"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើកត្ដាអ្វីខ្លះធ្វើឱ្យក្រុមហ៊ុន Amazon មានផ្លែផ្កាដូចសព្វថ្ងៃ?

នៅក្នុងសតវត្សទី២១នេះ ការទិញទំនិញអនឡាញបានទទួលប្រជាប្រិយភាពពីសកលលោកយ៉ាងខ្លាំង ដោយសារតែភាពងាយស្រួលនិងឆាប់រហ័សនៃប្រព័ន្ធអ៊ីនធឺណិត។ បើយោងតាមស្ថិតិរបស់ Statista​ សព្វថ្ងៃនេះ ក្រុមហ៊ុន Amazon គឺជាក្រុមហ៊ុនដែលធំជាងគេបង្អស់លើពិភពលោកក្នុង​ការជួញដូរទំនិញអនឡាញ ។ ក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនទៀតដែលកំពុងត្រួតត្រាទីផ្សារពាណិជ្ជកម្មអេឡិកត្រូនិកនិងជាក្រុមហ៊ុនលេខបួនដែលមានមូលធនទីផ្សារតម្លៃថ្លៃជាងគេក្នុងតម្លៃ ១,៧៦៨.៩៥ប៊ីលានដុល្លាសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២១នេះ។ ម៉្យាងវិញទៀត ពិភពលោកកំពុងកត់សម្គាល់ទៅលើភាពកើនឡើងឥតឈប់ឈររបស់ក្រុមហ៊ុន Amazon នៅក្នុងមូលដ្ឋានអ៊ីនធឺណិតដោយកំណត់ពីការកើនឡើងដំបូងក្នុងប្រាក់ចំណូលចំនួន១៥លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៤ រហូត ២២.៣៣ប៊ីលានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០ ដែលជាអត្រានៃការកើនឡើងយ៉ាងឆាប់រហ័សបំផុត។

Amazon មុននឹងឈានមកដល់ភាពជោគជ័យ

មុននឹងយើងឈានទៅមើលលើចំណុចជោគជ័យ យើងក៏ត្រូវងាកមកមើលនូវប្រវត្តិនិងមូលហេតុក្រោយការទាញយកនូវទីផ្សារពាណិជ្ជកម្មអេឡិកត្រូនិកនៃក្រុមហ៊ុន Amazon ផងដែរ។ ក្រុមហ៊ុន Amazon ត្រូវបានរកឃើញនៅក្នុងឆ្នាំ ១៩៩៤ ដោយលោក ជែហ្វ បេហ្សូស Jeff Bezos។ លោកបានបង្កើតក្រុមហ៊ុននេះដំបូងក្នុងគោលបំណងជាក្រុមហ៊ុនលក់សៀវភៅតាមប្រព័ន្ធអ៊ីនធឺណិតតែប៉ុណ្ណោះ ប៉ុន្តែអាជីវកម្មនេះត្រូវបានដំណើរការយ៉ាងលឿនដោយសារតែការលក់សៀវភៅ ដែលអ្នកជាវអាចស្វែងរកបានដោយគ្មានដែនកំណត់នៅក្នុងប្រព័ន្ធអ៊ីនធឺណិត។ ក្នុងឆ្នាំ ១៩៩៤ នោះផងដែរ Amazon.com បានលក់ចេញសៀវភៅទៅកាន់រដ្ឋទាំង៥០ក្នុងសហរដ្ឋអាមេរិក និងប្រទេសចំនួន៤៥ទៀតនៅជុំវិញពិភពលោកក្នុងអំឡុងពេលត្រឹមតែ២ខែដំបូងនេះបើយោងតាមការចេញផ្សាយរបស់ Ecommerce Nation (ECN)។ ដោយអាជីវកម្មទទួលបានភាពជោគជ័យមួយផ្នែកតូច លោក Jeff Bezos បានចាប់ផ្តើម Initial Public Offering ក្នុងឆ្នាំ១៩៩៧ ដើម្បីពង្រីកទីផ្សារក្រុមហ៊ុនរបស់ខ្លួនដោយដាក់ក្រុមហ៊ុន Amazon ក្នុងការជួញដូរស្តុកក្នុងតម្លៃ១៨ដុល្លារសហរដ្ឋអាមេរិកក្នុងមួយហ៊ុន។ ប៉ុន្តែតម្លៃហ៊ុននេះត្រូវបានធ្លាក់ចុះមកត្រឹម១០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយហ៊ុនដោយសារតែព្រឹត្តិការណ៍មួយហៅថា The Dotcom Bubble នៅទសវត្សន៏ឆ្នាំ១៩៩០នោះ។

តើអ្វីជា The Dotcom Bubble?

បើយោងតាមការចេញផ្សាយរបស់ Investopedia The Dotcom Bubble គឺជាព្រឹត្តិការណ៏ដែលបានជំរុញឱ្យមានការធ្វើវិនិយោគក្នុងមូលដ្ឋានអ៊ីនធឺណិត និងបានធ្វើឱ្យអ្នកវិនិយោគជាច្រើនក្ស័យធននៅពេលដែលការវិនិយោគទាំងនោះមិនបានផ្តល់នូវប្រាក់ចំណូល ឬបង្កើតនូវផែនការអាជីវកម្មអ្វីឡើយ។ ក្រុមហ៊ុន Amazon ត្រូវបានរួចផុតពីព្រឹត្តិការណ៍មួយនេះដោយសារតែមានការជួយទប់ទល់ពីប្រាក់ចំណូលដែលពួកគេទទួលបាននៅក្នុងអំឡុងពេលដែលអាជីវកម្មដែលខ្លួនបានបើកដំណើរការដំបូង។ ទោះបីក្រុមហ៊ុន Amazon បានរួចផុតពីព្រឹត្តិការណ៏នោះក៏ពិតមែន ក្រុមហ៊ុននេះមិនទាន់ទទួលនូវប្រាក់ចំណេញនោះទេរហូតដល់ចុងឆ្នាំ២០០១ ព្រោះដោយសារលោក Jeff Bezos បានបង្កើតផែនការអាជីវកម្មរបស់ក្រុមហ៊ុន Amazon ដោយផ្តោតសំខាន់ទៅលើការធ្វើឱ្យម៉ាកផលិតផលរបស់ពួកគេមានការទទួលស្គាល់ និងមិនសូវមានការផ្តោតសំខាន់ទៅលើប្រាក់ចំណូលនៅឡើយ។ ជាមួយគ្នានេះ លោក Jeff Bezos ក៏បានធ្វើការពង្រីកអាជីវកម្មរបស់លោកក្នុងគ្រប់វិស័យបន្តិចម្តងៗ រហូតដល់សព្វថ្ងៃនេះដែលក្រុមហ៊ុន Amazon បានទទួលប្រាក់ចំណូលជាច្រើន និងលក់ស្តុកក្នុងតម្លៃ១,៩០០ទៅ៣,២០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយហ៊ុន បើយោងតាមការចេញផ្សាយរបស់ Forbes។

កត្តាជំរុញភាពជោគជ័យរបស់ Amazon

១ ការបង្កើនអាជីវកម្មគ្រប់ប្រភេទក្នុងទីផ្សារពិភពលោក

ក្រុមហ៊ុន Amazon សព្វថ្ងៃ មិនត្រឹមតែលក់សៀវភៅនោះទេ តែក៏មានការលក់សម្ភារៈគ្រប់ប្រភេទដែលអតិថជនអាចរកឃើញនៅក្នុងគេហទំព័ររបស់ Amazon ដូចជាសម្ភារៈអេឡិកត្រូនិក គ្រឿងសង្ហាររឹម គ្រឿងសម្អាង និងសម្ភារៈជាច្រើនទៀត។ ម៉្យាងវិញទៀត លោក Jeff Bezos បានទទួលភាពជោគជ័យក្នុងការពង្រីកក្រុមហ៊ុនរបស់ខ្លួនទៅក្នុងថ្នាក់អន្តរជាតិមិនត្រឹមតែមកពីការលក់សម្ភារៈគ្រប់ប្រភេទនោះទេ តែក៏មកពីការពង្រីកទីផ្សាររបស់ក្រុមហ៊ុននេះទៅជាអាជីវកម្មច្រើនវិស័យផ្សេងៗទៀត ដូចជាសេវាកម្មនិងឧបករណ៏ទស្សនាវីដេអូ(Prime Video និងRoku Express) សេវាកម្មអនឡាញ ឧបករណ៏បច្ចេកវិទ្យាច្នៃប្រឌិត(Alexa/Echo និងKindle)និងសេវាកម្មលក់គ្រឿងទេសដែលទើបនឹងបង្កើតថ្មីៗនេះ។ យោងតាមការចេញផ្សាយសារពត៌មានរបស់ BBC ដោយសេវាកម្មក្នុងគ្រប់វិស័យនេះ បានធ្វើឱ្យក្រុមហ៊ុន Amazon អាចប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដ៏ទៃទៀតដូចជា Facebook Apple Google និងNetflixជាដើម។

២ គំនិតច្នៃប្រឌិត និងប្រជាប្រិយភាព

ក្រុមហ៊ុន Amazon មានអតិថិជនឆ្លងកាត់គេហទំព័ររបស់ខ្លួនចំនួនលើសពី ៣០៤លាននាក់ជារៀងរាល់ថ្ងៃ ដូចនេះការគ្រប់គ្រងសេវាកម្មទៅដល់អតិថិជនតែងតែជាចំណុចសំខាន់បំផុត។ យោងតាមការស្ទង់មតិនៃទស្សនៈអតិថិជននៃការចេញផ្សាយរបស់ Sellics ភាពជោគជ័យមួយផ្នែករបស់ក្រុមហ៊ុន Amazon គឺផ្អែកទៅលើចំណុច៣របស់ក្រុមហ៊ុនដែលធ្វើឱ្យបទពិសោធន៏របស់អតិថិជនក្នុងការទិញសម្ភារៈអនឡាញមានភាពល្អប្រសើរ នោះគឺ ការជួញដូរសម្ភារៈគ្មានដែនកំណត់ តម្លៃសមរម្យ និងភាពឆាប់រហ័សក្នុងសេវាកម្មដឹកជញ្ចូន។ ប៉ុន្តែ កត្តាធំដែលធ្វើឱ្យក្រុមហ៊ុននេះរីកចម្រើននោះគឺ យន្តការ Amazon Flywheel។ យន្តការនេះផ្តោតសំខាន់ទៅលើបទពិសោធន៍របស់អតិថិជនក្នុងការទិញទំនិញអនឡាញដែលជំរុញឱ្យមានចរាចរណ៍ក្នុងការដាក់ផលិតផលពីអ្នកលក់ដែលជាជនទីបីមកកាន់គេហទំព័រ Amazon។ វាបានបង្កើតនូវភាពប្រសើរឡើងក្នុងអត្រានៃប្រភេទ និងចំនួនផលិតផលគ្រប់មុខក្នុងគេហទំព័ររបស់ Amazon ដែលធ្វើឱ្យចំនួនអតិថិជនកាន់តែកើនឡើងមកកាន់ក្រុមហ៊ុន។  មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Amazon ក៏ទទួលបានភាពរីកចម្រើន និងប្រាក់ចំណូលធំៗពីការបង្កើតបច្ចេកវិទ្យាច្នៃប្រឌិតរបស់ខ្លួនផងដែរ។ ឧទាហរណ៏ ការផលិតនូវឧបករណ៏បញ្ចាសម្លេង(Echo)របស់ក្រុមហ៊ុន Amazon ត្រូវបានលក់ចេញចំនួន ២២លានឧបករណ៏ក្នុងឆ្នាំ២០១៧តែម្នាក់ឯង និងការប្រើប្រាស់ម៉ាស៊ីនមនុស្សយន្តដើម្បីធ្វើការជំនួសពលកម្មរបស់មនុស្ស ដែលធ្វើឱ្យមានការភាពល្អប្រសើរក្នុងការបម្រើសេវាកម្មរបស់អតិថិជន។

ភាពជោគជ័យរបស់ Amazon នៅអំឡុងកូវីដ១៩

បើយើងងាកមកមើលក្រុមហ៊ុន Amazon ក្នុងអំឡុងពេលនៃការរាតត្បាតរបស់ជំងឺកូវីដ១៩វិញ ក្រុមហ៊ុននេះក៏មិនបានទទួលនូវផលប៉ះពាល់អ្វីឡើយ ផ្ទុយមកវិញក្រុមហ៊ុន Amazon បានទទួលការកើនឡើងនៃប្រាក់ចំណេញជិត ២០០% ដោយសារតែការបិទខ្ទប់នៃហាងខាងក្រៅនិងបង្កើតឱកាសសម្រាប់ហាងអនឡាញក្នុងការជួញដូរ។ ម៉្យាងវិញទៀត ក្រុមហ៊ុន Amazon មិនត្រឹមតែមានការកើនឡើងក្នុងប្រាក់ចំណូលនោះទេ តែក៏ធ្វើឱ្យក្រុមហ៊ុននេះពង្រីកហេដ្ឋារចនាសម្ព័ន្ធចំនួន ៥០ ភាគរយនៅឆ្នាំ ២០២០ និងបន្ថែមបុគ្គលិកជាង ២៥០,០០០ នាក់ដែលមានចំនួនសរុប ១លាននាក់ បើយោងតាមការចេញផ្សាយរបស់ Research FDI។

តើហេតុអ្វីបានជារលកកូវីដ១៩លើកទី២នៅឥណ្ឌាខ្លាំងដូចស៊ូណាមិ?

គិតចាប់តាំងពីកូវីដ១៩បានលុកលុយសួតពិភពលោកនៅឆ្នាំ២០២០ ឥណ្ឌាបានក្លាយជាប្រទេសដែលផុងខ្លួនធ្លាក់នៅក្នុងវិបត្ដិកូវីដ១៩ខ្លាំងជាគេបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល។ យោងតាមរបាយការណ៍របស់ John Hopkins Coronavirus Resource Centre ឥណ្ឌាបានស្គាល់នូវការស្រាកស្រាន្ដករណីឆ្លងចាប់ពីខែកញ្ញាឆ្នាំ២០២០រហូតមកដល់អំឡុងខែមីនា។ ការធ្លាក់ចុះនៃករណីឆ្លងនេះក៏ត្រូវបានរដ្ឋមន្រ្តីសហភាពសុខាភិបាល (Union Health Minister) ថា ឥណ្ឌាបានឆ្លងផុតកូវីដ១៩ដោយជោគជ័យកាលពីខែមីនាកន្លងទៅនេះ។ លោករដ្ឋមន្ត្រីថ្លែងមិនទាន់បានប៉ុន្មានសប្ដាហ៍ផង ករណីកូវីដ១៩នៅឥណ្ឌាបានកើនឡើងដូចទឹកបាក់ទំនប់ ដែលចំនួនឆ្លងរលកលើកទីពីរនេះកើនលើសរលកលើកទី១យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតខ្វះកន្លែងនិងឧបករណ៍ព្យាបាល ហើយឥណ្ឌាបានវារដាច់ប្រទេសប្រេស៊ីលលើករណីឆ្លងកូវីដ១៩សរុបច្រើនជាងគេ និងក្លាយជាប្រទេសដែលមានករណីឆ្លងថ្មីច្រើនជាងសហរដ្ឋអាមេរិកទៀត ពោលគឺករណីឆ្លងថ្មីច្រើនជាងគេទូទាំងពិភពលោក។

តើអ្វីទើបធ្វើឱ្យរលកទី២នៅឥណ្ឌាខ្លាំងដូចស៊ូណាមិបែបនេះ?

មូលហេតុចម្បងទីមួយនោះគឺរដ្ឋាភិបាលឥណ្ឌាបានប្រកាន់វិធានការធូររលុងលើការគ្រប់គ្រងករណីឆ្លងថ្មី ដោយសារគេយល់ឃើញថាឥណ្ឌាបានឆ្លងផុតកូវីដ១៩ហើយ។ ឥណ្ឌាលែងរឹតត្បិតលើការជួបជុំ ហើយមានសកម្មភាពសេដ្ឋកិច្ចនិងសង្គមដូចកាលពីគ្មានកូវីដ១៩ដែលធ្វើឱ្យប្រជាជនភាគច្រើនភ្លេចពីវត្ដមានកូវីដ១៩ ទោះបីជាករណីថ្មីនៅបន្តមានប៉ុន្តែមានចំនួនធ្លាក់ចុះ។ យោងតាមការចេញផ្សាយរបស់ The National Geographic លោកប្រធានាធិបតី Narendra Modi មិនបានប្រុងប្រយ័ត្នទៅនឹងរលកទីពីរនេះទេ ទោះបីជាមានការព្រមានថាឥណ្ឌានឹងមានរលកលើកទីពីរតាមរយៈការរកឃើញមានសមាសភាពមេរោគបម្លែងខ្លួនថ្មីជាច្រើនកាលពីខែមករាកន្លងទៅនេះ។ ជាមួយគ្នានេះដែរ លោកប្រធាន Public Health Foundation of India ក៏បានសារភាពថា “ពួកយើងបានទម្លាក់ការប្រុងប្រយ័ត្នទាំងស្រុង ដោយគិតថាកូវីដ១៩ត្រូវបានបិទបញ្ចប់នៅខែមករា ហើយអ្នកតាមដានអង្កេតការនិងគ្រប់គ្រងកូវីដ១៩ក៏បានជិះសេះលែងដៃដែរ”។

មូលហេតុចម្បងទីពីរនោះគឺមានកម្មវិធីសង្គមដូចជាសកម្មភាពនយោបាយនានា ពិធីមង្គលការ បុណ្យទាន និងជាពិសេសគឺការជួបជុំប្រារព្ធពិធីសាសនាដែលមានមនុស្សម្នាណែនណាន់តាន់តាប់និងមិនបានគោរពវិធានការការពារខ្លួន។ អ្នកជំនាញទាំងក្នុងស្រុកនិងក្រៅស្រុកបានរិះគន់លើវិធានការរបស់រដ្ឋាភិបាលដែលបណ្ដោយឱ្យមានកម្មវិធីជួបជុំ និងសកម្មភាពដែលមានហានិភ័យខ្ពស់នៃការចម្លងមេរោគនៅក្នុងសហគមន៍។ យោងតាមការចេញផ្សាយរបស់ VOA បន្ទាប់ពីករណីបានធ្លាក់ចុះ មានមនុស្សយ៉ាងច្រើនអ្នកបានប្រមូលផ្ដុំគ្នាជួបជុំធ្វើសកម្មភាពនយោបាយដែលធ្វើឡើងដើម្បីប្រកួតប្រជែងការបោះឆ្នោត។ មិនតែប៉ុណ្ណោះ នៅដើមខែមេសាគឺជាខែដែលសំបូរបុណ្យទាន ដែលក្នុងនោះអ្នកកាន់សាសនាហិណ្ឌូ (Hindus) និងស៊ីគ្ហ (Sikhs) បានជួបជុំគ្នាប្រារព្ធបុណ្យចូលឆ្នាំថ្មី។ ជាមួយគ្នានេះដែរ នៅតំបន់ Haridwar ក៏មានពិធីសាសនាមួយនៅទន្លេ Ganges ដែលមនុស្សរាប់លាននាក់បានផឹកទឹកទន្លេម្នាក់បន្តិចនិងងូតទឹកនៅក្នុងទន្លេ ដោយសារគេជឿថាទឹកទន្លេនោះគឺជាទឹកមន្ដលាងសម្អាតបាបកម្មនិងជួយជញ្ចៀសចង្រៃ។ យោងតាមរបាយការណ៍របស់អាជ្ញាធរនៅតំបន់ Haridwar បានរកឃើញករណីឆ្លងចេញពីមនុស្សចូលរួមពិធីសាសនានោះយ៉ាងច្រើនពាន់នាក់ជាបន្តបន្ទាប់។

មូលហេតុចម្បងទីបីនោះមេរោគបម្លែងថ្មីជាច្រើនកំពុងតែចរាចរនៅឥណ្ឌា។ មេរោគបម្លែងថ្មីដែលកំពុងយាយីនៅឥណ្ឌាជាងគេមានឈ្មោះថា “B.1.617” ដែលមេរោគនេះមានការបម្លែងខ្លួនទ្វេដង។ យោងតាមការចេញផ្សាយរបស់ NPR អំបូរមួយនៃការបម្លែងរបស់មេរោគ B.1.617 គឺមកពីរដ្ឋ California នៅសហរដ្ឋអាមេរិក និងកាត់អំបូរជាមួយមេរោគបម្លែងខ្លួននៅអាហ្វ្រិកខាងត្បូងនិងប្រេស៊ីល។ តាមការស្រាវជ្រាវបឋមរបស់មជ្ឈមណ្ឌល Cell មេរោគបម្លែងថ្មីនេះមានសមត្ថភាពឆ្លងលឿនជាងអំបូរមុនរបស់វា។ ដោយសារខ្លាចមេរោគបម្លែងថ្មីឥណ្ឌានេះ ប្រទេសមួយចំនួនបានបិទការហោះហើរជាមួយឥណ្ឌា ដែលក្នុងនោះមានប្រទេសនូវែលសេឡង់ ប្រទេសកាណាដា ហុងកុង ប្រទេសអង់គ្លេស សហរដ្ឋអាមេរិក ប្រទេសសឹង្ហបុរី ប្រទេសកម្ពុជា ជាដើម។ ការបិទនេះក៏ដោយសារតែអ្នកមានធនធានជាច្រើនបាននាំគ្នាសម្រុកចេញពីឥណ្ឌាតាមរយៈយន្ដហោះឯកជនទៅប្រទេសនៅតំបន់អឺរ៉ុប តំបន់មជ្ឃឹមបូព៌ា និងតំបន់សមុទ្រឥណ្ឌាឱ្យបានមុនការហាមប្រាម។ យ៉ាងណាមិញ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បច្ចុប្បន្ននេះមេរោគប្រភេទ B.1.617 បានមកដល់ប្រទេសចំនួន១៧រួចទៅហើយ។

ភាពវឹកវរនៅប្រទេសឥណ្ឌា

បច្ចុប្បន្ន ឥណ្ឌាមានករណីឆ្លងថ្មីចំនួនមិនក្រោម ៣ សែនករណីជារៀងរាល់ថ្ងៃ។ ប្រព័ន្ធបណ្ដាញសង្គមនៅឥណ្ឌាបានប្រកាសសុំជំនួយគ្រប់ពេល ហើយមន្ទីរពេទ្យខ្វះឧបករណ៍សង្គ្រោះ ជាពិសេសគឺបំពង់អុកស៊ីសែន។ អ្នកជំងឺជាច្រើននាក់បានសម្រាកនៅមុខបរិវេណពេទ្យដើម្បីរង់ចាំនិងកំពុងព្យាបាល ដោយខ្លះបានសម្រាកនៅក្នុងរថយន្ដនិងរឺម៉កកង់បី ខ្លះក្រាលកន្ទេលនៅលើដី និងខ្លះក៏បានស្លាប់នៅមុខបរិវេណមន្ទីរពេទ្យតែម្ដងទាំងមិនទាន់ទទួលការព្យាបាល។ កន្លែងបូជាសពអ្នកជំងឺកូវីដ១៩ត្រូវធ្វើយ៉ាងបណ្ដាក់គ្នា និងដោយហេតុតែកន្លែងបូជាដុតមិនទាន់ សពជាច្រើនត្រូវបានបូជានៅវាលខាងក្រៅយ៉ាងអាណោចអាធ័មដោយមានអូសប៉ុន្មានដុំនិងរុំក្រណាត់ស។

បញ្ហាចម្បងធំមួយទៀតនោះគឺកង្វះបំពង់អុកស៊ីសែន ដែលស្ថានភាពអ្នកជំងឺកូវីដ១៩យ៉ាងច្រើនត្រូវពឹងផ្អែកលើអុកស៊ីសែនដើម្បីរស់ ដូចជាត្រីមិនអាចខ្វះទឹកសម្រាប់ដកដង្ហើម។ កង្វះបំពង់អុកស៊ីសែននេះ បានធ្វើឱ្យតម្រូវការកើនខ្ពស់ ដែលជាហេតុធ្វើឱ្យតម្លៃបំពង់អុកស៊ីសែនឡើងថ្លៃ។ ជនឆ្លៀតឱកាសមួយចំនួនបានលួចលក់បំពង់និងម៉ាស៊ីនអុកស៊ីសែនក្នុងតម្លៃថ្លៃនៅផ្សារងងឹត។ យោងតាមការចេញផ្សាយរបស់ BBC បំពង់អុកស៊ីសែន ៥០ លីត្រតម្លៃទូទៅតែ៨០ដុល្លារអាមេរិក ប៉ុន្តែនៅផ្សារងងឹតតម្លៃ ៦៦០-១.៣៣០ ដុល្លារអាមេរិក។ ចំណែកឯម៉ាស៊ីនអុកស៊ីសែនវិញ តម្លៃទូទៅតែ ៣៣០-៩៣០ ដុល្លារអាមេរិក ប៉ុន្តែនៅផ្សារងងឹតវិញតម្លៃ ២០០០-២.២៦០ ដុល្លារអាមេរិក។

ជារួម សោកនាដកម្មនៅឥណ្ឌានាពេលបច្ចុប្បន្ននេះគឺជាសុបិនដ៏អាក្រក់ដែលប្រទេសទូទាំងពិភពលោកមិនចង់ឱ្យកើតឡើងនៅក្នុងប្រទេសខ្លួនឡើយ។ មេរៀនឥណ្ឌានេះគឺជាបទពិសោធន៍សម្រាប់មនុស្សទូទាំងពិភពលោកថា មនុស្សអាចភ្លេចកូវីដ១៩ ប៉ុន្តែដរាបណាដែលកូវីដ១៩នៅមាននៅលើពិភពលោក កូវីដ១៩នឹងមិនភ្លេចយើងទេទោះបីជាស្ថិតិបានឱ្យសញ្ញាណវិជ្ជមាននៅក្នុងប្រទេសក៏ដោយ។ ម្យ៉ាងវិញទៀត យើងក៏គួរកត់សម្គាល់ថា អ្នកជំនាញជាច្រើនបានព្រមានពីការបម្លែងថ្មីនៃមេរោគកូវីដ១៩ប្រសិនបើមានអ្នកឆ្លងគ្នាច្រើនមិនអាចទប់ស្កាត់ច្រវ៉ាក់ចម្លងបានភ្លាមៗ ដែលនេះក៏ជាមូលហេតុដែលត្រូវបង្កើតសហគមន៍មួយដែលមានប្រព័ន្ធស៊ាំតាមរយៈការចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលាចៀសវាងកុំឱ្យមានមេរោគបម្លែងថ្មីខ្លាំងជាងវ៉ាក់សាំង។

តើអ្វីជាវិបត្ដិហិរញ្ញវត្ថុអាស៊ីនៅឆ្នាំ១៩៩៧?

វិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ​១៩៩៧ ឬ Asian financial crisis ត្រូវបានកត់ត្រាជាពេលដែលតំបន់អាស៊ីបានជួបនូវបញ្ហាសេដ្ឋកិច្ចនិងបានក្លាយជាប្រធានបទសិក្សារបស់សេដ្ឋវិទូរហូតមក។ ធនាគារឯកជនជាច្រើនបានប្រកាសក្ស័យធនដោយសារតែកម្ចីអសកម្ម non-performance loan (ឥណទានមិនដំណើរការ) ហើយតម្លៃរូបិយប័ណ្ណបាតរបស់ថៃបានធ្លាក់ចុះជាអតិបរមានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៩៧  ខណៈដែលធនាគារកណ្ដាលថៃប្រកាសពីទុនបម្រុងជារូបិយប័ណ្ណបរទេសតម្កល់បានអស់ស្ទើរតែ១០០%។ ផលប៉ះពាល់ធ្ងន់ធ្ងរនៃវិបត្តិហិរញ្ញវត្ថុអាស៊ីបានធ្វើឱ្យ​ផលិតផលក្នុងស្រុកសរុប (GDP)​ បន្តធ្លាក់ចុះចន្លោះពី ៥,៨% ទៅ ១៣,៧% នៅឆ្នាំ១៩៩៨ នៅអាស៊ី។ យោងតាមរបាយការណ៍របស់កិច្ចប្រជុំកំពូលស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ UNCTAD ឬ United Nations Conference on Trade and Development បង្ហាញថា លក្ខណៈពិសេសមួយចំនួនដែលកត់សម្គាល់បាននៅពេលមានវិបត្តិនេះកើតឡើង​រួមមានដូចជាវិបត្តិហិរញ្ញវត្ថុដែលចេញមកពីកម្ចីធនាគារ​ក្នុងតំបន់ និងអស្ថិរភាពរូបិយវត្ថុជាតិជះឥទ្ធិពលឈានដល់មានអតិផរណា។

វិបត្តិហិរញ្ញវត្ថុប្រទេសថៃឆ្នាំ​១៩៩៧ជាដើមចមនាំឱ្យមានវិបត្តិសេដ្ឋកិច្ចនៅអាស៊ី

ថៃជាប្រទេសដែលមានសន្ទុះអភិវឌ្ឍគួរឱ្យកត់សម្គាល់នៅទស្សវត្សន៍ឆ្នាំ ១៩៩០ ដោយប្រសិទ្ធិភាពនៃគោលនយោបាយសេដ្ឋកិច្ចទីផ្សារសេរី។ នយោបាយហិរញ្ញវត្ថុរបស់ថៃពីមុនឆ្នាំ១៩៩៧ គឺការកម្រិតអត្រាប្តូរប្រាក់និងរក្សាតម្លៃរូបិយប័ណ្ណបាតថៃឱ្យនៅថេរ (currency peg) ដោយនាពេលនោះ ១ដុល្លារអាមេរិកមានតម្លៃចន្លោះពី២០បាតទៅ២៥បាត  ខណៈដែលប្រាក់ដុល្លារអាមេរិកចុះថោកដោយសារតែវិបត្ដិនៅសេដ្ឋកិច្ចនៅអាមេរិកកាលពីឆ្នាំ១៩៩១។  ចន្លោះឆ្នាំ ១៩៩៣ និង ១៩៩៥ ថៃបន្តរក្សាតម្លៃលុយបាតបែបនេះនិង បានដំឡើងអត្រាការប្រាក់ដើម្បីទាក់ទាញលំហូរចូលនៃមូលធន Capital inflow ច្រើន ប៉ុន្តែគោលការណ៍នេះមានប្រសិទ្ធភាពធានាក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ តាមរយៈការសិក្សាម៉ាក្រូសេដ្ឋកិច្ច ដើម្បីទាក់ទាញលំហូរចូលនៃមូលធន (Capital inflow) គេត្រូវដំឡើងអត្រាការប្រាក់ពិតប្រាកដ តែបើគេទម្លាក់អត្រានោះវានឹងមានលំហូរចេញមូលធន (Capital outflow)។ ការកើនឡើងនៃអត្រាការប្រាក់ពិតប្រាកដបានប៉ះពាល់ដល់តុល្យភាពនៃការទូទាត់អត្រាប្តូរប្រាក់ក្នុងទីផ្សារជាពិសេសលើទំហំកញ្ចប់ឥណទានឬកម្ចី (loanable fund)។  ខណៈដែលប្រាក់បាតថៃស្ថិតនៅតម្លៃថ្លៃ ប្រទេសថៃមានក៏កំណើនតម្រូវការសាច់ប្រាក់ដុល្លារអាមេរិក ហើយធនាគារក្នុងស្រុកបានបើកឱ្យមានឥណទានប្រាក់ដុល្លារអាមេរិកច្រើនឡើង។ នៅឆ្នាំ១៩៩៦ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចប្រទេសថៃបានធ្លាក់ចុះដុនដាបទៅៗដោយសាររដ្ឋាភិបាលថៃអស់រូបិយប័ណ្ណបរទេសក្នុងការទូទាត់ បន្ទាប់មកក៏សម្រេចដំឡើងថ្លៃលុយបាត​តាមគោលការណ៍ អត្រាប្តូរប្រាក់អណ្តែត (floating exchange rate)  ប៉ុន្តែតម្លៃលុយបាតក្រោយមកបានដួលរលំទៅវិញនិងឈានទៅរកអតិផរណាកម្រិតខ្ពស់។ គោលការណ៍អត្រាប្តូរប្រាក់អណ្តែត គឺជាការកំណត់មួយដែលតម្លៃរូបិយវត្ថុជាតិរបស់ប្រទេសមួយត្រូវបានកំណត់ដោយ ទីផ្សាររូបិយប័ណ្ណបរទេស (Forex)។ ក្នុងការកំណត់ គេមើលទៅលើការផ្គត់ផ្គង់និងតម្រូវការដែលទូទាត់ជាមួយនឹងរូបិយប័ណ្ណបរទេសដទៃទៀតក្នុងលក្ខខ័ណ្ឌទីផ្សារ ហើយការកំណត់តម្លៃនេះមិនមានលក្ខណៈថេរដូចជាការកំណត់របស់រដ្ឋទេ។ ប៉ុន្តែការផ្លាស់ប្តូរមិនបានជោគជ័យទេ ព្រោះលុយបាតបានរងអតិផរណាខ្ពស់និងមានអត្រាប្តូរធ្លាក់ចុះដល់ ៤០,២% ហើយក៏បានជះផលប៉ះពាល់ទៅប្រទេសដទៃក្នុងតំបន់ផងដែរ។ ក្នុងតំបន់អាស៊ាន ប្រទេសដែលរងគ្រោះពីអតិផរណានេះមានដូចជាលុយរីងហ្គីតរបស់ម៉ាឡេស៊ី រូពីរបស់ឥណ្ឌូនេស៊ី និងពេសូរបស់ហ្វីលីពីនផងដែរ។ បន្ទាប់មកប្រទេសកូរ៉េខាងត្បូងដែលជាខ្លាសេដ្ឋកិច្ចអាស៊ីបានជួបបញ្ហាដូចគ្នានេះដែរ ក្រោយពេលលុយបាតថៃចុះថោក លុយវុនកូរ៉េក៏ធ្លាក់ជាសញ្ញាណវិបត្តិសេដ្ឋកិច្ចដំណាក់កាលទី២។ ក្នុងខណៈនេះ លុយដុល្លារតៃវ៉ាន់ និង ដុល្លារហុងកុងបានធ្លាក់ចុះ ជាមួយស្ថានភាពលុយរូពីរបស់ឥណ្ឌូនេស៊ីធ្លាក់ចុះមិនចាញ់គ្នាជាមួយថៃ។

បញ្ហាចម្បងៗដែលចោទឡើងនៅពេលវិបត្តិសេដ្ឋកិច្ចផ្ទុះឡើង

ក្នុងរបាយការណ៍សិក្សាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF សេដ្ឋវិទូបានមើលឃើញពីចន្លោះប្រហោងនៃគោលការណ៍សេដ្ឋកិច្ច និងបញ្ហាគោលមួយចំនួនទៀតដែលមូលដ្ឋានគ្រឹះនៃវិបត្តិនេះដែលមានដូចជា៖

ក.​ ភាពទន់ខ្សោយនៃការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច

ចំណុចចន្លោះប្រហោងដែលសេដ្ឋកិច្ចទីផ្សារសេរីងាយរងគ្រោះនិងជួបប្រទះវិបត្តិហិរញ្ញវត្ថុបណ្តាលមកពីកត្តាម៉ាក្រូសេដ្ឋកិច្ច (macroeconomic factor)។ កត្តាម៉ាក្រូសេដ្ឋកិច្ចគឺជាការសិក្សាទាក់ទងនឹងបាតុភូតឬទិដ្ឋភាពធំនៃសេដ្ឋកិច្ចរបស់ប្រទេសណាមួយ។  ក្នុងនោះអតិផរណា ផលិតផលក្នុងស្រុកសរុប (GDP) ប្រាក់ចំណូលជាតិ និងកម្រិតអ្នកអត់ការងារធ្វើគឺជាឧទាហរណ៍នៃកត្តាម៉ាក្រូសេដ្ឋកិច្ច។ លក្ខខ័ណ្ឌកង្វះការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចជាបញ្ហាសំខាន់និងចម្បងនៃវិបត្តិឆ្នាំ១៩៩៧នេះ វាមានលក្ខណៈជាប្រព័ន្ធដែលចាប់ផ្តើមពីការរៀបចំគោលការណ៍រូបិយវត្ថុជាតិនិងសារពើពន្ធតឹងរ៉ឹងដើម្បីទប់ទល់នឹងលំហូរលុយដុល្លារអាមេរិក បន្ទាប់មកឈានដល់មានឱនភាពគណនីចរន្តឬ current account deficiency។ ប្រទេសមួយចំនួនបានធ្វើការកម្រិតតម្លៃរូបិយវត្ថុ​ថេរឬ currency peg ដែលការកម្រិតនេះជាការកំណត់របស់រដ្ឋាភិបាលលើអត្រាប្តូរប្រាក់រវាងរូបិយវត្ថុជាតិនិងបរទេសឱ្យនៅថេរ (fixed currency rate)។ ការកំណត់អត្រាថេរបានក្លាយជាទំនោរយន្តការសេដ្ឋកិច្ចដែលបានកំណត់ក្នុងគោលការណ៍រូបិយវត្ថុនៃប្រទេសអាស៊ីមួយចំនួនរួមមានរូបិយប័ណ្ណបាតប្រទេសថៃ និងរូបិយប័ណ្ណពេសូប្រទេសហ្វីលីពីន ក្នុងគោលបំណងរក្សាអត្រាប្តូរប្រាក់ឱ្យនៅនឹងនរ​នៅក្នុងរយៈពេលវែង។ ការកម្រិតអត្រាប្តូរប្រាក់ មានសារប្រយោជន៍ជំរុញដល់សាជីវកម្ម​ ការវិនិយោគក្នុងស្រុក និងធានាបាននូវការប៉ាន់ប្រមាណទុកមុននៃស្ថិរភាពរូបិយវត្ថុ (long-term predictability of exchange rates) ប៉ុន្តែវាក៏បានធ្វើឱ្យមានតម្រូវការសាច់ប្រាក់ដុល្លារលើទីផ្សារកើនឡើង។ ជាទូទៅការកម្រិតអត្រាប្តូរប្រាក់ថេរធ្វើឡើងដោយធនាគារកណ្តាល ហើយនាពេលនោះតម្លៃលុយបាតថៃមានតម្លៃខ្ពស់ជាងបច្ចុប្បន្ន ដែលពីមុនឆ្នាំ១៩៩៧ ១ដុល្លារអាមេរិកដូរបានពី ២០បាត​ទៅ២៥បាត រី​​ឯពេលសព្វថ្ងៃ ១ដុល្លារអាមេរិកស្មើនឹងប្រមាណ ៣០បាត។ ការកើនឡើងតម្រូវការសាច់ប្រាក់នៅក្នុងប្រទេសថៃចាប់ផ្តើមពីមុនឆ្នាំ១៩៩៧ទៅទៀត វាបណ្តាលមកពីការរីកដុះដាលការវិនិយោគថ្មីៗក្នុងស្រុកដែលត្រូវការឱ្យមានទ្រព្យមូលធនជាទុន “capital​ in Thai Baht” ជាហេតុនាំឱ្យមានការកើនឡើងនៃលំហូរចេញលុយ ក៏ដូចជាកំណើនកម្ចីប្រាក់ពីធនាគារ និងការធ្លាក់ចុះនៃអត្រាប្រាក់សន្សំ។ ការធ្លាក់ចុះនៃប្រាក់សន្សំ និងកំណើនកម្ចីឯកជនបានធ្វើ​​​​​​​​​​​​​​​​​​ឱ្យប្រទេសថៃប្រទះសញ្ញាណនៃការកើនឡើងនៃបំណុល និងឱនភាពគណនីចរន្ត។ ផ្ទុយពីថៃ ប្រទេសហ្វីលីពីនបានប្រទះនឹងឱនភាពដោយសារការផ្ទុះឡើងនៃកំណើនវិនិយោគទៅវិញ មិនមែនមកពីឱនភាពគណនីចរន្តនោះទេ។

ខ. ភាពទន់ខ្សោយនៃវិស័យហិរញ្ញវត្ថុក្នុងស្រុក និងបញ្ហាអតិផរណា

ដូចបានសិក្សាត្រួសៗពីខាងលើមកហើយ តម្រូវការសាច់ប្រាក់ដុល្លារបានធ្វើឱ្យរដ្ឋាភិបាលថៃជួបកង្វះរូបិយប័ណ្ណបរទេសក្នុងការរក្សាតម្លៃលុយបាតឱ្យនៅថេរ ជាហេតុនាំមានកំណើនអត្រាអតិផរណាហើយស្ថានភាពលុយបាតថៃចុះថោកជាគំហុក ដែលមានអត្រាធ្លាក់ចុះដល់ ៤០.២% រាប់ពីខែមិថុនាឆ្នាំ១៩៩៧ (២៤.៥បាត/ដុល្លារ) ដល់ខែកក្កដាឆ្នាំ១៩៩៨​ (៤១បាត/ដុល្លារ)។ ជាមួយគ្នានេះថៃបានចេញយន្តការហិរញ្ញវត្ថុដែលអនុញ្ញាតឱ្យមានឥណទានរយៈពេលខ្លីពីធនាគារ ហើយយន្តការណ៍នេះបានក្លាយជាកត្តាមួយអូសទាញឱ្យមានកម្ចីជាលុយដុល្លារអាមេរិកច្រើន។ គោលការណ៍ហិរញ្ញវត្ថុនេះមិនត្រឹមតែអូសទាញឱ្យមានកម្ចីជាលុយដុល្លារអាមេរិកច្រើន ប៉ុន្តែតាមរបាយការណ៍ពីធនាគារឯកជនក្នុងស្រុកថៃ ជិត៥០%នៃកម្ចីឯកជនរយៈពេលខ្លីនេះជាកម្ចីឥតដំណើរការ ធនាគារនាពេលនោះទទួលបានត្រឹមតែលុយអត្រាការប្រាក់ត្រលប់មកវិញ តែពុំមានសំណងបង្វិល។ ដោយសារមានតែលុយការប្រាក់តែគ្មានសំណងបង្វិល ការកើនឡើងនៃកម្ចីបែបនេះបានបណ្តោយឱ្យមានលំហូរលុយក្តៅ (លុយក្ដៅ (Hot money) គឺជាលុយដែលបានមកពីការប្រាក់ឥណទានរយៈពេលខ្លីនោះឯង) ដែលក្រោយមកវាបានចោទជាបញ្ហាដល់ធនាគាររហូតឈានដល់ការប្រកាសក្ស័យធនរបស់ធនាគារថៃក្នុងស្រុកជាច្រើន។

គ.​ ផលប៉ះពាល់នៃកង្វះទ្រព្យតម្កល់បរទេសដុល

ផលប៉ះពាល់នេះកើតឡើងពីការផ្តល់ឥណទានរយៈពេលខ្លី ជាពិសេសឥណទានបរទេសឬ cross border loan ច្រើននៅពេលទ្រព្យតម្កល់បរទេសមានទំហំប្រហាក់ប្រហែលនឹងបំណុល។ អំឡុងពេលនោះ ធនាគារកណ្តាលថៃបានប្រកាសពីការអស់នូវទ្រព្យតម្កល់បរទេសស្ទើរតែ១០០%។ ប្រទេសដែលបានចេញគោលការណ៍កម្ចីរយៈពេលខ្លីរួមមានថៃ កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងហ្វីលីពីន។ នៅពេលនោះ ប្រព័ន្ធធនាគារក្នុងប្រទេសថៃជាពិសេស Bangkok International Banking Facility (BIBF) បានបើកឱ្យមានការខ្ចីពីធនាគារបរទេសនៅឆ្នាំ១៩៩៣ដែលបានធ្វើឱ្យបំណុលកម្រិតមធ្យមកើនឡើង។ ការរៀបចំប្រព័ន្ធធនាគារ និងស្ថាប័នហិរញ្ញវត្ថុឯកជនមានសភាពទន់ខ្សោយ រី​​​ឯអត្រាការប្រាក់កាន់តែឡើងថ្លៃ ជាហេតុបណ្តាល​ឱ្យធ្វើឱ្យលំហូរចេញមូលធនច្រើន (Capital outflow) និងកំណើនឥណទានច្រើនជាងសំណង។ ស្ថានភាពកាន់តែធ្ងន់ធ្ងរទៅសំរាប់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុថៃរហូតចន្លោះឆ្នាំ១៩៩៦ និង ១៩៩៧ និងបានបង្ហាញពីសញ្ញាក្ស័យធនច្រើនឡើង។ ក្នុងស្ថានភាពដែលមានវិបត្តិធនាគារក្ស័យធននេះ ធនាគារជាតិថៃមិនមានលទ្ធភាពក្នុងការស្រោចស្រង់ស្ថាប័ន​ឯកជនទាំងអស់នោះបានឡើយ។

ឃ. ភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ជាប្រព័ន្ធ

នៅពេលដែលមានវិបត្តិហិរញ្ញវត្ថុនិងធនាគារក្នុងស្រុកកើតឡើង វាបានប៉ះពាល់ទៅដល់ចង្វាក់ផលិតកម្មនៅវិស័យដទៃទៀតដូចជាសហគ្រាសនិងឧស្សាហកម្មនាំឱ្យការនាំចេញធ្លាក់ចុះ ជាហេតុធ្វើឱ្យប្រទេសនៅអាស៊ីមួយចំនួនដែលកំពុងរីកចម្រើននិងពឹងផ្អែកលើការនាំចេញមានសេដ្ឋកិច្ចធ្លាក់ចុះ។ នៅចន្លោះឆ្នាំ១៩៩៦និង ១៩៩៧​ GDP ឥណ្ឌូនេស៊ីបានធ្លាក់ ៤៣,២% ប្រទេសថៃ ២១,២% ប្រទេសម៉ាឡេស៊ី ១៩% កូរ៉េខាងត្បូង ១៨,៥% និង ហ្វីលីពីន ១២,៥%។ ចំណែកឯស្ថានភាពប្រទេសថៃវិញ ការចំណាយឯកជនបានថយចុះនៅឆ្នាំ ១៩៩៧ ដោយសារប្រាក់ខែតិចតួច និងការបាត់បង់ការងារធ្វើ។ ការនាំចូលទំនិញក៏បានថយចុះ ១% ក្នុងរយៈពេលដូចគ្នា។  រីឯការវិនិយោគឯកជនក៏បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ជាមួយនឹងសន្ទស្សន៍វិនិយោគឯកជនធ្លាក់ចុះពី ១០០,១% ក្នុងឆ្នាំ ១៩៩៦ ចុះទៅ ៨៣,៥% ក្នុងឆ្នាំ ១៩៩៧ ។ សន្ទស្សន៍ផលិតកម្មបានថយចុះប្រមាណ ៥,១% ក្នុងខែសីហាឆ្នាំ ១៩៩៧ ។ ប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់ប្រទេសទាំងអស់នេះជាពិសេសប្រទេសថៃក៏ទទួលរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចនេះដែរ ហើយវាក៏បង្ហាញពីផលប៉ះពាល់ដែលជះឥទ្ធិពលជាប្រព័ន្ធ។​

ពាក្យគន្លឹះ

-​ ឱនភាពគណនីចរន្ត៖ ឱនភាពក្នុងផ្នែកគណនី នៃជញ្ជីងទូទាត់របស់ប្រទេសមួយ។
-​​ រចនាសម្ព័ន្ធមូលធន , រចនាសម្ព័ន្ធទុន៖ ១-សមាសភាពនៃបំណុល និង​ទ្រព្យរបស់ម្ចាស់(មូលធន)របស់ក្រុមហ៊ុនអាជីវកម្មមួយ។ ២-អនុបាតនៃកម្ចី និងហ៊ុនជាមូលធនលើមូលធនសរុបនៃក្រុមហ៊ុនមួយ។
-​ អនុបាតនៃលទ្ធភាពទូទាត់សងបំណុល៖ ការវាស់វែងនៃលទ្ធភាពរបស់ក្រុមហ៊ុនដើម្បីឆ្លើយតបកាតព្វកិច្ចរយៈពេលខ្លីដល់កំណត់ ដូចជាអនុបាតនៃលទ្ធភាពទូទាត់រហ័សនៃបំណុល។
– កញ្ចប់ឥណទាន៖ loanable fund គឺជាកញ្ចប់ប្រាក់ឬ fund ដែលអាចដាក់ឱ្យខ្ចីបាន កញ្ចប់នេះរួមបញ្ចូលប្រាក់សន្សំក្នុងគ្រួសារដែលអាចធ្វើកម្ចី ឬក៏ប្រាក់កម្ចីរបស់ធនាគារ។

នយោបាយវ៉ាក់សាំងរបស់រុស្ស៊ីទៅលើសហភាពអឺរ៉ុប

នៅដើមខែមេសា ឆ្នាំ២០២១នេះ រដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសអាល្លឺម៉ង់លោក Jens Spahn បានចេញសេចក្តីថ្លែងការណ៍ថាប្រទេសអាល្លឺម៉ង់កំពុងតែនៅក្នុងដំណាក់ការពិភាក្សាជាមួយនឹងភាគីប្រទេសរុស្ស៊ីក្នុងការទិញដូសវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី។ ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា លោកកំពុងតែរងចាំការចេញសេចក្តីប្រកាសទទួលស្គាល់ពីខាងភាគីសហភាពអឺរ៉ុប។ គួរបញ្ជាក់ផងដែរថា ប្រទេសដែលជាសមាជិកនៃសហភាពអឺរ៉ុបមានទស្សនៈផ្សេងៗគ្នាទៅលើវ៉ាក់សាំងSputnik Vលើការទិញឬមិនទិញវ៉ាក់សាំងរុស្ស៊ី។ ជាក់ស្ដែង ប្រទេសហុងគ្រីនិងប្រទេសស្លូវ៉ាគី(Slovakia Republic) បានទិញវ៉ាក់សាំងនេះរួចហើយ ចំណែកឯប្រទេសអូទ្រីសនិងប្រទេសអាល្លឺម៉ង់កំពុងតែនៅក្នុងដំណាក់ការចរចារជាមួយភាគីរុស្ស៉ីដើម្បីបញ្ជាទិញវ៉ាក់សាំង។ ហើយក្នុងនោះក៏មានប្រទេសដែលដាច់ខាតមិនទិញវាក់សាំងរបស់រុស្ស៊ីទេ ដែលភាគច្រើនជាប្រទេសនៅអឺរ៉ុបប៉ែកខាងកើត។ ដូចនេះ តើការសម្រេចចិត្តទាំងនេះមានឥទ្ធិពលយ៉ាងណាដល់ទំនាក់ទំនងរុស្ស៊ី​និងបណ្តាប្រទេសសហភាពអឺរ៉ុប?

រុស្ស៊ីក្នុងនយោយបាយការទូតវ៉ាក់សាំង

រុស្ស៊ីក៏ជាភ្នាក់ងារសំខាន់មួយផងដែរនៅក្នុងឆាកនយោបាយការទូតមួយដែលគេឱ្យឈ្មោះថា ជានយោបាយការទូតវ៉ាក់សាំង(Vaccine Diplomacy)។ ចាប់តាំងពីដើមឆ្នាំ២០២០ នៅពេលដែលជំងឺកូវីដ១៩បានរីកដុះដាលជុំវិញពិភពលោក ប្រទេសមានអំណាចជាច្រើនបានប្រកួតប្រជែងគ្នាដើម្បីឱ្យផលិតបានវ៉ាក់សាំងមុនគេ។ ជាក់ស្ដែង នៅក្នុងខែឧសភាឆ្នាំ២០២០ រដ្ឋាភិបាលរុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំង Sputnik V ដោយក្រសួងសុខាភិបាលរបស់ប្រទេសរុស្ស៊ី។ តាមពិតទៅឈ្មោះ Sputnik V នេះគឺជាឈ្មោះផ្កាយរណបដែលបានបង្ហោះទៅក្នុងយានអវកាសមុនដំបូងគេលើពិភពលោក និងបានឆ្លុះបញ្ចាំងពីសក្តានុពលលើវិស័យស្រាវជ្រាវនិងបច្ចេកវិទ្យាដ៏ខ្លាំងក្លារបស់សហភាពសូវៀតក្នុងសម័យសង្គ្រាមត្រជាក់។ ស្ថាប័ន​ Gamaleya Research Institute of Epidemiology and Microbiology ក៏បានអះអាងថាវ៉ាក់សាំងនេះត្រូវបានឆ្លងការពិសោធន៍ដោយជោគជ័យដោយមិនបង្កឱ្យមានផលប៉ះពាល់អ្វីឡើយ។ ជាមួយគ្នានេះដែរ The Gamaleya National Research Center of Epidemiology and Microbiology and the Russian Direct Investment Fund (RDIF) បានរាយការណ៍ថាវាក់សាំងរបស់រុស្ស៊ីមួយនេះមានប្រសិទ្ធិភាពរហូតដល់ ៩៧.៦%។ ដើម្បីផ្ដល់ទំនុកចិត្ដបន្ថែមទៅលើវាក់សាំងនេះ លោកវ្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរបស់ប្រទេសរូស្សុីក៏បានអះអាងថាកូនស្រីម្នាក់របស់លោកក៏ទទួលបានវ៉ាក់សាំង Sputnik V ផងដែរ។ ការអះអាងរបស់លោកនេះគឺធ្វើឡើងដើម្បីចង់បង្ហាញទៅដល់មហាជននិងឆាកអន្តរជាតិថាវ៉ាក់សាំង Sputnik V គឺពិតជាមានប្រសិទ្ធភាពមែន។

នយោបាយការទូតវ៉ាក់សាំងរបស់រុស្ស៊ីគឺជាយន្តការមួយដែលរដ្ឋភិបាលរុស្ស៊ីបានប្រើប្រាស់ដើម្បីបញ្ជ្រាបអំណាចទន់ (Soft Power)របស់ខ្លួនទៅលើឆាកអន្តរជាតិ។​ នយោបាយការទូតវ៉ាក់សាំងនេះ ប្រព្រឹត្តទៅដោយការផលិតនិងចែកចាយ និងលក់ដូរវ៉ាក់សាំងទៅកាន់ប្រទេសដទៃទៀត។ បើយោងតាមទិន្នន័យពី Direct Investment Fund ប្រទេសរុស្ស៊ីបានទទួលការបញ្ជាទិញយកវ៉ាក់សាំងSputnik V ចំនួនលើសពី ១.២ ប៊ីលានដូសពីសំណាក់៥០ប្រទេសរួចទៅហើយ បើគិតមកទល់ចុងឆ្នាំ២០២០ដែលនៅក្នុងចំណោមប្រទេសទាំងនោះក៏បានប្រទេសខ្លះជាសមាជិករបស់សហភាពអឺរ៉ុបផងដែរ។

នៅខែមករា ឆ្នាំ២០២១ ប្រទេសហុងគ្រីក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលបានទិញយកវ៉ាក់សាំងSputnik V ពីប្រទេសរុស្ស៊ីដោយអនុម័តឱ្យប្រើប្រាស់វ៉ា់ក់សាំងនេះក្នុងគ្រាអាសន្ន។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលហុងគ្រីនេះបានធ្វើឡើង ដោយវ៉ាក់សាំងSputnik V មិនទាន់បានការទទួលស្គាល់ពីខាងភាគីសហភាពអឺរ៉ុបនៅឡើយទេ។ មួយវិញទៀត ប្រទេសអុីតាលីនិងប្រទេសរុស្ស៊ីវិញបានចុះកិច្ចព្រមព្រៀងដើម្បីឱ្យអុីតាលីអាចផលិតវ៉ាក់សាំងនៅក្នុងប្រទេសរបស់ខ្លួន។ បណ្តាប្រទេសជាច្រើនក៏បានបើកជំហររបស់ខ្លួន ថានឹងទទួលយកវ៉ាក់សាំងរបស់ប្រទេសរុស្ស៊ី ប្រសិនបើមានការទទួលស្គាល់ពីភាគីមានអំណាចរបស់សហភាពអឺរ៉ុប។ នៅដើមខែ៣ ឆ្នាំ២០២១នេះ European Medicines Agency (EMA) បានចាប់ផ្តើមដំណើរការក្នុងការពិនិត្យវិនិច្ឆ័យវ៉ាក់សាំងSputnik V។

សហភាពអ៊ឺរ៉ុបដល់ផ្លូវទាល់ច្រក

ការងាកមករកវ៉ាក់សាំងSputnik V ពីសំណាក់សមាជិកអឺរ៉ុបមួយចំនួនគឺដោយសារតែកត្តាជាច្រើនយ៉ាង។​ កត្តាទីមួយគឺដោយសារតែកត្តាសុខាភិបាលរបស់ប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួន គឺមិនអាចទ្រាំទ្រនឹងអត្រាឆ្លងរោគ និងអត្រាមរណៈដោយសារជំងឺកូវីដ១៩បានឡើយ។ យោងតាមរបាយការណ៍របស់ Statista មកដល់ខែមេសា ឆ្នាំ២០២១ សាធារណរដ្ឋឆែក (Czech Republic) និងប្រទេសហុងគ្រី (Hungary)ឈរនៅលើលំដាប់ទីមួយនិងទីពីរ បើគិតពីអត្រាមរណៈមនុស្សមួយក្នុងចំណោម១០ម៉ឺននាក់ ដោយសាធារណរដ្ឋឆែកមានអត្រាស្លាប់ដល់ទៅ២៦២,១៥នាក់ រីឯប្រទេសហុងគ្រីវិញ មានអត្រាមរណៈ២៤២,៥៩ នាក់។ ចំណែកឯប្រទេសស្លូវ៉ាគី និងប្រទេសអុីតាលីក៏ជាប្រទេសដែលមានអត្រាមរណៈខ្ពស់ផងដែរ បើយោងតាមទិន្នន័យនៅក្នុងរបាយការណ៍ដដែលនោះ។ កត្តាទីពីរ បន្ថែមពីលើកំណើននៃអត្រាមរណៈខ្ពស់នេះ សហភាពអឺរ៉ុបក៏បានជួយប្រទះនូវបញ្ហាកកស្ទះនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួនទៀតផង។ បញ្ហានេះគឺបង្កឡើងដោយសារការយឺតយ៉ាវនៃការផលិតវ៉ាក់សាំងPfizer BioNTech និង Moderna ដែលជាវ៉ាក់សាំងទទួលស្គាល់ដោយ EMA។ លើសពីនេះទៅទៀតបញ្ហាកកស្ទះនៃការចែកចាយវ៉ាក់សាំងក៏បង្កដោយសារតែវ៉ាក់សាំង Astra Zeneca បានទទួលរបាយការណ៍ថាអ្នកដែលទទួលបានវ៉ាក់សាំងនេះមួយចំនួនមានបញ្ហាកំណកឈាម។ ប្រទេសមួយចំនួនដូចជាប្រទេសដាណឺម៉ាក (Danmark) បានបញ្ឈប់ការចាក់វ៉ាក់សាំង Astra Zeneca នេះទៅឱ្យប្រជាជនរបស់ពួកគេ ចំណែកឯប្រទេសបារាំង អាល្លឺម៉ង់ និងអ៉ីតាលីកំណត់ឱ្យចាក់តែក្រុមមនុស្សចាស់តែប៉ុណ្ណោះ ក្រោយពេលដែលប្រទេសទាំងនេះធ្លាប់ផ្អាកការចាក់វ៉ាក់សាំងនេះនៅដើមឆ្នាំ២០២១។

គំនិតអវិជ្ជមានរបស់ប្រទេសក្នុងសហភាពមួយចំនួនទៅលើវាក់សាំង

ប្រទេសជាច្រើននៅក្នុងសហភាពអឺរ៉ុបជាពិសេសបណ្តាប្រទេសអឺរ៉ុបភាគខាងលិចនិងខាងជើង បានបកស្រាយថាពួកគេកំពុងតែរងចាំការសិក្សាស្រាវជ្រាវពីខាងភាគីEMA។ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅមានប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុបសម្តែងទស្សនៈអវិជ្ជមានទៅលើវ៉ាក់សាំងរបស់រុស្ស៊ី។ ប្រធានាធិបតីប្រទេសលីទុយអានី(Lithunie) លោក Gitanas Nausėda បានចេញសេចក្តីប្រកាសថាប្រទេសរបស់លោកនឹងមិនប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសរុស្ស៊ីឡើយបើទោះបីជាមានការទទួលស្គាល់ពី EMA ក៏ដោយ។ ជំនួយការរបស់ប្រធានាធិបតីប៉ូឡូញក៏បានមកស្រាយថាប្រទេសប៉ូឡូញក៏មិនមានគម្រោងនឹងទិញយកវ៉ាក់សាំងSputnik V នេះទេ។ ប្រទេសទាំងពីរតែងតែចាត់ទុកប្រទេសរុស្ស៊ីជាការគម្រាមកំហែងមកដល់សាមគ្គីភាពរបស់សហភាពអឺរ៉ុប ដោយសារតែប្រទេសទាំងពីរធ្លាប់មានប្រវតិ្តសាស្ត្រឈ្លានពានពីប្រទេសរុស្ស៊ីមកហើយ។ ជារួម ប្រទេសអឺរ៉ុបខាងកើតទាំងនេះភាគច្រើនតែមានជំហរប្រឆាំងនឹងរុស្ស៊ីខ្លាំងក្លាជាងសមាជិកអឺរ៉ុបផ្នែកខាងលិចដោយសារតែកត្តាប្រវត្តិសាស្ត្រនិងនយោបាយ។ ជាមួយគ្នានេះដែរ លោក Nausėda ក៏បាននិយាយថាវ៉ាក់សាំងSputnik V គឺជាអាវុធដែលរដ្ឋាភិបាលក្រឹមឡាំង(Kremlin)ប្រើដើម្បីធ្វើការបំបែកបំបាក់និងគ្រប់គ្រងអឺរ៉ុប។

សរុបមក​ ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ បានក្លាយទៅជាដំណាក់កាលក្នុងការតេស្តពិសោធន៏នៃភាពរឹងមាំនៃសាមគ្គីភាព និងសមូហភាពរបស់សហភាពអឺរ៉ុប ទន្ទឹមនឹងនេះដែរ នេះក៏ជាឱកាសដ៏ល្អផងដែរសម្រាប់រុស្ស៊ីក្នុងការបញ្ជ្រាបឥទ្ធិពលរបស់ខ្លួនទៅលើទ្វីបអឺរ៉ុប។ គោលនយោបាយចម្បងរបស់ប្រទេសរុស្ស៊ីគឺចង់រក្សានិងការពារជំហរឥទ្ធិពលរបស់ខ្លួន ដែលភាគច្រើនជាអតីតរដ្ឋរបស់សហភាពសូវៀត។ លើសពីនេះ គោលនយោបាយវ៉ាក់សាំងនេះ អាចជាឈ្នាន់ដែលរុស្ស៊ីអាចប្រើប្រាស់ទៅថ្ងៃក្រោយដើម្បីបង្កើតសម្ព័ន្ធមិត្តជាមួយបណ្តាប្រទេសនានាក្នុងសហភាពអឺរ៉ុប និងធ្វើយ៉ាងណាឱ្យខ្លួនឯងមានឥទ្ធិពលដល់គោលនយោបាយសហភាពអឺរ៉ុបទៅថ្ងៃក្រោយ។

ព្រែកជីកស៊ុយអេ ការឆ្លងកាត់ព្យុះភ្លៀងភូមិសាស្ត្រនយោបាយ និងអនាគតមិនអាចស្មានបាន

ព្រែកជីកស៊ុយអេ(Suez Canal) គឺជាច្រកទ្វារសមុទ្រដ៏សំខាន់មួយដែលភ្ជាប់ទ្វីបអឺរ៉ុប និងអាស៊ីដែលបង្កើតបានជាស្នាមឆ្នូតមួយផ្ដាច់ផ្ទាំងទ្វីបអាហ្វ្រិកពីអាស៊ីត្រង់ចន្លោះដីទ្វីបរវាងសមុទ្រមេឌីទែរ៉ាណេ(Mediterranean Sea) និងសមុទ្រក្រហម(Red Sea)របស់ប្រទេសអេហ្ស៊ីប។ ផ្លូវនាវាចរដ៏មមាញឹក សម្រាប់ពិភពលោកមួយនេះ បានផ្ដល់ច្រកទ្វារឆ្លងកាត់សមុទ្រក្នុងចម្ងាយខ្លីបំផុតដែលចំណាយពេលតិច  ព្រមទាំងបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនទំនិញ ការធ្វើជំនួញតាមផ្លូវសមុទ្រ និងដំណើរការសេដ្ឋកិច្ចសកលផងដែរ។

ព្រឹត្តិការណ៍ថ្ងៃទី២៣ មីនា ២០២១ កន្លងទៅថ្មីៗ បានបង្កភាពភ្ញាក់ផ្អើលដល់ពិភពលោក ព្រមទាំងធ្វើឱ្យមានការកកស្ទះលើផ្លូវនាវាចរនៃព្រែកជីកស៊ុយអេដែលបណ្តាលមកពីការជាប់គាំងរបស់នាវាដឹកទំនិញខ្នាតយក្ស Ever Given ។ ដំណើរកកស្ទះការដឹកជញ្ជូនតាមផ្លូវទឹកមួយនេះ តែប៉ុន្មានថ្ងៃសោះ ធ្វើឱ្យនាវាជាច្រើនសម្រេចចិត្តត្រូវប្ដូរទិសដៅវាងទៅជុំវិញទីក្រុងខេបថោន(Cape Town)នៃប្រទេសអាហ្វ្រិកខាងត្បូងវិញ បើទោះបី ត្រូវធ្វើឱ្យមានភាព យឺតយ៉ាវ និងត្រូវពន្យារពេលលើកដាក់ទំនិញ និងដែលអាចនាំឱ្យតម្លៃទំនិញឡើងថ្លៃយ៉ាងណាក៏ដោយ។ ក្រុមអ្នកជំនាញសេដ្ឋកិច្ច ក៏បានប៉ាន់ប្រមាណដែរថា ការរាំងខ្ទប់ផ្លូវដឹកជញ្ជូននេះ មានតម្លៃជាទឹកប្រាក់ ៤០០លានដុល្លារអាមេរិកក្នុងមួយម៉ោង សម្រាប់សេដ្ឋកិច្ចសកល។ សូមបញ្ជាក់ថា ស៊ុយអេ ជាផ្លូវទឹកពាណិជ្ជកម្មភ្ជាប់ទ្វីបអាស៊ីនិងអឺរ៉ុបយ៉ាងខ្លីបំផុត ដែលជាមធ្យមមាននាវាប្រមាណជា៥០គ្រឿងបរឆ្លងកាត់ទៅមកក្នុងមួយថ្ងៃ ដែលស្មើនឹង ១២% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូលជារៀងរាល់ឆ្នាំ។ ក្នុងនោះដែរក៏មានការរាប់បញ្ចូល ៧‌% នៃនាវាដឹកប្រេងពិភពលោកដែលបានផ្ដល់សេវា ១/១០ ដល់ការផ្គត់ផ្គង់ប្រេងប្រចាំថ្ងៃ។

ប្រការទាំងនេះ នាំឱ្យយើងអាចមើលឃើញថា អ្វីជាដំណើរការសេដ្ឋកិច្ចសកល និងថាតើច្រកផ្លូវទឹកតូចមួយអាចផ្ដល់សារសំខាន់កម្រិតណា! ប្រសិនបើគ្មានវាតើនឹងអាចប៉ះពាល់បែបណា ដល់ដំណើរការសេដ្ឋកិច្ច?

ប្រវត្តិដំណើរការព្រែកជីកស៊ុយអេ

ក្នុងសម័យអាណានិគម ការធ្វើដំណើរតាមផ្លូវសមុទ្រ ពិតជាសំខាន់ដល់កិច្ចការរុករក ដឹកជញ្ជូនវត្ថុធាតុដើមពីដែនដីថ្មី ព្រមទាំងសម្រាប់ការធ្វើជំនួញក្រៅដែនដីជាដើម សម្រាប់ពិភពអឺរ៉ុប។ ក្នុងការគ្រប់គ្រងតំបន់កំពង់ផែទីក្រុងខេបថោន(Cape Town)ប្រទេសអាហ្វ្រិកខាងត្បូង ចក្រភពអង់គ្លេសបង្កើតបានជាតំបន់រដ្ឋបាល និងជាទីសំចតសម្រាប់រាល់ក្រុមអ្នកដើរសំពៅ ឬកប៉ាល់ធ្វើជំនួញផ្លូវសមុទ្រនិងក្រុមប្រទេសម្ចាស់អាណានិគមទាំងឡាយត្រូវឆ្លងកាត់ផ្លូវសមុទ្រនេះ និងដើម្បីភ្ជាប់ដំណើរទៅកាន់ដែនដីទ្វីបអាស៊ី។

រហូតមកដល់ពាក់កណ្ដាលទសវត្សឆ្នាំ១៨០០ ប្រទេសបារាំង ក្នុងរជ្ជកាលអធិរាជណាប៉ូឡេអុងទី៣(Napoleon III) បានផ្ដួចផ្ដើមគំនិតជីកទម្លុះដីទ្វីប ដែលជាច្រកផ្លូវឧបសគ្គខ្លីបំផុតមួយរាំងខណ្ឌនៅចន្លោះសមុទ្រមេឌីទែរ៉ាណេ(Mediterranean Sea) និងសមុទ្រក្រហម(Read Sea) ព្រមទាំងបាន ចុះហត្ថលេខា លើកិច្ចព្រមព្រៀងទទួលសិទ្ធិ ដើម្បីជីកដីធ្វើព្រែកឆ្លងកាត់តំបន់នៃប្រទេសអេហ្ស៊ីប ដែលកាលនោះប្រទេសនេះ ស្ថិតក្រោមការត្រួតត្រារបស់ចក្រភពអូតូម៉ង់(Ottoman Empire)។ ដំណើរការសាងសង់ក៏ត្រូវបានចាប់ផ្ដើមឡើងក្នុងឆ្នាំ១៨៥៩ និងចំណាយពេល១០ឆ្នាំ ដើម្បីបញ្ចប់ ដោយត្រូវបានប្រើកម្លាំងមនុស្សដោយផ្ទាល់ប្រមាណ ១,៥ លាននាក់។

ទីបំផុតផ្លូវនាវាចរ កាត់ត្រង់ភ្ជាប់អឺរ៉ុបមកកាន់អាស៊ីថ្មីមួយ ដោយប្រើរយៈពេលខ្លីជាងមុន ប្រវែង ១៩៣គីឡូម៉ែត្រ ត្រូវបានប្រសូតរូបរាងឡើងក្នុងឆ្នាំ១៨៦៩ នោះគឺព្រែកជីកភ្ជាប់សមុទ្រដែលគេប្រសិទ្ធនាមថា «ស៊ុយអេ»។ យ៉ាងណាក៏ដោយ សមិទ្ធផលនេះជាវិធីសាស្ត្រជោគជ័យមួយក្នុងសម័យបដិវត្តឧស្សាហកម្មនាសម័យកាលនោះ ប៉ុន្ដែការដាក់ដំណើរការលើកដំបូងនៃព្រែកជីកនេះ គឺសម្រាប់តែកប៉ាល់ធុនតូចប៉ុណ្ណោះ ដោយជម្រៅព្រែកកាលនោះមានប្រវែងជាង ៧ម៉ែត្រ ឯផ្ទៃមុខកាត់ទទឹងផ្នែកខាងលើមានប្រវែងជាង ៦០ ទៅ ៩០ម៉ែត្រ និងស្ដួចទៅផ្នែកខាងក្រោមមានប្រវែងជាង២១ម៉ែត្រ។

ក្នុងឆ្នាំ១៨៧៥ ដោយបានឃើញអំពីអត្ថប្រយោជន៍ នៃទីតាំងភូមិសាស្ត្រថ្មី ចក្រភពអង់គ្លេសបានក្លាយជាចំណែកម្ចាស់ភាគហ៊ុនធំជាងគេនៃក្រុមហ៊ុនព្រែកជីកស៊ុយអេ(Canal Suez Company) ក្នុងការអភិវឌ្ឍព្រែកជីកនេះឱ្យបានកាន់តែប្រសើរឡើងបន្ទាប់ពីខ្លួនបានទិញភាគហ៊ុនរបស់អភិបាលអូតូម៉ង់ថ្មីនៃប្រទេសអេហ្ស៊ីប។ ៧ឆ្នាំក្រោយមក ចក្រភពអង់គ្លេសបានចាប់ផ្ដើមចូលឈ្លានពាន ប្រទេសអេហ្ស៊ីប ហើយបានកាន់កាប់ប្រទេសនេះ ក្នុងរយៈពេលដ៏យូរក្រាស់ក្រែល។ សន្ធិសញ្ញាអង់គ្លេសអេហ្ស៊ីបនៅឆ្នាំ១៩៣៦ បានផ្ដល់ឯករាជ្យឱ្យអេហ្ស៊ីប ប៉ុន្ដែការគ្រប់គ្រងព្រែកជីកនៅស្ថិតក្រោមក្រុមហ៊ុនអង់គ្លេសនៅឡើយ។

វិបត្តិព្រែកជីក ឈានដល់ការបិទដំណើរការ និងការបើកឡើងវិញ

ត្បិតថាព្រែកជីកស៊ុយអេស្ថិតក្នុងដែនដីអេហ្ស៊ីបក៏ពិតមែន ប៉ុន្ដែភាគច្រើនច្រកនេះស្ថិតក្រោមការត្រួតត្រាគ្រប់គ្រងរបស់ក្រុមហ៊ុនអង់គ្លេស និងបារាំងរហូតមក។ ក្នុងឆ្នាំ១៩៥៦ អេហ្ស៊ីបក្រោមការដឹកនាំរបស់លោក Gamal Abdel Nasser បានសម្រេចធ្វើជាតូបនីយកម្មលើដំណើរការរបស់ព្រែកជីកស៊ុយអេ ដែលបង្វិលក្រុមហ៊ុនសហគ្រាស ឬសាខាផលិតកម្មនៃកម្មសិទ្ធិឯកជនឱ្យទៅជារបស់រដ្ឋ។ ការប្រជែងដណ្ដើមគ្នាគ្រប់គ្រងធ្វើម្ចាស់នៃតំបន់ច្រកទ្វារភូមិសាស្ត្រដ៏មានសក្ដានុពលមួយនេះ បាននាំឱ្យវិបត្តិប្រឈមមុខដាក់គ្នាបានផ្ទុះកើតឡើង។ ក្រោមហេតុផលជម្លោះជាច្រើន សង្គ្រាមបានផ្ទុះឡើង រវាងអេហ្ស៊ីប ទល់នឹងកងទ័ពបារាំង អង់គ្លេស  ព្រមទាំងអ៊ីស្រាអែល ដែលជាប្រទេសជាប់ព្រំដែនធ្លាប់មានជម្លោះនឹងអេហ្ស៊ីបមិនចេះចប់ស្រាប់ផង។ ក្នុងសង្គ្រាមកាលនោះ ប្រទេសអ៊ីស្រាអែល បានដណ្ដើមកាន់កាប់ដែនដីឧបទ្វីបស៊ីណៃ(Sinai Peninsula) ដែលជាប់ផ្នែកម្ខាងនៃព្រែកជីកស៊ុយអេផងដែរ។  ការណ៍នេះនាំឱ្យតំបន់ព្រែកជីកស៊ុយអេ បានក្លាយទៅជាទីលានសមរភូមិនៃសង្គ្រាមជាច្រើនចន្លោះចុងទសវត្សឆ្នាំ១៩៦០ ដល់ពាក់កណ្ដាលទសវត្សឆ្នាំ១៩៧០ និងត្រូវបានបិទសកម្មភាពដំណើរការអស់ជិតមួយទសវត្ស។

ងាកមកប្លុកមហាអំណាចទាំងពីរសហរដ្ឋអាមេរិកនិងអតីតសហភាពសូរៀតវិញ បើទោះកំពុងស្ថិតក្នុងឥទ្ធិពលនៃសង្គ្រាមត្រជាក់ក៏ដោយ កាលនោះ ប្លុកទាំងពីរនេះហាក់មានភាពស៊ីចង្វាក់គ្នាលើសេចក្ដីប្រឆាំងទៅលើវិបត្តិសង្គ្រាមព្រែកជីកស៊ុយអេ។ អាមេរិកមិនបានចូលរួមគាំទ្រសង្គ្រាមរបស់សម្ព័ន្ធមិត្តរបស់ខ្លួនទេ ឯអតីតសហភាពសូវៀត ដែលជាម្ចាស់ជំនួយដ៏ធំពីក្រោយអេហ្ស៊ីប បានគំរាមប្រើគ្រាប់បែកបរិមាណូ បើប្រទេសទាំងបីមិនព្រមដកទ័ពចេញពីអេហ្ស៊ីប ថែមទាំងមានបទអន្តរាគមន៍ពីសំណាក់អង្គការសហប្រជាជាតិផងដែរ។ ទីបំផុតកងទ័ព បារាំង អង់គ្លេស និងអ៊ីស្រាអែល បានដកចេញពីតំបន់ព្រែកជីក និងប្រទេសអេហ្ស៊ីបជាបន្ដបន្ទាប់។ ការចរចាដើម្បីរកសន្តិភាពពីគ្រប់ភាគីពាក់ព័ន្ធបានកើតមានឡើង ព្រមទាំងបានបើកដំណើរការសកម្មភាពព្រែកជីកស៊ុយអេសារឡើងវិញ ក្នុងឆ្នាំ១៩៧៥។

គ្រោងការបស់អាមេរិក ក្នុងការប្រើគ្រាប់បែកនុយក្លែអ៊ែរ ដើម្បីបង្កើតផ្លូវទឹកថ្មី

ក្នុងឆ្នាំ១៩៦៣ គ្រោងការលែងសម្ងាត់ដែលស្មានមិនដល់មួយរបស់សហរដ្ឋអាមេរិក គឺផែនការចង់បង្កើតព្រែកជីកមានកម្រិតទឹកស្មើនឹងសមុទ្រ(Sea-Level Canal) ភ្ជាប់សមុទ្រមេឌីទែរ៉ាណេទៅនឹងសមុទ្រក្រហម ដូចគ្នានិងទន្ទឹមគ្នានឹងព្រែកជីកស៊ុយអេលើដែនដីវាលខ្សាច់ប្រទេសអ៊ីស្រាអែល សម្រាប់ជាផ្លូវសមុទ្រផ្ទាល់របស់ពួកគេ។ តាមផែនការ ដើម្បីបង្កើតព្រែកជីកនោះគឺត្រូវប្រើគ្រាប់បែបរិមាណូចំនួន ៥២០ ដើម្បីដាក់បំផ្ទុះ។ គម្រោងនោះ អាមេរិកចង់បង្ហាញឱ្យឃើញ និងបានបញ្ជាក់ថា គោលគំនិតនាពេលនោះ គឺធ្វើយ៉ាងណាបង្កើតនូវផ្លូវទឹកយុទ្ធសាស្ត្រថ្មីមួយទៀត ដែលអាចជំនួសឱ្យព្រែកជីកស៊ុយអេក្នុងពេលអនាគតបាន ព្រមទាំងជាយុទ្ធសាស្ត្រមួយអាចជួយអភិវឌ្ឍ និងចែកចាយផលចំណេញសេដ្ឋកិច្ចដ៏ល្អប្រសើរ សម្រាប់ប្រទេសក្នុងតំបន់ផងដែរ។ យ៉ាងណាមិញ ផែនការមិនបានចេញជាផ្លែផ្លាដូចការគ្រោងទុក និងអ៊ីស្រាអែលក៏បានឆ្លើយតបទៅគម្រោងការដោយបង្ហាញជំហរជំទាស់ក្រោមហេតុផលមិនចាំបាច់បង្កើតព្រែកជីកថ្មីទេ ហើយក៏ថែមទាំងដណ្ដើមយកបានព្រែកជីកស៊ុយម្ខាងក្នុងសង្គ្រាមទៀតផង។

ប្រសិនបើគ្មានព្រែកជីកស៊ុយអេ តើនឹងមានអ្វីកើតឡើង?

មុនពេលមានព្រែកជីកស៊ុយអេ ដំណើរការធ្វើពាណិជ្ជកម្ម ជំនួញ សេដ្ឋកិច្ច និងការដឹកទំនិញតាមផ្លូវសមុទ្រពីអឺរ៉ុបមកកាន់ដែនដីប្រទេសទ្វីបអាស៊ី ចាំបាច់ត្រូវប្រើពេលធ្វើដំណើរវែងឆ្ងាយស្ទើរព័ទ្ធជុំវិញផ្ទាំងទ្វីបអាហ្រិ្វកដែលថែមទាំងប្រកបដោយគ្រោះថ្នាក់។

សម្រាប់សព្វថ្ងៃ ព្រែកជីកស៊ុយអេពិតជាបានសម្រួលនិងជាអំណោយផលច្រើនដល់សេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយសកល ក៏ប៉ុន្ដែព្រែកជីកស៊ុយអេ មិនមែនជាច្រកផ្លូវសមុទ្រតែមួយគត់ក្នុងលោកឡើយ។ ក្នុងពិភពប្រកួតប្រជែងជំនួញពាណិជ្ជកម្មសកលដ៏មមាញឹកនៃសម័យបច្ចេកវិទ្យាទំនើបជឿនលឿនសព្វថ្ងៃសម្រាប់ដំណើរការដែលអាចសម្រួលដល់ពិភពលោក ងាយនឹងកើតមានឡើង ប្រសិនបើ មានតម្រូវចាំបាច់។ ជាឧទាហរណ៍ គ្រោងការបង្កើតព្រែកជីកថ្មី លើទឹកដីអ៊ីស្រាអែល របស់អាមេរិកជាដើម ទោះបីជាមិនបានជោគជ័យកាលគ្រានោះក៏ដោយ។

ចំណែកប្រទេសម្ចាស់ព្រែកជីកផ្ទាល់ អេហ្ស៊ីបព្រមជាមួយប្រទេសក្នុងតំបន់ សុទ្ធសឹងបានចំណេញអត្ថប្រយោជន៍ដោយផ្ទាល់និងដោយប្រយោលរៀងខ្លួន ទាំងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម និងនយោបាយយ៉ាងក្រាស់ក្រែល។ ទោះយ៉ាងណាក៏ដោយ ដំណើរការព្រែកជីកពិតជាដើរតួយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច នយោបាយ ទាំងប្រទេសក្នុងតំបន់ និងពិភពលោក។  ហើយដើម្បីបញ្ចៀសបញ្ហាជម្លោះដែលធ្លាប់កើតមានពីអតីត សន្និបាតរួមមួយនៃដំណើរការព្រែកជីកស៊ុយអេ បានសន្មតថា ព្រែកជីកស៊ុយអេជាច្រកផ្លូវបើកចំហដល់នាវាធ្វើជំនួញពីគ្រប់ប្រទេសក្នុងពិភពលោកទាំងអំឡុងពេលសន្តិភាព និងមានសង្គ្រាមក៏ដោយ។

សរុបមកវិញ ក្នុងមេរៀនប្រវត្តិសាស្ត្រព្រែកជីកស៊ុយអេអាចឱ្យយើងមើលឃើញត្រឡប់វិញថា តំបន់ភូមិសាស្ត្រនយោបាយមួយនេះ តែងតែស្រូបទាញជម្លោះអន្តរជាតិ មិនត្រឹមតែបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញអំណាចនៃឥទ្ធិពលគ្របដណ្ដប់ និងមហិច្ឆតារបស់ប្រទេសមហាអំណាចធំៗ ហើយបញ្ហាទាំងនេះនៅតែបន្តជះឥទ្ធិពលមកដល់សព្វថ្ងៃ។ ជាក់ស្ដែងសហរដ្ឋអាមេរិកតែងផ្ដល់ទឹកប្រាក់ជាជំនួយយោធា ១,៤ ប៊ីលានដុល្លារ ដល់អេហ្ស៊ីបរៀងរាល់ឆ្នាំ បើទោះអេហ្ស៊ីបមិនមែនប្រទេសប្រកាន់របបប្រជាធិបតេយ្យ និងមានបញ្ហាសិទ្ធិមនុស្សក៏ដោយ។ ហេតុផលសំខាន់មួយក្នុងចំណោមផ្សេងទៀត ដែលនៅពីក្រោយជំនួយរបស់អាមេរិក គឺអេហ្ស៊ីបមានព្រែកជីកស៊ុយអេនិងជាសម្ព័ន្ធមិត្តដែលប្រៀបបាននឹងកូនសោក្នុងតំបន់មជ្ឈិមបូព៌ា ហើយក៏ជាក្រុមប្រទេសផលិតប្រេងដ៏ធំរបស់ពិភពលោក។ លើសពីនេះ ប្រទេសចិនដែលជាមហាអំណាចប្រជែងឥទ្ធិពលនឹងអាមេរិកក៏ពង្រីកឥទ្ធិពលគោលនយោបាយ អំណាចគ្រប់គ្រង មហិច្ឆតា របស់ខ្លួនលើភូមិសាស្ត្រសំខាន់មួយនេះ ដែលក្នុងនោះក៏មានគម្រោង «ផ្លូវមួយខ្សែក្រវាត់មួយ(Belt and Road Initiative)» ដោយបានតភ្ជាប់ចូលឆ្លងកាត់តំបន់ព្រែកជីកនេះផងដែរ។

សមិទ្ធផលចាស់ និងទិសដៅថ្មីនៃមេដឹកនាំវៀតណាម

ទិដ្ឋភាពរួម

សាធារណរដ្ឋសង្គមនិយមវៀតណាមជាប្រទេសប្រកាន់ភ្ជាប់នូវលទ្ធិកុម្មុយនីស្ដផ្ដាច់ការ ដែលអំណាចគ្រប់គ្រងរដ្ឋទាំងអស់ស្ថិតនៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ដវៀតណាម (Communist Party of Vietnam)។ ប៉ុន្តែ ប្រទេសនេះបែរជាប្រកាន់យកនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី (Free Market Economy) ក្នុងការអភិវឌ្ឍប្រទេសលើវិស័យសេដ្ឋកិច្ច–សង្គមទៅវិញ។ កន្លងមក បក្សកុម្មុយនីស្ដវៀតណាមដឹកនាំប្រទេសតាមលទ្ធិម៉ាក្សលេនីននិយម និងមនោគមវិជ្ជារបស់លោកហូជីមិញ (Ho Chi Minh) ដែលជាស្ថាបនិកបក្សមួយនេះ។ ត្បិត ពលរដ្ឋវៀតណាមគ្មានសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិចូលរួមការបោះឆ្នោតជ្រើសតាំងមេដឹកនាំដោយផ្ទាល់ក៏ដោយ យើងសង្កេតឃើញថាជារៀងរាល់ប្រាំឆ្នាំម្ដងនឹងមានការរៀបចំសមាជថ្នាក់ជាតិឡើងដើម្បីរុះរើផ្លាស់ប្ដូរដំណែងមេដឹកនាំកំពូលៗទាំងបួនរូបជារៀងរាល់អាណត្ដិ។ យើងគួរដឹងដែរថា អំណាចចាត់ចែងកិច្ចការប្រទេសជាតិវៀតណាមទាំងមូលត្រូវស្ថិតនៅលើឥស្សរជនកំពូលបួនរូបគឺ ប្រធានាធិបតីជាប្រមុខរដ្ឋ នាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋាភិបាល អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម និងប្រធានរដ្ឋសភា។

ទោះបីជាវៀតណាមជាប្រទេសដែលមានមូលដ្ឋានសង្គមនិយម និងកុម្មុយនីស្ដក៏ពិតមែន ប៉ុន្តែស្ថាប័នរដ្ឋ ជាពិសេសអ្នកនយោបាយក្នុងបក្សទាំងអស់គឺត្រូវស្ថិតនៅក្រោមឥទ្ធិពលនៃច្បាប់ និងរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ដែលទាំងនេះគឺជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងនីតិរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង។ ទោះជាបែបនេះក្ដី ការអនុវត្តជាក់ស្ដែងក្នុងករណីខ្លះក៏មានការលើកលែងផងដែរ។ ឧទាហរណ៍ជាក់ស្ដែង បើយោងតាមកាសែត (The New York Times) វិន័យផ្ទៃក្នុងបក្សកុម្មុយនីស្ដវៀតណាមមិនអនុញ្ញាតឱ្យប្រមុខដឹកនាំបក្សកាន់តំណែងលើសពីពីរអាណត្តិ ឬ មានអាយុលើសពី៦៥ឆ្នាំឡើយ ប៉ុន្តែក្នុងអាណត្តិថ្មីនេះ អគ្គលេខាធិការបក្សគឺលោក ង្វៀន ហ្វូ ចុង (Nguyen Phu Trong) បានមានអាយុ៧៦ឆ្នាំទៅហើយ លើសពីនេះទៅទៀត ការឡើងកាន់ដំណែងលើកនេះគឺជាអាណត្តិទី៣របស់គាត់ទៀតផង។

នីតិវិធីនៃការបោះឆ្នោតជ្រើសតាំងមេដឹកនាំ

យោងតាមការចេញផ្សាយរបស់ទស្សនាវដ្ដី (The Diplomat) ជារៀងរាល់ប្រាំឆ្នាំម្ដង សមាជគណបក្សនឹងត្រូវបានធ្វើឡើងដោយមានសមាជិកប្រតិភូតំណាងចូលរួមប្រមាណ១៦០០នាក់ ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការកណ្ដាល ឬ សមាជិកមជ្ឈឹមបក្ស (Central Committee) ចំនួន២០០រូប។ បន្ទាប់មក សមាជិកទាំង២០០រូបនោះនឹងធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកស្នូលរបស់បក្ស (Politburo) ចំនួន១៨រូប​​ ដើម្បីធ្វើការដឹកនាំ​ កសាងបក្ស និងប្រព័ន្ធនយោបាយ អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ការពារសន្តិសុខជាតិ និងកិច្ចការបរទេសជាដើម។​ ដូច្នេះហើយ សមាជិកស្នូល១៨រូបនេះគឺជាក្បាលម៉ាស៊ីននាំមុខសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍប្រទេសរយៈពេលប្រាំឆ្នាំខាងមុខ។ គួរបញ្ជាក់ផងដែរថាក្នុងចំណោមសមាជិកស្នូលទាំង១៨រូបនេះ នឹងធ្វើការជ្រើសរើសមេដឹកនាំបង្គោលចំនួន៤រូប (4Pillars) ដែលមានមុខដំណែងនិងតួនាទីខុសៗគ្នារួមមាន៖ ប្រធានាធិបតី នាយករដ្ឋមន្ត្រី អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម និងប្រធានរដ្ឋសភា។

សមិទ្ធផលរបស់នាយករដ្ឋមន្ត្រីអាណត្តិទី១៤ (២០១៦២០២១)

អតីតនាយករដ្ឋមន្ត្រីក្នុងអាណត្ដិទី១៤គឺលោក ង្វៀន សួន ហ្វុក (Nguyen Xuan Phuc) គឺជាមេដឹកនាំដែលត្រូវបានសហគមន៍អន្តរជាតិកោតសរសើរនូវសមត្ថភាពដឹកនាំប្រទេសរបស់គាត់កន្លងមក ជាពិសេសនៅពីក្រោយភាពជោគជ័យនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងឆ្នាំ២០២០។ ឥស្សរជននយោបាយវ័យ៦៦ឆ្នាំរូបនេះធ្លាប់មានបទពិសោធការសិក្សា និងបម្រើការងារជាមន្ត្រីរាជការ ធ្វើការដើម្បីបក្ស បម្រើផលប្រយោជន៍រាស្រ្តជាច្រើនទសវត្សរ៍មកហើយគិតតាំងពីឆ្នាំ១៩៦៨មក។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន (The Bloomberg) លោកហ្វុក បានជួយជំរុញឱ្យសេដ្ឋកិច្ចវៀតណាមរីកលូតលាស់យ៉ាងឆាប់រហ័សរយៈពេលប្រាំឆ្នាំចុងក្រោយនេះ តាមរយៈការបង្កើតគោលនយោបាយថ្មីៗ ការធ្វើវិសោធនកម្មគោលនយោបាយចាស់ៗ ព្រមទាំងយុទ្ធសាស្រ្តនិងវិធីសាស្ត្របែងចែកថវិកាជាតិជាដើម។ ផលិតផលក្នុងស្រុកសរុប (GDP) វៀតណាមគិតត្រឹមឆ្នាំ២០១៩មានចំនួនប្រមាណ២៦២ប៊ីលានដុល្លារអាមេរិក ដែលចំនួននេះកើនឡើងជាមធ្យមប្រមាណជាង៦% គិតពីឆ្នាំ២០១៦–២០២០។ ក្នុងឆ្នាំ២០២០ ផលិតផលក្នុងស្រុកសរុបកើនឡើងវិជ្ជមានចំនួន២,៩% បើទោះបីជាសេដ្ឋកិច្ចវៀតណាមត្រូវបានវាយលុកពីជំងឺកូវីដ១៩ក៏ដោយ។

រីឯការវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment) វិញបានកើនឡើងជាលំដាប់ ដោយគិតជាមធ្យមប្រមាណ ១៤ប៊ីលានដុល្លារអាមេរិករៀងរាល់ឆ្នាំ ដោយរាប់ចាប់ពីឆ្នាំ២០១៦–២០២០ ដែលចំនួននេះកើនឡើងប្រមាណ៥ប៊ីលានដុល្លារអាមេរិកបើធៀបទៅនឹងអាណត្តិមុន (២០១១–២០១៥) ដែលមានប្រមាណ៩ប៊ីលានដុល្លារអាម៉េរិករៀងរាល់ឆ្នាំ នេះបើយោងតាមរបាយការណ៍ធនាគារពិភពលោក (World Bank)។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសវៀតណាមក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រីហ្វុក បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសដៃគូពាណិជ្ជកម្មនិងអភិវឌ្ឍន៍ដូចជា សហភាពអឺរ៉ុបនៅឆ្នាំ២០១៩ (EVFTA) អង់គ្លេសនៅចុងឆ្នាំ២០២០​ (UKVFTA)។ គួររំលឹកផងដែរថា វៀតណាមក៏បានចុះកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីផ្សេងៗទៀតដូចជា សហរដ្ឋអាមេរិកនៅឆ្នាំ២០០១ (U.S.-Vietnam BTA) ជប៉ុននៅឆ្នាំ២០០៩ (VJEPA)  កូរ៉េខាងត្បូងនៅចុងឆ្នាំ២០១៥ (VKFTA) ផងដែរ។ កិច្ចព្រមព្រៀងទាំងនោះគឺសុទ្ធសឹងតែដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ពួកគេបន្ថែមទៀតនៅក្នុងវិស័យ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេវាកម្មធនាគារ និងអេឡិកត្រូនិក ព្រមទាំងពង្រឹងទំនាក់ទំនងការទូតផងដែរ។ យើងអាចសន្និដ្ឋានបានថា ប្រទេសវៀតណាមគឺជាជម្រើសទីផ្សារវិនិយោគរបស់អន្តរជាតិ និងក្រុមហ៊ុនយក្សមួយចំនួន ដោយផ្អែកទៅលើកត្តាខាងលើ និងកត្តាប្រជាជន ដែលមានរហូតដល់ទៅប្រមាណ៩៧លាននាក់ក្នុងឆ្នាំ២០២០ រួមទាំងកត្តាស្ថិរភាពនយោបាយ កត្តាបន្ធូរបន្ថយច្បាប់រឹតបន្តឹងការវិនិយោគនិងជំនួញពាណិជ្ជកម្ម ព្រមទាំងកត្តាភូមិសាស្ត្រនយោបាយផងដែរ។​

បើយោងតាមធនាគារពិភពលោក អត្រាភាពក្រីក្រត្រូវបានធ្លាក់ចុះមកត្រឹមតែក្រោម ៦%ប៉ុណ្ណោះគិតត្រឹមឆ្នាំ២០១៨ ចំណែកឯអត្រាអ្នកគ្មានការងារធ្វើវិញជារៀងរាល់ឆ្នាំមានជាមធ្យមប្រមាណ៥,៦% គិតត្រឹមឆ្នាំ ២០១៦–២០២០។ ក្នុងរបាយការណ៍សុភមង្គលពិភពលោកឆ្នាំ២០២០ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី៧៩ ក្នុងចំណោម១៤៩ប្រទេស។ បើធៀបនឹងប្រទេសសមាជិកអាស៊ានវិញ ពលរដ្ឋវៀតណាមមានស្ថានភាពនិងជីវភាពល្អប្រសើរជាងប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ កម្ពុជា និងមីយ៉ាន់ម៉ាជាដើម។ បើផ្អែកទៅលើសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយ (Corruption Perception Index) ប្រទេសវៀតណាមទទួលបានពិន្ទុកើនឡើង៣ពិន្ទុគិតចាប់ពី ៣៣ពិន្ទុនៅឆ្នាំ២០១៦ និង៣៦ពិន្ទុនៅឆ្នាំ២០២០។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា មេដឹកនាំវៀតណាមទាំងបួនរូបជាពិសេសអគ្គលេខាធិការបក្សលោក ង្វៀន ហ្វូ ចូវ (Nguyen Phu Trong) បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលុបបំបាត់អំពើពុករលួយជាពិសេសអំពើពុករលួយផ្ទៃក្នុងបក្ស។

ក្រៅពីរឿងសេដ្ឋកិច្ចនិងទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេស យើងក៏គួរក្រឡេកទៅមើលបញ្ហាសិទ្ធិមនុស្សនិងសុខមាលភាពប្រជាជនអំឡុងពេលប្រាំឆ្នាំចុងក្រោយនេះវិញម្ដង។ យោងតាមរបាយការណ៍របស់អង្គការភាពជាដៃគូថវិកាអន្តរជាតិ (International Budget Partnership) ពិន្ទុនៃតម្លាភាពក្នុងប្រទេសវៀតណាមបានកើនឡើងចំនួន២៣ពិន្ទុ គិតចាប់ពី ១៥ពិន្ទុនៅឆ្នាំ២០១៧ កើនដល់ ៣៨ពិន្ទុនៅឆ្នាំ២០១៩។ នេះបង្ហាញឱ្យឃើញថារដ្ឋាភិបាលវៀតណាមក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ង្វៀន សួន ហ្វុក បានមានការបើកចំហជាងមុនចំពោះព័ត៌មានដល់សាធារណជនក្នុងការដឹងឮនូវបញ្ហាថវិកាជាតិ ដំណើរការអនុម័ត និងអនុវត្តច្បាប់ និងផែនការអភិវឌ្ឍន៍ប្រទេសជាតិជាដើម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី១៧៥ក្នុងចំណោម១៨០នៅលើពិភពលោក។

ចក្ខុវិស័យនៃរដ្ឋាភិបាលអាណត្ដិថ្មី (២០២១–២០២៦)

យោងតាមប្រភពព័ត៌មានក្នុងស្រុក ផ្ដើមចាប់ពីថ្ងៃទី២៤​ ខែមីនា ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋសភាជាតិនីតិកាលទី១៤នៃប្រទេសវៀតណាមដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលបានបើកកិច្ចប្រជុំដើម្បីតែងតាំងមេដឹកនាំជាន់ខ្ពស់ទាំងបួនរូបជាផ្លូវការ និងធ្វើកិច្ចពិភាក្សាពីផែនការអភិវឌ្ឍន៍ និងគោលនយោបាយរយៈពេលប្រាំឆ្នាំខាងមុខ។ ការជ្រើសតាំងមេដឹកនាំកំពូលទាំងបួនរូបនោះរួមមាន៖ ប្រធានាធិបតីលោក ង្វៀន សួន ហ្វុក (Nguyen Xuan Phuc)  នាយករដ្ឋមន្ត្រីលោក ហ្វាំ មិញ ជិញ (Pham Minh Chinh) អគ្គលេខាធិការបក្សលោក ង្វៀន ហ្វូ ចូវ (Nguyen Phu Trong) និងប្រធានរដ្ឋសភាលោក វឿង ឌិញ ហឹយ (Vuong Dinh Hue)។

លោក ហ្វាំ មិញ ជិញ (Pham Minh Chinh) ជានាយករដ្ឋមន្ត្រីថ្មីវ័យ៦២ឆ្នាំ ថែមទាំងមានប្រវត្តិសិក្សាបញ្ចប់ថ្នាក់បណ្ឌិតផ្នែកច្បាប់ ព្រមទាំងមានប្រវត្តិការងារមិនតិចជាង៣០ឆ្នាំផងនោះ​ បានធ្វើឱ្យសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំងថាតើលោកនឹងប្រើយុទ្ធសាស្ត្រដឹកនាំប្រទេសវៀតណាមបែបណា? យោងតាមប្រភពព័ត៌មានក្នុងស្រុក (The Voice of Vietnam) បានលើកឡើងនូវសម្ដីរបស់លោកនាយករដ្ឋមន្ត្រីក្នុងពិធីស្បថឡើងកាន់តំណែងថា »វាគឺជាការសំខាន់ក្នុងការបន្តកសាងរដ្ឋសង្គមនិយមដែលគ្រប់គ្រងដោយច្បាប់និងនៃប្រជាជន ដោយប្រជាជននិងសម្រាប់ប្រជាជន ព្រមទាំងប្រកាន់ខ្ជាប់នូវនីតិរដ្ឋ។» ទោះជាយ៉ាងណាក៏ដោយ ការបើកទំព័រដំបូងនៃរដ្ឋាភិបាលអាណត្ដិថ្មីនេះគឺយន្តការប្រយុទ្ធប្រឆាំងជាមួយសត្រូវលាក់មុខនោះគឺជំងឺកូវីដ១៩។ យន្តការទាំងនោះរួមមាន ការផ្អាកយកពន្ធបន្ដោះអាសន្ន ការផ្ដល់កញ្ចប់ថវិកាសម្រាប់ជនរងគ្រោះពីជំងឺកូវីដ១៩ ការស្វះស្វែងរកទិញវ៉ាក់សាំងដើម្បីចាក់បង្ការឱ្យបានឆាប់បំផុត ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងយន្តការផ្សេងៗជាច្រើនទៀត។

បន្ថែមលើសពីនេះ លោកនាយករដ្ឋមន្រ្តីជិញក៏បានសន្យាជំរុញការប្រយុទ្ធប្រឆាំងដាច់ខាតនឹងអំពើពុករលួយដែលជាការបំផ្លាញឱ្យខូចប្រយោជន៍ជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល (Digital Economy) ការការពារឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងធានាការពារសន្តិសុខជាតិ ច្បាប់ និងសណ្ដាប់ធ្នាប់។ ទស្សនៈរបស់លោកជិញ ចំពោះទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ និងក្រៅតំបន់វិញ លោកពិតជាមនុស្សដែលមានការយល់ដឹងស៊ីជម្រៅ មានភាពបត់បែន និងឱ្យតម្លៃសាមគ្គីភាពនិងមិត្តភាព ដោយគិតប្រយោជន៍ជាតិជាធំ។ តួយ៉ាង បើយោងទៅតាមប្រភពព័ត៌មានក្នុងស្រុក (Vietnamnet Global) លោកជិញយល់ឃើញថា ទោះបីជាវៀតណាមមានទំនាស់ព្រំដែនជាមួយប្រទេសជិតខាង(ចិន)ក្ដី ប៉ុន្តែវាមិនមានន័យថាមិនអាចមានទំនាក់ទំនងដូចជាការដោះដូរទំនិញពាណិជ្ជកម្មបាននោះទេ។ ការធ្វើជំនួញជាមួយគ្នាត្រូវមានភាពបត់បែនគ្រប់កាលៈទេសៈដើម្បីជៀសវាងការប៉ះទង្គិចបង្កជាទំនាស់ និងដើម្បីរក្សានូវមិត្តភាពជាដរាប។

សរុបមក ថ្វីបើវៀតណាមជាប្រទេសកាន់លទ្ធិកុម្មុយនីស្ដ សង្គមនិយម ប៉ុន្តែមេដឹកនាំតែងតែត្រូវបានផ្លាស់ប្ដូរស្ទើរាល់អាណតិ្ដតាមរយៈការបោះឆ្នោតជ្រើសតាំងដោយផ្អែកលើសមត្ថភាព ចំណេះជំនាញ និងបទពិសោធ។ ក្នុងនោះដែរ ក៏ពង្រឹងការអនុវត្ដច្បាប់ដែលប្រជាជននិងមន្ត្រីរាជការស្ថិតនៅក្រោមវិន័យនិងច្បាប់ ជាជាងស្ថិតនៅក្រោមបុគ្គលណាមួយ។ ប្រទេសនឹងមានការបើកទូលាយលើវិស័យសេដ្ឋកិច្ច និងមានគោលនយោបាយ ទិសដៅអភិវឌ្ឍន៍សង្គមច្បាស់លាស់ក្នុងការដឹកនាំប្រទេសទៅរកភាពរីកចម្រើន ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងក្នុងតំបន់ និងមានមុខមាត់លើឆាកអន្តរជាតិ។

តើសង្គ្រាមឥណ្ឌូចិនទី១ គឺជាការបិទបញ្ចប់នៃសករាជអាណានិគមនិយមបារាំងនៅឥណ្ឌូចិន?

ក្រោយឆ្នាំ១៩៤៥​ រលកនៃការបិទបញ្ចប់នៃអាណានិគមកិច្ចបានបោកបក់យ៉ាងចាស់ដៃមកកាន់ប្រទេសនៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ (Southeast Asia) ពួក​រដ្ឋតូចៗដែលធ្លាប់តែស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសមហាអំណាចទាំងឡាយ ជាពិសេសពួកមហាអំណាចដែលស្ថិតនៅក្នុងទ្វីបអ៊ឺរ៉ុបទាំងមូលបានប្រកាសនូវឯករាជ្យភាពនិងស្វ័យភាពរបស់ខ្លួន។​ នៅក្នុងអំឡុងឆ្នាំ១៩៤៥​​ ដល់ឆ្នាំ​១៩៦៦​ ​គឺជាអន្តរកាលមួយដែលត្រូវបានគេកត់សម្គាល់ថាជារបត់ដ៏សំខាន់នៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ដោយសារតែសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ ហើយបារាំងបានត្រឡប់មកកាន់ឥណ្ឌូចិនវិញ។ ជាមួយគ្នានេះក៏មានការលូកដៃចូលក្នុងតំបន់នេះរបស់ក្រុមប្រទេសមហាអំណាច ក្នុងនោះមានសហរដ្ឋអាមេរិកនិងរុស្ស៊ីដែលបានយកទឹកដីឥណ្ឌូចិននេះធ្វើជាទីលានប្រកួតប្រជែងមនោគមន៍វិជ្ជារបស់ពួកខ្លួន ដែលបានបង្កឱ្យមានសង្គ្រាមឥណ្ឌូចិនរហូតដល់ទៅបីលើក។ ក្នុងអន្តរកាលនៃសង្គ្រាមលោកលើកទី២ មហាអំណាចជប៉ុនបានចូលខ្លួនមកដល់ក្នុងតំបន់ឥណ្ឌូចិនហើយក៏បានបំផ្លាញរបៀបរបបនៃការគ្រប់គ្រងបែបអាណានិគមនិយមរបស់បារាំង។ ផ្ទុយពីឥណ្ឌា​ដែលត្រូវបានអង់គ្លេសប្រគល់ឯករាជ្យឱ្យវិញតាមរយៈការចរចាដោយសន្តិវិធីក្រោយការបញ្ចប់នៃសង្គ្រាមលោកលើកទី២​ ប្រទេសដែលស្ថិតនៅក្នុងតំបន់ឥណ្ឌូចិនដែលមានដូចជា​ កម្ពុជា ឡាវ និងវៀតណាម គឺមិនត្រូវបានរំសាយនូវអាណានិគមកិច្ចដោយស្រួលៗពីប្រទេសបារាំងនោះទេ ប៉ុន្តែត្រូវលះបង់នូវសាច់ស្រស់និងឈាមស្រស់ដើម្បីប្តូរនូវឯករាជ្យភាពមកវិញ។​ ចាប់ពីឆ្នាំ១៩៤៥មក​ ប្រទេសបារាំងនៅតែទទូចចង់ស្តារសណ្តាប់ធ្នាប់និងដាក់ការគ្រប់គ្រងទៅលើបណ្តាប្រទេសតូចៗដែលស្ថិតក្នុងតំបន់ឥណ្ឌូចិនដដែល។ ក៏ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ​ ប្រជាពលរដ្ឋភាគច្រើនគឺបាននាំគ្នាងើបឡើងតស៊ូប្រឆាំង និងដេញពួកអាណានិគមនិយមបារាំងចេញពីឥណ្ឌូចិន។ ហេតុដូច្នេះហើយ ទោះចង់មិនចង់ ការប៉ះទង្គិចគ្នារវាងកងទ័ពបារាំងនិងពួកប្រទេសនៅក្នុងតំបន់ឥណ្ឌូចិនគឺចៀសមិនផុតនោះទេ ហើយនេះក៏បានក្លាយជាមូលហេតុចម្បងនាំឱ្យមានសង្គ្រាមឥណ្ឌូចិនទី១កើតឡើងផងដែរ។

តើអ្វីទៅគឺជាសង្គ្រាមឥណ្ឌូចិនទី១?

សង្គ្រាមឥណ្ឌូចិនទី១ត្រូវបានគេស្គាល់ជាទូទៅថាជាសង្គ្រាមប្រឆាំងជាមួយនឹងអាណានិគមបារាំងរវាងកងទ័ពវៀតមិញដែលដឹកនាំដោយលោក ហ៊ូ​ ជីមិញ និងកងទ័ពបារាំងនៅក្នុងប្រទេសវៀតណាម ដែលនេះបានចាប់ផ្តើមផ្ទុះឡើងក្នុងទឹកដីបារាំងឥណ្ឌូចិន (French Indochina) ​ដែលបានបន្តអូសបន្លាយអស់រយៈពេលជិតមួយទសវត្សរ៍គឺចាប់ពីថ្ងៃទី១៩​ធ្នូ​ ឆ្នាំ១៩៤៦​ ដល់​ ថ្ងៃទី២០​ ខែកកក្តដា ឆ្នាំ១៩៥៤។ ជម្លោះនេះបានក្លាយជាកាតាលីករជំរុញឱ្យមានកងកម្លាំងជាច្រើនដែលមកពីភាគី ឬក៏អង្គភាពផ្សេងៗគ្នាមកចូលពាក់ព័ន្ធ។ នៅក្នុងនោះមានដូចជា​អង្គភាពបេសកកម្មចុងបូព៌ារបស់សហភាពឥណ្ឌូចិន (French Far East Expeditionary Corps)​ របស់សហភាពបារាំងដឹកនាំដោយរដ្ឋាភិបាលបារាំងនិងគាំទ្រដោយអតីតកងទ័ពជាតិវៀតណាមរបស់អតីតអធិរាជបាវ​-ដាយ (Bao Dai) ប្រឆាំងនឹងកងទ័ពប្រជាជនវៀតណាមនិងវៀតមិញ (កុម្មុយនីស្ត) ដឹកនាំដោយលោក វ៉ូ ង្វៀន ជីប ​(Vo Nguyen Giap) និង ហ៊ូ​ ជីមិញ (Ho Chi Minh)។ ការប្រយុទ្ធភាគច្រើនបានកើតឡើងនៅតុងកឹង (Tonkin) នៅភាគខាងជើងនៃប្រទេសវៀតណាម។ ទន្ទឹមគ្នានេះផងដែរ ជម្លោះបានសាយភាយទៅកាន់ផ្ទៃប្រទេសទាំងមូល ហើយក៏បានពង្រីកខ្លួនចូលទៅដល់ប្រទេសដែលមានព្រំប្រទល់ជាប់គ្នាផងដែរមានដូចជាប្រទេស ឡាវ និងកម្ពុជាជាដើម។

តើសង្គ្រាមនេះបានចាប់ផ្តើមដោយរបៀបណា?

នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បារាំងត្រូវបានអាលឺ្លម៉ង់វាយបំបាក់យ៉ាងចាស់ដៃហើយជាមួយគ្នានោះ ឥទ្ធិពលរបស់ខ្លួននៅឥណ្ឌូចិនក៏បានថមថយចុះផងដែរ។ ដែលនេះជាហេតុរុញច្រានឱ្យមហាអំណាចជប៉ុនដែលត្រូវជាសម្ព័ន្ធមិត្តរបស់អាល្លឺម៉ង់មានឱកាសចូលខ្លួនមកក្នុងតំបន់ឥណ្ឌូចិនហើយក៏បានវាយបណ្តេញកងទ័ព​បារាំងដែលមានចំនួនតិចតួចចេញពីតំបន់កាន់កាប់របស់ខ្លួននេះទៅ។ ទន្ទឹមគ្នានោះ ការចូលមកដល់របស់ជប៉ុនអាចជាកាតាលីករញាំងឱ្យប្រទេសនៅតំបន់ឥណ្ឌូចិនហ៊ានប្រកាសឯករាជ្យភាពនិងស្វ័យភាពរបស់ខ្លួនពីអាណានិគមនិយមបារាំង។ នៅថ្ងៃទី២ ខែមិថុនា​ ឆ្នាំ១៩៤៥ វៀតមិញឬក៏គណបក្សកុម្មុយនីស៍ឥណ្ឌូចិន (ត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ១៩៤១) ដឹកនាំដោយ​ ហ៊ូ​ ជីមិញ បានប្រកាសនូវឯករាជភាពនៃប្រទេសវៀតណាម ហើយជាមួយគ្នានេះ​ អធិរាជ បាវ-ដាយ បានដាក់រាជ្យចុះហើយក៏បានប្រគល់អំណាចស្របច្បាប់របស់ខ្លួនទៅឱ្យរដ្ឋាភិបាលថ្មីកាន់កាប់ម្តង។ លទ្ធផលនៃសង្គ្រាមលោកលើកទី២បានបង្ហាញថា បារាំងជាអ្នកឈ្នះសង្គ្រាម រីឯជប៉ុនគឺជាអ្នកដែលចាញ់សង្គ្រាម។ ហេតុដូច្នេះហើយ​ ក្រោយសង្គ្រាមលោកលើកទី២ បារាំងបានវិលត្រឡប់មកកាន់ឥណ្ឌូចិនដែលជារដ្ឋបាលអាណានិគមរបស់ខ្លួនវិញ។ ហើយទន្ទឹមគ្នានោះ ក៏បានប្រើកងកម្លាំងដើម្បីបណ្តេញរដ្ឋាភិបាលអ្នកជាតិនិយមចេញពីសង្វៀនអំណាច។ ទោះបីយ៉ាងណាក៏ដោយ​ វៀតមិញមិនបណ្តោយឱ្យបារាំងធ្វើអ្វីតាមតែទំនើងចិត្តរបស់ខ្លួននោះទេ ហើយក៏បានវាយតបតមកជាមួយវិញដោយការវាយប្រហារនៅឯ Cite Herault ដែលជាហេតុបណ្តាលឱ្យកងទ័ពបារាំងស្លាប់និងរបួសជាច្រើននាក់។ ចាប់ពីពេលនេះមក ការប៉ះទង្គិចគ្នារវាងកងទ័ពបារាំងនិងវៀតមិញចេះតែបន្តកើតមានឡើងជាហូរហែរ ហើយមិនត្រឹមតែប៉ុណ្ណោះ មានភាគីផ្សេងៗទៀតក៏បានចូលរួមនៅក្នុងជម្លោះនេះផងដែរមានដូចជា​ប្រទេសចិន​និងសហរដ្ឋអាមេរិកជាដើម។ នៅឆ្នាំ១៩៤៦ សង្គ្រាមក៏ចាប់ផ្តើមផ្ទុះឡើងពាសពេញវៀតណាមខាងត្បូង ហើយនេះក៏ជាចំណុចចាប់ផ្តើមនៃសង្គ្រាមដោយពេញលេញផងដែរ។ 

តើសង្គ្រាមនេះត្រូវបានបញ្ចប់ដោយរបៀបណា?

ទោះបីភាគីទាំងពីរបានមកអង្គុយនៅក្នុងកិច្ចចរចាជាមួយគ្នាក៏ដោយ  ប៉ុន្តែការចរចានេះគឺគ្មានភាពច្បាស់លាស់និងប្រាកដប្រជានោះទេ ដោយហេតុតែគ្មានចំណុចរួមណាមួយត្រូវបានកើតឡើងនោះទេហើយភាគីទាំងពីរក៏បានប្រុងប្រៀបកងកម្លាំងរួចជាស្រេចដើម្បីជួបមុខគ្នានៅសមរភូមិហើយដែរ។ដំបូងឡើយ ពួកវៀតមិញគឺមិនហ៊ានតទល់គ្នាដោយចំពោះមុខជាមួយកងទ័ពបារាំងនោះទេ គឺបានត្រឹមតែប្រើតាក់ទិកបែបទ័ពព្រៃវាយឆ្មក់ប៉ុណ្ណោះ ពីព្រោះថាកងទ័ពបារាំងគឺមានលក្ខណៈខ្លាំងក្លា​ជាង។ នៅក្នុងអំឡុងឆ្នាំ១៩៤៨ គឺជាការមកដល់នៃរបត់ដ៏សំខាន់មួយពីព្រោះថាកងទ័ពបក្សកុម្មុយនីស្តរបស់ ម៉ៅ សេទុង បានវាយឈ្នះទៅលើចិនដីគោកទាំងមូល ហើយបានបណ្តេញរដ្ឋាភិបាលរបស់លោក ចាង កៃចៀក ឱ្យនិរទេសទៅកាន់កោះតៃវ៉ាន់។ សាធាររដ្ឋប្រជាមានិតចិនក៏បានក្លាយជាខ្នងបង្អែកយ៉ាងធំមួយដែលបានផ្តល់ជំនួយសព្វបែបយ៉ាងទៅដល់ពួកវៀតមិញដើម្បីច្បាំងតទល់ជាមួយទាហ៊ានបារាំង។ ចំណែកឯសហរដ្ឋអាមេរិកវិញ​ ក៏បានសម្រេចគាំទ្របារាំងនៅក្នុងការធ្វើសង្គ្រាមមួយផងដែរ។ តាមពិតទៅ សហរដ្ឋអាមេរិកគឺជាអ្នកដែលប្រឆាំងនឹងអាណានិគមនិយម ក៏ប៉ុន្តែនៅបរិបទនេះ សហរដ្ឋអាមេរិកភ័យខ្លាចថាប្រសិនបើពួកកុម្មុយនីស្តវៀតមិញឈ្នះសង្គ្រាម វានឹងអាចក្លាយជាកាតាលីករនាំឱ្យមនោគមន៍វិជ្ជាកុម្មុយនីសន្តហូរចូលទៅក្នុងតំបន់ឥណ្ឌូចិនទាំងមូល។ វៀតមិញបានឈ្លានពានប្រទេសឡាវនៅឆ្នាំ១៩៥២ ជាហេតុដែលធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែភ័យឡើងៗ ហើយក៏បានជំរុញបារាំងធ្វើសង្គ្រាមជាដំណោះស្រាយជាជាងការចរចាជាមួយនឹងពួកវៀតកុង។ បារាំងចូលកាន់តែជ្រៅទៅក្នុងភាគខាងជើងនៃប្រទេសហើយក៏បានកំណត់ទីតាំងនៅ ឌៀនបៀនភូ ថាជាចំណុចស្លាប់រស់របស់ខ្លួន។ កងទ័ពវៀតមិញបានធ្វើការវាយប្រហារយ៉ាងចាស់ដៃទៅលើបារាំងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៥៤។ ទោះបីកងទ័ពវៀតមិញទទួលរងរបួសយ៉ាងដំណំយ៉ាងណាក៏ដោយ ប៉ុន្តែពួកគេនៅតែអាចធ្វើបានដោយបានវាយឈ្នះកងទ័ពបារាំងនៅឯឌៀនបៀនភូ​។ ជារួមមក ការចាញ់សង្គ្រាមនៅឌៀនបៀនភូរបស់កងទ័ពបារាំងគឺជារឿងមួយដ៏គួរឱ្យអាម៉ាស់ និងវិនាសកម្មដ៏ធំមួយសម្រាប់ប្រជាជាតិបារាំង។ យោងទៅតាមរបាយការណ៍ដែលចេញផ្សាយដោយ World Peace Foundation បានលើកឡើងថា កងទ័ពបារាំងបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះប្រមាណជា ១.៥០០ នាក់ បន្សល់ទុកនូវកងទ័ពដែលមានរបួសចំនួនពី ៣.០០០ ទៅ ៤.០០០ នាក់​ និងកងទ័ពចំនួន ១០.០០០ នាក់ ត្រូវបានជាប់គុក ក្នុងនោះមានតែកងទ័ពចំនួន ១.៩០០ នាក់ប៉ុណ្ណោះដែលត្រូវបានប្រគល់ទៅឱ្យបារាំងវិញនៅឆ្នាំ១៩៥៥។ ទោះបីជាសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាច្រើនទៅដល់រដ្ឋាភិបាលបារាំងយ៉ាងណាក៏ដោយ ក៏សង្គ្រាមឥណ្ឌូចិនត្រូវបានបញ្ចប់នៅពេលដែលកងទ័ពវៀតណាមបានវាយបំបាក់និងឈ្នះបារាំងនៅឌៀនបៀនភូនេះ។ លើសពីនេះ បន្ទាប់ពីចាញ់សង្គ្រាមនៅឌៀនបៀនភូហើយ បារាំងបានដកខ្លួនចេញពីទឹកដីឥណ្ឌូចិនដែលខ្លួនបានកាន់កាប់ស្ទើរតែជិតមួយសតវត្សន៍។ ទន្ទឹមគ្នានេះ ជ័យជម្នះដ៏ធំនេះក៏បានក្លាយជាចលករជាសារវន្តជំរុញឱ្យមានការចរចានៅទីក្រុង Geneva កើតឡើងដែលគោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី «បញ្ឈប់នូវសង្គ្រាម និងកសាងសន្តិភាពឡើងវិញនៅឥណ្ឌូចិន ប្រកបដោយការធានាខុសត្រូវ» ។ គួររំលឹកផងដែរថា នៅក្នុងសន្និសីទនេះមានសមាសភាពចូលរួមដូចជាតំណាងនៃរដ្ឋាភិបាលបាវដាយ មេដឹកនាំវៀតមិញ សហភាពសូវៀត ចិន បារាំង អង់គ្លេស និងសហរដ្ឋអាមេរិកជាដើម។

ការធ្វើពហិការរបស់ប្រជាជនចិន និងបម្រែបម្រួលចរន្តពាណិជ្ជកម្មអន្តរជាតិនិងពាណិជ្ជកម្មក្នុងស្រុករបស់ប្រទេសចិន

បញ្ហាសិទ្ធិមនុស្សនៅខេត្តសុីនជាំង (Xinjiang) នៃប្រទេសចិននៅតែជាបញ្ហាចម្បងដែលតែងតែទាក់ទាញនូវចំណាប់អារម្មណ៍របស់ប្រទេសនានានៅជុំវិញពិភពលោកជាពិសេសពីបស្ចិមប្រទេស។ បញ្ហាការធ្វើទុក្ខបុកម្នេញទៅលើជនជាតិមូ៉ស្លីម Uyghurs បានធ្វើឱ្យចិនទទួលរងនូវសម្ពាធនយោបាយការបរទេស​ និងសម្ពាធសេដ្ឋកិច្ច​ពីប្រទេសមួយចំនួន រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា និង​ចក្រភពអង់គ្លេស ដែលបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើមន្រ្តីរបស់ចិនជាច្រើនរូប រួមមានទាំងមន្រ្តីចាស់ៗ​ និង​មន្រី្តចិនដែលឡើងកាន់អំណាចថ្មីៗដោយសារតែបញ្ហាសិទិ្ធមនុស្សកាលពីថ្ងៃទី២២ ខែមិនា កន្លងទៅនេះ។​ ដោយឡែក បញ្ហាដែលកំពុងតែកើតឡើងនៅប្រទេសចិនថ្មីៗនេះក៏ជាបញ្ហាដែលពាក់ព័ន្ធជាមួយនឹងបញ្ហានៅសុីនជាំង (Xin Jiang)  ពោលគឺប្រជាជនចិនបានធ្វើពហិការចំពោះផលិតផលបរទេសមួយចំនួនដែលបញ្ហានេះនឹងអាចបណ្តាលឱ្យមាន បម្រែបម្រួលចរន្តសេដ្ឋកិច្ចអន្តរជាតិនិងចរន្តសេដ្ឋកិច្ចនៅក្នុងស្រុករបស់ប្រទេសចិន។​

ប្រជាជនចិនបានធ្វើពហិការទៅលើផលិតផលរបស់ក្រុមហ៊ុនមួយចំនួនដែលបានមកវិនិយោគនៅក្នុងប្រទេសចិន ដែលរួមមានផលិតផលនៃក្រុមហ៊ុន Nike របស់អាមេរិក H&M របស់ស៊ុយអែត Addidas របស់អាល្លឺម៉ង់ និង​ Uniqlo របស់ជប៉ុនជាដើម​ ដោយសារតែក្រុមហ៊ុនទាំងនោះបាននិយាយថាពួកគេនឹងមិនប្រើប្រាស់កប្បាសដែលនាំចូលមកពីសុីនជាំងនោះទេ។ គួរបញ្ជាក់ផងដែរថា មូលហេតុនៃការប្រកាសមិនប្រើប្រាស់កប្បាសដែលនាំចូលមកពីសុីនជាំងនេះ បើយោងទៅតាមការចុះផ្សាយរបស់ The Wall Street Journal គឺដោយសារតែមានការយល់ឃើញថាផលិតផលកប្បាសទាំងនោះគឺបានមកពីការបង្ខិតបង្ខំ​​ និងការរំលោភបំពានកម្លាំងពលកម្មរបស់ ប្រជាជនមូ៉ស្លីម​​ Uyghurs ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។​ ប្រសិនបើយើងក្រឡេកមកមើលទិន្នន័យរបស់​ Centre for Strategic and International Studies​ នៃសហរដ្ឋអាមេរិកវិញ ឃើញថា​ ២២%​ នៃចរាចរកប្បាសនៅក្នុងពិភពលោកគឺមកពីប្រទេសចិន នៅក្នុង២២%នេះគឺ ៨៤%​គឺមកពីខេត្តសុីនជាំងនៃប្រទេសចិន។ ការប្រកាសមិនប្រើប្រាស់កប្បាសរបស់ចិនដោយសារតែបញ្ហាសិទ្ធិមនុស្សរបស់ជនជាតិ Uyghurs នេះបានបណ្តាលឱ្យមានកំហឹងពីប្រជាជនចិនជាច្រើនដែលជាលទ្ធផលបណ្តាលឱ្យមានតារាចិនជាច្រើនបានបញ្ឈប់ការសហការជាមួយក្រុមហ៊ុនទាំងនោះ មានការលុបចេញកម្មវិធីរបស់ហាង H&M នៅលើទូរស័ព្ទដៃ មានហាងទំនិញម៉ាកទាំងនោះប្រមាណជា​៥០០ហាងត្រូវបានលុបចេញពីលើផែនទីអេឡិកត្រូនិកពីក្នុងប្រព័ន្ធអុីនធើណិតផងដែរ។​

ការធ្វើពហិការនេះអាចនឹងបណ្តាលឱ្យមានបម្រែបម្រួលចរន្តពាណិជ្ជកម្មអន្តរជាតិនិងពាណិជ្ជកម្មក្នុងស្រុករបស់ប្រទេសចិនផងដែរ ដោយចំពោះបញ្ហាដែលពាក់ព័ន្ធទៅនឹងចរន្តពាណិជ្ជកម្មអន្តរជាតិវិញ យើងនឹងអាចឃើញមានការប្រឈមក្នុងការសម្រេចចិត្តមកវិនិយោគនៅក្នុងប្រទេសចិនពីក្រុមហ៊ុនបរទេស និងអាចប៉ះពាល់ដល់អ្នកទិញទំនិញរបស់ចិននៅក្រៅប្រទេសផងដែរ។​ បន្ទាប់ពីមានការមើលឃើញពីបម្រែបម្រួលយ៉ាងឆាប់រហ័សនៃស្ថានការណ៍ទីផ្សារនៅក្នុងប្រទេសចិននៅពេលដែលមានបញ្ហាអ្វីមួយ វាអាចបង្កទៅជាបញ្ហាប្រឈមមួយទៅដល់ការសម្រេចចិត្តរបស់អ្នកវិនិយោគបរទេសមកក្នុងប្រទេសចិន។ ពួកអ្នកវិនិយោគបរទេសអាចនឹងយល់ថាភាពមិនច្បាស់លាស់និងស្ថានការណ៍ដែលមិននឹងនរនៅក្នុងប្រទេសចិនអាចជាបញ្ហាដែលធ្វើឱ្យពួកគេមិនអាចប៉ាន់ប្រមាណនិងវាស់ស្ទង់នូវបម្រែបម្រួលដែលអាចកើតមាន នៅពេលដែលពួកគេធ្វើឱ្យប្រជាជនចិនមានការមិនពេញចិត្តដោយចេតនាឬអចេតនា ជាពិសេសនៅពេលដែលក្រុមហ៊ុនទាំងនោះគាំទ្រទៅលើរឿងអ្វីមួយដែលផ្ទុយពីគំនិតរបស់ប្រជាជនចិន។ នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនបរទេសដែលវិនិយោគនៅក្នុងប្រទេសចិនបានជួបរឿងបែបនេះ ប៉ុន្តែនៅមានក្រុមហ៊ុនបរទេសផ្សេងៗទៀតដែលធ្លាប់បានជួបប្រទះនឹងបញ្ហាដែលរសើបផ្សេងៗទាក់ទងទៅនឹងបញ្ហានយោបាយនៃប្រទេសចិនដែលមានដូចជាការប៉ះពាល់ជាមួយបញ្ហារបស់ចិននិងហុងកុងជាដើម បើយោងទៅតាមការចុះផ្សាយរបស់​​កាសែត Quartz។ ​​ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រុមហ៊ុនខ្លះចេញមុខសូមទោសជាសាធារណៈ រីឯក្រុមហ៊ុនខ្លះទៀតវិញមិនអាចបន្តឈរជើងនៅក្នុងប្រទេសចិនបាន​ទៀតផង។​​ ការលូកដៃចូលបញ្ហារសើបនេះហើយដែលអាចបង្កជាផលវិបាកដល់ក្រុមហ៊ុនបរទេសដែលចង់ចូលមកវិនិយោគនៅប្រទេសចិនបើទោះបីជាពួកគេដឹងថាចិនគឺជាទីផ្សារដ៏ធំមួយនៅក្នុងពិភពលោកក៏ដោយ។​​​​ យើងក៏មិនគួរមើលរំលងទេ ប្រសិនបើការវិនិយោគពីបរទេសមានចំនួនថយចុះនោះ ប្រទេសចិននឹងបាត់បង់ចំណូលមួយចំនួនពីការវិនិយោគបរទេសទៅតាមហ្នឹងដែរ។ ម្យ៉ាងវិញទៀត ចិនអាចនឹងជួបប្រទះនូវផលវិបាកនៅពេលអនាគតប្រសិនបើអតិថិជនរបស់ខ្លួននៅបរទេសធ្វើការតបតដោយធ្វើពហិការលើផលិតផលរបស់ចិនវិញ។ គួរបញ្ជាក់ផងដែរថា បើយោងទៅតាមទិន្នន័យរបស់ ​World’s Top Export នៅឆ្នាំ២០១៩ ប្រទេសចិនដើរតួយ៉ាងសំខាន់ក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅបរទេសដែលរួមមានអាមេរិក ជប៉ុន អឺរ៉ុប និង​កូរ៉េខាងជើងជាដើម​ ដែលមានតម្លៃសរុបស្មើនឹង ២,៤៩៩​ ទ្រីលានដុល្លាអាមេរិក។​ ដូចនេះហើយប្រសិនបើមានការប្រតិកម្មតបទៅវិញពីអ្នកទិញទំនិញរបស់ចិននៅប្រទេសជាដៃគូទាំងប៉ុន្មាននេះ ចិនអាចនឹងមានផលវិបាកដោយសារតែខ្លួនត្រូវដោះស្រាយបញ្ហានៃការនាំចេញដែលអាចឈានទៅដល់ការធ្លាក់ចុះនៃតម្លៃទំនិញផងដែរប្រសិនបើទំនិញទាំងនោះគ្មានតម្រូវការទីផ្សារ។​

ប្រសិនបើយើងក្រឡេកមកមើលជ្រុងម្ខាងទៀតនៃបញ្ហានេះវិញ យើងអាចនឹងឃើញថា ការធ្វើពហិការលើផលិតផលបរទេសទាំងប៉ុន្មានក្រុមហ៊ុននេះអាចជាឱកាសសម្រាប់ក្រុមហ៊ុននៅក្នុងស្រុកដើម្បីធ្វើការប្រកួតប្រជែងនិងរីកដុះដាលនៅពេលដែលក្រុមហ៊ុនបរទេសកំពុងតែជួបវិបត្តិផងដែរ។​ យោងទៅតាមតួលេខពី​ Kantar នៃតម្លៃម៉ាកនៃផលិតផលដែលផលិតនៅក្នុងប្រទេសចិននៅក្នុងឆ្នាំ២០១៩នោះគឺមានតម្លៃដល់ទៅ ៨៨៩,៧ ប៊ីលានដុល្លាអាមេរិក ដែលអាចបញ្ជាក់បានថានៅមានផលិតផលចិនជាច្រើនទៀតដែលរង់ចាំជំនួសដំណែងផលិតផលបរទេសទាំងនោះ។​​ ហេតុដូចនេះហើយ យើងអាចមើលឃើញថា ទោះបីជាចិនអាចមានឧបសគ្គដោយសារតែបម្រែបម្រួលចរន្តនៃការវិនិយោគពីបរទេស ចិនក៏អាចមានឱកាសនៅក្នុងការបង្កើនកម្លាំងផលិតផលក្នុងស្រុកសម្រាប់ទីផ្សាររបស់ខ្លួនផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏មន្រ្តីអ្នកនាំពាក្យនៃក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថាការធ្វើពហិការរបស់ប្រជាជនចិននេះគឺមិនមានការរៀបចំ​​ឬចូលរួមពីរដ្ឋាភិបាលចិនឡើយ។ វាគឺជាការធ្វើពហិការរបស់ប្រជាជនចិនដោយផ្ទាល់តែម្តង។ សរុបសេចក្តីមក ការធ្វើពហិការរបស់ប្រជាជនចិនទៅលើផលិតផលបរទេសនេះនឹងធ្វើឱ្យមានភាពរង្គោះរង្គើដល់បញ្ហាពាណិជ្ជកម្មរបស់ចិនជាមួយនឹងបណ្តាប្រទេសផ្សេងទៀត បើទោះបីជាវាអាចនឹងផ្ដល់ឱកាសដល់ការផលិតទំនិញក្នុងស្រុកឱ្យរីកលូតលាស់ក៏ដោយ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

មូលហេតុនៃការធ្លាក់ចុះនៃចក្រភពរ៉ូម

ក្រោយពីទទួលបានជ័យជំនះក្នុងសង្គ្រាម the Second Punic War ជាមួយប្រទេសអេស្ប៉ាញ សាធារណរដ្ឋរ៉ូមបានរំលាយចោលនូវរបបសាធារណរដ្ឋរបស់ខ្លួនដែលមានអាយុកាល៤៥០ឆ្នាំនេះ រួចបង្កើតឡើងនូវចក្រភពរ៉ូម។ បន្ទាប់ពីបង្កើតឡើងនូវចក្រភពថ្មីនេះ ចក្រភពរ៉ូមមិនទាន់ភាពរីកចម្រើនភ្លាមៗនោះទេ ប៉ុន្តែចក្រភពរ៉ូមបានវិវដ្ដខ្លួនម្ដងបន្ដិចៗ រហូតដល់សតវត្សទី៨មុនគ.ស. ដែលចក្រភពរ៉ូមបានលេចកិត្យានុភាពរបស់ខ្លួន។ នៅក្រោមរជ្ឋកាលរបស់ Trajan ដែលជាអធិរាជនៃចក្រភពរ៉ូម(៩៨នៃគ.ស. ដល់ ១១៧នៃគ.ស.) កិត្យានុភាពរបស់ចក្រភពនេះបានឈានទៅដល់កម្រិតកំពូលដែលមានឈ្មោះល្បីរន្ទឺក្នុងប្រវត្ដិសាស្ត្រ ដោយសារតែការប្រើប្រាស់នយោបាយពង្រីកទឹកដីក្នុងតំបន់ជាច្រើនដូចជាតំបន់ដែលបច្ចុប្បន្នយើងស្គាល់ថាជាទ្វីបអ៊ឺរ៉ុប ចក្រភពអង់គ្លេស ទ្វីបអាស៊ីខាងលិច  អាហ្វ្រិកខាងជើង និងកោះមេឌីទែរ៉ាណេជាដើម។ គួរឱ្យដឹងថា ការលាតសន្ធឹងរបស់អាណាចក្ររ៉ូមនៅពេលនោះគឺបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ប្រវត្តិសាស្រ្តអរិយធម៌ និងប្រវត្តិសាស្រ្តពិភពលោក ជាពិសេសបន្ទាប់ពីការដួលរលំនៃចក្រភពនេះក្នុងឆ្នាំ៤៧៦នៃគ.ស. ។ ដូចនេះ សំនួរគឺតើកត្ដាអ្វីដែលដែលធ្វើឱ្យអាណាចក្រដ៏ខ្លាំងមួយនេះដួលរលំ?

១ ការលុកលុយដោយកុលសម្ព័ន្ធខាងក្រៅ
មូលហេតុគោលក្រោយការដួលរលំនៃចក្រភពរ៉ូមនោះគឺដោយសារភាពបរាជ័យក្នុងការការពារចក្រភពរបស់ខ្លួនពីជនខាងក្រៅ។ នៅឆ្នាំ៣៧០នៃគ.ស. មានក្រុមតូចមួយឈ្មោះថា Huns ដែលបច្ចុបន្បន្នជាប្រទេសកាហ្សាក់ស្ថាន បានចូលលុកលុយទ្វីបអឺរ៉ុបភាគអាគ្នេយ៏ ដោយធ្វើឱ្យកុលសម្ព័ន្ធ Germanic ជាច្រើនផ្លាស់ខ្លួនមកដល់ព្រំដែនចក្រភពរ៉ូម។ ក្នុងអំឡុងពេលនោះដែរ ជនជាតិរ៉ូមក៏បានអនុញ្ញាតឱ្យកុលសម្ព័ន្ធមួយឈ្នោះ Visigoth ចូលមកទឹកដីរបស់ខ្លួន ប៉ុន្តែក្រោមការធ្វើបាប បង្អត់អាហារ កាប់សម្លាប់ និងធ្វើជាទាសករជាដើម។ ភាពឃោរឃៅនេះបានហុចឱ្យចក្រភពរ៉ូមនូវសត្រូវមួយយ៉ាងកាចសាហាវដែលកំពុងរស់នៅក្នុងទឹកដីរបស់ខ្លួនដោយមិនដឹងខ្លួន។ ក្នុងអំឡុងឆ្នាំ៣០០ នៃគ.ស. កុលសម្ព័ន្ធ Visigoth បានបះបោរពីក្នុងចក្រភពរ៉ូម ដែលបន្ទាប់មកទទួលបានជ័យជំនះទៅលើកម្លាំងកងទ័ពរបស់អធិរាជនៃចក្រភពរ៉ូមឈ្មោះ Valens ហើយបន្តទៅលុកលុយដល់ទីក្រុងនៃចក្រភពនេះនៅក្នុងឆ្នាំ៤១០ នៃគ.ស.។ ដោយមានការវាយលុកលុយពីខាងក្នុង ចក្រភពរ៉ូមភាគខាងលិចបានចាប់ផ្តើមធ្លាក់ចូលទៅក្នុងសភាពទន់ខ្សោយ ដែលបង្កជាឱកាសសម្រាប់កុលសម្ព័ន្ធ Germanic ដ៏ទៃទៀតដូចជាពួក the Vandals និងពួក the Saxons លួចឆ្លងកាត់ព្រំដែនរបស់ខ្លួនហើយកាន់កាប់តំបន់ចក្រភពអង់គ្លេស អេស្បាញ និងអាហ្រ្វិកខាងជើង។

២ បញ្ហាសេដ្ឋកិច្ច និងការពឹងផ្អែកទៅលើពលកម្មទាសករ
បន្ទាប់ពីការលុកលុយពីសត្រូវខាងក្រៅ ចក្រភពនេះក៏បានរងទុក្ខពីវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរក្នុងអំឡុងឆ្នាំ៣៣ នៃគ.ស.ផងដែរ។ វិបត្តិហិរញ្ញវត្ថុនេះគឺបណ្តាលមកពីសង្គ្រាមឥតឈប់ឈរដើម្បីសម្រេចនូវគោលនយោបាយពង្រីកទឹកដីរបស់ខ្លួន ហើយជាមួយគ្នានេះដែរក៏មានការកើតឡើងនូវអំពើពុករលួយ ការគាបសង្កត់យកពន្ធ និងវិបត្តិអតិផរណាដែលបានកើតឡើង។ ម្យ៉ាងវិញទៀត សេដ្ឋកិច្ចរបស់ចក្រភពរ៉ូមក៏មានការពឹងផ្អែកខ្លាំងទៅលើពលកម្មទាសករបានមកពីតំបន់ដែលចក្រភពនេះត្រូវបានគ្រប់គ្រង។ កម្លាំងទាសករទាំងនេះត្រូវបានប្រើប្រាស់សឹងក្នុងគ្រប់វិស័យសម្រាប់សេដ្ឋកិច្ចរបស់ចក្រភពរ៉ូម ដែលជាហេតុធ្វើនាំឲ្យមានកង្វះចំនួនអ្នកធ្វើការនៅពេលដែលការពង្រីកចក្រភពត្រូវបានផ្អាកក្នុងសតវត្សរ៍ទី២។ លើសពីនេះទៀត វិបត្តិនេះបានបន្តទៅដល់សតវត្សរ៍ទី៥ នៅពេលដែលមានការលុកលុយនៃតំបន់អាហ្វ្រិកខាងជើងពីកុលសម្ព័ន្ធ the Vandals ដែលធ្វើឱ្យមានការរំខានទៅដល់ការធ្វើពាណិជ្ឋកម្ម ដោយសារមានការលួចប្លន់តាមដងសមុទ្រមេឌីទែរ៉ាណេ។ ជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច ពាណិជ្ជកម្មនិងកសិកម្ម ចក្រភពនេះបានចាប់ផ្តើមបាត់បង់ឥទ្ធិពលរបស់ខ្លួនលើទ្វីបអឺរ៉ុបនិងតំបន់ផ្សេងៗដែលខ្លួនធ្លាប់បានគ្រប់គ្រង។

៣ ការបែកចែកចក្រភពជាពីរ
យោងតាមការចេញផ្សាយរបស់ World History Encyclopedia នៅក្នុងចុងសតវត្សរ៍ទី៣ នៃគ.ស. ចក្រភពរ៉ូមមានក្រឡាផ្ទៃដីចំនួន ៤.៤លានម៉ែត្រការ៉េ។ ដោយសារចក្រភពនេះមានទឹកដីធំធេងពេក ក្នុងឆ្នាំ២៨៥ នៃគ.ស. អធិរាជនៃចក្រភពរ៉ូមឈ្មោះ Diocletian បានសម្រេចចិត្តចែកចក្រភពរ៉ូមជាពីរ ដោយមានចក្រភពខាងលិច និងចក្រភពខាងកើត ក្នុងគោលបំណងដើម្បីធ្វើឲ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង។ ផ្ទុយមកវិញ ការបែកចែកនេះបានធ្វើឱ្យចក្រភពទាំងពីរឃ្លាតពីគ្នា និងមានអតុល្យភាពរវាងចក្រភពខាងកើតនិងចក្រភពខាងលិចដែលកំពុងជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ ដោយសារតែភាគខាងលិចនៃចក្រភពរ៉ូមកំពុងតែត្រូវបានលុកលុយ ចក្រភពរ៉ូមទាំងពីរក៏មានភាពបរាជ័យក្នុងការធ្វើការជាមួយគ្នាដើម្បីការពារចក្រភពរបស់ខ្លួនពីការលុកលុយពីសម្ព័ន្ធខាងក្រៅ ព្រោះតែភាពលំបាកក្នុងការប្រាស្រ័យទាក់ទងគ្នា និងកង្វះកម្លាំងទ័ពដោយសារតែកម្លាំងទ័ពទាំងនោះត្រូវបានបែងចែកទៅលើតំបន់ដ៏ទៃទៀតនៃចក្រភពនេះ។

៤ ការកកើតឡើងនូវគ្រីស្ទសាសនាក្នុងចក្រភពរ៉ូម
យោងតាមអ្នកសិក្សាជាច្រើនបានអះអាងថា ឥទ្ធិពលនៃការរីករាលដាលនៃគ្រីស្ទសាសនានៅក្នុងចក្រភពរ៉ូម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្លាក់ចុះនៃចក្រភពនេះ។ ជំនឿលើគ្រីស្ទសាសនាបានចាប់ផ្តើមដំបូងនៅក្នុងចក្រភពរ៉ូម នៅក្នុងឆ្នាំ ៣១៣ នៃគ.ស. ដោយអធិរាជ Constantine បានចេញនូវដីការស្តីពីការទទួលស្គាល់សាសនានេះនៅក្នុងចក្រភពរបស់ខ្លួននេះបើយោងតាមការចេញផ្សាយរបស់ Britannica។ មុនគ្រីស្ទសាសនាបានក្លាយជាសាសនាជាតិរបស់ចក្រភពរ៉ូម ចក្រភពរ៉ូមក៏បានជួបប្រទះនូវជម្លោះសាសនារវាងនាក់កាន់សាសនាគ្រឹស្ទ និងអ្នកដែលកាន់នូវប្រពៃណីចាស់ ដោយពួកគេជឿថាការកាន់គ្រីស្ទសាសនាបានចាប់ផ្តើមបំបាត់នូវតម្លៃវប្បធម៌របស់ខ្លួនបន្តិចម្តងៗ និងមានការផ្លាស់ប្តូរទៅលើការពង្រឹងចក្រភពរបស់ខ្លួនទៅដល់ជំនឿទៅលើព្រះជាម្ចាស់តែមួយគត់។ ជាមួយគ្នានេះ ចក្រភពរ៉ូមក៏បានចាប់ផ្តើមយកជំនឿគ្រីស្ទសាសនាដើម្បីដើរតួនាទីក្នុងនយោបាយរបស់ខ្លួន ដែលធ្វើឲ្យមានភាពស្មុគស្មាញ និងភាពមិនស្ថិតស្ថេរទៅក្នុងរដ្ឋាភិបាល។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ឡេង ហ៊ត
គំនូរដោយ៖ កញ្ញា ហេង លីពណ្ណរាយ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ