"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើពិភពលោកត្រូវការ B3W របស់ក្រុមប្រទេសទាំង៧ G7 ឬក៏ត្រូវការ BRI របស់ប្រទេសចិន?

ដើមកំណើតនៃក្រុមប្រទេសទាំង៧ (Group 7)

វេទិការជជែកពិភាក្សារវាងក្រុមប្រទេសទាំង៧ Group 7 មិនមែនជាស្ថាប័នអន្តររដ្ឋាភិបាលផ្លូវការនោះទេ ប៉ុន្តែវាជាការបង្កើតឡើងនៅឆ្នាំ១៩៧៥ ដោយមានសហស្ថាបនិកដំបូង៦ប្រទេសដូចជា សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី បារាំង និង ជប៉ុន មួយឆ្នាំក្រោយមកទៀត ប្រទសកាណាដា ក៏បានចូលរួមជាមួយបន្ថែម បង្កើតបានជាក្រុមប្រទេសទាំង៧ ឬហៅកាត់ថា G7។ ផ្អែកទៅលើគេហទំព័រក្រុមប្រឹក្សាទំនាក់ទំនងបរទេស ក្នុងនាមជាប្រទេសដែលមានទំហំសេដ្ឋកិច្ចខ្លាំងក្លា ប្រកាន់លទ្ធិប្រជាធិបតេយ្យ និងអនុវត្តគោលការណ៍ទីផ្សារសេរី ដែលដំបូងឡើយ ពួកគេបង្កើតវេទិការជជែកពិភាក្សានេះឡើងក្នុងគោលបំណងស្វែងរកដំណោះស្រាយវិបត្តិសេដ្ឋកិច្ចនៅដើមទសវត្សឆ្នាំ១៩៧០ ដែលបណ្ដាលមកពីកំណើនអត្រាអតិផរណាខ្ពស់ និងសេដ្ឋកិច្ចធ្លាក់ចុះដោយសារតែការប្រកាសបញ្ឈប់នាំប្រេងចេញដោយប្រទេសផលិតប្រេងដ៏ធំលំដាប់ថ្នាក់លេខ២នៅលើពិភពលោកគឺអារ៉ាប៊ីសាអូឌីត។ ក្រោយមកទៀត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៧ បានរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំរហូតមក ក្នុងការលើកយកនូវបញ្ហាប្រឈមដែលពិភពលោកំពុងជួបប្រទះមកដាក់ក្នុងរបៀបវារៈដើម្បីរួមសហការគ្នាដោះស្រាយ។

កិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២១របស់ Group 7

បន្ទាប់ពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២១របស់ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង៧ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងខនវ៉ល Cornwall ប្រទេសអង់គ្លេសបានបញ្ចប់ទៅ កិច្ចប្រជុំកំពូលដ៏សំខាន់ក្នុងប្រវត្តិសាស្រ្តមួយនេះបានក្លាយជាប្រធានបទដ៏រសើបមួយក្នុងចំណោមអ្នកតាមដានការវិវត្តនៃដំណើរព្រឹត្តិការណ៍ពិភពលោក។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដែលមានប្រទេសអង់គ្លេសជាម្ចាស់ផ្ទះនិងជាប្រធានដឹកនាំកិច្ចប្រជុំ។ លទ្ធផលនៃកិច្ចពិភាក្សារវាងក្រុមប្រទេសប្រជាធិបតេយ្យទាំង៧ ត្រូវបានសរុបរួមនៅក្នុងសេចក្ដីថ្លែងការណ៍ចំនួន២៥ទំព័រ ហើយក្នុងនោះមានរបៀបវារៈចំនួន៦ចំណុចសំខាន់ៗដែលជាបញ្ហាសកលត្រូវរួមគ្នាដោះស្រាយ ជាពិសេសប្រទេសទាំង៧បានរួមគ្នាបង្កើតនូវគោលនយោបាយថ្មីស្រឡាងមួយដែលមានឈ្មោះថា »កសាងពិភពលោកឱ្យកាន់តែប្រសើរឡើង» (Build Back a Better World) ឬហៅកាត់ថា B3W។

តើអ្វីជាគោលនយោបាយ B3W របស់ក្រុមប្រទេសទាំង៧?

យោងតាមការចេញផ្សាយរបស់គេហទំព័រសេតវិមាន B3W គឺជាគោលនយោបាយ ផ្ដោតលើតម្លៃជាគោល ស្ដង់ដារខ្ពស់ និងភាពជាដៃគូរហេដ្ឋារចនាសម្ព័ន្ធប្រកបដោយតម្លាភាព ដែលដឹកនាំដោយបណ្ដាប្រទេសប្រជាធិបតេយ្យធំៗក្នុងការគ្រោងចំណាយនូវថវិកាប្រមាណជាង៤០ទ្រីលានដុល្លាសហរដ្ឋអាមេរិកគិតត្រឹមឆ្នាំ២០៣៥ខាងមុខ ជាពិសេសដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវបានប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ១៩។ ជ្រុងមួយទៀតនៃការយល់ឃើញទៅលើគោលនយោបាយ B3W គឺជាយុទ្ធសាស្ត្រនយោបាយការបរទេសថ្មីមួយរបស់ប្រធានាធិបតីលោក ចូ បៃដិន ក្នុងការបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តទាំង៦របស់ខ្លួនដើម្បីចូលរួមដោះស្រាយបញ្ហាសកលដែលពិភពលោកកំពុងប្រឈមខ្លាំងរួមមាន ហេដ្ឋារចនាសម្ព័ន្ធ អត្រាគ្មានការងារធ្វើ សន្តិសុខនិងសុខមាលភាពសង្គម បរិស្ថាននិងបម្រែបម្រួលអាកាសធាតុ និងប្រកួតប្រជែងជាមួយប្រទេសចិន ជាពិសេស រារាំងឥទ្ធិពលរបស់ចិនដែលកំពុងមានមហិទ្ធានុភាពសេដ្ឋកិច្ចនិងទំនាក់ទំនងការទូតល្អប្រសើរគួរកត់សំគាល់ខ្លាំងជាមួយបណ្ដាប្រទេសដែលស្ថិតក្នុងគម្រោងការផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ (Belt and Road Initiative)។ ដូច្នេះ សំណួរមួយត្រូវបានលើកឡើងថាតើក្រុមប្រទេសទាំង៧ (G7) អាចរួមគ្នាជួយកសាងពិភពលោកឱ្យមានភាពរីកចម្រើនប្រសើរជាង យុទ្ធសាស្ត្រ BRI របស់ប្រទេសចិនដែរឬទេ?

តើអ្វីជាយុទ្ធសាស្ត្រផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) របស់ចិន?

យុទ្ធសាស្រ្តផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) របស់ចិន ត្រូវបានលើកឡើងជាលើកដំបូងដោយប្រធានធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងការថ្លែងសន្ទរកថាសំខាន់មួយកាលពីឆ្នាំ២០១៣ នៅក្នុងសាលកលវិទ្យាល័យ Nazarbayev ប្រទេសកាហ្សាក់ស្ថាន (Kazakhstan) ដើម្បីធ្វើការស្នើនូវគម្រោងសាងសង់ខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រជាមួយបណ្ដាប្រទេសអាស៊ីកណ្ដាលរួមមាន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូសបេគីស្ថាន នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងការបរទេសចិន។ គម្រោងមួយនេះមានគោលបំណងធំក្នុងការពង្រីកនូវវិសាលភាពនៃសកម្មភាពពាណិជ្ជកម្មរបស់ប្រទេសចិនដែលលាតសន្ធឹងពីតំបន់អាស៊ីខាងកើត បែកចេញជាផ្លូវសេដ្ឋកិច្ចពីរសំខាន់ៗ ដែលផ្លូវទឹកឆ្លងកាត់សមុទ្រចិនខាងត្បូងរហូតដល់មហាសមុទ្រឥណ្ឌា ឆ្ពោះទៅដល់ទ្វីបអាហ្រ្វិក និងផ្លូវគោកចាប់ផ្ដើមពីតំបន់អាស៊ីខាងកើតទៅកាន់អាស៊ីកណ្ដាល រហូតដល់មជ្ឍឹមបូព៌ារ និងហួសទៅដល់ទ្វីបអឺរ៉ុបទាំងមូល រួមទាំងរុស្ស៊ីផងដែរ។

វិស័យសំខាន់ៗរបស់ប្រទេសចិនក្នុងក្របខ័ណ្ឌ BRI

មហិច្ឆតានៃយុទ្ធសាស្រ្តវឌ្ឍនភាពសេដ្ឋកិច្ចរវាងក្រុមប្រទេសទាំង៧ និងប្រទេសចិនសុទ្ធសឹងតែជាមធ្យោបាយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកទាំងមូល ដោយឡែក ក្នុងន័យទំនាក់ទំនងអន្តរជាតិ ប្រទេសចិនកំពុងព្យាយាមបង្ហាញនិងបញ្ជាក់ប្រាប់ពិភពលោកឱ្យទទួលស្គាល់ថាខ្លួនក៏ជាមហាអំណាចថ្មីមួយដែលមានទំនួលខុសត្រូវនិងតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់អន្តរជាតិ និងភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ចសកល។ យោងតាមគេហទំព័រ beltroad-initiative តាមរយៈគោលនយោបាយ​ BRI ប្រទេសចិនបានត្រៀមថវិកាអនុវត្តសរុបចន្លោះពី ១ ទៅ ៨ទ្រីលានដុល្លារសហរដ្ឋអាមេរិក ហើយរហូតមកដល់បច្ចុប្បន្ននេះ តាមការសន្និដ្ឋានក្នុងក្របខ័ណ្ឌ BRI ប្រទេសចិនបាននឹងកំពុងអនុវត្តគម្រោងសរុប១១៨ ដែលគម្រោងទាំងអស់ស្ថិតនៅក្នុងប្រទេសផ្សេងៗគ្នា និងប្រភេទនៃគម្រោងផ្សេងៗគ្នាផងដែរ ដោយរាប់ចាប់តាំងពី វិស័យអប់រំ ថាមពល អគ្គិសនី តំបន់សេដ្ឋកិច្ចពិសេស (SEZ) បច្ចេកវិទ្យាសារគមនាគមន៍ (ICT) ទេសចរណ៍ ផ្លូវថ្នល់និងផ្លូវរថភ្លើង និង គម្រោងនគរូបនីយកម្មផ្សេងៗ ដោយគ្របដណ្ដប់ទៅលើ១៤០ប្រទេសនៅលើពិភពលោក។

ភាពជោគជ័យនៃយុទ្ធសាស្ត្រ BRI

ឧទាហរណ៍មួយចំនួននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះមានដូចជា ការសាងសង់ផ្លូវរថភ្លើងទំនើបនៅបង់ក្លាដែស អ៊ីរ៉ង់ កេនយ៉ា ឡាវ កំពង់ផែផ្ទុកទំនិញនៅកាហ្សាក់ស្ថាន ក្រិក អ៊ីស្រាអែល មីយ៉ាន់ម៉ា ព្រលានយន្តហោះនៅប៉ាគីស្ថាន ឥណ្ឌូនេស៊ី ទំនប់វារីអគ្គិសនីនៅប៉ាគីស្ថាន កម្ពុជា ហ៊្សកហ្ស៊ី ឥណ្ឌូនេស៊ី ផ្លូវជាតិនៅប្រទេសឥណ្ឌា បំពង់បង្ហូរឧស្ម័នធម្មជាតិនៅអាស៊ែបៃហ្សង់ និងមួយខ្សែទៀតតភ្ជាប់ពីអាស៊ីកណ្ដាលទៅកាន់ប្រទេសចិន និងតំបន់សេដ្ឋកិច្ចពិសេសនៅអេស្ស៊ីប មីយ៉ាន់ម៉ា និងប៉ាគីស្ថាន និងគម្រោងរុករកធនធានរ៉ែធម្មជាតិជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិនក៏បានចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកទៅលើគម្រោងអភិវឌ្ឍន៍ក្នុងបណ្ដាប្រទេសនៅទ្វីបអាហ្រ្វិក ដោយយោងតាមការចេញផ្សាយរបស់ Los Angeles Times នៅឆ្នាំ២០២៥ខាងមុខ ប្រទេសចិននឹងផ្តល់ហិរញ្ញប្បទានដល់ទ្វីបអាហ្រ្វិករួមមាន ការវិនិយោគដោយផ្ទាល់ ប្រាក់កម្ចីទន់ និងប្រាក់កម្ចីពាណិជ្ជកម្មសរុបចំនួនប្រមាណ ១ ទ្រីលានដុល្លារសហរដ្ឋអាមេរិក។ ការវិនិយោគពីក្រុមហ៊ុនចិនយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើបណ្ដាប្រទេសទាំងអស់នោះ បានជួយដល់ភាពរីកចម្រើនសេដ្ឋកិច្ចរបស់ពួកគេយ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុនមក។

ស្វែងយល់អំពីនយោបាយអន្ទាក់បំណុលការទូត (Debt-trap diplomacy)

ប៉ុន្តែ ការចំណាយទឹកប្រាក់ដ៏ច្រើនលើសលុបរបស់ចិនទៅលើគម្រោងអភិវឌ្ឍន៍ខាងលើ ត្រូវបានគេយល់ឃើញថាប្រទេសចិនកំពុងធ្វើនយោបាយអន្ទាក់បំណុលការទូត (Debt-trap diplomacy) ទៅលើប្រទេសក្រីក្រដែលខ្វះលទ្ធភាពអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈការផ្ដល់កម្ចីហិរញ្ញប្បទានដោយការគិតការប្រាក់ទាប និងមានលក្ខណ្ឌធូររលុង។ ដោយផ្អែកទៅលើរបាយការណ៍ឆ្នាំ២០១៨​ របស់មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍពិភពលោក បានបង្ហាញថាមានប្រទេសចំនួន ២៣ ស្ថិតក្នុងស្ថានភាពហានិភ័យខ្លាំងដោយសារជំពាក់បំណុលចិន ក្នុងនោះរួមមាន ប្រទេសអាហ្វហ្កានីស្ថាន ប៉ាគីស្ថាន ស្រីលង្កា អ៊ីរ៉ាក់ បេឡារុស អ៊ុយក្រែន ឡាវ និង ហ៊្សកដានីជាដើម។ ការធ្វើនយោបាយសេដ្ឋកិច្ចពឹងផ្អែកទាំងស្រុងទៅលើប្រទេសចិនបានធ្វើឱ្យប្រទេសមួយចំនួនលង់ខ្លួននិងបានសម្រេចផ្ដល់សម្បទាន ឬជួលផ្ដាច់មុខឱ្យក្រុមហ៊ុនចិននូវផ្នែកខ្លះនៃសម្បត្តិជាតិដោយសារគ្មានសមត្ថភាពសងបំណុលដ៏ច្រើនលើសលុប។ ជាក់ស្ដែង ប្រទេសឡាវបានផ្ដល់សម្បទានបណ្តាញអគ្គិសនីជាតិដល់ក្រុមហ៊ុនចិនចំនួន២៥ឆ្នាំ។ កំពង់ផែហាំបាន់តូតា (Hambantota) របស់ប្រទេសស្រីលង្កាត្រូវបានជួលឱ្យចិនរយៈពេល៩៩ឆ្នាំ។ ច្រកទ្វារមេឡាកា (Melaka Gateway) នៅប្រទេសម៉ាឡេស៊ីក៏ដូចគ្នាដែរ គឺត្រូវបានស្ថិតក្រោមការគ្រប់គ្រង់របស់ចិន៩៩ឆ្នាំ។ មូលដ្ឋានទ័ព OBOCK នៅប្រទេសជីប៊ូទីត្រូវបានជួលឱ្យចិន១០ឆ្នាំ។ កំពង់ផែក្វាដា (Gwadar) របស់ប៉ាគីស្ថានត្រូវបានជួលឱ្យចិនរយៈពេល ៤០ឆ្នាំ។ តាជីគីស្ថានបានប្រគល់ដីដល់ប្រទេសចិនចំនួន១០០០គីឡូម៉ែត្រការ៉េដើម្បីដោះស្រាយបញ្ហាបំណុល។

បញ្ហាប្រឈមរបស់ B3W

បើយើងក្រឡេកទៅមើលគោលនយោបាយថ្មី B3W របស់ក្រុមប្រទេសទាំង៧វិញ ពួកគេបានសន្យាថារហូតដល់ឆ្នាំ២០៣៥ នឹងផ្ដល់ថវិកាប្រមាណ ៤០ទ្រីលានដុល្លារសហរដ្ឋអាមេរិកសម្រាប់ធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធតាមតម្រូវការរបស់ប្រទេសចំណូលទាប និងមធ្យម។ សម្រាប់ភាគីអាមេរិកវិញ បានប្រកាសដោយត្រង់ៗថាខ្លួនបង្កើតគោលនយោបាយ B3W នេះឡើងដើម្បីប្រកួតប្រជែងជាមួយយុទ្ធសាស្ត្រ BRI របស់ចិន​ ខណៈចម្ងល់ខ្លះត្រូវបានលើកឡើងថាតើសមាជិកទាំង៦ដទៃទៀតមានគោលដៅដូចទៅនឹងអាមេរិកដែរឬទេ ដោយហេតុថាប្រទេសអង់គ្លេសមានទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយចិន ហើយសូម្បីតែប្រទេសអ៊ីតាលីដែលជាសមាជិករបស់ក្រុមខ្លួន ក៏បានចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយចិនដើម្បីទទួលយកនូវគម្រោងរបស់ BRI មួយចំនួនផងដែរ។ ដោយសារតែគោលនយោបាយមួយនេះទើបតែនឹងបង្កើតថ្មី ដូច្នេះវាមិនទាន់មានជាលទ្ធផលអ្វីដើម្បីយកមកធ្វើការប្រៀបធៀបគ្នាថាតើ B3W ល្អជាង BRI ឬក៏យ៉ាងណានៅឡើយទេ។ ស្របពេលដែលការផ្ដួចផ្កើមមួយនេះកំពុងលេចចេញជារូបរាងឡើង ក៏មានការលើកឡើងផងដែរពីបញ្ហាប្រឈមមួយចំនួន។

បើយោងតាមការចុះផ្សាយរបស់ The Conversation បញ្ហាទីមួយនោះគឺនៅពេលថវិកាត្រូវបានបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការពីបណ្ដុំប្រទេសអ្នកមានទាំងនោះ។ តើពួកគេហ៊ានប្រថុយផ្ដល់ប្រាក់កម្ចីទាំងនោះទៅដល់ប្រទេសក្រីក្រដែលកំពុងមានបញ្ហាអស្ថរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដូចទៅនឹងប្រទេសចិនដែលធ្លាប់ធ្វើកន្លងមកទៅលើប្រទេសមួយចំនួននៅអាហ្រ្វិក មជ្ឈឹមបូព៌ា និងអាស៊ីកណ្ដាលដែរឬទេ? ឧបមាថា ប្រសិនបើពួកគេហ៊ានផ្ដល់ប្រាក់កម្ចីនោះពិតមែន ប៉ុន្តែតើកម្ចីនោះអាចប្រកួតប្រជែងជាមួយកម្ចីរបស់ប្រទេសចិនដែលមានការប្រាក់ដ៏ទាប ហើយថែមទាំងគ្មានលក្ខណ្ឌអ្វីតឹងរឹងនោះដែរឬទេ? បើមិនអាចទេ នោះជម្រើសប្រទេសកំពុងអភិវឌ្ឍន៍ទាំងនោះប្រកដជាជ្រើសរើសយកកម្ចីពីប្រទេសចិនដដែល។ បើទោះបីជាគោលនយោបាយ B3W នេះត្រូវបានដំណើរការទៅដោយរលូនអំឡុងពេលស្ថិតក្រោមរដ្ឋការលោក ចូ បៃដិន ក៏ដោយ វានៅតែពិបាកព្យាករណ៍ដឹងច្បាស់ថាតើអនាគតនៃប្រធានាធិបតីអាមេរិកនៅអាណត្តិក្រោយនៅតែបន្តចង់អនុវត្តគោលនយោបាយមួយនេះដែរឬទេ? ម៉្យាងទៀត បើយោងតាមប្រភពដដែល យុទ្ធសាស្ត្រតភ្ជាប់ (Connectivity Strategy) របស់សហគមន៍អឺរ៉ុបក៏បានក្លាយជាគូប្រជែងមួយរបស់ B3W រួចស្រេចទៅហើយ ក្នុងគោលបំណងស្រដៀងគ្នាគឺផ្សារភ្ជាប់សហគមន៍អឺរ៉ុបជាមួយបណ្ដាប្រទេសនៅអាស៊ី។ កិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធផ្សារភ្ជាប់កន្លងមកមានដូចជា សហគមន៍អឺរ៉ុប–ជប៉ុននៅឆ្នាំ២០១៩ សហគមន៍អឺរ៉ុប–សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២០ និង សហគមន៍អឺរ៉ុប–ឥណ្ឌានៅដើមឆ្នាំ២០២១ថ្មីៗនេះ។ យ៉ាងណាមិញ គេមិនទាន់ឃើញមានសេចក្ដីប្រកាសណាមួយស្ដីពីអនាគតនៃការផ្សារភ្ជាប់រវាងសហគមន៍អឺរ៉ុបនិងចិននៅឡើយទេ។

ដើម្បីធ្វើការជំរុញដល់ដំណើរការ B3W ឱ្យមានវឌ្ឍនភាព​ និងនិរន្តរភាព ក្រុមប្រទេសទាំង៧​គួររៀនសូត្រពីការអនុវត្តយុទ្ធសាស្ត្រ BRI របស់ប្រទេសចិនកន្លងមក អំពីចំណុចវិជ្ជមាននិងអវិជ្ជមាន ដើម្បីត្រឡប់ទៅស្វែងរកដំណោះស្រាយ និងត្រៀមខ្លួនប្រឈមជាមួយបញ្ហាមួយចំនួនដែលបានលើកឡើងខាងលើ។ ពិភពលោកនឹងរងចាំមើល B3W និង BRI ប្រកួតប្រជែងគ្នាក្នុងទីលាននយោបាយការទូត និងយុទ្ធសាស្រ្តទីផ្សារសេដ្ឋកិច្ច រវាងលោកប្រជាធិបតេយ្យសេរីខាងលិច និងលោកកុម្មុយនីស្ដផ្ដាច់ការខាងកើត។ លទ្ធផលនៅប្រហែលពីរទសវត្សខាងមុខរវាងគោលនយោបាយ B3W របស់ក្រុមប្រទេសទាំង៧ និងយុទ្ធសាស្រ្ត BRI របស់ប្រទេសចិន អាចនឹងមានឥទ្ធិពលកំណត់ទស្សនៈនិងការយល់ឃើញរបស់ពិភពលោកសារជាថ្មី កាន់តែជាក់ច្បាស់ថា តើពិភពលោកគួរសម្របខ្លួនតាមរបបដឹកនាំបែបមហាអំណាចនៅអាស៊ី ឬរបបដឹកនាំតាមបែបមហាអំណាចលោកខាងលិច?

ការវិវត្តន៍ និងការចាប់ផ្តើមនៃច្បាប់ការងារក្នុងព្រះរាជាណាចក្រកម្ពុជា

ប្រវត្តិនៃច្បាប់ការងារ

យោងតាម សៀវភៅ ដែលមានចំណងជើងថា “Introduction of Cambodia Law” ច្បាប់ការងារកម្ពុជា បានចាប់បដិសណ្ឋិ និងវិវត្តន៍តាំងពីសម័យអាណានិគមបារាំងមកម៉្លេះ។ យោងតាមក្រមរដ្ឋប្បវេណីឆ្នាំ ១៩២០  គឺមានចែងអំពីទំនាក់ ទំនងរវាងនិយោជក និងនិយោជិត ដែលតម្រូវឲ្យនិយោជិតបំពេញការងាររយ:ពេល ១០ម៉ោងក្នុង មួយថ្ងៃ។ ក្រោយទទួលឯករាជ្យភាព បារាំងបានបន្សល់ទុកនូវឯកសារច្បាប់ជាច្រើន ក៏ដូចជារដ្ឋបាលនៃការគ្រប់គ្រងរដ្ឋដល់កម្ពុជា ដែលជាឱកាស​មួយដល់កម្ពុជាក្នុងការអភិវឌ្ឍន៍នៃច្បាប់ការងារ។ ក៏ប៉ុន្តែការគាំពារនយោជិតត្រូវបានផ្អាកអំឡុងសម័យប៉ុលពត ដែលប្រជារាស្ត្រត្រូវធ្វើការហួសកម្លាំងយ៉ាងបង្ខិតបង្ខំ ហើយរវល់ជាមួយសង្គ្រាមស៊ីវិលនិងស្វែងរកអង្ករច្រកឆ្នាំងជាជាងគិតពីការគាំពារបន្ទាប់ពីហេដ្ឋរចនាសម្ព័ន្ធត្រូវបានកម្ទេចដោយសារសម័យសាហាវយង់ឃ្នង។ បន្ទាប់ពីហែលឆ្លងចេញពីសុបិនអាក្រក់អស់រយៈជិត ២០ ឆ្នាំមក ការគាំពារនយោជិតចាប់ផ្ដើមមានពន្លឺដោយការអនុម័តឡើងច្បាប់ការងារនៅឆ្នាំ ១៩៩២ ដែលមានមាត្រាមួយ បានចែងអំពី ទំនាក់ទំនងការងាររវាងនិយោជកទាំងអស់នៅក្នុងស្ថានភាពណា ក៏ដោយជាមួយអ្នកស៊ីឈ្នួលនៅ ក្នុងសហគ្រាស គ្រឹះស្ថានឧស្សាហកម្ម រ៉ែ​ ពាណិជ្ជកម្ម សិប្បកម្ម កសិកម្ម និងសេវាកម្ម។

ប្រភពនៃច្បាប់ការងារ

ប្រភពនៃច្បាប់ការងារនៅកម្ពុជាមានពីរសំខាន់ៗ គឺច្បាប់អន្តរជាតិ និងច្បាប់ជាតិ។ ក្រោយពីកម្ពុជាបានក្លាយជាសមាជិកនៃអង្គការការងារពលកម្មពិភពលោកតាំងពីឆ្នាំ ១៩៦៩ មកដល់សព្វថ្ងៃនេះ កម្ពុជាបានផ្តល់សច្ចានុមតិលើអនុសញ្ញាទាក់ទងនឹងការគាំពានយោជិតចំនួន ១៣ របស់អង្គការនេះរួចមកហើយ ដូចជា អនុសញ្ញាពីការក​ម្រិតអាយុអប្បបរមាសម្រាប់ចូលធ្វើការ អនុសញ្ញាស្តីពីការងារពេលយប់របស់មនុស្សពេញវ័យ     អនុសញ្ញាស្តីពីការងារពេលយប់របស់ស្ត្រី អនុសញ្ញាស្តីពីប្រាក់ឈ្នួលស្មើគ្នាសម្រាប់កម្មករនិយោជិតបុរស-ស្ត្រី  និងអនុសញ្ញាដទៃទៀតជាដើម។

ចំណែកឯច្បាប់ក្នុងស្រុកវិញ យើងក៏អាចស្វែងរកបាននូវប្រភពនៃច្បាប់ជាតិទាក់ទងនឹងវិស័យការងារ បានដែលបានរំលេចនៅក្នុង៖
– រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣
– ក្រមរដ្ឋប្បវេណី
– ច្បាប់ការងារឆ្នាំ១៩៩៧
– ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី
– ច្បាប់ស្តីពីសហជីព
– ឬតាមរយ:អនុក្រឹត្យ ប្រកាស សេចក្តីសម្រេច និងលិខិតបង្គាប់ការផ្សេងៗទៀត។ លើសពីនេះទៅទៀត ក្រុមប្រឹក្សាអាជ្ញាកណ្តាល​គឺជាស្ថាប័នមួយដែលមានតួនាទីសម្រាប់ដោះស្រាយ វិវាទការងារក្រៅប្រព័ន្ធតុលាការ ហើយតែងតែអភិវឌ្ឍនូវយុទ្ធសាស្ត្រ​តាមរយ:សេចក្តីសម្រេចផ្សេងៗ។ ដូច្នេះសេចក្តីសម្រចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល​ ក៏ចាត់ទុកជាប្រភពនៃច្បាប់ការងារមួយផងដែល ដើម្បីបំពេញនូវចន្លោះខ្វះខាតខ្លះនៃច្បាប់ការងារកម្ពុជាបច្ចុប្បន្ននេះ។

សេចក្តីផ្តើមនៃច្បាប់ការងារនៅកម្ពុជាបច្ចុប្បន្នភាព

នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ បានចែងយ៉ាងច្បាស់អំពីសិទ្ធិរបស់ប្រជាពលរដ្ឋទាំងពីរភេទ ក្នុងការជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួន ប្រាក់បំណាច់ស្មើគ្នាចំពោះការងារស្មើគ្នា និងលុបចោលការរើសអើងគ្រប់ប្រភេទប្រឆាំងស្ត្រីភេទ ការទទួលបាននូវផលប្រយោជន៍ពី របបសន្តិសុខសង្គម និងការបង្កើតសហជីព ឬសមាគមនិយោជកជាដើម ដែលនេះគឺជាគោលគំនិតនៃការការពារវិស័យការងារ។ ក្រោយមកដើម្បីលម្អិតអំពីការគាំពារវិស័យការងារ ច្បាប់ការងារឆ្នាំ១៩៩៧ក៏ត្រូវបានអនុម័តឡើង និងហើយច្បាប់ការងារឆ្នាំ១៩៩៧នេះជំនួសច្បាប់ការងារឆ្នាំ១៩៩២ ដែលមកដល់បច្ចុប្បន្ននេះ ច្បាប់ការងារឆ្នាំ១៩៩៧ ត្រូវបានធ្វើវិសោធនកម្ម ២ដងរួចមកហើយ។

អ្វីទៅជាច្បាប់ការងារ?

ច្បាប់ការងារ គឺជាបទដ្ឋានគតិយុត្តដែលបង្កើតទំនាក់ទំនងបុគ្គលនិងសមូហភាពនៃការងារ រវាងនិយោជក និង កម្មករ-និយោជិត ដែលកម្មករ-និយោជិតត្រូវបម្រើការងារក្រោមអំណាចគ្រប់គ្រង របស់និយោជកដើម្បីទទួលបាននូវប្រាក់កម្រៃសមរម្យ។ ច្បាប់នេះគ្រប់គ្រងអំពីទំនាក់ទំនងដែលកើតចេញ ពីកិច្ចសន្យាការងាររវាងនិយោជក និងកម្មករ-និយោជិតដើម្បីយកអនុវត្តលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តែប៉ុណោ្ណះ ទោះបីជាកិច្ចសន្យានោះធ្វើឡើងនៅទីណា ភាគីនៃកិច្ចសន្យាមានសញ្ជាតិជាអ្វី ហើយស្នាក់នៅទីណាក៏ដោយ។ បទប្បញ្ញត្តិទាំងអស់ក្នុងច្បាប់ការងារឆ្នាំ ១៩៩៧ មានលក្ខណ:ជា សេចក្តីបង្គាប់ការសាធារណ: ដូច្នេះវិធានទាំងអស់ដែលនិយោជក និងកម្មករ-និយោជិត បានព្រមព្រៀងគ្នានៅក្នុងកិច្ចសន្យា ត្រូវតែគោរពតាមបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ការងារនេះ។ រាល់កិច្ចព្រមព្រៀងគ្នានៅក្នុង កិច្ចសន្យា ដែលផ្ទុយពីបទប្បញ្ញត្តិដែលមានចែងក្នុង ច្បាប់ការងារនេះត្រូវ ចាត់ទុកជាមោឃ:។​

តើកម្មករនិយោជិតទទួលបានផលប្រយោជន៍អ្វីខ្លះពីច្បាប់ការងារ?

ច្បាប់ការងារឆ្នាំ ១៩៩៧ នេះមិនបានកំណត់ទំហំប្រយោជន៍ជាអតិបប្បរមាទេ ប៉ុន្តែបានលើកទឹកចិត្តឱ្យ និយោជកម្នាក់ឬមួយក្រុមផ្តល់នូវផលប្រយោជន៍ឬសិទ្ធិផ្សេងៗទៀត ដែលប្រសើរជាងបទប្បញ្ញត្តិ ដែលមានចែង។ និយោជកមិនត្រូវមកបញ្ហារើសអើងជាតិសាសន៍ក្នុងរូបភាពណាមួយក្នុង ការផ្តល់ផលប្រយោជន៍ ឬសិទ្ធិផ្សេងៗដល់កម្មករ-និយោជិតនោះទេ លើកលែងតែមានការចែងក្នុង ច្បាប់ផ្សេងទៀតច្បាស់លាស់ដែលមានលក្ខណ:ការពារស្ត្រី និងកុមារ។ យើងអាចសង្កេតឃើញត្រួសៗអំពីសិទ្ធ និងផលប្រយោជន៍ដែលកម្មករ-និយោជិតទទួលបាន ដូចជាការអនុញ្ញាតឱ្យកម្មករ-និយោជិតធ្វើការ ក្នុងមួយថ្ងៃត្រឹមតែ ៨ ម៉ោង ឬ៤៨ ម៉ោង ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ និងទទួលបានូវប្រាក់កម្រៃមួយយ៉ាងសមរម្យ។ ក្រៅពីម៉ោងធ្វើការងារធម្មតា កម្មករ-និយោជិតអាចធ្វើ ការបន្ថែមម៉ោងបានដោយស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំបានឡើយ ដែលការងារបន្ថែមម៉ោងអតិបរមា ២ម៉ោង ក្នុងមួយថ្ងៃ។ ក្រៅពីនេះកម្មករ-និយោជិតទទួលបាននូវការឈប់សម្រាកប្រចាំឆ្នាំ ការឈប់សម្រាកថ្ងៃបុណ្យ ការឈប់សម្រាកពិសេស ការឈប់សម្រាកឈឺ ការឈប់សម្រាកលំហែទាំមាតុភាព ការទទួលបាននូវប្រាក់រង្វាន់ អតីតភាពការងារ  ការទទួលបាននូវប្រាក់រង្វាន់ការងារទៀងទាត់ជាដើម។ លើសពីនេះទៅទៀត កម្មករ-និយោជិតក៏ទទួលបាន នូវកន្លែងធ្វើការដែលមានសុវត្ថិភាព សុខុមាលភាព និងអនាម័យ ដូចជាគិលានដ្ខាន និងការសង្រោ្គះបន្ទាន់ បង្គន់អនាម័យ ទឹកបរិភោគ ខ្យល់អាកាស កម្តៅ និងការធ្វើឱ្យមានខ្យល់ចេញចូលល្អក្នុងកន្លែងធ្វើការជាដើម។ យោងតាមច្បាប់ស្តីពី បេឡាជាតិសន្តិសុខសង្កម ២០១៩ និយោជក និងកម្មករ-និយោជិតក៏ទទួលបានផលប្រយោជន៍ពីរបបសន្ដិសុខសង្គម ទាំងបួនផ្នែកសំខាន់ផងដែរ មានដូចជា ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មវេលា។     

***Disclaimer

អត្ថបទនេះគ្រាន់តែសរសេរឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទូទៅក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ  ដែលអត្ថបទនេះក៏មិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ផ្លូវការណាមួយឡើយ។  The SEED នឹងមិនការធានា និងមិនទទួលខុសត្រូវនូវបញ្ហាផ្លូវច្បាប់ដែលបណ្តាលមកពីការប្រើប្រាស់អត្ថបទនេះឡើយ។

វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩

ក្រោយពីសង្គ្រាមលោកលើកទី១បានបញ្ចប់នៅក្នុងឆ្នាំ១៩១៨ មហាអំណាចបច្ចឹមលោកជាច្រើន បានបាត់បង់ឥទ្ធិពលរបស់ខ្លួនយ៉ាងសម្បើមនៅលើឆាកអន្តរជាតិ ដោយសារតែវិនាសកម្ម ដែលបណ្ដាលមកពីសង្គ្រាមដែលមានរយៈពេលយូរឆ្នាំ ហើយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធនធានជាច្រើន។ ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ធ្លាប់តែជាបងធំពិភពលោក ដែលមានទ្រព្យសម្បត្តិហូរហៀរមុនសង្គ្រាមលោកលើកទី១ បានក្លាយជាកូនបំណុលរបស់អាមេរិក ក្រោយពីសង្គ្រាមលោកលើកទី១បានបញ្ចប់ ដោយឡែកអាមេរិកមិនបានរងផលប៉ះពាល់ដោយសារសង្គ្រាមនោះទេ ដោយសារតែប្រទេសនេះមានទីតាំងអំណោយផល ស្ថិតនៅទ្វីបមួយដាច់ឆ្ងាយពីគេ និងមិនងាយរងមហន្តរាយដោយសារសង្គ្រាម។ ភាពមិនរងផលប៉ះពាល់នៃសង្គ្រាម និងការទទួលបានផលចំណេញកប់ពពកពីសង្គ្រាម បានធ្វើឱ្យឥទ្ធិពលអាមេរិកមានកាន់តែខ្លាំងក្លាឡើងនៅលើពិភពលោក ហើយបានស្គាល់ភាពរុងរឿងទាំងសេដ្ឋកិច្ច និងនយោបាយដ៏អស្ចារ្យនាពេលនោះ។

រូបភាពសម្បូរសប្បាយនៅអាមេរិកបានបន្តរហូតមកដល់ឆ្នាំ១៩២៩ ប្រទេសនេះបានជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចយ៉ាងអាក្រក់បំផុតមួយ (ដែលត្រូវបានគេហៅជាភាសាអង់គ្លេសថា The Great Depression) គឺជាវិបត្តិដ៏ធ្ងន់ធ្ងរ ដែលមានរយៈពេលយូរបំផុតនៅអាមេរិក និងនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិសម័យទំនើប។ វិបត្តិសេដ្ឋកិច្ចស៊ីជម្រៅដ៏ខ្មៅងងឹតនេះ បានចាប់ផ្ដើមផ្ទុះឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ១៩២៩ (Black Thursday) ក្នុងទីផ្សារមូលបត្រនៃទីក្រុងញ៉ូវយ៉ក ហើយបានរីករាលដាលដល់ប្រទេសមូលធននិយមជុំវិញពិភពលោក ព្រមទាំងបានអូសបន្លាយរហូតដល់សង្គ្រាមលោកលើកទី២។

ព្រឹត្តិការណ៍សំខាន់ៗមុនវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩ ផ្ទុះឡើង

សង្គ្រាមលោកលើកទី១បានបញ្ចប់ទៅ ដោយអាល្លឺម៉ង់ និងអូទ្រីស-ហុងគ្រីបានទទួលរងនូវការបរាជ័យយ៉ាងដំណំ ហើយអាមេរិកគឺជាប្រទេសដែលឈ្នះសង្គ្រាម និងបានក្លាយជាម្ចាស់បំណុលរបស់មហាអំណាចបច្ចឹមលោក បានចាប់ផ្ដើមស្គាល់ពីវឌ្ឍនភាពសង្គមរបស់ខ្លួនដល់កំពូលនាពេលនោះដែរ។ អាមេរិកបានលេចត្រដែតខ្លួនឡើងជាមហាអំណាចថ្មីមួយទៀតនៅលើពិភពលោក ដោយសារតែទទួលបានផលចំណេញដ៏ធំធេងពីសង្គ្រាមលោកលើកទី១។

ភាពរុងរឿងនៃសេដ្ឋកិច្ច អាមេរិកដែលមានរយៈពេលជិត១០ឆ្នាំ(១៩២២-១៩២៩) បានបាត់បង់ឧត្តមភាពរបស់ខ្លួន ក្រោយពេលប្រធានាធិបតីដែលបានបន្តដំណែងដឹកនាំពីលោក វូដ្រូ វិលសុន (Woodrow Wilson) (១៩១៦-១៩២០) ចំនួនបីរូបមានដូចជាលោក ហាឌីង(Harding) លោក ឃូលីដ(Coolidge) និងលោក ហ៊ូវ័រ(Hoover) សុទ្ធសឹងតែជាបេក្ខភាពមកពីបក្សសាធារណរដ្ឋនិយម បានអនុវត្តនូវទ្រឹស្តីសេដ្ឋកិច្ច “ទុកឱ្យគេធ្វើ” (Laissez-faire គឺជាទ្រឹស្ដីសេដ្ឋកិច្ចកើតចេញពីប្រទេសបារាំងនៅសតវត្សរ៍ទី១៨ ដែលជាទ្រឹស្តីប្រឆាំងនឹងអន្តរាគមន៍របស់រដ្ឋាភិបាលនៅក្នុងកិច្ចការជំនួញក្នុងទីផ្សារសេរី) ជាហេតុបណ្ដាលឱ្យផលិតផលក្នុងស្រុកកើនឡើងហួសហេតុ នាំឱ្យតម្រូវការទីផ្សារមានការរួមតូច ហើយវិបត្តិសេដ្ឋកិច្ចមួយក៏បានកើតឡើង។

ស្របទៅតាមទ្រឹស្តីរដ្ឋាភិបាល អ្នកជំនួញអាមេរិកបានបង្កើតនូវរបៀបរកស៊ីថ្មីមួយ ដែលបានឆ្លុះបញ្ចាំឱ្យយើងឃើញតាមរយៈទ្រឹស្ដីរបស់ ហ៊ែនរី ហ្វ៊ត (Henry Ford) ដែលជាស្ថាបនិកក្រុមហ៊ុនរថយន្ត Ford។ លោកបានលើកឡើងនូវទ្រឹស្ដីដ៏សាមញ្ញមួយថា ដើម្បីអាចចំណេញប្រាក់ច្រើន គឺមិនត្រូវលក់ឱ្យអ្នកមានវណ្ណៈខ្ពស់ដូចកាលពីមុនទេ តែត្រូវលក់ឱ្យកម្មករនយោជិតធម្មតាផងដែរ។ កម្មករនយោជិត មានលទ្ធភាពអាចទិញរថយន្តជិះបាន ល្គឹកណាពួកគេទទួលបានតម្លៃប្រាក់ខែខ្ពស់ជាងមុន។ លោក ហ៊ែនរី បានដំឡើងប្រាក់ខែយ៉ាងច្រើនដល់បុគ្គលិក ហើយបូករួមជាមួយនិងការបង្កើតឱ្យមានសេវាកម្មបង់រំលោះរថយន្តថែមទៀតផង។ នៅពេលនោះទីផ្សាររថយន្តនៅអាមេរិកកើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក គ្រាន់តែនៅទីក្រុងឌីទ្រត(Detroit) ក្រុមហ៊ុន Ford បានផលិតរថយន្តប្រមាណជិត១ម៉ឺនគ្រឿងក្នុងមួយថ្ងៃ ដើម្បីដាក់លក់។ បរិមាណចេះតែកើនឡើង ខណៈដែលត្រូវការថយចុះ បានធ្វើឱ្យតម្លៃរថយន្តធ្លាក់ចុះពី ១២០០ដុល្លារ មក៨២៥ដុល្លារក្នុងមួយគ្រឿង។ ភាពអន់ថយនៃសេដ្ឋកិច្ចក៏បានកើតឡើង នៅពេលដែលចំនួនរថយន្តកើនឡើងខ្លាំងនៅលើទីផ្សារ ប៉ុន្តែអត្រាអ្នកទិញបែរជាធ្លាក់ចុះ ជាហេតុបង្កឱ្យមានវិបត្តិផលិតផលលើស។ វិបត្តិផលិតលើសក៏បានជះឥទ្ធិពលមិនល្អដល់ក្រុមកសិករអាមេរិកផងដែរ ដោយសារតែផលិតផលកសិកម្មដែលផលិតបាន គឺគ្មានទីផ្សារសម្រាប់កសិករដាក់លក់ ហើយហេតុការណ៍នេះ បានធ្វើឱ្យកសិករអាមេរិកជាច្រើន ខាតបង់ទ្រព្យសម្បត្តិ និងគ្មានលុយសម្រាប់សងធនាគារ ព្រោះតែកសិករភាគច្រើនបានខ្ចីលុយធនាគារដើម្បីធ្វើកសិកម្ម។ គួររំលឹកបន្តិចថា កាលពីមុនវិបត្តិនេះកើតឡើង អាមេរិក គឺជាប្រទេសនាំចេញស្រូវសាលីធំជាងគេនៅលើពិភពលោក បន្ទាប់ពីផ្ទុះឡើងនូវវិបត្តិរួចមក អាមេរិកក៏បានកាត់បន្ថយបរិមាណនាំចេញរបស់ខ្លួន ក៏ប៉ុន្តែតម្លៃទីផ្សារអន្តរជាតិនៅតែបន្តធ្លាក់ចុះដដែល។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩២៩ ទីផ្សារមូលបត្រអាមេរិកបានធ្លាក់ចុះយ៉ាងគំហុក បង្កឱ្យមានភាពចលាចល បង្កើតទៅជាវិបត្តិហិរញ្ញវត្ថុ បណ្តាលឱ្យធនាគារជាច្រើនត្រូវក្ស័យធនជាបន្តបន្ទាប់។ បន្ទាប់មកទៀត វិបត្តិហិរញ្ញវត្ថុនេះបានក្លាយទៅជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយបានរាលដាលចេញពីសហរដ្ឋអាមេរិក ទៅទូទាំងពិភពលោក។ នៅតាមបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ ដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ ជាដើម សកម្មភាពឧស្សាហកម្មបានធ្លាក់ចុះក្នុងចន្លោះពី ២៣% ទៅ ៤៦%។ អត្រាអ្នកអត់ការងារធ្វើ កើនឡើងរហូតដល់ ២៥% ឬជាង ៣០% អាស្រ័យទៅតាមប្រទេស ចំណែកឯការដោះដូរពាណិជ្ជកម្មអន្តរជាតិបានធ្លាក់ចុះរហូតដល់ជាងពាក់កណ្តាល។

ហេតុផលចម្បងចំនួនបួនដែលនាំឱ្យមាន The Great Depression កើតឡើងក្នុងឆ្នាំ១៩២៩

១. វិបត្តិទីផ្សារភាគហ៊ុន៖ ក្រោយពីបញ្ចប់សង្គ្រាមលោកលើកទី១ ប្រជាជនអាមេរិករាប់លាននាក់បានចាប់អារម្មណ៍ទៅលើការវិនិយោគលើទីផ្សារភាគហ៊ុន ហើយមនុស្សជាច្រើនបាននាំគ្នាខ្ចីលុយពីធនាគារដើម្បីទិញភាគហ៊ុន ដោយរំពឹងថានឹងទទួលបានប្រាក់ចំណេញពីការវិនិយោគ ហើយយកថ្លៃដើមមកសងធនាគារវិញ។ នៅពេលដែលមនុស្សនាំគ្នាទិញភាគហ៊ុនច្រើនខ្លាំងពេក បានធ្វើឱ្យតម្លៃភាគហ៊ុនខ្ពស់ជាងតម្លៃក្រុមហ៊ុនខ្លួនឯង។ ហេតុផលនេះបានបណ្ដាលឱ្យមនុស្សភ័យស្លន់ស្លោរ ហើយនាំគ្នាលក់ភាគហ៊ុនរបស់ខ្លួនដើម្បីការពារការខាតបង់ ប៉ុន្តែនៅខែវិច្ឆិកា ឆ្នាំ១៩២៩ មនុស្សរាប់លាននាក់មិនអាចលក់ភាគហ៊ុនរបស់ខ្លួនបាន ជាហេតុធ្វើឱ្យពួកគេគ្មាន​ប្រាក់បង់ធនាគារ។ អ្នកខ្លះក៏លក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដើម្បីបង់ធនាគារឱ្យទាន់ពេល រីឯក្រុមហ៊ុនដែលវិនិយោគទុនលើការទិញភាគហ៊ុនជាច្រើន ក៏ក្ស័យធននាពេលនោះដែរ។

២. វិបត្តិធនាគារ៖ នៅពេលដែលមនុស្សជាច្រើននាំគ្នាខ្ចីប្រាក់ពីធនាគារ ទៅវិនិយោគភាគហ៊ុនដែលកំពុងមានវិបត្តិ ហើយគ្មានលទ្ធភាពសងប្រាក់ត្រលប់ បានធ្វើឱ្យធនាគារតូចៗជាច្រើនបិទទ្វារនៅពេលនោះ។ ហេតុការណ៍នេះ បានធ្វើឱ្យអ្នកផ្ញើលុយនៅធនាគារបាត់បង់នូវទំនុកចិត្តលើធនាគារ ហើយនាំគ្នាដកលុយយ៉ាងគំហុកចេញពីធនាគារ ជាលទ្ធផលធនាគារជាច្រើននៅអាមេរិកបានក្ស័យធននៅឆ្នាំ១៩៣៣។

៣. វិបត្តិផលិតផលលើស ៖ នៅឆ្នាំ១៩២៩ តម្រូវការពីសំណាក់អតិថិជនបានកាត់បន្ថយ ខណៈពេលដែលដំណើរការផលិតរបស់រោងចក្រធំៗនៅតែបន្តធម្មតា។ បើទោះជាតម្លៃប្រាក់ឈ្នួលត្រូវបានតម្លើងឱ្យកម្មករនយោជិតក៏ដោយ ក៏ពួកគេនៅតែមិនមានលទ្ធភាពក្នុងការទិញផលិតផលដដែល ជាហេតុធ្វើឱ្យផលិតផលដែលបានផលិតរួចគ្មានទីផ្សារសម្រាប់ការលក់។

៤. ការថយចុះនៃតម្រូវការ (Under-consumption)៖  កសិករអាមេរិកជាច្រើនបានខ្ចីលុយពីធនាគារដើម្បីយកទៅធ្វើកសិកម្ម ប៉ុន្តែតម្លៃស្បៀងអាហារដែលផលិតបានបែរជាធ្លាក់ចុះ និងលែងមានតម្រូវការពីមនុស្សច្រើនដូចមុន។ ហេតុការណ៍នេះបានធ្វើឱ្យកសិករត្រូវបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួន ដោយសារត្រូវលក់សងធនាគា។ វិបត្តិគ្មានអ្នកទិញផលិតផលក៏បានប៉ះពាល់ខ្លាំងទៅលើឧស្សាហកម្មដែកថែបផងដែរ ដោយរោងចក្រដែកថែបជាច្រើនបានបិទទ្វារ មនុស្ស២៥%នៃប្រជាជនសរុបគ្មានការងារធ្វើ ហើយសេដ្ឋកិច្ចដុនដាបជាខ្លាំង។

ប្រទេសហុងគ្រី៖ មិត្តដែកថែបរបស់ចិនក្នុងសហភាពអឺរ៉ុប?

នាដើមខែមិថុនា​នេះ នៅឯរដ្ឋធានីបូដាផាស់(Budapest)​​​ ប្រទេសហុងគ្រីមានមនុស្សជាច្រើនរយនាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវ។ ការធ្វើបាតុកម្មនេះគឺទាមទារឱ្យលោក Viktor Orbánដែលជានាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រីបញ្ឈប់នូវគម្រោងសាងសង់សាកលវិទ្យាល័យមួយគឺសាកលវិទ្យាល័យហ្វូដាន (Fudan)។ សាកលវិទ្យាល័យហ្វូដានជាសាកលវិទ្យាល័យមួយដែលមានឈ្មោះល្បីល្បាញនៅឯប្រទេសចិន។ រដ្ឋាភិបាលលោក Viktor Orbán បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងភាគីសាកលវិទ្យល័យហ្វូដាន ដោយពួកគេអះអាងថាការអនុញ្ញាតឱ្យសាកលវិទ្យាល័យមួយនេះមានវត្តមាននៅលើប្រទេសហុងគ្រីនឹងជួយអភិវឌ្ឍដល់វិស័យអបរំថ្នាក់ឧត្តមសិក្សារបស់ប្រទេសហុងគ្រី ហើយនឹងទាំងទាក់ទាញសិស្សអន្តរជាតិឱ្យមកសិក្សាក្នុងប្រទេសហុងគ្រីឱ្យកាន់តែច្រើនជាងមុន។ ប្រសិនបើគម្រោងនេះនៅតែបន្ត សាកលវិទ្យាល័យមួយនេះនឹងស្ថាបនារួចរាល់ក្នុងឆ្នាំ២០២៤ ហើយនឹងក្លាយជាសាកលវិទ្យាល័យដែលមានសាខាមុនដំបូងគេបង្អស់ក្នុងប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប។

ប៉ុន្តែមតិរបស់គណបក្សប្រឆាំងបានបកស្រាយថាកិច្ចព្រមព្រៀងនេះបានផ្តល់ផលអវិជ្ជមានទៅដល់ប្រជាជនហុងគ្រីដែលជាអ្នកបង់ពន្ធជូនរដ្ឋដែលទឹកប្រាក់របស់ពួកគេបានចំណាយលើការស្ថាបនាសាកលវិទ្យាល័យមួយនេះទៅវិញទេ។ បើយោងតាមឯកសាររបស់សារព័ត៌មានស៊ើបការណ៍ឈ្មោះថា Direkt36 បានឱ្យដឹងថាការចំណាយលើការសាងសង់សាកលវិទ្យាល័យមួយនេះគឺចំណាយទឹកប្រាក់ស្មើនឹងទឹកប្រាក់ ១.៨ ប៊ីលានដុល្លាសហរដ្ឋអាមេរិក ដែលចំនួនទឹកប្រាក់នេះគឺលើសពីកញ្ចប់ថវិកាដែលរដ្ឋាភិបាលហុងគ្រីចំណាយលើវិស័យអប់រំជាតិ។ លើសពីនេះទៅទៀត ភាគីដែលជំទាស់នឹងគម្រោងសាង់សង់សាកលវិទ្យាល័យនេះបានលើកឡើងថា សាកលវិទ្យាល័យនេះអាចជាយន្តការមួយដែលនឹងផ្សព្វផ្សាយមនោគមវិជ្ជារបស់បក្សកុម្មុយនីស្តចិនដល់ប្រជាជនហុងគ្រី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ អភិបាលក្រុងបូដាផាស់ លោក Gergely Karacsony ក៏បានចូលរួមក្នុងការធ្វើបាតុកម្មផងដែរ។ នៅលើឆាកដ៏ធំ ហើយហ៊ុមព័ទ្ធទៅដោយអ្នកចូលរួមធ្វើបាតុកម្មជាច្រើននាក់ លោកបាននិយាយទៅកាន់ក្រុមបាតុករដែលប្រឆាំងនឹងការសាងសង់សាកលវិទ្យាល័យហ្វូដានថា លោកផ្ដល់សន្តិសុខនិងសុវត្ថិភាពរបស់ប្រទេសហុងគ្រីទាំងមូល។ ដើម្បីបង្ហាញជំហរមិនគាំទ្រទៅដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលហុងគ្រី លោកKaracsonyបានប្តូរឈ្មោះវិថីមួយចំនួនក្នុងរដ្ឋធានីបូដាផាស់​​​ ទៅជាឈ្មោះ រំដោះហុងកុង(Free Hong Kong) ដាឡា​ឡាយម៉ា(Dalai Lama) និង អ៊ុយហ្គែ(Uyghur)ជាដើម។

ហុងគ្រីក្រោមការដឹកនាំរដ្ឋាភិបាលលោក Orbán៖ ឆ្អឹងទទឹងករបស់សហភាពអឺរ៉ុប?

លោក Viktor Orbán គឺជានាយករដ្ឋមន្រ្តីប្រទេសហុងគ្រីដែលបានជាប់អាណត្តិជាលើកទីពីរ នៅក្នុងការបោះឆ្នោតឆ្នាំ២០១០ ដោយលោកទទួលបាន ៥២.៧៣%សម្លេង។ លោកធ្លាប់ជានាយករដ្ឋមន្រ្តីហុងគ្រីរួចមកហើយ ដែលអាណត្តិលើកទីមួយរបស់លោកគឺ នៅរវាងឆ្នាំ១៩៩៨ និង​២០០២។ គោលនយោបាយរបស់លោក គឺផ្អែកទៅលើគំនិតអភិរក្សនិយមដែលមានដូចជាគំនិតជាតិនិយម ការរក្សានូវតម្លៃប្រពៃណីរបស់ជនជាតិហុងគ្រី និងតម្លៃរបស់សាសនាកាតូលិកជាដើម។ ចំណែកឯគោលនយោបាយការបរទេសរបស់លោក Viktor Orbán ត្រូវបានអ្នកវិភាគនយោបាយជាច្រើនបានប្រសិទ្ធនាមថាជា  “ការបើកចំហទៅលោកខាងកើត” ដោយលោកបានបង្កភាពរកាំរកូសនៅក្នុងសហភាពអឺរ៉ុបជាពិសេសជាមួយនឹងបណ្តាប្រទេសអឺរ៉ុបភាគខាងលិចដូចជាប្រទេសអាឡឺម៉ង់និងប្រទេសបារាំងជាដើម ដើម្បីបង្កើតទំនាក់ទំនងយុទ្ធសាស្ត្រសេដ្ឋកិច្ចនិងការទូតឱ្យកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសមួយចំនួនដូចជាប្រទេសតួគី ចិន និងរូស្ស៊ីដែលជាប្រទេសមានចក្ខុវិស័យខុសពីប្រទេសក្នុងបណ្តាសហភាពអឺរ៉ុបជាពិសេសលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ ទំនាក់ទំនងរបស់លោកជាមួយនឹងបណ្តាប្រទេសទាំងនេះហើយ បានធ្វើឱ្យលោកតែងមានភាពរកាំរកូសជាមួយនឹងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបឯទៀត។ ជាក់ស្តែងប្រទេសហុងគ្រីក៏ត្រូវបានបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបតែមួយចោទប្រកាន់ពីបញ្ហាសិទ្ធិមនុស្សផងដែរ។ ជាក់ស្តែងនៅអំឡុងពេលដែលសហភាពអឺរ៉ុបជួបប្រទះវិបត្តិជនអន្តោប្រវេសន៍ពីបណ្តាប្រទេសមជ្ឈិមបូព៌ានិងអាហ្វ្រិកភាគខាងជើង ប្រទេសហុងគ្រីដែលដឹកនាំដោយលោក Viktor Orbán បានប្រតិបតិ្តគោលនយោបាយខុសស្រឡះពីប្រទេសក្នុងសភាពអឺរ៉ុបឯទៀតដូចជាប្រទេសអាឡឺម៉ង់ បារាំង និងស៊ុយអែត ដោយលោកបានរឹតបន្តឹងជនអន្តោប្រវេសន៍ដោយការបិទព្រំដែនប្រទេសហុងគ្រី ក្នុងគោលបំណងរឹតបន្តឹងចំនួនជនអន្តោប្រវេសន៍ខុសច្បាប់និងជនដែលសុំសិទ្ធជ្រកកោន។  នៅក្នុងតុលាការយុត្តិធម៌សហភាពអឺរ៉ុប ប្រទេសហុងគ្រីជាភាគីដែលជំទាស់នឹងគោលនយោបាយដែលចាត់ឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុបទទួលយកនូវជនអន្តោប្រវេសន៍។ នេះមិនមែនជាលើកទីមួយដែលប្រទេសហុងគ្រីមានទស្សនៈនិងគោលនយោបាយផ្ទុយពីប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀតនោះទេ។ បើក្រឡេកមកមើលក្នុងគោលនយោបាយការបរទេសរបស់ប្រទេសហុងគ្រី ជាពិសេសជាមួយនឹងប្រទេសចិន​ ជាក់ស្តែងនៅដើមខែមិថុនា ឆ្នាំ២០២១ មុននឹងថ្ងៃដែលប្រជាជនហុងគ្រីធ្វើបាតុកម្មប្រឆាំងនឹងគម្រោងសាងសង់សាកលវិទ្យាល័យនេះ រដ្ឋាភិបាលលោកOrbán ក៏បានរាំងស្ទះដល់ការចេញនូវសេចក្តីថ្លែងការណ៍រួមរបស់សហភាពអឺរ៉ុបស្តីពីបញ្ហាបាតុកម្មនៅឯទីក្រុងហុងកុង។ ត្រឡប់ទៅខែមេសា ប្រទេសហុងគ្រីក៏បានរាំងស្ទះដល់សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបដែលពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មីដែលបានដាក់ទៅលើទីក្រុងហុងកុងផងដែរ។ នេះបង្ហាញថាប្រទេសហុងគ្រីគឺជាខែលមួយដែលអាចជួយប្រទេសចិនបាននូវពេលដែលសហភាពអឺរ៉ុបមានគោលនយោបាយឬវិធានការណាមួយដែលពាក់ព័ន្ធជាមួយនឹងប្រទេសចិន។​

លោក Vikor Orbán និងទំនាក់ទំនងស្អិតរមួតជាមួយប្រទេសចិន

រដ្ឋាភិបាលលោក Vikor Orbán និងរដ្ឋាភិបាលលោក Xi Jinping បានបង្កើតនូវទំនាក់ទំនងដ៏ជិតស្និទ្ធលើវិស័យជាច្រើនរួមទាំងវិស័យសេដ្ឋកិច្ច អប់រំ និងយោធា។ ប្រមុខថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរបានដោះដូរទស្សនកិច្ចផ្លូវការជាមួយគ្នា។ ជាក់ស្តែងក្នុងឆ្នាំ២០១៧ នាយករដ្ឋមន្ត្រី(Premier)របស់ប្រទេសចិន លោក Wen Jiabao បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសហុងគ្រី ហើយត្រូវបានស្វាគមន៍យាំងកក់ក្តៅពីលោក Vikor Orbán នៅឯប្រលានយន្តហោះ។ ការធ្វើទស្សនកិច្ចរបស់លោកគឺចំពេលខួបគម្រប់ខួបប្រាំឆ្នាំនៃការបង្កើតកិច្ចសហប្រតិបត្តិការមួយដែលមានឈ្មោះថា China-CEEC 16+1 ដែលជាកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសអឺរ៉ុបភាគកណ្តាល និងខាងកើត ដែលនៅក្នុងនោះក៏មានប្រទេសហុងគ្រីជាសមាជិកផងដែរ។ ក្នុងខែមេសា ឆ្នាំ២០១៩ លោក Vikor Orbán ក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនដែលលោកបានជួបសំណេះសំណាលជាមួយនឹងប្រធានធិបតីចិនលោក Xi Jinping ដែលលោកប្រធានាធិបតីស្វាគមន៍ដំណើររបស់លោក Orbán ក្នុងការចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវ(Belt and Road)។ លោកនាយករដ្ឋមន្ត្រី Orbán ក៏បានបង្ហាញគោលចំហររបស់ប្រទេសហុងគ្រីក្នុងការចូលរួមនូវកិច្ចផ្តួចផ្តើមជាច្រើនរបស់ប្រទេសចិនរួមទាំងកិច្ចផ្តួចផ្តើម China-CEEC 16+1 និងខ្សែក្រវ៉ាត់និងផ្លូវ(Belt and Road)ជាដើម។ ជាក់ស្តែងនៅក្នុងគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសហុងគ្រី បានដកស្រង់ប្រសាសន៍របស់នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orbán ដែលលោកបានចាត់ទុកប្រទេសហុងគ្រីជាប្រទេសសសរស្តម្ភមួយរបស់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ(Belt and Road)។​ ប៉ុន្តែមានមតិផ្ទុយជាច្រើន ជាពិសេសពីភាគីគណបក្សប្រឆាំងបានបង្ហាញពីក្តីព្រួយបារម្ភដែលប្រទេសហុងគ្រីអាចធ្លាក់ទៅក្នុងអន្ទាក់បំណុលរបស់ប្រទេសចិន។

សរុបមក ប្រទេសហុងគ្រីនិងប្រទេសចិននៅពេលអនាគតអាស្រ័យលើការថ្នាក់ដឹកនាំរបស់ប្រទេសហុងគ្រីនៅថ្ងៃអនាគត។ គណបក្សប្រឆាំងរបស់ប្រទេសហុងគ្រីគឺមានទស្សនៈផ្ទុយស្រឡះពីលោក Viktor Orbán ដោយគោលនយោបាយរបស់ពួកគេគឺងាកទៅរកសហភាពអឺរ៉ុបជាជាងប្រទេសចិន។ ប្រទេសហុងគ្រីនឹងធ្វើការបោះឆ្នោតអាណត្តិថ្មីនៅក្នុងឆ្នាំ២០២២ ហើយលោក Vikor Orbán នឹងត្រូវជួបនូវបញ្ហាដ៏ធំមួយគឺដោយសារតែគណបក្សប្រឆាំងទាំង៦របស់ប្រទេសហុងគ្រីបានរួបរួមគ្នាឈរឈ្មោះក្រោមទង់តែមួយ។ ការបង្រួបបង្រួមនៃគណបក្សប្រឆាំងអាចជាការគំរាមកំហែងរបស់លោក Vikor Orbán ក៏ដូចជាប្រទេសចិនផងដែរ។ ប្រសិនបើលោក Vikor Orbán មិនទទួលជោគជ័យនៅក្នុងការបោះឆ្នោតឆ្នាំ២០២២ នោះប្រទេសចិនប្រឈមនឹងការបាត់បង់កូនសោរដែលឥទ្ធិពលដ៏សំខាន់មួយនៅក្នុងសហភាពអឺរ៉ុប។

គោលការណ៍ជាមូលដ្ឋាននៃក្រមរដ្ឋប្បវេណី

ក្រមរដ្ឋប្បវេណី គឺជាច្បាប់ទូទៅនៃនីតិឯកជន ដែលបទប្បញ្ញិត្តទៅលើសកម្មភាពរស់នៅ និងការធ្វើទំនាក់ទំនងផ្សេងៗ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់បុគ្គលឯកជន លើកលែងតែមានការកំណត់ផ្សេងទៀតនៃច្បាប់ពិសេស។ តួយ៉ាងទំនាក់ទំនង និងសកម្មភាពទាំងនោះមានដូចជា ការអនុវត្តសិទ្ធិបុគ្គល កាតព្វកិច្ច និងទំនាក់ទំនងរវាងសាច់ញាតិ រួមមាន រវាងប្តីប្រពន្ធតាមរយៈអាពាហ៍ពិពាហ៍ រវាងឪពុកម្ដាយនិងកូន ការបែងចែកទ្រព្យសម្បត្តិ ឬកេរមរតក។ល។

តើមានគោលការណ៍ជាមូលដ្ឋានអ្វីខ្លះនៅពីក្រោយបទប្បញ្ញត្តិទាំងនេះ?

ក្រមរដ្ឋប្បវេណីមាន “គោលការណ៍ជាមូលដ្ឋាន” កំណត់សិទ្ធិឯកជនរបស់បុគ្គលដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបន្ថែមភាពជាក់លាក់ និងលម្អិតទៅដល់បញ្ញត្តិទាំងនោះ ព្រមទាំងបានកំណត់គោលការណ៍ជាមូលដ្ឋាននៃសិទ្ធិលើទ្រព្យសម្បត្តិទៀតផង។

សិទ្ធិឯកជនរបស់បុគ្គលដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ

សេចក្តីថ្លៃថ្នូរនិងសមភាពបុគ្គល៖ យោងទៅតាមមាត្រា២ នៃក្រមរដ្ឋប្បវេណី គោលការណ៍មូលដ្ឋានមួយរបស់ក្រមនេះ គឺធានាឱ្យបាននូវសេចក្តីថ្លៃថ្នូររបស់បុគ្គល សមភាពឬភាពស្មើគ្នារបស់បុគ្គលទាំងប្រុសស្រីនៅចំពោះមុខច្បាប់ ដោយមិនមានការរើសអើង ដែលទាំងនេះសុទ្ធសឹងត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា៣១ នៃរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា ប្រជាជនខ្មែរគ្រប់រូបមានភាពស្មើគ្នានៅចំពោះមុខច្បាប់ មានសេរីភាព និងកាតព្វកិច្ចដូចគ្នា ដោយមិនមានការរើសអើងប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា ឋានៈឬស្ថានភាពក្នុងសង្គម ធនធាន ឬបុគ្គលិកលក្ខណៈផ្សេងៗទៀតឡើយ។ មិនតែប៉ុណ្ណោះ មាត្រា៤៥ នៃរដ្ឋធម្មនុញ្ញក៏បានបន្ថែមរឹតតែច្បាស់ទៀតថា ការរើសអើងគ្រប់រូបភាពទៅលើស្ត្រី ត្រូវបានលុបបំបាត់ចោល ហើយបុរស និងស្រ្តីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យ។ នេះសបញ្ជាក់ឱ្យឃើញថា គោលការណ៍មួយនេះបានផ្តល់តម្លៃជាខ្លាំងទៅដល់សិទ្ធិឯកជនរបស់បុគ្គលគ្រប់រូបដែលជាប្រជាពលរដ្ឋរស់នៅក្នុងសង្គមនីតិរដ្ឋ ប្រកបទៅដោយភាពយុត្តិធម៌ ភាពស្មើគ្នាក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន នៅគ្រប់ស្រទាប់វណ្ណៈទាំងអស់នៃសង្គម។

ទំនាក់ទំនងសាច់ញាតិ ឬគ្រួសារ៖ ជាការពិតណាស់ យើងដឹងហើយថាមនុស្សគ្រប់រូបដែលរស់នៅក្នុងសង្គមរមែងតែងតែមានទំនាក់ទំនងទៅវិញទៅមកតាមរយៈការជាប់សាច់សាលោហិតរវាងគ្នា ជាឪពុកម្តាយ-កូន បងប្អូន និងទំនាក់ទំនងសាច់ញាតិផ្សេងៗទៀត ព្រមទាំងរវាងសហព័ទ្ធ ឬប្តីប្រពន្ធ តាមរយៈចំណងអាពាហ៍ពិពាហ៍។ល។ កត្តាទាំងនេះធ្វើឱ្យយើងគ្រប់គ្នាមានការប្រាស្រ័យទាក់ទង និងពឹងផ្អែកទៅលើគ្នាទៅវិញទៅមក ដែលបណ្តាលឱ្យកើតចេញជា សិទ្ធិ កាតព្វកិច្ច ទំនួលខុសត្រូវនានា ដែលមិនអាចចៀសផុតបាន។ ដើម្បីជាការសម្រួលលើការប្រាស្រ័យទាក់ទងនេះ ក្រមរដ្ឋប្បវេណី បានចែងយ៉ាងច្បាស់អំពី សិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវទាំងអស់នេះ ដែលពាក់ព័ន្ធទៅនឹងទំនាក់ទំនងសាច់ញាតិ ប្តីប្រពន្ធ ជាដើមនេះ។ គន្ថីទី៧ នៃក្រមរដ្ឋប្បវេណី “ញាតិ” បានរៀបរាប់អំពីទំនាក់ទំនងដូចជា ការភ្ជាប់ពាក្យ អាពាហ៍ពិពាហ៍ ប្រព័ន្ធទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ ការលែងលះគ្នាជាអាទិ៍។ លើសពីនេះទៀត ទំនាក់ទំនង ឪពុកម្តាយ និងកូន ដែលរួមមានទាំងការស្មុំកូន ក៏ត្រូវបានបញ្ជាក់យ៉ាងច្បាស់ផងដែរ។ អំណាចមេបា អាណាព្យាបាល សុទ្ធតែជាសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវសំខាន់បំផុតទៅលើ ការរស់នៅ និងជីវភាពបុគ្គលម្នាក់ៗ។ តួយ៉ាងអំណាចមេបាត្រូវបានចែងនៅក្នុងមាត្រា១០៣៤ និង១០៣៦ ដែលបញ្ជាក់ថា ជាទូទៅ ឪពុកម្តាយដែលមានចំណងអាពាហ៍ពិពាហ៍ ត្រូវមានអំណាចមេបា ដែលជាអ្នកមានសិទ្ធិ និងកាតព្វកិច្ច ចិញ្ចឹមបីបាច់ថែរក្សាកូនដែលជាអនីតិជន។ ស្រដៀងគ្នានេះដែរ ផ្អែកតាមមាត្រា៤៧ នៃរដ្ឋធម្មនុញ្ញ ឪពុកម្តាយមានកាតព្វកិច្ចក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនឱ្យក្លាយខ្លួនទៅជាពលរដ្ឋល្អក្នុងសង្គម។

គោលការណ៍ជាមូលដ្ឋាននៃសិទ្ធិលើទ្រព្យសម្បត្តិ

ក្រមរដ្ឋប្បវេណីបានបញ្ញត្តិ នូវមាត្រាមួយចំនួន ដែលមានគោលការណ៍ជាមូលដ្ឋានទាក់ទងទៅនឹងទ្រព្យសម្បត្តិបុគ្គលផងដែរ។ មាត្រា១៣៨ បានឱ្យនិយមន័យនៃកម្មសិទ្ធិថា ជាសិទ្ធិដែលកម្មសិទ្ធិករ ឬម្ចាស់កម្មសិទ្ធិអាចគ្រប់គ្រង ប្រើប្រាស់ អាស្រ័យផល និងចាត់ចែងវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួន បានដោយសេរី ប៉ុន្តែនៅក្នុងទំហំដែលច្បាប់បានអនុញ្ញាត។ ខ្លឹមសារលម្អិតនៃកម្មសិទ្ធិត្រូវបានចែងក្នុងជំពូកទី២ នៃគន្ថីទី៣ ក្នុងក្រមនេះ។ ចំណុចនេះដែរក៏បានឆ្លុះបញ្ចាំងគោលការណ៍មូលដ្ឋានទាក់ទងនឹងរដ្ឋធម្មនុញ្ញខាងលើសារជាថ្មី ពីព្រោះក្នុងរដ្ឋធម្មនុញ្ញ មាត្រា៤៤ ក៏បានចែងថាជនណាក៏ដោយ មិនថាជាបុគ្គល ឬសមូហភាពនោះទេ គឺសុទ្ធសឹងត្រូវបានផ្តល់ឱ្យនូវកម្មសិទ្ធិឯកជនស្របច្បាប់។ លើសពីនេះទៀត ទំនាក់ទំនងញាតិ ក៏មានកាតព្វកិច្ច សិទ្ធិដែលជាប់ពាក់ព័ន្ធ ការបែងចែកទ្រព្យសម្បត្តិ សន្តតិកម្ម  កេរមរតក ដែលជាផ្នែកយ៉ាងសំខាន់ក្នុងជីវភាពរស់នៅ ហើយអាចបង្កឱ្យមានការមិនពេញចិត្ត កើតជាវិវាទដែលយើងបានមើលឃើញជាក់ស្តែងកន្លងមក ច្រើនគួរសមដែរ។ ហេតុដូចនេះហើយ គោលការណ៍មួយដ៏ចាំបាច់របស់ក្រមរដ្ឋប្បវេណី គឺត្រូវជួយទៅដល់ភាគី ក្នុងការបែងចែកផលប្រយោជន៍ ព្រមទាំងចៀសវាង និងដោះស្រាយទំនាស់ទាំងអស់នេះ ដែលមាត្រាទាំងនោះបានដៅនូវមូលដ្ឋានគ្រឹះទៅដល់ច្បាប់ពិសេសផ្សេងៗទៀត។ តួយ៉ាង នៅក្នុងគន្ថីទី៨ នៃក្រមនេះមានចែងអំពីសន្តតិកម្ម ដែលរួមមានលក្ខណៈសម្បត្តិរបស់សន្តតិជន សន្តតិកម្មតាមច្បាប់ សន្តតិកម្មតាមមតកសាសន៍ ការគ្រប់គ្រងនិងបែងចែកមរតក និងចំណុចផ្សេងៗជាច្រើនទៀតដែលត្រូវចាប់អារម្មណ៍។

***Disclaimer

អត្ថបទនេះគ្រាន់តែសរសេរឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទូទៅក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ  ដែលអត្ថបទនេះក៏មិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ផ្លូវការណាមួយឡើយ។  The SEED នឹងមិនការធានា និងមិនទទួលខុសត្រូវនូវបញ្ហាផ្លូវច្បាប់ដែលបណ្តាលមកពីការប្រើប្រាស់អត្ថបទនេះឡើយ។

ការចាប់ដៃគ្នារវាងប្រទេសស្រីលង្កា និង ប្រទេសមហាអំណាចចិន

ស្រីលង្កាដែលស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌានៅភាគអាគ្នេយ៍នៃចុងនៃឧបទ្វីបឥណ្ឌា ដែលទទួលបានឯករាជ្យពេញលេញនៅឆ្នាំ ១៩៤៨ បន្ទាប់ពីស្ថិតក្រោមការគ្រប់គ្រងរបស់អង់គ្លេសជិត ១៥០ ឆ្នាំចាប់តាំងពីឆ្នាំ១៨១៥ ដល់ឆ្នាំ ១៩៤៨ និងត្រូវបានទទួលស្គាល់ដោយសាធារណរដ្ឋប្រជាមានិតចិននៅខែមករាឆ្នាំ ១៩៥០។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតពេញលេញនិងផ្លាស់ប្តូរឯកអគ្គរដ្ឋទូតនៅខែកុម្ភៈឆ្នាំ ១៩៥៧ ។ ជាមួយទំនាក់ទំនងជាប្រវត្តិសាស្រ្ដនៅឆ្នាំ ១៩៥២ ខែមេសា ប្រទេសទាំងពីរបានបង្កើតកិច្ចព្រមព្រៀងទី ១ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកវិទ្យារវាងចិននិងស្រីលង្កា និងកិច្ចព្រមព្រៀងដែនសមុទ្រនៅឆ្នាំ ១៩៦៣។ គណៈប្រតិភូសហជីពចិនបានធ្វើទស្សនកិច្ចប្រទេសស្រីលង្កាជាលើកដំបូងនៅខែកុម្ភៈឆ្នាំ ១៩៥៧ ។ ទំនាក់ទំនងចិន-ស្រីលង្កាត្រូវឈានទៅមួយកម្រិតទៀតនៅពេលប្រទេសស្រីលង្កាបោះឆ្នោតកាលពីឆ្នាំ ២០០៥ ដែលកាលនោះលោកប្រធានាធិបតី Mahinda Rajapaksa ជាអ្នកឈ្នះឆ្នោត ។ យ៉ាងណាមិញ បើទោះបីជាចំណងកាទូតមានលក្ខណៈស្អិតរមួត ព្រមទាំងការផ្តល់ជំនួយរបស់ចិន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចស្រីលង្កាឥតឈប់ឈរ ដោយឡែកហេតុអ្វីបានជាកំពង់ផែ Ha​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​mban​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​tota ត្រូវបាន ដាក់ជួលឲ្យទៅក្រុមហ៊ុនចិន៩៩ឆ្នាំ តើចិនសម្លឹងឃើញអ្វីខ្លះពីប្រទេសស្រីលង្ហា?

តើចិនសម្លឹងឃើញផលប្រយោជន៍អ្វីខ្លះពីស្រីលង្កា?

ឥទ្ធិពលចិនមកលើស្រីលង្កាដែលយើងស្គាល់សព្វថ្ងៃបានចាប់ផ្ដើមកើតមានឡើងនៅក្នុងអាណត្តិរបស់ប្រធានាធិបតីស្រីលង្កាលោក Mahinda Rajapaksa ដែលជាប់ឆ្នោតនៅក្នុងឆ្នាំ ២០០៥​ ហើយខណ:ដែលប្រទេសស្រីលង្កាកំពុងធ្លាក់នៅក្នុងសង្គ្រាមស៊ីវិល។ ចិនបានដឹងថាវាជាឱកាសមាសសម្រាប់ខ្លួនត្រូវធ្វើសកម្មភាពដើម្បីបំពេញចន្លោះប្រហោងក្នុងវិស័យសេដ្ឋកិច្ចរបស់ស្រីលង្កា ក្រោយការងើបពីសង្គ្រាមស៊ីវិលរយៈពេល២៦ឆ្នាំរបស់ស្រីលង្កាជាមួយក្រុមភេរវករបំបែកខ្លួន LTTE នៅឆ្នាំ២០០៩ ដែលបានបំផ្លាញប្រទេសស្រីលង្កាយ៉ាងខ្លាំងហើយប្រទេសនេះត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងដើម្បីកសាងសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។ បើយោង The Diplomat នៅឆ្នាំ ២០០៧ លោក Rajapaksa បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធលើកដំបូងជាមួយចិនដែលមានតម្លៃ ៣៧ លានដុល្លាអាមេរិក។ ក្នុងឆ្នាំ ២០០៨ ចិនបានផ្តល់អំណោយយន្តហោះចម្បាំងប្រភេទ F៧ ចំនួន ៦  កាំភ្លើងប្រឆាំងយន្តហោះ និងរ៉ាដា JY-១១។ នៅឆ្នាំ ២០១០ ទីក្រុងប៉េកាំងបានផ្តល់ប្រាក់កម្ចី ២០០ លានដុល្លារដល់ប្រទេសស្រីលង្កាដើម្បីសាងសង់អាកាសយានដ្ឋានអន្តរជាតិទី ២ ក្បែរទីក្រុង Hambantota ហើយនៅឆ្នាំដដែល ចំនួនទឹកប្រាក់ ៣៦១ លានដុល្លារអាមេរិកត្រូវបានខ្ចីដើម្បីសាងសង់កំពង់ផែ Hambantota ដំណាក់កាលទី ១ ដែលបាន បញ្ចប់នៅឆ្នាំ ២០១០។ ក្នុងឆ្នាំ ២០១២ ​​​​​​​​​​​​​​​​​​​​​​​​​​​បានផ្តល់ប្រាក់ចំនួន ៨១០ លានដុល្លារអាមេរិកសម្រាប់គម្រោងកំពង់ផែដំណាក់ កាលទី ២។ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៣ ក្រុមហ៊ុនចិនបានចុះកិច្ចសន្យាសាងសង់ផ្លូវដែកតម្លៃ ២៧២ លានដុល្លារអាមេរិកទៅ ប្រទេសស្រីលង្កាក្នុងការសាងសង់ផ្លូវដែកថ្មីដំបូងបង្អស់នៅក្នុងប្រទេសស្រីលង្កាក្នុងរយៈពេលមួយសតវត្សរ៍។ ប្រទេសចិនបានផ្តល់ថវិកាចំនួន ៦០០ លានយិនប៊ី Renminbi  (៩០ លានដុល្លាអាមេរិកឬ ១៦.៥ ពាន់លានរូពីស្រីលង្កា) ជាជំនួយឥតសំណងនៅក្នុងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយលោក Wang Xiaotao ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន។

ខ្សែក្រវ៉ាត់មួយផ្លូវមួយ  (One Belt One Road Initiative) និងស្រីលង្កា

ច្បាស់ណាស់ការពង្រីកឥទ្ធិពលរបស់ចិននេះមិនអាចមើលរំលងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយផ្លូវមួយ  (One Belt One Road Initiative) បាននោះទេ។ ប្រទេសចិនចាត់ទុកប្រទេសស្រីលង្កាជាប្រទេសដ៏សំខាន់នៅក្នុងគំនិតផ្តួចផ្តើម ដែលជាយុទ្ធសាស្ត្ររបស់ចិននៅមហាសមុទ្រឥណ្ឌាដែលជាផ្លូវសូត្រសមុទ្រនិងជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏ធំដែលត្រូវបានគេស្គាល់ថាជាគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ (One Belt One Road Initiative)​ ប្រកបដោយមហិច្ឆតារបស់ទីក្រុងប៉េកាំង។ នៅឆ្នាំ ២០១៣ ប្រធានាធិបតីចិនលោក Xi Jinping បានបញ្ចេញគំនិត  One Belt One Road Initiative នដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំដែលផ្ដោតលើការអភិវឌ្ឍវិស័យដឹកជញ្ជូនរវាងប្រទេសនានា។ ប្រទេសចិនមានបំណងចង់ភ្ជាប់ទ្វីបអាស៊ីទ្វីបអាស៊ីនិងទ្វីបអឺរ៉ុបតាមបណ្ដោញផ្លូវគោកនិងផ្លូវសមុទ្រដើម្បីបង្កើនចរន្ដពាណិជ្ជកម្ម ជំរុញកំណើនសេដ្ឋកិច្ចនិងសមាហរណកម្មក្នុងតំបន់។ ទន្ទឹមនឹងនេះ ផ្នែកផ្លូវសមុទ្រនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយអាចត្រូវបានគេស្គាល់ថាផ្លូវសូត្រសមុទ្រសតវត្សទី ២១។ ផ្លូវសូត្រសមុទ្រនេះភ្ជាប់ពីតំបន់ឆ្នេរសមុទ្ររបស់ចិនទៅកាន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង ភូមិភាគខាងត្បូងនៃមហា សមុទ្រប៉ាស៊ីហ្វិក មជ្ឈឹមបូព៌ា អាហ្វ្រិកខាងកើត និងរហូតដល់ទ្វីបអឺរ៉ុបដែលឆ្លងកាត់ដែនសមុទ្រសំខាន់ៗដូចជាដែនសមុទ្រចិនខាងត្បូង ច្រកម៉ាឡាកា ស្រីលង្កា ដែនសមុទ្រភាគខាងត្បូងឥណ្ឌា ព្រែកជីកស៊ុយអែស។ ល។ លើសពីនេះទៅទៀតដោយសារស្រីលង្កាស្ថិតនៅចំណុចយុទ្ធសាស្ត្រដ៏សំខាន់ ចិនបានផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់នៅក្នុងប្រទេសស្រីលង្កាយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពីការបើកទ្វារស្វាគមន៍របស់ស្រីលង្កាក្នុងនាមភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ និងគាំទ្រគំនិតផ្តួចផ្តើមគំនិតរបស់ប្រទេសចិន។

ដោយឡែក ចិនក៏ចង់បង្កើតមូលដ្ឋានរឹងមាំមួយនៅក្នុងប្រទេសស្រីលង្កាដែលជាប្រទេសជិតខាងខាងត្បូង របស់ឥណ្ឌា។ ការធ្វើដូច្នេះនឹងផ្តល់ឱ្យចិនទទួលបានប្រយោជន៍ជាច្រើន ដែលទីមួយចិននឹងក្លាយជាអ្នកប្រកួតប្រជែង ដោយផ្ទាល់នឹងកងទ័ពជើងទឹករបស់ឥណ្ឌានៅក្នុងតំបន់មហាសមុទ្រឥណ្ឌា។ទីពីរប្រទេសចិននឹងឈរជើងនៅក្នុងសមុទ្ររឹងមាំជាងមុន និងក្លាយជាពាណិជ្ជកម្មដ៏សំខាន់មួយហើយនឹងស្ថិតក្នុងទីតាំងល្អប្រសើរជាងមុន ជាពិសេសដើម្បីធានាដល់ការធ្វើពាណិជ្ជកម្មប្រេងឆៅតាមសមុទ្ររបស់ខ្លួន។ បើយោងតាមសារព័ត៌មានក្នុងស្រុករបស់ឥណ្ឌា News១៨ ប្រហែលជា ៨០% នៃប្រេងឆៅរបស់ចិនដែលត្រូវបាននាំចូលពីបណ្តាប្រទេសអារ៉ាប់ឆ្លងកាត់ច្រកម៉ាឡាកា (Malacca Strait)​ នេះ ។ ​រង្វាន់ពិតប្រាកដសម្រាប់ប្រទេសចិនគឺកំពង់ផែស្រីលង្កាដែលប្រទេសកោះស្ថិតនៅតាមបណ្តាញគមនាគមន៍សមុទ្រខាងកើត-ខាងលិចដែលភ្ជាប់ប្រទេសចិនទៅអ្នកផ្គត់ផ្គង់ថាមពលរបស់ខ្លួននៅមជ្ឈឹមបូព៌ានិងអាហ្វ្រិក។

តើស្រីលង្កាប្រើប្រាស់កម្ចីចិនយ៉ាងដូចម្ដេច?

ដោយទទួលបានទីតាំងភូមិសាស្ត្រដ៏សំខាន់របស់ខ្លួនក្នុងនាមជាប្រទេសដែនសមុទ្រមួយដែលស្ថិតនៅចំណុចប្រសព្វនៃច្រកផ្លូវពាណិជ្ជកម្មអន្តរជាតិ ស្រីលង្កាមានតួនាទីយ៉ាងសំខាន់។ ទីក្រុងនេះមិនត្រឹមតែជាទីក្រុងកំពង់ផែធម្មជាតិប៉ុណ្ណោះទេប៉ុន្តែ ថែមទាំងមានប្រភពធនធានរ៉ែប្រេងធម្មជាតិក៏ដូចជាជលផលនិងរ៉ែសមុទ្រផងដែរ។ ប្រទេសស្រីលង្កាក៏ទើបតែងើបចេញពីសង្គ្រាមជិត ៣ ទសវត្សហើយ ដូច្នេះគឺមានឱកាសដែលជាគោលដៅអភិវឌ្ឍន៍ប្រកបដោយមហិច្ឆតាក្នុងការអនុវត្តគម្រោងហេដ្ឋារចនា សម្ព័ន្ធធំៗ នៅក្នុងទីក្រុងធំៗ។ ជាមួយការរំពឹងដ៏មហិមានៃចរាចរណ៍ពាណិជ្ជកម្មដ៏រីកចម្រើន អាជ្ញាធរស្រីលង្កាបានអះអាងនិងសន្យាថាការអភិវឌ្ឍន៍គម្រោងកំពង់ផែ Hambantota ដែលមានទីតាំងស្ថិតនៅចំបេះដូងនៃផ្លូវដឹកជញ្ជូនដ៏មមាញឹកទៅជាកំពង់ផែដ៏មានសក្ដានុពលពាណិជ្ជកម្មក្នុងអាស៊ី និងផ្ដល់ឱកាសការងារដល់ប្រជាជនជាង ៥០,០០០នាក់ ជាមួយនឹងការជំរុញសេដ្ឋកិច្ចឱ្យក្លាយជាប្រទេសដែល មានប្រាក់ចំណូលមធ្យមក្នុងរយៈពេលពីរបីឆ្នាំទៀត។

យ៉ាងណាមិញតាមការសិក្សាលទ្ធភាពជាច្រើនត្រូវបានធ្វើដោយក្រុមហ៊ុនវិស្វកម្មដាណឺម៉ាក Ramboll និង SNC-Lavalin របស់កាណាដាពីមុនបានបង្ហាញថាកំពង់ផែនេះនឹងមិនមានលទ្ធភាពផ្នែកពាណិជ្ជកម្មដូចកំពង់ផែផ្សេងទៀតដូចជាកំពង់ផែ Colombo ទេ ដោយលើកហេតុផលថាដំណាក់កាលដំបូងនៃគម្រោងគួរតែអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញ ដើម្បីចាប់ផ្តើមរកប្រាក់ចំណូលមុនពេលពង្រីកកំពង់ផែដើម្បីអាចគ្រប់គ្រងចរាចរណ៍និងស្តុកកុងតឺន័រ។ ទោះយ៉ាងណារដ្ឋាភិបាលលោក Mahinda Rajapaksa ដែលមានអាណត្តិពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៥ នៅតែទទូចផ្តួចផ្តើមដើម្បីអភិវឌ្ឍកំពង់ ផែ Hambantota នេះឡើង ដោយបានសន្យាថានឹងអភិវឌ្ឍសង្កាត់ភាគខាងត្បូងរបស់ប្រទេសស្រីលង្កាជាពិសេសស្រុកកំណើតរបស់ខ្លួននិងកំពង់ផែ​ដែលស្ថិតក្នុងចំណោមតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយរលកយក្សស៊ូណាមិឆ្នាំ ២០០៤ ប្រកបដោយមហិច្ឆតាសម្រាប់ការតភ្ជាប់ផ្លូវថ្នល់និងផ្លូវដែកអាកាសយានដ្ឋានថ្មី (ធំជាងគេនៅអាស៊ីខាងត្បូង) និងក្រុមហ៊ុនអាកាសចរណ៍ថ្មី។

ប្រទេសស្រីលង្កាបានអនុវត្តយុទ្ធសាស្រ្តមួយដែលស្វាគមន៍ការវិនិយោគសេដ្ឋកិច្ចពីប្រទេសចិនក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយដើម្បីជំរុញផលប្រយោជន៍សេដ្ឋកិច្ចនិងនយោបាយក្នុងស្រុករបស់ខ្លួន។ បើយោងតាម Center for Stragey and International Studies ស្រីលង្កាបានទទួលកម្ចីពាណិជ្ជកម្មនៃគម្រោងអភិវឌ្ឍន៍កំពង់ផែ Ha​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​mban​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​tota នៅដំណាក់កាលទី១ ឆ្នាំ២០០៧ ចំនួន ៣០៧លានដុល្លារ និងដំណាក់កាលទី២ ចំនួន ៧៥៧ លានដុល្លារនៅឆ្នាំ ២០១២។ គួរបញ្ជាក់ផងថា រាល់ប្រាក់កម្ចីដែលស្រីលង្កាទទួលបានតាមរយៈមូនិធិដោយធនាគារចិន (EXIM Bank) ស្ទើរតែទាំងអស់គឺជាប្រាក់កម្ចីសម្រាប់អភិវឌ្ឈន៍គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានកំពង់ផែ Hambantota, Colombo-Katunayake Expressway និងអាកាសយានដ្ឋាន Mattala ហើយប្រាក់ដែលទទួលបានតាមរយៈប្រាក់កម្ចីគម្រោងទាំងនេះមិនត្រូវបានអនុញ្ញាតឱ្យប្រើសម្រាប់ក្នុងគោលបំណងផ្សេងទៀតឡើយ។

របបដែលមិនអាចខ្វះចិនបានមួយនេះ ជាមួយអាកប្បកិរិយាទុទិដ្ឋិនិយមរបស់លោក Rajapaksa ដែលមិនយល់ស្របតាមលទ្ធផលសិក្សា ជម្នះធ្វើតាមការប្តេជ្ញាចិត្តក្នុងការស្វែងរកគម្រោងរបស់គាត់ និងការដាក់មហិច្ឆតានយោបាយមុនតម្រូវការទីផ្សារ រួមផ្សំនិងអភិបាលកិច្ចបែបផ្តាច់ការនិងពុករលួយ ដែលផ្តោតលើក្រុមគ្រួសាររបស់ប្រធានាធិបតីជាមួយនឹងការបិទបាំងការជំទាស់ការិយាប្រជាធិបតេយ្យនិងជួយសម្រួលដល់ការខ្ចីប្រាក់ពីតារាងតុល្យការដោយក្រុមហ៊ុនរដ្ឋនិងធនាគារឯកជន។ លើសពីនេះទៅទៀត បើយោងតាម News១៨ បានលើកឡើងថា ក្រុមហ៊ុនចិនដែល​ទទួលបន្ទុកសាងសង់កំពង់ផែ Ha​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​mban​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​tota បានបញ្ចេញទឹកប្រាក់យ៉ាងតិច ៧,៦ លានដុល្លាអាមេរិកដើម្បីគាំទ្រយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឡើងវិញរបស់លោក Rajapaksa នៅឆ្នាំ ២០១៥ ។ ជាយុទ្ធសាស្រ្ដ លោកRajapaksa បានជ្រើសរើសគម្រោងធំៗក្នុងការអភិវឌ្ឍន៍គ្រាន់តែជាថ្នូរដើម្បីទាក់ទាញចំណាប់អារម្មណ៍និងការសរសើរចំពោះសមត្ថភាពនិងគណបក្សក្នុងការកាន់អាណត្តិរបស់លោកប៉ុណ្ណោះ។

តើកូវីដ១៩ធ្វើឱ្យប៉ះពាល់ផ្លូវចិត្ដរបស់មនុស្សយ៉ាងដូចម្ដេចខ្លះ?

មនុស្សម្នាក់ៗមិនបានរំពឹងទុកពីការវាយលុករបស់ជំងឺកូវីដ១៩ ដែលធ្វើឱ្យស្ថានភាពពិភពលោកផ្លាស់ប្តូរទាំងស្រុងដូចជា ការពាក់ម៉ាស ការលាងដៃ ការនៅផ្តាច់ឆ្ងាយពីអ្នកដ៏ទៃ ការសិក្សានិងបំពេញភារកិច្ចពីទីលំនៅរបស់ខ្លួន និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកជាដើម។ ដោយហេតុនេះ មនុស្សជាច្រើនបានទទួលនូវសម្ពាធជាខ្លាំងដោយសារតែការផ្លាស់ប្តូរនូវរបៀបរស់នៅដោយពុំបានមើលឃើញជាមុននេះ និងបន្តឱ្យមានការព្រួយបារម្ភជាមួយនឹងបញ្ហាសុខភាពផ្លូវចិត្តរបស់បុគ្គលនីមួយៗក្នុងពេលវេលាបច្ចុប្បន្ន។ ដូចនេះ តើការលេចឡើងនៃជំងឺកូវីដ១៩បានផ្តល់នូវផលប៉ះពាល់អ្វីខ្លះទៅដល់សុខភាពផ្លូវចិត្តរបស់មនុស្សម្នាក់ៗនៅជុំវិញពិភពលោក?

១ វ័យកុមារ

យោងតាមការចេញផ្សាយរបស់ Medline Plus កុមារអាចទទួលនូវភាពតានតឹង ឬភាពព្រួយបារម្ភបានក្រោមស្ថានភាពណាមួយដែលតម្រូវឱ្យពួកគេមានការសម្របខ្លួន ឬការផ្លាស់ប្តូរជាដើម។ ជាមួយគ្នានេះផងដែរ ការដាក់កុមារឱ្យដាច់ចេញពីសង្គមក៏ផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង ដោយបង្កើនហានិភ័យនៃបញ្ហាសតិអារម្មណ៍នៅថ្ងៃខាងមុខ នេះបើយោងតាមការចេញផ្សាយរបស់គេហរទំព័រ No Isolation។ ភ្ជាប់ជាមួយនឹងបញ្ហាការរាតត្បាតនៃជំងឺកូវីដ១៩វិញ កុមារជាច្រើនត្រូវសម្របខ្លួនទៅតាមវិធានការណ៏ ការពារនៃការជំងឺនេះដោយមានសិក្សានៅផ្ទះ និងកាត់បន្ថយឱ្យទំនាក់ទំនងជាមួយនឹងកុមារផ្សេងៗនៅខាងក្រៅយ៉ាងខ្លាំង។ ដូចនេះ វាបានបង្កើតនូវបញ្ហាមួយទៅដល់មនុស្សក្នុងវ័យកុមារដោយធ្វើឱ្យមានភាពតានតឹងពីកុមារភាព និងអាចបន្តប៉ះពាល់ទៅដល់ការគិត ការធ្វើសកម្មភាព និងអារម្មណ៍របស់កុមារទាំងនោះនៅថ្ងៃខាងមុខ។ ម៉្យាងវិញទៀត យោងតាមការសិក្សារបស់ Elsevier Public Health Emergency Collection គេបានកត់សម្គាល់ថាកុមារក្នុងអាយុចន្លោះ៣ទៅ៦ឆ្នាំបានបង្ហាញឱ្យឃើញនូវរោគសញ្ញានៃភាពភ័យខ្លាចនៃការឆ្លងជំងឺកូវីដ១៩ ជាងកុមារធំៗដែលមានអាយុចន្លោះពី៦ទៅ១៨ឆ្នាំ។

២ យុវវ័យ

បើយើងងាកមកមើលយុវវ័យវិញ យោងតាមការចេញផ្សាយរបស់គេហរទំព័រ Kids Health Organization គេចាត់ទុកយុវវ័យអាយុចន្លោះ១២ទៅ១៨ឆ្នាំ ជាវ័យដែលមានការលូតលាស់បំផុតនៅក្នុងជីវិតរបស់មនុស្ស។ ក្នុងអំឡុងពេលកូវីដ១៩នេះ បានកែប្រែរបៀបរស់នៅធម្មតា ដែលយុវវ័យអាចមានអារម្មណ៏រំខាន នៅពេលដែលពួកគេស្ថិតនៅក្នុងការដាក់ដាច់ដោយឡែកបែបនេះ ព្រោះដូចគ្នាជាមួយនឹងវ័យកុមារដែរ ការប្រាស្រ័យទាក់ទងជាមួយនឹងសង្គមខាងក្រៅមានសារៈសំខាន់ជាខ្លាំងក្នុងការបណ្តុះបណ្តាលនិងអភិវឌ្ឍន៏ការលូតលាស់របស់យុវវ័យ នេះបើយោងតាមការចេញផ្សាយរបស់គេហរទំព័រ The Australian Parenting។ ជាមួយគ្នានេះផងដែរ ការបិទខ្ទប់របស់ជំងឺកូវីដ១៩ក៏បានផ្តល់ផលប៉ះពាល់ទៅដល់មនុស្សក្នុងវ័យទាំងនេះជាខ្លាំងបើប្រៀបធៀបជាមួយនឹងមនុស្សពេញវ័យ និងអាចជាហេតុធ្វើឱ្យយុវវ័យជាច្រើនវិវត្ដទៅជាជំងឺបាក់ទឹកចិត្ដដែលអាចរំខានទៅដល់ការសិក្សា និងក្នុងករណីខ្លះអាចឈានទៅដល់ការប្រព្រឹត្តិអំពើអត្តឃាតជាដើម នេះបើយោងតាមការចេញផ្សាយរបស់គេហរទំព័រ Healthline។

៣ មនុស្សពេញវ័យ ឬវ័យកណ្តាល

ក្នុងអំឡុងពេលកូវីដ១៩នេះ មនុស្សពេញវ័យ និងមនុស្សក្នុងវ័យកណ្តាលគឺជាវ័យដែលប្រឈមទៅនឹងជំងឺផ្លូវចិត្តជាងគេ នេះបើយោងតាមសិត្ថិរបស់ Kaiser Family Foundation។ មនុស្សពេញវ័យភាគច្រើនអាចជានិសិ្សតសកលវិទ្យាល័យ អ្នកធ្វើការ ឬឪពុកម្តាយជាដើម។ ទោះបីក្នុងករណីមុនការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះក៏ដោយ អត្រាដែលមនុស្សពេញវ័យទទួលនូវជំងឺផ្លូវចិត្តនៅតែខ្ពស់ជាងអ្នកដែលស្ថិតក្នុងវ័យដ៏ទៃទៀតដោយសារតែពួកគេសិ្ថតក្នុងវ័យដែលមានកាតព្វកិច្ចខ្ពស់ ជាពិសេសមនុស្សដែលមានអាយុចន្លោះពី ១៨ឆ្នាំទៅ២៤ឆ្នាំ ដែលក្នុងវ័យជានិសិ្សត នេះបើយោងតាមសិត្ថិរបស់ HHS Public Access។ ភ្ជាប់ជាមួយគ្នានេះដែរ មានការសិក្សាមួយបានបង្ហាញថា ក្នុងអំឡុងឆ្នាំ២០២១នេះ​គេបានសង្កេតឃើញថានិសិ្សតចំនូន ៣៥.៣៣% ក្នុងចំណោមនិសិ្សតដែលបានចូលរួមពិសោធន៍ទាំងអស់បានបង្ហាញនូវរោគសញ្ញានៃភាពតានតឹង (Anxiety) និងចំនួន ៧២.៩៣% បានបង្ហាញឱ្យឃើញនូវរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត (Depression) កំរិតស្រាល។ មូលហេតុដែលធ្វើឱ្យមានការប៉ពាល់ផ្លូវចិត្ដនេះគឺដោយសារតែ អត្រានៃការប្រឈមនឹងការទទួលអាហាររូបត្ថម្ភមិនគ្រប់គ្រាន់ ឬការទទួលអាហារមិនល្អ ការមិនមើលថែរាងកាយ និងការព្រួយបារម្ភអំពីការទទួលចំណេះដឹងមិនគ្រប់គ្រាន់ដោយសារបញ្ហាការសិក្សាដែលមិនអាចឱ្យពួកគេត្រៀមខ្លួនក្នុងថ្ងៃអនាគត។ ទាំងនេះគឺជាមូលហេតុដែលនាំឱ្យមានអត្រាកើតជំងឺផ្លូវចិត្តខ្ពស់ក្នុងវ័យសិក្សា នេះបើយោងតាមការសិក្សារបស់ Biomed Central នៃគេហទំព័រ Globalization and Health។

បើងាកមកមើលនូវស្ថានភាពរបស់បុគ្គលដែលមានភាត្វកិច្ចជាឪពុកម្តាយ អ្នកមានគ្រួសារ និងអ្នកធ្វើការវិញ ពួកគេក៏មានបញ្ហាដែលអាចឱ្យពួកគេប្រឈមនឹងបញ្ហាផ្លូវចិត្តផងដែរ ជាពិសេសគ្រួសារដែលមានជីវភាពក្រីក្រ។ យោងតាមការចេញផ្សាយរបស់ BMC Public Health អំឡុងពេលកូវីដ១៩ គ្រួសារដែលមានជីវភាពក្រីក្រងាយនឹងរងនូវបញ្ហាជាច្រើនដែលអាចប៉ះពាល់បញ្ហាផ្លូវចិត្តបើប្រៀបធៀបជាមួយនឹងគ្រួសារដែលមានជីវភាពធម្មតាដូចជា បញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ ការបាត់បង់ការងារ និងការព្រួយបារម្ភពីកូនៗរបស់ខ្លួនជាដើម។ ចំណែកឯគ្រួសារដ៏ទៃទៀត ពួកគេក៏អាចជួបជាមួយនឹងបញ្ហាទាំងនេះដែរ រួមជាមួយនឹងមនុស្សពេញវ័យមួយចំនួនដែលរស់នៅម្នាក់ឯងដែលអាចទទួលនូវបញ្ហាសតិអារម្មណ៍ ជាពិសេសក្នុងអំឡុងពេលមួយនេះ បើយោងតាមការចេញផ្សាយរបស់គេហទំព័រ Advantage Mental Health Center។

៤ មនុស្សចាស់ជរា

យោងតាមមជ្ឍមណ្ឌលប្រយុទ្ធប្រឆាំង និងបង្ការជំងឺឆ្លងអន្តរជាតិ (CDC) អត្រាអាយុនៃការឆ្លងជំងឺកូវីដ១៩ដំណាក់ការធ្ងន់ខ្ពស់បំផុតនោះគឺជាមនុស្សចាស់ជរាដែលបានអាយុចាប់ពី ៥០ទៅ៨០ឆ្នាំ រួមជាមួយនឹងហានិភ័យក្នុងការស្លាប់ប្រសិនបើបុគ្គលនោះមានផ្ទុកជំងឺប្រចាំកាយស្រាប់។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សដែលមិនអាចពឹងផ្អែកលើខ្លួនឯងបាន រួមមានមនុស្សដែលពិការរាងកាយ និងមនុស្សចាស់ជរាអាចងាយក្នុងការមានភាពតានតឹងក្នុងអារម្មណ៍ ឬបាត់បង់ភាពងាយស្រួលក្នុងការរស់នៅជាដើម នេះបើយោងតាមការចេញផ្សាយរបស់ The Lancet Public Health។ ដូចនេះ ការបិទខ្ទប់ប្រទេស និងភាពព្រួយបារម្ភនៃជំងឺនេះក៏បានជះឥទ្ធិពលទៅលើទៅលើសុខភាពផ្លូវចិត្តរបស់មនុស្សចាស់ជរានៅថ្ងៃខាងមុងផងដែរ ដូចជាជំងឺបាក់ទឹកចិត្ត ការមិនចូលរួមក្នុងការធ្វើសកម្មភាពដើម្បីសុខភាព ការបញ្ចេញនូវអាកប្បកិរិយាមិនល្អនៅក្នុងសង្គម ហើយក៏មានករណីអាចបណ្តាលឱ្យបាត់បង់ជីវិតផងដែរ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Oxford Academic។

បរិបទសេដ្ឋកិច្ច និងការវិនិយោគក្នុងប្រទេសកម្ពុជា

នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានធ្វើការអភិវឌ្ឍនិងមានការផ្លាស់ប្តូរជាច្រើនវិស័យគិតចាប់តាំងពីឆ្នាំ១៩៩៣មក ដែលសុទ្ធសឹងតែបានមកពីការទទួលយកជំនួយ និងការវិនិយោគពីបណ្តាប្រទេសជាច្រើនដូចជា ប្រទេសចិន សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន។ល។ ​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសន្តិភាព គឺជាមូលហេតុដែលធ្វើឱ្យប្រទេសកម្ពុជាបានក្លាយខ្លួនជាប្រទេសមួយ ដែលមានសន្ទុះក្នុងការអភិវឌ្ឍខ្លាំង ហើយបានប្រែខ្លួនជាប្រទេសដែលគួរឱ្យទាក់ទាញនៅក្នុងវិស័យវិនិយោគផងដែរ។​

បន្តិចបន្តួចស្តីពីសេដ្ឋកិច្ចកម្ពុជាមុន «ច្បាប់ស្តីពីវិនិយោគ ១៩៩៤»៖

ប្រទេសកម្ពុជាជាប្រទេសមួយដែលបានឆ្លងកាត់នូវរបបជាច្រើនដំណាក់កាល ដែលរបបនីមួយៗសុទ្ធសឹងតែមានការវិវដ្ដខុសៗគ្នា។​ នៅក្នុងរបបសង្គមរាស្ត្រនិយម ប្រទេសកម្ពុជាបានចាប់ផ្តើមបង្កើតសេដ្ឋកិច្ចបន្តពីអាណានិគមបារាំង ហើយចាប់ផ្តើមផ្លាស់ប្តូរ និងជំរុញសេដ្ឋកិច្ចក្នុងប្រទេស។ ក្រោយទទួលបានឯករាជ្យភាពពីបារាំងក្នុងឆ្នាំ១៩៥៣ កម្ពុជាបានបង្កើតសេដ្ឋកិច្ចរួមគ្នាជាមួយនឹងប្រទេសដទៃ ដោយមូលធនឯកជន និងសហគ្រាសធ្វើការរួមគ្នាជាមួយនឹងមូលធនរដ្ឋ ហើយរោងចក្រក៏បានកើនឡើងគួរឱ្យ កត់សម្គាល់។​ ការបង្កើតចំណងនេះបានដោះស្រាយបញ្ហាអ្នកជំនួញចិនផងដែរ ដោយសារតែលំហូរចូលនៃអ្នកជំនួញចិននាពេលនោះភាគច្រើនគឺ ក្នុងគោលបំណង ប្រមូលទិញផលិតផលកសិកម្ម រួចលក់មកឱ្យប្រជាជនខ្មែរវិញក្នុងតម្លៃមួយផ្សេងទៀត។

ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ទើបកើតមានដំបូងៗ កម្ពុជាជាប្រទេសប្រកាន់ខ្ជាប់នូវគោលនយោបាយអព្យាក្រឹត ដែលធ្វើឱ្យប្រទេសមានសុខសន្តិភាព ហើយមានការអភិវឌ្ឍល្អឥតខ្ចោះលើកលែងតែវិស័យយោធា ខណៈដែលកម្ពុជាត្រូវបានហុំព័ទ្ធទៅដោយប្រទេសដែលមានសង្គ្រាមនៅក្នុងតំបន់ឥណ្ឌូឆាយណា (Indochina) ទើបធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសទាក់ទាញក្នុងតំបន់ទាំងការវិនិយោគនិងជំនួយ។

ប្រទេសកម្ពុជាទទួលបានជំនួយពីបរទេសជាច្រើនក្នុងការអភិវឌ្ឍជាតិ ដែលជំនួយនោះបានមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការសាងសង់ផ្លូវជាតិ និងផ្លូវរទេះភ្លើងជាច្រើនខ្សែ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះបានជំរុញវិស័យវិនិយោគក្នុងប្រទេសកម្ពុជាកាន់តែប្រសើរឡើង និងទទួលបានភាពទាក់ទាញនៅក្នុងវិស័យវិនិយោគបន្ថែមទៀត។

យោងតាម Working Paper ដែលមានចំណងជើងថា Economic history of industrialization in Cambodia នៅចុងឆ្នាំ១៩៦៩ កម្ពុជាបានលុបចោល​ពន្ធការពារដែលបានធ្វើឱ្យមានការប៉ះទង្គិចខ្លាំង ទៅកាន់សហគ្រាសធុនតូចជាង ៩០% ដោយសារតែមិនអាចទ្រាំទ្រទៅនឹងទីផ្សារអន្តរជាតិ និងការកើនឡើងនៃកម្រៃកម្មករបាន។  ចំណែកឯសហគ្រាសធំៗមួយចំនួនដែលអាចឈរជើងជាប់នៅលើទីផ្សារ ក៏បានទទួលរងនូវ ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។​ បន្ទាប់មក ចាប់តាំងពីសម័យសង្គ្រាមត្រជាក់បានជ្រាបចូលមកកម្ពុជា សេដ្ឋកិច្ចកម្ពុជា ក៏ចាប់ផ្តើមមានបញ្ហាពិបាកនឹងទប់ទល់។ នៅដើមឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតឡើងយ៉ាងស្ងៀមស្ងាត់​ រីឯស្ថានភាពរបស់កម្ពុជានាពេលនោះគឺធ្លាក់ចុះទៅរក ភាពអន្តរាយ ទាំងបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម និងសង្រ្គាមស៊ីវិល។​ យោងតាមសៀវភៅប្រវត្ដិវិទ្យារបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅសម័យសាធារណរដ្ឋខ្មែរគឺជនភៀសខ្លួនគ្មានការងារធ្វើនិងជួបប្រទះកង្វះស្បៀងអាហារប្រចាំថ្ងៃដោយសារតែភ្លើងសង្គ្រាម អតិផរណាប្រាក់រៀល និងការកើនឡើងនៃតម្លៃទំនិញហួសប្រមាណចេះតែបន្តកើតមាន។ សង្គ្រាមស៊ីវិលក្នុងអំឡុងឆ្នាំ១៩៦៩-១៩៧៣ ក្នុងប្រទេសនេះបានធ្វើឱ្យការវិនិយោគ ក៏ដូចជាសេដ្ឋកិច្ច កម្ពុជាត្រូវបានប៉ះទង្គិចប្រមាណជាង ៩០%  ខណៈដែលអាមេរិកបានទម្លាក់គ្រាប់បែកប្រមាណជាងពីរលានតោន។

នៅពេលសម័យសាធារណរដ្ឋខ្មែរបានបញ្ចប់ សម័យខ្មែរក្រហមបានកើតឡើងដែលលើកចោលទាំងអស់នូវកម្មសិទ្ធឯកជនមកជាកម្មសិទ្ធរួម ហើយប្រជាជនខ្មែរជាច្រើនរូបត្រូវបានបង្ខំឱ្យធ្វើស្រែចម្ការខណៈដែលផលិតផលត្រូវបែងចែកដោយអង្គការ។ ខ្មែរក្រហមបានបង្ករអសន្តិសុខពាសពេញផ្ទៃប្រទេស ដែលជាហេតុបណ្តាលឱ្យមានការខូចខាត និងបាត់បង់ប្រភពក្នុងការទ្រទ្រង់វិស័យវិនិយោគរបស់កម្ពុជាដូចជា រូបិយប័ណ្ណជាតិ ដីស្រែ ចម្ការ  រោងចក្រឧស្សាហកម្ម ចម្ការកៅស៊ូ និងហេដ្ឋារចនាសម្ព័ន្ធ។ល។

ក្រោយកម្ពុជាត្រូវបានរំដោះ និងឆ្លងផុតពីរបបកម្ពុជាប្រជាធិបតេយ្យ កម្ពុជាបានកសាងឡើងវិញហើយបានដាក់ឈ្មោះថា «របបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា»។ នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ កម្ពុជាបានចាប់ផ្តើម​សេដ្ឋកិច្ចសេរីភាវូបនីយកម្ម  និងស្តារវិស័យជាច្រើន ដូចជា វិស័យសង្គមកិច្ច វិស័យសុខាភិបាល វិស័យអប់រំ។ល។​ យោងតាមការចេញផ្សាយរបស់អង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ១៩៨៧ កម្ពុជាបានលុបចោលពាណិជ្ជកម្មបរទេសផ្តាច់មុខរបស់រដ្ឋរួចចាប់ផ្តើមទទួលយក ការវិនិយោគពីបរទេសនៅឆ្នាំ១៩៨៩ ហើយក៏បានឈានទៅ ចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ១៩៩១។

ការលេចឡើងនូវ «ច្បាប់ស្តីពីការវិនិយោគ ១៩៩៤»៖

នៅពេលដែលព្រះរាជាណាចក្រកម្ពុជាបានចាប់កំណើតឡើងវិញម្តងទៀត ក្ដីសង្ឃឹមនៃការវិនិយោគបានចាប់ផ្ដើមត្រលប់មកវិញ ហើយនៅក្នុងឆ្នាំ១៩៩៤ «ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» ត្រូវបានបង្កើតឡើង។ កម្ពុជាបានកំណត់នូវ​ពាក្យវិនិយោគថាជាគំរោងវិនិយោគទាំងឡាយណាដែលអ្នកវិនិយោគទទួលបាននូវបុព្វសិទ្ធិពី រាជរដ្ឋាភិបាលដោយស្របតាមច្បាប់វិនិយោគ និងបទដ្ឋានផ្សេងទៀតនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងច្បាប់នេះផងដែរ កម្ពុជាបានលើកទឹកចិត្តការវិនិយោគទុនទៅលើវិស័យជាច្រើន ជាពិសេសគឺវិស័យឧស្សាហកម្ម វិស័យការងារ វិស័យអប់រំ និងវិស័យពាណិជ្ជកម្ម។ល។

ពិតណាស់ បើសិនជាសំអាងតែច្បាប់ស្តីពីការវិនិយោគតែមួយមុខគឺមិនអាចទៅរួចនោះទេ ដូច្នេះហើយកម្ពុជា ក៏បានចេញនូវច្បាប់និងអនុក្រឹតផ្សេងទៀតក្នុងការរៀបចំខ្លួនទទួលយកការ​វិនិយោ​គពី​បរទេស ដែលក្នុងនោះផងដែរ មានច្បាប់ស្តីពី រៀបចំទឹកដី នគររូបនីយកម្មនិងសំណង់ ១៩៩៤ ជាដើម។ កម្ពុជាក៏ទទួលបានជំនួយពីបរទេសបន្តិចម្តងៗ ដែលជំនួយទាំងនោះបានដើរតួយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគ ក៏ដូចជាបានប្រែក្លាយជាសរសៃឈាមសម្រាប់វិស័យសេដ្ឋកិច្ច។ ក្នុងនោះ ជប៉ុនបានផ្តល់ជំនួយជាច្រើន និងបានជួសជុលផ្លូវជាតិលេខ ៦ ថែមទាំងស្តារឡើងវិញនូវអគ្គិសនី​ និងប្រព័ន្ធទឹកផងដែរ។ ផ្លូវជាតិលេខ ៤ ត្រូវបានជួយដោយ USAID ឯបារាំងបានផ្តល់ទឹកប្រាក់ប្រមាណ ជាង ១១​ លានដុល្លារអាមេរិក ក្នុងការពង្រឹង និងវិនិយោគក្នុងវិស័យទេសចរណ៍។

ការវិនិយោគមកកម្ពុជាក្រោយចូលជាសមាជិកអាស៊ាន៖

កម្ពុជាបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ និងជាសមាជិកតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ហើយបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ( WTO ) ក្នុងឆ្នាំ២០០៤។​​ ដោយមានកិច្ចព្រមព្រៀងអន្តរជាតិជាច្រើន កម្ពុជាបានធ្វើការអនុគ្រោះពន្ធសម្រាប់ប្រទេសជិត​ខាងមួយចំនួនដែលជាការទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍ជនបទ រហូតមកដល់ឆ្នាំ២០១៩ កន្លងមកនេះ ប្រទេសកម្ពុជាទទួលបាន នូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ជាពិសេសគឺវិស័យវិនិយោគទុន ដោយមានការកើនឡើងចំនួន ៤៥% បើធៀបនឹងឆ្នាំ២០១៨។ ការវិនិយោគមកកាន់កម្ពុជាភាគច្រើនគឺមកលើ វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យការងារ។ល។​ ការវិនិយោគ និងជំនួយទាំងនេះបានលេចឡើងនូវ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រោងចក្រកសិឧស្សាហកម្ម សណ្ឋាគារអន្តរជាតិ និងសំណង់ផ្សេងៗដែលទ្រទង់វិស័យហរិញ្ញវត្ថុផងដែរ។ យោងតាម UNCTAD ទិន្នាការនៃការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជានៅឆ្នាំ២០១៩ បានកើនឡើងចំនួន ៣,៧ ប៊ីលានដុល្លារអាមេរិក (កើនឡើងចំនួន ១៦% បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន ៣,២ ប៊ីលានដុល្លារអាមេរិក។ ដោយសារតែការកើនឡើងនូវការវិនិយោគពីក្នុងនិងក្រៅប្រទេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពី ការវិនិយោគ។ នៅដើមឆ្នាំ២០២១​នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមជាមួយនឹងក្រសួង និងស្ថាប័នពាក់ព័ន្ធដទៃទៀត បានកំពុងតែប្រឹងប្រែងក្នុងការកែសម្រួលខ្លឹមសាររបស់សេចក្តី ព្រាងច្បាប់ស្តីពីវិនិយោគថ្មីនេះយ៉ាងលម្អិត ដើម្បីជាការទាក់ទាញ និងពង្រឹងដល់ការវិនិយោគក្នុង និងក្រៅស្រុក និងអាចជាផ្នែកមួយដែលអាចជំរុញកម្ពុជាឱ្យសម្រេចនូវ គោលដៅក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នា ពេលប៉ុន្មានឆ្នាំខាងមុខនេះ។

***Disclaimer

អត្ថបទនេះគ្រាន់តែសរសេរឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទូទៅក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ  ដែលអត្ថបទនេះក៏មិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ផ្លូវការណាមួយឡើយ។  The SEED នឹងមិនការធានា និងមិនទទួលខុសត្រូវនូវបញ្ហាផ្លូវច្បាប់ដែលបណ្តាលមកពីការប្រើប្រាស់អត្ថបទនេះឡើយ។

គោលនយោបាយកាត់បន្ថយចំនួនប្រជាជនរបស់ចិន

បក្សកុម្មុនីស្ដិចិន បានអនុម័តសម្រេចគោលនយោបាយថ្មីមួយ ដែលអនុញ្ញាតឱ្យគូស្រកររៀបការរួច អាចមានកូនចំនួនបីនាក់(Three-Child Policy) ។ សេចក្ដីប្រកាសនេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ឧសភាកន្លងទៅ ក្រោយលទ្ធផលជំរឿនដប់ឆ្នាំម្ដង ធ្វើក្នុងឆ្នាំ២០២០ បានបង្ហាញអត្រាកំណើតថយចុះទាបបំផុតមិនធ្លាប់មាន នាជាងបីទសវត្សចុងក្រោយ ក្នុងប្រទេសដែលបច្ចុប្បន្នមានកំណើនសេដ្ឋកិច្ចនាំមុខគេលំដាប់ទី២ និងមានប្រជាជនច្រើនជាងគេបំផុតនៃពិភពលោកមួយនេះ។

ទោះបីជា ផែនការថ្មីនេះហាក់បានបង្ហាញពីការផ្លាស់ប្ដូរមួយយ៉ាងណាក្ដី ប៉ុន្ដែចិនមិនព្រមលុបចោលទាំងស្រុងនយោបាយត្រួតពិនិត្យកំណើតទេ។ ដូច្នេះហើយថាតើការកំណត់ និងការផ្លាស់ប្ដូរផែនការគ្រួសាររបស់រដ្ឋអំណាចចិន ទៅលើគ្រួសារនីមួយៗ បានហុចផលយ៉ាងណាខ្លះកន្លងមក? ហើយតើហេតុអ្វីតម្រូវឱ្យរដ្ឋាភិបាលកុម្មុយនីស្តចិនដាក់ចេញផែនការថ្មីនេះ?

ផ្ដើមចេញពីគោលនយោបាយកូនមួយ(One-Child Policy)

ជាងបីទសវត្ស ចិនបានឆ្លងកាត់គោលនយោបាយត្រួតពិនិត្យកំណើតដ៏តឹងរឹង ដោយកំណត់ឱ្យមួយគ្រួសារមានកូនតែម្នាក់ ដែលដំបូងឡើយជាគោលគំនិតមួយរបស់លោក តេង ​ស៊ាវពីង(Deng Xiaoping) ក្នុងការលើកទឹកចិត្តប្រជាពលរដ្ឋតាមតំបន់មួយចំនួន ឱ្យអនុវត្តផែនការមួយនេះ។ បន្ទាប់មក បក្សកុម្មុយនិស្ដចិនបានសម្រេចអនុម័តផែនការមួយនេះ ដាក់ជាច្បាប់គោលនយោបាយផែនការគ្រួសារទូទាំងប្រទេស ក្នុងឆ្នាំ១៩៧៩ ដើម្បីទប់ស្កាត់នឹងកំណើនប្រជាជនកើនឡើងយ៉ាងឆាប់រហ័ស ដែលរដ្ឋាភិបាលចិន កាលនោះសម្លឹងឃើញថាជាការរាំងរាដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងអាចប្រឈមនឹងបញ្ហាកង្វះស្បៀងអាហារនិងទឹកជាដើម។ ដើម្បីធានាក្នុងការអនុវត្តគោលការណ៍ អាជ្ញាធរចិនបានដាក់កំហិតចំពោះអ្នកប្រឆាំងនឹងច្បាប់ទាំងឡាយ ដោយការពិន័យជាប្រាក់ ព្រមទាំងមានករណីជាច្រើន ត្រូវបានរាយការណ៍ថាបានបង្ខំឱ្យស្ត្រីរម្លូតកូនជាដើម។ ទោះបីនៅក្នុងភាពចម្រូងចម្រាស និងប្រជាជនមានការមិនពេញចិត្តចំពោះផែនការនេះ ក៏រដ្ឋអំណាចចិន បានប្រកាសអួតថា ខ្លួនជោគជ័យក្នុងការទប់ស្កាត់ចំនួនកំណើតថ្មីប្រមាណ ៤០០លាននាក់(ក្មេង) ក្នុងរយៈពេលដែលបានអនុវត្តគោលការណ៍។ 

ផលដែលទទួលបានពីគោលនយោបាយកូនមួយ(ភាពជោគជ័យចាស់ និងវិបត្តិថ្មី)

​ជារឿងប្រកែកមិនបានមួយ គឺការដាក់ចេញគោលនយោបាយកូនទោល មានប្រសិទ្ធភាពលើការទប់ស្កាត់កំណើនប្រជាជន ជាអ្វីដែលរដ្ឋាភិបាលចិនបានប្រមើលមើលថានឹងអាចបង្កហានិភ័យ។ បើតាមស្ថិតិធនាគារពិភពលោក(World Bank) បានបង្ហាញថាអត្រាការផ្ដល់កំណើតឱ្យកូនរបស់ស្រី្តចិន បានធ្លាក់ចុះបន្តបន្ទាប់។ ក្នុងឆ្នាំ១៩៧៩ ស្រី្ដចិនម្នាក់ផ្ដល់កំណើតឱ្យកូនបានចំនួន ២,៧៥នាក់(2.75 Births per  Woman) ហើយមានចំនួន ១,៦៩នាក់(1.69 Births per  woman)  ក្នុងឆ្នាំ២០១៨។ ជាចំណាត់ការជោគជ័យក្នុងរយៈពេលមួយ ប៉ុន្ដែគោលនយោបាយនេះ ក៏នាំវិបត្តិមួយផ្សេងឱ្យកើតមានឡើង នោះគឺការប្រឈមនឹងភាពចាស់រេចរឹលនៃប្រជាសាស្ត្រ មានន័យថាខ្វះចំនួនមនុស្សពេញវ័យធ្វើការដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ និងរួមចំណែកបង់ពន្ធ សម្រាប់ជួយដល់មនុស្សចាស់ចូលនិវត្តន៍ ក៏ដូចជាទ្រទ្រង់ថែទាំសុខុមាលភាពសង្គមជាដើម។ ការដែលគ្រួសារចិនមានកូនទោលច្រើនជំនាន់ បានបង្កការប្រឈមជាបន្ទុកសង្គម និងប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចជាតិ ដែលខ្វះខាតកម្លាំងពលកម្ម ដោយចំនួនមនុស្សចាស់ចេះតែកើនឡើង និងចំនួនមនុស្សពេញកម្លាំងធ្វើការធ្លាក់ចុះ។ អ្នកជំនាញមួយចំនួនបានបន្ទោសថា ដោយសារគោលនយោបាយនេះ ទើបនាំឱ្យចំនួនមនុស្សចាស់របស់ចិន កើនរហ័សជាងប្រទេសដទៃ។

លើសពីនេះគោលនយោបាយនេះ ក៏បានបន្សល់វិបត្តិអតុល្យភាពរវាងចំនួនបុរសនិងស្រ្តីផងដែរ។ បើតាមលទ្ធផលជំរឿនចិន២០២០ មនុស្សប្រុសមានចំនួនលើសមនុស្សស្រីជាង  ៣៤លាននាក់។ នេះក៏ដោយសារតែទំនោរប្រពៃណីចិនដែលឱ្យតម្លៃលើការមានកូនប្រុស បាននាំឱ្យមានការរម្លូត ឬបោះបង់កូនស្រីចោល។ គម្លាតចំនួនមនុស្សប្រុសកាន់ច្រើនជាងចំនួនមនុស្សស្រីយ៉ាងសន្ធឹកសន្ធាប់ក៏ជាកត្តាជំរុញករណីជួញដូរស្ត្រីពីប្រទេសផ្សេងដោយខុសច្បាប់ ទៅរៀបការជាមួយបុរសចិនជាដើម។ ឆ្លើយតបនឹងវិបត្តិទាំងនេះ និងជាការផ្លាស់ប្តូររៀបចំយុទ្ធសាស្ត្រថ្មី រដ្ឋអំណាចចិន នៅក្នុងឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនពីន(Xi Jinping) បានប្រកាសបិទបញ្ចប់គោលនយោបាយកូនមួយរាប់ទសវត្សរបស់ខ្លួន ហើយជំនួសមកវិញដោយការឱ្យប្រជាជនអាចមានកូនយ៉ាងច្រើនពីរនៅឆ្នាំ២០១៦។

ហេតុអី្វចិនដាក់ចេញគោលនយោបាយថ្មី(Three-Child Policy)នៅឆ្នាំ២០២១?

រយៈពេល ៥ឆ្នាំបន្ទាប់ពីមានការបន្ធូរបន្ថយគោលនយោបាយកំណត់ចំនួនកូន ដោយគូស្រករអាចមានកូនពីរនាក់ ក៏នៅតែមានលទ្ធភាពស្ដួចស្ដើងដើម្បីបំពេញគោលដៅបក្សកុម្មុយនីស្ដចិនដែលចង់ប៉ះប៉ូវឱ្យមានតុល្យភាពប្រជាសាស្ត្រឡើងវិញ។ បើតាមស្ថិតិជំរឿន​ឆ្នាំ២០២០ បានបង្ហាញអត្រាកំណើតធ្លាក់ទាបបំផុតមិនធ្លាប់មាន ដែលគួរឱ្យព្រួយបារម្ភ។ អត្រាកំណើតជាមធ្យមប្រចាំឆ្នាំមានត្រឹម ០,៥៣% ស្របពេលចំនួនមនុស្សចាស់អាយុពី៦០ឆ្នាំឡើងបានកើនឡើង ១,៣៥% និងពលរដ្ឋសកម្ម(១៥-៥៩ឆ្នាំ) បានធ្លាក់ចុះ ៦,៧៩% ខណៈចំនួនប្រជាជនចិនដីគោកសរុបមាន ១,៤១១.៧៨លាននាក់ ដែលកើន ៥,៣៨% បើធៀបនឹងចំនួនកាលពី១០ឆ្នាំមុន ដែលនេះបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការប្រទះនឹងសម្ពាធវិបត្តិប្រជាសាស្ត្រ ដែលនឹងជះផលអាក្រក់ដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងសក្ដានុពលសេដ្ឋកិច្ចជាតិរយៈពេលវែង ដែលចិននឹងប្រឈមសម្រាប់អនាគតខាងមុខ។ ទីបំផុតទៅ ផែនការថ្មីត្រូវបានដាក់ចេញបន្តបន្ទាប់ ដោយកាលពីខែមីនា សភាចិនបានអនុម័តការបន្ថែមអាយុ ៥ឆ្នាំលើការចូលនិវត្តន៍ និងបន្ទាប់មកបើកសិទ្ធិឱ្យពលរដ្ឋអាចមានកូនម្នាក់បន្ថែម ពោលគឺអាចមានកូនចំនួនបីនាក់ ដោយមានភ្ជាប់ជាមួយវិធានការទ្រទ្រង់គ្រួសារ។

តើអាចមានកត្តាអ្វីដែលនាំឱ្យអត្រាកំណើតចិនធ្លាក់ចុះ?

យើងអាចដឹងយ៉ាងច្បាស់ថាការកំណត់ចំនួនកូនរបស់រដ្ឋអំណាច ជាកត្ដាមួយរាំងស្ទះក្នុងការសម្រេចចិត្តយកកូនឬអត់សម្រាប់គូស្រករចិន។ តាមស្ថិតិជំរឿនចិន បញ្ជាក់ថាចំនួនទារកកើតថ្មីក្នុងឆ្នាំ២០២០ មាន ១២លាននាក់ ធ្លាក់ចុះជាង ២លាននាក់បើធៀបនឹងឆ្នាំ២០១៩ ដែលមាន ១៤,៦៥លាននាក់។ អត្រានេះបានធ្លាក់ចុះបួនឆ្នាំជាប់គ្នា តាំងពីឆ្នាំ២០១៧មក។ រដ្ឋាភិបាលចិនមិនបានបញ្ជាក់លម្អិតពីកត្តានាំឱ្យមានអត្រាកំណើតធ្លាក់ចុះនោះទេ។ ប៉ុន្ដែយើងអាចមើលឃើញហេតុផលមួយចំនួនផ្សេងទៀត ដែលនាំឱ្យបញ្ហានេះកើតឡើង ដូចជាកំណើនលើចំណាយប្រចាំថ្ងៃ ការបង់ថ្លៃផ្ទះ និងការសិក្សាកូនកាន់តែថ្លៃខ្ពស់ ដែលនាំឱ្យប្ដីប្រពន្ធចិនពិចារណាមិនចង់យកកូនថែម។ ការផ្លាស់ប្ដូរផ្នត់គំនិត ដោយយុវជនចាប់ផ្ដើមសម្រេចចិត្តមិនយកគូស្រករ ឬការពន្យារពេលយកកូនរបស់ស្រី្តដើម្បីផ្ដោតលើកិច្ចការងារជាដើម។ កត្តាទាំងនេះ សុទ្ធសឹងតែបានកើតមាន និងគួរឱ្យព្រួយបារម្ភសម្រាប់ប្រទេសអភិវឌ្ឍធំៗ ដូចចិនជាដើម។ ការផ្ទុះរាតត្បាតកូវីដ-១៩ នៅចុងឆ្នាំ២០១៩ ក៏ទំនងជាកត្តាមួយ ដែលអាជ្ញាធរចិនទទួលស្គាល់ថា ជាការជំរុញភាពមិនប្រាកដប្រជាសម្រាប់ជីវភាពប្រចាំថ្ងៃ និងផែនការសម្រាប់ក្រុមគ្រួសារផងដែរ។

យ៉ាងណាក៏ដោយ ការស្ដារតុល្យភាពចំនួនប្រជាជន ដោយដាក់គោលការណ៍ថ្មី ហាក់យឺតពេលបន្តិច និងមិនផ្ដល់ចំណាប់អារម្មណ៍ ដល់គ្រួសារចិនដែលស៊ាំនឹងគោលនយោបាយកូនទោលរាប់ទសវត្សនោះទៅហើយ។ មតិពីក្រុមអ្នកជំនាញថា ការបន្ធូរបន្ថយការកំណត់សិទ្ធិយកកូនតែមួយមុខ គឺចិនមិនអាចបញ្ចៀសវិបត្តិប្រជាសស្ត្របាននោះទេ។

បើយោងតាមសម្រង់មតិមួយរបស់កាសែតរដ្ឋចិន Xinhua នៅលើបណ្ដាញសង្គម Weibo ធ្វើឡើងក្រោយមានសេចក្ដីប្រកាស បានដាក់ជាសំណួរថា «តើអ្នកត្រៀមខ្លួនសម្រាប់គោលការណ៍កូនបីហើយឬនៅ?»។ ភ្លាមៗ មានមនុស្សប្រហែល ២៩,០០០នាក់ ក្នុងចំណោម ៣១, ០០០នាក់ បានចុចលើចម្លើយថា «មិនបានគិតអំពីវាទេ»​ ក្រៅពីនោះ ខ្លះថាបានត្រៀមខ្លួនហើយ ខ្លះថាស្ថិតក្នុងគម្រោង និងខ្លះទៀតថា នៅស្ទើរស្ទាក់ ឬមិនទាន់ត្រៀមខ្លួននៅឡើយទេ។

ជាសរុបមក ទោះជាអត្រាជំរឿនបង្ហាញពីអនាគតប្រឈមនឹងវិបត្តិប្រជាសាស្ត្រ ប៉ុន្ដែចិននៅតែបង្ហាញជំហររឹតត្បិត ដាក់កំហិតផែនការគ្រួសារលើពលរដ្ឋខ្លួន  ទោះបីជាក្រុមអ្នកជំនាញនៃមូលនិធិស្រាវជ្រាវខាងផ្នែកអភិវឌ្ឍចិន(China Development Research Foundation) ធ្លាប់ស្នើសុំលុបចោលការកំណត់ចំនួនកូនទាំងស្រុង ហើយរដ្ឋាភិបាលគួរបើកសិទ្ធិសេរីភាព ផ្ដល់លទ្ធភាពអាចយកចំនួនកូនតាមការសម្រេចចិត្តរបស់ពលរដ្ឋ និងចាំបាច់ត្រូវរកដំណោះស្រាយសមស្របមួយ ដែលសម្រួលនិងលើកទឹកចិត្តដល់ពួកគេ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ