"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នយោបាយការបរទេស «ហ្គូលីវើ» របស់អាល្លឺម៉ង់

បន្ទាប់ពីសង្គ្រាមលោកលើកទីពីរត្រូវបានបញ្ចប់ ប្រទេសអាល្លឺម៉ង់បានធ្លាក់ខ្លួនចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម និងវិបត្តិនយោបាយក្នុងស្រុកយ៉ាងធ្ងន់ធ្ងរដែលតម្រូវឱ្យប្រទេសនេះប្រើប្រាស់គ្រប់វិធីសាស្រ្តទាំងអស់ដើម្បីក្រោកចេញពីវិបត្តិទាំងនោះ។ សេដ្ឋកិច្ចរបស់អាល្លឺម៉ង់ត្រូវបានដួលរលំទាំងស្រុង ហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានខូចខាត ចរន្តនៃសេដ្ឋកិច្ចត្រូវបានកាត់ផ្តាច់ រីឯវិបតិ្តសង្គមវិញគឺប្រជាជនអាល្លឺម៉ង់ត្រូវទទួលរងនូវគ្រោះទុរ្ភិក្ស និងរងសម្ពាធវិបត្តិផ្លូវចិត្តដោយសារភាពតក់ស្លុតពីសង្រ្គាមដែលទើបតែបញ្ចប់។ ចំណែកឯវិបត្តិនយោបាយក្នុងស្រុកវិញ អាល្លឺម៉ង់ត្រូវបានប្រទេសសម្ព័ន្ធមិត្តដែលទទួលបានជោគជ័យនៅក្នុងសង្គ្រាមបែងចែកគ្នាដើម្បីគ្រប់គ្រងជាពីរចំណែកគឺអាល្លឺម៉ង់ខាងលិច និងខាងកើត។ ខុសពីវិបត្តិសេដ្ឋកិច្ច និងវិបត្តិសង្គមដែលអាល្លឺម៉ង់អាចរំដោះខ្លួនរួចបានតែប៉ុន្មានទសវត្សរ៍ក្រោមជំនួយរបស់អាមេរិក វិបត្តិនយោបាយបែងចែកប្រទេសរបស់អាល្លឺម៉ង់ទើបតែត្រូវបានរំដោះបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតនៅឆ្នាំ១៩៩១តែប៉ុណ្ណោះ។

មិនត្រឹមតែមានវិបត្តិធំៗទាំងបីដូចដែលបានរៀបរាប់ខាងលើនោះទេ ប្រទេសអាល្លឺម៉ង់នៅមានវិបត្តិយ៉ាងធំមួយទៀតដែលត្រូវដោះស្រាយដោយខ្លួនឯង និងដែលត្រូវប្រើរយៈពេលយូរជាងគេមកដល់សព្វថ្ងៃនេះគឺវិបត្តិនយោបាយការបរទេស។ ដោយសារប្រទេសអាល្លឺម៉ង់ជាប្រទេសដែលបង្កឱ្យមានសង្គ្រាមពង្វាតទីនៅឆ្នាំ១៨៧០-១៨៧១ ហើយជាប្រទេសមានមហិច្ឆតាដ៏ធំដែលជាលទ្ធផលបានបង្កើតជាសង្គ្រាមលោកទាំងពីរលើក និងជាប្រទេសដែលធ្លាប់ជាប់ពិរុទ្ធក្នុងការសម្លាប់ជនជាតិជីហ្វអស់រាប់លាននាក់មក ទើបប្រទេសអាល្លឺម៉ង់តែងតែត្រូវបានពិភពលោកមើលក្នុងក្រសែភ្នែកដែលប្រុងប្រយ័ត្ននិងគួរឱ្យសង្ស័យបំផុត ដោយពួកគេខ្លាចថាអាល្លឺម៉ង់នឹងបន្តបង្កភាពវឹកវរសារជាថ្មីម្តងទៀត។ ប៉ុន្ដែដើម្បីផ្ដល់ទំនុកចិត្ត និងស្តារកេរ្ដិ៍ឈ្មោះរបស់ខ្លួនសារជាថ្មីនៅលើឆាកអន្តរជាតិ អាល្លឺម៉ង់បានប្រើនយោបាយការបរទេសដែលគេឱ្យឈ្មោះថា«ហ្គូលីវើ»។

ចំពោះពាក្យថា «ហ្គូលីវើ» នេះ តាមការពិតគឺជាពាក្យដែលគេយកឈ្មោះតួអង្គ Lamuel Gulliver នៅក្នុងរឿងប្រឌិតមួយមកប្រើជាការប្រៀបធៀបជាមួយនឹងជីវិតនយោបាយរបស់អាល្លឺម៉ង់តែប៉ុណ្ណោះ ដោយសារតែគេគិតថាដំណើរជីវិតរបស់តួអង្គហ្គូលីវើនេះគឺមានភាពស្រដៀងគ្នាទៅដំណើររឿងប្រវត្តិសាស្រ្តអាល្លឺម៉ង់។ សាច់រឿងនៃតួអង្គហ្គូលីវើនេះគឺដើមឡើយ ហ្គូលីវើបានលិចសំពៅរបស់ខ្លួននៅពេលធ្វើដំណើរលើមហាសមុទ្រ ហើយបន្ទាប់ពីគេដឹងខ្លួនឡើងវិញ គេឃើញថារូបគេបានជាប់នៅលើកោះមួយដែលរូបគេត្រូវបានចងរឹតដោយខ្សែយ៉ាងច្រើន។ ហ្គូលីវើបានសង្កេតឃើញថានៅលើកោះនេះមានមនុស្សមានមាឌល្អិតៗតូចៗជាច្រើនហើយដែលពពួកមនុស្សតូចៗទាំងនោះហើយដែលជាអ្នកចាប់គេចង។ នៅពេលដែលហ្គូលីវើបានដឹងខ្លួនមកវិញគេមានសភាពអស់កម្លាំងយ៉ាងខ្លាំង ហេតុដូច្នេះហើយ ហ្គូលីវើក៏មិនបានរើបំរាស់ចេញពីចំណងខ្សែដែលបានរឹតខ្លួនគេនោះដែរ ប៉ុន្តែប្រសិនបើហ្គូលីវើចង់រើខ្លួនចេញពីចំណងនោះ គេក៏អាចធ្វើបានដោយងាយដោយសារតែមាឌដ៏ធំរបស់គេ។ ហ្គូលីវើបានចូលខ្លួនដើម្បីប្រើកម្លាំងដ៏មហាសាលរបស់ខ្លួនក្នុងការការពារពពួកមនុស្សតូចៗទាំងនោះពីសត្រូវរបស់ពួកគេនៅពេលមានសង្គ្រាមហើយព្យាយាមសម្របតាមពពួកមនុស្សតូចៗទាំងនោះជាថ្នូរដើម្បីដោះដូរនឹងអាហារនិងការចិញ្ចឹមខ្លួនគេនៅលើកោះនោះ។

ជាន័យធៀប គេចង់ប្រដូចប្រទេសអាល្លឺម៉ង់ទៅនឹងហ្គូលីវើដែលមានកម្លាំងខ្លាំងជាងពួកមនុស្សតូចៗ ដោយសារតែអាល្លឺម៉ង់គឺជាប្រទេសមួយដែលតែងតែមានកិត្យានុភាពមហាសាលទាំងផ្នែកសេដ្ឋកិច្ច ឧស្សាហកម្ម និងធនធានមនុស្សតាំងតែពីមុនសង្គា្រមលោកលើកទី១ ហើយទោះបីជាត្រូវដួលរលំស្ទើរតែទាំងស្រុងបន្ទាប់ពីចាញ់សង្គ្រាមលោកលើកទី១មក ស្រាប់តែអាល្លឺម៉ង់អាចងើបមកបង្កសង្គ្រាមជាថ្មីម្តងទៀតយ៉ាងគួរឱ្យភ្ញាក់ផ្អើល។ ប្រសិនបើមើលមកកាន់ស្ថានភាពបន្ទាប់ពីចប់សង្គ្រាមលើកទី២វិញ អាល្លឺម៉ង់ប្រដូចបាននឹងហ្គូលីវើដែលមានភាពនឿយហត់អស់កម្លាំងអញ្ចឹងដែរ តែត្រូវបានប្រទេសមានអំណាចដូចជា អាមេរិក បារាំង អង់គ្លេស និងរុស្សី ចាប់ចងដោយភាពភ័យខ្លាចក្នុងការងើបឡើងវិញម្តងទៀត។ ប៉ុន្តែ ដូចហ្គូលីវើដែលសម្រេចចិត្តមិនបានផ្តាច់ខ្សែចំណងយ៉ាងផុយស្រួយដែលរុំព័ទ្ធខ្លួនគេនោះ អាល្លឺម៉ង់បានព្យាយាមគោរពតាមច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ជួន ហើយបានឈរជាជំនួយនៅខាងលោកសេរីនៅក្នុងការទប់ទល់នឹងរុស្សីនៅក្នុងអំឡុងសង្គ្រាមត្រជាក់ ដើម្បីជាថ្នូរជាមួយជំនួយរបស់អាមេរិកក្នុងការស្រោចស្រង់ខ្លួនចេញផុតពីមហន្តរាយដែលបន្សល់ទុកដោយសង្គ្រាម។

ជាការពិតណាស់ បន្ទាប់ពីសង្គ្រាមត្រូវបានចប់ អាល្លឺម៉ង់តែងតែប្រើនយោបាយ «ហ្គូលីវើ» ដើម្បីស្រោចស្រង់កេរ្ត៍ឈ្មោះរបស់គេនៅក្នុងឆាកអន្តរជាតិឡើងវិញយ៉ាងប្រុងប្រយ័ត្នជានិច្ចព្រោះថាប្រសិនបើអាល្លឺម៉ង់ហ៊ានតែបង្ហាញមហិច្ឆតារបស់ខ្លួនតែបន្តិច នោះអាល្លឺម៉ង់នឹងត្រូវបានពិភពលោកមើលមកក្នុងក្រសែភ្នែកមិនទុកចិត្តជាមិនខាន។ ហេតុដូច្នេះហើយទើបអាល្លឺម៉ង់មិនចង់ពាក់ព័ន្ធក្នុងការពង្រឹងទ័ពនិងគ្រឿងសព្វាវុធ ឬចូលរួមជាមួយអាមេរិកដែលជាសម្ព័ន្ធមិត្តអង្គការណាតូក្នុងការធ្វើសង្គ្រាមឡើយ តួយ៉ាងដូចនៅក្នុងសង្គ្រាមអ៊ីរ៉ាក់ជាដើម ដោយអាល្លឺម៉ង់បានបង្វែរការចូលរួមជាកម្លាំងទ័ពទៅជំនួយថវិកាវិញ ដែលធ្វើឱ្យអាមេរិកមានការមិនពេញចិត្តយ៉ាងខ្លាំង។ នយោបាយការបរទេសអាល្លឺម៉ង់បានសង្កត់ធ្ងន់យ៉ាងខ្លាំងទៅក្នុងកិច្ចសហប្រតិបត្តិការក្នុងសហភាពអឺរ៉ុបដើម្បីស្រោចស្រង់ចំណងមិត្តភាព និងនិរន្តរភាពសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅអឺរ៉ុបឡើងវិញនិងដើម្បីបង្ហាញថាអាល្លឺម៉ង់គឺផ្តល់អាទិភាពជាធំទៅលើការកសាងសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ អាល្លឺម៉ង់ក៏បានព្យាយាមដើរតួយ៉ាងសំខាន់នៅក្នុងការជួយសម្រួលសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិកនៅក្នុងសហភាពអឺរុប ហើយក៏ជាតួអង្គមួយដែលជម្រុញឱ្យសហភាពអឺរុបមានភាពរឹងមាំផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ កេរ្តិ៍ឈ្មោះនិងកិត្យានុភាពរបស់អាល្លឺម៉ង់បានចាប់ផ្តើមរីកលូតលាស់សារជាថ្មីចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដោយសារតែទង្វើជាច្រើនដែលបានធានាថាអាល្លឺម៉ង់គឺជាប្រទេសដែលមានទំនោរទៅរកសន្តិភាពនិងការអភិវឌ្ឍ ហើយជៀសឆ្ងាយពីសង្គ្រាម។ ក៏ប៉ុន្តែ ដោយសារការវិវត្តនៃពេលវេលា អារម្មណ៍នៃភាពខុសឆ្គងរបស់អាល្លឺម៉ង់ដោយសារប្រវត្តិសាស្រ្តរបស់ខ្លួនត្រូវបានរសាយខ្លះៗ ហើយអាល្លឺម៉ង់ក៏បានចាប់ផ្តើមដើរតាមនយោបាយការបរទេសដែលខ្លួនគិតចង់ ជាជាងដើរតាមតែនយោបាយការបរទេសរអៀសខ្លួនដែលព្យាយាមបញ្ជាក់ឱ្យគ្រប់គ្នាលែងខ្លាចរអាទៀតដែរ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
គំនូរដោយ៖ លោក ហ៊ី សុជាតិ

ទន្លេមេគង្គ និង ឥទ្ធិពលភូមិសាស្ត្រនយោបាយ

ចេញដំណើរពីខ្ពង់រាបទីបេដែលមានប្រវែងប្រមាណ៤.៥០០គីឡូម៉ែត្រ ទន្លេមេគង្គហូរកាត់ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម មុននឹងរំលាយខ្លួនចូលទៅក្នុងសមុទ្រចិនខាងត្បូង។ ប្រទេសមហាអំណាចដែលមានការចាប់អារម្មណ៍ មកលើអាស៊ីគ្នេយ៍បាននិយាយថា “ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍មានកាដូពីធម្មជាតិដ៏អស្ចារ្យមួយនោះគឺទន្លេមេគង្គ”។ ពេលនេះទន្លេដ៏វែងអន្លាយមួយនេះបានក្លាយជាទីលានធម្មជាតិប្រជែងអំណាចគ្នាមួយបន្ថែមទៀតរវាងប្រទេសមហាអំណាចពីរគឺសហរដ្ឋអាមេរិកនិងចិនក្នុងការប្រជែងគ្នានូវអំណាចភូមិសាស្ត្រនយោបាយ។ ត្បិតថាការប្រជែងនេះស្តែងចេញមកនូវអំនួតឥទ្ធិពលនយោបាយរវាងសហរដ្ឋអាមេរិកនិងចិនក្តី ប៉ុន្តែប្រទេសចិនហាក់ដូចជាមានប្រៀបជាងប្រទេសណាទាំងអស់ក្នុងការគ្រប់គ្រងខ្សែទឹក និងអាចពង្រីកឥទ្ធិពលទៅលើបណ្តាប្រទេសនៅទន្លេមេគង្គក្រោមផងដែរ ដោយហេតុតែប្រទេសចិនជាមហាអំណាចថ្មីដែលមានសក្តានុពលគ្រប់គ្រាន់ទាំងក្នុងរូបភាពសេដ្ឋកិច្ចនិងទីតាំងភូមិសាស្ត្រ។

មិនត្រឹមតែឥទ្ធិពលភូមិសាស្ត្រនយោបាយមួយមុខទេ ទន្លេមេគង្គបានផ្តល់ផលប្រយោជន៍ដ៏សម្បូរបែបសម្រាប់ប្រជាជនប្រមាណជាង៦០លាននាក់ដែលរស់នៅអាស្រ័យផលតាមដងទន្លេនេះ។ ដោយហេតុផលនេះហើយទើបប្រទេសមហាអំណាច និងប្រទេសតាមបណ្តោយទន្លេមេគង្គយកចិត្តទុកដាក់ក្នុងការព្យាយាមការពារនិងចែកធនធានគ្នាប្រកបដោយតម្លាភាព។ ដូចអ្វីដែលយើងបានដឹង ប្រទេសមហាអំណាចធំៗជាពិសេស អាមេរិក ឥណ្ឌា ជប៉ុន សុទ្ធតែចងចំណងមិត្តភាពជាមួយប្រទេសនៅតាមតំបន់ទន្លេមេគង្គជាច្រើនឆ្នាំមកហើយ។ ក្រៅពីនេះ មានគណៈកម្មការទន្លេមេគង្គដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៥ និងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលផ្តួចផ្តើមដោយមហាអំណាចចិនក្នុងឆ្នាំ២០១៥។ តែអ្វីដែលគេមើលឃើញទៅលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការខាងលើសុទ្ធសឹងតែទាក់ទងនឹងប្រយោជន៍នៃជាតិសាសន៍របស់ពួកគេតែប៉ុណ្ណោះ។ ដូចដែលទ្រឹស្តីនយោបាយរបស់លោក តេង ស៊ាវពីង បាននិយាយថា “គ្មានមិត្តពិត គ្មានសត្រូវពិត មានតែប្រយោជន៍”។

រឿងដែលយើងគួរមើលបន្ទាប់គឺ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ កិច្ចសហប្រតិបត្តិការនេះត្រូវបានផ្តួចផ្តើមឡើងដោយលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដែលប្រទេសមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១៤។ ប្រទេសជាសមាជិកនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងមានចំនួន៦ប្រទេស រួមមាន ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ ក្នុងនេះដែរ កិច្ចប្រជុំរវាងប្រទេសសមាជិកត្រូវបានធ្វើឡើងចំនួនបីលើក ប៉ុន្តែដោយសារវិបត្ដិកូវីដ១៩ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ត្រូវបានធ្វើតាមប្រព័ន្ធវីដេអូខនហ្វ្រឺរេន (Video Conference) ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» ដែលមានប្រទេសឡាវនិងប្រទេសចិនជាសហប្រធាន និងវត្តមានប្រទេសសមាជិកទាំង ៤ ទៀត។ គួរសម្គាល់ដែរថា អ្វីដែលគេចាប់អារម្មណ៍នោះគឺ កិច្ចសហប្រតិបត្តិការនេះស្ថិតនៅក្នុងក្របខ័ណ្ឌ និងជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” របស់ចិនផងដែរ។ ក្រៅពីនេះ ចិនក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើនមហាសាលដែលបានមកពីការសាងសង់ទំនប់វារីអគ្គិសនីចំនួន១១លើដងទន្លេមេគង្គ ហើយពេលនេះកំពុងតែរៀបចំសាងសង់ទំនប់វារីអគ្គិសនីចំនួន៨បន្ថែមទៀត។ ហើយនេះក៏ត្រូវទៅតាមអ្វីដែលអ្នកជំនាញមួយចំនួនមើលឃើញថា វាជាយុទ្ធសាស្ត្រមួយដែលចិនបង្កើតឡើងដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួន និងក្លាយជាអ្នកគ្រប់គ្រងវាសនារបស់ដងទន្លេមេគង្គតែប៉ុណ្ណោះ។

ក្រឡេកទៅមើលយុទ្ធសាស្ត្ររបស់ប្រទេសអាមេរិកវិញ យើងឃើញថាអាមេរិកក៏បានយកចិត្តទុកដាក់មិនស្ទើរដែរមកលើប្រទេសនៅតាមដងទន្លេមេគង្គ ពីព្រោះថាប្រទេសទាំងនោះស្ថិតនៅក្នុងតំបន់អាស៊ានដែលជាស្នូលសំខាន់បំផុតមួយក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិច។ ដូចដឹងស្រាប់ហើយ សហរដ្ឋអាមេរិកក្តោបលើគោលបំណង ដើម្បីលើកកម្ពស់អធិបតេយ្យភាព តម្លាភាព អភិបាលកិច្ចល្អ មជ្ឈការអាស៊ាន និងបទបញ្ជាផ្អែកលើវិធាន ដោយភ្ជាប់ជាមួយបណ្តាប្រទេសតាមតំបន់អាស៊ាន ជាពិសេសប្រទេសតាមបណ្តោយដងទន្លេ។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំកន្លងមក ភ្នាក់ងារសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ៣.៥០០ លានដុល្លារដល់បណ្តាប្រទេសតាមដងទន្លេមេគង្គ និងជាពិសេសកាលពីថ្ងៃទី១១ ខែកញ្ញាកន្លងទៅ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសន្យាផ្តល់ថវិកាយ៉ាងហោចណាស់ចំនួន ១៥៣ លានដុល្លារអាមេរិកដល់ប្រទេសតាមដងទន្លេមេគង្គ ដែលជំនួយទាំងនេះរួមមានជំនួយសម្រាប់ការចែករំលែកទិន្នន័យជលសាស្ត្រ ការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងកម្រិតឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ផងដែរ។ យ៉ាងណាមិញ សហរដ្ឋអាមេរិកបានមើលឃើញពីសារៈសំខាន់របស់ទន្លេមេគង្គដែលនៅតែជាចំណុចស្នូលនៃយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិកចាប់តាំងពីអាណត្តិលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មកម្ល៉េះ។ សារៈសំខាន់នៃទន្លេមេគង្គនៅក្នុងក្រសែភ្នែករបស់អាមេរិកគឺក្របខ័ណ្ឌយុទ្ធសាស្ត្រសេរីនិងបើកចំហនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ធ្លាប់បានបញ្ជាក់ថាអនុតំបន់ទន្លេមេគង្គដែលជាទីតាំងសេរីនិងបើកចំហកំពុងតែប្រឈមដាក់គ្នាយ៉ាងខ្លាំងដោយសារយុទ្ធសាស្ត្រនយោបាយដោយមានទាំង “យុទ្ធសាស្ត្រអាស៊ី-ប៉ាស៊ីហ្វិក” និង “យុទ្ធសាស្ត្រផ្លូវមួយខ្សែក្រវ៉ាត់មួយ”។ ដូចនេះហើយ ការពង្រីកខ្លួនក្នុងអាងទន្លេមេគង្គជារឿងចាំបាច់បំផុតមួយសម្រាប់សហរដ្ឋអាមេរិក ក្នុងការខ្ទប់នូវឥទ្ធិពលរបស់មហាយក្សចិន។

សរុបទៅ បណ្តារដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍ខ្លួនឯងគួរតែប្រុងប្រយ័ត្នចំពោះការពង្រីកនូវឥទ្ធិពលរបស់មហាអំណាចណាមួយ ដែលព្យាយាមជ្រែកចូលនៅក្នុងអនុតំបន់មេគង្គ ព្រោះថានៅចំពោះមុខ សេណារីយ៉ូរបស់បណ្តាប្រទេសមហាអំណាចតែងប្រែប្រួលអាស្រ័យទៅលើផលប្រយោជន៍ដែលពួកគេអាចទទួលបាន។ ហើយវត្តមាននៃកិច្ចសហប្រតិបត្តិការ រួមទាំងជំនួយផ្សេងៗ សុទ្ធតែចងភ្ជាប់យ៉ាងដាច់ខាតដោយរបៀបវារៈនៃការប្រកួតប្រជែងអំណាច និងឥទ្ធិពលក្នុងតំបន់របស់ប្រទេសមហាអំណាច។ ក្រៅពីនេះ ហានិភ័យចម្បងសម្រាប់រដ្ឋនៅតាមបណ្តោយទន្លេមេគង្គនៅតែជា “អន្ទាក់បំណុល” ដែលបរទេសផ្តល់សម្រាប់ការអភិវឌ្ឍក្នុងន័យ “ទន្លេរួមគ្នា អនាគតរួមគ្នា” ដោយមានបំណងស្រង់យកសម្បទានសេដ្ឋកិច្ច ឬនយោបាយ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ភោគ លាងហេង
គំនូរដោយ៖ កញ្ញា បូរ ដាលីន

កិច្ចការដែលនាយករដ្ឋមន្ត្រីជប៉ុនថ្មីត្រូវដោះស្រាយ

រដ្ឋការដែលបានកាន់អំណាចយូរជាងគេនៅក្នុងប្រវត្តិសាស្រ្ដជប៉ុនមានអាយុកាលចំនួនជាង ២៨០០ ថ្ងៃ ត្រូវបានបញ្ចប់នៅពេលលោក ស្ហីនហ្សូ អាបេ (Shinzō Abe) បានសម្រេចលាលែងពីតំណែងជាលើកទី២ដោយសារតែជំងឺប្រចាំកាយ។ នៅថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះ លោក យូស្ហីស៊ីដេ ស៊ូហ្កា (Yoshihide Suga) ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ដ្រីថ្មីដើម្បីជំនួសមិត្តរួមបក្សរបស់លោក។ នាយករដ្ឋមន្ត្រីទី៩៩ រូបនេះបានឡើងកាន់អំណាចចំពេលដែលពិភពលោកកំពុងតែហែលឆ្លងវិបត្តិកូវីដ១៩ និងត្រូវដោះស្រាយបញ្ហាដែលសល់ពីរដ្ឋការរបស់លោក អាបេ។ បញ្ហាធំៗចំនួនពីរដែលនាយករដ្ឋមន្ត្រីថ្មីត្រូវយកចិត្តទុកដាក់នោះគឺបញ្ហាសេដ្ឋកិច្ចនិងការទូត។

ត្បិតតែលោក អាបេ និងលោក ស៊ូហ្កា បានជិះលើទូកតែមួយក្នុងការបម្រើរាស្ត្រក្ដី ប៉ុន្តែគំនិតរបស់អ្នកទាំងពីរមិនបានឯកភាពគ្នាទាំងស្រុងនោះទេ។ គំនិតរបស់លោក ស៊ូហ្កា ហាក់ផ្តោតទៅខាងសេដ្ឋកិច្ចជាង លោក អាបេ ទោះបីជា លោក អាបេ បានបង្កើតគោលនយោបាយសេដ្ឋកិច្ចដែលមានឈ្មោះថា “Abenomics”។ ការណ៍ដែលសេដ្ឋកិច្ចជប៉ុនបានល្អប្រសើរចាប់តាំងពីសេដ្ឋកិច្ចដើរចេញពីវិបត្ដិផ្ទុះនុយក្លែអ៊ែរកាលពីឆ្នាំ២០១២ គឺដោយសារតែ លោក អាបេ ប៉ុន្តែលោកក៏មិនបានជោគជ័យនូវអ្វីដែលលោកបានប្ដេជ្ញាថានឹងធ្វើឱ្យសេដ្ឋកិច្ចជប៉ុនកើនកម្រិតអតិផរណាដល់ ២% កាលពីឆ្នាំ២០១៣ នោះទេ។ យោងតាមអត្ថបទរបស់ The Economist លោក ស៊ូហ្កា បានធ្លាប់បានទទូចឱ្យ លោក អាបេ ផ្ដោតអារម្មណ៍លើការអភិវឌ្ឍសេដ្ឋកិច្ចជាជាងទៅលើវិហារយ៉ាស៊ូគូនីដើម្បីគោរពនៅវិញ្ញាណក្ខន្ធឥស្សរជនដែលបានស្លាប់ក្នុងសម័យសង្គ្រាម។ បន្ទាប់ពីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីដោយព្រះរាជាជប៉ុនភ្លាម លោក ស៊ូហ្កា បានសន្យាថា រដ្ឋការរបស់លោកនឹងផ្ដោតសំខាន់ទៅខាងសេដ្ឋកិច្ច ហើយទោះបីជាលោកនៅតែបន្តគោលនយោបាយ ”Abenomics” ក្ដី ក៏លោកនឹងធ្វើការកែលម្អចំនុចមួយចំនួនរបស់គោលនយោបាយនេះផងដែរ។

ក្នុងបញ្ហាសេដ្ឋកិច្ចរបស់ជប៉ុន ដែលជាទូទៅប្រទេសនៅក្នុងពិភពលោកតែងតែយកចិត្ដទុកដាក់លើអតិផរណាដែលប្រាក់ចំណូលរបស់ប្រជាជនទាបជាងប្រាក់ដែលត្រូវចំណាយ ក៏ប៉ុន្តែប្រទេសជប៉ុនបែរជាឈឺក្បាលជាមួយបរិត្តផរណាទៅវិញដោយហេតុតែទំនិញធ្លាក់ថ្លៃខ្លាំងពេក។ យោងតាមរបាយការណ៍របស់ក្រសួងកិច្ចការផ្ទៃក្នុងជប៉ុនកាលពីខែកញ្ញាកន្លងទៅនេះ សន្ទស្សន៍ថ្លៃទំនិញបានធ្លាក់មកនៅ ០,៤% និងដោយហេតុតែគោលនយោបាយ “Go To Travel” ដែលមានបំណងចង់ឱ្យមានកំណើនទេសចរណ៍ក្នុងស្រុកក្នុងសម័យកូវីដ១៩ ហើយដែលបានធ្វើឱ្យតម្លៃសណ្ឋាគារធ្លាក់ជាង ៣២%។ កត្តាបញ្ហាសេដ្ឋកិច្ចមួយវិញទៀតគឺ ថ្វីបើប្រជាជនជប៉ុនប្រៀបបានជាម៉ាស៊ីនធ្វើការយ៉ាងសកម្មរហូតដល់មានវប្បធម៌ធ្វើការហួសម៉ោងចេញទៅផ្ទះក្ដី ប៉ុន្តែបរិមាណផលិតកម្មរបស់ប្រទេសចម្លែកមួយនេះគឺស្ថិតនៅទាប។ ផ្អែកតាមទិន្នន័យរបស់ OECD បរិមាណផលិតកម្មរបស់ជប៉ុនបានកើនឡើងបន្តិចចាប់តាំងពីឆ្នាំ២០១២ ប៉ុន្តែកាលពីឆ្នាំ២០១៨ បរិមាណផលិកម្មរបស់ជប៉ុនស្ថិតនៅក្នុងបាតតារាងនៃសមាជិក G7 និងស្ថិតនៅលេខរៀងទី២១នៅក្នុងសមាជិក OECD។

លោកសូហ្គា នឹងត្រូវទទួលថ្មបាក់មួយទៀតគឺបញ្ហាបំណុលសាធារណៈដែលបានកើនដូចភ្នំចាប់តាំងពីឆ្នាំ១៩៩០។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃជប៉ុន (Bank of Japan) បំណុលសាធារណៈជប៉ុនបានកើនឡើងដល់ ១២,២ ទ្រ៊ីលានដុល្លារអាមេរិក ដែលស្មើនឹង ២៤០% នៃ ផលិតផលក្នុងស្រុកសរុប (GDP)។ ជាមួយគ្នានេះដែរ កាលពីដើមឆ្នាំ ២០២០ រដ្ឋការរបស់លោក អាបេ ក៏បានបន្ថែមបំណុលចំនួន ២ ទ្រីលានដុល្លារអាមេរិក ដើម្បីជួយសេដ្ឋកិច្ចជប៉ុនដើម្បីហែលឆ្លងវិបត្ដិកូវីដ ១៩។ បន្ថែមលើនេះ មុននឹងមានវត្ដមានកូវីដ ១៩ GDP របស់ជប៉ុនបានដាំក្បាលចុះតាំងពីត្រីមាសទី៤ នៅឆ្នាំ២០១៩ ហើយបើយោងតាមទិន្នន័យរបស់ Bloomberg កាលពីត្រីមាសទី២ ឆ្នាំ២០២០ GDP របស់ជប៉ុនបានរួញរហូតដល់ -២៧,៨%។

ក្រៅពីបញ្ហាសេដ្ឋកិច្ច នៅក្នុងរដ្ឋការរបស់នាយករដ្ឋមន្រ្តីជប៉ុនថ្មីអាយុ៧១ឆ្នាំរូបនេះ ប្រហែលអាចនឹងត្រូវបន្តដើរគោលនយោបាយការបរទេសចំនួន ២ គឺ (១) ការពង្រឹងភាពជិតស្និទ្ធជាមួយប្រទេសសម្ព័ន្ធមិត្ដ និង (២) ព្យាយាមចងស្ពានមេត្រីជាមួយប្រទេសចិន។ ប្រទេសសម្ព័ន្ធមិត្តរបស់ជប៉ុនតែងមានទស្សនៈរួមលើប្រទេសកូរ៉េខាងជើងនិងប្រទេសចិន ហើយអាចយកអាសារគ្នាទៅវិញទៅមកនៅពេលបញ្ហាសន្តិសុខជាតិផ្ទុះឡើង។ យ៉ាងណាមិញ ប្រទេសសម្ព័ន្ធមិត្តធំៗរបស់ជប៉ុនមួយចំនួនដូចជា អាមេរិក កូរ៉េខាងត្បូងជាដើម បានមានភាពល្អក់កករកាលពីរដ្ឋការរបស់លោក អាបេ។ ប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូងនៅតែមានគំនិតខុសគ្នាលើវិធានការទទួលខុសត្រូវនូវកំហុសដែលជប៉ុនបានសាងកាលពីសម័យសង្គ្រាម និងជាពិសេសប្រទេសទាំងពីរនេះនៅយល់ឃើញខុសគ្នាលើសន្ធិសញ្ញាឆ្នាំ១៩៦៥។ ជាមួយគ្នានេះដែរ ការទៅគោរពវិញ្ញាណក្ខន្ធឥស្សរជននៅវិហារយ៉ាស៊ូគូនីរបស់ថ្នាក់ដឹកនាំជប៉ុន គឺដូចរុកដំបៅប្រវត្តិសាស្ត្រឱ្យលាប់ឡើងវិញអញ្ចឹង ដោយសារតែកូរ៉េខាងត្បូងចោទប្រកាន់ថារដ្ឋាភិបាលជប៉ុនទទួលស្គាល់កំហុសតែមាត់ ប៉ុន្តែនៅតែបន្តគោរពឧក្រឹទ្ធកម្មសង្គ្រាមទៅវិញ។ រីឯទំនាក់ទំនងជាមួយអាមេរិកវិញ ត្បិតតែលោក ដូណាល់ ត្រាំ និងលោក អាបេ មានទំនាក់ទំនងជិតស្និទ្ធ ប៉ុន្តែនយោបាយការបរទេសរវាងអាមេរិកនិងជប៉ុនមានភាពល្អក់កករលើបញ្ហាពាណិជ្ជកម្មកាលពីឆ្នាំ ២០១៩។ កាលនោះ ប្រទេសអាមេរិកហាក់បានយកការតម្លើងពន្ធនាំចូលរថយន្ដជប៉ុនជាចំណាប់ខ្មាំង ដើម្បីឱ្យជប៉ុនយល់ព្រមលើព្រមព្រៀងពាណិជ្ជកម្មដែលទម្លាក់ពន្ធនាំចូលផលិតផលកសិកម្មរបស់អាមេរិក។ ក្រឡេកមើលការប្រឈមមុខជាមួយចិនវិញ ត្បិតតែរដ្ឋការលោក អាបេ បង្កើតក្រុមក្រៅផ្លូវការ Quad (ដែលមានសមាជិកដូចជា អាមេរិក ឥណ្ឌា អូស្ត្រាលី ជប៉ុន) ឬការផ្ដួចផ្ដើមបង្កើតឥណ្ឌូប៉ាស៊ីហ្វិកជាដើម លោកអា បេ ក៏បានដើរនយោបាយសុខសាន្ដបង្កើនទ្រព្យជាមួយចិនដែរ។ កាលពីឆ្នាំមុន លោកប្រធានាធិបតី ស៊ី ជីនពីង បានយល់ព្រមតាមការអញ្ជើញរបស់លោក អាបេ ហើយក៏បានជិតឈានជើងចូលប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេលជាងមួយទស្សវត្សន៍ដែរ ប៉ុន្តែទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះត្រូវបានរំសាយវិញដោយសារវិបត្ដិកូវីដ១៩។

ជារួម ត្បិតតែជប៉ុនសឹងតែត្រូវបានប្រទេសក្នុងអាស៊ីចាត់ទុកជារៀមច្បងបច្ចេកវិទ្យា និងជាប្រទេសអភិវឌ្ឍន៍ដ៏ទំនើបក៏ដោយ ប៉ុន្តែបញ្ហាសេដ្ឋកិច្ច និងគោលនយោបាយការបរទេសគឺជាមុខព្រួញដែលនាយករដ្ឋមន្ត្រីថ្មីត្រូវយកចិត្ដទុកដាក់។ ក្រៅពីឧបសគ្គសេដ្ឋកិច្ច បរិត្តផរណា បរិមាណផលិតកម្មទាប បំណុលសាធារណៈដ៏សែនធំ ការដាំក្បាលចុះនៃGDP ជប៉ុនក៏មានវិបត្ដិចំនួនប្រជាជន និងការផ្ដល់ឱកាសឱ្យនារីក្នុងវិស័យការងារជាដើម។ ចំពោះនយោបាយការបរទេសវិញ ជប៉ុនត្រូវអ៊ុតមើលលទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិក និងត្រូវថ្នមចិត្ដប្រធានាធិបតី ដូណាល់ ត្រាំ ដែលចូលចិត្តដើរនយោបាយចម្លែក និងធ្លាប់អាងអំណាចកៀបពាណិជ្ជកម្មជប៉ុនម្ដងទៅហើយ។ ជាមួយគ្នានឹងការខ្ទប់ឥទ្ធិពលរបស់ចិនក្នុងតំបន់ ជប៉ុនក៏ត្រូវបង្កើនភាពល្អូកល្អិនជាមួយចិនបន្ថែម ប៉ុន្តែក៏ត្រូវធានាថាភាពល្អូកល្អិននោះមិនត្រូវហួសបន្ទាត់ក្រហមរបស់ប្រទេសសម្ព័ន្ធមិត្តផងដែរ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED

អត្ថបទដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
រូបគំនូរដោយ៖ លោក ហ៊ី សុជាតិ

បដិការណ៍បោះឆ្នោតនៅសហរដ្ឋអាមេរិក

សល់តែជាង១ខែទៀត យើងនឹងអាចបានដឹងពីជោគវាសនាសេតវិមានអាមេរិកថានឹងមានម្ចាស់ថ្មី ឬក៏គ្មានការប្ដូរដៃគ្រប់គ្រង។ ប៉ុន្ដែអ្វីដែលយើងអាចដឹងក្នុងពេលនេះតែម្ដងគឺ បក្សសាធារណរដ្ឋដែលកំពុងដឹកនាំប្រទេសក្រោមសិទ្ធិអំណាចរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងស្ថិតក្នុងយុទ្ធនាការអូសទាញរកសំឡេងឆ្នោតពីសំណាក់ពលរដ្ឋអាមេរិកប្រណាំងប្រជែងជាមួយនឹងបក្សប្រជាធិបតេយ្យដែលមាន លោក បាយឌិន ជាប្រធាន។ ដូចនេះ មានតែគុណសម្បត្តិដែលជាសមិទ្ធផលរបស់លោក ដូណាល់ ត្រាំ និងរដ្ឋការរបស់លោកទេ ដែលអាចជាគ្រឿងអន្ទងចិត្តពលរដ្ឋអាមេរិកឱ្យនៅតែពេញចិត្ត និងលើកស្ទួយលោកជាប្រធានាធិបតីមួយអាណត្តិទៀតបាន។

ឈាមជ័រជាអ្នកជំនួញដ៏ជោគជ័យម្នាក់ គោលនយោបាយរបស់ លោក ដូណាល់ ត្រាំ ភាគច្រើនគឺបាញ់ព្រួញទៅលើ “ភាពចំណេញ” និងគ្មានទេអ្នកដែលអាចដើរខ្សែលើសហរដ្ឋអាមេរិកបាន។ ហេតុដូចនេះហើយទើបកាលពីថ្មីៗនេះ បន្ទាប់ពីបញ្ជាក្រុមហ៊ុន Tik Tok លក់ឱ្យក្រុមហ៊ុនអាមេរិក លោកក៏បានទាមទារប្រាក់កំមុយស្យុងផងដែរ ប៉ុន្តែដោយសារតែទីប្រឹក្សាច្បាប់ប្រាប់លោកថាការទាមទារនេះមិនស្របច្បាប់ លោកបែរជាទាមទារប្រាក់វិភាគទានលើវិស័យអប់រំចំនួន ៥ ប៊ីលានដុល្លារអាមេរិកទៅវិញ។ ក្រឡេកមើលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរដ្ឋការរបស់លោក ដូណាល់ ត្រាំ វិញ ប្រធានាធិបតីទី៤៥រូបនេះ ហាក់មានមោទនភាពយ៉ាងខ្លាំងលើសមិទ្ធផលរបស់ខ្លួន។ យោងតាមនាយកដ្ឋានការងាររបស់សហរដ្ឋអាមេរិក (Department of Labour) កាលពីឆ្នាំ ២០១៩ អត្រាអ្នកអត់ការងារធ្វើបានរួញមកត្រឹម ៣,៥% ដែលជាអត្រាទាបជាងគេក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ។ មួយវិញទៀត យោងតាមសារព័ត៌មាន Forbes ចាប់តាំងពី លោក ដូណាល់ ត្រាំ ឈានជើងចូលសេតវិមានអាមេរិកកាលឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៩ លោកបានបង្កើតការងារជាង ៥.៣៤៥ លាន។

ប៉ុន្តែ ស្នាដៃសេដ្ឋកិច្ចរបស់លោក សឹងតែរលាយដូចអំបិលត្រូវទឹកដោយសារវិបត្តិកូវីដ១៩ ដែលបណ្ដាលឱ្យសេដ្ឋកិច្ចអាមេរិកដាំក្បាលចុះយ៉ាងគំហុក។ ដូចនេះ ក្រៅពីកត្តាសេដ្ឋកិច្ច តើលោក ដូណាល់ ត្រាំ មានគុណសម្បត្តិអ្វីខ្លះដែលអាចជួយឱ្យលោកបន្តអាណិត្តទីពីរ?

ជាបឋម យើងសិក្សាពីគុណសម្បត្តិរបស់ លោក ដូណាល់ ត្រាំ ក្នុងប្រទេស៖

១. ជម្លោះពាណិជ្ជកម្ម៖ លោក ដូណាល់ ត្រាំ ផ្ដល់ឱ្យពិភពលោកទាំងមូលសិក្សាពីលំហាត់សេដ្ឋកិច្ចមួយដ៏លំបាក ក្រោមគោលនយោបាយការពារ និងជាតិនិយមខ្លាំងរបស់ខ្លួន។ លំហាត់សេដ្ឋកិច្ចដែលគិតគូរពីថ្លៃខាតចំណេញ រួចហើយដំឡើងពន្ធគយដាក់គ្នាទៅវិញទៅមករវាងប្រទេសអាមេរិកនិងចិនដែលមានពំនឹងសេដ្ឋកិច្ចយ៉ាងធំជាមួយគ្នា។ ទស្សនិកជនដែលមើលសង្គ្រាមគ្មានអាវុធនិងការបង្ហូរឈាមរបៀបនេះ យល់ឃើញថា លោក ដូណាល់ ត្រាំ ផ្ដើមបង្កជម្លោះព្រោះតែហេតុផលពីរយ៉ាងគឺ នយោបាយនិងសេដ្ឋកិច្ច។ ហេតុផលសេដ្ឋកិច្ចនោះគឺ នៅពេលដែលលោកឡើងកាន់អំណាចភ្លាម លោកបានបើកបញ្ជីក្រសួងពាណិជ្ជកម្មហើយរកឃើញថា អាមេរិកមានឱនភាពសេដ្ឋកិច្ចជាមួយនឹងចិនរាប់ឆ្នាំ ដែលជាហេតុធ្វើឱ្យលោកសម្រេចបង្កើនពន្ធ២៥%លើទំនិញនំាយកពីចិនមួយចំនួនដូចជា ម៉ាស៊ីនបោកខោអាវ ដែកថែប បន្ទះសូឡាជាដើម។ ដោយទ្រាំខាតមិនបាន ចិនក៏បានដំឡើងពន្ធលើទំនិញអាមេរិកដែលភាគច្រើនជាស្បៀងអាហារមានដូចជាស្រា ផ្លែឈើគ្រាប់ធញ្ញជាតិជាដើម។ ហេតុផលនយោបាយវិញ គឺលោក ដូណាល់ ត្រាំ ច្បាស់ជាបានដឹងពីការព្យាករណ៍របស់ស្ថាប័នជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធំ ប្រមើលឃើញថា ចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកជាមហាអំណាចសេដ្ឋកិច្ចយ៉ាងលឿនឆ្នាំ២០២៤ និងយ៉ាងយូរបំផុតឆ្នាំ២០៣០។ រដ្ឋការរបស់ លោក ដូណាល់ ត្រាំ បានជួយទប់ស្កាត់កុំឱ្យចិនដែលជាមហាអំណាចសេដ្ឋកិច្ចបច្ចុប្បន្ន អាចបន្ដឈានជើងក្លាយជាមហាអំណាចយោធា ឬដែលគេហៅម្យ៉ាងទៀតថា “មហាអំណាចសន្ដិសុខនិងការទូត” តាមរយៈការបង្អាក់ល្បឿនសេដ្ឋកិច្ចប្រទេសចិនក្នុងគោលបំណងពន្យឺតអំណាចផ្សេងៗទៀតដែលចិននឹងអភិវឌ្ឍ។

២. ការពារកម្មសិទ្ធិបញ្ញានិងទប់ស្កាត់អសន្ដិសុខបច្ចេកវិទ្យា៖

ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្មដដែល លោក ដូណាល់ ត្រាំថែមទាំងថ្កោលទោសចិនចំពោះពុតត្បុតចិនក្នុងការលួចកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិកជាច្រើនលើទំនិញនានា ជាពិសេសទំនិញបែបបច្ចេកវិទ្យា។ លើសពីនេះទៀតអាមេរិកបានរកឃើញថា បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei លើការវិវត្ត5G គឺមានការគម្រាមកំហែងដល់សន្ដិសុខជាតិ ហើយចោទថាក្រុមហ៊ុននេះជាចារកម្មបក្សកុម្មុយនីស្ដចិន និងបានណែនាំទៅប្រទេសសម្ព័ន្ធមិត្តលោកខាងលិចមិនត្រូវសាកល្បងប្រព័ន្ធបច្ចេកវិទ្យា 5G របស់ចិននោះទេ។ ការណ៍ដែលបង្វិលថាបច្ចេកវិទ្យាចិន 5G គឺជាបច្ចេកវិទ្យាមិនល្អ គឺធ្វើឱ្យអាមេរិកមិនបាក់មុខនៅសង្វៀនប្រកួតប្រជែងលើការអភិវឌ្ឍបច្ចេកវិទ្យា និងបង្កើតផ្នត់គំនិតមួយឱ្យពិភពលោកយល់ថា ចិនជាប្រទេសប្រៀបបានដូចជាតួអង្គចិត្តអាក្រក់ និងអាមេរិកបន្តជាតួអង្គចិត្តល្អ។

៣. បង្កើនចលនាជាតិនិយម (ប្រឆាំងចិន)៖

នៅពេលដែលអ្នកកាសែតអាមេរិកមួយចំនួនព្យាយាមជជីករកឬសគល់នៃមេរោគកូរ៉ូណា រដ្ឋាភិបាលកុម្មុយនីស្ដចិនសម្រេចបញ្ឈប់ប្រតិបត្តិការងារពួកគេនិងថែមទាំងបណ្ដេញឱ្យទៅអាមេរិកវិញ។ ក្នុងការឆ្លើយតបទៅវិញ សហរដ្ឋអាមេរិកបានការពារពលរដ្ឋនិងប្រយោជន៍របស់ខ្លួនដោយចាត់វិធានការតបតស្រដៀងគ្នាទៅកាន់អ្នកកាសែតចិន។ នៅក្នុងការប្រយុទ្ធនឹងមេរោគកូរ៉ូណាដោយការបង្កើនសមត្ថភាពផលិតវ៉ាក់សាំង លោក ដូណាល់ ត្រាំ នាំមុខគេក្នុងការចោទសួរពីអសមត្ថភាព WHO និងបង្កើតទ្រឹស្ដី Consipracy Theory បាចសាចទៅកាន់ចិន។

៤.កាត់បន្ថយនិកម្មភាពសហរដ្ឋអាមេរិកខណៈពង្រឹងច្បាប់អន្ដោប្រវេសន៍៖

សេតវិមានបានបង្ហាញរបាយការណ៍មួយឱ្យដឹងថាតួលេខនៃអត្រាអត់ការងារធ្វើធ្លាក់ចុះច្រើន ពោលគឺសេតវិមានបានបង្កើតការងារក្នុងវិស័យផលិតកម្មជាង៤០០.០០០ ការងារដល់ពលរដ្ឋអាមេរិក-អាហ្រ្វិក អាមេរិក-អាស៊ី ក៏ដូចជាពលរដ្ឋអាមេរិកដែលពុំមានសញ្ញាវត្រវិទ្យាល័យក្ដី។ ក្នុងពេលជាមួយគ្នានេះ លោក ដូណាល់ ត្រាំ បានជ្រើសរើសរឹតបន្ដឹងគោលនយោបាយអន្ដោប្រវេសន៍ និងពុំជាយកចិត្តទុកដាក់លើច្បាប់ស្ដីពីការសុំសិទ្ធិជ្រកកោនព្រោះរកឃើញអ្នកចំណូលប្រទេសមិនស្របច្បាប់ចេះតែបន្ដកើនឡើងដល់ជាង១០លាននាក់។

ក្រោយការដួលរលំសហភាពសូវៀតនៅឆ្នាំ១៩៩១ សណ្ដាប់ធ្នាប់ពិភពលោកត្រូវបានគូសសារជាថ្មី។ ពិភពលោកពេលនោះបានសេសសល់តែប្រទេសមហាអំណាចមួយគឺ សហរដ្ឋអាមេរិក ដែលជាហេតុបង្កលក្ខណៈឱ្យមហាអំណាចមួយរូបនេះមានអនុត្តរភាពលើសលប់។ ដើម្បីរក្សាអនុត្តរភាពក្នុងកាលៈទេសៈនៃការងើបឡើងរបស់ចិន អាមេរិកបន្ដប្រើប្រាស់ទ្រឹស្ដីស្ថិរភាពនៃអនុត្តរភាព ក្នុងន័យថា ”ដើម្បីធានាសណ្ដាប់ធ្នាប់អន្ដរជាតិ” អាមេរិកត្រូវតែបង្កើតតួនាទី ស្នាដៃ និងស្ថាប័នអន្ដរជាតិសម្រាប់គ្រប់គ្រងកិច្ចសហប្រតិបត្តិការអន្ដរជាតិ។ គោលគំនិតសណ្ដាប់ធ្នាប់សង្គមថ្មីនេះគឺជាគំនិតរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក George HW Bush មកពីគណបក្សសាធារណរដ្ឋ ដែលធ្វើឱ្យលោកឈ្នះឆ្នោតបានពីរអាណត្ដិ។ សម្រាប់លោក ដូណាល់ ត្រាំ ដែលជាប្រធានគណបក្សសាធារណរដ្ឋជំនាន់ថ្មីវិញ ក៏បានព្យាយាមប្រើប្រាស់គោលគំនិតនេះខ្លះដែរ ដែលយើងជាអ្នកតាមដានសង្គមអន្ដរជាតិមើលឃើញថារួមមាន៖

ការពារសិទ្ធិមនុស្សប្រឆាំងចិន៖ យោងតាមសារព័ត៌មាន The Guardian រដ្ឋការក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី០៩ ខែកក្កដា បានប្រកាសដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំចិនចំនួន ៣រូបពីបទបង្រ្កាប និងធ្វើទុក្ខបុកម្នេញលើជនជាតិ អ៊ុយហ្ក័រ អ្នកកាន់សាសនាអ៊ីស្លាម។ បន្ថែមពីនេះ លោក ដូណាល់ ត្រាំ ក៏បានចុះហត្ថលេខាលើច្បាប់មួយដាក់ទណ្ឌកម្មប្រឆាំងនឹងសកម្មភាពបង្ក្រាបនៅក្នុងដែនដីចិន និងបានចេញក្រឹត្យបិទបញ្ចប់លក្ខន្តិកៈពិសេសរបស់ហុងកុង ដែលសហរដ្ឋអាមេរិកតែងតែអនុគ្រោះកន្លងមក។

ជួយការពារនិងលើកស្ទួយតៃវ៉ាន់៖ សហរដ្ឋអាមេរិកនៅតែលាក់បាំងបំណងពិតរបស់ខ្លួន ដោយគោរពគោលការណ៍ចិនតែមួយ ប៉ុន្ដែបន្ដលក់អាវុធឱ្យតៃវ៉ាន់រាប់ពាន់លានដុល្លារ ក្រោមហេតុផលថាដើម្បីសេរីភាពនិងប្រជាធិបតេយ្យដែលជាសេចក្ដីប្រាថ្នារបស់ពលរដ្ឋតៃវ៉ាន់និងស្ថិរភាពតំបន់។ អាមេរិកក៏កំពុងពិភាក្សាច្បាប់ការពារតៃវ៉ាន់ពីការលុកលុយពីសំណាក់ចិនហើយអញ្ជើញឱ្យតៃវ៉ាន់ចូលសមយុទ្ធស្មើមុខស្មើមាត់នឹងប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ព្រមទាំងបានបញ្ជូនរដ្ឋមន្រ្ដីរបស់ខ្លួនទៅទស្សនកិច្ចផ្លូវការនៅតៃវ៉ាន់ទៀតផង។ គេមើលឃើញថាអាមេរិកកំពុងទប់ឥទ្ធិពលចិនតាមរយៈយកតៃវ៉ាន់ជាឈ្នាន់ហើយតៃវ៉ាន់ក៏ពេញចិត្តនឹងធ្វើជានុយតូចដែលសង្ឃឹមថានឹងអាចស្ទូចបានត្រីធំដើម្បីសម្រេចខ្លួនជារដ្ឋឯករាជ្យ ឬក៏បានចូលអង្គការអន្ដរជាតិ។

ការពារផលប្រយោជន៍អាស៊ាន៖ ក្នុងជម្លោះដ៏ក្ដៅគគុកនៅតំបន់សមុទ្រចិនខាងត្បូង អាមេរិកបានបង្ហាញជំហរនៅពីក្រោយប្រទេសអាស៊ានដែលរងគ្រោះដោយសារតែការវាតទីនិយមរបស់ចិន។ អាមេរិកបានចុះកិច្ចព្រមព្រៀងការពារទូកនេសាទវៀតណាម និងពង្រឹងសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន។ អ្នកតំណាងរាស្រ្ដសហរដ្ឋអាមេរិកប៉ុន្មានខែកន្លងទៅបានប្រជុំជាមួយអាស៊ានជំរុញឱ្យសមាគមនេះមានដំណោះស្រាយរួម និងបង្កើតឱ្យបានក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ ភាពតានតឹងសមុទ្រចិនខាងត្បូងនេះ គេមើលឃើញទៀតថា ថ្វីបើអាមេរិកជំរុញឱ្យប្រទេសជម្លោះដោះស្រាយគ្នាដោយយន្ដការច្បាប់អន្ដរជាតិ ប៉ុន្តែអាមេរិកបែរជាបញ្ជូនទ័ពដើម្បីជ្រោមជ្រែងប្រទេសអាស៊ានទាំងនោះ។ គួរឱ្យដឹងដែរថា លោក ត្រាំ ជាប្រធានាធិបតីទីមួយដែលជ្រើសរើសអាស៊ីជាទីតាំងយុទ្ធសាស្រ្ដឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងចំហ។

នៅពីក្រោយឥណ្ឌា៖ រដ្ឋមន្រ្ដីការបរទេសអាមេរិក ម៉ៃ ម៉ុមពីអូ (Mike Pompeo) បានប្រកាសក្រោយការប៉ះទង្គិចព្រំដែនចិន-ឥណ្ឌាដោយថាអាមេរិកគាំទ្រឥណ្ឌាប្រឆាំងចិន ហើយប្រទេសរបស់លោកក៏កំពុងពិភាក្សាលក់យន្ដហោះចម្បាំងស៊េរីទំនើបទៅឱ្យឥណ្ឌាផងដែរ។ គេមើលឃើញថា ជម្លោះព្រំដែនឥណ្ឌាចិនធ្វើឱ្យអាមេរិកបានស្គាល់ច្បាស់ពីឥណ្ឌា និងការការពារអាស៊ីខាងត្បូងទប់ទល់នឹងឥទ្ធិពលចិននៅម៉ាល់ឌីវ ស្រីលង្កា បង់ក្លាដេសជាដើម ជំនួសអាមេរិកបាន។

ទប់ទល់ស្ថានភាពនៅកូរ៉េខាងជើង៖ ដើម្បីទប់ទល់នឹងអំនួតអាវុធប្រល័យលោកជាង ៣០០ គ្រាប់របស់កូរ៉េខាងជើង លោក ត្រាំ បានបើកជំនួបចំនួន ៣ដង ជាមួយនឹងលោក គីម ជុងអុន។ ត្រាំធ្វើនេះដើម្បីដាក់គម្លាតគីមឱ្យចេញពីចិន សម្រួលស្ថានការណ៍ក្នុងប្រទេសនិងឧបទ្វីបកូរ៉េបានខ្លះដែរ ដូចជាឱ្យលោក គីម ជុងអ៊ុន យល់មុខត្រាំបញ្ឈប់ជាបន្ទាន់ការគំរាមកំហែងកូរ៉េខាងត្បូងតទៅទៀតក្រោយបំផ្ទុះអាគារយុទ្ធសន្ដិភាព និងផ្ដាច់ប្រព័ន្ធឃោសនាទំនាក់ទំនង និងសម្លាប់ទាហានកូរ៉េខាងត្បូង។ ភ្លាមៗនោះ យោងតាមសារព័ត៌មាន Financial Time លោក គីម ជុងអ៊ុន ក៏កោះប្រជុំបញ្ឈប់សកម្មភាពយោធាហើយក៏បានបញ្ជូនលិខិតសុំទោសទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង។

រំកិលទ័ពអាមេរិកក្របខ័ណ្ឌណាតូទៅទប់រុស្ស៊ី៖ សហរដ្ឋអាមេរិកនៅតែមើលឃើញនិងព្រួយបារម្ភពីការគំរាមកំហែងសន្ដិសុខអឺរ៉ុបពីសំណាក់ប្រទេសមហាអំណាចជើងចាស់យោធារុស្ស៊ីដដែល។ ទស្សនាទានរបស់អាមេរិកនេះក៏ទទួលបានការគាំទ្រពីប្រទេសមួយចំនួននៅណាតូដែរ ស្របពេលដែលឃើញចលនារបស់រុស្ស៊ីវិលពេញមជ្ឈឹមបូព៌ា ហើយកំពុងសង់មូលដ្ឋានទ័ពនៅអាហ្រ្វិក។ អាមេរិកសម្រេចដកទ័ពចំនួន ១២.៥០០ នាក់ពីអាល្លឺម៉ង់ដោយបញ្ជូនជិតពាក់កណ្ដាលទៅកាន់តំបន់បាល់ទិច។

សម្របសម្រួលអ៊ីស្រាអែលនិងពិភពអារ៉ាប់ឱ្យត្រូវរ៉ូវគ្នា៖ នៅថ្ងៃទី២៩ ខែកញ្ញា លោក ដូណាល់ ត្រាំ ដែលបានសម្របសម្រួលទំនាក់ទំនង អ៊ីស្រាអែល-បារ៉ែន និង អ៊ីស្រាអែល-អារ៉ាប់អ៊ីមីរ៉េត បានក្លាយជាសាក្សីលើកិច្ចព្រមព្រៀងប្រក្រតីភាវូបនីយកម្ម (The Bahrain–Israel normalization agreement) រវាងប្រទេសទាំងនេះ។ លោក ត្រាំ បានហៅកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែលនិងអារ៉ាប់រួមនេះជាកំណត់ហេតុប្រវត្តិសាស្រ្ដសម័យកាលដឹកនាំរបស់លោកជាប្រធានាធិបតីទី៤៥របស់អាមេរិក ព្រោះលោកបានធ្វើឱ្យអារ៉ាប់អ៊ីមីរ៉េតជាប្រទេសទីបីក្នុងពិភពអារ៉ាប់បន្ទាប់ពីអេហ្ស៊ីបនិងហ្សកដឺនីដែលធ្វើទំនាក់ទំនងការទូតជាមួយនឹងអតីតសត្រូវរបស់ខ្លួនក្នុង ”សង្គ្រាម៦ថ្ងៃ”។ មិនថាឡើយអ៊ីស្រាអែលដែលមានមោទនភាព សូម្បីតែប្រទេសមួយចំនួនភាគច្រើនមកពីអឺរ៉ុបរួមទាំងអង្គការសហប្រជាជាតិផងដែរ បានសរសើរសហរដ្ឋអាមេរិកក្រោមរដ្ឋការរបស់លោក ត្រាំ ដែលធ្វើឱ្យអ៊ីស្រាអែលនិងអារ៉ាប់រួមលែងក្លាយជាសត្រូវប្រវត្តិសាស្រ្ដនឹងគ្នា។ ប្រទេសទាំងនោះនិងអង្គការសហប្រជាជាតិបានចាត់ទុកអាមេរិកថាបានលើកកម្ពស់សន្ដិភាពស្ថិរភាពនៅតំបន់មជ្ឈឹមបូព៌ា ប៉ុន្ដែអ៊ីរ៉ង់និងប៉ាឡេស្ទីនបានថ្កោលទោសទង្វើរបស់អាមេរិកណាស់។

លុបបំបាត់អារិភាពអ៊ីរ៉ង់នៅមជ្ឈឹមបូព៌ា៖ បើកឆាកឆ្នាំ២០២០ភ្លាម អាមេរិកបង្កើតព្រឹត្តិការណ៍រញ្ជួយពិភពលោកដោយសម្លាប់មេទ័ពម្នាក់ឈ្មោះ កាសេម សូឡៃម៉ានី (Quassam Soleimani) ដែលអ៊ីរ៉ង់គោរពស្មើអ្នកមានគុណប្រទេសជាតិ។ ហេតុផលដែលធ្វើឱ្យអាមេរិកសម្លាប់មេទ័ពម្នាក់នោះគឺដោយសារលោកជាមុខសញ្ញាតាំងពីជំនាន់លោក អូបាម៉ា មកម្ល៉េះ ដែលជាមេខ្លោងភេរវកម្មនៅមជ្ឈឹមបូព៌ា។ ការណ៍នេះបានបង្កឱ្យអ៊ីរ៉ង់សងសឹកអាមេរិកដោយបាញ់ទម្លាក់យន្តហោះរបស់អ៊ីស្រាអែល ដែលការសងសឹកនេះបានបណ្តាលឱ្យមានការខូចខាតប្រយោជន៍របស់អ៊ីរ៉ង់ខ្លះដែរ ហើយអាមេរិកនៅតែប្រើទណ្ឌកម្មជាមធ្យោបាយរឹបអូសនាវា និងហ៊ុមព័ទ្ធជំនួញអាវុធអ៊ីរ៉ង់ ដើម្បីធ្វើឱ្យរបបលោក អាយ៉ាតូឡេស (Ayatollah Ali Khemanei) ធ្លាក់ក្នុងភ្លើងបាតុកម្មជាញឹកញាប់។

វេណេហ្សូអេឡានិងការបោះឆ្នោតនៅអាមេរិក៖ យោងតាម Latin American News Agency ឯកអគ្គរដ្ឋទូតនៃប្រទេសវេណេហ្សូអេឡា ប្រចាំអង្គការសហប្រជាជាតិ លោក Samuel Moncada បានប្រកាសប្រាប់ទៅពិភពលោកនៅថ្ងៃទី១៨ ខែសីហាថា ប្រទេសរបស់លោកអាចនឹងត្រូវបានសហរដ្ឋអាមេរិកដឹកនាំទ័ពពីប្រទេសកូឡុំប៊ី និងប្រទេសនៅអាមេរិកខាងត្បូងមួយចំនួនទៀតមកចូលលុកលុយមុនការបោះឆ្នោត។ យើងមើលឃើញថា ផែនការរបស់លោក ដូណាល់ ត្រាំ ចូលលុកលុយវេណេហ្សូអេឡាគឺមានហេតុផលពីរយ៉ាងធំៗគឺដើម្បីគ្រប់គ្រងធនធានប្រេងរបស់ប្រទេសនេះឱ្យបានមុនចិននិងរុស្ស៊ី និងហេតុផលទីពីរគឺទាញយកសន្លឹកឆ្នោតពលរដ្ឋអាមេរិក-បូលីវៀ នៅ Florida, Texas, New Jersey និង Georgia ដែលស្អប់មេដឹកនាំវេណេហ្សូអេឡាបច្ចុប្បន្ន។

គួរឱ្យដឹងថា កូនប្រុសរបស់ម្ចាស់គោលគំនិតសណ្ដាប់ធ្នាប់ពិភពលោកថ្មី លោកGeorge W.Bushក៏បានឈ្នះឆ្នោតពីរអាណត្តិជាប់គ្នា ព្រោះសមិទ្ធផលតាមប្រមាញ់ Sadam Hussain ធ្វើសង្គ្រាមលុកលុយចូលអ៊ីរ៉ាក់ ចំណេញនយោបាយនៅមជ្ឈឹមបូព៌ា បម្រើសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ ចុះ ដូណាល់ ត្រាំ ដែលព្យាយាមបង្កើតទស្សនីយភាពចម្រុះស្រដៀងប៊ូសដែរ តែរំខានដោយវិបត្តិសេដ្ឋកិច្ច និង សង្គម ព្រោះឥទ្ធិពលកូវីដ១៩ តើនឹងមានឱកាសជាប្រធានាធិបតីម្ដងទៀតឬទេ?

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា Chhoumpovnika Rin
គំនូរដោយ៖ កញ្ញា បូរ ដាលីន

ហេតុអ្វីបានជាអាមេរិកមានការព្រួយបារម្មណ៍ចំពោះរបកគំហើញនៃបច្ចេកវិទ្យា5Gរបស់ចិន?

ការវិវត្តន៍នៃប្រព័ន្ធអុីនធឺណែតនិងប្រព័ន្ធទូរគមនាគមន៍ដែលចាប់ផ្តើមតាំងពីចុងសតវត្សន៍ទី២០រហូតមកដល់សព្វថ្ងៃនេះគឺជាភាពជោគជ័យមួយខាងផ្នែកវិទ្យាសាស្រ្តដែលបានជួយសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកហើយបានផ្លាស់ប្តូរការរស់នៅរបស់មនុស្សឲ្យមកផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ងាយស្រួល និងឆាប់រហ័សជាមួយប្រព័ន្ធអុីនធឺណែត។

ជាក់ស្តែង ប្រព័ន្ធបច្ចេកវិទ្យានេះបានវិវត្តបាន៤ជំនាន់មកហើយ ដោយជំនាន់ទីមួយយើងបានស្គាល់វាថាជា ប្រព័ន្ធ 1G ដែលត្រូវបានរកឃើញដំបូងបំផុតដោយប្រទេសជប៉ុនដែលបានបង្កើតជាទូរស័ព្ទចល័ត។ រីឯបច្ចេកវិទ្យា2Gវិញ គឺត្រូវបានរកឃើញដោយប្រទេសហ្វាំងឡង់ដែលបច្ចេកវិទ្យានេះអាចឲ្យអ្នកប្រើប្រាស់វាបញ្ជូនសារជាអក្សរនិងសម្លេងបាន ហើយចំពោះ បច្ចេកវិទ្យា3Gដែលរកឃើញដោយជប៉ុនវិញ អាចឲ្យអ្នកប្រើប្រាស់ធ្វើការស្វែងរកទិន្នន័យផ្សេងៗបានពីគ្រប់ទីកន្លែង និងបច្ចេកវិទ្យា4Gចុងក្រោយដែលបានដាក់ឲ្យប្រើប្រាស់ដំបូងនៅប្រទេសស៊ុយអែត និង ណ័រវែស អាច ផ្តល់ព័ត៍មានពីទីតាំងពិតប្រាកដតាមរយៈប្រព័ន្ធGPSដែលសព្វថ្ងៃនេះគេប្រើសម្រាប់Uberជាដើម។

ចំពោះបច្ចុប្បន្ន នេះវិញ យើងឃើញថាចិនគឺកំពុងតែមានភាពឈានមុខគេនៅក្នុងការអភិវឌ្ឍន៍ ប្រព័ន្ធ5Gដែល ធ្វើឲ្យអាមេរិកនៅមិនសុខឡើយ ហើយជាពិសេសនៅក្រោមរបបគ្រប់គ្រងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អាមេរិកបាននិងកំពុងព្យាយាម បង្ហាញ ប្រាប់ ពិភពលោកថាប្រព័ន្ធ5Gរបស់ចិនគឺនឹងធ្វើឲ្យប៉ះពាល់ទៅដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់ និង អសន្តិសុខ ពិភពលោកក្រោមហេតុផលដូចជា៖

– បច្ចេកវិទ្យា5Gគឺជាបច្ចេកវិទ្យាសំខាន់និងទំនើបជាងគេដែលអាចជួយជម្រុញឲ្យវិស័យផលិតកម្មមានប្រសិទ្ធភាពជាងមុននៅថ្ងៃអនាគតនៅពេលដែលកម្លាំងពលកម្មមនុស្សត្រូវជំនួសដោយម៉ាសុីនស្វ័យប្រវត្តិ។ ហេតុនេះហើយ ដោយសារតែដំណើរការ បច្ចេកវិទ្យា5Gចុងក្រោយនេះមានភាពរហ័សជាងបច្ចេកវិទ្យាមុនៗ ហើយស្របពេលដែលពិភពលោកកំពុងតែ ឈានទៅរកការប្រើប្រាស់បច្ចេកវិទ្យាដែលបញ្ជាដោយគ្រឿងម៉ាសុីនផងនោះ ប្រព័ន្ធនេះនឹងត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយនៅលើសកលលោកសម្រាប់បញ្ជាទៅលើម៉ាសុីនគ្រឿងចក្រផ្សេងៗដើម្បីបង្កើនផលិតផល ការងារនិង ប្រសិទ្ធភាព ការងារ។ ហេតុដូច្នេះហើយ ពិតណាស់ដែលរោងចក្រសហគ្រាសផ្សេងៗនៅលើពីភពលោកនឹងត្រូវការវា ដើម្បីយក មក ប្រើ ប្រាស់ ជា ប្រយោជន៍រួម ទាំងសហគ្រិនអាមេរិកផងដែរ។ លើសពីនេះទៅទៀត វានឹងក្លាយ ទៅជាធនធាន យ៉ាងសំខាន់ សម្រាប់ ការ បង្កើត ទីក្រុង វ័យឆ្លាត (Smart City) ដែលអ្វីៗសុទ្ធតែភ្ជាប់និងបញ្ជាដោយប្រព័ន្ធអុីនធឺណែត។

– ដោយសារតែ5Gមានសារៈសំខាន់ដល់ការផ្លាស់ប្តូរការរស់នៅតាមបែបឌីជីថលបែបនេះហើយ ទើបសហរដ្ឋអាមេរិកដូចដែល លោកប្រធានាធិបតី ដូណាល់ ត្រាំ ជឿជាក់ថា ប្រសិនបើចិនមានភាពឈានមុខនៅក្នុងការ បង្កើត ទីផ្សារ 5G យ៉ាងទូលំទូលាយនោះ ចិននឹងអាចមានឱកាសនៅក្នុងការទាញយកនិងគ្រប់គ្រងទិន្នន័យផ្សេងៗរបស់អ្នកប្រើប្រាស់ ដែលមានរួមទាំងទិន្នន័យរបស់ប្រជាជនអាមេរិក ផងដែរ ដើម្បីជាប្រយោជន៍របស់ខ្លួនសម្រាប់អំពីចារកម្ម (Spy) ជាដើម។

– បន្ថែមលើនេះទៅទៀត បច្ចេកវិទ្យាទំនើបថ្មីនេះក៏ជាបច្ចេកវិទ្យាយ៉ាងសំខាន់មួយដែលមានអានុភាពសម្រាប់ប្រើប្រាស់នៅក្នុងប្រព័ន្ធយោធាផងដែរ ពីព្រោះថាការដែលអាចផ្តល់ទិន្នន័យ និងព័ត៌មានបានយ៉ាងរហ័សបែបនេះគឺអាចឲ្យដៃគូម្ខាងៗមានអានុភាពនៅក្នុងការធ្វើសង្រ្គាមដោយសារតែពួកគេអាចចាប់បានទីតាំងដែលត្រូវនឹងពេលវាលាពិតប្រាកដរបស់សត្រូវរបស់ខ្លួន។ ម៉្យាងវិញទៀត រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបង្ហាញពីការព្រួយបារម្មណ៍ផងដែរថា ប្រសិនបើសហរដ្ឋអាមេរិកធ្វើសង្រ្គាមជាមួយចិន នោះចិនអាចប្រើប្រាស់ប្រព័ន្ធ5Gរបស់គេដើម្បីទាញយកទិន្នន័យសម្ងាត់របស់អាមេរិក ហើយប្រសិនបើអាចឈានទៅដល់មានសង្គ្រាមនុយក្លេអ៊ែរវិញនោះ អាមេរិកអាចនឹងចាញ់ ប្រៀបចិនដោយចិនគ្រាន់តែប្រើប្រាស់ប្រព័ន្ធនេះដើម្បីកាត់ផ្តាច់ប្រព័ន្ធអគ្គិសនីនៃហេដ្ឋារចនាសម្ព័ន្ធអាមេរិកដែលអាចធ្វើឲ្យអាមេរិកចាញ់សង្គ្រាមជាមួយចិនដោយងាយ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនេះ ចិនក៏នឹងអាចបញ្ឈប់ដំណើរការនៃប្រព័ន្ធផ្កាយរណបរបស់អាមេរិកនៅក្នុងលំហអាកាសដែលកំពុងតែត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តការទំនាក់ទំនងផ្សេងៗមិនថាក្នុងជីវភាពរស់នៅនិងក្នុងសកម្មភាពយោធាផងដែរ។

ហេតុផលសំខាន់ៗដែលរួមមានអំពើចារកម្មរបស់ចិននិង អានុភាពរបស់ចិននៅក្នុងសកម្មភាពយោធានេះហើយ ដែលជាហេតុធ្វើឲ្យអាមេរិកនៅមិនសុខចំពោះភាពឈានមុខរបស់ចិននៅក្នុងការអភិវឌ្ឍប្រព័ន្ធ5Gនេះហើយព្យាយាម បញ្ចុះ បញ្ជូល ឲ្យ ពិភពលោកឃើញថាប្រព័ន្ធ5Gរបស់ចិនកំពុងតែដើរតួជាដើមចមនៃអសន្តិសុខពិភពលោកដែលអាមេរិកត្រូវទប់ស្កាត់។ បើគិតមកទល់ចុងឆ្នាំ២០១៩នេះ ដោយយោងទៅតាមរបាយការណ៍របស់ Bloomberg យើងឃើញថាប្រទេសមួយចំនួនរួមមាន ទាំងប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ ជប៉ុន និងតៃវ៉ាន់ បានឈរនៅខាងអាមេរិក ហើយបាន ហាម ឃាត់ ការ ផលិត និង ចរាចរណ៍ទូរស័ព្ទ Huawei របស់ចិនដែលប្រើបច្ចេកវិទ្យា5Gនេះស្របពេល ដែលប្រទេសសម្ព័ន្ឋ មិត្ត មួយ ចំនួន របស់ អាមេរិកនៅទ្វីបអុឺរ៉ុបដូចជាចក្រភពអង់គេ្លសជាដើមនៅតែមិនទាន់មានការហាមឃាត់ការ ផលិត និង ចរាចរណ៍ទូរស័ព្ទ Huawei នៅឡើយទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ក៏ហេតុផលនេះគ្រាន់តែជាជ្រុងមួយតែប៉ុណ្ណោះ ដែល យើង បាន លើក យក មក បង្ហាញ ដែល ជាក់ ស្តែងអាមេរិកក៏មានការព្រួយបារម្មណ៍ចំពោះការរីកកាន់តែខ្លាំងនៃសេដ្ឋកិច្ច របស់ចិនដែលបានមកពីការ ប្រើប្រាស់ប្រព័ន្ធ 5G នេះផងដែរ៕

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
គំនូរដោយ៖ លោក ហ៊ី សុជាតិ

បរិការណ៍បោះឆ្នោតនៅសហរដ្ឋអាមេរិក

រដ្ឋធម្មនុញ្ញអាមេរិកបានចែងថា ការបោះឆ្នោតប្រធានាធិបតីត្រូវតែប្រព្រឹត្តទៅនៅសប្ដាហ៍ទីមួយនៃថ្ងៃអង្គារខែវិច្ឆិកា រៀងរាល់គ្រប់អាណត្តិ ០៤ ឆ្នាំម្ដង។ ក៏ប៉ុន្តែជារឿងអកុសល ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុខនេះ គឺចំពេលប្រទេសមហាអំណាចមួយនេះកំពុងធ្លាក់ក្នុងវិបត្តិជំងឺកូវីដ១៩ ដែលតម្រូវឱ្យសហរដ្ឋអាមេរិករៀបចំការបោះឆ្នោតទ្រង់ទ្រាយធំតាមរយៈសំបុត្រប្រៃសណីយ៍។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិករកឃើញគូប្រជែងដ៏ស្វិតស្វាញ រវាងគណបក្សសាធារណរដ្ឋ និង គណបក្សប្រជាធិបតេយ្យ គឺ លោក ដូណាល់ ត្រាំ (Donald Trump) និង លោក ចូ បៃឌិន (Joe Biden)។ បើតាមការស្ទង់មតិមុនការបោះឆ្នោតក្រោមកិច្ចសហការរវាង Washington Post រួមជាមួយ ABC News និង សមាគមអាមេរិកសម្រាប់ការស្រាវជ្រាវមតិសាធារណៈដែលធ្វើឡើងជាមួយមនុស្ស ១.០០១ នាក់ បានរកឃើញថា លោក Joe Biden និងបេក្ខភាពអនុប្រធានាធិបតីជាស្រ្ដី អ្នកស្រី Kamala Harris បាននាំមុខ លោក ដូណាល់ ត្រាំ និង លោក Mike Pence ក្នុងសំឡេង ៥៣% ទល់នឹង ៤១%។ ទោះបីជាពលរដ្ឋអាមេរិកមិនទាន់បានឃើញស្នាដៃ លោក ចូ បៃឌិន ក៏ដោយ តែការស្ទាបស្ទង់មានប្រជាប្រិយភាពជាងនេះទំនងមកពីកត្តាពីរចម្បង។ កត្តាទីមួយគឺពលរដ្ឋចង់ងាកទៅរកការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យវិញ ដែលជះឥទ្ធិពលខ្លាំងបំផុតមកពីកត្តាទីពីរគឺគុណវិបត្តិរបស់ លោក ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋ។

ដូចនេះ តើបួនឆ្នាំក្នុងអំណាចរបស់ លោក ដូណាល់ ត្រាំ បានសាងគុណវិបត្តិដោយចេតនា និងអចេតនាអ្វីខ្លះ?

ដោយសារតែសហរដ្ឋអាមេរិកជាមហាអំណាចពិភពលោកផុតលេខ គុណវិបត្តិរបស់ប្រធានាធិបតីក៏គប្បីចែកចេញជាពីរទិដ្ឋភាពដែរ គឺទិដ្ឋភាពទូទៅក្នុងប្រទេស និងក្រៅប្រទេស។

គុណវិបត្តិក្នុងប្រទេស៖

១. ជញ្ជាំងខ័ណ្ឌចែកព្រំដែនអាមេរិកកាំង-មិចស៊ីកូ (Trump Wall)៖

ក្រោយឡើងកាន់អំណាចបានមួយឆ្នាំ ម្ចាស់ទ្រឹស្ដី “អាមេរិកកាំងដំបូងគេ” (America First) បានប្រកាសផែនការកសាងជញ្ជាំងខ័ណ្ឌចែកព្រំដែនអាមេរិកកាំង-មិចស៊ីកូ មានប្រវែង ៨០០ គីឡូម៉ែត្រ ក្នុងទឹកប្រាក់ជាង ១៨ ពាន់លានដុល្លារអាមេរិក ក្រោមគោលបំណងដោះស្រាយវិបត្តិអន្ដោប្រវេសន៍ និងលំហូរដ៏អាក្រក់នៃឧក្រិដ្ឋកម្មឆ្លងដែន ដូចជាគ្រឿងញៀនជាដើម។ បើតាមរបាយការណ៍របស់គេហទំព័រBorder Report បានអះអាងថា ជញ្ជាំងនោះសង់បាន ៧២៩ គីឡូម៉ែត្រ ទៅហើយ ក្រោមទឹកប្រាក់ចំនួន ៣.៦០០ លានដុល្លារអាមេរិក ដែលយកមកពីកញ្ចប់ថវិកាគម្រោងមូលនិធិយោធាអន្ដររដ្ឋរបស់មន្ទីរបញ្ចកោណ រីឯថវិកាចំណាយសេសសល់គឺ លោក ដូណាល់ ត្រាំ បានសច្ចាយកពីមិចស៊ីកូទាល់តែបានគឺតាមរយៈការកាត់ពន្ធនាំចូលទំនិញមកអាមេរិកដោយស្វ័យប្រវត្តិ។ ផ្ទុយទៅវិញ Washington Post បានបង្ហាញថា ពលរដ្ឋអាមេរិកជាច្រើនយល់ឃើញថា លោក ដូណាល់ ត្រាំ កំពុងតែ(១) ធ្វើឱ្យខាតបង់ថវិកាជាតិ (២) កិបកេងមូលនិធិអន្ដរជាតិ (៣) បំបែកបំបាក់ទំនាក់ទំនងអាមេរិក-មិចស៊ីកូ ដោយសារមិចស៊ីកូនឹងមិនព្រមចំណាយលុយសង់ជញ្ជាំងអឌ្ឍសិទ្ធិនិងឱ្យអាមេរិកាត់ពន្ធទទេៗទេ(៤) សង់ជញ្ជាំងព្រំដែនដើម្បីបំផ្លាញប្រជាធិបតេយ្យក្នុងតំបន់ មានចរិតដាច់ធម៌មេត្តាលើជនអន្ដោប្រវេសន៍។

២. រឿងអាស្រូវនយោបាយ និងការដកតំណែងប្រធានាធិបតីមុនអាណត្តិ (Trump Impeachment)៖

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ សភាបក្សប្រជាធិបតេយ្យបានសម្រេចចោទប្រកាន់លោក ដូណាល់ ត្រាំចំនួនពីរករណី។ យោងតាមសេចក្តីសម្រេចលេខ៧៥៥ មាត្រា១ដែលចោទ លោក ដូណាល់ ត្រាំ ទាក់ទិននឹងបទរំលោភអំណាចរដ្ឋ ក្រោមមូលហេតុ លោក ដូណាល់ ត្រាំ បានប្រើប្រាស់តំណែងប្រធានាធិបតីក្នុងការគាបសង្កត់ប្រធានាធិបតី អ៊ុយក្រែន ឱ្យស៊ើបអង្កេតក្រុមគ្រួសារលោក ចូ បៃឌិន ដើម្បីជាជំនួយទុកវាយលុកសម្រាប់ការបោះឆ្នោតឆ្នាំ២០២០។ ចំណែកមាត្រា២គឺករណីរារាំងដំណើរការស៊ើបអង្កេតរបស់សភា ដោយយោងតាមមូលហេតុថា លោក ដូណាល់ ត្រាំ បានបដិសេធមិនចូលខ្លួននិងរារាំងមិនឱ្យសាក្សីទៅបំភ្លឺនៅសភា។ ជាលទ្ធផល ដោយសារតែសំឡេងគណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភាមានភាពរឹងមាំបានធ្វើឱ្យបទចោទប្រកាន់ទាំងពីរករណីនេះត្រូវបានលុបចោលតាមការបោះឆ្នោតសម្រេចរបស់សមាជិកព្រឹទ្ធសភា។ ក្រោយពីរួចផុតពីគ្រោះនេះមិនបានមួយសប្ដាហ៍ផង លោក ដូណាល់ ត្រាំ សម្រេចដកតំណែងអ្នកតំណាងអាមេរិកនៅសហភាពអឺរ៉ុប គឺលោក Gordon Sondland និងសមាជិកក្រុមប្រឹក្សាសន្ដិសុខជាតិមួយនាក់ទៀតបន្ទាប់ពី លោក John Bolton គឺ លោកAlexander Vindman។ ការដកតំណែងនេះត្រូវបានគេមើលឃើញ លោក ដូណាល់ ត្រាំ ធ្វើឡើងដើម្បីសងសឹកពួកគេដែលរឹងទទឹងទៅបំភ្លឺសំណុំរឿងរបស់លោកនៅក្នុងសភា។ លើសពីរឿងអាស្រូវនយោបាយ សូម្បីតែក្នុងរង្វង់គ្រួសារក៏ លោក ដូណាល់ ត្រាំ មានរឿងអសោចដែរ។ ពាក់កណ្ដាលឆ្នាំ២០២០ ក្មួយស្រីរបស់ លោក ដូណាល់ ត្រាំ បានបោះពុម្ពសៀវភៅមួយដែលមានចំណងជើងថា “Too Much and Never Enough” ដែលបានរៀបរាប់និងឆ្លុះបញ្ចាំងអំពី លោក ដូណាល់ ត្រាំ ជាកំពូលមនុស្សក្រឡិចក្រឡុច លោភលន់ អត្មានិយមណាស់។ ក្នុងថ្ងៃដំបូងដែលដាក់លក់សៀវភៅនេះ មានអតិថិជនទិញដល់ជាង ១ លានក្បាល។ ក្រៅតែពីក្មួយស្រីហែកកេរ្ដិ៍ លោក ដូណាល់ ត្រាំ សូម្បីតែបងស្រីបង្កើតរបស់ លោក ដូណាល់ ត្រាំ ក៏ចាត់ទុកលោកជាមនុស្សគ្មានគុណធម៌ និងអសីលធម៌បំផុតដែរ។

៣. វិបត្តិកូវីដ១៩៖

កូវីដ១៩បានសម្លាប់ពលរអាមេរិកចំនួនប្រហែល ១៨៧.០០០ នាក់។ យោងតាមការសិក្សារបស់ Pewresearch ឥទ្ធិពលនៃកូវីដ១៩ដែលសម្លាប់ពលរដ្ឋអាមេរិក បានធ្វើឱ្យសេដ្ឋកិច្ចអាមេរិកដាំក្បាលយ៉ាងគំហុកនៅត្រីមាសទីពីររហូតដល់ទៅ ៣២,៩% ដែលកាលពីត្រីមាសទីមួយមានតែ ៥% ប៉ុណ្ណោះ ចំណែកចំនួនអត្រាអ្នកគ្មានការងារធ្វើចាប់ផ្តើមងើបឡើងវិញយ៉ាងឆាប់រហ័ស ។

៤. បាតុកម្ម Black lives matter៖

បុរសស្បែកសសង្កត់កបុរសស្បែកខ្មៅទាល់តែស្លាប់។ លើសពីអំពើល្មើសច្បាប់និងភាពឃោរឃៅ មជ្ឈដ្ឋានជាតិនិងអន្ដរជាតិបានយល់ឃើញថា វាជាការរើសអើងពូជសាសន៍ពណ៌សម្បុរដែលកើតមានក្នុងផ្នត់គំនិតរបស់ពួកស្បែកសជាយូរណាស់មកហើយ ទោះបីជាទាសភាពរលប់បានតែលើក្រដាសប៉ុណ្ណោះ។ យ៉ាងណាមិញ ប៉ូលីសស្បែកសទាំងបួនដែលរួមគំនិតគ្នាធ្វើទារុណកម្មលើបុរសស្បែកខ្មៅយ៉ាងសាធារណ៍ត្រូវបានថ្នាក់លើដកស័ក្ក ហើយរដ្ឋអាជ្ញាចោទប្រកាន់ពីបទមនុស្សឃាតនិងឃាតកម្មកម្រិតទី៣។ ដោយឡែក ពលរដ្ឋអាមេរិកយ៉ាងហោចណាស់ចំនួន ៧ រដ្ឋបានចេញមកតាមដងផ្លូវជួបប្រជុំគ្នា ដែលបង្កើតនូវភាពអនាធិបតេយ្យជាពីររូបភាព ពោលគឺ មួយជាបាតុកម្ម មួយទៀតជាកុប្បកម្មបែបឧក្រិដ្ឋកម្មដុតបំផ្លាញប៉ុស្ដិ៍ ប្លន់និងវាយកម្ទេចសម្ភារៈសាធារណៈនិងឯកជនដែលធ្វើឱ្យអាមេរិកចាត់វិធានការកណ្ដាប់ដៃដែកស្ដារស្ថានការណ៍ជាបន្ទាន់។

អាមេរិកធ្លាប់តែជាងបងធំលើឆាកអន្តរជាតិ ដែលប្រទេសទាំងពួងសឹងតែបិទភ្នែកដើរនយោបាយការបរទេសជាមួយគ្រប់ពេល។ វិបត្តិនយោបាយការបរទេសរបស់ លោក ដូណាល់ ត្រាំ ត្រូវបានមនុស្សជាច្រើនយល់ថាលោកកំពុងដុតបំផ្លាញអានុភាពដែលប្រធានាធិបតីមុនៗខិតខំកសាងរាប់ឆ្នាំ។ គុណវិបត្ដិរបស់ លោក ដូណាល់ ត្រាំ លើឆាកអន្តរជាតិក៏ជាកត្តាដែលអាចទាញទម្លាក់សន្លឹកឆ្នោតរបស់លោកមានដូចជា៖

១) ជាប្រវត្តិសាស្រ្ដ អាមេរិកចាញ់ការទូតអ៊ីរ៉ង់នៅអង្គការសហប្រជាជាតិ៖

កាលពីថ្ងៃ១៥ ខែសីហា ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានថ្លែងដោយមោទកភាពថា ៧០ឆ្នាំមកនេះ អ៊ីរ៉ង់ទើបទទួលបានយុត្តិធម៌និងជ័យជម្នះការទូតលើសហរដ្ឋអាមេរិក។ ជ័យជម្នះនេះគឺបានមកពីមហាអំណាចរុស្ស៊ីនិងចិនបានវេតូការបោះឆ្នោតលើសេចក្ដីសម្រេចរបស់អាមេរិកលើអ៊ីរ៉ង់ក្នុងការបន្ដដាក់ទណ្ឌកម្មហ៊ុមព័ទ្ធអាវុធទៀតនៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ (UNSC)។ ប៉ុន្ដែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺមានដល់ទៅ១១ប្រទេសជាសមាជិកអចិន្រ្ដៃយ៍ និងមិនអចិន្រ្ដៃយ៍នៃក្រុមប្រឹក្សាបានអនុប្បវាទសេចក្ដីសម្រេចនេះ ហើយអ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះត្រង់ថា ក្នុងចំណោមប្រទេសទាំង១១នោះ គឺមានអាឡឺម៉ង់ បារាំង និងអង់គ្លេស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយអាមេរិកបំផុតនៅអឺរ៉ុប។ ១០ថ្ងៃក្រោយមក អាមេរិកបានដាក់សំណើឱ្យមានការបោះឆ្នោតលើដំណោះស្រាយដដែលនោះឡើងវិញ (Snapping Back)។ ម្ដងនេះ មានប្រទេសដល់ទៅ១៣បានបោះឆ្នោតជំទាស់មុនអង្គប្រជុំដែលជាហេតុធ្វើឱ្យប្រធាន UNSC ទម្លាក់សំណើអាមេរិកចេញពីរបៀបវារៈប្រជុំតែម្ដង។

២)ទុកឱកាសឱ្យម៉ាឌូរ៉ូដឹកនាំប្រទេសទៀត៖

រដ្ឋការរបស់ លោក ដូណាល់ ត្រាំ បានប្ដេជ្ញាចិត្តថានឹងទម្លាក់ម៉ាឌូរ៉ូឱ្យបានក្នុងឆ្នាំ២០២០ដោយសាររដ្ឋាភិបាលរបស់លោកបានធ្វើទុក្ខបុកម្នេញក្រុមប្រឆាំងតាមរយៈការនិរទេស ការបញ្ជូនចូលពន្ធនាគារ ការរំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយធ្ងន់ធ្ងរ ការបណ្ដោយឱ្យពលរដ្ឋធ្លាក់ក្នុងភាពអត់ឃ្លានភៀសខ្លួនទៅនៅប្រទេសជិតខាងជាង៥លាននាក់ ។ ប៉ុន្ដែយប់កាន់តែយន់ សុបិន្តកាន់តែយូរ ជិតផុតឆ្នាំ២០២០ទៅហើយ ម៉ាឌូរ៉ូនៅតែមានឱកាសដឹកនាំប្រទេសបានទៀត។ ម៉ាឌូរ៉ូបានចំអកចំពោះបរាជ័យនៃការធ្វើរដ្ឋប្រហារពីសំណាក់ក្រុមប្រឆាំង ការលុកលុយពីប្រទេសកូឡុំប៊ី និងការចំណាយលួចលាក់របស់អាមេរិកតាមប្រមាញ់លោកក្នុងតម្លៃខ្លួន១៥លានដុល្លារ ព្រមទាំងបញ្ជូនទាហានស៊ីឈ្នួលមកធ្វើឃាតលោកទៀត តែគ្មានផែនការអាមេរិកណាមួយបានសម្រេចទេ។

៣) ធ្វើឱ្យអាមេរិកមិនចុះសម្រុងនឹង G7៖

នៅសុខៗ លោក ដូណាល់ ត្រាំ ស្រាប់តែមានផែនការបន្ថែមសមាជិកចូលកិច្ចប្រជុំ G7 ចំនួនបីទៀត។ ប្រទេសដែលលោកចង់ឱ្យចូលរួមនោះគឺ កូរ៉េខាងត្បូង ឥណ្ឌា និង រុស្ស៊ី។ ប៉ុន្ដែ សមាជិក G7 ធ្វើការជំទាស់ខ្លាំងណាស់។ ប្រទេសដែលលេចធ្លោជាងគេក្នុងការជំទាស់រុស្ស៊ីមិនអោយចូល G7 នោះគឺ អាល្លឺម៉ង់ បារាំង អង់គ្លេស និងកាណាដា។ ប្រទេសទាំងអស់នេះមិនឱ្យប្រទេសរុស្ស៊ីចូលព្រោះរុស្ស៊ីត្រូវបានបណ្ដេញចេញពី G7 រួចហើយក្នុងករណីលេបយកតំបន់គ្រីមៀ រីឯប្រទេសជប៉ុនវិញបានយកជម្លោះប្រវត្តិសាស្រ្ដនឹងកូរ៉េខាងត្បូងមកតតាំងមិនឱ្យប្រទេសនេះចូលរួមក្នុងក្រុម G7 ទេ។ មួយវិញទៀត សមាជិក G7 មួយរូបគឺអាល្លឺម៉ង់បានកំពុងមានការអាក់អន់ស្រពន់ចិត្តដែលអាមេរិកនិយាយចោទប្រកាន់ថាខ្លួនថាបានរិះថាំលុយមិនបង់ចូលណាតូឱ្យច្រើនៗ។ ករណីនេះបានបណ្ដាលអោយអាមេរិកសម្រេចចិត្តជាឯកត្តោភាគីបញ្ចប់វត្តមានយោធារបស់ខ្លួនជាងម៉ឺននាក់លើទឹកដីអាល្លឺម៉ង់ហើយរំកិលកងទ័ពទាំងនោះទៅដាក់នៅប៉ូឡូញ និងបញ្ជូនខ្លះមកសហរដ្ឋអាមេរិកវិញ។

៤) បណ្ដោយឱ្យតួកគីប្រមាថសព្វាវុធអាមេរិកបាន៖

រដ្ឋាភិបាលក្រុងអង់ការ៉ាបានមានផែនការទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ីតាំងពីជំនាន់លោកប្រធានាធិបតី អូបាម៉ា មកម្ល៉េះ។ ទើបតែមកដល់រដ្ឋការ លោក ដូណាល់ ត្រាំ ទេ តួកគីដែលជាសមាជិកគន្លឹះរបស់អង្គការមហាអំណាចយោធា NATO សម្រេចបានការបញ្ជាទិញសព្វាវុធដ៏ទំនើបមួយនេះ។ បន្ទាប់មក តួកគីក៏ព្រហើនយក S-400 នោះមកសមយុទ្ធដោយបាញ់យន្ដហោះចម្បាំង F-16 របស់អាមេរិកក្នុងគោលបំណងបង្ហាញអានុភាពសព្វាវុធរបស់រុស្ស៊ី។ ថ្មីៗនេះដែរ ប្រធានាធិបតីតួកគីប្រកាសថាខ្លួនមានបំណងទិញយន្ដហោះវាយលុក SU-37 និង SU-57 របស់រុស្ស៊ីជាច្រើនគ្រឿងបន្ថែមទៀត ខណៈរៀបចំដើរចេញពីកម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំងអាមេរិក F-35។

អ្វីដែលបានលើកឡើងខាងលើសុទ្ធតែពុំមែនជាគុណវិបត្តិស្រាលៗទេ ហើយក៏មានវិបត្តិជាច្រើនទៀតដូចជា បរាជ័យក្នុងការឱ្យកូរ៉េខាងជើងលះបង់កម្មវិធីនុយក្លេអ៊ែរ ការដកខ្លួនចេញពីអង្គការពិភពលោក និងសន្ធិសញ្ញានានាជាដើម ដែលពលរដ្ឋអាមេរិកអាចអហោសិកម្មឱ្យ លោក ដូណាល់ ត្រាំ បាននោះទេ។ យ៉ាងណាមិញ មិនខុសពីគ្រប់រូបធាតុមានប៉ូលបូកនិងប៉ូលដកទេ កើតមកមានជីវិតជាមនុស្សនេះ នរណាក៏មានគុណសម្បត្តិនិងគុណវិបត្តិដែរ។ មនុស្សទោះល្អ ឬអាក្រក់ នៅទីបំផុតក៏ត្រូវការយុត្តិធម៌ ហើយយុត្តិធម៌នេះទៀតសោត មិនអាចផ្ដេកផ្ដួលតែម្ខាងទេ គឺត្រូវយកថ្លឹងថ្លែងទាំងសងខាង ដូចថា បើយើងនិយាយពីគុណវិបត្តិ ក៏ចាំបាច់លើកឡើងពីគុណសម្បត្តិផងដែរ។

អ្នកប្រាជ្ញប្លាតុងផ្ដល់និយមន័យថា យុត្តិធម៌គឺជាតម្លៃខ្ពស់បំផុតសម្រាប់ធ្វើឱ្យបុរីស្ថិតនៅក្នុងភាពមានលំនឹងនិងសណ្តាប់ធ្នាប់។ យ៉ាងដូចនេះហើយ ភាគក្រោយគឺយើងបន្ដស្វែងរកយុត្តិធម៌ម្ខាងទៀតស្ដីពីគុណសម្បត្តិរបស់ លោក ដូណាល់ ត្រាំ ថាតើបួនឆ្នាំមកនេះ មេដឹកនាំប្រទេសមហាអំណាចលំដាប់កំពូលក្នុងលោកមួយរូបនេះបានកសាងអ្វីខ្លះជាតម្លៃនៃលំនឹងនិងសណ្ដាប់ធ្នាប់សង្គមអាមេរិក ឬពិភពលោក៕

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា Chhoumpovnika Rin
គំនូរដោយ៖ កញ្ញា បូរ ដាលីន

ចលនាប្រជាធិបតេយ្យរបស់យុវជនក្នុងប្រទេសថៃ

បើសិនជាយើងរាប់គិតចាប់តាំងពីរដ្ឋប្រហារក្នុងឆ្នាំ១៩៣២មកឆ្នាំ២០១៤ រដ្ឋប្រហារដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូរចា គឺជារដ្ឋប្រហារលើកទី១៩ក្នុងរយៈពេល៨២ឆ្នាំ។ នារយៈពេលជាងមួយសត្សវត្សន៍នេះ បាតុកម្មនៅប្រទេសថៃគឺជាកង្វល់របស់ថ្នាក់ដឹកនាំថៃសឹងតែគ្រប់ជំនាន់។ បច្ចុប្បន្ន បាតុកម្មដែលកំពុងតែកើតឡើងក្នុងប្រទេសថៃគឺជាបាតុកម្មដ៏ធំមួយដែលកើតឡើងចំពេលដែលពិភពលោកក៏ដូចជាប្រទេសថៃទាំងមូលកំពុងជួបប្រទះនូវវិបត្តិកូវីដ១៩ ដែលមានក្រុមបាតុករចំនួនប្រមាណ ៤០ ក្រុមដែលមកពីតំបន់ផ្សេងៗ និងភាគច្រើនជាយុវជន សិស្សនិសិត្សគាំទ្រលទ្ធិប្រជាធិបតេយ្យ។ គួរបញ្ជាក់ផងដែរថា ក្រុមបាតុករបានទាមទារនូវ ១០ ចំណុចធំៗ ដែលក្នុងនោះភាគច្រើនគឺផ្តោតទៅលើការទាមទារឱ្យរំលាយរដ្ឋសភា បញ្ឈប់ការយាយីនិងរំលោភបំពានលើសកម្មជនសិទ្ធិមនុស្ស និងចុងក្រោយគឺការធ្វើកំណែទម្រង់លើរបបរាជានិយមថៃ។

នាពេលថ្មីៗនេះ កាលពីថ្ងៃ១៨ ខែកក្កដា មនុស្សប្រមាណ ៤.០០០ នាក់ ដែលភាគច្រើនជាយុវជន សិស្សនិស្សិតបានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ (និម្មិត្តរូបនៃបដិវត្តឆ្នាំ១៩៣២) នៅក្នុងទីក្រុងបាងកក។ ប៉ុន្តែអ្វីដែលយើងត្រូវចាប់អារម្មណ៍នោះគឺថា ក្រុមបាតុករភាគច្រើនស្លៀកពាក់ពណ៌ខ្មៅដែលធ្វើឱ្យគេនឹកឃើញដល់រដ្ឋប្រហារឆ្នាំ១៩៣២ ដែលជារដ្ឋប្រហារផ្លាស់ប្តូរបបរាជានិយមផ្តាច់ការមានអាយុកាលប្រមាណ ៧០០ ឆ្នាំ ទៅជាប្រទេសប្រជាធិបតេយ្យវិញ។ ក្រៅពីនេះ ក្រុមបាតុករក៏បាននាំគ្នាលើកម្រាមដៃ ៣ ដូចក្នុងរឿង The Hunger Game របស់ Suzanne Collins ដែលតំណាងឱ្យសេរីភាព ស្មើភាព និងភាតរភាព។

ក្រុមបាតុករបានលើកឡើងថា ព្រះចៅ មហាវជិរ៉ាឡុងកន កំពុងតែដើរថយក្រោយវិញមករករបបរាជានិយមផ្តាច់ការ។ ត្រង់ចំណុចនេះវាហាក់ដូចជាប្លែក និងខុសស្រឡះពីបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលរាល់ដង ត្បិតថានៅថៃមានការគោរពចំពោះព្រះមហាក្សត្រខ្លាំងបំផុតនិងពិសេសការរិះគន់ដែលប៉ះពាល់ដល់រាជានិយមនៅថៃនឹងត្រូវប្រឈមចំពោះមុខច្បាប់។ ប៉ុន្តែគេគួរចាប់អារម្មណ៍ដែរថា រាប់ចាប់ពីពេលដែលព្រះចៅ មហាវជិរ៉ាឡុងកន បានឡើងគ្រងរាជ្យជំនួសព្រះចៅ ភូមិពលអតុល្យតេជ ទ្រង់ហាក់កំពុងព្យាយាមពង្រឹងអំណាចខ្លួនយ៉ាងខ្លាំង។ ទ្រង់បានរុះរើសមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រដោយសមាជិកចាស់មួយចំនួនត្រូវដកចេញ និងជំនួសមកវិញនូវមនុស្សដែលជំនិតនឹងទ្រង់ ហើយទ្រង់ក៏បានដកចេញសម្តេចចៅហ្វាវាំងដែលសល់ពីព្រះបិតារបស់ទ្រង់ផងដែរ។ ក្រៅពីនេះ ទ្រង់ក៏បានដកទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រដែលគ្រប់គ្រងដោយក្រសួងហិរញ្ញវត្ថុមកគ្រប់គ្រងដោយខ្លួនឯងផ្ទាល់ និងពិសេសជាងនេះទៅទៀតនោះគឺបញ្ជាការដ្ឋានកងអង្គរក្សព្រះមហាក្សត្រត្រូវបានគ្រប់គ្រងដោយព្រះមហាក្សត្រិយ៍សុធីតាដែលជាអគ្គមហេសីផ្លូវការរបស់ទ្រង់។ យ៉ាងណាក៏ដោយ គេក៏ឃើញមានបាតុករការពាររាជានិយម បាននាំគ្នាចេញធ្វើបាតុកម្មដែរ ប៉ុន្តែពួកគេមានគ្នាមិនច្រើននោះទេ ពោលមានប្រមាណតែ ៦០ នាក់ប៉ុណ្ណោះ។

ក្រុមបាតុករក៏បានទាមទារឱ្យមានការដកចេញនូវរាជរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា ដែលគេហៅថា ”ខ្លាថៃ” និងជាមេដឹកនាំរបបសឹកដែលទើបតែជាប់ឆ្នោតយ៉ាងចម្រូងចម្រាស់កាលពីឆ្នាំ២០១៩ ដែលកាលនោះមានគណបក្សចំនួន៣មានភាពលេចធ្លោខ្លាំងគឺ គណបក្សផាឡាំង ប្រឆារ៉ាត របស់លោក ប្រាយុទ្ធ ចាន់អូចា គណបក្សភឿថៃ (Pheu Thai) និងគណបក្សអណាខុតម៉ៃ (Future Forward) របស់លោក Thanathorn Juangroongruangkit។

គណបក្សអណាខុតម៉ៃនេះទើបតែបង្កើតឡើងនៅឆ្នាំ២០១៨ ប៉ុន្តែបានក្លាយជាគណបក្សមានប្រជាប្រិយភាពលេខ៣នៅក្នុងការបោះឆ្នោតឆ្នាំ២០១៩ដោយទទួលបាន ៨០ កៅអី។ យោងតាមសារពត៌មាន CNN គណបក្សនេះត្រូវបានរងការចោទប្រកាន់លើសពី ២០ ករណី ហើយនៅឆ្នាំ២០២០ តុលាការសម្រេចរំលាយគណបក្សនេះក្រោមការចោទប្រកាន់លើការប្រើប្រាស់ហិរញ្ញវត្ថុហួសដែនកំណត់ក្នុងអំឡុងពេលបោះឆ្នោត និងសម្រេចហាមមិនឱ្យលោកធ្វើនយោបាយចំនួន ១០ ឆ្នាំ។ សេចក្តីសម្រេចរបស់តុលាការនេះបានបញ្ឆេះឱ្យមានបាតុកម្មដំបូងកើតឡើងនៅក្នុងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែដោយសារការរាតត្បាតនៃកូវីដ១៩ ទើបក្រុមបាតុករនានាត្រូវបានផ្អាកជាបណ្តោះអាសន្ននៅពេលជំងឺកូវីដ១៩បានធ្វើឱ្យប្រទេសថៃបិទសកម្មភាពសង្គម រួមទាំងការហាមប្រាមលើការប្រមូលផ្តុំជាសាធារណៈផងដែរ។

ដូចនេះ តើបាតុកម្មនេះអាចជារងើកភ្លើងតូចដែលអាចបង្កឱ្យមានជាវិបត្តិសង្គមធំៗ ដូចជា បាតុកម្មឆ្នាំ១៩៧៣ បាតុកម្មឆ្នាំ១៩៧៦ រដ្ឋប្រហារឆ្នាំ២០០៦ (ក្រុមអាវលឿង និងអាវក្រហម) ជាដើម ឱ្យឆេះរោលរាលម្ដងទៀតដែរឬទេ? ខណៈដែលថៃកំពុងតែមានបាតុករពីរក្រុមដែលមានគំនិតខ្វែងគ្នា និងជាពិសេសនៅពេលដែលអាជ្ញាធរថៃបានចាប់ផ្តើមប្រើនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងយុវជនយ៉ាងហោចណាស់ចំនួន ២៥ នាក់ដែលបានពាក់ព័ន្ធនៅក្នុងបាតុកម្ម ចាប់តាំងពីមានអនុក្រឹត្យដាក់ប្រទេសឱ្យស្ថិតក្នុងភាពអាសន្នមក។ ក្រៅពីនេះ ក្រុមបាតុករក៏បានបន្តទម្លាក់បន្ទុកយ៉ាងខ្លាំងមកលើរាជរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា ដែលធ្វើឱ្យមានសម្ពាធសេដ្ឋកិច្ច យុវជនជាច្រើនគ្មានការងារ ។ មួយវិញទៀត ក្រុមហ៊ុនបណ្តាញសង្គមFacebook មានបំណងចង់ប្ដឹងរាជរដ្ឋាភិបាលបាលថៃលើការពិនិត្យចាប់ពិរុទ្ធ និងការបង្ខំឱ្យក្រុមហ៊ុនបិទគណនីបណ្តាញសង្គមរបស់សកម្មជនលទ្ធិប្រជាធិបតេយ្យ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ភោគ លាងហេង
គំនូរដោយ៖ លោក ហ៊ី សុជាតិ

ភាពរកាំរកូសរវាងប្រជាជនហុងកុង និង រដ្ឋាភិបាលចិននៅឆ្នាំ២០៤៧ទៅលើបញ្ហាសិទ្ធិមនុស្ស និងសេរីភាព

ចំពោះការវិភាគទៅលើករណីហុងកុង យើងឃើញមានមតិផ្សេងៗគ្នាចំនួន២ដែលទស្សន៍ទាយអំពីជោគវាសនារបស់ហុងកុងបន្ទាប់ពីកិច្ចព្រមព្រៀងរវាងចិននិងអង់គ្លេសក្នុងការដាក់ហុងកុងជាតំបន់រដ្ឋបាលពិសេសត្រូវបានបញ្ចប់នៅឆ្នាំ២០៤៧។​ ចំពោះមតិខ្លះទៀតដូចជាមតិរបស់លោក Benny Tai លោកបានយល់ថា ចិនអាចនឹងឱ្យហុងកុងមានឱកាសក្នុងការបន្តនូវរបៀបរបបនយោបាយដូចមុនដដែលទោះបីជាហុងកុងត្រូវបានប្រគល់ទៅឱ្យចិនវិញយ៉ាងពេញលេញ។​ ប៉ុន្តែ​​​​ចំពោះអ្នកវិភាគដូចជាលោក Kenneth Chan និង​លោក Robert Morris​ ពួកគេមានគំនិតយល់ស្របគ្នាថា​ កិច្ចព្រមព្រៀងអំពីហុងកុងនេះគឺជាកិច្ចព្រមព្រៀងដែលមានអាយុកាលតែ៥០ឆ្នាំតែប៉ុណ្ណោះ ហេតុដូចនេះហើយបន្ទាប់ពីកិច្ចសន្យានេះត្រូវបានបញ្ចប់ នោះច្បាស់ណាស់ថាចិននឹងប្រាកដជាគ្មានហេតុផលអ្វីត្រូវទុកឱ្យហុងកុងបន្តស្ថិតនៅជាតំបន់រដ្ឋបាលពិសេសនៅក្រោមគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»​ ទៀតទេ ហើយហុងកុងនឹងមកស្ថិតក្រោមការដឹកនាំតាមបែបនយោបាយកុម្មុយនីសផ្តាច់ការបែបទីផ្សារសេរី។​

ប្រសិនបើយើងលើកយកមតិដែលថាចិននឹងគ្រប់គ្រងហុងកុងតាមបែបផែនរបស់ចិនដីគោក​មកពិភាក្សាយើងនឹងអាចធ្វើការសន្និដ្ឋានថាបើសិនជាចិនគ្រប់គ្រងហុងកុងឲ្យកាន់តាមរបបកុម្មុយនីស្ត​ទាំងស្រុង ហើយមានការរឹតត្បឹតសេរីភាពនយោបាយ នោះប្រជាជនហុងកុងអាចនឹងមិនព្រមទទួលយករបបកុម្មុយនីស្តចិននេះទេ ហើយវាក៏អាចធ្វើឲ្យមានការប្រឆាំងតបទៅរដ្ឋាភិបាលចិនវិញផងដែរបើទោះកិច្ចព្រមព្រៀងទៅលើបញ្ហាហុងកុងត្រូវបានបញ្ចប់​។​ការសន្និដ្ធានបែបនេះគឺផ្អែកទៅតាមការវិភាគទៅលើហេតុផលមួយចំនួនដែលអាចឲ្យយើងហ៊ានសន្និដ្ឋានថាប្រជាជនហុងកុងមានទំនោរទៅរកការទាមទារឲ្យមានការផ្តល់សេរីភាពនិងការគោរពសិទ្ធិមនុស្ស​ ជាជាងការទទួលយករបបកុម្មុយនីស្តចិនទាំងស្រុងដោយងាយៗបើទោះបីជាពួកគេទទួលស្គាល់ថាពួកគេត្រូវត្រលប់ទៅនៅក្រោមការត្រួតត្រារបស់ចិនក៏ដោយ។

ចំពោះហេតុផលទីមួយ​គឺ យើងអាចមើលឃើញថាប្រជាជនហុងកុងបានផ្តាច់ខ្លួនពីវប្បធម៌នយោបាយ​និង​របៀបរបបរស់នៅពីប្រជាជនចិនដីគោកតាំងពីយូរយារណាស់មកហើយ។​ បើទោះបីជាកិច្ចព្រមព្រៀងរវាងចិន​និង​អង់គ្លេសនៅក្នុងការដាក់ហុងកុងជា​តំបន់រដ្ឋបាលពិសេសមានត្រឹមតែរយៈពេល៥០ឆ្នាំក៏ដោយកាលពីឆ្នាំ១៩៩៧ ប្រជាជនហុងកុងបានរស់នៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេសតាំងតែពីឆ្នាំ១៨៤២​បន្ទាប់ពីចិនបានចាញ់សង្រ្គាមអាភៀនទី១ជាមួយប្រទេសអង់គ្លេស។​​ ដូច្នេះ បើគិតមកទល់ឆ្នាំ១៩៩៧ អង់គ្លេសបានគ្រប់គ្រងហុងកុងអស់រយៈពេល១៥៥ឆ្នាំទៅហើយ ​ដែលរយៈពេលនេះគឺបានផ្លាស់ប្តូររបៀបរបបរស់នៅនិងផ្នត់គំនិតរបស់ប្រជាជនហុងកុងឱ្យខុសដាច់ឆ្ងាយពីប្រជាជនចិនដែលរស់នៅតាមរបបនយោបាយផ្តាច់ការទៅហើយ។​​ នៅក្នុងអត្ថបទស្រាវជ្រាវជាភាសាអង់គ្លេសមួយរបស់លោក Ming K. Chan អំពីកេរដំណែលនៃការគ្រប់គ្រងរបស់អង់គ្លេសមកលើហុងកុង លោកបានសរសេរថា ​«ប្រទេសអង់គ្លេសសាកសមនឹងទទួលបានកិត្តិយសទៅលើស្នាដៃរបស់គេនៅក្នុងការគ្រប់គ្រងហុងកុង ព្រោះពួកគេធ្វើឱ្យពិភពលោកស្គាល់ហុងកុងថាជាសង្គមមួយដែលសេរី និងមានកិត្យានុភាពខាងផ្នែកសេដ្ឋកិច្ចផងដែរ»​។​ នេះគឺជាទឡ្ហីករណ៍មួយដែលអាចសរបញ្ជាក់ថា ប្រជាជនហុងកុងបានរស់នៅក្នុងបរិបទនយោបាយដែលទទួលឥទ្ធិពលពីខាងលោកសេរីបាត់ទៅហើយ។​ ហេតុដូច្នេះហើយយើងអាចយល់បានថា នៅពេលដែលតម្រូវឱ្យមានការផ្លាស់ប្តូរពី​​សង្គមបែបផែនសេរីទៅសង្គមកុម្មុយនីសវិញ យើងអាចនឹងឃើញមានភាពរកាំរកូសរវាងប្រជាជនហុងកុង​ និងរដ្ឋាភិបាលចិនកើតមានឡើង​ដោយសារតែប្រជាជនហុងកុងបានឱបក្រសោបគំនិតនយោបាយសេរីជាយូរយារណាស់មកហើយ និងពួកគេមិនចង់បាត់បង់សិទ្ធិសេរីភាពដែលពួកគេធ្លាប់តែមាននោះទេ។​

មួយវិញទៀត បើសិនជាយើងសង្កេតមើលទៅលើតួលេខនៃចំនួនសិស្ស​​និងនិស្សិតហុងកុងដែលបានទៅសិក្សានៅបរទេស យើងឃើញថាជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៨១​ រហូតដល់ឆ្នាំ ១៩៩៣​ គឺមានសិស្សនិងនិស្សិតចំនួនមិនក្រោម ៩.០០០ នាក់ទេក្នុងមួយឆ្នាំៗដែលបានចេញទៅសិក្សានៅបរទេស។​ ជាក់សែ្តងបើតាមទិន្នន័យរបស់ UNESCO​ នៅឆ្នាំ២០១៩ សិស្ស​និងនិស្សិតហុងកុងចំនួន​ ៣៦.០០០ ​នាក់កំពុងតែសិក្សារៀនសូត្រនៅប្រទេសលោកសេរីដែលរួមមាន ចក្រភពអង់គ្លេស​​ សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី​​ និង​ប្រទេសកាណាដាជាដើម។​ ការសិក្សានៅប្រទេសលោកសេរីនេះគឺអាចបង្កប់ឱ្យសិស្សទាំងនោះមានគំនិតដក់ជាប់នឹងការឱ្យតម្លៃទៅលើសេរីភាពបុគ្គល​ និងការគោរពសិទ្ធិមនុស្ស។​ ក្នុងបញ្ហានេះដែរបើទោះបីជាយើងមិនអាចសន្និដ្ឋានបានយ៉ាងពិតប្រាកដថាពួកគេអាចនឹងមានគំនិតឱបក្រសោបលទ្ធិប្រជាធិបតេយ្យដោយគ្រាន់តែទៅសិក្សារៀនសូត្រនៅប្រទេសសេរីក៏ដោយ​ យើងក៏អាចមើលឃើញបានថាបើយោងទៅតាមប្រវត្តិរបស់ហុងកុង ប្រជាជននៅ​ទីនោះបានទទួលបានសិទ្ធិសេរីភាព និង​ការគោរពសិទ្ធិមនុស្សដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង​រវាងចិននិងអង់គ្លេសបានយ៉ាងទូលំទូលាយរួចស្រេចទៅហើយ រីឯការទៅសិក្សារៀនសូត្រនៅប្រទេស​សេរីនោះយ៉ាងហោចណាស់ក៏អាចឱ្យពួកគេបានជ្រាបនូវផ្នត់គំនិតបែបសេរីនោះបន្ថែមទៀតផងដែរ។​​

កត្តាវប្បធម៌លទ្ធិប្រជាធិបតេយ្យលើសពី១០០ឆ្នាំ និងផ្នត់គំនិតដែលទទួលបានពីសង្គមសេរីនានា​តែងជំរុញឱ្យពួកគេចេះចោទជាសំនួរនិងធ្វើការតវ៉ានៅពេលដែលមានរឿងអយុត្តិធម៌ណាមួយកើត​ឡើង​នៅក្នុងសង្គមរបស់ពួកគេ ហើយពួកគេនឹងមានភាព​មិនសុខចិត្តនៅពេលដែលសិទ្ធិសេរីភាពរបស់ពួកគេត្រូវបានកៀបសង្កត់និងរឹតត្បិតនៅពេលដែលគេបញ្ចេញមតិទៅលើរដ្ឋាភិបាលចិនដែលអាចបង្ករឱ្យមានការតវ៉ានិងរើបង្រះដើម្បីទទួលបានសិទ្ធិសេរីភាពពេញលេញមកវិញ។​​ យើងនៅតែអាចសនិ្នដ្ឋានបានភាពរកាំរកូសរវាងរដ្ឋាភិបាលចិននិងប្រជាជនហុងកុងអាចនៅតែជាបញ្ហាប្រឈមមួយសម្រាប់ចិននៅក្នុងអំឡុងពេលផ្លាស់ប្តូរ (transition period) បើទោះបីជាចិនអាចប្រើអំណាចរបស់ខ្លួនក្នុងការកៀបសង្កត់លើប្រជាជនហុងកុងក៏ដោយ ពីព្រោះប្រជាជនហុងកុងនៅតែមានទំនោរទៅរកការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិតេយ្យ។​

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
គំនូរដោយ៖ លោក ហ៊ី សុជាតិ

សង្គ្រាមត្រជាក់ថ្មី អាមេរិក-ចិន

មានរឿងមួយដែលគួរតែរំលឹកទាក់ទងនឹងទំនាក់ទំនងការទូតរវាងមហាអំណាចជើងចាស់អាមេរិក  និង មហាអំណាចជើងថ្មីចិនគឺកាលពីឆ្នាំ ១៩៥៤ ស្រាប់តែលោក ចន ហ្វូស្ទ័រ ឌូលស៍ (John Foster Dulles) រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកមិនព្រមចាប់ដៃជាមួយ និងលោក ជូ អេន ឡាយ (Zhou Enlai) នាយករដ្ឋមន្ត្រីនៃប្រទេសចិននៅសម័យនោះ។ នេះជាឧប្បត្តិហេតុការទូតមួយស្តែងឱ្យឃើញថា  អាមេរិកនាពេលនោះ​មើលងាយខ្លាំងណាស់ចំពោះប្រទេសនៅអាស៊ីជាពិសេសប្រទេសចិនព្រោះកាលនោះចិនជាប្រទេសទន់ខ្សោយនិងក្រីក្រ។ ៦០ឆ្នាំក្រោយមក អ្វីៗគ្រប់យ៉ាងបានប្រែប្រួលស្ទើរតែទាំងស្រុង ជាពិសេសប្រទេសចិននៅក្នុងក្រសែភ្នែកអាមេរិកក៏ព្រោះតែសន្ទុះសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ចិនក្នុងរយៈពេលចុងក្រោយនេះ។ ពេលនោះហើយដែលអាមេរិកចាប់ផ្តើមបង្កើតការប្រុងប្រយ័ត្នចំពោះយក្សអាស៊ីមួយនេះដែលយើងបានដឹងតាមរយៈសង្គ្រាមពាណិជ្ជកម្មជាដើម។

មកដល់ពេលបច្ចុប្បន្ននេះ ពិភពលោកហាក់កំពុងធុំក្លិនចំហាយសង្គ្រាមត្រជាក់ថ្មីមួយរវាងមហាអំណាចពិភពទាំងពីរ តាមរយៈភាពតានតឹងរាប់ចាប់តាំងពីសង្គ្រាមពាណិជ្ជកម្ម រហូតដល់វិបត្តិកូវីដ១៩ សមុទ្រចិនខាងត្បូង និងវិបត្តិការទូតជាដើម។

នៅក្នុងវិបត្តិកូវីដ ១៩ ចិននិងអាមេរិកមានសង្គ្រាមពាក្យសំដី លើប្រធានបទដូចជា ទីកន្លែងកំណើតនៃមេរោគកូវីដ១៩ អ្នកទទួលខុសត្រូវលើវិបត្តិនេះ និងវិធានការក្នុងការទប់ស្កាត់វិបត្តិកូវីដ១៩ ជាដើម។ អាមេរិកបានចោទប្រកាន់ចិនថាជាអ្នកចាប់ផ្តើមវិបត្តិនេះ ដែលហេតុធ្វើឱ្យប្រធានាធិបតី ដូណាល់ត្រាំ បានហៅជំងឺកូវីដ១៩នេះថា “មេរោគចិន ឬ មេរោគវូហាន” ប៉ុន្តែចិនវិញបានបដិសេធថាទីក្រុងវូហានរបស់ខ្លួនមិនមែនជាប្រភពដើមនៃជំងឺផ្លូវដង្ហើមថ្មីឡើយ។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក ហ្ស៊ែវ លីជៀន កាលពីថ្ងៃទី១២ ខែមីនា បាននិយាយថា មូលហេតុដែលមេរោគកូវីដ១៩នេះផ្ទុះឡើងនៅទីក្រុងវូហាន អាចមកពីការឆ្លងមុនគេពីទាហានអាមេរិកាលពីពាក់កណ្តាលខែតុលាដែលមកស្នាក់នៅទីក្រុងវូហានដើម្បីប្រកួតកម្មវិធី Military World Games។ ក្រោយមកក្នុងថ្ងៃទី២៤ ខែឧសភា រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី បានព្រមានថា ការចោទប្រកាន់ពីសំណាក់អាមេរិកមកលើចិនគឺជាហេតុដែលអាចនឹងបង្កអោយមានសង្គ្រាមត្រជាក់ថ្មីរវាងប្រទេសទាំងពីរ ហើយលោកក៏បានហៅការចោទប្រកាន់នេះថាជាមេរោគនយោបាយ។ គួររំលឹកដែរថា លោក ដូណាល់ត្រាំ បានបន្តចោតប្រកាន់ប្រទេសចិនថាបានលាក់លៀមព័ត៌មាននិងស្ថានភាពរបស់ជំងឺកូវីដ១៩ ទើបបង្កអោយស្ថានការណ៍កាន់តែធ្ងន់ធ្ងរបែបនេះ។ ទន្ទឹមនឹងនេះ អាមេរិកបានអាក់អន់ស្រពន់ចិត្ត និងបានដើរចេញពីអង្គការសុខភាពពិភពលោក ដោយអាមេរិកបានចោទប្រកាន់អង្គការនេះថាចេះតែកាន់ជើងចិន និងត្រូវបានដឹកមុខដោយចិន ទោះបីជាអាមេរិកធ្វើវិភាគទានចំនួន៤៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ រីឯចិនធ្វើវិភាគទានត្រឹមតែ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ បញ្ហាទីតាំងភូមិសាស្ត្រនៅសមុទ្រចិនខាងត្បូងហាក់កំពុងអង្រួនស្ថានភាពក្នុងតំបន់ឱ្យកាន់តែមានភាពតានតឹង។ ស្ថានភាពសមុទ្រចិនខាងត្បូងត្រូវបានកក្រើកដោយសារតែសហរដ្ឋអាមេរិកចេញសេចក្តីថ្លែងការបញ្ជាក់ឱ្យកាន់តែច្បាស់ពីជំហររបស់អាមេរិកក្នុង ជម្លោះសមុទ្រចិនខាងត្បូង ដោយលើកឡើងថាការទាមទារ រួមទាំងយុទ្ធនាការសម្លុតគំរាមកំហែងកន្លងមករបស់ចិនទៅលើប្រទេសនៅជាប់សមុទ្រចិនខាងត្បូងគឺជាសកម្មភាពខុសច្បាប់ទាំងស្រុង ហើយអាមេរិកនឹងគាំទ្រការពារ និងជម្រុញឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពសេរី និងភាពបើកចំហ។ កាលពីដើមខែកក្កដា ចិនបានធ្វើសមយុទ្ធយោធានៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់មកអាមេរិកបានបញ្ជូននាវាចម្បាំងពីរគ្រឿងទៅក្បែរតំបន់នោះ។ កាលពីថ្ងៃទី២៤ កន្លងទៅនេះក្រសួងការពារជាតិចិនបានប្រកាសថានឹងធ្វើសមយុទ្ធបាញ់សាកល្បងទ្រង់ទ្រាយធំជាមួយនិងគ្រាប់ដែលមានកម្លាំងខ្លាំងនៅក្នុងសមុទ្រចិនខាងត្បូងចាប់ពីថ្ងៃទី២៥ ខែកក្កដា នេះទៅដល់ថ្ងៃទី០២ ខែសីហា នៅខណៈដែលយោធាអាមេរិកកំពុងមានវត្តមាននៅក្បែរនោះនិងក្បែរតំបន់តៃវ៉ាន់ផងដែរ។ ក្នុងករណីសមុទ្រចិនខាងត្បូងនេះដែរ ចិនបានចង្អុលចំៗចោទអាមេរិកថាចេះតែយកដៃមកកូរស្ថានភាពនៅសមុទ្រចិនឱ្យល្អក់កករ ហើយអំឡុងពេលចិនបាននិងកំពុងបន្តដោះស្រាយដោយសន្តិវិធី អាមេរិកចេះតែអុជអាលប្រទេសជាប់ពាក់ព័ន្ធ។  មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនបានវាយប្រហារអាមេរិកថា អាមេរិកគ្រាន់តែយកលេសជាអ្នកមើលការខុសត្រូវច្បាប់អន្តរជាតិដើម្បីស្វែងរកប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ។

របត់ផ្លូវគោលនយោបាយការបរទេសរបស់ប្រទេសទាំងពីរនេះមិនត្រឹមតែជាការទិតៀន និងការហែកហួរគ្នាដោយបើកចំហនោះទេ ក្នុងនោះពិភពលោកកំពុងចាប់អារម្មណ៍លើវិបត្តិយ៉ាងក្តៅគគុក ដូចជាការបិទកុងស៊ុល ការកៀរគរសម្ព័ន្ធមិត្ត ការគំរាមបញ្ចប់អនាគតនៃកម្មវិធីបណ្តាញសង្គម TikTok និងការបង្កើតច្បាប់សម្រាប់ដាក់ទណ្ឌកម្មលើមន្ត្រីចិនជាដើម។ ព្រឹត្តការណ៍ដ៏សំខាន់ដែលប្រវត្តិសាស្ត្រនឹងចារទុកនោះគឺការបង្គាប់ឱ្យបិទកុងស៊ុលរវាងគ្នានិងគ្នាដែលចាប់ផ្តើមដោយភាគីអាមេរិក។ រដ្ឋាភិបាលអាមេរិកបានសម្រេចបិទស្ថានកុងស៊ុលចិន ប្រចាំក្រុង Houston ជាបន្ទាន់ក្នុងថ្ងៃទី២២ ខែកក្កដា ក្រោមហេតុផលថា ដើម្បីការពារកម្មសិទិ្ធបញ្ញា និងព័ត៌មានឯកជនរបស់ប្រជាជនអាមេរិក។ នៅក្នុងថ្ងៃដដែល ក្រសួងការបរទេសចិនបានចេញលិខិតប្រកាសមួយ ដូនដំណឹងទៅនិស្សិតចិននៅសហរដ្ឋអាមេរិកឱ្យមានការប្រុងប្រយ័ត្ន ព្រោះអាជ្ញាធរអាមេរិកកំពុងធ្វើសកម្មភាពចាប់មនុស្សសួរចម្លើយ និងរឹបអូសឯកសារ  ឬទ្រព្យសម្បត្តិជាដើម។ ពីរថ្ងៃបន្ទាប់ពីការបង្គាប់ឱ្យបិទស្ថានកុងស៊ុលចិន ចិនក៏បានលុបចោលអាជ្ញាបណ្ណរបស់ស្ថានកុងស៊ុលអាមេរិក នៅភាគខាងត្បូងនៃទីក្រុង Chengdu ផងដែរ។

មួយវិញទៀត អាមេរិកមិនត្រឹមតែកំពុងវាយប្រហារ និងព្យាយាមខ្ទប់ឥទ្ធិពលចិនតែម្នាក់ឯងនោះទេ អាមេរិកក៏ហាក់ដូចជាកំពុងកៀគរសម្ព័ន្ធមិត្តមកកៀបចិនផងដែរ។ ជាក់ស្តែង ប្រទេសអូស្ត្រាលីបានមូលមាត់គ្នាជាមួយប្រទេសអាមេរិកក្នុងការចោទប្រកាន់ការទាមទាររបស់ចិនលើសមុទ្រចិនខាងត្បូងថាជាការទាមទារខុសច្បាប់។ ហើយខណៈដែលអាមេរិកកំពុងប្រញាប់ប្រញាល់បង្កើតប្រព័ន្ធ5G អាមេរិកក៏កំពុងដើរពពាយនាយឱ្យប្រទេសពាសពេញសកលលោកខ្លាចរអារនឹងរដ្ឋាភិបាលចិនថាអាចយកទិន្នន័យអតិថិជនមកប្រើប្រាស់ និងគំរាមកំហែងលើសន្តិសុខជាតិដោយប្រើវិស័យបច្ចេកវិទ្យាផងដែរ។  ការណ៍ដែលប្រទេសអភិវឌ្ឍន៍មួយចំនួនដូចជាប្រទេសអង់គ្លេស នូវែលសេឡង់ ជប៉ុន ជាដើម បានហាមឃាត់មិនប្រើប្រាស់ប្រព័ន្ធ5Gដូចអាមេរិកដែលនោះ អាចជាជោគជ័យមួយរបស់អាមេរិកក្នុងការខ្ទប់ការរីកធំធាត់លឿនពេកលើវិស័យបចេ្ចកវិទ្យារបស់ចិន។  ជាមួយគ្នានេះដែរ អាមេរិកក៏បាននិងកំពុងបន្លាចពិភពលោកអំពីប្រព័ន្ធបណ្តាញសង្គមដែលចិនបានបង្កើតឡើងឈ្មោះថា TikTok ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីយុវជនពាសពេញសកលលោក។  ខណៈដែលប្រទេសជាច្រើនបានបន្តបិទបណ្តាញសង្គមនេះក្រោមហេតុផលថា ខ្លាចរដ្ឋាភិបាលចិនយកទិន្នន័យរបស់អតិថិជនទៅប្រើប្រាស់និងការគំរាមកំហែងសន្តិសុខជាតិ អាមេរិកក៏បានបង្គាប់ឱ្យក្រុមហ៊ុន Microsoft ចរចាដើម្បីទិញ TikTok។ ក្នុងន័យសេដ្ឋកិច្ច TikTok គឺជាបណ្តាញសង្គមដែលទើបតែនឹងរះឡើង ហើយក៏មានសក្តានុពលយ៉ាងខ្លាំងដែលអាចឱ្យក្រុមហ៊ុនអាមេរិកចំនេញប្រាក់យ៉ាងច្រើន។ ក្នុងន័យនយោបាយ អាមេរិកហាក់កំពុងលាបពណ៌និងសម្អុយកេរ្តិ៍ឈ្មោះចិន ដែលជាយុទ្ធសាស្ត្រទាញអំណាចទន់ Soft Power របស់ចិនធ្លាក់ទឹក ក្នុងគោលបំណងឱ្យពិភពលោកយល់ឃើញថាចិនជាប្រទេសមិនល្អ។ ដូចនេះ ក្នុងសេណារីយូដែល Microsoft អាចទិញ TikTok បាន ហើយប្រទេសដែលបានបិទ TikTok ក៏បានបើកឱ្យប្រើប្រាស់វិញ តើនេះមានន័យថា ពិភពលោកជឿជាក់អាមេរិកថាជាប្រទេសដ៏ល្អប្រពៃ ហើយចិនជាប្រទេសដែលតែងតែមានបំណងអាក្រក់លើពិភពលោកមែនទេ?

ថ្វីត្បិតតែបច្ចុប្បន្ននេះ នៅមិនទាន់មានប្រទេសណាដើរតួរជាកូនអុករបស់ប្រទេសមហាអំណាចទាំងពីរក្នុងភ្លើងសង្រ្គាមដូចកាលពីសង្គ្រាមត្រជាក់សូវៀតនិងអាមេរិកក៏ពិតមែន ក៏ប៉ុន្តែក៏បាញ់បោះពាក្យសម្តីនិងនយោបាយការបរទេសប្រឆាំងគ្នាចំៗនេះ ហាក់ធ្វើឱ្យពិភពលោកស្គាល់នូវសង្គ្រាមត្រជាក់ថ្មីមួយដែលប្រកួតប្រជែងគ្នាត្រឹមតែមនោគមន៍វិជ្ជាឡើយ ពោលគឺសឹងតែគ្រប់វិស័យជាពិសេសគឺសេដ្ឋកិច្ច យោធា និងបច្ចេកវិទ្យា។ មួយវិញទៀតនៅមានមតិផ្សេងៗគ្នាទៅលើរឿងនេះដែលអ្នកវិភាគខ្លះគិតថា ចិនមិនបានប្រកួតប្រជែងដើម្បីផ្លាស់ប្តូររបបពិភពលោកបច្ចុប្បន្នទេ  ប៉ុន្តែអ្នកដែលចង់ឱ្យមានការផ្លាស់ប្តូរនោះគឺអាមេរិកដោយសារតែប្រយោជន៍មួយភាគធំចេះតែរត់ទៅរកចិន ។ ចំណែកឯអ្នកវិភាគផ្សេងទៀតមានគំនិតផ្ទុយពីនេះដោយពួកគេបានយល់ថាការដែលចិនធ្វើបែបនេះគឺចិនមានបំណងចង់ជំនួសកន្លែងរបស់អាមេរិកច្បាស់ណាស់។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ភោគ លាងហេង
គំនូរដោយ៖ កញ្ញា បូរ ដាលីន
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ