"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើចិននឹងឈរជំហរបែបណាលើករណីវិវាទ រុស្ស៊ី-អ៊ុយក្រែន?

វិបត្តិអ៊ុយក្រែននិងរុស្ស៊ីជាបញ្ហាដែលមានឬសគល់ស្មុកស្មាញតាំងពីប្រវត្តិសាស្ត្រ ហើយមិនមែនជាបញ្ហាដែលពាក់ព័ន្ធត្រឹមតែគូភាគីទាំងពីរនោះទេ ប៉ុន្តែវាត្រូវបានលូកដៃចូលពីមហាអំណាចអាមេរិក មហាអំណាចចិន សហភាពអ៊ឺរ៉ុប និងអង់គ្លេសផងដែរ ដែលជាហេតុធ្វើឱ្យសង្គ្រាមលោកងាយនឹងផ្ទុះឡើងប្រសិនបើមានការថ្លោះធ្លោយណាមួយកើតឡើង។ ព្រឹត្តិការណ៍ចុងក្រោយនៃជម្លោះនេះគឺរុស្ស៊ីបាននឹងកំពុងចេញប្រតិបត្តិការកងកម្លាំងយោធារបស់ខ្លួន ចូលឈ្លានពានអ៊ុយក្រែនជាផ្លូវការ ដោយបានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុងសំខាន់ៗមួយចំនួន។ រីឯលោកខាងលិចវិញ ជាពិសេសសហរដ្ឋអាមេរិក លោកប្រធានាធិបតី ចូ បៃដិន បានកោះប្រជុំសមាជិកក្រុមប្រទេសទាំង៧ G7 និងសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីដាក់ទណ្ឌកម្មឱ្យកាន់តែធ្ងន់មួយកម្រិតទៀតទៅលើរុស្ស៊ី។ ប្រតិកម្មពីសំណាក់គ្រប់បណ្ដាប្រទេសលើពិភពលោកទាំងអស់ក៏មិនខុសគ្នាប៉ុន្មានទេ គឺបានថ្កោលទោសចំពោះទង្វើរបស់រុស្ស៊ី ហើយសូម្បីតែលោកអង់តូនីញ៉ូ ហ្គូទែរស៍ ប្រមុខអង្គការពិភពលោកក៏បានអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់ប្រតិកម្មសឹកលើអ៊ុយក្រែនជាបន្ទាន់ផងដែរ។ ដោយឡែក ចំពោះលោកប្រធានាធិបតី វ្លាដឺមៀរ ពូទីន វិញ បែរជាលើកឡើងថាខ្លួនគ្មានបំណងគ្រប់គ្រងដែនដីអ៊ុយក្រែននោះទេ ផ្ទុយទៅវិញ រុស្ស៊ីគ្រាន់តែចង់ដកគ្រឿងសព្វាវុធពីអ៊ុយក្រែន (demilitarization of Ukraine) និងលាងជំរះផ្នត់គំនិតបែបណាហ្ស៊ីនៅអ៊ុយក្រែន (denazification of Ukraine) និងចាប់យកអ្នកទទួលខុសត្រូវយកទៅកាត់ទោសចំពោះអំពើឧក្រិដ្ឋដែលបានធ្វើទៅលើប្រជាពលរដ្ឋស្លូតត្រង់ ដោយក្នុងនោះមានប្រជាជនរុស្ស៊ីផងដែរ។

ទំនាក់ទំនងចិននិងរុស្ស៊ី

សហភាពសូវៀតបានទទួលស្គាល់ប្រទេសចិននៅមួយថ្ងៃបន្ទាប់ពីលោក ម៉ៅ សេទុង ប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩។ ចិន និងសហភាពសូវៀតបានបន្តទំនាក់ទំនងល្អនឹងគ្នាអស់រយៈពេលជិត២០ឆ្នាំ ជាពិសេសភាគីទាំងពីរចាប់ដៃគ្នាគាំទ្រកូរ៉េខាងជើងក្នុងការធ្វើសង្គ្រាមជាមួយកូរ៉េខាងត្បូងដែលមានជំនួយពីសហរដ្ឋអាមេរិក។ នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ទំនាក់ទំនងរវាងភាគីទាំងពីបានធ្លាក់ចុះ រហូតដល់សង្គ្រាមព្រំដែនបានផ្ទុះឡើងក្នុងឆ្នាំ១៩៦៩ ដោយសារតែការមិនទុកចិត្តគ្នាទៅវិញទៅមក ប៉ុន្តែមិនយូប៉ុន្មាន ស្ថានភាពក៏បានធូស្រាលឡើងវិញ។ នៅទសវត្សរ៍ឆ្នាំ១៩៨០ មហាអំណាចទាំងពីរបានចាប់ផ្ដើមកិច្ចសន្ទនា និងសម្របសម្រួលទំនាក់ទំនងគ្នាឡើងវិញ ហើយមេដឹកនាំមហាអំណាចកុម្មុយនីស្ដទាំងពីរនេះក៏បានធ្វើទស្សនកិច្ចគ្នាទៅវិញទៅមកផងដែរ។ បើទោះបីជាមានការព្រមព្រៀងបញ្ឈប់ការតម្រង់ចុងកាំភ្លើងដាក់គ្នា ក៏ទំនាក់ទំនងរវាងភាគីទាំងពីរមិនសូវជារលូនប៉ុន្មាននោះទេ ដោយសារតែពួកគេសម្លឹងឃើញតែផលប្រយោជន៍សេដ្ឋកិច្ច និងចង់បង្កើនឥទ្ធិពលភូមិសាស្ត្រនយោបាយរៀងៗខ្លួន។ ទោះជាយ៉ាងណា ចាប់តាំងពីរុស្ស៊ីត្រូវបានដាក់ឱ្យនៅឯកាម្នាក់ឯង និងទណ្ឌកម្មពីលោកខាងលិចនៅឆ្នាំ២០១៤មក ចិនបានក្លាយជាសម្ព័ន្ធមិត្ត និងជាស្ពានសេដ្ឋកិច្ចសម្រាប់រុស្ស៊ីមិនអាចខ្វះបាន។

ជាក់ស្ដែង កាលពីថ្ងៃទី០៤ កុម្ភៈ ឆ្នាំ២០២២ លោក ពូទីន បានទៅទស្សនកិច្ចនៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ហើយក្នុងដំណើរនោះផងដែរ បានធ្វើឱ្យអ្នកតាមដានព្រឹត្តិការណ៍ពិភពលោកចាប់អារម្មណ៍ជាខ្លាំង។ ក្នុងដំណើរទស្សនកិច្ចនោះទៀតសោត ហាក់បីដូចជាការរុស្ស៊ីកំពុងស្វែងរកមិត្តគាំទ្រ ឬស្វែងរកផ្លូវក្រោយទុកឱ្យហើយ មុនចេញប្រតិបត្តិការឈ្លានពានអ៊ុយក្រែន។ ជាក់ស្ដែង បើយោងតាមសេចក្តីថ្លែងការណ៍រួមនៅក្នុងថ្ងៃនោះ លោក ស៊ី ជីនពីង និងលោកពូទីន បានប្រកាសថាប្រឆាំងដាច់ខាតចំពោះការពង្រីកបន្ថែមសមាជិកនៃអង្គការណាតូ NATO ដែលនេះបានបង្ហាញពីជំហររបស់ចិនថាខ្លួននៅខាងរុស្ស៊ីក្នុងសំណុំរឿងអ៊ុយក្រែន ប៉ុន្តែទោះជាយ៉ាងណា ចិនហាក់មិនគាំទ្ររុស្ស៊ីក្នុងការប្រើកម្លាំងបាយ ឈ្លានពានអ៊ុយក្រែននោះទេ ហើយខ្លួនជំរុញឱ្យមានការចរចាដោយសន្តិវិធីជានិច្ច។

ទំនាក់ទំនងចិននិងអ៊ុយក្រែន

ជារឿងដែលគេមិនសូវលើកឡើងមកនិយាយគឺ ទំនាក់ទំនងរវាងចិននិងអ៊ុយក្រែន។ ក្រោយសហភាពសូវៀតដួលរលំនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ១៩៩១ អ៊ុយក្រែននិងរដ្ឋចំនួន១៤ផ្សេងទៀតបានទទួលឯករាជ្យ ហើយ១ឆ្នាំបន្ទាប់មកទៀតគឺនៅឆ្នាំ១៩៩២ អ៊ុយក្រែនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយចិន។ ទំនាក់ទំនងរបស់ភាគីទាំងពីរមានភាពល្អប្រសើរ និងមិនសូវជាមានភាពរកាំរកូសអ្វីនោះទេ។ នៅឆ្នាំ២០១៣ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីអ៊ុយក្រែន បានបើកឱកាសឱ្យភាគីទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងព្រមព្រៀងលើកម្មវិធីអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ ផងដែរ ដែលនេះអាចជាមូលហេតុមួយដែលប្រទេសចិនមិនទទួលស្គាល់ការឈ្លានពានយកទឹកដីគ្រីមេរបស់រុស្ស៊ីនៅឆ្នាំ២០១៤។ ដោយឡែក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីមានចំនួនប្រមាណ ១៤ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៩ ដែលចំនួននេះតូចជាងទំហំពាណិជ្ជកម្មរវាងចិននិងរុស្ស៊ីរហូតដល់ទៅជាង១០ដង នេះបើយោងតាមរបាយការណ៍របស់ OECD។

ជំហររបស់ចិនក្នុងវិបត្តិអ៊ុយក្រែននិងរុស្ស៊ី

ជំហរកណ្ដាលរបស់ចិននៅពេលនេះគឺ មិនគាំទ្ររុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែននោះទេ ប៉ុន្តែខ្លួនហាក់បីដូចជាមើលឃើញឱកាសដ៏ល្អពីវិបត្តិមួយនេះ ព្រោះវាជាការពិសោធមួយឱ្យដឹងមុនថា តើបច្ចិមលោកអាចធ្វើអ្វីរុស្ស៊ីបានជុំវិញវិបត្តិអ៊ុយក្រែន ដែលអាចជាមេរៀនសម្រាប់ចិន ថាតើបច្ចិមលោកអាចធ្វើអ្វីចិនបានប្រសិនបើចិនឈ្លានពានកោះតៃវ៉ាន់។ ទោះជាយ៉ាងណា ចិនបានបដិសេធមិនឱ្យប្រដូចតៃវ៉ាន់ទៅនឹងស្ថានការណ៍អ៊ុយក្រែននោះទេ។ ម៉្យាងវិញទៀត ចិនក៏បានធ្វើការចោទប្រកាន់សហរដ្ឋអាមេរិក ថាជាអ្នកអុចអាលឱ្យវិបត្តិនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ។ លើសពីនេះទៀត ចិនក៏ហាក់មិនបានគាំទ្រការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី ដែលការណ៍នេះអាចបង្ហាញអំពីភាពភ័យខ្លាចរបស់ចិន ព្រោះមានក្រុមហ៊ុនចិនជាច្រើនកំពុងមានវត្តមាននៅប្រទេសរុស្ស៊ី ឬធ្វើសកម្មភាពជំនួញជាមួយរុស្ស៊ី។ ឧទាហរណ៍ កាលពីឆ្នាំ២០២០ សហរដ្ឋអាមេរិកបានចុះបញ្ជីក្រុមហ៊ុនចិននិងរុស្ស៊ីចំនួន ១០៣ក្រុមហ៊ុន ដែលមានទំនាក់ទំនងជាមួយយោធា។ ទោះជាយ៉ាងណា មិនខុសអ្វីពីសង្គ្រាមពាណិជ្ជកម្មអាមេរិកនិងចិនកាលពីឆ្នាំ២០១៨ នោះទេ ចិនហាក់មានឱកាសទទួលបានផលប្រយោជន៍ច្រើនជាងសហរដ្ឋអាមេរិកពីជម្លោះសង្គ្រាមមួយនេះដោយគ្រាន់តែឱបដៃឈរមើល មិនសស្រាក់សស្រាំដូចសហរដ្ឋអាមេរិកនោះទេ។

ទណ្ឌកម្មសេដ្ឋកិច្ចនៅឆ្នាំ២០១៤

កាលពីឆ្នាំ២០១៤ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបបានដាក់ទណ្ឌកម្មលើរុស្ស៊ីដើម្បីឆ្លើយតបទៅនឹងរុស្ស៊ីដែលបានរឹបអូសតំបន់គ្រីមេដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន។ ទណ្ឌកម្មសេដ្ឋកិច្ចនោះរួមមាន ទីមួយ ហាមក្រុមហ៊ុនមិនឱ្យធ្វើអាជីវកម្មនៅតំបន់គ្រីមេ ទី២ ការដាក់កំហិតលើក្រុមហ៊ុនរុស្ស៊ីធំៗដូចជា Rosneft និង Sberbank ពីការចូលទៅកាន់ទីផ្សារលោកខាងលិច ទី៣ ការកំណត់ចំនួនដឹកជញ្ជូននៃបច្ចេកវិទ្យាខួងយកប្រេង និងឧស្ម័នទៅកាន់ប្រទេសរុស្ស៊ី និងទី៤ ការរឹតបន្តឹងការត្រួតពិនិត្យលើការនាំចេញទៅកាន់ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធជាមួយយោធា។ បើយើងមើលជំហររបស់ចិនកាលពីឆ្នាំ២០១៤ ចិនអាចនៅកណ្ដាលមិនគាំទ្រភាគីម្ខាងណាបានព្រោះតែកាលនោះការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចទៅលើរុស្ស៊ីគឺមិនបានប៉ះពាល់ផលប្រយោជន៍ចិនច្រើននោះទេ ព្រោះទំហំសេដ្ឋកិច្ចចិនមិនទាន់ធំសម្បើមនៅឡើយ។ ប៉ុន្តែ បើទោះបីជាចិនអាចទទួលបានផលប្រយោជន៍ពីវិបត្តិអ៊ុយក្រែនមួយចំនួន ក៏ទណ្ឌកម្មពីសំណាក់បណ្ដាប្រទេសលោកខាងលិចលើកនេះ អាចប៉ះពាល់ដល់ផលប្រយោជន៍ចិនខ្លាំង ព្រោះទំហំពាណិជ្ជកម្មរវាងចិននិងរុស្ស៊ីបានកើនឡើងពីប្រមាណជិត ១០០ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៤ ដល់ប្រមាណ ១៤៦,៨៨ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២១ នេះបើយោងតាម TASS Russian News Agency។

តើសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប អង់គ្លេស និងបណ្ដាប្រទេសសេដ្ឋកិច្ចធំៗដទៃទៀតបានដាក់ទណ្ឌកម្មអ្វីខ្លះលើរុស្ស៊ី?

ទីមួយ ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុដោយហាមមិនឱ្យរុស្ស៊ីអាចប្ដូររូបិយប័ណ្ណរុស្ស៊ីជាមួយធនាគារអន្តរជាតិផ្សេងៗ គឺផ្ដាច់ចេញពីប្រព័ន្ធ SWIFT ដែលជាឆ្អឹងខ្នងនៃបណ្តាញផ្ទេរប្រាក់អន្តរជាតិ ហើយអាមេរិកក៏ធ្លាប់បានប្រើប្រាស់ប្រព័ន្ធ SWIFT ដើម្បីដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់រួចមកហើយដែរ។ ទីពីរ ការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនយក្សធំៗរបស់រុស្ស៊ីដោយផ្ទាល់តែម្ដង ហើយយុទ្ធសាស្ត្រនេះអាចមានប្រសិទ្ធភាពខ្ពស់ ដោយសារតែសហរដ្ឋអាមេរិកធ្លាប់បានដាក់ទណ្ឌកម្មជោគជ័យទៅលើក្រុមហ៊ុនផលិតអាលុយមីញ៉ូមរបស់រុស្ស៊ីដ៏ធំមួយឈ្មោះថា United Company RUSAL រួចមកហើយកាលពីឆ្នាំ២០១៨។ ទីបី ទណ្ឌកម្មទៅលើការត្រួតពិនិត្យទំនិញនាំចេញ ដែលមានន័យថារុស្ស៊ីនឹងមិនអាចនាំចេញនូវទំនិញសំខាន់ផ្សេងៗដូចជាទូរស័ព្ទចល័ត និងគ្រឿងបរិក្ខារដទៃទៀតរួមមានបំណែកនៃយន្តហោះជាដើម។ ទីបួន ទណ្ឌកម្មទៅលើធនាគាររបស់រុស្ស៊ីធំៗ ដោយហាមឃាត់មិនឱ្យប្រតិបត្តិការនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងបុគ្គលកំពូលៗនៃមេដឹកនាំរុស្ស៊ីផងដែរ។

សំណួរដ៏សំខាន់មួយដែលត្រូវបានលើកឡើងថា តើហេតុអ្វីបច្ចិមលោក ជាពិសេសសហរដ្ឋអាមេរិកមិនដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិលោកពូទីន? បើយោងតាម The Washington Post គេអាចសន្និដ្ឋានបានថា ទីមួយ ប្រសិនបើទ្រព្យសម្បត្តិរបស់លោកពូទីនត្រូវបានបង្កក នោះសង្គ្រាមនុយក្លេអ៊ែទ្រង់ទ្រាយអំអាចនឹងផ្ទុះឡើង ព្រោះតែចរិតលក្ខណៈរបស់លោកពូទីន គឺផ្ដាច់ការ មុះមុត ហ៊ានធ្វើនូវរឿងដែលគេនឹកស្មានមិនដល់។ ទីពីរ វាពិតជាពិបាកស្រាវជ្រាវរកឃើញទីកន្លែងនៃទ្រព្យសម្បត្តិទាំងអស់របស់លោកពូទីនខ្លាំងណាស់ ព្រោះមេដឹកនាំម្នាក់នេះហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេចហើយ មុននឹងខ្លួនសម្រេចឈ្លានពានអ៊ុយក្រែន ពោលគឺត្រៀមខ្លួនទាំងទ្រព្យសម្បត្តិរបស់ខ្លួន ទាំងផ្លូវក្រោយសម្រាប់ដើរ (ទំនាក់ទំនងជាមួយចិន) ទាំងធនធានផ្សេងៗក្នុងប្រទេសដើម្បីទ្រទ្រង់សេដ្ឋកិច្ចពេលត្រូវបានបច្ចិមប្រទេសដាក់ទណ្ឌកម្ម។

ហេតុអ្វីការដាក់ទណ្ឌកម្មជាសន្លឹកបៀសំខាន់របស់លោកខាងលិច?

បើយើងក្រឡេកមើលប្រវិត្តិសាស្ត្រ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ក៏ធ្លាប់ប្រើប្រាស់សន្លឹកបៀទណ្ឌកម្មសេដ្ឋកិច្ចរួចមកហើយទៅលើប្រទេសដែលមានទំហំសេដ្ឋកិច្ចតូចដូចជា អ៊ីរ៉ង់ និង កូរ៉េខាងជើង ក៏ប៉ុន្តែ ការប្រើប្រាស់សន្លឹកបៀនេះជាមួយរុស្ស៊ីវិញ ប្រាកដណាស់ លទ្ធផលនឹងគួរឱ្យតក់ស្លុតខ្លាំង ព្រោះតែទំហំសេដ្ឋកិច្ចរបស់រុស្ស៊ីបានចាក់ស្រេះចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកយ៉ាងជ្រៅ។ គ្រាន់តែមើលទៅលើទំហំផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ី យើងឃើញថាមានរហូតដល់ទៅប្រមាណ ១,៧ទ្រីលានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ៥ក្នុងចំណោមបណ្ដាប្រទេសនៅទ្វីអ៊ឺរ៉ុប និងលេខ១១នៅលើពិភពលោក។ ជាក់ស្ដែង ពិភពលោកក៏ធ្លាប់ជួបរឿងស្រដៀងគ្នានេះរួចមកហើយ គឺកាលពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសជប៉ុនកាលពីអំឡុងឆ្នាំ១៩៤១ នៅពេលដែលជប៉ុនបានបន្តឈ្លានពានប្រទេសជិតខាងក្រោមមហិច្ឆតាអនុត្តរភាពរបស់ខ្លួន។

តើការជោគជ័យ ឬបរាជ័យនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី មានអត្ថន័យដូចម្ដេចចំពោះចិន?

ពិតមែនហើយ ចិនជាដៃគូប្រកួតប្រជែងសេដ្ឋកិច្ចដ៏ធំជាងគេបំផុតរបស់សហរដ្ឋអាមេរិក ហើយប្រសិនបើទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីអាចទទួលបានលទ្ធផលវិជ្ជមាននោះ សហរដ្ឋអាមេរិកក៏អាចនឹងមានសង្ឃឹមក្នុងការបបួលបណ្ដាប្រទេសនៅអ៊ឺរ៉ុបមួយចំនួនដើម្បីយកសន្លឹកបៀទណ្ឌកម្មសេដ្ឋកិច្ចមួយនេះ មកលេងជាមួយចិននៅក្នុងតំបន់ឧបទ្វីបអាស៊ីផងដែរ ជាក់ស្ដែង គឺជុំវិញបញ្ហាអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ដែលតំបន់ទាំងអស់នេះសុទ្ធសឹងតែជាតំបន់កំពុងមានជម្លោះជាមួយសម្ព័ន្ធមិត្តរបស់អាមេរិករួមមានជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ហ្វ៊ីលីពីន និងឥណ្ឌូនេស៊ីជាដើម។
សរុបសេចក្ដីមក ថ្វីត្បិតអ៊ុយក្រែនមិនសូវមានប្រយោជន៍សេដ្ឋកិច្ចធំចំពោះចិនដូចរុស្ស៊ីក្ដី ចិនក៏នៅប្រកាន់ជំហរកណ្ដាល មិនប្រកាសគាំទ្រភាគីម្ខាងណាមួយជាផ្លូវការនោះទេ ព្រោះចិនអាចគិតថាខ្លួនមិនចង់បង្កើតសត្រូវច្រើន ណាមួយ អ៊ុយក្រែនជាទឹកដីជាប់នឹងទ្វីបអ៊ឺរ៉ុប ហើយអ៊ឺរ៉ុបទៀតសោតក៏តែងតែហួងហែងចំពោះអ៊ុយក្រែនខ្លាំងណាស់។ ប្រសិនបើចិនកាន់ជើងរុស្ស៊ីយ៉ាងដាច់អហង្កាក្នុងវិបតិ្តអ៊ុយក្រែន នោះចិនប្រៀបដូចជាកំពុងបង្កើតសត្រូវសឹងតែមួយទ្វីបអ៊ឺរ៉ុប។ ដោយឡែក ខណៈដែលពិភពលោកកំពុងផ្ដោតលើបញ្ហានៅអ៊ុយក្រែន ចិនឯណេះវិញបានឆ្លៀតឱកាសបញ្ជូនយន្តហោះចម្បាំងចំនួន៩គ្រឿងហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។ ទោះជាយ៉ាងណា ស្ថានការណ៍ដ៏ក្ដៅគគុកនេះអាចនឹងមានការប្រែប្រួល និងផ្លាស់ប្ដូរទៅរកភាពធូស្រាល ឬកាន់តែធ្ងន់ធ្ងរយ៉ាងណានោះ យើងនឹងបន្តតាមដានទាំងអស់គ្នា។

តើ NATO និង Warsaw Pact ជានរណា?

តាំងពីសង្រ្គាមលោកលើកទីពីរ នយោបាយនៅទ្វីបអឺរ៉ុបត្រូវបានបែងចែកជាពីរ មួយផ្នែកឆ្ពោះទៅរកលទ្ធិសេរីនៃសហរដ្ឋអាមេរិក និងមួយផ្នែកទៀតស្ថិតនៅក្រោមការដឹកនាំកុម្មុយនីស្តរបស់សហភាពសូវៀត។ ការបែងចែកនេះហាក់ធ្វើឱ្យមានភាពប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតក្នុងការពង្រឹងអំណាចរបស់ខ្លួន។ ហេតុដូចនេះទើបធ្វើឱ្យមានការបង្កើតនូវអង្គការសន្ធិសញ្ញាចំនួនពីរ គឺអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងដោយសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាវ៉ាសូវីដោយសហភាពសូវៀត។

អ្វីទៅជាNATO និង Warsaw Pact?

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ត្រូវបានគេហៅថា “សម្ព័ន្ធអាត្លង់ទិកខាងជើង” ដែលជាទូទៅវាត្រូវបានគេហៅកាត់ជាភាសាបារាំងថា “អូតង់ (OTAN)” ឬ តាមភាសាអង់គ្លេសថា “ណាតូ (NATO)”។ ណាតូ ឬ អូតង់ គឺជាបក្សសម្ព័ន្ធយោធាមួយ ដែលត្រូវបានបង្កើតឡើង តាមរយៈសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ គេតែងហៅម្យ៉ាងទៀតថា សន្ធិសញ្ញាក្រុងវ៉ាស៊ីនតោន ដែលបានចុះហត្ថលេខានាថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៤៩ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដោយមានប្រទេសចំនួន ១២ បានចុះហត្ថលេខា រួមមានដូចជា ប្រទេស បែលហ្ស៊ិក ចក្រភពអង់គ្លេស កាណាដា ដាណឺម៉ាក បារាំង អ៊ីស្លង់ អ៊ីតាលី លុចសំបួ ហូឡង់ ន័រវែស ព័រទុយហ្កាល់ និងសហរដ្ឋអាមេរិក។ នៅឆ្នាំ១៩៤៩ សហរដ្ឋអាមេរិកបានផ្តួចផ្តើមបង្កើតប្លុកយោធាណាតូ (អង្គការសម្ព័ន្ធអាត្លង់ទិកខាងជើង) ដោយលើកឡើងពីតម្រូវការដើម្បី “ប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរបស់សូវៀត” ដោយមើលឃើញពីការព្រួយបារម្ភជាទូទៅអំពីការរីករាលដាលនៃលទ្ធិកុម្មុយនីស្តនៅទ្វីបអឺរ៉ុបក្នុងកំឡុងពេលសង្គ្រាមត្រជាក់ ដោយផ្អែកទៅលើ ការគាំទ្រផ្នែកយោធាទៅវិញទៅមកដល់ប្រទេសជាសមាជិកក្នុងករណីមានការឈ្លានពានណាមួយ ហើយណាតូ បានធ្វើបតិដ្ឋាប័នលើប្រព័ន្ធការពាររួមគ្នា ដែលមានន័យថា រដ្ឋជាសមាជិកទាំងអស់ត្រូវធ្វើអន្តរាគមន៍ការពារគ្នាទៅវិញទៅមកតាមដែលអាចធ្វើបាន នៅពេលដែលមានការវាយប្រហារណាមួយពីសំណាក់ភាគីខាងក្រៅ។

ចំណែកឯអង្គការសន្ធិសញ្ញាវ៉ាសូវី មានឈ្មោះជាផ្លូវការថា “សន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមក”( Warsaw Treaty of Friendship, Cooperation, and Mutual Assistance) ឬត្រូវបានគេស្គាល់ជាទូទៅថា កតិកាសញ្ញាវ៉ាសូវី(Warsaw Pact)។ កតិកាសញ្ញាវ៉ាសូវីគឺជាសន្ធិសញ្ញាការពារជាតិទៅវិញទៅមក ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៥៥ នៅក្នុងទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ រវាង សហភាពសូវៀត និងសាធារណរដ្ឋសង្គមនិយមទិសបូព៌ាចំនួនប្រាំពីរទៀតនៅអឺរ៉ុបកណ្តាលនិងខាងកើត រួមមានដូចជា អាល់បានី ប៊ុលហ្គារី ឆេកូស្លូវ៉ាគី អាល្លឺម៉ង់ខាងកើត ហុងគ្រី ប៉ូឡូញ និងរូម៉ានី។ នៅឆ្នាំ១៩៥៥ ប្រទេសអាល្លឺម៉ង់ខាងលិចបានចូលរួមជាមួយ”សម្ព័ន្ធអាត្លង់ទិកខាងជើង” ដែលធ្វើឱ្យសហភាពសូវៀតមានការព្រួយបារម្ភចំពោះការពង្រឹងអំណាចនិងគាំទ្ររបស់អង្គការណាតូចំពោះអាល្លឺម៉ង់ខាងលិច ទើបនៅឆ្នាំដដែលសហភាពសូវៀតរួមជាមួយប្រទេសជាសមាជិកផ្សេងទៀតរួមគ្នាបង្កើត អង្គការសន្ធិសញ្ញាវ៉ាសូវីឡើងដោយសង្ឃឹមថាអាចនឹងទប់ទល់ជាមួយអាល្លឺម៉ង់ខាងលិចបាន ព្រមទាំងអាចចរចាដោយស្មើភាពជាមួយ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង។

តើ NATO and Warsaw Pactមានគោលដៅអ្វី?

ចំណុចស្នូលនៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ) គឺមាត្រា៥ ដែលធានាសន្តិសុខសមូហភាព ដែលបានចែងថា “ភាគីជាសមាជិកត្រូវយល់ស្របថា ការវាយប្រហារដោយប្រដាប់អាវុធប្រឆាំងមកលើប្រទេសជាសមាជិកមួយ ឬច្រើននៅអឺរ៉ុប ឬនៅអាមេរិកខាងជើង នឹងត្រូវចាត់ទុកថាជាការវាយប្រហារប្រឆាំងនឹងប្រទេសជាសមាជិកពួកគេទាំងអស់។ មាត្រានេះ តម្រូវឲ្យក្រុមសមាជិកផ្សេងទៀតឯកភាពចាត់វិធានការនៅពេលណាដែលខ្លួនចាត់ទុកថា ចាំបាច់នៅក្នុងនោះមានការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។ មាត្រានេះបានអនុលោមស្របទៅតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលបានលើកឡើងថា ប្រសិនបើមានការវាយប្រហារប្រដាប់អាវុធបែបណាមួយមកលើសមាជិក ពួកគេម្នាក់ៗអាចមានសិទ្ធិអនុវត្តសិទ្ធិបុគ្គល ឬសិទ្ធិស្វ័យការពារជាសមូហភាព និងព្រមទាំងអាចជួយភាគីដែលរងការវាយប្រហារដោយការចាត់វិធានការភ្លាមៗ “។ ជារួមមក គោលដៅសំខាន់របស់ណាតូគឺដើម្បីធានានូវសេរីភាពនិងសន្តិសុខរបស់សមាជិកទាំងអស់របស់ខ្លួននៅអឺរ៉ុបនិងអាមេរិកខាងជើង ដោយអនុញ្ញាតឱ្យមានការពិគ្រោះយោបល់និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនិងសន្តិសុខនៃប្រទេសជាសមាជិកនិងការប្រតិបត្តិរួមគ្នានៃប្រតិបត្តិការគ្រប់គ្រងវិបត្តិពហុជាតិ។ ដើម្បីដោះស្រាយរាល់បញ្ហាដែលគំរាមកំហែងសន្តិសុខរបស់រដ្ឋជាសមាជិក ណាតូនឹងប្រើវិធីដោះស្រាយដោយសន្តិវិធីតាមរយៈមធ្យោបាយការទូត និងអនុវត្តន៍អំណាចយោធារបស់ខ្លួនបើចាំបាច់ស្របទៅតាមស្ថានភាព ។

រីឯសន្ធិសញ្ញាវ៉ាសូវី មានគោលដៅក្នុងការបង្រួបបង្រួមកងកម្លាំងយោធា និងពង្រឹងការគ្រប់គ្រងរបស់សហភាពសូវៀតទៅលើប្រទេសដែលជាសមាជិកផ្សេងទៀត។ សន្ធិសញ្ញាវ៉ាសូវីបានបំពេញបន្ថែមផ្នែកយោធាទៅដល់ក្រុមប្រឹក្សាជំនួយសេដ្ឋកិច្ច(CoMEcon)ដែលជាអង្គការសេដ្ឋកិច្ចក្នុងតំបន់សម្រាប់រដ្ឋកុម្មុយនីស្តនៃអឺរ៉ុបកណ្តាលនិងខាងកើត ។ កងកម្លាំងយោធារបស់ អង្គការសន្ធិសញ្ញាវ៉ាសូវីបានប្រើប្រាស់ជាទូទៅសម្រាប់គ្រប់គ្រងកុម្មុយនីស្តនៅក្នុងប្លុកបូព៌ា។ ចំណុចស្នូលនៃកតិកាសញ្ញានេះគឺ ការចូលរួមជួយអន្តរាគមន៍ពីរដ្ឋជាសមាជិក ប្រសិនបើប្រទេសមួយ ហាក់ដូចជាកំពុងតែបំពានលើគំនិតស្នូល និងមុខងាររបស់បក្សកុម្មុយនីស្តដែលមានចែងយ៉ាងច្បាស់ក្នុងគោលលទ្ធិBrezhnev ។ ម្យ៉ាងទៀតកតិកាសញ្ញានេះក៏មាននាទីជាគន្លឹះមួយដើម្បីបង្កើនការចរចាររបស់សហភាពសូវៀតក្នុងទំនាក់ទំនងអន្តរជាតិផងដែរ។ ទោះបីជាមានសមូហភាពនៃគំនិតក៏ដោយ ក៏សហភាពសូវៀតបានដើរតួនាទីធំជាងគេនៅក្នុងការសម្រេចចិត្តនៅក្នុងកតិកាសញ្ញានេះ។ សហភាពសូវៀតបានប្រើប្រាស់កតិកាសញ្ញានេះ ក្នុងការអំពាវនាវកងកម្លាំងយោធា ដើម្បីទប់ស្កាត់ប្រទេសណាដែលមិនពេញចិត្តនឹងការគ្រប់គ្រងរបស់ខ្លួន។ នៅឆ្នាំ១៩៥៦ប្រទេសហុងគ្រីបានដកខ្លួនចេញពីកតិកាសញ្ញាវ៉ាសូវីនេះបន្ទាប់ពីមានការធ្វើបដិវត្តន៍ដែលនាំឱ្យប្រជាជនហុងគ្រីចំនួន២៥០០ត្រូវបាត់បង់ជីវិត នៅប្រទេសឆែក(សាធារណរដ្ឋ) (១៩៦៨) និងប៉ូឡូញ(១៩៨១)។ ក្រោយមកមានការដកខ្លួនពីប្រទេសមួយចំនួនដូចជា អាល់បានី(១៩៦៨)និងការដកខ្លួនរបស់អាល្លឺម៉ង់ខាងកើត(១៩៩០)ដើម្បីរួបរួមជាមួយអាល្លឺម៉ង់ខាងលិចវិញ។

តើNATO and Warsaw Pact ក្រោយចប់សង្គ្រាមត្រជាក់ មានព្រឹត្តិការណ៍អ្វីខ្លះ?

ចាប់តាំងពីបដិវត្តន៍លទ្ធិប្រជាធិបតេយ្យ១៩៨៩នៅអឺរ៉ុបខាងកើត អង្គការសន្ធិសញ្ញាវ៉ាសូវីចាប់ផ្តើមធ្លាក់ចុះខ្សោយជាលំដាប់។ ការផ្លាស់ប្តូរនយោបាយនៅក្នុងរដ្ឋជាសមាជិកបានធ្វើឱ្យកតិកាសញ្ញានេះថយចុះប្រសិទ្ធភាព ព្រមទាំងមានការចុះខ្សោយសេដ្ឋកិច្ចនៅក្នុងប្រទេសអឺរ៉ុបខាងកើតផងដែរ។ បន្ទាប់មកប្រទេសជាច្រើនបានដកខ្លួនចេញពីសន្ធិសញ្ញានេះរួមមាន ឆេកូស្លូវ៉ាគី ហុងគ្រី ប៉ូឡូញ អាល់បានី និងអាល្លឺម៉ង់ខាងកើត។ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩១ មេដឹកនាំសន្ធិសញ្ញាវ៉ាសូវីបានប្រកាសបិទសន្ធិសញ្ញានេះថា”លែងមាន” នៅឯកិច្ចប្រជុំកំពូលចុងក្រោយរបស់មេដឹកនាំកតិកាសញ្ញាវ៉ាសូវីនៅទីក្រុង ប្រាក ប្រទេសឆេកូស្លូវ៉ាគី។ កងទ័ពសូវៀតដែលបានដាក់ពង្រាយនៅតាមប្រទេសជាសមាជិកទាំងអស់ត្រូវបានដកចេញជាបណ្តើរៗ។ ក្រៅពីប្រទេសរុស្សីដែលជារដ្ឋរបស់សូវៀត ប្រទេសដែលជាធ្លាប់ជាសមាជិកផ្សេងៗទៀតនៃសន្ធិសញ្ញាវ៉ាសូវីបានចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងជាបន្តបន្ទាប់។

ថ្វីត្បិតតែក្រោយពេលចប់សង្គ្រាមត្រជាក់ អង្គការសន្ធិសញ្ញាវ៉ាសូវីបានធ្លាក់ចុះដុនដាបខ្លាំងក៏ដោយនោះ ក៏អង្គការណាតូនៅតែបន្តអត្ថិភាពរបស់ខ្លួនរហូតមកដល់សព្វថ្ងៃ។ ការបញ្ចប់សង្គ្រាមត្រជាក់នៅឆ្នាំ ១៩៩១ បានផ្លាស់ប្ដូរណាតូ ទៅជាអង្គការ “សហប្រតិបត្តិការ-សន្តិសុខ” ដែលមានគោលបំណងថ្មីសំខាន់ពីរគឺ៖ ការជំរុញការសន្ទនានិងកិច្ចសហប្រតិបត្តិការជាមួយអតីតប្រទេសជាសមាជិកនៅក្នុងសន្ធិសញ្ញាវ៉ាសូវី និង “គ្រប់គ្រង” ជម្លោះនៅក្នុងតំបន់ជុំវិញអឺរ៉ុប។ បច្ចុប្បន្ន អង្គការណាតូ មានសមាជិក ចំនួន ៣០ ដែលក្នុងនោះមានសមាជិកស្ថាបនិកចំនួន១២ ដូចជា បែលហ្ស៊ិក កាណាដា ដាណឺម៉ាក បារាំង អ៊ីស្លង់ អ៊ីតាលី លុចសំបួ ហូឡង់ ន័រវែស ព័រទុយហ្កាល់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ក្រោយមកទៀតមានប្រទេសផ្សេងទៀតបានចូលជាសមាជិក រួមមាន ក្រិក និងតួកគី (១៩៥២) អាល្លឺម៉ង់ (១៩៥៥) អេស្ប៉ាញ (១៩៨២) សាធារណរដ្ឋឆែក ហុងគ្រី និងប៉ូឡូញ (១៩៩៩) ប៊ុលហ្ការី អេស្តូនី ឡេតូនី លីទុយអានី រូម៉ានី សាធារណរដ្ឋស្លូវ៉ាគី និងស្លូវេនី (២០០៤) អាល់បានី និងក្រូអាស៊ី (២០០៩) ម៉ុងតេណេហ្គ្រោ (២០១៧) និងម៉ាសេដ្វានខាងជើង (២០២០)។ តួយ៉ាង ដោយគោរពទៅតាមគោលបំណងទីមួយ ណាតូបានបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការអាត្លង់ទិកខាងជើង (ក្រោយមកត្រូវបានផ្លាស់ប្ដូរទៅជា ក្រុមប្រឹក្សាភាពជាដៃគូអឺរ៉ុប-អាត្លង់ទិកវិញ) ពោលគឺដើម្បីផ្តល់វេទិកាទៅដល់ប្រទេសជាសមាជិក សម្រាប់ការផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហានយោបាយ និងសន្តិសុខ ក៏ដូចជាភាពជាដៃគូសម្រាប់សន្តិភាព ដើម្បីបង្កើនសន្តិសុខនិងស្ថិរភាពអឺរ៉ុប តាមរយៈការហ្វឹកហ្វឺនយោធារួមគ្នាជាមួយអង្គការណាតូ និងរដ្ឋជាសមាជិកណាតូ រួមទាំងរដ្ឋមិនមែនជាសមាជិក។

លើសពីនេះទៅទៀត បន្ទាប់ពីការចប់សង្គ្រាមត្រជាក់ណាតូបានចូលរួមក្នុងសកម្មភាពជាច្រើន ប៉ុន្តែសកម្មភាពមួយចំនួនដែលគួរឲ្យកត់សម្គាល់ជាងគេនោះមានដូចជា៖ ការចូលអន្តរាគមន៍ដំបូងរបស់ណាតូក្រោយចប់សង្គ្រាមត្រជាក់គឺនៅ ក្នុងឆ្នាំ ១៩៩៤ ដែលអង្គការណាតូបានបញ្ជូនយន្តហោះចម្បាំងអាមេរិកជាច្រើនគ្រឿងទៅអន្តរាគមន៍លើការវាយប្រហាររបស់ប្រទេស ស៊ែប៊ី ចូលទៅក្នុងប្រទេស បូស៊្នី។ សកម្មភាពមួយទៀតរបស់ណាតូដែលគួរឱ្យកត់សម្កាល់នោះគឺ នៅពេលដែរអង្គការណាតូបានអនុវត្តមាត្រា ៥ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីការវាយប្រហារភេរវកម្ម ៩/១១ ប្រឆាំងនឹងសហរដ្ឋអាមេរិកនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ បន្ថែមពីលើការចូលរួមក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន មាត្រា៥ របស់អង្គការណាតូបានអនុវត្ត Operation Eagle Assist ដែលក្នុងនោះយន្តហោះរបស់អង្គការណាតូបានជួយល្បាតលើអាកាសលើសហរដ្ឋអាមេរិករយៈពេលប្រាំពីរខែរវាងឆ្នាំ២០០១ ដល់ឆ្នាំ ២០០២។ ណាតូក៏បានធ្វើប្រតិបត្តិការ Active Endeavor ដែលក្នុងនោះកងកម្លាំងជើងទឹករបស់អង្គការណាតូត្រូវបានបញ្ជូនទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងកើតដើម្បីធ្វើប្រតិបត្តិការប្រឆាំងភេរវកម្ម។ Active Endeavor បានចាប់ផ្តើមនៅខែតុលា ឆ្នាំ ២០០១ ហើយក្រោយមកត្រូវបានពង្រីកដើម្បីរួមបញ្ចូលតំបន់មេឌីទែរ៉ាណេទាំងមូល។

ហេតុអ្វីបានជាអាស៊ីមិនរងផល់ប៉ះពាល់ខ្លាំងពីអតិផរណាពិភពលោក?

ការកើនឡើងនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន វិបត្តិនៃការផ្គត់ផ្គង់ជាដើម គឺជាកត្តាចម្បងដែលធ្វើឱ្យអតិផរណាកើនឡើង។ ការកើនឡើងអតិផរណានាពេលនេះគឺសំដៅទៅដល់ការឡើងថ្លៃនៃតម្លៃទំនិញប្រើប្រាស់និងសេវានានា ដែលបានកើតឡើងជាសកល ជាពិសេសនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។ ដូចគ្នានេះដែរ ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានកើនឡើងរហូតដល់ ៧.៥% នៅក្នុងខែមករា ដែលជាកម្រិតដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០។ ជាមួយគ្នានេះ យោងតាម euroindicators អឺរ៉ុបវិញក៏មានកំណើនអតិផរណាជាង ៥% ផងដែរ។ ក្រឡេកមកមើលចក្រភពអង់គ្លេសវិញក៏មិនស្ថិតក្នុងស្ថានភាពល្អប៉ុន្មានដែរ ដែលធនាគារកណ្ដាលរបស់អង់គ្លេសបានព្រមានថាអតិផរណាអាចកើនឡើងលើសពី ៧% នៅឆ្នាំនេះ។ មិនត្រឹមតែបណ្តាប្រទេសលោកខាងលិចប៉ុណ្ណោះទេ បញ្ហាអតិផរណានៅពេលនេះគឺជាបញ្ហាសកល ដែលប្រទេសនៅអាស៊ីក៏ទទួលរងផលប៉ះពាល់ដោយអតិផរណាផងដែរ។ យ៉ាងណាមិញ អាស៊ីបានទទួលរងបញ្ហាការកើនឡើងអតិផរណានេះមិនខ្លាំងបើប្រៀបធៀបនៅសហភាពអឺរ៉ុប និងអាមេរិកឡើយ។

ដូច្នេះ ហេតុអ្វីបានជាអាស៊ីមិនរងផល់ប៉ះពាល់ខ្លាំងពីរអតិផរណាពិភពលោក?

ប្រទេសនៅតំបន់អាស៊ីវិញត្រូវបានគេសម្គាល់ថាមានសន្ទុះសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះតាមរយៈកំណើនវិនិយោគក្នុងស្រុកនិងក្រៅប្រទេស ការកើនឡើងនូវការផលិត តម្លៃពលកម្មថោក និងមានទីផ្សារធំដោយសារតែចំនួនប្រជាជនដ៏ច្រើន។ ប្រសិនបើយើងមើលទៅតារាងមហាអំណាចសេដ្ឋកិច្ចវិញ ប្រទេសអាស៊ីបានតំណែងប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ និងទី៣។ ជាក់ស្ដែង ប្រទេសដែលមានសេដ្ឋកិច្ចធំលេខ ២ ក្នុងពិភពលោក គឺជាប្រទេសចិនបានទាក់ទាញអ្នកវិនិយោគជាច្រើន រហូតត្រូវបានអតីតប្រធានាធិបតីសហរដ្ឋអាមេរិករិះគន់ថាបានលួចការងាររបស់សហរដ្ឋអាមេរិក ពង្រីកឥទ្ធិពលសេដ្ឋកិច្ចទៅតាមប្រទេសជាច្រើន និងបង្កើនតួនាទីសេដ្ឋកិច្ចក្នុងពិភពលោក។ ចំណែកជប៉ុន និងឥណ្ឌាវិញក៏ជាសេដ្ឋកិច្ចធំរបស់ពិភពលោកដែលជាពិសេសក្នុងវិស័យឧស្សាហកម្ម និងការផលិតផងដែរ។

ខុសប្លែកពីប្រទេសដទៃបន្តិច ការរាតត្បាតនៃមេរាគ ១៩ បានកើតឡើងនៅក្នុងប្រទេសអាស៊ីមុនគេ សឹងតែមិនអាចត្រៀមខ្លួនទុកមុន។ ចិនគឺជាប្រទេសដែលរកឃើញមេរោគកូវីដ១៩មុនគេ ខណៈឆ្នាំ២០២១ ប្រទេសឥណ្ឌាគឺជាប្រទេសដែលផ្ទុះមេរោគកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលជាមេរោគកាចសាហាវជាគេបង្អោះ។ ដំបូងឡើយ ពិភពលោកមានព្រួយបារម្ភពីការដើរថយក្រោយសេដ្ឋកិច្ចរបស់ប្រទេសចិន ក៏ប៉ុន្តែប្រទេសចិនបានដើរចេញពីឆ្នាំ២០២០ដោយកំណើនសេដ្ឋកិច្ចវិជ្ជមាន។ ទន្ទឹមនេះ ការបិទខ្ទប់របស់ប្រទេសចិននៅឆ្នាំ២០២០ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតួនាទីរបស់ចិននៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលសង្វាក់ផលិតកម្មពិភពលោកបានកកស្ទះ។ ចុងឆ្នាំ២០២១ ពិភពលោកបានពើតប្រទះនូវវិបត្ដិអតិផរណា ដែលកើតឡើងដោយសារតែវិបត្ដិថាមពលសកល ការបិទខ្ទប់ប្រទេស និងគោលនយោបាយបរិស្ថាន។ ត្បិតតែប្រទេសអាស៊ីក៏ទទួលរងឥទ្ធិពលពីការកើនឡើងនូវអតិផរណា ប៉ុន្តែបើផ្អែកតាមតួរលេខ អតិផរណារនៅក្នុងអាស៊ីនមិនធ្ងន់ធ្ងរដូចសហរដ្ឋអាមេរិក អឺរ៉ុបឡើយ។ កត្តាដែលអាចធ្វើឱ្យអតិផរណាអាស៊ីហាក់ធូរស្រាលអាចបណ្ដាលមកពីការរៀនរស់ពីកូវីដ១៩ ការកើនឡើងនៃតម្លៃម្ហូបក្រោមកម្រិតទាប និងការកើនឡើងនៃសេវាដឹកជញ្ជូន។

ការរៀនរស់ជាមួយកូវីដ១៩ សំដៅដល់ការឆ្លងកាត់វិបត្ដិកូវីដ១៩ផង និងដកដង្ហើមសេដ្ឋកិច្ចផង។ ជាក់ស្ដែង ប្រទេសឥណ្ឌាដែលឆ្លងកាត់រលកកូវីដ១៩ខ្លាំងដូចរលកយក្សស៊ូណាមិ បានជោគជ័យក្នុងការសម្រាលស្ថានភាពក្នុងរយៈពេលមួយ រួមទាំងបានបង្កើតប្រព័ន្ធស៊ាំក្នុងសហគមន៍យ៉ាងរហ័សដែលបានមកពីប្រព័ន្ធស៊ាំកូនកាត់រវាងប្រព័ន្ធស៊ាំបានមកពីវ៉ាក់សាំងនិងប្រព័ន្ធស៊ាំបានមកពីការឆ្លងកូវីដ១៩ (Hybrid Immunity) ។ សមាជិកអាស៊ានដូចជាប្រទេសកម្ពុជា ប្រទេសថៃជាដើម បានព្យាយាមបើកសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញក្រោយពីបានចាក់វ៉ាក់សាំងបានច្រើន រួមជាមួយគោលនយោបាយបន្ធូរបន្ថយការរិតបន្តឹងកូវីដ១៩។

ការឡើងថ្លៃនៃម្ហូបអារហារក៏ជាកត្តាដែលធ្វើឱ្យអតិផរណាកើនឡើងដែរ ដោយសារតែវាគឺជាទំនិញចំបាច់ដែលមនុស្សម្នាក់ៗត្រូវចំណាយ។ តម្លៃម្ហូបបានកើនឡើងជាសកលប៉ុន្តែអត្រានៃការកើនឡើងនេះគឺមិនស្មើៗគ្នាទេ។ យោងតាមការចេញផ្សាយរបស់ The Economist តម្លៃពោតនិងស្រូវសាលីឡើងថ្លៃ ១៨%និង២០% ខណៈស្រូវអង្កធ្លាក់ថ្លៃប្រមាណ ១/៥ ហើយប្រទេសនៅអាស៊ីជាច្រើនប្រើប្រាស់អង្ករជាងពោតនិងស្រូវសាលី ដែលជាហេតុធ្វើឱ្យការចំណាយលើម្ហូបអារមារមិនសូវកើនឡើង។ ជាមួយគ្នានេះ តម្លៃជ្រូកបោះដុំនៅប្រទេសចិនក៏ធ្លាក់ថ្លៃជាងពាក់កណ្ដាលដែរ។

កត្តាផ្សេងទៀតដែលជំរុញឲ្យកើតមានអតិផរណានៅលើពិភពលោកគឺការឡើងថ្លៃនៃតម្លៃដឹកជញ្ជូន។ ផ្អែកតាមទិន្នន័យរបស់ Drewry ដែលជាក្រុមហ៊ុនពិគ្រោះយោបល់សង្វាក់ផលិតកម្ម តម្លៃដឹកជញ្ជូនពីសៀងហៃ ទៅ Rotterdam ទីក្រុងរបស់ប្រទេសហូឡង់ កើនឡើងជាង ៦០%។ យោងតាមកំណត់សម្គាល់មួយរបស់ Baltic Dry Index ថ្លៃដឹកជញ្ជូនសកលបញ្ជាក់ថា ការកើនឡើងនៃតម្លៃដឹកជញ្ជូនរបស់អាស៊ីបានជំរុញឲ្យមានការកាត់បន្ថយចំនួន អតិផរណាបានរហូតដល់ ១៥%។

សរុបមក អាស៊ីមិនមែនមានន័យថាមិនទទួលរងឥទ្ធិពលការឡើងថ្លៃអតិផរណាឡើយ ប៉ុន្តែគឺរងផលប៉ះពាល់តិចជាងសហរដ្ឋអាមេរិក និងអឺរ៉ុប។ ជាក់ស្ដែង ការឡើងថ្លៃនៃថាមពលគឺជាប្រភេទទំនិញដែលចៀសមិនផុតឡើយ ហើយក៏បានបង្កើតការចំណាយរបស់ប្រជាពលរដ្ឋក្នុងអាស៊ីផងដែរ។

តេឡេទស្សន៍អវកាស James Webb

បច្ចេកវិទ្យាអវកាសចាប់ផ្តើមមានវត្តមាននៅក្នុងប្រវត្តិនៃការរុករកវិទ្យាសាស្ត្ររបស់មនុស្សជាតិចាប់តាំងពីសតវត្សទី១៨រហូតមកទល់បច្ចុប្បន្នដែលក្នុងនោះ មនុស្សបានសិក្សាស្រាវជ្រាវ និងរកឃើញភពផ្សេងៗ តារា អង្គក្នុងលំហ ក៏ដូចជាបាតុភូតដែលគេមិនអាចពន្យល់បានជាច្រើន ហើយអ្នកវិទ្យាសាស្ត្រក៏បានព្យាយាមពង្រីកវិសាលភាពនៃចំណេះដឹងរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងចម្ងល់នៃចក្រវាលទាំងអម្បាលមាណដែលគេមិនទាន់អាចឆ្លើយបានក្នុងពេលបច្ចុប្បន្ននេះ។ ក្នុងការស្រាវជ្រាវអវកាសនេះទៀតសោត គេបានបង្ហោះនូវតេឡេទស្សន៍អវកាសដើម្បីចាប់យករូបភាព ក៏ដូចជាទិន្នន័យផ្សេងៗក្រោមទម្រង់ជាសម្លេង រលកកម្តៅ និងរូបភាពជាដើម ហើយរយៈពេលប្រមាណ៣០ឆ្នាំចុងក្រោយនេះ សមិទ្ធិផលអវកាសបានមកដោយសារទឹកដៃនៃតេឡេទស្សន៍អវកាស Hubble (Hubble Space Telescope)។ ប៉ុន្តែ កាលពីថ្ងៃទី៣១ ខែធ្នូ ២០២១កន្លងផុតទៅថ្មីៗនេះ មានអ្នកថ្មីមកជំនួសកន្លែងរបស់Hubble ហើយថែមទាំងមានសមត្ថភាពខ្លាំងជាងHubble ទៀតនោះគឺតេឡេទស្សន៍អវកាស James Webb (James Webb Space Telescope)។

ប្រវត្តិនៃ James Webb Telescope

តេឡេទស្សន៍អវកាស James Webb ដែលបច្ចុប្បន្នមានតំណែងជាតេឡេទស្សន៍អវកាសធំជាងគេបង្អស់របស់អង្គការណាសា ដោយយោងទៅតាមគេហទំព័រព័ត៌មាន BBC គឺចំណាយពេលរហូតទៅដល់៣០ឆ្នាំ និងទឹកប្រាក់សរុបប្រមាណ១០ពាន់លានដុល្លាសហរដ្ឋអាមេរិកដើម្បីឱ្យសមិទ្ធផលដ៏អស្ចារ្យមួយនេះលេចចេញជារូបរាង ហើយវាក៏ជាចំណងដៃដ៏ពិសេសមួយក្នុងពិភពវិទ្យាសាស្ត្រទំនើបនាសតវត្សពី២១នេះដែរ។ មួយវិញទៀត ការលេចនូវវត្តមានឡើងដោយសារហេតុផលជុំវិញកង្វះខាត ក៏ដូចជាកំហុសឆ្គងបច្ចេកទេសផ្សេងៗរបស់តេឡេទស្សន៍អវកាស Hubble ដែលជម្រុញឱ្យគម្រោងនេះកើតមានឡើងប្រៀបដូចជាការបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាតរបស់ Hubble ហើយរយៈពេល៣០ឆ្នាំនៃការបង្កើត James Webb Telescope សុទ្ធសឹងតែត្រូវបានបំពាក់នូវបច្ចេកវិទ្យាថ្មីៗ និងកែខៃបច្ចេកទេសផ្សេងៗជានិច្ច។ ទាក់ទិនទៅនឹងឈ្មោះរបស់យន្តូបករណ៍អវកាសមួយនេះ វាត្រូវបានប្រសិទ្ធនាមឡើងដោយយកទៅតាមឈ្មោះរបស់លោក James Edwin Webb ដែលជាអ្នកគ្រប់គ្រងអង្គការណាសាកាលពីឆ្នាំ១៩៦១ ដល់១៩៦៨។

ដំណើរការនៃ James Webb Space Telescope

យោងតាមរបាយការណ៍របស់អង្គការណាសាដែលជាប្រធានគម្រោងផ្ទាល់ លក្ខណៈគួរឱ្យកត់សម្គាល់របស់តេឡេទស្សន៍មួយនេះគឺទម្រង់របស់វាមានលក្ខណៈខុសប្លែកពីតេឡេទស្សន៍អវកាសពីមុនៗ ដោយមានអង្កត់ផ្ចិតប្រវែងរហូតទៅដល់៦.៥ម៉ែត្រដែលជាបង្គុំចេញពីកញ្ចក់រាងឆកោណចំនួន១៨ ហើយកញ្ចក់នីមួយៗមានកម្រាស់យ៉ាងស្តើងមិនគួរឱ្យជឿ ស្រោបដោយមាស និងបំពាក់នូវកញ្ចក់ការពារព្រះអាទិត្យដែលប្រើនូវសារធាតុ Kapton កម្រាស់ត្រឹមប្រហែល០.០៥មីលីម៉ែត្រតែប៉ុណ្ណោះ តែវាអាចផ្តល់សមត្ថភាពដល់ Telescope មួយនេះក្នុងការធ្វើការក្រោមសីតុណ្ហភាពរហូតទៅដល់២២៣អង្សាក្រោមសូន្យ ដើម្បីឱ្យការបំផ្លាតពន្លឺចាប់យករូបភាពកាន់តែច្បាស់និងសុក្រឹត។ ទាក់ទងទៅនឹងដំណើរការ វាត្រូវបានគេដាក់កំណត់ទីតាំងបង្ហោះនៅត្រង់ចំណុចឡាក្រង់ទី២ (Lagrance 2) ដែលមានចម្ងាយប្រហែល១.៥លានគីឡូម៉ែត្រពីព្រះអាទិត្យ ហើយដំណឹងល្អនោះគឺ Telescope មួយនេះបានទៅដល់ចំណុច Lagrance 2 ហើយកាលពីថ្ងៃទី២៤ មករា ២០២២ថ្មីៗនេះ តែទម្រាំតែតេឡេទស្សន៍អវកាសមួយនេះអាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនបានពេញលេញត្រូវចំណាយពេលប្រមាណ៦ខែក្នុងការពន្លារកញ្ចក់ និងផ្នែកផ្សេងៗ ថែមទាំងត្រូវការពេលក្នុងក្នុងការចុះត្រជាក់មកដល់សីតុណ្ហភាពយ៉ាងទាប។

James Webb Space Telescope អាចធ្វើអ្វីបានខ្លះ?

គោលបំណងនៃការប្រើប្រាស់តេឡេទស្សន៍មួយនេះគឺការស្រាវជ្រាវរុករកក្នុងលំហដែលគ្មានដែនកំណត់ ដើម្បីឆ្លើយទៅនឹងសំណួរ ក៏ដូចជាសម្មតិកម្មផ្សេងៗដែលតារាវិទូ និងអ្នកវិទ្យាសាស្ត្រតែងតែឆ្ងល់និងស្រម៉ៃមានដូចជាការរុករកភព តារា ប្រព័ន្ធព្រះអាទិត្យ កាឡាក់ស៊ី និងអង្គក្នុងលំហផ្សេងៗដែលមានចម្ងាយយ៉ាងឆ្ងាយពីភពផែនដីដែលមិនអាចមើលឃើញដោយតេឡេទស្សន៍នៅលើផែនដី គោលបំណងដើម្បីសិក្សាឱ្យបានលម្អិត សម្លឹងមើលឱ្យកាន់តែឆ្ងាយចេញពីដែនកំណត់ដែលមនុស្សធ្លាប់ដាក់ នេះបើតាមរបាយការណ៍របស់អង្គការណាសាដដែល។ មិនត្រឹមតែប៉ុណ្ណោះ Telescope អវកាសនេះថែមទាំងអាចឆ្លើយនៅសំណួរថា ”តើចក្រវាលនេះកើតមកយ៉ាងដូចម្តេច?” ហើយក៏អាចឱ្យយើងដឹងពីបាតុភូតចម្លែកៗដែលកើតមានកាលពីពេលនោះមក ព្រោះកញ្ចក់ដ៏សែនស្តើងនិងអាចបំផ្លាតពន្លឺយ៉ាងល្អរបស់វាអាចចាប់យកនូវរលកពន្លឺរបស់អង្គក្នុងលំហតាំងពី១៣.៨ពាន់លានឆ្នាំមុន (កំណើតដំបូងនៃចក្រវាល)។ បន្ថែមពីនេះ ជាមួយនឹងសមត្ថភាពដ៏មិនគួរឱ្យជឿរបស់ James Webb Space Telescope វាអាចធ្វើនូវរឿងដ៏អស្ចា្យជាច្រើន អាចពន្យល់ពីប្រភពកំណើតរបស់យើង ភពរបស់យើង ចក្រវាលដែលយើងតាំងទីនៅ ហើយវាក៏អាចទៅរួចផងដែរដែលតេឡេទស្សន៍អវកាសនេះបង្ហាញប្រាប់មនុស្សជាតិទាំងមូលថា ”យើងមិនមែនមានតែឯងទេនៅក្នុងចក្រវាល”៕

ការវាយប្រហាររបស់ក្រុម Houthi ទៅលើទីតាំងស្តុកប្រេងនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម

នៅថ្ងៃទី២១ខែមករាកន្លងមកនេះក្រសួងការបរទេសកម្ពុជាបានថ្កោលទោសចំពោះការវាយប្រហាររបស់ក្រុម Houthi ទៅលើទីតាំងស្តុកប្រេងមួយនៅក្នុងទីក្រុងអាប៊ូដាប៊ី រាជធានីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ ការវាយប្រហារនេះបានធ្វើឱ្យបាត់បង់ជីវិតមនុស្សចំនួន ៣ នាក់ក៏ដូចជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កិត្តិសព្ទរបស់ប្រទេសអារ៉ាប់រួមដែលសេដ្ឋកិច្ចពឹងពាក់យ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍និងអាកាសចរណ៍។ ជាការឆ្លើយតបទៅនឹងការវាយប្រហារមួយនេះ កងទ័ពអាកាសប្រទេសអារាប៊ីសាអ៊ូឌីតដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសអារ៉ាប់រួមបានវាយប្រហារបកទៅលើជំរុំទ័ពរបស់ក្រុមHouthi។ ប៉ុន្តែនេះមិនមែនជាលើកទីមួយនោះទេដែលភាគីបានវាយប្រហារគ្នា ដែលជាក់ស្តែងជម្លោះរវាងភាគីទាំងពីរបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥មកម្ល៉េះ។
តើមានព្រឹតិ្តការណ៉អ្វីខ្លះដែលនាំឲ្យភាគីទាំងពីរមានជម្លោះរវាងគ្នា?តើបរិបទរបស់ប្រទេសយេម៉េនគឺមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះនៅក្នុងឆាកនយោបាយរបស់មជ្ឈិមបូព៌ាក៏ដូចជាពិភពលោកទាំងមូល?

ក្រុមHouthiគឺជាចលនានៃសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីតដែលបានបង្កើតឡើងនៅក្នុងភាគខាងជើងនៃប្រទេសយេម៉េននៅក្នុងចុងទសវត្សន៍ឆ្នាំ១៩៩០។ ឈ្មោះ Houthi គឺជាឈ្មោះរបស់កុលសម្ព័ន្ធមួយក្រុមដែលសមាជិកក៏ដូចជាអ្នកដឹកនាំនៃក្រុមនេះគឺមានជាប់សាច់ឈាមនៃកុលសម្ព័ន្ធHouthiនេះ។ ក្រុមមួយនេះត្រូវបានបង្កើតឡើងដោយលោក Hussein Badreddin al-Houthi ដែលគោលបំណងសំខាន់គឺប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ជាក់ស្តែងបាវចនារបស់ក្រុមHouthiគឺអាចបកស្រាយបានថា “ព្រះជាម្ចាស់គឺអស្ចារ្យបំផុត សូមឲ្យសេចក្តីស្លាប់មានចំពោះសហរដ្ឋអាមេរិក សូមឲ្យសេចក្តីស្លាប់មានចំពោះអ៊ីស្រាអែល សូមឲ្យជនជាតិជ្វីបត្រូវបណ្តាសារ និងជ័យជំនះមានសម្រាប់សាសនាអ៊ីស្លាម។” ក្រុមHouthi បានចោទប្រកាន់ទៅលើអតីតប្រធានាធិបតីលោក Saleh ថាពួកលោកបានចូលដៃជាមួយនឹងអារាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក ហើយបានប្រព្រឹត្តអំពើពុករលួយដើម្បីទទួលបានផលប្រយោជន៍សម្រាប់តែក្រុមបក្សពួករបស់លោក។ នៅក្នុងឆ្នាំ ២០០៣ ស្របពេលដែលកងទ័ពសហរដ្ឋអាមេរិកបានចូលទៅក្នុងទឹកដីអ៊ីរ៉ាក់ នៅឯប្រទេសយេម៉េនវិញ លោក Saleh បានបង្កើតយុទ្ធនាការមួយដើម្បីកម្ទេចក្រុមHouthi ហើយរយៈពេលមួយឆ្នាំក្រោយមក កងទ័ពរបស់លោកបានសម្លាប់មេដឹកនាំរបស់ក្រុមHouthi គឺលោក Hussein Badreddin al-Houthi នោះឯង។ ការស្លាប់របស់លោក គឺមិនត្រឹមតែមិនធ្វើឲ្យក្រុមHouthi បាក់ស្បាតនោះទេ តែថែមទាំងធ្វើឲ្យក្រុមHouthi កាន់តែមិនពេញចិត្តនឹងរដ្ឋាភិបាលក្រុងសាណា។ ចលនានៃបដិវត្តន៍រដូវផ្ការីកអារ៉ាប់ បានជះឥទ្ធិពលមកដល់ប្រទេសយេម៉េននៅក្នុងឆ្នាំ២០១១ ដែលនេះជាឳកាសដល់ល្អសម្រាប់ក្រុមHouthi ក្នុងការយកជ័យជំនះទៅលើរដ្ឋាភិបាលយេម៉េន។ ក្រុមHouthi បានចុះចូលជាមួយក្រុមឧទ្ទាមដែលប្រឆាំងនឹងរដ្ឋាភិបាលឯទៀត ហើយបានវាយប្រហារបានយ៉ាងជោគជ័យដែលកងទ័ពរបស់ពួកគេបានវាយចូលដល់រដ្ឋធានីសាណា។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ប្រធានាធិបតីយេម៉េនលោក Abdrabbuh Mansur Hadi ដែលជាប្រធានាធិបតីស្នងតំណែងលោក Saleh ព្រមទាំងគណៈរដ្ឋមន្រ្តីរបស់លោកបានលាលែងពីតំណែង បន្ទាប់ពីក្រុមHouthi បានចូលមកកាន់កាប់វិមានប្រធានាធិបតី និងស្ថាប័នសំខាន់ៗឯទៀតរបស់រដ្ឋាភិបាល។ ចំណែកឯលោកប្រធានាធិបតីHadi បានរត់ភៀសខ្លួនទៅនៅប្រទេសអារ៉ាបីសាអ៊ូឌីត។ រហូតមកដល់សព្វថ្ងៃនេះ ប្រទេសយេម៉េនគឺគ្រប់គ្រងដោយគណៈកម្មាធិការបដិវត្តន៍មួយដែលមានលោក Mohammed al-Houthi ដែលទោះបីជាឆាកអន្តរជាតិមិនទទួលស្គាល់រដ្ឋាភិបាលនេះក៏ដោយ។

ស្ថានភាពនៅប្រទេសយេម៉េនគឺសំខាន់ណាស់សម្រាប់មជ្ឈិមបូព៌ា ក៏ដូចជាពិភពលោកទាំងមូល។ មូលហេតុទីមួយគឺដោយសារតែស្ថានភាពនេះគឺស្តែងឲ្យឃើញពីបញ្ហាដ៏ស្មុគស្មាញមួយរបស់មជ្ឈិមបូព៌ាគឺជម្លោះរវាងមហាអំណាចក៏ដូចជារវាងមនោគមវិជ្ជាដែលស្តែងចេញពីនិកាយសាសនានេះឯង។ ក្រុមHouti គឺជាក្រុមម៉ូស្លីមដែលប្រកាន់យកនូវនិកាយស៊ីអ៊ីត ដូចគ្នានឹងប្រទេសអ៊ីរ៉ង់ផងដែរ ដែលនេះអាចសរបញ្ជាក់ថាភាគីទាំងពីរគឺមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នា។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតមិនចង់ឲ្យក្រុម Houthi ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រទេសអ៊ីរ៉ង់ដែលជាគូប្រជែងនៅក្នុងតំបន់នោះទេ ជាពិសេសគឺដោយសារតែប្រទេសយេម៉េនមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីតតែម្តង។ ព្រំប្រទល់រវាងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងប្រទេសយេម៉េនមិនសូវមានរបាំងធម្មជាតិដូចជាភ្នំឬសមុទ្រដើម្បីការពារពីការរឈ្លានពានពីកងទ័ពខាងក្រៅនោះទេ។ ដើម្បីចៀសវាងពីការឈ្លានពានរបស់ក្រុមឧទ្ទាមឬកងកម្លាំងសត្រូវដែលឆ្លៀតឱកាសមកវាយប្រហសរតាមព្រំប្រទល់ជាមួយប្រទេសយេម៉េន ប្រទេសអារាប៊ីសាអូឌីតបានរឹតបន្តឹងកម្លាំងយោធានៅតាមព្រំដែន ហើយបានបន្តបេសសកម្មជាច្រើនលើកប្រឆាំងនឹងក្រុម Houthi ដើម្បីរំដោះប្រទេសយេម៉េនពីការគ្រប់គ្រងក្រោមក្រុមមនោគមវិជ្ជាមួយនេះ។ មូលហេតុទីពីរ គឺដោយសារតែប្រទេសយេម៉េនគឺស្ថិតនៅក្នុងតំបន់យុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ។ គ្រប់នាវាដឹកជញ្ជូនដែលត្រូវធ្វើដំណើររវាងទ្វីបអាស៊ីនិងទ្វីបអឺរ៉ុបត្រូវតែឆ្លងកាត់ច្រកដ៏តូចចង្អៀតមួយមុននឹងចូលដល់សមុទ្រក្រហម។ ហើយច្រកនេះគឺនៅចន្លោះកណ្តាលប្រទេសយេម៉េន និងប្រទេស ជីប៊ូទី(Djibouti) ដូចនេះហើយរាល់នាវានោះត្រូវឆ្លងកាត់ដែនសមុទ្ររបស់ប្រទេសយេម៉េន។ សម្ព័ន្ធមិត្តរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត រួមទាំងសហរដ្ឋអាមេរិក មានការព្រួយបារម្ភយាំងខ្លាំងដែលផ្លូវសមុទ្រដែលជាសរសៃដ៏សំខាន់សម្រាប់លំហូរសេដ្ឋកិច្ចពិភពលោកបានធ្លាក់ទៅក្នុងដៃសត្រូវ។ ជាក់ស្តែង នៅក្នុងថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ កងសមត្ថកិច្ចរបស់ក្រុមHouthi បានបង្ខាំងនាវាដែលដឹកសម្ភាៈវេជ្ជសាស្ត្រមួយរបស់ប្រទេសអារ៉ាប់រួម ដោយពួកគេបានអះអាងថានាវានេះបានដឹកសព្វាវុធដោយលាក់លៀម។

សរុបមក ជម្លោះរវាងក្រុមHouthi និងប្រទេសអារ៉ាប៊ីសាអូឌីតនិងសម័្ពន្ធមិត្តគឺជាបញ្ហាមួយដែលនឹងពិបាកដោះស្រាយឲ្យបានជោគជ័យណាស់ ដោយសារនេះគឺជាជម្លោះដែលទាក់ទងនឹងឥទ្ធិពលរវាងមហាអំណាចក្នុងតំបន់ (អារ៉ាប៊ី សាអូឌីត និងអ៊ីរ៉ង់) ក៏ដូចជាជម្លោះរវាងនិកាយសាសនាផ្សេងគ្នា (ស៊ីអ៊ីតនិងស៊ូនី) ផងដែរ។ ប្រទេសយេម៉េនគឺជាប្រទេសដែលបែងចែកជាកុលសម្ព័ន្ធអារ៉ាប់ជាច្រើន ដែលប្រកាន់យកមនោគមវិជ្ជា និងនិកាយសាសនាមិនដូចគ្នានោះទេ។ ដូចនេះហើយកត្តាទាំងនេះ គឺអាចសរបញ្ជាក់បានថា ប្រទេសយេម៉េនមុខជាលំបាកក្នុងការស្វែងរកសន្តិភាពណាស់។ ហើយដោយសារតែប្រទេសយេម៉េនស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា ដូចនេះហើយស្ថានភាពរបស់ប្រទេសយេម៉េនគឺអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅដល់សន្តិសុខក្នុងតំបន់ផងដែរ។

យូហ្គោស្លាវី ៖ ពីរាជាណាចក្រឆ្នាំ១៩១៨ទៅជាសង្គមនិយមនៅឆ្នាំ១៩៤៦

យូហ្គោស្លាវី ជារដ្ឋសហព័ន្ធមួយដែលស្ថិតក្នុងទី្វបអឺរ៉ុបនិងនៅក្នុងតំបន់បាល់កង់។ រដ្ឋសហព័ន្ធនេះមានផ្ទៃក្រឡា ២៥៥,៩៥០ គម២ ដែលគ្របដណ្តប់លើប្រទេសបច្ចុប្បន្នដូចជា បូស្នៀ និងហឺហ្សេហ្គោវីណា(Bosnia and Herzegovina), ក្រូអាស៊ី(Croatia), ម៉ាសេដូនៀ(Macedonia), ម៉ុងតេណេហ្គ្រោ(Montenegro), ស៊ែប៊ី(Serbia ), កូសូវ៉ូ(Kosovo) និង ស្លូវេនី(Slovenia)។ យូហ្គោស្លាវីបានកើតឡើងក្រោយសង្គ្រាមលោកលើកទី១ក្រោមឈ្មោះថាព្រះរាជាណាចក្រសែប៊ ក្រូអាស៊ីនិងស្លូវេណ ដែលបានបង្កើតជាប្រជាជាតិមួយនិងអធិបតេយ្យភាពនៃប្រជាជនស្លាវខាងត្បូងនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ១៩១៨ និងមានទីក្រុងប៊ែលក្រាត(Belgrade)ជារាជធានី។ ព្រះអង្គម្ចាស់ ភិតទ័រទី១ (Peter I)នៃព្រះរាជាណាចក្រសែប៊ជាព្រះមហាក្សត្រទី១នៃប្រទេសដែលទើបបង្កើតមួយនេះ។

ក្រោយពីសង្គ្រាមលោកលើកទី២ ប្រទេសជាច្រើនបានផ្លាស់ប្តូររបបនយោបាយរបស់ខ្លួនជាពិសេសផ្លាស់ពីរបបរាជានិយម។ ក្នុងនោះ ប្រទេសយូហ្គោស្លាវីក៏បានផ្លាស់ប្តូររបបពីរបបរាជានិយមទៅរបបសង្គមនិយមវិញព្រោះតែក្នុងសង្គ្រាមលោកលើកទី២ប្រទេសនេះបានរងការវាយប្រហារធ្ងន់ធ្ងរនិងបានបាត់ឈ្មោះពីផែនទីចន្លោះឆ្នាំ១៩៤៣-១៩៤៥។ លទ្ធផលធ្ងន់ធ្ងរនេះគឺដោយសារតែមានចលនារំដោះជាតិដែលដឹកនាំដោយពួកកុម្មុយនីស្ដបានរំដោះប្រទេស ហើយបានកាន់អំណាចនៅឆ្នាំ១៩៤៦និងបានប្រែក្លាយប្រទេសនេះជារដ្ឋសហព័ន្ធសង្គមនិយមមួយនៅក្នុងពិភពលោក។

១. ការកកើតនិងការធា្លក់ចុះនៃព្រះរាជាណាចក្រយូហ្គោស្លាវី

ក្រោយពីសង្គ្រាមលោកលើកទី១ ប្រទេសថ្មីមួយបានកើតឡើងនៅតំបន់បាល់កង់នោះគឺជាយូហ្គោស្លាវី ដែលដំបូងឡើយមានឈ្មោះថាព្រះរាជាណាចក្រស៊ែប៊ី ក្រូអាស៊ីនិងស្លូវេនី ដែលមានព្រះអង្គម្ចាស់ភិតទ័រទី១ ជាព្រះមហាក្សត្រដំបូងនៃរដ្ឋទើបបង្កើតមួយនេះ។ ប៉ុន្តែព្រះរាជាណាចក្រនេះបានប្រកាសឈ្មោះជាផ្លូវការថា”ព្រះរាជាណាចក្រយូហ្គោស្លាវី”នៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩២៩ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់អាឡិចសិនឌ័រទី១។ ព្រះរាជាណាចក្រនេះកើតឡើងដោយការរួមបញ្ចូលគ្នាដោយព្រះរាជាណាចក្រស៊ែប៊ី ក្រូអាស៊ី និងស្លូវេនី ដែនដីមួយចំនួនរបស់ចក្រភពអូតូម៉ង់និង អូទ្រីស-ហុងគ្រីនិងការប្រកាសបង្រួបបង្រួមរបស់ព្រះរាជាណាចក្រម៉ុងតេណេក្រូនិងបានទទួលស្គាល់ដោយអន្តរជាតិនៅថ្ងៃ១៣ ខែកក្កដាឆ្នាំ១៩២២ក្នុងសន្និសីទការទូតក្នុងរដ្ឋធានីប៉ារីស។ ព្រះរាជាណាចក្រយូហ្គោស្លាវីជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមានរាជរដ្ឋាភិបាលដែលកើតឡើងពីការបោះឆ្នោត ប៉ុន្តែប្រទេសនេះក៏រមែងតែជួបវិបត្តិក្នុងសភាផងដែរ ដូចជាការធ្វើពិហិការមិនចូលប្រជុំនិងការរំលាយរដ្ឋសភាព្រោះតែយូហ្គោសា្លវីជារាជានិយមបែបសហព័ន្ធប្រសិនរដ្ឋមួយក្នុងសហព័ន្ធមិនចូលរួមប្រជុំទេនោះសភាពុំអាចសម្រេចអ្វីមួយបានទេ ដែលហេតុថានៅថ្ងៃទី៦ ខែមករា ឆ្នាំ ១៩២៩ ស្តេច អាឡិចសិនឌ័រទី១បានរំលាយរដ្ឋសភា និងព្យួររដ្ឋធម្មនុញ្ញ បន្ទាប់ពីភាគីស៊ែប៊ី និងក្រូអាស៊ីបដិសេធមិនសហការក្នុងការគ្រប់គ្រងប្រទេស។ ម្យ៉ាងវិញទៀត យូហ្គោស្លាវីបានចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗក្នុងអំឡុងពេលពិភពលោកចាប់ផ្តើមធ្លាក់ចូលសង្គ្រាមលោកលើកទី២ព្រោះថាអាឡឺម៉ង់បានវាយលុកទៅលើប្រទេសនេះយ៉ាងធ្ងន់ធ្ងរ ហើយបានចូលគ្រប់គ្រងទីក្រុងបែលក្រាតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៤១ ខណៈដែលព្រះអង្គម្ចាស់ភិតទ័រទី២ជាអ្នកគ្រប់គ្រងបន្ទាប់ព្រះបិតារបស់ទ្រង់គឺព្រះអង្គម្ចាស់អាឡិចសិនឌ័រទី១។ បន្ទាប់ពីមានការវាយលុកធ្ងន់ធ្ងរមកលើកប្រទេស ព្រះអង្គម្ចាស់ភិតទ័រទី២ក៏បានភៀសខ្លួនចេញពីប្រទេសនិងបានបង្កើតរដ្ឋាភិបាលនិរទេសមួយនៅក្នុងទីក្រុងឡុងដ៍។ មួយវិញទៀត រដ្ឋាភិបាលនេះក៏មានការគាំទ្រពីចលនាតស៊ូចំនួនពីរក្នុងប្រទេសមានក្រុមលោកឈីតនីក និងក្រុមលោកទីតូដែលចលនាទាំងពីរនេះបង្កើតឡើងក្នុងការរំដោះប្រទេសចេញការឈ្លានពានរបស់ណាស៊ីអាឡឺម៉ង់។ ប៉ុន្តែចលនាទាំងពីរត្រូវបានបែកបាក់ដោយសារមានមនោគមវិជ្ជាខុសគ្នា និងបានធ្វើឱ្យសង្គ្រាមស៊ីវិលកើតឡើងក្នុងបរិបទប្រទេសកំពុងជួបការឈ្លានពាន។

២.ជ័យជំនះរំដោះយូហ្គោស្លាវីនិងការចាប់ផ្តើមនៃសង្គមនិយម

ក្នុងអំឡុងពេលយូហ្គោស្លាវីកាន់កាប់ដោយណាស៊ីអាឡឺម៉ង់ ចលនាតស៊ូបានកើតឡើងចំនួនពីរសំខាន់ៗដូចជាចលនារបស់ក្រុមលោកឈីតនីក និងចលនាកុម្មុយនីស្ដដែលមានលោកទីតូជាអ្នកដឹកនាំដើម្បីប្រឆាំងនឹងអាឡឺម៉ង់រួមទាំងរដ្ឋាភិបាលនិរទេសនៅអង់គ្លេសរបស់ព្រះអង្គម្ចាស់ភិតទ័រទី២។ ប៉ុន្តែនៅឆ្នាំ ១៩៤៣ ក្រុមចលនាតស៊ូទាំងពីរបានបែកបាក់និងនាំឱ្យសង្គ្រាមស៊ីវិលកើតឡើង ហើយក្រុមលោកទីតូបានទទួលជ័យជំនះដែលមានការគាំទ្រពីសហភាពសូវៀត។ បន្ទាប់មកទៀត អាឡឺម៉ង់បានដកទ័ពចេញពីយូហ្គោសា្លវីនៅចុងខែតុលា ឆ្នាំ១៩៤៤និងបានជំនួសវិញដោយសហភាពសូវៀត។ ដូចដែលបានដឹងហើយថា បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២ ប្រទេសនៅអឺរ៉ុបខាងកើតភាគច្រើនបានក្លាយទៅជាសង្គមនិយមតាមសហភាពសូវៀតព្រោះតែសូវៀតបានដើរតួនាទីយ៉ាងខ្លាំងក្នុងការវាយណាស៊ីអាឡឺម៉ង់ជាពិសេសក្នុងតំបន់អឺរ៉ុបខាងកើត។ បន្ទាប់ពីរំដោះប្រទេសយូហ្គោស្លាវីនៅខែវិច្ឆិកា ឆ្នាំ១៩៤៤ ក្រុមលោកទីតូបានលេចរូបរាងដែលជាចលនាកុម្មុយនីស្ដមួយដែលបានឈ្នះសង្គ្រាមស៊ីវិល ហើយលោកបានកាន់តំណែងនាយករដ្ឋមន្រ្តីទី១នៃរដ្ឋាភិបាលយូហ្គោស្លាវីនៅខែមីនា ឆ្នាំ១៩៤៥ដោយការឈ្នះឆ្នោតទទួលបានអាសនៈច្រើនក្នុងសភា ខណៈដែលមានព្រះអង្គម្ចាស់ភិតទ័រទី២នៅតែជាប្រមុខដដែរ។ ប៉ុន្តែនៅខែវិច្ឆិកា ឆ្នាំ១៩៤៥ សភាធម្មនុញ្ញយូហ្គោស្លាវីបានទម្លាក់ព្រះអង្គម្ចាស់ភិតទ័រទី២ជាផ្លូវការ ហើយបានប្រកាសប្រទេសយូហ្គោស្លាវីជាសាធារណរដ្ឋដោយសារតែប្រទេសនេះត្រូវបានគ្រប់គ្រងដោយគណបក្សកុម្មុយនីស្ដហើយណាមួយក្នុងតំបន់អឺរ៉ុបខាងកើតទទួលឥទ្ធិពលច្រើនពីលិទ្ធិសង្គមនិយមដែលសូវៀតជាមេធំហើយបានជ័យជំនះពីអាឡឺម៉ង់ក្នុងសង្រ្គាមលោកលើកទី២។ បន្ទាប់មកក្នុងឆ្នាំ១៩៤៦ រដ្ឋធម្មនុញ្ញថ្មីមួយបានកើតឡើងបានប្រកាសយូហ្គោស្លាវីទៅជាសហព័ន្ធសាធារណរដ្ឋប្រជាមានិតយូហ្គោស្លាវីដែលមានទីតូជាប្រធានាធិបតី។ ដូច្នេះយូហ្គោស្លាវីលែងជាប្រកាន់យករបបរាជានិយមនិងលែងមានស្តេចគ្រងរាជ្យ គឺមានតែប្រធានាធិបតីជាប្រមុខរដ្ឋ។ តាមរដ្ឋធម្មនុញ្ញបានកំណត់ថាប្រទេសយូហ្គោស្លាវីជាសាធារណរដ្ឋប្រជាមានិតមួយ និងសហព័ន្ធ ហើយបានផ្តល់ស្វយ័តភាពដល់រដ្ឋទាំង៦ក្នុងសហព័ន្ធប៉ុន្តែការពិតអំណាចទាំងអស់គឺស្ថិតក្នុងដៃប្រធានាធិបតីទីតូនិងថ្នាក់ដឺកនាំកុម្មុយនីស្ដ។

សរុបមកការប្រែក្លាយពីព្រះរាជាណាចក្រយូហ្គោស្លាវីទៅប្រកាន់របបសង្គមនិយមនៅឆ្នាំ១៩៤៦វិញ ដោយសារតែការវាយលុកកាន់របស់ណាស៊ីអាឡឺម៉ង់ក្នុងសង្រ្គាមលោកលើកទី២បានធ្វើឱ្យស្តេចភិតទ័រទី២និរទេសខ្លួនចេញពីប្រទេស ហើយបន្ទាប់មកកងទ័ពក្រហមសូវៀតនិងចលនាកុម្មុយនីស្ដដែលដឹកនាំដោយលោកទីតូបានតស៊ូរំដោះប្រទេសរហូតដល់អាឡឺម៉ង់ដកទ័ពចេញនៅឆ្នាំ១៩៤៤ និងបានធ្វើឱ្យចលនាកុម្មុយនីស្ដមានប្រជាប្រិយភាពនិងឈ្នះការបោះឆ្នោតថ្នាក់ជាតិហើយសភាធម្មនុញ្ញក៏បានបោះឆ្នោតទម្លាក់ព្រះអង្គម្ចាស់ភិតទ័រទី២ក្នុងឆ្នាំ១៩៤៥។ហើយបន្ទាប់មករដ្ឋធម្មនុញ្ញថ្មីឆ្នាំ១៩៤៦បានកើតឡើងនិងប្រកាន់របបសង្គមនិយមវិញដោយមានលោកទីតូជាប្រធានាធិបតីនិងបានផ្លាស់ប្តូរពី”ព្រះរាជាណាចក្រយូហ្គោស្លាវី”ទៅជា”សហព័ន្ធសាធារណរដ្ឋប្រជាមានិតយូហ្គោស្លាវី”វិញ

ហេតុអ្វីបានជាកូរ៉េខាងជើងកាន់កម្មវិធីនុយក្លេរអ៊ែរមិនប្រលែង?

កូរ៉េខាងជើង គឺជារដ្ឋកុម្មុយនីស្តដែលត្រូវបានគេដឹងថា ជារដ្ឋមួយក្នុងចំណោមរដ្ឋទាំងប្រាំបួនលើពិភពលោកដែលអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរឥតស្រាកស្រាន្ត (សហរដ្ឋអាមេរិក រុស្ស៊ី បារាំង ចិន ចក្រភពអង់គ្លេស ប៉ាគីស្ថាន ឥណ្ឌា អ៊ីស្រាអែល និងកូរ៉េខាងជើង)។ ទន្ទឹមនឹងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន កូរ៉េខាងជើងក៏ទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់មហាអំណាចធំៗរបស់ពិភពលោកដូចជា សហរដ្ឋអាមេរិក និងលោកខាងលិចផងដែរ។ ទោះបីជាទទួលរងនូវគំនាបសេដ្ឋកិច្ចពីមហាអំណាចធ្ងន់ធ្ងរ និងពុំសូវមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងវិស័យផ្សេងៗបានរហ័សដូចបងប្អូនកូរ៉េរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏មេដឹកនាំកូរ៉េខាងជើងទាំងបីជំនាន់ នៅតែបន្តមហិច្ឆតាក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឥតឈប់ឈរ។ មិនតែប៉ុណ្ណោះថ្មីៗនេះ កូរ៉េខាងជើងថែមទាំងបានប្រកាសអំពីការចាប់ផ្ដើមអភិវឌ្ឍន៍គម្រោង នុយក្លេអ៊ែ និងមីសីលផ្លោងអន្តរទ្វីប ICBM (Intercontinental ballistic missile) ឡើងវិញទៀតផង។ ហេតុអ្វីបានជាកូរ៉េខាងជើង នៅតែប្រកាន់ភ្ជាប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមិនខ្លាចរអាចំពោះទណ្ឌកម្មសេដ្ឋកិច្ចរបស់មហាអំណាចពិភពលោកបែបនេះ?

បុព្វហេតុដំបូងនៃការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង

ការរៀបចំផលិតនុយក្លេអ៊ែរកើតឡើង នៅពេលដែលសហភាពសូវៀតដែលជាអ្នកផ្គត់ផ្គង់ដល់ខឿនសេដ្ឋកិច្ចរបស់កូរ៉េខាងជើង បានចាញ់ក្នុងសមរភូមិសង្គ្រាមត្រជាក់ជាមួយអាមេរិក ស្របពេលដែលនយោបាយការទូតរវាងកូរ៉េខាងជើង និងអាមេរិកកំពុងតែរកាំរកូសមិនចេះចប់។ ហេតុនេះកូរ៉េខាងជើងចាំបាច់ត្រូវបង្កើតអាវុធនេះឱ្យខានតែបាន ដើម្បីការពារខ្លួនពីការយាយីពីសំណាក់ប្រទេសមហាអំណាច ជាពិសេសអាមេរិកដែលជាអ្នកនៅពីក្រោយខ្នងកូរ៉េខាងត្បូងតែម្ដង។

មែនទែនទៅ មហិច្ឆតាក្នុងការបង្កើតកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានចាប់ផ្ដើមឡើងចាប់តាំងពីឆ្នាំ ១៩៥៦ មកម្ល៉េះ។ គោលដៅនៃការផលិតគឺដើម្បីពងឹ្រងកម្លាំងយោធារបស់ខ្លួនដើម្បីវាទទីកូរ៉េខាងត្បូង ព្រមទាំងការពារខ្លួនពីពួកមហាអំណាចផងដែរ។ នៅពេលនោះមេដឹកនាំប្រទេសនេះ បានចាប់បង្កើតកម្មវិធីបណ្ដុះបណ្ដាលអ្នកបច្ចេកទេសលើចំណេះដឹងមូលដ្ឋានគ្រឹះផ្នែកនុយក្លេអ៊ែរ រហូតមកដល់ឆ្នាំ ១៩៨០ ទើបចាប់ផ្ដើមផលិតសារធាតុផ្លាតូនីញ៉ូម (Plutonium) ហើយនៅឆ្នាំ ១៩៩៤ កូរ៉េខាងជើងចាប់ផ្ដើមបង្កកសារធាតុនេះ ព្រមទាំងចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមដោយសម្ងាត់ទៀតផង។

ដំណើរការផលិតនុយក្លេអ៊ែរជាផ្លូវការរបស់កូរ៉េខាងត្បូងបានចាប់ផ្ដើមនៅឆ្នាំ ២០០២ រហូតដល់បច្ចុប្បន្ន ។ លើសពីនេះយោងតាមការចេញផ្សាយរបស់ CNBC កូរ៉េខាងជើងបានព្យាយាមពង្រឹងកម្លាំងកងទ័ពរបស់ខ្លួនយ៉ាងខ្លាំង ដោយបានចំណាយទឹកប្រាក់ ១/៤ នៃផលិតផលដុលជាតិមកពង្រឹងកម្លាំងយោធាជារៀងរាល់ឆ្នាំ បើទោះជាប្រជាជនខ្លួនកំពុងតែរស់នៅក្នុងភាពខ្វះខាត វេទនាយ៉ាងណាក៏មេដឹកនាំប្រទេសនេះមិនបានផ្លាស់ប្ដូរបៀបដឹកនាំជាដាច់ខាត។

ហេតុផលពីក្រោយឆន្ទៈនៃការបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ

ក្នុងឆ្នាំ ១៩៨៥ ប្រទេសកូរ៉េខាងជើងក៏បានចូលរួមក្នុងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរផងដែរ ប៉ុន្តែនៅឆ្នាំ២០០៣ បានដកខ្លួនចេញពីសន្ធិសញ្ញានេះវិញ ក្រោមហេតុផលការឈ្លានពានពីសំណាក់សហរដ្ឋអាមេរិក នៅបីឆ្នាំបន្ទាប់ប្រទេសនេះ បានសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាលើកដំបូង។ ក្រោមការដឹកនាំរបស់លោកគ្រួសារត្រកូលគីម បានចាត់ទុកថា មានតែអាវុធនុយក្លេអ៊ែរទេ ដែលអាចការពារភាពគង់វង្សនៃរបបក្រុងព្យុងយ៉ាងបាន ជាពិសេស គឺការពារពីសំណាក់សត្រូវក្នុងស្រុក និងអន្តរជាតិ។

ចាប់តាំងពីឆ្នាំ២០០៦ ក្រុមប្រទេសមហាអំណាច និងអង្គការសហប្រជាជាតិបានព្យាយាមដាក់ទណ្ឌកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុមកលើកូរ៉េខាងជើង ដើម្បីលុបបំបាត់កម្មវិធីអភិឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ មិនត្រឹមតែដាក់ទណ្ឌកម្មសេដ្ឋកិច្ចប៉ុណ្ណោះទេ រដ្ឋាភិបាលប្រទេសមួយចំនួនបានវាយប្រហារកូរ៉េខាងជើងតាមរយៈការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត ស៊ើបអង្កេតការលាងលុយកខ្វក់ និងតាមដានការរំលោភសិទ្ធិមនុស្ស។ វិធានការទាំងនេះ បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសកូរ៉ខាងជើងរងភាពខ្ទិចខ្ទាំជាខ្លាំង តែទោះជាយ៉ាងនេះក្ដីក៏រដ្ឋកាលរបស់គីមជុងអ៊ុនមិនបានរាថយក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដាច់ខាត។

ការដាក់ទណ្ឌកម្មពីសំណាក់អន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានប្រទេសជាសមាជិកចំនួន១៥ បានសម្រេចជាឯកឆ័្ឆន្ទលើការផ្កោលទោសកូរ៉េខាងជើងចំពោះសកម្មភាពខិតខំប្រឹងប្រែងពង្រឹងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយវិធានការនៃការថ្កោលទោស និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះតែងតែកើតមានរូបភាពថ្មីៗជានិច្ច ក្នុងនោះមានដូចជា៖
• ហាមប្រាមមិនឱ្យមានការជួញដូរបរិក្ខាយោធា បច្ចេកវិទ្យាយោធាថ្មីៗ គ្រឿងចក្រឧស្សាហកម្ម និងលោហធាតុគ្រប់ប្រភេទ
• ការបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរក្នុងប្រទេសកូរ៉េខាងជើង
• ហាមឃាត់មិនឱ្យមានការនាំចូលទំនិញប្រណិតៗគ្រប់ប្រភេទ ផលិតផលប្រេង ឧស្ម័នធម្មជាតិ និងប្រេងចម្រាញ់
• ហាមឃាត់ការនាំចេញផលិតផលសំខាន់ៗរបស់កូរ៉េខាងជើងដែលមានដូចជា ឧបករណ៍អគ្គីសនី ធ្យូងថ្ម រ៉ែ អាហារសមុទ្រ គ្រឿងឧបភោគបរិភោគ ផលិតផលកសិកម្ម ឈើប្រណិត ផលិតផលវាយនភ័ណ្ឌ និងថ្ម។
• ហាមឃាត់មិនឱ្យមានពលករចំណាកស្រុកចេញពីប្រទេសកូរ៉េខាងជើង
• រឹតត្បិតសកម្មភាពនេសាទគ្រប់ប្រភេទ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសផ្សេងៗជាមួយកូរ៉េខាងជើង
• ហាមមិនឱ្យមានការបើកគណនីធនាគារ និងការរិយាល័យធនាគារនៅកូរ៉េខាងជើង។ ទន្ទឹមនឹងការដាក់ទណ្ឌកម្មទាំងនេះ អង្គការសហប្រជាជាតិបានអនុញ្ញាតិឱ្យមានជំនួយមនុស្សធម៌សម្រាប់ប្រជាជនកូរ៉េខាងជើងបាន។

ក្រៅពីអង្គការសហប្រជាជាតិ កូរ៉េខាងជើងក៏ទទួលការដាក់ទណ្ឌកម្មជាឯកតោភាគីពីសំណាក់អាមេរិកផងដែរ ដោយបានរឹតត្បឹតសកម្មភាពសេដ្ឋកិច្ចជាច្រើន ក្នុងគោលបំណងរារាំងការអភិវឌ្ឍបច្ចេកវិទ្យាមីសីល និងនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ លើសពីនេះអាមេរិកក៏បានវាយប្រហារកូរ៉េខាងជើងតាមប្រព័ន្ធអ៊ីនធឺណែត ដូចជា ការរំលោភលើប្រព័ន្ធកុំព្យូទ័រ Sony នៅឆ្នាំ២០១៤ និងការវាយប្រហារដោយប្រើមេរោគ Wanna Cry នៅឆ្នាំ២០១៧ជាដើម។ បន្ថែមពីនេះអាមេរិកបានតាមដានសកម្មភាពរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើងយ៉ាងសកម្ម ព្រមទាំងត្រួតពិនិត្យសកម្មភាពលាងលុយកខ្វក់ផងដែរ។ អាមេរិកក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន ឬអ្នកជំនួញណាមួយដែលបង្ហាញពីការគាំទ្រចំពោះកូរ៉េខាងជើងទៀតផង ជាពិសេសក្រុមអ្នករកស៊ីនៅចិន និងរុស្ស៊ី។ មិនតែប៉ុណ្ណោះក្រុមប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកដូចជា សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី សុទ្ធសឹងតែចូលរួមគាំទ្រនិងដាក់ទណ្ឌកម្មលើកូរ៉េខាងជើងដូចអាមេរិកដែរ។

កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងអាចមានទីអវសាន្តទេ?

ចាប់តាំងពីឡើងកាន់អំណាចនៅឆ្នាំ២០១២មក លោកគីម ជុងអ៊ុន បានបង្កើនសកម្មភាពតេស្តសាកល្បងនុយក្លេអ៊ែរញឹកញាប់ជាង ឪពុក និងជីតារបស់ខ្លួនទៅទៀត។ រហូតមកដល់ឆ្នាំ២០១៨ ដោយសារតែគំនាបសេដ្ឋកិច្ចខ្លាំងហួសហេតុពេក ប្រទេសនេះបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចចា ដើម្បីរំសាយកម្មវិធីអាវុធនុយក្លអ៊ែររបស់ខ្លួន ហើយជំនួបរវាងមេដឹកនាំអាមេរិក លោកដូណាល់ ត្រាំ និង លោកគីម ជុងអ៊ុន ក៏បានកើតឡើងផងដែរ។ ជំនួបនេះបាននាំឱ្យមានលទ្ធផល ជាប្រវត្តិសាស្ត្រចំនួនបួនចំណុចដូចជា៖
• សហរដ្ឋអាមេរិក និងកូរ៉េខាងជើងប្ដេជ្ញាបង្កើតទំនាក់ទំនងថ្មីរវាងគ្នានឹងគ្នា ស្របតាមការចង់បានរបស់ប្រជាជនប្រទេសទាំងពីរ ដើម្បីសន្តិភាព និងវិបុលភាព។
• សហរដ្ឋអាមេរិក និងកូរ៉េខាងជើងនឹងខិតខំប្រឹងប្រែងថែរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េឱ្យបានយូរអង្វែង។
• បញ្ជាក់ឡើងវិញនូវសេចក្ដីថ្លែងការណ៍ Panmunjom កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ កូរ៉េខាងជើងប្ដេជ្ញារំសាយកម្មវិធីនុយក្លេអ៊ែរពេញលេញនៅឧបទ្វីបកូរ៉េ។
• ភាគីទាំងពីប្ដេជ្ញាធ្វើមាតុភូមិនិវត្តន៍ភា្លមៗនូវសាកសពយុទ្ធជនសម័យសង្គ្រាម ដែលបានកំណត់អត្តសញ្ញណរួចរាល់ មកកាន់មាតុភូមិកំណើតវិញ។

ក្រោយៗមកទៀត ទោះជាមានកិច្ចចរចាជាបន្តបន្ទាប់មកទៀតក្ដី ប៉ុន្តែហាក់ដូចជាមិនទទួលបានលទ្ធផលជាដុំកំភួននោះទេ។ ភាគីទាំងពីរនៅតែមិនអាចស្វែងរកដំណោះស្រាយរួមគ្នាដដែលមកទល់នឹងពេលនេះ ហើយបើយោងតាមក្រុមអ្នកវិភាគអន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែប្រមាណ៣០ ទៅ ៦០ដើម ដោយប្រទេសនេះគឺមានភាពស្វាហាប់ខ្លាំងបំផុត ក្នុងការបង្កើនសមត្ថភាពក្នុងការផលិតអាវុធអ៊ែរបន្ថែម ដោយមេដឹកនាំលោកគីម ជុងអ៊ុន បានលើកឡើងថា “មានតែប្រទេសខ្លាំងទេ ទើបគេមិនអាចគម្រាមកំហែងបាន” ក្នុងន័យនេះ អាចបង្ហាញថា ប្រទេសកូរ៉េខាងជើងគ្មានឆន្ទៈក្នុងការរំសាយកម្មវិធីអាវុទ្ធនុយក្លេអ៊ែររបស់ខ្លួនសោះឡើយ បើទោះបីជាមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហគមន៍អន្តរជាតិខ្លាំងយ៉ាងណាក៏ដោយ ព្រោះមានតែវិស័យការពារជាតិរបស់ខ្លួនខ្លាំងក្លាទេ ទើបអាចការពារខ្លួនពីការគម្រាមកំហែងពីអន្តរជាតិ និងរក្សាភាពគង់វង្សនៃរបបក្រុងព្យុងយ៉ាងបាន។ ជាក់ស្ដែងនៅដើមឆ្នាំ២០២២ថ្មីៗនេះ កូរ៉េខាងជើងបានសាកល្បងបាញ់មីសីលរបស់ខ្លួនចំនួន៦លើករួចទៅហើយ នេះគឺជាគោលបំណងមួយដែលបង្ហាញថា ប្រទេសរបស់ខ្លួនគ្មានឆន្ទៈក្នុងការរំសាយកម្មវិធីនុយក្លេអ៊ែរនោះទេ។

ការដួលរលំនៃសហភាពសូវៀត

បើគិតឱ្យមែនទែនទៅ សហភាពសូវៀតគឺជាអតីតប្រទេសខ្នាតយក្សមួយ ដែលមានសក្ដានុពលធំទំាងទឹកដី នយោបាយ និងសេដ្ឋកិច្ច។ សហភាពសូវៀតក្រោយធ្វើបដិវត្ដន៍ផ្ដួលរលំរបបរាជានិយម បានចាប់ផ្ដើមពង្រីកទឹកដី និងពង្រាយគ្រាប់មនោគមន៍កុម្មុយនីស្ដសឹងតែពាសពេញពិភពលោក។ សហភាពសូវៀតបានប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកក្នុងការប្រកួតប្រជែងគ្នាដើម្បីបានពានជាប្រទេសមហាអំណាចទី ១ នៅក្នុងពិភពលោក។ ការប្រកួតប្រជែងនេះ មិនត្រឹតតែធ្វើឱ្យពិភពលោកបែងចែកជាពីប្លុកទេ ប៉ុន្តែក៏បានធ្វើឱ្យប្រទេសខ្លះបែងចែកជា ២ និងខ្លះទៀតធ្លាក់ចុះសង្គ្រាមស៊ីវិលដែរ។ ការដួរលំនៃសហភាពសូវៀតគឺហាក់ប្រៀបបានយក្សមួយបានដួល ហើយសហរដ្ឋអាមេរិកទទួលជ័យជំនះក្នុងការធ្វើឱ្យសហភាពសូវៀតបន្ទន់ជង្គង់បាន។ ការដួលរលំរបស់សហភាពសូវៀនេះត្រូវបានគេវិភាគថាដោយសារសហភាពសូវៀតចុះទន់ខ្សោយដោយសារងប់ងល់ប្រណាំងប្រជែងជាមួយសហរដ្ឋអាមេរិកខ្លាំងពេករហូតខើចសេដ្ឋកិច្ច និងធនធាន។ ដូចនេះ តើមូលហេតុអ្វីខ្លះទើបសហភាពសូវៀតដួលរលំ?

ការផ្លាស់ប្តូរគោលនយោបាយ និងឥទ្ធិពលនយោបាយការបរទេស

លោក Mikhail Gorbachev ដែលជាអគ្គលេខាធិការបក្សកម្មុយនីស្តមានគោលបំណងផ្លាស់ប្តូរគោលនយោបាយក្នុងប្រទេសរុស្ស៊ីដោយប្រើប្រាស់គោលនយោបាយពីរគឺ Glasnost (ការបើកចំហ) និង Perestroika (ការរចនាឡើងវិញ) ក្នុងគោលបំណងស្ថាបនាសេដ្ឋកិច្ចទីផ្សារសេរីនៅក្នុងសហភាពសូវៀត។ គោលនយោបាយទាំងពីរនេះត្រូវបានរិះគន់ថា គោលនយោបាយ Perestroika មានចេតនាបម្រើផលប្រយោជន៍មន្ត្រីនៃរបបនេះ។ ស្របពេលនោះ ការរើបំរះពីសំណាក់ប្រទេសហុងគ្រី និងបណ្តាប្រទេសដទៃទៀត និងការផ្តួលរំលំជញ្ជាំងប៊ែរឡាំង ដែលបណ្តាលមកពីការចុះខ្សោយនៃសេដ្ឋកិច្ចរបស់សូវៀត និងកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ បានធ្វើឱ្យរបបសហភាពសូវៀតចាប់ផ្តើមចុះខ្សោយ និងឈានទៅរកការដួលរលំ។

រដ្ឋជាសមាជិកសហភាពសូវៀតនាំគ្នាផ្ដាច់ខ្លួន

នៅពេលដែលសហភាពសូវៀតកំពុងចុះខ្សោយ សមាជិកសហភាពសូវៀតបានឆ្លៀតឱកាសក្នុងការប្រទេសផ្ដាច់ទឹកដីរបស់ម្ដងមួយៗ រហូតធ្វើឱ្យសហភាពសូវៀតរួញតូចទៅៗ។ នៅឆ្នាំ១៩៨៩ ចលនាបដិវត្តន៍ប្រជាជនបានផ្ទុះឡើង ដែលពួកគេចង់បានរបបគ្រប់គ្រងដូចពួកលោកខាងលិចវិញ។ អ្វីដែលជារបត់គ្រោះថ្នាក់មួយរបស់សហភាពសូវៀតនោះគឺ ចលនាបដិវត្ដន៍របស់ប្រជាជនបានជ្រៀបមកកាន់ស្នូលសហភាពសូវៀតតែម្ដង។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩០ លោកប្រធានាធិបតីរុស្ស៊ី បូរីស យែលស៊ីន បានប្រកាសឯករាជ្យពីសហភាពសូវៀត ដែលជាហេតុធ្វើឱ្យសហភាពសូវៀតបាត់បង់សសរគ្រឹះសម្រាប់ទ្រទ្រង់តែម្ដង។ ភាពជោគជ័យនៃបដិវត្ដន៍របស់ប្រជាជននេះត្រូវបានយល់ថាបានមកពីគោលនយោបាយរបស់ លោក Mikhail Gorbach ដែលបានក្រលាប់សហភាពសូវៀតទាំងមូល។

ការធ្លាក់ចុះនៃសេដ្ឋកិច្ច

ក្នុងឆ្នាំ ១៩៨៥ ប្រទេសអារ៉ាប់ប៊ីសាអូឌីត បានលុបចោលនូវកិច្ចព្រមព្រៀងលើប្រេងឥន្ធនៈ និងបានចាប់ផ្តើមបញ្ចេញប្រេងឥន្ធនៈរបស់ខ្លួនចូលក្នុងទីផ្សារដែរ ដែលបណ្តាលឱ្យតម្លៃប្រេងធ្លាក់ចុះពី ១២០ ដុល្លារ ទៅ ២៤ ដុល្លារក្នុងមួយបារ៉ែល។ នេះជាហេតុបណ្តាលឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចសហភាពសូវៀត ដែលជារដ្ឋផលិតប្រេងធំជាងគេក្នុងពិភពលោក។ ការគ្រប់គ្រងច្បាប់សារពើពន្ធមិនបានល្អ និងការបោះពុម្ពរូបិយប័ណ្ណច្រើនដោយសារការឡើងប្រាក់បៀរវត្សន៍ ដែលបណ្តាលឱ្យអតិផរណាឡើងខ្ពស់ ក៏ដូចជា ដំណើរការនៃទីផ្សារងងឹតដែលមានតម្លៃស្មើ ១០ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក៏ជាហេតុដែលបណ្តាលឱ្យសហភាពសូវៀតធ្លាក់ចុះផងដែរ។

ការចុះខ្សោយនៃយោធាសូវៀត

ការធ្លាក់ចុះខ្សោយនៃកងទ័ពសូវៀតបណ្តាលមកការកាត់បន្ថយចំនួនកងទ័ព ដែលបណ្តាលមកពីការចុះកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក លើកិច្ចកាត់បន្ថយអាវុធទ្វេភាគីនិងអស្ថិរភាពនយោបាយ ក៏ដូចជាការបាត់បង់ទ័ពនៅក្នុងសង្រ្គាមអាហ្គានីស្ថាន និងការផ្តល់សិទ្ធិរបស់គោលនយោបាយ Glasnost ដល់កងទ័ពក្នុងការបញ្ចេញមតិអំពីការរំលោភបំពានសិទ្ធិនៅក្នុងប្រព័ន្ធយោធា ។ ភាពទន់ខ្សោយនៃប្រព័ន្ធយោធារបស់សហភាពសូវៀតនេះ បណ្តាលឱ្យចលនាប្រឆាំងនឹងសភាពសូវៀតនៃប្រទេសហ្សកហ្ស៊ី (Georgia) អាស៊ែបៃហ្សង់ (Azerbaijan)និងលីទុយអានី (Lithuania) មានសន្ទុះកាន់តែខ្លាំងខ្លាដែលមិនអាចគ្រប់គ្រងបានដោយយោធាសូវៀត។

លទ្ធផលនៃការដួលរលំនៃសហភាពសូវៀត

ការដួលរលំនៃសហភាពសូវៀតបានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខនៃប្រទេសរុស្សី ដោយ មានក្រុម Mafia ជាច្រើនបានអុកលុក និងគ្រប់គ្រងទីតាំងរដ្ឋមួយចំនួនដូចជា ទូរគមនាគមន៍ រោងចក្រសហគ្រាស និងប្រព័ន្ធគ្រប់គ្រងថាមពល ដែលបង្កឱ្យមានភាពអាណាធិបតេយ្យនៅតាមទីតាំងមួយចំនួន។យ៉ាងណាមិញទោះបីជារដ្ឋបាលរុស្ស៊ីសព្វថ្ងៃអាចគ្រប់គ្រងលើទីតាំងទាំងនោះបានវិញយ៉ាងណាក្តី ឥទ្ធិពលរបស់ពួកក្រុម Mafia ក៏នៅមាននៅតាមទីតាំងផ្សេងៗនៅក្នុងប្រទេសផងដែរ។ គួរបញ្ជាក់ផងដែរថា ការដួលរលំនេះបានផ្តល់ផលវិជ្ជមានដល់សហរដ្ឋអាមេរិក ឱ្យមានឱកាសក្នុងការដណ្តើមតំណែងជាមហាអំណាចពេញលេញនៅក្នុងពិភពលោក ដោយគ្មានឧបសគ្គរារាំង ដែលអាចឱ្យសហរដ្ឋអាមេរិក លូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត បានយ៉ាងងាយស្រួល។ រីឯបណ្តាប្រទេសសមាជិករបស់សហភាពសូវៀតដូចជា ប្រទេសលីទុយអានី (Lithuania) និងឡាតវី (Latvia) បានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយប្តូរទៅអនុវត្តនយោបាយបែបបច្ចឹមប្រទេសវិញ ស្របពេលគ្នានេះដែរ ប្រជាជននៃប្រទេសអាមេនី (Armenia) និងតាជីគីស្ថាន (Tajikistan) បានជួបប្រទះនូវវិបត្តិក្រីក្រ ដែលពិបាកនឹងឈានទៅរកភាពចម្រើន។

បដិវត្តវប្បធម៌នៅក្នុងប្រទេសចិន

ប្រសិនបើយើងក្រឡេកទៅមើលអំពីប្រវត្តិសាស្ត្រប្រទេសចិន យើងពិតជាមិនអាចមើលរំលងពីបុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ថាជាបិតាស្ថានិកសាធារណរដ្ឋប្រជាមានិតចិនគឺ លោកម៉ៅ សេទុងបានទេ។ លោកម៉ៅសេទុងបានព្យាយាមផ្លាស់ប្តូរសេដ្ឋកិច្ចប្រទេសចិនតាមរយៈផែនការ “មហាលោតផ្លោះ” ដែលបានបន្សល់ទុកនៅសោកនាដកម្មនៃគ្រោះទុរ្ភិក្សនិងការបាត់បង់ជីវិតប្រជាជនរាប់លាននាក់។ ក្រោយពេលដែលផែនការនេះទទួលបរាជ័យ នៅក្នុងប្រទេសចិនក៏មានលេចឡើងនូវបដិវត្តមួយដែលគ្រប់គ្នាបានស្គាល់ថាជា បដិវត្តវប្បធម៌។ ដូច្នេះហើយ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកទៅមើលថាតើអ្វីទៅជាបដិវត្តវប្បធម៌? ហើយបដិវត្តនេះវាមានឥទ្ធិពលអ្វីខ្លះដល់ការផ្លាស់ប្តូរសង្គមចិន?

បដិវត្តវប្បធម៌ គឺជាចលនាសង្គមនយោបាយចុងក្រោយរបស់លោកម៉ៅ សេទុងដែលបានកើតឡើងរយៈពេល១ទសវត្សដើម្បីលុបបំបាត់ឥទ្ធិពលមូលធននិយម និងប្រពៃណីចិននៃសាធារណរដ្ឋប្រជាមានិត និងដាក់បញ្ចូលទស្សនវិជ្ជានៃលទ្ធិម៉ៅនិយម(Maoism) ដើម្បីបំពេញចន្លោះប្រហោងមនោគមវិជ្ជាដែលកំពុងប្រើប្រាស់នៅក្នុងសម័យនោះ។ បដិវត្តនេះបានចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៦៦ នៅពេលដែលប្រធានគណបក្សកុម្មុយនិស្តចិននៅទីក្រុងប៉េកាំងបានប្រកាសថា គណបក្សនេះត្រូវបានជ្រៀតចូលដោយ “អ្នកប្រឆាំងបដិវត្តន៍” និង “អ្នកតំណាងនៃវណ្ណៈគហិបតី (bourgeoisie)” ដែលកំពុងរៀបចំផែនការដើម្បីបង្កើត “របបផ្តាច់ការនៃវណ្ណៈគហិបតី” នៅក្នុងប្រទេសចិន។ យ៉ាងណាមិញ បដិវត្តនេះក៏ត្រូវបានបញ្ចប់នៅឆ្នាំ១៩៧៦ក្រោយពេលដែលលោកម៉ៅ សេទុងបានបាត់បង់ជីវិតដោយសាររោគាពាធ។ យើងសូមបង្វែរចំណាប់អារម្មណ៍មិត្តអ្នកអានទៅមើលមូលហេតុដែលលោកម៉ៅ សេទុងបង្កើតនូវការបដិវត្តនេះឡើងបន្តិច។
ក្រោយពេលដែលផែនការមហាលោតផ្លោះរបស់លោកម៉ៅ សេទុងបានទទួលបរាជ័យជាមួយនឹងការបន្សល់ទុកនៅគ្រោះទុរ្ភិក្សរយៈពេល៥ឆ្នាំមក អំណាចនិងប្រជាប្រិយភាពរបស់លោកនៅក្នុងបក្សកុម្មុយនិស្តចិនមានការថយចុះជាខ្លាំង ។ ហេតុនេះហើយទើបលោកយល់ថា ដើម្បីស្តារអំណាចនិងកិត្តិនាមរបស់ខ្លួនឡើងវិញ ចាំបាច់ត្រូវកម្ចាត់សត្រូវរបស់ខ្លួនដោយការចម្រាញ់យកតែអ្នកដែលមានភក្តីភាពនៅក្នុងបក្សនិងការកសាងមនោគមវិជ្ជាថ្មីរបស់យុវជននៅក្នុងប្រទេស។

ការកកើតនៃកងឆ្មាំក្រហម និងការបំពេញកាតព្វកិច្ចរបស់ពួកគេក្នុងបដិវត្តន៍

ដើម្បីលុបបំបាត់នូវរនុកក្នុងបក្ស និង ដើម្បីចម្រាញ់យកតែពួកកុម្មុយនិស្តសុទ្ធ លោកម៉ៅ សេទុងបានចាប់ផ្តើមចេញពីការបង្វឹកស្មារតីយុវជនបដិវត្ត។ គាត់បានបញ្ជាឱ្យមានការបិទសាលារៀនទាំងអស់ទូទាំងប្រទេស ហើយអំពាវនាវឱ្យមានការប្រមូលផ្តុំយុវជនយ៉ាងធំដើម្បីពង្រឹងនូវ ស្មារតីនៃការបដិវត្ត និង បញ្ជ្រាបគំនិតឱ្យពួកគេគោរពតាមគោលការណ៍កុម្មុយនិស្ត និង ការដឹកនាំរបស់លោក។ ក្នុងរយៈពេលប៉ុន្មានខែក្រោយមក ចលនានៃយុវជនបានកើនឡើងយ៉ាងឆាប់រហ័សហើយយុវជនដែលជាសិស្សទាំងនោះត្រូវបានបង្កើតជាក្រុមកងបដិវត្តដែលមានឈ្មោះថា កងឆ្មាំក្រហម(Red Guards)ដើម្បីជួយប្រធានបក្សលោក ម៉ៅ សេទុង ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម “revisionists” នៅពេលដែលលោកចាត់ទុកថាពូកគេជាអ្នកបដិវត្តន៍មិនពេញលេញ។ នៅខែសីហាឆ្នាំ១៩៦៦ សម្ព័ន្ធមិត្តរបស់លោកម៉ៅ សេទុងបានជំរុញឱ្យកងឆ្មាំក្រហមធ្វើការវាយប្រហារ និងបំផ្លាញប្រជាជនវ័យចំណាស់ និងបញ្ញវន្តរបស់ប្រទេសចិនដែលប្រកាន់យក “Old Fours” ឬ “ប្រពៃណីចាស់ទាំងបួន” រួមមានគំនិតចាស់ ទំនៀមទម្លាប់ចាស់ ទម្លាប់ចាស់និងវប្បធម៌ចាស់។ Old Fours ត្រូវបានលោកម៉ៅ សេទុងយល់ថាជាប្រពៃណីដែលរាំងស្ទះដល់ការលុបបំបាត់វណ្ណៈព្រោះពួកវាត្រូវបានអភិរក្សដោយក្រុមប្រកាន់វណ្ណៈនិងបានបំពុលចិត្តរបស់មនុស្សរាប់ពាន់ឆ្នាំមកហើយ។ អំឡុងពេលនៃការប្រតិបត្តិការរបស់ពួកកងឆ្មាំក្រហមសាលារៀន និងសាកលវិទ្យាល័យត្រូវបានបិទ ហើយព្រះវិហារ ទីសក្ការៈបូជា បណ្ណាល័យ ហាង និងផ្ទះឯកជនត្រូវបានរឹបអូស ឬក៏បំផ្លាញចោល ហើយត្រឹមតែរយៈពេល១ខែនៃការចាប់ផ្តើមប្រតិបត្តិការនេះ មនុស្សប្រហែល១៨០០នាក់បានបាត់បង់ជីវិតនៅក្នុងទីក្រុងប៉េកាំង។ ការបង្ហូរឈាមកាន់តែមានសភាពខ្លាំងឡើង នៅពេលដែលលោកម៉ៅ សេទុងបានបញ្ជាកុំឱ្យកងសន្តិសុខជ្រៀតជ្រែកការងាររបស់ឆ្មាំក្រហម។ បន្ថែមពីនោះមន្ត្រីបក្ស គ្រូបង្រៀន និងបញ្ញវន្ត ត្រូវបានពួកឆ្មាំក្រហមធ្វើឱ្យអាម៉ាស់ជាសាធារណៈ វាយដំ ហើយក្នុងករណីខ្លះត្រូវបានសម្លាប់ ឬជំរុញឱ្យធ្វើអត្តឃាតថែមទៀតផង ។ យ៉ាងណាមិញនៅពេលដែលទីក្រុងនានាធ្លាក់ចូលទៅក្នុងភាពអនាធិបតេយ្យ ពួកក្រុមកងឆ្មាំក្រហមក៏បានចាប់ផ្តើមប្រយុទ្ធគ្នាឯង។ ដោយរកឃើញពីភាពអសាមគ្គីភាពបែបនេះ កងទ័ពរំដោះប្រជាជន(People’s Liberation Army) ក៏បានបណ្តេញពួកកងឆ្មាំក្រហមឱ្យទៅធ្វើការនៅតាមឃុំនានានៅជនបទ។ គួរបញ្ជាក់ផងដែរថា កងទ័ពរំដោះប្រជាជន(PLA) គឺជាកងកម្លាំងប្រដាប់អាវុធផ្លូវការនៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន (PRC)របស់គណបក្សកុម្មុយនិស្តចិន (CCP) ហើយពួកគេស្ថិតក្រោមការគ្រប់គ្រងរបស់បក្សកុំម្មុយនិស្តទាំងមូល ចំណែកឯក្រុមកងឆ្មាំក្រហមស្ថិតក្រោមការគ្រប់គ្រងរបស់លោកម៉ៅ សេទុងតែម្នាក់។

សៀវភៅក្រហមតូចរបស់លោកម៉ៅ សេទុង (The Little Red Book)

នៅពេលដែលយើងនិយាយអំពីបដិវត្តវប្បធម៌នៅក្នុងប្រទេសចិន យើងមិនអាចមិនលើកឡើងអំពី«សៀវភៅក្រហម»របស់លោកម៉ៅ សេទុងនោះទេ។ មុនពេលនៃមានបដិវត្តន៍វប្បធម៌លោកម៉ៅ សេទុងបានគោលបំណងបង្កើតយុទ្ធនាការនៃការដាក់បញ្ចូលមនោគមវិជ្ជានយោបាយទៅដល់យុវជនជំនាន់ក្រោយតាមរយៈការតាក់តែងសៀវភៅមួយក្បាលនៅឆ្នាំ ១៩៦៤ ដែលត្រូវបានគេស្គាល់ថា “The little Red Book” ដែលបង្ហាញពីទស្សនៈរបស់លោកជាពាក្យស្លោកពាក់ព័ន្ធនឹងមនោគមវិជ្ជាកុម្មុយនិស្ត។ សៀវភៅនេះមានពាក្យពេចន៍សំខាន់ៗចំនួន ២៦៧ ឃ្លាពីមេដឹកនាំចិនកុម្មុយនិស្តដែលគ្របដណ្តប់លើប្រធានបទដូចជាការតស៊ូក្នុងការបំបាត់វណ្ណៈ ការកែប្រែគំនិតនិងគោលលទ្ធិសំខាន់ៗមួយចំនួនទៀត។ ជាក់ស្តែង ក្នុងអំឡុងពេលនៃការបដិវត្តសៀវភៅក្រហមតូចនេះត្រូវបានទទួលយកដោយឆ្មាំក្រហមរាប់លាននាក់ ហើយវាបានក្លាយជានិមិត្តរូបនៃយុវជនបះបោរ និងបដិវត្តន៍របស់ប្រទេសចិន។ បន្ថែមពីនោះ ប្រជាកសិករ ក្មេងៗនិងយុវជនពេញផ្ទៃប្រទេសត្រូវបានបង្ខំឱ្យអានសៀវភៅក្រហមតូចនេះដើម្បីជាការបណ្តុះមនោគមវិជ្ជារបស់លោកម៉ៅ សេទុងនិងការទទួលការអប់រំឡើងវិញ។

ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនអំឡុងពេលបដិវត្តនិងឥទ្ធិពលរបស់វា

អ្វីដែលគួរឱ្យចាប់អារម្មណ៍ទាក់ទងវប្បធម៌ប្រពៃណី យើងឃើញថាបដិវត្តន៍វប្បធម៌បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើសង្គមចិន ជាពិសេសគឺពិធីបុណ្យចូលឆ្នាំចិន។ ក្រោយពេលដែលលោកម៉ៅ សេទុងបានក្លាយជាមេដឹកនាំចិននៅឆ្នាំ១៩៤៩ ពិធីបុណ្យគ្រប់ប្រភេទត្រូវបានហាមឃាត់ ហើយការអនុវត្តសាសនាជាច្រើនដែលទាក់ទងនឹងពិធីបុណ្យចូលឆ្នាំចិនក៏ត្រូវបានហាមឃាត់ដូចគ្នា ដូចជាការរាំម៉ុងសាយ ពិធីបុណ្យនៅតាមព្រះវិហារ និងសូម្បីតែទំនៀមទម្លាប់នៃការចែកអាំងប៉ាវ។ គ្រូបង្រៀននៅសាលាត្រូវបានគេប្រាប់ឱ្យបង្រៀនកុមារមិនឱ្យទទួលអាំងប៉ាវពីឪពុកម្តាយរបស់ពួកគេទេ ព្រោះប្រាក់ត្រូវបានគេសន្មត់ថារកបានតាមរយៈការខិតខំ។ ប៉ុន្តែក្រោយពេលដែលបដិវត្តនេះត្រូវបានបញ្ចប់ ការប្រារព្ធពិធីបុណ្យផ្សេងៗក៏ត្រូវបានរៀបចំឡើងវិញ។ បន្ថែមពីនោះ ការប្រើប្រាស់ពណ៌ក្រហមនៅក្នុងពិធីជាច្រើនគឺពិតជាការឆ្លុះបញ្ជាំងពីការផ្លាស់ប្តូរបែបទំនើបនៃទំនៀមទម្លាប់របស់ចិន ដែលបានកើតឡើងក្រោយឆ្នាំ១៩៤៩ ខណៈពេលដែលបក្សកុម្មុយនិស្តចិនច្រើននិយាយថា ពណ៌ក្រហមជានិមិត្តសញ្ញានៃការបង្ហូរឈាម។ លោកវេជ្ជបណ្ឌិត Zhang Tian Liangបាននិយាយថា “នៅក្នុងប្រទេសចិនដីគោក ពណ៌ក្រហមមិនមែនគ្រាន់តែជាពណ៌នោះទេ” ។ “វាជានិមិត្តសញ្ញាសម្រាប់បក្សកុម្មុយនិស្តនិងការឃោសនានយោបាយ ដូច្នេះនៅពេលអ្នកកំពុងប្រើវា វាជាការបង្កប់អត្ថន័យពិសេសមួយដែលមានន័យថា អ្នកព្រមទទួលស្គាល់ជាមួយរបបបក្សកុំម្មុយនិស្តមួយនេះ ក៏ប៉ុន្តែក្នុងឱកាសចូលឆ្នាំចិន ប្រជាជនប្រមូលផ្តុំគ្នាដើម្បីមើលការសំដែងនាគក្រហមនិងការសម្តែងម៉ុងសាយហើយមានការព្យូរប្រតិទិនពណ៌ក្រហមនៅក្នុងផ្ទះបាយ ដោយបំភ្លេចចោលនូវខ្លឹមសារនយោបាយនៃការប្រើប្រាស់ពណ៌ក្រហមនេះ”។

ជារួមបដិវត្តន៍វប្បធម៌បានបញ្ចប់ក្រោយពេលដែលលោកម៉ៅ សេទុងទទួលអនិច្ចកម្មជាមួយនឹងការធ្វើឱ្យសេដ្ឋកិច្ចចិនចុះខ្សោយ ហើយបណ្តាលឱ្យមនុស្សប្រមាណ ១.៥ លាននាក់ស្លាប់ និងប្រហែល ២០ លាននាក់ផ្សេងទៀតត្រូវបាននិរទេសខ្លួន រួមទាំងប្រធានាធិបតីបច្ចុប្បន្នរបស់ចិន លោក ស៊ីជីនពីង (Xi Jinping) ផងដែរ។ បក្សកុម្មុយនិស្តចិនបានថ្កោលទោសដល់អ្នកពាក់ព័ន្ធនឹងបដិវត្តន៍វប្បធម៌ក្នុងឆ្នាំ១៩៨១ ហើយបានទម្លាក់កំហុសភាគច្រើនទៅលើក្រុម Gang of Four(ក្រុមបះបោរដែលដឹកនាំដោយមន្ត្រីបក្សកុម្មុយនិស្តចិនចំនួនបួននាក់ដើម្បីការពារលទ្ធិម៉ៅនិយម)។ ការពិភាក្សាជាសាធារណៈអំពីបដិវត្តន៍វប្បធម៌នៅតែត្រូវបានហាមឃាត់នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះ ដើម្បីការពារការដើរតាមគន្លងរបស់លោកម៉ៅ សេទុង។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ