"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ការធ្វើពហិការរបស់ប្រជាជនចិន និងបម្រែបម្រួលចរន្តពាណិជ្ជកម្មអន្តរជាតិនិងពាណិជ្ជកម្មក្នុងស្រុករបស់ប្រទេសចិន

បញ្ហាសិទ្ធិមនុស្សនៅខេត្តសុីនជាំង (Xinjiang) នៃប្រទេសចិននៅតែជាបញ្ហាចម្បងដែលតែងតែទាក់ទាញនូវចំណាប់អារម្មណ៍របស់ប្រទេសនានានៅជុំវិញពិភពលោកជាពិសេសពីបស្ចិមប្រទេស។ បញ្ហាការធ្វើទុក្ខបុកម្នេញទៅលើជនជាតិមូ៉ស្លីម Uyghurs បានធ្វើឱ្យចិនទទួលរងនូវសម្ពាធនយោបាយការបរទេស​ និងសម្ពាធសេដ្ឋកិច្ច​ពីប្រទេសមួយចំនួន រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា និង​ចក្រភពអង់គ្លេស ដែលបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើមន្រ្តីរបស់ចិនជាច្រើនរូប រួមមានទាំងមន្រ្តីចាស់ៗ​ និង​មន្រី្តចិនដែលឡើងកាន់អំណាចថ្មីៗដោយសារតែបញ្ហាសិទិ្ធមនុស្សកាលពីថ្ងៃទី២២ ខែមិនា កន្លងទៅនេះ។​ ដោយឡែក បញ្ហាដែលកំពុងតែកើតឡើងនៅប្រទេសចិនថ្មីៗនេះក៏ជាបញ្ហាដែលពាក់ព័ន្ធជាមួយនឹងបញ្ហានៅសុីនជាំង (Xin Jiang)  ពោលគឺប្រជាជនចិនបានធ្វើពហិការចំពោះផលិតផលបរទេសមួយចំនួនដែលបញ្ហានេះនឹងអាចបណ្តាលឱ្យមាន បម្រែបម្រួលចរន្តសេដ្ឋកិច្ចអន្តរជាតិនិងចរន្តសេដ្ឋកិច្ចនៅក្នុងស្រុករបស់ប្រទេសចិន។​

ប្រជាជនចិនបានធ្វើពហិការទៅលើផលិតផលរបស់ក្រុមហ៊ុនមួយចំនួនដែលបានមកវិនិយោគនៅក្នុងប្រទេសចិន ដែលរួមមានផលិតផលនៃក្រុមហ៊ុន Nike របស់អាមេរិក H&M របស់ស៊ុយអែត Addidas របស់អាល្លឺម៉ង់ និង​ Uniqlo របស់ជប៉ុនជាដើម​ ដោយសារតែក្រុមហ៊ុនទាំងនោះបាននិយាយថាពួកគេនឹងមិនប្រើប្រាស់កប្បាសដែលនាំចូលមកពីសុីនជាំងនោះទេ។ គួរបញ្ជាក់ផងដែរថា មូលហេតុនៃការប្រកាសមិនប្រើប្រាស់កប្បាសដែលនាំចូលមកពីសុីនជាំងនេះ បើយោងទៅតាមការចុះផ្សាយរបស់ The Wall Street Journal គឺដោយសារតែមានការយល់ឃើញថាផលិតផលកប្បាសទាំងនោះគឺបានមកពីការបង្ខិតបង្ខំ​​ និងការរំលោភបំពានកម្លាំងពលកម្មរបស់ ប្រជាជនមូ៉ស្លីម​​ Uyghurs ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។​ ប្រសិនបើយើងក្រឡេកមកមើលទិន្នន័យរបស់​ Centre for Strategic and International Studies​ នៃសហរដ្ឋអាមេរិកវិញ ឃើញថា​ ២២%​ នៃចរាចរកប្បាសនៅក្នុងពិភពលោកគឺមកពីប្រទេសចិន នៅក្នុង២២%នេះគឺ ៨៤%​គឺមកពីខេត្តសុីនជាំងនៃប្រទេសចិន។ ការប្រកាសមិនប្រើប្រាស់កប្បាសរបស់ចិនដោយសារតែបញ្ហាសិទ្ធិមនុស្សរបស់ជនជាតិ Uyghurs នេះបានបណ្តាលឱ្យមានកំហឹងពីប្រជាជនចិនជាច្រើនដែលជាលទ្ធផលបណ្តាលឱ្យមានតារាចិនជាច្រើនបានបញ្ឈប់ការសហការជាមួយក្រុមហ៊ុនទាំងនោះ មានការលុបចេញកម្មវិធីរបស់ហាង H&M នៅលើទូរស័ព្ទដៃ មានហាងទំនិញម៉ាកទាំងនោះប្រមាណជា​៥០០ហាងត្រូវបានលុបចេញពីលើផែនទីអេឡិកត្រូនិកពីក្នុងប្រព័ន្ធអុីនធើណិតផងដែរ។​

ការធ្វើពហិការនេះអាចនឹងបណ្តាលឱ្យមានបម្រែបម្រួលចរន្តពាណិជ្ជកម្មអន្តរជាតិនិងពាណិជ្ជកម្មក្នុងស្រុករបស់ប្រទេសចិនផងដែរ ដោយចំពោះបញ្ហាដែលពាក់ព័ន្ធទៅនឹងចរន្តពាណិជ្ជកម្មអន្តរជាតិវិញ យើងនឹងអាចឃើញមានការប្រឈមក្នុងការសម្រេចចិត្តមកវិនិយោគនៅក្នុងប្រទេសចិនពីក្រុមហ៊ុនបរទេស និងអាចប៉ះពាល់ដល់អ្នកទិញទំនិញរបស់ចិននៅក្រៅប្រទេសផងដែរ។​ បន្ទាប់ពីមានការមើលឃើញពីបម្រែបម្រួលយ៉ាងឆាប់រហ័សនៃស្ថានការណ៍ទីផ្សារនៅក្នុងប្រទេសចិននៅពេលដែលមានបញ្ហាអ្វីមួយ វាអាចបង្កទៅជាបញ្ហាប្រឈមមួយទៅដល់ការសម្រេចចិត្តរបស់អ្នកវិនិយោគបរទេសមកក្នុងប្រទេសចិន។ ពួកអ្នកវិនិយោគបរទេសអាចនឹងយល់ថាភាពមិនច្បាស់លាស់និងស្ថានការណ៍ដែលមិននឹងនរនៅក្នុងប្រទេសចិនអាចជាបញ្ហាដែលធ្វើឱ្យពួកគេមិនអាចប៉ាន់ប្រមាណនិងវាស់ស្ទង់នូវបម្រែបម្រួលដែលអាចកើតមាន នៅពេលដែលពួកគេធ្វើឱ្យប្រជាជនចិនមានការមិនពេញចិត្តដោយចេតនាឬអចេតនា ជាពិសេសនៅពេលដែលក្រុមហ៊ុនទាំងនោះគាំទ្រទៅលើរឿងអ្វីមួយដែលផ្ទុយពីគំនិតរបស់ប្រជាជនចិន។ នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនបរទេសដែលវិនិយោគនៅក្នុងប្រទេសចិនបានជួបរឿងបែបនេះ ប៉ុន្តែនៅមានក្រុមហ៊ុនបរទេសផ្សេងៗទៀតដែលធ្លាប់បានជួបប្រទះនឹងបញ្ហាដែលរសើបផ្សេងៗទាក់ទងទៅនឹងបញ្ហានយោបាយនៃប្រទេសចិនដែលមានដូចជាការប៉ះពាល់ជាមួយបញ្ហារបស់ចិននិងហុងកុងជាដើម បើយោងទៅតាមការចុះផ្សាយរបស់​​កាសែត Quartz។ ​​ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រុមហ៊ុនខ្លះចេញមុខសូមទោសជាសាធារណៈ រីឯក្រុមហ៊ុនខ្លះទៀតវិញមិនអាចបន្តឈរជើងនៅក្នុងប្រទេសចិនបាន​ទៀតផង។​​ ការលូកដៃចូលបញ្ហារសើបនេះហើយដែលអាចបង្កជាផលវិបាកដល់ក្រុមហ៊ុនបរទេសដែលចង់ចូលមកវិនិយោគនៅប្រទេសចិនបើទោះបីជាពួកគេដឹងថាចិនគឺជាទីផ្សារដ៏ធំមួយនៅក្នុងពិភពលោកក៏ដោយ។​​​​ យើងក៏មិនគួរមើលរំលងទេ ប្រសិនបើការវិនិយោគពីបរទេសមានចំនួនថយចុះនោះ ប្រទេសចិននឹងបាត់បង់ចំណូលមួយចំនួនពីការវិនិយោគបរទេសទៅតាមហ្នឹងដែរ។ ម្យ៉ាងវិញទៀត ចិនអាចនឹងជួបប្រទះនូវផលវិបាកនៅពេលអនាគតប្រសិនបើអតិថិជនរបស់ខ្លួននៅបរទេសធ្វើការតបតដោយធ្វើពហិការលើផលិតផលរបស់ចិនវិញ។ គួរបញ្ជាក់ផងដែរថា បើយោងទៅតាមទិន្នន័យរបស់ ​World’s Top Export នៅឆ្នាំ២០១៩ ប្រទេសចិនដើរតួយ៉ាងសំខាន់ក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅបរទេសដែលរួមមានអាមេរិក ជប៉ុន អឺរ៉ុប និង​កូរ៉េខាងជើងជាដើម​ ដែលមានតម្លៃសរុបស្មើនឹង ២,៤៩៩​ ទ្រីលានដុល្លាអាមេរិក។​ ដូចនេះហើយប្រសិនបើមានការប្រតិកម្មតបទៅវិញពីអ្នកទិញទំនិញរបស់ចិននៅប្រទេសជាដៃគូទាំងប៉ុន្មាននេះ ចិនអាចនឹងមានផលវិបាកដោយសារតែខ្លួនត្រូវដោះស្រាយបញ្ហានៃការនាំចេញដែលអាចឈានទៅដល់ការធ្លាក់ចុះនៃតម្លៃទំនិញផងដែរប្រសិនបើទំនិញទាំងនោះគ្មានតម្រូវការទីផ្សារ។​

ប្រសិនបើយើងក្រឡេកមកមើលជ្រុងម្ខាងទៀតនៃបញ្ហានេះវិញ យើងអាចនឹងឃើញថា ការធ្វើពហិការលើផលិតផលបរទេសទាំងប៉ុន្មានក្រុមហ៊ុននេះអាចជាឱកាសសម្រាប់ក្រុមហ៊ុននៅក្នុងស្រុកដើម្បីធ្វើការប្រកួតប្រជែងនិងរីកដុះដាលនៅពេលដែលក្រុមហ៊ុនបរទេសកំពុងតែជួបវិបត្តិផងដែរ។​ យោងទៅតាមតួលេខពី​ Kantar នៃតម្លៃម៉ាកនៃផលិតផលដែលផលិតនៅក្នុងប្រទេសចិននៅក្នុងឆ្នាំ២០១៩នោះគឺមានតម្លៃដល់ទៅ ៨៨៩,៧ ប៊ីលានដុល្លាអាមេរិក ដែលអាចបញ្ជាក់បានថានៅមានផលិតផលចិនជាច្រើនទៀតដែលរង់ចាំជំនួសដំណែងផលិតផលបរទេសទាំងនោះ។​​ ហេតុដូចនេះហើយ យើងអាចមើលឃើញថា ទោះបីជាចិនអាចមានឧបសគ្គដោយសារតែបម្រែបម្រួលចរន្តនៃការវិនិយោគពីបរទេស ចិនក៏អាចមានឱកាសនៅក្នុងការបង្កើនកម្លាំងផលិតផលក្នុងស្រុកសម្រាប់ទីផ្សាររបស់ខ្លួនផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏មន្រ្តីអ្នកនាំពាក្យនៃក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថាការធ្វើពហិការរបស់ប្រជាជនចិននេះគឺមិនមានការរៀបចំ​​ឬចូលរួមពីរដ្ឋាភិបាលចិនឡើយ។ វាគឺជាការធ្វើពហិការរបស់ប្រជាជនចិនដោយផ្ទាល់តែម្តង។ សរុបសេចក្តីមក ការធ្វើពហិការរបស់ប្រជាជនចិនទៅលើផលិតផលបរទេសនេះនឹងធ្វើឱ្យមានភាពរង្គោះរង្គើដល់បញ្ហាពាណិជ្ជកម្មរបស់ចិនជាមួយនឹងបណ្តាប្រទេសផ្សេងទៀត បើទោះបីជាវាអាចនឹងផ្ដល់ឱកាសដល់ការផលិតទំនិញក្នុងស្រុកឱ្យរីកលូតលាស់ក៏ដោយ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

មូលហេតុនៃការធ្លាក់ចុះនៃចក្រភពរ៉ូម

ក្រោយពីទទួលបានជ័យជំនះក្នុងសង្គ្រាម the Second Punic War ជាមួយប្រទេសអេស្ប៉ាញ សាធារណរដ្ឋរ៉ូមបានរំលាយចោលនូវរបបសាធារណរដ្ឋរបស់ខ្លួនដែលមានអាយុកាល៤៥០ឆ្នាំនេះ រួចបង្កើតឡើងនូវចក្រភពរ៉ូម។ បន្ទាប់ពីបង្កើតឡើងនូវចក្រភពថ្មីនេះ ចក្រភពរ៉ូមមិនទាន់ភាពរីកចម្រើនភ្លាមៗនោះទេ ប៉ុន្តែចក្រភពរ៉ូមបានវិវដ្ដខ្លួនម្ដងបន្ដិចៗ រហូតដល់សតវត្សទី៨មុនគ.ស. ដែលចក្រភពរ៉ូមបានលេចកិត្យានុភាពរបស់ខ្លួន។ នៅក្រោមរជ្ឋកាលរបស់ Trajan ដែលជាអធិរាជនៃចក្រភពរ៉ូម(៩៨នៃគ.ស. ដល់ ១១៧នៃគ.ស.) កិត្យានុភាពរបស់ចក្រភពនេះបានឈានទៅដល់កម្រិតកំពូលដែលមានឈ្មោះល្បីរន្ទឺក្នុងប្រវត្ដិសាស្ត្រ ដោយសារតែការប្រើប្រាស់នយោបាយពង្រីកទឹកដីក្នុងតំបន់ជាច្រើនដូចជាតំបន់ដែលបច្ចុប្បន្នយើងស្គាល់ថាជាទ្វីបអ៊ឺរ៉ុប ចក្រភពអង់គ្លេស ទ្វីបអាស៊ីខាងលិច  អាហ្វ្រិកខាងជើង និងកោះមេឌីទែរ៉ាណេជាដើម។ គួរឱ្យដឹងថា ការលាតសន្ធឹងរបស់អាណាចក្ររ៉ូមនៅពេលនោះគឺបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ប្រវត្តិសាស្រ្តអរិយធម៌ និងប្រវត្តិសាស្រ្តពិភពលោក ជាពិសេសបន្ទាប់ពីការដួលរលំនៃចក្រភពនេះក្នុងឆ្នាំ៤៧៦នៃគ.ស. ។ ដូចនេះ សំនួរគឺតើកត្ដាអ្វីដែលដែលធ្វើឱ្យអាណាចក្រដ៏ខ្លាំងមួយនេះដួលរលំ?

១ ការលុកលុយដោយកុលសម្ព័ន្ធខាងក្រៅ
មូលហេតុគោលក្រោយការដួលរលំនៃចក្រភពរ៉ូមនោះគឺដោយសារភាពបរាជ័យក្នុងការការពារចក្រភពរបស់ខ្លួនពីជនខាងក្រៅ។ នៅឆ្នាំ៣៧០នៃគ.ស. មានក្រុមតូចមួយឈ្មោះថា Huns ដែលបច្ចុបន្បន្នជាប្រទេសកាហ្សាក់ស្ថាន បានចូលលុកលុយទ្វីបអឺរ៉ុបភាគអាគ្នេយ៏ ដោយធ្វើឱ្យកុលសម្ព័ន្ធ Germanic ជាច្រើនផ្លាស់ខ្លួនមកដល់ព្រំដែនចក្រភពរ៉ូម។ ក្នុងអំឡុងពេលនោះដែរ ជនជាតិរ៉ូមក៏បានអនុញ្ញាតឱ្យកុលសម្ព័ន្ធមួយឈ្នោះ Visigoth ចូលមកទឹកដីរបស់ខ្លួន ប៉ុន្តែក្រោមការធ្វើបាប បង្អត់អាហារ កាប់សម្លាប់ និងធ្វើជាទាសករជាដើម។ ភាពឃោរឃៅនេះបានហុចឱ្យចក្រភពរ៉ូមនូវសត្រូវមួយយ៉ាងកាចសាហាវដែលកំពុងរស់នៅក្នុងទឹកដីរបស់ខ្លួនដោយមិនដឹងខ្លួន។ ក្នុងអំឡុងឆ្នាំ៣០០ នៃគ.ស. កុលសម្ព័ន្ធ Visigoth បានបះបោរពីក្នុងចក្រភពរ៉ូម ដែលបន្ទាប់មកទទួលបានជ័យជំនះទៅលើកម្លាំងកងទ័ពរបស់អធិរាជនៃចក្រភពរ៉ូមឈ្មោះ Valens ហើយបន្តទៅលុកលុយដល់ទីក្រុងនៃចក្រភពនេះនៅក្នុងឆ្នាំ៤១០ នៃគ.ស.។ ដោយមានការវាយលុកលុយពីខាងក្នុង ចក្រភពរ៉ូមភាគខាងលិចបានចាប់ផ្តើមធ្លាក់ចូលទៅក្នុងសភាពទន់ខ្សោយ ដែលបង្កជាឱកាសសម្រាប់កុលសម្ព័ន្ធ Germanic ដ៏ទៃទៀតដូចជាពួក the Vandals និងពួក the Saxons លួចឆ្លងកាត់ព្រំដែនរបស់ខ្លួនហើយកាន់កាប់តំបន់ចក្រភពអង់គ្លេស អេស្បាញ និងអាហ្រ្វិកខាងជើង។

២ បញ្ហាសេដ្ឋកិច្ច និងការពឹងផ្អែកទៅលើពលកម្មទាសករ
បន្ទាប់ពីការលុកលុយពីសត្រូវខាងក្រៅ ចក្រភពនេះក៏បានរងទុក្ខពីវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរក្នុងអំឡុងឆ្នាំ៣៣ នៃគ.ស.ផងដែរ។ វិបត្តិហិរញ្ញវត្ថុនេះគឺបណ្តាលមកពីសង្គ្រាមឥតឈប់ឈរដើម្បីសម្រេចនូវគោលនយោបាយពង្រីកទឹកដីរបស់ខ្លួន ហើយជាមួយគ្នានេះដែរក៏មានការកើតឡើងនូវអំពើពុករលួយ ការគាបសង្កត់យកពន្ធ និងវិបត្តិអតិផរណាដែលបានកើតឡើង។ ម្យ៉ាងវិញទៀត សេដ្ឋកិច្ចរបស់ចក្រភពរ៉ូមក៏មានការពឹងផ្អែកខ្លាំងទៅលើពលកម្មទាសករបានមកពីតំបន់ដែលចក្រភពនេះត្រូវបានគ្រប់គ្រង។ កម្លាំងទាសករទាំងនេះត្រូវបានប្រើប្រាស់សឹងក្នុងគ្រប់វិស័យសម្រាប់សេដ្ឋកិច្ចរបស់ចក្រភពរ៉ូម ដែលជាហេតុធ្វើនាំឲ្យមានកង្វះចំនួនអ្នកធ្វើការនៅពេលដែលការពង្រីកចក្រភពត្រូវបានផ្អាកក្នុងសតវត្សរ៍ទី២។ លើសពីនេះទៀត វិបត្តិនេះបានបន្តទៅដល់សតវត្សរ៍ទី៥ នៅពេលដែលមានការលុកលុយនៃតំបន់អាហ្វ្រិកខាងជើងពីកុលសម្ព័ន្ធ the Vandals ដែលធ្វើឱ្យមានការរំខានទៅដល់ការធ្វើពាណិជ្ឋកម្ម ដោយសារមានការលួចប្លន់តាមដងសមុទ្រមេឌីទែរ៉ាណេ។ ជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច ពាណិជ្ជកម្មនិងកសិកម្ម ចក្រភពនេះបានចាប់ផ្តើមបាត់បង់ឥទ្ធិពលរបស់ខ្លួនលើទ្វីបអឺរ៉ុបនិងតំបន់ផ្សេងៗដែលខ្លួនធ្លាប់បានគ្រប់គ្រង។

៣ ការបែកចែកចក្រភពជាពីរ
យោងតាមការចេញផ្សាយរបស់ World History Encyclopedia នៅក្នុងចុងសតវត្សរ៍ទី៣ នៃគ.ស. ចក្រភពរ៉ូមមានក្រឡាផ្ទៃដីចំនួន ៤.៤លានម៉ែត្រការ៉េ។ ដោយសារចក្រភពនេះមានទឹកដីធំធេងពេក ក្នុងឆ្នាំ២៨៥ នៃគ.ស. អធិរាជនៃចក្រភពរ៉ូមឈ្មោះ Diocletian បានសម្រេចចិត្តចែកចក្រភពរ៉ូមជាពីរ ដោយមានចក្រភពខាងលិច និងចក្រភពខាងកើត ក្នុងគោលបំណងដើម្បីធ្វើឲ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង។ ផ្ទុយមកវិញ ការបែកចែកនេះបានធ្វើឱ្យចក្រភពទាំងពីរឃ្លាតពីគ្នា និងមានអតុល្យភាពរវាងចក្រភពខាងកើតនិងចក្រភពខាងលិចដែលកំពុងជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ ដោយសារតែភាគខាងលិចនៃចក្រភពរ៉ូមកំពុងតែត្រូវបានលុកលុយ ចក្រភពរ៉ូមទាំងពីរក៏មានភាពបរាជ័យក្នុងការធ្វើការជាមួយគ្នាដើម្បីការពារចក្រភពរបស់ខ្លួនពីការលុកលុយពីសម្ព័ន្ធខាងក្រៅ ព្រោះតែភាពលំបាកក្នុងការប្រាស្រ័យទាក់ទងគ្នា និងកង្វះកម្លាំងទ័ពដោយសារតែកម្លាំងទ័ពទាំងនោះត្រូវបានបែងចែកទៅលើតំបន់ដ៏ទៃទៀតនៃចក្រភពនេះ។

៤ ការកកើតឡើងនូវគ្រីស្ទសាសនាក្នុងចក្រភពរ៉ូម
យោងតាមអ្នកសិក្សាជាច្រើនបានអះអាងថា ឥទ្ធិពលនៃការរីករាលដាលនៃគ្រីស្ទសាសនានៅក្នុងចក្រភពរ៉ូម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្លាក់ចុះនៃចក្រភពនេះ។ ជំនឿលើគ្រីស្ទសាសនាបានចាប់ផ្តើមដំបូងនៅក្នុងចក្រភពរ៉ូម នៅក្នុងឆ្នាំ ៣១៣ នៃគ.ស. ដោយអធិរាជ Constantine បានចេញនូវដីការស្តីពីការទទួលស្គាល់សាសនានេះនៅក្នុងចក្រភពរបស់ខ្លួននេះបើយោងតាមការចេញផ្សាយរបស់ Britannica។ មុនគ្រីស្ទសាសនាបានក្លាយជាសាសនាជាតិរបស់ចក្រភពរ៉ូម ចក្រភពរ៉ូមក៏បានជួបប្រទះនូវជម្លោះសាសនារវាងនាក់កាន់សាសនាគ្រឹស្ទ និងអ្នកដែលកាន់នូវប្រពៃណីចាស់ ដោយពួកគេជឿថាការកាន់គ្រីស្ទសាសនាបានចាប់ផ្តើមបំបាត់នូវតម្លៃវប្បធម៌របស់ខ្លួនបន្តិចម្តងៗ និងមានការផ្លាស់ប្តូរទៅលើការពង្រឹងចក្រភពរបស់ខ្លួនទៅដល់ជំនឿទៅលើព្រះជាម្ចាស់តែមួយគត់។ ជាមួយគ្នានេះ ចក្រភពរ៉ូមក៏បានចាប់ផ្តើមយកជំនឿគ្រីស្ទសាសនាដើម្បីដើរតួនាទីក្នុងនយោបាយរបស់ខ្លួន ដែលធ្វើឲ្យមានភាពស្មុគស្មាញ និងភាពមិនស្ថិតស្ថេរទៅក្នុងរដ្ឋាភិបាល។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ឡេង ហ៊ត
គំនូរដោយ៖ កញ្ញា ហេង លីពណ្ណរាយ

ប្រទេសលីប៊ី៖ ១០ឆ្នាំក្រោយបដិវត្ដន៍លោកហ្គាដាហ្វី

ថ្ងៃទី១៧ ខែមីនា  ឆ្នាំ២០២១ ជាថ្ងៃមួយដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រប្រទេសលីប៊ី ដោយសារថ្ងៃនោះជាថ្ងៃគម្រប់១០ឆ្នាំនៃការផ្តួលរលំរបបគ្រប់គ្រងរបស់លោកហ្គាដាហ្វី(Gaddafi)ដែលជាមេដឹកនាំផ្តាច់ការដែលគ្រប់គ្រងប្រទេសលីប៊ីអស់រយៈពេលជាង៤០ឆ្នាំ។ ដោយក្រឡេកមកមើល ប្រទេសលីប៊ីក្រោយការធ្វើបដិវត្តន៍ក្នុងឆ្នាំ២០១១ ស្ថានភាពនយោបាយនៅក្នុងប្រទេសនេះនៅមិនទាន់មានសន្តិភាពនិងស្ថិរភាពនៅឡើយនោះទេ ដែលផ្ទុយទៅវិញប្រទេសលីប៊ីបានធ្លាក់ទៅក្នុងភ្លើងសង្គ្រាមស៊ីវិលជាលើកទីពីរ។

ក្នុងកំឡុងពេលសង្គ្រាមស៊ីវិលទីពីរបានកើតឡើង ប្រទេសលីប៊ីត្រូវបានបែងចែកតំបន់ត្រួតត្រាជាពីរធំៗ។ ភាគីនៃជម្លោះម្ខាងគឺជាក្រុមរដ្ឋាភិបាលចម្រុះដែលផ្តួចផ្តើមដោយអង្គការសហប្រជាជាតិក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ហើយមានទីស្នាក់ការនៅឯរដ្ឋធានី Tripoli ។ រដ្ឋាភិបាលចម្រុះ (GNA)នេះសហការជាមួយក្រុមកងឈ្លបជាច្រើនទៀតដើម្បីការពារទីក្រុងTripoli ហើយជាក្រុមដែលប្រឆាំងនឹងរបបលោកហ្គាដាហ្វី។ ក្រុមជម្លោះម្ខាងទៀត គឺដឹកនាំដោយក្រុមរដ្ឋសភាដែលជាប់អាណត្តិនៅក្នុងការបោះឆ្នោតឆ្នាំ២០១៤ តែមិនបានទទួលស្គាល់ពីតុលាការកំពូលថាជារដ្ឋសភាស្របច្បាប់តាមរដ្ឋធម្មនុញ្ញនោះទេ។ ដោយបង្ហាញជំហមិនគាំទ្រទៅដល់ការសម្រេចរបស់តុលាការកំពូល និងរដ្ឋាភិបាលចម្រុះ (GNA) រដ្ឋសភាដែលជាប់អាណត្តិ២០១៤នោះបានផ្លាស់ប្តូរទីស្នាក់ការពីរដ្ឋធានីTripoli ទៅឯទីក្រុង Tobruk នៅឯភាគខាងកើតប្រទេស។ ក្រុមរដ្ឋសភានេះក៏សហការជាមួយក្រុមទ័ពជាតិលីប៊ី (Libyan National Army)  ដែលបង្កើតឡើងដោយលោក Khalifa Haftar ដែលធ្លាប់ជាអគ្គមេបញ្ជាការក្រោមលោក ហ្គាដាហ្វី។

កង្វះនូវអត្តសញ្ញាណជាតិលីប៊ីរួម
ប្រទេសលីប៊ីដែលមានព្រំប្រទល់ដូចសព្វថ្ងៃនេះគឺកើតចេញពីសមិទ្ធិផលនៃការដាក់អាណានិគមរបស់ ប្រទេសអ៊ីតាលីដែលរវាងឆ្នាំ១៩៣៤ និង១៩៤៣ ដែលជាទឹកដីរាជាណាចក្រអ៊ីតាលីដណ្តើមយកបានពីចក្រភពអូតូម៉ង់ (Ottoman)នៅដើមសតវត្សទី២០។ គួររំលឹកបន្ដិចថា ​ទឹកដីលីប៊ីគឺពោរពេញទៅដោយកុលសម្ព័ន្ធអារ៉ាប់ និងប៊េប៊ែ (Beber) ដែលមានដល់ទៅ១៤០ កុលសម្ព័ន្ធ ដែលកុលសម្ព័ន្ធធំៗមានចំនួន៣០។  កាលដែល បង្កើតនិងការគូសវាសព្រំប្រទល់របស់ប្រទេសលីប៊ីគឺមិនបានគិតគូរពីទីតាំងប្រជាសាស្ត្រ ភូមិសាស្ត្រ និងប្រវត្តិសាស្ត្ររបស់ទឹកដីនៅកន្លែងនោះនោះទេ ដែលជាហេតុបន្សល់នូវបញ្ហាកុលសម្ព័ន្ធ។ ហើយការបែងចែកកុលសម្ព័ន្ធនេះគឺតែងតែមានឥទ្ធិពលទៅលើប្រព័ន្ធនយោបាយនិងសង្គមរបស់ប្រទេសលីប៊ីដែលបានធ្វើឲ្យប្រជាជនលីប៊ីទាំងមូលខ្វះនូវអត្តសញ្ញាណរួមមួយ ដែលជាអត្តសញ្ញាណរបស់ប្រជាជាតិលីប៊ី។ កង្វះនូវអត្តសញ្ញាណរួមនេះបានធ្វើឲ្យប្រជាជនលីប៊ីមិនអាចមានភក្តីភាពនិងស្មារតីស្នេហាជាតិឡើយ ដោយពួកគេបានផ្តល់ភក្តីភាពនិងស្មារតីពលីការពារទៅឱ្យកុលសម្ព័ន្ធរបស់គេរៀងៗខ្លួនវិញ។ ជាក់ស្តែងរប្រទេសលីប៊ីខ្វះរដ្ឋាភិបាលមជ្ឍិមដែលគិតគូរពីការស្ថាបនាស្មារតីជាជាតិមួយជូនទៅដល់ប្រជាជនលីប៊ីទាំងមូលនោះទេ។

ក្នុងអាណត្តិជិតកន្លះសតវត្សន៍របស់លោក ហ្គាដាហ្វី លោកបានបង្ហាញជំហរលំអៀងដោយផ្តល់នូវលាភសក្ការៈនិងផលប្រយោជន៍ទៅដល់កុលសម្ព័ន្ធណាដែលមានប្រយោជន៍សម្រាប់របបគ្រប់គ្រងរបស់លោក។ គោលនយោបាយរបស់លោកមួយនេះមិនត្រឹមតែមិនអាចឲ្យកុលសម្ព័ន្ធចុះសម្រុងជាមួយគ្នានោះទេ ថែមទាំងបង្កឲ្យការបែងចែកនេះកាន់តែធ្ងន់ធ្ងរឡើងក្រោយពីលោកបានស្លាប់ទៅ។ ជាមួយគ្នានឹងប្រើប្រាស់កុលសម្ព័ន្ធដើម្បីកាន់កាប់អំណាចនេះដែរ នៅក្នុងសង្គ្រាមស៊ីវិលលើកទីពីរ លោក Hafter បានទទួលការជ្រោមជ្រែងពីកុលសម្ព័ន្ធនៅភាគខាងកើតដូចជា​ Awaqir, Obeidat,​ Barassa, និង Hassaជាដើមដែលជាកម្លាំងអាចឲ្យលោកធ្វើប្រតិបត្តិការប្រឆាំងនឹងរដ្ឋាភិបាលក្រុងTripoli បាន។​

បណ្តាសានៃធនធានធម្មជាតិ
បើក្រឡេកមើលពីខាងចក្ខុវិស័យរបស់សេដ្ឋកិច្ចវិទូវិញ ស្ថានភាពរបស់ប្រទេសលីប៊ីគឺធ្លាក់ទៅរក”បណ្តាសានៃធនធានធម្មជាតិ” (Resouce Curse)។ បណ្តាសានៃធនធានធម្មជាតិគឺជាទ្រឹស្តីដែលពន្យល់ថាប្រទេសណាដែលសេដ្ឋកិច្ចពឹងផ្អែកតែលើធនធានធម្មជាតិតែមួយមុខ មុខជាជួបនឹងស្ថានភាពនយោបាយដែលដឹកនាំដោយជនផ្តាច់ការ ហើយពោរពេញដោយអំពើពុករលួយ។ ជាក់ស្តែងប្រទេសលីប៊ីជាប្រទេសមួយដែលពឹងផ្អែកលើធនធានដ៏មានតម្លៃបំផុតគឺប្រេង។ ប្រទេសលីប៊ីជាសមាជិកនៃOPEC និងមានបរិមាណប្រេងបម្រុងទុកធំជាងគេក្នុងទ្វីបអាហ្រ្វិក។ យោងតាមទិន្នន័យOEC ផលិតផលនាំចេញដែលច្រើនជាងគេបំផុតរបស់ប្រទេសលីប៊ីគឺប្រេងកាតឆៅដែលស្មើនឹង៨៩%នៃផលិតផលនាំចេញសរុប ក្នុងឆ្នាំ២០១៩។ ប៉ុន្តែផលប្រយោជន៍ដែលបានមកពីតំណក់ប្រេងមិនបានទៅដល់បុគ្គលគ្រប់ស្រទាប់វណ្ណៈរបស់ប្រទេសលីប៊ីឡើយ។​​​ ជាក់ស្តែងក្នុងសម័យនៃការគ្រប់គ្រងរបស់លោកហ្គាដាហ្វី  លោកបានធ្វើជាតូបនីយកម្មលើឧស្សាហកម្មប្រេងហើយផលប្រយោជន៍ដែលបានមកពីប្រេងនេះគឺគ្រាន់តែបំពេញតម្រូវការរបស់លោក និងក្រុមឥស្សរជនមួយចំនួនតូចតែប៉ុណ្ណោះ។ ជាក់ស្តែងយោងតាមរបាយការណ៍ដែលផ្សាយចេញពី African Economic Outlook (២០១២)បានបង្ហាញឲ្យឃើញថាប្រទេសលីប៊ីមានកំណត់ត្រាវិសមភាពសង្គមខ្ពស់ អត្រាយុវជនមិនមានការងារធ្វើខ្ពស់ និងវិសមភាពសេដ្ឋកិច្ចតាមតំបន់ ដែលបញ្ហានេះជាមូលហេតុរួមផ្សំដែលនាំឲ្យមានការធ្វើបាតុកម្មបះបោរនៅឯទីក្រុង Benghazi ហើយឈានទៅរកការធ្វើបដិវត្តន៍ផ្តួលរលំទម្លាក់របបលោកហ្គាដាហ្វីតែម្តង។

ពិភពសំបូរទៅដោយធនធានប្រេងនេះ ក៏បានធ្វើឲ្យប្រទេសលីប៊ីធ្លាក់ក្នុងសំណាញ់ផលប្រយោជន៍នៃប្រទេសដទៃទៀត។ ជាក់ស្តែងសង្គ្រាមស៊ីវិលទីពីររបស់លីប៊ីក៏កើតឡើងដោយសារតែការជ្រៀតជ្រែកពីភាគីខាងក្រៅផងដែរ។ ការរួមផ្សំនេះមានការចូលរួមពីភាគីជាច្រើនមានដូចជាប្រទេសតួគីនិងកាតានៅឯពីក្រោយភាគីTripoli រីឯក្រុមប្រទេសរូស្ស៊ី អេស៊ីប និងអារ៉ាប់រួមនៅពីក្រោយភាគីTobruk ហើយការជ្រៀតជ្រែកពីភាគីខ្លះគឺពាក់ព័ន្ធនឹងបញ្ហាប្រេងនេះឯង។ លោកMustafa Sanalla ប្រធាននៃសហគ្រាសប្រេងរដ្ឋ(National Oil Corporation) បានចោទប្រកាន់ថាភាគីបរទេសទាំងនោះរាំងស្ទះប្រទេសលីប៊ីមិនឲ្យផលិតប្រេង គឺដោយសារតែការត្រឡប់មកផលិតប្រេងរបស់ប្រទេសលីប៊ីអាចរាំងស្ទះដល់តុល្យភាពនៃទីផ្សារប្រេង នឹងដាក់សម្ពាធដល់សមាជិកផ្សេងៗទៀតនៃ OPEC+ ដើម្បីផ្គត់ផ្គង់ប្រេងទៅក្នុងទីផ្សារអន្តរជាតិ។

អំណាចគ្រប់គ្រងលើបុគ្គលតែមួយរួប
ក្រោយពីប្រទេសលីប៊ីទទួលបានឯករាជ្យពីប្រទេសអ៊ីតាលីមក ប្រទេសឯករាជ្យមួយនេះមិនដែលធ្លាប់ឆ្លងកាត់នូវរបបប្រជាធិបតេយ្យពេញលេញនោះទេ។ ក្រោយពីក្លាយជារដ្ឋឯករាជ្យក្នុងចន្លោះឆ្នាំ១៩៥១ និងឆ្នាំ១៩៦៩ ប្រទេសលីប៊ីនៅក្រោមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ក្នុងរយៈពេលដ៏ខ្លីតែ១៨ឆ្នាំ រាជាណាចក្រលីប៊ីគ្រប់គ្រងដោយរាជាតែមួយអង្គគត់ដែលមានព្រះនាមថា Idris I ហើយក្នុងរជ្ជកាលរបស់ទ្រង់ ប្រទេសលីប៊ីមិនមានប្រជាធិបតេយ្យពេញលេញឡើយ ដោយសារទ្រង់បានហាមឃាត់មិនឱ្យមាន ការបង្កើតគណបក្សនយោបាយ ការបង្ករឱ្យមានក្លែងបន្លំសន្លឹកឆ្នោត និងការគាបសង្កត់សេរីភាពក្នុងការបញ្ចេញមតិជាដើម។ នៅឆ្នាំ១៩៦៩ ស្តេចIdris ត្រូវបានធ្វើរដ្ឋប្រហារដោយសេនាប្រមុខមួយរូបគឺលោក Gaddafi នេះឯង ដែលនាំឲ្យមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យកាន់តែចុះដុនដាបទៅៗ។ នៅក្នុងរបបលោកហ្គាដាហ្វី លោកបានកម្ចាត់ចោលរាល់ភាគីដែលលោកចាត់ទុកថាជាសត្រូវ។ យុទ្ធសាស្ត្រការគ្រប់គ្រងរបស់លោកហ្គាដាហ្វី បានបង្កើតរបបគ្រប់គ្រងមួយដែលអាស្រ័យលើបុគ្គលតែមួយរួប គឺជារូបលោកផ្ទាល់។ ដូច្នេះហើយនៅពេលដែលរបបរបស់លោកត្រូវបានផ្តួលរលំទៅ វាបានបង្កើតឲ្យមានលំហនៃអំណាច (Power Vacuum )ដែលទាក់ទាញឲ្យភាគីផ្សេងៗនៅក្នុងឆាកនយោបាយប្រទេសលីប៊ីដូចជាលោកHaftarក្នុងការប្រឆាំងគ្នាដណ្តើមអំណាចនិងមុខដំណែងបន្តពីលោក។

ជាការសន្និដ្ឋានចុងក្រោយ ទោះបីជាភាគីនៃជម្លោះទាំងពីរបានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ និងបង្កើតរដ្ឋាភិបាលរួមដែលមានការទទួលស្គាល់ពីភាគីទាំងពីរក៏ដោយ ក៏នេះមិនអាចបញ្ជាក់បានថាប្រទេសលីប៊ីនឹងជិតដល់ត្រើយសន្តិភាពនៅឡើយទេ។ ចំពោះប្រទេសលីប៊ីដែលមិនដែលមានមូលដ្ឋានប្រជាធិបតេយ្យក្នុងប្រវតិ្តសាស្ត្រនៃរបបនយោបាយ ប្រទេសនេះ នឹងប្រឈមមុខនឹងការប្រកួតប្រជែងដណ្តើមគ្នា ដើម្បីកាន់កាប់ធនធានប្រេងដ៏មានតម្លៃ កំឡុងពេលរដ្ឋាភិបាលមជ្ឈិមកណ្តាលនឹងនៅតែទន់ខ្សោយ។ ប្រទេសលីប៊ីក៏អាចនៅតែខ្វះនូវមូលដ្ឋានគ្រឹះនៃអត្តសញ្ញាណជាតិរួមមួយដែលអាចនាំឲ្យប្រទេសបែកបាក់ប្រសិនបើបញ្ហាធំៗខាងលើមិនមានវិធានការដោះស្រាយនោះទេ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទដោយ៖ លោក ឆាយ តេជគុណ
គំនូរច្នែប្រឌិតដោយ៖ កញ្ញា បូរ ដាលីន

ដំណឹងស្វែងរកជើងខ្លាំង ខាងវិភាគព្រឹត្តិការណ៍ពិភពលោក

0

“គំនិតមិត្ដអ្នកអាន” គឺជាកម្មវិធីមួយរបស់ The SEED សម្រាប់បើកឱកាសឱ្យសាធារណៈជនបញ្ចេញសមត្ថភាពតាមរយៈការបញ្ចេញទស្សនៈដែលវិភាគព្រឹត្ដិការណ៍ពិភពលោក។ អត្ថបទដែលត្រូវបានជ្រើសរើសនឹងត្រូវចេញផ្សាយតាមគេហទំព័រ www.theseedcambodia.com ។

ដើម្បីចូលរួមកម្មវិធីនេះ ប្រិយមិត្ដគ្រាន់តែផ្ញើអត្ថបទវិចារណកថាមកកាន់ The SEED តាមរយៈ public_relations@localhost ឬ Telegram (https://t.me/TheSEED58) ឬ Facebook Page។ ក្រុមការងារ The SEED នឹងធ្វើការពិនិត្យមើលអត្ថបទនោះដើម្បីធានាថាអត្ថបទនោះគោរពតាមលក្ខខណ្ឌដូចជា៖
– អត្ថបទត្រូវមានអំណះអំណាងច្បាស់លាស់និងអាចទុកចិត្ដបាន (credible source)
– អក្ខរាវិរុទ្ធត្រូវគោរពតាមវចនានុក្រមសម្ដេចសង្ឃជួនណាត និងសទ្ទានុក្រម
– មិនត្រូវមានខ្លឹមសារឃោសនានយោបាយ (Propagenda)
– មិនត្រូវមានខ្លឹមសារណាមួយវាយប្រហារបុគ្គល (Personal Attack) ការរើសអើងពូជសាសន៍និងសាសនា (Descrimination) និងបរិហាកេរ្តិ៍ (Harrassment)។

សម្រាប់ព័ត៌មានបន្ថែមប្រិយមិត្ដអាចទាក់ទងមកកាន់ public_relations@localhost ឬ Telegram (https://t.me/TheSEED58) ឬ Facebook Page។

ហេតុអ្វីបានជាប្រេងឆៅពិភពលោកដាំក្បាលចុះនៅឆ្នាំ២០២០

ការរាតត្បាតរបស់ជំងឺកូវិដ១៩ បានបង្កឱ្យមានអស្ថេរភាពទីផ្សារ បង្អាក់ដំណើរការនាំចេញផលិតផល កកស្ទះសង្វាក់ផលិតកម្ម និងការធ្លាក់ចុះតម្រូវការប្រើប្រាស់ ដែលជះផលប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចសាកលទាំងមូល។ ការរីករាលដាលនៃមេរោគកូវីដ១៩បានធ្វើឱ្យមានបម្រែបម្រួលតម្លៃប្រេង​ (oil price volatility) ដែលជាកម្លាំងចលករដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ច ច្រវាក់ផលិតកម្ម វិស័យដឹកជញ្ជូន ជាពិសេសជះឥទ្ធិពលសេដ្ឋកិច្ចប្រទេសអាស្រ័យលើប្រេង។

គួររំលឹកបន្តិចថា អំឡុងឆ្នាំ ២០១៥-២០១៧ តម្លៃប្រេងពិភពលោកគិតជាមធ្យមប្រហែលជា ៥១ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ប៉ុន្តែតម្លៃប្រេងឆៅនេះធ្លាក់ចុះជាលំដាប់កាលពីអំឡុងខែមីនានិងខែមេសានៅឆ្នាំ ២០២០។ មូលហេតុចម្បងនៃការធ្លាក់ចុះនៃប្រេងនេះគឺដោយសារតែចំនួនប្រេងឆៅមានចំនួនច្រើនលើសលប់ ខណៈដែលតម្រូវការធ្លាក់ចុះ។ តម្រូវការធ្លាក់ចុះគឺដោយសារតែវិបត្ដិកូវីដ១៩ ឬឯចំនួនប្រេងឆៅមានចំនួនច្រើនលើលប់គឺដោយសារតែការប្រកួតប្រជែងគ្នារវាងប្រទេសផលិតប្រេង។ កាលពីឆ្នាំ២០២០នោះ អាមេរិកក៏បានចារជារប្រវត្ដិសាស្ត្រមួយដែរដោយសារតែតម្លៃប្រេងឆៅធ្លាក់ចុះក្រោមសូន្យ។

វិបត្ដិកូវីដ១៩ធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះ
របាយការណ៍របស់រដ្ឋបាលទិន្នន័យថាមពល (Energy Information Administration) បានបង្ហាញថាផលិតកម្មប្រេងនៅលើពិភពលោកបានធ្លាក់ចុះពី ១០០,៦១ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០១៩ មកត្រឹម ៩៤,២៥ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ​២០២០ ។ ស្ថានភាពបែបនេះបណ្ដាលមកពីការបិទប្រទេស និងការកាត់បន្ថយការធ្វើដំណើរដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩សឹងតែទូទាំងពិភពលោក ដែលជាហេតុធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាម Energy Information Administration បានឱ្យដឹងថា នៅពេលដែលករណីឆ្លងវីរុសកូវីដ១៩កំពុងរីករាលដាលខ្លាំង រដ្ឋាភិបាលអាមេរិកបានដាក់វិធានការឱ្យប្រជាជនស្ថិតនៅផ្ទះ ការហាមប្រាមមិនឱ្យចេញទៅក្រៅការបិទផ្លូវ និងតំបន់មានការឆ្លងខ្លាំង ដែលនេះជាហេតុធ្វើឱ្យតម្រូវការប្រេងឆៅនិងប្រេងឥន្ធនៈរាវបានធ្លាក់ចុះ៩%។

តម្លៃប្រេងឆៅអាមេរិកធ្លាក់ចុះក្រោមសូន្យគឺជាអ្វី?
នៅក្នុងស្ថានភាពនៅប្រទេសអាមេរិកកាលពីឆ្នាំ២០២០វិញ តម្លៃប្រេងឆៅនៅអាមេរិកបានធ្លាក់ក្រោមសូន្យ។ ស្ថានភាពនៅអាមេរិកកាលពីនោះ យោងតាមទិនានុប្បវត្តិ European Journal of Engineering Research and Science តម្លៃប្រេងឆៅនៅអាមេរិកបានធ្លាក់រហូតដល់ ៣៧.៦៣ ដុល្លារអាមេរិកនៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០។ បន្ទាប់មកតម្លៃរបស់ប្រេងឆៅនៅអាមេរិកក៏បន្តធ្លាក់ថ្លៃរហូតដល់ថ្ងៃទី ២០​ ខែមេសា ឆ្នា២០២០ អាមេរិកបានបង្កើតប្រវត្ដិសាស្ត្រថ្មីដោយតម្លៃប្រេងឆៅបានធ្លាក់ចុះក្រោមសូន្យ។ តម្លៃ​ធ្លាក់ចុះក្រោមសូន្យគឺមានន័យថា អ្នកស្ដុកប្រេងឆៅត្រូវឱ្យលុយបន្ថែមទៅឱ្យឈ្មួញឬអ្នកស្ដុកប្រេងឆៅមួយទៀត ដោយសារតែប្រេងឆៅមានចំនួនច្រើនលើសលុបលើកន្លែងស្ដុកប្រេងឆៅ។ តាមរបាយការណ៍របស់​ EIA ប្រាប់ឱ្យដឹងថា ទំហំស្តុកប្រេងរបស់អាមេរិកសរុបអាចរក្សាប្រេងបាន ៦៥៣.៤លានបារ៉ែល ដែលតំបន់ស្តុកប្រេងភាគច្រើនស្ថិតនៅឯរោងចក្រចម្រាញ់ប្រេងដែលអាងស្តុកស្រាប់។ កាលពេលនោះមានកន្លែងស្ដុកប្រេងមួយចំនួននៅអាមេរិកបានប្រឈមមុខនូវបញ្ហាខ្វះកន្លែងស្ដុកទុកដូចជា Cushing in Oklahoma ជាដើម។ បើយោងតាមការចេញផ្សាយរបស់ Bloomberg អ្នកផលិតប្រេងឆៅមិនអាចបិទអណ្ដូងប្រេងភ្លាមៗដើម្បីកាត់បន្ថយចំនួននៃការផលិតប្រេងបានទេ ព្រោះវាអាចធ្វើឱ្យអណ្ដូងប្រេងខូចក្នុងរយៈពេលវែង។ ដោយសារការខ្លាចបាត់បង់និងខូចអណ្តូងប្រេង ផលិតកម្មប្រេងនៅតែបន្តរហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ មានរបាយការណ៍ថា ស្តុកប្រេងត្រូវបានប្រើអស់ដល់ទៅ ៥៧% នៃទំហំស្តុកសរុបស្មើនឹងបរិមាណប្រេងប្រមាណ ៣២៣.៥លានបារ៉ែល។ កត្ដាដែលធ្វើឱ្យអាមេរិកប្រឈមមកនឹងការខ្វះកន្លែងស្ដុកប្រេងឆៅមួយទៀតនោះគឺមហិច្ឆតារបស់អាមេរិកដើម្បីក្លាយជាប្រទេសផលិតប្រេងច្រើនជាងគេ និងគោលនយោបាយរបស់អតីតប្រធានាធិបតីលោកដូណាល់ត្រាំលើវិស័យប្រេងនៅអាមេរិក។ អាមេរិកបានជំរុញការផលិតប្រេងឆៅរហូតនៅឆ្នាំ២០១៩ អាមេរិកបានក្លាយជាប្រទេសផលិតប្រេងច្រើនជាងគេ។ ជាកត្ដាគួបផ្សំមួយទៀតនោះ ក្នុងនាមជាឈាមជ័រអ្នកជំនួញម្នាក់ លោកដូណាល់ត្រាំបានបញ្ជាទិញប្រេងមកស្ដុករាប់លានបារ៉ែល ដោយសារលោកយល់ឃើញថាកាលនោះកាលៈទេសៈល្អក្នុងការទិញប្រេងទុកទាន់ពេលប្រេងមានតម្លៃថោកដោយសារការប្រកួតប្រជែងតម្លៃគ្នារវាងរួស្ស៊ីនិងអារ៉ាប៊ីសាអូឌីត។

ការប្រកួតប្រជែងគ្នាលើសង្វៀនប្រេងឆៅ
មូលហេតុមួយទៀតដែលបណ្តាលឱ្យប្រេងធ្លាក់ថ្លៃនៅឆ្នាំ២០២០នោះក៏ដោយសារមានការប្រកួតប្រជែងគ្នារវាងក្រុមប្រទេសនាំចេញប្រេងជាពិសេសអារ៉ាប៊ីសាអូឌីតនិងប្រទេសរុស្ស៊ី។ គួររំលេចបន្តិចសិនថា យោងតាម ធនាគារADB ពិភពលោកផលិតប្រេងឆៅជាង ៩០ លានបារ៉ែល ក្នុងមួយថ្ងៃ ខណៈដែលតម្រូវការមានត្រឹមតែ ៧៥ លានបារ៉ែលក្នុងមួយថ្ងៃ។ កំណើននៃការផលិតប្រេងឆៅនេះចាប់ផ្ដើមដើមឆ្នាំ ២០១៤ ពេលឧស្សាហកម្មប្រេងឆៅ Shale oil របស់សហរដ្ឋអាមេរិកបានបង្កើនទំហំទីផ្សារនិងផលិតកម្មរបស់ខ្លួន។ ការពង្រីកទីផ្សារនិងផលិតកម្មប្រេងឆៅប្រភេទ​​ Shale oil ក្នុងស្រុក គឺដើម្បីកាត់បន្ថយការពឹងផ្អែកប្រេងនាំចូលពីបរទេស។ វាបានជំរុញឱ្យទិន្នផលប្រេងឆៅរបស់សហរដ្ឋអាមេរិកកើនឡើងពី ៨,៨ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងឆ្នាំ ២០១៤ និងកើនឡើងដល់ប្រមាណ ១២,២ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងឆ្នាំ ២០១៩ ។ ក្រៅពីអាមេរិក ប្រទេសផលិតប្រេងផ្សេងទៀតរួមមានរុស្ស៊ី ក៏បន្តបង្កើនផលិតកម្មរបស់ខ្លួនដែរ។ ហេតុនេះតម្លៃប្រេងធ្លាក់ពី ១១៤ ដុល្លារក្នុងមួយបារ៉ែលក្នុងឆ្នាំ ២០១៤ ដល់ប្រមាណ ២៧ ដុល្លារក្នុងឆ្នាំ ២០១៦ ។ នៅខែកញ្ញាឆ្នាំ ២០១៦ អារ៉ាប់ប៊ីសាអូឌីតនិងរុស្ស៊ីបានព្រមព្រៀងសហការគ្នាក្នុងការកំណត់តម្លៃប្រេងរួមមួយដោយបង្កើតសម្ព័ន្ធភាពក្រៅផ្លូវការ។  សម្ព័ន្ធភាពនេះមានសមាជិករបស់ OPEC និងប្រទេសផលិតប្រេងមិនមែនសមាជិករួមមានរុស្ស៊ី និងត្រូវបានគេអោយឈ្មោះថា“ OPEC+” ។  នៅខែមីនា ឆ្នាំ២០២០ រុស្ស៊ីនិង OPEC បានចចារក្នុងការកាត់បន្ថយការផលិតប្រេងបន្តដើម្បីឱ្យតម្លៃប្រេងអាចកើនឡើងវិញ។ អារ៉ាប៊ីសាអូឌីតជាប្រទេសតំណាងមានបំណងកាត់បន្ថយផលិតកម្មប្រេងក្នុងបរិមាណច្រើនប្រមាណ ១.៥លានបារ៉ែលក្នុងមួយថ្ងៃដើម្បីរក្សាតម្លៃនៅលើទីផ្សារ។ រុស្ស៊ីដែលជាដៃគូមិនយល់ស្របនឹងការកាត់បន្ថយក្នុងបរិមាណនេះទេដែលនៅបន្តផលិតប្រេងយ៉ាងច្រើន ដែលជាហេតុធ្វើឱ្យផលិតផលមានចំនួនច្រើនជាងតម្រូវការ ជាពិសេសតម្រូវការពិភពលោកត្រូវបានកាត់បន្ថយដោយសាវិបត្ដិកូវីដ១៩។ ភាគីទាំងពីរមិនបានឈានទៅរកកិច្ចព្រមព្រៀងរួមនៅកិច្ចប្រជុំនោះឡើយ ហើយតម្លៃប្រេងបានបន្តធ្លាក់ចុះ ១០% បន្ថែមទៀតបន្ទាប់ពីរុស្សីបានដើរចេញពីតុចចារនៅ​ OPEC+ ។​ យោងតាមការចុះផ្សាយរបស់ Reuters ​នៅថ្ងៃទី ២ ខែមេសាឆ្នាំ២០២០ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានគំរាមថានឹងដកកងជំនួយយោធារបស់សហរដ្ឋអាមេរិកចេញប្រសិនបើអង្គការ OPEC និងសម្ព័ន្ធមិត្តមិនកាត់បន្ថយផលិតកម្មប្រេងទេនោះ។ ការគម្រាមនេះមានគោលបំណងក្នុងការការពារក្រុមហ៊ុនប្រេងធំៗរបស់អាមេរិកមិនឱ្យធ្លាក់ទៅក្នុងភាពក្ស័យធនដោយសារប្រេងធ្លាក់ថ្លៃជាអតិផរណា និងស្ថានភាពសេដ្ឋកិច្ចអាមេរិកទាំងមូល។ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំអង្គការ OPEC+ អារ៉ាប៊ីសាអូឌីតនិងរុស្ស៊ីបានព្រមព្រៀងគ្នាកាត់បន្ថយ ៩,៧ លានបារ៉ែលក្នុងមួយថ្ងៃនៃការផលិតក្នុងអំឡុងខែឧសភានិងមិថុនា។ ពួកគេនឹងកាត់បន្ថយការផលិតដល់ ៧,៧ លានបារ៉ែលក្នុងមួយថ្ងៃ នៅពាក់កណ្តាលឆមាសទីពីរនៃឆ្នាំ ២០២០ និង ៥,៨ លានបារ៉ែលក្នុងមួយថ្ងៃ នៅចន្លោះខែមករាឆ្នាំ ២០២១ និងចុងខែមេសាឆ្នាំ ២០២២។

សរុបមកការប្រែប្រួលតម្លៃប្រេងប៉ុន្មានរយៈពេលចុងក្រោយនេះបណ្តាលមកពីកត្តាប៉ះពាល់មួយភាគធំនៃការផ្ទុះជំងឺកូវិដ១៩ដែលរាតត្បាតទូទាំងសាកលលោក ក៏ដូចការផ្គត់ផ្គង់មិនស្របតាមតម្រូវការបង្កឱ្យមានវិវាទតម្លៃប្រេង។​ ក្រៅពីនេះការប្រែប្រួលតម្លៃប្រេងមួយរយៈពេលនេះក៏បានប៉ះពាល់ទៅដល់តម្លៃភាគហ៊ុននៅលើទីផ្សារមូលប័ត្រ និងបានធ្វើឱ្យតម្លៃមាសកើនឡើងផងដែរ។ ការកើនឡើងតម្លៃមាសនេះ បណ្តាលមកពីកត្តាក្រុមហ៊ុនប្រេងមានតម្រូវការមាស ព្រោះស្ថានភាពពេលនោះអាចប្រឈមនឹងការក្ស័យធនបាន ប្រសិនបើតម្លៃប្រេងនៅតែបន្តធ្លាក់ចុះ៕​

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទចែករំលែកដោយ៖ កញ្ញា ស្រង់ ខាដាណេ
រូបគំនូរដោយ៖ កញ្ញា គង់ រដ្ធាវី

ទំនាក់ទំនង អាមេរិក­អ៉ីរ៉ង់

ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត
សហរដ្ឋអាមេរិកបានចាប់ផ្ដើមមានទំនាក់ទំនងការទូតដំបូងជាមួយព្រះរាជាណាចក្រពែរ្ស Kingdom of Persia (បច្ចុប្បន្ន អ៊ីរ៉ង់) តាំងពីឆ្នាំ១៨៥០ គឺ៦១ឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើតរដ្ឋធម្មនុញ្ញរបស់ខ្លួននៅឆ្នាំ១៧៨៩។ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពផ្អែមល្ហែមផង និងល្វីងជូរប្រៃផង អាស្រ័យទៅតាមបរិបទ និងដំណើរវិវត្ដន៍នៃស្ថិរភាពនយោបាយពិភពលោក។ រហូតដល់ឆ្នាំ ១៨៨៣ ទើបអាមេរិកផ្ដើមពង្រឹងទំនាក់ទំនងការទូតបន្ថែមតាមរយៈការតែងតាំងលោក Samuel Greene Wheeler Benjamin ជាស្ថានឯកអគ្គរដ្ឋទូតដំបូងប្រចាំ ពែរ្ស (Persia)ពែរ្ស (Persia) ត្រូវបានប្ដូរឈ្មោះទៅជា អ៊ីរ៉ង់ (Iran) នៅឆ្នាំ១៩៣៥ ដោយស្ដេច Reza Shah Pahlavi ហើយទ្រង់បានប្រកាសដាក់ជាប្រទេសអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធអំឡុងពេលសង្គ្រាមលោកលើកទី២ ដើម្បីចៀសវាងការឈ្លានពានពីសំណាក់មហាអំណាចពិភពលោកដូចជាអង់គ្លេស និងសហភាព​សូវៀតជាដើម។ នៅឆ្នាំ១៩៥៣ រដ្ឋាភិបាលអាមេរិក និងអង់គ្លេសបានរៀបចំ និងផ្ដល់ជាជំនួយគាំទ្ររដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីស្របច្បាប់លោក Mohammad Mosaddegh ហើយបានតែងតាំងលោកឧត្ដមសេនីយ Fazlollah Zahedi ជានាយករដ្ឋមន្ត្រីដែលមានចរិតចុះសម្រុងជាមួយអាមេរិកវិញ។ ការធ្វើបែបនេះបានធ្វើឱ្យពលរដ្ឋអ៊ីរ៉ង់មិនពេញចិត្តយ៉ាងខ្លាំង ម៉្យាងវិញទៀតប្រទេសនៅតំបន់មជ្ឈឹមបូព៌ារួមទាំងអ៊ីរ៉ង់ផង ជាប្រទេសដែលពលរដ្ឋទូទៅមានវប្បធម៌មិនពេញចិត្តសោះឡើយនូវវត្តមានរបស់ជនបរទេសនៅក្នុងទឹកដីរបស់ខ្លួន​។

មនោសញ្ចេតនាប្រឆាំងនឹងអាមេរិក (Anti-Americanism) របស់ជនជាតិអ៊ីរ៉ង់ចេះតែបន្តមាន រហូតដល់ឆ្នាំ ១៩៧៩ ក៏កើតមានឡើងនូវព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលមិនអាចបំភ្លេចបាននោះគឺ​ បដិវត្តន៍អ៊ីស្លាម (Islamic Revolution)។ បដិវត្តន៍នេះបានផ្ដួលរំលំរបបរាជវង្សផាឡាវី (Pahlavi dynasty) ដែលស្ថិតក្រោមការដឹកនាំរបស់ស្ដេច Mohammad Reza Pahlavi ហើយបង្កើតបាននូវឈ្មោះប្រទេសជាផ្លូវការថ្មីមួយគឺ សាធារណរដ្ឋអ៊ីស្លាមនៃអ៊ីរ៉ង់ (Islamic Republic of Iran) ក្រោមការដឹកនាំរបស់លោក Ruhollah Khomeini ដែលទើបនឹងវិលចូលមាតុប្រទេសបន្ទាប់ពីត្រូវបាននិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំ។ អំឡុងពេលមានការបដិវត្តកើតមានឡើង ព្រះអង្គ Mohammad Reza Pahlavi បានភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិក​ដើម្បីព្យាបាលជំងឺ និងគេចវេសពីការកាត់ទោសរបស់រដ្ឋាភិបាលថ្មីរបស់អ៊ឺរ៉ង់។ យោធាអ៊ីរ៉ង់ក៏បានចាប់ខ្លួនមន្រ្តីស្ថានទូតអាមេរិកចំនួន៥២នាក់ដើម្បីធ្វើជាចំណាប់ខ្មាំង ក្នុងការទាមទារឱ្យអាមេរិកធ្វើបត្យាប័នដោយបញ្ជូនខ្លួនព្រះអង្គ Mohammad Reza Pahlavi មកប្រទេសអ៊ីរ៉ង់វិញ។ ដោយភាពភ័យខ្លាចនៃការតាមចាប់ខ្លួនពីក្រុម Khomeini និងមានជំងឺធ្ងន់ធ្ងរត្រូវវះកាត់ផង បានធ្វើឱ្យទ្រង់យាងភៀសខ្លួនពីប្រទេសមួយទៅប្រទេសមួយ ហើយក៏បានសោយ​ទិវង្គត​​នៅប្រទេសអេហ្ស៊ីបដោយជម្ងឺ។ ចំណែកឯចំណាប់ខ្មាំងទាំងអស់ក៏ត្រូវបានដោះលែងក្រោយការឡើងកាន់ដំណែងជាប្រធានាធិបតីអាមេរិកថ្មីលោក Ronald Reagan

ការដាក់ទណ្ឌកម្មផ្សេងៗទៅលើប្រទេសអ៊ីរ៉ង់
ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩មក ទំនាក់ទំនងរវាងប្រទេសទាំងពីរលែងមានភាពជិតស្និតដូចមុនហើយ គឺស្គាល់តែភាពចម្រូងចម្រាស និងការចោទប្រកាន់គ្នាទៅវិញទៅមក។ ជាក់ស្ដែង រដ្ឋាភិបាលអាមេរិកបានបង្កកទ្រព្យសម្បត្តិរដ្ឋាភិបាលអ៊ីរ៉ង់នៅឆ្នាំ១៩៧៩ ចំនួន១២ពាន់លានដុល្លារសហរដ្ឋអាមេរិក ជុំវិញបញ្ហាការចាប់មន្រ្តីស្ថានទូតជាចំណាប់ខ្មាំង ការដាក់ទណ្ឌកម្មថ្មីលើទំនិញនិងសេវាកម្មនៅឆ្នាំ១៩៨៧ ជុំវិញបញ្ហាអ៊ីរ៉ង់ផ្ដល់ជំនួយដល់ក្រុមភេរវករអន្តរជាតិ និងការហាមប្រាមមិនឱ្យប្រទេសដទៃពាក់ព័ន្ធនឹងការអភិវឌ្ឍនិងធ្វើពាណិជ្ជកម្មប្រេងជាមួយអ៊ីរ៉ង់ និងទណ្ឌកម្មផ្សេងៗជាច្រើនទៀតដែលអាមេរិកបានដាក់ជាច្រើនលើកច្រើនសារ។ លើសពីនេះទៅទៀត សហភាពអ៊ឺរ៉ុប(EU) និងអង្គការសហប្រជាជាតិ (UN) ក៏បានដាក់ទណ្ឌកម្មផ្សេងៗ ដូចជាការហាមមិនឱ្យនាំចូលផលិតផលបេ្រងពីអ៊ីរ៉ង់ ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរបស់អ៊ីរ៉ង់នៅសហភាពអឺរ៉ុបត្រូវបានបង្កក  សម្ភារៈទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលបាញ់ឆ្លងទ្វីបរបស់អ៊ីរ៉ង់ត្រូវបានហាមឃាត់ និងមានទណ្ឌកម្មជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ អ៊ីរ៉ង់ក៏ត្រូវបានដាក់បញ្ចូលជាប្រទេសដែលស្ថិតក្នុងបញ្ជីខ្មៅរបស់អង្គការ កម្លាំងកិច្ចការសកម្មភាពហិរញ្ញវត្ថុ (Financial Action Task Force) ដោយសារតែការខកខានរបស់ទីក្រុងតេរ៉ង់ (Tehran) មិនបានគោរពតាមបទប្បញ្ញត្តិរបស់ខ្លួនស្តីពីការប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភេរវករ។ ទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា ប្រទេសអ៊ឺរ៉ង់ប្រៀបដូចជាសត្រូវ និងជាសត្វចចកមួយក្បាលដែលកំពុងរស់នៅក្នុងហ្វូងសត្វចៀមដែលមានម្ចាស់ជាខ្លាចាំការពារ។ និយាយឱ្យជាក់ អ៊ឺរ៉ង់គឺជាមេគ្រោះថ្នាក់ចំពោះសន្តិសុខសណ្ដាប់ធ្នាប់ពិភពលោកតែម្ដង។ ប៉ុន្តែ តើវាពិតជាដូចអ្វីដែលបានលើកឡើងដែរឬទេ ដែលថាអ៊ឺរ៉ង់ជាមេគ្រោះថ្នាក់នោះ?

តើនណារជាអ្នកបង្ករជម្លោះ?
ពីរឆ្នាំមុនព្រឹត្តិការណ៍សោកនាដកម្មរំជួយដីដ៏ធ្ងន់ធ្ងរបានសម្លាប់ប្រជាជនអ៊ឺរ៉ង់៤ម៉ឺននាក់ គឺនៅខែកក្កដា ១៩៨៨ កងទ័ពជើងទឹកអាមេរិក (USS Vincennes) បានបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ីរ៉ង់មួយគ្រឿងដោយយល់ច្រឡំថាជាយន្តហោះចម្បាំង បានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះចំនួន ២៩០ នាក់។ នៅឆ្នាំ១៩៩១ អាមេរិកលើកទ័ពទៅវាយអ៊ីរ៉ាក់ (Iraq) ដែលដឹកនាំដោយលោក Saddam Hussein ធ្វើការឈ្លានពានកូវ៉ែត (Kuwait) ពេលនោះអ៊ឺរ៉ង់បញ្ជាក់ថាខ្លួនមិនពាក់ព័ន្ធនឹងជម្លោះនេះទេ ហើយបានប្រកាសជាប្រទេសអព្យាក្រឹត ប៉ុន្តែសហរដ្ឋអាមេរិកសង្ស័យថាអ៊ីរ៉ង់កំពុងសំងំពង្រីកឥទ្ធិពលចង់ក្លាយជាមហាអំណាចក្នុងតំបន់ជំនួសអ៊ីរ៉ាក់ទៅវិញ។ បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ២០០១ អាមេរិកបានសហការជាមួយអ៊ីរ៉ង់ក្នុងការដោះស្រាយបញ្ហាទាំងនេះជាមួយគ្នាដូចជា ការជួយសម្របសម្រួលនៃការបរាជ័យរបស់ពួកតាលីបង់ និងការកសាងរដ្ឋសម្រាប់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនអាហ្វហ្កានីស្ថាន (Afghanistan) ប៉ុន្តែនៅខែមករា ឆ្នាំ២០០២ ប្រធានាធិបតី ចចដាប់ប៊លយូប៊ូស George W. Bush បានថ្លែងសន្ទរកថាថា អ៊ីរ៉ង់ជា សម្ព័ន្ធមិត្តនៃពួកក្បត់ (Axis of Evil) ទៅវិញ ដែលសារនេះគាត់ចង់សំដៅទៅលើបណ្តាប្រទេសដែលគាត់គិតថាមានជាប់ទាក់ទងនឹងអំពើភេរវកម្មនិងអាវុធប្រល័យលោកដូចជាអ៊ីរ៉ាក់ និងកូរ៉េខាងជើងជាដើម។ ក្រោមរដ្ឋការលោក បារ៉ាក់អូបាម៉ា Barack Obama នៅឆ្នាំ២០១៥ អ៊ីរ៉ង់ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Hassan Rouhani បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផែនការសកម្មភាពរួម (Joint Comprehensive Plan of Action) ដែលជាការបង្កកផ្នែកសំខាន់ៗនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួន ប៉ុន្តែនៅឆ្នាំ២០១៨ អាមេរិកក្រោមរដ្ឋការលោក ដូណាល់ត្រាំ Donald Trump បានដកខ្លួនជាចេញពីកិច្ចព្រមព្រៀងដោយចោទប្រកាន់អ៊ីរ៉ង់ថាបាននៅតែបន្តបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់ផលិតនុយក្លេអ៊ែរ។ នៅខែមករា ឆ្នាំ២០២០ កងទ័ពអាមេរិកបានវាយប្រហារតាមអាកាសក្នុងការសម្លាប់លោកឧត្ដមសេនីយជាន់ខ្ពស់អ៊ឺរ៉ង់មួយរូបគឺលោក Qasem Soleimani និងបក្សពួកចំនួន៩នាក់ផ្សេងទៀត ដែលធ្វើឱ្យអ៊ីរ៉ង់ផ្ទុះកំហឹងតបតវិញដោយបានបាញ់គ្រាប់មីស៊ីលចំនួន២២គ្រាប់ឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ ប៉ុន្តែគ្មានអ្នករបួសឬស្លាប់នោះទេ។

ព្រឹត្តិការណ៍ទាំងអស់នេះហាក់បីដូចជាទម្លាក់កំហុសទៅលើសហរដ្ឋអាមេរិកថាជាជនដែលតែងតែបង្ករបញ្ហា ទាំងដែលគេមិនចង់មានទំនាក់ទំនងជាមួយនឹងខ្លួនផង ប៉ុន្តែតើអ៊ឺរ៉ង់ពិតជាប្រទេសដែលគួរឱ្យអាណិតអាសូរ និងជាជនរងគ្រោះមែនដែរឬទេ? បើយើងមើលឱ្យស៊ីជម្រៅទៅលើឥរិយាបទនយោបាយ និងចរិតមេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់កន្លងមកដូចជាលោកប្រធានាធិបតី  Mohammad Khatami ប្រធានាធិបតី Mahmoud Ahmadinejad និងប្រធានាធិបតី Hassan Rouhani បច្ចុប្បន្ន ឃើញថាពួកគាត់មានផ្នត់គំនិតប្រឆាំងនឹងសហរដ្ឋអាមេរិកដែលព្យាយាមលូកដៃចូលរឿងផ្ទៃក្នុង និងផ្ដល់ជំនួយសព្វាវុធផ្សេងៗ និងយោធាកន្លងមក ដល់ប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់មជ្ឈឹមបូព៌ាដើម្បីទទួលបាននូវផលប្រយោជន៍ដ៏ធំនោះគឺផលិតកម្មប្រេង។ ម៉្យាងទៀត ក្នុងសម័យសង្គ្រាមត្រជាក់ (១៩៤៧ ដល់ ១៩៩១) វាក៏ជានយោបាយការបរទេសបែបអនុត្តរភាពរបស់អាមេរិកក្នុងការពង្រីកវិសាលភាពនៃលទ្ធិប្រជាធិបតេយ្យសេរីដល់ប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ា។ ទាំងនេះហើយដែលជាហេតុធ្វើឱ្យអ៊ីរ៉ង់ត្រូវតែពង្រឹងវិស័យយោធា គម្រោងផលិតអាវុធនុយក្លេអ៊ែរ និងអាវុធទំនើបៗផ្សេងៗទៀត ដើម្បីត្រៀមទប់ទល់ការគំរាមកំហែងពីប្រទេសមហាអំណាច។ ចំណែកឯការគាំទ្រពួកភេរវករក៏ជាយុទ្ធសាស្រ្តទប់ទល់ជាមួយអាមេរិកដូចគ្នា ព្រោះភេរវករទាំងនោះកើតចេញពីការផ្ដុំគ្នារវាងពួកទាហានជើងចាស់ដែលធ្លាប់ធ្វើសង្គ្រាមចាញ់អាមេរិកកន្លងមក។ សរុបសេចក្ដីមកអ៊ីរ៉ង់ចំពោះសហរដ្ឋអាមេរិក ជាជនរងគ្រោះ ប៉ុន្តែអ៊ឺរ៉ង់ចំពោះប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ាជា ខ្លាកំណាច  ហើយអ៊ីរ៉ង់ចំពោះពិភពលោកគឺគ្រាន់តែជា ល្បែងភូមិសាស្ត្រនយោបាយ រវាងមហាអំណាចអាមេរិក ចិន និងរុស្ស៊ីតែប៉ុណ្ណោះ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ធា សុណា
គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

ដំបៅនៃការរើសអើងពូជសាសន៍អាស៊ីនៅអាមេរិក

នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ(San Francisco) សហរដ្ឋអាមេរិក នាថ្ងៃទី១៩​ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋកម្មមួយបានកើតឡើងទៅលើស្ត្រីវ័យចំណាស់ម្នាក់ដែលជាជនជាតិអាស៊ីដើមកំណើតមកពីប្រទេសចិនដោយស្រ្តីរូបនោះបានរងនូវការវាយប្រហារពីសំណាក់បុរសជនជាតិស្បែកសមួយរូប។ ព័ត៌មាននេះបានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម ​ហើយមហាជនជាច្រើនបានលើកឡើងនូវការតវ៉ាប្រឆាំងនឹងការរើសអើងលើជនជាតិអាស៊ី។ ប៉ុន្តែនេះមិនមែនជាករណីទីមួយទេដែលកើតឡើងទៅលើជនជាតិអាស៊ីសញ្ជាតិអាមេរិកនោះទេ ដោយត្រឹមតែប៉ុន្មានម៉ោងមុនករណីវាយប្រហារស្រ្តីជនជាតិចិននេះ នៅឯទីក្រុងAtlanta រដ្ឋGeorgia ក៏មានកើតឡើងនូវករណីបាញ់ប្រហារដ៏ធំចំនួនបីកន្លែងដែលសុទ្ធតែជាហាងស្ប៉ារបស់ពលរដ្ឋ​អាមេរិកដែលមាន​ដើម​កំណើត​អាស៊ី។ ការបាញ់ប្រហារនេះ បានឆក់យកជីវិតមនុស្ស៨នាក់ ដែលក្នុងនោះមានស្រ្តីអាស៊ីចំនួន៦នាក់ផងដែរ។ យោងតាមសម្តីរបស់លោក Jay Baker ពីខាងការិយាល័យស៊ើបអង្កេត Cherokee County​ បានបកស្រាយថាការបាញ់ប្រហារនេះនៅមិនទាន់អាចចាត់ទុកជាឧក្រិដ្ឋកម្មដែលមានគោលដៅលើក្រុមជនជាតិណាមួយឡើយ ដោយសារតែជនសង្ស័យបានអះអាងថាខ្លួនប្រព្រឹត្តបទល្មើសដោយសារតែ “ងប់ងល់នឹងកាមតណ្ហា”។ តែទោះជាយ៉ាងនេះក្ដី មហាជនភាគច្រើនបានសន្និដ្ឋានថាករណីបាញ់នេះជាគឺបទល្មើសដែលបណ្តាលមកពីការរើសអើងពូជសាសន៍រួចទៅហើយ។

ក្រោយពីមានការបាញ់ប្រហារនេះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលើការវាយប្រហារ ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ីផងដែរ។ លោក បៃដិន បានមានប្រសាសន៍ថា​ ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី “ទទួលរងនូវការវាយប្រហារ ចោទប្រកាន់ ឈ្នានីស និងត្រូវបានលាបពណ៌”។ សម្តីរបស់លោកគឺមានបំណងវាយប្រហារទៅអតីតប្រធានាធិបតីគឺលោកដូណាល់ត្រាំ ពីព្រោះ ដើម្បីជាលេសឆ្លើយតបនឹងភាពបរាជ័យក្នុងការទប់ស្កាត់ការរាតត្បាតកូវីឌ១៩ ក្នុងសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំបានទម្លាក់កំហុសទៅភាគីចិនលើបញ្ហាការរាតត្បាតនៃជំងឺកូវីឌ១៩ មកពីទីក្រុងអ៊ូហាន ប្រទេសចិន។ ការទម្លាក់កំហុសនិងចោទប្រកាន់របស់លោក បានធ្វើឱ្យជនជាតិចិនរួមទាំងជនជាតិអាស៊ីដទៃទៀត ក្លាយជាគោលដៅនៃការបញ្ចេញកំហឹងពីសំណាក់អ្នកគាំទ្ររបស់លោក និងអ្នកដទៃទៀតដែលជីវភាពពួកគេទទួលរងផលប៉ះពាល់ដោយសារកូវីឌ១៩។ ការរើសអើងលើពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ីនេះទៀតសោត កាន់តែរីកដុះដាលនៅក្នុងអំឡុងឆ្នាំ២០២០ ដែលជាអាណត្តិ លោក ដូណាល់ ត្រាំដោយសារតែលោកត្រាំតែងមានជំហរប្រឆាំងនឹងប្រទេសចិនជាច្រើនលើល ក្នុងនោះលោកបានឌឺដងប្រមាទផ្លែផ្កាដោយដាក់នាមឱ្យវីរុសកូរ៉ូណាថាជា “វីរុសចិន”។

ប្រវត្តិនៃការរើសអើងលើជនជាតិអាស៊ីក្នុងសហរដ្ឋអាមេរិក
លោកបៃដិន ក៏បានបកស្រាយថាការវាយប្រហារមកលើពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី តែងតែសំងំខ្លួនពីក្រសែភ្នែកមហាជន ហើយមិនមានការជជែកឱ្យបានធំទូលាយនោះទេ។ នោះដោយសារតែពលរដ្ឋអាមេរិកជនជាតិអាស៊ី មានភ័ព្វវាសនាគ្រាន់បើជាងជនជាតិភាគតិចដទៃទៀត ដូចជាជនជាតិស្បែកខ្មៅ និង Hispanic ដោយជនជាតិអាស៊ីត្រូវបានចាត់ទុកថាជា “ជនជាតិភាគតិចគំរូ” (Model Minority)។ ជនជាតិអាស៊ីត្រូវបានគេយល់ឃើញជាក្រុមមនុស្សដែលមានមានភាពជោគជ័យក្នុងជីវិត យកចិត្តទុកដាក់ក្នុងការរៀនសូត្រ និងខិតខំធ្វើការ។ ផ្នត់គំនិត “ជនជាតិភាគតិចគំរូ” នេះបានបណ្តាលឱ្យវិសមភាពដែលកើតមានចំពោះជនជាតិអាស៊ី មិនសូវទទួលបានការចាប់អារម្មណ៍ពីសាធារណជនឡើយ។

ជាការពិតណាស់ ការរើសអើងលើជនជាតិអាស៊ីក្នុងសហរដ្ឋអាមេរិក មិនមែនទើបតែកើតឡើងនៅក្នុងសម័យនៃការឆ្លងរាលដាលនៃកូវីដនោះទេ។
ជាក់ស្តែងបញ្ហានេះកើតមានឡើងជាយូរណាស់មកហើយក្នុងប្រវត្តិសាស្ត្រអាមេរិក ដោយជំងឺកូវីដ១៩គ្រាន់តែជាយន្តការមួយដែលជំរុញឱ្យបញ្ហានេះកាន់តែឆេះខ្លាំងឡើងតែប៉ុណ្ណោះ។ រយៈពេលជាង១០០ឆ្នាំមុន សហរដ្ឋអាមេរិកធ្លាប់ចេញច្បាប់ជាច្រើនដូចជា Congressional Exclusionary Act ដែលហាមឃាត់មិនឱ្យពលករចិនមកធ្វើអន្តោប្រវេសន៍មកសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៨៨២។ ក្នុងនោះក៏មាន Japanese American Internment ដែលជាបទបញ្ជារបស់ប្រធានាធិបតី Franklin D. Roosevelt ក្នុងការជម្លៀសពលរដ្ឋអាមេរិកដែលមានដើមកំណើតជាជនជាតិជប៉ុនទាំងបង្ខំ នៅក្រោយពេលដែលជប៉ុនបានទម្លាក់គ្រាប់បែកនៅឯកំពង់ផែភៀល (Pearl Harbor)។ នៅក្នុងវិស័យអប់រំ ជនជាតិអាស៊ីក៏ត្រូវបានរងនូវប្រព័ន្ធបែប Segregation ដែលត្រូវបានគេដាក់ដោយឡែកមិនឱ្យនៅសិក្សារៀនសូត្រជាមួយក្មេងជនជាតិស្បែកស។ នៅក្នុងសម័យវិបត្តិសេដ្ឋកិច្ចដ៏ធំ The Great Depression ក្នុងដើមសតវត្សទី២០ ជនជាតិអាស៊ីជាច្រើនទាំងជនជាតិចិន ជប៉ុន និងឥណ្ឌា ត្រូវបានគេចោទប្រកាន់ថា ជាជនដណ្តើមការងារនាំឱ្យមានការចេញនូវគោលនយោបាយ និងអំពើហិង្សាប្រឆាំងជនជាតិអាស៊ីនៅឯតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក។ ការរើសអើងក្នុងច្បាប់អន្តោប្រវេសន៍នេះមិនត្រឹមតែសំដៅទៅលើជនជាតិចិន និងជប៉ុនប៉ុណ្ណោះទេ តែក៏បានរីកដុះដាលទៅកាន់ជនជាតិអាស៊ីដទៃទៀត។ ជាក់ស្តែង នៅឆ្នាំ១៩២៤ រដ្ឋាភិបាលអាមេរិកបានអនុម័តច្បាប់ Immigration Act of 1924 ដែលរារាំងទាំងស្រុងមិនឱ្យជនអន្តោប្រវេសន៍មកពីប្រទេសនៅតំបន់អាស៊ី មកកាន់សហរដ្ឋអាមេរិក (លើកលែងតែជនជាតិហ្វីលីពីនដែលនៅក្រោមអាណានិគមរបស់សហរដ្ឋអាមេរិក)។

ជនជាតិអាស៊ីក្នុងវិស័យសង្គម សេដ្ឋកិច្ច និងវប្បធម៌អាមេរិក
ច្បាប់អន្តោប្រវេសន៏របស់សហរដ្ឋអាមេរិកនៅតែដាក់កំហិតមកលើជនជាតិអាស៊ី រហូតមកដល់សម័យសង្គ្រាមត្រជាក់ ទើបច្បាប់អន្តោប្រវេសន៍បានបន្ធូរបន្ថយ មកវិញដោយសារតែសហរដ្ឋអាមេរិកត្រូវការធនធានមនុស្សជាច្រើនដើម្បីអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ដើម្បីប្រកួតប្រជែងជាមួយនឹងសហភាពសូវៀត។ ការបន្ធូរបន្ថយនេះនាំឱ្យមានលំហូរនៃជនជាតិអាស៊ីជាច្រើនមកកាន់សហរដ្ឋអាមេរិកដែលពេលនោះ ពួកគេអាចនាំគ្រួសាររបស់គេ មករស់នៅក្នុងសហរដ្ឋអាមេរិកបាន។ តែជនជាតិអាស៊ីទទួលបាននូវការទទួលស្គាល់នៅមានកម្រិតទាំងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ លោកស្រី Esther Yoon-Ji Kang អ្នកធ្វើរបាយការណ៍របស់ WBEZ បាននិយាយថា សហគមន៍ជនជាតិអាស៊ីនៅមិនទាន់មានតំណាងគ្រប់គ្រាន់នៅក្នុងរដ្ឋបាលគ្រប់ជាន់ថ្នាក់ ទោះបីជាចំនួនជនជាតិអាស៊ីមានសន្ទុះកើនយ៉ាងលឿនក៏ដោយ។ អ្នកស្រីក៏បានផ្តល់ឧទាហរណ៍នៃសមាជិកក្រុមប្រឹក្សាក្រុងឈីកាហ្គូ (Chicago) ដែលមិនមានជនជាតិអាស៊ីសូម្បីតែម្នាក់នៅក្នុងចំណោម ៥០ រូប។ ក្នុងវិស័យការងារវិញ ជនជាតិអាស៊ីក៏មានផលវិបាក ក្នុងការឡើងតំណែងផងដែរ ដែលបញ្ហានេះត្រូវបាន អ្នកស្រី Jane Hyun ជាអ្នកនិពន្ធសៀវភៅ “Breaking the Bamboo Ceiling: Career Strategies for Asians” ដាក់ឈ្មោះថាជា “ដំបូលឬស្សី”។ ដំបូលឬស្សីគឺជាបញ្ហាដែលពលរដ្ឋអាមេរិកជនជាតិអាស៊ីពិបាកនឹងឡើងឋានៈក្នុងស្ថាប័នការងារនានា ដោយសារតែកត្តាបុគ្គល វប្បធម៌ និងទម្រង់ស្ថាប័ននោះ។ ជនជាតិអាស៊ីជាច្រើនមិនត្រូវបានគេពិចារណាឱ្យមានឋានៈដឹកនាំក្នុងស្ថាប័នដោយសារតែផ្នត់គំនិតនៃប្រជាពលរដ្ឋអាមេរិកភាគច្រើនដែលយល់ថា (Stereotypes)​ របស់ជនជាតិអាស៊ី ឬជនជាតិអាស៊ីនិយម  ខ្វះជំនាញក្នុងការដឹកនាំ និងជំនាញក្នុងការប្រាស្រ័យទាក់ទងជាដើម។ ក្នុងផ្នែកវប្បធម៌សិល្បៈវិញ គេក៏សង្កេតឃើញថាជនជាតិអាស៊ីមិនសូវមានមុខមាត់ធ្វើជាតួឯកនៅក្នុងរឿងហូលីវូដនោះទេ ដែលភាគច្រើនជនជាតិអាស៊ីដើរតួតូចតាចជាជនក្នុងសង្គមងងឹត ឬជនចេះក្បាច់គុណជាដើម។

ការរួបរួមគ្នារវាងក្រុមជនជាតិភាគតិចរបស់អាមេរិកប្រឆាំងនឹងការរើសអើងពូជសាសន៍
មនុស្សជាច្រើនដែលបានធ្វើបាតុកម្មក្រោយពីការបាញ់ប្រហារនេះ បានទាមទារ បាញ់ប្រហារនៅហាងស្ប៉ារបស់ជនជាតិអាស៊ី នៅទូទាំងសហរដ្ឋអាមេរិក ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី ក៏ដូចជាពលរដ្ឋក្នុងសហគមន៏ឯទៀត បានជួបជុំគ្នាធ្វើបាតុកម្ម ដោយពួកគេទាមទារឱ្យមានការបញ្ឈប់មិនត្រឹមតែលើពលរដ្ឋសហរដ្ឋអាមេរិកដើមកំណើតអាស៊ីតែប៉ុណ្ណោះទេ តែលើការរើសអើងលើជនជាតិភាគតិចផ្សេង‌ៗទៀតដូចជាជនជាតិស្បែកខ្មៅ និងHispanic។ គួរបញ្ជាក់ថាពលរដ្ឋអាមេរិកនៃសហមន៍ជនជាតិស្បែកខ្មៅក៏បានធ្វើបាតុកម្មទាមទាររកយុត្តិធម៌នៅពេលដែលជនជាតិស្បែកខ្មៅមួយរូប គឺលោក George Floyd បានស្លាប់បាត់បង់ជីវិត ដោយសារតែប៉ូលិសជនជាតិស្បែកស។ ការស្លាប់របស់លោក Floyd បានបង្កឱ្យមានបាតុកម្មនៅទូទាំងសហរដ្ឋអាមេរិក ក៏ដូចជានៅឯបណ្តាប្រទេសនានានៅអឺរ៉ុប ដើម្បីទាមទារឱ្យមានការដោះស្រាយលើអំពើហិង្សារបស់ក្រុមប៉ូលិស ក៏ដូចជាផ្នត់គំនិតរើសអើងជនជាតិស្បែកខ្មៅផងដែរ។ ចំណែកឯជនជាតិ  Hispanic វិញក៏ទទួលបានការរើសអើងផងដែរ ជាពិសេសនៅក្នុងអាណត្តិលោកដូណាល់ត្រាំ បានទទូលនូវការរើសអើងថាជាក្រុម “ជួញដូរគ្រឿងញៀន ឧក្រិដ្ឋជន និងជនចាប់រំលោភ” ជាដើម។ លោកដូណាល់ត្រាំក៏បានសន្យាជាមួយអ្នកគាំទ្ររបស់លោកថា នឹងសាងសង់ជញ្ជាំងនៅព្រំប្រទល់សហរដ្ឋអាមេរិក និងម៉ិកស៊ិក ដើម្បីទប់ស្កាត់មិនឱ្យជនអន្តោប្រវេសន៍មកពីម៉ិកស៊ិក ដែលជាក្រុមជនជាតិ Hispanic ដែលឆ្លងមកសហរដ្ឋអាមេរិកខុសច្បាប់។

ជាសរុបការផ្ទុះនូវបាតុកម្មប្រឆាំងនឹងការរើសអើងជនជាតិអាស៊ីរយៈពេលថ្មីៗនេះ មិនមែនជាព្រឹត្តិការណ៏ដែលទើបតែកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ តែគឺជាការឆ្លុះបញ្ចាំងពីប្រព័ន្ធរើសអើងពូជសាសន៏ដែលបានចាក់ឬសយ៉ាងជ្រៅក្នុងសង្គមអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលជនជាតិភាគតិចទាំងឡាយបានទទួលរងគ្រោះ។ ការធ្វើបាតុកម្មនេះ រួមទាំងកម្លាំងតរ៉ាផ្សេងៗទៀត ដូចជា BLM (Black Lives Matter) អាចជាយន្តការសំខាន់ ដែលជំរុញឱ្យសហរដ្ឋអាមេរិកកាន់តែយកចិត្តទុកដាក់ លើការធ្វើកំណែទម្រង់គោលនយោបាយនានាដើម្បីជំរុញឱ្យមានការការពារខ្ពស់ទៅលើជនជាតិភាគតិចទាំងនោះ ក៏ដូចជាដោះស្រាយផ្នត់គំនិត នៃការរើសអើងពូជសាសន៏។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ឆាយ តេជគុណ
គំនូរដោយ៖ កញ្ញា សុខ ពុទ្ធារី

វិធានការច្បាប់នៃការគ្រប់គ្រងកាំភ្លើងក្នុងសហរដ្ឋអាមេរិក

យោងទៅតាមតាមការចេញផ្សាយរបស់ Gale បានបង្ហាញថាសហរដ្ឋអាមេរិកគឺជាប្រទេសទីមួយដែលបានអនុវត្តនូវច្បាប់គ្រប់គ្រងកាំភ្លើងនិងបានវិវត្តឱ្យមានវិធានការនៃការគ្រប់គ្រងកាំភ្លើងដល់សព្វថ្ងៃ។ វិធានការនេះគឺសំដៅទៅលើការគ្រប់គ្រងរាល់ការផលិត ជួញដូរ ការកាន់កាប់ ការកែប្រែ ឬការប្រើប្រាស់កាំភ្លើងពីសំណាក់ប្រជាពលរដ្ឋផ្សេងៗ ក្នុងគោលបំណងដើម្បីកាត់បន្ថយអំពើហិង្សា និងអំពើមនុស្សឃាតនៅក្នុងប្រទេសអាមេរិក។ អាមេរិកគឺជាប្រទេសដែលបានផ្តល់ភាពងាយស្រួលបំផុតក្នុងការកាន់កាប់កាំភ្លើងដល់ប្រជាជនរបស់ខ្លួន ដែលជាហេតុដែលនាំឱ្យប្រហែល៤០%នៃចំនួនប្រជាជនសរុប កាន់កាប់កាំភ្លើងនៅក្នុងគេហដ្ឋានរបស់ខ្លួន នេះបើយោងតាមការស្ទង់មតិរបស់សាកលវិទ្យាល័យ Harvard។ ម៉្យាងវិញទៀត តាមរយៈទិន្នន័យរបស់ UC Davis Health ប្រទេសនេះក៏ជាប្រទេសដែលមានអត្រាមនុស្សឃាតដោយកាំភ្លើងច្រើនជាងគេផងដែរបើប្រៀបធៀបជាមួយនឹងប្រទេសមហាអំណាចផ្សេងទៀត ដោយមានមនុស្សស្លាប់ជាមធ្យមចំនួន១០៩នាក់ក្នុងមួយថ្ងៃ ។ ដោយហេតុនេះហើយទើបរដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចចាប់យកវិធានក្នុងការរឹតបន្តឹងការគ្រប់គ្រងកាំភ្លើង។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការសិក្សាថា តើហេតុអ្វីបានជាច្បាប់នេះត្រូវបានបង្កើតឡើងដំបូងមក?ហើយតើសហរដ្ឋអាមេរិកអាចជួបប្រទះនឹងបញ្ហាអ្វីក្រោមវិធានការគ្រប់គ្រងកាំភ្លើងនេះ?

ប្រសិនបើយើងក្រឡេកមកមើលនូវចំណុចទីមួយ យើងត្រូវយល់ពីប្រវត្តិសាស្រ្តនៃការបង្កើតឡើងដំបូងនូវវិធានការច្បាប់ក្នុងការគ្រប់គ្រងកាំភ្លើងនេះ។ មុននឹងវិធានការនេះត្រូវបានបង្កើតឡើង ការបាញ់ប្រហារក្នុងសហរដ្ឋអាមេរិកមានការកើតឡើងជារៀងរាល់ថ្ងៃ     ដោយសារតែពលរដ្ឋអាមេរិកទទួលបានសិទ្ធក្នុងការកាន់កាប់កាំភ្លើងដែលត្រូវបានកំណត់ដោយយោងតាមវិសោធនកម្មលើកទី២នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកដែលត្រូវបានផ្តល់សច្ចាប័ននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៧៩១។ មិនតែប៉ុណ្ណោះ ការបង្កើតឡើងនូវសមាគមកាំភ្លើងជាតិ(National Rifle Association) នៅក្នុងឆ្នាំ១៨៧១ គឺមានគោលបំណងដើម្បីការពារសិទ្ធរដ្ឋធម្មនុញ្ញរបស់ប្រជាជនអាមេរិកក្នុងការកាន់កាប់កាំភ្លើងបន្ថែមពីលើរដ្ឋធម្មនុញ្ញនេះផងដែរ។ ដោយហេតុនេះហើយ ប្រជាជនអាមេរិកជាច្រើនអ្នកមានការកាន់កាប់កាំភ្លើងដោយស្របច្បាប់ ដោយក្នុងនោះដែររួមមានទាំងក្រុមឧក្រិដ្ឋជនធំៗជាច្រើនទៀត ដូចជាលោក Al Capone លោក John Dillinger និងលោក Machine Gun Kelly ជាដើម ដែលជាហេតុធ្វើឱ្យមានអសន្តិសុខសង្គមនៅក្នុងប្រទេស។ បើយោងតាមការចេញផ្សាយរបស់ FBI នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ១៩២០ឧក្រិដ្ឋជនចំនូន១៣០០នាក់ បានបំពាក់ខ្លូនជាមួយនឹងកាំភ្លើង “Tommy” ដោយមានការដឹកនាំដោយមេឧក្រិដ្ឋជនម្នាក់គឺលោក Al Capone និងឃាតកម្មលើសពី១២០០០ករណីបានកើតឡើងជារៀងរាល់ឆ្នាំនៅទូទាំងសហរដ្ឋអាមេរិក។

ដោយសារតែបុព្វហេតុនេះហើយទើប៥ឆ្នាំក្រោយពីព្រឹត្តិការណ៏សម្លាប់រង្គាលនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ១៩២៩ នៅរដ្ឋChicagoមក រដ្ឋាភិបាលប្រទេសអាមេរិកបានចាប់ផ្តើមអនុម័តនូវច្បាប់អាវុធជាតិ (National Firearms Act) ដែលជាច្បាប់ដំបូងគេបង្អស់ក្នុងការគ្រប់គ្រងកាំភ្លើងក្នុងសហព័ន្ធនៃប្រទេសអាមេរិក។ ជាមួយគ្នានេះផងដែរ ក្នុងឆ្នាំ១៩៥៤ ប្រទេសអាមេរិកក៏បានជួបប្រទះនូវការបាញ់ប្រហារក្នុងស្រុកលើកទី១ តភ្ជាប់ជាមួយនឹងករណីឃារកម្មសម្លាប់ប្រធានាធិបតី John F. Kennedyក្នុងឆ្នាំ១៩៦៣ និងឃាតកម្មសម្លាប់លោក Martin Luther King Jr. ក្នុងឆ្នាំ១៩៦៨ ដែលជំរុញឱ្យរដ្ឋាភិបាលបន្តរឹតបន្តឹងការអនុវត្តច្បាប់គ្រប់គ្រងកាំភ្លើង (Gun Control Act) ក្នុងឆ្នាំ១៩៦៨ ដោយបានរឹតបន្តឹងក្នុងការផ្តល់អាជ្ញាប័ណ្ណនិងបទប្បញ្ញត្តិលើឧស្សាហកម្មកាំភ្លើង រួមជាមួយការហាមឃាត់លើឧក្រិដ្ឋជន និងជនដែលគ្មានសតិគ្រប់គ្រាន់ក្នុងការកាន់កាប់កាំភ្លើង។ ផ្ទុយមកវិញការចេញផ្សាយរបស់ History News Network អត្រានៃឧក្រិដ្ឋកម្មក្នុងស្រុកនៅតែកើនឡើង ដែលការកើនឡើងនេះគឺត្រូវបានអះអាងថាបណ្តាលមកពីការផ្តល់សិទ្ធទៅដល់ជនស្បែកខ្មៅក្នុងការកាន់កាប់កាំភ្លើង។ ដោយហេតុនេះ សមាគមកាំភ្លើងជាតិបានលើកវិសោធនកម្មលើកទីពីរនៃរដ្ឋធម្មនុញ្ញ ដើម្បីប្រឆាំងនូវច្បាប់នៃការគ្រប់គ្រងកាំភ្លើងមួយនេះដើម្បីសុវត្ថិភាពប្រជាជន និងដឹកនាំទៅដល់ការអនុម័តច្បាប់ការពារអ្នកកាន់កាប់អាវុធក្នុងឆ្នាំ១៩៨៦។ ម៉្យាងវិញទៀត សមាគមកាំភ្លើងជាតិក៏បានតស៊ូយ៉ាងខ្លាំងដើម្បីរក្សានូវការគ្រប់គ្រងកាំភ្លើងឱ្យនៅកម្រិតទាបបំផុត ហើយបានបន្តលើកកម្ពស់ក្នុងការប្រើប្រាស់កាំភ្លើង ដោយវាបានបង្ហាញពីភាពសេ្នហាជាតិរបស់ប្រជាជនអាមេរិក និងជាសិទ្ធស្របទៅរដ្ឋធម្មនុញ្ញផងដែរ។ ការធ្វើកំណែទម្រង់លើច្បាប់នៃការគ្រប់គ្រងកាំភ្លើងនេះនៅតែបន្តជារឿយៗ ដែលជាហេតុធ្វើឱ្យផ្តល់ឥទ្ធិពលមកដល់នយោបាយប្រទេសអាមេរិករហូតដល់សព្វថ្ងៃ។

ដោយងាកមកមើលចំណុចទី២វិញ យើងអាចប្រទះឃើញថា សព្វថ្ងៃការបាញ់ប្រហារនៅក្នុងសហរដ្ឋអាមេរិកនៅតែមានការកើតឡើង ហើយវាក៏ជារឿងមួយដែលប្រជាជនអាមេរិកមានការព្រួយបារម្ភជាងគេបន្ទាប់ពីការឆ្លងនៃជំងឺកូវីដ១៩។ យោងតាម Center for American Progress ប្រជាជនអាមេរិកចំនួនប្រហែល២៣%នៃចំនួនប្រជាជនទាំងអស់ បានរាយការណ៍ពីករណីគំរាមកំហែងដោយប្រើកាំភ្លើងមកលើខ្លួននិងក្រុមគ្រួសារពីអ្នកដ៏ទៃ។ ដោយប្រៀបធៀបនៃភាពរឹតបន្តឹងក្នុងការប្រើប្រាស់កាំភ្លើងក្នុងអំឡុងពេលបច្ចុប្បន្ន អ្វីដែលមានភាពតឹងរឹងនោះគឺមានតែភាពគ្រប់អាយុតែប៉ុណ្ណោះ និងរដ្ឋចំនួន៣១នៃរដ្ឋសរុបទាំងអស់ មិនត្រូវការអាជ្ញាប័ណ្ណក្នុងការកាន់កាប់កាំភ្លើងនោះទេ បើយោងតាមការចេញផ្សាយរបស់ Monrovia Weekly។ ចំពោះបញ្ហាមួយនេះមិនមែនជាបញ្ហាដែលងាយនឹងដោះស្រាយនោះទេ ដោយប្រជាជននៅតែមានសិទ្ធស្របច្បាប់ទៅតាមរដ្ឋធម្មនុញ្ញក្នុងការកាន់កាប់កាំភ្លើង និងហេតុផលក្នុងការការពារខ្លួនដោយមានការកាន់កាប់កាំភ្លើងជាដើម។ ការគ្រប់គ្រងកាំភ្លើងនៅសហរដ្ឋអាមេរិកគឺជាប្រធានបទមួយដែលមានការជជែកវែកញែកជាងគេបើប្រៀបធៀបជាមួយនឹងប្រទេសដ៏ទៃទៀត ដូចជាប្រទេសកាណាដា ប្រទេសជប៉ុន និងចក្រភពអង់គ្លេស ច្បាប់ក្នុងការគ្រប់គ្រងកាំភ្លើងគឺមានភាពតឹងរឹងខ្លាំងនិងមិនអាចជំទាស់បានឡើយ។ ចំពោះសហរដ្ឋអាមេរិក ការគ្រប់គ្រងកាំភ្លើងបានក្លាយជាវិបត្តិមួយដោយប្រជាជនមួយចំនួនទាមទារនូវការរឹតបន្តឹងនូវវិធានការនេះ ដោយទិន្នន័យនៃអត្រាមនុស្សស្លាប់ដោយប្រើប្រាស់កាំភ្លើងមានការកើនឡើងយ៉ាងខ្លាំង រួមមានមនុស្សឃាត ការធ្វើអត្តឃាត និងការបាញ់ប្រហារដោយអចេតនានិងអំពើហឹង្សាដោយកាំភ្លើងក្នុងសាលារៀន រីឯប្រជាជនមួយចំនួនទៀតក៏បានជំទាស់ក្រោមការរឹតបន្តឹងនេះជាការរំលោភសិទ្ធរដ្ឋធម្មនុញ្ញក្នុងការកាន់កាប់កាំភ្លើង និងឯករាជ្យភាពរបស់ខ្លួន។

ជារួម ការគ្រប់គ្រងកាំភ្លើងមានភាពចាំបាច់ក្នុងសហរដ្ឋអាមេរិកនិងប្រទេសដ៏ទៃទៀត។ ដោយយោងតាម American Public Health Association អំពើហិង្សាដោយមានការប្រើប្រាស់កាំភ្លើងគឺជាវិបត្តិសុខភាពសាធារណៈមួយដែលមានហានិភ័យខ្ពស់បំផុត តែបញ្ហានេះជាបញ្ហាអរូបីដែលអាចចៀសផុតបានដោយមានការរឹតបន្តឹងច្បាប់់ក្នុងការគ្រប់គ្រងកាំភ្លើង និងអាចធ្វើឱ្យប្រជាជនអាមេរិកជាច្រើនបញ្ឈប់នូវការរស់នៅក្នុងភាពភ័យខ្លាចទៀត។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ឡេង ហ៊ត​
គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត​

តើក្រុមយោធាមីយ៉ាន់ម៉ាកំពុងជីកផ្នូរកប់ខ្លួនឯងមែនទេ?

គិតចាប់តាំងពីក្រុមយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតនៅដើមខែកុម្ភៈមក ស្ថានភាពនៃប្រទេសមីយ៉ាន់ម៉ាកាន់តែដុនដាបទៅៗ ដោយសារតែការប្រើប្រាស់វិធានការកណ្ដាប់ដៃដែកពីសំណាក់ក្រុមយោធា និងការបង្ហូរឈាមស៊ូស្លាប់ដើម្បីប្រជាធិបតេយ្យរបស់ក្រុមបាតុករ។ ស្ថានភាពចាប់ផ្ដើមពីការធ្វើបាតុកម្មអហិង្សា រហូតដល់ការធ្វើពហិការដើម្បីឱ្យប្រទេសជាប់គាំងសេដ្ឋកិច្ច និងរដ្ឋបាល ក្រោមគោលបំណងរឹតក្រុមយោធាឱ្យចុះចេញពីដំណែង។ សម្រែកដ៏មុះមុតនៃក្រុមបាតុករក៏មានគោលបំណងអន្ទងចិត្ដឱ្យក្រុមប៉ូលីសនិងក្រុមយោធាចូលរួមនៃការទាមទារប្រជាធិបតេយ្យ និងបែរចុងកាណុងទៅមេដឹកនាំយោធាវិញ។

ស្ថានភាពនៅក្នុងស្រុក
ដោយមិនអង្អង់យូរ ក្រុមយោធាមីយ៉ាន់ម៉ាក៏ប្រើយន្ដការក្ដៅទល់ក្ដៅ កំហឹងទល់កំហល់ ដែលមើលទៅដូចជាសមរភូមិរវាងក្រុមបាតុករនិងក្រុមយោធា។ ក្រៅពីវិធានការនានាសម្រាប់ទប់ស្កាត់បាតុកម្មដែលប្រទេសដទៃធ្លាប់បានធ្វើដូចជាប្រើប្រាស់គ្រាប់បែកផ្សែង ឬការបាញ់ទឹកជាដើម ក្រុមយោធាក៏ប្រើកាំភ្លើងពិតមកបាញ់សម្លាប់បាតុករទៅវិញ។ ចាប់តាំងវិធានការធម៌ក្ដៅបានអនុវត្ដ សោដនកម្មដោយការស្លាប់យ៉ាងអាណោចអាធ័មរបស់បាតុករក៏កើតមានសឹងតែរៀងរាល់ថ្ងៃ។ យោងតាមរបាយការណ៍របស់ Assistance Association for Political Prisoners គិតចាប់ពីថ្ងៃទី១ ខែកុម្ភៈ មានមនុស្សយ៉ាងហោចណាស់១៤០នាក់ស្លាប់ដោយសារបាតុកម្ម ។  ក្នុងនោះ ក៏មានទាហាននិងប៉ូលីសរត់ចោលជួរដោយសារតែមិនចង់គោរពតាមបទបញ្ជារបស់រដ្ឋបាលយោធា ដែលនេះជាអំពើខុសច្បាប់ក្នុងនាមជាទាហាននិងប៉ូលីស។ ក្នុងករណីនេះ រដ្ឋបាលយោធាក៏បានផ្ញើសារជូនទៅរដ្ឋាភិបាលឥណ្ឌាដើម្បីចាប់បញ្ជូនប៉ូលីសរត់ចោលជួរ ៨ នាក់មកកាន់មីយ៉ាន់ម៉ាវិញដើម្បីរក្សាទំនាក់ទំនងល្អនឹងគ្នា។ គួរបញ្ជាក់បន្តិចថា ឥណ្ឌាជាប្រទេសធំមួយនៅអាស៊ីដែលរក្សាភាពស្ងៀមស្ងាត់លើរដ្ឋប្រហារយោធានេះដើម្បីមិនឱ្យមានភាពល្អក់កករមួយនេះជាមួយមីយ៉ាន់ម៉ា ក្រោមហេតុផលទីតាំងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ត្បិតតែឥណ្ឌាជាប្រទេសប្រជាធិបតេយ្យធំជាងគេនៅលើលោក។

អគ្គរដ្ឋទូត ២ នាក់តំណាងប្រទេស ១ នៅអង្គការសហប្រជាជាតិ
ក្រុមយោធាមិនត្រឹមតែឈឺក្បាលដោយសារតែបាតុករនោះទេ ប៉ុន្តែអគ្គរដ្ឋទូតរបស់មីយ៉ាន់ម៉ាលោក Kyaw Moe Tun ក៏បានថ្លែងសារដ៏ក្រៀមក្រំ និងរិះគន់ចំៗលើចំណាត់ការហិង្សារបស់ក្រុមយោធានៅអង្គមហាសន្និបាតអង្គការសហប្រជាជាតិ រួមទាំងស្នើសុំឱ្យសហគមអន្តរជាតិប្រើមធ្យោបាយអ្វីក៏បានដែរឱ្យតែជួយសុខសុវត្ថិភាពជូនប្រជាជនមីយ៉ាន់ម៉ា។ សេចក្ដីថ្លែងការនោះបានធ្វើឱ្យរដ្ឋបាលរបបសឹកចាត់តាំងអគ្គរដ្ឋទូតថ្មីដើម្បីជំនួសអគ្គរដ្ឋទូតចាស់ ដែលជាហេតុធ្វើឱ្យអង្គការសហប្រជាជាតិមានអង្គរដ្ឋទូតចំនួន២តំណាងឱ្យប្រទេស១។ ក្នុងករណីនេះ ប្រសិនបើអង្គការសហប្រជាជាតិយល់ព្រមតាមសាររបស់រដ្ឋបាលក្រុមយោធា នោះមានន័យថាអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋបាលយោធាជារដ្ឋបាលផ្លូវការរបស់មីយ៉ាន់ម៉ា។ ប៉ុន្តែ ម្ខាងវិញទៀត លោក Kyaw Moe Tun​ គឺជាអគ្គរដ្ឋទូតដែលតែងតាំងដោយរដ្ឋបាលស៊ីវិល ដែលរដ្ឋបាលនោះកើតចេញពីការបោះឆ្នោត និងគាំទ្រដោយសហភាពអ៉ឺរ៉ុបនិងអាមេរិក។ ជាសំណាងរបស់អង្គការសហប្រជាជាតិដែលមិនចាំបាច់សម្រេចចិត្ដលើករណីដ៏លំបាកនេះ និងជាភាពអាម៉ាសមួយសម្រាប់ក្រុមរបបសឹក អគ្គរដ្ឋទូតដែលក្រុមយោធាទើបតែចាត់តាំងថ្មីថ្មោងបានសម្រេចលាលែងពីតំណែងនិងទទួលស្គាល់លោក Kyaw Moe Tun ជាអគ្គរដ្ឋទូត។

តើចិនបែកចិត្ដពីរបបសឹកយោធាហើយមែនទេ?
រដ្ឋាភិបាលប៉េកាំងនិងរដ្ឋាភិបាលក្រុងមូស្គូប្រៀបបានជាខ្នងបង្អែករបស់របបសឹកភូមា ដែលរារាំងមិនឱ្យមានសេចក្ដីថ្លែងការរួមនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាំងពីរដ្ឋប្រហារកើតមាន។ យ៉ាងណាមិញ ជាងមួយខែកន្លងទៅនេះ វិធានការធម៌ក្ដៅរបស់របបសឹកបានបាញ់បង្រ្កាបសម្លាប់បាតុករដោយមិនញញើតដៃ ដែលនេះបានហួសបន្ទាត់ក្រហមនៃមនុស្សធម៌និងប្រាសចាកលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរ។ ភាពវឹកវរនេះ បានអង្រួនចិត្ដមហាមិត្ដទាំងពីររបស់មីយ៉ាន់ម៉ាមកចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរួមនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើការសម្លាប់បាតុករ ការចាប់ឃុំខ្លួនតាមអំពើចិត្ដ ការធ្វើទារុណកម្មអ្នកទោសដែលប៉ះពាល់ដល់គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងអំពាវនាវឱ្យស្ដារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ត្រលប់មកវិញ។ គួរឱ្យភ្ញាក់ផ្អើលដែលអគ្គរដ្ឋទូតប្រទេសចិនប្រចាំអង្គការសហប្រជាជាតិបានបន្ថែមថា ខណៈនេះមីយ៉ាន់ម៉ាគួរ “បន្ថយកម្ដៅ ដំណោះស្រាយបែបការទូត និងសន្ទនា” (Now it’s time for de-escalation. It’s time for diplomacy. It’s time for dialogue)។
ប៉ុន្តែការប្ដូរជំហរបែបនេះរបស់ចិននិងរូស្សីក៏ប្រហែលជាខ្លាចប៉ះពាល់មុខមាត់ខ្លួននៅលើឆាកអន្តរជាតិនិងអំណាចទន់ (Soft Power) ខណៈដែលក្រុមបាតុករមីយ៉ាន់ម៉ានិងអន្តរជាតិរិះគន់លើការរាំងស្ទះការចេញសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លើសពីនេះ ក្រុមបាតុករមួយចំនួនធំយល់ថាចិនកំពុងតែព្យាយាមការពារនិងនៅពីក្រោយការធ្វើរដ្ឋប្រហារយោធានេះ។ ហេតុផលនៃការប្ដូរជំហរមួយទៀតនោះក៏ប្រហែលជាចិនយល់ឃើញថា របបសឹករបស់លោក ឧត្តមសេនីយ៍ មីន អ៊ុងឡាំងនឹងមិនអាចស៊ូជាមួយស្ថានភាពក្នុងស្រុក និងអន្តរជាតិបានទេ ដោយសារតែយន្ដការរបស់របបនេះបានដើរហួសបន្ទាត់ក្រហមបន្តិចម្ដងៗជារៀងរាល់ថ្ងៃតាមរយៈការធ្វើទុក្ខបុកម្នេញនិងការដៃបាញ់បង្រ្កាបរង្គាលមិនថាក្មេងចាស់ប្រុសស្រី ក្នុងនោះក៏មានស្ត្រីមានផ្ទៃពោះផងដែរ។ ចំណែកឯហេតុផលសេដ្ឋកិច្ចវិញ ចិនជាប្រទេសដែលមានការវិនិយោគនៅមីយ៉ាន់ម៉ាច្រើនជាងគេ ហើយនៅពេលសេដ្ឋកិច្ចនិងរដ្ឋបាលត្រូវបានកកស្ទះដោយសារការធ្វើពហិការនិងកូដកម្មបែបនេះនឹងធ្វើឱ្យប៉ះពាល់ប្រយោជន៍អាជីវកម្មរបស់ចិន។ យោងតាមការចេញផ្សាយរបស់ Bloomberg មានអ្នកបើកឡានដឹកទំនិញរាប់ពាន់អ្នកនាំគ្នាធ្វើបាតុកម្ម និងអ្នកបើកបរកុងតឺន័រចំនួនជាង៩០%បានផ្អាកការងារ។ ដូចនេះ ប្រសិនបើនៅមីយ៉ាន់ម៉ានៅតែបន្តមានចលាចលបែបនេះ នោះនឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនវិនិយោគចិន រួមជាមួយការនាំចេញរ៉ែនិងថាមពលពីមីយ៉ាន់ម៉ាចូលប្រទេសចិនផងដែរ។

ព្រឹត្ដិការណ៍ដុតរោងចក្រចិន
បន្ទាប់ពីរដ្ឋាភិបាលប៉េកាំងចូលដៃជាមួយក្រុមប្រឹក្សាសន្តិសុខមិនបានមួយសប្ដាហ៍ផង ស្រាប់តែមានហេតុការដុតរោងចក្រចិនជាច្រើនកាលពីថ្ងៃទី១៥ មីនាកន្លងទៅនេះ។ ហេតុការណ៍នេះពុំមានការចេញមុខទទួលខុសត្រូវពីក្រុមណាមួយនៅឡើយទេ ប៉ុន្តែបន្ទាប់ពីហេតុការនេះ រដ្ឋាភិបាលរបបសឹកមីយ៉ាន់ម៉ាក៏បានបើកយុទ្ធាការបាញ់បង្រ្កាបបាតុករ ហើយបើយោងតាមរបាយការណ៍របស់ Assistance Association for Political Prisoners មានបាតុករយ៉ាងហោចណាស់ចំនួន ៣៨ នាក់បានស្លាប់។ បើយោងតាមការចេញផ្សាយរបស់ CGTN ស្ថានទូតចិនប្រចាំមីយ៉ាន់ម៉ាក៏បានអំពាវនាវឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាចាត់វិធានការឱ្យមានប្រសិទ្ធិភាពក្នុងការទប់ស្កាត់រាល់សកម្មភាពហិង្សាទាំងឡាយដើម្បីធានាសុវត្ថិភាពប្រជាជនចិននិងទ្រព្យសម្បត្ដិក្រុមហ៊ុនរបស់ចិន។ ព្រឹត្តិការណ៍នេះកើតឡើងគាប់ជួនប៉ុន្មានថ្ងៃនៃសេចក្ដីថ្លែងការរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលធ្វើឱ្យមានមន្ទិលសង្ស័យថាជាយុទ្ធសាស្ត្រក្រុមយោធាដែលចង់សងសឹកបន្តិចទៅប្រទេសចិន និងឆ្លៀតឱកាសបាញ់បង្រ្កាបបាតុករ។ ប៉ុន្តែក៏មានមតិខ្លះដែលថា នេះក៏ប្រហែលជាក្រុមបាតុករខឹងរដ្ឋាបាលក្រុងប៉េកាំងដែលចេះតែកាងឱ្យក្រុមយោធាមីយ៉ាន់ម៉ាកន្លងមក។ ជាមួយគ្នានេះ រដ្ឋបាលតៃវ៉ាន់ក៏បានឱ្យក្រុមហ៊ុនតៃវ៉ាន់នៅមីយ៉ាន់ម៉ាដាក់ទង់ជាតិនិងកំណត់សម្គាល់ឱ្យត្រឹមត្រូវ ក្រោមគោលបំណងការពារអាជីវកម្មរបស់ពលរដ្ឋខ្លួនផង និងឆ្លៀតឱកាសបញ្ជាក់ថាតៃវ៉ាន់មិនស្ថិតក្រោមរដ្ឋាភិបាលប៉េកាំងផង។

ជាការសន្និដ្ឋានចុងក្រោយ ក្រុមរបបសឹកប្រហែលជាបរាជ័យក្នុងការថ្លឹងថ្លែងយុទ្ធសាស្ត្ររដ្ឋប្រហារយោធា និងការប្រើប្រាស់យន្ដការដៃភ្លើងជើងមាន់ ដែលជារូបភាពជីកកប់ប្រជាធិបតេយ្យនិងប៉ះពាល់ដល់មនុស្សជាតិធ្ងន់ធ្ងរ។ រដ្ឋប្រហារនេះស្រដៀងគ្នាទៅនឹងរដ្ឋប្រហារយោធាថៃ ក៏វាប៉ុន្តែមិនដូចគ្នាទេ។ តាមសភាពបែបនេះ រដ្ឋបាលលោក ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ក៏ប្រហែលជាស្ថិតនៅក្នុងសភាពឯកោមួយរយៈ មុននឹងបរាជ័យក្នុងការក្រសោបអំណាចដឹកនាំមីយ៉ាន់ម៉ាបានតាមរយៈសម្ពាធរបស់អន្តរជាតិនិងបាតុករ។ ក៏ប៉ុន្តែសំនួរត្រូវសូួរថា មីយ៉ាន់ម៉ានឹងឈានចូលស៊ីណារីយ៉ូដែលក្រុមលោកស្រីអ៊ុង សាន ស៊ូជីត្រលប់មកដឹកនាំប្រទេសវិញ ឬស៊ីណារីយ៉ូស្រដៀងគ្នានឹងព្រឹត្ដិការណ៍ ៨៨៨៨ ដែលមានយោធាមួយក្រុមទៀតជាអ្នកមកដឹកនាំប្រទេសជាតិ។
អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ