"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិបត្ដិថាមពលឡើងថ្លៃនៅអឺរ៉ុប និងការផ្លាស់ប្ដូរប្រភេទថាមពល

«វិបត្តិថាមពល» អាចនឹងក្លាយជាឃ្លាពេញនិយមប្រើទូទាំងពិភពលោកបន្ទាប់ពីពាក្យ «វិបត្តិកូវីដ១៩» ក្រោយពីជំងឺរាតត្បាតមួយនេះត្រូវអន់ថយ។ មូលហេតុចម្បងនោះគឺថា ការអភិវឌ្ឍគ្រប់វិស័យទាំងអស់សព្វថ្ងៃ ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន សេវាធារណៈ សំណង់ រោងចក្រ ទូរគមនាគមន៍ ធារាសាស្ត្រ អគ្គិសនី និងវិស័យផ្សេងៗទៀត សុទ្ធសឹងតែត្រូវការការផ្គត់ផ្គង់ពីវិស័យថាមពលដើម្បីដំណើរការ ដែលជាពិសេសបន្ទាប់ពីការផ្អាកសកម្មភាពនិងធ្វើសកម្មភាពយឺតដោយសារកូវីដ១៩។ ថាមពលនេះគឺសំដៅទៅដល់ការប្រើប្រាស់ប្រេងនិងឧស្ម័នដែលចម្រាញ់យកចេញពីធម្មជាតិតាមរយៈក្រុមហ៊ុនប្រេងនិងឧស្ម័នដើម្បីដាក់លក់នៅលើទីផ្សារ។ ជាក់ស្ដែង វិសាលភាពនៃការទាញយកធនធានប្រេងពីធម្មជាតិដើម្បីចម្រាញ់យកទៅប្រើប្រាស់នៅលើពិភពលោកមានទំហំធំធេងណាស់ ដែលក្នុងមួយថ្ងៃៗប្រមាណ ៩០លានបារ៉ែល ដោយគិតចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ នេះបើយោងតាមរបាយការណ៍ Statista។ ដូចច្នេះ ពិភពលោកទាំងមូលអាចនឹងជួបវិបត្តិកង្វះថាមពលប្រើប្រាស់នៅពេលដែលធនធានប្រេងនិងឧស្ម័នធម្មជាតិទាំងនោះត្រូវបានទាញយកអស់ពីស្រទាប់ផែនដី។ រូបភាពនៃការបំផ្លាញធនធានធម្មជាតិមួយនេះក៏អាចផ្ដល់វិនាសកម្មដល់ភពផែនដីទាំងមូល ដោយយើងអាចឃើញតាមរយៈ ចំនួនកើនឡើងនៃគ្រោះធម្មជាតិ បម្រែបម្រួលអាកាសធាតុ និងសីតុណ្ហភាពនៃរលកកំដៅកើនឡើងខ្លាំងជាដើម។ នេះជាបុព្វហេតុធ្វើឱ្យបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបចាប់ផ្ដើមងាកទៅរកការប្រើប្រាស់ថាមពលស្អាតស្អំ (Clean Energy) ដើម្បីកាត់បន្ថយហានិភ័យបង្កដោយគ្រោះធម្មជាតិ ដែលនេះជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀតនៃវិបត្តិថាមពលនៅទ្វីបអឺរ៉ុប។

ឈានជើងដើរចេញពីការបញ្ចេញឧស្ម័នកាបូនិច

បណ្ដាប្រទេសអភិវឌ្ឍន៍តែងតែរួមគ្នាដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីធ្វើអន្តរកាលឆ្លងកាត់សម័យប្រើប្រាស់ថាមពលធ្យូងថ្ម នុយក្លេអ៊ែរ ប្រេង និងឧស្ម័ន ឆ្ពោះទៅកាន់ពិភពលោកមួយដែលប្រើប្រាស់តែថាមពលមិនចេះរីងស្ងួត។ ឧទាហរណ៍ សហភាពអឺរ៉ុបបានកំណត់គោលដៅឆ្ពោះទៅរកអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៥៥% នៅឆ្នាំ ២០៣០ ធៀបទៅនឹងឆ្នាំ ២០០៥ ។ បណ្តាប្រទេសនៅទូទាំងទ្វីបអឺរ៉ុបកំពុងកាត់បន្ថយការពឹងផ្អែកទៅលើថាមពលដែលបានមកពីការដុតធ្យូងថ្ម មកកាន់ថាមពលដែលទាញយកពីប្រព័ន្ធសូឡា និងកង្ហារខ្យល់អគ្គិសនីជាដើម។ ជាឧទាហរណ៍ ក្រុមហ៊ុនយក្សផ្នែកប្រេងឥន្ធនៈអង់គ្លេសដែលមានឈ្មោះថា the British Petroleum Company Limited (BP) បានសម្រេចបោះទុនតម្លៃជាង១ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ ដើម្បីវិនិយោគលើគម្រោងសាងសង់កង្ហារយក្សទាញយកថាមពលអគ្គិសនីនៅក្នុងសមុទ្រ។ គួរបញ្ជាក់បន្តិចថា ឧស្ម័នហ្គាសគឺជាប្រភេទឥន្ធនៈផូស៊ីលស្អាតស្អំជាងគេបើធៀបទៅនឹងធ្យូងថ្ម រោងចក្រនុយក្លេអ៊ែរ និងប្រេង ហើយវាបានដើរតួយ៉ាងសំខាន់ក្នុងវិស័យថាមពលនៅអឺរ៉ុប រួមមានវិស័យថាមពលអគ្គិសនី វិស័យឧស្សាហកម្ម វិស័យពាណិជ្ជកម្ម វិស័យដឹកជញ្ជូន និងវិស័យសំណង់លំនៅដ្ឋាននិងអគារផ្សេងៗ។

ឆ្ពោះទៅរកការប្រើប្រាស់ថាមពលស្អាតស្អំ (Clean Energy) ឬ ថាមពលកកើតឡើងវិញ (Renewable Energy)

ខណៈដែលពិភពលោកកំពុងព្យាយាមកាត់បន្ថយការប្រើប្រាស់ថាមពលដែលបានមកពីធ្យូងថ្ម បា្រកដណាស់ ប្រទេសទាំងអស់ត្រូវងាកទៅរកថាមពលដែលបានមកពីឧស្ម័នហ្គាស និងថាមពលកកើតឡើងវិញដទៃទៀតជំនួសវិញ ព្រោះថាវាមានផលប៉ះពាល់តិចតួចទៅលើបរិស្ថាន។ នេះជាមូលហេតុចម្បងមួយដែលធ្វើឱ្យការផ្គត់ផ្គង់ឧស្ម័នហ្គាសមិនបានគ្រប់គ្រាន់ ហើយជាទូទៅ បើកាលណាការផ្គត់ផ្គង់ពីក្រុមហ៊ុនមានចំនួនតិចជាងតម្រូវការរបស់អ្នកប្រើប្រាស់នោះ តម្លៃរបស់វានឹងកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ ជាក់ស្ដែង ក្រុមហ៊ុនរដ្ឋចិនឈ្មោះថា the China National Petroleum Corporation (CNPC) បានដាក់ចេញនូវគោលដៅរបស់ខ្លួនថានឹងកាត់បន្ថយថាមពលបានមកពីធ្យូងថ្មមកត្រឹម ៤៤% នៅឆ្នាំ២០៣០ និង ៨% ប៉ុណ្ណោះនៅឆ្នាំ២០៦០ ហើយខ្លួននឹងងាកទៅប្រើប្រាស់ឧស្ម័នហ្គាសជំនួសវិញដើម្បីសម្រេចឱ្យបាននូវគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៦០ នេះបើយោងតាមការចេញផ្សាយរបស់ Reuters។ ការដែលប្រទេសចិនផ្ដើមងាកមកប្រើប្រាស់ឧស្ម័នហ្គាសជំនួសឱ្យធ្យូងថ្មបែបនេះហើយ បានធ្វើឱ្យតម្រូវការឧស្ម័នហ្គាសនៅលើពិភពលោកកាន់តែកើនឡើង ហើយវាក៏បានជះឥទ្ធិពលដល់តម្លៃនៃទីផ្សារនៅទ្វីបអឺរ៉ុបទាំងមូលផងដែរ គឺចាប់ពីត្រឹមតែ ២,៥ដុល្លារអាមេរិក/MBTu នៅដើមខែមេសា រហូតដល់ ៦,៣ដុល្លារអាមេរិក/MBTu គិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ (million British thermal units ជារង្វាស់របស់កំដៅនៃឥន្ធនៈឬប្រភពថាមពល) នេះបើយោងតាមទិន្នន័យរបស់ Trading Economics។

ការធ្លាក់ចុះនៃអត្រានាំចេញឧស្ម័នហ្គាសពីរុស្ស៊ីទៅកាន់ទ្វីបអឺរ៉ុប

ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ឧស្ម័នហ្គាសដ៏ធំមួយទៅដល់ទ្វីបអឺរ៉ុបទាំងមូល ដែលការផ្គត់ផ្គង់នេះភាគច្រើនធ្វើឡើងក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុនយក្សរុស្ស៊ីឈ្មោះថា Gazprom។ យោងតាមគេហទំព័រ Nord-Stream2 បច្ចុប្បន្ននេះ មួយភាគបីនៃការប្រើប្រាស់ឧស្ម័នហ្គាសនៅទ្វីបអឺរ៉ុបទាំងមូលត្រូវពឹងផ្អែកលើការនាំចូលពីប្រទេសរុស្ស៊ី។ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នហ្គាសរុស្ស៊ីមានភាពយឺតយ៉ាវនិងរអាក់រអួលក្នុងការនាំចេញឧស្ម័នហ្គាសមកកាន់ទ្វីបអឺរ៉ុប ដោយហេតុផលពីរធំៗ។ ទី១ ប្រទេសរុស្ស៊ីចង់បន្តស្តុកទុកឧស្ម័នហ្គាសដែលចម្រាញ់ពីធម្មជាតិបានឱ្យស្ថិតក្នុងកម្រិតអតិបរិមាដើម្បីត្រៀមបើកដំណើរការ និងបង្ហូរឧស្ម័នហ្គាសទាំងនោះតាមបំពង់បង្ហូរដែលទើបសាងសង់ថ្មី Nord Stream 2។ ទី២ ការធ្លាក់ចុះនៃអត្រានាំចេញឧស្ម័នហ្គាសពីរុស្ស៊ីទៅកាន់អឺរ៉ុបត្រូវបានគេសង្កេតឃើញថាបានកើតឡើងបន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានព្រមានកាលពីខែសីហាថានឹងដាក់ទណ្ឌកម្មរុស្ស៊ីប្រសិនបើរុស្ស៊ីហ៊ានប្រើប្រាស់ថាមពលឧស្ម័នជា«អាវុធ»នយោបាយការទូត។ ម៉្យាងវិញទៀត ការខកខានមិនបានផ្គត់ផ្គង់ឧស្ម័នហ្គាសគ្រប់គ្រាន់ពីរុស្ស៊ីទៅកាន់ទ្វីបអឺរ៉ុប ក៏អាចជាសេណារីយ៉ូមួយទៀតផងដែរនោះគឺ ការបង្វែអតិថិជនរបស់ប្រទេសរុស្ស៊ីពីទ្វីបអឺរ៉ុបទៅកាន់ទ្វីបអាស៊ី ជាពិសេសគឺប្រទេសចិនតែម្ដង។

កត្តាផ្សេងទៀតនៃវិបត្តិកង្វះថាមពលនៅទ្វីបអឺរ៉ុប

មិនត្រឹមតែមូលហេតុដែលបានលើកឡើងខាងលើប៉ុណ្ណោះទេ វិបត្តិកង្វះឧស្ម័នហ្គាសនៅទ្វីបអឺរ៉ុបទាំងមូលក៏មានកត្តាជាច្រើនរួមបញ្ចូលគ្នាក្នុងពេលតែមួយ។ កត្តាទី១ ប្រទេសសមាជិកសហភាពអឺរ៉ុបកំពុងផ្លាស់ប្ដូរទិសដៅពីការប្រើប្រាស់ថាមពលបានមកពីឥន្ធនៈហ្វូស៊ីល ទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញឬថាមពលមិនចេះរាំងស្ងួតដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច និងឆ្ពោះទៅសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ កត្តាទី២ ការបើកប្រទេសឱ្យមានការធ្វើដំណើរធម្មតាបន្ទាប់ពីវិបត្តិកូវីដ១៩មានស្ថានភាពធូរស្រាល ធ្វើឱ្យតម្រូវការប្រេងនិងឧស្ម័នហ្គាសឡើងខ្ពស់ ខណៈអត្រានៃការផ្គត់ផ្គង់ធ្លាក់ចុះ។ កត្តាទី៣ បើធៀបទៅនឹងឆ្នាំ២០២០ ឆ្នាំ២០២១នេះសមុទ្រខាងជើង (North Sea) មិនសូវមានកម្លាំងខ្យល់បក់ខ្លាំងដែលជាហេតុធ្វើឱ្យកង្ហារខ្យល់យក្សមិនអាចវិលដើម្បីផលិតថាមពលអគ្គិសនីបានគ្រប់គ្រាន់។ កត្តាទី៤ សហរដ្ឋអាមេរិកចាប់ផ្ដើមកាត់បន្ថយការនាំចេញឧស្ម័នហ្គាស ដោយមូលហេតុអត្រាផលិតកម្មមានការធ្លាក់ចុះ។ កត្តាទី៥ រដូវរងារនៅទ្វីបអឺរ៉ុបនឹងឈានមកដល់នៅពាក់កណ្ដាលខែធ្នូខាងមុខ ដែលជាហេតុធ្វើឱ្យពលរដ្ឋត្រូវការកម្ដៅ ដូច្នេះតម្រូវការថាមពលនឹងកាន់តែកើនឡើង។ កត្តាទី៦ ការបិទឱ្យដំណើរការរោងចក្រនុយក្លេអ៊ែនៅប្រទេសអ៊ីតាលី និងអាល្លឺម៉ង់ជាដើម ព្រមទាំងគម្រោងបិទជាបន្តបន្ទាប់ទៀតនៅតាមបណ្ដាប្រទេសក្នុងទ្វីបអឺរ៉ុប ក៏អាចជាកត្តាដែលធ្វើឱ្យវិបត្តិកង្វះថាមពលប្រើប្រាស់នៅទ្វីបអឺរ៉ុបកើតមានឡើងផងដែរ។

ឧស្ម័នហ្គាសឡើងថ្លៃ តម្លៃប្រេងឡើងខ្ពស់

ចំណែកឯតម្លៃប្រេងវិញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ការណ៍នេះបានក្លាយជាបន្ទុកយ៉ាងធ្ងន់មួយទៀតសម្រាប់ទ្វីបអឺរ៉ុប។ តម្លៃប្រេងឡើងថ្លៃនេះ គឺព្រោះតែក្រុមប្រទេសផលិតប្រេង OPEC+ មិនព្រមបង្កើនផលិតកម្មប្រេងរបស់ខ្លួននោះទេ ដោយរក្សានូវការផលិតចំនួន ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃដដែល រហូតដល់ខែមេសា ឆ្នាំ២០២២។ ការធ្វើបែបនេះក៏ព្រោះតែពួកគេត្រូវការលក់ប្រេងដែលបានស្តុកទុកនៅសល់យ៉ាងច្រើនកាលពីវិបត្តិកូវីដ១៩ផ្ទុះខ្លាំងនៅដើមឆ្នាំ២០២០ ដែលកាលនោះ តម្រូវការប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង ហើយតម្លៃប្រេងក៏បានធ្លាក់ចុះដូចគ្នា ធ្វើឱ្យប្រេងមួយចំនួនធំត្រូវបានស្តុកទុក។ ការកើនឡើងនៃតម្លៃប្រេងក្នុងពេលនេះក៏អាចជាមូលហេតុមកពីសហភាពអឺរ៉ុបអនុវត្តនយោបាយដំឡើងពន្ធលើការប្រើប្រាស់ថាមពលមិនស្អាតដូចជាប្រេងឥន្ធនៈជាដើមនេះ ហើយវាបានធ្វើឱ្យតម្លៃប្រេងរឹតតែឡើងថ្លៃ ខណៈដែលឧស្ម័នហ្គាសកំពុងតែឡើងថ្លៃស្រាប់ទៅហើយ។ ដូច្នេះ ភាពចៃដន្យនៃបញ្ហាទាំងនេះបានកើតឡើងដំណាលគ្នា នឹកស្មានមិនដល់ បានធ្វើឱ្យបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបទាំងមូលជួបនូវ«វិបត្តិថាមពល» ហើយវិបត្តិមួយនេះក៏អាចនឹងរីករាលដាលមិនចាញ់វិបត្តិកូវីដ១៩ប៉ុន្មាននោះទេ។

ជារួម វិបត្តិថាមពលនៅទ្វីបអឺរ៉ុបមួយនេះនឹងជះឥទ្ធិពលដល់តម្លៃប្រេងនិងឧស្ម័ននៅទូទាំងពិភពលោក ដូចជាប្រទេសជាច្រើនដែលការអភិវឌ្ឍរបស់ពួកគេពឹងផ្អែកខ្លាំងទៅលើវិស័យប្រេងនិងឧស្ម័ន ជាពិសេសបណ្ដាប្រទេសនៅទ្វីបអាស៊ី។ ខណៈនេះផងដែរ សហគ្រាសតូច ធំ និងក្រុមហ៊ុនទាំងអស់នៅទ្វីបអឺរ៉ុបដែលត្រូវការថាមពលប្រេងនិងឧស្ម័នក្នុងប្រតិបត្តិការប្រចាំថ្ងៃក៏កំពុងពិចារណាពីការផ្អាកសកម្មភាព ព្រោះតែតម្លៃប្រេងឡើងថ្លៃនិងឧស្ម័នខ្វះខាត។ ដោយឡែក ប្រជាពលរដ្ឋនៅអឺរ៉ុបកាន់តែមានការព្រួយបារម្ភពីកង្វះថាមពលប្រើប្រាស់គ្រប់គ្រាន់ក្នុងរដូវរងារ ហើយគ្រួសារមួយចំនួនក៏បានចាប់ផ្ដើមប្រមូលទិញប្រេងនិងឧស្ម័នហ្គាសទុកប្រើប្រាស់ឱ្យបានយូថ្ងៃទៅខាងមុខ ដែលធ្វើឱ្យស្ថានភាពខ្វះខាតថាមពលកាន់តែដុនដាបទៅ។ ទោះជាយ៉ាងណា បើក្រឡេកទៅមើលតម្លៃប្រេងនិងឧស្ម័ននៅលើទីផ្សារមូលបត្រវិញ ឃើញថាភាគរយក៏មានការកើនឡើងខ្លាំងផងដែរ ដែលនេះអាចជាឱកាសល្អសម្រាប់ក្រុមហ៊ុនប្រេងនិងឧស្ម័នផ្ទាល់ និងអ្នកវិនិយោគលើផ្សារមូលបត្រ។ ក៏ប៉ុន្តែ វិបត្តិកង្វះថាមពលមួយនេះក៏អាចនឹងក្លាយជាកត្តាជំរុញឱ្យទ្វីបអឺរ៉ុបទាំងមូលគិតសារជាថ្មីថា តើពួកគេគួរតែបន្តកាត់បន្ថយ ឬក៏ បោះបង់ថាមពលដែលបានមកពីការដុតធ្យូងថ្ម រោងចក្រនុយក្លេអ៊ែ និងប្រេងឥន្ធនៈហ្វូស៊ីលតទៅមុខទៀតឬក៏យ៉ាងណានោះទេ។

ឈ្វេងយល់អំពីគោលការណ៍កុងសង់ស៊ីសរបស់អាស៊ាន (ASEAN Consensus)

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយដំបូងឡើយ មានប្រទេសចំនួន ៥ គឺប្រទេសម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី  សិង្ហបុរី និងថៃ។ ការបង្កើតអាស៊ានពេលនោះគឺស្របពេលពិភពលោកកំពុងកើតមានសង្គ្រាមត្រជាក់ ដែលមានការបែងចែករវាងប្លុកលោកសេរី ដឹកនាំដោយសហរដ្ឋអាមេរិក និងប្លុកលោកកុម្មុយនីស្ត ដឹកនាំដោយអតីតសហភាពសូវៀត។ កម្ពុជាជាសមាជិកចុងក្រោយគេដែលបានចូលជាសមាជិកអាស៊ានដែរកាលពីថ្ងៃទី៣០ខែមេសា ឆ្នាំ១៩៩៩ ដែលត្រូវជាសមាជិកទី១០ នៃសមាគមមួយនេះ ហើយ កម្ពុជាក៏ធ្លាប់ធ្វើជាប្រធានអាស៊ាន និងដឹកនាំកិច្ចប្រជុំកំពូលៗជាច្រើនទៀតផង។

សម្រាប់ភាពជាសមាជិក ទាំងកម្ពុជានិងប្រទេសឯទៀតមានភារកិច្ចក្នុងការគោរពដល់មាគ៌ារបស់អាស៊ាន (ASEAN Way)។ មាគ៌ារបស់អាស៊ាន គឺសំដៅលើវិធីរបស់អាស៊ានក្នុងការគ្រប់គ្រង ដោះស្រាយ និងបញ្ចៀសជម្លោះផ្សេងៗ ដោយផ្អែកលើតួនាទីស្នូល និងសាមគ្គីភាព (Centrality and Unity) របស់អាស៊ាន ការសម្របសម្រួលគ្នា ការមូលមតិកុងសង់ស៊ីស(consensus) ទំនាក់ទំនងការទូតដោយស្ងៀមស្ងាត់ (Quiet Diplomacy) ដែលអនុញ្ញាតឲ្យថ្នាក់ដឹកនាំអាស៊ានអាចធ្វើការប្រាស្រ័យទាក់ទងគ្នាដោយមិនចាំបាច់យកកិច្ចពិភាក្សារកដំណោះស្រាយនេះទៅផ្សព្វផ្សាយជាសាធារណ:។

. តើគោលការណ៍កុងសង់ស៊ីស(Consensus)គឺជាអ្វី?

គោលការណ៍កុងសង់ស៊ី​​ (Consensus) គឺជាភាសាកាទូតនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។​ វាគឺជាស្មារតីមួយដែលអាចនាំឱ្យសមាជិកទាំង ១០ របស់អាស៊ានអាចដោះស្រាយបញ្ហាអ្វីមួយ ដែលកើតឡើងនៅក្នុងតំបន់ ដើម្បីស្វែងរកសណ្ដាប់ធ្នាប់និងសុខសន្តិភាពតំបន់។ កុងសង់ស៊ីស ក៏ជាវេទិកាមួយដែលប្រមូលផ្តុំមេដឹកនាំ ដែលជាអ្នកតំណាងប្រទេសនីមួយៗនៅក្នុងតំបន់ ឱ្យចូលរួមក្នុងការបញ្ចេញមតិយោបល់និងសិទ្ធិរបស់ខ្លួនក្នុងការចូលរួមសម្រេចដោះស្រាយវិវាទផ្សេងៗ ដើម្បីឈានទៅរកការសម្រេចជារួមមួយដែលប្រកបដោយតម្លាភាព និងសមភាពក្នុងនាមជាប្រទេសសមាជិកអាស៊ានទាំង១០។ នៅក្នុងគោលការណ៍កុងសង់ស៊ីសនេះ សេចក្ដីសម្រេចនៅក្នុងការងារ ឬការដោះស្រាយវិបត្តិអ្វីមួយមិនអាចកើតមាននោះទេប្រសិនបើមានការជំទាស់ណាមួយពីសំណាក់ប្រទេសដែលសមាជិករបស់អាស៊ាន ហេតុនេះដើម្បីអនុវត្តឬដោះស្រាយអ្វីមួយបានគឺចាំបាច់បំផុតត្រូវតែមានសម្លេងជារួមរបស់មេដឹកនាំអាស៊ានទាំង ១០។ ជាពិសេសនោះគឺប្រទេសអាស៊ានទាំងអស់គ្មានសិទ្ធិក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដែលជាសមាជិកណាមួយជាដាច់ខាត ដោយរដ្ឋដែលជាសមាជិកទាំងអស់មានសិទ្ធិក្នុងការរក្សាអធិបតេយ្យភាពរបស់គេរៀងៗខ្លួន។

. តើគោលការណ៍កុងសង់ស៊ីស(Consensus) មានផលប្រយោជន៍ និងគុណវិបត្តិបែបណាខ្លះ?

គោលការណ៍កុងសង់ស៊ីស(Consensus) របស់អាស៊ានបានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ ដែលត្រូវបានក្រុមបញ្ញវន្ត និងសាធារណជនទូទៅជាច្រើនលើកយកមកពិភាក្សា។ គោលការណ៍នេះ បានបង្កើតឱ្យមានទាំងការពេញចិត្តផង និងការរិះគន់ផង ហើយនៅក្នុងការវែកញែកទាំងនោះបានបង្ហាញឱ្យយើងឃើញទាំងផលប្រយោជន៍ និងគុណវិបត្តិរបស់វា។ ទោះបីជាយ៉ាងណាក្ដី បែបផែននៃគោលការណ៍កុងសង់ស៊ីនេះ ត្រូវបានមនុស្សមួយចំនួនយល់ឃើញបានបង្អាក់ប្រសិទ្ធភាពក្នុងការចូលរួមដោះស្រាយបញ្ហាក្នុងតំបន់ក្នុងនាមជាអង្គការប្រចាំតំបន់។ នេះក៏ព្រោះតែគោលការណ៍នេះ មានលក្ខណៈសាមញ្ញនិងទូលំទូលាយពេក ដោយប្រសិនបើមានសមាជិកមួយក្នុងចំណោមសមាជិកទាំង១០ធ្វើការបដិសេធចំពោះសេចក្ដីសម្រេចណាមួយនោះមានន័យថាការអនុវត្តផែនការច្បាស់ជាមិនអាចកើតមានឡើយ។

. គុណសម្បត្តិ

ទោះបើមានគុណវិបត្តិច្រើនក្ដី ក៏ប៉ុន្តែគោលការណ៍នេះ ក៏មានផលប្រយោជន៍សម្រាប់ប្រទេសដែលជាសមាជិកទាំង ១០ ផងដែរ។ ផលប្រយោជន៍នោះគឺ បែបផែននៃគោលការណ៍កុងសង់ស៊ីសនេះ បានធ្វើឱ្យប្រទេសនៅក្នុងតំបន់ដែលជាសមាជិកទាំងអស់ ចេះសហការណ៍គ្នា និងព្យាយាមពិភាក្សាគ្នារកចំណុចរួមណាមួយ ដែលជាឬសគល់នៃបញ្ហាដែលពួកគេត្រូវរកវិធីដោះស្រាយរួមគ្នា។ និយាយឱ្យចំទៅ គឺកុងសង់ស៊ីសធ្វើឱ្យយើងបានយល់អំពីតម្លៃនៃសាមគ្គីភាពក្នុងនាមជាប្រទេសនៅក្នុងតំបន់តែមួយដែលអាចមានវាសនាតែមួយ។​ លើសពីនេះគោលការណ៍នេះក៏បានធ្វើឱ្យសមាជិកអាស៊ានទាំងអស់ព្យាយាមសម្របខ្លួន ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នាផងដែរ។

. គុណវិបត្តិ

ជាក់ស្ដែង ក្រៅអំពីគុណសម្បត្តិទាំងនេះ គោលការណ៍កុងសង់ស៊ីសអាស៊ានក៏ទទួលរងនូវការរិះគន់យ៉ាងដំណំផងដែរដោយមនុស្សជាច្រើនយល់ឃើញថាវាជាគោលការណ៍ដែលគ្មានប្រសិទ្ធភាពក៏ដូចជាបន្ថយនូវសមត្ថភាពរបស់អាស៊ានទាំងមូលក្នុងការឆ្លើយតបទៅលើបញ្ហាសន្តិសុខអន្តរជាតិជាក់លាក់ណាមួយ។ គុណវិបត្តិទាំងនេះអាចកត់សម្គាល់បាននៅក្នុងជម្លោះសមុទ្រចិនខាងត្បូងដែលកើតមានរវាងប្រទេសដែលជាសមាជិកអាស៊ានចំនួន៥រួមមាន៖ ព្រុយណេ ហ្វ៊ីលីពីន វៀតណាម ឡាវ  និង ម៉ាឡេស៊ី ជាមួយចិនដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំហើយនៅតែមិនអាចស្វែងរកដំណោះស្រាយសមស្របណាមួយ។ ប្រទេសទាំង១០នៃអាស៊ានតែងប្រកាន់ខ្ជាប់នូវគោលគំនិតនិងការចង់បានផ្សេងៗពីគ្នាហើយផ្ដល់ភាពសំខាន់ទៅលើផលប្រយោជន៍ជាតិរបស់ពួកគេរៀងៗខ្លួន ជាហេតុបណ្ដាលឱ្យការមូលមតិរួមមួយមិនអាចដំណើរការឡើងបាន។ ហើយដើម្បីតតាំងជាមួយមហាអំណាចចិន ប្រទេសដែលមានជម្លោះបានងាកទៅស្វែងរកជំនួយពីភាគីទី៣ឬអាមេរិកនោះឯងដែលសកម្មភាពទាំងនេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ស្មារតីសាមគ្គីភាពនិងសន្តិភាពក្នុងសមាគមទាំងមូល។ មួយផ្នែកទៀតនៃភាពបរាជ័យទៅលើការមូលមតិគ្នាឆ្លើយតបនឹងបញ្ហានេះកើតចេញពីភាពចម្រូងចម្រាស់នៅក្នុងទំនាក់ទំនងរវាងប្រទេសដែលជាសមាជិកអាស៊ានខ្លួនឯងផ្ទាល់ តួយ៉ាងនៅក្នុងខែសីហាឆ្នាំ២០២០មានហេតុការណ៍បាញ់សម្លាប់អ្នកនេសាទជនជាតិវៀតណាមម្នាក់បន្ទាប់ពីបុរសរូបនេះបានឆ្លងចូលទៅក្នុងដែនទឹកម៉ាឡេស៊ីបង្កឱ្យមានភាពតានតឹងរវាងប្រទេសទាំងពីរមួយកម្រិតទៀត។

លើសពីនេះ គោលការណ៍កុងសង់ស៊ីសអាស៊ានក៏បានបន្តបង្ហាញនូវចន្លោះប្រហោងយ៉ាងធំធេងទៅកាន់សហគមអន្តរជាតិផងដែរ។ ឆ្លងកាត់តាមវិបត្តិរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយការឆ្លើយតបពីបណ្ដាប្រទេសជាសមាជិកហាក់មានភាពខុសប្លែកពីគ្នា និងនៅមានកម្រិតនៅឡើយ។ ស្របពេលដែលប្រជាជនមីយ៉ាន់ម៉ារាប់លាននាក់កំពុងធ្វើបាតុកម្ម និងបានទទូចស្នើសុំឱ្យមានការជួយជ្រោមជ្រែងពីសំណាក់មជ្ឈដ្ឋានខាងក្រៅជាបន្ទាន់នោះ ប្រទេសជាសមាជិកទាំងអស់បានឆ្លើយតបដោយបង្ហាញនូវគោលជំហរផ្សេងៗពីគ្នា។ ឧទាហរណ៍ ប្រទេសឥណ្ឌូនេស៊ីក្លាយជាប្រទេសទីមួយរបស់អាស៊ានដែលស្នើសុំឱ្យសមាជិកទាំងអស់រួមគ្នាពិភាក្សានិងស្វែងរកដំណោះស្រាយដើម្បីបញ្ចប់វិបត្តិនេះឱ្យបានឆាប់រហ័ស។ គោលគំនិតនេះត្រូវបានគាំទ្រដោយ សិង្ហបុរី ម៉ាឡេស៊ី និងព្រុយណេ ស្របពេលដែលកម្ពុជា ថៃ ហ្វ៊ីលីពីន និងវៀតណាមយល់ឃើញថានេះគឺជាបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។ ដោយឡែក ឡាវពុំមានប្រតិកម្មអ្វីនោះទេដោយនឹងទន្ទឹងរង់ចាំមើលតាមស្ថានការណ៍ជាក់ស្ដែង។ ផ្អែកលើគោលជំហរនិងកម្រិតនៃការបញ្ចេញមតិខុសប្លែកពីគ្នាទាំងនេះហើយ ទើបគ្រប់សមាជិកទាំងអស់ធ្វើបានត្រឹមតែអំពាវនាវឱ្យលោក មីន អុង ឡាំង ដែលជាមេដឹកនាំរដ្ឋប្រហារបញ្ឈប់រាល់អំពើហិង្សាទៅលើប្រជាជន ហើយគ្រប់ភាគីពាក់ព័ន្ធឱ្យត្រលប់មករកតុចរចាគ្នាវិញដោយសន្តិវិធី។ ជាមួយគ្នានេះ ប្រសិទ្ធភាពនៃគោលការណ៍កុងសង់ស៊ីសអាស៊ានត្រូវបានយល់ឃើញថាមានភាពទន់ខ្សោយរាប់ចាប់តាំងពីហេតុការណ៍ភេរវកម្មអាគារភ្លោះនៅអាមេរិក ការសាកល្បងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងជម្លោះដែនទឹករវាងកូរ៉េខាងត្បូងនិងខាងជើង ដែលស្ទើរតែគ្រប់ហេតុការណ៍ទាំងនេះគ្មានការឆ្លើយតបឬបង្ហាញក្ដីបារម្ភពីសំណាក់ប្រទេសដែលជាសមាជិកអាស៊ានអ្វីនោះទេ។

នយោបាយអាល្លឺម៉ង់បន្ទាប់ពីលោកស្រី Angela Merkel

កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១ អាល្លឺម៉ង់បានរៀបចំការរបោះឆ្នោតជាតិ (German Federal Election 2021) ជ្រើសរើសសមាជិកសភាដែលមាន៧០៩កៅអី (Bundestag) បានទាក់ទាញចំណាប់អារម្មណ៍អ្នកវិភាគនយោបាយអន្តរជាតិមកមើលពីស្ថានភាពនយោបាយប្រទេសអឺរ៉ុបមួយនេះ។ ការបោះឆ្នោតនេះមានសារៈសំខាន់ដោយសារតែអ្នកឈ្នះឆ្នោតលើកនេះនឹងមកជំនួសលោកស្រី អេនជេឡា មឺកែល (Angela Merkel)។

នយោបាយអាល្លឺម៉ង់ក្រោមអាណត្តិរបស់លោកស្រីអេនជេឡាមឺកែល Angela Merkel

អាល្លឺម៉ង់ជារដ្ឋសហព័ន្ធដែលត្រូវបានបែងចែកជា២នៅអំឡុងសង្គ្រាមត្រជាក់បន្ទាប់ពីចាញ់សង្គ្រាមលោកលើកទី២។ បន្ទាប់ពីជញ្ជាំងបែរឡាំងបានរលំ អាល្លឺម៉ង់បានបង្រួបបង្រួមឡើងវិញ។ នយោបាយប្រទេសអាល្លឺម៉ង់បានផ្លាស់ប្តូរខ្លាំងនៅក្រោមការគ្រប់គ្រងរបស់លោកស្រី Angela Merkel ចំនួន១៦ឆ្នាំមកនេះ។

កេរ្ដិ៍ដំណែលទីមួយរបស់លោកស្រីអេនជេឡាមឺកែល Angela Merkel គឺការដោះស្រាយវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ។ ទីពីរនោះគឺការចរចាជាមួយសហភាពអឺរ៉ុបអំពីការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រិក (Greece) អំឡុងវិបត្តិប្រាក់អឺរ៉ូ។ ហើយទីបីគឺការសម្រេចចិត្តរបស់លោកស្រី Angela Merkel ដែលមិនបិទព្រំដែន និងទទួលជនភៀសខ្លួនស៊ីរីដែលជាប់គាំងនៅប្រទេសហុងគ្រីក្នុងឆ្នាំ ២០១៥។ ក្រៅពីនេះលោកស្រី Angela Merkel បានប្រែក្លាយនយោបាយអាល្លឺម៉ង់ទៅជាតុពិភាក្សាអំពីគោលនយោបាយ និងត្រូវបានគេចាត់ទុកថាជាមេដឹកនាំមានឥទ្ធិពលបំផុតរបស់អឺរ៉ុប។ នយោបាយអាឡឺម៉ង់ធ្លាប់ជាបណ្តំដោយបុរស ប៉ុន្តែនៅក្រោមលោកស្រី Angela Merkel អ្វីៗបានផ្លាស់ប្តូរច្រើនដោយមានការចូលរួមច្រើនរបស់វត្តមានស្ត្រី។

លោកស្រី Angela Merkel ត្រូវបានទស្សនាវដ្តី Forbes ប្រកាសថាជាស្ត្រីដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកអស់រយៈពេល ១០ ឆ្នាំហើយ។ លោកស្រីជានិមិត្តរូបសម្រាប់តំណាងស្ត្រីហើយលោកស្រីត្រូវបានគេដឹងថាបាននាំស្ត្រីចូលកាន់មុខតំណែងសំខាន់ៗនៅក្នុងជួររដ្ឋាភិបាលអាល្លឺម៉ង់។ ក្នុងនោះដែរលោកស្រីបានគាំទ្រលោកស្រី Ursula von der Leyen ជារដ្ឋមន្ត្រីការពារជាតិអាឡឺម៉ង់ ដែលជារដ្ឋមន្រ្តីស្ត្រីទីមួយនិងជាប្រធានគណៈកម្មការអឺរ៉ុប។ ក្រៅពីនេះ នៅពេលដែលអាល្លឺម៉ង់កាន់តែមានការបែងចែកនយោបាយ លោកស្រីបានព្យាយាមបង្រួបបង្រួម និងដោះស្រាយបញ្ហាដែលធ្វើឱ្យមានភាពមិនពេញចិត្ត។

គណបក្សនយោបាយដែលនៅកំពុងប្រឈមមុខគ្នា

ការបោះឆ្នោតបានបិទបញ្ចប់ជាស្ថាពរ ហើយលទ្ធផលបានបង្ហាញថា គណបក្សសង្គមប្រជាធិបតេយ្យឆ្វេងនិយមកណ្តាលរបស់ប្រទេសអាល្លឺម៉ង់ឬគណបក្សប្រជាធិបតេយ្យសង្គម (Social Democratic Party) ទទួលបានជ័យជំនះដ៏ស្តួចស្តើងនៅក្នុងការបោះឆ្នោតលើកនេះ។ ការបោះឆ្នោតលើកនេះគឺជាការប្រកួតប្រជែងដ៏តឹងតែងបំផុត ព្រោះគ្មានគណបក្សណាមួយទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតសំឡេងភាគច្រើននៅក្នុងសភា Bundestag អាល្លឺម៉ង់ទេ។ មេដឹកនាំគណបក្សប្រជាធិបតេយ្យសង្គម (Social Democratic Party) លោក Olaf Scholz នឹងត្រូវរួមកម្លាំងជាមួយភាគីគណបក្សផ្សេងទៀតប្រសិនបើគាត់ចង់ធានាបាននូវតំណែងអធិការបតី។

ក្នុងនោះមានគណបក្សចំនួន ៣ ដែលកំពុងនាំមុខក្នុងការដណ្តើមកៅអីក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ និងជ្រើសរើសអធិការបតីថ្មី។ គណបក្សនយោបាយអាល្លឺម៉ង់សំខាន់ៗទាំង៣ដែលកំពុងទទួលបានសន្លឹកឆ្នោតច្រើននៅក្នុងការបោះឆ្នោតសម្រាប់អាណត្តិថ្មីនេះរួមមាន៖ ១. គណបក្សសម្ព័ន្ធប្រជាធិបតេយ្យគ្រឹស្ត (Christian Democratic Union) ២. គណបក្សប្រជាធិបតេយ្យសង្គម (Social Democratic Party) និង ៣. គណបក្សបៃតង (Green Party)។

កិច្ចចរចារបង្កើតរដ្ឋាភិបាលចម្រុះចាប់ផ្តើមបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់

ដំណើរការស្មុគស្មាញនៃកិច្ចចរចារបង្កើតរដ្ឋាភិបាលចំរុះបានចាប់ផ្តើម។ មេដឹកនាំគណបក្សប្រជាធិបតេយ្យសង្គម (Social Democratic Party) លោក Olaf Scholz ចង់ធ្វើការរួបរួមជាមួយគណបក្ស Greens និង ពួកសេរី (FDP)។ ប៉ុន្តែគូប្រជែងដែលជាពួកអភិរក្សនិយមឬគណបក្សសម្ព័ន្ធប្រជាធិបតេយ្យគ្រឹស្ត (Christian Democratic Union) របស់លោកស្រី Angela Merkel ដែលមានលោក Armin Laschet ជាបេក្ខភាពនឹងមិនចុះចាញ់ដោយងាយនោះទេ។ ការពិភាក្សាអាចចំណាយពេលច្រើនខែ ហើយមកទល់ពេលនេះលោកស្រី Angela Merkel នឹងបន្តកាន់តំណែងសិន។ គណបក្ស Social Democratic Party និងគណបក្សអភិរក្សនិយមគណបក្សសម្ព័ន្ធប្រជាធិបតេយ្យគ្រឹស្ត (Christian Democratic Union) របស់លោកស្រី Angela Merkel បានគ្រប់គ្រងជាមួយគ្នាអស់ជាច្រើនឆ្នាំ។ ទោះយ៉ាងណាលោក Olaf Scholz បាននិយាយថាលោកចង់រួមកម្លាំងជាមួយគណបក្សបៃតង និងគណបក្សសេរីប្រជាធិបតេយ្យសេរី (FDP)។

តើនឹងមានអ្វីកើតឡើងបើសិនកិច្ចចរចារមិនមានអ្វីជាដុំកំភួន?

ប្រសិនបើរដ្ឋាភិបាលមិនអាចបង្កើតបានឡើងការបោះឆ្នោតមួយទៀតអាចនឹងត្រូវរៀបចំឡើង ប៉ុន្តែដើម្បីរក្សាស្ថិរភាពនយោបាយក្នុងប្រទេស ប្រធានាធិបតីអាឡឺម៉ង់លោក Frank-Walter Steinmeier នឹងលើកទឹកចិត្តឱ្យភាគីធ្វើកិច្ចព្រមព្រៀង និងស្វែងរកកិច្ចចរចារក្នុងការបង្កើតរដ្ឋាភិបាល។ ប្រសិនបើពួកគេមិនអាចយល់ព្រមលើការជ្រើសរើសអធិការបតីបានទេលោក Steinmeier ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យអាចនឹងត្រូវបានតែងតាំងមេដឹកនាំដែលមានសក្តានុពលជាធម្មតាមកពីគណបក្សដែលទទួលបានសម្លេងគាំទ្រច្រើនបំផុត។ បន្ទាប់មកសភានឹងធ្វើបោះឆ្នោតដោយសំងាត់ ហើយបេក្ខជនត្រូវការសំឡេងភាគច្រើនដាច់ខាតដើម្បីទទួលបានតំណែង (ច្រើនជាងពាក់កណ្តាលនៃសម្លេងឆ្នោត)។ ប្រសិនបើភាពជាប់គាំងនៅតែមានបន្តបន្ទាប់ពីការបោះឆ្នោតពីរជុំទៀតប្រធានាធិបតីអាចតែងតាំងអធិការបតីជាប្រមុខរដ្ឋាភិបាលឬផ្លាស់ទៅរំលាយសភា Bundestag ហើយរៀបចំការបោះឆ្នោតជាថ្មី។

ខ្សែភាពយន្ដ Squid Game និងសង្គមពិតនៃបញ្ហាបំណុលនៅកូរ៉េ

ជឿថា មានមនុស្សជាច្រើនបានទស្សនាខ្សែភាពយន្ត Squid Game រួចហើយ ព្រោះប៉ុន្មានថ្ងៃនេះឃើញការវិភាគទៅលើតួអង្គយ៉ាងច្រើន ប៉ុន្តែមានចំនុចមួយដែលខ្ញុំចង់ដឹងជាងគេ នោះគឺ “បំណុល”។ បន្ទាប់ពីមើល Squid Game រួច ខ្ញុំក៏បានទៅស្រាវជ្រាវអំពី “Household Debt in Korea”​ (បំណុលក្នុងគ្រួសារនៅប្រទេសកូរ៉េខាងត្បូង) ហើយថ្ងៃនេះក៏បានសរសេរអត្ថបទមួយយ៉ាងវែងមកចែករំលែក។

Household Debt ត្រូវបានកំណត់ថាជាបំណុលបញ្ចាំលើលំនៅដ្ឋាន ឬអចលនទ្រព្យ បំណុលកាតឥណទាន(Credit Card) និងបំណុលផ្សេងៗទៀត។ ដូចដែលអ្នកទាំងអស់គ្នាបានដឹងថា ប្រទេសកូរ៉េក៏ជាប្រទេសដែលរីកចម្រើនជឿនលឿនមួយដែរ ក៏ប៉ុន្តែបើគិតត្រឹមខែកក្កដា ឆ្នាំ២០២១ អត្រា Household Debt នៅកូរ៉េខាងត្បូងវិញ គឺបានកើនឡើងរហូតដល់ទៅ ១.៥៣ ទ្រីលានដុល្លាអាមេរិក ទៅ ១.៥៥ ទ្រីលានដុល្លាអាមេរិក នេះគឺយោងទៅតាមទិន្នន័យរបស់ BOK (Bank of Korea)។ យោងទៅតាមទិន្នន័យស្រាវជ្រាវរបស់វិទ្យាស្ថាន Seoul គិតត្រឹមឆ្នាំ២០១៨​ អ្នកដែលរស់នៅក្នុងទីក្រុង Seoul ជាមធ្យម ជាប់បំណុលប្រមាណ $៤៤.០០០​ (៥២លានវ៉ុន)។

បំណុលផ្ទាល់ខ្លួនច្រើនយ៉ាងនេះ តើអ្វីខ្លះជាមូលហេតុធំៗដែលនាំអោយកើតមានបញ្ហានេះ?

មូលហេតុទី១៖ ល្បែង

ចំនួនយុវវ័យដែលបានទទួលការព្យាបាលពីការញៀនល្បែង (Gambling Addiction) បានកើនឡើងពី១៦៨នាក់ ក្នុងឆ្នាំ២០១៥ ដល់១០២៧នាក់ ក្នុងឆ្នាំ២០១៨។ នៅក្នុងរឿង Squid Game វិញ តួអង្គ Gi Hun ដែលមានលេខរៀង៤៥៦ គឺញៀនជាមួយនឹងល្បែងភ្នាល់ដាក់ប្រាក់ រហូតដល់លួចលុយម្ដាយដើម្បីទៅភ្នាល់សេះទៀត។ ជាមួយនឹងឈុតឆាករបស់Gi Hun នៅភាគដំបូង យើងនឹងឃើញពីទិដ្ឋភាពនៃសង្គមមួយដែលមនុស្សជាច្រើននាំគ្នាទៅលេងល្បែងភ្នាល់សេះដែលមានការតម្រង់ជួរនិងដណ្ដើមគ្នាភ្នាល់សេះ ជាមួយនឹងអ្នកចងការប្រាក់សម្រាប់ផ្ដល់ទុនបន្ថែមដល់អ្នកចាញ់ល្បែងដើម្បីប្រថុយភ្នាល់ម្ដងទៀត។

មូលហេតុទី២៖ កម្ចីដើម្បីបង្កើតមុខរបរ

ស្តាប់ទៅ វាអាចជារឿងល្អ ប៉ុន្តែកម្ចី SMEs និងការបង្កើតមុខរបរតូចៗផ្ទាល់ខ្លួននៅប្រទេសកូរ៉េខាងត្បូង គឺមិនមែនជារឿងងាយនោះទេ។ យោងទៅតាមការស្រាវជ្រាវរបស់ Korea Economic Institute (KEI) ម្ចាស់អាជីវកម្មតូចៗទាំងនេះ ភាគច្រើនជាអ្នកដែលមានវ័យកណ្តាល ហើយត្រូវបានបញ្ឈប់ការងារពីក្រុមហ៊ុនរបស់ Chaebols រួចទៅរកកម្ចីដើម្បីធ្វើជំនួញ។ ជំនួញតូចៗជាច្រើនត្រូវប្រឈមនឹងការប្រកួតប្រជែងជាមួយក្រុម “Chaebols” ដែលជាក្រុមជំនួញយក្សនៅប្រទេសកូរ៉េ ហើយភាគរយនៃការបរាជ័យគឺខ្ពស់។ ហេតុនេះហើយ ពួកគេព្យាយាមទប់ទល់នឹងការរកសុីរបស់ខ្លួនដោយខ្ចីបន្ថែមពីក្រុមចងការ Loan Sharks។ នៅក្នុងរឿង Squid Game តួអង្គ Gi Hun ដដែល គាត់ត្រូវបានគេបញ្ឈប់ពីការងារ បន្ទាប់មកបានធ្វើការកម្ចីពីធនាគារ ២៥០លានវ៉ុន ដើម្បីបើកអាជីវកម្មចំនួន ២ ប៉ុន្តែបរាជ័យទាំងអស់ ហើយគាត់បានជាប់បំណុលអ្នកចងការ ១៦០ លានវ៉ុនទៀតផង។

មូលហេតុទី៣៖ កម្ចីដើម្បីបណ្តាក់ទុន

នៅក្នុងរឿង Squid Game តួអង្គ Sang Woo លេខរៀង ២១៨ បានលួចវេរលុយចេញពីកុងរបស់អតិថិជនខ្លួនទៅបណ្តាក់ទុនលើ Derivative Investment ប៉ុន្តែបរាជ័យ ហើយត្រូវបាត់បង់ប្រាក់ចំនួន ៦៥០ លានវ៉ុន ព្រមទាំងជាប់ទោសដែលត្រូវប៉ូលីសដេញចាប់ផងដែរ។ ការជួញដូរភាគហ៊ុនគឺជាបញ្ហាមួយទៀតនៃកំណើនប្រាក់បំណុល ដោយសារតែអ្នកខ្លះត្រូវខ្ចីលុយដើម្បីបង្វិលទិញហ៊ុនដែលខ្លួនគិតថាចំណេញ ប៉ុន្តែក្រោយមកបែរជាខាត ដែលជាហេតុបណ្ដាលឱ្យការខ្វះលុយដើម្បីបង្វិលសងគេវិញ។ ក្រឡេកមើលទិដ្ឋភាពសង្គមជាក់ស្ដែងវិញ​ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ ការជួញដូរភាគហ៊ុនរបស់កូរ៉េត្រូវកើនឡើង។ ដោយគិតត្រឹមខែមេសា ឆ្នាំ២០២០ Active Stock accounts មានប្រមាណជាង៣២លានគណនី នេះគឺយោងទៅតាមការបង្ហាញរបស់ Korea Financial Investment Association។

មូលហេតុទី៤៖ សម្ភារៈនិយម

ដូចដែលយើងទាំងអស់គ្នាដឹងរួចមកហើយថាប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសដែលជឿនលឿន និងសុីវីល័យ។ សម្ភារៈនិយមបានធ្វើឱ្យមនុស្សជាច្រើន សុខចិត្តចំណាយលើសពីចំណូលដែលខ្លួនរកបាន ដែលជាពិសេសគឺក្រុមយុវវ័យ។ យោងទៅតាមការចុះផ្សាយរបស់ KEI បានបង្ហាញថា ៩១% នៃការទិញទំនិញដោយប្រើកាត គឺប្រើជាមួយកាតឥណទាន(Credit Card)។ ក្នុងបទសម្ភាស៍មួយរវាងសារពត៌មាន CNA និងយុវជនកូរ៉េម្នាក់ បានបង្ហាញថា ខ្លួនគាត់មានចំណូលប្រហែល៥០០$ប៉ុណ្ណោះ ប៉ុន្តែគាត់ប្រើប្រាស់កាតឥណទាន ៤ ដែលអាចចាយបានរហូតដល់ទៅ៦០ដងនៃចំណូលរបស់គាត់។ បញ្ហាសម្ភារៈនិយម បានធ្វើអោយគាត់ជាប់បំណុលជាមួយកាតឥណទានដល់ទៅជាង ៧ មុឺនដុល្លាអាមេរិក។

ទាំងនេះជាមូលហេតុធំៗដែលបានបង្កឡើង ប៉ុន្តែមិនទាន់អស់នោះទេ។ នៅមានសំណួរចំនួន ២ ទៀត “តើហេតុអ្វីបានជាបំណុលទាំងនោះមានច្រើនម្ល៉េះ? ហើយម៉េចក៏ពួកគេហ៊ានប្រកួតស្លាប់រស់ដើម្បីលុយ?”

នៅប្រទេសកូរ៉េខាងត្បូងមានក្រុមចងការប្រាក់ ដែលគេហៅថា Loan Sharks។ សម្រាប់ការខ្ចីគឺងាយស្រួល ប៉ុន្តែអត្រាការប្រាក់អាចខ្ពស់រហូតដល់ទៅ ៥០០%។ នេះគឺជាមូលហេតុមួយដែលធ្វើឱ្យចំនួនប្រាក់កម្ចីកើនឡើងយ៉ាងឆាប់រហ័ស ហើយក្រុមចងការបែបនេះ គឺមិនស្របច្បាប់នោះទេ។ នៅប្រទេសកូរ៉េ មានករណីខ្លះគឺ Loan Sharks អាចផ្តល់កម្ចីបែបងាយៗទៅកាន់ក្មេងៗ ដោយពួកគេគ្រាន់តែផ្ញើសារដើម្បីខ្ចីជាការស្រេច ប៉ុន្តែពេលខ្លះសម្រាប់ការខ្ចី កម្ចី២៤០$ គឺត្រូវសងវិញក្នុងចំនួ៤០០$ ហើយមានរយៈពេល​២អាទិត្យ។ ការប្រកួតស្លាប់រស់ក្នុង Squid Game អាចគ្រាន់តែជាខ្សែភាពយន្ត។ ប៉ុន្តែសម្រាប់ជាក់ស្តែងវិញ ក្នុងអំឡុងឆ្នាំ២០១៤-២០១៨ មានមនុស្សច្រើនជាង ៨០០នាក់បានព្យាយាមលោតសម្លាប់ខ្លួននៅស្ពាន Mapo ក្នុងទីក្រុង Seoul ដោយសារតែវ័ណ្ឌករនឹងបំណុល។ ពួកគេត្រូវរស់នៅប្រឈមនឹងសម្ពាធ ព្រោះភាពអាម៉ាស និងភាពភ័យខ្លាចពីសំណាក់ក្រុម Loan Sharks។ ដូចដែលយើងបានឃើញនៅក្នុងខ្សែភាពយន្តកូរ៉េអញ្ចឹង ក្រុម Loan Sharks តែងតែតាមទារបំណុលក្នុងសភាពជាអំពើហិង្សា ឬធ្វើបាប ឬដាក់ទារុណកម្មក្នុងទម្រង់ផ្សេងៗដើម្បីឱ្យកូនបំណុលសងប្រាក់ ក្រោមការប្រាក់អាចលើសពីប្រាក់ដើមរាប់សិបដង ជួនខ្លះការប្រាក់អាចក្លាយជាប្រាក់ដើម ហើយយកប្រាក់ដើមដែលបានបន្ថែមថ្មីនោះមកគណនាជាការប្រាក់ថ្មីម្ដងទៀត។

ផលចំណេញនៃការទូតថ្នមស្ថានការណ៍របស់វៀតណាម ចំពោះអាមេរិកនិងចិន

ក្រោយរដ្ឋបាលលោកប្រធានាធិបតី Joe Biden ឡើងកាន់តំណែងនៅសហរដ្ឋអាមេរិក ទីក្រុងវ៉ាស៊ីនតោន បានសម្រេចពង្រឹងយុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ី និងដើម្បីទប់ស្កាត់ការងើបឡើងរបស់ចិនផងដែរ។ ប៉ុន្ដែ ចិនដែលមានមហិច្ឆតាចង់ក្លាយជាមហាអំណាចសេដ្ឋកិច្ចកំពូលពិភពលោកនោះ ក៏មិនបានឱបដៃឈរមើលអាមេរិក ដោយមិនធ្វើអីសោះនោះទេ។ ជាក់ស្ដែង រយៈពេលចុងក្រោយមកនេះ គេសង្កេតឃើញថា ប្រទេសមហាអំណាចទាំងពីរ បានធ្វើទស្សនកិច្ចជាបន្តបន្ទាប់ទៅកាន់ប្រទេសក្នុងតំបន់ដ៏សំខាន់របស់ពិភពលោកមួយនេះ។ ក្នុងនោះដែរវៀតណាម ដែលប្រៀបបាននឹងផ្ទះកូនក្រមុំ ត្រួវបានកំលោះអាមេរិកនិងចិន ដាក់វេនគ្នា ចូលជួបបង្ហាញជំហរកិច្ចសហប្រតិបត្តការរៀងៗខ្លួន។ ដោយក្នុងដំណើរទស្សកិច្ចរបស់លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris កាលពីខែសីហាកន្លងទៅថ្មីៗ ធ្លាប់បាននិយាយចំពោះមុខវៀតណាមថា ត្រូវរួមគ្នាដាក់សម្ពាធចិន ឱ្យបញ្ឈប់ការរំលោភបំពាន។ ចំណែកឯចិនវិញ ក្រៅតែអំពីផ្ដល់ជំនួយវ៉ាក់សាំងការពារកូវីដ-១៩ដល់វៀតណាម និងបង្ហាញអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច និងការទូត ចិនក៏បានលួងលោមវៀតណាមឱ្យសហការជាមួយចិន ប្រឆាំងនឹងភាគីទី៣ផងដែរ នេះបើតាមសារព័ត៌មានរបស់ជប៉ុន NIKKEI។ នេះក៏ដោយសារតែទាំងចិន និងអាមេរិក កំពុងប្រជែងគ្នាបង្កើនឥទ្ធិពលវិជ្ជមានឱ្យបានច្រើនជាងមុនទៅលើវៀតណាម តាមរយៈគោលនយោបាយទីតាំងភូមិសាស្ត្រ និងសេដ្ឋកិច្ចជាដើម ដែលរួមមានផែនការខ្សែក្រវាត់និងផ្លូវរបស់ចិន និងកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្ររបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ ប្រទេសដូចជាវៀតណាម បានព្យាយាមរក្សាជំហរនៅកណ្ដាលរវាងមហាអំណាចយក្សទាំងពីរនេះដើម្បីអាចទាញយកផលប្រយោជន៍ពីភាគីទាំងពីរ។

តើវៀតណាម ទទួលបានប្រយោជន៍យ៉ាងណាខ្លះ ពីការប្រជែងឥទ្ធិពលមហាអំណាចទាំងពីរ តាមរយៈការប្រើប្រាស់សិល្បៈការទូតរក្សាស្ថានការណ៍ដើម្បីទាញយកផល​ប្រយោជន៍សម្រាប់ជាតិខ្លួន?

ពីសត្រូវចាស់ ក្លាយជាដៃគូ ដែលមានគោលដៅដូចគ្នាចំពោះមុខចិន

វៀតណាម និងអាមេរិក ធ្លាប់ជាអតីតគូ-សត្រូវ ធ្វើសង្គ្រាមស៊ីសាច់ហុតឈាមគ្នា អស់រយៈពេលជិត២ទសវត្ស កាលពីសម័យសង្គ្រាមត្រជាក់។ រហូតដល់ទសវត្សឆ្នាំ១៩៩០ ទើប ប្រទេសទាំងពីរ មានការចាប់ផ្ដើមស្ដារឡើងវិញ នូវចំណងការទូត ក្នុងបំណងខិតជិតគ្នា បំភ្លេចចោលរឿងចាស់។ ជាប្រវត្តិសាស្ត្រ នៅក្នុងឆ្នាំ២០០០ អតីតប្រធានាធិបតីលោក Bill Clinton បានធ្វើដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសវៀតណាម ក្រោយសង្គ្រាមត្រូវបានបញ្ចប់ និងជាបន្តបន្ទាប់ ចំណងការទូតវៀតណាម-អាមេរិក បានដុះដាលផ្លែផ្កាជាហូរហែ ទាំងគោលនយោបាយសេដ្ឋកិច្ច យុទ្ធសាស្ត្រប្រយោជន៍រួម នៃភូមិសាស្ត្រនយោបាយជាដើម។

សម្រាប់សហរដ្ឋអាមេរិក ថ្វីដ្បិតតែវៀតណាម ត្រឹមតែជាប្រទេសតូចតាច មិនមែនជាប្រទេសមហាអំណាច ប៉ុន្ដែទីតាំងទឹកដីប្រទេសនេះ មានសក្ដានុពលខ្លាំងក្លាក្នុងការផ្ដល់ប្រយោជន៍សេដ្ឋកិច្ច ដោយផ្អែកទៅលើកត្តាប្រជាសាស្ត្រ ទីតាំងភូមិសាស្ត្រ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ភាពអនុគ្រោះនៃច្បាប់វិនិយោគ និង ជាប្រទេសកំពុងអភិវឌ្ឍន៍ជាដើម។ ជាពិសេស វៀតណាមគឺជាកូនសោរគន្លឹះសំខាន់មួយ នៃភូមិសាស្ត្រក្នុងតំបន់អាស៊ាន ក៏ដូចជាឥណ្ឌូចិន ព្រមទាំងជាតួអង្គសំខាន់នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ដែលខ្ទប់ឥទ្ធិពលចិនលើតំបន់អាស៊ីទាំងមូលផងដែរ។

សម្រាប់វៀតណាមវិញ វៀតណាម តែងមិនទុកចិត្តចិន និងសម្លឹងឃើញចិនថាជាចំណុចគ្រោះថ្នាក់ ទោះបីជា ប្រទេសភូមិផងទាំងពីរនេះ មានសែស្រឡាយ និងចែករំលែកវប្បធម៌ ប្រពៃណីជាមួយគ្នាក៏ដោយចុះ។ ជាពិសេស ចិនជាចំណុចគ្រោះថ្នាក់ សម្រាប់សន្តិសុខវៀតណាម ព្រោះតែមហិច្ឆតារបស់ចិន ចង់ក្រសោបសមុទ្រចិនខាងត្បូង។ ចំណុចនេះហើយ ដែលការបង្កើនភាពជាដៃគូកាន់តែរឹងមាំជាមួយអាមេរិក គឺពិតជាមានប្រយោជន៍ខ្លាំង ដើម្បីអាចជួយឱ្យវៀតណាម មានទឹកមាត់ប្រៃក្នុងការតវ៉ាទាមទារប្រឆាំងនឹងឥទ្ធិពលចិននៅក្នុងជម្លោះសមុទ្រចិនខាងត្បូងផង ក៏ដូចជាសម្រេចបាននូវផលប្រយោជន៍ជាតិនៅតំបន់កំពុងមានជម្លោះនេះជាដើម។

មួយវិញទៀត សហរដ្ឋអាមេរិកគឺជាទីផ្សារសម្រាប់ផលិតផលវៀតណាម និងជាដៃគូពាណិជ្ជកម្មធំទី២ របស់វៀតណាម ដែលការនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០កន្លងទៅ មានទំហំទឹកប្រាក់ប្រមាណ ៧៧.០៧ប៊ីលានដុល្លារអាមេរិក។ ប្រទេសទាំងពីរក៏បានចុះកិច្ចព្រមព្រៀងទ្វេភាគីនឹងគ្នា ក្នុងគោលដៅកាត់បន្ថយពន្ធលើទំនិញនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក ដែលពិតជាផ្ដល់សម្បើមដល់កសិករវៀតណាម។ នេះបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ COMTRADE ស្តីពីពាណិជ្ជកម្មអន្តរជាតិ។ ចំណុចទាំងនេះហើយ ដែលនាំឱ្យទំនាក់ទំនងការបរទេស រវាងវៀតណាម-អាមេរិក កាន់តែខិតជិតគ្នា និងមានភាពល្អិតរមួតនិងកាន់តែផ្តល់ឱ្យវៀតណាមនូវផលប្រយោជន៍ពីទំនាក់ទំនងនេះផងដែរ។

ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន លើផលប្រយោជន៍របស់វៀតណាម

កន្លងមក វៀតណាមក៏បានទទួលផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំសម្បើមផងដែរ នៅក្នុងសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ដោយក្រុមហ៊ុនធំៗមួយចំនួនបានផ្លាស់ទីពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម។បើតាមរបាយការណ៍ពីសភាពាណិជ្ជកម្មអាមេរិកនៅស្រុកចិន ឱ្យដឹងថា ៨៧%នៃក្រុមហ៊ុនអាមេរិកនៅប្រទេសចិន គិតគូរចង់រុះរើមកកាន់អាស៊ីអាគ្នេយ៍ ក្នុងនោះវៀតណាមគឺជាប្រទេសដែលទាក់ទាញជាគេបំផុត។ ទាំងនេះក៏ដោយសារតែ តម្លៃពលកម្មនៅវៀតណាមថោកជាងនៅចិន ណាមួយគោលនយោបាយវៀតណាមឱ្យអាទិភាពលើការដោះដូរទីផ្សារសេរី និងស្ថិរភាពនយោបាយល្អរបស់វៀតណាមជាដើម។​

ទោះបីជាយ៉ាងណាក៏ដោយ ចិននៅតែជះឥទ្ធិពល មកលើសេដ្ឋកិច្ចវៀតណាម។ ចិនគឺជាដៃគូពាណិជ្ជកម្មដ៍ធំជាងគេរបស់វៀតណាមអស់រយៈពេល ១៥ ឆ្នាំមកហើយ ហើយវៀតណាមក៏បានទទួលផលយ៉ាងច្រើនផងដែរ។ បើតាមកាសែតក្នុងស្រុកវៀតណាម ទំហំដោះដូរពាណិជ្ជកម្មរវាងវៀតណាមនិងចិន គិតជាទឹកប្រាក់មានប្រមាណជាង ១៣០ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មានសម្រាប់វៀតណាម។ ក្នុងនោះផងដែរ វៀតណាម-ចិន ជាប្រទេសជិតខាងជាប់ព្រំដែន ដែលបង្កភាពងាយស្រួលដល់ការដោះដូរពាណិជ្ជកម្ម ក៏ដូចជាដឹកជញ្ជូនទំនិញចេញចូលជាដើម។ គួបផ្សំនឹងចិន និងវៀតណាម បានក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP)ទៀតផងនោះ ប្រទេសវៀតណាម ជាពិសេសកសិករវៀតណាមនឹងអាចទទួលបានផលចំណេញពីគោលនយោបាយនាំចេញ ដូចជារនាំងពន្ធគយទាប បូករួមនឹងការទាក់ទាញការវិនិយោគរបស់ចិនកាន់តែច្រើនចូលមកក្នុងប្រទេសវៀតណាម។ លើសពីនេះ​ វៀតណាមក៏ទទួលបានប្រយោជន៍ជាច្រើនទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រ ព្រមទាំងលំហូរវិនិយោគ ពីគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនផងដែរ។

បើតាមកាសែតក្នុងស្រុកវៀតណាមឱ្យដឹងថា កាលពីឆ្នាំ២០២០ ចិនគឺជាប្រទេសធំទី២ លើគម្រោងវិនិយោគច្រើនជាងគេនៅប្រទេសវៀតណាម បន្ទាប់ពីកូរ៉េខាងត្បូង ក្នុងទុនវិនិយោគដោយផ្ទាល់(FDI)សរុបប្រមាណជាង ២.៥ប៊ីលានដុល្លារអាមេរិក ដែលក្នុងឆ្នាំដដែលនោះដែរ ចិនបានក្ដោ​បក្ដាប់ចំណែកធំជាងគេ ក្នុងការវិនិយោគសួនឧស្សាហកម្មនៅវៀតណាម។ ហេតុដូចនេះហើយបានជាវៀតណាមព្យាយាមបន្តទំនាក់ទំនងល្អជាមួយចិនទាំងដែលខ្លួនកំពុងមានបញ្ហាជាមួយចិននៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងនេះ។

បើទោះបីជា  ប្រទេសវៀតណាម ទទួលបានប្រយោជន៍ពីឥទ្ធិពលសេដ្ឋកិច្ច និងដៃគូជាមួយចិនក៏ពិតមែន ប៉ុន្ដែក៏ភាគច្រើនឥទ្ធិពលដែលចិនមានមកលើវៀតណាមមានលក្ខណៈមិនសូវជាវិជ្ជមានប៉ុន្មាននោះទេ សម្រាប់កែវភ្នែកពលរដ្ឋវៀតណាម។ មូលហេតុដ៏ធំបំផុតមួយ គឺដោយសារ «ការកើនឡើងភាពតានតឹងនៅសមុទ្រចិនខាងត្បូងរវាងចិននិងវៀតណាម» ដែលសកម្មភាពឈ្លានពាននិងភាពហួងហែងកាន់តែខ្លាំងរបស់ចិននៅដែនទឹកមានជម្លោះ បានបង្កើនស្មារតីប្រឆាំងនឹងចិនកាន់តែខ្លាំងនៅក្នុងប្រទេសវៀតណាម។

ជារួមមក វៀតណាម ដែលកំពុងឈរលើចំណុចមួយ នៃទីតាំងភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រ ក្នុងការប្រជែងគ្នារវាងមហាអំណាចកំពូលអាមេរិក និងចិន ដែលអាចនឹងកើនកម្ដៅគ្រប់ពេលក៏ដោយចុះ ក៏ប្រទេសមួយនេះ ហាក់ប្រុងប្រយ័ត្ននិងថ្នាក់ថ្នមស្ថានការណ៍ ហើយចេះបត់បែនក្នុងការចេះក្ដោបឱកាស និងចេះទាញយកប្រយោជន៍សម្រាប់ជាតិជាធំ ពីប្រទេសមហាយក្សទាំងពីរ ដោយមិនប្រកាន់ថា មួយណាកុម្មុយនីស ឬប្រជាធិបតេយ្យនោះទេ។ ទោះបី ជាញឹកញយ វៀតណាមតែងប្រកាសឱ្យដឹងថា ខ្លួនប្រកាន់គោលការណ៍មិនចូលបក្សសម្ព័ន្ធ ណាមួយ ដែលនោះគឺជាគោលនយោបាយស្នូលរបស់ប្រទេសនេះ៕

 

 

ហេតុអ្វីសហរដ្ឋអាមេរិក និង វៀតណាមមានទំនាក់ទំនងកាន់តែស្អិតរមួត?

តាំងពីប្រទេសទាំងពីរបានចាប់ផ្ដើមផ្សះផ្សារទំនាក់ទំនងការទូតឡើងវិញនៅដើមទសវត្សរ៍ឆ្នាំ១៩៩០មក គ្រប់ប្រធានាធិបតីអាមេរិកទាំងអស់សុទ្ធតែបានធ្វើទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសវៀតណាម រាប់ចាប់តាំងពី លោក Bill Clinton លោក George W. Bush លោក Barack Obama និង លោក Donald Trump។ សម្រាប់លោក Joe Biden វិញ នៅមិនទាន់ដឹងច្បាស់ថាលោកនឹងមានគម្រោងទស្សនកិច្ចដូចគ្នាទៅនឹងអតីតប្រធានាធិបតីអាមេរិកមុនៗដែរឬក៏យ៉ាងណានោះទេ ប៉ុន្តែទោះជាយ៉ាងណា កាលពីខែសីហាកន្លងទៅនេះ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ក៏បានធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមរួចមកហើយដែរ។ លើសពីនេះទៀត មុនការទស្សនកិច្ចរបស់លោកស្រីមួយខែគឺនៅក្នុងខែកក្កដា រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin ក៏បានទស្សនកិច្ចនៅប្រទេសវៀតណាមម្ដងហើយផងដែរ។ ការធ្វើទស្សនកិច្ចផ្លូវការពីសំណាក់មេដឹកនាំ ឬ មន្ត្រីជាន់ខ្ពស់នៃប្រទេសមួយទៅកាន់ប្រទេសមួយទៀតញឹកញាប់បែបនេះ បានសបញ្ជាក់ឱ្យឃើញពីចំណងមិត្តភាពដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងកិច្ចសហប្រតិបត្តិការនានា។ តើមានមូលហេតុអ្វីនៅពីក្រោយទំនាក់ទំនងដែលកាន់តែមានភាពប្រសើរឡើងរវាងអាមេរិក–វៀតណាម?

ប្រយោជន៍ចំពោះសហរដ្ឋអាមេរិក

ក្រោយសង្រ្គាមត្រជាក់ត្រូវបានបញ្ចប់នៅឆ្នាំ១៩៩១ ពិភពលោកវិវត្តឆ្ពោះទៅរកបដិវត្តរ៍ឧស្សាហកម្ម៤.០ ដែលជាសករាជនៃសកលភាវូបនីយកម្ម ដោយប្រទេសភាគច្រើនផ្ដោតទៅលើវឌ្ឍនភាពសេដ្ឋកិច្ចជាជាងវិស័យយោធា។ នេះប្រហែលជាមូលហេតុទីមួយដែលសហរដ្ឋអាមេរិកមើលឃើញថា ប្រទេសវៀតណាមមានសក្ដានុពលខ្លាំងក្នុងការផ្ដល់ប្រយោជន៍សេដ្ឋកិច្ចដល់ខ្លួនបើប្រៀបធៀបជាមួយបណ្ដាប្រទេសសមាជិកអាស៊ានដទៃ ដោយផ្អែកទៅលើកត្តាប្រជាសាស្ត្រ ទីតាំងភូមិសាស្ត្រ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ភាពអនុគ្រោះនៃច្បាប់វិនិយោគ និង ជាប្រទេសកំពុងអភិវឌ្ឍន៍។ យោងតាមរបាយការណ៍ UNDP–២០១៩ ប្រទេសវៀតណាមមានប្រជាជនសរុបប្រមាណជាង ៩៨លាននាក់ ហើយស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់នៃសន្ទស្សន៍អភិវឌ្ឍន៍ធនធានមនុស្ស។ ភូមិសាស្រ្តប្រទេសនេះអំណោយផលខ្លាំងដល់វិស័យកសិកម្ម ឧស្សាហកម្ម និង សេវាកម្ម។ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារក៏មានសារៈសំខាន់ផងដែរសម្រាប់ក្រុមហ៊ុនអាមេរិកខ្នាតធំនិងមធ្យម ក្នុងការចូលទៅវិនិយោគក្នុងប្រទេសវៀតណាម។ យោងតាមការចេញផ្សាយនៅឆ្នាំ២០២០ របស់គេហទំព័រ vnexpress ប្រទេសវៀតណាមមានជាង ៣.០០០ក្រុមហ៊ុន ដែលបានបើកដំណើរការ និងចុះបញ្ជីពាណិជ្ជកម្មដោយជនជាតិអាមេរិកដែលមានសញ្ជាតិវៀតណាម។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសវៀតណាមមានកំពង់ផែសមុទ្រចំនួន ៤៤ ដែលអាចមានសមត្ថភាពផ្ទុកចរន្តទំនិញសរុបចំនួនពី ៤៧០ ទៅ ៥០០ លានតោនក្នុងមួយឆ្នាំ។

ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ច ការងើបឡើងយ៉ាងឆាប់រហ័សនៃឥទ្ធិពលរបស់ប្រទេសចិនទៅកាន់បណ្ដាប្រទេសនៅតំបន់អាស៊ី បានក្លាយជាគោលដៅនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកក្នុងការរាំងខ្ទប់មហាអំណាចមួយនេះ ដើម្បីរក្សានូវកិត្តិនាមជាមហាអំណាចទីមួយលើពិភពលោក។ ការណ៍នេះបានធ្វើឱ្យប្រទេសវៀតណាមក្លាយជាទីតាំងនៃភូមិសាស្ត្រនិងយុទ្ធសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក ស្របពេលដែលវៀតណាមកំពុងតែមានជម្លោះដែនសមុទ្រជាមួយប្រទេសចិនផងនោះ។ ឧទាហរណ៍ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានថ្លែងថា ការទាមទារដែនអធិបតយ្យរបស់ប្រទេសចិននៅតំបន់សមុទ្រចិនខាងត្បូងគ្មានមូលដ្ឋានច្បាប់អន្តរជាតិ និងរំលោភលើអធិបតេយ្យភាពរបស់រដ្ឋនៅក្នុងតំបន់ នេះបើយោងតាម AP News។​  ដោយឡែក វៀតណាមក៏ស្ថិតក្នុងតំបន់ក្របខណ្ឌយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហ (FOIP) ដែលជាយុទ្ធសាស្ត្រសេដ្ឋកិច្ច សន្តិសុខ និងស្ថេរភាពតំបន់មហាសមុទ្រប៉ាស៊ីហ្វិកភ្ជាប់ទៅនឹងមហាសមុទ្រឥណ្ឌា ដែលសហរដ្ឋអាមេរិកព្យាយាមជំរុញឱ្យមានការអនុវត្តដើម្បីខ្ទប់ឥទ្ធិពលរបស់ចិន ជាពិសេសឥទ្ធិពលនៃយុទ្ធសាស្រ្តខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន។

ប្រយោជន៍ចំពោះប្រទេសវៀតណាម

ចំពោះវៀតណាម សហរដ្ឋអាមេរិកគឺប្រៀបដូចជាទីផ្សារសម្រាប់ដាក់លក់ផលិតផលវៀតណាម ព្រោះថាសហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់វៀតណាមបន្ទាប់ពីប្រទេសចិន​ ហើយបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ COMTRADE ស្តីពីពាណិជ្ជកម្មអន្តរជាតិ ក្នុងឆ្នាំ២០១៩ ប្រទេសវៀតណាមបាននាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧,៩ប៊ីលានដុល្លារសហរដ្ឋអាមេរិក និងប្រមាណ ៨៣,២១ប៊ីលានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ២០២០។​ ជាមួយគ្នានេះដែរ គិតពីឆ្នាំ២០០០ រហូតដល់២០១៩ ប្រជាជនវៀតណាមបានទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកមានចំនួនប្រមាណ ២,១ លាននាក់ នេះបើផ្អែកទៅលើឯកសារស្រាវជ្រាវរបស់ Pew Research Center។ នៅឆ្នាំ ២០០១ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងទ្វេភាគីនឹងគ្នា ក្នុងគោលដៅកាត់បន្ថយពន្ធលើទំនិញនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកពី៤០% មកនៅត្រឹមតែ៣% ប៉ុណ្ណោះ។

ដោយឡែក វៀតណាមក៏ទទួលបាននូវផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំសម្បើមផងដែរបន្ទាប់ពីសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនត្រូវបានបញ្ចប់។ ផលប្រយោជន៍ធំនោះគឺមានក្រុមហ៊ុនធំៗមួយចំនួនបានផ្លាស់ទីពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម តួយ៉ាងដូចជាក្រុម​ហ៊ុន​ Samsung ជាដើម។​ ទោះជាយ៉ាងណា បញ្ហាមួយចំនួនក៏តែងតែកើតមានខ្លះៗដែរ ដូចជានៅខែធ្នូ ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានចោទប្រកាន់វៀតណាមថាជាប្រទេសដែលមានចេតនាបញ្ចុះតម្លៃរូបិយប័ណ្ណរបស់ខ្លួនដើម្បីទទួលបានផលប្រយោជន៍ក្នុងការនាំទំនិញចេញ។​ ប៉ុន្តែ ក្រោយមកទៀត វៀតណាមក៏បានសន្យាថានឹងមិនធ្វើឱ្យរូបិយប័ណ្ណរបស់ខ្លួនធ្លាក់ថ្លៃនោះទេ។ ការផ្លាស់ប្ដូររបស់ធនាគារកណ្ដាលរបស់វៀតណាមរហ័សបែបនេះក៏បានបញ្ជាក់ឱ្យឃើញផងដែរថា វៀតណាមមិនចង់ឱ្យទំនាក់ទំនងរវាងខ្លួននិងសហរដ្ឋអាមេរិកមានភាពប្រេះស្រាំនោះទេ ព្រោះវៀតណាមនៅតែត្រូវការភាពជាដៃគូពាណិជ្ជកម្ម យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលយូអង្វែង។

ភូមិសាស្ត្រនយោបាយ

ម៉្យាងវិញទៀត ប្រទេសវៀតណាមគឺពិតជាត្រូវការសហរដ្ឋអាមេរិកមកធ្វើជាខ្នងបង្អែកខ្លាំងណាស់ បើនិយាយពីការប្រកួតប្រជែងភូមិសាស្ត្រនិងយុទ្ធសាស្ត្រនយោបាយ។​ មូលហេតុធំមួយនោះគឺវៀតណាមមិនចង់បាត់បង់ដែនអធិបតេយ្យភាពសមុទ្រដែលប្រទេសចិនកំពុងទាមទារនៅតំបន់សមុទ្រចិនខាងត្បូងនោះទេ។​ ទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកបានធ្វើឱ្យវៀតណាមមានទឹកមាត់ប្រៃក្នុងការតវ៉ាទាមទារប្រឆាំងនឹងឥទ្ធិពលប្រទេសចិននៅក្នុងជម្លោះដែនសមុទ្រមួយនេះ។ ផ្ទុយទៅវិញ ការងាកទៅចងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកបែបនេះ បានធ្វើឱ្យសហគមន៍អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋវៀតណាមផ្ទាល់ បានលើកជាសំណួរអំពីគុណតម្លៃនៃគោលការណ៍មិនចូលបក្សសម្ព័ន្ធដែលជាគោលនយោបាយស្នូលរបស់ជាតិវៀតណាម។  ទោះជាយ៉ាងណា វៀតណាមតែងតែលើកកម្ពស់គោលការណ៍មិនចូលបក្សសម្ព័ន្ធមួយនេះ និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សាសន្តិភាពនិងសន្តិសុខជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២។

សរុបសេចក្ដីមក ជាទូទៅក្នុងទំនាក់ទំនងអន្តរជាតិគឺជាការគិតពីផលប្រយោជន៍ជាតិជាធំ ដោយមិនខ្វល់ថាប្រទេសណាកាន់លទ្ធិកុម្មុយនីស្ដនិយម ឬក៏ប្រជាធិបតេយ្យនិយមនោះទេ ឱ្យតែមានផលប្រយោជន៍ នោះទំនាក់ទំនងដ៏ផ្អែមល្អែមរវាងប្រទេសទាំងពីរនឹងកើតមានឡើង។​ ថ្វីត្បិតប្រទេសវៀតណាមមើលមួយភ្លេតទៅ ហាក់បីដូចជាត្រូវរងឥទ្ធិពលនិងសម្ពាធពីការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរ ប៉ុន្តែវៀតណាមអាចចាត់ទុកថាជាប្រទេសមួយដែលធ្វើបានល្អខ្លាំងណាស់ក្នុង​ល្បែងភូមិសាស្ត្រននិងយុទ្ធសាស្រ្តយោបាយមួយនេះ។ ពោលគឺប្រទេសនេះចេះបត់បែន ចេះក្ដោបឱកាស និងចេះដើរទៅរកប្រយោជន៍សម្រាប់ជាតិពីមហាអំណាចសេដ្ឋកិច្ច និងមហាអំណាចទាំងសេដ្ឋកិច្ចនិងយោធា។

តើអ្នកគួរដឹងអ្វីខ្លះអំពីរដ្ឋធម្មនុញ្ញរបស់កម្ពុជា?

រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់ប្រទេសមួយ ដែលបញ្ជាក់ពីច្បាប់នៃការកំណត់និងបែងចែកអំណាចរបស់រាជរដ្ឋាភិបាល ដែលមានន័យថា រាល់ច្បាប់ បទបញ្ញត្ដិ និងសេចក្តីសម្រេចទាំងឡាយត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ រដ្ឋធម្មនុញគឺស្មើនឹងទិដ្ឋភាពទូទៅនៃការដឹកនាំប្រទេស និងរបៀបរស់ទូទៅនៅរបស់ប្រជាជន។ ប្រទេសកម្ពុជាបានបង្កើតរដ្ឋធម្មនុញ្ញជាលើកដំបូងនៅឆ្នាំ១៩៤៧។ ក៏ប៉ុន្តែរដ្ឋធម្មនុញនេះត្រូវបានបញ្ចប់ដំបូងគឺដោយសារតែរដ្ឋប្រហាររបស់សេនាប្រមុខលន់ នល់ ដែលលោកបានបង្កើតរដ្ឋធម្មនុញថ្មីនិងរបបដឹកនាំថ្មី។ បន្ទាប់ពីឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ ប្រទេសកម្ពុជាបានបង្កើតរដ្ឋធម្មនុញអស់ ៦ លើក រហូតមកដល់ថ្ងៃទី២១ កញ្ញា ឆ្នាំ១៩៩៣សភាធម្មនុញ្ញបានអនុម័តច្បាប់រដ្ឋធម្មនុញ្ញថ្មី(ច្បាប់ដែលយើងកំពុងប្រើប្រាស់បច្ចុប្បន្ន) ដែលត្រូវបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយសម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយមាន១៦ជំពូក និង១៥៨មាត្រា ហើយរដ្ឋធម្មនុញ្ញកម្ពុជានេះមានអាយុកាល២៨ឆ្នាំហើយ។

តាមពិតទៅ មុននឹងអាចឈានទៅដល់ការបង្កើតរដ្ឋធម្មនុញឆ្នាំ ១៩៩៣ នេះ គឺដោយសារសមិទ្ធផលនៃកិច្ចព្រមព្រៀងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ គួរឲ្យដឹងផងដែរថា មុនពេលនៃការបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ នេះប្រទេសកម្ពុជាបានបង្កើតសភាធម្មនុញដែលបង្កើតឡើងដោយការបោះឆ្នោតនៅថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣។ សភាធម្មនុញនេះមានតួនាទីក្នុងការតាក់តែងនូវគម្រោងរដ្ឋធម្មនុញ្ញថ្មីមួយឱ្យបានតាមកាលកំណត់ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស។ យោងតាម បណ្ឌិតគិន ភា មូលដ្ឋានគ្រឹះនៅក្នុងការតាក់តែងរដ្ឋធម្មនុញថ្មីគឺ (១)យោងតាមអនុសាសន៍របស់សម្តេច នរោត្តម សីហនុ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៩៣។(២) យោងតាមស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ នៅថ្ងៃ២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលជាថ្ងៃប្រកាសរដ្ឋធម្មនុញ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ បានតែងតាំងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និងសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។ រួមជាមួយគ្នានេះដែរ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ បានប្រកាសសភាធម្មនុញ្ញទៅជារដ្ឋសភាជាតិ ហើយសមាជិកសភាធម្មនុញ្ញក៏បានប្រែក្លាយជាសមាជិករដ្ឋសភា។

គិតចាប់ពីការបង្កើតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣មកដល់បច្ចុប្បន្ន វាមានការវិសោធនកម្មកែប្រែចំនួន៨លើករួចមកហើយ។ ចំណុចសំខាន់ៗបំផុតមួយចំនួនដែលគួរឱ្យកត់សម្គាល់ហើយបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ មានដូចជា កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានន័យថាព្រះមហាក្សត្រឡើងគ្រោងរាជ្យប៉ុន្តែមិនកាន់អំណាច ហើយមានគណបក្សច្រើនក្នុងការរួមដឹកនាំប្រទេសដោយជ្រើសរើសដោយប្រជារាស្ត្រតាមរយៈការបោះឆ្នោត។ រដ្ឋធម្មនុញ្ញកម្ពុជាក៏បានបែងចែក អំណាចដាច់ដោយឡែកពីគ្នា គឺអំណាចនីតិបញ្ញតិ នីតិប្រត្តិបត្តិ និង អំណាចតុលាការ ហើយក៏បានអនុម័តនូវសិទ្ធជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍និតិរដ្ឋជាដើម»។ ក្នុងនោះ រដ្ឋធម្មនុញក៏បានកំណត់ពីនីតិវិធីក្នុងការបង្កើតរាជរដ្ឋាភិបាល សភា ព្រឹទ្ធសភា តុលាការ និងការតែងតាំងជាដើម រួមជាមួយការផ្ដល់នូវសិទ្ធិមនុស្សដល់ប្រជារាស្ត្រស្មើគ្នា។ កម្ពុជាក៏អនុវត្ដប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ដែលមានការចូលរួមដោយភាគីឯកជន មានសិទ្ធកាន់កាប់ទ្រព្យសម្បត្ដិ និងប្រកួតប្រជែងពាណិជ្ជកម្មដោយស្មើភាពគ្នាផងដែរ។

តើបដិវត្ដន៍ផ្កាម្លិះ (Jasmine Revolution) គឺជាអ្វី?

ហេតុការណ៍ដ៏ចម្រូងចម្រាស់មួយដែលបានកើតឡើងនៅក្នុងអំឡុងឆ្នាំ២០១០នៅក្នុងប្រទេសទុយនីស៊ី (Tunisia) ត្រូវបានគេឱ្យឈ្មោះថា “បដិវត្តន៍ផ្កាម្លិះ” ឬ Jasmine Revolution។ វាជាបដិវត្តន៍ដ៏មានប្រជាប្រិយភាពមួយដែលកើតចេញពីកំលាំងនៃការបះបោររបស់ប្រជាជនទុយនីស៊ី(Tunisia) ដើម្បីប្រឆាំងនឹងអំពើពុករលួយ ភាពក្រីក្រ និងការគាបសង្កត់ផ្សេងៗពីសំណាក់អ្នកនយោបាយទៅលើប្រជាជននៅក្នុងប្រទេសនេះ។ ជាក់ស្ដែងការបះបោរពីសំណាក់ប្រជាជនទុយនីស៊ី(Tunisia) ទាំងនេះនាំមកនូវជ័យជម្នះយ៉ាងធំធេងដល់ពួកគេ ដោយនៅក្នុងឆ្នាំ២០១១ពួកគេបានទទួលភាពជោគជ័យក្នុងការទម្លាក់លោក Zine El Abidine Ben Ali ដែលជាប្រធានាធិបតីទុយនីស៊ី(Tunisia) ទី២បន្ទាប់ពីលោក Habib Bourguiba ចេញពីដំណែងបានសម្រេច។ គួររំឮកផងដែរថា ដើមកំណើតនៃឈ្មោះបដិវត្តន៍ផ្កាម្លិះនេះត្រូវបានដាក់ឱ្យដោយអ្នកសារព័ត៌មានជនជាតិអាមេរិកម្នាក់គឺលោក Andy Carvin ដោយក្រោមហេតុផលថាផ្កាម្លិះ គឺជាផ្កាតំណាងប្រចាំជាតិរបស់ទុយនីស៊ី(Tunisia) ។

. ដើមចមនៃបដិវត្តន៍ផ្កាម្លិះ

ក្រឡេកមើលទៅក្នុងថ្ងៃកើតហេតុនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ បុរសមួយរូបវ័យ២៦ឆ្នាំដែលជាតួអង្គដ៏សំខាន់នៅក្នុងព្រឹត្តិការណ៍នេះមានឈ្មោះថា Mohammed Bouazizi ដែលប្រកបរបរជាអ្នកលក់ដូរនៅតាមដងផ្លូវ ត្រូវបានបៀតបៀនដោយអំពើហិង្សាពីសំណាក់ ក្រុមប៉ូលីសនៅក្នុងទីក្រុង Sidi Bouzid ដែលបុរសនោះកំពុងរស់នៅ។ ដោយបានឆ្លងកាត់នូវរឿងរ៉ាវអយុត្តិធម៌បែបនេះជាច្រើនលើកច្រើនសារ ទីបំផុតនៅថ្ងៃដដែលនោះលោក Mohammed Bouazizi ក៏បានទៅមុខការិយាល័យនៃសាលាក្រុង Sidi Bouzid ដើម្បីដុតសម្លាប់ខ្លួនឯងជាមួយប្រេងសាំង ដែលហេតុការណ៍នេះគឺជាចំណុចចាប់ផ្ដើមនៃបាតុកម្មនេះ។ សកម្មភាពដ៏មោះមុតក៏ដូចជាភាពក្លាហានរបស់លោកបានជំរុញឱ្យប្រជាជនទុយនីស៊ី(Tunisia) ចាប់ផ្ដើមងើបបះបោរធ្វើបាតុកម្មប្រឆាំងនឹងការដឹកនាំក្រោមអំណាចរបស់លោក Ben Ali។

. ការឆ្លើយតបរបស់លោក Ben Ali

បាតុកម្មប្រឆាំងរដ្ឋាភិបាលដែលចាប់ផ្ដើមនៅថ្ងៃទី ១៨ ធ្នូ ឆ្នាំ២០១០ រហូតដល់ ថ្ងៃទី ១៤ មករា ២០១១ និងមានរយៈពេល២៨ថ្ងៃនេះទទួលបានការចូលរួមយ៉ាងសន្ធឹកសន្ធាប់ពីសំណាកប្រជាជនទុយនីស៊ី(Tunisia) នៅទូទាំងប្រទេស។​ នៅក្នុងអំឡុងពេលដដែលនេះ បាតុកររាប់សិបនាក់ត្រូវបានបាញ់សម្លាប់ដោយក្រុមប៉ូលីស និងទាហ៊ាននៅក្រោមបញ្ជារបស់លោក Ben Ali ហើយរដ្ឋាភិបាលរបស់លោកក៏ទទួលបាននូវសំឡេងរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់សហគមន៍អន្តរជាតិផងដែរ។ ដោយសារការរងនូវសម្ពាធទាំងពីប្រជាជនក្នុងប្រទេស និងបណ្ដាប្រទេសមហាអំណាចមានដូចជា បារាំង អង់គ្លេស អាមេរិក និង ស្វីសជាដើម ទើបនៅថ្ងៃទី១៣ខែមករាឆ្នាំ ២០១១ លោកបានបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍សម្តែងនូវការខកចិត្ត និងសោកស្ដាយជុំវិញរឿងរ៉ាវដែលបានកើតឡើងហើយសន្យាថានឹងមិនបន្តតំណែងជាប្រធានាធិបតីនាអាណត្តិបន្ទាប់នោះទេ។ យ៉ាងណាមិញ សំណើរទាំងនេះមិនត្រូវបានទទួលស្គាល់ដោយក្រុមបាតុករឡើយជាហេតុបណ្ដាលឱ្យភាពចម្រូងចម្រាស់បន្តកើតមានរហូតដល់លោក Ben Ali អស់តំណែងជាប្រធានាធិបតីនៅថ្ងៃបន្ទាប់។

. ការចុះចេញពីតំណែងរបស់លោកប្រធានាធិបតី Zine Al-Abidine Ben Ali

បន្ទាប់ពីមានការបះបោរប្រឆាំងពីសំណាក់ប្រជាជនទុយនីស៊ី(Tunisia) រាប់ម៉ឺននាក់អស់រយៈពេលជាងមួយខែដោយសារពួកបាតុករបានសម្ដែងនូវការមិនពេញចិត្តចំពោះ ការដឹកនាំបែបផ្ដាច់ការរបស់លោក Ben Ali ដែលបានធ្វើឱ្យមានអំពើពួករលួយកាន់តែរីករាលដាលខ្លាំងឡើងនៅក្នុងប្រទេស ព្រមទាំងដឹកនាំប្រទេសដោយមានការប្រកាន់បក្សគ្រួសារនិយម។ លោក Ben Ali បានបង្ខំចិត្តចុះចេញពីតំណែងជាប្រធានាធិបតី ក្រោយពីកាន់អំណាចអស់រយៈពេល២៣ឆ្នាំដោយរាប់ចាប់ពី​ថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ១៩៨៧តាម​រយៈរដ្ឋប្រហារទម្លាក់​លោក​ប្រធានាធិបតីទី១របស់ទុយនីស៊ី​(Tunisia​​) Habib Bourguida ដែល​ជា​បិតា​ឯករាជ្យ ដោយ​គ្មាន​អំពើហិង្សា។ គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ Ben Ali ក៏​ធ្លាប់​កាន់​តំណែង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃនិង​តំណែង​នាយករដ្ឋមន្រ្តីទុយនីស៊ី​(Tunisia) ជា​ច្រើន​អាណត្តិផងដែរមុននឹងឡើងកាន់អំណាចជាប្រធានាធិបតីរហូតចុះចេញពីតំណែងនៅថ្ងៃទី១៤ ខែមករាឆ្នាំ២០១១។

ក្រោយមកលោក Ben Ali និងគ្រួសារ បានលួចភៀសខ្លួនទៅកាន់ប្រទេសអារ៉ាប់បីសេអូឌីត នៅរាត្រីថ្ងៃ សុក្រ ទី១៤ ខែមករាឆ្នាំ២០១១ ដើម្បីរក្សានូវសុវត្ថិភាពផ្ទាល់ខ្លួ​ន និងគ្រួសាររបស់លោក។ លោក Ben Ali ដែលជាអតីតប្រមុខរដ្ឋ​ទុយនីស៊ី(Tunisia)ព្រម​ទំាង​ភរិយា​ត្រូវ​បាន​រដ្ឋអំណាច​អារ៉ាប៊ី សាអ៊ូឌីត ទទួល​យ៉ាង​រាក់ទាក់​នៅ​ឯ​អាកាសយានដ្ឋាន។ មេដឹកនាំប្រទេស​អារ៉ាប៊ីសេអ៊ូឌីត​បាន​លើក​យក​ហេតុផល​ថា ការ​ដែល​ខ្លួន​បាន​អនុញ្ញាត​ឱ្យអតីត​លោក​ប្រធានាធិបតី​ទុយនីស៊ី(Tunisia) Ben Ali ជ្រកកោន​ក្នុងប្រទេសខ្លួន គឺ​ជា​កាយវិការ​មនុស្សធម៌​មួយ ​ដើម្បី​ជួយអតីត​ប្រធានាធិបតី​ម្នាក់​នៃ​ប្រទេស​អារ៉ាប់​ដូច​គ្នា។ ទន្ទឹមនឹងនេះ លោក​ Ben Ali ក៏​ជា​ប្រធានាធិបតី​អារ៉ាប់​ទីមួយផងដែរ​ ដែល​បាន​បង្ខំចិត្ត​ចាកចេញ​ពី​អំណាច ក្រោម​ការ​ងើបបះបោរ​របស់​ប្រជាជន។ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោក​ Ben Ali បានទទួលមរណៈភាព ក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង ជេដដា (Jeddah) ប្រទេសអារ៉ាប់ប៊ីសេអូឌីត ដោយសារជំងឺមហារីកក្រពេញប្រូស្ដាត ក្នុងវ័យ៨៣ឆ្នំា។

. រឿងរ៉ាវក្រោយពីការផ្ទុះឡើងនៃបដិវត្តន៍ផ្កាម្លិះក្នុងប្រទេសទុយនីស៊ី (Tunisia)

នៅ​ចុង​ឆ្នាំ២០១១​ ប្រទេស​មួយ​ចំនួន​នៅ​ពិភព​អារ៉ាប់រួម​មាន​ទុយនីស៊ី(Tunisia) អេហ្ស៊ីប លីប៊ី និង យ៉េ​មែន​ ដែល​រដ្ឋាភិ​បាលប្រទេស​ទាំង​នោះ ត្រូវបាន​គេទម្លាក់​តាមរបៀប​ការបះ​បោររបស់​ប្រជា​ជន​យ៉ាង​កំរោល​​ ​​ហើយ​​​ពេល​នោះ​​គឺ​​ជា​ការ​ចាប់​ផ្ដើម​នូវ​អ្វី​ដែល​គេ​ហៅ​ថា​«អំណាចប្រជា​ជន»។ ទោះជាលោក Ben Ali បានចុះចេញពីតំណែងហើយក៏ដោយ ​ប្រទេស​ទុយនីស៊ី(Tunisia) ​នៅតែបន្ត​ជួប​ប្រទះ​នូវ​វិបត្តិន​យោ​បាយ​ ដោយ​​សារ​​រដ្ឋា​ភិ​បាល​ថ្មី​ដឹក​នាំ​ការ​គ្រប់គ្រង​ប្រទេស​មាន​ការ​ប្រទាញ​ប្រទង់​គ្នាជាមួយនឹងគណបក្សប្រឆាំង។ ក្រុម​បក្ស​ប្រឆាំង​នៅ​តែ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ​ហើយ​បានធ្វើ​បាតុកម្ម​ជំទាស់​តវ៉ាត​ទៅ​ទៀត ចំពោះការដឹកនាំប្រទេសរបស់រដ្ឋាភិបាលថ្មី។ ​ជា​មួយ​គ្នា​នេះ​​បាតុករ​រាប់ម៉ឺន​នាក់ក៏បានតវ៉ាប្រឆាំង​រដ្ឋាភិ​បាល​របស់លោក Moncef Marzouki ដើម្បីឱ្យលោកចុះចេញពីតំណែង។​ មិនយូរប៉ុន្មានបដិវត្តន៍ផ្កាម្លិះក៏បានសាយភាយយ៉ាងលឿនចូលទៅកាន់ប្រទេសអេហ្ស៊ីបដែលជាប្រទេសជិតខាងរបស់ទុយនីស៊ី(Tunisia) ​​​​។ ក្នុងរយៈពេលតែមូយខែប៉ុណ្ណោះ អំណាចប្រជាជនអេហ្ស៊ីប បានទម្លាក់លោកប្រធានាធិបតី Hosni Mubarak ដែលជាមេដឹកនាំដែលកាន់អំណាចយ៉ាងយូរម្នាក់ ចេញពីតំណែងបានសម្រេច ហើយបានកាត់ទោសប្រហាជីវិតលោកប្រធានាធិបតីរូបនេះថែមទៀតផង។ បន្ទាប់ពីប្រទេសអេហ្ស៊ីប​ បដិវត្តន៍នេះបានបន្តជ្រៀតចូលប្រទេសលីប៊ីរបស់លោក មូអាំម៉ា ហ្គាដាហ្វី (Muamma Gaddafi) ដោយគេបានឃើញមានក្រុមឧទន្ទាមដែលគាំទ្រដោយលោកខាងលិច​ ចាប់ផ្ដើមវាយប្រហារប្រឆាំងនឹងក្រុមកងទ័ពដែលស្ម័គ្រស្មោះនឹងលោក ហ្គាដាហ្វី (Gaddafi)។ ការប្រយុទ្ធគ្នានេះមានរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ កងទ័ពរបស់លោក ហ្គាដាហ្វី (Gaddafi) បានបរាជ័យក្នុងការទប់ទល់នឹងពួកឧទ្ទាម រីឯលោក ហ្គាដាហ្វី (Gaddafi) ត្រូវបានគេចាប់បាន និងបាញ់សម្លាប់តែម្ដង។ ក្រោយមកក្រុមឧទ្ទាមដែលមានការគាំទ្រពីសំណាក់បច្ចឹមលោក បានរៀបចំរដ្ឋាភិបាលថ្មីមួយសម្រាប់លីប៊ី តែទោះជាយ៉ាងណាក្ដី បច្ចុប្បន្ននេះយើងនៅតែសង្កេតឃើញថា សង្គ្រាមនៅតែមិនទាន់រលត់ពីប្រទេសលីប៊ីដដែល។

ក្រោយមកបដិវត្តិន៏នេះបានបន្តរីករាលដាលពាសពេញមជ្ឈឹមបូព៌ា  គេឃើញនៅក្នុងប្រទេសយ៉េមែន លោកប្រធានាធិបតី Ali Abullah Saleh បានចុះចេញពីតំណែង បន្ទាប់ពីមានការបះបោរប្រឆាំងពីសំណាក់ប្រជាជនអស់រយៈពេលជាងមួយឆ្នាំ។ បន្ទាប់មកទៀតក៏មានប្រទេសមួយចំនួនទៀតដែលទទួលរងនូវឥទ្ធិពលបដិវត្តន៍ផ្កាម្លិះផងដែរមានដូចជា បារ៉ែន អាលហ្សេរី ហ៊្សកដានី​ ស៊ីរី និងអ៊ីរ៉ាក់ជាដើម។ ក្នុងចំណោមប្រទេសទាំងនោះមកទល់នឹងពេលបច្ចុប្បន្ននេះ យើងឃើញថា ប្រទេសស៊ីរីនិងលីប៊ីនៅមិនទាន់មានសុខសន្តិភាពក្នុងប្រទេសឡើងវិញនៅឡើយទេក្រោយពីមានវិបត្តិនយោបាយអស់រយៈពេលជាច្រើនឆ្នាំ។

ហេតុអ្វីបានជាបារាំងខឹងអាមេរិកនិងអូស្ត្រាលី​ រហូតកោះហៅអង្គរដ្ឋទូតមកចូលស្រុកវិញ?

ការកោះហៅអង្គរាជទូរឬអង្គរដ្ឋទូតមកឱ្យចូលស្រុកគឺជាករណីកម្រដោយសារវាគឺជាសញ្ញាណនៃការប្រេះស្រាំទំនាក់ទំនងការទូតផង និងបង្ហាញអំពីដំណាក់កាលនៃការឈានទៅរកការផ្ដាច់ទំនាក់ទំនងការទូត។ ក៏ប៉ុន្តែនៅថ្ងៃម្សិលមិញនេះ ប្រធានាធិបតីបារាំងលោក ម៉ាក្រុង (Emmanuel Macron) បានសម្រេចចិត្ដកោះហៅអង្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិកមកចូលស្រុកវិញ ដែលប្រទេសទាំង ២ នេះគឺជាសម្ព័ន្ធមិត្ដដ៏ល្អួកល្អិនជាមួយបារាំងរាប់សិបឆ្នាំណាស់មកហើយ។ ការសម្រេចនេះបែបនេះត្រូវបានគេយល់ឃើញថាប្រទេសបារាំងកំពុងតែអន់ចិត្ដខឹងសម្បារជាមួយប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិកយ៉ាងខ្លាំង ដែលម្ខាងបារាំងយល់ថាប្រទេសអូស្ត្រាលីក្បត់និងមិនគោរពបារាំង និងម្ខាងទៀតបារាំងយល់ថាសហរដ្ឋអាមេរិកលួចចាក់ពីក្រោយខ្នងតាមរយៈលួយចរចាជាមួយអូស្ត្រាលី។

តើអ្វីគឺជាឬសគល់នៅនយោបាយការបរទេសរាត្រីទឹកខ្មេះរវាងបារាំងនិងប្រទេសសម្ព័ន្ធមិត្ដសហរដ្ឋអាមេរិក និងអូស្ត្រាលី?

ដើម្បីឆ្លើយសំណួរនេះ​​​ យើងគួរក្រឡេកទៅមលើកិច្ចសហប្រតិបត្ដិការដែលមានឈ្មោះថា AUKUS រវាងអាមេរិក អង់គ្លេស និងអូស្ត្រាលីលើសន្ដិសុខនិងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅថ្ងៃទី១៥ ខែកញ្ញា​ កន្លងទៅនេះ។​ នៅក្នុងកិច្ចសហប្រតិតបត្ដិការនេះ អាមេរិកនិងអង់គ្លសនឹងជួយអូស្ត្រាលីឱ្យមាននាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរដោយផ្ដល់នូវបច្ចេកវិទ្យា និងសមត្ថភាពក្នុងការពង្រាយទ័ពនាវាមុជទឹកដើដោយនុយក្លេអ៊ែរ។ តាមពិតទៅ កិច្ចសហប្រតិបត្ដិការនេះគួរមានតែចិនទេដែលមិនសប្បាយចិត្ដ ក៏ប៉ុន្តែបារាំងបានបង្ហាញពីភាពក្រេវក្រោដជាមួយសហរដ្ឋអាមេរិកដែរព្រមទាំងបានចោទចូ បៃឌិនថាបានលួចចាក់ពីក្រោយខ្នង និងបានប្រៀបធៀបលោក ចូ បៃឌិនថា ដូចអតីតប្រធានាធិបតី ដូណាល់ ត្រាំដែលគេមិនអាចនឹកស្មានដល់លើការសម្រេចចិត្ដ។

មូលហេតុចម្បងដែលធ្វើឱ្យបារាំងខឹងសម្បារជាមួយប្រទេសសម្ព័ន្ធមិត្ដអាមេរិកបែបនេះគឺដោយសារខ្លួ​នបានបាត់បង់ប្រយោជន៍មួយយ៉ាងធំផ្នែកចំណេញសេដ្ឋកិច្ចលើកងទ័ពជើងទឹកជាមួយប្រទេសអូស្ត្រាលី។ យោងតាមការចេញផ្សាយរបស់ CNN បារាំងនឹងខាតបង់ទឹកប្រាក់ចំនួន ៦៥ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ក្នុងកិច្ចសិន្យាជាមួយអូស្រ្តាលីលើការលក់នាវាមុជទឹកដើរដោយម៉ាស៊ូត។ ការប្រតិកម្មរបស់បារាំងបែបនេះដូចជាសាច់ជ្រូកបីជាន់កំពុងជិតបានដល់មាត់ហើយ ក៏ប៉ុន្តែបែរជាអាមេរិកដណ្ដើមយកទៅវិញ។ យ៉ាងណាមិញ​ បន្ទាប់ពីការរិះគន់ដោយកំហឹងពីបារាំង ខាងអូស្ត្រាលីបានចេញមកបកស្រាយថាខ្លួនបានប្រាប់ទៅខាង បារាំងនៅខែមិថុនាកន្លងទៅនេះថានឹងកែសម្រួលពិចារណាឡើងវិញលើកិច្ចព្រមព្រៀង​តម្លៃ​ ៤០ ប៊ីលានដុល្លារអាមេរិក។ នាយករដ្ឋមន្ត្រីអូស្ត្រាលី​ Scott Morrison ក៏បានបន្ថែមថាលោកបាននិយាយច្បាស់ណាស់ដែលអូស្ត្រាលីនឹងសម្រេចចិត្ដដោយផ្អែកលើប្រយោជន៍របស់ខ្លួន។ នេះបានបង្ហាញថា​ ត្បិតគោលបំណងធំមួយនៃកិច្ចសហប្រតិបត្ដិការ AUKUS គឺកៀរគងប្រទេសសម្ព័ន្ធមិត្ដឱ្យក្លាយជាធ្លុងមួយ ក៏ប៉ុន្តែក៏បានបង្កើតភាពល្អក់កកររវាងគ្នានឹងគ្នាដែរ ដែលបារាំងខឹងអាមេរិកផងនិងអូស្ត្រាលីផង។

យុទ្ធសាស្ត្រប្រកួតប្រជែងថ្មីរវាងអាមេរិកនិងចិនគឺការកៀរគរប្រទេសសម្ព័ន្ធមិត្ដ

កិច្ចសហប្រតិបត្ដិការ AUKUS នេះក៏ជាសារនិងសញ្ញាណមួយទៀតឱ្យកាន់តែច្បាស់ទៅឱ្យចិនថា សហរដ្ឋអាមេរិកនឹងមិនប្រឈមមុខប្រកួតប្រជែងជាមួយចិនតែម្នាក់ឯងដូចជំនាន់រដ្ឋការរបស់លោក ដូណាល់ ត្រាំ ឡើយប៉ុន្តែអាមេរិកនឹងលើកប្រទេសជាសម្ព័ន្ធមិត្ដមកខ្ទប់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់តែម្ដង។ ការជួយឱ្យអូស្ត្រាលីមាននាវាមុខទឹកដើរដោយថាមពលនុយក្លេអ៊ែរ មិនត្រឹមតែជួយអូស្ត្រាលីឱ្យមាន ទឹកមាត់ប្រៃជាមួយចិនទេ​ ក៏ជួយឱ្យអាមេរិកដើរក្រឡាទីតាំងភូមិសាស្ត្រនៅឥណ្ឌូប៉ាស៊ីហ្វិកឱ្យល្អដែរ។ ជាក់ស្ដែង នៅពេលដែលកងទ័ពជើងទឹករបស់អូស្ត្រាលីខ្លាំង នោះក៏អាចជួយសម្ព័ន្ធមិត្ដឯទៀតដែល កំពុងមានការគម្រាមកំហែងដោយប្រទេសចិន ដូចជាតៃវ៉ាន់ ឥណ្ឌា​ ឬជម្លោះសមុទ្រចិនខាងត្បូង។ មួយវិញទៀត ការជួយជ្រោមជ្រែងរបស់អាមេរិកនិងអង់គ្លេសនេះ ក៏ប្រៀបបានជាការផ្ដល់ក្ដីសង្ឃឹមទៅឱ្យប្រទេសអូស្ត្រាលីយ៉ាងខ្លាំងដែរ ដោយសារអូស្ត្រាលី កំពុងតែមាននយោបាយការបរទេសដ៏ជូរចត់ជាមួយចិនក្នុងអំឡុង ២​ ឆ្នាំចុងក្រោយនេះ​ ដែលចិនមានប្រៀបជាងអូស្ត្រាលី។

ប្រតិកម្មរបស់ចិន

ខាងភាគីចិនវិញក៏បានចេញមុខលើកិច្ចសហប្រតិបត្ដិការ AUKUS ដែរដោយថាកិច្ចសហប្រតិបត្ដិការនេះមិនគួរឱ្យចោលគោលដៅទៅលើប្រទេសទី៣​​ឡើយ និងព្រមានថានឹងអាចមានការប្រកួតប្រជែងសម្ភាវុធនៅក្នុងតំបន់។ យោងតាមការចេញផ្សាយរបស់​ Reuter ខាងភាគីចិនបានចោទកិច្ចសហប្រតិបត្ដិការ​ AUKUS​ នេះថាកំពុងធ្វើឱ្យមានអសន្តិសុខនិងអស្ថិរភាពនៅក្នុងតំបន់ទៅវិញទេ។ គួរបញ្ជាក់ឡើងវិញថា ចិនបច្ចុប្បន្នមិនមែនជាខ្លាក្រដាសដូចកាលពីប្រវត្ដិសាស្ត្រឡើយ ដោយសារតែទំហំសេដ្ឋកិច្ច តួនាទីសេដ្ឋកិច្ចនៅក្នុងពិភពលោក និងការពង្រឹងវិស័យកងទ័ពនៅក្នុងតំបន់ជារៀងរាល់ឆ្នាំផងដែរ។​ នោះន័យនេះ​ ប្រទេសចិនអាចប្រឈមមុខជាមួយប្រទេសនានាដោយប្រើសេដ្ឋកិច្ចមកជាសន្លឹកបៀរក្នុងការប្រកួតប្រជែងផង និងប្រើអំណាចនៃសក្ដានុពលនៃយោធាផង។ យ៉ាងណាមិញ ត្បិតតែប្រទេសចិនអាចប្រឈមមុខជាមួយសម្ព័ន្ធមិត្ដអាមេរិកក៏ពិតមែន ប៉ុន្តែបើយោងតាមការសិក្សា របស់ Bloomberg ការដែលចូលរួមជាក្រុមបែបនេះនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចចិនថយចុះ ១,៦% ដែលនេះអាច​រចាប់ហ្រ្វាំងល្បឿននៃឥទ្ធិពលចិនបានយ៉ាងច្រើនសម្បើម។

យ៉ាងណាក្ដី ត្បិតការដកអង្គរដ្ឋទូតរបស់បារាំងចេញពីសហរដ្ឋអាមេរិក និងអូស្ត្រាលីគឺបង្ហាញពីភាពល្អក់កករនៃទំនាក់ទនងរវាងប្រទេសសម្ព័ន្ធមិត្ដ ក៏ប៉ុន្តែបារាំងធ្វើនេះក៏ដើម្បីជាថ្នូរនៃការចរចាបន្ថែមរវាងភាគីអូស្ត្រាលីនិងអាមេរិក។ ក្នុងស៊ីណារីយ៉ូដែលបារាំងមិនមានប្រតិកម្មសោះឬគ្រាន់ត្រឹមតែរិះគន់លើកិច្ចព្រមព្រៀង AUKUS នោះបារាំងនឹងត្រូវខាតបង់ប្រាក់ដោយគ្មានន័យ និងនេះក៏អាចជាគម្រូដល់ប្រទេសសម្ព័ន្ធផ្សេងទៀតមកក្បត់បារាំងដោយសារទោះបីជាខ្សែលើបារាំងយ៉ាងណាក៏បារាំងមិនអាចធ្វើអ្វីបាន។ ការធ្វើរបស់លោក ម៉ាក្រុង ដូច្នេះ ក៏ប្រហែលជាលោកយល់ឃើញថាអាមេរិកនឹងមិនបោះបង់បារាំងចោលទេ ដែលជាហេតុនឹងមានការចរចាមួយរវាងលោក ម៉ាក្រុងនិងលោក បៃឌិន។ គួររំលឹកបន្តិចថា ការចរចាអាចជោគជ័យបាន ដរាបណាភាគីចូលរួមឈ្នះទាំងសងខាង ហើយបារាំងនឹងទទួលប្រយោជន៍មួយចំនួនដើម្បីរំងាបកំហឹង។

 

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ