"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ លំហូរ​អន្តោប្រវេសន៍ដូចទឹកបាក់ទំនប់នៅអឺរ៉ុប

ចាកឆ្ងាយប្រទេសកំណើត សុំសិទ្ធិជ្រកកោនប្រទេសដទៃពេលខ្លះរងអំពើហិង្សា ការបណ្ដេញចេញ ការមើលងាយ ស្អប់ខ្ពើម និងរើសអើងជាតិសាសន៍ វាមិនមែនជាក្ដីប្រាថ្នារបស់ជនណាម្នាក់ទេ។ មនុស្សគ្រប់រូបតែងចង់រស់នៅប្រទេសកំណើតខ្លួនឯង ដែលជាកន្លែងពោរពេញដោយក្ដីស្រឡាញ់ អនុស្សាវរីយ៍ មានសាច់ញាតិពុកម៉ែបងប្អូនរាប់អានគ្នាប្រកបដោយភាតរភាព។ ចុះហេតុអី្វ ប្រជាជនអាហ្រ្វិកអន្ដោប្រវេសន៍ទៅអឺរ៉ុបដូចជាទឹកបាក់ទំនប់ដូច្នេះ? ពេលទៅដល់អឺរ៉ុបពួកគេទទួលបានការស្វាគមន៍ដូចម្ដេទៅវិញ? ហើយសម្រាប់អឺរ៉ុបផ្ទាស់វាជាសេណារីយ៉ូល្អឬយ៉ាងណា?

យោងតាមទី​ភ្នាក់ងារ​អន្តោប្រវេសន៍​អង្គការ​សហប្រជាជាតិ ចំនួនជនអន្ដោប្រវេស្ដនៅអឺរ៉ុបកើនឡើងជារៀងរាល់ឆ្នាំនិងបានបង្ករបញ្ហារាំរ៉ៃរហូតពេលខ្លះអឺរ៉ុបឈានទៅដល់ការបែកបាក់សាមគ្គីគ្នាផងក៏មាន។ ក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ ទូក​អន្តោប្រវេសន៍ខុស​ច្បាប់​​១៩៩​ទូកមកពីអាហ្វ្រិកឆ្លងកាត់មកកោះLampedusa​ ប្រទេសអ៊ីតាលីមានមនុស្សរហូត៨៥០០នាក់ដែលកោះនេះអាចផ្ទុកមនុស្សអតិបរមាត្រឹម មនុស្ស​​៤០០នាក់ប៉ុណ្ណោះ។ ដោយសារតែជនភៀសខ្លួនពីអឺរ៉ុបច្រើនមហិមា បញ្ហានេះក្លាយជាសម្ពាធការទូតនិងជាប្រធានបទ ​​ដ៏​ក្តៅ​គគុកនៅអឺរ៉ុប។

តើមូលហេតុអ្វីធ្វើឲ្យប្រជាជនអាហ្វ្រិកធ្វើអន្ដោប្រវេសន៍?

សំនួរនេះស្រួលស្ដាប់តែហាក់ពិបាកឆ្លើយបន្ដិច បើនិយាយជាទូទៅយោងតាមអង្គការសហប្រជាជាតិលើកឡើងថា ហេតុផលដែលមនុស្សរមែងធ្វើអន្ដោប្រវេសន៍ដោយសារចង់បានការរស់នៅដែលល្អប្រសើរ និងជាពិសេសគឺការងារ សេរីភាព សុវត្ថិភាព។ ជាប្រត្យក្ស កំណត់ត្រាខ្ពស់បំផុតក្នុងពីឆ្នាំ២០២២ អង់គ្លេសទទួលជនអន្ដោប្រវេសន៍រហូតដល់ ​៤៥ ៧៥៦នាក់(មិនចំពោះតែជនមកពីអាហ្វ្រិក)។ យើងាកមកនិយាយពីប្រជាជនអាហ្វ្រិកវិញ ពួកគេបានផ្សងគ្រោះថា្នក់លើ​សមុទ្ទ​មេឌីទែរ៉ាណេ​ដើម្បីស្វែងរកទីជ្រកកោនថ្មីដោយប្រថុយប្រថានជាទីបំផុត។ យ៉ាងណាមិចកាលថ្ងៃ​ ២៦កុម្ភៈ២០២៣ មានស្លាប់​ ៥៩នាក់ ក្នុងនោះ​ម្នាក់ជា​ទារក​ទើប​នឹង​កើតនៅក្នុង​ការ​លិច​ទូក​ក្បែរ​ឆ្នេរ​អ៊ីតាលី។ នៅពេលមានមេឃស្រឡះល្អ អាកាសធាតុមិនសូវត្រជាក់ខ្លាំងគេកត់សម្គាល់ថា​ជនអន្ដោប្រវេសន៍ក៏កើនឡើងដូចគ្នា។ ពួកគេរសាត់អណ្ដែតលើកទឹកដោយមធ្យោបាយជិះទូកពាងជារឿងគ្រោះថ្នាក់មិនអាចនិយាយបាន។ ហេតុផលដែលប្រជាជនអាហ្វ្រិកធ្វើអន្ដោប្រវេសន៍គឺការស្វែងរកការងារធ្វើ ជៀសផុតពីភាពក្រីក្រនិងភាពលំបាកផ្នែកសេដ្ឋកិច្ចព្រមទាំងការគេចចេញពីរដ្ឋាភិបាលផ្ដាច់ការជិះជាន់និងសង្រ្គាមស៊ីវិល ក្នុងចំណោមពួកគេខ្លះក៏មានសាច់ញាតិនៅអឺរ៉ុបដែលជះឥទ្ធិពលដល់ការសម្រចចិត្តផងដែរនេះតាមការបញ្ជាក់ដោយសារព័ត៌មានBBC។ បន្ថែមពីលើនេះទៀត ជនអន្ដោប្រវេសន៍ភាគច្រើនគឺយុវជន និងអ្នកមានចំណេះដឹងសមល្មម រហូតដល់ជាង៥០%នៃអន្ដោប្រវេសន៍។

 អ៊ីតាលី​ជាជម្រើស​ដ៏ប្រសើរ​សម្រាប់​អន្តោប្រវេសន៍​អាហ្វ្រិក

​​តួលេខ​របស់​ក្រសួង​មហាផ្ទៃ​អ៊ីតាលីតាំងពី​ដើម​ឆ្នាំមក ​មាន​អន្តោប្រវេសន៍​១៤០០០នាក់​បាន​ឆ្លង​មក​ដល់​អ៊ីតាលី ដែលខុសពីឆ្នាំទៅមិញមានតែ៥៤០០នាក់​ប៉ុណ្ណោះ។​ ដោយសារទីតាំង​ភូមិសាស្ត្ររបស់ប្រទេសនេះស្ថិត​នៅ​ចម្ងាយ​មិនដល់​១៥០គីឡូម៉ែត្រ​ពី​ឆ្នេរ​ទុយនីស៊ីធ្វើឲ្យអ៊ីតាលី ទទួលរ៉ាប់រងបញ្ហាអន្ដោប្រវេសន៍តែម្នាក់ឯងនិងត្រូវបានមិត្តបារាំង អង់គ្លេស អេស្ប៉ាញចោទពេលខ្លះថា អ៊ីតាលីចិត្តខ្មៅចំពោះអន្ដោប្រវេសន៍បដិសេធមិនឲ្យនាវាដឹកជនភៀសខ្លួនចូលចត និងនៅលើសមុទ្ទរេរាជាច្រើនថ្ងៃ។ ជាសេណារីយ៉ូជាក់ស្ដែង ឆ្នាំ២០២២  ខាងបារាំងបាន​​ចោទ​រដ្ឋាភិបាល​ថ្មីអ៊ីតាលី  ថាគ្មានធម៌មេត្តា ចិត្តខ្មៅណាស់ចំពោះជនអន្ដោប្រវេសន៍ វាបង្កសង្រ្គាមពាក្យសំដីផ្លោងគ្នាទៅវិញទៅមកកើតមានបន្ដបន្ទាប់ទម្រាំមានការចចារដោយសន្ដិវិធីបាន។

​ប្រទេសនីមួយៗនៃសហភាពអឺរ៉ុបព្យាយាមរកវិធីការពារខ្លួន មិនចង់ទទួលយកជនអន្តោប្រវេសន៍​

សហភាព​អឺរ៉ុបខិតខំព្យាយាមចរចា ស្វែងរកវិធី ដើម្បីដោះស្រាយបញ្ហាជនអន្ដោប្រវេសន៍ ហើយគេក៏បានបង្កើតយន្តការសាមគ្គីទាំងអស់គ្នា​២៧ប្រទេស ក្នុងបំណងរំលែក​យកជនភៀសខ្លួន កុំឲ្យដាក់បន្ទុកតែអ៊ីតាលីព្រោះមួយឆ្នាំៗ។ ទោះជាយ៉ាងនេះក្ដី ​ប្រទេសសមាជិកអឺរ៉ុបមានប៉ូឡូញ ហុងគ្រី ឆេក បែរជាបដិសេធដាច់ខាតតែម្តងមិនព្រមទេ។ ជាឧទាហរណ៍ស្រាប់ឆ្នាំ​២០១៨ នាវា Aquarius របស់អង្គការមនុស្សធម៌ដឹកជនភៀសខ្លួន​​​៦០០នាក់ ក៏ជួបបញ្ហស្រដៀងគ្នាហ្នឹងដែរ​ ដោយអ៊ីតាលីនិងបារាំងក៏មិនទទួល ជាសំណាងល្អអេស្ប៉ាញ​ព្រមទទួល។ គេសង្កេតឃើញថាក្រុមអ្នកនយោបាយស្តាំនិយមជ្រុលរបស់​បារាំង​តែងនិយាយចាក់បណ្ដោយថា បើ​ចេះតែទទួលយក​ គឺនាវាទាំងនោះនឹងនាំជនអន្តោប្រវេសន៍​មករហូត ទប់មិនឈ្នះទេដែលសំដីនេះបង្ហាញពីគំនិតអមនុស្សធម៍ខ្លាំងណាស់ នេះឬប្រទេសប្រជាធិបតេយ្យគោរពសិទ្ធមនុស្ស? ហើយប្រជាជនបារាំងខ្លះចោទអង្គការមនុស្សធម៌ ដែលបានជួយមនុស្សពីក្នុងសមុទ្ទថា ជួយជំរុញឲ្យមានជនអន្ដោប្រវេសន៍មកបារាំងកាន់តែច្រើន។

ប្រធានបទការ​ទូត​​ដ៏​ក្តៅ​គគុកនិងពោរពេញដោយភាពជំរុញចម្រាស់នៃជនអន្ដោប្រវេស៍និងទស្សនកិច្ចរបស់ប្រធានសហភាពអឺរ៉ុប

ដោយសារ​​លំហូរ​​ជន​អន្តោប្រវេសន៍កំពុង​ជន់ជោរស្ទើរ​លិច​​កោះLampedusa​ ការ​បែង​ចែក​ទំនួល​ខុស​ត្រូវ ក្នុង​រង្វង់​ប្រទេស​ជា​សមាជិកសហភាព​អឺរ៉ុប​ជារឿងចាំបាច់ណាស់​ព្រោះវានឹងជួយកុំឲ្យតែអ៊ីតាលីរងនៅសម្ពាធនេះតែម្នាក់។ បញ្ហានេះនាំឲ្យមានជំនួបចចារក្នុងចំណោមមេដឹងនាំប្រទេសអឺរ៉ុបដូចជាជំនួប​ត្រី​ភាគី​រវាង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បារាំងអ៊ីតាលី​និ​ងអាល្លឺម៉ង់នៅថ្ងៃ១៦ កញ្ញា ​និងមានសន្និសីទ​តាម​ទូរស័ព្ទ​​ត្រីភាគី​បន្ថែម​របស់បារាំងជាមួយតំណាង​ប្រធានាធិបតី​អេស្ប៉ាញ និងជាមួយ​ស្នងការអឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​មហាផ្ទៃ ភាគីទាំងបី​គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះLampedusa​ដើម្បីពិនិត្យមើលបន្ថែមពីស្ថានភាពជន់ជោនៃជនអន្ដោប្រវេសន៍។ ក្នុងជំនួបនេះប្រធានាធិបតី​បារាំងក៏និយាយ​អំពី សាមគ្គីភាព​អឺរ៉ុបឡើងវិញ​​ និងសន្យា​ព្រមព្រៀង​គ្នា​​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប​ឲ្យបន្ដទៅមុខរលូន ព្រោះថាបញ្ហាអន្ដោរប្រវេសន៍មែនជាអ្វីដែលអឺរ៉ុបត្រូវរែកជាអត្ថិភាពជាងបញ្ហាសេដ្ឋកិច្ច និងនយោបាយនោះ។ ដោយឡែក យើងគ្រប់គ្នាសុទ្ធតែទទួលដឹងថាក្រោយពីសេដ្ឋកិច្ចញាំញីដោយជំងឺកូវីដ១៩ អឺរ៉ុបផ្ទាល់ត្រូវទទួលភាពតានតឹងផ្នែកនយោបាយនិងសេដ្ឋកិច្ចបន្ថែមទៀត​ដូចជា អតិផរណា ការឡើងថ្លៃទំនិញនិងសេវា និងប្រេងជាដើមដែលវាជាសម្ពាធណាស់ទៅហើយ។ ម្យ៉ាងទៀតប្រធានាធីបតិបារាំងក៏បានបំផុសនូវការគិតរក​ដំណោះស្រាយប្រកប​ដោយ​ប្រសិទ្ធភាព ទាំងបច្ចុប្បន្ននិង​យូរអង្វែងនាពេលខាងមុខ ក្នុងការទប់ស្កាត់កុំឱ្យ​​​វិបត្តិ​អន្តោប្រវេសន៍​គំរាមកំហែង​អឺរ៉ុប និង​​ធ្វើ​ឱ្យ​អឺរ៉ុប​ប្រេះឆា​គ្នា។ អឺរ៉ុបត្រូវគិតគូរនឹងដោះស្រាយបញ្ហានេះឲ្យបានធូរស្បើយព្រោះថាកាលណាតែមានជនអន្ដោប្រវេសន៍ច្រើនលើសលប់វាមិនមែនជាសេណារឺយ៉ូល្អសម្រាប់ប្រទេសពួកគេទេនេះហើយជាហេតុផលដែលគេត្រូវគិតគូ។

សូមបញ្ជាក់ថា ជាវិធីសាស្ដ្រសាកល្បងកាត់​បន្ថយ​​លំហូរ​អន្តោប្រវេសន៍អឺរ៉ុប​បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​ជា​ដៃគូ​ជាមួយ​ទុយនីស៊ីកាលពី​ខែ​កក្កដា​២០២៣ជា​ថ្នូរ​នឹង​ជំនួយ​ហិរញ្ញវត្ថុ​រយលាន​អឺរ៉ូ ដោយនាយករដ្ឋមន្ត្រីអ៊ីតាលី​​ ចរចា មេឡូនី ផ្ទុយទៅវិញកិច្ចព្រមព្រៀងនេះគឺអាសារបង់ដោយទុយនីស៊ី​ដឹកនាំ​បែប​ផ្តាច់ការ​ខ្លាំង ហើយពួកអាជ្ញាធរ​ទុយនីស៊ី​មិនអនុញ្ញាត​ឱ្យ​ប្រតិភូ​អឺរ៉ុប​ចូល​ស្រុកនោះទេ។ យ៉ាងណាក៏ដោយមកដល់ដំណាក់កាលនេះនាយករដ្ឋមន្ត្រីអ៊ីតាលី​​ ក៏បាន​អញ្ជើញ​​ប្រធាន​គណៈកម្មការអឺរ៉ុបលោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយេន ទៅទស្សនៈកិច្ចផ្ទាល់នៅអ៊ីតាលីដើម្បីឲ្យបានយល់ជាក់ច្បាស់នឹងមិនឲ្យប្រទេសអឺរ៉ុបដទៃចោទអ៊ីតាលីថាមនុស្សធម៌ ចិត្តខ្មៅបន្ដទៀត។ បន្ថែមពីនេះដើម្បី​ស្រួល​ងាយ​វាយ​តម្លៃ និង​យក​​បញ្ហា​អន្តោប្រវេសន៍​ ជា​របៀប​វារៈនៃ​ជំនួប​កំពូល​អឺរ៉ុប នៅ​ខែ​តុលា​នេះ។ ក្នុងឱកាសទស្សនកិច្ចលោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយេន អំពាវនាវឲ្យ​ប្រទេស​ជា​សមាជិក​​ព្រម​ចែក​រំលែក​អន្តោប្រវេសន៍​ខ្លះ​ពី​អ៊ីតាលី តែការអំពាវនាវនេះមិនដឹងថាធ្វើឲ្យប្រធានាធិបតីទាំងអស់នោះភ្ញាក់រលឹកយ៉ាងណានោះទេ ព្រោះពួកគេមិនចង់ទទួលជនអន្ដោប្រវេសន៍ឡើយ ព្រោះជនអន្ដោប្រវេសន៍ទាំងអស់នោះអាចបង្ករបញ្ហាអសន្ដិសុខជាច្រើនដល់ប្រជាជនពួកគេ និងមិនចង់ចំណាយប្រាក់រដ្ឋលើជនអន្ដោប្រវេសន៍ទាំងនោះដូចគ្នា។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ឧបទ្ទវហេតុដ៏ចៃដន្យរបស់លោក Yevgeny Prigozhin

កាលពីពេលថ្មីៗនេះមានហេតុការណ៍មួយបានកើតឡើងគួរឱ្យភ្ញាក់ផ្អើលលើមេទាហានស៊ីឈ្មួលដ៏ល្បីរបស់រុស្សីមួយលោកគឺលោក អ៊ីវហ្គេនី ព្រីហ្គោហ្ស៊ី (Yevgeny Prigozhin)។​ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២៣ ដោយសារឧបទ្ទវហេតុធ្លាក់យន្តហោះនៅពេលដែលលោកបានកំពុងស្ថិតនៅក្នុងនោះដែលបានចាកចេញពីទីក្រុងម៉ូស្គូឆ្ពោះទៅទីក្រុងសាន់ភីទ័រស្ព័រ។ ក្នុងឧបទ្ទវហេតុនោះក៏មានមនុស្សចំនួន១០នាក់ទៀតផងដែលបានស្លាប់ដែលមាន៣នាក់ជាអ្នកបើកបរនិងបុគ្គលិកលើយន្តហោះ។ ក្នុងនាមជាមេទាហាននិងអ្នកដឹកនាំទាហានស៊ីឈ្នួលដ៏ល្បីរបស់រុស្សីមា្នក់ លោកព្រីហ្គោហ្ស៊ីន ជាមនុស្សម្នាក់ដែលមានសត្រូវជាច្រើនហើយ អ្វីដែលសំខាន់នោះគឺលោកជាអ្នកធ្លាប់ធ្វើការផ្គួលរំលំរដ្ឋបាលទីក្រុងម៉ូស្គូនៅមុន ២ ខែដែលលោកបានជួបគ្រោះថ្នាក់ធ្លាក់យន្តហោះនេះទៀតផង ពោលគឺនៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣។ នេះគឺជាការធ្វើឱ្យភ្ញាក់ផ្អើលទូទាំងពិភពលោកនិងសឹងមិនគួរឱ្យជឿចំពោះការស្លាប់របស់មេទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលមួយនេះ។ តើការស្លាប់របស់លោកព្រីហ្គោហ្ស៊ីន ជាឧបទ្ទវហេតុឬក៏ជាការរៀបចំរបស់នរណាម្នាក់?

១.លោកព្រីហ្គោហ្ស៊ីន និងគម្រោងធ្វើរដ្ឋប្រហារពូទីន

លោកព្រីហ្គោហ្ស៊ីន គឺជាបុគ្គលម្នាក់ដែលបានស្គាល់ថាជាមេទាហានមួយដែលល្បីល្បាញនៅក្នុងសង្គ្រាមរុស្សីនិងអ៊ុយក្រែន។ លោកគឺជាមេទាហានស៊ីឈ្នួលរបស់ប្រទេសរុស្សីមានឈ្មោះថា វ៉ាកណឺ(Wagner Group) ដែលជាក្រមហ៊ុនយោធាឯកជនដែលប្រតិបត្តិការនៅក្នុងជម្លោះផ្សេងៗជុំវិញពិភពលោក។ ក្រុមវ៉ាក់ណឺបានបង្កើតក្នុងឆ្នាំ២០១៤និង​មានសមិទ្ធផលមួយចំនួនដែលពួកគេធ្វើបានមានដូចជា ការចូលរួមជួយរុស្សីក្នុងការដាក់តំបន់គ្រីមេចូលក្នុងប្រទេសនេះដោយការគាំទ្ររបស់ពួកគេគាំទ្រនិងប្រយុទ្ធជាមួយអ៊ុយក្រែន។ មួយវិញទៀត ពួកគេក៏ចូលរួមសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរីដោយជួយរដ្ឋាភិបាលប្រទេសនេះក្នុងការប្រឆាំងនឹងពួកឧទ្ទាមដែលចង់ផ្គួលរំលំ ហើយក៏បានជួយធ្វើប្រតិបត្តិការក្នុងប្រទេសវេណេស៊ុយអេឡានិងម៉ូសំប៊ិកក្នុងការគាំទ្ររដ្ឋាភិបាលប្រឆាំងការគំរាមកំហែងនិងបះបោរផ្នែកនយោបាយ។ លើសពីនេះ ពួកគេក៏បានជួយផ្តល់ការបណ្តុះបណ្តាលយោធានិងសេវាកម្មសន្តិសុខដល់ប្រទេសជាច្រើនក្នុងតំបន់អាហ្វ្រិចដូចជា​ ស៊ូដង់ខាងត្បូង ម៉ាលីនិងលីប៊ីជាដើម ដែលសុទ្ធជាកន្លែងដែលពួកគេប្រឈមមុខនឹងក្រុមជីវពលក្នុងស្រុក កងកម្លាំងប្រឆាំង និងក្រុមអ៊ីស្លាមនិយម។ លោកព្រីហ្គោហ្ស៊ីន ក៏ជាមនុស្សម្នាក់ដែលជិតស្និទ្នជាមួយលោកប្រធានាធិបតីរុស្សីពូទីនក្នុងពេលបច្ចប្បុន្នផងដែរ។ លោកត្រូវបានគេហៅថា”មេចុងភៅរបស់ពូទីន”ព្រោះកាលពីមុនលោកក៏ជាម្ចាស់ភោជនីយដា្ឋននិងអាជីវកម្មម្ហូបអាហារបម្រើឱ្យវិមានក្រឺមឡាំងផងដែរ។ ពីអតីតកាល​ លោកក៏ធ្លាប់ត្រូវបានទទួលការកាត់ទោសពីលួច ក្លែងបន្លំនិងពាក់ព័ន្ធអនិតីជនក្នុងឧក្រិដ្ឋកម្មនិងបានជាប់ពន្ធនាគារចំនួន៩ឆ្នាំ។ ក្នុងនាមជាមេទាហានស៊ីឈ្មួលដ៏ល្បីនិងមានឥទ្ធិពលក្នុងសន្តិសុខរុស្សីម្នាក់​ លោកបានដើរតួនាទីសំខាន់ក្នុងការផ្តល់មូលនិធិ និងគ្រប់គ្រងអង្គភាពផ្សេងៗ ដែលពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុង និងកិច្ចការបរទេសរបស់រុស្ស៊ី។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ក្រោយពីសង្គ្រាមរុស្សី-អ៊ុយក្រែនចាប់ផ្តើមជិត១ឆ្នាំកន្លះគឺក្រុមទាហានស៊ីឈ្នួលវ៉ាក់ណឺបានធ្វើការបះបោរលើវិមានក្រឹមឡាំង។ លោកព្រីហ្គោហ្ស៊ីន បានដឹកនាំទ័ពរបស់ខ្លួនចូលទៅទីក្រុងម៉ូស្គូនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដែលធ្វើឱ្យមនុស្សគ្រប់គ្នានឹកស្មានមិនដល់។  មូលហេតុដែលលោកបានបញ្ជាឱ្យក្រុមយោធាវ៉ាក់ណឺរាប់ពាន់អ្នកចូលទៅកាន់ទីក្រុងម៉ូស្គូព្រោះតែលោកមានជម្លោះនឹងការមិនពេញចិត្តចំពោះលោករដ្ឋមន្រ្តីការពារជាតិរុស្សី​ Sergei Shoigu ដែលបានប្រកាសថាទាហានវ៉ាក់ណឺនឹងត្រូវចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រសួងរបស់គាត់ ដោយមានប្រសិទ្ធភាពរំលាយ ក្រុមវ៉ាក់ណឺជាក្រុមទាហានស៊ីឈ្នួលឯករាជ្យ។ នេះជាមូលហេតុមួយដែលលោកព្រីហ្គោហ្ស៊ីនគិតថាជាការក្បត់និងការប៉ុនប៉ងដើម្បីដកយកឥទ្ធិពលនិងទ្រព្យសម្បត្តិរបស់គាត់។ លោកក៏បានចោទប្រកាន់ទៅកាន់រុស្សីពីភាពពុករលួយ និងមានការលួចវាយប្រហារក្រុមលោកពីសំណាក់កងទ័ពរុស្សីផងដែរ។ ការធ្វើរដ្ឋប្រហារនេះបានធ្វើមានការប៉ះទង្គិចគ្នារវាងក្រុមវ៉ាក់ណឺនឹងកងទាហានរុស្សីដែលធ្វើឱ្យមានមនុស្សរងរបួសជាច្រើន។ ប៉ុន្តែការប្រយុទ្ធនេះត្រូវបានខកខានទៅវិញនៅថ្ងៃបន្ទាប់ ក្រោយពេលដែលបេឡារុសបានសម្របសម្រួលដោយលោកប្រធានាធិបតី​ អេឡិចសាន់ឌ័រ លូកាសស៊ីនកូ ថាធានាមិនឱ្យមានកាត់ទោសលើរូបលោកនិងបើកសិទ្ធិឱ្យលោកមកនៅក្នុងប្រទេសនេះ។ ហេតុនេះហើយទើបធ្វើលោកព្រីហ្គោហ្ស៊ីនបានព្រមដកទ័ពចេញវិញនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។ការធ្វើរដ្ឋប្រហាររបស់លោកព្រីហ្គោហ្ស៊ីននេះ ក៏បានសរបញ្ជាក់ពីភាពគ្រោះថ្នាក់ខ្លាំងក្នុងអំណាចរបស់លោកពូទីនផងដែរ ព្រោះលោកបានបាត់បង់ការគ្រប់គ្រងនិងការជឿទុកចិត្តពីសម្ព័ន្ធមិត្តរបស់លោកដ៏ជិតស្និទ្នម្នាក់ ហើយវាក៏បានលាតត្រដាងពីការមិនពេញចិត្តពីការបែងចែងតួនាទីសំរាប់សម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។ ហើយវាក៏ជាភាពខ្សោយដែលធ្វើឱ្យអន្តរជាតិមើលឃើញថារុស្សីកំពុងមានវិបត្តិផ្ទៃក្នុងរបស់ខ្លួនដែលអាចបង្កសង្គ្រាមស៊ីវិលក្នុងប្រទេសផងដែរ។

២. សេណារីយូនៃឧបទ្ទវហេតុធ្លាក់យន្តហោះរបស់លោកព្រីហ្គោហ្ស៊ីន

បន្ទាប់មករយៈពេលពីរខែក្រោយមកនៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២៣ ឧបទ្ទវហេតុធ្លាក់យន្តហោះលើលោកព្រីហ្គោហ្ស៊ីនដែលករណីនេះត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធទៅនឹងការចង់ធ្វើរដ្ឋប្រហាររបស់លោកទៅលើប្រទេសរុស្សីកាលពី២ខែមុននេះឯង។ ក្នុងឧ​បទ្ទវហេតុនេះអាចមានសេណារីយ៉ូ ៣ ដែលគេសង្ស័យជាប់ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះនេះ ទោះបីជាករណីនេះស្ថិតក្រោមការស៊ើបអង្កេតក៏ដោយ។ ​សេណារីយ៉ូទី១ គឺអាជ្ញាធររុស្សី ព្រោះលោកព្រីហ្គោហ្ស៊ីនគឺជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារលើទីក្រុងម៉ូស្គូកាលពីរខែមុន ហើយនេះអាចជាការសងសឹកចំពោះលោកវិញ ​ប៉ុន្តែក្នុងពេលបច្ចប្បុន្ននេះ អាជ្ញាធរបានអះអាងថាការធ្លាក់យន្តហោះនេះ បណ្តាលមកពីបញ្ហាបច្ចេកទេស ឬកំហុសរបស់មនុស្ស ហើយមិនមានកំហុសអ្វីពាក់ព័ន្ធហើយពួកគេនិយាយថា ប្រអប់ខ្មៅរបស់យន្តហោះត្រូវបានស្រង់មកវិញ ហើយកំពុងត្រូវបានវិភាគដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះ។ សេណារីយ៉ូទី២ គឺកងការពារអាកាសរបស់រុស្សី ដែលមិនខុសពីសេណារីយ៉ូទី១ទេគឺនៅជាប់ពាក់ព័ន្ធរុស្សីដដែល។ ការវិភាគមួយចំនួនត្រូវបានលើកឡើងថាករណីនេះអាចត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្សី ហើយគេអាចគិតថាលោកពូទីនជាអ្នកនៅពីក្រោយនិងកំណត់គោលដៅចង់បំបាត់គូប្រជែងរបស់ខ្លួនក្នុងប្រទេស។ សេណារីយ៉ូទី៣ គេអាចគិតថាបង្កឡើងដោយមនុស្សនៅក្នុងយន្តហោះតែម្តង គេអាចគិតថាអាចមានការធ្វើឃាតលោកព្រីហ្គោហ្ស៊ីនក្នុងយន្តហោះតែម្តង តែសេណារីយ៉ូអាចពិបាកក្នុងការសន្ឋិដ្ឋានបន្តិចក៏ព្រោះតែសុទ្ធជាអ្នកឥស្សរជននៅក្នុងក្រុមវ៉ាក់ណឺរបស់លោកផ្ទាល់។ ទោះបីជាមានការសង្ស័យជាច្រើនលើរុស្សីនៅពីក្រោយឧបទ្ទវហេតុនេះ ក៏លោកពូទីននៅតែចូលរួមមរណៈទុក្ខចំពោះការបាត់បង់លោកព្រីហ្គោហ្ស៊ីននិងបាន​និយាយថាលោកមេទាហានវ៉ាក់ណឺជាមនុស្សឆ្លាត ប៉ុន្តែជាមនុស្សឆ្លាតជ្រុលហើយភ្លាត់ស្នៀតខ្លួនឯង។ លោកពូទីនក៏មិននិយាយអ្វីដែរគឺលោកបានទុកលទ្ធភាពឱ្យសមត្ថកិច្ចនិងក្រុមស៊ើបអង្កេតជាអ្នកធ្វើកិច្ចការទាក់ទងនឹងឧបទ្ទវហេតុនេះ។

សរុបមកការស្លាប់របស់លោកព្រីហ្គោហ្ស៊ីននៅតែជាចម្ងល់និងរង់ចាំការស៊ើបអង្កេតពីសមត្ថកិច្ចរុស្សី។ទោះបីជាមានសេណារីយ៉ូបានចង្អុលទៅលើរុស្សីជាច្រើនក៏ដោយ អាជ្ញាធររុស្សីនៅតែមានការស្ងៀមស្ងាត់និងរង់ចាំការចេញលទ្ធផលពីប្រអប់ខ្មៅរបស់យន្តហោះនិងការធ្វើកោសល្យវិច្ឆ័យចំពោះហេតុការណ៍នេះជាពិសេសលោកពូទីននេះឯង។ ដូច្នេះទោះលទ្ធផលយ៉ាងមិចក៏ដោយ លោកពូទីននឹងនៅតែស្ងប់ស្ងាត់ចំពោះរឿងនេះព្រោះលោកក៏បានចេញសាររំលែកទុក្ខផងដែរតែលោក​មិនបាននិយាយអំពីឧបទ្ទវហេតុធ្លាក់យន្តហោះរបស់លោកព្រឺហ្គោហ្ស៊ីនឡើយ។

កម្មវិធីថង់ប្រាជ្ញា៖ សម្ព័ន្ធមិត្តក្លាយជាសត្រូវ សង្គ្រាមចិន-វៀតណាម

ការព្រួយបារម្ភពីការងើបឡើងវិញរបស់ហាណូយ នាឆ្នាំ ១៩៧៤ ប៉េកាំងបានសម្រេចប្រើប្រាស់ទ័ពទាហានដកវៀតណាមចេញពីកោះប៉ារ៉ាសែល (Paracel Islands) ហើយទង្វើនេះក៏បានកើតជាការប៉ះទង្គិចដែនសមុទ្ររវាងចិននិងវៀតណាម។ ដើម្បីជាការឆ្លើយតប វៀតណាមក៏បានកំណត់បណ្តេញចេញនូវជនជាតិភាគតិចចិននៅតំបន់ភូមិភាគឦសាននៃប្រទេសខ្លួន។ ដោយមើលឃើញពីបញ្ហានេះ ចិនកាន់តែព្រួយបារម្ភថាវៀតណាមនឹងងាកទៅជិតសូវៀតដែលជាការគំរាមកំហែងដល់សន្តិសុខខ្លួន នៅខែកញ្ញា ឆ្នាំ ១៩៧៥ ថ្នាក់ដឹកនាំចិនបានធ្វើជំនួបជាមួយលោក ឡេ យន់ (Le Duan) ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្ដស្តវៀតណាម ដោយធ្វើកិច្ចព្រមព្រៀងដើម្បីបន្តផ្តល់នូវជំនួយផ្នែកសេដ្ឋកិច្ចដល់វៀតណាមដែលគិតជាសាច់ប្រាក់ប្រមាណ ២០០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ ១៩៧៦ ក៏ប៉ុន្តែចិនបែរជាមិនយល់ព្រមនឹងសំណើររបស់វៀតណាមក្នុងការបង្កើនជំនួយនោះឡើយ។ ការទាត់ចោលនូវសំណើរនេះហើយ បានធ្វើឱ្យលោក ឡេ យន់ សាកល្បងងាកទៅរករដ្ឋាភិបាកក្រុងមូស្កូវិញ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺសូវៀតបានផ្តល់នូវការធានារយៈពេល ៥ ឆ្នាំសម្រាប់ជំនួយដែលគិតជាសាច់ប្រាក់ប្រមាណ ៣ ពាន់លានដុល្លាសហរដ្ឋអាមេរិក ទៅដល់វៀតណាម ដែលនេះរឹតតែបន្ថែមកំដៅទៅលើកំហឹងរបស់ចិនមកលើវៀតណាម។ នៅខែកុម្ភៈ ឆ្នាំ ១៩៧៨ ចិនបានបដិសេធមិនបន្តទំនាក់ទំនងសម្ព័ន្ធភាពចិន-សូវៀតដោយមូលហេតុខ្លាចការថយចុះនៃឥទ្ធិពលខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។ សូមរំឮកផងដែរថា បើនិយាយពីទំនាក់ទំនងរវាងចិននិងសូវៀតនាពេលនោះដែរ ចាប់តាំងពីទសវត្សន៍ទី ៥០ មកសូវៀតមានថ្នាក់ដឹកនាំថ្មីគឺលោក នីគីតា​ គ្រូឆេវ គាត់មិនសូវពេញចិត្តរបៀបដឹកនាំរបស់ លោក ស្តាលីន ឯមេដឹកនាំ​កុម្មុយនិស្ត​ចិន គឺ​ លោក ​ម៉ៅ​សេទុង ដែល​តាំងពីដើម​មក​គាំទ្រ​នយោបាយ​ និង​​របៀបដឹកនាំ​​របស់​លោក​ស្តាលីន ក៏​បាន​ចាប់ផ្តើម​មាន​ការ​ខ្នក់ចិត្ត​នឹង​លោក​នីគីតា គ្រូឆេវ ហើយ​ទំនាក់ទំនងរវាង​ចិន និង​សហភាព​សូវៀត ក៏​ចាប់ផ្តើម​មាន​ការ​រកាំរកូសច្រើនឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ លោក នីគីតា គ្រូឆេវ ក៏បានលើកឡើងថា បើទោះបីយើងជាប្រទេសដែលប្រកាន់លិទ្ធិកម្មុនីស្តក៏ដោយ ក៏យើងអាចដើរតាមគន្លងផ្សេងបានដែរ នៅពេលនោះហើយទើបម៉ៅសេទុងក៏មាននូវលិទ្ធិម៉ៅផ្ទាល់ខ្លួន។ ងាកទៅមើលវៀតណាមឯណោះវិញ ហាណូយបានអនុញ្ញាតឱ្យមូស្កូប្រើប្រាស់កំពង់ផែកងទ័ពជើងទឹក និងសាងសង់មូលដ្ឋានមីស៊ីល។ ដើម្បីរឹតចំណងមិត្តភាពនេះ សូវៀតក៏បានស្នើឱ្យវៀតណាមចូលក្នុងក្រុមប្រឹក្សាសូវៀតសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច (COMECON)និងថែមទាំងបានបញ្ជូនសព្វាវុធជាច្រើនទៅដល់វៀតណាមទៀតផង រហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ១៩៧៨ វៀតណាមនិងសូវៀតបានសម្រេចចិត្តចុះហត្ថលេខាទៅលើសន្ធិសញ្ញាទំនាក់ទំនងមិត្តភាពនិងសម្ព័ន្ធភាពសូវៀត-វៀតណាម ដែលនេះបង្ហាញថាវៀតណាមនិងសូវៀតគឺមានចក្ខុវិស័យនិងគោលដៅដូចគ្នាក្នុងការកាត់បន្ថយឥទ្ធិពលចិននៅក្នុងតំបន់។ ហើយសម្ព័ន្ធភាពស្អិតរមួតរវាងប្រទេសទាំងពីរនេះ កាន់តែបន្ថែមកំហឹងដល់ចិន ដែលធ្វើឱ្យចិនរឹតតែមិនសប្បាយចិត្ដនិងគិតថាជាយុទ្ធសាស្ត្ររបស់សហភាពសូវៀតចង់វាតទីពង្រីកឥទ្ធិពលនៅក្នុងអាស៊ីអាគ្នេយ៍ដោយប្រើវៀតណាមជាកូនសោរដើម្បីទប់ទល់ជាមួយនឹងខ្លួន។

កត្តាចម្បងមួយទៀតដែលឈានទៅរកសង្គ្រាមវៀតណាមនិងចិននោះគឺការឈ្លានពានរបស់វៀតណាមក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ១៩៧៨។ វៀតណាមតែងតែចាត់ទុកកម្ពុជាថាជារនាំងរារាំងខ្លួនពីគោលបំណងពង្រីកឥទ្ធិពលនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិច។ វៀតណាមបានផ្ដើមធ្វើការផ្តួលរលំរបបខ្មែរក្រហម ដែលអាចចាត់ទុកថាជាឱកាសល្អសម្រាប់ទប់ស្កាត់ការរីករាលដាលនៃឥទ្ធិពលចិន ព្រោះថាខ្មែរក្រហមមានចិនជាអ្នកនៅពីក្រោយ បើគម្រោងនេះទទួលបានជោគជ័យនោះចិននឹងបាត់បង់ឥទ្ធិពលនៅអាស៊ីអាគ្នេយ៍និងថែមទាំងកាត់បន្ថយអំណាចរបស់លោកតេង ស៊ាវពីងផងដែរ។ បញ្ហាទាំងអស់នេះហើយដែលបង្កើតជាផ្លូវឈានទៅរកសង្គ្រាមរវាងវៀតណាមនិងចិន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៧៩ មេដឹកនាំចិន លោក តេង ស៊ាវភីង បានបញ្ជូនទ័ព ៦០ម៉ឺននាក់ រថក្រោះ ៤០០ គ្រឿង កាំភ្លើងធំ ១៥០០ ដែលគម្រោងនោះគឺចង់វាយយកក្រុងទាំងអស់របស់វៀតណាមនៅខាងជើងលើកលែងតែក្រុងហាណូយ បន្ទាប់ពីវាយរួចហើយចិនក៏ដកទ័ពទៅវិញ។ វៀតណាមប្រើយុទ្ធសាស្ត្រសង្គ្រាមដោយលួចវាយឆ្មក់ដូចកាលសង្រ្គាមជាមួយអាមេរិកដែរ វៀតណាមអះអាងថាខ្លួនជាអ្នកឈ្នះ ឯចិនក៏និយាយថាខ្លួនជាអ្នកឈ្នះដូចគ្នា តែអ្នកវិភាគនៅតែមិនទាន់អាចសន្មត់ថានរណាជាអ្នកឈ្នះនិងចាញ់ឡើយ។ សង្គ្រាមចិន-វៀតណាម នេះគឺមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនិងប្រើពេលយូរនោះទេ ចិនគ្រាន់តែចង់បញ្ចេញកំហឹងទៅលើវៀតណាមដែលបានងាកទៅរកសូវៀតតែប៉ុណ្ណោះ។

សរុបសេចកី្តមក មួយផ្នែកធំដែលបណ្តាលឱ្យមានសង្គ្រាមចិន វៀតណាម នេះផងដែរគឺមានហេតុផលជាច្រើនដែលរួមផ្សំដូចជា ភូមិសាស្ត្រនយោបាយ ជនភៀសខ្លួន ជម្លោះព្រំដែន និងប្រវត្តិសាស្រ្តបុរាណ។ ហេតុផលទាំងនេះក៏ជាកត្តាដែរជំរុញឱ្យវៀតណាមទៅចងសម្ព័ន្ធភាពជាមួយសហភាពសូវៀតផងដែរ។ ក៏ប៉ុន្តែបើយើងងាកមកមើលបច្ចុប្បន្នចាប់ពីឆ្នាំ ១៩៩១ មកទំនាក់ទំនងចិននិងវៀតណាមហាក់មានភាពប្រសើរឡើងវិញដោយសង្កេតឃើញមានការធ្វើពាណិជ្ជកម្មជាមួយគ្នា លុះរហូតដល់ឆ្នាំ ២០១៤ ទើបចិននិងវៀតណាមមានជម្លោះជាមួយគ្នាម្តងទៀតរឿងសមុទ្រចិនខាងត្បូង។

កម្មវិធីថង់ប្រាជ្ញា៖ តើសិង្ហបុរីបែកចេញពីប្រទេសម៉ាឡេស៊ីយ៉ាងដូចម្ដេច?

ប្រទេសសឹង្ហបុរីគឺជាប្រទេសមួយដែលមានប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍ជាខ្លាំងដោយសារតែប្រទេសនេះបានឆ្លងកាត់នូវរបត់ជាច្រើននៅក្នុងការឆ្ពោះទៅរកឯករាជ្យជាតិ ជាពិសេសនៅពេលដែលមានការរួមបញ្ចូលនិងការបំបែកចេញនូវឯករាជ្យភាពពីប្រទេសម៉ាឡេស៊ី។ នៅក្នុងអត្ថបទនេះនឹងនិយាយអំពីរឿងរ៉ាវដែលពាក់ព័ន្ធនឹងប្រវត្តិនៃការរួមបញ្ចូលរវាងប្រទេសសឹង្ហបុរីនិងប្រទេសម៉ាឡេស៊ី ការបំបែកចេញរបស់ប្រទេសសឹង្ហបុរីពីប្រទេសម៉ាឡេស៊ី និងការកកើតនៃប្រទេសសឹង្ហបុរី។

ការរួមបញ្ចូលគ្នារវាងប្រទេសម៉ាឡេស៊ីនិងប្រទេសសឹង្ហបុរី

ការឆ្ពោះទៅរកឯករាជ្យរបស់ប្រទេសសឹង្ហបុរីបានចាប់ផ្តើមក្រោយពីការបញ្ចប់ការដាក់អាណានិគមពីចក្រភពអង់គ្លេសមកលើប្រទេសសឹង្ហបុរីនៅឆ្នាំ ១៩៥៩។ នៅពេលនោះប្រទេសសឹង្ហបុរីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីដំបូងបង្អស់គឺ លោក លី ក្វាន់យ៉ូ។ ក្នុងអំឡុងពេលនោះប្រទេសសឹង្ហបុរីបានជួបប្រទះនូវបញ្ហាជាច្រើនដែលធ្វើឱ្យមានការរាំងស្ទះក្នុងការអភិវឌ្ឍន៍ប្រទេស ដូចជាបញ្ហាទឹកដីភូមិសាស្រ្តតូច ការមានប្រជាជនចិនច្រើន (Chinese Predomination) និងបញ្ហាវាយប្រហារផ្សេងៗដោយសារតែទីតាំងភូមិសាស្រ្ត។ ដោយហេតុនៃការជួបប្រទះនេះបាននាំមកនូវផលវិបាកដល់ប្រទេសឹង្ហបុរី ទើបលោកនាយករដ្ឋមន្រ្តីមានការស្រមៃក្នុងការបង្រួបបង្រួមអង្គភាពនយោបាយធំ (envision a larger political entity) ដែលអាចធានានូវសុវត្ថិភាពក៏ដូចជាឱកាសសេដ្ឋកិច្ចផ្សេងៗមកក្នុងការអភិវឌ្ឍន៍ប្រទេសសឹង្ហបុរី។

ក្រោយមកលោក លី ក្វាន់យូ ក៏បានធ្វើការចរចារជាច្រើនជាមួយនឹងមេដឹកនាំនៃប្រទេសម៉ាឡេស៊ី លោក ទុនគូ អាប់ដុល រ៉ាម៉ាន (Tunku Abdul Rahman) ដើម្បីបង្រួបបង្រួមប្រទេសខ្លួននិងប្រទេសម៉ាឡេស៊ី។ ប៉ុន្តែនៅឯខាងប្រទេសម៉ាឡេស៊ីវិញ លោក ទុនគូ ក៏ធ្លាប់មានគំនិតក្នុងការបង្រួបបង្រួមប្រទេសទាំងពីរដែរដែលលោកបានប្រកាសក្នុងបំណងបង្រួបបង្រួមនៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ១៩៦១។ ការចរចារគ្នាត្រូវបានចុះជាកិច្ចព្រមព្រៀងនៅក្នុងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ១៩៦៣ ដែលប្រទេសសឹង្ហបុរីបានចូលរួមជាមួយសហព័ន្ធម៉ាឡេស៊ី ដែលមានការរួបរួមជាមួយ សាបា និងសារ៉ាវ៉ាក និងមានទីក្រុងកូឡាឡាំពួជារដ្ឋធានី។ ការរួមបញ្ចូលនេះគឺបានកើតឡើងដោយសុទិដ្ឋិនិយមដោយមានការព្រមព្រៀងនិងការទទួលបាននូវអត្ថប្រយោជន៏ទីផ្សារសេដ្ឋកិច្ចកាន់តែធំនិងការការពាររួម។ ប្រទេសដែលបានរួមបញ្ចូលនេះត្រូវបានក្លាយជាប្រទេសម៉ាឡេស៊ីជារួម ដែលសឹង្ហបុរីជារដ្ឋមួយក្នុងប្រទេសម៉ាឡេស៊ី។

ក្រោយពីបានចូលរួមជាមួយនឹងប្រទេសម៉ាឡេស៊ីមក ការអភិវឌ្ឍន៍សេដ្ឋកិច្ចមិនមានការទទួលផលដូចការរំពឹងទុករបស់លោក លី ក្វាន់យូ ឡើយដោយសារតែមានជម្លោះពូជសាសន៍ ការរើសអើង ភាពខុសគ្នានៃវប្បធម៌និងមនោគមវិជ្ជាក្នុងនយោបាយរវាងប្រទេសសឹង្ហបុរីនិងរដ្ឋផ្សេងៗនៅក្នុងសហព័ន្ធម៉ាឡេស៊ី។ មួយវិញទៀតប្រជាជនចិនដែលជាជនជាតិភាគច្រើននៅប្រទេសសឹង្ហបុរីបានទទួលនូវការរើសអើងយ៉ាងខ្លាំង។ វិសមភាពសេដ្ឋកិច្ចក៏បានលេចឡើងដែលប្រទេសសឹង្ហបុរីបានចូលរួមចំណែកជាច្រើនក្នុងការធ្វើសេដ្ឋកិច្ច រីឯប្រទេសម៉ាឡេស៊ីបានចូលរួមចំណែកតិចតួចប៉ុណ្ណោះ ប៉ុន្តែប្រទេសម៉ាឡេស៊ីតែងតែទទួលផលច្រើនទៅវិញ។ ដោយហេតុនេះហើយទើបការបញ្ចូលគ្នានេះបានក្លាយជាភាពតានតឹងរហូតដល់ថ្ងៃទី ៩ ខែសីហាឆ្នាំ ១៩៦៥ ប្រទេសសឹង្ហបុរីត្រូវបានចាកចេញពីប្រទេសម៉ាឡេស៊ីនិងបានក្លាយជាប្រទេសឯករាជ្យវិញ។ នាយករដ្ឋមន្រ្តីទាំងពីរក៏មានការសោកស្តាយជាខ្លាំងក្នុងការចាកចេញរបស់ប្រទេសសឹង្ហបុរីដោយសារតែភាពខុសគ្នានឹងជម្លោះ។ លោក លី ក្វាន់យ៉ូ ក៏បានបញ្ជាក់នូវភាពសោកស្តាយរបស់គាត់ថា “សម្រាប់គាត់ វាជាពេលវេលាដ៏ឈឺចាប់មួយ។ នៅពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំតែងតែជឿថាការរួមបញ្ចូលគ្នានិងបង្រួបបង្រួមនៃទឹកដីទាំងពីរ” (“For me, it is a moment of anguish. All my life, my whole adult life, I have believed in merger and unity of the two territories”)។

ក្រោយពីការចាកចេញរបស់ប្រទេសសឹង្ហបុរីពីប្រទេសម៉ាឡេស៊ីមក ប្រទេសសឹង្ហបុរីបានជួបប្រទះនូវបញ្ហាជាច្រើនដោយសារតែប្រទេសនេះជាប្រទេសតូចនិងបានជួបប្រទះបញ្ហាជាច្រើនដោយសារ ភាពអត់ការងារធ្វើ (unemployed) ការខ្វះខាតផ្ទះ (housing) ។ល។ ប៉ុន្តែដោយសារតែការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោក លី ក្វាន់យូ ប្រទេសសឹង្ហបុរីក៏មានការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងការធ្វើពាណិជ្ជកម្ម និងមានការទទួលស្គាល់ជាច្រើនលើឆាកអន្តរជាតិថាជាប្រទេសឯករាជ្យ។ ដោយហេតុនេះហើយទើបប្រទេសសឹង្ហបុរីមិនចាំបាច់មានការពឹងផ្អែកប្រទេសម៉ាឡេស៊ីលើការអភិវឌ្ឍន៍ប្រទេសខ្លួនឡើយ។ ប្រទេសសឹង្ហបុរីបានចាប់ផ្តើមការអភិវឌ្ឍន៍ជាតិដោយបានផ្តោតទៅលើផលិតកម្មនាំចេញ និងការទាញការចាប់អារម្មណ៍ក្នុងការវិនិយោគពីបរទេស (foreign investments)។ នៅឆ្នាំ ១៩៦៦ ប្រទេសសឹង្ហបុរីបានក្លាយជាអ្នកផ្គត់ផ្គង់ធំបំផុតទៅឱ្យសហរដ្ឋអាមេរិក។ មួយវិញទៀតប្រទេសសឹង្ហបុរីក៏បានបង្កើតនិងពង្រីកការធ្វើឧស្សាហកម្ម ដែលមានជំនាញក្នុងហិរញ្ញប្បទានឧស្សាហកម្ម (industrail financing)។ យុទ្ធសាស្រ្តទាំងអស់នេះបានហុចផលដល់ប្រទេសសឹង្ហបុរីក្នុងការបង្កើតការងារជាច្រើនដល់ប្រជាជន។  បើទោះជាប្រទេសសឹង្ហបុរីមានការរីកចម្រើនក្រោយពីចាកចេញពីប្រទេសម៉ាឡេស៊ីក៏ដោយ ក៏ប្រទេសសឹង្ហបុរីបានជួបនូវផលលំបាកផ្សេងៗក្នុងការអភិវឌ្ឍន៍ផងដែរនៅក្នុងទីផ្សារការងារ និងការកើនឡើងនៃតម្លៃប្រាក់ឈ្នួល។ យ៉ាងណាមិញ ប្រទេសសឹង្ហបុរីបានកែប្រែគោលនយោបាយខ្លួនទៅតាមបរិបទនៃការអភិវឌ្ឍន៍របស់ប្រទេសក៏ដូចជាពិភពលោកដូចជាការផ្លាស់ប្តូរឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម(labour-intensive) ទៅជាការបណ្តុះបណ្តាលកម្លាំងពលកម្មសម្រាប់ឧស្សាហកម្មដែលពឹងផ្អែកលើដើមទុន (training workforce for capital-intensive) និងបច្ចេកវិទ្យាខ្ពស់។

ជារួមមកប្រទេសសឹង្ហបុរីគឺជាប្រទេសដ៏តូចដែលមានការខ្វះខាតជាច្រើន។ ដោយសារតែជួបបញ្ហាច្រើននាយករដ្ឋមន្រ្តីលោក លី ក្វាន់យ៉ូតែងតែមានបំណងក្នុងការបង្រួបបង្រួមប្រទេសខ្លួននិងប្រទេសម៉ាឡេស៊ី។ ប៉ុន្តែដោយសារតែការមិនចុះសម្រុងគ្នារវាងប្រទេសទាំងពីរនៅពេលដែលបានរួមបញ្ចូល ប្រទេសសឹង្ហបុរីក៏បានចាកចេញ និងបានចាប់ផ្តើមអភិវឌ្ឍប្រទេសខ្លួនដោយឯករាជ្យ។

វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីចិនជួបប្រទះបញ្ហាតម្លៃទំនិញនិងសេវាចុះថោក (បរិផរណា)

ជាប្រទេសដែលមានការរីកចម្រើន ជាមហាយក្សសេដ្ឋកិច្ចលំដាប់លេខ២ក្នុងលោក និងជា​ប្រទេសដែលមានសង្វាក់ផលិតកម្មដ៏សម្បើមនាំចេញទៅប្រទេសជាច្រើនក្នុងពិភពលោកមិនថាអាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក កាណាដា ជប៉ុន បារាំង ឬអង់គ្លេស។ ប៉ុន្ដែកាលពីថ្ងៃពុធ​ ទី៩​ សីហា ​​ប៉ុន្មានថ្ងៃមុននេះ ចិនបានប្រកាសទទួលស្គាល់ថាបានរងនូវ​​​វិបត្តិ​បរិត្តផរណា​ជា​ផ្លូវការ។ អ្វីទៅជា​​​វិបត្តិ​បរិត្តផរណា? ​ ​បរិត្តផរណា​សំដៅដល់តម្លៃ​ទំនិញ​និង​សេវា​​ចុះថោក។ បើតាមនិយមន័យពាក្យនេះវាហាក់ដូចជាល្អសម្រាប់អតិថិជននិងអ្នកប្រើប្រាស់ ព្រោះពួកគេអាចទិញទំនិញនិងទទួលសេវាកម្មនក្នុងតម្លៃថោកព្រម ដែលអាចជួយសន្សំសំចៃហិរញ្ញវត្ថុក្នុងគ្រួសារទៀតផង។ យ៉ាងណាមិញវាមិនល្អដូចនេះទេ បាតុភូតនេះវានឹងធ្វើឱ្យពន្យឺតសន្ទុះរីកចម្រើនរបស់សេដ្ឋកិច្ច ក៏ដូចជាពាណិជ្ជកម្ម​ ខណៈដែលចិនមានមហិច្ឆតាជាប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងពិភពលោក។

តើបរិផរណា(Deflation) និងអតិផរណា(Inflation) ខុសគ្នាយ៉ាងដូចម្ដេច?

​តាមសន្ទានុក្រម​ពាក្យថ្មីរៀបរៀង​ដោយ​សាស្ត្រាចារ្យ ទូច គឹម​ស្រ៊ាង សមាជិក​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បរិផរណា មានន័យថា ការដក​ចំនួន​រូបិយវត្ថុ​មួយ​ភាគ ចេញពី​ទីផ្សារ​ដែល​លើស​ចំនួន​ត្រូវការ​ចរាចរណ៍​របស់​សាច់ប្រាក់ ដើម្បី​ធ្វើ​ឲ្យ​ចំនួន​រូបិយវត្ថុ​សមាមាត្រ​និង​តម្រូវការ​ចាំបាច់​សម្រាប់​ចរាចរណ៍​ឬនិយាយឲ្យស្រួលយល់គឺតម្លៃ​ទំនិញ​និង​សេវា​​ចុះថោក។ រីឯអតិផរណាមានន័យថា ទំនិញ ឬ​សេវា​ឡើងថ្លៃ រីឯ​ប្រាក់​ចុះថោក​។ យ៉ាងណាក៏ដោយ ចំពោះវិបត្តិទាំងពីរនេះសុទ្ធតែជះផលអវិជ្ជមានដល់សេដ្ឋកិច្ចជាតិដូចគ្នាយើងមិនអាចនិយាយថាមួយណាល្អជាងមួយណានោះទេ? ព្រោះថាបើតម្លៃទំនិញឡើងថ្លៃ ប្រជាជនគ្មានលទ្ធភាពទិញទំនិញដោយសារគ្មានប្រាក់ក្នុងការបញ្ជាទិញ តែបើទំនិញចុះថោកខ្លាំង ប្រជាជនរងចាំទិញតែទំនិញថោកបំផុត ធ្វើឲ្យតម្រូវការថយចុះនាំឲ្យក្រុមហ៊ុនលែងផលិតដោយសារគ្មានតម្រូវការ។

កត្តាចម្បងនាំឲ្យចិនធា្លក់ក្នុងវិបត្តិបរិផរណា

ការលើកឡើងរបស់​សេដ្ឋវិទូ​ ​​​បរិផរណាជាវិបត្តិវិល​វល់ ហើយមានគ្រោះ​ថ្នាក់ណាស់​សម្រាប់សេដ្ឋកិច្ច។ វាមានភាពស្មុគស្មាញនិងប្រើពេលវេលាច្រើនក្នុងការរិះរកមធ្យាបាយដោះស្រាយ ហើយបើសម្រាប់ចិនគឺដោយសារតែ​តម្រូវ​ការ​ក្នុង​ស្រុក​​ធ្លាក់ចុះ។ ហើយកាលណាតម្រូវការថយចុះ រោងចក្រ សហគ្រាស​ត្រូវ​​​បន្ថយការ​ផលិត ​ត្រូវបន្ថោក​តម្លៃទំនិញ និងកាត់បន្ថយចំនួនបុគ្គលិក។ យោងទៅតាមសារព័ត៌មានវិទ្យុបារាំងអន្ដរជាតិ តាមពិតទៅចិនក៏ធ្លាប់ធ្លាក់ក្នុង​​វិបត្តិ​បរិត្តផរណាកាលពីឆ្នាំ២០០៩ និងកាលពី​ចុង​ឆ្នាំ​២០២០និង​ដើម​ឆ្នាំ​២០២១ ដោយនៅអំឡុងនោះ​តម្លៃ​សាច់ជ្រូកដែលជាសាច់ពេញនិយមចុះថោក​យ៉ាង​ខ្លាំង។ ចំពោះបច្ចុប្បន្ន មូលហេតុដែលធ្វើឲ្យមានបរិផរណានោះ គឺការថយចុះតម្រូវការទិញទំនិញ និងភាពអស់ទំនុកចិត្តរបស់អតិថិជនចំពោះវិស័យអចលនវត្ថុ។ ជាក់ស្ដែងក្រុមហ៊ុន​អចលនទ្រព្យ ​Country Garden ដែល​ធ្លាប់ជួយ​​​អូស​ទាញ​កំណើន​និងរក្សា​​ស្ថិរភាព​សេដ្ឋកិច្ច​ជាតិរបស់ចិន និងឈានមុនគេបានប្រកាសការ​ដួល​រលំ ដោយលង់ក្នុងបំណុលប្រមាណ​១៥០ពាន់​លាន​អឺរ៉ូកាលពី២០២២។  បើក្រឡេកមើលទៅលើសន្ទស្សន៍​តម្លៃ​ផលិតកម្មបន្ត​​ធ្លាក់​ចុះ​ ​កាលពីខែ​កក្កដាតម្លៃផលិតកម្មធ្លាក់ដល់​៤,៤% ជា​គម្រប់​១០​ខែ​ជាប់​គ្នា​ និង​៥,៤%​កាលពី​ខែ​មិថុនា២០២៣ យោងតាម​ការិយាល័យ​ស្ថិតិជាតិ ​។ ជារូបភាពជាក់ស្ដែងមួយទៀត តម្លៃភាគហ៊ុន​ផ្នែកបច្ចេកវិទ្យាទំនើបចិន នៅ​លើទីផ្សារ​ Nasdaq បានរួញខើច ធ្លាក់ចុះចំនួន​ ១,៣៨%នោះក៏ដោយសារ ​សារ​​ការបាត់បង់​តម្លៃ​របស់​​ភាគហ៊ុន Tesla ដែលបានធ្លាក់​ចំនួន​១០%​។​ ម្យ៉ាងទៀត ធនាគារ​អាមេរិក​Goldman Sachsរាយការណ៍ថាការនាំចេញរបស់ចិនមានការធ្លាក់ចុះក្នុង​កំរិត​ទាប​បំផុត​ មិន​ធ្លាប់​ប្រទះ​គឺថយចុះ​ខ្លាំង១៤,៤% ជាប្រវត្តិសាស្ដ្រលើកទី១តាំងពីឆ្នាំ១៩៩៨មក។

ចំពោះវិបត្តិបរិផរណាលើកនេះសេដ្ឋវិទូបានទាយថា វានឹងមានសភាពធ្ងន់ធ្ងរ​ខ្លាំង ព្រមទាំងអូស​បន្លាយ​ពេល​យូរ ដោយសារ​ស្ថានភាពសេដ្ឋកិច្ច​ចិនមិន​ល្អ​ស្ទើរគ្រប់វិស័យ។

តើបរិផរណាប៉ះពាល់ចិននិងមុខមាត់មហាអំណាចនេះយ៉ាងដូចម្ដេច?

មុននេះលោកអ្នកបានដឹងពីកត្តាដែលធ្វើឲ្យមានបរិផរណានៅប្រទេសចិនរួចហើយ បន្ដមកទៀតយើងនឹងបង្ហាញពីផលប៉ះពាល់របស់វា។ ដោយទំនិញថយចុះតម្លៃ រោងចក្រនានាបានកាត់បន្ថយការផលិតនិងបន្ថយបុគ្គលិក គិតត្រឹតខែមិថុនាយុវជនគ្មានការងារធ្វើដែលមានអាយុចន្លោះពី១៦ឆ្នាំទៅ២៤ឆ្នាំមានរហូតដល់២១%ជាចំនួនច្រើនមិនធ្លាប់មាន នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។ និស្សិតបញ្ចប់ការសិក្សាចំនួន ១១,៥៨លាននាក់នឹងពិបាករកការងារធ្វើនាពេលខាងមុន។ បន្ថែមពីលើនេះភាពតានតឹងផ្នែក ភូមិសាស្ដ្រនយោបាយជាមួយអាមេរិក និងការប្រកួតជែងសេដ្ឋកិច្ចពីបណ្ដាប្រទេសដទៃនោះគឺធ្វើឲ្យចិនពិបាកក្នុងការលក់ផលិតផលរបស់ខ្លួន ក្រុមហ៊ុនធំៗប្រកាសក្ស័យធននិងលិចលង់ជ្រៅក្នុងបំណុលពិសេសក្រុមហ៊ុនអចលនទ្រព្យធំៗដែលទម្ពក់ថ្កក់ចំនួនផលិតផលក្នុងស្រុកទំលាក់ចុះមិនធ្លាប់មាន។ ឯវិនិយោគិនបរទេសដោយមើលមិនឃើញ អំពីការងើបវិញរបស់សេដ្ឋកិច្ចចិនធ្វើឲ្យគេរអាក្នុងការបោះទុនវិនិយោគណាស់ ជាពិសេសពួកគេផ្ទាល់ប្រុងប្រយ័ត្ន និង​មិនទុកចិត្ត​​លើ​ទីផ្សារចិននោះទេ។ នេះជាភាពអាម៉ាស់ណាស់របស់ចិន ដោយសារប្រទេសនានាលែងទុកចិត្ត ហើយធ្លាប់តែជាមហាអំណាចសេដ្ឋកិច្ចទី២បែរជាមកត្រូវរាំងស្ទះការបញ្ចេញទំនិញទៅវិញ។

តើចិនគួរដោះស្រាយវិបត្តិដ៏សម្បើមនេះដោយរបៀបណា?

មានការបញ្ចេញមតិច្រើនគួរសមដែរ ចំពោះបញ្ហានេះជាក់ស្ដែងអ្នក​វិភាគ​នៅធនាគារ​ជប៉ុន សំណូម​ចិន​បញ្ចុះ​តម្លៃប្រាក់យ័ន​ដែល​តាម​បច្ចេកទេស​នឹង​ធ្វើ​ឱ្យ​តម្លៃ​ទំនិញ​ចិន​មានភាព​ប្រកួត​ប្រជែង​ខ្លាំង​នៅ​បរទេស ដើម្បី​ជំរុញ​វិស័យ​នាំ​ចេញ។ ចំពោះរដ្ឋាភិបាលចិនវិញក៏កំពុងរិះរកវិធីសាស្ដ្រយ៉ាងប្រញ៉ាប់ប្រញ៉ាល់ស្ដារសេដ្ឋកិច្ចផងដែរថ្មីៗនេះ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងជួយស្រោចស្រង់វិស័យអចលនទ្រព្យ ព្រោះអចលនទ្រព្យ​ជា​វិស័យ​គន្លឹះ​នៃ​សេដ្ឋកិច្ចជាតិ។ រដ្ឋាភិបាលបានដាក់​ចេញ​នូវ​វិធានការ​ចំនួន ១៦ចំណុច ​រួម​មាន ការ​ពន្យារ​ពេល​សង​បំណុល​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ណា​ដែល​មិន​អាច​សងបំណុល​គេ​ទាន់​ពេល ការ​លើកទឹកចិត្ត​ឲ្យ​ធនាគារ​ផ្តល់​ប្រាក់កម្ចី​បន្ថែម ឬ​ធានា​ពី​ការ​ផ្តល់​សាច់ប្រាក់​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ដើម្បី​ឲ្យ​ពួក​គេ​បញ្ចប់​ការ​សាងសង់​ដែល​បាន​ផ្អាក​នៅ​ពាក់​កណ្តាល​ទី។ ពិសេសមួយទៀតចិនបានខិតខំព្យាយាមធ្វើដំណើរទស្សនកិច្ចទៅបណ្ដាប្រទេសនានា ដើម្បីរិតចំណងមិត្តភាពរួមទាំងសេដ្ឋកិច្ច។ ចក្ខុវិស័យចំពោះសេដ្ឋកិច្ច គឺថានឹងមានការងើបឡើងវិញឆាប់ៗនេះព្រោះដោយសារការដំណោះស្រាយរបស់រដ្ឋាភិបាលទាក់ទិននឹងការលើកទឹកចិត្តក្រុមហ៊ុន រោងចក្រ សហគ្រាស មួយវិញទៀតឃើញថាមិនថាអាស៊ីឬអឺរ៉ុបទំនិញចិនគឺក្លាយជាទំនិញឈានមុនដោយសារតម្លៃសមរម្យដែលជួយដល់សេដ្ឋកិច្ចគ្រួសារអ្នកទិញបានយ៉ាងច្រើន។

កម្មវិធីថង់ប្រាជ្ញា៖ គោលនយោបាយដែលជួយឥណ្ឌាចាក់ឬសជាមួយអាស៊ីអាគ្នេយ៍

ប្រទេសឥណ្ឌាជាប្រទេសដែលមានអរិយធម៌ដ៏រុងរឿងមួយដែលបានជះឥទ្ធិពលវប្បធម៌ និងសាសនារបស់ខ្លូននៅក្នុងទ្វីបអាស៊ី ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទំនាក់ទំនងរវាងឥណ្ឌា និងអាស៊ីអាគ្នេយ៍មានតាំងពីសម័យបុរាណមកម៉្លេះ តែ​ទំនាក់ទំនងមានការឡើងចុះទៅតាមសម័យកាល។ ទំនាក់ទំនងរវាងឥណ្ឌា និងអាស៊ីអាគ្នេយ៍ចាប់ផ្ដើមបង្កើតឡើងនៅពេលប្រទេសនីមួយៗទទួលបានឯករាជ្យពីប្រទេសដាក់អាណានិគម ហើយទំនាក់ទំនងកាន់តែល្អ គឺនៅពេលដែលសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់​ ដោយឥណ្ឌាបានបង្កើតគោលនយោបាយមួយហៅថា គោលនយោបាយមើលសំដៅទៅទិសខាងកើត ឬជាភាសាអង់គ្លេស Look East Policy (LEP) នៅក្នុងឆ្នាំ១៩៩២។ ​​គោលនយោបាយនេះ នៅតែត្រូវបានបន្តអនុវត្តរហូតមកដល់ពេលនេះ ដោយប្តូរឈ្មោះទៅជា គោលនយោបាយប្រតិបត្តិការឆ្ពោះទៅទិសខាងកើត ឬ Act East Policy (AEP)នៅឆ្នាំ២០១៤។ ដូចេ្នះ អត្ថបទនេះនឹងនិយាយអំពី តើអ្វីទៅជា AEP? តើរដ្ឋាភិបាលឥណ្ឌាបានធ្វើអ្វីខ្លះ និងមានជួបឧបសគ្គអ្វីខ្លះក្នុងការសហការជាមួយអាស៊ាន?

អ្វី​ទៅ​ជា​ Act East Policy (AEP)?

ដូចដែលបានរៀបរាប់ខាងលើ​​​ AEP គឺជាគោលនយោបាយដែលបានបន្តអនុវត្តបន្ថែមពីលើគោលនយោបាយ LEP ដែលឥណ្ឌាបានដាក់ចេញនៅពេលសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់ ដោយសារតែសហភាពសូវៀតដែលជាដៃគូសេដ្ឋកិច្ចរបស់ឥណ្ឌាដ៏សំខាន់ត្រូវបានដួលរលំ​។ ដោយកត្តានេះ បានតម្រូវឱ្យឥណ្ឌាស្វះស្វែងរកដៃគសេដ្ឋកិច្ចថ្មី ពោលគឺតំបន់អាស៊ីអាគ្នេយ៍។

LEP ត្រូវបានបន្តអនុវត្តរហូតមកដល់ឆ្នាំ២០១៤​​ ក្រោមរដ្ឋាភិបាលលោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) LEP ត្រូវបានផ្លាស់ប្តូរមកជា AEP ដែលគោលនយោបាយចាស់ត្រូវបានបន្តដដែល តែត្រូវបានបន្ថែមចំណុចសំខាន់ៗពីលើគោលនយោបាយចាស់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការច្រើនជាងមុន។ AEP ផ្តោតលើ ៤ ចំណុចសំខាន់ៗ រួមមានវប្បធម៌ (Culture) ពាណិជ្ជកម្ម (Commerce) ការតភ្ជាប់ (Connectivity) និងការកសាងសមត្ថភាព (Capacity Building)។ AEP ផ្តោតបន្ថែមទៅលើ LEP ត្រង់ចំណុចការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការតភ្ជាប់រវាងឥណ្ឌានិងអាស៊ានកាន់តែច្រើន ការបង្កើនទំនាក់ទំនង និងសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយអាស៊ាន និងពង្រីកទំនាក់ទំនងលើសពីអាស៊ានដែលមានក្រុមកោះប៉ាស៊ីហ្វិក និងប្រទេសនៅអាស៊ីខាងកើត។ ជាមួយគ្នានេះផងដែរ គោលនយោបាយ AEP ក៏ផ្តោតលើទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ ភាសា និងសាសនា ដែលឥណ្ឌានិងអាស៊ានធ្លាប់មានជាមួយគ្នាកាលពីមុនមក។

គោលនយោបាយ  AEP​ ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​សម្របទៅតាម​ការ​ផ្លាស់​ប្តូរភូមិសាស្ត្រ​នយោបាយនៅក្នុងបរិបទនយោបាយថ្មី ដែលចិនចាប់ផ្តើមពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់។ ជារួម AEP មានគោលបំណងលើសពីសេដ្ឋកិច្ច ពោលគឺដើម្បីទប់ស្កាត់ការត្រួតត្រារបស់ចិននៅសមុទ្រចិនខាងត្បូង និងការកើនឡើងឥទ្ធិពលរបស់ចិននៅតំបន់មហាសមុទ្រឥណ្ឌា។ ក្រោមក្របខណ្ឌ AEP រដ្ឋាភិបាលឥណ្ឌាក៏បានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍនៃតំបន់ភាគឦសាននៃប្រទេសឥណ្ឌា ដោយកសាងហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងទៀតដូចជាប្រទេសជប៉ុន និងបណ្ដាសមាជិកអាស៊ាន។

ការអនុវត្តគោលនយោបាយ AEP

ឥណ្ឌា​បាន​សហការ​ជាមួយ​វិស័យអាស៊ាន​ជាច្រើន​ដូចជាវិស័យ​សេដ្ឋកិច្ច ការតភ្ជាប់​ដោយ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ការពារជាតិជាដើម។

ទី១​ វិស័យសេដ្ឋកិច្ច៖ សេដ្ឋកិច្ចរវាងឥណ្ឌា និងអាស៊ានមានទំនាក់ទំនងពាណិជ្ជកម្មចាប់ផ្តើមកើនឡើងពីមួយឆ្នាំៗតាំងពីឆ្នាំ១៩៩២ ដោយអាស៊ានគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបួនរបស់ឥណ្ឌាក្នុងឆ្នាំ២០២២។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងអាស៊ានមានចំនួន ១៣១ ប៊ីលានដុល្លារក្នុងឆ្នាំ២០២២ ដែលកាលពីឆ្នាំ ២០១០មានចំនួន ៥៧ ប៊ីលានដុល្លារប៉ុណ្ណោះ។ ក្នុងការនាំចេញរបស់ឥណ្ឌាទៅកាន់អាស៊ាន មានចំនួន ៤៣,៥១ ប៊ីលានដុល្លារក្នុងឆ្នាំ២០២២ ខណៈដែលការនាំចូលពីអាស៊ានមានចំនួន ៨៧,៥៩​ ប៊ីលានដុល្លារ។ ការ​នាំ​ចេញ​ដ៏​សំខាន់​របស់​ឥណ្ឌា​ទៅ​កាន់​អាស៊ាន​រួម​មាន៖ គ្រឿង​ម៉ាស៊ីន ឧបករណ៍​ដឹក​ជញ្ជូន ត្បូង ​គ្រឿងអលង្ការ និងវាយនភ័ណ្ឌជាដើម។

ទី២ ការតភ្ជាប់​ (Connectivity)៖ បច្ចុប្បន្ន ប្រទេសឥណ្ឌាកំពុងធ្វើការជាមួយអាស៊ានលើគម្រោងតភ្ជាប់ជាច្រើន តាមរយៈផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ​ឥឡូវនេះ ប្រទេសឥណ្ឌាបាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅភាគឦសាននៃប្រទេសឥណ្ឌា ទៅកាន់សមាជិកអាស៊ាន។ ក្នុងនោះរួមមាន ទី១ ការ​សាងសង់ផ្លូវល្បឿនលឿ​នឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដែល​នឹង​តភ្ជាប់​តំបន់​ភាគឦសាន​របស់​ឥណ្ឌា​ទៅ​អាស៊ាន ​តាមរយៈ​ប្រទេស​មីយ៉ាន់ម៉ា ហើយបន្តមកកាន់ប្រទេសថៃ ដែលបច្ចុប្បន្ន គម្រោងនេះគ្រោងនឹងពង្រីកបន្ថែមមកកាន់ប្រទេសឡាវ កម្ពុជា និងវៀតណាម។ ទី២ ការអភិវឌ្ឍនៃច្រករបៀងសេដ្ឋកិច្ចឥណ្ឌា-មីយ៉ាន់ម៉ា-បង់ក្លាដែស-ចិន ដែលនឹងតភ្ជាប់ប្រទេសទាំងបួនដោយផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស។ ការកសាងទាំងនេះនឹងជាចំណែកមួយក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​ឥណ្ឌា​ឲ្យ​កាន់​តែ​ខ្លាំង​ឡើងជាងមុន។

ទី៣ វិស័យការពារជាតិ​ ប្រទេស​ឥណ្ឌានិង​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួនបាន​សហការ​គ្នាជាទ្វេភាគី ​និងជាអាស៊ានទាំងមូលអស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយកិច្ច​សហប្រតិបត្តិការ​នេះ​បាននិងកំពុងមាន​ការ​រីក​ចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ កិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនលើវិស័យការពារជាតិរវាងឥណ្ឌា និងអាស៊ានរួមមាន​ ការហ្វឹកហ្វឺនធ្វើសមយុទ្ធរវាងប្រទេសឥណ្ឌា និងសមាជិកអាស៊ាន ដូចជាសមយុទ្ធដែនសមុទ្រអាស៊ាន-ឥណ្ឌា (AIMLEX) និងលំហាត់ហ្វឹកហ្វឺនលើដែនដីអាស៊ាន-ឥណ្ឌា (AIMFTX) ដែលសមយុទ្ធទាំងនេះ បានជួយជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់តែមានប្រសិទ្ធភាព ដូចជាការប្រឆាំងភេរវកម្ម និងធ្វើឱ្យប្រទេសឥណ្ឌា និងសមាជិកអាស៊ានបង្កើនទំនុកចិត្តលើគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត ឥណ្ឌាបាននិងកំពុងផ្តល់បច្ចេកវិទ្យាការពារជាតិដល់ប្រទេសសមាជិកអាស៊ានមួយចំនួន ដូចជាវៀតណាម និងហ្វីលីពីន ​ទៅលើផ្នែក​នាវាកងទ័ពជើងទឹក យន្តហោះ និងប្រព័ន្ធរ៉ាដា ។ ឧទាហរណ៍ ថ្មីៗនេះ​ ហ្វីលីពីន និងវៀតណាមបាននិងកំពុងពង្រឹងសន្តិសុខរបស់ខ្លួន ដែល​ពួកគេ​បានរៀបចំ​ទិញគ្រាប់មីស៊ីល ​(Cruise missile ) ​របស់​ឥណ្ឌា​ឈ្មោះថា ប្រាម៉ូស (Brahmos)។ ជាពិសេស ប្រទេស​ឥណ្ឌា​បាន​ទទួលស្គាល់​​សេចក្តីសម្រេចដោយ​តុលាការ​អាជ្ញាកណ្តាល​អចិន្ត្រៃយ៍​ (PCA)​ នៅ​ទីក្រុង​ឡាអេ ​ឆ្នាំ២០១៦ ដើម្បី​គាំទ្រ​ការទាមទារ​អធិបតេយ្យភាពរបស់​ហ្វីលីពីន ប្រឆាំង​ចិន​នៅ​សមុទ្រចិនខាងត្បូងទៀតផង។

ឧបសគ្គរបស់ឥណ្ឌាក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន

បើ​និយាយ​ពី​ការ​ចូលរួម​ផ្នែក​សេដ្ឋកិច្ច ឥណ្ឌា​គឺ​ជា​ពាណិជ្ជករ​ធំ​ជាង​គេ​ទី ៨ របស់​អាស៊ាន ដែលមាន​កម្រិត​ទាប​ជាង​ ​ដៃគូ​អាស៊ាន​ផ្សេង​ទៀត​ដូច​ជា​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង។ ការណ៍នេះគឺបណ្តាលមកពីកត្តាជាច្រើនដូចជារបាំងពន្ធគយ​ ដែលឥណ្ឌានិងអាស៊ានមានរបាំងពន្ធគយមួយចំនួន ដើម្បីការពារផលិតកម្មក្នុងស្រុក។ ជាពិសេស រដ្ឋាភិបាលឥណ្ឌាបានសម្រេចចាកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដោយសារតែរដ្ឋាភិបាលឥណ្ឌាព្រួយបារម្ភថាឧស្សាហកម្មឥណ្ឌាមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសដែលជាសមាជិក ជាពិសេសនោះគឺ ចិន។ អ្វីដែលសំខាន់បំផុត គឺការខ្វះខាតនៃការតភ្ជាប់រវាងអាស៊ាន និងឥណ្ឌា ដែលបញ្ហាទាំងនេះឥណ្ឌានិងសមាជិកអាស៊ាន បានព្យាយាមដោះស្រាយដោយបង្កើតគំនិតផ្តួចផ្តើមដូចដែលបានលើកឡើងខាងលើ ប៉ុន្តែមានឧបសគ្គមួយចំនួនក្នុងការធ្វើឱ្យគម្រោងនេះសម្រេចបានជោគជ័យ ដោយសារអស្ថិរភាពនៅមីយ៉ាន់ម៉ា និងបញ្ហាផ្សេងៗទៀតដែលធ្វើឱ្យគម្រោងនេះមានភាពយឺតយ៉ាវ។

វិចារណកថាថ្ងៃសុក្រ៖ ចិនបានបង្កើនអំណាចក្នុងការស៊ើបអង្កេតបទល្មើសចារកម្ម

ថ្មីៗនេះ ប្រទេសចិន​បានធ្វើវិសោធនកម្មទៅលើច្បាប់ប្រឆាំងចារកម្មដែលស្ដីអំពី​ការលួចយកព័ត៌មាន ឯកសារផ្ទៃក្នុងប្រទេសទាក់ទងនឹងសន្តិសុខជាតិទៅកាន់បរទេស។​ វិសោធនកម្មច្បាប់ប្រឆាំងចារកម្មនេះបានកែប្រែច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិន ហើយចំណុចដែលទទួលបានការចាប់អារម្មណ៍ និងមតិពីសំណាក់អន្តរជាតិគឺត្រង់ចំណុច ពង្រីកទំហំអំពើដែលចាត់ទុកជាចារកម្មខុសច្បាប់ និងអំណាច​ក្នុងការស៊ើបអង្កេត ដែលជាហេតុធ្វើឱ្យប្រទេសមួយចំនួនបញ្ចេញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអនុវត្តន៍ច្បាប់នេះនៅក្នុងប្រទេសចិន ព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពជនបរទេសដែលកំពុងស្ថិតនៅប្រទេសចិន ជាពិសេសមួយទៀតនោះគឺក្រុមហ៊ុនបរទេសដែលកំពុងវិនិយោគនៅប្រទេសចិន។​

ច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិន​បានបង្កើតតាំងពីឆ្នាំ២០១៤ និងធ្វើវិសោធកម្មចូលជាធរមានកាលពីថ្ងៃទី០១ ខែកក្កដា​ ឆ្នាំ២០២៣ ​កន្លងទៅនេះ ដោយផ្តោតចម្បងទៅលើការពង្រីកវិសាលភាពនៃអំពើចារកម្មខុសច្បាប់​ និងពង្រីកសិទ្ធអំណាចក្នុងការស៊ើបអង្កេត។

១. ព្រឹត្តិការណ៍មុនថ្ងៃទី០១​ ខែកក្កដា ឆ្នាំ២០២៣

នៅអំឡុងពេលដើមឆ្នាំ២០២៣នេះប្រទេសចិនបានបិទទ្វារក្រុមហ៊ុនប្រឹក្សាចំនួន៣ ក្រោមហេតុផលថាក្រោមហ៊ុនទាំងនោះបានផ្ញើរព័ត៌មានសំងាត់ទាក់ទងនឹងប្រទេសចិន​ទៅកាន់បរទេស។ ក្នុងនោះមានក្រុមហ៊ុន “Mintz Group” ដែលជាក្រុមហ៊ុនប្រឹក្សារបស់អាមេរិកនៅរដ្ឋធានីប៉េកាំង​ ត្រូវបានបិទទ្ចារនៅខែមិនា បន្ទាប់ពីនោះគឺក្រុមហ៊ុន “Bain & Co.” ដែលជាក្រុមហ៊ុនប្រឹក្សារបស់អាមេរិកនៅទីក្រុងសៀងហៃ​ ត្រូវបានបិទទ្វារនៅខែមេសា និងចុងក្រោយគឺការិយាល័យ “Capvision” ដែលក្រុមហ៊ុនប្រឹក្សារបស់អាមេរិកនៅទីក្រុងសៀងហៃនៅខែឧសភា។​

គួរបញ្ជាក់ផងដែរថាមូលហេតុនៃការបិទទ្វារក្រុមហ៊ុនទាំងនេះ ព្រមទាំងមូលដ្ឋានច្បាប់ក្នុងរឿងក្តីទាំងនេះមិនបានផ្សព្វផ្សាយជាសាធារណៈនោះទេ។​ ប៉ុន្តែអ្វីដែលគួរតែយកចិត្តទុកដាក់នោះ គឺមា​នមតិយល់ថា រឿងក្តីផ្ទួនៗគ្នានេះបានជំរុញឱ្យប្រទេសចិនធ្វើវិសោធនកម្មច្បាប់ប្រឆាំងចារកម្ម។

២. ទំហំនៃអំពើចារកម្មខុសច្បាប់នៃវិសោធនកម្មច្បាប់ប្រឆាំងចារកម្ម

វិសោធនកម្មនៃច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិន​ដែលចូលជាធរមាននៅដើមខែកក្កដានេះបានពង្រីកវិសាលភាពនៃអំពីដែលត្រូវបានច្បាប់ចាត់ទុកជាអំពើចារកម្មខុសច្បាប់។​ ពីមុននៅប្រទេសចិនអំពើចារកម្មខុសច្បាប់មានការលួចលក់​ និងផ្តល់ព័ត៌មានទាក់ទងនឹងរឿងសម្ងាត់ជាតិ។​​ ប៉ុន្តែនៅក្នុងវិសោធនកម្មថ្មីនេះបន្ថែមពីអំពើដែលបានចែងក្នុងច្បាប់ចាស់ មាត្រា៤(៣)នៃវិសោធនកម្មបានចែងបន្ថែមពី អំពើនិងសកម្មភាពចារកម្មខុសច្បាប់ដែលរាប់បញ្ចូលទាំង ការលួចយក ព័ត៌មាន និងឯកសារគ្រប់ទម្រង់ដែលទាក់ទងនឹងសន្តិសុខជាតិ។​ ការប្តូរពាក្យ ពីរឿងសម្ងាត់ជាតិទៅជាសន្តិសុខជាតិនេះបានពង្រីកវិសាលភាពនៃទង្វើចារកម្មខុសច្បាប់ ព្រោះពាក្យថាសន្តិសុខជាតិគ្របដណ្តប់លើវិស័យជាច្រើនប្រភេទ ​ ដែលនោះមានន័យថាចារកម្មបែបណាក្តីឱ្យតែពាក់ព័ន្ធនឹងសន្តិសុខជាតិគឺខុសច្បាប់។

ការប្រែប្រួល និងបន្ថែមវិសាលភាពនៃអំពើចារកម្មខុសច្បាប់នេះ​ នឹងបង្កើនប្រសិទ្ធភាពនៃការស៊ើបអង្កេត និង​គ្រប់គ្រងអំពើចារកម្មនៅក្នុងប្រទេសចិន ដោយសារច្បាប់ប្រឆាំងចារកម្មចាស់មិនគ្របដណ្តប់ពេញលេញ អំពើចារកម្មនៅបច្ចុប្បន្នភាពនេះដែលប្រព្រឹត្តតាមប្រព័ន្ធអ៊ិនធឺណែត​ ដូចជាការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណែត​ និង​ការលួចយកព័ត៌មានទាក់ទង​នឹងសន្តិសុខជាតិ។​

៣. សិទ្ធអំណាចក្នុងការស៊ើបអង្កេតនៃវិសោធនកម្មច្បាប់ប្រឆាំងចារកម្ម

ការធ្វើវិសោធនកម្មថ្មីនេះបានបន្ថែមសិទ្ធិអំណាចរបស់អាជ្ញាធរសន្តិសុខជាតិពីលើសិទ្ធអំណាចដែលមានក្នុងច្បាប់ចាស់​ ព្រមទាំងបានចែងកាន់តែច្បាស់លាស់អំពីសិទ្ធិអំណាចរបស់រដ្ឋក្នុងការបើកការស៊ើបអង្កេត និងចាប់ខ្លួនជនចារកម្ម។ យោងតាមមាត្រា២៥នៃវិសោធនកម្មច្បាប់ប្រឆាំងចារកម្ម អាជ្ញាធរសន្តិសុខជាតិមានសិទ្ធិក្នុងការចូលទៅក្នុងឧបករណ៍អេឡិចត្រូនិចរបស់ជនដែលគេសង្ស័យថាជាចារកម្ម និងតាមរយៈមាត្រា២៦​និង​២៩នៃវិសោធនកម្មខាងលើ អាជ្ញាធរសន្តិសុខជាតិអាចឆែកឆេរព័ត៌មានផ្ទាល់ខ្លួន​ ឯកសារ​ វត្ថុ និងព័ត៌មានដែលពាក់ព័ន្ធនឹងចារកម្ម។​ បន្ថែមពីនោះជនដែលគេសង្ស័យអាចនឹងត្រូវបានចាប់ខ្លួន តាមរយៈបញ្ជាពីអាជ្ញាធរសន្តិសុខជាតិថ្នាក់ក្រុង ឬថ្នាក់ខ្ពស់ជាងនេះ ដែលមានចែងនៅក្នុងមាត្រា​២៧នៃវិសោធនកម្មច្បាប់ប្រឆាំងចារកម្ម។​

តាមរយៈការចែងបន្ថែមនៃវិសោធនកម្មខាងលើនេះមានន័យថា អាជ្ញាធរសន្តិសុខជាតិអាចធ្វើការឆែកឆេរ និងចូលក្នុងឧបករណ៍អេឡិចត្រូនិចរបស់ជនដែលគេសង្ស័យ ដែលវានឹងអាចជះឥទ្ធិពលដល់សុវត្ថិភាព និង​ឯកជនភាពរបស់បុគ្គល ក៏ដូចជាព័ត៌មាន និងទិន្នន័យរបស់ស្ថាប័ន និងក្រុមហ៊ុននៅក្នុងប្រទេសចិនក៏នឹងអាចត្រូវបានឆែកឆេរត្រួតពិនិត្យដោយអាជ្ញាធរសន្តិសុខជាតិផងដែរ។​

៣. ប្រតិកម្ម​ និងមតិទៅលើវិសោធនកម្មច្បាប់ប្រឆាំងចារកម្ម

ការធ្វើវិសោធនកម្មនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលប្រទេសចិនទៅលើសុវត្ថិភាពសន្តិសុខជាតិរបស់ខ្លួន តាមរយៈការរឹតបន្តឹង និងយកចិត្តទុកដាក់លើការការពារព័ត៌មានផ្ទៃក្នុងប្រទេសជាតិជាចម្បង។ យ៉ាងណាក្តីមានប្រទេសមួយចំនួនបានបង្ហាញពីការព្រួយបារម្ភ និងមតិចំពោះការអនុវត្តន៍ច្បាប់មួយនេះ ជាពិសេសនោះគឺសហរដ្ឋអាមេរិក។​ ដោយមានការយល់ឃើញថា ការរឹតបន្តឹងចំពោះទង្វើចារកម្មនេះនឹងជះឥទ្ធិពលដល់ក្រុមហ៊ុនបរទេស​ វិនិយោគទុន និង​សហប្រតិបត្តិការអន្តរជាតិផ្សេងៗ ព្រោះថាការដែលមានសិទ្ធិអំណាចចូលទៅក្នុងឧបករណ៍អេឡិចត្រូនិច ក៏ដូចជាសិទ្ធិអំណាចឆែកឆេរស្ទើរតែគ្រប់វត្ថុ និងព័ត៌មានឯកជននេះ នឹងធ្វើឱ្យបាត់បង់នូវឯកជនភាពរបស់ស្ថាប័នទាំងនោះ ព្រមទាំងប្រសិទ្ធភាពក្នុងការចរចារផ្សេងៗរបស់ស្ថាប័នទាំងនោះ ព្រោះព័ត៌មានផ្ទៃក្នុងក្រុមហ៊ុនអាចនឹងបែកធ្លាយដឹងឮដល់ដៃគូប្រជែង ព្រមទាំងបង្កឱ្យមានការខូចខាតកេរ្តិ៍ឈ្មោះស្ថាប័នទៀតផង។ ​​ម៉្យាងទៀតការដែលផ្ដល់សិទ្ធិអំណាចពេញទីដល់អាជ្ញាធរសន្តិសុខជាតិក្នុងការឃាត់ខ្លួនជនដែលគេសង្ស័យបែបនេះ នឹងផ្តល់ជាគ្រោះថ្នាក់ដល់ជនបរទេសស្លូតត្រង់មួយចំនួនដែលនឹងអាចត្រូវបានគេឃាត់ដោយគ្មានកំហុសព្រោះការចាប់ខ្លួនធ្វើឡើងត្រឹមតែតាមរយៈការសង្ស័យ​ និងបញ្ជារពីអាជ្ញាធរសន្តិសុខជាតិថ្នាក់ក្រុង។​

ថង់ប្រាជ្ញា៖ ប៉ីឌូ (Beidou) របស់ចិនជាគូប្រជែងនៃប្រព័ន្ធកំណត់ទីតាំង (GPS) របស់សហរដ្ឋអាមេរិក

សព្វថ្ងៃនេះការប្រកួតប្រជែងនៅលើអាកាសបានបង្កើតឱ្យមានប្រព័ន្ធផ្កាយរណបរុករកសកល ឬហៅថា Global Navigation Satellite Systems(GNSS)ដែលនៅក្នុងនោះដែរប្រទេសមហាអំណាចចំនួន៤កំពុងបង្កើតនូវប្រព័ន្ធផ្កាយរណបរបស់ខ្លួនក្នុងនោះមាន GPS របស់សហរដ្ឋអាមេរិក GLONASS របស់ប្រទេសរុស្ស៊ី Galileo នៃសហភាពអ៊ឺរ៉ុប និងចុងក្រោយ គឺ ប្រព័ន្ធផ្កាយរណបរុករកប៉ីឌូ​ ​(Beidou) របស់សាធារណរដ្ឋចិន។​ នៅក្នុងអត្ថបទនេះដែរ​យើងនឹងមកស្វែងយល់អំពីប្រព័ន្ធផ្កាយរណបនេះបន្ថែមទៀត​​ ថាតើផ្កាយរណបនេះគឺជាអ្វី ហើយថាតើវាមានតួនាទីបែបណាខ្លះ?

តើប្រព័ន្ធផ្កាយរណប Beidou គឺជាអ្វី?

ប្រព័ន្ធផ្កាយរណបរុករកប៉ីឌូ (Beidou) Beidou Navigation Satellite Systems ឬជាភាសាចិនមានន័យថា Big Dipper (BDS) គឺជាប្រព័ន្ធផ្កាយរណបរុករកឯករាជ្យរបស់ប្រទេសចិន និងជាគម្រោងមួយដែលត្រូវបានសាងសង់ និងដំណើរការសម្រាប់ជាធាតុផ្សំនៅក្នុងការអភិវឌ្ឍ សន្តិសុខជាតិ សេដ្ឋកិច្ច និងសង្គម របស់ប្រទេសចិន។ ប៉ីឌូ បានក្លាយជាចំណុចសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តល់នូវភាពការកំណត់ទីតាំងត្រឹមត្រូវ ការរុករក ការកំណត់ពេលវេលាដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក ហើយត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារ រដ្ឋបាលអវកាសជាតិចិន( CNSA)។ ប៉ីឌូដំបូងបំផុតដែលមានឈ្មោះថា BDS-1 ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ និងប៉ីឌូចុងក្រោយគេដែលមានឈ្មោះថា BDS-១ ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ដោយមានផ្កាយរណបចំនួន៤៥គ្រឿង ស្ថិតនៅក្នុងគន្លងតារា។ ប៉ីឌូត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យដឹកជញ្ជូន កសិកម្ម ការត្រួតពិនិត្យជលសាស្ត្រ ការសង្គ្រោះគ្រោះធម្មជាតិ ព្យាករណ៍ឧត្តុនិយម ប្រព័ន្ធទំនាក់ទំនង ការបញ្ជូនថាមពល សន្តិសុខសាធារណៈ និងលើវិស័យជាច្រើនទៀត។ សេវាកម្មរុករករបស់វាបានគ្របដណ្តប់លើ សហគ្រាសពាណិជ្ជកម្ម អេឡិចត្រូនិក ក្រុមហ៊ុន Smart phone និងអ្នកផ្តល់សេវាកម្មផ្អែកលើទីតាំង។ ក្រៅពីនេះប៉ីឌូមានគោលដៅដើម្បីក្លាយជាប្រព័ន្ធកំណត់ទីតាំងជាតិដ៏ទូលំទូលាយ ការរុករក និងកំណត់ពេលវេលា(PNT) ដែលមានលក្ខណៈរួមបញ្ចូលគ្នា និងឆ្លាតវៃ នៅឆ្នាំ២០៣៥ផងដែរ។

ហេតុអ្វីបានជាប្រទេសចិនបង្កើតប្រព័ន្ធផ្កាយរណបរុករកដោយខ្លួនឯង?

បន្ទាប់ពីវិបត្តិច្រកសមុទ្រតៃវ៉ាន់(១៩៩៥-១៩៩៦) GPS ដែលប្រទេសចិនបានប្រើប្រាស់បានបង្កជាការរំខាន ហើយបានធ្វើឱ្យកងទ័ពរំដោះប្រជាជនបាត់បង់ដាននៃកាំជ្រួចផ្លោងដែលបានបាញ់ពីលើច្រកសមុទ្រតៃវ៉ាន់។ ដោយសារតែប្រទេសចិនមិនចង់ឱ្យឧប្បតិ្តហេតុនេះកើតឡើងម្តងទៀត និងដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើ GPSដែលគ្រប់គ្រងដោយកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកផង ទើបប្រទេសចិនសម្រេចចិត្តវិនិយោគនៅក្នុង PNT ដើម្បីបង្កើតមូលដ្ឋានផ្កាយរណបរបស់ខ្លួន។ មុននឹងមានប្រព័ន្ធផ្កាយរណបដោយខ្លួនឯងចិន មានកិច្ចព្រមព្រៀងជាមួយ ហ្លូណាស (GLONASS) ដែលជាប្រព័ន្ធរុករករបស់រុស្ស៊ី។ ហ្លូណាស បានផ្តល់ឱ្យចិននូវការរុករកមូលដ្ឋាន ព្រមទាំងការកំណត់គ្រាប់បែកសម្រាប់សង្រ្គាមថែមទៀតផង។ ប៉ុន្តែទោះជាមានស្ថិតនៅក្នុងកិច្ចព្រមព្រៀងប្រើប្រាស់ ហ្លូណាស របស់រុស្ស៊ីក៏ប្រទេសចិននៅតែអភិវឌ្ឍន៍ទៅលើ ប៉ីឌូបន្តិចម្តងៗ។ ការសាងសង់ប៉ីឌូមានចំនួនបីជំហាន រួមមាន BDS-1 , BDS-2 និង BDS-3 ។

  • BDS-1 គឺជាជំហានដំបូងនៃការបង្កើតប៉ីឌូ ដោយគំនិតផ្តួចផ្តើមបង្កើតឡើងចាប់ពីឆ្នាំ១៩៩៤ និងដាក់ដំណើរការសេវាកម្មនៅក្នុងស្រុក ចាប់តាំងពីឆ្នាំ ២០០០។
  • BDS-2 បញ្ចប់ការសាងសង់នៅឆ្នាំ២០១២ និងដាក់ដំណើរការសេវាកម្មរុករកទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។
  • BDS-3 ត្រូវបានដាក់ដំណើរការនៅខែមិថុនា ឆ្នាំ២០២០ ដែលផ្កាយរណបចំនួន៣០ត្រូវបានបាញ់បង្ហោះឱ្យស្ថិតនៅក្នុងគន្លង ដើម្បីផ្តល់សេវាកម្មដល់ពិភពលោកទាំងមូល។

ប្រទេសចិនបង្កើតប៉ីឌូក្នុងគោលបំណង៖

  • ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទទួលបានផ្លែផ្កាក្នុងវិស័យរុករកផ្កាយរណប ដែលជាផ្នែកមួយនៃប្រព័ន្ធផ្កាយរណបរុករកសកល។
  • ដើម្បីផ្តល់សេវាកម្មខ្ពស់ មានស្ថិរភាព និងអាចទុកចិត្តបានដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។
  • អភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីគាំទ្រដល់សេដ្ឋកិច្ច លើកកម្ពស់ជីវភាពដល់ប្រជាជនចិន។

បុីឌូ គឺជាផ្នែកសំខាន់មួយនៅក្នុងស្ថាបត្យកម្មឌីជីថលរបស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI)។ វាបានធ្វើឱ្យ ទំនាក់ទំនងរបស់ប្រទេសចិនទៅនឹង សហគមន៍អន្តរជាតិមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសចិនបានផ្សព្វផ្សាយ អំពីប៉ីឌូទៅកាន់ពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបណ្តាប្រទេស BRI។ លើសពីនេះទៅទៀត ចិនបានពង្រឹងទំនាក់ទំនងទៅកាន់ប៉ាគីស្ថាន ដោយនៅខែធ្នូ ឆ្នាំ ២០១៨ ប៉ាគីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយប្រទេសចិនដែលអនុញ្ញាតឱ្យប៉ាគីស្ថានប្រើប្រាស់ប៉ីឌូផងដែរ។ រីឯ ប្រទេសអារ៉ាប៊ីសាអូឌីតបានយល់ព្រមលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការលើការប្រើប្រាស់យោធានៅលើ ប៊ីឌូនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១៩។ មិនត្រឹមតែប៉ុណ្ណោះ ហ្លូណាស (GLONASS) និង ប៉ីឌូ  បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងភាពឆបគ្នា ហ្លូណាស-​បីុឌូ (GLONASS-BeiDou) ក្នុងឆ្នាំ ២០១៥ ។ កិច្ចព្រមព្រៀងនេះត្រូវបានបន្តដោយគម្រោងផ្លូវសូត្ររួមចិន-រុស្ស៊ីដែលសម្គាល់ជាទ្រង់ទ្រាយធំ និងពឹងផ្នែកគ្នាលើបច្ចេកវិទ្យារវាងប្រទេសទាំងពីរក្នុងការរក្សាព្រំដែនសន្តិភាព។

ចំពោះការផ្តល់សេវាកម្មប៉ីឌូ ត្រូវបានប្រើនៅក្នុងយោធាចិនយ៉ាងទូលំទូលាយចាប់តាំងពីឆ្នាំ២០១៤។ វាប្រើជាការទំនាក់ទំនងតាមរយៈសារ ដែលអាចឱ្យទាក់ទងគ្នាបានទាំងនៅតំបន់ដាច់ស្រយាល។ ម្យ៉ាងវិញទៀត យោធាក៏បានរួមបញ្ចូល ប៉ីឌូ ចូលទៅក្នុងប្រព័ន្ធបញ្ជាអាវុធ រួមមានមីស៊ីលផ្លោង និងមីស៊ីលផងដែរ។ ខុសពីប្រព័ន្ធផ្កាយរណបរុករកផ្សេងទៀត ប៉ីឌូមិនត្រឹមតែផ្តល់សេវាកម្មដល់យោធាប៉ុណ្ណោះទេ ប៉ុន្តែចំពោះអ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ ទីផ្សារនៃប៉ីឌូ បានរីកចម្រើនខ្លាំង ដល់វិស័យឯកជន និងជាផ្នែកមួយនៅក្នុង BRI របស់ខ្លួននៅក្នុងបណ្តាប្រទេសអាស៊ី។ ក្នុងឆ្នាំ ២០១៣ អ្នកដឹកនាំផ្នែកអេឡិចត្រូនិក Qualcomm និង សាំសុង(Samsung) បានសហការគ្នាដើម្បីនាំយកទីផ្សារស្មាតហ្វូនដំបូងដែលរួមបញ្ចូលសេវាកម្មរបស់ប៉ីឌូ ទៅក្នុងស្មាតហ្វូន និងថេប្លេត។

នៅចុងឆ្នាំ ២០១៩ ស្មាតហ្វូនរបស់ចិនមានច្រើនជាង ៧០ ភាគរយបានប្រើប្រាស់ ប៉ីឌូ សម្រាប់សេវាកម្មកំណត់ទីតាំង ដែលមានតម្លៃសរុបចំនួន ៥៧ ពាន់លានដុល្លារ ព្រមទាំងប្រទេសនិងតំបន់ ចំនួនច្រើនជាង១២០ ដែលកំពុងប្រើប្រាស់វា។

ប៉ីឌូ គូប្រជែងនៃប្រព័ន្ធកំណត់ទីតាំង (GPS) របស់សហរដ្ឋអាមេរិក

ប្រព័ន្ធកំណត់ទីតាំងសកល ឬ Global Positioning Systems គឺជាប្រព័ន្ធផ្កាយរណបរុករកដំបូងបង្អស់ និងលេចធ្លោជាងគេនៅក្នុងប្រព័ន្ធរុករុកសកល( GNSS)។ វាត្រូវបានបង្កើតឡើងតាំងពីទសវត្សរ៍ឆ្នាំ១៩៧០ដោយក្រសួងការពារជាតិនៃសហរដ្ឋអាមេរិក និងប្រើប្រាស់ដើម្បីធានានូវប្រព័ន្ធរុករកផ្កាយរណបដែលមានប្រសិទ្ធភាពនិងស្ថិរភាព ដែលត្រូវបានប្រើជាពិសេសនៅក្នុងការរុករកតាមរថយន្ត កប៉ាល់ កាំជ្រួច និងយន្តហោះ។

ការបាញ់បង្ហោះផ្កាយរណបលើកទីបីរបស់ប៉ីឌូ គឺជាការផ្តាច់ខ្លួនពីការប្រើប្រាស់ GPSទាំងស្រុងរបស់ប្រទេសចិន។ ប៉ីឌូអាចជួយដល់ប្រទេសចិនក្នុងការរក្សាបណ្តាញអ៊ីនធើណេតរបស់ខ្លួនក្នុងករណីមានជម្លោះជាមួយសហរដ្ឋអាមេរិក ហើយក៏ជាការជំរុញផ្នែកឥទ្ធិពលបច្ចេកវិទ្យារបស់ខ្លួនផងដែរ។ មានចំណុចសំខាន់មួយចំនួនដែលប៉ីឌូហាក់មានភាពប្រសើរជាង GPS។ ប្រៀបជាមួយ GPS គុណសម្បតិ្តចម្បងរបស់ ប៉ីឌូ គឺភាពត្រឹមត្រូវរបស់វា។ ប៉ីឌូមានសមត្ថភាពផ្តល់ព័ត៌មាននិងទីតាំងត្រឹមត្រូវនិងច្បាស់លាស់ជាង៣ដង បើធៀបជាមួយ GPS ។ នេះជាមូលហេតុដែលគេប្រើវាក្នុងការស្ទង់មតិអំពីកសិកម្មបានច្បាស់លាស់ ស្វ័យយានយន្ត និងបង្កកំហុសតិចតួចបំផុត។

ម្យ៉ាងទៀតប៉ីឌូពឹងផ្អែកលើប្រេកង់២ដែលធ្វើឱ្យវាធន់នឹងការជ្រៀតជ្រែកពីឧបករណ៍ផ្សេងៗ​ ផ្ទុយពី GPS​ ដែលពឹងផ្អែកលើប្រេកង់១ដែលពេលខ្លះវាត្រូវបានរំខាននិងជ្រៀតជ្រែកពីប្រទេសជាសត្រូវ។ លើសពីនេះទៅទៀត ប៉ីឌូមានមុខងារមួយដែលហៅថា “សេវាសារខ្លី”ដែលអាចឱ្យអ្នកប្រើប្រាស់ផ្ញើ និងទទួលសារក្នុងប្រព័ន្ធរុករក។

ទោះជាយ៉ាងក៏ដោយប៉ីឌូនៅតែមានដែនគ្របដណ្តប់តិចជាង GPS។ ការប្រើប្រាស់ GPS ប្រៀបដូចជាការចាក់ឬសយ៉ាងជ្រៅនៅក្នុងបច្ចេកវិទ្យា ដែលគេមិនទាន់អាចដឹងច្បាស់នៅឡើយថាប៉ីឌូអាចនឹងយកឈ្នះ GPS បាននៅឡើយ។ ប៉ុន្តែការប្រកួតប្រជែងរបស់ប៉ីឌូ គឺជាការដាស់តឿនមួយដល់សហរដ្ឋអាមេរិកក្នុងការធ្វើឱ្យ GPS និងបំពេញចំនុចដែលខ្វះខាតកាលពីមុន។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើអាស៊ានអាចជាសង្វៀនប្រកួតប្រជែងរបស់ឥណ្ឌូប៉ាស៊ីហ្វិកដែរឬទេ?

ឥណ្ឌូប៉ាស៊ីហ្វិក កំពុងក្លាយជាតំបន់ភូមិសាស្ត្រនយោបាយដែលមានការប្រកួតប្រជែងខ្លាំងបំផុតក្នុងពិភពលោក ជាពិសេសរវាងសហរដ្ឋអាមេរិក និងចិន។ សង្រ្គាម អាចផ្ទុះឡើងនៅក្នុងតំបន់នេះគ្រប់ពេល ប្រសិនបើប្រទេសនានាមិនមានភាពប្រុងប្រយ័ត្ននិងមិនមានគោលនយោបាយការបរទេសរឹងមាំ តួយ៉ាងច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងត្បូង (SCS) និងសមុទ្រចិនខាងកើត។ យើងក៏អាចកត់សម្គាល់បានផងដែរថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ក៏ដូចជាជម្លោះពាណិជ្ជកម្ម និងការប្រកួតប្រជែងសេដ្ឋកិច្ចរវាងប្រទេសចិន និងសមាជិក Quad បានកើនឡើងយ៉ាងខ្លាំងផងដែរនៅក្នុងតំបននេះ ។ ដោយមើលឃើញពីអត្ថប្រយោជន៏យ៉ាងសំខាន់នៅក្នុងតំបន់ភូមិសាស្ត្រនយោបាយមួយនេះ ប្រទេសជាច្រើនបានដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ដូចជា អាមេរិក​ ជប៉ុន អឺរ៉ុប និងតូអង្គដែលសំខាន់ជាងគេនោះគឺអាស៊ាន។ អាស៊ានគឺជាស្ថាប័នមួយដែលក៏ជាអ្នកកំណត់ជោគវាសនាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយសារតែប្រទេសសមាជិកអាស៊ានស្ថិតនៅក្នុងតំបន់ភូមិសាស្ត្រនយោបាយ និងអាចក្លាយជាកូនអុករបស់ប្រទេសមហាអំណាចដើម្បីប្រើប្រាស់នៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។

ហេតុអ្វីបានជាអាស៊ានសំខាន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក?

អាស៊ានលាតសន្ធឹងស្ថិតនៅចំចំណុចកណ្តាលនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងផ្នែកសន្តិសុខ នយោបាយ​និងសេដកិច្ច ជាមួយនឹងការកើនឡើងហានិភ័យនៃជម្លោះក្នុងចំណោមមហាអំណាចធំៗ។ គួររំលេចផងដែរថា បញ្ហាប្រឈមភូមិសាស្ត្រនយោបាយដែលកំពុងវិវត្ត រួមជាមួយនឹងការគំរាមកំហែងផ្នែកសន្តិសុខថ្មី បានជំរុញឱ្យអាស៊ានរិះរកយុទ្ធសាស្ត្រនានារបស់ខ្លួនឆ្ពោះទៅរកការរក្សារឱ្យបានដាច់ខាតនូវ សន្តិសុខសណ្នាប់ធ្នាប់តំបន់ និង អព្យាក្រឹត្យភាព។ ជាច្រើនឆ្នាំមកហើយ មហាអំណាចទាំងពីរពោលគឺចិននិងអាមេរិកបានព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ដើម្បីពង្រឹងអំណាចនិងបង្កើតសម័ន្ធមិត្តឱ្យបានកាន់តែច្រើនដែលបង្ករឱ្យភាពរង្គោះរង្គៅទៅដល់ស្ថិរភាពនិងសាមគ្គីភាពរបស់អាស៊ាន។ ម៉្យាងវិញទៀត អាស៊ានក៏ទទួលស្គាល់ថាស្ថិរភាពឥណ្ឌូ-ប៉ាស៊ីហ្វិកនឹងមានសារៈសំខាន់យ៉ាងសំខាន់ចំពោះសន្តិភាព សន្តិសុខ និងវិបុលភាពពិភពលោកបើយោងទៅតាមទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក( ASEAN’s Outlook on Indo Pacific)។ យ៉ាងណាមិញ ឥណ្ឌូណេស៊ីដែលបានចូលកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០២៣ បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលថា សមាជិកអាស៊ានទាំង១០ប្រទេស ត្រូវតែខិតខំដើម្បីក្លាយជា តំបន់សន្តិភាព និងជាយុថ្កាសម្រាប់ស្ថិរភាពពិភពលោកនិង ប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និង មិនមែនជាកូនអុក សម្រាប់មហាអំណាចណាមួយឡើយ” ។

ទន្ទឹមនេះ អាស៊ាននឹងបាត់បង់អព្យាក្រឹត្យភាពរបស់ខ្លួនប្រសិនបើប្រទេសដែលជាសមាជិកជ្រើសរើសយកមហាអំណាចណាមួយធ្វើជាខ្នងបង្អែក។ នៅក្នុងពេលបច្ចុប្បន្ននេះ អាមេរិកបានកំពុងតែងាកមកបង្កើតភាពស្និទ្ធស្នាលជាមួយនូវបណ្តាលប្រទេសនៅអាស៊ីអាគ្នេយ៏តាមរយៈ ទំនាក់ទំនងទ្វេរភាគី អាស៊ាន-អាមេរិក​(ASEAN-US Bilateral Relations)​ ដែលស្ថិតនៅក្រោមរូបភាព កិច្ចសហប្រតិបត្តិការផ្នែក សេដ្ឋកិច្ច និង សន្តិសុខតំបន់ពោលគឺដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ តួរយ៉ាង ជំនួបកិច្ចប្រជុំរវាងមេដឹកនាំសមាជិកអាស៊ាន និងលោកប្រធានាធិបតី ចូ បៃដិនកាលពីឆ្នាំ​២០២២ កន្លងទៅនេះក៏បានបង្ហាញអំពីការតាំងចិត្តរបស់អាមេរិកក្នុងការពង្រឹងមិត្តភាពជាមួយនឹងអាស៊ានផងដែរ។ ចិនក៏មានមហិច្ឆិតាមិនខុសពីអាមេរិកដែរ ពោលគឺចិនបានចាត់ទុកអាស៊ានជាតំបន់យុទ្ធសាស្ត្រមួយសម្រាប់ពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ដោយចិនបានជួយសេដ្ឋកិច្ចអាស៊ានឱ្យមានភាពកើនឡើងយ៉ាងឆាប់រហ័សនិងថែមទាំងជាដៃគូរសេដ្ឋកិច្ចធំជាងគេសម្រាប់អាស៊ានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសសមាជិកអាស៊ានជាច្រើនបានទទួលប្រាក់កម្ចី យ៉ាងច្រើនពីចិន ហើយការនាំចេញភាកច្រើនគឺត្រូវពឹកផ្អែកទៅលើទីផ្សាររបស់ចិនផងដែរ។ បន្ថែមពីនេះ បើយើងនិយាយអំពីផ្នែកសេដ្ឋកិច្ចវិញ ទំហំពាណិជ្ជកម្មទ្វេភាគីចិនអាស៊ានបានកើនឡើងយ៉ាងឆាប់រហ័សពី ៨ ប៊ីលានដុល្លារ ក្នុងឆ្នាំ ១៩៩១ ដល់ ៤៧២,២ ប៊ីលានដុល្លារក្នុងឆ្នាំ ២០១៥ និងជិតដល់ ៦០០ ប៊ីលានដុល្លារក្នុងឆ្នាំ២០១៩ដោយចិនបានផ្តល់នូវភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មសេរីនិងដំណើរការនូវការនាំចេញដោយមានភាពងាយស្រួលទៅកាន់ទីផ្សារប្រទេសចិន។ នៅឆ្នាំ២០២២ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានអស់រយៈពេលជិត ៧ ឆ្នាំ ទន្ទឹមនឹងនេះ អាស៊ានបានទាក់ទាញប្រមាណ ៥% ទៅ ៦% នៃការវិនិយោគសរុបរបស់ចិននៅនៅក្នុងតំបន់ផងដែរដោយការវិនិយោគទាំងនេះត្រូវបានបែងចែកនៅក្នុងវិស័យផ្សេងៗរួមមានសេវាកម្មពាណិជ្ជកម្មពាណិជ្ជកម្មលក់ដុំ និងរាយ ការផលិតអគ្គិសនី ការផលិត និងការរុករករ៉ែនិងថាមពលផ្សេងៗទៀត។ យ៉ាងណាមិញ ប្រសិនបើសមាជិកអាស៊ានរឺ អាស៊ានទាំងមូលពឹងផ្អែកដាច់ខាតទៅលើចិន រឺអាមេរិកដោយសារតែផលប្រយោជន៏ដែលខ្លួនទទួលបាននោះ នោះអាស៊ាននឹងធ្លាក់ទៅដល់ចំណុចមួយដែលឈានទៅដល់ការបាត់បង់នូវអព្យាក្រឹត្យ ភាព និងភាពនៅកណ្តាល (ASEAN Neutrality & ASEAN Centrality)ដូចនេះ ដើម្បីធ្វើឱ្យមានតុល្យភាពនៃការទទួលរងរបស់មហាអំណាចទាំងពីរនេះ អាស៊ានត្រូវតែរក្សារឱ្យបាននូវអព្យាក្រឹត្យភាព និងដាក់ចេញនូវយុទ្ធសាស្ត្រគោលមួយចំនួនដើម្បីរក្សារស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

យុទ្ធសាស្ត្រអាស៊ានឥណ្ឌូប៉ាស៊ីហ្វិក

ដើម្បីយល់ដឹងអំពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក យើងត្រូវក្រឡេកទៅមើល ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក( ASEAN’s Outlook on Indo Pacific)។ ការអនុម័តជាឯកច្ឆ័ន្ទនៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ត្រូវ នៅទីក្រុងបាងកក ក្នុងខែមិថុនា ឆ្នាំ ២០១៩ បានបង្ហាញពីជំហររួមរបស់អាស៊ាន យ៉ាងច្បាស់នូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែទូលំទូលាយ។  ជាមួយនឹងទស្សនៈវិស័យនេះ អាស៊ានមានបំណងចង់ ពង្រឹងយន្តការដឹកនាំដោយអាស៊ាន (ASEAN-Led Mechanism) ដើម្បីប្រឈមមុខនឹងបញ្ហា ក្នុងតំបន់ និងចាប់យកឱកាសដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងទំទាក់ជាមួយគ្រប់ភាគីទាំអអស់។ ដើម្បីរកចំណុចកណ្ដាលមួយដើម្បីរក្សាស្ថិរភាព ការទាក់ទាញផលប្រយោជន៍មកចូលតំបន់ និងសន្តិសុខប្រទេសសមាជិកអាស៊ានទាំងអស់ត្រូវតែប្រកាន់ខ្ជាប់ឱ្យបាននូវគោលការណ៏របស់ AOIP ដោយគួរតែយកអាស៊ានធ្វើជាស្ថាប័នមួយដែល ជំរុញឱ្យមាននូវកិច្ចសហការក្នុងតំបន់ជាមួយគ្រប់ភាគី។​ នៅក្នុងន័យនេះ អាស៊ានក៏បានលើកបញ្ជាក់ពីគោលជំហររបស់ខ្លួនយ៉ាងច្បាស់លាស់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយចង់សម្រេចបាននូវកិច្ចសហការដែនសមុទ្រ កិច្ចសហការសេដ្ឋកិច្ចស៊ីជម្រៅ និងការប្រកាន់ខ្ជាប់នូវគោលការណ៏ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការណ៏​( Treaty of Amity and Cooperation)។ ម៉្យាងវិញទៀតដើម្បីកាត់បន្ថយភាពការគំរាមកំហែងក្នុងតំបន់ អាស៊ានគួរតែចាត់ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជា តំបន់នៃការសន្ទនាប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការជំនួសដោយការប្រកួតប្រជែង ហើយអាស៊ាននៅតែសង្កត់ធ្ងន់ដដែលទៅលើការឈរនៅកណ្តាលនិងអព្យាក្រឹត្យភាព។ លើសពីនេះទៅទៀត អាស៊ានគួរតែកាត់បន្ថយការពឹងផ្អែកច្រើនលើសលប់នូវផ្អែកសេដ្ឋកិច្ច ទៅលើចិន និង​អាមេរិកព្រោះវាអាចធ្វើប្រទេសសមាជិកអាស៊ានមានទំនោរគោលនយោបាយការបរទេសលម្អៀងទៅលើប្រទេសមហាអំណាចណាមួយ។ ផ្ទុយទៅវិញ អាស៊ានក៏អាចងាកមកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច​ជាមួយនឹងប្រទេសដែលជាដៃគូរសន្ទនា (Dialogue Partner) ដែលមានដូចជា អូស្ត្រាលី កាណាដា សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន កូរ៉េ​ ណវែហ្សែឡង់ រុស្ស៊ី ចក្រភពអង់គ្លេស (ក្នុងនោះក៏មានចិននិងអាមេរិកផងដែរ)។ ជាចុងក្រោយ អាស៊ានគួរតែបង្កើតគំរូនៃភាព ដឹកនាំបែបសមូហភាព ដែលមានការពឹងពាក់គ្នាទៅវិញទៅមកត្រូវបានផ្តល់អាទិភាព ហើយគ្មានប្រទេសណាមួយគ្រប់គ្រងភាពជាដៃគូនោះទេ។  ដោយយើងមើលឃើញថាភាពតានតឹងរវាងចិន និង អាមេរិកគឺមិនងាយនឹងបញ្ចប់នោះទេហើយវានឹងប៉ះពាល់យ៉ាងខ្លាំងទៅដល់អព្យាក្រឹត្យភាព និងភាពជាកណ្តាលរបស់អាស៊ាន ពីព្រោះគោលនយោបាយការបរទេសរបស់ប្រទេសនីមួយៗមានទំនោរខុសៗគ្នា​។ ដូចនេះហើយ ប្រទេសសមាជិកគួរតែផ្តល់អទិភាពជាចម្បងទៅលើការដាក់ចេញនូវគោលនយោបាយការបរទេសដោយផ្អែកទៅលើគោលការណ៏សំខាន់ៗរបស់អាស៊ាននោះវានឹងនាំមកនូវ ស្ថិរភាព សន្តិសុខតំបន់។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ