"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ 6G: ជំនាន់ថ្មីនៃការប្រកួតប្រជែងរបស់ចិន និងអាមេរិក

តើ 6G គឺជាអ្វី?

បណ្តាញទូរគមនាគមន៍ឥតខ្សែជំនាន់ទីប្រាំមួយ ឬ 6G (Sixth-Generation Wireless) គឺជាអ្នកស្នងតំណែងបន្ទាប់ពីបណ្តាញទូរគមនាគមន៍ឥតខ្សែជំនាន់ទីប្រាំ(5G) ។​ បណ្តាញឥតខ្សែមួយនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានសមត្ថភាពខ្ពស់និងលឿនជាងជំនាន់ទី៥ដល់ទៅ១០០ដង និង១០០០ជីហ្គាបៃក្នុងមួយវិនាទី(១០០០Gbps) ។ ទោះជាយ៉ាងណាក៏ដោយ 6G នៅមិនទាន់ជាបច្ចេកវិទ្យាដែលបានដាក់ដំណើរការជាអាជីវកម្មនៅឡើយទេ។ ប៉ុន្តែប្រទេសជាច្រើនកំពុងតែវិនិយោគទៅលើការអភិវឌ្ឍស្តង់ដារបណ្តាញឥតខ្សែជំនាន់ក្រោយនេះ។ គេបានប៉ាន់ប្រមាណថា 6G អាចនឹងត្រូវបានដាក់ប្រើប្រាស់ទូទាំងពិភពលោកនៅឆ្នាំ២០៣០។​ ក្នុងនោះផងដែរ 6G ត្រូវបានគេរំពឹងថានឹងជួយសម្រួលក្នុងទីផ្សារឌីជីថលដោយការជួយកែលម្អផ្នែករូបភាពនិងការកំណត់ទីតាំងដោយការប្រើប្រាស់ភ្ជាប់ជាមួយបញ្ញាសិប្បនិម្មិត (AI) រ៉ូបូត និងយាន្ដជំនិះស្វ័យប្រវត្តិបានកាន់តែប្រសើរឡើងថែមទៀតផង។

សារៈប្រយោជន៍ដែលគេរំពឹងទុកអំពីការប្រើប្រាស់6G ៖

  • គ្របដណ្តប់ជាសកលរួមទាំងទំនាក់ទំនងយ៉ាងទូលំទូលាយនៅក្រោមទឹក និងសមុទ្រជ្រៅ បណ្តាញអវកាស អាកាស ដី និងសមុទ្រដែលរួមបញ្ចូលគ្នា
  • ពង្រីកបណ្តាញអ៊ីនធើណេតទូរស័ព្ទចល័តជាមួយប្រសិទ្ធភាពកាន់តែច្រើន កាត់បន្ថយកំហុសក្នុងការបញ្ជូនសារ
  • ការបញ្ចេញកម្រិតកាបូនទាប តាមរយៈការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបដូចជា រថយន្តអគ្គិសនី
  • 6Gប្រព័ន្ធឥតខ្សែដែលអាចបម្រើដល់អតិថិជនច្រើនក្នុងពេលតែមួយ
  • ពង្រឹងទំហំសន្តិសុខ សុវត្ថិភាពដូចជាតាមដាន និងរកឃើញការលួចចូល ការពិនិត្យតាមដានសុខភាព ការចាប់រូបរាង និងការសម្គាល់មុខមនុស្ស ការពិនិត្យគុណភាពខ្យល់បរិសុទ្ធ ឧស្ម័ន និងខ្យល់ពុលជាដើម
  • 6G រួមបញ្ចូលបច្ចេកវិទ្យាផ្សេងៗឱ្យមានទំនាក់ទំនងគ្នាដូចជាavataនៅក្នុងmetaverseជាដើម។
  • 6G ផ្តល់ឱ្យនូវការប្រើប្រាស់សេវាអ៊ីនធើណេតមានភាពលឿន និងចំណាយពេលខ្លីជាង5G។

ភាពខុសគ្នារវាង​5G និង 6G

5G ឬ ទូរគមនាគមន៍ឥតខ្សែជំនាន់ទី៥ ផ្តល់ល្បឿន ១០ ជីហ្គាបៃក្នុងមួយវិនាទី ដែលលឿនជាង 4G LTE ៣០ដង ប៉ុន្តែនឹងមានល្បឿនយឺតជាង6G ១០០ដង ។ 5G ត្រូវបានគេដាក់ដំណើរការកម្មវិធី យានយន្តស្វ័យប្រវត្តិ IoT និងទីក្រុងឆ្លាតវៃ។ លើសពីនេះ វាក៏ត្រូវបានប្រើដើម្បីផ្តល់សេវាថែទាំសុខភាពពីចម្ងាយ និងធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍លេងហ្គេមយ៉ាងច្រើនផងដែរ។ រីឯ 6G វិញនឹងត្រូវប្រើបម្រុងទុកសម្រាប់គោលបំណងអាជីវកម្មយោធានិងឧស្សាហកម្មជាមួយនឹងការប្រើប្រាស់មួយចំនួនរបស់អតិថិជនដូចជាការកម្សាន្តដ៏សម្បូរបែប។ 6G នឹងអាចបញ្ជូនទិន្នន័យកាន់តែច្រើនក្នុងរយៈពេលតិចជាងមុនដែលធ្វើឱ្យការប្រើប្រាស់កាន់តែមានភាពរលូន។ ម្យ៉ាងវិញទៀតទោះបីជា 6G មានភាពជឿនលឿនជាង 5G ក៏ពិតមែន ប៉ុន្តែការគំរាមកំហែងផ្នែកសន្តិសុខ និងសុវត្ថិភាពដែលបង្កឡើងដោយបណ្តាញ 6G មានហានិភ័យខ្ពស់ជាង 5G ដូចជាការប៉ះពាល់ដល់ឯកជនភាពដោយសារការប្រើប្រាស់បញ្ញាសិប្បនិម្មិតនិងការប៉ះពាល់សុខភាពដោយកម្រិតហ្វ្រេកង់ខ្ពស់និងសារធាតុវិទ្យុសកម្មជាដើម។

6G ទីលានថ្មីនៃការប្រជែងអំណាចប្រទេសចិន និងសហរដ្ឋអាមេរិក

ការប្រណាំងប្រជែងឆ្ពោះទៅរក 6G ធ្វើឱ្យមានចំណាប់អារម្មណ៍ជាច្រើនទៅលើមនុស្សនៅក្នុងបណ្តាញឧស្សាហកម្មបច្ចេកវិទ្យា។ ប្រទេសជាច្រើនកំពុងធ្វើការអភិវឌ្ឍ និងស្រាវជ្រាវឆ្ពោះទៅរកបណ្តាញទូរគមនាគមន៍ឥតខ្សែជំនាន់ក្រោយនេះ ដែលក្នុងនោះដែរ​រួមមានដូចជា សហរដ្ឋអាមេរិក​ សហភាពអ៊ឺរ៉ុប ចិន កូរ៉េ ជប៉ុន ជាដើម។ ប្រទេសចិន និងអាមេរិកត្រូវបានគេមើលឃើញថាកំពុងមានភាពដឹកនាំខ្លាំងក្នុងការអភិវឌ្ឍទៅរកបច្ចេកវិទ្យា 6G។

ប្រទេសចិនបានចាត់ទុកបច្ចេកវិទ្យាទូរគមនាគមន៍ជាចំណុចកណ្តាលនៃគោលដៅភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្ររបស់ខ្លួន។ បើយោងទៅតាមឯកសារយុទ្ធសាស្ត្រផែនការ៥ឆ្នាំ លើកទី ១៤ របស់ចិន 6G គឺជាគោលដៅមួយក្នុងចំណោមអាទិភាពកំពូលរបស់រដ្ឋាភិបាលចិន។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនទទួលបានជោគជ័យរួចទៅហើយទៅលើ​ 5G ដោយបានវាយលុកចូលទីផ្សារពិភពលោកបានរហូតដល់ ៧០%នៃស្ថានីយ៍មូលដ្ឋានរបស់ពិភពលោក និង ៨០%ទៅលើឧបករណ៍ភ្ជាប់ 5G ។ កាន់តែពិសេសលើសនេះទៅទៀត ប្រទេសចិនក៏មានបំណងចង់គ្រប់គ្រងលើការអភិវឌ្ឍ និងការដាក់ឱ្យដំណើរការហេដ្ឋារចនាសម្ព័ន្ធ 6G ដូចអ្វីដែលខ្លួនបានធ្វើនៅក្នុង 5G​ ផងដែរ ដោយធ្វើឱ្យមានស្តង់ដារនៅឆ្នាំ២០២៥ និងដាក់ដំណើរការពាណិជ្ជកម្មនៅឆ្នាំ២០៣០។ ប្រតិបត្តិករទូរគមនាគមន៍ធំៗចំនួនបីរបស់ប្រទេសចិនគឺ China Mobile, China Telecom និង China Unicom សុទ្ធតែចូលរួមនៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ 6G។ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនកំពុងវិនិយោគ និងត្រួតពិនិត្យ 6G ដោយក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D) នៅក្នុងប្រទេស។​ ក្រៅពីនេះរដ្ឋាភិបាលចិនបាននឹងកំពុងប្រើប្រាស់ ធនធាន បរិក្ខារឥណទាន ពន្ធរបស់រដ្ឋ និងទម្រង់ជំនួយរបស់រដ្ឋដែលពាក់ព័ន្ធ ដើម្បីបង្កើនសមត្ថភាពផលិតឧបករណ៍ក្នុងស្រុក ស្វែងរកទីផ្សារដល់ក្រុមចិនដើម្បីឆ្ពោះទៅដល់ 6G ដំបូងគេ និងឈានមុខគេផងដែរ។ ម្យ៉ាងទៀត ប្រទេសចិនក៏កំពុងវិនិយោគយ៉ាងខ្លាំងផងដែរទៅលើបច្ចេកវិទ្យាដែលជាឆ្អឹងខ្នងសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធ 6G ដូចជាបន្ទះសៀគ្វីចាស់ និងបញ្ញាសិប្បនិម្មិត(AI) ដើម្បីកាត់បន្ថយការពឹងផ្អែកទំនិញពីបរទេស។ ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសចិនកំពុងបង្កើនការចូលរួមរបស់ខ្លួននៅក្នុងវេទិកាអន្តរជាតិដើម្បីទទួលបានឥទ្ធិពលលើដំណើរការកំណត់ស្តង់ដារ 6G និងធ្វើឱ្យក្រុមហ៊ុនទូរគមនាគមន៍ចិនក្លាយជាអ្នកផ្តល់សេវា6Gដែលពេញនិយមនៅជុំវិញពិភពលោក។ លើសពីការទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចតាមរយៈ 6G ប្រទេសចិនក៏មានគោលបំណងនាំមុខក្នុងការប្រើប្រាស់បច្ចេកវិទ្យាយោធាផងដែរ។ នៅក្នុងខែមករា ឆ្នាំ ២០២២ អ្នកស្រាវជ្រាវចិនបានរាយការណ៍ថា ឧបករណ៍ឡាស៊ែរ 6G បានបង្កើតឡើងដែលអាចចាប់យន្តហោះបំបាំងកាយក្នុងលំហល្បឿនលឿន និងមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង ។ ប្រទេសចិនក៏អាចប្រើប្រាស់ 6G ដើម្បីបង្កើនសមត្ថភាពឃ្លាំមើល ការឆ្លបយកការណ៍ បង្កើនការបណ្តុះបណ្តាលយោធាបានផងដែរ។ ដូចនេះចិនអាចប្រើប្រាស់សមត្ថភាព 6G របស់ខ្លួន ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកយោធាដ៏សំខាន់ ប្រសិនបើជម្លោះជាមួយសហរដ្ឋអាមេរិកកើតឡើង។

យ៉ាងណាមិញ អាមេរិកក៏កំពុងនឹងអភិវឌ្ឍន៍ទៅលើ6Gផងដែរ។ រដ្ឋាភិបាលអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីការអនុម័តគោលការណ៍ 6G ក្រោមឈ្មោះសន្តិសុខជាតិ(National Security) ក្នុងគោលបំណងស្រាវជ្រាវ និងអភិវឌ្ឍន៍ជាងមុន និងស្តង់ដារទៅលើ6G។ អ្នកសេដ្ឋកិច្ចវិទូបានមើលឃើញថាទង្វើនេះជាការប្រកាសប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យារបស់អាមេរិក ក្រោយពីមានការវាយលុកយ៉ាងទូលំទូលាយនៃ5Gរបស់ប្រទេសចិន។ ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទីបួននៃក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិទ្យា (TTC) ដែលធ្វើឡើងនៅទីក្រុងលូលៀ (Luleå) ប្រទេសស៊ុយអែត នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ រដ្ឋបាលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍6G ។  រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាត់វិធានការយ៉ាងសកម្មរួចហើយ ដើម្បីធានាថាប្រទេសនេះនៅតែនាំមុខគេនៃបច្ចេកវិទ្យា។ នៅខែសីហា ឆ្នាំ ២០២២ មូលនិធិវិទ្យាសាស្ត្រជាតិ (NSF) បានប្រកាសការវិនិយោគ ១០០ លានដុល្លារត្រូវបានដាក់នៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ 6G ។ ការផ្តល់មូលនិធិនេះនឹងគាំទ្រដល់គំនិតផ្តួចផ្តើមផ្សេងៗ រួមទាំងការធ្វើតេស្តសាកល្បង ការសហការជាមួយដៃគូឧស្សាហកម្មផ្សេងៗ និងការអភិវឌ្ឍផ្សេងៗទៀត។ លើសពីនេះ ក្រុមហ៊ុនទូរគមនាគមន៍ធំៗនៅសហរដ្ឋអាមេរិកបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា 6G ។ ពួកគេកំពុងវិនិយោគយ៉ាងច្រើនក្នុងការស្រាវជ្រាវ និងសហការជាមួយស្ថាប័នសិក្សា សាកលវិទ្យាល័យ។ ការវិនិយោគទាំងនេះនឹងមិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់ទីតាំងសហរដ្ឋអាមេរិកជាប្រទេសនាំមុខគេក្នុងឧស្សាហកម្មទូរគមនាគមន៍ផងដែរ។

ប្រសិនបើប្រព័ន្ធបច្ចេកវិទ្យាឥតខ្សែ6Gត្រូវបានដឹកនាំម្តងទៀតដោយប្រទេសចិន វាអាចនឹងផ្តល់ជាផលវិបាកជាច្រើនដល់សហរដ្ឋអាមេរិក។ ភាពពេញនិយមរបស់បច្ចេកវិទ្យាចិនយ៉ាងទូលំទូលាយជាសកលអាចបង្ខំឱ្យសហរដ្ឋអាមេរិកគិតគូរឡើងវិញ។ 6G របស់ចិនអាចមានផលប៉ះពាល់ដល់សន្តិសុខជាតិ និងការពារជាតិរបស់សហរដ្ឋអាមេរិកផងដែរ។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ គោលនយោបាយថៃឆ្លើយតបនឹងបញ្ហាសេដ្ឋកិច្ច

នាមជាប្រទេសកំពុងអភិវឌ្ឍ ជាមួយចំណូលមធ្យមកម្រិតខ្ពស់ (Upper Middle-Income) ថៃជាប្រទេសដែលឈានមុខគេមួយនៅអាស៊ីអាគ្មេយ៍ ដែលមានផលិតផលក្នុងស្រុកសរុប ៤៩៥ ពាន់លានដុលា្លរ ភាគច្រើនទទួលបានមកពី វិស័យអាទិភាព សេវាកម្ម  ឧស្សាហកម្ម និង កសិកម្ម  ​។​ ប្រទេសនេះ ពោរពេញទៅដោយធនធានមនុស្សមានចំណេះដឹង និង មានកម្លាំងពលកម្មទាំងក្នុងស្រុក និង មកពីជាតិសាសន៍ដទៃ។ យ៉ាងណាមិញ ក្នុងរយៈពីរបីឆ្នាំមកនេះ ប្រទេសថៃស្គាល់នូវកំណែទម្រង់ថ្មីៗជាច្រើនពិសេសគឺទាក់ទងនឹងការអនុម័តច្បាប់ថ្មី ព្រោះដោយសារចេតនារបស់រដ្ឋាភិបាលដែលចង់ធ្វើទំនើបកម្មសង្គម និងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកំសាន្ដនៅថៃកាន់តែមានចំនួនសន្ធឹកសន្ធាប់។ ម្យ៉ាងវិញទៀត ថៃបានអនុម័ត អនុញ្ញាតការ​​​ប្រើប្រាស់កញ្ឆាដោយស្របច្បាប់ និងអនុម័តច្បាប់ទទួលស្គាល់ការរៀបការរបស់អ្នកស្រឡាញ់ភេទដូចគ្នា។ យ៉ាងណាមិញ ក្នុងចំណោមច្បាប់ថ្មីៗដែលរដ្ឋាភិបាលនឹង គ្រោងអនុម័តនាពេលខាងមុខនេះមានដូចជា ៖  ​បន្ធូរបន្ថយ​ច្បាប់បើកដៃ​ដល់​ជនបរទេស អាចទទួល​បានសេវាកម្ម​ពពោះជំនួសនៅប្រទេសថៃ និង សេចក្ដីព្រាងច្បាប់ដាក់កាស៊ីណូឲ្យក្លាយជាស្របច្បាប់។  នៅពេលដែលរដ្ឋាភិបាលថៃ ចង់បញ្ចូលកាស៊ីណូឲ្យក្លាយជាស្របច្បាប់មានចំណោទជាច្រើនចោទសួរថា៖ ហេតុអ្វីបានជាចង់ដាក់កាស៊ីណូឲ្យស្របច្បាប់? តើបំណងមួយនេះអាចទៅរួចដែរឬទេ? តើពិតជាយុទ្ធសាស្ដ្រទាក់ទាញភ្ញៀវល្អប្រសើរមែនដែលឬទេ? ដើម្បីឆ្លើយនឹងសំណួរទាំងនេះបាន យើងសូមលើកយកដំណើរដើមទងដូចខាងក្រោមនេះ៖

១. បច្ចុប្បន្នភាពនៃសេដ្ឋកិច្ចប្រទេសថៃ

 ក្រោយពីរួចផុតអំពីការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ប្រទេសនានាខិតខំព្យាយាមស្ដារសេដ្ឋកិច្ចឲ្យមកធម្មតាវិញ ដើម្បីកាត់បន្ថយអត្រាអតិផរណា និង ភាពក្រីក្ររបស់ប្រជាជន។ ចំណែកឯប្រទេសថៃ ក៏ស្ថិតនៅក្នុងចំណោមប្រទេសទាំងនោះ ហើយក៏ជាប្រទេសសេដ្ឋកិច្ចធំលំដាប់លេខពីរនៅ អាស៊ីអាគ្នេយ៍ បានខិតខំធ្វើយ៉ាងណា ឲ្យខឿនសេដ្ឋកិច្ចកាន់តែល្អប្រសើរ និងធានាការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា​ និង ជីវភាពល្អប្រសើរ។ សេដ្ឋកិច្ចរបស់ប្រទេសនេះ មានការដើរទៅមុខទោះបីជាតិចតួចក្ដី ជាមួយនឹងការប៉ាន់ស្មានរបស់ធនាគារពិភពលោកថា ក្នុងឆ្នាំ២០២៤នេះសេដ្ឋកិច្ចនឹងកើនឡើងមិនសូវជាខ្ពស់ទេ គឺត្រឹមតែ ២.៨%ប៉ុណ្ណោះ ហើយនឹងកើនឡើង ត្រឹម៣.០% នាឆ្នាំ ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានថៃហ្គ័ររបស់ថ្ងៃកាលពីថ្ងៃទី ០១ មេសា ២០២៤នេះ។​ បន្ថែមពីលើនេះទៀត ធនាគារកណ្ដាលរបស់ថៃ The Bank of Thailand (BOT) បានលើកឡើងហេតុផលធំៗដែលនាំឲ្យសេដ្ឋកិច្ចនៅថៃមិនសូវស្ទុះឡើងនោះគឺដោយសារតែ ការវិនិយោគមកពីបរទេសគឺមានតិចតួច ការនាំចេញទំនិញទៅអន្ដរជាតិមានការធ្លាក់ចុះ (ក្រុមប្រឹក្សាដឹកជញ្ជូនបានបញ្ចាក់ពីអត្រានៃការដឹកជញ្ជូនគឺត្រឹមតែ ១% ទៅ ២%ក្នុងឆ្នាំ២០២៣) ហើយនេះក៏អមជាមួយនឹងហេតុផលការមិនអនុម័តកញ្ចប់ថវិការជាតិដោយសារតែបញ្ហានៅក្នុងសភាថៃ ជាពិសេសគឺក្រោយការបោះឆ្នោតឆ្នាំ២០២៣។ ចំពោះលោកនាយករដ្ឋមន្ដ្រីសេដ្ឋា ថាវីស៊ីន បានពណ៌នា អំពីសេដ្ឋកិច្ចថៃថា គឺជា វិបត្តិ (Crisis) ហើយបានសង្គត់ធ្ងន់ពីការកាត់បន្ថយរបាំងពន្ធគយ ក្នុងចេតនា ដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោកសេដ្ឋាបានស្នើប្រាក់ចំនួន ៥០០លានបាត ចែកជូនដល់ប្រជាជនថៃចំនួន ៥០លាននាក់។

សម្គាល់ថា៖ រដ្ឋាភិបាលថៃ កំពុងជំរុញវិស័យឯកជន និង វិស័យទេសចរណ៍ ដែលជាដង្ហើមសេដ្ឋកិច្ច គឺធ្វើយ៉ាងណាឲ្យមានការសក្ដានុពលក៏តែខ្លាំងដើម្បី ទាក់ទាញបានភ្ញៀវបរទេសគ្រប់ទិសទីមកកំសាន្ដនៅថៃឲ្យបានយូរថៃ្ង។

២ វិស័យទេសចរណ៍នៅប្រទេសថៃ

ថៃពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ព្រោះវាបានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុបរហូតដល់៣៥៦ពាន់លានបាត។ ចំណែកឯ ក្នុងឆ្នាំ ២០២៣ ថៃទទួលបានទេសចរណ៍ជាង២៨លាននាក់ ដែលនាំឲ្យទទួលបានប្រាក់ចំណូលរហូតដល់ ១.២ ពាន់ពាន់លានបាត (៣៥ពាន់លានដុល្លារសហរដ្ឋអាមេរិក)។ ទេសចរណ៍ដែលទៅកំសាន្ដនៅថៃមានទាំងអ្នកមានជីវភាពមធ្យម និង ជាសេដ្ឋីប្រាក់វ៉ុលលាន។ បន្ដទៅនេះ យើងសូមបង្ហាញពីទេចរណ៍មកពីតាមបណ្ដាលប្រទេសមួយចំនួនដូចជា៖ ប្រទេសម៉ាឡេស៊ីចំនួន៤,៥៦៣,០២០នាក់,ប្រទេសចិន ចំនួន ៣,៥១៩,៧៣៥នាក់, និង កូរ៉េ ខាងត្បូង ឥណ្ឌា និង រុស្ស៊ី សរុបចំនួន១​ ៦៥៨ ៦៨៨ នាក់​ នេះបើតាមការបញ្ចាក់របស់ការសែត The Pattaya News។  ក្ដីរំពឹងក្នុងឆ្នាំ២០២៤ ថៃសង្ឃឹមថានឹងទទួលបានទេសចរណ៍ចំនួន ៣៥លាននាក់ ដើម្បីសម្រេចសេចក្ដីរំពឹងដ៏មហិមារនេះ អាជ្ញាធរទេសចរណ៍ថៃ កំពុងពិចារណាអំពីការបន្ថែមរយៈពេលទិដ្ឋាស្នាក់នៅ ជាមួយនឹង ការអនុញ្ញាតឲ្យទិដ្ឋការមកពីគ្រប់ប្រទេសអាចចូលទស្សនា និង ស្នាក់នៅប្រទេសថៃបាន នេះជាយុទ្ធសាស្ដ្រទាក់ទាក់ទាញមួយបែប។ យើងទទួលស្គាល់ថា​ទេសចរណ៍គឺជះផលវិជ្ជមានច្រើនតែក្នុងនោះថៃជួបនោះបញ្ហាមួយចំនួនដោយសារតែភ្ញៀវទេសចរណ៍ច្រើនដូចជាទាក់ទងនឹងការប៉ះពាល់ដល់ប្រជាជននៅតាមសហគមន៍ដែលធ្លាប់តែរស់នៅបែបប្រពៃណី តែពួកគាត់ត្រូវសម្របខ្លួនទៅនឹងទេសចរណ៍ធ្វើឲ្យបាត់បង់ទម្លាប់ដែលគាត់ធ្លាប់រស់

៣.​ គម្រោងដាក់កាស៊ីណូស្របច្បាប់ដើម្បីទាញភ្ញៀវទេសចរណ៍

បច្ចុប្បន្ននេះថៃ មិនទាន់បានផ្តល់ភាពស្របច្បាប់ដល់ការបើកកាស៊ីណូឡើយ ហើយអនុញ្ញាតឱ្យបើកត្រឹមតែឆ្នោត និងចាក់សេះ ដែលគ្រប់គ្រងដោយរដ្ឋប៉ុណ្ណោះ។ ដោយសារតែការយល់ថា សក្ដានុពលនៃកាស៊ីណូអាចជួយឲ្យថៃរកចំណូលបានបន្ថែមទើបរដ្ឋាភិបានលោកសេដ្ឋា បានបំផុតគំនិត ដាក់កាស៊ីណូឲ្យស្របច្បាប់នៅប្រទេសថៃ។ តែថាគំនិតនេះ មិនមែនជារឿងថ្មីសម្រាប់ថៃទេ ព្រោះមាននាយករដ្ឋមន្ដ្រីមុនៗ មុនលោកលោកសេដ្ឋា ថាវីស៊ីនកាន់អំណាច ក៏មានបំណងបែបនេះដែរ តែជាអកុសលតែងត្រូវបានប្រជាជនថៃជំទាស់ ព្រោះប្រជាជនថៃគោរពព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន ហើយពួកគេគិតថា ការលែងល្បែងស៊ីសងគឺនឹងនាំទៅរកសេចក្ដីវិនាសអន្ដរាយ ព្រោះល្បែងនឹងនាំឲ្យមានអំពើអនាធិបតេយ្យ, អនាចារ្យ, លួច​ ឆក់ ប្លន់ និង ក្រីក្រនៅក្នុងសង្គម។ យ៉ាងណាក៏ដោយរដ្ឋាភិបាលមិនបានគិតបែបនោះទេ ព្រោះទោះមិនទាន់ដាក់ការស៊ីណូស្របច្បាប់ល្បែងស៊ីសង ប៉ុន្តែវាត្រូវបានបើកលួចលាក់នៅក្នុងប្រទេសថៃ ជាពិសេសនៅក្រោមដី ខណៈប្រជាជនថៃមួយចំនួន បានធ្វើដំណើរទៅប្រទេសជិតខាង ឬតំបន់ផ្សេងៗដើម្បីលេងល្បែង។ លោកសេដ្ឋា ថាវីស៊ីន បានបញ្ជាក់ពីបំណងចង់ធ្វើឱ្យកាស៊ីណូនៅថៃ មានភាពស្របច្បាប់បែបនេះលើបណ្តាញសង្គម X ថាយើងអាចធ្វើឱ្យសេដ្ឋកិច្ចពណ៌ប្រផេះមានភាពស្របច្បាប់ និងប្រមូលពន្ធ។ យើងមិនចង់ផ្សព្វផ្សាយពីល្បែងឡើយ ផ្ទុយទៅវិញ យើងត្រូវគ្រប់គ្រង និងប្រើប្រាស់ឧស្សាហកម្មល្បែងជាការវិនិយោគ ដើម្បីបង្កើតការងារ»។ គម្រោងនេះត្រូវបានសមាជិកសភាគាំទ្រយ៉ាងខ្លាំង ព្រោះក្រោយពីពួកគេបានធ្វើការសិក្សាពីផលចំណេញ ដែលកាស៊ីណូ អាចកើបចំណូលបាន១២ពាន់លានដុល្លារប្រសិនបើវាស្របច្បាប់។ ដោយឡែក ផលចំណេញមួយទៀតគឺ សភាមើលឃើញថា បើការស៊ីណូស្របច្បាប់នាំឲ្យ ការចំណាយរបស់ភ្ញៀវទេសចរអាចកើនដល់ ៥២ភាគរយ ពោលគឺប្រមាណ ១៧៩០ដុល្លារ ក្នុងពេលទស្សនកិច្ចនៅថៃមួយលើក នេះគឺមានន័យថា ពួកគេចំណាយច្រើនជាងការមកទស្សនាធម្មតា។

ដំណើរបន្ដទៀត គេនឹងលើកយកការសិក្សារបស់សមាជិកសភា ដែលបានរកឃើញពីផលចំណេញ ដាក់ទៅកាន់គណៈរដ្ឋមន្រ្តី ដើម្បីធ្វើសេចក្តីសម្រេចពីភាពស្របច្បាប់នៃកាស៊ីណូ និងធ្វើសេចក្តីព្រាងច្បាប់ដាក់ទៅកាន់សភា។

គួរឲ្យកត់សម្គាល់ថា​ នៅទូទាំងពិភពលោកគិតតែឆ្នាំ២០២៣ ឧស្សាហកម្មកាស៊ីណូ អាចរកចំណូលបាន ២៦២ពាន់លានដុល្លារនេះបើតាមរយៈការស្រាវជ្រាវរបស់ក្រុមហ៊ុន IBIS World ។ ហើយប្រទេសដែលទទួលបានចំណូលពីកាស៊ីណូច្រើនជាងគេនោះគឺសហរដ្ឋអាមេរិកមានកាស៊ីណូ ២១៦៩ កន្លែង ជាមួយនឹងចំណូលទទួលបានគឺ ៧០ពាន់លានដុល្លារក្នុងមួយឆ្នាំជាមួយអ្នកលេងចំនួន ៥៨លាននាក់។ មួយវិញទៀតគឺប្រទេសរ៉ូម៉ានា មានកាស៊ីណូ ៤៥០, សាធារណៈឆែក មាន៤០២, អេស្ប៉ាញមានចំនួន ៣២៧ កន្លែង និង ចក្រភពអង់គ្លេស មានចំនួន៣០៧ កន្លែង។

 តើថៃអាចធ្វើភាពស្របច្បាប់នៃការស៊ីណូបានទេ?

ជាសេចក្ដីសន្និនចុងក្រោយ ថៃនឹងធ្វើឲ្យបាននូវភាពស្របច្បាប់កាស៊ីណូក្នុងពេលឆាប់ៗនេះ ព្រោះបើយោងទៅតាមមហិច្ឆតារបស់មេដឹកនាំថៃ ពួកគេគឺមានទំនោទៅរកសេដ្ឋកិច្ចនិយម និយាយរួមគឺគេចង់ទាញចំណូលសេដ្ឋកិច្ចពីវិស័យទេសចរឲ្យអស់ពីលទ្ធភាពរបស់ពួកគេព្រោះនរណាក៏ដឹងថា ថៃពូកែយកចិត្តភ្ញៀវ និង មានគំនិតច្នៃប្រឌិតខ្ពស់។ បើមើលទៅលើភាគីសភាថៃវិញ ហាក់ពេញចិត្តនឹកគំនិតធ្វើភាពស្របច្បាប់នៃការស៊ីនេះព្រោះរដ្ឋអាចគ្រប់គ្រងលើវិស័យល្បែងស៊ីសងដែលខុសច្បាប់មកស្របច្បាប់ ហើយជឿជាក់ថាអាចមានអាទិភាពគ្រប់គ្រងបានល្អជាងគ្រប់គ្រងដោយឯកជន។ ដោយឡែកថៃនឹងទាក់ទាញភ្ញៀវទេចរបានច្រើនទេ្វរដងហើយវាក៏ជាយុទ្ធសាស្ដ្រដ៏ល្អមួយសម្រាប់ទាំងជនបរទេស និង ប្រជាជនក្នុងស្រុកព្រោះ ប្រជាជនថៃមិនចាំបាច់ឆ្លងដែនទៅលេងល្បែងនៅប្រទេសដទៃដែរ គឺពួកគេលេងក្នុងស្រុក ហើយទទួលបានចំណូលចូលប្រទេសរបស់ខ្លួនទៀត  តើនេះមិនមែនជាគំនិតល្អទេឬ?

 

កម្មវិធីថង់ប្រាជ្ញា៖ បណ្ដាសារធនធាននៅប្រទេសកុងហ្គោ (Resource curse in Congo)

សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោគឺជាប្រទេសស្ថិតនៅក្នុងទ្វីបអាហ្វ្រិកកណ្ដាល  ដែលមានទំហំស្មើនឹងអឹរ៉ុបខាងលិច។ កុងហ្គោគឺជាប្រទេសតែមួយគត់ក្នុងទ្វីបអាហ្វ្រិក ដែលគ្រប់ដណ្ដប់ទៅដោយធនធានធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលសារធាតុរ៉ែដូចជា cobalt និងទង់ដែង សក្តានុពលវារីអគ្គីសនី ដីបង្កបង្កើនផល ជីវចម្រុះដ៏ធំសម្បើម និងព្រៃទឹកភ្លៀងធំជាងគេទីពីររបស់ពិភពលោក ដែលនេះបើយោងទៅតាមទិន្នន័យរបស់ធនាគារពិភពលោក។ ប៉ុន្តែធនធានធម្មជាតិទាំងអស់នោះបានផ្ដល់ប្រយោជន៍តិចតួចប៉ុណ្ណោះដល់ប្រជាជន ហើយធនធានធម្មជាតិទាំងអស់ពុំត្រូវបានប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនិងត្រូវគោលដៅ ដើម្បីចូលរួមអភិវឌ្ឈសេដ្ឋកិច្ចរបស់ប្រទេសឱ្យមានភាពរីកចម្រើននោះឡើយ ផ្ទុយទៅវិញវាបានរួមចំណែករុញច្រានប្រទេសកុងហ្គោឱ្យធ្លាក់ទៅក្នុងអស្ថិរភាពដ៏រាំរ៉ៃ ដែលមានដូចជាវិបត្តិសេដ្ឋកិច្ច វិបត្តិនយោបាយ និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។​តទ្ថភាពទាំងអស់នេះត្រូវបានគេឱ្យឈ្មោះថា  បណ្ដាសារធនធាន។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការសិក្សាអំពីបណ្ដាសារធនធាននៅក្នុងប្រទេសកុងហ្គោ ដោយធ្វើការមើលស៊ីជម្រៅទៅលើមូលហេតុដែលនាំឱ្យកើតមានបណ្ដាសារធនធាន និងទំនាក់ទំនងរវាងធនធានធម្មជាតិ ទៅនឹងជម្លោះនិងសង្គ្រាមស៊ីវិលនៅប្រទេសកុងហ្គោ។

១. តើអ្វីទៅជាបណ្ដាសារធនធាន?

បណ្ដាសារធនធាន គឺសំដៅទៅលើបាតុភូត ឬស្ថានភាពរបស់ប្រទេសមួយចំនួនដែលសម្បូរទៅដោយធនធានធម្មជាតិដូចជាប្រេង ឧស្ម័ន រ៉ែ និងធនធានធម្មជាតិផ្សេងទៀត តែបែជាជួបប្រទះនឹងកំណើនសេដ្ឋកិច្ចយឺត មានអំពើពុករលួយខ្ពស់ អស្ថិរភាពនយោបាយ និងភាពចលាចលក្នុងសង្គម បើប្រៀបធៀបទៅនឹងប្រទេសខ្លះទៀតដែលមានធនធានធម្មជាតិតិចជាង។  ទោះបីជាសម្បូរទៅដោយធនធានធម្មជាតិក៏ដោយ ក៏ប្រទេសមួយចំនួនដែលកំពុងតែទទួលរងនូវបណ្ដាសារធនធាន តែងតែបរាជ័យក្នុងការប្រើប្រាស់ធនធានធនធានធម្មជាតិ នៅក្នុងការបម្រើឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស និងឆ្លើយតបទៅនឹងតម្រូវការរួមរបស់ប្រជាពលរដ្ឋរបស់ពួកគេ។

២. មូលហេតុដែលនាំឱ្យកើតមានបណ្ដាសារធនធាននៅក្នុងប្រទេសកុងហ្គោ

មូលហេតុចម្បងដែលធ្វើឱ្យប្រទេសកុងហ្គោធ្លាក់ទៅក្នុងបណ្ដាសារធនធាននោះគឺ ការធ្លាក់ចូលទៅក្រោមអាណានិគមបរទេស និងវិបត្តិនយោបាយដែលបន្សល់ទុកពីសំណាក់អាណានិគម។ ប្រទេស​កុងហ្គោធ្លាប់ជារាជាណាចក្រដ៏ខ្លាំងក្លាមួយនៅក្នុងទ្វីបអាហ្វ្រិក ប៉ុន្តែនៅក្នុងអំឡុងឆ្នាំ១៦០០ រាជាណាចក្រដ៏ខ្លាំងក្លានេះបានបែកបាក់ទៅជារដ្ឋតូចៗដែលគ្របដណ្ដប់ទៅដោយសង្គ្រាមស៊ីវិល រហូតមកដល់អំឡុងឆ្នាំ១៨០០ ប្រទេសកុងហ្គោបានស្ថិតនៅក្រោមអាណានិគមប៊ែលហ្សិក។​ នៅពេលនោះ សេ្ដច Leopold ទី២របស់ប៊ែលហ្សិក មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ​​ការផ្គត់ផ្គង់ដំណាំកៅស៊ូនៅក្នុងព្រៃទឹកភ្លៀងដ៏ធំធេងរបស់ប្រទេសកុងហ្គោ ព្រមទាំងមានមហិច្ឆតានៅក្នុងការចាត់ទុកប្រទេសកុងហ្គោជា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់់ទ្រង់​ ថែមទាំងបង្ខិតបង្ខំឱ្យបុរសកុងហ្គោធ្វើការប្រមូលផលកៅស៊ូទាំងអស់នោះ ផ្ដល់សម្បទានទៅដល់ក្រុមហ៊ុនឯកជនអ៊ឺរ៉ុបនៅក្នុងការទាញយកធនធានធម្មជាតិដើម្បីដឹកជញ្ជូនទៅអ៊ឺរ៉ុបក្រោមរូបភាពនៃការរំលោភបំពាន អំពើហិង្សាយ៉ាងធ្ងន់ធ្ងរ សម្លាប់មេដឹកនាំកុលសម្ព័ន បំផ្លាញសង្គម និងប្រព័ន្ធអប់រំ និងទង្វើអសីលធម៌ជាច្រើនទៀត ដែលជាហេតុធ្វើឱ្យស្ថានការណ៍ក្នុងស្រុករបស់កុងហ្គោកាន់តែធ្លាក់ដុនដាប។​​  ចាប់តាំងពីពេលនោះមក កុងហ្គោបានក្លាយទៅជាគោលដៅដ៏ទាក់ទាញរបស់លោកខាងលិចនៅក្នុងការទាញយករ៉ែ។ ក្នុងពេលដែលបដិវត្តិឧស្សាហកម្មចាប់ផ្ដើមផ្ទុះឡើងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ការទាញយកធនធានរ៉ែនៅកុងហ្គោបានចាប់ផ្ដើមផ្ទុះឡើង ជាពិសេសពីសំណាក់សហរដ្ឋអាមេរិក។​ បន្ថែមពីលើនេះទៅទៀតក្នុងអំឡុងពេលសង្គ្រាមលោកលើកទីមួយនិងលើកទីពីរ សហរដ្ឋអាមេរិកបានទាញយកសារធាតុរ៉ែអ៊ុយរ៉ាញ៉ូម ពីកុងហ្គោដើម្បីបម្រើដល់ការផលិតអាវុធនិងគ្រាប់បែកនុយក្លេអ៊ែរ ដែលគ្រាប់បរិមាណូរបស់សហរដ្ឋអាមេរិក​ ដែលត្រូវបានទម្លាក់នៅទីក្រុណាហ្គាសាគិ និងហ៊ីរ៉ូស៊ីម៉ារបស់ជប៉ុន ក៏ផ្សំឡើងពីសាធារតុអ៊ុយរ៉ាញ៉ូមដែលដឹកជញ្ជូនពីកុងហ្គោដែរ។  បើទោះបីជាកុងហ្គោបានរួចផុតពីការគ្រប់គ្រងរបស់ណានិគមក៏ដោយ ក៏វិបត្តិដែលបន្សល់ទុកដោយ ការរំលោភបំពានរបស់សេ្ដច Leopold ទី២ ដែលមានដូចជាអស្ថិរភាព រដ្ឋាភិបាលដ៏ទន់ខ្សោយ និងអវត្តមានរបស់ច្បាប់គ្រប់គ្រងប្រទេស កុងហ្គោបានក្លាយទៅជាគោលដៅសំខាន់ម្ដងទៀតនៅក្នុងការទាញយក ធនធាន cobalt ក្នុងអំឡុងពេលសង្គ្រាមត្រជាក់វិញ។

ម្យ៉ាងវិញទៀតដោយសារតែវិបត្តិដែលបន្សល់ទុកតាំងពីសម័យណានិគម វាបានបើកឱកាសឱ្យក្រុមមនុស្សមានអំណាចដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន​ឡើងមកគ្រប់គ្រងប្រទេសតាមបែបផ្ដាច់ការដើម្បីទាញយកផលប្រយោជន៍ពីសំណាក់ធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋ ដែលនោះគឺជាយុគចាប់ផ្ដើមនូវពុករលួយក្នុងប្រទេសនិងវិបត្តិនយោបាយដ៏រាំរ៉ៃ ដែលរុញច្រានកុងហ្គោឱ្យទទួលរងនូវបណ្ដាសារពីសំណាក់ធនធានរបស់ខ្លួន។

ភស្តុតាងដ៏ល្អបំផុតមួយដើម្បីសិក្សាឱ្យបានស៊ីជម្រៅអំពីអំពើពុករលួយនៅក្នុងប្រទេសកុងហ្គោ ដែលបណ្ដាលមកពីទាញយកធនធានធម្មជាតិនោះគឺអំឡុងពេលដឹកនាំរបស់ប្រធានាធិបតី Mobutu ។ ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី Mobutu លោកបានអនុម័តគោលនយោបាយប្រថុយប្រថានដែលនាំទៅរកអំពើពុករលួយ ដែលបណ្ដាលមកពីការគ្រប់គ្រងធនធានធម្មជាតិមិនត្រឹមត្រូវ និងមានការកេងប្រវ័ញ្ចថវិការរបស់រដ្ឋចំនួនរាប់ពាន់លានដុល្លាដែលត្រូវបានទុកសម្រាប់ទ្រទ្រង់ការដំណើរការរបស់រដ្ឋាភិបាលនៅក្នុងប្រទេសមួយនេះ។ ​​​ប្រធានាធិបតីរូបនេះបានផ្ដល់អំណាចទាំងស្រុងទៅដល់ក្រុមយោធានៅក្នុងការគ្រប់គ្រងដោយផ្ទាល់ទៅលើធានធានធម្មជាតិទាំងអស់ ដោយផ្អែកលើយុទ្ធសាស្រ្ត​ ”បែងចែក ​​​​​​​និងគ្រប់គ្រង” ”Devide and Rule” ។ តាមរយៈគោលនយោបាយនេះ វាបានធ្វើឱ្យសិទ្ធិអំណាចនៅក្នុងការគ្រប់គ្រងធនធានធម្មជាតិ ត្រូវបានធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់យោធាទាំងស្រុង ហើយបណ្ដាលឱ្យមានការរត់គេចពន្ធ និងការជួញដូរធនធានធម្មជាតិខុសច្បាប់កើតឡើងពាសពេញផ្ទៃប្រទេស។ ក្នុងពេលជាមួយគ្នានោះ ខណៈពេលដែលលោកខាងលិចព្យាយាមគាំទ្រដល់ស្ថិរភាពរបស់ប្រទេសកុងហ្គោ មេដឹកនាំផ្តាច់ការលោក Mobutu បានធ្វើការបង្ហូរឈាមប្រទេសដោយធ្វើការកើបយកលុយចូលហោប៉ៅផ្ទាល់ខ្លួនចំនួនរាប់រយលានដុល្លា ហើយនៅទីបំផុត Mobutu បាននិរទេសខ្លួនដោយបន្សល់ទុកប្រទេសឱ្យធ្លាក់ទៅក្នុងភាពទន់ខ្សោយ និងពោពេញទៅដោយភាពចលាចល។

៣. ធនធានធម្មជាតិជាតួរអង្គដ៏សំខាន់នៅពីក្រោយជម្លោះ និងសង្រ្គាមស៊ីវិលក្នុងប្រទេសកុងហ្គោ

សិទ្ធិអំណាចនៅក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការកេងប្រវ័ញ្ចយកធនធានធម្មជាតិដោយខុសច្បាប់គឺជាកត្តាជំរុញនៅពីក្រោយជម្លោះនិងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកុងហ្គោ។ ការគ្រប់គ្រងទីតាំងភូមិសាស្រ្ត និងការទាញយកពេជ្រ ក្នុងចំណោមធនធានរ៉ែផ្សេងទៀត គឺជាកត្តាចម្បងមួយដែលនាំឱ្យកើតមានអស្ថិរភាពផ្នែកនយោបាយ​ ដែលឈានទៅទៅដល់ជម្លោះនិងសង្គ្រាមស៊ីវិល។ បញ្ហានេះបណ្ដាលមកពីប្រាក់ចំណូលដែលបានមកពីការទាញយក និងជួញដូរធនធានរ៉ែខុសច្បាប់របស់ពួកឧទ្ទាម នៅក្នុងការផ្ដល់ហិរញ្ញប្បទានទ្រទ្រង់ដល់ការបះបោរបស់ពួកគេ ជាពិសេសតាមរយៈការផ្ដល់មធ្យោបាយទិញអាវុធ។ ពេជ្រ បានជំរុញមហ្ឆិតារបស់ពួកឧទ្ទាមនៅក្នុងការដណ្ដើមអំណាចដើម្បីគ្រប់គ្រងទីតាំងភូមិសាស្រ្តដែលសម្បូរទៅដោយពេជ្រ ដោយពួកគេបានធ្វើការរឹបអូស និងគ្រប់គ្រងអណ្តូងរ៉ែពេជ្រនៅក្នុងគោលបំណងទទួលបានអំណាច កម្លាំងពលកម្ម និងប្រាក់ ដើម្បីគាំទ្រដល់បេសកម្មនៅក្នុងការប្រយុទ្ធជាមួយក្រុមឧទ្ទាមដទៃទៀតជុំវិញការទាញយកធនធានធម្មជាតិនៅក្នុងប្រទេសកុងហ្គោ។

Columbite-Tantalite(Coltan) គឺជាតួអង្គសំខាន់មួយទៀតបន្ទាប់ពីពេជ្រ ហើយការគ្រប់គ្រងលើធនធានធម្មជាតិ ជាពិសេស Coltan ក៏មានទំនាក់ទំនងជិតស្និទ្ធទៅនឹងជម្លោះនៅក្នុងប្រទេសកុងហ្គោដែរ។  ដោយសារតែស្ថានភាពភូមិសាស្រ្តនៃធនធានរ៉ែនៅក្នុងប្រទេសផ្សេងទៀតដូចជាប្រទេសអូស្ត្រាលី និងកាណាដា ដែលប្រទេសទាំងអស់នោះក៏មានរ៉ែ coltan ផងដែរនោះ រ៉ែមានទីតាំងស្ថិតនៅជ្រៅឆ្ងាយពីផ្ទៃផែនដី ដែលបង្ករលក្ខណៈលំបាកនៅក្នុងការទាញយក។  ដោយឡែកនៅប្រទេសកុងហ្គោ សារធាតុរ៉ែ coltan ស្ថិតនៅកៀកនឹងផ្ទៃផែនដី ដែលវាបង្ករលក្ខណៈងាយស្រួលនៅក្នុងការទាញយក ដោយគ្រាន់តែប្រើឧបករណ៍សាមញ្ញដូចជាប៉ែល ដោយមិនត្រូវការបច្ចេកវិទ្យាស្មុគស្មាញ ឬឧបករណ៍ទំនើបនោះឡើយ។  ក្រោមហេតុផលនេះ ក្រុមឧទ្ទាម និងពួកឥស្សរជនបានព្យាយាមគ្រប់គ្រងផ្តាច់មុខលើធនធានរ៉ែ ហើយដោយសារលក្ខខណ្ឌអំណោយផលក្នុងការទទួលបានរ៉ែនេះ ក្រុមឧទ្ទាមបានធ្វើការប្រយុទ្ធគ្នា ហើយសកម្មភាពរបស់ពួកគេសុទ្ធតែត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រទេសខាងក្រៅ ឬស្ថាប័នផ្សេងៗ ដើម្បីពង្រឹងអំណាចទៅលើការគ្រប់គ្រងរ៉ែទាំងនេះ។

ដោយឡែក  សាជីវកម្មពហុភាគី (MNCs) ដែលពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចធនធានធម្មជាតិរបស់កុងហ្គោក៏មានទំនាក់ទំនងគ្នាជាមួយនឹងជម្លោះដ៏អូសបន្លាយនៅប្រទេសកុងហ្គោផងដែរ។ ក្រុមសាជីវកម្មពហុភាគី (MNCs) មានគោលបំណងនៅក្នុងការទាញយកធនធានធម្មជាតិដើម្បីបម្រើឱ្យផលប្រយោជន៌ផ្នែកសេដ្ឋកិច្ចរបស់ពួកគេ  ហេតុដូច្នេះហើយពួកគេបន្តគាំទ្រ និងផ្តល់ហិរញ្ញប្បទានដល់ក្រុមឧទ្ទាម ដើម្បីឱ្យក្រុមឧទ្ទាមទាំងអស់នោះមានធនធានគ្រប់គ្រាន់នៅក្នុងការច្បាំងបន្តរ ដែលជាហេតុធ្វើឱ្យជម្លោះបន្តរអូសបន្លាយ  និងដើម្បីងាយស្រួលទទួលបានធនធានរ៉ែ ជាពិសេស coltan ។

យោងតាមក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានរាយការណ៍ថា ការកេងប្រវ័ញ្ចខុសច្បាប់នៃធនធានធម្មជាតិ  បានក្លាយជាភ័ស្តុតាងដើម្បីឈានទៅដល់ការសន្និដ្ឋានថាអណ្តូងរ៉ែ coltan ទាំងអស់នៅភាគខាងកើតនៃប្រទេសកុងហ្គោ កំពុងផ្តល់ផលប្រយោជន៍ដល់ក្រុមឧទ្ទាមឬកងទ័ពបរទេស។  មានភ័ស្តុតាងបានបង្ហាញថា ប្រទេស រ៉វ៉ាន់ដា (Rwanda) និង អ៊ូហ្គង់ដា (Uganda)កំពុងផ្តល់ហិរញ្ញប្បទានដល់ការចំណាយផ្នែកយោធារបស់ពួកគេ ជាមួយនឹងប្រាក់ចំណេញពីការកេងប្រវ័ញ្ចធនធានធម្មជាតិនៅក្នុងប្រទេសកុងហ្គោ ដែលជាហេតុធ្វើឱ្យការប៉ះទង្គិចគ្នារវាងពួកគេនិងក្រុមឧទ្ទាមផ្សេងតៀត ជុំវិញការគ្រប់គ្រងទីតាំងភូមិសាស្រ្តរបស់ធនធានរ៉ែ និងការទាញយករ៉ែនៅតែបន្តរកើតមានឡើង។

ជាលទ្ធផលនៃការគ្រប់គ្រងលើធនធាន និងការកេងប្រវ័ញ្ចធនធានធម្មជាតិដែលរួមចំណែកដល់ជម្លោះនៅក្នុងប្រទេសកុងហ្គោ  ប្រជាជនកុងហ្គោបានទទួលអត្ថប្រយោជន៍តិចតួចបំផុតពីធនធានធម្មជាតិដ៏មហាសាលនៅក្នុងទឹកដីរបស់ពួកគេ។  ជនស៊ីវិលដែលព្យាយាមទាញយកធនធានធម្មជាតិរបស់ពួកគេមកប្រើប្រាស់ ឬមិនសហការជាមួយក្រុមមនុស្សមានអំណាចទាំងនោះ ត្រូវបានទទួលរងការវាយប្រហារ។ ភូមិនិងសហគមន៌ជាច្រើន ត្រូវបានផ្លាស់ទីលំនៅដើម្បីគេចពីការកេងប្រវ័ញ្ចរ៉ែ និងការគំរាមគំហែងពីក្រុមប្រដាប់អាវុធដែលចូលរួមក្នុងការសម្លាប់រង្គាល អំពើហិង្សាផ្លូវភេទ និងអំពើអមនុស្សធម៌ផ្សេងទៀត ។

 

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការបោះឆ្នោតប្រធានាធិបតីអាមេរិក ២០២៤ – ការវិលត្រឡប់របស់លោក Donald Trump

ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិចឆ្នាំ ២០២៤ នឹងក្លាយជាការបោះឆ្នោតប្រធានាធិបតីលើកទី ៦០ ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ ២០២៤។ អ្នកបោះឆ្នោតនឹងជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតីសម្រាប់រយៈពេលបួនឆ្នាំ។ ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Joe Biden សមាជិកនៃគណបក្សប្រជាធិបតេយ្យ កំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ។ ស្របជាមួយគ្នានេះដែរ អតីតប្រធានាធិបតី​លោក Donald Trump ដែល​ជា​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​កំពុង​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ឡើង​វិញ​សម្រាប់​អាណត្តិ​ទី​ពីរ​ផងដែរ។

អ្នកឈ្នះនៃការបោះឆ្នោតនេះគ្រោងនឹងប្រកាសនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ស្របពេលនឹងការបោះឆ្នោតព្រឹទ្ធសភាសហរដ្ឋអាមេរិក និងសភាសហរដ្ឋអាមេរិក។ ចំណែករដ្ឋមួយចំនួនក៏នឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភា និងនីតិបញ្ញត្តិរដ្ឋផងដែរ។​ ការបោះឆ្នោតប្រធានាធិបតីលើកនេះ អាចនឹងមានបេក្ខជនលេចធ្លោ ៣​ រូបរួមមាន លោក Donald Trump នៅគណបក្សសាធារណរដ្ឋ, លោក Joe Biden នៅគណបក្សប្រជាធិបតេយ្យ; និង លោក Robert F. Kennedy Jr., Scion នៃគ្រួសារ Kennedy បោះឆ្នោតជាឯករាជ្យ (Independent)។ ទោះបីជាយ៉ាងណាក៏ដោយ លោក Joe Biden និង​ លោក​ Donald Trump ក៏នៅតែមានសំឡេងលេចធ្លោជាបេក្ខជនឈរឈ្មោះដទៃទៀត។​

ការប្រកួតប្រជែងរវាងលោក Joe Biden និងលោកDonald Trump

ដើម្បីវិភាគទៅលើការប្រកួតប្រជែងតំណែងប្រធានាធិបតីរវាងលោក​ Joe Biden និងលោក Donald Trump យើងគួរសង្កេតមើលទៅលើសកម្មភាពនៃបេក្ខជនទាំងពីរ, គោលនយោបាយ និងមតិពីសាធារណ:ជនដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន។

បើក្រឡេកមើលពីស្ថានភាពជាច្រើនឆ្នាំរបស់លោក Trump កន្លងមកនេះ លោកប្រឈមមុខនឹងការចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌធំៗចំនួនបួនដែលនឹងដំណើរការក្នុងពេលដំណាលគ្នាជាមួយនឹងប្រតិទិនបោះឆ្នោតឆ្នាំ ២០២៤។ ក្នុងនាមជាអតីតប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានចោទប្រកាន់ នេះសរបញ្ជាក់នូវភាពអវិជ្ជមានសម្រាប់ស្ថានភាពរបស់គាត់ ដូច្នេះវាពិបាកក្នុងការព្យាករណ៍ពីផលប៉ះពាល់ពិតប្រាកដនៃការចោទប្រកាន់ទៅកាន់លោក Trump។ ទោះបីជាគាត់នឹងត្រូវកាត់ទោសក៏ដោយ លោក Trump នឹងនៅតែមានសិទ្ធិឈរឈ្មោះ ហើយពិតជាអាចលើកលែងទោសខ្លួនឯងពីការចោទប្រកាន់របស់សហព័ន្ធ (ទោះបីជាមិនមែនជារដ្ឋ) ប្រសិនបើលោក Trump ជាប់ឆ្នោត។

លោក Trump ប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៤ ករណីទាក់ទងនឹងការប៉ុនប៉ងរបស់គាត់ដើម្បីលុបចោលលទ្ធផលបោះឆ្នោតឆ្នាំ ២០២០ ដោយប្រើការអះអាងមិនពិតនៃការជ្រៀតជ្រែកដែលបណ្តាលឱ្យមានការវាយប្រហារនៅថ្ងៃទី៦ ខែមករាលើវិមាន Capitol របស់សហរដ្ឋអាមេរិក។ ក្រុមច្បាប់របស់លោក Trump បានដាក់ពាក្យសុំឱ្យករណីនេះច្រានចោលដោយហេតុផលអភ័យឯកសិទ្ធិ ដោយតុលាការកំពូលទំនងជាត្រូវធ្វើសេចក្តីសម្រេចបន្ទាប់ពីដំណើរការបណ្តឹងឧទ្ធរណ៍។ បន្ទាប់មកលោក Trump ត្រូវបានចោទប្រកាន់នៅក្នុងដំណើរការព្រហ្មទណ្ឌចំនួនបួនដាច់ដោយឡែកពីគ្នា – ប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋសរុបចំនួន ៩១ ។ ជាមួយនឹងការចោទប្រកាន់នីមួយៗ លោក Trump បានឃើញការកើនឡើងនៃចំនួនការស្ទង់មតិបឋមរបស់គាត់ទៅវិញ។

បើក្រឡេកទៅមើលគោលនយោបាយរបស់លោក Donald Trump និង លោក​ Joe Biden មានការអនុវត្តនផ្សេងគ្នាដោយលោក Donald Trump អនុវត្តនូវគោលនយោបាយ Isolationism ដែលមានការផ្ដាច់ខ្លួនពីភាពជាដៃគូមួយចំនួនកំឡុងពេលកាន់តំណែងរបស់គាត់។ រដ្ឋបាលរបស់លោក Trump មានការដកខ្លួនចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក សន្ធិសញ្ញា INF, UNHRC និង UNESCO ព្រមទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នេះក៏បានបង្កជាក្ដីព្រួយបារម្ភរបស់សម្ព័ន្ធមិត្តសហរដ្ឋអាមេរិកពីការត្រឡប់មកវិញរបស់លោក Donald Trump។ ខណៈពេលដែលគោលនយោបាយការបរទេសរបស់លោក Biden អាចទទួលបានសញ្ញាល្អពីអ្នកគាំទ្ររបស់គាត់ទាំងនៅក្នុងប្រទេស និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅបរទេស ជាពិសេសអ្នកដែលព្រួយបារម្ភអំពីលោក Trump ត្រឡប់ទៅសេតវិមាន។

បើយោងតាម CBS News បានប៉ាន់ប្រមាណថា អតីតប្រធានាធិបតី Donald Trump នឹងក្លាយជាបេក្ខភាពតំណាងគណបក្សសាធារណរដ្ឋនៅឆ្នាំ ២០២៤ បន្ទាប់ពីការឈ្នះរបស់គាត់នៅទីក្រុងវ៉ាស៊ីនតោន ដោយប្រមូលផ្តុំប្រតិភូចំនួន ១១២៥ ដែលត្រូវការដើម្បីដណ្តើមយកការតែងតាំង GOP ។

ជារួមមក ការវិលត្រឡ​ប់របស់លោក Donald Trump នាពេលការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខនេះបានសង្កេតឃើញពីការកើនឡើងនៃការគាំទ្ររបស់ប្រជាជនសហរដ្ឋអាមេរិក ស្របពេលលោក Joe Biden កំពុងនឹងរក្សានូវប្រជាប្រិយភាពក្នុងការប្រកួតប្រជែងនេះផងដែរ។ ដោយហេតុនេះហើយ បានជាមានការប៉ាន់ស្មានមួយចំនួនថាលោក Donald Trump អាចនឹងមានទទួលបានលទ្ធផលវិជ្ជមាននាពេលខាងមុខនេះ។ យ៉ាងណាមិញ យើងក៏មិនអាចសន្និដ្ឋានទាំងស្រុងថាលោក Joe Biden ទទួលបានលទ្ធផលអវិជ្ជមាននោះឡើយដោយសារតែលោកទទួលបានការគាំទ្រពីមហាជន ជាពិសេសពីដៃគូអន្តរជាតិ។ ម្យ៉ាងវិញទៀត ការបោះឆ្នោតនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២៤ ហេតុនេះការបោះឆ្នោតជាបឋមក៏មិនអាចសន្មតបានទាំងស្រុងនោះឡើយ ព្រោះបេក្ខជនទាំងពីរមានលទ្ធផលប្រទាក់ក្រឡាគ្នា។​

កម្មវិធីថង់ប្រាជ្ញា៖ តើប្រទេសឡាវបានដាក់ចេញនូវអាទិភាពអ្វីខ្លះក្នុងនាមជាប្រធានអាស៊ាន?

បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីបានបញ្ចប់ភារកិច្ចរបស់ខ្លួនជាប្រធានអាស៊ានកាលពីឆ្នាំ២០២៣កន្លងទៅ ប្រទេសឡាវត្រូវឈានចូលមកបន្តតំណែងជាប្រធានអាស៊ានបន្តវេនក្នុងឆ្នាំ២០២៤ ដ្បិតនៅក្នុងស្ថានការណ៍តំបន់កំពុងតែក្តៅគគុកយ៉ាងណាក៏ដោយ។​ ភាពស្មុគស្មាញនៃចរន្តភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច បានជំរុញឲ្យឡាវដាក់ចេញនូវមូលបទ «ការពង្រឹងការតភ្ជាប់ និងភាពធន់» ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម ក៏ដូចជាផ្ដោតទៅលើកិច្ចការផ្ទៃក្នុងឲ្យបានច្រើនជាងមុន។ ដូច្នេះហើយ អត្ថបទនេះនឹងពិនិត្យទៅលើអាទិភាពក្រោមភាពជាប្រធានអាស៊ានរបស់ឡាវ រួមផ្សំជាមួយគោលដៅអនាគតនានា ដែលទាក់ទងនឹងអាទិភាពទាំងនេះ។

ជាការពិតណាស់​ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់ លោក សាលើមសៃ គុំម៉ាស៊ីដ (Saleumxay Kommasith) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ។ ជាលទ្ធផល រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ រួមទាំងប្រទេសកម្ពុជា បានសម្តែងការគាំទ្រចំពោះអាទិភាពរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤ ដែលស្ថិតក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់«។

អាទិភាពទី១៖ ការពង្រឹងការតភ្ជាប់

ចំពោះ ការពង្រឹងការតភ្ជាប់ ឡាវសង្កត់ធ្ងន់លើអាទិភាពចំនួន ៤ រួមមាន៖ ១) ការបង្រួមគម្លាតអភិវឌ្ឍន៍រវាងប្រទេស CLMV និង ASEAN-6 តាមរយៈពាណិជ្ជកម្ម និងការវិនិយោគ ២) ការអភិវឌ្ឍប្រកបដោយចីរភាពនៃទេសចរណ៍ធម្មជាតិ ហើយនិងការការពារបរិស្ថាន ៣) ​ពាណិជ្ជកម្មអេឡិចត្រូនិក និងគម្លាតហិរញ្ញវត្ថុក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម តាមរយៈការធ្វើឌីជីថលនីយកម្ម ៤) ការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈក្នុងចំណោមរដ្ឋសមាជិកអាស៊ាន និងពិភពលោកទាំងមូល។ គួរបញ្ជាក់ថា ប្រទេស CLMV សំដៅដល់ប្រទេសបួនចុងក្រោយដែលបានចូលជាសមាជិកអាស៊ានរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ពោលគឺពួកគេមានកម្រិតសេដ្ឋកិច្ចទាបជាងបិតាស្ថាបនិកអាស៊ាន។ ចំណែក ASEAN+6 សំដៅដល់សមាជិកអាស៊ានទាំងអស់រួមបញ្ចូលជាមួយនឹង អូស្រ្តាលី ណូវែលហ្សេឡង់ ចិន ជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូង។

អាទិភាពទី២៖ ការពង្រឹងភាពធន់

ដោយឡែក ចំពោះការពង្រឹងភាពធន់ ឡាវដាក់ចេញនូវអាទិភាពចំនួន ៥ បន្ថែម រួមមាន៖ ១) ការបង្កើតផែនការយុទ្ធសាស្រ្តដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ២) ការលើកកម្ពស់មជ្ឈភាពអាស៊ាន ៣) ជំរុញភាពធន់នឹងអាកាសធាតុ ៤) លើកកម្ពស់តួនាទីស្ត្រីនិងកុមារ និង ៥) ការពង្រឹងភាពធន់សុខភាពក្រោយយុគសម័យជំងឺកូវីដ-១៩។

ចក្ខុវិស័យនាពេលអនាគត

លើសពីនេះទៅទៀត មូលបទនេះនឹងជំរុញឲ្យមានការសង្កត់ធ្ងន់លើសារៈសំខាន់នៃចក្ខុវិស័យអាស៊ានស្ដីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ានក្នុងទំនាក់ទំនងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ហើយក៏បានលើកទឹកចិត្តឱ្យដៃគូខាងក្រៅអាស៊ានចូលរួមផងដែរ។ ជាក់ស្តែង ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានពិភាក្សាអំពីមាគ៌ាទៅមុខ ដើម្បីជំរុញបន្ថែមនូវការកសាងសហគមន៍អាស៊ានបន្ថែមទៀត និងកោតសរសើរចំពោះវឌ្ឍនភាពដ៏ល្អក្នុងការសម្រេចបាននាពេលបច្ចុប្បន្ន។ ដោយឡែក ចំពោះចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥ រដ្ឋមន្ត្រីការបរទេសទាំងអស់ នឹងផ្ដោតសំខាន់ទៅលើការប្រើប្រាស់វិធីសាស្រ្តប្រកបដោយបរិយាបន្ន និងគ្រប់ជ្រុងជ្រោយ ជាមួយបណ្ដាភាគីពាក់ព័ន្ធ ក្នុងការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តនានា។

ម្យ៉ាង លោកឧបនាយករដ្ឋមន្ត្រីឡាវក៏បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤ ប្រទេសឡាវក៏នឹងចូលរួមជាមួយបណ្តាប្រទេសជាសមាជិកក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដោយឈរលើសសរស្តម្ភទាំងបីរបស់សហគមន៍អាស៊ាន ដោយខិតខំបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងតំបន់អាស៊ាន ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការរក្សាតួនាទីស្នូលរបស់ខ្លួននៅក្នុងស្ថាបត្យកម្មក្នុងតំបន់ និងការពង្រឹងទំនាក់ទំនងជាមួយដៃគូជាដើម។ ការកាន់តំណែងជាប្រធានអាស៊ានរបស់ឡាវ នឹងមិនត្រឹមតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសឡាវក្នុងការលើកកម្ពស់មុខមាត់ប្រទេស និងទាក់ទាញភ្ញៀវទេសចរជាតិ និងបរទេសឱ្យបានច្រើននោះទេ តែវាជាស្នូលនៃការអភិវឌ្ឍតំបន់ទាំងមូល។

សរុបសេចក្តីមក ភាពជាប្រធានអាស៊ានរបស់ឡាវ ទំនងជានឹងនាំមកនូវការរីកចម្រើននៃការឆ្លើយតបទៅនឹងបញ្ហានានា ដោយហេតុថា ឡាវបានផ្តោតលើគោលនយោបាយដែលមិនសូវមានភាពចម្រូងចម្រាស និងផ្ដោតទៅលើកិច្ចការផ្ទៃក្នុងច្រើនជាង។ លោក សាលើមសាយ កុំម៉ាសិទ្ធិ ជឿជាក់ថា ដោយមានការឯកភាព និងការគាំទ្រពីប្រទេសជាសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅផ្សេងទៀត ការធ្វើជាប្រធានអាស៊ានរបស់ប្រទេសឡាវ នឹងទទួលបានជោគជ័យ ហើយតំបន់អាស៊ានទាំងមូលនឹងជំនះរាល់បញ្ហាប្រឈម។ តែទោះជាយ៉ាងណា គោលបំណងដើម្បីសម្រេចបាននូវអាទិភាពទាំង ៩ ក្នុងរយៈពេលមួយឆ្នាំ គឺពិតជាមហិច្ឆតាដ៏ធំធេង របស់ឡាវ។ ដូច្នេះហើយ ឡាវ ក៏ដូចជាសមាជិកអាស៊ានទាំងអស់ នឹងត្រូវរួបរួមគ្នា ក្នុងការសម្រេចបាននូវការរីកចម្រើននៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការកាត់បន្ថយឥទ្ធិពលដុល្លារអាមេរិកក្នុងទីផ្សារអន្តរជាតិ

លុយដុល្លារអាមេរិក គឺជារូបិយវត្ថុរបស់សហរដ្ឋអាមេរិក ព្រមទាំងជារូបិយវត្ថុអន្តរជាតិដែលចរាចរណ៍ពាសពេញសកលលោកចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី ២ មកម្ល៉េះ។ រាប់បញ្ចូលតាំងពីវិស័យធនាគារ ក្រុមហ៊ុនវិនិយោគទុនបរទេស​ និង​ជំនួញរវាងប្រទេស​ និងប្រទេស សុទ្ធសឹងតែបានប្រើប្រាស់រូបិយវត្ថុដុល្លាររបស់សហរដ្ឋអាមេរិក។ ប៉ុន្តែការប្រើប្រាស់លុយដុល្លារអាមេរិកនេះមិនត្រឹមតែបានបង្ហាញអំពីឥទ្ធិពលរបស់ដុល្លារអាមេរិកទៅកាន់ពិភពលោកប៉ុណ្ណោះទេ តែក៏បានបង្ហាញពីមហាអំណាចសេដ្ឋកិច្ច​របស់សហរដ្ឋអាមេរិកផងដែរ។​ តែក៏មានសំណួរមួយដែលបានលើកឡើងថា តើរូបិយវត្ថុដុល្លាររបស់អាមេរិកអាចនឹងលែងក្លាយជារូបិយវត្ថុរបស់ពិភពលោកដែរឬទេ?​

ជាក់ស្ដែង មានប្រទេសមួយចំនួនហើយដែលបានចាប់ផ្តើមឈប់ពឹងផ្អែកទៅលើរូបិយវត្ថុដុល្លាររបស់អាមេរិកក្នុងការជួញដូរអន្តរជាតិ និងក្នុងវិស័យហិរញ្ញវត្ថុធនាគារ។​ មានយន្តការជាច្រើនបន្តបន្ទាប់គ្នាដែលប្រទេស​មួយចំនួន បានអនុវត្ត និងព្យាយាមពង្រីកឥទ្ធិពលតាមរយៈ កិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគី​ ព្រមទាំងការបង្កើត និងប្រើប្រាស់ប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិថ្មីៗ។

១. កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី

ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកតែទៅលើដុល្លារអាមេរិក ក៏ដូចជាបញ្ចៀសនូវហានិភ័យដែលនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ប្រទេសគ្រប់ពេលដែលដុល្លារអាមេរិកធ្លាក់ថ្លៃ ឬសេដ្ឋកិច្ចរបស់អាមេរិកជួបបញ្ហា ហេតុដូច្នេះប្រទេសមួយចំនួនបានបង្កើតកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីដែលគ្រប់គ្រងការជួញដូររវាងប្រទេស និងប្រទេស។ ជាឧទាហរណ៍ ​កិច្ចព្រមព្រៀងដោះដូររូបិយវត្ថុ និងប្រើប្រាស់រូបិយវត្ថុរបស់ប្រទេសជាភាគីនៃកិច្ចព្រមព្រៀង មានដូចជា China-Brazil Currency Swap ក្នុងអំឡុងឆ្នាំ២០១៣ និង​ China-Russia Trade and Currency Swap Agreement ចាប់ផ្តើមចចារតាំងពីឆ្នាំ២០១៤ តែមិនទាន់ចូលជាផ្លូវការនៅឡើយ។ ជាមួយគ្នានោះ ក៏មានកិច្ចព្រមព្រៀងអំពីជំនួញរវាងប្រទេសអ៊ីរ៉ង់ និងឥណ្ឌា​ដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៨។​ តាមរយៈកិច្ចព្រមព្រៀងនេះប្រទេសទាំងពីរបានព្រមព្រៀងគ្នា ប្រើប្រាស់រូបិយវត្ថុរូពីរបស់ប្រទេសឥណ្ឌាក្នុងការទូទាត់ថ្លៃប្រេង ដែលនេះដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមរិកទៅលើប្រទេសអ៊ីរ៉ង់តាំងពី ឆ្នាំ១៩៧៩ មកម្ល៉េះ ដែលបណ្តាលឱ្យប្រទេសអ៊ីរ់ង់មិនអាចពាក់ព័ន្ធ ឬប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។ ចំណែកឯក្នុងវិស័យពាណិជ្ជកម្មរវាង អាស៊ី និងសហគមន៍អ៊ឺរ៉ុប ក៏បានចូលរួមចំណែកក្នុងចលនានេះផងដែរ ដែលបានស្ដែងឱ្យឃើញតាមរយៈ Eurasian Economic Union (EAEU) Agreement ដែលបានចេញជាផ្លូវការនៅថ្ងៃទី០១ ខែមករា​ ឆ្នាំ២០១៥​។ គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនេះមិនបានផ្តោតទាំងស្រុងទៅកាន់ការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនោះទេ ក៏ប៉ុន្តែអ្វីដែរគួរឱ្យកត់សម្គាល់នោះគឺកិច្ចព្រមព្រៀងនេះបានលើកឡើងអំពី គោលបំណងបង្កើនការប្រើប្រាស់រូបិយវត្ថុអ៊ឺរ៉ូ ក្នុងជំនួញវាងប្រទេស និងប្រទេស​ក្នុងតំបន់ទាំងពីរនេះ។ មួយវិញទៀត BRICS Nations ដែលរួមមានប្រទេសប៊្រេស៊ីល រុស្សី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងក៏បានចចារ និងពិភាក្សាក្នុងអង្គប្រជុំកំពូល BRICS នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អំពីការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងជំនួញរវាងប្រទេសខ្លួន ប៉ុន្តែកិច្ចព្រមព្រៀងជាផ្លូវការណាមួយមិនទាន់បានចេញជាផ្លូវការនៅឡើយ។

២. ការបង្កើត និងប្រើប្រាស់ប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិថ្មីៗ

SWIFT (Society for Worldwide Interbank Financial Telecommunication) network គឺជាប្រព័ន្ធបណ្តាញធនាគារដែលត្រូវបានប្រើប្រាស់ស្ទើរតែពាសពេញដោយសកលលោក និងភាគច្រើននៃដំណើរការផ្ទេរប្រាក់ពីធនាគារមួយទៅធនាគារមួយជាលក្ខណៈអន្តរជាតិត្រូវប្រើប្រាស់រូបិយវត្ថុដុល្លារអាមេរិក។ ប៉ុន្តែថ្មីៗនេះ ប្រទេសរុស្សី និងចិនបានបង្កើតមធ្យោបាយផ្ទេរប្រាក់រវាងធនគារអន្តរជាតិថ្មី ដូចជា System for Transfer of Financial Messages (SPFS) និង Cross-Border Interbank Payment System (CIPS)។​ SPFS ត្រូវបានបង្កើតដោយធនាគារកណ្ដាលប្រទេសរុស្សី ក្នុងអំឡុងឆ្នាំ ២០១៤ ភ្លាមៗបន្ទាប់ពី ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្សីក្រោមហេតុផល ជម្លោះនៅ Crimea ដោយបានដកនូវរាល់ធនាគាររបស់រុស្សីចេញពីប្រព័ន្ធ SWIFT ដើម្បីដាក់សម្ពាធទៅលើសេដ្ឋកិច្ចរុស្សីជាពិសេសវិស័យពាណិជ្ជកម្មអន្តរជាតិ។ ដើម្បីទប់ទល់ ក៏ជាដំណោះស្រាយទៅនឹង ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិចនេះ SPFS ត្រូវបានបង្កើតឡើងដើម្បីជាមធ្យោបាយសម្រាប់ការផ្ទេរប្រាក់រវាងធនាគារក្នុងស្រុក ព្រមទាំងធនាគារនៅក្នុងប្រទេស​ជាដៃគូ។ ចំណែកឯ CIPS ត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ ២០១៥ និងគ្រប់គ្រងដោយប្រទេសចិន។ CIPS ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងជំនួញអន្តរជាតិ​ និងការវិនិយោគទុនផ្សេងៗ ដោយផ្តោតសំខាន់ និងធានា លើស្តង់ដារនៃប្រព័ន្ធផ្ទេរប្រាក់ ទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់ លើរាល់ការទូទាត់ និងផ្ទេរប្រាក់ជារូបិយវត្ថុយ៉ន់របស់ចិន។​

ការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក​ក្នុងការទូទាត់ជាលក្ខណៈជាតិ និងអន្តរជាតិ ផ្តល់ផលវិជ្ជមានផង​ និងអវិជ្ជមានផងដល់ប្រទេសក្នុងសកលលោក។ សម្រាប់ផលវិជ្ជមាន គឺការបង្កើនការប្រើប្រាស់រូបិយវត្ថុជាតិដែលកំពុងនឹងចរាចរណ៍ក្នុងការធ្វើពាណិជ្ជកម្មទាំងថ្នាក់ជាតិ និងអន្តរជាតិដែលបានកាត់បន្ថយការចំណាយទៅលើសេវាមួយចំនួនដូចជាសេវាផ្ទេរប្រាក់ និងការខាតបង់ដោយសារអស្ថិរភាពនៃអត្រាប្តូរប្រាក់របស់ដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះការងាកមកប្រើប្រាស់រូបិយវត្ថុជាតិ ជាជាងការពឹងផ្អែកទាំងស្រុងលើរូបិយវត្ថុដុល្លារអាមេរិក​ អាចធានាសុវត្ថិភាពដល់ប្រទេសនោះ ដោយការបញ្ចៀសពីហានិភ័យកើតឡើងដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចសហរដ្ឋអាមរិក ឬការអនុវត្តគោលនយោបាយណាមួយដែលមានឥទ្ធិពលដល់វិស័យហិរញ្ញវត្ថុរបស់អាមេរិក។​ ប៉ុន្តែទោះជាយ៉ាងណាក្តី ចលនាមួយនេះប្រាកដណាស់នឹងផ្តល់ផលអវិជ្ជមានដល់សហរដ្ឋអាមេរិក តាមរយៈការធ្លាក់តម្លៃនៃដុល្លារអាមេរិក ការជះឥទ្ធិពលដល់ Current Account Deficits របស់សហរដ្ឋអាមេរិក និងមិនអាចខ្ចីប្រាក់ក្នុងអត្រាការប្រាក់ទាបដូចពីមុនទៀត ពិសេសនោះប៉ះពាល់ដល់កេរ្តី៍ឈ្មោះដុល្លារអាមេរិកដែលជារូបិយវត្ថុអន្តរជាតិរបស់ពិភពលោក។ បន្ថែមពីនោះចលនាមួយនេះក៏អាចនឹងជះឥទ្ធិពលដល់ប្រទេសមួយចំនួនក្នុងពិភពលោក ពិសេសប្រទេសដែលជាដៃគូដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិកក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងហិរញ្ញវត្ថុ ដូចជាប្រទេសកាណាដា ម៉ិចសិចកូ និងប្រទេសមួយចំនួននៃអាមេរិកឡាទីន ដែលប្រសិនបើចលនាមួយនេះបានជោគជ័យពិតមែននោះ ប្រទេសទាំងនេះនឹងត្រូវកែប្រែប្រព័ន្ធ និងការកំណត់ផ្សេងៗដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិ ដើម្បីសម្របខ្លួនទទួលយករូបិយវត្ថុរបស់ប្រទេសផ្សេងៗ។

កម្មវិធីថង់ប្រាជ្ញា៖ ឥទ្ធិពល Swiftonomic នៅក្នុងសេដ្ឋកិច្ចសិង្ហបុរី

តើអ្វីទៅជា Swiftonomic?

Swiftonomics ឬ Taylornomics ត្រូវបានគេប្រៀបបានថាជា​ អំណាចទន់ ឬ Soft power តាមរយៈតន្ត្រី របស់តារាចម្រៀងលំដាប់ពិភពលោក​សញ្ជាតិអាមេរិកវ័យ ៣៤ ឆ្នាំ Taylor Swift ដែលមិនត្រឹមតែបំបែកកំណត់ត្រា ឧស្សាហកម្មតន្ត្រីជាមួយនឹងការប្រគំតន្ត្រីទេសចរ​ណ៍ជាសកលរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជះឥទ្ធិពល ជំរុញដល់ការកើនឡើងនៃសន្ទុះសេដ្ឋកិច្ចដល់ប្រទេសដែលជាម្ចាស់ផ្ទះសម្រាប់ការប្រគុំតន្ត្រីរបស់ Taylor Swift ហើយ The Eras Tour ត្រូវបានគេចាត់ទុកថាជា ចំណុចចាប់ផ្តើមនៃសន្ទុះសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកជា​ពិសេសនៅ ក្នុងសហរដ្ឋអាមេរិក។

The Eras Tour

ក្រុមហ៊ុនលក់សំបុត្រធំៗដូចជា Ticketmaster និង Seat Geek បានភ្ញាក់ផ្អើលនឹងតួលេខចំនួននៃសំបុត្រដែល បានលក់អស់គ្មានសល់ដោយប្រមូលបានប្រាក់ចំណូលចំនួន ៥៥៤ លានដុល្លារត្រឹមតែក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៣​ រីឯកម្រិតពិភពលោកវិញការប្រគុំតន្រ្តីទេសចរណ៍ជាសកល​ នេះរកចំណូលបានពីការលក់សំបុត្រប្រមាណ ១.០៤ ពាន់លានដុល្លារ បើយោងទៅតាមទិន្នន័យរបស់គេហទំព័រ globalEDGE ។

The Eras Tour ត្រូវបានគេព្យាករណ៍ថានឹងអាចបង្កើតចំណូលបាន ៥ ពាន់លានដុល្លារ​​នេះបើយោងតាម​ទិន្ន ន័យពី QuestionPro ដែលមានទស្សនៈខ្លះលើកឡើងថាតួលេខនេះគឺខ្ពស់ជាងផលិតផលក្នុងស្រុកសរុប (GDP) នៃ ៥០ ប្រទេស។​ កាលបើមានប្រគំតន្ត្រីនេះនៅរដ្ឋណាមួយរបស់សហរដ្ឋអាមេរិក រដ្ឋនោះនឹងទទួលបាននូវការ ទាក់​​​​ទាញភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកចូលរួម ធ្វើឱ្យតំបន់នោះអាចរកចំណូលបានមួយកម្រិតទៀត។ ជាក់​ស្តែងការប្រគំតន្រ្តីរបស់Taylor Swift នៅទីក្រុង Denver រដ្ឋ Colorado កាលពីខែកក្កដាមិនត្រឹមតែបានបង្កើន​GDP​​ របស់រដ្ឋចំនួន ១៤០ លានដុល្លារ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវការចំណាយផ្ទាល់យ៉ាងច្រើនសន្ធឹក​សន្ធាប់ដល់ទៅ ២០១ លានដុល្លារ នេះបើយោងតាមវិទ្យាស្ថាន Common Sense ។ ការប្រគុំតន្ត្រីរបស់ Taylor Swift នៅទីក្រុង Pittsburgh រដ្ឋ Pennsylvania ក៏បានបន្ថែមចំណូលចំនួន ៤៦ លានដុល្លារ ដល់សេដ្ឋកិច្ចក្នុង ស្រុកកាល​ពីខែមិថុនាផងដែរ នេះបើយោងតាមទិន្នន័យពី QuestionPro ។

មូលហេតុនៅពីក្រោយនៃភាពល្បីល្បាញការប្រគំតន្ត្រី​ The Eras Tour

ក្រៅពីជំរុញដល់សេដ្ឋកិច្ច អាជីវកម្មក្នុងស្រុក និងទេសចរណ៍ ឥទ្ធិពលលើបណ្តាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វ ផ្សាយសង្គម ក៏ដូចជាទទួលបានការសរសើរពីរដ្ឋាភិបាល និងអង្គការនានា ការប្រគំតន្ត្រី “The Eras Tour” របស់ Taylor Swift គឺជាការប្រគំតន្ត្រីមួយដែលប្លែកខុសពីគេតាមរយះការទេពកោសល្យស្នាដៃនិពន្ធបទចម្រៀងដោយ​ខ្លួនឯង ដែលពិសេសនោះគឺការសម្តែងលើឆាករហូតទៅដល់ ៤៥ បទក្នុងមួយការប្រគំតន្ត្រីនិមួយៗ ដែលគ្រប់ បទ ចម្រៀង​ទាំងអស់គឺសុទ្ធសឹងតែមានអត្ថន័យពិរោះ និងចាក់ដោតដល់ក្រអៅបេះដូងអ្នកគាំទ្រ។ លើសពីនេះទៅ ទៀតគឺការបង្កើតនូវវប្បធម៌ផ្លាស់ប្តូរ ខ្សែដៃមិត្តភាព (Friendship Bracelet) របស់អ្នកចូលរួម និងការតុបតែង ខ្លួនប្លែកៗពីគ្នា ដែលអាចយកបាននូវបេះដូងទឹកចិត្តអ្នកគាំទ្រគ្រប់វ័យ​និងនៅបណ្តាប្រទេសផ្សេងៗលើពិភព​លោក។

ឥទ្ធិពល Swiftonomic នៅបណ្តាប្រទេសផ្សេងៗ

ក្រៅពីជំរុញដល់ការកើនឡើងសន្ទស្សន៍នៃសេដ្ឋកិច្ចក្នុងស្រុក បើងាកទៅមើលប្រទេសដទៃទៀត តួយ៉ាងគឺក្នុង អាស៊ីតែម្តង នោះគឺប្រទេសជប៉ុនកាលពីខែកុម្ភះ ឆ្នាំ២០២៤ កន្លងទៅនេះ ដែលបព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ The Eras Tour បានទៅដល់ដែនដីនៃទីក្រុងតូក្យូនិងបានប្រមូលអ្នកគាំទ្រចូលរួមពេញពហុកីឡាដ្ឋាន រហូតមាន អ្នកជំនាញបានអះអាងថាការប្រគំតន្រ្តីនេះបានជះឥទ្ធិពលខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បើយោងតាម របាយការណ៍របស់ CNN។ ការប្រគុំតន្ត្រីរបស់ Taylor Swift នេះត្រូវបានគេព្យាករណ៍ថារកចំណូលបានប្រមាណ ៣៤.១ ពាន់លានយ៉េន (ស្មើនឹងប្រមាណ ២២៩.៦ លានដុល្លារអាមេរិក) នេះបើយោងតាមលោក Mitsumasa Etou អ្នកនាំពាក្យនៃវេទិកាស្រាវជ្រាវ Economic Effects NET និងជាសាស្ត្រាចារ្យក្រៅម៉ោងនៅសាកលវិទ្យាល័យ Tokyo City នេះបើយោងតាមរបាយការណ៍របស់ CNN ។

នៅពីក្រោយសន្ទុះកើនឡើងនៃសេដ្ឋកិច្ចរបស់ប្រទេស សិង្ហបុរី

One right move and you win”

ការប្រគុំតន្ត្រីទេសចរណ៍ The Eras Tour របស់តារាចម្រៀងកំពូល Taylor  Swift បានឈានជើងលើកដំបូងនៅ ក្នុងអាស៊ីអាគ្នេយ៍ ដែលប្រទេសសិង្ហបុរីជាម្ចាស់ផ្ទះដំបូងគេ និងជាទីសំចតតែមួយគត់ផងដែរនៅក្នុងតំបន់ក្រោយ ការសម្រេចបាននូវកិច្ចព្រមព្រៀងផ្តាច់មុខរវាងរដ្ឋាភិបាលសិង្ហបុរីនិងតារាចម្រៀង Taylor Swift។​ ការប្រគុំតន្ត្រីនេះ ធ្វើឡើងចំនួន ៦ ថ្ងៃចាប់ពីថ្ងៃទី ២ ដល់ ៩ មិនា ២០២៤ នៅពហុកីឡាដ្ឋានជាតិសិង្ហបុរី។ ព្រឹត្តិការណ៍ប្រគំតន្ត្រី មួយនេះបានប្រមូលផ្តុំអ្នកចូលរួមពីបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់ ដែលធ្វើឱ្យសំបុត្រលក់អស់គ្មានសល់ជាង ៣ សែនសំបុត្រ សរុបជាទឹកប្រាក់ចំណូលទទួលបានប្រមាណ ៧៥.២ លានដុល្លាសិង្ហបុរី។

កាសែត CNA បានរាយការណ៍ថាបើយោងតាមការស្ទង់មតិជាមធ្យមរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ផលិត ផលក្នុងស្រុកសរុបរបស់ប្រទេសសិង្ហាបុរីត្រូវបានព្យាករណ៍ថានឹងកើនឡើង ២,៩% ក្នុងរយៈពេល បីខែ ដំបូងក្នុង ឆ្នាំ ២០២៤ នេះ ដែលជាកម្រិតមួយលឿនបំផុតក្នុងរយៈពេល ៦ ត្រីមាស។ សេដ្ឋវិទូនៃធនាគារ DBS លោក Chua Han Teng បានប្រាប់កាសែត CNA កាលពីថ្ងៃច័ន្ទថា ការប្រគុំតន្ត្រីនេះត្រូវបានប៉ាន់ប្រមាណថានឹងបន្ថែម ទឹកប្រាក់ប្រហែលពី ៣០០លានដុល្លារសិង្ហបុរី (២២៥លានដុល្លារអាមេរិក) ទៅ ៤០០លានដុល្លារសិង្ហបុរី ឬ ០,២ភាគរយនៃ ផ.ស.ស ដល់សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីក្នុងត្រីមាសទីមួយ។ យោងតាមទិន្នន័យពីគេហទំព័រ ទេសចរណ៍ Trip.com រាយការណ៍ថាការបញ្ជាកក់ទាក់ទងនឹងការធ្វើដំណើរនិងទីកន្លែងស្នាក់នៅក្នុងប្រទេស សិង្ហបុរីចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែមីនា ដែលជារយៈពេលនៃការប្រគុំតន្ត្រីគឺ ២៧៥% ខ្ពស់ជាងចំនួនសម្រាប់ ថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែមីនា ដែលជារយៈពេលស្រដៀងគ្នានៃរយៈពេលពីរសប្តាហ៍ក្រោយមក។ សម្រាប់ថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែមីនា ការកក់ជើងហោះហើរក្នុងប្រទេសសិង្ហបុរីកើនឡើង ១៨៦% ហើយការកក់សណ្ឋាគារមាន ៤៦២% ខ្ពស់ជាងសម្រាប់រយៈពេល ១៥ ដល់ ២៣ ខែមីនា។ ការប្រគុំតន្រ្តីរបស់ Taylor Swift ផ្តល់អត្ថប្រយោជន៍ ដល់វិស័យបដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈរបស់ប្រទេសសិង្ហបុរី ក៏ដូចជាវិស័យលក់រាយផងដែរ។ ព្រឹត្តិការណ៍ ប្រគំតន្ត្រីនេះបានផ្តល់អត្ថប្រយោជន៍ដល់វិស័យបដិសណ្ឋារកិច្ច អាហារនិងភេសជ្ជៈរបស់ប្រទេសសិង្ហបុរី​​ក៏ដូចជា ជំរុញបន្ថែមមួយកម្រិតទៀតទៅដល់អាជីវកម្មខ្នាតតូចធំនៅក្នុងប្រទេស។

នៅក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ៥ ខែមិនា កន្លងទៅនេះ​ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង​ (Lee Hsien Loong)  បាននិយាយថា “ការរៀបចំឱ្យ Taylor Swift ទៅសម្តែងនៅប្រទេសសិង្ហបុរីបានក្លាយទៅជាជោគជ័យដ៏ខ្លាំងមួយ។” ។ សិ​ង្ហបុរីបានការពារយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការផ្តល់​ថវិកា​លើកទឹកចិត្តដើម្បីធានាទទួលបានការប្រគុំតន្ត្រីផ្តាច់មុខរបស់ Taylor Swift នៅក្នុងតំបន់អាស៊ី អាគ្នេយ៍ ដោយនិយាយថា អត្ថប្រយោជន៍សេដ្ឋកិច្ចសិង្ហបុរីនៃការធ្វើដូច្នេះលើសពីការចំណាយដែលខ្លួនផ្ដល់ឲ្យ Taylor Swift ហើយបន្ថែមថា វាគឺជាជម្រើសរបស់ Taylor Swift ដែលជ្រើសចង់សម្តែងនៅសិង្ហបុរី ។​​ នេះជាការ សម្រេចចិត្តនិងយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏ឈ្លាសវៃមួយរបស់ប្រទេសសិង្ហបុរីដែលប្រទេសផ្សេងៗក្នុងតំបន់គួរតែរៀនសូត្រតាម។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ពូទីននៅតែជាជម្រើសទីមួយនៃការបោះឆ្នោតរបស់រុស្ស៊ី

កាលពីថ្ងៃទី១៥ រហូតដល់ថ្ងៃ១៧ ខែមីនា ឆ្នាំ២០២៤ ប្រទេសរុស្ស៊ីបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកទី៨របស់ខ្លួ​ននៅក្នុងប្រទេសនេះ។ ការបោះឆ្នោតក៏បានប្រព្រឹត្តិទៅដោយភាពជោគជ័យទោះបីជាមានការអុកឡុកពីក្រុមប្រឆាំងក៏ដោយ។បន្ទាប់ពីបញ្ចប់ការបោះឆ្នោត លទ្ធផលបណ្តោះអាសន្នពេលរាប់សន្លឹកឆ្នោតដំបូងបានបញ្ជាក់ថា គ្មាននរណាអាចឈ្នះលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីនបានឡើយ ព្រោះការរាប់សន្លឹកឆ្នោតដំបូងឃើញថា លោកត្រូវបានទទួលសម្លេងឆ្នោតជាង៨៧%បាត់ដាច់ពីគេបាត់ទៅហើយ។ ហើយតាមរយៈលទ្ធផលនេះផងដែរ គេនឹងរំពឹងថាលោកពូទីននឹងបន្តដំណែងដឹកនាំប្រទេសដ៏ធំជាងគេលើលោកមួយអាណត្តិទៀតផងដែរ។តើហេតុអ្វីបានជាលោកពូទីននៅតែជាជម្រើសទីមួយសំរាប់ប្រជាជនរុស្ស៊ី?

១. ស្ថានភាពនៃការបោះឆ្នោតនៅប្រទេសរុស្ស៊ី

ក្នុងឆ្នាំ២០២៤នេះ ប្រទេសរុស្ស៊ីបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកទី៨របស់ខ្លួនចាប់តាំងពីក្រោយបែកចេញពីសហភាពសូវៀតមក​។ ក្នុងនោះគេមើលឃើញថានៅអាណត្តិថ្មីនេះ បេក្ខជនដែលលេចធ្លោដែលជាងគេក្នុងការឈរឈ្មោះគឺលោក វ៉្លាឌីមៀរ ពូទីន ដែលរំពឹងថានៅតែឈ្នះបន្តទៀតសំរាប់អាណត្តិថ្មីនេះ។ការបោះឆ្នោតអាណត្តិទី៨នេះក៏មានប្រតិកម្មពីអន្តរជាតិចំពោះរុស្ស៊ីដែរ ព្រោះប្រទេសនេះបានរៀបចំការបោះឆ្នោតនៅក្នុងប្រទេសអ៊ុយក្រែនដែលកំពុងមានជម្លោះ។ ប៉ុន្តែរុស្ស៊ីមិនបានខ្វល់ចំពោះប្រតិកម្មនេះទេ ហើយក៏បានប្រាប់ទៅកាន់ប្រទេសដែលប្រតិកម្មវិញថាកុំមកចង់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ីទៀតផង។ក្នុងការបោះឆ្នោតលើកទី៨នៃការជ្រើសរើសប្រមុខរដ្ឋរបស់រុស្ស៊ីទទួលបានសន្លឹកឆ្នោតចំនួន ៨៧ ៥៧៦ ០៧៥ សម្លេង ដែលក្នុងនោះសម្លេងឆ្នោតបានការ ចំនួន ៨៦ ២០៤ ២៩១ សម្លេងនិងមិនបានការចំនួន ១ ៣៧១ ៧៨៤ សម្លេង។ លទ្ធផលផ្លូវការត្រូវបានប្រកាសដោយ​គណៈកម្មការរៀបចំការបោះឆ្នោតកណ្តាល (រុស្ស៊ី) បានបញ្ជាក់ថា លោកពូទីនបានទទួល៨៧.២៨% នៃសន្លឹកឆ្នោតដែលឈ្នះដាច់លើបេក្ខជនដទៃទៀតដាច់ ហើយតាមពីក្រោយដោយលោក​ នីកូឡៃ ខារីតុនៅ(Nikolai Kharitonov) មកពីគណបក្សកុំម្មុយនីសទទួលបាន៤.៣១%នៃសម្លេងឆ្នោត លោក វ៉ាល់ឌីស្លីវ ដាវ៉ាន់កូវ (Vladislav Davankov)មកពីគណបក្សNew people ជាមួយសម្លេង៣.៨៥% និងចុងក្រោយលោក លីអូនីក ស្តាតស្គី (Leonid Slutsky) មកពីបក្សសេរីភាពប្រជាធិបតេយ្យទទួលបានសម្លេង៣.២០%។ ទោះបីជាមានការប្រឆាំងមួយចំនួនដែលរំខានដល់ការរៀបចំការបោះឆ្នោតក្នុងប្រទេសរុស្ស៊ីក៏ដោយ ក៏ការបោះឆ្នោតនៅតែបានបញ្ចប់ទៅដោយសម្លេងឆ្នោតបានឈ្នះទៅលោក វ៉្លាឌីមៀរ ពូទីន ដែលជាជ័យជំនះដោយសម្លេងឆ្នោតដែលជាភាគរយខ្ពស់បំផុតក្នុងការបោះឆ្នោតប្រធានាធិបតីនៅប្រទេសរុស្ស៊ីក្រោយសូវៀត និងត្រៀមខ្លួនជាប្រធានាធិបតីនៅអាណត្តិថ្មី ៦ឆ្នាំទៀត ដែលត្រៀមប្រកាសនៅពេលខាងមុខនេះ ។

២. ប្រជាប្រិយពូទីននៅតែរះទោះបីជាមានបញ្ហាក្នុងនិងក្រៅប្រទេស

រឿងសង្គ្រាមនៅអ៊ុយក្រែននិងការស្លាប់របស់អ្នកប្រឆាំងដូចជាលោកណាល់វ៉ានី(Navalny) និងលោកព្រីហ្គោហ្ស៊ី(Prigozhin) ដែលបានកើតឡើងសុទ្ធតែប៉ះពាល់ប្រជាប្រិយរបស់លោកពូទីន ប៉ុន្តែលោកពូទីន នៅតែមានប្រជាប្រិយភាពសំរាប់ប្រជាពលរដ្ឋរុស្សីគ្រប់រូប ទោះបីជាមានអ្នកខ្លះប្រឆាំងលើហេតុការណ៍ទាំងបីខាងលើនិងចោទរូបលោកក៏ដោយ ព្រោះលោកបានចេញមុខបញ្ជាក់ច្បាស់ៗថាលោកមិនបានពាក់ព័ន្ធអ្វីទាំងអស់ចំពោះបុគ្គលប្រឆាំងរូបលោកទាំងពីរ​ ដោយមួយត្រូវបានគេសន្និដ្ឋានថាស្លាប់ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់គឺលោកព្រីហ្គោហ្សី និងលោកណាល់វ៉ានី ស្លាប់នៅក្នុងពន្ធនាគារក៏ត្រូវគេសន្និដ្ឋានថាដោយសារសុខភាពគាត់ចុះខ្សោយធ្វើឱ្យគាត់ដួលសន្លប់ហើយក៏បានបាត់បង់ជីវិតទៅ។ ចំណែកសំណុំរឿងសង្គ្រាមចូលប្រទេសអ៊ុយក្រែន លោកពូទីនក៏បានលើកហេតុផលថាការធ្វើប្រតិបត្តិការយោធានេះដើម្បីការពារជនជាតិរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែននិងចោទថារដ្ឋាភិបាលអ៊ុយក្រែនគឺជាពួក​Neo-Nazi បានធ្វើទុកបុកមេ្នញចំពោះជនជាតិខ្លួន។ ហេតុផលបីខាងលើនេះគឺបានធ្វើអោយលោកពូទីនកាន់តែខ្លាំង ហើយក៏រហូតដល់គ្មានអ្នកណាអាចប្រកួតប្រជែងឈ្នះលោកនៅក្នុងតំណែងប្រធានាធិបតីរបស់រុស្ស៊ី ទោះបីមានការចោទប្រកាន់លោកជាមនុស្សជាប់ពាក់ព័ន្ធការស្លាប់និងឈ្លានពានប្រទេសដទៃពីសំណាក់ប្រទេសលោកខាងលិចក៏ដោយ។ ម៉្យាងទៀត ការបោះឆ្នោតលើកទី៨ទៀតសោតបានសបញ្ជាក់ថាលោកពូទីន បានឈ្នះគេដាច់តាំងពីរាប់សន្លឹកឆ្នោតដំបូងមកម្ល៉េះដោយអត្រាជាង៨៧%នៃចំនួនសន្លឹកឆ្នោតគឹបានទៅលោកពូទីនរួចស្រេចបាត់ហើយ។ បន្ទាប់ពីដឹងថាខ្លួនបានឈ្នះរួចហើយ លោកពូទីនក៏បានចេញមុខថ្លែងអំណរគុណដល់អ្នកបោះឆ្នោតទាំងអស់រួមទាំងសន្យាថាមិនឱ្យប្រទេសរុស្ស៊ីរស់នៅក្នុងការបំភិនបំភ័យពីប្រទេសដទៃឡើយនិងប្រឈមមើលជាប់ជានិច្ចជាមួយបញ្ហាចំពោះមុខ។

សរុបមកតាមរយៈការបោះឆ្នោតខាងលើនេះគឺបានបញ្ជាក់ថាគ្មាននរណាដែលអាចជាគូប្រជែងរបស់លោកពូទីនបានទេនៅក្នុងតំណែងប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីនេះ។ ទោះបីជាលោកត្រូវបានគេសង្ស័យថាបានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកប្រឆាំងរបស់លោកពិតមែន តែលោកនៅតែច្រានចោលលើការចោទប្រកាន់ទាំងនោះរួមទាំងបង្ហាញភាពស្អាតស្អំរបស់គាត់តាមរយៈការស្វែងរកភស្តុតាងរបស់អាជ្ញាធរនៅកន្លែងកើតហេតុផងដែរ។មួយវិញទៀត បញ្ហារឿងអ៊ុយក្រែនក៏មិនមែនជាឧបសគ្គរបស់លោកក្នុងកំឡុងពេលបោះឆ្នោតផងដែរ ទោះបីជាពេលដំបូងមានការប្រឆាំងក្នុងប្រទេសឱ្យឈប់មាន​ការធ្វើសង្គ្រាមក៏ដោយ ព្រោះលោកពូទីនបានប្រាប់ពីមូលហេតុការធ្វើសង្គ្រាមនេះនិងដើម្បីការពារប្រយោជន៍ប្រជាជនខ្លួនផងដែរ។ ហេតុនេះសរបញ្ជាក់ថា លោកពូទីននៅតែជាបុរសខ្លាំងរបស់រុស្ស៊ីដោយគ្មាននរណាអាចជំនួសរូបលោកទោះបីជាមានរឿងអ្វីក៏ដោយ។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើប្រទេសហ្វីលីពីនអាចនឹងប្រឈមនឹងការបំបែករដ្ឋបានទេ?

ពាក្យថាបំបែករដ្ឋនេះ ត្រូវបានប្រើប្រាស់ដោយចេញពីមាត់របស់លោកអតីតប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌូទើតេ ជាសាធារណៈក្រោយលោកបានដឹងដំណឹងថា រដ្ឋាភិបាលហ្វីលីពីនចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ហ្វីលីភីន។ សំណួរជាច្រើនលេចឡើង ជាពិសេសមហាជនជាច្រើនងើងឆ្ងល់ជាខ្លាំងថា ហេតុអ្វីនៅសុខៗ លោកប្រធានាធិបតី  ហ្វឺឌីណាន់ ម៉ាសកូស ជូញ៉រ(តទៅហៅថា បុងៗ ម៉ាកូស) ចង់សើរើរដ្ឋធម្មនុញ្ញទៅវិញ? ឬមួយក៏រដ្ឋធម្មនុញ្ញនេះមានចំណុចណាដែលចែងមិនច្បាស់លាស់ឬទន់ខ្សោយ? ឬក៏ដោយសារតែការលោភលន់ចង់រក្សាអំណាចរបស់គាត់នៅក្នុងជួយរដ្ឋាភិបាលឲ្យបានកាន់តែយូរទៅវិញ? គ្មាននរណាដឹងនិងអាចវិភាគច្បាស់លាស់បានត្រឹមត្រូវមួយរយភាគរយនោះទេចំពោះរឿងនេះ តែយើងអាចវិភាគបានដោយមើលលើសកម្មភាពរបស់មេដឹកនាំរូបនេះ និងមើលអំពីភាពរឹងមាំរបស់រដ្ឋធម្មនុញ្ញរបស់ហ្វីលីភីន។​ យ៉ាងណាមិញ បញ្ហានៃ​ខ្វែងគំនិត ទំនាស់ពាក្យសម្ដីបានកើតឡើងជាបន្ដបន្ទាប់រវាងមេដឹកនាំបច្ចុប្បន្ន នឹង អតីតមេដឹកនាំលោកឌូទើតេ បណ្ដាលឲ្យលោកចង់បំបែករដ្ឋព្រោះមិនចង់ឱ្យស្រុកកំណើតរបស់លោកកោះ​មីនដាណាវ ស្ថិតនៅក្រោមការគ្រប់គ្រង់របស់  ហ្វឺឌីណាន់ ម៉ាសកូស បន្ដទៅទៀតព្រោះវាគ្មានការរីកចម្រើនអ្វីបន្ដិចសោះ។ បន្ថែមពីលើនេះ លោកបានលើកឡើងយ៉ាងមានទំនុកចិត្តថា នឹងផ្ដាច់ទឹកដីកោះ​មីនដាណាវដោយគ្មានការបង្ហូរ​ឈាម ហើយ​នឹង​ធ្វើតាម​ដំណើរការ​របស់​អង្គការ​សហប្រជាជាតិ។  តែសំខាន់ថា ហ្វឺដឌីណង់ដ៍ រ៉ូមូលដេហ្ស៍ ម៉ារកូសគម្រាមប្រើប្រាស់អាវុធក្នុងការប្រឆាំងតបតចំពោះការគ្រោងធ្វើអបគមន៍ផងដែរ។

ខាងក្រោមនេះ យើងមកឈ្វេងយល់ពីមែកធាងនានាឬដំណើររឿងជូរចត់ហ្វីលីភីនពីអតីតកាល និងចរិតដឹកនាំរបស់ឪពុករបស់បុងៗ ម៉ាកូស និងកូន លើសំណើកែប្រែរដ្ឋធម្មនុញ្ញ និង ប្រតិកម្មរបស់លោករ៉ូឌ្រីហ្គូ ឌូទើតេ ដើម្បីឈានទៅដល់សេចក្ដីសន្និដ្ឋានថា តើគម្រាងនៃការបំបែករដ្ឋនេះនិងអាចទៅរួចបានប៉ុន្មានភាគរយ ឬ ក៏គ្រាន់តែជាខ្យល់មាត់និយាយឲ្យតែបាននិយាយ?

១. សាធារណរដ្ឋហ្វីលីពីន

ប្រទេសហ្វីលីពីន ជារដ្ឋឯករាជ្យធា្លប់នៅក្រោម អាណានិគមពីអេស្ប៉ាញក្នុងសតវត្សទី១៦ និង ក្រោយមកក៏ក្លាយជាប្រទេសក្រោមអាណានិគមអាមេរិកឆ្នាំ១៨៩៨នៅអំឡុងសង្រ្គាមរវាង អាមេរិក-អេស្ប៉ាញ។ រដ្ឋនេះបានទទួលឯករាជ្យនៅ ០៤ កក្កដា ឆ្នាំ១៩៤៦ជាផ្លូវការ​ តែក៏ស្ថិតនៅក្នុងការគ្រប់គ្រង២១ឆ្នាំរបស់លោកប្រធានាធិបតី Ferdinand MARCOS ជាមេដឹកនាំផ្ដាច់ការនិយម (Authoritarian President) ត្រូវជា​ឪពុករបស់លោក បុងៗ ម៉ាកូសប្រធានាធិបតី ក្រោយមកក្លាយជាប្រទេសលទ្ធិប្រជាធិបតេយ្យក្រោយមានបដិវត្តប្រជាជនប្រឆាំងនឹងមេដឹកនាំផ្ដាច់ការនិយម។ សព្វថ្ងៃប្រជាជននៅលើទឹកដីកោះនេះមានប្រមាណជាង ១០៩ លាននាក់ ជាមួយនឹងចំនួនផលិផលក្នុងស្រុកសរុប (GDP) ៩២១ ពាន់លានដុល្លារសហរដ្ឋអាមេរិក រីឯចំណូលប្រជាជនក្នុងម្នាក់វិញ (GDP per capita)គឺអាចរកបានជាធម្មតា ៨១០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។ ប្រទេសនេះ​និយាយភាសាច្រើនណាស់សរុបទៅគឺ១៨៧ រហូតដល់មានភាសាជាផ្លូវការពី៖  Filipino, English។

២. ប្រវត្តិឪពុក និងកូន (ហ្វឺឌីណាន់ ម៉ាសកូស ជូញ៉រ)

យើងបានដឹងបន្ដិចបន្ដួចថាលោក ហ្វឺឌីណាន់ ម៉ាសកូស ជូញ៉រនិងអតីតប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាសកូស ជាមេដឹកនាំផ្ដាច់ការនិយមជាឪពុកនិងកូនបង្កើត។ ចន្លោះ​ឆ្នាំ​១៩៦៥-១៩៨៦ ​គឺជា​ប្រវត្តិសាស្ត្រ​​ខ្មៅ​ងងឹត​របស់​ប្រទេស​ហ្វីលីពីន​ ដែលគ្របដណ្ដប់ទៅដោយ ​​អំពើ​រំលោភ​សិទ្ធិមនុស្ស​ពុក​រលួយ និង ​ភាព​ក្រីក្រ ក្រោមអំណាចរបស់​លោក ហ្វ៊ែរឌីណង់ ម៉ាកូស​។ ក្ដាប់អំណាចជាងពីរ​ទសវត្សរ៍ប្រជាជនហ្វីលីភីនស្គាល់តែភាពព្រៃផ្សៃ ឃោឃៅ ក្រោមច្បាប់​​អាជ្ញាសឹក(ឆ្នាំ​១៩៧២ ដល់ ​ឆ្នាំ​១៩៨១) សកម្មជនស្នេហាជាតិ ស្នេហាលទ្ធិប្រជាធិបតេយ្យ រាប់ម៉ឺននាក់ រង​ការ​ចាប់​ឃុំ ធ្វើ​ទារុណកម្ម និងសម្លាប់ក្រៅប្រព័ន្ធច្បាប់។ អំឡុងពេលបិតាកាន់អំណាច លោកម៉ាកូស ជីអ ឬគេហៅគាត់ថា បុងៗ ម៉ាកូស ត្រូវបានបញ្ជូនទៅកាន់ប្រទេសអង់គ្លេស ដើម្បីសិក្សានៅទីនោះ បន្ទាប់មកលោកបានចូលរៀននៅសកលវិទ្យាល័យ អ័កស្វត(Oxford University) លោកមិនទទួលបានសញ្ញាបត្រទេ គ្រាន់តែបានលិខិតបញ្ជាក់ពិសេសតែប៉ុណ្ណោះ។

ប្រជាជនហ្វីលីភីន តែងចងចាំថាក្នុងឆ្នាំ១៩៨៦លោកបុងៗ ម៉ាកូស បានផ្តល់យោបល់ឲ្យឪពុករបស់លោកទម្លាក់គ្រាប់បែកសម្លាប់ទៅ​លើបន្ទាយប៉ូលីស និងយោធា ដែលពួកគេគាំទ្របដិវត្ត តែឪពុកមិនបានទម្លាក់នោះទេ។ លុះក្រោយមកបន្ទាប់ពីបិតាលែងជាប្រធានាធីបតី រូបលោកក៏នៅតែមានប្រជាប្រិយភាព និង ទទួលបានការទុកចិត្តក្លាយជាសមាជិកតំណាងរាស្រ្តហ្វីលីពីនពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៥ បន្ទាប់មកពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០ និងជាព្រឹទ្ធសមាជិកពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៦។ ចំណែកបច្ចុប្បន្ន​គឺ​​​ជា​អ្នក​ដឹកនាំ​ប្រទេសគឺត្រូវបានជាប់ឆ្នោតជាផ្លូវការនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ចំពោះអ្នកវិភាគនយោបាយបានវិភាគថាលោកជាប់ឆ្នោតដោយសាតែយុវជន គាំទ្រ ប៉ុន្តែចំពោះប្រជាជនចំណាស់គឺតែងតែចងចាំនូវការឈឺ ដែលបិតារបស់លោកប្រព្រឹត្ត។

៣.ការគ្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

ក្រោយពីកាន់អំណាចអស់ជាងពីរឆ្នាំមក លោកបុងៗ ម៉ាកូស បានដឹកនាំហ្វីលីពីនបានល្អគ្រាន់បើដែរ ក្នុងនោះលោកបានខឹតខំប្រឹងប្រែងអភិវឌ្ឍជាតិ​ និង បង្កើតទំនាក់ទំនងល្អជាមួយប្រទេសដទៃដូចជា ឥណ្ឌូណេស៊ី សិង្ហបុរី ជប៉ុន និង វៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព ក៏ដូចជាទាញយកសក្តានុពលពាណិជ្ជកម្ម ព្រមទាំងការវិនិយោគទាំងខ្នាតតូច និង​ខ្នាតធំ។ យ៉ាងណាមិញ បើមើលទៅលើជ្រុងមួយទៀតលោកបុងៗ ម៉ាកូស ក៏ជាមនុស្សស្រឡាញ់អំណាចណាស់ដែរ ព្រោះតាម​អ្នក​វិភាគ​​ស្ថានការណ៍​ស្រុក​ហ្វីលីពីនបាន វិភាគពីបំណងរបស់លោក ដែលចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺដើម្បី​ឆ្លៀតឱកាស​កែប្រែការ​កំណត់​​អាណត្តិ​ប្រ​ធានាធិបតី។ ប៉ុន្ដែ ចំពោះលោកបុងៗ ម៉ាសកូស បែរជានិយាយផ្ទុយថា វិសោធនកម្មដើម្បីសម្រួល​ការ​វិនិយោគទុន​បរទេស  ​​ព្រោះដោយសារតែមាត្រាខ្លះ ​​បាន​បិទផ្លូវ ឬមិនសូវ​លើកទឹកចិត្ត​ ឲ្យ​ឈ្មួញ​បរទេស​ មករក​ស៊ី​ជួញ​ដូរ​នៅហ្វីលីភីនទាល់តែសោះ។ លោកចង់ឲ្យវិនិយោគគិន មានភាពសោមនស្ស និងប្រមូលគ្នាមករកស៊ីឲ្យបានច្រើនដែលជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចហ្វីលីភីន។ សំនួរសួរថា បើគ្រាន់តែចង់លើកទឹកចិត្តបែបនោះ ហេតុអ្វីមានការប្រទាំងប្រទាស់គ្នា និង​ចោទថា លោកស្រឡាញ់អំណាច និង មានប្រជាជនខ្លះនិយាយថា ឪពុក និង កូនដឹកនាំប្រទេសដូចគ្នាទៅវិញ? តាមពិតរដ្ឋធម្មនុញ្ញនេះ ដាក់កម្រិតតឹងរឹងបន្ដិចមែន ដោយបានកំណត់ថា អ្នក​វិនិយោគទុន​បរទេស​ ត្រូវ​​ឲ្យ​មានភាគហ៊ុន​ចំណែក​តិច​ជាង​ម្ចាស់​ភាគហ៊ុន​ក្នុងស្រុក​នេះជា ភាពរឹងរឹងដែលលោកម៉ាកូស អាចលើកជាបញ្ហាបាន។

៤. ការខ្វែងគំនិតគ្នា ឈានដល់ការចង់បំបែករដ្ឋ

ចំណុចក្ដៅនៅក្នុងរឿងនេះ គឺការចោទទៅកាន់ លោកប្រធានាធិបតី បុងៗ ម៉ាកូស ថាចង់ឆ្លៀតឱកាសកំណត់ពីអាណត្តិរបស់ប្រធានធិបតី ព្រោះរូប​លោក​ត្រូវបញ្ចប់​អាណត្តិ​នៅ​ពាក់កណ្តាល​ឆ្នាំ២០២៨។ គួរឲ្យចាប់អារម្មណ៍ផងដែរថា ប្អូនជីដូនមួយរបស់លោកដែលជារដ្ឋសភាជាតិ ក៏​គាំទ្រការ​កែប្រែ​ច្បាប់​រដ្ឋធម្មនុញ្ញនេះដែរ (តាមពិតទៅគ្រួសារនេះកាន់អំណាចដោយបងប្អូននិយម ហើយមានគ្រួសារនេះឥទ្ធិពលខ្លាំងទៅលើកគ្រប់ផ្នែកទាំងសេដ្ឋកិច្ច និង នយោបាយរបស់ហ្វីលីភីន)។ បុគ្គលប្រឆាំងដែលលេចធ្លោរជាងគេនោះគឺលោកអតីតប្រធានាធិបតី ឌូតើតេ ព្រោះលោកយល់ថានេះគ្រាន់តែជាមធ្យោបាយរក្សាអំណាចរបស់ប្រធានាធិបតីបុងៗ ម៉ាកូសតែប៉ុណ្ណោះ។ ដោយលើកឡើងដូច្នេះ ព្រោះលោកមើលឃើញពីមហិច្ឆតាតែមួយគត់របស់ បុងៗ​ ម៉ាកូស គឺធ្វើយ៉ាងណាដើម្បីរក្សាអំណាចបានយូរតាមដែលអាចធ្វើទៅបាន។ សម្ព័ន្ធភាពរបស់លោកឌូតើតេនិងលោកបុងៗ ម៉ាកូសមានភាពរកាំរកុស និង ខ្វែងគំនិតគ្នាខ្លាំងមិនដែលធ្លាប់មានពីមុនមក។

លោក រ៉ូឌ្រីហ្គូ ឌូទើតេ បានថ្លែងថា កំពុងស្វែងរកមធ្យោបាយ ដើម្បីជួយកោះមីនដាណាវបំបែកខ្លួន((កោះមីនដាណាវជាកោះធំទីពីរនៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីកោះលូហ្ស៊ុន) និងក្លាយជារដ្ឋឯករាជ្យចេញពីហ្វីលីពីនព្រោះស្រុកកំណើតលោកមួយនេះ ក្រីក្រខ្លាំង និងគ្មានការអភិវឌ្ឍន៍ទាល់តែសោះ។ តែយើងក៏អាចយកសំដីនេះមកវិភាគពិចារណាថា តើចុះអាណត្តិរបស់លោកឌូទើតេ ដែលលោកក្ដាប់អំណាចតើលោកបានធ្វើអ្វីខ្លះដើម្បីអភិវឌ្ឍស្រុកកំណើតរបស់លោក? ចម្លើយគឺគ្មានទេ លោកមិនបានអភិវឌ្ឍអ្វីឡើយ ប្រការនេះអាចនិយាយបាន ថា ឌូទើតេ គ្រាន់តែយកលេសចង់បំបែករដ្ឋជាការគម្រាមទៅលោក បុង៉ៗ ម៉ាកូសដែលប៉ុណ្ណោះ ព្រោះលោកបានដឹងពីផលវិបាកនៃការបំបែករដ្ឋថា​នឹងបង្កើតឲ្យមានតំបន់អបគមន៍​ ហើយរដ្ឋាភិបាលស្របច្បាប់មានសិទ្ធិស្របច្បាប់ប្រើប្រាស់កម្លាំងប្រឆាំងតបតដោយមិនខុសច្បាប់ឡើយ។ យើងសូមបញ្ជាក់ថា តំបន់កោះមីនដាណាវជាតំបន់ស្វយ័តដែលរុំព័ទ្ធទៅដោយអំពើហឹង្សា និងជម្លោះរាប់សិបឆ្នាំមកហើយរហូតដល់រណសិរ្សរំដោះឥស្លាមម៉ូរ៉ូ (MILF) ដែលជាក្រុមឧទ្ទាមធំជាងគេ  បានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលហ្វីលីពីនក្នុងឆ្នាំ ២០១៤ ដោយបញ្ចប់ការប្រយុទ្ធគ្នាជាមួយរដ្ឋាភិបាល។ ពួកគេអាចគ្រប់គ្រងតំបន់នោះបានដោយខ្លួនឯង តែមិនមែនបានសេចក្ដីថា តំបន់នេះមានអធិបតេយ្យភាព មានសិទ្ធិធ្វើទំនាក់ទំនងអន្ដរជាតិអ្វីឡើយ ហើយមួយវិញទៀត គឺមិនអាចផ្ដាច់ខ្លួនបានពីរដ្ឋហ្វីលីពីនទេ។

មកដល់ចំណុចនេះ លោកអ្នកអាចគិតពិចារណាបានថា តើគំនិតនៃការបំបែករដ្ឋនេះ​ គឺជាគំនិតប្រសើរឬទេ? ចម្លើយ រដ្ឋហ្វីលីភីន ជាសមាជិកអង្គការសហប្រជាជាតិ ជារដ្ឋមិនអាចពុះចែកបានដូចលើកឡើងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ហ្វីលីភីនដែលថា ហ្វីលីភីន ឯករាជ្យ និង មិនអាចបំបែកបាន។ សរុបមក ចំពោះលោកឌូទើតេ វិញលោកមិនអាចសម្រេចកម្មវត្តុបំបែករដ្ឋនេះ បានឡើយ ហើយបើលោកនៅរឹងចចេញនោះគឺ ប្រធានាធិបតីស្របច្បាប់បុងៗ ម៉ាកូស នឹងប្រើអាវុធតបដែលនឹងនាំឲ្យមានសង្រ្គាមស៊ីវិលនាំឲ្យមានវិនាសសកម្មទៅវិញទេ ហើយចំពោះលេសដែលលោកយកមកធ្វើជាទឡ្ហីករណ៍ថាតំបន់កោះមីណាដាវ ថាជាតំបន់ក្រីក្រ គ្មានការអភិវឌ្ឍន៍នោះជាហេតុផលមិនសមរម្យទាល់តែសោះ។​

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ