"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ទំនាក់ទំនងរវាងតម្លៃប្រេង និងមាស

ប្រេងគឺជាថាមពលមួយយ៉ាងសំខាន់ហើយវាក៏មានឥទ្ធិពលលើវិស័យពាណិជ្ជកម្ម វិស័យហិរញ្ញវត្ថុ​ ក៏ដូចជា​វិស័យផ្សេងៗទៀតនៃសេដ្ឋកិច្ចពិភពលោកផងដែរ។ ​ ការប្រែប្រួលនៃតម្លៃប្រេងឆៅអាចធ្វើឱ្យមានផលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចនៃប្រទេសដែលនាំចេញនិងនាំចូលប្រេង ដោយផ្អែកលើនិន្នាការបម្រែបម្រួលតម្លៃប្រេង​ ឬ Oil price volatility។ Oil price volatility ជាភាពប្រែប្រួលនៃតម្លៃប្រេងនៅលើទីផ្សារក្នុងរយៈពេលកំណត់មួយ។​ យោងតាមរបាយការណ៍វិទ្យាស្ថានថាមពលពិភពលោក Price volatility សំដៅលើភាពប្រែប្រួលនៃតម្លៃរបស់ទំនិញ ហើយនៅពេលដែលតម្លៃមានការឡើងចុះច្រើននៅក្នុងរយៈពេលខ្លីមួយ គេចាត់ទុកស្ថានភាពនេះថាមានលក្ខណៈប្រែប្រួលខ្លាំង ឬ High volatility។ ប្រសិនបើតម្លៃមិនសូវប្រែប្រួលខ្លាំង ឬមានភាពនឹងនរនៅលើទីផ្សារ​ ​នោះគេចាត់ទុកស្ថានភាពថា Low volatility។ ប៉ុន្តែជាធម្មតា តម្លៃប្រេងពុំសូវឡើងចុះខ្លាំងដូចទំនិញមួយចំនួននោះទេ ហើយភាគច្រើនតម្លៃប្រេងតែងតែមានលំនឹងនឹងនរលើទីផ្សារ។ នៅលើទីផ្សារថាមពលរបស់ពិភពលោក ប្រេងជាពាណិជ្ជកម្មដ៏ធំ ព្រោះវាជាថាមពលដ៏សំខាន់និងត្រូវបានប្រើប្រាស់នៅក្នុងវិស័យដទៃទៀតជាច្រើន ហេតុដូចនេះ ការឡើងចុះតម្លៃប្រេងអាចធ្វើឱ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្មនៃវិស័យទាំងនោះ​​ និងអាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ច។ យោងតាមរបាយការណ៍វិទ្យាស្ថានដដែលបានឱ្យដឹងថា នៅឆ្នាំ២០០៦ ទឹកប្រាក់លើស ១,១​ ទ្រីលានដុល្លារអាមេរិក ត្រូវបានចំណាយទៅលើការប្រើប្រាស់ថាមពលប្រេងលើវិស័យសំខាន់ៗជាច្រើនដូចជា វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម ការប្រើប្រាស់តាមផ្ទះរបស់ពលរដ្ឋ​ និងវិស័យដឹកជញ្ជូនទៀតផង។

រីឯមាសវិញគឺជាលោហធាតុដែលមានប្រយោជន៍ក្នុងការកំណត់តម្លៃទំនិញ និងជាទ្រព្យសកម្មរបស់រូបិយប័ណ្ណដោយសារតម្លៃរបស់វាមានភាពនឹងនរ​​ និងមិនសូវមានការប្រែប្រួលចុះឡើងខ្លាំងនោះទេ។ ម្យ៉ាងវិញទៀតនោះ មាសមានសារៈសំខាន់ដោយសារវាជាប្រភពនៃទ្រព្យវិនិយោគ និងជាតម្លៃឯកតាក្នុងការកំណត់តម្លៃជួញដូរ ETFs (Exchange Traded Fund) នៅក្នុងទីផ្សារ។ យោងតាមគេហទំព័រ​ Investor.gov បានបង្ហាញថា ETFs (Exchange Traded Fund) គឺជាប្រភេទកញ្ចប់ថវិកា Fund ដែលគេយកមកជួញដូរដូចជាមូលបត្រដែរ ដែលប្រើសម្រាប់តាមដានសន្ទស្សន៍វិស័យទំនិញឬទ្រព្យសម្បត្តិផ្សេងទៀតនិងតាមដានការវិនិយោគ ប៉ុន្តែវាមិនអាចទិញឬលក់ដូចជាមូលបត្រឬភាគហ៊ុនធម្មតានោះទេ។ ETFs​ មានច្រើនប្រភេទដែលក្នុងនោះមានដូចជាកញ្ចប់កម្ចីរដ្ឋ រូបិយប័ណ្ណ និង ទំនិញធំៗ រួមមានប្រេងនិងមាស​ជាដើម។​ ​ ដោយហេតុនេះការស្វែងយល់ពីទំនាក់ទំនងរបស់មាសនិងប្រេងមានសារៈសំខាន់ក្នុងការសង្កេតមើលពីស្ថានភាពសេដ្ឋកិច្ចសាកលផងដែរ។

ប្រេងនិងមាសត្រូវបានចាត់ទុកថាជាទំនិញយុទ្ធសាស្ត្រសំខាន់នៅក្នុងទីផ្សារពិភពលោក ជាពិសេសនៅអាមេរិក ហើយការកើនឡើងតម្លៃរបស់ទំនិញទាំងពីរនេះអាចនឹងមានឥទ្ធិពលដល់ដំណើរការសេដ្ឋកិច្ច។ មានការសិក្សាច្រើនពីទំនាក់ទំនងរវាងតម្លៃប្រេងនិងតម្លៃមាសនេះ តែភាគច្រើនជាការសិក្សាផ្តោតទៅលើស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកព្រោះប្រទេសនេះមានសេដ្ឋកិច្ចឈានមុខ និងមានឥទ្ធិពលលើសេដ្ឋកិច្ចពិភពលោក។ ម្យ៉ាងវិញទៀត ដោយសារតែតម្លៃប្រេងមានមូលដ្ឋានសំខាន់នៅក្នុងសេដ្ឋកិច្ចអាមេរិក ជាពិសេសក្នុងការកំណត់ស្ថិរភាពទីផ្សារភាគហ៊ុន ដូច្នេះការប្រែប្រួលតម្លៃប្រេងអាចប៉ះពាល់ដល់តម្លៃទ្រព្យសកម្មផ្សេងទៀត ដូចជាតម្លៃភាគហ៊ុនឬមូលបត្រ និងតម្លៃមាស​ (Volatility indexes for gold) ជាដើម។ ឧទាហរណ៍ប្រសិនបើតម្លៃប្រេងកើនឡើង នោះវានឹងធ្វើឱ្យមានការប៉ះពាល់ដល់ចំណូលរបស់សហគ្រាសធំៗទាំងនោះ។ យោងតាមរបាយការណ៍ប្រចាំខែនៃ Economic and Monetary Developments របស់សហគមន៍អ៊ឺរ៉ុបបានឱ្យដឹងថា ទំនាក់ទំនងរវាងតម្លៃប្រេងនិងតម្លៃទូទៅនៃមូលបត្រមានលក្ខណៈអវិជ្ជមាន  ​ដោយសារនៅពេលដែលប្រេងឡើងថ្លៃ​​​​​​ធ្វើឱ្យមានភាពអវិជ្ជមានលើទស្សនវិស័យប្រាក់ចំណូលរបស់ក្រុមហ៊ុន និងជះឥទ្ថិពលលើតម្លៃមូលបត្ររបស់ក្រុមហ៊ុននោះ។  ​ដូចនេះ នៅពេលចំណូលទាប តម្លៃមូលបត្រធ្លាក់ចុះ និងតម្រូវឱ្យមានកំណើនប្រើប្រាស់មាសជាទ្រព្យសកម្មបម្រុងក្នុងការសង្គ្រោះក្រុមហ៊ុនពីការក្ស័យធន។

នៅពេលវិភាគទំនាក់ទំនងរវាងវត្ថុទាំងពីរ យើងនឹងឃើញពាក្យសំដៅលើសមាមាត្រប្រេងនិងមាស​ (Gold-Oil Ratio) ហើយសមាមាត្រប្រេងនិងមាស​នេះអាចពន្យល់បានតាមលក្ខណៈគណិតវិទ្យាដោយយើងយកតម្លៃមាសក្នុងមួយអោន (ounce) ចែកនឹងថ្លៃប្រេងឆៅក្នុងមួយធុង (barrel) ហើយសមាមាត្រនឹងប្រាប់យើងពីចំនួនប្រេងដែលអាចទិញបានក្នុងមួយអោននៃមាស។ ខណៈនេះ សមាមាត្រប្រេងនិងមាសអាចនាំឱ្យយើងយល់ពីសេដ្ឋកិច្ចបានត្រង់ថា ប្រេងច្រើនឡើងថ្លៃនៅពេលដែល GDP កើនឡើង ហើយមាសប្រែជាមានការកើនឡើងនៅពេលប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ។

លើសពីនេះ ទំនាក់ទំនងរវាងប្រេងនិងមាសក៏មានទំនាក់ទំនងជាមួយរូបិយប័ណ្ណដុល្លារអាមេរិកដែរ។​ នៅពេលដែលតម្លៃលុយដុល្លារអាមេរិកឡើងថ្លៃ នោះតម្លៃផលិតផលដែល​ជួញដូរដោយលុយដុល្លារអាមេរិកក៏ឡើងតាមហ្នឹងដែរ​។ ប៉ុន្តែតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី តម្លៃរបស់ប្រេងប្រែប្រួល​ទៅតាមនិន្នាការតម្រូវការទីផ្សារ។ ទោះជាយ៉ាងណា ឥទ្ធិពលរូបិយប័ណ្ណដុល្លារអាមេរិកក៏មានលើតម្លៃប្រេងខ្លះដែរជាពិសេសមូលបត្រដាក់បង្ហាញនៅលើ Typical price trend ដែលជួញដូរដោយប្រាក់ដុល្លារអាមេរិក។ Typical price trend ជាការវិភាគបច្ចេកទេសមួយដែលមានទិន្នន័យជាសូចនាករតម្លៃមធ្យមនៃតម្លៃទីផ្សារ​ ហើយសូចនាករតម្លៃនេះត្រូវធ្វើបច្ចុប្បន្នភាពជានិច្ច។  ​

នៅពេលមានភាពប្រែប្រួលនៃតម្លៃប្រាក់ដុល្លារអាមេរិក នោះក៏មានការប៉ះពាល់ដល់តម្លៃប្រេងឆៅនិងមាសអន្តរជាតិបានដែរ ព្រោះវត្ថុទាំងពីរនេះមានទំនាក់ទំនងជាមួយរូបិយប័ណ្ណនេះ។ កាលពីអំឡុងឆ្នាំ១៩៧៥ ប្រេងនិងមាសត្រូវបានកំណត់តម្លៃជាដុល្លារអាមេរិកដោយសារអង្គការនៃប្រទេសនាំចេញប្រេង (OPEC)​ បានយល់ព្រមលក់ប្រេងរបស់ពួកគេទាំងស្រុងក្នុងតម្លៃដុល្លារអាមេរិក។ នៅពេលដែលតម្លៃប្រាក់ដុល្លារអាមេរិកប្រែប្រួល​ នោះទ្រព្យដែលត្រូវបានទិញដូរគិតជាដុល្លារ (dollar-denominated assets) ច្រើនតែប្រែប្រួល។  គួរកត់សម្គាល់ថា ពាណិជ្ជកម្មពិភពលោក ទីផ្សារមូលបត្រធំៗ ការជួញដូរទំនិញមួយភាគធំស្ទើរគ្រប់វិស័យប្រើប្រាស់រូបិយប័ណ្ណដុល្លារអាមេរិក ដូចនេះប្រសិនបើសេដ្ឋកិច្ចអាមេរិកមានការប្រែប្រួល ឬតម្លៃលុយដុល្លារអាមេរិកប្រែប្រួលនោះតម្លៃទំនិញក៏មានការប្រែប្រួលដែរ។ ក្នុងន័យនេះ dollar-denominated assets រួមមានមូលបត្រ ប្រាក់កម្ចី ឥណទាន ឬទ្រព្យសម្បត្តិផ្សេងៗទៀតដែលទិញដូរដោយដុល្លារនឹងទទួលរងបម្រែបម្រួលតម្លៃនៅពេលតម្លៃរូបិយប័ណ្ណដុល្លារអាមេរិកប្រែប្រួល។ល់មានលក្ខណៈខុសគ្នាបន្តិចបន្តួច។ក់ចុះនោះទេ។ យោងតាម​ ETFs តម្លៃដុល្លារអាមេរិកនិងតម្លៃប្រេងមានទំនាក់ទំនងបញ្ច្រាសគ្នាទៅវិញ នៅពេលដែលតម្លៃប្រាក់ដុល្លារធ្លាក់ចុះ តម្លៃនៃប្រេងនិងទំនិញគិតជាប្រាក់ដុល្លារអាមេរិកទាំងនេះត្រូវតែថ្លៃជាងមុនដើម្បីរក្សាសជ្ឈន្តិកៈតម្លៃ (intrinsic value) ដែលមិនផ្លាស់ប្តូរ។​  សជ្ឈន្តិកៈតម្លៃប្រៀបដូចជាគុណតម្លៃនៃផ្នែកក្នុងរបស់វត្ថុអ្វីមួយ គុណតម្លៃរបស់ប្រេងមិនមែនជាការកំណត់ដោយក្រុមហ៊ុនមួយឬពីរទេ ប៉ុន្តែការកំណត់នេះមានមូលដ្ឋានរួមរវាងក្រុមហ៊ុននិងភាគីច្រើន ហេតុនេះតម្លៃប្រេងមិនសូវមានការប្រែប្រួលខ្លាំង ឬមិនប្រែប្រួលតែម្តង។ ​

ក្រៅពីនេះ បញ្ហាអតិផរណា​ជាអំណះអំណាងមួយទៀតដែលបង្ហាញពីទំនាក់ទំនងរវាងតម្លៃប្រេងនិងមាសផងដែរ។ ក្នុងករណីនេះ អតិផរណាមានឥទ្ធិពលទៅលើការប្រែប្រួលតម្លៃប្រេងនិងតម្លៃមាស ហើយការប៉ះពាល់មានលក្ខណៈខុសគ្នាបន្តិចបន្តួច។ នៅពេលមានអតិផរណាកើតឡើង ទំនិញឡើងថ្លៃនិងប្រេងក្នុងទីផ្សារមានកំនើនតម្លៃដូចទំនិញទូទៅដែរ។ ស្របពេលជាមួយគ្នានេះ តម្លៃមាសដែលជាទំនិញនៅលើទីផ្សារក៏ឡើងថ្លៃដូចគ្នា ប៉ុន្តែតម្លៃនេះមិនបានសំដៅទៅលើមាសដែលស្ថិតនៅជាទ្រព្យសកម្ម ឬទ្រព្យវិនិយោគនោះទេ។ ចំណែកដែលជាទ្រព្យសកម្មវិញ ក្នុងពេលប្រទះបញ្ហាបែបនេះ វាមានសារៈសំខាន់ក្នុងការរក្សាលំនឹងអត្រាអតិផរណាព្រោះវាមាននាទីជាមាសបម្រុង។ យោងតាម ETFs (Exchange Traded Fund) ដដែលបង្ហាញឱ្យដឹងថា ក្រៅពីបញ្ហាអតិផរណា តម្លៃមាសអាចឡើងថ្លៃខ្ពស់បំផុតនៅពេលដែលវិនិយោគិនប្រឈមមុខនឹងការអន់ថយសេដ្ឋកិច្ច ការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ និងការក្ស័យធនរបស់ធនាគារជាដើម។ ចំណែកឯតម្លៃប្រេងនៅលើទីផ្សារវិញ វាអាចធ្លាក់ចុះនៅពេលដែលសកម្មភាពសេដ្ឋកិច្ចនិងទីផ្សារសាកលធ្លាក់ចុះឬជួបប្រទះវិបត្តិ។

សរុបមក ការសិក្សាពីប្រេងនិងមាសគឺជាកត្តាមួយផ្នែកដែលអាចឱ្យយើងដឹងពីការវិវត្តនៃទីផ្សារនិង ទំនាក់ទំនងរវាងវត្ថុទាំងពីរជាមួយនឹងសេដ្ឋកិច្ចសាកលក៏ដូចជាសេដ្ឋកិច្ចប្រទេសដែលឈានមុខដូចជាសហរដ្ឋអាមេរិក ទំនាក់ទំនងរបស់វាទៅលើតម្លៃទីផ្សារមូលបត្រ និងការប្រើប្រាស់សមាមាត្រមាសប្រេងក្នុងផ្នែកហិរញ្ញវត្ថុ។ ក្រៅពីនេះ ការសិក្សាពីប្រេងនិងមាសអាចឱ្យយើងដឹងពីទំនាក់ទំនងរបស់វាជាមួយនឹងរូបិយប័ណ្ណដុល្លារអាមេរិក រួមទាំងឥទ្ធិពលនៃអតិផរណាទៅលើតម្លៃវត្ថុទាំងពីរផងដែរ៕

ពាក្យគន្លឹះ
Typical Price Trend / The Typical Price indicator: នៅក្នុងវិស័យហិរញ្ញវត្ថុ វាជាសូចនាករ (trend) ប្រាប់តម្លៃ ឬហៅថា សូចនាករតម្លៃ (Price trend​ / Price indicator) ហើយតម្លៃដែលបង្ហាញនៅលើនោះជាតម្លៃមធ្យមនៃតម្លៃមូលបត្រប្រចាំថ្ងៃ។
Intrinsic value: គឺជាតម្លៃនៃវត្ថុមួយដែលកំណត់ដោយលក្ខខណ្ឌទស្សនវិទ្យា ហើយជាមូលដ្ឋានគ្រឹះក្នុងការកំណត់តម្លៃវត្ថុ ទ្រព្យសម្បត្តិផ្សេងៗរួមមានតម្លៃមូលបត្រ និង កម្មវត្ថុកុងត្រាហិរញ្ញវត្ថុ។ តម្លៃនេះមានសារៈសំខាន់ក្នុងការប្រមើលមើលតម្លៃទីផ្សារថាទំនិញឬទ្រព្យនេះមានតម្លៃបែបណាបើមានការជួញដូរនៅលើទីផ្សារ។ នៅពេលវិនិយោគិនចង់វិនិយោគទៅលើអ្វីមួយ សជ្ឈន្តិកៈតម្លៃអាចឱ្យគេប៉ាន់ប្រមាណនូវប្រយោជន៍ដែលគេនឹងទទួលបានបន្ទាប់ពីដាក់ទុនវិនិយោគ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ស្រង់ ខាដាណេ
គំនូរដោយ៖ កញ្ញា សុខ ពុទ្ធារី

ជប៉ុនធំតែមាឌសេដ្ឋកិច្ច ប៉ុន្តែចង្អៀតក្នុងការលើកកម្ពស់ស្ត្រី

ជប៉ុនគឺជាប្រទេសមហាអំណាចខាងសេដ្ឋកិច្ចដែលស្ថិតនៅលំដាប់លេខ៣ទូទាំងពិភពលោក ប៉ុន្តែប្រទេសនេះបែរជាមានភាពចង្អៀតចង្អល់ទៅលើការផ្តល់សិទ្ធិសេរីភាពពេញលេញទៅស្រ្តីក្នុងការចូលរួមក្នុងសង្គមទៅវិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ជនជាតិជប៉ុននៅតែមានគំនិត “បុរសជាអ្នកធ្វើការ រីឯស្ត្រីជាអ្នកមើលថែទាំផ្ទះ” ដែលជាមូលហេតុដែលនាំឱ្យប្រទេសនេះបាត់បង់នូវស្រ្តីដែលជាធនធានដែលបានទទួលចំណេះដឹងជ្រៅជ្រះ។ ត្បិតតែរដ្ឋបាលរបស់លោកស្ហីនហ្សូ អាបេ (Shinzō Abe) បានផ្ដល់ឱកាសការងារដល់ស្ត្រីជាច្រើនលាននាក់ ប៉ុន្តែយោងតាមរបាយការណ៍ក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនង (Ministry of Internal Affair and Communication) ជាងពាក់កណ្ដាលនៃការងាររបស់ស្ត្រីទាំងនោះគឺជាការងារក្រៅម៉ោង និងការងារបណ្ដោះអាសន្ន។ ហើយបញ្ហាគម្លាតយេនឌ័រនៅប្រទេសជប៉ុនត្រូវបានឃើញយ៉ាងច្បាស់នៅឆ្នាំ២០២១នេះដោយថ្នាក់ដឹកនាំជប៉ុនបានវាយប្រហារចំៗទៅលើស្រ្តីនៅក្នុងសុន្ទរកថាផ្លូវការម្ដងជាពីរដង។

ជាក់ស្ដែង អតីតនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកដែលទើបតែលាលែងពីតំណែងលោក Yoshiro Mori បានលើកឡើងថាស្ត្រីជប៉ុនជាបន្ទុកដែលបង្អូសអង្គប្រជុំគណៈកម្មាធិការអូឡាំពិកជប៉ុន (Japanese Olympic Committee) ឱ្យយូរដោយសារស្ត្រីជប៉ុននិយាយច្រើនពេក។ ទន្ទឹមនឹងនេះ គណបក្ស The Liberal Democratic Party បានស្នើឱ្យស្ត្រីអាចចូលរួមប្រជុំបាន ប៉ុន្តែមិនអាចបញ្ចេញមតិក្នុងអង្គប្រជុំឡើយ ហើយស្ត្រីអាចដាក់ស្នើបញ្ចេញមតិបន្ទាប់ពីអង្គប្រជុំបញ្ចប់។ ការបញ្ចេញទស្សនៈរបស់បុគ្គលសាធារណៈយ៉ាងនេះ មិនត្រឹមតែបញ្ជាក់ឱ្យពិភពលោកឃើញពីភាពតូចចង្អៀតនៃឱកាសចូលរួមសកម្មភាពរបស់ស្ត្រីជប៉ុននៅក្នុងសង្គមទេ ទស្សនៈទាំងនេះក៏អាចជាន់ពន្លិចគំនិតលើកកម្ពស់ស្ត្រីនៅក្នុងសង្គមជប៉ុនផងដែរ។ ជាក់ស្ដែង យោងតាមរបាយការណ៍របស់ Global Data on  National Parliaments បានបង្ហាញថា នៅក្នុងសភារបស់ជប៉ុន (House of Representative Shugiin) សមាជិកដែលជាស្ត្រីគឺមានត្រឹមតែ ៤៦ នាក់នៃចំនួនសរុបចំនួន ៤៦៤ នាក់តែប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់ World Economic Forum បានបង្ហាញថា សមភាពយេនឌ័រនៅប្រទេសជប៉ុនគឺស្ថិតនៅលំដាប់លេខ១២១ ក្នុងចំណោម ១៥៣ ប្រទេស។ របាយការណ៍នេះបញ្ជាក់ថា ការចូលរួមផ្នែកសេដ្ឋកិច្ចនិងឱកាស (Economic Participation and Opportunity) និងការផ្ដល់អំណាចនយោបាយ (Political Empowerment) ជាដើមរបស់ស្ត្រីជប៉ុននៅមានកម្រិតនៅឡើយ។

អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងប្រទេសដ៏ជឿនលឿនមួយនេះ គឺនៅតែប្រកាន់យកគំនិតដែលថាស្ត្រីត្រូវលះបង់ការងារដើម្បីមកមើលថែគ្រួសារ។ ត្បិតតែជប៉ុនបានអនុម័តច្បាប់ស្ដីពីសមភាពឱកាសការងារ (The Equal Employment Opportunity Act) អស់រយៈពេលលើសពី ៣០ ឆ្នាំក្ដី ប៉ុន្តែបច្ចុប្បន្នក៏នៅមានស្ត្រីជប៉ុនជាច្រើនត្រូវបានជួបនឹងច្រវ៉ាក់មើលថែគ្រួសារបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច ជាពិសេសក្រោយពេលមាតុភាព។ ផ្នត់គំនិតថាមើលថែទាំការងារផ្ទះគឺជាកាតព្វកិច្ចរបស់ស្ត្រី ហើយបើយោងតាមរបាយការណ៍របស់ IMF Paper បានរកឃើញថាស្ត្រីភាគច្រើនយល់ថាមានអារម្មណ៍មិនគប្បីនៅពេលដែលមិនបានបំពេញកាតព្វកិច្ចការងារផ្ទះ។ កាលពីឆ្នាំ២០២០ របាយការណ៍ស្ទង់មតិដែលធ្វើដោយគណៈរដ្ឋមន្ត្រីជប៉ុន Cabinet Office បានរកឃើញថា មានមនុស្សចំនួន ៦១% ប៉ុណ្ណោះ យល់ឃើញថាស្ត្រីគួរតែអាចបន្តធ្វើការទោះបីជាបន្ទាប់ពីមាតុភាព។ ហើយកាលពីឆ្នាំ២០១២ ស្ត្រីបានធ្វើមាតុភាពរួចចំនួន ៨៦% ប្រាថ្នាបន្តធ្វើការងារ ក៏ប៉ុន្តែប្រាថ្នានេះភាគច្រើនបានត្រឹមតែជាការស្រមៃ បើយោងតាមការចេញផ្សាយរបស់ The Japan Time។

លោកអតីតនាយករដ្ឋមន្ត្រី ស្ហីនហ្សូ អាបេ បានយល់ឃើញថាជប៉ុនត្រូវការស្ត្រីជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញគោលនយោបាយ Abeconomic និងលើកសេដ្ឋកិច្ចជប៉ុនចេញពីវិបត្ដិបរិត្តផរណា។ លោកក៏បានសន្យាថានឹងធ្វើឱ្យជប៉ុនជាទឹកដីដែលអាចឱ្យស្ត្រីរះចែងចាំង “a Japan in which women can shine” និងរួមទាំងបង្កើតគោលនយោបាយ “Womenomics Strategy”។ Womenomics Strategy គឺសសរមួយរបស់ Abeconomic និងមានគោលដៅបង្កើនភាពជាអ្នកដឹកនាំរបស់ស្ត្រីចំនួន ៣០% នៅឆ្នាំ២០២០។ សន្យាមិនទាន់បានបីឆ្នាំផង រដ្ឋបាលរបស់លោក អាបេ ក៏បានពង្រួញគោលដៅមកត្រឹម ៧% នៅស្ថាប័នបម្រើសាធារណៈ និង ១៥% នៅជួររដ្ឋាភិបាលនិងស្ថាប័នឯកជន។ យោងទៅតាមរបាយការណ៍របស់ World Economic Forum នៅឆ្នាំ២០២០ ប្រាក់ចំណូលរបស់ស្ត្រីជប៉ុនជាមធ្យមវិញមានត្រឹមតែពាក់កណ្ដាលនៃប្រាក់ចំណូលរបស់បុរស។ ប្រទេសជប៉ុនមិនដែលមានប្រមុខរដ្ឋាភិបាលជាស្ត្រីនោះទេ ហើយមានស្ត្រីតែ២នាក់ដែលជាសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក យូស្ហីស៊ីដេ ស៊ូហ្កា (Yoshihide Suga)។ មានអ្នកជំនាញជាច្រើនយល់ឃើញថាការចុះចេញពីតំណែងរបស់លោក អាបេ នៅឆ្នាំ២០២០ គឺបានបន្សល់ទុកប្រាថ្នាមួយចំនួនមិនទាន់សម្រេច ក្នុងនោះគឺការលើកកម្ពស់ស្ត្រីនៅក្នុងវិស័យការងារ​និងសង្គម។

មានកត្ដាចំនួនបួនដែលបណ្ដាលឱ្យមានវិសមភាពយេនឌ័រក្នុងប្រទេសជប៉ុន។ ទីមួយនោះគឺកត្តាដែលស្ត្រីជប៉ុនចំណាយពេលវេលាច្រើនលើការងារដែលមិនបានប្រាក់កម្រៃ។ បើយោងតាមរបាយការណ៍របស់ OECD  ស្ត្រីជប៉ុនបានចំណាយពេលវេលាចំនួន៣ម៉ោងនិង៤៤នាទី ដែលស្មើនឹង៤ដងនៃចំនួនពេលវេលាបុរសទៅលើការងារដែលមិនបានប្រាក់កម្រៃ ដូចជាការងារផ្ទះនិងមើលថែកូន ដែលនេះជាហេតុធ្វើឱ្យស្ត្រីមានពេលតិចលើការងារដែលមានប្រាក់កម្រៃ ឬមិនអាចចំណាយពេលច្រើនលើការងារ។ ជាមួយគ្នានេះ យោងតាម The Japan Times សេវាកម្មមើលថែទាំកុមារមិនអាចបង្កើនការទទួលមើលថែកុមារទាំងអស់នៅពេលដែលមានកំណើនស្ត្រីទៅធ្វើការនោះទេ។ ទីពីរនោះគឺវប្បធម៌ផ្នត់គំនិតអវិជ្ជមានលើភាពជាអ្នកដឹកនាំរបស់ស្ត្រី។ យោងលទ្ធផលសិក្សារបស់ Kantar and Women Political Leaders បានបង្ហាញឱ្យឃើញថា មានតែមនុស្សចំនួន ២៤% ប៉ុណ្ណោះដែលមានអារម្មណ៍ល្អធ្វើការជាមួយអគ្គនាយកប្រតិបត្ដិ (CEO) ជាស្ត្រី។ កត្ដាទីបីនោះគឺ ការបៀតបៀនផ្លូវភេទនៅក្នុងការិយាល័យធ្វើការ។ យោងតាមការចេញផ្សាយរបស់ South China Morning Post ការបៀតបៀនផ្លូវភេទនៅក្នុងកន្លែងការងារគឺមិនមែនករណីប្លែកទេនៅក្នុងប្រទេសជប៉ុន ដោយសារតែរចនាសម្ព័ន្ធនៃឋានានុក្រមរបស់ក្រុមហ៊ុន វប្បធម៌នៃការគោរពស្ដាប់បង្គាប់ខ្លាំង និងការបំពេញការងាររយៈពេលយូរ។ ជាមួយគ្នានេះ យោងតាមការសិក្សារបស់ក្រសួងសុខាភិបាល ពលកម្ម និងសុខុមាលភាពបានរកឃើញថាជាង ៣៣% នៃចំនួនអ្នកមានបញ្ហាផ្លូវចិត្ដ គឺកើតឡើងបណ្ដាលមកពីការបៀតបៀនផ្លូវភេទ ការជិះជាន់ និងការបំពានអំណាចដោយមេៗរបស់ពួកគេ។ កត្ដាទីបួនគឺភាពចន្លោះប្រហោងនៃច្បាប់ដែលមានគោលបំណងកាត់បន្ថយគម្លាតវិសមភាពយេនឌ័រ។ គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានធ្លាប់បង្ហាញឆន្ទៈក្នុងការកាត់បន្ថយវិសមភាពរវាងស្ត្រីនិងបុរសតាមរយៈការតាក់តែង និងការដាក់ឱ្យអនុវត្ដច្បាប់មួយចំនួនផងដែរ ប៉ុន្តែច្បាប់និងបទប្បញ្ញត្ដិទាំងនោះហាក់ដូចជាមិនសូវមានប្រសិទ្ធភាព ប្រសិនបើយើងមើលទិន្នន័យនាពេលបច្ចុប្បន្ន។ យោងតាមការចេញផ្សាយមួយចំនួនដូចជា CNN ច្បាប់ដែលមានគោលបំណងលើកកម្ពស់ស្ដ្រីនោះគឺមិនបានចែងពីទោសបញ្ញត្ដិលើក្រុមហ៊ុនដែលមិនបានអនុវត្ដច្បាប់នោះឡើយ។ ជាមួយគ្នានេះ សារពត៌មាន Asahai បានលើកឡើងថាមូលហេតុដែលរដ្ឋាភិបាលមានភាពចំហលើចំណុចខ្លះនៅក្នុងច្បាប់គឺដោយសារតែភាពពិបាកបែងចែកនៃសកម្មភាពបៀតបៀននៅកន្លែងធ្វើការ។

វិសមភាពយេនឌ័រនេះគឺជាសញ្ញាណមិនល្អឡើយទៅលើជំងឺសេដ្ឋកិច្ចរបស់ជប៉ុន។ ជំងឺសេដ្ឋកិច្ចជប៉ុនដែលប៉ះពាល់ដល់កម្លាំងចលករមាន ដូចជា មនុស្សចាស់ច្រើនជាងកម្លាំងយុវជន ចំនួនប្រជាជនធ្លាក់ចុះជាដើម ហើយវិសមភាពយេនឌ័របានធ្វើឱ្យខ្ជះខ្ជាយធនធានមនុស្សដែលកម្រិតអប់រំខ្ពស់។ តាមការប៉ាន់ស្មានរបស់ World Economic Forum ការចូលរួមរបស់ស្ត្រីដោយស្មើភាពគឺនឹងជួយផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុន ចំនួន ៥៥០ ប៊ីលានដុល្លារអាមេរិក។ មួយវិញទៀត ការណ៍ដែលជប៉ុនឈានជើងចូលទៅក្នុងបដិវត្ដន៍ឧស្សាហកម្ម ៤.០ អាចនឹងផ្ដល់ហានិភ័យបន្ថែមលើការលើកម្ពស់ស្ត្រីដើម្បីជាកម្លាំងចលករដោយសារតែម៉ាស៊ីននឹងជំនួសការងារមនុស្សយ៉ាងច្រើន។ ហើយការណ៍ដែលចំនួនការងារនឹងកាត់បន្ថយនេះនឹងអាចផ្ដល់បន្ទុកបន្ថែមលើឱកាសការងាររបស់ស្ត្រី។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យទូទាំងប្រទេស៨៨៨៨ (មីយ៉ាន់ម៉ា)

ទិដ្ឋភាពទូទៅមុនចលនាបះបោរនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៨៨
មីយ៉ាន់ម៉ាជាប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគម​ចក្រភពអង់គ្លេសជាងមួយសតវត្សរ៍ ពោលគឺចាប់ពីឆ្នាំ១៨២៤ ដល់ឆ្នាំ១៩៤៨។ តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨​​ ប្រទេសយោធានិយមមួយនេះមិនទាន់មានមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យរឹងមាំនៅឡើយទេ។ ភាពវឹកវរចលាចលអស់ជាច្រើនទសវត្សរ៍ធ្វើឱ្យមីយ៉ាន់ម៉ាទទួលបានបទពិសោធន៍ដ៏ល្វីងជូរចត់ ក្រោមការគ្រប់គ្រងរបស់របបយោធាផ្ដាច់ការឯកបក្ស រួមមានការគំរាមកំហែង ការចាប់ខ្លួន អំពើហិង្សាព្រៃផ្សៃអមនុស្សធម៌ ការបំបិទសិទ្ធិសេរីភាពការបញ្ចេញមតិ ការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ល។ រដ្ឋប្រហារយោធាជោគជ័យនៅឆ្នាំ១៩៦២ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ នេ វីន (Ne Win) បានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោក យូ នូ (Nu U)។ បន្ទាប់មក ប្រទេសភូមា (Union of Burma) មួយនេះបានស្ថិតនៅក្រោមការគ្រប់គ្រងដោយគណបក្សសង្គមនិយមភូមា (The Burma Socialist Programme Party)​ តាំងពីពេលនោះមក ហើយថែមទាំងបានប្រកាសឱ្យអនុវត្តច្បាប់អាជ្ញាសឹកអស់រយៈពេល១២ឆ្នាំទៀតផង។ ច្បាប់អាជ្ញាសឹកជាច្បាប់ដែលត្រូវបានគេប្រើប្រាស់ដើម្បីគ្រប់គ្រងស្ថានភាពអាសន្នណាមួយនៅក្នុងប្រទេស ជាពិសេសប្រទេសកំពុងស្ថិតនៅក្នុងភាពវឹកវរ ឬការបះបោរពីប្រជាជន ហើយច្បាប់នេះធ្វើឱ្យពួកយោធាមានអំណាចពេញក្នុងដៃ ក្នុងការក្តោបក្តាប់គ្រប់ស្ថាប័នទាំងអស់ រួមទាំងអង្គនីតិបញ្ញត្តិ និងតុលាការ។ ការធ្វើនយោបាយសេដ្ឋកិច្ចឯកោនិយម និងជាតូបនីយកម្មដោយការកែប្រែក្រុមហ៊ុន សហគ្រាសតូចធំ និងផលិតកម្មនៃកម្មសិទ្ធិឯកជនឲ្យទៅជាកម្មសិទ្ធិរបស់រដ្ឋ ផ្អែកលើមនោគមវិជ្ជានៃគោលនយោបាយ ភូមាឆ្ពោះទៅរកសង្គមនិយម (Burmese Way to Socialism)  បានទាញប្រទេសឱ្យធ្លាក់ចូលក្នុងភាពក្រីក្របំផុតក្រោយទសវត្សរ៍ឆ្នាំ១៩៦០។

មូលហេតុនៃចលនាបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ១៩៨៨
វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅដើមទសវត្សរ៍ឆ្នាំ១៩៨០ និងអប្បិយជំនឿរបស់លោកឧត្ដមសេនីយ៍ នេ វីន បានធ្វើឱ្យគាត់ប្រកាសលុបបំបាត់ចោលការប្រើប្រាស់ក្រដាសប្រាក់ (Demonetization) ២៥ក្យាត់ ៣៥ក្យាត់ និង ៧៥ក្យាត់នៅខែកញ្ញា ឆ្នាំ១៩៨៧  ហើយជ្រើសរើសយក ៤៥ក្យាត់ និង ៩០ក្យាត់ ដែលគិតថាលេខទាំងនេះអាចចែកនឹងលេខ៩ ដែលជាលេខសំណាង។ ការប្រកាសលុបបំបាត់ចោលក្រដាសប្រាក់ទាំងនេះមិនមានជាមធ្យោបាយ ឬ សំណងសមរម្យណាមួយដូចការលុបបំបាត់ក្រដាសប្រាក់កាលពីឆ្នាំ១៩៦៤ និង១៩៨៥ កន្លងទៅនោះទេ។ ការលុបបំបាត់នេះបានធ្វើឱ្យក្រដាសប្រាក់ប្រមាណពី ៦០% ទៅ ៨០% ទូទាំងប្រទេសគ្មានតម្លៃភ្លាមៗ។ ប្រាក់ដែលនិស្សិតសាកលវិទ្យាល័យរ៉ាំងហ្គោន (បច្ចុប្បន្ន សាកលវិទ្យាល័យយ៉ាំងហ្គោន) បានសន្សំដើម្បីបង់ថ្លៃការសិក្សាត្រូវបានអស់តម្លៃប្រើបា្រស់លែងកើត។ រំលងមិនបានកន្លះឆ្នាំ​ផង នៅដើមខែមីនា ឆ្នាំ១៩៨៨ និស្សិតសាកលវិទ្យាល័យរ៉ាំងហ្គោនក៏បានចាប់ផ្ដើមធ្វើបាតុកម្ម ទាមទារតវ៉ាដំបូងលើរឿងការប្រើអំណាចដោយបំពានរបស់មន្រ្តីជាន់ខ្ពស់ម្នាក់។ ព្រឹត្តិការណ៍នោះបានបណ្ដាលឱ្យមានការបាញ់សម្លាប់សិស្សម្នាក់ឈ្មោះ កូហ្វូនម៉ាវ (Ko Phone Maw) ស្លាប់នៅថ្ងៃទី១៣ ខែមីនា។ ២៦ឆ្នាំនៃការស៊ូទ្រាំនឹងការគាបសង្កត់ពីរដ្ឋាភិបាលយោធា ការដឹកនាំប្រទេសមិនរីកចម្រើនលូតលាស់ទៅមុខ អសមត្ថភាពនៃមន្រ្តីរាជការ អំពើពុករលួយពេញផ្ទៃប្រទេស បូករួមជាមួយនឹងព្រឹត្តិការណ៍បាញ់សម្លាប់សិស្សម្នាក់ទៀតផងនោះ ជាហេតុធ្វើឱ្យពលរដ្ឋភូមាស្ទើរទូទាំងប្រទេសងើបឈរឡើងធ្វើបាតុកម្មតវ៉ាទាមទារយុត្តិធម៌ ការគោរពសិទ្ធិមនុស្ស ទាមទារឱ្យមានការបោះឆ្នោតសេរីពហុបក្ស និងការគ្រប់គ្រងប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ​សេរីនិយម។

តួអង្គសំខាន់ៗ
ទោះជាយ៉ាងណាក៏ដោយ យើងមិនភ្លេចនោះទេគឺបុគ្គលម្នាក់ដែលប្រជាជនភូមាចាត់ទុកជាវីរនារីមាតាធិបតេយ្យដ៏ក្លាហានម្នាក់គឺអ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ត្រូវជាកូនស្រីឥស្សរជននយោបាយទាមទារឯករាជ្យជូនប្រទេសភូមា លោក អ៊ុង សាន (Aung San) ដែលត្រូវបានធ្វើឃាតក្នុងឆ្នាំ១៩៤៧។ អ្នកស្រីបានត្រឡប់មកមាតុប្រទេសរបស់ខ្លួនពីប្រទេសអង់គ្លេសនៅខែសីហា ឆ្នាំ១៩៨៨ ដែលគាប់ជួននឹងការបះបោរក្រោយព្រឹត្តិការណ៍៨៨៨៨មិនទាន់បានបញ្ចប់នៅឡើយ។ នៅថ្ងៃទី២៦ ខែសីហាដដែល អ្នកស្រីបានថ្លែងសុន្ទរកថានៅចំពោះមុខមនុស្សរាប់សែននាក់ជាលើកដំបូងប្រកបដោយវោហាសព្ទច្បាស់លាស់អំពីចលនានេះ និងបានសន្យាថាខ្លួននឹងដឹកនាំចលនាជាលើកទីពីរទាមទារឱ្យបាននូវឯករាជ្យភាពនិងប្រជាធិបតេយ្យពីពួកយោធា។ នៅខែកញ្ញាបន្ទាប់ ក្រុមរបស់អ្នកស្រី អ៊ុង សានស៊ូជី រួមមានលោក អ៊ុង ហ្ស៊េ (Aung Shwe) ទិន អ៊ូ (Tin Oo) ជី ហ្មួង (Kyi Maung) អ៊ុង ហ្គ៊ី (Aung Gyi) បានរួមគ្នាបង្កើតគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (National League for Democracy (NLD)) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៨៨ ដែលមានអ្នកគាំទ្រដ៏ច្រើនលើសលប់។ ទោះជាកិច្ចខិតខំប្រឹងប្រែងយ៉ាងណា គណបក្សនេះក៏នៅតែត្រូវបានគាបសង្កត់នូវរាល់សកម្មភាពនយោបាយ មិនអនុញ្ញាតឱ្យសម្រេចគោលដៅរបស់ខ្លួនឡើយ។  ចំណែកឯអ្នកស្រី អ៊ុង សានស៊ូជី វិញ ត្រូវបានឃុំខ្លួននៅក្នុងផ្ទះនៅថ្ងៃទី២០​​ ខែកក្ដដា ឆ្នាំ ១៩៨៩។ ក្នុងខែកក្ដដា ឆ្នាំ១៩៨៩ ​ដដែល ក្រោមការដឹកនាំដោយរដ្ឋាភិបាលយោធាថ្មី បានធ្វើការផ្លាស់ប្ដូរឈ្មោះប្រទេសពី សហភាពភូមា (Union of Burma) ទៅជា សហភាពមីយ៉ាន់ម៉ា ( Union of Myanmar) រហូតដល់ឆ្នាំ ២០០៨ បន្ទាប់ពីការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញថ្មី ឈ្មោះផ្លូវការរបស់ប្រទេសនេះត្រូវបានផ្លាស់ប្តូរជាថ្មីម្តងទៀតទៅជា សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា (the Republic of the Union of Myanmar)។

ទីបញ្ចប់នៃបាតុកម្ម៨៨៨៨ គឺនៅរសៀលម៉ោង៤ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៨៨។ រដ្ឋាភិបាលបានប្រកាសបញ្ចប់បាតុកម្មដោយបានបង្កើតរដ្ឋាភិបាលយោធាថ្មីដែលមានឈ្មោះថា គណៈកម្មាធិការស្តារច្បាប់និងសណ្ដាប់ធ្នាប់រដ្ឋ (State Law and Order Restoration Committee (SLORC)) ក្រោមការដឹកនាំរបស់លោក ស មួង (Saw Maung) ។ ក្រោយពីបាតុកម្មដែលពេលខ្លះឈានដល់កុបកម្មផងនោះត្រូវបានរំសាយ អ្នកឃ្លាំមើលសិទ្ធិមនុស្សបានប៉ាន់ប្រមាណថាមានអ្នកបាត់បង់ជីវិតចន្លោះពី ៣.០០០នាក់ ទៅ​ ១០.០០០នាក់ ក្នុងនោះរួមមាន ជនស៊ីវិល ព្រះសង្ឃ កម្មករ សិស្សនិស្សិត គ្រូពេទ្យ គ្រូបង្រៀន  រួមទាំងក្មេងផងដែរ ខណៈរដ្ឋាភិបាលយោធាប្រកាសថាមានអ្នកស្លាប់ត្រឹមតែជាង ៣០០ នាក់ប៉ុណ្ណោះ។ ថ្វីបើព្រឹត្តិការណ៍នេះបញ្ចប់ទៅដោយសោកនាដកម្ម ប៉ុន្តែយើងអាចធ្វើសំយោគបានថា ការបះបោរ៨៨៨៨ជាចលករមូលដ្ឋានដ៏សំខាន់សម្រាប់ប្រទេសមីយ៉ាន់ម៉ា ក្នុងការនាំទៅរកការបោះឆ្នោតដែលមានការចូលរួមពីគណបក្សដទៃតាមបែបលទ្ធិប្រជាធិបតេយ្យ និងបង្កើតរដ្ឋាភិបាលស៊ីវិលជាដើម។ ទោះបីជារដ្ឋាភិបាលយោធាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅឆ្នាំ១៩៩០ និងឆ្នាំ២០២០ថ្មីៗនេះ ព្រមទាំងបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលក៏ដោយ ក៏ចលនាបះបោរ៨៨៨៨ នៅតែជាព្រឹត្តិការណ៍ដក់ជាប់ក្នុងបេះដូងពលរដ្ឋមីយ៉ាន់ម៉ាសព្វថ្ងៃ និងជាកម្លាំងជំរុញទឹកចិត្តក្នុងការទាមទារឱ្យមានការផ្លាស់ប្ដូររបបដឹកនាំពីរបបយោធានិយម ទៅតាមបែបប្រជាធិបតេយ្យ ដើម្បីភាពប្រសើរឡើងដល់ប្រទេសជាតិនៅថ្ងៃអនាគត។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទចែករំលែកដោយ៖ លោក ធា សុណា
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា គង់ រដ្ធាវី

ស្វែងរកយុវជនស្ម័គ្រចិត្ដ

The SEED ជាវេទិកាមួយដែលបើកឱកាសឱ្យយុវជនវិភាគ និងបញ្ចេញទស្សនៈលើប្រធានបទធំៗពីរគឺ សេដ្ឋកិច្ច និងនយោបាយការបរទេស ក្រោមរូបភាពជាអត្ថបទ និងវីដេអូ។ រាល់ស្នាដៃរបស់យុវជនមានសក្ដានុពលទាំងអស់នឹងត្រូវបានបញ្ចេញតាមរយៈប្រព័ន្ធបណ្ដាញសង្គម និងគេហទំព័រផ្លូវការរបស់ The SEED។ អ្នកអាចចូលទៅក្នុង Link តំណនេះ http://localhost/seed/ សម្រាប់ព័ត៌មានលម្អិត។

The SEED កំពុងតែជ្រើសរើសយុវជនស្ម័គ្រចិត្តផ្នែកសរសេរអត្ថបទផ្នែកព្រឹត្ដិការណ៍ពិភពលោក និងចែករំលែកចំណេះដឹង។

របៀបដាក់ពាក្យ៖
យុវជនដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យ យុវជនត្រូវដាក់ CV និងឆ្លើយសំនួរខ្លីៗ តាមរយៈ Link ខាងក្រាម៖
https://forms.gle/yFUz6kRvpqyyMiSK6

✖️  ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៦ ល្ងាច។
✖️  យុវជនក៏អាចទាក់ទងក្រុមការងារ The SEED សម្រាប់ស្រាយនូវចម្ងល់ទាំងឡាយតាមរយៈ Link Telegram នេះ ⟪https://t.me/TheSEED58⟫ ឬ public_relations@localhost ។

ក្រុមហ៊ុន Chaebol និងវិសមភាពសេដ្ឋកិច្ចកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសមួយដែលមានភ័ព្វវាសនាល្អណាស់ បើធៀបជាមួយប្រទេសដទៃទៀតនៅជុំវិញពិភពលោក។ ប្រទេសកូរ៉េជាប្រទេសដែលធ្លាប់ឆ្លងកាត់ស្ថានភាពល្វីងចូរចត់ជាច្រើន ដូចជាស្ថិតនៅក្រោមអាណានិគមជប៉ុន និងបានឆ្លងកាត់សង្គ្រាមដែលបណ្តាលមកពីមនោគមវិជ្ជាដែលនាំឲ្យឧបទ្វីបមួយនេះបែងចែកជាពីរប្រទេសគឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ក្រោយពីការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងនៅមិនទាន់ទទួលបានស្ថិរភាពផ្នែកនយោបាយនោះទេ ដោយសារប្រទេសមួយនេះបានធ្លាក់ក្រោមរបបយោធាផ្តាច់ការត្បិតជាប្រទេសប្រជាធិបតេយ្យ រហូតឈានដល់សម័យអន្តរកាលទៅរកប្រជាធិបតេយ្យនៅដើមទសវត្សរ៍ឆ្នាំ១៩០០។

ប៉ុន្តែបើនិយាយពីសេដ្ឋកិច្ចវិញ ក្នុងរយៈពេល ៦០ ឆ្នាំក្រោយការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងបានប្រែប្រួលពីសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្ម ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ទៅជាសេដ្ឋកិច្ចធំជាងគេបំផុតទី១១ ក្នុងឆ្នាំ២០១៦។ កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង គឺបណ្តាលមកពីកត្តាសំខាន់ៗជាច្រើនដែលនៅក្នុងនោះក៏មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនឆេបល់ធំៗផងដែរ។

តើអ្វីជា ឆេបល់ (Chaebol)?

ឆេបល់ (Chaebol) សំដៅលើក្រុមហ៊ុនឧស្សហកម្មខ្នាតយក្សដែលទូទៅជាកម្មសិទ្ធិរបស់ត្រកូលគ្រួសារណាមួយ។ រចនាសម្ព័ន្ធក្នុងការដឹកនាំគឺបន្តពីមួយជំនាន់ទៅមួយជំនាន់ គឺពីឪពុកទៅកូន ឬរវាងសាច់ញាតិដែលជាប់សាច់សារលោហិតជាមួយគ្នា។ ឆេបល់ដែលល្បីៗជាច្រើននៅជុំវិញពិភពលោក មានដូចជា ក្រុមហ៊ុនសាំស៊ុង (Samsung) ក្រុមហ៊ុនអិលជី (LG) ក្រុនហ៊ុនហ៊ីយ៉ុនដាយ (Hyundai) ក្រុមហ៊ុនអេសខេ (SK) និង ក្រុមហ៊ុនឡូតេ (Lotte)។ ក្រុមហ៊ុនទាំងនេះធ្វើការវិនិយោគលើវិស័យជាច្រើន ដូចជា ក្រុមហ៊ុនសាំស៊ុង វិនិយោគទៅលើគ្រឿងប្រើប្រាស់អេឡិចត្រូនិក ចំណែកឯក្រុមហ៊ុនហ៊ីយ៉ុនដាយ វិនិយោគទៅលើវិស័យសំណង់ យានយន្ដ និងការសាងសង់នាវាជាដើម។ នៅក្នុងអាណត្តិលោកប្រធានាធិបតី ផាក ឈុងហ៊ឺ (Park Chung Hee) ឆេបល់ទាំងនេះទទួលបានការជ្រោមជ្រែងជាខ្លាំង ទាំងការបន្ធូរបន្ថយដូចជាការធានាផ្តល់ប្រាក់កម្ចី និងបែងចែកការកាន់កាប់ភាគហ៊ុន ដើម្បីជំរុញឲ្យឆេបល់នោះផ្តោតលើជំនាញផលិតក្នុងវិស័យនានាដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។ យុទ្ធសាស្ត្រសហការរវាងរដ្ឋាភិបាលនិងឆេប៉ុលទាំងនោះទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដែលនាំឲ្យប្រទេសកូរ៉េខាងត្បូងទទួលបានកំណើនសេដ្ឋកិច្ច ៨,៤% ចន្លោះឆ្នាំ១៩៧០ និង១៩៩៦។

ពិតមែនតែឆេបល់ទាំងនេះបានជួយស្រោចស្រង់ប្រទេសកូរ៉េឲ្យក្លាយជាប្រទេសអភិវឌ្ឍន៍ក៏ពិតមែន តែវាក៏ផ្តល់ជាផលវិបាកដល់សេដ្ឋកិច្ចកូរ៉េខាងត្បូងនាពេលបច្ចុប្បន្នផងដែរ។ ក្រោយពីពិភពលោកជួបវិបត្តិសេដ្ឋកិច្ចនៅចុងសតវត្សរ៍ទី២០មក គេសង្កេតឃើញថា វិសមភាពនៃប្រាក់ចំណូលក្នុងប្រទេសកូរ៉េកាន់តែកើនឡើង ដោយសារក្រុមប្រាក់ចំណូលមធ្យមចាប់ផ្តើមថយចុះពី ៦៤% ក្នុងឆ្នាំ១៩៩៧ មកត្រឹម ៥៦% ក្នុងឆ្នាំ២០១១ ដោយសារបញ្ហាជាច្រើនដូចជាការបាត់បង់ការងារ និងប្រជាជនក្រុមអាយុចាស់កាន់តែកើនឡើង។ ផ្ទុយទៅវិញ បំណែងចែកប្រាក់ចំណូលបានងាកយ៉ាងគំហុកមកក្រុមអ្នកចំណួលខ្ពស់និងខ្លះបានធ្លាក់មកនៅក្រុមអ្នកចំណួលទាប។ បណ្តុំនៃអំណាចសេដ្ឋកិច្ចដែលស្ថិតនៅក្នុងដៃរបស់ក្រុមហ៊ុនឆេបល់ភាគតិច ក៏បណ្តាលឲ្យវិសមភាពចំណូលរបស់ប្រទេសកូរ៉េកាន់តែរីកដុះដាលឡើង។ ក្រុមឆេបល់ធំជាងគេទាំង៤ មានប្រាក់ចំណួលស្មើនឹង ៦០% នៃGDPរបស់ប្រទេសកូរ៉េ ប៉ុន្តែប្រើកម្លាំងពលកម្មស្មើនឹង ២០% ប៉ុណ្ណោះ នៃពលកម្មសរុបរបស់កូរ៉េខាងត្បូង។ ចំណែកឯសហគ្រាសធុនតូចនិងមធ្យមវិញ (SMEs) ប្រើកម្លាំងពលកម្មស្មើនឹង ៨០% ប៉ុន្តែមានចំណែកតែ ៤០% នៃGDPសរុបប៉ុណ្ណោះ។

វិសមភាពសេដ្ឋកិច្ចនៅក្នុងកូរ៉េខាងត្បូង

បច្ចុប្បន្នការរីកដុះដាលនៃជំងឺកូវីដ១៩នៅជុំវិញពិភពលោក ក៏បណ្តាលឲ្យវិសមភាពចំណូលនេះកាន់តែធ្ងន់ធ្ងរឡើង។ នៅឆ្នាំ២០២០ ប្រជាជនប្រទេសកូរ៉េ ប្រហែល ២០ ម៉ឺននាក់ បានបាត់បង់ការងារ ហើយសហគ្រាសធុនតូចនិងមធ្យមកំពុងជួបប្រទះផលវិបាកជាច្រើនដោយសារតែវិធានការតឹងរ៉ឹងដែលហាមប្រាមការដើរហើរនិងការរក្សាគម្លាតដើម្បីទប់ទល់នឹងជំងឺកូវីដ១៩។ ផ្ទុយទៅវិញ ក្រុមហ៊ុនឆេបល់បានបង្ហាញពីភាពរឹងប៉ឹងទប់ទល់នឹងវិបត្តិកូវីដ១៩ ដោយសារតែក្រុមហ៊ុនយក្សឆេបល់ទាំងនេះមានក្រុមហ៊ុនតូចៗគ្រប់ដណ្តប់លើវិស័យផ្សេងៗគ្នាជាច្រើន ហើយមានក្រុមហ៊ុនតូចៗខ្លះដែលនៅក្រោមឆេបល់ទាំងនោះទទួលបានប្រាក់ចំណេញក្នុងវិបត្តិទៀតផង។ ជាក់ស្តែង ក្រុមហ៊ុនសាំស៊ុងអេឡិចត្រូនិច របស់ក្រុមហ៊ុន សាំស៊ុង ទទួលបានប្រាក់ចំណេញ ៣៥,៩៩ ទ្រីលាន វ៉ុន ឬស្មើនឹង ៣២,២២ ទ្រីលាន ដុល្លារអាមេរិក បើប្រៀបធៀបពីឆ្នាំ២០១៩ គឺកើនឡើងបាន ២៩,៦%។ ចំណែកឯក្រុមហ៊ុន អេសខេ ហ៊ីនិច (SK Hynix) របស់ក្រុមហ៊ុនក្រុមហ៊ុនអេសខេ ទទួលបានប្រាក់ចំណូលជាង ៥ ទ្រីលានវ៉ុន ឬស្មើនឹង ៤៤ ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ដែលនេះកើនបាន ៨៤% បើធៀបនឹងឆ្នាំ២០១៩។

ជារួម វិសមភាពនៃប្រាក់ចំណូលរវាងសហគ្រាសធុនតូចនិងមធ្យម និងក្រុមហ៊ុនឆេបល់កាន់តែមានភាពធ្ងន់ធ្ងរដោយសារតែវិបត្តិកូវីដ១៩។ រដ្ឋាភិបាលកូរ៉េខាងត្បូង ក្រោមការគ្រប់គ្រងរបស់លោក មូន ជេអ៊ីន (Moon Jae In) បានទទួលស្គាល់បញ្ហានេះ ហើយបានរៀបចំយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចមួយដែលប្រកបដោយគណនេយ្យភាពក្នុងការជួយទៅដល់សហគ្រាសធុនតូចនិងមធ្បម។ ប៉ុន្តែយុទ្ធសាស្រ្តនេះបានទទួលការមិនទុកចិត្តពីសំណាក់ក្រុមអភិរក្សនិយម និងម្ចាស់សហគ្រាសដែលគិតថាការអនុវត្តយុទ្ធសាស្ត្រទាំងនេះ គឺជាការដាក់សំពាធពីលើពួកគេពីសំណាក់រដ្ឋាភិបាល ដោយការដាក់ពន្ធត្រួតមកលើសហគ្រាសរបស់ពួកគេ ដើម្បីជួយស្រោចស្រង់ដល់សហគ្រាសធុនតូចនិងមធ្យម។ យុទ្ធសាស្ត្រនេះ ជាសញ្ញាណមួយដែលបង្ហាញថារដ្ឋាភិបាលកូរ៉េមានគោលបំណងកាត់បន្ថយឥទ្ធិពលរបស់ក្រុមហ៊ុនឆេបល់ទាំងក្នុងផ្នែកសេដ្ឋកិច្ចនិងនយោបាយ។ ជាក់ស្តែង នៅដើមឆ្នាំ២០២១នេះ តុលាការកំពូលរបស់កូរ៉េខាងត្បូងបានចេញសាលដីកាជាប់ពន្ធនាគារដល់លោក លី ចេយ៉ុង (Lee Jae Yong) ដែលជានាយកប្រតិបត្តិរងរបស់សាមស៊ុង ដែលលោកធ្លាប់បានដោះលែងក្នុងឆ្នាំ២០១៨ ដោយសារលោកមានជាប់ពាក់ព័ន្ធជាមួយនឹងករណីពុករលួយជាមួយនឹងរដ្ឋាភិបាលរបស់អ្នកស្រី ប៉ាក់ គុនហេ (Park Geun Hye) អតីតប្រធានាធិបតីកូរ៉េខាងត្បូង។ រដ្ឋាភិបាលកូរ៉េកំពុងងាកមករកផែនការសេដ្ឋកិច្ចនិរន្តភាពមួយដែលជួយកាត់បន្ថយវិសមភាពចំណូលរវាងសហគ្រាសកួរ៉េទាំងឡាយ។

ក្រម Nuremberg Code និងសីលធម៌ក្នុងវិជ្ជាជីវៈស្រាវជ្រាវ

ការស្រាវជ្រាវមិនថាក្នុងផ្នែកវិទ្យាសាស្ត្រសង្គម ឬផ្នែកវិទ្យាសាស្ត្រពិត ត្រូវតែអនុលោមទៅតាមក្រមសីលធម៌ដែលមិនប៉ះពាល់ដល់សុវត្ថិភាពបុគ្គល​ សីលធម៌​ និងមនុស្សធម៌។ ក្រម​ Nuremberg​ ឬ (Nuremberg Code)​ ឬជាភាសាអាឡឺម៉ង់ (Nürnberger Kodex) គឺជាកម្រងក្រមសីលធម៌អនុវត្តទៅលើការស្រាវជ្រាវដែលយកមនុស្សជាកម្មវត្ថុពិសោធន៍ (Human subject research)។​​​ ក្រមនេះត្រូវបានចងក្រងឡើងមាន ១០ មាត្រា ហើយក្រមនេះក៏បានតាក់តែងឡើងដំបូងតាមសេចក្តីសម្រេចរបស់តុលាការលើការជំនុំជម្រះលើករណី ​ Doctor Trial នៅ Nuremberg ក្រោយសង្គ្រាមលោកលើកទី ២ នៅតុលាការយោធា Nuremberg Military Tribunal ឆ្នាំ១៩៤៧។​

មូលហេតុអ្វីដែលបណ្តាលឱ្យមានការតាក់តែងក្រមឡើង?​ ហើយក្រមនេះប្រកាន់គោលការណ៍ដូចម្តេចខ្លះ?

នៅអំឡុងសតវត្សរ៍ទី២០ បស្ចិមប្រទេសបានកំពុងតែមានការរីកចម្រើនខាងវិស័យឧស្សាហកម្មដំបូង ក្នុងនោះមានការស្រាវជ្រាវជាច្រើនទៅលើវិស័យសុខាភិបាលដើម្បីអភិវឌ្ឍឱសថ ក៏ដូចជាស្វែងរកវិធីព្យាបាលជំងឺ។ ឧបទេសសីលធម៌នៅក្នុងវិស័យសុខាភិបាលបានចែងពីគោលការណ៍គោលៗមួយចំនួន ប៉ុន្តែក្រមនេះមិនបានឆ្លើយតបគ្រប់បញ្ហាសីលធម៌ដែលអាចកើតឡើងនៅក្នុងការធ្វើពិសោធន៍ស្រាវជ្រាវ ជាពិសេសនៅពេលមនុស្សត្រូវបានគេយកមកធ្វើពិសោធន៍ (Human experimentation)។ នៅដើមទសវត្សរ៍ឆ្នាំ១៩៤០ វេជ្ជបណ្ឌិតនៅប្រទេសអាឡឺម៉ង់បានធ្វើពិសោធន៍លើមនុស្ស (Nazi Human experimentation) ដោយនីតិវិធី គ្មានបទដ្ឋានសីលធម៌ ឬក៏អាចហៅថាការធ្វើទារុណកម្មខាងវេជ្ជសាស្ត្រ ក្នុងគោលបំណងអភិវឌ្ឍយុទ្ធសាស្ត្រសង្គ្រាមដល់ទាហាន ធ្វើតេស្តឱសថព្យាបាល និងពង្រឹងមនោគមវិជ្ជាហ្វាស៊ីសអាឡឺម៉ង់។ មុនពេលក្រុមណាស៊ីឡើងកាន់អំណាច ក្រុមគ្រូពេទ្យនិងអ្នកវិទ្យាសាស្ត្រអាឡឺម៉ង់ជាច្រើនបានគាំទ្រការលុបបំបាត់ជនជាតិភាគតិច (ជ្វីប) ចេញពីអាឡឺម៉ង់ និងបានបង្កើតជំរុំពិសោធន៍ (Experiment campaign) ដែលជាមូលហេតុបង្កឱ្យមានការប្រល័យពូជសាសន៍ជ្វីបនៅអំឡុងសង្គ្រាមលោកលើកទី២។ បន្ទាប់ពីកងកម្លាំងសម្ព័ន្ធមិត្តបានឈ្នះសង្រ្គាមលោកលើកទី២ អាជ្ញាធរអាមេរិកបានបើកការជំនុំជម្រះក្តីនៅក្នុងវិមាន Nuremberg ដែលពេលនោះ ក្រុមអ្នកស្រាវជ្រាវរបស់ណាស៊ីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិចំពោះការអនុវត្តស្រាវជ្រាវដែលគ្មានសីលធម៌។ នៅឆ្នាំ១៩៤៩ ក្រម Nuremberg ត្រូវបានបោះពុម្ពផ្សាយជាគោលការណ៍ណែនាំដើម្បីណែនាំអ្នកស្រាវជ្រាវនិងធ្វើពិសោធន៍លើមនុស្ស។ ក្រមនេះបានចងក្រងដោយពឹងផ្អែកលើគោលការណ៍ណែនាំសម្រាប់ពិសោធន៍មនុស្សដែលបានតាក់តែងនៅឆ្នាំ១៩៣១ (Guidelines for Human Experimentation of 1931)។

គោលការណ៍សីលធម៌ទាំង ១០​ របស់ក្រម Nuremberg ក្តោបសំខាន់ត្រួសៗទៅលើ៖
១. ការទទួលបានការយល់ព្រមស្ម័គ្រចិត្តរបស់បុគ្គលលើការចូលខ្លួនមកឱ្យធ្វើពិសោធន៍គឺចាំបាច់បំផុត។
២.​ ការពិសោធន៍ត្រូវមានគោលដៅល្អនិងជាប្រយោជន៍ដល់សង្គម។
៣. ការពិសោធន៍ត្រូវធ្វើឡើងដោយផ្អែកលើលទ្ធផលពិសោធន៍ដែលធ្លាប់បានធ្វើតេស្ត​លើសត្វ (animal experimentation) និង ឧបទេសជំនាញលើបញ្ហាពិសោធន៍​ដើម្បីធានាលើប្រតិបត្តិការពិសោធន៍។
៤. ការពិសោធន៍ត្រូវចៀសវាងការប៉ះពាល់ដល់សុវត្ថិភាពនិងសុខុមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកទទួលការពិសោធន៍។
៥. ការពិសោធន៍មិនត្រូវធ្វើឡើងក្រោមស្ថានភាពដែលមានហានិភ័យខ្ពស់ដល់មានការប្រឈមមុខនឹងការរងរបួសឬការបាត់​បង់ជីវិតនោះទេ។
៦. ប្រតិបត្តិការពិសោធន៍មិនគួរចាកឆ្ងាយពីសីលធម៌និងមនុស្សធម៌នោះទេ។
៧. ការរៀបចំត្រៀមទុកមុនត្រូវតែត្រឹមត្រូវនិងមានការប្រុងប្រយ័ត្នចំពោះបញ្ហាប្រឈមខាងមុខ។​
៨. ការពិសោធន៍គួរតែត្រូវបានធ្វើឡើងដោយអ្នកជំនាញពិតប្រាកដនិងមានការយកចិត្តទុកដាក់ខ្ពស់បំផុតលើគ្រប់ដំណាក់កាលពិសោធន៍។
៩. ក្នុងអំឡុងពេលនៃដំណើរការពិសោធន៍បុគ្គលដែលទទួលការពិសោធន៍គួរតែមានសេរីភាពក្នុងការសម្រេចចិត្តឈប់ធ្វើ។
១០. ក្នុងអំឡុងពេលនៃការសាកល្បងពិសោធន៍ អ្នកវិទ្យាសាស្ត្រដែលទទួលបន្ទុកត្រូវបញ្ចប់ការពិសោធន៍នៅដំណាក់កាលណាមួយប្រសិនបើគាត់បានវិនិច្ឆ័យឃើញពីកត្តាហានិភ័យអាចកើតឡើងនិងប៉ះពាល់ដល់សុវត្ថិភាពអ្នកចូលឱ្យធ្វើពិសោធន៍។

៥០​ឆ្នាំក្រោយពីការចងក្រងក្រម Nuremberg​ គឺនៅមិនទាន់មានប្រទេសណាមួយទទួលស្គាល់ជាផ្លូវការ ឬ ក្លាយជាគោលការណ៍ណែនាំក្រមសីលធម៌ជាផ្លូវការដោយសមាគមណាមួយឡើយ។ បស្ចិមប្រទេសបានច្រានចោលក្រម Nuremberg ដោយយល់ថា ក្រមនេះមិនមានបំណកស្រាយច្បាស់លាស់ទៅលើអត្ថន័យរបស់ក្រមថាជាអ្វីឱ្យជាក់លាក់ និងមិនបានចែងឱ្យច្បាស់ថាតើកម្រិតណាដែលចាត់ទុកថាមានការពិសោធន៍ធ្វើឡើងដោយអសីលធម៌និងអមនុស្សធម៌។ ចន្លោះប្រហោងមួយទៀតនោះគឺ សាលក្រមចុងក្រោយរបស់តុលាការទៅលើរឿងក្តីនេះមិនបានបញ្ជាក់ថាតើក្រម Nuremberg​ នេះគួរឬក៏អាចយកទៅអនុវត្តចំពោះករណីលើការធ្វើតេស្ដពិសោធន៍អ្នកទោសនយោបាយនិងអ្នកជាប់ពន្ធនាគារដែរឬទេ? លើសពីនេះ ក៏មានភាពចម្រូងចម្រាស់ដែលបានប៉ះពាល់ដល់ប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាលដោយសារតែកង្វះភាពច្បាស់លាស់ក្នុងការបកស្រាយក្រមទៅលើកម្រិតនិងវិសាលភាពនៃការពិសោធន៍ ជាពិសេសការពន្យល់ពីកម្រិតនៃភាពអសីលធម៌និងអមនុស្សធម៌ក្នុងការពិសោធន៍។

ទោះជាយ៉ាងណា ក្រមនេះត្រូវបានគេចាត់ទុកថាជាឯកសារសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រវិស័យស្រាវជ្រាវវេជ្ជសាស្ត្រ ហើយក្រមសីលធម៌ស្រាវជ្រាវនេះក៏មានឥទ្ធិពលយ៉ាងខ្លាំងផងដែរទៅលើការការពារសិទ្ធិមនុស្សនិងចៀសវាងពីការបំពានប្រឆាំងនិងមនុស្សជាតិ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ស្រង់ ខាដាណេ
គំនូរដោយ៖ កញ្ញា ហេង លីពណ្ណរាយ

វិសមភាពសេដ្ឋកិច្ចពិភពលោកដោយសារវ៉ាក់សាំងកូវីដ១៩

កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានលើកឡើងពីភាពមិន​ស្មើគ្នា និងអយុត្ដិធម៌លើការចែកចាយវ៉ាក់សំាង ដែលមានប្រទេសធំៗចំនួន ១០ មានវ៉ាក់សាំងកូវីដ១៩ក្នុងដៃចំនួន ៧៥% នៃចំនួនវ៉ាក់សាំងសរុបក្នុងពិភពលោក ខណៈប្រទេសចំនួន ១៣០ មិនមានវ៉ាក់សាំងសូម្បីតែមួយដូស។ នេះសរបញ្ជាក់ពីគម្លាតវិសមភាពនៃការទទួលបានវ៉ាក់សាំងរវាងប្រទេសអ្នកមាននិងប្រទេសអ្នកក្រក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩ ដែលបណ្ដាលមកពីកត្ដាសេដ្ឋកិច្ចនិងឥទ្ធិពលនយោបាយការបរទេស។ ទោះបីវ៉ាក់សាំងជាក្ដីសង្ឃឹមក្នុងការបើកសេដ្ឋកិច្ចឡើងវិញក៏ពិតមែន ប៉ុន្តែវិសមភាពនៃការទទួលបានវ៉ាក់សាំងនេះនឹងអាចផ្ដល់បន្ទុកបន្ថែមលើគម្លាតសេដ្ឋកិច្ចនិងការអភិវឌ្ឍរវាងប្រទេសក្រីក្រនិងប្រទេសអ្នកមាន។

ចំពោះការអនុម័តគោលនយោបាយអំឡុងពេលនៃការផលិតវ៉ាក់សាំងកូវីដ១៩ ប្រទេសធំៗបានកំណត់ជំហរខ្លួនក្នុងការស្តុកទុកវ៉ាក់សាំង ដោយមើលឃើញពីវិធីសាស្រ្តនៅក្នុងការឆ្មក់យកឱកាសសេដ្ឋកិច្ចនិងលើកមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិនាថ្ងៃខាងមុខ។ យោងតាមក្រុមយុទ្ធនាការ Oxfam វ៉ាក់សាំងកូវីដ១៩ដែលមានប្រសិទ្ធភាពជាងគេនៅលើពិភពលោក ត្រូវបានប្រទេសធំៗទិញអស់ ៥៤% នៃចំនួនសរុប ដើម្បីស្តុកទុកក្នុងបរិមាណលើសពី៣ដងនៃចំនួនប្រជាជនរបស់ប្រទេសទាំងនោះ។ នាបច្ចុប្បន្ន បើយោងទៅតាមការចេញផ្សាយរបស់ The New York Time សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានស្តុកវ៉ាក់សាំងកូវីដ១៩ចំនួន ១ ប៊ីលាន ទៅ ២ ប៊ីលាន ដូស សម្រាប់ប្រជាជនរបស់ពួកគេ ដែលនេះនឹងធ្វើឱ្យប្រទេសទាំងនោះ អាចចាប់ដំណើរការសេដ្ឋកិច្ចបន្ទាប់ពីវិបត្ដិកូវីដ១៩ លឿនជាងប្រទេសដ៏ទៃទៀតដែលមិនទទួលបានវ៉ាក់សាំង។ ជាមួយគ្នានេះប្រទេសក្រីក្រនឹងអាចរង់ចាំរហូតដល់ឆ្នាំ២០២៤ដើម្បីទទួលបានវ៉ាក់សាំងកូវីដ១៩ ដោយសារមានបន្ទុកបំណុលខ្ពស់ ដែលកត្តានេះបានកម្រិតសមត្ថភាពក្នុងការចំណាយទិញវ៉ាក់សាំង បើយោងតាមការចេញផ្សាយរបស់ Los Angeles Times។ ម៉្យាងវិញទៀត ដោយសារតែការផលិតវ៉ាក់សាំងពីស្ថាប័នឱសថធំៗបាននាំចេញទៅឱ្យតែប្រទេសអ្នកមាន ដែលធ្វើឱ្យប្រទេសដែលមានប្រាក់ចំណូលមធ្យមនឹងអាចងាកទៅរកវ៉ាក់សាំងរបស់រដ្ឋាភិបាលចិននិងរុស្សី។ អ្នកជំនាញជាច្រើនបានយល់ឃើញថា យុទ្ធនាការចែកចាយវាក់សាំងនេះគឺជាល្បែងនយោបាយមួយដែលអាចផ្តល់អំណាចទៅដល់ប្រទេសមានចំណូលខ្ពស់ ក្នុងកំណត់នូវការចែកចាយវ៉ាក់សាំងទៅដល់ប្រទេសដែលគ្មានសមត្ថភាពក្នុងការផលិតវ៉ាក់សាំងកូវីដ១៩ក្រោមការសម្លឹងមើលប្រយោជន៍សេដ្ឋកិច្ច និងការកេងចំណេញផ្នែកនយោបាយ។

វិសមភាពមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារវិសមភាពតែងតែកើតឡើងរវាងប្រទេសខ្លាំងនិងប្រទេសទន់ខ្សោយ។ យោងតាមអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ពីវិសមភាពនៃការចែកចាយវ៉ាក់សាំងកូវីដ១៩នៅជុំវិញសាកលលោក ដែលបង្ហាញឱ្យឃើញនូវពីបញ្ហាសីលធម៌នៃសហគមន៍ដែលយើងរស់នៅមួយនេះ។ លោកក៏បានជំរុញ ឱ្យប្រទេសដ៏ទៃដែលមានបចេ្ចកវិទ្យានិងសមត្ថភាពខ្ពស់ក្នុងផលិតវ៉ាក់សាំងនេះដើម្បីផ្តល់ជំនួយទៅដល់ប្រទេសដែលកំពុងខ្វះខាតផងដែរ។ ជាមួយគ្នានេះ ប្រទេសឥណ្ឌានិងប្រទេសអាហ្វ្រិកខាងត្បូងក៏បានចូលរួមដោះស្រាយបញ្ហានេះដោយមានការស្នើសុំឱ្យអង្គការពាណិជ្ជកម្មពិភពលោកលើកលែងការការពារកម្មសិទ្ធិបញ្ញា ដើម្បីអនុញ្ញាតឱ្យស្ថាប័នឱសថឈានមុខគេក្នុងការផលិតវ៉ាក់សាំងកូវីដ១៩ ចែករំលែកនូវបច្ចេកវិទ្យាឱ្យប្រទេសដ៏ទៃទៀតក្នុងការផលិតវ៉ាក់សាំងក្នុងតម្លៃសមរម្យកាលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ។ ប៉ុន្តែ សំណើនេះត្រូវបានរារាំងដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ដោយសារប្រទេសទាំងនេះបានការពារកម្មសិទ្ធិបញ្ញា និងការពារប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មផលិតវ៉ាក់សាំងរបស់ពួកគេ ក្រោមហេតុផលថាជាតម្រូវការចាំបាច់របស់គ្រឹះស្ថានផលិតវ៉ាក់សាំងសម្រាប់បន្តបង្កើតវ៉ាក់សាំងកូវីដ១៩នេះតទៅថ្ងៃខាងមុខ។

ដើម្បីកាត់បន្ថយវិសមភាពក្នុងការចែកចាយវ៉ាក់សាំង ពិភពលោកក៏បានបង្កើតយុទ្ធនាការ COVAX ដែលជាក្ដីសង្ឃឹមរបស់ប្រទេសក្រីក្រ។ COVAX ត្រូវបានបង្កើតដោយអង្គការសុខភាពពិភពលោក គណៈកម្មការអឺរ៉ុប និងរដ្ឋាភិបាលនៃប្រទេសបារាំង ក្នុងគោលបំណងសម្របសម្រួលការទិញវ៉ាក់សាំងកូវីដ១៩ជូនទៅឱ្យប្រទេសក្រីក្រនៅទូទាំងពិភពលោក។ យោងតាមការចេញផ្សាយរបស់ BBC COVAXបានចាប់ផ្តើមរៀបចំការផលិតវ៉ាក់សាំងទៅច្រើនជាង ១៨០ ប្រទេស ចាប់ពីខែមេសា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន និងមានគម្រោងក្នុងការចែកចាយវ៉ាក់សាំងចំនួន ៣៣០ លាន ដូសនៅចុងឆ្នាំ២០២១នេះ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានស្នើឱ្យក្រុមប្រទេស G២០ និងក្រុមប្រទេសអ្នមានក្នុងការបង្កើតក្រុមកម្លាំងបន្ទាន់ (Emergency Task Force) ដើម្បីរៀបចំផែនការចាក់វ៉ាក់សាំងជាសកល និងសម្របសម្រួលការអនុវត្ដផែនការនេះ និងផ្នែកហិរញ្ញវត្ថុផងដែរ។ ប៉ុន្តែ អ្វីដែលជាសំនួរនោះគឺ តើយុទ្ធនាការ COVAX អាចនឹងចែកចាយវ៉ាក់សាំងទៅដល់ប្រទេសដែលខ្វះខាតគ្រប់គ្រាន់និងទាន់ពេលវេលាឬទេ នៅពេលដែលស្ថាប័ននេះនៅតែពឹងផ្អែកលើក្រុមហ៊ុនឱសថធំៗដែលគិតពីប្រាក់ចំណេញរបស់ពួកគេ? ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនឱសថធំៗមួយចំនួនក៏បានជួបប្រទះនូវកង្វះខាតវ៉ាក់សាំង ដែលមានការពន្យារពេលក្នុងការចែកចាយវ៉ាក់សាំងទៅឱ្យយុទ្ធនាការ COVAX  និងជាពិសេសប្រទេសធំៗនៅអឺរ៉ុបជាដើម បើយោងតាម The New York Time។ ម៉្យាងវិញទៀត ដោយយោងតាមអ្នកជំនាញលើច្បាប់អន្តរជាតិនិងជំងឺឆ្លងពីសាកលវិទ្យាល័យ Keele នៃចក្រភពអង់គ្លេស លោកបានមានប្រសាសន៍ថា “មនុស្សគ្រប់រូបរស់នៅក្នុងប្រទេសដែលពឹងផ្អែកយុទ្ធនាការ COVAX ដើម្បីទទួលវ៉ាក់សាំង ប៉ុន្តែនេះគឺជាទីផ្សាបរាជ័យមួយ។ វ៉ាក់សាំងមិនមែនទទួលបានដោយសារកត្តាតម្រូវការទេ ប៉ុន្តែវាពឹងផ្អែកលើសមត្ថភាពក្នុងការទិញ ហើយ COVAX មិនអាចដោះស្រាយវិបត្ដិនោះទេ។”

ជារួម វិសមភាពសេដ្ឋកិច្ចនៅតែបន្តនៅអនាគត ប្រសិនបើប្រទេសនីមួយៗគិតពីផលប្រយោជន៍ជាតិរបស់ខ្លួនក្នុងរយៈពេលរាតត្បាតនៃជំងឺកូវីដ១៩នេះ។ ដើម្បីឱ្យសេដ្ឋកិច្ចពិភពលោកត្រលប់មកសភាពដើមឆាប់រហ័សវិញ មនុស្សគ្រប់ប្រទេសទាំងអស់ត្រូវចាក់វ៉ាក់សាំងនេះ មិនមែនតែប្រទេសដែលមានសមត្ថភាពផលិត ឬទិញវានោះទេ។ ម៉្យាងវិញទៀត ដោយយោងតាមការសិក្សារបស់កិច្ចសហប្រតិបត្តិការនៃការស្រាវជ្រាវនិងការអភិវឌ្ឍន៍ RAND ប្រសិនប្រទេសក្រីក្រមិនទទួលបានវ៉ាក់សាំងគ្រប់គ្រាន់នោះទេ ជាលទ្ធផល សេដ្ឋកិច្ចពិភពលោកនឹងអាចបោះចោលនូវប្រាក់ចំនួន ១៥៣ លានដុល្លារអាមេរិក​ ក្នុងមួយឆ្នាំ។ ដូចនេះ ការចែកចាយវ៉ាក់សាំងគឺជាការចាំបាច់មួយ មិនត្រឹមតែសម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចនោះទេ ប៉ុន្តែក៏ដើម្បីប្រយោជន៍អន្តរជាតិទាំងមូលផងដែរ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ឡេង ហ៊ត​
គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត​

ឯកសារសម្ងាត់អំពីក្របខ័ណ្ឌយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកត្រូវបានបញ្ចេញមុនកាលកំណត់ជាង២០ឆ្នាំ ធ្វើឲ្យអ្នកតាមដានសង្ស័យចំពោះការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះអាស៊ីអាគ្នេយ៍

តាម​រយៈ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៃ​សេតវិមាន សហរដ្ឋអាមេរិក​បាន​បញ្ចេញ​ឯកសារ​សម្ងាត់មួយស្ដីពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​កាល​ពី​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ២០២១។ តាម​ពិត​ទៅ ឯកសារ​សម្ងាត់​មួយនេះ​គួរតែត្រូវ​ចេញផ្សាយជាសាធារណៈ​នៅ​ឆ្នាំ២០៤៣ឯណោះទេ ពីព្រោះ​ថា​តាមច្បាប់​នៅ​សហរដ្ឋអាមេរិក ​ ចំពោះរាល់ឯកសារ​សម្ងាត់​លក្ខណៈ​សន្តិសុខ​ជាតិ​បែប​នេះគឺត្រូវ​កំណត់​ឲ្យ​មាន​រយៈពេល​អតិបរមា ២៥ឆ្នាំ ក្រោយ​ពីមាន​​ការឯកភាព​ផ្លូវការ ទើប​ផ្សព្វផ្សាយ​​​ទៅ​មជ្ឈដ្ឋាន​ទូទៅ (ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​ចេញ​ជា​ធរមាន​នៅ​ឆ្នាំ២០១៨)។

នៅ​ក្នុង​ឯកសារ​កម្រាស់​ ១៥ ទំព័រ​ដែល​បិទ​បាំង​ពាក្យ​និង​ឃ្លា​មួយ​ចំនួន​តូច​ សហរដ្ឋអាមេរិក​បាន​គូស​បញ្ជាក់​ពី​បញ្ហា​ប្រឈម​ចំពោះ​សន្តិសុខ​ជាតិ​ ក៏​ដូច​ជា​ផលប្រយោជន៍​របស់​ខ្លួន​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ អ្វី​ដែល​សំខាន់​ជាង​គេ​ក្នុង​សំណៅ​ឯកសារ​យុទ្ធសាស្ត្រ​អាមេរិក​មួយ​នេះ​គឺ អាមេរិក​ចង់​រក្សា​ភាព​ជា​បងធំ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

ជាក់ស្ដែង សហរដ្ឋអាមេរិក​បាន​មើល​ឃើញ​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​អ្នក​គំរាមកំហែង​ដល់​វត្តមាន​ខ្លួន​នៅ​ក្នុង​តំបន់​ដ៏​ធំ​មួយ​នេះ។ ហេតុនេះហើយ អាមេរិក​បាន​ដាក់​ផែនការ​សកម្មភាព​ក្នុង​ការ​ទប់ស្កាត់​ឥទ្ធិពល​ចិន តាំង​ពី​ផ្នែក​សេដ្ឋកិច្ចនិង​ផ្នែក​ឥទ្ធិពល​នយោបាយ-ការ​ទូត ហើយ​ឈាន​ទៅ​ដល់​ផ្នែក​យោធា​ទៀត​ផង​។ ទោះ​បី​ជា​សរសេរ​ក្នុង​ន័យ​អវិជ្ជមាន​ច្រើន​ក៏​ដោយ សហរដ្ឋអាមេរិក​ក៏​បាន​បង្ហាញ​ពី​ជំហរ​មួយ​ដើម្បី​សហការ​ជាមួយ​ចិន នៅ​ពេល​ណា​ដែល​ផល​ប្រយោជន៍ត្រូវបានផ្តល់​ដល់សហរដ្ឋ​អាមេរិក។

ក្រៅ​ពី​ចិន​ សហរដ្ឋអាមេរិក​ក៏​បាន​លើក​ឡើង​ពី​ផែនការ​សកម្មភាព​របស់​ខ្លួន​ចំពោះ​សម្ព័ន្ធ​មិត្តដៃ​គូ​របស់​ខ្លួនដែលរួមមាន ឥណ្ឌា និង​ប្រទេសនៅអាស៊ី​ទក្សិណ ក៏​ដូច​ជា​ ឧបទ្វីប​កូរ៉េផងដែរ ប៉ុន្តែ អត្ថបទ​នេះ​​នឹង​ផ្ដោត​ខ្លាំង​ចំពោះ​បញ្ហា​នៅ​អាស៊ីអាគ្នេយ៍។

តំបន់អាស៊ីអាគ្នេយ៍​ត្រូវ​បាន​លើកឡើង​យ៉ាងច្រើន​គួរសមផង​ដែរ​នៅ​ក្នុង​ឯកសារ​សម្ងាត់​នេះ ដោយ​មាន​ ​ផ្នែក​មួយប្រមាណ​ជា​ ១ ទំព័រ បកស្រាយ​អំពី​គោលដៅ​និង​សកម្មភាពរួម​តំបន់​រវាង​អាស៊ីអាគ្នេយ៍ និង​តំបន់​ផែន​កោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។​​ នៅក្នុងឯកសារនេះ អាមេរិក​ដាក់​ចេញ​នូវ​គោលបំណងចំនួន ៥ និង​ផែនការ​សកម្មភាព​មួយ​ចំនួនដែល​ខ្លួន​នឹង​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក។ ពាក់ព័ន្ធ​នឹង​តំបន់​អាស៊ីអាគ្នេយ៍ ​សហរដ្ឋអាមេរិកក៏​បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​តួនាទី​ស្នូល ឬតួនាទី​មជ្ឈភាព​អាស៊ាន (ASEAN Centrality) ដែល​ជា​គោល​តម្លៃ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ផងដែរ។ ម្យ៉ាងទៀតនោះ អាមេរិក​ក៏បានសង្កត់ធ្ងន់ទៅការលើក​កម្ពស់ និង​ការគាំទ្រ​ភាព​អន្តរកាល​ទៅ​កាន់​របប​ប្រជាធិបតេយ្យ​ថែមទៀតផង។

អ្នក​តាម​ដាន​កិច្ចការ​អាស៊ីអាគ្នេយ៍​ជា​ច្រើន​យល់​ថា សហរដ្ឋអាមេរិក​គ្រាន់​តែចាត់​ទុក​អាស៊ាននិង​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​មូល​ជា​តួ​រង ឬគ្រាន់​តែ​ជា​កូន​អុក​មួយ​សម្រាប់​អាមេរិក​​ទប់ទល់​នឹង​​ចិនតែ​ប៉ុណ្ណោះ។ ការ​លើកឡើង​បែប​នេះ​ គឺយោង​លើ​មូលហេតុ​ថា អាមេរិក​ក្នុង​សម័យ​រដ្ឋការ​លោក​ ដូណាល់ ត្រាំ មិន​សូវ​រវីរវល់​នឹង​កិច្ច​ប្រជុំ​កំពូល​នានា​របស់​អាស៊ាន​ទេ​ គឺគិតតែ​ពី​ប្រយោជន៍​របស់​ខ្លួន​ច្រើន​ជាង។ ក្នុង​ឯកសារ​នេះ​វិញ អ្នក​វិភាគ​កិច្ចការ​តំបន់​យល់​ថា អាមេរិកគ្រាន់​តែ​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត ប៉ុន្តែមិន​បាន​បកស្រាយ​លម្អិត​ពី​ផែនការ​សកម្មភាព​ក្នុង​ការ​លើក​កម្ពស់​តួនាទី​ស្នូល​អាស៊ាន ព្រម​ទាំង​របៀប​នៃ​ការ​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា​នោះ​ទេ​។

ចំពោះ​រឿង​តួនាទី​ស្នូល​អាស៊ាន ក្នុង​ឯកសារ​នោះ​បាន​សរសេរ​ថា អាមេរិក​គាំទ្រ​តាម​រយៈ​​ការពង្រឹង​ចំណង​មិត្តភាព​របស់​ខ្លួន​ជាមួយ​ “សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និង​ឥណ្ឌូណេស៊ី”។ អ្នក​តាមដាន​មួយ​ចំនួន​យល់​ឃើញ​ថា អាមេរិក​បាន​មើល​រំលង​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់អាស៊ាន។ បើ​និយាយ​​រឿង​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​វិញ នៅក្នុង​ឯកសារ​សម្ងាត់​មួយ​នេះ មាន​តែ​មីយ៉ាន់ម៉ា​ប៉ុណ្ណោះ ដែល​អាមេរិក​បាន​និយាយ​ថា​គាំទ្រ​ ខណៈអាមេរិក​ស្ងាត់​ឈឹងលើប្រធានបទ​ប្រទេស​ដទៃ​ ដែល​ធ្វើ​ឲ្យ​អ្នក​វិភាគ​ខ្លះ​យល់​ថា អាមេរិក​កំពុង​តែ​ប្រាសចាក​ពី​គោល​តម្លៃ​នៃ​គោលនយោបាយ​ការបរទេស​​របស់​ខ្លួន​រួម​មាន​ ការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​ជុំ​វិញ​ពិភពលោក។

ចំពោះ​មតិ​របស់​ខ្ញុំ​ផ្ទាល់​វិញ វា​ត្រឹមត្រូវ​ណាស់​ចំពោះ​ការ​លើក​ឡើង​ថា ​អាមេរិក​សម្លឹង​មើល​ការ​ទប់ស្កាត់​ចិន​ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន នេះ​គឺ​ស្រប​តាម​គោលនយោបាយ “អាមេរិក​ចម្បង” របស់​លោក ​ត្រាំ  ហើយ​ប្រាកដ​ណាស់​នៅ​លើ​ឆាក​អន្តរជាតិ​ ប្រទេស​ណា​ក៏​ប្រឹងប្រែង​ដើម្បី​ផលប្រយោជន៍​ជាតិ​របស់​គេ​ដែរ។ បើ​និយាយ​អំពី​អាស៊ាន​វិញ ​តំបន់​នេះ​សំខាន់​ចំពោះ​អាមេរិក ហើយ​សំខាន់​កាន់​តែ​ខ្លាំង​ចាប់​តាំង​ពី​ពេលដែល​ឥទ្ធិពល​របស់​ចិន​កាន់​តែ​រាលដាល​ខ្លាំង​ឡើងៗ​តាម​រយៈ​អំណាច​ទន់​ដូច​ជា រឿង​ផ្ដល់​ជំនួយ ផ្ដល់​ប្រាក់​កម្ចី ក៏​ដូច​ជា​ការ​វិនិយោគ។ ភាព​សំខាន់​នេះ​ដែរ​ក៏​អាច​ធ្វើ​ឲ្យ​តំបន់​នេះ​ក្លាយ​ជា​ចំណុច​ភូមិសាស្ត្រ​នយោបាយ​ដ៏​ក្ដៅ​គគុកមួយ​​រវាង​ចិននិង​អាមេរិក។ ហេតុ​នេះ​ហើយ​បាន​ជា​អាមេរិក​ហាក់​បី​ដូច​ជា​សកម្ម​នៅ​អាស៊ីអាគ្នេយ៍​ជាង​អាណត្តិ​ប្រធានាធិបតី​មុនៗ​ក្រោយ​សម័យ​សង្គ្រាម​ត្រជាក់។ ​សូម​បញ្ជាក់​បន្តិច​ថា ទោះ​ជា​លោក​ ត្រាំ​ ហាក់​មិន​សូវ​ខ្វល់​ខ្វាយ​នឹង​តំបន់​នេះ​ពិត​មែន ប៉ុន្តែ​មន្ត្រី​រដ្ឋការជំនាញរបស់​អាមេរិក​ទាំង​អ្នក​ការ​ទូត​និង​មន្ត្រី​យោធា​បាន​និយាយ​ជំហរ​របស់​ខ្លួន​ច្បាស់ៗ​ណាស់​នៅ​តាម​វេទិកា​ផ្សេងៗ ដែលជំហរ​នោះ​គឺ​ អាមេរិក​គាំទ្រ​តំបន់​មេគង្គនិង​អាស៊ី​អាគ្នេយ៍ដើម្បី​គេច​ចេញ​ពី​ឥទ្ធិពល​ចិន។ ឯកសារ​សម្ងាត់​នេះ​ជា​ភស្តុតាងដ៏​រឹង​មួយ អំពី​គោល​ជំហរ​អាមេរិក​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ យ៉ាងណាមិញ វា​ហាក់​បី​ដូច​ជា​ស្រពិចស្រពិល​និង​មិន​ច្បាស់​ពី​មូលហេតុ​ដែល​អាមេរិក​បញ្ចេញ​ឯកសារ​ដ៏​សំខាន់​នេះ​មុន​កាល​កំណត់​រហូត​ទៅ​ជាង ២០ឆ្នាំ។ អ្នក​ខ្លះ​យល់​ថា រដ្ឋការ​លោក​ ត្រាំ​ ធ្វើ​បែប​នេះ​ ដើម្បី​រុញ​ឲ្យ​លោក​ ចូ បៃឌិន បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​។ បើ​តាម​ការ​សង្កេត​មើលទំនោរ​គោលនយោបាយ​ការបរទេស​អាមេរិក គេ​អាច​និយាយ​បាន​ថា យុទ្ធសាស្រ្ត​ជំនាន់​លោក​ ត្រាំ​ មួយ​នេះ អាច​នឹង​នៅ​បន្ត​ដដែល​។ យើង​អាច​សម្គាល់បាន​តាម​រយៈ​សកម្មភាព​មួយ​ចំនួន​របស់​យោធា​អាមេរិក​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ក៏​ដូច​ជា​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​អាមេរិកនិង​មេដឹកនាំ​អឺរ៉ុប​ ព្រម​ទាំង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ជាមួយ​​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ខ្លួន​។ យ៉ាងណាមិញ ការ​បន្ត​អនុវត្ត​​មាន​កម្រិត​ត្រឹម​ណា យើង​នឹង​រង់​ចាំ​មើល​ទៀត ប៉ុន្តែ​យើង​អាច​ដឹង​ច្បាស់​ថា ឯកសារ​សម្ងាត់​អំពី​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​អាមេរិក​អាច​ជា​ឯកសារ​យោង​ដ៏​សំខាន់​សម្រាប់​តាម​ដាន​ចលនា​របស់​អាមេរិក​នៅភាគ​ខាង​កើត​ដ៏​ធំ​នៃ​ទ្វីប​អាស៊ី៕

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទពីប្រិយមិត្ដ៖ លោក Him Rotha
គំនូរដោយ៖ កញ្ញា គង់ រដ្ធាវី

ចោរកម្មសមុទ្រ និងច្បាប់អន្តរជាតិ

មហាសមុទ្រជាប្រភពនៃពហុធនធានសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់មនុស្សជិត៨ពាន់លាននាក់ទូទាំងពិភពលោក តាមរយៈធនធានចម្រុះផ្សេងៗ ដូចជា ប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ  រ៉ែ ជីវៈចម្រុះ ត្រីគ្រប់ប្រភេទ និងជាផ្លូវធ្វើដំណើរ ដឹកជញ្ជូនទំនិញ បណ្តាញខ្សែកាបអ៊ីនធឺណេតបាតសមុទ្រ ថ្នាំឱសថព្យាបាលជំងឺ ថាមពលអគ្គិសនី បម្រែបម្រួលអាកាសធាតុ  ទេសចរណ៍ និងការងារ។ល។ ហើយការធ្វើពាណិជ្ជកម្មអន្តរជាតិក៏ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើសមុទ្រ​ផងដែរ។ យោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (Organisation for Economic Co-operation and Development) ជាង ៩០% នៃការដឹកជញ្ជូនទំនិញត្រូវបានធ្វើដំណើរតាមផ្លូវទឹក។ ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកតែងតែជួបប្រទះបញ្ហាគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ដូចជា បញ្ហាធាតុអាកាសប្រែប្រួល ប្រព័ន្ធប្រតិបត្តិការមិនប្រក្រតី ការប៉ះទង្គិចវត្ថុរឹងក្រោមបាតសមុទ្រ ការផ្ទុះឆេះជាយថាហេតុ និងត្រូវពួកចោរសមុទ្រប្លន់ជាដើម។ អំពើឆក់ប្លន់តាមសមុទ្រ (Maritime Piracy) ជាបទល្មើសព្រហ្មទណ្ឌអន្តរជាតិ (International Crime) មួយក្នុងចំណោមបទល្មើសព្រហ្មទណ្ឌអន្តរជាតិផ្សេងទៀត រួមមាន ឧក្រិដ្ឋកម្មសង្រ្គាម (War Crime) ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ (Crime against Humanity) អំពើប្រល័យពូជសាស​ន៍ (Genocide) ភេរវកម្ម (Terrorism) សកម្មភាពនៃការឈ្លានពាន (Act of Aggression) ការប្លន់និងចាប់ជំរិតយន្តហោះ (Air Hijacking) និងការជួញដូរទាសករ (the Slave Trade) ជាដើម។

ចោរកម្មសមុទ្រជាបញ្ហាប្រឈមដែលពិភពលោកកំពុងជួបប្រទះ និងពិបាកទប់ស្កាត់ ព្រោះសកម្មភាពរបស់ក្រុមឧក្រិដ្ឋជនតែងតែប្រព្រឹត្តបទល្មើសនៅឯនាយសមុទ្រ ម៉្យាងទៀត ទីតាំង ឬជម្រករបស់ពួកចោរសមុទ្រមិនមានភាពអចិន្រ្តៃយ៍ ដែលធ្វើឱ្យមានការពិបាកក្នុងការតាមប្រមាញ់។ ការនិយាយអំពីចោរកម្មសមុទ្រ យើងមិនភ្លេចឡើយនូវរឿងរ៉ាវពលករខ្មែរចំនួន ៤ នាក់​ដែល​ធ្លាប់រួច​ជីវិត​ពី​ចោរ​សមុទ្រ​សូម៉ាលីកាលពីចុងឆ្នាំ២០១៦ ដែលពួកគេត្រូវបានក្រុម​ចោរសមុទ្រ​ប្រទេស​សូម៉ាលី​ចាប់​​ជា​ចំណាប់​ខ្មាំង​​ជិត ​៥ ឆ្នាំ ដោយទាមទារទឹកប្រាក់ចំនួន ១ លានដុល្លារអាមេរិកដើម្បីរំដោះពួកគេ។ យោងតាមរបាយការណ៍របស់ Statista ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអាល្លឺម៉ង់បានបង្ហាញថា បទល្មើសឆក់ប្លន់តាមសមុទ្រ សរុបពីឆ្នាំ២០១០ដល់ឆ្នាំ២០១៩ មានចំនួន​ ២.៦៧០ ករណី។ នាយកប្រតិបត្តិការិយាល័យប្រឆាំងឧក្រិដ្ឋកម្មនិង​គ្រឿងញៀននៃអង្គការសហប្រជាតិ លោក យូរី ហ្វេដូថូវ (Yury Fedotov) បានឱ្យដឹងថា ​ឧក្រិដ្ឋកម្មក្នុងដែនសមុទ្រអន្តរជាតិពិបាក​ក្នុងការដោះស្រាយ​ ដោយសារតែ​ដែនសមុទ្រអន្តរជាតិមិនស្ថិតនៅក្រោម​យុត្តាធិការរបស់​ប្រទេសណាមួយឡើយ។

អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ (United Nations Convention on the Law of the Sea) ​ចុះ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៨២ មានចែងយ៉ាងលម្អិតអំពីបញ្ហាមហាសមុទ្រសរុបទាំងអស់ ៣២០ មាត្រា។ គួរកត់សម្គាល់ផងដែរថា កម្ពុជាក៏បានចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុវត្ត​​បទប្បញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រទាក់ទង​​នឹង​ការគ្រប់គ្រង​ និង​ការអភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យមនិង​ឆ្ងាយ​ផងដែរ​។ ពាក្យថាអំពើប្លន់តាមសមុទ្រ (Piracy) ត្រូវបានកំណត់និយមន័យជាផ្លូវការក្នុងមាត្រា១០១ បានចែងថា៖ អំពើឆក់ប្លន់តាមសមុទ្រមានដូចខាងក្រោម៖
ក). អំពើហិង្សាខុសច្បាប់ ការឃុំឃាំង ឬ សកម្មភាពឆក់ប្លន់ណាមួយដែលប្រព្រឹត្តឡើងក្នុងគោលបំណងសម្រាប់ជាផលប្រយោជន៍ឯកជនដោយក្រុមនាវិក ឬ អ្នកដំណើរនៃនាវាឯកជនមួយ ឬ យន្តហោះឯកជនមួយដែលអំពើនោះតម្រង់ឆ្ពោះទៅ៖ (i) តំបន់ឯនាយសមុទ្រ ប្រឆាំងនឹងនាវា ឬ យន្តហោះដទៃទៀត ឬ ប្រឆាំងនឹងបុគ្គល ឬ ទ្រព្យសម្បត្តិនៅលើនាវា ឬ យន្តហោះ។ (ii) ប្រឆាំងនឹងនាវា យន្តហោះ បុគ្គល ឬ ទ្រព្យសម្បត្តិ នៅទីកន្លែងមួយដែលស្ថិតនៅក្រៅយុត្តាធិការរបស់រដ្ឋណាមួយ។
ខ). សកម្មភាពណាមួយដែលចូលរួមដោយស្ម័គ្រចិត្តនៅក្នុងប្រតិបត្តិការរបស់នាវាមួយ ឬ យន្តហោះមួយ ដែលមានកត្តាជាក់ស្ដែង​ឱ្យដឹងថានាវា ឬ យន្តហោះនោះប្រើប្រាស់សម្រាប់សកម្មភាពប្លន់តាមសមុទ្រ។
គ). អំពើញុះញង់ ឬ ចេតនាទាំងឡាយណាដែលជួយសម្រួលដល់អំពើដែលមានចែងក្នុងអនុមាត្រា ក និង ខ។

យោងតាមទស្សនាវដ្ដីស្រាវជ្រាវដោយបណ្ឌិតសភាចារ្យ ខៀវ ថវិកា បានលើកឡើងថា ក្នុងសតវត្សរ៍ទី១៧ រដ្ឋណាដែលចាប់បាននាវាចោរសមុទ្រ រដ្ឋនោះមានសិទ្ធិកាន់កាប់ទ្រព្យសម្បត្ដិដែលមាននៅលើនាវានោះ ប៉ុន្តែដល់សតវត្សរ៍ទី១៨ រដ្ឋទាំងអស់បានព្រមព្រៀងថា ទ្រព្យសម្បត្តិនិងកម្មសិទ្ធិនានាដែលមាននៅលើនាវានោះ ត្រូវប្រគល់ឱ្យម្ចាស់ដើមពិតប្រាកដវិញ។ ប៉ុន្តែ ក្នុងករណីមិនមានភាពច្បាស់លាស់ថា នរណាមួយជាម្ចាស់នាវានិងទ្រព្យសម្បត្តិទេ នាវានិងទ្រព្យសម្បត្តិនោះនឹងក្លាយទៅជាកម្មសិទ្ធិរបស់រដ្ឋដែលចាប់បាននោះ។ ដូច្នេះហើយ ទើបបច្ចុប្បន្នគេបានអនុញ្ញាតឱ្យនាវានិងយន្តហោះទាំងឡាយមានសិទ្ធិចុះសញ្ជាតិរបស់រដ្ឋខ្លួន ឬនៅរដ្ឋដទៃ។

យោងតាមសភាពាណិជ្ជកម្មអន្តរជាតិ (International Chamber of Commerce) អ្នកដើរកប៉ាល់ទាំងអស់ត្រូវបានក្រើនរំលឹកឱ្យប្រុងប្រយ័ត្នបន្ថែមនៅពេលធ្វើដំណើរឆ្លងកាត់តំបន់ទាំងបីរួមមាន៖
– អាស៊ីអាគ្នេយ៍និងឧបទ្វីបឥណ្ឌា ជាពិសេសច្រកសមុទ្រម៉ាឡាកា (Malacca Straits) ដែលស្ថិតនៅចន្លោះប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី ច្រកសមុទ្រសិង្ហបុរី (Singapore Straits) និងសមុទ្រចិនខាងត្បូង (South China Sea) ជាដើម។
– ទ្វីបអាហ្រិក ជាពិសេសតំបន់សមុទ្រក្រហម (Red Sea) ឈូងសមុទ្រអាដេន (Gulf of Aden) សូម៉ាលី (Somalia) សមុទ្រអារ៉ាប់ (Arabian Sea) និង មហាសមុទ្រឥណ្ឌា (Indian Ocean)។
– អាមេរិកខាងត្បូងនិងកណ្តាល ជាពិសេសគឺតំបន់សមុទ្រការ៉ាប៊ីន (Caribbean Sea)។
តំបន់ទាំងអស់គឺសុទ្ធសឹងតែជាតំបន់ដែលមានគ្រោះថ្នាក់ និងប្រឈមជាមួយចោរកម្មសមុទ្រកើតមានឡើងជាញឹកញាប់។ នៅឆ្នាំ២០១៣ ធនាគារពិភពលោកបានបោះពុម្ពផ្សាយនូវរបាយការណ៍មួយឈ្មោះថា ការជំនុំជម្រះក្ដីចោរសមុទ្រ (Pirate Trials) បានបង្ហាញឱ្យឃើញថា​ ចោរកម្មរបស់ប្រទេសសូម៉ាលីបានបណ្ដាលឱ្យខាតបង់ជាមធ្យមប្រចាំឆ្នាំចំនួន ១៨ ពាន់លានដុល្លារអាមេរិកចំពោះពាណិជ្ជកម្មពិភពលោក។

យ៉ាងណាក៏ដោយ ភ្នាក់ងារពាក់ព័ន្ធនឹងអង្គការអន្តរជាតិមួយចំនួន ដូចជា ការិយាល័យសមុទ្រអន្តរជាតិ (International Maritime Bureau) ជាភ្នាក់ងាររបស់សភាពាណិជ្ជកម្មអន្តរជាតិ អង្គការដែនសមុទ្រអន្តរជាតិ (International Maritime Organization) ជាភ្នាក់ងារជំនាញក្រោមអង្គការសហប្រជាជាតិ និងប្រទេសជាច្រើនទៀត ដូចជា សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី កាណាដា​​ ប្រទេសក្នុងសហភាពអ៊ឺរ៉ុប ឥណ្ឌា សិង្ហបុរី និងឥណ្ឌូនេស៊ីជាដើម បានធ្វើសេចក្ដីព្រៀងនិងដាក់ចេញនូវគោលនយោបាយផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាចោរកម្មសមុទ្រនេះ។ តួយ៉ាង ប្រទេសថៃបានរៀបចំគម្រោងជីព្រែកសិប្បនិម្មិតតម្លៃរាប់ពាន់លានដុល្លារនៅភាគខាងត្បូងនៃប្រទេសខ្លួន ពុះប្រទេសជាពីរធ្វើជាផ្លូវទឹកដើម្បីភ្ជាប់មហាសមុទ្រឥណ្ឌានិងសមុទ្រចិនខាងត្បូង ត្បិតតែក្នុងគោលបំណងជួយសម្រួលដល់នាវាដឹកជញ្ជូនទំនិញពាណិជ្ជកម្មដែលកាត់បន្ថយចម្ងាយធ្វើដំណើរយ៉ាងតិចប្រហែល ១.០០០ គីឡូម៉ែត្រ និងដើម្បីផលប្រយោជន៍យុទ្ធសាស្ត្រនយោបាយផងដែរនោះ ប៉ុន្តែវាក៏ជាកត្តាមួយសម្រាប់កាត់បន្ថយចោរកម្មសមុទ្រនៅច្រកម៉ាឡាកាផងដែរ បើយោងទៅតាមការចេញផ្សាយរបស់ Channel News Asia។ ប៉ុន្តែ គម្រោងនេះនៅមានមតិមិនយល់ស្របជាច្រើនក្នុងជួរថ្នាក់ដឹកនាំប្រទេសថៃនិងអ្នកជំនាញផ្សេងៗ ដែលធ្វើឱ្យមានការរាំងស្ទះមិនអាចអនុវត្តទៅបាន។ ម៉្យាងវិញទៀត បច្ចុប្បន្ននេះ ភាពជឿនលឿននៃបច្ចេកវិទ្យានៃបដិវត្តន៍​ឧស្សាហកម្ម៤.០ បានជំរុញឱ្យក្រុមហ៊ុននាវាសម្រេចចិត្តប្រើប្រាស់សេវាកម្មតាមដានដោយផ្កាយរណប (Satellite Tracking Service) ដាក់របងប្រព័ន្ធអគ្គិសនី (Electric Fences) ជុំវិញនាវាធ្វើដំណើរ​ និងមធ្យោបាយជាច្រើនទៀតក្នុងការទប់ស្កាត់​និងរារាំងមិនឱ្យចោរសមុទ្រមកបៀតបៀនបាន។

សរុបសេចក្ដីមក បញ្ហាចោរកម្មសមុទ្រជាកត្តារាំងស្ទះដល់ការដឹកជញ្ជូនទំនិញពាណិជ្ជកម្ម និងជះឥទ្ធិពលដោយផ្ទាល់ទៅលើកំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសទៅទៀត បង្ករជាបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ពិភពលោកនៅលើផ្លូវទឹកអន្តរជាតិ។ ដោយសារយុត្តាធិការរបស់រដ្ឋមានដែនកំណត់ ហើយទំនួលខុសត្រូវធ្លាក់លើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូច្នេះការធ្វើអន្តរាគម៍អាចមានភាពមិនសូវរលូន ដោយខ្វះការចូលរួមសហការពីសំណាក់រដ្ឋជុំវិញតំបន់ឧក្រិដ្ឋកម្ម។ ទំនាស់ផលប្រយោជន៍ក៏អាចនឹងកើតមានចំពោះតំបន់កើតហេតុដែលស្ថិតនៅចន្លោះរវាងរដ្ឋពីរ ឬច្រើន ដោយសារការកំណត់ព្រំដែនទឹកមិនមានភាពច្បាស់លាស់។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទចែករំលែកដោយ៖ លោក ធា សុណា
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា គង់ រដ្ធាវី

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ