"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ តើពួកតាលីបង់គឺជានរណា?

តាលីបង់ (Taliban) ជាភាសាផាសតូ (Pashto) ប្រែថា “សិស្ស” គឺជាក្រុមបក្សពួកនិយមខាងនយោបាយ និងសាសនាជ្រុលនិយមអ៊ីស្លាមដែលបានលេចឡើងនៅប្រទេសអាហ្វហ្កានីស្ថាន នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីការដកកងទ័ពសូវៀត និងការដួលរលំនៃរបបកុម្មុយនីស្តអាហ្វហ្កានីស្ថាន និងការបែកបាក់ជាបន្តបន្ទាប់នៃសណ្តាប់ធ្នាប់ស៊ីវិល។ ក្រុមនេះបានចាប់ផ្តើមឡើងដោយកម្លាំងតូចមួយនៃក្រុមសិស្សានុសិស្ស និងអ្នកប្រាជ្ញខាងសាសនានៅប្រទេសអាហ្វហ្កានីស្ថានក្នុងគោលបំណងធ្វើការប្រឈមមុខនឹងឧក្រិដ្ឋកម្ម និងអំពើពុករលួយ។

នៅឆ្នាំ១៩៩៤ ក្រុមអតីតយុទ្ធជនដែលមានទំនាក់ទំនងជាមួយ ម៉ាដ្រាសា នៅក្នុងភូមិមួយនៃខេត្តកាន់ដាហា (Kandahar) បានបង្ក្រាបមេទ័ពក្នុងស្រុកបានដោយជោគជ័យ។ បន្ទាប់មក ពួកតាលីបង់បានទទួលការគាំទ្រដ៏ពេញនិយម នឹងបានរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅចុងឆ្នាំ១៩៩៦ ពួកតាលីបង់បានដណ្ដើមយករដ្ឋធានីកាប៊ុល និងគ្រប់គ្រងនៅលើតំបន់ចំនួនពីរភាគបីនៃផ្ទៃប្រទេសអាហ្វហ្កានីស្ថាន។ របបគាបសង្កត់យ៉ាងឃោរឃៅនេះបានមកពីមនោគមវិជ្ជាសាសនាដ៏តឹងរឹង ដែលជាល្បាយនៃប្រពៃណីនិយម (Deobandi និង Wahhābī puritanism​) កូដសង្គម​ (Pashtun ) និងអភិរក្សនិយម( Pashtunwali )។

គោលនយោបាយរបស់ក្រុមនេះរួមមាន ហាមឃាត់ស្ត្រីមិនឱ្យចេញទៅទីសាធារណៈដូចជាការប្រកបរបរការងារ និងទទួលបានការអប់រំនៅសាលាជាដើម ព្រមទាំងបានបំផ្លិចបំផ្លាញវត្ថុបុរាណ និងសិល្បៈដែលមិនមែនជារបស់សាសនាអ៊ីស្លាម និងការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរទៀតផង។ នៅឆ្នាំ២០០១ ពួកតាលីបង់បានគ្រប់គ្រងលើប្រទេសអាហ្វហ្កានីស្ថានស្ទើរទាំងស្រុង លើកលែងតែផ្នែកតូចមួយនៃភាគខាងជើងអាហ្វហ្កានីស្ថានតែប៉ណ្ណោះ ប៉ុន្តែសហគមន៍អន្តរជាតិភាគច្រើនមិនបានទទួលស្គាល់របបមួយនេះឡើយ លើកលែងតែប្រទេសអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងអេមីរ៉ាតអារ៉ាប់រួមប៉ុណ្ណោះដែលបានទទួលស្គាល់របបនេះ។

អាហ្វហ្កានីស្ថានក្រោយការកាន់កាប់របស់ពួកតាលីបង់

នៅខែធ្នូ ឆ្នាំ២០២១ ក្រុមតាលីបង់បានចូលកាន់អំណាចនៅប្រទេសអាហ្វហ្កានីស្ថានម្ដងទៀត ក្រោយពីការផ្តួលរំលំដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០១។ ប្រទេសអាហ្វហ្កានីស្ថានជាប្រទេសដែលបានធ្លាក់ទៅក្នុងរណ្តៅនៃភាពក្រីក្ររួចស្រេចទៅហើយ បែរជាត្រូវធ្លាក់ក្រោមភ្លើងសង្រ្គាម និងភាពឯកោ​ពីសហគមន៍អន្តរជាតិទៀត។ ការណ៍នេះបណ្ដាលឱ្យកើតមានវិបត្តិសេដ្ឋកិច្ចក្រោយការកាន់កាប់របស់តាលីបង់ក្នុងឆ្នាំ២០២១។

ក្រៅពីនេះ ភាពក្រីក្រកាន់តែធ្ងន់ធ្ងរឡើងដោយសារជួបនឹងគ្រោះរាំងស្ងួត និងគ្រោះធម្មជាតិដែលបានកើតឡើងដោយកត្តាការប្រែប្រួលអាកាសធាតុ។ យោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ឆ្នាំ២០២១ ប្រជាជនអាហ្វហ្កានីស្ថានចំនួន ៩៧% កំពុងរស់នៅក្នុងភាពក្រីក្រ ដែលកាលពីឆ្នាំ២០២០ មានតែ ៤៧% ប៉ុណ្ណោះ។ កង្វះនៃការគាំពារសង្គម បាននាំឱ្យគ្រួសារនៅក្នុងប្រទេសអាហ្វហ្កានីស្ថានស្វែងរកមធ្យោបាយចិញ្ចឹមជីវិតនានា ដែលក្នុងនោះរួមមានការរៀបអាពាហ៍ពិពាហ៍តាំងពីវ័យនៅក្មេង និងការលក់សរីរាង្គទៀតផង។ ដោយឡែក ជំនួយមនុស្សធម៌ក៏មានផងដែរសម្រាប់ទប់ស្កាត់ការអត់ឃ្លាន ប៉ុន្តែមិនបានរួមចំណែកដល់តម្រូវការសង្គមផ្សេងទៀតនោះទេ។

ការប្រហារជីវិតក្រៅប្រព័ន្ធតុលាការ ហាក់ដូចជាមានការរីករាលដាលយ៉ាងខ្លាំងផងដែរ។ ជាពិសេស វាបានកើតឡើងទៅលើក្រុមមនុស្សដែលមានទំនាក់ទំនងជាមួយអតីតរដ្ឋាភិបាល សមាជិកនៃក្រុមប្រដាប់អាវុធ ដូចជារណសិរ្សតស៊ូជាតិ (NRF) រដ្ឋអ៊ីស្លាមខេត្ត កូរ៉ាសាន (Khorasan) និងអ្នកដែលត្រូវបានចោទប្រកាន់ថាមិនអនុវត្តតាមច្បាប់របស់ពួកតាលីបង់។ នៅចន្លោះខែសីហា ឆ្នាំ២០២១ ដល់ខែកក្កដា ឆ្នាំ២០២២ បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្កានីស្ថាន (UNAMA) បានកត់ត្រាចំនួនជនស៊ីវិលចំនួន ២១០៦ នាក់ ដែលបានស្លាប់បាត់បង់ជីវិត។​ ក្រៅពីនេះ អង្គការសហប្រជាជាតិបានរាយការណ៍ថា មានការសម្លាប់ក្រៅប្រព័ន្ធតុលាការយ៉ាងហោចណាស់ចំនួន ៦៩ ករណីផ្សេងទៀតកាលពីថ្ងៃទី១២ និងទី១៤ ខែកញ្ញា នៅក្នុងខេត្តផាញសៀ (Panjshir) ។

ក្រោយការសម្លាប់ក្រៅប្រព័ន្ធតុលាការនេះ ក្រុមតាលីបង់បានអះអាងថា អ្នកដែលពួកគេបានសម្លាប់ គឺជាពួកឧទ្ទាម បើទោះបីជាអ្នកស្លាប់ទាំងអស់សុទ្ធតែជាជនស៊ីវិលក៏ដោយ។ និទណ្ឌភាព ឬ ភាពមិនត្រូវបានផ្តន្ទាទោស ត្រូវបានក្រុមតាលីបង់យកមកប្រើប្រាស់ដើម្បីយកឈ្នះលើក្រុមដែលប្រឆាំងនឹងខ្លួន ទោះបីជាក្រុមនេះបានប្រព្រឹត្តឧក្រិដ្ឋកម្មក៏ដោយ មិនមានការស៊ើបអង្កេតត្រឹមត្រូវ ឬតម្លាភាពចំពោះការកាត់ទោសក្រៅប្រព័ន្ធតុលាការ ឬ ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនោះទេ។ មន្ត្រីតាលីបង់បានបន្តបដិសេធថា មិនមានការរំលោភបែបនេះបានកើតឡើងទេ ហើយបានច្រានចោលការរកឃើញរបស់អង្គការក្រៅរដ្ឋាភិបាល រួមទាំងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ផងដែរ។

ពួកតាលីបង់បានចាប់ផ្តើមប្រហារជីវិតជាសាធារណៈ ដោយចោទថាបានប្រព្រឹត្តឃាតកម្ម ចោរកម្ម ទំនាក់ទំនងមិនស្របច្បាប់ ឬ បានរំលោភលើបទដ្ឋានសង្គមជាដើម។ ចន្លោះពីថ្ងៃទី១៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៦ ខែធ្នូ មនុស្សជាង ១០០ នាក់ត្រូវបានវាយដំនៅទីសាធារណៈនៅក្នុងពហុកីឡាដ្ឋានក្នុងខេត្តមួយចំនួន។

សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយបានធ្លាក់ចុះជាខ្លាំង ខណៈដែលក្រុមតាលីបង់បានបង្កើតបរិយាកាសបំភិតបំភ័យ ដោយបង្ខំឱ្យប្រព័ន្ធផ្សព្វផ្សាយជាច្រើនត្រូវបិទទ្វារ។ អ្នកកាសែតប្រឈមមុខនឹងការរឹតបន្តឹង ការចាប់ខ្លួនតាមអំពើចិត្ត ការឃុំខ្លួនដោយខុសច្បាប់ និងការធ្វើទារុណកម្ម នៅពេលដែលពួកគេរិះគន់ពួកតាលីបង់។ អ្នកកាសែតជាច្រើននាក់ទៀតបានភៀសខ្លួនចេញពីប្រទេស រីឯអ្នកសារព័ត៌មានទូរទស្សន៍ស្ត្រី ត្រូវបង្ខំឱ្យបិទមុខរបស់ពួកគេស្ទើរតែទាំងស្រុង។

គណៈកម្មាធិការសិទ្ធិមនុស្សឯករាជ្យអាហ្វហ្កានីស្ថាន (AIHRC) ដែលជាស្ថាប័នសិទ្ធិមនុស្សជាតិនៅតែបន្តបិទទ្វារ។ ពួកតាលីបង់បានបិទក្រសួងកិច្ចការនារីដោយប្តូរទៅជា ក្រសួងផ្សព្វផ្សាយគុណធម៌ និងបង្ការទម្លាប់អាក្រក់ (Ministry for the Propagation of Virtue and Prevention of Vice) ដែលបានដាក់ចេញក្រឹត្យដើម្បីរឹតត្បិត និងបំពានលើសិទ្ធិស្ត្រី និងកុមារី។ ស្ត្រី​ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​រឹតត្បិត​ ត្រូវបាន​ឃុំខ្លួន​ដោយ​ខុសច្បាប់ និង​រងសម្ពាធពីការប្រើប្រាស់អំពើ​ហិង្សាទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក្មេងស្រីនៅតែត្រូវបានហាមឃាត់មិនឱ្យចូលរៀននៅអនុវិទ្យាល័យ និងថ្នាក់ឧត្តមសិក្សាឡើយ ដោយឱ្យរៀនត្រឹមតែនៅបឋមសិក្សាប៉ុណ្ណោះ។

ពួកតាលីបង់បានកំណត់ឱ្យស្ត្រីស្លៀកពាក់ជិតពីក្បាលដល់ចុងជើង និងតម្រូវឱ្យសមាជិកក្នុងគ្រួសារជាបុរស អមដំណើរជាមួយនៅពេលដែលពួកគេធ្វើដំណើរចេញនៅទីសាធារណៈ។ កាលពីខែសីហា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា និស្សិតសាកលវិទ្យាល័យស្ត្រីចំនួន ៦០ នាក់ត្រូវបានបដិសេធមិនឱ្យចេញពីប្រទេសអាហ្វហ្កានីស្ថាន ដោយសារតែពួកគេមិនមានអ្នកអមដំណើរជាមួយ។លើសពីនេះ ក្រុមតាលីបង់បានប្រកាសថា សាច់ញាតិរបស់ស្ត្រីទាំងនោះគឺជាអ្នកទទួលខុសត្រូវ ចំពោះការរំលោភបំពានដែលមានចំពោះស្រ្តី។ ប្រការនេះបាននាំឱ្យសមាជិកគ្រួសារមានការរឹតត្បិតសិទ្ធិរបស់ស្ត្រីកាន់តែខ្លាំង ដោយសារតែការភ័យខ្លាចចំពោះការសងសឹកពីសំណាក់អាជ្ញាធរតាលីបង់។ ជាមួយគ្នានេះផងដែរ ក្នុងខែធ្នូ ឆ្នាំ២០២២ ពួកតាលីបង់បានហាមឃាត់ស្ត្រី និងកុមារីមិនឱ្យធ្វើការក្នុងអង្គការក្រៅរដ្ឋាភិបាល។ ការរឹតបន្តឹងនេះ ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ស្ត្រី ជាពិសេសគ្រួសារដែលស្ត្រីជាអ្នករកចំណូលចិញ្ចឹមជីវិត ខណៈពេលមានអសន្តិសុខស្បៀងនៅក្នុងប្រទេសផងដែរ។

ការកាន់កាប់រដ្ឋាភិបាលដោយពួកតាលីបង់បានបន្តធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស ដូចជាការបណ្ដេញវេជ្ជបណ្ឌិត វិស្វករ មេធាវី គ្រូបង្រៀន និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងស្ត្រីដែលមានចំណេះដឹងក្នុងវិស័យថែទាំសុខភាព ដូច្នេះវាបានធ្វើឱ្យវិស័យទាំងនោះបាត់បង់ធនធានយ៉ាងច្រើន ឯការទទួលបានសេវាថែទាំសុខភាព ការងារ និងការអប់រំក៏ត្រូវជួបនឹងភាពពិបាកខ្លាំង។

ការភ័យខ្លាចពីការធ្វើទុក្ខបុកម្នេញរបស់ពួកតាលីបង់ ប្រជាជនអាហ្វហ្កានីស្ថានមួយចំនួនធំបានបន្តភៀសខ្លួនចេញពីប្រទេសនេះ។ នៅដើមឆ្នាំ២០២២ ប្រជាជនចំនួន ៣,៨ លាននាក់ ត្រូវបានផ្លាស់ទីលំនៅក្នុងស្រុក ដោយស្ថានភាពមិនច្បាស់លាស់ និងលទ្ធភាពក្នុងការទទួលបាននូវការការគោរពសិទ្ធិមនុស្សរបស់ពួកគេ។ ជនភៀសខ្លួនអាហ្វហ្កានីស្ថានមួយចំនួនត្រូវបានបាញ់សម្លាប់ ឬបដិសេធការសុំជ្រកកោន ជួបនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្សេងទៀតដោយអាជ្ញាធរតាលីបង់។ ជនភៀសខ្លួនមួយចំនួនទៀតត្រូវបានអាជ្ញាធរដេញឱ្យចូលទៅកន្លែងដើមវិញ ដោយត្រូវរស់នៅប្រឈមមុខជាមួយនឹងភាពក្រីក្រខ្លាំងបំផុត។

វិចារណកថាថ្ងៃសុក្រ៖ ប្រទេសអង់គ្លេសប្រកាសកិច្ចព្រមព្រៀងចូលជារួមជាមួយដៃគូដោះដូរសេរីអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CPTPP

ការសម្រេចចិត្តដែលចំណាយរយៈពេលជិត២ឆ្នាំ ប្រទេសអង់គ្លេសក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បី​ចូលរួម​ជាមួយ​ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់ CPTPP នៅថ្ងៃទី៣១ មីនា ២០២៣នេះ។ ក្នុងនោះផងដែលគេបានកត់សម្គាល់ឃើញថាអង់គ្លេស​ជា​ប្រទេស​អឺរ៉ុប​ទី១ ដែល​បាន​ចូលរួម​ជាមួយ CPTPPនេះ ហើយការចូលរួមកិច្ចព្រមព្រៀងនេះជាដំណឹងមួយល្អសម្រាប់ភាគីទាំងអង់គ្លេស និងប្រទេសជាសមាជិក CPTPPផងដែរព្រោះកិច្ចព្រមព្រៀងនេះនឹងដើរតួនាទីបម្រើឧត្តមប្រយោជន៍ភាគីទាំងសងខាង ។ ពិសេសជាងនេះទៅទៀត លោកនាយករដ្ឋមន្ដ្រី ​រីស៊ី ស៊ូណាក់​ បាន​ថ្លែងនូវសេចក្ដីអំណរព្រមទាំង​បញ្ជាក់ពីវត្តមាននៃការចូលរួមរបស់អង់គ្លេសថា ជា​ការ​ចូលរួមជាមួយបណ្ដាប្រទេស​សេដ្ឋកិច្ច​ប៉ាស៊ីហ្វិក​ដ៏​មាន​សក្តានុពល និង​កំពុង​មាន​កំណើន​សេដ្ឋកិច្ចជាបន្ដបន្ទាប់ហើយជាឱកាសនៃការកសាងទំនាក់ទំនងសេដ្ឋកិច្ចមិនគួររំលងបាន។

តើដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់ CPTPPជាអ្វី?

ឈ្មោះពេញជាភាសាខ្មែរហៅថា ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់ CPTPP រីឈ្មោះពេញជាភាសាអង់គ្លេសគឺComprehensive and Progressive Agreement for Trans-Pacific Partnershipជាគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលបច្ចុប្បន្ននេះកំពុងដែលមានប្រតិបត្តិការរវាងប្រទេសកាណាដា និងប្រទេស៩នៅអាស៊ីអាគ្នេយ៍ដូចជា៖ អូស្ដ្រាលី ជប៉ុន ឈីលី ម៉ិកស៊ិកូ ញ៉ូវហ្សេឡេន ម៉ាឡេស៊ី សឹង្ហបូរី វៀតណាម ប៉េរូ ហើយហើយគេក៏រាប់បញ្ចូលនូវប្រទេសប៊្រុយណេផងដែរ។ ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់ CPTPP ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៨ ហើយឈរលើគោលការនិន្ដរភាពនៃការធ្វើពាណិជ្ជកម្មរយៈពេលយូរ និងជាមគ្គុទេ្ទសដ៏ចំណាន។ ប្រទេសស្ថាបនិកដូចជាប្រទេសកាណាដា អូស្ដ្រាលី ជប៉ុន​ ម៉ិកស៊ិកូ​ ញ៉ូវហ្សេឡេន សឹង្ហបូរី។ ក្រោមមកទៀតប្រទេសវៀតណាមក៏បានចូលជាសមាជិកនៅថ្ងៃ១៤ មករា ឆ្នាំ២០១៩ ហើយប្រទេសបេរ៉ូ ចូលជាសមាជិកនៅថ្ងៃ ១៩កញ្ញា ឆ្នាំ ២០២១ និងប្រទេសម៉ាឡេស៊ីបានក្លាយជាសមាជិកនៅថ្ងៃ២៩ វិច្ជកា​ ២០២២ក្រោយពេលបានផ្ដល់សច្ចាប័ណ្ណចំពោះកិច្ចព្រមព្រៀងនេះ៕ ប្រទេសដែលជាសមាជិកអាចនាំចេញទំនិញនិងសេវាកម្មរបស់ខ្លួនជាមួយប្រទេសជាសមាជិកដទៃដោយគោរពទៅតាមគោលការប្រកបដោយភាពស្មោះត្រង់ តម្លាភាព និងយុត្តិធម៌។

កំណត់សម្គាល់ពីការកើនឡើងពាណិជ្ជកម្មជាមួយCPTPP

សមាជិករបស់ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់ CPTPPសុទ្ធតែទទួលបានចំណេញពីការចូលរួមនេះពោលគឺទទួលបានការលូតលាស់សេដ្ឋកិច្ចរៀងខ្លួនៗហើយក្នុងនោះCPTPPបានចេញនិន្នន័យនៃការជួញដូរទំនិញសរុបរវាងកាណាដានិងប្រទេសជាសមាជិកនេះដូចខាងក្រោម៖

  • ក្នុងរយៈពេល ៣ឆ្នាំដំបូងការជួញដូរទំនិញសរុបរវាងប្រទេសកាណាដា និងប្រទេសអូស្ត្រាលី ជប៉ុន ញូវហ្សេឡង់ សិង្ហបុរី និងវៀតណាមបានកើនឡើង ១០% — ចាប់ពី ៤៧,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ដល់ ៥២,១ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ។
  • ការនាំចេញសរុបពីប្រទេសកាណាដាទៅទីផ្សារ CPTPP ទាំង 5 នេះបានកើនឡើង 3 % នៅក្នុងរយៈពេលដូចគ្នានេះដែលលើសពីកំណើននៃការនាំចេញ របស់ប្រទេសកាណាដាទៅកាន់ពិភពលោក។
  • ទោះបីជាមានជំងឺរាតត្បាត COVID-19 ក៏ដោយក៏ការនាំចេញផលិតផលរបស់កាណាដាទៅកាន់ ទីផ្សារ CPTPP ទាំង ៥ នេះបានកើនឡើង ៦,៩%។ ភាគច្រើនដោយសារ តែការនាំចេញទៅកាន់ប្រទេសជប៉ុនកើនឡើង។ ផលិតផល សាច់សត្វ ឈើ និង ផលិតផលដទៃទៀតនាំឲ្យមានកំណើននៃការនាំចេញជាមួយនឹងការបន្ថយពន្ធCPTPP។
  • ការនាំចូលសរុបដោយប្រទេសកាណាដាពីទីផ្សារ CPTPP ទាំង 5 នេះកើនឡើង 3 % រវាង ឆ្នាំ 2018 និងឆ្នាំ 2021 ហើយការនាំចូលផលិតផលដែលបានពីទីផ្សារប្រទេសសមាជិកទាំងនេះបានកើនឡើង 11.2 % ។ ការកើនឡើងធំបំផុតនៃទំនិញបានមកពី សម្លៀកបំពាក់ និងផលិតផលគ្រឿងសង្ហារិម។

ទំហំសេដ្ឋកិច្ចប្រទេសអង់គ្លេសក្រោយការចាកចេញពីសហភាពអឺរ៉ុប

អង់គ្លេសជាប្រទេសដែលមានសេដ្ឋកិច្ចល្អប្រសើរមួយនៅអឺរ៉ុបហើយក៏ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៥នៅលើពិភពលោក។ ក្នុងឆ្នាំ២០២១ដោយយោងតាមការចេញផ្សាយរបស់ធនាគារពិភពលោកប្រទេសនេះមានផលទុនក្នុងស្រុកឫ GDPប្រមាណ៣.១៣ពាន់ពាន់លានដុល្លារ។ មុនចាកចេញពីសហភាពអឺរ៉ុបប្រទេសអង់គ្លេសពឹងផ្អែកច្រើនលើការធ្វើសេដ្ឋកិច្ចរវាងប្រទេសនៅអឺរ៉ុប ហើយទោះក្នុងឆ្នាំ២០២២ក្រោយការចាកចេញក៏នៅតែសង្កេតឃើញថាទំហំនៃការនាំចូលទំនិញរបស់ប្រទេសអឺរ៉ុបចូលប្រទេសនេះនៅតែមានទំហំធំគឺ៥៦.៧%។ ទោះសេដ្ឋកិច្ចនៅតែមានដំណើរការល្អក៏ប្រទេសនេះត្រូវតែរូតរះ ស្វែងរកដៃគូរ ក៏ដូចជាទីផ្សារសម្រាប់ការនាំចេញផលិតផលរបស់ខ្លួនដើម្បីឲ្យទីផ្សារក្នុងស្រុកមានតុល្យភាព ព្រមទាំងស្រោចស្រង់សេដ្ឋកិច្ចក្រោយវិបត្តិជំងឺសកលកូវីដ១៩ និងអតិផរណាដែលជះឥទ្ធិពលពីសង្គ្រាមនៅអ៊ុយក្រែន។ ប្រទេសនេះបានពិចារណាព្រមទាំងស្វះស្វែងរកក្រុមប្រទេស ក៏ដូចជាកិច្ចព្រមព្រៀងដៃគូរពាណិជ្ជកម្មដែលមានសក្ដានុពលសេដ្ឋកិច្ចសម្រាប់បញ្ចេញផលិតផលរបស់ខ្លួន។ ជាក់ស្ដែងបានចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អូស្រា្តលី នូវែលហ្សេឡង់ ឬ​សិង្ហបុរី។ ក្រៅពីនោះអង់គ្លេស​​ក៏ពឹងលើការនាំចូលទំនិញពីតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងឆ្នាំ២០២២ទំហំនៃការនាំចូលក្នុងប្រទេសអង់គ្លេសចំនួន២៩.៣%ដែលក្នុងនោះប្រទេសចិនជាអ្នកនាំចេញទំនិញធំផងដែរ។

តើការចុះកិច្ចព្រមព្រៀងនេះមានអត្ថន័យបែបណាចំពោះប្រទេសអង់គ្លេស?

ប្រទេសអង់គ្លេសបានសម្ដែងភាពរីករាយចំពោះការបានចូលជាសមាជិកCPTPP។ លោកនាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​រីស៊ី ស៊ូណាក់​បាន​សាទរ និង​បញ្ជាក់​អំពីសារសំខាន់ក៏ដូចជាផលប្រយោជន៍របស់ភាគីទាំងសងខាងដែលនឹងទទួលបានពីការចុះកិច្ចព្រមព្រៀងនេះ។លោកស្រី​ឃេមី បាដឺណុក​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​អង់គ្លេស​មានចក្ខុវិស័យចំពោះCPTPP នឹង​ចូលរួម​បង្កើត​ការងារ​នៅ​អង់គ្លេស និង​ធ្វើ​អង់គ្លេស​ទទួល​បាន​ទីផ្សារ​កាន់​តែ​ទូលំទូលាយ​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ហើយកំណើន​សេដ្ឋកិច្ច​មួយ​ភាគ​ធំ​ត្រូវ​បាន​គេ​រង់ចាំ​ពី​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ ផ្ទុយទៅវិញប្រទេសនេះក៏បានគិតគូរអំពី​ក្តីបារម្ភ​ពី​កំណើន​នាំ​ទំនិញ​ពី​ប្រទេស​សមាជិក CPTPP ផ្សេង​ចូល​ប្រទេស​អង់គ្លេស​ដែរ ដែលអាចធ្វើឲ្យមានទំនិញក្រៅប្រទេសលុបលើទំនិញអង់គ្លេស និងបញ្ហាដទៃទៀតដែលដូចជាការធ្លាក់ចុះតម្លៃទំនិញអង់គ្លេសជាដើម។ ទោះជាយ៉ាងណាក៏ដោយនេះជា​​ដំណឹង​ល្អសម្រាប់អង់គ្លេសព្រោះ​ក្រោយ​ចាកចេញ​ពី​គ្រួសារ​សហភាពអឺរ៉ុប និង​ពី​ទីផ្សាររួម​សហភាពអឺរ៉ុប​ក្នុង​ថ្ងៃទី១ មករា ២០២១ មកប្រទេសនេះ​​ព្យាយាម​ស្វែង​រក​ដៃគូ​ពាណិជ្ជកម្ម​ជាច្រើនដើម្បីបន្ដរក្សាបាននូវការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួន។

ថង់ប្រាជ្ញា៖ ប្រាក់យ៉ន់ចិន (Yuan) រូបិយប័ណ្ណបម្រុងជំនួសប្រាក់ដុល្លារអាមេរិក

រូបិយប័ណ្ណបម្រុង (Reserved Currency) គឺជាចំនួននៃទឹកប្រាក់ ដែលត្រូវបានកាន់កាប់ឬរក្សាដោយធនាគារកណ្តាលនិងស្ថាប័នហិរញ្ញវត្ថុធំៗដើម្បីប្រើប្រាស់សម្រាប់ប្រតិបត្តិការអន្តរជាតិនានា។ ចំពោះបញ្ហានេះដែរ ប្រាក់ដុល្លារអាមេរិក តែងតែត្រូវបានគេស្គាល់ថាជារូបិយប័ណ្ណអន្តរជាតិដែលត្រូវបានប្រើប្រាស់ដោយប្រទេសជាច្រើនលើសកលលោកនេះសម្រាប់ជារូបិយប័ណ្ណបម្រុង ប៉ុន្តែថ្មីៗនេះផងដែរគឺមានការលេចចេញនូវនិន្នាការនៃបណ្តាប្រទេសមួយចំនួនដែលកំពុងព្យាយាមប្រើប្រាស់ប្រាក់យ៉ន់ចិន (RMB) មកជំនួសឱ្យប្រាក់ដុល្លារអាមេរិក សម្រាប់ជាទុនបម្រុងជាដើម។​ នៅក្នុងអត្ថបទនេះ យើងនឹងមកស្វែងយល់នូវមូលហេតុ ឬកាតាលីករដែលនាំឱ្យប្រទេសទាំងនោះចាប់ផ្ដើមប្រើប្រាស់នូវប្រាក់យ៉ន់ចិនជារូបិយប័ណ្ណបម្រុង រួមជាមួយនឹងការរីករាលដាលនៃការប្រើប្រាស់ប្រាក់នេះនៅក្នុងសកលលោក។

កត្តាដែលនាំឱ្យមានកំណើននៃការប្រើប្រាក់ប្រាក់យ៉ន់ចិន​ (Yuan)

​ប្រទេស​ចិន​គឺជាប្រទេសដែលមានសេដ្ឋកិច្ចដែលមានការអភិវឌ្ឍជាលំដាប់ ដោយផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសនេះឈរនៅចំនួនប្រមាណជា ១៧,៧ ពាន់លានដុល្លារអាមេរិក  ដែលបានធ្វើឱ្យប្រទេសចិនស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក។ ប្រទេសចិនក៏ជាប្រទេសពាណិជ្ជកម្មធំជាងគេទី ៣ នៅលើពិភពលោកផងដែរដោយវាស្ថិតនៅក្រោយតែសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបប៉ុណ្ណោះ។ បើយោងតាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) ភាគហ៊ុនដែលគិតជាភាគរយនៃទុនបម្រុងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកនៅក្នុងពិភពលោកបានឈរនៅ ៥៩,៨% គិតត្រឹមត្រីមាសទី ៣ នៃឆ្នាំ ២០២២ ដោយធ្លាក់ចុះពី ៧២% ក្នុងឆ្នាំ ១៩៩៩។ ចំណែកប្រទេសមួយចំនួនក៏កំពុងបន្តប្តូរពីប្រាក់ដុល្លារទៅជារូបិយប័ណ្ណផ្សេងទៀត សម្រាប់ទុនបម្រុងរបស់ពួកគេ​ ដែលក្នុងនោះដែរគេក៏សង្កេតឃើញថាប្រាក់យ៉ន់របស់ចិនកំពុងទទួលបានសន្ទុះជាសាកល ខណៈដែលរុស្ស៊ីនិងប្រេសុីលគ្រោងនឹងប្រើប្រាស់រូបិយប័ណ្ណយ៉ន់ និងចិនកំពុងដកប្រាក់ដុល្លារចេញពីពាណិជ្ជកម្មទ្វេភាគីផងដែរ។

ការរីកចម្រើននៃសេដ្ឋកិច្ចចិននេះសរបញ្ជាក់ឱ្យឃើញពីស្ថិរភាពនៃការអភិវឌ្ឍនៃសេដ្ឋកិច្ចចិនដែលអាចផ្ដល់ជាទំនុកចិត្តទៅកាន់ប្រទេសដែលមានគោលបំណងចង់ប្រើប្រាស់ប្រាក់យ៉ន់ចិនជារូបិយប័ណ្ណបម្រុង​។ ដូចគ្នានេះដែរ ដោយសារប្រទេសចិនក្លាយជាប្រទេសពាណិជ្ជកម្មធំជាងគេទី ៣ នៅលើពិភពលោក ​វាក៏បានធ្វើឱ្យមានភាពងាយស្រួលនៃការប្រើប្រាស់ប្រាក់យ៉ន់ចិនក្នុងការធ្វើពាណិជ្ជកម្មទៀតសោត។​ ហេតុដូច្នេះហើយបានជារូបិយប័ណ្ណប្រាក់យ៉ន់ចិនកំពុងមានសន្ទុះនៃការប្រើប្រាស់ ជាពិសេសជារូបិយប័ណ្ណបម្រុងផងដែរ។

សកម្មភាពនៃការប្រើប្រាស់ប្រាក់យ៉ន់ចិននៅជុំវិញពិភពលោក

ចំពោះប្រទេសរុស្ស៊ី ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិច ដោយសារសង្គ្រាមនៅ ប្រទេសអ៊ុយក្រែន បាននាំឱ្យប្រទេសរ៉ុស្ស៊ីចាប់ផ្ដើមនូវការប្រើប្រាស់ប្រាក់យ៉ន់របស់ចិននៅក្នុងបរិមាណមួយចំនួនធំជំនួសប្រាក់ដុល្លារអាមេរិកក្នុងផ្នែកពាណិជ្ជកម្ម។ ប្រសិន បើយោងទៅតាមទិន្នន័យដែលចងក្រងដោយគេហទំព័រ Bloomberg ដែលផ្អែកលើរបាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃពី Moscow Exchange ប្រទេសរ៉ុស្ស៊ីបានចាប់ផ្តើមមានការប្រើប្រាស់ប្រាក់យ៉ន់ចិនច្រើនជាងប្រាក់ដុល្លារអាមេរិកក្នុងការធ្វើពាណិជ្ជកម្មជាលើកដំបូងនៅខែកុម្ភៈដើមឆ្នាំនេះ ហើយក៏បានបន្តរហូតដល់ខែមីនាផងដែរ។ ជាក់ស្ដែង ទីក្រុងមូស្គូមិនត្រឹមតែបានទទួលយកប្រាក់យ៉ន់ចិន (RMB) ដែលជារូបិយប័ណ្ណបម្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសន្យាថានឹងប្រើប្រាស់ជាមធ្យោបាយទូទាត់រវាងប្រទេសរុស្ស៊ី នឹងបណ្តាប្រទេសនៃអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីនទៀតសោត។

បន្ថែមពីនេះផងដែរទីភ្នាក់ងារសារព័ត៌មាន Xinhua News បានរាយការណ៍កាលពីថ្ងៃទី ១២ ខែមេសា កន្លងទៅនេះថាធនាគារចិន «Industrial and Commercial Bank of China» (ICBC) បានចាប់ដំណើរសាខាដំបូងរបស់ខ្លួននៅក្នុងប្រទេសប្រេស៊ីល ហើយបានធ្វើរការទូទាត់ប្រាក់យ៉ន់ជាលើកដំបូងនៅក្នុងប្រទេសនេះ ដែលនេះជាការកត់សម្គាល់ពីជំហានដ៏សំខាន់មួយទៀតនៅក្នុងសកលភាវូបនីយកម្មនៃប្រាក់យ៉ន់ចិន។ យោងតាមរបាយការណ៍ថ្មីៗរបស់ធនាគារកណ្តាលប្រេស៊ីល ប្រសិនបើគិតមកត្រឹមដំណាច់ឆ្នាំ ២០២២ សមាមាត្រនៃប្រាក់យ៉ន់នៅក្នុងទុនបម្រុង របស់ប្រទេសប្រេស៊ីលបានកើនឡើងដល់ ៥,៣៧​ ភាគរយ ដែលលើសពីសមាមាត្រនៃប្រាក់អឺរ៉ូនៅ ៤,៧៤ ភាគរយ ដែលនេះបានសរបញ្ជាក់ឱ្យឃើញថារូបិយប័ណ្ណយ៉ន់ជារូបិយប័ណ្ណបម្រុងធំជាងគេទីពីររបស់ប្រទេសប្រស៊ីល។ ការកើនឡើងនៃបំណែកប្រាក់យ៉ន់នៅក្នុងទុនបម្រុងប្តូរប្រាក់អន្តរជាតិរបស់ប្រទេសប្រេស៊ីលបានឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងប្រទេសប្រេស៊ីល និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនគឺប្រទេសចិន។ ដោយហេតុនេះហើយទើប ប្រទេស​ចិន និង​ប្រទេសប្រេស៊ីល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគីសម្រាប់​ប្រតិបត្តិការ​ពាណិជ្ជកម្ម ​និង​ហិរញ្ញវត្ថុ​ជាមួយគ្នាផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមរបាយការណ៍អន្តរជាតិនីយកម្ម RMB ប្រចាំឆ្នាំរបស់ People’s Bank of China (PBOC) ដែលជាធនាគារកណ្តាលរបស់ប្រទេសចិន មានធនាគារកណ្តាលប្រមាណ ៧០ នៅជុំវិញពិភពលោកដែលកាន់កាប់ RMB នៅក្នុងទុនបម្រុងរបស់ពួកគេ បើគិតត្រឹមដំណាច់ឆ្នាំ ២០១៩  ដែលចំនួននេះបានកើនឡើងពី ៦០ ធនាគារនៅចុងឆ្នាំ ២០១៨ ។ ចំណែកឯការកើនឡើងនៃការវិនិយោគបរទេសទៅក្នុងទីផ្សារចិនក៏អាចជំរុញការប្រើប្រាស់ប្រាក់យ៉ន់ ឱ្យក្លាយជារូបិយប័ណ្ណបម្រុងធំជាងគេទី ៣ នៅលើពិភពលោកនៅពីក្រោយតែប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូប៉ុណ្ណោះ។ អ្នកវិភាគក៏បានប៉ាន់ស្មានទៅលើប្រាក់បម្រុងរបស់ប្រាក់យ៉ន់ចិននឹងអាចកើនឡើងដល់ចន្លោះពី ៥% ទៅ ១០% នៅឆ្នាំ ២០៣០ ដែលអាចនឹងលើសពីកម្រិតនៃប្រាក់យ៉េនជប៉ុន និងប្រាក់ផោនអង់គ្លេសផងដែរ។

ម្យ៉ាងវិញទៀត លោក Liao Qun ប្រធានសេដ្ឋវិទូនៃវិទ្យាស្ថាន Chongyang សម្រាប់ការសិក្សាហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ Renmin នៃប្រទេសចិនក្នុងទីក្រុងប៉េកាំង បានមានប្រសាសន៍ថា ទំនាក់ទំនងពាណិជ្ជកម្មដ៏យូរអង្វែង និងស្ថិរភាពរវាងប្រទេសចិន ជាមួយនឹងប្រទេសសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏បានផ្តល់នូវរចនាសម្ព័ន្ធដ៏ល្អ និងរឹងមាំសម្រាប់ការលើកកម្ពស់ការទូទាត់ពាណិជ្ជកម្មជាប្រាក់យ៉ន់ចិនផងដែរ។ ហេតុនេះហើយបានជាគេសង្កេតឃើញមាននូវ​កំណើននៃការប្រើប្រាស់ប្រាក់យ៉ន់ចិនដោយការធ្វើសមាហរណកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាពិសេសនៅក្នុងតំបន់អាស៊ីដោយការពង្រឹងដៃគូពាណិជ្ជកម្មរវាងចិន នឹងប្រទេសនៅក្នុងអាស៊ី។​

ជារួមមក ទោះបីរូបិយប័ណ្ណនៃប្រាក់យ៉ន់ចិនមិនត្រូវបានគេកំណត់ថាជារូបិយប័ណ្ណអន្តរជាតិទី១ បើប្រៀបទៅនឹងរូបិយប័ណ្ណ USD ក៏ដោយ​ ប៉ុន្តែប្រាក់យ៉ន់ចិនទៀតបានក្លាយជារូបិយប័ណ្ណដ៏ពេញនិយមសម្រាប់ក្រុមហ៊ុន និងស្ថាប័ននានាក្នុងការប្រមូលប្រាក់ ក៏ដូចជាត្រូវបានប្រទេសមួយចំនួនបានទទួលយក និងប្រើប្រាស់ក្នុងផ្នែកពាណិជ្ជកម្មផងដែរ។ ប៉ុន្តែប់ទោះបីជាយើងបានមើលឃើញពីការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ននេះក៏ដោយក៏យើងនៅតែចោទជាសំណួរថា តើលុយយ៉ន់អាចវ៉ាដាច់ការប្រើប្រាស់លុយដុល្លារអាមេរិកនៅតែជាចម្ងល់នៅឡើយ ព្រោះថាប្រទេសអាមេរិកត្រូវបានគេស្គាល់ថាជាប្រទេសមហាអំណាចលេខមួយខាងផ្នែកសេដ្ឋកិច្ចតាំងពីដើមរហូតមកសល់ពេលបច្ចុប្បន្នផងដែរ។

វិចារណកថាថ្ងៃសុក្រ៖ ឬសគល់នៃបាតុកម្មនៅប្រទេសអុីស្រាអែល

កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ រដ្ឋាភិបាលរបស់ប្រទេសអ៊ីស្រា​អែលបានដាក់ចេញនូវអត្ថបទសេចក្តីព្រាងច្បាប់ជូនទៅរដ្ឋសភារបស់រដ្ឋអ៊ីស្រាអែល (ដែលត្រូវបានស្គាល់ថា “Knesset”) ដោយមានការចូលរួមបង្កើត និងស្នើឡើងដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ “Yariv Levin” និងប្រធាននៃ Knesset “Simcha Rothman”។ អត្ថបទសេចក្តីព្រាងច្បាប់នេះស្ដីអំពីការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់ប្រទេសអ៊ីស្រាអែល ក្នុងគោលបំណងរំលែកអំណាចមួយចំនួនពីតុលាការទៅឱ្យសភា ឬអាចនិយាយម្យ៉ាងទៀតថាបន្ថយសិទ្ធិអំណាចរបស់តុលាការ ដើម្បីឱ្យមានតុល្យភាពវាងអំណាចរបស់ស្ថាប័នទាំងពីរ ព្រោះថាតុលាការឯករាជ្យរបស់អ៊ីស្រាអែលបច្ចុប្បន្នមានអំណាចខ្លាំងក្លាណាស់ ដោយតុលាការកំពូលអាចលុបចោលច្បាប់ ឬបដិសេធចោលចំពោះសេចក្តីសម្រេចណាមួយក៏បានរបស់រដ្ឋាភិបាល ក្រោមហេតុផលបំពានច្បាប់ទូទៅនៃប្រទេសអ៊ីស្រាអែល (Israel’s Basic Law)។ ម្យ៉ាងទៀតប្រព័ន្ធមួយនេះក៏ត្រូវបានទទួលស្គាល់ដោយប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើន ថាជាតួអង្គដ៏សំខាន់ក្នុងកិច្ចការការពារសិទ្ធិមនុស្សរបស់ប្រជាជនក្នុងប្រទេស។​ ដោយសារប្រព័ន្ធដំណើរការរបស់ស្ថាប័នតុលាការបែបនេះមានការគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រជាពលរដ្ឋអ៊ីស្រាអែលដូច្នេះឯង ទើបធ្វើឱ្យផ្ទុះនូវការមិនពេញចិត្តយ៉ាងខ្លាំងចំពោះសំណើកំណែទម្រង់ប្រព័ន្ធតុលាការមួយនេះពីប្រជាពលរដ្ឋ រួមទាំងអ្នកនយោបាយមួយចំនួនដូចជារដ្ឋមន្តី្រក្រសួងការពារជាតិ “Yaov Gallant” ព្រមទាំងបង្កឱ្យមនុស្សរាប់សែននាក់ចូលរួមធ្វើបាតុកម្មដែលត្រូវបានគេចាត់ទុកថាជាបាតុកម្មដ៏ធំបំផុតប្រចាំប្រវត្តិសាស្ត្រប្រទេស។​

សេចក្តីព្រាងច្បាប់អំពីកំណែទម្រង់ប្រព័ន្ធតុលាការប្រទេសអ៊ីស្រាអែលទាំងមូលបានផ្តោតទៅលើការកែប្រែប្រាំចំណុចធំៗនៃការប្រព្រឹត្តិទៅ និងសមត្ថកិច្ចរបស់ស្ថាប័នដូចតទៅ៖

១. សភានៃប្រទេសអ៊ីស្រាអែល (Knesset) នឹងមានសិទ្ធិក្នុងការបដិសេធចោលនូវសាលដីការបស់តុលាការកំពូលតាមរយៈសម្លេងបោះឆ្នោតភាគច្រើន ឬ (៥០%+១) នៃសមាជិកទាំងអស់របស់សភា មានន័យថាគេត្រូវការសម្លេងគាំទ្រ៦១សម្លេង ក្នុងចំណោមសមាជិក ១២០រូបនៃសភាប្រទេសអ៊ីស្រាអែលសព្វថ្ងៃ ដើម្បីបដិសេធចោល ឬលុបចោលសាលដីការបស់តុលាការកំពូលណាមួយ។​

២.​ គណៈកម្មការតែងតាំងចៅក្រម (Judicial Selection Committee) ដែលមានសមាជិកសរុប៩រូប នឹងត្រូវផ្លាស់ប្តូរចេញនូវសមាជិក២នាក់ដែលជាអ្នកតំណាងមកពីគណៈមេធាវី ហើយជំនួសទៅដោយអ្នកតំណាង២រូបផ្សេងទៀតដែលនឹងត្រូវបានតែងតាំងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចំណែកគណៈកម្មការ  ៧រូបទៀតមានដូចជា ចៅក្រមតុលាការកំពូល ៣រូប សមាជិកសភា ២រូប និងរដ្ឋមន្រ្តី ២រូប នឹងត្រូវរក្សាដំណែងទុកដដែល។​

៣. ចៅក្រមនៃតុលាការកំពូលនឹងត្រូវបន្ថយអាយុចូល​និវត្តន៍ពី ៧០ឆ្នាំ (លុះត្រាតែពួកគេត្រូវបានដកចេញ ឬដាក់ពាក្យស្នើសុំលាឈប់) មកសល់ត្រឹម ៦៧ឆ្នាំវិញ (លុះត្រាតែពួកគេត្រូវបានដកចេញ ឬដាក់ពាក្យស្នើសុំលាឈប់) ។

៤. តុលាការកំពូលនឹងមិនអាចធ្វើការវិនិច្ឆ័យសេចក្តីសម្រេចរបស់សភា ឬរដ្ឋាភិបាលក្រោមហេតុផលថា មិនសមទំនង ឬបំពានច្បាប់ទូទៅនៃប្រទេសអ៊ីស្រាអែលបាននោះទេ។​

៥. ក្រុមប្រឹក្សាច្បាប់នៃគណៈរដ្ឋមន្ត្រីនឹងត្រូវបានផ្លាស់ប្តូរឈ្មោះ និងសមត្ថកិច្ចពីស្ថាប័នឯករាជ្យទៅជាអ្នកប្រឹក្សានយោបាយវិញ មានន័យថា​យោបល់ច្បាប់របស់ក្រុមប្រឹក្សាច្បាប់ប្រែក្លាយទៅជាយោបល់នយោបាយ ដែលរដ្ឋាភិបាល និងសមាជិកគណៈរដ្ឋមន្ត្រីអាចអនុវត្ត ឬមិនអនុវត្តក៏បាន ហើយរដ្ឋមន្ត្រីម្នាក់ៗអាចតែងតាំងអ្នកប្រឹក្សាច្បាប់ដោយខ្លួនឯងផ្ទាល់។

មកទល់នឹងពេលនេះបាតុកម្មពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសកាន់តែក្តៅកកុក និងកើតឡើងកាន់តែញឹកញាប់ ដោយមានការចូលរួមពីប្រជាជនជាច្រើនក្រុមផ្សេងៗគ្នាដែលភាគច្រើនជា មេធាវី អ្នកជំនួញ អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា និស្សិត រួមទាំងជនជាតិអារ៉ាប់ដែលរស់នៅប្រទេស​អ៊ីស្រាអែល និងអតីតកងកម្លាំងការពារជាតិជាដើម។ ហើយក្រុមរបស់ពួកគេនីមួយៗធ្វើបាតុកម្មនិងតវ៉ាទៅលើបញ្ហាផ្សេងៗគ្នា និង​មានមតិយោបល់គួរឱ្យពិចារណាខុសៗគ្នាដូចជា​ ប្រសិនបើកំណែទម្រង់នេះបានចូលជាធរមាន រដ្ឋាភិបាលនឹងគ្រប់គ្រងសេចក្តីសម្រេចរបស់តុលាការ ព្រោះនៅក្នុងសភា (Knesset) មានសមាជិក៦៤នាក់ទៅហើយជាមនុស្សរបស់រដ្ឋាភិបាល ឯការបដិសេធសេចក្តីសម្រេចរបស់តុលាការកំពូលត្រូវការតែសម្លេងគាំទ្រ៦១សម្លេងប៉ុណ្ណោះ។ មួយវិញទៀតការលុបចោលនូវសិទ្ធិរបស់តុលាការកំពូលក្នុងការវិនិច្ឆ័យលើសេចក្តីសម្រេចរបស់សភា និងរដ្ឋាភិបាល គឺដូចជាការឱ្យអត្ថិភាពសម្រេចគ្រប់យ៉ាងទៅមនុស្សរបស់រដ្ឋាភិបាល ព្រោះពួកគេមានសមាជិកក្នុងសភាលើសពាក់កណ្តាលបាត់ទៅហើយសម្រាប់ការបោះឆ្នោតរកសម្លេងភាគច្រើន។ មតិប្រឆាំងមួយទៀតគឺ កំណែទម្រង់ប្រព័ន្ធតុលាការនេះមិនមែនដើម្បីស្វែងរកតុល្យភាពរវាងស្ថាប័នតុលាការ និងស្ថាប័នសភានោះទេ តែដើម្បីការពារលោកនាយករដ្ឋមន្ត្រី “Benjamin Netanyahu” និងរដ្ឋមន្តី្ររបស់គាត់ ពីរឿងក្តីដែលកំពុងស្ថិតក្នុងដំណើរការស៊ើបអង្កេត ដោយពួកគាត់ត្រូវបានចោទប្រកាន់ពីបទគេចពន្ធខុសច្បាប់។ ដូច្នេះការកែប្រែប្រព័ន្ធតុលាការ គឺដូចជាការផ្តល់អភ័យឯកសិទ្ធិដល់លោកខ្លួនឯងផ្ទាល់ ព្រមទាំងរដ្ឋមន្ត្រីព្រោះលោកអាចលុបចោលនូវសាលដីការបស់តុលាការតាមរយៈសម្លេងគាំទ្រភាគច្រើន ឬ (៥០%+១) ក្នុងចំណោមសមាជិកទាំងអស់របស់សភា។ ​ ចំណែកឯក្រុមអ្នកជំនួញ និងអ្នកអភិវឌ្ឍន៍បចេ្ចកវិទ្យាវិញបានយល់ថា កន្លងមកប្រទេសអ៊ីស្រាអែលមានស្ថិរភាពប្រព័ន្ធនយោបាយយ៉ាងល្អ ហើយក៏ជាកត្តាដ៏សំខាន់ដែលជំរុញឱ្យសេដ្ឋកិច្ចប្រទេសមានការរីកចម្រើនគួរឱ្យកត់​សម្គាល់ ដូច្នេះពួកគេយល់ថាការធ្វើកំណែទម្រង់នេះមិនមានផលប្រយោជន៍អ្វីនោះទេ មានតែការជះឥទ្ធិពលអាក្រក់ដល់វិស័យសេដ្ឋកិច្ចរបស់ប្រទេសប៉ុណ្ណោះ​។​ បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រីក្រសួងការពារជាតិ “Yaov Gallant” ត្រូវបានប្រកាសដកចេញពីមុខដំណែង ​ ដោយលោកនាយករដ្ឋមន្ត្រី “Benjamin Netanyahu” នៅថ្ងែទី២៦ ខែមីនា​ ឆ្នាំ២០២៣ បន្ទាប់ពីលោកបានថ្លែងជាសាធារណៈអំពី ដំណើរការកំណែទម្រង់ប្រព័ន្ធតុលាការនេះ​ ថាត្រូវតែបញ្ឈប់ជាបណ្ណោះអាសន្នសិន ព្រោះបាតុកម្មដ៏ធំសម្បើមពីប្រជាជនប្រឆាំងនឹងកំណែទម្រង់នេះ ​បានជះឥទ្ធិពលអាក្រក់ទៅលើកងកម្លាំង និងសន្តិសុខជាតិ ដោយសារលោកបានកត់សម្គាល់ថាចំនួនកងកម្លាំងដែលបញ្ជូនទៅទប់ទល់នឹងក្រុមបាតុករកាន់តែកើនឡើងយ៉ាងកំហុគ។​

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្រុមសហជីពដែលធំជាងគេនៅប្រទេសឈ្មោះថា “Histdrut” ជាតំណាងឱ្យកម្មករជាង៧សែននាក់ដែលមកពីវិស័យសុខាភិបាល ដឹកជញ្ជូន  ធនាគារ ព្រមទាំងវិស័យមួយចំនួនទៀត បានឈប់ពីការងាររបស់ពួកគេ និងបែរមកធ្វើកូដកម្មក្នុងទីក្រុង “Tel Aviv” ប្រឆាំងទៅនឹងការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ ដែលជាកូដកម្មដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសអ៊ីស្រាអែល និងបានគម្រាមកំហែងយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីស្រាអែលដែលកំពុងធ្លាក់ចុះស្រាប់ទៅហើយ។​ ការធ្វើកូដកម្មដ៏ធំសម្បើមមួយនេះប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ប្រទេស និងបានជះឥទ្ធិពលស្ទើរគ្រប់វិស័យទូទាំងប្រទេស ជាឧទាហរណ៍ដូចជាការហោះហើររបស់អាយានដ្ឋានអន្តរជាតិក្នុងទីក្រុង “Tel Aviv” ត្រូវរំសាយចោលទាំងអស់នៅថ្ងៃនោះ។​ ដោយបានសង្កេតឃើញពីបញ្ហាទាំងអស់នេះ មិនប៉ុន្មានម៉ោងក្រោយមកនៅថ្ងៃដដែលនោះ​ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល “Benjamin Netanyahu” ក៏បានប្រកាសពីការបញ្ឈប់ដំណើរការកំណែទម្រង់ប្រព័ន្ធតុលាការជាបណ្ណោះអាសន្នសិន។​

កម្មវិធីថង់ប្រាជ្ញា៖ តើសម្ព័ន្ធភាពត្រីភាគី AUKUS គឺជាអ្វី?

AUKUS គឺជាកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីរវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសបង្កើតឡើងនៅថ្ងៃទី១៥​ ខែកញ្ញា ឆ្នាំ២០២១ ហើយការបង្កើតសម្ព័ន្ធត្រីភាគី AUKUS នេះឡើង ក៏បានជំរុញឱ្យអូស្ត្រាលីបញ្ចប់កិច្ចព្រមព្រៀងទទួលទិញយកនាវាមុជទឹកពីបារាំងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ផងដែរ។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ កិច្ចប្រជុំត្រីភាគី AUKUS ដែលមានការចូលរួមពីសំណាក់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នាយករដ្ឋមន្ត្រីអង់គ្លេស លោក រ៉ីស៊ី ស៊ូណាក់ (Rishi Sunak) និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បានធ្វើឡើងនៅទីក្រុងសានឌីអេហ្គោ (San Diego) សហរដ្ឋអាមេរិក  ក្នុងគោលបំណងលើកឡើងអំពីគម្រោងរបស់ពួកគេផ្សេងៗ។ នៅក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីអ្វីទៅជា AUKUS? ហើយថាតើបណ្តា​ប្រទេស​នៅតំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វ៊ិក យល់ឃើញយ៉ាងដូចម្ដេចចំពោះ AUKUS?

តើ AUKUS ជាអ្វី?

ដូចដែលបានលើកឡើងខាងដើម AUKUS គឺជាកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីរវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលមានគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ គូភាគីក្នុងកិច្ចព្រមព្រៀងនេះ ក្នុងនោះ​រួមមានសហរដ្ឋអាមេរិក និងអង់គ្លេស បានយល់ព្រមលើការផ្តល់នាវាមុជទឹកដើរដោយបច្ចេកវិទ្យានុយក្លេអ៊ែរដល់ប្រទេសអូស្ត្រាលី។ ការផ្តល់ឱ្យនេះទៀតសោត ត្រូវបានបែងចែកជាបីដំណាក់កាល និងត្រូវចំណាយរយៈពេល ៣ ទសវត្សរ៍។

ដំណាក់កាលទី១ ចាប់ផ្ដើមពីឆ្នាំ២០២៣ តទៅ នាវាមុជទឹកអាមេរិក និងអង់គ្លេសនឹងបង្កើនការសុំចតនៅកំពង់ផែប្រទេសអូស្ត្រាលីច្រើនជាងមុន ខណៈដែលបុគ្គលិកដែលធ្វើការនៅក្នុងវិស័យនាវាចរណ៍អូស្ត្រាលីក៏នឹងចូលរួមហ្វឹកហាត់ និងរៀនសូត្រជាមួយនាវិករបស់អាមេរិក និងអង់គ្លេសផងដែរ ពោលគឺនឹងមានការហ្វឹកហាត់នៅសាលានាវាមុជទឹករបស់ប្រទេសទាំងពីរនេះ។ ដំណាក់កាលទី២ ចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ២០៣០ ដោយអូស្ត្រាលីនឹងទទួលបាននាវាមុជទឹកដែលដើរដោយបច្ចេកវិទ្យានុយក្លេអ៊ែរប្រភេទ​ Virginia-class ចំនួន ៣ ទៅ ៥ គ្រឿងផលិតដោយសហរដ្ឋអាមេរិក។ ចំណែកឯដំណាក់កាលទី៣ គឺចាប់ពីចុងទសវត្សរ៍ឆ្នាំ២០៣០ អូស្ត្រាលីនឹងចាប់ផ្តើមផលិតនាវាមុជទឹកដើរដោយបច្ចេកវិទ្យានុយក្លេអ៊ែរ​​​ ប្រភេទ SSN-AUKUS ចំនួន ៨ គ្រឿងដោយខ្លួនឯង ដែលការកសាងនាវានេះ នឹងផ្អែកលើការរចនាដោយចក្រភពអង់គ្លេស និងមានរួមបញ្ចូលបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកផងដែរ។ ជារួម កងទ័ពជើងទឹកអូស្ត្រាលី ឬហៅជាភាសាអង់គ្លេសថា Royal Australia Navy (RAN) នឹងមាននាវាមុជទឹកដើរដោយបច្ចេកវិទ្យានុយក្លេអ៊ែរដំបូងរបស់ខ្លួននៅដើមទសវត្សរ៍ឆ្នាំ២០៤០។

ការចំណាយសរុបនៃផែនការសកម្មភាព​ខាងលើ ត្រូវបានប៉ាន់ប្រមាណថា អូស្ត្រាលីត្រូវចំណាយប្រមាណ ២៦៨ ប៊ីលានដុល្លារអាមេរិកទៅ ៣៦៨ ប៊ីលានដុល្លារអាមេរិក ។ ក្រៅពីការផ្តល់នាវាមុជទឹកដើរដោយបច្ចេកវិទ្យានុយក្លេអ៊ែរ AUKUS ក៏ជាកតិកាសញ្ញាដែលពង្រឹងសមត្ថភាពយោធា​ផ្នែកផ្សេងទៀតដូចជា កិច្ចសហប្រតិបត្តិការលើប្រព័ន្ធការពារបណ្ដាញអ៊ីនធឺណិតកម្រិតខ្ពស់ បញ្ញាសិប្បនិម្មិត និង និងការចែករំលែកព័ត៌មានជាដើម។ ដោយឡែក យោងតាមការវិភាគរបស់អ្នកជំនាញមួយចំនួនវិញ បានមើលឃើញថា ការបង្កើត AUKUS នេះឡើង គឺមានគោលបំណង ទប់ចិនមិនឱ្យបង្កើនឥទ្ធិពលយោធារបស់ខ្លួននៅក្នុងតំបន់ ព្រោះការកើនឡើងនៃឥទ្ធិពលយោធារបស់ចិន បានធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ប្រទេសទាំងបីនេះ ដូចជានៅតំបន់សមុទ្រចិនខាងត្បូង និងនៅតៃវ៉ាន់ជាដើម។

ឧបសគ្គរបស់AUKUS

បើតាមការវិភាគរបស់អ្នកជំនាញមួយចំនួនបានឱ្យដឹងថា AUKUS អាចនឹងជួបឧបសគ្គជាច្រើន។ ឧបសគ្គទីមួយនោះគឺ ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងបីក្នុងការសម្រេចគម្រោងដែលពួកគេបានរៀបចំទុកទាំងបីដំណាក់កាលត្រូវចំណាយលុយរាប់ពាន់លានដុល្លារ និងធនធានជាច្រើន ជាពិសេសដំណាក់កាលទាំងបីនេះ មានរយៈពេលរហូតដល់ទៅ ៣ ទសវត្សរ៍ ហើយប្រាកដណាស់ថា ប្រទេសខ្លះនឹងត្រូវផ្លាស់ប្តូរមេដឹកនាំជាច្រើនរូប ហើយមេដឹកនាំដែលឡើងមកថ្មី មិនប្រាកដថាមានចក្ខុវិស័យដូចមេដឹកនាំបច្ចុប្បន្ននោះទេ។ បញ្ហាប្រឈមទីពីរនោះគឺធនធានមនុស្ស ដោយសារកិច្ចព្រមព្រៀង AUKUS ត្រូវការបុគ្គលិកជាច្រើនដើម្បីសម្រេចគម្រោងទៅបាន។ គិតត្រឹមតែប្រទេសអូស្ត្រាលីតែមួយ ត្រូវបានគេប៉ាន់ប្រមាណថា ត្រូវការមនុស្សប្រហែលជា ២ម៉ឺននាក់បន្ថែមទៀត ដើម្បីសាងសង់ និងដំណើរការនាវាមុជទឹកថ្មីមួយដែលក្នុងនោះរួមមាន អ្នកបច្ចេកទេស និងវិស្វករផងដែរ។​ លើសពីទៅទៀត បុគ្គលិកដែលធ្វើការនៅក្នុងវិស័យនារាចរណ៍ ត្រូវរស់នៅឆ្ងាយពីក្រុមគ្រួសារ និងមានរយៈពេលយូរទៀតផង ដែលបញ្ហានេះអាចធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់បុគ្គលិកមិនគ្រប់គ្រាន់តាមអ្វីដែលគេចង់បាន ឬមិនទាន់ពេលដែលបានគ្រោងទុក។  បញ្ហាទីបីនោះគឺការគ្រប់គ្រងដ៏តឹងរឹងនៃការផ្ទេរបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកមានច្បាប់ស្ដីពីការការពារកម្មសិទ្ធបញ្ញា (Intellectual property) របស់ក្រុមហ៊ុនសហរដ្ឋអាមេរិក។ បើគ្មានការធ្វើវិសោធនកម្មច្បាប់បច្ចុប្បន្ននោះទេ នោះនឹងធ្វើឱ្យការច្របាច់បញ្ចូលគ្នារវាងបច្ចេកវិទ្យារបស់ប្រទេសទាំងបី មិនបានលទ្ធផលអ្វីដែលកិច្ចព្រមព្រៀង AUKUS ចង់បាននោះទេ។

ការយល់ឃើញចំពោះ AUKUS ពីបណ្តា​ប្រទេស​នៅតំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វ៊ិក

មានការ​​ខ្វែងគំនិត​គ្នាជាច្រើន​បានកើតមានឡើងពីសំណាក់បណ្តា​ប្រទេស​នៅ​តំបន់ឥណ្ឌូ​ប៉ាស៊ីហ្វ៊ិក។ ប្រទេស​ខ្លះមានភាព​​សុទិដ្ឋិនិយមទៅលើ AUKUS ហើយ​ប្រទេសខ្លះមានគំនិតទុទិដ្ឋិនិយម។ ប្រទេសដែល​មាន​ទស្សនៈ​សុទិដ្ឋិនិយម ភាគច្រើន​​ ​ពួកគេ​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក ​ដូចជា​ប្រទេស​ជប៉ុនជាដើម​។ ជាក់ស្ដែង នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បានលើកឡើងថា “AUKUS នឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ចំពេលបរិយាកាសសន្តិសុខកាន់តែធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វ៊ិក”។ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​បានមាន​ការ​ព្រួយ​បារម្ភ​​អំពីសម្ព័ន្ធភាពត្រីភាគី AUKUS ជាពិសេសគឺ​ប្រទេស​ចិន។ ប្រទេសចិនមានទុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះ AUKUS ដោយបានអះអាងថា AUKUS បានមើលស្រាលទៅលើទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។ នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះ ចិនបានចេញផ្សាយថា “សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី កំពុងការពារផលប្រយោជន៍ភូមិសាស្រ្តនយោបាយផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិទាល់តែសោះ។ ពួកគេ​កំពុង​ដើរ​ទៅ​មុខនៅ​លើ​ផ្លូវ​ខុស និង​គ្រោះថ្នាក់មួយ”។ បើតាមអ្នកវិភាគមួយចំនួនបានយល់ឃើញថា ចិនបានចាត់ទុក AUKUS ជាអង្គការសម្ព័ន្ធភាពដែលបង្កើតឡើងដើម្បីរាំងខ្ទប់​ចិន មិន​ឲ្យ​ក្លាយជា​មហាអំណាច​ក្នុងតំបន់។

ចំណែកឯសមាជិកអាស៊ានវិញ ពួកគេមានទស្សនៈផ្សេងៗគ្នាទៅលើ AUKUS។ វៀតណាម ហ្វ៊ីលីពីន និងសិង្ហបុរីបានបង្ហាញការគាំទ្រ និងស្វាគមន៍ចំពោះ AUKUS។ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​ដូច​ជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី រួម​ទាំង​កម្ពុជា បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ AUKUS ដែល​អាច​នឹង​បង្កើន​ការ​ប្រណាំងប្រជែងគ្រឿងសព្វាវុធ​ក្នុង​តំបន់ និង​ធ្វើ​ឲ្យ​តំបន់​មាន​អស្ថិរភាព​កាន់​តែ​ខ្លាំងជាងមុន ព្រោះAUKUS ជាកត្តាមួយដែលជំរុញ​ការ​ប្រកួត​ប្រជែងផ្នែកភូមិសាស្ត្រ​នយោបាយរវាង​អាមេរិក និង​ចិន​បន្ថែម​កាន់តែខ្លាំង​។

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើលោក ប្រាយុទ្ធ ចាន់អូចា អាចរក្សាដំណែងជានាយករដ្ឋមន្ត្រីនៅខែឧសភានេះដែរឬទេ?

កាលពីខែមីនា​ រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ​ចាន់​អូចា នាយករដ្ឋមន្ត្រី​ថៃ បាន​ប្រកាស​រំលាយសភា ដែលនេះគឺជាលើកទី២ នៃការរំលាយសភាពនិងរៀបចំការបោះឆ្នោតបើរាប់ពីឆ្នាំ២០១៤។ ការបោះឆ្នោតនេះត្រូវបានគេស្ទាបស្ទង់ថាលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ ទទួលបានការគាំទ្រច្រើន ប៉ុន្តែវិសោធនកម្មរដ្ឋធម្មនុញឆ្នាំ២០១៧ហាក់ធ្វើឱ្យគណបក្សរបស់លោក ប្រាយុទ្ធ​ចាន់​អូចា មានប្រៀបទៅវិញ។ ដូចនេះ តើស្ថានភាពបោះឆ្នោតនៅខែក្រោយនេះមានសភាពយ៉ាងណា?

ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣

សម្រាប់សម័យកាលបោះឆ្នោតឆ្នាំ២០២៣ ខែឧសភា ខាងមុខនេះ ថៃបានសម្រេចបង្កើនចំនួនស្រុកពី ៣៥០ ទៅ ៤០០ ស្រុក ដែលមានន័យថា អាសនៈនៅរដ្ឋសភាថៃនឹងកើនឡើងដល់ ៥៥០ អាសនៈ។ ដោយឡែក សមាជិកព្រឹទ្ធសភាពថៃវិញ មានចំនួន ២៥០ រូប ហើយសមាជិកព្រឹទ្ធសភានេះទៀតសោត រដ្ឋធម្មនុញ្ញឆ្នាំ២០១៧ បានផ្ដល់សិទ្ធិឱ្យពួកគេអាចបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីដូចទៅនឹងរដ្ឋសភាដែរ។ ដើម្បីអាចយកឈ្នះគណបក្សកាន់អំណាចបាន មិនថាគណបក្សភឿថៃត្រូវធ្វើដំណើរម្នាក់ឯង ឬចងសម្ព័ន្ធភាពជាមួយគណបក្សដទៃក្ដី ធ្វើយ៉ាងណាត្រូវរកឱ្យបាន ៤០១ អាសនៈ​ឡើងទៅនៅក្នុងសភាជាន់ទាប ព្រោះសមាជិកព្រឹទ្ធសភា (សភាជាន់ខ្ពស់) ទាំងអស់ សុទ្ធសឹងតែត្រូវបានជ្រើសតាំងដោយពួកយោធា ហើយក្នុងចំណោមសមាជិកសភាជាន់ខ្ពស់នោះផងដែរ ប្រមាណជាជាង ១០០ រូប កំពុងកាន់មុខតំណែងសំខាន់ៗនៅក្នុងជួរទាហាន។ ដូច្នេះប្រាកដណាស់ថា ពួកគេនឹងមិនបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ដែលជាបក្សប្រឆាំងនោះឡើយ។​ ផ្ទុយទៅវិញ ពួកគេទំនងជានឹងបោះឆ្នោតគាំទ្រអតីតអគ្គមេបញ្ជាការរបស់ពួកគេ ដែលជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន នោះគឺលោក ប្រាយុទ្ធ ចាន់អូចា ឱ្យបន្តដឹកនាំមួយអាណត្តិទៀត។ យ៉ាងណាក៏ដោយ បើរាប់ចាប់តាំងពីរឆ្នាំ២០១៤ លោក ប្រាយុទ្ធ ត្រូវផុតអាណត្តិដឹកនាំត្រឹម ៨ ឆ្នាំគឺនៅឆ្នាំ២០២២ ប៉ុន្តែ ការកំណត់អាណត្តិត្រូវរាប់ចាប់ពីពេលដែលរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្នចូលជាធរមាន នោះគឺខែមេសា ឆ្នាំ២០១៧។ ដូច្នេះ ប្រសិនបើលោក ប្រាយុទ្ធ ជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីនៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះទៀត នោះលោកនឹងអាចបន្តដឹកនាំបានត្រឹមតែ ២ ឆ្នាំទៀតប៉ុណ្ណោះ ពោលគឺត្រូវចុះចេញពីតំណែងនៅឆ្នាំ២០២៥​ ស្របតាមរដ្ឋធម្មនុញ្ញថៃដែលមានចែងនៅក្នុងជំពូកទី៨ មាត្រា១៥៨។

គូរប្រជែងនយោបាយសំខាន់ៗរបស់លោក ប្រាយុទ្ធ

បច្ចុប្បន្ននេះ លោក ប្រាយុទ្ធ កំពុងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីនៅក្នុងគណបក្ស​ប្រជាជន​ថៃ​កសាង​ជាតិ (UTNP) ដែលទើបនឹងបង្កើតឡើ​ងកាលពីខែមីនា ឆ្នាំ២០២១។ បើក្រឡេកទៅមើលបេក្ខជននាយករដ្ឋមន្ត្រីសំខាន់ៗដែលកំពុងមានប្រជាប្រិយភាពខ្លាំងរបស់គណបក្សធំៗផ្សេងទៀត រួមមានទី១ លោកស្រី ផែថងឋាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) មកពីគណបក្សភឿថៃ ទី២ លោក ភីថា លីមចារឿនរ៉ាត់ (Pita Limjaroenrat) មកពីគណបក្សឆ្ពោះទៅមុខ (Move Forward) និងទី៣ លោកស្រី ស៊ូដារ៉ាត់ កេយុរ៉ាផាន់ (Sudarat Keyuraphan) មកពីគណបក្សថៃកសាងថៃ (Thai Build Thai)។ បើយោងតាមរបាយការណ៍របស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (NIDA) ដែលបានចេញផ្សាយកាលពីថ្ងៃ១៩ ខែមីនា ឆ្នាំ២០២៣ ស្ដីអំពីលទ្ធផលស្ទង់មតិប្រជាជនថៃ បានរកឃើញថាអ្នកដែលគាំទ្របេក្ខជនឱ្យធ្វើជានាយករដ្ឋមន្ត្រីថៃនៅអាណត្តិក្រោយមានដូចជា លោកស្រី ផែថងឋាន ទទួលបានការគាំទ្រ ៣៨,២០% លោក ភីថា ទទួលបាន ១៥,៧៥% លោក ប្រាយុទ្ធ ទទួលបាន ១៥,៦៥% អ្នកមិនច្បាស់ថាគួរគាំទ្របេក្ខជនរូបណា មានចំនួន ៩,៤៥% និងលោកស្រី ស៊ូដារ៉ាត់ ទទួលបាន ៥,១០%។

ឧបសគ្គរបស់គណបក្សភឿថៃ

យោងតាមតួលេខខាងលើ យើងសង្កេតឃើញថា លោក ប្រាយុទ្ធ កំពុងធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំង ដោយលោកត្រូវប្រឈមជាមួយនឹងគូប្រកួតដ៏មានសក្កានុពល នោះគឺលោក ស្រី ផែថងឋាន។ គួរដឹងដែរថា លោកស្រីគឺជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និងត្រូវជាក្មួយស្រីបង្កើតរបស់ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់។ ប៉ុន្តែ ដូចដែលបានលើកឡើងខាងលើ ការយកឈ្នះត្រឹម ៣៨,២០%​ នៃអាសនៈនៅក្នុងរដ្ឋសភាសរុប ៥៥០ អាសនៈ នៅមិនអាចបង្កើតរដ្ឋាភិបាលនៅឡើយទេ ពោលគឺត្រូវយកឈ្នះឱ្យបានភ្លូកទឹកភ្លូកដី ប្រមាណជា ៤០១ អាសនៈឡើងទៅ ទើបអាចទទួលបានជោគជ័យ។ ដូច្នេះ ប្រសិនបើលទ្ធផលក្រោយការបោះឆ្នោត ដូចទៅនឹងការស្ទង់មតិខាងលើមែន នោះលោកស្រី ផែថងឋាន ទំនងជានឹងត្រូវស្វះស្វែងរកការបង្រួបបង្រួម បញ្ចូលសំឡេងគ្នាជាមួយគណបក្សដទៃទៀត ដើម្បីអាចឈានទៅរកគោលដៅបញ្ចប់ដំណែងរបស់លោក ប្រាយុទ្ធ បានសម្រេច និងបង្កើតរដ្ឋាភិបាលចម្រុះថ្មីបានជោគជ័យ។

តើការសម្រេចចិត្តបោះឆ្នោតរបស់ពលរដ្ឋថៃអាស្រ័យទៅលើកត្តាអ្វី?

បើក្រឡេកទៅមើលការយល់ឃើញរបស់អ្នកវិភាគអំពីបញ្ហាសង្គម និងនយោបាយមួយចំនួន បានយល់ឃើញថា ប្រជាជនថៃភាគច្រើន សម្រេចចិត្តបោះឆ្នោតគាំទ្រគណបក្សណាមួយ តាមរយៈការមើលទៅលើសមត្ថភាពរបស់ថ្នាក់ដឹកនាំគណបក្សនោះ ជាជាងការមើលទៅលើគោលនយោបាយនៃគណបក្សនីមួយៗ។ ជាទូទៅ គណបក្សតែងតែមានគោលនយោបាយដោះស្រាយបញ្ហាថ្នាក់តំបន់ ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានរៀងៗខ្លួន ប៉ុន្តែនៅពេលដែលគណបក្សទាំងនោះត្រូវចងសម្ព័ន្ធភាពជាមួយគណបក្សដទៃ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី គោលនយោបាយរបស់ពួកគេក៏ត្រូវផ្លាស់ប្ដូរដូចគ្នា។ សម្រាប់គោលនយោបាយនៃគណបក្សភឿថៃរបស់លោកស្រី ផែថងឋាន គ្មានអ្វីថ្មីច្រើននោះទេ។ គោលនយោបាយសឹងតែទាំងស្រុង គឺដូចទៅនឹងអ្វីដែលឪពុករបស់លោកស្រីបានបន្សល់ទុក ប៉ុន្តែគេក៏មិនទាន់អាចវាយតម្លៃបានភ្លាមៗថាលោកស្រីជាអ្នកនយោបាយដែលគ្មានបទពិសោធ ឬគ្មានសមត្ថភាពនោះទេ។

គោលនយោបាយរបស់គណបក្សភឿថៃ

ក្នុងយុទ្ធនាការមុនថ្ងៃបោះឆ្នោត គណបក្សភឿថៃបានដាក់ចេញនូវគោលនយោបាយសំខាន់ៗចំនួន ១៣ ចំណុច ក្នុងនោះមានដូចជា៖ ទី១ ការងារប្រើកម្លាំងនឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ៧ម៉ឺនរៀល/ថ្ងៃ ហើយប្រាក់ខែសម្រាប់និស្សិតបញ្ចប់បរិញ្ញាបត្រនឹងទទួលបានចាប់ពី ៣លានរៀល/ខែ ទី២ ប្រើប្រាស់បច្ចេកវិទ្យាជាជំនួយដល់វិស័យកសិកម្ម ទី៣ រកចំណូលពីវិស័យទេសចណ៍ឱ្យបាន ៨៧ ប៊ីលានដុល្លារ/ឆ្នាំ ទី៤ ប្រើប្រាស់ប្រព័ន្ធ Blockchain ក្នុងការកាត់បន្ថយអំពើពុករលួយ ទី៥ ធ្វើវិសោធនកម្មរដ្ឋធម្មនុញដើម្បីផលប្រយោជន៍ប្រជាជន ទី៦ បង្រ្កាបបទល្មើសគ្រឿងញៀន ទី៧ បង្កើត​ប្រព័ន្ធ​ការពារ​អ៊ីនធឺណិត ទី៨ រៀបចំ​ប្លង់កម្មសិទ្ធិដីធ្លីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទី៩ សិស្សម្នាក់នឹងមានថេប្លេត (Tablet) មួយគ្រឿង គ្រូម្នាក់ក៏នឹងមានថេប្លេតមួយគ្រឿងដូចគ្នា និងបង្កើនថវិកាអាហារថ្ងៃត្រង់នៅសាលារៀន ទី១០ បង្កើតជំនាញមួយសម្រាប់គ្រួសារមួយ ទី១១ បង្កើតនាមប័ណ្ណប្រជាជនថៃមួយប្រភេទដែលអាចប្រើសម្រាប់ព្យាបាលជំងឺដោយឥតគិតថ្លៃនៅទូទាំងប្រទេសថៃ ទី១២ តម្លៃរថភ្លើងអាកាសនឹងត្រូវកំណត់តម្លៃត្រឹមតែជាង ២៣០០រៀលប៉ុណ្ណោះ​ ជិះចាប់ពីស្ថានីយដំបូង ដល់ស្ថានីយចុងក្រោយ ទី១៣ ពលរដ្ឋថៃទាំងអស់នឹងមានទឹកបរិភោគ និងប្រើប្រាស់គ្រប់គ្រាន់។

គុណសម្បត្តិរបស់លោក ប្រាយុទ្ធ

ដោយឡែកសម្រាប់គណបក្សថៃកសាងថៃ របស់លោក ប្រាយុទ្ធ ក៏បានដាក់ចេញនូវគោលនយោបាយ ១៣ ចំណុចដូចគ្នា​ ដោយគ្របដណ្ដប់ទៅលើវិស័យសំខាន់ៗនៅក្នុងប្រទេសស្រដៀងគ្នាទៅនឹងគណបក្សភឿថៃ ក្នុងនោះរួមមានគោលនយោបាយដែលពាក់ព័ន្ធទៅនឹងវិស័យសុខាភិបាល វិស័យអប់រំ សេដ្ឋកិច្ច និងវិស័យកសិកម្មជាដើម។​ ជារួម ពលរដ្ឋថៃមួយចំនួនក៏អាចធ្វើការសម្រេចចិត្តដោយផ្អែកទៅលើគោលនយោបាយរបស់គណបក្សនីមួយៗផងដែរ ប៉ុន្តែសម្រាប់លោក ប្រាយុទ្ធ វិញ ប្រជាជនថៃដែលជាម្ចាស់ឆ្នោត ជាពិសេសយុវជន ទំនងជានឹងមើលទៅលើប្រវត្តិរបស់លោកដែលបានដឹកនាំប្រទេសប៉ុន្មានឆ្នាំមកនេះ។​ ជាក់ស្ដែង លោក ប្រាយុទ្ធ ជាមេដឹកនាំម្នាក់ដែលអាចបង្កលក្ខណៈឱ្យប្រទេសថៃមានស្ថិរភាពនយោបាយបានចាប់តាំងពីឆ្នាំ២០១៤ ប៉ុន្តែក៏ត្រូវរលាយបាត់ទៅវិញបន្ទាប់ពីព្រឹតិ្តការណ៍បាតុកម្មនៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២១ បានផ្ទុះឡើង។

យ៉ាងណាក៏ដោយ លោកក៏បានរួមចំណែកក្នុងការធ្វើឱ្យប្រទេសថៃឱ្យនៅតែជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងមានផលិតផលក្នុងសរុបប្រមាណ ៥០៦ ប៊ីលានដុល្លារអាមេរិកគិតត្រឹមឆ្នាំ២០២២ ហើយសម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចថៃត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងប្រហែល ៣,២% បន្ថែមទៀត នេះបើយោងតាមការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (NESDC)។ បើយើងក្រឡេកទៅមើលដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ថៃ មានចំនួន៤ ក្នុងនោះរួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន និងជប៉ុន។ ទំនិញនាំចេញភាគច្រើនគឺគ្រឿងអេឡិចត្រូនិក ស្បៀងអាហារ និងគ្រឿងយន្តជាដើម។ ជារួម ថៃគឺជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ នៅក្នុងតំបន់អាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។ ជាការកត់សម្គាល់ វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងចរន្ធសេដ្ឋកិច្ចថៃ ពោលគឺអាចរកចំណូលបានស្មើនឹង ២០% នៃផលិតផលក្នុងស្រុកសរុប។

ការរួមចំណែករំលោភសិទ្ធិមនុស្សរបស់លោកប្រាយុទ្ធ

បើទោះបីជាលោក ប្រាយុទ្ធ ធ្លាប់បានកសាងស្នាដៃមួយចំនួនក៏ពិតមែន ប៉ុន្តែលោកក៏ត្រូវបានអង្គការសិទ្ធិមនុស្សទាំងក្នុងស្រុក និងអន្តរជាតិបានធ្វើការចោទប្រកាន់ផងដែរ ពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស។ យោងតាមរបាយការណ៍របស់អង្គការ Freedom House ដែលបានធ្វើការវាយតម្លៃប្រទេសថៃនៅឆ្នាំ២០២៣ បានបង្ហាញថា ប្រទេសថៃស្ថិតក្នុងចំណោមប្រទេសដែល “មិនមានសេរីភាព” នៅឡើយ ដោយបានដាក់ពិន្ទុតាមរយៈការវាយតម្លៃទៅលើស្ថានភាពសិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋត្រឹមតែ ៣០ លើ ១០០​ ពិន្ទុប៉ុណ្ណោះ ពោលគឺសិទ្ធិនយោបាយទទួលបាន ៥ លើ ៤០ ពិន្ទុ និងសេរីភាពពលរដ្ឋទទួលបាន ២៤ លើ ៦០​ ពិន្ទុ។ តួលេខនេះសរបញ្ជាក់ឱ្យឃើញថា ស្ថានភាពនៃការគោរពសិទ្ធិមនុស្សនៅប្រទេសថៃមានកម្រិតទាបគួរឱ្យព្រួយបារម្ភ និងទាបជាងបណ្ដាប្រទេសសមាជិកអាស៊ានមួយចំនួន ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វ៊ីលីពីនជាដើម បើទោះបីជាប្រទេសនេះមានទំហំផលិតផល​ក្នុង​ស្រុក​សរុប (GDP) ជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីក៏ដោយ។

ជាក់ស្ដែង ចាប់តាំងពីឆ្នាំ២០២០មក សកម្មជនអ្នកការពារសិទ្ធិមនុស្សនៅប្រទេសថៃប្រមាណជាជិត ២០០០ នាក់ហើយដែលត្រូវបានតុលាការថៃធ្វើទុកបុកម្នេញជាបន្តបន្ទាប់។ ក្នុងនោះ ជិត ៣០០ នាក់ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ ដោយសារតែពួកគេមានភាពសកម្មខ្លាំងក្នុងការផ្ដួចផ្ដើមឱ្យមានការតវ៉ាទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ គួរកត់សម្គាល់ថា ក្នុងចំណោមសកម្មជនជាប់ចោទទាំងអស់នោះ ក៏មានក្មេងដែលទើបតែមានអាយុ ១២ ឆ្នាំម្នាក់ផងដែរ នេះបើយោងតាមអង្គការមេធាវី​ថៃ​ដើម្បី​សិទ្ធិ​មនុស្ស (TLHR)។ ក្នុងចំណោមសកម្មជនទាំងអស់នោះទៀតសោត អ្នកដែលជាប់ចោទពីបទប្រមាថព្រះមហាក្សត្រមានរហូតដល់ទៅជាង ២០០ នាក់ ក្នុងនោះ ស្ត្រីម្នាក់ដែលបានចែករំលែកឃ្លីបសំឡេងរិះគន់ព្រះមហាក្សត្រថៃនៅលើបណ្ដាញសង្គម ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលរហូតដល់ទៅ ៤៣ ឆ្នាំកន្លះ។

សរុបជារួម យោងតាមសម្មតិកម្មដែលបានរៀបរាប់ខាងលើ អាចក្លាយជាមូលដ្ឋាន និងជាទឡ្ហីករណ៍ខ្លះៗក្នុងការជួយដល់មិត្តអ្នកអាន អាចយកទៅធ្វើការសន្និដ្ឋាន និងវិភាគបន្ត ថាតើលទ្ធផលបោះឆ្នោតជាសកលនៅប្រទេសថៃ នៅខែឧសភា ខាងមុខនេះ នឹងទៅជាយ៉ាងណា ហើយថាតើលោក ប្រាយុទ្ធ អាចរក្សាដំណែងជានាយករដ្ឋមន្ត្រីបានដែរឬក៏យ៉ាងណា។ ប្រសិនបើលោក ប្រាយុទ្ធ អាចរក្សាដំណែងជានាយករដ្ឋមន្រ្តីបាន តើអ្នកគាំទ្រគណបក្សប្រឆាំងទាំងអស់អាចនឹងចេញធ្វើបាតុកម្មដូចកាលពីដើមឆ្នាំ២០២០ ទៀតដែររឺទេ? ម៉្យាងទៀត ប្រសិនបើគណបក្សភឿថៃរបស់លោកស្រី ផែថងឋាន មិនអាចដណ្ដើមបាន ៤០១ អាសនៈឡើងទៅនោះទេ តើឱកាសក្នុងការចងសម្ព័ន្ធភាពជាមួយគណបក្សដទៃដើម្បីបង្កើតរដ្ឋាភិបាលចម្រុះអាចនឹងកើតមានឡើងសារជាថ្មីដែររឺទេ? ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោត ហើយអាចបង្កើតរដ្ឋាភិបាលថ្មីបាន តើលោក ប្រាយុទ្ធ នឹងធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលទៀតដែររឺទេ?​ ហើយប្រសិនបើលោក ប្រាយុទ្ធ ឈ្នះឆ្នោត តើលោកនឹងព្រមចុះចេញពីដំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៥ ដែររឺទេ?

កម្មវិធីថង់ប្រាជ្ញា ៖ ឥទ្ធិពល Tiktok នៅលើទឹកដីសហរដ្ឋអាមេរិក

Tiktok គឺកម្មវិធីចែកចាយវីឌីអូដែលផ្តើមចេញពី Musical.ly ដែលកម្មវិធីផ្តោតទៅលើការច្រៀងមិនបញ្ចេញសម្លេង (Lip-syncing) ប៉ុន្តែក្រោយមកកម្មវិធីនេះត្រូវបានទិញយកដោយក្រុមហ៊ុន ByteDance នៅឆ្នាំ ២០១៨ ហើយត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា Tiktok នេះឯង។ ដោយសារតែក្រុមហ៊ុន ByteDance គឺជាក្រុមហ៊ុនរបស់ជនជាតិចិន វាក៏ត្រូវបានសហរដ្ឋអាមេរិកចោទថាមានការជាប់ពាក់ព័ន្ធនឹងការចែកចាយព័ត៌មានរបស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិនផងដែរ។ ទន្ទឹមនេះ ដោយសារតែចំនួនអ្នកគាំទ្រទៅលើកម្មវិធី Tiktok កំពុងតែបានកើនឡើងជាលំដាប់ សហរដ្ឋអាមេរិកក៏កើតមានការព្រួយបារម្ភទៅលើសន្តិសុខជាតិរបស់ខ្លួន​ ហើយក៏បានចាត់វិធានការ ដើម្បីចាត់ចែងក្នុងការបញ្ឈប់ការប្រើប្រាស់កម្មវិធីTiktokនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ វិធានការនេះបានធ្វើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ  និងលោក ចូ បៃឌិន បានទទួលនូវមកវិញនូវការតវ៉ាជាច្រើនពីប្រជាជនខ្លួន។ ដោយហេតុនេះហើយ នៅក្នុងអត្ថបទនេះយើងនឹងលើកឡើងអំពីកម្មវិធី TikTok រដ្ឋការរបស់ លោក ដូណាល់ត្រាំ និង លោក ចូ បៃឌិន ទៅលើTiktok ក៏ដូចជា ឥទ្ធិពលរបស់ Tiktok ក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកនៅពេលខាងមុខ។

អំពីកម្មវិធី Tiktok

Tiktok គឺជាកម្មវិធីចែកចាយវីឌីអូដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតវីឌីអូខ្លីៗទៅលើប្រធានបទកំសាន្តនានាតាមចំណង់ចំណូលចិត្ត។ កម្មវិធីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រើភាពច្នៃប្រឌិតរបស់ខ្លួនក្នុងការបង្កើតមាតិកា (content) ផ្សេងៗដោយប្រើប្រាស់ចម្រៀងនិងសម្លេង (Sound effect) ជាច្រើន។ ក្រោយពីបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន ByteDance នៅឆ្នាំ​២០១៨ កម្មវិធីបានទទួលនូវការចាប់អារម្មណ៍ជាលំដាប់រហូតមានចំនួនអ្នកប្រើប្រាស់ដល់ទៅ១ពាន់លាននាក់ នេះបើយោងទៅតាមគេហទំព័រ influencermarketinghub។ គួរបញ្ជាក់ឱ្យដឹងផងថាកម្មវិធី Tiktok មិនមានការអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសចិនឡើយបើទោះជាក្រុមហ៊ុន ByteDance គឺជាក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិចិនដែល បានទិញយកកម្មវិធីនេះពីសហរដ្ឋអាមេរិកក៏ដោយ។

បើយើងក្រឡេកមកមើល ByteDance វិញ ByteDance គឺជាក្រុមហ៊ុនដែលបង្កើតឡើងនៅប្រទេសចិនតាំងពីឆ្នាំ ២០១២ ជាប្រព័ន្ធផ្សព្វផ្សាយ (social media) សម្រាប់ការកំសាន្ត (entertainment)។ ដោយសារតែ ByteDance ជាកម្មវិធីដែលស្ថិតនៅក្នុងប្រទេសចិនហើយច្បាប់នៅប្រទេសចិនកាលពីឆ្នាំ ២០១៧ បានចែងឱ្យក្រុមហ៊ុនទាំងអស់ត្រូវតែប្រគល់ទិន្នន័យទៅឱ្យរដ្ឋាភិបាលទើប ByteDance ត្រូវបានសហរដ្ឋអាមេរិកភ័យខ្លាចក្នុងការឱ្យ ប្រជាជនខ្លួនប្រើប្រាស់ Tiktok​ នេះ។

រដ្ឋកាលលោកដូណាល់ត្រាំមកលើកម្មវិធី Tiktok (trump’s administration on tiktok)

ដោយសារតែចំនួនអ្នកប្រើប្រាស់នៅទូទាំងប្រទេសបានកើនឡើងជាខ្លាំង កាលពីឆ្នាំ ២០២០ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចាត់វិធានការដើម្បីទិញកម្មវិធី Tiktok នេះ។ វិធានការនេះគឺធ្វើឡើងដោយសារតែលោកបានលើកឡើងថា Tiktok បានប្រើប្រាស់កម្មវិធីនេះដើម្បីធ្វើចារកម្ម (spy) លួចព័ត៌មានប្រជាជនរបស់ខ្លួន។ ដោយហេតុនេះហើយលោកត្រាំបានចាត់វិធានការដើម្បីឱ្យក្រុមហ៊ុនក្នុងស្រុកខ្លួនទិញយកកម្មវិធី Tiktok ពីក្រុមហ៊ុនByteDance និង​បានចាត់ វិធានការឱ្យបិទកម្មវិធីនេះនៅក្នុងសហរដ្ឋអាមេរិកដែលបានធ្វើឡើងដើម្បីការពារសន្តិសុខជាតិ។

រដ្ឋកាលរបស់លោកចូ បៃឌិនមកលើកម្មវិធី Tikotok

នៅរយៈពេលថ្មីៗនេះកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ មានការធ្វើការសួរនាំ (testify) រវាងនាយកនៃ Tiktok (ceo) លោក ស៊ូ ឈូ (Shew Chou)ជាមួយនឹងសមាជិកសភា (congress) របស់សហរដ្ឋអាមេរិក។ ការសួរនាំនេះគឺជាកើតចេញក្រោមការគ្រប់គ្រងរបស់លោក ចូ បៃឌិន ទៅលើ Tiktok ក្នុងបំណងចង់ការពារសន្តិសុខជាតិរបស់ខ្លួន ដោយសារតែមានការព្រួយបារម្ភពី ការផ្ទុកទិន្នន័យរបស់ Tiktok ដែលអាចនឹងត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ ការសួរនាំនេះបានលើកឡើងនូវសំណួរជាច្រើនដែលសួរថាតើកម្មវិធីTiktok ពិតជាគួរហាមឃាត់មែនឬទេ?

ការសួរនាំនេះក៏បានលើកឡើងនូវជម្រើសបី (PBS) ទៅកាន់Tiktokផងដែរ ដោយទីមួយគឺការទាមទាររបស់រដ្ឋាភិបាលលោក បៃឌិន  ឱ្យមានការលក់កម្មវិធី Tiktok នេះមកឱ្យសហរដ្ឋអាមេរិក។ ទីពីរគឺការហាមឃាត់ការប្រើប្រាស់កម្មវិធីនេះពីសហរដ្ឋអាមេរិកតែម្តងដែលនេះជាការលើក ឡើងដោយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ។ ចុងក្រោយគឺជាការធ្វើឡើងនូវគម្រោងតិចសាស់ (Project Texas) ដែលគម្រោងនេះបានលើកឡើងដោយលោក ស៊ូ ឈូ ដែលនិយាយថាទិន្នន័យរបស់អ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកនិងត្រូវបានផ្ទុកនៅលើទឹកដីសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនរបស់អាមេរិកនិងមើលការខុសត្រូវដោយបុគ្គលិកអាមេរិក (American Personnel)។

ឥទ្ធិពលរបស់កម្មវិធី TikTok ដែលអាចមានទៅលើការបោះឆ្នោតរបស់សហរដ្ឋអាមេរិក

អ្វីដែលខាងសហរដ្ឋអាមេរិកបារម្ភអំពី Tiktok បំផុតនោះគឺការលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិនដើម្បីចេញមាតិកាដែលអាចជ្រែតជ្រែកការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងការគ្រប់គ្រងព័ត៌មានក្លែងក្លាយដែលក៏ជាកត្តាក្នុងការប៉ះពាល់ឆន្ទៈក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកដែរ។ កាលពីការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅឆ្នាំ២០២០ មានការអះអាងមួយចំនួនថា Tiktok បានបញ្ចេញព័ត៌មានមិនពិតដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោតជំនាន់នោះ ហើយគេព្រួយបារម្ភថាប្រវត្ដិសាស្ត្រអាចកើតឡើងម្ដងទៀតសម្រាប់ការបោះឆ្នោតអាណិត្ដក្រោយ។ យោងតាមការសិក្សារបស់អង្គការ Global Witness នៅឆ្នាំ២០២២ Tiktok គឺជាបណ្ដាញសង្គមមួយដែលគួរឱ្យបារម្ភជាងគេបង្អស់ក្នុងចំណោមបណ្ដាញសង្គមនានា ដោយសារតែបើទោះបីជាបណ្ដាញសង្គមនេះអះអាងថាមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ប៉ុន្តែបានអនុញ្ញាតឱ្យមានការផ្សព្វផ្សាយព័ត៌មានមិនពិត (ads misleading information) ទាក់ទងនឹងការបោះឆ្នោតជាង ៩០%។ មិនថាតែនៅសហរដ្ឋអាមេរិកទេ ប៉ុន្តែ Tiktok ក៏ជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតនៅប្រទេស Kenyna និង ព័ត៌មាននៅប្រទេសអ៊ុយក្រែនផងដែរ នេះបើយោងតាមការចេញផ្សាយរបស់  The Guardian។ ហេតុដូចនេះហើយទើបរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាត់ទុកTiktok ថាជាការគម្រាមកំហែងសន្តិសុខជាតិ។

កម្មវិធីថង់ប្រាជ្ញា៖ គំនិតជាតិនិយមនៅប្រទេសឥណ្ឌូនេស៊ីក្រោយការបញ្ចប់សង្គ្រាមលោកលើកទី២

គំនិតជាតិនិយមសំដៅទៅលើគោលគំនិតនៃនយោបាយបែបទំនើប ដែលបានចាប់កំណើតឡើងអំឡុងពេលសម័យអាណានិគម។   នៅពេលដែលនិយាយដល់គំនិតជាតិនិយមគេក៏នឹកឃើញដល់ប្រទេសដែលមានទីតាំងស្ថិតនៅប៉ែកអាស៊ីអាគ្នេយ៍។  ក្នុងនោះប្រទេសឥណ្ឌូនេស៊ីត្រូវបានគេស្គាល់ថា  ជាប្រទេសដែលមានឥទ្ធិពលគំនិតជាតិនិយមខ្លាំងក្លា ជាពិសេសក្នុងរជ្ជកាលក្រោមការត្រួតត្រារបស់អាណានិគមហូឡង់ ​​ ។ ​​                  ប្រទេសអាស៊ីអាគ្នេយ៍ដីកោះមួយនេះ បានប្រកាសខ្លួនចេញពី អាណានិគមនៅក្នុងឆ្នាំ ១៩៤៥ ក្រោមការផ្ដួចផ្ដើមរបស់មេដឹកនាំជាតិនិយមឈ្មោះថាលោក ស៊ូ  កាណូ។   ក្នុងនាមជាប្រទេសដែលទើបរួចផុតពីអាណានិគម  ហើយក៏ចេញផុតពីភ្លក់ភ្លើងនៃសង្គ្រាមថ្មីៗ តើប្រទេសឥណ្ឌូនេស៊ីបំផុសបំផុលគំនិតជាតិនិយមរបស់ពួកគេយ៉ាងដូចម្ដេចខ្លះ?

ក្នុងនាមជាប្រទេសដែលទើបនឹងរីកដុះដាល  ប្រាកដណាស់វាពិតជាមានភាពលំបាកយ៉ាងខ្លាំងក្នុងការដឹកនាំប្រទេសឲ្យទៅរកភាពសម្បូរសប្បាយ។  ឥណ្ឌូនេស៊ីជាក់ស្ដែងបានជួបប្រទះនិងបញ្ហាភូមិសាស្ត្រនយោបាយ វិសមភាពសេដ្ឋកិច្ច ការចម្រុះជាតិសាសន៍ សាសនា ក៏ដូចជាប្រព័ន្ធគ្រប់គ្រងរដ្ឋផងដែរ។  ហេតុនេះហើយទើប លោក  ស៊ូ កាណូ​ តំណាងឲ្យប្រជាជាតិឥណ្ឌូនេស៊ីទាំងមូល ប្រកាន់យកនូវគោលគំនិតជាតិនិយមក្នុងការកសាងរដ្ឋ និងប្រទេសឲ្យមានភាពរីកចម្រើន។​ ​   ជាដំបូងលោកបានមកឈោងចាប់ការដឹកនាំតាមបែបប្រជាធិបតេយ្យរបស់ពួកអឺរ៉ុបដែលមានឈ្មោះថា  Parliamentary Democracy ដែលមានឈ្មោះជាភាសាខ្មែរថា  របបប្រជាធិបតេយ្យដឹកនាំបែបសភានិយម។​ ការដឹកនាំមួយនេះទៀតសោតបានផ្ដោតលើចំណុចសំខាន់ៗចំនួន៣ ដូចជា ការតំណាងឲ្យប្រជាពលរដ្ឋ,  ការបម្រើទៅដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ  និងការត្រួតពិនិត្យព្រមទាំងកំណត់លក្ខខណ្ឌរបស់ប្រធានាធិបតី។   ផ្ទុយទៅវិញការប្រព្រឹត្តិទៅនៃរបបប្រជាធិបតេយ្យមិនបានរីកសុះសាយពេញផ្ទៃប្រទេសឥណ្ឌូនេស៊ីនោះទេ  ក៏ព្រោះតែកត្តាភូមិសាស្ត្ររបស់ប្រទេសនេះនៅដាច់ដោយឡែកពីគ្នា គឺប្រជាជន កោះជ្វា និងបណ្ដាលកោះដទៃទៀតមិនបានទទួលនូវឥទ្ធិពលទាំងអស់នោះទេ។  គួបផ្សំជាមួយនឹងការខ្វែងគំនិតគ្នានៃបក្សនីមួយៗក៏ដូចជា ការកកើតឡើងនៃរបបយោធាផងដែរនោះ  ទើបធ្វើឲ្យរបបគ្រប់គ្រងប្រជាធិបតេយ្យបែបសភាមួយនេះបានដួលរលំ  ហើយក៏ជាហតុធ្វើឲ្យប្រជាជននៃប្រទេសបាត់បង់គំនិតជាតិនិយមអស់មួយរយៈពេលខ្លី។ តែទោះជាយ៉ាងណា  គោលគំនិតមួយនេះមិនបានសាបសូន្យនោះទេ ប្រជាជាតិឥណ្ឌូនេស៊ីនៅតែប្រកាន់ខ្ជាប់នូវគោលការណ៏របស់ខ្លួ​ន  ក្នុងការបង្កើតឲ្យមានតម្លាភាពក្នុងផ្ទៃប្រទេស ពោលគឺលុបបំបាត់ភាពចម្រុះនៃគណៈបក្សនយោបាយ ជាតិសាសន៍ សាសនា និងការបង្រួបបង្រួមគ្នាជាធ្លុងមួយ។

រហូតមកដល់ឆ្នាំ ១៩៥៩  អ្នកចលនាជាតិនិយម លោក ស៊ូ កាណូបានណែនាំរបបប្រជាធិបតេយ្យមួយទៀត   ដែលមានបំណងស្របតាមឆន្ទៈនៃគំនិតជាតិនិយមរបស់ប្រជាពលរដ្ឋ ដែលរបបនេះមានឈ្មោះជាភាសាអង់គ្លេសថា  Guided Democracy ។    របបត្រូវបានគេស្គាល់ថាជាការរួបរួមចូលគ្នារវាងគោលគំនិតពីរសំខាន់គឺ គណៈបក្សនយោបាយ (គណៈបក្សនយោបាយច្រើនមកចូលរួមគ្នាតែមួយ)  និងក្រុមប្រឹក្សាជាតិនៃប្រទេសឥណ្ឌូនេស៊ីទាំងមូល។ ចំពោះទស្សនៈនៃការធ្វើ បែបនេះជាភាពវៃឆ្លាតមួយរបស់មេដឹកនាំក្នុងការបង្រួបបង្រួមអ្នកដែលមានគំនិតជាតិនិយមទាំងអស់ឲ្យមកសហការគ្នា  និងរួបរួមគ្នាតែមួយ។  អំឡុងពេលនោះលោកស៊ូ កាណូបានប្រើប្រាស់ពាក្យស្លោកមួយថា “ស៊ូហត់នឿយជាមួយគ្នា  សម្រក់ញើសតាមរយៈការនឿយ នោះជាមួយគ្នា​ ដើម្បីរួបរួមក្នុងការដោយស្រាយបញ្ហាដែលយើងកំពុងនឹងប្រឈម”។​    ការធ្វើការបង្រួបបង្រួមគ្នាបែបនេះរបស់លោក ស៊ូ កាណូ គឺដើម្បីដើម្បីបង្ការកុំមានការប្រឆាំងពីប្រជាជនគ្រប់ស្រទាប់វណ្ណៈនិងពីគ្រប់តំបន់  ដូចពីកាលការដឹកនាំរបបប្រជាធិបេតយ្យបែបសភាដែលតំបន់ខ្លះបានទទួលការមែលថែទាំ រីឯតំបន់ខ្លះមិនទទួលបានអ្វីទាល់តែសោះ។   ដំណើរការនៃការប្រព្រឹត្តិទៅរបស់របបប្រជាធិបតេយ្យមួយនេះគឺទទួលបានជោគជ័យ សម្រាប់ការកសាងជាតិរបស់ប្រទេសឥណ្ឌូនេស៊ីនាសម័យនោះផង ហើយក៏ទទួលជាគោលគំនិតជាតិនិយមមួយរបស់អ្នកដឹកនាំនាសម័យកាលនោះផងដែរ។​

សរុបជារួមមក គំនិតជាតិនិយមរបស់ប្រជាជនឥណ្ឌូនេស៊ីដែលផ្ដោតសំខាន់ទៅលើការកសាងសង្គម   គឺពឹងផ្អែកខ្លាំងក្នុងការជ្រើសរើសប្រព័ន្ធនយោបាយនៃការដឹកនាំ ដើម្បីឲ្យកាន់តែច្បាស់ថាប្រទេសគួរតែប្រកាន់យករបបនយោបាយបែបណា  ទើបប្រទេសអាចងើបផុតពីបញ្ហាដែលបានចោទឡើងក្នុងនាមជារដ្ឋថ្មីមួយក្នុងពិភពលោក។  ជាក់ស្ដែងតាមរយៈការប្រើប្រាស់របបនយោបាយបែបប្រជាធិបតេយ្យតាមសភា ឃើញថាផលអវិជ្ជមានគឺមានច្រើនដោយសារតែ  ការដឹកនាំបែបនេះត្រូវបានធ្វើរួចមកហើយនៅប៉ែកអឺរ៉ុប ក្នុងនាមឥណ្ឌូនេស៊ីជារដ្ឋថ្មីវាពិតជាពិបាកក្នុងការដើរតាមរបបបែបនេះហើយទទួលបានជោគជ័យណាស់។   ដោយឡែកដោយសារតែឃើញនូវចំណុចទាំងនេះ  ទើបគេបានផ្លាស់ប្ដូរ ទៅជារបបនយោបាយដែលមានឈ្មោះថា Guided Democracy។​ របបនេះទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ គួបផ្សំជាមួយនឹងភាពវៃឆ្លាតរបស់មេដឹកនាំដែលបានសង្កេតឃើញនូវចំណុចខ្វះខាតដែលធ្លាប់មានពីមុនមក។    តាមរយៈរបបនយោបាយទាំងពីរ និងគំនិតជាតិនិយមរបស់ប្រជាជននៃប្រទេសឥណ្ឌូនេស៊ី   ទើបវាក្លាយជាយាន្តមួយសម្រាប់ប្រទេសអាស៊ីដីកោះមួយនេះ   ក្នុងការអភិវឌ្ឍប្រទេសនិងសង្គមរបស់ខ្លួនឲ្យដើរទៅរករបបប្រជាធិបតេយ្យមួយដែលកម្លាំងនៃប្រជាធិបតេយ្យខ្លាំងក្លាជាងគេក្នុងចំណោមប្រទេសដែលស្ថិតនៅក្នុងបែកអាស៊ីអាគ្នេយ៍។

វិចារណកថាថ្ងៃសុក្រ៖ ការប្រឈមមុខរបស់ប្រទេសចិននិងលោកខាងលិចចំពោះតំបន់ស៊ីនជាំង

ចិនជាប្រទេសមួយដែលមានផ្ទៃដីដ៏ធំទូលាយមួយនៅក្នុងពិភពលោក ហើយមិនតែប៉ុណ្ណោះក៏ជាប្រទេសមួយដែលមានប្រជាជនច្រើនផងដែរ។ ទាំងនេះក៏អាចជាហេតុផលមួយដែលធ្វើអោយប្រទេសចិនមានប្រជាជនគោរពប្រតិបត្តិសាសនាចម្រុះគ្នា ហើយតំបន់មួយចំនួនមានជនជាតិចិន និងមួយចំនួនទៀត ម្ចាស់ដែនដីពីមុនរស់នៅដូចជា ទីបេ (Tibet) តំបន់ស៊ីនជាំង (Xinjiang) និងតំបន់ម៉ុងហ្គោលីខាងក្នុង (Inner Mongolia) ជាដើម។ តំបន់ដែលមាន ជនជាតិដើមរស់នៅច្រើន ត្រូវបានរដ្ឋាភិបាលចិនដាក់បញ្ចូលទៅជាតំបន់ស្វយ័តដែលបច្ចុប្បន្នមានចំនួន ៥ តំបន់សម្រាប់ការគ្រប់គ្រងដូចជាទីបេ មានប្រជាជនទីបេជាម្ចាស់ស្រុករស់នៅ។ តំ វាគឺជាតំបន់មួយដែលមានប្រជាជនដើមភាគច្រើនកាន់សាសនាអ៊ីស្លាមដែលយើងស្គាល់ថាជាជនជាតិអ៊ុយហ្គួរ (Uyghur) និងតួក (Turkic)។ ស៊ីនជាំងគឺជាតំបន់ដែលតែងតែមានរឿងដ៏ក្តៅគគុកយូរមកហើយ ចាប់តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ដោយសារតែប្រជាជននៅទីនោះមានបំណងចង់ផ្តាច់ខ្លួនចេញពីប្រទេសចិន ព្រោះតំបន់នេះសម្បូរទៅដោយជនជាតិដើមដែលកាន់សាសនាអ៊ីស្លាម។ ​ហើយនាពេលបច្ចុប្បន្ន ពិភពលោកបាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដោយសារពួកគេបានចោទប្រកាន់ចិនថាកំពុងមានការធ្វើទុក្ខបុកមេ្នញទៅលើប្រជាជននៅតំបន់នោះ ជាពិសេសពួកអ៊ុយហ្គួរដែលជាអ្នកចង់ឱ្យមាន​​​ឯករាជ្យភាពសម្រាប់ដែនដីខ្លួន។ តើជម្លោះនៃតំបន់ស៊ី​​នជាំងនេះ ទទួលរងប្រតិកម្មលោកខាងលិចដូចមេ្តចចំពោះការគ្រប់គ្រងរបស់ចិនក្នុងតំបន់នេះ?

១. តំបន់ស៊ីនជាំង និងការចាប់អារម្មណ៍របស់លោកខាងលិចលើតំបន់នេះ

ស៊ីនជាំងគឺជាតំបន់មួយដែលស្ថិតនៅភាគពាយព្យនៃប្រទេសចិន និងមានចម្ងាយប្រមាណ ៣១៣៧ ​គ.មពីរដ្ឋធានីប៉េកាំង។ វាជាតំបន់ដ៏ធំមួយដែលមានផ្ទៃដី ១ ៦៦៤ ៨៩២ គ.ម រួមទាំងមានព្រំប្រទល់ជាប់ប្រទេសជាច្រើនជាពិសេសប្រទេសតំបន់អាស៊ីកណ្តាលដែលសុទ្ធតែជាប្រទេសដែលមានប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាមដូចគ្នា។ ស៊ីនជាំងត្រូវបានរដ្ឋាភិបាលកុម្មុយនីស្តចិនដាក់ជាតំបន់ស្វយ័តសម្រាប់ការគ្របគ្រងរដ្ឋបាលតាំងពីឆ្នាំ១៩៥៥ មកម្ល៉េះ ព្រោះតំបន់នេះសម្បូរក្រុមជនជាតិភាគតិច (ម្ចាស់ស្រុក) ដែលកាន់សាសនាអ៊ីស្លាម ហើយតំបន់នេះក៏មានរដ្ឋាភិបាលក្នុងតំបន់របស់ខ្លួនផងដែរ ប៉ុន្តែត្រូវស្ថិតក្រោមច្បាប់របស់ប្រទេសចិន។​ ដោយហេតុថាជាតំបន់ដែលមានជនជាតិដើមរបស់ខ្លួន (អ៊ុយហ្គួរ) ច្រើនជាងជនជាតិចិន ​ទើបធ្វើឱ្យពលរដ្ឋដែលរស់នៅស៊ីនជាំងចង់ផ្តាច់ខ្លួន ដើម្បីទទួលបានឯករាជ្យដោយផ្ទាល់ពីចិនដែលនេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុច្រើនទៀតដែលធ្វើឱ្យមានជម្លោះ។

ទីក្រុងប៉េកាំងត្រូវបានលោកខាងលិចកំពុងមើលឃើញថា ការគ្រប់គ្រងរបស់ខ្លួនក្នុងតំបន់ស៊ីនជាំងកំពុងមានការគាបសង្កត់ខ្លាំងលើសិទ្ធិមនុស្ស ដោយសារតែជុំរុំអប់រំស៊ីនជាំងដែលគ្រប់គ្រងដោយគណៈកម្មាធិការខេត្តស៊ីនជាំងនៃគណបក្សកុម្មុយនីស្តចិនផ្ទាល់តែម្តង។ ជុំរុំនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដោយរដ្ឋបាលរបស់អគ្គលេខាធិការបក្សកុម្មុយនីស្ដចិនលោក ស៊ី ជីនពីង (Xi Jinping)។ តាមរយៈរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានបញ្ជាក់ថា មានការបង្អត់អាហារទៅដល់ជនជាតិអ៊ុយហ្គួរ និងជនជាតិមូស្លីម ដែលគេចោទជាផ្នែកនៃសង្រ្គាមប្រជាជនលើភេវរកម្មដែលបានបះបោរក្នុងតំបន់នោះតាំងពីឆ្នាំ២០១៧។ ក្នុងនោះផងដែរ តាមរបាយការណ៍ព្រះរាជអាជ្ញាជាន់ខ្ពស់តំបន់ស៊ីនជាំង (Xinjiang High People’s Procuratorate) ក្នុងខែកុម្ភៈឆ្នាំ២០២២នេះថា មានមនុស្សសរុប៥៤០​ ៨២៦ នាក់ត្រូវបានកាត់ទោសនៅក្នុងតំបន់តាំងពីឆ្នាំ២០១៧។ មួយវិញទៀតអាជ្ញាធរចិនបានបានធ្វើការបង្រ្កាបលើចលនាបះបោរជាច្រើនក្នុងតំបន់ដែលជាហេតុធ្វើឱ្យមានការដាក់ក្នុងជំរំអប់រំមួយនេះ។ ដោយឡែក សម្រាប់ប្រតិកម្មពីសហគមន៍លោកខាងលិចជុំវិញបញ្ហាជុំរុំនេះវិញ​ ពួកគេបានចោទចិនថាមានការរំលោភលើសិទ្ធិមនុស្សជាខ្លាំង ជាពិសេសជនជាតិអ៊ុយហ្គួរថា មានការធ្វើទុកបុកមេ្នញ និងទារុណកម្មលើជនជាតិនេះ។ លោកខាងលិចក៏បានប្រើពាក្យខ្លាំងៗដើម្បីដាក់សម្ពាធលើចិនទៀតផង។ ប្រទេសចំនួន៤០ ជុំវិញពិភពលោក រួមមានកាណាដា តួកគីនិងជប៉ុនជាដើម បានអំពាវនាវឱ្យប្រទេសចិនគោរពសិទ្ធិមនុស្សនៃសហគមន៍អ៊ុយហ្គួរ ប៉ុន្តែរដ្ឋាភិបាលចិននៅតែអះអាងថាខ្លួនមិនដែលធ្វើទុកបុកមេ្នញលើអ្នកទោសនៅទីនោះទេ គឺគ្រាន់តែយកមកអប់រំនិងបង្រៀនជំនាញផ្សេងៗដល់ពួកគេដើម្បីលុបបំបាត់នៅមេរោគមនោគមន៍នៃប្រជាជនមូស្លីមនៅទីនោះប៉ុណ្ណោះ។

២. ការដាក់ទណ្ឌកម្មចំពោះចិននិង​ ការឆ្លើយតបរបស់ចិនពាក់ព័ន្ធនឹងការចោទប្រកាន់លើបញ្ហាស៊ីនជាំង

ចំពោះរឿងនៅតំបន់ស៊ីនជាំងនេះ លោកខាងលិចនៅតែធ្វើការចោទប្រកាន់ចិនលើការរំលោភសិទ្ធមនុស្សនៅក្នុងតំបន់នេះ។ ប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិចនិងសហភាពអឺរ៉ុបបានធ្វើការដាក់ទណ្ឌចិនទៅកាន់ក្រុមហ៊ុនចិនមួយចំនួនដែលពាក់ព័ន្ធទៅនឹងការបង្ក្រាបលើតំបន់ស៊ីនជាំងដែលគេបានចោទក្រុមហ៊ុននោះថាបានចូលរួមគាំទ្រការរំលោភសិទ្ធមនុស្សក្នុងប្រទេសចិន។ក្រុមហ៊ុនទាំងនោះត្រូវបានខាងសហរដ្ឋអាមេរិចហាមឃាត់ធ្វើការនាំចូលទៅក្នុងប្រទេសនោះឡើយ ទោះបីមានការបកស្រាយថាខ្លួនមិនបានពាក់ព័ន្ធក៏ដោយដូចជាក្រុមហ៊ុនកាំមេរ៉ាសុវត្ថិភាព Hikvision ជាដើម។ ចំណែកខាងសហភាពអឺរ៉ុបវិញ បានធ្វើការចោទប្រកាន់ចិនពាក់ព័ន្ធការរំលោភសិទ្ធមនុស្សនិងសមាជិកសហភាពអឺរ៉ុបក៏តែងតែជំរុញអោយមានការដាក់ទណ្ឌកម្មថ្មីៗផងដែរចំពោះប្រទេសចិន។

ចំពោះបញ្ហានេះ រដ្ឋាភិបាលចិនតែងតែធ្វើការឆ្លើយតបប្រឆាំងនិងច្រានចោលនឹងការចោទប្រកាន់ទាក់ទងពីតំបន់នេះនិងហាមឃាត់អ្នកដែលចោទប្រកាន់ចូលក្នុងប្រទេសចិនផងដែរឬតាមវិធីដទៃទៀត ដូចជាករណីក្នុងឆ្នាំ២០២០កីឡាករបាល់ទាត់មួយរូបគឺលោក​ Mesut Özil បានប្រតិកម្មលើការធ្វើទារុណកម្មលើជនជាតិមូស្លីម។ហើយជាលទ្ធផលបានឃើញថាភិបាលចិនបានហាមឃាត់ដល់ការចាក់ផ្សាយក្រុមរបស់គាត់ប្រកួតក្នុងប្រទេសចិន ដែលពេលនោះគាត់លេងអោយក្រុមបាល់ទាត់ អាស៊ឺណល (Arsenal) ដែលជាក្រុមកំពូលមួយក្នុងពិភពលោក និងក្រុមហ៊ុនហ្គេមបាល់ទាត់មួយ(PES)បានដកឈ្មោះគាត់ចេញពីហេ្គមក្នុងប្រទេសចិនផងដែរ។ពេលនោះផងដែរ​​ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា Ozil ត្រូវបាន “បោកបញ្ឆោតដោយព័ត៌មានក្លែងក្លាយ” មុនពេលធ្វើអត្ថាធិប្បាយរបស់គាត់ទាក់ទងពីតំបន់មួយនេះ។ មួយវិញទៀត ដោយសារតែខ្លួនជាមហាអំណាចទី២ក្នុងពិភពលោក ប្រទេសចិនក៏បានធ្វើការឆ្លើយតបទៅកាន់ប្រទេសលោកខាងចិនក៏ហាមឃាត់ក្រុមហ៊ុនមកពីប្រទេសទាំងនោះវិញផងដែរ។ នេះជាការមើលឃើញថាប្រទេសចិនក៏មានទម្ងន់ខ្លាំងផងដែរនៅក្នុងវិស័យសេដ្ឋកិច្ចនិងបានវាយបកទៅប្រទេសលោកខាងលិចផងដែរថា ខ្លួននឹងមានវិធានការហាមឃាត់ចំពោះបុគ្គលរូបណានិងក្រុមហ៊ុនណាដែលចោទប្រកាន់មកលើប្រទេសចិនចំពោះរឿងស៊ីនជាំងនេះ។

សរុបមក ស៊ីនជាំងគឺជាតំបន់មួយដែលមានផ្ទៃដីធំ និងចំនួនប្រជាជនប្រតិបត្តិអ៊ីស្លាមច្រើនជាងគេបំផុតក្នុងប្រទេសចិន។ ចំណែកឯជម្លោះរវាងជនជាតិដើមភាគតិចអ៊ីស្លាមក៏នៅតែកើតមានរហូតដល់បច្ចុប្បន្ន ព្រោះចលនាឯករាជ្យនៃពួកអ៊ីស្លាមនៅតំបន់នេះ នៅតែចិញ្ចឹមចិត្តចង់ផ្តាច់ខ្លួនចេញពីចិន។ ប៉ុន្តែរដ្ឋាភិបាលចិន បានធ្វើការបង្ក្រាបកុំឱ្យមានការបះបោររបស់ពួកអ៊ីស្លាមដែលចង់ផ្តាច់ខ្លួនជាច្រើនដង ហើយក៏មានការបង្កើតនូវជុំរុំអប់រំនៅក្នុងតំបន់ស៊ីនជាំងនេះដើម្បីអប់រំពួកដែលត្រូវបានចាប់ខ្លួនចេញពីចលនាបះបោរចង់ផ្តាច់ខ្លួននោះ។​ ដោយសារការបង្កើតជុំរុំទើបធ្វើឱ្យប្រទេសចិនទទួលនូវការប្រតិកម្មជាច្រើនពីប្រទេសលោកខាងលិច និងប្រទេសដែលប្រតិបត្តិសាសនាអ៊ីស្លាមថា មានការរំលោភសិទ្ធិមនុស្ស និងការធ្វើទារុណកម្មជាច្រើនក្នុងតំបន់។ប៉ុន្តែរដ្ឋាភិបាលចិននូវតែប្រកាន់រក្សាជំហរខ្លួនថា គ្មានការរំលោភសិទ្ធមនុស្សអ្វីទេ គឺគ្រាន់តែជាការអប់រំទៅដល់ពួកដែលជ្រុលនិយម ដែលបានបះបោរចង់ផ្តាច់ខ្លួនតែប៉ុណ្ណោះ។ ហើយជាការឆ្លើយតបនូវការចោទប្រកាន់លើរឿងនេះ ចិនតែងតែធ្វើការហាមឃាត់ដល់បុគ្គលឬប្រទេសណាដែលចេញមុខចោទប្រទេសចិនបានប្រព្រឺត្តនូវអំពើធ្វើទុកបុកមេ្នញលើប្រជាជនតំបន់នោះ។

 

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ