"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិធានការច្បាប់នៃការគ្រប់គ្រងកាំភ្លើងក្នុងសហរដ្ឋអាមេរិក

យោងទៅតាមតាមការចេញផ្សាយរបស់ Gale បានបង្ហាញថាសហរដ្ឋអាមេរិកគឺជាប្រទេសទីមួយដែលបានអនុវត្តនូវច្បាប់គ្រប់គ្រងកាំភ្លើងនិងបានវិវត្តឱ្យមានវិធានការនៃការគ្រប់គ្រងកាំភ្លើងដល់សព្វថ្ងៃ។ វិធានការនេះគឺសំដៅទៅលើការគ្រប់គ្រងរាល់ការផលិត ជួញដូរ ការកាន់កាប់ ការកែប្រែ ឬការប្រើប្រាស់កាំភ្លើងពីសំណាក់ប្រជាពលរដ្ឋផ្សេងៗ ក្នុងគោលបំណងដើម្បីកាត់បន្ថយអំពើហិង្សា និងអំពើមនុស្សឃាតនៅក្នុងប្រទេសអាមេរិក។ អាមេរិកគឺជាប្រទេសដែលបានផ្តល់ភាពងាយស្រួលបំផុតក្នុងការកាន់កាប់កាំភ្លើងដល់ប្រជាជនរបស់ខ្លួន ដែលជាហេតុដែលនាំឱ្យប្រហែល៤០%នៃចំនួនប្រជាជនសរុប កាន់កាប់កាំភ្លើងនៅក្នុងគេហដ្ឋានរបស់ខ្លួន នេះបើយោងតាមការស្ទង់មតិរបស់សាកលវិទ្យាល័យ Harvard។ ម៉្យាងវិញទៀត តាមរយៈទិន្នន័យរបស់ UC Davis Health ប្រទេសនេះក៏ជាប្រទេសដែលមានអត្រាមនុស្សឃាតដោយកាំភ្លើងច្រើនជាងគេផងដែរបើប្រៀបធៀបជាមួយនឹងប្រទេសមហាអំណាចផ្សេងទៀត ដោយមានមនុស្សស្លាប់ជាមធ្យមចំនួន១០៩នាក់ក្នុងមួយថ្ងៃ ។ ដោយហេតុនេះហើយទើបរដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចចាប់យកវិធានក្នុងការរឹតបន្តឹងការគ្រប់គ្រងកាំភ្លើង។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការសិក្សាថា តើហេតុអ្វីបានជាច្បាប់នេះត្រូវបានបង្កើតឡើងដំបូងមក?ហើយតើសហរដ្ឋអាមេរិកអាចជួបប្រទះនឹងបញ្ហាអ្វីក្រោមវិធានការគ្រប់គ្រងកាំភ្លើងនេះ?

ប្រសិនបើយើងក្រឡេកមកមើលនូវចំណុចទីមួយ យើងត្រូវយល់ពីប្រវត្តិសាស្រ្តនៃការបង្កើតឡើងដំបូងនូវវិធានការច្បាប់ក្នុងការគ្រប់គ្រងកាំភ្លើងនេះ។ មុននឹងវិធានការនេះត្រូវបានបង្កើតឡើង ការបាញ់ប្រហារក្នុងសហរដ្ឋអាមេរិកមានការកើតឡើងជារៀងរាល់ថ្ងៃ     ដោយសារតែពលរដ្ឋអាមេរិកទទួលបានសិទ្ធក្នុងការកាន់កាប់កាំភ្លើងដែលត្រូវបានកំណត់ដោយយោងតាមវិសោធនកម្មលើកទី២នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកដែលត្រូវបានផ្តល់សច្ចាប័ននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៧៩១។ មិនតែប៉ុណ្ណោះ ការបង្កើតឡើងនូវសមាគមកាំភ្លើងជាតិ(National Rifle Association) នៅក្នុងឆ្នាំ១៨៧១ គឺមានគោលបំណងដើម្បីការពារសិទ្ធរដ្ឋធម្មនុញ្ញរបស់ប្រជាជនអាមេរិកក្នុងការកាន់កាប់កាំភ្លើងបន្ថែមពីលើរដ្ឋធម្មនុញ្ញនេះផងដែរ។ ដោយហេតុនេះហើយ ប្រជាជនអាមេរិកជាច្រើនអ្នកមានការកាន់កាប់កាំភ្លើងដោយស្របច្បាប់ ដោយក្នុងនោះដែររួមមានទាំងក្រុមឧក្រិដ្ឋជនធំៗជាច្រើនទៀត ដូចជាលោក Al Capone លោក John Dillinger និងលោក Machine Gun Kelly ជាដើម ដែលជាហេតុធ្វើឱ្យមានអសន្តិសុខសង្គមនៅក្នុងប្រទេស។ បើយោងតាមការចេញផ្សាយរបស់ FBI នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ១៩២០ឧក្រិដ្ឋជនចំនូន១៣០០នាក់ បានបំពាក់ខ្លូនជាមួយនឹងកាំភ្លើង “Tommy” ដោយមានការដឹកនាំដោយមេឧក្រិដ្ឋជនម្នាក់គឺលោក Al Capone និងឃាតកម្មលើសពី១២០០០ករណីបានកើតឡើងជារៀងរាល់ឆ្នាំនៅទូទាំងសហរដ្ឋអាមេរិក។

ដោយសារតែបុព្វហេតុនេះហើយទើប៥ឆ្នាំក្រោយពីព្រឹត្តិការណ៏សម្លាប់រង្គាលនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ១៩២៩ នៅរដ្ឋChicagoមក រដ្ឋាភិបាលប្រទេសអាមេរិកបានចាប់ផ្តើមអនុម័តនូវច្បាប់អាវុធជាតិ (National Firearms Act) ដែលជាច្បាប់ដំបូងគេបង្អស់ក្នុងការគ្រប់គ្រងកាំភ្លើងក្នុងសហព័ន្ធនៃប្រទេសអាមេរិក។ ជាមួយគ្នានេះផងដែរ ក្នុងឆ្នាំ១៩៥៤ ប្រទេសអាមេរិកក៏បានជួបប្រទះនូវការបាញ់ប្រហារក្នុងស្រុកលើកទី១ តភ្ជាប់ជាមួយនឹងករណីឃារកម្មសម្លាប់ប្រធានាធិបតី John F. Kennedyក្នុងឆ្នាំ១៩៦៣ និងឃាតកម្មសម្លាប់លោក Martin Luther King Jr. ក្នុងឆ្នាំ១៩៦៨ ដែលជំរុញឱ្យរដ្ឋាភិបាលបន្តរឹតបន្តឹងការអនុវត្តច្បាប់គ្រប់គ្រងកាំភ្លើង (Gun Control Act) ក្នុងឆ្នាំ១៩៦៨ ដោយបានរឹតបន្តឹងក្នុងការផ្តល់អាជ្ញាប័ណ្ណនិងបទប្បញ្ញត្តិលើឧស្សាហកម្មកាំភ្លើង រួមជាមួយការហាមឃាត់លើឧក្រិដ្ឋជន និងជនដែលគ្មានសតិគ្រប់គ្រាន់ក្នុងការកាន់កាប់កាំភ្លើង។ ផ្ទុយមកវិញការចេញផ្សាយរបស់ History News Network អត្រានៃឧក្រិដ្ឋកម្មក្នុងស្រុកនៅតែកើនឡើង ដែលការកើនឡើងនេះគឺត្រូវបានអះអាងថាបណ្តាលមកពីការផ្តល់សិទ្ធទៅដល់ជនស្បែកខ្មៅក្នុងការកាន់កាប់កាំភ្លើង។ ដោយហេតុនេះ សមាគមកាំភ្លើងជាតិបានលើកវិសោធនកម្មលើកទីពីរនៃរដ្ឋធម្មនុញ្ញ ដើម្បីប្រឆាំងនូវច្បាប់នៃការគ្រប់គ្រងកាំភ្លើងមួយនេះដើម្បីសុវត្ថិភាពប្រជាជន និងដឹកនាំទៅដល់ការអនុម័តច្បាប់ការពារអ្នកកាន់កាប់អាវុធក្នុងឆ្នាំ១៩៨៦។ ម៉្យាងវិញទៀត សមាគមកាំភ្លើងជាតិក៏បានតស៊ូយ៉ាងខ្លាំងដើម្បីរក្សានូវការគ្រប់គ្រងកាំភ្លើងឱ្យនៅកម្រិតទាបបំផុត ហើយបានបន្តលើកកម្ពស់ក្នុងការប្រើប្រាស់កាំភ្លើង ដោយវាបានបង្ហាញពីភាពសេ្នហាជាតិរបស់ប្រជាជនអាមេរិក និងជាសិទ្ធស្របទៅរដ្ឋធម្មនុញ្ញផងដែរ។ ការធ្វើកំណែទម្រង់លើច្បាប់នៃការគ្រប់គ្រងកាំភ្លើងនេះនៅតែបន្តជារឿយៗ ដែលជាហេតុធ្វើឱ្យផ្តល់ឥទ្ធិពលមកដល់នយោបាយប្រទេសអាមេរិករហូតដល់សព្វថ្ងៃ។

ដោយងាកមកមើលចំណុចទី២វិញ យើងអាចប្រទះឃើញថា សព្វថ្ងៃការបាញ់ប្រហារនៅក្នុងសហរដ្ឋអាមេរិកនៅតែមានការកើតឡើង ហើយវាក៏ជារឿងមួយដែលប្រជាជនអាមេរិកមានការព្រួយបារម្ភជាងគេបន្ទាប់ពីការឆ្លងនៃជំងឺកូវីដ១៩។ យោងតាម Center for American Progress ប្រជាជនអាមេរិកចំនួនប្រហែល២៣%នៃចំនួនប្រជាជនទាំងអស់ បានរាយការណ៍ពីករណីគំរាមកំហែងដោយប្រើកាំភ្លើងមកលើខ្លួននិងក្រុមគ្រួសារពីអ្នកដ៏ទៃ។ ដោយប្រៀបធៀបនៃភាពរឹតបន្តឹងក្នុងការប្រើប្រាស់កាំភ្លើងក្នុងអំឡុងពេលបច្ចុប្បន្ន អ្វីដែលមានភាពតឹងរឹងនោះគឺមានតែភាពគ្រប់អាយុតែប៉ុណ្ណោះ និងរដ្ឋចំនួន៣១នៃរដ្ឋសរុបទាំងអស់ មិនត្រូវការអាជ្ញាប័ណ្ណក្នុងការកាន់កាប់កាំភ្លើងនោះទេ បើយោងតាមការចេញផ្សាយរបស់ Monrovia Weekly។ ចំពោះបញ្ហាមួយនេះមិនមែនជាបញ្ហាដែលងាយនឹងដោះស្រាយនោះទេ ដោយប្រជាជននៅតែមានសិទ្ធស្របច្បាប់ទៅតាមរដ្ឋធម្មនុញ្ញក្នុងការកាន់កាប់កាំភ្លើង និងហេតុផលក្នុងការការពារខ្លួនដោយមានការកាន់កាប់កាំភ្លើងជាដើម។ ការគ្រប់គ្រងកាំភ្លើងនៅសហរដ្ឋអាមេរិកគឺជាប្រធានបទមួយដែលមានការជជែកវែកញែកជាងគេបើប្រៀបធៀបជាមួយនឹងប្រទេសដ៏ទៃទៀត ដូចជាប្រទេសកាណាដា ប្រទេសជប៉ុន និងចក្រភពអង់គ្លេស ច្បាប់ក្នុងការគ្រប់គ្រងកាំភ្លើងគឺមានភាពតឹងរឹងខ្លាំងនិងមិនអាចជំទាស់បានឡើយ។ ចំពោះសហរដ្ឋអាមេរិក ការគ្រប់គ្រងកាំភ្លើងបានក្លាយជាវិបត្តិមួយដោយប្រជាជនមួយចំនួនទាមទារនូវការរឹតបន្តឹងនូវវិធានការនេះ ដោយទិន្នន័យនៃអត្រាមនុស្សស្លាប់ដោយប្រើប្រាស់កាំភ្លើងមានការកើនឡើងយ៉ាងខ្លាំង រួមមានមនុស្សឃាត ការធ្វើអត្តឃាត និងការបាញ់ប្រហារដោយអចេតនានិងអំពើហឹង្សាដោយកាំភ្លើងក្នុងសាលារៀន រីឯប្រជាជនមួយចំនួនទៀតក៏បានជំទាស់ក្រោមការរឹតបន្តឹងនេះជាការរំលោភសិទ្ធរដ្ឋធម្មនុញ្ញក្នុងការកាន់កាប់កាំភ្លើង និងឯករាជ្យភាពរបស់ខ្លួន។

ជារួម ការគ្រប់គ្រងកាំភ្លើងមានភាពចាំបាច់ក្នុងសហរដ្ឋអាមេរិកនិងប្រទេសដ៏ទៃទៀត។ ដោយយោងតាម American Public Health Association អំពើហិង្សាដោយមានការប្រើប្រាស់កាំភ្លើងគឺជាវិបត្តិសុខភាពសាធារណៈមួយដែលមានហានិភ័យខ្ពស់បំផុត តែបញ្ហានេះជាបញ្ហាអរូបីដែលអាចចៀសផុតបានដោយមានការរឹតបន្តឹងច្បាប់់ក្នុងការគ្រប់គ្រងកាំភ្លើង និងអាចធ្វើឱ្យប្រជាជនអាមេរិកជាច្រើនបញ្ឈប់នូវការរស់នៅក្នុងភាពភ័យខ្លាចទៀត។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ឡេង ហ៊ត​
គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត​

តើក្រុមយោធាមីយ៉ាន់ម៉ាកំពុងជីកផ្នូរកប់ខ្លួនឯងមែនទេ?

គិតចាប់តាំងពីក្រុមយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតនៅដើមខែកុម្ភៈមក ស្ថានភាពនៃប្រទេសមីយ៉ាន់ម៉ាកាន់តែដុនដាបទៅៗ ដោយសារតែការប្រើប្រាស់វិធានការកណ្ដាប់ដៃដែកពីសំណាក់ក្រុមយោធា និងការបង្ហូរឈាមស៊ូស្លាប់ដើម្បីប្រជាធិបតេយ្យរបស់ក្រុមបាតុករ។ ស្ថានភាពចាប់ផ្ដើមពីការធ្វើបាតុកម្មអហិង្សា រហូតដល់ការធ្វើពហិការដើម្បីឱ្យប្រទេសជាប់គាំងសេដ្ឋកិច្ច និងរដ្ឋបាល ក្រោមគោលបំណងរឹតក្រុមយោធាឱ្យចុះចេញពីដំណែង។ សម្រែកដ៏មុះមុតនៃក្រុមបាតុករក៏មានគោលបំណងអន្ទងចិត្ដឱ្យក្រុមប៉ូលីសនិងក្រុមយោធាចូលរួមនៃការទាមទារប្រជាធិបតេយ្យ និងបែរចុងកាណុងទៅមេដឹកនាំយោធាវិញ។

ស្ថានភាពនៅក្នុងស្រុក
ដោយមិនអង្អង់យូរ ក្រុមយោធាមីយ៉ាន់ម៉ាក៏ប្រើយន្ដការក្ដៅទល់ក្ដៅ កំហឹងទល់កំហល់ ដែលមើលទៅដូចជាសមរភូមិរវាងក្រុមបាតុករនិងក្រុមយោធា។ ក្រៅពីវិធានការនានាសម្រាប់ទប់ស្កាត់បាតុកម្មដែលប្រទេសដទៃធ្លាប់បានធ្វើដូចជាប្រើប្រាស់គ្រាប់បែកផ្សែង ឬការបាញ់ទឹកជាដើម ក្រុមយោធាក៏ប្រើកាំភ្លើងពិតមកបាញ់សម្លាប់បាតុករទៅវិញ។ ចាប់តាំងវិធានការធម៌ក្ដៅបានអនុវត្ដ សោដនកម្មដោយការស្លាប់យ៉ាងអាណោចអាធ័មរបស់បាតុករក៏កើតមានសឹងតែរៀងរាល់ថ្ងៃ។ យោងតាមរបាយការណ៍របស់ Assistance Association for Political Prisoners គិតចាប់ពីថ្ងៃទី១ ខែកុម្ភៈ មានមនុស្សយ៉ាងហោចណាស់១៤០នាក់ស្លាប់ដោយសារបាតុកម្ម ។  ក្នុងនោះ ក៏មានទាហាននិងប៉ូលីសរត់ចោលជួរដោយសារតែមិនចង់គោរពតាមបទបញ្ជារបស់រដ្ឋបាលយោធា ដែលនេះជាអំពើខុសច្បាប់ក្នុងនាមជាទាហាននិងប៉ូលីស។ ក្នុងករណីនេះ រដ្ឋបាលយោធាក៏បានផ្ញើសារជូនទៅរដ្ឋាភិបាលឥណ្ឌាដើម្បីចាប់បញ្ជូនប៉ូលីសរត់ចោលជួរ ៨ នាក់មកកាន់មីយ៉ាន់ម៉ាវិញដើម្បីរក្សាទំនាក់ទំនងល្អនឹងគ្នា។ គួរបញ្ជាក់បន្តិចថា ឥណ្ឌាជាប្រទេសធំមួយនៅអាស៊ីដែលរក្សាភាពស្ងៀមស្ងាត់លើរដ្ឋប្រហារយោធានេះដើម្បីមិនឱ្យមានភាពល្អក់កករមួយនេះជាមួយមីយ៉ាន់ម៉ា ក្រោមហេតុផលទីតាំងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ត្បិតតែឥណ្ឌាជាប្រទេសប្រជាធិបតេយ្យធំជាងគេនៅលើលោក។

អគ្គរដ្ឋទូត ២ នាក់តំណាងប្រទេស ១ នៅអង្គការសហប្រជាជាតិ
ក្រុមយោធាមិនត្រឹមតែឈឺក្បាលដោយសារតែបាតុករនោះទេ ប៉ុន្តែអគ្គរដ្ឋទូតរបស់មីយ៉ាន់ម៉ាលោក Kyaw Moe Tun ក៏បានថ្លែងសារដ៏ក្រៀមក្រំ និងរិះគន់ចំៗលើចំណាត់ការហិង្សារបស់ក្រុមយោធានៅអង្គមហាសន្និបាតអង្គការសហប្រជាជាតិ រួមទាំងស្នើសុំឱ្យសហគមអន្តរជាតិប្រើមធ្យោបាយអ្វីក៏បានដែរឱ្យតែជួយសុខសុវត្ថិភាពជូនប្រជាជនមីយ៉ាន់ម៉ា។ សេចក្ដីថ្លែងការនោះបានធ្វើឱ្យរដ្ឋបាលរបបសឹកចាត់តាំងអគ្គរដ្ឋទូតថ្មីដើម្បីជំនួសអគ្គរដ្ឋទូតចាស់ ដែលជាហេតុធ្វើឱ្យអង្គការសហប្រជាជាតិមានអង្គរដ្ឋទូតចំនួន២តំណាងឱ្យប្រទេស១។ ក្នុងករណីនេះ ប្រសិនបើអង្គការសហប្រជាជាតិយល់ព្រមតាមសាររបស់រដ្ឋបាលក្រុមយោធា នោះមានន័យថាអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋបាលយោធាជារដ្ឋបាលផ្លូវការរបស់មីយ៉ាន់ម៉ា។ ប៉ុន្តែ ម្ខាងវិញទៀត លោក Kyaw Moe Tun​ គឺជាអគ្គរដ្ឋទូតដែលតែងតាំងដោយរដ្ឋបាលស៊ីវិល ដែលរដ្ឋបាលនោះកើតចេញពីការបោះឆ្នោត និងគាំទ្រដោយសហភាពអ៉ឺរ៉ុបនិងអាមេរិក។ ជាសំណាងរបស់អង្គការសហប្រជាជាតិដែលមិនចាំបាច់សម្រេចចិត្ដលើករណីដ៏លំបាកនេះ និងជាភាពអាម៉ាសមួយសម្រាប់ក្រុមរបបសឹក អគ្គរដ្ឋទូតដែលក្រុមយោធាទើបតែចាត់តាំងថ្មីថ្មោងបានសម្រេចលាលែងពីតំណែងនិងទទួលស្គាល់លោក Kyaw Moe Tun ជាអគ្គរដ្ឋទូត។

តើចិនបែកចិត្ដពីរបបសឹកយោធាហើយមែនទេ?
រដ្ឋាភិបាលប៉េកាំងនិងរដ្ឋាភិបាលក្រុងមូស្គូប្រៀបបានជាខ្នងបង្អែករបស់របបសឹកភូមា ដែលរារាំងមិនឱ្យមានសេចក្ដីថ្លែងការរួមនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាំងពីរដ្ឋប្រហារកើតមាន។ យ៉ាងណាមិញ ជាងមួយខែកន្លងទៅនេះ វិធានការធម៌ក្ដៅរបស់របបសឹកបានបាញ់បង្រ្កាបសម្លាប់បាតុករដោយមិនញញើតដៃ ដែលនេះបានហួសបន្ទាត់ក្រហមនៃមនុស្សធម៌និងប្រាសចាកលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរ។ ភាពវឹកវរនេះ បានអង្រួនចិត្ដមហាមិត្ដទាំងពីររបស់មីយ៉ាន់ម៉ាមកចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរួមនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើការសម្លាប់បាតុករ ការចាប់ឃុំខ្លួនតាមអំពើចិត្ដ ការធ្វើទារុណកម្មអ្នកទោសដែលប៉ះពាល់ដល់គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងអំពាវនាវឱ្យស្ដារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ត្រលប់មកវិញ។ គួរឱ្យភ្ញាក់ផ្អើលដែលអគ្គរដ្ឋទូតប្រទេសចិនប្រចាំអង្គការសហប្រជាជាតិបានបន្ថែមថា ខណៈនេះមីយ៉ាន់ម៉ាគួរ “បន្ថយកម្ដៅ ដំណោះស្រាយបែបការទូត និងសន្ទនា” (Now it’s time for de-escalation. It’s time for diplomacy. It’s time for dialogue)។
ប៉ុន្តែការប្ដូរជំហរបែបនេះរបស់ចិននិងរូស្សីក៏ប្រហែលជាខ្លាចប៉ះពាល់មុខមាត់ខ្លួននៅលើឆាកអន្តរជាតិនិងអំណាចទន់ (Soft Power) ខណៈដែលក្រុមបាតុករមីយ៉ាន់ម៉ានិងអន្តរជាតិរិះគន់លើការរាំងស្ទះការចេញសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លើសពីនេះ ក្រុមបាតុករមួយចំនួនធំយល់ថាចិនកំពុងតែព្យាយាមការពារនិងនៅពីក្រោយការធ្វើរដ្ឋប្រហារយោធានេះ។ ហេតុផលនៃការប្ដូរជំហរមួយទៀតនោះក៏ប្រហែលជាចិនយល់ឃើញថា របបសឹករបស់លោក ឧត្តមសេនីយ៍ មីន អ៊ុងឡាំងនឹងមិនអាចស៊ូជាមួយស្ថានភាពក្នុងស្រុក និងអន្តរជាតិបានទេ ដោយសារតែយន្ដការរបស់របបនេះបានដើរហួសបន្ទាត់ក្រហមបន្តិចម្ដងៗជារៀងរាល់ថ្ងៃតាមរយៈការធ្វើទុក្ខបុកម្នេញនិងការដៃបាញ់បង្រ្កាបរង្គាលមិនថាក្មេងចាស់ប្រុសស្រី ក្នុងនោះក៏មានស្ត្រីមានផ្ទៃពោះផងដែរ។ ចំណែកឯហេតុផលសេដ្ឋកិច្ចវិញ ចិនជាប្រទេសដែលមានការវិនិយោគនៅមីយ៉ាន់ម៉ាច្រើនជាងគេ ហើយនៅពេលសេដ្ឋកិច្ចនិងរដ្ឋបាលត្រូវបានកកស្ទះដោយសារការធ្វើពហិការនិងកូដកម្មបែបនេះនឹងធ្វើឱ្យប៉ះពាល់ប្រយោជន៍អាជីវកម្មរបស់ចិន។ យោងតាមការចេញផ្សាយរបស់ Bloomberg មានអ្នកបើកឡានដឹកទំនិញរាប់ពាន់អ្នកនាំគ្នាធ្វើបាតុកម្ម និងអ្នកបើកបរកុងតឺន័រចំនួនជាង៩០%បានផ្អាកការងារ។ ដូចនេះ ប្រសិនបើនៅមីយ៉ាន់ម៉ានៅតែបន្តមានចលាចលបែបនេះ នោះនឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនវិនិយោគចិន រួមជាមួយការនាំចេញរ៉ែនិងថាមពលពីមីយ៉ាន់ម៉ាចូលប្រទេសចិនផងដែរ។

ព្រឹត្ដិការណ៍ដុតរោងចក្រចិន
បន្ទាប់ពីរដ្ឋាភិបាលប៉េកាំងចូលដៃជាមួយក្រុមប្រឹក្សាសន្តិសុខមិនបានមួយសប្ដាហ៍ផង ស្រាប់តែមានហេតុការដុតរោងចក្រចិនជាច្រើនកាលពីថ្ងៃទី១៥ មីនាកន្លងទៅនេះ។ ហេតុការណ៍នេះពុំមានការចេញមុខទទួលខុសត្រូវពីក្រុមណាមួយនៅឡើយទេ ប៉ុន្តែបន្ទាប់ពីហេតុការនេះ រដ្ឋាភិបាលរបបសឹកមីយ៉ាន់ម៉ាក៏បានបើកយុទ្ធាការបាញ់បង្រ្កាបបាតុករ ហើយបើយោងតាមរបាយការណ៍របស់ Assistance Association for Political Prisoners មានបាតុករយ៉ាងហោចណាស់ចំនួន ៣៨ នាក់បានស្លាប់។ បើយោងតាមការចេញផ្សាយរបស់ CGTN ស្ថានទូតចិនប្រចាំមីយ៉ាន់ម៉ាក៏បានអំពាវនាវឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាចាត់វិធានការឱ្យមានប្រសិទ្ធិភាពក្នុងការទប់ស្កាត់រាល់សកម្មភាពហិង្សាទាំងឡាយដើម្បីធានាសុវត្ថិភាពប្រជាជនចិននិងទ្រព្យសម្បត្ដិក្រុមហ៊ុនរបស់ចិន។ ព្រឹត្តិការណ៍នេះកើតឡើងគាប់ជួនប៉ុន្មានថ្ងៃនៃសេចក្ដីថ្លែងការរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលធ្វើឱ្យមានមន្ទិលសង្ស័យថាជាយុទ្ធសាស្ត្រក្រុមយោធាដែលចង់សងសឹកបន្តិចទៅប្រទេសចិន និងឆ្លៀតឱកាសបាញ់បង្រ្កាបបាតុករ។ ប៉ុន្តែក៏មានមតិខ្លះដែលថា នេះក៏ប្រហែលជាក្រុមបាតុករខឹងរដ្ឋាបាលក្រុងប៉េកាំងដែលចេះតែកាងឱ្យក្រុមយោធាមីយ៉ាន់ម៉ាកន្លងមក។ ជាមួយគ្នានេះ រដ្ឋបាលតៃវ៉ាន់ក៏បានឱ្យក្រុមហ៊ុនតៃវ៉ាន់នៅមីយ៉ាន់ម៉ាដាក់ទង់ជាតិនិងកំណត់សម្គាល់ឱ្យត្រឹមត្រូវ ក្រោមគោលបំណងការពារអាជីវកម្មរបស់ពលរដ្ឋខ្លួនផង និងឆ្លៀតឱកាសបញ្ជាក់ថាតៃវ៉ាន់មិនស្ថិតក្រោមរដ្ឋាភិបាលប៉េកាំងផង។

ជាការសន្និដ្ឋានចុងក្រោយ ក្រុមរបបសឹកប្រហែលជាបរាជ័យក្នុងការថ្លឹងថ្លែងយុទ្ធសាស្ត្ររដ្ឋប្រហារយោធា និងការប្រើប្រាស់យន្ដការដៃភ្លើងជើងមាន់ ដែលជារូបភាពជីកកប់ប្រជាធិបតេយ្យនិងប៉ះពាល់ដល់មនុស្សជាតិធ្ងន់ធ្ងរ។ រដ្ឋប្រហារនេះស្រដៀងគ្នាទៅនឹងរដ្ឋប្រហារយោធាថៃ ក៏វាប៉ុន្តែមិនដូចគ្នាទេ។ តាមសភាពបែបនេះ រដ្ឋបាលលោក ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ក៏ប្រហែលជាស្ថិតនៅក្នុងសភាពឯកោមួយរយៈ មុននឹងបរាជ័យក្នុងការក្រសោបអំណាចដឹកនាំមីយ៉ាន់ម៉ាបានតាមរយៈសម្ពាធរបស់អន្តរជាតិនិងបាតុករ។ ក៏ប៉ុន្តែសំនួរត្រូវសូួរថា មីយ៉ាន់ម៉ានឹងឈានចូលស៊ីណារីយ៉ូដែលក្រុមលោកស្រីអ៊ុង សាន ស៊ូជីត្រលប់មកដឹកនាំប្រទេសវិញ ឬស៊ីណារីយ៉ូស្រដៀងគ្នានឹងព្រឹត្ដិការណ៍ ៨៨៨៨ ដែលមានយោធាមួយក្រុមទៀតជាអ្នកមកដឹកនាំប្រទេសជាតិ។
អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

ភាពស្ងប់ស្ងាត់របស់លោក ស៊ី ជីនពីង (Xi Jinping) នៅក្នុងរដ្ឋកាលរបស់លោក ចូ បៃដិន (Joe Biden)

នៅក្នុងសប្តាហ៍ដំបូងបន្ទាប់ពីការស្បថចូលកាន់ដំណែងរបស់លោកប្រធានាធិបតី ចូ បៃដិន​ កាលពីថ្ងៃទី២០ ខែមករាកន្លងទៅនេះ លោកប្រធានាធិបតីបានធ្វើការសំណេះសំណាលតាមទូរស័ព្ទជាមួយនឹងថ្នាក់ដឹកនាំកំពូលនៃប្រទេសដែលជាដៃគូសម្ព័ន្ធមិត្តរួមមាន ចក្រភពអង់គ្លេស អាឡឺម៉ង់ បារាំង​ កាណាដា​ និង ជប៉ុន​​ផងដែរ។​ មិនតែប៉ុណ្ណោះ លោកចូ បៃដិន ក៏បានទូរស័ព្ទទៅលោក វ៉្លាដឺមៀរ ពូទីន (Vladimir Putin)  និង​ ប្រធានាធិបតីម៉ិចស៊ីក លោក អានដ្រេស អូប្រាដរ (Andrés Manuel López Obrador) នៅក្នុងសប្តាហ៍ដំបូងរបស់លោកនៅក្នុងសេតវិមានផងដែរ។​ ដោយឡែក លោកប្រធានាធិបតី បៃដិន​ មិនបានបង្ហាញភាពខ្នះខ្នែងនៅក្នុងការទាក់ទងទៅកាន់ទីក្រុងប៉េកាំងនោះទេ ពោលគឺលោកបៃដិនទើបតែបានទូរស័ព្ទទៅលោក​ ស៊ី ជីនពីង កាលពីថ្ងៃទី១០​ ខែកុម្ភៈកន្លងទៅនេះតែប៉ុណ្ណោះ។​

គួរបញ្ជាក់ផងដែរថានៅមុនពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានហៅ លោក ស៊ី ជីងពីង ថាជា “ចោរ” (thug) នៅពេលដែលលោកកំពុងធ្វើការឃោសនាការបោះឆ្នោត ដែលការហៅលោកប្រធានាធិបតីចិនបែបនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកសារព័ត៌មានយ៉ាងច្រើន។​ មិនតែប៉ុណ្ណោះ រដ្ឋកាលរបស់លោក ចូ បៃដិន ក៏បានបង្ហាញពីគោលជំហររបស់ខ្លួនថាខ្លួននឹងប្រឆាំងជាមួយចិន ប៉ុន្តែក៏សហការជាមួយចិននៅក្នុងកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។​​ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ លោក ស៊ី ជីនពីង នៅបន្តសម្តែងឲ្យអាមេរិកនិងពិភពលោកឃើញថាចិននឹងរីករាយស្វាគមន៍នៅក្នុងការសហការជាមួយអាមេរិកប្រសិនបើអាមេរិកចង់។ ទាំងនេះបានបង្កើតជាចម្ងល់ឲ្យយើងឆ្ងល់ថា តើចិនកំពុងតែប្រើគោលនយោបាយបែបណាជាមួយនឹងអាមេរិក?​ ហេតុអ្វីបានជាយើងពុំទាន់មើលឃើញចិនប្រកាសប្រឈមមុខជាមួយនឹងអាមេរិកយ៉ាងតឹងតែងនៅក្នុងរដ្ឋកាលរបស់លោក ចូ បៃដិន នេះ?​ តើចិនអាចនឹងនៅស្ងៀមបែបនេះរហូតទេ?

ប្រសិនបើយើងក្រលេកទៅមើលមូលហេតុចំនួន៣ នោះយើងនឹងអាចធ្វើការសន្និដ្ឋានជំហានដំបូងបានអំពីបុព្វហេតុដែលបណ្តាលឱ្យលោក ស៊ី​ ជីនពីង មិនទាន់បង្ហាញភាពល្អក់កករជាមួយលោកចូ​ បៃដិន បើទោះបីជាលោកបានទទួលដឹងឮអំពីការប្រឆាំងរបស់លោក ចូ បៃដិន យ៉ាងណាក៏ដោយ។​

មូលហេតុទី១នោះគឺអាចបណ្តាលមកពីលោក​ ស៊ី ជីនពីង កំពុងតែស្ទាបស្ទង់ស្ថានការណ៍របស់រដ្ឋកាលថ្មីនេះ។​ ជាក់ស្តែង ការឡើងកាន់ដំណែងរបស់ប្រធានាធិបតីអាមេរិកថ្មីនេះគឺទើបតែបានប្រមាណ ២ ខែជាងតែប៉ុណ្ណោះ ហើយការប្រឈមមុខដាក់គ្នារវាងចិននិងអាមេរិកគឺនៅពុំទាន់មានសភាពក្តៅគគុកនៅឡើយទេ។ ហេតុដូច្នេះហើយទើបលោកស៊ីអាចនឹងកំពុងតែសម្លឹងមើលអំពីដំណើរគោលនយោបាយការបរទេសរបស់លោក បៃដិន សិនដើម្បីជ្រើសរើសការឆ្លើយតបដ៏សមស្របមួយ។ ​​ម្យ៉ាងវិញទៀត ប្រសិនបើក្រលេកមើលទៅកាន់ទំនាក់ទំនងរវាងលោក ចូ បៃដិន​ និង លោក សុី ជីនពីង កាលពីអតីតកាលវិញ នោះយើងឃើញថាអ្នកទាំងពីរកាលពីមិនទាន់ក្លាយជាប្រធានាធិបតី ពួកគេតែងតែបានជួបគ្នានៅក្នុងកិច្ចប្រជុំ​ និង​​នៅក្នុងដំណើរទស្សនកិច្ចជាច្រើនលើកច្រើនសារដែលបង្ហាញពីចំណងមិត្តភាពដ៏ល្អប្រសើរមួយ​។ ​នៅក្នុងករណីនេះដែរ វាអាចជាសំណួរមួយដែលឱ្យយើងវិភាគថា តើលោកស៊ី​កំពុងតែស្ទង់ចិត្តមិត្តចាស់របស់ខ្លួន ដោយសារតែការរំពឹងថាខ្លួនអាចបង្កើតទំនាក់ទំនងថ្មីមួយជាមួយអាមេរិកដែលប្រសើរជាងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែរឬទេ?​ ម៉្យាងវិញទៀត ​ការនៅស្ងៀមស្ងាត់បែបនេះក៏អាចជាយុទ្ធសាស្រ្តមួយរបស់ចិននៅក្នុងការ​ព្យាយាមបញ្ជ្រៀតឥទ្ធិពលរបស់ខ្លួនឱ្យដើរទន្ទឹមគ្នាជាមួយអាមេរិកដោយព្យាយាមបញ្ចុះបញ្ចូលអាមេរិកឱ្យទទួលស្គាល់ថាខ្លួនមិនមែនជាសត្រូវ ប៉ុន្តែគឺជាដៃគូដូចដែលលោក យ៉ាង ជាឈី (Yang Jiechi) ដែលជាមន្រ្តីជាន់ខ្ពស់នៃគណបក្សកុម្មុយនីសចិនបានលើកឡើងថា “ពិភពលោកកំពុងតែជួបប្រទះនឹងបញ្ហាជាច្រើនដែលនេះគឺតម្រូវឱ្យអាមេរិក និង ចិន​សហការគ្នានៅក្នុងទំនួលខុសត្រូវនេះចំពោះបញ្ហប្រឈមដែលពិភពលោកកំពុងតែជួបប្រទះ ហើយបញ្ហាទាំងនេះគឺជាចំណែកនៃការទទួលខុសត្រូវរបស់ចិននិងអាមេរិក”។

មូលហេតុទី២នោះគឺអាចបណ្តាលមកពីលោក ស៊ី ជីនពីង កំពុងតែព្យាយាមកាត់បន្ថយសម្ពាធពីមជ្ឈដ្ឋានខាងក្រៅដោយសារតែវិបត្តិសង្គមដែលខ្លួនកំពុងនឹងជួបប្រទះ។ បើយោងទៅតាមការវិភាគនៅក្នុងអត្ថបទមួយរបស់​ Foreign Policy ប្រទេសចិនកំពុងតែប្រទះនឹងបញ្ហាវិសមភាពសេដ្ឋកិច្ច​ និងវិសមភាពសង្គម។​ វិសមភាពនៃការអភិវឌ្ឍខេត្តក្រុងនៃប្រទេសចិនស្តែងឱ្យឃើញកាន់តែច្បាស់ថា ការរីកចម្រើនគឺបានកើតឡើងតែចំពោះខេត្តខ្លះតែប៉ុណ្ណោះនៅពេលដែលការអភិវឌ្ឍខេត្តនិងក្រុងមួយចំនួនកំពុងតែជាប់គាំង។ ជាក់ស្តែង វិសមភាពនេះគឺតែងតែឃើញកើតមានឡើងនៅរវាងខេត្តនៅភាគខាងកើត ខាងលិច និង​ ខេត្តនៅតំបន់កណ្តាលនៃប្រទេសចិន។ រដ្ឋាភិបាលប្រទេសចិនក៏កំពុងតែព្យាយាមដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងបញ្ហាបម្លាស់ទីនិងចំណាកស្រុករបស់ប្រជាជនចិនផងដែរ ដែលនេះជាបញ្ហាមួយដែលទាក់ទងទៅនឹងបញ្ហាវិសមភាពនៃសេវាសង្គម។ បញ្ហាវិសមភាពនៃសេវាសង្គមនោះគឺប្រជាជនដែលមានជីវភាពល្អប្រសើរ​ហើយរស់នៅក្នុងទីក្រុងធំៗគឺទទួលបាននូវសេវាដែលកាន់តែល្អប្រសើរ រីឯអ្នកដែលមានជីវភាពមិនសូវសមប្រកបនៅតែទទួលបានសេវាសង្គមដែលមិនសូវល្អប្រសើរ។​ ហេតុនេះហើយ ដើម្បីអាចឱ្យចិនផ្តោតសំខាន់ទៅលើការប្រឈមមុខជាមួយនឹងបញ្ហានេះបានគឺចិនត្រូវកាត់បន្ថយសម្ពាធពីខាងក្រៅ ជាពិសេសគឺសម្ពាធសេដ្ឋកិច្ចពីអាមេរិក។

ហេតុផលទី៣នោះគឺអាចពាក់ព័ន្ធជាមួយនឹងបញ្ហាសេដ្ឋកិច្ចរបស់ចិន។ ការរីករាលដាលនៃវីរុសកូរ៉ូណាក៏បានធ្វើឱ្យសេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះយ៉ាងខ្លាំងផងដែរ (ដោយកំណើន GDP ធ្លាក់មកនៅត្រឹម -៦ជាង កាលពីឆ្នាំ២០២០​ នេះបើយ៉ោងទៅតាម China’s National Bureau of Statistic) ដែលបណ្តាលឱ្យប្រជាជនចិនជាច្រើនបាត់បង់ការងារ​ និងជួបនឹងវិបត្តិសេដ្ឋកិច្ច។ ចិនក៏មានការព្រួយបារម្ភអំពីបញ្ហានៃអត្រាកំណើតនៃប្រជាជនផងដែរ ដែលបញ្ហានេះអាចជះឥទ្ធិពលទៅដល់កំណើនសេដ្ឋកិច្ចរបស់ចិនដោយសារតែកង្វះនូវធនធានពលកម្ម។ គួរបញ្ជាក់ផងដែលថា បើយោងទៅតាមទិន្នន័យបន្ទាប់បន្សំដែលដកស្រង់ចេញពី Foreign Policy ដដែលនេះ បានបង្ហាញថាអត្រាកំណើតនៃប្រជាជនចិនគឺបានធ្លាក់ចុះអស់ ១៥% នៅក្នុងឆ្នាំ២០២០​នេះ បើធៀបជាមួយនឹងឆ្នាំ២០១៩ ដែលនេះគឺជាការជះឥទ្ធិពលពីគោលការណ៍កូនតែមួយរបស់រដ្ឋាភិបាលចិន។​​ បន្ថែមពីនេះទៅទៀត ចិនប្រហែលជាអាចយល់ឃើញអំពីផលវិបាកនៃទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងប្រទេសដ៏ទៃទៀតផងដែរប្រសិនបើខ្លួនមានការប្រឈមមុខដាក់គ្នាខ្លាំងជាមួយអាមេរិក។​ ឧទាហរណ៍ដូចជាបញ្ហានៅក្នុងការវិនិយោគបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទ ហួរវៃ (Huawei) នៅក្នុងប្រទេសមួយចំនួន។​ ដោយសារតែមានការប្រទាំងប្រទឹសគ្នារវាងអាមេរិកនិងចិននេះហើយដែលបណ្តាលឱ្យប្រទេសមួយចំនួនធំដែលភាគច្រើនជាប្រទេសនៅប៉ែកអឺរ៉ុប និងនៅអាមេរិចឡាទីនស្ទាក់ស្ទើរមិនទទួលការវិនិយោគនេះ ដោយសារពួកគេព្យាយាមរក្សាតុល្យភាពទំនាក់ទំនងនៃប្រទេសទាំងពីរនេះ ដែលធ្វើឱ្យមានការរាំងស្ទះដល់គម្រោងវិនិយោគរបស់ចិន។ ហេតុដូចនេះហើយទើបយើងអាចសន្និដ្ឋានបានថា ចិនអាចនឹងព្យាយាមកាត់បន្ថយបញ្ហានេះតាមរយៈការមិនប្រឈមមុខខ្លាំងជាមួយអាមេរិក។​​ ម្យ៉ាងទៀតវិញចិនបានបង្ហាញនៅក្នុងផែនការ៥ឆ្នាំថ្មីរបស់គេថា​ ចិននឹងធ្វើឱ្យពិភពលោកជាពិសេសអាមេរិកមានការពឹងផ្អែកខាងផ្នែកសេដ្ឋកិច្ចខ្លាំងជាងមុនថែមទៀតផង។ ហេតុដូច្នេះហើយដើម្បីឱ្យអាមេរិកពឹងពាក់សេដ្ឋកិច្ចមកលើចិនខ្លាំងនោះចិនគឺត្រូវធ្វើយ៉ាងណាដើម្បីឱ្យអាមេរិកមានសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ចនេះច្រើនជាមួយខ្លួន។​​ ប្រហែលជាដោយសារបែបនេះហើយទើបអាចឱ្យលោក ស៊ី ជីនពីង សុខចិត្តនៅស្ងប់ស្ងៀមមួយរយៈសិន។

សរុបសេចក្តីមក យើងអាចប៉ាន់ស្មានបានថា ដោយសារតែហេតុផលបីយ៉ាងនេះហើយដែលអាចបណ្តាលឱ្យលោក ស៊ី ជីនពីង នៅមិនទាន់មានការប្រឈមមុខខ្លាំងជាមួយលោក ចូ បៃដិន បើទោះបីជាលោកចូបានបង្ហាញពីគោលជំហរប្រឆាំងជាមួយខ្លួនយ៉ាងណាក៏ដោយ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយក៏យើងមិនគួរមើលរំលងទេ លោក ចូ​ បៃដិន ទើបតែបានឡើងកាន់ដំណែងថ្មោងថ្មីតែប៉ុណ្ណោះហើយក៏មិនទាន់មានការប្រឆាំងខ្លាំងជាមួយចិនដែរ ប៉ុន្តែប្រសិនបើអាមេរិកមានគោលនយោបាយដ៏តឹងរឹងមួយជាមួយចិន នោះចិនក៏អាចនឹងមិននៅស្ងៀមបែបនេះទៀតដែរ។​

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា បូរ ដាលីន

ទំនាក់ទំនងរវាងតម្លៃប្រេង និងមាស

ប្រេងគឺជាថាមពលមួយយ៉ាងសំខាន់ហើយវាក៏មានឥទ្ធិពលលើវិស័យពាណិជ្ជកម្ម វិស័យហិរញ្ញវត្ថុ​ ក៏ដូចជា​វិស័យផ្សេងៗទៀតនៃសេដ្ឋកិច្ចពិភពលោកផងដែរ។ ​ ការប្រែប្រួលនៃតម្លៃប្រេងឆៅអាចធ្វើឱ្យមានផលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចនៃប្រទេសដែលនាំចេញនិងនាំចូលប្រេង ដោយផ្អែកលើនិន្នាការបម្រែបម្រួលតម្លៃប្រេង​ ឬ Oil price volatility។ Oil price volatility ជាភាពប្រែប្រួលនៃតម្លៃប្រេងនៅលើទីផ្សារក្នុងរយៈពេលកំណត់មួយ។​ យោងតាមរបាយការណ៍វិទ្យាស្ថានថាមពលពិភពលោក Price volatility សំដៅលើភាពប្រែប្រួលនៃតម្លៃរបស់ទំនិញ ហើយនៅពេលដែលតម្លៃមានការឡើងចុះច្រើននៅក្នុងរយៈពេលខ្លីមួយ គេចាត់ទុកស្ថានភាពនេះថាមានលក្ខណៈប្រែប្រួលខ្លាំង ឬ High volatility។ ប្រសិនបើតម្លៃមិនសូវប្រែប្រួលខ្លាំង ឬមានភាពនឹងនរនៅលើទីផ្សារ​ ​នោះគេចាត់ទុកស្ថានភាពថា Low volatility។ ប៉ុន្តែជាធម្មតា តម្លៃប្រេងពុំសូវឡើងចុះខ្លាំងដូចទំនិញមួយចំនួននោះទេ ហើយភាគច្រើនតម្លៃប្រេងតែងតែមានលំនឹងនឹងនរលើទីផ្សារ។ នៅលើទីផ្សារថាមពលរបស់ពិភពលោក ប្រេងជាពាណិជ្ជកម្មដ៏ធំ ព្រោះវាជាថាមពលដ៏សំខាន់និងត្រូវបានប្រើប្រាស់នៅក្នុងវិស័យដទៃទៀតជាច្រើន ហេតុដូចនេះ ការឡើងចុះតម្លៃប្រេងអាចធ្វើឱ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្មនៃវិស័យទាំងនោះ​​ និងអាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ច។ យោងតាមរបាយការណ៍វិទ្យាស្ថានដដែលបានឱ្យដឹងថា នៅឆ្នាំ២០០៦ ទឹកប្រាក់លើស ១,១​ ទ្រីលានដុល្លារអាមេរិក ត្រូវបានចំណាយទៅលើការប្រើប្រាស់ថាមពលប្រេងលើវិស័យសំខាន់ៗជាច្រើនដូចជា វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម ការប្រើប្រាស់តាមផ្ទះរបស់ពលរដ្ឋ​ និងវិស័យដឹកជញ្ជូនទៀតផង។

រីឯមាសវិញគឺជាលោហធាតុដែលមានប្រយោជន៍ក្នុងការកំណត់តម្លៃទំនិញ និងជាទ្រព្យសកម្មរបស់រូបិយប័ណ្ណដោយសារតម្លៃរបស់វាមានភាពនឹងនរ​​ និងមិនសូវមានការប្រែប្រួលចុះឡើងខ្លាំងនោះទេ។ ម្យ៉ាងវិញទៀតនោះ មាសមានសារៈសំខាន់ដោយសារវាជាប្រភពនៃទ្រព្យវិនិយោគ និងជាតម្លៃឯកតាក្នុងការកំណត់តម្លៃជួញដូរ ETFs (Exchange Traded Fund) នៅក្នុងទីផ្សារ។ យោងតាមគេហទំព័រ​ Investor.gov បានបង្ហាញថា ETFs (Exchange Traded Fund) គឺជាប្រភេទកញ្ចប់ថវិកា Fund ដែលគេយកមកជួញដូរដូចជាមូលបត្រដែរ ដែលប្រើសម្រាប់តាមដានសន្ទស្សន៍វិស័យទំនិញឬទ្រព្យសម្បត្តិផ្សេងទៀតនិងតាមដានការវិនិយោគ ប៉ុន្តែវាមិនអាចទិញឬលក់ដូចជាមូលបត្រឬភាគហ៊ុនធម្មតានោះទេ។ ETFs​ មានច្រើនប្រភេទដែលក្នុងនោះមានដូចជាកញ្ចប់កម្ចីរដ្ឋ រូបិយប័ណ្ណ និង ទំនិញធំៗ រួមមានប្រេងនិងមាស​ជាដើម។​ ​ ដោយហេតុនេះការស្វែងយល់ពីទំនាក់ទំនងរបស់មាសនិងប្រេងមានសារៈសំខាន់ក្នុងការសង្កេតមើលពីស្ថានភាពសេដ្ឋកិច្ចសាកលផងដែរ។

ប្រេងនិងមាសត្រូវបានចាត់ទុកថាជាទំនិញយុទ្ធសាស្ត្រសំខាន់នៅក្នុងទីផ្សារពិភពលោក ជាពិសេសនៅអាមេរិក ហើយការកើនឡើងតម្លៃរបស់ទំនិញទាំងពីរនេះអាចនឹងមានឥទ្ធិពលដល់ដំណើរការសេដ្ឋកិច្ច។ មានការសិក្សាច្រើនពីទំនាក់ទំនងរវាងតម្លៃប្រេងនិងតម្លៃមាសនេះ តែភាគច្រើនជាការសិក្សាផ្តោតទៅលើស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកព្រោះប្រទេសនេះមានសេដ្ឋកិច្ចឈានមុខ និងមានឥទ្ធិពលលើសេដ្ឋកិច្ចពិភពលោក។ ម្យ៉ាងវិញទៀត ដោយសារតែតម្លៃប្រេងមានមូលដ្ឋានសំខាន់នៅក្នុងសេដ្ឋកិច្ចអាមេរិក ជាពិសេសក្នុងការកំណត់ស្ថិរភាពទីផ្សារភាគហ៊ុន ដូច្នេះការប្រែប្រួលតម្លៃប្រេងអាចប៉ះពាល់ដល់តម្លៃទ្រព្យសកម្មផ្សេងទៀត ដូចជាតម្លៃភាគហ៊ុនឬមូលបត្រ និងតម្លៃមាស​ (Volatility indexes for gold) ជាដើម។ ឧទាហរណ៍ប្រសិនបើតម្លៃប្រេងកើនឡើង នោះវានឹងធ្វើឱ្យមានការប៉ះពាល់ដល់ចំណូលរបស់សហគ្រាសធំៗទាំងនោះ។ យោងតាមរបាយការណ៍ប្រចាំខែនៃ Economic and Monetary Developments របស់សហគមន៍អ៊ឺរ៉ុបបានឱ្យដឹងថា ទំនាក់ទំនងរវាងតម្លៃប្រេងនិងតម្លៃទូទៅនៃមូលបត្រមានលក្ខណៈអវិជ្ជមាន  ​ដោយសារនៅពេលដែលប្រេងឡើងថ្លៃ​​​​​​ធ្វើឱ្យមានភាពអវិជ្ជមានលើទស្សនវិស័យប្រាក់ចំណូលរបស់ក្រុមហ៊ុន និងជះឥទ្ថិពលលើតម្លៃមូលបត្ររបស់ក្រុមហ៊ុននោះ។  ​ដូចនេះ នៅពេលចំណូលទាប តម្លៃមូលបត្រធ្លាក់ចុះ និងតម្រូវឱ្យមានកំណើនប្រើប្រាស់មាសជាទ្រព្យសកម្មបម្រុងក្នុងការសង្គ្រោះក្រុមហ៊ុនពីការក្ស័យធន។

នៅពេលវិភាគទំនាក់ទំនងរវាងវត្ថុទាំងពីរ យើងនឹងឃើញពាក្យសំដៅលើសមាមាត្រប្រេងនិងមាស​ (Gold-Oil Ratio) ហើយសមាមាត្រប្រេងនិងមាស​នេះអាចពន្យល់បានតាមលក្ខណៈគណិតវិទ្យាដោយយើងយកតម្លៃមាសក្នុងមួយអោន (ounce) ចែកនឹងថ្លៃប្រេងឆៅក្នុងមួយធុង (barrel) ហើយសមាមាត្រនឹងប្រាប់យើងពីចំនួនប្រេងដែលអាចទិញបានក្នុងមួយអោននៃមាស។ ខណៈនេះ សមាមាត្រប្រេងនិងមាសអាចនាំឱ្យយើងយល់ពីសេដ្ឋកិច្ចបានត្រង់ថា ប្រេងច្រើនឡើងថ្លៃនៅពេលដែល GDP កើនឡើង ហើយមាសប្រែជាមានការកើនឡើងនៅពេលប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ។

លើសពីនេះ ទំនាក់ទំនងរវាងប្រេងនិងមាសក៏មានទំនាក់ទំនងជាមួយរូបិយប័ណ្ណដុល្លារអាមេរិកដែរ។​ នៅពេលដែលតម្លៃលុយដុល្លារអាមេរិកឡើងថ្លៃ នោះតម្លៃផលិតផលដែល​ជួញដូរដោយលុយដុល្លារអាមេរិកក៏ឡើងតាមហ្នឹងដែរ​។ ប៉ុន្តែតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី តម្លៃរបស់ប្រេងប្រែប្រួល​ទៅតាមនិន្នាការតម្រូវការទីផ្សារ។ ទោះជាយ៉ាងណា ឥទ្ធិពលរូបិយប័ណ្ណដុល្លារអាមេរិកក៏មានលើតម្លៃប្រេងខ្លះដែរជាពិសេសមូលបត្រដាក់បង្ហាញនៅលើ Typical price trend ដែលជួញដូរដោយប្រាក់ដុល្លារអាមេរិក។ Typical price trend ជាការវិភាគបច្ចេកទេសមួយដែលមានទិន្នន័យជាសូចនាករតម្លៃមធ្យមនៃតម្លៃទីផ្សារ​ ហើយសូចនាករតម្លៃនេះត្រូវធ្វើបច្ចុប្បន្នភាពជានិច្ច។  ​

នៅពេលមានភាពប្រែប្រួលនៃតម្លៃប្រាក់ដុល្លារអាមេរិក នោះក៏មានការប៉ះពាល់ដល់តម្លៃប្រេងឆៅនិងមាសអន្តរជាតិបានដែរ ព្រោះវត្ថុទាំងពីរនេះមានទំនាក់ទំនងជាមួយរូបិយប័ណ្ណនេះ។ កាលពីអំឡុងឆ្នាំ១៩៧៥ ប្រេងនិងមាសត្រូវបានកំណត់តម្លៃជាដុល្លារអាមេរិកដោយសារអង្គការនៃប្រទេសនាំចេញប្រេង (OPEC)​ បានយល់ព្រមលក់ប្រេងរបស់ពួកគេទាំងស្រុងក្នុងតម្លៃដុល្លារអាមេរិក។ នៅពេលដែលតម្លៃប្រាក់ដុល្លារអាមេរិកប្រែប្រួល​ នោះទ្រព្យដែលត្រូវបានទិញដូរគិតជាដុល្លារ (dollar-denominated assets) ច្រើនតែប្រែប្រួល។  គួរកត់សម្គាល់ថា ពាណិជ្ជកម្មពិភពលោក ទីផ្សារមូលបត្រធំៗ ការជួញដូរទំនិញមួយភាគធំស្ទើរគ្រប់វិស័យប្រើប្រាស់រូបិយប័ណ្ណដុល្លារអាមេរិក ដូចនេះប្រសិនបើសេដ្ឋកិច្ចអាមេរិកមានការប្រែប្រួល ឬតម្លៃលុយដុល្លារអាមេរិកប្រែប្រួលនោះតម្លៃទំនិញក៏មានការប្រែប្រួលដែរ។ ក្នុងន័យនេះ dollar-denominated assets រួមមានមូលបត្រ ប្រាក់កម្ចី ឥណទាន ឬទ្រព្យសម្បត្តិផ្សេងៗទៀតដែលទិញដូរដោយដុល្លារនឹងទទួលរងបម្រែបម្រួលតម្លៃនៅពេលតម្លៃរូបិយប័ណ្ណដុល្លារអាមេរិកប្រែប្រួល។ល់មានលក្ខណៈខុសគ្នាបន្តិចបន្តួច។ក់ចុះនោះទេ។ យោងតាម​ ETFs តម្លៃដុល្លារអាមេរិកនិងតម្លៃប្រេងមានទំនាក់ទំនងបញ្ច្រាសគ្នាទៅវិញ នៅពេលដែលតម្លៃប្រាក់ដុល្លារធ្លាក់ចុះ តម្លៃនៃប្រេងនិងទំនិញគិតជាប្រាក់ដុល្លារអាមេរិកទាំងនេះត្រូវតែថ្លៃជាងមុនដើម្បីរក្សាសជ្ឈន្តិកៈតម្លៃ (intrinsic value) ដែលមិនផ្លាស់ប្តូរ។​  សជ្ឈន្តិកៈតម្លៃប្រៀបដូចជាគុណតម្លៃនៃផ្នែកក្នុងរបស់វត្ថុអ្វីមួយ គុណតម្លៃរបស់ប្រេងមិនមែនជាការកំណត់ដោយក្រុមហ៊ុនមួយឬពីរទេ ប៉ុន្តែការកំណត់នេះមានមូលដ្ឋានរួមរវាងក្រុមហ៊ុននិងភាគីច្រើន ហេតុនេះតម្លៃប្រេងមិនសូវមានការប្រែប្រួលខ្លាំង ឬមិនប្រែប្រួលតែម្តង។ ​

ក្រៅពីនេះ បញ្ហាអតិផរណា​ជាអំណះអំណាងមួយទៀតដែលបង្ហាញពីទំនាក់ទំនងរវាងតម្លៃប្រេងនិងមាសផងដែរ។ ក្នុងករណីនេះ អតិផរណាមានឥទ្ធិពលទៅលើការប្រែប្រួលតម្លៃប្រេងនិងតម្លៃមាស ហើយការប៉ះពាល់មានលក្ខណៈខុសគ្នាបន្តិចបន្តួច។ នៅពេលមានអតិផរណាកើតឡើង ទំនិញឡើងថ្លៃនិងប្រេងក្នុងទីផ្សារមានកំនើនតម្លៃដូចទំនិញទូទៅដែរ។ ស្របពេលជាមួយគ្នានេះ តម្លៃមាសដែលជាទំនិញនៅលើទីផ្សារក៏ឡើងថ្លៃដូចគ្នា ប៉ុន្តែតម្លៃនេះមិនបានសំដៅទៅលើមាសដែលស្ថិតនៅជាទ្រព្យសកម្ម ឬទ្រព្យវិនិយោគនោះទេ។ ចំណែកដែលជាទ្រព្យសកម្មវិញ ក្នុងពេលប្រទះបញ្ហាបែបនេះ វាមានសារៈសំខាន់ក្នុងការរក្សាលំនឹងអត្រាអតិផរណាព្រោះវាមាននាទីជាមាសបម្រុង។ យោងតាម ETFs (Exchange Traded Fund) ដដែលបង្ហាញឱ្យដឹងថា ក្រៅពីបញ្ហាអតិផរណា តម្លៃមាសអាចឡើងថ្លៃខ្ពស់បំផុតនៅពេលដែលវិនិយោគិនប្រឈមមុខនឹងការអន់ថយសេដ្ឋកិច្ច ការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ និងការក្ស័យធនរបស់ធនាគារជាដើម។ ចំណែកឯតម្លៃប្រេងនៅលើទីផ្សារវិញ វាអាចធ្លាក់ចុះនៅពេលដែលសកម្មភាពសេដ្ឋកិច្ចនិងទីផ្សារសាកលធ្លាក់ចុះឬជួបប្រទះវិបត្តិ។

សរុបមក ការសិក្សាពីប្រេងនិងមាសគឺជាកត្តាមួយផ្នែកដែលអាចឱ្យយើងដឹងពីការវិវត្តនៃទីផ្សារនិង ទំនាក់ទំនងរវាងវត្ថុទាំងពីរជាមួយនឹងសេដ្ឋកិច្ចសាកលក៏ដូចជាសេដ្ឋកិច្ចប្រទេសដែលឈានមុខដូចជាសហរដ្ឋអាមេរិក ទំនាក់ទំនងរបស់វាទៅលើតម្លៃទីផ្សារមូលបត្រ និងការប្រើប្រាស់សមាមាត្រមាសប្រេងក្នុងផ្នែកហិរញ្ញវត្ថុ។ ក្រៅពីនេះ ការសិក្សាពីប្រេងនិងមាសអាចឱ្យយើងដឹងពីទំនាក់ទំនងរបស់វាជាមួយនឹងរូបិយប័ណ្ណដុល្លារអាមេរិក រួមទាំងឥទ្ធិពលនៃអតិផរណាទៅលើតម្លៃវត្ថុទាំងពីរផងដែរ៕

ពាក្យគន្លឹះ
Typical Price Trend / The Typical Price indicator: នៅក្នុងវិស័យហិរញ្ញវត្ថុ វាជាសូចនាករ (trend) ប្រាប់តម្លៃ ឬហៅថា សូចនាករតម្លៃ (Price trend​ / Price indicator) ហើយតម្លៃដែលបង្ហាញនៅលើនោះជាតម្លៃមធ្យមនៃតម្លៃមូលបត្រប្រចាំថ្ងៃ។
Intrinsic value: គឺជាតម្លៃនៃវត្ថុមួយដែលកំណត់ដោយលក្ខខណ្ឌទស្សនវិទ្យា ហើយជាមូលដ្ឋានគ្រឹះក្នុងការកំណត់តម្លៃវត្ថុ ទ្រព្យសម្បត្តិផ្សេងៗរួមមានតម្លៃមូលបត្រ និង កម្មវត្ថុកុងត្រាហិរញ្ញវត្ថុ។ តម្លៃនេះមានសារៈសំខាន់ក្នុងការប្រមើលមើលតម្លៃទីផ្សារថាទំនិញឬទ្រព្យនេះមានតម្លៃបែបណាបើមានការជួញដូរនៅលើទីផ្សារ។ នៅពេលវិនិយោគិនចង់វិនិយោគទៅលើអ្វីមួយ សជ្ឈន្តិកៈតម្លៃអាចឱ្យគេប៉ាន់ប្រមាណនូវប្រយោជន៍ដែលគេនឹងទទួលបានបន្ទាប់ពីដាក់ទុនវិនិយោគ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ស្រង់ ខាដាណេ
គំនូរដោយ៖ កញ្ញា សុខ ពុទ្ធារី

ជប៉ុនធំតែមាឌសេដ្ឋកិច្ច ប៉ុន្តែចង្អៀតក្នុងការលើកកម្ពស់ស្ត្រី

ជប៉ុនគឺជាប្រទេសមហាអំណាចខាងសេដ្ឋកិច្ចដែលស្ថិតនៅលំដាប់លេខ៣ទូទាំងពិភពលោក ប៉ុន្តែប្រទេសនេះបែរជាមានភាពចង្អៀតចង្អល់ទៅលើការផ្តល់សិទ្ធិសេរីភាពពេញលេញទៅស្រ្តីក្នុងការចូលរួមក្នុងសង្គមទៅវិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ជនជាតិជប៉ុននៅតែមានគំនិត “បុរសជាអ្នកធ្វើការ រីឯស្ត្រីជាអ្នកមើលថែទាំផ្ទះ” ដែលជាមូលហេតុដែលនាំឱ្យប្រទេសនេះបាត់បង់នូវស្រ្តីដែលជាធនធានដែលបានទទួលចំណេះដឹងជ្រៅជ្រះ។ ត្បិតតែរដ្ឋបាលរបស់លោកស្ហីនហ្សូ អាបេ (Shinzō Abe) បានផ្ដល់ឱកាសការងារដល់ស្ត្រីជាច្រើនលាននាក់ ប៉ុន្តែយោងតាមរបាយការណ៍ក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនង (Ministry of Internal Affair and Communication) ជាងពាក់កណ្ដាលនៃការងាររបស់ស្ត្រីទាំងនោះគឺជាការងារក្រៅម៉ោង និងការងារបណ្ដោះអាសន្ន។ ហើយបញ្ហាគម្លាតយេនឌ័រនៅប្រទេសជប៉ុនត្រូវបានឃើញយ៉ាងច្បាស់នៅឆ្នាំ២០២១នេះដោយថ្នាក់ដឹកនាំជប៉ុនបានវាយប្រហារចំៗទៅលើស្រ្តីនៅក្នុងសុន្ទរកថាផ្លូវការម្ដងជាពីរដង។

ជាក់ស្ដែង អតីតនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកដែលទើបតែលាលែងពីតំណែងលោក Yoshiro Mori បានលើកឡើងថាស្ត្រីជប៉ុនជាបន្ទុកដែលបង្អូសអង្គប្រជុំគណៈកម្មាធិការអូឡាំពិកជប៉ុន (Japanese Olympic Committee) ឱ្យយូរដោយសារស្ត្រីជប៉ុននិយាយច្រើនពេក។ ទន្ទឹមនឹងនេះ គណបក្ស The Liberal Democratic Party បានស្នើឱ្យស្ត្រីអាចចូលរួមប្រជុំបាន ប៉ុន្តែមិនអាចបញ្ចេញមតិក្នុងអង្គប្រជុំឡើយ ហើយស្ត្រីអាចដាក់ស្នើបញ្ចេញមតិបន្ទាប់ពីអង្គប្រជុំបញ្ចប់។ ការបញ្ចេញទស្សនៈរបស់បុគ្គលសាធារណៈយ៉ាងនេះ មិនត្រឹមតែបញ្ជាក់ឱ្យពិភពលោកឃើញពីភាពតូចចង្អៀតនៃឱកាសចូលរួមសកម្មភាពរបស់ស្ត្រីជប៉ុននៅក្នុងសង្គមទេ ទស្សនៈទាំងនេះក៏អាចជាន់ពន្លិចគំនិតលើកកម្ពស់ស្ត្រីនៅក្នុងសង្គមជប៉ុនផងដែរ។ ជាក់ស្ដែង យោងតាមរបាយការណ៍របស់ Global Data on  National Parliaments បានបង្ហាញថា នៅក្នុងសភារបស់ជប៉ុន (House of Representative Shugiin) សមាជិកដែលជាស្ត្រីគឺមានត្រឹមតែ ៤៦ នាក់នៃចំនួនសរុបចំនួន ៤៦៤ នាក់តែប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់ World Economic Forum បានបង្ហាញថា សមភាពយេនឌ័រនៅប្រទេសជប៉ុនគឺស្ថិតនៅលំដាប់លេខ១២១ ក្នុងចំណោម ១៥៣ ប្រទេស។ របាយការណ៍នេះបញ្ជាក់ថា ការចូលរួមផ្នែកសេដ្ឋកិច្ចនិងឱកាស (Economic Participation and Opportunity) និងការផ្ដល់អំណាចនយោបាយ (Political Empowerment) ជាដើមរបស់ស្ត្រីជប៉ុននៅមានកម្រិតនៅឡើយ។

អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងប្រទេសដ៏ជឿនលឿនមួយនេះ គឺនៅតែប្រកាន់យកគំនិតដែលថាស្ត្រីត្រូវលះបង់ការងារដើម្បីមកមើលថែគ្រួសារ។ ត្បិតតែជប៉ុនបានអនុម័តច្បាប់ស្ដីពីសមភាពឱកាសការងារ (The Equal Employment Opportunity Act) អស់រយៈពេលលើសពី ៣០ ឆ្នាំក្ដី ប៉ុន្តែបច្ចុប្បន្នក៏នៅមានស្ត្រីជប៉ុនជាច្រើនត្រូវបានជួបនឹងច្រវ៉ាក់មើលថែគ្រួសារបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច ជាពិសេសក្រោយពេលមាតុភាព។ ផ្នត់គំនិតថាមើលថែទាំការងារផ្ទះគឺជាកាតព្វកិច្ចរបស់ស្ត្រី ហើយបើយោងតាមរបាយការណ៍របស់ IMF Paper បានរកឃើញថាស្ត្រីភាគច្រើនយល់ថាមានអារម្មណ៍មិនគប្បីនៅពេលដែលមិនបានបំពេញកាតព្វកិច្ចការងារផ្ទះ។ កាលពីឆ្នាំ២០២០ របាយការណ៍ស្ទង់មតិដែលធ្វើដោយគណៈរដ្ឋមន្ត្រីជប៉ុន Cabinet Office បានរកឃើញថា មានមនុស្សចំនួន ៦១% ប៉ុណ្ណោះ យល់ឃើញថាស្ត្រីគួរតែអាចបន្តធ្វើការទោះបីជាបន្ទាប់ពីមាតុភាព។ ហើយកាលពីឆ្នាំ២០១២ ស្ត្រីបានធ្វើមាតុភាពរួចចំនួន ៨៦% ប្រាថ្នាបន្តធ្វើការងារ ក៏ប៉ុន្តែប្រាថ្នានេះភាគច្រើនបានត្រឹមតែជាការស្រមៃ បើយោងតាមការចេញផ្សាយរបស់ The Japan Time។

លោកអតីតនាយករដ្ឋមន្ត្រី ស្ហីនហ្សូ អាបេ បានយល់ឃើញថាជប៉ុនត្រូវការស្ត្រីជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញគោលនយោបាយ Abeconomic និងលើកសេដ្ឋកិច្ចជប៉ុនចេញពីវិបត្ដិបរិត្តផរណា។ លោកក៏បានសន្យាថានឹងធ្វើឱ្យជប៉ុនជាទឹកដីដែលអាចឱ្យស្ត្រីរះចែងចាំង “a Japan in which women can shine” និងរួមទាំងបង្កើតគោលនយោបាយ “Womenomics Strategy”។ Womenomics Strategy គឺសសរមួយរបស់ Abeconomic និងមានគោលដៅបង្កើនភាពជាអ្នកដឹកនាំរបស់ស្ត្រីចំនួន ៣០% នៅឆ្នាំ២០២០។ សន្យាមិនទាន់បានបីឆ្នាំផង រដ្ឋបាលរបស់លោក អាបេ ក៏បានពង្រួញគោលដៅមកត្រឹម ៧% នៅស្ថាប័នបម្រើសាធារណៈ និង ១៥% នៅជួររដ្ឋាភិបាលនិងស្ថាប័នឯកជន។ យោងទៅតាមរបាយការណ៍របស់ World Economic Forum នៅឆ្នាំ២០២០ ប្រាក់ចំណូលរបស់ស្ត្រីជប៉ុនជាមធ្យមវិញមានត្រឹមតែពាក់កណ្ដាលនៃប្រាក់ចំណូលរបស់បុរស។ ប្រទេសជប៉ុនមិនដែលមានប្រមុខរដ្ឋាភិបាលជាស្ត្រីនោះទេ ហើយមានស្ត្រីតែ២នាក់ដែលជាសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក យូស្ហីស៊ីដេ ស៊ូហ្កា (Yoshihide Suga)។ មានអ្នកជំនាញជាច្រើនយល់ឃើញថាការចុះចេញពីតំណែងរបស់លោក អាបេ នៅឆ្នាំ២០២០ គឺបានបន្សល់ទុកប្រាថ្នាមួយចំនួនមិនទាន់សម្រេច ក្នុងនោះគឺការលើកកម្ពស់ស្ត្រីនៅក្នុងវិស័យការងារ​និងសង្គម។

មានកត្ដាចំនួនបួនដែលបណ្ដាលឱ្យមានវិសមភាពយេនឌ័រក្នុងប្រទេសជប៉ុន។ ទីមួយនោះគឺកត្តាដែលស្ត្រីជប៉ុនចំណាយពេលវេលាច្រើនលើការងារដែលមិនបានប្រាក់កម្រៃ។ បើយោងតាមរបាយការណ៍របស់ OECD  ស្ត្រីជប៉ុនបានចំណាយពេលវេលាចំនួន៣ម៉ោងនិង៤៤នាទី ដែលស្មើនឹង៤ដងនៃចំនួនពេលវេលាបុរសទៅលើការងារដែលមិនបានប្រាក់កម្រៃ ដូចជាការងារផ្ទះនិងមើលថែកូន ដែលនេះជាហេតុធ្វើឱ្យស្ត្រីមានពេលតិចលើការងារដែលមានប្រាក់កម្រៃ ឬមិនអាចចំណាយពេលច្រើនលើការងារ។ ជាមួយគ្នានេះ យោងតាម The Japan Times សេវាកម្មមើលថែទាំកុមារមិនអាចបង្កើនការទទួលមើលថែកុមារទាំងអស់នៅពេលដែលមានកំណើនស្ត្រីទៅធ្វើការនោះទេ។ ទីពីរនោះគឺវប្បធម៌ផ្នត់គំនិតអវិជ្ជមានលើភាពជាអ្នកដឹកនាំរបស់ស្ត្រី។ យោងលទ្ធផលសិក្សារបស់ Kantar and Women Political Leaders បានបង្ហាញឱ្យឃើញថា មានតែមនុស្សចំនួន ២៤% ប៉ុណ្ណោះដែលមានអារម្មណ៍ល្អធ្វើការជាមួយអគ្គនាយកប្រតិបត្ដិ (CEO) ជាស្ត្រី។ កត្ដាទីបីនោះគឺ ការបៀតបៀនផ្លូវភេទនៅក្នុងការិយាល័យធ្វើការ។ យោងតាមការចេញផ្សាយរបស់ South China Morning Post ការបៀតបៀនផ្លូវភេទនៅក្នុងកន្លែងការងារគឺមិនមែនករណីប្លែកទេនៅក្នុងប្រទេសជប៉ុន ដោយសារតែរចនាសម្ព័ន្ធនៃឋានានុក្រមរបស់ក្រុមហ៊ុន វប្បធម៌នៃការគោរពស្ដាប់បង្គាប់ខ្លាំង និងការបំពេញការងាររយៈពេលយូរ។ ជាមួយគ្នានេះ យោងតាមការសិក្សារបស់ក្រសួងសុខាភិបាល ពលកម្ម និងសុខុមាលភាពបានរកឃើញថាជាង ៣៣% នៃចំនួនអ្នកមានបញ្ហាផ្លូវចិត្ដ គឺកើតឡើងបណ្ដាលមកពីការបៀតបៀនផ្លូវភេទ ការជិះជាន់ និងការបំពានអំណាចដោយមេៗរបស់ពួកគេ។ កត្ដាទីបួនគឺភាពចន្លោះប្រហោងនៃច្បាប់ដែលមានគោលបំណងកាត់បន្ថយគម្លាតវិសមភាពយេនឌ័រ។ គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានធ្លាប់បង្ហាញឆន្ទៈក្នុងការកាត់បន្ថយវិសមភាពរវាងស្ត្រីនិងបុរសតាមរយៈការតាក់តែង និងការដាក់ឱ្យអនុវត្ដច្បាប់មួយចំនួនផងដែរ ប៉ុន្តែច្បាប់និងបទប្បញ្ញត្ដិទាំងនោះហាក់ដូចជាមិនសូវមានប្រសិទ្ធភាព ប្រសិនបើយើងមើលទិន្នន័យនាពេលបច្ចុប្បន្ន។ យោងតាមការចេញផ្សាយមួយចំនួនដូចជា CNN ច្បាប់ដែលមានគោលបំណងលើកកម្ពស់ស្ដ្រីនោះគឺមិនបានចែងពីទោសបញ្ញត្ដិលើក្រុមហ៊ុនដែលមិនបានអនុវត្ដច្បាប់នោះឡើយ។ ជាមួយគ្នានេះ សារពត៌មាន Asahai បានលើកឡើងថាមូលហេតុដែលរដ្ឋាភិបាលមានភាពចំហលើចំណុចខ្លះនៅក្នុងច្បាប់គឺដោយសារតែភាពពិបាកបែងចែកនៃសកម្មភាពបៀតបៀននៅកន្លែងធ្វើការ។

វិសមភាពយេនឌ័រនេះគឺជាសញ្ញាណមិនល្អឡើយទៅលើជំងឺសេដ្ឋកិច្ចរបស់ជប៉ុន។ ជំងឺសេដ្ឋកិច្ចជប៉ុនដែលប៉ះពាល់ដល់កម្លាំងចលករមាន ដូចជា មនុស្សចាស់ច្រើនជាងកម្លាំងយុវជន ចំនួនប្រជាជនធ្លាក់ចុះជាដើម ហើយវិសមភាពយេនឌ័របានធ្វើឱ្យខ្ជះខ្ជាយធនធានមនុស្សដែលកម្រិតអប់រំខ្ពស់។ តាមការប៉ាន់ស្មានរបស់ World Economic Forum ការចូលរួមរបស់ស្ត្រីដោយស្មើភាពគឺនឹងជួយផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុន ចំនួន ៥៥០ ប៊ីលានដុល្លារអាមេរិក។ មួយវិញទៀត ការណ៍ដែលជប៉ុនឈានជើងចូលទៅក្នុងបដិវត្ដន៍ឧស្សាហកម្ម ៤.០ អាចនឹងផ្ដល់ហានិភ័យបន្ថែមលើការលើកម្ពស់ស្ត្រីដើម្បីជាកម្លាំងចលករដោយសារតែម៉ាស៊ីននឹងជំនួសការងារមនុស្សយ៉ាងច្រើន។ ហើយការណ៍ដែលចំនួនការងារនឹងកាត់បន្ថយនេះនឹងអាចផ្ដល់បន្ទុកបន្ថែមលើឱកាសការងាររបស់ស្ត្រី។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យទូទាំងប្រទេស៨៨៨៨ (មីយ៉ាន់ម៉ា)

ទិដ្ឋភាពទូទៅមុនចលនាបះបោរនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៨៨
មីយ៉ាន់ម៉ាជាប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគម​ចក្រភពអង់គ្លេសជាងមួយសតវត្សរ៍ ពោលគឺចាប់ពីឆ្នាំ១៨២៤ ដល់ឆ្នាំ១៩៤៨។ តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨​​ ប្រទេសយោធានិយមមួយនេះមិនទាន់មានមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យរឹងមាំនៅឡើយទេ។ ភាពវឹកវរចលាចលអស់ជាច្រើនទសវត្សរ៍ធ្វើឱ្យមីយ៉ាន់ម៉ាទទួលបានបទពិសោធន៍ដ៏ល្វីងជូរចត់ ក្រោមការគ្រប់គ្រងរបស់របបយោធាផ្ដាច់ការឯកបក្ស រួមមានការគំរាមកំហែង ការចាប់ខ្លួន អំពើហិង្សាព្រៃផ្សៃអមនុស្សធម៌ ការបំបិទសិទ្ធិសេរីភាពការបញ្ចេញមតិ ការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ល។ រដ្ឋប្រហារយោធាជោគជ័យនៅឆ្នាំ១៩៦២ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ នេ វីន (Ne Win) បានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោក យូ នូ (Nu U)។ បន្ទាប់មក ប្រទេសភូមា (Union of Burma) មួយនេះបានស្ថិតនៅក្រោមការគ្រប់គ្រងដោយគណបក្សសង្គមនិយមភូមា (The Burma Socialist Programme Party)​ តាំងពីពេលនោះមក ហើយថែមទាំងបានប្រកាសឱ្យអនុវត្តច្បាប់អាជ្ញាសឹកអស់រយៈពេល១២ឆ្នាំទៀតផង។ ច្បាប់អាជ្ញាសឹកជាច្បាប់ដែលត្រូវបានគេប្រើប្រាស់ដើម្បីគ្រប់គ្រងស្ថានភាពអាសន្នណាមួយនៅក្នុងប្រទេស ជាពិសេសប្រទេសកំពុងស្ថិតនៅក្នុងភាពវឹកវរ ឬការបះបោរពីប្រជាជន ហើយច្បាប់នេះធ្វើឱ្យពួកយោធាមានអំណាចពេញក្នុងដៃ ក្នុងការក្តោបក្តាប់គ្រប់ស្ថាប័នទាំងអស់ រួមទាំងអង្គនីតិបញ្ញត្តិ និងតុលាការ។ ការធ្វើនយោបាយសេដ្ឋកិច្ចឯកោនិយម និងជាតូបនីយកម្មដោយការកែប្រែក្រុមហ៊ុន សហគ្រាសតូចធំ និងផលិតកម្មនៃកម្មសិទ្ធិឯកជនឲ្យទៅជាកម្មសិទ្ធិរបស់រដ្ឋ ផ្អែកលើមនោគមវិជ្ជានៃគោលនយោបាយ ភូមាឆ្ពោះទៅរកសង្គមនិយម (Burmese Way to Socialism)  បានទាញប្រទេសឱ្យធ្លាក់ចូលក្នុងភាពក្រីក្របំផុតក្រោយទសវត្សរ៍ឆ្នាំ១៩៦០។

មូលហេតុនៃចលនាបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ១៩៨៨
វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅដើមទសវត្សរ៍ឆ្នាំ១៩៨០ និងអប្បិយជំនឿរបស់លោកឧត្ដមសេនីយ៍ នេ វីន បានធ្វើឱ្យគាត់ប្រកាសលុបបំបាត់ចោលការប្រើប្រាស់ក្រដាសប្រាក់ (Demonetization) ២៥ក្យាត់ ៣៥ក្យាត់ និង ៧៥ក្យាត់នៅខែកញ្ញា ឆ្នាំ១៩៨៧  ហើយជ្រើសរើសយក ៤៥ក្យាត់ និង ៩០ក្យាត់ ដែលគិតថាលេខទាំងនេះអាចចែកនឹងលេខ៩ ដែលជាលេខសំណាង។ ការប្រកាសលុបបំបាត់ចោលក្រដាសប្រាក់ទាំងនេះមិនមានជាមធ្យោបាយ ឬ សំណងសមរម្យណាមួយដូចការលុបបំបាត់ក្រដាសប្រាក់កាលពីឆ្នាំ១៩៦៤ និង១៩៨៥ កន្លងទៅនោះទេ។ ការលុបបំបាត់នេះបានធ្វើឱ្យក្រដាសប្រាក់ប្រមាណពី ៦០% ទៅ ៨០% ទូទាំងប្រទេសគ្មានតម្លៃភ្លាមៗ។ ប្រាក់ដែលនិស្សិតសាកលវិទ្យាល័យរ៉ាំងហ្គោន (បច្ចុប្បន្ន សាកលវិទ្យាល័យយ៉ាំងហ្គោន) បានសន្សំដើម្បីបង់ថ្លៃការសិក្សាត្រូវបានអស់តម្លៃប្រើបា្រស់លែងកើត។ រំលងមិនបានកន្លះឆ្នាំ​ផង នៅដើមខែមីនា ឆ្នាំ១៩៨៨ និស្សិតសាកលវិទ្យាល័យរ៉ាំងហ្គោនក៏បានចាប់ផ្ដើមធ្វើបាតុកម្ម ទាមទារតវ៉ាដំបូងលើរឿងការប្រើអំណាចដោយបំពានរបស់មន្រ្តីជាន់ខ្ពស់ម្នាក់។ ព្រឹត្តិការណ៍នោះបានបណ្ដាលឱ្យមានការបាញ់សម្លាប់សិស្សម្នាក់ឈ្មោះ កូហ្វូនម៉ាវ (Ko Phone Maw) ស្លាប់នៅថ្ងៃទី១៣ ខែមីនា។ ២៦ឆ្នាំនៃការស៊ូទ្រាំនឹងការគាបសង្កត់ពីរដ្ឋាភិបាលយោធា ការដឹកនាំប្រទេសមិនរីកចម្រើនលូតលាស់ទៅមុខ អសមត្ថភាពនៃមន្រ្តីរាជការ អំពើពុករលួយពេញផ្ទៃប្រទេស បូករួមជាមួយនឹងព្រឹត្តិការណ៍បាញ់សម្លាប់សិស្សម្នាក់ទៀតផងនោះ ជាហេតុធ្វើឱ្យពលរដ្ឋភូមាស្ទើរទូទាំងប្រទេសងើបឈរឡើងធ្វើបាតុកម្មតវ៉ាទាមទារយុត្តិធម៌ ការគោរពសិទ្ធិមនុស្ស ទាមទារឱ្យមានការបោះឆ្នោតសេរីពហុបក្ស និងការគ្រប់គ្រងប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ​សេរីនិយម។

តួអង្គសំខាន់ៗ
ទោះជាយ៉ាងណាក៏ដោយ យើងមិនភ្លេចនោះទេគឺបុគ្គលម្នាក់ដែលប្រជាជនភូមាចាត់ទុកជាវីរនារីមាតាធិបតេយ្យដ៏ក្លាហានម្នាក់គឺអ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ត្រូវជាកូនស្រីឥស្សរជននយោបាយទាមទារឯករាជ្យជូនប្រទេសភូមា លោក អ៊ុង សាន (Aung San) ដែលត្រូវបានធ្វើឃាតក្នុងឆ្នាំ១៩៤៧។ អ្នកស្រីបានត្រឡប់មកមាតុប្រទេសរបស់ខ្លួនពីប្រទេសអង់គ្លេសនៅខែសីហា ឆ្នាំ១៩៨៨ ដែលគាប់ជួននឹងការបះបោរក្រោយព្រឹត្តិការណ៍៨៨៨៨មិនទាន់បានបញ្ចប់នៅឡើយ។ នៅថ្ងៃទី២៦ ខែសីហាដដែល អ្នកស្រីបានថ្លែងសុន្ទរកថានៅចំពោះមុខមនុស្សរាប់សែននាក់ជាលើកដំបូងប្រកបដោយវោហាសព្ទច្បាស់លាស់អំពីចលនានេះ និងបានសន្យាថាខ្លួននឹងដឹកនាំចលនាជាលើកទីពីរទាមទារឱ្យបាននូវឯករាជ្យភាពនិងប្រជាធិបតេយ្យពីពួកយោធា។ នៅខែកញ្ញាបន្ទាប់ ក្រុមរបស់អ្នកស្រី អ៊ុង សានស៊ូជី រួមមានលោក អ៊ុង ហ្ស៊េ (Aung Shwe) ទិន អ៊ូ (Tin Oo) ជី ហ្មួង (Kyi Maung) អ៊ុង ហ្គ៊ី (Aung Gyi) បានរួមគ្នាបង្កើតគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (National League for Democracy (NLD)) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៨៨ ដែលមានអ្នកគាំទ្រដ៏ច្រើនលើសលប់។ ទោះជាកិច្ចខិតខំប្រឹងប្រែងយ៉ាងណា គណបក្សនេះក៏នៅតែត្រូវបានគាបសង្កត់នូវរាល់សកម្មភាពនយោបាយ មិនអនុញ្ញាតឱ្យសម្រេចគោលដៅរបស់ខ្លួនឡើយ។  ចំណែកឯអ្នកស្រី អ៊ុង សានស៊ូជី វិញ ត្រូវបានឃុំខ្លួននៅក្នុងផ្ទះនៅថ្ងៃទី២០​​ ខែកក្ដដា ឆ្នាំ ១៩៨៩។ ក្នុងខែកក្ដដា ឆ្នាំ១៩៨៩ ​ដដែល ក្រោមការដឹកនាំដោយរដ្ឋាភិបាលយោធាថ្មី បានធ្វើការផ្លាស់ប្ដូរឈ្មោះប្រទេសពី សហភាពភូមា (Union of Burma) ទៅជា សហភាពមីយ៉ាន់ម៉ា ( Union of Myanmar) រហូតដល់ឆ្នាំ ២០០៨ បន្ទាប់ពីការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញថ្មី ឈ្មោះផ្លូវការរបស់ប្រទេសនេះត្រូវបានផ្លាស់ប្តូរជាថ្មីម្តងទៀតទៅជា សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា (the Republic of the Union of Myanmar)។

ទីបញ្ចប់នៃបាតុកម្ម៨៨៨៨ គឺនៅរសៀលម៉ោង៤ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៨៨។ រដ្ឋាភិបាលបានប្រកាសបញ្ចប់បាតុកម្មដោយបានបង្កើតរដ្ឋាភិបាលយោធាថ្មីដែលមានឈ្មោះថា គណៈកម្មាធិការស្តារច្បាប់និងសណ្ដាប់ធ្នាប់រដ្ឋ (State Law and Order Restoration Committee (SLORC)) ក្រោមការដឹកនាំរបស់លោក ស មួង (Saw Maung) ។ ក្រោយពីបាតុកម្មដែលពេលខ្លះឈានដល់កុបកម្មផងនោះត្រូវបានរំសាយ អ្នកឃ្លាំមើលសិទ្ធិមនុស្សបានប៉ាន់ប្រមាណថាមានអ្នកបាត់បង់ជីវិតចន្លោះពី ៣.០០០នាក់ ទៅ​ ១០.០០០នាក់ ក្នុងនោះរួមមាន ជនស៊ីវិល ព្រះសង្ឃ កម្មករ សិស្សនិស្សិត គ្រូពេទ្យ គ្រូបង្រៀន  រួមទាំងក្មេងផងដែរ ខណៈរដ្ឋាភិបាលយោធាប្រកាសថាមានអ្នកស្លាប់ត្រឹមតែជាង ៣០០ នាក់ប៉ុណ្ណោះ។ ថ្វីបើព្រឹត្តិការណ៍នេះបញ្ចប់ទៅដោយសោកនាដកម្ម ប៉ុន្តែយើងអាចធ្វើសំយោគបានថា ការបះបោរ៨៨៨៨ជាចលករមូលដ្ឋានដ៏សំខាន់សម្រាប់ប្រទេសមីយ៉ាន់ម៉ា ក្នុងការនាំទៅរកការបោះឆ្នោតដែលមានការចូលរួមពីគណបក្សដទៃតាមបែបលទ្ធិប្រជាធិបតេយ្យ និងបង្កើតរដ្ឋាភិបាលស៊ីវិលជាដើម។ ទោះបីជារដ្ឋាភិបាលយោធាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅឆ្នាំ១៩៩០ និងឆ្នាំ២០២០ថ្មីៗនេះ ព្រមទាំងបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលក៏ដោយ ក៏ចលនាបះបោរ៨៨៨៨ នៅតែជាព្រឹត្តិការណ៍ដក់ជាប់ក្នុងបេះដូងពលរដ្ឋមីយ៉ាន់ម៉ាសព្វថ្ងៃ និងជាកម្លាំងជំរុញទឹកចិត្តក្នុងការទាមទារឱ្យមានការផ្លាស់ប្ដូររបបដឹកនាំពីរបបយោធានិយម ទៅតាមបែបប្រជាធិបតេយ្យ ដើម្បីភាពប្រសើរឡើងដល់ប្រទេសជាតិនៅថ្ងៃអនាគត។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទចែករំលែកដោយ៖ លោក ធា សុណា
គំនូរច្នៃប្រឌិតដោយ៖ កញ្ញា គង់ រដ្ធាវី

ស្វែងរកយុវជនស្ម័គ្រចិត្ដ

The SEED ជាវេទិកាមួយដែលបើកឱកាសឱ្យយុវជនវិភាគ និងបញ្ចេញទស្សនៈលើប្រធានបទធំៗពីរគឺ សេដ្ឋកិច្ច និងនយោបាយការបរទេស ក្រោមរូបភាពជាអត្ថបទ និងវីដេអូ។ រាល់ស្នាដៃរបស់យុវជនមានសក្ដានុពលទាំងអស់នឹងត្រូវបានបញ្ចេញតាមរយៈប្រព័ន្ធបណ្ដាញសង្គម និងគេហទំព័រផ្លូវការរបស់ The SEED។ អ្នកអាចចូលទៅក្នុង Link តំណនេះ http://localhost/seed/ សម្រាប់ព័ត៌មានលម្អិត។

The SEED កំពុងតែជ្រើសរើសយុវជនស្ម័គ្រចិត្តផ្នែកសរសេរអត្ថបទផ្នែកព្រឹត្ដិការណ៍ពិភពលោក និងចែករំលែកចំណេះដឹង។

របៀបដាក់ពាក្យ៖
យុវជនដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យ យុវជនត្រូវដាក់ CV និងឆ្លើយសំនួរខ្លីៗ តាមរយៈ Link ខាងក្រាម៖
https://forms.gle/yFUz6kRvpqyyMiSK6

✖️  ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៦ ល្ងាច។
✖️  យុវជនក៏អាចទាក់ទងក្រុមការងារ The SEED សម្រាប់ស្រាយនូវចម្ងល់ទាំងឡាយតាមរយៈ Link Telegram នេះ ⟪https://t.me/TheSEED58⟫ ឬ public_relations@localhost ។

ក្រុមហ៊ុន Chaebol និងវិសមភាពសេដ្ឋកិច្ចកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសមួយដែលមានភ័ព្វវាសនាល្អណាស់ បើធៀបជាមួយប្រទេសដទៃទៀតនៅជុំវិញពិភពលោក។ ប្រទេសកូរ៉េជាប្រទេសដែលធ្លាប់ឆ្លងកាត់ស្ថានភាពល្វីងចូរចត់ជាច្រើន ដូចជាស្ថិតនៅក្រោមអាណានិគមជប៉ុន និងបានឆ្លងកាត់សង្គ្រាមដែលបណ្តាលមកពីមនោគមវិជ្ជាដែលនាំឲ្យឧបទ្វីបមួយនេះបែងចែកជាពីរប្រទេសគឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ក្រោយពីការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងនៅមិនទាន់ទទួលបានស្ថិរភាពផ្នែកនយោបាយនោះទេ ដោយសារប្រទេសមួយនេះបានធ្លាក់ក្រោមរបបយោធាផ្តាច់ការត្បិតជាប្រទេសប្រជាធិបតេយ្យ រហូតឈានដល់សម័យអន្តរកាលទៅរកប្រជាធិបតេយ្យនៅដើមទសវត្សរ៍ឆ្នាំ១៩០០។

ប៉ុន្តែបើនិយាយពីសេដ្ឋកិច្ចវិញ ក្នុងរយៈពេល ៦០ ឆ្នាំក្រោយការបែងចែកកូរ៉េជាពីរ ប្រទេសកូរ៉េខាងត្បូងបានប្រែប្រួលពីសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្ម ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ទៅជាសេដ្ឋកិច្ចធំជាងគេបំផុតទី១១ ក្នុងឆ្នាំ២០១៦។ កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង គឺបណ្តាលមកពីកត្តាសំខាន់ៗជាច្រើនដែលនៅក្នុងនោះក៏មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនឆេបល់ធំៗផងដែរ។

តើអ្វីជា ឆេបល់ (Chaebol)?

ឆេបល់ (Chaebol) សំដៅលើក្រុមហ៊ុនឧស្សហកម្មខ្នាតយក្សដែលទូទៅជាកម្មសិទ្ធិរបស់ត្រកូលគ្រួសារណាមួយ។ រចនាសម្ព័ន្ធក្នុងការដឹកនាំគឺបន្តពីមួយជំនាន់ទៅមួយជំនាន់ គឺពីឪពុកទៅកូន ឬរវាងសាច់ញាតិដែលជាប់សាច់សារលោហិតជាមួយគ្នា។ ឆេបល់ដែលល្បីៗជាច្រើននៅជុំវិញពិភពលោក មានដូចជា ក្រុមហ៊ុនសាំស៊ុង (Samsung) ក្រុមហ៊ុនអិលជី (LG) ក្រុនហ៊ុនហ៊ីយ៉ុនដាយ (Hyundai) ក្រុមហ៊ុនអេសខេ (SK) និង ក្រុមហ៊ុនឡូតេ (Lotte)។ ក្រុមហ៊ុនទាំងនេះធ្វើការវិនិយោគលើវិស័យជាច្រើន ដូចជា ក្រុមហ៊ុនសាំស៊ុង វិនិយោគទៅលើគ្រឿងប្រើប្រាស់អេឡិចត្រូនិក ចំណែកឯក្រុមហ៊ុនហ៊ីយ៉ុនដាយ វិនិយោគទៅលើវិស័យសំណង់ យានយន្ដ និងការសាងសង់នាវាជាដើម។ នៅក្នុងអាណត្តិលោកប្រធានាធិបតី ផាក ឈុងហ៊ឺ (Park Chung Hee) ឆេបល់ទាំងនេះទទួលបានការជ្រោមជ្រែងជាខ្លាំង ទាំងការបន្ធូរបន្ថយដូចជាការធានាផ្តល់ប្រាក់កម្ចី និងបែងចែកការកាន់កាប់ភាគហ៊ុន ដើម្បីជំរុញឲ្យឆេបល់នោះផ្តោតលើជំនាញផលិតក្នុងវិស័យនានាដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។ យុទ្ធសាស្ត្រសហការរវាងរដ្ឋាភិបាលនិងឆេប៉ុលទាំងនោះទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដែលនាំឲ្យប្រទេសកូរ៉េខាងត្បូងទទួលបានកំណើនសេដ្ឋកិច្ច ៨,៤% ចន្លោះឆ្នាំ១៩៧០ និង១៩៩៦។

ពិតមែនតែឆេបល់ទាំងនេះបានជួយស្រោចស្រង់ប្រទេសកូរ៉េឲ្យក្លាយជាប្រទេសអភិវឌ្ឍន៍ក៏ពិតមែន តែវាក៏ផ្តល់ជាផលវិបាកដល់សេដ្ឋកិច្ចកូរ៉េខាងត្បូងនាពេលបច្ចុប្បន្នផងដែរ។ ក្រោយពីពិភពលោកជួបវិបត្តិសេដ្ឋកិច្ចនៅចុងសតវត្សរ៍ទី២០មក គេសង្កេតឃើញថា វិសមភាពនៃប្រាក់ចំណូលក្នុងប្រទេសកូរ៉េកាន់តែកើនឡើង ដោយសារក្រុមប្រាក់ចំណូលមធ្យមចាប់ផ្តើមថយចុះពី ៦៤% ក្នុងឆ្នាំ១៩៩៧ មកត្រឹម ៥៦% ក្នុងឆ្នាំ២០១១ ដោយសារបញ្ហាជាច្រើនដូចជាការបាត់បង់ការងារ និងប្រជាជនក្រុមអាយុចាស់កាន់តែកើនឡើង។ ផ្ទុយទៅវិញ បំណែងចែកប្រាក់ចំណូលបានងាកយ៉ាងគំហុកមកក្រុមអ្នកចំណួលខ្ពស់និងខ្លះបានធ្លាក់មកនៅក្រុមអ្នកចំណួលទាប។ បណ្តុំនៃអំណាចសេដ្ឋកិច្ចដែលស្ថិតនៅក្នុងដៃរបស់ក្រុមហ៊ុនឆេបល់ភាគតិច ក៏បណ្តាលឲ្យវិសមភាពចំណូលរបស់ប្រទេសកូរ៉េកាន់តែរីកដុះដាលឡើង។ ក្រុមឆេបល់ធំជាងគេទាំង៤ មានប្រាក់ចំណួលស្មើនឹង ៦០% នៃGDPរបស់ប្រទេសកូរ៉េ ប៉ុន្តែប្រើកម្លាំងពលកម្មស្មើនឹង ២០% ប៉ុណ្ណោះ នៃពលកម្មសរុបរបស់កូរ៉េខាងត្បូង។ ចំណែកឯសហគ្រាសធុនតូចនិងមធ្យមវិញ (SMEs) ប្រើកម្លាំងពលកម្មស្មើនឹង ៨០% ប៉ុន្តែមានចំណែកតែ ៤០% នៃGDPសរុបប៉ុណ្ណោះ។

វិសមភាពសេដ្ឋកិច្ចនៅក្នុងកូរ៉េខាងត្បូង

បច្ចុប្បន្នការរីកដុះដាលនៃជំងឺកូវីដ១៩នៅជុំវិញពិភពលោក ក៏បណ្តាលឲ្យវិសមភាពចំណូលនេះកាន់តែធ្ងន់ធ្ងរឡើង។ នៅឆ្នាំ២០២០ ប្រជាជនប្រទេសកូរ៉េ ប្រហែល ២០ ម៉ឺននាក់ បានបាត់បង់ការងារ ហើយសហគ្រាសធុនតូចនិងមធ្យមកំពុងជួបប្រទះផលវិបាកជាច្រើនដោយសារតែវិធានការតឹងរ៉ឹងដែលហាមប្រាមការដើរហើរនិងការរក្សាគម្លាតដើម្បីទប់ទល់នឹងជំងឺកូវីដ១៩។ ផ្ទុយទៅវិញ ក្រុមហ៊ុនឆេបល់បានបង្ហាញពីភាពរឹងប៉ឹងទប់ទល់នឹងវិបត្តិកូវីដ១៩ ដោយសារតែក្រុមហ៊ុនយក្សឆេបល់ទាំងនេះមានក្រុមហ៊ុនតូចៗគ្រប់ដណ្តប់លើវិស័យផ្សេងៗគ្នាជាច្រើន ហើយមានក្រុមហ៊ុនតូចៗខ្លះដែលនៅក្រោមឆេបល់ទាំងនោះទទួលបានប្រាក់ចំណេញក្នុងវិបត្តិទៀតផង។ ជាក់ស្តែង ក្រុមហ៊ុនសាំស៊ុងអេឡិចត្រូនិច របស់ក្រុមហ៊ុន សាំស៊ុង ទទួលបានប្រាក់ចំណេញ ៣៥,៩៩ ទ្រីលាន វ៉ុន ឬស្មើនឹង ៣២,២២ ទ្រីលាន ដុល្លារអាមេរិក បើប្រៀបធៀបពីឆ្នាំ២០១៩ គឺកើនឡើងបាន ២៩,៦%។ ចំណែកឯក្រុមហ៊ុន អេសខេ ហ៊ីនិច (SK Hynix) របស់ក្រុមហ៊ុនក្រុមហ៊ុនអេសខេ ទទួលបានប្រាក់ចំណូលជាង ៥ ទ្រីលានវ៉ុន ឬស្មើនឹង ៤៤ ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ដែលនេះកើនបាន ៨៤% បើធៀបនឹងឆ្នាំ២០១៩។

ជារួម វិសមភាពនៃប្រាក់ចំណូលរវាងសហគ្រាសធុនតូចនិងមធ្យម និងក្រុមហ៊ុនឆេបល់កាន់តែមានភាពធ្ងន់ធ្ងរដោយសារតែវិបត្តិកូវីដ១៩។ រដ្ឋាភិបាលកូរ៉េខាងត្បូង ក្រោមការគ្រប់គ្រងរបស់លោក មូន ជេអ៊ីន (Moon Jae In) បានទទួលស្គាល់បញ្ហានេះ ហើយបានរៀបចំយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចមួយដែលប្រកបដោយគណនេយ្យភាពក្នុងការជួយទៅដល់សហគ្រាសធុនតូចនិងមធ្បម។ ប៉ុន្តែយុទ្ធសាស្រ្តនេះបានទទួលការមិនទុកចិត្តពីសំណាក់ក្រុមអភិរក្សនិយម និងម្ចាស់សហគ្រាសដែលគិតថាការអនុវត្តយុទ្ធសាស្ត្រទាំងនេះ គឺជាការដាក់សំពាធពីលើពួកគេពីសំណាក់រដ្ឋាភិបាល ដោយការដាក់ពន្ធត្រួតមកលើសហគ្រាសរបស់ពួកគេ ដើម្បីជួយស្រោចស្រង់ដល់សហគ្រាសធុនតូចនិងមធ្យម។ យុទ្ធសាស្ត្រនេះ ជាសញ្ញាណមួយដែលបង្ហាញថារដ្ឋាភិបាលកូរ៉េមានគោលបំណងកាត់បន្ថយឥទ្ធិពលរបស់ក្រុមហ៊ុនឆេបល់ទាំងក្នុងផ្នែកសេដ្ឋកិច្ចនិងនយោបាយ។ ជាក់ស្តែង នៅដើមឆ្នាំ២០២១នេះ តុលាការកំពូលរបស់កូរ៉េខាងត្បូងបានចេញសាលដីកាជាប់ពន្ធនាគារដល់លោក លី ចេយ៉ុង (Lee Jae Yong) ដែលជានាយកប្រតិបត្តិរងរបស់សាមស៊ុង ដែលលោកធ្លាប់បានដោះលែងក្នុងឆ្នាំ២០១៨ ដោយសារលោកមានជាប់ពាក់ព័ន្ធជាមួយនឹងករណីពុករលួយជាមួយនឹងរដ្ឋាភិបាលរបស់អ្នកស្រី ប៉ាក់ គុនហេ (Park Geun Hye) អតីតប្រធានាធិបតីកូរ៉េខាងត្បូង។ រដ្ឋាភិបាលកូរ៉េកំពុងងាកមករកផែនការសេដ្ឋកិច្ចនិរន្តភាពមួយដែលជួយកាត់បន្ថយវិសមភាពចំណូលរវាងសហគ្រាសកួរ៉េទាំងឡាយ។

ក្រម Nuremberg Code និងសីលធម៌ក្នុងវិជ្ជាជីវៈស្រាវជ្រាវ

ការស្រាវជ្រាវមិនថាក្នុងផ្នែកវិទ្យាសាស្ត្រសង្គម ឬផ្នែកវិទ្យាសាស្ត្រពិត ត្រូវតែអនុលោមទៅតាមក្រមសីលធម៌ដែលមិនប៉ះពាល់ដល់សុវត្ថិភាពបុគ្គល​ សីលធម៌​ និងមនុស្សធម៌។ ក្រម​ Nuremberg​ ឬ (Nuremberg Code)​ ឬជាភាសាអាឡឺម៉ង់ (Nürnberger Kodex) គឺជាកម្រងក្រមសីលធម៌អនុវត្តទៅលើការស្រាវជ្រាវដែលយកមនុស្សជាកម្មវត្ថុពិសោធន៍ (Human subject research)។​​​ ក្រមនេះត្រូវបានចងក្រងឡើងមាន ១០ មាត្រា ហើយក្រមនេះក៏បានតាក់តែងឡើងដំបូងតាមសេចក្តីសម្រេចរបស់តុលាការលើការជំនុំជម្រះលើករណី ​ Doctor Trial នៅ Nuremberg ក្រោយសង្គ្រាមលោកលើកទី ២ នៅតុលាការយោធា Nuremberg Military Tribunal ឆ្នាំ១៩៤៧។​

មូលហេតុអ្វីដែលបណ្តាលឱ្យមានការតាក់តែងក្រមឡើង?​ ហើយក្រមនេះប្រកាន់គោលការណ៍ដូចម្តេចខ្លះ?

នៅអំឡុងសតវត្សរ៍ទី២០ បស្ចិមប្រទេសបានកំពុងតែមានការរីកចម្រើនខាងវិស័យឧស្សាហកម្មដំបូង ក្នុងនោះមានការស្រាវជ្រាវជាច្រើនទៅលើវិស័យសុខាភិបាលដើម្បីអភិវឌ្ឍឱសថ ក៏ដូចជាស្វែងរកវិធីព្យាបាលជំងឺ។ ឧបទេសសីលធម៌នៅក្នុងវិស័យសុខាភិបាលបានចែងពីគោលការណ៍គោលៗមួយចំនួន ប៉ុន្តែក្រមនេះមិនបានឆ្លើយតបគ្រប់បញ្ហាសីលធម៌ដែលអាចកើតឡើងនៅក្នុងការធ្វើពិសោធន៍ស្រាវជ្រាវ ជាពិសេសនៅពេលមនុស្សត្រូវបានគេយកមកធ្វើពិសោធន៍ (Human experimentation)។ នៅដើមទសវត្សរ៍ឆ្នាំ១៩៤០ វេជ្ជបណ្ឌិតនៅប្រទេសអាឡឺម៉ង់បានធ្វើពិសោធន៍លើមនុស្ស (Nazi Human experimentation) ដោយនីតិវិធី គ្មានបទដ្ឋានសីលធម៌ ឬក៏អាចហៅថាការធ្វើទារុណកម្មខាងវេជ្ជសាស្ត្រ ក្នុងគោលបំណងអភិវឌ្ឍយុទ្ធសាស្ត្រសង្គ្រាមដល់ទាហាន ធ្វើតេស្តឱសថព្យាបាល និងពង្រឹងមនោគមវិជ្ជាហ្វាស៊ីសអាឡឺម៉ង់។ មុនពេលក្រុមណាស៊ីឡើងកាន់អំណាច ក្រុមគ្រូពេទ្យនិងអ្នកវិទ្យាសាស្ត្រអាឡឺម៉ង់ជាច្រើនបានគាំទ្រការលុបបំបាត់ជនជាតិភាគតិច (ជ្វីប) ចេញពីអាឡឺម៉ង់ និងបានបង្កើតជំរុំពិសោធន៍ (Experiment campaign) ដែលជាមូលហេតុបង្កឱ្យមានការប្រល័យពូជសាសន៍ជ្វីបនៅអំឡុងសង្គ្រាមលោកលើកទី២។ បន្ទាប់ពីកងកម្លាំងសម្ព័ន្ធមិត្តបានឈ្នះសង្រ្គាមលោកលើកទី២ អាជ្ញាធរអាមេរិកបានបើកការជំនុំជម្រះក្តីនៅក្នុងវិមាន Nuremberg ដែលពេលនោះ ក្រុមអ្នកស្រាវជ្រាវរបស់ណាស៊ីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិចំពោះការអនុវត្តស្រាវជ្រាវដែលគ្មានសីលធម៌។ នៅឆ្នាំ១៩៤៩ ក្រម Nuremberg ត្រូវបានបោះពុម្ពផ្សាយជាគោលការណ៍ណែនាំដើម្បីណែនាំអ្នកស្រាវជ្រាវនិងធ្វើពិសោធន៍លើមនុស្ស។ ក្រមនេះបានចងក្រងដោយពឹងផ្អែកលើគោលការណ៍ណែនាំសម្រាប់ពិសោធន៍មនុស្សដែលបានតាក់តែងនៅឆ្នាំ១៩៣១ (Guidelines for Human Experimentation of 1931)។

គោលការណ៍សីលធម៌ទាំង ១០​ របស់ក្រម Nuremberg ក្តោបសំខាន់ត្រួសៗទៅលើ៖
១. ការទទួលបានការយល់ព្រមស្ម័គ្រចិត្តរបស់បុគ្គលលើការចូលខ្លួនមកឱ្យធ្វើពិសោធន៍គឺចាំបាច់បំផុត។
២.​ ការពិសោធន៍ត្រូវមានគោលដៅល្អនិងជាប្រយោជន៍ដល់សង្គម។
៣. ការពិសោធន៍ត្រូវធ្វើឡើងដោយផ្អែកលើលទ្ធផលពិសោធន៍ដែលធ្លាប់បានធ្វើតេស្ត​លើសត្វ (animal experimentation) និង ឧបទេសជំនាញលើបញ្ហាពិសោធន៍​ដើម្បីធានាលើប្រតិបត្តិការពិសោធន៍។
៤. ការពិសោធន៍ត្រូវចៀសវាងការប៉ះពាល់ដល់សុវត្ថិភាពនិងសុខុមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកទទួលការពិសោធន៍។
៥. ការពិសោធន៍មិនត្រូវធ្វើឡើងក្រោមស្ថានភាពដែលមានហានិភ័យខ្ពស់ដល់មានការប្រឈមមុខនឹងការរងរបួសឬការបាត់​បង់ជីវិតនោះទេ។
៦. ប្រតិបត្តិការពិសោធន៍មិនគួរចាកឆ្ងាយពីសីលធម៌និងមនុស្សធម៌នោះទេ។
៧. ការរៀបចំត្រៀមទុកមុនត្រូវតែត្រឹមត្រូវនិងមានការប្រុងប្រយ័ត្នចំពោះបញ្ហាប្រឈមខាងមុខ។​
៨. ការពិសោធន៍គួរតែត្រូវបានធ្វើឡើងដោយអ្នកជំនាញពិតប្រាកដនិងមានការយកចិត្តទុកដាក់ខ្ពស់បំផុតលើគ្រប់ដំណាក់កាលពិសោធន៍។
៩. ក្នុងអំឡុងពេលនៃដំណើរការពិសោធន៍បុគ្គលដែលទទួលការពិសោធន៍គួរតែមានសេរីភាពក្នុងការសម្រេចចិត្តឈប់ធ្វើ។
១០. ក្នុងអំឡុងពេលនៃការសាកល្បងពិសោធន៍ អ្នកវិទ្យាសាស្ត្រដែលទទួលបន្ទុកត្រូវបញ្ចប់ការពិសោធន៍នៅដំណាក់កាលណាមួយប្រសិនបើគាត់បានវិនិច្ឆ័យឃើញពីកត្តាហានិភ័យអាចកើតឡើងនិងប៉ះពាល់ដល់សុវត្ថិភាពអ្នកចូលឱ្យធ្វើពិសោធន៍។

៥០​ឆ្នាំក្រោយពីការចងក្រងក្រម Nuremberg​ គឺនៅមិនទាន់មានប្រទេសណាមួយទទួលស្គាល់ជាផ្លូវការ ឬ ក្លាយជាគោលការណ៍ណែនាំក្រមសីលធម៌ជាផ្លូវការដោយសមាគមណាមួយឡើយ។ បស្ចិមប្រទេសបានច្រានចោលក្រម Nuremberg ដោយយល់ថា ក្រមនេះមិនមានបំណកស្រាយច្បាស់លាស់ទៅលើអត្ថន័យរបស់ក្រមថាជាអ្វីឱ្យជាក់លាក់ និងមិនបានចែងឱ្យច្បាស់ថាតើកម្រិតណាដែលចាត់ទុកថាមានការពិសោធន៍ធ្វើឡើងដោយអសីលធម៌និងអមនុស្សធម៌។ ចន្លោះប្រហោងមួយទៀតនោះគឺ សាលក្រមចុងក្រោយរបស់តុលាការទៅលើរឿងក្តីនេះមិនបានបញ្ជាក់ថាតើក្រម Nuremberg​ នេះគួរឬក៏អាចយកទៅអនុវត្តចំពោះករណីលើការធ្វើតេស្ដពិសោធន៍អ្នកទោសនយោបាយនិងអ្នកជាប់ពន្ធនាគារដែរឬទេ? លើសពីនេះ ក៏មានភាពចម្រូងចម្រាស់ដែលបានប៉ះពាល់ដល់ប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាលដោយសារតែកង្វះភាពច្បាស់លាស់ក្នុងការបកស្រាយក្រមទៅលើកម្រិតនិងវិសាលភាពនៃការពិសោធន៍ ជាពិសេសការពន្យល់ពីកម្រិតនៃភាពអសីលធម៌និងអមនុស្សធម៌ក្នុងការពិសោធន៍។

ទោះជាយ៉ាងណា ក្រមនេះត្រូវបានគេចាត់ទុកថាជាឯកសារសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រវិស័យស្រាវជ្រាវវេជ្ជសាស្ត្រ ហើយក្រមសីលធម៌ស្រាវជ្រាវនេះក៏មានឥទ្ធិពលយ៉ាងខ្លាំងផងដែរទៅលើការការពារសិទ្ធិមនុស្សនិងចៀសវាងពីការបំពានប្រឆាំងនិងមនុស្សជាតិ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ កញ្ញា ស្រង់ ខាដាណេ
គំនូរដោយ៖ កញ្ញា ហេង លីពណ្ណរាយ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ