ថាន និងប៉ាឡេស្ទីនដែលមានបំណងស្វែងរកសិទ្ធិជ្រកកោននៅអ៊ឺរ៉ុប។ ក្នុងចំណោមនោះ មនុស្សត្រឹមតែ​ ១០៤ នាក់ប៉ុណ្ណោះ ដែលត្រូវបានជួយសង្គ្រោះ ចំណែកសាកសពដែលរកឃើញចំនួនប្រហែល ៨០ នាក់ និងបាត់ខ្លួនមនុស្សជាច្រើនរយនាក់ថែមទៀត នេះបើយោងតាម ទីភ្នាក់ងារចំណាកស្រុករបស់អង្គការសហប្រជាជាតិ (UN Migrantion agency) សោកនាដកម្មនៃការលិចទូកនេសាទនេះ ចាត់ទុកជាប្រវត្តិសាស្ត្រដ៏អាក្រក់បំផុតនៅសមុទ្រមេឌីទែរ៉ាណេកណ្តាល ដែលត្រូវបានគេសន្មតថាមានមនុស្សស្លាប់ច្រើនបំផុត ។

មូលហេតុ ជុំវិញការលិចទូកនេសាទនេះ ត្រូវបានគេលើកឡើងពីហេតុផលនៃការផ្ទុកមនុស្សដ៏ណែនណាន់តាន់តាប់ដែលធ្វើឱ្យទូកដែលតូច និងភាពយឺតយ៉ាវនៃការសង្គ្រោះរបស់ ឆ្មាំសមុទ្រប្រទេសក្រិក។ ទូកនេសាទ ឈ្មោះ អាឌ្រីណា (Adriana) ជាទូកដែលដឹកជនចំណាកស្រុក ពីឆ្នេរនៃប្រទេសលីប៊ី ក្នុងគោលដៅទៅប្រទេសអ៊ីតាលី។ ទូកនេះមានបីជាន់ ដែលជាន់នីមួយផ្ទុកពេញទៅដោយមនុស្ស ជាពិសេសស្ត្រី និងកុមារភាគច្រើនត្រូវបានគេដាក់នៅក្នុងបន្ទប់ដោយចាក់សោរពីក្រៅ ដើម្បីជៀសវាងការកកស្ទះ ចរាចរណ៍នៅលើទូក។ បុរសម្នាក់ជនជាតិប៉ាគីស្ថាន ឈ្មោះ ចាប់បា (Jabbar) អាយុ ៣៦ឆ្នាំ ត្រូវបានក្រុមសង្គ្រោះបាននិយាយថា គាត់បានបង់ប្រាក់នៅក្នុងការធ្វើដំណើរទៅប្រទេសអ៊ីតាលីនេះចំនួន ៧៥០០ ដុល្លារ ដោយសង្ឃឹមថានឹងរកបានកន្លែងល្អបំផុតនៅលើទូក។ អ្នកដែលចំណាយប្រាក់ច្រើនអាចនៅជាន់ខាងលើគេនៃទូក ហើយអ្នកដែលមិនសូវមានលុយ ត្រូវគេដាក់ឱ្យនៅប្រជ្រៀតគ្នានៅបាតទូក។

អ្នកដំណើរជាច្រើន ហាក់ដូចជាទទួលនូវការបោកប្រាស់ដែលពីដំបូងពួកគេគិតថាអាចទទួលបានកន្លែងល្អនៅលើទូក ប៉ុន្តែផ្ទុយទៅវិញពួកគេត្រូវបានឈ្មួញទូកគំរាមកំហែងនឹងកាំភ្លើងទៀតផង។ អ្នកដំណើរត្រូវអត់ទឹក និងអាហារ ពេលខ្លះ គេបានបរិភោគតែនំប៉័ងមួយដុំប៉ុណ្ណោះ ក្នុងរយៈពេល ២៤ ​ម៉ោង រហូតដល់មានមនុស្សសន្លប់ជាច្រើនអ្នក។ លើសពីនេះ មនុស្សនៅក្នុងកប៉ាល់មិនអាចធ្វើចលនាទៅមកបានទេ មនុស្សជាច្រើនបានវង្វេងគ្នារកសាច់ញាតិដែលមកជាមួយពុំឃើញ។

នៅពេលដែលទូកនេសាទ អាឌ្រីណាចូលទៅក្នុងដែនសមុទ្រនៃប្រទេសក្រិក អាជ្ញាធរក្រិកបាន បញ្ជូន​កប៉ាល់​ចំនួនពីរ គឺ កប៉ាល់​ដឹក​ប្រេងឈ្មោះ Lucky Sailor និង Faithful Warrior ដើម្បី​ផ្តល់​អាហារ និង​ទឹក​ដល់​ជន​ចំណាកស្រុក ព្រមទាំងព្យាយាមចង់បញ្ជូនទូកជនចំណាកស្រុកមួយនេះទៅកាន់ដែននៃសមុទ្រអ៊ីតាលីដោយប្រើការអូសដោយខ្សែពួរ។ អ្នកគ្រប់គ្រងកប៉ាល់ដឹកប្រេង Lucky Sailor បាននិយាយថា មនុស្សនៅលើទូកហាក់មានភាពស្ទាក់ស្ទើរក្នុងការទទួលយកជំនួយ។ នៅពេលដែលក្រុមជួយសង្គ្រោះបានព្យាយាមចូលទៅជិត ទូកនេសាទនេះក៏បានផ្លាស់ទីទៅឆ្ងាយ និងព្យាយាមស្រាយខ្សែរពួរចេញ។

ប៉ុន្តែបើតាមអ្នកដែលរស់រានមានជីវិតបាននិយាយថា ឆ្មាំសង្គ្រោះរបស់ក្រិកបានចងខ្សែពួរខុសបច្ចេកទេស ហើយធ្វើការទាញទូកនេសាទរហូតធ្វើឱ្យក្រឡាប់ភ្លាមៗ។ ជនរងគ្រោះបាននិយាយថា ពួកគេបានផ្តល់ដំណឹងពីការសុំជំនួយពីឆ្មាំសង្គ្រោះនៅមុនការលិចទូកប្រហែល ១៥ ម៉ោងមុនម្លេះ ប៉ុន្តែការសង្គ្រោះ មិនទាន់ពេលវេលានោះទេ​ ទូកបានលិចភ្លាមៗនៅម៉ោង ២ យប់រំលងអធ្រាត្រ ខណៈនាវាសង្គ្រោះឈ្មោះ Mayan Queen បានធ្វើប្រតិបត្តិការសង្គ្រោះនៅប្រហែលវេលាម៉ោង ៣  ទៀបភ្លឺ។ មនុស្សចំនួន ១០៤ នាក់ដែលសង្គ្រោះ ត្រូវបានឱ្យស្នាក់នៅជិតទីក្រុងអាថែន ប្រទេសក្រិក។ បុរសជនជាតិអេហ្ស៊ីប ៩ នាក់ដែលបានរស់រានមានជីវិត ត្រូវបានចាប់ខ្លួនដោយសង្ស័យបានរៀបចំការធ្វើដំណើរខុសច្បាប់នៃទូកនេសាទនេះផងដែរ។ ទោះបីជាការស៊ើបអង្កេតនិងស្វែងរកនៅតែបន្តក៏ដោយ អាជ្ញាធរក្រិកបាននិយាយថា ពួកគេទំនងជាមិនអាចរកឃើញអ្នករស់រានមានជីវិតបន្តទៀតឡើយ។

មូលហេតុនៃជនចំណាកស្រុកដ៏លើសលុបទៅកាន់សហភាពអ៊ឺរ៉ុប

សមុទ្រមេឌីទែរ៉ាណេកណ្តាល គឺជាផ្លូវទូក មួយដែលធ្វើឡើងដោយអ្នកស្វែងរកសិទ្ធិជ្រកកោនជាច្រើន វាជាផ្លូវធ្វើចំណាកស្រុកដ៏គ្រោះថ្នាក់បំផុតមួយរបស់ពិភពលោក។ ការលិចទូកនេសាទកាលពីថ្ងៃទី១៤ ពុំមែនជាលើកទីមួយនោះទេ​ នៅក្នុងសោកនាដកម្មនៃការបាត់បង់ជីវិតជនចំណាកស្រុក។ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ ការលិចកប៉ាល់ដែលគេចងចាំថាបានសម្លាប់មនុស្សច្រើនបំផុតនៅសមុទ្រមេឌីទែរ៉ាណេ បានកើតឡើងនៅពេលដែលទូកនេសាទ ផ្ទុកលើសចំណុះ និងបានបុកគ្នា ជាមួយនឹងទូកដឹកទំនិញដែលកំពុងព្យាយាមមកជួយសង្គ្រោះ។ ក្នុងចំណោមមនុស្ស ១១០០ នាក់ដែលស្ថិតនៅលើទូកនោះ  មានតែមនុស្សតែ​ ២៨ នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣  មនុស្សយ៉ាងតិច ៩៣ នាក់បានស្លាប់ នៅពេលដែលទូកដឹកជនចំណាកស្រុកចំនួន ២០០ នាក់ ធ្វើដំណើរចំពេល អាកាសធាតុមិនល្អ ហើយធ្វើឱ្យទូកបានលិច ខណៈ ដែលព្យាយាមចុះចតនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ីតាលី។ យោងតាម អង្គការអន្តរជាតិនៃការធ្វើចំណាកស្រុក (IOM: International Organization for Migrants)  បានឱ្យដឹងថា ចំនួនជនចំណាកស្រុកដែលបាត់ខ្លួន មានរហូតដល់ទៅជាង ២៧០០០ នាក់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ នេះបើរាប់ចាប់តាំងពីឆ្នាំ២០១៤ មក។ អ្នកស្វែងរកសិទ្ធិជ្រកកោនត្រូវបានបង្ខំឱ្យធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ដោយសារតែមិនមានផ្លូវសុវត្ថិភាព និងមិនមាន ច្បាប់គាំទ្រគ្រប់គ្រាន់។

ទោះបីជាយ៉ាងណាក៏ដោយ មនុស្សជាច្រើន ព្យាយាមធ្វើដំណើរដោយអស់សង្ឃឹម ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ដោយបង្ខំចិត្តចេញពីផ្ទះរបស់ពួកគេ។ នេះក៏ព្រោះតែការកើនឡើងនូវអសន្តិសុខ កង្វះស្បៀងអាហារ ការធ្លាក់ចុះនៃសេដ្ឋកិច្ច ភាពអត់ការងារធ្វើ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយមួយចំនួនទៀតបានភៀសខ្លួនចេញពីអំពើហិង្សា ជម្លោះស៊ីវិល ឬការធ្វើទុក្ខបុកម្នេញ និងសង្គ្រាមដូចជានៅក្នុងប្រទេសអាហ្វហ្កា នីស្ថាន ស៊ីរី និងស៊ូដង់ជាដើម។

មនុស្សភាគច្រើនដែលប៉ុនប៉ងឆ្លងសមុទ្រមេឌីទែរ៉ាណេទៅកាន់ទ្វីបអ៊ឺរ៉ុប ត្រូវឆ្លងកាត់ប្រទេសលីប៊ីមុនគេ ហើយជាប្រទេស ដែលពួកគេតែងតែប្រឈមមុខនឹងអំពើហិង្សាដ៏គួរឱ្យរន្ធត់ រួមទាំងការចាប់ពង្រាត់ ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់។ មនុស្ស​ជា​ច្រើន​ដែល​មក​ដល់​ក្នុង​ប្រទេស​លីប៊ី ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​មណ្ឌល​ឃុំឃាំង ដែល​អង្គការ​សហប្រជាជាតិ​បាននិយាយ​ថា ​វាគឺ​ជា «ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ»។ លោក ថម ហ្គារ៉ូហ្វាឡូ (Tom Garofalo) នាយកគណៈកម្មាធិការសង្គ្រោះអន្តរជាតិ (IRC) ប្រចាំប្រទេសលីប៊ី បានមានប្រសាសន៍ថា “ប្រជាជនអស់សង្ឃឹម ដោយសារតែស្ថានភាពដែលពួកគេជួបប្រទះក្នុងការរស់នៅ។ ជារៀងរាល់ថ្ងៃ ពួកគេដឹងថា ពួកគេអាចត្រូវបានចាប់ពង្រាត់ ឃាត់ខ្លួនតាមអំពើចិត្ត ទទួលរងនូវអំពើហិង្សា និងការរំលោភបំពាន ដូចនេះការប្រថុយជីវិតរបស់ពួកគេនៅដំណើរផ្លូវសមុទ្រគឺជាមធ្យោបាយចុងក្រោយ”។

លោក ហាឡេម ឌីសៀ (Harlem Désir) ជាអនុប្រធានជាន់ខ្ពស់នៃ IRC ប្រចាំទ្វីបអឺរ៉ុប បានមានប្រសាសន៍ថា “គោលនយោបាយការធ្វើចំណាកស្រុក និងសិទ្ធិជ្រកកោនរបស់សហភាពអឺរ៉ុបកំពុងតែបរាជ័យ”។ មេដឹកនាំសហភាពអឺរ៉ុបត្រូវតែដោះស្រាយវិបត្តិដែលកំពុងបន្តនៅសមុទ្រមេឌីទែរ៉ាណេ ដោយពង្រីកផ្លូវច្បាប់សម្រាប់មនុស្សដែលស្វែងរកការការពារ ប្រកបដោយសេចក្តីថ្លៃថ្នូរ និងលើកកម្ពស់សិទ្ធិជ្រកកោននៅអឺរ៉ុប។  ការសង្គ្រោះជីវិតមិនមែនជាឧក្រិដ្ឋកម្មនោះទេ ដូចនេះរដ្ឋត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែង ស្វែងរក និងជួយសង្គ្រោះ ក៏ដូចជាការសម្របសម្រួលជាមួយអង្គការមនុស្សធម៌ដែលកំពុងធ្វើការជួយសង្គ្រោះផងដែរ។

លោក អ៊ីម៉ូហ្គេន ស៊ូដបេរី (Imogen Sudbery) នាយកជាន់ខ្ពស់នៃការតស៊ូមតិរបស់ IRC របស់អឺរ៉ុបបាននិយាយថា “វាចាំបាច់បំផុតដែលមេដឹកនាំសហភាពអឺរ៉ុបត្រូវចាត់វិធានការ ជាបន្ទាន់ដើម្បីការពារជនរងគ្រោះ បន្ថែមទៀតនៅព្រំដែនអឺរ៉ុប”។ “ប្រសិនបើពួកគេមិនធ្វើដូច្នេះទេ សមុទ្រមេឌីទែរ៉ាណេនឹងក្លាយជាទីបញ្ចុះសពសម្រាប់មនុស្សកាន់តែច្រើនដែលកំពុងស្វែងរកការការពារ។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃនៃសិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ និងសមភាពក៏ត្រូវបានបាត់បង់ផងដែរ”។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ទំនាក់ទំនងការទូតតៃវ៉ាន់របូតទៅកាន់ប្រទេសចិន

តៃវ៉ាន់ជាដែនដីកោះមួយដែលស្ថិតនៅជិតប្រទេសចិនដែលចិនបានចាត់ទុកជាខេត្តទី២៣របស់ពួកគេ។ តៃវ៉ាន់តែងតែប្រកាសខ្លួនឯងថាជាប្រទេសដែលមានអធិបតេយ្យភាពនិងមិនស្ថិតនៅក្រោមប្រទេសចិននោះឡើយ។  ទោះបីជាតៃវ៉ាន់មិនត្រូវបានគេទទួលស្គាល់ជារដ្ឋនិងសមាជិកអង្គការសហប្រជាជាតិក៏ដោយ​ ក៏ប្រទេសមួយនេះមានទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសដទៃផងដែរ។ តែចំណងការទូតនៃតៃវ៉ាន់ត្រូវបានប្រទេសដែលបានធ្លាប់មានទំនាក់ទំនងជាមួយមួយបានផ្តាច់ទំនាក់ទំនងជាមួយខ្លួនម្តងមួយៗដោយទៅកាន់ប្រទេសចិនដោយមូលហេតុធំចម្បងមួយគឺសេដ្ឋកិច្ច។ ចិនបានបើកដៃស្វាគមន៍ជានិច្ចចំពោះប្រទេសណាដែលបានផ្តាច់ទូតជាមួយតៃវ៉ាន់និងគោរពគោលការណ៍ចិនតែមួយដែលខ្លួនបានដាក់ចេញ។ តើមានមូលហេតុអ្វីនិងផលប្រយោជន៍អ្វីខ្លះដែលធ្វើឱ្យប្រទេសមួយចំនួនបានផ្តាច់ការទូតនិងតៃវ៉ាន់ហើយចាប់យកប្រទេសចិន?

. ប្រទេសដែលបានបោះបង់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់និងចាប់ដៃជាមួយចិន

តៃវ៉ាន់មានទំនាក់ទំនងការទូតភាគច្រើនជាមួយប្រទេសតំបន់ការីប៊ីននិងតំបន់អូសេអានី។បច្ចុប្បន្ន តៃវ៉ាន់ដែលប្រកាសខ្លួនឈ្មោះពេញថា”សាធារណរដ្ឋចិន” នៅសល់ទំនាក់ទំនងការទូតជាមួយ១៣រដ្ឋអធិបតេយ្យ និង១២ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បន្ទាប់ពីប្រទេសហុងឌូរ៉ាស់បានផ្តាច់ចំណងការទូតនាពេលថ្មីៗនេះ។ បើគិតតាំងពីឆ្នាំ២០១៧ មានចំនួនប្រទេសចំនួន៨បានផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ហើយបានទៅបង្កើតទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសប៉ាណាម៉ាគឺជាប្រទេសដែលបានផ្តាច់ទំនាក់ទំនងនឹងតៃវ៉ាន់នៅឆ្នាំ២០១៧ សាធារណរដ្ឋដូមីនីកា បូគីណាហ្វាសូ​ អែលសាវ៉ាឌ័រនៅឆ្នាំ២០១៨ កោះសូឡូម៉ុននិងគីរីប៉ាទី ឆ្នាំ២០១៩។ ក្នុងឆ្នាំ២០២១ តៃវ៉ាន់ក៏បានបាត់បង់ទំនាក់ទំនងជាមួយប្រទេសនៅតំបន់ការីប៊ីនមួយទៀតគឺប្រទេសនីការ៉ាហ្គា។ ម្យ៉ាងទៀត ក្នុងឆ្នាំ២០២៣មានប្រទេសមួយទៀតក៏បានប្រកាសផ្តាច់ទំនាក់ទំនងក្នុងគឺប្រទេសហុងឌូរ៉ាស។ ហេតុផលដែលពួកគេទាំងអស់ដែលបានផ្តាច់ទំនាក់ទំនងជាមួយសាធារណរដ្ឋចិនគឺមិនខុសគ្នាទេ គឺពួកគេបានយល់ព្រមទទួលស្គាល់គោលការណ៍ចិនតែមួយរបស់សាធារណរដ្ឋប្រជាមានិតចិន។ គួរឱ្យដឹងផងដែរថា ប្រទេសចិនដីគោកគឺជាមហាអំណាចសេដ្ឋកិច្ចទី២បន្ទាប់ពីសហរដ្ឋអាមេរិចដែលវាអាចធ្វើឱ្យប្រទេសនោះមានផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនពេលដែលគេបង្កើតទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ ប្រទេសចិនបានបញ្ចុះបញ្ចូលប្រទេសទាំងនោះដែលបានផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ដោយផ្តល់ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចដល់ពួកគេ ដូចជាប្រាក់កម្ចី ការវិនិយោគ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬជំនួយ។ ទាំងនេះហើយ គឺជាមូលហេតុដែលពួកគេចាប់ដៃជាមួយប្រទេសដែលមានប្រជាជនច្រើនលើលោកមួយនេះ។ ដូចដែលយើងបានឃើញក្នុងករណីប្រទេសប៉ាណាម៉ាបន្ទាប់ពីគេបានបង្កើតទំនាក់ទំនងជាមួយចិនក្នុងឆ្នាំ២០១៧ ពួកគេទទួលបានការវិនិយោគនិងបង្កើនពាណិជ្ផកម្មជាមួយប្រទេសចិនជាពិសេសលើវិស័យហេដ្ឋានរចនាសម្ព័ន្ធ ទេសចរណ៏និងកសិកម្មជាដើម។ ម្យ៉ាងវិញទៀត ពួកគេមានលទ្ធភាពទទួលបានកម្ចីពីចិននិងជំនួយអភិវឌ្ឍច្រើនជាងតៃវ៉ាន់ ហើយពួកគេក៏ទទួលបានការគាំទ្រនយោបាយនិងការទូតពីចិនលើបញ្ហាដែលខ្លួនបានជួបដូចជាបញ្ហាព្រែកជីកប៉ាណាម៉ាជាដើម។ អ្វីដែលសំខាន់មួយទៀតនោះគឺលើវិស័យអប់រំនិងការផ្លាស់ប្តូរវប្បធម៌ជាមួយចិនតាមរយៈការផ្តល់អាហារូបករណ៍។ ទាំងនេះហើយសុទ្ធជាអ្វីដែលប្រទេសចិនផ្តល់ឱ្យប្រទេសជាមិត្តរបស់ខ្លួននិងដើម្បីសម្រេចគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវដែលធ្វើឱ្យខ្លួនកាន់តែមានឥទ្ធិពលនិងចូលរួមអភិវឌ្ឍជាមួយពិភពលោកថែមទៀត។

២. អ្វីជាគោលការណ៍ចិនតែមួយ?

បន្ទាប់ពីឆ្នាំ១៩៤៩ កងទ័ពក្រហមរបស់ម៉ៅសេទុងបានទទួលជ័យជំនះលើកងទ័ពចាងកាយជៀកនិងបានប្រកាសជាសាធារណរដ្ឋប្រជាមានិតចិន។ ចំណែកឯ ចាងកាយជៀកបានរត់ភៀសខ្លួនបង្កើតរដ្ឋាភិបាលថ្មីមួយទៀតនៅលើកោះតៃវ៉ាន់និងប្រកាសឈ្មោះខ្លួនថាសាធារណរដ្ឋចិន។ ពេលនោះហើយទើបធ្វើឱ្យប្រទេសចិនមានពីរដែលបង្ហាញខ្លួននៅលើពិភពលោក។ នៅក្នុងឆ្នាំ១៩៧២ ប្រទេសចិនដីគោកបានប្រកាសពីគោលការណ៍ចិនតែមួយដែលបញ្ជាក់ថាតៃវ៉ាន់ត្រូវបានចាត់ទុកជាខេត្តទី២៣នៃប្រទេសចិនប៉ុណ្ណោះ។ ហើយគោលការណ៍ចិនតែមួយគឺជាជំហរកាន់កាប់ដោយសាធារណរដ្ឋប្រជាមានិតចិន ដោយសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់។ ប្រទេសដែលមានទំនាក់ទំនងជាមួយចិនដីគោកគឺពួកគេសុទ្ធតែទទួលស្គាល់លើគោលការណ៍នេះផងដែរ សូម្បីតែសហរដ្ឋអាមេរិចដែលជាធ្លាប់ជាអ្នកគាំទ្រតៃវ៉ាន់ផងដែរ។ ក្រោមគោលការណ៍ចិនតែមួយ ប្រទេសចិនបានខិតខំយ៉ាងខ្លាំងដើម្បីឱ្យគ្រប់ប្រទេសលើពិភពលោកទទួលស្គាល់ចិនមានតែមួយហើយពួកគេក៏បានបើកដៃស្វាគមន៍ដល់ប្រទេសណាដែលបង្កើតទំនាក់ទំនងរបស់ពួកគេ។ ពេលបង្កើតទំនាក់ទំនងរួចហើយ ចិនក៏ចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីដោយផ្តល់ផលប្រយោជន៍ដល់ប្រទេសជាមិត្តដូចដែលយើងបានឃើញករណីប៉ាណាម៉ាជាដើម។

សរុបមក តៃវ៉ាន់ត្រូវបាត់បង់ប្រទេសដែលធ្លាប់មានទំនាក់ទំនងជាបន្តបន្ទាប់ដោយសារប្រទេសទាំងនោះបានសម្រេចចិត្តទទួលចិនគោលការណ៍ចិនតែមួយរបស់សាធារណរដ្ឋប្រជាមានិតចិនដែលបានប្រកាសតាំងពីឆ្នាំ១៩៧២។ ហើយមូលហេតុមួយទៀត ចិនដីគោកគឺមហាអំណាចសេដ្ឋកិច្ចទី២គឺមានប្រយោជន៍សេដ្ឋកិច្ចសំរាប់ប្រទេសទាំងនោះក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ការគាំទ្រផ្សេងលើផ្នែកសេដ្ឋកិច្ចជាដើមសំរាប់ប្រទេសរបស់ពួកគេ។ ការបញ្ចប់ទំនាក់ទំនងរបស់ប្រទេសហុងឌូរ៉ាស់ក្នុងឆ្នាំ២០២៣ គឺបានធ្វើឱ្យតៃវ៉ាន់នៅសល់ទំនាក់ទំនងការទូតត្រឺមតែ១៣រដ្ឋអធិបតេយ្យប៉ុណ្ណោះ។

ថង់ប្រាជ្ញា៖  ហេតុអ្វីបានការវិនិយោគរបស់ចិននៅសហភាពអឺរ៉ុបមានការធ្លាក់ចុះ?

ប្រទេសចិនត្រូវបានគេទទួលស្គាល់ជាប្រទេសដៃគូវិនិយោគដ៏សំខាន់មួយនៃសហភាពអឺរ៉ុប ដោយសារតែប្រទេសនេះមានចំណែកវិនិយោគទុនយ៉ាងធំក្នុងសហភាពអឺរ៉ុប។  យ៉ាងណាមិញ នៅប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេក៏បានសង្កេតឃើញថាការវិនិយោគរបស់ចិននៅក្នុងសហភាពអឺរ៉ុបមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។​ ហេតុដូច្នេះហើយ នៅក្នុងអត្ថបទនេះ យើងនឹងងាកមកស្វែងយល់អំពីសេចក្តីព្រមព្រៀងស្តីពីផ្នែកវិនិយោគទុនរវាងប្រទេសចិននិងសហភាពអឺរ៉ុប ព្រមទាំងកត្តាដែលបណ្តាលឱ្យការវិនិយោគនេះមានការធ្លាក់ចុះ។

សេចក្ដីព្រមព្រៀងស្ដីពីផ្នែកវិនិយោគទុនរវាងប្រទេសចិន និងសហភាពអឺរ៉ុប

ការចរចាលើកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងចិនស្តីពីការវិនិយោគ បានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ ២០១៤ តាមរយៈកិច្ចប្រជុំសរុបប្រមាណជាង ៣៥ លើកនៅក្នុងរយៈពេល ៧ ឆ្នាំកន្លងមក។ សេចក្ដីព្រមព្រៀងស្ដីពីការវិនិយោគរវាងភាគីសហភាពអឺរ៉ុប និងចិន (EU-China Comprehensive Agreement on Investment) គឺជាកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីដែលគ្របដណ្តប់លើវិស័យផ្សេងៗ រួមមានផ្នែកទីផ្សារ ការវិនិយោគ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការដោះស្រាយវិវាទជាដើម។

កិច្ចព្រមព្រៀងលើការវិនិយោគនេះផងដែរ គឺជាសន្ធិសញ្ញាទ្វេភាគីដែលនឹងជំនួសសន្ធិសញ្ញាវិនិយោគទ្វេភាគីចំនួន ២៦ ដែលមានស្រាប់រវាងរដ្ឋសមាជិកសហភាពអឺរ៉ុប និងចិន ដែលធ្វើឡើងនៅក្នុងគោលបំណងធានាថាវិនិយោគិនសហភាពអឺរ៉ុបនឹងសម្រេចបានការនាំចូលទំនិញកាន់តែប្រសើរឡើងទៅកាន់ទីផ្សារអ្នកប្រើប្រាស់ ១,៤ ពាន់លានដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន។ កិច្ចព្រមព្រៀងនេះ មានសារៈសំខាន់សម្រាប់អនាគតនៃឧស្សាហកម្មសហភាពអឺរ៉ុប​ផងដែរដោយវាត្រូវបានរំពឹងទុកថានឹងអាចជួយជំរុញឱ្យសហភាពអឺរ៉ុបមានព្រៀបនៅក្នុងការប្រកួតប្រជែងខាងទីផ្សារឧស្សាហកម្មជាសកល។

កត្តានៃការធ្លាក់ចុះវិនិយោគរបស់ចិននៅសហភាពអឺរ៉ុប

សេចក្ដីកិច្ចព្រមព្រៀងស្ដីពីការវិនិយោគរវាងចិន និងសហភាពអឺរ៉ុបមិនទទួលបានសមិទ្ធផលដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងនោះឡើយ។ ចាប់ផ្តើមពីឆ្នាំ ២០០០មក ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិននៅក្នុងទ្វីបអឺរ៉ុបមានកំណើនដ៏គួរឱ្យភ្ញាក់ផ្អើល ដោយឈានដល់កម្រិតកំពូលក្នុងឆ្នាំ ២០១៦ ប្រមាណនឹង ៣៧,៣ ពាន់លានអឺរ៉ូដែលបានវិនិយោគក្នុងឆ្នាំនោះ។

ក្រោមការដឹកនាំរបស់លោក Xi Jinping ចាប់តាំងពីឆ្នាំ ២០១៦ មក ប្រទេសចិនបានណែនាំឡើងវិញនូវការគ្រប់គ្រងដ៏តឹងរ៉ឹងឡើងវិញលើលំហូរមូលធនក្រៅប្រទេស។ នេះត្រូវបានធ្វើដើម្បីកំណត់លំហូរចេញមូលធន និងរូបិយប័ណ្ណ ដោយបង្ខំឱ្យគ្រួសារ និងអាជីវកម្មក្នុងស្រុក វិនិយោគប្រាក់របស់ពួកគេឡើងវិញនៅក្នុងសេដ្ឋកិច្ចក្នុងស្រុកជាជាងវិនិយោគនៅក្នុងសហគ្រាសបរទេស។ ជាមួយគ្នានេះ គោលនយោបាយសូន្យកូវីដ (Zero-COVID Policy) ដែលចិនបានអនុវត្តអស់រយៈពេលជិត ៣ ឆ្នាំ ចាប់ពីដើមឆ្នាំ ២០២០ ដល់ចុងឆ្នាំ ២០២២ ក៏បានរួមចំណែកដល់ការកាត់បន្ថយនៃការវិនិយោគផ្ទាល់ពីបរទេសដោយរារាំងការធ្វើដំណើរឆ្លងកាត់ព្រំដែន ដែលនាំមកនូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។

លើសពីនេះទៅទៀត អ្នកបង្កើតគោលនយោបាយនៅសហភាពអឺរ៉ុបក៏កំពុងធ្វើការកែប្រែនូវជំហររបស់ខ្លួនដោយមានភាពតឹងរ៉ឹងជាងមុនចំពោះការវិនិយោគរបស់ចិនមកកាន់សហភាពអឺរ៉ុបផងដែរ។ ប្រទេសអាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេសបានបិទជាសាធារណៈនូវការវិនិយោគរបស់ចិននៅក្នុងឧស្សាហកម្មយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២២។ ការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុបនេះគឺកើតឡើងដោយសារតែតែមានការគៀបសង្កត់សិទ្ធិមនុស្សរបស់រដ្ឋាភិបាលចិនទៅលើប្រជាជន អ៊ុយហ្គួរ ដែលកំពុងតែរស់នៅក្នុងខេត្តសីុនជាំងនៃប្រទេសចិន​ និងដោយសារនយោបាយគៀបសង្កត់របស់រដ្ឋាភិបាលចិនទៅលើហុងកុង។​

ជាងនេះទៅទៀត ភាគីពាក់ព័ន្ធនៅអឺរ៉ុបនៅតែបន្តដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចដោយទីក្រុងប៉េកាំង ដែលបានធ្វើឱ្យកិច្ចព្រមព្រៀងលើការវិនិយោគ ដែលប៉ងនឹងជំរុញឱ្យមានភាពប្រសើរឡើងនៃទំនាក់ទំនងសេដ្ឋកិច្ច មិនទំនងត្រូវបានផ្តល់ជាប្រយោជន៍តាមការគ្រងទុកឡើយ។​

ជាមួយគ្នានេះដែរ ការវិនិយោគរបស់ចិននៅក្នុងទ្វីបអឺរ៉ុបបានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍កាលពីឆ្នាំមុន ខណៈដែលបណ្តាប្រទេសនៅអឺរ៉ុបបានរឹតបន្តឹងច្បាប់ដើម្បីរារាំងការទិញយករបស់ចិនមួយចំនួន ដោយសារបច្ចុប្បន្ននេះ សហភាពអឺរ៉ុបកំពុងបង្កើតបទប្បញ្ញត្តិថ្មីដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការចូលទៅកាន់ទីផ្សាររបស់ក្រុមហ៊ុនចិន។ អ្នកស្រាវជ្រាវបានរកឃើញថា យ៉ាងហោចណាស់កិច្ចព្រមព្រៀងវិនិយោគ ១០ ក្នុងចំណោម ១៦ ដែលបន្តនៅឆ្នាំ ២០២២ ដោយអង្គភាពរបស់ចិនមិនអាចបញ្ចូល ឬវិនិយោគក្នុងវិស័យបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធបានទេ ភាគច្រើនដោយសារតែការជំទាស់ដែលលើកឡើងដោយអាជ្ញាធររបស់ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងដាណឺម៉ាក។ នៅក្នុងករណីផ្សេងទៀត កិច្ចព្រមព្រៀងដែលបានព្រមព្រៀងគ្នារួចហើយត្រូវបានលុបចោលវិញ បន្ទាប់ពីការដាក់ចេញបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបដែររឹតបន្តឹងលើផ្នែកវិនិយោគរបស់ចិន។

ជាលទ្ធផល ចាប់តាំងពីឆ្នាំ ២០១៦ មក ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅអឺរ៉ុបបន្តមានការធ្លាក់ចុះជាលំដាប់។ យោងតាមរបាយការណ៍ថ្មីៗនេះដោយ Rhodium Group និង MERICS ក្នុងឆ្នាំ ២០២២  ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិននៅអឺរ៉ុបបានឈានដល់កម្រិតទាបមួយគឺស្ថិតនៅប្រមាណ ៧,៩ ពាន់លានអឺរ៉ូ ដែលបញ្ជាក់ពីនិន្នាការអវិជ្ជមាន។ នេះមានន័យថាកម្រិតនៃការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅអឺរ៉ុបសព្វថ្ងៃនេះគឺ ៨៣ ភាគរយទាបជាងកម្រិតនៃវិនិយោគនាឆ្នាំ ២០១៦ របស់ខ្លួន។

ជារួមមក កិច្ចព្រមព្រៀងស្ដីពីវិនិយោគរវាងចិន និងសហភាពអឺរ៉ុប (CAI) មិនបានផ្ដល់នូវជាគុណប្រយោជន៍ដូចដែលបានចែងក្នុងសេចក្ដីព្រមព្រៀងនោះឡើយដោយសារ​តែកត្តានយោបាយរវាងចិន និងសហរដ្ឋអាមេរិក ដែលអាចផ្ដល់ផលប៉ះពាល់លើសហភាពអឺរ៉ុបទាំងមូល ដែលនាំឱ្យសហភាពអឺរ៉ុបបន្តឹងនូវគោលជំហររបស់ខ្លួនតឹងរ៉ឹងជាងមុនមកកាន់ការវិនិយោគរបស់ចិន។ ជាមួយគ្នានេះ ក៏ដោយសារ​តែគោលនយោបាយសូន្យកូវីត (Zero-COVID Policy) របស់ចិនក៏បានរារាំងនូវវិនិយោគបរទេស​ និងប៉ះពាល់ដល់សេដ្ឋកិច្ចចិនផងដែរ។ ទាំងនេះបានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើការវិនិយោគរបស់ចិននៅសហភាពអឺរ៉ុប ដែលនាំឱ្យមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ