"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

របត់នៃគោលនយោបាយរបស់សហរដ្ឋអាមេរិកដោយសារព្រឹត្តិការណ៍ ៩/១១

នៅក្នុងថ្ងៃទី១១ ខែកញ្ញា នាឆ្នាំ២០២១ គឺជាគម្រប់ខួបនៃការធ្វើភេវរកម្មរបស់ក្រុម Al Qaeda ទៅលើអគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក។ នៅក្នុងគម្រប់ខួបនៃការរំលឹកពីអ្នកដែលបាត់បង់ជីវិតនៅក្នុងភេវរកម្មនេះ មានការចូលរួមពីសំណាក់អ្នកដឹកនាំប្រធានាធិបតីសព្វថ្ងៃគឺលោក​ ចូ បៃដិន (Joe Biden) ក៏ដូចជាអតីតប្រធានាធិបតីពីមុនមកដូចជាលោក បារ៉ាក់​ អូបាម៉ា (Barack Obama) និងលោកចច ប៊ីល គ្លីនតុន​ (Bill Clinton) ជាដើម ។ ព្រឹត្តិការណ៍នេះជារបត់ប្រវតិ្តសាស្ត្រមួយដែលមានឥទ្ធិពលទៅលើគោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងសតវត្សរ៍ទី២១នេះ។ ជាក់ស្តែងសង្គ្រាមអាហ្វហ្គានីស្ថានដែលបានបញ្ចប់ថ្មីនេះ ក៏មានទំនាក់ទំនងជាមួយនឹងព្រឹត្តិការណ៏៩/១១ ផងដែរនៅពេលដែលលោកចូ បៃដិនបាននិយាយក្នុងសន្និសិទកាសែតថា យោធារបស់សហរដ្ឋអាមេរិកបានបំពេញបេសសកម្មរបស់ខ្លួនក្នុងការប្រម៉ាញ់លោក អូសាម៉ាប៊ីនឡាដិន (Osama bin Laden) ដែលជាអ្នកដឹកនាំក្រុម Al Qaeda រួចហើយដូចនេះគឺកងទ័ពអាមេរិកគ្មានហេតុផលអ្វីទៀតទេដែលត្រូវនៅក្នុងប្រទេសអាហ្វាហ្គានីស្ថានទៀតនោះទេ។

ព្រឹត្តិការណ៏៩/១១៖ របត់នៃគោលនយោបាយរបស់សហរដ្ឋអាមេរិក៖

ព្រឹត្តិការណ៍ថ្ងៃទី៩/១១ គឺជាព្រឹត្តិការណ៏មួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋអាមេរិក។ ជាក់ស្តែងនៅក្នុងថ្ងៃនេះជារៀងរាល់ឆ្នាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏ដូចជាថ្នាក់ដឹកនាំកំពូលក្នុងជួររដ្ឋាភិបាលសហរដ្ឋអាមេរិកបានមកសម្តែងសេចក្តីរំលឹកដល់ជនរងគ្រោះប្រមាណ៣០០០នាក់ដែលបានបាត់បង់ជីវិតនៅក្នុងព្រឹត្តការណ៍មួយនេះ។ ព្រឹត្តិការណ៍នេះនៅដកជាប់ក្នុងខួរក្បាលប្រជាពលរដ្ឋសហរដ្ឋអាមេរិកនីមួយៗ ដោយសារតែសហរដ្ឋអាមេរិកមិនធ្លាប់ជួបប្រទះព្រឹត្តិការណ៍ដែលត្រូវអង្គភាពបរទេសវាយប្រហារទាំងកណ្តាលថ្ងៃនៅក្នុងទីក្រុងដែលមានប្រជាជនដ៏ច្រើនកុះករនោះទេ។ ការវាយប្រហារនេះបានបង្កឱ្យមានផលប៉ះពាល់ជាច្រើនទៅលើទាំងផ្នែកនយោបាយនិងសង្គមរបស់សហរដ្ឋអាមេរិក។ ជាឩទាហរណ៍ ក្រោយពីព្រឹត្តិការណ៍៩/១១ កើតឡើងថ្មីៗនោះ មានការស្រាវជ្រាវបានបង្ហាញថាប្រជាពលរដ្ឋអាមេរិកបានផ្លាស់ប្តូរទម្លាប់ជាច្រើននាពេលនោះដូចជាមានការចូលរួមក្នុងវិហារ នៅក្នុងផ្ទះកាន់តែញឺកញាប់ជាងមុន។ ព្រឹត្តិការណ៍៩​/១១ ក៏ជះឥទ្ធិពលទៅលើវិស័យផ្សេងៗទៀតដែលទីមួយគឺពីបញ្ហាចារកម្មរបស់សហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍៩/១១ នេះបានសរបញ្ជាក់ថាប្រព័ន្ធចារកម្មរបស់សហរដ្ឋអាមេរិកបានទទួលបរាជ័យក្នុងការទទួលព័ត័មានអំពីការវាយប្រហារមួយនេះ។ ក្រោយពីព្រឹត្តិការណ៍៩/១១ រដ្ឋាភិបាលអាមេរិកបានវិនិយោគយ៉ាងខ្លាំងទៅលើវិស័យចារកម្ម។ លោក George W. Bush បានបង្កើតឱ្យមានគណៈកម្មការមួយដើម្បីស្រាវជ្រាវពីមូលហេតុដែលនាំឱ្យចារកម្មរបស់អាមេរិកបរាជ័យក្នុងការទប់ស្កាត់ទាន់ពេល។ ទីពីរគឺ ព្រឹត្តិការណ៍៩/១១ បានធ្វើឱ្យមានការលេចឡើងនូវពាក្យភេវរកម្ម ហើយពាក្យនេះបន្តជាពាក្យសំខាន់ដែលបានប្រើប្រាស់ដោយអ្នកនយោបាយជាច្រើននៅក្នុងសហរដ្ឋអាមេរិក​​ ដូចជានៅក្នុងយុទ្ធនាការបោះឆ្នោតជាដើមដើម្បីទាក់ទាញសន្លឹកឆ្នោតពីប្រជាពលរដ្ឋ។

ទំនាក់ទំនងរវាងអាហ្វហ្គានីស្ថាន តាលីបង់ និងព្រឹត្តិការណ៍៩/១១

នៅក្នុងវីដេអូមួយក្នុងឆ្នាំ២០០៤ លោក បីន ឡាដេន បានសារភាពថាខ្លួនបានបញ្ជាឱ្យកូនចៅរបស់ខ្លួនចំនួន១៩នាក់ឱ្យបញ្ជាយន្តហោះទៅបុកអគារពាណិជ្ជកម្មភ្លោះមែន។ ក្រោយពីលោកបានសារភាព រដ្ឋាភិបាលអាមេរិក នៅក្រោមអាណត្តិរបស់លោក George W. Bush បានបញ្ជាក្រុមបេសសកម្មCIA ( Central Intelligence Agency ) តាមប្រមាញ់លោក ប៊ីនឡាដិន មកសហរដ្ឋអាមេរិកដើម្បីផ្តន្ទាទោស។ លោកក៏បានប្រកាសសង្គ្រាមជាមួយនឹងក្រុមតាលីបង់ផងដែរ ដែលជារដ្ឋាភិបាលគ្រប់គ្រងអាហ្វហ្គានីស្ថាននាពេលនោះ។ គួររំលឹកផងដែរថា លោក ប៊ីនឡាដិន និងមេដឹកនាំក្រុមតាលីបង់និងបិតាស្ថាបនិកនៃក្រុមតាលីបង់គឺលោក Mullah Omar គឺជាមិត្តជិតស្និទ្ធនឹងគ្នាតាំងពីអំឡុងឆ្នាំ១៩៩០មកម្ល៉េះ នៅអំឡុងពេលដែលប្រទេសអាហ្វាហ្គានីស្ថានធ្វើសង្គ្រាមជាមួយនឹងសហភាពសូវៀត។ យោងតាមកាសែតរបស់ប្រទេសរូស្ស៊ី ដែលបានសម្ភាសន៍លោក Omar នៅអំឡុងឆ្នាំ២០០២បានបកស្រាយថាលោកប៊ីន ឡាដេនបានជួយដល់ក្រុមពួកលោកនៅពេលដែលលក្រុមពួកលោកកំពុងច្បាំងជាមួយនឹងកងទ័ពសហភាពសូវៀត ដូចនេះលោកប៊ីន ឡាដេនមិនចាកចេញពីក្រុមពួកលោកនោះឡើយ។  លោកទាំងពីរបានចង់សម្ព័ន្ធភាពនៃក្រុម Al Qaeda និងក្រុមតាលីបង់តាមរយៈការធ្វើសច្ចាប័នមួយដែលមានឈ្មោះថា bay’ah ដែលជាការធ្វើសច្ចាប័នដើម្បីបង្ហាញពីភក្តីភាពទៅអង្គការឬសម្ព័ន្ធភាពអ្វីមួយ។ ការធ្វើសច្ចាប័ននេះហើយដែលធ្វើឱ្យក្រុមតាលីបង់មិនព្រមប្រគល់លោក ប៊ីន​ ឡាដិនទៅដល់សហរដ្ឋអាមេរិកនោះទេ។ ដោយសារតែក្រុមតាលីបង់មិនព្រមប្រគល់លោក ប៊ីនឡាដិន ទៅឱ្យសហរដ្ឋអាមេរិក ទើបបានជាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានវាយចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថានដើម្បីតាមចាប់ខ្លួនលោកប៊ីន ឡាដិន។​ ទោះបីជាសហរដ្ឋអាមេរិកឈ្នះសង្គ្រាមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានក៏ពិតមែន ប៉ុន្តែនៅពេលនោះមិនបានរកឃើញលោកប៊ីន ​ឡាដិនឡើយ។ ទោះបីជាយ៉ាងណាក៏រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រេចបន្តទំនុកបម្រុងបេសសកម្មសន្តិសុខមួយរបស់អង្គការសហប្រជាជាតិដើម្បីបង្កើតឱ្យមានរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី ចៀសវាងកុំឱ្យក្រុមតាលីបង់ត្រឡប់មកគ្រប់គ្រងអាហ្វហ្គានីស្ថានសារជាថ្មី។ នៅក្នុងឆ្នាំ២០១១ លោកប៊ីន ឡាដិនត្រូវបានកងទ័ពសហរដ្ឋអាមេរិករកឃើញនូវក្នុងភូមិគ្រឺះមួយនៅក្នុងប្រទេសប៉ាគីស្ថាន ជិតព្រំប្រទល់ជាមួយនឹងប្រទេសអាហ្វហ្គានីស្ថាន រួចក៏ធ្វើប្រតិបត្ដិការយ៉ាងសម្ងាត់ដើម្បីសម្លាប់លោកប៊ីន ឡាដិន និងគ្នីគ្នា។

ការស្លាប់របស់លោក ប៊ីន ឡាដេនបានធ្វើឳ្យគោលដៅដែលសហរដ្ឋអាមេរិកធ្វើសង្គ្រាមលើទឹកដីរបស់អាហ្វហ្គានីស្ថានត្រូវបានបញ្ចប់។ មួយខែបន្ទាប់មក លោកអូបាម៉ាបានប្រកាសពីគម្រោងក្នុងការដោះកងទ័ពចំនួនពីរម៉ីននាក់ចេញពីអាហ្វហ្គានីស្ថាន ដោយលោកអូបាម៉ារងសម្ពាធពីសំណាក់សភាក៏ដូចជាប្រជាជនសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមអាហ្វហ្គានីស្ថានដ៏វែងអន្លាយមួយនេះ។ តាមរយៈការស្ទង់មតិក្នុងឆ្នាំ២០១១ ដោយ USA Today​ និង​ Gallup​ បានបង្ហាញថាឆ្នាំប្រជាជនអាមេរិកប្រហែល៧២%មិនគាំទ្រឱ្យសហរដ្ឋអាមេរិកបន្តសង្គ្រាមអាហ្វហ្គានីស្ថានតទៅទៀតទេ។ ក្រោយមកប្រធានាធិបតីសហរដ្ឋអាមេរិកពីររូបចុងក្រោយនេះ គឺលោកដូណាល់ ត្រាំ និងលោកចូបៃដិន ទោះបីជាលោកទាំងពីរនៅក្នុងគណបក្សពីរខុសគ្នាក៏ពិតមែន តែលោកទាំងពីរមានទស្សនៈដូចគ្នាទៅលើបញ្ហាសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានគឺលោកទាំងពីររូបគាំទ្រនិងជំរុញឳ្យសង្គ្រាមមួយនេះត្រូវតែបញ្ចប់។ លោកចូ បៃដិន បានលើកឡើងនៅក្នុងសន្និសិទកាសែតនៅសេតវិមានថា សហរដ្ឋអាមេរិកមិនមានហេតុផលអ្វីនឹងត្រូវបន្តច្បាំងក្នុងប្រទេសអាហ្វហ្គានីស្ថាន មូលហេតុចម្បងដែលនាំឳ្យមានសង្គ្រាមគឺដើម្បីចាប់ខ្លួនលោក ប៊ីន​ឡាដិន ដែលជាមេខ្លោងដែលបង្កព្រឹត្តិការណ៍៩/១១ ហើយសហរដ្ឋអាមេរិកមិនមានគោលដៅក្នុងការជួយស្ថាបនាជាតិ (National Building)ឳ្យប្រទេសអាហ្វហ្គានីស្ថាននោះទេ។

សរុបមក សង្គ្រាមនៅអាហ្វហ្គានីស្ថានត្រូវបានបញ្ចប់ដោយសារតែគោលដៅរបស់សហរដ្ឋអាមេរិកក្នុងការចាប់ផ្តើមសង្គ្រាមនេះ គឺលោកប៊ីន ឡាដិនត្រូវបានបាត់បង់ជីវិតទៅហើយ។ ទោះបីជាមានអ្នកវិភាគនយោបាយមួយចំនួនយល់ថា ជ័យជំនះរបស់ក្រុមតាលីបង់អាចនាំឱ្យក្រុម Al Qaeda ខ្លាំងក្លាសារជាថ្មី ក៏ក្រុមតាលីបង់ និងក្រុម Al Qaeda សព្វថ្ងៃនេះមិនមានសម្ព័ន្ធភាពផ្លូវការជាមួយគ្នានោះទេ។ ដោយសហរដ្ឋអាមេរិកបានបិទបញ្ចប់នូវបេសសកម្មក្នុងការប្រម៉ាញ់លោកប៊ីន ឡាដិន ដូចនេះសហរដ្ឋអាមេរិកមិនមានហេតុផលឬអំណះអំណាងអ្វីដើម្បីបង្កសង្គ្រាមជាមួយនឹងអាហ្វហ្គានីស្ថានតទៅទៀតផងដែរ ហើយប្រជាជនសហរដ្ឋអាមេរិកបានស្ងប់ចិត្តដែលជនដៃដល់នៃព្រឹត្តិការណ៍៩/១១ បានទទួលនូវបាបកម្មរបស់ខ្លួនរួចទៅហើយ។

ហេតុអ្វីបានជាតៃវ៉ាន់សំខាន់សម្រាប់អាមេរិក?

តៃវ៉ាន់គឺជាទីតាំងភូមិសាស្រ្តនយោបាយមួយដែលត្រូវបានពួកប្រទេសមហាអំណាចកំណត់ថាជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រថ្មីរបស់ពិភពលោកដោយគ្មានការសង្ស័យ។ កូនកោះមួយនេះគឺជាផ្នែកមួយដែល​ស្ថិត​នៅ​កៀក​នឹង​ចិន​បំផុត ដែលបានខណ្ឌចែកដោយ​ច្រកសមុទ្រដែលមានចម្ងាយ​ត្រឹមតែ​ប្រមាណ​១០០គីឡូម៉ែត្រ​​ប៉ុណ្ណោះ​ពីចិនដីគោក​ហើយថែមទាំងមានទំនាក់ទំនងប្រវត្តិសាស្រ្តដ៏ស្មុគស្មាញជាមួយប្រទេសចិនអស់ជាច្រើនសតវត្សមកហើយ។ លើសពីនេះ​ទៅទៀត តៃវ៉ាន់​ក៏​ជា​សម្ព័ន្ធមិត្ត​ចាស់ឆ្នាំ​របស់​សហរដ្ឋ​អាមេរិកដែលជាដៃគូប្រកួតប្រជែងរបស់ចិនផងដែរ។  ក្រោយ​ការឡើងកាន់អំណាច​របស់​បក្ស​កុម្មុយនិស្ត​ចិននៅ​ឆ្នាំ១៩៤៩ បន្ទាប់ពីទទួលបានជ័យជំនះលើសាធារណរដ្ឋចិន ប្រជាជនដែលមានភាពស្មោះស្ម័គ្រនឹងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សគូមីនតាំងបានភាសខ្លួនទៅកោះតៃវ៉ាន់។ ដោយសារតែចិន​កុម្មុយនិស្ត​នៅតែបន្តដាក់សម្ពាធទៅលើកោះមួយនេះ សហរដ្ឋអាមេរិកក៏បានចុះសន្ធិសញ្ញាការពារជាតិសុីណូ-អាមេរិក (Sino-American Mutual Defense Treaty) ជាមួយនឹងសាធារណរដ្ឋចិន (តៃវ៉ាន់)​ ដែលមានសុពលភាពនៅចន្លោះឆ្នាំ ១៩៥៥-១៩៨០។ នៅឆ្នាំ​១៩៧៩ សហរដ្ឋ​អាមេរិកបានទទួលស្គាល់ពេលលេញផ្នែកការទូតនិងគោលការណ៍ចិនតែមួយរបស់សាធារណរដ្ឋប្រជាមានិតចិន(PRC) ហើយនៅឆ្នាំ ១៩៨០ សហរដ្ឋអាមេរិកបានបញ្ចប់សន្ធិសញ្ញាការពារជាតិទៅវិញទៅមកជាមួយតៃវ៉ាន់។ ក៏ប៉ុន្តែបើទោះបីជាអាមេរិកងាករកចិនដីគោក​ក៏ដោយ សហរដ្ឋអាមេរិកបានបង្កើតច្បាប់ទំនាក់ទំនងតៃវ៉ាន់  ដែលផ្តល់នូវមូលដ្ឋានច្បាប់សម្រាប់ទំនាក់ទំនងក្រៅផ្លូវការរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់និងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងគោលបំណងផ្តល់ជំនួយដល់តៃវ៉ាន់និងបន្តរក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់អាស៊ី។

តៃវ៉ាន់ដែលជាទីតាំងដែលមានទឹកដីតូចចង្អៀត បានប្រែបែជាទីតាំងភូមិសាស្ត្រដែលស្ថិតនៅចំណុចប្រសព្វនៃចំណុចគ្រោះថ្នាក់បំផុតរបស់អាស៊ីបូព៌ាទៅវិញ។ វាជាកន្លែងដែលប៉ះទង្គិចគ្នាដ៏ក្ដៅគគុកនៅក្នុងការប្រកួតប្រជែងរវាងចិននិងអាមេរិក មិនថាលើបញ្ហាភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច ឬ ទីជាលាននៃបញ្ហាលទ្ធិប្រជាធិបតេយ្យទេ​​ ទាំងអស់នេះសុទ្ធតែជាបញ្ហាដែលប្រទេសមហាអំណាចចង់លូកដៃចូលដើម្បីផលប្រយោជន៍របស់ពួកគេ។ តៃវ៉ាន់គឺជាតំបន់ដ៏រសើបបំផុតមួយនៅក្នុងទំនាក់ទំនងអាមេរិក- ចិន ដែលនឹងអូសបន្លាយរយៈពេលជាច្រើនឆ្នាំខាងមុខទៀត។ មានសំនួរជាច្រើនត្រូវបានសួរយ៉ាងសមហេតុផលថាហេតុអ្វីបានជាសហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកោះនេះដែលនៅឯនាយសមុទ្រចិនឯណោះទៅវិញ?​ហើយហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោននៅតែប្តេជ្ញាចិត្តគាំទ្រកោះនេះ បើទោះបីជាការប្តេជ្ញាចិត្តនេះអាចនាំឱ្យមានសង្គ្រាមនយោបាយនិងសេដ្ឋកិច្ចជាមួយរដ្ឋនឹងរដ្ឋក៏ដោយ។ ដូចគ្នាដែរវាក៏សមហេតុផលនៅក្នុងការសួរថាហេតុអ្វីបានជាចិនយកចិត្តទុកដាក់ចំពោះកោះនេះខ្លាំងម៉្លេះ? តើចិនសម្លឹងឃើញអ្វីពីអតីតទឹកដីរបស់ខ្លួនមួយនេះ?

សារៈសំខាន់របស់តៃវ៉ាន់សម្រាប់ចិនកុម្ដុយនិស្ដ

ជាការពិតណាស់តៃវ៉ាន់ដែល​​ជាដែនកោះ​មួយដែលប្រកាសដោយខ្លួនឯងថាដាច់ពីចិន​អស់រយៈពេល​ជាង​៧០ឆ្នាំមកហើយ​នោះ នៅតែមានសារៈសំខាន់សម្រាប់ចិន​ ហើយចិននៅតែ​មិន​ព្រមឱ្យកោះមួយនេះ​របូត​ពីដៃឡើយ ដោយសារ​តែ​ក្នុងកែវភ្នែក​របបដឹកនាំ​ក្រុង​ប៉េកាំង តៃវ៉ាន់​មាន​សារៈសំខាន់​ខ្លាំងទាំង​ខាង​ចំណង​ប្រវត្តិសាស្រ្ត និងទាំង​ខាង​ផ្នែក​ភូមិសាស្រ្ត​នយោបាយ​បច្ចុប្បន្ន។ និយាយអំពី​ប្រវត្តិសាស្រ្ត តៃវ៉ាន់​មិនត្រឹមតែ​ធ្លាប់​ជា​ដែនដី​មួយ​របស់​ចិន​នោះទេ អ្វីដែលរឹតតែ​សំខាន់ជាងនេះ​ទៅទៀត តៃវ៉ាន់​​គឺ​ជា​អ្នក​ស្នង​របប​សាធារណរដ្ឋ​ចិន ដែល​​ធ្លាប់​ជា​អ្នក​កាន់អំណាច​នៅ​ចិនដោយសារគណបក្សគួរមីងតាំង​(Kuomintang Party) ចាប់​តាំង​ពី​ក្រោយ​ការ​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយមនៅ​ឆ្នាំ១៩១១ ដែលក្រោយមកបាន​ក្លាយ​ជា​​គូសត្រូវ​ដ៏​ធំ​មួយ​របស់​បក្ស​កុម្មុយនិស្ត​ចិននៅ​ក្នុង​អំឡុង​សង្រ្គាម​ស៊ីវិល ពីឆ្នាំ១៩២៧ ដល់​ឆ្នាំ១៩៤៩។ ជម្លោះរវាង​ចិន និង​តៃវ៉ាន់ ក្នុង​ពេល​បច្ចុប្បន្ន​នេះគឺ​ជា​ការ​អូសបន្លាយ​នៃ​សង្រ្គាម​ស៊ីវិលតាំង​ពី​ជាង ៧០ឆ្នាំមុន។ លើសពីនេះទៅទៀតនៅក្នុងកែវភ្នែកចិន កោះតៃវ៉ាន់គឺនៅតែជាខេត្តមួយរបស់គេហើយការយកកោះតៃវ៉ាន់ត្រឡប់មកវិញនឹងមិនអាចជៀសផុតនោះទេនៅក្នុងក្រសែភ្នែករបស់ចិន។ បន្ថែម​ពីលើ​នេះ​ទៅទៀត បើ​មើ​លទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​បច្ចុប្បន្ន ការទុក​បណ្តោយ​ឱ្យ​តៃវ៉ាន់​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​ពេញទីក៏​អាច​នឹង​បង្ក​ជា​បញ្ហា​ប្រឈ​ម​ខាង​យុទ្ធសាស្រ្ត​​ដ៏​ធ្ងន់ធ្ងរ​មួយ​ផងដែរសម្រាប់​​​ចិន។ទន្ទឹមនឹងនេះផងដែរ នៅក្នុងអំឡុងពេលប្រារព្ធខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន ប្រធានាធិបតេយ្យដែលមានមហច្ឆិតាសម្បើមលោកសុីជីនពីងបានសន្យាបញ្ចប់ការបង្រួបបង្រួមឡើងវិញរវាងចិននិងតៃវ៉ាន់ ហើយលោកបានប្តេជ្ញាថានឹងកម្ទេចរាល់ការប៉ុនប៉ងប្រកាសឯករាជ្យដែលនឹងកើតឡើង។

ក្នុងនាមជាទឹកដីដែលទាមទារអធិបតេយ្យភាពពីចិន កោះតៃវ៉ាន់គឺជាបណ្តាញទំនាក់ទំនងដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រដែនសមុទ្រមានរហ័សនាមថា “ខ្សែសង្វាក់កោះទី១” ដែលសំដៅលើប្រជុំកោះធំដំបូងបង្អស់នៃទ្វីបអាស៊ីបូព៌ារួមមានប្រជុំកោះជប៉ុន កោះ Ryukyu និងហ្វីលីពីនខាងជើង។ មេដឹកនាំចិនក៏បានមើលកោះតៃវ៉ាន់ទាក់ទងនឹងសន្តិសុខជាតិផងដែរជាពិសេសពួកគេយល់ថាវាជាកោះដែលងាយរងគ្រោះចំពោះយុទ្ធសាស្ត្រ និងឥទ្ធិពលរបស់មហាអំណាចបរទេសផងដែរ។ ដោយសារតែការលូកដៃការពារពីសហរដ្ឋអាមរេិកចំពោះតៃវ៉ាន់បានធ្វើឱ្យចិនមានក្តីបារម្ភថាគោលដៅនៃការបង្រួបបង្រួមរបស់ខ្លួនអាចនឹងរសាត់ទៅកាន់តែឆ្ងាយ ហើយចិនយល់ច្បាស់ថា ក្នុងលក្ខខណ្ឌភូមិសាស្រ្ដ តៃវ៉ាន់ដើរតួជាកូនសោរមួយដែលអាចធ្វើឲ្យភូមិសាស្រ្ដចិនដីគោកកាន់តែមានភាពរឹងមាំ ព្រោះចិនបានកំណត់ផ្នែកខាងត្បូងគឺជាច្រកសមុទ្រម៉ាឡាកាដែលគ្រប់គ្រងការចេញចូលនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងភាគខាងជើងកោះតៃវ៉ាន់ជាយុថ្កាមួយនៅអាស៊ីដីគោកដើម្បីរុញច្រានពាណិជ្ជកម្មរបស់ខ្លួនដោយសេរីទៅកាន់ពិភពលោក។

មិនត្រឹមតែស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រសំខាន់មួយនៅគែមនៃមហាសមុទ្រប៉ាស៊ីហ្វិករវាងសមុទ្រចិនខាងត្បូងដែលមានជម្លោះនិងជប៉ុនប៉ុណ្ណោះទេ សារៈសំខាន់មួយទៀតនៃកោះតៃវ៉ាន់គឺអត្ថប្រយោជន៍ភូមិសាស្រ្ដសេដ្ឋកិច្ចចំពោះចិន ដោយសារកោះនេះផ្ដល់នូវការកើនឡើងនៃលំហូរពាណិជ្ជកម្មដល់ចិនផងដែរ។ តៃវ៉ាន់គឺជាប្រភពថាមពលនៃបច្ចេកវិទ្យា ដែលជាផ្ទះរបស់ក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេបំផុតក្នុងពិភពលោកគឺក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) ដែលមានសារសំខាន់ចំពេាះសហរដ្ឋអាមេរិក។ ការលេបត្របាក់យកតៃវ៉ាន់មានន័យថាទីក្រុងប៉េកាំងនឹងមានការគ្រប់គ្រងលើដៃគូពាណិជ្ជកម្មធំបំផុតទី ៥ របស់ខ្លួនហើយទទួលបាននូវឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ រួមមានរោងចក្រអេឡិចត្រូនិក និងពង្រីកមូលដ្ឋានឧស្សាហកម្មគួរឱ្យកត់សម្គាល់របស់ខ្លួន។ ទាំងទីតាំងសេដ្ឋកិច្ចនិងសន្តិសុខរបស់កោះនេះសុទ្ធតែមានសារៈសំខាន់ចំពោះផលប្រយោជន៍របស់អាមេរិកហើយប្រសិនបើតៃវ៉ាន់ក្លាយជាផ្នែកមួយនៃប្រទេសចិនដូចដែលទីក្រុងប៉េកាំងបានទទូច នោះចិនត្រូវតែក្លាយជាមហាអំណាចប៉ាស៊ីហ្វិកភ្លាមៗគ្រប់គ្រងបច្ចេកវិទ្យាទំនើបបំផុតមួយចំនួនរបស់ពិភពលោក។ ជាពិសេស ច្រកសមុទ្រតៃវ៉ាន់ជាផ្នែកមួយរបស់សមុទ្រចិនខាងត្បូងដែលតភ្ជាប់ទៅសមុទ្រចិនខាងកើត និងមានសមត្ថភាពរារាំងការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសជប៉ុននិងកូរ៉េខាងត្បូង – ជាអានុភាពដែលខ្លួនអាចប្រើដើម្បីទាមទារឱ្យមានការបិទមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសទាំង ២។ ជាលទ្ធផលទីក្រុងប៉េកាំងទំនងជាអាចសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការបង្ខំអាមេរិកចេញពីអាស៊ី។

តើនឹងមានអ្វីកើតឡើងប្រសិនបើចិនគ្រប់គ្រងតៃវ៉ាន់?

ប្រសិនបើចិនអាចគ្រប់គ្រងតៃវ៉ាន់បាន នោះនាវាមុជទឹករបស់ចិននឹងមានច្រកចេញចូលងាយស្រួលជាងមុនទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក តាមរយៈកំពង់ផែទឹកជ្រៅរបស់តៃវ៉ាន់។ នាវាមុជទឹករបស់ចិន និងការបង្កើនឥទ្ធិពលរបស់ខ្លូនចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកក៏អាចបង្ហាញពីការគំរាមកំហែងកាន់តែខ្លាំងឡើងដល់កងនាវាចរទី ៧ អាមេរិក កោះហាវ៉ៃ និងសូម្បីតែឆ្នេរ ខាងលិចនៃសហរដ្ឋអាមេរិកក៏នឹងរងការគំរាមកំហែងផងដែរ។ លើសពីនេះទៅទៀតចិននឹងលេចចេញជាគ្រោះថ្នាក់ថ្មីមួយសម្រាប់ប្រទេសជប៉ុនដែលពឹងផ្អែកទាំងស្រុងលើផ្លូវ សមុទ្រអាស៊ីបូព៌ាសម្រាប់ដឹកជញ្ជូនថាមពលនិងវត្ថុធាតុដើមផ្សេងទៀត។

តៃវ៉ាន់ដែលទីក្រុងប៉េកាំងអះអាងថាជាផ្នែកសំខាន់មួយនៃទឹកដីរបស់ចិននឹងជួយបង្កើនជំហរយុទ្ធសាស្ត្ររបស់ចិននៅក្នុងតំបន់អាសុីអាគ្នេយ៍និងអាសុីឥសាន។ ដូច្នេះការគ្រប់គ្រងតៃវ៉ាន់នឹងជួយសម្រួលដល់ប្រតិបត្តិការរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូងនិង អាចធ្វើឱ្យចិនទាមទារសិទ្ធិគ្រប់គ្រងលើទឹកដី និងដែនសមុទ្ររឹតតែខ្លាំងទល់នឹងហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងប្រ៊ុយណេថែមទៀតផង។ ការត្រួតត្រាកោះតៃវ៉ាន់នឹងក្លាយជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រដ៏ធំមួយសម្រាប់ប្រទេសចិននិងជាការគំរាមកំហែងដល់តំបន់ទាំងនៅអាស៊ីអាគ្នេយ៍និងអាសុីឥសាន ក៏ដូចជាចំពោះសហរដ្ឋអាមេរិក។ ការត្រួតត្រារបស់ចិនលើកោះតៃវ៉ាន់ដែលមានសេដ្ឋកិច្ចជឿនលឿនខាងបច្ចេកវិទ្យានិងការគ្រប់គ្រងច្រកចូលសមុទ្រចិនខាងត្បូងដែលវានឹងផ្តល់នូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចការទូតនិងនយោបាយសំខាន់ៗសម្រាប់តំបន់នេះ។ មិនតែប៉ុណ្ណោះវាទំនងជាមានផលប៉ះពាល់ជាបន្តបន្ទាប់នៅពេលដែលរដ្ឋាភិបាលក្នុងតំបន់ធ្វើការគណនាឡើងវិញនូវផលប្រយោជន៍ផ្ទាល់ខ្លួន និងចំពោះគោលនយោបាយបស់ខ្លួនក្នុងការប្រឈមមុខនឹងចិន។

ហេតុអីបានជាតៃវ៉ាន់មានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិក?

“អ្នកជំនួយឆ្ពោះទៅអាស៊ី” (pivot to Asia) ដែលប្រធានាធិបតីបារ៉ាក់អូបាម៉ាបានប្រកាសនៅឆ្នាំ២០១១ បានផ្សាភ្ជាប់ផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់អាមេរិកទៅនឹងភាពជោគជ័យនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់តាមរយៈការសន្យាថារក្សាសន្តិសុខវិបុលភាពនិងសេចក្តីថ្លៃថ្នូរសម្រាប់ទាំងអស់គ្នា។ យុទ្ធសាស្ត្រដ៏ត្រជាក់មួយរបស់រដ្ឋាភិបាលអាមេរិកគឺការបង្ហាញភាពជឿជាក់នៃការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់អាមេរិកនៅទូទាំងអាស៊ីបូព៌ានិងជាអ្នកធានាដ៏សំខាន់នៃសន្តិសុខអាស៊ីបូព៌ានិងតុល្យភាពអំណាចតាមរយៈវត្តមានយោធានិងសម្ព័ន្ធភាពរបស់ខ្លួន។ ភាពជឿជាក់របស់អាមេរិកឥឡូវនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងជោគវាសនារបស់តៃវ៉ាន់ដោយមានការប្តេជ្ញាចិត្តការពារច្បាស់លាស់នៅក្នុងច្បាប់ទំនាក់ទំនងតៃវ៉ាន់ (Taiwan Relation Act)។

ថ្វីបើច្បាប់ទំនាក់ទំនងតៃវ៉ាន់ឆ្នាំ ១៩៨០ មានគោលបំណងទប់ទល់នឹងការមិនទទួលស្គាល់ទីក្រុងវ៉ាស៊ីនតោននៃសាធារណរដ្ឋចិននៅឆ្នាំ ១៩៧៩ ក៏ដោយតៃវ៉ាន់បានតស៊ូដើម្បីរក្សាទំនាក់ទំនងជាមួយរដ្ឋដទៃទៀតដែលជាបញ្ហាប្រឈមកាន់តែខ្លាំងឡើងដោយការកើនឡើងនៃអំណាចរបស់ចិន។ សម្រាប់ចិន ការវិលត្រឡប់របស់តៃវ៉ាន់គឺជាផ្នែកមួយនៃ“ ធ្នូនៃប្រវត្តិសាស្រ្ត” និងចាត់ទុកការប្រកាសណាមួយរបស់សហរដ្ឋអាមេរិកដែលគាំទ្រឯករាជ្យភាពតៃវ៉ាន់ថាជា “បន្ទាត់ក្រហម” ។ ចំពោះតម្លៃភូមិសាស្ត្រនយោបាយរបស់តៃវ៉ាន់មានប្រយោជន៍ដែលផ្ដល់ឱ្យអាមេរិក នូវការពង្រីកកម្លាំងសមយុទ្ធយោធាកាន់តែសកម្មជាមុន ប៉ុន្ដែប្រសិនបើកោះនេះត្រូវបានគ្រប់គ្រងដោយចិន នោះវានឹងក្លាយជាមូលដ្ឋានឆ្ពោះទៅមុខរបស់ចិនក្នុងចម្ងាយ ១៥០ ម៉ាយល៍ពីសមុទ្រដែលអនុញ្ញាតឱ្យចិនរារាំងផ្លូវអាកាសនិងផ្លូវសមុទ្រនៅសមុទ្រចិនខាងកើត និងលើសពីនេះទៅទៀតបង្កើនសមត្ថភាពរបស់ចិនក្នុងការវាយប្រហារគោលដៅលើកោះជប៉ុនឬកោះហ្គាំ(Guam)។ ទោះយ៉ាងណាក៏ដោយ កោះតៃវ៉ាន់ជាវេទិកាមួយសម្រាប់អាមេរិកដើម្បីបង្ហាញថាមពលនៅលើចិនដីគោក ការដាក់កម្លាំងនៅលើកោះនេះធ្វើឱ្យពួកគេមានភាពងាយរងគ្រោះយ៉ាងខ្លាំងប្រសិនបើគ្មានភាពលេចធ្លោខាងកងទ័ពអវកាស។

ចំពោះសហរដ្ឋអាមេរិក កោះតៃវ៉ាន់គឺជាបន្ទាយដ៏សំខាន់មួយនៅក្នុងប្រជុំកោះដែលពួកគេពឹងផ្អែកដើម្បីទប់ស្កាត់ឥទ្ធិពលចិននិងការពារផ្លូវពាណិជ្ជកម្ម។តៃវ៉ាន់បានរីកចម្រើនក្រោមការការពាររបស់អាមេរិកដើម្បីក្លាយជាអ្នកផ្គត់ផ្គង់សំខាន់នៃឧបករណ៍អេឡិចត្រូនិកនិងទំនិញបច្ចេកវិទ្យាខ្ពស់ផ្សេងទៀត។ តៃវ៉ាន់គឺជាដៃគូពាណិជ្ជកម្មធំទី ១១ របស់អាមេរិក ជាសេដ្ឋកិច្ចធំនិងទី ២២ របស់ពិភពលោកនិងជាដៃគូទំនាក់ទំនងដ៏សំខាន់នៅក្នុងសង្វាក់ផ្គត់ផ្គង់សម្រាប់ Silicon Valley ខណៈជាដៃគូសន្តិសុខដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅរួមរបស់តៃវ៉ាន់និងអាមេរិកនៃឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ។ តៃវ៉ាន់ក៏ជាចំណុចកណ្តាលនៃការគណនាភូមិសាស្ត្រនយោបាយរបស់អាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកហើយវាក៏ជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោកផងដែរ។ ក្រុមហ៊ុនតៃវ៉ាន់ TSMC គឺជាក្រុមហ៊ុនផលិតឧបករណ៍អេឡិច ត្រូនិកអេឡិចត្រូនិកធំជាងគេបំផុតនៅលើពិភពលោកដែលស្មើនឹង ៨៤% នៃបន្ទះឈីបកុំព្យូទ័រទំនើបបំផុត។ កង្វះបន្ទះឈីបថ្មីៗដែលបណ្តាលមកពីវិបត្តិរោគរាតត្បាតកំពុងធ្វើឱ្យពិភពលោកភ្ញាក់ឡើងចំពោះតួនាទីកណ្តាលរបស់តៃវ៉ាន់ក្នុងសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះ។ វាបានក្លាយជាក្រុមហ៊ុនឈានមុខគេលើពិភពលោកខាងផ្នែកបច្ចេកវិជ្ជាសមាសធាតុកុំព្យូទ័រនិងទំនាក់ទំនងទូរគមនាគមន៍ដែលដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឈន៍សេដ្ឋកិច្ចអាមរិក។ ខណៈ ដែលការបង្រួបបង្រួមជាមួយចិនដីគោកប្រហែលជាបង្អាក់ជោគជ័យភាពសហគ្រិនរបស់ក្រុមហ៊ុនតៃវ៉ាន់ ការរក្សាស្ថិរភាពនិងលទ្ធភាពជោគជ័យនៃសេដ្ឋកិច្ចតៃវ៉ាន់បានក្លាយជាកត្តាសំខាន់សម្រាប់សុខភាពរបស់សេដ្ឋកិច្ចពិភពលោកនិងអាមេរិក។

ទន្ទឹមនឹងនេះ តៃវ៉ាន់នាពេលបច្ចុប្បន្នបានក្លាយជាឆ្អឹងនៅក្នុងបំពង់ករបស់ទីក្រុងប៉េកាំងដែលតៃវ៉ាន់ជាគំរូនៃអភិបាលកិច្ចបែបប្រជាធិបតេយ្យនៅក្នុងសង្គមចិនដែលធ្វើឱ្យប៉ះពាល់ដល់ជំនឿដែលថាលទ្ធិប្រជាធិបតេយ្យនិងលទ្ធិខុងជឺមិនត្រូវគ្នា។ សម្ពាធផ្ទៃក្នុងដែលមានសក្តានុពលឱ្យមានកំណែទម្រង់នយោបាយនៅក្នុងប្រទេសចិនបានកើនឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ដែលឈានដល់ចំនុចកំពូលនៅពេលដែលមានការសម្លាប់រង្គាលនៅទីលានធានអានមិនក្នុងឆ្នាំ ១៩៨៩ ។ ដោយមើលឃើញពីជំហរភូមិសាស្ត្រនយោបាយទាំងនោះទាក់ទងនឹងអនាគតកោះតៃវ៉ាន់ ការប្តេជ្ញាចិត្តរបស់អាមេរិកដែលមានចែងនៅក្នុងច្បាប់ទំនាក់ទំនងតៃវ៉ាន់បានក្លាយជាសារៈសំខាន់ជាយុទ្ធសាស្ត្រកាន់តែធំសម្រាប់សហរដ្ឋអាមេរិក។ ជាឧទារណ៍ជាក់ស្ដែងនៅឆ្នាំ ២០០៧ បន្ទាប់ពីទីក្រុងប៉េកាំងបានលុបចោលគម្រោងដំណើរទស្សនកិច្ចសុច្ឆន្ទៈរបស់អាមេរិកទៅកាន់ទីក្រុងហុងកុងភ្លាមៗក្រុម the Kitty Hawk battle បានត្រលប់ទៅប្រទេសជប៉ុនវិញដោយឆ្លងកាត់ច្រកសមុទ្រ។ បានធ្វើឲ្យចិនបានថ្កោលទោសយ៉ាងខ្លាំងចំពោះការឆ្លងកាត់នេះ ហើយត្រូវបានអាមេរិកបានឆ្លើយតបថាយ៉ាងរហ័សថា ពួកគេមិនត្រូវការការអនុញ្ញាតពីចិនដើម្បីឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នោះទេគឺអាមេរិកនឹងប្រើសិទ្ធិឆ្លងកាត់ដោយសេរីនៅពេលណាដែលគេត្រូវការ។ ឧប្បត្តិហេតុនេះបង្ហាញថាវាមិនត្រឹមតែជាកោះតៃវ៉ាន់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រប៉ុណ្ណោះទេប៉ុន្តែ ច្រកសមុទ្រតៃវ៉ាន់ក៏ជាចំណុចយុទ្ធសាស្ត្រទៀតផង។ ការប៉ះទង្គិចណាមួយនៅទូទាំងច្រកសមុទ្រនឹងមានផលប៉ះពាល់យ៉ាងធំធេងទាំងការធ្វើដំណើរតាមផ្លូវទឹកនិងពាណិជ្ជកម្ម។ប្រសិនបើចិនត្រួតត្រាភាគីទាំងពីរនៃច្រកសមុទ្រនោះវានឹងមានភាពច្របូកច្របល់នៅលើផ្លូវទឹកអន្តរជាតិនោះ។

សារៈប្រយោជន៍ទាំងសេដ្ឋកិច្ចនិងភូមិសាស្រ្ដនៃកោះតៃវ៉ាន់បានដាស់តឿនសហរដ្ឋអាមេរិកក្នុងការបន្ដប្រកាន់ជំហរពង្រឹងសម្ព័ន្ធភាពរបស់ខ្លួននឹងតៃវ៉ាន់ដែលជាដែនកោះប្រជាធិបតេយ្យមួយនៅពេលមានប្រឈមមុខណាមួយពីការឈ្លានពានរបស់ចិននៅក្នុងតំបន់។ ដោយមើលឃើញការប៉ុនប៉ងណាមួយរបស់ចិនដើម្បីបង្ខិតកោះតៃវ៉ាន់ចូលក្នុងការបង្រួបបង្រួមដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខនយោបាយរបស់អាមេរិកដែលឱ្យមានការលក់អាវុធ និងបញ្ជូនយោធាដែលមានលក្ខណៈការពារទៅកោះតៃវ៉ាន់ដើម្បីទប់ទល់នឹងចិន ដោយចំណាយទឹកប្រាក់ចំនួន ៥,១ ពាន់លានដុល្លាអាមេរិក នេះបើយោងតាម Retuer។

និយាយឱ្យទូលាយជាងនេះទៅទៀតការគាំទ្រលទ្ធិប្រជាធិបតេយ្យឯកោដែលរងការពីការគំរាមកំហែងពីខាងក្រៅគឺមានអត្ថប្រយោជន៍យ៉ាងច្បាស់ចំពោះស្តង់ដារបទដ្ឋានដែលអាមេរិកគាំទ្រ។ សារៈសំខាន់ខាងសេដ្ឋកិច្ចរបស់តៃវ៉ាន់នៅតែអាចសំខាន់ ចំពោះពាណិជ្ជកម្មអាមេរិកនៅក្នុងតំបន់ តែអ្វីដែលយើងមិនអាចប្រកែកបាននោះគឺវាផ្តល់នូវចំណុចប្រឆាំងផ្នែកនយោបាយដ៏ល្អបំផុតទៅកាន់ចិន។ ជារួមសហរដ្ឋអាមេរិកតែងតែចាត់ទុកតៃវ៉ាន់ជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រដ៏សំខាន់ដែលមិនត្រូវអនុញ្ញាតឱ្យធ្លាក់ក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងជាជាងចំណុចសំខាន់សម្រាប់ប្រតិបត្តិការវាយលុកប្រឆាំងចិនដ៏មានសក្តានុពលផ្សេងទៀតនៅអាស៊ី ហើយអ្វីដែលជាគោលដៅរបស់អាមេរិកគឺការបញ្ជ្រៀបលទ្ធិប្រជាធិបតេយ្យ​និងធ្វើឲ្យអាស៊ីទុកចិត្តពីឥទ្ធិពលរបស់ខ្លួនក្នុងតំបន់នោះ។

គោលនយោបាយមុននិងក្រោយ លោកនាយករដ្ឋមន្ត្រីជប៉ុន យូស្ហីស៊ីដេ ស៊ូហ្កាឡើងកាន់ដំណែង

ប្រទេសជប៉ុនអាចចាត់ទុកថាជាប្រទេសដែលមានរបត់នយោបាយប្លែកគួរឱ្យកត់សម្គាល់ដោយសារតែផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីយ៉ាងញឹកញាប់។ បើគិតចាប់ពីឆ្នាំ២០០០ រហូតមកដល់ឆ្នាំ ២០២១នេះ ប្រទេសជប៉ុនបានផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីអស់១១លើក ខណៈដែលសហរដ្ឋអាមេរិកផ្លាស់ប្ដូរប្រធានាធិបតីត្រឹមតែ ៥ លើកប៉ុណ្ណោះក្នុងអំឡុងពេល ២ ទសវត្សរ៍ដដែលនេះ។ ហេតុដូចនេះ វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ នៅពេលដែលកាន់អំណាចមិនទាន់បាន ១ ឆ្នាំស្រួលបួលផង ស្រាប់តែលោកនាយករដ្ឋមន្ត្រីយូស្ហីស៊ីដេ ស៊ូហ្កា (Yoshihide Suga) ប្រកាសថាលោកនឹងមិនឈរឈ្មោះជាបេក្ខជនបោះឆ្នោតប្រធានគណបក្សដែលនឹងត្រូវធ្វើឡើងនៅទី២៩ ខែកញ្ញានេះ។ ការប្រកាសបែបនេះគឺស្មើនឹងបោះបង់ឱកាសជានាយករដ្ឋមន្ត្រីអាណិត្ដថ្មី ពីព្រោះតែគណបក្ស Democratic Party (LDP) មានប្រូបាបច្រើនដើម្បីឈ្នះការបោះឆ្នោតនាយករដ្ឋមន្ត្រីដោយសារតែគណបក្ស LDP មានកាន់សម្លេងភាគច្រើននៅក្នុងសភា។ ដូចនេះតើហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រីយូស្ហីស៊ីដេ ស៊ូហ្កា បោះបង់ឱកាសធ្វើជានាយករដ្ឋមន្ត្រីអាណត្ដិក្រោយ? ហើយតើកិច្ចការអ្វីខ្លះដែលនាយករដ្ឋមន្ត្រីយូស្ហីស៊ីដេ ស៊ូហ្កាត្រូវដោះស្រាយមុនពេលកាន់តំណែង និងអំឡុងពេលកាន់តំណែង?

កិច្ចការដែលលោក នាយករដ្ឋមន្ត្រីយូស្ហីស៊ីដេ ស៊ូហ្កាត្រូវដោះស្រាយមុនពេលកាន់តំណែង៖

ដើម្បីយល់ឱ្យស៊ីជម្រៅអំពីកិច្ចការមុនពេលលោកនាយករដ្ឋមន្ត្រីយូស្ហីស៊ីដេ ស៊ូហ្កា កាន់តំណែង យើងគួរស្វែងយល់បន្តិចអំពីស្ថានការណ៍ប្រទេសជប៉ុនកាលពីឆ្នាំ២០២០សិន។ រដ្ឋការដែលបានកាន់អំណាចយូរជាងគេនៅក្នុងប្រវត្តិសាស្រ្ដជប៉ុនមានអាយុកាលចំនួនជាង ២៨០០ ថ្ងៃ ត្រូវបានបញ្ចប់នៅពេលលោក ស្ហីនហ្សូ អាបេ (Shinzō Abe) បានសម្រេចលាលែងពីតំណែងជាលើកទី២ដោយសារតែជំងឺប្រចាំកាយ។ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ លោក យូស្ហីស៊ីដេ ស៊ូហ្កា (Yoshihide Suga) ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ដ្រីថ្មីដើម្បីជំនួសមិត្តរួមបក្សរបស់លោក។ នាយករដ្ឋមន្ត្រីទី៩៩ រូបនេះបានឡើងកាន់អំណាចចំពេលដែលពិភពលោកកំពុងតែហែលឆ្លងវិបត្តិកូវីដ១៩ និងត្រូវដោះស្រាយបញ្ហាដែលសល់ពីរដ្ឋការរបស់លោក អាបេ។ កាលនោះ ក្រៅពីកូវីដ១៩ បញ្ហាធំៗចំនួនពីរដែលនាយករដ្ឋមន្ត្រីថ្មីត្រូវយកចិត្តទុកដាក់នោះគឺបញ្ហាសេដ្ឋកិច្ចនិងការទូត។

ក្នុងបញ្ហាសេដ្ឋកិច្ចរបស់ជប៉ុន ដែលជាទូទៅប្រទេសនៅក្នុងពិភពលោកតែងតែយកចិត្ដទុកដាក់លើអតិផរណាដែលប្រាក់ចំណូលរបស់ប្រជាជនទាបជាងប្រាក់ដែលត្រូវចំណាយ ក៏ប៉ុន្តែប្រទេសជប៉ុនបែរជាឈឺក្បាលជាមួយបរិត្តផរណាទៅវិញដោយហេតុតែទំនិញធ្លាក់ថ្លៃខ្លាំងពេក។ លោកសូហ្គា ទទួលថ្មបាក់មួយទៀតគឺបញ្ហាបំណុលសាធារណៈដែលបានកើនដូចភ្នំចាប់តាំងពីឆ្នាំ១៩៩០។ យោងតាមរបាយការណ៍របស់ធនាគារនៃជប៉ុន (Bank of Japan) បំណុលសាធារណៈជប៉ុនបានកើនឡើងដល់ ១២,២ ទ្រ៊ីលានដុល្លារអាមេរិក ដែលស្មើនឹង ២៤០% នៃ ផលិតផលក្នុងស្រុកសរុប (GDP)។ ជាមួយគ្នានេះដែរ កាលពីដើមឆ្នាំ ២០២០ រដ្ឋការរបស់លោក អាបេ ក៏បានបន្ថែមបំណុលចំនួន ២ ទ្រីលានដុល្លារអាមេរិក ដើម្បីជួយសេដ្ឋកិច្ចជប៉ុនដើម្បីហែលឆ្លងវិបត្ដិកូវីដ ១៩។

ចំណែកឯការទូតវិញ ជប៉ុនត្រូវបានបន្តដើរគោលនយោបាយការបរទេសលើការពង្រឹងភាពជិតស្និទ្ធជាមួយប្រទេសសម្ព័ន្ធមិត្ដ។ ប្រទេសសម្ព័ន្ធមិត្តធំៗរបស់ជប៉ុនមួយចំនួនដូចជា អាមេរិក កូរ៉េខាងត្បូងជាដើម បានមានភាពល្អក់កករកាលពីរដ្ឋការរបស់លោក អាបេ។ ទំនាក់ទំនងរវាងជប៉ុននឹងអាមេរិកវិញគឺមានភាពល្វីងបន្តិចអំឡុងរដ្ឋកាលលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំដោយសារប្រទេសអាមេរិកហាក់បានយកការតម្លើងពន្ធនាំចូលរថយន្ដជប៉ុនជាចំណាប់ខ្មាំង ដើម្បីឱ្យជប៉ុនយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទម្លាក់ពន្ធនាំចូលផលិតផលកសិកម្មរបស់អាមេរិក។

កិច្ចការដែលរុញឱ្យលោកនាយករដ្ឋមន្ត្រីមិនឈរឈ្មោះអាណត្ដិក្រោយ

មានការស្ទង់មតិជាច្រើនបានបង្ហាញថាប្រជាប្រិយភាពរបស់លោក យូស្ហីស៊ីដេ ស៊ូហ្កា ត្រូវបានធ្លាក់ចុះយ៉ាងគំហុក ហើយបើផ្អែកការស្រាវជ្រាវរបស់ Mainichi Shimbun និង The Social Survey Research Center អត្រានៃការគាំទ្រធ្លាក់ដល់ ៦៦%។ ការធ្លាក់ប្រជាប្រិយភាពរបស់លោក យូស្ហីស៊ីដេ ស៊ូហ្កាគឺដោយសារកត្តាធំៗចំនួន ២ ដែលមានដូចជាការមិនអាចដោះស្រាយវិបត្ដិកូវីដ១៩ និងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិក។ ប្រទេសជប៉ុនជួបប្រទះការវាយលុកដោយរលកកូវីដ១៩ជាច្រើនលើក ហើយថ្មីៗនេះគឺត្រូវបានគម្រាមកំហែងដោយមេរោគបម្លែងថ្មី។ យ៉ាងណាមិញ អំឡុងរដ្ឋការរបស់លោក យូស្ហីស៊ីដេ ស៊ូហ្កា ជាងមួយឆ្នាំនេះ ស្ថានភាពកូវីដ១៩ របស់ជប៉ុននៅសភាពមិនសូវធូរស្រាលដែលចំនួនអ្នកស្លាប់បានហក់ឡើងជាង ១៦០០០ ករណី ខណៈករណីឆ្លងថ្មីកើនឡើងរហូតល្បាក់ ១.៦ លាននាក់ ហើយបាននិងកំពុងបន្តហែលឆ្លងរលកកូវីដ១៩លើកទី ៥។ ក្រឡេកទៅមើលការចាក់វ៉ាក់សាំងវិញក៏នៅមានល្បឿនទាប ហើយបើផ្អែកលើរបាយការណ៍របស់អង្គការ OurWorldInData ជប៉ុនបានចាក់វ៉ាក់សាំងពេញលេញឱ្យប្រជាជនរបស់ខ្លួនត្រឹមតែ ៤៩.៦២% តែប៉ុណ្ណោះ។ អ្នកជំនាញមើលឃើញថាការ ប្រណាំងរវាងការចាក់វ៉ាក់សាំងនិងឆ្លងកូវីដ១៩ប្រភេទឌែលតាគឺនៅមានគម្លាតគ្នា ដែលការឆ្លងមេរោគកូវីដ១៩កំពុងនាំមុខការចាក់វ៉ាក់សាំង។ ប្រទេសជប៉ុនត្រូវបានបិទខ្ទប់តាំងពីខែឧសភា ហើយនៅសប្ដាហ៍នេះ លោក យូស្ហីស៊ីដេ ស៊ូហ្កា បានប្រកាសថានឹងពន្យារការបិទខ្ទប់ម្ដងទៀត ដោយសារតែប្រព័ន្ធសុខាភិបាលនៅមានកម្រិតមិនទាន់ស្រាកស្រាន្ដ ដែលនេះបណ្ដាលមកពីករណីចម្លងថ្មីចេះតែកើតមាន ហើយមន្ទីពេទ្យនៅកកកុញនៅឡើយ។

រាជរដ្ឋាភិបាលរបស់លោក យូស្ហីស៊ីដេ ស៊ូហ្កា ក៏បានជំនះប្រារព្ធការប្រកួតកីឡាអូឡាំពិក បើទោះជាមានករណីកូវីដ១៩កំពុងវាយលុកខ្លាំងពីមេរោគកូវីដ១៩បម្លែងថ្មី និងមានការជំទាស់របស់ប្រជាពលរដ្ឋជប៉ុនជាដើម។ យោងតាមការស្រង់មតិចេញផ្សាយដោយ The New York Times កាលពីខែឧសភាប្រជាពលរដ្ឋជប៉ុនជាង ៨០% មិនគាំទ្រឱ្យការប្រារព្ធកម្មវីធីប្រកួតអូឡាំពិកឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមគ្រូពេទ្យក៏បានស្នើសុំរដ្ឋាភិបាលឱ្យលុបចោលការប្រកួតនេះដែរ។ ចាប់តាំងពីការបើកការប្រកួតនិងកំពុងប្រកួត ប្រជាពលរដ្ឋជប៉ុនជាច្រើនចេញមកធ្វើបាតុកម្ម និងស្រែកថា “បញ្ឈប់កូវីដ១៩” ហើយសម្រែករបស់បាតុករក៏អាចលឺចូលស្តាតដែលកំពុងមានការប្រកួតដែរដោយសារការប្រកួតធ្វើឡើងដោយស្ថប់ស្ថាត់និងគ្មានអ្នកចូលទស្សនាការប្រកួតនោះទេ។

គោលនយោបាយការបរទេសយ៉ាងល្អរបស់លោក យូស្ហីស៊ីដេ ស៊ូហ្កា

ត្បិតតែប្រជាប្រិយភាពរបស់លោកយូស្ហីស៊ីដេ ស៊ូហ្កា មិនសូវទទួលបានផ្លែផ្កានៅក្នុងការដោះស្រាយវិបត្ដិនៅក្នុងប្រទេសក្ដី ក៏ប៉ុន្តែនយោបាយការបរទេសអំឡុងការកាន់អំណាចរបស់លោកមានភាពរលូនល្អប្រសើរជាងលោក ស្ហីនហ្សូ អាបេ។ នយោបាយការបរទេសរបស់លោក យូស្ហីស៊ីដេ ស៊ូហ្កា ហាក់មិនសូវមានភាពល្អក់កករឡើយជាមួយប្រទេសជាសម្ព័ន្ធមិត្ដដូចជាកូរ៉េខាងត្បូង និងប្រទេសអាមេរិក។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងជប៉ុនមានភាពល្អូកល្អិនជាងមុន ដែលជាក់ស្ដែងអាមេរិកនិងជប៉ុនបានប្រកាសជាសម្លេងរួមមួយថា “ពួកយើងនឹងប្ដេជ្ញាចិត្ដធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាចិន និងបញ្ហាជាច្រើនទៀតដូចជាសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង ក៏ដូចជាកូរ៉េខាងជើង ដើម្បីធានាឱ្យមានភាបសេរី និងបើកចំហនៅក្នុងឥណ្ឌូបា៉ស៊ីភិកនាថ្ងៃអនាគត”។ ក្នុងនោះដែរ ជប៉ុនរដ្ឋការរបស់លោក យូស្ហីស៊ីដេ ស៊ូហ្កា ក្នុងនាមជាប្រទេសសម្ព័ន្ធមិត្ដរបស់អាមេរិក ជប៉ុនក៏បានដើរនយោបាយការបរទេសនៅក្នុងភូមិសាស្ត្រនយោបាយដ៏ល្អដោយមានទំនាក់ទំនងល្អជាមួយតៃវ៉ាន់ ដែលនេះបានជួយចំណែកកាត់បន្ថយឥទ្ធិពលរបស់ចិនទីក្រុងប៉េកាំងទៅលើតៃវ៉ាន់ផងដែរតាមរយៈការផ្ដល់ជំនួយវ៉ាក់សាំងជាដើម ខណៈតៃវ៉ាន់បានចោទប្រកាន់ចិនថាជាអ្នករារាំងមិនឱ្យតៃវ៉ាន់ទទួលវ៉ាក់សាំង Pifer។

កិច្ចការដែលនឹងត្រូវបន្សល់នៅនាយករដ្ឋមន្រ្តីថ្មី

ជាការពិតណាស់ កិច្ចការដែលនាយករដ្ឋមន្ត្រីថ្មីត្រូវដោះស្រាយដំបូងគេគឺដោះស្រាយវិបត្ដិកូវីដ១៩។ នាយករដ្ឋមន្ត្រីថ្មីក៏ត្រូវទទួលថ្មបាក់ថ្មបាក់សេដ្ឋកិច្ចមួយចំនួនដែរដូចជាបំណុលសាធារណៈ អត្រាបរិត្តផរណា ជាដើម។ ក្រឡេកមើលនយោបាយការបរទេសវិញ ត្បិតតែក្រឡានយោបាយការបរទេសរបស់លោក យូស្ហីស៊ីដេ ស៊ូហ្កា ត្រូវបានប្រទេសអាមេរិករីករាយនិងសាទរមែន ក៏ប៉ុន្តែក៏អាចនឹងបង្កើតផលវិបាកមួយចំនួនដែរ ក្នុងនោះចិនអាចឆ្លើយតបនិងទប់ទល់ជប៉ុនវិញដែលអាចខូចប្រយោជន៍សេដ្ឋកិច្ចរបស់ជប៉ុន។ បញ្ហាទឹកដីរវាងជប៉ុននិងរូស្សីលើកោះចំនួន ៤ នៅ Hokkaido ក៏នឹងត្រូវផ្ទេរទៅឱ្យនាយករដ្ឋមន្ត្រីថ្មីផងដែរ។ ម្យ៉ាងវិញទៀត ត្បិតតែភាពរកាំរកុះរវាងជប៉ុននិងកូរ៉េខាងត្បូងមានសភាពស្ងប់ស្ងាត់ក្នុងរដ្ឋការរបស់លោកយូស្ហីស៊ីដេ ស៊ូហ្កា ក៏ពិតមែន ប៉ុន្តែភាពស្ងប់ស្ងាត់នេះមិនអាចមានជានិរន្តរ៍នោះទេ ដោយសារគំនិតខុសគ្នាលើវិធានការទទួលខុសត្រូវនូវកំហុសដែលជប៉ុនបានសាងកាលពីសម័យសង្គ្រាម និងជាពិសេសប្រទេសទាំងពីរនេះនៅយល់ឃើញខុសគ្នាលើសន្ធិសញ្ញាឆ្នាំ១៩៦៥នៅតែបន្តហើយជាពិសេសនោះថាតើនាយករដ្ឋមន្រ្តីថ្មីនឹងទៅគោរពវិញ្ញាណក្ខន្ធឥស្សរជននៅវិហារយ៉ាស៊ូគូនីរបស់ថ្នាក់ដឹកនាំជប៉ុនដែរឬទេ?

ការសម្លាប់រង្គាលទីលាន ធានអានមិន ឆ្នាំ 1989(Tiananmen Square Massacre)

នៅខែឧសភា ឆ្នាំ ១៩៨៩​ ជនជាតិចិនជិតមួយលាននាក់ដែលភាគច្រើនជានិស្សិតវ័យក្មេងបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងប៉េកាំង មកតវ៉ាដើម្បីលទ្ធិប្រជាធិបតេយ្យ។ ចំនួននិស្សិតដែលមកធ្វើការតវ៉ាមានកាន់តែច្រើនឡើងៗ ហើយថែមទាំងបានអំពាវនាវឱ្យមេដឹកនាំបក្សកុម្មុយនិស្តចិនលាឈប់ពីដំណែងផងដែរ ដោយសារតែ ស្ថានភាពនយោបាយនៅក្នុងប្រទេសចិននាពេលនោះគឺមានការរឹតត្បិតនិងគាបសង្កត់ខ្លាំងយ៉ាងខ្លាំងទៅលើប្រជាពលរដ្ឋពីសំណាក់រដ្ឋាភិបាលចិនដែលស្ថិតក្រោមការដឹកនាំរបស់លោក តេង ស៊ាវពីង។ អស់រយៈពេលជិតបីសប្តាហ៍ ក្រុមអ្នកតវ៉ាបានបានដើរស្រែកហើយរក្សាការប្រុងប្រយ័ត្នពីការប៉ុនប៉ងធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរចិនជារៀងរាល់ថ្ងៃ។ លើសពីនេះទៀត សារព័ត៌មានបស្ចិមប្រទេសក៏បានផ្សព្វផ្សាយនូវវីឌីអូជាច្រើនសម្រាប់ទស្សនិកជនដែលនិយមតាមដានតាមទូរទស្សន៍និងកាសែតនៅក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប អំពីកងទ័ពចិនដែលបានសម្រុកចូលទីលានធានអានមិននៅកណ្តាលទីក្រុងប៉េកាំង ហើយបានសម្លាប់និងចាប់ខ្លួនបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់ថែមទៀតផង។ ទន្ទឹមគ្នានេះផងដែរ ការវាយលុករបស់រដ្ឋាភិបាលចិនយ៉ាងឃោរឃៅទៅលើក្រុមអ្នកតវ៉ាបានធ្វើឱ្យប្រទេសលោកខាងលិចមានការភ្ញាក់ផ្អើល និងបាននាំមកនូវការរិះគន់និងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកផងដែរ។

តើអ្វីទៅដែលមូល​ហេតុ​នាំឱ្យ​ប្រជាជនទាំងនោះ​ធ្វើ​បាតុកម្ម?

មានមូលហេតុជាច្រើនដែលជាកាតាលីកររុញច្រានឱ្យប្រជាជនក៏ដូចជាយុវជនរបស់ចិននាថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩នាំគ្នាចេញទៅធ្វើបាតុកម្មដើម្បីប្រឆាំងជាមួយនឹងរដ្ឋាភិបាលដែលគ្រប់គ្រងដោយរបបកុម្មុយនីស្ត ប៉ុន្តែអ្វីដែលជាចលករសំខាន់ជាងគេនោះគឺការស្រេកឃ្លាននៃលទ្ធិប្រជាប្រធិតេយ្យ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការធ្វើនយោបាយជាដើម។ល។ នៅក្នុងថ្ងៃទី៤ ខែមិថុនា ១៩៨០ ប្រទេសចិននាពេលនោះគឺមានការផ្លាស់ប្តូរដ៏ធំមួយដែលការផ្លាស់ប្តូរនោះគឺ គណបក្សកុម្មុយនីស្តចិនបានបើកលំហរនៃសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក  ហើយក្នុងនោះដែរយើងឃើញមានការអនុញ្ញាតិឱ្យមានក្រុមហ៊ុនឯកជន និងមានការវិនិយោគពីបរទេសជាដើម។ លើសពីនេះទៅទៀតមេដឹកនាំចិនគឺ លោក តេង ស៊ាវពីង នាពេលនោះបានមានក្តីបំណងចង់ធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសខ្លួនរីកចម្រើនយ៉ាងខ្លាំង ដើម្បីឱ្យប្រជាពលរដ្ឋរបស់ខ្លួនរស់នៅក្នុងវិបុលភាព។ ប៉ុន្តែក្នុងពេលទន្ទឹមគ្នានឹងការរីកចំរើនខាងផ្នែកសេដ្ឋកិច្ចនោះផងដែរ គេឃើញមានការកើនឡើងនូវអំពើពុករលួយយ៉ាងខ្លាំង ដែលនេះក៏សក្ខីភាពដែលញាំងឱ្យ យុវជនទាំងនោះមានការទៀមទារ ចង់ឱ្យលំហរសេរីភាពនៃនយោបាយរបស់ខ្លួនមានបើកទូលាយសម្រាប់ពួកគេ ពីព្រោះការដែលបើកលំហរសេរីភាពនៃនយោបាយ និងសេដ្ឋកិច្ចរបស់រដ្ឋាភិបាល​ គឺអាចឱ្យពួកគេចូលយ៉ាងសកម្មក្នុងការកំណត់នូវជោគវាសនានៃជាតិរបស់គេ។

គួរកត់សម្គាល់ផងដែរថា នៅក្នុងបក្សកុម្មុយនីស្តចិននាពេលនោះក៏មានភាពចម្រូងចម្រាស់គ្នាច្រើនផងដែរ ដោយមានការប្រេះឆាគ្នាក្នុងគោលគំនិតដឹកនាំរវាងក្រុមម្ខាងដែលចង់ផ្លាស់ប្តូរប្រទេសរបស់ខ្លួនដែលធ្លាប់តែប្រកាន់ខ្ជាប់នូវរបបកុម្មុយនីស្ដទៅកាន់របបសេរីប្រជាធិបតេយ្យដែលពិភពលោកបច្ចុប្បន្ននិយម ដោយសារតែគិតថាវាគឺជារបបនយោបាយមួយដែលល្អដាច់គេ ហើយនិងក្រុមម្ខាងទៀតដែលមិនចង់ឱ្យ មានការផ្លាស់ប្តូរអ្វីជាដុំកំភួននោះទេ គឺចង់ឱ្យស្ថានភាពមួយដែលរដ្ឋាភិបាលធ្លាប់តែគ្រប់គ្រង និងបំបិទសិទ្ធសេរីភាពក្នុងការចូលរួមសកម្មភាពនយោបាយនានារបស់ប្រជាជនគឺនៅដដែល។

នៅពាក់កណ្តាលឆ្នាំ១៩៨០ សិស្សនិស្សិតជាច្រើនបាននាំគ្នាចេញមកដើម្បីដឹកនាំការធ្វើបាតុកម្មមួយដ៏ធំសម្បើមដែលត្រូវបានគេកត់ត្រាទុកក្នុងប្រវត្តិសាស្ត្ររបស់ចិន។ បន្ថែមពីនេះទៅទៀត អ្នកដែលបានចូលរួមក្នុងបាតុកម្មនោះទៀតសោតគឺមួយចំនួនជាបញ្ញវន្ដដែលធ្លាប់បានរស់នៅនិងសិក្សារៀនសូត្រនៅបរទេស ជាពិសេសនៅបណ្តាបស្ចិមទេសដែលជាទូទៅប្រទេសទាំងនោះគឺប្រកាន់ខ្ជាប់នូវរបបសេរីនិយម។ ដូច្នេះទោះចង់ឬមិនចង់ការទទួលរងនូវឥទ្ធិពលរបស់ពួកគេពីបណ្តាប្រទេសទាំងនោះគឺចៀសមិនផុតនោះទេ។

នៅឆ្នាំ១៩៨៩ បាតុកម្មក៏ចេះតែរីកផុសផុលឡើងហើយសម្រែកស្រេកឃ្លាននៃសេរីភាពនយោបាយរបស់ពួកគេក៏ចេះតែខ្លាំងទៅៗ។ បន្ថែមពីនេះ ការស្លាប់របស់លោក ហួរ យ៉ាវបាង ( Hu Yaobang) ក៏ជាកត្តាដែលនាំឱ្យពួកបាតុករទាំងអស់នោះកាន់តែធ្វើដំណើរឆ្ពោះទៅមុខដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេផងដែរ។ មនុស្សរាប់ពាន់នាក់បានមកប្រជុំគ្នានៅក្នុងពិធីបុណ្យសពរបស់លោក ហួរ ហើយពួកបាតុករទាំងអស់នោះបាននាំគ្នាអំពាវនាវឱ្យមាននូវសេរីភាពនយោបាយ និងមិនមានការរឹតត្បឹត គាបសង្កត់ និងធ្វើទុកបុកម្នេញទៅលើពួកគេពីសំណាក់រដ្ឋាភិបាលកុម្មុយនីស្តនោះទេ។ គួរបញ្ជាក់ថា លោក ហួរ យ៉ាវបាង គឺជាមេដឹកនាំនយោបាយម្នាក់ដែលចង់ឱ្យមានការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច និងនយោបាយ។ ហើយបន្ទាប់មក លោកត្រូវបានគូប្រជែងរបស់ខ្លួននៅក្នុងបក្សទាត់ចេញពីដំណែងដ៏ធំមួយនៅក្នុងបក្ស។

នៅប៉ុន្មានសប្តាហ៍បន្ទាប់ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីលានធានអានមិនដែលមានចំនួនប៉ាន់ស្មានថាមានរហូតដល់មួយលាននាក់។ហើយវាគឺជាកន្លែងសម្គាល់ដ៏ល្បីល្បាញបំផុតមួយរបស់ទីក្រុងប៉េកាំង។

តើអ្វីទៅជាការឆ្លើយតបរបស់រដ្ឋាភិបាលកុម្មុយនីស្ដចិនទៅលើហ្វូងបាតុករ?

ដំបូងឡើយរដ្ឋាភិបាលរបស់ចិនគ្មានសកម្មភាពអ្វីមួយដើម្បីឆ្លើយតប ឬក៏ប្រឆាំងទៅ និងហ្វូងបាតុករនោះទេ ដោយសារមានភាពមិនចុះសម្រុង និងខ្វែងគំនិតគ្នាលើវិធីសាស្ត្រដើម្បីឆ្លើយតបទៅកាន់ពួកបាតុករ ដោយសារអ្នកខ្លះថាគួរតែដោះអ្វីមួយជាមួយគេ រីឯអ្នកខ្លះទៀតថាត្រូវតែប្រើធម៌ក្តៅ។

ជាចុងក្រោយអ្នកដែលចង់ប្រើធម៌ក្តៅជាអ្នកដែលឈ្នះទៅលើការតស៊ូមតិនោះ។ នៅសប្តាហ៍ចុងក្រោយនៃខែ៥ ច្បាប់អាជ្ញាសឹក (Martial law) គឺត្រូវបានប្រកាសជាផ្លូវការនៅក្នុងទីប៉េងកាំង។ ការប្រកាសប្រើប្រាស់ច្បាប់នេះដោយអាជ្ញាធរចិន មានន័យថាកងទ័ពឬប៉ូលីស អាចប្រើប្រាស់គ្រប់មធ្យោបាយដើម្បីពន្លត់នូវភ្លើងនៃបាតុកម្មនេះ។

នៅថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែមិថុនា កងទ័ពបានចាប់ផ្តើមរំកិលឆ្ពោះទៅកាន់ទីលានធានអានមេនដោយបើកការបាញ់ប្រហារកំទេចនិងចាប់ខ្លួនក្រុមបាតុករដើម្បីកាន់កាប់តំបន់នេះឡើងវិញ។ គ្មាននរណាម្នាក់ដឹងច្បាស់ថាតើមានមនុស្សប៉ុន្មាននាក់ត្រូវបានសម្លាប់នោះទេ? នៅចុងខែមិថុនា ១៩៨៩ រដ្ឋាភិបាលចិនបាននិយាយថាជនស៊ីវិល ២០០ នាក់ និងបុគ្គលិកសន្តិសុខរាប់សិបនាក់បានស្លាប់។ ហើយមានការប៉ាន់ស្មានផ្សេងៗទៀតថាមនុស្សត្រូវបានសម្លាប់មានចាប់ពីរាប់រយដល់រាប់ពាន់នាក់។ នៅឆ្នាំ២០១៧ ឯកសារអង់គ្លេសដែលទើបនឹងចេញថ្មីបានបង្ហាញថាមនុស្ស ១០.០០០ នាក់បានស្លាប់នៅក្នុងការបោសសម្អាត និងដើម្បីបិទបញ្ចប់នូវព្រឹត្តិការណ៍មួយនេះ។

 

ហេតុអ្វីបានជាប្រទេសថៃសម្រុកធ្វើបាតុកម្មខណៈកូវីដ១៩កំពុងយាយីខ្លាំង?

ត្បិតតែកូវីដ១៩កំពុងតែលុកលុយព្រះរាជាណាចក្រថៃ ក៏ប៉ុន្តែវិបត្ដិនយោបាយក៏នៅតែបន្តដ៏ក្ដៅគគុកដែរ។វិបត្ដិនយោបាយរបស់ថៃដែលកំពុងប្រទះនិងបាតុកម្មបន្តបន្ទាប់ពីសំណាក់ប្រជាជនថៃគឺដោយសារការមិនពេញចិត្តនឹងរាជរដ្ឋាភិបាលដឹកនាំដោយលោក ប្រាយុទ្ធ ចន្ទអូចា​​ Prayut Chan-o-cha ។ ទោះជាប្រទេសថៃមានករណីឆ្លងជំងឺកូវីដ១៩ខ្លាំងយ៉ាងណា ក៏នៅក្រុមបាតុករថៃនៅតែប្រថុយប្រថានដើម្បីជួបជុំគ្នាធ្វើបាតុកម្មដើម្បីឱ្យលោកនាយករដ្ឋមន្រ្តៃថៃចុះចេញពីតំណែង ដោយសារតែបញ្ហានយោបាយយូរឆ្នាំ និងកំហឹងលើរដ្ឋាភិបាលដែលអសម្ថភាពក្នុងការដោះស្រាយបញ្ហាការរាតត្បាតជំងឺកូវិដ១៩។ បើគិតមកត្រឹមខែសីហា មានការប៉ះទង្គិចរវាងក្រុមបាតុករ និងក្រុមប៉ូលីសថៃជាច្រើនសារ ហើយក្រុមប៉ូលីសបានប្រើប្រាស់កាំភ្លើងទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់ស្កាត់ការបង្កសកម្មភាពអសន្តិសុខ។

បាតុកម្មនៅប្រទេសថៃមិនមែនទើបនឹងមាននោះទេ ការតវ៉ាបានចាប់ផ្តើមពីដើមឆ្នាំ២០២០ ដោយសារការមិនពេញចិត្តនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកប្រាយុទ្ធ ដែលកាន់កាប់អំណាចតាមរយៈការធ្វើរដ្ឋប្រហារពីឆ្នាំ ២០១៤។ ការមិនពេញចិត្តរបស់ប្រជាជន បានធ្វើ​ឱ្យមានការតវ៉ាទាមទារឱ្យលោកប្រាយុទ្ធចុះចេញពីតំណែង​​ និងរៀបចំរដ្ឋាភិបាលប្រជាធិបតេយ្យសារជាថ្មី។

បាតុកម្មរបស់យុវជនថៃ៖ ពីការផ្លាស់ប្តូរប្រព័ន្ធអប់រំ ដល់ការកែប្រែរដ្ឋធម្មនុញ្ញ

នៅដើមឆ្នាំ ២០២០​ បាតុកម្មបាន​ចាប់ផ្តើមនៅក្នុងប្រទេសថៃក្នុងគោលបំណងប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា Prayut Chan-o-cha​​ ។​ បាតុកម្មនៅប្រទេសថៃមិនមែនជាបញ្ហាថ្មីនោះទេ តែអ្វីដែលថ្មីនោះគឺ ក្រុមបាតុករជាក្រុមសិស្សនិងនិស្សិតបានទាមទារដោយចំហរ​ឱ្យមានការកែប្រែប្រព័ន្ធរាជានិយម នៅក្នុងប្រទេស។

ការតវ៉ាបានផ្ទុះឡើងដំបូងពីការខឹងសម្បាររបស់យុវជននឹងប្រព័ន្ធអប់រំថៃដែលមានក្បួនច្បាប់ប្រតិបត្តិច្រើន ហើយនិងផ្តោតលើការទម្លាប់ប្រណិប័តច្រើនជាងគុណភាពអប់រំ។ បាតុករដែលជាសិស្សវិទ្យាល័យជាច្រើនបានចេញមកតវ៉ាតាមដងផ្លូវទាមទារឱ្យមានការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងអប់រំថៃចេញ។ គេហៅបាតុកម្មនេះថា  សិស្សអាក្រក់ (Bad Student) ដែលប្រមូលផ្ដុំដោយយុវជនដែលស្ថិតនៅជាសិស្សវិទ្យាល័យជាច្រើន និងនិស្សិត។

ការតវ៉ាឱ្យមានការកែប្រែរបបរាជានិយម និងការរៀបចំលទ្ធិប្រជាធិបតេយ្យឡើងវិញនៅដើមឆ្នាំ ២០២០

ក្រោយមក ក្រុមយុវជនបានទាមទារឱ្យមានការរៀបចំរដ្ឋាភិបាលថ្មីដែលសមស្របនឹងលទ្ធិប្រជាធិបតេយ្យ។ គេបានមើលឃើញយុវជនដែលមិនពេញចិត្តពីការរំលាយគណបក្ស Future Forward ដែលត្រូវបានចោទប្រកាន់ពីបទល្មើសហិរញ្ញវត្ថុរបស់មេដឹកនាំបក្សលោក Thanathorn Juangroongruangkit ។ គណបក្សនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងប្រទេស ដោយសារជាគណបក្សទើបបង្កើតថ្មីដែលទទួលបានអាសនៈច្រើនបំផុតទីបីក្នុងសភាថៃ។ គណបក្សនេះមានអ្នកគាំទ្រភាគច្រើនជាយុវជនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និងមាននិន្នាការប្រឆាំងនិងរបបយោធា។ បក្សដែលគាំទ្ររបបយោធាបានមើលឃើញពីសក្តានុពលរបស់បក្សថ្មីនេះ និងមានការបារម្ភផងដែរទៅលើនិន្នាការរបស់បក្សនេះ។

បន្ទាប់មកនៅក្នុងខែកុម្ភៈតុលាការធម្មនុញ្ញថៃបានចេញសាលក្រមពីការដែលគណបក្ស Future Forward បានរំលោភច្បាប់ហិរញ្ញវត្ថុឃោសនារំលាយគណបក្ស និងបានហាមឃាត់មេដឹកនាំរបស់បក្សមិនឱ្យធ្វើនយោបាយរយៈពេល ១០ ឆ្នាំ។ សិស្សថៃបាននាំគ្នាធ្វើបាតុកម្មដោយសារមិនពេញចិត្តប្រព័ន្ធអប់រំដែលមានភាពអនាធិបតេយ្យ និងការគ្រប់គ្រងដែលដឹកនាំដោយទាហាន។  ការទាមទាររបស់ក្រុមបាតុករគឺចង់ឱ្យលោកប្រាយុទ្ធចុះចេញពីតំណែង ក្រោយមកបានបញ្ឈប់មួយរយៈដោយសារការផ្ទុះនៃជំងឺកូវីដ១៩។ និស្សិតដែលជាបាតុករបានត្រឡប់ជួបជុំវិញនៅខែកក្កដា ឆ្នាំ ២០២០ ដោយមានការទាមទារឱ្យមានការបោះឆ្នោតថ្មី ការកែប្រែរដ្ឋធម្មនុញ្ញដែលផ្តល់អំណាចដល់រាជានិយមខ្លាំង និងការបញ្ឈប់ការគម្រាមកំហែងមកលើសកម្មជនក្នុងការបញ្ចេញមតិ។

នៅខែសីហាការតវ៉ាយុវជនបានប្រមូលផ្តុំគ្នា និងមានសកម្មភាពខ្លាំងក្លាជាងមុន ជាពិសេសពេលដែលក្រុមនិស្សិតថៃបានតិទានដោយបើកចំហពីស្ថានភាពរាជានិយមថៃដែលបានផ្តល់អំណាចឱ្យរាជវង្សចូលជ្រៀតជ្រែកក្នុងកិច្ចការនយោបាយ។ យុវជនគាំទ្រប្រជាធិបតេយ្យទាំងនេះបានទាមទារឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទៅលើច្បាប់ការពាររាជវង្ស ឬ lèse majesté law ។ ក្នុងចំណោមការទាមទាររបស់ពួកគេរួមមានការត្រួតពិនិត្យលើថវិការាជវង្ស និងការបញ្ចប់ការអនុវត្តរបបរាជានិយមថៃដែលតែងតែគាំទ្រការធ្វើរដ្ឋប្រហារយោធា។

ការឆ្លងរាតត្បាតនៃជំងឺកូវិឌ១៩ រលកទី២ និងការរីករាលដាលនៃវីរុសបម្លែងថ្មី

ប្រទេសថៃបានប្រទះនូវស្ថានភាពរីករាលដាលជំងឺកូវិដ១៩ រលកទី៣ធ្ងន់ធ្ងរនៅពាក់កណ្តាលឆ្នាំ​ ២០២១ នេះ ដែលមានការហក់ឡើងនៃករណីឆ្លងថ្មីដែលបានរាតត្បាតដំបូងនៅបាងកកពីដើមខែមេសាកន្លងទៅ។ រលកក្រោយនេះបានធ្វើឱ្យករណីឆ្លងឡើងដល់ច្រើនជាង ១០​ ០០០ករណី និងស្លាប់លើស ១០០​ករណីជារៀងរាល់ថ្ងៃ។ លើសពីនេះទៅទៀត ការរាតត្បាតក្នុងសហគមន៍លើកនេះមានសភាពធ្ងន់ធ្ងរដោយសារយន្តការបង្ការការពារ ការមើលស្រាលស្ថានភាពដែលជាពិសេសចង់បើកសេដ្ឋកិច្ចតក់ក្រហល់ពេក និងការចាក់វ៉ាក់សាំងក្នុងប្រទេសនៅមានកម្រិតទាប។

យោងតាមក្រសួងសុខាភិបាលរបស់ថៃ អត្រាចំនួនអ្នកចាក់វ៉ាក់សាំងរួចនៅប្រទេសថៃនៅមានកម្រិតទាប ដែលមានត្រឹមតែ ១០,២% នៃប្រជាជនទាំងអស់ ប្រមាណជា ១០,៩ លាននាក់។​ ចំពោះក្រុមប្រជាជនងាយរងគ្រោះរួមមានមនុស្សចាស់អាយុ ៦០ ឆ្នាំ​និងកុមារ អត្រានៃចំនួនអ្នកចាក់វ៉ាក់សាំងការពារកូវីដ១៩​ហើយនៅក៏មានកម្រិតទាបដែរ។ បើធៀបនឹងអត្រាអ្នកចាក់រួចសរុប ក្រុមប្រជាជនវ័យចាស់អាយុ​​ ៦០ឆ្នាំឡើងមានចំនួនត្រឹមតែ ៧% ប៉ុណ្ណោះ។ រីឯអត្រាមរណៈភាពពីជំងឺប្រមាណលើ ៥០% នៃអ្នកស្លាប់ដោយសារកូវីដ១៩នៅប្រទេសថៃជាប្រជាជនមានអាយុ ៦០ឆ្នាំឡើង។ ប្រការនេះបានធ្វើឱ្យប្រជាជនថៃមានការមិនពេញចិត្តនិងខឹងសម្បារនឹងរដ្ឋាភិបាលកាន់តែខ្លាំងដោយសារគោលការណ៍ចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលដែលចេញសកម្មភាពយឺតយ៉ាវពេក។ ដោយហេតុផលផ្ទុះរលកកូវីដ១៩ខ្លាំងបែបនេះបានធ្វើឱ្យប្រជាជនថៃបានចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលសារជាថ្មី ដោយទាមទារកាន់តែខ្លាំងឱ្យលោកប្រាយុទ្ធចុះចេញពីតំណែង។

ការមិនពេញចិត្តចំពោះនយោបាយ និងកំណើនយឺតនៃសេដ្ឋកិច្ចថៃ

នៅក្នុងការប្រជុំសភានៅថ្ងៃពុធទី១ខែកញ្ញាថ្មីៗកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចន្ទអូចា ត្រូវបានសមាជិកសភានៃក្រុមបក្សប្រឆាំងតិទានពីការគ្រប់គ្រងស្ថានភាពនៃករណីឆ្លងកូវិដ១៩មិនបានល្អ និងអត្រាកំណើនសេដ្ឋកិច្ចយឺត។ លោកប្រាយុទ្ធបានតបតដោយបានបង្ហាញជំហរការពាររដ្ឋាភិបាលរបស់ខ្លួនក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវិដ១៩​ ទោះជាចំនួនករណីឆ្លងនៅតែមានច្រើនជារៀងរាល់ថ្ងៃ។

លើសពីនេះទៅទៀតលោកប្រាយុទ្ធ បានលើកឡើងថា កំណើនសេដ្ឋកិច្ចប្រទេសថៃមានកំណើនយឺតដោយសារតែស្ថានភាពជំងឺកូវីដ១៩​ នៅក្នុងប្រទេសថៃមានលក្ខណៈធ្ងន់ធ្ងរ​។ លោកបានបន្តថា ការរីករាលដាលនៃជំងឺបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ដែលជាវិស័យសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចប្រទេសថៃ។ កាលពីឆ្នាំ ២០១៩ មានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៤០លាននាក់បានមកប្រទេសថៃ ហើយវិស័យទេសចរណ៍បានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិដល់ទៅ ២០% នៃផ.ស.ស​ (ផលិតផលក្នុងស្រុកសរុប) និងបានបង្កើត ៨.៣ លានការងារឱ្យប្រជាជនក្នុងស្រុក។ នៅពេលជំងឺឆ្លងមកដល់ សេដ្ឋកិច្ចថៃបានធ្លាក់ចុះប្រហែល ៦% នៅឆ្នាំ ២០២០។​

គោលនយោបាយការបរទេសរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ចំពោះចិន និងអាមេរិក

សាធារណរដ្ឋហ្វ៊ីលីពីន

សាធារណរដ្ឋហ្វ៊ីលីពីនជាប្រទេសដែលធ្លាប់ត្រូវបានស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសអេស៉្បាញ (១៥៦៥–១៨៩៨) និងសហរដ្ឋអាមេរិក (១៨៩៨–១៩៤៦)។ ក្រោយទទួលបានឯករាជ្យនៅឆ្នាំ១៩៤៦ ពីសហរដ្ឋអាមេរិក ប្រទេសនេះបានទទួលនូវមរតកនៃរបបដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិច។ មាត្រា២នៃរដ្ឋធម្មនុញ្ញហ្វ៊ីលីពីនឆ្នាំ១៩៨៧ បានចែងថា «ហ្វ៊ីលីពីនគឺជារដ្ឋប្រជាធិបតេយ្យនិងសាធារណរដ្ឋ។ អធិបតេយ្យភាពស្ថិតនៅក្នុងដៃរបស់ប្រជាជន ហើយអំណាចរដ្ឋាភិបាលទាំងអស់កើតចេញពីប្រជាជន។» ប្រធានាធិបតី អនុប្រធានាធិបតី និងសមាជិកព្រឹទ្ធសភាត្រូវបានបោះឆ្នោតជ្រើសតាំងជារៀងរាល់អាណត្តិដែលមានរយៈពេល៦ឆ្នាំ។ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៦ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលជាប្រធានគណបក្សប្រជាធិបតេយ្យហ្វ៊ីលីពីន – អំណាចប្រជាជន (LPD-Laban) បានឈ្នះឆ្នោត ហើយបានឡើងកាន់ដំណែងជាប្រធានាធិបតីក្នុងអាណត្តិទី១៦ រហូតមកដល់បច្ចុប្បន្ន។

រ៉ូឌ្រីហ្គោ ឌូតឺតេ ជានរណា?

ប្រធានាធិបតីទី១៦របស់ហ្វ៊ីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ​ត្រូវបានគេស្គាល់ថាជាមេដឹកនាំប្រឆាំងដាច់ខាតនឹងគ្រឿងញៀន និងអំពើពុករលួយយ៉ាងមុះមុត ដែលត្រូវបានគេហៅឈ្មោះក្រៅថា «អ្នកដាក់ទណ្ឌកម្ម» (The Punisher)។  គ្រាន់តែឡើងកាន់តំណែងក្នុងឆ្នាំ២០១៦ភ្លាម លោកបានរឹតបន្តឹងការអនុវត្តគោលនយោបាយប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ដែលក្នុងរយៈពេលត្រឹមតែ៦ខែ ជនល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនជាង ៧.០០០នាក់ ត្រូវបានសម្លាប់ក្រោមប្រតិបត្តិការប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្លាប់ក្រៅប្រព័ន្ធតុលាការទៀតផង នេះដោយយោងទៅតាមការចេញផ្សាយរបស់ Amnesty International UK ។ ទង្វើនេះក៏ត្រូវបានសហគម​ន៍អន្តរជាតិ ជាពិសេសបណ្ដាប្រទេសលោកខាងលិច ក៏ដូចជាអង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សបានរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើលោក ឌូតឺតេ ថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ប្រវត្តិនៃទំនាក់ទំនងហ្វ៊ីលីពីន–អាមេរិក​

សហរដ្ឋអាមេរិកបានដើរតួរជាសម្ព័ន្ធមិត្ត ជាដៃគូរអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាដៃគូរសហការរបស់ហ្វ៊ីលីពីន ក្នុងកិច្ចការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងអានុតំបន់អាស៊ីប៉ាស៊ីហ្វិកតាំងពីក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ។ ឧទាហរណ៍ ប្រទេសទាំងពីរបានចុះសន្ធិសញ្ញាការពារជាតិទៅវិញទៅមក (Mutual Defense Treaty) នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៥១ ដើម្បីអាចឱ្យប្រទេសទាំងពីរការពារគ្នាពីការឈ្លានពានពីសំណាក់ប្រទេសដទៃ។ រហូតដល់ឆ្នាំ១៩៩៨ ប្រទេសទាំងពីរក៏បានចុះកិច្ចព្រមព្រៀងមួយទៀត ហៅថា Visiting Forces Agreement ដែលបានអនុញ្ញាតឱ្យយោធាជើងទឹកនិងអាកាសរបស់សហរដ្ឋអាមេរិកអាចចេញចូលប្រទេសហ្វ៊ីលីពីនបានងាយស្រួល។

ភាពមិនចុះសម្រុងគ្នារវាងហ្វ៊ីលីពីន–អាមេរិក

ប៉ុន្តែ វត្តមានរបស់ប្រធានាធិតីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានទាញហ្វ៊ីលីពីនឱ្យឃ្លាតឆ្ងាយពីសហរដ្ឋអាមេរិកតាំងតែពីថ្ងៃដែលលោកបានហៅអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា ថាជា «កូនស្រីសំផឹង» (Son of whore) ដែលជាការព្រមានដល់សហរដ្ឋអាមេរិកដែលបានរិះគន់ទៅលើបញ្ហាការសម្លាប់ឧក្រិដ្ឋជនគ្រឿងញៀនក្រៅប្រព័ន្ធតុលាការ។ ជាការឆ្លើយតប លោក អូបាម៉ា បានលុបចោលនូវជំនួបជាមួយលោក ឌូតឺតេ ក្នុងកិច្ចប្រជុំថ្នាក់តំបន់នៅចុងឆ្នាំ២០១៦ ក្នុងប្រទេសឡាវវិញផងដែរ។ ទោះជាយ៉ាងណា លោក ឌូតឺតេ តែងតែអះអាងថាការដឹកនាំក្នុងអាណត្តិរបស់លោកនឹងប្រកាន់ជំហរលើគោលនយោបាយឯករាជ្យដោយអនុលោមទៅតាមមាត្រា២នៃរដ្ឋធម្មនុញ្ញ។

គោលនយោបាយគាំទ្រចិន

ផ្ទុយទៅវិញ លោកបានផ្អាកសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិកមួយចំនួនដែលតែងតែធ្វើជារៀងរាល់ឆ្នាំ ដោយលោកបានលើកហេតុផលថា វាអាចបណ្ដាលឱ្យប្រទេសចិនអាក់អន់ស្រពន់ចិត្ត ព្រោះលោកបានស្នើសុំជំនួយមូលនិធិពីលោក ស៊ី ជីនពីង កាលពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងពីឆ្នាំ២០១៦​ ដើម្បីបន្ធូបន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយ និងពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយកាលនោះ លោក ស៊ី ជីនពីង ក៏បានសន្យានឹងផ្តល់ជំនួយនិងការវិនិយោគដែលមានទំហំជាទឹកប្រាក់ ២៤ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ដល់ប្រទេសហ្វ៊ីលីពីន តាមរយៈការផ្ដល់ជាកម្ចី ការវិនិយោគដោយផ្ទាល់ និងការនិយោគលើវិស័យផ្សេងៗ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ។ គួរបញ្ជាក់ដែរថា កាលនោះលោក ឌូតឺតេ បានអះអាងយ៉ាងផ្លូវការថាខ្លួននឹងដើរចេញពីសម្ព័ន្ធមិត្តច្រើនជំនាន់សហរដ្ឋអាមេរិក ហើយត្រឡប់មកកសាងចំណងមិត្តភាពថ្មីជាមួយប្រទេសចិន។

ការខកបំណងរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ

យោងតាម Bloomberg បើទោះបីជាលោក ឌូតឺតេ បានខិតខំប្រឹងប្រែងងាកទៅរកចិនដើម្បីផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងណាក៏ដោយ ជាង៥ឆ្នាំរហូតដល់ជិតចប់អាណត្តិរបស់ខ្លួនទៅហើយ ប្រទេសចិននៅមិនទាន់បានបំពេញតាមសន្យារបស់ខ្លួននៅឡើយ ដែលថានឹងផ្តល់ជំនួយនិងការវិនិយោគ ២៤ ប៊ីលានដុល្លារសហរដ្ឋអាមេរិកដល់ប្រទេសហ្វ៊ីលីពីន។ ម៉្យាងទៀត ជម្លោះនៅសមុទ្រចិនខាងត្បូងដែលកើតចេញពីការទាមទានូវតំបន់ប្រជុំកោះតូចៗ និងផ្លូវសមុទ្រដើម្បីដាក់ជាដែនអធិបតេយ្យភាពរបស់បណ្ដាប្រទេសដូចជាចិន តៃវ៉ាន់ វៀតណាម ហ្វ៊ីលីពីន ព្រុយណេ និងម៉ាឡេស៊ីជាដើមនោះ បានធ្វើឱ្យលោក ឌូតឺតេ ក៏ដូចជាប្រជាជនហ្វ៊ីលីពីនមិនពេញចិត្តយ៉ាងខ្លាំងនូវសកម្មភាពនាវានិងទូកនេសាទរបស់ចិនដែលតែងតែចូលមកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (Exclusive Economic Zone) របស់ខ្លួន។ ម៉្យាងទៀត ការប្រឈមមុខដាក់គ្នារវាងចិននិងហ្វ៊ីលីពីនក្នុងការដណ្ដើមយកតំបន់ផ្សេងៗមកជារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដូចជាតំបន់ Scarborough Shoal ជាដើម ក៏បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពតានតឹង។

ការវិលទៅរកការផ្សះផ្សារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក

ការណ៍ទាំងនេះហាក់បានក្លាយជាកត្តាធ្វើឱ្យលោក ឌូតឺតេ បានចាប់ផ្ដើមងាកទៅរកការផ្សះផ្សារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកវិញបន្តិចម្ដងៗចាប់តាំងពីឆ្នាំ២០១៨មក។ ជាក់ស្ដែង ការពង្រីកសកម្មភាពសមយុធ្ធយោធារវាងហ្វ៊ីលីពីននិងសហរដ្ឋអាមេរិកក៏បានចាប់ផ្ដើមមានកំណើនសារជាថ្មី។ មិនត្រឹមតែប៉ុណ្ណោះ លោក ឌូតឺតេ ក៏បានសម្រេចចិត្តស្ដារឡើងវិញនូវកិច្ចព្រមព្រៀងយោធា Visiting Forces Agreement ដែលលោកបានគម្រោងលុបចោលកាលពីខែកុម្ភៈ ឆ្នាំ២០២០ ដោយហេតុថាសហរដ្ឋអាមេរិកបានបដិសេធផ្ដល់ទិដ្ឋាការដល់សម្ព័ន្ធមិត្តរបស់គាត់គឺអតីតអគ្គស្នងការនគរបាលជាតិហ្វ៊ីលីពីនលោក Ronald Dela Rosa។ ដូច្នេះ ការងាកទៅរកសម្ព័ន្ធមិត្តអាមេរិកវិញរបស់លោក ឌូតឺតេ អាចបណ្ដាលមកពីការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិនជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីយកសហរដ្ឋអាមេរិកជាខ្នងបង្អែកក្នុងគ្រាណាមួយដែលប្រទេសចិនហ៊ានប្រើកម្លាំងយោធាឈ្លានពាននោះ ហ្វ៊ីលីពីននឹងយកសន្ធិសញ្ញាហ្វ៊ីលីពីន–អាមេរិក Mutual Defense Treaty មកអនុវត្តភ្លាម។

សរុបសេចក្ដីមក ឥរិយាបថប្រែប្រួលពីម្ដងចិន ម្ដងអាមេរិករបស់ ឌូតឺតេ បានបង្ហាញពីភាពបត់បែននៃគោលនយោបាយការបរទេសហ្វ៊ីលីពីន។ បើយោងទៅលើទីតាំងភូមិសាស្រ្តរបស់ប្រទេសនេះ មហាអំណាចទាំងពីរមិនអាចធ្វើជាសត្រូវផ្ដាច់មុខជាមួយហ្វ៊ីលីពីនបានឡើយ។ ប្រសិនបើប្រទេសចិនហ៊ានធ្វើជាសត្រូវផ្ដាច់មុខរបស់ហ្វ៊ីលីពីននោះ ចិននឹងបាត់បង់ប្រយោជន៍ដូចជា បង្កើតសត្រូវឱ្យខ្លួនឯងបន្ថែមមួយទៀត ខាតបង់ប្រយោជន៍ក្នុងទំនាក់ទំនងជាមួយសមាជិកអាស៊ានដទៃ បង្កើតឧបសគ្គដល់ការអនុវត្តយុទ្ធសាស្រ្តសេដ្ឋកិច្ចគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងរងសម្ពាធពីសហរដ្ឋអាមេរិកកាន់តែខ្លាំង។ ដោយឡែក សហរដ្ឋអាមេរិកវិញក៏មិនហ៊ានឃ្លាតឆ្ងាយពីហ្វ៊ីលីពីនប៉ុន្មានដែរ ដោយហេតុថាហ្វ៊ីលីពីនមានសក្ដានុពលខ្លាំងក្នុងការរាំងខ្ទប់វឌ្ឍនភាពរបស់ចិន ទាំងកត្តាភូមិសាស្ត្រ កត្តាប្រជាសាស្ត្រ និងកត្តារបបនយោបាយ។

ស្ថាប័នពាក់ព័ន្ធនៃវិស័យ​វិនិយោគ​ទុន​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា

ដូចដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយថា​​ ប្រទេសកម្ពុជាជាប្រទេសដែលកំពុងទទួលបាន ការចាប់អារម្មណ៍នៅក្នុងវិស័យវិនិយោគទុន ក៏ដូចជាប្រទេសដែលទទួលបានអត្រាវិនិយោគទុនផ្ទាល់ពី បរទេសយ៉ាងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ប្រទេសកម្ពុជាបានធ្វើការបើកទទួលយកការវិនិយោគពី បណ្តាប្រទេសនានាជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែដើម្បីធ្វើការវិនិយោគមកកាន់ប្រទេសកម្ពុជា តើវិនិយោគគិនត្រូវឆ្លងកាត់ស្ថាប័នណាខ្លះ ហើយស្ថាប័នណាជាអ្នកសម្រេចនូវគម្រោងវិនិយោគនោះ?​

ច្បាប់គោលក្នុងការគ្រប់គ្រងសម្រាប់វិស័យវិនិយោគគឺ ច្បាប់ស្តីពីការវិនិយោគ ឆ្នាំ១៩៩៤​ ដែលគ្របដណ្តប់រាល់គម្រោងវិនិយោគទាំងអស់ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រជាពលរដ្ឋខ្មែរ និង ជនបរទេស ដែលរាប់បញ្ចូលទាំងរូបវន្តបុគ្គល និងនីតិបុគ្គលផងដែរ។​​ នៅក្នុងច្បាប់នេះផងដែរ បានចែងយ៉ាងជាក់លាក់នូវស្ថាប័នដែលមានសិទ្ធិអំណាចក្នុងការគ្រប់គ្រងនូវរាល់គម្រោងវិនិយោគនៅក្នុងដែនដីរបស់ព្រះរាជាណាចក្រកម្ពុជាគឺ «ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»។​

ស្ថាប័នគ្រប់គ្រង និងស្ថាប័នពាក់ព័ន្ធនៅក្នុងវិស័យវិនិយោគ៖

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាស្ថាប័នប្រតិបត្តិរបស់រាជរដ្ឋាភិបាលដែលដើរតួនាទីជាសេនាធិការនិងជាច្រកចេញចូលតែមួយ ក្នុងការគ្រប់គ្រងនូវរាល់ការវិនិយោគ កិច្ចការនីតិសម្បទានិងអភិវឌ្ឍ និងការបង្កើតនិងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះហើយ រាល់គម្រោងវិនិយោគទាំងអស់ត្រូវឆ្លងកាត់ការយល់ព្រម និងទទួលស្គាល់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកលែងតែគម្រោងវិនិយោគទុនមួយចំនួនដែលទាមទារឱ្យមានការសម្រេចពីគណៈរដ្ឋមន្ត្រី។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ត្រូវសុំយោបល់សម្រេចពីគណៈរដ្ឋមន្ត្រីក្នុងករណី (១) ការវិនិយោគនោះមានទំហំទុនសរុបចាប់ពី ៥០ លានដុល្លារអាមេរិក (២)មានវេទយិតភាពខាងនយោបាយ (៣)ការរុករកនិងធ្វើអាជីវកម្មរ៉ែនិងធនធានធម្មជាតិ (៤)ការវិនិយោគនោះប៉ះពាល់ដល់បរិស្ថាន (៥)គម្រោងយុទ្ធសាស្ត្ររយៈពេលវែង និង(៦)គម្រោងសម្បទាននៃវិស័យហេដ្ឋារចនាសម្ព័ន្ធ។ គណៈកម្មាធិការប្រតិបត្ដិនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានសមាភាពដូចជា (១)ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (២)អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (៣)អគ្គលេខាធិកាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (៤)អគ្គលេខាធិកាគណៈកម្មាធិការនីតិម្បទា និងអភិវឌ្ឍន៍កម្ពុជា (៥)អគ្គលេខាធិកាគណៈកម្មាធិការវិនិយោគកម្ពុជា (៦)អគ្គលេខាធិកាគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា។

នីតិវិធីស្នើវិនិយោគ

អ្នកដែលមានបំណងវិនិយោគត្រូវដាក់ពាក្យស្នើសុំនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីពិនិត្យនិងសម្រេច។ ក្រោយការទទួលបានវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរក្រោយការដាក់សំណើវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគនោះនឹងក្លាយជា​គម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់ (គ.ល.គ) ប៉ុន្តែសម្រាប់គម្រោងដែលមិនស្របតាមលក្ខខណ្ឌដែលបានតម្រូវដោយអនុក្រឹត្យទេនោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងចេញលិខិតបដិសេធវិញ។ ក្នុងករណីដែល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ពុំបានធ្វើការឆ្លើយតបក្នុងអំឡុងពេល ៣ថ្ងៃ នៃថ្ងៃធ្វើការទេនោះ វិញ្ញាបណ្ណប័ត្រចុះបញ្ជីមានលក្ខខណ្ឌដែលបានដាក់ស្នើនឹងចាត់ទុកជាការមានការយល់ស្របដោយស្វ័យប្រវត្តិ។​​

ប៉ុន្តែបុច្ចប្បន្ននេះ ប្រទេសកម្ពុជាឃើញមានគម្រោងវិនិយោគច្រើន មិនមែនត្រឹមតែក្រុមហ៊ុន ឬ អគារធំៗប៉ុណ្ណោះទេ នៅមានតំបន់សេដ្ឋកិច្ចពិសេស និងជនបរទេសជាច្រើនថែមទៀតផង។ វិស័យនីមួយៗ មានច្រើនផ្នែកនិងតម្រូវឱ្យមានការគ្រប់គ្រងច្រើន  ចុះទម្រាំតែវិស័យវិនិយោគដែលកំពុងតែមានសន្ទុះ អភិវឌ្ឍន៍ខ្លាំងយ៉ាងនេះ តើក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តែមួយស្ថាប័នអាចដំណើរការទៅរលូនដែរ ឬ ទេ?” ក្រៅពីស្ថាប័ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាស្ថាប័នគោលចំបងនៅក្នុងវិស័យវិនិយោគ ស្ថាប័ននេះនៅមានស្ថាប័នប្រតិបត្តិការ ០២ ផ្សេងទៀតដែលដើរតួនាទីជាស្ថាប័នប្រតិបត្តិការដៃទាំងសងខាង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។​ គណៈកម្មាធិការវិនិយោគទុនកម្ពុជា (CIB) បានបង្កើតឡើងនៅក្នុងរចនាសម្ព័ន្ធរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​ ដែលមានតួនាទីគ្រប់គ្រងចំនួន៨ផ្នែក ដោយក្នុងនោះរាប់បញ្ជូលទាំងការវិភាគនូវគម្រោងវិនិយោគ នីតិកម្ម និងច្បាប់វិនិយោគ។ ចំណែកឯ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (CSEZB) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ ហើយក៏ស្ថិតនៅក្នុងរចនាសម្ព័ន្ធរបស់​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​ដែលមានតួនាទីសំខាន់ក្នុងការសម្រេច ដឹកនាំ និងគ្រប់គ្រងនូវគម្រោងទាំងអស់នៃតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា។

ប្រទេសកម្ពុជាបានខិតខំក្នុងការជំរុញនូវវិស័យវិនិយោគនេះហើយក៏កំពុងតែបន្តអភិវឌ្ឍន៍នូវ ដំណើរការរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យកាន់តែមានប្រសិទ្ធភាព និងមានរយៈពេលលឿនក្នុងការបង្កើន ឬ សម្រេចនូវគម្រោងវិនិយោគបន្តបន្ទាប់ទៀត។​ នាដើមខែកក្កដានេះ យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី​ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់ព្រះរាជាណាចក្រកម្ពុជា ដោយសេចក្តីព្រាងច្បាប់ថ្មីនេះរួមមាន១២ ជំពូក និង៤២មាត្រា និងផ្តល់ការលើកទឹកចិត្តជាអាទិភាពសម្រាប់ជំរុញនូវការអភិវឌ្ឍ បច្ចេកវិទ្យានិងបច្ចេកទេស ការបង្កើតការងារ ការបណ្តុះបណ្តាលជំនាញ ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍនិងនវានុវត្តន៍ និងសហគ្រាសធុនតូចនិងមធ្យម។ ជាមួយគ្នានេះដែរ សេចក្តីព្រាងច្បាប់ថ្មីនេះផងដែរ និងបង្កើនឱ្យមានភាពប្រកួតប្រជែងនៅក្នុងវិស័យវិនិយោគ រួមទាំងកាត្វកិច្ចអន្តរជាតិមួយចំនួនរបស់កម្ពុជាក្នុងការបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តក្នុងការធានានូវការថែទាំគម្រោងវិនិយោគ ដោយអនុលោមតាមច្បាប់អន្តរជាតិដោយគ្មានភាពរើសអើង។

***Disclaimer
អត្ថបទនេះគ្រាន់តែសរសេរឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទូទៅក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ  ដែលអត្ថបទនេះក៏មិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ផ្លូវការណាមួយឡើយ។  The SEED នឹងមិនការធានា និងមិនទទួលខុសត្រូវនូវបញ្ហាផ្លូវច្បាប់ដែលបណ្តាលមកពីការប្រើប្រាស់អត្ថបទនេះឡើយ។

តើការជម្លៀសរបស់​អាមេរិក​នេះ​សរបញ្ជាក់​ពីអ្វីខ្លះ?

នៅលើពិភពលោកនេះគឺគ្មាននរណាម្នាក់ដែលអាចជួយ ការពារ និងជាខ្នងបង្អែករបស់យើងជានិរន្តរ៍មិនចេះឈប់នោះទេ។ ក្នុងន័យនេះ យើងគួរប្រើប្រាស់ពេលវេលាដែលគេកំពុងជួយឱ្យមានតម្លៃដើម្បីពង្រឹងសម្ថភាពនិងអំណាចរបស់យើង ជាជាងជិះសេះលែងដៃដោយចាំតែដោយផ្ដេកផ្ដួលលើអ្នកដទៃឡើយ។ ជាក់ស្ដែង ករណីដកកងទ័ពចេញក្នុងអំឡុងពេលមានវិបត្ដិនិងទោះដឹងថាការដកកងទ័ពនោះនឹងរុញច្រានស្ថានភាពឱ្យកាន់តែធ្ងន់ធ្ងរក៏ដោយ អាមេរិកមិនមែនទើបតែធ្វើនោះទេ។ ប្រសិនយើងក្រឡេកទៅមើលក្នុងប្រវត្ដិសាស្ត្រវិញ វៀតណាមខាងត្បូង និងកម្ពុជារបបសេនាប្រមុខលន់នល់មិនអាចពង្រឹងសមត្ថភាពនិងអំណាចរបស់ខ្លួនបាន ត្បិតតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងរបស់អាមេរិកទាំងការការពារ ហិរញ្ញវត្ថុ និងជំនួយយោធាជាដើម។ វៀតណាមខាងត្បូងក្នុងនាមជារដ្ឋសេរី ប៉ុន្តែបែរជាដឹកនាំដោយរបបផ្ដាច់ការ អសមត្ថភាពក្នុងការដឹកនាំ សង្គមពុករលួយ និងជាពិសេសប្រជាជនវៀតណាមទូទៅមិនគាំទ្ររហូតវៀតណាមខាងត្បូងមិនហ៊ានឈរជើងប្រកួតក្នុងសង្វៀនបោះឆ្នោតជាមួយវៀតណាមខាងជើងឡើយ។ ចំណែកឯកម្ពុជាជំនាន់របបសេនាប្រមុខលន់នល់វិញ មានអំពើពុករលួយដូចច្រេះស៊ីដែក អស្ថិរភាពសង្គមនិងសេដ្ឋកិច្ច និងជាពិសេសនោះគឺគម្លាតរវាងអ្នកមាននិងអ្នកក្រដូចមេឃនិងដី។ អ្វីដែលយើងគួរឱ្យកត់សម្គាល់នោះគឺប្រទេសទាំងពីរសុទ្ធតែមានរយៈពេលដើម្បីពង្រឹងយោធាររបស់ខ្លួន រហូតមានអាវុធយុទ្ធភណ្ឌទំនើបៗយកមកប្រើ ប៉ុន្តែបែរជាចាញ់ដូចភ្នំសង្កត់នៅេពលដែលអាមេរិកដកទ័ព ទោះបីជាគ្រាដំបូងភាគីសត្រូវមានសភាពចាញ់ប្រៀបយ៉ាងណាក្ដី។

លោកចូ បៃឌិនសម្រេចចិត្ដត្រូវ

លោក ចូ បៃឌិន សម្រេចចិត្ដត្រូវដោយសារតែវត្តមានរបស់កងទ័ពអាមេរិកស្ថិតនៅក្នុងទឹកដីរបស់អាហ្វហ្កានីស្ថានអស់រយៈពេល ២០ ឆ្នាំ ដែលឆ្លងកាត់ប្រធានាធិបតីអាមេរិកអស់ ៤ រូប ប៉ុន្តែអាហ្វហ្កានីស្ថាននៅតែទន់ខ្សោយ នៅតែជាប្រទេសកំពុងអភិវឌ្ឍ ហើយរដ្ឋាភិបាលអាហ្វហ្កានីស្ថាននៅតែជាកូនចៀមមិនចេះរីកចម្រើនដែលទាមទារឱ្យអាមេរិកជួយការពារពីចចកដែលជាក្រុមតាលីបង់។ សំណួរដែលត្រូវចោទសួរនោះគឺតើរយៈពេលប៉ុន្មានឆ្នាំទៀតទើបរដ្ឋាភិបាលអាហ្វហ្កានីស្ថានអាចឈរពឹងលើខ្លួនឯងបាន? ហើយតើអាមេរិកត្រូវចំណាយលុយជាតិរបស់ខ្លួនអស់ប៉ុន្មានប៊ីលានដុល្លាអាមេរិក និងពលីជីវិតទាហានអាមេរិកប៉ុន្មានទៀតដើម្បីជួយរដ្ឋាភិបាលអាហ្វហ្កានីស្ថានឱ្យមានសុខសន្តិភាព ខណៈរដ្ឋាភិបាលអាហ្វហ្កានីស្ថានមិនខំប្រឹងជួយខ្លួនឯងផង។ តាមពិតទៅ រយៈពេល ២០ ឆ្នាំគឺជារយៈពេលមួយដ៏យូរ រហូតដល់មិនត្រឹមតែអាចបង្វឹកកងទ័ពដ៏ខ្លាំងប៉ុណ្ណោះទេ ក៏ប៉ុន្តែសឹងតែអាចបង្កើតធនធានមនុស្សដ៏មានសក្ដានុពល ២ ជំនាន់ទៀតផង។ ក៏ប៉ុន្តែ ប្រទេសអាហ្វហ្កានីស្ថានមិនត្រឹមតែមិនពង្រឹងយោធាទេ ខាងសង្គមនិងសេដ្ឋកិច្ចវិញ បែរជាមានអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ អសន្តិសុខសង្គម និងការអនុវត្ដច្បាប់នៅមានកម្រិតទាប។ យោងតាមការចេញផ្សាយរបស់ CNBC សង្គមអាហ្វហ្កានីស្ថានមានអំពើពុករលួយស៊ីរហូតដល់វិស័យយោធាដែលកងទ័ពទទួលបានប្រាក់ខែដ៏ទាប ខ្វះការផ្គត់ផ្គង់និងខ្វះភាពស៊ីចង្វាក់គ្នាជាមួយរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ តាមពិតទៅ ក្រុមតាលីបង់មិនមែនច្បាំងនិងបាញ់ដើម្បីគ្រប់គ្រងរាល់តំបន់នោះទេ ក៏ប៉ុន្តែមានទាហានរដ្ឋាភិបាលអាហ្វហ្កានីស្ថានជាច្រើនចុះចាញ់ដោយសារតែពួកគេយល់ថារដ្ឋាភិបាលមិនអាចជួយពួកគេបាន។

លោកចូ បៃឌិនសម្រេចចិត្ដខុស

លោកចូ បៃឌិនខុសត្រង់មើលស្រាលក្រុមតាលីបង់ពេក និងយល់ឃើញខ្ពស់ពេកលើយោធារដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៨ ខែកក្កដា កន្លងទៅនេះ លោកចូ បៃឌិនបានឆ្លើយសំណួរអ្នកកាសែតយ៉ាងជឿជាក់ថានឹងគ្មានថ្ងៃឧទ្ធម្ភាគចក្រអាមេរិកចូលទៅក្នុងទឹកដីអាហ្វហ្កានីស្ថានដើម្បីជម្លៀសប្រជាជនដូចកាលនៅសម័យសង្គ្រាមវៀតណាមឡើយ។ មួយវិញទៀតលោកបន្តថាក្រុមតាលីបង់មានចំនួនតិចជាង ហើយក្រុមយោធារដ្ឋាភិបាលមានអាវុធទំនើបៗ ដែលជាហេតុធ្វើឱ្យក្រុមតាលីបង់គ្មានសង្ឃឹមអាចវាយឈ្នះក្រុមយោធារដ្ឋាភិបាលឡើយ។ យោងតាមការចេញផ្សាយរបស់ Reuter មន្ត្រីការពារជាតិអាមេរិកយល់ថាក្រុមតាលីបង់ត្រូវការរយៈពេល ៩០ ថ្ងៃដើម្បីវាយចូលទីក្រុងកាបុល។ ក៏ប៉ុន្តែខុសពីការស្មាន ក្រុមតាលីបង់វាយកាន់កាប់តំបន់ម្ដងមួយៗ រហូតដល់ទីក្រុងកាបុលមិនទាន់បាន ១០ ថ្ងៃផង ហើយប្រធានាធិបតីបានរត់ចោលស្រុកមុនក្រុមតាបង់ចូលមកទីក្រុងកាបុលទៅទៀត។ គួរបញ្ជាក់ថា ការវាយចូលដូចផ្លេកបន្ទោររបស់ក្រុមតាលីបង់នេះគឺលឿនជាងកាលពីសង្គ្រាមអាមេរិកវាយចូលទីក្រុងកាបុលនៅឆ្នាំ២០០១ទៀត។

តើប្រទេសប្រកាសចងស្ពានមេត្រីជាមួយក្រុមតាលីបង់បច្ចុប្បន្ននេះគឺជាតួអង្គចិត្ដអាក្រក់មែនទេ?

ជាការពិត នៅក្នុងពិភពនយោបាយការបរទេសគឺខុសពីពិភពនៅក្នុងរឿង ដែលគ្មានឡើយតួអង្គចិត្ដល្អនិងតួអង្គចិត្ដអាក្រក់។ ប្រទេសនីមួយៗនឹងដើរទៅតាមក្រឡាដែលខ្លួនគិតថានឹងទទួលបានប្រយោជន៍ ដែលនេះហើយជាហេតុដែលធ្វើឱ្យមានពាក្យមួយឃ្លាថា “គ្មានមិត្ដពិតប្រាកដនៅលើឆាកអន្តរជាតិ”។ ត្បិតតែជាង ២០ ឆ្នាំមកនេះអាមេរិកប្រឈមមុខជាមួយក្រុមតាលីបង់ ក៏ប៉ុន្តែនៅក្នុងការប្រឆាំងជាមួយកងទ័ពសូវៀតនៅក្នុងសង្គ្រាមត្រជាក់ អាមេរិកក៏ធ្លាប់មានទំនាក់ទំនងនិងសហការជាមួយក្រុមតាលីបង់ដែរ។ មួយវិញទៀត ទោះបីជាក្នុងកែវភ្នែកមនុស្សមួយចំនួនយល់ឃើញថាក្រុមនេះគ្រោះថ្នាក់និងសាហាវ ក៏ប៉ុន្តែក្នុងកែវភ្នែកមនុស្សផ្សេងទៀតឃើញថាជាឱកាសរបស់ពួកគេដើម្បីពង្រីកឥទ្ធិពលនិងទាញយកប្រយោជន៍។ ដូចនេះ យើងគួរតែរៀនចេះប្រើប្រាស់ពេលវេលាឱ្យមានតម្លៃដើម្បីអភិវឌ្ឍខ្លូនឯងឱ្យខ្លាំងនិងធ្វើយ៉ាងណាឱ្យខ្លួនអាចទីពឹងខ្លួនបាន ពីព្រោះគ្មាននរណាមកដឹកដៃយើងជារៀងរហូតទេ។ ប្រវត្ដិសាស្ត្រគឺជាមេរៀនដ៏ល្អសម្រាប់អនាគត ដែលជាការចាំបាច់ត្រូវពង្រឹងខ្លួនឱ្យខ្លាំងនិងទាញយកប្រយោជន៍ពីនយោបាយការបរទេសជាជាងក្លាយត្រឹមតែជាឧបករណ៍របស់នយោបាយការបរទេស។

 

សង្រ្គាម០៦ថ្ងៃរវាងអ៊ីស្រាអែល និងប្រទេសក្នុងតំបន់អារ៉ាប់

វិវាទរវាងអ៊ីស្រាអែល និងប្រទេសក្នុងតំបន់អារ៉ាប់ក្នុងប្រវត្តិសាស្ត្រមុនផ្ទុះឡើងនូវសង្គ្រាម៦ថ្ងៃ

នៅក្នុងពាក់កណ្ដាលឆ្នាំ១៩៦៧ សង្រ្គាមដែលមានរយៈពេល០៦ថ្ងៃគិតចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី១១ខែមិថុនា បានកើតមានឡើងរវាងអ៊ីស្រាអែលជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់អារ៉ាប់មានដូចជា ស៊ីរី អេហ្ស៊ីប និងហ្ស៊កដានី (Jordan)​។ ជាក់ស្ដែង មុនឈានដល់វិវាទក្នុងឆ្នាំ១៩៦៧នេះ ភាពតានតឹងរវាងភាគីទាំងពីរ បានករកើតឡើងចាប់តាំងពីអ៊ីស្រាអែលត្រូវបានប្រកាសជារដ្ឋឯករាជ្យក្នុងឆ្នាំ១៩៤៨ ខែឧសភាមកម្ល៉េះ ដែលបង្ករទៅជាភាពតានតឹងផ្នែកនយោបាយ និងការប៉ះទង្គិចដោយវិស័យកងទ័ព។ ក្នុងឆ្នាំ១៩៤៨ដដែលនេះ ជម្លោះផ្លូវការលើកទីមួយរវាងអ៊ីស្រាអែល និងរដ្ឋទាំងបីមកពីតំបន់អារ៉ាប់ក៏បានផ្ទុះឡើង ដោយក្រុមប្រទេសអារ៉ាប់បានបើកការវាយប្រហារទៅលើកងទ័ពអ៊ីស្រាអែល រួមទាំងកម្ទេចចោលនូវទីក្រុងនានារបស់សាសន៍ជ្វីហ្វទៀតផង។ លើកទីពីរ គឺនៅក្នុងឆ្នាំ១៩៥៦ ដែលត្រូវបានគេស្គាល់ថាជា វិបត្តិព្រែកជីកស៊ុយអេ (Suez Crisis) កើតមានដោយសារការចាប់ដៃគ្នារបស់បារាំង អង់គ្លេស និង អ៊ីស្រាអែល ដើម្បីតទល់ជាមួយអេហ្ស៊ីប។ នៅក្រោយពេលដែលលោក Gamal Abdel Nasser ដែលជាប្រធានាធិបតីថ្មីឡើងកាន់អំណាច ហើយប្រកាសដាក់ព្រែកជីកស៊ុយអេនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ក៏ប៉ុន្តែអេហ្ស៊ីបបានទទួលបរាជ័យជាថ្មីម្ដងទៀតនៅក្នុងជម្លោះលើកទីពីរនេះ។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងការប្រឈមមុខគ្នាទាំងពីរលើកនេះគឺ អ៊ីស្រាអែលទទួលបានជ័យជំនះស្ទើរតែទាំងស្រុង ហើយបន្តរហូតដល់សង្រ្គាម០៦ថ្ងៃនៅក្នុងឆ្នាំ១៩៦៧ ផងដែរ។ ព្រឹត្តិការណ៍សំខាន់ៗទាំងនេះហើយដែលបណ្ដាលឱ្យមានការអូសបន្លាយទៅដល់ជម្លោះព្រំដែន ជម្លោះដែនគោកនិងអាកាស ក៏ដូចជាជម្លោះកងទ័ព ជាដើមហេតុធ្វើឱ្យភាគីទាំងសងខាងប្រកាសសង្រ្គាមជាមួយគ្នាសារជាថ្មីក្នុងឆ្នាំ១៩៦៧។

ដើមចមនៃសង្គ្រាម ៦ ថ្ងៃ

ដើមចមដំបូងដែលនាំឱ្យមានការផ្ទុះឡើងនូវសង្គ្រាមដ៏ល្បីល្បាញនេះ គឺកើតចេញពីប្រធានាធិបតីអេហ្ស៊ីបលោក Gamal Abdel Nasser ជាអ្នកបង្កាត់ភ្លើងសង្គ្រាមមុន តាមរយៈសកម្មភាពដែលលោកបានបិទច្រកដៃសមុទ្រ Tiran ដែលជាផ្លូវទឹកសម្រាប់ចូលទៅកាន់កំពង់ផែ Eilat របស់អ៊ីស្រាអែល។ ទន្ទឹមគ្នានេះដែរ លោកប្រធានាធិបតីអេហ្ស៊ីប Nasser បានបញ្ជាឱ្យកងកម្លាំងយោធាអេហ្ស៊ីបដាក់ពង្រាយតាមព្រំដែនតំបន់ស៊ីណៃ (Sinai Peninsula) ដែលជាតំបន់គ្មានកងទ័ព ដើម្បីដណ្ដើមតំបន់នេះមកជាដែនដីរបស់អេហ្ស៊ីបវិញ ព្រមទាំងទាមទារឱ្យកងកម្លាំងកងទ័ពអន្តរជាតិដែលកំពុងឈរជើងនៅក្នុងតំបន់នោះត្រូវតែចាកចេញពីតំបន់នេះទៀតផង។ ទង្វើរបស់មេដឹកនាំអេហ្ស៊ីប បានធ្វើឱ្យអ៊ីស្រាអែលមិនអាចនៅស្ងៀមបាននោះទេ ហើយក៏បានសម្រេចប្រើប្រាស់កងកម្លាំងទាហានរបស់ខ្លួនដើម្បីវាយប្រហារទៅលើអេហ្ស៊ីបតែម្ដង។

អ៊ីស្រាអែលឈ្នះសង្រ្គាមបន្ទាប់ពីច្បាំងជាមួយ ៤ ប្រទេសក្នុងរយៈពេលតែ ៦ ថ្ងៃ

នៅព្រឹកព្រលឹមថ្ងៃទី៥ មិថុនា ឆ្នាំ ១៩៦៧ សង្គ្រាមបានចាប់ផ្ដើមឡើងដោយយន្តហោះចម្បាំងកងទ័ពអ៊ីស្រាអែលបានហោះចេញពីមូលដ្ឋានទ័ពរបស់ខ្លួនហោះឆ្ពោះទៅកាន់ភាគខាងលិចនៃសមុទ្រមេឌីទែរ៉ានេ មុននឹងចេញយុទ្ធនាការវាយប្រហារតាមអាកាសទៅលើមូលដ្ឋានទ័ពអេហ្ស៊ីបភាគខាងជើងចំនួន១៨ទីតាំងផ្សេងៗគ្នា នៅក្នុងតំបន់ស៊ីណៃ (Sinai Peninsula) ព្រមទាំងបានកម្ទេចយន្តហោះចម្បាំងរបស់អេហ្ស៊ីប៩០% ខណៈដែលយន្តហោះទាំងអស់កំពុងចតនៅក្នុងមូលដ្ឋានទ័ព ។ នៅក្នុងល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៦៧ កងទ័ពអាកាសអ៊ីស្រាអែលបានទទួលជ័យជំនះយ៉ាងអស្ចារ្យ នៅក្នុងសង្គ្រាមវាយឆ្មក់នោះ ក្រោយមក អ៊ីស្រាអែលបានចូលកាន់កាប់តំបន់ ស៊ីណៃ (Sinai Peninsula) និងតំបន់ហ្គាហ្សា (Gaza Strip) របស់អេហ្ស៊ីបបានសម្រេច ដោយមេបញ្ជាការកងទ័ពអេហ្ស៊ីបលោក Abdel Hakim Amer បានបញ្ជាឱ្យកងទ័ពដកថយដោយសារតែមានទាហានស្លាប់និងរបួសច្រើនពេក។

ប្រទេសទី៣ ដែលបានលូកដៃចូលក្នុងការប្រយុទ្ធគ្នារវាង អេហ្ស៊ីប និងអ៊ីស្រាអែល គឺហ្ស៊កដានី ក្រោយពីឃើញអេហ្ស៊ីបទទួលរងនូវភាពបរាជ័យក្នុងសង្គ្រាម។ ហ្ស៊កដានីបានចាប់ផ្ដើមបាញ់គ្រាប់ផ្លោងទៅលើទីក្រុងយេរូសាឡឹមរបស់អ៊ីស្រាអែល។ ស្របគ្នាជាមួយការប្រតិកម្មរបស់ហ្ស៊កដានី កងកម្លាំងអ៊ីស្រាអែលបានបន្តយុទ្ធនាការវាយប្រហារជាបន្តទៀត យ៉ាងសាហាវទៅលើតំបន់មួយចំនួនរបស់ហ្ស៊កដានី។ នៅទីបំផុត ជ័យជំនះនៅតែបន្តបានមកខាងអ៊ីស្រាអែល ហើយអ៊ីស្រាអែលក៏បានចូលកាន់កាប់តំបន់មួយចំនួនរបស់ប្រទេសហ្ស៊កដានី ដូចជា តំបន់ West Bank និងហ្សេរ៉ូសាឡិមខាងកើត (East Jerusalem)នៅថ្ងៃទី៧ ខែមិថុនា។

មិនតែប៉ុណ្ណោះ នៅថ្ងៃទី៩ ខែមិថុនា សង្គ្រាមរវាងស៊ីរីនិងអ៊ីស្រាអែលបានកើតឡើងនៅតាមបណ្ដោយព្រំដែនភាគឦសានអ៊ីស្រាអែល ដោយស៊ីរីមិនចង់ឱ្យអ៊ីស្រាអែលកាន់តែមិនឥទ្ធិពលនៅក្នុងតំបន់ ក៏ដូចជាមិនចង់ឱ្យអ៊ីស្រាអែលគ្រប់គ្រងតំបន់ស៊ីណៃ (Sinai Peninsula) បាននោះឡើយ។ ប៉ុន្តែផ្ទុយពីការរំពឹងទុករបស់ស៊ីរី កងទ័ពអាកាសអ៊ីស្រាអែលបានវាយកម្ទេចមូលដ្ឋានទ័ពដ៏ខ្លាំងក្លារបស់ស៊ីរីនៅតំបន់ខ្ពង់រាប(Golan Height) បន្ទាប់មកចូលគ្រប់គ្រង តំបន់ខ្ពង់រាប(Golan Height) របស់ប្រទេសស៊ីរីតែម្ដង។ នៅក្នុងរយៈពេលត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ ប្រទេសនៅក្នុងតំបន់អារ៉ាប់បានបរាជ័យយ៉ាងដំណំ ក្រោមការវាយប្រហាររបស់អ៊ីសា្រអែល។

សង្គ្រាមនេះ បានបន្តមកដល់នៅថ្ងៃទី១០ មិថុនា ឆ្នាំ ១៩៦៧ ទើបមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និង រដ្ឋជិតខាងនៅតំបន់អារ៉ាប់ ។ នៅក្នុងចម្បាំងលឿនដូចផ្លេកបន្ទោរនោះ បានបណ្ដាលឱ្យមនុស្សចំនួន ១៧ ០០០នាក់បានស្លាប់បាត់បង់ជីវិត។ នៅក្នុងនោះ ប្រទេសអេហ្ស៊ីបរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានមនុស្សស្លាប់រហូតដល់ទៅ ១០ ០០០នាក់ បន្ទាប់មក គឺហ្ស៊កដានីមានមនុស្សស្លាប់ជាង៦០០០នាក់ ឯអ៊ីស្រាអែលវិញ មានប្រមាណ៧០០នាក់ ក្នុងរយៈពេលត្រឹមតែ១៣២ម៉ោងប៉ុណ្ណោះ។

មេដឹកនាំរបស់ក្រុមប្រទេសអារ៉ាប់មានភាពអាម៉ាស់ជាខ្លាំងចំពោះភាពបរាជ័យរបស់ពួកគេនៅក្នុងសង្គ្រាម ស្របនឹងភាពអាម៉ាស់នេះផងដែរ លោកប្រធានាធិបតីអេហ្ស៊ីប Gamal Abdel Nasser បានសម្រេចចិត្តលាលែងចេញពីតំណែង ក៏ប៉ុន្តែមិនបានសម្រេចនោះឡើយ ដោយសារតែប្រជាជនអេហ្ស៊ីបនៅតែបន្តការគាំទ្រចំពោះសមត្ថភាពដឹកនាំរបស់លោក។

ដោយឡែកនៅប្រទេសអ៊ីស្រាអែលវិញ ប្រជាជាតិអ៊ីស្រាអែលទាំងមូលបានបង្ហាញអំពីអារម្មណ៍សោមនស្សរីករាយ និងសាទរជាខ្លាំងចំពោះជ័យជំនះដ៏ធំសម្បើម ដោយប្រើរយៈពេលត្រឹមតែ៦ថ្ងៃនេះ។

ចុងបញ្ចប់នៃសង្រ្គាម៦ថ្ងៃរវាងអ៊ីស្រាអែលនិងប្រទេសក្នុងតំបន់អារ៉ាប់

ភាពតានតឹងនៃសង្រ្គាមដែលមានរយៈពេល៦ថ្ងៃនេះបាននាំមកនូវជ័យជំនះដ៏ធំធេងមកកាន់ប្រទេសអ៊ីស្រាអែល ដោយប្រទេសមួយនេះបានឈ្នះក្នុងការវាយប្រហារទាំងតាមផ្លូវទឹកនិងផ្លូវអាកាស ហើយក៏បានកាន់កាប់តំបន់សំខាន់ៗជាច្រើនរួមមាន ៖ តំបន់ហ្គាហ្សា (Gaza Strip) និង ស៊ីណៃ (Sinai Peninsula) របស់អេហ្ស៊ីបមុនដំបូងគេ។ លើសពីនេះ អ៊ីស្រាអែលក៏បានរឹបអូសយកមកវិញនូវ East Jerusalem ឬ ទីក្រុងហ្សេរុយសាឡិមខាងកើត និង តំបន់West Bank ពីប្រទេសហ៊្សកដានី (Jordan)។ ចុងក្រោយគេបង្អស់ គឺជ័យជំនះនិងការកាន់កាប់តំបន់ខ្ពង់រាប (Golan Height) របស់ស៊ីរី ដោយលើកលែងតែតំបន់ Sinai Peninsula ដែលក្រោយមកត្រូវបានប្រគល់ទៅឱ្យអេហ្ស៊ីបវិញនៅឆ្នាំ១៩៨២។ សង្រ្គាមនៅក្នុងខែមិថុនា ឆ្នាំ១៩៦៧នេះ ត្រូវបានបញ្ចប់ជាបន្តបន្ទាប់ដោយការអំពាវនាវឱ្យមានបទឈប់បាញ់ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ដោយក្នុងនោះ ភាគីអ៊ីស្រាអែលនិងហ៊្សកដានីបានសម្រេចចិត្តចុះហត្ថលេខាមុនគេបង្អស់ គឺនៅថ្ងៃទី០៧ មិថុនា ហើយ បន្តមកដោយអេហ្ស៊ីបនៅថ្ងៃបន្ទាប់ និងចុងក្រោយគេ គឺស៊ីរីនៅថ្ងៃទី១០ ខែមិថុនា។ ថ្វីត្បិតតែ សង្រ្គាមប្រដាប់អាវុធនេះមានរយៈពេលតិចជាងមួយសប្ដាហ៍ក៏ពិតមែន ក៏ប៉ុន្តែ ប្រទេសមកពីតំបន់អារ៉ាប់ទាំងបីនេះទទួលរងនូវការបាត់បង់យ៉ាងមហន្តរាយ បើប្រៀបធៀបទៅនឹងភាគីអ៊ីស្រាអែលដែលមានការបាត់បង់តិចបំផុតរួមទាំងចំនួនមនុស្សស្លាប់។ ដោយឡែក ជ័យជំនះរបស់កងទ័ពអ៊ីស្រាអែលនៅក្នុងឆាកអន្តរជាតិវិញបានលេចធ្លោជាខ្លាំង ពោលគឺ ផ្ទុយពីភាគីកងទ័ពអារ៉ាប់ដែលយុទ្ធសាស្រ្តបូករួមនឹងការដឹកនាំរបស់ពួកគេនៅមានកំរិតនៅឡើយ។ បើទោះជាយ៉ាងណាក្ដី សង្រ្គាមរវាងភាគីទាំងពីរមិនបានបញ្ចប់ជាស្ថាពរនៅត្រឹមចំណុចនេះឡើយ ដោយភាគីអារ៉ាប់មានបំណងចង់សងសឹកអ៊ីស្រាអែល ក៏ដូចជាទាមទារនូវទឹកដីដែលខ្លួនបានបាត់បង់ត្រលប់មកវិញ ជាហេតុធ្វើឱ្យសង្រ្គាមប្រដាប់អាវុធកើតមានឡើងជាបន្តបន្ទាប់។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ណោង សុខនិមល និង កញ្ញា លន់ សុមាលា

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ