"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ស្រដៀងគ្នា តែមិនដូចគ្នា

លទ្ធផលបោះឆ្នោតនៅឆ្នាំ២០២០ ដូចជាទឹកដែលបានជះឱ្យក្រុមយោធាមីយ៉ាន់ម៉ាស្វាងថាអំណាចរបស់ខ្លួនបានបាត់បង់បន្តិចម្ដងៗ ដែលនេះផ្ទុយពីគោលបំណងដំបូងរបស់ខ្លួននៅពេលបើកឱកាសផ្ដល់អំណាចខ្លះឱ្យក្រុមលោកស្រី អ៊ុង សាន ស៊ូជី មកដឹកនាំប្រទេសកាលពីឆ្នាំ២០១៥។ រដ្ឋប្រហារយោធានៅថ្ងៃទី១ កុម្ភៈកន្លងទៅនេះ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនិងព្រួយបារម្ភពីលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ាដែលទើបមានពន្លកបន្តិច ទោះបីជាព្រឹត្តិការណ៍រដ្ឋប្រហារយោធាមិនមែនកើតឡើងលើកទីមួយនៅក្នុងប្រទេសនេះ និងនៅក្នុងតំបន់អាស៊ានក៏ដោយ។ ដោយឡែក នៅក្នុងបរិបទអាស៊ាននាកន្លះទសវត្សរ៍កន្លងទៅនេះ  ត្បិតតែរាជរដ្ឋាភិបាលប្រទេសថៃសព្វថៃ្ង​បានកើតចេញពីការបោះឆ្នោតកាលពីឆ្នាំ២០១៩ក៏ដោយក្ដី មូលហេតុចម្បងនៃការបង្កើតរាជរដ្ឋាភិបាលនេះក៏ជាប់ទាក់ទិននឹងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ផងដែរ។ ចំណែកឯព្រឹត្តិការណ៍រដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្នដែលពិភពលោកកំពុងតាមដាន ក៏ប្រហែលជានឹងបានមេរៀនមកពីប្រទេសថៃដែលលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ប្រើប្រាស់យុទ្ធសាស្ត្រជោគជ័យដោយអង្គុយតំណែងនាយករដ្ឋមន្ត្រីដោយស្របច្បាប់ និងកាន់អំណាចអស់រយៈពេលជាង៧ឆ្នាំ។

អំឡុងឆ្នាំ២០១៣ទៅឆ្នាំ២០១៤ គឺជាឆ្នាំដែលប្រទេសថៃជួបគ្រោះធំរហូតដល់មានចំហាយសង្រ្គាមស៊ីវិលផងដែរ។ កាលនោះ ការប្រទាញប្រទង់អំណាចរវាងក្រុមអាវក្រហមដែលគាំទ្រគ្រួសារស៊ីណាវ៉ាត់ត្រា និងក្រុមអាវលឿងដែលគាំទ្រព្រះមហាក្សត្រ និងលោក ស៊ូថេប បានធ្វើឱ្យប្រទេសបែកខ្ញែកគ្នា និងធ្វើឱ្យសេដ្ឋកិច្ចថៃដាំក្បាលចុះដោយសារតែអ្នកវិនិយោគបានបាត់បង់ភាពជឿជាក់ទៅលើការវិនិយោគនិងការដាក់ទុននៅក្នុងប្រទេសថៃ​ រួមជាមួយនឹងភាពភ័យខ្លាចរបស់អ្នកទេសចរណ៍ផងដែរ។ គ្រានោះ លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើរដ្ឋប្រហារក្រោមរូបភាពចាំបាច់ ដោយលោកបានបង្ហាញពីឆន្ទៈក្នុងការបង្រួបបង្រួមនិងដោះស្រាយវិបត្ដិជាតិ។ ក្នុងន័យនេះ​ ស្ថានការណ៍ប្រទេសថៃមុននឹងការធ្វើរដ្ឋប្រហារគឺប្រទេសថៃបានជាប់គាំងផ្នែកនយោបាយជាយូរខែ មានអំពើហិង្សាក្នុងបាតុកម្មរហូតដល់មានមនុស្សស្លាប់និងរបួសជាច្រើននិងលុយបាតធ្លាក់ថ្លៃ។ គួររំលឹកបន្តិចថា លោក ប្រាយុទ្ធ ចាន់អូចារ បានព្យាយាមធ្វើអាជ្ញាកណ្ដាលដើម្បីសម្របសម្រួលរវាងក្រុមអាវក្រហមនិងក្រុមអាវលឿងម្ដងជាពីរដង ប៉ុន្តែនៅមិនអាចឈានទៅដល់ការផ្សះផ្សាជាតិបាន ដែលជាហេតុនាំឱ្យលោកធ្វើរដ្ឋប្រហារយោធាក្រោមហេតុផលដោះស្រាយវិបត្ដិនយោបាយ និងស្អំស្ថានភាពដែលក្ដៅគគុកជាច្រើនខែ។

ត្បិតតែអន្តរជាតិនិងរាស្ត្រហាក់មិនពេញចិត្ដនឹងការធ្វើរដ្ឋប្រហារនេះ ដូចជាសហភាពអ៊ឺរ៉ុបសម្រេចព្យួរកិច្ចសហប្រតិបត្ដិការជាមួយប្រទេសនេះមួយរយៈជាដើម ប៉ុន្តែលោក ប្រាយុទ្ធ ចាន់អូចា បានប្រើប្រាស់រយៈពេលអន្តរកាលនោះយ៉ាងមានន័យ។ ក្នុងអំឡុងពេលកាន់អំណាច លោក ប្រាយុទ្ធ  ចាន់អូចា បានព្យាយាមរកឱកាសល្អដើម្បីបង្កើនប្រូបាបឈ្នះឆ្នោត តាមរយៈការពន្យារពេលបោះឆ្នោតម្ដងហើយម្ដងទៀត​ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថៃដូចជាតំណែងជានាយករដ្ឋមន្ត្រីត្រូវឡើងកាន់អំណាចដោយរដ្ឋសភានិងព្រឹទ្ធសភា (គ្រប់សមាជិកព្រឹទ្ធសភាគឺជាសមាជិកក្រុមយោធា)។ របបយោធាក៏បានយកចិត្ដប្រជារាស្ត្រតាមរយៈការជួយគាំទ្រប្រជាកសិករដែលរងគ្រោះដោយ​សា​រ​តម្លៃអង្ករធ្លាក់ចុះ និងរៀបចំការបោះឆ្នោត ដែលលោក ប្រាយុទ្ធ ចាន់អូចា ត្រូវការអាសនៈត្រឹមតែចំនួន១២៦ដើម្បីឈ្នះ រីឯគូប្រកួតត្រូវការអាសនៈចំនួន៣៧៦។

បើក្រឡេកមកមើលព្រឹត្តិការណ៍នៅក្នុងឆ្នាំ២០២១នេះវិញ រដ្ឋប្រហារយោធារបស់ប្រទេសមីយ៉ាន់ម៉ាធ្វើឡើងក្រោមការចោទប្រកាន់លើភាពមិនប្រក្រតីនៃការបោះឆ្នោតឆ្នាំ២០២០។ ក្រុមយោធាប្រទេសមីយ៉ាន់ម៉ាក៏ទំនងភ្ញាក់ខ្លួនថាក្រឡាអុករបស់ខ្លួនប្រៀបបានជាចំណេះជិះកឯង ដែលជាហេតុធ្វើឱ្យក្រុមយោធារបស់លោកឧត្តមសេនីយ៍​ ​មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារដើម្បីការពារនិងក្រសោបអំណាចរបស់ក្រុមខ្លួនដែលបាត់មកវិញ នៅចំពេលពិភពលោក ជាពិសេសប្រទេសដែលគាំទ្រប្រជាធិបតេយ្យកំពុងវក់វីនឹងការទប់ស្កាត់វិបត្ដិកូវីដ១៩។

ត្បិតតែការបើកប្រទេសឱ្យមានលទ្ធិប្រជាធិបតេយ្យគឺដើម្បីពង្រីកទីផ្សារសេដ្ឋកិច្ច ប៉ុន្តែកាលនោះ ក្រុមយោធាបើកដៃផ្ដល់អំណាចឱ្យក្រុមលោកស្រី អ៊ុង សាន ស៊ូជី នៅឆ្នាំ២០១៥ ក៏ដោយសារតែមិននឹកស្មានដល់ការរីកធំធាត់នូវអំណាចរបស់លោកស្រី អ៊ុង សាន ស៊ូជី អំឡុងរយៈកាលសហគ្រប់គ្រងជាតិរវាងក្រុមរបស់លោកស្រីនិងក្រុមយោធា។ សហគ្រប់គ្រងជាតិគឺដោយសារតែទោះបីជាគណបក្សលោកស្រី អ៊ុង សាន ស៊ូជី ឈ្នះឆ្នោតក្ដី ប៉ុន្តែរដ្ឋធម្មនុញ្ញប្រទេសនេះបានចែងឱ្យមានសមាជិកក្រុមយោធា២៥%នៅក្នុងសភា ដែលសមាជិក២៥%នេះគឺគ្រប់គ្រាន់អាចច្រានចោលនូវគោលនយោបាយដែលក្រុមខ្លួនមិនពេញចិត្ដ។ ​ ជាមួយគ្នានេះដែរ  ក្រុមយោធាក៏មានសិទ្ធិអំណាចលើក្រសួងសំខាន់ៗ ដូចជា ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការព្រំដែនជាដើម។

ម្យ៉ាងវិញទៀត ក្រុមយោធាក៏ប្រហែលរំពឹងថា ប្រជាប្រិយភាពរបស់លោកស្រីនឹងធ្លាក់ចុះដោយសារកេរ្ដិ៍ឈ្មោះខាងប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សាន ស៊ូជី ត្រូវបានអាប់អោននៅលើបញ្ហាធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ហើយត្រូវបានថ្កោលទោសដោយ លោកខាងលិច និងការតតាំងរបស់លោកស្រីជាមួយប្រទេសទាំងនោះ។ ការបង្រ្កាបក្រុមរ៉ូហ៊ីងយ៉ាគឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ ដែលក្រុមយោធាអាចយកចិត្ដប្រជាជនដែលនិយមកាន់សាសនាព្រះពុទ្ធនិងពន្លិចកេរ្តិ៍ឈ្មោះលោកស្រី អ៊ុង សាន ស៊ូជី នៅលើឆាកអន្តរជាតិ។ មួយវិញទៀត ក្រុមយោធាក៏រំពឹងថាប្រជាប្រិយភាពរបស់លោកស្រី អ៊ុង សាន ស៊ូជី អាចនឹងធ្លាក់ចុះដោយសារកំណើនសេដ្ឋកិច្ចទាបនៅក្នុងអំឡុងពេលលោកស្រីកាន់អំណាច ដែលមានត្រឹមតែ ៦,៥% នៅឆ្នាំ២០១៨-២០១៩ ធៀបនឹង ៨,៥% ឆ្នាំ២០១៤-២០១៥ បើយោងតាមធនាគារពិភពលោក។ ក៏ប៉ុន្តែខុសពីការរំពឹងទុក លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០បានបង្ហាញថា គណបក្សរបស់លោកស្រី អ៊ុង សាន ស៊ូជី ឈ្នះភ្លូកទឹកភ្លូកដី ហើយសម្លេងឆ្នោតបានកើនឡើងច្រើនជាងអាណត្ដិមុនទៀត។

ក្រឡាអុកដែលលោក ឧត្តមសេនីយ៍ មីន អ៊ុងឡាំង គ្រោងនឹងដើរក៏ប្រហែលជាមិនខុសដានចាស់របស់លោក ប្រាយុទ្ធ ចានអូចា ប៉ុន្មានទេ ដោយនឹងប្រើប្រាស់រយៈពេលកាន់អំណាចបណ្ដោះអាសន្ននេះឱ្យមានផ្លែផ្កាបំផុត។ លោកនឹងរកកាលៈទេសៈមួយដែលក្រុមរបស់លោកអាចមានប្រូបាបខ្ពស់ក្នុងការឈ្នះឆ្នោតហើយឡើងកាន់តំណែងប្រធានាធិបតីដោយការបោះឆ្នោត តាមគន្លងប្រជាធិបតេយ្យ។ ក្នុងសេណារីយ៉ូនោះ លោកអាចព្យាយាមពន្លត់កំហឹងបាតុករទោះបីជាត្រូវប្រើធម៌ក្ដៅ ពន្យារពេលរៀបចំការបោះឆ្នោតឡើងវិញ ឃុំខ្លួននិងចោទប្រកាន់បទឧក្រឹដ្ឋព្រហ្មទណ្ឌដើម្បីជម្រុះដៃគូប្រកួតខ្លាំងៗដូចជាក្រុមរបស់លោកស្រី អ៊ុង សាន ស៊ូជី និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញម្ដងទៀត ដើម្បីផ្លាស់ប្ដូររូបមន្ដគណនាលើជ័យជំនះបេក្ខភាពប្រធានាធិបតី។

ប៉ុន្តែសំនួរត្រូវសួរថា តើលោក មីន អ៊ុងឡាំង អាចស៊ូបានរហូតឈានដល់ចំណុចនៃការបង្កើនប្រូបាបដើម្បីឡើងកាន់អំណាចតាមរយៈការបោះឆ្នោតនេះទេ ប្រសិនបើបច្ចុប្បន្នអន្តរជាតិនិងរាស្រ្តបញ្ចេញប្រតិកម្មយ៉ាងនេះ?

ជាក់ស្តែង ប្រទេសប្រ៊ុយណេ ប្រទេសម៉ាឡេស៊ី និង​ប្រទេសឥណ្ឌូនេស៊ី បានអំពាវនាវឱ្យភាគីជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្តការចចារគ្នាដើម្បីស្វែងរកនៅចំណុចរួមមួយក្នុងគោលបំណងឱ្យប្រទេសនេះត្រលប់ទៅរកសភាពធម្មតាវិញ ហើយគោរពទៅតាមគោលការណ៍ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលរួមមាន​ ការគោរពលទ្ធិប្រជាធិបតេយ្យ ការប្រកាន់ភ្ជាប់នូវនីតិរដ្ឋ និង​អភិបាលកិច្ចល្អ។ លោក​​ ចូ បៃដិន ក៏បានសម្តែងការថ្កោលទោសយ៉ាងខ្លាំងទៅលើរដ្ឋប្រហារនេះ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមីយ៉ាន់ម៉ា។ ក្រៅពីនេះ  ប្រទេសអង់គ្លេស អូស្ត្រាលីជាដើម ក៏កំពុងពិចារណាចេញវិធានការផ្នែកសេដ្ឋកិច្ចលើរដ្ឋប្រហារនេះដែរ។ អ្វីដែលសំខាន់ជាងការដោះស្រាយជាមួយអន្តរជាតិទៀតនោះគឺសេដ្ឋកិច្ចនិងសេវារដ្ឋបាលសាធារណៈនឹងអាចជាប់គាំងដោយសារការធ្វើបាតុកម្មនិងពហីការរបស់ប្រជាពលរដ្ឋទាំងក្នុងវិស័យឯកជននិងរដ្ឋ។

សរុបមក ត្បិតតែជារដ្ឋប្រហារយោធាដូចគ្នាក៏ពិតមែន ប៉ុន្តែស្ថានការណ៍មុននិងក្រោយរដ្ឋប្រហារនៃប្រទេសទាំងពីរនេះគឺខុសគ្នាស្ទើរទាំងស្រុង។ ស្ថានភាពប្រទេសថៃមុនរដ្ឋប្រហារគឺវឹកវរនិងស្ថិតនៅបន្ទាត់គ្រោះថ្នាក់ ប៉ុន្តែស្ថានភាពប្រទេសមីយ៉ាន់ម៉ាមុនរដ្ឋប្រហារគឺពន្លកលទ្ធិប្រជាធិបតេយ្យដែលសឹងតែជាគំរូឱ្យប្រទេសក្នុងតំបន់យកជាមេរៀន។ ត្បិតតែប្រទេសថៃមានរដ្ឋប្រហារច្រើនដងក៏ពិតមែន ប៉ុន្តែអំណាចនិងការគោរពស្រលាញ់របស់ប្រជាជនថៃនៅតែជារបស់ព្រះរាជា។ ក្នុងន័យនេះ ទោះបីស្ថានភាពរដ្ឋប្រហារយ៉ាងណាក៏នៅមានព្រះរាជា ដែលជាម្លប់មកចេញមុខដោះស្រាយបានដែរ។ ចំណែកក្នុងកែវភ្នែកប្រជាជនមីយ៉ាន់ម៉ា ក្រុមយោធាគឺជាក្រុមផ្ដាច់ការនិងជាសត្រូវនៃសិទ្ធិសេរីភាព ហេតុដូចនេះ ទើបប្រជាជនមីយ៉ាន់ម៉ាយ៉ាងច្រើនត្រូវធ្វើបាតុកម្មដោយខានមិនបាន ដើម្បីរារាំងអំណាចផ្ដាច់ការនិងចង់ឱ្យអន្តរជាតិបានដឹងពីស្ថានភាពបច្ចុប្បន្ននិងចេញវិធានការដើម្បីជួយលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។ ប្រសិនបើស្ថានភាពនេះបន្តវិវដ្ដទៅដល់វិបត្ដិធ្ងន់ធ្ងរ​ជាងនេះ មីយ៉ាន់ម៉ាអាចនឹងជួបប្រទះព្រឹត្ដិការណ៍ ៨៨៨៨ (8888 Uprising) ម្ដងទៀត ដែលជាព្រឹត្ដិការណ៍កើតឡើងរវាងថ្ងៃទី៨ ខែ៨ ឆ្នាំ១៩៨៨ និងជាព្រឹត្តិការណ៍បង្ហូរឈាមរវាងក្រុមបាតុករប្ដូរជីវិតរបស់ខ្លួនដើម្បីសិទ្ធិសេរីភាព និងក្រុមទាហានដែលព្យាយាមការពារអំណាច។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

ប្រវត្តិនៃការចាប់ផ្តើមរបស់ក្រុមហ៊ុនទូរស័ព្ទយក្ស Nokia

Nokia Corporation គឺជាក្រុមហ៊ុនទូរគមនាមន៍ (multinational telecommunications, information technology, and consumer electronics company) ដ៏ល្បីល្បាញមួយរបស់ប្រទេសហ្វាំងឡង់ និងត្រូវបានគេស្គាល់ថាជាប្រ៊ែនទូរស័ព្ទល្បីជាងគេជុំវិញពិភពលោកនៅអំឡុងឆ្នាំ២០០០។ ជោគជ័យរបស់ក្រុមហ៊ុន Nokia នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០ គឺជាយុគសម័យដែលក្រុមហ៊ុននេះ បានក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទចល័តឈានមុខគេនៅលើពិភពលោក។ ការិយាល័យកណ្តាលក្រុមហ៊ុន Nokia មានទីតាំងនៅទីក្រុង Espoo នៃប្រទេសហ្វាំងឡង់។ យោងទៅតាម macrotrends ក្រុមហ៊ុន Nokia មានទ្រព្យសម្បត្តិសរុប ២៥,៦១ ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០១៩។ ឧបករណ៍ទាំងអស់របស់ Nokia ត្រូវបានផលិតនៅគ្រប់ទិសទី ដោយរោងចក្រផលិត Nokia មាននៅប្រទេសជាច្រើនដូចជា ហុងកុង ម៊ិកស៊ិក ចិន ប្រេស៊ីល និងអាឡឺម៉ង់ជាដើម រួចចែកចាយពាសពេញពិភពលោក។

មុននឹងក្រុមហ៊ុន Nokia ឈានដល់យុគសម័យរុងរឿងដែលជាក្រុមហ៊ុនទូរស័ព្ទយក្សនៅទូទាំងពិភពលោក Nokia គ្រាន់តែជាក្រុមហ៊ុនបើកអាជីវកម្មផលិតក្រដាសប៉ុណ្ណោះ កាលពីជាង១៥០ឆ្នាំមុន។ ដើមឡើយ លោក Fredrik Idestam បានបង្កើតរោងចក្រក្រដាស ដោយកាប់ឈើផ្តាច់មុខនៅប្រទេសហ្វាំងឡង់ ដើម្បីយកមកផលិតក្រដាស។ នាពេលនោះ អាជីវកម្មនោះដំណើរការយ៉ាងជោគជ័យ ទើបលោក Fredrik សម្រេចចិត្តបង្កើតសាខាទី២ ជាអាជីវកម្មផលិតក្រដាសដដែល ស្ថិតនៅទីក្រុងមួយឈ្មោះ Nokia ក្បែរទទ្លេ Nokianvirta នែប្រទេសហ្វាំងឡង់។ បន្ទាប់ពីលោក Fredrik ចូលនិវត្តន៍ កាលពីឆ្នាំ១៩០២ លោក Mckellen ដែលជាដៃគូអាជីវកម្មរបស់លោក Fredrik បានប្រើប្រាស់ទីតាំងទន្លេ Nokianvirta នោះ ដើម្បីពង្រីកក្រុមហ៊ុន Nokia ដើម្បីឈានចូលទៅធ្វើអាជីវកម្មថាមពលអគ្គិសនី។ យ៉ាងណាមិញ អាជីវកម្មផលិតក្រដាសបានខាតទុនជាដំណំនៅអំឡុងសង្រ្គាមលោកលើកទី១ ប៉ុន្តែប្រាក់ចំណូលរបស់អាជីវកម្មថាមពលអគ្គិសនីបានជួយស្រោចស្រង់ក្រុមហ៊ុន Nokia ឲ្យរួចផុតពីគ្រោះនោះ ដោយសារតែនៅពេលនោះ ថាមពលអគ្គិសនីជាតម្រូវការចំបាច់របស់អ្នកប្រើប្រាស់។

បន្ទាប់ពីសង្គ្រាមលោកលើកទី១ នៅឆ្នាំ១៩១៨ ក្រុមហ៊ុន Nokia បានជួបនូវបញ្ហាខាងហិរញ្ញវត្ថុយ៉ាងខ្លាំងម្តងទៀត រហូតដល់ ក្រុមហ៊ុន Finnish Rubber Work និងបន្ទាប់មកក្រុមហ៊ុន Finnish Cable works បានទិញភាគហ៊ុនពីក្រុមហ៊ុន Nokia។ គិតត្រឹមឆ្នាំ១៩៣២ អាជីវកម្មសំខាន់ៗរបស់ Nokia Group រួមមាន អាជីវកម្មផលិតក្រដាស កៅស៊ូ និងខ្សែកាប (Cable)។

ក្រោយពេលបញ្ចប់សង្គ្រាមលោកលើកទី២ សហភាពសូវៀតត្រូវរៀបចំវិស័យហេដ្ឋារចនាសម័្ពន្ធឡើងវិញ ដោយបានទិញសម្ភារផ្តាច់មុខពីក្រុមហ៊ុន Nokia។ បន្ទាប់ពីបានប្រាក់កម្រៃពីការលក់សម្ភារទៅកាន់សហភាពសូវៀតយ៉ាងច្រើន បានធ្វើឲ្យក្រុមហ៊ុន Nokia ពង្រឹងផ្នែកហិរញ្ញវត្ថុកាន់តែរឹងមាំ និងនាំឲ្យពួកគេឆ្ពោះទៅរកការអភិវឌ្ឍបច្ចេកវិទ្យាទំនើប។ នៅឆ្នាំ១៩៧៧ លោក Kari Kairamo ជា CEO ក្រុមហ៊ុន Nokia បានដឹកនាំក្រុមហ៊ុនឲ្យឆ្ពោះទៅកាន់ការផលិតអេឡិចត្រូនិកជាពិសេសគឺទូរទស្សន៍។ មកដល់ជំនាន់ការគ្រប់គ្រងរបស់លោក Jorma Ollila ក្រុមហ៊ុនបានងាកមកប្រឹងប្រែងផលិតទូរស័ព្ទជាអាជីវកម្មចម្បងវិញ។

ពួកគេបានចាប់ផ្តើមដាក់លក់ទូរស័ព្ទជាលើកដំបូងរបស់ខ្លួនមានឈ្មោះថា Nordic Moblie Telephon (NMT) នៅឆ្នាំ១៩៨១។ មួយឆ្នាំកន្លងមក ពួកគេបានបើកដំណើរការលក់ទូរស័ព្ទចល័តដំបូងឈ្មោះ Mobira Senator និង Nokia DX200 ដែលជាទូរស័ព្ទចល័តបែបឌីជីថល។ ក្រោយមក ដោយសារតែទូរស័ព្ទចល័តរបស់ ក្រុមហ៊ុន Nokia នៅជំនាន់ដំបូងៗមានលក្ខណៈធំ និងទម្ងន់ធ្ងន់ ពិបាកក្នុងការផ្លាស់ទី ទើបពួកគេបានចេញទូរស័ព្ទចល័តឈ្មោះ Mobira Cityman នៅលើទីផ្សារកាលពីឆ្នាំ១៩៨៧។ Mobira Cityman ជាទូរស័ព្ទចល័តដែលមានរូបរាងតូចជាងមុន ងាយផ្លាស់ទី និងអាចកាន់ដោយដៃម្ខាងតែប៉ុណ្ណោះ ប៉ុន្តែបើយោងតាមគេហទំព័រ Microsoft ទូរស័ព្ទនេះមានតម្លៃថ្លៃរហូតដល់ €៤.៥០០ បើធៀបនឹងតម្លៃរូបិយប័ណ្ណ និងស្មើ €៤.៩៩៥ អឺរ៉ូ បើធៀបនឹងបច្ចុប្បន្នស្មើ €៤.៩៩៥ អឺរ៉ូ។ នៅឆ្នាំ ១៩៩១ លោក Harri Holkeri ដែលជានាយករដ្ឋមន្រ្តីហ្វាំងឡង់ បានចេញគោលនយោបាយដែលហៅថា បណ្តាញ GSM (Global System for Mobile Communications) ដើម្បីបង្កើតស្តង់ដារបច្ចេកវិទ្យាទូរស័ព្ទចល័ត។ បច្ចេកវិទ្យា GSM មានតួនាទីយ៉ាងសំខាន់ជាច្រើនរួមមានអាចហៅចេញទាំងនៅក្នុងប្រទេសឬក្រៅប្រទេសជាសំឡេងដែលមានគុណភាពច្បាស់ជាងមុន និងគាំទ្រសេវាកម្មថ្មីៗដូចជាការផ្ញើសារ (SMS) បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការប្រើប្រាស់ទូរស័ព្ទចល័តងាយស្រួលជាងមុន ហើយគោលនយោបាយនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Telenokia and Siemens ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Nokia។ បន្ទាប់មក ក្រុមហ៊ុន Nokia បានប្តូរឈ្មោះមក Nokia Siemens Network វិញ។

យោងតាមការចេញផ្សាយរបស់ The Wall Street Journal នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ការដួលរលំរបស់សហភាពសូវៀត ដែលត្រូវជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ក្រុមហ៊ុន Nokia បាននាំឲ្យក្រុមហ៊ុននេះជួបប្រទះបញ្ហាផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីការជួបបញ្ហាដូចខាងលើ ក្រុមហ៊ុន Finnish Rubber Work បានសម្រចចិត្តផ្តាច់ចេញពីក្រុមហ៊ុន Nokia ហើយអាជីវកម្មផ្សេងៗរបស់ក្រុមហ៊ុន Nokia ត្រូវបានលក់ជាបន្តបន្ទាប់ទៅឱ្យក្រុមហ៊ុនដ៏ទៃ ដោយនៅសល់តែអាជីវកម្មផលិតទូរស័ព្ទមួយប៉ុណ្ណោះ។ បន្ទាប់មកនៅឆ្នាំ១៩៩៤ Nokia បានចេញលក់ទូរស័ព្ទស៊េរី ២១០០ ស៊េរីដំបូងគេដែលមានសម្លេងរោទ៍របស់ Nokia និងហ្គេមពស់ ហើយ Nokia បានកំណត់គោលដៅថានឹងលក់បាន ៤០០.០០០ គ្រឿងនៅទូទាំងពិភពលោក ប៉ុន្តែ ពួកគេបានលក់រហូតដល់ ២០ លាន គ្រឿងឯណោះ។ នៅឆ្នាំ១៩៩៨ ក្រុមហ៊ុន Nokia ចាប់ផ្តើមមានឈ្មោះនាំមុខគេក្នុងទីផ្សារទូរស័ព្ទចល័តនៅលើពិភពលោក។ រួចបន្តមកឆ្នាំ២០០៤ ក្រុមហ៊ុននេះនៅតែបន្តនាំមុខគេខាងផ្នែកទូរស័ព្ទចល័តដដែល ដោយមានភាគហ៊ុនជាង ៣៥% នៃទីផ្សារទូរស័ព្ទចល័តរបស់ពិភពលោក។ យោងតាមគេហទំព័ររបស់ telegraph ទូរស័ព្ទរបស់ Nokia ម៉ូឌែល Nokia 1100 និង 1110 ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១ និងលេខ ២ ដោយលក់បានជាង ២៥៥ លានគ្រឿងជាប់ឈ្មោះជាទូរស័ព្ទដែលលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រនៃឆ្នាំ២០១៧។ #ថង់ប្រាជ្ញា #Nokia

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទចែករំលែកដោយ៖ កញ្ញា លីម កន្និដ្ឋា
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

តើការវិវត្តនៃនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានជះឥទ្ធិពលអ្វីខ្លះទៅលើទំនាក់ទំនងនយោបាយក្នុងនិងក្រៅតំបន់?

ថ្មីៗនេះចំណាប់អារម្មណ៍របស់ពិភពលោកបានបង្វែរទិសដៅមកផ្តោតលើការវិវត្តនៃនយោបាយដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) រួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀតនៃគណបក្សរបស់លោកស្រី ត្រូវបានចាប់ឃុំខ្លួននៅក្នុងរដ្ឋប្រហារនៃក្រុមយោធាដែលបានប្រកាសកាន់អំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ការវិវត្តនៃរបត់នយោបាយថ្មីនេះបានទទួលការឆ្លើយតបភ្លាមៗពីបណ្តាប្រទេស និងអង្គការផ្សេងៗនៅក្នុងពិភពលោកដែលមានរួមទាំងប្រទេសនៅក្នុងតំបន់ដែលជាសមាជិកអាស៊ាន សហរដ្ឋអាមេរិក ប្រទេសចិន និងអង្គការសហប្រជាជាតិផងដែរ។

ប្រសិនបើយើងក្រឡេកមើលទៅប្រវត្តិសាស្រ្តនៃការឡើងកាន់តំណែងរបស់លោកស្រី អ៊ុង សាន ស៊ូជី វិញ យើងឃើញថា លោកស្រីត្រូវបានរបបយោធាចាប់ឃុំខ្លួននៅក្នុងផ្ទះ និងដោះលែងវិញជាច្រើនលើកច្រើនសារមកហើយ ចាប់តាំងពីការចាប់ឃុំខ្លួនលើកដំបូងនៅក្នុងឆ្នាំ១៩៨៩។ លោកស្រីត្រូវបានដោះលែងពីការឃុំខ្លួនជាលើកចុងក្រោយនៅក្នុងឆ្នាំ២០១០ ហើយបានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតនៅឆ្នាំ២០១៥។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្រីពុំមានសិទ្ធិកាន់តំណែងជាប្រធានាធិបតីនោះទេ ដោយសារតែលោកស្រីមានគ្រួសារជាជនបរទេសដែលនៅក្នុងរដ្ឋធម្មនុញ្ញគឺពុំអនុញ្ញាតឱ្យមានសិទ្ធិធ្វើជាប្រធានាធិបតីឡើយ។ ហេតុដូច្នេះហើយ ទើបលោកស្រីក៏បានក្លាយខ្លួនទៅជាទីប្រឹក្សារដ្ឋវិញ ហើយតំណែងជាប្រធានាធិបតីត្រូវបានកាន់ដោយលោក វីន មីន (Win Myint)។ ត្បិតតែគណបក្សលោកស្រីជាប់ឆ្នោតក្ដី ក្រុមយោធាក៏នៅតែមានអំណាចនៅក្នុងរដ្ឋាភិបាលផងដែរ។ នេះក៏ដោយសារតែប្រទេសមីយ៉ាន់ម៉ាតែងតែត្រូវបានគ្រប់គ្រងដោយរបបយោធាតាំងពីប្រទេសនេះទទួលបានឯករាជ្យពេញលេញពីអង់គ្លេសមកម៉្លេះ ហើយនៅក្នុងរដ្ឋធម្មនុញ្ញរបស់មីយ៉ាន់ម៉ា កៅអីនៃសភាចំនួន ២៥% ត្រូវបានប្រគល់ទៅឱ្យរបបយោធាដោយស្វ័យប្រវត្តិ រួមទាំងការកាន់កាប់ក្រសួងសំខាន់ផងដែរ។

នៅចុងឆ្នាំ២០២០ កន្លងទៅនេះ គណបក្ស National League of Democracy (NLD) របស់លោកស្រី អ៊ុង សាន ស៊ូជី បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីម្ដងទៀត ហើយនឹងត្រូវប្រជុំសភាដើម្បីបង្កើតរដ្ឋាភិបាល។ ប៉ុន្តែនៅពេលដែលមានការរំពឹងទុកថានឹងមានការប្រជុំបង្កើតរដ្ឋាភិបាលថ្មីនេះ ប្រទេសមីយ៉ាន់ម៉ាបែរជាមកជួបប្រទះនឹងការធ្វើរដ្ឋប្រហារនិងការចាប់ខ្លួនអ្នកដែលមកពីគណបក្សឈ្នះឆ្នោតទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះ របបយោធាក៏បានដាក់ប្រទេសមីយ៉ាន់ម៉ាទៅក្នុងគ្រាអាសន្ន ហើយប្រកាសខ្លួនឡើងកាន់តំណែងរយៈពេលមួយឆ្នាំទៀតផង។ ការធ្វើរដ្ឋប្រហារដែលបណ្តាលឱ្យមានការចាប់ខ្លួនសមាជិកបក្សដែលឈ្នះឆ្នោតនេះ គឺអាចបណ្តាលមកពីការព្រួយបារម្មណ៍អំពីការបាត់បង់អំណាចរបស់ក្រុមយោធាដែលដឹកនាំដោយលោក មិញ អោង ហ្លាំង (Min Aung Hlaing)។

យោងតាមការចេញផ្សាយរបស់ The Myanmar Times ចំពោះលទ្ធផលនៃការបោះឆ្នោតនាអាណត្តិនេះ គឺមានភាពខុសប្លែកពីលទ្ធផលបោះឆ្នោតកាលពីឆ្នាំ២០១៥ ដោយសារតែកាលពីឆ្នាំ២០១៥ គណបក្សរបស់លោកស្រី អ៊ុង សាន ស៊ូជី ទទួលបានកៅអីចំនួន ៣៩០ នៅសភាថ្នាក់ក្រោម និងសភាជាន់ខ្ពស់។ ប៉ុន្តែចំពោះលទ្ធផលសម្រាប់ឆ្នាំ២០២០នេះវិញយើងឃើញថា គណបក្សរបស់លោកស្រី អ៊ុង សាន ស៊ូជី បានទទួលកៅអីកាន់តែច្រើនរហូតទៅដល់ចំនួន ៣៩៦ នៃកៅអីសរុបចំនួន ៤៧៦ នៅសភាថ្នាក់ក្រោម និងសភាជាន់ខ្ពស់។ លទ្ធផលបោះឆ្នោតនេះ ប្រៀបបាននឹងការជះទឹកឱ្យស្វាងនៃយុទ្ធសាស្ត្ររបស់ក្រុមយោធាកាលពីឆ្នាំ២០១៥ ដោយសារអំណាចរបស់ក្រុមយោធាអាចត្រូវរបូតបន្តិចម្ដងៗ តាមរយៈសម្លេងគាំទ្ររបស់ប្រជាពលរដ្ឋដែលអាចពង្រីកអំណាចបន្ថែមទៀតទៅឱ្យក្រុមលោកស្រី អ៊ុង សាន ស៊ូជី នាអាណិត្ដបន្ទាប់ៗ។

ការឈ្នះកៅអីដ៏ច្រើនលើសលប់នៃគណបក្សស៊ីវិលនៅក្នុងសភាយ៉ាងដូច្នេះគឺបណ្តាលឱ្យរបបយោធាឃើញកាន់តែច្បាស់អំពីប្រជាប្រិយភាពរបស់គណបក្សរបស់លោកស្រី អ៊ុង សាន ស៊ូជី។ ប្រជាប្រិយភាពនេះធ្វើឱ្យរបបយោធាដែលគេជឿថាមានទំនោរនិងមានការទំនុកបម្រុងពីចិននេះមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពអន់ថយនៃអំណាចឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេស ដោយហេតុថាការដែលប្រជាប្រិយភាពរបស់បក្សប្រឆាំងមានភាពខ្លាំងក្លាបែបនេះអាចនឹងធ្វើឱ្យមានឥទ្ធិពលបរទេស (អាមេរិក) ចូលមកនៅពីក្រោយ ហើយធ្វើឱ្យក្រុមយោធាបាត់បង់ឥទ្ធិពលទាំងស្រុងដែលអាចឈានទៅរកការដួលរលំនៃរបបយោធា។ ក្រុមយោធាក៏មានការព្រួយបារម្ភថាការបាត់បង់ឥទ្ធិពលរបស់ខ្លួនគឺនឹងធ្វើឱ្យប៉ះពាល់ទៅដល់សុវត្ថិភាពផ្ទាល់ខ្លួន និងផលប្រយោជន៍របស់ពួកគេ។ ដោយហេតុផលយ៉ាងដូច្នេះហើយទើបរបបយោធាបានធ្វើរដ្ឋប្រហារហើយធ្វើការឃុំខ្លួនសមាជិកគណបក្សដែលឈ្នះឆ្នោតក្រោមហេតុផលថា លទ្ធផលឆ្នោតគឺមិនសុក្រឹត ហើយការឡើងគ្រប់គ្រងរបស់ខ្លួននេះគឺមានរយៈពេលត្រឹមតែមួយឆ្នាំតែប៉ុណ្ណោះ។

បម្រែបម្រួលនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចក្លាយទៅជាឧបសគ្គដែលអាចរាំងស្ទះទំនាក់ទំនងនៅក្នុងសមាគមអាស៊ានផងដែរ ដោយសារបញ្ហានេះបានបណ្តាលឱ្យប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានបញ្ចេញប្រតិកម្មនិងថ្កោលទោសទៅលើប្រទេសមីយ៉ាន់ម៉ា។ ជាក់ស្តែង ប្រទេសប្រ៊ុយណេ ប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី បានអំពាវនាវឱ្យភាគីជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្តការចរចាគ្នាដើម្បីស្វែងរកនៅចំណុចរួមមួយដើម្បីឱ្យប្រទេសនេះត្រលប់ទៅរកសភាពធម្មតាវិញ ហើយគោរពទៅតាមគោលការណ៍ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលរួមមាន ការគោរពលទ្ធិប្រជាធិបតេយ្យ ការប្រកាន់ភ្ជាប់នូវនីតិរដ្ឋ និងអភិបាលកិច្ចល្អ។ រីឯប្រទេសសិង្ហបុរីវិញក៏បានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនយ៉ាងខ្លាំងទៅលើបញ្ហានេះដោយបានបញ្ជាក់ថា សិង្ហបុរីនឹងឃ្លាំមើលយ៉ាងដិតដល់នៅក្នុងបញ្ហានេះ។ ចំណែកឯប្រទេសថៃវិញបានប្រកាន់ជំហរយ៉ាងដាច់ខាតថាខ្លួននឹងមិនលូកដៃទៅលើបញ្ហារបស់ប្រទេសមីយ៉ាន់ម៉ានោះទេ ដោយហេតុថាវាជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ដែលការមិនលូកដៃនេះគឺស្របទៅនឹងគោលការណ៍មិនជ្រៀតជ្រែកដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃសហប្រជាជាតិអាស៊ាន។ ការឆ្លើយតបផ្សេងៗគ្នា រួមជាមួយនឹងការមិនពេញចិត្តចំពោះបញ្ហាដែលកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ានេះហើយដែលអាចនាំឱ្យដំណើរកិច្ចសហប្រតិបត្តិការនៅអាស៊ានមានភាពល្អក់កករ។ លើសពីនេះទៅទៀត បញ្ហាចោទសំខាន់គឺ អាស៊ានត្រូវពិចារណាថាតើរដ្ឋាភិបាលមីយ៉ាន់ម៉ាមួយណា (រដ្ឋាភិបាលស៊ីវិល ឬក៏រដ្ឋាភិបាលរបបសឹក) ដែលគួរតែត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចសហប្រតិបត្តិការផ្សេងៗនៅក្នុងអាស៊ាន? ហើយប្រសិនបើកិច្ចសហប្រតិបត្តិការនេះត្រូវធ្វើឡើងនៅក្រោមតំណាងរបស់របបយោធានោះ តើនៅក្នុងរឿងនេះអាស៊ានកំពុងតែបង្ហាញការគាំទ្រដល់ការធ្វើរដ្ឋប្រហារនេះឬយ៉ាងណា? ម្យ៉ាងទៀតកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ាននឹងមានភាពជាប់គាំងប្រសិនបើអវត្តមានប្រទេសមីយ៉ាន់ម៉ាព្រោះតែបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានៅតែបន្ត ដែលនេះអាចនឹងឈានឱ្យភាពប្រេះស្រាំនៅក្នុងសាមគ្គីភាពអាស៊ាន។

មិនតែប៉ុណ្ណោះ ភាពវឹកវរដែលកើតមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចនឹងបង្កឱ្យមានផលប៉ះពាល់ទៅលើប្រជាជនអាស៊ានផ្សេងទៀត និងការវិនិយោគរបស់ក្រុមហ៊ុននៃប្រទេសជាសមាជិកអាស៊ាននៅក្នុងប្រទេសមីយ៉ាន់មា ហើយប្រសិនបើភាពវឹកវរនេះកាន់តែខ្លាំង នោះប្រទេសផ្សេងៗដែលនៅក្នុងតំបន់អាចនឹងចាត់វិធានការផ្សេងៗដើម្បីធានាបាននូវសុវត្ថិភាពប្រជាពលរដ្ឋនិងការវិនិយោគរបស់ពួកគេដែលកំពុងរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលការចាត់វិធានការទាំងនោះអាចនឹងប៉ះពាល់ដល់បញ្ហាអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ាផងដែរ។

បញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏អាចធ្វើឱ្យយើងងាកទៅមើលអំពីគន្លងនយោបាយរវាងចិននិងអាមេរិកផងដែរ។ ចំពោះសហរដ្ឋអាមេរិក លោក ចូបៃដិន បានសម្តែងការថ្កោលទោសយ៉ាងខ្លាំងទៅរដ្ឋប្រហារដែលធ្វើឡើងដោយរបបយោធានេះ ដោយបានគំរាមថា អាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសមីយ៉ាន់ម៉ា ហើយបានបង្ហាញជំហរយ៉ាងមុតមាំថានឹងគាំទ្រការស្តារលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ាវិញ។ ចំណែកឯចិនវិញបានបញ្ជាក់ផងដែរថា ខ្លួនបាន «កត់សម្គាល់» អំពីរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយ «សង្ឃឹមថាភាគីទាំងពីរនឹងមានដំណោះស្រាយចំពោះរឿងនេះដើម្បីធានានូវស្ថិរភាពប្រទេស»។ ចិនក៏បានបញ្ជាក់ថា ខ្លួននឹងស្វែងយល់អំពីរឿងនេះបន្តទៀត ហើយចិនក៏បានច្រានចោលនូវការចោទប្រកាន់ថាចិនគឺជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារនេះផងដែរ។

កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីឈានទៅរកការមូលមតិគ្នាអំពីដំណោះស្រាយរួមមួយនៅក្នុងបញ្ហារបស់មីយ៉ាន់ម៉ា។ ប៉ុន្តែដំណោះស្រាយរួមនោះគឺមិនបានសម្រេចឡើយដោយសារតែចិនមិនទាន់បានយល់ព្រមនៅក្នុងការសម្រេចឱ្យបាននូវសេចក្តីថ្លែងការណ៍រួមនោះទេ ដោយហេតុផលថា ចិនត្រូវការពេលដើម្បីស្វែងយល់ពីស្ថានការបន្ថែមទៀតសិន។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយឡើយដែលចិនមិនបានប្រកាសយល់ស្របទៅនឹងសេចក្តីប្រកាសផ្សេងៗនៅក្នុងក្រុមប្រឹក្សាសន្តិសុខដែលពាក់ព័ន្ធទៅនឹងបញ្ហារបស់មីយ៉ាន់ម៉ានោះទេ។

សរុបជារួមមក បញ្ហានយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចមានឥទ្ធិពលទៅលើទំនាក់ទំនងនយោបាយនៅក្នុងតំបន់អាស៊ាន និងជះឥទ្ធិពលខ្លះនៅក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក ព្រមទាំងដំណើរនយោបាយនៅក្នុងក្រុមប្រឹក្សានៃអង្គការសហប្រជាជាតិផងដែរ។ ក៏ប៉ុន្តែសំណួរមួយដែលយើងចោទសួរនៅពេលនេះគឺថា តើបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចបណ្តាលមកពីការជះឥទ្ធិពលនៃនយោបាយអាមេរិក-ចិន គួបផ្សំជាមួយនឹងបញ្ហាផ្ទៃក្នុងនយោបាយនៃប្រទេសមីយ៉ាន់ម៉ាដែលឬទេ? ជាការពិតណាស់ បញ្ហានេះគឺអាចនឹងនៅវិវត្តនៅជុំវិញបញ្ហាដណ្តើមឥទ្ធិពលគ្នារវាង ចិន និងអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ និងការស្វែងរកផលចំណេញផ្សេងៗនៅក្នុងតំបន់នេះរវាងប្រទេសទាំងពីរផងដែរ។

#The_SEED #កម្មវិធី_វិចារណកថាថ្ងៃសុក្រ #មីយ៉ាន់ម៉ា

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

គោលការណ៍សេដ្ឋកិច្ចក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា

ក្រោយពីការជាប់ឆ្នោតរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា សហរដ្ឋអាមេរិកបានកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចដែលមិនទាន់ដោះស្រាយបាន។ នៅក្នុងស្នាដៃនិពន្ធរបស់លោកអូបាម៉ា The Promised Land លោកបានធ្វើទស្សនទានទៅលើបញ្ហាសេដ្ឋកិច្ចអាមេរិករួមជាមួយនឹងគោលការណ៍នយោបាយសេដ្ឋដិច្ចរបស់លោកអំឡុងពេលនោះ។ នៅពេលលោកបារ៉ាក់ អូបាម៉ាឡើងកាន់ដំណែងជាប្រធានាធិបតីដំបូង សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចប្រទះបញ្ហាច្រើន ហើយលោកបានរៀបចំវិធានការក្នុងការស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញ។

ស្ថានភាពពេលនោះសហរដ្ឋអាមេរិកកំពុងរងសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំង ក្នុងនោះរួមមានវិបត្តិការងារធ្វើឱ្យពលរដ្ឋអាមេរិកបាត់បង់ការងារ បញ្ហាទីផ្សារអចលនទ្រព្យធ្លាក់ចុះជាអតិផរណា ក្រុមហ៊ុនយានយន្តធំៗរបស់អាមេរិកប្រទះវិបត្តិដែលឈានទៅរកការក្ស័យធន និងវិបត្តិប្រព័ន្ធហិរញ្ញវត្ថុជាប់គាំងថែមទៀផង ។ នៅឆ្នាំ ២០០៧ ខណៈពិភពលោកកំពុងប្រទះវិបត្តិហិរញ្ញវត្ថុសកល The 2007-2008 financial crisis ឬ The Global Financial Crisis សហរដ្ឋអាមេរិកមិនត្រឹមតែជួបប្រទះបញ្ហាហិរញ្ញវត្ថុទេ ប៉ុន្តែក៏ធ្លាក់ចុះនូវជាគំហុកនូវតម្លៃភាគហ៊ុនតាំងនៅ Wall Street Journal ផងដែរ។

យោងតាមបំណកស្រាយនៅក្នុងសៀវភៅ The Promise Land នៅប៉ុន្មានថ្ងៃក្រោយដំណឹងនៃការក្ស័យធនរបស់ក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក ទីផ្សារហិរញ្ញវត្ថុធ្លាក់ចូលក្នុងភាពភ័យស្លន់ស្លោដែលធ្វើឱ្យភាគហ៊ុនបានធ្លាក់ចុះ។ ជាមួយគ្នានេះដែរ កម្មវិធីប្រាក់កម្ចី $២០០ ពាន់លានដុល្លារអាមេរិករបស់ធនាគារកណ្តាលទៅកាន់ធនាគារឯកជនមិនគ្រប់គ្រាន់សម្រាប់ការសង្គ្រោះទេ។ ដើម្បីរៀបចំឡើងវិញនិងកែទម្រង់លើបញ្ហាភាគហ៊ុនធ្លាក់ថ្លៃនៅ Wall Street សភាអាមេរិកបានអនុម័តច្បាប់ Volcker Rule ដើម្បីហាមឃាត់ធនាគារពីការធ្វើពាណិជ្ជកម្មកម្មសិទ្ធិដែលអាចមានហានិភ័យ និងការឧបត្ថម្ភមូលនិធិវិនិយោគដែលមិនទាក់ទងនឹងសកម្មភាពគោលការណ៍របស់ធនាគារស្នូល។

មានគោលការណ៍សេដ្ឋកិច្ចជាច្រើនដែលរដ្ឋបាលរបស់លោកអូបាម៉ាបានដាក់ចេញ ក្នុងនោះមានគោលបំណងរក្សាស្ថិរភាពសេដ្ឋកិច្ចជាចម្បងមានដូចជា យន្តការធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ចក្នុងគោលដៅឱ្យមានកំណើនសេដ្ឋកិច្ចរយៈពេលវែង ការរៀបចំឡើងវិញនូវប្រព័ន្ធហិរញ្ញវត្ថុ និងដំណោះស្រាយជាសកលដើម្បីទប់ទល់នឹងការធ្លាក់ចុះវិបត្តិសេដ្ឋកិច្ច ការដាក់ឱ្យមានប្រាក់កម្ចីឡើងវិញដើម្បីស្រោចស្រង់ធនាគារ និងការអនុម័តច្បាប់ Volcker ក្នុងពាណិជ្ចកម្មភាគហ៊ុនជាដើម។

នៅក្នុងការជួយសង្គ្រោះសេដ្ឋកិច្ចរបស់អាមេរិក លោកអូបាម៉ាបានរៀបចំផែនការដើម្បីឱ្យមានស្ថិរភាពឡើងវិញតាមរយៈគោលការណ៍ Recovery Act។ ក្នុងការជួយសង្គ្រោះប្រជាជនអាមេរិកដែលកំពុងរងវិបត្តិសេដ្ឋកិច្ចខ្លាំង រដ្ឋបាលលោកអូបាម៉ាបានប្រើប្រាស់គោលការណ៍ Recovery Act ដើម្បីជំរុញឱ្យមានកំណើន ការងារ និងកញ្ចប់សង្គ្រោះប្រព័ន្ធហិរញ្ញវត្ថុដែលកំពុងជាប់គាំងដើម្បីជួយពលរដ្ឋអាមេរិកប្រមាណ ១,៧% ស្មើនឹង ៥,៣ លាននាក់ដែលធ្លាក់ក្នុងភាពក្រីក្រដោយវិបត្តិសេដ្ឋកិច្ចនេះ។ ក្នុងនោះដែរ គោលការណ៍ Recovery Act របស់រដ្ឋបាលអូបាម៉ា បានលើកលែងពន្ធក្នុងគ្រួសារ (Family tax) ប្រមាណ $៣.៦០០ ដុល្លារអាមេរិក ក្នុងរយៈ៤ឆ្នាំដំបូងនៃអាណត្តិរបស់លោកដើម្បីបង្កើនឱ្យមានការងារឡើងវិញ បង្កើនចំណូល និងរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។

ក្នុងការឆ្លើយតបនឹងការជាប់គាំងផ្នែកហិរញ្ញវត្ថុ លោកក៏បានរៀបចំឡើងវិញនូវប្រព័ន្ធហិរញ្ញវត្ថុដោយបង្កើតឱ្យមាននូវការត្រួតពិនិត្យលំហូររូបិយប័ណ្ណនៅបណ្តាធនាគារធំបំផុតក្នុងស្រុក ក្រោមគោលបំណងបញ្ចៀសករណីធ្ងន់ធ្ងរដូចធ្លាប់បានកើតឡើងនៅក្នុងវិបត្តិសេដ្ឋកិច្ចអំឡុងឆ្នាំ ១៩២៩ រហូតដល់ ១៩៣៩។ ទន្ទឹមនឹងប្រាក់ទាំងអស់ដើម្បីទ្រទ្រង់ស្ថិរភាពសេដ្ឋកិច្ច ទឹកប្រាក់ ៨៥ ពាន់លានដុល្លារផ្សេងទៀតត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលបន្ទាន់ដើម្បីជួយ AIG (American International Group, Inc.) ដែលជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅលើពិភពលោករបស់អាមេរិកដើម្បីជួយកុំឱ្យក្ស័យធន និងជួយទីផ្សារឱ្យមានសុវត្ថិភាព។

លើសពីនេះទៅទៀត គេក៏ឃើញមានកំណែទម្រង់មួយចំនួនទៅលើបញ្ហាទីផ្សារអចលនទ្រព្យដែលឡើងថ្លៃអតិផរណាផងដែរ។ ដើម្បីឱ្យមានលំនឹងនិងស្ថិរភាពទីផ្សារ រដ្ឋបាលរបស់លោកបានបង្កើតកម្មវិធីហិរញ្ញប្បទានប្រាក់កម្ចីដាក់ទ្រព្យបញ្ចាំចំពោះអ្នកដែលមានផ្ទះ ប៉ុន្តែផ្ទះនោះមានតម្លៃទាបជាងប្រាក់កម្ចី។ ដើម្បីជួយប្រជាជនអាមេរិកជាង ៣,៣ លាននាក់ រដ្ឋាភិបាលបានផ្តល់ហិរញ្ញប្បទានទៅធនាគារដើម្បីឱ្យបន្ថយការបង់ប្រាក់ប្រចាំខែរបស់ប្រជាជន។ ក្រៅពីនេះ រដ្ឋាភិបាលជំរុញឱ្យមានជំនួយពីភ្នាក់ងារ ឬគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការផ្តល់ឥណទានដែលមានការប្រាក់ទាបដើម្បីទទួលនូវបានគេហដ្ឋានលក់ដោយរដ្ឋឬរដ្ឋបាលមូលដ្ឋានតាមរយៈកម្មវិធីមូលបត្របំណុលថ្មី (New Issue Bond Program) ដើម្បីពង្រីកឥណទានបញ្ចាំដែលមានតម្លៃសមរម្យដល់គ្រួសារអាមេរិក។

ទស្សនទានរបស់លោកបារ៉ាក់ អូបាម៉ាទៅលើបញ្ហាសេដ្ឋកិច្ចនៅតែបន្តមានសម្រាប់ការរក្សាលំនឹងសេដ្ឋកិច្ចក្នុងស្រុកដែលត្រួសៗរួមមាន ការស្តារវិស័យយានយន្តអាមេរិកឡើងវិញក្នុងគោលបំណងផ្តល់ការងារដល់ពលរដ្ឋអាមេរិក ការជំរុញឱ្យមានការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងបែបផែនទីផ្សារសេរីដោយបណ្តុះឱ្យមានកំណើនរោងចក្រឧស្សាហកម្មបច្ចេកវិទ្យានិងរ៉ូបូត ប្រព័ន្ធប្រមូលពន្ថដារជាដើមផងដែរ។ #កម្មវិធី_ថង់ប្រាជ្ញា #THE_SEED #Barack_Obama

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទចែករំលែកដោយ៖ កញ្ញា ស្រង់ ខាដាណេ
រូបគំនូរដោយ៖ កញ្ញា គង់ រដ្ធាវី

ស្ថានទូតទិន្នន័យ៖ វិធីសាស្ត្រអេស្តូនីការពារអធិបតេយ្យរបស់ខ្លួនពីមហាអំណាចជាប់របងខ្លួន

នៅពេលដែលយើងលឺពាក្យថាស្ថានទូតនោះ យើងនឹងនឹកឃើញពីស្ថាប័នមួយដែលមានអគ្គរាជទូត មន្ត្រីការទូត និងបុគ្គលិកនានានៅទីនោះ។ ផ្ទុយទៅវិញ ប្រទេសអេស្តូនី (Estonia) បានដាក់ស្ថានទូតរបស់ខ្លួននៅប្រទេសលុចសាំបួរ (Luxembourg) ដែលស្ថានទូតនោះមិនមានមនុស្សឡើយ តែផ្ទុកទៅដោយសំណុំទិន្នន័យសំខាន់ៗជាឌីជីថលរបស់រដ្ឋាភិបាលអេស្តូនី។ ប្រទេសអេស្តូនី បានប្រសិទ្ធនាមវាជាស្ថានទូតទិន្នន័យ (Data Embassy) ទីមួយនៅលើសកលលោក។ ហេតុអ្វីបានជាប្រទេសអេស្តូនីបង្កើតស្ថានទូតទិន្នន័យឡើង?

មូលហេតុទីមួយដែលនាំឱ្យប្រទេសអេស្តូនីបង្កើតស្ថានទូតទិន្នន័យនេះឡើងគឺដោយសារតែប្រទេសអេស្តូនីបានទទួលរងនូវការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែតជាច្រើនដងនៅក្នុងឆ្នាំ២០០៧ដែលនាំឱ្យគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលប្រទេសអេស្តូនីចំនួន៥៨លែងដំណើរការក្នុងពេលតែមួយ។ ទិន្នន័យសំខាន់ៗជាច្រើនរបស់រដ្ឋាភិបាលអេស្តូនីមិនត្រូវបានបាត់បង់ដោយសារតែការវាយប្រហារមួយនេះទេ ដោយសារតែអេស្តូនីមានឯកសារស្តុកបម្រុងទុកនៅស្ថានទូតរបស់ខ្លួននៅជុំវិញពិភពលោក។ រដ្ឋាភិបាលអេស្តូនីបានចោទប្រកាន់ថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយខ្នងនៃការវាយប្រហារនេះ ប៉ុន្តែរដ្ឋាភិបាលក្រឹមឡាំង (Kremlin) បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់នេះ។ រដ្ឋាភិបាលរំពឹងថាការបង្កើតស្ថានទូតទិន្នន័យ នឹងរារាំងការវាយប្រហារមកលើទិន្នន័យរបស់ខ្លួន ព្រោះថាភាគីដែលមានបំណងចង់វាយប្រហារនឹងបង្កជម្លោះជាមួយប្រទេសពីរ។ ប្រសិនបើភាគីណាមួយចង់វាយប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិករបស់អេស្តូនី ភាគីនោះក៏ត្រូវវាយប្រហារទៅលើប្រទេសលុចសាំបួរ ដែលនឹងនាំឱ្យភាគីនោះជួបប្រទះបញ្ហាទំនាក់ទំនងការទូតជាមួយប្រទេសច្រើនភាគីផងដែរ។

មូលហេតុទីពីរដែលនាំឱ្យប្រទេសអេស្តូនីបង្កើតស្ថានទូតទិន្នន័យឡើង គឺដោយសារតែវាជាបច្ចេកទេសតែមួយគត់ដែលធានាបានថា រដ្ឋាភិបាលអេស្តូនីនឹងនៅតែមានអធិបតេយ្យភាពលើទិន្នន័យរបស់ខ្លួនបាន។ នៅក្នុងឆ្នាំ២០១៤ រដ្ឋាភិបាលអេស្តូនីមានជម្រើសពីរក្នុងការផ្ទុកនិងការពារទិន្នន័យរបស់ខ្លួន ដែលជម្រើសទីមួយគឺការបង្កើតស្ថានទូតទិន្នន័យនេះឯង ឯជម្រើសទីពីរគឺផ្ទុកទិន្នន័យនេះនៅក្នុង Cloud។ ប៉ុន្តែ រដ្ឋាភិបាលអេស្តូនីយល់ឃើញថា ប្រព័ន្ធ Cloud នៅមិនគ្រប់គ្រាន់នោះឡើយទេ ដោយសារការផ្ទុកទិន្នន័យនៅក្នុង Cloud គឺដូចជាការផ្ញើទិន្នន័យបណ្ដោះអាសន្នដែលម្ចាស់ Cloud នោះត្រូវរក្សាទុកនៅកន្លែងមួយ។ ហេតុដូចនេះ ការផ្ទុកទិន្នន័យនៅក្នុង Cloud មានហានិភ័យត្រង់មិនអាចមានអំណាចពេញលេញលើទិន្នន័យទាំងនោះដូចការរក្សាទុកដោយខ្លួនឯងនោះទេ។ នេះក៏ជាមូលហេតុដែលរដ្ឋាភិបាលនេះសម្រេចធ្វើស្ថានទូតទិន្នន័យដែលអាចប្រើប្រាស់និងរក្សាទុកទិន្នន័យដោយសុវត្ថិភាពនៅឯស្ថានទូតទិន្នន័យនៅប្រទេសលុចសាំបួរ។

មូលហេតុទីបីដែលនាំឱ្យប្រទេសអេស្តូនីបង្កើតស្ថានទូតទិន្នន័យគឺដោយសាររដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការការពារអធិតេយ្យភាពរបស់រដ្ឋាភិបាលរបស់ខ្លួន។ ប្រទេសអេស្តូនីជាប្រទេសដ៏តូចមួយដែលមានព្រំប្រទល់ជាប់ប្រទេសរុស្ស៊ី ហើយក៏ជាអតីតរដ្ឋចំណុះមួយរបស់សហភាពសូវៀតផងដែរ។ ក្រោយពីមើលឃើញពីការកាន់កាប់របស់កងទ័ពរុស្ស៊ីនៅក្នុងតំបន់គ្រីមៀ (Crimea) នៅប្រទេសអ៊ុយក្រែន (Ukraine) ក្នុងឆ្នាំ២០១៤ ប្រទេសអេស្តូនីក៏បានចាប់ផ្តើមគិតគូរពីបញ្ហាសន្តិសុខជាតិរបស់ខ្លួន។ ការបង្កើតស្ថានទូតទិន្នន័យនេះឡើង គឺអាចធានាបានថា ប្រសិនបើថ្ងៃមុខ ប្រទេសអេស្តូនីនឹងរងការឈ្លានពានបាត់បង់ទឹកដីនោះ ឯកសារសំខាន់ៗរបស់ជាតិនឹងមិនបាត់បង់ ឬទទួលរងផលប៉ះពាល់អ្វីឡើយ។ រដ្ឋាភិបាលអេស្តូនីនៅតែអាចដំណើរការ និងផ្តល់សេវាកម្មសំខាន់ៗដល់ប្រជាពលរដ្ឋរបស់ខ្លួនតាមប្រព័ន្ធអនឡាញ ទោះបីជារដ្ឋាភិបាលមួយនេះ មិនមានវត្តមាននៅក្នុងទឹកដីរបស់ខ្លួនក៏ដោយ។

ក្នុងដំណើរនៃការបង្កើតស្ថានទូតនេះឡើង ប្រទេសអេស្តូនីបានចរចាជាមួយប្រទេសជាច្រើន។ ការជ្រើសរើសគោលដៅប្រទេសដែលប្រទេសអេស្តូនីនឹងដាក់ស្ថានទូតទិន្នន័យគឺមានសារៈសំខាន់ណាស់ ព្រោះប្រសិនបើប្រទេសជាម្ចាស់ផ្ទះមិនមានហេដ្ឋារចនាសម្ព័ន្ធ និងច្បាប់ការពារទិន្នន័យឌីជីថលល្អនោះទេ ទិន្នន័យរដ្ឋាភិបាលអេស្តូនីនឹងងាយរងគ្រោះថ្នាក់។ រដ្ឋាភិបាលអេស្តូនីត្រូវការភាគីដៃគូដែលអាចជឿទុកចិត្តបាន ក្នុងការការពារឯកសាររបស់ខ្លួន។ ជាចុងក្រោយ រដ្ឋាភិបាលអេស្តូនីបានចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសលុចសាំបួរក្នុងការបង្កើតស្ថានទូតទិន្នន័យទីមួយនេះឡើង។ ប្រទេសលុចសាំបួរជាប្រទេសដែលមានកិត្យានុភាពដ៏ល្អមួយខាងសុវត្ថិភាពលើប្រព័ន្ធអនឡាញ ដោយសារប្រទេសនេះជាគោលដៅក្នុងការស្តុកទុកឯកសារសំខាន់ៗរបស់អង្គការអន្តរជាតិជាច្រើន។ ស្ថានទូតទិន្នន័យក៏ទទួលបាននូវសិទ្ធិការពារដូចស្ថានទូតដទៃទៀតដែរដែលបានចែងក្នុងកិច្ចព្រមព្រៀងក្រុងវីយែន (Vienna) ដោយប្រទេសដែលជាម្ចាស់ផ្ទះ មិនអាចឈ្លានពាន ឬជ្រៀតជ្រែកចូលទៅក្នុងស្ថានទូតបានឡើយ។

បច្ចុប្បន្ននេះ ដោយសារតែឯកសាររបស់ប្រទេសជាច្រើនវិវត្តទៅរកប្រព័ន្ធឌីជីថល ស្ថានទូតទិន្នន័យកំពុងក្លាយជាគោលគំនិតរបស់បណ្តាប្រទេសមួយចំនួនក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន ក៏ដូចជាឯកសារសំខាន់ៗទាក់ទងនឹងសន្តិសុខប្រទេសជាតិ។ ស្ថានទូតទិន្នន័យអាចជួយការពារទិន្នន័យពីគ្រោះថ្នាក់ជាច្រើនមានដូចជា សង្គ្រាម ចារកម្ម ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត និងគ្រោះថ្នាក់ធម្មជាតិជាដើម។ ប្រទេសមួយចំនួន ជាពិសេសប្រទេសដែលមានផ្ទៃដីតូចកំពុងតែងាកមករកដំណោះស្រាយនេះ។ ក្រៅពីប្រទេសអេស្តូនី ប្រទេសមូណាកូ ក៏មានបំណងបង្កើតស្ថានទូតទិន្នន័យផងដែរ ហើយប្រទេសអេស្តូនីក៏បានជួយដល់ប្រទេសកោះតូចៗនៅក្នុងមហាសមុទ្រដែលងាយរងគ្រោះដោយសារគ្រោះធម្មជាតិ ដោយការចែករំលែកបច្ចេកវិទ្យាក្នុងការស្តុកទុកទិន្នន័យជាតិរបស់ពួកគេផងដែរ។ #The_SEED #Data #Estonia #Luxembourg #Russia #Data_Embassy

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទដោយ៖ លោក ឆាយ តេជគុណ
គំនូរច្នែប្រឌិតដោយ៖ កញ្ញា បូរ ដាលីន

កាល ម៉ាក្ស-ភាពអវិជ្ជមាននៃមូលធននិយម

លោក កាល ម៉ាក្ស (Karl Marx) ឆ្នាំ១៨១៨-១៨៨៣ ត្រូវបានគេស្គាល់ថាជាអ្នកប្រាជ្ញដ៏មានឥទ្ធិពលម្នាក់ក្នុងអំឡុងសតវត្សរ៍ទី១៩ ដោយមានងារជា ទស្សនវិទូ សង្គមវិទូ សេដ្ឋវិទូ ប្រវត្តិវិទូ អ្នកទ្រឹស្ដីនយោបាយ ជាអ្នកកាសែត និងជាអ្នកបដិវត្តន៍សង្គមផងដែរ ប៉ុន្តែលោកមិនមែនជាសាសនិកនៃសាសនាណាមួយនោះទេ។ លោកមានដើមកំណើតនៅប្រទេសអាល្លឺម៉ង់ ហើយកើតនៅក្នុងត្រកូលជនជាតិជ្វីហ្វដែលមានជីវភាពស្ដុកស្ដម្ភ និងមានឪពុកជាមេធាវីទៀតផង។ ទស្សនរបស់លោកបានចាប់ផ្ដើមមានភាពល្បីល្បាញខ្លាំងនៅដើមសតវត្សរ៍ទី២០ ដោយមានមេដឹកនាំប្រទេសមួយចំនួន ដូចជា លោក វ្លាឌីមៀរ អ៊ីលីច លេនីន (Vladimir Ilyich Lenin) និង លោក ម៉ៅ សេទុង (Mao Zedong) ជាដើម បានយកទ្រឹស្ដីរបស់គាត់មកធ្វើជាមូលដ្ឋានគ្រឹះនៃលទ្ធិកុម្មុយនីស្ដនិងរបបដឹកនាំរបស់ពួកគេ។

ដើមឡើយ មនុស្សរស់នៅប្រកបរបរចិញ្ចឹមជីវិតតាមសភាពធម្មជាតិ ប៉ុន្តែ ការវិវត្តនៃគំនិតគាបសង្កត់អ្នកទន់ខ្សោយបង្កើតបានជាសង្គមនៃរបបទាសភាព (Slavery Regime)។ ស្ថានភាពសង្គមចេះតែវិវត្តដោយមានការជិះជាន់និងបង្កើតជាវណ្ណៈសង្គមបានប្រែក្លាយទៅជារបបសក្ដិភូមិនិយម (Feudalism)។ បន្ទាប់មកទៀត របបមូលធននិយមក៏បានលេចចេញជារូបរាងឡើងនៅសតវត្សរ៍ទី១៧ ក្នុងរូបភាពអវិជ្ជមានដែលវណ្ណៈគហបតីកេងប្រវ័ញ្ចនិងមានការគាបសង្កត់ជិះជាន់លើក្រុមកម្មករ ជាពិសេសអ្នកមានជីវភាពក្រីក្រ គ្មានអំណាចនិងឋានៈនៅក្នុងសង្គម។ រហូតដល់ដើមសតវត្សរ៍ទី២០ សង្គមនិយម ឬលទ្ធិកុម្មុយនីស្ដត្រូវបានអនុវត្តដំបូងគេដោយសហភាពសូវៀតដែលមាន លោក វ្លាឌីមៀរ លេនីន ជាមេដឹកនាំដោយផ្អែកទៅលើទ្រឹស្ដីរបស់ លោក កាល ម៉ាក្ស ដូច្នេះហើយទើប លោក កាល ម៉ាក្ស ត្រូវបានគេឱ្យរហ័សនាមថាជាបិតានៃលទ្ធិកុម្មុយនីស្ដ។

នៅសតវត្សរ៍ទី១៩ ដើមកំណើតនៃទស្សនវិទូ កាល ម៉ាក្ស គឺជាពេលដែលរបបសក្ដិភូមិត្រូវបានដួលរលំបន្តិចម្ដងៗ ដោយរីកលូតលាល់ឡើងនូវរបបមូលធននិយមជំនួសវិញ។ លោក កាល ម៉ាក្ស មានទស្សនបដិវត្តន៍ឆ្វេងនិយម បានធ្វើការប្រឆាំងយ៉ាងខ្លាំងទៅនឹងរបបរាជានិយមផ្ដាច់ការ និងធ្វើការរិះគន់ទៅលើលទ្ធិមូលធននិយម តាមរយៈការនិពន្ធសៀវភៅជាមួយមិត្តភក្ដិជិតស្និទ្ធរបស់គាត់ លោក ហ្វ្រ៊ីឌ្រិច អង់ហ្គែល (Friedrich Engels) ដែលមានចំណងជើងថា គោលនយោបាយកុម្មុយនីស្ដ (The Communist Manifesto) នៅឆ្នាំ១៨៤៨។ ក្នុងនោះ លោកបានពិពណ៌នាអំពីពិភពលោកមួយដែលគ្មានទ្រព្យសម្បត្តិឯកជន ឬទ្រព្យទទួលបានពីកេរមរតករបស់ឪពុកម្ដាយនោះទេ។ ម៉្យាងវិញទៀត ការធ្វើទំនាក់ទំនង ឧស្សាហកម្មដឹកជញ្ជូន និងការអប់រំជាដើម គួរតែត្រូវបានផ្ដល់ជូនដោយរដ្ឋដោយឥតគិតថ្លៃ។ ទស្សនវិទូ កាល ម៉ាក្ស បាននិពន្ធសៀវភៅជាច្រើនក្នុងឆាកជីវិតរបស់គាត់ ប៉ុន្តែសៀវភៅភាគច្រើនគឺនិយាយអំពីមូលធននិយម ក្នុងនោះរួមមាន មនោគមវិជ្ជាអាល្លឺម៉ង់ ឆ្នាំ១៨៤៥ (The German Ideology) បដិវត្តន៍ និងការប្រឆាំងបដិវត្តន៍នៅអាល្លឺម៉ង់ ឆ្នាំ១៨៥២ (Revolution and Counter-Revolution in Germany) និង ការតស៊ូវណ្ណៈនៅបារាំង ឆ្នាំ១៨៥០ (The Class Struggles in France) ជាដើម។

នៅឆ្នាំ១៨៦៧ លោក កាល ម៉ាក្ស បាននិពន្ធសៀវភៅមួយក្បាលទៀតដែលមានចំណងជើងថា មូលធន៖ ការរិះគន់នៃសេដ្ឋកិច្ចនយោបាយ (Capital: Critique of Political Economy)។ លោកយល់ឃើញថា មូលធននិយមគឺជាកត្តានៃអយុត្តិធម៌សង្គម ដែលគាត់ចង់សំដៅទៅលើអ្នកដែលមានវណ្ណៈតូចទាប ដូចជាកសិករ កម្មករ និងជនក្រីក្រដទៃទៀតតែងត្រូវបានកេងប្រវ័ញ្ចកម្លាំងពលកម្មតាមរយៈការផ្ដល់ប្រាក់ឈ្នួលតិចតួចមិនសមមូលទៅនឹងកម្លាំងពលកម្មដែលផលិតករបានផ្ដល់ឱ្យសហគ្រាស។ ប្រាក់ចំណេញគឺជាចោរលួចជំនាញកម្លាំងពលកម្ម ក្នុងន័យនេះ លោក កាល ម៉ាក្ស បង្ហាញថាអ្នកមូលធននិយមចំណាយប្រាក់ទៅលើកម្មករតិចតួច ប៉ុន្តែលក់ផលិតផលនោះក្នុងតម្លៃថ្លៃដើម្បីបានប្រាក់ចំណេញខ្ពស់។ លោក កាល ម៉ាក្ស បានព្យាករថា មូលធននិយមនឹងធ្វើឱ្យពិភពលោកដែលអ្នកមានកាន់តែមាន និងអ្នកក្រកាន់តែក្រ។ ហើយគាត់ព្យាករទៀតថា មូលធននិយមនឹងនាំឱ្យកើតមានឡើងនូវសាកលភាវូបនីយកម្មដែលពេលនោះក្នុងទីផ្សារសេរីមានតែក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះដែលមានសក្ដានុពលលើសលប់ដែលយូរៗទៅនឹងអាចបង្កើតទៅជាទីផ្សារផ្តាច់មុខដែលជាហេតុនាំឱ្យរបបមូលធននិយមត្រូវបរាជ័យ។

លោកបានផ្ដល់ជាមធ្យោបាយក្នុងការកែប្រែសង្គមឱ្យមានភាពប្រសើរឡើងវិញ នោះគឺថាមានតែរបបសង្គមនិយម (Socialism) ឬលទ្ធិកុម្មុយនីស្ដ (Communism) ទេ ដែលអាចផ្ដល់សិទ្ធិដល់មនុស្សដែលរស់នៅក្នុងសង្គមទាំងមូលទទួលបាននូវប្រយោជន៍ស្មើគ្នាដោយមិនគិតពីអ្នកមានឬក្រ។ លោក កាល ម៉ាក្ស យល់ឃើញថាទ្រព្យសម្បត្តិទាំងអស់របស់ពួកវណ្ណៈអភិជន ឬសហគ្រាសធំៗទាំងឡាយគួរត្រួវបានបែងចែកឱ្យមនុស្សដទៃទៀតស្មើៗគ្នា។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានអះអាងថា ការរៀបអាពាហ៍ពិពាហ៍គឺគ្រាន់តែជាការពង្រីកជំនួញរបស់មនុស្សយើងតែប៉ុណ្ណោះ ដោយលោកពន្យល់បន្ថែមទៀតថា ដៃគូស្វាមីភរិយារួមរស់ជាមួយគ្នាមិនមែនព្រោះតែក្ដីស្រឡាញ់នោះទេ គឺមកពីមូលហេតុបញ្ហាហិរញ្ញវត្ថុតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ លោក កាល ម៉ាក្ស ក៏បានជឿថា របបមូលធននិយមបានជំរុញឱ្យមនុស្សទាំងអស់គិតតែពីប្រយោជន៍សេដ្ឋកិច្ចរៀងៗខ្លួនដែលធ្វើឱ្យមនុស្សលោកលែងស្គាល់ថាអ្វីទៅជាទំនាក់ទំនងល្អប្រកបដោយក្ដីស្រឡាញ់ពិតប្រាកដ។

សរុបមក ទស្សនៈរបស់ លោក កាល ម៉ាក្ស ក្នុងការកែប្រែប្រព័ន្ធគ្រប់គ្រងសង្គមគឺត្រូវបានមនុស្សសម័យនោះមើលឃើញថាជាគំនិតដ៏ឆ្កួតលីលាមួយ។ ប៉ុន្តែ ជាងពីរទសវត្សរ៍បន្ទាប់ពីការស្លាប់របស់លោកនៅឆ្នាំ១៨៨៣ សៀវភៅដែលលោកនិពន្ធទាំងប៉ុន្មានបានក្លាយជាគោលការណ៍មូលដ្ឋាននៃចលនាមនោគមវិជ្ជា (Ideological movement) និងបដិវត្តន៍សង្គមនៅរុស្ស៊ីប្រឆាំងរបបរាជានិយមជាដើម។ រហូតមកទល់សព្វថ្ងៃ អ្នកមានជំនឿលើលទ្ធិម៉ាក្សស៊ីសនិយម (Marxism) ដូចជាមហាអំណាចចិននិងរុស្ស៊ីជាដើមបានសាងសង់រូបសំណាករបស់ លោក កាល ម៉ាក្ស ហើយគោរពបូជាដោយចាត់ទុកថាជាបិតានៃលទ្ធិកុម្មុយនីស្ដរបស់ពួកគេ។ តែតាមពិតទៅ ចេតនារបស់លោក កាល ម៉ាក្ស គឺការយកចិត្តទុកដាក់ទៅលើទុក្ខលំបាករបស់វណ្ណៈអធន លុបបំបាត់រាល់ការបែងចែកវណ្ណៈសង្គម ដោយផ្ដោតទៅលើសិទ្ធិស្មើគ្នាក្នុងការទទួលបាននូវប្រយោជន៍ពីសង្គមនិងយុត្តិធម៌សង្គមតែប៉ុណ្ណោះ ប៉ុន្តែទ្រឹស្ដីរបស់គាត់ត្រូវបានលោក លេនីន និង លោក ម៉ៅ សេទុង កែប្រែដើម្បីអាចយកទៅអនុវត្តក្រោមរបបដឹកនាំរបស់ខ្លួនដែលមានទម្រង់ជាលទ្ធិកុម្មុយនីស្ដផ្ដាច់ការ។ #The_SEED #Karl_Marx #កាល_ម៉ាក្ស

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទចែករំលែកចំណេះដឹងដោយ៖ លោក ធា សុណា
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

វិបត្តិសេដ្ឋកិច្ចក្នុងប្រទេសវ៉េណេស៊ុយអេឡា

ប្រទេសវ៉េណេស៊ុយអេឡាគឺជាប្រទេសដែលធ្លាប់មានការរីកចម្រើនជាងគេនៅតំបន់អាមេរិកខាងត្បូង ប៉ុន្តែប្រទេសនេះបានក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងជាងគេទៅវិញក្នុងអំឡុងពេលមួយទសវត្សរ៍ក្រោយនេះ ដោយសារតែការប្រឈមនឹងបញ្ហាអតិផរណា។ បើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) ប្រទេសវ៉េណេស៊ុយអេឡាបានប្រទះនូវអត្រាអតិផរណាយ៉ាងខ្ពស់រហូតលើសពី ៩០០.០០០% នៅក្នុងអំឡុងឆ្នាំ២០១៨។ ដូចនេះហើយ តើអ្វីទៅដែលជាមូលហេតុចម្បងដែលនាំឱ្យប្រទេសវ៉េណេស៊ុយអេឡាជួបប្រទះនឹងបញ្ហាមួយនេះ? ហើយវាបានផ្តល់ផលប៉ះពាល់យ៉ាងណាខ្លះទៅដល់ប្រជាជនវ៉េណេស៊ុយអេឡា?

ប្រសិនបើក្រឡេកមកមើលពីមូលហេតុទីមួយដែលបណ្តាលឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងបញ្ហាអតិផរណាខ្ពស់បែបនេះ នោះគឺដោយសារតែការផ្តោតទៅលើតែអាជីវកម្មប្រេងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ បើយោងតាមការចេញផ្សាយរបស់ CNBC ប្រទេសវ៉េណេស៊ុយអេឡាគឺជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកទៅលើការនាំចេញប្រេងទៅប្រទេសក្រៅសឹងតែទាំងស្រុង ក្នុងចំនួន ៩៥% នៃប្រាក់ចំណូលពីការនាំចេញរបស់ប្រទេសវ៉េណេស៊ុយអេឡា។ ប៉ុន្តែ កាលពីឆ្នាំ២០១៤ តម្រូវការបេ្រងរបស់ពិភពលោកបានធ្លាក់ចុះដែលនាំឱ្យតមៃ្លប្រេងធ្លាក់ចុះផងដែរ។ ដូច្នេះហើយ ប្រទេសវ៉េណេស៊ុយអេឡាក៏បានជួបប្រទះនឹងការលំបាកផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ដោយសារការធ្លាក់ចុះនៃការនាំចេញប្រេងទៅកាន់ពិភពលោកបានធ្វើឱ្យប្រទេសនេះបាត់បង់ប្រាក់ចំណូលជាច្រើន និងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់តម្រូវការមូលដ្ឋានរបស់ប្រជាជនក្នុងស្រុកដែលផលិតផលភាគច្រើនបានមកពីការនាំចូល។

រីឯមូលហេតុទីពីរវិញគឺនៅក្នុងអំឡុងឆ្នាំដែលលោក ហ៊ូហ្គោ ឆាវ៉េស (Hugo Chavez) បានកាន់ដំណែងជាប្រធានាធិបតីវ៉េណេស៊ុយអេឡា ប្រទេសនេះសម្រេចបាននូវការរីកចម្រើនជាងគេក្នុងអាជីវកម្មដឹកជញ្ជូនប្រេងទៅក្រៅប្រទេស។ លោក ឆាវីស (Chavez) បានបង្កើតកម្មវិធីសុខុមាលភាពជាច្រើន ដែលជាតម្រូវការរបស់ប្រជាជនវ៉េណេស៊ុយអេឡា ដោយប្រើប្រាស់ប្រាក់ចំណូលពីការនាំចេញប្រេង ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបង្កើនឱកាសការងារដល់ប្រជាជនរបស់ខ្លួន។ ហេតុនេះហើយទើបលោកទទួលបានការគាំទ្រនិងមានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាជនហើយលោកក៏បានបន្តគោលនយោបាយប្រជានិយមរបស់លោកដោយចំណាយប្រាក់បន្ថែមលើកិច្ចការសង្គមច្រើនហួសពេក។ ការចំណាយលើសលប់លើគោលនយោបាយប្រជានិយមច្រើននេះ បានធ្វើឱ្យស្តុកលុយរបស់ប្រទេសវ៉េណេស៊ុយអេឡាធ្លាក់ចុះ ដែលធ្វើឱ្យប្រទេសវ៉េណេស៊ុយអេឡាខ្វះខាតលុយក្នុងការចំណាយលើគោលនយោបាយសេដ្ឋកិច្ចផ្សេងៗ ឈានទៅដល់ការកើនឡើងនៃឱនភាពសារពើពន្ធ និងការកើនឡើងនូវបំណុលពីប្រទេសខាងក្រៅ។

ចំណែកឯមូលហេតុទីបីគឺដោយសារតែគោលនយោបាយផលិតលុយបន្ថែមរបស់ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលបន្សល់ទុកពីរដ្ឋបាលប្រធានាធិបតីមុន។ លោក នីកូឡាស់ ម៉ាឌូរ៉ូ បានដោះស្រាយបញ្ហាសេដ្ឋកិច្ចដោយបង្កើតគោលនយោបាយក្នុងការផលិតលុយបន្ថែមដើម្បីជួយសេដ្ឋកិច្ចរបស់ប្រទេសនិងដើម្បីសងបំណុលផ្សេងៗទៀត។ ប៉ុន្តែការផលិតលុយបន្ថែមនេះបានធ្វើឱ្យបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសវ៉េណេស៊ុយអេឡាចុះខ្សោយលើសដើម ដោយសារចំនួនក្រដាសប្រាក់បានកើនឡើង និងរុញតម្លៃផលិតផលឱ្យកើនឡើងផងដែរ។ វិបត្តិសេដ្ឋកិច្ចដែលជាជំងឺចាស់ គួបផ្សំនឹងគោលនយោបាយផលិតលុយបន្ថែម បានបែ្រក្លាយជាកាតាលីករជំរុញឱ្យវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែរ៉ាំរ៉ៃទៅមកទល់ពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ ដោយសារប្រទេសវ៉េណេស៊ុយអេឡាមានបញ្ហាអត្រាអតិផរណាឡើងខ្ពស់ជារៀងរាល់ថ្ងៃបែបនេះ ប្រជាពលរដ្ឋបានរងទុក្ខដោយមិនអាចផ្គត់ផ្គង់តម្រូវការមូលដ្ឋាន ដូចជា អាហារ បង្គន់អនាម័យ និងថ្នាំឱសថជាដើម។ ជាមួយនឹងការខ្វះខាតនេះ ប្រជាជននៅក្នុងប្រទេសមានការស្រេកឃ្លាន និងមិនបានទទួលការអប់រំ ដោយសារសេដ្ឋកិច្ចក្នុងគ្រួសារនីមួយៗបានធ្លាក់ចុះ។ ម៉្យាងវិញទៀត ប្រជាជនវ៉េណេស៊ុយអេឡាបានចោទប្រកាន់លោក ម៉ាឌូរ៉ូ ជាអ្នកដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសក្លាយជាបែបនេះ ដែលជាលទ្ធផលប្រជាជនវ៉េណេស៊ុយអេឡាចំនួនលើសពីបីលាននាក់ បានចាកចេញពីប្រទេសរបស់ខ្លួន ដើម្បីស្វែងរកជីវិតថ្មីនៅប្រទេសដទៃ ដូចជា ប្រទេសកូឡុំប៊ី (Colombia) ប្រទេសប៉េរូ (Peru) ប្រទេសឈីលី (Chili) និងតំបន់ចំនួនទៀត ដូចជាប៉ែកប្រេស៊ីលខាងត្បូង (South Brazil) ជាដើម បើយោងតាមអង្គការសហប្រជាជាតិកាលពីចុងឆ្នាំ២០១៩។

ដោយសារសេដ្ឋកិច្ចប្រទេសវ៉េណេស៊ុយអេឡាស្ថិតក្នុងភាពវឹកវរ ទើបលោក ជូហាន ហ្គូដូ (Juan Guaido) ដែលជាសមាជិកក្នុងបក្សប្រឆាំងបានឆ្លៀតឱកាសបង្កើនប្រជាប្រិយភាពរបស់គណបក្សប្រឆាំង និងអះអាងថាបានជាប់ជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសវ៉េណេស៊ុយអេឡា ប៉ុន្តែការបោះឆ្នោតនេះក្លាយជាបញ្ហាចម្រូងចម្រាសមួយរហូតដល់មានការប្រកួតប្រជែងរវាងប្រទេសមហាអំណាចនិងប្រទេសមហាអំណាច។ ប្រទេសមហាអំណាចមួយចំនួន ដូចជា សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ក៏បានលូកដៃដើម្បីគាំទ្រគណបក្សប្រឆាំងដោយជឿថាលោក ជូហាន ហ្គូដូ នឹងដឹកនាំប្រទេសឱ្យមានការរីកចម្រើនដោយប្រើប្រាស់គោលនយោបាយប្រជាធិបតេយ្យ។ ជាមួយគ្នានេះផងដែរ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនេះដោយសារការដឹកនាំរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលដឹកនាំប្រទេសបែបផ្តាច់ការ ជាហេតុធ្វើឱ្យសេដ្ឋកិច្ចប្រទេសវ៉េណេស៊ុយអេឡាកាន់តែធ្លាក់ចុះបន្ថែមទៀត។ យោងតាមការចេញផ្សាយរបស់ BBC លោក ម៉ាឌូរ៉ូ មានសម្ព័ន្ធភាពអន្តរជាតិដែលបានគាំទ្រលោកក្នុងការរក្សាតំណែងជាប្រធានាធិបតីនៃប្រទេសវ៉េណេស៊ុយអេឡារួមជាមួយប្រទេសមហាអំណាចមួយចំនួនផងដែរ ដូចជា ប្រទេសចិន ប្រទេសរុស្សីជាដើម។

ដោយយោងតាមការសន្និដ្ឋានខាងលើ យើងអាចសង្កេតឃើញថា ប្រទេសវ៉េណេស៊ុយអេឡាមិនត្រឹមតែកំពុងជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចនោះទេ ប្រទេសនេះក៏កំពុងជួបនឹងបញ្ហានយោបាយផងដែរ។ រដ្ឋបាលរបស់លោក ម៉ាឌូរ៉ូ មិនត្រឹមតែត្រូវផ្ដោតអារម្មណ៍លើការស្រោចស្រង់សេដ្ឋកិច្ចដ៏ដុនដាបនេះប៉ុណ្ណោះទេ លោកក៏ត្រូវការពារអំណាចដែលមានក្នុងដៃផងដែរ។ ជាមួយគ្នានេះ ការមិនផ្តល់ព័ត៌មានសវនកម្មផ្សេងៗពីលោក ម៉ាឌូរ៉ូ ធ្វើឱ្យមានភាពលំបាកក្នុងការលើកវិធានការចំបាច់ដើម្បីដោះស្រាយបញ្ហាការកើនឡើងអត្រាអតិផរណា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយសកល អ្នកជំនាញជាច្រើនបានណែនាំដំណោះស្រាយដែលអាចឱ្យប្រទេសវ៉េណេស៊ុយអេឡាចៀសវាងបញ្ហានៃការកើនឡើងនូវអត្រាអតិផរណា ដោយអនុម័ត <ដុល្លារូបនីយកម្ម>។ ក្នុងការអនុម័តដុល្លារូបនីយកម្មនេះ ប្រទេសវ៉េណេស៊ុយអេឡាត្រូវបោះបង់ចោលរូបិយវត្ថុជាតិដើម្បីចាប់យករូបិយប័ណ្ណបរទេសដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចរូបិយប័ណ្ណប្រទេសរបស់ខ្លួន និងអាចជួយដល់ការដោះស្រាយបញ្ហាជាច្រើនដែលប្រជាជនកំពុងជួបប្រទះផងដែរ។ បន្ថែមពីលើនេះ យោងតាមការចេញផ្សាយរបស់ CNBC នេះផងដែរ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានបង្ហាញឆន្ទះក្នុងការផ្តល់ជំនួយលើឥណទាននិងការវិនិយោគក្រោមលិទ្ធិប្រជាធិបតេយ្យដើម្បីជួយសេដ្ឋកិច្ចរបស់ប្រទេសវ៉េណេស៊ុយអេឡា ក្នុងករណីលោក ម៉ាឌូរ៉ូ ចាកចេញពីតំណែង។ ផ្ទុយមកវិញ ការវិភាគជាច្រើនបានបង្ហាញពីការព្រួយបារម្មណ៍ចំពោះអនាគតនៃប្រជាជនប្រទេសវ៉េណេស៊ុយអេឡា ដោយសាររដ្ឋាភិបាលប្រទេសនេះបានបដិសេធនូវបញ្ហាសេដ្ឋកិច្ច ជាអាទិ៍ បញ្ហាអតិផរណាដែលខ្លួនកំពុងជួបប្រទះ និងគោលនយោបាយដែលធ្វើឱ្យប្រជាជនរងទុក្ខបន្ថែមទៀត។ #The_SEED #កម្មវិធី_វិចារណកថាថ្ងៃសុក្រ #វ៉េណេស៊ុយអេឡា

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ឡេង ហ៊ត ​
គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត ​

ការវិវឌ្ឍពី 1G បន្តរហូតដល់ 5G

ការវិវឌ្ឍនៃបណ្តាញទូរសព្ទ រាប់ចាប់តាំងពីទូរសព្ទមានខ្សែរហូតដល់អត់ខ្សែ ប្រែមកជាទូរសព្ទចល័តដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗនៃរបកគំហើញនានា បានកែប្រែមុខមាត់ថ្មីសម្រាប់ពិភពលោកឱ្យស្ថិតក្នុងទំនើបកម្មនិងនវានុវត្តន៍។ ក្រឡេកមកមើលប្រវត្តិនៃការវិវឌ្ឍរបស់បច្ចេកវិទ្យាបណ្តាញរលកវិទ្យុចល័ត (Wireless Cellular Technology) គឺត្រូវបានចាប់ផ្តើមនៅឆ្នាំ១៩៧៩ ដែលផ្តើមពី 1G និងឆ្ពោះទៅវិវឌ្ឍខ្លួនមកជំនាន់ 5G ។ អត្ថន័យនៃពាក្យនេះគឺ អក្សរ “G” តំណាងឱ្យ “ជំនាន់ (Generation)” ចំណែកឯលេខវិញគឺតំណាងឱ្យលំដាប់នៃជំនាន់នីមួយៗ។ ការវិវឌ្ឍអស់ ៥ ជំនាន់នេះបានប្រែមុខមាត់សកលលោក និងការរស់នៅរបស់មនុស្សជាតិឱ្យកាន់តែមានភាពងាយស្រួលឡើង ហើយការវិវឌ្ឍទាំងនេះ ជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាថ្មីៗនៅលើពិភពលោកនាពេលកន្លងមក និងការអភិវឌ្ឍជាបន្តទៀតប្រកបដោយភិយ្យោភាពនាពេលអនាគត។

1G (First Generation)
1G ជាសម័យដែលប្រើប្រព័ន្ធ “អាណាឡូក(Analog)” ដោយប្រើសញ្ញាវិទ្យុដើម្បីបញ្ជូនរលកសំឡេង។ ទូរសព្ទនៅយុគសម័យ 1G នេះអាចប្រើបានត្រឹមតែនៅក្នុងផ្នែកសំឡេងប៉ុណ្ណោះ ពោលគឺការហៅ ឬទទួលការហៅប៉ុណ្ណោះ និងមិនអាចប្រើប្រាស់ទិន្នន័យណាមួយឡើយ សូម្បីតែទទួល ឬផ្ញើសារ SMS ក៏ដោយ។ សម័យដំបូងនៃទូរសព្ទចល័តនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងតែមួយគត់ គឺសម្រាប់ប្រាស្រ័យទាក់ទងគ្នាជាសំឡេង ដូច្នេះបច្ចេកវិទ្យាផ្សេងៗពុំត្រូវបានបំពាក់ក្នុងទូរសព្ទដូចបច្ចុប្បន្ននេះឡើយ។ ជាពិសេសនៅសម័យនោះ គេបានកត់សម្គាល់ថាអ្នកប្រើប្រាស់ទូរសព្ទចល័តភាគច្រើនជាអ្នកជំនួញដែលមានប្រាក់ចំណូលខ្ពស់ឬអភិជន និងមានឋានៈខ្ពស់ទើបមានលទ្ធភាពទិញទូរសព្ទនិងសេវាកម្មដើម្បីប្រើប្រាស់បាន ពីព្រោះទូរសព្ទចល័តនៅសម័យនោះមានតម្លៃថ្លៃ។
2G (Second Generation)
ការវិវឌ្ឍពី 1G ទៅជាជំនាន់ 2G គឺបានផ្លាស់ប្តូរពីការបញ្ជូនរលកវិទ្យុដោយ អាណាឡូក (Analog) ទៅជារលកឌីជីថល (Digital) ដែលបានបញ្ជូនតាមរយៈរលកមីក្រូវ៉េវ (Microwave)។ 2G គឺជាជំនាន់ដែលចាប់ផ្តើមអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានលទ្ធភាពប្រើប្រាស់ទិន្នន័យបន្ថែមលើសពីការប្រើប្រាស់សំឡេង។ ជាមួយគ្នានេះដែរ ការផ្ញើសារ ឬ SMS បានចាប់កំណើតឡើង ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសមួយទៀតសម្រាប់ប្រាស្រ័យទាក់ទងជាមួយគ្នា។ នាសម័យនោះ មនុស្សជាច្រើនចាប់ផ្តើមងាកមកប្រើទូរសព្ទចល័តច្រើនជាងមុន ដោយសារតែមានក្រុមហ៊ុនទូរសព្ទចល័តជាច្រើនទើបតែបានកកើតឡើង និងមានការប្រកួតប្រជែងគ្នា ដែលជាហេតុធ្វើឱ្យតម្លៃទូរសព្ទចល័តធ្លាក់ចុះ។ ម្យ៉ាងវិញទៀត អ្វីដែលយើងគួរកត់សម្គាល់នោះគឺ នៅចុងសម័យ 2G ដែលកៀកជិតឈានទៅដល់យុគសម័យ 3G គេបានបែងចែក 2G នេះជា ២ ជំនាន់តូចៗបន្ថែមទៀតគឺ ជំនាន់ 2.5G និង 2.75G។ ជំនាន់ 2.5G នេះបានបង្កើត GPRS (General Packet Radio Service) ដែលអាចឱ្យទូរស័ព្ទ ផ្ទេរ និងផ្ទុកទិន្នន័យបានច្រើនជាងមុន រីឯជំនាន់ 2.75G បានបង្កើត EDGE (Enhanced Data rates for Global Evolution) ដែលអភិវឌ្ឍពី GPRS។
3G (Third Generation)
ប្រព័ន្ធ 3G ជាប្រព័ន្ធទូរសព្ទអត់ខ្សែជំនាន់ទី ៣ ដែលអាចតភ្ជាប់ និងបញ្ជូនទិន្នន័យបានលឿនជាងមុន។ ល្បឿនលឿនជាងមុនរបស់ 3G បានធ្វើឱ្យប្រសិទ្ធភាពប្រើប្រាស់សេវាអ៊ីនធឺណិត (Internet) ដូចជាការទទួលឬផ្ញើព័ត៌មានចេញបានកាន់តែលឿន ព្រមទាំងអាចប្រើប្រាស់សេវាពហុប្រព័ន្ធផ្សព្វផ្សាយ (Multimedia Services) បានយ៉ាងល្អឥតខ្ចោះនិងមានប្រសិទ្ធភាពខ្ពស់ ដូចជាការផ្ទេរឯកសារដែលមានទំហំធំ ការហៅចេញជាវីដេអូ (Video Call) MMs ទាញយកបទភ្លេង មើលការផ្សាយផ្ទាល់ ស្ទ្រីម (Stream) ជាដើម។ បន្ទាប់មក 3G មានបណ្តាញហ្វ្រេកង់ និងមានសមត្ថភាពបញ្ជូនទិន្នន័យជាច្រើនទៀត។ លក្ខណៈពិសេសជាងគេមួយទៀតរបស់ប្រព័ន្ធ 3G នោះគឺ “Always on” ដោយយើងអាចភ្ជាប់សេវាអ៊ីនធឺណិតរបស់បណ្តាញ 3G គ្រប់ពេល នៅពេលដែលយើងប្រើប្រាស់ ឬបើកទូរសព្ទ។
4G (Fourth Generation)
ត្បិតតែ 3G បានធ្វើឱ្យយើងអាចភ្ជាប់សេវាអ៊ីនធឺណិតគ្រប់ពេល ក្នុងនោះយើងអាចហៅចេញជាវីដេអូ (Video Call) តាមរយៈទូរសព្ទបាន ឬមើលវីដេអូផ្សាយផ្ទាល់ជាដើម ប៉ុន្តែយើងតែងតែជួបបញ្ហារំខានពីល្បឿនរអាក់រអួលដោយសារតែល្បឿនអ៊ីនធឺណិតនៅយឺតនៅឡើយ។ បច្ចេកវិទ្យា 4G ជាការអភិវឌ្ឍបន្តពីប្រព័ន្ធខ្សែទូរសព្ទអត់ខ្សែជំនាន់មុនៗទាំងអស់ដូចជា 1G 2G និង 3G មករួមគ្នាជាប្រព័ន្ធដែលមានប្រសិទ្ធភាពនិងគុណភាពល្អជាងគេ។ 4G បានអភិវឌ្ឍល្បឿនសេវាអ៊ីនធឺណិត ដែលធ្វើឱ្យការផ្ទេរទិន្នន័យលឿនជាងមុនរហូតដល់ 100Mbps ដែលមានល្បឿនលឿនជាង 3G រហូតដល់២០ដង។ ចំពោះល្បឿនលឿនរបស់បច្ចេកវិទ្យា 4G នេះ គឺមិនអាចត្រឹមតែឱ្យយើងមើលវីដេអូតាមអ៊ីនធឺណិតមិនរអាក់រអួលទេ។ បច្ចេកវិទ្យានេះក៏ធ្វើឱ្យការទំនាក់ទំនងតាមរយៈការហៅចេញជាវីដេអូមានភាពរលូន ជាពិសេស 4G បានជួយឱ្យមនុស្សគ្រប់គ្នាចំណាយលុយតិចជាងមុនផងដែរ។
5G (Fifth Generation)
បណ្ដាញទូរសព្ទចល័ត 5G គឺជាប្រព័ន្ធទូរសព្ទអត់ខ្សែដែលកំពុងអភិវឌ្ឍនៅប្រទេសអភិវឌ្ឍន៍ដូចជាសហរដ្ឋអាមេរិក ចិន និងកូរ៉េខាងត្បូងជាដើម។ 5G ត្រូវបានកំណត់ស្តង់ដារដោយ ITU (International Telecommunication Union) ដែលជាភ្នាក់ងារមានអំណាចកំណត់ស្តង់ដារពាក់ព័ន្ធទូរគមនាគមន៍។ ITU កំណត់ថា 5G ត្រូវមានសមត្ថភាពផ្ទេរទិន្នន័យល្បឿន ២០GPS ដែលមានល្បឿនលឿនជាង 4G រហូតដល់100ដង។ 5G អាចឱ្យអ្នកប្រើប្រាស់មើលរឿងវីដេអូ ស្តាប់បទចម្រៀង លេងហ្គេម បើកគេហទំព័រតាមរយៈទូរស័ព្ទបានរលូនជាងមុន។ មួយវិញទៀត 5G មានកម្រិតរអាក់រអួលតិចក្នុងការផ្ទេរនិងទទួលទិន្នន័យ (Low latency rate) ដោយកាលមុន 4G ប្រើ ២០០ មីលីវិនាទី រីឯ 5G ប្រើត្រឹមតែ ១ មីលីវិនាទីប៉ុណ្ណោះ។ ប៉ុន្តែគុណសម្បត្តិរបស់ 5G មិនមែនមានត្រឹមតែល្បឿនលឿននោះទេ ពីព្រោះនៅពេលអនាគត ពិភពលោកនឹងឈានជើងចូលទៅរកបច្ចេកវិទ្យា IoT (Internet of things)។ បច្ចេកវិទ្យា IoT (Internet of things) គឺជាប្រព័ន្ធដែលអាចឱ្យវត្ថុជាច្រើនភ្ជាប់អ៊ីនធឺណិត ប្រមូល និងផ្ទេរទិន្នន័យតាមរយៈបណ្តាញអត់ខ្សែដោយគ្មានអន្តរាគមន៍ពីមនុស្ស។ ឧទាហរណ៍ រថយន្តបើកបរដោយខ្លួនឯង ឬការគ្រប់គ្រងយានយន្តស្វ័យប្រវត្តិ អាចភ្ជាប់និងបញ្ជាមនុស្សយន្ត (Robots) ជាដើម។ ក្រៅពីនេះ អ្នកប្រើប្រាស់ក៏អាចគ្រប់គ្រងម៉ាស៊ីនផ្សេងៗទៀត មានដូចជាម៉ាស៊ីនផ្នែកវេជ្ជសាស្រ្ត (medical devices) ផ្នែកឧស្សាហកម្ម (industrial equipment) និងផ្នែកកសិកម្ម (agriculture machinery) ដែលអាចជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់អាចតភ្ជាប់ឧបករណ៍ផ្សេងៗយ៉ាងហោចណាស់ 100 ប៊ីលានគ្រឿងក្នុងពេលតែមួយ និងកាត់បន្ថយការប្រើប្រាស់ថាមពល ៩០% ដែលធានាអាយុកាលថ្មរហូតដល់ ១០ ឆ្នាំនៅក្នុងឧបករណ៍ IoT ដែលមានថាមពលទាប។ #កម្មវិធី_ថង់ប្រាជ្ញា #THE_SEED #Wireless_Cellular_Technology #1G #2G #3G #4G #5G
អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទចែករំលែកដោយ៖ កញ្ញា លីម កន្និដ្ឋា
រូបគំនូរដោយ៖ កញ្ញា គង់ រដ្ធាវី

ចក្រភពអង់គ្លេស និង សមាគមនៃប្រជាជាតិខមម្មុនវែល (Commonwealth of Nations) ក្រោយការចាកចេញពីសហភាពអ៊ឺរ៉ុប

ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអ៊ឺរ៉ុបជាផ្លូវការកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ហើយបានចាប់ផ្តើមពង្រឹងអំណាចនយោបាយ និងអំណាចសេដ្ឋកិច្ចរបស់ខ្លួនដោយឯករាជ្យពីសហភាពអ៊ឺរ៉ុបចាប់ពីពេលនោះមក។ ចក្រភពអង់គ្លេសបានស្តារមុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិដោយបានបង្កើនទំនាក់ទំនងនយោបាយការបរទេស និងទំនាក់ទំនងខាងផ្នែកសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងបណ្តាប្រទេស និងស្ថាប័នផ្សេងៗ ដែលក្នុងនោះរួមមានបង្ហាញការយកចិត្តទុកដាក់ទៅលើអង្គការអន្តរប្រទេសមួយដែលមានឈ្មោះថា «សមាគមនៃប្រជាជាតិខមម្មុនវែល(សមាគមនៃប្រជាជាតិ Commonwealth)»។

គួរបញ្ជាក់ផងដែរថា សមាគមនៃប្រជាជាតិខមម្មុនវែលនេះគឺជាសមាគមមួយដែលបានបង្កើតឡើងនៅក្រោមសេចក្តីប្រកាសទីក្រុងឡុងនៅក្នុងឆ្នាំ១៩៤៩។ សមាគមនេះមានប្រទេសជាសមាជិកចំនួន៥៤ រួមមានប្រទេសនៅក្នុងតំបន់អាហ្វ្រិក តំបន់អាស៊ី អាមេរិកខាងត្បូង អ៊ឺរ៉ុប និង ប៉ាស៊ីហ្វិក ហើយ ប្រទេសទាំងនោះមួយចំនួនធំគឺជាប្រទេសដែលធ្លាប់ស្ថិតក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស។ គោលបំណងនៃការបង្កើតសមាគមនេះឡើងគឺដើម្បីរក្សាចំណងមិត្តភាពរវាងចក្រភពអង់គ្លេសនិងឥទ្ធិពលរបស់ខ្លួន ជាមួយនឹងបណ្តាប្រទេសអតីតអាណានិគម និងដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការនានា ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងលទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់ពាណិជ្ជកម្មសេរី ការកាត់បន្ថយភាពក្រីក្រ កម្មវិធីថែទាំសុខភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជាសមាជិក។ ការចូលរួមធ្វើជាសមាជិកនៃសមាគមនេះគឺជាការទទួលស្គាល់នូវការដឹកនាំរបស់អង់គ្លេសនៅក្នុងសមាគម Commonwealth នេះផងដែរ។ សមាគមនេះក៏ត្រូវបានគេមើលឃើញថាជាស្ថាប័នដែលមានភាពធូរលុង ដោយសារតែអវត្តមាននូវច្បាប់រួមមួយដែលដើរតួជារដ្ឋធម្មនុញ្ញនៃការសហការរវាងប្រទេសសមាជិក។ ការសហការគ្នារវាងប្រទេសជាសមាជិកនៅក្នុងសមាគមនេះគឺពឹងផ្អែកតែទៅលើ ទំនៀមទំលាប់ស្ថាប័ន បទពិសោធន៍ ក៏ដូចជាផលប្រយោជន៍ផ្ទាល់ខ្លួនខាងសេដ្ឋកិច្ចនៃប្រទេសនីមួយៗផងដែរ។

ចំពោះចក្រភពអង់គ្លេស ការងាកមករកសមាគមនៃសហប្រជាជាតិ Commonwealth នេះគឺដោយសារតែការរំពឹងទុកអំពីផលចំណេញទាំងផ្នែកនយោបាយការទូត និងផ្នែកសេដ្ឋកិច្ចដែលអាចប៉ះប៉ូវនូវផលប៉ះពាល់ដែលបណ្តាលមកពីការដើរចេញពីសហភាពអ៊ឺរ៉ុប។ អ្នកជំនាញខាងផ្នែកគោលនយោបាយជាច្រើនបានវិភាគទៅលើផលចំណេញដែលសមាគមមួយនេះអាចផ្តល់ទៅឲ្យចក្រភពអង់គ្លេស។ ជាក់ស្តែងយោងតាមវែបសាយ Council on Foreign Relation លោក ចនសាន់(Johnson) ដែលជាអតីតមន្ត្រីនៃក្រសួងការបរទេសរបស់ចក្រភពអង់គ្លេសបានលើកឡើងថា សមាគមនៃប្រជាជាតិ Commonwealth នេះនឹងផ្តល់ឱកាសខាងផ្នែកសេដ្ឋកិច្ចទៅឲ្យចក្រភពអង់គ្លេសច្រើនជាងសហភាពអ៊ឺរ៉ុបដោយសារតែនៅក្នុងអំឡុងពេលបួនឆ្នាំចុងក្រោយនេះ សមាគមនេះមានសន្ទុះកំណើនសេដ្ឋកិច្ចដល់ទៅ ៤,៤ ភាគរយ ដែលខ្ពស់ជាងកំណើនសេដ្ឋកិច្ចរបស់សហភាពអ៊ឺរ៉ុបដែលឈរនៅត្រឹមតែ ២ ភាគរយប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ការងាកទៅរកសមាគមនេះនឹងអាចឱ្យចក្រភពអង់គ្លេសទទួលបានជនអន្តោប្រវេសន៍ដែលមានជំនាញខ្ពស់ចូលមកប្រទេសរបស់ខ្លួនពីប្រទេសសមាជិក ជាជាងទទួលយកជនអន្តោប្រវេសន៍គ្មានចំនួនកំណត់តាមការតម្រូវរបស់សហភាពអ៊ឺរ៉ុបនៅពេលដែលខ្លួននៅជាសមាជិកនៃសហភាពអ៊ឺរ៉ុបនេះ។

មានមតិផ្សេងទៀតបានលើកឡើងថា ការងាកមកសហការជាមួយសមាជិកនៅក្នុងសមាគមCommonwealth នេះគឺនឹងផ្តល់ភាពងាយស្រួលដល់ការសម្រេចបាននូវគោលការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចនានាជាជាងការដែលអង់គ្លេសព្យាយាមបង្កើតកិច្ចសហការថ្មីជាមួយប្រទេសនៅក្រៅសមាគមនេះ ដោយហេតុថាអង់គ្លេសមានទំនាក់ទំនងយូរអង្វែងជាមួយប្រទេសទាំងនេះរួចមកហើយដែលធ្វើឱ្យការចរចាផ្សេងៗកាន់តែមានភាពងាយស្រួល។ នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច អង់គ្លេសនឹងមានឱកាសបង្កើនកិច្ចសហការជាមួយប្រទេសជាសមាជិកដែលមានសន្ទុះកំណើនសេដ្ឋកិច្ចខ្ពស់ដូចជា ឥណ្ឌា កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ជាដើម។

លើសពីនេះទៀត ប្រសិនបើយើងក្រឡេកមើលទៅផលចំណេញនៅក្នុងទំនាក់ទំនងនយោបាយការបរទេសវិញ អង់គ្លេសនឹងអាចដើរតួជាមហាអំណាចនៅក្នុងសមាគមនេះ ដោយហេតុផលថា អង់គ្លេសធ្លាប់ជាម្ចាស់អាណានិគមនៃប្រទេសក្នុងតំបន់នេះ ហើយក៏ជាប្រទេសមហាអំណាចតែមួយនៅក្នុងសមាគមនេះដែលជាសមាជិកអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ នៅក្នុងសមាគម Commonwealth អង់គ្លេសអាចដើរតួជាមហាអំណាចផ្តាច់មុខដែលខុសពីនៅក្នុងសហភាពអ៊ឺរ៉ុបដែលមានគូប្រជែង ដូចជា អាឡឺម៉ង់ និងបារាំងជាដើម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងមិនអាចសន្និដ្ឋានបានទេថា សមាគមនេះនឹងផ្តល់នូវផលប្រយោជន៍ដល់អង់គ្លេសលើសពីអ្វីដែលអង់គ្លេសតែងតែទទួលបាននៅពេលដែលខ្លួននៅជាសមាជិកនៃសហភាពអ៊ឺរ៉ុប ដោយហេតុផលទំហំសេដ្ឋកិច្ច និងកម្រិតអភិវឌ្ឍន៍ជាក់ស្តែងរបស់សមាគមនេះ។ ប្រសិនបើធៀបទៅនឹងសហភាពអ៊ឺរ៉ុប សន្ទស្សន៍ GDP របស់សមាគមនៃសហប្រជាជាតិខមម្មុនវែលនេះគឺឈរនៅត្រឹមតែពាក់កណ្តាលនៃសន្ទស្សន៍ GDP របស់អ៊ឺរ៉ុបតែប៉ុណ្ណោះ។

សរុបសេចក្តីមក ចក្រភពអង់គ្លេសកំពុងធ្វើការវាស់វែងថាតើបន្ទាប់ពីការចាកចេញរបស់ខ្លួនពីសហភាពអ៊ឺរ៉ុបមក គោលនយោបាយបែបណាដែលគួរតែត្រូវបានជ្រើសរើសយកមកប្រើប្រាស់ដើម្បីទទួលបាននូវផលចំនេញ និងដើម្បីកាត់កងជាមួយនឹងអត្ថប្រយោជន៍ដែលខ្លួនបានបាត់បង់បន្ទាប់ពីការលាលែងចេញពីសមាជិកភាពនេះទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយការទូត។ ដោយសារតែប្រវត្តិសាស្រ្តនៃទំនាក់ទំនងនិងការសហការដ៏យូរអង្វែងរបស់អង់គ្លេសនៅក្នុងសមាគមប្រជាជាតិនៃប្រទេស Commonwealth នេះហើយទើបយើងអាចសន្និដ្ឋានបានថា យ៉ាងហោចណាស់ អង់គ្លេសនឹងមិនអាចជៀសផុតពីការផ្តោតសំខាន់ទៅលើសមាគមមួយនេះក្រោយការចាកចេញពីសហភាពអ៊ឺរ៉ុប។ #The_SEED #កម្មវិធី_វិចារណកថាថ្ងៃសុក្រ #អង់គ្លេស #សហភាពអុឺរ៉ុប

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ