"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ ទំនាក់ទំនងរវាងប្រទេសម៉ិកស៊ិកូ និងសហរដ្ឋអាមេរិក

១. ប្រវត្តិសង្គ្រាមរវាងម៉ិកស៊ិកូ និងសហរដ្ឋអាមេរិក

ប្រទេសម៉ិកស៊ិកូធ្លាប់ទទួលរងអាណានិគមរបស់អេស្ប៉ាញប្រហែលជិត៣សតវត្សន៍ បន្ទាប់មកទទួលបានឯករាជ្យពេញលេញវិញដោយចលនាបះបោរមួយដែលមានឈ្មោះថា ហ៊ីដាល់ហ្គូ និងត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៨២២។ ការទទួលស្គាល់ឯករាជ្យនេះឈានទៅរកទំនាក់ទំនងការទូត ក៏ដូចជាភាពតានតឹងថ្មី និងជម្លោះរវាងប្រទេសទាំងពីរដែលកើតឡើងជាបន្តបន្ទាប់។ ទំនាក់ទំនងការទូតដំបូងរវាងម៉ិកស៊ិក និងសហរដ្ឋអាមេរិកត្រូវបានបង្កើតឡើងនៅថ្ងៃ១២ ខែធ្នូ ឆ្នាំ១៨២២ ប៉ុន្តែត្រូវបានបែកបាក់ទៅវិញដោយសារការប្រកាសឯករាជ្យរបស់រដ្ឋតិចសាស់ចេញពីប្រទេសម៉ិកស៊ិក ហើយទៅចូលរួមជាមួយសហព័ន្ធក្លាយជារដ្ឋទី២៨ របស់សហរដ្ឋអាមេរិកនៅឆ្នាំ១៨៤៥ ដែលបានធ្វើឱ្យមានសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិកនៅឆ្នាំ១៨៤៦។ សន្ធិសញ្ញា Guadalupe Hidalgo តម្រូវឱ្យម៉ិកស៊ិកប្រគល់ទឹកដីរដ្ឋអារីហ្សូណា កាលីហ្វ័រញ៉ា និងម៉ិកស៊ិកថ្មី ក៏ដូចជាផ្នែកខ្លះនៃរដ្ឋខូឡូរ៉ាដូ និងណេវ៉ាដាទៅឱ្យសហរដ្ឋអាមេរិក ចំណែកឯសហរដ្ឋអាមេរិកបានផ្តល់សំណងចំនួន ១៥ លានដុល្លារសម្រាប់ការខូចខាតអំឡុងពេលសង្គ្រាម។ សន្ធិសញ្ញានេះបានបញ្ចប់សង្រ្គាម​ម៉ិកស៊ិក-អាមេរិក ហើយបានធ្វើឱ្យពលរដ្ឋម៉ិកស៊ិកជាច្រើនក្លាយជាពលរដ្ឋអាមេរិក។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិកបានទិញដីមួយចំនួនរបស់ម៉ិកស៊ិកក្នុងគោលបំណងបង្កើតផ្លូវរថភ្លើងភ្ជាប់ទៅមហាសមុទ្រប៉ាស៊ីហ្វិក(Gadsden Purchase) ដែលកម្មករផ្លូវដែកភាគច្រើនជាប្រជាជនម៉ិកស៊ិក។

២. បញ្ហាព្រំដែន និងអន្តោប្រវេសន៍

ជនជាតិម៉ិកស៊ិកគឺជាក្រុមជនអន្តោប្រវេសន៍ដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិកដែល គិតត្រឹមឆ្នាំ ២០២៣ ប្រជាជនអាមេរិកចំនួន ១០,៩លាននាក់គឺជាជនអន្តោប្រវេសន៍មកពីម៉ិកស៊ិក។ នៅចន្លោះឆ្នាំ១៩១០ ដល់ ១៩២០ បដិវត្តន៍ម៉ិកស៊ិកបានកើតឡើងក្នុងចំណោមកសិករ និងកម្មករដែលបង្កឱ្យមានជម្លោះ​បង្ហូរឈាម និង​ចលាចល​នយោបាយដែលធ្វើឱ្យប្រជាជនម៉ិកស៊ិកជាង ៨៩០ ០០០ នាក់បានចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក។ នៅឆ្នាំ១៩៣០ ជនអន្តោប្រវេសន៍ម៉ិកស៊ិកចំនួនប្រមាណ ៦ សែននាក់រស់នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែដោយសារបញ្ហាសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក បានធ្វើឱ្យកសិករជាច្រើនផ្លាស់ទីទៅរដ្ឋកាលីហ្វ័នីញ៉ា និងជំរុញឱ្យពលរដ្ឋម៉ិកស៊ិកជាច្រើនធ្វើមាតុនិវត្តន៍មកវិញ។ នៅក្នុងអាណត្តិរបស់លោកចូ បៃដិន គេឃើញមានការកើនឡើងយ៉ាងគំហុកនូវលំហូរចូលនៃជនជាតិម៉ិកស៊ិក។ ប៉ុន្តែនៅអណត្តិទី២របស់លោកដូណាល់ត្រាំ ដោយមាន​គោល​បំណង​ពង្រឹង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​អាមេរិក-ម៉ិកស៊ិក គេឃើញមានការបញ្ជូនជនចំណាកស្រុកខុសច្បាប់ឱ្យធ្វើមាតុភូមិនិវត្តន៍វិញ។

៣. សង្គ្រាមគ្រឿងញៀន

អង្គការជួញដូរគ្រឿងញៀនម៉ិកស៊ិក (DTOs) ឬដែលគេហៅថា អង្គការឧក្រិដ្ឋកម្មឆ្លងដែន រួមមានSinaloa Cartel, alisco New Generation Cartel (CJNG), Beltrán-Leyva Organization (BLO), Los Zetas, Guerreros Unidos (GU), Gulf Cartel, Juárez Cartel, La Familia Michoacána (LFM) និងLos Rojos ដែលជាអ្នកគ្រប់គ្រងការនាំចូល និងចែកចាយកូកាអ៊ីន ហ្វេតានីល ហេរ៉ូអ៊ីន កញ្ឆា និងមេតំហ្វេតាមីនទៅសហរដ្ឋអាមេរិក។ នៅឆ្នាំ១៩៧៥ សហរដ្ឋអាមេរិកបានបង្កើតរដ្ឋបាលប្រឆាំងគ្រឿងញៀន ហើយបានផ្ដួចផ្ដើមឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន ប៉ុន្តែភាពជោគជ័យនៅមានកម្រិតនៅឡើយ។ សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាប្រាក់រាប់ពាន់លានដុល្លារដល់ម៉ិកស៊ិកនៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនេះ។ ក្រៅពីនេះ សហរដ្ឋអាមេរិកបានប្រឆាំងផងដែរនឹងការផលិតគ្រឿងញៀន ការលាងលុយកខ្វក់ និងការតម្លើងពន្ធលើគ្រឿងញៀនជាដើម។ សង្គ្រាមគ្រឿងញៀនបានធ្វើឱ្យមានអស្ថិរភាពសង្គម និងបង្កបញ្ហាដល់ពាណិជ្ជកម្មតាមព្រំដែនប្រទេសទាំងពីរ។ គិតចាប់ពីឆ្នាំ២០០៦ រដ្ឋាភិបាលម៉ិកស៊ិក និងក្រុមជួញដូរគ្រឿងញៀនទាំងនេះបានសម្លាប់មនុស្សប្រហែល ៤ ៦០០ ០០០ និង ៩០០ ០០០ នាក់ទៀតបានបាត់ខ្លួន តាំងពីពេលដែលរដ្ឋាភិបាលបានប្រកាសសង្រ្គាមបោសសម្អាតលើក្រុមជួញដូរគ្រឿងញៀនទាំងនោះ។ ទោះយ៉ាងណា ក្រុមអ្នកសិទ្ធិមនុស្ស អ្នកកាសែត និងមន្ត្រីបរទេសជាច្រើនបានរិះគន់ដោយចោទប្រកាន់យោធា ប៉ូលីស និងក្រុមឧក្រិដ្ឋជនអំពីការរំលោភសិទ្ធិមនុស្សដែលរួមមានការធ្វើទារុណកម្ម ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការបាត់ខ្លួនដោយបង្ខំ។

៤. ទំនាក់ទំនងពាណិជ្ជកម្ម

ប្រទេសម៉ិកស៊ិកជាប្រទេសដែលសម្បូរទៅដោយធនធានរ៉ែច្រើនប្រភេទ ដូចជាប្រេង មាស ដែក ប្រាក់ ឧស្ម័នធម្មជាតិ និងឈើជាដើម ជាពិសេសប្រទេសនេះជាប្រភពប្រេងទីពីររបស់សហរដ្ឋអាមេរិក បន្ទាប់ពីកាណាដា។ ទសវត្សរ៍ឆ្នាំ ១៩៨០ សេដ្ឋកិច្ចម៉ិកស៊ិកជួបប្រទះអតិផរណា អត្រាអត់ការងារ និងបំណុលសាធារណៈមានការកើនឡើង ហើយនៅឆ្នាំ ១៩៨៦ ប្រទេសនេះបានចូលរួមកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយ និងពាណិជ្ជកម្ម (GATT) ដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈម។ បន្ទាប់មក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA) ត្រូវបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៤ ដោយមាន ប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក ជាសមាជិក ដោយកិច្ចព្រមព្រៀងនេះបានបង្កើតតំបន់ពាណិជ្ជកម្មសេរី និងទីផ្សារដ៏ធំមួយនៅលើពិភពលោក។ NAFTA មានគោលដៅលុបបំបាត់រាល់ពន្ធពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសហត្ថលេខី។ កិច្ចព្រមព្រៀង NAFTA ត្រូវបាននិរាករណ៍នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ហើយត្រូវបានជំនួសវិញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ដោយកិច្ចព្រមព្រៀងអាមេរិក-ម៉ិកស៊ិក-កាណាដា(USMCA)។

៥. ផលប្រយោជន៍ដែលសហរដ្ឋអាមេរិកទទួលបានពីទំនាក់ទំនងរវាងប្រទេសម៉ិកស៊ិក

ប្រទេសម៉ិកស៊ិកគឺជាដៃគូដ៏ជិតស្និទ្ធនិងមានតម្លៃបំផុតរបស់សហរដ្ឋអាមេរិកដោយសារតែប្រទេសទាំងពីរមានព្រំដែនជាប់គ្នា មានទំនាក់ទំនងគ្នាទៅលើការផ្លាស់ប្តូរវប្បធម៌និងប្រជាជន ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ការអប់រំ សន្តិសុខពលរដ្ឋ និងកិច្ចសហប្រតិបត្តិការសន្តិសុខ ដូចជាការគ្រប់គ្រងគ្រឿងញៀន អន្តោប្រវេសន៍ និងការជួញដូរមនុស្ស។ ប្រទេសម៉ិកស៊ិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់សហរដ្ឋអាមេរិកក្នុងទម្រង់ជាពាណិជ្ជកម្មទាំងពីរផ្លូវ គឺការនាំចូល និងនាំចេញ សរុបជាង ៨០៧ ពាន់លានដុល្លារ។ ការនាំចេញទំនិញរបស់សហរដ្ឋអាមេរិកទៅកាន់ម៉ិកស៊ិកបានកើនឡើងដល់ ៣២២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ ម៉ិកស៊ិកផ្តល់ប្រភពប្រេងឆៅសំខាន់ដល់សហរដ្ឋអាមេរិក រួមទាំងឧស្សាហកម្មគ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិចផ្សេងទៀត សារធាតុគីមីចម្បង និងឧបករណ៍កុំព្យូទ័រផងដែរ។ ប្រទេសម៉ិកស៊ិកគឺជាផ្លូវពាណិជ្ជកម្មសំខាន់ដែលសហរដ្ឋអាមេរិកមិនអាចខ្វះបាន។ ក្រៅពីនេះកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ក៏មានកិច្ចព្រមព្រៀងសហប្រតិបត្តិការបរិស្ថានត្រីភាគី (ECA) ផងដែរ ដែលបង្កើតពាណិជ្ជកម្មស្តង់ដាររវាងប្រទេសទាំងបី។ កិច្ចសហការរវាងព្រំដែនធ្វើឱ្យសហរដ្ឋអាមេរិកមានមូលដ្ឋានក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឆ្លងព្រំដែន ផែនការដឹកជញ្ជូន និងសន្តិសុខនៅក្នុងប្រទេសម៉ិកស៊ិក។ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនទ្វេភាគី រួមទាំងប្រព័ន្ធនៃការផ្លាស់ប្តូរការអប់រំ ជំរុញឱ្យមានការរៀនភាសាអង់គ្លេស ជំរុញការអប់រំ STEM ពង្រឹងសង្គមស៊ីវិល ផ្តល់ឱកាសផ្លាស់ប្តូរការសិក្សា និងពង្រីកឱកាសសេដ្ឋកិច្ចជាដើម។

កម្មវិធីថង់ប្រាជ្ញា៖ តើមូលហេតុអ្វីទៅបានជាប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) ប្រកាសស្នើការកាន់កាប់តំបន់ហ្កាហ្សា (Gaza)?

កាលពីថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៥ថ្មីៗកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំបានធ្វើការប្រកាសថា សហរដ្ឋអាមេរិកនឹងធ្វើការកាន់កាប់តំបន់ហ្កាហ្សា ក្រោយពេលដែលបញ្ជូនជនជាតិប៉ាឡេស្ទីនចេញពីតំបន់នោះអស់ទៅ ហើយអាមេរិកនឹងធ្វើប្រតិបត្តិការក្រោមផែនការវិសាមញ្ញមួយ ដោយលោកដូណាល់ត្រាំអះអាងថា លោកនឹងប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់ រីវើរ៉ានៃមជ្ឈិមបូពា៍ (the Rivera of the Middle East)។

1. ប្រវត្តិនៃបញ្ហានៅតំបន់ហ្កាហ្សា

ដើមឡើយ តំបន់ហ្កាហ្សាត្រូវបានគ្រប់គ្រងដោយប្រទេសអេហ្ស៊ីបអស់រយៈពេល១៩ឆ្នាំ បន្ទាប់មក នៅឆ្នាំ១៩៦៧ អ៊ីស្រាអែលបានគ្រប់គ្រងតំបន់នេះវិញក្រោយសង្គ្រាមប្រាំមួយថ្ងៃ (Six Days War) ទៅលើអេហ្ស៊ីប។ តំបន់ហ្កាហ្សា គឺជាចំណែកដីតូចមួយដែលមានទីតាំងស្ថិតនៅជាប់សមុទ្រមេឌីទែរ៉ាណេជាប់ព្រំប្រទល់ខាងត្បូងនៃប្រទេសអេហ្ស៊ីប ហើយបើយោងទៅតាមប្រភព Council on Foreign Relations តំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីនពាក់កណ្តាលស្វយ័តតាំងពីឆ្នាំ១៩៩៣ មក។ បក្ស​ពួកនិយមក្នុងចំណោមជនជាតិប៉ាឡេស្ទីនក៏បានផ្ទុះឡើងនៅពេលដែលក្រុមហាម៉ាស (Hamas) ឈ្នះការបោះឆ្នោតសភារបស់អាជ្ញាធរប៉ាឡេស្ទីនក្នុងឆ្នាំ២០០៦ ដោយទម្លាក់គណបក្សឈរជើងចាស់ (Fatah)។ នេះបានផ្តល់ឱកាសបើកផ្លូវឱ្យក្រុមហាម៉ាស ដែលជាចលនានយោបាយ និងសកម្មប្រយុទ្ធបានបំផុសគំនិត “បងប្អូនមូស្លីមប៉ាឡេស្ទីន (Palestine Muslim Brotherhood)” ដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សា។

នៅខែតុលា ឆ្នាំ២០២៣ សង្គ្រាមផ្ទុះឡើងដំបូងរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដែលពេលនោះក្រុមហាម៉ាសបានធ្វើការបើកការវាយប្រហារដ៏សាហាវរបស់ខ្លួនទៅលើអ៊ីស្រាអែលក្នុងគោលបំណងបំផុសបំផុលជម្រុញឱ្យកងកម្លាំងការពារអ៊ីស្រាអែល (Israel Defense Forces – IDF) ធ្វើយុទ្ធនាការអាកាស និងប្រតិបត្តិការវាយប្រហារមកវិញលើទឹកដីក្នុងតំបន់ហ្កាហ្សា។ យោងទៅតាមប្រភពព័ត៌មាននៃតំបន់មជ្ឈិមបូពា៍ Al Jazeera បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥កន្លងទៅ សហរដ្ឋអាមេរិករួមជាមួយប្រទេសអេហ្ស៊ីប និងកាតាបានប្រកាសថាពួកគេបានសម្របសម្រួលបញ្ឈប់ការបាញ់បោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដើម្បីបញ្ចប់ការប្រយុទ្ធនៅតំបន់ហ្កាហ្សាអស់រយៈពេល១៨ខែកន្លងទៅនេះ។ សំណើនេះបានអនុម័តជាផ្លូវការដោយរដ្ឋាភិបាលអ៊ីស្រាអែល និងកំពុងតែរង់ចាំការធ្វើប្រតិបត្តិការបន្ថែមដើម្បីទទួលបានការបញ្ចប់សង្គ្រាមដោយជោគជ័យពេញលេញ។​

2. តើការកាន់កាប់តំបន់ហ្កាហ្សាអាចនាំប្រយោជន៍អ្វីខ្លះដល់អាមេរិក?

នៅក្នុងការថ្លែងសន្ទរកថារបស់ លោក ដូណាល់ត្រាំ នៅសេតវិមានកាលពីថ្ងៃទី៤ ខែកម្ភៈ បានលើកឡើងថា នៅក្នុងផែនការអភិវឌ្ឍឡើងវិញនៅតំបន់ហ្កាហ្សានេះ អាមេរិកនឹងទៅកាន់កាប់តំបន់នេះក្នុង​រយៈពេលវែង ហើយក៏បានបញ្ជាក់ដែរថាលោកទទួលបានការគាំទ្រយ៉ាងច្រើនទៅលើគំនិតមួយនេះ។ យោងទៅតាមប្រភពព័ត៌មាន BBC គម្រោងការកាន់កាប់លើតំបន់ហ្កាហ្សានេះតម្រូវឱ្យមានការគិតគូរយ៉ាងម៉ត់ចត់ ដោយហេតុថាតំបន់ហ្កាហ្សាត្រូវធ្វើការកសាងឡើងវិញ ដែលគិតតាំងពីការសាងសង់ និងជួសជុលនូវប្រព័ន្ធផ្លូវទឹក និងខ្សែភ្លើង ក៏ដូចជាការសាងសង់ឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ សាលារៀន មន្ទីពេទ្យជាដើម។ ស្របពេលគ្នានេះដែរ ក្នុងករណីអវត្តមានរបស់ជនជាតិប៉ាឡេស្ទីន និងក្រុមជនភៀសខ្លួនដែលរស់នៅក្នុងតំបន់ហ្កាហ្សា វាគឺជាឱកាសដ៏ល្អក្នុងការប្រែក្លាយតំបន់នោះឱ្យទៅជាតំបន់ រីលើរ៉ាមិជ្ឈិមបូពា៍ដ៏ល្អឥតខ្ចោះដោយតំបន់ហ្កាហ្សានេះនឹងផ្ដល់ឱកាសការងារថ្មីៗជាច្រើន ព្រមទាំងឱកាសវិនិយោគ និងកន្លែងសម្រាប់ប្រជាជនទូទាំងពិភពលោកអាចរស់នៅបាន ហើយអាមេរិកក៏អាចទទួលបានផលចំណេញច្រើនក្នុងខណៈនោះផងដែរ។​ មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាឱកាសមួយដែលអាចឱ្យអាមេរិកពង្រីកការធ្វើជំនួញពាណិជ្ជកម្ម និងបង្កើនដៃគូសហការផ្នែកសេដ្ឋកិច្ច ហើយវាថែមទាំងជាឱកាសមួយដែលអាចឱ្យអាមេរិកពង្រីកសក្ដានុពលនៃឥទ្ធិពលផ្នែកនយោបាយភូមិសាស្ត្ររបស់ខ្លួននៅតំបន់មជ្ឈិមបូពា៍តាមរយៈការពង្រឹងទំនាក់ទំនងជាមួយប្រទេសផ្សេងៗក្នុងតំបន់។

3. តើតំបន់ហ្កាហ្សាអាចក្លាយជាផ្នែកនៃប្រទេសអ៊ីស្រាអែលដែរឬទេនៅពេលអនាគត?

យោងទៅតាមអត្ថបទលោក ភល អាដាម (Paul Adam) ដែលបានចេញផ្សាយដោយ BBC បានលើកឡើងថា លោក​​ ដូណាល់ត្រាំ មានបំណងបញ្ជូនជនជាតិប៉ាឡេស្ទីនចេញពីទឺកដីក្នុងអំឡុងពេលធ្វើការសាងសង់ឡើងវិញនៅតំបន់ហ្កាហ្សា។ លោក​ ដូណាល់ត្រាំ បានធ្វើការជំរុញ និងដាក់សម្ពាធមេដឹកនាំប្រទេសក្នុងតំបន់ដូចជាប្រទេសអេហ្ស៊ីប និងហ្ស៊កដានី (Jordan) ឱ្យទទួលយកប្រជាជនប្រមាណ ២,២លាននាក់ពីតំបន់ហ្កាហ្សា ដោយធ្វើការគំរាមកំហែងថានឹងផ្ដាច់ជំនួយប្រសិនពួកគេបដិសេដ។ ស្របនឹងក្ដីស្រម៉ៃរបស់អ្នកនយោបាយអ៊ីស្រាអែលភាគច្រើនដែលចង់បានតំបន់ហ្កាហ្សាជាយូរមកហើយនោះ គំនិតផែនការ​នៃការសាងសង់ឡើងវិញរបស់អាមរិកមួយនេះបានបើកឱកាសឱ្យពួកគេផ្ដល់គាំទ្រយ៉ាងពេញទំហឹង។ គួរបញ្ជាក់ផងដែរថា បើយោងទៅតាមប្រភពព័ត៌មាន Al Jazeera កាលពីពេលដែលភ្លើងសង្គ្រាមចាប់ផ្ដើមលើទឹកដីហ្គាហ្សា គេឃើញមានឯកសារបែកធ្លាយពីក្រសួងស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែលដែលបានស្នើឱ្យមានការផ្លាស់ទីជនជាតិប៉ាឡេស្ទីនពីទឹកដីហ្គាហ្សាឱ្យចូលទៅរស់នៅវាលខ្សាច់ Sinai របស់អេហ្ស៊ីបវិញ។ ទោះបីជាលោក Netanyahu ដែលជានាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីស្រអែលបានព្យាយាមកាត់បន្ថយការរីករាលដាលនៃគំនិតនេះជាសាធារណៈ ដោយហេតុថាការសម្អាតជនជាតិភាគតិចគឺជាការប្រឆាំងនឹងច្បាប់អន្តរជាតិ ប៉ុន្តែអ្នកគាំទ្ររបស់គាត់ រួមទាំងរដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលនៅតែបន្តជំរុញគំនិតនេះ។ ហើយបន្ទាប់ពីការប្រកាសរបស់លោកត្រាំ ថានឹងកាន់កាប់តំបន់ហ្កាហ្សានេះ ក្រុមអ្នកនយោបាយនៅអ៊ីស្រាអែលបានបង្ហាញការស្វាគមន៍នូវគំនិតនេះជាខ្លាំង។

វិចារណកថាថ្ងៃសុក្រ៖​ តើហេតុអ្វីបានជារដ្ឋបាលរបស់ដូណាល់ត្រាំតម្លើងពន្ធគយទៅកាណាដា និងមិចស៊ិកូច្រើនជាងចិន?

ការដាក់ពិន័យទៅលើដៃគូសហការធ្ងន់ជាងដៃគូប្រកួតប្រជែងគឺរឿងមួយដែលគួរឱ្យហួសចិត្ត ប៉ុន្តែរដ្ឋបាលរបស់លោកដូណាល់ត្រាំអាចធ្វើបាន។ នៅដើមខែកុម្ភៈ សេតវិមានរបស់សហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយរដ្ឋបាលលោកដូណាល់ត្រាំបានប្រកាសថាប្រធានាធិបតីត្រាំបានតម្លើងពន្ធគយចំពោះប្រទេសកាណាដា និងម៉ិចសិកកូចំនួន ២៥%​ និង ១០% ចំពោះប្រទេសចិន។​ លោកត្រាំបានប្រកាសថាការតម្លើងពន្ធគយនេះគឺដើម្បីឱ្យប្រទេសទាំងនេះពង្រឹងទំនួលខុសត្រូវចំពោះការនាំចូលផលិតផលខុសច្បាប់ដូចជាសារធាតុ fentanyl គ្រឿងញៀនផ្សេងៗជាពិសេសគឺទប់ស្កាត់ការអន្តោប្រវេសន៏ខុសច្បាប់ចូលទៅក្នុងសហរដ្ឋអាមេរិក។​ ប្រសិនជាយើងបានឮពីព័ត៌មាននេះដំបូងៗ យើងប្រាកដហួសចិត្តជាពុំខានព្រោះការសម្រេចចិត្តបែបនេះហាក់បីដូចជាឃ្លាតឆ្ងាយពីទង្វើដែលសមហេតុផល។ ប៉ុន្តែបើយើងវិភាគឱ្យបានលម្អិត ការសម្រេចចិត្តបែបនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រសេដ្ឋកិច្ចបែបការពារ (Protectionist policies) ចំពោះពាណិជ្ជកម្មអន្តរជាតិដែលមានលក្ខណៈផ្ទុយស្រឡះពីការធ្វើពាណិជ្ជកម្មបែបទីផ្សាសេរីរបស់សហរដ្ឋអាមេរិកនាពេលកន្លងមក។ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់អំពីមូលហេតុដែលអាចជំរុញឱ្យលោកដូណាល់ ត្រាំធ្វើយុទ្ធសាស្រ្តពាណិជ្ជកម្មបែបការពារ កត្តាដែលជំរុញនៅពីក្រោយការតម្លើងពន្ធគយ និងគុណវិបត្តិដែលការតម្លើងពន្ធគយនេះអាចជះលើសេដ្ឋកិច្ចជាតិរបស់សហរដ្ឋអាមេរិកនាពេលខាងមុខ។

គោលនយោបាយពាណិជ្ជកម្មបែបការពារ

សហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចមួយដែលធ្លាប់តែប្រកាន់ខ្ជាប់ទៅនឹងលទ្ធិសេរី និងតែងតែលើកទឹកចិត្តឱ្យបណ្តាប្រទេសក្នុងពិភពលោកធ្វើសេដ្ឋកិច្ចបែបទីផ្សារសេរី។ ជាក់ស្តែងសហរដ្ឋអាមេរិកជាសមាជិករបស់អង្គការពាណិជ្ជពិភពលោក​ (WTO) ដែលប្រកាន់នូវគោលការណ៏ចម្បងពីរគឺគោលការណ៏សេដ្ឋកិច្ចទីផ្សារសេរី (Market Liberalism)​ ដែលអនុញ្ញាតិឱ្យមានលំហូរផលិតផលជុំវិញពិភពលោកដោយគ្មានការរារាំងដោយពន្ធគយរបស់ប្រទេសនីមួយៗ និងគោលការណ៏មិនរើសអើង (Nondiscrimination) ដែលធានាថាសមាជិកនីមួយៗត្រូវប្រព្រឹត្តចំពោះសមាជិកដទៃទៀតស្មើៗគ្នាដោយមិនលំអៀង។ ជាក់ស្តែងគោលនយោបាយដែលលោកត្រាំកំពុងហាក់ដូចជាផ្ទុយជាមួយនឹងអង្គការ WTO បាត់ទៅហើយ ដូចនេះហើយទើបឆ្លើយតបទៅនឹងការតម្លើងពន្ធគយរបស់លោកត្រាំ ប្រទេសចិនបានប្រកាសថានឹងប្តឹងសហរដ្ឋអាមរិកនៅចំពោះមុខអង្គការ WTO។

ខុសពីរដ្ឋបាលរបស់លោកចូ បៃឌិនដែល​ប្រកាន់នូវគោលការណ៏ទីផ្សារសេរីបានខ្ជាប់ខ្ជួនជាង ការតម្លើងពន្ធគយរបស់លោកដូណាល់ ត្រាំគឺជាគោលនយោបាយ​បែបការពារ​ (Protectionist policies)​​ ដើម្បីការពារពាណិជ្ជកម្មក្នុងស្រុក។ ជាការរពិត វាមិនមែននៅសុខៗលោកដូណាល់ ត្រាំចេញគោលនយោបាយបែបនេះដោយនោះទេ។ ក្នុងនាមជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ យើងត្រូវវិភាគមើលមតិភាគច្រើនរបស់ប្រជាជនអាមេរិកដែលបោះឆ្នោតឱ្យលោកត្រាំ។ ហេតុអ្វីបានជាពួកគេបោះឆ្នោតឱ្យលោកត្រាំឡើងកាន់អំណាច?មូលហេតុអ្វីខ្លះទើបធ្វើឱ្យពួកគេមានការភ័យខ្លាចចំពោះលំហូរចូលនូវផលិតផលដោយសេរី?​ ទ្រឹស្តីសង្គមនិយមចំពោះគោលនយោបាយពាណិជ្ជកម្ម (Society-centered approach to trade politics) អាចជួយបំភ្លឺចម្ងល់ទាំងនេះបាន។ ទ្រឹស្តីសង្គមនិយមចំពោះគោលនយោបាយពាណិជ្ជកម្មជួយឱ្យយើងបានយល់អំពីរបៀបដែលផលប្រយោជន៏សង្គមអាចជះទៅលើឥទ្ធិពលលើស្ថាប័ននយោបាយដែរ។​ ការអនុវត្តគោលនយោបាយសេដ្ឋកិច្ចបែបការពារអាចឆ្លុះបញ្ចាំងពីប្រតិកម្មដ៏អវជ្ជមានដែលប្រជាពលរដ្ឋភាគច្រើនមានចំពោះសកលរូបនីយកម្មដែលបណ្តាលឱ្យមានលំហូរចូលនូវពាណិជ្ជកម្ម វប្បធម៌ ក៏ដូចជាការធ្វើអន្តោប្រវេសន៏ដោយសេរី។ ស្រដៀងគ្នានេះដែរ ទ្រឹស្តីសង្គមនិយមចំពោះគោលនយោបាយពាណិជ្ជកម្មអះអាងថាការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស (Brexit) ឆ្លុះបញ្ចាំងពីផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្មករដែលជាអ្នកបោះឆ្នោត។ កម្មករទាំងនេះភ័យខ្លាចថាពួកគេនឹងត្រូវបានផ្លាស់ទីលំនៅដោយសារពាណិជ្ជកម្មរវាងចក្រភពអង់គ្លេសនិងសេដ្ឋកិច្ចសហភាពអឺរ៉ុបផ្សេងទៀត។ ទិដ្ឋភាពបែបនេះគឺស្រដៀងទៅនឹងនយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិកមែនទែនព្រោះកាលដែលលោកត្រាំឃោសនាគណៈបក្សរបស់គាត់គឺគាត់ផ្តោតសំខាន់ទៅលើបញ្ហាអន្តាប្រវេសន៏ និងលំហូរផលិតផល និងមនុស្សចូលទៅក្នុងប្រទេសដោយសេរីដែលបានទាក់ទាញចំណាប់អារម្មណ៏ដល់ពលរដ្ឋដែលព្រួយបារម្ភអំពីបញ្ហានេះ។

តើហេតុអ្វីបានជាលោកត្រាំដាក់ពន្ធគយលើដៃគូពាណិជ្ជកម្មកាណាដា និងម៉ិចសិកកូច្រើនជាងដៃគូប្រកូតប្រជែងចិន?

លោកត្រាំតម្លើងពន្ធគយចំពោះកាណាដា និងម៉ិកសិកកូច្រើនជាងចិនគឺពិតជារឿងគួរឱ្យចាប់អារម្មណ៍ ព្រោះសហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មជាមួយកាណាដា និង​ម៉ិកសិកកូនៅក្នុងតំបន់ពាណិជ្ជកម្មសេរី​ NAFTA ជាយូរណាស់មកហើយ។ យ៉ាងណាមិញ ដូចដែលបានលើកឡើងនៅក្នុងកឋាខណ្ឌខាងលើ បញ្ហាអន្តាប្រវេសន៏គឺជាអាទិភាពចម្បងរបស់គោលនយោបាយរបស់លោកត្រាំ។ ការតម្លើងពន្ធគយចំពោះកាណាដា និងម៉ិកសិកកូមិនត្រឹមតែចង់ដោះស្រាយបញ្ហាលំហូរចូលនូវផលិតផលខុសច្បាប់នោះទេ ប៉ុន្តែវាក៏ជាការព្រមានឱ្យកាណាដា និងម៉ិកសិកកូរឹតបន្តឹងច្រកទ្វាអន្តាប្រវេសន៏ចូលទៅក្នុងសហរដ្ឋអាមេរិកដែរ។ ប្រសិនបើប្រទេសទាំងនេះមិនដោះស្រាយបញ្ហាអន្តាប្រវេសន៍តាមដែលលោកត្រាំចង់បាននោះទេ ពួកគេនឹងត្រូវប្រឈមមុខនឹងការតម្លើងពន្ធគយចំពោះផលិតផលរបស់ខ្លួន។ ម៉្យាងវិញទៀត មូលហេតុដែលលោកត្រាំបានតម្លើងពន្ធគយចំពោះកាណាដា និងម៉ិចសិកកូច្រើនជាងចិនក៏ព្រោះថាវិធីសាស្រ្តតម្លើងពន្ធគយដើម្បីដោះស្រាយបញ្ហាអន្តាប្រវេស៍ក្នុងស្រុកមានអានុភាពទៅលើកាណាដា និងម៉ិចសិកកូជាងចិន។

ថ្វីត្បិតតែយុទ្ធសាស្របែបនេះអាចឱ្យលោកត្រាំសម្រេចគោលបំណងរបស់លោកចំពោះបញ្ហាអន្តាប្រវេសន៍បានក្នុងរយៈពេលខ្លី ការសម្រេចចិត្តបែបនេះនឹងបង្កជាគុណវិបត្តិចំពោះសេដ្ឋកិច្ចរបស់អាមេរិកនាពេលខាងមុខ។ គុណវិបត្តិចម្បងនៃការតម្លើងពន្ធគយចំពោះផលិតផលនាំចូលគឺគំរាមកំហែងទៅដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យទំនិញក្នុងស្រុកឡើងថ្លៃ។ កំណើននៃអតិផរណានឹងអាចធ្វើឱ្យសេដ្ឋកិច្ចជាប់គាំង ឬឈានទៅរកវិបត្តិសេដ្ឋកិច្ចទៀតផង ហើយបើសិនជាឈានដល់ដំណាក់កាលនេះ វានឹងបំផ្លាញការសន្យាដែលលោកត្រាំបានប្រកាសនៅក្នុងការឃោសនាបោះឆ្នោតរបស់គាត់ដែលសន្យាថានឹងលុបបំបាត់អតិផរណាដែលបង្កើតឡើងដោយលោកចូ បៃឌិន។ នៅពេលដែលជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចបែបនេះ ប្រជាពលរដ្ឋប្រាកដជាចង់បោះឆ្នោតឱ្យអ្នកនយោបាយណាដែលអាចដោះស្រាយបញ្ហានេះឱ្យពួកគេបាន។

កម្មវិធីថង់ប្រាជ្ញា៖ អន្ទាក់នៃប្រាក់ចំណូលមធ្យមនៃប្រទេសថៃ

ព្រះរាជាណាចក្រថៃជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចខ្ពស់មួយនៅក្នុងបណ្តាប្រទេសនានាផ្សេងទៀតនៅក្នុងតំបន់អាស៊ាន។ តាមការគ្រោងទុករបស់ធនាគារពិភពលោក ប្រទេសថៃនឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ (High-Income Country) ក្នុងឆ្នាំ​២០៣៧ ។ សេដ្ឋកិច្ចរបស់ប្រទេសថៃមានកំណើនគួរឱ្យកត់សម្គាល់ ដោយបានពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនដោយផ្អែកលើវិស័យផ្សេងៗគ្នា រួមមានកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា ទេសចរណ៍ និងសេវាកម្ម ដែលទាក់ទាញនូវការវិនិយោគដោយផ្ទាល់ពីក្រុមហ៊ុនបរទេស។

យោងទៅតាមធនាគារពិភពលោក ប្រទេសដែលមានប្រាក់ចំណូលមធ្យមចែកចេញជាពីរគឺមធ្យមកម្រិតទាបដែលប្រាក់ចំណូលជាតិសរុប (GNI) សម្រាប់មនុស្សម្នាក់ស្ថិតនៅចន្លោះពី ១ ១៣៦ ដល់ ៤ ៤៦៥ ដុល្លារអាមេរិក និងមធ្យកម្រិតខ្ពស់មាន GNI ចន្លោះពី ៤ ៤៦៦ ដល់ ១៣ ៨៤៥ ដុល្លារអាមេរិក។ នៅប្រទេសថៃ អន្ទាក់នៃប្រាក់ចំណូលមធ្យមនៅតែជាបញ្ហាចោទដែលរារាំងការវិវត្តខ្លួនទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងតំបន់។ គិតត្រឹមឆ្នាំ២០២២ ប្រទេសថៃនៅតែមាន GNI សម្រាប់មនុស្សម្នាក់ (GNI) ៧ ២៣០ ដុល្លារអាមេរិកប៉ុណ្ណោះ។

ការប្រែក្លាយឱ្យប្រទេសថៃជាប្រទេសដែលមានសេដ្ឋកិច្ចចំណូលខ្ពស់នៅតែជាបញ្ហាដោយសារកត្តាមួយចំនួន រួមមាន៖

១. ការពឹងផ្អែកខ្លាំងលើឧស្សាហកម្មដែលមានប្រាក់ឈ្នួលទាប

កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃកើនឡើងដល់សេដ្ឋកិច្ចចំណូលមធ្យមដោយសារឧស្សាហកម្មប្រពៃណីដែលមិនសូវទាមទារជំនាញបច្ចេកទេសខ្ពស់ហើយថ្លៃឈ្នួលពលកម្មទាប ដូចជាវិស័យវាយនភ័ណ្ឌ កាត់ដេរ​ ផលិតសម្លៀកបំពាក់ ធនាគារ ហិរញ្ញវត្ថុ ធានារ៉ាប់រង អចលនទ្រព្យ កែច្នៃកសិកម្ម យានយន្ត និងការលក់រាយ។ ​ជាក់ស្ដែង ក្នុងឆ្នាំ២០២៣ ឧស្សាហកម្មប្រពៃណីបានទាញយកប្រមាណ ១/៤ នៃកម្លាំងពលកម្មក្នុងស្រុកសរុប ប៉ុន្តែរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ២៦% ប៉ុណ្ណោះ។ ទន្ទឹមនេះ ការ​ប្រកួត​ប្រជែង​ពី​ប្រទេស​ជិត​ខាង​ដូច​ជា​វៀតណាមនិង​កម្ពុជាចំពោះទីផ្សារឧស្សាហកម្មដែលមានថ្លៃឈ្មួលពលកម្ម​ទាបជាកត្តាចាំបាច់ដែលប្រទេសថៃត្រូវជម្រុញដើម្បីធ្វើការផ្លាស់ប្តូរទិសដៅនៃការអភិវឌ្ឍរបស់ខ្លួនទៅក្នុងវិស័យឧស្សាហកម្មដែលមានតម្លៃខ្ពស់ដូចជាឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ (High-Tech Industry) ប្រសិនបើចង់ក្លាយខ្លួនជាប្រទេសដែលមានសេដ្ឋកិច្ចចំណូលខ្ពស់។​ ជារួម ឧស្សាហកម្មប្រពៃណីទាំងនេះបានចូលរូមចំណែកក្នុង GDP ចំនួនត្រឹមតែតិចតួចប៉ុណ្ណោះប៉ុន្តែបានស្រូបយកចំនួនកម្លាំងពលកម្មយ៉ាងច្រើន។

២.​ប្រព័ន្ធអប់រំនៅមានកម្រិតសម្រាប់នវានុវត្តន៍ផ្នែកបច្ចេកវិទ្យា

ខណៈដែលសេដ្ឋកិច្ចនៃប្រទេសជឿនលឿនក្នុងពិភពលោកធ្វើបរិវត្តកម្មកាន់តែខ្លាំងឡើងឆ្ពោះទៅរកឧស្សាហកម្មធុនធ្ងន់ដោយពឹងផ្អែកលើចំណេះដឹង ដែលបានមកពីការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (Research and Development – R&D) បច្ចេកវិទ្យា (Technology) និងនវានុវត្តន៍ (Innovation), ប្រទេសថៃនៅបន្តផ្តោតលើឧស្សាហកម្មកម្រិតទាបនិងមធ្យមនៅឡើយ ដោយសារតែកង្វះនូវមូលធនមនុស្ស កម្មករជំនាញ​ និងហេដ្ឋារចនាសម្ព័ន្ធជឿនលឿន។ ការអភិវឌ្ឍនៃឧស្សាហកម្មធុនធ្ងន់ទាមទារឱ្យមានកម្លាំងពលកម្មជំនាញច្រើនតាមរយៈការពង្រឹងក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ យ៉ាងណាមិញ ប្រព័ន្ធអប់រំរបស់ប្រទេសថៃបានជួបការលំបាកក្នុងការបំពេញតម្រូវការទាំងនេះ ដែលនាំឱ្យមានគម្លាតជំនាញកាន់តែកើនឡើង ស្របពេលដែលតម្រូវការកម្មករជំនាញដើម្បីអភិវឌ្ឍសេដ្ឋកិច្ចផ្នែកបច្ចេកវិទ្យាខ្ពស់នៅមានកម្រិត។ នោះក៏ដោយសារតែមួយភាគធំនៃកម្លាំងពលកម្មសរុបត្រូវបានប្រមូលផ្តុំគ្នានៅក្នុងឧស្សាហកម្មបែបប្រពៃណី។ ទោះបីជាមានការកែលម្អវិស័យអប់រំក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ជាពិសេសក្នុងការអប់រំក្នុងវិស័យ STEM ក៏ប្រទេសថៃនៅតែប្រទះនឹងបញ្ហាប្រឈមសំខាន់ៗក្នុងការផ្តល់ការបណ្តុះបណ្តាលនិងជំនាញចាំបាច់ដើម្បីគាំទ្រដល់ឧស្សាហកម្មជឿនលឿនបន្ថែមទៀត ។

៣. ភាពទន់ខ្សោយរបស់ស្ថាប័នដោយសារអស្ថិរភាពនយោបាយ

ភាពទន់ខ្សោយរបស់ស្ថាប័ន អំពើពុករលួយ អស្ថិរភាពនយោបាយ (មានរដ្ឋប្រហារច្រើន)​ កង្វះតម្លាភាព ជាកត្តាចម្បងដែលធ្វើឱ្យបាត់បង់ទំនុកចិត្តពីវិនិយោគិនបរទេស និងរាំងស្ទះពួកគេក្នុងការធ្វើផែនការវិនិយោគរយៈពេលវែង។ ចាប់តាំងពីឆ្នាំ២០១១ មក ប្រទេសថៃជួបនូវរដ្ឋប្រហារជាច្រើនលើកច្រើនសារ ពោលគឺនៅក្នុងឆ្នាំ២០១១ គណបក្សភឿថៃរបស់លោកថាក់ស៊ីន ដែលកាលនោះប្អូនស្រីគាត់ លោកស្រីយីងឡាក់ជាអ្នកឈរឈ្មោះ បានឈ្នះការបោះឆ្នោត ប៉ុន្តែនៅឆ្នាំ ២០១៤ លោក​ប្រាយុទ្ធបានធ្វើរដ្ឋប្រហារឡើងកាន់អំណាច។ នៅឆ្នាំ ២០១៩ ការបោះឆ្នោតថ្មីបានកើតឡើង ប៉ុន្តែមានការលេចឡើងនូវការចោទប្រកាន់ថាដំណើរការនេះមានការក្លែងបន្លំ។ រីឯនៅឆ្នាំ ២០២០ តុលាការបានរំលាយគណបក្សប្រឆាំង Move Forward ហើយនៅឆ្នាំ ២០២១ ទោះបីជាសន្ទុះនៃការតវ៉ាបានធ្លាក់ចុះដោយសារតែការរឹតត្បិតជំងឺរាលត្បាតកូវីដ១៩ និងការចាប់ខ្លួនមេដឹកនាំសំខាន់ៗក៏ដោយ ក៏នៅតែមានបញ្ហាអស្ថិរភាពនយោបាយនៅតែកើតមានជាបន្តបន្ទាប់។ នៅខែឧសភា ឆ្នាំ២០២២ លោក Chadchart Sittipunt អតីតរដ្ឋមន្ត្រីរដ្ឋាភិបាលលោកស្រីយីងឡាក់បានឈ្នះឆ្នោត ហើយនៅខែសីហាលោកប្រាយុទ្ធក៏បានប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ទាក់ទងនឹងការកំណត់អាណត្តិរបស់លោកជានាយករដ្ឋមន្ត្រី។​ ក្នុងន័យនេះ បញ្ហាអស្ថិរភាពនយោបាយ ធ្វើឱ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់វិនិយោគិនបរទេស និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចទាំងមូល។ បញ្ហាផ្ទៃក្នុងទាំងនេះតម្រូវឱ្យមាននូវការពង្រឹងស្ថាប័ននិងអភិបាលកិច្ច ដោះស្រាយអំពើពុករលួយកែលម្អតម្លាភាព ដើម្បីធានាឱ្យបាននូវបរិយាកាសអាជីវកម្មអំណោយផលក្នុងការទាក់ទាញការវិនិយោគពីបរទេស និងកំណើនសេដ្ឋកិច្ច។

សរុបមក សេដ្ឋកិច្ចរបស់ប្រទេសថៃនៅទ្រឹងក្នុងសេដ្ឋកិច្ចចំណូលមធ្យមដោយសារកត្តារួមផ្សំដូចជាការបន្តពឹងផ្អែកលើឧស្សាហកម្មបច្ចេកវិទ្យាទាប នវានុវត្តន៍ផ្នែកបច្ចេកវិទ្យានៃប្រព័ន្ធអប់រំនៅមានកម្រិតបើធៀបនឹងការវិវត្តនៃស្ថានភាពបច្ចុប្បន្ន និងភាពខ្សោយនៃស្ថាប័នរដ្ឋក្រោមរូបភាពអស្ថិរភាពនយោបាយ។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការចូលរួមរបស់ឥណ្ឌូនេស៊ីជាសមាជិក BRICS និងការសម្លឹងចូលរួមពីសមាជិកអាស៊ានមួយចំនួន

នៅដើមឆ្នាំ២០២៥ BRICS បានកើនសមាជិកចំនួន ១០ ប្រទេសបន្ទាប់ប្រទេសប្រេស៊ីលដែលជាម្ចាស់ផ្ទះក្នុងឆ្នាំនេះបានប្រកាសពីការស្វាគមន៍ទី១០ របស់ខ្លួន។ ហើយសមាជិកទី១០ នោះគឺប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសដ៏ធំមួយនៅតំបន់អាស៊ានរួមទាំងពិភពលោកដែលមានប្រជាជនលេខរៀងទី៤ និងសេដ្ឋកិច្ចខ្លាំងស្ថិតក្នុង២០ប្រទេសផងដែរ។ ក្នុងនោះ សមាជិកអាស៊ានមួយចំនួនទៀតក៏មានទំនាក់ទំនងនឹង BRICS ដូចជាប្រទេសថៃ ម៉ាឡេស៊ី និងវៀតណាម។ ថៃ និងម៉ាឡេស៊ី បានក្លាយជាប្រទេសដៃគូជាមួយBRICS ហើយវៀតណាមនៅមិនទាន់បានក្លាយជាប្រទេសដៃគូនៅឡើយទេ ប៉ុន្តែគេរំពឹងថាវៀតណាមនឹងក្លាយជាប្រទេសដៃគូនៅក្នុងឆ្នាំនេះ ដោយសារតែនាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ មិញ ជីញ(Pham Minh Chinh) បានបង្ហើបថាខ្លួនបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការជាមួយ BRICS កាលពីកិច្ចប្រជុំBRICS ឆ្នាំមុនដែលលោកបានចូលរួម និងបន្ទាប់ពីទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប្រទេសរុស្ស៊ីនៅវៀតណាម ក្នុងសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរក៏បានលើកឡើងថារុស្ស៊ីបានត្រៀមខ្លួនទទួលស្វាគមន៍រៀតណាមជាប្រទេសដៃគូនៃBRICS និងសម្តែងការស្វាគមន៍ពីការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំ BRICS ២០២៤។ តើការចូលជាសមាជិករបស់ឥណ្ឌូនេស៊ីនៅអង្គការBRICS អាចនឹងមានប្រទេសអាស៊ានផ្សេងទៀតត្រៀមខ្លួនចូលរួមជាសមាជិកពេញសិទ្ធិនៃអង្គការBRICS ដែរឬទេ?

១. ការចូលជាសមាជិកBRICS ពេញលេញរបស់ប្រទេសឥណ្ឌូនេស៊ី

ប្រទេសឥណ្ឌូនេស៊ីបានកា្លយជាសមាជិកពេញលេញទី១០ របស់អង្គការ BRICS នៅថ្ងៃទី ០៦ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីម្ចាស់ផ្ទះកិច្ចប្រជុំ BRICS ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការ។ប៉ុន្តែការបោះឆ្នោតគាំទ្រជាសមាជិកភាពរបស់ប្រទេសនេះបានទទួលការគាំទ្រដោយមេដឹកនាំ BRICS តាំងពីខែសីហា ឆ្នាំ២០២៣មកម្ល៉េះ តែប្រទេសឥណ្ឌូនេស៊ីបានជ្រើសរើសការប្រកាសចូលជាសមាជិកផ្លូវការបន្ទាប់ពីបង្កើតរដ្ឋាភិបាលដែលជាប់ឆ្នោតថ្មីដែលបានបោះឆ្នោតក្នុងឆ្នាំ២០២៤រួចរាល់សិន។ បន្ទាប់ពីបានក្លាយជាសមាជិកផ្លូវការហើយ ប្រទេសឥណ្ឌូនេស៊ីស្វាគមន៍នូវការប្រកាសទទួលខ្លួនជាសមាជិកថា “សមាជិកភាព BRICS គឺជាយុទ្ធសាស្ត្រ​មួយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដោយផ្អែកលើគោលការណ៍សមភាព ការគោរពគ្នាទៅវិញទៅមក និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ បើយើងក្រឡេកមើលស្ថានភាពសព្វថ្ងៃ ការចូលរួមរបស់ឥណ្ឌូនេស៊ីនេះប្រៀបបានជួយបន្ថែមទម្ងន់មួយដល់អង្គការ BRICS ផងដែរ ព្រោះប្រទេសនេះជាប្រទេសដែលមានទំហំសេដ្ឋកិច្ចសិ្ថតលំដាប់ថ្នាក់ទី២០ លើពិភពលោករួមទាំងជាប្រទេសដែលមានចំនួនប្រជាជនច្រើនទី៤ ផងដែរ។ ចំណែកឯការចូលរួមអង្គការBRICS ក៏មានផលប្រយោជន៍សំរាប់ប្រទេសនេះផងដែរ ដូចជា ផលប្រយោជន៍លើសេដ្ឋកិច្ចរបស់ខ្លួនលើការបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសសមាជិក, ភូមិសាស្រ្តនយោបាយ គឺភាពជាតំណាងសាកលលោកខាងត្បូង(Global South Representation) ដែលធ្វើប្រទេសនេះអាចធ្វើជាតំណាង និងធ្វើការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការតស៊ូមតិសំរាប់គោលនយោបាយពាណិជ្ជកម្មសាកល, ផលប្រយោជន៍លើឧស្សាហកម្ម ជាពិសេសលើកិច្ខសហប្រតិបត្តិការថាមពល ធនធាន និងបច្ចេកវិទ្យា គឺឥណ្ឌូនេស៊ីទទួលបានការផ្តល់កិច្ចសហប្រតិបត្តិការប្រកបសក្តានុពលពីប្រទេសជាសមាជិកដូចជារុស្ស៊ី ចិន ប្រេស៊ីលជាដើម លើការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍកសិកម្ម និងកិច្ចសហប្រតិបត្តិការលើសន្តិសុខថាមពលផងដែរ។

២. តើសមាជិកអាស៊ានណាដែលសម្លឹងចូលជាសមាជិកBRICS?

ក្នុងពេលបច្ចុប្បន្ន តំបន់អាស៊ានគឺជាតំបន់ភូមិសាស្ត្រនយោបាយរបស់ពិភពលោកដែលមិនអាចមើលរំលងបាន។ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ គឺមានឥណ្ឌូនេស៊ីមួយជាសមាជិកពេញសិទ្ធិរបស់អង្គការBRICS, ប្រទេសចំនួន២ គឺជាប្រទេសដៃគូជាមួយអង្គការBRICS មាន ថៃ និងម៉ាឡេស៊ី ​និង វៀតណាមនឹងត្រៀមខ្លួនក្លាយជាប្រទេសដៃគូរបស់អង្គការនេះផងដែរ។

២.១ ថៃ និងម៉ាឡេស៊ី កំពុងពិចារណាចង់ក្លាយជាសមាជិកពេញសិទ្ធិដូចឥណ្ឌូនេស៊ី

ប្រទេសថៃ និងម៉ាឡេស៊ីបានក្លាយជាប្រទេសដៃគូផ្លូវការរបស់អង្គការBRICS ។ ភាពជាដៃគូនេះ គឺនៅលើកិច្ចសហប្រតិបត្តិការលើវិស័យដូចជាពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ និងអង្គការBRICS​ ។ ​ប៉ុន្តែប្រទេសទាំងពីរក៏បានបង្ហាញពីចេតនាចង់ក្លាយជាសមាជិកអង្គការនេះដោយពេញសិទ្ធិផងដែរ ដោយក្នុងនោះគេមើលឃើញថា ប្រទេសម៉ាឡេស៊ីដែលដឹកនាំដោយលោក អានវ៉ា អ៊ីប្រាហ៊ីម បានដាក់សំណើជាផ្លូវការដើម្បីចូលរូមជាមួយ BRICS នៅខែកក្កដា ឆ្នាំ២០២៤ ប៉ុន្តែប្រទេសនេះបានត្រឹមទទួលឋានៈជាប្រទេសដៃគូប៉ុណ្ណោះ។ ចំណែកប្រទេសថៃក្នុងការចូលរួមជាមួយBRICS ជាប្រទេសដៃគូ គឺកើតចេញពីការចង់ធ្វើពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធហិរញ្ញវត្ថុដែលគ្រប់គ្រងដោយលោកខាងលិច។ ទាំងថៃ និងម៉ាឡេស៊ី ទោះបីជាបច្ចុប្បន្នពួកគេមានឋានៈជាប្រទេសដៃគូក៏ដោយ ក៏ពួកគេកំពុងសម្លឹងមើលពីលទ្ធភាពចូលរួមអង្គការនេះដូចប្រទេសឥណ្ឌូនេស៊ីផងដែរ។

២.២ វៀតណាមហាក់អល់អែកក្នុងការចូលរួមជាមួយBRICS?

ទោះបីជានាយករដ្ឋមន្រ្តីវៀតណាម លោក ផាំ មិញ ជីញ បានចូលរួមកិច្ចប្រជុំBRICS ឆ្នាំ២០២៤ នៅប្រទេសរុស្ស៊ី ប៉ុន្តែវៀតណាមនៅមិនទាន់ក្លាយជាសមាជិក BRICS  និងជាប្រទេសដៃគូឡើយ។ វៀតណាមហាក់ដូចអល់អែកក្នុងការចូលរួមជាសមាជិកពេញលេញ ប៉ុន្តែប្រទេសនេះបានបង្ហាញលទ្ធភាពក្នុងការធ្វើការជាមួយBRICS ត្រឹមជាប្រទេសដៃគូប៉ុណ្ណោះ។ គួរឱ្យដឹងផងដែរថា ស្ថានភាពទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិកគឺជាអ្វីដែលធ្វើឱ្យវៀតណាមពិបាកសម្រេចចិត្តជាសមាជិករបស់ BRICS ព្រោះទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានភាពល្អ ហើយសហរដ្ឋអាមេរិកក៏បានក្លាយជាទីផ្សារដ៏ធំបំផុតសំរាប់វៀតណាម ហើយប្រសិនការចូលរួមរបស់វៀតណាមចូលជាសមាជិក BRICS អាចនឹងវៀតណាមបាត់បង់ផលប្រយោជន៍ពីសហរដ្ឋអាមេរិចផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ លោកនាយករដ្ឋមន្រ្តីវៀតណាមលើកឡើងថាប្រទេសខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយនឹងBRICS នៅកំលុងពេលលោកចូលកិច្ចប្រជុំBRICS នៅក្នុងឆ្នាំ២០២៤។ ប្រទេសវៀតណាមក៏នឹងរំពឹងចូលរួមជាប្រទេសដៃគូជាមួយBRICS នៅពេលខាងមុខនេះផងដែរ ដោយក្នុងនោះរុស្ស៊ីបានប្តេជ្ញាចិត្តក្នុងការជួយប្រទេសនេះក្នុងក្លាយជាប្រទេសដៃគូរបស់BRICS បន្ទាប់ពីទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីរុស្ស៊ី Mikhail Mshustin កាលពីខែមករា ឆ្នាំ២០២៥នេះ។

សរុបមក ការចូលរួមរបស់ឥណ្ឌូនេស៊ីនៅក្នុងអង្គការBRICS គឺជាការបន្ថែមទម្ងន់សេដ្ឋកិច្ច នយោបាយបន្ថែមទៀតសំរាប់អង្គការនេះ ព្រោះប្រទេសឥណ្ឌូនេស៊ីជាប្រទេសធំមួយនៅក្នុងពិភពលោកហើយទំហំសេដ្ឋកិច្ចក៏ជាទំហំសេដ្ឋកិច្ចធំមួយនៅក្នុងពិភពលោកផងដែរ ។ ចំណែកឯការចង់ចូលរួមជាសមាជិករបស់ថៃ និងម៉ាឡេស៊ី ក៏ជារឿងមួយដែលល្អសំរាប់ប្រទេសទាំងពីរ ព្រោះប្រទេសទាំងពីរអាចទទួលបានផលប្រយោជន៍ច្រើនពីទំហំពាណិជ្ជកម្មជាមួយប្រទេសសមាជិក BRICS កាន់តែទូលំទូលាយ។ ប្រទេសវៀតណាមនឹងអាចក្លាយជាប្រទេសដៃគូរបស់BRICS នៅពេលខាងមុខ ប៉ុន្តែសំរាប់ការចង់ចូលជាសមាជិកគឺមិនទាន់អាចទៅរួចនោះទេព្រោះប្រទេសនេះតែងតែសម្លឹងមើលលើកិច្ចសហប្រតិបត្តិរបស់ខ្លួនជាមួយសហរដ្ឋអាមេរិចខ្លាំង និងដើម្បីជៀសវាងពីការប្រកួតប្រជែងភូមិសាស្រ្តនយោបាយផងដែរ។

           

កម្មវិធីថង់ប្រាជ្ញា៖ បុរសបដិវត្ដន៍នៅប្រទេសចិន

១. សេចក្ដីផ្ដើម

បដិវត្តន៍វប្បធម៌ ដែលមានឈ្មោះផ្លូវការថា “បដិវត្តន៍វប្បធម៌វណ្ណៈអធនមហាអស្ចារ្យ” គឺជាចលនាសង្គមនយោបាយដែលផ្ដួចផ្ដើមនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ដោយមេដឹកនាំបក្សកុម្មុយនីស្តចិន លោក ម៉ៅ សេទុង ក្នុងអំឡុងឆ្នាំ១៩៦៦ រហូតដល់ឆ្នាំ១៩៧៦។ បដិវត្តន៍វប្បធម៌នេះបង្កើតឡើងក្នុងគោលដៅលុបបំបាត់វប្បធម៌ចាស់គំរិល ព្រមទាំងគំនិតសក្តិភូមិ និងបរទេសនិយម ដែលលោកអះអាងថាកំពុងតែចាក់ឫសយ៉ាងជ្រៅនៅតាមសាលារៀននៅក្នុងសង្គម ក៏ដូចជានៅក្នុងជួរថ្នាក់ដឹកនាំបក្សកុម្មុយនីស្តនៅពេលនោះ។

២. គោលបំណងនៃបដិវត្តន៍វប្បធម៌
២.១. បរាជ័យនៃកំណែទម្រង់មហាលោតផ្លោះ

ការលេចឡើងនៃបដិវត្តន៍វប្បធម៌នេះ មានគោលបំណងស្រោចស្រង់ប្រទេសចិនឡើងវិញក្រោយពីបរាជ័យនៃកំណែទម្រង់មហាលោតផ្លោះ (Great  Leap Forward) របស់លោកម៉ៅសេទុងនៅក្នុងឆ្នាំ ១៩៥៨ ក្នុងគោលដៅប្រែក្លាយប្រទេសចិនពីប្រទេសកសិកម្មទៅជាប្រទេសឧស្សាហកម្មទំនើបតាមរយៈរបបសមូហភាព ដែលតម្រូវឱ្យអនុវត្តយ៉ាងពេញទំហឹងនៅទូទាំងប្រទេសទាំងនៅតាមទីក្រុង និងនៅតាមទីជនបទ។ កម្មសិទ្ធិឯកជនទាំងអស់ត្រូវបានលុបចោល អ្វីៗទាំងអស់រាប់ចាប់តាំងពីទ្រព្យសម្បត្តិ ដីធ្លី រហូតដល់សត្វពាហនៈនិងផលដំណាំដែលដាំបាន សុទ្ធតែជាកម្មសិទ្ធិរបស់រដ្ឋ។ ប្រជាជនគ្រប់រូប ក្មេងចាស់ ប្រុសស្រី ត្រូវបានកេណ្ឌឱ្យនៅតាមស្រែចម្ការ ជីក​ប្រឡាយ លើកទំនប់ និងជាពិសេសគឺធ្វើការនៅតាមរោងជាងផលិតឧបករណ៍ប្រើប្រាស់ដោយខ្លួនឯងដើម្បីចៀសវាងការនាំចូលពីបរទេស។ ក៏ប៉ុន្តែនៅទីបំផុតទៅ នយោបាយ “មហាលោតផ្លោះ” នេះ មិនត្រឹមតែមិនបានប្រែក្លាយចិនឱ្យទៅជាប្រទេសឧស្សាហកម្មនោះទេ តែថែមទាំងបំផ្លិចបំផ្លាញវិស័យកសិកម្មដែលមានស្រាប់ ហើយបង្កើតឱ្យមានគ្រោះអត់ឃ្លានដ៏ធ្ងន់ធ្ងរបំផុត ដែលគេមិនធ្លាប់បានជួបប្រទះក្នុងប្រវត្តិសាស្ត្រ។ គេប៉ាន់ស្មានថា គ្រាន់តែក្នុងរយៈពេល ៣ ឆ្នាំ (ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ ១៩៦១) ប្រជាជនចិនប្រមាណជាង ៣០ លាននាក់ត្រូវបានស្លាប់ដោយសារការអត់ឃ្លាន ដោយជម្ងឺនិងដោយបញ្ហាសុខភាពផ្សេងទៀតបង្កឡើងដោយការហូបចុកមិនគ្រប់គ្រាន់។ នយោបាយ “មហាលោតផ្លោះ” ត្រូវបានគេចាត់ទុកជាសោកនាដកម្ម និងជាបរាជ័យដ៏ធំមួយនៃការដឹកនាំរបស់ លោក ម៉ៅ សេទុង ហើយមន្ត្រីជាច្រើនក្នុងជួរដឹកនាំបក្សកុម្មុយនីស្តបានបាត់បង់ជំនឿចិត្តលើការដឹកនាំរបស់លោក។ នៅខែមេសា ឆ្នាំ១៩៥៩ លោក ម៉ៅ សេទុង ក៏បានសុខចិត្តលាឈប់ពីតំណែងប្រធានាធិបតី  ប៉ុន្តែលោកនៅបន្តកាន់តំណែងជាលេខាបក្ស ហើយប្រគល់កិច្ចការគ្រប់គ្រងរដ្ឋប្រចាំថ្ងៃទៅឱ្យប្រធានាធិបតីថ្មីគឺ លោក លីវ ស្ហាវឈី (Liu Shaoqi) និង លេខានៃគណៈអចិន្រ្តៃយ៍បក្សគឺ លោក តេង ស៊ាវពីង (Deng Xiaoping)។ មេដឹកនាំថ្មីបានធ្វើការបន្ធូរបន្ថយនយោបាយ “មហាលោតផ្លោះ” របស់ លោក ម៉ៅ សេទុង ដោយបានលុបចោលការហូបរួម ហើយបង្កើតឱ្យមានឡើងវិញនូវការធ្វើកសិកម្មជាលក្ខណៈឯកជន។ គ្រោះអត់ឃ្លានត្រូវបានកាត់បន្ថយ ហើយសេដ្ឋកិច្ចក៏ចាប់ផ្តើមងើបចេញពីវិបត្តិមកវិញ។ ជោគជ័យរបស់មេដឹកនាំថ្មីបានធ្វើឱ្យឥទ្ធិពលរបស់ម៉ៅសេទុងនៅក្នុងបក្សត្រូវថយចុះកាន់តែខ្លាំងរហូតដល់អ្នកខ្លះហ៊ានសរសេររិះគន់នយោបាយ “មហាលោតផ្លោះ” ជ្រុលនិយមរបស់លោកថែមទៀតផង។

២.២. ការព្យាយាមចង់ស្ដារមុខមាត់ឡើងវិញរបស់ លោក ម៉ៅ សេទុង

យ៉ាងណាមិញ លោក ម៉ៅ សេទុង មិនសុខចិត្តបណ្តោយឱ្យរបូតអំណាចផុតពីដៃនោះទេ ហើយដើម្បីប្រមូលអំណាចយកមកគ្រប់គ្រងវិញ លោក ម៉ៅ សេទុងពឹងលើមនុស្សសំខាន់ពីររូបគឺ លោក លីន ពៀវ (Lin Biao) ដែលជារដ្ឋមន្រ្តី ក្រសួងការពារជាតិ និង មួយរូបទៀតគឺ លោកស្រី ជៀង ឈីង (Jiang Qing) ដែលជាភរិយារបស់លោកម៉ៅសេទុងផ្ទាល់ និងជាអតីតតារាសម្តែងដ៏មានប្រជាប្រិយភាព និងមានវោហារ។ លោក លីន ពៀវ ជួយម៉ៅសេទុងក្នុងការបង្កើនឥទ្ធិពលក្នុងជួរកងទ័ព ចំណែកឯលោកស្រី ជៀង ឈីង វិញជួយខាងផ្នែកឃោសនាមហាជន ដើម្បីលើកមុខមាត់លោកប្រធានម៉ៅ ព្រមទាំងធ្វើការវាយប្រហារទៅលើមេដឹកនាំបក្សកុម្មុយនីស្តនៅពេលនោះ។ ពាក្យសម្តីសំខាន់ៗរបស់លោក ម៉ៅ សេទុង ត្រូវបានលោក លីន ពៀវ យកទៅចងក្រងជាសៀវភៅដែលគេច្រើនតែងហៅថា “កូនសៀវភៅក្រហម” ហើយយកទៅចែកចាយ ដល់កងទ័ពព្រមទាំងកងកម្លាំងយុវ​ជន ដែលគេទើបនឹងបង្កើតឡើងដោយដាក់ឈ្មោះថា “ឆ្មាំក្រហម” (Red Guards)។ ក្រោយពីបានចាក់ឫសឥទ្ធិពលក្នុងជួរកងទ័ព និងយុវជនបានដោយជោគជ័យ នៅឆ្នាំ១៩៦៦ លោក ម៉ៅ សេទុង ក៏បានប្រកាសធ្វើបដិវត្តន៍ថ្មីមួយទៀតគឺ “បដិវត្តន៍​វប្បធម៌” ក្នុងគោលដៅលុបបំបាត់វប្បធម៌ចាស់គំរិលព្រមទាំងគំនិតសក្តិភូមិនិង បរទេសនិយម ដែលលោកអះអាងថាកំពុងតែចាក់ឫសយ៉ាងជ្រៅនៅតាមសាលារៀន នៅក្នុងសង្គម ក៏ដូចជានៅក្នុងជួរថ្នាក់ដឹកនាំបក្សកុម្មុយនីស្តនៅពេលនោះ។

បដិវត្តវប្បធម៌ ឬបដិវត្តន៍វប្បធម៌វណ្ណៈអធនដ៏អស្ចារ្យ ត្រូវបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ១៩៦៦ ដោយលោក ម៉ៅ សេទុង បន្ទាប់ពីលោកជឿថា ថ្នាក់ដឹកនាំបក្សកម្មុយនីស្តបានដើរខុសគោលដៅរបស់បក្ស។ មិនតែប៉ុណ្ណោះ បដិវត្តន៍វប្បធម៌ ធ្វើឡើងដើម្បីជម្រះក្រុមវណ្ណៈគហបតី ដែលមានវត្តមាននៅក្នុងបក្សកុម្មុយនីស្ត រដ្ឋាភិបាល និងយោធា និងជំរុញឱ្យប្រជាជនជម្រះចោលឱ្យអស់នូវទម្លាប់អាក្រក់ទាំង៤ មានដូចជា គំនិតចាស់ ប្រពៃណីចាស់ ទម្លាប់ចាស់ និងវប្បធម៌ចាស់។ ក្នុងខែសីហា ឆ្នាំ១៩៦៦ លោកប្រធានម៉ៅ បានប្រកាសចាប់ផ្តើមបដិវត្តន៍វប្បធម៌ នៅក្នុងកិច្ចប្រជុំគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន។ បន្ទាប់ពីចាប់ផ្តើមអនុវត្តបដិវត្តមួយនេះ ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិនដែលមានជំហរជំទាស់ដូចជាប្រធានាធិបតី លីវ ចាវជី ត្រូវបានចាប់ឃុំ។ ក្នុងអំឡុងឆ្នាំនោះ ក្រុមថ្នាក់ដឹកនាំទាំង៤ (Gang of Four) ត្រូវបានបង្កើតឡើងដោយ លោកស្រី Jiang Qing ភរិយារបស់លោកម៉ៅ សេទុង, លោក Zhang Chunqiao ប្រធានគណៈឃោសនា, លោក Yao Wenyuan អ្នករិះគន់អក្សរសាស្រ្តចិន និងលោក Wang Hongwen អ្នកនយោបាយចិន។ មេដឹកនាំទាំង៤ គ្រប់គ្រងវិស័យចំនួន៤ ក្នុងពេលចិនអនុវត្តបដិវត្តវប្បធម៌ ដោយកាន់កាប់លើការអប់រំក្រុមបញ្ញវន្ត, ទ្រឹស្តីមូលដ្ឋាននៅក្នុងវិទ្យាសាស្រ្តសង្គម, វិន័យសាលា និងទំនាក់ទំនងគ្រូ សិស្ស, និងគោលនយោបាយបក្សទាក់ទិននឹងក្រុមបញ្ញវន្ត។

៣. ផលវិបាកនៃបដិវត្តន៍វប្បធម៌

បន្ទាប់ពីបដិវត្តន៍វប្បធម៌ត្រូវបានអនុវត្តឡើង លោកប្រធានម៉ៅ បានបិទសាលារៀន និងអំពាវនាវឱ្យក្រុមយុវជនជម្រុះចោលវណ្ណៈគហបតីផងដែរ។ ក្រុមយុវជន ដែលមានសមាជិកជាច្រើនលាននាក់ ត្រូវបានបង្កើតឡើង និងដាក់ឈ្មោះថា កងឆ្មាំក្រហម (Red Guard)។ ក្រុមយុវជនបានបិទចោលសាសនា វប្បធម៌ និងបានសម្លាប់ក្រុមបញ្ញវន្តជាច្រើននាក់។ ចំណែកវប្បធម៌បរទេស ភាពយន្ត អក្សរសាស្រ្តជាដើម ត្រូវលុបចោល និងដាក់ជំនួសមកវិញដោយ “សៀវភៅក្រហម” របស់លោកប្រធានម៉ៅ។ រហូតដល់ឆ្នាំ១៩៧៦ បដិវត្តវប្បធម៌ត្រូវបានបញ្ចប់ ដោយសារតែមរណភាពរបស់លោកប្រធានម៉ៅ។ ចំណែក ក្រុមដឹកនាំទាំង៤ ក៏ត្រូវចាប់ខ្លួន និងចោទពីបទប្រឆាំងបដិវត្តន៍។ បដិវត្តវប្បធម៌នេះ បានធ្វើឱ្យប្រជាជនចិន យ៉ាងហោចណាស់ ១,៥លាននាក់ បាត់បង់ជីវិត និងប្រជាជន ២០លាននាក់ ត្រូវបញ្ជូនទៅធ្វើការលត់ដំ និងអប់រំខ្លួននៅតំបន់ផ្សេងៗ។

នៅពេលបដិវត្តវប្បធម៌ត្រូវបញ្ចប់ លោក តេង ស៊ាវភីង ក៏ក្លាយជាមេដឹកនាំចិនមួយរូប ដែលធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេស និងចាប់ផ្តើមបើកសេដ្ឋកិច្ចរបស់ខ្លួនទៅរកបរទេស។ ចាប់តាំងពីនោះមក ចិនមានកំណើនសេដ្ឋកិច្ចយ៉ាងច្រើន ហើយថែមទាំងក្លាយជាមហាយក្សសេដ្ឋកិច្ចលំដាប់ទីពីរ បន្ទាប់ពីអាមេរិកថែមទៀត។

វិចារណកថាថ្ងៃសុក្រ៖ អត្ថប្រយោជន៍នៃសេរីភាវូបនីយកម្មពាណិជ្ជកម្ម

១. មូលដ្ឋានគ្រឹះនៃសេរីភាវូបនីយកម្មពាណិជ្ជកម្មសម័យបច្ចុប្បន្ន

សេរីភាវូបនីយកម្មពាណិជ្ជកម្មសេរីសំដៅលើដំណើរការនៃការកាត់បន្ថយ ឬលុបបំបាត់របាំងពាណិជ្ជកម្ម ដូចជាពន្ធគយ កូតា និងការរឹតបន្តឹងការនាំចូល ដើម្បីលើកទឹកចិត្តដល់លំហូរសេរីនៃទំនិញ និងសេវាកម្មឆ្លងកាត់ព្រំដែន។ គោលដៅគឺដើម្បីបង្កើតទីផ្សារពិភពលោកដែលបើកចំហ និងប្រកួតប្រជែងជាងមុន ដែលអាជីវកម្ម និងអ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ពីឱកាសពាណិជ្ជកម្មកើនឡើង។

គេសង្កេតឃើញថា ក្រោយសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តបានចុះហត្ថលេខា និងរួមគ្នាបង្កើត ប្រព័ន្ធប្រ៊ីដតុនវូដ (Bretton Woods System) ដែលមានស្ថាប័នដូចជា មូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) និង ធនាគារពិភពលោក (World Bank) ក្នុងគោលបំណងដើម្បីធ្វើឱ្យពាណិជ្ជកម្មនៅលើសកលលោកមានស្ថិរភាព។ បន្ថែមនេះ កិច្ចព្រមព្រៀងទូទៅស្ដីពីពន្ធគយនិងពាណិជ្ជកម្ម (GATT) ត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន ២៣ នៅឆ្នាំ១៩៤៧ ដើម្បីកាត់បន្ថយពន្ធគយ និងរបាំងពាណិជ្ជកម្មផ្សេងទៀត។ GATT ជាមូលដ្ឋានគ្រឹះសម្រាប់សេរីភាវូបនីយកម្មពាណិជ្ជសម័យទំនើប ដោយក្រោយមក នៅឆ្នាំ ១៩៩៥ GATT បានវិវត្តទៅជាអង្គការពាណិជ្ជកម្មពិភពលោក(WTO) ដោយបង្កើតប្រព័ន្ធជាសកលមួយសម្រាប់ពាណិជ្ជកម្មសេរី និងដំណោះស្រាយជម្លោះពាណិជ្ជកម្មផ្សេងៗ” ក្រៅពីនេះ ប្រទេសនានានៅតំបន់លើពិភពលោកបានសហការគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មផងដែរ ដូចជា ការបង្កើតសហគមន៍សេដ្ឋកិច្ចអឺរ៉ុប (EEC) នៅឆ្នាំ ១៩៥៧, ការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន(AFTA) ឆ្នាំ១៩៩២, និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA) ឆ្នាំ១៩៩៤ ជាដើម។

តើការបង្កើតស្ថាប័ន និងការចុះកិច្ចព្រមព្រៀងដើម្បីជំរុញពាណិជ្ជកម្មសេរីនៅទូទាំងពិភពលោកទាំងនេះ ផ្ដល់អត្ថប្រយោជន៍ និងផលចំណេញអ្វីខ្លះ?

២. អត្ថប្រយោជន៍
២.១. ភាពហូរហៀរ និងសម្បូរបែបនៃទំនិញ (abundance and variety of goods)

តាមរយៈទ្រឹស្ដីមួយរបស់លោក អាដាម ស្មីត បានលើកឡើងថា ““ពាណិជ្ជកម្មអាចធ្វើឱ្យមនុស្សគ្រប់គ្នាកាន់តែប្រសើរឡើង”។ នេះក៏ដោយសារតែពាណិជ្ជកម្មអនុញ្ញាតឱ្យបុគ្គលគ្រប់រូប ជំនួញគ្រប់ប្រភេទ និងប្រជាជាតិនីមួយៗ ផ្ដោតទៅលើការផលិតទំនិញឬសេវាកម្មអ្វីមួយដែលពួកគេជំនាញឬពូកែបំផុត ដែលនាំឱ្យប្រសិទ្ធភាពនៃសេដ្ឋកិច្ចកាន់តែកើនឡើង ផលិតភាពកាន់តែខ្ពស់ និងសេដ្ឋកិច្ចទាំងមូលកាន់តែលូតលាស់ ស្របគ្នានេះ អ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ពីទំនិញ និងសេវាកម្មជាច្រើនប្រភេទ ពីព្រោះការប្រកួតប្រជែងអន្តរជាតិជំរុញឱ្យមានប្រសិទ្ធភាពនៃផលិតកម្ម និងការច្នៃប្រឌិត។ ប្រទេសដែលមិនអាចផលិតផលិតផលបច្ចេកវិទ្យាខ្ពស់អាចនាំចូលពីប្រទេសដែលមានបច្ចេកវិជ្ជាជឿនលឿន ខណៈពេលគេអាចនាំចេញនូវអ្វីដែលពួកគេពូកែផលិត។ ជាឧទាហរណ៍ អាឡឺម៉ង់ពូកែផលិតឡាន ឯចិនពូកែផលិតគ្រឿងអេឡិចត្រូនិច។ ហេតុនេះហើយ គិតត្រឹមឆ្នាំ២០២២ ឡានគឺជាទំនិញចម្បងដែលអាឡឺម៉ង់នាំចេញទៅលក់នៅចិនមានទំហំប្រមាណ ២០,៥ ពាន់លានដុល្លារអាមេរិក ខណៈដែលចិននាំចេញកុំព្យូទ័រដែលចិនពូកែផលិតទៅលក់នៅអាឡឺម៉ង់ក្នុងទំហំទឹកប្រាក់ប្រមាណ ១២,៥ ពាន់លានដុល្លារអាមេរិក។ ក្នុងន័យនេះ ប្រជាជនទាំងពីរប្រទេសទទួលបានអត្ថប្រយោជន៍ទាំងសងខាង ជាមួយនឹងភាពហូរហៀរនៃទំនិញផងដែរ។

២.២. តម្លៃសមរម្យ (affordable price)

ពាណិជ្ជកម្មអនុញ្ញាតឱ្យក្រុមហ៊ុនផលិតក្នុងទ្រង់ទ្រាយធំដើម្បីលក់ទៅទីផ្សារអន្តរជាតិដោយកាត់បន្ថយថ្លៃដើមក្នុងមួយឯកតា។ បាតុភូតនេះ គេហៅថា សេដ្ឋកិច្ចនៃមាត្រដ្ឋាន (Economies of Scale)ជាឧទាហរណ៍ ក្រុមហ៊ុនផលិតស្មាតហ្វូនអាចកាត់បន្ថយថ្លៃដើមផលិតកម្ម ប្រសិនបើក្រុមហ៊ុនផលិតដើម្បីលក់ជាសកល ជាជាងលក់តែក្នុងស្រុក។ លើសពីនេះទៅទៀត ដោយសារសេរីភាវូបនីយកម្មពាណិជ្ជកម្ម ប្រទេសនានាអាចនាំចូលវត្ថុធាតុដើម និងទំនិញកម្រិតមធ្យមក្នុងតម្លៃទាបពីកន្លែងដែលលក់ក្នុងតម្លៃថោក ដោយធ្វើឱ្យថ្លៃដើមផលិតកម្មទាំងមូលមានការកាត់បន្ថយ។ ជាឧទាហរណ៍ ក្រុមហ៊ុនរថយន្តនៅប្រទេសជប៉ុនអាចនាំចូលដែកថែបថោកពីអូស្ត្រាលី ជាជាងពឹងផ្អែកតែលើដែកថែបក្នុងស្រុកដែលមានតម្លៃថ្លៃជាង។ បន្ថែមនេះ សេរីភាវូបនីយកម្មពាណិជ្ជកម្មជំរុញរដ្ឋាភិបាលប្រទេសនានាឱ្យធ្វើការបន្ធូរបន្ថយ ឬដកពន្ធ និងអាករនាំចូល ដែលធ្វើឱយមានការកាត់បន្ថយតម្លៃចុងក្រោយដែលលក់នៅលើទីផ្សារផងដែរ ដែលនេះមានន័យថាអ្នកប្រើប្រាស់អាចទិញផលិតផលបរទេសក្នុងតម្លៃសមរម្យជាង។ចំណុចសំខាន់ចុងក្រោយមួយទៀតនោះគឺ សេរីភាវូបនីយកម្មពាណិជ្ជកម្មបានើកចំហរឱកាសបុគ្គលគ្រប់រូប និងក្រុមហ៊ុនទៅកាន់ទីផ្សារពិភពលោក ដែលនាំឱ្យអាជីវកម្មអាចចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលបច្ចេកវិទ្យាទាំងនោះនឹងជួយសន្សំ និងកាត់បន្ថយការចំណាយលើការផលិតបន្ថែមទៀត។ ដោយសារកត្តាទាំងនេះហើយ បានធ្វើឱ្យទំនិញមានតម្លៃទាប និងសមរម្យ។

២.៣. គុណភាពនៃផលិតផល (Higher-Quality)

ដោយសារសេរីភាវូបនីយកម្មពាណិជ្ជកម្មនាំទៅរកផលិតផលមានគុណភាពខ្ពស់ ព្រោះវាបង្កើនការប្រកួតប្រជែង ជំរុញនវានុវត្តន៍ និងផ្តល់ឱ្យអាជីវកម្មនូវលទ្ធភាពអាចចាប់យក និងទទួលបានបច្ចេកវិទ្យា និងសម្ភារៈវត្ថុធាតុដើម ដែលប្រសើរជាងមុន។ ជាក់ស្ដែង នៅពេលដែលទីផ្សារបើកចំហសម្រាប់ផលិតផលបរទេស ក្រុមហ៊ុនក្នុងស្រុកត្រូវតែប្រកួតប្រជែងជាមួយក្រុមហ៊ុនអន្តរជាតិដែលអាចផ្តល់នូវគុណភាពប្រសើរជាងមុន។ ដើម្បីទាក់ទាញ និងរក្សាអតិថិជនខ្លួន ក្រុមហ៊ុនក្នុងស្រុកត្រូវតែកែលម្អគុណភាពផលិតផលរបស់ខ្លនជាចាំបាច់ ហើយក្រុមហ៊ុនក្រៅស្រុកក៏រឹតតែពង្រឹងគុណភាពខ្លួនបន្ថែមទៀតដើម្បីរក្សាឱ្យបាននូវភាពប្រកួតប្រជែងខ្ពស់ ជាឧទាហរណ៍ ប្រទេសបារាំងពូកែខាងផលិតស្រាទំពាំងបាយជូរដែលមានគុណភាពខ្ពស់ ដោយសារកត្តាទីតាំងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងវប្បធម៌។ ការបើកទីផ្សារចំហរតាមរយៈសេរីភាវូបនីយកម្មពាណិជ្ជកម្មរឹតតែធ្វើឱ្យស្រាទំពាំងបាយជូរបារាំងកាន់តែមានគុណភាពខ្ពស់ថែមទៀត ដោយសារតែមានតម្រូវការខ្ពស់ពីក្រៅប្រទេស និងបំណងរក្សាឱ្យបាននូវទីផ្សារក្នុងស្រុកផងដែរ។ មួយវិញទៀត ដោយសារសេរីភាវូបនីយកម្មពាណិជ្ជកម្មលើកទឹកចិត្ត និងជំរុញឱ្យអាជីវករ និងក្រុមហ៊ុនផ្តោតលើអ្វីដែលពួកគេពូកែបំផុត មិនត្រឹមតែធ្វើឱ្យផលិតកម្មមានប្រសិទ្ធភាពខ្ពស់ និងផលិតភាពមានការកើនឡើងប៉ុណ្ណោះ តែវាក៏ធ្វើឱ្យផលិតសម្រេចដែលមាននៅក្នុងទីផ្សារមានគុណភាពខ្ពស់ផងដែរ។

៣. សេចក្ដីសន្និដ្ឋាន

សេរីភាវូបនីយកម្មពាណិជ្ជកម្មជាកត្តាយ៉ាងសំខាន់មួយដែលធ្វើឱ្យពិភពលោកមានការផ្លាស់ប្ដូរដូចសព្វថ្ងៃ។ តាមរយៈការកាត់បន្ថយ ឬលុបបំបាត់របាំងពាណិជ្ជកម្ម ដូចជាពន្ធគយ កូតា និងការរឹតបន្តឹងការនាំចូល វាបានជំរុញឱ្យមានការបើកចំហរទីផ្សារពិភពលោក ហើយគ្រប់គ្នាសុទ្ធតែទទួលបានអត្ថប្រយោជន៍នៃសេរីភាវូបនីយកម្មពាណិជ្ជកម្មតាមរយៈកំណើននៃភាពហូរហៀរ និងសម្បូរបែបនៃទំនិញ, ទំនិញមានតម្លៃសមរម្យ, គុណភាពនៃផលិតផលកាន់តែល្អប្រសើរ។

កម្មវិធីថង់ប្រាជ្ញា៖ ឥទ្ធិពលរបស់វិស័យ K-pop លើសេដ្ឋកិច្ចកូរ៉េខាងត្បូង

K-pop ដែលមានពាក្យពេញជា Korean Popular Music ជាប្រភេទតន្ត្រីដែលមានប្រភពមកពីប្រទេសកូរ៉េខាងត្បូង ដែលរួមបញ្ចូលចង្វាក់ចម្រុះ ទាំងកន្រ្តាក់ញាក់អារម្មណ៍និង​ កំសត់បែបមនោសញ្ចេតនា។ K-pop បានចាប់ផ្តើមពីចំណុចតូចមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីពីរបីទសវត្សរ៍មុន ប៉ុន្តែសព្វថ្ងៃ ប្រភេទចង្វាក់តន្ត្រីមួយប្រភេទនេះបានអង្រួនពិភពលោក និងបង្កបង្កើតបានក្រុមចម្រៀងនិងតារាល្បីៗជាច្រើនដូចជា BTS, Blackpink, TWICE ជាដើម។ ជាមួយនឹងបទចម្រៀងល្បីៗដូចជា “Gangnam Style” និង “APT”, K-pop កាន់តែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងស្រុក និងទូទាំងពិភពលោក ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសេដ្ឋកិច្ចកូរ៉េខាងត្បូង។ អត្ថបទនេះនឹងពន្យល់កាន់តែស៊ីជម្រៅអំពីឥទ្ធិពលផ្ទាល់ និងឥទ្ធិពលប្រយោលរបស់ K-pop ចំពោះសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង។

ឥទ្ធិពលផ្ទាល់របស់ K-pop លើសេដ្ឋកិច្ចកូរ៉េខាងត្បូង

​​​ឥទ្ធិពលសេដ្ឋកិច្ចចម្បងមួយរបស់ K-pop គឺប្រាក់ចំណូលដែលបង្កើតបានតាមរយៈការលក់តន្ត្រី អាល់ប៊ុម និងក្នុងវេទិកាស្តាប់ចំរៀង (music streaming platform)។  កូរ៉េខាងត្បូងបច្ចុប្បន្នមានវេទិកាស្តាប់ចំរៀង  រហូតដល់ចំនួន ១៣ ដែលផ្តល់ឱ្យប្រជាជនកូរ៉េខាងត្បូងចូលស្តាប់តន្ត្រី ដូចជា VIBE, Melon, Bugs, Soribada, Genie Music, Kakao Music, FLO, Bandcamp, Spotify, Apple Music, Soundcloud, TIDAL, YouTube music និង DEEZER។ លើសពីនេះទៀត ចំណងសម្ព័នភាពរវាងសិល្បករ និងអ្នកគាំទ្រគឺរឹងមាំណាស់។ គោលបំណងសម្រាប់អ្នកគាំទ្រទាំងអស់គឺដើម្បីឱ្យនិមិត្តរូប (idol) របស់ពួកគេទទួលបានជោគជ័យ ហើយការទិញ CDs និង​អាល់ប៊ុមនឹងជួយធ្វើឱ្យនិមិត្តរូបរបស់ពួកគេទទួលបានការកោតសរសើរនិងពានរង្វាន់ផ្សេងៗ។ កត្តានេះបានធ្វើឱ្យតួលេខនៃការលក់ចម្រៀងរបស់​វិស័យ K-pop ទៅកាន់ពិភពលោកកាន់តែកើនឡើង ដែលរួមចំណែកដល់ការរីកចម្រើននៃឧស្សាហកម្ម និងនិរន្តរភាពនៃសិល្បករ ក្រុមហ៊ុន និង ភាគីពាក់ព័ន្ធ។ យោងតាមទិន្នន័យពីទីភ្នាក់ងារមាតិកាច្នៃប្រឌិតកូរ៉េ​ខាងត្បូង (Korea Creative Content Agency – KOCCA) តម្លៃនៃការនាំចេញផលិតផល និងអាល់ប៊ុមដែលទាក់ទងនឹង K-pop បានកើនឡើងពីប្រមាណ ៤០ លានដុល្លារក្នុងឆ្នាំ ២០០៣ ដល់ជាង ៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ដែលមានអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៣១,៩% ។

ក្រៅពីការលក់ចម្រៀងរបស់សិល្បករ​ វិស័យ K-pop ក៏បានបង្កើតការងារជាច្រើន រួមទាំងការងារផលិត​តន្ត្រី ទីផ្សារ និងការកម្សាន្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយកាត់បន្ថយអត្រាគ្មានការងារធ្វើ​របស់​ប្រជាជន។ របាយការណ៏របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា វិស័យ K-pop បច្ចុប្បន្នមានបុគ្គលិកប្រមាណ ៩២ ០០០ នាក់។ សម្រស់និង​ប្រជាប្រិយភាព​របស់​សិល្បករក្នុង​វិស័យ K-pop ក៏បានទាក់ទាញការវិនិយោគពីក្រុមហ៊ុនអន្តរជាតិ ដែលកំពុងស្វែងរកភាពជាដៃគូ​ជាមួយភ្នាក់ងារកូរ៉េខាងត្បូងផងដែរ។

ឥទ្ធិពលដោយប្រយោលរបស់ Kpop លើសេដ្ឋកិច្ចកូរ៉េខាងត្បូង

ដោយសារឥទ្ធិពលនៃវិស័យ K-pop និងមាតិកាកូរ៉េ វិស័យទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូងបានទទួល​បានការអភិវឌ្ឍ ដោយសារការកើនឡើងនៃភ្ញៀវទេសចរបរទេស។ របាយការណ៏​របស់​ក្រសួង​ទេសចរណ៏ បានកត់ត្រាថាមានភ្ញៀវទេសចរត្រឹមតែ ៣០០ ០០០ នាក់ប៉ុណ្ណោះក្នុងឆ្នាំ ១៩៩៨ ប៉ុន្តែកូរ៉េ​ខាង​ត្បូងបានកត់ត្រាចំនួនអ្នកមកទេសចរកើនរហូតដល់ចំនួន ១៧,៥ លាននាក់ក្នុងឆ្នាំ២០១៩។ នៅពេលដែលតារា K-pop រៀបចំការប្រគុំតន្ត្រីនៅប្រទេសកូរ៉េខាងត្បូង ចំនួនអ្នកទេសចរដែលមកប្រទេសកូរ៉េខាងត្បូងក៏មានការកើនឡើងផងដែរ។ សណ្ឋាគារ កន្លែងដើរលេង ​តាក់ស៊ីក៏ទទួលបានអតិថិជន ​​ដែលនាំឱ្យប្រជាពលរដ្ឋ​រកចំណូលបានកាន់តែច្រើន ។

​​​​សម្រស់តារា K-pop ក៏មានឥទ្ធិពលលើការថែទាំសម្រស់ជាសកល ដែលបង្កឱ្យមានការកើនឡើងនៃតម្រូវការ​​គ្រឿងសម្អាង និងផលិតផលថែរក្សាស្បែករបស់កូរ៉េ។ តារាមួយចំនួនក៏បានធ្វើជាទុតសុឆន្ទៈឱ្យ​ផលិតផល​​​បច្ចេកវិទ្យារបស់កូរ៉េខាងត្បូងមួយចំនួនដូចជា Samsung និង LG ដែលបានបង្កើនចំនួនការលក់ទូទាំងពិភពលោក។

សរុបមក K-pop បានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងដោយការទាក់ទាញការវិនិយោគពីបរទេស និងជំរុញកំណើនក្នុងឧស្សាហកម្មដែលពាក់ព័ន្ធ។ វិស័យនេះបានបង្កើតប្រាក់ចំណូលយ៉ាងច្រើនតាមរយៈការលក់តន្ត្រី ការផ្សាយ ទំនិញ និងព្រឹត្តិការណ៍តន្រ្តីផ្សេងៗ ព្រមទាំងបង្កើនការទាក់ទាញជាសកលនៃទំនិញរបស់កូរ៉េខាងត្បូងនិងទាក់ទាញភ្ញៀវទេសចរ។

វិចារណកថាថ្ងៃសុក្រ៖ ស្ថានភាពនៃទំនាក់ទំនងភូមិសាស្ត្រចិន និងវៀតណាម

១. សេចក្ដីផ្ដើម

ប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិន និងវៀតណាមមានតាំងពីយូរលង់ណាស់មកហើយ តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ដែលជាប្រទេសភូមិផងរបងជាមួយគ្នា។ វៀតណាមទទួលឥទ្ធិពលពីអរិយធម៌ចិនរាប់ពាន់ឆ្នាំមកហើយ ជាពិសេសនៅចន្លោះឆ្នាំ ១១១ មុនគ.ស រហូតដល់ ឆ្នាំ ៩៣៨នៃគ.ស ដែលវៀតណាមគឺស្ថិតក្រោមការត្រួតត្រារបស់ចិន។ ហេតុនេះហើយ ទាំងភាសា របៀបគ្រប់គ្រងរដ្ឋ និងជំនឿសាសនារបស់វៀតណាមសុទ្ធតែបញ្ជ្រាបមកពីចិន។ ក្រោយទទួលបានឯករាជ្យពីចិន វៀតណាមបន្តឈរ និងដុសខាត់បង្កើតបានជាអត្តសញ្ញាណជាតិដ៏រឹងមាំរហូតដល់បច្ចុប្បន្ន។

ងាកមកមើលប្រវត្តិសាស្ត្រសម័យទំនើបនេះវិញ កាលពីអំឡុងសង្គ្រាមវៀតណាម (១៩៥៥ – ១៩៧៥) ចិនជាអ្នកគាំទ្រវៀតណាមខាងជើង ចំណែកឯអាមេរិកគាំទ្រវៀតណាមខាងត្បូង។ ប៉ុន្តែបន្ទាប់ពីការបញ្ចប់ទៅនូវសង្គ្រាម ភាពតានតឹងនយោបាយរវាងប្រទេសទាំងពីរបានកើតឡើងដោយសារតែជម្លោះទឹកដី និងជំហរផ្សេងគ្នាទៅកាន់មនោគមន៍វិជ្ជាកុម្មុយនីស្ត។ ប៉ុន្តែក្រោយឆ្នាំ ១៩៩១ មក ភាពតានតឹងរវាងប្រទេសទាំងពីរមានការធូរស្បាយមកវិញ ដោយសារតែប្រទេសទាំងពីរបានផ្ដោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរៀងៗខ្លួន ហើយទំនាក់ទំនងការទូតមានភាពប្រសើរវិញដើម្បីបង្កើតជាប្រយោជន៍រួមជាពិសេសទៅលើវិស័យសេដ្ឋកិច្ច និងស្ថិរភាពក្នុងតំបន់។ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគជាច្រើន ដែលធ្វើឱ្យវៀតណាមជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់មួយរបស់ចិន។

យ៉ាងណាមិញ ភាពស្មុគស្មាញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរបង្កជាការចាប់អារម្មណ៍មួយដែលធ្វើឱ្យប្រទេសនានា ជាពិសេសប្រទេសដែលជាសមាជិកអាស៊ាន (ASEAN) តែងធ្វើការតាមដានពីការវិវត្តន៍នៃទំនាក់ទំនងប្រទេសទាំងពីរ។

២. ទិដ្ឋភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ
២.១. ចិន និងវៀតណាម នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង

ជម្លោះសមុទ្រចិនខាងត្បូងគឺជាទិដ្ឋភាពមួយដែលបង្ហាញពីភាពស្មុគស្មាញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខណៈចិនបានអះអាង និងកាន់កាប់ដែនកោះជាច្រើននៅសមុទ្រចិនខាងត្បូងដោយសំអាងតាមផែនទីប្រវត្តិសាស្ត្រខ្លួន វៀតណាមបានបដិសេធនិងព្យាយាមទាមទារមកវិញ ជាពិសេសបណ្ដុំកោះ Paracel និង បណ្ដុំកោះ Spratly ដោយផ្អែកលើច្បាប់អន្តរជាតិស្ដីពីដែនសមុទ្រ។ សមុទ្រចិនខាងត្បូងនេះជាភូមិសាស្ត្រដែលសម្បូរភោគទ្រព្យធម្មជាតិដែលអំណោយផលដល់ការនេសាទត្រី និងជាតំបន់ដែលមានសក្ដានុពលសម្រាប់ធ្វើការរុគរកប្រេង និងឧស្ម័នធម្មជាតិផ្សេងៗ។ ហេតុនេះហើយជម្លោះរបស់ប្រទេសទាំងពីរទៅលើតំបន់នេះមិនទាន់ដាច់ស្រេចនោះឡើយ។ ជាក់ស្ដែងមានការតទល់គ្នាជាច្រើនលើកច្រើនសាររវាងនាវាប្រទេសទាំងពីរ ហើយនៅចន្លោះឆ្នាំ២០១៤ ដល់ ២០២២ ទូកនេសាទវៀតណាម​ប្រមាណ ៩៨ គ្រឿងត្រូវនាវាចិនកម្ទេចចោល ដែលបង្កឱ្យមានបាតុកម្ម និងការប្រឈមមុខដាក់គ្នាជាច្រើនលើកច្រើនសារ។

២.២. ឥទ្ធិពលនៃទំនាក់ទំនងចិន និងវៀតណាមមកលើអាស៊ាន

ចិន និងវៀតណាមសុទ្ធតែជាតួអង្គសំខាន់នៅក្នុងអាស៊ាន។ វៀតណាមបានចូលជាសមាជិកអាស៊ានកាលពីឆ្នាំ ១៩៩៥ ចំណែកឯចិនតែងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្រប់សមាជិក និងជាដៃគូយុទ្ធសាស្ត្រ​យ៉ាងសំខាន់របស់អាស៊ាន។ វៀតណាមតែងតែយល់ឃើញថាអាស៊ានមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ដោយសារអាស៊ានជាវេទិកាមួយដែលអាចឱ្យវៀតណាមបញ្ចេញមតិ និងដាក់សម្ពាធនៅក្នុងកម្រិតណាមួយទៅលើចិន។ ទោះជាយ៉ាងនេះក្ដី សកម្មភាពនៃប្រទេសទាំងពីរនៅក្នុងអាស៊ាន​ត្រូវបានគេកត់សម្គាល់ថា មានទាំងការសហការគ្នា និងការប្រកួតប្រជែងគ្នា។ ថ្វីត្បិតតែជម្លោះសមុទ្រចិនខាងត្បូងនៅតែបន្តកើតមាន ហើយវៀតណាមនៅតែបន្តខិតទៅរកភាពជិតស្និទ្ធជាមួយអាមេរិកដែលជាគូប្រជែងរបស់ចិនក្ដី ប្រទេសវៀតណាម និងចិននៅតែសហការគ្នាខាងផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដូចជាតាមរយៈកិច្ចព្រមព្រៀង តំបន់ពាណិជ្ជកម្មសេរីអាស៊ាន និងចិន (ASEAN-China Free Trade Area) និងភាពយ៉ាងសកម្មនៃប្រទេសទាំងពីរនៅក្នុង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership – RCEP) ដែលជំរុញនូវសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ និងរវាងបណ្ដាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក។

២.៣. ការវិវត្តន៍ថ្មីៗនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ស្របពេលដែលភាពតានតឹងនៅតែបន្តរវាងប្រទេសទាំងពីរ ការពង្រឹងកិច្ចសហប្រតិបត្តិផ្សេងៗរវាងប្រទេសទាំងពីរក៏កើតមានដំណើរគ្នាផងដែរ។ ជាក់ស្ដែង កាលពីខែសីហា ឆ្នាំ២០២៤ ជំនួបថ្នាក់ប្រធានាធិបតីបានកើតមានឡើងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយកិច្ចព្រមព្រៀងប្រមាណ ១៤ បានចុះហត្ថលេខា ដែលកិច្ចព្រមព្រៀងទាំងនោះផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយសង្កត់ធ្ងន់ជាពិសេសលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឆ្លងព្រំដែន និងការពង្រីកឱកាសវិនិយោគ ដោយគ្របដណ្តប់លើផ្នែកសំខាន់ៗជាច្រើន ដូចជាផ្លូវដែកឆ្លងព្រំដែន ដំណាំកសិផល និងកិច្ចសហប្រតិបត្តិការលើការទូទាត់ និងដោះដូររូបិយប័ណ្ណក្នុងស្រុក ជាដើម។

ងាកមកមើលការប្រកួតប្រជែងវិញ ប្រទេស​ចិន និង​វៀតណាម សុទ្ធតែជា​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​សំបូរ​ធនធាន​ពលកម្ម​ និង​មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស។ នេះជាកត្តាឱ្យមានការប្រកួតប្រជែងមួយចំនួនរវាងភាគីទាំងពីរក្នុងវិស័យឧស្សាហកម្មមួយចំនួន ជាពិសេសឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម។ លើសពីនេះទៀត ទោះជាទំហំពាណិជ្ជកម្មរវាងចិន និងវៀតណាមនៅតែបន្តកើនឡើងក៏ដោយ ក៏នៅតែមានការប្រកួតប្រជែងទាក់ទងនឹងរចនាសម្ព័ន្ធពាណិជ្ជកម្ម និងចំណែកទីផ្សារ។

ទោះបីជាមានការប្រកួតប្រជែងយ៉ាងនេះក៏ដោយ មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងចិន និងវៀតណាមនៅតែរឹងមាំ ដោយសារតែវៀតណាម​មានតម្លៃ​ពលកម្មទាបដែលបង្កភាពទាក់ទាញសម្រាប់ការវិនិយោគ ខណៈ​ចិនវិញ ​ពូកែ​ខាង​បច្ចេកវិទ្យា មូលនិធិ និង​ការគ្រប់គ្រង។ ទំនាក់ទំនងបំពេញគ្នាទៅវិញទៅមកបែបនេះផ្តល់ជាឱកាសធំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យផ្សេងៗ។ បន្ថែមនេះ ដោយបច្ចុប្បន្ន ក្រុមហ៊ុនចិនកំពុងពន្លឿនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីវិនិយោគនៅទូទាំងសកលលោក ដូច្នេះហើយ វៀតណាមជាទិសដៅវិនិយោគដ៏សំខាន់មួយ ដោយបានទាក់ទាញលំហូរចូលនៃមូលធនពីចិនជាច្រើនតាមរយៈការវិនិយោគ។ ក្រៅពីជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាមួយទំហំទឹកប្រាក់ប្រមាណ ១០៦,៧ ប៊ីលាន វៀតណាមក៏ជាដៃគូយុទ្ធសាស្ត្រនៅក្នុងគម្រោងនៃការផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative) ដែលមានទិសដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងស្ពានជាដើម ដើម្បីតភ្ជាប់ចិនទៅកាន់ពិភពលោក។

៣. សន្និដ្ឋាន

ទំនាក់ទំនងរវាងចិន និងវៀតណាមមានច្រើនស្រទាប់។ ប្រទេសទាំងពីរមានភាពមិនត្រូវគ្នារឿងព្រំដែន ជាពិសេសបញ្ហានៅសមុទ្រខាងត្បូងក៏ពិតមែន និងការប្រកួតប្រជែងមួយចំនួនក្នុងវិស័យសេដ្ឋកិច្ច ប៉ុន្តែចិន និងវៀតណាមនៅតែបន្តសហការគ្នាទៅលើពាណិជ្ជកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ