"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ ស្វែងយល់អំពីគោលនយោបាយអាមរិកជាអាទិភាពទីមួយ “American First” និង ការវិលត្រលប់មកវិញរបស់អាមេរិក “America is Back”

នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីពីររូបចុងក្រោយរបស់សហរដ្ឋអាមេរិក នោះគឺប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ បៃដិន (Joe Biden) មានចក្ខុវិស័យនិងទិសដៅផ្ទុយគ្នាទាំងស្រុង នៅក្នុងការតាក់តែងគោលនយោបាយការបរទេស។ គោលលទ្ធិ “American First” ឬ អាមរិកជាអាទិភាពទីមួយ ដែលត្រូវបានតាក់តែងដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើការរក្សាគោលជំហរឯកតោភាគី និងផ្តោតលើការផ្តល់អាទិភាពសំខាន់ទៅដល់ផលប្រយោជន៍ជាតិរបស់អាមេរិកជាជាងផលប្រយោជន៍សកលជារួម។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលបន្ទាប់ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសបោះបង់ចោលគោលនយោបាយមួយនេះ ជាមួយនឹងការដាក់ចេញនូវចក្ខុវិស័យគោលនយោបាយការបរទេសថ្មីគឺ “America is Back” ឬការវិលត្រលប់មកវិញរបស់សហរដ្ឋអាមេរិក ដែលជាសញ្ញាបញ្ជាក់ពីការវិលត្រលប់ទៅរកការទូតពហុភាគី និងការប្តេជ្ញាចិត្តជាថ្មីចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជាសម្ព័ន្ធមិត្ត និងប្រទេសដៃគូ។ ចក្ខុវិស័យគោលនយោបាយការបរទេសផ្ទុយគ្នាទាំងនេះ បានបង្កឱ្យមានការជជែកវែកញែកអំពីតួនាទីរបស់សហរដ្ឋអាមេរិកក្នុងកិច្ចការពិភពលោក និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាមហាអំណាចទីមួយ។ នៅក្នុងអត្ថបទនេះ យើងនឹងពិនិត្យមើលថាតើអ្វីជា American First និងអ្វីជា America is Back និងភាពខុសគ្នារវាងគោលនយោបាយការបរទេសទាំងពីរនេះ។ 

អាមេរិកជាអាទិភាពទីមួយក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ “American First” គឺជាគោលលទ្ធិនយោបាយការបរទេសតាក់តែងដោយប្រធានាធិបតី លោក ដូណាល់​ត្រាំ ដែលមានគោលបំណងចម្បងនៅក្នុងការការពារផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក។ ផ្អែកតាមទស្សនៈរបស់លោក ដូណាល់ ត្រាំ ដើម្បីការពារផលប្រយោជន៍សកលរបស់អាមេរិកនៅក្នុងពិភពលោកដែលកំពុងស្ថិតនៅក្នុងប្រព័ន្ធពហុប៉ូលនេះ វាតម្រូវឱ្យសហរដ្ឋអាមេរិកបង្កើនសមត្ថភាពផ្នែកយោធាឱ្យរឹងមាំ ដើម្បីទប់ទល់ជាមួយនឹងតួអង្គទាំងឡាយណាដែលអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងសន្តិសុខជាតិរបស់អាមេរិក។ លោក ដូណាល់ ត្រាំ បានអនុម័តគោលនយោបាយការបរទេស “American First” នេះគឺដើម្បីឆ្លើយតបទៅនឹងបញ្ហាពាណិជ្ជកម្មដែលគាត់យល់ឃើញថា មិនមានភាពយុត្តិធម៌ចំពោះអាមេរិក ការគំរាមគំហែងផ្នែកយោធា និងកិច្ចព្រមព្រៀងការទូតមួយចំនួនដែលគាត់ជឿថា បានធ្វើឱ្យសហរដ្ឋអាមេរិកមានការខាតបង់។

លោកបានសន្យាថា ផលប្រយោជន៍ជាតិរបស់អាមេរិក និងប្រជាជន​អាមេរិក ត្រូវតែជាអាទិភាពទីមួយនៅក្នុងផែនការនៃគោលនយោបាយការបរទេសរបស់លោក ដោយលើកហេតុផលថា រដ្ឋបាលពីមុនមិនបានអើពើនឹងតម្រូវការរបស់ប្រជាជនអាមេរិក ដោយធ្វើការចំណាយធនធានដ៏ច្រើននៅក្នុងការចូលរួមជាមួយកិច្ចអន្តរាគមន៍ចំពោះរដ្ឋដទៃទៅវិញ។ ដោយផ្អែកលើតួនាទីរបស់សហរដ្ឋអាមេរិកក្នុងនាមជាអ្នកដឹកនាំពិភពលោក លោកយល់ឃើញថា ប្រទេសផ្សេងទៀត ជាពិសេសសម្ព័ន្ធមិត្តរបស់អាមេរិក បានទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីសណ្តាប់ធ្នាប់ពិភពលោកសេរីនេះ ហើយពេលខ្លះ សម្ព័ន្ធមិត្តអាមេរិកបានឆ្លៀតឱកាសកេងប្រវ័ញ្ចយកផលប្រយោជន៍ទៅលើធនធាន និងអំណាចដែលផ្ដល់ឱ្យដោយអាមេរិក។ ជាមួយគ្នាទៅនឹងគោលបំណងរបស់លោកត្រាំនៅក្នុងការបម្រើផលប្រយោជន៍របស់អាមេរិកជាអាទិភាពចម្បងតាមរយៈការកសាងសមត្ថភាពយោធា លោកក៏បានធ្វើការប្រឆាំងផងដែរទៅលើបទប្បញ្ញត្តិ សន្ធិសញ្ញាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិណាមួយ ដែលមានបំណងរារាំងអាមេរិកក្នុងការស្វែងរកផលប្រយោជន៍នៅក្នុងពិភពលោកសេរីមួយនេះ។ ដោយសារតែហេតុផលនេះហើយ បានជាមានការសម្រេចចិត្តដ៏ប្រថុយប្រថានមួយចំនួនរបស់លោក ត្រាំ ដែលរួមមានដូចជា សង្គ្រាមពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួននោះគឺប្រទេសចិន និងការដកសមាជិកភាពរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពិភពលោកធំៗ ដូចជាកិច្ចព្រមព្រៀងការប្រែប្រួលអាកាសធាតុសន្តិភាពទីក្រុងប៉ារីស និងការព្រមានបោះបង់ចោលអង្គការណាតូទៀតផង។

សកម្មភាព និងការដកខ្លួនចេញរបស់អាមេរិកទាំងនេះ បានធ្វើឱ្យមានផលប៉ះពាល់ដល់ប្រសិទ្ធភាពរបស់កិច្ចសហប្រតិបត្តិការរួមរវាងអាមេរិកជាមួយនិងសហគមន៍អន្តរជាតិតាមយៈស្ថាប័នសេដ្ឋកិច្ច និងសន្តិសុខស្នូលទាំងអស់នោះ។ ជាការពិត គោលនយោបាយការបរទេសរបស់អាមេរិកមួយនេះ បានរុញច្រានសហរដ្ឋអាមេរិកចេញពីតួនាទីជាមេដឹកនាំពិភពលោក ហើយប្រហែលបានធ្វើឱ្យសហរដ្ឋអាមេរិក ងាយស្រួលក្នុងការប្រើប្រាស់អំណាចរបស់ខ្លួនឱ្យបានពេញលេញ ដើម្បីសម្រេចបាននូវផលប្រយោជន៍ជាតិរបស់ខ្លួន។ យ៉ាងណាមិញ វាក៏បានបណ្តាលឱ្យកើតមានបញ្ហារួមនៅក្នុងចំណោមរដ្ឋទាំងអស់លើឆាកអន្តរជាតិ ក្នុងការដែលអាចឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិពិភពលោកផងដែរ។

ការវិលត្រឡប់មកវិញរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន នៅក្នុងទិសដៅផ្ទុយពីលទ្ធិគោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ ពេលដែលលោកប្រធានាធិបតី ចូ បៃដិន ចូលកាន់តំណែងជាលើកដំបូង លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការស្តារ និងពង្រឹងតួនាទីភាពជាអ្នកដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិកឡើងវិញ នៅក្នុងសុន្ទរកថារបស់លោក។ គោលនយោបាយការបរទេសរបស់អាមេរិកមួយនេះ មានគោលបំណងស្តារឡើងវិញនូវតួនាទីសកម្មនៃភាពជាអ្នកដឹកនាំសកលរបស់ខ្លួន តាមរយៈការជំរុញនិងលើកកម្ពស់តម្លៃប្រជាធិបតេយ្យរបស់ខ្លួន ដូចជាការការពារសេរីភាព ការលើកកម្ពស់សិទ្ធិជាសកល និងច្បាប់អន្តរជាតិ។ លើសពីនេះ គោលនយោបាយនេះក៏មានគោលបំណងដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដូចជាការកើនឡើងនៃរបបផ្តាច់ការ រួមទាំងកំណើនមហិច្ឆតារបស់ប្រទេសចិនក្នុងការប្រជែងជាមួយសហរដ្ឋអាមេរិក និងការប្តេជ្ញាចិត្តរបស់រុស្ស៊ីដែលចង់រំខានលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។

ផ្ទុយទៅនឹងគោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ ដែលចាត់ទុកសណ្តាប់ធ្នាប់សកលសេរីជាឧបករណ៍ប្រើប្រាស់ដោយសម្ព័ន្ធមិត្ត និងតួអង្គផ្សេងទៀតដើម្បីទទួលបានផលប្រយោជន៍ លោក ចូ បៃដិន បានទទួលស្គាល់នូវសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងល្អជាមួយសម្ព័ន្ធមិត្ត និងការសហការជាមួយសហគមន៍អន្តរជាតិ។ ជាឧទាហរណ៍ ពេលដែលលោក ចូ បៃដិន ឡើងមកកាន់ដំណែងភ្លាម សហរដ្ឋអាមេរិកបានចាប់ផ្តើមចូលរួមម្តងទៀតជាមួយសហគមន៍អន្តរជាតិ ប្រទេសដៃគូ និងសម្ព័ន្ធមិត្តក្នុងការដោះស្រាយបញ្ហារដ្ឋប្រហារដោយពួកយោធានៅមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០២១ ដែលនេះជាការចាប់ផ្ដើមវិលត្រលប់មកវិញរបស់អាមេរិកក្នុងដំណែងជាប្រទេសដឹកនាំសណ្ដាប់ធ្នាប់សកល។

ម្យ៉ាងវិញទៀត ក្រោមការដឹកនាំរបស់ប្រធានាធិបតី បៃដិន សហរដ្ឋអាមេរិកបានភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយអង្គការអន្តរជាតិ និងដាក់ស្នើយកសមាជិកភាពរបស់អាមេរិកនៅក្នុងសន្ធិសញ្ញាអន្តរជាតិសំខាន់ៗនានា ដែលត្រូវបានដកចេញកាលពីរដ្ឋបាលរបស់លោក ត្រាំ ដែលមានដូចជា កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងអង្គការសុខភាពពិភពលោកជាដើម។ បន្ថែមពីលើនេះទៅទៀត គោលនយោបាយរបស់លោក បៃដិន ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ផ្នែកការទូត និងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តលើបញ្ហាសកលជាច្រើន រួមមានការប្រែប្រួលអាកាសធាតុ ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងសិទ្ធិមនុស្សជាដើម ដែលនេះគឺជាសញ្ញាបញ្ជាក់អំពីការត្រលប់មកវិញរបស់អាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន៕

 

វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាលោក ប្រធានាធិបតី ចូ បៃដិនលាលែងពីបេក្ខភាពប្រធានាធិបតី

លោក ចូ បៃដិន គឺជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក ដែលបានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ មុនពេលក្លាយជាប្រធានាធិបតី លោកមានអាជីពនៅក្នុងវិស័យនយោបាយជាយូរណាស់មកហើយ។ លោកបានកើតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅ Scranton រដ្ឋ Pennsylvania ហើយបានធំធាត់នៅរដ្ឋ Delaware និងបានចូលរួមក្នុងការបម្រើប្រទេសស្ទើរតែពេញមួយជីវិតរបស់គាត់ទៅហើយ។ លោក បៃដិន បានបម្រើការជាសមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋ ចាប់តាំងពីឆ្នាំ ១៩៧៣ ដល់ឆ្នាំ ២០០៩ ដែលធ្វើឱ្យគាត់ក្លាយជាសមាជិកព្រឹទ្ធសភាដែលកាន់តំណែងយូរបំផុតក្នុងប្រវត្តិសាស្ត្រ។ នៅឆ្នាំ ២០២០ លោក បៃដិន បានឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតី ហើយបានយកឈ្នះលោក ដូណាល់ ត្រាំ។ ក្នុងអាណត្តិប្រធានាធិបតីរបស់ លោក ចូ បៃដិនបានផ្តោតលើបញ្ហាសំខាន់ៗមួយចំនួន រួមទាំងការគ្រប់គ្រងជំងឺរាតត្បាត កូវីដ ១៩ ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ។ល។ យ៉ាងណាមិញ នៅក្នុងថ្ងៃទី២២​​ ខែ កក្កដា ឆ្នាំ២០២៤ លោកប្រធានាធិបតី ចូ បៃដិន បានបោះបង់បេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតនាពេលខាងមុខ និងបានគាំទ្រយ៉ាងពេញទំហឹងទៅលើលោកស្រី ខាម៉ាឡា ហារីស ដែលជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិកសម្រាប់ការឈរឈ្មោះជាបេក្ខភាពតំណាងគណបក្សប្រជាធិបតេយ្យ។ នៅក្នុងអត្ថបទយើងនឹងស្វែងយល់បន្ថែមទៀតថា តើការសម្រេចចិត្តបោះបង់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី របស់លោក ចូ បៃដិន បណ្តាលមកពីកត្តាអ្វីខ្លះ?

១. ការធ្លាក់ចុះនៃកត្តាសុខភាព

លោក ចូ បៃដិន មាន​អាយុ ៨១ ឆ្នាំ ​ដែល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិកនាពេលសព្វថ្ងៃ។ ការព្រួយបារម្ភអំពីសុខភាព និងអាយុរបស់គាត់គឺជាកត្តាសំខាន់ក្នុងការវាយតម្លៃលទ្ធភាពជោគជ័យរបស់គាត់សម្រាប់អាណត្តិទីពីរនៃការបោះឆ្នោតសកលនៅក្នុងសហរដ្ឋអាមេរិកនេពេលខាងមុខនេះ។ ជាធម្មតា ភាពចាស់ជរាអាចប៉ះពាល់ដល់សមត្ថភាពរាងកាយ និងការយល់ដឹង ដែលមានសារៈសំខាន់ជាខ្លាំង ជាពិសេសនៅក្នុងតំណែងជាប្រធានាធិបតី ដែលត្រូវទទួលបន្ទុកយ៉ាងធំនៅក្នុងការបម្រើប្រជាជន។ យោងតាមសមាគមចិត្តសាស្រ្តអាមេរិក បានលើកឡើងថាបញ្ហាសុខភាពទាក់ទងនឹងការកើនឡើងនៃអាយុ នាំឱ្យមានការថយចុះនៃការយល់ដឹង ការកើនឡើងនៃភាពភ្លេចភ្លាំង និងការចុះខ្សោយនៃកម្លាំង។ នាពេលថ្មីៗនេះលោក បៃដិន បានជួបនូវឧប្បត្តិហេតុទាក់ទិនទៅនឹងសុខភាព រួមទាំងការដួលជាច្រើនដង និងការរាយការណ៍ពីបញ្ហាក្រពះពោះវៀន។ ជាក់ស្តែងនៅខែតុលា ឆ្នាំ ២០២៣ លោក បៃដិន បានដួលបន្ទាប់ពីថ្លែងសន្ទុរកថាចប់ នៅក្នុងព្រឹត្តិការណ៍ការជួបជុំជាមួយនឹងយោធាមួយ ដែលត្រូវបានរាយការណ៍ជាសាធារណៈ និងនាំឱ្យមានសំណួរអំពីស្ថិរភាពរាងកាយរបស់គាត់។ នៅក្នុងការស្រង់មតិសាធារណរបស់ Gallup ខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញថា ៥៩% នៃជនជាតិអាមេរិកមានការព្រួយបារម្ភអំពីអាយុ និងសុខភាពរបស់ បៃដិន និង មានតែ ១៨% តែប៉ុណ្ណោះដែលបានព្រួយបារម្ភអំពីសុខភាពរបស់លោក ដូណាល់ ត្រាំ។

២. ការធ្លាក់ចុះចំនួនអ្នកបោះឆ្នោត និងការគាំទ្រសាធារណៈ

ទិន្នន័យបោះឆ្នោត និងមតិសាធារណៈដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តរបស់បេក្ខជនក្នុងការឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតី។ ការធ្លាក់ចុះការនៃការគាំទ្រពីសំណាក់សាធារណជនកំពុងបង្ហាញភាពអវិជ្ជមានដែលអាចជំរុញឱ្យលោក បៃដិន ពិចារណាឡើងវិញនូវបេក្ខភាពរបស់គាត់ ប្រសិនបើទិន្នន័យបង្ហាញពីលទ្ធភាពខ្ពស់នៃការបាត់បង់នូវការគាំទ្រពីសំណាក់សាធារណ:ជន។ នៅក្នុងការស្រង់មតិសាធារណរបស់ Gallup នៅខែកក្កដា ឆ្នាំ២០២៤ ក៏បានបង្ហាញផងដែរថា លោក បៃដិន មានអាយុ ៨១ឆ្នាំ ចាស់ជាងលោក ត្រាំ ដល់ទៅ ៣ ឆ្នាំ ដែលមានអាយុ ៧៨ ឆ្នាំ។ ថ្វីបើពួកគេមានអាយុប្រហាក់ប្រហែលគ្នាក៏ដោយ ក៏ប្រជាជនអាមេរិកជាង ៦៧%ដែលបានចូលរួមធ្វើសម្រង់មតិនេះបានលើកឡើងថាលោក បៃដិន មានវ័យចាស់ពេកក្នុងការធ្វើជាប្រធានាធិបតីដោយ និងតែ ៣៧% ប៉ុណ្ណោះសម្រាប់លោក ដូណាល់ ត្រាំ ។ លទ្ធផលទាំងនេះគឺស្របតាមការស្ទង់មតិរបស់ Gallup លើកមុនដែលបង្ហាញថា ៣១% ប៉ុណ្ណោះនៃប្រជាជនអាមេរិកមានឆន្ទៈបោះឆ្នោតឱ្យបេក្ខជនប្រធានាធិបតីដែលមានអាយុលើសពី ៨០ ឆ្នាំ និង ៦៣% មានឆន្ទៈបោះឆ្នោតឱ្យបេក្ខជនដែលមានអាយុលើសពី ៧០ ឆ្នាំ។ប្រសិនបើទិន្នន័យការបោះឆ្នោតបន្តបង្ហាញលទ្ធផលមិនអំណោយផល នោះហានិភ័យនៃការបាត់បង់សន្លឹកឆ្នោតនឹងមានកាន់តែច្រើនសម្រាប់លោក បៃដិន ហើយការសម្រេចចិត្តចុះចេញពីតំណែង គឺជាជម្រើសយុទ្ធសាស្ត្រល្អបំផុត ដើម្បីជៀសវាងការបរាជ័យដ៏ធំនាពេលបោះឆ្នោតខាងមុខ និងអនុញ្ញាតឱ្យគណបក្សប្រជាធិបតេយ្យមានពេលប្រមូលផ្តុំសម្រាប់ជ្រើសរើសបេក្ខភាពប្រធានាធិបតីថ្មី។ នៅក្នុងការបោះឆ្នោតនៅក្នុងបក្ស គណបក្សសាធារណរដ្ឋផ្តល់នូវការវាយតម្លៃជាវិជ្ជមានចំពោះអ្នកឈរឈ្មោះតំណាងបេក្ខភាពរបស់គណបក្សរបស់ពួកគេខ្ពស់ជាងគណបក្សប្រជាធិបតេយ្យ ដែលមានរហូតទៅដល់ ៩១% នៃសមាជិកបក្សសាធារណរដ្ឋដែលពេញចិត្ត លោក ដូណាល់ ត្រាំ ហើយមានតែ ៨១% នៃសមាជិកបក្សប្រជាធិបតេយ្យប៉ុណ្ណោះដែលបានគាំទ្រលោក ចូ បៃដិន។

៣. ជាផែនការឬ យុទ្ធសាស្ត្រនយោបាយ

ការចុះចេញពីតំណែងរបស់លោក ចូ បៃដិន អាចត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រនយោបាយដើម្បីទាក់ទាញសន្លឹកឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ។  ការធ្វើផែនការផ្តល់តំណែងដល់អ្នកបន្តវេនប្រកបដោយប្រសិទ្ធភាព និងពេលវេលាយុទ្ធសាស្ត្រគឺមានសារៈសំខាន់ណាស់សម្រាប់ការធានានូវភាពស្អិតរមួតរបស់គណបក្ស និងការបង្កើនឱកាសនៃការឈ្នះឆ្នោត។ ប្រសិនបើលោក ចូ បៃដិន ជឿជាក់ថាការចុះចេញពីតំណែង និងអនុញ្ញាតឱ្យបេក្ខជនថ្មីចូលកាន់តំណែងនឹងផ្តល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រដល់គណបក្ស នោះលោកអាចនឹងជ្រើសរើសដកខ្លួនដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរកាន់តែរលូន។ យោងទៅតាមកការវិភាគដោយ FiveThirtyEight នៅពាក់កណ្តាលឆ្នាំ ២០២៤ បានគូសបញ្ជាក់ថា ការរៀបចំផែនការស្នងតំណែង អាចជួយសមាជិកនៅក្នុងបក្សជៀសវាងជម្លោះផ្ទៃក្នុង និងពង្រឹងការគាំទ្រកាន់តែខ្លាំង។ ប្រសិនបើលោក បៃដិន ទទួលស្គាល់ថាការដកខ្លួនរបស់គាត់អាចផ្តល់ឱកាសឱ្យគណបក្សប្រជាធិបតេយ្យប្រមូលផ្តុំឡើងវិញ និងបង្ហាញការរួបរួម នោះគាត់អាចនឹងសម្រេចចិត្តថា ការចុះចេញពីតំណែងរបស់គាត់ជាផលប្រយោជន៍ល្អបំផុតរបស់គណបក្សប្រជាធិបតេយ្យ។ ជាឧទាហរណ៍ នៅក្នុងឆ្នាំ ២០០៨ លោក បារ៉ាក់ អូបាម៉ា ដែលជាបេក្ខភាពវ័យក្មេង និងមានមន្តស្នេហ៍ បានបង្រួបបង្រួមក្រុមអ្នកបោះឆ្នោតចម្រុះដោយជោគជ័យ និងធ្វើឱ្យមានការគាំទ្រទៅលើគណបក្សប្រជាធិបតេយ្យឡើងវិញ។ ការផ្លាស់ប្តូរអ្នកដឹកនាំជំនាន់ក្រោយនេះបានបង្ហាញពីសារៈសំខាន់ក្នុងការធានាបាននូវជ័យជម្នះប្រឆាំងនឹងបេក្ខជនមកពីគណបក្សសាធារណរដ្ឋគឺលោក ចន ម៉ាក់ខេន នៅអំឡុងពេលនោះ ។ ប្រសិនបើលោក​ បៃដិន ត្រូវបានគេយល់ថាជាអ្នកតំណាងនៃអ្នកដឹកនាំជំនាន់ចាស់ ការចុះចេញពីតំណែងអាចអនុញ្ញាតឱ្យគណបក្សនេះបង្ហាញមុខមាត់ថ្មីទៅកាន់អ្នកបោះឆ្នោត ដែលអាចមានប្រសិទ្ធភាពជាងក្នុងការដោះស្រាយបញ្ហាសម័យថ្មី និងការលើកកម្ពស់ការចូលរួម បោះឆ្នោតពីសំណាក់យុវជនជំនាន់ក្រោយ។

 

 

 

កម្មវិធីថង់ប្រាជ្ញា៖​ ទំនាក់ទំនងរវាងវិបត្តិប្រេង និងសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល

ការហាមឃាត់ការនាំចេញប្រេងឆ្នាំនៅ ១៩៧៣ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជម្លោះអារ៉ាប់-អ៊ីស្រាអែល និងជាពិសេសសង្រ្គាម Yom Kippur។ ការហាមឃាត់ការនាំចេញនិងតម្លើងថ្លៃប្រេង​ដែលបាន​រៀបចំ​ដោយ​សហព័ន្ធ​អារ៉ាប់​រួមដែលជាប្រទេសសមាជិកមួយនៅក្នុង​អង្គកាប្រទេស​នាំ​ចេញ​ប្រេង (OPEC) និងជា​ប្រទេស​ផលិត​ប្រេងផងដែរ ដែលមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​និងស្ថានភាពនយោបាយរវាងប្រទេសលោកខាងលិចនិងមជ្ឈិមបូព៌ា។

“សង្គ្រាម៦ថ្ងៃ” និង “​សង្គ្រាម Yom Kippur” រវាងសហព័ន្ធអារ៉ាប់រួម និងអ៊ីស្រាអែល

កាលពីដើមឆ្នាំ ១៩៦៧ ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសអ៊ីស្រាអែលនិងអ្នកជិតខាងរបស់ខ្លួនដូចជា អេហ្ស៊ីប ហ្ស៊កដានី ស៊ីរី បានកើនឡើងជាខ្លាំង ដែលបណ្ដាលឱ្យមានការវាយប្រហារពីខាងអ៊ីស្រាអែល កាលពីថ្ងៃទី​៥ ខែមិថុនា ឆ្នាំ១៩៦៧ ដែលគេបានស្គាល់ថាជា “សង្គ្រាម៦ថ្ងៃ”។  តំបន់ជាច្រើននៅក្នុងប្រទេសអេហ្ស៊ីបបានទទួលរងការប៉ះពាល់ធ្ងន់ធ្ងរដោយការផ្ទុះអាវុធពីខាងអ៊ីស្រាអែល ហើយការវាយលុកនៅតែបន្តនៅក្នុង​ ឧបទ្វីប Sinai ដែលនាំឱ្យអ៊ីស្រាអែលដណ្តើមយកបានតំបន់ Gaza Strip និង ឧបទ្វីប Sinai។ មិនបញ្ចប់ត្រឹមនេះ អ៊ីស្រាអែលក៏បានបើកការវាយប្រហារលើប្រទេស ហ្ស៊កដានី និង ស៊ីរី ជាបន្តបន្ទាប់ ដោយឈ្លានពានកាន់កាប់យកតំបន់ West Bank, East Jerusalum និង Golan Heights។

ភាពតានតឹងនៃស្ថានភាពនយោបាយនៃប្រទេសទាំងពីរនៅមិនទាន់អន់ថយនៅឡើយទេ ទោះបីជាមានការចរចារយ៉ាងណាក៏ដោយ។ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៦​ អំឡុងពេលដែលប្រជាជនអ៊ីស្រាអែលកំពុងប្រារព្ធពិធីបុណ្យសាសនា “Yom Kippur” ប្រទេសអេហ្ស៊ីបនិងស៊ីរី​បានធ្វើការសងសឹកទៅលើប្រទេសអ៊ីស្រាអែលវិញ ដោយបានសង្ឃឹមថានឹងដណ្ដើមយកទឹកដីខ្លួនដែលអ៊ីស្រាអែលកំពុងកាន់កាប់មកវិញ។​ ហើយការវាយប្រហារនេះគឺដើម្បីគម្រាមអ៊ីស្រាអែលឱ្យចូលខ្លួនមកចរចារក្នុងការប្រគល់ទឹកដីប៉ាលេស្ទីនមកវិញ ។ ផ្ទុយទៅវិញ ស្ថានភាពជម្លោះនយោបាយនៃប្រទេសទាំងពីរនៅតែមិនស្រាកស្រាន្ត និងរីករាលដាលកាន់តែខ្លាំងទៅ រហូតទាញសហរដ្ឋអាមេរិកនិងសហភាពសូវៀតមកពាក់ព័ន្ធបន្ថែមទៀត។  អ៊ីស្រាអែលដែលទទួលបានជំនួយពីសហរដ្ឋអាមេរិកនិងបណ្ដាលប្រទេសដទៃទៀត បានយកឈ្នះសង្គ្រាមជាមួយសហព័ន្ធអារ៉ាប់រួមក្នុងរយៈពេល៣សប្តាហ៍។​

ទំនាក់ទំនងរវាងសង្គ្រាម “Yom Kippur” ​និងការហាមឃាត់ការនាំចេញប្រេងរបស់OPEC

OPEC ឬ Organization of Petroleum Exporting Coutries គឺជាអង្គការប្រមូលផ្ដុំដោយប្រទេសដែលផលិតនិងនាំចេញប្រេង និងជាអ្នកដែល​កំណត់តម្លៃប្រេងសម្រាប់ពិភពលោក។​ នៅក្នុងឆ្នាំ១៩៧៣ OPEC មានសមាជិកសរុបចំនួន១២ប្រទេស​ ដែលក្នុងនោះមានដូចជា​ សហព័ន្ធ​អារ៉ាប់រួម​ អាល់ហ្សេរី ប្រទេសឥណ្ឌូនេស៊ី គុយវ៉ែត លីប៊ី អារ៉ាប៊ីសាអូឌីត វ៉េណេស៊ុយអេឡា អ៊ីរ៉ង់ នីហ្សេរីយ៉ា អ៊ីរ៉ាក់ កាតា និងអេក្វាឌ័រ។ OPEC​ គឺជាប្រភពផ្គត់ផ្គង់ប្រេងដ៏ធំជាងគេ ដែលមានចំនួនប្រមាណ៥៥% នៃចំនួនផ្គត់ផ្គង់ប្រេងសរុបទូទាំងពិភពលោក។

នៅដើមឆ្នាំ១៩៧០ OPECមានការមិនពេញចិត្តជាមួយនឹងតម្លៃប្រេងរបស់ខ្លួន ហើយបានចាប់ផ្ដើមកាត់បន្ថយការនាំចេញប្រេងនិងតម្លើងថ្លៃប្រេងឱ្យកាន់តែខ្ពស់ ដែលនាំឱ្យមានវិបត្តិខ្វះខាតប្រេងឥន្ធនៈក្នុងឆ្នាំ១៩៧៣។ ភាពតានតឹងរវាងសហព័ន្ធ​អារ៉ាប់រួម​ និងបណ្ដាលប្រទេសដែលជាសម្ព័ន្ធមិត្តជាមួយអ៊ីស្រាអែលបានកើនឡើងកាន់តែខ្លាំង ដែលជាកត្តាជំរុញឲ្យOPEC​បានដាក់ចេញនូវការរឹតបន្តឹងការនាំចេញប្រេង ទៅលើប្រទេសសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ដែលមានដូចជា សហរដ្ឋអាមេរិក កាណាដា ជប៉ុន អាហ្វ្រិកខាងត្បូង ព័រទុយហ្គាល់​​ និងហូឡង់។​ការដាក់ចេញនូវយន្តការកាត់បន្ថយការនាំចេញប្រេងរបស់សហព័ន្ធអារ៉ាប់ទៅកាន់ប្រទេសទាំងនេះគឺក្នុងគោលបំណងសងសឹកសហរដ្ឋអាមេរិកដែលបានផ្ដល់ជំនួយយោធាដល់អ៊ីស្រាអែលក្នុងសង្គ្រាម “Yom Kippur”  និងជាពិសេសគឺដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួន ក្នុងការចរចាទាមទារទឹកដី​មកវិញដោយសន្តិភាពជាមួយប្រទេសអ៊ីស្រាអែល។​

ផលប៉ះពាល់នៃការកាត់បន្ថយការនាំចេញនិងការតម្លើងថ្លៃប្រេងរបស់OPEC

ការហាមឃាត់ការនាំចេញប្រេង នៅឆ្នាំ១៩៧៣ ដែលបានបង្កើតឡើងដោយសហព័ន្ធអារ៉ាប់រួម បានផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល និងប្រទេសដទៃទៀត។ ការកើនឡើងភ្លាមៗនៃតម្លៃប្រេងបានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចនៅទូទាំងបណ្តាប្រទេសលោកខាងលិចជាច្រើន រួមទាំងសហរដ្ឋអាមេរិក ដែលនាំឱ្យមានអតិផរណា តម្លៃទំនិញកាន់តែខ្ពស់ និងការជាប់គាំងសេដ្ឋកិច្ច។ វិបត្តិនេះបានជំរុញឱ្យមានការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗដូចជា យុទ្ធសាស្ត្រ បង្កើតទុនបម្រុងប្រេងឥន្ធនៈ បង្កើនការវិនិយោគលើប្រភពថាមពលជំនួស និងវិធានការសន្សំសំចៃថាមពលដ៏តឹងរឹង។

ម៉្យាងវិញទៀត ការកាត់បន្ថយការនាំចេញប្រេងនេះ បានសបញ្ជាក់ឲ្យឃើញនូវឥទ្ធិពលនៃយុទ្ធសាស្រ្តរបស់សហព័ន្ធអារ៉ាប់រួមនិង OPEC ដែលបានបណ្ដាលឱ្យប្រទេសលោកខាងលិចគិតគូរអំពីគោលជំហរការទូតរបស់ពួកគេឡើងវិញ និងបានព្យាយាមផ្សះផ្សារទំនាក់ទំនងជាមួយបណ្ដាប្រទេសអារ៉ាប់ ដើម្បីអាចធានាបាននូវការផ្គត់ផ្គង់ថាមពលឱ្យបានគ្រប់គ្រាន់ឡើងវិញ។

រីឯប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនអាចផលិតប្រេងបានដោយខ្លួនឯង ក៏បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ដោយប្រឈមមុខនឹងផលពិបាកក្នុងការរក្សារតុល្យភាពនៃការទូទាត់ថ្លៃប្រេង ពីព្រោះតម្លៃនៃការនាំចូលប្រេងមានការកើនឡើងជាខ្លាំង។ ជាងនេះទៅទៀត អង្គកានៃប្រទេសនាំចេញប្រេង (OPEC) បានទទួលបានអំណាច និងឥទ្ធិពលយ៉ាងសំខាន់ ក្នុងការពង្រឹងតួនាទីរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចពិភពលោក។

វិចារណកថាថ្ងៃសុក្រ៖ សហរដ្ឋអាមេរិកនៅតែផ្តល់ជំនួយសព្វាវុធដល់អ៊ីស្រាអែល ទោះបីជាមានការតវ៉ា និងសង្គ្រាមបន្តកើតឡើង

ផ្អែកលើស្ថានភាពបច្ចុប្បន្ននៃជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ពិភពលោកមានការយកចិត្តទុកដាក់ជាខ្លាំងទៅលើជម្លោះនេះ និងមានការតវ៉ាជាច្រើននៅក្នុងប្រទេសផ្សេងៗក្នុងការគាំទ្រប៉ាឡេស្ទីន ហើយរឿងទាំងនេះក៏បានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ទោះបីជាមានការតវ៉ាជាច្រើនបានកើតឡើងដោយសារតែប្រធានាធិបតីសហរដ្ឋអាមេរិកគាំទ្រអ៊ីស្រាអែលក៏ដោយ ក៏ប្រធានាធិបតី Joe Biden នៅតែផ្តល់ជំនួយអាវុធដល់អ៊ីស្រាអែល។ ដូច្នេះ អត្ថបទនេះនឹងពន្យល់ពីហេតុផលនៅពីក្រោយការគាំទ្ររបស់លោក Joe Biden បើទោះបីជាមានការតវ៉ាជាច្រើនបានកើតឡើងនៅក្នុងប្រទេសក៏ដោយ។

អ្វីទៅជាជម្លោះអ៊ីស្រាអែល-ហាម៉ាស?

ជម្លោះអ៊ីស្រាអែល-ហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមហាម៉ាស់បានបើកការវាយប្រហារតាមផ្លូវគោក សមុទ្រ និងផ្លូវអាកាសទៅលើអ៊ីស្រាអែលពីតំបន់ Gaza Strip ដោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលានោះ បានបណ្តាលឱ្យមនុស្សជាង ១២០០ នាក់បានស្លាប់ ដែលសុទ្ធសឹងជាពលរដ្ឋអ៊ីស្រាអែល។ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស អ៊ីស្រាអែលក៏បានចាប់ផ្ដើមវាយបកទៅវិញ ដោយការចាប់ផ្តើមប្រតិបត្តិការរបស់អ៊ីស្រាអែល បានបង្កជាសោកនាដកម្មចំពោះជនជាតិប៉ាឡេស្ទីនជាង ៣៥០០០ នាក់នៅ Gaza ដែលត្រូវបានសម្លាប់ ដោយក្នុងនោះយ៉ាងហោចណាស់ ៥៦% ត្រូវបានប៉ាន់ស្មានថាជាស្ត្រី និងកុមារ។ នៅដើមឆ្នាំ ២០២៤ ប្រជាជននៅតំបន់ Gaza រាប់ម៉ឺននាក់ត្រូវបានសម្លាប់ ហើយជាងពាក់កណ្តាលនៃអគារនៅតំបន់ Gaza Strip  ត្រូវបានបំផ្លាញ ឬខូចខាត។ ការប៉ះទង្គិចគ្នាក៏បានកើតឡើងផងដែរនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល និងជាមួយក្រុម Hezbollah នៅតាមបណ្តោយព្រំដែនជាមួយប្រទេសលីបង់ និងស៊ីរី។

កត្តាដែលសហរដ្ឋអាមេរិកនៅតែផ្តល់ជំនួយសព្វាវុធដល់អ៊ីស្រាអែល ទោះបីជាមានការតវ៉ា និងសង្គ្រាមកើតឡើង

ដើម្បីយល់ដឹងពីមូលហេតុនៃជំនួយនេះ យើងគួរក្រឡេកមើលទៅលើកត្តាពីរ រួមមានកត្តាប្រវត្តិសាស្រ្តនៃមិត្តភាពរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក៏ដូចជាកត្តាបច្ចុប្បន្នភាពដោយផ្អែកលើមូលហេតុរបស់លោកប្រធានាធិបតី Joe Biden ក្នុងការផ្ដល់ជំនួយសព្វាវុធទៅអ៊ីស្រាអែលអំឡុងពេលសង្គ្រាមបែបនេះ។

បើក្រឡេកមើលពីប្រវត្តិសាស្រ្តនៃមិត្តភាពរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល យើងសង្កេតឃើញថា​សហរដ្ឋអាមេរិកគឺជាប្រទេសដំបូងគេដែលទទួលស្គាល់អ៊ីស្រាអែលជារដ្ឋឯករាជ្យនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៤៨ នៅពេលដែលប្រធានាធិបតី Harry Truman បានចេញសេចក្តីថ្លែងការណ៍នៃការទទួលស្គាល់បន្ទាប់ពីការប្រកាសឯករាជ្យរបស់អ៊ីស្រាអែលនៅថ្ងៃដដែលនោះ។ ចាប់តាំងពីពេលនោះមក ក៏មានជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនាំឱ្យអ៊ីស្រាអែលគឺជាអ្នកទទួលជំនួយផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់អាមេរិកចាប់តាំងពីសង្គ្រាមលោកលើកទី ២។ ក្នុងឆ្នាំ២០១៦ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារយៈពេល ១០ ឆ្នាំជាលើកទី ៣ ស្តីពីជំនួយយោធា ដោយបានប្តេជ្ញាថាសហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន ៣៨ ពាន់លានដុល្លាររហូតដល់ឆ្នាំ ២០២៨ ដែលរួមមានជំនួយហិរញ្ញប្បទានយោធាបរទេសចំនួន ៣៣ ពាន់លានដុល្លារ បូកនឹង ៥ ពាន់លានដុល្លារសម្រាប់ការការពារមីស៊ីល បើយោងទៅតាម Guardian Post។ ហេតុនេះ សហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុត ដោយផ្តល់អាវុធពីប្រភពបរទេសប្រមាណ ៦៨% នៃជំនួយពីបរទេសទាំងមូលរបស់អ៊ីស្រាអែល។

លើសពីនេះទៅទៀត ដោយផ្អែកលើបញ្ហាបច្ចុប្បន្ន ទោះបីជាមានការតវ៉ាជាច្រើនបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកក៏ដោយ ក៏ប្រធានាធិបតី Joe Biden នៅតែផ្តល់នូវហេតុផលសម្រាប់ការដែលខ្លួននៅតែផ្ដល់ជំនួយសព្វាវុធគាំទ្រទៅកាន់អ៊ីស្រាអែល។ លោកប្រធានាធិបតី Joe Biden ជឿថាការផ្តល់ជំនួយសព្វាវុធដល់អ៊ីស្រាអែលក៏ជាកត្តាសំខាន់សម្រាប់សន្តិសុខរបស់សហរដ្ឋអាមេរិកផងដែរ ដោយសារខណៈដែលក្នុងការវាយប្រហាររបស់ពួកហាម៉ាសកាលពីខែតុលា ឆ្នាំ ២០២៣ ក៏មានជនជាតិអាមេរិកស្លាប់និងរបួសផងដែរ។ លោកជឿជាក់ថា ក្រុមហាម៉ាស់ គឺជាក្រុមភេរវករ ដែលជំនួយអាវុធពីសហរដ្ឋអាមេរិក នឹងផ្តល់ធនធានគ្រប់គ្រាន់សម្រាប់អ៊ីស្រាអែល ដើម្បីការពារប្រជាជនរបស់ពួកគេប្រឆាំងនឹងអំពើភេរវកម្មរបស់ពូកហាម៉ាស។ អារម្មណ៍ផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី Joe Biden  គឺមានការប្តេជ្ញាចិត្តចំពោះអ៊ីស្រាអែល ដោយគិតទៅលើទំនាក់ទំនងជិតស្និទ្ធជាច្រើនទសវត្សរ៍ជាមួយមេដឹកនាំអ៊ីស្រាអែល។ ហេតុនេះ បន្ទាប់ពីការវាយប្រហារកាលពីខែតុលា ឆ្នាំមុនដោយក្រុមហាម៉ាស ព្រឹទ្ធសភាអាមេរិកក្នុងខែកុម្ភៈបានអនុម័តវិក័យប័ត្រដែលនឹងផ្តល់ ១៤,១ ពាន់លានដុល្លារក្នុងការចំណាយបន្ថែមទាក់ទងនឹងបញ្ហាភេវរកម្មដែលអ៊ីស្រាអែលកំពុងនឹងជួបប្រទះ។

ឥទ្ធិពល​នៃ​ជំនួយសព្វាវុធរបស់សហរដ្ឋ​អាមេរិក​ចំពោះ​អ៊ីស្រាអែល​លើ​ជម្លោះ​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស

ជំនួយផ្នែកសព្វាវុធនេះទៀតសោត បាននាំមកនូវការចោទសួរពីជំនួយថាតើនេះបានបំពានច្បាប់ដែរឬទេ ដែលអាមេរិកនៅតែបន្តការផ្គត់ផ្គង់សព្វាវុធទៅកាន់អ៊ីស្រាអែលអំឡុងដែលអ៊ីស្រាអែលបានធ្វើឱ្យប៉ះពាល់ដល់ជីវិតមនុស្សនៃប្រទេសប៉ាឡេស្ទីន។​ ហេតុនេះ បើចង្អុលទៅ ខ ៥០២ (B) នៃច្បាប់ជំនួយបរទេសរបស់សហរដ្ឋអាមេរិក ដែលហាមឃាត់ជំនួយដល់រដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ ពោលគឺមានឃ្លាមួយដែលអនុញ្ញាតឱ្យសភាស្នើសុំព័ត៌មានអំពីការអនុវត្តរបស់ប្រទេសដែលពាក់ព័ន្ធ។ យ៉ាងណាមិញ Sarah Leah Whitson នាយកប្រតិបត្តិនៃ Democracy For the Arab World Now (DAWN) បាននិយាយថា ច្បាប់នេះមិនត្រូវបានអនុវត្តទេ ព្រោះវាអាស្រ័យលើការប្តេជ្ញាចិត្តផ្ទាល់របស់ប្រធានាធិបតី។ ហេតុនេះ ជាមួយនឹងការគាំទ្រផ្នែកសព្វាវុធពីសហរដ្ឋអាមេរិក ប្រទេសផ្សេងៗ ក៏ដូចជាជនជាតិអាមេរិកបានចាត់ទុកថាការបន្តផ្ដល់ជាជំនួយនេះជាកត្តាចម្បងមួយដែលធ្វើឱ្យជម្លោះនៅតែបន្តទៅមុខ។

ជារួមមក ជំនួយពីសហរដ្ឋអាមេរិកផ្នែកសព្វាវុធនៅតែបន្តរហូតមកដល់បច្ចុប្បន្នទោះបីជាមានការប្រឆាំងពីពិភពលោក និងប្រជាជនអាមេរិកផ្ទាល់ក៏ដោយ។​ ការ​គាំទ្រ​ផ្នែកសព្វាវុធ​នៅ​តែ​បន្ត​ដោយសារ​ទំនាក់ទំនង​ការទូត​ជិតស្និទ្ធ​រវាង​អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក ជាពិសេស  ក៏ដោយសារការប្តេជ្ញាចិត្តផ្ទាល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការធានាថា អ៊ីស្រាអែលមានធនធានគ្រប់គ្រាន់ដើម្បីការពារប្រជាជនរបស់ខ្លួន។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ផលិតភាពទំនិញកើន ស្ដង់ដារការរស់នៅខ្ពស់

ករណីសិក្សា៖ ខ្លាអាស៊ីទាំង ៤

១. សេចក្ដីផ្ដើម

ការចង់រំដោះប្រជាពលរដ្ឋពីភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាជនក្នុងប្រទេសឱ្យមានប្រាក់ចំណូលច្រើន និងស្ដង់-ដារនៃជីវិតខ្ពស់ គឺជាគោលដៅរបស់គ្រប់ប្រទេសមូលធននិយម ពីព្រោះកាលណាកម្រិតជីវភាពល្អប្រសើរ គ្រប់គ្នារស់នៅដោយផាសុកភាព និងមានសុខដុមរមនា ហើយប្រទេសជាតិនឹងមានភាពក្សេមក្សាន្ត។ ជាដំណោះស្រាយ, វិធីសាស្ត្រក្នុងការជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាជនមានច្រើន ប៉ុន្តែមានទស្សនៈមួយនៅក្នុងរង្វង់សេដ្ឋវិទូដែលតែងតែយល់ស្របគ្នាដោយលើកឡើងថា៖ “ស្តង់ដារនៃការរស់នៅរបស់ប្រទេសមួយ អាស្រ័យទៅលើសមត្ថភាពរបស់ប្រទេសនោះក្នុងការផលិតទំនិញ និងសេវាកម្ម”។ គោលជំហរនៃការយល់ឃើញបែបនេះបានគូសបញ្ជាក់ឱ្យឃើញថាផលិតភាពនៃប្រទេសនីមួយៗជាធាតុចូល និងកាតាលីការសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយរដ្ឋាភិបាលគួរគិតគូរ និងរៀបចំផែនការយ៉ាងណាដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចជាតិតាមរយៈការបង្កើន និងពង្រឹងផលិតកម្មជាតិ ទាំងទំនិញ និងសេវាកម្ម។

ការដែលប្រជាជាតិរំដោះខ្លួនពីភាពក្រីក្រ ហើយអភិវឌ្ឍខ្លួនក្លាយជាប្រទេសមានបាន និងទំនើបតាមរយៈការជំរុញនូវផលិតភាពនេះមិនមែនគ្រាន់តែជាទ្រឹស្ដី និងការយល់ឃើញប៉ុណ្ណោះទេ ដោយសារតែក៏មានផងដែរនូវបទពិសោធន៍នៃប្រទេសមួយចំនួនដែលបានឆ្លងកាត់ហើយទទួលបានជោគជ័យត្រចះត្រចង់។ ខ្លាទាំង ៤ នៅអាស៊ី ដែលមានកូរ៉េខាងត្បូង, តៃវ៉ាន់, ហុងកុង, និងសិង្ហបុរី ជាករណីសិក្សាមួយដែលគេតែងលើកមកនិយាយជាទឡ្ហីករណ៍ដើម្បីបង្ហាញ និងបញ្ជាក់ពីភាពពិតប្រាកដនៃសមត្ថភាពនៃការផលិត ដែលជួយជំរុញសេដ្ឋកិច្ចឱ្យមានការអភិវឌ្ឍដោយសារតែ បើទោះបីប្រទេសទាំង ៤ នេះពុំសូវមានធនធានធម្មជាតិ និងទំហំភូមិសាស្ត្រតូចយ៉ាងណាក្ដី, ស្តង់ដារនៃរស់នៅនិងជីវភាពប្រជាជននៅក្នុងប្រទេសទាំងនេះមានភាពល្អប្រសើរ។ ក្នុងន័យនេះ អត្ថបទនេះមានគោលបំណងស្វែងយល់ពីវិធីសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស និងលើកយកខ្លាអាស៊ីទាង ៤ ជាករណីសិក្សាដើម្បីបង្ហាញឱ្យឃើញពីភាពចម្រុះនៃវិធីសាស្ត្រនៃការអភិវឌ្ឍប្រទេសនីមួយៗដែលធ្វើតាមបរិបទ និងស្ថានភាពប្រទេសរៀងៗខ្លួន។

២. និយមន័យ និងទ្រឹស្ដី

ស្តង់ដារនៃការរស់នៅក្នុងប្រទេសមួយត្រូវបានកំណត់ជាចម្បងដោយផលិតភាពរបស់ខ្លួន ដែលជាបរិមាណទំនិញ និងសេវាកម្មផលិតបានក្នុងមួយឯកតានៃកម្លាំងពលកម្ម។ ទំនាក់ទំនងនេះមានលក្ខណៈជាមូលដ្ឋាននៅក្នុងសេដ្ឋ-កិច្ច ព្រោះថាកាលណាផលិតភាពខ្ពស់ មានន័យថាទិន្នផលដែលផលិតបានមកក៏ខ្ពស់ ដែលនាំឱ្យប្រាក់ចំណូល និងជីវភាពប្រជាជនកាន់តែប្រសើរ។ ជាទូទៅ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) ត្រូវបានគេប្រើប្រាស់ដើម្បីវាស់ពីស្តង់ដារនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេសមួយ។

នៅក្នុងប្រតិបត្តិការសេដ្ឋកិច្ចនៃប្រជាជាតិមួយ, កម្រិតនៃផលិតភាពអាស្រ័យទៅសមាសធាតុ ៤ សំខាន់ៗគឺ ធនធានមនុស្ស, ដើមទុនរូបវន្ត, បច្ចេកវិទ្យានវានុវត្តន៍, និងក្របខណ្ឌគោលនយោបាយរបស់រដ្ឋាភិបាល។ ខណៈដែលធនធានមនុស្សសំដៅលើគុណភាពនៃកម្លាំងពលកម្មដែលប្រកបដោយចំណេះដឹង ជំនាញ និងសុខុមាលភាព, ដើមទុនរូបវន្តសំដៅលើហេដ្ឋារចនាម្ព័ន្ធ កម្រិតទំនើបនៃគ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យា។ ចំណែកឯបច្ចេកវិទ្យានវានុវត្តន៍គឺសំដៅលើកម្រិតនិងស្ថានភាពនៃភាពច្នៃប្រឌិត ការអភិវឌ្ឍ និងរបកគំហើញថ្មីៗនៃបច្ចេកវិទ្យាដែលជំរុញដល់ផលិតភាព។ ចុងក្រោយ ក្របខណ្ឌគោលនយោបាយសំដៅលើកម្រិតនៃការជំរុញ និងលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាលតាមរយៈគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច កិច្ចការពារទ្រព្យសម្បត្តិឯកជន និងគុណភាពនៃអំណាចនីតិរដ្ឋជាដើម។

ភាពប្រទាក់ក្រឡាគ្នានៃផលិតភាព និងស្តង់ដារនៃការរស់នៅមាននៅក្នុងទិដ្ឋភាព ៣ សំខាន់ៗ។ ទី១ កាលណាផលិត​ភាពខ្ពស់ ធ្វើឱ្យសេដ្ឋកិច្ចលូតលាស់ និងបង្កើនទំហំផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់។ ការលូតលាស់នៃសេដ្ឋកិច្ចនេះ មានន័យថាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើង ហើយស្តង់ដារនៃការរស់នៅទៀតសោតក៏នឹងប្រសើរផងដែរ។ ទី២, លទ្ធភាពនៃការផលិតទំនិញ និងសេវាកម្មប្រកបដោយប្រសិទ្ធភាពនឹងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋបន្ថែមទៀត ហើយក៏នឹងបង្កើនចំនួនប្រាក់ខែ និងប្រាក់បៀវត្សផងដែរ។ កត្តានេះក៏នឹងពង្រឹងនូវស្ថានភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរជាងមុនផងដែរ។ ទី៣ កាលណាលទ្ធភាពនៃផលិតកម្មមានការកើនឡើង មានន័យថាទំហំនិងចំនួននៃទំនិញ និងសេវាកម្មនៅលើទីផ្សារក៏មានច្រើន ដោយមានការប្រកួតប្រជែងគ្នា ធ្វើឱ្យទំនិញ និងសេវាកម្មមានតម្លៃសមរម្យ និងមាននៅគ្រប់ទីកន្លែងដែលមនុស្សម្នាងាយនឹងរកទិញបាន ក៏ដូចជាប្រើប្រាស់សេវាកម្មនោះ។ ជាមួយនឹងភាពហូរហៀរនៃទំនិញ និងសេវាកម្ម មានន័យថាប្រជាជនមិនមានភាពខ្វះខាត និងជីវភាពរស់នៅក៏មានភាពសុខស្រួលផងដែរ។

៣. ករណីសិក្សា

ខ្លាទាំង ៤ នៅអាស៊ីគឺជាភ័ស្តុតាងដែលបង្ហាញថាកាលដែលចង់ឱ្យប្រទេសរីកចម្រើន ហើយប្រជាជនមានស្តង់ដារនៃការរស់នៅខ្ពស់ វាត្រូវចាប់ផ្ដើមចេញពីការជម្រុញឱ្យផលិតកម្មក្នុងស្រុកមានសន្ទុះ។ សេដ្ឋកិច្ចនៃខ្លាទាំង ៤ នៅអាស៊ីពីដើមឡើយមានភាពយ៉ាប់យ៉ឺន ជាពិសេសក្រោយពីការចប់ទៅនូវសង្គ្រាមលោកលើកទី២ និងអំឡុងសង្គ្រាមត្រជាក់ ប៉ុន្តែដោយសារតែការយកចិត្តទុកដាក់ពីរដ្ឋាភិបាលក្នុងការជំរុញលទ្ធភាពនៃផលិតកម្មក្នុងស្រុកនេះ ទើបប្រទេសទាំងនេះអាចរំដោះខ្លួនចេញពីភាពក្រីក្រ និងឈានក្លាយទៅជាប្រទេសអភិវឌ្ឍដូចសព្វថ្ងៃ។

  • លក្ខណៈស្រដៀងគ្នានៃការអភិវឌ្ឍរបស់ប្រទេសទាំង ៤

មានចំណុចរួម ៤ សំខាន់ៗនៅពេលដែលយើងពិនិត្យមើលពីដំណើរការអភិវឌ្ឍរបស់កូរ៉េខាងត្បូង, តៃវ៉ាន់, ហុងកុង, និងសិង្ហបុរី។ ទី១ ប្រទេសទាំង ៤​ មានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបណ្ដាក់ទុនដើម្បីបណ្តុះបណ្ដាលធនធានមនុស្សទាំងក្នុងវិស័យអប់រំ និងសុខាភិបាល ហើយជាលទ្ធផលធ្វើឱ្យប្រជាជន និងកម្លាំងពលកម្មនៃប្រទេសទាំង ៤ នេះមានជំនាញខ្ពស់ និងសុខភាពល្អប្រសើរ។ ទី២ ប្រទេសទាំង ៤ បានផ្តោតយ៉ាងខ្លាំងផងដែរលើការជំរុញឱ្យមានការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ក្នុងនោះមានដូចជាការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងការចេះចាប់យកបច្ចេកវិទ្យាថ្មីៗដែលមានស្រាប់មកប្រើប្រាស់ក្នុងវិស័យនានាដើម្បីជំរុញផលិតកម្ម។ ទី៣ រដ្ឋាភិបាលនៃប្រទេសទាំង ៤ បានគាំទ្រយ៉ាងមុះមុតតាមរយៈគោលនយោបាយគាំទ្រធុរៈកិច្ច និងសហគ្រាសអាជីវកម្មដូចជាការធានានូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេស និងការធ្វើពាណិជ្ជកម្មដោះដូរទំនិញ។ បន្ថែមពីនេះ រដ្ឋាភិបាលក៏មានភាពសកម្មផងដែរក្នុងការរៀបចំជាយុទ្ធសាស្ត្រ និងការគាំទ្រផ្សេងៗដើម្បីធ្វើយ៉ាងណាឱ្យការលូតលាស់នៃសេដ្ឋកិច្ចមានភាពរលូន។ ទី៤ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តទទួលបានការគិតគូរយ៉ាងម៉ត់ចត់ពីរដ្ឋផងដែរ ដូចជាការអភិវឌ្ឍប្រព័ន្ធផ្លូវដឹកជញ្ជូន និងភស្តុភារកម្ម និងការពង្រឹងវិស័យថាមពលដែលមានភាពធន់ និងប្រសិទ្ធភាពដើម្បីគាំទ្រដល់សកម្មភាពឧស្សាកម្ម និងពាណិជ្ជកម្ម។

  • លក្ខណៈពិសេសរៀងខ្លួននៃការអភិវឌ្ឍរបស់ប្រទេសទាំង ៤

ដោយសារលក្ខខណ្ឌសង្គម ស្ថានភាពសេដ្ឋកិច្ច និងនយោបាយរៀងៗខ្លួន, ការអភិវឌ្ឍនៃប្រទេសទាំង ៤ មានភាពខុសគ្នាក្នុងទិដ្ឋភាព ៣ សំខាន់ៗ។ ទី១ រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងគ្របដណ្ដប់ដោយក្រុមហ៊ុនធំៗ (chaebol) ដូចជា Samsung និង Hyundai ជាដើមដែលផ្ដោតលើឧស្សាហកម្មធុនធ្ងន់ និងបច្ចេកវិទ្យា។ ចំណែកឯហុងកុងវិញ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលមួយ ដែលផ្តោតខ្លាំងលើសេវាកម្ម ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ ចំពោះតៃវ៉ាន់ សេដ្ឋកិច្ចមានការផ្ដោតលើសហគ្រាសធុនតូច និងមធ្យម (SMEs) និងលើឧស្សាហកម្មបច្ចេកវិទ្យាទំនើប ជាពិសេសគ្រឿងអេឡិចត្រូនិក និង semiconductor។ ចុងក្រោយ សិង្ហបុរីជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មដ៏សំខាន់ដែលមានសេដ្ឋកិច្ចចម្រុះ ដោយមានទាំងហិរញ្ញវត្ថុ ផលិតកម្មទំនិញ និងបច្ចេកវិទ្យា។ ទី២ តួនាទីរបស់រដ្ឋាភិបាលដែលរួមចំណែកក្នុងការអភិវឌ្ឍក៏មានលក្ខណៈផ្សេងគ្នាផងដែរ។ នៅកូរ៉េខាងត្បូង រដ្ឋាភិបាលបានធ្វើការយ៉ាងជិតស្និតជាមួយក្រុមហ៊ុនអាជីវកម្មធំៗដោយមានដូចជាការលើកលែងពន្ធ និងការលើកទឹកចិត្តនានាដោយផ្តោតលើគោលនយោបាយឧស្សាហកម្មជាចម្បង។ រដ្ឋាភិបាលហុងកុងវិញ ព្យាយាមមិនជ្រៀតជ្រែកទៅលើសកម្មភាពសេដ្ឋកិច្ចនោះទេដោយអនុវត្តតាមវិធានការ laissez-faire ហើយមានការធ្វើអន្តរគមន៍តិចតួចបំផុតដើម្បីឱ្យប្រតិបត្តិការធុរៈកិច្ចក្នុងស្រុកមានភាពរលូន។ ចំណែកឯតៃវ៉ាន់វិញ, រដ្ឋាភិបាលមានវិធានអន្តរាគមន៍កម្រិតមធ្យមប៉ុណ្ណោះ ដូចជាការជួយគាំទ្រផ្នែកហិរញ្ញប្បទាន និងផ្នែកច្បាប់ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាទំនើបជាដើម។ ផ្ទុយទៅវិញ, រដ្ឋាភិបាលសិង្ហបុរីបានចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសេដ្ឋកិច្ចដោយមានជាការរៀបចំផែនការយុទ្ធសាស្ត្រ និងប្រព័ន្ធបទដ្ឋានស្ថាប័នដើម្បីបង្កភាពងាយស្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទី៣ ខណៈកូរ៉េខាងត្បូង និងតៃវ៉ាន់ផ្តោតទៅគោលនយោបាយពាណិជ្ជកម្មសំដៅលើការផលិត បង្កើតជាសង្វាក់ផលិតកម្ម និងនាំចេញទៅកាន់ទីផ្សារពិភពលោក ហុងកុង និងសិង្ហបុរីផ្តោតលើកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីដោយបន្ទាបពន្ធអាករឱ្យទាប ហើយមានយុទ្ធសាស្ត្រកំណត់ខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុពិភពលោក។

៤. សន្និដ្ឋាន

សមត្ថភាពផលិតទំនិញ និងសេវាកម្ម មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយកម្រិតជីវភាពរបស់ប្រទេស និងស្តង់ដារនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ ភាពជោគជ័យរបស់ខ្លាអាស៊ីទាំង ៤ បានបង្ហាញពីភាពជោគជ័ជាយុទ្ធសាស្ត្រក្នុងការ​វិនិយោគទៅលើធនធានមនុស្ស​ បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ គួបផ្សំនឹងការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល​តាមរយៈគោលនយោបាយលើកទឹកចិត្ត និងការធានាឱ្យបាននូវស្ថានភាពសេដ្ឋកិច្ចដែលសេរី។ សរុបមក ការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពនៃការផលិតទំនិញ និងសេវាកម្មមានសារៈសំខាន់ដើម្បីលើកកម្ពស់ជីវភាពប្រជាជនប្រកបដោយជោគជ័យ ដោយរដ្ឋាភិបាលត្រូវតែមានផែនការយុទ្ធសាស្ត្រអនុវត្តច្បាស់លាស់ក្នុងការវិនិយោគដើម្បីពង្រឹងធនធានមនុស្ស ដើមទុនរូបវន្ត បច្ចេកវិទ្យានវានុវត្តន៍ និងក្របខណ្ឌគោលនយោបាយ។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្រោយការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi

លោក Ebrahim Raisi កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៦០ ដែលលោកធ្លាប់ជាប្រធានាធិបតីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ចាប់ពីឆ្នាំ២០២១ រហូតដល់ត្រឹមថ្ងៃទី១៩​ ខែឧសភា ឆ្នាំ២០២៤ ដោយលោកបានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ Bell 212។​

១.​ ការស្លាប់

បន្ទាប់ពីចូលរួមក្នុងពិធីសម្ពោធគម្រោងសាងសង់ទំនប់ Qiz Qalasi ឧទ្ធម្ភាគចក្រ Bell 212 ដែលដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi​ ជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសអ៊ីរ៉ង់មួយចំនួន ដូចជាលោក Hosssein Amir-Abdollahian រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ និងថ្នាក់ដឹកនាំដទៃទៀត សរុបចំនួន ៨​ រូប បានជួបឧបទ្ទវហេតុការណ៍នៅទីតាំងខេត្ត Azerbaijian ដែលស្ថិតនៅតំបន់ភ្នំភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់ ដែលមានចម្ងាយប្រហែល ៣០ ម៉ៃល៍  ពីទីតាំងពិធីសម្ពោពគម្រោងសាងសង់ទំនប់ Qiz Qalasi នោះ។ ជាបឋមនេះ ហេតុការណ៍នេះត្រូវបានសន្និដ្ឋានថាជាឧបទ្ទវហេតុដែលបណ្តាលមកពីបញ្ហាអាកាសធាតុនៅតំបន់នោះ ប៉ុន្តែនៅភស្តុតាង និងលទ្ធផលការស្រាវជ្រាវច្បាស់លាស់ណាមួយដែលអាចកំណត់អំពីមូលហេតុនៃហេតុការណ៍ឱ្យបានច្បាស់លាស់នោះទេ។​

២. ការគ្រប់គ្រងជាបណ្តោះអាសន្ន

បច្ចុប្បន្នតំណែងប្រធានាធិបតី ក៏ដូចជារដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់ ត្រូវបានគ្រប់គ្រងដោយលោក Mohammad Mokhber ដែលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន និងលោក Ali Bagheri Kani ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសបណ្តោះអាសន្ន។ លោក Mohammad Mokhber កើតនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៥៥ ទទួលបានការអនុម័តពី Supreme Leader of Iran ដែលជាសមត្ថកិច្ចកំពូលនៃប្រមុខរដ្ឋរបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ឱ្យកាន់តំណែងប្រធានាធិបតីជាបណ្តោះអាសន្ន ស្របទៅតាមរដ្ឋធម្មនុញ្ញ ក្នុងការចាត់ចែងកិច្ចការរបស់ប្រទេស មុនពេលការបោះឆ្នោតប្រធានាធិបតីថ្មីនឹងប្រារព្ធទៅ។ លោក Mohammad Mokhber ក៏ធ្លាប់ជាអនុប្រធានាធិបតីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់មុនពេលមានហេតុការណ៍នៅទី១៩​ ខែឧសភា ឆ្នាំ២០២៤ ដែលបានបណ្តាលឱ្យលោកប្រធានាធិបតី Ebrahim Raisi បានស្លាប់។​

៣. ការបោះឆ្នោតថ្មី

បន្ទាប់ពីស្លាប់របស់លោក Ebrahim Raisi ប្រទេសអ៊ីរ៉ង់នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤​ កន្លងទៅនេះ ប្រទេសអ៊ីរ៉ង់បានប្រកាសជ្រើសរើសបេក្ខជនដែលមានបំណងចង់ឈរឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនៅចុងខែមិថុនា នេះ។ ស្របទៅតាមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ (Constitution of the Islamic Republic of Iran) បុគ្គលដែលអាចឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ត្រូវមានលក្ខណៈសម្បត្តិ និងបំពេញលក្ខខណ្ឌដូចជា (១) ត្រូវតែជាជនជាតិអ៊ីរ៉ង់ពីកំណើត (២) ជាអ្នកកាន់សាសនា Muslim Shia (៣) គោរព​ និងប្រកាន់ភ្ជាប់នូវច្បាប់របស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងប្រព័ន្ធ Wilayat al-Faqih (៤) មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬ/និងមានបទពិសោធន៍ក្នុងកិច្ចការនយោបាយ សង្គម ទំនៀមទម្លាប់ ឬយោធា (៥) មិនធ្លាប់ជាប់ទោសព្រហ្មទណ្ឌ ឬបទល្មើសទាក់ទងនឹងសន្តិសុខ ឬសណ្តាប់ធ្នាប់សង្គម​ (៦) ទទួលបានការយល់ព្រមពី Guardian Council បន្ទាប់ពីការត្រួតពិនិត្យ និងបញ្ជាក់ថាបេក្ខជននោះមានលក្ខណៈសម្បត្តិ និងបំពេញលក្ខខណ្ឌស្របទៅតាមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងIslamic Law។​ Guardian Council គឺជាក្រុមប្រឹក្សា មានសមត្ថកិច្ច និងអំណាចក្នុងការកំណត់ថាតើបេក្ខជនណាខ្លះមានលក្ខណៈសម្បត្តិ និងលក្ខខណ្ឌក្នុងការឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៊ីរ៉ង់ មុននឹងការបោះឆ្នោតប្រព្រឹត្តិទៅ។ ក្រុមប្រឹក្សានេះមានសមាជិកសរុប ១២រូប ក្នុងនោះ ៦រូបជ្រើសតាំងដោយ Supreme Leader និង​ ៦រូបទៀតជ្រើសតាំងដោយអង្គចៅក្រម។​ បន្ទាប់ពីការពិនិត្យ និងវិនិច្ឆ័យដោយ Guardian Council ហើយ បេក្ខជនដែលទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សានេះ នឹងមានសិទ្ធិក្នុងការឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតសកលសម្រាប់ជ្រើសរើសប្រធានាធិបតី។ បេក្ខជនដែលទទួលបានសម្លេងឆ្នោតភាគច្រើន(៥០%+១) នឹងត្រូវជ្រើសតាំងជាប្រធានាធិបតិថ្មីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ។ ក្នុងករណីដែល ពុំមានបេក្ខជនណាមួយទទួលបានសម្លេងឆ្នោតភាគច្រើន​ (៥០%+១)ទេ នោះបេក្ខជនដែលទទួលបានសម្លេងឆ្នោតជាងគេពីររូបនឹងត្រូវបានជ្រើសរើសសម្រាប់ការបោះឆ្នោតម្តងទៀត ដោយអ្នកដែលទទួលបានសម្លេងឆ្នោតច្រើនជាងគេក្នុងការបោះឆ្នោតលើកទី២ នោះនឹងត្រូវជ្រើសតាំងជាប្រធានាធិបតិថ្មីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។​

កម្មវិធីថង់ប្រាជ្ញា៖ គោលនយោបាយថ្មី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសសិង្ហបុរី លោក ឡរ៉េន វង្ស

ប្រទេសសិង្ហបុរីបានផ្លាស់ប្ដូរមេដឹកនាំថ្មីជាលើកដំបូង បន្ទាប់ពីស្ថិតនៅក្រោមការដឹកនាំរបស់លោក លី សៀនឡុង អស់រយៈពេល ២០ ឆ្នាំ។ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ លោក ឡរ៉េន វង្ស (Lawrence Wong) បានចូលខ្លួនធ្វើសច្ចាប្រណិធានក្លាយខ្លួនជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសសិង្ហបុរីជាផ្លូវការ។​ ក្នុងនោះ លោកបានបង្ហាញពីឆន្ទៈក្នុងការដឹកនាំប្រទេសជាតិរបស់លោក ក្រោមគោលនយោបាយ និងការដឹកនាំបែបជំនាន់ថ្មីដែលគេស្គាល់ថាជា «មេដឹកនាំជំនាន់ទី៤» ឬ “4G Leaders”។​ តើតាមរយៈគោលនយោបាយ​ និងការដឹកនាំថ្មីរបស់លោក ឡរ៉េន វង្ស នឹងអាចតម្រង់ទិសនៃប្រទេសសិង្ហបុរីយ៉ាងដូចម្ដេចខ្លះនាពេលអនាគត? ក្នុងអត្ថបទនេះ យើងនឹងស្វែងយល់សង្ខេបពីគោលការណ៍នយោបាយក្នុងការដឹកនាំប្រទេសរបស់លោក ឡរ៉េន វង្ស ដែលលោកបានលើកឡើងនៅក្នុងពិធីសច្ចាប្រណិធានជានាយករដ្ឋមន្ត្រីកន្លងទៅ រួចយើងនឹងស្វែងយល់បន្ថែមអំពីគោលជំហររបស់លោកក្នុងស្ថានការណ៍ដ៏តានតឹងនៃភូមិសាស្រ្តនយោបាយនាពេលបច្ចុប្បន្ន។

គោលនយោបាយថ្មីក្រោមការដឹកនាំរបស់មេដឹកនាំជំនាន់ទី៤ (4G Leaders)

លោក ឡរ៉េន វង្ស នឹងធ្វើការដឹកនាំប្រទេសតាមបែបបទទម្រង់ថ្មី និងកសាងសង្គមមួយដែលប្រជាជនសិង្ហបុរីគ្រប់រូបគឺជាបុគ្គលសំខាន់​ ហើយសិង្ហបុរីគឺជាប្រទេសមួយដែលសំខាន់សម្រាប់ប្រជាជនសិង្ហបុរីគ្រប់រូប នេះបើយោងទៅតាមការលើកឡើងរបស់លោកនៅក្នុងពិធីសច្ចាប្រណិធានកន្លងទៅ។ ទន្ទឹមនេះ លោក ឡរ៉េន វង្ស បានបង្ហាញពីភាពប្ដេជ្ញាចិត្ត ​និងឆន្ទៈរបស់លោក​ក្នុងការដោះស្រាយបញ្ហាសង្គមនៅក្នុងប្រទេសសិង្ហបុរីជាចម្បងដែលរួមមាន ចំណាយនៃការរស់នៅមានការកើនឡើង ភាពខ្វះខាតនូវឱកាសការងារសម្រាប់យុវជន និងក្រុមគ្រួសារជាដើម។

លោក ឡរ៉េន វង្ស ក៏បាននិយាយលើកឡើងថា លោករួមទាំងក្រុមរដ្ឋមន្ត្រីរបស់លោកនឹងរួបរួមគ្នាបង្កើតសង្គមមួយដែលប្រកបទៅដោយសមភាព ផលិតភាពខ្ពស់ និងភាពច្នៃប្រឌិតជឿនលឿនឱ្យកាន់តែបានច្រើនជាងមុន ដើម្បីឈានទៅដល់ការសម្រេចបាននូវតុល្យភាពល្អប្រសើររវាងការងារ និងជីវិតរស់នៅប្រចាំថ្ងៃដ៏ប្រពៃសម្រាប់ប្រជាជនគ្រប់រូប។ ក្នុងន័យនេះផងដែរ លោក ឡរ៉េន វង្ស បានលើកទឹកចិត្តទៅដល់ប្រជាជនសិង្ហបុរីគ្រប់រូបឱ្យចូលរួមក្នុងការដោះស្រាយបញ្ហាសង្គម ដោយមិនមានការបែងចែក ឬរើសអើង សាសនា ពូជសាសន៍ ឬភាសាណាមួយ ដើម្បីឆ្ពោះទៅរកអនាគតដែលធានាដោយសមធម៌ យុត្តិធម៌ និងសន្តិសុខក្នុងសង្គមជាតិ។ គួរបញ្ជាក់ផងដែរថា ប្រទេសសិង្ហបុរីគឺជាប្រទេសមួយដែលត្រូវបានគេស្គាល់ថាជាប្រទេសនាំមុខគេក្នុងវិស័យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំតំបន់ផងដែរ ​ហើយអ្នកជំនាញជាច្រើនបានរំពឹងគិតថា នាយករដ្ឋមន្ត្រីថ្មី លោក ឡរ៉េន វង្ស នឹងបន្តកសាងសេដ្ឋកិច្ចមួយដែលរស់រវើកសម្រាប់ប្រទេសជាតិ និងបង្កើតឱកាសការងារល្អៗជាច្រើនបន្ថែមទៀតសម្រាប់ប្រជាជនទាំងអស់គ្នា។

គោលជំហរក្នុងស្ថានការណ៍ដ៏តានតឹងនៃភូមិសាស្រ្តនយោបាយ

នៅក្នុងពិភពលោកមួយដែលពោរពេញទៅដោយការប្រកួតប្រជែង និងជម្លោះសង្គ្រាម ប្រទេសសិង្ហបុរីតែងតែប្រកាន់ខ្ជាប់នូវគោលជំហរនៃគោលនយោបាយការបរទេសអព្យាក្រឹតរបស់ខ្លួន។ លោក ឡរ៉េន វង្ស បានលើកឡើងថា លោកនឹងបន្តពង្រឹងទំនាក់ទំនងជាមួយប្រទេសជាដៃគូសហការរបស់លោក មិនថាជាប្រទេសជិតឆ្ងាយក្ដី ដែលការធ្វើបែបនេះនឹងមិនត្រឹមតែអាចទាញយកផលប្រយោជន៍ជាតិសម្រាប់ប្រទេសសិង្ហបុរីប៉ុណ្ណោះទេ តែក៏អាចជាឈ្នាន់ជំរុញតម្រង់ទិសសម្រាប់ប្រយោជន៍ប្រទេសដទៃទៀត និងពិភពលោកទាំងមូលផងដែរ។ លើសពីនេះ ប្រទេសសិង្ហបុរីតែងតែផ្ដល់តម្លៃទៅលើការឈរនៅភាពជាកណ្ដាល ឬភាពមិនលម្អៀងរបស់អាស៊ាន (ASEAN) និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រត្តិបត្តិការ និងការធ្វើសមាហរណកម្មក្នុងតំបន់ ដែលមានការចូលរួមពីសហរដ្ឋអាមេរិក និងចិនផងដែរ។ ការប្រកាន់គោលជំហរបែបនេះ មិនត្រឹមតែធ្វើឱ្យមានស្ថិរភាពទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងតំបន់ប៉ុណ្ណោះទេ តែក៏អាចរក្សាបាននូវគោលជំហរ និងលើកតម្កើងកិត្យានុភាពរបស់ប្រទេសសិង្ហបុរីនៅលើឆាកអន្តរជាតិផងដែរ។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ រុស្ស៊ីមានកំណើនសេដ្ឋកិច្ចលើសពីអាមេរិក ជប៉ុន និងបារាំងក្នុងពាក់កណ្ដាលឆ្នាំ ២០២៤

ក្នុងឆ្នាំ ២០២៤ នេះយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករកំណើនសេដ្ឋកិច្ចរុស្ស៊ីមានចំនួនកើនឡើងរហូតដល់៣,២ភាគរយនេះគឺការព្យាករណ៍ដោយផ្អែកលើកចំនួនផលិតផលក្នុងស្រុកសរុប របស់ប្រទេស (GDP) តែបើយោងតាមការបង្ហាញរបស់អ្នកជំនាញសេដ្ឋកិច្ចរុស្សីផ្ទាល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះបានកើនឡើង ៥.៤ភាគរយនៅក្នុងលក្ខខណ្ឌជាក់ស្តែងធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ យ៉ាងណាមិញ ចំនួននេះវាមានភាពល្អប្រសើរជាងប្រទេសដូចជាអាមេរិក ដើលមានកំណើនតែ២,៨ភាគរយ ជប៉ុន ០,៩ភាគរយ ឬបារាំង ០,៧ភាគរយ ដោយគិតតែពាក់កណ្ដាលឆ្នាំ២០២៤ បញ្ជាក់ដោយ IMF។

យើងដឹងកន្លងមកហើយថា ជម្លោះ​រុស្ស៊ី ​និង​អ៊ុយក្រែនបានអូសបន្លោយរហូតមកដល់ពីរឆ្នាំហើយ ដោយសារតែជម្លោះនេះរុស្ស៊ីបានទទួលរងនៅការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងច្រើនរូបភាពពីបណ្ដាលប្រទេសនានាដែលក្នុងនោះមានដូចជា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយទណ្ឌកម្មទាំងអស់នោះហាក់កាន់តែគ្មានន័យសម្រាប់រុស្ស៊ីបន្ដិចម្ដងៗ ហើយថែមទាំជំរុញឲ្យសេដ្ឋកិច្ចរុស្ស៊ីកាន់តែមានកំណើនថែមទៀត។ បន្ថែមពីលើនេះទៀត រុស្ស៊ីខឹតខំប្រើប្រាស់ធនធានធម្មជាតិដែលខ្លួនមានដើម្បីលក់ឲ្យប្រទេសដែលទទួលទិញទំនិញពីរុស្សីក្នុងតម្លៃថោកដូចជាលក់ទៅកាន់ប្រទេសចិន និង ឥណ្ឌាជាដើម។ ក្រៅពីការលក់ប្រេង លក់ឧស្ម័នធម្មជាតិ លក់មាស និង គ្រឿងអលង្ការប្រណិតៗ រុស្ស៊ីបានខិតខំរឹតចំណងមិត្តភាពកាន់តែល្អជាមួយប្រទេសជាច្រើននៅលើពិភពលោកបន្ថែមមួយកម្រិតទៀត។ បន្ដមកទៀត យើងមកដឹងពីដើមទង នៃការលូតលាក់លាស់រីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីក្នុងពាក់កណ្ដាលឆ្នាំ២០២៤នេះ ក្នុងនោះនាងខ្ញុំនឹងរំលេចឲ្យបានឃើញអំពីរូបភាពទណ្ឌកម្មសេដ្ឋកិច្ចដែលEU និង អាមេរិកដាក់មកលើរុស្ស៊ី ហើយនឹងនិងអំពីការឆ្លើយតបរបស់រុស្ស៊ីទៅកាន់ទណ្ឌកម្មទាំងនោះ។

1. រូបភាពនៃទណ្ឌកម្មអន្តរជាតិមកលើរុស្ស៊ី

ប្រទេសដែលបានប្រកាសថាខ្លួនឯងថ្កោលទោសចំពោះរុស្ស៊ីក្នុងករណីរុស្ស៊ីបានឈ្លោនពានអ៊ុយក្រែន គឺប្រទេសក្នុងសហគមអឺរ៉ុប និង សហរដ្ឋអាមេរិក។ ប្រទេសទាំងនោះបានធ្វើពាហិការ មិនទិញឥវ៉ាន់គ្រប់ប្រភេទដែលនាំចូលពីរុស្សី ព្រោះពួកគេយល់ថា ការដែលទិញទំនិញពីរុស្ស៊ីគឺជាការគាំទ្រឲ្យរុស្ស៊ីកាន់តែបានដៃឈានពានអ៊ុយក្រែនបន្ដទៀត។ ម្យ៉ាងទៀត ការជ្រើសរើសដាក់ទណ្ឌកម្មសេដ្ឋកិច្ចកិច្ចជាសកម្មភាពទណ្ឌកម្មដែលពេញនិយមបំផុត ដែលប្រទេសនានាតែនិយមប្រើព្រោះប្រទេសទាំងនោះគិតថា បើស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ នោះប្រទេសនោះនឹងឈប់ធ្វើសង្រ្គាមដោយខ្លួ​នឯងមិនខាន។ យើងសូមបង្ហាញអំពើរូបភាពនៃទណ្ឌកម្មដែលប្រទេសទាំងនោះធ្វើ ដើម្បីឲ្យអ្នកអានបានស្វែងយល់នឹងថ្លឹងថ្លែងទាំងអស់គ្នា។  ការដាក់ទណ្ឌកម្មនេះគឺមានបួនរូបភាពដូចជា៖

  • ការហាមឃាត់ការលក់ផលិតផលបច្ចេកវិទ្យាឲ្យរុស្ស៊ី ក្នុងគោលបំណងកុំឲ្យរុស្សីប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ផលិតអាវុធថ្មីៗ និង ទំនើបផ្សេងៗប្រឆាំងអ៊ុយក្រែន
  • ហាមឃាត់ការនាំចូល ប្រេងឥន្ទនៈ ឧស្ម័នធម្មជាតិ ធ្យូងថ្ម មាសនិងពេជ្រ ព្រមទាំងគ្រឿងអលង្ការប្រណិតពីរុស្ស៊ីចូលទឹកដីសហរដ្ឋអាមេរិក កាណាដា ជប៉ុន និង អឺរ៉ុប
  • ហាមឃាត់រាល់ការហោះហើរមិនឲ្យចូលទឹកដីរុស្ស៊ី និង ចេញពីរុស្ស៊ីទៅប្រទេសនានា
  • បង្កកនិងរឹបអូសទ្រព្យ​ ទូក ឬនាវារបស់អភិជន​ (oligarch)ធំៗ ព្រោះពួកគេសង្ស័យថាមានភាពជិតស្នឹតជាមួយរដ្ឋាភិបាលគ្រឹមឡាំង

ក្រៅពីការដាក់ទណ្ឌកម្មដោយរដ្ឋក្នុងនោះក៏មានក្រុមហ៊ុនអន្ដរជាតិល្បីៗបានចូលរួមក្នុងការដាក់ទណ្ឌកម្មដែល ក្នុងនោះមានដូចជា៖ Nike, Allianz, Shell, Alzeer AG, McDonald’s និង Starbuck Corp ជាដើម ដែលពួកគេដកឬបិទក្រុមហ៊ុនចេញពីរុស្សី និង មិនលក់ឲ្យអ្នកដែលមកពីប្រទេសរុស្ស៊ីឡើយ។

2. ការឆ្លើយតបរបស់រុស្ស៊ីទៅកាន់ទណ្ឌកម្មអន្ដរជាតិ

យើងក៏មិនភ្លេចផងដែលថា តាំងពីចាប់ផ្ដើមសង្រ្គាម និងរហូតមកថ្ងៃនេះ មានប្រទេសដែលបានទិញប្រេងឥន្ទនៈ នឹងអាវុធពីរុស្ស៊ីក្នុងទទួលបានតម្លៃថោកនោះ គឺប្រទេសចិន និង ឥណ្ឌា។ ហើយទោះបីជាអាមេរិក និង ប្រទសបច្ចេវិទ្យាទំនើបៗផ្សេងៗ ហាមផលិតផលបច្ចេកវិទ្យាខ្លួនមិនឲ្យចូលទិញដីរុស្ស៊ីក៏ដោយតែរុស្ស៊ីមានចិនដែលជាខ្នងបង្អែកដ៏រឹងមាំ ព្រោះចិនបានលក់ផ្គត់ផ្គង់នូវផលិតផលិតបច្ចេកវិទ្យាគ្រប់សព្វបែបយ៉ាងទៅឲ្យរុស្សីមានជាអាទិ៍គឺ បន្ទះឈីប និង គ្រឿងម៉ាស៊ីនជាដើម។ ចំណែកឯ ប្រទេសសហរដ្ឋអាមេរិក កាណាដា ន័រវេស ហូឡង់ ស្វីស បានដាក់ទណ្ឌកម្មមកកាន់រុស្ស៊ី ដោយមិនទទួលទិញទេ ប្រេងឥន្ទនៈ ឧស្ម័នធម្មជាតិ ធ្យូងថ្ម មាសនិងពេជ្ររបស់រុស្ស៊ី។ ពួកគេងាកទៅទិញប្រទេសនៅមជ្ឈឹមបូព៌ាជាដើមទោះផលិតផលទាំងនោះមានតម្លៃថ្លៃជាក៏ដោយ។ យ៉ាងណាមិញទណ្ឌកម្មនេះហាក់មានប្រសិទ្ធភាពតែដំបូងប៉ុណ្ណោះព្រោះយោងតាមការបញ្ជាក់ដោយ IMF ទណ្ឌកម្មនេះមានប្រសិទ្ធិភាពតែក្នុងឆ្នាំ២០២២ ដោយរុស្ស៊ីមានកំណើនសេដ្ឋកិច្ចថយក្រោយ២.១% គិតជាទឹកប្រាក់ក្នុងឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុបគឺ ២២៤០.៤២ ពាន់ពាន់លានដុល្លាររាយការណ៍ដោយធនាគារពិភពលោក។ ក្រោយមកនៅឆ្នាំ ២០២៣ និង ២០២៤ ទណ្ឌកម្មកាន់តែគ្មានប្រសិទ្ធិភាពខ្សោយដោយសារតែប្រទេសដែលប្រកាន់ក្ដែងៗថា មិនទិញ​ទំនិញពីរុស្ស៊ីបានចាប់ផ្ដើមងាកមកទិញក្នុងចំនួនច្រើនដដែល។

3. កត្តានៃការកើនឡើងសេដ្ឋកិច្ច

កំណត់សម្គាល់៖ សេដ្ឋកិច្ចរុស្សីរឹងមាំនោះគឺមានហេតុផលដូចជា៖

  • រុស្សីជាប្រភពនៃការនាំចេញ អាវុធ,ឧស្ម័នធម្មជាតិ, ធ្យូងថ្ម, ប្រេង, របស់ប្រើប្រាស់ និង ម៉ាស៊ីន ហើយពេលដែលទណ្ឌកម្មកើនឡើងអ្នកជំនួញរុស្សីបានត្រឡប់ចូលស្រុកវិញ
  • ប្រទេសអឺរ៉ុបលក់ទំនិញមកកាន់រស្ស៊ី
  • គ្រឹះនៃសេដ្ឋកិច្ចរុស្ស៊ីមានភាពរឹងមាំខ្លាំងជាងការរំពឹងទុករបស់សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក
  • រុស្ស៊ីអាចនាំទំនិញដូចជាអាវុធទៅប្រទេសភាគខាងលិចបានដូចជាទៅហ្សកហ្ស៊ី បេឡារុសនិងកាហ្សាក់ស្តង់ អឺរ៉ង់ ជាដើម
  • ចិនជាអ្នកជំនួសតំណែងEUលក់ឲ្យរុស្សីនូវទំនិញដូចជា៖ វត្ថុធាតុដើមបច្ចេកវិទ្យា (hi-tech products)និង ស៊ីមីកុងឌុចទ័រ ហើយឥណ្ឌាជាអ្នកទិញប្រេងធំបំផុតរបស់រុស្ស៊ី។

ដូចយើងថាដឹងហើយថា រុស្ស៊ីមានភាពល្បីល្បាញណាស់ក្នុងការនាំចេញនូវទំនិញមូលដ្ឋានផ្សេងៗ ហើយដោយសារតែទំនិញនេះហើយដែលធ្វើឲ្យពិភពលោកត្រូវការការចាំចេញទំនិញពីរុស្ស៊ី ព្រោះសព្វថ្ងៃ តម្លៃប្រេងសាំងតែជាតម្រូវការចាំបាច់សម្រាប់មូលដ្ឋានក្នុងការធ្វើដំណើរគឺកាន់តែមានតម្លៃថ្លៃខ្លាំងរហូតដល់ប្រជាជនសឹងតែមិនអាចមានលទ្ធភាពទិញបាន ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឈ និង ប្រទេសឧស្សាហកម្មគឺជះនូវផលិតអវិជ្ជមានច្រើន។ ដោយសារតែប្រទេសទាំងនោះមើលឃើញពីភាពលំបាករបស់ខ្លួនបែបនោះហើយទើបប្រទេសដែលធ្លាប់ធ្វើពាហិការមិនទិញទំនិញរុស្សីបានងាយមកទិញវិញនោះ ខ្ញុំនឹងបើកបង្ហាញថាតើប្រទេសណាដែលទិញច្រើនហើយទំនិញប្រភេទអ្វីខ្លះ?

ដោយយោងតាមIMFកត្តានៃការលូតលាស់នៃផលិតផលិតក្នុងស្រុករបស់រុស្សគឺមានបី៖

  • ការ​រីក​ចម្រើន​នៃ​ការ​បញ្ជា​ទិញ​សព្វាវុធ៖ ​​ដោយរុស្ស៊ីបានចុះកុងត្រាជាមួយប្រទេសជុំវិញ ពិភពលោកក្នុងនោះសរុបជាទឹកប្រាក់ ៥៥ ពាន់លានដុល្លារមានប្រទេសដូចជាប្រទេសឥណ្ឌា ក្រុមប្រទេសCISនៅភាគលិចឬអាហ្វ្រិក , អាមេរិក និង ចិន។ នេះជាទិន្នន័យ (២០២៣)ដែលបង្ហាញអំពីការជាវអាវុធក្នុងនោះប្រទេសដែលទិញអាវុធជាអាទិ៍គឺ៖ អឺរ៉ង់ (៩៤% នៃសព្វាវុធសរុប),​ កាហ្សាក់ស្ថាន (៨៥% នៃសព្វាវុធសរុប), វៀតណាម (៧៤% នៃសព្វាវុធសរុប), ចិន ( ៧២% នៃសព្វាវុធសរុប), អាហ្សីរី ( ៦៥.៥% នៃសព្វាវុធសរុប), ឥណ្ឌា​ ( ៥៤% នៃសព្វាវុធសរុប)។
  • ការកើននៃការលក់ប្រេងឆៅ ធ្យូងថ្ម និង ឧស្ម័នធម្មជាតិ៖ ប្រទសដែលទិញធ្យូងថ្មច្រើនគឺចិន ឥណ្ឌា តួកគី តៃវ៉ាន់។ ប្រទេសដែលទិញប្រេងឆៅច្រើនជាងគេគឺ ចិន ឥណ្ឌា ហុងគ្រី ស៊ុលវ៉ាគា។ ប្រទេសដែលទិញឧស្ម័នធម្មជាតិច្រើនគឺប្រទេសនៅអឺរ៉ុប(ស្វីស តួកគី អាល្លឺម៉ង ហូឡង់) ប្រទេសចិន និងជប៉ុន។ រីឯប្រទេសដែលទិញប្រេងឆ្អិន(ផលិតផលសម្រេច) គឺតួកគី ចិន សង្ហិបូរី ប្រេស៊ីល។ ខាងក្រោមនេះជាទន្និន័យឆ្នាំ២០២៤នេះ នៃការលក់ដោយក្រសួងថាមពលរបស់រុស្ស៊ី៖
  • ត្រឹមខែមិនា ឆ្នាំ២០២៤ ប្រាក់ចំណូលនៃការនាំចេញ រាល់ខែ កើនឡើង ១%​ (៩.៤ លានអឺរ៉ូ/ថ្ងៃ)
  • ប្រាក់ចំណូលប្រចាំខែពី ការប្រេងឆៅនៅសមុទ្រ កើន១៣% (២៨លានអឺរ៉ូ/ថ្ងៃ) កើនឡើង៩%​បើគិតពីទណ្ឌកម្មអន្ដរជាតិ
  • ប្រាក់ចំណូលប្រចាំខែពីការលក់ឧស្ម័នធម្មជាតិរាវ កើន២%​(០.៧៥លានអឺរ៉ូ/ថ្ងៃ)
  • ប្រាក់ចំណូលពីការបង្ហូរលក់តាមបំពង់ប្រេងគឺកើន ៨% ​(៥.៥លានអឺរ៉ូ/ថ្ងៃ)
  • ទីផ្សារការងារមានភាពរឹងមាំ៖ ដែលបង្ហាញថាប្រាក់ឈ្នួលក៏កើនឡើង(​២០២៤)៖ ១,២៤៩,៩00 RUB ក្នុងមួយឆ្នាំ (= €១២,៧១0)។ សូមបញ្ជាក់ថា រដ្ឋាភិបាលក្រឹមឡាំង បានបង្កើនប្រាក់ សម្រាប់យោធិនផងដែរ។ នេះ​គូរបញ្ចាក់ដោយអនុប្រធាននៃ មូលនិធិរូបិយវត្ថុអន្តរជាតិ។

4. ការយល់ឃើញរបស់ពូទីនចំពោះទណ្ឌកម្មអន្ដរជាតិ

សរុបមកសម្រាប់មេដឹកនាំរុស្ស៊ីផ្ទាល់មិនបានខ្លាច ឬញញើត ផិតភ័យ ចំពោះទណ្ឌកម្មសេដ្ឋកិច្ចដែលប្រទេសមហាអំណាចសហរដ្ឋអាមេរិក និង អឹរ៉ុបដាក់មកលើរុស្ស៊ីទេ ព្រោះរុស្ស៊ីមានភាពរឹងមាំង និង​មានគ្រឹះសេដ្ឋកិច្ឋខ្លាំង។ យ៉ាងណាមិញ លោកពូទីនបានលើកឡើង ក្នុង ខែ កុម្ភៈ ឆ្នាំ២០២៤ នេះដោយបង្ហាញពីការយល់ឃើញចំពោះទណ្ឌកម្មអន្ដរជាតិថា៖ “We have growth, and they have decline.” ឬ “ពួកយើងបានលូតលាស់ ហើយពួកគេបានធ្លាក់ចុះសេដ្ឋកិច្ចពួកគេទៅវិញ?”។ មួយវិញទៀតមុនបោះឆ្នោះក្នុង ២០២៤នេះក្នុងខែមីនា លោកបានសង្កត់ធ្ងន់ថា ៖សេដ្ឋកិច្ចបស់ប្រទេសរុស្ស៊ីកំពុងផ្លាស់ប្តូរយ៉ាងជោគជ័យពីទីផ្សារភាគខាងលិចនិងពង្រីកភាពជាដៃគូរដោយខ្លួនឯងទៅបណ្ដាប្រទេសត្រូវការរុស្សី ហើយបង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីៗបន្ថែមជាមួយប្រទេសទាំងនោះ។ នេះបញ្ជាក់ថាទោះស្ថិតក្នុងសា្ថនភាពបែបណារុស្ស៊ីនឹងនៅតែខឹងខំបង្កើនសក្ដានុពលសេដ្ឋកិច្ច ហើយនឹងឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពទៅនឹងទណ្ឌកម្មអន្ដរជាតិទាំងនោះ។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ កីឡាអូឡាំពិកទីក្រុងប៉ារីស ក្នុងបរិបទបញ្ហាពិភពលោកថ្មី

កីឡាអូឡាំពិក គឺជាព្រឹត្តិការណ៍កីឡាល្បីមួយនៅក្នុងពិភពលោកដែលបង្ហាញពីសាមគ្គីភាព និងការចូលរួមរបស់ប្រទេសទាំងអស់នៅក្នុងពិភពលោកដែលប្រព្រឹត្តក្នុងរយៈពេល៤ឆ្នាំម្តង។ ព្រឹត្តិការណ៍មួយនេះជាព្រឹត្តិការណ៍ដ៏ចំណាស់មួយដែលមានតាំងពីសម័យក្រិកបុរាណមកម្ល៉េះ។ ព្រឹត្តិការណ៍អូឡាំពិកជំនាន់ថ្មីបានចាប់ផ្តើមពីឆ្នាំ១៨៩៦ ដែលប្រារព្ធឡើងនៅទីក្រុងអាតែន ប្រទេសក្រិកដែលគេរាប់ថាជាព្រឹត្តិការណ៍អូឡាំពិកលើកទី១សំរាប់ទំព័រព្រឹត្តិការណ៍ពិភពលោកមួយនេះ។ ចាប់ពីឆ្នាំ១៨៩៦ រហូតមកដល់ពេលបច្ចុប្បន្ននេះកីឡាអូឡាំពិកបានប្រព្រឹត្តចំនួន៣២លើករួចមកហើយ និងឈានដល់លោកទី៣៣នឹងប្រារព្ធនៅក្នុងទីក្រុងប៉ារីសសំរាប់ឆ្នាំ២០២៤នេះ។ នៅក្នុងការប្រារព្ធចំនួន៣២លើកនៃព្រឹត្តិការណ៍កីឡា៤ឆ្នាំម្តង បានហែលឆ្លងកាត់របត់នយោបាយពិភពលោក និងព្រឹត្តិការណ៍ជាច្រើនផងដែរដូចជាបរិបទសង្រ្គាមលោកលើកទាំងពីរ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះប្រារព្ធចំនួន៣លើកគឺ ឆ្នាំ១៩១៦១៩៤០ និងឆ្នាំ១៩៤៤។ ក្នុងបរិបទសង្រ្គាមត្រជាក់វិញ មានជាអាទិ៍ភេវរកម្មក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងម៉ូនិកឆ្នាំ១៩៧២ ការធ្វើពហិការពីសំណាក់ប្រទេសលោកខាងលិចនៅកីឡាអូឡាំពិកទីក្រុងម៉ូស្គូឆ្នាំ១៩៨០និងពីសំណាក់ប្រទេសលោកខាងកើតជាពិសេសសូវៀតនៅឆ្នាំ១៩៨៤ ក្នុងទីក្រុងឡូអែនជឺលេសជាដើម។ ក្នុងបរិបទ២០២៤នេះ បរិបទនយោបាយនិងជម្លោះថ្មីៗបានកើតឡើងដូចជាជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ជម្លោះនៅមជ្ឈឹមបូព៌ារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនរួមទាំងអ៊ីរ៉ង់សុទ្ធតែជារឿងក្តៅគគុកនាពេលបច្ចុប្បន្ន។ ហើយវាក៏អាចជាការប៉ះពាល់និងកង្វល់ដល់សន្តិសុខនៃព្រឹត្តិការណ៍នេះផងដែរសំរាប់បារាំង។ តើបារាំងបានត្រៀមខ្លួននិងការពារសន្តិសុខនៃព្រឹត្តិការណ៍អូឡាំពិកបានកំរិតណា ដើម្បីបញ្ចៀសបញ្ហាអសន្តិសុខក្នុងព្រឹត្តិការណ៍នេះ?

១.ជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីនធ្វើឱ្យនឹកឃើញភេវរកម្មក្នុងកីឡាអូឡាំពិក១៩៧២

          នាពេលបច្ចុប្បន្ននេះ ជម្លោះរវាងអ៊ីស្រាអែលនិងពួកហាម៉ាសប៉ាឡេស្ទីនបានធ្វើឱ្យមានការបំផ្លិចបំផ្លាញទាំងជីវិតមនុស្ស និងហេដ្ឋានរចនាសម័្ពន្ធក្នុងប្រទេសទាំងពីរផងដែរ។ សង្រ្គាមនេះគឺជាកង្វល់បញ្ហាពិភពលោក និងជាសង្រ្គាមដ៏រុំារ៉ៃមួយរវាងជាតិសាសន៍ទាំងពីរនេះ។បើនិយាយពីជម្លោះរវាងប្រទេសទាំងពីរ គេក៏បាននឹកឃើញដល់បញ្ហាសោកនាដកម្មដ៏ធំមួយ​ដល់ព្រឹត្តិការណ៍អូឡាំពិកដែរ គឺនៅក្នុងព្រឹត្តិការណ៍អូឡាំពិកលើកទី២០នៅទីក្រុងម៉ូនិកឆ្នាំ១៩៧២។ សោកនាដកម្មដែលធ្វើឱ្យពិភពលោកមានការនឹកស្មានមិនដល់នោះគឺ ជាអំពើភេរវកម្មរបស់ក្រុមខែកញ្ញាពណ៌ខ្មៅ(Black September) របស់ពួកប៉ាឡេស្ទីនចូលចាប់ជំរិតក្រុមគ្រូបង្វឹកនិងអត្តពលិកអ៊ីស្រាអែលនៅក្នុងភូមិកីឡាអូឡាំពិក។ ការចូលចាប់ជំរិតនេះគឺបានកើតឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧២ នាពេលព្រលឹមកងកុម៉្មង់ដូររបស់ប៉ាឡេស្ទីនក្រុមខែកញ្ញាពណ៌ខ្មៅ(Black September) បានបន្លំខ្លួនដោយស្លៀកពាក់ជាកីឡាករចូលទៅក្នុងភូមិអូឡាំពិក។ នៅពេលដែលចូលបានដោយជោគជ័យ ហើយក្រុមនោះក៏បានធ្វើប្រតិបត្តិការដោយចាប់ជំរិតលើក្រុមកីឡាករនិងគ្រូបង្វឹកអ៊ីស្រាអែលចំនួន១១នាក់ និងបានសម្លាប់ចំណាប់ខ្មាំង២នាក់ដោយសារពួកគេបានតដៃនិងចង់រត់គេចពីពួកនេះ។ នៅពេលកើតហេតុភ្លាមៗ ប៉ូលីសអាឡឺម៉ង់បានឡោមព័ទ្ធនិងធ្វើប្រតិបត្តិការផែនការដើម្បីរំដោះចំណាប់ខ្មាំងអ៊ីស្រាអែល ហើយក៏បានធ្វើការចរចាជាមួយពួកភេរវករអស់ជាច្រើនម៉ោងនិងលក្ខខណ្ឌទាមទាររបស់ពួកគេ ជាពិសេសទាមទារឱ្យអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន២៣០នាក់ដែលអ៊ីស្រាអែលបានចាប់ខ្លួនដាក់ពន្ធនាគារ។ បន្ទាប់ពីចរចាអស់ជាច្រើនម៉ោងមក រដ្ឋាភិបាលអាឡឺម៉ង់ខាងលិចបានសម្រេចបញ្ចូននូវឧទ្ធម្ភាគចក្រដឹកក្រុមភេរវករចេញពីភូមិអូឡាំពិកទៅកាន់ព្រលានយន្តហោះក្បែរទីក្រុងម៉ូនិក។​ ប៉ូលីសអាឡឺម៉ង់ក៏បានសម្រេចបើកការប្រយុទ្ធភ្លាមៗតែម្តងដើម្បីរំដោះចំណាប់ខ្មាំងនៅព្រលានយន្តហោះនោះផ្ទាល់តែម្តង។ ការវាយប្រហារបានធ្វើឱ្យប៉ូលីសអាឡឺម៉ង់ស្លាប់ម្នាក់ ចំណាប់ខ្មាំងទាំងអស់ និងក្រុមភេរវករចំនួន៥នាក់។ ព្រឹត្តិការណ៍ខាងលើនេះ បានធ្វើឱ្យអាឡឺម៉ង់បាក់មុខខ្លាំងមែនទែនចំពោះការរៀបចំព្រឹត្តិការណ៍អូឡាំពិកខាងលើនេះបន្ទាប់ពីចង់ស្តារមុខមាត់ខ្លួនពីអូឡាំពិក១៩៣៦ដែលលោកហ៊ីត្លែររៀបចំនិងមានការរឹតបន្តឹងខ្លាំងរហូតដល់ទាហានគ្រប់កន្លែង។ មួយវិញទៀត សំរាប់ការឆ្លើយតបរបស់អ៊ីស្រាអែលក៏បានធ្វើការឆ្លើយតបទៅពួកប៉ាឡេស្ទីនវិញដោយប្រតិបត្តិការ Wrath of God ដែលជាយុទ្ធនាការធ្វើឃាតដោយសម្ងាត់លើបុគ្គលសំខាន់ៗរបស់ប៉ាឡេស្ទីន ដើម្បីជាការសងសឹកផងដែរ។ ព្រឹត្តិការណ៍ខាងលើនេះក៏ជាមេរៀនមួយសំរាប់ប្រទេសបារាំងក្នុងពង្រឹងសន្តិសុខសំរាប់អូឡាំពិកឆ្នាំ២០២៤នេះ ដែលស្ថិតក្នុងបរិបទជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនខ្លាំងដូចគ្នានេះឬក៏បរិបទនយោបាយសង្គ្រាមរវាងប្រទេសផ្សេងទៀតដែលមិនទាន់រលត់ ដើម្បីជៀសវាងកើតឡើងមានអំពើភេវរកម្មចាប់ជំរិតនិងការគំរាមកំហែងលើកីឡាករដូចទៅនឹងឆ្នាំ១៩៧២។

២.ការត្រៀមខ្លួននិងពង្រឹងសន្តិសុខរបស់បារាំងសំរាប់ព្រឹត្តិការណ៍ពិភពលោកនេះ

          នៅសល់រយៈពេលប្រមាណជាង២ខែទៀត ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅលើកទី៣៣នឹងចាប់ផ្តើមនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ព្រឹត្តិការណ៍នេះនឹងធ្វើពិធីបើកនៅថ្ងៃទី២៦ ខែកក្កដា រហូតដល់ពិធីបិទនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងបរិបទថ្មីដែលពិភពលោកកំពុងជួបប្រទះនឹងសង្រ្គាមជាច្រើនដូចជារុស្ស៊ីនិងអ៊ុយក្រែន ជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីនរួមទាំងអ៊ីរ៉ង់ នឹងធ្វើឱ្យក្លាយជាកង្វល់សំរាប់បញ្ហាសន្តិសុខនៅព្រឹត្តិការណ៍នេះ។មួយវិញទៀត អ្វីដែលបារាំងនឹងត្រូវប្រឈមមុខជាមួយបញ្ហាសន្តិសុខនោះគឺគំរាមកំហែងដោយភេរវកម្ម ដែលតម្រូវឱ្យបារាំងត្រូវពង្រឹងខ្លួននិងធ្វើសមយុទ្ធហ្វឹកហាត់ជាច្រើនដូចជាការដាក់ដ្រូនការពារនិងប្រឆាំងភេរវកម្មជាដើម ដើម្បីការពារសុខសុវត្ថិភាពសំរាប់កម្មវិធីទាំងមូល។ ក្នុងព្រឹត្តិការណ៍ខាងលើនេះ ទាំងបារាំងនិងគណៈកម្មាធិការអូឡាំពិកបានប្តេជ្ញាក្នុងការថែរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ព្រឹត្តិការណ៍នេះឱ្យបានល្អ និងដាក់ពង្រាយទាហានអបជាមួយប៉ូលីសច្រើនជាងព្រឹត្តិការណ៍អូឡាំពិកផ្សេងៗទៀតពីមុនមកផងដែរ។ បារាំងក៏នឹងប្រារព្ធការបើកកម្មវិធីព្រឹត្តិការណ៍នេះនៅលើដងទន្លេសែនផងដែរ ប៉ុន្តែក៏មានជម្រើសមួយផ្សេងទៀត សំរាប់ការបើកខាងលើនៅក្នុងពហុកីឡដ្ឋានជាតិបារាំងប្រសិនបើមានការគំរាមកំហែងនិងការបារម្ភពីអំពើភេរវកម្ម។ ទោះជាយ៉ាងណា អាជ្ញាធរបារាំងនៅតែចង់រៀបចំពិធីបើកដូចការដែលគ្រោងទុកនៅលើដងទន្លេសែន និងកាត់បន្ថយចំនួនមនុស្សចូលទស្សនាវិញ។ ជាមួយគ្នានេះផងដែរ ដើម្បីសុវត្ថិភាពទាំងមូលអាជ្ញាធរនឹងធ្វើការបិទផ្លូវចរាចរណ៍ទាំងស្រុងនៅក្នុងកម្មវិធី និងកំណត់មុខសញ្ញារបស់អ្នកចូលរួមតាមការបង្ហាញ QR កូដចេញចូល និងអត្តសញ្ញាណប័ណ្ណរបស់ខ្លួនផងដែរ។

សរុបមក ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ នឹងក្លាយជាព្រឹត្តិការណ៍កីឡាមួយដែលគួរឱ្យចាប់អារម្មណ៍ដែលស្ថិតនៅក្នុងបរិបទនយោបាយជម្លោះថ្មីៗរបស់ពិភពលោកនិងការគំរាមពីអំពើភេរវកម្ម។ ជម្លោះនៅមជ្ឈឹមបូព៌ារវាងអ៊ីស្រាអែលនិងហាម៉ាសប៉ាឡេស្ទីន បានធ្វើឱ្យពិភពលោកនឹកឃើញដល់កីឡាអូឡាំពិកឆ្នាំ១៩៧២ នៅអាឡឺម៉ង់ខាងកើតចំពោះការចាប់ខ្លួនក្រុមកីឡាករមកពីអ៊ីស្រាអែលធ្វើជាចំណាប់ខ្មាំងពីសំណាក់ពួកខែកញ្ញាពណ៌ខ្មៅ(Black September) ប៉ាឡេស្ទីនដែលធ្វើឱ្យមានសោកដនាកម្មក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។ នេះក៏ជាមេរៀនមួយសំរាប់បារាំងក្នុងការប្រុងប្រយ័ត្នក្នុងព្រឹត្តិការណ៏នេះ ព្រោះជម្លោះបច្ចុប្បន្នមិនមែនមានតែអ៊ីស្រាអែលនិងប៉ាឡេស្ទីនតែមួយទេ។ មួយវិញទៀត ការគំរាមកំហែងពីសំណាក់អំពើភេរវកម្មក៏នឹងក្លាយជាវប្រធានបទក្តៅមួយសំរាប់បារាំងក្នុងព្រឹត្តិការណ៍នេះផងដែរ។ ប៉ុន្តែបារាំងក៏បានត្រៀមខ្លួននិងធ្វើសមយុទ្ធជាច្រើនសំរាប់ការពារសន្តិសុខ និងត្រៀមសម្ភារៈសំរាប់ការពារសន្តិសុខច្រើនផងដែរដូចជាដ្រូនប្រឆាំងអំពើភេរវកម្មជាដើម។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ