"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ចម្រូងចម្រាស់នៃកំណែទម្រង់សេវាសុខាភិបាល Obamacare របស់លោក បារ៉ាក់ អូបាម៉ា

នៅខែវិច្ឆិកា ឆ្នាំ២០២០ សៀវភៅ “A Promised Land” ដែលនិពន្ធដោយលោកអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) បានបោះពុម្ពផ្សាយពីស្ថានភាពការងារនិងជីវប្រវត្តិរបស់លោកកាលនៅក្នុងតំណែងជាប្រធានាធិបតី។ លោក បារ៉ាក់ អូបាម៉ា ជាសមាជិកបក្សប្រជាធិតេយ្យ បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៤ និងជាប្រធានាធិបតីសាសន៍អាហ្រ្វិក-អាមេរិកដំបូងរបស់សហរដ្ឋអាមេរិក។ លោកបានកាន់តំណែងចំនួន ២ អាណត្តិ ពីឆ្នាំ ២០០៩ ដល់ ២០១៧។ នៅក្នុងអាណត្តិរបស់លោក សហរដ្ឋអាមេរិកមានការផ្លាស់ប្តូរយន្តការកំណែទម្រង់គោលនយោបាយសេដ្ឋកិច្ចសង្គមអាមេរិកទាំងមូល ជាពិសេសការធ្វើកំណែទម្រង់សេវាសុខភាពសាធារណៈនៅឆ្នាំ ២០១០ ក្រោមគោលការណ៍ Obamacare ដែលបង្កភាពចម្រូងចម្រាស់ក្នុងសង្គមនយោបាយអាមេរិក។

លោក អូបាម៉ា បានបង្កើតគោលការណ៍ “Obamacare” ដែលជាគោលការណ៍កំណែទម្រង់សុខាភិបាលឬច្បាប់ទទួលបានតំហែទាំសុខភាពឆ្នាំ២០១០ និងកញ្ចប់ថវិកាជំនួយសេវាសុខភាពសាធារណៈ ដើម្បីផ្តល់សេវាសុខភាពមួយក្នុងតម្លៃសមរម្យដល់ពលរដ្ឋអាមេរិកដែលខ្វះលទ្ធភាព។ មុននឹងដាក់សំណើសេវាសុខភាពសាធារណៈ លោក អូបាម៉ា បានឃើញពីទំហំតម្រូវការសេវាសុខភាពនិងសុខាភិបាលរបស់ប្រជាជន ព្រោះសេវាពិនិត្យសុខភាពនៅក្នុងប្រទេស និងការពិគ្រោះយោបល់មានតម្លៃខ្ពស់ខ្លាំងសម្រាប់ពលរដ្ឋអាមេរិកដែលអធននិងអលទ្ធភាព។ លោកបានឃើញពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាជនអាមេរិកដែលស្វែងរកសេវាសុខភាពនៅមន្ទីរពេទ្យ ប៉ុន្តែមិនមានលទ្ធភាពសូម្បីត្រឹមការពិគ្រោះយោបល់ និងតាមដានជំងឺជាមួយនឹងវិជ្ជបណ្ឌិត។ ប្រជាជនអាមេរិកមួយភាគមិនមានលទ្ធភាពព្យាបាលជំងឺធ្ងន់ធ្ងរទាន់ពេលវេលានោះទេ ដោយសារតម្លៃពិនិត្យបឋមនិងតាមដានស្ថានភាពជំងឺមានតម្លៃថ្លៃជាហេតុបណ្តាលឱ្យមានការពន្យាររហូតដល់ជំងឺវិវត្តកាន់តែធ្ងន់ធ្ងរនិងមិនអាចព្យាបាលបាន។ តាមរយៈសៀវភៅរបស់លោក អូបាម៉ា បានបង្ហាញពីឆន្ទៈរបស់លោកលើបញ្ហាសុខភាពនេះថា វាមិនមែនជាបញ្ហាជាយន្តការបក្ស ឬក៏បញ្ហានិន្នាការនយោបាយនោះទេ ប៉ុន្តែវាជាឆន្ទៈក្នុងការធ្វើមនុស្សធម៌ និងការគិតគូរពីទុក្ខលំបាក ជាពិសេសសុខុមាលភាពរបស់ពលរដ្ឋអាមេរិកដែលអលទ្ធភាព។

កន្លងមក លោកអូបាម៉ាផ្ទាល់ក៏បានឃើញនូវសំណើឱ្យមានកំណែទម្រង់សេវាសុខភាពនេះដំបូងតាំងពីឆ្នាំ១៩១២ ក្នុងអាណត្តិរបស់ប្រធានាធិបតី តេអូដរ រ៉ូសាវ៉ែល (Theodore Roosevelt) ក្នុងការធ្វើមជ្ឈការសេវាសុខភាពសាធារណៈផងដែរ។ នៅឆ្នាំ១៩៤៥ លោកប្រធានាធិបតី ហារីស ទ្រូម៉ាន់ (Harry S. Truman) ក៏បានលើកសំណើនេះដែរប៉ុន្តែបានបរាជ័យដោយសារឥទ្ធិពលរបស់សមាគមបុគ្គលិកសុខាភិបាល (American Medical Association) និងក្រុមប្រឆាំងដទៃទៀត។ សមាគមបានលើកឡើងថា គោលការណ៍នេះមាននិន្នាការរឹតត្បិតសិទ្ធិសេរីភាពរបស់ក្រុមគ្រូពេទ្យនិងវិជ្ជបណ្ឌិតក្នុងសេរីភាពការងារ។ លោក អូបាម៉ា ក៏បានយល់ពីស្ថានការណ៍ដែលអាចកើតឡើងនិងជាឧបសគ្គនៃការរារាំងសេចក្តីសម្រេចជា ពិសេសនៅពេលឆ្លងកាត់សភា។

បញ្ហាដែលចោទជាឧបសគ្គដល់ការសម្រេចនៅក្នុងសភាមានកត្តាច្រើនរួមមាន បញ្ហាសេដ្ឋកិច្ចអាមេរិកទាំងមូល ជាពិសេសអំឡុងពេលអាមេរិកកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ហើយនិងការប្រឆាំងរបស់បក្សសាធារណរដ្ឋ។ វិស័យសុខាភិបាលអាមេរិកជាចំណូលដល់សេដ្ឋកិច្ចប្រមាណ ១/៦ នៃសេដ្ឋកិច្ចអាមេរិក ហេតុនេះ ការសម្រេចដាក់កញ្ចប់ថវិកាជំនួយបានប៉ះពាល់ដល់ចំណាយរបស់ជាតិ។ ជាពិសេស ពលរដ្ឋអាមេរិកមិនពេញចិត្តនឹងគោលការណ៍នេះដោយសារ ពួកគេយល់ថាការចំណាយនេះគឺធ្វើឱ្យមានវិសមភាពលើការបង់ពន្ធរបស់ពលរដ្ឋអាមេរិករួមមានប្រជាជនថ្នាក់កណ្តាលដែលខំបង់ពន្ធដើម្បីទទួលបានធានារ៉ាប់រងសុខភាព ពិសេសពេលវិបត្តិសេដ្ឋកិច្ចកំពុងលុកលុយសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ប្រជាជនអាមេរិក។ ក្នុងសំណើច្បាប់សុខាភិបាល Obamacare លោក អូបាម៉ា បានរងការទិតៀនយ៉ាងខ្លាំងនៅក្នុងសភាពីសមាជិកបក្សសាធារណរដ្ឋថាលោកមាននិន្នាការសង្គមនិយមនិងឥទ្ធិពលកុំម្មុយនីស្តពីរុស្ស៊ី ជាពិសេសមានការរិះគន់ខ្លាំងពីសំណាក់បុគ្គលិកសុខាភិបាលផ្ទាល់។

ទោះជាយ៉ាងណាក៏លោក អូបាម៉ា មិនបានបោះបង់ចោលផែនការរបស់លោកទេ ទោះបីនៅក្នុងសភាមានមតិប្រឆាំង ដែលភាគច្រើនចេញពីខាងបក្សសាធារណរដ្ឋ។ បន្ទាប់ពីមានការបោះឆ្នោតក្នុងសភា លទ្ធផលចេញមកមាន ៣/៤ នៃសមាជិកសភាបានគាំទ្រឱ្យជនជាតិអាមេរិកាំងជាង ២០ លាននាក់ដែលខ្វះការធានារ៉ាប់រងសុខភាពអាចទទួលបានសេវាសុខភាព។

ក្រោយមកក៏មានការតវ៉ាប្រឆាំងទៅនឹងគោលការណ៍សុខភាពមួយនេះ ពីសំណាក់បុគ្គលិកសុខាភិបាល ក្រុមសាធារណរដ្ឋ និងក្រុមសេរីនិយម។ ការធ្វើបាតុកម្មតវ៉ាប្រឆាំងរួមមានការចូលរួមពីក្រុមអ្នកគាំទ្ររបស់ រ៉ន ភោល (Ron Paul) នៃបក្សសាធារណរដ្ឋ ដែលលើកឡើងថាកំណែទម្រង់នេះផ្តល់ផលប៉ះពាល់ទៅលើពន្ធធានារ៉ាប់រងរបស់ពលរដ្ឋអាមេរិក និងសេដ្ឋកិច្ចអាមេរិកដែលកំពុងមានវិបត្តិ។ បើក្រឡេកទៅមើលពីគុណប្រយោជន៍នៃការកែប្រែនេះវិញ ឃើញថាប្រជាជនអាមេរិកមានឱកាសទទួលសេវាសុខភាពក្នុងតម្លៃសមរម្យមួយនិងបានជួយដល់សុខុមាលភាពប្រជាជនដែលអលទ្ធភាពជាច្រើន។

សរុបមក ទោះជាលោក អូបាម៉ា បានធ្វើសមិទ្ធិផលដ៏សំខាន់ទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម ក៏គណបក្សសាធារណរដ្ឋហាក់ដូចជាមិនមានការចាប់អារម្មណ៍និងពេញចិត្តដែរ។ ដោយសារស្ថានភាពនយោបាយគណបក្សរបស់អាមេរិក Partisan Politics ធ្វើឱ្យមានការមិនចុះសម្រុងគ្នាលើយន្តការដទៃទៀតជាច្រើន។ ពលរដ្ឋអាមេរិកដែលមាននិន្នាការនយោបាយទៅរកពួកសាធារណរដ្ឋ និងមានទំនោរអភិរក្សនិយមនិងស្តាំនិយម តែងតែមិនមានការពេញចិត្តចំពោះគោលការណ៍របស់ពួកប្រជាធិបតេយ្យជានិច្ចកាល និងធ្វើឱ្យមានការបែងចែកបក្សពួកក្នុងសង្គមនយោបាយអាមេរិក។ #កម្មវិធី_ថង់ប្រាជ្ញា #THE_SEED #Barack_Obama #Obamacare

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ស្រង់ ខាដាណេ
គំនូរដោយ៖ កញ្ញា ហេង លីពណ្ណរាយ

មហាអំណាចក្នុងទីអវកាស

នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ យានឆាងអឺទី៥ (Chang-E 5) របស់ប្រទេសចិនបានបំពេញបេសកកម្មដោយជោគជ័យដែលនាំមកនូវរបកគំហើញសំខាន់ៗដូចជា បំណែកថ្មីនិងដីពីឋានព្រះចន្ទមកផែនដីវិញ។ ប្រទេសចិនបានក្លាយជាប្រទេសទីបី បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពសូវៀត ដែលនាំយកសំណាកពីឋានព្រះចន្ទត្រលប់មកវិញដោយជោគជ័យ។ តើបេសកកម្មអវកាសរបស់ចិនមួយនេះមានគោលបំណងនិងអត្ថន័យយ៉ាងដូចម្តេចនៅលើឆាកអន្តរជាតិ?

ក្រោយពីចិនទទួលបានភាពជោគជ័យក្នុងបេសកកម្មអវកាសមួយនេះ មហាជនបានចោទជាសំណួរជាច្រើនថាតើប្រទេសចិនអាចនឹងបង្កឲ្យមានការប្រណាំងប្រជែងអវកាសលើកទីពីរដែរឬទេ? ការប្រណាំងប្រជែងផ្នែកអវកាស (Space Race) គឺសំដៅដល់ការប្រកួតប្រជែងសមត្ថភាពនៃការសិក្សាស្រាវជ្រាវទីអវកាស និងការបង្ហោះយាន រវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតនាសម័យសង្គ្រាមត្រជាក់។ ប្រទេសមហាអំណាចទាំងពីរបានប្រកួតប្រជែងគ្នាដើម្បីឲ្យបានសមិទ្ធិផលមុនដំបូងគេ ដូចជាការបញ្ជូនមនុស្សឲ្យនៅក្នុងទីអវកាសមុនគេ ឬការបញ្ជូនយានទៅឋានព្រះចន្ទមុនគេជាដើម។ ក្នុងសង្គ្រាមចុងក្រោយរវាងប្រទេសមហាអំណាចទាំងពីរ សហរដ្ឋអាមេរិកបានឈ្នះក្រៅផ្លូវការ ក្រោយបេសកកម្មអាប៉ួឡូទី១១ (Apollo 11) របស់សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការដោយជោគជ័យ ហើយសហរដ្ឋអាមេរិកបានក្លាយជាប្រទេសទីមួយ និងតែមួយគត់មកដល់ពេលបច្ចុប្បន្នដែលបញ្ជូនមនុស្សឲ្យបានដល់ឋានព្រះចន្ទ។

មកដល់ពេលបច្ចុប្បន្ន តើហេតុអ្វីបានជាប្រទេសចិនផ្តោតការយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវនិងបំពេញបេសកកម្មនៅអវកាស?

មូលហេតុមួយដែលនាំឲ្យប្រទេសចិនមានគោលបំណងសិក្សាស្រាវជ្រាវលើឋានព្រះចន្ទ ដោយសារតែឋានព្រះចន្ទមានសក្តានុពលច្រើនក្នុងការផ្តល់ធនធានរ៉ែនិងថាមពលដែលមានប្រយោជន៍សម្រាប់យកមកស្រាវជ្រាវនិងប្រើប្រាស់។ ជាក់ស្តែង លោក Ouyang Ziyuan ដែលជាអ្នកពិគ្រោះក្នុងបេសកកម្មបង្ហោះយានឆាងអឺទី១ (Chang-E1) បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយនឹងកាសែត PLD Daily ក្នុងឆ្នាំ២០០២ថា ប្រទេសចិនមានចក្ខុវិស័យវែងឆ្ងាយ ដូចជាការសាងសង់មូលដ្ឋានលើឋានព្រះចន្ទឬភពឯទៀតដោយលោកបកស្រាយថា អ្នកណាកាន់កាប់បានមុន អ្នកនោះនឹងទទួលបានផលប្រយោជន៍មុន។

មូលហេតុទីពីរដែលនាំឲ្យប្រទេសចិនបំពេញបេសកកម្មនេះគឺដើម្បីលើកស្ទួយមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិ។ ជាការពិតណាស់ បេសកកម្មបញ្ជូនយានឬមនុស្សទៅអវកាសត្រូវការធនធានដ៏ធំសម្បើម និងពេលវេលាយ៉ាងច្រើន។ បេសកកម្មមួយនេះសរបញ្ជាក់ឲ្យឃើញថាប្រទេសចិនចង់បង្ហាញឲ្យពិភពលោកឃើញពីវិសាលភាពរបស់ខ្លួនក្នុងវិស័យសិក្សាស្រាវជ្រាវនិងបច្ចេកវិទ្យា។

មូលហេតុទីបីដែលប្រទេសចិនបំពេញបេសកកម្មទៅឋានព្រះចន្ទគឺដើម្បីពង្រឹងរបបគ្រប់គ្រងរបស់ខ្លួន និងលើកកម្ពស់ទឹកចិត្ដស្នេហាជាតិ។ ភាពជោគជ័យក្នុងបេសកកម្មនេះបាននាំមកនូវមុខមាត់យ៉ាងល្អប្រសើរដល់បក្សកុម្មុនីស្តចិន។ អ្នកសារព័ត៌មានក្នុងប្រទេសក៏ដូចជាក្រៅប្រទេសបានចុះផ្សាយយ៉ាងព្រោងព្រាតពីបេសកកម្មនេះ។ ប្រជាជនចិនមានមោទនភាពយ៉ាងខ្លាំងនៅពេលដែលយាននោះបានដោតទង់ជាតិចិនជាប់លើផ្ទៃនៃឋានព្រះចន្ទ។ ត្បិតតែប្រទេសចិនមិនទាន់បានឈានជើងជាន់លើឋានព្រះចន្ទក៏ពិតមែន ប៉ុន្តែបានក្លាយជាប្រទេសទីពីរដែលមានដោតទង់ជាតិរបស់ខ្លួននៅលើឋានព្រះចន្ទ។

ភាពជោគជ័យរបស់ប្រទេសចិនក្នុងការបញ្ជូនយានអវកាសទៅឋានព្រះចន្ទបានផ្តល់សញ្ញាគ្រោះថ្នាក់មួយទៅដល់សហរដ្ឋអាមេរិកដោយសារតែអាមេរិកធ្លាប់តែជាអ្នកនាំមុខក្នុងការស្រាវជ្រាវទីអរកាស។ លោក ដូណាស់ ត្រាំ យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការសិក្សាស្រាវជ្រាវក្នុងទីអវកាស។ ក្នុងខែធ្នូ ឆ្នាំ២០១៩ លោកបានអនុម័តច្បាប់បង្កើតអង្គភាពកងទ័ពឯករាជ្យថ្មីមួយដែលជាអង្គភាពកងទ័ពផ្នែកអវកាស។ លោកក៏បានចេញបទបញ្ជានីតិប្រតិបត្តិមួយដែលអនុញ្ញាតឲ្យអង្គការណាសាធ្វើការស្រាវជ្រាវនិងចម្រាញ់ធនធានរ៉ែនៅក្នុងទីអវកាស ដែលនឹងអាចឈានទៅរកការបង្កើតមូលដ្ឋានលើឋានព្រះចន្ទឬនៅភពដទៃទៀត។ លោក ដូណាល់ ត្រាំ ក៏បានចាត់លោក មៃក៍ ផេនស៍ឲ្យគ្រប់គ្រងលើបេសកកម្មរបស់អង្គការណាសាក្នុងការបញ្ជូនមនុស្សទៅឋានព្រះចន្ទជាលើកទី២ ឲ្យបានក្នុងឆ្នាំ២០២៤ (ដែលពេលនោះ លោក ដូណាល់ ត្រាំ សន្មត់ថាលោកអាចបានអាណត្តិទីពីរជាប្រធានាធិបតីអាមេរិក)។

ប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្ន យើងអាចរំពឹងថា ប្រទេសមហាអំណាចទាំងពីរនឹងនៅមិនទាន់មានការប្រកួតប្រជែងទល់នឹងមុខនោះឡើយទេ នេះគឺដោយសារតែសហរដ្ឋអាមេរិកនឹងប្ដូរមេដឹកនាំថ្មីក្នុងឆ្នាំ២០២១។ លោក ចូ បៃដិន ដែលជាប្រធានាធិបតីជាប់ឆ្នោត ហាក់មានទស្សនៈខុសពី លោក ដូណាល់ ត្រាំ លើផ្នែកសិក្សាស្រាវជ្រាវទីអវកាស ក៏ព្រោះតែលោកយកចិត្ដទុកដាក់ច្រើនលើការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុឡើងវិញ។ លើសពីនេះ ទីប្រឹក្សារបស់លោកបានជំរុញលោកប្រធានាធិបតីថ្មីនេះឲ្យធ្វើការសហការជាមួយប្រទេសចិន ជាជាងធ្វើជាដៃគូប្រកួតប្រជែង។ ក្នុងករណីនេះដែរ ប្រទេសចិនក៏បានបង្ហាញជំហររបស់ខ្លួនក្នុងការស្វាគមន៍នូវកិច្ចសហប្រតិបត្ដិការជាមួយសហរដ្ឋអាមេរិកផងដែរ។ #កម្មវិធី_វិចារណកថាថ្ងៃសុក្រ #The_SEED #China #USA #Space_Race

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ឆាយ តេជគុណ
គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

ទិដ្ឋភាពសេដ្ឋកិច្ចរបស់ TikTok និងបរិបទនយោបាយ

ផ្ដើមពីបណ្ដាញសង្គមសម្រាប់រាំកំសាន្ដនិងច្រៀងដោយមិនបញ្ចេញសម្លេង (Lip-sync) ក្នុងវីដេអូខ្លីៗពាសពេញសកលលោក TikTok ក៏បានក្លាយជាសកម្មភាពសេដ្ឋកិច្ចនិងទីលាននយោបាយ។ ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ Tiktok គឺដោយសារតែមានភាពងាយស្រួលក្នុងការប្រើប្រាស់ រួមផ្សំជាមួយបច្ចេកវិទ្យា Interest Graph បានមកពីបច្ចេកទេស A.I ដែលអាចកំណត់ពីមាតិកាដែលអ្នកប្រើប្រាស់ចាប់អារម្មណ៍តាមរយៈពេលវេលានិងការចូលរួម (engagement) របស់អ្នកប្រើប្រាស់។ មួយវិញទៀត ការផ្លាស់ប្ដូរចំណាប់អារម្មណ៍ពីការទស្សនាវីដេអូដែលមានរយៈពេលវែងបានជួយឱ្យសក្ដានុពលរបស់ TikTok រីកយ៉ាងលឿនដែលមានអ្នកប្រើប្រាស់ជាច្រើនលាននាក់ពាសពេញសកលលោក រាប់ចាប់ពីយុវជនរហូតដល់អ្នកជំនួញក្នុងការពង្រីកទីផ្សារបស់ខ្លួននិងអ្នកនយោបាយជាច្រើនរូប។

TikTok គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ByteDance ត្រូវបានបង្កើតឡើងដោយលោក Zhang Yiming ដែលជាជនជាតិចិននិងមានអាយុ៣៥ឆ្នាំ។ យោងតាមការចេញផ្សាយរបស់ Forbes លោក Zhang Yiming គឺជាមហាសេដ្ឋីវ័យក្មេងដែលមានទ្រព្យរហូតដល់ជាង ១៦,២ ប៊ីលានដុល្លារអាមេរិក និងត្រូវជាមហាសេដ្ឋីមានជាងគេលំដាប់ទី១០នៃប្រទេសចិន។ យោងតាមការចេញផ្សាយរបស់ Digital ក្នុងឆ្នាំ២០២០នេះ TikTok មានអ្នកកំពុងប្រើប្រាស់រហូតដល់ ៨០០ លាននាក់។

ត្បិតតែ TikTok ជាបណ្ដាញសង្គមដែលទើបនឹងបង្កើតឡើងរយៈពេលចុងក្រោយនេះ ប៉ុន្តែសឹងតែអាចប្រកួតប្រជែងជាមួយរៀមច្បងចាស់វស្សាដូចជា Facebook Google Youtube ជាដើម។ យោងតាមរបាយការណ៍របស់ Bloomberg បណ្ដាញសង្គម Facebook រួមជាមួយ Instagram អាចរកប្រាក់ចំណូលពីពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៩។ ចំណែកឯ Google រួមជាមួយ Youtube អាចរកប្រាក់ចំណូលបាន ១៥,១ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៩។ ក្រឡេកមើលប្រាក់ចំណូលរបស់ ByteDance យោងតាមរបាយការណ៍របស់ Bloomberg នៅឆ្នាំ២០១៩ គឺមានចំនួន ១៧ ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះមានប្រាក់ចំណេញចំនួនលើសពី ៣ ប៊ីលានដុល្លារអាមេរិក។ គួររំលឹកបន្តិចថា ByteDance ប្រើរយៈពេលតែមួយឆ្នាំក្នុងការធ្វើឱ្យប្រាក់ចំណូលកើនឡើងទ្វេដង ព្រោះកាលពីឆ្នាំ២០១៨ ប្រាក់ចំណូលរបស់ ByteDance មានត្រឹមតែ ៧,៤ ប៊ីលានដុល្លារអាមេរិកប៉ុណ្ណោះ។ ផ្អែកតាមការចេញផ្សាយរបស់ Reuters ទ្រព្យសកម្ម (Asset) របស់ TikTok ត្រូវបានគេប៉ាន់ស្មានថាមានចំនួនប្រមាណចន្លោះពី ២៥ ប៊ីលានដុល្លារអាមេរិក ទៅ ៣០ ប៊ីលានដុល្លារអាមេរិក ខណៈដែល ByteDance មានទ្រព្យសកម្មប្រមាណ ១៤០ ប៊ីលានដុល្លារអាមេរិក។

អ្វីដែលយើងគួរតែចាប់អារម្មណ៍មួយទៀតនោះគឺ ទោះបីជា TikTok មានស្ថាបនិក និងមានដើមកំណើតចេញពីប្រទេសចិន ប៉ុន្តែអ្នកប្រើប្រាស់ទូទៅក្នុងពិភពលោកមិនអាចចូលមើលឬស្វែងរកព័ត៌មានឬវីដេអូខ្លីៗរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិនតាមរយៈ TikTok នេះបានឡើយ។ ប្រទេសចិនប្រើប្រាស់បណ្ដាញសង្គមមួយទៀតមានឈ្មោះថា Douyin ដែលមានលក្ខណៈដូចគ្នានឹង TikTok ដែរ។ Douyin គឺជាបងបង្កើតរបស់ TikTok ដែលឈានជើងចូលវិស័យបណ្ដាញសង្គមនៅក្នុងប្រទេសចិននៅក្នុងឆ្នាំ២០១៦ ដែលក្រោយមក ក្រុមហ៊ុន ByteDance ក៏បានបង្កើត TikTok ឡើងនៅក្នុងឆ្នាំ២០១៧។ ផ្លាកសញ្ញារបស់ TikTok និង Douyin គឺដូចគ្នា ក៏ប៉ុន្តែ TikTok ត្រូវបានបង្កើតឡើងសម្រាប់ទីផ្សារអន្តរជាតិ ចំណែកឯ Douyin សម្រាប់ទីផ្សារក្នុងស្រុកចិន។ TikTok និង Douyin មិនមែនជាបណ្ដាញសង្គមទីមួយដែលបែងចែកអ្នកប្រើប្រាស់ក្នុងស្រុកនិងក្រៅស្រុកទេ។ ការបែងចែកនេះក៏ប្រហែលជារដ្ឋាភិបាលចិនមិនចង់ឱ្យប្រទេសរបស់ខ្លួនទទួលរងសកលភាវរូបនីយកម្មច្រើនពេក ដែលអាចប៉ះពាល់ដល់តម្លៃសង្គមនិងប្រពៃណីរបស់ខ្លួន។ ឆន្ទៈក្នុងការការពារផ្នត់គំនិតសង្គមនិយមនិងប្រពៃណីបានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញចិនមាត្រា២៤ ដែលបានចែងអំពីការពង្រឹងការកសាងសង្គមនិយម រួមជាមួយការរីកចម្រើននៃវប្បធម៌និងមនោគមវិជ្ជាដោយលើកកម្ពស់ការអប់រំលើភាពថ្លៃថ្នូរ ក្រមសីលធម៌ ចំណេះដឹងទូទៅ វិន័យនិងប្រព័ន្ធច្បាប់។ មួយវិញទៀត យោងតាមច្បាប់ព្រហ្មទណ្ឌចិនឆ្នាំ១៩៩៧ បានចែងពីការហាមមាតិកាអាសអាភាសជាច្រើនរូបភាពដូចជា ការចុះផ្សាយរឿងភាគយន្ដ វីដេអូ សម្លេងជាដើម។ ហេតុដូចនេះហើយ ការបែងចែកអ្នកប្រើប្រាស់ក្នុងស្រុកនិងក្រៅស្រុកមិនត្រឹមតែអាចឱ្យប្រទេសចិនទប់ស្កាត់ការលាយឡំនៃមនោគមវិជ្ជាទេ ថែមទាំងអាចបង្ការការផ្សព្វផ្សាយមាតិកាអាសអាភាសតាមរយៈបណ្តាញសង្គមក្នុងប្រទេសចិនផងដែរ ហើយក៏ជាហេតុដែលធ្វើឱ្យអ្នកប្រើប្រាស់ TikTok និង Douyin ហាក់ដូចជានៅក្នុងពិភពពីរផ្សេងគ្នា។

កាលពីឆ្នាំ២០២០ លោកប្រធានាធិបតីជិតផុតអាណត្ដិលោក ដូណាល់ ត្រាំ បានព្យាយាមលក់មុខចិននៅឆាកអន្តរជាតិផងនិងជាទុនក្នុងការឃោសនាបោះឆ្នោតផង ដោយប្រកាសបំណងចង់ហាមមិនឱ្យមានបណ្ដាញសង្គមចិនមួយចំនួនដូចជា TikTok WeChat ជាដើមនៅលើទឹកដីសហរដ្ឋអាមេរិក។ លោកបានប្រើប្រាស់តាក់ទិចពីការគំរាមកំហែងសន្តិសុខជាតិដោយចោទប្រកាន់ TikTok ថាអាចបញ្ជូនទិន្នន័យអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកទៅរដ្ឋាភិបាលចិន។ លើកដំបូង លោកបានផ្ដល់ជម្រើសពីរទៅក្រុមហ៊ុន TikTok ក្នុងនោះគឺការលក់ TikTok ទៅក្រុមហ៊ុនអាមេរិកដើម្បីគ្រប់គ្រង និងទីពីរគឺបិទ TikTok ក្នុងទឹកដីសហរដ្ឋអាមេរិក។ សំនួរដែលយើងគួរសួរនោះគឺ “តើសហរដ្ឋអាមេរិកពិតជាស្រលាញ់និងគោរពសិទ្ធិបុគ្គលមែនដែរឬទេ?” គួរលើកឡើងបន្តិចថា កាលពីឆ្នាំ២០១៦ ក្រុមហ៊ុន Microsoft បានរិះគន់និងប្ដឹងរដ្ឋបាលសហរដ្ឋអាមេរិកដោយសារក្រុមហ៊ុននេះត្រូវបញ្ចេញទិន្នន័យអ្នកប្រើប្រាស់ជាងច្រើនទៅកាន់រដ្ឋាភិបាលអាមេរិក ដែលករណីខ្លះមិនមានដីកាបង្គាប់ត្រឹមត្រូវ និងករណីខ្លះមិនបានបញ្ជាក់ច្បាស់ពីពេលវេលានៃការបញ្ឈប់បញ្ជូនទិន្នន័យរបស់បុគ្គលនោះទេ។ ជាមួយគ្នានេះដែរ ក៏មានករណីបែកធ្លាយនូវព័ត៌មានសម្ងាត់មួយចំនួនរបស់ពិភពលោកដោយ Wikileak ដែលបានចោទប្រកាន់ថាជាស្នាដៃរបស់ CIA FBI និងNSA ក្នុងការលួចទិន្នន័យពីប្រទេសដទៃ ហើយអាមេរិកក៏កំពុងព្យាយាមយកស្ថាបនិករបស់ Wikileak មកកាត់ទោសផងដែរ។ អ្វីដែលយើងគួរលើកមកមួយទៀតនោះគឺ លោក ដូណាល់ ត្រាំ បានដឹងពីភាពមិនប្រក្រតីនៃអ៊ីម៉ែលរបស់លោកស្រី Hilary Clinton និងបានយកបញ្ហានេះមកប្រើប្រាស់នៅរយៈពេលសំខាន់បំផុតដែលកៀកនឹងថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១៦។ #កម្មវិធី_ថង់ប្រាជ្ញា #The_SEED #TikTok

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទចែករំលែកដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា គង់ រដ្ធាវី

សេដ្ឋកិច្ចវៀតណាមក្នុងព្យុះកូវីដ១៩

ជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមមានកំណើនសេដ្ឋកិច្ចលឿនបំផុតគួរឱ្យកត់សម្គាល់នៅអាស៊ី។ នៅក្នុងប្រមាណមួយទស្សវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចវៀតណាមមានសន្ទុះយ៉ាងខ្លាំងធៀបទៅនឹងបណ្តាប្រទេសក្នុងអាស៊ី និងបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេសនៅអ៊ឺរ៉ុប។ ដូចនេះហើយ ទើបកាលពីដើមឆ្នាំ២០១៩កន្លងទៅ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអ៊ឺរ៉ុប (EU) ដោយសន្យាលើការដករបាំងគយជាច្រើន និងបង្កើនលក្ខខណ្ឌល្អៗសម្រាប់ការចូលទីផ្សារអតិបរមាររវាងគ្នានិងគ្នា។ សេដ្ឋកិច្ចរីកដូចផ្កានេះបានក្លាយជាស្រពោននៅឆ្នាំ២០២០ ដោយសារតែវិបត្ដិកូវីដ១៩ គ្រោះធម្មជាតិ និងការដាំក្បាលចុះនៃសេដ្ឋកិច្ចពិភពលោក។ ជាក់ស្ដែង ថ្មីៗនេះយោងតាមអគ្គនាយកដ្ឋានស្ថិតិប្រទេស (GSO) អត្រាកំណើនសេដ្ឋកិច្ច ៧,០២% បានធ្លាក់មកត្រឹម ២,៩១% ដែលជាអត្រាធ្លាក់ចុះដ៏កម្របំផុតមួយដោយសារវិបត្តិសេដ្ឋកិច្ចសកលដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ គ្រោះធម្មជាតិ និងការដាំក្បាលចុះនៃសេដ្ឋកិច្ចពិភពលោក។

ការផ្ទុះឡើងនៃជំងឺរាតត្បាតសកលកូវីដ១៩នៅឆ្នាំ២០២០ បានជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់វៀតណាមក៏ដូចជាពិភពលោកទាំងមូល។ គួរជម្រាបជូនបន្តិចថា នៅក្នុងបរិបទដ៏ក្តៅគគុកនៃការរាតត្បាតនៃជំងឺកូវីដ១៩ រដ្ឋាភិបាលវៀតណាមបានអនុវត្តនូវគោលការណ៍យ៉ាងមាំមួន និងទាន់ពេលវេលាដោយប្រើប្រាស់គោលការណ៍ពីរដើរទន្ទឹមគ្នា ពោលគឺ ការចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផង និងការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផង។ វៀតណាមមានប្រជាជនសរុបប្រមាណ ៩៧ លាននាក់ ក្នុងនោះមានអ្នកឆ្លងត្រឹមតែ ១.៥០០នាក់ និងស្លាប់ ៣៥ នាក់ប៉ុណ្ណោះ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺវៀតណាមនៅតែជាប្រទេសមួយនៅក្នុងចំណោមប្រទេស២ផ្សេងទៀតនៅអាស៊ី (ចិននិងបង់ក្លាដេស) ដែលមានកំណើនសេដ្ឋកិច្ចវិជ្ជមាន (២,៩១%) ហើយជីវភាពប្រជាជននៅតែមានស្ថិរភាពគួរឱ្យគត់សម្គាល់។ ក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាមសម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺផ្តោតសំខាន់លើវិស័យកម្មន្តសាល (រោងចក្រ) ឧស្សាហកម្មកែឆ្នៃ សំណង់ និងវិស័យរ៉ែ (ធ្យូងធ្ម)។ ត្បិតថាអត្រាកំណើនសេដ្ឋកិច្ច ២,៩១% ជាអត្រាទាបតែវាជាអត្រាមួយល្អបើប្រៀបធៀបនឹងសេដ្ឋកិច្ចពិភពលោកដែលធ្លាក់ចុះរហូតដល់ -៤,៤% ហើយវារិតតែល្អបើប្រៀបធៀបនឹងបណ្តាប្រទេសដែលមានទំហំសេដ្ឋកិច្ចប្រហាក់ប្រហែលគ្នា មានដូចជាថៃ និងឥណ្ឌូនេស៊ីជាដើម។

ជាការពិតទៅ សេដ្ឋកិច្ចវៀតណាមក៏រងផលប៉ះពាល់មិនតិចដែរចំពោះវិបត្តិជំងឺកូវីដ១៩នេះ ប៉ុន្តែវៀតណាមឈរជើងបានយ៉ាងល្អក្នុងការរក្សាសកម្មភាពសេដ្ឋកិច្ច ពោលគឺសមត្ថភាពក្នុងការនាំចេញរបស់វៀតណាមនៅតែដើរតួនាទីចម្បងនិងសកម្មជានិច្ចក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២០នេះ។ ជាក់ស្តែង វៀតណាមបានធ្វើការផ្លាស់ប្តូរពីការនាំចេញផលិតផលកាត់ដេរ មកជាការនាំចេញវិញនូវគ្រឿងអេឡិចត្រូនិកនិងគ្រឿងសង្ហារឹម ដែលការនាំចេញនូវគ្រឿងទាំងនេះ ជារឿងចំណេញមួយដែលទាញបានពីវិធានការប្រឆាំងកូវីដ១៩របស់បណ្តាប្រទេសមួយចំនួនដែលតម្រូវអោយប្រជាពលរដ្ឋធ្វើការពីផ្ទះនិងនៅក្នុងផ្ទះច្រើន។ បន្ថែមលើនេះ ក្នុងស្ថានភាពនេះ វៀតណាមបានបញ្ចេញកញ្ចប់ថវិកាមួយចំនួនក្នុងការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរាប់បញ្ចូលនូវផ្លូវនិងស្ពានជាដើម។ គម្រោងនេះបានក្លាយជាចំណែកយ៉ាងសំខាន់ក្នុងវិស័ យសាធារណៈ វិស័យឯកជន វិស័យទេសចរណ៍ និងជាពិសេសគឺប៉ះប៉ូវដល់ប្រជាជនដែលបានបាត់បង់ការងារធ្វើ និងទាក់ទាញវិនិយោគបន្ថែមផងដែរ។ ផ្លែផ្កានៃការចំណាយថវិការដ្ឋក្នុងរយៈពេល៩ខែនៃឆ្នាំ២០២០ បានធ្វើឱ្យការវិនិយោគសាធារណៈរបស់វៀតណាមកើនឡើងប្រមាណ២៩,៣៤% ដែលនេះក៏ជាលទ្ធផលល្អក្នុងស្ថានភាពកូវីដ១៩ផងដែរ។

ក្នុងបរិបទដែលសភាពការណ៍មិនអំណោយផលលើវិស័យសេដ្ឋកិច្ចអន្តរជាតិ វៀតណាមបានប្រកាន់ខ្ជាប់នូវគោលដៅរបស់ខ្លួនក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការការពារសុខភាពប្រជាជន និងការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយចីរភាព ដោយឈរលើមូលដ្ឋានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណារបស់ខ្លួនបានយ៉ាងល្អផងដែរ។ ទោះបីជាសេដ្ឋកិច្ចមានការធ្លាក់ចុះក៏ដោយ ប៉ុន្តែនេះគ្រាន់តែជាអត្រាកំណើនសេដ្ឋកិច្ចតែប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យវៀតណាមចាត់ទុកឆ្នាំ២០២០នេះថាជាជោគជ័យមួយដែរក្នុងវិស័យសេដ្ឋកិច្ច ហើយភាពជោគជ័យនេះនឹងក្លាយជាបុព្វបទក្នុងការជួយឱ្យវៀតណាមទទួលបានអត្រាកំណើនសេដ្ឋកិច្ចដែលបានដាក់ចេញក្នុងឆ្នាំ២០២១ ក៏ដូចជាបណ្តាឆ្នាំផ្សេងៗទៀត។ ទន្ទឹមនឹងនេះ សមត្ថភាពរបស់រដ្ឋាភិបាលវៀតណាមក្នុងការទប់ស្កាត់វិបត្ដិបានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់រយៈពេលវែងផងដែរ ដោយហេតុថានៅពេលដែលមានជំងឺឆ្លង សេដ្ឋកិច្ចរបស់ប្រទេសនឹងត្រូវជាប់គាំងឬមានបញ្ហា ដូចនេះវិនិយោគិន ប្រាកដជាត្រូវសំឡឹងមើលប្រទេសណាដែលមានសមត្ថភាពក្នុងការគ្រប់គ្រងវិបត្តិឬស្ថានការណ៍ ហើយនៅតែអាចរក្សាលំនឹងសេដ្ឋកិច្ចបានល្អ ដើម្បីក្លាយជាទិសដៅសម្រាប់ការវិនិយោគ។ #កម្មវិធី_វិចារណកថាថ្ងៃសុក្រ #The_SEED #វៀតណាម #សេដ្ឋកិច្ច

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ភោគ លាងហេង
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

ប្រព័ន្ធប៉ូលនៃមហាអំណាចពិភពលោក

តើប៉ូលនៃមហាអំណាចពិភពលោកជាអ្វី?

ប្រព័ន្ធប៉ូលនៃមហាអំណាចពិភពលោក (Polarity of Power) ជាទ្រឹស្ដីពេញនិយមក្នុងកម្មវិធីសិក្សាទំនាក់ទំនងអន្តរជាតិ។ ជាទូទៅ ទ្រឹស្ដីនេះត្រូវបានប្រើប្រាស់ដើម្បីជាសូចនាករសម្គាល់រដ្ឋឬប្រទេសណាមួយដែលមានអំណាចនិងឥទ្ធិពលផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ យោធា និងនវានុវត្តន៍នៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ជាដើម។ ប្រព័ន្ធប៉ូលនៃមហាអំណាចត្រូវបានបែងចែកជាបីប្រភេទដូចជា៖ ប្រព័ន្ធឯកប៉ូល (Unipolar system) ប្រព័ន្ធទ្វេប៉ូល (Bipolar system) និងប្រព័ន្ធពហុប៉ូល (Multipolar system)។ ប៉ុន្តែលោក Randall L. Schweller ដែលជាសាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យអូហៃអូ (The Ohio State University) បានប្រើពាក្យ ប្រព័ន្ធត្រីប៉ូល (Tripolar system) ដែលសំដៅទៅលើមហាអំណាចទាំងបីក្នុងសម័យសង្រ្គាមលោកលើកទី២គឺ សហរដ្ឋអាមេរិក សហភាពសូវៀត និងអាល្លឺម៉ង។ សៀវភៅដែលមានចំណងជើងថា Polarity, Balance of Power and International Relations Theory ដែលនិពន្ធដោយលោក Goedele De Keersmaeker ក៏បានអធិប្បាយបន្ថែមយ៉ាងស៊ីជម្រៅអំពីតុល្យភាពនៃអំណាច ដែលក្នុងនោះគាត់បានប្រើពាក្យប្រព័ន្ធត្រីប៉ូលផងដែរ។ នោះមានន័យថាប្រព័ន្ធប៉ូលនៃមហាអំណាចពិភពលោកអាចមានដល់ទៅបួនប្រព័ន្ធធំៗ ប៉ុន្ដែដើម្បីកុំឱ្យមានភាពពិបាកបែងចែកចំនួនច្បាស់លាស់ យើងអាចចាត់ទុកប្រព័ន្ធត្រីប៉ូលជាប្រព័ន្ធពហុប៉ូល ពុំនោះទេនឹងអាច

មានដល់ទៅប្រព័ន្ធចតុប៉ូល ឬប្រព័ន្ធបញ្ចប៉ូលជាបន្តបន្ទាប់។

ប្រព័ន្ធឯកប៉ូល(Unipolar system)

យោងតាមលោក Nuno P. Monteiro សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យយេល(Yale University) ប្រព័ន្ធឯកប៉ូលសំដៅទៅលើបរិបទអន្តរជាតិស្ថិតនៅក្នុងស្ថានភាពដែលមានប្រទេសមហាអំណាចតែមួយគត់ដែលមានឥទ្ធិពលទៅលើបណ្ដាប្រទេសដទៃទៀត។ ក្នុងន័យនេះ ពាក្យថា «ឥទ្ធិពល» សំដៅទៅលើភាពរីកចម្រើននៃទំហំសេដ្ឋកិច្ច (ធនធានមនុស្ស អាយុកាលជាមធ្យម ផលិតផលក្នុងស្រុកសរុប ផលិតកម្មឧស្សាហកម្ម…) ការរីកធំធាត់នៃវិស័យកម្លាំងយោធា (ទាំងផ្លូវទឹក គោក និងអាកាស) ភាពរុងរឿងនៃវប្បធម៌ (សាសនា ភាសា សិល្បៈ ម្ហូបអាហារ…) និង នវានុវត្តន៍នៃបច្ចេកវិទ្យាកាន់តែជឿនលឿនលើសគេ។ ម៉្យាងវិញទៀត ប្រសិទ្ធភាពនៃគោលនយោបាយការបរទេសល្អក៏ចាត់ជាយុទ្ធសាស្ត្រក្នុងការរក្សាទំនាក់ទំនងអន្តរជាតិជាមួយបណ្ដាប្រទេសប្រកបដោយអនុត្តរភាពផងដែរ។ ឧទាហរណ៍ បន្ទាប់ពីការចាប់ផ្ដើមបែកបាក់នៃសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត (The Union of Soviet Socialist Republics) នាចុងទសវត្សរ៍ឆ្នាំ១៩៨០មក សហរដ្ឋអាមេរិកបានក្លាយជាមហាអំណាចផ្ដាច់មុខលើឆាកអន្តរជាតិជាពិសេសលើវិស័យយោធាតាមរយៈការពង្រីកមូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស និងការផលិតអាវុធនុយក្លេអ៊ែរជាដើម។

ប្រព័ន្ធទ្វេប៉ូល(Bipolar system)

បន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទី២នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ រហូតដល់ការរំលាយចោលសហភាពសូវៀតជាស្ថាពរនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩១ ដែលត្រូវបានគេទទួលស្គាល់ថាជារយៈពេលជាងបួនទសវត្សរ៍នៃភាពតានតឹងរវាងមហាអំណាចធំៗពីរគឺ សហរដ្ឋអាមេរិកនិងសហភាពសូវៀត រួមទាំងសម្ព័ន្ធមិត្តរៀងៗខ្លួន។ រយៈពេលនេះត្រូវបានគេឱ្យឈ្មោះថាជាសម័យសង្គ្រាមត្រជាក់ (Cold War) ដែលស្ថិតក្នុងប្រព័ន្ធទ្វេប៉ូលកម្លាំងនៃមហាអំណាច។ មូលហេតុចម្បងនោះគឺការប្រកួតប្រជែងទៅលើផ្នែកមនោគមវិជ្ជា ផ្នែកវិទ្យសាស្ត្រ និងយោធារវាងពួកប្រជាធិបតេយ្យសេរីនិយម (Liberal democratic) ឬមូលធននិយម ( Capitalism) និងពួកកុម្មុយនីស (Communism) ឬសង្គមនិយម (Socialism)។ សិល្បៈនយោបាយបែបអនុត្តរភាពដោយមិនប្រកាសសង្គ្រាមរវាងមហាអំណាចទាំងពីរបែបនេះត្រូវបានគេហៅថាជាពិភពលោកនៃប្រព័ន្ធទ្វេប៉ូល (Bipolar world)។ ក្នុងសៀវភៅ Balance of Power, Bipolarity and Other Models of International Systems និពន្ធដោយលោក Morton A. Kaplan បានបែងចែកប្រព័ន្ធទ្វេប៉ូលនៃពិភពលោកជាពីរបន្ថែមទៀតគឺ ប្រព័ន្ធទ្វេប៉ូលធូររលុង (the loose bipolar system) និង ប្រព័ន្ធទ្វេប៉ូលតឹង (the tight bipolar system) ។ ប្រព័ន្ធទ្វេប៉ូលធូររលុង សំដៅទៅលើស្ថានភាពកំណកំណើតនៃស្ថាប័នអន្តរជាតិសំខាន់ៗដូចជា អង្គការសហប្រជាជាតិ (United Nations) និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty Organization) ជាដើម ព្រោះស្ថាប័នអន្តរជាតិទាំងនេះមានឥទ្ធិពលចូលរួមកាត់បន្ថយភាពតានតឹងរវាងមហាអំណាចទាំងពីរ។ យ៉ាងណាមិញ ប្រសិនជាគ្មានវត្តមាននៃស្ថាប័នអន្តរជាតិទាំងនេះទេ ឬមានតែរូបរាងមិនមានឥទ្ធិពលនៅលើឆាកអន្តរជាតិ នោះជាស្ថានភាពមួយដែលលោក Morton A. Kaplan ហៅថា ប្រព័ន្ធទ្វេប៉ូលតឹង។

ប្រព័ន្ធពហុប៉ូល(Multipolar system)

ប្រព័ន្ធតុល្យភាពអំណាច (Balance of power system) ជាពាក្យដែលអ្នកវិទ្យាសាស្ត្រនយោបាយតែងប្រើសម្រាប់ពណ៌នាអំពីស្ថានភាពនាសតវត្សរ៍ទី១៨ ដល់ដើមសតវស្សរ៍ទី២០ សំដៅទៅលើប្រទេសមហាអំណាចមុនសង្គ្រាមលោកលើកទី១នៅទ្វីបអឺរ៉ុបដូចជា ចក្រភពអង់គ្លេស អាល្លឺម៉ង បារាំង រុស្ស៊ី និង អូទ្រីស ហុងគ្រីជាដើម។ សព្វថ្ងៃនេះប្រព័ន្ធតុល្យភាពអំណាចត្រូវបានគេនិយមប្រើពាក្យ ប្រព័ន្ធពហុប៉ូល (Multipolar system) ជំនួសវិញ។ ពាក្យនេះគឺសំដៅទៅលើស្ថានភាពពិភពលោកដែលមានប្រទេសមហាអំណាចជាច្រើនប្រកួតប្រជែងគ្នាផ្នែកសេដ្ឋកិច្ច នយោបាយការបរទេស កម្លាំងយោធា វប្បធម៌ និង បច្ចេកវិទ្យា។ លោក John Mearsheimer អ្នកវិទ្យាសាស្រ្តនយោបាយជនជាតិអាមេរិកដ៏មានឥទ្ធិពលម្នាក់បាននិយាយថា សព្វថ្ងៃនេះពិភពលោកកំពុងឈានជើងដើរចេញពីប្រព័ន្ធឯកប៉ូល (អាមេរិកជាមហាអំណាចផ្ដាច់មុខ) រំលងប្រព័ន្ធទ្វេប៉ូល (មហាអំណាចអាមេរិក-រុស្ស៊ី) ចូលដល់ប្រព័ន្ធពហុប៉ូលតែម្ដង។ យើងអាចសង្កេតមើលតាមរយៈការរះឡើងនៃមហាអំណាចថ្មីជាច្រើននាដើមសតវត្សរ៍ទី២១នេះ ដែលបង្កើតបានជាគូប្រជែងដ៏មានសក្ដានុពលរបស់អាមេរិក ជាពិសេសគឺមហាអំណាចចិន។ ជាក់ស្ដែងយើងអាចលើកឧទាហរណ៍បានដូចជាការបង្កើតអង្គការតំបន់សេដ្ឋកិច្ចនិងនយោបាយ (BRICS ពាក្យពេញ៖ Brazil, Russia, India, China និង South Africa) ដែលជាស្ថាប័នអន្តរប្រទេសបង្កើតឡើងដោយមហាអំណាចថ្មីប្រាំរួមគ្នាមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ គោលបំណងសំខាន់របស់ពួកគេគឺជំរុញកិច្ចសហប្រតិបត្តិការដើម្បីកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ព្រមទាំងអភិបាលកិច្ចនយោបាយ រួមមានយុត្តិធម៌សង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព សន្តិភាព និងសន្តិសុខសណ្ដាប់ធ្នាប់ពិភពលោក។

ថ្វីបើមានប្រព័ន្ធប៉ូលកម្លាំងមហាអំណាចច្រើនទម្រង់ដែលពិភពលោកធ្លាប់ឆ្លងកាត់ក្នុងរយៈពេលខុសៗគ្នាក៏ដោយ ប៉ុន្តែសំណួរដែលតែងតែត្រូវបានលើកយកមកជជែកពិភាក្សាដើម្បីស្វែងរកទឡ្ហីករណ៍ដើម្បីគាំទ្រអំណះអំណាងកន្លងមកមាននោះគឺ តើប្រព័ន្ធប៉ូលមួយណាដែលអាចរក្សាសន្តិភាពជូនពិភពលោកបាន ហើយនៅឋិតថេរបានយូរអង្វែងជាងគេ?#THE_SEED #កម្មវិធី_ថង់ប្រាជ្ញា #unipolar #biopolar #Multipolar

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទចែករំលែកដោយ៖ លោក ធា សុណា
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

តើប្រទេសតួកគីកំពុងតែឈរនៅចំណុចណានៃនយោបាយពិភពលោក?

ប្រទេសតួកគីគឺជាប្រទេសមួយដែលស្ថិតនៅត្រង់ចំណុចភូមិសាស្រ្តនយោបាយដ៏សំខាន់ដោយសារតែប្រទេសនេះស្ថិតនៅជាប់ទ្វីបអុឺរ៉ុប ទ្វីបអាសុី និងនៅមានសមុទ្រដែលភ្ជាប់ទៅនឹងទ្វីបអាហ្រិ្វកផងដែរ។ នៅក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ តួកគីមានទំនាក់ទំនងនយោបាយការបរទេសយ៉ាងជិតស្និតជាមួយប្រទេសលោកខាងលិចដោយប្រទេសនេះបានចូលរួមជាមួយប្រទេសសម្ព័ន្ធមិត្តនៅក្នុងសង្រ្គាមលោកលើកទី២។ បន្ទាប់ពីសង្គ្រាមនេះត្រូវបានបញ្ចប់ តួកគីនៅតែបន្តទំនាក់ទំនងយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិកនិងអុឺរ៉ុបដើម្បីទទួលបានការការពារសន្តិសុខពីការគំរាមកំហែង និងការជះឥទ្ធិពលរបស់សហភាពសូវៀតនៅក្នុងសង្គ្រាមត្រជាក់។

ទំនាក់ទំនងនេះចាប់ផ្តើមមានការរង្គោះរង្គើរនៅពេលដែលតួកគីបានចោទប្រកាន់លោកខាងលិចថាមិនបានចូលរួមដោះស្រាយបញ្ហានៅក្នុងប្រទេសសុីប(Cyprus)នៅពេលដែលមានការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ១៩៧៤។ ហើយចាប់តាំងពីឆ្នាំ១៩៦៤មក តួកគីបានបង្កើនចំណងមិត្តភាពនិងបានខិតជិតទៅរកសហភាពសូវៀតវិញផងដែរ។ នៅក្នុងអត្ថបទនេះ យើងនឹងក្រលេកមើលអំពីបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងតួកគីជាមួយនិងបណ្តាលប្រទេសធំៗដូចជាអាមេរិក ចិន រុស្ស៊ី និងសហភាពអុឺរ៉ុប ជាមួយនឹងព្រឹត្តិការណ៏ពិភពលោកមួយចំនួនដែលតួកគីបានលូកដៃចូល ហើយបន្ទាប់មកយើងនឹងទៅមើលថាតើមានមូលហេតុអ្វីដែលជំរុញឱ្យប្រទេសនេះដើរលើគោលនយោបាយបរទេសបែបនោះ។

បច្ចុប្បន្ននេះ ប្រទេសតួកគីកំពុងតែបន្តដំណើរការនយោបាយការបរទេសរបស់ខ្លួនយ៉ាងឯករាជ្យពីអាមេរិកនិងអុឺរ៉ុបបើទោះជាខ្លួនគឺជាសម្ព័ន្ធមិត្តដែលមានឈ្មោះជាសមាជិកនៅក្នុងអង្គការណាតូក៏ដោយ។ សម្ព័ន្ធភាពរវាងតួកគីនិងអាមេរិកគឺជាសម្ព័ន្ធភាពមួយដែលពុំមានភាពប្រាកដប្រជានោះទេ ដោយនៅពេលខ្លះប្រទេសទាំងពីរនេះបានសហការគ្នាយ៉ាងជិតស្និទ្ធ រីឯពេលខ្លះទៀត យើងឃើញថាប្រទេសទាំងពីរនេះមានគោលនយោបាយប្រទាំងប្រទើសគ្នាទៅវិញ។ ចាប់តាំងពីការជាប់ឆ្នោតរបស់ប្រធានាធិបតី រីសិប ថាយីប អែដូហ្គាន់ (Recep Tayyip Erdogan) នៅឆ្នាំ២០០២មក ទំនាក់ទំនងរបស់ប្រទេសទាំងពីរនេះមានភាពស្អិតរមួតដោយប្រទេសទាំងពីរនេះបានសហការគ្នានៅក្នុងប្រតិបត្តិការយោធាផ្សេងៗប្រឆាំងនឹងកុបកម្មនៃក្រុមឃឺត (Kurd insurgency) និងការយល់ព្រមឱ្យមានការដាក់ពង្រាយរ៉ាដាការពារមីសុីលរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តណាតូនៅលើទឹកដីរបស់ខ្លួនទៀតផង។

ក៏ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៣មក អាមេរិកព្រមទាំងប្រទេសលោកខាងលិចបានរិះគន់ចោទប្រកាន់យ៉ាងខ្លាំងទៅលើប្រធានាធិបតី ថាយីប អែដូហ្គាន់ (Recep Tayyip Erdogan) ដោយសារករណីអំពើពុករលួយរបស់រដ្ឋាភិបាលតួកគី។ ទំនាក់ទំនងរវាងលោកខាងលិចនិងតួកគីរឹតតែមានភាពរង្គោះរង្គើរបន្ថែមទៀតនៅពេលដែលតួកគីបានចោទប្រកាន់ថាអាមេរិកជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលតួកគីនៅឆ្នាំ២០១៦ និងនៅពេលដែលអាមេរិកបានទំនុកបម្រុងក្រុមឃឺតដែលជាសត្រូវរបស់តួកគី។ នៅឆ្នាំ២0១៩ តួកគីបានទិញប្រព័ន្ធមីសុីល S 400 ពីរុស្សុីដែលបង្ហាញឱ្យឃើញពីទំនាក់ទំនងថ្មីមួយរវាងប្រទេសតួកគីនិងប្រទេសរុស្សុី។ ទង្វើនេះបានធ្វើឱ្យមានការអាក់អន់ស្រពន់ចិត្តពីអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តយ៉ាងខ្លាំង ដែលជាលទ្ធផលអាមេរិកបានដកសមាជិកភាពរបស់តួកគីចេញពី F 35 program ថែមទៀតផង។

នៅក្នុងឆ្នាំ២០២០នេះ ទំនាក់ទំនងរវាងប្រទេសតួកគីនិងរុស្សុីក៏មានភាពរកាំរកូសផងដែរដោយសារតែរុស្សុីបានចូលដៃជាមួយប្រទេសសុីរីដែលជាសត្រូវស្លាប់រស់ជាមួយតួកគីនៅក្នុងទំនាស់វាយប្រហារគ្នាដោយអាវុធនៅខេត្តអាយលីប (Idlib) របស់ប្រទេសសុីរី។ ភាពរង្គោះរង្គើរនេះបានធ្វើឱ្យតួកគីងាកទៅរកការគាំទ្រពីអាមេរិកនិងសម្ព័ន្ធមិត្តណាតូវិញផងដែរ។ សម្រាប់ឆ្នាំ២០២១ខាងមុខនេះ ប្រធានាធិបតី អែដូហ្គាន់ បានបង្ហាញសញ្ញាឱ្យដឹងថាតួកគីចង់ចាប់ផ្តើមទំនាក់ទំនងជាមួយអាមេរិកនិងអុឺរ៉ុបសារជាថ្មីម្តងទៀតដោយបំភ្លេចអំពីភាពល្អក់កករដែលបានកើតមានពីមុនមក។

បើយើងក្រឡេកមកមើលអំពីមូលហេតុដែលតួកគីតែងតែមានទំនុកចិត្តជាមួយនឹងនយោបាយការបរទេសរបស់ខ្លួនហើយអាចម្តងងាកទៅរកលោកខាងលិច ម្តងងាកទៅរករុស្សុីយ៉ាងងាយនោះវាក៏គឺដោយសារតែកត្តាទីតាំងភូមិសាស្រ្តរបស់ប្រទេសនេះផងដែរ។ អាមេរិកនិងតួកគីមានគោលដៅរួមមួយគឺគ្រប់គ្រងសន្តិសុខ ស្ថិរភាព និងបង្កើនឥទ្ធិពលរបស់ខ្លួននៅតំបន់សមុទ្រតំបន់មេឌីទែរ៉ាណេខាងកើត តំបន់សមុទ្រខ្មៅ និងនៅអាស៊ីអាគ្នេយ៍។ សម្រាប់អាមេរិក តួកគីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយដែលអាចជួយឱ្យខ្លួនបង្កើនឥទ្ធិពលនៅអាសុីអាគ្នេយ៍។ រីឯចំពោះរុស្សុីវិញ ការចងសម្ព័ន្ធភាពជាមួយតួកគីគឺជាប្រការសំខាន់ដើម្បីសម្រេចឱ្យបាននូវការរក្សាតុល្យភាពអំណាចរបស់ខ្លួននៅអាសុីអាគ្នេយ៍ដែលធ្លាប់ជាតំបន់របស់ខ្លួនផងដែរ។ ដោយសារហេតុផលនៃសារៈសំខាន់របស់ខ្លួននេះហើយទើបតួកគីអាចដើរលើគោលនយោបាយការបរទេសដែលនៅចន្លោះលោកខាងលិចនិងរុស្សុីបានយ៉ាងងាយបែបនេះ។ #The_SEED #កម្មវិធី_វិចារណកថាថ្ងៃសុក្រ #Turkey

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា បូរ ដាលីន

តើអ្វីជា Big 3 ឬ MBB ?

ប្រសិនបើយើងនិយាយអំពីក្រុមហ៊ុនសវនកម្មគណនេយ្យធំជាងគេ និងមានសក្តានុពលបំផុតនៅក្នុងពិភពលោក យើងត្រូវចាប់ផ្ដើមនិយាយពី Big 4 ប៉ុន្តែនៅក្នុងវិស័យក្រុមហ៊ុនប្រឹក្សាយោបល់ដែលធំជាងគេលើពិភពលោក នោះយើងក៏គួរចាប់ផ្ដើមពី Big 3 ដែរ។ Big 3 ឬ MBB គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងដ៏មានកេរ្តិ៍ឈ្មោះ និងមានស្តង់ដារធំជាងគេបំផុតក្នុងពិភពលោក។ ហើយ Big 3 ត្រូវបានស្គាល់ថាជាក្រុមហ៊ុនដែលផ្តល់សេវាប្រឹក្សាយោបល់ផ្នែកគ្រប់គ្រង ដែលមានចំណាត់ថ្នាក់ក្រុមហ៊ុនធំជាងគេចំនួន៣ គឺក្រុមហ៊ុន McKinsey & Company ក្រុមហ៊ុន Boston Consulting Group (BCG) និង ក្រុមហ៊ុន Bain & Company។ ក្រុមហ៊ុនទាំងបីនេះ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមានជំនាញនិងមានបទពិសោធន៍ការងារចាស់វស្សាទាក់ទងនឹងការរៀបចំយុទ្ធសាស្ត្រ និងបង្កើតវិធីច្នៃប្រឌិតដើម្បីដោះស្រាយកង្វល់របស់អតិថិជនពួកគេ រហូតបង្កើតបានសមិទ្ធិផលក្នុងប្រវត្ដិសាស្ត្រ និងមានបណ្ដាញខ្សែរយៈកាន់កាប់តំណែងសំខាន់ៗពាសពេញសកលោក។

មុននឹងមានក្រុមហ៊ុន Big 3 វិស័យសេវាកម្មប្រឹក្សាយោបល់ត្រូវបានចាប់ផ្ដើមនៅក្នុងឆ្នាំ ១៨៨៦ ដោយ ក្រុមហ៊ុន Arthur D. Little ដែលផ្តល់សេវាកម្មផ្នែកបច្ចេកទេសការស្រាវជ្រាវ និងការវិភាគជូនអតិថិជន។ ក៏ប៉ុន្តែ បន្ទាប់មកក្រុមហ៊ុន Arthur D. Little បានក្ស័យធន ហើយត្រូវបានក្រុមហ៊ុន ADL Acquisition Co. LLC ទិញយកនៅឆ្នាំ២០០២។ នៅឆ្នាំ១៩២៦ វត្ដមានសមាជិកក្រុមហ៊ុនទីមួយរបស់ Big 3 គឺ ក្រុមហ៊ុន McKinsey & Company ត្រូវបានបង្កើតឡើង ដោយសាស្រ្តាចារ្យជំនាញផ្នែកគណនេយ្យនៅទីក្រុងChicago ឈ្មោះ James McKinsey ដែលផ្តោតលើសេវាកម្មប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ រួចហើយបានផ្លាស់ប្តូរឯកទេសរបស់ខ្លួនទៅរកផ្នែកការគ្រប់គ្រងវិញ ហើយរីកលូតលាស់ល្បីរន្ទឺយ៉ាងឆាប់រហ័សជាពិសេសនៅទ្វីបអឺរ៉ុប។ នៅឆ្នាំ១៩៦២ ក្រុមហ៊ុន McKinsey & Company ចាប់ផ្តើមជួបគូប្រជែងមួយទៀតគឺក្រុមហ៊ុន Boston Consulting Group ដែលបង្តើតឡើងដោយ Bruce Henderson។ លោក Bruce Henderson ជាបុគ្គលិកចាស់របស់ក្រុមហ៊ុន Arthur D. Little ហើយពេញមួយទសវត្សរ៍ឆ្នាំ១៩៦០ Boston Consulting Group បានរីកចម្រើននិងអភិវឌ្ឍនៅបរទេស។ នៅឆ្នាំ១៩៧៣ អនុប្រធានក្រុមហ៊ុន Boston Consulting Group បានចាកចេញពីក្រុមហ៊ុននេះដើម្បីបង្កើតក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងរបស់ខ្លួនឈ្នោះ Bain & Company។

គួររំលឹកបន្តិចថាក្រុមហ៊ុនទាំងបីនេះ ជាពិសេសក្រុមហ៊ុន McKinsey & Company បានបន្សល់នូវសមិទ្ធិផលជាប្រវត្ដិសាស្ត្រ និងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងពិភពលោកនាពេលបច្ចុបន្បន្ន។ Big 3 បានបង្កើតគំនិតល្អៗដើម្បីដោះស្រាយបញ្ហាស្មុគ្រស្មាញក្នុងស្ថាប័នឯកជននិងរដ្ឋ ហើយគោលគំនិតដឹកនាំទាំងនោះភាគច្រើនបានក្លាយជាគំរូឬម៉ូឌែលគ្រប់គ្រងផងដែរ។ នៅឆ្នាំ១៩៥០ ក្រុមហ៊ុន McKinsey បានជួយសេតវិមានសហរដ្ឋអាមេរិកក្នុងការបង្កើតរចនាសម្ព័ន្ធបុគ្គលិក ដែលកាលនោះហើយគឺជាដើមកំណើតនៃប្រធានតួនាទីបុគ្គលិក (Chief of Staff role)។ បន្ថែមលើនេះ នៅឆ្នាំ១៩៧០ McKinsey ក៏បានបើកទំព័រពិភពលោកថ្មីដោយបានសហការជាមួយ the Uniform Grocery Product Code Council ដើម្បីបង្កើតកូដផលិតផលដែលត្រូវបានគេហៅថា “Bar Code”។ មួយវិញទៀត កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Boston Consulting Group ក៏បានរួមចំណែកក្នុងការជួយរាជរដ្ឋាភិបាលប្រទេសអង់គ្លេសលើការងារពិគ្រោះយោបល់ដើម្បីត្រៀមខ្លួនចាកចេញពី EU ឬ Brexit ក្រោមទឹកប្រាក់ចំនួន១០លានដុល្លារអាមរិក។ ក្រឡេកមើលខ្សែរយៈរបស់ Big 3 វិញ គឺសឹងតែអាចជះឥទ្ធិពលពិភពលោកទាំងមូល ពីព្រោះអតីតបុគ្គលិករបស់ក្រុមហ៊ុនទាំងបីនេះបាននឹងកំពុងបម្រើការងារនៅតំណែងសំខាន់ៗទាំងក្នុងវិស័យឯកជនដូចជា Chairman, CEO, COO នៅក្រុមហ៊ុនធំនានា ចំណែកក្នុងវិស័យសាធារណៈវិញមានដូចជា អភិបាលក្រុង តំណាងរាស្ត្រ នាយករដ្ឋមន្ត្រី ជាដើម។ ជាក់ស្ដែង លោក Sheryl Sandberg ដែលបច្ចុប្បន្នជា COO នៅក្រុមហ៊ុន Facebook លោក Sundar Pichai ដែលបច្ចុប្បន្នជា CEO របស់ក្រុមហ៊ុន Alphabet Inc លោកស្រី Susan Wojcicki បច្ចុប្បន្នជា CEO របស់ YouTube លោក Benjamin Netanyahu ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអ៊ែល ជាដើម សុទ្ធតែធ្លាប់ជាបុគ្គលិកចាស់របស់ Big 3។

បើយើងក្រឡេកទៅមើលពីចំណាត់ថ្នាក់របស់ Big 3 ឬ MBB ក្រុមហ៊ុនដែលឈរលើលំដាប់ទី១គឺ ប្រាកដជាក្រុមហ៊ុន McKinsey & Company ហើយ ព្រោះ McKinsey បានកកើតឡើងមុនគេ ដោយមានចំណូលសរុបប្រមាណ ១០,៥ ប៊ីលាន ដុល្លារអាមេរិក (២០១៩) ហើយមានបុគ្គលិករហូតដល់ ៣០.០០០ នាក់ និងមានសាខារហូតដល់ជាង ១៣០ ប្រទេស។ រីឯលំដាប់ទី២ គឺ BCG ដោយមានចំណូលសរុបប្រមាណ ៨,៥ ប៊ីលាន ដុល្លារអាមេរិក (២០១៩) ហើយ BCG មានបុគ្គលិករហូតដល់ ២១.០០០ នាក់ និងមានជាង ៩០ សាខាទូទាំងពិភពលោក។ Bain & Company ឈរនៅលើលំដាប់ទី៣ ដែលមានចំណូលសរុបប្រមាណ ៤,៥ ប៊ីលាន ដុល្លារអាមេរិក (២០១៩) និងមានបុគ្គលិករហូតដល់ ៨.០០០ នាក់ ព្រមទាំងមាន ៥៩ សាខាផងដែរ។

ត្បិតតែ Big 3 និងBig 4 មានឈ្មោះដូចគ្នាដោយខុសតែលេខ ប៉ុន្តែលេខនេះមិនមែនសម្រាប់កំណត់ឬប្រៀបធៀបពីទំហំ និងសក្ដានុពលរបស់ក្រុមហ៊ុនទាំងពីរនេះទេ។ កំណើតដំបូងនៃ Big 3 ផ្តោតសំខាន់ទៅលើសេវាកម្មប្រឹក្សាផ្ដល់យោបល់អំពីការគ្រប់គ្រងយុទ្ធសាស្ត្រ រីឯ Big 4 ផ្តោតសំខាន់លើសេវាកម្មផ្នែកសវនកម្មគណនេយ្យ។ យ៉ាងណាវិញ ក្រុមហ៊ុន Big 4 ក៏បានវិវត្តខ្លួនដោយបានបង្កើតសេវាកម្មផ្ដល់យោបល់ដែលស្រដៀងគ្នានឹង Big 3 ដែរ ដូចជា ការស្វែងរកដំណោះស្រាយជូនអតិថិជន សេវាផ្តល់យោបល់ផ្នែកហានិភ័យ ការវិនិច្ឆ័យបញ្ហារបស់អតិថិជនជាដើម។ #កម្មវិធី_ថង់ប្រាជ្ញា #Big3 #Big4

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា លីម កន្និដ្ឋា
គំនូរដោយ៖ កញ្ញា គង់ រដ្ធាវី

តើហេតុអ្វីបានពិភពលោកពិបាកទប់ស្កាត់វិបត្ដិកូវីដ១៩

ពិភពលោកបានចាប់ផ្តើមដឹងពីវត្ដមាននៃកូវីដ១៩ ក្រោយពេលដែលមេរោគកូរ៉ូណាបានផ្ទុះឡើងនៅទីក្រុងវ៉ូហាន ប្រទេសចិន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយបន្តឥទ្ធិពលរបស់ខ្លួនតាមរយៈសាកលភាវរូបនីយកម្ម។ រដ្ឋាភិបាលនៃប្រទេសចិនបានព្យាយាមឆ្លងកាត់វិញ្ញាសាដ៏លំបាកនេះដោយ ជ្រើសយកនូវយន្ដការកណ្ដាប់ដៃដែកក្នុងការគ្រប់គ្រងដ៏តឹងរ៉ឹងបំផុត ដូចជាការបិទទីក្រុងវ៉ូហានទាំងមូលនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ជាដើម។ ការដែលគួរឱ្យកត់សម្គាល់នោះគឺទឹកចិត្ដស្នេហាជាតិរបស់ប្រជាពលរដ្ឋចិនដែលបានប្រកៀកស្មាជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយវិបត្ដិនេះ ដោយបានសហការជាមួយរដ្ឋាភិបាលយ៉ាងពេញទំហឹងក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។ ជាក់ស្តែង មានពលរដ្ឋមកពីទីក្រុងដទៃជាច្រើននាក់បានស្ម័គ្រចិត្ដទៅទីក្រុងវ៉ូហានដើម្បីជួយសម្រាលស្ថានភាពជំងឺកូវីដ១៩នាពេលនោះ។ ជាលទ្ធផល គិតត្រឹមថ្ងៃទី១៨ ខែធ្នូនេះ ប្រទេសចិនបានទម្លាក់ខ្លួនមកនៅលេខរៀងទី៨០ ខណៈប្រទេសអាមេរិក ប្រេស៊ីល ឥណ្ឌាជាដើម ឈរនៅលេងរៀងកំពូល។ ដូចនេះ ប្រសិនបើយើងសិក្សាលើឧបសគ្គក្នុងការទប់ស្កាត់វិបត្ដិកូវីដ១៩នៅលើសកលលោកគឺអាចមកពីមានកត្ដាចំនួន ៣ ដូចជា ភាពខ្វែងគំនិតគ្នារវាងយន្ដការទប់ស្កាត់និងសិទ្ធិមនុស្ស ដំបៅសង្គម និងការខ្វះទំនួលខុសត្រូវរបស់បុគ្គល។

ប្រទេសដែលមានភាពចម្រូងចម្រាសរវាងសិទ្ធិបុគ្គលនិងសុខមាលភាពជាសមូហភាព គឺច្បាស់ជាមានការលំបាកក្នុងការអនុវត្តយន្ដការតឹងរ៉ឹងដើម្បីដោះស្រាយវិបត្ដិកូវីដ១៩។ ជាក់ស្ដែង អាមេរិកជាប្រទេសដែលកសាងឡើងដោយសសរគ្រឹះ “សេរីភាពនិងសិទ្ធិមនុស្ស” ហើយយន្ដការដែលតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបពាក់ម៉ាស រក្សាគម្លាត បិទក្រុងជាដើម គឺជារូបភាពដែលប្រជាពលរដ្ឋអាមេរិកមួយចំនួនយល់ឃើញថាជាយន្តការផ្ដាច់ការ និងប្រាសចាកពីការគោរពសិទ្ធិរបស់ពួកគេ។ យោងតាមការចេញផ្សាយរបស់ The New Yorks Time នៅសហរដ្ឋអាមេរិកមានករណីប៉ះទង្គិចរវាងអ្នកមិនពាក់ម៉ាសនិងអ្នកពាក់ម៉ាសជាច្រើន ហើយក៏មានករណីខ្លះឈានទៅដល់ការប្រើប្រាស់អំពើហិង្សា និងបាញ់បោះផងដែរ។ ការពាក់ម៉ាសនេះទៀតសោតក៏ក្លាយជារូបភាពនយោបាយ ដែលត្រូវបានគេគិតថាអ្នកពាក់ម៉ាសគឺគាំទ្របក្សប្រជាធិបតេយ្យ ហើយអ្នកមិនពាក់ម៉ាសជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋ។ លោក ដូណាល់ ត្រាំ ក៏ធ្លាប់ជំរុញចលនាប្រឆាំងនេះដោយលោកបានមាក់ងាយការពាក់ម៉ាស និងរិះគន់ការបិទសាលារៀន ផ្សារជាដើមផងដែរ។ ទោះបីជាក្រោយមក លោកប្រធានាធិតីជិតផុតអាណត្ដិរូបនេះ បានប្ដូរឥរិយាបទលើការពាក់ម៉ាស ប៉ុន្តែលោកក៏នៅតែឈរលើគោលជំហរចង់ឱ្យប្រជាពលរដ្ឋអាមេរិកមានសិទ្ធិធ្វើការសម្រេចចិត្តថាពាក់ឬក៏មិនពាក់ម៉ាស។ ក្រៅពីអាមេរិក ក៏មានប្រជាពលរដ្ឋនៅលើប្រទេសអឺរ៉ុបមួយចំនួនដូចជា អាល្លឺម៉ង់ បារាំង ជាដើម បាននាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងវិធានការតឹងរ៉ឹងរបស់រដ្ឋាភិបាលលើជំងឺរាតត្បាតកូវីដ១៩និងដើម្បីទាមទារសិទ្ធិរបស់ពួកគេមកវិញ។

កត្ដាដំបៅសង្គមដែលជាកត្តាទីពីរនេះសំដៅដល់បញ្ហាសង្គមដែលកើតឡើងមុនពេលវិបត្ដិកូវីដ១៩។ យោងតាមការសិក្សារបស់ ECLAC ប្រទេសកំពុងអភិវឌ្ឍន៍មានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគកូវីដ១៩ ដោយសារតែស្ថានភាពសេដ្ឋកិច្ច ការកង្វះទឹកស្អាត និងបរិស្ថានអនាម័យ។ ជាក់ស្ដែង ឥណ្ឌាដែលមានប្រជាជនច្រើនលើសលប់ហើយគួបផ្សំជាមួយកង្វះអនាម័យ និងជីវភាពនៅក្នុងស្ដង់ដារទាបបានធ្វើឱ្យករណីឆ្លងកើនឡើងឥតឈប់ឈរ។ យោងតាម OECD ឥណ្ឌាជាប្រទេសមានគម្លាតវិសមភាពយ៉ាងធំរវាងអ្នកមាននិងអ្នកក្រ និងបើយោងតាម UNDP ប្រជាពលរដ្ឋឥណ្ឌាជាង ៣៧៣ លាននាក់រស់នៅក្នុងសភាពទុរាចារធ្ងន់ធ្ងរ (acute deprivations)។ យោងតាមការសិក្សារបស់ National Statistical Office បានរកឃើញថាពលរដ្ឋលើសពីម្នាក់ក្នុងចំណោម៤នាក់មិនមានបង្គន់ស្អាតសម្រាប់ប្រើប្រាស់ និងបើយោងតាម Oxfam ជាប្រទេសដែលចំណាយលើសុខភាពសាធារណៈតិចជាងគេ។ ស្ដង់ដារនៃការរស់នៅរបស់ឥណ្ឌាទាំងនេះបានក្លាយជាឧបសគ្គយ៉ាងខ្លាំងក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ដូចជា ការបិទទីក្រុងនឹងក្លាយជាបន្ទុកសេដ្ឋកិច្ចបន្ថែមរបស់ពលរដ្ឋ ពលករចំណាកស្រុកត្រូវធ្វើដំណើរទៅស្រុកកំណើតវិញ ការរស់នៅក្នុងសភាពចង្អៀត កង្វះចំណេះដឹងលើការរក្សាអនាម័យជាដើម។

កត្តាទីបីដែលជាការខ្វះទំនួលខុសត្រូវរបស់បុគ្គលនេះអាចកើតមាននៅក្នុងកាលៈទេសៈដែលប្រទេសនោះមានការអនុវត្ដច្បាប់ទន់ខ្សោយ និងការមើលស្រាលឥទ្ធិពលនៃការចម្លងកូវីដ១៩។ ក្នុងន័យនេះ រាប់ចាប់តាំងពីការសម្រេចចិត្ដរបស់ថ្នាក់ដឹកនាំប្រទេសមួយរហូតដល់ប្រជាពលរដ្ឋម្នាក់ៗ រាល់ការសម្រេចចិត្តទាំងនោះអាចជះឥទ្ធិពលរួមមួយដែលសង្គមនោះនឹងទទួលបាន។ ជាក់ស្ដែង លោកប្រធានាធិបតីប្រេស៊ីលមិនទទួលគំនិតរបស់មន្ត្រីនិងអង្គការសង្គមស៊ីវិល ហើយជ្រើសយកយន្ដការធូររលុង ហាក់ដូចជាគ្មានអ្វីកើតឡើង និងបានជំរុញឱ្យមានកម្មវីធីសង្គមទៀតផង។ លោកក៏រិះគន់អភិបាលក្រុងដែលបានទទូចឱ្យប្រជាពលរដ្ឋនៅផ្ទះថាមានភាពជ្រួលជ្រើមខ្លាំង “hysteria” និងព្យាយាមទាញប្រជាប្រិយភាព ហើយរិះគន់អ្នកសារព័ត៌មានថាជាក្រុមគោះស្គរវាយឃ្មោះបង្កើតភាពភ័យខ្លាចដើម្បីធ្វើឱ្យរដ្ឋការរបស់លោកអន្តរាយ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីប្រេស៊ីលថ្មីៗនេះទើបប្រកាសថាលោកនឹងមិនប្រើប្រាស់វ៉ាក់សាំងកូវីដ១៩នោះទេ ព្រោះនេះគឺជាសិទ្ធិរបស់លោក។ គួររំលឹកផងដែរថា កាលពីដើមខែមេសា ប្រទេសប្រស៊ីលមានករណីឆ្លងត្រឹមតែ ៦៨៥ ករណីប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានកើនដល់លើសពី ៦ លាន ៦ សែនករណី។ ចំណែកឯប្រជាពលរដ្ឋមួយចំនួននៅប្រទេសជាច្រើននៅលើសកលលោកវិញបានយកសុខភាពខ្លួនឯងនិងគ្រួសារមកភ្នាល់ជាមួយកូវីដ១៩ ដូចជាល្មើសការណែនាំ និងយន្ដការរបស់ប្រទេសខ្លួន ដូចជាប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកទើបតែចូលស្រុក ការគេចវេសធ្វើចត្តាឡីស័ក ការមិនពាក់ម៉ាស ការមិនរក្សាគម្លាតជាដើម ដែលជាហេតុបង្កឱ្យមានករណីឆ្លងនៅក្នុងសហគមន៍។

ជារួម មនុស្សគ្រប់រូបមិនគួរយកជើងមករាទឹកដូចជាការប្រឆាំងនឹងការពាក់ម៉ាស ការមិនរក្សាគម្លាត ការបង្កើតកម្មវិធីសង្គម ការរើសអើងគ្នា នៅពេលពិភពលោកកំពុងព្យាយាមអ៊ុំឆ្លងវិបត្ដិកូវីដ១៩ឡើយ។ ប្រជាពលរដ្ឋគ្រប់រូបគួរតែប្រកៀកស្មាជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការសាយភាយនៃមេរោគនេះតាមរយៈការគោរពតាមការណែនាំឱ្យបានខ្ជាប់ខ្ជួនក្រោមមូលហេតុស្រលាញ់ខ្លួនឯង ហើយគិតដល់សុខមាលភាពរបស់គ្រួសារអ្នក និងប្រយោជន៍រួមនៃសង្គម។ #កម្មវិធី_វិចារណកថាថ្ងៃសុក្រ #COVID19

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា សុខ ពុទ្ធារី

អនាគតនៃឧស្សាហកម្មឥន្ធនៈ៖ ឱកាសក្នុងឧស្សាកម្មឥន្ធនៈច្នៃពីវត្ថុធាតុដើមកកើតឡើងវិញនៅអាមេរិក

យោងតាមគេហទំព័ររបស់វិទ្យាស្ថានបច្ចេកវិទ្យារដ្ឋម៉ាសាឈូសែតសហរដ្ឋអាមេរិក MIT (Massachusetts Institute of Technology) នៅខែមករា ឆ្នាំ២០១៧ វិស្វករគីមីនៅវិទ្យាស្ថានបានកែច្នៃសំណល់ក្នុងផ្ទះឱ្យទៅជាឌីយេហ្សែល Renewable diesel ដែលអាចជំនួសឌីយេហ្សែលចម្រាញ់ពីប្រេងកាត។ តាមការចេញផ្សាយបន្ថែមរបស់ Forbes ការកែច្នៃនេះក៏បានក្លាយជាផលិតកម្មមួយដែលមានកំណើនសន្សឹមៗនៅអាមេរិកខាងជើង ក្នុងនោះមានសហរដ្ឋអាមេរិកដែលបានបណ្តាក់ទុនច្រើនលើវិស័យប្រេងកែច្នៃនេះ។ ផ្អែកតាម BP Statistical Review of World Energy 2020 ស្តីពី ថាមពលពិភពលោកឆ្នាំ ២០២០ សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំមុខទី១ក្នុងពិភពលោកក្នុងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានបរិមាណ ១៩,៤ លានបារ៉ែលក្នុង១ថ្ងៃស្មើនឹង ១៩,៧% នៃស្ថិតិពិភពលោក។ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានងាកមករកទស្សនវិស័យនៃការប្រើប្រាស់ថាមពលដោយចីរភាព sustainable និងជំរុញរោងចក្រប្រេងឱ្យកែច្នៃវត្ថុធាតុដើមកើតឡើងវិញមកធ្វើជាឥន្ធនៈ Renewable diesel ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន។

តើអ្វីជាសារប្រយោជន៍របស់ការពិសោធន៍និងចង្វាក់ផលិតកម្មមួយនេះ?

ប្រេងឌីយេហ្សែលឬហៅម្យ៉ាងទៀតថាម៉ាស៊ូតជាប្រភេទឥន្ធនៈចំហេះដែលចម្រាញ់ពីប្រេងកាត។ ចំហេះឌីយេហ្សែលបញ្ចេញថាមពលដែលបញ្ឆេះឱ្យយានយន្តដំណើរការទៅមុខ ប៉ុន្តែវាបង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថានតាមរយៈការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត (CO2) ទៅក្នុងបរិយាកាស។ តម្រូវការប្រេងឥន្ធនៈបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសសម្រាប់បញ្ចូលយានយន្តដើម្បីដឹកជញ្ជូនជាប្រចាំ ហេតុនេះទើបសហរដ្ឋអាមេរិកបានជំរុញការស្រាវជ្រាវរកនូវថាមពលដទៃដែលអាចមកជំនួស។ នៅឆ្នាំ២០១៧ មានការធ្វើពិសោធន៍ក្រោមការឧបត្ថម្ភពីនាយកដ្ឋានថាមពលរបស់អាមេរិក (U.S. Department of Energy) នៅ MIT ដែលដឹកនាំដោយសាស្ត្រាចារ្យផ្នែកវិស្វកម្មគីមីនិងបច្ចេកវិទ្យាជីវៈ លោក Gregory Stephanopoulos បានកែច្នៃសំណល់ពីប្រេងចម្អិនអាហារ ឬប្រេងរុក្ខជាតិ ឱ្យទៅជាប្រភពនៃឥន្ធនៈចំហេះ ប៉ុន្តែការពិសោធន៍នៅមានឧបសគ្គច្រើន។ ឌីយេហ្សែលកែច្នៃរួចមានអានុភាពថាមពលប្រហាក់ប្រហែលនឹងឌីយេហ្សែលប្រេងកាតធម្មតាដែរ។ បើយោងតាម European Biodiesel Board និង MIT វត្ថុធាតុដើមក្នុងការធ្វើផលិតកម្មឥន្ធនៈកែច្នៃនេះរួមមាន ប្រេងរុក្ខជាតិបានពីធញ្ញជាតិ ក៏ដូចជាសំណល់ប្រេងឆាពីផ្ទះបាយ ដែលមានតម្លៃថោកនិងច្នៃឡើងវិញបាន។ Renewable diesel បានជួយកាត់បន្ថយពី ៥០% ទៅ ៨០% នៃឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស ឧទាហរណ៍ ឧស្ម័នកាបូនឌីអុកស៊ីត។

ឱកាសទីផ្សារអាមេរិកនិងគម្រោងនាំមុខការឈានជើងចូលក្នុងទីផ្សារពិភពលោកឱ្យបានមុន

តាមរយៈសារពត៌មាន New York Times បានចុះផ្សាយពីផលចំណេញសេដ្ឋកិច្ចដល់ក្រុមហ៊ុនសាជីវកម្មប្រេងរបស់អាមេរិកពីការវិនិយោគលើ Renewable diesel នេះ ទោះជាទីផ្សារបានធ្លាក់ចុះបន្តិចអំឡុងពេលជួបបញ្ហា COVID19 ។ អ្វីដែលគួរចាប់អារម្មណ៍នោះគឺកាលពីខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះ ក្រុមហ៊ុនវិនិយោគនិងផ្តល់សេវាហិរញ្ញវត្ថុ Morgan Stanley ដែលជាសាជីវកម្មធំបំផុតមួយនៅសហរដ្ឋអាមេរិក ក៏បានមើលឃើញពីគុណតម្លៃនៃឧស្សាហកម្មមួយនេះ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគឺ ការសម្លឹងមើលឃើញឱកាសមាសឱកាសប្រាក់នាពេលអនាគត។ បន្ថែមពីនេះទៀត Morgan Stanley បានប្រមើលឃើញពីសន្ទស្សន៍លូតលាស់ដែលអាចជាឱកាសជំរុញអាមេរិកនាំមុខចូលទីផ្សារពិភពលោកឱ្យបានមុនគេដើម្បីទទួលបាន First Mover Advantage។ នៅខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន Valero Energy របស់ Howard Smith ដែលជាក្រុមហ៊ុនឥន្ធនៈធំមួយក្នុងចំណោមក្រុមហ៊ុនប្រេងធំៗនៅអាមេរិកបានវិនិយោគជាមួយនឹង Darling Ingredients ដែលជាក្រុមហ៊ុនចំណីអាហារនៅលូស៊ីអាណា (Louisiana) លើគម្រោង Diamond Green Diesel។ Diamond Green Diesel គឺផ្តោតសំខាន់លើផលិតកម្ម Renewable diesel ហើយក្នុងឆមាសដំបូងនៃឆ្នាំ២០២០ ក្រុមហ៊ុនទទួលបានកំណើនចំណូល ៨០% ពីវិស័យមួយនេះ គិតជាទឹកប្រាក់ប្រមាណ ៣២៧,៥ លានដុល្លារអាមេរិក។ នៅឯប៉ែកសហគមន៍អឺរ៉ុបវិញ ក៏មានកំណើតឧស្សាហកម្មដូចគ្នានេះនៅបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសអាឡឺម៉ង់ អ៊ីតាលី បារាំង អូស្ត្រៀ និងស៊ុយអែត។ បើយើងក្រឡេកទៅមើលទីផ្សារពិភពលោកពេលថ្មីៗនេះវិញ ភ្នាក់ងារវាយតម្លៃឥណទានអាមេរិកធំជាងគេ S&P Global Ratings បានចុះបញ្ជីតម្លៃប្រេងឥន្ធនៈធើ្វពីបន្លែ Hydrotreated vegetable oil (HVO) របស់សហគមន៍អឺរ៉ុប។ ទោះជាពុំទាន់មានសន្ទស្សន៍ខ្ពស់ក្នុងទីផ្សារបើធៀបនឹងទីផ្សារប្រេងកាតធម្មតា ប៉ុន្តែមិនមែនមានន័យថាគ្មានកំណើនទេ ព្រោះនៅក្នុងការសិក្សាទីផ្សារសេរី វាត្រូវការរយៈពេលសមស្របមួយដើម្បីឱ្យឧស្សាហកម្មថ្មីអាចឈរជើងនឹងនរក្នុងទីផ្សារពិភពលោក (Time for new industry to mature)។

តើការកែច្នៃឌីយេហ្សែលនេះអាចនឹងផ្តល់ផលអ្វីខ្លះដល់ឧស្សាហកម្មប្រេងរបស់អាមេរិក?

មានក្រុមហ៊ុនប្រេងជាច្រើនដែលមានការព្រួយបារម្ភចំពោះកំណើតឧស្សាហកម្មនេះដោយគិតថាវិស័យនេះអាចនឹងដណ្តើមយកទីផ្សារពីពួកគេ។ ក្នុងនោះមានក្រុមហ៊ុនមួយចំនួនបានងាកទៅវិនិយោគលើវិស័យថាមពលកកើតឡើងវិញបន្ថែមពីលើអាជីវកម្មប្រេងរបស់គេដែរ។ បន្ទាប់ពីការឈ្នះឆ្នោតរបស់លោក ចូ បៃដិន (Joe Biden) អាមេរិកមានគោលបំណងក្នុងការពង្រឹងវិស័យថាមពលកកើតឡើងវិញនេះបន្ថែមទៀត។ តាមការចេញផ្សាយរបស់ភ្នាក់ងារស្រាវជ្រាវផ្នែកថាមពល S&P Global Platts ថាមានការរំពឹងថានឹងអាចមានកំណើនផលិតកម្មនៅអាមេរិកដល់ ៣,៨ លាន gallons ស្មើនឹង ០,១ លានបារ៉ែល ឬស្មើនឹង ៥% នៃផលិតកម្មទាំងមូលនៅឆ្នាំ២០២៥។ ជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិកនៅតែមានសុទិដ្ឋិនិយមចំពោះការវិវឌ្ឍសន្សឹមៗមួយនេះ ហើយថែមទាំងមានឧបត្ថម្ភធនដល់រាល់ផលិតកម្មនិងការស្រាវជ្រាវបន្ថែមទៀតក្រោមការជ្រោមជ្រែងពីការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍន៍អាមេរិក (Office of Research and Development)។

សរុបមកការផ្លាស់ប្តូរមកធ្វើការអភិវឌ្ឍប្រកបដោយចីរភាពត្រូវបានក្លាយជាគោលការណ៍របស់ប្រទេសជាច្រើនក្នុងពិភពលោក ក៏ដូចជាសហរដ្ឋអាមេរិកសព្វថ្ងៃដើម្បីការពារនូវធនធានដែលងាយបាត់បង់និងកិច្ចការពារបរិស្ថាន។ ក្រៅអំពីនេះ អាមេរិកក៏កំពុងស្វែងរកឱកាសក្នុងការជ្រៀតចូលក្នុងទីផ្សារពិភពលោកម្តងបន្តិចៗជាមួយប្រទេសផ្សេងៗទៀត។ ដូចនេះ វានៅមិនអាចប៉ាន់ស្មានបាននៅឡើយថាយុទ្ធសាស្ត្រចាប់់ផ្ដើមមុនគេរបស់អាមេរិក (First Mover Advantage) នឹងអាចទទួលបានប្រយោជន៍នៅឡើយទេ ប៉ុន្តែវាជាការផ្លាស់ប្ដូវដ៏សំខាន់មួយក្នុងការឈានទៅអភិវឌ្ឍឧស្សាហកម្មបែបថ្មីនិងប្រកបដោយនិរន្តរភាព៕ #កម្មវិធី_ថង់ប្រាជ្ញា

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទចែករំលែកដោយ៖ កញ្ញា ស្រង់ ខាដាណេ
រូបគំនូរដោយ៖ កញ្ញា ហេង លីពណ្ណរាយ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ