"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ អត្ថប្រយោជន៍នៃសេរីភាវូបនីយកម្មពាណិជ្ជកម្ម

១. មូលដ្ឋានគ្រឹះនៃសេរីភាវូបនីយកម្មពាណិជ្ជកម្មសម័យបច្ចុប្បន្ន

សេរីភាវូបនីយកម្មពាណិជ្ជកម្មសេរីសំដៅលើដំណើរការនៃការកាត់បន្ថយ ឬលុបបំបាត់របាំងពាណិជ្ជកម្ម ដូចជាពន្ធគយ កូតា និងការរឹតបន្តឹងការនាំចូល ដើម្បីលើកទឹកចិត្តដល់លំហូរសេរីនៃទំនិញ និងសេវាកម្មឆ្លងកាត់ព្រំដែន។ គោលដៅគឺដើម្បីបង្កើតទីផ្សារពិភពលោកដែលបើកចំហ និងប្រកួតប្រជែងជាងមុន ដែលអាជីវកម្ម និងអ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ពីឱកាសពាណិជ្ជកម្មកើនឡើង។

គេសង្កេតឃើញថា ក្រោយសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តបានចុះហត្ថលេខា និងរួមគ្នាបង្កើត ប្រព័ន្ធប្រ៊ីដតុនវូដ (Bretton Woods System) ដែលមានស្ថាប័នដូចជា មូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) និង ធនាគារពិភពលោក (World Bank) ក្នុងគោលបំណងដើម្បីធ្វើឱ្យពាណិជ្ជកម្មនៅលើសកលលោកមានស្ថិរភាព។ បន្ថែមនេះ កិច្ចព្រមព្រៀងទូទៅស្ដីពីពន្ធគយនិងពាណិជ្ជកម្ម (GATT) ត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន ២៣ នៅឆ្នាំ១៩៤៧ ដើម្បីកាត់បន្ថយពន្ធគយ និងរបាំងពាណិជ្ជកម្មផ្សេងទៀត។ GATT ជាមូលដ្ឋានគ្រឹះសម្រាប់សេរីភាវូបនីយកម្មពាណិជ្ជសម័យទំនើប ដោយក្រោយមក នៅឆ្នាំ ១៩៩៥ GATT បានវិវត្តទៅជាអង្គការពាណិជ្ជកម្មពិភពលោក(WTO) ដោយបង្កើតប្រព័ន្ធជាសកលមួយសម្រាប់ពាណិជ្ជកម្មសេរី និងដំណោះស្រាយជម្លោះពាណិជ្ជកម្មផ្សេងៗ” ក្រៅពីនេះ ប្រទេសនានានៅតំបន់លើពិភពលោកបានសហការគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មផងដែរ ដូចជា ការបង្កើតសហគមន៍សេដ្ឋកិច្ចអឺរ៉ុប (EEC) នៅឆ្នាំ ១៩៥៧, ការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន(AFTA) ឆ្នាំ១៩៩២, និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA) ឆ្នាំ១៩៩៤ ជាដើម។

តើការបង្កើតស្ថាប័ន និងការចុះកិច្ចព្រមព្រៀងដើម្បីជំរុញពាណិជ្ជកម្មសេរីនៅទូទាំងពិភពលោកទាំងនេះ ផ្ដល់អត្ថប្រយោជន៍ និងផលចំណេញអ្វីខ្លះ?

២. អត្ថប្រយោជន៍
២.១. ភាពហូរហៀរ និងសម្បូរបែបនៃទំនិញ (abundance and variety of goods)

តាមរយៈទ្រឹស្ដីមួយរបស់លោក អាដាម ស្មីត បានលើកឡើងថា ““ពាណិជ្ជកម្មអាចធ្វើឱ្យមនុស្សគ្រប់គ្នាកាន់តែប្រសើរឡើង”។ នេះក៏ដោយសារតែពាណិជ្ជកម្មអនុញ្ញាតឱ្យបុគ្គលគ្រប់រូប ជំនួញគ្រប់ប្រភេទ និងប្រជាជាតិនីមួយៗ ផ្ដោតទៅលើការផលិតទំនិញឬសេវាកម្មអ្វីមួយដែលពួកគេជំនាញឬពូកែបំផុត ដែលនាំឱ្យប្រសិទ្ធភាពនៃសេដ្ឋកិច្ចកាន់តែកើនឡើង ផលិតភាពកាន់តែខ្ពស់ និងសេដ្ឋកិច្ចទាំងមូលកាន់តែលូតលាស់ ស្របគ្នានេះ អ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ពីទំនិញ និងសេវាកម្មជាច្រើនប្រភេទ ពីព្រោះការប្រកួតប្រជែងអន្តរជាតិជំរុញឱ្យមានប្រសិទ្ធភាពនៃផលិតកម្ម និងការច្នៃប្រឌិត។ ប្រទេសដែលមិនអាចផលិតផលិតផលបច្ចេកវិទ្យាខ្ពស់អាចនាំចូលពីប្រទេសដែលមានបច្ចេកវិជ្ជាជឿនលឿន ខណៈពេលគេអាចនាំចេញនូវអ្វីដែលពួកគេពូកែផលិត។ ជាឧទាហរណ៍ អាឡឺម៉ង់ពូកែផលិតឡាន ឯចិនពូកែផលិតគ្រឿងអេឡិចត្រូនិច។ ហេតុនេះហើយ គិតត្រឹមឆ្នាំ២០២២ ឡានគឺជាទំនិញចម្បងដែលអាឡឺម៉ង់នាំចេញទៅលក់នៅចិនមានទំហំប្រមាណ ២០,៥ ពាន់លានដុល្លារអាមេរិក ខណៈដែលចិននាំចេញកុំព្យូទ័រដែលចិនពូកែផលិតទៅលក់នៅអាឡឺម៉ង់ក្នុងទំហំទឹកប្រាក់ប្រមាណ ១២,៥ ពាន់លានដុល្លារអាមេរិក។ ក្នុងន័យនេះ ប្រជាជនទាំងពីរប្រទេសទទួលបានអត្ថប្រយោជន៍ទាំងសងខាង ជាមួយនឹងភាពហូរហៀរនៃទំនិញផងដែរ។

២.២. តម្លៃសមរម្យ (affordable price)

ពាណិជ្ជកម្មអនុញ្ញាតឱ្យក្រុមហ៊ុនផលិតក្នុងទ្រង់ទ្រាយធំដើម្បីលក់ទៅទីផ្សារអន្តរជាតិដោយកាត់បន្ថយថ្លៃដើមក្នុងមួយឯកតា។ បាតុភូតនេះ គេហៅថា សេដ្ឋកិច្ចនៃមាត្រដ្ឋាន (Economies of Scale)ជាឧទាហរណ៍ ក្រុមហ៊ុនផលិតស្មាតហ្វូនអាចកាត់បន្ថយថ្លៃដើមផលិតកម្ម ប្រសិនបើក្រុមហ៊ុនផលិតដើម្បីលក់ជាសកល ជាជាងលក់តែក្នុងស្រុក។ លើសពីនេះទៅទៀត ដោយសារសេរីភាវូបនីយកម្មពាណិជ្ជកម្ម ប្រទេសនានាអាចនាំចូលវត្ថុធាតុដើម និងទំនិញកម្រិតមធ្យមក្នុងតម្លៃទាបពីកន្លែងដែលលក់ក្នុងតម្លៃថោក ដោយធ្វើឱ្យថ្លៃដើមផលិតកម្មទាំងមូលមានការកាត់បន្ថយ។ ជាឧទាហរណ៍ ក្រុមហ៊ុនរថយន្តនៅប្រទេសជប៉ុនអាចនាំចូលដែកថែបថោកពីអូស្ត្រាលី ជាជាងពឹងផ្អែកតែលើដែកថែបក្នុងស្រុកដែលមានតម្លៃថ្លៃជាង។ បន្ថែមនេះ សេរីភាវូបនីយកម្មពាណិជ្ជកម្មជំរុញរដ្ឋាភិបាលប្រទេសនានាឱ្យធ្វើការបន្ធូរបន្ថយ ឬដកពន្ធ និងអាករនាំចូល ដែលធ្វើឱយមានការកាត់បន្ថយតម្លៃចុងក្រោយដែលលក់នៅលើទីផ្សារផងដែរ ដែលនេះមានន័យថាអ្នកប្រើប្រាស់អាចទិញផលិតផលបរទេសក្នុងតម្លៃសមរម្យជាង។ចំណុចសំខាន់ចុងក្រោយមួយទៀតនោះគឺ សេរីភាវូបនីយកម្មពាណិជ្ជកម្មបានើកចំហរឱកាសបុគ្គលគ្រប់រូប និងក្រុមហ៊ុនទៅកាន់ទីផ្សារពិភពលោក ដែលនាំឱ្យអាជីវកម្មអាចចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលបច្ចេកវិទ្យាទាំងនោះនឹងជួយសន្សំ និងកាត់បន្ថយការចំណាយលើការផលិតបន្ថែមទៀត។ ដោយសារកត្តាទាំងនេះហើយ បានធ្វើឱ្យទំនិញមានតម្លៃទាប និងសមរម្យ។

២.៣. គុណភាពនៃផលិតផល (Higher-Quality)

ដោយសារសេរីភាវូបនីយកម្មពាណិជ្ជកម្មនាំទៅរកផលិតផលមានគុណភាពខ្ពស់ ព្រោះវាបង្កើនការប្រកួតប្រជែង ជំរុញនវានុវត្តន៍ និងផ្តល់ឱ្យអាជីវកម្មនូវលទ្ធភាពអាចចាប់យក និងទទួលបានបច្ចេកវិទ្យា និងសម្ភារៈវត្ថុធាតុដើម ដែលប្រសើរជាងមុន។ ជាក់ស្ដែង នៅពេលដែលទីផ្សារបើកចំហសម្រាប់ផលិតផលបរទេស ក្រុមហ៊ុនក្នុងស្រុកត្រូវតែប្រកួតប្រជែងជាមួយក្រុមហ៊ុនអន្តរជាតិដែលអាចផ្តល់នូវគុណភាពប្រសើរជាងមុន។ ដើម្បីទាក់ទាញ និងរក្សាអតិថិជនខ្លួន ក្រុមហ៊ុនក្នុងស្រុកត្រូវតែកែលម្អគុណភាពផលិតផលរបស់ខ្លនជាចាំបាច់ ហើយក្រុមហ៊ុនក្រៅស្រុកក៏រឹតតែពង្រឹងគុណភាពខ្លួនបន្ថែមទៀតដើម្បីរក្សាឱ្យបាននូវភាពប្រកួតប្រជែងខ្ពស់ ជាឧទាហរណ៍ ប្រទេសបារាំងពូកែខាងផលិតស្រាទំពាំងបាយជូរដែលមានគុណភាពខ្ពស់ ដោយសារកត្តាទីតាំងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងវប្បធម៌។ ការបើកទីផ្សារចំហរតាមរយៈសេរីភាវូបនីយកម្មពាណិជ្ជកម្មរឹតតែធ្វើឱ្យស្រាទំពាំងបាយជូរបារាំងកាន់តែមានគុណភាពខ្ពស់ថែមទៀត ដោយសារតែមានតម្រូវការខ្ពស់ពីក្រៅប្រទេស និងបំណងរក្សាឱ្យបាននូវទីផ្សារក្នុងស្រុកផងដែរ។ មួយវិញទៀត ដោយសារសេរីភាវូបនីយកម្មពាណិជ្ជកម្មលើកទឹកចិត្ត និងជំរុញឱ្យអាជីវករ និងក្រុមហ៊ុនផ្តោតលើអ្វីដែលពួកគេពូកែបំផុត មិនត្រឹមតែធ្វើឱ្យផលិតកម្មមានប្រសិទ្ធភាពខ្ពស់ និងផលិតភាពមានការកើនឡើងប៉ុណ្ណោះ តែវាក៏ធ្វើឱ្យផលិតសម្រេចដែលមាននៅក្នុងទីផ្សារមានគុណភាពខ្ពស់ផងដែរ។

៣. សេចក្ដីសន្និដ្ឋាន

សេរីភាវូបនីយកម្មពាណិជ្ជកម្មជាកត្តាយ៉ាងសំខាន់មួយដែលធ្វើឱ្យពិភពលោកមានការផ្លាស់ប្ដូរដូចសព្វថ្ងៃ។ តាមរយៈការកាត់បន្ថយ ឬលុបបំបាត់របាំងពាណិជ្ជកម្ម ដូចជាពន្ធគយ កូតា និងការរឹតបន្តឹងការនាំចូល វាបានជំរុញឱ្យមានការបើកចំហរទីផ្សារពិភពលោក ហើយគ្រប់គ្នាសុទ្ធតែទទួលបានអត្ថប្រយោជន៍នៃសេរីភាវូបនីយកម្មពាណិជ្ជកម្មតាមរយៈកំណើននៃភាពហូរហៀរ និងសម្បូរបែបនៃទំនិញ, ទំនិញមានតម្លៃសមរម្យ, គុណភាពនៃផលិតផលកាន់តែល្អប្រសើរ។

កម្មវិធីថង់ប្រាជ្ញា៖ ឥទ្ធិពលរបស់វិស័យ K-pop លើសេដ្ឋកិច្ចកូរ៉េខាងត្បូង

K-pop ដែលមានពាក្យពេញជា Korean Popular Music ជាប្រភេទតន្ត្រីដែលមានប្រភពមកពីប្រទេសកូរ៉េខាងត្បូង ដែលរួមបញ្ចូលចង្វាក់ចម្រុះ ទាំងកន្រ្តាក់ញាក់អារម្មណ៍និង​ កំសត់បែបមនោសញ្ចេតនា។ K-pop បានចាប់ផ្តើមពីចំណុចតូចមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីពីរបីទសវត្សរ៍មុន ប៉ុន្តែសព្វថ្ងៃ ប្រភេទចង្វាក់តន្ត្រីមួយប្រភេទនេះបានអង្រួនពិភពលោក និងបង្កបង្កើតបានក្រុមចម្រៀងនិងតារាល្បីៗជាច្រើនដូចជា BTS, Blackpink, TWICE ជាដើម។ ជាមួយនឹងបទចម្រៀងល្បីៗដូចជា “Gangnam Style” និង “APT”, K-pop កាន់តែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងស្រុក និងទូទាំងពិភពលោក ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសេដ្ឋកិច្ចកូរ៉េខាងត្បូង។ អត្ថបទនេះនឹងពន្យល់កាន់តែស៊ីជម្រៅអំពីឥទ្ធិពលផ្ទាល់ និងឥទ្ធិពលប្រយោលរបស់ K-pop ចំពោះសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង។

ឥទ្ធិពលផ្ទាល់របស់ K-pop លើសេដ្ឋកិច្ចកូរ៉េខាងត្បូង

​​​ឥទ្ធិពលសេដ្ឋកិច្ចចម្បងមួយរបស់ K-pop គឺប្រាក់ចំណូលដែលបង្កើតបានតាមរយៈការលក់តន្ត្រី អាល់ប៊ុម និងក្នុងវេទិកាស្តាប់ចំរៀង (music streaming platform)។  កូរ៉េខាងត្បូងបច្ចុប្បន្នមានវេទិកាស្តាប់ចំរៀង  រហូតដល់ចំនួន ១៣ ដែលផ្តល់ឱ្យប្រជាជនកូរ៉េខាងត្បូងចូលស្តាប់តន្ត្រី ដូចជា VIBE, Melon, Bugs, Soribada, Genie Music, Kakao Music, FLO, Bandcamp, Spotify, Apple Music, Soundcloud, TIDAL, YouTube music និង DEEZER។ លើសពីនេះទៀត ចំណងសម្ព័នភាពរវាងសិល្បករ និងអ្នកគាំទ្រគឺរឹងមាំណាស់។ គោលបំណងសម្រាប់អ្នកគាំទ្រទាំងអស់គឺដើម្បីឱ្យនិមិត្តរូប (idol) របស់ពួកគេទទួលបានជោគជ័យ ហើយការទិញ CDs និង​អាល់ប៊ុមនឹងជួយធ្វើឱ្យនិមិត្តរូបរបស់ពួកគេទទួលបានការកោតសរសើរនិងពានរង្វាន់ផ្សេងៗ។ កត្តានេះបានធ្វើឱ្យតួលេខនៃការលក់ចម្រៀងរបស់​វិស័យ K-pop ទៅកាន់ពិភពលោកកាន់តែកើនឡើង ដែលរួមចំណែកដល់ការរីកចម្រើននៃឧស្សាហកម្ម និងនិរន្តរភាពនៃសិល្បករ ក្រុមហ៊ុន និង ភាគីពាក់ព័ន្ធ។ យោងតាមទិន្នន័យពីទីភ្នាក់ងារមាតិកាច្នៃប្រឌិតកូរ៉េ​ខាងត្បូង (Korea Creative Content Agency – KOCCA) តម្លៃនៃការនាំចេញផលិតផល និងអាល់ប៊ុមដែលទាក់ទងនឹង K-pop បានកើនឡើងពីប្រមាណ ៤០ លានដុល្លារក្នុងឆ្នាំ ២០០៣ ដល់ជាង ៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ដែលមានអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៣១,៩% ។

ក្រៅពីការលក់ចម្រៀងរបស់សិល្បករ​ វិស័យ K-pop ក៏បានបង្កើតការងារជាច្រើន រួមទាំងការងារផលិត​តន្ត្រី ទីផ្សារ និងការកម្សាន្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយកាត់បន្ថយអត្រាគ្មានការងារធ្វើ​របស់​ប្រជាជន។ របាយការណ៏របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា វិស័យ K-pop បច្ចុប្បន្នមានបុគ្គលិកប្រមាណ ៩២ ០០០ នាក់។ សម្រស់និង​ប្រជាប្រិយភាព​របស់​សិល្បករក្នុង​វិស័យ K-pop ក៏បានទាក់ទាញការវិនិយោគពីក្រុមហ៊ុនអន្តរជាតិ ដែលកំពុងស្វែងរកភាពជាដៃគូ​ជាមួយភ្នាក់ងារកូរ៉េខាងត្បូងផងដែរ។

ឥទ្ធិពលដោយប្រយោលរបស់ Kpop លើសេដ្ឋកិច្ចកូរ៉េខាងត្បូង

ដោយសារឥទ្ធិពលនៃវិស័យ K-pop និងមាតិកាកូរ៉េ វិស័យទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូងបានទទួល​បានការអភិវឌ្ឍ ដោយសារការកើនឡើងនៃភ្ញៀវទេសចរបរទេស។ របាយការណ៏​របស់​ក្រសួង​ទេសចរណ៏ បានកត់ត្រាថាមានភ្ញៀវទេសចរត្រឹមតែ ៣០០ ០០០ នាក់ប៉ុណ្ណោះក្នុងឆ្នាំ ១៩៩៨ ប៉ុន្តែកូរ៉េ​ខាង​ត្បូងបានកត់ត្រាចំនួនអ្នកមកទេសចរកើនរហូតដល់ចំនួន ១៧,៥ លាននាក់ក្នុងឆ្នាំ២០១៩។ នៅពេលដែលតារា K-pop រៀបចំការប្រគុំតន្ត្រីនៅប្រទេសកូរ៉េខាងត្បូង ចំនួនអ្នកទេសចរដែលមកប្រទេសកូរ៉េខាងត្បូងក៏មានការកើនឡើងផងដែរ។ សណ្ឋាគារ កន្លែងដើរលេង ​តាក់ស៊ីក៏ទទួលបានអតិថិជន ​​ដែលនាំឱ្យប្រជាពលរដ្ឋ​រកចំណូលបានកាន់តែច្រើន ។

​​​​សម្រស់តារា K-pop ក៏មានឥទ្ធិពលលើការថែទាំសម្រស់ជាសកល ដែលបង្កឱ្យមានការកើនឡើងនៃតម្រូវការ​​គ្រឿងសម្អាង និងផលិតផលថែរក្សាស្បែករបស់កូរ៉េ។ តារាមួយចំនួនក៏បានធ្វើជាទុតសុឆន្ទៈឱ្យ​ផលិតផល​​​បច្ចេកវិទ្យារបស់កូរ៉េខាងត្បូងមួយចំនួនដូចជា Samsung និង LG ដែលបានបង្កើនចំនួនការលក់ទូទាំងពិភពលោក។

សរុបមក K-pop បានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងដោយការទាក់ទាញការវិនិយោគពីបរទេស និងជំរុញកំណើនក្នុងឧស្សាហកម្មដែលពាក់ព័ន្ធ។ វិស័យនេះបានបង្កើតប្រាក់ចំណូលយ៉ាងច្រើនតាមរយៈការលក់តន្ត្រី ការផ្សាយ ទំនិញ និងព្រឹត្តិការណ៍តន្រ្តីផ្សេងៗ ព្រមទាំងបង្កើនការទាក់ទាញជាសកលនៃទំនិញរបស់កូរ៉េខាងត្បូងនិងទាក់ទាញភ្ញៀវទេសចរ។

វិចារណកថាថ្ងៃសុក្រ៖ ស្ថានភាពនៃទំនាក់ទំនងភូមិសាស្ត្រចិន និងវៀតណាម

១. សេចក្ដីផ្ដើម

ប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិន និងវៀតណាមមានតាំងពីយូរលង់ណាស់មកហើយ តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ដែលជាប្រទេសភូមិផងរបងជាមួយគ្នា។ វៀតណាមទទួលឥទ្ធិពលពីអរិយធម៌ចិនរាប់ពាន់ឆ្នាំមកហើយ ជាពិសេសនៅចន្លោះឆ្នាំ ១១១ មុនគ.ស រហូតដល់ ឆ្នាំ ៩៣៨នៃគ.ស ដែលវៀតណាមគឺស្ថិតក្រោមការត្រួតត្រារបស់ចិន។ ហេតុនេះហើយ ទាំងភាសា របៀបគ្រប់គ្រងរដ្ឋ និងជំនឿសាសនារបស់វៀតណាមសុទ្ធតែបញ្ជ្រាបមកពីចិន។ ក្រោយទទួលបានឯករាជ្យពីចិន វៀតណាមបន្តឈរ និងដុសខាត់បង្កើតបានជាអត្តសញ្ញាណជាតិដ៏រឹងមាំរហូតដល់បច្ចុប្បន្ន។

ងាកមកមើលប្រវត្តិសាស្ត្រសម័យទំនើបនេះវិញ កាលពីអំឡុងសង្គ្រាមវៀតណាម (១៩៥៥ – ១៩៧៥) ចិនជាអ្នកគាំទ្រវៀតណាមខាងជើង ចំណែកឯអាមេរិកគាំទ្រវៀតណាមខាងត្បូង។ ប៉ុន្តែបន្ទាប់ពីការបញ្ចប់ទៅនូវសង្គ្រាម ភាពតានតឹងនយោបាយរវាងប្រទេសទាំងពីរបានកើតឡើងដោយសារតែជម្លោះទឹកដី និងជំហរផ្សេងគ្នាទៅកាន់មនោគមន៍វិជ្ជាកុម្មុយនីស្ត។ ប៉ុន្តែក្រោយឆ្នាំ ១៩៩១ មក ភាពតានតឹងរវាងប្រទេសទាំងពីរមានការធូរស្បាយមកវិញ ដោយសារតែប្រទេសទាំងពីរបានផ្ដោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរៀងៗខ្លួន ហើយទំនាក់ទំនងការទូតមានភាពប្រសើរវិញដើម្បីបង្កើតជាប្រយោជន៍រួមជាពិសេសទៅលើវិស័យសេដ្ឋកិច្ច និងស្ថិរភាពក្នុងតំបន់។ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគជាច្រើន ដែលធ្វើឱ្យវៀតណាមជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់មួយរបស់ចិន។

យ៉ាងណាមិញ ភាពស្មុគស្មាញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរបង្កជាការចាប់អារម្មណ៍មួយដែលធ្វើឱ្យប្រទេសនានា ជាពិសេសប្រទេសដែលជាសមាជិកអាស៊ាន (ASEAN) តែងធ្វើការតាមដានពីការវិវត្តន៍នៃទំនាក់ទំនងប្រទេសទាំងពីរ។

២. ទិដ្ឋភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ
២.១. ចិន និងវៀតណាម នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង

ជម្លោះសមុទ្រចិនខាងត្បូងគឺជាទិដ្ឋភាពមួយដែលបង្ហាញពីភាពស្មុគស្មាញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខណៈចិនបានអះអាង និងកាន់កាប់ដែនកោះជាច្រើននៅសមុទ្រចិនខាងត្បូងដោយសំអាងតាមផែនទីប្រវត្តិសាស្ត្រខ្លួន វៀតណាមបានបដិសេធនិងព្យាយាមទាមទារមកវិញ ជាពិសេសបណ្ដុំកោះ Paracel និង បណ្ដុំកោះ Spratly ដោយផ្អែកលើច្បាប់អន្តរជាតិស្ដីពីដែនសមុទ្រ។ សមុទ្រចិនខាងត្បូងនេះជាភូមិសាស្ត្រដែលសម្បូរភោគទ្រព្យធម្មជាតិដែលអំណោយផលដល់ការនេសាទត្រី និងជាតំបន់ដែលមានសក្ដានុពលសម្រាប់ធ្វើការរុគរកប្រេង និងឧស្ម័នធម្មជាតិផ្សេងៗ។ ហេតុនេះហើយជម្លោះរបស់ប្រទេសទាំងពីរទៅលើតំបន់នេះមិនទាន់ដាច់ស្រេចនោះឡើយ។ ជាក់ស្ដែងមានការតទល់គ្នាជាច្រើនលើកច្រើនសាររវាងនាវាប្រទេសទាំងពីរ ហើយនៅចន្លោះឆ្នាំ២០១៤ ដល់ ២០២២ ទូកនេសាទវៀតណាម​ប្រមាណ ៩៨ គ្រឿងត្រូវនាវាចិនកម្ទេចចោល ដែលបង្កឱ្យមានបាតុកម្ម និងការប្រឈមមុខដាក់គ្នាជាច្រើនលើកច្រើនសារ។

២.២. ឥទ្ធិពលនៃទំនាក់ទំនងចិន និងវៀតណាមមកលើអាស៊ាន

ចិន និងវៀតណាមសុទ្ធតែជាតួអង្គសំខាន់នៅក្នុងអាស៊ាន។ វៀតណាមបានចូលជាសមាជិកអាស៊ានកាលពីឆ្នាំ ១៩៩៥ ចំណែកឯចិនតែងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្រប់សមាជិក និងជាដៃគូយុទ្ធសាស្ត្រ​យ៉ាងសំខាន់របស់អាស៊ាន។ វៀតណាមតែងតែយល់ឃើញថាអាស៊ានមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ដោយសារអាស៊ានជាវេទិកាមួយដែលអាចឱ្យវៀតណាមបញ្ចេញមតិ និងដាក់សម្ពាធនៅក្នុងកម្រិតណាមួយទៅលើចិន។ ទោះជាយ៉ាងនេះក្ដី សកម្មភាពនៃប្រទេសទាំងពីរនៅក្នុងអាស៊ាន​ត្រូវបានគេកត់សម្គាល់ថា មានទាំងការសហការគ្នា និងការប្រកួតប្រជែងគ្នា។ ថ្វីត្បិតតែជម្លោះសមុទ្រចិនខាងត្បូងនៅតែបន្តកើតមាន ហើយវៀតណាមនៅតែបន្តខិតទៅរកភាពជិតស្និទ្ធជាមួយអាមេរិកដែលជាគូប្រជែងរបស់ចិនក្ដី ប្រទេសវៀតណាម និងចិននៅតែសហការគ្នាខាងផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដូចជាតាមរយៈកិច្ចព្រមព្រៀង តំបន់ពាណិជ្ជកម្មសេរីអាស៊ាន និងចិន (ASEAN-China Free Trade Area) និងភាពយ៉ាងសកម្មនៃប្រទេសទាំងពីរនៅក្នុង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership – RCEP) ដែលជំរុញនូវសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ និងរវាងបណ្ដាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក។

២.៣. ការវិវត្តន៍ថ្មីៗនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ស្របពេលដែលភាពតានតឹងនៅតែបន្តរវាងប្រទេសទាំងពីរ ការពង្រឹងកិច្ចសហប្រតិបត្តិផ្សេងៗរវាងប្រទេសទាំងពីរក៏កើតមានដំណើរគ្នាផងដែរ។ ជាក់ស្ដែង កាលពីខែសីហា ឆ្នាំ២០២៤ ជំនួបថ្នាក់ប្រធានាធិបតីបានកើតមានឡើងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយកិច្ចព្រមព្រៀងប្រមាណ ១៤ បានចុះហត្ថលេខា ដែលកិច្ចព្រមព្រៀងទាំងនោះផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយសង្កត់ធ្ងន់ជាពិសេសលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឆ្លងព្រំដែន និងការពង្រីកឱកាសវិនិយោគ ដោយគ្របដណ្តប់លើផ្នែកសំខាន់ៗជាច្រើន ដូចជាផ្លូវដែកឆ្លងព្រំដែន ដំណាំកសិផល និងកិច្ចសហប្រតិបត្តិការលើការទូទាត់ និងដោះដូររូបិយប័ណ្ណក្នុងស្រុក ជាដើម។

ងាកមកមើលការប្រកួតប្រជែងវិញ ប្រទេស​ចិន និង​វៀតណាម សុទ្ធតែជា​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​សំបូរ​ធនធាន​ពលកម្ម​ និង​មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស។ នេះជាកត្តាឱ្យមានការប្រកួតប្រជែងមួយចំនួនរវាងភាគីទាំងពីរក្នុងវិស័យឧស្សាហកម្មមួយចំនួន ជាពិសេសឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម។ លើសពីនេះទៀត ទោះជាទំហំពាណិជ្ជកម្មរវាងចិន និងវៀតណាមនៅតែបន្តកើនឡើងក៏ដោយ ក៏នៅតែមានការប្រកួតប្រជែងទាក់ទងនឹងរចនាសម្ព័ន្ធពាណិជ្ជកម្ម និងចំណែកទីផ្សារ។

ទោះបីជាមានការប្រកួតប្រជែងយ៉ាងនេះក៏ដោយ មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងចិន និងវៀតណាមនៅតែរឹងមាំ ដោយសារតែវៀតណាម​មានតម្លៃ​ពលកម្មទាបដែលបង្កភាពទាក់ទាញសម្រាប់ការវិនិយោគ ខណៈ​ចិនវិញ ​ពូកែ​ខាង​បច្ចេកវិទ្យា មូលនិធិ និង​ការគ្រប់គ្រង។ ទំនាក់ទំនងបំពេញគ្នាទៅវិញទៅមកបែបនេះផ្តល់ជាឱកាសធំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យផ្សេងៗ។ បន្ថែមនេះ ដោយបច្ចុប្បន្ន ក្រុមហ៊ុនចិនកំពុងពន្លឿនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីវិនិយោគនៅទូទាំងសកលលោក ដូច្នេះហើយ វៀតណាមជាទិសដៅវិនិយោគដ៏សំខាន់មួយ ដោយបានទាក់ទាញលំហូរចូលនៃមូលធនពីចិនជាច្រើនតាមរយៈការវិនិយោគ។ ក្រៅពីជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាមួយទំហំទឹកប្រាក់ប្រមាណ ១០៦,៧ ប៊ីលាន វៀតណាមក៏ជាដៃគូយុទ្ធសាស្ត្រនៅក្នុងគម្រោងនៃការផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative) ដែលមានទិសដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងស្ពានជាដើម ដើម្បីតភ្ជាប់ចិនទៅកាន់ពិភពលោក។

៣. សន្និដ្ឋាន

ទំនាក់ទំនងរវាងចិន និងវៀតណាមមានច្រើនស្រទាប់។ ប្រទេសទាំងពីរមានភាពមិនត្រូវគ្នារឿងព្រំដែន ជាពិសេសបញ្ហានៅសមុទ្រខាងត្បូងក៏ពិតមែន និងការប្រកួតប្រជែងមួយចំនួនក្នុងវិស័យសេដ្ឋកិច្ច ប៉ុន្តែចិន និងវៀតណាមនៅតែបន្តសហការគ្នាទៅលើពាណិជ្ជកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

វិចារណកថាថ្ងៃសុក្រ៖ តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យប្រទេសក្នុងតំបន់អាមេរិកឡាទីនធ្លាក់ទៅក្នុងវិបត្តិបំណុលនៅអំឡុងឆ្នាំ១៩៨០?

វិបត្តិសេដ្ឋកិច្ចគឺជាបញ្ហាប្រឈមរបស់សេដ្ឋកិច្ចនយោបាយសកល។ នៅពេលដែលបណ្តាប្រទេសក្នុងតំបន់ផ្សេងៗបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច វាបង្កជាគុណវិបត្តិដូចជាការធ្លាក់ចុះនូវគុណភាពជីវិតរបស់ប្រជាជន ហើយបើធ្ងន់ធ្ងរជាងនេះទៅទៀតគឺកាលប្រើប្រាស់គោលនយោបាយមិនសមស្របនឹងកាលៈទេសៈក្នុងការដុះស្រាយវិបត្តិសេដ្ឋកិច្ចនោះអាចរុញច្រានឱ្យប្រទេសនោះធ្លាក់ទៅក្នុងភាពក្រីក្រថែមទៀត។​ ទិដ្ឋភាពបែបនេះធ្លាប់បានកើតរួចមកហើយគឺវិបត្តិបំណុលនៅតំបន់អាមេរិកឡាទីន។ វិបត្តិបំណុលនេះបានបង្រៀនឱ្យប្រទេសនានាមានការប្រុងប្រយ័ត្នក្នុងការខ្ចីប្រាក់ពីស្ថាប័នអន្តរជាតិក៏ដូចជាកម្ចីប្រាក់ពីប្រទេសអភិវឌ្ឍន៏ ដើម្បីយកមកដោះស្រាយបញ្ហាក្នុងស្រុក។ វិបត្តិបំណុលនេះក៏ជាមេរៀនសម្រាប់ស្ថាប័នអន្តរជាតិ និងប្រទេសអភិវឌ្ឍន៏ឱ្យមានការប្រុងប្រយ័ត្នផងដែរព្រោះជំនួយរបស់ពួកគេអាចបង្កគ្រោះថ្នាក់ដល់ប្រទេសដែលខ្ចីប្រាក់ពីខ្លួន។​ យើងនឹងសិក្សាអំពីមូលហេតុ​ និងកត្តាដែលរុញច្រានប្រទេសក្នុងតំបន់អាមេរិកឡាទីនឱ្យធ្លាក់ទៅក្នុងភាពក្រីក្របើទោះបីជាប្រទេសទាំងនេះត្រូវបានលោកខាងលិចអន្តរាគមន៏ជួយហើយ។

ជាក់ស្តែង នៅអំឡុងឆ្នាំ១៩៨០ ប្រទេសក្នុងតំបន់អាមេរិកឡាទីនបានជួបប្រទះវិបត្តិសេដ្ឋកិច្ចដ៏ធំមួយពោលគឺប្រទេសទាំងនោះបានធ្លាក់ទៅក្នុងវិបត្តិបំណុលជាមួយប្រទេសលោកខាងលិចយ៉ាងច្រើនសន្ធឹកសន្ធាប់។ ខណៈកំពុងតែជាប់បំណុលជាច្រើនស្រាប់ផង តម្លៃផលិតផលក៏ធ្លាក់ចុះទៀត ធ្វើឱ្យចំណាយច្រើនជាងចំណូលរហូតបណ្ដាលឱ្យប្រទេសប្រេស៊ីល​ អាហ្សង់ទីន​​ និងមិចស៊ីកូប្រកាសខ្លួនថាសងបំណុលបរទេសលែងរួចហើយ។ មានកត្តាជាច្រើនដែលបង្កឱ្យមានកើតវិបត្តិសេដ្ឋកិច្ចនេះ៖

ប្រភពបំណុល និង ការដំឡើងការប្រាក់របស់សហរដ្ឋអាមេរិក

         ប្រទេសក្នុងតំបន់អាមេរិកឡាទីនបានខ្ចីប្រាក់ពីធនាគារពាណិជ្ជកម្មរបស់លោកខាងលិចនៅពេលអត្រាការប្រាក់ទាប ប៉ុន្តែនៅពេលដែលធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកតម្លើងការប្រាក់បំណុលក៏កើនឡើងក្នុងរយៈពេលខ្លី។ នៅអំឡុងឆ្នាំ១៩៥០ ទៅ១៩៦០ លំហូរនៃប្រាក់កម្ចី និងជំនួយហិរញ្ញវត្ថុរបស់ធនាគារលោកខាងលិចជាពិសេសសហរដ្ឋអាមរិកបានហូរចូលទៅក្នុងតំបន់អាមេរិកឡាទីនជាច្រើន ព្រោះតែបណ្តាប្រទេសក្នុងតំបន់នេះកំពុងតែធ្វើឧស្សាហូបនីយកម្មជំនួសទំនិញនាំចូល (Import Substitution​ Industrialization) ដែលហៅកាត់ថា ISI។ ISI ត្រូវបានបំផុសគំនិតដោយសហភាពសូវៀតដែលជាប្រទេសមានឧស្សាហកម្មខ្លាំងក្លា ដោយផ្តោតជាគោលទៅលើផែនការកណ្តាល (Centralized Planning) និងឧស្សាហកម្មដែលជាកម្មសិទ្ធិរបស់រដ្ឋ។

ប្រសិនបើប្រទេសមានស្ថិរភាព ការមានលំហូរមូលធនពីបរទេសដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិមានអត្ថប្រយោជន៏ច្រើនជាងហានិភ័យ ពោលគឺការវិនិយោគនឹងបង្កើនចំណូលសម្រាប់ប្រជាជនម្នាក់ៗ (income per capita) នៅក្នុងសង្គម។​ ឧទាហរណ៏  មួយដុល្លារនៃដើមទុនបរទេសបន្ថែមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ផលិតបានមួយដុល្លារនៃការវិនិយោគបន្ថែម ដូច្នេះទិដ្ឋភាពបែបនេះនឹងសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចលឿនជាងមុន។ ដោយសារតែប្រាក់កម្ចីទាំងនេះមានប្រភពមកពីធនាគារពាណិជ្ជកម្មសហរដ្ឋអាមេរិក​ ដូចនេះការតម្លើងការប្រាក់របស់ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកក៏ធ្វើឱ្យការប្រាក់នៃប្រាក់កម្ចីកើនឡើងតាមហ្នឹងដែរ ធ្វើឱ្យបំណុលមានចំនួនច្រើនជាងមុន។ កាលនោះប្រទេសទាំងនេះមានចំណូលជាតិគ្រប់គ្រាន់ដើម្បីដោះបំណុលជារៀងរាល់ឆ្នាំ ប៉ុន្តែចាប់ពីឆ្នាំ​ ១៩៦០ នៅពេលដែលធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកបានតំឡើងអត្រាការប្រាក់​ បំណុលរបស់ប្រទេសក្នុងតំបន់នេះក៏បានកើនឡើង ។ឧទាហរណ៏ នៅឆ្នាំ ១៩៧០ ជាមធ្យម បំណុលដែលកំពុងតែមានស្រាប់ចំនួន ២៧ ប៊ីលានដុល្លារស្រាប់តែកើនឡើងទៅ ២៣១ ប៊ីលានដុល្លារ ហើយសំណងប្រចាំឆ្នាំគឺ ១៨ ប៊ីលាន។ ពេលនេះហើយដែលប្រទេសមិចស៊ីកូបានប្រកាសមុនគេថាប្រទេសខ្លួនលែងមានសមត្ថភាពសងបំណុលហើយទើបគេចាត់ទុកថាជាវិបត្តិបំណុល (Debt Crisis) របស់តំបន់អាមេរិកឡាទីន។​

ការអន្តរាគមន៏របស់ International Monetary Fund (IMF) និង World Bank

នៅពេលដែលអស់ជម្រើស​ ប្រទេសក្នុងតំបន់អាមេរិកឡាទីនបានពឹង IMF និង World Bank ឱ្យជួយ។ ដំបូងឡើយស្ថាប័នទាំងពីរផ្តល់ប្រាក់កម្ចីបន្ថែមដើម្បីបង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ប៉ុន្តែដោយឃើញថាការធ្វើបែបនេះមិនបានផ្តល់ជាផ្លែផ្កា ទើបស្ថាប័នទាំងនេះបង្កើត Structural Adjustment Programs (SAPs) ដែលជាការផ្តល់ប្រាក់កម្ចីក្នុងលក្ខខណ្ឌជំរុញឱ្យប្រទេសក្នុងតំបន់អាមេរិកឡាទីនផ្លាស់ប្តូរគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចពី ISI ទៅការអភិវឌ្ឍបែបសេរីនិយម (Neoliberalism)។ គោលការណ៏ SAPs តម្រូវឱ្យកូនបំណុលបើកសេដ្ឋកិច្ចទទួលការវិនិយោគទុន និងពាណិជ្ជកម្មបរទេស បង្កើនឯកជនូបនីយកម្ម កាត់បន្ថយការជ្រោមជ្រែងរបស់រដ្ឋាភិបាលនៅក្នុងសេដ្ឋកិច្ចជាតិ បង្កើនការនាំចេញផលិតផល កាត់បន្ថយការចំណាយសាធារណៈលើកលែងតែការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងសុខាភិបាល (អភិវឌ្ឍធនធានមនុស្ស) បង្កើនពន្ធ និងបញ្ឈប់អតិផរណា។

ដើម្បីដឹងថាការអន្តរាគមន៏របស់ IMF និង World Bank ជោគជ័យឬក៏អត់ Evelyn Huber & Fred Solt បានវាស់ស្ទង់ទៅលើកម្រិតនៃសេរីនិយម (Level of liberalization) និងល្បឿននៃកំណែទម្រង់ (Pace of reform)។​ លទ្ធផលនៃការស្រាវជ្រាវនេះបានបង្ហាញពីភាពប្រសើរឡើង និងចំណុចខ្សោយរបស់គោលនយោបាយទាំងនោះ។ ដំបូង​ ភាពជោគជ័យ និងបរាជ័យទាំងនេះសបញ្ជាក់ពីសមត្ថភាពដែលគោលនយោបាយបែបសេរីនិយមបានធ្វើការផ្លាស់ប្តូរនៅក្នុងតំបន់អាមរិកឡាទីន ប៉ុន្តែមិនបានសង្គ្រោះប្រទេសទាំងនេះឱ្យរួចផុតពីបំណុលនោះទេ។

ការអន្តរាគមន៏របស់ IMF និង World Bank បានបន្ថែមបំណុល

អ្នកកាសែត Naomi Klein ដែលជាអ្នកនិពន្ធរបស់សៀវភៅ “The Shock Doctrine” បានលើកតឡ្ហីករណ៏ថាការធ្វើអន្តរាគមន៏របស់ IMF និង​ World Bank មិនបានជួយប្រទេសតំបន់អាមេរិកឡាទីនទេ ប៉ុន្តែបែជារុញច្រានឱ្យធ្លាក់ទៅក្នុងបំណុលថែមទៀត។ ដំបូង Klein លើកឡើងថាប្រាក់កម្ចីដែលបានឱ្យក្នុងអំឡុងពេល ISI នោះគឺមិនបានប្រើប្រាស់ឱ្យចំទិសដៅអភិវឌ្ឍសេដ្ឋកិច្ចនោះទេ ផ្ទុយទៅវិញប្រាក់ទាំងនោះគឺបានចាយវាយទៅលើយោធាដើម្បីរក្សាអំណាចរបបផ្តាច់ការតែប៉ុណ្ណោះ។ ដូច្នេះហើយ បំណុលទាំងនេះគឺជាបំណុលខុសច្បាប់ដែលបន្សល់ទុក ដែលធ្វើឱ្យខូចប្រយោជន៍ដល់ការដឹកនាំបែបប្រជាធិបតេយ្យថ្មីនៅពេលដែលបំណុលទាំងនេះរីកធំ។ បន្ទាប់មកអ្នកជំនាញរបស់ IMF និង World Bank ដែលបានទៅជួយអន្តរាគមន៏នោះគ្មានបំណងជួយដោយស្មោះត្រង់ទេ គឺពួកគេគ្រាន់តែឆ្លៀតឱកាសក្នុងវិបត្តិសេដ្ឋកិច្ចនេះកែប្រែគោលនយោបាយទៅតាមលទ្ធិសេរីនិយមដើម្បីតែទប់ទល់នឹងលទ្ធិកុម្មុយនីស្តតែប៉ុណ្ណោះ ព្រោះកាលនោះពិភពលោកកំពុងតែស្ថិតនៅក្នុងសង្គ្រាមត្រជាក់។​ ដូច្នេះនៅក្នុងវិបត្តិបំណុលអាមេរិកឡាទីន កំណែទម្រង់គោលនយោបាយសេដ្ឋកិច្ចដែលបង្កប់នៅក្នុងកិច្ចព្រមព្រៀងលក្ខខណ្ឌរបស់ IMF និង​ World Bank បានបង្ខំឱ្យរដ្ឋាភិបាលទទួលយកវិធានការកាត់បន្ថយកំណើនសេដ្ឋកិច្ច បង្កើនភាពអត់ការងារធ្វើ និងរុញវិស័យដែលងាយរងគ្រោះក្នុងសង្គមឱ្យកាន់តែជ្រៅទៅក្នុងភាពក្រីក្រ។ គួរបញ្ជាក់ផងថា IMF និង World Bank ដំបូងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤៤ ដើម្បីបង្កើតគោលនយោបាយសេដ្ឋកិច្ចការពារកុំឱ្យ The Great Depression កើតឡើងម្តងទៀត ហើយបេសកកម្មនៅពេលនោះគឺសម្រាប់កសាងស្ថិរភាព និងផ្តល់ជំនួយមូលធនដល់ជប៉ុន និងប្រទេសនៅអឺរ៉ុបខាងលិចដែលរងការខូចខាតពីសង្គ្រាមលោកលើកទីពីរ។

សរុបមក វិបត្តិបំណុលនៅតំបន់អាមេរិកឡាទីនគឺជាវិបត្តិសេដ្ឋកិច្ចដ៏ធំមួយនៅក្នុងតំបន់ហើយមានការវិភាគវែកញែករកខុសត្រូវជាច្រើនថាតើមានកត្តាអ្វីខ្លះដែលបណ្តាលឱ្យប្រទេសទាំងនោះបានធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចបែបនេះ។ ប៉ុន្តែកត្តាដែលជះផលវិបាកខ្លាំងជាងគេនោះគឺការកើនឡើងនូវបំណុលដោយសារតែការប្រាក់ឡើងខ្ពស់ស្របពេលដែលតម្លៃផលិតផលធ្លាក់ចុះ ដែលធ្វើឱ្យចំណាយច្រើនជាងចំណូល។ តឡ្ហីករណ៏បែបនេះលើកឡើងពីទស្សនៈវិស័យម៉ាក្រូសេដ្ឋកិច្ច ប៉ុន្តែបើយើងងាកទៅមើលកត្តាភូមិសាស្ត្រ​នយោបាយនៅពេលនោះវិញឃើញថាជាផលវិបាកនៃការប្រកួតប្រជែងគ្នារវាងលទ្ធិកុម្មុយនីស្ត និងលទ្ធិសេរីនិយម​ដែលជះឥទ្ធិពលទៅលើសាកលលោក។ វិបត្តិបំណុលនៅអាមេរិកឡាទីនគឺជាមេរៀនដែលបង្រៀនឱ្យយើងដឹងថាបរិបទអន្តរជាតិគឺជាកត្តាដ៏សំខាន់ដែលអាចជះឥទ្ធិពលមកលើកិច្ចការក្នុងស្រុករបស់ប្រទេសនីមួយៗ។ ដូចនេះកិច្ចការក្នុងស្រុកក៏គួរបត់បែនទៅតាមបរិបទពិភពលោកក៏ដូចជារក្សាបាននូវតម្រូវការជាតិរបស់ប្រទេសនីមួយៗផងដែរដែលតែងតែមានលក្ខណៈខុសៗគ្នា។

កម្មវិធីថង់ប្រាជ្ញា៖ ហេតុផលនៅពីក្រោយភាពក្រីក្ររបស់ហៃទី

ហៃទី ជារឿយៗត្រូវបានពិភពលោកដាក់រហ័សនាមថាជាប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិកកណ្តាល និងនៅអឌ្ឍគោលខាងលិច។ រឿងរ៉ាវរបស់ប្រទេសនេះគឺពិតជាអកុសលណាស់ ទាំងប្រវត្តិសាស្ត្រ ភូមិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ច ដែលកត្តាទាំងអស់នេះពិតជាធ្វើឱ្យប្រទេសហៃទីពិបាកក្នុងការស្វែងរកនូវការអភិវឌ្ឍ។ អត្ថបទនេះនឹងសិក្សាឱ្យស៊ីជម្រៅទៅលើកត្តាទាំងនេះ ព្រមទាំងផ្តល់នូវការបកស្រាយដល់សម​ស្របមួយដើម្បីពន្យល់នូវភាពក្រីក្ររបស់ហៃទី។

ស្នាមរបួសប្រវត្តិសាស្រ្ត

ហៃទី ដើមឡើយគឺជាក្រុមជនជាតិដើមភាគតិចមួយក្រុមឈ្មោះ តៃណូ។ ពួក​គេ​បាន​រស់​នៅ​ លើ​កោះ​មួយ​ឈ្មោះ Hispaniola នៅ​​អាមេរិកកណ្តាល។ អ្វីដែលមិននឹកស្មានដល់នោះ បន្ទាប់ពីលោក Christopher Columbus បានរុករក និងស្វែងរកអាមេរិកនៅឆ្នាំ 1492 អ្វីៗត្រូវបានផ្លាស់ប្តូរ។ លោក Christopher Columbus ទាមទារកោះនេះសម្រាប់ជនជាតិអេស្ប៉ាញ ដោយគោលគំនិតពួកគេជឿថាជនជាតិអឺរ៉ុបមានអំណាចធ្វើអ្វីគ្រប់យ៉ាងដែលពួកគេចង់ធ្វើ។ ជនជាតិអេស្ប៉ាញចាប់បង្ខំជនជាតិតៃណូធ្វើជាទាសករហើយបាននាំចូលទាសករអាហ្វ្រិកដើម្បីធ្វើការឱ្យពួកគេ។ ក្រោយមក បារាំងក៏បានចូលមកគ្រប់គ្រងផ្នែកខ្លះនៃកោះ ហើយនៅឆ្នាំ 1697 សន្ធិសញ្ញា Ryswick បានបែងចែកកោះនេះជាពីរផ្នែក មួយផ្នែកសម្រាប់អេស្ប៉ាញ និង Saint Domingue (ហៃទីសព្វថ្ងៃ) ទៅប្រទេសបារាំង។ Saint Domingue គឺជាកន្លែងដែលពោរពេញដោយធនធានដ៏មានតម្លៃដូចជាស្ករ កាហ្វេ កាកាវ និងកប្បាស ប៉ុន្តែវាមិនមែនជាកម្មសិទ្ធិរបស់ប្រជាជននៃ Saint Domingue នោះទេ។ ពួក​គេ​មិន​ដែល​មាន​សិទ្ធិ​ទទួល​បាន​ផល​ប្រយោជន៍​នៃ​ធន​ធាន​ទាំង​នោះ​ទេ​ព្រោះ​ធនធាន​និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់ធ្លាក់​ទៅ​ក្នុងដៃពួក​បារាំង។ ជាងនេះទៅទៀត បារាំងបានប្រើអំពើឃោរឃៅ និងអំពើហឹង្សាទៅលើទាសករទាំងនោះទៀតផង។ ជាសំណាងល្អ ហៃទីបានយកឈ្នះបារាំងដោយជោគជ័យក្នុងបដិវត្តន៏ហៃទី ហើយបានប្រកាសឯករាជ្យនៅថ្ងៃទី 1 ខែមករា ឆ្នាំ 1804 ដោយដាក់ឈ្មោះថាប្រទេសហៃទី។ ទោះបីជាយ៉ាងណាក៏ដោយ សរុបមក ហៃទីគឺជាកន្លែងមួយដែលត្រូវបានធ្លាក់ក្នុងអាណានិគមអស់រយៈពេលជាង 300 ឆ្នាំមកហើយ វាប៉ះពាល់យ៉ាងខ្លាំងដល់ការប្រើប្រាស់និង​ផលប្រយោជន៏ធនធានរបស់ប្រទេសហៃទី ព្រមទាំងភាពសកម្មនិងធនធានមនុស្សរបស់ប្រជាជនហៃទី។

បំណុលឯករាជ្យ

ទោះបីជាប្រទេសហៃទីលែងស្ថិតក្រោមអាណានិគមរបស់បារាំងក៏ដោយ បារាំងមិនដែលបណ្តោយឱ្យហៃទី​រស់នៅដោយសុខស្រួលនោះទេ។ នៅឆ្នាំ 1825 ព្រះរាជក្រឹត្យរបស់ស្តេច Charles X ប្រទេសបារាំងបានទាមទារឱ្យប្រទេសហៃទីបង់ប្រាក់ចំនួន 150 លានហ្វ្រង់ ដែលស្មើនឹង​ រាប់ពាន់លានដុល្លារនៅសព្វថ្ងៃនេះ ដើម្បីទិញឯករាជ្យរបស់ពួកគេ។ បារាំងជឿថា ឯករាជ្យភាពរបស់ហៃទីធ្វើឱ្យពួកគេបានបាត់បង់ប្រាក់ចំណេញ ដោយសារតែគ្មានទាសករធ្វើការឱ្យពួកគេទៀតទេ។ ហៃទី​ត្រូវ​បាន​គេ​គំរាម​កំហែង ​ហើយដោយសារ​ខ្លាច​បារាំង​ព្យាយាម​ធ្វើ​អាណានិគម​លើ​ពួក​គេ​ម្តង​ទៀត ពួក​គេ​គ្មាន​ជម្រើស​ក្រៅ​ពី​សង​បំណុល​ទាំង​នោះ។ ប្រទេសហៃទីបានចំណាយពេលជាងមួយរយឆ្នាំដើម្បីជម្រះបំណុលនេះ ហើយវាប៉ះពាល់យ៉ាងខ្លាំងដល់ថវិកាសម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសរបស់ពួកគេ។ ជាលទ្ធផល ក្នុងរយៈពេលរយឆ្នាំនោះ លុយដែលរកបានក្នុងហោប៉ៅរបស់ហៃទីត្រូវផ្តល់ទៅឱ្យប្រទេសបារាំង ហើយពួកគេមិនដែលមានលុយសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសេដ្ឋកិច្ចរបស់ពួកគេឡើយ។

អស្តិរភាពនយោបាយនិងវត្តមានសហរដ្ឋអាមេរិក

ក្រោយពីចាប់ផ្តើមកសាងប្រទេសមិនទាន់បានប៉ុន្មានផង ​សហរដ្ឋអាមេរិកស្រាប់តែឈ្លានពានប្រទេសហៃទីក្នុងឆ្នាំ 1915 ដើម្បីស្ដារសណ្តាប់ធ្នាប់បន្ទាប់ពីមានការធ្វើឃាតប្រធានាធិបតីហៃទី និងដើម្បីការពារផលប្រយោជន៍និងសេដ្ឋកិច្ចរបស់ខ្លួន។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី Woodrow Wilson មានការព្រួយបារម្ភអំពីអស្ថិរភាពនៅក្នុងប្រទេសហៃទី និង ផលប៉ះពាល់អវិជ្ជមានទៅលើផលប្រយោជន៍របស់អាមេរិកនៅទ្វីបអាមេរិកកណ្តាល​​ ហើយពួកគេក៏មានការភ័យខ្លាចថា មហាអំណាចអឺរ៉ុប ជាពិសេសអាឡឺម៉ង់ អាចនឹងកេងចំណេញពីស្ថានភាពនេះ ដើម្បីបង្កើតទីតាំងឈរជើងក្នុងតំបន់។ ការកាន់កាប់របស់សហរដ្ឋអាមេរិកអូសបន្លាយរហូតដល់ឆ្នាំ 1934 ដោយពួកគេបានដាក់ច្បាប់អាជ្ញាសឹក និងគ្រប់គ្រងគម្រោងហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសហៃទី។ កត្តានេះបានរំខានដល់ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសហៃទី ព្រោះអ្វីគ្រប់យ៉ាងគឺ​សុទ្ធតែផ្តល់អាទិភាពដល់ផលប្រយោជន៍របស់អាមេរិក។ ការកាន់កាប់នេះបានបន្សល់ទុកនូវអស្ថិរភាពនិង បញ្ហាប្រឈមជាច្រើនសម្រាប់ប្រទេសហៃទី ។

ភូមិសាស្រ្តនិងគ្រោះធម្មជាតិ

ដោយស្ថិតនៅក្នុងទ្វីបអាមេរិកកណ្តាល ប្រទេសហៃទីជារឿយៗស្ថិតនៅតាមបណ្តោយផ្លូវនៃខ្យល់ព្យុះអាត្លង់​ទិក ដែលនាំមកនូវព្យុះនិងភ្លៀងធ្លាក់ខ្លាំង ជាពិសេសចាប់ពីខែមិថុនាដល់ខែវិច្ឆិកា។ លើសពីនេះ ប្រទេសហៃទីស្ថិតនៅចំណុចព្រំប្រទល់នៃបន្ទះប្លាកែតការាបៀន និងអាមេរិកខាងជើងដែលធ្វើឱ្យវាងាយនឹងរញ្ជួយដី។ ខ្យល់ព្យុះអាចបណ្តាលឱ្យមានទឹកជំនន់ និងខ្យល់កន្ត្រាក់រីករាលដាល បំផ្លាញផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ និងដីកសិកម្ម។ ការរញ្ជួយដីក៏បាននាំឱ្យមានការបាត់បង់អាយុជីវិតប្រជាជន និងការដួលរលំអគារ។ ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យផងដែរ ដែលទាំងនេះហើយបានរារាំងដល់ការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសរបស់រដ្ឋាភិបាលហៃទី។​

សរុបមក ប្រវត្តិនៃការធ្លាក់ក្រោមអាណានិគម បំណុលឯករាជ្យ អស្ថិរភាពនយោបាយដោយសារតែការឈ្លានពានរបស់សហរដ្ឋអាមេរិក ក៏ដូចជាភាពងាយរងគ្រោះដោយគ្រោះធម្មជាតិ គឺជាសុទ្ធតែជាកត្តាដែលបានជះឥទ្ធិពលដល់ការអភិវឌ្ឍរបស់ប្រទេសហៃទី។ ក្រឡេកមើលឥទ្ធិពលនៃកត្តាទាំងនេះ វាពិតជាពិបាកណាស់សម្រាប់រដ្ឋាភិបាលហៃទីក្នុងការរៀបចំផែនការ និងថវិកាសម្រាប់ការអភិវឌ្ឍប្រទេស។

កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមចិន-ជប៉ុនលើកទីពីរ

កាលពីមុន ជប៉ុនធា្លប់ទទួលជ័យជំនះលើប្រទេសចិនម្តងរួចមកហើយ កាលពីសង្រ្គាមចិន-ជប៉ុនលើកទីមួយ (First Sino-Japanese War) ប៉ុន្តែភាពស្រេកឃ្លានអំណាចរបស់ជប៉ុននៅតែបន្តកើនឡើងមិនឈប់ឈរ ដោយអ្នកដឹកនាំនៃប្រទេសនេះកាន់តែមានមហិច្ចតាចក្រពត្តិនិយម ចង់ពង្រីកតំបន់គ្រប់គ្រងរបស់ពួកគេ រហូតធ្វើឱ្យមានសង្រ្គាមជាលើកទីពីរទៀត។ សង្រ្គាមចិន-ជប៉ុនលើកទីពីរនេះ ត្រូវបានគេហៅម្យ៉ាងទៀតថា សង្រ្គាមនៃការតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ដែលកើតឡើងក្នុងអំឡុងឆ្នាំ ១៩៣៧ ដល់ឆ្នាំ ១៩៤៥។ តើសង្រ្គាមនេះកើតឡើងយ៉ាងដូចម្តេច?

ឥទ្ធិពលនៃជប៉ុន និងការចុះខ្សោយរបស់ចិន

កន្លងមក ជប៉ុនបានអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនឱ្យឈានដល់កម្រិតខ្ពស់ដូចលោកខាងលិចដែរ រួម​មានការបង្កើតសេដ្ឋកិច្ចឧស្សាហកម្មរីកចម្រើនយ៉ាងឆាប់រហ័ស កងកម្លាំងយោធាបំពាក់ដោយអាវុធទំនើបៗ និងកំណែទម្រង់រដ្ឋធម្មនុញ្ញ Meiji នៅឆ្នាំ ១៨៨៩ ដែលផ្តល់ឱ្យជប៉ុននូវស្ថាប័ននយោបាយបែបលោកខាងលិច ប៉ុន្តែមិនទាន់មានលក្ខណៈប្រជាធិបតេយ្យពេញលេញនោះទេ ព្រោះប្រមុខរដ្ឋនៅស្ថិតក្នុងដៃអធិរាជនៅឡើយ។ ស្របពេលដែលប្រទេសរបស់ខ្លួនមានភាពរឹងមាំ ប្រទេសចិនបែរជាធ្លាក់នៅក្នុងភាពទន់ខ្សោយដោយសារអស្ថិរភាពសេដ្ឋកិច្ច ទំនាស់នយាបាយផ្ទៃក្នុង និងភាពចលាចលក្នុងសង្គម។ ជប៉ុនបានយកឈ្នះចិនក្នុងរយៈពេលត្រឹមតែជាងប្រាំបីខែប៉ុណ្ណោះ ក្នុងសង្រ្គាមចិន-ជប៉ុនលើកទី១ (១៨៩៤ ដល់​ ១៨៩៥) ដោយសារតែជប៉ុនមានកងទ័ពច្រើនជាងចិន រីឯការដួលរលំនៃរាជវង្សឈីង (១៩១១) កាន់តែធ្វើឱ្យឥទ្ធិពលជប៉ុនកើនឡើងទ្វេដង នៅក្នុងប្រទេសចិន។

សង្រ្គាមចិន-ជប៉ុនលើកទីពី(១៩៣៧ ដល់ ១៩៤៥)

នៅខែកក្កដា ឆ្នាំ១៩៣៧ ទាហាន​ជប៉ុន​បាន​បើក​ការ​បាញ់​ប្រហារ​លើ​ទាហាន​ក្នុង​តំបន់ជិតស្ពាន Marco Polo ក្នុងទីក្រុងវ៉ានភីង (Wanping) ជិតទីក្រុងប៉េកាំង។ កងទ័ពជាតិនិយមចិនបានព្យាយាមទប់ទល់នឹងការឈ្លានពានដែរ ប៉ុន្តែឧស្សាហកម្មចិនដែលមិនមានការអភិវឌ្ឍ គ្មានសមត្ថភាពក្នុង​ការ​ផ្គត់ផ្គង់​អាវុធ​យុទ្ធភណ្ឌ​បានគ្រប់គ្រាន់ឡើយហើយបានបរាជ័យយ៉ាងឆាប់រហ័ស ដោយសារតែបច្ចេកវិទ្យារីកចម្រើន និងការត្រៀមខ្លួនរបស់ជប៉ុន។ កងកម្លាំងជប៉ុនបានចល័តយ៉ាងលឿនកាត់តាមឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន រួចធ្វើការវាយលុកក្នុងទីក្រុងសៀងហៃ ណានជីង(Nanjing) និងទីតាំងផ្សេងទៀតក្នុងប្រទេសចិនដីគោក ក្រៅពីនេះ ជប៉ុនបានប្រើយន្តហោះយោធាដើម្បីទម្លាក់គ្រាប់បែកទៅតំបន់ដែលទាហានជើងគោកមិនអាចចូលបាន។ នៅចុងឆ្នាំ ១៩៣៧ រដ្ឋាភិបាលជាតិនិយមចិនត្រូវបានបង្ខំឱ្យដកថយពីរដ្ឋធានីណានជីងរបស់ខ្លួនទៅកាន់ទីក្រុង ឆុងឈីង (Chongqing) ភាគខាងលិចប្រទេសចិនវិញ។

មហាសោកនាដកម្មទីក្រុងណានជីង

ទាហាន​ជប៉ុនប្រព្រឹត្តអំពើ​យ៉ាង​ឃោរឃៅ​ទៅលើ​ជន​ស៊ីវិល និង​អ្នក​ទោស​យោធា។ ចាប់តាំងពីជប៉ុនបានកាន់កាប់តំបន់ណានជីងពីខែធ្នូ ឆ្នាំ១៩៣៧ មានព្រឹត្តិការណ៍មួយកើតឡើងដែលគេហៅថា “មហាសោកនាដកម្មទីក្រុងណានជីង (The Rape of Nanjing)” ជាប្រវត្តិសាស្ត្រនៃអំពើអាក្រក់ឃោរឃៅបំផុតដែលជប៉ុនធ្វើលើជនជាតិចិនដែលជប៉ុនបានសម្លាប់ជនជាតិចិន ធ្វើទារុណកម្ម និងយកមនុស្សទៅពិសោធជាដើម។ តាមការប៉ាន់ប្រមាណ ជប៉ុនបានសម្លាប់មនុស្ស ៣០០ ០០០ ក្នុងក្រុងដែលភាគច្រើនជាជនស៊ីវិល ក្នុងនោះរួមមានការប្រើវិធីកប់ទាំងរស់ ប្រើកាំភ្លើងយន្ត រីឯស្ត្រីត្រូវបង្ខំឱ្យធ្វើពលកម្ម ជាទាសករផ្លូវភេទសម្រាប់មន្ត្រីនិងទាហានជប៉ុន។ អង្គភាពលេខ៧៣១ នៅភាគឦសានរបស់ប្រទេសចិន គឺជាកន្លែងធ្វើតេស្តសង្គ្រាមជីវសាស្ត្រ និងគីមីដ៏ធំបំផុតដែលជប៉ុនបានចាប់យកអ្នកទោសទៅពិសោធដោយចាក់ថ្នាំវីរុសជំងឺផ្សេងៗ ការបង្អត់អាហារ និងដាក់ឱ្យនៅកន្លែងត្រជាក់ខ្លាំង ហើយក្រៅពីនេះ រួមមានការវះកាត់ដោយគ្មានប្រើថ្នាំសន្លប់ ការប៉ះពាល់ដោយប្រើអាវុធគីមី និងឧបករណ៍ដុតជាដើម។ ម្យ៉ាងទៀត ជប៉ុន​ក៏​​បាន​ទម្លាក់​គ្រាប់បែក​តាម​អាកាសដែលមានផ្ទុកនូវមេរោគប៉េស្តនៅតាមទីក្រុងផ្សេងៗ ​ដូច​ជាក្រុងនីងប៉ (Ningbo) និងឆាងតឺ (Changde) ផងដែរ។ ប្រទេសចិនដ៏ធំសម្បើមត្រូវបានបំផ្លាញដោយសង្គ្រាមរបស់ជប៉ុន ក្រោមពាក្យស្លោក “សម្លាប់ទាំងអស់ ប្លន់ទាំងអស់ បំផ្លាញទាំងអស់”។

នៅខែមិថុនា ១៩៣៨ លោកជៀង កៃជៀក (Chiang Kai-shek) បានបញ្ជាឱ្យបំបាក់ទំនប់វារីអគ្គិសនីនៅទន្លេលឿង ក្នុងគោលបំណងទប់ស្កាត់ល្បឿននៃការឈ្លានពានរបស់ជប៉ុន តែផ្ទុយទៅវិញបែរជាបណ្តាលឱ្យមានទឹកជំនន់ដ៏ធំបំផ្លិចបំផ្លាញ សម្លាប់ជនស៊ីវិលចិនប្រហែលពី១លាននាក់ទៅវិញ និងធ្វើឱ្យមនុស្ស១០លាននាក់គ្មានផ្ទះសម្បែង ដីកសិកម្មសំខាន់ៗត្រូវបានបំផ្លាញ។ ទុក្ខវេទនា និងគ្រោះទុរភិក្សធ្វើឱ្យប្រជាជនស្អប់ខ្ពើមចំពោះជៀង កៃជៀក និងរបបជាតិនិយម។ បន្ថែមនេះ អំពើពុករលួយកើតឡើងគ្រប់ទីកន្លែង អតិផរណាមានការកើនឡើង និងទាហានរត់ចោលជួរជាដើម។

ការជាប់គាំង និងបរាជ័យ

នៅឆ្នាំ១៩៣៨ សង្រ្គាមចិន-ជប៉ុនលើកទីពីរបានឈានមកដល់ការជាប់គាំង ដោយសារតែទំហំភូមិសាស្ត្រ​ដ៏ធំនៃប្រទេសចិន កង្វះហេដ្ឋារចនាសម្ព័ន្ធ កម្លាំងតស៊ូដែលបានខ្ចាត់ខ្ចាយបានជួយបន្ថយល្បឿនវាតទីរបស់ជប៉ុន។ មួយវិញទៀត ជប៉ុនកំពុងតទល់ជាមួយអាមេរិកនៅក្នុងសង្រ្គាមលោកលើកទី២ នៅឆ្នាំ១៩៤១ ដោយជប៉ុនបានទម្លាក់គ្រាប់បែកនៅលើកំពង់ផែគុជរបស់អាមេរិក។ សង្គ្រាមចិន-ជប៉ុនលើកទី២ បានបញ្ចប់នៅខែសីហា ឆ្នាំ១៩៤៥ បន្ទាប់ពីសហរដ្ឋអាមេរិកបានបំផ្ទុះអាវុធនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។ នៅពេលនោះ កងទ័ពរុស្សីបានបង្រ្កាបកងកម្លាំងជប៉ុននៅម៉ាន់ជូរី រីឯកម្លាំងក្នុងប្រទេសចិនត្រូវបានបញ្ជាឱ្យចុះចាញ់ពួកអ្នកជាតិនិយម។

សរុបរួមមក សង្គ្រាមចិន-ជប៉ុនលើកទីពីរកើតឡើងពីភាពតានតឹងនៃប្រទេសទាំងពីរដែលមានតាំងពីច្រើនទសវត្សរ៍មកហើយ និងបានបណ្តាលឱ្យប្រទេសចិនរងគ្រោះដោយការរំលោភបំពានពីជនជាតិជប៉ុនយ៉ាងដំណំ។ ប្រទេស​ចិន​បាន​ងើប​ចេញ​ពី​សង្រ្គាម​ជាមួយជប៉ុន ដោយ​សេដ្ឋកិច្ចត្រូវបានខ្ទេចខ្ទាំ ហើយនយោបាយក្នុងប្រទេស​ក៏មិនទាន់​បាន​ដោះស្រាយនៅឡើយ។ សង្រ្គាមបានធ្វើឱ្យរដ្ឋាភិបាលជាតិនិយមស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ខណៈដែលគណបក្សកុម្មុយនីស្តចិន CCP កាន់តែរីកធំឡើង និងកើនឡើងប្រជាប្រិយភាព។

វិចារណកថាថ្ងៃសុក្រ៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្រោយលោក ដូ ណាល់ត្រាំ ជាប់ឆ្នោត?

ការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ទើបតែបញ្ចប់កាលពីពេលថ្មីៗនេះជាមួយនឹងលទ្ធផលដែលបានបង្ហាញថាលោក ដូណាល់ ត្រាំ នឹងក្លាយជាប្រធានាធិបតីទី៤៧។ យើងសង្កេតឃើញថាការបោះឆ្នោតសហរដ្ឋអាមេរិ​កឆ្នាំ២០២៤ នេះគឺស្ថិតនៅក្នុងបរិបទពិភពលោកមួយដ៏ស្មុគស្មាញ ជាពិសេសសង្រ្គាមរុស្សី និងអ៊ុយក្រែនដែលបានអូសបន្លាយតាំងពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្នដែលមិនទាន់បានបញ្ចប់។ ដោយសារសង្រ្គាមខាងលើនេះ បានធ្វើឱ្យទំនាក់ទំនងអាមេរិក និងរុស្ស៊ី មានភាពល្អក់កករនឹងគ្នាដោយសារសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាច្រើនដល់អ៊ុយក្រែនដើម្បីប្រឆាំងការឈ្លានពានពីរុស្ស៊ីតាំងពីចាប់ផ្តើមសង្គ្រាមមក ក្រោមរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន។ លោក ដូណាល់ ត្រាំ នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ជាមួយនឹងសមាសភាពរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក។  តើការឈ្នះឆ្នោតនិងត្រៀមចូលកាន់តំណែងប្រធានាធិបតីទី៤៧ របស់លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យមានការប្រែប្រួលបែបណាសម្រាប់ទំនាក់ទំនងអាមេរិក និងរុស្ស៊ី?

១. សហរដ្ឋអាមេរិក និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន

សង្រ្គាមរុស្សី-អ៊ុយក្រែន បានចាប់ផ្តើមឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលលោកពូទី​ន បានប្រកាសពី “ប្រតិបត្តិការយោធាពិសេស” ទៅលើអ៊ុយក្រែន ដើម្បីការពារប្រជាជននៃសាធារណរដ្ឋដែលបានបំបែកខ្លួនពីអ៊ុយក្រែន គឺសាធារណរដ្ឋដូនីក(Donetsk) និងសាធារណរដ្ឋលូហាន​(Luhansk)។ ដោយសារតែឃើញការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបែបនេះ សហរដ្ឋអាមេរិកមិនបាននៅស្ងៀមនោះឡើយ ដោយបានបញ្ចូនជំនួយជាច្រើនដល់ប្រទេសអ៊ុយក្រែនដើម្បីទប់ទល់នឹងការឈ្លានពានពីសំណាក់រុស្សី។ ក្នុងនោះ រដ្ឋបាលលោក ចូ បៃដិន បានផ្តល់ជំនួយផ្នែកយោធាប្រមាណជាង ៦៤,១ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីការវាយលុករបស់រុស្សីចូលទៅក្នុងអ៊ុយក្រែនដើមឆ្នាំ២០២២មក។​ នៅក្នុងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក៏បានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៊ី វ៉ាឌ្លីមៀ ពូទីន ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ទាក់ទងនឹងការនិរទេសកុមារអ៊ុយក្រែនជាច្រើននាក់ដោយខុសច្បាប់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ផងដែរ ។ ចំពោះសាលដីកាប្រកាសចាប់ខ្លួនលោកពូទីននេះ សហរដ្ឋអាមេរិកមានការសាទរជាខ្លាំង និងបានបញ្ជាក់ថាដីកានេះមានហេតុផលសមស្របចំពោះទង្វើរុស្ស៊ីប្រព្រឹត្តទៅលើអ៊ុយក្រែនបែបនេះ។ ទោះបីជាយ៉ាងណា ដីកានេះនៅតែមិនទាន់បានឃាត់ខ្លួន និងធ្វើអ្វីលោកពូទីនបានឡើយ ព្រោះដីកានេះមានប្រសិទ្ធិភាពតែលើប្រទេសដែលជាសមាជិក ICC ប៉ុណ្ណោះ។ មួយវិញទៀតសោត ប្រទេសដែលជាសមាជិកតុលាការអន្តរជាតិនេះ ក៏មិនហ៊ានអនុវត្តដីកានេះដូចគ្នាព្រោះតែខ្លាចប៉ះពាល់នយោបាយរបស់ខ្លួន និងអាចមានសង្រ្គាមជាមួយរុស្ស៊ីផងដែរ ដូចជា ប្រទេសម៉ុងហ្គោលីដែលជាប្រទេសសមាជិកនៃតុលាការនេះ មិនបានអនុវត្តដីកានេះឡើយ នៅពេលដែលលោកពូទីនបាន​មកទស្សនកិច្ចផ្លូវការកាលពីខែកញ្ញា ឆ្នាំ២០២៤  ដោយសារតែហេតុផលនយោបាយការទូតរបស់ខ្លួន។ បច្ចុប្បន្ននេះ សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន នៅមិនទាន់អាចឈានដល់ការបញ្ចប់ទេ គឺបន្តឆេះកម្តៅយ៉ាងខ្លាំង ហើយលោកពូទីននៅតែបញ្ចូនទ័ពជាច្រើនទៅក្នុងសមរភូមិប្រយុទ្ធ។ ចំណែក សហរដ្ឋអាមេរិកក៏នៅតែបន្តជួយជាជំនួយដល់អ៊ុយក្រែនទាំងផ្នែកសព្វាវុធ និងហរិញ្ញវត្ថុដល់អ៊ុយក្រែនដើម្បីទប់ទល់នឹងសង្រ្គាមមួយនេះ។ ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ រុស្ស៊ីក៏បានចោទប្រកាន់ទៅកាន់ប្រទេសលោកខាងលិច ជាពិសេសអាមេរិកថាជាដើមចមដែលធ្វើឱ្យសង្រ្គាមមិនអាចបញ្ចប់បាន។

២. ការឈ្នះឆ្នោតរបស់ដូណាល់ ត្រាំ នឹងផ្លាស់ប្តូរទំនាក់ទំនងរវាងអាមេរិករុស្ស៊ីឱ្យកាន់តែល្អឬទេ?

បន្ទាប់ពីប្រកាសពីជ័យជំនះរបស់ខ្លួនជាផ្លូវការ លោក​ ដូណាល់ ត្រាំ បានត្រៀមខ្លួនក្លាយជាប្រធានាធិបតីទី៤៧ នៅខែមករា ឆ្នាំ២០២៥ខាងមុខនេះ។ អ្វីដែលពិភពលោកចង់ឃើញពីលោក ដូណាល់ ត្រាំ នៅពេលឡើងកាន់អំណាច នោះគឺការដោះស្រាយបញ្ហាធំៗរបស់ពិភពលោក ជាពិសេសលើទំនាក់ទំនងជាមួយរុស្ស៊ី និងសង្រ្គាមនៅអ៊ុយក្រែននេះផងដែរ។ បើយើងក្រឡេកមើលទៅអំឡុងពេលនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកន្លងទៅ លោក ដូណាល់ ត្រាំ បានបង្ហាញពីចេតនាចង់បញ្ចប់សង្រ្គាមនានានៅក្នុងពិភពលោក រួមទាំងការកាត់បន្ថយ ឬលុបចោលជំនួយទៅប្រទេសដែលមានសង្រ្គាមផងដែរ។ បើនិយាយពីទំនាក់ទំនងរវាងលោក ដូណាល់ ត្រាំ និងលោកពូទីនវិញ គឺមានទំនាក់ទំនងល្អជាងលោក ចូ បៃដិន ព្រោះកាលពីពេលថ្មីៗនេះ លោក ត្រាំ បានជជែកតាមទូរស័ព្ទជាមួយលោកពូទីនអំពីការរកដំណោះស្រាយឱ្យបានលឿនដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនផងដែរ ដូចជាការមិនអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិកណាតូ ជាដើម។ អ្វីដែលគួរកត់សម្គាល់ផងដែរ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉ា្លឌីមៀរ ពូទីន លើកឡើងថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្តារ និងបើកទំនាក់ទំនងជាមួយប្រទេសបច្ចឹមលោក ជាមួយពិសេសសហរដ្ឋអាមេរិក។ ក្នុងនោះផង​ដែរ លោក ត្រាំ ដែលជាប្រធានាធិបតីជាប់ឆ្នោតក៏បានប្រកាសស្រដៀងលោកពូទីន នៅក្នុងថ្ងៃនោះផងដែរ។ នេះសបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី អាចប្រសើរជាងមុននៅពេលដែលលោកត្រាំឡើងកាន់អំណាចជាប្រធានាធិបតីទី ៤៧ ប៉ុន្តែវាអាចជាហានិភ័យដល់អ៊ុយក្រែន ព្រោះថា ប្រសិនបើលោក ដូណាល់ ត្រាំអនុវត្តផែនការដូចដែលលោកបាននិយាយកាលពីយុទ្ធការឃោសនាបោះឆ្នោត អាមេរិកនឹងមានភាគរយខ្ពស់ក្នុងការលុបចោលជំនួយភាគច្រើនទៅដល់ប្រទេសដែលមានកំពុងសង្គ្រាម ជាពិសេសអ៊ុយក្រែននេះតែម្ដង ដើម្បីបញ្ចប់សង្រ្គាម។

សរុបមក ការជាប់ឆ្នោតជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី អាចមានភាពទំនាក់ទំនងរីកចម្រើនជាងមុន ទោះបីជាមិនបានល្អឥតខ្ចោះក៏ដោយ ដែលយើងអាចមើលឃើញរយៈការប្រកាសរបស់លោក ត្រាំ និងពូទីន រួមទាំងការជជែកពិភាក្សាគ្នាតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ។ ប៉ុន្តែ លោក ត្រាំ ក៏ត្រូវគេចាត់ជាមនុស្សដែលមិនអាចមើលចិត្តធ្លុះផងដែរ ព្រោះលោកអាចប្តូរឥរិយាបថបានគ្រប់ពេលវេលាផងដែរ។

កម្មវិធីថង់ប្រាជ្ញា៖​ តើផ្នត់​គំនិត​​យេនឌ័រ (Gender Stereotypes) មានផលប៉ះពាល់យ៉ាងដូចម្ដេចខ្លះមកលើសង្គម និងជីវិតប្រចាំថ្ងៃរបស់យើង?

តើអ្វីទៅជាផ្នត់គំនិតយេនឌ័រ (Gender Stereotypes)?

ផ្នត់គំនិតយេនឌ័រ គឺជាបណ្ដុំនៃជំនឿដែលផ្ដោតសំខាន់ទៅលក្ខណៈអត្តចរិត អាកប្បកិរិយា និងតួនាទីនៃបុគ្គល ឬក្រុមមនុស្សជាក់លាក់ក្នុងសង្គមគួរមាន ឬមិនគួរមានដោយផ្អែកលើយេនឌ័រ។​​ ផ្នត់គំនិតមួយនេះត្រូវបានលើកឡើងតគ្នាពីជំនាន់មួយទៅជំនាន់មួយ ដោយបានឆ្លុះបញ្ចាំងពីភាពលម្អៀងដោយផ្អែកលើបទដ្ឋានសង្គមចំពោះស្រ្តី និងបុរសនៅក្នុងការរស់នៅប្រចាំថ្ងៃ ឧទាហរណ៍ដូចជា ផ្នត់គំនិតដែលគិតថាស្រ្តីគួរតែមានអាកប្បកិរិយាសុភាពទន់ភ្លន់ដូចសំពត់ក្នុងផ្នត់ ចេះទុកដាក់រឿងចង្ក្រានជើងឆ្នាំងជាដើម ចំណែកឯបុរស គួរតែមានចរិតលក្ខណៈរឹងមាំ និងជាអ្នករកចំណូលមកផ្គត់ផ្គង់គ្រួសារ។ បច្ចុប្បន្ន ការប្រកាន់យកនូវទស្សនៈ ឬផ្នត់គំនិតយេនឌ័រមួយនេះនៅតែកើតមានឡើងនៅស្ទើតែគ្រប់មជ្ឈដ្ឋាន មិនថានៅក្នុងគ្រួសារ តាមស្ថាប័នធ្វើការរដ្ឋ ឬឯកជន សាលារៀន សហគមន៍ ទីជនបទ ឬទីក្រុងក្ដី ដែលកើតមានឡើងចំពោះបុគ្គលទូទៅគ្រប់វ័យ និងភេទនៅក្នុងសង្គម។

តើផ្នត់គំនិតយេនឌ័រមានផលប៉ះពាល់យ៉ាងដូចម្ដេចខ្លះមកលើសង្គម និងជាពិសេសមកលើស្ត្រី?

យោងទៅតាម​ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ផ្នត់គំនិតយេនឌ័របង្កឱ្យមានផលប៉ះពាល់មកលើបុគ្គលគ្រប់រូបដោយសារតែវា​បាន​កំណត់ការវិនិច្ឆ័យទៅលើតួនាទីរបស់ស្រ្តី និងបុរសដែលជាកត្តារាំងស្ទះក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេដូចជាការចាប់យកអាជីព ឬរៀនមុខជំនាញណាមួយ ការធ្វើការសម្រេចចិត្តអំពីជម្រើសក្នុងជីវិត និងផែនការជីវិតរបស់ពួកគេ។ ការប្រកាន់នូវផ្នត់គំនិតនេះជារឿយៗមិនត្រឹមតែបង្កឱ្យមានការរើងអើងនៅក្នុងសង្គមដោយផ្អែកលើយេនឌ័រប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យបុគ្គលដែលទទួលរងនូវផ្នត់គំនិតដ៏ចាស់គំរឹលមួយនេះ បាត់បង់ទំនុកចិត្តលើខ្លួន កើតមានបញ្ហាវិបត្តិផ្លូវចិត្ត គ្មានភាពក្លាហាន និងឱកាសគ្រប់គ្រាន់ក្នុងការចូលរួមសកម្មភាពសង្គមដែលបណ្ដាលឱ្យមានភាពចុះខ្សោយទាំងផ្នែកសេដ្ឋកិច្ច សុខភាព និងធនធាននៅក្នុងសង្គម។

ម្យ៉ាងទៀត ផ្នត់គំនិតយេនឌ័របានបង្កផលប៉ះពាល់ដល់ស្ត្រីដោយវាបានកំណត់ជម្រើស អាកប្បកិរិយា និងតួនាទីរបស់ស្រ្តីដែលជាទូទៅត្រូវបានសង្គមវាយតម្លៃគិតថាវាជាអ្វីដែលស្រ្តីចាំបាច់ត្រូវតែប្រកាន់ខ្ជាប់។ ផ្នត់គំនិតនេះ ក៏បង្កជាបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍខ្លួនរបស់ស្ត្រីដោយកម្រិតការជំរុញលើកទឹកចិត្តពួកគេក្នុងការសម្រេចចិត្តទៅលើជម្រើសមុខរបរអាជីព ឬការសិក្សាមុខជំនាញណាមួយទៅតាមសមត្ថភាពរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាហេតុដែលនាំឱ្យកើតមានភាពលម្អៀងរើសអើងមកលើស្ត្រីភេទ ដូចជាការឱ្យតម្លៃមិនស្មើភាពគ្នារវាងស្រ្តី និងបុរសនៅក្នុងសង្គមមិនថាតាមស្ថាប័ននានា សាលារៀន ឬក្នុងគ្រួសារជាដើម។

យោងទៅតាមអត្ថបទរបស់លោកស្រី ខាសានដ្រា ចេហ្វឺរី (Cassandra Jeffery) ដែលបានចេញផ្សាយដោយកម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ (UNDP) ប្រចាំនៅកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ស្ត្រីចំនួន ៩២% និងបុរសចំនួន ៨២% បានជឿជាក់ថាតួនាទីដ៏សំខាន់បំផុតរបស់ស្រ្តីគឺការមើលថែទាំ ទុកដាក់ផ្ទះសម្បែង ខណៈពេលដែលបុរសចំនួន ៦២% និងស្រ្តីចំនួន ៥៧% បានយល់ស្របថា បុរសគួរតែជាអ្នកធ្វើការសម្រេចចិត្តពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងៗក្នុងគ្រួសារ នេះបើយោងទៅតាមទិន្នន័យការស្តង់មតិថ្នាក់ជាតិរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៩។ យោងតាមករណីសិក្សាពីផលប៉ះពាល់អវិជ្ជមាននៃផ្នត់គំនិតយេនឌ័រនៅប្រទេសអ៊ូសបេគីស្ថានរបស់ UNDP ​ក៏បានឱ្យដឹងថា ផ្នត់គំនិតយេនឌ័របានបង្កផលប៉ះពាល់អវិជ្ជមានដល់ស្ត្រី ដោយពួកគេត្រូវបានទទួលរងគ្រប់ទម្រង់នៃអំពើហិង្សា ព្រមទាំងជួបបញ្ហាប្រឈមដូចជាបញ្ហាកង្វះខាតនៃធនធានដើម្បីទប់ទល់នឹងអំពើហិង្សាទាំងនោះ និងមានការភ័យខ្លាចក្នុងការស្វែងរកជំនួយ ជាពិសេសនៅតាមតំបន់ជនបទ ដោយសារពួកគេមានភាពភ័យខ្លាចការសងសឹកពីប្តី ព្រមទាំងសាច់ញាតិ​ប្តី អ្នកជិតខាង និង​គ្រួសារ​ខ្លួនឯង និងអស់សង្ឃឹម​ក្នុងការ​ទទួលបាន​ការគាំទ្រ​ពី​សមត្ថកិច្ច។

សរុបសេចក្ដីមក ផ្នត់គំនិតយេនឌ័រគឺជាជំនឿដ៏ចាស់គំរឹលមួយដែលមិនត្រឹមតែបង្កផលប៉ះពាល់អវិជ្ជមានដែលជាកត្តារាំងស្ទះដល់ការពង្រីកសក្ដានុពល និងអភិវឌ្ឍសមត្ថភាពរបស់បុគ្គល លើកទឹកចិត្តដល់ការរើសអើងយេនឌ័រក្នុងសង្គម និងបង្កវិបត្តិផ្សេងៗដល់ស្រ្តីប៉ុណ្ណោះទេ ប៉ុន្តែផ្នត់គំនិតមួយនេះក៏ជាកត្តារាំងស្ទះក្នុងការឆ្ពោះទៅរកសង្គមមួយដែលប្រកបដោយវិសមភាពផងដែរ។ ទោះបីជាការទទួលបានយេនឌ័រពិតប្រាកដក្នុងសង្គមមួយហាក់បីដូចជាស្ថិតនៅឆ្ងាយពីជីវិតប្រចាំរបស់យើងក៏ដោយ ប៉ុន្តែយុទ្ធនាការចូលរួមក្នុងការប្រយុទ្ធប្រឆាំងទៅនឹងផ្នត់គំនិតយេនឌ័រត្រូវបានលើកទឹកចិត្តឱ្យអនុវត្តគោលនយោបាយដូចជា ការធ្វើកំណែទម្រង់ស្ថាប័នតាមរយៈការអភិវឌ្ឍន៍និងការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព ការផ្សព្វផ្សាយនិងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរអាកប្បកិរិយានិងផ្នត់គំនិតតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានានិងការចូលរួមរបស់យុវជន និងការលើកកម្ពស់ស្ត្រីក្នុងតួនាទីជាថ្នាក់ដឹកនាំ។

 

 

វិចារណកថាថ្ងៃសុក្រ៖ ឥទ្ធិពលនៃភាពជាដៃគូជិតស្និទ្ធរវាងចិន និងវៀតណាមលើសេដ្ឋកិច្ចវៀតណាម

​អំឡុង​ពេល​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅ​ប្រទេស​វៀតណាម​របស់​លោក Xi Jinping និង ទស្សនកិច្ចរបស់លោក To Lam នៅប្រទេសចិន ភាគីចិន និង​វៀតណាមបានប្រកាសអំពីជំហរថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយបានព្រមព្រៀងគ្នាក្នុងការកសាងសហគមន៍ចិន-វៀតណាម ដើម្បីជំរុញភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីវៀតណាម លោក To Lam បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping និងមន្ត្រីសំខាន់ៗដទៃទៀត ដោយកិច្ចពិភាក្សាបានផ្ដោតសំខាន់លើទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចទាំងពីរ ក្នុងគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ពួកគេ និងកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា។

ភាគីទាំងពីរបានប្រារព្ធ និងរំលឹកនូវអនុស្សាវរីយ៍សំខាន់ៗនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសង្គមនិយម ទំនើបភាវូបនីយកម្ម និងការអភិវឌ្ឍជាតិ។ ពួកគេបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងការដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ ជាពិសេសនៅសមុទ្រចិនខាងត្បូង។ ហេតុនេះ ដំណើរទស្សនកិច្ចនេះបានបញ្ចប់ទៅដោយមានឯកសារដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ហិរញ្ញវត្ថុ ការថែទាំសុខភាព និងជាច្រើនទៀត ដែលជាជំហានជោគជ័យមួយឆ្ពោះទៅការពង្រឹងទំនាក់ទំនងទ្វេភាគីសម្រាប់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។

ឥទ្ធិពលនៃភាពជាដៃគូជិតស្និទ្ធលើសេដ្ឋកិច្ចវៀតណាម

ចាប់តាំងពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលចិនទៅកាន់ប្រទេសវៀតណាមកាលពីឆ្នាំមុន ប្រទេសទាំងពីរបាននិងកំពុងចូលរួមក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។ យោងតាមទិន្នន័យផ្លូវការរបស់ប្រទេសចិន ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១៤៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ដោយប្រទេសចិននៅតែបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម និងជាអ្នកវិនិយោគនាំមុខគេក្នុងគម្រោងថ្មីៗនៅក្នុងប្រទេសវៀតណាម។ ហេតុនេះ ភាពជាដៃគូផ្នែកសេដ្ឋកិច្ចក៏កាន់តែជិតស្និទ្ធរវាងភាគីទាំងពីរ។

ចំណែកប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍ថា ប្រទេសចិននៅតែជាអ្នកនាំចូលធំបំផុតនៃបន្លែ និងផ្លែឈើរបស់វៀតណាម ជាមួយនឹងការនាំចូលរបស់ខ្លួននៅក្នុងឆមាសទីមួយនៃឆ្នាំនេះមានចំនួន ៦៤% នៃការនាំចេញផលិតផលកសិផលសរុបរបស់ប្រទេសវៀតណាម។ ប្រទេសចិនក៏ជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញធុរេនរបស់វៀតណាម ដែលស្មើនឹង ៩២,៤% នៃការនាំចេញផ្លែឈើសរុបរបស់វៀតណាម។ ក្នុងឆ្នាំ​២០២៣ ប្រទេសចិនបានវិនិយោគចំនួន ៤,៤៧ ពាន់លានដុល្លារអាមេរិកក្នុងគម្រោងជាង ៧០០ នៅក្នុងប្រទេសវៀតណាម កើនឡើង ៧៧%។ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៤ ប្រទេសចិនគឺជាដៃគូនាំមុខគេលើគម្រោងវិនិយោគថ្មីនៅវៀតណាម ដែលស្មើនឹង ២៩,៧% នៃចំនួនគម្រោងថ្មីសរុបនៅក្នុងប្រទេសវៀតណាម។

បើក្រឡេកមើលពីរថភ្លើងដឹកទំនិញរវាងទីក្រុង Zhengzhou និងទីក្រុងហាណូយ គេសង្កេតឃើញពីសន្ទុះនៃដំណើរការជារៀងរាល់ថ្ងៃចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ ចំពេលដែលមានការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងវៀតណាម នេះបើយោងតាមតំណាងមកពីក្រុមហ៊ុន Zhongyu Port Group។  ហេតុនេះ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៤ រថភ្លើងសរុបចំនួន ៣៦ បានដំណើរការរវាងប្រទេសចិន និងវៀតណាមដែលបានបង្ហាញពីកំណើននៃចរាចរណ៍ដឹកជញ្ជូនដែលសបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធរវាងប្រទេសទាំងពីរ។ បច្ចុប្បន្នចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ខណៈវៀតណាមក៏ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងអាស៊ានផងដែរ។

លើសពីនេះទៅទៀត ភាគីទាំងពីរបានឯកភាពគ្នាក្នុងការឈោងចាប់គ្នា និងជួយគ្នាទៅវិញទៅមក ដើម្បីធ្វើសមាហរណកម្ម Belt and Road Initiative ជាមួយនឹងយុទ្ធសាស្ត្រច្រករបៀងពីរ និងរង្វង់សេដ្ឋកិច្ចមួយ។ ជាមួយគ្នានេះដែរ ប្រទេសចិនបានយល់ព្រមផ្តល់ការគាំទ្រក្នុងការរៀបចំផែនការសម្រាប់គម្រោងផ្លូវដែក Lang Son-Hanoi និង Mong Cai-Ha Long-Haiphong។

ដូច្នេះ ភាពជាដៃគូកាន់តែជិតស្និទ្ធរវាងចិន និងវៀតណាមបានដើរតួនាទីយ៉ាងសំខាន់លើភាពរីកចម្រើនរបស់សេដ្ឋកិច្ចរបស់វៀតណាម ជាពិសេសប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំបំផុត។ ទន្ទឹមនឹងនោះ ភាពជាដៃគូជិតស្និទ្ធនេះក៏នាំទៅដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសវៀតណាមផ្ទាល់ផងដែរ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ