"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧

វិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ ឬ Asian financial crisis ​ បានធ្វើឱ្យប្រទេសមួយចំនួននៅអាស៊ីមានសេដ្ឋកិច្ចធ្លាក់ចុះនៅចន្លោះឆ្នាំ១៩៩៦និង ១៩៩៧ ដោយក្នុងនោះអត្រាផលិតផលក្នុងស្រុកសរុបឬ GDP របស់ប្រទេសប៉ះពាល់ធ្ងន់ធ្ងរជាងគេដូចជា ឥណ្ឌូនេស៊ីបានធ្លាក់មកត្រឹម ៤៣,២% ប្រទេសថៃ ២១,២%% ប្រទេសម៉ាឡេស៊ី ១៩% កូរ៉េខាងត្បូង ១៨,៥% និង ហ្វីលីពីន ១២,៥%។ ប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់ប្រទេសជួបវិបត្តិទាំងអស់នេះក៏ទទួលរងផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុនេះដែរ។ បញ្ហាហិរញ្ញវត្ថុនេះបានជះឥទ្ធិពលផលប៉ះពាល់ជាប្រព័ន្ធដល់សេដ្ឋកិច្ចជិតខាង ព្រោះការខូចខាតសេដ្ឋកិច្ចមិនត្រឹមតែមានលើប្រទេសដែលរងគ្រោះទេ ប៉ុន្តែវាបន្តប៉ះពាល់ទៅលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសក្នុងតំបន់ដែលមានទំនាក់ទំនងជាមួយគ្នា និងប្រទេសជាដៃគូរសហការផងដែរ។

សេចក្តីសង្ខេបត្រួសៗពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧

វិបត្តិហិរញ្ញវត្ថុអាស៊ីចាប់ផ្តើមឡើងពីវិបត្តិធនាគារនៅក្នុងប្រទេសថៃអំឡុងទសវត្សន៍ឆ្នាំ១៩៩០ ដោយធនាគារថៃបានផ្តល់ឥណទានដុល្លារអាមេរិកធនមធ្យមឱ្យអ្នកវិនិយោគក្នុងស្រុក ជាពិសេសឥណទានបរទេសឬ cross border loan ច្រើនលើសកំណត់រហូតដល់ដើមឆ្នាំ ១៩៩៧ ធ្វើឱ្យមានបញ្ហាមានសញ្ញាណអស្ថិរភាពហិរញ្ញវត្ថុលេចឡើងក្នុងសេដ្ឋកិច្ចថៃ។ នៅពេលធនាគារផ្តល់ឥណទានកាន់តែច្រើន នោះដើមទុនរបស់ធនាគារបានធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយសារតែលំហូរមូលធន (Capital flow) មិនមានគ្រប់គ្រាន់ដើម្បីបំពេញតាមចរន្ដគណនីក្នុងធនាគារ ហើយវាបានបន្តឱ្យមានបញ្ហាឱនភាពគណនីចរន្តឬ current account deficiency។ បន្ថែមពីលើបញ្ហាធនាគារ ថៃក៏មានបញ្ហាអតិផរណាលុយបាតថៃបណ្តាលឱ្យវិបត្តិហិរញ្ញវត្ថុនេះបានចាប់ផ្តើមផ្ទុះឡើងខ្លាំង។ នៅដើមខែកក្កដាឆ្នាំ ១៩៩៧ ធនាគារថៃបន្តប្រកាសក្ស័យធនច្រើនទៅៗ រួមជាមួយនឹងទិដ្ឋភាពនៃការដកប្រាក់យ៉ាងច្រើនពីធនាគារ រីឯបញ្ហាអត្រាអតិផរណាកាន់តែខ្ពស់ទៅៗ។ ការរីករាលដាលពីវិបត្តិនៅថៃបាននាំផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ នាំឱ្យផលិតផលក្នុងស្រុកសរុប GDP ធា្លក់ចុះជាទម្ងន់ ហើយអត្រាអ្នកអត់ការងារធ្វើកាន់តែកើនឡើង។ តើប្រទេសទាំងនេះមានគោលការណ៍ស្តារសេដ្ឋកិច្ចឡើងវិញដូចម្តេចខ្លះ?

គោលការណ៍ដោះស្រាយវិបត្តិហិរញ្ញវត្ថុ Policy response

ដើម្បីដោះស្រាយវិបត្តិនេះ ថៃនិងប្រទេសជួបវិបត្តិនានានៅអាស៊ីបានធ្វើចំណាត់ការគោលការណ៍ស្រោចស្រង់ពីវិបត្តិនេះដោយទទួលជំនួយពីខាងក្រៅ (ពីមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារអភិវឌ្ឍអាស៊ីជាដើម) បូករួមនឹងគោលការណ៍រៀបចំស្តារវិស័យហិរញ្ញវត្ថុ និងធ្វើកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធធនាគារឡើងវិញ។ យោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ International Monetary Fund ឬ IMF បានបង្ហាញពីមធ្យោបាយដែលជាគោលការណ៍ហិរញ្ញវត្ថុនៅក្នុងការដោះស្រាយនឹងបញ្ហាលុយហើមនេះរួមមាន៖

ក. ជំនួយហិរញ្ញវត្ថុពីខាងក្រៅ និងគោលការណ៍អង្គការអន្តរជាតិពាក់ព័ន្ធ

ក្នុងការស្រោចស្រង់ចម្បង ប្រទេសរងគ្រោះខ្លាំងជាងគេមានថៃ កូរ៉េ និងឥណ្ឌូនេស៊ី បានទទួលកញ្ចប់ជំនួយទ្រព្យសកម្មផ្លូវការពីមូលនិធិរូបិយវត្ថុអន្តរជាតិ International Monetary Fund ឬ IMF នៅខែមករា​ ឆ្នាំ១៩៩៩ សរុប ១៧ ប៊ីលានដុល្លារអាមេរិកដល់ប្រទេសថៃ ៤២ ប៊ីលានដុល្លារអាមេរិកដល់ឥណ្ឌូនេស៊ី និង ៥៨ ប៊ីលានដុល្លារដល់កូរ៉េខាងត្បូងក្នុងការជួយទប់ស្កាត់លំហូរចេញរូបិយវត្ថុយ៉ាងលឿននោះ។ កញ្ចប់ជំនួយនេះមិនអាចគ្របដណ្តប់លើគ្រប់បញ្ហាដូចជា បញ្ហាទីផ្សារមូលប័ត្រ ការបាត់បង់ទំហំវិនិយោគ អតិផរណា និងបំណុលបរទេសទាំងស្រុងបានទេ។ សម្រាប់ប្រទេសថៃ កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី ជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិនេះបានត្រឹមតែជួយសម្រួលការលំហូរចេញមូលធនដែលជាបញ្ហាចម្បងធ្វើឱ្យធនាគារក្ស័យធន និងបាត់បង់ទ្រព្យបម្រុង។ ការពឹងលើកញ្ចប់ជំនួយមួយមុខគឺមិនគ្រប់ទេ ដូចនេះរដ្ឋាភិបាលប្រទេសទាំងនេះត្រូវធានារក្សាឱ្យមានអ្នកវិនិយោគបន្តវិនិយោគក្នុងស្រុក និងធ្វើមូលធនភាវូបនីយកម្មធនាគារបន្ថែមដើម្បីឱ្យមានលំហូរចូលមូលធន (Capital inflow) ទប់តទល់នឹងបញ្ហាឱនភាពគណនីចរន្តឬ current account deficiency។ ទោះជាជំនួយអន្តរជាតិមិនអាចដោះស្រាយបញ្ហាទាំងស្រុងបាន យ៉ាងណាវាអាចជួយរំដោះស្ថានភាពយ៉ាប់យឺនមួយផ្នែកនៃសេដ្ឋកិច្ចបានខ្លះដែរដោយជួយរក្សាអនុបាតនៃលទ្ធភាពទូទាត់សងបំណុលឬ Liquidity ratio។​

ខ.​​ ការរៀបចំវិស័យហិរញ្ញវត្ថុ​​ និងកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ

ក្នុងការដោះស្រាយស្ថានភាពក្ស័យធននៃស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកជាច្រើន រដ្ឋាភិបាលនៃប្រទេសជួបវិបត្តិ ជាពិសេសប្រទេសថៃបានធ្វើមូលធនភាវូបនីយកម្ម capitalization ប្រព័ន្ធធនាគារ ទៅកម្រិតអន្តរជាតិដែលមានទំហំពី ២០% ទៅ ៣០% នៃ GDP ដើម្បីស្តារកំណើនសេដ្ឋកិច្ច​ឡើងវិញានទៅរកស្ថានភាពណៈវិនិច្ឆ័យមួយចំនួនទៅធនាគារក្នុងស្រុកមុននឹងឱ្យកម្ចីរព័ន្ធធនាគារឡើងជាលំដាប់៩៩៧ កូរ៉េស្ទើរតែមិនមានទ្រព្យតម្កល់ដែលអា និងបញ្ចុះបញ្ចូលវិនិយោគិនឱ្យបន្តវិនិយោគ។ ការធ្វើមូលធនភាវូបនីយកម្ម capitalization ប្រព័ន្ធធនាគារសំដៅទៅលើកញ្ចប់ថវិកាស្តារដែលផ្តល់ដោយធនាគារកណ្តាលទៅធនាគារក្នុងស្រុកដែលកំពុងបាត់បង់ទ្រព្យបម្រុង​ ឬ ធនាគារឯកជនក្នុងគោលបំណងសង្គ្រោះមិនឱ្យឈានទៅរកការក្ស័យធន។  ប្រទេសរងគ្រោះខ្លាំងមានថៃ កូរ៉េ និងឥណ្ឌូនេស៊ីបានរៀបឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធធនាគារទន់ខ្សោយ ក្នុងនោះបានសម្រេចបិទស្ថាប័នហិរញ្ញវត្ថុ​ និងធនាគារក្នុងស្រុកណាដែលមានលក្ខណៈអន់ថយ ដាក់ចេញនូវលក្ខណៈវិនិច្ឆ័យមួយចំនួនទៅធនាគារក្នុងស្រុកមុននឹងឱ្យកម្ចីឯកជន ក៏ដូចជាបង្កើតគណៈកម្មការជំនាញក្នុងការដោះស្រាយវិបត្តិហិរញ្ញវត្ថុ។ យោងតាមធនាគារអភិវឌ្ឍអាស៊ី Asian Development Bank ឫ ADB បានបង្ហាញពីកំណែទម្រង់វិស័យធនាគារតាមប្រទេសរងវិបត្តិ រួមមានប្រទេសឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី ហ្វីលីពីន និងថៃក្នុងការសម្អាតកម្ចីឥតដំណើរការនិងរៀបចំលក្ខណៈវិនិច្ឆ័យថ្មីក្នុង​ការ​ផ្តល់ឥណទានតាមធនាគារក្នុងស្រុក ដើម្បីធានាបាននូវតុល្យភាពក្នុងការទូទាត់ទាំងអត្រាការប្រាក់ និងសំណងបង្វិល។ តាមរបាយការណ៍របស់ធនាគារពិភពលោក ៤៧% នៃស្ថាប័នហិរញ្ញវត្ថុនិងក្រុមហ៊ុនថៃបានបាត់បង់តារាងតុល្យការ (Balance sheet ឫ ទំហំទ្រព្យសម្បត្តិ) ​ប៉ុន្តែដ្ឋាភិបាលថៃបានស្រោចស្រង់ធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗមិនឱ្យក្ស័យធន ហើយក៏បានរក្សាទំនុកចិត្តអ្នកវិនិយោគឱ្យបន្តវិនិយោគដើម្បីធានា​​​​​​​​​​​​ឱ្យមានលំហូរមូលធនក្នុងសេដ្ឋកិច្ចថៃឡើងវិញ​។ ការស្រោចស្រង់នេះ បានធ្វើឡើងដោយការបញ្ចូលស្ថាប័នហិរញ្ញវត្ថុចូលគ្នានិងធ្វើមូលធនភាវូបន័យកម្មធនាគារទាំងនោះ។ ធនាគារកណ្តាលថៃបានចេញគោលការណ៍រួមបញ្ចូលស្ថាប័នហិរញ្ញវត្ថុចូលគ្នាផងដែររួមមាន ក្រុមហ៊ុនហិរញ្ញវត្ថុចំនួន ៩១ និង ធនាគារចំនួន ១៨ក្នុងប្រទេសថៃ។ ក្នុងពេលនោះក្រសួងហិរញ្ញវត្ថុថៃ និងធនាគារកណ្តាលថៃបានឱ្យក្រុមហ៊ុនហិរញ្ញវត្ថុធំជាងគេរបស់ថៃ Finance One រួមបញ្ចូលជាមួយនឹងធនាគារពាណិជ្ជលំដាប់ទី​១២ក្នុងស្រុក Thai Danu Bank និងបានផ្តល់ជំនួយ ៤០​ ប៊ីលានបាត ក្នុងការស្រោចស្រង់ពីការក្ស័យធន។ ជំនួយ ៤០ ប៊ីលានបាតនេះគឺដើម្បីរក្សាតារាងតុល្យការ (Balance sheet ឫ ទំហំទ្រព្យសម្បត្តិ)​ និងអាចដំណើរការបានពេលមានឱនភាពគណនីចរន្តឬ current account deficiency។

គ. គោលការណ៍អភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច

​​​ស្របពេលជាមួយគ្នានេះដែរ គោលការណ៍រូបិយវត្ថុនិងគោលការណ៍សារពើពន្ធត្រូវបានគេមើលឃើញមានការពិបាកក្នុងការស្រោចស្រង់ឱ្យមកសភាពដើម។ អតិផរណាបានធ្វើឱ្យលុយចុះថោកខ្លាំង វិធានការចាំបាច់នោះគឺការធ្វើឱ្យយន្តការរូបិយវត្ថុមានលក្ខណៈធូរស្រាលជាងមុនដោយមិនតម្រូវឱ្យមានការកំណត់តម្លៃរូបិយវត្ថុឱ្យនៅថេរឬ currency peg ដូចមុនទេ។​ នាពេលនោះធនាគារកណ្តាលថៃ​ បានចំណាយជាច្រើនប៊ីលានដុល្លារអាមេរិកក្នុងការរក្សាតម្លៃលុយបាតថៃមិនឱ្យបន្តធ្លាក់ចុះតទៅទៀត។ លើសពីនេះរដ្ឋាភិបាលបានធ្វើការតម្លើងអត្រាការប្រាក់ឡើងវិញ (Increase real interest rate) ដើម្បីទាក់ទាញលំហូរចូលមូលធន (Capital inflow) ក្នុងសេដ្ឋកិច្ច និងស្ថេរភាពអត្រាទូទាត់និងប្តូរប្រាក់ក្នុងទីផ្សាររូបិយប័ណ្ណ។

សេចក្តីសន្និដ្នាន

សរុបរួមមកយើងអាចសន្និដ្ឋានបានថា វិបត្តិនៅប្រទេសថៃបាន​បង្ហាញឱ្យឃើញពីចន្លោះប្រហោងទាំងម៉ាក្រូសេដ្ឋកិច្ច (បញ្ហាអត្រាអតិផរណាខ្ពស់) និងមីក្រូសេដ្ឋកិច្ច (វិបត្តិធនាគារក្នុងស្រុក) ដែលជាហេតុនាំឱ្យឈានដល់មានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ ជាដំណោះស្រាយ រដ្ឋាភិបាលបានធ្វើការរៀបចំវិស័យហិរញ្ញវត្ថុតាមរយៈកញ្ចប់ជំនួយពីមូលនិធិអន្តរជាតិ និងអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចឡើងវិញ។ លើសពីនេះយើងឃើញថា តម្រូវការអភិបាលកិច្ចពីសំណាក់រដ្ឋាភិបាលនៅលើសេដ្ឋកិច្ចទីផ្សារក៏មានសារៈសំខាន់ដែរក្នុងសម្រួលដំណើរសេដ្ឋកិច្ច ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធធនាគារឱ្យមានលក្ខណៈប្រសើរឡើងវិញ។

នយោបាយការបរទេសចិន “ការទូតចចកចម្បាំង” (Wolf Warriror Diplomacy)

រាប់សិបឆ្នាំមកហើយ ទោះបីជាមានការរិះគន់ឬវាយប្រហារដូចព្យុះភ្លៀងយ៉ាងណាពីសំណាក់ប្រទេសដទៃ ប្រទេសចិនតែងឆ្លើយតបក្នុងន័យបញ្ឆិតបញ្ឆៀងលាយឡំជាមួយពាក្យការទូតជាជាងប្រើភ្លើងទ​ល់​​នឹងភ្លើងដោយរិះគន់ឆ្លើយតបចំៗ និងប្រើប្រាស់នយោបាយការបរទេសសងសឹកទៅវិញ។ ក៏ប៉ុន្តែក្រោយមក ប្រទេសចិនក៏បានកាត់បន្ថយគោលនយោបាយទន់ភ្លន់និងភាសាការទូតរបស់ខ្លួន ហើយបែរមករិះគន់ចំៗប្រទេសណាដែលរិះគន់ខ្លួន ដែលក្នុងនោះអាមេរិកនិងអូស្ត្រាលីប្រឈមមុខនឹងចិនច្រើនជាងគេ។ គោលនយោបាយការបរទេសបែបក្រេវក្រោធដែលចំណាត់ការមិនចុះញមនឹងការប្រើប្រាស់សម្ដីបែបគ្រោតគ្រាតនេះត្រូវបានគេដាក់ឈ្មោះថា “ការទូតចចកចម្បាំង” (Wolf Warrior Diplomacy)។ ដូចនេះ តើអ្វីជាការទូតចចកចម្បាំង?

តើអ្នកណាចាប់ផ្ដើមការទូតចចកចម្បាំង (Wolf Warrior Diplomacy)មុនគេ?

ត្បិតតែគ្មានភស្តុតាងផ្លូវការជាក់ស្ដែងណាមួយ ប៉ុន្តែការទូតចចកចម្បាំងនេះអាចចាប់ផ្ដើមពីមន្ត្រីជាន់ខ្ពស់ម្នាក់របស់ចិនឈ្មោះ Zhao Lijian ដែលលោកចេះតែតបតវាយប្រហារបាញ់បោះពាក្យសម្ដីទៅវិញទៅមកជាមួយប្រទេសដែលបានរិះគន់ចិនតាមបណ្ដាញសង្គម Twitter។ យោងតាមការចេញផ្សាយរបស់ South China Morning Post លោក Zhao Lijian គឺជាមន្ត្រីការបទេសរបស់ចិនមុនគេដែលយកTwitter ជាវេទិកាក្នុងការបាញ់បោះពាក្យសម្ដីទៅកាន់ប្រទេសបដិបក្ស។  កិត្ដិនាមរបស់លោក Zhao Lijian ក្នុងនាមជាអ្នកចចកចម្បាំង ត្រូវបានចាប់ផ្ដើមសាយភាយតាមរយៈប្រធានបទសិទ្ធិមនុស្ស ដែលលោក Zhao Lijian ចេញមុខនិយាយការពារចិនពីការរិះគន់សិទ្ធិមនុស្ស និងវាយប្រហារលើចំណុចខ្សោយនៃការអនុវត្ដរបស់ប្រទេសដែលបានរិះគន់ចិនដូចជាអាមេរិក អង់គ្លេស អូស្ត្រាលីវិញ។ យើងអាចសង្កេតឃើញថា តាក់តិចភាគច្រើនដែលលោក Zhao Lijian បានប្រើគឺលោកចោទប្រកាន់ប្រទេសដែលបានរិះគន់ចិនថាមិនបានអនុវត្ដសិទ្ធិមនុស្សឱ្យបានល្អនោះទេ ហើយប្រទេសទាំងនោះត្រូវមើលខ្លួនឯងឱ្យល្អសិនសឹមមករិះគន់ចិន។ សមរភូមិ Twitter របស់លោក Zhao Lijian ត្រូវបានជនជាតិចិនភាគច្រើនពេញចិត្ដ និងមន្ត្រីការបរទេសចិនជាច្រើនផ្សេងទៀតក៏យកតម្រាប់តាម។

ប៉ុន្តែហេតុអ្វីបែរជាមានឈ្មោះការទូតចចកចម្បាំង (Wolf Warrior Diplomacy)ទៅវិញ?

តាមពិតទៅពាក្យថាការទូតចចកចម្បាំងនេះបានមកពីឈ្មោះចំណងជើងខ្សែភាគយន្ដចិនមួយដែលមានឈ្មោះថា “Wolf Warrior”។ ខ្សែភាគយន្ដនេះចាក់បញ្ជាំងលើកដំបូងកាលពីឆ្នាំ២០១៥ និងវគ្គ២ត្រូវបានចាក់បញ្ចាំងនៅឆ្នាំ២០១៧។ ខ្លឹមសារចម្បងនៃខ្សែភាគយន្ដចិនបែបបាញ់បោះដ៏ជោគជ័យមួយនេះគឺបង្កប់នូវទឹកចិត្ដស្នេហាជាតិ ដែលតួឯកគឺជាទាហានពិសេសដែលសុខចិត្ដប្រថុយជីវិតដើម្បីការពារផលប្រយោជន៍ចិនទាំងមូល និងវាយប្រឆាំងសត្រូវនានាទាំងនៅក្នុងប្រទេសនិងឈានទៅក្រៅប្រទេសទៀតផង។ ភាគយន្ដនេះក៏បានបង្ហាញពីបច្ចេកវិទ្យាទំនើបក្នុងការការពារជាតិនិងបុគ្គលិកលក្ខណៈរបស់តួឯកគឺខ្លាំងមុះមុតគួបផ្សំជាមួយទឹកចិត្ដស្រលាញ់ជាតិដែលប្រឆាំងនឹងតួអង្គចិត្ដអាក្រក់ដែលភាគច្រើនគឺជាសាសន៍ដទៃ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នៅក្នុងខ្សែភាពយន្តវគ្គពីរ មានប្រយោគមួយដែលមានខ្លឹមសារថា “អ្នកណាដែលធ្វើបាបចិននឹងត្រូវបានសម្លាប់ ទោះបីជាអ្នកហ្នឹងស្ថិតនៅឆ្ងាយយ៉ាងណាក៏ដោយ” (犯我中华者,虽远必诛)។ ភាពជោគជ័យនៃខ្សែភាគយន្ដនេះបានមកពីការគាំទ្រយ៉ាងខ្លាំងពីជនជាតិចិន ដែលសបញ្ជាក់ពីទឹកចិត្ដស្នេហាជាតិរបស់ជនជាតិចិន ខណៈខ្សែភាគយន្ដនេះក៏បានបណ្ដុះគំនិតមោទកភាពជាតិដែរ។ ដូចនេះ ការណ៍ដែលមានការទូតចចកចម្បាំងនេះកើតឡើង គឺដោយសារទឹកចិត្ដស្នេហាជាតិរបស់ប្រជាជនទូទៅ ដែលជាហេតុធ្វើឱ្យបុគ្គលឬមន្ត្រីណាដែលរិះគន់ដៃគូបដិបក្សត្រូវបានចាត់ទុកជាអ្នកចម្បាំងចចក ឬ Wolf Warrior នោះឯង។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនចិនក៏បានសហការដើម្បីប្រឆាំងទៅនឹងប្រទេសដែលរិះគន់ចិន ដូចជាការធ្វើការពហីការ ឬបញ្ចេញគំនិតការពារជាតិខ្លួនជាដើម។

ទិដ្ឋភាពរួមនៃការទូតចចកចម្បាំង

ការទូតចចកចម្បាំងនេះ មិនមែនត្រឹមតែនិយាយសម្ដីដែលចាក់ទម្លុះបេះដូងទៅភាគីម្ខាងទៀតនោះទេ ប៉ុន្តែក៏មានចំណាត់ការផងដែរ ដែលខុសពីគោលនយោបាយការបរទេសលាក់សាច់ដុំរបស់លោក តេង ស៊ីវភីង (Deng Xiaoping)។ ជាក់ស្ដែង ប្រទេសចិនបានធ្វើឱ្យពិភពលោកស្គាល់ពីការទូតចម្បាំងខ្លាំងជាងគេនៅឆ្នាំ២០២០ ដោយសារតែការចោទប្រកាន់នានាជុំវិញវិបត្ដិកូវីដ១៩ បញ្ហានៅហុងកុង ការបិទក្រុមបណ្ដាញសង្គមចិន និងវិបត្ដិនៅស៊ីនជាំងជាដើម។ មូលហេតុដែលចិនដើរគោលនយោបាយការទូតចចកចម្បាំងនេះ ទំនងដោយសារដើម្បីការពារប្រយោជន៍និងមុខមាត់ចិនពីការទិតៀនពីប្រទេសមហាអំណាចចាស់ ព្រោះចិនគឺជាប្រទេសមហាអំណាចទើបនឹងរះដែលក្លាយជាផ្ទាំងស៊ីបរបស់មហាអំណាចចាស់ទាញជើងចិនកុំឱ្យរីកឥទ្ធិពលលឿនពេក។

គួរំលឹកបន្តិចថា ពេលដែលផ្ទុះកូវីដ១៩ អាមេរិកក្នុងរដ្ឋកាលរបស់លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់យ៉ាងបើកចំហថាចិនជាអ្នកនៅពីក្រោយកូវីដ១៩ និងដាក់ងារវីរុសថា “វីរុសចិន” និង “វីរុសវ៉ូហាន”។ ដោយមិនបានបង្អង់យូរ ប្រទេសចិនក៏ចោទប្រកាន់ទៅអាមេរិកវិញថាអាមេរិកបាននាំយកមេរោគកូវីដ១៩តាមរយៈទាហានអាមេរិកដែលមកប្រកួតកីឡានៅទីក្រុងវ៉ូហាន។ មិនត្រឹមតែប៉ុណ្ណោះ លោកដូណាល់ត្រាំក៏មានបំណងចង់ឱ្យចិនទទួលខុសត្រូវនិងសងការខូចខាតដែលបណ្ដាលមកពីការរីករាលដាលកូវីដ១៩ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានឆ្លើយតបបែបទូន្មានប្រដៅអប់រំអាមេរិក និងលើកឡើងពីជំងឺរាតត្បាតផ្សេងៗដែលកើតឡើងនៅអាមេរិកមុនគេដូចជា H1N1និងជំងឺអេដស៍ ប៉ុន្តែគ្មាននរណាទាមទារឱ្យអាមេរិកសងការខូចខាតឡើយ។

ជាមួយគ្នានេះ ការទូតចចកចម្បាំងនេះជួនកាលក៏អាចហួសពីការរិះគន់គ្នាផងដែរ។ ជាក់ស្ដែង ទំនាក់ទំនងអូស្ត្រាលីនិងចិនក៏ប្រះស្រាំដោយសារតែរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូស្ត្រាលីបានទាមទារនិងទទូចឱ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយជុំវិញប្រភពនៃមេរោគកូវីដ១៩ និងដើម្បីបញ្ជាក់ពីតម្លាភាពនៃវិធានការនិងទិន្នន័យរបស់រដ្ឋាភិបាលចិន។ ប្រទេសចិនមិនត្រឹមតែបដិសេដនោះទេ ប៉ុន្តែក៏បានចេញជាចំណាត់ការ ដូចជាអំពាវនាវឱ្យជនជាតិចិនកុំទៅរៀនឬទេសចរណ៍នៅប្រទេសអូស្ត្រាលីក្រោមហេតុផលហានិភ័យនៃការឆ្លងជំងឺកូវីដ១៩និងការរើសអើងពូជសាសន៍ជាដើម ដែលការអំពាវនេះគឺដូចជំរុញឱ្យជនជាតិចិនធ្វើពហីការនឹងប្រទេសអូស្ត្រាលី។ ក្រោយមកទៀត រដ្ឋាភិបាលចិនបានតំឡើងពន្ធផលិតផលមួយចំនួនក្រោមហេតុផលការពារប្រយោជន៍របស់ផលិតផលក្នុងស្រុកនិងប្រកាសឈប់នាំចូលធ្យូងថ្មពីអូស្ត្រាលី។ យ៉ាងណាក្ដី មុននឹងមានចំណាត់ការលើពាណិជ្ជកម្មនេះ រដ្ឋាភិបាលចិនក៏បានគម្រាមរដ្ឋាភិបាលអូស្ត្រាលីពីការឈប់នាំចូលផលិតផលអូស្ត្រាលី ប្រសិនអូស្ត្រាលីនៅទទូចឱ្យមានការស៊ើបអង្កេតជុំវិញបញ្ហាមេរោគកូវីដ១៩។ គួរបញ្ជាក់ថា រាល់ពេលអូស្ត្រាលីដើរមួយជំហានៗ ដូចជាការពង្រឹងកិច្ចសហប្រតិបត្ដិការឥណ្ឌូប៉ាស៊ីហ្វិកជាដើម រដ្ឋាភិបាលចិននឹងតបតទៅវិញដូចជាការរុកដំបៅចាស់ដែលទាហានអូស្រ្តាលីសម្លាប់ជនស៊ីវិលនិងអ្នកទោសនៅអាហ្វហ្គានីស្ថាន។ បច្ចុប្បន្ននេះ ទំនាក់ទំនងអូស្ត្រាលីនិងចិនកាន់តែជូរចត់ ដែលដើមខែឧសភានេះ ចិនបានប្រកាសផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងសហប្រតិបត្ដិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយអូស្ដ្រាលី។ ការផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងសហប្រតិបត្ដិការនេះប្រហែលជាការសងសឹកដោយសារតែកាលពីខែចុងខែមេសាកន្លងទៅនេះ អូស្ត្រាលីបានលើកចោលកិច្ចសន្យាផ្លូវមួយខ្សែក្រវាត់មួយដែលព្រមព្រៀងរវាងចិននិងជាមួយរដ្ឋាភិបាលរដ្ឋ Victoria។ គួរបញ្ជាក់ដែរថា បើយោងទៅតាមរបាយការណ៍របស់នាយកដ្ឋានកិច្ចការអន្តរជាតិនិងពាណិជកម្មអូស្ត្រាលី ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំ ដែលស្មើនឹង ២៩% នៃដៃគូពាណិជ្ជកម្មសរុបរបស់អូស្រា្ដលី។

ជារួម ការទូតចចកចម្បាំងនេះគឺផ្លាស់ប្ដូរពីការនិយាយបត់បែនច្រើនទៅជាការរិះគន់និងចម្អកភាគីម្ខាងទៀតដែលធ្វើឱ្យចិនបាត់បង់ផលប្រយោជន៍ និងអាប់មុខនៅលើឆាកអន្តរជាតិ។ លើសពីនេះ ការទូតចចកចម្បាំងក៏មានចំណាត់ការជាសកម្មភាពនានា ដូចជា ការដាក់គំនាបសេដ្ឋកិច្ចជាមួយអូស្ត្រាលី និងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកផងដែរ។ ការតបតនោះទៀតសោត ក៏មិនមែនចាំបាច់ឱ្យរដ្ឋាភិបាលចេញមុខរាល់ពេលទេ។ ស្ថានទូតប្រចាំប្រទេសក៏អាចឆ្លើយតបនិងការពាររាល់ការរិះគន់ទាំងឡាយរបស់ស្ថាប័ននានា ក្នុងនោះក៏មានក្រុមសារពត៌មានដែរ។ ជួនកាលយើងអាចឃើញជាស៊ីណារីយ៉ូបែបតស៊ូមតិឬចោទប្រកាន់គ្នាទៅវិញទៅមករវាងស្ថានទូតនិងស្ថានទូត ឧទាហរណ៍ការប្រកែកគ្នាតាមបណ្ដាញសង្គម Facebook រវាងស្ថានទូតចិននិងស្ថានទូតអាមេរិកជុំវិញបញ្ហាឱនភាពពាណិជ្ជកម្មនៅកម្ពុជា និងបញ្ហាខ្មែរក្រហមជាដើម។ យើងក៏អាចយល់បានថា ការទូតចចកចម្បាំងនេះក៏មានជោគជ័យឡើយប្រសិនបើគ្មានការចូលរួមពីប្រជាជនចិនដែលមានទឹកចិត្ដស្នេហាជាតិ ជាក់ស្ដែងដូចជាការធ្វើពហីការលើក្រុមហ៊ុនដែលបានរិះគន់នៅតំបន់ស៊ីនជាំងជាដើម។

គោលគំនិតផ្ដាច់ខ្លួនរដ្ឋ និងសាសនា(Secularism)៖ សមិទ្ធផលប្រវត្តិសាស្ត្រ ចាក់ឫសក្នុងសង្គមបារាំងលើសមួយសតវត្សរ៍

Secularism ត្រូវបានគេឱ្យនិយមន័យថាជាគោលការណ៍នៃការចែកផ្ដាច់រវាងសាសនា(វិហារគ្រីស្ទChurch) និងរដ្ឋ(State)។ គោលការណ៍ជាសមិទ្ធផលប្រវត្តិសាស្ត្រមួយនេះបានចាប់បដិសន្ធិ និងចាប់ផ្ដើមប្រើប្រាស់នាចុងបញ្ចប់នៃសតវត្សរ៍ទី១៩ ដើម្បីកំណត់អំពីសេរីភាពការសម្រេចកិច្ចការស្ថាប័នសាធារណៈ ដោយគ្មានការជ្រៀតជ្រែកពីឥទ្ធិពលរបស់វិហារសាសនាកាតូលីក(Catholic Church) ហើយទស្សនៈនេះ នៅបន្ដឫសគល់រីកដុះដាល ជាផ្នែកសំខាន់មួយក្នុងសង្គមនិងគោលនយោបាយបារាំងរហូតមកដល់បច្ចុប្បន្ននេះ។

​យើងត្រឡប់ទៅមើលប្រវត្តិនៃដំណើរការគោលការណ៍ ឬគោលគំនិតមួយនេះ និងលក្ខណៈពិសេសប្លែកមួយសម្រាប់ពិភពលោក និងផ្នែកខ្លះនៃភាពចម្រូងចម្រាស ដែលបានកើតមានឡើងមកទល់នឹងសព្វថ្ងៃ។

តើ Secularism របស់បារាំងមានដើមកំណើតមកពីណា?

នៅទ្វីបអឺរ៉ុបនាមជ្ឈិមសម័យ(Middle Age) ដែលជំនួសឱ្យចក្រភពរ៉ូមដែលបានដួលរលំបែកខ្ញែកទៅ នគរទាំងអស់នៅអឺរ៉ុបខាងលិច គឺនៅតែបន្តស្ថិតក្រោមអំណាចនៃវិហារសាសនាកាតូលិក ដែលជាតួអង្គដ៏មានឥទ្ធិពលបំផុតមួយ ដឹកនាំដោយសម្ដេចប៉ាប(Pope) ជាអ្នកមានអំណាចកំពូលខាងសាសនានៅទីក្រុងរ៉ូម។ ក្នុងពេលជាមួយគ្នានោះ វាក៏ជាសម័យកាលនៃការកកើតគំនិតទស្សនៈ(Birth of an Idea) ជាយុគសម័យមួយដែលមនុស្សចាប់ផ្ដើមចំណាយពេលក្នុងការគិតពិចារណា ឱ្យគុណតម្លៃទៅលើការសិក្សា វិទ្យាសាស្ត្រ វែកញែករកគំនិតទស្សនៈ ហេតុផលជាដើម ហើយចាត់ទុកការជឿលើសាសនា គ្រាន់ជាក្របខ័ណ្ឌជំនឿរបស់មនុស្សគ្រប់គ្នា។ គោលការណ៍ច្បាប់ គំនិតទស្សនវិជ្ជា អ្នកប្រាជ្ញល្បីៗ បានចាប់កើតមានជាហូរហែ។

ងាកមកប្រវត្តិសាស្ត្របដិវត្តន៍របស់បារាំងវិញ ព្រឹត្តិការណ៍បដិវត្តន៍ផ្ដួលរំលំរបបរាជានិយមផ្ដាច់ការក្នុងឆ្នាំ១៧៨៩ ដែលឈានទៅបញ្ចប់របបនេះ ជាមួយនឹងបដិវត្តផ្នត់គំនិតចំពោះព្រះជាម្ចាស់ ឬអាទិទេព(Devine Rights)បានធ្វើឱ្យមានការប្រកាសរបបសាធារណរដ្ឋមួយឡើង។ ផ្ដើមចេញពីចំណុចទាំងនេះ បារាំងលែងមើលឃើញខ្លួនឯងជាមនុស្សកៀករបស់វិហារគ្រីស្ទសាសនា(Eldest Daughter of the Church) តទៅទៀតហើយ ប៉ុន្តែបារាំងបានកំណត់ខ្លួនថាជារដ្ឋនៃអត្តសញ្ញាណគោលមួយខាងសិទ្ធិមនុស្ស និងគោលគំនិតផ្ដាច់សាសនា និងរដ្ឋ ដែលសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ជាមូលដ្ឋានគ្រឹះនៃច្បាប់កំពូលបារាំង ដែលបានចែងមកតាំងពីសម័យនោះ។

រហូតដល់ឆ្នាំ១៩០៥ ច្បាប់ស្ដីពីការបែងចែងវិហារគ្រីស្ទសាសនានិងរដ្ឋ (Law on the Separation of the Church and State) បានអនុម័តឡើង បន្ទាប់ពីឆ្លងកាត់ការតស៊ូមតិដ៏ខ្លាំងក្លា និងការតស៊ូទំនាក់ទំនងដ៏វែងអន្លាយរវាងវិហារគ្រីស្ទសាសនា និងរដ្ឋ។ ច្បាប់ដែលបានបង្កើតឡើងនោះគឺ ការខណ្ឌចែកឥទ្ធិពលជ្រៀតជ្រែករបស់វិហារគ្រីស្ទសាសនាចំពោះកិច្ចការរបស់រដ្ឋ ​ហើយក៏ជាចំណុចចាប់ផ្ដើមដុះដាលគោលគំនិត Secularism​ នេះក្នុងផ្នត់គំនិតរបស់ប្រជាជនបារាំងផងដែរ។

Secularism ប្រៀបបាននឹងការស្វែងរកចំណុចរួមមួយ ក្នុងពិភពចម្រុះនៃសាសនា

ជាគុណតម្លៃនៃគោលការណ៍គ្រឹះចាំបាច់មួយរបស់សាធារណរដ្ឋ Secularism គឺជាសមិទ្ធផលផ្នែកទស្សនវិជ្ជា និងប្រវត្តិសាស្ត្របារាំង ដែលបានចែងជាធរមានក្នុងច្បាប់ឆ្នាំ១៩០៥ ច្បាស់ៗថា សាធារណៈរដ្ឋធានាឱ្យបាននូវសេរីភាពមនសិការ និងមិនឧបត្ថម្ភគាំពារ ឬប្រកាន់យកសាសនាណាមួយឡើយ។ លើសពីនេះ ច្បាប់នេះក៏ទាមទារឱ្យមានអព្យាក្រឹតក្នុងលក្ខខណ្ឌសេរីភាពជំនឿ សាសនា ព្រមទាំងសេរីភាពរបស់ប្រជាជនបារាំងក្នុងការជឿ ឬមិនជឿទៅលើសាសនាអ្វីមួយផងដែរ។

បច្ចុប្បន្ននេះ បារាំងគឺជាប្រទេសមួយប្រជុំដោយភាពចម្រុះនៃសាសនា ដែលមានប្រជាជនគ្រីស្ទបរិស័​ទជាង ៣៨ លាននាក់ ហើយមានសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម(Islamic) និងជ្វីហ្វ(Jew) ច្រើនជាងគេបំផុតក្នុងទ្វីបអឺរ៉ុប ព្រមទាំងមានប្រជាជន ១/៣ ក្នុងចំណោមប្រជាជនសរុបជាង ៦៥លាននាក់ ជាអ្នកមិនប្រកាន់សាសនាណាទាំងអស់ បើយោងតាមស្ថិតិឆ្នាំ២០២០ នៃគេហទំព័រ Statista។ ប្រជាជននៅសហគមន៍ទាំងនេះ រួមរស់ជាមួយគ្នា ក្រោមគោលការណ៍ស្របច្បាប់មួយ ដែលហៅថា Laïcité ឬ ភាសាអង់គ្លេស Secularism ។

ផ្នែកខ្លះនៃភាពចម្រូងចម្រាស

ក្នុងឆ្នាំ២០០៤ បារាំងបានអនុម័តច្បាប់ដែលហាមឃាត់ការប្រើប្រាស់ ឬស្លៀកពាក់រាល់និមិត្តសញ្ញាសម្គាល់ និងសម្លៀកបំពាក់នៃគ្រប់សាសនាទាំងអស់ក្នុងគ្រឹះស្ថានអប់រំរបស់រដ្ឋក្រោមឈ្មោះថា Secularism ។ ក្រោយមក ការហាមឃាត់នេះបានបន្តនៅតាមអគារសាធារណៈជាច្រើនកន្លែង រួមទាំងអគារសភាជាតិផងដែរ។ លើសពីនេះ នៅតាមទីក្រុងជាច្រើន ក៏បានហាមប្រាម ឈុត​ Bikini និងឈុតហែលទឹកជិតខ្លួនអ៊ីស្លាម (Islamic Full-body Swimsuit) ជាដើម។ ការអនុវត្តមួយចំនួនតាមច្បាប់ថ្មីនេះ គឺជាចំណុចនៃភាពចម្រូងចម្រាសជាច្រើន។ អ្នករិះគន់បានលើកឡើងថា ច្បាប់ក្នុងនាមគោលការណ៍ Secularism នេះគឺមិនស្មើភាព ហើយកាន់តែខ្លាំងក្លានោះ គឺកំណត់គោលដៅ​ចំពោះក្រុមអ៊ីស្លាមសាសនាដែលបានបង្ហាញអំពីភាពបែងចែកគ្នាក្នុងបញ្ហាសាសនា។ ផ្ទុយអំពីនេះ អ្នកគាំទ្រ Secularism អះអាងថា Secularism គឺជាគោលការណ៍ដែលផ្អែកលើសេរីភាពនៃគំនិត និងសេរីភាពនៃជំនឿសាសនា ដែលនាំឱ្យមនុស្សទាំងអស់រស់នៅជាមួយគ្នាយ៉ាងសុខដុមរមនា ព្រមទាំងការពារសិទ្ធិសេរីភាពរបស់ពួកគេ។

យ៉ាងណាក៏ដោយ គិតចាប់តាំងពីឆ្នាំ​២០១៥មក ភាពតានតឹង និងអំពើភេរវកម្ម បានកើតឡើងក្នុងប្រទេសបារាំងជាបន្តបន្ទាប់។ មនុស្សជាង ២០០ នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាការវាយប្រហារពីមនុស្សជ្រើសតាំងរបស់ក្រុម ISIL និង al-Qaeda ដោយផ្ដើមចេញពីការបាញ់សម្លាប់បុគ្គលិក​កាសែត Chalie Hebdo ដែលបានចេញផ្សាយរូបត្លុកមហាម៉េត(Muhammad) ដែលក្រុមអ្នកកាន់សាសនាអ៊ីស្លាម អាចចាត់ទុកថាជាការប្រមាថមាក់ងាយមួយចំពោះសាសនារបស់ខ្លួន។ ហើយក៏បន្តមានការវាយប្រហារជាបន្តបន្ទាប់ ក្នុងរូបភាពគួរឱ្យភ័យខ្លាច និងព្រួយបារម្ភបំផុតជាហូរហែរ។

ព្រឹត្ដិការណ៍សោកនាដកម្មកាត់ក្បាលគ្រូបង្រៀននៅទីក្រុងប៉ារីស

នៅខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីៗ មានការវាយប្រហារពីរករណី ដែលរំលងគ្នាមិនប៉ុន្មានថ្ងៃផង នោះគឺការសម្លាប់ដោយកាត់ក្បាលគ្រូបង្រៀនម្នាក់ ដែលគាត់បានបង្ហាញរូបត្លុកមហាម៉េត និងពន្យល់អំពីសិទ្ធិសេរីភាពបញ្ចេញមតិដល់សិស្សក្នុងម៉ោងសិក្សា និងការចាក់សម្លាប់មនុស្ស ៣នាក់ ក្នុងវិហារគ្រីស្ទសាសនា។ បន្ទាប់ពីការវាយប្រហារទាំងពីរបានកើតឡើង លោកប្រធានាធិបតី Emmauel Macron បានថ្កោលទោស និងថ្លែងចំៗ ដោយចាត់ទុកថាជាអំពើភេរវកម្មរបស់ក្រុមអ៊ីស្លាមជ្រុលនិយម និងថាអ៊ីស្លាមជ្រុលនិយមជាវិបត្តិជុំវិញពិភពលោកក្នុងពេលបច្ចុប្បន្ន។ ការណ៍នេះ បង្កជាការតវ៉ាតាមបណ្ដាប្រទេសប្រកាន់សា​​សនាអ៊ីស្លាមជាច្រើនជុំវិញពិភពលោក ថែមទាំងបានរិះគន់ជេរប្រមាថលើលោកប្រធានាធិបតី និងប្រជាជនបារាំងទាំងមូល ព្រមទាំងធ្វើពហិការ​ឈប់ប្រើផលិតផលបារាំងជាដើម។

សេរីភាពនៃការបញ្ចេញមតិ និងសមភាពជំនឿសាសនា

​ក្រោយការសម្លាប់គ្រូម្នាក់ដែលមានបង្ហាញរូបត្លុកមហាម៉េតក្នុងម៉ោងសិក្សាដល់សិស្ស លោកប្រធានាធិបតី Macron ក៏បានថ្លែងការពារទង្វើរបស់លោកគ្រូម្នាក់នោះ ដោយថាវាជាតួនាទី និងមិនមានខុសឆ្គងអ្វីឡើយ ដោយវាជាសិទ្ធិសេរីភាពបញ្ចេញមតិ ដែលជាមូលដ្ឋានគ្រឹះនៃច្បាប់បារាំង។ ក្នុងសង្គមបារាំង ការប្រើរូបត្លុកចំអកលេងមិនថាសាសនាណា ឬទៅលើក្រុមមេដឹកនាំនយោបាយ គឺជាផ្នែកមួយនៃសិទ្ធិសេរីភាពបញ្ចេញមតិ។ លើសពីនេះ ច្បាប់ស្តីពី Reinforcing Republican Principle បានដាក់ចេញឡើង។ លោកប្រធាធិបតី Macron បានថ្លែងថាច្បាប់នេះជាវិធានការបង្ការអំពើសាសនាជ្រុលនិយម។ ច្បាប់នេះមិនបានលើកឡើងជាក់លាក់អំពីគោលការណ៍ Secularism ទេ ប៉ុន្ដែនិយាយអំពីគោលការណ៍របស់សាធារណរដ្ឋ ដូចជាសេរីភាពក្នុងការគិត និងបញ្ចេញមតិ ដែលលោកប្រធានាធិបតីថ្លែងថា កំពុងស្ថិតក្រោយការគំរាមកំហែងពីអំពើភេរវកម្ម។ ច្បាប់នេះមិនបានសង្កត់បញ្ជាក់ទៅលើសាសនាណាមួយទេ ប៉ុន្ដែក្រុមអ៊ីស្លាមនៅបារាំងថា ច្បាប់នេះមានគោលដៅតម្រង់ពួកគេ និងជាចំណុចសន្សំពិន្ទុក្នុងឆាកនយោបាយ។

យ៉ាងណាក៏ដោយ ចំពោះភាពតានតឹងដ៏ចម្រូងចម្រាសនេះ បារាំងបានថ្លែងសារសន្តិភាពមួយ ទៅកាន់ប្រទេសប្រកាន់សាសនាអ៊ីស្លាមទាំងអស់ក្នុងពិភពលោកថា សូមកុំស្ដាប់នូវការឃោសនាបែបញុះញង់មួលបង្កាច់ សំដៅបំបែកបំបាក់សង្គម ដែលថាបារាំងជាប្រទេសធ្វើបាបអ្នកកាន់សាសនាអ៊ីស្លាម។ ដោយបញ្ជាក់ទៀតថា បារាំងជាប្រទេសមួយដែលមានការអត់ឱន និងគោរពសេរីភាព ឯសម្រាប់សហគមន៍អ្នកកាន់សាសនាអ៊ីស្លាមក្នុងប្រទេសបារាំង គឺជាផ្នែកមួយនៃសង្គមបារាំង ហើយត្រូវបានការពារដោយច្បាប់។ ហើយបារាំងជាប្រទេសនីតិរដ្ឋ មានច្បាប់ការពារសិទ្ធិសេរីភាពគ្រប់សាសនាទាំងអស់។

The SEED កំពុងស្វែងរកយុវជនស្ម័គ្រចិត្ត

0

The SEED កំពុងស្វែងរកយុវជនស្ម័គ្រចិត្ដលើមុខងារខាងក្រោម៖

►អ្នកសរសេរអត្ថបទចែករំលែកនៅកម្មវិធី “ថង់ប្រាជ្ញា”
➡️ តួនាទីនិងកាតព្វកិច្ច
– សរសេរអត្ថបទបែបចែករំលែកជាភាសាខ្មែរ ដើម្បីចេញផ្សាយនៅគេហទំព័រ The SEED រៀងរាល់ថ្ងៃចន្ទ
– សរសេរអត្ថបទដែលមានការស្រាវជ្រាវស៊ីជម្រៅ និងមានអំណះអំណាងគ្រប់គ្រាន់និងច្បាស់លាស់។
➡️ គុណវឌ្ឍិ (Qualification)
– និស្សិតកំពុងសិក្សាមុខជំនាញណាមួយក៏បាន ប៉ុន្តែត្រូវចេះសរសេរអត្ថបទ និងចេះស្រាវជ្រាវ។ សម្រាប់យុវជនដែលមានចំណេះដឹង
ផ្នែកគោលនយោបាយការបរទេស ឬសេដ្ឋកិច្ច ឬពាណិជ្ជកម្ម ឬប្រវត្ដិសាស្ត្រ ឬហិរញ្ញវត្ថុ ត្រូវក្លាយជាយុវជនអាទិភាព។
– ត្រូវមានទំនួលខុសត្រូវខ្ពស់នៅក្នុងការបំពេញការងារនិងសរសេរអត្ថបទដែលមានក្រមសីលធម៌
– ត្រូវចេះធ្វើការជាក្រុម មានចិត្ដអំណត់អត់ធន់ និងចេះបើកចិត្ដគំនិតឱ្យធំទូលាយក្នុងការទទួលយកយោបល់អ្នកដទៃ។

► វិចិត្រករ
➡️ តួនាទីនិងកាតព្វកិច្ច
– គូររូបសម្រាប់អត្ថបទចេញផ្សាយនៅកម្មវិធី ថង់ប្រាជ្ញា ដើម្បីចេញផ្សាយរៀងរាល់នៅថ្ងៃចន្ទ
– ត្រូវរកគំនិត (Concept)ដើម្បីគូរគំនូរ ឬសហការជាមួយអ្នកសរសេរអត្ថបទ ឬស្រាវជ្រាវ
➡️ គុណវឌ្ឍិ (Qualification)
– និស្សិតកំពុងសិក្សាមុខជំនាញណាមួយក៏បាន ប៉ុន្តែត្រូវចេះគូររូប
– ត្រូវមានទំនួលខុសត្រូវខ្ពស់នៅក្នុងការបំពេញការងារ និងមិនចម្លងស្នាដៃរបស់អ្នកដទៃ
– ត្រូវចេះធ្វើការជាក្រុម មានចិត្ដអំណត់អត់ធន់ និងចេះបើកចិត្ដគំនិតឱ្យធំទូលាយក្នុងការទទួលយកយោបល់អ្នកដទៃ។

► អ្នកទំនាក់ទំនងសាធារណៈ
➡️ តួនាទីនិងកាតព្វកិច្ច
– ទទួលបន្ទុកលើការ Post និងសហគ្រប់គ្រង នៅប្រព័ន្ធបណ្ដាញសង្គម Facebook Instagram និង Telegram
– ឆ្លើយតប និងសម្របសម្រួលជាមួយមិត្ដអ្នកអាននិងស្ថាប័នពាក់ព័ន្ធ
– បង្កើតភាពច្នៃប្រឌិតដើម្បីបង្កើន Engagement នៅបណ្ដាយសង្គម
– ជាជំនួយការរបស់លេខាធិការ The SEED
➡️ គុណវឌ្ឍិ (Qualification)
– និស្សិតកំពុងសិក្សាមុខជំនាញណាមួយក៏បាន ប៉ុន្តែបេក្ខជនដែលមានបទពិសោធនិងចេះពី Digital Marketing នៅបណ្ដាញសង្គមគឺជាបេក្ខជនមានអាទិភាព
– អាចចេះ Design Poster និងEdit Video បែប Vlog កាន់តែប្រសើរ (ប៉ុន្តែនឹងមានវគ្គបណ្ដុះបណ្ដាលលើ Design Poster និងEdit Video)
– ត្រូវមានទំនួលខុសត្រូវខ្ពស់នៅក្នុងការបំពេញការងារ
– ត្រូវចេះធ្វើការជាក្រុម មានចិត្ដអំណត់អត់ធន់ និងចេះបើកចិត្ដគំនិតឱ្យធំទូលាយក្នុងការទទួលយកយោបល់អ្នកដទៃ។

◉ ដើម្បីចុះឈ្មោះ បេក្ខជនត្រូវឆ្លើយសំណួរនិងផ្ញើប្រវត្ដិរូបសង្ខេប(CV) នៅក្នុង Link Google Form នេះ https://bit.ly/3wfvcit ។ ចំពោះបេក្ខជនដែលមានបំណងចង់ដាក់ពាក្យផ្នែកសរសេរអត្ថបទអ្នកគួរត្រៀមសំណួរ
◉ អ្នកអាចសួរព័ត៌មានបន្ថែមបានតាមរយៈ email: public_relations@localhosthttps://t.me/TheSEED58

អំពើប្រល័យពូជសាសន៍អាមេនី៖ កាតាលីសនៃភាពរកាំរកូសសហរដ្ឋអាមេរិក និងតួគី

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១​នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើការសម្រេចចិត្តមួយដែលប្រធានាធិបតីសហរដ្ឋអាមេរិកកន្លងមកមិនធ្លាប់បានធ្វើពីមុនមក នោះគឺការទទួលស្គាល់ការសម្លាប់រង្គាលរបស់កងទ័ពចក្រភពអូតូម៉ង់​(សព្វថ្ងៃជាប្រទេសតួគី)មកលើជនជាតិអាមេនី(Armenian)ថាជាអំពើប្រល័យពូជសាសន៍។ នៅក្នុងសេចក្តីថ្លែងការណ៏របស់លោកបានបកស្រាយថា “ប្រជាជនសហរដ្ឋអាមេរិកឧទ្ទិសទៅដល់ជនជាតិអាមេនីទាំងឡាយដែលបានបាត់បង់ជីវិតនៅក្នុងអំពើប្រល័យពូជសាសន៍ដែលបានកើតឡើង១០៦ឆ្នាំមុន” លោកក៏បានបន្តទៀតថា “ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩១៥ អ្នកចេះដឹងនិងអ្នកដឹកនាំក្នុងសហគមន៏ជនជាតិអាមេនីត្រូវបានចាប់ខ្លួននៅក្នុងរាជធានី​Constantinople ដោយកងកម្លាំងអូតូម៉ង់ ហើយជនជាតិអាមេនីប្រមាណ១លានកន្លះត្រូវបានបណ្តេញចេញពីលំនៅដ្ឋាន សម្លាប់រង្គាល និងបង្ខំរហូតធ្វើឲ្យពួកគេស្លាប់នៅក្នុងគោលនយោបាយសម្លាប់ជាទ្រង់ទ្រាយធំមួយ។”

ប្រវតិ្តនៃការសម្លាប់រង្គាលនៃជនជាតិអាមេនី

ការប្រសិទ្ធនាមនៃការសម្លាប់រង្គាលនេះជាអំពើប្រល័យពូជសាសន៍នេះបានក្លាយទៅជាឬសគល់នៃវិវាទប្រទេសតួគីនិងប្រទេសអាមេនីរហូតមកដល់សព្វថ្ងៃនេះ ហើយក៏ជាប្រធានបទដ៏ក្តៅគគុកមួយផងដែរនៅក្នុងឆាកនយោបាយអន្តរជាតិ។ ការសម្លាប់រង្គាលនេះបានកើតឡើងនៅក្នុងសង្គ្រាមលោកលើកទីមួយ ដែលនៅពេលនោះរដ្ឋបច្ចុប្បន្នដូចជាប្រទេសតួគី និងប្រទេសអាមេនីស្ថិតនៅក្នុងព្រំប្រទល់តែមួយនៃចក្រភពអូតូម៉ង់ ហើយព្រឹត្តិការណ៍នៃការបង្ហូរឈាមនេះកើតឡើងនៅពេលដែលចក្រភពនេះនៅក្នុងចំណុចដុនដាបមួយ។ ពេលនោះមានចលនាមួយបានកើតឡើងនៅក្នុងចក្រភព ដោយពួកគេស្វ័យប្រសិទ្ធនាមខ្លួនឯងថាជាក្រុមយុវជនទួក (The Young Turks) ដែលមានបំណងចង់ពង្រឹង និងធ្វើទួករូបនិយកម្ម(Turkinization)ទៅលើចក្រភពអូតូម៉ង់។​ ពួកគេភាគច្រើនជាអគ្គមេបញ្ជាការក្នុងជួរកងទ័ព ហើយនៅក្នុងសង្គ្រាមលោកលើកទីមួយ ដែលពួកគេប្រលូកក្នុងសង្គ្រាមដណ្តើមទឹកដីរបស់ខ្លួនឯងមកវិញ ដូចជាទីក្រុងបាគូ(Baku)ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រូស្ស៊ី។ ជាអកុសលផែនការរបស់ពួកគេមិនបានសម្រេចឡើយ ហើយក្រុមយុវជនទួកនោះបានចោទប្រកាន់ជនជាតិអាមេនីថា ពួកគេនៅពីក្រោយការបរាជ័យមួយនេះដោយសារឃុបឃិតជាមួយរូស្ស៊ី ហើយព្រឹត្តិការណ៍សម្លាប់រង្គាលនេះបានកើតឡើង។

ងាកមកមើលពេលបច្ចុប្បន្ន រដ្ឋាភិបាលប្រទេសអាមេនី បានទាមទារឲ្យរដ្ឋាភិបាលតួគីទទួលស្គាល់ថាការសម្លាប់រង្គាលនេះជាអំពើប្រល័យពូជសាសន៍ ហើយក៏ទាមទារឲ្យមានការចេញសេចក្តីខមាលទោសជាផ្លូវការដល់ជនជាតិអាមេនីផងដែរ។ តាមសេចក្តីប៉ាន់ស្មានរបស់អ្នកស្រាវជ្រាវដូចជាលោក Justin McCarth និង Levon Marashlian ជនជាតិអាមេនីប្រហែលពី ៨០​ម៉ឺន ទៅដល់ ១.២ លាននាក់បានបាត់បង់ជីវិតកាលពីគ្រានោះ។​ រដ្ឋាភិបាលតួគីបានទទួលស្គាល់ថាការសម្លាប់រង្គាលបានកើតមានឡើងមែន ប៉ុន្តែនេះមិនអាចចាត់ទុកថាជាអំពើប្រល័យពូជសាសន៍បានទេ ដោយសារតែពេលនោះជាពេលដែលពិភពលោកនៅក្នុងសង្គ្រាមបាញ់សម្លាប់គ្នា ហើយមិនមែនមានតែជនជាតិអាមេនីមួយទេ ដែលក្លាយជាគោលដៅនៅក្នុងការសម្លាប់នៅក្នុងចក្រភពអូតូម៉ង់។

ហេតុអ្វីបានជាលោក បៃដិន ទទួលស្គាល់ថាជាអំពើប្រល័យពូជសាសន៍

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីជាច្រើនអ្នកមុនលោកបៃដិន ដូចជាលោក George W. Bush និងលោកបារ៉ាក់ អួប៉ាមា (Barack Obama) បានធ្វើការសន្យាថានឹងទទួលស្គាល់ថាព្រឹត្តិការណ៍នោះជាប្រល័យពូជសាសន៏ ប៉ុន្តែប្រធានាធិបតីទាំងនោះមិនបានអនុវត្តតាមនៅពេលដែលពួកលោកបានឡើងធ្វើជាប្រធានាធិបតី គឺដោយសារដើម្បីចៀសវាងភាពរកាំរកូសជាមួយនឹងប្រទេសតួគីដែលជាប្រទេសដ៍មានឥទ្ធិពលមួយក្នុងមជ្ឈិមបូព៌ា។

តើហេតុអ្វីបាននាំឱ្យលោកបៃដិន ធ្វើការសម្រេចចិត្តដែលនាំឱ្យសហរដ្ឋអាមេរិកនិងតួគីមើលមុខគ្នាមិនចំនោះ?

មូលហេតុចម្បងដែលលោកបៃដិនទទួលស្គាល់ថាការសម្លាប់នេះជាអំពើប្រល័យពូជសាសន៍កន្លងមក គឺដោយសារតែលោកបានសន្យាជាមួយអ្នកគាំទ្ររបស់លោកនៅអំឡុងពេលដែលលោកកំពុងតែឈរឈ្មោះបោះឆ្នោតធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក។ គួរបញ្ជាក់បន្តិចថា សហរដ្ឋអាមេរិកជាប្រទេសមួយដែលមានជនអន្តោប្រវេសន៍និងអ្នកដែលមានជាប់សាច់ឈាមជាជនជាតិអាមេនីរវាងពី១លាននៅ១.៥លាននាក់ ដែលក្រុមជនជាតិអាមេនីទាំងនេះបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងជាច្រើនដូចជាក្រុង Glendale ក្នុងរដ្ឋកាលីហ្វូញ៉ាមានប្រជាជន៤០%នៃប្រជាជនសរុប២០ម៉ឺននាក់មានសាច់ឈាមជាជនជាតិអាមេនី។ ក្រុមជនជាតិអាមេនីដែលមករស់នៅលើទឹកដីអាមេរិក ដែលក្នុងនោះមានអនុប្រធានាធិបតី លោកស្រី Kamala Harris ក៏ធ្លាប់ធ្វើជាតំណាងព្រឹទ្ធសភាឱ្យរដ្ឋកាលីហ្វូញ៉ាផងដែរដែលជារដ្ឋមួយនេះមានជនជាតិអាមេនីច្រើនបំផុតនោះ។​ នៅក្នុងអាណតិ្តដែលលោកស្រីជាតំណាងព្រឹទ្ធសភា ព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលកៅអីភាគច្រើនជាសមាជិកគណបក្សប្រជាធិបតេយ្យ ក៏បានចេញនូវសេចក្តីសម្រចចិត្តជាឯកច្ឆ័នមួយទទួលស្គាល់អំពើប្រល័យពូជសាសន៍លើជនជាតិអាមេនី នៅខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែត្រូវបានលោកដូណាល់ ត្រាំរុញចោលនូវការសម្រេចចិត្តនេះ។ មកដល់អាណត្តិលោកបៃដិន គោលនយោបាយរបស់លោក ចង់បង្វែរសហរដ្ឋអាមេរិកឱ្យក្លាយជាអ្នកនាំមុខនូវការការពារសិទ្ធិមនុស្ស។ ដោយមានការទាមទារពីខាងសំណាក់ក្រុមច្បាប់ចំនួន២០០​រូប ក៏ដូចជាការគាំទ្រពីខាងសភា លោកបៃដិន ក៏បានធ្វើការសម្រេចចិត្តទទួលស្គាល់អំពើប្រល័យពូជសាសន៏លើជនជាតិអាមេនីនេះទៅ។

ផលប៉ះពាល់លើទំនាក់ទំនងសហរដ្ឋអាមេរិក និងតួគី

រយៈពេលប៉ុន្មានថ្ងៃមុនលោកបៃដិន ចេញសេចក្តីថ្លែងការណ៍ លោក Recep Tayyip Erdoğan ប្រធានាធិបតីរបស់ប្រទេសតួគីបានចេញសេចក្តីថ្លែងការណ៍មួយផងដែរថាប្រទេសតួគីនឹងនៅតែបន្តការពារការពិត និងប្រឆាំងលើការចាត់ទុកថាព្រឹត្តិការណ៍នេះជាការប្រល័យពូជសាសន៍អាមេនីគឺជាពាក្យកុហក និងក្រុមនយោបាយណាដែលប្រើប្រាស់វាក្នុងគោលបំណងពាក់ព័ន្ធនឹងរឿងនយោបាយ។ ជាការពិតណាស់ ការសម្រេចចិត្តរបស់លោកបៃដិន បានបន្តឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសតួគីដែលជាសម្ព័ន្ធមិត្តណាតូ កាន់តែយ៉ាប់យឺនជាងមុន ក្រោយពេលដែលរដ្ឋទាំងពីរមានភាគរកាំរកូសលើបញ្ហាជាច្រើនដូចជា បញ្ហាតួគីទិញគ្រាប់មីស៊ីល S-400។

ពីប្រទេសរូស្ស៊ី តួនាទីរបស់តួគីនៅក្នុងសង្គ្រាមស៊ីរី ក៏ដូចជាបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសតួគីផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏លោកបៃដិន មិនចង់ឲ្យទំនាក់ទំនងរបស់សហរដ្ឋអាមេរិក និងប្រទេសតួគីបន្តឲ្យចុះដុនដាបទៀតដែរ។​ មុនពេលដែលលោកបៃដិនចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់នេះ លោកក៏បានទាក់ទងតាមទូរសព្ទទៅកាន់លោក Erdoğan​​ ផងដែរដើម្បីប្រាប់ពីបំណងរបស់លោកទៅកាន់ភាគីតួគី។​ នេះសរបញ្ជាក់បានថា​សហរដ្ឋអាមេរិក នឹងនៅស្វាគមន៍ការចរចារជាមួយនឹងប្រទេសតួគីដើម្បីផ្សះផ្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកបៃដិន មិនចង់ឲ្យបាត់បង់សម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះឡើយ។ ប្រទេសតួគី ជាមួយប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ជាប្រទេសដែលមានអំណាចនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយសហរដ្ឋអាមេរិកត្រូវការប្រទេសតួគីដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសរូស្ស៊ីនិងអ៊ីរ៉ង់។​

សរុបមក ការសម្រេចចិត្តរបស់លោកបៃដិនគឺធ្វើឡើងដើម្បីពង្រឹងកិត្តិសព្ទរបស់លោកនៅក្នុងជួររដ្ឋាភិបាលផ្ទៃក្នុងនិងមហាជននៅក្នងសហរដ្ឋអាមេរិក។ ប៉ុន្តែនៅក្នុងសង្វៀននយោបាយអន្តរជាតិ ការទទួលស្គាល់អំពើប្រល័យពូជសាសន៍បានបន្តប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសតួគី​។ លោកបៃដិនបានគិតគូរពីបញ្ហានេះដែរដោយលោកដឹងថាសហរដ្ឋអាមេរិក មិនអាចបាត់បង់នូវសម្ព័ន្ធមិត្តណាតូមួយនេះបានឡើយ ដោយសារតែប្រទេសតួគីមានតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៍ា។

តើផ្តាច់ការនិយមនិងកុម្មុយនីស្ដនិយមខុសគ្នាដោយរបៀបណា?

នៅឆ្នាំ១៨៤៨ លោក កាល់ ម៉ាក្ស (Kal Marx)និង លោក ហ្វ្រីឌ្រិច អេងហ្គេល (Friedrich Engels )ដែលជាសេដ្ឋវិទូនិងទស្សនវិទូជនជាតិអាល្លឺម៉ង់ បានបោះពុម្ពសៀវភៅមួយក្បាលដែលមានចំណងជើងថា “The Communist Manifesto”។ នៅក្នុងសៀវភៅនេះបានអំពាវនាវឱ្យវណ្ណៈកម្មករងើបឡើងបះបោរដើម្បីប្រឆាំងនឹងពួកមូលធននិយម ដែលមានបាវចនាថា «ពិភពលោកនៃវណ្ណៈកម្មករទាំងឡាយ សូមរួបរួមគ្នា» ។ នៅឆ្នាំ១៩១៧ លោក វ្លាឌីមែរ​ លេនីន(Vladimir Lenin) ដែលជាមនុស្សម្នាក់ត្រូវបានគេចាត់ទុកថាជាអ្នកដើរតាមមាគ៌ារបស់ កាល់ ម៉ាក្ស បានដឹកនាំការធ្វើបដិវត្តន៍ដណ្តើមអំណាចមួយដើម្បីផ្តួលរំលំអំណាចរាជានិយមនៅក្នុងប្រទេសរុស្ស៊ី​ ហើយរដ្ឋាភិបាលកុម្មុនីសផ្តាច់ការក៏ចាប់ផ្តើមមានវត្តមានលើកដំបូងគេតាំងពីពេលនោះឯង។ នៅក្នុងអំឡុងពេលកាន់អំណាច លោក លេនីន បានសម្លាប់មនុស្សជាច្រើន ជាពិសេសមន្ត្រីរបស់ស្តេចហ្សា និងមានការបង្កើតជំរុំការងារសម្រាប់អ្នកទោសសង្គ្រាម និងកងប៉ូលីសឈ្លប់​ផងដែរ ដែលជាបច្ច័យនាំឱ្យមានភាពភាន់ច្រឡំគ្នានិងចម្រូងចម្រាស់រវាងគំនិតដើមរបស់កុម្មុយនីស្ដម៉ាក្ស និងកុម្មុយនីស្ដផ្តាច់ការរបស់លេនីន។ ជាក់ស្តែង រវាងប្រព័ន្ធនយោបាយផ្តាច់ការនិងកុម្មុយនីស្ដដោយច្រើន​ ពួកគេយល់ថាប្រព័ន្ធទាំងពីរមានចរិតលក្ខណៈតែមួយនិងដូចគ្នា មានន័យថា​​​​ «ឱ្យតែកុម្មុយនីស្ដដឹងតែផ្តាច់ការ ហើយផ្តាច់ការដឹងតែកុម្មុយនីស្ដ»។ នៅក្នុងអត្ថបទនេះនឹងធ្វើការបកស្រាយទៅលើសំណួរចំនួនពីរដែលអាចធ្វើឱ្យប្រិយមិត្តអ្នកអានយល់ច្បាស់ពីភាពផ្សេងគ្នានៃផ្តាច់ការនិងកុម្មុយនីស្ដ?

តើអ្វីទៅគឺជាកុម្មុយនីស្ដ?

លទ្ធិកុម្មុយនីស្ដគឺជាប្រព័ន្ធនយោបាយមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងចង់បានសង្គមដែលគ្មានវណ្ណៈ​​ មានន័យថា គឺជាសង្គមដែលគ្មានឡើយអ្នកមាននិងអ្នកក្រ គឺមានតែសមូហភាពប៉ុណ្ណោះ។ កុម្មុយនីស្តម៉ាក្ស ផ្តោតសំខាន់ទៅលើការជិះជាន់ ឬក៏កេងចំណេញនៃវណ្ណៈកម្មករ​ (The exploitation of worker) ដែលមានន័យថា កម្មករជាអ្នកដែលបង្កើត ឬនាំឱ្យមានផលប្រយោជន៍ ប៉ុន្តែប្រយោជន៍ទាំងអស់នោះបែរជាបានទៅពួកពាណិជ្ជករទៅវិញ ដែលនេះគឺជាទម្រង់នៃវិសមភាពសង្គមហើយគួរតែត្រូវបានបោះបង់ចោល។

ដូច្នេះដើម្បីឱ្យសង្គមដែលគ្មានវណ្ណៈអាចកើតមានឡើងទៅបាន ល្គឹកណាតែធ្វើវិទង្សនាចោលនូវ​មូលធនឯកជនចោលទាំងអស់ ហើយប្តូរទៅជារបស់រួមដែលមធ្យោបាយផលិតកម្មគ្រប់យ៉ាង ដូចជា រោងចក្រ កសិដ្ឋាន ដី ជំនួញ សំណង់ អណ្តូងរ៉ែ និងមធ្យោបាយដឹកជញ្ជូន និងការប្រាស្រ័យទាក់ទងគ្នាផ្សេងៗ គឺស្ថិតនៅក្រោមកម្មសិទ្ធិនិងការគ្រប់គ្រងរបស់សាធារណៈជន (Public ownership)។ លើសពីនេះ នៅក្នុងសង្គមកុម្មុយនីស្ដ រូបិយប័ណ្ណគឺត្រូវបានកម្ទេចចោល ហើយកម្រៃត្រូវបានបែងចែកក្នុងចំណោមពលរដ្ឋស្មើៗគ្នាដោយយោងទៅតាមតម្រូវការរបស់បុគ្គលម្នាក់ៗ ​​ដែលនេះជាហេតុនាំឱ្យគ្មាននូវគម្លាតមិនស្មើគ្នានៃប្រាក់ចំណូល ហើយជាពិសេសនោះ ការលុបបំបាត់ចំណូលការប្រាក់និងប្រាក់ចំណេញឯកជនធ្វើឱ្យប្រព័ន្ធចែកចាយទ្រព្យសម្បត្តិមានលក្ខណៈត្រឹមត្រូវនិងយុត្តិធម៌។ ពិសេសជាងនេះ នៅក្នុងប្រព័ន្ធកុម្មុយនីស្ដ រដ្ឋមានទំនួលខុសត្រូវនៅក្នុងការផ្តល់ការងារនិងសំណងផ្សេងៗទៅតាមសមត្ថភាពរបស់បុគ្គលរាងៗខ្លួន។

ជាប្រវត្តិសាស្ត្រ យើងឃើញថាមានប្រទេសមួយចំនួន ដូចជា ចិន វៀតណាម សហភាពសូវៀត និងគូបា ព្យាយាមបង្កើតរបៀបរបនៃកុម្មុយនីស្ដមួយថ្មីដែលខុសពីទម្រង់ដើមរបស់ កាល់ ម៉ាក្ស ដែលទម្រង់ទាំងអស់នេះវាមិនមែនជាប្រព័ន្ធនៃកុម្មុយនីស្ដនោះទេ ប៉ុន្តែជាប្រព័ន្ធនៃសង្គមនិយម។ ភាពខុសគ្នានៃសង្គមនិយមនិងកុម្មុយនីស្ដនោះគឺ ជាទូទៅ នៅក្នុងសង្គមកុម្មុយនីស្ដ គ្មានឡើយលុយ រូបិយប័ណ្ណនិងភាពជាម្ចាស់ឬក៏ឯកជនភាពនោះទេ ហើយបុគ្គលម្នាក់ៗអាចទទួលបានប្រយោជន៍សង្គមទៅតាមតម្រូវការនិងធ្វើការងារទៅតាមលទ្ធភាពដែលគេអាចធ្វើបាន។ ចំណែកឯសង្គមនិយមផ្តោតជាសំខាន់ទៅលើភាពស្មើគ្នានៃការចែករំលែកផលប្រយោជន៍និងទ្រព្យសម្បត្តិជាដើម។

និយាយរួម ក្នុងការសម្រេចបាននូវលទ្ធិកុម្មុយនីស្ដមួយនេះគឺមានភាពលំបាក ហើយបើយើងក្រឡេកទៅមើលប្រវត្តិសាស្ត្រ យើងឃើញថាគ្មានប្រទេសណាមួយដែលសម្រេចបាននូវមនោគមន៍វិជ្ជាមួយនេះនោះទេ។ លើសពីនេះ ការប្រឹងប្រែងនាំប្រជាជាតិមួយឆ្ពោះទៅរករដ្ឋកុម្មុយនីស្ដនឹងនាំឱ្យមាននូវសោកនាដកម្ម ប្រល័យពូជសាសន៍  អំពើពុករលួយ និងវិសមភាពកើតមានឡើងលើសមុនទ្វេរដង ដោយសារតែប្រជាជនត្រូវបានពួកអ្នកមានអំណាចបង្ខំឱ្យធ្វើការច្រើននិងលើសពីអ្វីដែលពួកគេទទួលបាន។

តើអ្វីទៅគឺជាផ្តាច់ការនិយម?

យោងតាម Encyclopaedia-Britannica បានឱ្យនិយមន័យពាក្យ ផ្តាច់ការនិយមថា គឺជាទម្រង់នៃរដ្ឋាភិបាលមួយដែលត្រូវបានដឹកនាំឬក៏គ្រប់គ្រងដោយមនុស្សម្នាក់ដែលមនុស្សនោះមានអំណាចលើសលប់ទៅលើស្ថាប័នរដ្ឋទាំងឡាយនៅក្នុងប្រទេស ។ លើសពីនេះ របបផ្តាច់ការ គ្រប់គ្រងដោយមនុស្សម្នាក់ដោយគ្មានការត្រួតពិនិត្យនិងតុល្យភាពអំណាចរបស់គាត់នោះទេ។ មេដឹកនាំផ្តាច់ការធ្វើសេចក្តីសម្រេចចិត្តជាឯកតោភាគីដែលជះឥទ្ធិពលដល់ប្រទេសទាំងមូល ដោយមិនចាំបាច់ពិគ្រោះជាមួយស្ថាប័នណាផ្សេងទៀតនៃរដ្ឋាភិបាលនោះឡើយ នោះក៏ព្រោះតែមិនមានស្ថាប័នរដ្ឋាភិបាលណាផ្សេងទៀតដែលមិនត្រូវបានគ្រប់គ្រងដោយជនផ្តាច់ការនោះទេ។ ជាធម្មជាតិនៃជនផ្តាច់ការគឺមិនឡើងកាន់អំណាចដើម្បីជាប្រយោជន៍ដល់ប្រជាជាតិរបស់ពួកគេនោះឡើយ ទោះបីជាពួកគេអះអាងជាទូទៅថាដើម្បីប្រជាតិទាំងមូលក៏ដោយ។ ពួកគេដណ្តើមអំណាចដើម្បីផ្តល់ផលប្រយោជន៍ដល់ពួកគេ គ្រួសារនិងសម្ព័ន្ធមិត្តនយោបាយជិតស្និទ្ធរបស់ពួកគេ។

មេដឹកនាំផ្តាច់ការអាចឡើងមកកាន់អំណាចបានដោយមធ្យោបាយពីរយ៉ាង។ មធ្យោបាយទី១គឺ តាមរយៈការធ្វើបដិវត្តន៍ ឧទាហរណ៍ មេដឹកនាំផ្តាច់ការមួយចំនួន ដូចជា​ លោក​ ម៉ៅ សេទុង​ ជាដើម ទទួលបានអំណាចគ្រប់គ្រងក្នុងប្រទេសចិន គឺជាលទ្ធផលនៃបដិវត្តន៍។ ជាក់ស្តែង បន្ទាប់ពីបដិវត្តន៍ឆ្នាំ១៩៤៩ ប្រជាជនចិនបានប្រគល់អំណាចឱ្យលោកប្រធានម៉ៅដើម្បីគ្រប់គ្រងប្រទេស។ មធ្យោបាយទី២គឺតាមរយៈការប្រើប្រាស់កងទ័ព (Military force) ដើម្បីជាឈ្នាន់សម្រាប់ខ្លួនទទួលបាននូវអំណាច។ ​ នៅឆ្នាំ១៩៧៣ មេដឹកនាំផ្តាច់ការ លោក អូហ្គូសតូ ពិណូជិត(Augusto Pinochet) បានគ្រប់គ្រងប្រទេសឆែល(Chile) តាមរយៈកម្លាំងកងទ័ព ដែលត្រូវគេស្គាល់ជាទូទៅថា រដ្ឋប្រហារកងទ័ព (military coup)។ នេះមានន័យថា កងទ័ពរបស់ប្រទេសផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយគ្រប់គ្រងប្រទេសដោយគ្មានការយល់ព្រមឬក៏កើតចេញពីឆន្ទៈប្រជាពលរដ្ឋនោះទេ។

ដូច្នេះ ដើម្បីរក្សាអំណាចឱ្យបានគង់វង្សដែលបានមកដោយមិនសុចរិតភាព​របស់ខ្លួន  មេដឹកនាំផ្តាច់ការតែងតែប្រើយុទ្ធសាស្ត្រមួយចំនួន ដូចជា តាមរយៈការប្រើប្រាស់ការបំភិតបំភ័យ ភេរវកម្ម​  ​និងកា​រគាបសង្កត់សេរីភាពស៊ីវិលមូលដ្ឋានរបស់ប្រជាពលរដ្ឋ មិនថាសេរីខាងនយោបាយ សេដ្ឋកិច្ច ឬក៏សង្គមនោះទេ។ ស្រដៀងគ្នានោះ ពួកគេប្រើបច្ចេកទេសឃោសនាទ្រង់ទ្រាយធំ (Mass Propaganda) ដើម្បីធ្វើឱ្យការគាំទ្រពីសាធារណៈជនមាននិរន្តរភាពផងដែរ។

សរុបមក គំនិតដើមនៃប្រព័ន្ធនយោបាយកុម្មុយនីស្ដ គឺចង់បានសង្គមមួយដែលគ្មានវណ្ណៈ រស់នៅដោយស្មើភាពគ្នា គ្មានអ្នកមាននិងអ្នកក្រ​ពីព្រោះគំនិតនៃមូលធននិយមគឺត្រូវបានផាត់ចេញហើយប្តូរមកវិញនូវសមូហភាពនិយម ដែលមានន័យថា ទ្រព្យសម្បត្តិនៅក្នុងសង្គមទាំងអស់គឺជារបស់សាធារណៈជនទាំងអស់គ្នា។ គ្មានរបស់ណាមួយជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលណាម្នាក់នោះទេ។ រីឯសង្គមផ្តាច់ការវិញ គឺជាសង្គមមួយដែលត្រូវបានគ្រប់គ្រងដោយមនុស្សតែម្នាក់ឬក៏មួយក្រុមតូច ហើយមនុស្សម្នាក់នោះគឺជាអ្នកមានសិទ្ធិធ្វើការសម្រេចចិត្តរាល់បញ្ហាទាំងឡាយនៅក្នុងប្រទេសដោយគ្មានអំណាចណាមួយមកធ្វើការត្រួតពិនិត្យលើអំណាចនៃបុគ្គលនោះបានទេ។ ជាពិសេស សង្គមផ្ដាច់ការគ្រប់គ្រងដោយប្រើអំពើហិង្សា គាបសង្កត់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងរំលោភសិទ្ធិមនុស្សជាដើម។

ឧបសគ្គនៃការប្រយុទ្ធប្រឆាំងនឹងការសំអាតប្រាក់នៅក្នុងពិភពលោក

ពិភពលោកកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស និងកំពុងធ្វើដំណើរឈានឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់។ ពីមួយទសវត្សទៅមួយទសវត្ស ស្តង់ដានៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សលោកមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង បដិវត្តន៍នៃការប្រើប្រាស់រូបិយវត្ថុគឺផ្ដើមចេញពី ការដោះដូររវាងទំនិញជាមួយទំនិញ (Barter System) ទៅជាការប្រើប្រាស់សំបកខ្យងសមុទ្រ (Cowry Shell) និងវិវត្ដដល់ការប្រើប្រាស់ប្រាក់កាក់ (Minted Coin) រហូតមកដល់ការប្រើប្រាក់ក្រដាស (Cash) ដូចដែលយើងបានប្រើប្រាស់ប្រចាំថ្ងៃនេះ។

យ៉ាងណាមិញ សព្វថ្ងៃនេះក៏បានលេចចេញនូវរូបរាងរូបិយវត្ថុបែបថ្មីដែលគេឱ្យឈ្មោះថា Crypto-currency ដែលមានលក្ខណៈជាប្រាក់ឌីជីថល (digital money)។ ក្រៅពីការផ្ដល់ភាពងាយស្រួលបន្ថែមមកកាន់អ្នកប្រើប្រាស់ជាទូទៅ ភាពទំនើបនៃចរាចរណ៍រូបិយវត្ថុរួមមានតាមរយៈប្រព័ន្ធធនាគារនិងប្រព័ន្ធអ៊ីនធឺណិតផ្ទាល់ជាដើមក៏បានធ្វើឱ្យពួកឱកាសនិយមនៃជនទុច្ចរិត បានប្រើប្រាស់ប្រព័ន្ធទំនើបទាំងអស់នេះក្នុងការប្រព្រឹត្តបទឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (Financial Crime) ដែលស្មើនឹងទំហំជាទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ យោងតាម អង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ (International Criminal Police Organization) បានបង្ហាញថាវត្តមាននៃ Crypto-currency ដូចជា Bitcoin ជាដើម បានធ្វើឱ្យឧក្រិដ្ឋកម្មហិរញ្ញវត្ថុធ្លាក់ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរជាពិសេស ការលាងលុយកខ្វក់ឱ្យក្លាយទៅជាលុយស្អាត ឬលុយស្របច្បាប់។

តើអ្វីជាការសំអាតប្រាក់ ឬការលាងលុយខ្មៅ?

បើយោងតាមអនុសញ្ញាអង្គការសហប្រជាជាតិនៅទីក្រុងវីយែនឆ្នាំ១៩៨៨ ក្នុងមាត្រា៣ បានចែងពាក់ព័ន្ធនឹងការសំអាតប្រាក់ថាជា៖ »ការផ្លាស់ប្ដូរឬផ្ទេរទ្រព្យសម្បត្តិទាំងដែលខ្លូនដឹងថាទ្រព្យនោះបានមកពីអំពើល្មើសច្បាប់ទាំងឡាយ ក្នុងគោលបំណងលាក់បាំង ឬក្លែងបន្លំប្រភពដើមនៃទ្រព្យសម្បត្តិនោះ ឬការជួយជនណាដែលជាប់ពាក់ព័ន្ធនឹងបទល្មើសដើម្បីជៀសផុតពីផ្លូវច្បាប់នៃសកម្មភាពរបស់ជននោះ»។ គួរដឹងដែរថាលុយខ្មៅ ឬលុយកខ្វក់គឺសំដៅទៅលើលុយដែលបានមកពីការប្រព្រឹតិ្តបទល្មើសដូចជាការជួញដូរគ្រឿងញៀន ការរត់ពន្ធទំនិញខុសច្បាប់ ការជួញដូរមនុស្ស អំពើពុករលួយ និងការសំអាតប្រាក់ជាដើម។

យោងតាមការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) បានបែងចែកដំណើរការសំអាតប្រាក់ជាបីដំណាក់កាល៖ ដំណាក់កាលទី១ Placement គឺជាការដាក់លុយកខ្វក់ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុស្របច្បាប់។ ដំណាក់កាលទី២ Layering គឺជាការបង្វិល ការដក និងការដាក់លុយសារចុះសារឡើងដោយវិធីសាស្ត្រផ្សេងៗ។ ដំណាក់កាលទី៣ Integration គឺជាការយកលុយដែលដកបានពីគណនេយ្យស្របច្បាប់ទាំងនោះ ទៅប្រើប្រាស់ក្នុងសកម្មភាពដូចជា ការវិនិយោគទៅក្នុងក្រុមហ៊ុនធំៗ ការធ្វើសកម្មភាពសប្បុរសធម៌ និងការទិញទ្រព្យសម្បត្តិទុកជាដើម។

ទិដ្ឋភាពនៃការអនុវត្តច្បាប់ប្រឆាំងការសំអាតប្រាក់កន្លងមក

បើយោងតាមការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) ទំហំទឹកប្រាក់ចំនួនប្រមាណពី ៨០០ប៊ីលានទៅ ២ទ្រីលានដុល្លាអាមេរិកត្រូវបានលាងសំអាតទៅជាលុយស្របច្បាប់ជារៀងរាល់ឆ្នាំ ដែលចំនួននេះស្មើនឹង ២% ទៅ ៥%នៃផលិតផលក្នុងស្រុកសរុបសកល។ រយៈពេលជាងមួយទសវត្សមកនេះ ក្រុមហ៊ុនយក្សមួយចំនួនដូចជា Citigroup, JPMorgan Chase, Wachovia, Standard Chartered, HSBC, Danske Bank, ING, Deutsche Bank, Commerzbank និង Commonwealth Bank of Australia ត្រូវបានពិន័យជាទឹកប្រាក់សរុបប្រមាណជាង៩ប៊ីលានដុល្លារអាមេរិក ដោយបានជាប់ពាក់ព័ន្ធជាមួយឧក្រិដ្ឋកម្មហិរញ្ញវត្ថុ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bloomberg។

ចំណែកឯការចំណាយទៅលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មមួយនេះវិញ ក៏មានតម្លៃខ្ពស់គួរឱ្យកត់សម្គាល់។ យោងតាមរបាយការណ៍ LexisNexis (២០១៧) ប្រទេសរួមមាន បារាំង អាល្លឺម៉ង់ អ៊ីតាលី ស្វ៊ីស និង ហូឡង់បានចំណាយទឺកប្រាក់ប្រមាណ៨៣,៥ប៊ីលានដុល្លាអាមេរិកជារៀងរាល់ឆ្នាំក្នុងការអនុវត្តច្បាប់ប្រឆាំងការសំអាតប្រាក់។ ការចំណាយទាំងអស់នេះគឺធ្វើទៅលើ កម្មវិធីត្រួតពិនិត្យសកម្មភាពដែលគួរឱ្យសង្ស័យ ការស៊ើបអង្កេតនិងវិភាគរបាយការណ៍បច្ចេកទេស កម្មវិធីKnow Your Customer (KYC) ផ្នែកគ្រប់គ្រង និងប្រាក់ខែបុគ្គលិកជំនាញនិងបុគ្គលិកទូទៅជាដើម។

ហេតុអ្វីបទល្មើសសំអាតប្រាក់ពិបាកទប់ស្កាត់?

ការសំអាតប្រាក់គឺជាឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តឡើងយ៉ាងសម្ងាត់ ដែលនាំឱ្យរដ្ឋាភិបាលនៃប្រទេសនានាពិបាកក្នុងការដោះស្រាយ ដោយសារតែវាមិនដូចទៅនឹងឧក្រិដ្ឋកម្មហិង្សាដែលស្ដែងចេញឱ្យឃើញផ្ទាល់នឹងភ្នែកនោះទេ។ យោងតាមការចេញផ្សាយរបស់កាសែត The Economist បានបញ្ជាក់អំពីកត្តាធំៗចំនួនបីដែលធ្វើឱ្យប្រទេសនៅលើពិភពលោកលំបាកដោះស្រាយបញ្ហានេះដែលមានដូចជា៖
–     កត្តាទីមួយគឺកង្វះតម្លាភាពរវាងស្ថាប័នធនាគារនិងភាគីរដ្ឋាភិបាល រួមទាំងភាគីអន្តរធនាគារ ដែលធ្វើឱ្យក្រុមអ្នកជំនាញស៊ើបអង្កេតពិបាកកំណត់អត្តសញ្ញាណជនល្មើស ហើយពេលខ្លះទៀត ក៏មានការលាក់បាំងពីម្ចាស់គ្រប់គ្រងធនាគារផងដែរ។ លើសពីនេះ ធនាគារសិប្បនិមិត្តខ្លះ (Shell Bank) គ្រាន់តែបង្កើតឡើងដើម្បីបំភាន់ភ្នែកសាធារណៈជន និងអាជ្ញាធរពីការធ្វើសាវនកម្ម (Audit) ហើយលបលួចប្រតិបត្តិការលាងលុយខុសច្បាប់តែប៉ុណ្ណោះ។
–     កត្តាទីពីរគឺកង្វះកិច្ចសហការរវាងធនាគារក្នុងស្រុកជាមួយធនាគារក្រៅស្រុក និងរវាងអន្តររដ្ឋាភិបាលពីប្រទេសមួយទៅប្រទេសមួយ។ ដំណើរការយុទ្ធសាស្ត្រនៃការលាងលុយខ្មៅរបស់ឧក្រិដ្ឋជនមានភាពស្មុកស្មាញ ពិបាកក្នុងការតាមដាន ដែលករណីខ្លះត្រូវបានធ្វើឡើងឆ្លងកាត់ពីធនាគារមួយទៅធនាគារមួយទៀត ពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត ជាពិសេសប្រទេសដែលមានអភិបាលកិច្ចទន់ខ្សោយ និងការអនុវត្តច្បាប់ធូររលុង។ ម្យ៉ាងវិញទៀត ​ច្បាប់ស្តីពីការការពារទិន្នន័យ (Data Protection Law) ក៏ជាឧបសគ្គមួយក្នុងការចែករំលែកនូវទិន្នន័យឯកជនរបស់បុគ្គលរវាងរដ្ឋមួយជាមួយរដ្ឋមួយទៀត រវាងធនាគារនិងរដ្ឋាភិបាលជាដើម។
–     កត្តាទីបីគឺកង្វះធនធាន ជាពិសេសកង្វះថវិកាគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ដល់ទីភ្នាក់ងារប្រយុទ្ធប្រឆាំងប្រភេទឧក្រិដ្ឋកម្មហិរញ្ញវត្ថុមួយនេះ ដើម្បីធ្វើការវិភាគលំអិតទៅលើរបាយការណ៍ធនាគារយ៉ាងច្រើនដែលមានប្រតិបត្តិការគួរឱ្យសង្ស័យ។ រដ្ឋាភិបាលនៃប្រទេសភាគច្រើន​មានភាពមមាញឹកខ្លាំងក្នុងការលើកកម្ពស់អភិបាលកិច្ចក្នុងស្រុក ដែលជាទូទៅ ការបែងចែកថវិកាជាតិទៅលើគម្រោងអភិវឌ្ឍន៍ប្រទេសជាតិគឺផ្ដោតទៅលើវិស័យផ្សេងៗជាអាទិភាពដូចជា វិស័យអប់រំ សេដ្ឋកិច្ច សង្គមកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងវិស័យការពារជាតិ ជាជាងផ្ដោតលើការប្រយុទ្ធប្រឆាំងបទល្មើសលាងលុយខុសច្បាប់។

ប្រទេសក្រីក្រដែលកំពុងអភិវឌ្ឍន៍ ហើយដែលមានស្ថេរភាពនយោបាយរង្គោះរង្គើ តែងតែជាតំបន់គោលដៅនៃការលាងលុយរបស់ឧក្រិដ្ឋជន ដូចជាប្រទេស អាហ្វហ្កានីស្ថាន ឡាវ មីយ៉ាន់ម៉ា ម៉ូសំប៊ិក ហៃទី និងកេនយ៉ាជាដើម​ នេះបើយោងតាមរបាយការណ៍ Basel Institute on Governance។ ទោះជាយ៉ាងណា ប្រទេសអភិវឌ្ឍន៍ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនដូចជា ចិន អេមីរ៉ាតអារ៉ាប់រួម កាតា និង ថៃ ក៏ស្ថិតក្នុងស្ថានភាពពិបាកក្នុងការទប់ស្កាត់បទល្មើសនេះផងដែរ។​

តួអង្គសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងបទល្មើសសំអាតប្រាក់

គោលការណ៍ជាសកលក្នុងការប្រយុទ្ធប្រឆាំងការសំអាតប្រាក់ដែលបានដាក់ចេញដោយក្រុមការងារហិរញ្ញវត្ថុ FATF ត្រូវបានគេហៅកាត់ថា AML (Anti-Money Laundering) គឺជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសជាសមាជិកទាំង៣៧ប្រទេសដែលក្នុងនោះមានមហាអំណាចធំៗដូចជា អាមេរិក កាណាដា ចិន រុស្ស៊ី អូស្រ្តាលី ជប៉ុន អង់គ្លេស  ឥណ្ឌា បារាំង និងអាល្លឺម៉ងជាដើម។  លើសពីនេះទៀត ក៏មានស្ថាប័នអន្តរជាតិជាដៃគូរសហការផងដែរដូចជា អង្គការសហប្រជាជាតិ(UN) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារអភិវឌ្ឍន៍អន្តរអាមេរិក (IDB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក (APG) ធនាគារអភិវឌ្ឍន៍អាហ្វ្រិក (AFDB) និង ធនាគារកណ្តាលអឺរ៉ុប (ECB) ជាដើម។

តួអង្គទាំងអស់នេះមានតួនាទីសំខាន់ណាស់ក្នុងការជួយជំរុញឱ្យបណ្ដាប្រទេសទាំងអស់បង្កើតឡើងនូវច្បាប់ប្រឆាំងការសំអាតប្រាក់ និងធ្វើការសហការយ៉ាងជិតស្និតជាមួយធនាគារក្នុងស្រុកក៏ដូចជាគ្រឹះស្ថានមេក្រូ​ហិរញ្ញវត្ថុផ្ដល់ប្រាក់កម្ចីផ្សេងៗ។ ជាក់ស្ដែង គ្រប់ប្រទេសទាំងអស់គឺសុទ្ធតែមានច្បាប់ស្ដីពីការប្រឆាំងការសំអាតប្រាក់ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភនោះគឺប្រសិទ្ធិភាពក្នុងការអនុវត្តច្បាប់នោះ។ បើយោងតាមរបាយការណ៍វាយតម្លៃរបស់ FATF រយៈពេល៨ឆ្នាំកន្លងមកនេះ (២០១៤–២០២១) ឃើញថាប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ប្រឆាំងការសំអាតប្រាក់នៅមានកម្រិតទាបនៅឡើយចំពោះប្រទេសមួយចំនួនដូចជា កូរ៉េខាងជើង អ៊ីរ៉ង់ អាល់បានី បុតស្វាណា ហ្កាណា អ៊ីស្លង់  ម៉ុងហ្គោលី មីយ៉ាន់ម៉ា ស៊ីរី និង ប៉ាគីស្ថានជាដើម។

សរុបសេចក្ដីមក សង្គ្រាមទប់ស្កាត់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុមួយនេះនៅតែបន្ត បើទោះបីជាការអនុវត្តយន្តការជាក់ស្ដែងមិនសូវមានប្រសិទ្ធិភាព និងទទួលបានលទ្ធផលតិចតួចក៏ដោយ។ បញ្ហាចម្បងដែលមេដឹកនាំនៃបណ្ដាប្រទេសនៅលើពិភពត្រូវទុកជាអាទិភាពគឺការចូលរួមកិច្ចសហការគ្នាជាធ្លុងមួយក្នុងការតាមដានសកម្មភាពជនល្មើសយ៉ាងប្រកៀកប្រកិត ព្រោះឧក្រិដ្ឋកម្មប្រភេទនេះអាចប្រព្រឹត្តទៅបានពីប្រទេសមួយទៅមួយ តាមប្រព័ន្ធពហុធនាគារដោយប្រើយុទ្ធសាស្ត្រនិងប្រតិបត្តិការស្មុកស្មាញខ្លាំង។ ម៉្យាងវិញទៀត អំពើពុករលួយ អំពើគប់គិត និងកង្វះតម្លាភាពអាចជាបញ្ហាបន្ទាប់ដែលត្រូវដោះស្រាយ បើពុំនោះទេ ឧក្រិដ្ឋកម្មនេះនឹងនៅបន្តគំរាមកំហែងដល់ប្រព័ន្ធចរាចរណ៍រូបិយវត្ថុជាតិនិងអន្តរជាតិ រហូតដល់ដំណាក់កាលមួយដែលកាន់តែពិបាកទប់ស្ដាត់និងគ្រប់គ្រង។

តើកត្ដាអ្វីខ្លះធ្វើឱ្យក្រុមហ៊ុន Amazon មានផ្លែផ្កាដូចសព្វថ្ងៃ?

នៅក្នុងសតវត្សទី២១នេះ ការទិញទំនិញអនឡាញបានទទួលប្រជាប្រិយភាពពីសកលលោកយ៉ាងខ្លាំង ដោយសារតែភាពងាយស្រួលនិងឆាប់រហ័សនៃប្រព័ន្ធអ៊ីនធឺណិត។ បើយោងតាមស្ថិតិរបស់ Statista​ សព្វថ្ងៃនេះ ក្រុមហ៊ុន Amazon គឺជាក្រុមហ៊ុនដែលធំជាងគេបង្អស់លើពិភពលោកក្នុង​ការជួញដូរទំនិញអនឡាញ ។ ក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនទៀតដែលកំពុងត្រួតត្រាទីផ្សារពាណិជ្ជកម្មអេឡិកត្រូនិកនិងជាក្រុមហ៊ុនលេខបួនដែលមានមូលធនទីផ្សារតម្លៃថ្លៃជាងគេក្នុងតម្លៃ ១,៧៦៨.៩៥ប៊ីលានដុល្លាសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២១នេះ។ ម៉្យាងវិញទៀត ពិភពលោកកំពុងកត់សម្គាល់ទៅលើភាពកើនឡើងឥតឈប់ឈររបស់ក្រុមហ៊ុន Amazon នៅក្នុងមូលដ្ឋានអ៊ីនធឺណិតដោយកំណត់ពីការកើនឡើងដំបូងក្នុងប្រាក់ចំណូលចំនួន១៥លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៤ រហូត ២២.៣៣ប៊ីលានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០ ដែលជាអត្រានៃការកើនឡើងយ៉ាងឆាប់រហ័សបំផុត។

Amazon មុននឹងឈានមកដល់ភាពជោគជ័យ

មុននឹងយើងឈានទៅមើលលើចំណុចជោគជ័យ យើងក៏ត្រូវងាកមកមើលនូវប្រវត្តិនិងមូលហេតុក្រោយការទាញយកនូវទីផ្សារពាណិជ្ជកម្មអេឡិកត្រូនិកនៃក្រុមហ៊ុន Amazon ផងដែរ។ ក្រុមហ៊ុន Amazon ត្រូវបានរកឃើញនៅក្នុងឆ្នាំ ១៩៩៤ ដោយលោក ជែហ្វ បេហ្សូស Jeff Bezos។ លោកបានបង្កើតក្រុមហ៊ុននេះដំបូងក្នុងគោលបំណងជាក្រុមហ៊ុនលក់សៀវភៅតាមប្រព័ន្ធអ៊ីនធឺណិតតែប៉ុណ្ណោះ ប៉ុន្តែអាជីវកម្មនេះត្រូវបានដំណើរការយ៉ាងលឿនដោយសារតែការលក់សៀវភៅ ដែលអ្នកជាវអាចស្វែងរកបានដោយគ្មានដែនកំណត់នៅក្នុងប្រព័ន្ធអ៊ីនធឺណិត។ ក្នុងឆ្នាំ ១៩៩៤ នោះផងដែរ Amazon.com បានលក់ចេញសៀវភៅទៅកាន់រដ្ឋទាំង៥០ក្នុងសហរដ្ឋអាមេរិក និងប្រទេសចំនួន៤៥ទៀតនៅជុំវិញពិភពលោកក្នុងអំឡុងពេលត្រឹមតែ២ខែដំបូងនេះបើយោងតាមការចេញផ្សាយរបស់ Ecommerce Nation (ECN)។ ដោយអាជីវកម្មទទួលបានភាពជោគជ័យមួយផ្នែកតូច លោក Jeff Bezos បានចាប់ផ្តើម Initial Public Offering ក្នុងឆ្នាំ១៩៩៧ ដើម្បីពង្រីកទីផ្សារក្រុមហ៊ុនរបស់ខ្លួនដោយដាក់ក្រុមហ៊ុន Amazon ក្នុងការជួញដូរស្តុកក្នុងតម្លៃ១៨ដុល្លារសហរដ្ឋអាមេរិកក្នុងមួយហ៊ុន។ ប៉ុន្តែតម្លៃហ៊ុននេះត្រូវបានធ្លាក់ចុះមកត្រឹម១០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយហ៊ុនដោយសារតែព្រឹត្តិការណ៍មួយហៅថា The Dotcom Bubble នៅទសវត្សន៏ឆ្នាំ១៩៩០នោះ។

តើអ្វីជា The Dotcom Bubble?

បើយោងតាមការចេញផ្សាយរបស់ Investopedia The Dotcom Bubble គឺជាព្រឹត្តិការណ៏ដែលបានជំរុញឱ្យមានការធ្វើវិនិយោគក្នុងមូលដ្ឋានអ៊ីនធឺណិត និងបានធ្វើឱ្យអ្នកវិនិយោគជាច្រើនក្ស័យធននៅពេលដែលការវិនិយោគទាំងនោះមិនបានផ្តល់នូវប្រាក់ចំណូល ឬបង្កើតនូវផែនការអាជីវកម្មអ្វីឡើយ។ ក្រុមហ៊ុន Amazon ត្រូវបានរួចផុតពីព្រឹត្តិការណ៍មួយនេះដោយសារតែមានការជួយទប់ទល់ពីប្រាក់ចំណូលដែលពួកគេទទួលបាននៅក្នុងអំឡុងពេលដែលអាជីវកម្មដែលខ្លួនបានបើកដំណើរការដំបូង។ ទោះបីក្រុមហ៊ុន Amazon បានរួចផុតពីព្រឹត្តិការណ៏នោះក៏ពិតមែន ក្រុមហ៊ុននេះមិនទាន់ទទួលនូវប្រាក់ចំណេញនោះទេរហូតដល់ចុងឆ្នាំ២០០១ ព្រោះដោយសារលោក Jeff Bezos បានបង្កើតផែនការអាជីវកម្មរបស់ក្រុមហ៊ុន Amazon ដោយផ្តោតសំខាន់ទៅលើការធ្វើឱ្យម៉ាកផលិតផលរបស់ពួកគេមានការទទួលស្គាល់ និងមិនសូវមានការផ្តោតសំខាន់ទៅលើប្រាក់ចំណូលនៅឡើយ។ ជាមួយគ្នានេះ លោក Jeff Bezos ក៏បានធ្វើការពង្រីកអាជីវកម្មរបស់លោកក្នុងគ្រប់វិស័យបន្តិចម្តងៗ រហូតដល់សព្វថ្ងៃនេះដែលក្រុមហ៊ុន Amazon បានទទួលប្រាក់ចំណូលជាច្រើន និងលក់ស្តុកក្នុងតម្លៃ១,៩០០ទៅ៣,២០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយហ៊ុន បើយោងតាមការចេញផ្សាយរបស់ Forbes។

កត្តាជំរុញភាពជោគជ័យរបស់ Amazon

១ ការបង្កើនអាជីវកម្មគ្រប់ប្រភេទក្នុងទីផ្សារពិភពលោក

ក្រុមហ៊ុន Amazon សព្វថ្ងៃ មិនត្រឹមតែលក់សៀវភៅនោះទេ តែក៏មានការលក់សម្ភារៈគ្រប់ប្រភេទដែលអតិថជនអាចរកឃើញនៅក្នុងគេហទំព័ររបស់ Amazon ដូចជាសម្ភារៈអេឡិកត្រូនិក គ្រឿងសង្ហាររឹម គ្រឿងសម្អាង និងសម្ភារៈជាច្រើនទៀត។ ម៉្យាងវិញទៀត លោក Jeff Bezos បានទទួលភាពជោគជ័យក្នុងការពង្រីកក្រុមហ៊ុនរបស់ខ្លួនទៅក្នុងថ្នាក់អន្តរជាតិមិនត្រឹមតែមកពីការលក់សម្ភារៈគ្រប់ប្រភេទនោះទេ តែក៏មកពីការពង្រីកទីផ្សាររបស់ក្រុមហ៊ុននេះទៅជាអាជីវកម្មច្រើនវិស័យផ្សេងៗទៀត ដូចជាសេវាកម្មនិងឧបករណ៏ទស្សនាវីដេអូ(Prime Video និងRoku Express) សេវាកម្មអនឡាញ ឧបករណ៏បច្ចេកវិទ្យាច្នៃប្រឌិត(Alexa/Echo និងKindle)និងសេវាកម្មលក់គ្រឿងទេសដែលទើបនឹងបង្កើតថ្មីៗនេះ។ យោងតាមការចេញផ្សាយសារពត៌មានរបស់ BBC ដោយសេវាកម្មក្នុងគ្រប់វិស័យនេះ បានធ្វើឱ្យក្រុមហ៊ុន Amazon អាចប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដ៏ទៃទៀតដូចជា Facebook Apple Google និងNetflixជាដើម។

២ គំនិតច្នៃប្រឌិត និងប្រជាប្រិយភាព

ក្រុមហ៊ុន Amazon មានអតិថិជនឆ្លងកាត់គេហទំព័ររបស់ខ្លួនចំនួនលើសពី ៣០៤លាននាក់ជារៀងរាល់ថ្ងៃ ដូចនេះការគ្រប់គ្រងសេវាកម្មទៅដល់អតិថិជនតែងតែជាចំណុចសំខាន់បំផុត។ យោងតាមការស្ទង់មតិនៃទស្សនៈអតិថិជននៃការចេញផ្សាយរបស់ Sellics ភាពជោគជ័យមួយផ្នែករបស់ក្រុមហ៊ុន Amazon គឺផ្អែកទៅលើចំណុច៣របស់ក្រុមហ៊ុនដែលធ្វើឱ្យបទពិសោធន៏របស់អតិថិជនក្នុងការទិញសម្ភារៈអនឡាញមានភាពល្អប្រសើរ នោះគឺ ការជួញដូរសម្ភារៈគ្មានដែនកំណត់ តម្លៃសមរម្យ និងភាពឆាប់រហ័សក្នុងសេវាកម្មដឹកជញ្ចូន។ ប៉ុន្តែ កត្តាធំដែលធ្វើឱ្យក្រុមហ៊ុននេះរីកចម្រើននោះគឺ យន្តការ Amazon Flywheel។ យន្តការនេះផ្តោតសំខាន់ទៅលើបទពិសោធន៍របស់អតិថិជនក្នុងការទិញទំនិញអនឡាញដែលជំរុញឱ្យមានចរាចរណ៍ក្នុងការដាក់ផលិតផលពីអ្នកលក់ដែលជាជនទីបីមកកាន់គេហទំព័រ Amazon។ វាបានបង្កើតនូវភាពប្រសើរឡើងក្នុងអត្រានៃប្រភេទ និងចំនួនផលិតផលគ្រប់មុខក្នុងគេហទំព័ររបស់ Amazon ដែលធ្វើឱ្យចំនួនអតិថិជនកាន់តែកើនឡើងមកកាន់ក្រុមហ៊ុន។  មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Amazon ក៏ទទួលបានភាពរីកចម្រើន និងប្រាក់ចំណូលធំៗពីការបង្កើតបច្ចេកវិទ្យាច្នៃប្រឌិតរបស់ខ្លួនផងដែរ។ ឧទាហរណ៏ ការផលិតនូវឧបករណ៏បញ្ចាសម្លេង(Echo)របស់ក្រុមហ៊ុន Amazon ត្រូវបានលក់ចេញចំនួន ២២លានឧបករណ៏ក្នុងឆ្នាំ២០១៧តែម្នាក់ឯង និងការប្រើប្រាស់ម៉ាស៊ីនមនុស្សយន្តដើម្បីធ្វើការជំនួសពលកម្មរបស់មនុស្ស ដែលធ្វើឱ្យមានការភាពល្អប្រសើរក្នុងការបម្រើសេវាកម្មរបស់អតិថិជន។

ភាពជោគជ័យរបស់ Amazon នៅអំឡុងកូវីដ១៩

បើយើងងាកមកមើលក្រុមហ៊ុន Amazon ក្នុងអំឡុងពេលនៃការរាតត្បាតរបស់ជំងឺកូវីដ១៩វិញ ក្រុមហ៊ុននេះក៏មិនបានទទួលនូវផលប៉ះពាល់អ្វីឡើយ ផ្ទុយមកវិញក្រុមហ៊ុន Amazon បានទទួលការកើនឡើងនៃប្រាក់ចំណេញជិត ២០០% ដោយសារតែការបិទខ្ទប់នៃហាងខាងក្រៅនិងបង្កើតឱកាសសម្រាប់ហាងអនឡាញក្នុងការជួញដូរ។ ម៉្យាងវិញទៀត ក្រុមហ៊ុន Amazon មិនត្រឹមតែមានការកើនឡើងក្នុងប្រាក់ចំណូលនោះទេ តែក៏ធ្វើឱ្យក្រុមហ៊ុននេះពង្រីកហេដ្ឋារចនាសម្ព័ន្ធចំនួន ៥០ ភាគរយនៅឆ្នាំ ២០២០ និងបន្ថែមបុគ្គលិកជាង ២៥០,០០០ នាក់ដែលមានចំនួនសរុប ១លាននាក់ បើយោងតាមការចេញផ្សាយរបស់ Research FDI។

តើហេតុអ្វីបានជារលកកូវីដ១៩លើកទី២នៅឥណ្ឌាខ្លាំងដូចស៊ូណាមិ?

គិតចាប់តាំងពីកូវីដ១៩បានលុកលុយសួតពិភពលោកនៅឆ្នាំ២០២០ ឥណ្ឌាបានក្លាយជាប្រទេសដែលផុងខ្លួនធ្លាក់នៅក្នុងវិបត្ដិកូវីដ១៩ខ្លាំងជាគេបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល។ យោងតាមរបាយការណ៍របស់ John Hopkins Coronavirus Resource Centre ឥណ្ឌាបានស្គាល់នូវការស្រាកស្រាន្ដករណីឆ្លងចាប់ពីខែកញ្ញាឆ្នាំ២០២០រហូតមកដល់អំឡុងខែមីនា។ ការធ្លាក់ចុះនៃករណីឆ្លងនេះក៏ត្រូវបានរដ្ឋមន្រ្តីសហភាពសុខាភិបាល (Union Health Minister) ថា ឥណ្ឌាបានឆ្លងផុតកូវីដ១៩ដោយជោគជ័យកាលពីខែមីនាកន្លងទៅនេះ។ លោករដ្ឋមន្ត្រីថ្លែងមិនទាន់បានប៉ុន្មានសប្ដាហ៍ផង ករណីកូវីដ១៩នៅឥណ្ឌាបានកើនឡើងដូចទឹកបាក់ទំនប់ ដែលចំនួនឆ្លងរលកលើកទីពីរនេះកើនលើសរលកលើកទី១យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតខ្វះកន្លែងនិងឧបករណ៍ព្យាបាល ហើយឥណ្ឌាបានវារដាច់ប្រទេសប្រេស៊ីលលើករណីឆ្លងកូវីដ១៩សរុបច្រើនជាងគេ និងក្លាយជាប្រទេសដែលមានករណីឆ្លងថ្មីច្រើនជាងសហរដ្ឋអាមេរិកទៀត ពោលគឺករណីឆ្លងថ្មីច្រើនជាងគេទូទាំងពិភពលោក។

តើអ្វីទើបធ្វើឱ្យរលកទី២នៅឥណ្ឌាខ្លាំងដូចស៊ូណាមិបែបនេះ?

មូលហេតុចម្បងទីមួយនោះគឺរដ្ឋាភិបាលឥណ្ឌាបានប្រកាន់វិធានការធូររលុងលើការគ្រប់គ្រងករណីឆ្លងថ្មី ដោយសារគេយល់ឃើញថាឥណ្ឌាបានឆ្លងផុតកូវីដ១៩ហើយ។ ឥណ្ឌាលែងរឹតត្បិតលើការជួបជុំ ហើយមានសកម្មភាពសេដ្ឋកិច្ចនិងសង្គមដូចកាលពីគ្មានកូវីដ១៩ដែលធ្វើឱ្យប្រជាជនភាគច្រើនភ្លេចពីវត្ដមានកូវីដ១៩ ទោះបីជាករណីថ្មីនៅបន្តមានប៉ុន្តែមានចំនួនធ្លាក់ចុះ។ យោងតាមការចេញផ្សាយរបស់ The National Geographic លោកប្រធានាធិបតី Narendra Modi មិនបានប្រុងប្រយ័ត្នទៅនឹងរលកទីពីរនេះទេ ទោះបីជាមានការព្រមានថាឥណ្ឌានឹងមានរលកលើកទីពីរតាមរយៈការរកឃើញមានសមាសភាពមេរោគបម្លែងខ្លួនថ្មីជាច្រើនកាលពីខែមករាកន្លងទៅនេះ។ ជាមួយគ្នានេះដែរ លោកប្រធាន Public Health Foundation of India ក៏បានសារភាពថា “ពួកយើងបានទម្លាក់ការប្រុងប្រយ័ត្នទាំងស្រុង ដោយគិតថាកូវីដ១៩ត្រូវបានបិទបញ្ចប់នៅខែមករា ហើយអ្នកតាមដានអង្កេតការនិងគ្រប់គ្រងកូវីដ១៩ក៏បានជិះសេះលែងដៃដែរ”។

មូលហេតុចម្បងទីពីរនោះគឺមានកម្មវិធីសង្គមដូចជាសកម្មភាពនយោបាយនានា ពិធីមង្គលការ បុណ្យទាន និងជាពិសេសគឺការជួបជុំប្រារព្ធពិធីសាសនាដែលមានមនុស្សម្នាណែនណាន់តាន់តាប់និងមិនបានគោរពវិធានការការពារខ្លួន។ អ្នកជំនាញទាំងក្នុងស្រុកនិងក្រៅស្រុកបានរិះគន់លើវិធានការរបស់រដ្ឋាភិបាលដែលបណ្ដោយឱ្យមានកម្មវិធីជួបជុំ និងសកម្មភាពដែលមានហានិភ័យខ្ពស់នៃការចម្លងមេរោគនៅក្នុងសហគមន៍។ យោងតាមការចេញផ្សាយរបស់ VOA បន្ទាប់ពីករណីបានធ្លាក់ចុះ មានមនុស្សយ៉ាងច្រើនអ្នកបានប្រមូលផ្ដុំគ្នាជួបជុំធ្វើសកម្មភាពនយោបាយដែលធ្វើឡើងដើម្បីប្រកួតប្រជែងការបោះឆ្នោត។ មិនតែប៉ុណ្ណោះ នៅដើមខែមេសាគឺជាខែដែលសំបូរបុណ្យទាន ដែលក្នុងនោះអ្នកកាន់សាសនាហិណ្ឌូ (Hindus) និងស៊ីគ្ហ (Sikhs) បានជួបជុំគ្នាប្រារព្ធបុណ្យចូលឆ្នាំថ្មី។ ជាមួយគ្នានេះដែរ នៅតំបន់ Haridwar ក៏មានពិធីសាសនាមួយនៅទន្លេ Ganges ដែលមនុស្សរាប់លាននាក់បានផឹកទឹកទន្លេម្នាក់បន្តិចនិងងូតទឹកនៅក្នុងទន្លេ ដោយសារគេជឿថាទឹកទន្លេនោះគឺជាទឹកមន្ដលាងសម្អាតបាបកម្មនិងជួយជញ្ចៀសចង្រៃ។ យោងតាមរបាយការណ៍របស់អាជ្ញាធរនៅតំបន់ Haridwar បានរកឃើញករណីឆ្លងចេញពីមនុស្សចូលរួមពិធីសាសនានោះយ៉ាងច្រើនពាន់នាក់ជាបន្តបន្ទាប់។

មូលហេតុចម្បងទីបីនោះមេរោគបម្លែងថ្មីជាច្រើនកំពុងតែចរាចរនៅឥណ្ឌា។ មេរោគបម្លែងថ្មីដែលកំពុងយាយីនៅឥណ្ឌាជាងគេមានឈ្មោះថា “B.1.617” ដែលមេរោគនេះមានការបម្លែងខ្លួនទ្វេដង។ យោងតាមការចេញផ្សាយរបស់ NPR អំបូរមួយនៃការបម្លែងរបស់មេរោគ B.1.617 គឺមកពីរដ្ឋ California នៅសហរដ្ឋអាមេរិក និងកាត់អំបូរជាមួយមេរោគបម្លែងខ្លួននៅអាហ្វ្រិកខាងត្បូងនិងប្រេស៊ីល។ តាមការស្រាវជ្រាវបឋមរបស់មជ្ឈមណ្ឌល Cell មេរោគបម្លែងថ្មីនេះមានសមត្ថភាពឆ្លងលឿនជាងអំបូរមុនរបស់វា។ ដោយសារខ្លាចមេរោគបម្លែងថ្មីឥណ្ឌានេះ ប្រទេសមួយចំនួនបានបិទការហោះហើរជាមួយឥណ្ឌា ដែលក្នុងនោះមានប្រទេសនូវែលសេឡង់ ប្រទេសកាណាដា ហុងកុង ប្រទេសអង់គ្លេស សហរដ្ឋអាមេរិក ប្រទេសសឹង្ហបុរី ប្រទេសកម្ពុជា ជាដើម។ ការបិទនេះក៏ដោយសារតែអ្នកមានធនធានជាច្រើនបាននាំគ្នាសម្រុកចេញពីឥណ្ឌាតាមរយៈយន្ដហោះឯកជនទៅប្រទេសនៅតំបន់អឺរ៉ុប តំបន់មជ្ឃឹមបូព៌ា និងតំបន់សមុទ្រឥណ្ឌាឱ្យបានមុនការហាមប្រាម។ យ៉ាងណាមិញ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បច្ចុប្បន្ននេះមេរោគប្រភេទ B.1.617 បានមកដល់ប្រទេសចំនួន១៧រួចទៅហើយ។

ភាពវឹកវរនៅប្រទេសឥណ្ឌា

បច្ចុប្បន្ន ឥណ្ឌាមានករណីឆ្លងថ្មីចំនួនមិនក្រោម ៣ សែនករណីជារៀងរាល់ថ្ងៃ។ ប្រព័ន្ធបណ្ដាញសង្គមនៅឥណ្ឌាបានប្រកាសសុំជំនួយគ្រប់ពេល ហើយមន្ទីរពេទ្យខ្វះឧបករណ៍សង្គ្រោះ ជាពិសេសគឺបំពង់អុកស៊ីសែន។ អ្នកជំងឺជាច្រើននាក់បានសម្រាកនៅមុខបរិវេណពេទ្យដើម្បីរង់ចាំនិងកំពុងព្យាបាល ដោយខ្លះបានសម្រាកនៅក្នុងរថយន្ដនិងរឺម៉កកង់បី ខ្លះក្រាលកន្ទេលនៅលើដី និងខ្លះក៏បានស្លាប់នៅមុខបរិវេណមន្ទីរពេទ្យតែម្ដងទាំងមិនទាន់ទទួលការព្យាបាល។ កន្លែងបូជាសពអ្នកជំងឺកូវីដ១៩ត្រូវធ្វើយ៉ាងបណ្ដាក់គ្នា និងដោយហេតុតែកន្លែងបូជាដុតមិនទាន់ សពជាច្រើនត្រូវបានបូជានៅវាលខាងក្រៅយ៉ាងអាណោចអាធ័មដោយមានអូសប៉ុន្មានដុំនិងរុំក្រណាត់ស។

បញ្ហាចម្បងធំមួយទៀតនោះគឺកង្វះបំពង់អុកស៊ីសែន ដែលស្ថានភាពអ្នកជំងឺកូវីដ១៩យ៉ាងច្រើនត្រូវពឹងផ្អែកលើអុកស៊ីសែនដើម្បីរស់ ដូចជាត្រីមិនអាចខ្វះទឹកសម្រាប់ដកដង្ហើម។ កង្វះបំពង់អុកស៊ីសែននេះ បានធ្វើឱ្យតម្រូវការកើនខ្ពស់ ដែលជាហេតុធ្វើឱ្យតម្លៃបំពង់អុកស៊ីសែនឡើងថ្លៃ។ ជនឆ្លៀតឱកាសមួយចំនួនបានលួចលក់បំពង់និងម៉ាស៊ីនអុកស៊ីសែនក្នុងតម្លៃថ្លៃនៅផ្សារងងឹត។ យោងតាមការចេញផ្សាយរបស់ BBC បំពង់អុកស៊ីសែន ៥០ លីត្រតម្លៃទូទៅតែ៨០ដុល្លារអាមេរិក ប៉ុន្តែនៅផ្សារងងឹតតម្លៃ ៦៦០-១.៣៣០ ដុល្លារអាមេរិក។ ចំណែកឯម៉ាស៊ីនអុកស៊ីសែនវិញ តម្លៃទូទៅតែ ៣៣០-៩៣០ ដុល្លារអាមេរិក ប៉ុន្តែនៅផ្សារងងឹតវិញតម្លៃ ២០០០-២.២៦០ ដុល្លារអាមេរិក។

ជារួម សោកនាដកម្មនៅឥណ្ឌានាពេលបច្ចុប្បន្ននេះគឺជាសុបិនដ៏អាក្រក់ដែលប្រទេសទូទាំងពិភពលោកមិនចង់ឱ្យកើតឡើងនៅក្នុងប្រទេសខ្លួនឡើយ។ មេរៀនឥណ្ឌានេះគឺជាបទពិសោធន៍សម្រាប់មនុស្សទូទាំងពិភពលោកថា មនុស្សអាចភ្លេចកូវីដ១៩ ប៉ុន្តែដរាបណាដែលកូវីដ១៩នៅមាននៅលើពិភពលោក កូវីដ១៩នឹងមិនភ្លេចយើងទេទោះបីជាស្ថិតិបានឱ្យសញ្ញាណវិជ្ជមាននៅក្នុងប្រទេសក៏ដោយ។ ម្យ៉ាងវិញទៀត យើងក៏គួរកត់សម្គាល់ថា អ្នកជំនាញជាច្រើនបានព្រមានពីការបម្លែងថ្មីនៃមេរោគកូវីដ១៩ប្រសិនបើមានអ្នកឆ្លងគ្នាច្រើនមិនអាចទប់ស្កាត់ច្រវ៉ាក់ចម្លងបានភ្លាមៗ ដែលនេះក៏ជាមូលហេតុដែលត្រូវបង្កើតសហគមន៍មួយដែលមានប្រព័ន្ធស៊ាំតាមរយៈការចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលាចៀសវាងកុំឱ្យមានមេរោគបម្លែងថ្មីខ្លាំងជាងវ៉ាក់សាំង។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ